km:tipitaka:sut:an:10:sut.an.10.v09

ថេរវគ្គ ទី៤ (៩)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 10.v09 បាលី cs-km: sut.an.10.v09 អដ្ឋកថា: sut.an.10.v09_att PTS: ?

ថេរវគ្គ ទី៤ (៩)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((៩) ៤. ថេរវគ្គោ)

(វាហនសូត្រ ទី១)

(១. វាហនសុត្តំ)

[៨១] សម័យមួយ ព្រះដ៏មានព្រះភាគ គង់ក្បែរឆ្នេរស្រះឈ្មោះគគ្គរា ជិតក្រុងចម្បា។ គ្រានោះ ព្រះវាហុនៈដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះវាហុនៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះតថាគត មានព្រះហឫទ័យទំលាយនូវទំនប់ គឺកិលេស តើរលាស់ចេញ ឃ្លាតចេញ រួចស្រឡះ ចាកធម៌ប៉ុន្មានយ៉ាង។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវាហុនៈ ព្រះតថាគតមានចិត្តទំលាយនូវទំនប់ គឺកិលេស រលាស់ចេញ ឃ្លាតចេញ រួចស្រឡះចាកធម៌ ១០ យ៉ាង។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ ម្នាលវាហុនៈ ព្រះតថាគតមានចិត្តទំលាយនូវទំនប់ គឺកិលេស រលាស់ចេញ ឃ្លាតចេញ រួចស្រឡះចាករូប ១ ម្នាលវាហុនៈ ចាកវេទនា …១ ម្នាលវាហុនៈ ចាកសញ្ញា… ១ ម្នាលវាហុនៈ ចាកសង្ខារទាំងឡាយ… ១ ម្នាលវាហុនៈ ចាកវិញ្ញាណ… ១ ម្នាលវាហុនៈ ចាកជាតិ… ១ ម្នាលវាហុនៈ ចាកជរា… ១ ម្នាលវាហុនៈ ចាកមរណៈ …១ ម្នាលវាហុនៈ ចាកទុក្ខទាំងឡាយ… ១ ម្នាលវាហុនៈ ព្រះតថាគតមានចិត្តទំលាយនូវទំនប់ គឺកិលេស រលាស់ចេញ ឃ្លាតចេញ រួចស្រឡះចាកកិលេស ១។ ម្នាលវាហុនៈ ដូចឧប្បលក្តី ឈូកក្រហមក្តី ឈូកសក្តី ដែលដុះក្នុងទឹក លូតលាស់ក្នុងទឹក លូតផុតអំពីទឹក មិនជាប់ដោយទឹក យ៉ាងណាមិញ ម្នាលវាហុនៈ ព្រះតថាគត មានចិត្តទំលាយនូវទំនប់ គឺកិលេស រលាស់ចេញ ឃ្លាតចេញ ផុតស្រឡះហើយ ចាកធម៌ទាំង ១០ ប្រការនេះ ក៏យ៉ាងនោះដែរ។

(អានន្ទសូត្រ ទី២)

(២. អានន្ទសុត្តំ)

[៨២] គ្រានោះ ព្រះអានន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង មិនមានសទ្ធា នឹងដល់នូវសេចក្តីចំរើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកទ្រុស្តសីល នឹងដល់នូវសេចក្តីចំរើនលូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកចេះដឹងតិច នឹងដល់នូវសេចក្តីចំរើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកប្រដៅក្រ នឹងដល់នូវសេចក្តីចំរើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកមានមិត្តអាក្រក់ នឹងដល់នូវសេចក្តីចំរើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកខ្ជិលច្រអូស នឹងដល់នូវសេចក្តីចំរើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកមានស្មារតីភ្លេចភ្លាំង នឹងដល់នូវសេចក្តីចំរើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកមិនមានសន្តោស នឹងដល់នូវសេចក្តីចំរើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកប្រាថ្នាលាមក នឹងដល់នូវសេចក្តីចំរើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាមិច្ឆាទិដ្ឋិ នឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ប្រកបដោយធម៌ទាំង ១០ ប្រការនេះ នឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកមានសទ្ធា នឹងដល់នូវសេចក្តីចំរើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកមានសីល នឹងដល់នូវសេចក្តីចំរើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកចេះដឹង អ្នកទ្រទ្រង់ព្រះសូត្រ នឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកប្រដៅងាយ នឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកមានកល្យាណមិត្ត នឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកមានព្យាយាមប្រារព្ធហើយ នឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកមានស្មារតីតាំងមាំ នឹងដល់នូវសេចក្តីចំរើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកមានចិត្តសន្តោស នឹងដល់នូវសេចក្តីចំរើនលូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកប្រាថ្នាតិច នឹងដល់នូវសេចក្តីចំរើនលូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាសម្មាទិដ្ឋិ នឹងដល់នូវសេចក្តីចំរើនលូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ប្រកបដោយធម៌ទាំង ១០ យ៉ាងនេះ នឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ។

(បុណ្ណិយសូត្រ ទី៣)

(៣. បុណ្ណិយសុត្តំ)

[៨៣] គ្រានោះ ព្រះបុណ្ណិយៈដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏ព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះបុណ្ណិយៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ហេតុដូចម្តេច បច្ច័យដូចម្តេច ក្នុងកាលខ្លះ ធម្មទេសនា ប្រាកដដល់ព្រះតថាគត ក្នុងកាលខ្លះ មិនប្រាកដ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលបុណ្ណិយៈ ភិក្ខុជាអ្នកមានសទ្ធា តែមិនចូលទៅរក ដរាបណា ធម្មទេសនាមិនប្រាកដ ដល់ព្រះតថាគត ដរាបនោះ។ ម្នាលបុណ្ណិយៈ កាលបើភិក្ខុមានសទ្ធាផង ចូលទៅរកផង យ៉ាងនេះ ទើបធម្មទេសនា ប្រាកដដល់ព្រះតថាគត ម្នាលបុណ្ណិយៈ ភិក្ខុអ្នកមានសទ្ធាផង ចូលទៅរកផង តែមិនចូលទៅអង្គុយជិត… ចូលទៅអង្គុយជិតហើយ តែមិនសាកសួរ… សាកសួរហើយ តែមិនផ្ចង់ត្រចៀកស្តាប់ធម៌… ផ្ចង់ត្រចៀកស្តាប់ធម៌ហើយ តែស្តាប់មិនចាំធម៌ … ស្តាប់ចាំធម៌ទុកហើយ… តែមិនពិចារណានូវអត្ថនៃធម៌ ដែលខ្លួនចាំទុកហើយ… ពិចារណានូវធម៌ ដែលខ្លួនចាំទុកហើយ តែមិនដឹងអត្ថមិនដឹងធម៌ ប្រតិបត្តិសមគួរតាមធម៌… ដឹងអត្ថដឹងធម៌ ប្រតិបត្តិសមគួរតាមធម៌ហើយ តែមិនមានវាចាល្អ ពោលពាក្យដ៏ពីរោះ ប្រកបដោយសម្តីអ្នកក្រុង ដែលជាវាចាច្បាស់លាស់ ជាវាចាឥតទោស ញុំាងជនដទៃឲ្យដឹងនូវអត្ថបាន មានវាចាល្អ ពោលពាក្យពីរោះ ប្រកបដោយសម្តីអ្នកក្រុង ជាវាចាឥតទោស ញុំាងជនដទៃឲ្យដឹងនូវអត្ថហើយ តែមិនពន្យល់ មិនណែនាំ មិនឲ្យក្លៀវក្លា មិនឲ្យរីករាយ ដល់ពួកសព្រហ្មចារីបុគ្គល ធម្មទេសនា រមែងមិនប្រាកដដល់ព្រះតថាគត ដរាបនោះទេ។ ម្នាលបុណ្ណិយៈ លុះតែភិក្ខុមានសទ្ធា ១ បានចូលមកជិត ១ ចូលទៅអង្គុយជិត ១ សាកសួរ ១ ផ្ចង់ត្រចៀកស្តាប់ធម៌ ១ ស្តាប់ហើយចាំធម៌ទុក ១ ពិចារណានូវអត្ថនៃធម៌ ដែលខ្លួនចាំហើយ ១ ដឹងអត្ថដឹងធម៌ ហើយប្រតិបត្តិសមគួរតាមធម៌ ១ មានវាចាល្អ ពោលពាក្យពីរោះ ប្រកបដោយវាចាអ្នកក្រុង ជាវាចាល្អច្បាស់លាស់ ជាវាចាឥតទោស អាចញុំាងជនដទៃ ឲ្យដឹងសេចក្តី ១ ពន្យល់ណែនាំ ឲ្យក្លាហាន ឲ្យរីករាយ ដល់ពួកសព្រហ្មចារីបុគ្គល ១ យ៉ាងនេះ ទើបធម្មទេសនាប្រាកដដល់ព្រះតថាគត។ ម្នាលបុណ្ណិយៈ ធម្មទេសនា ដែលប្រកបដោយធម៌ទាំង ១០ យ៉ាងនេះឯង ទើបប្រាកដដល់ព្រះតថាគតដោយពិត។

(ព្យាករណសូត្រ ទី៤)

(៤. ព្យាករណសុត្តំ)

[៨៤] ក្នុងទីនោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ពាក្យរបស់ព្រះមហាមោគ្គល្លានដ៏មានអាយុថា ព្រះករុណា អាវុសោ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏ពោលពាក្យដូច្នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ អួតនូវអរហត្តផលថា អាត្មាអញដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញប្រព្រឹត្តចប់ហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីកិច្ចនេះទៀត មិនមានឡើយ។ ព្រះតថាគត ឬសាវក របស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងនូវចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ តែងសួរឈ្លេចឈ្លី ដេញដោល ពិនិត្យបញ្ជាក់មើលនូវភិក្ខុនោះ។ ភិក្ខុនោះ កាលបើព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងនូវចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្ត របស់បុគ្គលដទៃ សួរឈ្លេចឈ្លី ដេញដោល ពិនិត្យបញ្ជាក់មើល ក៏ដល់នូវភាវៈទទេ ដល់នូវភាវៈឥតគុណ ដល់នូវសេចក្តីមិនចំរើន ដល់នូវសេចក្តីវិនាស ដល់នូវសេចក្តីមិនចំរើន និងសេចក្តីវិនាស។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តរបស់បុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ ធ្វើទុកក្នុងចិត្ត ព្រោះបានកំណត់ដឹងនូវចិត្តដោយចិត្តយ៉ាងនេះថា ហេតុអ្វី អ្នកដ៏មានអាយុនេះ អួតនូវអរហត្តផលថា អាត្មាអញដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបានប្រព្រឹត្តចប់ហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីកិច្ចនេះទៀត មិនមានឡើយ។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ ក៏ដឹងច្បាស់នូវបុគ្គលនោះ ព្រោះបានកំណត់ដឹងនូវចិត្តដោយចិត្ត យ៉ាងនេះថា អ្នកដ៏មានអាយុនេះ ជាអ្នកមានសេចក្តីក្រោធ មានចិត្តត្រូវសេចក្តីក្រោធ រួបរឹតនៅដោយច្រើន ចំណែកខាងការរួបរឹតដោយសេចក្តីក្រោធនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានឧបនាហៈ មានចិត្តត្រូវឧបនាហៈ រួបរឹតនៅដោយច្រើន ចំណែកខាងការរួបរឹត ដោយឧបនាហៈនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានមក្ខៈ មានចិត្តត្រូវមក្ខៈរួបរឹតនៅដោយច្រើន ចំណែកខាងការរួបរឹត ដោយមក្ខៈនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានបឡាសៈ មានចិត្តត្រូវបឡាសៈរួបរឹតនៅដោយច្រើន ចំណែកខាងការរួបរឹត ដោយបឡាសៈនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានឫស្យា មានចិត្តត្រូវឫស្យារួបរឹតនៅដោយច្រើន ចំណែកខាងការរួបរឹតដោយឫស្យានេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានមច្ឆរិយៈ មានចិត្តត្រូវមច្ឆរិយៈរួបរឹតនៅដោយច្រើន ចំណែកខាងការរួបរឹតដោយមច្ឆរិយៈនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានការអួត មានចិត្តត្រូវសាថេយ្យៈរួបរឹតនៅដោយច្រើន ចំណែកខាងការរួបរឹត ដោយសាថេយ្យៈនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានមាយា មានចិត្តត្រូវមាយារួបរឹតនៅដោយច្រើន ចំណែកខាងការរួបរឹត ដោយមាយានេះ ជាសេចក្តីសាបសូន្យក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានសេចក្តីប្រាថ្នាលាមក មានចិត្តត្រូវសេចក្តីប្រាថ្នាលាមករួបរឹតនៅដោយច្រើន ចំណែកខាងការរួបរឹតដោយសេចក្តីប្រាថ្នាលាមកនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកភ្លេចស្មារតី ដល់នូវការផ្អាកទុកនូវសេចក្តីព្យាយាម ក្នុងចន្លោះ ដោយការបាននូវគុណវិសេសដ៏ថយថោក ក្នុងកិច្ចដែលខ្លួនត្រូវធ្វើតទៅទៀត ចំណែកខាងដំណើរដែលផ្អាកនូវសេចក្តីព្យាយាម ក្នុងចន្លោះនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ ម្នាលអាវុសោទាំងឡាយ ពាក្យថា ភិក្ខុនោះឯង មិនបានលះបង់នូវធម៌ទាំង ១០ នេះ នឹងដល់នូវការចំរើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ។ ម្នាលអាវុសោទាំងឡាយ ពាក្យថា ភិក្ខុនោះឯង លះបង់នូវធម៌ទាំង ១០ នេះ នឹងដល់នូវការចំរើនលូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ។

(កត្ថីសូត្រ ទី៥)

(៥. កត្ថីសុត្តំ)

[៨៥] សម័យមួយ ព្រះមហាចុន្ទៈដ៏មានអាយុ គង់ក្នុងសហជាតិប្រទេស ក្នុងដែនចេតី។ ក្នុងទីនោះឯង ព្រះមហាចុន្ទៈដ៏មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ពាក្យព្រះមហាចុន្ទៈដ៏មានអាយុថា អាវុសោ។ ព្រះមហាចុន្ទៈដ៏មានអាយុ បានសំដែងដូច្នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ តែងពោលអួតក្នុងអធិគមៈ (ធម៌ដែលគួរត្រាស់ដឹង) ថា ខ្ញុំចូលកាន់បឋមជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់ទុតិយជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់តតិយជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់ចតុត្ថជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់អាកាសានញ្ចាយតនជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់វិញ្ញាណញ្ចាយតនជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់អាកិញ្ចញ្ញាយតនជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ សួរឈ្លេចឈ្លី ដេញដោល ពិនិត្យបញ្ជាក់មើល ចំពោះភិក្ខុនោះ។ ភិក្ខុនោះ កាលព្រះតថាគត ឬសាវករបស់ព្រះតថាគត ដែលជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តបុគ្គលដទៃ កាលសួរឈ្លេចឈ្លី ដេញដោល ពិនិត្យបញ្ជាក់មើលទៅ ក៏ដល់នូវភាវៈទទេ ដល់នូវភាវៈឥតគុណ ដល់នូវសេចក្តីមិនចំរើន ដល់នូវសេចក្តីវិនាស ដល់នូវសេចក្តីមិនចំរើន និងសេចក្តីវិនាស។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តបុគ្គលដទៃ រមែងកំណត់ទុកក្នុងចិត្ត ចំពោះភិក្ខុនោះ ព្រោះបានកំណត់ដឹងនូវចិត្តដោយចិត្ត យ៉ាងនេះថា ហេតុអ្វី អ្នកដ៏មានអាយុនេះ តែងពោលអួតចំពោះអធិគមធម៌ថា ខ្ញុំចូលទៅកាន់បឋមជ្ឈានក៏បាន ចេញក៏បាន។បេ។ ខ្ញុំចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈ នៃចិត្តបុគ្គលដទៃ រមែងកំណត់ដឹងចិត្តភិក្ខុនោះ ដោយចិត្តយ៉ាងនេះថា អ្នកដ៏មានអាយុនេះ ជាអ្នកធ្វើឲ្យដាច់ ធ្វើឲ្យធ្លុះធ្លាយ ធ្វើឲ្យពពាល ធ្វើឲ្យពព្រុះ ធ្វើមិនឲ្យទៀងទាត់ ប្រព្រឹត្តមិនទៀងត្រង់ ក្នុងសីលទាំងឡាយ អស់កាលវែង។ អ្នកដ៏មានអាយុនេះ ជាអ្នកទ្រុស្តសីល ចំណែកខាងភាពនៃបុគ្គលទ្រុស្តសីលនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមិនមានសទ្ធា មិនមានអាចារៈ ចំណែកខាងការមិនមានសទ្ធានេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកចេះដឹងតិច មិនមានអាចារៈ ចំណែកខាងការចេះដឹងតិចនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលដែលគេប្រដៅក្រ មិនមានអាចារៈ ចំណែកខាងភាពនៃបុគ្គលប្រដៅក្រនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ មានមិត្តអាក្រក់ ចំណែកខាងភាពនៃបុគ្គលមានមិត្តអាក្រក់នេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលខ្ជិលច្រអូស ចំណែកខាងសេចក្តីខ្ជិលច្រអូសនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកភ្លេចស្មារតី ចំណែកខាងការភ្លេចស្មារតីនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលកុហក ចំណែកខាងការកុហកនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលដែលគេចិញ្ចឹមក្រ ចំណែកខាងភាពនៃបុគ្គលដែលគេចិញ្ចឹមក្រនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកឥតបញ្ញា ចំណែកខាងភាពនៃបុគ្គលឥតបញ្ញានេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ។ ម្នាលអាវុសោទាំងឡាយ ដូចជាសំឡាញ់ម្នាក់និយាយទៅនឹងសំឡាញ់យ៉ាងនេះថា ម្នាលសំឡាញ់ បើអ្នកត្រូវការចំពោះធនកិច្ចដោយទ្រព្យ ក្នុងកាលណា អ្នកគប្បីប្រាប់ធនកិច្ច (នោះ) ដល់ខ្ញុំ ៗ នឹងឲ្យទ្រព្យដល់អ្នក។ សំឡាញ់នោះ កាលបើធនកិច្ចណាមួយ កើតឡើង ក៏និយាយទៅនឹងសំឡាញ់យ៉ាងនេះថា ម្នាលសំឡាញ់ ខ្ញុំត្រូវការដោយទ្រព្យ ចូរអ្នកឯងឲ្យទ្រព្យ (នោះ) មកខ្ញុំ។ សំឡាញ់នោះ ក៏និយាយយ៉ាងនេះថា ម្នាលសំឡាញ់ បើដូច្នោះ អ្នកចូរជីកក្នុងទីនេះចុះ។ សំឡាញ់នោះ កាលជីកក្នុងទីនោះទៅ ក៏មិនបាន។ សំឡាញ់នោះ និយាយយ៉ាងនេះថា ម្នាលសំឡាញ់ អ្នកឯងនិយាយឡេះឡោះនឹងខ្ញុំ ម្នាលសំឡាញ់ អ្នកឯងនិយាយពាក្យទទេនឹងខ្ញុំថា អ្នកឯងចូរជីក ក្នុងទីនេះចុះ។ សំឡាញ់នោះ និយាយយ៉ាងនេះថា ម្នាលសំឡាញ់ ខ្ញុំមិននិយាយឡេះឡោះនឹងអ្នកទេ ខ្ញុំមិននិយាយពាក្យទទេ នែសំឡាញ់ បើដូច្នោះ អ្នកឯងចូរជីក ក្នុងទីនេះដូច្នេះ។ សំឡាញ់នោះ កាលបើជីកក្នុងទីនោះម្តងទៀត ក៏នៅតែមិនបាន។ សំឡាញ់នោះ និយាយយ៉ាងនេះថា ម្នាលសំឡាញ់ អ្នកឯងនិយាយឡេះឡោះនឹងខ្ញុំ ម្នាលសំឡាញ់ អ្នកឯងនិយាយពាក្យទទេនឹងខ្ញុំថា អ្នកឯងចូរជីកក្នុងទីនេះចុះ។ សំឡាញ់នោះ និយាយយ៉ាងនេះថា ម្នាលសំឡាញ់ ខ្ញុំមិននិយាយឡេះឡោះនឹងអ្នកទេ ខ្ញុំមិននិយាយទទេទេ ម្នាលសំឡាញ់ បើដូច្នោះ អ្នកឯងចូរជីកក្នុងទីនេះចុះ។ សំឡាញ់នោះ កាលជីកក្នុងទីនោះម្តងទៀត ក៏នៅតែមិនបាន។ សំឡាញ់នោះ និយាយយ៉ាងនេះថា ម្នាលសំឡាញ់ អ្នកឯងនិយាយឡេះឡោះនឹងខ្ញុំ ម្នាលសំឡាញ់ អ្នកឯងនិយាយពាក្យទទេនឹងខ្ញុំថា អ្នកឯងចូរជីក ក្នុងទីនេះចុះ។ សំឡាញ់នោះ និយាយយ៉ាងនេះថា ម្នាលសំឡាញ់ ខ្ញុំមិននិយាយឡេះឡោះនឹងអ្នកទេ ខ្ញុំមិននិយាយពាក្យទទេនឹងអ្នកទេ ប៉ុន្តែខ្ញុំដល់នូវភាពជាអ្នកឆ្កួត ប្រែប្រួលចិត្ត សេចក្តីនេះ យ៉ាងណាមិញ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកពោលអួតក្នុងអធិគមធម៌ថា ខ្ញុំចូលកាន់បឋមជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់ទុតិយជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់តតិយជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់ចតុត្ថជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់អាកាសានញ្ចាយតនជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់វិញ្ញាណញ្ចាយតនជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់អាកិញ្ចញ្ញាយតនជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ តែងសួរឈ្លេចឈ្លី ដេញដោល ពិនិត្យមើលនូវភិក្ខុនោះ។ ភិក្ខុនោះ កាលបើព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្ត នៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ សួរឈ្លេចឈ្លី ដេញដោល ពិនិត្យបញ្ជាក់មើលទៅ ក៏ដល់នូវភាវៈទទេ ដល់នូវភាវៈឥតគុណ ដល់នូវសេចក្តីមិនចំរើន ដល់នូវសេចក្តីវិនាស ដល់នូវសេចក្តីមិនចំរើន និងសេចក្តីវិនាស។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ ធ្វើទុកក្នុងចិត្តចំពោះភិក្ខុនោះ ព្រោះបានកំណត់ដឹងនូវចិត្តដោយចិត្ត យ៉ាងនេះថា ហេតុអ្វីអ្នកដ៏មានអាយុនេះ តែងពោលអួត ក្នុងអធិគមធម៌ថា ខ្ញុំចូលកាន់បឋមជ្ឈានក៏បាន ចេញក៏បាន។បេ។ ខ្ញុំចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន។ ព្រះតថាគត ឬសាវក របស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ រមែងកំណត់ដឹងនូវចិត្តភិក្ខុនោះដោយចិត្តយ៉ាងនេះថា អ្នកដ៏មានអាយុនេះ ជាអ្នកធ្វើឲ្យដាច់ ធ្វើឲ្យធ្លុះធ្លាយ ធ្វើឲ្យពពាល ធ្វើឲ្យពព្រុះ ធ្វើមិនទៀងទាត់ ប្រព្រឹត្តមិនទៀងត្រង់ ក្នុងសីលទាំងឡាយ អស់កាលវែង។ អ្នកដ៏មានអាយុនេះ ជាបុគ្គលទ្រុស្តសីល ចំណែកខាងភាពនៃបុគ្គលទ្រុស្តសីលនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមិនមានសទ្ធា ចំណែកខាងការមិនមានសទ្ធានេះ ជាសេចក្តីសាបសូន្យក្នុងធម្មវិន័យដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលមានការចេះដឹងតិច មិនមានអាចារៈ ចំណែកខាងការចេះដឹងតិចនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលដែលគេប្រដៅក្រ ចំណែកខាងភាវៈនៃបុគ្គលគេប្រដៅក្រនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលមានមិត្តអាក្រក់ ចំណែកខាងភាពនៃបុគ្គលមានមិត្តអាក្រក់នេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលខ្ជិលច្រអូស ចំណែកខាងការខ្ជិលច្រអូសនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យដែលព្រះតថាគត ប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកភ្លេចស្មារតី ចំណែកខាងការភ្លេចស្មារតីនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលកុហក ចំណែកខាងការកុហកនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលដែលគេចិញ្ចឹមក្រ ចំណែកខាងភាពនៃបុគ្គលដែលគេចិញ្ចឹមក្រនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលអប្បបញ្ញា ចំណែកខាងភាពនៃបុគ្គលអប្បបញ្ញានេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ ក៏យ៉ាងនោះឯង។ ម្នាលអាវុសោទាំងឡាយ ពាក្យថា ភិក្ខុនោះឯង មិនលះបង់នូវធម៌ទាំង ១០ ប្រការនេះ នឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ។ ម្នាលអាវុសោទាំងឡាយ ពាក្យថា បើភិក្ខុនោះឯង លះបង់នូវធម៌ទាំង ១០ ប្រការនេះ នឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ។

(អធិមានសូត្រ ទី៦)

(៦. អធិមានសុត្តំ)

[៨៦] សម័យមួយ ព្រះមហាកស្សបដ៏មានអាយុ គង់ក្នុងវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ ក្នុងទីនោះឯង ព្រះមហាកស្សបដ៏មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ពាក្យព្រះមហាកស្សបដ៏មានអាយុថា ករុណាអាវុសោ។ ព្រះមហាកស្សបដ៏មានអាយុ បានពោលពាក្យ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពោលអួតអរហត្តផលថា ខ្ញុំដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញប្រព្រឹត្តស្រេចហើយ សោឡសកិច្ច អាត្មាអញធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ព្រះតថាគត ឬសាវក របស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តបុគ្គលដទៃ តែងសួរឈ្លេចឈ្លី ដេញដោល ពិនិត្យបញ្ជាក់មើលនូវភិក្ខុនោះ។ ភិក្ខុនោះ កាលបើព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ សួរឈ្លេចឈ្លី ដេញដោល ពិនិត្យបញ្ជាក់មើល ក៏ដល់នូវភាវៈទទេ ដល់នូវភាវៈឥតគុណ ដល់នូវសេចក្តីមិនចំរើន ដល់នូវសេចក្តីវិនាស ដល់នូវសេចក្តីមិនចំរើន និងសេចក្តីវិនាស។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ រមែងកំណត់ធ្វើទុកក្នុងចិត្តនូវភិក្ខុនោះ ដោយចិត្តយ៉ាងនេះថា ដូចម្តេច ក៏អ្នកដ៏មានអាយុនេះ ពោលអួតនូវអរហត្តផលថា ខ្ញុំដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញប្រព្រឹត្តស្រេចហើយ សោឡសកិច្ច អាត្មាអញធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះ មិនមានឡើយ។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ រមែងកំណត់ដឹងនូវចិត្តភិក្ខុនោះ ដោយចិត្តយ៉ាងនេះថា អ្នកដ៏មានអាយុនេះ ជាអ្នកស្មានហួសហេតុ ពោលថា ខ្លួនបានគុណវិសេស ដោយទៀងទាត់ សំគាល់ថា ដល់ហើយក្នុងធម៌ដែលមិនទាន់បានដល់ សំគាល់ថា ធ្វើហើយក្នុងធម៌ដែលខ្លួនមិនទាន់ធ្វើ សំគាល់ថាត្រាស់ដឹងហើយ ក្នុងធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ពោលអួតអរហត្តផល ដោយការស្មានហួសហេតុថា ខ្ញុំដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ រមែងកំណត់ធ្វើទុកក្នុងចិត្តនូវភិក្ខុនោះ កំណត់ដោយចិត្តយ៉ាងនេះថា អ្នកដ៏មានអាយុនេះ អាស្រ័យហេតុដូចម្តេចហ្ន៎ បានជាអ្នកស្មានហួសហេតុ ពោលថា ខ្លួនបានគុណវិសេស ដោយទៀងទាត់ ហើយសំគាល់ថា ដល់ក្នុងធម៌ដែលខ្លួនមិនទាន់ដល់ សំគាល់ថាធ្វើហើយក្នុងធម៌ ដែលខ្លួនមិនទាន់ធ្វើ សំគាល់ថាត្រាស់ដឹងហើយ ក្នុងធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ហើយពោលអួតអរហត្តផល ដោយការស្មានហួសហេតុថា ខ្ញុំដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ ប្រព្រឹត្តស្រេចហើយ សោឡសកិច្ច អាត្មាអញធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈ នៃចិត្តរបស់បុគ្គលដទៃ រមែងកំណត់ដឹងនូវចិត្តនៃភិក្ខុនោះ ដោយចិត្តយ៉ាងនេះថា អ្នកដ៏មានអាយុនេះ ជាអ្នកចេះដឹងច្រើន ជាអ្នកចេះចាំនូវសូត្រ សន្សំនូវសូត្រ ធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុង ប្រកាសមគ្គព្រហ្មចរិយៈ ព្រមទាំងអត្ថ និងព្យញ្ជនៈដ៏បរិសុទ្ធ បរិបូណ៌គ្រប់ទាំងអស់ ធម៌មានសភាពដូច្នោះ បុគ្គលនោះ ជាអ្នកចេះដឹងច្រើន ចាំស្ទាត់រត់មាត់ ចូលចិត្តច្បាស់លាស់ដោយចិត្ត ចាក់ធ្លុះចំពោះដោយយល់ឃើញ ព្រោះហេតុនោះ អ្នកដ៏មានអាយុនេះ ជាអ្នកស្មានហួសហេតុ ពោលថា ខ្លួនបានគុណវិសេសដោយទៀងទាត់ សំគាល់ថា ដល់ហើយក្នុងធម៌ដែលខ្លួនមិនទាន់ដល់ សំគាល់ថា ធ្វើហើយក្នុងធម៌ដែលខ្លួនមិនបានធ្វើ សំគាល់ថា ត្រាស់ដឹងហើយ ក្នុងធម៌ដែលខ្លួនមិនបានត្រាស់ដឹង ទើបពោលអួតអរហត្តផល ដោយការស្មានហួសហេតុថា ខ្ញុំដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញប្រព្រឹត្តស្រេចហើយ សោឡសកិច្ច អាត្មាអញ ធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ រមែងកំណត់ដឹងនូវចិត្តភិក្ខុនោះ ដោយចិត្តយ៉ាងនេះថា អ្នកដ៏មានអាយុនេះ មានអភិជ្ឈា មានចិត្តត្រូវអភិជ្ឈារួបរឹតច្រើន ចំណែកខាងការរួបរឹត ដោយអភិជ្ឈានេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានព្យាបាទ មានចិត្តត្រូវព្យាបាទរួបរឹតច្រើន ចំណែកខាងការរួបរឹត ដោយព្យាបាទនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ មានថីនមិទ្ធៈ មានចិត្តត្រូវថីនមិទ្ធៈរួបរឹតច្រើន ចំណែកខាងការរួបរឹត ដោយថីនមិទ្ធៈនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានឧទ្ធច្ចៈ មានចិត្តត្រូវឧទ្ធច្ចៈរួបរឹតច្រើន ចំណែកខាងការរួបរឹតដោយឧទ្ធច្ចៈនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានវិចិកិច្ឆា មានចិត្តត្រូវវិចិកិច្ឆារួបរឹតច្រើន ចំណែកខាងការរួបរឹតដោយវិចិកិច្ឆានេះ ជាសេចក្តីសាបសូន្យក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានការងារ ជាទីត្រេកអរ ត្រេកអរហើយ ក្នុងការងារ ប្រកបរឿយ ៗ នូវសេចក្តីត្រេកអរ ក្នុងការងារ ចំណែកខាងភាពនៃបុគ្គលដែលមានការងារ ជាទីត្រេកអរនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានតិរច្ឆានកថាជាទីត្រេកអរ ត្រេកអរហើយ ក្នុងតិរច្ឆានកថា ប្រកបរឿយ ៗ នូវសេចក្តីត្រេកអរក្នុងតិរច្ឆានកថា ចំណែកខាងភាពនៃបុគ្គល មានតិរច្ឆានកថា ជាទីត្រេកអរនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យដែលព្រះតថាគត ប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានការដេកលក់ជាទីត្រេកអរ ត្រេកអរហើយក្នុងការដេកលក់ ប្រកបរឿយ ៗ នូវសេចក្តីត្រេកអរក្នុងការដេកលក់ ចំណែកខាងភាពនៃបុគ្គលមានការលក់ជាទីត្រេកអរនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានសេចក្តីត្រេកអរក្នុងការច្រឡូកច្រឡំដោយពួក ត្រេកអរហើយក្នុងការច្រឡូកច្រឡំដោយពួក ប្រកបរឿយ ៗ នូវសេចក្តីត្រេកអរ ក្នុងការច្រឡូកច្រឡំដោយពួក ចំណែកខាងភាពនៃសេចក្តីត្រេកអរ ក្នុងការច្រឡូកច្រឡំដោយពួកនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកភ្លេចស្មារតី ដល់នូវការផ្អាកព្យាយាមទុកក្នុងចន្លោះ ដោយការបានគុណវិសេសដ៏ថោកថយ ក្នុងកិច្ចដែលខ្លួនត្រូវធ្វើតទៅទៀត ចំណែកខាងការផ្អាកសេចក្តីព្យាយាមក្នុងចន្លោះនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ ម្នាលអាវុសោទាំងឡាយ ពាក្យថា ភិក្ខុនោះឯង មិនលះបង់នូវធម៌ទាំង ១០ ប្រការនេះ នឹងដល់នូវសេចក្តីចំរើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ។ ម្នាលអាវុសោទាំងឡាយ ពាក្យថាភិក្ខុនោះឯង លះបង់នូវធម៌ទាំង ១០ ប្រការនេះ នឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ។

(នប្បិយសូត្រ ទី៧)

(៧. នប្បិយសុត្តំ)

[៨៧] ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ប្រារព្ធនូវកាឡកភិក្ខុ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើអធិករណ៍ មិនពោលសរសើរការរម្ងាប់អធិករណ៍។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកធ្វើអធិករណ៍ មិនពោលសរសើរការរម្ងាប់អធិករណ៍ ដោយហេតុណា នេះឯងជាធម៌មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីគោរព មិនប្រព្រឹត្តទៅ ដើម្បីភាពជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមិនប្រាថ្នានូវសិក្ខា មិនពោលសរសើរការសមាទាននូវសិក្ខា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមិនមានសេចក្តីប្រាថ្នាក្នុងសិក្ខា មិនពោលសរសើរការសមាទាននូវសិក្ខា ដោយហេតុណា នេះឯងជាធម៌ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីគោរព មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន មិនប្រព្រឹត្តទៅ ដើម្បីភាពជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានសេចក្តីប្រាថ្នាលាមក មិនពោលសរសើរការកំចាត់បង់នូវសេចក្តីប្រាថ្នា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសេចក្តីប្រាថ្នាលាមក មិនពោលសរសើរការកំចាត់បង់នូវសេចក្តីប្រាថ្នា ដោយហេតុណា នេះឯងជាធម៌មិនប្រព្រឹត្តទៅដើម្បីសេចក្តីស្រឡាញ់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីគោរព មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន មិនប្រព្រឹត្តទៅ ដើម្បីភាពជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានសេចក្តីក្រោធ មិនពោលសរសើរការកំចាត់បង់សេចក្តីក្រោធ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសេចក្តីក្រោធ មិនពោលសរសើរការកំចាត់បង់សេចក្តីក្រោធ ដោយហេតុណា នេះឯងជាធម៌មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីគោរព មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន មិនប្រព្រឹត្តទៅ ដើម្បីភាពជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកលុបគុណគេ មិនពោលសរសើរការកំចាត់បង់នូវសេចក្តីលុបគុណគេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកលុបគុណគេ មិនពោលសរសើរការកំចាត់បង់នូវសេចក្តីលុបគុណគេ ដោយហេតុណា នេះឯងជាធម៌មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីគោរព មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន មិនប្រព្រឹត្តទៅ ដើម្បីភាពជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកអួតអាង មិនពោលសរសើរការកំចាត់បង់នូវការអួតអាង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកអួតអាង មិនពោលសរសើរការកំចាត់បង់នូវការអួតអាង ដោយហេតុណា នេះឯងជាធម៌ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីគោរព មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន មិនប្រព្រឹត្តទៅ ដើម្បីភាពជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានមាយា មិនពោលសរសើរការកំចាត់បង់នូវមាយា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានមាយា មិនពោលសរសើរនូវការកំចាត់បង់នូវមាយា ដោយហេតុណា នេះឯងជាធម៌ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ មិនប្រព្រឹត្តទៅដើម្បីសេចក្តីគោរព មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន មិនប្រព្រឹត្តទៅ ដើម្បីភាពជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកប្រកបដោយជាតិ ជាអ្នកមិនពិចារណានូវធម៌ មិនពោលសរសើរការពិចារណានូវធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រកបដោយជាតិ ជាអ្នកមិនពិចារណានូវធម៌ មិនពោលសរសើរការពិចារណា នូវធម៌ដោយហេតុណា នេះឯងជាធម៌ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីគោរព មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន មិនប្រព្រឹត្តទៅ ដើម្បីភាពជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនមានការពួនសម្ងំ មិនពោលសរសើរការពួនសម្ងំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមិនពួនសម្ងំ មិនពោលសរសើរការពួនសម្ងំ ដោយហេតុណា នេះឯងជាធម៌ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីគោរព មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន មិនប្រព្រឹត្តទៅ ដើម្បីភាពជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនធ្វើបដិសន្ថារៈ ដល់សព្រហ្មចារីបុគ្គលទាំងឡាយ មិនពោលសរសើរបុគ្គលអ្នកធ្វើបដិសន្ថារៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមិនធ្វើបដិសន្ថារៈ ដល់ពួកសព្រហ្មចារីបុគ្គល មិនពោលសរសើរបុគ្គលអ្នកធ្វើបដិសន្ថារៈ ដោយហេតុណា នេះឯងជាធម៌មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីគោរព មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន មិនប្រព្រឹត្តទៅ ដើម្បីភាពជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសភាពយ៉ាងនេះ ពិតជាមានសេចក្តីប្រាថ្នា កើតឡើងយ៉ាងនេះថា ធ្វើម្តេចហ្ន៎ ពួកសព្រហ្មចារីបុគ្គល គប្បីធ្វើសក្ការៈ គោរព រាប់អាន បូជា ចំពោះអាត្មាអញអេះ។ ប៉ុន្តែពួកសព្រហ្មចារីបុគ្គល មិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជា ចំពោះភិក្ខុនោះឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថាពួកសព្រហ្មចារី ជាវិញ្ញូជន រមែងពិចារណាឃើញច្បាស់នូវអកុសលធម៌ ដ៏លាមកទាំងនោះ ដែលភិក្ខុទាំងនោះ មិនទាន់លះបង់។ ម្នាលភិក្ខុទាំងឡាយ ដូចសេះល្ងង់ខ្លៅ ពិតជាមានសេចក្តីប្រាថ្នា កើតឡើងយ៉ាងនេះថា ធ្វើម្តេចហ្ន៎ ពួកមនុស្សគប្បីដំកើងអញ ក្នុងទីជាសេះអាជានេយ្យផង ឲ្យអញបរិភោគនូវភោជនរបស់សេះអាជានេយ្យផង ដុសខាត់អញ ដូចជាដុសខាត់សេះអាជានេយ្យផង។ តែថាពួកមនុស្សមិនដំកល់នូវសេះនោះ ក្នុងទីនៃសេះអាជានេយ្យ មិនឲ្យបរិភោគនូវភោជនរបស់សេះអាជានេយ្យ មិនដុសខាត់ ដូចជាការដុសខាត់សេះអាជានេយ្យទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ពួកមនុស្សជាអ្នកដឹង រមែងពិចារណាឃើញច្បាស់នូវអំពើរឹងត្អឹង កៀចក្រាញ កកិចកកុច វៀចវេរទាំងនោះ ដែលសេះនោះមិនទាន់លះបង់ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចភិក្ខុមានសភាពយ៉ាងនេះ ពិតជាមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ពួកសព្រហ្មចារីបុគ្គល គប្បីធ្វើសក្ការៈ គោរព រាប់អាន បូជា ចំពោះអាត្មាអញ អេះ តែបើទុកជាដូច្នោះ ពួកសព្រហ្មចារី បុគ្គល ក៏មិនធ្វើសក្ការៈមិនគោរព មិនរាប់អាន មិនបូជាចំពោះភិក្ខុនោះឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ពួកសព្រហ្មចារី ជាវិញ្ញូជន រមែងពិចារណាឃើញច្បាស់នូវអកុសលធម៌លាមកទាំងនោះ ដែលភិក្ខុនោះមិនទាន់លះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនធ្វើអធិករណ៍ ពោលសរសើរការរម្ងាប់អធិករណ៍។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមិនធ្វើអធិករណ៍ ពោលសរសើរការរម្ងាប់អធិករណ៍ ដោយហេតុណា នេះឯងជាធម៌ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ ដើម្បីសេចក្តីគោរព ដើម្បីសេចក្តីចំរើន ដើម្បីភាពជាសមណៈ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកប្រាថ្នាក្នុងសិក្ខា ពោលសរសើរការសមាទានសិក្ខា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រាថ្នាក្នុងសិក្ខា ពោលសរសើរការសមាទានសិក្ខា ដោយហេតុណា នេះឯងជាធម៌ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ ដើម្បីសេចក្តីគោរព ដើម្បីសេចក្តីចំរើន ដើម្បីភាពជាសមណៈ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកប្រាថ្នាតិច ពោលសរសើរការកំចាត់បង់សេចក្តីប្រាថ្នា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រាថ្នាតិច ពោលសរសើរការកំចាត់បង់នូវសេចក្តីប្រាថ្នា ដោយហេតុណា នេះឯងជាធម៌។បេ។ ប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនក្រោធ ពោលសរសើរការកំចាត់បង់សេចក្តីក្រោធ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមិនក្រោធ ពោលសរសើរការកំចាត់បង់សេចក្តីក្រោធ ដោយហេតុណា នេះឯងជាធម៌។បេ។ ប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនលុបគុណគេ ពោលសរសើរការកំចាត់បង់ការលុបគុណគេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមិនលុបគុណគេ ពោលសរសើរការកំចាត់បង់ នូវការលុបគុណគេ ដោយហេតុណា នេះឯងជាធម៌។បេ។ ប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនអួតអាង ពោលសរសើរការកំចាត់បង់សេចក្តីអួតអាង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមិនអួតអាង ពោលសរសើរនូវការកំចាត់បង់សេចក្តីអួតអាង ដោយហេតុណា នេះឯងជាធម៌។បេ។ ប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនមានមាយា ពោលសរសើរការកំចាត់បង់មាយា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមិនមានមាយា ពោលសរសើរការកំចាត់បង់មាយា ដោយហេតុណា នេះឯងជាធម៌។បេ។ ប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុប្រកបដោយជាតិ ជាអ្នកពិចារណានូវធម៌ ពោលសរសើរ ការពិចារណានូវធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយជាតិ ជាអ្នកពិចារណានូវធម៌ ដោយហេតុណា នេះឯងជាធម៌។បេ។ ប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកពួនសម្ងំ ពោលសរសើរការពួនសម្ងំ។ ភិក្ខុជាអ្នកពួនសម្ងំ ពោលសរសើរការពួនសម្ងំ ដោយហេតុណា នេះឯងជាធម៌។បេ។ ប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកធ្វើនូវបដិសន្ថារៈ ដល់ពួកសព្រហ្មចារីបុគ្គល ពោលសរសើរបុគ្គលអ្នកធ្វើបដិសន្ថារៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកធ្វើបដិសន្ថារៈ ដល់ពួកសព្រហ្មចារីបុគ្គល ពោលសរសើរបុគ្គលអ្នកធ្វើនូវបដិសន្ថារៈ ដោយហេតុណា នេះឯងជាធម៌ ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ ដើម្បីសេចក្តីគោរព ដើម្បីសេចក្តីចំរើន ដើម្បីភាពជាសមណៈ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសភាពយ៉ាងនេះ បើទុកជាមិនគប្បីបង្កើតសេចក្តីប្រាថ្នាយ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ពួកសព្រហ្មចារីបុគ្គល គប្បីធ្វើសក្ការៈ គោរព រាប់អាន បូជា ចំពោះអាត្មាអញ ក៏គង់តែពួកសព្រហ្មចារីបុគ្គលធ្វើសក្ការៈ គោរព រាប់អាន បូជា ចំពោះភិក្ខុនោះដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ពួកសព្រហ្មចារី ជាវិញ្ញូជន រមែងពិចារណាឃើញច្បាស់ នូវអកុសលធម៌ដ៏លាមកទាំងនោះ ដែលភិក្ខុនោះលះបង់ហើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាសេះអាជានេយ្យដ៏ចំរើន បើទុកជាមិនគប្បីបង្កើតសេចក្តីប្រាថ្នា យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ពួកមនុស្សគប្បីដំកើងអញ ក្នុងទីជាសេះអាជានេយ្យផង គប្បីឲ្យអញបរិភោគនូវភោជនរបស់សេះអាជានេយ្យផង គប្បីដុសខាត់អញ ដោយការដុសខាត់ ដូចជាសេះអាជានេយ្យផង ពួកមនុស្សក៏គង់តែដំកើងសេះអាជានេយ្យនោះ ក្នុងទីជាសេះអាជានេយ្យផង ឲ្យបរិភោគនូវភោជនរបស់សេះអាជានេយ្យផង ដុសខាត់ដូចជាដុសខាត់សេះអាជានេយ្យផង។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ពួកមនុស្សជាអ្នកដឹង រមែងពិចារណាឃើញច្បាស់នូវអំពើរឹងត្អឹង កៀចក្រាញ កកិចកកុច វៀចវេរទាំងនោះ ដែលសេះអាជានេយ្យនោះលះបង់ហើយ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យ ដូចជាភិក្ខុមានសភាពយ៉ាងនេះ បើទុកជាមិនគប្បីបង្កើតសេចក្តីប្រាថ្នាយ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ពួកសព្រហ្មចារីបុគ្គល គប្បីធ្វើសក្ការៈ គោរព រាប់អាន បូជា ចំពោះអាត្មាអញ ក៏គង់តែពួកសព្រហ្មចារីបុគ្គល ធ្វើសក្ការៈ គោរព រាប់អាន បូជា ចំពោះភិក្ខុនោះដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ពួកសព្រហ្មចារី ជាវិញ្ញូជន រមែងពិចារណាឃើញច្បាស់នូវអកុសលធម៌ដ៏លាមកទាំងនោះ ដែលភិក្ខុនោះលះបង់ហើយ។

(អក្កោសកសូត្រ ទី៨)

(៨. អក្កោសកសុត្តំ)

[៨៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ជាអ្នកជេរប្រទេចផ្តាសាពួកសព្រហ្មចារីបុគ្គល ជាអ្នកតិះដៀលព្រះអរិយៈ ដំណើរនោះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ដែលមិននាំឲ្យភិក្ខុនោះគប្បីដល់នូវសេចក្តីវិនាសទាំង ១០ ប្រការ សេចក្តីវិនាសណាមួយទេ។ សេចក្តីវិនាសទាំង ១០ ប្រការ តើដូចម្តេចខ្លះ។ បុគ្គលនោះ មិនបាននូវគុណធម៌ ដែលខ្លួនមិនទាន់បាន ១ សាបសូន្យចាកគុណធម៌ ដែលខ្លួនបានហើយ ១ ព្រះសទ្ធម្មរបស់បុគ្គលនោះមិនផូរផង់ ១ ជាអ្នកស្មានហួសហេតុ ក្នុងព្រះសទ្ធម្ម ១ ប្រព្រឹត្តព្រហ្មចារ្យទាំងមិនមានសេចក្តីត្រេកអរ ១ ត្រូវអាបត្តិណាមួយដែលសៅហ្មង ១ ប្រទះសេចក្តីទុក្ខព្រោះរោគដ៏ធ្ងន់ ១ ដល់នូវការឆ្កួតរាយមាយចិត្ត ១ ធ្វើមរណៈទាំងវង្វេង ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ជេរប្រទេចផ្តាសាពួកសព្រហ្មចារីបុគ្គល ជាអ្នកតិះដៀលព្រះអរិយៈ ដំណើរនោះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ដែលមិនមែននាំឲ្យភិក្ខុនោះគប្បីដល់នូវសេចក្តីវិនាសទាំង ១០ ប្រការនេះ សេចក្តីវិនាសណាមួយទេ។

(កោកាលិកសូត្រ ទី៩)

(៩. កោកាលិកសុត្តំ)

[៨៩] គ្រានោះ កោកាលិកភិក្ខុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះកោកាលិកភិក្ខុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សារីបុត្ត និងមោគ្គល្លាន ជាអ្នកប្រាថ្នាលាមក លុះក្នុងអំណាចនៃសេចក្តីប្រាថ្នាលាមក។ ព្រះអង្គត្រាស់ថា ម្នាលកោកាលិកៈ អ្នកកុំនិយាយយ៉ាងនេះ ម្នាលកោកាលិកៈ អ្នកកុំនិយាយ យ៉ាងនេះឡើយ ម្នាលកោកាលិកៈ អ្នកចូរញុំាងចិត្តឲ្យជ្រះថ្លា ចំពោះសារីបុត្ត និងមោគ្គល្លានចុះ ព្រោះថា សារីបុត្ត និងមោគ្គល្លាន ជាអ្នកមានសីលជាទីស្រឡាញ់។ កោកាលិកភិក្ខុ ទូលព្រះដ៏មានព្រះភាគ ជាគំរប់ពីរដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ គួរខ្ញុំព្រះអង្គជឿយកតម្រាប់ ក៏មែនពិតហើយ តែថាសារីបុត្ត និងមោគ្គល្លាន ជាអ្នកប្រាថ្នាលាមកប្រាកដ លុះក្នុងអំណាចនៃសេចក្តីប្រាថ្នាលាមក។ ម្នាលកោកាលិកៈ អ្នកកុំនិយាយយ៉ាងនេះ ម្នាលកោកាលិកៈ អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលកោកាលិកៈ អ្នកចូរញុំាងចិត្តឲ្យជ្រះថ្លា ចំពោះសារីបុត្ត និងមោគ្គល្លានចុះ ព្រោះថា សារីបុត្ត និងមោគ្គល្លាន មានសីលជាទីស្រឡាញ់។ កោកាលិកភិក្ខុ ក៏ទូលព្រះដ៏មានព្រះភាគ ជាគំរប់ ៣ ដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ គួរខ្ញុំព្រះអង្គជឿយកតម្រាប់តាម ក៏ពិតមែនហើយ តែថា សារីបុត្ត និងមោគ្គល្លាន សុទ្ធតែជាអ្នកប្រាថ្នាលាមក លុះក្នុងអំណាចនៃសេចក្តីប្រាថ្នាលាមក។ ម្នាលកោកាលិកៈ អ្នកកុំនិយាយយ៉ាងនេះ ម្នាលកោកាលិកៈ អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលកោកាលិកៈ អ្នកចូរញុំាងចិត្តឲ្យជ្រះថ្លា ចំពោះសារីបុត្ត និងមោគ្គល្លានចុះ ព្រោះថា សារីបុត្ត និងមោគ្គល្លាន ជាអ្នកមានសីលជាទីស្រឡាញ់។ គ្រានោះ កោកាលិកភិក្ខុ ក្រោកចាកអាសនៈ ហើយថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចក៏ធ្វើប្រទក្សិណចៀសចេញទៅ។ ក៏កាលដែលកោកាលិកភិក្ខុ ចៀសចេញទៅមិនយូរប៉ុន្មាន ក៏កើតអុតប៉ុន ៗ គ្រាប់ស្ពៃ រួបរឹតកាយទាំងមូល លុះអុតកើតប៉ុន ៗ គ្រាប់ស្ពៃហើយ ក៏ដោរឡើងប៉ុនគ្រាប់សណ្តែកបាយ លុះប៉ុនគ្រាប់សណ្តែកបាយហើយ ក៏ដោរឡើង ប៉ុនគ្រាប់សណ្តែកកង់ លុះប៉ុនគ្រាប់សណ្តែកកង់ហើយ ក៏ដោរឡើង ប៉ុនគ្រាប់ពទ្រា លុះប៉ុនគ្រាប់ពទ្រាហើយ ក៏ដោរឡើងប៉ុនផ្លែពទ្រា លុះប៉ុនផ្លែពទ្រាហើយ ក៏ដោរឡើង ប៉ុនផ្លែកន្ទួតព្រៃ លុះប៉ុនផ្លែកន្ទួតព្រៃហើយ ក៏ដោរឡើងប៉ុនក្តឹបព្នៅ លុះប៉ុនក្តឹបព្នៅហើយ ក៏ដោរឡើង ប៉ុនផ្លែព្នៅធំ លុះប៉ុនផ្លែព្នៅធំហើយ ខ្ទុះ និងឈាមក៏ហូរចេញរហាម។ បានឮថា កោកាលិកភិក្ខុនោះ ដេកលើស្លឹកចេក ដូចជាត្រីដែលគេច្រាស់ស្រការហើយ។ លំដាប់នោះ តុទិបច្ចេកព្រហ្ម1) បានចូលទៅរកកោកាលិកភិក្ខុ លុះចូលទៅដល់ហើយ ក៏ឋិតនៅឰដ៏អាកាស ហើយពោលទៅនឹងកោកាលិកភិក្ខុ ដូច្នេះថា ម្នាលកោកាលិកៈ ចូរលោកញុំាងចិត្តឲ្យជ្រះថ្លា ចំពោះព្រះសារីបុត្ត និងព្រះមោគ្គល្លានចុះ ព្រោះថា ព្រះសារីបុត្ត និងព្រះមោគ្គល្លាន មានសីលជាទីស្រឡាញ់។ ម្នាលអាវុសោ អ្នកជាអ្វី។ យើងជាតុទិបច្ចេកព្រហ្ម។ ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា អ្នកឯងជាអនាគាមិបុគ្គលហើយតើ ចុះអ្នកឯងមកក្នុងទីនេះ ដើម្បីអ្វីទៀត អ្នកឯងចូរមើលតែនូវកំហុសរបស់អ្នកនោះចុះ។ លំដាប់នោះ តុទិបច្ចេកព្រហ្ម ក៏បានពោលនឹងកោកាលិកភិក្ខុ ដោយគាថាដូច្នេះថា

បុគ្គលពាល កាលពោលនូវទុញ្ភសិត ឈ្មោះថាកាប់ខ្លួនឯង ដោយពូថៅ គឺផរុសវាចាណា ពូថៅ គឺផរុសវាចានោះ កើតតែក្នុងមាត់របស់បុរសជាតិដោយពិត។

បុគ្គលណា សរសើរនូវបុគ្គលដែលគួរនិន្ទាក្តី តិះដៀលបុគ្គលដែលគួរសរសើរនោះក្តី បុគ្គលនោះឈ្មោះថា សន្សំនូវទោសដោយមាត់ រមែងមិនបានសេចក្តីសុខ ព្រោះទោសនោះទេ។

ការចាញ់ដោយទ្រព្យណា ព្រោះល្បែងភ្នាល់ទាំងឡាយ (ព្រមទាំងខ្លួនទាំងអស់) ជាកំហុសមានប្រមាណតិចទេ បុគ្គលណា ញុំាងចិត្តឲ្យប្រទូស្ត ចំពោះពួកបុគ្គលអ្នកប្រព្រឹត្តល្អ នេះឯងជាកំហុសធំក្រៃលែង។ បុគ្គលដំកល់នូវវាចា និងចិត្តដ៏លាមក ហើយតិះដៀលព្រះអរិយៈ រមែងទៅកាន់នរកណា នរកនោះ មាន ១ សែននិរព្វុទៈផង និង ៣៦ អព្វុទៈ2) (ដោយឡែកទៀត) ផង ៥ អព្វុទៈផង។

គ្រានោះ កោកាលិកភិក្ខុ ក៏ធ្វើមរណកាល ដោយជម្ងឺនោះឯង។ លុះកោកាលិកភិក្ខុ ធ្វើមរណកាលហើយ ក៏ទៅកើតក្នុងបទុមនរក ព្រោះថ្នាំងថ្នាក់ចិត្តចំពោះព្រះសារីបុត្ត និងព្រះមោគ្គល្លាន។ គ្រានោះ កាលបើរាត្រីបឋមយាមកន្លងទៅហើយ សហម្បតិព្រហ្ម មានរស្មីរុងរឿង ធ្វើវត្តជេតពនទាំងមូលឲ្យភ្លឺច្បាស់ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។ លុះសហម្បតិព្រហ្មឋិតនៅក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កោកាលិកភិក្ខុ ធ្វើមរណកាលទៅហើយ បពិត្រព្រះអង្គដ៏ចំរើន កោកាលិកភិក្ខុធ្វើមរណកាល ទៅកើតក្នុងបទុមនរក ព្រោះថ្នាំងថ្នាក់ចិត្តចំពោះព្រះសារីបុត្ត និងព្រះមោគ្គល្លាន។ សហម្បតិព្រហ្ម បានពោលពាក្យនេះហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយបាត់ចាកទីនោះទៅមួយរំពេច។ លំដាប់នោះ ព្រះដ៏មានព្រះភាគ កាលបើរាត្រីនោះកន្លងទៅហើយ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ក្នុងយប់មិញនេះ កាលរាត្រីបឋមយាម កន្លងទៅហើយ សហម្បតិព្រហ្ម មានរស្មីរុងរឿង ធ្វើវត្តជេតពនទាំងមូល ឲ្យភ្លឺច្បាស់ ហើយចូលមករកតថាគត លុះចូលមកដល់ ថ្វាយបង្គំតថាគត ហើយឋិតនៅក្នុងទីសមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះសហម្បតិព្រហ្ម ឋិតនៅក្នុងទីសមគួរហើយ បានពោលនឹងតថាគតដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន កោកាលិកភិក្ខុ ធ្វើមរណកាលទៅហើយ បពិត្រព្រះអង្គដ៏ចំរើន កោកាលិកភិក្ខុ ធ្វើមរណកាលទៅ ទៅកើតក្នុងបទុមនរក ព្រោះថ្នាំងថ្នាក់ចិត្តចំពោះសារីបុត្ត និងមោគ្គល្លាន។ ម្នាលភិក្ខុទាំងឡាយ សហម្បតិព្រហ្ម បានពោលពាក្យនេះ លុះពោលពាក្យនេះហើយ ថ្វាយបង្គំលាតថាគត ធ្វើប្រទក្សិណ បាត់ចាកទីនោះទៅមួយរំពេច។ និមិត្តតែព្រះដ៏មានព្រះភាគទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុ ១ រូប ក្រាបថ្វាយបង្គំទូលសួរព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ប្រមាណនៃអាយុ ក្នុងបទុមនរក វែងប៉ុន្មាន។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ ប្រមាណនៃអាយុក្នុងបទុមនរក វែងណាស់ ប្រមាណនៃអាយុក្នុងបទុមនរកនោះ បុគ្គលមិនងាយនឹងរាប់ថា ប៉ុណ្ណេះឆ្នាំ ប៉ុណ្ណេះរយឆ្នាំ ឬប៉ុណ្ណេះពាន់ឆ្នាំ ឬក៏ប៉ុណ្ណេះសែនឆ្នាំបានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គអាចធ្វើសេចក្តីឧបមាបានដែរឬ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អាចធ្វើបាន ដូច្នេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចរទេះផ្ទុកល្ង របស់អ្នកដែនកោសលចំណុះ ២០ ខារិកៈ3) (អម្រែក) កន្លងទៅបាន ១ សែនឆ្នាំ មានបុរសម្នាក់ រើសយកល្ង ១ គ្រាប់ ៗ អំពីរទេះនោះចេញ។ ម្នាលភិក្ខុ រទេះផ្ទុកល្ង របស់អ្នកដែនកោសលចំណុះ ២០ ខារិកៈនោះ ដល់នូវការអស់រលីងទៅ ដោយសេចក្តីព្យាយាម នេះឈ្មោះថា ឆាប់រហ័សនៅឡើយ ឯអព្វុទនរក ១ មិនឆាប់ដូច្នេះទេ ម្នាលភិក្ខុ ដូចជា អព្វុទៈ4) នរក ២០ ត្រូវជា និរព្វុទនរក ១។ ម្នាលភិក្ខុ ដូចជា និរព្វុទនរក ២០ ត្រូវជា អពព្វនរក ១។ ម្នាលភិក្ខុ ដូចជា អពព្វនរក ២០ ត្រូវជា អហហនរក ១។ ម្នាលភិក្ខុ ដូចជា អហហនរក ២០ ត្រូវជា អដដនរក ១។ ម្នាលភិក្ខុ ដូចជា អដដនរក ២០ ត្រូវជា កុមុទនរក ១។ ម្នាលភិក្ខុ ដូចជា កុមុទនរក ២០ ត្រូវជា សោគន្ធិកនរក ១។ ម្នាលភិក្ខុ ដូចជា សោគន្ធិកនរក ២០ ត្រូវជា ឧប្បលនរក ១។ ម្នាលភិក្ខុ ដូចជា ឧប្បលនរក ២០ ត្រូវជា បុណ្ឌរីកនរក ១។ ម្នាលភិក្ខុ ដូចជា បុណ្ឌរីកនរក ២០ ត្រូវជា បទុមនរក ១។ ម្នាលភិក្ខុ ដូចជាកោកាលិកភិក្ខុ ទៅកើតក្នុងបទុមនរក ព្រោះថ្នាំងថ្នាក់ចិត្តចំពោះសារីបុត្ត និងមោគ្គល្លាន។ ព្រះមានព្រះភាគ ទ្រង់សំដែងធម៌នេះហើយ ព្រះសុគតជាព្រះសាស្តា លុះសំដែងធម៌នេះហើយ ទើបសំដែង គាថានេះតទៅទៀតថា

បុគ្គលពាល កាលពោលនូវពាក្យទុញ្ភសិត ឈ្មោះថា កាប់នូវខ្លួន ដោយពូថៅ គឺផរុសវាចាណា ពូថៅ គឺផរុសវាចានោះ តែងកើតក្នុងមាត់របស់បុរសជាតិដោយពិត។

បុគ្គលណា សរសើរនូវបុគ្គលដែលគួរនិន្ទា ឬតិះដៀលបុគ្គលដែលគួរសរសើរ បុគ្គលនោះឈ្មោះថា សន្សំនូវទោសដោយមាត់ រមែងមិនបានសេចក្តីសុខ ព្រោះទោសនោះទេ។

ការចាញ់ដោយទ្រព្យណា ព្រោះល្បែងភ្នាល់ទាំងឡាយ ព្រមទាំងខ្លួនទាំងអស់ ការចាញ់នេះឈ្មោះថា កំហុសមានប្រមាណតិចទេ បុគ្គលណា ញុំាងចិត្តឲ្យប្រទូស្ត ចំពោះពួកបុគ្គលដែលប្រព្រឹត្តល្អ បុគ្គលនេះឯង ទើបឈ្មោះថា មានកំហុសធំក្រៃលែង។ បុគ្គលដំកល់វាចា និងចិត្តដ៏លាមក តិះដៀលព្រះអរិយៈ រមែងទៅកើតក្នុងនរកណា នរកនោះ មានមួយសែននិរព្វុទៈ និង ៣៦ និរព្វុទៈ (ដោយឡែកទៀត) ផង ៥ អព្វុទៈផង។

(ខីណាសវពលសូត្រ ទី១០)

(១០. ខីណាសវពលសុត្តំ)

[៩០] គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ត្រាស់សួរដូច្នេះថា ម្នាលសារីបុត្ត ភិក្ខុជាខីណាស្រព ប្រកបដោយកំឡាំងទាំងឡាយណា រមែងប្តេជ្ញានូវការអស់ទៅនៃអាសវៈថា អាសវៈរបស់អាត្មាអញអស់ហើយ កំឡាំងរបស់ភិក្ខុ ជាខីណាស្រពនោះ តើមានប៉ុន្មាន។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព ប្រកបដោយកំឡាំងទាំងឡាយណា រមែងប្តេជ្ញានូវការអស់ទៅនៃអាសវៈថា អាសវៈរបស់អាត្មាអញ អស់ហើយ កំឡាំងរបស់ភិក្ខុ ជាខីណាស្រពនោះ មាន ១០ យ៉ាង។ កំឡាំង ១០ យ៉ាង តើដូចម្តេចខ្លះ។ បពិត្រព្រះអង្គដ៏ចំរើន គឺភិក្ខុជាខីណាស្រព ក្នុងសាសនានេះ ពិចារណាឃើញច្បាស់នូវសង្ខារទាំងពួង ដោយសេចក្តីថា មិនទៀង ដោយបញ្ញាដ៏ប្រពៃតាមពិត។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព ពិចារណាឃើញច្បាស់នូវសង្ខារទាំងពួង ដោយសេចក្តីថា មិនទៀង ដោយបញ្ញាដ៏ប្រពៃតាមពិត ដោយហេតុណា បពិត្រព្រះអង្គដ៏ចំរើន នេះឯងចាត់ជាកំឡាំងរបស់ភិក្ខុជាខីណាស្រព ដែលនាំឲ្យភិក្ខុជាខីណាស្រព អាស្រ័យនូវកំឡាំងហើយ ទើបប្តេជ្ញា នូវការអស់ទៅនៃអាសវៈទាំងឡាយថា អាសវៈរបស់អាត្មាអញ អស់ហើយ ១។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ភិក្ខុជាខីណាស្រព ពិចារណាឃើញច្បាស់ នូវកាមទាំងឡាយ មានឧបមាដូចរណ្តៅរងើកភ្លើង ដោយបញ្ញាដ៏ប្រពៃតាមពិត។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព ពិចារណាឃើញច្បាស់ នូវកាមទាំងឡាយ មានឧបមាដូចរណ្តៅរងើកភ្លើង ដោយបញ្ញាដ៏ប្រពៃតាមពិត ដោយហេតុណា បពិត្រព្រះអង្គដ៏ចំរើន នេះឯងចាត់ជាកំឡាំងរបស់ភិក្ខុជាខីណាស្រព ដែលនាំឲ្យភិក្ខុជាខីណាស្រព អាស្រ័យនូវកំឡាំងហើយ ទើបប្តេជ្ញានូវការអស់ទៅនៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញ អស់ហើយ ១។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ភិក្ខុជាខីណាស្រព មានចិត្តឱនទៅកាន់វិវេក ឈមទៅរកវិវេក ទោរទន់ទៅរកវិវេក ឋិតនៅក្នុងវិវេក ត្រេកអរក្នុងការចេញចាកកាម ជាចិត្តវិនាសចាកធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈ ដោយប្រការទាំងពួង។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព មានចិត្តឱនទៅរកវិវេក ឈមទៅរកវិវេក ទោរទន់ទៅរកវិវេក ឋិតនៅក្នុងវិវេក ត្រេកអរក្នុងការចេញចាកកាម ជាចិត្តវិនាសចាកធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈ ដោយប្រការទាំងពួង ដោយហេតុណា បពិត្រព្រះអង្គដ៏ចំរើន នេះឯងចាត់ជាកំឡាំងរបស់ភិក្ខុជាខីណាស្រព ដែលនាំឲ្យភិក្ខុជាខីណាស្រព អាស្រ័យនូវកំឡាំងហើយ ទើបប្តេជ្ញានូវការអស់ទៅនៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញ អស់ហើយ ១។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ភិក្ខុជាខីណាស្រព ចំរើន អប់រំល្អហើយ នូវសតិប្បដ្ឋាន ៤។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព បានចំរើន អប់រំល្អហើយ នូវសតិប្បដ្ឋាន ៤ ដោយហេតុណា បពិត្រព្រះអង្គដ៏ចំរើន នេះឯងចាត់ជាកំឡាំង របស់ភិក្ខុជាខីណាស្រព ដែលនាំឲ្យភិក្ខុជាខីណាស្រព អាស្រ័យនូវកំឡាំងហើយ ទើបប្តេជ្ញានូវការអស់ទៅ នៃអាសវៈទាំងឡាយថា អាសវៈរបស់អាត្មាអញ អស់ហើយ ១។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ភិក្ខុជាខីណាស្រព បានចំរើន អប់រំល្អហើយ នូវសម្មប្បធាន ៤… ១ ចំរើន អប់រំល្អហើយ នូវឥទ្ធិបាទ ៤… ១ ចំរើន អប់រំល្អហើយ នូវឥន្រ្ទិយ ៥ ពលៈ ៥… ១ ចំរើន អប់រំល្អហើយ នូវពោជ្ឈង្គ ៧ …១ ចំរើន អប់រំល្អហើយ នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព ចំរើន អប់រំល្អហើយនូវមគ្គប្រសើរ ប្រកបដោយអង្គ ៨ ដោយហេតុណា បពិត្រព្រះអង្គដ៏ចំរើន នេះឯង ចាត់ជាកំឡាំងរបស់ភិក្ខុជាខីណាស្រព ដែលនាំឲ្យភិក្ខុជាខីណាស្រព អាស្រ័យនូវកំឡាំងហើយ ទើបប្តេជ្ញានូវការអស់ទៅនៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញ អស់ហើយ ១។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព ប្រកបដោយកំឡាំងទាំងឡាយណា ប្តេជ្ញានូវការអស់ទៅ នៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញ អស់ហើយ កំឡាំងរបស់ភិក្ខុជាខីណាស្រពនោះ មាន ១០ យ៉ាងនេះឯង។

ចប់ ថេរវគ្គ ទី៤។

ឧទ្ទាននៃថេរវគ្គនោះគឺ

និយាយអំពីព្រះវាហុនត្ថេរ ១ ព្រះអានន្ទត្ថេរ ១ ព្រះបុណ្ណិយត្ថេរ ១ ការពោលអួតអរហត្តផល ១ ភិក្ខុពោលអួត ១ ការស្មានហួសហេតុ ១ អធិករណ៍ ១ កោកាលិកភិក្ខុ ១ កំឡាំង ១។

 

លេខយោង

1)
ព្រហ្មនោះ កាលពីដើម ជាព្រះថេរៈឈ្មោះតុទិត្ថេរ ត្រូវជាឧបជ្ឈាយ៍របស់កោកាលិកភិក្ខុ បានដល់អនាគាមិផល ទៅកើតក្នុងព្រហ្មលោកជាន់សុទ្ធាវាស។ អដ្ឋកថា។
2)
អដ្ឋកថាថា និរព្វុទៈវិញ។
3)
៤បត្ថៈ របស់អ្នកមគធៈ ត្រូវជាមួយបត្ថៈក្នុងដែនកោសល ៤បត្ថៈរបស់អ្នកដែនកោសលនោះ ត្រូវជាមួយអាឡ្ហកៈ ៤អាឡ្ហកៈត្រូវជាមួយទោនៈ ៤ទោនៈ ត្រូវជាមួយមានិកា ៤មានិកា ត្រូវជាមួយខារី។ អដ្ឋកថា។
4)
ពាក្យអព្វុទៈនេះ ជាឈ្មោះនៃការរាប់ឆ្នាំរបស់សត្វដែលឆេះនៅក្នុងនរកអវីចិនោះឯង ដូចសំដែងតទៅ គឺសំខ្យាមួយរយសែន ឈ្មោះថា ១កោដិ ១រយសែនកោដិ ឈ្មោះថា ១បកោដិ ១រយសែនបកោដិ ឈ្មោះថា ១កោដិប្បកោដិ ១រយសែនកោដិប្បកោដិ ឈ្មោះថា ១នហុត ១រយសែននហុត ឈ្មោះថា និន្នហុត ១រយសែននិន្នហុត ឈ្មោះថា ១អព្វុទៈ ម្ភៃគុណអំពីអព្វុទៈ ឈ្មោះថា និរព្វុទៈ។ ន័យនេះ គប្បីដឹងគ្រប់បទទាំងអស់។ អដ្ឋកថា។
km/tipitaka/sut/an/10/sut.an.10.v09.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann