km:tipitaka:sut:an:11:sut.an.11.004

ទុតិយឧបនិសាសូត្រ ទី៤

សង្ខេប

បុគ្គល​អ្នក​ទ្រុស្ត​សីល វិបត្តិ​ចាក​សីល​ហើយ តែង​សាប​សូន្យ​ចាក​ឧបនិស្ស័យ ដោល​មគ្គ​និង​វិមុត្តិ។

an 11.004 បាលី cs-km: sut.an.11.004 អដ្ឋកថា: sut.an.11.004_att PTS: ?

ទុតិយឧបនិសាសូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(៤. ទុតិយឧបនិសាសុត្តំ)

[១១១] ក្នុងទីនោះឯង ព្រះសារីបុត្រដ៏មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ថេរវាចា នៃព្រះសារីបុត្រដ៏មានអាយុថា ករុណា អាវុសោ។ ព្រះសារីបុត្រដ៏មានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ បុគ្គលអ្នកទ្រុស្តសីល វិបត្តិចាកសីលហើយ តែងសាបសូន្យចាកឧបនិស្ស័យ នៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មិនមាន បុគ្គលអ្នកវិបត្តិចាកអវិប្បដិសារៈ តែងសាបសូន្យ ចាកឧបនិស្ស័យនៃបាមុជ្ជៈ កាលបើបាមុជ្ជៈ មិនមាន បុគ្គលអ្នកវិបត្តិចាកបាមុជ្ជៈ តែងសាបសូន្យ ចាកឧបនិស្ស័យនៃបីតិ កាលបើបីតិ មិនមាន បុគ្គលអ្នកវិបត្តិចាកបីតិ តែងសាបសូន្យ ចាកឧបនិស្ស័យនៃបស្សទ្ធិ កាលបើបស្សទ្ធិ មិនមាន បុគ្គលអ្នកវិបត្តិចាកបស្សទ្ធិ តែងសាបសូន្យចាកឧបនិស្ស័យនៃសុខៈ កាលបើសុខៈ មិនមាន បុគ្គលអ្នកវិបត្តិចាកសុខៈ តែងសាបសូន្យចាកឧបនិស្ស័យ នៃសម្មាសមាធិ កាលបើសម្មាសមាធិ មិនមាន បុគ្គលអ្នកវិបត្តិចាកសម្មាសមាធិ តែងសាបសូន្យ ចាកឧបនិស្ស័យនៃយថាភូតញ្ញាណទស្សនៈ កាលបើយថាភូតញ្ញាណទស្សនៈ មិនមាន បុគ្គលអ្នកវិបត្តិចាកយថាភូតញ្ញាណទស្សនៈ តែងសាបសូន្យចាកឧបនិស្ស័យនៃនិព្វិទា កាលបើនិព្វិទា មិនមាន បុគ្គលអ្នកវិបត្តិចាកនិព្វិទា តែងសាបសូន្យចាកឧបនិស្ស័យនៃវិរាគៈ កាលបើវិរាគៈ មិនមាន បុគ្គលអ្នកវិបត្តិចាកវិរាគៈ តែងសាបសូន្យចាកឧបនិស្ស័យ នៃវិមុត្តិញ្ញាណទស្សនៈ។ ម្នាលអាវុសោទាំងឡាយ ប្រៀបដូចដើមឈើ ដែលប្រាសចាកមែក និងស្លឹកហើយ ក្រមររបស់ឈើនោះក្តី ក៏មិនដល់នូវការពេញលេញ សម្បកក្តី ស្រាយក្តី ខ្លឹមក្តី ក៏មិនដល់នូវការពេញលេញ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ បុគ្គលអ្នកទ្រុស្តសីល វិបត្តិចាកសីល តែងសាបសូន្យចាកឧបនិស្ស័យនៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មិនមាន បុគ្គលអ្នកវិបត្តិចាកអវិប្បដិសារៈ តែងសាបសូន្យ ចាកឧបនិស្ស័យ។បេ។ នៃវិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោទាំងឡាយ បុគ្គលអ្នកមានសីល បរិបូណ៌ដោយសីល តែងបរិបូណ៌ដោយឧបនិស្ស័យ នៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មាន បុគ្គលអ្នកបរិបូណ៌ ដោយអវិប្បដិសារៈ តែងបរិបូណ៌ដោយឧបនិស្ស័យនៃបាមុជ្ជៈ កាលបើបាមុជ្ជៈ មាន បុគ្គលអ្នកបរិបូណ៌ ដោយបាមុជ្ជៈ តែងបរិបូណ៌ដោយឧបនិស្ស័យនៃបីតិ កាលបើបីតិ មាន បុគ្គលអ្នកបរិបូណ៌ដោយបីតិ តែងបរិបូណ៌ដោយឧបនិស្ស័យនៃបស្សទ្ធិ កាលបើបស្សទ្ធិ មាន បុគ្គលអ្នកបរិបូណ៌ដោយបស្សទ្ធិ តែងបរិបូណ៌ដោយឧបនិស្ស័យនៃសុខៈ កាលបើសុខៈ មាន បុគ្គលអ្នកបរិបូណ៌ដោយសុខៈ តែងបរិបូណ៌ដោយឧបនិស្ស័យនៃសម្មាសមាធិ កាលបើសម្មាសមាធិ មាន បុគ្គលអ្នកបរិបូណ៌ដោយសម្មាសមាធិ តែងបរិបូណ៌ដោយឧបនិស្ស័យ នៃយថាភូតញ្ញាណទស្សនៈ កាលបើយថាភូតញ្ញាណទស្សនៈ មាន បុគ្គលអ្នកបរិបូណ៌ដោយយថាភូតញ្ញាណទស្សនៈ តែងបរិបូណ៌ដោយឧបនិស្ស័យនៃនិព្វិទា កាលបើនិព្វិទា មាន បុគ្គលអ្នកបរិបូណ៌ដោយនិព្វិទា តែងបរិបូណ៌ដោយឧបនិស្ស័យ នៃវិរាគៈ កាលបើវិរាគៈ មាន បុគ្គលអ្នកបរិបូណ៌ដោយវិរាគៈ តែងបរិបូណ៌ដោយឧបនិស្ស័យ នៃវិមុត្តិញ្ញាណទស្សនៈ។ ម្នាលអាវុសោទាំងឡាយ ប្រៀបដូចដើមឈើ ដែលបរិបូណ៌ដោយមែក និងស្លឹក ក្រមររបស់ឈើនោះក្តី ក៏ដល់នូវការពេញលេញ សម្បកក្តី ស្រាយក្តី ខ្លឹមក្តី ក៏ដល់នូវការពេញលេញ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ បុគ្គលអ្នកមានសីល បរិបូណ៌ដោយសីល តែងបរិបូណ៌ដោយឧបនិស្ស័យ នៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មាន បុគ្គលអ្នកបរិបូណ៌ដោយអវិប្បដិសារៈ តែងបរិបូណ៌ដោយឧបនិស្ស័យ។បេ។ នៃវិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ។

 

លេខយោង

km/tipitaka/sut/an/11/sut.an.11.004.txt · ពេលកែចុងក្រោយ: 2023/05/15 12:01 និពន្ឋដោយ Johann