km:tipitaka:sut:an:10:sut.an.10.217

បឋមសញ្ចេតនិកសូត្រ ទី៧

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 10.217 បាលី cs-km: sut.an.10.217 អដ្ឋកថា: sut.an.10.217_att PTS: ?

បឋមសញ្ចេតនិកសូត្រ ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៧. បឋមសញ្ចេតនិកសុត្តំ)

[៩៤] ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោលនូវការអស់ទៅនៃកម្មទាំងឡាយ ប្រកបដោយចេតនាដែលសត្វធ្វើហើយ សន្សំហើយ ព្រោះមិនបានទទួលនូវផលទេ ឯផលនោះឯង រមែងកើតក្នុងបច្ចុប្បន្ន ក៏មាន ក្នុងអត្តភាពជាលំដាប់ក៏មាន ក្នុងអត្តភាពដទៃតទៅក៏មាន។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោលនូវកិរិយាធ្វើនូវទីបំផុតនៃទុក្ខ ព្រោះមិនបានទទួលនូវផលនៃកម្មប្រកបដោយចេតនា ដែលសត្វបានធ្វើហើយ សន្សំហើយទេ។ ម្នាលភិក្ខុទាំងឡាយ បណ្តាអកុសលកម្មទាំងនោះ វិបត្តិ គឺទោសនៃកាយកម្មមាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល វិបត្តិ គឺទោសនៃវចីកម្ម ៤ យ៉ាង ដែលប្រកបដោយអកុសលចេតនា មានទុក្ខជាកម្រៃ មានទុក្ខជាផល វិបត្តិ គឺទោសនៃមនោកម្ម ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា មានទុក្ខជាកម្រៃ មានទុក្ខជាផល។ ម្នាលភិក្ខុទាំងឡាយ វិបត្តិ គឺទោសនៃកាយកម្ម ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា មានទុក្ខជាកម្រៃ មានទុក្ខជាផល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ មានចិត្តអាក្រក់ មានបាតដៃប្រឡាក់ដោយឈាម តាំងនៅខ្ជាប់ក្នុងការសម្លាប់រឿយ ៗ មិនមានសេចក្តីអាណិតអាសូរ ចំពោះសព្វសត្វទាំងឡាយ ជាអ្នកលួចយកទ្រព្យដែលគេមិនបានឲ្យ ជាអ្នកកាន់យកនូវសម្បត្តិ និងគ្រឿងឧបករណ៍នៃបុគ្គលដទៃ ជាទ្រព្យឋិតនៅក្នុងស្រុកក្តី ឋិតនៅក្នុងព្រៃក្តី ដែលគេមិនបានឲ្យ ពោលគឺការលួច ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ជាអ្នកដល់នូវការប្រព្រឹត្តិកន្លង ក្នុងស្ត្រីទាំងឡាយ ដែលមានមាតារក្សា បិតារក្សា បងប្អូនប្រុសរក្សា បងប្អូនស្រ្តីរក្សា ញាតិរក្សា ធម៌រក្សា ជាស្រ្តីមានប្តី មានអាជ្ញា (កំណត់ទុក) ដោយហោចទៅ សូម្បីតែស្រ្តីដែលគេបំពាក់កម្រងផ្កា។ ម្នាលភិក្ខុទាំងឡាយ វិបត្តិ គឺទោសនៃកាយកម្ម ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ វិបត្តិ គឺទោសនៃវចីកម្មមាន ៤ យ៉ាង ដែលប្រកបដោយអកុសលចេតនា មានទុក្ខជាកម្រៃ មានទុក្ខជាផល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកនិយាយពាក្យកុហក ទោះបីឋិតនៅក្នុងរោងក្តី ឋិតនៅក្នុងបរិសទ្យក្តី ឋិតនៅក្នុងកណ្តាលនៃញាតិក្តី ឋិតនៅក្នុងកណ្តាលនៃសេនីក្តី ឋិតនៅក្នុងកណ្តាលរាជត្រកូលក្តី ដែលគេនាំទៅសួរជាសាក្សីថា នែបុរសអើយ អ្នកចូរមកអាយ បើអ្នកដឹងហេតុណា ចូរនិយាយប្រាប់ហេតុនោះ បុរសនោះ កាលបើមិនដឹង និយាយថា ខ្ញុំដឹងក៏មាន កាលបើដឹង និយាយថា ខ្ញុំមិនដឹងក៏មាន កាលបើមិនឃើញ និយាយថា ខ្ញុំឃើញក៏មាន កាលបើឃើញ និយាយថា ខ្ញុំមិនឃើញក៏មាន ជាអ្នកពោលពាក្យកុហក ទាំងដឹងខ្លួនដូច្នេះ ព្រោះហេតុនៃខ្លួនក្តី ហេតុនៃបុគ្គលដទៃក្តី ព្រោះសំណូក គឺអាមិសៈបន្តិចបន្តួចក្តី ជាអ្នកពោលពាក្យញុះញង់ ឮពាក្យអំពីសំណាក់ជននេះហើយ នាំទៅប្រាប់ជនឯណោះ ដើម្បីនឹងបំបែកជនទាំងនេះ ឬឮពាក្យអំពីសំណាក់ជនឯណោះ មកប្រាប់ពួកជននេះ ដើម្បីនឹងបំបែកជនឯណោះ ជាអ្នកបំបែកពួកជនដែលព្រមព្រៀងគ្នាផង ជាអ្នកជំរុលពួកជន ដែលបែកគ្នាស្រាប់ហើយផង មានសេចក្តីត្រេកអរក្នុងពួក រីករាយក្នុងពួក មានតម្រេកក្នុងពួក ជាអ្នកពោលវាចាធ្វើឲ្យប្រកាន់ពួក ជាអ្នកពោលពាក្យអាក្រក់ ជាអ្នកពោលពាក្យទ្រគោះខ្មោះខ្មួរ រោលរាលដល់អ្នកដទៃ ដៀមដាមដល់អ្នកដទៃ ជាវាចាជិតសេចក្តីក្រោធ មិនប្រព្រឹត្តទៅ ដើម្បីសមាធិ ជាអ្នកពោលពាក្យឥតប្រយោជន៍ ពោលពាក្យខុសកាល ពោលពាក្យមិនពិត ពោលពាក្យមិនមែនជាអត្ថ ពោលពាក្យមិនមែនជាធម៌ ពោលពាក្យមិនមែនជាវិន័យ ពោលពាក្យដែលមិនគួរឲ្យគេតាំងទុកក្នុងហឫទ័យ ជាពាក្យខុសកាល មិនមានគ្រឿងអាង មិនមានទីបំផុត មិនប្រកបដោយប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ វិបត្តិ គឺទោសនៃវចីកម្ម ៤ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ វិបត្តិ គឺទោសនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកច្រើនដោយអភិជ្ឈា សំឡឹងសម្បត្តិ និងគ្រឿងឧបករណ៍ នៃបុគ្គលដទៃថា ធ្វើដូចម្តេចហ្ន៎ សម្បត្តិ និងគ្រឿងឧបករណ៍នោះ គប្បីបានមកអញ ជាអ្នកមានចិត្តព្យាបាទ គឺមានតម្រិះក្នុងចិត្ត ដែលទោសប្រទុស្តហើយថា សត្វទាំងឡាយនេះ ចូរលំបាកខ្លះ ចូរដាច់រេចទៅខ្លះ ចូរសាបសូន្យទៅខ្លះ ចូរហិនហោចទៅខ្លះ កុំកើតមានទៀតខ្លះ ជាអ្នកយល់ខុស សេចក្តីយល់វិបរឹតថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល ការបូជាតូច មិនមានផល ផលវិបាកនៃកុសលាកុសលកម្ម ដែលសត្វធ្វើល្អ និងអាក្រក់មិនមាន លោកនេះមិនមាន លោកខាងមុខមិនមាន មាតាមិនមាន បិតាមិនមាន សត្វជាឱបបាតិកៈកំណើតមិនមាន សមណព្រាហ្មណ៍ទាំងឡាយ ក្នុងលោកជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិដោយត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយបញ្ញាដ៏ឧត្តមរបស់ខ្លួន ហើយសំដែងប្រាប់ មិនមាន។ ម្នាលភិក្ខុទាំងឡាយ វិបត្តិ គឺទោសនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វលុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែវិបត្តិ គឺទោសនៃកាយកម្មមាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនាក៏មាន ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែវិបត្តិ គឺទោសនៃវចីកម្មមាន ៤ យ៉ាង ដែលប្រកបដោយអកុសលចេតនាក៏មាន ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែវិបត្តិ គឺទោសនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនាក៏មាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាកូនបាសកា (មានជ្រុង ៤) ដែលបុគ្គលបោះទៅខាងលើ ហើយធ្លាក់ចុះមកត្រង់ទីណា រមែងតាំងនៅស៊ប់ ឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចជាសត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែវិបត្តិ គឺទោសនៃកាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនាក៏មាន សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែវិបត្តិ គឺទោសនៃវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយអកុសលចេតនាក៏មាន សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែវិបត្តិ គឺទោសនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនាក៏មាន។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោលនូវសេចក្តីអស់ទៅនៃកម្មទាំងឡាយ ប្រកបដោយចេតនាដែលសត្វធ្វើហើយ សន្សំហើយ ព្រោះមិនបានទទួលនូវផលទេ ឯផលនោះឯង រមែងកើតក្នុងបច្ចុប្បន្ននេះក៏មាន ក្នុងអត្តភាពជាលំដាប់ក៏មាន ក្នុងអត្តភាពដទៃក៏មាន។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោលនូវកិរិយាធ្វើនូវទីបំផុតនៃទុក្ខ ព្រោះមិនទាន់បានទទួលនូវផលនៃកម្ម ដែលប្រកបដោយចេតនា ដែលសត្វធ្វើហើយ សន្សំហើយទេ។ ម្នាលភិក្ខុទាំងឡាយ បណ្តាកុសលកម្មទាំងនោះ សម្បត្តិ គឺសេចក្តីចំរើននៃកាយកម្មមាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល សម្បត្តិនៃវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល សម្បត្តិនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល។

ម្នាលភិក្ខុទាំងឡាយ សម្បត្តិនៃកាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ លះបង់បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានសស្រ្តាដាក់ចុះហើយ ជាអ្នកអៀនខ្មាស ប្រកបដោយសេចក្តីអាណិតអាសូរ មានសេចក្តីអនុគ្រោះដោយប្រយោជន៍ ដល់សត្វទាំងឡាយ លះបង់អទិន្នាទាន វៀរចាកអទិន្នាទាន ជាអ្នកមិនកាន់យកសម្បត្តិ និងគ្រឿងឧបករណ៍នៃបុគ្គលដទៃ ដែលជាសម្បត្តិ ឋិតនៅក្នុងស្រុកក្តី ឋិតនៅក្នុងព្រៃក្តី ដែលគេមិនបានឲ្យ ពោលគឺការលួច លះបង់កាមេសុមិច្ឆាចារ វៀរចាកកាមេសុមិច្ឆាចារ មិនដល់នូវការប្រព្រឹត្តិខុស ក្នុងស្ត្រីទាំងឡាយ ដែលមាតារក្សា បិតារក្សា បងប្អូនប្រុសរក្សា បងប្អូនស្រ្តីរក្សា ញាតិរក្សា ធម៌រក្សា ជាស្រ្តីមានប្តី មានអាជ្ញា (កំណត់ទុក) ដោយហោចទៅ សូម្បីតែស្រ្តីដែលគេបំពាក់កម្រងផ្កា ម្នាលភិក្ខុទាំងឡាយ សម្បត្តិនៃកាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល ដោយប្រការដូច្នេះឯង។

ម្នាលភិក្ខុទាំងឡាយ សម្បត្តិនៃវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ លះបង់មុសាវាទ វៀរចាកមុសាវាទ ទោះបីឋិតនៅក្នុងរោងក្តី ឋិតនៅក្នុងបរិសទ្យក្តី ឋិតនៅក្នុងកណ្តាលនៃញាតិក្តី ឋិតនៅក្នុងកណ្តាលនៃសេនីក្តី ឋិតនៅក្នុងកណ្តាលនៃរាជត្រកូលក្តី ដែលគេនាំទៅសួរជាសាក្សីថា នែបុរសអើយ អ្នកចូរមកអាយ បើអ្នកដឹងនូវហេតុណា ចូរនិយាយហេតុនោះ បុរសនោះ កាលមិនដឹង និយាយថា ខ្ញុំមិនដឹងក៏មាន កាលដឹង និយាយថា ខ្ញុំដឹងក៏មាន កាលមិនឃើញ និយាយថា ខ្ញុំមិនឃើញក៏មាន កាលឃើញ និយាយថា ខ្ញុំឃើញក៏មាន ជាអ្នកមិនពោលពាក្យកុហកទាំងដឹងខ្លួនដូច្នេះ ព្រោះហេតុនៃខ្លួនក្តី ព្រោះហេតុនៃបុគ្គលដទៃក្តី ព្រោះហេតុសំណូក គឺអាមិសៈបន្តិចបន្តួចក្តី លះបង់បិសុណវាចា វៀរចាកបិសុណវាចា ឮពាក្យពីជននេះហើយ មិននាំទៅប្រាប់ជនឯណោះ ដើម្បីនឹងបំបែកពួកជននេះ ឬឮពាក្យអំពីសំណាក់ជនឯណោះ មិននាំទៅប្រាប់ជននេះ ដើម្បីនឹងបំបែកពួកជនឯណោះ ជាអ្នកពោលពាក្យផ្សះផ្សាពួកជនដែលបែកគ្នា ឬជាអ្នកទំនុកបម្រុងពួកជនដែលព្រមព្រៀងគ្នាស្រាប់ ជាអ្នកត្រេកអរក្នុងការព្រមព្រៀង មានតម្រេកក្នុងសេចក្តីព្រមព្រៀង រីករាយក្នុងសេចក្តីព្រមព្រៀង ពោលវាចាដែលធ្វើឲ្យកើតសេចក្តីព្រមព្រៀង លះបង់ផរុសវាចា វៀរចាកផរុសវាចា ជាអ្នកពោលតែវាចាដែលមិនមានទោស ជាវាចាស្រួលដល់ត្រចៀក គួរឲ្យគេស្រឡាញ់ ចូលទៅកាន់ហឫទ័យ ជាវាចាអ្នកក្រុង ជាទីស្រឡាញ់នៃជនច្រើន ជាទីពេញចិត្តនៃជនច្រើន លះបង់សម្ផប្បលាបៈ វៀរចាកសម្ផប្បលាបៈ ជាអ្នកពោលពាក្យត្រូវតាមកាល ពោលពាក្យពិត ពោលពាក្យជាអត្ថ ពោលពាក្យជាធម៌ ពោលពាក្យជាវិន័យ ពោលពាក្យដែលគួរឲ្យគេតាំងទុក ជាពាក្យត្រូវតាមកាល ប្រកបដោយគ្រឿងអាង ជាវាចាមានទីបំផុត ប្រកបដោយប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ សម្បត្តិនៃវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល ដោយប្រការដូច្នេះឯង។

ម្នាលភិក្ខុទាំងឡាយ សម្បត្តិនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មិនច្រើនដោយអភិជ្ឈា ជាអ្នកមិនគយគន់សម្បត្តិ និងគ្រឿងឧបករណ៍នៃបុគ្គលដទៃថា ធ្វើដូចម្តេចហ្ន៎ សម្បត្តិ និងគ្រឿងឧបករណ៍នៃបុគ្គលដទៃ គប្បីបានមកអញ ដូច្នេះឡើយ មានចិត្តមិនព្យាបាទ មានតម្រិះក្នុងចិត្ត ដែលទោសមិនប្រទុស្តថា សត្វទាំងឡាយនេះ កុំចងពៀរនឹងគ្នា កុំព្យាបាទនឹងគ្នា កុំមានទុក្ខ ចូររក្សាខ្លួន ឲ្យបានសេចក្តីសុខចុះ ជាសម្មាទិដ្ឋិ ជាអ្នកយល់ឃើញ នូវសេចក្តីមិនវិបរឹតថា ទានដែលបុគ្គលឲ្យហើយ មានផល ការបូជាធំ មានផល ការបូជាតូច មានផល។បេ។ សមណព្រាហ្មណ៍ទាំងឡាយ ក្នុងលោកនេះ ជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិដោយត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយបញ្ញាដ៏ឧត្តមខ្លួនឯង ហើយសំដែងប្រាប់ ក៏មាន ម្នាលភិក្ខុទាំងឡាយ សម្បត្តិនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ ទេវលោក ព្រោះហេតុតែសម្បត្តិនៃកាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនាក៏មាន ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ ទេវលោក ព្រោះហេតុតែសម្បត្តិនៃវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយកុសលចេតនាក៏មាន ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ទេវលោក ព្រោះហេតុតែសម្បត្តិនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនាក៏មាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាកូនបាសកា (មានជ្រុង ៤) ដែលបុគ្គលបោះទៅខាងលើ ហើយធ្លាក់ចុះមក តាំងនៅត្រង់ជ្រុងណា រមែងតាំងនៅស៊ប់ ត្រង់ជ្រុងនោះ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចជាសត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ទេវលោក ព្រោះហេតុតែសម្បត្តិនៃកាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនាក៏មាន សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ទេវលោក ព្រោះហេតុតែសម្បត្តិនៃវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយកុសលចេតនាក៏មាន សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិ សួគ៌ទេវលោក ព្រោះហេតុតែសម្បត្តិនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនាក៏មាន។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.217.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann