km:tipitaka:sut:an:11:sut.an.11.002

ចេតនាករណីយសូត្រ ទី២

សង្ខេប

ហេតុ​អ្វី​បាន​ជា​ការ​ផ្តោត​អារម្មណ៍​របស់​ខ្ញុំ​មាន​ភាព​ងាយស្រួល​ដូ​ច្នេះ?

an 11.002 បាលី cs-km: sut.an.11.002 អដ្ឋកថា: sut.an.11.002_att PTS: ?

ចេតនាករណីយសូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(២. ចេតនាករណីយសុត្តំ)

[១០៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានសីល បរិបូណ៌ដោយសីល មិនគប្បីធ្វើដោយចេតនាថា អវិប្បដិសារៈ ចូរកើតដល់អាត្មាអញ ដូច្នេះទេ។ ម្នាលភិក្ខុទាំងឡាយ អវិប្បដិសារៈ តែងកើតឡើងដល់បុគ្គលអ្នកមានសីល បរិបូណ៌ដោយសីល នេះជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមិនមានវិប្បដិសារៈ មិនគប្បីធ្វើដោយចេតនាថា បាមុជ្ជៈ ចូរកើតឡើងដល់អាត្មាអញដូច្នេះទេ។ ម្នាលភិក្ខុទាំងឡាយ បាមុជ្ជៈ តែងកើតឡើងដល់បុគ្គលអ្នកមិនមានវិប្បដិសារៈ នេះជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានបាមុជ្ជៈ មិនគប្បីធ្វើដោយចេតនាថា បីតិ ចូរកើតឡើងដល់អាត្មាអញដូច្នេះទេ។ ម្នាលភិក្ខុទាំងឡាយ បីតិ តែងកើតឡើងដល់បុគ្គលមានបាមុជ្ជៈ នេះជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានបីតិចិត្ត មិនគប្បីធ្វើដោយចេតនាថា កាយរបស់អាត្មាអញ ចូរស្ងប់រម្ងាប់ ដូច្នេះទេ។ ម្នាលភិក្ខុទាំងឡាយ កាយរបស់បុគ្គលមានបីតិចិត្ត តែងស្ងប់រម្ងាប់ នេះជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានកាយប្បស្សទ្ធិ មិនគប្បីធ្វើដោយចេតនាថា អាត្មាអញទទួលសេចក្តីសុខដូច្នេះទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានកាយប្បស្សទ្ធិ តែងទទួលសេចក្តីសុខ នេះជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានសេចក្តីសុខ មិនគប្បីធ្វើដោយចេតនាថា ចិត្តរបស់អាត្មាអញ ចូរតាំងមាំដូច្នេះទេ។ ម្នាលភិក្ខុទាំងឡាយ ចិត្តរបស់បុគ្គលអ្នកមានសេចក្តីសុខ តែងតាំងមាំ នេះជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានសមាធិចិត្ត មិនគប្បីធ្វើដោយចេតនាថា អាត្មាអញដឹង អាត្មាអញឃើញតាមពិត ដូច្នេះទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសមាធិចិត្ត តែងដឹង តែងឃើញតាមពិត នេះជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹង កាលឃើញតាមពិត មិនគប្បីធ្វើដោយចេតនាថា អាត្មាអញនឿយណាយដូច្នេះទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹង កាលឃើញតាមពិត តែងនឿយណាយ នេះជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនឿយណាយ មិនគប្បីធ្វើដោយចេតនាថា អាត្មាអញ ប្រាសចាកតម្រេកដូច្នេះទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនឿយណាយ ប្រាសចាកតម្រេក នេះជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានចិត្តប្រាសចាកតម្រេក មិនគប្បីធ្វើដោយចេតនាថា អាត្មាអញ ធ្វើឲ្យជាក់ច្បាស់ នូវវិមុត្តិញ្ញាណទស្សនៈ ដូច្នេះទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកប្រាសចាកតម្រេក តែងធ្វើឲ្យជាក់ច្បាស់នូវវិមុត្តិញ្ញាណទស្សនៈ នេះជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ វិរាគៈ មានវិមុត្តិញ្ញាណទស្សនៈ ជាប្រយោជន៍ មានវិមុត្តិញ្ញាណទស្សនៈ ជាអានិសង្ស និព្វិទា មានវិរាគៈជាប្រយោជន៍ មានវិរាគៈជាអានិសង្ស យថាភូតញ្ញាណទស្សនៈ មាននិព្វិទា ជាប្រយោជន៍ មាននិព្វិទា ជាអានិសង្ស សមាធិ មានយថាភូតញ្ញាណទស្សនៈ ជាប្រយោជន៍ មានយថាភូតញ្ញាណទស្សនៈ ជាអានិសង្ស សុខៈ មានសមាធិ ជាប្រយោជន៍ មានសមាធិ ជាអានិសង្ស បស្សទ្ធិ មានសុខៈ ជាប្រយោជន៍ មានសុខៈជាអានិសង្ស បីតិ មានបស្សទ្ធិ ជាប្រយោជន៍ មានបស្សទ្ធិជាអានិសង្ស បាមុជ្ជៈ មានបីតិជាប្រយោជន៍ មានបីតិ ជាអានិសង្ស អវិប្បដិសារៈ មានបាមុជ្ជៈ ជាប្រយោជន៍ មានបាមុជ្ជៈ ជាអានិសង្ស សីលទាំងឡាយជាកុសល មានអវិប្បដិសារៈ ជាប្រយោជន៍ មានអវិប្បដិសារៈ ជាអានិសង្ស ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ តែងញុំាងធម៌ទាំងឡាយ ឲ្យប្រព្រឹត្តទៅ ធម៌ទាំងឡាយ តែងញុំាងធម៌ទាំងឡាយ ឲ្យបរិបូណ៌ ដើម្បីចេញអំពីទីមិនមែនជាត្រើយ ទៅកាន់ត្រើយ គឺព្រះនិញ្វន ដោយប្រការដូច្នេះ។

 

លេខយោង

km/tipitaka/sut/an/11/sut.an.11.002.txt · ពេលកែចុងក្រោយ: 2023/05/25 07:44 និពន្ឋដោយ Cheav Villa