km:tipitaka:sut:an:10:sut.an.10.v10

ឧបាសកវគ្គ ទី៥ (១០)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 10.v10 បាលី cs-km: sut.an.10.v10 អដ្ឋកថា: sut.an.10.v10_att PTS: ?

ឧបាសកវគ្គ ទី៥ (១០)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((១០) ៥. ឧបាលិវគ្គោ)

(កាមភោគីសូត្រ ទី១)

(១. កាមភោគីសុត្តំ)

[៩១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី បានអង្គុយក្នុងទីសមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលគហបតី អ្នកបរិភោគកាមនេះ មាន ១០ ពួក ក្នុងលោក។ ១០ ពួក តើដូចម្តេចខ្លះ។ ម្នាលគហបតី ក្នុងលោកនេះ មានអ្នកបរិភោគកាមខ្លះ ស្វះស្វែងរកនូវភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេបានមកហើយ មិនធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ១។ ម្នាលគហបតី ក្នុងលោកនេះ មានអ្នកបរិភោគកាមខ្លះ ស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកនូវភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត តែមិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ១។ ម្នាលគហបតី ក្នុងលោកនេះ មានអ្នកបរិភោគកាមខ្លះ ស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិន លុះស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេបានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត ទាំងចែករលែក ធ្វើបុណ្យទាំងឡាយ ១។ ម្នាលគហបតី ក្នុងលោកនេះ មានអ្នកបរិភោគកាមខ្លះ ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ខ្លះ មិនត្រូវតាមគន្លងធម៌ខ្លះ គឺកំហែងសង្កត់សង្កិនគេក៏មាន លុះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ខ្លះ មិនត្រូវតាមគន្លងធម៌ខ្លះ គឺកំហែងសង្កត់សង្កិនក៏មាន មិនកំហែងសង្កត់សង្កិនក៏មាន បានមកហើយ មិនធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ១។ ម្នាលគហបតី ក្នុងលោកនេះ មានអ្នកបរិភោគកាមខ្លះ ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ខ្លះ មិនត្រូវតាមគន្លងធម៌ខ្លះ គឺកំហែងសង្កត់សង្កិនក៏មាន មិនកំហែងសង្កត់សង្កិនក៏មាន លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ខ្លះ មិនត្រូវតាមគន្លងធម៌ខ្លះ គឺកំហែងសង្កត់សង្កិនក៏មាន មិនកំហែងសង្កត់សង្កិនក៏មាន បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត តែទាស់មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ១។ ម្នាលគហបតី ក្នុងលោកនេះ មានអ្នកបរិភោគកាមខ្លះ ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ខ្លះ មិនត្រូវតាមគន្លងធម៌ខ្លះ គឺកំហែងសង្កត់សង្កិនគេក៏មាន មិនកំហែងសង្កត់សង្កិនគេ ក៏មាន លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ខ្លះ មិនត្រូវតាមគន្លងធម៌ខ្លះ គឺកំហែងសង្កត់សង្កិនគេក៏មាន មិនកំហែងសង្កត់សង្កិនគេក៏មាន បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត ចែករលែក ធ្វើបុណ្យទាំងឡាយ ១។ ម្នាលគហបតី ក្នុងលោកនេះ មានអ្នកបរិភោគៈកាមខ្លះ ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ លុះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ បានមកហើយ មិនធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ១។ ម្នាលគហបតី ក្នុងលោកនេះ មានអ្នកបរិភោគកាមខ្លះ ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត តែទាស់មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ១។ ម្នាលគហបតី ក្នុងលោកនេះ មានអ្នកបរិភោគកាមខ្លះ ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត ចែករលែក ធ្វើបុណ្យទាំងឡាយ តែនៅជក់ជ្រប់ ឈ្លក់ចិត្តនឹងភោគៈទាំងនោះ មិនឃើញទោស មិនមានបញ្ញាជាគ្រឿងរើខ្លួន ហើយចេះតែបរិភោគ ១។ ម្នាលគហបតី ក្នុងលោកនេះ មានអ្នកបរិភោគកាមខ្លះ ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត ចែករលែក ធ្វើបុណ្យទាំងឡាយ ថែមទាំងមិនជក់ មិនជ្រប់ មិនឈ្លក់ចិត្តនឹងភោគៈទាំងនោះទេ ឃើញទោស មានបញ្ញាជាគ្រឿងរើខ្លួន ហើយបរិភោគ ១។ ម្នាលគហបតី បណ្តាអ្នកបរិភោគកាមទាំងនោះ អ្នកបរិភោគកាមណា ស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេបានមកហើយ មិនធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេតិះដៀល ដោយហេតុ ៣ ប្រការ គឺគេតិះដៀល ដោយហេតុទី ១ នេះថា ស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ គេតិះដៀលដោយហេតុទី ២ នេះថា មិនធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត គួរគេតិះដៀល ដោយហេតុទី ៣ នេះថា មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ។ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេតិះដៀល ដោយហេតុទាំង ៣ ប្រការនេះ។ ម្នាលគហបតី បណ្តាអ្នកបរិភោគកាមទាំងនោះ អ្នកបរិភោគកាមណា ស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត តែទាស់មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេតិះដៀល ដោយហេតុ ២ ប្រការ គេសរសើរដោយហេតុ ១ ប្រការ គឺគេតិះដៀល ដោយហេតុទី ១ នេះថា ស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ គេសរសើរ ដោយហេតុ ១ ប្រការនេះថា ចេះធ្វើខ្លួន ឲ្យបានសុខ ឲ្យឆ្អែត គេតិះដៀល ដោយហេតុទី ២ នេះថា មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ។ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេតិះដៀល ដោយហេតុទាំង ២ ប្រការនេះ គេសរសើរដោយហេតុ ១ ប្រការនេះ។ ម្នាលគហបតី បណ្តាអ្នកបរិភោគកាមទាំងនោះ អ្នកបរិភោគកាមណា ស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត ចែករលែក ធ្វើបុណ្យទាំងឡាយ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេតិះដៀល ដោយហេតុ ១ ប្រការ គេសរសើរដោយហេតុ ២ ប្រការ គឺគេតិះដៀល ដោយហេតុ ១ ប្រការនេះថា ស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ គេសរសើរដោយហេតុទី ១ នេះថា ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត គេសរសើរដោយហេតុទី ២ នេះថា ចេះចែករលែក ធ្វើបុណ្យទាំងឡាយ។ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេតិះដៀលដោយហេតុ ១ ប្រការនេះ គេសរសើរដោយហេតុទាំង ២ ប្រការ នេះ។ ម្នាលគហបតី បណ្តាអ្នកបរិភោគកាមទាំងនោះ អ្នកបរិភោគកាមណា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ខ្លះ មិនត្រូវតាមគន្លងធម៌ខ្លះ គឺកំហែងសង្កត់សង្កិនគេក៏មាន មិនកំហែងសង្កត់សង្កិនគេ ក៏មាន លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ខ្លះ មិនត្រូវតាមគន្លងធម៌ខ្លះ គឺសង្កត់សង្កិនគេក៏មាន មិនកំហែងសង្កត់សង្កិនគេក៏មាន បានមកហើយ មិនធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត មិនចេះចែករលែក មិនធ្វើបុណ្យទាំងឡាយ ម្នាកគហបតី អ្នកបរិភោគកាមនេះ គួរគេសរសើរដោយហេតុ ១ ប្រការ គេតិះដៀល ដោយហេតុ ៣ ប្រការ គឺគេសរសើរដោយហេតុ ១ ប្រការ នេះថា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ គេតិះដៀលដោយហេតុទី ១ នេះថា ស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ គេតិះដៀលដោយហេតុទី ២ នេះថា មិនធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត គេតិះដៀលដោយហេតុទី ៣ នេះថា មិនចេះចែករលែក មិនធ្វើបុណ្យទាំងឡាយ។ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេសរសើរ ដោយហេតុ ១ ប្រការនេះ គេតិះដៀល ដោយហេតុទាំង ៣ ប្រការនេះ។ ម្នាលគហបតី បណ្តាអ្នកបរិភោគកាមទាំងនោះ អ្នកបរិភោគកាមណា លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ខ្លះ មិនត្រូវតាមគន្លងធម៌ខ្លះ គឺកំហែងសង្កត់សង្កិនគេក៏មាន មិនកំហែងសង្កត់សង្កិនគេក៏មាន លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ខ្លះ មិនត្រូវតាមគន្លងធម៌ខ្លះ គឺកំហែងសង្កត់សង្កិនគេក៏មាន មិនកំហែងសង្កត់សង្កិនគេក៏មាន បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត តែទាស់មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ម្នាលគហបតី អ្នកបរិភោគកាមនេះ គេសរសើរដោយហេតុ ២ ប្រការ គេតិះដៀលដោយហេតុ ២ ប្រការ គឺគេសរសើរដោយហេតុទី ១ នេះថា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ គេតិះដៀលដោយហេតុទី ១ នេះថា ស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ គេសរសើរដោយហេតុទី ២ នេះថា ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត គួរគេតិះដៀលដោយហេតុទី ២ នេះថា មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ។ ម្នាលគហបតី អ្នកបរិភោគកាមនេះ គេសរសើរដោយហេតុទាំង ២ ប្រការនេះ គេតិះដៀលដោយហេតុទាំង ២ ប្រការនេះ។ ម្នាលគហបតី បណ្តាអ្នកបរិភោគកាមទាំងនោះ អ្នកបរិភោគកាមណា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ខ្លះ មិនត្រូវតាមគន្លងធម៌ខ្លះ គឺកំហែងសង្កត់សង្កិនគេក៏មាន មិនកំហែងសង្កត់សង្កិនគេក៏មាន លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ខ្លះ មិនត្រូវតាមគន្លងធម៌ខ្លះ គឺកំហែងសង្កត់សង្កិនគេក៏មាន មិនកំហែងសង្កត់សង្កិនគេក៏មាន បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត ចែករលែក ធ្វើបុណ្យទាំងឡាយ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេសរសើរដោយហេតុ ៣ ប្រការ គេតិះដៀលដោយហេតុ ១ ប្រការ គឺគេសរសើរដោយហេតុទី ១ នេះថា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ គេតិះដៀលដោយហេតុ ១ ប្រការនេះថា ស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ គេសរសើរដោយហេតុទី ២ នេះថា ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត គេសរសើរដោយហេតុទី ៣ នេះថា ចេះចែករលែក ធ្វើបុណ្យទាំងឡាយ។ ម្នាលគហបតី អ្នកបរិភោគកាមនេះ គេសរសើរដោយហេតុទាំង ៣ ប្រការនេះ គេតិះដៀលដោយហេតុ ១ ប្រការ នេះ។ ម្នាលគហបតី បណ្តាអ្នកបរិភោគកាមទាំងនោះ អ្នកបរិភោគកាមណា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ បានមកហើយ មិនធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេសរសើរដោយហេតុ ១ ប្រការ គេតិះដៀលដោយហេតុ ២ ប្រការ គឺគេសរសើរ ដោយហេតុ ១ ប្រការនេះថា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិន គេតិះដៀលដោយហេតុទី ១ នេះថា មិនធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត គេតិះដៀលដោយហេតុទី ២ នេះថា មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ។ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេសរសើរ ដោយហេតុ ១ ប្រការនេះ គេតិះដៀលដោយហេតុ ២ ប្រការនេះ។ ម្នាលគហបតី បណ្តាអ្នកបរិភោគកាមទាំងនោះ អ្នកបរិភោគកាមណា លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត តែមិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេសរសើរដោយហេតុ ២ ប្រការ គេតិះដៀល ដោយហេតុ ១ ប្រការ គឺគេសរសើរដោយហេតុទី ១ នេះថា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ គេសរសើរដោយហេតុទី ២ នេះថា ចេះធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត គេតិះដៀលដោយហេតុ ១ ប្រការនេះថា មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ។ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេសរសើរ ដោយហេតុ ២ ប្រការនេះ គេតិះដៀលដោយហេតុ ១ ប្រការនេះ។ ម្នាលគហបតី បណ្តាអ្នកបរិភោគកាមទាំងនោះ អ្នកបរិភោគកាមណា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត ចែករលែក ធ្វើបុណ្យទាំងឡាយ តែនៅជក់ជ្រប់ ឈ្លក់ចិត្តនឹងភោគៈទាំងនោះ មិនឃើញទោស មិនមានបញ្ញាជាគ្រឿងរើខ្លួន ហើយចេះតែបរិភោគ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេសរសើរដោយហេតុ ៣ ប្រការ គេតិះដៀលដោយហេតុ ១ ប្រការ គឺគេសរសើរ ដោយហេតុទី ១ នេះថា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ គេសរសើរ ដោយហេតុទី ២ នេះថា ចេះធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត គេសរសើរ ដោយហេតុទី ៣ នេះថា ចេះចែករលែក ធ្វើបុណ្យទាំងឡាយ គេតិះដៀល ដោយហេតុ ១ ប្រការនេះថា ជក់ ជ្រប់ ឈ្លក់ចិត្តនឹងភោគៈទាំងនោះ មិនឃើញទោស មិនមានបញ្ញា ជាគ្រឿងរើខ្លួន ហើយចេះតែបរិភោគ។ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេសរសើរ ដោយហេតុ ៣ ប្រការនេះ គេតិះដៀលដោយហេតុ ១ ប្រការនេះ។ ម្នាលគហបតី បណ្តាអ្នកបរិភោគកាមទាំងនោះ អ្នកបរិភោគកាមណា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត ចែករលែក ធ្វើបុណ្យទាំងឡាយ ថែមទាំងមិនជក់ មិនជ្រប់ មិនឈ្លក់ចិត្តនឹងភោគៈទាំងនោះ ឃើញទោស មានបញ្ញាជាគ្រឿងរើខ្លួន ហើយបរិភោគ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេសរសើរ ដោយហេតុ ៤ ប្រការ គឺគេសរសើរ ដោយហេតុទី ១ នេះថា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ គេសរសើរដោយ ហេតុទី ២ នេះថា ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត គេសរសើរដោយហេតុទី ៣ នេះថា ចែករលែក ធ្វើបុណ្យទាំងឡាយ គេសរសើរ ដោយហេតុទី ៤ នេះថា មិនជក់ មិនជ្រប់ មិនឈ្លក់ចិត្តនឹងភោគៈទាំងនោះ ឃើញទោស មានបញ្ញាជាគ្រឿងរើខ្លួន ហើយបរិភោគ។ ម្នាលគហបតី អ្នកបរិភោគកាមនេះ គេសរសើរដោយហេតុទាំង ៤ ប្រកានេះ។ ម្នាលគហបតី អ្នកបរិភោគកាមទាំង ១០ ពួកនេះ មានក្នុងលោក។ ម្នាលគហបតី បណ្តាអ្នកបរិភោគកាមទាំង ១០ ពួកនេះ អ្នកបរិភោគកាមណា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ បានមកហើយ ធ្វើខ្លួនឲ្យសុខ ឲ្យឆ្អែត ចែករលែក ធ្វើបុណ្យទាំងឡាយ ថែមទាំងមិនជក់ មិនជ្រប់ មិនឈ្លក់ចិត្តនឹងភោគៈទាំងនោះ ឃើញទោស មានបញ្ញាជាគ្រឿងរើខ្លួន ហើយបរិភោគ បណ្តាអ្នកបរិភោគកាមទាំង ១០ ពួកនេះ អ្នកបរិភោគកាមនេះ ឈ្មោះថាជាកំពូលផង ប្រសើរផង ចម្បងផង ខ្ពង់ខ្ពស់ផង ថ្លៃថ្លាផង។ ម្នាលគហបតី ដូចជាទឹកដោះស្រស់ កើតពីមេគោ ទឹកដោះជូរ ក្លាយពីទឹកដោះស្រស់ ទឹកដោះខាប់ក្លាយពីទឹកដោះជូរ ទឹកដោះរាវក្លាយពីទឹកដោះខាប់ ទឹកដោះថ្លា ក្លាយពីទឹកដោះរាវ ទឹកដោះថ្លា ប្រាកដជាប្រសើរជាងទឹកដោះទាំងនោះ យ៉ាងណាមិញ ម្នាលគហបតី បណ្តាអ្នកបរិភោគកាមទាំង ១០ ពួកនេះ អ្នកបរិភោគកាមណា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត ចែករលែក ធ្វើបុណ្យទាំងឡាយ ថែមទាំងមិនជក់ មិនជ្រប់ មិនឈ្លក់ចិត្តនឹងភោគៈទាំងនោះ ឃើញទោស មានបញ្ញាជាគ្រឿងរើខ្លួន ហើយបរិភោគ បណ្តាអ្នកបរិភោគកាម ទាំង ១០ ពួកនេះ អ្នកបរិភោគកាមនេះ ឈ្មោះថាជាកំពូលផង ប្រសើរផង ចម្បងផង ខ្ពង់ខ្ពស់ផង ថ្លៃថ្លាផង យ៉ាងនោះដែរ។

(ភយសូត្រ ទី២)

(២. ភយសុត្តំ)

[៩២] គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលគហបតី កាលបើអរិយសាវក រម្ងាប់ភ័យ និងពៀរទាំង ៥ បានហើយ (អរិយសាវកនោះ) ជាអ្នកបរិបូណ៌ដោយសោតាបត្តិយង្គៈទាំង ៤ ទាំងញាយធម៌ (មគ្គព្រមទាំងវិបស្សនា) ដ៏ប្រសើរ អរិយសាវកនោះ ឃើញហើយដោយប្រពៃ ចាក់ធ្លុះហើយដោយប្រពៃ ដោយប្រាជ្ញា កាលបើអរិយសាវកនោះ ចង់ (ព្យាករ) ក៏គប្បីព្យាករខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់បិត្តិវិស័យហើយ អស់អបាយ ទុគ្គតិ វិនិបាតហើយ អាត្មាអញ ជាសោតាបន្នបុគ្គល លែងទៅកើតក្នុងអបាយហើយ ជាបុគ្គលទៀងទាត់ ប្រាកដជានឹងបានត្រាស់ដឹងតទៅខាងមុខ។ ចុះអរិយសាវក បានរម្ងាប់ភ័យ និងពៀរទាំង ៥ តើដូចម្តេច។ ម្នាលគហបតី អ្នកសម្លាប់សត្វ តែងទទួលភ័យ និងពៀរ ដែលជាបច្ចុប្បន្នផង ទទួលភ័យ និងពៀរ ក្នុងបរលោកផង រងទុក្ខ ទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះហេតុតែសម្លាប់សត្វ អ្នកវៀរចាកការសំឡាប់សត្វ តែងមិនទទួលភ័យ និងពៀរ ជាបច្ចុប្បន្នផង មិនទទួលភ័យ និងពៀរ ក្នុងបរលោកផង មិនរងទុក្ខទោមនស្សដែលប្រព្រឹត្តទៅក្នុងចិត្តផង។ កាលអរិយសាវក វៀរចាកការសំឡាប់សត្វ ជាអ្នករម្ងាប់ភ័យ និងពៀរនោះយ៉ាងនេះ។ ម្នាលគហបតី អ្នកយករបស់ដែលគេមិនបានឲ្យ… អ្នកប្រព្រឹត្តខុសក្នុងកាមទាំងឡាយ … អ្នកនិយាយពាក្យកុហក… អ្នកប្រព្រឹត្តហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរា និងមេរ័យ តែងទទួលភ័យ និងពៀរ ដែលជាបច្ចុប្បន្នផង ក្នុងបរលោកផង រងទុក្ខទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរា និងមេរ័យជាបច្ច័យ អ្នកវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរា និងមេរ័យ តែងមិនទទួលភ័យ និងពៀរ ជាបច្ចុប្បន្នផង មិនទទួលភ័យ និងពៀរ ក្នុងបរលោកផង មិនរងទុក្ខទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្តផង។ កាលអរិយសាវក វៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរា និងមេរ័យ រមែងជាអ្នករម្ងាប់ភ័យ និងពៀរនោះយ៉ាងនេះ។ ភ័យ និងពៀរទាំង ៥ នេះ រមែងស្ងប់រម្ងាប់ទៅ។ អរិយសាវក អ្នកបរិបូណ៌ដោយសោតាបត្តិយង្គៈ ៤ តើដូចម្តេច។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ ជាអ្នកប្រកបដោយសេចក្តីជ្រះថ្លា មិនកំរើកក្នុងព្រះពុទ្ធថា ព្រះមានព្រះភាគអង្គនោះ ព្រះអង្គឆ្ងាយចាកសឹកសត្រូវ គឺកិលេស ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃ ចំពោះព្រះអង្គឯង ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ ព្រះអង្គមានដំណើរល្អ យាងទៅកាន់សុន្ទរដ្ឋាន ព្រះអង្គជ្រាបនូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ ព្រះអង្គជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គជាគ្រូរបស់ទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវសច្ចៈទាំងបួន ព្រះអង្គលែងត្រឡប់មកកើតក្នុងត្រៃភព។ អរិយសាវក ជាអ្នកប្រកបដោយសេចក្តីជ្រះថ្លា មិនកំរើកក្នុងព្រះធម៌ថា ព្រះធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ ជាធម៌ គឺព្រះអរិយបុគ្គល ឃើញដោយខ្លួនឯង ជាធម៌ឲ្យផលមិនរង់ចាំកាល ជាធម៌ដែលព្រះអរិយបុគ្គល គួរហៅអ្នកដទៃឲ្យចូលមកមើលបាន ជាធម៌ដែលព្រះអរិយបុគ្គលគួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលពួកវិញ្ញូជនគប្បីដឹងដោយខ្លួនឯង។ អរិយសាវក ជាអ្នកប្រកបដោយសេចក្តីជ្រះថ្លា មិនកំរើកក្នុងព្រះសង្ឃថា ព្រះសង្ឃសាវក របស់ព្រះមានព្រះភាគ ប្រតិបត្តិហើយដោយប្រពៃ ព្រះសង្ឃសាវក របស់ព្រះដ៏មានព្រះភាគ ប្រតិបត្តិហើយដោយត្រង់ ព្រះសង្ឃសាវក របស់ព្រះដ៏មានព្រះភាគ ប្រតិបត្តិហើយ ដើម្បីត្រាស់ដឹងព្រះនិញ្វន ព្រះសង្ឃសាវករបស់ព្រះដ៏មានព្រះភាគ ប្រតិបត្តិ គួរដល់សាមីចិកម្ម ព្រះសង្ឃសាវកនេះ បើរាប់ជាគូនៃបុរស មាន ៤ គូ បើរាប់រៀងជាបុរសបុគ្គល មាន ៨ ព្រះសង្ឃសាវករបស់ព្រះដ៏មានព្រះភាគនុ៎ះ គួរទទួលវត្ថុ ដែលបុគ្គលនាំមកបូជា គួរទទួលនូវអាគន្តុកទាន គួរទទួលទក្ខិណាទាន គួរដល់អញ្ជលិកម្ម ដែលសត្វលោកគប្បីធ្វើ ជាស្រែបុណ្យដ៏ប្រសើរ របស់សត្វលោក។ អរិយសាវក ជាអ្នកប្រកបដោយសីលទាំងឡាយ ជាទីត្រេកអរ របស់ព្រះអរិយៈ ជាសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាសីលរបស់អ្នកជា ជាសីលដែលពួកវិញ្ញូជនសរសើរហើយ ជាសីលមិនជ្រោកជ្រាក ជាសីលនាំឲ្យបានសមាធិ។ អរិយសាវក ប្រកបដោយសោតាបត្តិយង្គៈទាំង ៤ យ៉ាងនេះឯង។ ចុះញាយធម៌ដ៏ប្រសើរ ដែលអរិយសាវកនោះ ឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយបញ្ញា តើដូចម្តេច។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ ពិចារណាឃើញច្បាស់ថា កាលបើរបស់នេះមាន របស់នេះ ក៏មាន របស់នេះកើតឡើង ព្រោះកើតរបស់នេះ កាលបើរបស់នេះគ្មាន របស់នេះក៏គ្មាន របស់នេះរលត់ ព្រោះរលត់របស់នេះ យ៉ាងដូចសង្ខារទាំងឡាយ កកើតឡើង ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ កកើតឡើង ព្រោះសង្ខារជាបច្ច័យ នាមរូប កកើតឡើង ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈ កកើតឡើង ព្រោះនាមរូបជាបច្ច័យ ផស្សៈកកើតឡើង ព្រោះសឡាយតនៈជាបច្ច័យ វេទនាកកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហា កកើតឡើង ព្រោះវេទនាជាបច្ច័យ ឧបាទាន កកើតឡើង ព្រោះតណ្ហាជាបច្ច័យ ភព កកើតឡើង ព្រោះឧបាទាន ជាបច្ច័យ ជាតិ កកើតឡើង ព្រោះភពជាបច្ច័យ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈ កកើតឡើង ព្រោះជាតិជាបច្ច័យ។ ការកើតនៃកងទុក្ខទាំងអស់នេះ តែងមានយ៉ាងនេះឯង។ ការរលត់សង្ខារ ព្រោះវិនាសនិងការរលត់អវិជ្ជាមិនមានសេសសល់ ការរលត់វិញ្ញាណ ព្រោះរលត់សង្ខារ ការរលត់នាមរូប ព្រោះរលត់វិញ្ញាណ ការរលត់សឡាយតនៈ ព្រោះរលត់នាមរូប ការរលត់ផស្សៈ ព្រោះរលត់សឡាយតនៈ ការរលត់វេទនា ព្រោះរលត់ផស្សៈ ការរលត់តណ្ហា ព្រោះរលត់វេទនា ការរលត់ឧបាទាន ព្រោះរលត់តណ្ហា ការរលត់ភព ព្រោះរលត់ឧបាទាន ការរលត់ជាតិ ព្រោះរលត់ភព ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈ រលត់ព្រោះរលត់ជាតិ។ ការរលត់នៃកងទុក្ខទាំងអស់នេះ តែងមានយ៉ាងនេះឯង។ ញាយធម៌ដ៏ប្រសើរនេះ អរិយសាវកនោះ បានឃើញច្បាស់ ចាក់ធ្លុះដោយប្រពៃដោយប្រាជ្ញា។ ម្នាលគហបតី កាលណាអរិយសាវក រម្ងាប់ភ័យ និងពៀរទាំង ៥ ប្រការនេះផង ជាអ្នកបរិបូណ៌ដោយសោតាបត្តិយង្គៈទាំង ៤ ប្រការនេះផង ញាយធម៌ដ៏ប្រសើរនេះផង អរិយសាវកនោះ ឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញាផង ក្នុងកាលនោះ កាលបើអរិយសាវកនោះចង់ (ព្យាករ) ក៏គប្បីព្យាករខ្លួនដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់បិត្តិវិស័យហើយ អស់អបាយ ទុគ្គតិ វិនិបាតហើយ អាត្មាអញជាសោតាបន្នបុគ្គល លែងទៅកើតក្នុងអបាយហើយ ជាបុគ្គលទៀងទាត់ ប្រាកដជានឹងបានត្រាស់ដឹងតទៅខាងមុខ។

(កឹទិដ្ឋិកសូត្រ ទី៣)

(៣. កិំទិដ្ឋិកសុត្តំ)

[៩៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ អនាថបិណ្ឌិកគហបតី ចេញអំពីក្រុងសាវត្ថីទាំងថ្ងៃត្រង់ ដើម្បីទៅគាល់ព្រះដ៏មានព្រះភាគ។ ទើបអនាថបិណ្ឌិកគហបតី មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលនេះ ជាកាលមិនគួរដើម្បីទៅគាល់ព្រះមានព្រះភាគទេ ដ្បិតព្រះមានព្រះភាគ កំពុងសម្ងំ កាលនេះជាកាលមិនគួរដើម្បីទៅជួបនឹងពួកភិក្ខុ អ្នកចំរើន សមាធិចិត្តទេ ដ្បិតពួកភិក្ខុអ្នកចំរើនសមាធិចិត្ត កំពុងសម្ងំដែរ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅឯអារាមពួកអន្យតិរ្ថិយបរិញ្វជកសិន។ គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅឯអារាមពួកអន្យតិរ្ថិយបរិញ្វជក។ សម័យនោះឯង ពួកអន្យតិរ្ថិយបរិញ្វជក ប្រជុំគ្នា មកជួបជុំ និយាយគ្នាកោកកាក គឹកកងរំពង ហើយអង្គុយជជែកគ្នាពីតិរច្ឆានកថាផ្សេង ៗ។ អន្យតិរ្ថិយបរិញ្វជកទាំងនោះ បានឃើញអនាថបិណ្ឌិកគហបតី កំពុងដើរមកពីចម្ងាយ លុះឃើញហើយ ក៏ឃាត់គ្នីគ្នាថា អ្នកទាំងឡាយនិយាយតិច ៗ អ្នកទាំងឡាយ កុំនិយាយខ្លាំង (ព្រោះ) អនាថបិណ្ឌិកគហបតីនេះ ជាសាវកនៃសមណគោតម គាត់មក ពួកគ្រហស្ថអ្នកស្លៀកពាក់ស ជាសាវកនៃសមណគោតម ដែលនៅក្នុងក្រុងសាវត្ថីទាំងប៉ុន្មាន បណ្តាគ្រហស្ថ ជាសាវកទាំងនោះ អនាថបិណ្ឌិកគហបតីនេះ ជាសាវកម្នាក់ដែរ អ្នកដ៏មានអាយុទាំងនោះ ត្រូវការតែសំឡេងតិច ហាត់តែខាងសំឡេងតិច និយាយសរសើរតែសំឡេងតិច យើងធ្វើដូចម្តេច ឲ្យទាល់តែអនាថបិណ្ឌិកគហបតី សំគាល់បរិសទ្យមានសំឡេងតិចថា គួរចូលមកបាន។ ទើបបរិញ្វជកទាំងនោះ នាំគ្នាសម្ងំស្ងាត់ច្រៀប។ គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅរកបរិញ្វជកទាំងនោះ លុះចូលទៅដល់ហើយ និយាយរាក់ទាក់ សំណេះសំណាលជាមួយនឹងអន្យតិរ្ថិយបរិញ្វជកទាំងនោះ លុះបង្ហើយពាក្យដែលគួររាក់ទាក់ សំណេះសំណាល គួរឲ្យរលឹកហើយ អង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ អន្យតិរ្ថិយបរិញ្វជកទាំងនោះ និយាយយ៉ាងនេះថា ម្នាលគហបតី អ្នកចូរមានប្រសាសន៍មកមើល ព្រះសមណគោតម មានសេចក្តីយល់ដូចម្តេច។ អនាថបិណ្ឌិកគហបតី ឆ្លើយថា បពិត្រលោកដ៏ចំរើនទាំងឡាយ ខ្ញុំមិនដឹងសេចក្តីយល់សព្វគ្រប់ របស់ព្រះដ៏មានព្រះភាគទេ។ ពួកអន្យតិរិ្ថយបរិញ្វជកសួរថា ម្នាលគហបតី បើឥឡូវនេះលោកមិនជ្រាបសេចក្តីយល់សព្វគ្រប់ របស់ព្រះសមណគោតមទេ ម្នាលគហបតី លោកចូរមានប្រសាសន៍មកចុះ ពួកភិក្ខុមានសេចក្តីយល់ដូចម្តេច។ បពិត្រលោកដ៏ចំរើនទាំងឡាយ ខ្ញុំក៏មិនដឹងសេចក្តីយល់សព្វគ្រប់ របស់ពួកភិក្ខុដែរ ម្នាលគហបតី បើអ្នកមិនដឹងសេចក្តីយល់សព្វគ្រប់ របស់ព្រះសមណគោតម ទាំងមិនដឹងសេចក្តីយល់សព្វគ្រប់ របស់ពួកភិក្ខុ ដោយប្រការដូច្នេះទេ ម្នាលគហបតី លោកមានប្រសាសន៍មកមើល ចុះលោកមានសេចក្តីយល់ដូចម្តេច។ បពិត្រលោកដ៏ចំរើនទាំងឡាយ យើងមានសេចក្តីយល់បែបណា ការដែលយើងព្យាករនូវសេចក្តីយល់បែបនុ៎ះ មិនជាការក្រទេ ប៉ុន្តែសូមឲ្យលោកដ៏មានអាយុទាំងឡាយ ព្យាករសេចក្តីយល់ទាំងឡាយ តាមសមគួរ របស់ខ្លួនមុនចុះ យើងមានសេចក្តីយល់បែបណា ការដែលយើងនឹងព្យាករនូវសេចក្តីយល់បែបនុ៎ះ មិនជាការក្រទេ សឹមយើងព្យាករ ក្នុងកាលជាខាងក្រោយ។ កាលដែលអនាថបិណ្ឌិកគហបតី និយាយយ៉ាងនេះហើយ មានបរិញ្វជកម្នាក់និយាយ នឹងអនាថបិណ្ឌិកគហបតី យ៉ាងនេះថា ម្នាលគហបតី អាត្មា មានសេចក្តីយល់យ៉ាងនេះថា លោកទៀង ពាក្យនេះពិត ពាក្យដទៃមិនពិតទេ។ មានបរិញ្វជកម្នាក់ទៀត និយាយនឹងអនាថបិណ្ឌិកគហបតីយ៉ាងនេះថា ម្នាលគហបតី អាត្មាមានសេចក្តីយល់យ៉ាងនេះថា លោកមិនទៀង ពាក្យនេះពិត ពាក្យដទៃមិនពិតទេ។ មានបរិញ្វជកម្នាក់ទៀត និយាយនឹងអនាថបិណ្ឌិកគហបតី យ៉ាងនេះថា ម្នាលគហបតី អាត្មាមានសេចក្តីយល់យ៉ាងនេះថា លោកមានទីបំផុត… លោកមិនមានទីបំផុត … ជីវិតនោះ គឺសរីរៈនោះ… ជីវិតដទៃ សរីរៈដទៃ… សត្វស្លាប់ទៅ កើតទៀត… សត្វស្លាប់ទៅ មិនកើតទៀត… សត្វស្លាប់ទៅ កើតទៀតក៏មាន មិនកើតទៀតក៏មាន… សត្វស្លាប់ទៅ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ពាក្យនេះពិត ពាក្យដទៃមិនពិតទេ។ កាលដែលពួកបរិញ្វជក និយាយយ៉ាងនេះហើយ អនាថបិណ្ឌិកគហបតី និយាយនឹងពួកបរិញ្វជកទាំងនោះ យ៉ាងនេះថា បពិត្រលោកដ៏ចំរើនទាំងឡាយ លោកដ៏មានអាយុណា និយាយយ៉ាងនេះថា ម្នាលគហបតី អាត្មា យល់យ៉ាងនេះថា លោកទៀង ពាក្យនេះពិត ពាក្យដទៃមិនពិតទេ សេចក្តីយល់របស់លោកដ៏មានអាយុនេះ កើតឡើង ព្រោះហេតុនៃការមិនធ្វើទុកក្នុងចិត្ត ដោយឧបាយនៃខ្លួនឬ ព្រោះហេតុតែសំឡេងរបស់បុគ្គលដទៃ សេចក្តីយល់នោះ កើតមានហើយ បច្ច័យតាក់តែងហើយ គិតហើយ ព្រោះអាស្រ័យគ្នាកើតហើយ របស់ណាមួយ កើតហើយ បច្ច័យតាក់តែងហើយ គិតហើយ ព្រោះអាស្រ័យគ្នាកើតហើយ របស់នោះ មិនទៀង របស់ណា មិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ លោកដ៏មានអាយុនោះ ឈ្មោះថា ជាប់ស្អិតនឹងរបស់នោះឯង លោកដ៏មានអាយុនោះ ឈ្មោះថា ជំពាក់ស្អិតនឹងរបស់នោះឯង។ បពិត្រលោកដ៏ចំរើនទាំងឡាយ លោកដ៏មានអាយុណា និយាយយ៉ាងនេះថា ម្នាលគហបតី អាត្មាមានសេចក្តីយល់យ៉ាងនេះថា លោកមិនទៀង ពាក្យនេះពិត ពាក្យដទៃមិនពិតទេ សេចក្តីយល់របស់លោកដ៏មានអាយុនេះ កើតឡើង ព្រោះហេតុមិនធ្វើទុកក្នុងចិត្តដោយឧបាយនៃខ្លួនឬ ៗ ព្រោះហេតុតែសំឡេងរបស់បុគ្គលដទៃ សេចក្តីយល់នោះ កើតមានហើយ បច្ច័យតាក់តែងហើយ គិតហើយ ព្រោះអាស្រ័យគ្នា កើតហើយ របស់ណាមួយ កើតហើយ បច្ច័យតាក់តែងហើយ គិតហើយ ព្រោះអាស្រ័យគ្នាកើតហើយ របស់នោះមិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណា ជាទុក្ខ លោកដ៏មានអាយុនោះ ឈ្មោះថា ជាប់ស្អិតនឹងរបស់នោះ លោកដ៏មានអាយុនោះ ឈ្មោះថាជំពាក់ស្អិតនឹងរបស់នោះ។ បពិត្រលោកដ៏ចំរើនទាំងឡាយ លោកដ៏មានអាយុណា និយាយយ៉ាងនេះថា ម្នាលគហបតី អាត្មាមានសេចក្តីយល់យ៉ាងនេះថា លោកមានទីបំផុត… លោកមិនមានទីបំផុត … ជីវិតនោះ គឺសរីរៈនោះ… ជីវិតដទៃ សរីរៈដទៃ… សត្វស្លាប់ទៅកើតទៀត… សត្វស្លាប់ទៅមិនកើតទៀត… សត្វស្លាប់ទៅ កើតទៀត ក៏មាន មិនកើតទៀត ក៏មាន… សត្វស្លាប់ទៅកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ពាក្យនេះពិត ពាក្យដទៃមិនពិតទេ សេចក្តីយល់របស់លោកដ៏មានអាយុនេះ កើតឡើងហើយ ព្រោះហេតុនៃការមិនធ្វើទុកក្នុងចិត្ត ដោយឧបាយនៃខ្លួនឬ ព្រោះហេតុតែសំឡេងរបស់បុគ្គលដទៃ សេចក្តីយល់នោះកើតហើយ បច្ច័យតាក់តែងហើយ គិតហើយ អាស្រ័យគ្នា កើតហើយ របស់ណាមួយ កើតហើយ បច្ច័យតាក់តែងហើយ គិតហើយ អាស្រ័យគ្នា កើតហើយ របស់នោះ មិនទៀង របស់ណាមិនទៀង របស់នោះ ជាទុក្ខ របស់ណាជាទុក្ខ លោកដ៏មានអាយុនោះ ឈ្មោះថាជាប់ស្អិតនឹងរបស់នោះ លោកដ៏មានអាយុនោះ ឈ្មោះថាជំពាក់ស្អិតនឹងរបស់នោះ។ កាលដែលអនាថបិណ្ឌិកគហបតី និយាយយ៉ាងនេះហើយ បរិញ្វជកនោះ និយាយនឹងអនាថបិណ្ឌិកគហបតីយ៉ាងនេះថា ម្នាលគហបតី ពួកយើងទាំងអស់គ្នា បានព្យាករសេចក្តីយល់ តាមសមគួររបស់ខ្លួនហើយ ម្នាលគហបតី លោកមានប្រសាសន៍មកមើល ចុះលោកមានសេចក្តីយល់ដូចម្តេច។ អនាថបិណ្ឌិកគហបតី ឆ្លើយតបថា បពិត្រលោកដ៏ចំរើនទាំងឡាយ របស់ណាកើតហើយ បច្ច័យតាក់តែងហើយ គិតហើយ អាស្រ័យគ្នាកើតហើយ របស់នោះ មិនទៀង របស់ណា មិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ បពិត្រលោកដ៏ចំរើនទាំងឡាយ ខ្ញុំមានសេចក្តីយល់របស់នោះយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ ម្នាលគហបតី របស់ណាមួយ កើតហើយ បច្ច័យតាក់តែងហើយ គិតហើយ អាស្រ័យគ្នាកើតហើយ របស់នោះមិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ ម្នាលគហបតី អ្នកឈ្មោះថាជាប់ស្អិតនឹងរបស់នោះ ម្នាលគហបតី អ្នកឈ្មោះថាជំពាក់ស្អិតនឹងរបស់នោះ។ បពិត្រលោកដ៏ចំរើនទាំងឡាយ របស់ណាមួយ កើតហើយ បច្ច័យតាក់តែងហើយ គិតហើយ អាស្រ័យគ្នាកើតហើយ របស់នោះមិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ ខ្ញុំយល់របស់នោះដោយប្រពៃ ដោយប្រាជ្ញាដ៏ត្រឹមត្រូវ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ ទាំងខ្ញុំដឹងច្បាស់នូវការរលាស់ចេញ នូវរបស់នោះ តទៅទៀត តាមសេចក្តីពិត។ កាលដែលអនាថបិណ្ឌិកគហបតី និយាយយ៉ាងនេះហើយ បរិញ្វជកទាំងនោះ នៅស្ងៀម អៀនខ្មាស ឱនក សំយុងមុខ អង្គុយសញ្ជប់សញ្ជឹង គ្មានបដិភាណ។ លំដាប់នោះ អនាថបិណ្ឌិកគហបតីដឹងថា បរិញ្វជកទាំងនោះ នៅស្ងៀម អៀនខ្មាស ឱនក សំយុងមុខ សញ្ជប់សញ្ជឹង គ្មានបដិភាណហើយ ក៏ក្រោកចាកអាសនៈ ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលការចរចាទាំងប៉ុន្មាន (ដែលខ្លួននិយាយ) ជាមួយនឹងអន្យតិរ្ថិយបរិញ្វជកទាំងនោះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលគហបតី ល្អហើយ ៗ ម្នាលគហបតី អ្នកត្រូវផ្ទញ់ផ្ទាល់មោឃបុរសទាំងនោះ ឲ្យរៀបរយតាមគន្លងធម៌សព្វ ៗ កាលយ៉ាងនេះចុះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ ណែនាំអនាថបិណ្ឌិកគហបតី ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ លុះព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ ណែនាំឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយហើយ ទើបអនាថបិណ្ឌិកគហបតី ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយធ្វើប្រទក្សិណ រួចចេញទៅ។ កាលអនាថបិណ្ឌិកគហបតី ចេញទៅមិនយូរប៉ុន្មាន ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាបួសត្រឹមត្រូវ ក្នុងធម្មវិន័យនេះ អស់កាលយូរ ភិក្ខុនោះ គួរផ្ទញ់ផ្ទាល់នូវពួកអន្យតិរ្ថិយបរិញ្វជក ឲ្យរៀបរយតាមគន្លងធម៌ ដូចជាអនាថបិណ្ឌិកគហបតី ផ្ទញ់ផ្ទាល់យ៉ាងនេះចុះ។

(វជ្ជិយមាហិតសូត្រ ទី៤)

(៤. វជ្ជិយមាហិតសុត្តំ)

[៩៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្បែរឆ្នេរស្រះបោក្ខរណី ឈ្មោះគគ្គរា ទៀបក្រុងចម្បា។ គ្រានោះ វជ្ជិយមាហិតគហបតី ចេញអំពីក្រុងចម្បាទៅទាំងថ្ងៃត្រង់ ដើម្បីគាល់ព្រះដ៏មានព្រះភាគ។ លំដាប់នោះ វជ្ជិយមាហិតគហបតី មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលនេះជាកាលមិនគួរ ដើម្បីគាល់ព្រះដ៏មានព្រះភាគទេ ដ្បិតព្រះដ៏មានព្រះភាគ កំពុងសម្ងំ កាលនេះជាកាលមិនគួរ ដើម្បីឲ្យចួបភិក្ខុទាំងឡាយ អ្នកចម្រើនសមាធិចិត្តទេ ដ្បិតភិក្ខុទាំងឡាយ អ្នកចម្រើនសមាធិចិត្ត កំពុងសម្ងំដែរ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅឯអារាមរបស់ពួកអន្យតិរ្ថិយបរិញ្វជកសិនចុះ។ លំដាប់នោះ វជ្ជិយមាហិតគហបតី ចូលទៅឯអារាមរបស់ពួកអន្យតិរ្ថិយបរិញ្វជក។ សម័យនោះ ពួកអន្យតិរ្ថិយបរិញ្វជក ប្រជុំគ្នា មកជួបជុំ និយាយគ្នាកោកកាក គឹកកងរំពង អង្គុយជជែកគ្នា ពីតិរច្ឆានកថាផ្សេង ៗ។ អន្យតិរ្ថិយបរិញ្វជកទាំងនោះ បានឃើញវជ្ជិយមាហិតគហបតី កំពុងដើរមកពីចម្ងាយ លុះឃើញហើយ ក៏ឃាត់គ្នីគ្នាថា អ្នកទាំងឡាយ និយាយតិច ៗ អ្នកទាំងឡាយកុំនិយាយខ្លាំង (ព្រោះ) វជ្ជិយមាហិតគហបតីនេះ ជាសាវកសមណគោតម គាត់មក។ ពួកគ្រហស្ថ អ្នកស្លៀកពាក់ស ជាសាវកសមណគោតម ដែលនៅក្នុងក្រុងចម្បាទាំងប៉ុន្មាន បណ្តាគ្រហស្ថជាសាវកទាំងនោះ វជ្ជិយមាហិតគហបតីនេះ ជាសាវកម្នាក់ដែរ។ អ្នកដ៏មានអាយុទាំងនោះ ត្រូវការតែសំឡេងតិច ហាត់តែសំឡេងតិច និយាយសរសើរតែសំឡេងតិច យើងធ្វើដូចម្តេច ឲ្យទាល់តែវជ្ជិយមាហិតគហបតី សំគាល់បរិសទ្យ មានសំឡេងតិចថា គួរចូលមករក។ ទើបបរិញ្វជកទាំងនោះ នាំគ្នាស្ងៀម។ លំដាប់នោះ វជ្ជិយមាហិតគហបតី ចូលទៅរកបរិញ្វជកទាំងនោះ លុះចូលទៅដល់ហើយ ក៏និយាយរាក់ទាក់ សំណេះសំណាល ជាមួយនឹងអន្យតិរ្ថិយបរិញ្វជកទាំងនោះ លុះបង្ហើយពាក្យដែលគួររាក់ទាក់ សំណេះសំណាល គួរឲ្យរលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះវជ្ជិយមាហិតគហបតី អង្គុយក្នុងទីសមគួរហើយ បរិញ្វជកទាំងនោះ ក៏និយាយយ៉ាងនេះថា ម្នាលគហបតី ឮថា ព្រះសមណគោតម តែងតិះដៀលតបធម៌ទាំងនោះ ត្មះតិះដៀល បន្តុះបង្អាប់បុគ្គលមានតបៈ រស់នៅដោយសេចក្តីសៅហ្មងទាំងអស់ តែម៉្យាងមែនឬ។ បពិត្រលោកដ៏ចំរើនទាំងឡាយ ព្រះដ៏មានព្រះភាគ មិនមែនតិះដៀលតបធម៌ទាំងអស់ ទាំងមិនត្មះតិះដៀល បន្តុះបង្អាប់បុគ្គលមានតបៈ រស់នៅដោយសេចក្តីសៅហ្មងទាំងអស់ តែម៉្យាងទេ។ បពិត្រលោកដ៏ចំរើនទាំងឡាយ ព្រះដ៏មានព្រះភាគ តែងតិះដៀលបុគ្គល ដែលគេគួរតិះដៀល តែងសរសើរបុគ្គល ដែលគេគួរសរសើរ បពិត្រលោកដ៏ចំរើនទាំងឡាយ កាលព្រះដ៏មានព្រះភាគ តិះដៀលបុគ្គលដែលគេគួរតិះដៀល សរសើរបុគ្គលដែលគេគួរសរសើរ ព្រះដ៏មានព្រះភាគ ព្រះអង្គសំដែង ចែករលែក ព្រះដ៏មានព្រះភាគនោះ ព្រះអង្គមិនមែនជាអ្នកសំដែងម៉ៅ ក្នុងហេតុនុ៎ះទេ។ កាលដែលវជ្ជិយមាហិតគហបតី និយាយយ៉ាងនេះហើយ មានបរិញ្វជកម្នាក់ និយាយនឹងវជ្ជិយមាហិតគហបតី យ៉ាងនេះថា ម្នាលគហបតី អ្នកចូរបង្អង់សិន អ្នកនិយាយសរសើរគុណ នៃព្រះសមណគោតមណា ព្រះសមណគោតមនោះ ជាអ្នកញុំាងសត្វឲ្យវិនាស ជាអ្នកបញ្ញត្តព្រះនិញ្វន មិនច្បាស់លាស់ទេតើ។ បពិត្រលោកដ៏ចំរើនទាំងឡាយ ខ្ញុំសូមនិយាយនឹងពួកលោកដ៏មានអាយុ តាមគន្លងធម៌ ត្រង់រឿងនេះបន្តិច បពិត្រលោកដ៏ចំរើនទាំងឡាយ (ព្រោះ) ពាក្យនេះ ជាកុសល ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តហើយ បពិត្រលោកដ៏ចំរើនទាំងឡាយ ពាក្យនេះ ជាអកុសល ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តហើយ កាលព្រះដ៏មានព្រះភាគ បញ្ញត្តនូវកុសល និងអកុសល ដោយប្រការដូច្នេះ ឈ្មោះថាជាអ្នកបញ្ញត្តព្រះនិញ្វនត្រឹមត្រូវ ព្រះដ៏មានព្រះភាគនោះ មិនមែនជាអ្នកញុំាងសត្វឲ្យវិនាស មិនមែនជាអ្នកបញ្ញត្តព្រះនិញ្វនមិនច្បាស់លាស់ទេ។ កាលដែលវិជ្ជយមាហិតគហបតី និយាយយ៉ាងនេះហើយ បរិញ្វជកទាំងឡាយ នៅស្ងៀម អៀនខ្មាស ឱនក សំយុងមុខ អង្គុយសញ្ជប់សញ្ជឹង គ្មានបដិភាណ។ លំដាប់នោះ វជ្ជិយមាហិតគហបតី ដឹងថា បរិញ្វជកទាំងនោះ នៅស្ងៀម អៀនខ្មាស ឱនក សំយុងមុខសញ្ជប់សញ្ជឹង គ្មានបដិភាណហើយ ក៏ក្រោកចាកអាសនៈ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះវជ្ជិយមាហិតគហបតី អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលការចរចាទាំងប៉ុន្មាន ដែលខ្លួននិយាយជាមួយនឹងអន្យតិរ្ថិយបរិញ្វជកទាំងឡាយនោះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលគហបតី ល្អហើយ ៗ ម្នាលគហបតី អ្នកត្រូវផ្ទញ់ផ្ទាល់ មោឃបុរសទាំងនោះ ឲ្យរៀបរយ តាមគន្លងធម៌ សព្វ ៗ កាល យ៉ាងនេះចុះ។ ម្នាលគហបតី តថាគត មិនហៅតបៈ ថាជាធម៌ ដែលគេត្រូវដុតកំដៅទាំងអស់ទេ ម្នាលគហបតី តថាគត ក៏មិនហៅតបៈ ថាជាធម៌ ដែលគេមិនត្រូវដុតកំដៅទាំងអស់ទេ ម្នាលគហបតី តថាគត មិនហៅការសមាទាន ថាជាកិច្ច ដែលគេត្រូវសមាទានទាំងអស់ទេ ម្នាលគហបតី តថាគត មិនហៅការសមាទាន ថាជាកិច្ច ដែលគេមិនត្រូវសមាទានទាំងអស់ទេ ម្នាលគហបតី តថាគត មិនហៅបធានៈ ថាជាកិច្ច ដែលគេត្រូវដំកល់ទាំងអស់ទេ ម្នាលគហបតី តថាគត មិនហៅបធានៈ ថាជាកិច្ច ដែលគេមិនត្រូវដំកល់ទាំងអស់ទេ ម្នាលគហបតី តថាគត មិនហៅបដិនិស្សគ្គៈ ថាជាធម៌ ដែលគេត្រូវលះបង់ទាំងអស់ទេ ម្នាលគហបតី តថាគត មិនហៅវិមុត្តិ ថាជាធម្មជាតិ ដែលគេត្រូវរួចស្រឡះទាំងអស់ទេ ម្នាលគហបតី តថាគត មិនហៅវិមុត្តិ ថាជាធម្មជាតិ ដែលគេមិនត្រូវរួចស្រឡះទាំងអស់ទេ ម្នាលគហបតី ព្រោះថា កាលបុគ្គលដុតកំដៅដោយតបៈណា អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ សាបសូន្យទៅ ទើបតថាគតហៅតបៈ មានសភាពយ៉ាងនេះ ថាជាធម៌ ដែលគេមិនត្រូវដុតកំដៅ។ ម្នាលគហបតី លុះតែបុគ្គលនោះ ដុតកំដៅ ដោយតបៈណា អកុសលធម៌ទាំងឡាយ សាបសូន្យទៅ កុសលធម៌ទាំងឡាយ ចំរើឡើង ទើបតថាគត ហៅតបៈ មានសភាពយ៉ាងនេះ ថាជាធម៌ ដែលគេត្រូវដុតកំដៅ។ ម្នាលគហបតី កាលបុគ្គលកាន់យក ដោយការសមាទានណា អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ សាបសូន្យទៅ តថាគត ហៅការសមាទានមានសភាពយ៉ាងនេះ ថាជាកិច្ច ដែលគេមិនត្រូវសមាទាន។ ម្នាលគហបតី លុះតែបុគ្គលនោះ កាន់យកដោយការសមាទានណា អកុសលធម៌ទាំងឡាយ សាបសូន្យទៅ កុសលធម៌ទាំងឡាយ ចំរើនឡើង តថាគត ហៅការសមាទាន មានសភាពយ៉ាងនេះ ថាជាកិច្ច ដែលគេត្រូវកាន់យក។ ម្នាលគហបតី កាលបុគ្គលដំកល់ដោយបធានៈណា អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ សាបសូន្យទៅ តថាគត ហៅបធានៈ មានសភាពយ៉ាងនេះ ថាជាកិច្ច ដែលគេមិនត្រូវដំកល់។ ម្នាលគហបតី លុះតែបុគ្គលនោះ ដំកល់ ដោយបធានៈណា អកុសលធម៌ទាំងឡាយ សាបសូន្យទៅ កុសលធម៌ទាំងឡាយ ចំរើនឡើង តថាគត ហៅបធានៈ មានសភាពយ៉ាងនេះ ថាជាកិច្ច ដែលគេត្រូវដំកល់។ ម្នាលគហបតី កាលបុគ្គលលះ ដោយបដិនិស្សគ្គៈណា អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ សាបសូន្យទៅ តថាគត ហៅបដិនិស្សគ្គៈ មានសភាពយ៉ាងនេះ ថាជាធម៌ ដែលគេមិនត្រូវលះ។ ម្នាលគហបតី លុះតែបុគ្គលនោះលះ ដោយបដិនិស្សគ្គៈណា អកុសលធម៌ទាំងឡាយ សាបសូន្យទៅ កុសលធម៌ទាំងឡាយ ចំរើនឡើង តថាគត ហៅបដិនិស្សគ្គៈ មានសភាពយ៉ាងនេះ ថាជាធម៌ ដែលគេត្រូវលះ។ ម្នាលគហបតី កាលបុគ្គលរួចស្រឡះ ដោយវិមុត្តិណា អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ សាបសូន្យទៅ តថាគត ហៅវិមុត្តិ មានសភាពយ៉ាងនេះ ថាជាធម្មជាតិ ដែលគេមិនត្រូវរួចស្រឡះ។ ម្នាលគហបតី លុះតែបុគ្គលនោះ រួចស្រឡះ ដោយវិមុត្តិណា អកុសលធម៌ទាំងឡាយ សាបសូន្យទៅ កុសលធម៌ទាំងឡាយ ចំរើនឡើង តថាគត ហៅវិមុត្តិ មានសភាពយ៉ាងនេះ ថាជាធម្មជាតិ ដែលគេត្រូវរួចស្រឡះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏វជ្ជិយមាហិតគហបតី ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយធ្វើប្រទក្សិណ ចៀសចេញទៅ។ កាលដែលវជ្ជិយមាហិតគហបតី ចៀសចេញទៅ មិនទាន់យូរប៉ុន្មាន ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បើភិក្ខុណា មានធូលីតិច ក្នុងភ្នែក (មិនសូវងឿងឆ្ងល់) ក្នុងធម្មវិន័យនេះ អស់កាលយូរ ភិក្ខុនោះឯង គួរផ្ទញ់ផ្ទាល់ពួកអន្យតិរ្ថិយបរិញ្វជក ឲ្យរៀបរយ តាមគន្លងធម៌ ដូចជាវជ្ជិយមាហិតគហបតី ដែលផ្ទញ់ផ្ទាល់ យ៉ាងនេះបាន។

(ឧត្តិយសូត្រ ទី៥)

(៥. ឧត្តិយសុត្តំ)

[៩៥] លំដាប់នោះ ឧត្តិយបរិញ្វជក ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏និយាយរាក់ទាក់ សំណេះសំណាល ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបង្ហើយពាក្យ ដែលគួររាក់ទាក់ សំណេះសំណាល គួរឲ្យរលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះឧត្តិយបរិញ្វជក អង្គុយក្នុងទីសមគួរហើយ បានទូលសួរព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ចុះលោកទៀង ពាក្យនេះពិត ពាក្យដទៃមិនពិតទេ ឬដូចម្តេច។ ព្រះអង្គត្រាស់ថា ម្នាលឧត្តិយៈ ពាក្យថា លោកទៀង ពាក្យនេះពិត ពាក្យដទៃមិនពិតនេះ តថាគត មិនដែលព្យាករទេ។ បពិត្រព្រះគោតមដ៏ចំរើន ចុះលោកមិនទៀង ពាក្យនេះពិត ពាក្យដទៃ មិនពិតទេ ឬដូចម្តេច។ ម្នាលឧត្តិយៈ ពាក្យថា លោកមិនទៀង ពាក្យនេះពិត ពាក្យដទៃមិនពិតនេះ តថាគត ក៏មិនដែលព្យាករដែរ។ បពិត្រព្រះគោតមដ៏ចំរើន ចុះលោកមានទីបំផុត… លោកមិនមានទីបំផុត… ជីវិតនោះ គឺសរីរៈនោះ… ជីវិតដទៃ សរីរៈដទៃ… សត្វស្លាប់ទៅកើតទៀត… សត្វស្លាប់ទៅមិនកើតទៀត… សត្វស្លាប់ទៅកើតទៀតក៏មាន មិនកើតទៀត ក៏មាន… សត្វស្លាប់ទៅ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ពាក្យនេះពិត ពាក្យដទៃមិនពិតទេ ឬដូចម្តេច។ ម្នាលឧត្តិយៈ ពាក្យថា សត្វស្លាប់ទៅកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ពាក្យនេះពិត ពាក្យដទៃមិនពិត នេះក៏តថាគត មិនព្យាករដែរ។ បពិត្រព្រះគោតមដ៏ចំរើន កាលខ្ញុំសួរថា ចុះលោកនេះទៀង ពាក្យនេះពិត ពាក្យដទៃមិនពិតទេ ឬដូចម្តេច ដូច្នេះ ព្រះអង្គត្រាស់ថា ម្នាលឧត្តិយៈ ពាក្យថា លោកទៀង ពាក្យនេះពិត ពាក្យដទៃ មិនពិតនេះ តថាគត មិនព្យាករទេ។ បពិត្រព្រះគោតមដ៏ចំរើន កាលខ្ញុំសួរថា ចុះលោកមិនទៀង ពាក្យនេះពិត ពាក្យដទៃ មិនពិតទេ ឬដូចម្តេច ដូច្នេះ ព្រះអង្គត្រាស់ថា ម្នាលឧត្តិយៈ ពាក្យថា លោកមិនទៀង ពាក្យនេះពិត ពាក្យដទៃមិនពិតនេះ តថាគត ក៏មិនព្យាករដែរ។ បពិត្រព្រះគោតមដ៏ចំរើន កាលខ្ញុំសួរថា លោកមានទីបំផុត… លោកមិនមានទីបំផុត…ជីវិតនោះ គឺសរីរៈនោះ… ជីវិតដទៃ សរីរៈដទៃ… សត្វស្លាប់ទៅកើតទៀត… សត្វស្លាប់ទៅមិនកើតទៀត… សត្វស្លាប់ទៅកើតទៀត ក៏មាន មិនកើតទៀត ក៏មាន សត្វស្លាប់ទៅកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ពាក្យនេះពិត ពាក្យដទៃ មិនពិតទេ ឬដូចម្តេច ដូច្នេះ ព្រះអង្គត្រាស់ថា ម្នាលឧត្តិយៈ ពាក្យថា សត្វស្លាប់ទៅ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ពាក្យនេះពិត ពាក្យដទៃ មិនពិតនេះ តថាគត ក៏មិនព្យាករដែរ កាលបើយ៉ាងនេះ ចុះព្រះគោតមដ៏ចំរើន ទ្រង់ព្យាករ ដូចម្តេចវិញ។ ព្រះអង្គត្រាស់ថា ម្នាលឧត្តិយៈ តថាគតដឹងច្បាស់ហើយ សំដែងធម៌ដល់សាវកទាំងឡាយ ដើម្បីបរិសុទ្ធិដល់ពួកសត្វ ដើម្បីកន្លងនូវសោក និងការខ្សឹកខ្សួល ដើម្បីអស់ទៅនៃទុក្ខ ទោមនស្ស ដើម្បីត្រាស់ដឹងនូវធម៌ ដែលគួរដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិញ្វន។ ព្រះគោតមដ៏ចំរើន ដឹងច្បាស់នូវធម៌ណា ហើយសំដែងធម៌ ដល់ពួកសាវក ដើម្បីបរិសុទ្ធិដល់ពួកសត្វ ដើម្បីកន្លងនូវសោក និងការខ្សឹកខ្សួល ដើម្បីអស់ទៅនៃទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវធម៌ ដែលគួរដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិញ្វន បើចុះមានតែព្រះអង្គ នឹងជញ្ជូនលោកទាំងមូល ឬលោកពាក់កណ្តាល ឬក៏លោកទាំង ៣ ភាគ យកទៅដោយធម៌នោះ (មិនខាន)។ កាលដែលឧត្តិយបរិញ្វជក និយាយយ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ស្ងៀម។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កុំឲ្យឧត្តិយបរិញ្វជក បាននូវសេចក្តីយល់ដ៏លាមកថា អាត្មាអញសួរប្រស្នាទាំងអស់ ដែលកើតឡើង ដោយខ្លួនឯង ព្រះសមណគោតមទាល់ មិនឆ្លើយ ពិតជាឆ្លើយមិនរួច ដូច្នេះឡើយ ការបាននូវសេចក្តីយល់នោះ មិនជាប្រយោជន៍ ជាទុក្ខ ដល់ឧត្តិយបរិញ្វជកនោះ អស់កាលយូរ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ មានថេរវាចាចំពោះឧត្តិយបរិញ្វជក យ៉ាងនេះថា ម្នាលអាវុសោ ឧត្តិយៈ បើដូច្នោះ មានតែអាត្មានឹងធ្វើសេចក្តីប្រៀបធៀប ឲ្យអ្នកស្តាប់ ដ្បិតពួកវិញ្ញូបុរសខ្លះ ក្នុងលោកនេះ យល់សេចក្តីនៃភាសិតបាន ដោយសារការប្រៀបធៀប។ ម្នាលអាវុសោឧត្តិយៈ ដូចជាបច្ចន្តិមនគររបស់ព្រះរាជា នគរនោះមានប៉មដ៏មាំ មានកំពែង និងមេទ្វារដ៏មាំ មានទ្វារតែមួយ។ ត្រង់ទ្វារនៃនគរនោះ មានឆ្មាំទ្វារប៉ិនប្រសប់ ឆ្លៀវឆ្លាស វាងវៃ ឃាត់ពួកជនដែលមិនស្គាល់ បើកឲ្យតែពួកជន ដែលស្គាល់ចូលបាន ឆ្មាំទ្វារនោះ ដើរយាមល្បាត តាមផ្លូវជិតកំពែង ជុំវិញនគរនោះ មិនឃើញទីតនៃកំពែង និងចន្លោះនៃកំពែង ល្មមឲ្យឆ្មាចូលរួច ក៏មិនបានឃើញ ឆ្មាំទ្វារនោះ ថែមទាំងមិនបានដឹងយ៉ាងនេះថា ពួកសត្វតូច ៗ ប៉ុណ្ណេះ ចូលទៅកាន់នគរនេះ ឬចេញពីនគរនេះទេ។ ឆ្មាំទ្វារនោះ គ្រាន់តែចំណាំ ត្រង់ទ្វារនុ៎ះយ៉ាងនេះថា ពួកសត្វធំៗ ណាមួយ ចូលមកកាន់នគរនេះ ឬ ចេញទៅ ពួកសត្វទាំងអស់នោះ ចូលក្តី ចេញក្តី តាមទ្វារនេះ យ៉ាងណាមិញ។ ម្នាលអាវុសោឧត្តិយៈ ព្រះតថាគតមិនមានសេចក្តីខ្វល់ខ្វាយ យ៉ាងនេះថា តថាគតនឹងជញ្ជូនលោកទាំងមូល ឬលោកពាក់កណ្តាល ឬក៏លោកទាំង ៣ ភាគ ទៅដោយធម៌នោះទេ។ ព្រះតថាគតគ្រាន់តែជ្រាបក្នុងហេតុនុ៎ះ យ៉ាងនេះថា តថាគតជញ្ជូនហើយ ឬកំពុងជញ្ជូន ឬក៏នឹងជញ្ជូនពួកសត្វណាមួយ ចាកលោកបាន (ទាល់តែ) សត្វទាំងអស់នោះ លះនីវរណធម៌ទាំង ៥ ប្រការ ជាគ្រឿងសៅហ្មងចិត្ត ដែលធ្វើបញ្ញា ឲ្យមានកំឡាំងថយ ដំកល់ចិត្តស៊ប់ក្នុងសតិប្បដ្ឋាន ៤ ចំរើនពោជ្ឈង្គ ៧ តាមសេចក្តីពិត ទើបតថាគតជញ្ជូនហើយ ឬកំពុងជញ្ជូន ឬក៏នឹងជញ្ជូនសត្វទាំងនុ៎ះ ចាកលោកយ៉ាងនេះ យ៉ាងនោះដែរ។ ម្នាលអាវុសោឧត្តិយៈ អ្នកបានសួរប្រស្នាណា នឹងព្រះដ៏មានព្រះភាគហើយ អ្នកបានសួរប្រស្នានោះ នឹងព្រះដ៏មានព្រះភាគ ដោយទំនងដទៃ ហេតុនោះ បានជាព្រះដ៏មានព្រះភាគ ទ្រង់មិនព្យាករប្រស្នានោះ ឲ្យអ្នកស្តាប់។

(កោកនុទសូត្រ ទី៦)

(៦. កោកនុទសុត្តំ)

[៩៦] សម័យមួយ ព្រះអានន្ទដ៏មានអាយុ ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី ដើរចូលទៅរកស្ទឹងតបោទា ដើម្បីលាបស្រឡាបខ្លួន។ លុះលាបស្រឡាបខ្លួន ក្នុងស្ទឹងតបោទាហើយ មានចីវរតែមួយ ឡើងមកឈរ សំដិលខ្លួនឲ្យស្ងួតដូចមុន។ កោកនុទបរិញ្វជក ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី ហើយក៏ចូលទៅរកស្ទឹងតបោទា ដើម្បីលាបស្រឡាបខ្លួនដែរ។ កោកនុទបរិញ្វជក បានឃើញព្រះអានន្ទដ៏មានអាយុ កំពុងនិមន្តមកអំពីចម្ងាយ លុះឃើញហើយ ក៏សួរព្រះអានន្ទដ៏មានអាយុថា ម្នាលអាវុសោ លោកជាអ្វីដែរ ក្នុងពួកសមណៈទាំងនោះ។ ម្នាលអាវុសោ យើងជាភិក្ខុ។ ម្នាលអាវុសោ ពួកជនដូចម្តេចដែលហៅថា ភិក្ខុ។ ម្នាលអាវុសោ ពួកសមណៈជាសក្យបុត្តិយ៍។ យើងសូមសួរហេតុណាមួយនឹងលោកដ៏មានអាយុ បើលោកដ៏មានអាយុ ឲ្យឱកាស ដើម្បីឆ្លើយប្រស្នា។ ម្នាលអាវុសោ អ្នកចូរសួរមកចុះ យើងស្តាប់ហើយនឹងប្រាប់បាន។ ម្នាលលោកដ៏ចំរើន លោកមានទិដ្ឋិ យ៉ាងនេះថា លោកទៀង ពាក្យនេះឯង ជាពាក្យពិត ពាក្យដទៃ ជាពាក្យសោះសូន្យដែរឬ។ ម្នាលអាវុសោ យើងមិនមានទិដ្ឋិ យ៉ាងនេះថា លោកទៀង ពាក្យនេះឯង ជាពាក្យពិត ពាក្យដទៃ ជាពាក្យសោះសូន្យដូច្នេះទេ។ ម្នាលលោកដ៏ចំរើន លោកមានទិដ្ឋិ យ៉ាងនេះថា លោកមិនទៀង ពាក្យនេះឯង ជាពាក្យពិត ពាក្យដទៃ ជាពាក្យសោះសូន្យដែរឬ។ ម្នាលអាវុសោ យើងមិនមានទិដ្ឋិយ៉ាងនេះថា លោកមិនទៀង ពាក្យនេះឯង ជាពាក្យពិត ពាក្យដទៃ ជាពាក្យសោះសូន្យ ដូច្នេះទេ។ ម្នាលលោកដ៏ចំរើន លោកមានទិដ្ឋិយ៉ាងនេះថា លោកមានទីបំផុត… លោកមិនមានទីបំផុត… ជីវិតនោះ គឺសរីរៈនោះ… ជីវិតដទៃ សរីរៈដទៃ… សត្វស្លាប់ទៅ រមែងកើតទៀតក៏មាន… សត្វស្លាប់ទៅមិនកើតទៀតក៏មាន … សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះ… សត្វស្លាប់ទៅកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ពាក្យនេះឯង ជាពាក្យពិត ពាក្យដទៃ ជាពាក្យសោះសូន្យ ដែរឬ។ ម្នាលអាវុសោ យើងមិនមានទិដ្ឋិ យ៉ាងនេះថា សត្វស្លាប់ទៅកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ពាក្យនេះឯង ជាពាក្យពិត ពាក្យដទៃ ជាពាក្យសោះសូន្យដូច្នេះទេ។ បើដូច្នោះ លោកមិនដឹង មិនឃើញទេឬ។ ម្នាលអាវុសោ យើងមិនមែនមិនដឹង មិនមែនមិនឃើញទេ ម្នាលអាវុសោ យើងដឹង យើងឃើញ។ កាលខ្ញុំសួរថា ម្នាលលោកដ៏ចំរើន លោកមានទិដ្ឋិ យ៉ាងនេះថា លោកទៀង ពាក្យនេះឯង ជាពាក្យពិត ពាក្យដទៃ ជាពាក្យសោះសូន្យដែរឬ លោកឆ្លើយថា ម្នាលអាវុសោ យើងមិនមានទិដ្ឋិយ៉ាងនេះថា លោកទៀង ពាក្យនេះឯង ជាពាក្យពិត ពាក្យដទៃ ជាពាក្យសោះសូន្យដូច្នេះទេ។ កាលខ្ញុំសួរថា ម្នាលលោកដ៏ចំរើន លោកមានទិដ្ឋិ យ៉ាងនេះថា លោកមិនទៀង ពាក្យនេះឯង ជាពាក្យពិត ពាក្យដទៃ ជាពាក្យសោះសូន្យដែរឬ លោកឆ្លើយថា ម្នាលអាវុសោ យើងមិនមានទិដ្ឋិ យ៉ាងនេះថា លោកមិនទៀង ពាក្យនេះឯង ជាពាក្យពិត ពាក្យដទៃ ជាពាក្យសោះសូន្យដូច្នេះទេ។ កាលខ្ញុំសួរ ដូច្នេះថា ម្នាលលោកដ៏ចំរើន លោកមានទិដ្ឋិ យ៉ាងនេះថា លោកមានទីបំផុត… លោកមិនមានទីបំផុត… ជីវិតនោះ គឺសរីរៈនោះ… ជីវិតដទៃ សរីរៈដទៃ… សត្វស្លាប់ទៅកើតទៀត ក៏មាន… សត្វស្លាប់ទៅ មិនកើតទៀត ក៏មាន… សត្វស្លាប់ទៅកើតទៀតខ្លះ មិនកើតទៀតខ្លះ… សត្វស្លាប់ទៅ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ពាក្យនេះឯង ជាពាក្យពិត ពាក្យដទៃ ជាពាក្យសោះសូន្យដូច្នេះដែរឬ លោកឆ្លើយថា ម្នាលអាវុសោ យើងមិនមានទិដ្ឋិយ៉ាងនេះថា សត្វស្លាប់ទៅកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ពាក្យនេះឯង ជាពាក្យពិត ពាក្យដទៃ ជាពាក្យសោះសូន្យដូច្នេះទេ។ កាលខ្ញុំសួរដូច្នេះថា បើដូច្នេះ មានតែលោកមិនដឹង មិនឃើញទេ លោកឆ្លើយថា ម្នាលអាវុសោ យើងមិនមែនមិនដឹង មិនមែនមិនឃើញទេ ម្នាលអាវុសោ យើងដឹង យើងឃើញ។ ម្នាលអាវុសោ សេចក្តីនៃភាសិតនេះ តើគប្បីយល់ដូចម្តេច។ ម្នាលអាវុសោ ត្រង់ទិដ្ឋិ (សេចក្តីយល់ឃើញថា) លោកទៀង ពាក្យនេះឯង ជាពាក្យពិត ពាក្យដទៃ ជាពាក្យសោះសូន្យ ម្នាលអាវុសោ ត្រង់ទិដ្ឋិថា លោកមិនទៀង ពាក្យនេះឯង ជាពាក្យពិត ពាក្យដទៃ ជាពាក្យសោះសូន្យ ម្នាលអាវុសោ ត្រង់ទិដ្ឋិថា លោកមានទីបំផុត… លោកមិនមានទីបំផុត… ជីវិតនោះ គឺសរីរៈនោះ… ជីវិតដទៃ សរីរៈដទៃ… សត្វស្លាប់ទៅកើតទៀត ក៏មាន… សត្វស្លាប់ទៅ មិនកើតទៀត ក៏មាន… សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះ … សត្វស្លាប់ទៅ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ពាក្យនេះឯង ជាពាក្យពិត ពាក្យដទៃ ជាពាក្យសោះសូន្យ។ ម្នាលអាវុសោ ទិដ្ឋិទាំងប៉ុន្មាន ហេតុនៃទិដ្ឋិទាំងប៉ុន្មាន ការតាំងនៅនៃទិដ្ឋិ ការរួបរឹតដោយទិដ្ឋិ ការដកឡើងនូវទិដ្ឋិទាំងប៉ុន្មាន យើងដឹងនូវទិដ្ឋិនោះ ឃើញនូវទិដ្ឋិនោះ កាលយើងដឹងនូវទិដ្ឋិនោះ ទើបពោលថា ដឹង កាលឃើញនូវទិដ្ឋិនោះ ទើបពោលថា ឃើញ យើងនឹងពោលថា យើងមិនដឹង មិនឃើញដូចម្តេចកើត ម្នាលអាវុសោ យើងដឹងមែន ឃើញមែន។ លោកដ៏មានអាយុ នាមជាអ្វី ពួកសព្រហ្មចារីបុគ្គលស្គាល់លោកដ៏មានអាយុថាដូចម្តេច។ ម្នាលអាវុសោ នាមរបស់យើងថា អានន្ទដូច្នេះ ពួកសព្រហ្មចារី ក៏ស្គាល់យើងថា អានន្ទដូច្នេះដែរ។ លោកដ៏ចំរើន យើងកាលប្រឹក្សាជាមួយនឹងអាចារ្យជាធំ តែមិនដែលស្គាល់ថា អានន្ទដ៏មានអាយុ ដូច្នេះសោះ។ ពិតណាស់ បើយើងស្គាល់ថា នេះជាព្រះអានន្ទដ៏មានអាយុ ដូច្នេះមែន យើងក៏មិនហ៊ានពោលដេញដោលប៉ុណ្ណេះឡើយ សូមព្រះអានន្ទដ៏មានអាយុ អត់ទោសដល់ខ្ញុំឲ្យទាន។

(អាហុនេយ្យសូត្រ ទី៧)

(៧. អាហុនេយ្យសុត្តំ)

[៩៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ១០ ប្រការ ជាអ្នកគួរទទួលវត្ថុ ដែលគេនាំមកបូជា គួរទទួលវត្ថុដែលគេនាំមកទទួលភ្ញៀវ គួរទទួលទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក។ ប្រកបដោយធម៌ ១០ ប្រការ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញនូវភ័យ ក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ១ ជាពហុស្សូត ទ្រទ្រង់នូវសូត្រ ចេះចាំដោយច្បាស់លាស់នូវសូត្រ ធម៌ទាំងឡាយណា ដែលមានលំអបទដើម មានលំអបទកណ្តាល មានលំអបទចុង ប្រកាសនូវព្រហ្មចរិយ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈដ៏បរិសុទ្ធ បរិបូណ៌សព្វគ្រប់ ពួកធម៌ដែលមានសភាពដូច្នោះ ភិក្ខុនោះ បានរៀនសូត្រច្រើន បានទ្រទ្រង់ ចាំស្ទាត់ រត់មាត់ យល់ច្បាស់ក្នុងចិត្ត ចាក់ធ្លុះល្អដោយទិដ្ឋិ ១ ជាអ្នកមានកល្យាណជនជាមិត្រ មានកល្យាណជនជាសំឡាញ់ មានកល្យាណជន ជាទីមូលមិត្ត ១ ជាសម្មាទិដ្ឋិ ប្រកបដោយការឃើញត្រូវ ១ រមែងបានឥទ្ធិវិធញ្ញាណ គឺការតាក់តែងឫទ្ធិបានច្រើនយ៉ាង គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន ឬមនុស្សច្រើននាក់ ធ្វើឲ្យទៅជាម្នាក់វិញក៏បាន ដើរទៅកាន់ទីវាល ទីខាងក្រៅ ទីខាងក្រៅជញ្ជាំង ទីខាងក្រៅលំពែង ទីខាងក្រៅភ្នំ មិនទើសទាក់ ដូចគេដើរទៅលើអាកាសក៏បាន ងើបឡើង និងមុជចុះក្នុងផែនដី ដូចគេងើបមុជក្នុងទឹកក៏បាន ដើរទៅក្នុងទឹក ក៏មិនបែកធ្លាយទឹក ដូចគេដើរលើផែនដីក៏បាន ទៅក្នុងអាកាសទាំងភ្នែន ដូចសកុណជាត ដែលមានស្លាបក៏បាន យកដៃទៅស្ទាបអង្អែល ចាប់ពាល់នូវព្រះចន្ទ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះក៏បាន ធ្វើអំណាចឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន ១ ឮសំឡេងពីរប្រការបាន គឺសំឡេងជាទិព្យ និងសំឡេង ជារបស់មនុស្សធម្មតា ក្នុងទីឆ្ងាយក្តី ជិតក្តី ដោយទិព្វសោតធាតុ ដ៏បរិសុទ្ធ កន្លងបង់នូវសោតធាតុ ជារបស់មនុស្សធម្មតា ១ កំណត់ដឹងនូវចិត្តនៃសត្វដទៃ បុគ្គលដទៃដោយចិត្តរបស់ខ្លួនបាន គឺដឹងច្បាស់ថា ចិត្តដែលប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាសចាករាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ ចិត្តប្រកបដោយទោសៈក្តី … ចិត្តប្រាសចាកទោសៈក្តី… ចិត្តប្រកបដោយមោហៈក្តី… ចិត្តប្រាសចាកមោហៈក្តី … ចិត្តដែលរួញថយក្តី … ចិត្តដែលរាយមាយក្តី… ចិត្តជាមហគ្គតៈក្តី … ចិត្តមិនមែនជាមហគ្គតៈក្តី … ចិត្តដែលជាសឧត្តរៈ គឺ កាមាវចរក្តី… ចិត្តដែលជាអនុត្តរៈ គឺរូបាវចរ និងអរូបាវចរក្តី… ចិត្តដែលខ្ជាប់ខ្ជួនក្តី… ចិត្តដែលមិនខ្ជាប់ខ្ជួនក្តី… ចិត្តដែលរួចស្រឡះក្តី… ចិត្តដែលមិនទាន់រួចផុតស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ ១ រមែងរលឹកនូវខន្ធដែលអាស្រ័យនៅ ក្នុងកាលមុនជាច្រើនប្រការ គឺរលឹកបាន ១ ជាតិខ្លះ ពីរជាតិខ្លះ ៣ ជាតិខ្លះ ៤ ជាតិខ្លះ ៥ ជាតិខ្លះ ១០ ជាតិខ្លះ ២០ ជាតិខ្លះ ៣០ ជាតិខ្លះ ៤០ ជាតិខ្លះ ៥០ ជាតិខ្លះ ១ រយជាតិខ្លះ មួយពាន់ជាតិខ្លះ ១ សែនជាតិខ្លះ អស់សំវដ្តកប្បជាច្រើនខ្លះ អស់វិវដ្តកប្បជាច្រើនខ្លះ អស់សំវដ្តវិវដ្តកប្បជាច្រើនខ្លះថា អាត្មាអញបានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកអត្តភាពនោះហើយ ក៏បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះច្យុតចាកអត្តភាពនោះហើយ បានមកកើតក្នុងភពនេះ រមែងរលឹកនូវខន្ធ ដែលអាស្រ័យនៅ ក្នុងកាលមុនជាច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ ១ មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងបង់ចក្ខុ របស់មនុស្សធម្មតា ឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនថា អើហ្ន៎ សត្វទាំងឡាយនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលព្រះអរិយៈ ជាមិច្ឆាទិដ្ឋិ ប្រកាន់នូវអំពើជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏តែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក មួយទៀត សត្វទាំងអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត មិនតិះដៀលព្រះអរិយៈ ជាសម្មាទិដ្ឋិ ប្រកាន់នូវអំពើជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏តែងទៅកើតក្នុងសុគតិ សួគ៌ទេវលោក មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុ ជារបស់មនុស្សធម្មតា ឃើញពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាប ឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន ដោយប្រការដូច្នេះ ១ រមែងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង ១០ នេះឯង ទើបជាអ្នកគួរទទួលវត្ថុ ដែលគេនាំមកបូជា គួរទទួលវត្ថុ ដែលគេនាំមកទទួលភ្ញៀវ គួរទទួលទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក។

(ថេរសូត្រ ទី៨)

(៨. ថេរសុត្តំ)

[៩៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ១០ យ៉ាង នៅក្នុងទិសណា ៗ រមែងនៅជាសុខសប្បាយ។ ប្រកបដោយធម៌ទាំង ១០ យ៉ាង តើដូចម្តេចខ្លះ។ ភិក្ខុជាថេរៈ ជាអ្នកដឹងរាត្រី បួសយូរ ១ ជាអ្នកមានសីល សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ១ ជាពហុស្សូត ទ្រទ្រង់នូវសូត្រ ចាំស្ទាត់នូវសូត្រ ធម៌ទាំងឡាយណា មានលំអបទខាងដើម មានលំអបទកណ្តាល មានលំអបទចុង ប្រកាសនូវព្រហ្មចរិយៈ ព្រមទាំងអត្ថ ព្រមទាំងព្យញ្ជនៈដ៏បរិសុទ្ធ បរិបូណ៌សព្វគ្រប់ ពួកធម៌ដែលមានសភាពដូច្នោះ ភិក្ខុនោះ បានរៀនសូត្រច្រើន បានទ្រទ្រង់ ចាំស្ទាត់រត់មាត់ យល់ច្បាស់ក្នុងចិត្ត ចាក់ធ្លុះល្អដោយទិដ្ឋិ ១ ទាំងបាតិមោក្ខពីរប្រការ ក៏ភិក្ខុនោះចាំស្ទាត់ល្អដោយពិស្តារ ចែករលែកដោយល្អ ឲ្យប្រព្រឹត្តទៅដោយល្អ វិនិច្ឆ័យដោយល្អ តាមសូត្រ តាមអនុព្យញ្ជនៈ ១ ជាអ្នកឈ្លាសក្នុងការរម្ងាប់អធិករណ៍ដែលកើតឡើង ១ ជាអ្នកប្រាថ្នាធម៌ មានសណ្តាប់ធ្នាប់គួរជាទីស្រឡាញ់ មានសេចក្តីត្រេកអរ ដ៏លើសលុប ក្នុងអភិធម្ម និងអភិវិន័យ ១ ជាអ្នកសន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន ១ ជាបុគ្គលគួរជ្រះថ្លា ក្នុងការឈានទៅមុខ និងការត្រឡប់ថយក្រោយ ជាអ្នកសង្រួមដោយល្អ ក្នុងការអង្គុយ សូម្បីក្នុងចន្លោះផ្ទះ ១ ជាអ្នកបានតាមសេចក្តីប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវឈានទាំង ៤ ដែលប្រព្រឹត្តទៅក្នុងចិត្តដ៏ប្រសើរ នៅជាសុខក្នុងបច្ចុប្បន្ន ១ ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងក្នុងបច្ចុប្បន្ន ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ទាំង ១០ យ៉ាងនេះឯង នៅក្នុងទិសណា ៗ រមែងនៅជាសុខសប្បាយដោយពិត។

(ឧបាលិសូត្រ ទី៩)

(៩. ឧបាលិសុត្តំ)

[៩៩] គ្រានោះឯង ព្រះឧបាលិដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំ ព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីសមគួរ។ លុះព្រះឧបាលិដ៏មានអាយុ អង្គុយនៅក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានប្រាថ្នា ដើម្បីចូលទៅគប់រកសេនាសនៈដ៏ស្ងាត់ ដែលជាព្រៃស្បាត និងព្រៃស្រោង។ ម្នាលឧបាលិ ពិតណាស់ សេនាសនៈដ៏ស្ងាត់ ដែលជាព្រៃស្បាត និងព្រៃស្រោង សុទ្ធតែជាទីកម្រទ្រាំនៅបាន សេចក្តីស្ងប់ស្ងាត់តែម្នាក់ឯង កម្រនឹងធ្វើបាន កម្រនឹងត្រេកអរម្នាក់ឯងបាន ព្រៃទាំងឡាយ ហាក់ដូចនឹងនាំចិត្តរបស់ភិក្ខុអ្នកមិនបាននូវសមាធិយកទៅ។ ម្នាលឧបាលិ បុគ្គលណា ពោលយ៉ាងនេះថា អាត្មាអញ កាលបើមិនបានសមាធិ នឹងចូលទៅអាស្រ័យ គប់រកសេនាសនៈដ៏ស្ងាត់ ដែលជាព្រៃស្បាត និងព្រៃស្រោង សេចក្តីប៉ុនប៉ងនុ៎ះ របស់ភិក្ខុនោះ នឹងលឹបបាត់ទៅវិញ ឬនឹងរសាត់អណ្តែតបាត់ទៅវិញមិនខាន។ ម្នាលឧបាលិ ដូចជាអន្លង់ទឹកធំ ក្នុងកាលនោះ ដំរីដ៏ប្រសើរ មានកំពស់ ៧ ហាត់ ឬ ៧ ហាត់កន្លះ គប្បីដើរមក ដំរីនោះមានគំនិតយ៉ាងនេះថា បើដូច្នោះ មានតែអាត្មាអញ ចុះកាន់អន្លង់ទឹកនេះ លាងស្លឹកត្រចៀកលេងផង លាងខ្នងលេងផង លុះលាងស្លឹកត្រចៀកលេង លាងខ្នងលេងរួចហើយ ក៏ងូតផង ផឹកផងសិន សឹមឡើងដើរចេញទៅតាមប្រាថ្នា។ ដំរីនោះ ក៏ចុះទៅកាន់អន្លង់ទឹក ហើយលាងស្លឹកត្រចៀកលេងផង លាងខ្នងលេងផង លុះលាងស្លឹកត្រចៀកលេង លាងខ្នងលេងរួចហើយ ក៏ងូតផង ផឹកផង ហើយឡើងដើរចេញទៅតាមប្រាថ្នា។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលឧបាលិ ព្រោះថា អត្តភាព (នៃដំរីនោះ) ធំ តែងបាននូវទីពឹងក្នុងអន្លង់ដ៏ជ្រៅ កាលបើសត្វទន្សាយ ឬសំពោច ដើរមក ទន្សាយ ឬសំពោចនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ចុះអញជាអ្វីទៅ ដំរីជាអ្វីទៅ បើដូច្នោះ មានតែអញ ចុះទៅកាន់អន្លង់ទឹកនេះ លាងស្លឹកត្រចៀកលេងផង លាងខ្នងលេងផង លុះលាងស្លឹកត្រចៀកលេង លាងខ្នងលេងរួចហើយ ក៏ងូតផង ផឹកផង រួចសិនសឹមឡើងដើរចេញទៅតាមប្រាថ្នា។ សត្វនោះ មិនបានពិចារណាអន្លង់ទឹកនោះដោយរហ័ស សេចក្តីប៉ុនប៉ងនុ៎ះរបស់សត្វនោះ នឹងលឹបបាត់ទៅវិញ ឬនឹងរសាត់អណ្តែតបាត់ទៅវិញមិនខាន។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលឧបាលិ ព្រោះថា អត្តភាពវាតូច មិនត្រូវបានទីពឹងក្នុងអន្លង់ដ៏ជ្រៅទេ សេចក្តីនេះ ឧបមាយ៉ាងណា។ ម្នាលឧបាលិ ឧបមេយ្យដូចជាបុគ្គលណា ពោលយ៉ាងនេះថា អាត្មាអញ កាលបើមិនបានសមាធិ នឹងចូលទៅអាស្រ័យ គប់រកសេនាសនៈដ៏ស្ងាត់ ដែលជាព្រៃស្បាត និងព្រៃស្រោង សេចក្តីប៉ុនប៉ងនុ៎ះ របស់ភិក្ខុនោះនឹងលឹបបាត់ទៅវិញ ឬនឹងរសាត់អណ្តែតបាត់ទៅវិញមិនខាន។ ម្នាលឧបាលិ ឬដូចកុមារក្មេងតូចខ្ចី នៅដេកផ្ងារ តែងលេងមូត្រ និងករីសៈរបស់ខ្លួន។ ម្នាលឧបាលិ អ្នកសំគាល់ដំណើរនោះ ដូចម្តេច ល្បែងនៃក្មេងតូចនេះ ពេញបរិបូណ៌ទាំងអស់ហើយឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលឧបាលិ កុមារនោះឯង លុះដល់សម័យខាងក្រោយមក អាស្រ័យនូវសេចក្តីចំរើន អាស្រ័យនូវសេចក្តីចាស់ក្លា នៃឥន្រ្ទិយទាំងឡាយ ល្បែងណារបស់ពួកកុមារ ល្បែងនោះ គឺលេងនង្គ័លតូច លេងហឹង លេងដាំដូង លេងកង្ហារ លេងពូនដីខ្សាច់ លេងរទេះតូច លេងធ្នូតូច កុមារនោះ តែងលេងដោយល្បែងទាំងនោះ។ ម្នាលឧបាលិ អ្នកសំគាល់ដំណើរនោះ ដូចម្តេច តើល្បែងនេះល្អប្រសើរជាងល្បែងពីមុន ហើយឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលឧបាលិ កុមារនោះឯង លុះសម័យខាងក្រោយមក អាស្រ័យនូវសេចក្តីចំរើន អាស្រ័យនូវសេចក្តីចាស់ក្លា នៃឥន្រ្ទិយទាំងឡាយ ក៏ឆ្អែតស្កប់ស្កល់ មូលមិត្តមានគេបម្រើ ដោយកាមគុណទាំង ៥ គឺរូបដែលគប្បីដឹង ដោយចក្ខុជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួររីករាយ ១ សំឡេងដែលគប្បីដឹងដោយត្រចៀក… ១ ក្លិនដែលគប្បីដឹងដោយច្រមុះ… ១ រសដែលគប្បីដឹងដោយអណ្តាត… ១ សម្ផស្សដែលគប្បីដឹងដោយកាយជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាមគួរជាទីរីករាយ ១។ ម្នាលឧបាលិ អ្នកសំគាល់ដំណើរនោះ ដូចម្តេច តើល្បែងនេះល្អប្រសើរជាងល្បែងពីមុន ឬមិនមែនទេ។ មែនហើយ ព្រះអង្គ។ ម្នាលឧបាលិ ព្រះតថាគត កើតឡើង ក្នុងលោកនេះ ព្រះតថាគត ឆ្ងាយចាកកិលេស ត្រាស់ដឹងដោយប្រពៃ ដោយខ្លួនឯង បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អ ដឹងច្បាស់នូវលោក ជាសារថី អ្នកទូន្មាននូវបុរស មិនមានបុគ្គលណាស្មើ ជាសាស្តា នៃពួកទេវតា និងមនុស្ស ត្រាស់ដឹងនូវសច្ចធម៌ ជាអ្នកចែករលែកនូវព្រះសទ្ធម្ម។ ព្រះតថាគតនោះ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក និងពួកសត្វ ព្រមទាំងសមណៈ និងញ្រហ្មណ៍ ព្រមទាំងទេវតា និងមនុស្សដ៏សេស ហើយប្រកាសនូវព្រហ្មចរិយធម៌ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង។ ព្រះតថាគតនោះ សំដែងធម៌មានលំអបទដើម មានលំអបទកណ្តាល មានលំអបទចុង ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈដ៏បរិសុទ្ធ បរិបូណ៌សព្វគ្រប់។ គហបតី ឬគហបតិបុត្ត ឬក៏ជនដែលកើតក្នុងត្រកូលណាមួយ តែងស្តាប់ធម៌នោះ។ បុគ្គលនោះ លុះស្តាប់ហើយ រមែងបាននូវសទ្ធាចំពោះព្រះតថាគត។ បុគ្គលនោះ ប្រកបដោយការបាននូវសទ្ធានេះហើយ រមែងពិចារណាឃើញច្បាស់ថា ឃរាវាស ចង្អៀតចង្អល់ ជាផ្លូវនៃធូលី គឺកិលេស បព្វជ្ជា ទើបមានឱកាសល្អ បុគ្គលអ្នកនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌នេះ ឲ្យបរិបូណ៌ បរិសុទ្ធដោយចំណែកមួយ ឲ្យដូចជាស័ង្ខ ដែលគេខាត់ហើយទេ បើដូច្នោះ គួរតែអាត្មាអញកោរសក់ និងពុកមាត់ ស្លៀកដណ្តប់សំពត់កាយាសៈ ហើយចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ បុគ្គលនោះ លុះសម័យខាងក្រោយមក ក៏លះបង់គំនរទ្រព្យតិច ឬលះបង់គំនរទ្រព្យច្រើន លះបង់វង្សញាតិតិច ឬលះបង់វង្សញាតិច្រើន ហើយកោរសក់ និងពុកមាត់ ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ បុគ្គលនោះ កាលបួសយ៉ាងនេះហើយ ក៏បំពេញនូវសិក្ខាសាជីវៈ សម្រាប់ពួកភិក្ខុ លះបង់បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តាដាក់ចុះហើយ មានសេចក្តីអៀនខ្មាស ដល់នូវសេចក្តីអាណិត មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ ដល់សព្វសត្វ លះបង់អទិន្នាទាន វៀរចាកអទិន្នាទាន កាន់យកតែរបស់ដែលគេឲ្យ ប្រាថ្នាតែរបស់ដែលគេឲ្យ មានខ្លួនដ៏ស្អាត មិនមែនជាអ្នកល្មួច លះបង់អព្រហ្មចរិយធម៌ ប្រព្រឹត្តតែព្រហ្មចរិយធម៌ ចៀសវាង វៀរចាកមេថុនធម្ម ជាធម៌របស់អ្នកស្រុក លះបង់មុសាវាទ វៀរចាកមុសាវាទ ពោលតែពាក្យពិត ដោយពាក្យពិត ជាអ្នកខ្ជាប់ខ្ជួនដែលគួរអ្នកផងជឿបាន មិនពោលពាក្យបំភ្លាត់សត្វលោក លះបង់បិសុណាវាចា វៀរចាកបិសុណាវាចា មិនស្តាប់ពីនេះទៅប្រាប់ក្នុងទីឯណោះ ដើម្បីបំបែកពួកជនទាំងនេះ ឬឮពាក្យក្នុងទីឯណោះ មិនទៅប្រាប់ដល់ពួកជនឯនេះ ដើម្បីបំបែកពួកជនឯណោះ ដូច្នេះ ជាអ្នកផ្សះផ្សាពួកជន ដែលបែកគ្នាហើយ ឲ្យកំឡាំងដល់ពួកជន ដែលព្រមព្រៀងគ្នាហើយ មានសេចក្តីព្រមព្រៀង ជាទីត្រេកអរ ត្រេកអរក្នុងសេចក្តីព្រមព្រៀង រីករាយក្នុងការព្រមព្រៀង ពោលវាចាដែលជាគ្រឿងនាំឲ្យព្រមព្រៀងគ្នា លះបង់ផរុសវាចា វៀរចាកផរុសវាចា វាចាណាដែលមិនមានទោស ជាវាចាស្រួលដល់ត្រចៀក ជាពាក្យគួរជាទីស្រឡាញ់ គួរដម្កល់ទុកក្នុងហឫទ័យ ជាសំដីរបស់អ្នកក្រុង ជាទីត្រេកអរ ដល់ជនច្រើន ជាទីពេញចិត្ត ដល់ជនច្រើន ពោលតែវាចាបែបនោះឯង លះបង់សម្ផប្បលាបៈ វៀរចាកសម្ផប្បលាបៈ ពោលពាក្យតាមកាលគួរ ពោលពាក្យពិត ពោលពាក្យប្រកបដោយប្រយោជន៍ ពោលពាក្យប្រកបដោយធម៌ ពោលពាក្យប្រកបដោយវិន័យ ពោលពាក្យដែលគួរដម្កល់ទុក ក្នុងហឫទ័យ ប្រកបដោយគ្រឿងអាង តាមកាលគួរ ជាពាក្យមានកំណត់ ជាពាក្យប្រកបដោយប្រយោជន៍។ ភិក្ខុនោះ វៀរចាកការផ្តាច់ផ្តិលនូវពីជគាម ភូតគាម ជាអ្នកបរិភោគភត្តតែ ១ ពេល វៀរស្រឡះចាកសេចក្តីត្រេកអរ ក្នុងការបរិភោគក្នុងរាត្រី វៀរចាកការបរិភោគ ក្នុងវេលាខុស វៀរចាកការច្រៀង រាំ ប្រគំ និងមើលនូវល្បែងដែលជាសត្រូវ ដល់កុសលធម៌ វៀរចាកការទ្រទ្រង់ និងប្រដាប់តាក់តែងស្អិតស្អាងរាងកាយ ដោយផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបផ្សេង ៗ វៀរចាកទីដេក ទីអង្គុយដ៏ខ្ពស់ និងទីដេកទីអង្គុយដ៏ប្រសើរ វៀរចាកការទទួលមាសប្រាក់ វៀរចាកការទទួលធញ្ញជាតិ ស្រូវស្រស់ វៀរចាកការទទួលកាន់យកនូវសាច់ឆៅ វៀរចាកការទទួលស្រ្តី និងកុមារី វៀរចាកការទទួលខ្ញុំស្រ្តី និងខ្ញុំប្រុស វៀរចាកការទទួលពពែ និងចៀម វៀរចាកការទទួលមាន់ និងជ្រូក វៀរចាកការទទួលដំរី គោ សេះឈ្មោល និងសេះញី វៀរចាកការទទួលស្រែ និងចម្ការ វៀរចាកការទទួលប្រកបទូតកម្ម គឺនាំសំបុត្រ ឬពាក្យបណ្តាំដល់គ្រហស្ថ និងទៅដោយគេបញ្ជូនអំពីផ្ទះ ១ ទៅផ្ទះ ១ វៀរចាកការលក់ និងទិញ វៀរចាកការកោងដោយជញ្ជីង ការបន្លំដោយភាជន៍មាស និងការកោងដោយរង្វាស់រង្វាល់ វៀរចាកអំពើកោងកាច ដោយមួលបង្កាច់បំភាន់ ដោយឧបាយ និងការបន្លំ ដោយរបស់ប្លម វៀរចាកការកាត់នូវអវយវៈ មានដៃ និងជើងជាដើម សំឡាប់ ចាប់ចង ធ្វើឲ្យវង្វេងផ្លូវ ប្លន់អ្នកស្រុក និងកំហែងរឹបយកទ្រព្យគេ។ ភិក្ខុនោះ ជាអ្នកសន្តោស ដោយចីវរជាគ្រឿងរក្សាកាយ ដោយបិណ្ឌបាតជាគ្រឿងរក្សាផ្ទៃ ចៀសចេញទៅ ក្នុងទិសណា ៗ តែងកាន់យក (គ្រឿងបរិក្ខារ) តែប៉ុណ្ណេះ ហើយចៀសចេញទៅ ក្នុងទិសនោះ ៗ។ ដូចសត្វស្លាបហើរទៅ ក្នុងទិសណា ៗ ក៏មានតែទម្ងន់ស្លាបរបស់ខ្លួនប៉ុណ្ណោះ ហើរទៅ ដូចម្តេចមិញ ភិក្ខុជាអ្នកសន្តោស ដោយចីវរជាគ្រឿងរក្សាកាយ ដោយបិណ្ឌបាត ជាគ្រឿងរក្សាផ្ទៃ ចៀសចេញទៅ ក្នុងទីណា ៗ តែងកាន់យក (គ្រឿងបរិក្ខារ) តែប៉ុណ្ណោះ ចៀសចេញទៅ ដូច្នេះដែរ។ ភិក្ខុនោះ ប្រកបព្រមដោយសីលក្ខន្ធដ៏ប្រសើរនេះហើយ រមែងទទួលសេចក្តីសុខ មិនមានទោសខាងក្នុងសន្តាន។ ភិក្ខុនោះ ឃើញរូបដោយចក្ខុ រមែងមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ដ៏លាមកទាំងឡាយ គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមនូវបុគ្គល ដែលជាអ្នកមិនសង្រួមនូវឥន្រ្ទិយ គឺចក្ខុណា ភិក្ខុនោះ ក៏ប្រតិបត្តិ ដើម្បីសង្រួមនូវឥន្រ្ទិយ គឺចក្ខុនោះ រក្សាឥន្រ្ទិយ គឺចក្ខុ ដល់នូវការសង្រួម ក្នុងឥន្រ្ទិយ គឺចក្ខុ។ ឮសំឡេងដោយត្រចៀក … ធុំក្លិនដោយច្រមុះ… លិទ្ធរសដោយអណ្តាត… ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ… ដឹងច្បាស់ធម្មារម្មណ៍ដោយចិត្ត មិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ដ៏លាមកទាំងឡាយ គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមនូវបុគ្គលដែលជាអ្នកមិនសង្រួមនូវឥន្រ្ទិយ គឺចិត្តណា ភិក្ខុនោះ ក៏ប្រតិបត្តិ ដើម្បីសង្រួមនូវឥន្រ្ទិយ គឺចិត្តនោះ រក្សាឥន្រ្ទិយ គឺចិត្ត ដល់នូវការសង្រួមក្នុងឥន្រ្ទិយ គឺចិត្ត។ ភិក្ខុនោះ ប្រកបដោយសេចក្តីសង្រួមនូវឥន្រ្ទិយដ៏ប្រសើរនេះហើយ ទើបទទួលនូវសេចក្តីសុខ ដែលមិនច្រឡំដោយកិលេសក្នុងសន្តាន។ ភិក្ខុនោះ កាលឈានទៅមុខ និងត្រឡប់មកខាងក្រោយ ក៏មានសេចក្តីដឹងខ្លួន កាលក្រឡេកមើលទៅមុខ និងក្រឡេកមើលទៅទិសផ្សេង ៗ ក៏មានសេចក្តីដឹងខ្លួន កាលបត់ដៃជើង និងលាដៃជើង ក៏មានសេចក្តីដឹងខ្លួន កាលទ្រទ្រង់នូវសង្ឃាដិ បាត្រ និងចីវរ ក៏មានសេចក្តីដឹងខ្លួន កាលបរិភោគ ផឹក ទំពាស៊ី ជញ្ជាប់ជញ្ជក់ ក៏មានសេចក្តីដឹងខ្លួន កាលបន្ទោបង់នូវឧច្ចារៈ និងបស្សាវៈ ក៏មានសេចក្តីដឹងខ្លួន កាលដើរ ឈរ អង្គុយ ដេក ភ្ញាក់ឡើង និយាយស្តី ស្ងៀមនៅ ក៏មានសេចក្តីដឹងខ្លួន។ ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធ ដ៏ប្រសើរនេះផង ប្រកបដោយការសង្រួមឥន្រ្ទិយដ៏ប្រសើរនេះផង ប្រកបដោយសតិ និងសម្បជញ្ញៈដ៏ប្រសើរនេះផង រមែងគប់រកសេនាសនៈស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ គុហាក្នុងភ្នំ ព្រៃស្មសាន ព្រៃស្រោង ទីវាល គំនរចំបើង។ ភិក្ខុនោះ ទៅកាន់ព្រៃក្តី ទៅកាន់ម្លប់ឈើក្តី ទៅកាន់ផ្ទះស្ងាត់ក្តី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ ហើយតម្រង់ស្មារតី (ឲ្យមានមុខឆ្ពោះទៅរកកម្មដ្ឋាន)។ ភិក្ខុនោះ ក៏លះបង់នូវអភិជ្ឈាក្នុងលោក មានចិត្តប្រាសចាកអភិជ្ឈា ជម្រះចិត្តចាកអភិជ្ឈា លះបង់ព្យាបាទ និងសេចក្តីប្រទូស្ត មានចិត្តមិនមានព្យាបាទ មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ដល់សព្វសត្វ ជម្រះចាកព្យាបាទ និងសេចក្តីប្រទូស្ត លះបង់ថីនមិទ្ធៈ ប្រាសចាកថីនមិទ្ធៈ មានសេចក្តីសំគាល់នូវពន្លឺ មានសតិសម្បជញ្ញៈ ជម្រះចិត្តចាកថីនមិទ្ធៈ លះបង់ឧទ្ធច្ចកុក្កុច្ចៈ មិនមានសេចក្តីរាយមាយ មានចិត្តស្ងប់ខាងក្នុងសន្តាន ជម្រះចិត្តចាកឧទ្ធច្ចកុក្កុច្ចៈ លះបង់វិចិកិច្ឆា ឆ្លងចាកវិចិកិច្ឆា មិនមានសេចក្តីសង្ស័យ ក្នុងកុសលធម៌ទាំងឡាយ ជម្រះចិត្តចាកវិចិកិច្ឆា។ ភិក្ខុនោះ លះបង់នូវនីវរណៈទាំង ៥ នេះ ដែលជាគ្រឿងសៅហ្មងចិត្ត ធ្វើបញ្ញាឲ្យថយកំឡាំង ហើយស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ក៏បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់។ ម្នាលឧបាលិ អ្នកសំគាល់ដំណើរនោះ ដូចម្តេច វិហារធម៌នេះ ល្អវិសេស ប្រសើរវិសេសជាងវិហារធម៌ពីមុន។ ព្រះករុណា ព្រះអង្គ។ ម្នាលឧបាលិ ពួកសាវករបស់តថាគត កាលពិចារណាឃើញធម៌នេះ ក្នុងខ្លួនហើយ ទើបអាស្រ័យ គប់រកសេនាសនៈដ៏ស្ងាត់ គឺព្រៃស្បាត និងព្រៃស្រោង ដរាបណា តែថា ពួកសាវក មិនមែនសុទ្ធតែមានប្រយោជន៍របស់ខ្លួន ដល់ដោយលំដាប់ ដរាបនោះទេ។ ម្នាលឧបាលិ មួយទៀត ភិក្ខុព្រោះរម្ងាប់វិតក្កៈ វិចារៈ … បានដល់ទុតិយជ្ឈាន។ ម្នាលឧបាលិ អ្នកសំគាល់ ដំណើរនោះ ដូចម្តេច វិហារធម៌នេះ ល្អវិសេស ប្រសើរវិសេស ជាងវិហារធម៌ ក្នុងកាលមុន។ ព្រះករុណា ព្រះអង្គ។ ម្នាលឧបាលិ ពួកសាវករបស់តថាគត កាលពិចារណាឃើញធម៌នេះក្នុងខ្លួនហើយ រមែងអាស្រ័យ គប់រកសេនាសនៈដ៏ស្ងាត់ គឺព្រៃស្បាត និងព្រៃស្រោង ដរាបណា តែថា ពួកសាវក មិនមែនសុទ្ធតែមានប្រយោជន៍របស់ខ្លួន ដល់ដោយលំដាប់ ដរាបនោះទេ។ ម្នាលឧបាលិ មួយទៀត ភិក្ខុព្រោះប្រាសចាកបីតិផង … ហើយបានដល់នូវតតិយជ្ឈាន។ ម្នាលឧបាលិ អ្នកសំគាល់ដំណើរនោះ ដូចម្តេច វិហារធម៌នេះ ល្អវិសេស ប្រសើរវិសេស ជាងពួកវិហារធម៌ក្នុងកាលមុន។ ព្រះករុណា ព្រះអង្គ។ ម្នាលឧបាលិ ពួកសាវករបស់តថាគត កាលពិចារណាឃើញធម៌នេះ ក្នុងខ្លួនហើយ ក៏រមែងអាស្រ័យ គប់រកសេនាសនៈដ៏ស្ងាត់ គឺព្រៃស្បាត និងព្រៃស្រោង ដរាបណា តែថា ពួកសាវក មិនមែនសុទ្ធតែមានប្រយោជន៍ របស់ខ្លួនដល់ដោយលំដាប់ ដរាបនោះទេ។ ម្នាលឧបាលិ មួយទៀត ភិក្ខុព្រោះលះបង់នូវសុខផង … ហើយបានដល់នូវចតុត្ថជ្ឈាន។ ម្នាលឧបាលិ អ្នកសំគាល់នូវដំណើរនោះ ដូចម្តេច វិហារធម៌នេះ ល្អវិសេស ប្រសើរវិសេសជាងពួកវិហារធម៌ក្នុងកាលមុន។ ព្រះករុណា ព្រះអង្គ។ ឯពួកសាវករបស់តថាគត កាលពិចារណាឃើញធម៌នេះក្នុងខ្លួនហើយ រមែងអាស្រ័យ គប់រកសេនាសនៈដ៏ស្ងាត់ គឺព្រៃស្បាត និងព្រៃស្រោងដរាបណា តែថាពួកសាវក មិនមែនសុទ្ធតែមានប្រយោជន៍របស់ខ្លួន ដល់ដោយលំដាប់ ដរាបនោះទេ។ ម្នាលឧបាលិ មួយទៀត ភិក្ខុព្រោះកន្លងបង់នូវរូបសញ្ញា ដោយសព្វគ្រប់ ព្រោះវិនាសទៅនៃបដិឃសញ្ញា ព្រោះមិនបានធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ក៏បានដល់នូវអាកាសានញ្ចាយតនជ្ឈានដោយបរិកម្មថា អាកាសមិនមានទីបំផុត។ ម្នាលឧបាលិ អ្នកសំគាល់ដំណើរនោះ ដូចម្តេច វិហារធម៌នេះ ល្អវិសេស ប្រសើរវិសេសជាងពួកវិហារធម៌ ក្នុងកាលមុន។ ព្រះករុណា ព្រះអង្គ។ ម្នាលឧបាលិ ពួកសាវករបស់តថាគត កាលពិចារណាឃើញធម៌នេះ ក្នុងខ្លួនហើយ រមែងអាស្រ័យ គប់រកសេនាសនៈដ៏ស្ងាត់ គឺព្រៃស្បាត និងព្រៃស្រោង ដរាបណា តែថាពួកសាវក មិនមែនសុទ្ធតែមានប្រយោជន៍របស់ខ្លួន ដល់ដោយលំដាប់ ដរាបនោះទេ។ ម្នាលឧបាលិ មួយទៀត ភិក្ខុកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយសព្វគ្រប់ហើយ បានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត … ភិក្ខុកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយសព្វគ្រប់ បានដល់អាកិញ្ចញ្ញាយតនជ្ឈានដោយបរិកម្មថា វត្ថុតិចតួចមិនមាន… ភិក្ខុកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈានដោយសព្វគ្រប់ បានដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈានដោយបរិកម្មថា គុណជាតនោះស្ងប់ គុណជាតនោះ ប្រសើរ។ ម្នាលឧបាលិ អ្នកសំគាល់ដំណើរនោះ ដូចម្តេច ឯវិហារធម៌នេះ ល្អវិសេស ប្រសើរវិសេសជាងពួកវិហារធម៌ ក្នុងកាលមុន ឬមិនមែនទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលឧបាលិ ពួកសាវករបស់តថាគត កាលពិចារណាឃើញធម៌នេះ ក្នុងខ្លួនហើយ រមែងអាស្រ័យ គប់រកសេនាសនៈដ៏ស្ងាត់ គឺ ព្រៃស្បាត និងព្រៃស្រោង ដរាបណា តែថាពួកសាវក មិនមែនសុទ្ធតែមានប្រយោជន៍របស់ខ្លួនដល់ដោយលំដាប់ ដរាបនោះទេ។ ម្នាលឧបាលិ មួយទៀត ភិក្ខុកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយសព្វគ្រប់ បានដល់សញ្ញាវេទយិតនិរោធ អាសវៈទាំងឡាយ របស់ភិក្ខុនោះ ក៏អស់ទៅ ព្រោះឃើញច្បាស់ដោយប្រាជ្ញា។ ម្នាលឧបាលិ អ្នកសំគាល់ដំណើរនោះ ដូចម្តេច វិហារធម៌នេះ ល្អវិសេស ប្រសើរវិសេស ជាងពួកវិហារធម៌ ក្នុងកាលមុន ឬមិនមែនទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលឧបាលិ សាវករបស់តថាគត កាលពិចារណាឃើញធម៌នេះក្នុងខ្លួនហើយ រមែងអាស្រ័យ គប់រកសេនាសនៈដ៏ស្ងាត់ គឺព្រៃស្បាត និងព្រៃស្រោង ដរាបណា តែថាពួកសាវក មិនមែនសុទ្ធតែមានប្រយោជន៍របស់ខ្លួនដល់ដោយលំដាប់ ដរាបនោះទេ។ ម្នាលឧបាលិ ណ្ហើយ អ្នកចូរនៅក្នុងសង្ឃចុះ កាលបើអ្នកនៅក្នុងសង្ឃ សេចក្តីសុខសប្បាយ នឹងមានប្រាកដ។

(អភព្វសូត្រ ទី១០)

(១០. អភព្វសុត្តំ)

[១០០] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ទាំង ១០ យ៉ាងនេះចេញ មិនគួរដើម្បីធ្វើឲ្យច្បាស់នូវអរហត្តបានទេ។ ធម៌ទាំង ១០ យ៉ាងនោះ តើដូចម្តេចខ្លះ។ គឺរាគៈ ១ ទោសៈ ១ មោហៈ ១ កោធៈ ១ ឧបនាហៈ ១ មក្ខៈ ១ បលាសៈ ១ ឥស្សា ១ មច្ឆរិយៈ ១ មានៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានលះបង់នូវធម៌ទាំង ១០ ប្រការនេះឯង មិនគួរធ្វើឲ្យច្បាស់នូវអរហត្តបានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់នូវធម៌ទាំង ១០ ប្រការនេះ ទើបគួរដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត។ ធម៌ទាំង ១០ នោះ តើដូចម្តេចខ្លះ។ គឺរាគៈ ១ ទោសៈ ១ មោហៈ ១ កោធៈ ១ ឧបនាហៈ ១ មក្ខៈ ១ បលាសៈ ១ ឥស្សា ១ មច្ឆរិយៈ ១ មានៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់នូវធម៌ទាំង ១០ ប្រការនេះឯង ទើបគួរដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្តបាន។

ចប់ ឧបាសកវគ្គ ទី៥។

ឧទ្ទាននៃវគ្គនោះ គឺ

និយាយអំពីបុគ្គលអ្នកបរិភោគកាម ១ អំពីភ័យ និងពៀរ ៥ យ៉ាង ១ អំពីទិដ្ឋិ ១ អំពីវជ្ជិយមាហិតគហបតី និងឧត្តិយបរិញ្វជកទាំងពីរ អំពីកោកនុទបរិញ្វជក ១ អំពីភិក្ខុអ្នកគួរទទួលគ្រឿងបូជា ១ អំពីភិក្ខុជាថេរៈ ១ អំពីឧបាលិដ៏មានអាយុ ១ អំពីបុគ្គលដែលមិនគួរធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ១។

ចប់ ទុតិយបណ្ណាសក ទី២។

ចប់ ភាគ ៥០។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.v10.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann