km:tipitaka:sut:an:10:sut.an.10.v21

បឋមវគ្គ ទី១ (២១)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 10.v21 បាលី cs-km: sut.an.10.v21 អដ្ឋកថា: sut.an.10.v21_att PTS: ?

បឋមវគ្គ ទី១ (២១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((២១) ១. ករជកាយវគ្គោ)

(បឋមនិរយសគ្គសូត្រ ទី១)

(១. បឋមនិរយសគ្គសុត្តំ)

[៨៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំទៅទំលាក់។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ អ្នកមានចិត្តអាក្រក់ អ្នកមានបាតដៃប្រឡាក់ដោយឈាម តាំងនៅខ្ជាប់ក្នុងការសម្លាប់រឿយ ៗ មិនដល់នូវសេចក្តីអាណិតអាសូរ ចំពោះសព្វសត្វទាំងឡាយ ១ ជាអ្នកលួចទ្រព្យគេ គឺថាជាអ្នកកាន់យកនូវគ្រឿងឧបករណ៍ ជាសម្បត្តិនៃបុគ្គលដទៃដែលគេមិនបានឲ្យ ពោលគឺការលួច ដែលជាទ្រព្យឋិតនៅក្នុងស្រុកក្តី ឋិតនៅក្នុងព្រៃក្តី ១ ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ អ្នកដល់នូវការប្រព្រឹត្តិកន្លងចំពោះស្រ្តីទាំងឡាយ ដែលមានមាតារក្សា បិតារក្សា បងប្អូនប្រុសរក្សា បងប្អូនស្រី្តរក្សា ញាតិរក្សា ធម៌រក្សា ជាស្រ្តីមានប្តី មានអាជ្ញា (កំណត់ទុក) ដោយហោចទៅ សូម្បីតែស្រ្តីដែលមានគេបំពាក់កម្រងផ្កា ១ ជាអ្នកនិយាយកុហក ទោះបីឋិតនៅក្នុងរោងក្តី ឋិតនៅក្នុងបរិសទ្យក្តី ឋិតនៅក្នុងកណ្តាលនៃញាតិក្តី ឋិតនៅក្នុងកណ្តាលសេនីក្តី ឋិតនៅក្នុងកណ្តាលរាជត្រកូលក្តី ដែលគេនាំមកសួរជាសាក្សីថា នែបុរសអើយ ចូរអ្នកចូលមកអាយ បើអ្នកដឹងនូវហេតុណា ចូរនិយាយប្រាប់ហេតុនោះ បុរសនោះ កាលបើមិនដឹង ក៏និយាយថា ខ្ញុំដឹង ក៏មាន កាលបើដឹង និយាយថា ខ្ញុំមិនដឹង ក៏មាន កាលបើមិនឃើញ និយាយថា ខ្ញុំឃើញក៏មាន កាលបើឃើញ និយាយថា ខ្ញុំមិនឃើញក៏មាន ជាអ្នកពោលនូវពាក្យកុហកទាំងដឹងខ្លួនដូច្នេះ ព្រោះហេតុនៃខ្លួនក្តី ព្រោះហេតុនៃបុគ្គលដទៃក្តី ព្រោះហេតុសំណូក គឺ អាមិសៈបន្តិចបន្តួចក្តី ១ ជាអ្នកពោលពាក្យញុះញង់ គឺ ឮពាក្យអំពីសំណាក់ជននេះ ហើយនាំទៅប្រាប់ជនឯណោះ ដើម្បីនឹងបំបែកជនទាំងនេះ ឬឮពាក្យ អំពីសំណាក់ជនឯណោះ មកប្រាប់ជនឯណេះ ដើម្បីនឹងបំបែកជនឯណោះ ជាអ្នកបំបែកនូវពួកជនដែលព្រមព្រៀងគ្នា អ្នកជំរុលពួកជន ដែលបែកគ្នាហើយ អ្នកត្រេកអរក្នុងពួក មានតម្រេកក្នុងពួក អ្នករីករាយក្នុងពួក អ្នកពោលវាចាធ្វើឲ្យប្រកាន់ពួកដូច្នេះ អ្នកពោលពាក្យអាក្រក់ អ្នកពោលពាក្យទ្រគោះ ខ្មោះខ្មួរ រោលរាល ដល់អ្នកដទៃ ដៀមដាមដល់អ្នកដទៃ ជាវាចាជិតសេចក្តីក្រោធ មិនប្រព្រឹត្តទៅ ដើម្បីសមាធិ ១ ជាអ្នកពោលពាក្យឥតប្រយោជន៍ គឺពោលពាក្យខុសកាល ពោលពាក្យមិនពិត ពោលពាក្យមិនមែនជាអត្ថ ពោលពាក្យមិនមែនជាធម៌ ពោលពាក្យមិនមែនជាវិន័យ ពាក្យដែលមិនគួរឲ្យអ្នកផងតាំងទុកក្នុងហឫទ័យ ជាពាក្យខុសកាល មិនមានគ្រឿងអាង មិនមានទីបំផុត មិនប្រកបដោយប្រយោជន៍ ១ ជាអ្នកច្រើនដោយអភិជ្ឈា សំឡឹងគ្រឿងឧបករណ៍ ដែលជាសម្បត្តិ នៃបុគ្គលដទៃណាថា ឱហ្ន៎ គ្រឿងឧបករណ៍នោះ គប្បីបានមកអញ ១ ជាអ្នកមានចិត្តព្យាបាទ ជាអ្នកមានតម្រិះក្នុងចិត្តដែលប្រទុស្តហើយថា សត្វទាំងឡាយនេះ ចូរលំបាកខ្លះ ចូរបែកគ្នាខ្លះ ចូរសាបសូន្យទៅខ្លះ កុំកើតមានឡើយខ្លះ ១ ជាអ្នកមានគំនិតយល់ខុស ជាអ្នកយល់ឃើញសេចក្តីវិបរឹតថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល ការបូជាតូច មិនមានផល ផលវិបាករបស់កុសលាកុសកកម្ម ដែលសត្វធ្វើល្អ និងធ្វើអាក្រក់មិនមាន លោកនេះមិនមាន លោកខាងមុខមិនមាន មាតាមិនមាន បិតាមិនមាន សត្វទាំងឡាយជាឱបបាតិកៈកំណើត មិនមាន សមណព្រាហ្មណ៍ទាំងឡាយក្នុងលោក ជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិដោយត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញាដ៏ឧត្តមរបស់ខ្លួន ហើយសំដែងប្រាប់ មិនមាន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបព្រមដោយធម៌ ១០ នេះឯង នឹងធ្លាក់ក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាងនេះ នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដម្កល់ទុក។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ លះបង់បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តាដាក់ចុះហើយ ជាអ្នកអៀនខ្មាស ដល់នូវសេចក្តីអាណិតអាសូរ អ្នកមានសេចក្តីអនុគ្រោះដោយប្រយោជន៍ ដល់សព្វសត្វ ១ លះបង់អទិន្នាទាន វៀរចាកអទិន្នាទាន ជាអ្នកមិនលួចទ្រព្យគេដែលជាគ្រឿងឧបករណ៍ គឺសម្បត្តិនៃបុគ្គលដទៃ ដែលជាទ្រព្យឋិតនៅក្នុងស្រុកក្តី ឋិតនៅក្នុងព្រៃក្តី ដែលគេមិនឲ្យ ពោលគឺការលួច ១ លះបង់កាមេសុមិច្ឆាចារ វៀរចាកកាមេសុ មិច្ឆាចារ អ្នកមិនដល់នូវការប្រព្រឹត្តិកន្លងចំពោះស្រ្តីទាំងឡាយ ដែលមានមាតារក្សា បិតារក្សា បងប្អូនប្រុសរក្សា បងប្អូនស្រី្តរក្សា ញាតិរក្សា ធម៌រក្សា ជាស្រ្តីមានប្តី មានអាជ្ញា (កំណត់ទុក) ដោយហោចទៅ សូម្បីតែស្រ្តីដែលគេបំពាក់កម្រងផ្កា ១ លះបង់នូវមុសាវាទ វៀរចាកមុសាវាទ ទោះបីឋិតនៅក្នុងរោងក្តី ឋិតនៅក្នុងបរិសទ្យក្តី ឋិតនៅក្នុងកណ្តាលនៃញាតិក្តី ឋិតនៅក្នុងកណ្តាលសេនីក្តី ឋិតនៅក្នុងកណ្តាលនៃរាជត្រកូលក្តី ដែលគេនាំមកសួរជាសាក្សីថា នែបុរសអើយ ចូរអ្នកមកអាយ អ្នកដឹងនូវហេតុណា ចូរនិយាយប្រាប់ហេតុនោះ បុរសនោះ កាលមិនដឹង និយាយថា ខ្ញុំមិនដឹងក៏មាន កាលដឹង និយាយថា ខ្ញុំដឹងក៏មាន កាលមិនឃើញ និយាយថា ខ្ញុំមិនឃើញក៏មាន កាលឃើញ និយាយថា ខ្ញុំឃើញក៏មាន ជាអ្នកមិនពោលនូវពាក្យកុហកទាំងដឹងខ្លួនដូច្នេះ ព្រោះហេតុនៃខ្លួនក្តី ព្រោះហេតុនៃបុគ្គលដទៃក្តី ព្រោះហេតុសំណូក គឺអាមិសៈបន្តិចបន្តួចក្តី ១ លះបង់នូវបិសុណវាចា វៀរចាកបិសុណវាចា ឮពាក្យអំពីសំណាក់ជននេះ ហើយមិននាំទៅប្រាប់ជនឯណោះ ដើម្បីនឹងបំបែកជនទាំងនេះ ឬឮពាក្យអំពីសំណាក់ជនឯណោះ មិននាំមកប្រាប់ដល់ជននេះ ដើម្បីនឹងបំបែកជនឯណោះ ជាអ្នកផ្សះផ្សាពួកជនដែលបែកគ្នា ឬជាអ្នកទំនុកបម្រុងនូវពួកជនដែលព្រមព្រៀង ជាអ្នកត្រេកអរ ក្នុងការព្រមព្រៀង ជាអ្នកមានតម្រេក ក្នុងសេចក្តីព្រមព្រៀង ជាអ្នករីករាយ ក្នុងការព្រមព្រៀង ពោលវាចាដែលធ្វើឲ្យកើតសេចក្តីព្រមព្រៀងគ្នា ១ លះបង់ផរុសវាចា វៀរចាកផរុសវាចា ជាអ្នកពោលតែវាចាដែលមិនមានទោស ជាវាចាស្រួលដល់ត្រចៀក គួរឲ្យគេស្រឡាញ់ ចូលទៅកាន់ហឫទ័យ ជាវាចាអ្នកបុរី ជាទីស្រឡាញ់នៃជនច្រើន ជាសំដីពេញចិត្តនៃជនច្រើន ១ លះបង់នូវសម្ផប្បលាបៈ វៀរចាកសម្ផប្បលាបៈ ជាអ្នកពោលត្រូវតាមកាល ពោលពាក្យពិត ពោលពាក្យដែលជាអត្ថ ពោលពាក្យដែលជាធម៌ ពោលពាក្យដែលជាវិន័យ ពោលពាក្យដែលគួរឲ្យគេតាំងទុក ជាពាក្យត្រូវតាមកាល ប្រកបដោយគ្រឿងអាង ជាវាចាមានទីបំផុត ប្រកបព្រមដោយប្រយោជន៍ ១ ជាអ្នកមិនមានអភិជ្ឈា ជាអ្នកមិនគយគន់នូវគ្រឿងឧបករណ៍ ដែលជាសម្បត្តិនៃបុគ្គលដទៃថា ឱហ្ន៎ គ្រឿងឧបករណ៍ ដែលជាសម្បត្តិនៃបុគ្គលដទៃណា គ្រឿងឧបករណ៍នោះ គប្បីបានមកអញ ដូច្នេះឡើយ ១ ជាអ្នកមានចិត្តមិនព្យាបាទ មានតម្រិះក្នុងចិត្តដែលទោសមិនប្រទុស្តថា សត្វទាំងឡាយនេះ កុំចងពៀរគ្នា កុំព្យាបាទគ្នា កុំមានទុក្ខ ចូររក្សាខ្លួន ឲ្យបានសេចក្តីសុខចុះ ១ ជាអ្នកយល់ត្រូវ ឃើញសេចក្តីមិនវិបរឹតថា ទានដែលបុគ្គលឲ្យហើយ មានផល ការបូជាធំ មានផល ការបូជាតូច មានផល ផលវិបាកនៃកុសលាកុសលកម្ម ដែលបុគ្គលធ្វើល្អ និងអាក្រក់មាន លោកនេះមាន លោកខាងមុខមាន មាតាមាន បិតាមាន សត្វទាំងឡាយ ជាឱបបាតិកៈកំណើតមាន សមណព្រាហ្មណ៍ទាំងឡាយ ក្នុងលោកនេះ ជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយសំដែងប្រាប់ មាន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាងនេះឯង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដម្កល់ទុក។

(ទុតិយនិរយសគ្គសូត្រ ទី២)

(២. ទុតិយនិរយសគ្គសុត្តំ)

[៩០] ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយធម៌ ១០ យ៉ាង នឹងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកសម្លាប់សត្វ។បេ។ ជាអ្នកយល់ខុស។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាមប្រកបដោយធម៌ ១០ យ៉ាងនេះឯង នឹងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយធម៌ ១០ យ៉ាង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដម្កល់ទុក។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកវៀរចាកបាណាតិបាត។បេ។ ជាអ្នកយល់ត្រូវ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយធម៌ ១០ យ៉ាងនេះឯង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដម្កល់ទុក។

(មាតុគាមសូត្រ ទី៣)

(៣. មាតុគាមសុត្តំ)

[៩១] ម្នាលភិក្ខុទាំងឡាយ ឧបាសិកា ប្រកបដោយធម៌ ១០ យ៉ាង នឹងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកសម្លាប់សត្វ។បេ។ ជាអ្នកយល់ខុស។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកាប្រកបដោយធម៌ ១០ យ៉ាងនេះឯង នឹងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកាប្រកបដោយធម៌ ១០ យ៉ាង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដម្កល់ទុក។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកវៀរចាកបាណាតិបាត។បេ។ ជាអ្នកយល់ត្រូវ។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកាប្រកបដោយធម៌ ១០ យ៉ាងនេះឯង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដម្កល់ទុក។

(ឧបាសិកាសូត្រ ទី៤)

(៤. ឧបាសិកាសុត្តំ)

[៩២] ម្នាលភិក្ខុទាំងឡាយ ឧបាសិកាប្រកបដោយធម៌ ១០ យ៉ាង ជាអ្នកមិនក្លៀវក្លាគ្រប់គ្រងផ្ទះ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកសម្លាប់សត្វ។បេ។ ជាអ្នកយល់ខុស។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកា ប្រកបដោយធម៌ ១០ យ៉ាងនេះឯង ជាអ្នកមិនក្លៀវក្លា គ្រប់គ្រងផ្ទះ។

(វិសារទសូត្រ ទី៥)

(៥. វិសារទសុត្តំ)

ម្នាលភិក្ខុទាំងឡាយ ឧបាសិកាប្រកបដោយធម៌ ១០ យ៉ាង ជាអ្នកក្លៀវក្លាគ្រប់គ្រងផ្ទះ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកវៀរចាកបាណាតិបាត។បេ។ ជាអ្នកយល់ត្រូវ។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកាប្រកបដោយធម៌ ១០ យ៉ាងនេះឯង ជាអ្នកក្លៀវក្លា គ្រប់គ្រងផ្ទះ។

(សំសប្បនីយសូត្រ ទី៦)

(៦. សំសប្បនីយសុត្តំ)

[៩៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម្មបរិយាយ ជាហេតុនៃសេចក្តីរន្ធត់ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម្មបរិយាយជាហេតុនៃសេចក្តីរន្ធត់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ មានកម្មជារបស់ខ្លួន មានកម្មជាទាយាទ មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីរលឹក ទោះធ្វើនូវកម្មណា ជាបុណ្យក្តី ជាបាបក្តី រមែងជាទាយាទនៃកម្មនោះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ មានចិត្តអាក្រក់ មានបាតដៃប្រឡាក់ដោយឈាម តាំងនៅខ្ជាប់ ក្នុងការសម្លាប់រឿយ ៗ មិនមានសេចក្តីរន្ធត់ អាណិតអាសូរ ចំពោះពួកសត្វទាំងពួង។ បុគ្គលនោះ រមែងរន្ធត់ដោយកាយ រន្ធត់ដោយវាចា រន្ធត់ដោយចិត្ត។ បុគ្គលនោះឈ្មោះថា មានកាយកម្មវៀច (របិញរបុញ) វចីកម្មវៀច មនោកម្មវៀច គតិវៀច ឧបបត្តិ (ការកើតឡើង) ក៏វៀច។ ម្នាលភិក្ខុទាំងឡាយ បណ្តាគតិទាំងពីររបស់សត្វ មានគតិវៀច មានឧបបត្តិវៀច តថាគត ពោលនូវគតិណាមួយ គឺនិរយគតិ មានទុក្ខតែម៉្យាង ឬតិរច្ឆានយោនិគតិ មានជាតិដ៏រន្ធត់។ ម្នាលភិក្ខុទាំងឡាយ តិរច្ឆានយោនិគតិ ប្រកបដោយរន្ធត់នោះ តើដូចម្តេច គឺពស់ ខ្ទួយ ក្អែប ស្កា សំពោច កណ្តុរ មៀម ឬក៏ពួកសត្វ កើតក្នុងកំណើតតិរច្ឆានណាមួយ ក្រៅពីនេះ ឃើញមនុស្សទាំងឡាយហើយ ក៏រមែងរន្ធត់។ ម្នាលភិក្ខុទាំងឡាយ ឧបបត្តិរបស់សត្វ តាមសភាវៈ រមែងមានដោយប្រការដូច្នេះឯង។ បុគ្គលធ្វើនូវកម្មណា រមែងកើតឡើងដោយអំណាចកម្មនោះ ផស្សៈទាំងឡាយ (របស់វិបាក) ក៏រមែងពាល់ត្រូវនូវបុគ្គលដែលកើតមកនោះ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សត្វទាំងឡាយ មានកម្មជាទាយាទ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ លួចយកទ្រព្យដែលគេមិនបានឲ្យ… ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ… ពោលពាក្យកុហក… មានសំដីញុះញង់… មានសំដីអាក្រក់ … ពោលពាក្យឥតប្រយោជន៍… មានចិត្តច្រើនដោយអភិជ្ឈា … មានចិត្តព្យាបាទ… ជាមិច្ឆាទិដ្ឋិ យល់ឃើញសេចក្តីវិបរឹតថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល ការបូជាតូច មិនមានផល ផលវិបាករបស់កុសលាកុសលកម្ម ដែលសត្វធ្វើល្អ និងអាក្រក់ មិនមាន លោកនេះ មិនមាន លោកខាងមុខ មិនមាន មាតាមិនមាន បិតាមិនមាន សត្វទាំងឡាយជាឱបបាតិកៈកំណើត មិនមាន សមណព្រាហ្មណ៍ទាំងឡាយក្នុងលោក អ្នកប្រព្រឹត្តល្អ ប្រតិបត្តិដោយត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញាដ៏ឧត្តមរបស់ខ្លួន ហើយសំដែងប្រាប់ មិនមាន។ បុគ្គលនោះ រមែងរន្ធត់ដោយកាយ រន្ធត់ដោយវាចា រន្ធត់ដោយចិត្ត។ បុគ្គលនោះឈ្មោះថា មានកាយកម្មវៀច វចីកម្មវៀច មនោកម្មវៀច គតិវៀច ឧបបត្តិវៀច។ ម្នាលភិក្ខុទាំងឡាយ បណ្តាគតិពីរយ៉ាងរបស់សត្វ មានគតិវៀច មានឧបបត្តិវៀច តថាគតពោលគតិណាមួយ គឺនិរយគតិ មានទុក្ខតែម៉្យាង ឬតិរច្ឆានយោនិគតិ មានជាតិរន្ធត់។ ម្នាលភិក្ខុទាំងឡាយ តិរច្ឆានយោនិគតិ ប្រកបដោយជាតិរន្ធត់នោះ តើអ្វីខ្លះ គឺពស់ ខ្ទួយ ក្អែប ស្កា សំពោច កណ្តុរ មៀម ឬក៏ពួកសត្វកើតក្នុងកំណើតតិរច្ឆានណាមួយ ក្រៅពីនេះ ឃើញមនុស្សហើយ រមែងរន្ធត់។ ម្នាលភិក្ខុទាំងឡាយ ឧបបត្តិនៃសត្វតាមសភាវៈ រមែងមានដោយប្រការដូច្នេះឯង។ បុគ្គលធ្វើនូវកម្មណា រមែងកើតដោយអំណាចកម្មនោះ ផស្សៈទាំងឡាយ (របស់វិបាក) រមែងពាល់ត្រូវនូវបុគ្គលដែលកើតមកនោះ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សត្វទាំងឡាយ មានកម្មជាទាយាទ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ មានកម្មជារបស់ខ្លួន មានកម្មជាទាយាទ មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីរលឹក ទោះធ្វើនូវកម្មណា ជាបុណ្យក្តី ជាបាបក្តី រមែងជាទាយាទនៃកម្មនោះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ លះបង់នូវបាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តាវុធដាក់ចុះហើយ ជាអ្នកអៀនខ្មាស មានសេចក្តីអាណិតអាសូរ មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ដល់សព្វសត្វ។ បុគ្គលនោះ រមែងមិនរន្ធត់ដោយកាយ មិនរន្ធត់ដោយវាចា មិនរន្ធត់ដោយចិត្ត។ បុគ្គលនោះឈ្មោះថា មានកាយកម្មត្រង់ វចីកម្មត្រង់ មនោកម្មត្រង់ គតិត្រង់ ឧបបត្តិត្រង់។ ម្នាលភិក្ខុទាំងឡាយ បណ្តាគតិទាំងពីរ របស់សត្វមានគតិត្រង់ មានឧបបត្តិត្រង់ តថាគតពោលនូវគតិណាមួយ គឺសត្វទាំងឡាយដែលមានសុខតែម៉្យាង ឬពួកត្រកូលខ្ពស់ ដែលជាត្រកូលខត្តិយមហាសាល ឬព្រាហ្មណមហាសាល ឬក៏គហបតិមហាសាល ដែលជាត្រកូលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានមាស និងប្រាក់ច្រើន មានសម្បត្តិ និងគ្រឿងឧបករណ៍ច្រើន មានទ្រព្យ និងស្រូវច្រើន។ ម្នាលភិក្ខុទាំងឡាយ ឧបបត្តិនៃសត្វតាមសភាវៈ រមែងមានដោយប្រការដូច្នេះឯង។ បុគ្គលធ្វើនូវកម្មណា រមែងកើតដោយអំណាចកម្មនោះ ផស្សៈទាំងឡាយ (របស់វិបាក) រមែងពាល់ត្រូវនូវបុគ្គល ដែលកើតមកនោះ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សត្វទាំងឡាយ មានកម្មជាទាយាទ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ លះបង់អទិន្នាទាន វៀរចាកអទិន្នាទាន… លះបង់ការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ វៀរចាកការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ… លះបង់មុសាវាទ វៀរចាកមុសាវាទ… លះបង់បិសុណវាចា វៀរចាកបិសុណវាចា… លះបង់ផរុសវាចា វៀរចាកផរុសវាចា… លះបង់សម្ផប្បលាបៈ វៀរចាកសម្ផប្បលាបៈ… មិនច្រើនដោយអភិជ្ឈា… មានចិត្តមិនព្យាបាទ … ជាសម្មាទិដ្ឋិ មានសេចក្តីយល់ឃើញមិនវិបរឹតថា ទានដែលបុគ្គលឲ្យហើយ មានផល ការបូជាធំ មានផល ការបូជាតូច មានផល ផលវិបាករបស់កុសលាកុសលកម្ម ដែលសត្វធ្វើល្អ និងអាក្រក់ មាន លោកនេះ មាន លោកខាងមុខ មាន មាតាមាន បិតាមាន សត្វទាំងឡាយ ជាឱបបាតិកៈកំណើត មាន ពួកសមណព្រាហ្មណ៍ទាំងឡាយ ជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិដោយត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយបញ្ញាដ៏ឧត្តមរបស់ខ្លួន ហើយសំដែងប្រាប់ មាន។ បុគ្គលនោះ រមែងមិនរន្ធត់ដោយកាយ មិនរន្ធត់ដោយវាចា មិនរន្ធត់ដោយចិត្ត។ បុគ្គលនោះឈ្មោះថា មានកាយកម្មត្រង់ វចីកម្មត្រង់ មនោកម្មត្រង់ មានគតិត្រង់ មានឧបបត្តិត្រង់។ ម្នាលភិក្ខុទាំងឡាយ បណ្តាគតិទាំងពីរ របស់សត្វមានគតិត្រង់ មានឧបបត្តិត្រង់ តថាគតពោលនូវគតិណាមួយ គឺ សត្វទាំងឡាយដែលមានសុខតែម៉្យាង ឬពួកត្រកូលខ្ពស់ ៗ ដែលជាត្រកូលខត្តិយមហាសាល ឬព្រាហ្មណមហាសាល ឬក៏គហបតិមហាសាល ដែលជាត្រកូលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានមាស និងប្រាក់ច្រើន មានសម្បត្តិ និងគ្រឿងឧបករណ៍ច្រើន មានទ្រព្យ និងស្រូវច្រើន។ ម្នាលភិក្ខុទាំងឡាយ ឧបបត្តិនៃសត្វតាមសភាវៈ រមែងមានដោយប្រការដូច្នេះឯង។ បុគ្គលធ្វើនូវកម្មណា រមែងកើតឡើងដោយអំណាចកម្មនោះ ផស្សៈទាំងឡាយ (របស់វិបាក) រមែងពាល់ត្រូវនូវបុគ្គលដែលកើតមកនោះ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សត្វទាំងឡាយ មានកម្មជាទាយាទ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ មានកម្មជារបស់ខ្លួន មានកម្មជាទាយាទ មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីរលឹក ទោះធ្វើនូវកម្មណា ជាបុណ្យក្តី ជាបាបក្តី រមែងជាទាយាទនៃកម្មនោះ។ ម្នាលភិក្ខុទាំងឡាយ នេះឯងឈ្មោះថា ធម្មបរិយាយជាហេតុនៃសេចក្តីរន្ធត់។

(បឋមសញ្ចេតនិកសូត្រ ទី៧)

(៧. បឋមសញ្ចេតនិកសុត្តំ)

[៩៤] ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោលនូវការអស់ទៅនៃកម្មទាំងឡាយ ប្រកបដោយចេតនាដែលសត្វធ្វើហើយ សន្សំហើយ ព្រោះមិនបានទទួលនូវផលទេ ឯផលនោះឯង រមែងកើតក្នុងបច្ចុប្បន្ន ក៏មាន ក្នុងអត្តភាពជាលំដាប់ក៏មាន ក្នុងអត្តភាពដទៃតទៅក៏មាន។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោលនូវកិរិយាធ្វើនូវទីបំផុតនៃទុក្ខ ព្រោះមិនបានទទួលនូវផលនៃកម្មប្រកបដោយចេតនា ដែលសត្វបានធ្វើហើយ សន្សំហើយទេ។ ម្នាលភិក្ខុទាំងឡាយ បណ្តាអកុសលកម្មទាំងនោះ វិបត្តិ គឺទោសនៃកាយកម្មមាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល វិបត្តិ គឺទោសនៃវចីកម្ម ៤ យ៉ាង ដែលប្រកបដោយអកុសលចេតនា មានទុក្ខជាកម្រៃ មានទុក្ខជាផល វិបត្តិ គឺទោសនៃមនោកម្ម ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា មានទុក្ខជាកម្រៃ មានទុក្ខជាផល។ ម្នាលភិក្ខុទាំងឡាយ វិបត្តិ គឺទោសនៃកាយកម្ម ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា មានទុក្ខជាកម្រៃ មានទុក្ខជាផល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ មានចិត្តអាក្រក់ មានបាតដៃប្រឡាក់ដោយឈាម តាំងនៅខ្ជាប់ក្នុងការសម្លាប់រឿយ ៗ មិនមានសេចក្តីអាណិតអាសូរ ចំពោះសព្វសត្វទាំងឡាយ ជាអ្នកលួចយកទ្រព្យដែលគេមិនបានឲ្យ ជាអ្នកកាន់យកនូវសម្បត្តិ និងគ្រឿងឧបករណ៍នៃបុគ្គលដទៃ ជាទ្រព្យឋិតនៅក្នុងស្រុកក្តី ឋិតនៅក្នុងព្រៃក្តី ដែលគេមិនបានឲ្យ ពោលគឺការលួច ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ជាអ្នកដល់នូវការប្រព្រឹត្តិកន្លង ក្នុងស្ត្រីទាំងឡាយ ដែលមានមាតារក្សា បិតារក្សា បងប្អូនប្រុសរក្សា បងប្អូនស្រ្តីរក្សា ញាតិរក្សា ធម៌រក្សា ជាស្រ្តីមានប្តី មានអាជ្ញា (កំណត់ទុក) ដោយហោចទៅ សូម្បីតែស្រ្តីដែលគេបំពាក់កម្រងផ្កា។ ម្នាលភិក្ខុទាំងឡាយ វិបត្តិ គឺទោសនៃកាយកម្ម ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ វិបត្តិ គឺទោសនៃវចីកម្មមាន ៤ យ៉ាង ដែលប្រកបដោយអកុសលចេតនា មានទុក្ខជាកម្រៃ មានទុក្ខជាផល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកនិយាយពាក្យកុហក ទោះបីឋិតនៅក្នុងរោងក្តី ឋិតនៅក្នុងបរិសទ្យក្តី ឋិតនៅក្នុងកណ្តាលនៃញាតិក្តី ឋិតនៅក្នុងកណ្តាលនៃសេនីក្តី ឋិតនៅក្នុងកណ្តាលរាជត្រកូលក្តី ដែលគេនាំទៅសួរជាសាក្សីថា នែបុរសអើយ អ្នកចូរមកអាយ បើអ្នកដឹងហេតុណា ចូរនិយាយប្រាប់ហេតុនោះ បុរសនោះ កាលបើមិនដឹង និយាយថា ខ្ញុំដឹងក៏មាន កាលបើដឹង និយាយថា ខ្ញុំមិនដឹងក៏មាន កាលបើមិនឃើញ និយាយថា ខ្ញុំឃើញក៏មាន កាលបើឃើញ និយាយថា ខ្ញុំមិនឃើញក៏មាន ជាអ្នកពោលពាក្យកុហក ទាំងដឹងខ្លួនដូច្នេះ ព្រោះហេតុនៃខ្លួនក្តី ហេតុនៃបុគ្គលដទៃក្តី ព្រោះសំណូក គឺអាមិសៈបន្តិចបន្តួចក្តី ជាអ្នកពោលពាក្យញុះញង់ ឮពាក្យអំពីសំណាក់ជននេះហើយ នាំទៅប្រាប់ជនឯណោះ ដើម្បីនឹងបំបែកជនទាំងនេះ ឬឮពាក្យអំពីសំណាក់ជនឯណោះ មកប្រាប់ពួកជននេះ ដើម្បីនឹងបំបែកជនឯណោះ ជាអ្នកបំបែកពួកជនដែលព្រមព្រៀងគ្នាផង ជាអ្នកជំរុលពួកជន ដែលបែកគ្នាស្រាប់ហើយផង មានសេចក្តីត្រេកអរក្នុងពួក រីករាយក្នុងពួក មានតម្រេកក្នុងពួក ជាអ្នកពោលវាចាធ្វើឲ្យប្រកាន់ពួក ជាអ្នកពោលពាក្យអាក្រក់ ជាអ្នកពោលពាក្យទ្រគោះខ្មោះខ្មួរ រោលរាលដល់អ្នកដទៃ ដៀមដាមដល់អ្នកដទៃ ជាវាចាជិតសេចក្តីក្រោធ មិនប្រព្រឹត្តទៅ ដើម្បីសមាធិ ជាអ្នកពោលពាក្យឥតប្រយោជន៍ ពោលពាក្យខុសកាល ពោលពាក្យមិនពិត ពោលពាក្យមិនមែនជាអត្ថ ពោលពាក្យមិនមែនជាធម៌ ពោលពាក្យមិនមែនជាវិន័យ ពោលពាក្យដែលមិនគួរឲ្យគេតាំងទុកក្នុងហឫទ័យ ជាពាក្យខុសកាល មិនមានគ្រឿងអាង មិនមានទីបំផុត មិនប្រកបដោយប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ វិបត្តិ គឺទោសនៃវចីកម្ម ៤ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ វិបត្តិ គឺទោសនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកច្រើនដោយអភិជ្ឈា សំឡឹងសម្បត្តិ និងគ្រឿងឧបករណ៍ នៃបុគ្គលដទៃថា ធ្វើដូចម្តេចហ្ន៎ សម្បត្តិ និងគ្រឿងឧបករណ៍នោះ គប្បីបានមកអញ ជាអ្នកមានចិត្តព្យាបាទ គឺមានតម្រិះក្នុងចិត្ត ដែលទោសប្រទុស្តហើយថា សត្វទាំងឡាយនេះ ចូរលំបាកខ្លះ ចូរដាច់រេចទៅខ្លះ ចូរសាបសូន្យទៅខ្លះ ចូរហិនហោចទៅខ្លះ កុំកើតមានទៀតខ្លះ ជាអ្នកយល់ខុស សេចក្តីយល់វិបរឹតថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល ការបូជាតូច មិនមានផល ផលវិបាកនៃកុសលាកុសលកម្ម ដែលសត្វធ្វើល្អ និងអាក្រក់មិនមាន លោកនេះមិនមាន លោកខាងមុខមិនមាន មាតាមិនមាន បិតាមិនមាន សត្វជាឱបបាតិកៈកំណើតមិនមាន សមណព្រាហ្មណ៍ទាំងឡាយ ក្នុងលោកជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិដោយត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយបញ្ញាដ៏ឧត្តមរបស់ខ្លួន ហើយសំដែងប្រាប់ មិនមាន។ ម្នាលភិក្ខុទាំងឡាយ វិបត្តិ គឺទោសនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វលុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែវិបត្តិ គឺទោសនៃកាយកម្មមាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនាក៏មាន ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែវិបត្តិ គឺទោសនៃវចីកម្មមាន ៤ យ៉ាង ដែលប្រកបដោយអកុសលចេតនាក៏មាន ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែវិបត្តិ គឺទោសនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនាក៏មាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាកូនបាសកា (មានជ្រុង ៤) ដែលបុគ្គលបោះទៅខាងលើ ហើយធ្លាក់ចុះមកត្រង់ទីណា រមែងតាំងនៅស៊ប់ ឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចជាសត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែវិបត្តិ គឺទោសនៃកាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនាក៏មាន សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែវិបត្តិ គឺទោសនៃវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយអកុសលចេតនាក៏មាន សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែវិបត្តិ គឺទោសនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនាក៏មាន។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោលនូវសេចក្តីអស់ទៅនៃកម្មទាំងឡាយ ប្រកបដោយចេតនាដែលសត្វធ្វើហើយ សន្សំហើយ ព្រោះមិនបានទទួលនូវផលទេ ឯផលនោះឯង រមែងកើតក្នុងបច្ចុប្បន្ននេះក៏មាន ក្នុងអត្តភាពជាលំដាប់ក៏មាន ក្នុងអត្តភាពដទៃក៏មាន។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោលនូវកិរិយាធ្វើនូវទីបំផុតនៃទុក្ខ ព្រោះមិនទាន់បានទទួលនូវផលនៃកម្ម ដែលប្រកបដោយចេតនា ដែលសត្វធ្វើហើយ សន្សំហើយទេ។ ម្នាលភិក្ខុទាំងឡាយ បណ្តាកុសលកម្មទាំងនោះ សម្បត្តិ គឺសេចក្តីចំរើននៃកាយកម្មមាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល សម្បត្តិនៃវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល សម្បត្តិនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល។

ម្នាលភិក្ខុទាំងឡាយ សម្បត្តិនៃកាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ លះបង់បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានសស្រ្តាដាក់ចុះហើយ ជាអ្នកអៀនខ្មាស ប្រកបដោយសេចក្តីអាណិតអាសូរ មានសេចក្តីអនុគ្រោះដោយប្រយោជន៍ ដល់សត្វទាំងឡាយ លះបង់អទិន្នាទាន វៀរចាកអទិន្នាទាន ជាអ្នកមិនកាន់យកសម្បត្តិ និងគ្រឿងឧបករណ៍នៃបុគ្គលដទៃ ដែលជាសម្បត្តិ ឋិតនៅក្នុងស្រុកក្តី ឋិតនៅក្នុងព្រៃក្តី ដែលគេមិនបានឲ្យ ពោលគឺការលួច លះបង់កាមេសុមិច្ឆាចារ វៀរចាកកាមេសុមិច្ឆាចារ មិនដល់នូវការប្រព្រឹត្តិខុស ក្នុងស្ត្រីទាំងឡាយ ដែលមាតារក្សា បិតារក្សា បងប្អូនប្រុសរក្សា បងប្អូនស្រ្តីរក្សា ញាតិរក្សា ធម៌រក្សា ជាស្រ្តីមានប្តី មានអាជ្ញា (កំណត់ទុក) ដោយហោចទៅ សូម្បីតែស្រ្តីដែលគេបំពាក់កម្រងផ្កា ម្នាលភិក្ខុទាំងឡាយ សម្បត្តិនៃកាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល ដោយប្រការដូច្នេះឯង។

ម្នាលភិក្ខុទាំងឡាយ សម្បត្តិនៃវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ លះបង់មុសាវាទ វៀរចាកមុសាវាទ ទោះបីឋិតនៅក្នុងរោងក្តី ឋិតនៅក្នុងបរិសទ្យក្តី ឋិតនៅក្នុងកណ្តាលនៃញាតិក្តី ឋិតនៅក្នុងកណ្តាលនៃសេនីក្តី ឋិតនៅក្នុងកណ្តាលនៃរាជត្រកូលក្តី ដែលគេនាំទៅសួរជាសាក្សីថា នែបុរសអើយ អ្នកចូរមកអាយ បើអ្នកដឹងនូវហេតុណា ចូរនិយាយហេតុនោះ បុរសនោះ កាលមិនដឹង និយាយថា ខ្ញុំមិនដឹងក៏មាន កាលដឹង និយាយថា ខ្ញុំដឹងក៏មាន កាលមិនឃើញ និយាយថា ខ្ញុំមិនឃើញក៏មាន កាលឃើញ និយាយថា ខ្ញុំឃើញក៏មាន ជាអ្នកមិនពោលពាក្យកុហកទាំងដឹងខ្លួនដូច្នេះ ព្រោះហេតុនៃខ្លួនក្តី ព្រោះហេតុនៃបុគ្គលដទៃក្តី ព្រោះហេតុសំណូក គឺអាមិសៈបន្តិចបន្តួចក្តី លះបង់បិសុណវាចា វៀរចាកបិសុណវាចា ឮពាក្យពីជននេះហើយ មិននាំទៅប្រាប់ជនឯណោះ ដើម្បីនឹងបំបែកពួកជននេះ ឬឮពាក្យអំពីសំណាក់ជនឯណោះ មិននាំទៅប្រាប់ជននេះ ដើម្បីនឹងបំបែកពួកជនឯណោះ ជាអ្នកពោលពាក្យផ្សះផ្សាពួកជនដែលបែកគ្នា ឬជាអ្នកទំនុកបម្រុងពួកជនដែលព្រមព្រៀងគ្នាស្រាប់ ជាអ្នកត្រេកអរក្នុងការព្រមព្រៀង មានតម្រេកក្នុងសេចក្តីព្រមព្រៀង រីករាយក្នុងសេចក្តីព្រមព្រៀង ពោលវាចាដែលធ្វើឲ្យកើតសេចក្តីព្រមព្រៀង លះបង់ផរុសវាចា វៀរចាកផរុសវាចា ជាអ្នកពោលតែវាចាដែលមិនមានទោស ជាវាចាស្រួលដល់ត្រចៀក គួរឲ្យគេស្រឡាញ់ ចូលទៅកាន់ហឫទ័យ ជាវាចាអ្នកក្រុង ជាទីស្រឡាញ់នៃជនច្រើន ជាទីពេញចិត្តនៃជនច្រើន លះបង់សម្ផប្បលាបៈ វៀរចាកសម្ផប្បលាបៈ ជាអ្នកពោលពាក្យត្រូវតាមកាល ពោលពាក្យពិត ពោលពាក្យជាអត្ថ ពោលពាក្យជាធម៌ ពោលពាក្យជាវិន័យ ពោលពាក្យដែលគួរឲ្យគេតាំងទុក ជាពាក្យត្រូវតាមកាល ប្រកបដោយគ្រឿងអាង ជាវាចាមានទីបំផុត ប្រកបដោយប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ សម្បត្តិនៃវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល ដោយប្រការដូច្នេះឯង។

ម្នាលភិក្ខុទាំងឡាយ សម្បត្តិនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មិនច្រើនដោយអភិជ្ឈា ជាអ្នកមិនគយគន់សម្បត្តិ និងគ្រឿងឧបករណ៍នៃបុគ្គលដទៃថា ធ្វើដូចម្តេចហ្ន៎ សម្បត្តិ និងគ្រឿងឧបករណ៍នៃបុគ្គលដទៃ គប្បីបានមកអញ ដូច្នេះឡើយ មានចិត្តមិនព្យាបាទ មានតម្រិះក្នុងចិត្ត ដែលទោសមិនប្រទុស្តថា សត្វទាំងឡាយនេះ កុំចងពៀរនឹងគ្នា កុំព្យាបាទនឹងគ្នា កុំមានទុក្ខ ចូររក្សាខ្លួន ឲ្យបានសេចក្តីសុខចុះ ជាសម្មាទិដ្ឋិ ជាអ្នកយល់ឃើញ នូវសេចក្តីមិនវិបរឹតថា ទានដែលបុគ្គលឲ្យហើយ មានផល ការបូជាធំ មានផល ការបូជាតូច មានផល។បេ។ សមណព្រាហ្មណ៍ទាំងឡាយ ក្នុងលោកនេះ ជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិដោយត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយបញ្ញាដ៏ឧត្តមខ្លួនឯង ហើយសំដែងប្រាប់ ក៏មាន ម្នាលភិក្ខុទាំងឡាយ សម្បត្តិនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ ទេវលោក ព្រោះហេតុតែសម្បត្តិនៃកាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនាក៏មាន ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ ទេវលោក ព្រោះហេតុតែសម្បត្តិនៃវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយកុសលចេតនាក៏មាន ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ទេវលោក ព្រោះហេតុតែសម្បត្តិនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនាក៏មាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាកូនបាសកា (មានជ្រុង ៤) ដែលបុគ្គលបោះទៅខាងលើ ហើយធ្លាក់ចុះមក តាំងនៅត្រង់ជ្រុងណា រមែងតាំងនៅស៊ប់ ត្រង់ជ្រុងនោះ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចជាសត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ទេវលោក ព្រោះហេតុតែសម្បត្តិនៃកាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនាក៏មាន សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ទេវលោក ព្រោះហេតុតែសម្បត្តិនៃវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយកុសលចេតនាក៏មាន សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិ សួគ៌ទេវលោក ព្រោះហេតុតែសម្បត្តិនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនាក៏មាន។

(ទុតិយសញ្ចេតនិកសូត្រ ទី៨)

(៨. ទុតិយសញ្ចេតនិកសុត្តំ)

[៩៥] ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោលនូវការអស់ទៅ នៃកម្មទាំងឡាយ ប្រកបដោយចេតនា ដែលសត្វធ្វើហើយ សន្សំហើយ ព្រោះមិនបានទទួលនូវផលទេ ឯផលនោះឯង រមែងកើតមានក្នុងបច្ចុប្បន្ននេះក៏មាន ក្នុងអត្តភាពជាលំដាប់ក៏មាន ក្នុងអត្តភាពដទៃក៏មាន។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោលនូវកិរិយាធ្វើនូវទីបំផុតនៃទុក្ខ ព្រោះមិនទាន់ទទួលផលនៃកម្មប្រកបដោយចេតនា ដែលសត្វធ្វើហើយ សន្សំហើយទេ។ ម្នាលភិក្ខុទាំងឡាយ បណ្តាអកុសលកម្មទាំងនោះ វិបត្តិ គឺទោសនៃកាយកម្មមាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល វិបត្តិ គឺទោសនៃវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល វិបត្តិ គឺទោសរបស់មនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល។

ម្នាលភិក្ខុទាំងឡាយ វិបត្តិគឺទោសរបស់កាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល តើដូចម្តេច។បេ។ ម្នាលភិក្ខុទាំងឡាយ វិបត្តិ គឺទោសនៃកាយកម្ម ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល ដោយប្រការដូច្នេះឯង។

ម្នាលភិក្ខុទាំងឡាយ វិបត្តិគឺទោសនៃវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល តើដូចម្តេច។បេ។ ម្នាលភិក្ខុទាំងឡាយ វិបត្តិគឺទោសនៃវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល ដោយប្រការដូច្នេះឯង។

ម្នាលភិក្ខុទាំងឡាយ វិបត្តិគឺទោសរបស់មនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល តើដូចម្តេច។បេ។ ម្នាលភិក្ខុទាំងឡាយ វិបត្តិគឺទោសនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល ដោយប្រការដូច្នេះឯង។

ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែវិបត្តិ គឺទោសរបស់កាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា ក៏មាន ព្រោះហេតុតែវិបត្តិ គឺទោសរបស់វចីកម្មមាន ៤ យ៉ាង ដែលប្រកបដោយអកុសលចេតនា ក៏មាន។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែវិបត្តិ គឺទោសនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនាក៏មាន។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោលនូវសេចក្តីអស់ទៅនៃកម្មទាំងឡាយ ប្រកបដោយចេតនា ដែលសត្វធ្វើហើយ សន្សំហើយ ព្រោះមិនបានទទួលនូវផលទេ ឯផលនោះឯង រមែងកើតក្នុងបច្ចុប្បន្នក៏មាន ក្នុងអត្តភាព ជាលំដាប់ក៏មាន ក្នុងអត្តភាពដទៃទៅក៏មាន។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោលនូវកិរិយាធ្វើនូវទីបំផុតនៃទុក្ខ ព្រោះមិនទទួលនូវផលនៃកម្មទាំងឡាយ ប្រកបដោយចេតនា ដែលសត្វធ្វើហើយ សន្សំហើយទេ។ ម្នាលភិក្ខុទាំងឡាយ បណ្តាកុសលកម្មទាំងនោះ សម្បត្តិ គឺកាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល សម្បត្តិ គឺវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល សម្បត្តិ គឺមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល។

ម្នាលភិក្ខុទាំងឡាយ សម្បត្តិ គឺកាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា មានសុខជាកម្រៃ មានសុខជាផល តើដូចម្តេច។បេ។ ម្នាលភិក្ខុទាំងឡាយ សម្បត្តិ គឺកាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល ដូច្នេះឯង។

ម្នាលភិក្ខុទាំងឡាយ សម្បត្តិ គឺវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយកុសលចេតនា មានសុខជាកម្រៃ មានសុខជាផល តើដូចម្តេច។បេ។ ម្នាលភិក្ខុទាំងឡាយ សម្បត្តិ គឺវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល ដូច្នេះឯង។

ម្នាលភិក្ខុទាំងឡាយ សម្បត្តិ គឺមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា មានសុខជាកម្រៃ មានសុខជាផល តើដូចម្តេច។បេ។ ម្នាលភិក្ខុទាំងឡាយ សម្បត្តិ គឺមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល ដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ ទេវលោក ព្រោះហេតុតែសម្បត្តិ គឺកាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា ក៏មាន ព្រោះហេតុតែសម្បត្តិ គឺវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយកុសលចេតនា ក៏មាន។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ ទេវលោក ព្រោះហេតុតែសម្បត្តិ គឺមនោកម្ម ដែលប្រកបដោយកុសលចេតនា ក៏មាន។

(ករជកាយសូត្រ ទី៩)

(៩. ករជកាយសុត្តំ)

[៩៦] ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោលនូវសេចក្តីអស់ទៅនៃកម្មទាំងឡាយ ប្រកបដោយចេតនា ដែលសត្វធ្វើហើយ សន្សំហើយ ព្រោះមិនបានទទួលនូវផលទេ ឯផលនោះឯង រមែងកើតក្នុងបច្ចុប្បន្ន ក៏មាន ក្នុងអត្តភាពជាលំដាប់ ក៏មាន ក្នុងអត្តភាពដទៃក៏មាន។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនពោលនូវកិរិយាធ្វើនូវទីបំផុតនៃទុក្ខ ព្រោះមិនបានទទួលនូវផល នៃកម្មទាំងឡាយប្រកបដោយចេតនា ដែលសត្វធ្វើហើយ សន្សំហើយទេ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកនោះឯង ប្រាសចាកអភិជ្ឈា ប្រាសចាកព្យាបាទ ជាអ្នកមិនវង្វេង មានប្រាជ្ញាស្មារតីខ្ជាប់ខ្ជួន មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចគ្នា មានចិត្តប្រកបដោយមេត្តាដ៏ធំទូលាយ មានប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់ទិសខាងលើ ខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ផ្សាយទៅកាន់លោកទាំងមូល ដោយយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទិសទាំងពួងដោយប្រការដូច្នេះ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា ចិត្តអាត្មាអញនេះ ជាកាមាវចរៈ ដែលមិនបានចំរើនហើយ ក្នុងកាលមុន លុះដល់ក្នុងកាលឥឡូវនេះ ចិត្តអាត្មាអញនេះ ជាអរូបាវចរៈ ដែលបានចំរើនល្អហើយ ម៉្យាងទៀត កម្មណាមួយ ដែលជាកាមាវចរៈ កម្មនោះ រមែងមិនសល់នៅក្នុងចិត្តនោះ កម្មនោះ មិនឋិតនៅក្នុងចិត្តនោះទេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវកម្មនោះដូចម្តេច បើកុមារនេះ ចំរើនមេត្តាចេតោវិមុត្តិ ចាប់ដើមតាំងអំពីខ្លួននៅក្មេង តើកុមារនោះ គប្បីធ្វើនូវបាបកម្មបានដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនបានទេ។ សេចក្តីទុក្ខ គប្បីពាល់ត្រូវនូវកុមារនេះ កាលដែលមិនធ្វើនូវបាបកម្ម បានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនបានទេ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា សេចក្តីទុក្ខ នឹងពាល់ត្រូវអ្នកដែលមិនធ្វើនូវបាបកម្មអំពីណាបាន។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងមេត្តាចេតោវិមុត្តិនេះ ស្ត្រីក្តី បុរសក្តី គួរចំរើនដោយពិត ម្នាលភិក្ខុទាំងឡាយ ស្រ្តីក្តី បុរសក្តី មិនអាចកាន់យកនូវកាយនេះហើយ ទៅកាន់បរលោកទេ ម្នាលភិក្ខុទាំងឡាយ សត្វនេះ មានចិត្តជាមូលហេតុ។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា បាបកម្មណាមួយ ដែលអាត្មាអញធ្វើហើយ ដោយករជកាយនេះ ក្នុងកាលមុន បាបកម្មទាំងអស់នោះ អាត្មាអញត្រូវទទួលផលក្នុងលោកនេះ បាបកម្មនោះ នឹងលែងមានតទៅ។ ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលភិក្ខុអ្នកមានប្រាជ្ញា ក្នុងសាសនានេះ កាលមិនបានពិចារណា ឃើញច្បាស់នូវវិមុត្តិ គឺអរហត្តផលតទៅ ចំរើនហើយយ៉ាងនេះ ក៏រមែងប្រព្រឹត្តទៅ ដើម្បីអនាគាមិធម៌។ ភិក្ខុមានចិត្តប្រកបដោយករុណា … មានចិត្តប្រកបដោយមុទិតា… មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចគ្នា មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ មានប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ផ្សាយទៅកាន់លោកទាំងមូល ដោយយកខ្លួនទៅប្រៀបផ្ទឹម នឹងសត្វទាំងពួង ក្នុងទីទាំងពួងដោយប្រការដូច្នេះ ភិក្ខុនោះដឹងច្បាស់យ៉ាងនេះថា ចិត្តអាត្មាអញ នេះ ជាកាមាវចរចិត្ត មិនទាន់បានចំរើន ក្នុងកាលមុនទេ លុះដល់ក្នុងកាលឥឡូវនេះ ចិត្តអាត្មាអញនេះ ជាអរូបាវចរៈ ដែលបានចំរើនល្អហើយ ចំណែកខាងកម្មណាមួយ ជាកាមាវចរៈ កម្មនោះនឹងមិនសល់នៅក្នុងចិត្តនោះទេ កម្មនោះ មិនឋិតនៅក្នុងចិត្តនោះទេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះដូចម្តេច បើកុមារនេះ ចំរើនឧបេក្ខាចេតោវិមុត្តិ ចាប់ដើមតាំងអំពីខ្លួននៅក្មេង តើគប្បីធ្វើបាបកម្មបានដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនបានទេ។ សេចក្តីទុក្ខ គប្បីពាល់ត្រូវនូវកុមារនោះ កាលដែលមិនធ្វើនូវបាបកម្ម ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនបានទេ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា សេចក្តីទុក្ខ នឹងពាល់ត្រូវនូវអ្នកដែលមិនធ្វើបាបកម្មអំពីណាបាន។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងឧបេក្ខាចេតោវិមុត្តិនេះ ស្ត្រីក្តី បុរសក្តី គួរចំរើនដោយពិត ម្នាលភិក្ខុទាំងឡាយ ស្ត្រីក្តី បុរសក្តី មិនអាចកាន់យកនូវកាយនេះ ទៅកាន់បរលោកទេ ម្នាលភិក្ខុទាំងឡាយ សត្វនេះមានចិត្តជាមូលហេតុ។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា បាបកម្មឯណាមួយ ដែលអាត្មាអញ បានធ្វើហើយ ដោយករជកាយនេះ ក្នុងកាលមុន បាបកម្មទាំងអស់នោះ អាត្មាអញត្រូវទទួលផល ក្នុងលោកនេះ បាបកម្មនោះនឹងលែងមានតទៅ។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាចេតោវិមុត្តិ ដែលភិក្ខុអ្នកមានប្រាជ្ញា ក្នុងសាសនានេះ កាលមិនបានពិចារណាឃើញច្បាស់នូវវិមុត្តិ គឺអរហត្តផលតទៅ ចំរើនហើយយ៉ាងនេះ ក៏រមែងប្រព្រឹត្តទៅ ដើម្បីជាអនាគាមិធម៌។

(អធម្មចរិយាសូត្រ ទី១០)

(១០. អធម្មចរិយាសុត្តំ)

[៩៧] គ្រានោះឯង ព្រាហ្មណ៍ម្នាក់ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រាហ្មណ៍នោះ អង្គុយក្នុងទីសមគួរហើយ ក៏ទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យពួកសត្វខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ព្រះអង្គត្រាស់ថា ម្នាលព្រាហ្មណ៍ សត្វពួកខ្លះ ក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុនៃការមិនប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិមិនស្មើយ៉ាងនេះឯង។ បពិត្រព្រះគោតមដ៏ចំរើន ចុះអ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតឯសុគតិសួគ៌ ទេវលោក។ ម្នាលព្រាហ្មណ៍ សត្វទាំងឡាយ ពួកខ្លះក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ ទេវលោក ព្រោះហេតុនៃការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើយ៉ាងនេះឯង។ ភាសិតសង្ខេបរបស់ព្រះគោតមដ៏ចំរើននេះ ខ្ញុំព្រះអង្គ មិនដឹងច្បាស់នូវសេចក្តីដោយពិស្តារបានទេ ភាសិតសង្ខេបរបស់ព្រះគោតមដ៏ចំរើននេះ ខ្ញុំព្រះអង្គ គប្បីដឹងនូវសេចក្តីដោយពិស្តារបានយ៉ាងណា សូមព្រះគោតមដ៏ចំរើន សំដែងធម៌យ៉ាងនោះ ដល់ខ្ញុំព្រះអង្គឲ្យទាន។ ម្នាលព្រាហ្មណ៍ បើដូច្នោះ ចូរអ្នកស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ព្រាហ្មណ៍នោះ ទទួលស្តាប់ព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់សំដែងដូច្នេះថា ម្នាលព្រាហ្មណ៍ ការមិនប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិមិនស្មើ ដោយកាយមាន ៣ យ៉ាង ការមិនប្រព្រឹត្តធម៌ និងការប្រព្រឹត្តិមិនស្មើ ដោយវាចា ៤ យ៉ាង ការមិនប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិមិនស្មើដោយចិត្ត ៣ យ៉ាង។

ម្នាលព្រាហ្មណ៍ ការមិនប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិមិនស្មើ ដោយកាយ មាន ៣ យ៉ាង តើដូចម្តេច។បេ។ ម្នាលព្រាហ្មណ៍ ការមិនប្រព្រឹត្តធម៌ និងការប្រព្រឹត្តិមិនស្មើ ដោយកាយ ៣ យ៉ាងនេះឯង។

ម្នាលព្រាហ្មណ៍ ការមិនប្រព្រឹត្តធម៌ និងការប្រព្រឹត្តិមិនស្មើ ដោយវាចា ៤ យ៉ាង តើដូចម្តេច។បេ។ ម្នាលព្រាហ្មណ៍ ការមិនប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិមិនស្មើ ដោយវាចា ៤ យ៉ាងនេះឯង។

ម្នាលព្រាហ្មណ៍ ចុះការប្រព្រឹត្តធម៌ និងការប្រព្រឹត្តិមិនស្មើ ដោយចិត្ត មាន ៣ យ៉ាង តើដូចម្តេច។បេ។ ម្នាលព្រាហ្មណ៍ ការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិមិនស្មើ ដោយចិត្ត មាន ៣ យ៉ាងនេះឯង។ ម្នាលព្រាហ្មណ៍ សត្វពួកខ្លះ ក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុនៃការមិនប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិមិនស្មើ យ៉ាងនេះឯង។ ម្នាលព្រាហ្មណ៍ ការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើ ដោយកាយ ៣ យ៉ាង ការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើ ដោយវាចា ៤ យ៉ាង ការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើ ដោយចិត្ត ៣ យ៉ាង។

ម្នាលព្រាហ្មណ៍ ការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើ ដោយកាយមាន ៣ យ៉ាង តើដូចម្តេច។បេ។ ម្នាលព្រាហ្មណ៍ ការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើ ដោយកាយ ៣ យ៉ាងនេះឯង។

ម្នាលព្រាហ្មណ៍ ការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើ ដោយវាចាមាន ៤ យ៉ាង តើដូចម្តេច។បេ។ ម្នាលព្រាហ្មណ៍ ការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើដោយវាចា ៤ យ៉ាងនេះឯង។

ម្នាលព្រាហ្មណ៍ ការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើ ដោយចិត្តមាន ៣ យ៉ាង តើដូចម្តេច។បេ។ ម្នាលព្រាហ្មណ៍ ការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើ ដោយចិត្ត ៣ យ៉ាងនេះឯង។ ម្នាលព្រាហ្មណ៍ សត្វពួកខ្លះ ក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ ទេវលោក ព្រោះហេតុនៃការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើ យ៉ាងនេះឯង។ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសកដល់នូវសរណៈស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះតទៅ។

ចប់ បឋមវគ្គ ទី១។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.v21.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann