km:tipitaka:sut:an:11:sut.an.11.001

កិមត្ថិយសូត្រ ទី១

សង្ខេប

សីល​ទាំង​ឡាយ ជា​កុសល​មាន​អ្វី​ជា​ប្រយោជន៍ មាន​អ្វី​ជា​អានិសង្គ?

an 11.001 បាលី cs-km: sut.an.11.001 អដ្ឋកថា: sut.an.11.001_att PTS: ?

កិមត្ថិយសូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១. កិមត្ថិយសុត្តំ)

[១០៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សីលទាំងឡាយ ជាកុសលមានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ សីលទាំងឡាយជាកុសល មានអវិប្បដិសារៈ (សេចក្តីមិនក្តៅក្រហាយ) ជាប្រយោជន៍ មានអវិប្បដិសារៈជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន អវិប្បដិសារៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ម្នាលអានន្ទ អវិប្បដិសារៈ មានបាមុជ្ជៈ (សេចក្តីរីករាយទន់) ជាប្រយោជន៍ មានបាមុជ្ជៈជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន បាមុជ្ជៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ម្នាលអានន្ទ បាមុជ្ជៈ មានបីតិ (សេចក្តីរីករាយខ្លាំង) ជាប្រយោជន៍ មានបីតិ ជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន បីតិ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ម្នាលអានន្ទ បីតិ មានបស្សទ្ធិ (សេចក្តីស្ងប់រម្ងាប់) ជាប្រយោជន៍ មានបស្សទ្ធិជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន បស្សទ្ធិ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ម្នាលអានន្ទ បស្សទ្ធិ មានសុខៈជាប្រយោជន៍ មានសុខៈជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន សុខៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ម្នាលអានន្ទ សុខៈ មានសមាធិ (ការតាំងចិត្តមាំ) ជាប្រយោជន៍ មានសមាធិ ជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន សមាធិ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ម្នាលអានន្ទ សមាធិ មានយថាភូតញ្ញាណទស្សនៈ (ការឃើញនូវសច្ចៈ ៤ ដោយញាណតាមពិត) ជាប្រយោជន៍ មានយថាភូតញ្ញាណទស្សនៈ ជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន យថាភូតញ្ញាណទស្សនៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ម្នាលអានន្ទ យថាភូតញ្ញាណទស្សនៈ មាននិព្វិទា (សេចក្តីនឿយណាយ) ជាប្រយោជន៍ មាននិព្វិទា ជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន និព្វិទា មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ម្នាលអានន្ទ និព្វិទា មានវិរាគៈ (ការប្រាសចាកតម្រេក) ជាប្រយោជន៍ មានវិរាគៈ ជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន វិរាគៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ មា្នលអានន្ទ វិរាគៈ មានវិមុត្តិញ្ញាណទស្សនៈ (បច្ចវេក្ខណញ្ញាណ) ជាប្រយោជន៍ មានវិមុត្តិញ្ញាណទស្សនៈ ជាអានិសង្ស។ ម្នាលអានន្ទ សីលទាំងឡាយជាកុសល មានអវិប្បដិសារៈ ជាប្រយោជន៍ មានអវិប្បដិសារៈជាអានិសង្ស អវិប្បសារៈ មានបាមុជ្ជៈជាប្រយោជន៍ មានបាមុជ្ជៈ ជាអានិសង្ស បាមុជ្ជៈ មានបីតិជាប្រយោជន៍ មានបីតិជាអានិសង្ស បីតិ មានបស្សទ្ធិជាប្រយោជន៍ មានបស្សទ្ធិជាអានិសង្ស បស្សទ្ធិ មានសុខៈជាប្រយោជន៍ មានសុខៈជាអានិសង្ស សុខៈ មានសមាធិជាប្រយោជន៍ មានសមាធិជាអានិសង្ស សមាធិ មានយថាភូតញ្ញាណទស្សនៈ ជាប្រយោជន៍ មានយថាភូតញ្ញាណទស្សនៈ ជាអានិសង្ស យថាភូតញ្ញាណទស្សនៈ មាននិព្វិទាជាប្រយោជន៍ មាននិព្វិទា ជាអានិសង្ស និព្វិទា មានវិរាគៈជាប្រយោជន៍ មានវិរាគៈជាអានិសង្ស វិរាគៈ មានវិមុត្តិញ្ញាណទស្សនៈជាប្រយោជន៍ មានវិមុត្តិញ្ញាណទស្សនៈជាអានិសង្ស ដោយប្រការដូច្នេះ។ ម្នាលអានន្ទ សីលទាំងឡាយជាកុសល តែងបរិបូណ៌ ដើម្បីព្រះអរហត្ត តាមលំដាប់ដោយប្រការដូច្នេះឯង។

 

លេខយោង

km/tipitaka/sut/an/11/sut.an.11.001.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann