km:tipitaka:sut:an:10:sut.an.10.v07

យមកវគ្គ ទី២ (៧)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 10.v07 បាលី cs-km: sut.an.10.v07 អដ្ឋកថា: sut.an.10.v07_att PTS: ?

យមកវគ្គ ទី២ (៧)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((៧) ២. យមកវគ្គោ)

(អវិជ្ជាសូត្រ ទី១)

(១. អវិជ្ជាសុត្តំ)

[៦១] ម្នាលភិក្ខុទាំងឡាយ ទីបំផុតខាងដើមរបស់អវិជ្ជា មិនប្រាកដទេ អវិជ្ជាមិនមានក្នុងកាលមុនអំពីកាលនេះ ឬថា កើតឡើងក្នុងខាងក្រោយឡើយ ហេតុនោះ ម្នាលភិក្ខុទាំងឡាយ ពាក្យថា អវិជ្ជានេះ តថាគតពោលយ៉ាងនេះ តែថា អវិជ្ជា រមែងប្រាកដ ព្រោះមានរបស់នេះជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អវិជ្ជា ប្រាកដដោយអាហារ មិនបានពោលថា អវិជ្ជាឥតអាហារទេ។ ចុះអ្វីជាអាហាររបស់អវិជ្ជា។ គប្បីឆ្លើយថា នីវរណៈ ៥។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា នីវរណៈ ៥ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហារ របស់នីវរណៈ ៥។ គប្បីឆ្លើយថា ទុច្ចរិត ៣។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទុច្ចរិត ៣ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហារ របស់ទុច្ចរិត ៣។ គប្បីឆ្លើយថា ការមិនសង្រួមឥន្រ្ទិយ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការមិនសង្រួមឥន្រ្ទិយ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់ការមិនសង្រួមឥន្រ្ទិយ។ គប្បីឆ្លើយថា ការមិនមានសតិ មិនមានសម្បជញ្ញៈ។ ម្នាលភិក្ខុទាំងឡាយ តថាតគពោលថា ការមិនមានសតិ មិនមានសម្បជញ្ញៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហារ របស់ការមិនមានសតិ មិនមានសម្បជញ្ញៈ។ គប្បីឆ្លើយថា អយោនិសោមនសិការៈ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អយោនិសោមនសិការៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហារ របស់អយោនិសោមនសិការៈ។ គប្បីឆ្លើយថា អស្សទ្ធិយៈ (សេចក្តីមិនជឿ)។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អស្សទ្ធិយៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់អស្សទ្ធិយៈ។ គប្បីឆ្លើយថា អស្សទ្ធម្មស្សវនៈ (ការមិនស្តាប់ព្រះសទ្ធម្ម)។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អស្សទ្ធម្មស្សវនៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់អស្សទ្ធម្មស្សវនៈ។ គប្បីឆ្លើយថា អសប្បុរិសសំសេវៈ (ការសេពគប់អសប្បុរស)។ ម្នាលភិក្ខុទាំងឡាយ អសប្បុរិសសំសេវៈ ពេញបរិបូណ៌ រមែងញុំាងអស្សទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ អស្សទ្ធម្មស្សវនៈ ពេញបរិបូណ៌ រមែងញុំាងអស្សទ្ធិយៈ ឲ្យពេញបរិបូណ៌ អស្សទ្ធិយៈពេញបរិបូណ៌ រមែងញុំាងអយោនិសោមនសិការៈ ឲ្យពេញបរិបូណ៌ អយោនិសោមនសិការៈ ពេញបរិបូណ៌ រមែងញុំាងការមិនមានសតិ និងមិនមានសម្បជញ្ញៈ ឲ្យពេញបរិបូណ៌ ការមិនមានសតិ មិនមានសម្បជញ្ញៈពេញបរិបូណ៌ រមែងញុំាងការមិនសង្រួមឥន្រ្ទិយ ឲ្យពេញបរិបូណ៌ ការមិនសង្រួមឥន្រ្ទិយ ពេញបរិបូណ៌ រមែងញុំាងទុច្ចរិត ៣ ឲ្យពេញបរិបូណ៌ ទុច្ចរិតទាំង ៣ ពេញបរិបូណ៌ រមែងញុំាងនីវរណៈ ៥ ឲ្យពេញបរិបូណ៌ នីវរណៈ ៥ ពេញបរិបូណ៌ រមែងញុំាងអវិជ្ជាឲ្យពេញបរិបូណ៌ ដោយប្រការដូច្នេះឯង។ អាហាររបស់អវិជ្ជានេះ រមែងមានយ៉ាងនេះ អាហាររបស់អវិជ្ជានេះ ពេញបរិបូណ៌យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកភ្លៀង មានដំណក់ថ្លោស កាលបង្អោរ កាលរំលា ហូរធ្លាក់លើកំពូលភ្នំ ទឹកនោះក៏ហូរទៅតាមទីទាប រមែងញុំាងជ្រោះភ្នំ ល្អាង និងអូរតូចឲ្យពេញ ជ្រោះភ្នំល្អាង និងអូរតូចពេញហើយ រមែងញុំាងត្រពាំងតូច ឲ្យពេញ ត្រពាំងតូចពេញហើយ រមែងញុំាងត្រពាំងធំ ឲ្យពេញ ត្រពាំងធំពេញហើយ រមែងញុំាងស្ទឹងតូចឲ្យពេញ ស្ទឹងតូចពេញហើយ រមែងញុំាងស្ទឹងធំឲ្យពេញ ស្ទឹងធំពេញហើយ រមែងញុំាងមហាសមុទ្រសាគរឲ្យពេញ អាហារនៃមហាសមុទ្រសាគរនេះ រមែងមានយ៉ាងនេះ មហាសមុទ្រសាគរពេញបរិបូណ៌យ៉ាងនេះ ឧបមា យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចជា អសប្បុរិសសំសេវៈ ពេញបរិបូណ៌ រមែងញុំាងអស្សទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ អស្សទ្ធម្មស្សវនៈ ពេញបរិបូណ៌ហើយ រមែងញុំាងអស្សទ្ធិយៈ ឲ្យពេញបរិបូណ៌ អស្សទ្ធិយៈ ពេញបរិបូណ៌ហើយ រមែងញុំាងអយោនិសោមនសិការៈ ឲ្យពេញបរិបូណ៌ អយោនិសោមនសិការៈ ពេញបរិបូណ៌ហើយ រមែងញុំាងការមិនមានសតិ មិនមានសម្បជញ្ញៈ ឲ្យពេញបរិបូណ៌ ការមិនមានសតិ មិនមានសម្បជញ្ញៈ ពេញបរិបូណ៌ហើយ រមែងញុំាងការមិនសង្រួមឥន្រ្ទិយ ឲ្យពេញបរិបូណ៌ ការមិនសង្រួមឥន្រ្ទិយពេញបរិបូណ៌ហើយ រមែងញុំាងទុច្ចរិត ៣ ឲ្យពេញបរិបូណ៌ ទុច្ចរិត ៣ ពេញបរិបូណ៌ហើយ រមែងញុំាងនីវរណៈ ៥ ឲ្យពេញបរិបូណ៌ នីវរណៈ ៥ ពេញបរិបូណ៌ហើយ រមែងញុំាងអវិជ្ជា ឲ្យពេញបរិបូណ៌ ដោយប្រការដូច្នេះ។ អាហាររបស់អវិជ្ជានេះ រមែងមានយ៉ាងនេះ អាហាររបស់អវិជ្ជានេះ ពេញបរិបូណ៌យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា វិជ្ជា និងវិមុត្តិ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់វិជ្ជា និងវិមុត្តិ។ គប្បីឆ្លើយថា ពោជ្ឈង្គ ៧។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ពោជ្ឈង្គ ៧ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់ពោជ្ឈង្គ ៧។ គប្បីឆ្លើយថា សតិប្បដ្ឋាន ៤។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សតិប្បដ្ឋាន ៤ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់សតិប្បដ្ឋាន ៤។ គប្បីឆ្លើយថា សុចរិត ៣។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សុចរិត ៣ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់សុចរិត ៣។ គប្បីឆ្លើយថា ការសង្រួមឥន្រ្ទិយ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការសង្រួមឥន្រ្ទិយ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់ការសង្រួមឥន្រ្ទិយ។ គប្បីឆ្លើយថា សតិ និងសម្បជញ្ញៈ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សតិ និងសម្បជញ្ញៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់សតិ និងសម្បជញ្ញៈ។ គប្បីឆ្លើយថា យោនិសោមនសិការៈ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា យោនិសោមនសិការៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់យោនិសោមនសិការៈ។ គប្បីឆ្លើយថា សទ្ធា។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សទ្ធាប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់សទ្ធា។ គប្បីឆ្លើយថា សទ្ធម្មស្សវនៈ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សទ្ធម្មស្សវនៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់សទ្ធម្មស្សវនៈ។ គប្បីឆ្លើយថា សប្បុរិសសំសេវៈ។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសសំសេវៈ ពេញបរិបូណ៌ រមែងញុំាងសទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ សទ្ធម្មស្សវនៈ ពេញបរិបូណ៌ហើយ រមែងញុំាងសទ្ធាឲ្យពេញបរិបូណ៌ សទ្ធា ពេញបរិបូណ៌ហើយ រមែងញុំាងយោនិសោមនសិការៈ ឲ្យពេញបរិបូណ៌ យោនិសោមនសិការៈ ពេញបរិបូណ៌ហើយ រមែងញុំាងសតិ និងសម្បជញ្ញៈ ឲ្យពេញបរិបូណ៌ សតិ និងសម្បជញ្ញៈ ពេញបរិបូណ៌ហើយ រមែងញុំាងការសង្រួមឥន្រ្ទិយឲ្យពេញបរិបូណ៌ ការសង្រួមឥន្រ្ទិយពេញបរិបូណ៌ហើយ រមែងញុំាងសុចរិត ៣ ឲ្យពេញបរិបូណ៌ សុចរិត ៣ ពេញបរិបូណ៌ហើយ រមែងញុំាងសតិប្បដ្ឋាន ៤ ឲ្យពេញបរិបូណ៌ សតិប្បដ្ឋាន ៤ ពេញបរិបូណ៌ហើយ រមែងញុំាងពោជ្ឈង្គ ៧ ឲ្យពេញបរិបូណ៌ ពោជ្ឈង្គ ៧ ពេញបរិបូណ៌ហើយ រមែងញុំាងវិជ្ជា និងវិមុត្តិឲ្យពេញបរិបូណ៌ដោយប្រការដូច្នេះឯង។ អាហាររបស់វិជ្ជា និងវិមុត្តិនេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកភ្លៀងមានដំណក់ថ្លោស កាលបង្អោរ កាលរំលា ហូរធ្លាក់លើកំពូលភ្នំ ទឹកនោះក៏ហូរទៅតាមទីទាប រមែងញុំាងជ្រោះភ្នំ ល្អាង និងអូរតូច ឲ្យពេញ ជ្រោះភ្នំ ល្អាង និងអូរតូច ពេញហើយ រមែងញុំាងត្រពាំងតូច ឲ្យពេញ ត្រពាំងតូចពេញហើយ រមែងញុំាងត្រពាំងធំឲ្យពេញ ត្រពាំងធំពេញហើយ រមែងញុំាងស្ទឹងតូចឲ្យពេញ ស្ទឹងតូចពេញហើយ រមែងញុំាងស្ទឹងធំឲ្យពេញ ស្ទឹងធំពេញហើយ រមែងញុំាងមហាសមុទ្រសាគរឲ្យពេញ អាហារនៃមហាសមុទ្រសាគរនេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌យ៉ាងនេះ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចជាសប្បុរិសសំសេវៈ ពេញបរិបូណ៌ រមែងញុំាងសទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ សទ្ធម្មស្សវនៈ ពេញបរិបូណ៌ហើយ រមែងញុំាងសទ្ធាឲ្យពេញបរិបូណ៌ សទ្ធាពេញបរិបូណ៌ហើយ រមែងញុំាងយោនិសោមនសិការៈ ឲ្យពេញបរិបូណ៌ យោនិសោមនសិការៈ ពេញបរិបូណ៌ហើយ រមែងញុំាងសតិ និងសម្បជញ្ញៈ ឲ្យពេញបរិបូណ៌ សតិ និងសម្បជញ្ញៈ ពេញបរិបូណ៌ហើយ រមែងញុំាងការសង្រួមឥន្រ្ទិយ ឲ្យពេញបរិបូណ៌ ការសង្រួមឥន្រ្ទិយពេញបរិបូណ៌ហើយ រមែងញុំាងសុចរិត ៣ ឲ្យពេញបរិបូណ៌ សុចរិត ៣ ពេញបរិបូណ៌ហើយ រមែងញុំាងសតិប្បដ្ឋាន ៤ ឲ្យពេញបរិបូណ៌ សតិប្បដ្ឋាន ៤ ពេញបរិបូណ៌ហើយ រមែងញុំាងពោជ្ឈង្គ ៧ ឲ្យពេញបរិបូណ៌ ពោជ្ឈង្គ ៧ ពេញបរិបូណ៌ហើយ រមែងញុំាងវិជ្ជា និងវិមុត្តិឲ្យពេញបរិបូណ៌ ដោយប្រការដូច្នេះ។ អាហាររបស់វិជ្ជា និងវិមុត្តិនេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌យ៉ាងនេះ។

(ឌ្តណ្ហាសូត្រ ទី២)

(២. ឌ្តណ្ហាសុត្តំ)

[៦២] ម្នាលភិក្ខុទាំងឡាយ ទីបំផុតខាងដើមរបស់ភវតណ្ហា មិនប្រាកដទេ ភវតណ្ហា (សេចក្តីប្រាថ្នាក្នុងភព) មិនមានក្នុងកាលមុន អំពីកាលនេះ ឬថា កើតឡើងក្នុងខាងក្រោយឡើយ ហេតុនោះ ម្នាលភិក្ខុទាំងឡាយ ក៏ពាក្យថា ភវតណ្ហានេះ តថាគតពោលយ៉ាងនេះ តែថា ភវតណ្ហា រមែងប្រាកដ ព្រោះមានរបស់នេះជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ភវតណ្ហា ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់ភវតណ្ហា។ គប្បីឆ្លើយថា អវិជ្ជា។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អវិជ្ជា ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់អវិជ្ជា។ គប្បីឆ្លើយថា នីវរណៈ ៥។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា នីវរណៈ ៥ ប្រកបដោយអាហារ មិនបានពោថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់នីវរណៈ ៥។ គប្បីឆ្លើយថា ទុច្ចរិត ៣។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទុច្ចរិត ៣ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់ទុច្ចរិត ៣។ គប្បីឆ្លើយថា ការមិនសង្រួមឥន្រ្ទិយ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការមិនសង្រួមឥន្រ្ទិយ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់ការមិនសង្រួមឥន្រ្ទិយ។ គប្បីឆ្លើយថា ការមិនមានសតិ មិនមានសម្បជញ្ញៈ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការមិនមានសតិ មិនមានសម្បជញ្ញៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់ការមិនមានសតិ មិនមានសម្បជញ្ញៈ។ គប្បីឆ្លើយថា អយោនិសោមនសិការៈ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អយោនិសោមនសិការៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់អយោនិសោមនសិការៈ។ គប្បីឆ្លើយថា អស្សទ្ធិយៈ (សេចក្តីមិនជឿ)។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អស្សទ្ធិយៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់អស្សទ្ធិយៈ។ គប្បីឆ្លើយថា អស្សទ្ធម្មស្សវនៈ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អស្សទ្ធម្មស្សវនៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់អស្សទ្ធម្មស្សវនៈ។ គប្បីឆ្លើយថា អសប្បុរិសសំសេវៈ។ ម្នាលភិក្ខុទាំងឡាយ អសប្បុរិសសំសេវៈ ពេញបរិបូណ៌ហើយ រមែងញុំាងអស្សទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ លុះអស្សទ្ធម្មស្សវនៈ ពេញបរិបូណ៌ហើយ រមែងញុំាងអស្សទ្ធិយៈ ឲ្យពេញបរិបូណ៌ លុះអស្សទ្ធិយៈ ពេញបរិបូណ៌ហើយ រមែងញុំាងអយោនិសោមនសិការៈ ឲ្យពេញបរិបូណ៌ លុះអយោនិសោមនសិការៈ ពេញបរិបូណ៌ហើយ រមែងញុំាងការមិនមានសតិ មិនមានសម្បជញ្ញៈ ឲ្យពេញបរិបូណ៌ លុះការមិនមានសតិ មិនមានសម្បជញ្ញៈពេញបរិបូណ៌ហើយ រមែងញុំាងការមិនសង្រួមឥន្រ្ទិយ ឲ្យពេញបរិបូណ៌ លុះការមិនសង្រួមឥន្រ្ទិយពេញបរិបូណ៌ហើយ រមែងញុំាងទុច្ចរិត ៣ ឲ្យពេញបរិបូណ៌ លុះទុច្ចរិត ៣ ពេញបរិបូណ៌ហើយ រមែងញុំាងនីវរណៈ ៥ ឲ្យពេញបរិបូណ៌ លុះនីវរណៈ ៥ ពេញបរិបូណ៌ហើយ រមែងញុំាងអវិជ្ជាឲ្យពេញបរិបូណ៌ លុះអវិជ្ជាពេញបរិបូណ៌ហើយ រមែងញុំាងភវតណ្ហា ឲ្យពេញបរិបូណ៌ដោយប្រការដូច្នេះឯង។ អាហាររបស់ភវតណ្ហានេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកភ្លៀង មានដំណក់ដ៏ថ្លោស កាលបង្អោរ កាលរំលា ហូរធ្លាក់លើកំពូលភ្នំ ទឹកនោះក៏ហូរទៅកាន់ទីទាប រមែងញុំាងជ្រោះភ្នំ ល្អាង និងអូរតូចឲ្យពេញ លុះជ្រោះភ្នំ ល្អាង និងអូរតូចពេញហើយ រមែងញុំាងត្រពាំងតូច ឲ្យពេញ លុះត្រពាំងតូចពេញហើយ រមែងញុំាងត្រពាំងធំ ឲ្យពេញ លុះត្រពាំងធំពេញហើយ រមែងញុំាងស្ទឹងតូចឲ្យពេញ លុះស្ទឹងតូចពេញហើយ រមែងញុំាងស្ទឹងធំឲ្យពេញ លុះស្ទឹងធំ ពេញហើយ រមែងញុំាងមហាសមុទ្រសាគរឲ្យពេញ អាហារនៃមហាសមុទ្រសាគរនេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌ហើយយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចជា អសប្បុរិសសំសេវៈ ពេញបរិបូណ៌ហើយ រមែងញុំាងអស្សទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ លុះអស្សទ្ធម្មស្សវនៈ ពេញបរិបូណ៌ហើយ រមែងញុំាងអស្សទ្ធិយៈ ឲ្យពេញបរិបូណ៌ លុះអស្សទ្ធិយៈ ពេញបរិបូណ៌ហើយ រមែងញុំាងអយោនិសោមនសិការៈ ឲ្យពេញបរិបូណ៌ លុះអយោនិសោមនសិការៈពេញបរិបូណ៌ហើយ រមែងញុំាងការមិនមានសតិ មិនមានសម្បជញ្ញៈឲ្យពេញបរិបូណ៌ លុះការមិនមានសតិ មិនមានសម្បជញ្ញៈ ពេញបរិបូណ៌ហើយ រមែងញុំាងការមិនសង្រួមឥន្រ្ទិយ ឲ្យពេញបរិបូណ៌ លុះការមិនសង្រួមឥន្រ្ទិយ ពេញបរិបូណ៌ហើយ រមែងញុំាងទុច្ចរិត ៣ ឲ្យពេញបរិបូណ៌ លុះទុច្ចរិត ៣ ពេញបរិបូណ៌ហើយ រមែងញុំាងនីវរណៈ ៥ ឲ្យពេញបរិបូណ៌ លុះនីវរណៈ ៥ ពេញបរិបូណ៌ហើយ រមែងញុំាងអវិជ្ជាឲ្យពេញបរិបូណ៌ លុះអវិជ្ជាពេញបរិបូណ៌ហើយ រមែងញុំាងភវតណ្ហា ឲ្យពេញបរិបូណ៌។ អាហាររបស់ភវតណ្ហានេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា វិជ្ជា និងវិមុត្តិ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់វិជ្ជា និងវិមុត្តិ។ គប្បីឆ្លើយថា ពោជ្ឈង្គ ៧ ប្រការ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ពោជ្ឈង្គ ៧ ប្រការ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហារ របស់ពោជ្ឈង្គ ៧ ប្រការ។ គប្បីឆ្លើយថា សតិប្បដ្ឋាន ៤។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សតិប្បដ្ឋាន ៤ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហារ របស់សតិប្បដ្ឋាន ៤។ គប្បីឆ្លើយថា សុចរិត ៣។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សុចរិត ៣ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់សុចរិត ៣។ គប្បីឆ្លើយថា ការសង្រួមឥន្រ្ទិយ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការសង្រួមឥន្រ្ទិយ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់ការសង្រួមឥន្រ្ទិយ។ គប្បីឆ្លើយថា សតិ និងសម្បជញ្ញៈ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សតិ និងសម្បជញ្ញៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់សតិ និងសម្បជញ្ញៈ។ គប្បីឆ្លើយថា យោនិសោមនសិការៈ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា យោនិសោមនសិការៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហារ របស់យោនិសោមនសិការៈ។ គប្បីឆ្លើយថា សទ្ធា។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សទ្ធាប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់សទ្ធា។ គប្បីឆ្លើយថា សទ្ធម្មស្សវនៈ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សទ្ធម្មស្សវនៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់សទ្ធម្មស្សវនៈ។ គប្បីឆ្លើយថា សប្បុរិសសំសេវៈ។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសសំសេវៈ ពេញបរិបូណ៌ហើយ រមែងញុំាងសទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ លុះសទ្ធម្មស្សវនៈ ពេញបរិបូណ៌ហើយ រមែងញុំាងសទ្ធា ឲ្យពេញបរិបូណ៌ លុះសទ្ធាពេញបរិបូណ៌ហើយ រមែងញុំាងយោនិសោមនសិការៈឲ្យពេញបរិបូណ៌ លុះយោនិសោមនសិការៈពេញបរិបូណ៌ហើយ រមែងញុំាងសតិ និងសម្បជញ្ញៈឲ្យពេញបរិបូណ៌ លុះសតិ និងសម្បជញ្ញៈ ពេញបរិបូណ៌ហើយ រមែងញុំាងការសង្រួមឥន្រ្ទិយឲ្យពេញបរិបូណ៌ លុះការសង្រួមឥន្រ្ទិយ ពេញបរិបូណ៌ហើយ រមែងញុំាងសុចរិត ៣ ឲ្យពេញបរិបូណ៌ លុះសុចរិត ៣ ពេញបរិបូណ៌ហើយ រមែងញុំាងសតិប្បដ្ឋាន ៤ ឲ្យពេញបរិបូណ៌ លុះសតិប្បដ្ឋាន ៤ ពេញបរិបូណ៌ហើយ រមែងញុំាងពោជ្ឈង្គ ៧ ប្រការ ឲ្យពេញបរិបូណ៌ លុះពោជ្ឈង្គ ៧ ប្រការ ពេញបរិបូណ៌ហើយ រមែងញុំាងវិជ្ជា និងវិមុត្តិ ឲ្យពេញបរិបូណ៌ដោយប្រការដូច្នេះឯង។ អាហាររបស់វិជ្ជា និងវិមុត្តិនេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកភ្លៀង មានដំណក់ដ៏ថ្លោស កាលបង្អោរ កាលរំលា ហូរធ្លាក់លើកំពូលភ្នំ ទឹកនោះក៏ហូរទៅកាន់ទីទាប រមែងញុំាងជ្រោះភ្នំ ល្អាង និងអូរតូចឲ្យពេញ លុះជ្រោះភ្នំ ល្អាង និងអូរតូចពេញ រមែងញុំាងត្រពាំងតូច ឲ្យពេញ លុះត្រពាំងតូចពេញ រមែងញុំាងត្រពាំងធំ ឲ្យពេញ លុះត្រពាំងធំពេញ រមែងញុំាងស្ទឹងតូចឲ្យពេញ លុះស្ទឹងតូចពេញ រមែងញុំាងស្ទឹងធំឲ្យពេញ លុះស្ទឹងធំពេញហើយ រមែងញុំាងមហាសមុទ្រសាគរ ឲ្យពេញ អាហាររបស់មហាសមុទ្រសាគរនេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចជាសប្បុរិសសំសេវៈ ពេញបរិបូណ៌ហើយ រមែងញុំាងសទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ លុះសទ្ធម្មស្សវនៈ ពេញបរិបូណ៌ រមែងញុំាងសទ្ធាឲ្យពេញបរិបូណ៌ លុះសទ្ធាពេញបរិបូណ៌ រមែងញុំាងយោនិសោមនសិការៈ ឲ្យពេញបរិបូណ៌ លុះយោនិសោមនសិការៈពេញបរិបូណ៌ហើយ រមែងញុំាងសតិសម្បជញ្ញៈឲ្យពេញបរិបូណ៌ លុះសតិ និងសម្បជញ្ញៈពេញបរិបូណ៌ រមែងញុំាងការសង្រួមឥន្រ្ទិយឲ្យពេញបរិបូណ៌ លុះការសង្រួមឥន្រ្ទិយពេញបរិបូណ៌ រមែងញុំាងសុចរិត ៣ ឲ្យពេញបរិបូណ៌ លុះសុចរិត ៣ ពេញបរិបូណ៌ រមែងញុំាងសតិប្បដ្ឋាន ៤ ឲ្យពេញបរិបូណ៌ លុះសតិប្បដ្ឋាន ៤ ពេញបរិបូណ៌ រមែងញុំាងពោជ្ឈង្គ ៧ ប្រការ ឲ្យពេញបរិបូណ៌ លុះពោជ្ឈង្គ ៧ ប្រការ ពេញបរិបូណ៌ រមែងញុំាងវិជ្ជា និងវិមុត្តិ ឲ្យពេញបរិបូណ៌។ អាហាររបស់វិជ្ជា និងវិមុត្តិនេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌យ៉ាងនេះឯង។

(និដ្ឋង្គតសូត្រ ទី៣)

(៣. និដ្ឋង្គតសុត្តំ)

[៦៣] ម្នាលភិក្ខុទាំងឡាយ ជនទាំងឡាយណានីមួយ ដល់នូវការចូលចិត្តចំពោះតថាគត បុគ្គលទាំងអស់នោះ ជាអ្នកបរិបូណ៌ដោយទិដ្ឋិ។ បណ្តាអ្នកបរិបូណ៌ដោយទិដ្ឋិនោះ បុគ្គល ៥ ពួក សម្រេច (បរិនិញ្វន) ក្នុងលោកនេះ បុគ្គល ៥ ពួក លះលោកនេះហើយ ទើបសម្រេច។ បុគ្គល ៥ ពួកដែលសម្រេចក្នុងលោកនេះ តើដូចម្តេច។ គឺសត្តក្ខត្តុំបរមបុគ្គល ១ កោលំកោលបុគ្គល ១ ឯកពីជិបុគ្គល ១ សកទាគាមិបុគ្គល ១ ព្រះអរហន្ត ក្នុងបច្ចុប្បន្ន ១ បុគ្គល ៥ ពួកនេះ មានការសម្រេចក្នុងលោកនេះ។ បុគ្គល ៥ ពួក ដែលលះលោកនេះហើយ សម្រេច តើដូចម្តេច។ គឺ អន្តរាបរិនិញ្វយិបុគ្គល ១1) ឧបហច្ចបរិនិញ្វយិបុគ្គល ១2) អសង្ខារបរិនិញ្វយិបុគ្គល ១3) សសង្ខារបរិនិញ្វយិបុគ្គល ១4) ឧទ្ធំសោតអកនិដ្ឋគាមិបុគ្គល ១5) បុគ្គល ៥ ពួកនេះ លះលោកនេះហើយ ទើបសម្រេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំងឡាយណានីមួយ ដល់នូវការចូលចិត្តចំពោះតថាគត ពួកបុគ្គលទាំងអស់នោះ ជាអ្នកបរិបូណ៌ដោយទិដ្ឋិ។ បណ្តាអ្នកបរិបូណ៌ដោយទិដ្ឋិនោះ បុគ្គល ៥ ពួកនេះ សម្រេចក្នុងលោកនេះ បុគ្គល ៥ ពួកនេះ លះលោកនេះហើយ ទើបសម្រេច។

(អវេច្ចប្បសន្នសូត្រ ទី៤)

(៤. អវេច្ចប្បសន្នសុត្តំ)

[៦៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំងឡាយណានីមួយ ជ្រះថ្លា មិនញាប់ញ័រ ចំពោះតថាគត ពួកបុគ្គលទាំងអស់នោះ ជាសោតាបន្ន ជាអ្នកដល់នូវដើមខ្សែនៃអរិយមគ្គ។ បណ្តាសោតាបន្នបុគ្គលទាំងនោះ បុគ្គល ៥ ពួក សម្រេចក្នុងលោកនេះ បុគ្គល ៥ ពួក លះលោកនេះ ទើបសម្រេច។ បុគ្គល ៥ ពួក ដែលសម្រេចក្នុងលោកនេះ តើដូចម្តេច។ គឺសត្តក្ខត្តុំបរមបុគ្គល ១ កោលំកោលបុគ្គល ១ ឯកពីជិបុគ្គល ១ សកទាគាមិបុគ្គល ១ ព្រះអរហន្តក្នុងបច្ចុប្បន្ន ១ បុគ្គល ៥ ពួកនេះ មានការសម្រេចក្នុងលោកនេះ។ បុគ្គល ៥ ពួក ដែលលះលោកនេះហើយ ទើបសម្រេច តើដូចម្តេច។ គឺអន្តរាបរិនិញ្វយិបុគ្គល ១ ឧបហច្ចបរិនិញ្វយិបុគ្គល ១ អសង្ខារបរិនិញ្វយិបុគ្គល ១ សសង្ខារបរិនិព្វាយិបុគ្គល ១ ឧទ្ធំសោតអកនិដ្ឋគាមិបុគ្គល ១ បុគ្គល ៥ ពួកនេះ លះលោកនេះហើយ ទើបសម្រេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំងឡាយណានីមួយ ជ្រះថ្លា មិនញាប់ញ័រ ចំពោះតថាគត ពួកបុគ្គលទាំងអស់នោះ ជាសោតាបន្ន (អ្នកដល់នូវដើមខ្សែនៃអរិយមគ្គ)។ បណ្តាសោតាបន្នបុគ្គលទាំងនោះ បុគ្គល ៥ ពួកនេះ សម្រេចក្នុងលោកនេះ បុគ្គល ៥ ពួកនេះ លះលោកនេះហើយ ទើបសម្រេច។

(បឋមសុខសូត្រ ទី៥)

(៥. បឋមសុខសុត្តំ)

[៦៥] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ គង់នៅនាលកគ្រាម ក្នុងដែនមគធៈ។ គ្រានោះ បរិញ្វជកឈ្មោះសាមណ្ឌកានិ ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏បានពោលពាក្យរាក់ទាក់ ជាមួយនឹងព្រះសារីបុត្តដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះបរិញ្វជកឈ្មោះ សាមណ្ឌកានិ អង្គុយក្នុងទីសមគួរហើយ បានសួរព្រះសារីបុត្តដ៏មានអាយុដូច្នេះថា ម្នាលអាវុសោសារីបុត្ត អ្វីហ្ន៎ ឈ្មោះថា សុខ អ្វីឈ្មោះថា ទុក្ខ។ ព្រះសារីបុត្តឆ្លើយថា ម្នាលអាវុសោ ការកើតឡើងហ្នឹងឯង ឈ្មោះថា ទុក្ខ ការមិនកើតឡើង ឈ្មោះថា សុខ។ ម្នាលអាវុសោ កាលបើមានការកើតឡើង សេចក្តីទុក្ខនេះ រមែងប្រាកដ គឺការត្រជាក់ ក្តៅ ឃ្លាន ស្រេក ឧច្ចារៈ បស្សាវៈ ប៉ះត្រូវនឹងភ្លើង ប៉ះត្រូវនឹងដំបង ប៉ះត្រូវនឹងគ្រឿងសស្រ្តាវុធ ញាតិទាំងឡាយក្តី មិត្រទាំងឡាយក្តី រមែងជួបជុំប្រសព្វគ្នា បៀតបៀន បុគ្គលនោះ។ ម្នាលអាវុសោ កាលបើមានការកើតឡើង សេចក្តីទុក្ខនេះ រមែងប្រាកដ។ ម្នាលអាវុសោ កាលបើមិនមានការកើតឡើង សេចក្តីសុខនេះ រមែងប្រាកដ គឺការមិនមានត្រជាក់ មិនមានក្តៅ មិនមានឃ្លាន មិនមានស្រេក មិនមានឧច្ចារៈ មិនមានបស្សាវៈ មិនមានប៉ះត្រូវនឹងភ្លើង មិនមានប៉ះត្រូវនឹងដំបង មិនមានប៉ះត្រូវនឹងគ្រឿងសស្រ្តាវុធ ឬញាតិទាំងឡាយក្តី មិត្រទាំងឡាយក្តី មិនជួបជុំប្រសព្វគ្នា បៀតបៀនបុគ្គលនោះ។ ម្នាលអាវុសោ កាលបើមិនមានការកើតឡើង សេចក្តីសុខនេះ រមែងប្រាកដ។

(ទុតិយសុខសូត្រ ទី៦)

(៦. ទុតិយសុខសុត្តំ)

[៦៦] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ នៅក្នុងនាលកគ្រាម ក្នុងដែនមគធៈ។ គ្រានោះ បរិញ្វជកឈ្មោះសាមណ្ឌកានិ ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ជាមួយនឹងព្រះសារីបុត្តដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះបរិញ្វជក ឈ្មោះសាមណ្ឌកានិ អង្គុយក្នុងទីដ៏សមគួរហើយ បានសួរព្រះសារីបុត្ត ដ៏មានអាយុដូច្នេះថា ម្នាលអាវុសោសារីបុត្ត អ្វីហ្ន៎ ឈ្មោះថា សុខ អ្វីឈ្មោះថា ទុក្ខ ក្នុងធម្មវិន័យនេះ។ ព្រះសារីបុត្តឆ្លើយថា ម្នាលអាវុសោ សេចក្តីមិនត្រេកអរនេះឯង ឈ្មោះថា ទុក្ខ សេចក្តីត្រេកអរ ឈ្មោះថា សុខ ក្នុងធម្មវិន័យនេះ។ ម្នាលអាវុសោ កាលបើមិនមានសេចក្តីត្រេកអរ សេចក្តីទុក្ខនេះ រមែងប្រាកដ គឺបុគ្គលកាលដើរទៅក្តី រមែងមិនមានសេចក្តីសុខជាទីត្រេកអរ ឈរនៅក្តី … អង្គុយនៅក្តី … ដេកនៅក្តី … នៅក្នុងស្រុកក្តី… នៅក្នុងព្រៃក្តី… នៅជិតគល់ឈើក្តី … នៅក្នុងផ្ទះស្ងាត់ក្តី … នៅក្នុងទីវាលក្តី … នៅក្នុងកណ្តាលភិក្ខុក្តី ក៏រមែងមិនបានសេចក្តីសុខ ជាទីត្រេកអរឡើយ។ ម្នាលអាវុសោ កាលបើមិនមានសេចក្តីត្រេកអរ សេចក្តីទុក្ខនេះ រមែងប្រាកដ។ ម្នាលអាវុសោ កាលបើមានសេចក្តីត្រេកអរ សេចក្តីសុខនេះ រមែងប្រាកដ គឺបុគ្គលកាលដើរទៅ ក៏បានប្រសព្វសេចក្តីសុខ ជាទីត្រេកអរ ឈរក្តី… អង្គុយក្តី… ដេកក្តី… នៅក្នុងស្រុកក្តី … នៅក្នុងព្រៃក្តី… នៅជិតគល់ឈើក្តី… នៅក្នុងផ្ទះស្ងាត់ក្តី… នៅទីវាលក្តី… នៅកណ្តាលភិក្ខុក្តី… រមែងបានប្រសព្វសេចក្តីសុខ ជាទីត្រេកអរ។ ម្នាលអាវុសោ កាលបើមានសេចក្តីត្រេកអរ សេចក្តីសុខនេះ រមែងប្រាកដ។

(បឋមនឡកបានសូត្រ ទី៧)

(៧. បឋមនឡកបានសុត្តំ)

[៦៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងកោសលជនបទ ជាមួយនឹងភិក្ខុសង្ឃច្រើនរូប ស្តេចឆ្ពោះទៅកាន់និគមឈ្មោះនឡកបានៈ របស់អ្នកដែនកោសល។ ក្នុងទីនោះ បានឮថា ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងព្រៃចារ ទៀបស្រុក ឈ្មោះនឡកបានៈ។ សម័យនោះឯង ព្រះដ៏មានព្រះភាគ មានភិក្ខុសង្ឃចោមរោមហើយ ទ្រង់គង់ក្នុងឧបោសថថ្ងៃនោះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ពួកភិក្ខុ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា អស់វេលាយប់ជ្រៅ ទ្រង់រមិលមើលភិក្ខុសង្ឃ ដែលអង្គុយនៅស្ងប់សៀម ហើយក៏ត្រាស់នឹងព្រះសារីបុត្តដ៏មានអាយុថា ម្នាលសារីបុត្ត ភិក្ខុសង្ឃប្រាសចាកថីនមិទ្ធៈហើយ ម្នាលសារីបុត្ត លោកចូរបំភ្លឺធម្មីកថា ដល់ភិក្ខុទាំងឡាយចុះ តថាគតរួយខ្នង តថាគតនឹងសម្រាកខ្នងបន្តិច។ ព្រះសារីបុត្តដ៏មានអាយុ ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យក្រាលសង្ឃាដីមានជាន់ ៤ ហើយសម្រេចនូវសីហសេយ្យាស ផ្អៀងទៅខាងស្តាំ តម្រួតព្រះបាទលើព្រះបាទ មានព្រះសតិ និងសម្បជញ្ញៈ ធ្វើមនសិការៈនូវឧដ្ឋានសញ្ញា។ ក្នុងទីនោះ ព្រះសារីបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយថា ម្នាលអាវុសោភិក្ខុទាំងឡាយ។ ភិក្ខុទាំងអម្បាលនោះ ទទួលស្តាប់ពាក្យព្រះសារីបុត្តដ៏មានអាយុថា ករុណា អាវុសោ។ ព្រះសារីបុត្តដ៏មានអាយុ សំដែងដូច្នេះថា ម្នាលអាវុសោទាំងឡាយ សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយមិនមាន ហិរិ មិនមាន… ឱត្តប្បៈ មិនមាន… វីរិយៈ មិនមាន… បញ្ញាក្នុងកុសលធម៌ទាំងឡាយ មិនមាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីសាបសូន្យក្នុងកុសលធម៌ទាំងឡាយ តែងប្រាកដ សេចក្តីចំរើន មិនប្រាកដឡើយ។ ម្នាលអាវុសោ ដូចជាយប់ និងថ្ងៃ របស់ព្រះចន្ទ ក្នុងកាឡបក្ខ មកដល់ ព្រះចន្ទនោះ រមែងបាត់ចាកពណ៌ បាត់ចាកមណ្ឌល បាត់ចាកពន្លឺ បាត់ចាកកំពស់ និងទំហំ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មិនមាន ហិរិ មិនមាន… ឱត្តប្បៈ មិនមាន…វីរិយៈ មិនមាន… បញ្ញាក្នុងកុសលធម៌ទាំងឡាយ មិនមាន យប់ និងថ្ងៃ របស់បុគ្គលនោះមកដល់ សេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ តែងប្រាកដ សេចក្តីចំរើន មិនប្រាកដឡើយ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គលមិនមានសទ្ធានេះ ជាសេចក្តីសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គលមិនមានហិរិនេះ ជាសេចក្តីសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គលមិនមានឱត្តប្បៈនេះ ជាសេចក្តីសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នកខ្ជិលច្រអូសនេះ ជាសេចក្តីសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល អប្បឥតបញ្ញានេះ ជាសេចក្តីសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នកក្រោធនេះ ជាសេចក្តីសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នកចងសេចក្តីក្រោធទុកនេះ ជាសេចក្តីសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គលជាអ្នកប្រាថ្នាអាក្រក់នេះ ជាសេចក្តីសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នកមានមិត្តអាក្រក់នេះ ជាសេចក្តីសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នកមានសេចក្តីឃើញខុសនេះ ជាសេចក្តីសាបសូន្យ។ ម្នាលអាវុសោទាំងឡាយ ពាក្យថា សទ្ធា ក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយមាន ហិរិមាន …ឱត្តប្បៈមាន… វីរិយៈមាន… បញ្ញាក្នុងកុសលធម៌ទាំងឡាយមាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីចំរើនក្នុងកុសលធម៌ទាំងឡាយ តែងប្រាកដ សេចក្តីសាបសូន្យ រមែងមិនប្រាកដឡើយ។ ម្នាលអាវុសោទាំងឡាយ ដូចជាយប់ និងថ្ងៃរបស់ព្រះចន្ទ ក្នុងជុណ្ហបក្ខ មកដល់ ព្រះចន្ទនោះ រមែងចំរើនដោយពណ៌ ចំរើនដោយមណ្ឌល ចំរើនដោយពន្លឺ ចំរើនដោយកំពស់ និងទំហំ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មាន ហិរិមាន… ឱត្តប្បៈមាន… វីរិយៈមាន… បញ្ញាក្នុងកុសលធម៌ទាំងឡាយ មាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីចំរើនក្នុងកុសលធម៌ទាំងឡាយ តែងប្រាកដ សេចក្តីសាបសូន្យ មិនប្រាកដឡើយ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គលអ្នកមានសទ្ធានេះ ជាសេចក្តីមិនសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នកមានហិរិនេះ ជាសេចក្តីមិនសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នកមានឱត្តប្បៈនេះ ជាសេចក្តីមិនសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នកមានវីរិយៈប្រារព្ធហើយនេះ ជាសេចក្តីមិនសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នកមានបញ្ញានេះ ជាសេចក្តីមិនសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នកមិនមានសេចក្តីក្រោធនេះ ជាសេចក្តីមិនសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នកមិនចងសេចក្តីក្រោធទុកនេះ ជាសេចក្តីមិនសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គលជាអ្នកមានសេចក្តីប្រាថ្នាតិចនេះ ជាសេចក្តីមិនសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នកមានកល្យាណមិត្តនេះ ជាសេចក្តីមិនសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គលអ្នកមានការយល់ឃើញត្រូវនេះ ជាសេចក្តីមិនសាបសូន្យ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់តើនឡើង ត្រាស់នឹងព្រះសារីបុត្តដ៏មានអាយុថា ប្រពៃហើយ ៗ សារីបុត្ត ម្នាលសារីបុត្ត សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មិនមាន ហិរិ មិនមាន… ឱត្តប្បៈ មិនមាន … វីរិយៈ មិនមាន … បញ្ញាក្នុងកុសលធម៌ទាំងឡាយ មិនមាន យប់ និងថ្ងៃរបស់បុគ្គលនោះមកដល់ សេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ តែងប្រាកដ សេចក្តីចំរើន មិនប្រាកដឡើយ។ ម្នាលសារីបុត្ត ដូចជាយប់ និងថ្ងៃរបស់ព្រះចន្ទ ក្នុងកាឡបក្ខ មកដល់ ព្រះចន្ទនោះ ក៏បាត់ចាកពណ៌ បាត់ចាកមណ្ឌល បាត់ចាកពន្លឺ បាត់ចាកកំពស់ និងទំហំ យ៉ាងណាមិញ ម្នាលសារីបុត្ត សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មិនមាន។បេ។ បញ្ញាក្នុងកុសលធម៌ទាំងឡាយមិនមាន។បេ។ ក៏យ៉ាងនោះដែរ ម្នាលសារីបុត្ត ពាក្យថា បុរសបុគ្គលមិនមានសទ្ធានេះ ជាសេចក្តីសាបសូន្យ ជាអ្នកមិនមានហិរិ… ជាអ្នកមិនមានឱត្តប្បៈ… ជាអ្នកខ្ជិលច្រអូស … ជាអ្នកអប្បឥតប្រាជ្ញា… ជាអ្នកក្រោធ… ជាអ្នកចងសេចក្តីក្រោធទុក… ជាអ្នកមានសេចក្តីប្រាថ្នាអាក្រក់ … ជាអ្នកមានមិត្តអាក្រក់… ម្នាលសារីបុត្ត ពាក្យថា បុរសបុគ្គលអ្នកមានការយល់ឃើញខុសនេះ ជាសេចក្តីសាបសូន្យ។ ម្នាលសារីបុត្ត សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណា មាន ហិរិ មាន… ឱត្តប្បៈ មាន… វីរិយៈ មាន … បញ្ញាក្នុងកុសលធម៌ទាំងឡាយ មាន យប់ និងថ្ងៃរបស់បុគ្គលនោះមកដល់ សេចក្តីចំរើនក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ សេចក្តីសាបសូន្យ មិនប្រាកដឡើយ។ ម្នាលសារីបុត្ត ដូចជាយប់ និងថ្ងៃណា របស់ព្រះចន្ទ ក្នុងជុណ្ហបក្ខមកដល់ ព្រះចន្ទនោះ ចំរើនដោយពណ៌ ចំរើនដោយមណ្ឌល ចំរើនដោយពន្លឺ ចំរើនដោយកំពស់ និងទំហំ យ៉ាងណាមិញ ម្នាលសារីបុត្ត សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មាន ហិរិ មាន… ឱត្តប្បៈ មាន… វីរិយៈ មាន… បញ្ញាក្នុងកុសលធម៌ទាំងឡាយ មាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីចំរើន ក្នុងកុសលធម៌ទាំងឡាយ តែងប្រាកដ សេចក្តីសាបសូន្យ មិនប្រាកដឡើយ ក៏យ៉ាងនោះដែរ។ ម្នាលសារីបុត្ត ពាក្យថា បុរសបុគ្គលជាអ្នកមានសទ្ធានេះ ជាសេចក្តីមិនសាបសូន្យ ជាអ្នកមានហិរិ … ជាអ្នកមាន ឱត្តប្បៈ… ជាអ្នកមានវីរិយៈប្រារព្ធហើយ… ជាអ្នកមានបញ្ញា … ជាអ្នកមិនមានសេចក្តីក្រោធ… ជាអ្នកមិនចងសេចក្តីក្រោធទុក … ជាអ្នកប្រាថ្នាតិច … ជាអ្នកមានមិត្តល្អ… ម្នាលសារីបុត្ត ពាក្យថា បុរសបុគ្គលជាអ្នកមានសេចក្តីយល់ឃើញត្រូវនេះ ជាសេចក្តីមិនសាបសូន្យទេ។

(ទុតិយនឡកបានសូត្រ ទី៨)

(៨. ទុតិយនឡកបានសុត្តំ)

[៦៨] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងព្រៃចារ ទៀបនិគមឈ្មោះនឡកបានៈ។ សម័យនោះឯង ព្រះដ៏មានព្រះភាគ មានភិក្ខុសង្ឃចោមរោម គង់នៅក្នុងឧបោសថថ្ងៃនោះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ពន្យល់ពួកភិក្ខុឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា អស់វេលាយប់ជ្រៅ ទ្រង់រមិលមើលភិក្ខុសង្ឃ ដែលអង្គុយនៅស្ងប់ស្ងៀម ហើយត្រាស់នឹងព្រះសារីបុត្តដ៏មានអាយុថា ម្នាលសារីបុត្ត ភិក្ខុសង្ឃប្រាសចាកថីនមិទ្ធៈហើយ ម្នាលសារីបុត្ត លោកចូរបំភ្លឺធម្មីកថា ដល់ភិក្ខុទាំងឡាយចុះ តថាគតរួយខ្នង តថាគតនឹងសម្រាកខ្នងបន្តិច។ ព្រះសារីបុត្តដ៏មានអាយុ ទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យក្រាលសង្ឃាដីមានជាន់ ៤ ហើយទ្រង់សម្រេចនូវសីហសេយ្យាស ផ្អៀងទៅខាងស្តាំ តម្រួតព្រះបាទលើព្រះបាទ មានព្រះសតិ និងសម្បជញ្ញៈ ធ្វើមនសិការៈ នូវឧដ្ឋានសញ្ញា។ ក្នុងទីនោះឯង ព្រះសារីបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយថា ម្នាលអាវុសោភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយនោះ ទទួលស្តាប់ពាក្យព្រះសារីបុត្តដ៏មានអាយុថា ករុណា អាវុសោ។ ព្រះសារីបុត្តដ៏មានអាយុ បានពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មិនមាន ហិរិ មិនមាន… ឱត្តប្បៈ មិនមាន… វីរិយៈ មិនមាន… បញ្ញា មិនមាន… ការផ្ចង់ដើម្បីស្តាប់ មិនមាន … ការទ្រទ្រង់ធម៌ មិនមាន… ការពិចារណាអត្ថ មិនមាន… ការប្រតិបត្តិធម៌ សមគួរតាមធម៌ មិនមាន… សេចក្តីមិនប្រមាទក្នុងកុសលធម៌ទាំងឡាយ មិនមាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ សេចក្តីចំរើន មិនប្រាកដឡើយ។ ម្នាលអាវុសោទាំងឡាយ ដូចជាយប់ និងថ្ងៃ របស់ព្រះចន្ទក្នុងកាឡបក្ខមកដល់ ព្រះចន្ទនោះ រមែងបាត់ចាកពណ៌ បាត់ចាកមណ្ឌល បាត់ចាករស្មី បាត់ចាកកំពស់ និងទំហំ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មិនមាន ហិរិ មិនមាន… ឱត្តប្បៈ មិនមាន… វីរិយៈ មិនមាន… បញ្ញា មិនមាន… ការផ្ចង់ ដើម្បីស្តាប់ មិនមាន… ការទ្រទ្រង់ធម៌ មិនមាន… ការពិចារណាអត្ថ មិនមាន… ការប្រតិបត្តិធម៌សមគួរតាមធម៌ មិនមាន… សេចក្តីមិនប្រមាទ ក្នុងកុសលធម៌ទាំងឡាយ មិនមាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយប្រាកដ សេចក្តីចំរើន រមែងមិនប្រាកដឡើយ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោទាំងឡាយ សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មាន ហិរិ មាន … ឱត្តប្បៈ មាន… វីរិយៈ មាន … បញ្ញា មាន… ការផ្ចង់ដើម្បីស្តាប់ មាន… ការទ្រទ្រង់ធម៌ មាន… ការពិចារណាអត្ថ មាន… ការប្រតិបត្តិធម៌ តាមសមគួរដល់ធម៌ មាន… សេចក្តីមិនប្រមាទ ក្នុងកុសលធម៌ទាំងឡាយ មាន យប់ និងថ្ងៃ របស់បុគ្គលនោះ មកដល់ សេចក្តីចំរើនក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ សេចក្តីសាបសូន្យ រមែងមិនប្រាកដឡើយ។ ម្នាលអាវុសោទាំងឡាយ ដូចជាយប់ និងថ្ងៃ របស់ព្រះចន្ទ ក្នុងជុណ្ហបក្ខ មកដល់ ព្រះចន្ទនោះ ចំរើនដោយពណ៌ ចំរើនដោយមណ្ឌល ចំរើនដោយពន្លឺ ចំរើនដោយកំពស់ និងទំហំ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មាន ហិរិ មាន… ឱត្តប្បៈ មាន… វីរិយៈ មាន… បញ្ញា មាន… ការផ្ចង់ដើម្បីស្តាប់ មាន … ការទ្រទ្រង់ធម៌ មាន… ការពិចារណាអត្ថ មាន… ការប្រតិបត្តិធម៌ តាមសមគួរដល់ធម៌ មាន… សេចក្តីមិនប្រមាទ ក្នុងកុសលធម៌ទាំងឡាយ មាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីចំរើន ក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ សេចក្តីសាបសូន្យ រមែងមិនប្រាកដឡើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់តើនចាកអាសនៈហើយ បានត្រាស់នឹងព្រះសារីបុត្តដ៏មានអាយុថា ប្រពៃណាស់ហើយ សារីបុត្ត ម្នាលសារីបុត្ត សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មិនមាន ហិរិ មិនមាន… ឱត្តប្បៈ មិនមាន … វីរិយៈ មិនមាន … បញ្ញា មិនមាន… ការផ្ចង់ដើម្បីស្តាប់ មិនមាន… ការទ្រទ្រង់ធម៌ មិនមាន… ការពិចារណាអត្ថ មិនមាន… ការប្រតិបត្តិធម៌ តាមសមគួរដល់ធម៌ មិនមាន… សេចក្តីមិនប្រមាទ ក្នុងកុសលធម៌ទាំងឡាយ មិនមាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ សេចក្តីចំរើន រមែងមិនប្រាកដឡើយ។ ម្នាលសារីបុត្ត ដូចជាយប់ និងថ្ងៃ របស់ព្រះចន្ទ ក្នុងកាឡបក្ខ មកដល់ ព្រះចន្ទនោះ រមែងបាត់ចាកពណ៌ បាត់ចាកមណ្ឌល បាត់ចាកពន្លឺ បាត់ចាកកំពស់ និងទំហំ យ៉ាងណាមិញ ម្នាលសារីបុត្ត សទ្ធា ក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មិនមាន។បេ។ សេចក្តីមិនប្រមាទ ក្នុងកុសលធម៌ទាំងឡាយ មិនមាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ ប្រាកដ សេចក្តីចំរើន រមែងមិនប្រាកដឡើយ ក៏យ៉ាងនោះដែរ។ ម្នាលសារីបុត្ត សទ្ធា ក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មាន ហិរិ មាន… ឱត្តប្បៈ មាន… វីរិយៈ មាន… បញ្ញា មាន… ការផ្ចង់ដើម្បីស្តាប់ មាន… ការទ្រទ្រង់ធម៌ មាន… ការពិចារណាអត្ថ មាន… សេចក្តីមិនប្រមាទ ក្នុងកុសលធម៌ទាំងឡាយ មាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីចំរើន រមែងប្រាកដ សេចក្តីសាបសូន្យ រមែងមិនប្រាកដឡើយ។ ម្នាលសារីបុត្ត ដូចជាយប់ និងថ្ងៃ របស់ព្រះចន្ទក្នុងជុណ្ហបក្ខ មកដល់ ព្រះចន្ទនោះ រមែងចំរើនដោយពណ៌ ចំរើនដោយមណ្ឌល ចំរើនដោយពន្លឺ ចំរើនដោយកំពស់ និងទំហំ យ៉ាងណាមិញ ម្នាលសារីបុត្ត សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយមាន។បេ។ សេចក្តីមិនប្រមាទ ក្នុងកុសលធម៌ទាំងឡាយ មាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីចំរើន ក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ សេចក្តីសាបសូន្យ រមែងមិនប្រាកដឡើយ ក៏យ៉ាងនោះដែរ។

(បឋមកថាវត្ថុសូត្រ ទី៩)

(៩. បឋមកថាវត្ថុសុត្តំ)

[៦៩] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងសម័យនោះឯង ភិក្ខុទាំងឡាយច្រើនរូប ត្រឡប់អំពីបិណ្ឌបាត ក្នុងបច្ឆាភត្តហើយ ក៏អង្គុយជួបជុំគ្នា ក្នុងឧបដ្ឋានសាលា ប្រកបតិរច្ឆានកថាច្រើនយ៉ាង គឺនិយាយអំពីស្តេច និយាយអំពីចោរ និយាយអំពីអាមាត្យធំ និយាយអំពីសេនាទាហាន និយាយអំពីភ័យ និយាយអំពីចម្បាំង និយាយអំពីម្ហូបចំណី និយាយអំពីទឹក និយាយអំពីសំពត់ និយាយអំពីទីដេក និយាយអំពីផ្កាកម្រង និយាយអំពីគ្រឿងក្រអូប និយាយអំពីញាតិ និយាយអំពីយាន និយាយអំពីស្រុក និយាយអំពីនិគម និយាយអំពីនគរ និយាយអំពីជនបទ និយាយអំពីស្រ្តី និយាយអំពីយោធាដែលក្លៀវក្លា និយាយអំពីច្រកផ្លូវ និយាយអំពីកំពង់ទឹក និយាយអំពីញាតិ ដែលចែកឋានទៅកាន់បរលោក និយាយអំពីពាក្យ ដែលឥតប្រយោជន៍ មានសភាពផ្សេង ៗ និយាយអំពីលោក និយាយអំពីរឿងជីកសមុទ្រ និយាយអំពីសេចក្តីចំរើន និងមិនចំរើន ដែលជាហេតុឥតប្រយោជន៍។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យហើយ ស្តេចចូលទៅកាន់ឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ស្រេចហើយ ទើបត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ក្នុងកាលអម្បាញ់មិញនេះ អ្នកទាំងឡាយប្រជុំគ្នា ដោយកថាដូចម្តេចហ្ន៎ ម៉្យាងទៀត អន្តរាកថា ដូចម្តេចហ្ន៎ ដែលអ្នកទាំងឡាយ បញ្ឈប់ទៅ។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីនេះ ពួកខ្ញុំព្រះអង្គត្រឡប់អំពីបិណ្ឌបាត ក្នុងបច្ឆាភត្តហើយ អង្គុយជួបជុំគ្នា ក្នុងឧបដ្ឋានសាលា ប្រកបតិរច្ឆានកថាជាច្រើនយ៉ាង គឺនិយាយអំពីស្តេច និយាយអំពីចោរ។បេ។ និយាយអំពីសេចក្តីចំរើន និងមិនចំរើន ដែលជាហេតុឥតប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ប្រកបតិរច្ឆានកថាជាច្រើនយ៉ាង ដោយហេតុណា ហេតុនោះ មិនសមគួរដល់អ្នកទាំងឡាយ ដែលជាកុលបុត្តអ្នកចេញចាកផ្ទះដោយសទ្ធា ហើយចូលកាន់ផ្នួសឡើយ តិរច្ឆានកថានោះគឺ និយាយអំពីស្តេច និយាយអំពីចោរ និយាយអំពីអាមាត្យធំ និយាយអំពីសេនាទាហាន និយាយអំពីភ័យ និយាយអំពីចម្បាំង និយាយអំពីម្ហូបចំណី និយាយអំពីទឹក និយាយអំពីសំពត់ និយាយអំពីទីដេក និយាយអំពីកម្រងផ្កា និយាយអំពីគ្រឿងក្រអូប និយាយអំពីញាតិ និយាយអំពីយាន និយាយអំពីស្រុក និយាយអំពីនិគម និយាយអំពីនគរ និយាយអំពីជនបទ និយាយអំពីស្រ្តី និយាយអំពីយោធាក្លៀវក្លា និយាយអំពីច្រកផ្លូវ និយាយអំពីកំពង់ទឹក និយាយអំពីញាតិ ដែលចែកឋានទៅកាន់បរលោក និយាយពាក្យដែលឥតប្រយោជន៍ មានសភាពផ្សេង ៗ និយាយអំពីលោក និយាយអំពីរឿងជីកសមុទ្រ និយាយអំពីសេចក្តីចំរើន និងមិនចំរើន ដែលជាហេតុឥតប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ កថាវត្ថុ (ហេតុគួរនិយាយ) អម្បាលនេះ មាន ១០ ប្រការ។ កថាវត្ថុ ១០ ប្រការ តើដូចម្តេចខ្លះ។ គឺនិយាយអំពីសេចក្តីប្រាថ្នាតិច ១ និយាយអំពីសេចក្តីសន្តោស ១ និយាយអំពីសេចក្តីស្ងាត់ ១ និយាយអំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ ១ និយាយអំពីប្រារព្ធសេចក្តីព្យាយាម ១ និយាយអំពីសីល ១ និយាយអំពីសមាធិ ១ និយាយអំពីបញ្ញា ១ និយាយអំពីវិមុត្តិ ១ និយាយអំពីវិមុត្តិញ្ញាណទស្សនៈ ១ ម្នាលភិក្ខុទាំងឡាយ កថាវត្ថុ មាន ១០ ប្រការនេះឯង។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ និយាយនូវកថា ដែលអាស្រ័យកថាវត្ថុ ១០ ប្រការនេះឯង អ្នកទាំងឡាយ នឹងគ្របសង្កត់នូវតេជះនៃព្រះចន្ទ និងព្រះអាទិត្យនេះឯង ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពធំយ៉ាងនេះ ដោយតេជះរបស់ខ្លួន នឹងបាច់ពោលទៅថ្វី ដល់ពួកបរិញ្វជក ជាអន្យតិរ្ថិយឡើយ។

(ទុតិយកថាវត្ថុសូត្រ ទី១០)

(១០. ទុតិយកថាវត្ថុសុត្តំ)

[៧០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុច្រើនរូប ត្រឡប់អំពីបិណ្ឌបាត ក្នុងបច្ឆាភត្តហើយ អង្គុយជួបជុំគ្នា ក្នុងឧបដ្ឋានសាលា ប្រកបតិរច្ឆានកថា ច្រើនប្រការ គឺនិយាយអំពីស្តេច និយាយអំពីចោរ និយាយអំពីអាមាត្យធំ។បេ។ និយាយអំពីសេចក្តីចំរើន និងមិនចំរើន ដែលជាហេតុឥតប្រយោជន៍។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយស្តេចចូលទៅកាន់ឧបដ្ឋានសាលា លុះចូលទៅដល់ហើយ គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ គង់ស្រេចហើយ ទើបត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ក្នុងកាលអម្បាញ់មិញនេះ អ្នកទាំងឡាយ អង្គុយជួបជុំគ្នា ដោយកថាដូចម្តេចហ្ន៎ ចុះអន្តរាកថាដូចម្តេច ដែលពួកអ្នកបញ្ឈប់ទៅ។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ពួកខ្ញុំព្រះអង្គ ត្រឡប់អំពីបិណ្ឌបាត ក្នុងបច្ឆាភត្តហើយ អង្គុយប្រជុំគ្នាក្នុងឧបដ្ឋានសាលា ប្រកបតិរច្ឆានកថាជាច្រើន គឺនិយាយអំពីស្តេច និយាយអំពីចោរ។បេ។ និយាយអំពីសេចក្តីចំរើន និងមិនចំរើន ដែលជាហេតុឥតប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ប្រកបតិរច្ឆានកថាជាច្រើន ដោយហេតុណា ហេតុនេះ មិនសមគួរដល់អ្នកទាំងឡាយ ដែលជាកុលបុត្តចេញចាកផ្ទះ ដោយសទ្ធា ចូលមកកាន់ផ្នួសទេ តិរច្ឆានកថានោះ គឺនិយាយអំពីសេ្តច។បេ។ និយាយអំពីសេចក្តីចំរើន និងមិនចំរើន ដែលជាហេតុឥតប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ឋានៈ ដែលគួរសរសើរនេះ មាន ១០ យ៉ាង។ ឋានៈ ១០ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រាថ្នាតិច ដោយខ្លួនឯងផង សំដែងអំពីសេចក្តីប្រាថ្នាតិច ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈគួរសរសើរថា ភិក្ខុជាអ្នកប្រាថ្នាតិច ដោយខ្លួនឯងផង សំដែងអំពីសេចក្តីប្រាថ្នាតិច ដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកសន្តោស ដោយខ្លួនឯងផង សំដែងអំពីសេចក្តីសន្តោសដល់ភិក្ខុទាំងឡាយផង នេះជាឋានៈដែលគួរសរសើរថា ភិក្ខុជាអ្នកសន្តោសផង សំដែងអំពីសេចក្តីសន្តោសដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកស្ងប់ស្ងាត់ ដោយខ្លួនឯងផង សំដែងអំពីសេចក្តីស្ងប់ស្ងាត់ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈ ដែលគួរសរសើរថា ភិក្ខុជាអ្នកស្ងប់ស្ងាត់ផង សំដែងអំពីសេចក្តីស្ងប់ស្ងាត់ ដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកមិនច្រឡូកច្រឡំដោយពួកគណៈ ដោយខ្លួនឯងផង សំដែងអំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈ ដែលគួរសរសើរថា ភិក្ខុជាអ្នកមិនច្រឡូកច្រឡំ ដោយពួកគណៈផង សំដែងអំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ ដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកមានព្យាយាម ប្រារព្ធហើយ ដោយខ្លួនឯងផង សំដែងអំពីសេចក្តីប្រារព្ធ ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈ ដែលគួរសរសើរថា ភិក្ខុជាអ្នកមានព្យាយាម ប្រារព្ធហើយផង សំដែងអំពីសេចក្តីប្រារព្ធព្យាយាម ដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកបរិបូណ៌ដោយសីល ដោយខ្លួនឯងផង សំដែងអំពីសេចក្តីបរិបូណ៌ដោយសីល ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈដែលគួរសរសើរថា ភិក្ខុជាអ្នកបរិបូណ៌ដោយសីលផង សំដែងអំពីការបរិបូណ៌ដោយសីល ដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកបរិបូណ៌ដោយសមាធិ ដោយខ្លួនឯងផង សំដែងអំពីការបរិបូណ៌ដោយសមាធិ ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈ ដែលគួរសរសើរថា ភិក្ខុជាអ្នកបរិបូណ៌ដោយសមាធិផង សំដែងអំពីការបរិបូណ៌ដោយសមាធិ ដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកបរិបូណ៌ដោយបញ្ញា ដោយខ្លួនឯងផង សំដែងអំពីការបរិបូណ៌ដោយបញ្ញា ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈ ដែលគួរសរសើរថា ភិក្ខុជាអ្នកបរិបូណ៌ដោយបញ្ញាផង សំដែងអំពីការបរិបូណ៌ដោយបញ្ញា ដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកបរិបូណ៌ដោយវិមុត្តិ ដោយខ្លួនឯងផង សំដែងអំពីការបរិបូណ៌ដោយវិមុត្តិ ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈ ដែលគួរសរសើរថា ភិក្ខុជាអ្នកបរិបូណ៌ដោយវិមុត្តិផង សំដែងអំពីការបរិបូណ៌ដោយវិមុត្តិ ដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកបរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈ ដោយខ្លួនឯងផង សំដែងអំពីការបរិបូណ៌ ដោយវិមុត្តិញ្ញាណទស្សនៈ ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈដែលគួរសរសើរថា ភិក្ខុជាអ្នកបរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈផង សំដែងអំពីការបរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈ ដល់ភិក្ខុទាំងឡាយផង ១។ ម្នាលភិក្ខុទាំងឡាយ ឋានៈដែលគួរសរសើរ មាន ១០ យ៉ាងនេះឯង។

ចប់ យមកវគ្គ ទី២។

ឧទ្ទាននៃយមកវគ្គនោះគឺ

និយាយអំពីអវិជ្ជា ១ តណ្ហា ១ (ព្រះនិញ្វន) ១ សេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះតថាគត ១ សេចក្តីសុខ ពីរលើក ពីព្រះដ៏មានព្រះភាគ ត្រាច់ទៅកាន់និគមឈ្មោះនឡកបានៈ ពីរលើក និងវត្ថុកថា ដទៃទៀត ពីរលើក។

 

លេខយោង

1)
គឺលោកបរិនិព្វាន ក្នុងរវាងអាយុមិនទាន់ដល់ពាក់កណ្តាល។
2)
គឺលោកបរិនិព្វាន ក្នុងកាលអាយុផុតពាក់កណ្តាលហើយ ទើបដល់ទីបំផុត។
3)
លោកបរិនិព្វាន ដោយមិនមានសេចក្តីព្យាយាមយ៉ាងខ្លាំង។
4)
លោកបរិនិព្វាន ដោយសេចក្តីព្យាយាមខ្លាំង។
5)
លោកមានខ្សែក្នុងខាងលើទៅកាន់អកនិដ្ឋភព។
km/tipitaka/sut/an/10/sut.an.10.v07.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann