km:tipitaka:sut:an:10:sut.an.10.v08

អាកង្ខវគ្គ ទី៣ (៨)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 10.v08 បាលី cs-km: sut.an.10.v08 អដ្ឋកថា: sut.an.10.v08_att PTS: ?

អាកង្ខវគ្គ ទី៣ (៨)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((៨) ៣. អាកង្ខវគ្គោ)

(អាកង្ខសូត្រ ទី១)

(១. អាកង្ខសុត្តំ)

[៧១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរបរិបូណ៌ដោយសីល បរិបូណ៌ដោយបាតិមោក្ខ ជាអ្នកសង្រួម ក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញនូវភ័យ ក្នុងទោសមានប្រមាណតិច ជាអ្នកសមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញគប្បីជាទីស្រឡាញ់ ជាទីគាប់ចិត្ត ជាទីគោរព ជាទីសរសើរ នៃសព្រហ្មចារីបុគ្គលទាំងឡាយ ភិក្ខុនោះ គួរជាអ្នកបំពេញក្នុងសីល ប្រកបរឿយ ៗ នូវការរម្ងាប់នូវចិត្តខាងក្នុង មានឈានមិនសាបសូន្យ ប្រកបដោយវិបស្សនាញាណ ជាអ្នកចំរើននូវសុញ្ញាគារៈ (ផ្ទះស្ងាត់)។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញ គួរជាបុគ្គលបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ភិក្ខុនោះ គួរជាអ្នកបំពេញក្នុងសីល ប្រកបរឿយ ៗ នូវការរម្ងាប់នូវចិត្តខាងក្នុង មានឈានមិនសាបសូន្យ ប្រកបដោយវិបស្សនាញាណ ជាអ្នកចំរើននូវសុញ្ញាគារៈ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញប្រើប្រាស់ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ របស់ទាយកណា ការឲ្យនូវបច្ច័យទាំងនោះ របស់ទាយកទាំងនោះ សូមឲ្យមានផលច្រើន មានអានិសង្សច្រើន ភិក្ខុនោះ គួរជាអ្នកបំពេញក្នុងសីល… ជាអ្នកចំរើននូវសុញ្ញាគារៈ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា ពួកប្រេតជាញាតិ សាលោហិតណា (របស់អាត្មាអញ) ដែលធ្វើមរណកាលស្លាប់ទៅហើយ មានចិត្តជ្រះថ្លា រលឹករឿយ ៗ ការរលឹកនោះ របស់ប្រេតទាំងនោះ សូមឲ្យមានផលច្រើន មានអានិសង្សច្រើន ភិក្ខុនោះ គួរជាអ្នកបំពេញក្នុងសីល … ជាអ្នកចំរើននូវសុញ្ញាគារៈ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញ គប្បីជាអ្នកសន្តោស ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន ភិក្ខុនោះ គួរជាអ្នកបំពេញ ក្នុងសីល… ជាអ្នកចំរើននូវសុញ្ញាគារៈ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញ គប្បីជាអ្នកអត់ធន់នូវត្រជាក់ ក្តៅ ការឃ្លាន ការស្រេក សម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូចពស់ធំ ជាអ្នកអត់សង្កត់ នូវគន្លងនៃពាក្យ ដែលគេនិយាយអាក្រក់ មកកាន់សោតទ្វារ ដែលញុំាងទុក្ខឲ្យកើតឡើង នាំឲ្យវេទនា ប្រព្រឹត្តទៅ ក្នុងសរីរៈ ជាទុក្ខក្លាខ្លាំង ខ្លោចផ្សា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត ជាទីនាំទៅនូវជីវិត ភិក្ខុនោះ ជាអ្នកបំពេញក្នុងសីល… ជាអ្នកចំរើននូវសុញ្ញាគារៈ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញ គប្បីអត់ធន់នូវសេចក្តីអផ្សុក (ក្នុងនេក្ខម្មៈ) និងសេចក្តីត្រេកអរក្នុងកាមគុណ (ឯសេចក្តីត្រេកអរ និងសេចក្តីអផ្សុក) ក្នុងនេក្ខម្មៈ និងសេចក្តីត្រេកអរ (ក្នុងកាមគុណ) កុំគប្បីគ្របសង្កត់នូវអាត្មាអញឡើយ អាត្មាអញ គប្បីគ្របសង្កត់នូវសេចក្តីអផ្សុក (ក្នុងនេក្ខម្មៈ) និងសេចក្តីត្រេកអរ (ក្នុងកាមគុណ) ដែលកើតឡើងហើយ ភិក្ខុនោះ គួរជាអ្នកបំពេញក្នុងសីល… ជាអ្នកចំរើននូវសុញ្ញាគារៈ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញគប្បីជាអ្នកគ្របសង្កត់នូវអារម្មណ៍ ដែលគួរខ្លាច ឯអារម្មណ៍ដែលគួរខ្លាច កុំគប្បីគ្របសង្កត់នូវអាត្មាអញឡើយ អាត្មាអញ គប្បីគ្របសង្កត់នូវអារម្មណ៍ ដែលគួរខ្លាច ដែលកើតឡើងហើយ ភិក្ខុនោះ គួរជាអ្នកបំពេញក្នុងសីល… ជាអ្នកចំរើននូវសុញ្ញាគារៈ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញគប្បីបានដោយមិនបាច់ប្រាថ្នា បានដោយងាយ បានដោយមិនលំបាក នូវចតុត្ថជ្ឈាន ទាំងកិរិយានៅជាសុខ ក្នុងបច្ចុប្បន្ន ដែលអាស្រ័យនូវចិត្ត ភិក្ខុនោះ គួរជាអ្នកបំពេញក្នុងសីល … ជាអ្នកចំរើននូវសុញ្ញាគារៈ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញគប្បីធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន បានដល់នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ ហើយសម្រេចសម្រាន្តនៅ ភិក្ខុនោះ គួរជាអ្នកបំពេញក្នុងសីល ប្រកបនូវការរម្ងាប់នូវចិត្តខាងក្នុង មានឈានមិនសាបសូន្យ ប្រកបដោយវិបស្សនាញាណ ជាអ្នកចំរើននូវសុញ្ញាគារៈ។ ពាក្យណា ដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរបរិបូណ៌ដោយសីល ដោយបាតិមោក្ខ ចូរសង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យ ក្នុងទោសមានប្រមាណតិច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។

(កណ្ដកសូត្រ ទី២)

(២. កណ្ដកសុត្តំ)

[៧២] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងកូដាគារសាលា នាមហាវន ជិតក្រុងវេសាលី ជាមួយនឹងសាវកជាថេរៈច្រើនរូប ដែលមានឈ្មោះល្បីល្បាញ គឺព្រះបាលៈដ៏មានអាយុ ១ ព្រះឧបបាលៈដ៏មានអាយុ ១ ព្រះកក្កដៈដ៏មានអាយុ ១ ព្រះកឡិម្ភៈដ៏មានអាយុ ១ ព្រះនិកដៈដ៏មានអាយុ ១ ព្រះកដិស្សហៈដ៏មានអាយុ ១ ព្រមទាំងសាវកជាថេរៈ ដែលមានឈ្មោះល្បីល្បាញឯទៀតផង។ សម័យនោះឯង ពួកស្តេចលិច្ឆវីច្រើនអង្គ ដែលមានឈ្មោះល្បីល្បាញ ត្រាច់ទៅដោយយានដ៏ប្រសើរក្រៃលែង ត ៗ គ្នា មានសំឡេងអឺងកងរំពង បរទៅកាន់ព្រៃមហាវន ដើម្បីជួបព្រះដ៏មានព្រះភាគ។ គ្រានោះឯង ព្រះថេរៈដ៏មានអាយុទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកស្តេចលិច្ឆវីមានប្រមាណច្រើនទាំងនេះ ដែលមានឈ្មោះល្បីល្បាញ ត្រាច់ទៅដោយយានដ៏ប្រសើរក្រៃលែងត ៗ គ្នា មានសំឡេង អឺងកងរំពង ចូលទៅកាន់ព្រៃមហាវន ដើម្បីជួបព្រះដ៏មានព្រះភាគ ឯព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ឈានមានសំឡេងជាបន្លា បើដូច្នោះ គួរតែយើងទាំងឡាយ ចូលទៅរកព្រៃគោសិង្គសាលវន ហើយយើងទាំងឡាយ គប្បីមានសំឡេងតិច មានការនៅច្រឡូកច្រឡំគ្នាតិច ទើបនៅជាសុខក្នុងទីនោះ បានជាព្រះថេរៈដ៏មានអាយុទាំងនោះ ក៏ចូលទៅឯព្រៃគោសិង្គសាលវន ព្រះថេរៈដ៏មានអាយុទាំងនោះ មានសំឡេងតិច មានការច្រឡូកច្រឡំគ្នាតិច ហើយនៅជាសុខក្នុងទីនោះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុបាលៈ នៅក្នុងទីណា ភិក្ខុឧបបាលៈនៅក្នុងទីណា ភិក្ខុកក្កដៈ នៅក្នុងទីណា ភិក្ខុកឡិម្ភៈនៅក្នុងទីណា ភិក្ខុនិកដៈ នៅក្នុងទីណា ភិក្ខុកដិស្សហៈ នៅក្នុងទីណា ម្នាលភិក្ខុទាំងឡាយ ឯសាវកជាថេរៈទាំងនោះ នៅចំទីណាដែរ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីនេះ ព្រះថេរៈដ៏មានអាយុទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកស្តេចលិច្ឆវី មានប្រមាណច្រើននេះ ដែលមានឈ្មោះល្បីល្បាញ ត្រាច់ទៅដោយយានដ៏ប្រសើរក្រៃលែងត ៗ គ្នា មានសំឡេងអឺងកងរំពង ចូលទៅកាន់ព្រៃមហាវន ដើម្បីជួបព្រះដ៏មានព្រះភាគ ព្រះអង្គក៏ទ្រង់សំដែងថា ឈាន មានសំឡេងជាបន្លា បើដូច្នោះ គួរតែយើងទាំងឡាយ ចូលទៅឯព្រៃគោសិង្គសាលវន យើងទាំងឡាយ គប្បីមានសំឡេងតិច មានការនៅច្រឡូកច្រឡំគ្នាតិច ទើបនៅជាសុខក្នុងទីនោះ បពិត្រព្រះអង្គដ៏ចំរើន ហេតុនោះ លោកដ៏មានអាយុទាំងនោះ ចូលទៅឯព្រៃគោសិង្គសាលវន លោកដ៏មានអាយុទាំងនោះ ក៏មានសំឡេងតិច មានការនៅច្រឡូកច្រឡំគ្នាតិច ហើយនៅជាសុខក្នុងទីនោះ។ ម្នាលភិក្ខុទាំងឡាយ ប្រពៃហើយ ប្រពៃហើយ កាលមហាសាវកទាំងនោះ ព្យាករដោយប្រពៃ គប្បីព្យាករ តាមពិត ម្នាលភិក្ខុទាំងឡាយ ព្រោះតថាគត ពោលហើយថា ឈាន មានសំឡេងជាបន្លា។ ម្នាលភិក្ខុទាំងឡាយ បន្លាទាំងឡាយនេះ មាន ១០ យ៉ាង។ បន្លាទាំង ១០ យ៉ាង តើដូចម្តេចខ្លះ។ គឺសភាពជាអ្នកត្រេកអរ ក្នុងពួកគណៈ ជាបន្លារបស់បុគ្គលដែលមានសេចក្តីស្ងប់ស្ងាត់ជាទីត្រេកអរ ១ ការប្រកបរឿយ ៗ នូវសុភនិមិត្ត ជាបន្លារបស់បុគ្គលដែលប្រកបរឿយ ៗ នូវអសុភនិមិត្ត ១ ការឃើញនូវសត្រូវ គឺល្បែងផ្សេង ៗ ជាបន្លារបស់បុគ្គលមានទ្វារគ្រប់គ្រងហើយ ក្នុងឥន្រ្ទិយទាំងឡាយ ១ ការត្រាច់ទៅជិតមាតុគ្រាម ជាបន្លារបស់ព្រហ្មចរិយៈ ១ សំឡេង ជាបន្លារបស់បឋមជ្ឈាន ១ វិតក្កៈ និងវិចារៈ ជាបន្លារបស់ទុតិយជ្ឈាន ១ បីតិ ជាបន្លារបស់តតិយជ្ឈាន ១ អស្សាសប្បស្សាសៈ ជាបន្លារបស់ចតុត្ថជ្ឈាន ១ សញ្ញា និងវេទនា ជាបន្លារបស់សញ្ញាវេទយិតនិរោធសមាបត្តិ ១ រាគៈ ជាបន្លា ទោសៈ ជាបន្លា មោហៈ ជាបន្លា ១។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរកុំមានធម៌ ជាបន្លាឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរកុំមានធម៌ ជាបន្លាឡើយ ចូរនាំធម៌ជាបន្លាចេញ ម្នាលភិក្ខុទាំងឡាយ ព្រះអរហន្តទាំងឡាយ មិនមានធម៌ជាបន្លាទេ ម្នាលភិក្ខុទាំងឡាយ ព្រះអរហន្តទាំងឡាយ មិនមានធម៌ជាបន្លាទេ បាននាំធម៌ជាបន្លាចេញហើយ។

(ឥដ្ឋធម្មសូត្រ ទី៣)

(៣. ឥដ្ឋធម្មសុត្តំ)

[៧៣] ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលបានដោយកម្រ ក្នុងលោក។ ធម៌ទាំង ១០ យ៉ាង តើដូចម្តេច។ គឺភោគៈជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលបានដោយកម្រក្នុងលោក ១ ពណ៌សម្បុរជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក ១ សភាពមិនមានរោគ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក ១ សីលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក ១ ព្រហ្មចរិយៈ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក ១ មិត្តជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក ១ សភាពជាអ្នកចេះដឹងច្រើន ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក ១ បញ្ញាជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក ១ ធម៌ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក ១ ឋានសួគ៌ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះឯង ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាង នាំឲ្យអន្តរាយដល់ធម៌ ១០ យ៉ាងនេះ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក។ គឺការខ្ជិល និងការមិនប្រឹងប្រែង នាំឲ្យអន្តរាយដល់ភោគៈ ១ ការមិនប្រដាប់ មិនតាក់តែង នាំឲ្យអន្តរាយដល់ពណ៌សម្បុរ ១ ការធ្វើនូវសេចក្តីមិនសប្បាយ នាំឲ្យអន្តរាយដល់ភាពមិនមានរោគ ១ មិត្តលាមក នាំឲ្យអន្តរាយដល់សីល ១ ការមិនសង្រួមនូវឥន្រ្ទិយ នាំឲ្យអន្តរាយដល់ព្រហ្មចរិយៈ ១ ការពោលពាក្យខុស នាំឲ្យអន្តរាយ ដល់ពួកមិត្ត ១ ការធ្វើនូវសេចក្តីមិនស្វាធ្យាយ នាំឲ្យអន្តរាយ ដល់ភាពចេះដឹងច្រើន ១ ការមិនប្រុងស្តាប់ មិនសាកសួរ នាំឲ្យអន្តរាយដល់បញ្ញា ១ ការមិនប្រកបរឿយ ៗ ការមិនពិចារណា នាំឲ្យអន្តរាយដល់ធម៌ទាំងឡាយ ១ សេចក្តីប្រតិបត្តិខុស នាំឲ្យអន្តរាយដល់ឋានសួគ៌ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១០ នេះ នាំឲ្យអន្តរាយដល់ធម៌ ១០ យ៉ាងនេះ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលបានដោយកម្រក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១០ យ៉ាង ជាអាហារនៃធម៌ទាំង ១០ នេះ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក។ គឺសេចក្តីមិនខ្ជិល សេចក្តីព្យាយាម ជាអាហាររបស់ភោគៈ ១ ការប្រដាប់ ការតាក់តែង ជាអាហាររបស់ពណ៌សម្បុរ ១ ការធ្វើនូវសេចក្តីសប្បាយ ជាអាហាររបស់ភាពមិនមានរោគ ១ សភាពមិត្តល្អ ជាអាហាររបស់សីល ១ ការសង្រួមឥន្រ្ទិយ ជាអាហាររបស់ព្រហ្មចរិយៈ ១ ការមិនពោលពាក្យខុស ជាអាហាររបស់មិត្តទាំងឡាយ ១ ការធ្វើនូវកិរិយាស្វាធ្យាយ ជាអាហាររបស់ភាពអ្នកចេះដឹងច្រើន ១ ការស្តាប់ ការសាកសួរ ជាអាហាររបស់បញ្ញា ១ ការប្រកបរឿយ ៗ ការពិចារណា ជាអាហាររបស់ធម៌ទាំងឡាយ ១ សេចក្តីប្រតិបត្តិល្អ ជាអាហាររបស់ឋានសួគ៌ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១០ នេះឯង ជាអាហារនៃធម៌ ១០ យ៉ាងនេះ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក។

(វឌ្ឍិសូត្រ ទី៤)

(៤. វឌ្ឍិសុត្តំ)

[៧៤] ម្នាលភិក្ខុទាំងឡាយ អរិយសាវក កាលចំរើនដោយសេចក្តី ១០ យ៉ាង រមែងចំរើន ដោយសេចក្តីចំរើនដ៏ប្រសើរ ឈ្មោះថាអ្នកកាន់យកនូវខ្លឹមរបស់កាយផង ជាអ្នកកាន់យកនូវវត្ថុ ដ៏ប្រសើររបស់កាយផង។ ការចំរើនដោយសេចក្តីទាំង ១០ យ៉ាង តើដូចម្តេច។ គឺចំរើនដោយស្រែចំការ ១ ចំរើនដោយទ្រព្យ និងស្រូវ ១ ចំរើនដោយកូន និងប្រពន្ធ ១ ចំរើនដោយបុរសជាទាសៈ និងកម្មករ ១ ចំរើនដោយសត្វមានជើង ៤ ទាំងឡាយ ១ ចំរើនដោយសទ្ធា ១ ចំរើនដោយសីល ១ ចំរើនដោយសុតៈ ១ ចំរើនដោយចាគៈ ១ ចំរើនដោយបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក កាលចំរើន ដោយសេចក្តីចំរើន ១០ យ៉ាង នេះឯង រមែងចំរើន ដោយសេចក្តីចំរើនដ៏ប្រសើរ ឈ្មោះថា អ្នកកាន់យកនូវខ្លឹមរបស់កាយផង ជាអ្នកកាន់យកនូវវត្ថុដ៏ប្រសើររបស់កាយផង។

បុគ្គលណាក្នុងលោកនេះ ចំរើនដោយទ្រព្យផង ដោយស្រូវផង ដោយកូនផង ដោយប្រពន្ធផង ដោយសត្វជើង ៤ ផង បុគ្គលនោះឈ្មោះថា មានភោគៈ មានយសដែលពួកញាតិ និងមិត្ត ព្រមទាំងស្តេច បូជាហើយ។ បុគ្គលណាក្នុងលោកនេះ ចំរើនដោយសទ្ធាផង ដោយសីលផង ដោយបញ្ញាផង ដោយចាគៈផង ដោយសុតៈទាំងពីរផង បុគ្គលបែបនោះ ហៅថា សប្បុរស ជាអ្នកពិចារណាឃើញច្បាស់ រមែងចំរើនដោយហេតុទាំងពីរ ក្នុងបច្ចុប្បន្ននេះឯង។

(មិគសាលាសូត្រ ទី៥)

(៥. មិគសាលាសុត្តំ)

[៧៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅឯលំនៅ នៃមិគសាលាឧបាសិកា លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈដែលគេក្រាលទុក។ លំដាប់នោះ មិគសាលាឧបាសិកា ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ។ លុះមិគសាលាឧបាសិកា អង្គុយក្នុងទីសមគួរហើយ ក៏បានទូលសួរព្រះអានន្ទដ៏មានអាយុថា បពិត្រព្រះអានន្ទដ៏ចំរើន ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយនេះ តើគប្បីយល់ដូចម្តេច ព្រោះដូចជាបុគ្គលពីរពួក គឺព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ សឹងមានគតិស្មើ ៗ គ្នាក្នុងបរលោក។ បពិត្រលោកម្ចាស់ដ៏ចំរើន បិតារបស់ខ្ញុំឈ្មោះបុរាណៈជាព្រហ្មចារី ជាអ្នកប្រព្រឹត្ត ឆ្ងាយវៀរចាកមេថុន ជាធម៌របស់អ្នកស្រុក លុះគាត់ធ្វើមរណកាលទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិសត្វ បានទៅកើតក្នុងពពួកទេវតាក្នុងជាន់តុសិត។ បពិត្រលោកម្ចាស់ដ៏ចំរើន ឥសិទត្ត ជាទីស្រឡាញ់របស់បិតានៃខ្ញុំ មិនមែនជាព្រហ្មចារី នៅត្រេកអរដោយប្រពន្ធរបស់ខ្លួន លុះធ្វើមរណកាលទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិសត្វ បានទៅកើតក្នុងពពួកទេវតាជាន់តុសិតដែរ។ បពិត្រព្រះអានន្ទដ៏ចំរើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយនេះ តើគប្បីយល់ដូចម្តេច ព្រោះដូចជាបុគ្គលពីរពួក គឺព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ សឹងមានគតិស្មើ ៗ គ្នា ក្នុងបរលោក។ ម្នាលនាង ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ព្យាករហើយ យ៉ាងនេះឯង។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ទទួលចង្ហាន់បិណ្ឌបាត ក្នុងលំនៅនៃមិគសាលាឧបាសិការួចហើយ ក៏ក្រោកចាកអាសនៈ ចៀសចេញទៅ។ ក៏កាលដែលព្រះអានន្ទដ៏មានអាយុ ត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្តហើយ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីនេះ ខ្ញុំព្រះអង្គស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅឯលំនៅនៃមិគសាលាឧបាសិកា លុះចូលទៅដល់ហើយ អង្គុយលើអាសនៈ ដែលគេក្រាលទុក។ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ មិគសាលាឧបាសិកា ចូលទៅរកខ្ញុំព្រះអង្គ លុះចូលទៅដល់ហើយ ថ្វាយបង្គំខ្ញុំព្រះអង្គ ហើយអង្គុយក្នុងទីសមគួរ។ បពិត្រព្រះអង្គដ៏ចំរើន លុះមិគសាលាឧបាសិកា អង្គុយក្នុងទីសមគួរហើយ បាននិយាយនឹងខ្ញុំព្រះអង្គថា បពិត្រព្រះអានន្ទដ៏ចំរើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករហើយនេះ តើគប្បីយល់ដូចម្តេច ព្រោះដូចជាបុគ្គលពីរពួក គឺព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ សឹងមានគតិស្មើ ៗ គ្នា ក្នុងបរលោក។ បពិត្រលោកម្ចាស់ដ៏ចំរើន បិតាខ្ញុំឈ្មោះបុរាណៈ ជាព្រហ្មចារី ជាអ្នកប្រព្រឹត្តឆ្ងាយ វៀរចាកមេថុន ជាធម៌របស់អ្នកស្រុក លុះគាត់ធ្វើមរណកាលទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករ ថាជាសកទាគាមិសត្វ បានទៅកើតក្នុងពួកទេវតាជាន់តុសិត។ បពិត្រលោកម្ចាស់ដ៏ចំរើន ឥសិទត្ត ជាទីស្រឡាញ់នៃបិតារបស់ខ្ញុំ មិនមែនជាព្រហ្មចារី នៅត្រេកអរដោយប្រពន្ធរបស់ខ្លួន លុះគាត់ធ្វើមរណកាលទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិសត្វ បានទៅកើតក្នុងពពួកទេវតាជាន់តុសិតដែរ។ បពិត្រព្រះអានន្ទដ៏ចំរើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយនេះ តើគប្បីយល់ដូចម្តេច ព្រោះដូចជា បុគ្គលពីរពួក គឺព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ សឹងមានគតិស្មើ ៗ គ្នា ក្នុងបរលោក។ បពិត្រព្រះអង្គដ៏ចំរើន កាលមិគសាលាឧបាសិកា និយាយយ៉ាងនេះរួចហើយ ខ្ញុំព្រះអង្គ ក៏បាននិយាយនឹងមិគសាលាឧបាសិកាដូច្នេះថា ម្នាលនាង ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករយ៉ាងហ្នឹងឯង។ ម្នាលអានន្ទ មិគសាលាឧបាសិកាជាអ្វី ជាស្រ្តីពាល មិនឈ្លាសវៃ ជាស្រ្តីងងឹត មានបញ្ញាងងឹត មួយទៀត បុរសបុគ្គលណា (មានវិស័យមិនទើសទាល់) ក្នុងបរោបរិយញ្ញាណ (បញ្ញាជាគ្រឿងដឹងនូវឥន្រ្ទិយក្លា និងទន់របស់បុគ្គលដទៃ)។ ម្នាលអានន្ទ បុគ្គល ១០ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គលទាំង ១០ ពួក តើដូចម្តេច។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល ទាំងមិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យភាពទ្រុស្តសីលនោះ រលត់ទៅដោយមិនមានសេសសស់ បុគ្គលនោះ មិនបានធ្វើដោយការស្តាប់ផង មិនបានធ្វើដោយភាវៈចេះដឹងច្រើនផង មិនបានចាក់ធ្លុះដោយទិដ្ឋិផង មិនបាននូវវិមុត្តិដែលប្រព្រឹត្តទៅតាមកាលផង លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេសទេ ជាបុគ្គលប្រព្រឹត្ត ដើម្បីសេចក្តីសាបសូន្យតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេសឡើយ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល តែដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យភាពទ្រុស្តសីលនោះ រលត់ទៅដោយមិនមានសេសសល់ បុគ្គលនោះ ធ្វើដោយការស្តាប់ផង ភាវៈចេះដឹងច្រើនផង ចាក់ធ្លុះដោយទិដ្ឋិផង បានូវវិមុត្តិដែលប្រព្រឹត្តទៅតាមកាលផង លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីគុណវិសេស មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យទេ ជាបុគ្គលប្រព្រឹត្តទៅ ដើម្បីគុណវិសេសតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យឡើយ។ ម្នាលអានន្ទ បុគ្គលអ្នកកាន់យកនូវប្រមាណក្នុងបុគ្គលនោះ អាចត្រិះរិះថា នោះជាធម៌ របស់បុគ្គលនេះ នោះជាធម៌ របស់បុគ្គលដទៃ បណ្តាបុគ្គលទាំងនោះ ហេតុអ្វីបានជាបុគ្គលម្នាក់ថោកទាប បុគ្គលម្នាក់ខ្ពង់ខ្ពស់។ ម្នាលអានន្ទ ព្រោះកិរិយាធ្វើនូវប្រមាណនោះ របស់បុគ្គលទាំងនោះ តែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែង។ ម្នាលអានន្ទ ក្នុងដំណើរនោះ បុគ្គលណាទ្រុស្តសីល តែដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ជាហេតុនាំឲ្យភាពទ្រុស្តសីលនោះ រលត់ទៅដោយមិនសេសសល់ បុគ្គលនោះ ធ្វើការដោយការស្តាប់ផង ធ្វើដោយភាវៈចេះដឹងច្រើនផង ចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិប្រព្រឹត្តទៅ តាមកាលផង។ ម្នាលអានន្ទ បុគ្គលនេះប្រសើរផង ឧត្តមផង ជាងបុគ្គលមុនឯណោះ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ ព្រោះក្រសែធម៌ គឺវិបស្សនាញាណ រមែងដឹកនាំបុគ្គលនេះ (ឲ្យដល់នូវអរិយភូមិ) អ្នកណាក្រៅពីតថាគត នឹងគប្បីដឹងហេតុនោះបាន។ ម្នាលអានន្ទ ព្រោះហេតុនោះ ក្នុងលោកនេះ អ្នកទាំងឡាយ ជាអ្នកកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយ កុំមានឡើយ កុំកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយឡើយ។ ម្នាលអានន្ទ បុគ្គលក្នុងលោកនេះ កាលកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយ ឈ្មោះថា ជីករំលើងនូវគុណ ម្នាលអានន្ទ តថាគតក្តី បុគ្គលណា ដែលប្រហែលនឹងតថាគតក្តី ទើបគួរកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយបាន។ ម្នាលអានន្ទ បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកមានសីល តែមិនដឹងច្បាស់ តាមពិតនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យសីលនោះរលត់ទៅ ដោយមិនមានសេសសល់ បុគ្គលនោះ មិនបានធ្វើដោយការស្តាប់ផង មិនបានធ្វើដោយភាវៈចេះដឹងច្រើនផង មិនបានចាក់ធ្លុះ ដោយទិដ្ឋិផង មិនបាននូវវិមុត្តិ ដែលប្រព្រឹត្តតាមកាលផង លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេសទេ ជាបុគ្គលប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេសឡើយ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសីល ទាំងដឹងច្បាស់ តាមពិតនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យសីលនោះរលត់ទៅ ដោយមិនមានសេសសល់ បុគ្គលនោះ ធ្វើដោយការស្តាប់ផង ធ្វើដោយភាវៈចេះដឹងច្រើនផង ចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិ ដែលប្រព្រឹត្តទៅតាមកាលផង លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីគុណវិសេស មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យទេ ជាបុគ្គលប្រព្រឹត្តទៅ ដើម្បីគុណវិសេសតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យឡើយ។ ម្នាលអានន្ទ ក្នុងដំណើរនោះ។បេ។ ម្នាលអានន្ទ តថាគតក្តី បុគ្គលដែលប្រហែលនឹងតថាគតក្តី ទើបគួរកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយបាន។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានរាគៈក្លៀវក្លា ទាំងមិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យរាគៈនោះរលត់ទៅ ដោយមិនមានសេសសល់ បុគ្គលនោះ មិនបានធ្វើដោយការស្តាប់ផង មិនបានធ្វើដោយភាវៈចេះដឹងច្រើនផង មិនបានចាក់ធ្លុះដោយទិដ្ឋិផង មិនបានវិមុត្តិ ដែលប្រព្រឹត្តទៅ តាមកាលផង លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេសទេ ជាបុគ្គលប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេសឡើយ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានរាគៈក្លៀវក្លា តែដឹងច្បាស់តាមពិតនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យរាគៈនោះ រលត់ទៅ ដោយមិនមានសេសសល់ បុគ្គលនោះ ធ្វើដោយការស្តាប់ផង ធ្វើដោយភាវៈចេះដឹងច្រើនផង ចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិ ដែលប្រព្រឹត្តទៅ តាមកាលផង លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីគុណវិសេស មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យទេ ជាបុគ្គលប្រព្រឹត្តទៅ ដើម្បីគុណវិសេសតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យឡើយ។ ម្នាលអានន្ទ ក្នុងដំណើរនោះ។បេ។ ម្នាលអានន្ទ តថាគតក្តី បុគ្គលណាដែលប្រហែលនឹងតថាគតក្តី ទើបគួរកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយបាន។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្តីក្រោធ ទាំងមិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យសេចក្តីក្រោធនោះ រលត់ទៅ ដោយមិនមានសេសសល់ បុគ្គលនោះ មិនបានធ្វើ ដោយការស្តាប់ផង មិនបានធ្វើ ដោយភាវៈចេះដឹងច្រើនផង មិនបានចាក់ធ្លុះ ដោយទិដ្ឋិផង មិនបាននូវវិមុត្តិ ដែលប្រព្រឹត្តទៅ តាមកាលផង លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេសទេ ជាបុគ្គលប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេសឡើយ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្តីក្រោធ តែដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យសេចក្តីក្រោធនោះរលត់ទៅ ដោយមិនមានសេសសល់ បុគ្គលនោះ ធ្វើដោយការស្តាប់ផង ធ្វើដោយភាវៈចេះដឹងច្រើនផង ចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិដែលប្រព្រឹត្តទៅ តាមកាលផង លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីគុណវិសេស មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យទេ ជាបុគ្គលប្រព្រឹត្តទៅ ដើម្បីគុណវិសេសតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យឡើយ។ ម្នាលអានន្ទ ក្នុងដំណើរនោះ។បេ។ ម្នាលអានន្ទ តថាគតក្តី បុគ្គលណាដែលប្រហែលនឹងតថាគតក្តី ទើបគួរកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយបាន។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានចិត្តរវើរវាយ ទាំងមិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យសេចក្តីរវើរវាយនោះរលត់ទៅ ដោយមិនមានសេសសល់ បុគ្គលនោះ មិនបានធ្វើដោយការស្តាប់ផង មិនបានធ្វើ ដោយភាវៈចេះដឹងច្រើនផង មិនបានចាក់ធ្លុះ ដោយទិដ្ឋិផង មិនបាននូវវិមុត្តិ ដែលប្រព្រឹត្តទៅតាមកាលផង លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេសទេ ជាបុគ្គលប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេសឡើយ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានចិត្តរវើរវាយ តែដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យចិត្តរវើរវាយនោះ រលត់ទៅ ដោយមិនមានសេសសល់ បុគ្គលនោះ ធ្វើដោយការស្តាប់ផង ធ្វើដោយភាវៈចេះដឹងច្រើនផង ចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិ ដែលប្រព្រឹត្តទៅ តាមកាលផង លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីគុណវិសេស មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យទេ ជាបុគ្គលប្រព្រឹត្តទៅ ដើម្បីគុណវិសេសតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យឡើយ។ ម្នាលអានន្ទ បុគ្គលអ្នកកាន់យកនូវប្រមាណ ក្នុងបុគ្គលនោះ រមែងត្រិះរិះថា នោះជាធម៌របស់បុគ្គលនេះ នោះជាធម៌របស់បុគ្គលដទៃ បណ្តាបុគ្គលទាំងនោះ ហេតុអ្វីបានជាបុគ្គលម្នាក់ថោកទាប បុគ្គលម្នាក់ខ្ពង់ខ្ពស់។ ម្នាលអានន្ទ ព្រោះកិរិយាធ្វើនូវប្រមាណនោះ របស់បុគ្គលទាំងនោះ តែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែង។ ម្នាលអានន្ទ ក្នុងដំណើរនោះ បុគ្គលណា ជាអ្នកមានចិត្តរវើរវាយ តែដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យចិត្តរវើរវាយនោះ រលត់ទៅ ដោយមិនមានសេសសល់ បុគ្គលនោះ ធ្វើដោយការស្តាប់ផង ធ្វើដោយភាវៈចេះដឹងច្រើនផង ចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិ ដែលប្រព្រឹត្តទៅតាមកាលផង។ ម្នាលអានន្ទ បុគ្គលនេះ ប្រសើរផង ឧត្តមផង ជាងបុគ្គលមុនឯណោះ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ ព្រោះថា ក្រសែធម៌ រមែងដឹកនាំបុគ្គលនោះ (ឲ្យដល់នូវអរិយភូមិ) អ្នកណាក្រៅពីព្រះតថាគត នឹងគប្បីដឹងហេតុនោះបាន។ ម្នាលអានន្ទ ព្រោះហេតុនោះ ក្នុងលោកនេះ អ្នកទាំងឡាយ ជាអ្នកកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយ កុំមានឡើយ កុំកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយឡើយ។ ម្នាលអានន្ទ បុគ្គលក្នុងលោកនេះ កាលកាន់យកនូវប្រមាណក្នុងបុគ្គលទាំងឡាយ ឈ្មោះថា ជីករំលើងនូវគុណ ម្នាលអានន្ទ តថាគតក្តី បុគ្គលណា ដែលប្រហែលនឹងតថាគតក្តី ទើបគួរកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយបាន។ ម្នាលអានន្ទ មិគសាលាឧបាសិកា ជាអ្វី ជាស្រ្តីពាល មិនឈ្លាសវៃ ជាស្រ្តីងងឹត មានបញ្ញាងងឹត មួយទៀត បុរសបុគ្គលណា (មានវិស័យមិនទើសទាល់) ក្នុងបរោបរិយញ្ញាណ (បញ្ញាជាគ្រឿងដឹងនូវឥន្រ្ទិយក្លា និងទន់របស់បុគ្គលដទៃ)។ ម្នាលអានន្ទ បុគ្គល ១០ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។ ម្នាលអានន្ទ ឧបាសកឈ្មោះបុរាណៈ ប្រកបដោយសីលមានសភាពយ៉ាងណា ឥសិទត្ត ក៏ប្រកបដោយសីល មានសភាពយ៉ាងនោះដែរ។ បុរាណឧបាសក ក្នុងលោកនេះ មានគតិ មិនប្លែកអំពីឥសិទត្តទេ ម្នាលអានន្ទ ឥសិទត្ត ប្រកបដោយបញ្ញា មានសភាពយ៉ាងណា បុរាណឧបាសក ប្រកបដោយបញ្ញា មានសភាពយ៉ាងនោះដែរ។ ឥសិទត្តឧបាសកក្នុងលោកនេះ មានគតិមិនប្លែកអំពីបុរាណឧបាសកទេ។ ម្នាលអានន្ទ បុគ្គលទាំងពីរនេះ ថោកទាបដោយគុណធម៌មួយ ៗ ម្នាក់។

(តយោធម្មសូត្រ ទី៦)

(៦. តយោធម្មសុត្តំ)

[៧៦] ម្នាលភិក្ខុទាំងឡាយ (ប្រសិនបើ) ធម៌ទាំង ៣ នេះ មិនមានក្នុងលោកទេ ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ក៏មិនគប្បីកើតឡើង ក្នុងលោកឡើយ ទាំងធម្មវិន័យ ដែលព្រះតថាគតសំដែងហើយ ក៏មិនភ្លឺច្បាស់ក្នុងលោកដែរ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺជាតិ ១ ជរា ១ មរណៈ ១។ ម្នាលភិក្ខុទាំងឡាយ (ប្រសិនបើ) ធម៌ទាំង ៣ នេះ មិនមានក្នុងលោកទេ ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ក៏មិនគប្បីកើតឡើងក្នុងលោក ទាំងធម្មវិន័យ ដែលព្រះតថាគតសំដែងហើយ ក៏មិនភ្លឺច្បាស់ ក្នុងលោកនេះដែរ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៣ នេះ រមែងមានក្នុងលោក ព្រោះហេតុណា ព្រោះហេតុនោះ ទើបព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ កើតឡើងក្នុងលោក ព្រោះហេតុនោះ ទើបធម្មវិន័យ ដែលព្រះតថាគតសំដែងហើយ ភ្លឺច្បាស់ក្នុងលោកដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់រាគៈ ១ មិនលះបង់ទោសៈ ១ មិនលះបង់មោហៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលមិនលះបង់ធម៌ទាំង ៣ នេះចេញហើយ មិនគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនលះបង់ធម៌ទាំង ៣ ចេញហើយ មិនគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់សក្កាយទិដ្ឋិ ១ មិនលះបង់វិចិកិច្ឆា ១ មិនលះបង់សីលព្វតបរាមាសៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់សក្កាយទិដ្ឋិ លះបង់វិចិកិច្ឆា លះបង់សីលព្វតបរាមាសៈបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់ នូវការធ្វើទុកក្នុងចិត្តដោយមិនមែនឧបាយ ១ មិនលះបង់នូវកិរិយាសេពគប់នូវផ្លូវខុស ១ មិនលះបង់នូវភាពរួញរានៃចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ នេះចេញហើយ មិនគួរលះបង់សក្កាយទិដ្ឋិ លះបង់វិចិកិច្ឆា លះបង់សីលព្វតបរាមាសៈបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ចេញហើយ មិនគួរលះបង់នូវការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវកិរិយាសេពគប់នូវផ្លូវខុស លះបង់នូវភាពរួញរានៃចិត្តបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់ការភ្លេចស្មារតី ១ មិនលះបង់សេចក្តីមិនដឹងខ្លួន ១ មិនលះបង់សេចក្តីរវើរវាយនៃចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលមិនបានលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់នូវការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវកិរិយាសេពគប់នូវផ្លូវខុស លះបង់នូវភាពរួញរានៃចិត្តបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវសេចក្តីរវើរវាយនៃចិត្តបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ ១ មិនលះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ ១ មិនលះបង់នូវភាពនៃចិត្តប្រកាន់ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវសេចក្តីរវើរវាយ នៃចិត្តបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ចេញហើយ មិនគួរលះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ លះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ លះបង់នូវភាពនៃចិត្តប្រកួតប្រកាន់បានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់នូវសេចក្តីរវើរវាយ ១ មិនលះបង់នូវសេចក្តីមិនសង្រួម ១ មិនលះបង់នូវភាពទ្រុស្តសីល ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ លះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ទាំងឡាយ លះបង់នូវភាពនៃចិត្តប្រកួតប្រកាន់បានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់នូវចិត្តរវើរវាយ លះបង់នូវសេចក្តីមិនសង្រួម លះបង់នូវភាពទ្រុស្តសីលបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់នូវភាពមិនមានសទ្ធា ១ មិនលះបង់នូវភាពមិនដឹងនូវពាក្យពោល ១ មិនលះបង់នូវសេចក្តីខ្ជិល ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ ៣ នេះហើយ មិនគួរលះបង់នូវសេចក្តីរវើរវាយ លះបង់នូវសេចក្តីមិនសង្រួម លះបង់នូវភាពទ្រុស្តសីលបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ចេញហើយ មិនគួរលះបង់នូវភាពមិនមានសទ្ធា លះបង់នូវភាពមិនដឹងពាក្យពោល លះបង់នូវសេចក្តីខ្ជិលបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់នូវសេចក្តីមិនអើពើ ១ មិនលះបង់នូវភាពជាអ្នកប្រដៅក្រ ១ មិនលះបង់នូវភាពនៃបាបមិត្រ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់នូវភាពមិនមានសទ្ធា លះបង់នូវភាពមិនដឹងពាក្យពោល លះបង់នូវសេចក្តីខ្ជិលបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលមិនបានលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់នូវសេចក្តីអើពើ លះបង់ភាពនៃបាបមិត្របានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់នូវសេចក្តីមិនអៀនខ្មាសនឹងអំពើទុច្ចរិត ១ មិនលះបង់នូវសេចក្តីក្តៅក្រហាយនឹងអំពើទុច្ចរិត ១ មិនលះបង់នូវសេចក្តីធ្វេសប្រហែស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់នូវសេចក្តីមិនអើពើ លះបង់នូវភាពជាអ្នកប្រដៅក្រ លះបង់នូវភាពនៃបាបមិត្របានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ជាអ្នកមិនមានសេចក្តីអៀនខ្មាស មិនមានសេចក្តីក្តៅក្រហាយនឹងអំពើទុច្ចរិត ជាអ្នកប្រមាទ។ កាលបើបុគ្គលនោះ ជាអ្នកប្រមាទហើយ មិនគួរលះបង់នូវសេចក្តីមិនអើពើ លះបង់នូវភាពជាអ្នកប្រដៅក្រ លះបង់នូវភាពនៃបាបមិត្របានទេ។ កាលបើបុគ្គលនោះ មានបាបមិត្រហើយ មិនគួរលះបង់នូវភាពមិនមានសទ្ធា លះបង់នូវភាពមិនដឹងពាក្យពោល លះបង់នូវសេចក្តីខ្ជិលបានទេ។ កាលបើបុគ្គលនោះ មានសេចក្តីខ្ជិលហើយ មិនគួរលះបង់នូវសេចក្តីរវើរវាយ លះបង់នូវសេចក្តីមិនសង្រួម លះបង់នូវភាពទ្រុស្តសីលបានទេ។ កាលបើបុគ្គលនោះ មានភាពជាអ្នកទ្រុស្តសីលហើយ មិនគួរលះបង់ភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនឃើញព្រះអរិយៈទាំងឡាយ លះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ លះបង់នូវភាពនៃចិត្តប្រកួតប្រកាន់បានទេ។ កាលបើបុគ្គលនោះ មានភាពនៃចិត្តប្រកួតប្រកាន់ហើយ មិនគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវចិត្តរវើរវាយបានទេ។ កាលបើបុគ្គលនោះ មានចិត្តរវើរវាយហើយ មិនគួរលះបង់នូវការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវកិរិយាសេពគប់នូវផ្លូវខុស លះបង់នូវសេចក្តីរួញរានៃចិត្តបានទេ។ កាលបើបុគ្គលនោះ មានចិត្តរួញរា មិនគួរលះបង់នូវសក្កាយទិដ្ឋិ លះបង់នូវវិចិកិច្ឆា លះបង់នូវសីលព្វតបរាមាសៈបានទេ។ កាលបើបុគ្គលនោះ មានវិចិកិច្ឆា មិនគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបានទេ។ កាលបើមិនបានលះបង់រាគៈ មិនបានលះបង់ទោសៈ មិនបានលះបង់មោហៈ មិនគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈបានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈបាន។ ធម៌ទាំង ៣ តើដូចម្តេចខ្លះ។ គឺលះបង់រាគៈ ១ លះបង់ទោសៈ ១ លះបង់មោហៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ទាំង ៣ នេះចេញបានហើយ ទើបគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់សក្កាយទិដ្ឋិ ១ លះបង់វិចិកិច្ឆា ១ លះបង់សីលព្វតបរាមាសៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ នេះបានហើយ ទើបគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់សក្កាយទិដ្ឋិ លះបង់វិចិកិច្ឆា លះបង់សីលព្វតបរាមាសៈបាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់ការធ្វើទុកក្នុងចិត្តដោយមិនមែនឧបាយ ១ លះបង់ការសេពគប់ផ្លូវខុស ១ លះបង់សេចក្តីរួញរានៃចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ នេះបានហើយ ទើបគួរលះបង់សក្កាយទិដ្ឋិ លះបង់វិចិកិច្ឆា លះបង់សីលព្វតបរាមាសៈបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់ការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវការសេពគប់នូវផ្លូវខុស លះបង់នូវសេចក្តីរួញរានៃចិត្តបាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវការភ្លេចស្មារតី ១ លះបង់នូវសេចក្តីមិនដឹងខ្លួន ១ លះបង់នូវសេចក្តីរវើរវាយនៃចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវការសេពគប់នូវផ្លូវខុស លះបង់នូវសេចក្តីរួញរានៃចិត្តបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវសេចក្តីរវើរវាយនៃចិត្តបាន។ ធម៌ ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ ១ លះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ ១ លះបង់នូវចិត្តប្រកួតប្រកាន់ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ នេះបានហើយ ទើបគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តិមិនដឹងខ្លួន លះបង់នូវសេចក្តីរវើរវាយនៃចិត្តបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់សេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ លះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ លះបង់នូវចិត្តប្រកួតប្រកាន់បាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវសេចក្តីរវើរវាយ ១ លះបង់នូវសេចក្តីមិនសង្រួម ១ លះបង់នូវភាពទ្រុស្តសីល ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ នេះបានហើយ ទើបគួរលះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ លះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ លះបង់នូវចិត្តប្រកួតប្រកាន់បាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវសេចក្តីរវើរវាយ លះបង់នូវសេចក្តីមិនសង្រួម លះបង់នូវភាពទ្រុស្តសីល។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវភាពមិនមានសទ្ធា ១ លះបង់នូវសេចក្តីមិនដឹងនូវពាក្យពោល ១ លះបង់នូវសេចក្តីខ្ជិល ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ នេះបានហើយ ទើបគួរលះបង់នូវសេចក្តីរវើរវាយ លះបង់នូវសេចក្តីមិនសង្រួម លះបង់នូវភាពទ្រុស្តសីលបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវភាពមិនមានសទ្ធា លះបង់នូវសេចក្តីមិនដឹងនូវពាក្យពោល លះបង់នូវសេចក្តីខ្ជិលបាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវសេចក្តីមិនអើពើ ១ លះបង់នូវភាពជាអ្នកប្រដៅក្រ ១ លះបង់នូវភាពនៃបាបមិត្ត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវភាពមិនមានសទ្ធា លះបង់នូវភាពមិនដឹងនូវពាក្យពោល លះបង់នូវសេចក្តីខ្ជិលបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវសេចក្តីមិនអើពើ លះបង់នូវភាពជាអ្នកប្រដៅក្រ លះបង់នូវភាពនៃបាបមិត្តបាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវសេចក្តីមិនអៀនខ្មាសនឹងអំពើទុច្ចរិត ១ លះបង់នូវសេចក្តីមិនក្តៅនឹងអំពើទុច្ចរិត ១ លះបង់នូវសេចក្តីធ្វេសប្រហែស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវសេចក្តីមិនអើពើ លះបង់នូវភាពជាអ្នកប្រដៅក្រ លះបង់នូវភាពនៃបាបមិត្តបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ជាអ្នកមានសេចក្តីអៀនខ្មាសនឹងអំពើទុច្ចរិត ក្តៅនឹងអំពើទុច្ចរិត មិនប្រមាទ។ កាលបើបុគ្គលនោះ មិនប្រមាទហើយ ទើបគួរដើម្បីលះបង់នូវសេចក្តីមិនអើពើ លះបង់នូវភាពជាអ្នកប្រដៅក្រ លះបង់នូវភាពនៃបាបមិត្តបាន។ កាលបើបុគ្គលនោះ មានកល្យាណមិត្តហើយ ទើបគួរដើម្បីលះបង់នូវភាពមិនមានសទ្ធា លះបង់នូវសេចក្តីមិនដឹងនូវពាក្យពោល លះបង់នូវសេចក្តីខ្ជិលបាន។ កាលបើបុគ្គលនោះ មានសេចក្តីព្យាយាមប្រារព្ធហើយ ទើបគួរដើម្បីលះបង់នូវសេចក្តីរវើរវាយ លះបង់នូវការមិនសង្រួម លះបង់នូវភាពទ្រុស្តសីលបាន។ កាលបើបុគ្គលនោះ មានសីល ទើបគួរដើម្បីលះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ លះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ លះបង់នូវចិត្តប្រកួតប្រកាន់បាន។ កាលបើបុគ្គលនោះ មិនមានចិត្តប្រកួតប្រកាន់ហើយ ទើបគួរដើម្បីលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវសេចក្តីរសាប់រសល់នៃចិត្តបាន។ កាលបើបុគ្គលនោះ មិនមានចិត្តរសាប់រសល់ហើយ ទើបគួរដើម្បីលះបង់នូវកិរិយាធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវការសេពគប់នូវផ្លូវខុស លះបង់នូវសេចក្តីរួញរានៃចិត្តបាន។ កាលបើបុគ្គលនោះ មិនមានចិត្តរួញរាហើយ ទើបគួរដើម្បីលះបង់នូវសក្កាយទិដ្ឋិ លះបង់នូវវិចិកិច្ឆា លះបង់នូវសីលព្វតបរាមាសៈបាន។ កាលបើបុគ្គលនោះ មិនមានវិចិកិច្ឆាហើយ ទើបគួរដើម្បីលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបាន។ កាលបើបុគ្គលនោះ លះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈហើយ ទើបគួរដើម្បីលះបង់ជាតិ លះបង់ជរា លះបង់មរណៈបាន។

(កាកសូត្រ ទី៧)

(៧. កាកសុត្តំ)

[៧៧] ម្នាលភិក្ខុទាំងឡាយ ក្អែកប្រកបដោយអសទ្ធម្ម ១០ យ៉ាង។ ប្រកបដោយអសទ្ធម្មទាំង ១០ យ៉ាង តើដូចម្តេច។ គឺជាសត្វកំចាត់បង់ (នូវគុណ) ១ ក្រអឺតក្រឱង ១ មានសេចក្តីរវះរវាម ១ ស៊ីច្រើន ១ អាក្រក់ ១ មិនមានសេចក្តីករុណា ១ មានកំឡាំងថយ ១ មានសំឡេងគ្រាវ ១ មានស្មារតីវង្វេង ១ ធ្វើនូវសេចក្តីសន្សំ ១។ ម្នាលភិក្ខុទាំងឡាយ ក្អែកប្រកបដោយអសទ្ធម្ម ១០ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបាបប្រកបដោយអសទ្ធម្ម ១០ យ៉ាង ក៏យ៉ាងនោះដែរ។ ប្រកបដោយអសទ្ធម្ម ១០ យ៉ាង តើដូចម្តេច។ គឺជាអ្នកកំចាត់បង់ (នូវគុណ) ១ ជាអ្នកក្រអឺតក្រឱង ១ ជាអ្នកមានសេចក្តីរវះរវាម ១ ជាអ្នកស៊ីច្រើន ១ ជាមនុស្សអាក្រក់ ១ ជាអ្នកមិនមានសេចក្តីករុណា ១ ជាអ្នកមានកំឡាំងថយ ១ ជាអ្នកមានសំឡេងអាក្រក់ ១ ជាអ្នកមានស្មារតីវង្វេង ១ ជាអ្នកធ្វើនូវសេចក្តីសន្សំ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបាបប្រកបដោយអសទ្ធម្ម ១០ យ៉ាងនេះឯង។

(និគណ្ឋសូត្រ ទី៨)

(៨. និគណ្ឋសុត្តំ)

[៧៨] ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថ ប្រកបដោយអសទ្ធម្ម ១០ យ៉ាង។ ប្រកបដោយអសទ្ធម្ម ១០ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថមិនមានសទ្ធា ១ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថជាអ្នកទ្រុស្តសីល ១ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថមិនមានហិរិ ១ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថមិនមានឱត្តប្បៈ ១ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថ ជាអ្នកមានអសប្បុរសជាមិត្រ ១ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថ ជាអ្នកដំកើងខ្លួនឯង ហើយបង្អាប់បុគ្គលដទៃ ១ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថ ជាអ្នកស្ទាបអង្អែល ក្នុងទិដ្ឋិរបស់ខ្លួន ជាអ្នកប្រកាន់មាំ ជាអ្នកលះបង់នូវអំពើ ដែលខ្លួនប្រកាន់បានដោយកម្រ ១ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថ ជាអ្នកកុហក ១ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថជាអ្នកមានសេចក្តីប្រាថ្នាដ៏លាមក ១ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថជាអ្នកមានទិដ្ឋិខុស ១។ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថប្រកបដោយអសទ្ធម្ម ១០ យ៉ាងនេះឯង។

(អាឃាតវត្ថុសូត្រ ទី៩)

(៩. អាឃាតវត្ថុសុត្តំ)

[៧៩] ម្នាលភិក្ខុទាំងឡាយ អាឃាតវត្ថុ (ហេតុនៃគំនុំ) នេះមាន ១០ យ៉ាង។ អាឃាតវត្ថុទាំង ១០ យ៉ាង តើដូចម្តេច។ គឺបុគ្គលចងគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញហើយ ១ ចងគំនុំ ដោយគិតថា ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញ ១ ចងគំនុំ ដោយគិតថា ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញ ១ ចងគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្ត របស់អាត្មាអញហើយ… ១ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍… ១ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ១ ចងគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អាត្មាអញហើយ… ១ កំពុងប្រព្រឹត្តនូវអំពើជាប្រយោជន៍… ១ នឹងប្រព្រឹត្តនូវអំពើជាប្រយោជន៍ ១ ក្រោធក្នុងទីដែលមិនគួរ ១។ ម្នាលភិក្ខុទាំងឡាយ អាឃាតវត្ថុ មាន ១០ យ៉ាងនេះឯង។

(អាឃាតបដិវិនយសូត្រ ទី១០)

(១០. អាឃាតបដិវិនយសុត្តំ)

[៨០] ម្នាលភិក្ខុទាំងឡាយ អាឃាតប្បដិវិន័យ (ការកំចាត់បង់នូវគំនុំ) នេះមាន ១០ យ៉ាង។ អាឃាតប្បដិវិន័យទាំង ១០យ៉ាង តើដូចម្តេច។ គឺបុគ្គលកំចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញហើយ អាត្មាអញ គប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះអំពីណា ១ កំចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញ អាត្មាអញ គប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះ អំពីណា ១ កំចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញ អាត្មាអញ គប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះអំពីណា ១ កំចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តអំពើមិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អាត្មាអញហើយ… ១ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍… ១ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ អាត្មាអញ គប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះ អំពីណា ១ កំចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អាត្មាអញហើយ ១… កំពុងប្រព្រឹត្តនូវអំពើជាប្រយោជន៍… ១ នឹងប្រព្រឹត្តនូវអំពើជាប្រយោជន៍ អាត្មាអញ គប្បីបាននូវអំពើជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះ អំពីណា ១ មិនក្រោធក្នុងទីមិនគួរ ១។ ម្នាលភិក្ខុទាំងឡាយ អាឃាតប្បដិវិន័យ មាន ១០ យ៉ាងនេះឯង។

ចប់ អាកង្ខវគ្គ ទី៣។

ឧទ្ទាននៃអាកង្ខវគ្គនោះគឺ

និយាយអំពីសេចក្តីប្រាថ្នា ១ អំពីធម៌ជាបន្លា ១ អំពីធម៌ជាទីប្រាថ្នា ១ អំពីសេចក្តីចំរើន ១ អំពីមិគសាលាឧបាសិកា ១ អំពីបុគ្គលមិនគួរលះបង់ ១ អំពីក្អែក ១ អំពីពួកនិគ្រន្ថ ១ អំពីវត្ថុ ១០ យ៉ាង មាន (ពីរលើក) ១។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.v08.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann