km:tipitaka:sut:an:10:sut.an.10.221

សាមញ្ញវគ្គ សូត្រ ទី១-១៦

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 10.221 បាលី cs-km: sut.an.10.221 អដ្ឋកថា: sut.an.10.221_att PTS: ?

សាមញ្ញវគ្គ សូត្រ ទី១-១៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២២១-២៣៦. សាមញ្ញវគ្គោ)

[៩៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាង នឹងធ្លាក់ទៅក្នុងនរកដូចជាគេនាំយកទៅទំលាក់។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកសម្លាប់សត្វ ១ ជាអ្នកកាន់យកទ្រព្យដែលគេមិនបានឲ្យ ១ ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ១ ជាអ្នកពោលនូវពាក្យកុហក ១ ជាអ្នកពោលនូវពាក្យញុះញង់ ១ ជាអ្នកពោលនូវពាក្យអាក្រក់ ១ ជាអ្នកពោលនូវពាក្យរោយរាយឥតប្រយោជន៍ ១ ជាអ្នកច្រើនដោយការសំឡឹងរំពៃ ចំពោះទ្រព្យអ្នកដទៃ ១ ជាអ្នកមានចិត្តព្យាបាទ ១ ជាអ្នកយល់ខុស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាងនេះឯង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។ ធម៌ទាំង ១០ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកវៀរចាកបាណាតិបាត ១ វៀរចាកអទិន្នាទាន ១ វៀរចាកកាមេសុមិច្ឆាចារ ១ វៀរចាកមុសាវាទ ១ វៀរចាកបិសុណវាចា ១ វៀរចាកផរុសវាចា ១ វៀរចាកសម្ផប្បលាបៈ ១ ជាអ្នកមិនច្រើនដោយអភិជ្ឈា ១ មានចិត្តមិនព្យាបាទ ១ ជាសម្មាទិដ្ឋិ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាងនេះឯង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។

[៩៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ២០ យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ធម៌ ២០ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកសម្លាប់សត្វ ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការសម្លាប់សត្វ ១ កាន់យកទ្រព្យដែលគេមិនឲ្យដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការកាន់យកទ្រព្យដែលគេមិនឲ្យ ១ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ ១ ពោលពាក្យកុហក ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការពោលពាក្យកុហក ១ ពោលពាក្យញុះញង់ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការពោលពាក្យញុះញង់ ១ ពោលពាក្យអាក្រក់ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការពោលពាក្យអាក្រក់ ១ ពោលពាក្យឥតប្រយោជន៍ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការពោលពាក្យឥតប្រយោជន៍ ១ ច្រើនដោយអភិជ្ឈា ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងអភិជ្ឈា ១ មានចិត្តព្យាបាទដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការព្យាបាទ ១ ជាអ្នកយល់ខុស ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការយល់ខុស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ២០ យ៉ាងនេះឯង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ២០ យ៉ាង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។ ធម៌ ២០ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកវៀរចាកបាណាតិបាត ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការវៀរចាកបាណាតិបាត ១ វៀរចាកអទិន្នាទានដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការវៀរចាកអទិន្នាទាន ១ វៀរចាកកាមេសុមិច្ឆាចារ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការវៀរចាកកាមេសុមិច្ឆាចារ ១ វៀរចាកមុសាវាទ ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការវៀរចាកមុសាវាទ ១ វៀរចាកបិសុណវាចា ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការវៀរចាកបិសុណវាចា ១ វៀរចាកផរុសវាចា ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការវៀរចាកផរុសវាចា ១ វៀរចាកសម្ផប្បលាបៈ ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការវៀរចាកសម្ផប្បលាបៈ ១ ជាអ្នកមិនច្រើនដោយអភិជ្ឈា ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងអនភិជ្ឈា ១ មិនមានចិត្តព្យាបាទ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការមិនព្យាបាទ ១ ជាសម្មាទិដ្ឋិ ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងសម្មាទិដ្ឋិ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ២០ យ៉ាងនេះឯង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។

[១០០] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣០ យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ធម៌ ៣០ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកសម្លាប់សត្វ ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការសម្លាប់សត្វ ១ ពេញចិត្តក្នុងការសម្លាប់សត្វ ១ កាន់យកទ្រព្យដែលគេមិនបានឲ្យដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការកាន់យកទ្រព្យដែលគេមិនបានឲ្យ ១ ពេញចិត្តក្នុងការកាន់យកទ្រព្យដែលគេមិនបានឲ្យ ១ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ ១ ពេញចិត្តក្នុងការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ ១ ពោលពាក្យកុហក ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការពោលពាក្យកុហក ១ ពេញចិត្តក្នុងការពោលពាក្យកុហក ១ ពោលពាក្យញុះញង់ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការពោលពាក្យញុះញង់ ១ ពេញចិត្តក្នុងការពោលពាក្យញុះញង់ ១ ពោលពាក្យអាក្រក់ ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការពោលពាក្យអាក្រក់ ១ ពេញចិត្តក្នុងការពោលពាក្យអាក្រក់ ១ ពោលពាក្យឥតប្រយោជន៍ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការពោលពាក្យឥតប្រយោជន៍ ១ ពេញចិត្តក្នុងការពោលពាក្យឥតប្រយោជន៍ ១ ច្រើនសំឡឹងរំពៃដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការសំឡឹងរំពៃ ១ ពេញចិត្តក្នុងការសំឡឹងរំពៃ ១ មានចិត្តគុំគួនដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការគុំគួន ១ ពេញចិត្តក្នុងការគុំគួន ១ យល់ខុសដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការយល់ខុស ១ ពេញចិត្តក្នុងការយល់ខុស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣០ យ៉ាងនេះឯង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣០ យ៉ាង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។ ធម៌ ៣០ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកវៀរចាកបាណាតិបាត ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការវៀរចាកបាណាតិបាត ១ ពេញចិត្តក្នុងការវៀរចាកបាណាតិបាត ១ វៀរចាកអទិន្នាទាន ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការវៀរចាកអទិន្នាទាន ១ ពេញចិត្តក្នុងការវៀរចាកអទិន្នាទាន ១ វៀរចាកកាមេសុមិច្ឆាចារ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការវៀរចាកកាមេសុមិច្ឆាចារ ១ ពេញចិត្តក្នុងការវៀរចាកកាមេសុមិច្ឆាចារ ១ វៀរចាកមុសាវាទ ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការវៀរចាកមុសាវាទ ១ ពេញចិត្តក្នុងការវៀរចាកមុសាវាទ ១ វៀរចាកបិសុណវាចា ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការវៀរចាកបិសុណវាចា ១ ពេញចិត្តក្នុងការវៀរចាកបិសុណវាចា ១ វៀរចាកផរុសវាចា ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការវៀរចាកផរុសវាចា ១ ពេញចិត្តក្នុងការវៀរចាកផរុសវាចា ១ វៀរចាកសម្ផប្បលាបៈ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការវៀរចាកសម្ផប្បលាបៈ ១ ពេញចិត្តក្នុងការវៀរចាកសម្ផប្បលាបៈ ១ ជាអ្នកមិនមានអភិជ្ឈាដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការមិនមានអភិជ្ឈា ១ ពេញចិត្តក្នុងការមិនមានអភិជ្ឈា ១ មានចិត្តមិនព្យាបាទ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការមិនព្យាបាទ ១ ពេញចិត្តក្នុងការមិនព្យាបាទ ១ យល់ត្រូវដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការយល់ត្រូវ ១ ពេញចិត្តក្នុងការយល់ត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣០ យ៉ាងនេះឯង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។

[១០១] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤០ យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ធម៌ ៤០យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកសម្លាប់សត្វ ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការសម្លាប់សត្វ ១ ពេញចិត្ត ក្នុងការសម្លាប់សត្វ ១ ពោលសរសើរគុណ នៃការសម្លាប់សត្វ ១ កាន់យកទ្រព្យដែលគេមិនបានឲ្យ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការកាន់យកទ្រព្យ ដែលគេមិនឲ្យ ១ ពេញចិត្តក្នុងការកាន់យកទ្រព្យ ដែលគេមិនឲ្យ ១ ពោលសរសើរគុណ នៃការកាន់យកទ្រព្យ ដែលគេមិនឲ្យ ១ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ១ ពេញចិត្តក្នុងការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ១ ពោលសរសើរគុណនៃការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ១ ពោលពាក្យកុហក ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការពោលពាក្យកុហក ១ ពេញចិត្តក្នុងការពោលពាក្យកុហក ១ ពោលសរសើរគុណនៃការពោលពាក្យកុហក ១ ពោលពាក្យញុះញង់ ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការពោលពាក្យញុះញង់ ១ ពេញចិត្ត ក្នុងការពោលពាក្យញុះញង់ ១ ពោលសរសើរគុណ នៃការពោលពាក្យញុះញង់ ១ ពោលពាក្យអាក្រក់ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការពោលពាក្យអាក្រក់ ១ ពេញចិត្តក្នុងការពោលពាក្យអាក្រក់ ១ ពោលសរសើរគុណ នៃការពោលពាក្យអាក្រក់ ១ ពោលពាក្យឥតប្រយោជន៍ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការពោលពាក្យឥតប្រយោជន៍ ១ ពេញចិត្តក្នុងការពោលពាក្យឥតប្រយោជន៍ ១ ពោលសរសើរគុណនៃការពោលពាក្យឥតប្រយោជន៍ ១ ជាអ្នកមានអភិជ្ឈាដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងអភិជ្ឈា ១ ពេញចិត្តក្នុងអភិជ្ឈា ១ ពោលសរសើរគុណនៃអភិជ្ឈា ១ មានចិត្តព្យាបាទដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការព្យាបាទ ១ ពេញចិត្តក្នុងការព្យាបាទ ១ ពោលសរសើរគុណ នៃការព្យាបាទ ១ យល់ខុសដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការយល់ខុស ១ ពេញចិត្ត ក្នុងការយល់ខុស ១ ពោលសរសើរគុណនៃការយល់ខុស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤០ យ៉ាងនេះឯង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤០ យ៉ាង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។ ធម៌ ៤០ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកវៀរចាកបាណាតិបាត ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការវៀរចាកបាណាតិបាត ១ ពេញចិត្តក្នុងការវៀរចាកបាណាតិបាត ១ ពោលសរសើរគុណនៃការវៀរចាកបាណាតិបាត ១ វៀរចាកអទិន្នាទាន ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការវៀរចាកអទិន្នាទាន ១ ពេញចិត្តក្នុងការវៀរចាកអទិន្នាទាន ១ ពោលសរសើរគុណនៃការវៀរចាកអទិន្នាទាន ១ វៀរចាកកាមេសុមិច្ឆាចារ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការវៀរចាកកាមេសុមិច្ឆាចារ ១ ពេញចិត្តក្នុងការវៀរចាកកាមេសុមិច្ឆាចារ ១ ពោលសរសើរគុណនៃការវៀរចាកកាមេសុមិច្ឆាចារ ១ វៀរចាកមុសាវាទដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការវៀរចាកមុសាវាទ ១ ពេញចិត្តក្នុងការវៀរចាកមុសាវាទ ១ ពោលសរសើរគុណនៃការវៀរចាកមុសាវាទ ១ វៀរចាកបិសុណវាចា ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការវៀរចាកបិសុណវាចា ១ ពេញចិត្តក្នុងការវៀរចាកបិសុណវាចា ១ ពោលសរសើរគុណនៃការវៀរចាកបិសុណវាចា ១ វៀរចាកផរុសវាចា ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការវៀរចាកផរុសវាចា ១ ពេញចិត្តក្នុងការវៀរចាកផរុសវាចា ១ ពោលសរសើរគុណនៃការវៀរចាកផរុសវាចា ១ វៀរចាកសម្ផប្បលាបៈ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការវៀរចាកសម្ផប្បលាបៈ ១ ពេញចិត្តក្នុងការវៀរចាកសម្ផប្បលាបៈ ១ ពោលសរសើរគុណ នៃការវៀរចាកសម្ផប្បលាបៈ ១ ជាអ្នកមិនមានអភិជ្ឈាដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការមិនមានអភិជ្ឈា ១ ពេញចិត្តក្នុងការមិនមានអភិជ្ឈា ១ ពោលសរសើរគុណនៃការមិនមានអភិជ្ឈា ១ មិនមានចិត្តព្យាបាទ ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការមិនព្យាបាទ ១ ពេញចិត្តក្នុងការមិនព្យាបាទ ១ ពោលសរសើរគុណនៃការមិនព្យាបាទ ១ ជាអ្នកយល់ត្រូវ ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការយល់ត្រូវ ១ ពេញចិត្តក្នុងការយល់ត្រូវ ១ ពោលសរសើរគុណនៃការយល់ត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤០ យ៉ាង នេះឯង នឹងទៅកើតឯស្ថានសួគ៌ ដូចគេនាំយកទៅដំកល់ទុក។

[១០២] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាង ឈ្មោះថា រក្សាទុកនូវខ្លួន ដែលមានកុសលធម៌គាស់រំលើង ផ្តាច់ផ្តិលចោលហើយ… ឈ្មោះថា រក្សាទុកនូវខ្លួន ដែលមានកុសលធម៌មិនបានគាស់រំលើង ផ្តាច់ផ្តិលចោលហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ២០ យ៉ាង… ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣០ យ៉ាង… ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤០ យ៉ាង ឈ្មោះថា រក្សាទុកនូវខ្លួន ដែលមានកុសលធម៌គាស់រំលើង ផ្តាច់ផ្តិលចោលហើយ… ឈ្មោះថា រក្សាទុកនូវខ្លួន ដែលមានកុសលធម៌មិនបានគាស់រំលើង ផ្តាច់ផ្តិល។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤០ យ៉ាងនេះឯង ឈ្មោះថា រក្សាទុកនូវខ្លួន ដែលមានកុសលធម៌ មិនបានគាស់រំលើង ផ្តាច់ផ្តិលចោលឡើយ។

ចប់ ទុតិយវគ្គ ទី២។

[១០៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ប្រកបដោយធម៌ទាំង ១០ យ៉ាង លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក… បុគ្គលខ្លះ ក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ ទេវលោក… ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ២០ យ៉ាង… ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣០ យ៉ាង… ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ប្រកបដោយធម៌ ៤០ យ៉ាង លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក… បុគ្គលខ្លះ ក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ ទេវលោក។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាង គេគប្បីដឹងថាជាបុគ្គលពាល… គប្បីដឹងថាជាបណ្ឌិត… ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលប្រកបដោយធម៌ ២០ យ៉ាង… ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣០ យ៉ាង… ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤០ យ៉ាង គេគប្បីដឹងថាជាបុគ្គលពាល… គប្បីដឹងថាជាបណ្ឌិត ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤០ យ៉ាងនេះឯង គេគប្បីដឹងថាជាបណ្ឌិត។

ចប់ តតិយវគ្គ ទី៣។

(ការរាប់នូវសូត្រ ក្នុងវគ្គទី៤ និងវគ្គទី៥ នេះ បណ្ឌិតគប្បីដឹងដោយអំណាចបេយ្យាលៈ)។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.221.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann