km:tipitaka:sut:an:10:sut.an.10.v05

អក្កោសវគ្គ ទី៥

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 10.v05 បាលី cs-km: sut.an.10.v05 អដ្ឋកថា: sut.an.10.v05_att PTS: ?

អក្កោសវគ្គ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥. អក្កោសវគ្គោ)

(វិវាទសូត្រ ទី១)

(១. វិវាទសុត្តំ)

[៤១] គ្រានោះ ព្រះឧបាលិដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះឧបាលិដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសេចក្តីបង្កហេតុ ជម្លោះ សេចក្តីប្រកួតប្រកាន់ វិវាទគ្នា កើតឡើងក្នុងសង្ឃ ពួកភិក្ខុក៏នៅមិនសប្បាយ។ ម្នាលឧបាលិ ពួកភិក្ខុក្នុងសាសនានេះ សំដែងនូវសភាពមិនមែនធម៌ ថាជាធម៌ ១ សំដែងនូវធម៌ ថាមិនមែនជាធម៌ ១ សំដែងនូវសភាពមិនមែនជាវិន័យ ថាជាវិន័យ ១ សំដែងនូវវិន័យ ថាមិនមែនជាវិន័យ ១ សំដែងនូវធម្មវិន័យ ដែលតថាគតមិនបានសំដែង មិនបានពោលហើយ ថាជាធម្មវិន័យដែលតថាគតបានសំដែង បានពោលហើយ ១ សំដែងនូវធម្មវិន័យ ដែលតថាគតបានសំដែង បានពោលហើយ ថាជាធម្មវិន័យដែលតថាគត មិនបានសំដែង មិនបានពោលវិញ ១ សំដែងនូវវត្ត ដែលតថាគតមិនបានសន្សំហើយ ថាជាវត្ត ដែលតថាគតបានសន្សំហើយ ១ សំដែងនូវវត្ត ដែលតថាគតបានសន្សំហើយ ថាជាវត្តដែលតថាគតមិនបានសន្សំហើយ ១ សំដែងនូវសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្តហើយ ថាជាសិក្ខាបទ ដែលតថាគតបានបញ្ញត្តហើយ ១ សំដែងនូវសិក្ខាបទ ដែលតថាគត បានបញ្ញត្តហើយ ថាជាសិក្ខាបទដែលតថាគតមិនបានបញ្ញត្តហើយ ១។ ម្នាលឧបាលិ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យមានសេចក្តីបង្កហេតុ ជម្លោះ សេចក្តីប្រកួតប្រកាន់ វិវាទគ្នាកើតឡើងក្នុងសង្ឃ ពួកភិក្ខុក៏នៅមិនសប្បាយ។

(បឋមវិវាទមូលសូត្រ ទី២)

(២. បឋមវិវាទមូលសុត្តំ)

[៤២] បពិត្រព្រះអង្គដ៏ចំរើន មូលហេតុនៃវិវាទ មានប៉ុន្មានយ៉ាង។ ម្នាលឧបាលិ មូលហេតុនៃវិវាទមាន ១០ យ៉ាង។ មូលហេតុនៃវិវាទ ១០ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលឧបាលិ ពួកភិក្ខុក្នុងសាសនានេះ សំដែងនូវសភាពមិនមែនធម៌ ថាជាធម៌ ១ សំដែងនូវធម៌ថា មិនមែនជាធម៌ ១ សំដែងនូវសភាពមិនមែនវិន័យ ថាជាវិន័យ ១ សំដែងនូវវិន័យ ថាមិនមែនជាវិន័យ ១ សំដែងនូវធម្មវិន័យ ដែលតថាគតមិនបានសំដែង មិនបានពោលហើយ ថាជាធម្មវិន័យ ដែលតថាគតបានសំដែង បានពោលហើយ ១ សំដែងនូវធម្មវិន័យ ដែលតថាគតបានសំដែង បានពោលហើយ ថាជាធម្មវិន័យ ដែលតថាគតមិនបានសំដែង មិនបានពោលវិញ ១ សំដែងនូវវត្ត ដែលតថាគត មិនបានសន្សំហើយ ថាជាវត្ត ដែលតថាគតបានសន្សំហើយ ១ សំដែងនូវវត្ត ដែលតថាគតបានសន្សំហើយ ថាជាវត្ត ដែលតថាគត មិនបានសន្សំហើយ ១ សំដែងនូវសិក្ខាបទដែលតថាគត មិនបានបញ្ញត្តហើយ ថាជាសិក្ខាបទ ដែលតថាគតបានបញ្ញត្តហើយ ១ សំដែងនូវសិក្ខាបទ ដែលតថាគតបានបញ្ញត្តហើយ ថាជាសិក្ខាបទដែលតថាគតមិនបានបញ្ញត្តហើយ ១។ ម្នាលឧបាលិ មូលហេតុនៃវិវាទ មាន ១០ យ៉ាងនេះឯង។

(ទុតិយវិវាទមូលសូត្រ ទី៣)

(៣. ទុតិយវិវាទមូលសុត្តំ)

[៤៣] បពិត្រព្រះអង្គដ៏ចំរើន មូលហេតុនៃវិវាទ តើមានប៉ុន្មានយ៉ាង។ ម្នាលឧបាលិ មូលហេតុនៃវិវាទមាន ១០ យ៉ាង។ មូលហេតុនៃវិវាទ ១០ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលឧបាលិ ពួកភិក្ខុក្នុងសាសនានេះ សំដែងនូវអនាបត្តិ ថាជាអាបត្តិ ១ សំដែងនូវអាបត្តិ ថាជាអនាបត្តិ ១ សំដែងនូវលហុកាបត្តិ ថាជាគរុកាបត្តិ ១ សំដែងនូវគរុកាបត្តិ ថាជាលហុកាបត្តិ ១ សំដែងនូវទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ១ សំដែងអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ១ សំដែងនូវសាវសេសាបត្តិ1) ថាជាអនវសេសាបត្តិ2) ១ សំដែងនូវអនវសេសាបត្តិ ថាជាសាវសេសាបត្តិ ១ សំដែងសប្បដិកម្មាបត្តិ3) គឺ អាបត្តិដែលកែបាន ថាជាអប្បដិកម្មាបត្តិ4) គឺអាបត្តិកែមិនបាន ១ សំដែងនូវអប្បដិកម្មាបត្តិ ថាជាសប្បដិកម្មាបត្តិ ១។ ម្នាលឧបាលិ មូលហេតុនៃវិវាទ មាន ១០ យ៉ាងនេះឯង។

(កុសិនារសូត្រ ទី៤)

(៤. កុសិនារសុត្តំ)

[៤៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃ ជាទីនាំទៅនូវពលិកម្ម (ដើម្បីប្រយោជន៍ដល់ទេវតា) ទៀបក្រុងកុសិនារា។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ដូច្នេះ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកចោទ មានបំណងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាធម៌ ៥ ប្រការ ចំពោះខ្លួនឯងសិន ត្រូវតាំងធម៌ ៥ ប្រការ ទុកក្នុងខ្លួន រួចសិមចោទភិក្ខុដទៃ។ ធម៌ ៥ ប្រការ តើដូចម្តេច ដែលភិក្ខុអ្នកចោទ ត្រូវពិចារណាចំពោះខ្លួនឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកចោទ មានបំណងនឹងចោទភិក្ខុដទៃ ត្រូវពិចារណា យ៉ាងនេះថា អាត្មាអញ មានកាយសមាចារបរិសុទ្ធ ឬហ្ន៎ អាត្មាអញ ជាអ្នកប្រកបដោយកាយសមាចារ ដ៏បរិសុទ្ធ មិនធ្លុះធ្លាយ មិនមានទំនងគួរឲ្យគេចាប់ថ្នាក់បាន ធម៌នុ៎ះ មានគ្រប់គ្រាន់ ដល់អាត្មាអញ ឬមិនមានទេ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមិនមានកាយសមាចារ បរិសុទ្ធ តែជាអ្នកមិនប្រកបដោយកាយសមាចារបរិសុទ្ធ មិនធ្លុះធ្លាយ មិនមានទំនងគួរឲ្យគេចាប់ថ្នាក់បាន ភិក្ខុនោះឯង គង់មានអ្នកផងស្តីដាស់តឿនថា នែលោកដ៏មានអាយុ លោកសិក្សានូវសមាចារផ្លូវកាយជាមុនសិន ភិក្ខុនោះ គង់មានអ្នកផងស្តីដាស់តឿន ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុអ្នកចោទ មានបំណងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាយ៉ាងនេះថា អាត្មាអញ មានវចីសមាចារបរិសុទ្ធឬហ្ន៎ អាត្មាអញ ប្រកបដោយវចីសមាចារដ៏បរិសុទ្ធ មិនធ្លុះធ្លាយ មិនមានទំនងគួរឲ្យគេចាប់ថ្នាក់បាន ធម៌នុ៎ះ មានគ្រប់គ្រាន់ដល់អាត្មាអញ ឬមិនមានទេ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមិនមានវចីសមាចារ បរិសុទ្ធទេ តែជាអ្នកមិនប្រកបដោយវចីសមាចារបរិសុទ្ធ មិនធ្លុះធ្លាយ មិនមានទំនងគួរឲ្យគេចាប់ថ្នាក់បាន ភិក្ខុនោះ គង់មានអ្នកផងស្តីដាស់តឿនថា នែលោកដ៏មានអាយុ ចូរលោកសិក្សា នូវសមាចារផ្លូវវាចាជាមុនសិន ភិក្ខុនោះ គង់មានអ្នកផងស្តីដាស់តឿន ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុអ្នកចោទ មានបំណងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាយ៉ាងនេះថា ចិត្តរបស់អាត្មាអញមានមេត្តាតាំងមាំ មិនមានអាឃាត ក្នុងសព្រហ្មចារីបុគ្គលទេឬហ្ន៎ ធម៌នុ៎ះ មានគ្រប់គ្រាន់ដល់អាត្មាអញ ឬមិនមានទេ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមិនតាំងមេត្តាចិត្ត ដែលមិនមានអាឃាត ក្នុងសព្រហ្មចារីបុគ្គលទេ ភិក្ខុនោះ គង់មានអ្នកផងស្តីដាស់តឿនថា នែលោកដ៏មានអាយុ ចូរលោកតាំងមេត្តាចិត្ត (ឲ្យមាំ) ក្នុងសព្រហ្មចារីបុគ្គលចុះ ភិក្ខុនោះ គង់មានអ្នកផងស្តីដាស់តឿន ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុអ្នកចោទ មានបំណងនឹងចោទភិក្ខុដទៃ ត្រូវពិចារណា យ៉ាងនេះថា អាត្មាអញ ជាពហុស្សូត ជាអ្នកទ្រទ្រង់នូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់មកហើយ សន្សំនូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ ឬហ្ន៎ ធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុង ប្រកាសនូវព្រហ្មចរិយៈ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយ មានសភាពដូច្នោះ ដែលអាត្មាអញនោះ បានស្តាប់ច្រើន បានទ្រទ្រង់ បានសន្សំដោយពាក្យ បានពិចារណាមុតមាំក្នុងចិត្ត បានយល់ត្រឹមត្រូវដោយទិដ្ឋិ ធម៌នុ៎ះ មានគ្រប់គ្រាន់ដល់អាត្មាអញ ឬមិនមានទេ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមិនមែនជាពហុស្សូត ជាអ្នកទ្រទ្រង់នូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ សន្សំទុកនូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយសោះទេ បើធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុង ប្រកាសនូវព្រហ្មចរិយៈ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយ មានសភាពដូច្នោះ ភិក្ខុនោះ ជាអ្នកមិនបានស្តាប់ច្រើន ទ្រទ្រង់សន្សំដោយពាក្យ ពិចារណាមុតមាំក្នុងចិត្ត យល់ត្រឹមត្រូវដោយទិដ្ឋិទេ ភិក្ខុនោះឯង គង់មានអ្នកផងស្តី ដាស់តឿនថា នែលោកដ៏មានអាយុ ចូរលោករៀននិកាយសិនទៅ ភិក្ខុនោះ គង់មានអ្នកផងស្តីដាស់តឿន ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុអ្នកចោទ មានបំណងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាថា បាតិមោក្ខទាំងពីរ អាត្មាអញចេះចាំដោយពិស្តារ ចែកចេញបានដោយប្រពៃ ចាំស្ទាត់រត់មាត់ កាត់សេចក្តីបានដោយល្អ តាមសូត្រ គឺខន្ធកៈ និងបរិវារៈ តាមអនុព្យញ្ជនៈដែរឬ ធម៌នុ៎ះ មានគ្រប់គ្រាន់ដល់អាត្មាអញ ឬមិនមានទេ។ ម្នាលភិក្ខុទាំងឡាយ បើបាតិមោក្ខទាំងពីរ ភិក្ខុមិនបានចេះចាំដោយពិស្តារ ចែកចេញដោយប្រពៃ ចាំស្ទាត់រត់មាត់ កាត់សេចក្តីដោយល្អ តាមសូត្រ តាមអនុព្យញ្ជនៈទេ ភិក្ខុនោះឯង បើមានគេសួរថា ម្នាលលោកដ៏មានអាយុ ចុះសិក្ខាបទនេះ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងក្នុងទីណា មុខជានឹងឆ្លើយប្រាប់ទៅវិញមិនរួច ភិក្ខុនោះឯង គង់មានអ្នកផងស្តីដាស់តឿនថា នែលោកដ៏មានអាយុ ចូរលោករៀននូវវិន័យសិនទៅ ភិក្ខុនោះ គង់មានអ្នកផងស្តីដាស់តឿន ១។ ធម៌ ៥ ប្រការនេះ ភិក្ខុត្រូវពិចារណាចំពោះខ្លួន។ ធម៌ ៥ ប្រការ តើដូចម្តេច ដែលភិក្ខុអ្នកចោទត្រូវតាំងទុកក្នុងខ្លួន។ អាត្មាអញ និយាយត្រូវតាមកាល មិននិយាយខុសកាល ១ អាត្មាអញ និយាយពាក្យពិត មិននិយាយពាក្យមិនពិត ១ អាត្មាអញនិយាយពាក្យផ្អែមល្ហែម មិននិយាយពាក្យអាក្រក់ ១ អាត្មាអញនិយាយពាក្យប្រកបដោយប្រយោជន៍ មិននិយាយពាក្យដែលឥតប្រយោជន៍ ១ អាត្មាអញតាំងមេត្តាចិត្ត ហើយសិមនិយាយ មិននិយាយទាំងទោសចិត្ត ១។ ធម៌ ៥ ប្រការនេះឯង ដែលភិក្ខុអ្នកចោទ ត្រូវតាំងទុកក្នុងខ្លួន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកចោទ មានបំណងដើម្បីចោទភិក្ខុដទៃ ត្រូវពិចារណាធម៌ ៥ ប្រការនេះចំពោះខ្លួន ហើយត្រូវតាំងធម៌ ៥ ប្រការនេះ ទុកក្នុងខ្លួន រួចសិមចោទភិក្ខុដទៃ។

(រាជន្តេបុរប្បវេសនសូត្រ ទី៥)

(៥. រាជន្តេបុរប្បវេសនសុត្តំ)

[៤៥] ម្នាលភិក្ខុទាំងឡាយ ទោស ១០ យ៉ាងនេះ រមែងមានក្នុងការចូលទៅខាងក្នុងរាជបុរី។ ទោស ១០ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជាក្នុងលោកនេះ កំពុងគង់នៅជាមួយនឹងមហេសី បើភិក្ខុចូលទៅក្នុងទីនោះ មហេសីបានឃើញភិក្ខុនោះ រមែងធ្វើនូវញញឹមឲ្យប្រាកដខ្លះ ភិក្ខុឃើញមហេសីហើយ ធ្វើនូវញញឹមឲ្យប្រាកដខ្លះ ព្រះរាជា រមែងរង្កៀសក្នុងរឿងនោះ យ៉ាងនេះថា ការកន្លងនូវមេថុននៃអ្នកទាំងពីរនេះ បានធ្វើហើយ ឬថានឹងធ្វើនូវការកន្លងនូវមេថុនមិនខាន។ ម្នាលភិក្ខុទាំងឡាយ នេះជាទោស ទី១ ក្នុងការចូលទៅក្នុងរាជបុរី។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះរាជា ជាបុគ្គលមានកិច្ចច្រើន មានការងារច្រើន ទ្រង់ស្តេចទៅប្រោសប្រាណស្រ្តីណាមួយ ហើយក៏ភ្លេចទៅ ឯស្រ្តីនោះ ក៏មានគភ៌ ដោយព្រះរាជានោះ ព្រះរាជា រមែងរង្កៀសក្នុងរឿងនោះ យ៉ាងនេះថា បុគ្គលនីមួយដទៃ មិនដែលចូលទៅក្នុងទីនេះទេ លើកលែងតែបព្វជិតចេញ ទំនងជាកម្មរបស់បព្វជិតទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោស ទី២ ក្នុងការចូលទៅខាងក្នុងរាជបុរី។ ម្នាលភិក្ខុទាំងឡាយ មួយទៀត រតនៈណាមួយ ក្នុងរាជបុរីបាត់ទៅ ព្រះរាជា រមែងរង្កៀសក្នុងរឿងនោះ យ៉ាងនេះថា បុគ្គលនីមួយដទៃ មិនដែលចូលទៅក្នុងទីនេះទេ លើកលែងតែបព្វជិតចេញ ទំនងជាកម្មរបស់បព្វជិតទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោស ទី៣ ក្នុងការចូលទៅក្នុងរាជបុរី។ ម្នាលភិក្ខុទាំងឡាយ មួយទៀត រឿងរ៉ាវទាំងឡាយ ដែលព្រះរាជា ត្រូវបិទបាំងទុកខាងក្នុង មាននៅខាងក្នុងបុរីរបស់ព្រះរាជា ត្រឡប់បែកខ្ចរខ្ចាយទៅខាងក្រៅ ព្រះរាជា ទ្រង់រង្កៀសក្នុងរឿងនោះ យ៉ាងនេះថា បុគ្គលនីមួយដទៃ មិនដែលចូលទៅក្នុងទីនេះទេ លើកលែងតែបព្វជិតចេញ ទំនងជាកម្មរបស់បព្វជិតទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី ៤ ក្នុងការចូលទៅខាងក្នុងរាជបុរី។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះរាជបិតា រមែងប្រាថ្នា (ដើម្បីសម្លាប់) ព្រះរាជបុត្រខាងក្នុងរាជបុរី ឬថា ព្រះរាជបុត្រ ប្រាថ្នា (ដើម្បីសម្លាប់) ព្រះរាជបិតា ព្រះរាជបិតា និងព្រះរាជបុត្រ ទ្រង់រង្កៀសយ៉ាងនេះថា បុគ្គលនីមួយដទៃ មិនដែលចូលទៅក្នុងទីនេះទេ លើកលែងតែបព្វជិតចេញ ទំនងជាកម្មរបស់បព្វជិតទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី ៥ ក្នុងការចូលទៅខាងក្នុងរាជបុរី។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ស្តេចទ្រង់តាំងមន្រ្តី ដែលតាំងនៅក្នុងដំណែងទាប ឲ្យឡើងកាន់ដំណែងខ្ពស់ ការតាំងនោះ មិនជាទីគាប់ចិត្តរបស់ជនទាំងឡាយណា ជនទាំងឡាយនោះ រមែងរង្កៀសយ៉ាងនេះថា ស្តេចតែងនៅច្រឡូកច្រឡំ ដោយបព្វជិត ទំនងជាកម្មរបស់បព្វជិតទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី ៦ ក្នុងការចូលទៅខាងក្នុងរាជបុរី។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះរាជាទ្រង់បន្ថយមន្រ្តី ដែលតាំងនៅក្នុងដំណែងខ្ពស់ ឲ្យថយចុះ ក្នុងដំណែងទាបវិញ ការតាំងនោះមិនជាទីគាប់ចិត្ត របស់ជនទាំងឡាយណា ជនទាំងឡាយនោះ រមែងរង្កៀសយ៉ាងនេះថា ព្រះរាជាតែងនៅច្រឡូកច្រឡំ ដោយបព្វជិត ទំនងជាកម្មរបស់បព្វជិតទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី ៧ ក្នុងការចូលទៅខាងក្នុងរាជបុរី។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះរាជា ទ្រង់បញ្ជូនកងទ័ពទៅក្នុងកាលមិនគួរ ការបញ្ជូនកងទ័ពទៅនោះ មិនជាទីគាប់ចិត្ត របស់ជនទាំងឡាយណា ជនទាំងឡាយនោះ រមែងរង្កៀសយ៉ាងនេះថា ព្រះរាជានៅច្រឡូកច្រឡំដោយបព្វជិត ទំនងជាកម្មរបស់បព្វជិតទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី ៨ ក្នុងការចូលទៅខាងក្នុងរាជបុរី។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះរាជាបញ្ជូនកងទ័ពទៅ ក្នុងកាលគួរ ហើយឲ្យត្រឡប់មកវិញ ពាក់កណ្តាលផ្លូវ ការឲ្យត្រឡប់មកវិញនោះ មិនជាទីគាប់ចិត្ត របស់ជនទាំងឡាយណា ជនទាំងឡាយនោះ រមែងរង្កៀសយ៉ាងនេះថា ព្រះរាជានៅច្រឡូកច្រឡំ ដោយបព្វជិត ទំនងជាកម្មរបស់បព្វជិតទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី ៩ ក្នុងការចូលទៅក្នុងរាជបុរី។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ខាងក្នុងរាជបុរី តែងចង្អៀតដោយដំរី ចង្អៀតដោយសេះ ចង្អៀតដោយរថ ទាំងរូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ជាហេតុនៃសេចក្តីត្រេកអរ សុទ្ធតែជារបស់មិនសមគួរ ដល់បព្វជិតទេ។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី ១០ ក្នុងការចូលទៅខាងក្នុងរាជបុរី។ ម្នាលភិក្ខុទាំងឡាយ ទោស ១០ យ៉ាងនេះឯង រមែងមានក្នុងការចូលទៅខាងក្នុងរាជបុរី។

(សក្កសូត្រ ទី៦)

(៦. សក្កសុត្តំ)

[៤៦] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ទៀបក្រុងកបិលព័ស្តុ ក្នុងដែនសក្កៈ។ គ្រានោះ ពួកសក្យឧបាសកជាច្រើន បានចូលទៅគាល់ព្រះដ៏មានព្រះភាគ ក្នុងថ្ងៃឧបោសថនោះ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះពួកសក្យឧបាសក អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលសក្យៈទាំងឡាយ អ្នកទាំងឡាយ បានរក្សាឧបោសថ ប្រកបដោយអង្គ ៨ ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ជួនកាល យើងទាំងឡាយ បានរក្សាឧបោសថ ប្រកបដោយអង្គ ៨ ជួនកាល យើងទាំងឡាយ មិនបានរក្សា។ ម្នាលសក្យៈទាំងឡាយ អ្នកទាំងឡាយនោះ ពេញជាឥតលាភហើយ ការបាននូវអត្តភាពជាមនុស្ស អ្នកទាំងឡាយនោះ បានដោយកម្រ ដ្បិតថាអ្នកទាំងឡាយ ជួនកាលក៏បានរក្សាឧបោសថ ប្រកបដោយអង្គ ៨ ជួនកាលក៏មិនបានរក្សា ក្នុងជីវិតប្រកបដោយសោក និងភ័យក្នុងជីវិត ប្រកបដោយមរណៈ និងភ័យយ៉ាងនេះ។ ម្នាលសក្យៈទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច។ បុរសក្នុងលោកនេះ ក្នុង ១ ថ្ងៃ រកបានកន្លះកហាបណៈ ដោយហេតុនៃការងារណាមួយ ដែលមិនប៉ះពាល់អកុសលកម្ម តើគួរហៅថា បុរសអ្នកឈ្លាស បរិបូណ៌ដោយសេចក្តីព្យាយាមដែរឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលសក្យៈទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះដូចម្តេច។ បុរសក្នុងលោកនេះ ក្នុង ១ ថ្ងៃ រកបាន ១ កហាបណៈ ដោយហេតុនៃការងារណាមួយ ដែលមិនប៉ះពាល់អកុសលកម្ម តើគួរហៅថា បុរសអ្នកឈ្លាស បរិបូណ៌ដោយសេចក្តីព្យាយាមដែរឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលសក្យៈទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះដូចម្តេច។ បុរសក្នុងលោកនេះ ក្នុង ១ ថ្ងៃ រកបាន ២ កហាបណៈ ដោយហេតុនៃការងារណាមួយ ដែលមិនប៉ះពាល់អកុសលកម្ម រកបាន ៣ កហាបណៈ រកបាន ៤ កហាបណៈ រកបាន ៥ កហាបណៈ រកបាន ៦ កហាបណៈ រកបាន ៧ កហាបណៈ រកបាន ៨ កហាបណៈ រកបាន ៩ កហាបណៈ រកបាន ១០ កហាបណៈ រកបាន ២០ កហាបណៈ រកបាន ៣០ កហាបណៈ រកបាន ៤០ កហាបណៈ រកបាន ៥០ កហាបណៈ រកបាន ១០០ កហាបណៈ តើគួរហៅថា បុរសអ្នកឈ្លាស បរិបូណ៌ដោយសេចក្តីព្យាយាមដែរឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលសក្យៈទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច។ បុរសនោះ កាលរកបាន ១០០ កហាបណៈ ១.០០០ កហាបណៈ ក្នុងមួយថ្ងៃ ទុកដាក់នូវកហាបណៈ ដែលខ្លួនរកបានហើយ ៗ រស់នៅបាន ១០០ ឆ្នាំ គប្បីបាននូវគំនរនៃភោគៈដ៏ច្រើនដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលសក្យៈទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្តេច។ បុរសនោះ គប្បីបានទទួលនូវសុខយ៉ាងឯក អស់រាត្រីមួយ ឬមួយថ្ងៃ អស់កន្លះរាត្រី ឬកន្លះថ្ងៃ ដែលមានភោគៈជាហេតុ មានភោគៈជាគ្រឿងប្រគល់ឲ្យ មានភោគៈជាអធិករណ៍ មែនដែរឬ។ ហេតុនុ៎ះ មិនមែនទេ ព្រះអង្គ។ រឿងនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា កាមទាំងឡាយ មិនទៀង ទទេ មិនពិត វិនាសទៅជាធម្មតា។ ម្នាលសក្យៈទាំងឡាយ ចំណែកខាងសាវករបស់តថាគត ក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ប្រតិបត្តិតាមពាក្យដែលតថាគត ប្រៀនប្រដៅហើយ អស់ ១០ ឆ្នាំ គប្បីទទួលសេចក្តីសុខយ៉ាងឯក អស់ ១០០ ឆ្នាំ ក៏មាន ១០.០០០ (១ ម៉ឺន) ឆ្នាំ ក៏មាន ១០០.០០០ (១សែន) ឆ្នាំ ក៏មាន។ សាវករបស់តថាគតនោះ បានជាសកទាគាមីខ្លះ អនាគាមីខ្លះ បានដល់សោតៈពិតប្រាកដខ្លះ។ ម្នាលសក្យៈទាំងឡាយ ១០ ឆ្នាំ លើកទុកចុះ សាវករបស់តថាគតក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ប្រតិបត្តិតាមពាក្យដែលតថាគត ប្រៀនប្រដៅហើយ អស់ ៩ឆ្នាំ ៨ឆ្នាំ ៧ឆ្នាំ ៦ឆ្នាំ ៥ឆ្នាំ ៤ឆ្នាំ ៣ឆ្នាំ ២ឆ្នាំ ១ឆ្នាំ គប្បីទទួលនូវសេចក្តីសុខយ៉ាងឯក អស់ ១០០ ឆ្នាំ ក៏មាន ១០. ០០០ (១ម៉ឺន) ឆ្នាំ ក៏មាន ១០០.០០០ (១សែន) ឆ្នាំ ក៏មាន។ សាវករបស់តថាគតនោះ បានជាសកទាគាមីខ្លះ អនាគាមីខ្លះ បានដល់សោតៈពិត ប្រាកដខ្លះ។ ម្នាលសក្យៈទាំងឡាយ ១ ឆ្នាំ លើកទុកចុះ សាវករបស់តថាគត ក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ប្រតិបត្តិតាមពាក្យដែលតថាគតប្រៀនប្រដៅហើយ អស់ត្រឹមតែ ១០ ខែ ក៏គប្បីទទួលនូវសេចក្តីសុខយ៉ាងឯក អស់ ១០០ ឆ្នាំ ក៏មាន ១០.០០០ (១ម៉ឺន) ឆ្នាំ ក៏មាន ១០០.០០០ (១សែន) ឆ្នាំ ក៏មាន។ សាវករបស់តថាគតនោះ បានជាសកទាគាមីខ្លះ អនាគាមីខ្លះ បានដល់សោតៈពិតប្រាកដខ្លះ។ ម្នាលសក្យៈទាំងឡាយ ១០ ខែ លើកទុកចុះ សាវករបស់តថាគត ក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ប្រតិបត្តិតាមពាក្យដែលតថាគតប្រៀនប្រដៅហើយ អស់ ៩ខែ ៨ខែ ៧ខែ ៦ខែ ៥ខែ ៤ខែ ៣ខែ ២ខែ ១ខែ កន្លះខែ ក៏គប្បីបានទទួលនូវសេចក្តីសុខយ៉ាងឯក អស់ ១០០ ឆ្នាំ ក៏មាន ១០. ០០០ (១ម៉ឺន) ឆ្នាំ ក៏មាន ១០០.០០០ (១សែន) ឆ្នាំ ក៏មាន។ សាវករបស់តថាគតនោះ បានជាសកទាគាមីខ្លះ អនាគាមីខ្លះ បានដល់សោតៈពិតប្រាកដខ្លះ។ ម្នាលសក្យៈទាំងឡាយ កន្លះខែ លើកទុកចុះ សាវករបស់តថាគត ក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ប្រតិបត្តិតាមពាក្យដែលតថាគត ប្រៀនប្រដៅហើយ អស់យប់ និងថ្ងៃ ១០ ក៏គប្បីបានទទួលនូវសេចក្តីសុខយ៉ាងឯក អស់ ១០០ ឆ្នាំ ក៏មាន ១០.០០០ (១ម៉ឺន) ឆ្នាំ ក៏មាន ១០០.០០០ (១សែន) ឆ្នាំ ក៏មាន។ សាវករបស់តថាគតនោះ បានជាសកទាគាមីខ្លះ អនាគាមីខ្លះ បានដល់សោតៈពិតប្រាកដខ្លះ។ ម្នាលសក្យៈទាំងឡាយ យប់ និងថ្ងៃ ១០ លើកទុកចុះ សាវករបស់តថាគត ក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ប្រតិបត្តិតាមពាក្យដែលតថាគតប្រៀនប្រដៅហើយ អស់យប់ និងថ្ងៃ ៩ យប់ និងថ្ងៃ ៨ យប់និងថ្ងៃ ៧ យប់និងថ្ងៃ ៦ យប់និងថ្ងៃ ៥ យប់និងថ្ងៃ ៤ យប់និងថ្ងៃ ៣ យប់និងថ្ងៃ ២ យប់និងថ្ងៃ ១ ក៏គប្បីបានទទួលនូវសេចក្តីសុខយ៉ាងឯក អស់ ១០០ ឆ្នាំ ក៏មាន ១០.០០០ (១ម៉ឺន) ឆ្នាំ ក៏មាន ១០០.០០០ (១សែន) ឆ្នាំ ក៏មាន។ សាវករបស់តថាគតនោះ បានជាសកទាគាមីខ្លះ អនាគាមីខ្លះ បានដល់សោតៈពិតប្រាកដខ្លះ។ ម្នាលសក្យៈទាំងឡាយ អ្នកទាំងឡាយ ចំជាឥតលាភហើយ ការបាននូវអត្តភាពជាមនុស្ស អ្នកទាំងឡាយនោះ បានដោយកម្រ ដ្បិតថា អ្នកទាំងឡាយ ជួនកាលបានរក្សាឧបោសថ ប្រកបដោយអង្គ ៨ ជួនកាលមិនបានរក្សា ក្នុងជីវិតប្រកបដោយសោក និងភ័យ ក្នុងជីវិតប្រកបដោយមរណៈ និងភ័យយ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចំរើន យើងទាំងឡាយនេះ នឹងរក្សានូវឧបោសថ ប្រកបដោយអង្គ ៨ ចាប់ដើមតាំងពីថ្ងៃនេះ តរៀងទៅ។

(មហាលិសូត្រ ទី៧)

(៧. មហាលិសុត្តំ)

[៤៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវន ជិតក្រុងវេសាលី។ គ្រានោះ លិច្ឆវី ឈ្មោះមហាលិ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះលិច្ឆវី ឈ្មោះមហាលិ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ចុះអ្វីជាហេតុ អ្វីជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏លាមក នៃកិរិយាប្រព្រឹត្តទៅ នៃកម្មដ៏លាមក។ ម្នាលមហាលិ លោភៈជាហេតុ លោភៈជាបច្ច័យនៃកិរិយាធ្វើនូវកម្មដ៏លាមក នៃកិរិយាប្រព្រឹត្តទៅ នៃកម្មដ៏លាមក ម្នាលមហាលិ ទោសៈជាហេតុ ទោសៈជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏លាមក នៃកិរិយាប្រព្រឹត្តទៅ នៃកម្មដ៏លាមក ម្នាលមហាលិ មោហៈ ជាហេតុ មោហៈជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏លាមក នៃកិរិយាប្រព្រឹត្តទៅនៃកម្មដ៏លាមក ម្នាលមហាលិ អយោនិសោមនសិការៈ (ការមិនបានធ្វើទុកក្នុងចិត្ត ដោយឧបាយ) ជាហេតុ អយោនិសោមនសិការៈជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏លាមក នៃកិរិយាប្រព្រឹត្តទៅ នៃកម្មដ៏លាមក ម្នាលមហាលិ ចិត្តដែលបុគ្គលដំកល់ខុស ជាហេតុ ចិត្តដែលបុគ្គលដំកល់ខុស ជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏លាមក នៃកិរិយាប្រព្រឹត្តទៅ នៃកម្មដ៏លាមក។ ម្នាលមហាលិ នេះជាហេតុ នេះជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏លាមក នៃកិរិយាប្រព្រឹត្តទៅ នៃកម្មដ៏លាមក។ បពិត្រព្រះអង្គដ៏ចំរើន ចុះអ្វីជាហេតុ អ្វីជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏ល្អ នៃកិរិយាប្រព្រឹត្តទៅ នៃកម្មដ៏ល្អ។ ម្នាលមហាលិ អលោភៈ (ការមិនលោភ) ជាហេតុ អលោភៈ ជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏ល្អ នៃកិរិយាប្រព្រឹត្តិទៅនៃកម្មដ៏ល្អ ម្នាលមហាលិ អទោសៈ (ការមិនប្រទូស្ត) ជាហេតុ អទោសៈ ជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏ល្អ នៃកិរិយាប្រព្រឹត្តិទៅ នៃកម្មដ៏ល្អ ម្នាលមហាលិ អមោហៈ (ការមិនវង្វេង) ជាហេតុ អមោហៈ ជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏ល្អ នៃកិរិយាប្រព្រឹត្តិទៅ នៃកម្មដ៏ល្អ ម្នាលមហាលិ យោនិសោមនសិការៈ (ការធ្វើទុកក្នុងចិត្ត ដោយឧបាយ) ជាហេតុ យោនិសោមនសិការៈ ជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏ល្អ នៃកិរិយាប្រព្រឹត្តិទៅ នៃកម្មដ៏ល្អ ចិត្តដែលបុគ្គលដំកល់ត្រូវ ជាហេតុ ចិត្តដែលបុគ្គលដំកល់ត្រូវ ជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏ល្អ នៃកិរិយាប្រព្រឹត្តិទៅ នៃកម្មដ៏ល្អ។ ម្នាលមហាលិ នេះជាហេតុ នេះជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏ល្អ នៃកិរិយាប្រព្រឹត្តិទៅ នៃកម្មដ៏ល្អ។ ម្នាលមហាលិ បើធម៌ ១០ យ៉ាងនេះ មិនគប្បីមានក្នុងលោកទេ ពាក្យថា អធម្មចរិយវិសមចរិយាក្តី5) ពាក្យថា ធម្មចរិយសមចរិយាក្តី6) ក៏មិនគប្បីប្រាកដ ក្នុងលោកនេះដែរ។ ម្នាលមហាលិ ព្រោះតែធម៌ ១០ យ៉ាងនេះ មានប្រាកដក្នុងលោក ហេតុនោះ បានជាពាក្យថា អធម្មចរិយវិសមចរិយាក្តី ធម្មចរិយសមចរិយាក្តី ទើបមានប្រាកដ។

(បព្វជិតអភិណ្ហសូត្រ ទី៨)

(៨. បព្វជិតអភិណ្ហសុត្តំ)

[៤៨] ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះ បព្វជិតគប្បីពិចារណារឿយ ៗ។ ធម៌ ១០ យ៉ាង គឺអ្វីខ្លះ។

  • គឺបព្វជិត គប្បីពិចារណារឿយ ៗ ថា អាត្មាអញ កាន់យកនូវភេទដ៏ប្លែកអំពីភេទរបស់គ្រហស្ថ ១
  • បព្វជិតគប្បីពិចារណារឿយ ៗ ថា ការប្រព្រឹត្តិចិញ្ចឹមជីវិត របស់អាត្មាអញប្រព្រឹត្តជាប់ ដោយបុគ្គលដទៃ ១
  • បព្វជិត គប្បីពិចារណារឿយ ៗ ថា អាកប្បកិរិយាផ្សេងអំពីគ្រហស្ថ អាត្មាអញគួរធ្វើ ១
  • បព្វជិត គប្បីពិចារណារឿយ ៗ ថា អាត្មាអញ មិនតិះដៀលខ្លួនឯង ដោយសីលធម៌បានទេឬ ១
  • បព្វជិត គប្បីពិចារណា រឿយ ៗ ថា ពួកសព្រហ្មចារី ជាវិញ្ញូជន គយគន់មើលហើយ មិនតិះដៀលអាត្មាអញ ដោយសីលធម៌បានទេឬ ១
  • បព្វជិត គប្បីពិចារណារឿយ ៗ ថា ការញ្រត់ប្រាសនិរាសចាកសត្វ និងសង្ខារទាំងអស់ ដែលជាទីស្រឡាញ់ ជាទីគាប់ចិត្ត នៃអាត្មាអញ តែងមានជាធម្មតា ១
  • បព្វជិត គប្បីពិចារណារឿយ ៗ ថា អាត្មាអញ មានកម្មជារបស់ខ្លួន មានកម្មជាទាយាទ មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាគ្រឿងរលឹកឃើញ អាត្មាអញ នឹងធ្វើនូវកម្មណា ល្អ ឬអាក្រក់ អាត្មាអញ គង់នឹងបានជាអ្នកទទួលយកនូវផល នៃកម្មនោះពុំខានឡើយ ១
  • បព្វជិត គប្បីពិចារណារឿយ ៗ ថា យប់ និងថ្ងៃទាំងឡាយ ចេះតែកន្លងទៅ ៗ តើអាត្មាអញ បានធ្វើដូចម្តេចខ្លះហើយ ១
  • បព្វជិត គប្បីពិចារណារឿយ ៗ ថា សព្វថ្ងៃនេះ អាត្មាអញមានសេចក្តីអភិរម្យ ត្រេកអរក្នុងផ្ទះដ៏ស្ងាត់ខ្លះដែរឬទេ ១
  • បព្វជិត គប្បីពិចារណារឿយ ៗ ថា ឧត្តរិមនុស្សធម៌ គឺធម៌ជារបស់មនុស្ស ដ៏ប្រសើរក្រៃលែង មានដល់អាត្មាអញដែរឬ ធម៌ដ៏វិសេស ដែលគួរនឹងឃើញ ដោយប្រាជ្ញាដ៏ប្រសើរ អាត្មាអញបានត្រាស់ដឹងហើយឬ អាត្មាអញនោះ សព្រហ្មចារីទាំងឡាយ សួរក្នុងកាលជាទីបំផុត (មរណសម័យ) នឹងមិនអឹមអៀមទេឬ ១។

ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះឯង បព្វជិតគប្បីពិចារណារឿយ ៗ។

(សរីរដ្ឋធម្មសូត្រ ទី៩)

(៩. សរីរដ្ឋធម្មសុត្តំ)

[៤៩] ម្នាលភិក្ខុទាំងឡាយ ធម៌ដែលឋិតនៅក្នុងសរីរៈ ១០ យ៉ាងនេះ បព្វជិត គប្បីពិចារណារឿយ ៗ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ គឺត្រជាក់ ១ ក្តៅ ១ សេចក្តីឃ្លាន ១ ស្រេក ១ ឧច្ចារៈ ១ បស្សាវៈ ១ សង្រួមកាយ ១ សង្រួមវាចា ១ សង្រួមក្នុងការចិញ្ចឹមជីវិត ១ ភវសង្ខារ ដែលនាំសត្វឲ្យកើតក្នុងភពទៀត ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះឯង ដែលឋិតនៅក្នុងសរីរៈ។

(ភណ្ឌនសូត្រ ទី១០)

(១០. ភណ្ឌនសុត្តំ)

[៥០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកភិក្ខុច្រើនរូប ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ហើយអង្គុយប្រជុំគ្នា ក្នុងឧបដ្ឋានសាលា កើតមានសេចក្តីប្រកួតប្រកាន់ ឈ្លោះប្រកែក និយាយចាក់ដោតគ្នា ដោយលំពែង គឺមាត់។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញចាកទីពួនសម្ងំ ក្នុងសាយណ្ហសម័យ ក៏ចូលទៅរកឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ហើយ ក៏ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយ អង្គុយប្រជុំគ្នា ដោយកថាដូចម្តេច ចុះអន្តរាកថាដូចម្តេច ដែលអ្នកទាំងឡាយ ធ្វើមិនទាន់ដាច់ស្រេច។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីនេះ យើងខ្ញុំទាំងឡាយ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ហើយអង្គុយប្រជុំគ្នា ក្នុងឧបដ្ឋានសាលា ក៏កើតមានសេចក្តីប្រកួតប្រកាន់ ឈ្មោះប្រកែក និយាយចាក់ដោតគ្នា ដោយលំពែង គឺមាត់។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មានសេចក្តីប្រកួតប្រកាន់ ឈ្មោះប្រកែក និយាយចាក់ដោតគ្នា ដោយលំពែង គឺមាត់ ព្រោះហេតុណា ហេតុនុ៎ះ មិនសមគួរដល់អ្នកទាំងឡាយ ជាកុលបុត្ត អ្នកមានសទ្ធា ចេញចាកផ្ទះ ចូលមកកាន់ផ្នួសសោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះ ជាធម៌គួររលឹករកគ្នា ធ្វើនូវសេចក្តីស្រឡាញ់ ធ្វើនូវសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្រ្គោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀង ដើម្បីមូលមិត្រគ្នា។ ធម៌ ១០ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចារៈ ឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសីល។បេ។ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ដោយហេតុណា នេះជាធម៌ គួររលឹករកគ្នា ធ្វើនូវសេចក្តីស្រឡាញ់ ធ្វើនូវសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្រ្គោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀង ដើម្បីមូលមិត្រគ្នា ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាពហុស្សូត ទ្រទ្រង់នូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ សន្សំទុកនូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ ធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុង ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយមានសភាពដូច្នោះ ភិក្ខុនោះឯង ក៏បានស្តាប់ច្រើន បានចាំទុក ចាំស្ទាត់រត់មាត់ ជាក់ច្បាស់ក្នុងចិត្ត ត្រាស់ដឹងល្អដោយទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាពហុស្សូត។បេ។ ចេះដឹងល្អដោយទិដ្ឋិ ដោយហេតុណា នេះជាធម៌គួររលឹករកគ្នា ធ្វើនូវសេចក្តីស្រឡាញ់ ធ្វើនូវសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្រ្គោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមានមិត្រល្អ មានសំឡាញ់ល្អ សមគប់រកមិត្រល្អ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានមិត្រល្អ មានសំឡាញ់ល្អ សមគប់រកមិត្រល្អ ដោយហេតុណា នេះជាធម៌គួររលឹករកគ្នា ធ្វើនូវសេចក្តីស្រឡាញ់ ធ្វើនូវសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្រ្គោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុដែលគេប្រដៅងាយ ប្រកបដោយធម៌ជាគ្រឿងធ្វើនូវភាវៈជាអ្នកប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកនូវពាក្យប្រៀនប្រដៅ ដោយចំណែកខាងស្តាំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលគេប្រដៅងាយ ប្រកបដោយធម៌ជាគ្រឿងធ្វើនូវភាវៈ ជាអ្នកប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកនូវពាក្យប្រៀនប្រដៅ ដោយចំណែកខាងស្តាំ ដោយហេតុណា នេះជាធម៌គួររលឹករកគ្នា ធ្វើនូវសេចក្តីស្រឡាញ់ ធ្វើនូវសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្រ្គោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត កិច្ចការណានីមួយ ធំ ឬតូច របស់សព្រហ្មចារីបុគ្គលទាំងឡាយ ភិក្ខុជាអ្នកប៉ិនប្រសប់ មិនខ្ជិលច្រអូស ក្នុងកិច្ចការទាំងនោះ ប្រកបដោយឧបាយជាគ្រឿងពិចារណា ក្នុងកិច្ចការទាំងនោះ ថាគួរធ្វើ គួរចាត់ចែង។ ម្នាលភិក្ខុទាំងឡាយ កិច្ចការណានីមួយ ធំ ឬតូច របស់សព្រហ្មចារីបុគ្គលទាំងឡាយ ភិក្ខុជាអ្នកប៉ិនប្រសប់ មិនខ្ជិលច្រអូស ក្នុងកិច្ចការទាំងនោះ ប្រកបដោយឧបាយជាគ្រឿងពិចារណា ក្នុងកិច្ចការទាំងនោះថា គួរធ្វើ គួរចាត់ចែង ដោយហេតុណា នេះជាធម៌គួររលឹករកគ្នា ធ្វើនូវសេចក្តីស្រឡាញ់ ធ្វើនូវសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្រ្គោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកប្រាថ្នាក្នុងធម៌ មានការហៅរកដោយពាក្យជាទីស្រឡាញ់ អ្នកមានសេចក្តីរីករាយ ដ៏លើសលុប ក្នុងអភិធម្ម ក្នុងអភិវិន័យ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រាថ្នានូវធម៌ មានការហៅរកដោយពាក្យជាទីស្រឡាញ់ អ្នកមានសេចក្តីរីករាយ ដ៏លើសលុប ក្នុងអភិធម្ម ក្នុងអភិវិន័យ ដោយហេតុណា នេះជាធម៌គួររលឹករកគ្នា ធ្វើនូវសេចក្តីស្រឡាញ់ ធ្វើនូវសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្រ្គោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកប្រារព្ធព្យាយាម ដើម្បីលះបង់ពួកអកុសលធម៌ ដើម្បីធ្វើនូវពួកកុសលធម៌ឲ្យបរិបូណ៌ ជាអ្នកមានកំឡាំង មានសេចក្តីប្រឹងប្រែងមាំមួន មិនដាក់ធុរៈក្នុងពួកកុសលធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រារព្ធព្យាយាម ដើម្បីលះបង់ពួកអកុសលធម៌ ដើម្បីធ្វើពួកកុសលធម៌ ឲ្យបរិបូណ៌ ជាអ្នកមានកំឡាំង មានសេចក្តីប្រឹងប្រែងមាំមួន មិនដាក់ធុរៈក្នុងពួកកុសលធម៌ ដោយហេតុណា នេះជាធម៌គួររលឹករកគ្នា ធ្វើនូវសេចក្តីស្រឡាញ់ ធ្វើនូវសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្រ្គោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកសន្តោស ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកសន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន ដោយហេតុណា នេះជាធម៌គួររលឹករកគ្នា ធ្វើនូវសេចក្តីស្រឡាញ់ ធ្វើនូវសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្រ្គោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានស្មារតី ប្រកបដោយស្មារតី និងភាវៈជាអ្នកមានប្រាជ្ញាចាស់ក្លាដ៏ប្រសើរ រលឹកឃើញរឿយ ៗ នូវកិច្ចដែលខ្លួនធ្វើយូរហើយផង នូវសំដីដែលខ្លួននិយាយយូរហើយផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានស្មារតី ប្រកបដោយស្មារតី និងភាវៈជាអ្នកមានប្រាជ្ញាចាស់ក្លាដ៏ប្រសើរ រលឹកឃើញរឿយ ៗ នូវកិច្ចដែលខ្លួនធ្វើយូរហើយផង នូវសំដីដែលខ្លួននិយាយយូរហើយផង ដោយហេតុណា នេះជាធម៌គួររលឹករកគ្នា ធ្វើនូវសេចក្តីស្រឡាញ់ ធ្វើនូវសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្រ្គោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា ១។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុជាអ្នកមានបញ្ញា ប្រកបដោយបញ្ញា ដែលអាចកំណត់នូវការកើតឡើង និងសេចក្តីវិនាសទៅ (នៃខន្ធបញ្ចកៈ) ជាបញ្ញាដ៏ប្រសើរ ជាគ្រឿងទំលាយបង់នូវកិលេស ជាធម្មជាតិ ដល់នូវការអស់ទៅនៃទុក្ខ ដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានបញ្ញា ប្រកបដោយបញ្ញា ដែលអាចកំណត់នូវការកើតឡើង និងវិនាសទៅ ជាបញ្ញាដ៏ប្រសើរ ជាគ្រឿងទំលាយបង់នូវកិលេស ជាធម្មជាតិ ដល់នូវកិរិយាអស់ទៅនៃទុក្ខ ដោយប្រពៃ ដោយហេតុណា នេះជាធម៌គួររលឹករកគ្នា ធ្វើនូវសេចក្តីស្រឡាញ់ ធ្វើនូវសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្រ្គោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះឯង ជាធម៌គួររលឹករកគ្នា ធ្វើនូវសេចក្តីស្រឡាញ់ធ្វើនូវសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្រ្គោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា។

ចប់ អកោ្កសវគ្គ ទី៥។

ឧទ្ទាននៃអក្កោសវគ្គនោះ គឺ

និយាយអំពីវិវាទ ១ វិវាទមូល ពីរលើក ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងនគរកុសិនារា ១ ទោសក្នុងការចូលទៅខាងក្នុងរាជបុរី ១ សក្យឧបាសក ១ លិច្ឆវី ឈ្មោះមហាលិ ១ ធម៌ដែលបព្វជិតគួរពិចារណារឿយ ១ ធម៌ដែលឋិតនៅក្នុងសរីរៈ ១ ពួកភិក្ខុអ្នកមានសេចក្តីប្រកួតប្រកាន់គ្នា ១។

 

លេខយោង

1) , 3)
សំដៅយកអាបត្តិ ៦កង គឺសង្ឃាទិសេស ១ ថុល្លច្ច័យ ១ បាចិត្តិយ ១ បាដិទេសនីយ ១ ទុក្កដ ១ ទុព្ភាសិត ១។
2) , 4)
សំដៅយកបារាជិកាបត្តិ។
5)
កិរិយាប្រព្រឹត្តិមិនស្មើ បានដល់ការមិនប្រព្រឹត្តិធម៌ដោយអំណាចអកុសលកម្មបថ។
6)
កិរិយាប្រព្រឹត្តិស្មើ បានដល់ការប្រព្រឹត្តិធម៌ដោយអំណាចកុសលកម្មបថ។ អដ្ឋកថា។
km/tipitaka/sut/an/10/sut.an.10.v05.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann