km:tipitaka:sut:an:10:sut.an.10.v17

ជាណុស្សោណិវគ្គ ទី២ (១៧)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 10.v17 បាលី cs-km: sut.an.10.v17 អដ្ឋកថា: sut.an.10.v17_att PTS: ?

ជាណុស្សោណិវគ្គ ទី២ (១៧)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((១៧) ២. ជាណុស្សោណិវគ្គោ)

(ព្រាហ្មណបច្ចោរោហណីសូត្រ ទី១)

(១. ព្រាហ្មណបច្ចោរោហណីសុត្តំ)

[៥៦] សម័យនោះឯង ព្រាហ្មណ៍ឈ្មោះជាណុស្សោណិ កក់ក្បាល ក្នុងថ្ងៃឧបោសថនោះ ហើយស្លៀកនូវគូសំពត់សម្បកឈើដ៏ថ្មី កាន់ស្បូវស្រស់ ១ ក្តាប់ ឈរនៅក្នុងទីសមគួរ ក្នុងទីជិតនៃព្រះមានព្រះភាគ។ ព្រះមានព្រះភាគបានឃើញជាណុស្សោណិព្រាហ្មណ៍ កក់ក្បាល ក្នុងថ្ងៃឧបោសថនោះ ហើយស្លៀកនូវគូសំពត់សម្បកឈើដ៏ថ្មី កាន់ស្បូវស្រស់មួយក្តាប់ ឈរនៅក្នុងទីសមគួរ លុះឃើញហើយ ក៏ទ្រង់ត្រាស់នឹងជាណុស្សោណិព្រាហ្មណ៍ ដូច្នេះថា ម្នាលព្រាហ្មណ៍ ហេតុដូចម្តេចហ្ន៎ បានជាអ្នកកក់ក្បាល ក្នុងថ្ងៃឧបោសថនោះ ហើយស្លៀកនូវគូសំពត់សម្បកឈើដ៏ថ្មី កាន់យកស្បូវស្រស់មួយក្តាប់ ឈរនៅក្នុងទីសមគួរ ចុះការងារ ដូចម្តេច របស់ត្រកូលព្រាហ្មណ៍ក្នុងថ្ងៃនេះ។ បពិត្រព្រះគោតមដ៏ចំរើន ថ្ងៃនេះ ទុកជាថ្ងៃបន្សាត់បង់នូវបាប របស់ត្រកូលព្រាហ្មណ៍។ ម្នាលព្រាហ្មណ៍ ការបន្សាត់បង់នូវបាប របស់ព្រាហ្មណ៍ទាំងឡាយ ដូចម្តេចទៅ។ បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ទាំងឡាយ ក្នុងលោកនេះ តែងកក់ក្បាល ក្នុងថ្ងៃឧបោសថនោះ ហើយស្លៀកនូវគូសំពត់សម្បកឈើដ៏ថ្មី លញ់នូវផែនដី ដោយអាចម៍គោស្រស់ ក្រាលដោយស្បូវទាំងឡាយដ៏ខៀវ ហើយដេកក្នុងចន្លោះ នៃគំនរដីខ្សាច់ផង ក្នុងចន្លោះរោងភ្លើងផង។ ព្រាហ្មណ៍ទាំងឡាយនោះ តែងក្រោកឡើង ៣ ដង ក្នុងរាត្រីនោះ ហើយផ្គងអញ្ជលី នមស្ការចំពោះភ្លើងថា យើងទាំងឡាយ បន្សាត់បង់នូវបាបនឹងលោកដ៏ចំរើន យើងទាំងឡាយ បន្សាត់បង់នូវបាបនឹងលោកដ៏ចំរើន ទើបញុំាងភ្លើងឲ្យឆ្អែត ដោយទឹកដោះរាវ និងប្រេង និងទឹកដោះខាប់ដ៏ច្រើន។ លុះកន្លងរាត្រីនោះទៅហើយ ក៏ញុំាងព្រាហ្មណ៍ទាំងឡាយ ឲ្យឆ្អែតដោយខាទនីយភោជនីយាហារ ដ៏ផ្ចិតផ្ចង់។ បពិត្រព្រះគោតមដ៏ចំរើន ការបន្សាត់បង់នូវបាប របស់ព្រាហ្មណ៍ទាំងឡាយ យ៉ាងនេះឯង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ការបន្សាត់បង់នូវបាបរបស់ព្រាហ្មណ៍ទាំងឡាយ រមែងមានដោយឡែក ការបន្សាត់បង់នូវបាប ក្នុងអរិយវិន័យ រមែងមានដោយឡែក។ បពិត្រព្រះគោតមដ៏ចំរើន ការបន្សាត់បង់បាប ក្នុងអរិយវិន័យ តើដូចម្តេច សូមទ្រង់ព្រះមេត្តាប្រោស ការបន្សាត់បង់បាប ក្នុងអរិយវិន័យ បែបណា សូមព្រះគោតមដ៏ចំរើន សំដែងនូវធម៌បែបនោះ ដល់ខ្ញុំព្រះអង្គ។ ម្នាលព្រាហ្មណ៍ បើដូច្នោះ ចូរអ្នកស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ជាណុស្សោណិព្រាហ្មណ៍ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលព្រាហ្មណ៍ អរិយសាវក ក្នុងសាសនានេះ តែងពិចារណាដូច្នេះថា ផលដ៏លាមករបស់បាណាតិបាត តែងមានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវបាណាតិបាត បន្សាត់បង់បាណាតិបាត។ ផលដ៏លាមក របស់អទិន្នាទាន មានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវអទិន្នាទាន បន្សាត់បង់អទិន្នាទាន។ ផលដ៏លាមក របស់កាមេសុមិច្ឆាចារៈ តែងមានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវកាមេសុមិច្ឆាចារៈ បន្សាត់បង់កាមេសុមិច្ឆាចារៈ។ ផលដ៏លាមក របស់មុសាវាទ តែងមានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវមុសាវាទ បន្សាត់បង់មុសាវាទ។ ផលដ៏លាមក របស់បិសុណាវាចា តែងមានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវបិសុណាវាចា បន្សាត់បង់បិសុណាវាចា។ ផលដ៏លាមក របស់ផរុសវាចា តែងមានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវផរុសវាចា បន្សាត់បង់ផរុសវាចា។ ផលដ៏លាមករបស់សម្ផប្បលាបៈ តែងមានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវសម្ផប្បលាបៈ បន្សាត់បង់សម្ផប្បលាបៈ។ ផលដ៏លាមករបស់អភិជ្ឈា តែងមានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវអភិជ្ឈា បន្សាត់បង់អភិជ្ឈា។ ផលដ៏លាមករបស់ព្យាបាទ តែងមានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវព្យាបាទ បន្សាត់បង់ព្យាបាទ។ ផលដ៏លាមករបស់មិច្ឆាទិដ្ឋិ តែងមានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវមិច្ឆាទិដ្ឋិ បន្សាត់បង់មិច្ឆាទិដ្ឋិ។ ម្នាលព្រាហ្មណ៍ ការបន្សាត់បង់បាប ក្នុងអរិយវិន័យ យ៉ាងនេះឯង។ បពិត្រព្រះអង្គដ៏ចំរើន ការបន្សាត់បង់បាប របស់ព្រាហ្មណ៍ទាំងឡាយ ដោយឡែក ការបន្សាត់បង់បាប ក្នុងអរិយវិន័យវិញ ដោយឡែក។ បពិត្រព្រះគោតមដ៏ចំរើន ការបន្សាត់បង់បាបរបស់ព្រាហ្មណ៍ទាំងឡាយ មិនដល់នូវចំណិតទី ១៦ ដែលចែក ១៦ ដង នៃការបន្សាត់បង់បាប ក្នុងអរិយវិន័យនេះឡើយ។ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសក ដល់នូវសរណៈស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះតទៅ។

(អរិយបច្ចោរោហណីសូត្រ ទី២)

(២. អរិយបច្ចោរោហណីសុត្តំ)

[៥៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវការបន្សាត់បង់ដ៏ប្រសើរ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ការបន្សាត់បង់ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ពិចារណាដូច្នេះថា ផលដ៏លាមក របស់បាណាតិបាត មានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវបាណាតិបាត បន្សាត់បង់បាណាតិបាត។ ផលដ៏លាមករបស់អទិន្នាទាន មានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវអទិន្នាទាន បន្សាត់បង់អទិន្នាទាន។ ផលដ៏លាមក របស់កាមេសុមិច្ឆាចារៈ មានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណា ដូច្នេះហើយ លះបង់នូវកាមេសុមិច្ឆាចារៈ បន្សាត់បង់កាមេសុមិច្ឆាចារៈ។ ផលដ៏លាមក របស់មុសាវាទ មានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវមុសាវាទ បន្សាត់បង់មុសាវាទ។ ផលដ៏លាមក របស់បិសុណាវាចា មានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវបិសុណាវាចា បន្សាត់បង់បិសុណាវាចា។ ផលដ៏លាមក របស់ផរុសវាចា មានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវផរុសវាចា បន្សាត់បង់ផរុសវាចា។ ផលដ៏លាមក របស់សម្ផប្បលាបៈ មានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវសម្ផប្បលាបៈ បន្សាត់បង់សម្ផប្បលាបៈ។ ផលដ៏លាមក របស់អភិជ្ឈា មានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវអភិជ្ឈា បន្សាត់បង់អភិជ្ឈា។ ផលដ៏លាមក របស់ព្យាបាទ មានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវព្យាបាទ បន្សាត់បង់ព្យាបាទ។ ផលដ៏លាមក របស់មិច្ឆាទិដ្ឋិ មានក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង ដោយពិត អរិយសាវកនោះ លុះពិចារណាដូច្នេះហើយ លះបង់នូវមិច្ឆាទិដ្ឋិ បន្សាត់បង់មិច្ឆាទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការបន្សាត់បង់ដ៏ប្រសើរ។

(សង្គារវសូត្រ ទី៣)

(៣. សង្គារវសុត្តំ)

[៥៨] គ្រានោះឯង សគារវព្រាហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះសគារវព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន អ្វីហ្ន៎ ជាត្រើយខាងអាយ អ្វីហ្ន៎ ជាត្រើយខាងនាយ។ ម្នាលព្រាហ្មណ៍ ការសម្លាប់សត្វ ជាត្រើយខាងអាយ កិរិយាវៀរចាកការសម្លាប់សត្វ ជាត្រើយខាងនាយ។ កិរិយាកាន់យកទ្រព្យដែលគេមិនបានឲ្យ ជាត្រើយខាងអាយ កិរិយាវៀរចាកការកាន់យកទ្រព្យដែលគេមិនបានឲ្យ ជាត្រើយខាងនាយ។ ការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ ជាត្រើយខាងអាយ កិរិយាវៀរចាកការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ ជាត្រើយខាងនាយ។ ការពោលពាក្យកុហក ជាត្រើយខាងអាយ កិរិយាវៀរចាកការពោលពាក្យកុហក ជាត្រើយខាងនាយ។ សំដីញុះញង់ ជាត្រើយខាងអាយ កិរិយាវៀរចាកសំដីញុះញង់ ជាត្រើយខាងនាយ។ សំដីអាក្រក់ ជាត្រើយខាងអាយ កិរិយាវៀរចាកសំដីអាក្រក់ ជាត្រើយខាងនាយ។ សំដីរោយរាយឥតប្រយោជន៍ ជាត្រើយខាងអាយ កិរិយាវៀរចាកសំដីរោយរាយឥតប្រយោជន៍ ជាត្រើយខាងនាយ។ ការសំឡឹងរំពៃចំពោះទ្រព្យអ្នកដទៃ ជាត្រើយខាងអាយ ការមិនសំឡឹងរំពៃ ចំពោះទ្រព្យអ្នកដទៃ ជាត្រើយខាងនាយ។ ការចង់ឲ្យគេវិនាស ជាត្រើយខាងអាយ ការមិនចង់ឲ្យគេវិនាស ជាត្រើយខាងនាយ។ ការយល់ខុស ជាត្រើយខាងអាយ ការយល់ត្រូវ ជាត្រើយខាងនាយ។ ម្នាលព្រាហ្មណ៍ នេះឯងជាត្រើយខាងអាយ នេះជាត្រើយខាងនាយ។

បណ្តាមនុស្សទាំងឡាយ ពួកជនណា បានដល់នូវត្រើយខាងនាយ (ព្រះនិញ្វន) ពួកជននោះ មានប្រមាណតិច ឯសត្វក្រៅពីនេះ រមែងស្ទុះទៅកាន់ត្រើយ គឺសក្កាយទិដ្ឋិ (សត្វនេះច្រើនជាង)។ ពួកជនណា ប្រព្រឹត្តតាមនូវធម៌ ក្នុងធម៌ដែលតថាគតសំដែងហើយដោយប្រពៃ ពួកជននោះ បានឆ្លងនូវវដ្តៈជាទីនៅនៃមច្ចុ ដែលសត្វឆ្លងបានដោយក្រក្រៃពេក និងដល់នូវត្រើយខាងនាយ គឺព្រះនិញ្វន។ បណ្ឌិតគប្បីលះបង់នូវធម៌ខ្មៅ ចំរើននូវធម៌ស ចេញចាកអាល័យ អាស្រ័យនូវព្រះនិញ្វនដែលមិនមានអាល័យ សេចក្តីត្រេកអរបានដោយកម្រ ក្នុងវិវេកណា បណ្ឌិតអ្នកមិនមានសេចក្តីកង្វល់ លះបង់នូវកាមទាំងឡាយ ហើយប្រាថ្នានូវសេចក្តីត្រេកអរក្នុងវិវេកនោះ បណ្ឌិតគប្បីធ្វើខ្លួនឲ្យផូរផង់ ចាកគ្រឿងសៅហ្មងនៃចិត្តទាំងឡាយ។ ចិត្តដែលពួកជនណា ចំរើនល្អប្រពៃហើយ ក្នុងអង្គនៃធម៌ជាគ្រឿងត្រាស់ដឹងទាំងឡាយ ពួកជនណា ត្រេកអរក្នុងការលះបង់សេចក្តីប្រកាន់ ព្រោះមិនប្រកាន់ ពួកជនទាំងនោះ ឈ្មោះថា ជាខីណាស្រព មានសេចក្តី (រុងរឿង) បរិនិញ្វនហើយក្នុងលោក។

(ឱរិមសូត្រ ទី៤)

(៤. ឱរិមសុត្តំ)

[៥៩] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវត្រើយខាងអាយផង នូវត្រើយខាងនាយផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយស្តាប់នូវធម៌នោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ត្រើយខាងអាយ តើដូចម្តេច ត្រើយខាងនាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ការសម្លាប់សត្វ ជាត្រើយខាងអាយ កិរិយាវៀរចាកការសម្លាប់សត្វ ជាត្រើយខាងនាយ។ ការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ជាត្រើយខាងអាយ កិរិយាវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ជាត្រើយខាងនាយ។ ការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ជាត្រើយខាងអាយ កិរិយាវៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ជាត្រើយខាងនាយ។ ការពោលនូវពាក្យកុហក ជាត្រើយខាងអាយ កិរិយាវៀរចាកការពោលពាក្យកុហក ជាត្រើយខាងនាយ។ សំដីញុះញង់ ជាត្រើយខាងអាយ កិរិយាវៀរចាកសំដីញុះញង់ ជាត្រើយខាងនាយ។ សំដីអាក្រក់ ជាត្រើយខាងអាយ កិរិយាវៀរចាកសំដីអាក្រក់ ជាត្រើយខាងនាយ។ ការពោលនូវពាក្យរោយរាយ ឥតប្រយោជន៍ ជាត្រើយខាងអាយ កិរិយាវៀរចាកការពោលនូវពាក្យឥតប្រយោជន៍ ជាត្រើយខាងនាយ។ ការសំឡឹងរំពៃ ចំពោះទ្រព្យអ្នកដទៃ ជាត្រើយខាងអាយ ការមិនសំឡឹងរំពៃ ចំពោះទ្រព្យអ្នកដទៃ ជាត្រើយខាងនាយ។ ការចង់ឲ្យគេវិនាស ជាត្រើយខាងអាយ ការមិនចង់ឲ្យគេវិនាស ជាត្រើយខាងនាយ។ ការយល់ខុស ជាត្រើយខាងអាយ ការយល់ត្រូវ ជាត្រើយខាងនាយ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ត្រើយខាងអាយ នេះត្រើយខាងនាយ។

បណ្តាមនុស្សទាំងឡាយ ពួកជនណា បានដល់នូវត្រើយខាងនាយ (ព្រះនិញ្វន) ពួកជននោះ មានប្រមាណតិច ឯសត្វក្រៅពីនេះ រមែងស្ទុះទៅកាន់ត្រើយ គឺសក្កាយទិដ្ឋិ (សត្វនេះច្រើនជាង)។ ពួកជនណា ប្រព្រឹត្តតាមធម៌ ក្នុងធម៌ដែលតថាគតសំដែងហើយដោយប្រពៃ ពួកជននោះ បានឆ្លងនូវវដ្តៈជាទីនៅនៃមច្ចុ ដែលសត្វឆ្លងបានដោយក្រក្រៃពេក ហើយដល់នូវត្រើយខាងនាយ គឺព្រះនិញ្វន។ បណ្ឌិតគប្បីលះបង់នូវធម៌ខ្មៅ ចំរើននូវធម៌ស ហើយចេញចាកអាល័យ អាស្រ័យនូវព្រះនិញ្វន ដែលមិនមានអាល័យ សេចក្តីត្រេកអរបានដោយកម្រ ក្នុងវិវេកណា បណ្ឌិតអ្នកមិនមានសេចក្តីកង្វល់ គប្បីលះបង់នូវកាមទាំងឡាយ ប្រាថ្នានូវសេចក្តីត្រេកអរ ក្នុងវិវេកនោះ បណ្ឌិតគប្បីធ្វើខ្លួនឲ្យផូរផង់ ចាកគ្រឿងសៅហ្មងនៃចិត្តទាំងឡាយ។ ចិត្តដែលពួកជនណា ចំរើនល្អប្រពៃហើយ ក្នុងអង្គនៃធម៌ជាគ្រឿងត្រាស់ដឹងទាំងឡាយ ពួកជនណា ត្រេកអរក្នុងការលះបង់នូវសេចក្តីប្រកាន់ ព្រោះមិនប្រកាន់ ពួកជនទាំងនោះ ជាខីណាស្រព ឈ្មោះថា មានសេចក្តីរុងរឿង បរិនិញ្វនហើយក្នុងលោក។

(បឋមអធម្មសូត្រ ទី៥)

(៥. បឋមអធម្មសុត្តំ)

[៦០] ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនជាធម៌ផង សភាវៈមិនមែនជាប្រយោជន៍ផង ភិក្ខុគប្បីដឹងធម៌ផង ប្រយោជន៍ផង ភិក្ខុគប្បីដឹង (ទាំងអស់) លុះបានដឹងនូវសភាវៈមិនមែនធម៌ និងសភាវៈមិនមែនប្រយោជន៍ បានដឹងនូវធម៌ និងប្រយោជន៍ហើយ ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិ យ៉ាងនោះចុះ។ ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ និងសភាវៈមិនមែនប្រយោជន៍ តើដូចម្តេច។ គឺការសម្លាប់សត្វ ការកាន់យកនូវទ្រព្យ ដែលគេមិនបានឲ្យ ការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ការពោលនូវពាក្យកុហក សំដីញុះញង់ សំដីអាក្រក់ ការពោលនូវពាក្យរោយរាយ ឥតប្រយោជន៍ ការសំឡឹងរំពៃ ចំពោះទ្រព្យអ្នកដទៃ ការចង់ឲ្យគេវិនាស ការយល់ខុស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សភាវៈមិនមែនធម៌ និងសភាវៈមិនមែនប្រយោជន៍ទេ។ ម្នាលភិក្ខុទាំងឡាយ ធម៌ និងប្រយោជន៍ តើដូចម្តេច។ កិរិយាវៀរចាកការសម្លាប់សត្វ កិរិយាវៀរចាកការកាន់យកនូវទ្រព្យ ដែលគេមិនបានឲ្យ កិរិយាវៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ កិរិយាវៀរចាកការពោលនូវពាក្យកុហក កិរិយាវៀរចាកសំដីញុះញង់ កិរិយាវៀរចាកសំដីអាក្រក់ កិរិយាវៀរចាកការពោលពាក្យរោយរាយ ឥតប្រយោជន៍ មិនសំឡឹងរំពៃ ចំពោះទ្រព្យអ្នកដទៃ ការមិនចង់ឲ្យគេវិនាស ការយល់ត្រូវ។ ម្នាលភិក្ខុទាំងឡាយ នេះទើបហៅថា ធម៌ និងប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ក្តី សភាវៈមិនមែនប្រយោជន៍ក្តី ភិក្ខុគប្បីដឹងធម៌ក្តី ប្រយោជន៍ក្តី ក៏ភិក្ខុគប្បីដឹង (ទាំងអស់) លុះបានដឹងនូវសភាវៈមិនមែនជាធម៌ និងសភាវៈមិនមែនជាប្រយោជន៍ បានដឹងនូវធម៌ និងប្រយោជន៍ហើយ ធម៌ យ៉ាងណា ប្រយោជន៍ យ៉ាងណា គប្បីប្រតិបត្តិ យ៉ាងនោះចុះ ពាក្យណា ដែលតថាគតពោលហើយដូច្នេះ ពាក្យនេះ តថាគតពោលហើយ ព្រោះអាស្រ័យនូវសេចក្តីនុ៎ះ។

(ទុតិយអធម្មសូត្រ ទី៦)

(៦. ទុតិយអធម្មសុត្តំ)

[៦១] ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ និងធម៌ ភិក្ខុគប្បីដឹង សភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ ភិក្ខុគប្បីដឹង (ទាំងអស់) លុះបានដឹងនូវសភាវៈមិនមែនធម៌ និងធម៌ បានដឹងនូវសភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ហើយ ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា គប្បីប្រតិបត្តិតាម យ៉ាងនោះចុះ។ ព្រះមានព្រះភាគ ទ្រង់បានត្រាស់ពាក្យនេះ លុះព្រះសុគត ត្រាស់ពាក្យនេះរួចហើយ ក្រោកចាកអាសនៈ ចូលទៅកាន់វិហារ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ចៀសចេញទៅមិនយូរប៉ុន្មាន ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សំដែងនូវឧទ្ទេសនេះឯង ដោយសង្ខេបពេក មិនទ្រង់ចែករលែកនូវអត្ថ ដោយសេចក្តីពិស្តារ ដល់យើងទាំងឡាយសោះ ស្រាប់តែក្រោកចាកអាសនៈ ហើយយាងចូលទៅកាន់វិហារថា ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ និងធម៌ ភិក្ខុគប្បីដឹង សភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ ក៏ភិក្ខុគប្បីដឹង លុះបានដឹងនូវសភាវៈមិនមែនធម៌ និងធម៌ បានដឹងនូវសភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា គប្បីប្រតិបត្តិតាមយ៉ាងនោះចុះ។ ភិក្ខុអង្គណាហ្ន៎ គប្បីចែករលែក នូវអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគទ្រង់សំដែងហើយដោយសង្ខេប មិនចែករលែកនូវអត្ថដោយពិស្តារ ឲ្យពិស្តារបាន។ គ្រានោះឯង ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះមហាកច្ចានៈដ៏មានអាយុអង្គនេះ ព្រះសាស្តាទ្រង់សរសើរហើយ ទាំងពួកសព្រហ្មចារីបុគ្គល ជាអ្នកប្រាជ្ញ ក៏សរសើរហើយដែរ មានតែព្រះមហាកច្ចានៈដ៏មានអាយុ ទើបអាចចែករលែក នូវអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយសង្ខេប មិនបានចែករលែកនូវអត្ថ ដោយពិស្តារ ឲ្យពិស្តារបាន បើដូច្នោះ គួរតែយើងទាំងអស់គ្នា ចូរទៅរកព្រះមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ គប្បីសាកសួរនូវសេចក្តីនុ៎ះ នឹងព្រះមហាកច្ចានៈដ៏មានអាយុ ព្រះមហាកច្ចានៈដ៏មានអាយុ នឹងព្យាករដល់យើងទាំងឡាយយ៉ាងណា យើងទាំងអស់គ្នា នឹងចាំទុកនូវរឿងនុ៎ះ យ៉ាងនោះ។ លំដាប់នោះឯង ពួកភិក្ខុទាំងនោះ ចូលទៅរកព្រះមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរាក់ទាក់ ជាមួយនឹងព្រះមហាកច្ចានៈដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏បានពោលទៅនឹងព្រះមហាកច្ចានៈដ៏មានអាយុដូច្នេះថា ម្នាលអាវុសោកច្ចានៈ ព្រះមានព្រះភាគ ទ្រង់សំដែងឡើងនូវឧទ្ទេសនេះឯង ដោយសង្ខេប មិនបានចែករលែក នូវអត្ថដោយពិស្តារ ដល់យើងទាំងឡាយ ស្រាប់តែក្រោកចាកអាសនៈ ហើយយាងចូលទៅកាន់វិហារថា ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ក្តី ធម៌ក្តី ភិក្ខុគប្បីដឹង សភាវៈមិនមែនប្រយោជន៍ក្តី ប្រយោជន៍ក្តី ភិក្ខុគប្បីដឹង (ទាំងអស់) លុះបានដឹងនូវសភាវៈមិនមែនធម៌ និងធម៌ បានដឹងនូវសភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ហើយធម៌ យ៉ាងណា ប្រយោជន៍យ៉ាងណា គប្បីប្រតិបត្តិតាមយ៉ាងនោះចុះ។ ម្នាលអាវុសោ កាលព្រះមានព្រះភាគ ចៀសចេញទៅមិនយូរប៉ុន្មាន យើងទាំងអស់គ្នានោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សំដែងឡើងនូវឧទ្ទេសនេះឯង ដោយសេចក្តីសង្ខេប មិនចែករលែកនូវអត្ថ ដោយសេចក្តីពិស្តារ ដល់យើងទាំងឡាយសោះ ក៏ស្រាប់តែក្រោកចាកអាសនៈ ហើយយាងចូលទៅកាន់វិហារថា ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ និងធម៌ ភិក្ខុគប្បីដឹង សភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ ភិក្ខុគប្បីដឹង (ទាំងអស់) លុះបានដឹងនូវសភាវៈមិនមែនជាធម៌ និងធម៌ផង បានដឹងនូវសភាវៈមិនមែនជាប្រយោជន៍ និងប្រយោជន៍ផងហើយ ធម៌ យ៉ាងណា ប្រយោជន៍ យ៉ាងណា គប្បីប្រតិបត្តិតាមយ៉ាងនោះចុះ។ ភិក្ខុអង្គណាហ្ន៎ គប្បីចែករលែក នូវអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងឡើងហើយ ដោយសង្ខេប មិនបានចែករលែកនូវអត្ថ ដោយពិស្តារ ឲ្យពិស្តារបាន។ ម្នាលអាវុសោ កាលពួកយើងទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ព្រះមហាកច្ចានៈដ៏មានអាយុ អង្គនេះឯង ព្រះសាស្តាទ្រង់សរសើរហើយ ទាំងពួកសព្រហ្មចារីបុគ្គល ជាអ្នកប្រាជ្ញ ក៏សរសើរហើយដែរ មានតែព្រះមហាកច្ចានៈដ៏មានអាយុ ទើបអាចចែករលែក នូវអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងឡើងហើយ ដោយសង្ខេប មិនចែករលែកនូវអត្ថដោយពិស្តារ ឲ្យពិស្តារបាន បើដូច្នោះ គួរតែយើងទាំងអស់គ្នា ចូលទៅរកព្រះមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ គប្បីសួរនូវសេចក្តីនុ៎ះ នឹងព្រះមហាកច្ចានៈដ៏មានអាយុ ព្រះមហាកច្ចានៈដ៏មានអាយុ នឹងព្យាករដល់យើងទាំងឡាយ យ៉ាងណា យើងទាំងអស់គ្នា នឹងចាំនូវសេចក្តីនុ៎ះយ៉ាងនោះ សូមព្រះមហាកច្ចានៈដ៏មានអាយុ ចែករលែក (នូវសេចក្តីនុ៎ះ)។ ព្រះមហាកច្ចានៈតបថា ម្នាលអាវុសោទាំងឡាយ ដូចបុរសអ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងគល់ រំលងដើម ហើយសំគាល់ថា គួរស្វែងរកខ្លឹមត្រង់មែក និងសន្លឹក ទៅវិញ យ៉ាងណាមិញ សេចក្តីប្រៀបធៀប ក៏យ៉ាងនោះ កាលព្រះសាស្តា គង់នៅចំពោះមុខ នៃលោកដ៏មានអាយុទាំងឡាយ លោកទាំងឡាយ ក៏រំលងព្រះមានព្រះភាគអង្គនោះ ហើយមកសំគាល់នូវសេចក្តីដែលត្រូវសួរនុ៎ះនឹងយើងវិញ។ ម្នាលអាវុសោទាំងឡាយ សេចក្តីពិតថា ព្រះមានព្រះភាគអង្គនោះ ទ្រង់ជា្របនូវហេតុដែលគួរជ្រាប ទ្រង់ឃើញនូវហេតុដែលគួរឃើញ ព្រះតថាគតមានចក្ខុកើតហើយ មានញាណកើតហើយ មានធម៌កើតហើយ មានសភាពជាបុគ្គលប្រសើរ ជាអ្នកស្តីថា អ្នកប្រៀនប្រដៅ អ្នកចង្អុលបង្ហាញនូវប្រយោជន៍ អ្នកឲ្យនូវព្រះនិញ្វន ម្ចាស់ព្រោះធម៌។ អើ ! កាលនោះ ជាកាលសមគួរ ដល់ព្រះតថាគតអង្គនុ៎ះហើយ អ្នកទាំងឡាយ គប្បីចូលទៅគាល់ព្រះមានព្រះភាគ ហើយសួរនូវសេចក្តីនុ៎ះចុះ ព្រះមានព្រះភាគទ្រង់ព្យាករដល់យើងរាល់គ្នា យ៉ាងណា អ្នកទាំងឡាយ គប្បីចាំនូវសេចក្តីនុ៎ះយ៉ាងនោះចុះ។ ម្នាលកច្ចានៈដ៏មានអាយុ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវហេតុដែលគួរជ្រាប ទ្រង់ឃើញនូវហេតុ ដែលគួរឃើញតាមពិត ព្រះតថាគតមានចក្ខុកើតហើយ មានញាណកើតហើយ មានធម៌កើតហើយ ជាបុគ្គលប្រសើរ ជាអ្នកស្តីថា អ្នកប្រៀនប្រដៅ អ្នកចង្អុលបង្ហាញនូវប្រយោជន៍ អ្នកឲ្យនូវព្រះនិញ្វន ម្ចាស់ព្រោះធម៌។ អើ ! កាលនោះ ជាកាលសមគួរ ដល់ព្រះតថាគតអង្គនុ៎ះហើយ យើងទាំងឡាយ គប្បីចូលទៅគាល់ព្រះមានព្រះភាគ ហើយសួរនូវសេចក្តីនុ៎ះចុះ ព្រះមានព្រះភាគ ទ្រង់ព្យាករដល់យើងទាំងឡាយ យ៉ាងណា យើងទាំងឡាយ គប្បីចាំទុកនូវសេចក្តីនុ៎ះ យ៉ាងនោះចុះ។ ចំណែកខាងព្រះមហាកច្ចានៈដ៏មានអាយុ ព្រះសាស្តា ទ្រង់សរសើរហើយ ទាំងពួកសព្រហ្មចារីបុគ្គល ជាអ្នកប្រាជ្ញ ក៏សើរសើរហើយដែរ មានតែព្រះមហាកច្ចានៈដ៏មានអាយុ ទើបអាចចែករលែក នូវអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងឡើង ហើយដោយសង្ខេប មិនចែករលែក នូវអត្ថដោយពិស្តារ ឲ្យពិស្តារបាន សូមព្រះមហាកច្ចានៈដ៏មានអាយុ កុំបង្អែបង្អង់ឡើយ ចែករលែក (សេចក្តី) ទៅចុះ។ បើដូច្នោះ អ្នកទាំងឡាយ ចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ ខ្ញុំនឹងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់នូវថេរវាចារបស់ព្រះមហាកច្ចានៈដ៏មានអាយុថា ករុណា អាវុសោ។ ព្រះមហាកច្ចានៈដ៏មានអាយុ ពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សំដែងឡើងនូវឧទ្ទេស ដោយសង្ខេប មិនបានចែករលែកនូវអត្ថ ដោយពិស្តារ ដល់យើងទាំងឡាយ ក៏ស្រាប់តែក្រោកចាកអាសនៈ ហើយយាងចូលទៅកាន់វិហារថា ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ និងធម៌ ភិក្ខុគប្បីដឹង សភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ ក៏ភិក្ខុគប្បីដឹង លុះបានដឹងនូវសភាវៈមិនមែនធម៌ និងធម៌ បានដឹងនូវសភាវៈ មិនមែនប្រយោជន៍ និងប្រយោជន៍ហើយ ធម៌ យ៉ាងណា ប្រយោជន៍ យ៉ាងណា គប្បីប្រតិបត្តិ យ៉ាងនោះចុះ។ ម្នាលអាវុសោទាំងឡាយ ចុះសភាវៈមិនមែនធម៌ តើដូចម្តេច ធម៌ តើដូចម្តេច សភាវៈមិនមែនប្រយោជន៍ តើដូចម្តេច ប្រយោជន៍ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ការសម្លាប់សត្វ មិនមែនធម៌ទេ កិរិយាវៀរចាកការសម្លាប់សត្វ ជាធម៌ ឯធម៌ទាំងឡាយណា ជាអកុសលដ៏លាមកច្រើន កើតឡើង ព្រោះបច្ច័យ គឺការសម្លាប់សត្វនេះ ជាសភាវៈមិនមែនប្រយោជន៍ទេ ធម៌ទាំងឡាយ ជាកុសលច្រើន រមែងដល់នូវការបរិបូណ៌ដោយភាវនា ព្រោះបច្ច័យ គឺកិរិយាវៀរចាកការសម្លាប់សត្វ នេះទើបជាប្រយោជន៍។ ការកាន់យកនូវទ្រព្យ ដែលគេមិនបានឲ្យ មិនមែនជាធម៌ កិរិយាវៀរចាកការកាន់យកនូវទ្រព្យ ដែលគេមិនបានឲ្យ ជាធម៌ ឯធម៌ទាំងឡាយណា ជាអកុសលដ៏លាមកច្រើន រមែងកើតឡើងព្រម ព្រោះបច្ច័យ គឺការកាន់យកនូវទ្រព្យ ដែលគេមិនបានឲ្យ នេះមិនមែនប្រយោជន៍ ធម៌ទាំងឡាយ ជាកុសលច្រើន រមែងដល់នូវការបរិបូណ៌ ដោយភាវនា ព្រោះបច្ច័យ គឺកិរិយាវៀរចាកការកាន់យកនូវទ្រព្យ ដែលគេមិនបានឲ្យ នេះជាប្រយោជន៍។ ម្នាលអាវុសោទាំងឡាយ ការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ មិនមែនជាធម៌ទេ កិរិយាវៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ជាធម៌ ធម៌ទាំងឡាយណា ជាអកុសលដ៏លាមកច្រើន រមែងកើតឡើងព្រម ព្រោះបច្ច័យ គឺការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ នេះមិនមែនជាប្រយោជន៍។ ធម៌ទាំងឡាយ ជាកុសលច្រើន រមែងដល់នូវការបរិបូណ៌ ដោយភាវនា ព្រោះបច្ច័យ គឺកិរិយាវៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ នេះទើបជាប្រយោជន៍។ ម្នាលអាវុសោទាំងឡាយ ការពោលនូវពាក្យកុហក មិនមែនជាធម៌ កិរិយាវៀរចាកការពោលនូវពាក្យកុហក ជាធម៌ ឯធម៌ទាំងឡាយណា ជាអកុសលដ៏លាមកច្រើន រមែងកើតឡើងព្រម ព្រោះបច្ច័យ គឺការពោលនូវពាក្យកុហក នេះមិនមែនជាប្រយោជន៍ទេ ធម៌ទាំងឡាយជាកុសលច្រើន រមែងដល់នូវការបរិបូណ៌ដោយភាវនា ព្រោះបច្ច័យ គឺកិរិយាវៀរចាកការពោលនូវពាក្យកុហក នេះជាប្រយោជន៍។ ម្នាលអាវុសោទាំងឡាយ សំដីញុះញង់ មិនមែនជាធម៌ កិរិយាវៀរចាកសំដីញុះញង់ ជាធម៌ ឯធម៌ទាំងឡាយណា ជាអកុសលដ៏លាមកច្រើន រមែងកើតឡើងព្រម ព្រោះបច្ច័យ គឺសំដីញុះញង់ នេះមិនមែនជាប្រយោជន៍ ធម៌ទាំងឡាយ ជាកុសលច្រើន រមែងដល់នូវការបរិបូណ៌ដោយភាវនា ព្រោះបច្ច័យ គឺកិរិយាវៀរចាកសំដីញុះញង់ នេះទើបជាប្រយោជន៍។ ម្នាលអាវុសោទាំងឡាយ សំដីអាក្រក់ មិនមែនជាធម៌ ឯធម៌ទាំងឡាយណា ជាអកុសលដ៏លាមកច្រើន កើតឡើងព្រម ព្រោះបច្ច័យ គឺសំដីអាក្រក់ នេះមិនមែនជាប្រយោជន៍ទេ ធម៌ទាំងឡាយ ជាកុសលច្រើន តែងដល់នូវការបរិបូណ៌ ដោយភាវនា ព្រោះបច្ច័យ គឺកិរិយាវៀរចាកសំដីអាក្រក់ នេះជាប្រយោជន៍។ ម្នាលអាវុសោទាំងឡាយ ការពោលពាក្យរោយរាយ ឥតប្រយោជន៍ មិនមែនជាធម៌ កិរិយាវៀរចាកការពោលពាក្យរោយរាយ ឥតប្រយោជន៍ ជាធម៌ ឯធម៌ទាំងឡាយណា ជាអកុសលដ៏លាមកច្រើន តែងកើតឡើងព្រម ព្រោះបច្ច័យ គឺការពោលពាក្យរោយរាយ ឥតប្រយោជន៍ នេះមិនមែនជាប្រយោជន៍ ធម៌ទាំងឡាយ ជាកុសលច្រើន រមែងដល់នូវការបរិបូណ៌ ដោយភាវនា ព្រោះបច្ច័យ គឺកិរិយាវៀរចាកការពោលពាក្យរោយរាយ ឥតប្រយោជន៍ នេះជាប្រយោជន៍។ ម្នាលអាវុសោទាំងឡាយ ការសំឡឹងរំពៃចំពោះទ្រព្យអ្នកដទៃ មិនមែនជាធម៌ ការមិនសំឡឹងរំពៃចំពោះទ្រព្យអ្នកដទៃ ជាធម៌ ឯធម៌ទាំងឡាយណា ជាអកុសលដ៏លាមកច្រើន តែងកើតឡើងព្រម ព្រោះបច្ច័យ គឺការសំឡឹងរំពៃ ចំពោះទ្រព្យអ្នកដទៃ នេះមិនមែនជាប្រយោជន៍ ធម៌ទាំងឡាយជាកុសលច្រើន តែងដល់នូវការបរិបូណ៌ ដោយភាវនា ព្រោះបច្ច័យ គឺការមិនសំឡឹង រំពៃចំពោះទ្រព្យអ្នកដទៃ នេះជាប្រយោជន៍។ ម្នាលអាវុសោទាំងឡាយ ការចង់ឲ្យគេវិនាស មិនមែនជាធម៌ ការមិនចង់ឲ្យគេវិនាស ជាធម៌ ឯធម៌ទាំងឡាយណា ជាអកុសលដ៏លាមកច្រើន រមែងកើតឡើងព្រម ព្រោះបច្ច័យ គឺការចង់ឲ្យវិនាស នេះមិនមែនជាប្រយោជន៍ទេ ធម៌ទាំងឡាយ ជាកុសលច្រើន រមែងដល់នូវការបរិបូណ៌ ដោយភាវនា ព្រោះបច្ច័យ គឺការមិនចង់ឲ្យគេវិនាស នេះទើបជាប្រយោជន៍។ ម្នាលអាវុសោទាំងឡាយ ការយល់ខុស មិនមែនជាធម៌ ការយល់ត្រូវ ជាធម៌ ឯធម៌ទាំងឡាយណា ជាអកុសលដ៏លាមកច្រើន កើតឡើងព្រម ព្រោះបច្ច័យ គឺការយល់ខុស នេះមិនមែនជាប្រយោជន៍ ធម៌ទាំងឡាយជាកុសលច្រើន រមែងដល់នូវការបរិបូណ៌ ដោយភាវនា ព្រោះបច្ច័យ គឺការយល់ត្រូវ នេះជាប្រយោជន៍។ ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សំដែងនូវឧទ្ទេសណា ដោយសង្ខេប មិនចែករលែកនូវអត្ថ (នៃឧទ្ទេសនុ៎ះ) ដោយពិស្តារ ដល់យើងទាំងឡាយ ក៏ស្រាប់តែក្រោកចាកអាសនៈ ហើយយាងចូលទៅកាន់វិហារថា ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ និងធម៌ ភិក្ខុគប្បីដឹង សភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ ក៏ភិក្ខុគប្បីដឹង លុះបានដឹងសភាវៈមិនមែនជាធម៌ និងធម៌ បានដឹងនូវសភាវៈមិនមែនជាប្រយោជន៍ និងប្រយោជន៍ហើយ ធម៌ យ៉ាងណា ប្រយោជន៍ យ៉ាងណា គប្បីប្រតិបត្តិយ៉ាងនោះចុះ ម្នាលអាវុសោទាំងឡាយ ចំណែកខាងខ្ញុំ តែងដឹងនូវអត្ថនៃឧទ្ទេសនេះឯង ដែលព្រះមានព្រះភាគទ្រង់សំដែងឡើង ដោយសង្ខេប មិនចែករលែកនូវអត្ថ ដោយពិស្តារ ឲ្យពិស្តារបានយ៉ាងនេះ។ ម្នាលអាវុសោទាំងឡាយ លោកទាំងឡាយ កាលបើប្រាថ្នា ត្រូវតែចូលទៅគាល់ព្រះមានព្រះភាគ ហើយសួរសេចក្តីនុ៎ះ ព្រះមានព្រះភាគព្យាករដល់យើងទាំងឡាយ យ៉ាងណា អ្នកទាំងឡាយ ត្រូវចាំទុកនូវសេចក្តីនុ៎ះ យ៉ាងនោះចុះ។ ពួកភិក្ខុទាំងនោះ ត្រេកអរ អនុមោទនា ចំពោះភាសិតរបស់ព្រះមហាកច្ចានៈដ៏មានអាយុថា ករុណា អាវុសោ ហើយក៏ក្រោកចាកអាសនៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយនៅក្នុងទីសមគួរ។ ភិក្ខុទាំងនោះ លុះអង្គុយក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់សំដែងនូវឧទ្ទេសណា ដោយសង្ខេប មិនចែករលែកនូវអត្ថ (នៃឧទ្ទេសនុ៎ះ) ដោយពិស្តារ ក៏ស្រាប់តែក្រោកចាកអាសនៈ ហើយយាងចូលទៅកាន់វិហារថា ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ និងធម៌ ភិក្ខុគប្បីដឹង សភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ ក៏ភិក្ខុគប្បីដឹង លុះបានដឹងសភាវៈមិនមែនធម៌ និងធម៌ បានដឹងសភាវៈ មិនមែនប្រយោជន៍ និងប្រយោជន៍ហើយ ធម៌យ៉ាងណា ប្រយោជន៍ យ៉ាងណា គប្បីប្រតិបត្តិ យ៉ាងនោះចុះ។ បពិត្រព្រះអង្គដ៏ចំរើន កាលព្រះមានព្រះភាគ ទ្រង់ចេញទៅ មិនយូរប៉ន្មាន យើងខ្ញុំទាំងឡាយនោះ មានសេចក្តីត្រិះរិះដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សំដែងនូវឧទ្ទេសនេះឯង ដោយសង្ខេប មិនបានចែករលែក នូវអត្ថដោយពិស្តារ ដល់យើងទាំងឡាយ ក៏ស្រាប់តែក្រោកចាកអាសនៈ ហើយយាងចូលទៅកាន់វិហារថា ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ និងធម៌ ភិក្ខុគប្បីដឹង សភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ ក៏ភិក្ខុគប្បីដឹង លុះបានដឹងសភាវៈមិនមែនធម៌ និងធម៌ បានដឹងសភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ហើយ ធម៌យ៉ាងណា ប្រយោជន៍ យ៉ាងណា គប្បីប្រតិបត្តិ យ៉ាងនោះចុះ។ ភិក្ខុអង្គណាហ្ន៎ គប្បីចែករលែកនូវអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងឡើងដោយសង្ខេប មិនបានចែករលែកនូវអត្ថដោយពិស្តារ ឲ្យពិស្តារបាន។ បពិត្រព្រះអង្គដ៏ចំរើន យើងទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ព្រះមហាកច្ចានៈដ៏មានអាយុនេះឯង ព្រះសាស្តា ទ្រង់សរសើរហើយ ទាំងពួកសព្រហ្មចារីបុគ្គល ជាអ្នកប្រាជ្ញ ក៏សរសើរហើយដែរ មានតែព្រះមហាកច្ចានៈដ៏មានអាយុ ទើបអាចចែករលែក នូវអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងឡើង ដោយសង្ខេប មិនបានចែករលែកនូវអត្ថដោយពិស្តារ ឲ្យពិស្តារបាន បើដូច្នោះ គួរតែយើងទាំងឡាយ ចូលទៅរកព្រះមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ គប្បីសួរនូវសេចក្តីនុ៎ះ នឹងព្រះមហាកច្ចានៈដ៏មានអាយុ ព្រះមហាកច្ចានៈដ៏មានអាយុ នឹងព្យាករ ដល់យើងទាំងឡាយ យ៉ាងណា យើងទាំងឡាយ នឹងចាំទុកនូវសេចក្តីនោះ យ៉ាងនោះ។ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ យើងទាំងឡាយ ក៏ចូលទៅរកព្រះមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏បានសួរនូវសេចក្តីនុ៎ះនឹងព្រះមហាកច្ចានៈដ៏មានអាយុ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមហាកច្ចានៈដ៏មានអាយុ បានចែករលែក សេចក្តីស្រួលបួល ដោយអាការទាំងឡាយនេះ ដោយបទទាំងឡាយនេះ ដោយព្យញ្ជនៈទាំងឡាយនេះ ដល់យើងទាំងឡាយនោះ។ ម្នាលភិក្ខុទាំងឡាយ ប្រពៃហើយ ប្រពៃហើយ ម្នាលភិក្ខុទាំងឡាយ មហាកច្ចានៈជាបណ្ឌិត ម្នាលភិក្ខុទាំងឡាយ មហាកច្ចានៈ ជាអ្នកមានប្រាជ្ញាច្រើន ម្នាលភិក្ខុទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ ចូលមករកតថាគត ហើយសួរនូវសេចក្តីនុ៎ះ តថាគត ក៏ព្យាករនូវសេចក្តីនុ៎ះដូចសេចក្តីដែលមហាកច្ចានៈ បានព្យាករហើយ យ៉ាងនោះដែរ សេចក្តីនោះឯងនៃឧទ្ទេសនោះ អ្នកទាំងឡាយ គប្បីចាំទុកនូវសេចក្តីនោះ យ៉ាងនេះចុះ។

(តតិយអធម្មសូត្រ ទី៧)

(៧. តតិយអធម្មសុត្តំ)

[៦២] ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ និងធម៌ ភិក្ខុគប្បីដឹង សភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ ក៏ភិក្ខុគប្បីដឹង លុះបានដឹងនូវសភាវៈមិនមែនធម៌ និងធម៌ បានដឹងសភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ហើយ ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា គប្បីប្រតិបត្តិ យ៉ាងនោះចុះ។ ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ តើដូចម្តេច ធម៌ តើដូចម្តេច សភាវៈមិនមែនប្រយោជន៍ តើដូចម្តេច ប្រយោជន៍ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ការសម្លាប់សត្វមិនមែនធម៌ទេ កិរិយាវៀរចាកការសម្លាប់សត្វជាធម៌ ឯធម៌ទាំងឡាយណា ជាអកុសលដ៏លាមកច្រើន តែងកើតឡើងព្រម ព្រោះបច្ច័យ គឺការសម្លាប់សត្វ នេះមិនមែនប្រយោជន៍ទេ ធម៌ទាំងឡាយ ជាកុសលច្រើន រមែងដល់នូវការបរិបូណ៌ ដោយភាវនា ព្រោះបច្ច័យ គឺកិរិយាវៀរចាកការសម្លាប់សត្វ នេះទើបជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ការកាន់យកនូវទ្រព្យ ដែលគេមិនបានឲ្យ មិនមែនជាធម៌ទេ កិរិយាវៀរចាកការកាន់យកនូវទ្រព្យ ដែលគេមិនបានឲ្យជាធម៌… ម្នាលភិក្ខុទាំងឡាយ ការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ មិនមែនជាធម៌ទេ កិរិយាវៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ជាធម៌… ម្នាលភិក្ខុទាំងឡាយ ការពោលនូវពាក្យកុហក មិនមែនជាធម៌ទេ កិរិយាវៀរចាកការពោលនូវពាក្យកុហក ជាធម៌… ម្នាលភិក្ខុទាំងឡាយ សំដីញុះញង់គេ មិនមែនជាធម៌ទេ កិរិយាវៀរចាកសំដីញុះញង់គេ ជាធម៌… ម្នាលភិក្ខុទាំងឡាយ សំដីអាក្រក់ មិនមែនជាធម៌ទេ ការវៀរចាកសំដីអាក្រក់ ជាធម៌… ម្នាលភិក្ខុទាំងឡាយ សំដីរោយរាយ ឥតប្រយោជន៍ មិនមែនជាធម៌ទេ កិរិយាវៀរចាកសំដីរោយរាយ ឥតប្រយោជន៍ ជាធម៌… ម្នាលភិក្ខុទាំងឡាយ ការសំឡឹងរំពៃចំពោះទ្រព្យអ្នកដទៃ មិនមែនជាធម៌ទេ ការមិនសំឡឹងរំពៃចំពោះទ្រព្យអ្នកដទៃ ជាធម៌… ម្នាលភិក្ខុទាំងឡាយ ការចង់ឲ្យគេវិនាស មិនមែនជាធម៌ទេ ការមិនចង់ឲ្យគេវិនាស ជាធម៌… ម្នាលភិក្ខុទាំងឡាយ ការយល់ខុស មិនមែនជាធម៌ទេ ការយល់ត្រូវជាធម៌ ធម៌ទាំងឡាយណា ជាអកុសលដ៏លាមកច្រើន តែងកើតឡើងព្រម ព្រោះបច្ច័យ គឺការយល់ខុស នេះមិនមែនជាប្រយោជន៍ទេ ធម៌ទាំងឡាយ ជាកុសលច្រើន រមែងដល់នូវការបរិបូណ៌ ដោយភាវនា ព្រោះបច្ច័យ គឺការយល់ត្រូវ នេះជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនជាធម៌ និងធម៌ ភិក្ខុគប្បីដឹង សភាវៈមិនមែនជាប្រយោជន៍ និងប្រយោជន៍ ក៏ភិក្ខុគប្បីដឹង លុះបានដឹងសភាវៈមិនមែនជាធម៌ និងធម៌ ដឹងនូវសភាវៈមិនមែនជាប្រយោជន៍ និងប្រយោជន៍ហើយ ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា គប្បីប្រតិបត្តិ យ៉ាងនោះចុះ ពាក្យណា ដែលតថាគតពោលហើយដូច្នេះ ពាក្យនុ៎ះ តថាគត បានពោលហើយ ព្រោះអាស្រ័យនូវសេចក្តីនេះ។

(កម្មនិទានសូត្រ ទី៨)

(៨. កម្មនិទានសុត្តំ)

[៦៣] ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បាណាតិបាត មាន ៣ ប្រការ គឺ មានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈជាហេតុ ១។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អទិន្នាទាន មាន ៣ ប្រការ គឺ មានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈជាហេតុ ១។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា កាមេសុមិច្ឆាចារមាន ៣ ប្រការ គឺ មានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈជាហេតុ ១។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា មុសាវាទមាន ៣ ប្រការ គឺមានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈជាហេតុ ១។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បិសុណាវាចា មាន ៣ ប្រការ គឺមានលោភៈជាហេតុ ១ មានទោសៈជាហតុ ១ មានមោហៈជាហេតុ ១។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ផរុសវាចា មាន ៣ ប្រការ គឺ មានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈជាហេតុ ១។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សម្ផប្បលាបមាន ៣ ប្រការ គឺ មានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈជាហេតុ ១។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អភិជ្ឈាមាន ៣ ប្រការ គឺ មានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈជាហេតុ ១។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ព្យាបាទមាន ៣ ប្រការ គឺ មានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈជាហេតុ ១។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា មិច្ឆាទិដ្ឋិមាន ៣ ប្រការ គឺ មានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈជាហេតុ ១។ ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរដូច្នេះឯង លោភៈ ឈ្មោះថាជាហេតុ ជាដែនកើតនៃកម្ម ទោសៈ ឈ្មោះថាជាហេតុ ជាដែនកើតនៃកម្ម មោហៈ ឈ្មោះថាជាហេតុ ជាដែនកើតនៃកម្ម ព្រោះអស់លោភៈ ទើបអស់ហេតុនៃកម្ម ព្រោះអស់ទោសៈ ទើបអស់ហេតុនៃកម្ម ព្រោះអស់មោហៈ ទើបអស់ហេតុនៃកម្ម។

(បរិក្កមនសូត្រ ទី៩)

(៩. បរិក្កមនសុត្តំ)

[៦៤] ម្នាលភិក្ខុទាំងឡាយ ធម៌នេះ ប្រកបដោយការប្រែត្រឡប់ ធម៌នេះ មិនមែនជាមិនមានការប្រែត្រឡប់ទេ។ ម្នាលភិក្ខុទាំងឡាយ ធម៌នេះ ប្រកបដោយការប្រែត្រឡប់ ធម៌នេះ មិនមែនជាមិនមានការប្រែត្រឡប់ តើដោយអធិប្បាយ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកសម្លាប់សត្វ វៀរចាកការសម្លាប់សត្វវិញ ឈ្មោះថា ការប្រែត្រឡប់ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកលួចទ្រព្យគេ វៀរចាកការលួចទ្រព្យគេវិញ ឈ្មោះថា ការប្រែត្រឡប់ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តខុសក្នុងកាម វៀរចាកការប្រព្រឹត្តិខុស ក្នុងកាមវិញ ឈ្មោះថា ការប្រែត្រឡប់ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោលពាក្យកុហក វៀរចាកការពោលពាក្យកុហកវិញ ឈ្មោះថា ការប្រែត្រឡប់ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោលពាក្យញុះញង់ វៀរចាកការពោលពាក្យញុះញង់ ឈ្មោះថា ការប្រែត្រឡប់ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោលពាក្យអាក្រក់ វៀរចាកការពោលពាក្យអាក្រក់វិញ ឈ្មោះថា ការប្រែត្រឡប់ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោលពាក្យឥតប្រយោជន៍ វៀរចាកការពោលពាក្យឥតប្រយោជន៍វិញ ឈ្មោះថា ការប្រែត្រឡប់ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានអភិជ្ឈា មិនមានអភិជ្ឈាវិញ ឈ្មោះថា ការប្រែត្រឡប់ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានព្យាបាទ មិនមានព្យាបាទវិញ ឈ្មោះថា ការប្រែត្រឡប់ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកយល់ខុស មានការយល់ត្រូវវិញ ឈ្មោះថា ការប្រែត្រឡប់។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថាការប្រែត្រឡប់។ ម្នាលភិក្ខុទាំងឡាយ ធម៌នេះ ដែលប្រកបដោយការប្រែត្រឡប់ មិនមែនជាមិនមានការប្រែត្រឡប់ យ៉ាងនេះឯង។

(ចុន្ទសូត្រ ទី១០)

(១០. ចុន្ទសុត្តំ)

[៦៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអម្ពវន (ព្រៃស្វាយ) របស់កម្មារបុត្រ ឈ្មោះចុន្ទ ជិតក្រុងបាវា។ គ្រានោះ ចុន្ទកម្មារបុត្រ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះចុន្ទកម្មារបុត្រ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរដូច្នេះថា ម្នាលចុន្ទ អ្នកពេញចិត្តនឹងការស្អាតរបស់អ្នកណា។ ចុន្ទកម្មារបុត្រក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ព្រាហ្មណ៍ទាំងឡាយ ដែលនៅខាងក្រោយភូមិ ជាអ្នកប្រើប្រាស់ល័ក្កចាន់ [ប្រដាប់សម្រាប់ដាក់ទឹកក្នុងវេលាដើរផ្លូវ គឺក្អម, កំសៀវ, បំពង់, កុណ្ឌី, ទីកោ។] ប្រើប្រាស់សំពត់ដូចផ្កាសារាយ ជាអ្នកបម្រើភ្លើង ជាអ្នកចុះត្រាំទឹកព្រឹកល្ងាច តែងបញ្ញត្តនូវការស្អាត ខ្ញុំព្រះអង្គពេញចិត្តចំពោះការស្អាត របស់ព្រាហ្មណ៍ទាំងនោះ។ ម្នាលចុន្ទ ចុះពួកព្រាហ្មណ៍ ដែលនៅខាងក្រោយភូមិ ជាអ្នកប្រើប្រាស់ល័ក្កចាន់ ប្រើប្រាស់សំពត់ដូចផ្កាសារាយ ជាអ្នកបម្រើភ្លើង ជាអ្នកចុះត្រាំទឹកព្រឹកល្ងាច តែងបញ្ញត្តនូវការស្អាត យ៉ាងណាខ្លះ។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងលោកនេះ ពួកព្រាហ្មណ៍ ដែលនៅខាងក្រោយភូមិ ជាអ្នកប្រើប្រាស់ល័ក្កចាន់ ប្រើប្រាស់សំពត់ដូចផ្កាសារាយ ជាអ្នកបម្រើភ្លើង ជាអ្នកចុះត្រាំទឹកព្រឹកល្ងាច ព្រាហ្មណ៍ទាំងនោះ តែងបបួលពួកសាវកថា នែបុរសអើយ អ្នកចូរមកអាយ កាលបើអ្នកក្រោកអំពីដំណេក ក្នុងវេលាព្រឹកព្រហាមហើយ គប្បីស្ទាបផែនដី បើអ្នកមិនស្ទាបផែនដីទេ គប្បីស្ទាបអាចម៍គោស្រស់ បើអ្នកមិនស្ទាបអាចម៍គោស្រស់ទេ គប្បីស្ទាបស្មៅស្រស់ បើអ្នកមិនស្ទាបស្មៅស្រស់ទេ គប្បីបម្រើភ្លើង បើអ្នកមិនបម្រើភ្លើងទេ គប្បីប្រណម្យអញ្ជលី នមស្ការព្រះអាទិត្យ បើអ្នកមិនប្រណម្យអញ្ជលី នមស្ការព្រះអាទិត្យទេ គប្បីចុះត្រាំទឹកជាគំរប់ ៣ ដង នឹងពេលល្ងាច។ បពិត្រព្រះអង្គដ៏ចំរើន ពួកព្រាហ្មណ៍ ដែលនៅខាងក្រោយភូមិ ជាអ្នកប្រើប្រាស់ល័ក្កចាន់ ប្រើប្រាស់សំពត់ដូចផ្កាសារាយ ជាអ្នកបម្រើភ្លើង ជាអ្នកចុះត្រាំទឹកព្រឹកល្ងាច តែងបញ្ញត្តនូវការស្អាត យ៉ាងនេះឯង ខ្ញុំព្រះអង្គ តែងពេញចិត្តនឹងការស្អាត របស់ព្រាហ្មណ៍ទាំងនោះ។ នែចុន្ទ ពួកព្រាហ្មណ៍ ដែលនៅខាងក្រោយភូមិ ជាអ្នកប្រើប្រាស់ល័ក្កចាន់ ប្រើប្រាស់សំពត់ដូចផ្កាសារាយ ជាអ្នកបម្រើភ្លើង ជាអ្នកចុះត្រាំទឹកព្រឹកល្ងាច បញ្ញត្តនូវការស្អាត ដោយឡែក ចំណែកការស្អាតក្នុងអរិយវិន័យ ដោយឡែក។ បពិត្រព្រះអង្គដ៏ចំរើន ចុះការស្អាតក្នុងអរិយវិន័យ តើដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គសំដែងធម៌ តាមដំណើរការស្អាត ក្នុងអរិយវិន័យ ឲ្យទានដល់ខ្ញុំព្រះអង្គ។ ម្នាលចុន្ទ បើដូច្នោះ អ្នកចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែង។ ចុន្ទកម្មារបុត្រ ទទួលតបព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលចុន្ទ ការមិនស្អាតដោយកាយ មាន ៣ ប្រការ ការមិនស្អាតដោយវាចា មាន ៤ ប្រការ ការមិនស្អាតដោយចិត្ត មាន ៣ ប្រការ។ ម្នាលចុន្ទ ចុះការមិនស្អាតដោយ កាយ មាន ៣ ប្រការ តើដូចម្តេច។ ម្នាលចុន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ជាមនុស្សមានចិត្តអាក្រក់ មានដៃប្រឡាក់ឈាម មានចិត្តបោះជាប់ ក្នុងការសម្លាប់សត្វ មានចិត្តមិនអាសូរចំពោះពួកសត្វ ១ ជាអ្នកលួចទ្រព្យគេ គឺជាអ្នកកាន់យកនូវគ្រឿងឧបករណ៍ ដែលជាសម្បត្តិនៃបុគ្គលដទៃ គេទុកក្នុងស្រុកក្តី ទុកក្នុងព្រៃក្តី ដែលគេមិនបានឲ្យ ដែលហៅថា លួច ១ ជាអ្នកប្រព្រឹត្តខុសក្នុងកាម គឺជាអ្នកដល់នូវការប្រព្រឹត្តិកន្លងក្នុងស្រ្តីទាំងឡាយ ដែលមានមាតារក្សា បិតារក្សា បងប្អូនប្រុសរក្សា បងប្អូនស្រ្តីរក្សា ញាតិរក្សា ធម៌រក្សា ជាស្រ្តីមានប្តី មានអាជ្ញា (កំណត់ទុក) ដោយហោចទៅ សូម្បីតែស្រ្តីដែលបុរសបំពាក់កម្រងផ្កាឲ្យ ១។ ម្នាលចុន្ទ ការមិនស្អាតដោយកាយ មាន ៣ ប្រការយ៉ាងនេះឯង។ ម្នាលចុន្ទ ការមិនស្អាត ដោយវាចា មាន ៤ ប្រការ តើដូចម្តេច។ ម្នាលចុន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកពោលពាក្យកុហក ទោះបីឋិតនៅក្នុងរោងក្តី ឋិតនៅក្នុងបរិសទ្យក្តី ឋិតនៅក្នុងកណ្តាលញាតិក្តី ឋិតនៅក្នុងកណ្តាលសេនីក្តី ឋិតនៅក្នុងកណ្តាលរាជត្រកូលក្តី ដែលគេនាំទៅធ្វើជាសាក្សី ហើយសួរថា នែបុរសអើយ ចូរអ្នកមកអាយ បើអ្នកដឹងហេតុណា ចូរនិយាយប្រាប់ហេតុនោះ បុគ្គលនោះ កាលមិនដឹង ក៏និយាយថា ខ្ញុំដឹងក៏មាន កាលដឹង និយាយថា ខ្ញុំមិនដឹងក៏មាន កាលមិនឃើញ និយាយថា ខ្ញុំឃើញក៏មាន កាលឃើញ និយាយថា ខ្ញុំមិនឃើញក៏មាន ជាអ្នកពោលពាក្យកុហកទាំងដឹងខ្លួនដូច្នេះ ព្រោះហេតុតែខ្លួនក្តី ហេតុអ្នកដទៃក្តី ព្រោះហេតុសំណូក គឺ អាមិសៈបន្តិបន្តួចក្តី ១ ជាអ្នកពោលពាក្យញុះញង់ គឺឮពាក្យអំពីសំណាក់ជននេះហើយ នាំទៅប្រាប់ជនឯណោះ ដើម្បីនឹងបំបែកជនទាំងនេះ ឬឮពាក្យអំពីសំណាក់ជនឯណោះ នាំមកប្រាប់ជននេះ ដើម្បីនឹងបំបែកជនឯណោះ ជាអ្នកបំបែកពួកជនដែលព្រមព្រៀងគ្នាផង ជាអ្នកជំរុលពួកជន ដែលបែកគ្នាហើយផង ជាអ្នកត្រេកអរតែក្នុងពួក មានតម្រេកក្នុងពួក ជាអ្នករីករាយតែក្នុងពួក ជាអ្នកពោលវាចាធ្វើឲ្យប្រកាន់ពួក ដោយប្រការដូច្នេះ ១ ជាអ្នកពោលពាក្យអាក្រក់ គឺជាអ្នកពោលវាចាទ្រគោះ បោះបោក ខ្មោះខ្មួរ រោលរាល ស្ទាក់ដំណើរជនដទៃ ជាវាចាជិតនឹងសេចក្តីក្រោធ មិនប្រព្រឹត្តទៅ ដើម្បីសមាធិ ១ ជាអ្នកពោលពាក្យឥតប្រយោជន៍ គឺពោលពាក្យខុសកាល ពោលពាក្យមិនពិត ពោលពាក្យមិនមែនជាអត្ថ ពោលពាក្យមិនមែនជាធម៌ ពោលពាក្យមិនមែនជាវិន័យ ពោលពាក្យដែលមិនគួរឲ្យតាំងទុកក្នុងហឫទ័យបាន ជាពាក្យពោលខុសកាល ប្រាសចាកគ្រឿងអាង ជាពាក្យមិនមានទីបំផុត មិនប្រកបដោយប្រយោជន៍ ១។ ម្នាលចុន្ទ ការមិនស្អាតដោយវាចា មាន ៤ ប្រការ យ៉ាងនេះឯង។ ម្នាលចុន្ទ ចុះការមិនស្អាតដោយចិត្ត មាន ៣ ប្រការ តើដូចម្តេច។ ម្នាលចុន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ច្រើនដោយអភិជ្ឈា គឺជាអ្នកគយគន់នូវគ្រឿងឧបករណ៍ ដែលជាសម្បត្តិនៃបុគ្គលដទៃ ដោយគិតថា ឱហ្ន៎ គ្រឿងឧបករណ៍ ដែលជាទ្រព្យសម្បត្តិ នៃបុគ្គលដទៃណា គ្រឿងឧបករណ៍នោះ គប្បីបានមកអញ ១ ជាអ្នកមានចិត្តព្យាបាទ គឺជាមនុស្សមានតម្រិះក្នុងចិត្ត ដែលទោសប្រទុស្តហើយថា សត្វទាំងឡាយនេះ ចូរលំបាកខ្លះ ចូរបែកគ្នាខ្លះ ចូរសាបសូន្យទៅខ្លះ ចូរវិនាសទៅខ្លះ កុំបីមានបាន (អ្វីបន្តិចបន្តួច) ឡើយ ១ ជាអ្នកមានគំនិតយល់ខុស គឺជាមនុស្សយល់ឃើញនូវសេចក្តីវិបរិតថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល ការបូជាតូច មិនមានផល ផលវិបាករបស់កុសលាកុសលកម្ម ដែលសត្វធ្វើល្អ ធ្វើអាក្រក់ មិនមាន លោកនេះមិនមាន លោកខាងមុខមិនមាន មាតាមិនមាន បិតាមិនមាន សត្វទាំងឡាយ ជាឱបបាតិកកំណើតមិនមាន ពួកសមណព្រាហ្មណ៍ក្នុងលោក ជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិដោយត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញាដ៏ឧត្តមរបស់ខ្លួនឯង ហើយសំដែងប្រាប់ មិនមាន ១។ ម្នាលចុន្ទ ការមិនស្អាតដោយចិត្ត មាន ៣ ប្រការ យ៉ាងនេះឯង។ ម្នាលចុន្ទ ការមិនស្អាតទាំង ១០ នេះឯង ហៅថា អកុសលកម្មបថ។ ម្នាលចុន្ទ បុគ្គលដែលប្រកបដោយអកុសលកម្មបថទាំង ១០ នេះហើយ បើទុកជាក្រោកឡើងអំពីដំណេក ក្នុងវេលាព្រឹកព្រហាម ហើយស្ទាបផែនដីក្តី ក៏នៅតែជាមនុស្សមិនស្អាតដដែល បើទុកជាមិនស្ទាបផែនដីក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាស្ទាបអាចម៍គោស្រស់ក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាមិនស្ទាបអាចម៍គោស្រស់ក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាស្ទាបស្មៅស្រស់ក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាមិនស្ទាបស្មៅស្រស់ក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាបម្រើភ្លើងក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាមិនបម្រើភ្លើងក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាប្រណម្យអញ្ជលី នមស្ការព្រះអាទិត្យក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាមិនប្រណម្យអញ្ជលី នមស្ការព្រះអាទិត្យក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាចុះត្រាំទឹកជាគំរប់ ៣ ដងនឹងពេលល្ងាចក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាមិនចុះត្រាំទឹក ជាគំរប់ ៣ ដងនឹងពេលល្ងាចក្តី ក៏នៅតែមិនស្អាតដដែល។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលចុន្ទ ព្រោះអកុសលកម្មបថទាំង ១០ នេះឯង ជាគន្លងមិនស្អាតផង ជាផ្លូវកឲ្យកើតរបស់មិនស្អាតផង។ ម្នាលចុន្ទ មួយទៀត ព្រោះហេតុនៃការប្រកបព្រមដោយអកុសលកម្មបថ ទាំង ១០ ប្រការនេះ នរកក៏ប្រាកដ តិរច្ឆាន ក៏ប្រាកដ បិត្តិវិស័យ ក៏ប្រាកដឡើង ឬក៏មានទុគ្គតិ (ដំណើរអាក្រក់) ក្រៅពីនេះណាមួយ (មានទៀតមិនខាន)។ ម្នាលចុន្ទ ការស្អាតដោយកាយមាន ៣ ប្រការ ការស្អាតដោយវាចា មាន ៤ ប្រការ ការស្អាតដោយចិត្តមាន ៣ ប្រការ។ ម្នាលចុន្ទ ចុះការស្អាតដោយកាយ មាន ៣ ប្រការ តើដូចម្តេច។ ម្នាលចុន្ទ បុគ្គលខ្លះ ក្នុងលោកនេះ លះបង់នូវបាណាតិបាត វៀរស្រឡះចាកបាណាតិបាត ជាអ្នកដាក់ចុះនូវអាជ្ញា ដាក់ចុះនូវគ្រឿងសស្រា្តវុធ ប្រកបដោយសេចក្តីខ្មាស ដល់នូវមេត្តាចិត្ត ជាអ្នកអនុគ្រោះដោយប្រយោជន៍ ចំពោះពួកសត្វទាំងអស់ ១ ជាអ្នកលះបង់អទិន្នាទាន វៀរស្រឡះចាកអទិន្នាទាន ជាអ្នកមិនកាន់យកនូវគ្រឿងឧបករណ៍ ដែលជាសម្បត្តិនៃបុគ្គលដទៃ គេទុកក្នុងស្រុកក្តី ទុកក្នុងព្រៃក្តី ដែលគេមិនបានឲ្យ ដោយចិត្តលួចឡើយ ១ ជាអ្នកលះបង់កាមេសុមិច្ឆាចារ វៀរស្រឡះចាកមេសុមិច្ឆាចារ ជាអ្នកមិនដល់ នូវការប្រព្រឹត្តិកន្លង ក្នុងស្រ្តីទាំងឡាយ ដែលមានមាតារក្សា បិតារក្សា បងប្អូនប្រុសរក្សា បងប្អូនស្រ្តីរក្សា ញាតិរក្សា ត្រកូលប្រកបដោយធម៌រក្សា ជាស្រ្តីមានប្តី មានអាជ្ញា (កំណត់ទុក) ដោយហោចទៅ សូម្បីតែស្រ្តីដែលបុរសបំពាក់កម្រងផ្កាឲ្យ ១។ ម្នាលចុន្ទ ការស្អាតដោយកាយ មាន ៣ ប្រការ យ៉ាងនេះឯង។ ម្នាលចុន្ទ ចុះការស្អាត ដោយវាចាមាន ៤ ប្រការ តើដូចម្តេច។ ម្នាលចុន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកលះបង់មុសាវាទ វៀរស្រឡះចាកមុសាវាទ ទោះបីឋិតនៅក្នុងរោងក្តី ឋិតនៅក្នុងបរិសទ្យក្តី ឋិតនៅក្នុងកណ្តាលញាតិក្តី ឋិតនៅក្នុងកណ្តាលសេនីក្តី ឋិតនៅក្នុងកណ្តាលរាជត្រកូលក្តី ដែលគេនាំទៅធ្វើជាសាក្សី ហើយសួរថា នែបុរសអើយ ចូរអ្នកមកអាយ បើអ្នកដឹងហេតុណា ចូរនិយាយប្រាប់ហេតុនោះ បុគ្គលនោះ កាលមិនដឹង ក៏និយាយថា ខ្ញុំមិនដឹង កាលដឹង និយាយថា ខ្ញុំដឹង កាលមិនឃើញ និយាយថា ខ្ញុំមិនឃើញ ឬកាលឃើញ និយាយថា ខ្ញុំឃើញ ជាអ្នកមិនពោលពាក្យកុហកទាំងដឹង ដូច្នេះ ព្រោះហេតុតែខ្លួនក្តី ហេតុអ្នកដទៃក្តី ព្រោះហេតុសំណូក គឺអាមិសៈបន្តិចបន្តួចក្តី ១ ជាអ្នកលះបង់បិសុណាវាចា វៀរស្រឡះចាកបិសុណាវាចា ឮពាក្យអំពីសំណាក់ជននេះហើយ មិននាំទៅប្រាប់ជនឯណោះ ដើម្បីនឹងបំបែកជនទាំងនេះ ឬឮពាក្យអំពីសំណាក់ជនឯណោះ ហើយមិននាំមកប្រាប់ជនទាំងនេះ ដើម្បីនឹងបំបែកជនឯណោះ ជាអ្នកផ្សះផ្សានូវពួកជន ដែលបែកគ្នាផង ជាអ្នកទំនុកបម្រុងនូវពួកជនដែលរួបរួមគ្នាផង ជាអ្នកត្រេកអរក្នុងសេចក្តីព្រមព្រៀងគ្នាផង ជាអ្នកមានតម្រេកតែក្នុងសេចក្តីព្រមព្រៀងគ្នា ជាអ្នករីករាយ ក្នុងសេចក្តីព្រមព្រៀងគ្នា ពោលនូវវាចាដែលធ្វើឲ្យកើតសេចក្តីព្រមព្រៀងគ្នា ដោយប្រការដូច្នេះ ១ ជាអ្នកលះបង់ផរុសវាចា វៀរស្រឡះចាកផរុសវាចា ជាអ្នកពោលតែវាចាមិនមានទោស ជាសុខដល់ត្រចៀក គួរឲ្យកើតសេចក្តីស្រឡាញ់ ចូលទៅកាន់ហឫទ័យ ជាវាចាអ្នកបុរី ជាទីស្រឡាញ់នៃជនច្រើន ជាទីពេញចិត្តនៃជនច្រើន ១ ជាអ្នកលះបង់សម្ផប្បលាបៈ វៀរស្រឡះចាកសម្ផប្បលាបៈ ពោលពាក្យត្រូវតាមកាល ពោលពាក្យពិត ពោលពាក្យដែលជាអត្ថ ពោលពាក្យដែលជាធម៌ ពោលពាក្យដែលជាវិន័យ ពោលពាក្យដែលគួរតាំងទុកក្នុងហឫទ័យ ជាពាក្យត្រូវតាមកាលវេលា ប្រកបដោយគ្រឿងអាង ជាវាចាមានទីបំផុត ប្រកបដោយប្រយោជន៍ ១។ ម្នាលចុន្ទ ការស្អាតដោយវាចា មាន ៤ ប្រការយ៉ាងនេះឯង។ ម្នាលចុន្ទ ចុះការស្អាតដោយចិត្ត មាន ៣ ប្រការ តើដូចម្តេច។ ម្នាលចុន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មិនមានអភិជ្ឈា ជាអ្នកមិនគយគន់នូវគ្រឿងឧបករណ៍ ដែលជាទ្រព្យសម្បត្តិ នៃបុគ្គលដទៃ ដោយគិតថា ឱហ្ន៎ គ្រឿងឧបករណ៍ ដែលជាទ្រព្យសម្បត្តិនៃបុគ្គលណា គ្រឿងឧបករណ៍នោះ គប្បីបានមកអញ ដូច្នេះឡើយ ១ ជាអ្នកមានចិត្តមិនព្យាបាទ គឺជាមនុស្សមានតម្រិះក្នុងចិត្ត ដែលទោសមិនប្រទូស្តហើយថា សត្វទាំងឡាយនេះ កុំមានពៀរនិងគ្នា កុំព្យាបាទគ្នា កុំមានទុក្ខ ចូររក្សាខ្លួនឲ្យបានសេចក្តីសុខចុះ ១ ជាអ្នកមានសេចក្តីយល់ត្រូវ គឺជាមនុស្ស យល់ឃើញនូវសេចក្តីមិនវិបរឹតថា ទានដែលបុគ្គលឲ្យហើយ មានផល ការបូជាធំ មានផល ការបូជាតូច មានផល ផលវិបាកនៃកុសលាកុសលកម្ម ដែលសត្វធ្វើល្អ ធ្វើអាក្រក់ មាន លោកនេះមាន លោកខាងមុខមាន មាតាមាន បិតាមាន ពួកសត្វទាំងឡាយ ជាឱបបាតិកកំណើតមាន ពួកសមណព្រាហ្មណ៍ក្នុងលោក ដែលជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិដោយត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខដោយប្រាជ្ញា ដ៏ឧត្តមរបស់ខ្លួនឯង ហើយសំដែងប្រាប់ មាន ១។ ម្នាលចុន្ទ ការស្អាតដោយចិត្ត មាន ៣ ប្រការ យ៉ាងនេះឯង។ ម្នាលចុន្ទ ការស្អាតទាំង ១០ ប្រការនេះ ហៅថា កុសលកម្មបថ ១០។ ម្នាលចុន្ទ បុគ្គលដែលប្រកបដោយកុសលកម្មបថទាំង ១០ នេះហើយ បើទុកជាក្រោកឡើងអំពីដំណេកក្នុងវេលាព្រឹកព្រហាម ហើយស្ទាបផែនដីក្តី ក៏នៅជាមនុស្សស្អាតដដែល បើទុកជាមិនស្ទាបផែនដីក្តី ក៏នៅស្អាតដដែល បើទុកជាស្ទាបអាចម៍គោស្រស់ក្តី ក៏នៅស្អាតដដែល បើទុកជាមិនស្ទាបអាចម៍គោស្រស់ក្តី ក៏នៅស្អាតដដែល បើទុកជាស្ទាបស្មៅស្រស់ក្តី ក៏នៅស្អាតដដែល បើទុកជាមិនស្ទាបស្មៅស្រស់ក្តី ក៏នៅស្អាតដដែល បើទុកជាបម្រើភ្លើងក្តី ក៏នៅស្អាតដដែល បើទុកជាមិនបម្រើភ្លើងក្តី ក៏នៅស្អាតដដែល បើទុកជាប្រណមអញ្ជលី នមស្ការព្រះអាទិត្យក្តី ក៏នៅស្អាតដដែល បើទុកជាមិនប្រណមអញ្ជលី នមស្ការព្រះអាទិត្យក្តី ក៏នៅតែស្អាតដដែល បើទុកជាចុះត្រាំទឹកជាគំរប់ ៣ ដងនឹងពេលល្ងាចក្តី ក៏នៅតែស្អាតដដែល បើទុកជាមិនចុះត្រាំទឹកជាគំរប់ ៣ ដងនឹងពេលល្ងាចក្តី ក៏នៅតែស្អាតដដែល។ ដំណើនោះ តើព្រោះហេតុអ្វី។ ម្នាលចុន្ទ ព្រោះកុសលកម្មបថទាំង ១០ ប្រការនេះឯង ជាគន្លងស្អាតផង ជាផ្លូវកឲ្យកើតរបស់ស្អាតផង។ ម្នាលចុន្ទ មួយទៀត ព្រោះហេតុនៃការប្រកបព្រមដោយកុសលកម្មបថទាំង ១០ ប្រការនេះ ទេវតា ក៏ប្រាកដ មនុស្ស ក៏ប្រាកដ ឬ ក៏មានសុគតិ (ដំណើរល្អ) ក្រៅពីនេះណាមួយ (មានទៀតមិនខាន)។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ចុន្ទកម្មារបុត្រ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់។បេ។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមអំពីថ្ងៃនេះតទៅ។

(ជាណុស្សោណិសូត្រ ទី១១)

(១១. ជាណុស្សោណិសុត្តំ)

[៦៦] លំដាប់នោះ ជាណុស្សោណិព្រាហ្មណ៍ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ធ្វើសេចក្តីរីករាយជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកនាំឲ្យកើតសេចក្តីសិ្នទ្ធស្នាលហើយ អង្គុយក្នុងទីសមគួរ។ លុះជាណុស្សោណិព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន យើងជាព្រាហ្មណ៍ តែងឲ្យទាន តែងធ្វើអំពើដែលគេគប្បីធ្វើដោយសទ្ធា ហើយឧទ្ទិសថា ទាននេះ សូមឲ្យសម្រេចផល ដល់ប្រេតទាំងឡាយ ជាញាតិសាលោហិត ពួកប្រេតទាំងឡាយ ជាញាតិសាលោហិត សូមបរិភោគនូវទាននេះ បពិត្រព្រះគោតមដ៏ចំរើន ចុះទាននោះ នឹងសម្រេចផល ដល់ប្រេតទាំងឡាយ ជាញាតិសាលោហិតដែរឬទេ ប្រេតទាំងឡាយ ជាញាតិសាលោហិតនោះ នឹងបរិភោគនូវទាននោះ បានដែរឬទេ។ ព្រះមានព្រះភាគទ្រង់ត្រាស់តបថា ម្នាលព្រាហ្មណ៍ ទាននោះសម្រេចផលក្នុងទីគួរ មិនសម្រេចផលក្នុងទីមិនគួរ។ បពិត្រព្រះគោតមដ៏ចំរើន ទីដែលគួរ តើដូចម្តេច ទីដែលមិនគួរ តើដូចម្តេច។ ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់ ពោលពាក្យឥតប្រយោជន៍ ជាអ្នកច្រើនដោយអភិជ្ឈា មានចិត្តព្យាបាទ មានសេចក្តីយល់ខុស បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងនរក អាហារណា ជាអាហារសម្រាប់សត្វទាំងឡាយ កើតក្នុងនរក សត្វនរកនោះ តែងញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ក្នុងនរកនោះ ដោយសារអាហារនោះ សត្វនរកនោះ ឋិតនៅក្នុងនរកនោះ ដោយសារអាហារនោះ ម្នាលព្រាហ្មណ៍ ទាននោះ មិនសម្រេចផល ដល់សត្វដែលឋិតនៅក្នុងទីណា ទីនេះឯង ហៅថា ទីមិនគួរ។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ។បេ។ មានសេចក្តីយល់ខុស បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាបទៅ ក៏ទៅកើតក្នុងកំណើតនៃតិរច្ឆាន អាហារណា ជាអាហារ សម្រាប់សត្វទាំងឡាយដែលកើតក្នុងកំណើតតិរច្ឆាន សត្វតិរច្ឆាននោះ ក៏ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ក្នុងទីនោះ ដោយអាហារនោះ សត្វតិរច្ឆាននោះ ឋិតនៅក្នុងទីនោះ ដោយសារអាហារនោះ ម្នាលព្រាហ្មណ៍ ទាននោះមិនសម្រេចផល ដល់សត្វដែលឋិតនៅ ក្នុងទីណា ទីនេះឯង ហៅថា ទីមិនគួរ។ ម្នាលព្រាហ្មណ៍ ចំណែកឯបុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរស្រឡះចាកបាណាតិបាត វៀរស្រឡះចាកអទិន្នាទាន វៀរស្រឡះចាកមុសាវាទ វៀរស្រឡះចាកបិសុណាវាចា វៀរស្រឡះចាកផរុសវាចា វៀរស្រឡះចាកសម្ផប្បលាបៈ ជាអ្នកមិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ មានសេចក្តីយល់ត្រូវ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងពួកមនុស្ស អាហារណា ជាអាហារ សម្រាប់ពួកមនុស្ស បុគ្គលនោះ ក៏ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ក្នុងទីនោះ ដោយអាហារនោះ បុគ្គលនោះ ឋិតនៅក្នុងទីនោះ ដោយសារអាហារនោះ ម្នាលព្រាហ្មណ៍ ទាននោះមិនសម្រេចផល ដល់សត្វដែលឋិតនៅក្នុងទីណា ទីនេះឯង ហៅថា ទីមិនគួរ។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរស្រឡះ ចាកបាណាតិបាត។បេ។ មានសេចក្តីយល់ត្រូវ បុគ្គលនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងពួកទេវតា អាហារណា ជាអាហារសម្រាប់ពួកទេវតា ទេវតានោះ ក៏ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ក្នុងទីនោះ ដោយអាហារនោះ ទេវតានោះ ឋិតនៅក្នុងទីនោះ ដោយសារអាហារនោះ ម្នាលព្រាហ្មណ៍ ទាននោះ មិនសម្រេចផល ដល់សត្វដែលឋិតនៅក្នុងទីណា ទីនេះឯង ហៅថា ទីមិនគួរ។ ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ។បេ។ មានសេចក្តីយល់ខុស បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងបិត្តិវិស័យ អាហារណា ជាអាហារសម្រាប់សត្វទាំងឡាយ ដែលកើតក្នុងបិត្តិវិស័យ ប្រេតនោះ ក៏ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅក្នុងទីនោះ ដោយអាហារនោះ ប្រេតនោះ ឋិតនៅក្នុងទីនោះ ដោយសារអាហារនោះ ឬក៏ពួកមិត្រអាមាត្យក្តី ជនជាញាតិសាលោហិតក្តី ឧទ្ទិសឲ្យនូវទានណា ដល់ប្រេតនោះ អំពីលោកនេះ ប្រេតនោះ ក៏ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ក្នុងទីនោះ ដោយអាហារនោះ ប្រេតនោះ ឋិតនៅក្នុងទីនោះ ដោយសារអាហារនោះ ម្នាលព្រាហ្មណ៍ ទាននោះសម្រេចផល ដល់សត្វដែលឋិតនៅក្នុងទីណា ទីនេះឯង ហៅថា ទីគួរ។ ជាណុស្សោណិព្រាហ្មណ៍ ក្រាបទូលសួរថា បពិត្រព្រះគោតមដ៏ចំរើន ចុះប្រសិនបើប្រេតជាញាតិសាលោហិតនោះ មិនបានទៅកើតក្នុងទីនោះទេ តើអ្នកណា បរិភោគទាននោះ។ អើ ព្រាហ្មណ៍ ពួកប្រេតដែលជាញាតិសាលោហិតដទៃទៀតរបស់គេ គង់ទៅកើតក្នុងទីនោះមិនខាន ប្រេតទាំងនោះឯង បរិភោគទាននោះ។ បពិត្រព្រះគោតមដ៏ចំរើន ចុះប្រសិនបើ ប្រេតជាញាតិសាលោហិតនោះ មិនបានទៅកើតក្នុងទីនោះទេ ទាំងពួកប្រេតជាញាតិសាលោហិត ដទៃទៀតរបស់គេ ក៏មិនបានទៅកើតក្នុងទីនោះដែរ តើអ្នកណា បរិភោគទាននោះ។ នែព្រាហ្មណ៍ ទីណាដែលស្ងាត់ចាកប្រេតទាំងឡាយ ជាញាតិសាលោហិតដោយកាលជាយូរអង្វែងនេះ ទីនោះមិនមែនជាហេតុ មិនមែនជាឱកាស គឺថាមិនធ្លាប់មានឡើយ ម្នាលព្រាហ្មណ៍ មួយទៀត ធម្មតា អ្នកឲ្យទាន មិនមែនជាគ្មានផលទេ។ ឱព្រះគោតមដ៏ចំរើន ពោលកំណត់ ក្នុងទីមិនគួរបានដែរតើ។ អើព្រាហ្មណ៍ តថាគតពោលកំណត់ ក្នុងទីមិនគួរ បានដែរ ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាម ពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់ ពោលពាក្យឥតប្រយោជន៍ ជាអ្នកច្រើនដោយអភិជ្ឈា មានចិត្តព្យាបាទ មានសេចក្តីយល់ខុស ប៉ុន្តែបុគ្គលនោះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍របស់ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ បុគ្គលនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតជាមួយពួកដំរី ឯដំរីនោះ ជាសត្វតែងស្វាក់ បាយ ទឹក កម្រងផ្កា និងគ្រឿងឧបករណ៍ផ្សេង ៗ ក្នុងកំណើត នៃដំរីនោះ ម្នាលព្រាហ្មណ៍ ត្រង់ដែលបុគ្គល ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុស ក្នុងកាម ពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់ ពោលពាក្យឥតប្រយោជន៍ ជាអ្នកច្រើនដោយអភិជ្ឈា មានចិត្តព្យាបាទ មានសេចក្តីយល់ខុស ជាទោសនាំឲ្យបុគ្គលនោះ បែកធ្លាយរាងកាយ ស្លាប់ទៅ ទៅកើតជាមួយនឹងពួកដំរី ត្រង់ដែលបុគ្គលនោះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍របស់ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ ជាគុណបណ្តាលឲ្យបុគ្គលនោះ ជាសត្វតែងស្វាក់បាយ ទឹក កម្រងផ្កា គ្រឿងប្រដាប់ផ្សេង ៗ ក្នុងកំណើតនៃដំរីនោះ។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាម ពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់ ពោលពាក្យឥតប្រយោជន៍ ជាអ្នកច្រើនដោយអភិជ្ឈា មានចិត្តព្យាបាទ មានសេចក្តីយល់ខុស ប៉ុន្តែបុគ្គលនោះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍របស់ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយពួកសេះ… កើតជាមួយពួកគោ… កើតជាមួយពួកឆ្កែ ឯសត្វនោះ តែងស្វាក់បាយ ទឹក កម្រងផ្កា និងគ្រឿងប្រដាប់ផ្សេង ៗ ម្នាលព្រាហ្មណ៍ ត្រង់ដែលបុគ្គលក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់ ពោលពាក្យឥតប្រយោជន៍ ជាអ្នកច្រើនដោយអភិជ្ឈា មានចិត្តព្យាបាទ មានសេចក្តីយល់ខុស ជាទោសនាំឲ្យបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកឆ្កែ ត្រង់ដែលបុគ្គលនោះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍របស់ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ ជាគុណនាំឲ្យបុគ្គលនោះ ជាសត្វតែងស្វាក់ បាយ ទឹក កម្រងផ្កា គ្រឿងប្រដាប់ផ្សេង ៗ ក្នុងកំណើតឆ្កែនោះ។ ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរស្រឡះចាកបាណាតិបាត វៀរស្រឡះចាកអទិន្នាទាន វៀរស្រឡះចាកកាមេសុមិច្ឆាចារ វៀរស្រឡះចាកមុសាវាទ វៀរស្រឡះចាកបិសុណាវាចា វៀរស្រឡះចាកផរុសវាចា វៀរស្រឡះចាកសម្ផប្បលាបៈ ជាអ្នកមិនមានអភិជ្ឈា មានចិត្តមិនព្យាបាទ មានសេចក្តីយល់ត្រូវ បុគ្គលនោះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍របស់ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកមនុស្ស បុគ្គលនោះ តែងស្វាក់នូវកាមគុណ ៥ ជារបស់មនុស្ស ក្នុងកំណើតនៃមនុស្សនោះ ម្នាលព្រាហ្មណ៍ ត្រង់ដែលបុគ្គល ក្នុងលោកនេះ ជាអ្នកវៀរស្រឡះ ចាកបាណាតិបាត វៀរស្រឡះ ចាកអទិន្នាទាន វៀរស្រឡះ ចាកកាមេសុមិច្ឆាចារ វៀរស្រឡះ ចាកមុសាវាទ វៀរស្រឡះ ចាកបិសុណាវាចា វៀរស្រឡះ ចាកផរុសវាចា វៀរស្រឡះ ចាកសម្ផប្បលាបៈ ជាអ្នកមិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ មានសេចក្តីយល់ត្រូវ ជាគុណនាំឲ្យបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកមនុស្ស ត្រង់ដែលបុគ្គលជាអ្នកឲ្យបាយទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍របស់ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ ជាគុណបណ្តាលឲ្យបុគ្គលនោះ ទៅជាអ្នកស្វាក់ នូវកាមគុណ ៥ ជារបស់មនុស្ស ក្នុងកំណើតនៃមនុស្សនោះ។ ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ វៀរស្រឡះ ចាកបាណាតិបាត។បេ។ មានសេចក្តីយល់ត្រូវ ប៉ុន្តែបុគ្គលនោះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍ របស់ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាបទៅ ក៏ទៅកើតជាមួយពួកទេវតា ទេវតានោះ ជាអ្នកស្វាក់នូវកាមគុណ ៥ ជាទិព្វ ក្នុងទេវលោកនោះ ម្នាលព្រាហ្មណ៍ ត្រង់ដែលបុគ្គល ក្នុងលោកនេះ ជាអ្នកវៀរស្រឡះចាកបាណាតិបាត។បេ។ មានសេចក្តីយល់ត្រូវ ជាគុណនាំឲ្យបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយពួកទេវតា ត្រង់ដែលបុគ្គលនោះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍ របស់ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ ជាគុណនាំឲ្យបុគ្គលនោះ ជាអ្នកស្វាក់នូវកាមគុណ ៥ ជាទិព្វ ក្នុងទេវលោកនោះ ម្នាលព្រាហ្មណ៍ ក៏ធម្មតា អ្នកឲ្យទាន មិនមែនជាគ្មានផលឡើយ។ ជាណុស្សោណិព្រាហ្មណ៍ ទូលថា បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន ចម្លែកណាស់ បពិត្រព្រះគោតមដ៏ចំរើន ដំណើរនេះ គួរណាស់តែឲ្យទាន គួរណាស់តែធ្វើអំពើដែលគេគប្បីធ្វើដោយសទ្ធា ព្រោះថា អ្នកឲ្យទាន មិនមែនជាគ្មានផលឡើយ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អើព្រាហ្មណ៍ ដំណើរនុ៎ះ យ៉ាងហ្នឹងឯង អើព្រាហ្មណ៍ ដំណើរនុ៎ះ យ៉ាងហ្នឹងឯង អើព្រាហ្មណ៍ អ្នកឲ្យទាន មិនមែនជាគ្មានផលទេ។ ជាណុស្សោណិព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមពីថ្ងៃនេះតទៅ។

ចប់ ជាណុស្សោណិវគ្គ ទី២។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.v17.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann