(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 10.v16 បាលី cs-km: sut.an.10.v16 អដ្ឋកថា: sut.an.10.v16_att PTS: ?
បុគ្គលវគ្គ ទី១ (១៦)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
((១៦) ១. បុគ្គលវគ្គោ)
(១. សេវិតព្វសុត្តំ)
[៥៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាង ពុំគួរសេពគប់ទេ។ ប្រកបដោយធម៌ទាំង ១០ តើអ្វីខ្លះ។ គឺជាអ្នកយល់ខុស ១ មានតម្រិះខុស ១ មានសំដីខុស ១ មានការងារខុស ១ មានការចិញ្ចឹមជីវិតខុស ១ មានព្យាយាមខុស ១ មានស្មារតីខុស ១ មានការដំកល់ចិត្តមាំខុស ១ មានការដឹងខុស ១ មានការរួចខុស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ទាំង ១០ នេះឯង ពុំគួរសេពគប់ឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាង ទើបគួរសេពគប់។ ប្រកបដោយធម៌ ១០ តើអ្វីខ្លះ។ គឺជាអ្នកយល់ត្រូវ ១ មានតម្រិះត្រូវ ១ មានសំដីត្រូវ ១ មានការងារត្រូវ ១ មានការចិញ្ចឹមជីវិតត្រូវ ១ មានព្យាយាមត្រូវ ១ មានស្មារតីត្រូវ ១ មានការដំកល់ចិត្តមាំត្រូវ ១ មានការដឹងត្រូវ ១ មានការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាងនេះឯង ទើបគួរសេពគប់។ (សូត្រមានចំនួនមួយរយហាសិបប្រាំ មួយជាដើម បណ្ឌិតគប្បីរាប់ ដោយអំណាចនៃបេយ្យាលៈចុះ)
(២-១២. ភជិតព្វាទិសុត្តានិ)
ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាង ពុំគួរគប់រក… គួរគប់រក… ពុំគួរចូលទៅអង្គុយជិត… គួរចូលទៅអង្គុយជិត… ពុំគួរបូជា… គួរបូជា… ពុំគួរសរសើរ… គួរសរសើរ… ពុំគួរគោរព… គួរគោរព… ពុំគួរកោតក្រែង… គួរកោតក្រែង… ពុំគួរត្រេកអរ… គួរត្រេកអរ… មិនស្អាត… ស្អាត… មិនគ្របសង្កត់នូវមានៈ… គ្របសង្កត់នូវមានៈ… មិនចំរើនដោយបញ្ញា… ចំរើនដោយបញ្ញា … រមែងបានបាបច្រើន… រមែងបានបុណ្យច្រើន។ ប្រកបដោយធម៌ ១០ យ៉ាង តើអ្វីខ្លះ។ គឺអ្នកមានប្រាជ្ញាយល់ត្រូវ ១ មានតម្រិះត្រូវ ១ មានសំដីត្រូវ ១ មានការងារត្រូវ ១ មានការចិញ្ចឹមជីវិតត្រូវ ១ មានព្យាយាមត្រូវ ១ មានស្មារតីត្រូវ ១ មានការដំកល់ចិត្តមាំត្រូវ ១ មានការដឹងត្រូវ ១ មានការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាងនេះឯង រមែងបានបុណ្យច្រើន។
ចប់ បុគ្គលវគ្គ ទី១។