km:tipitaka:sut:an:11:sut.an.11.007

សញ្ញាសូត្រ ទី៧

សង្ខេប

អ្វី​ខ្លះ​ជា​សញ្ញា​ដូច​គ្នា របស់​ព្រះ​បរមសាស្តា និង​សាវក​របស់​ព្រះអង្គ?

an 11.007 បាលី cs-km: sut.an.11.007 អដ្ឋកថា: sut.an.11.007_att PTS: ?

សញ្ញាសូត្រ ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបសិកា វិឡា

(៧. សញ្ញាសុត្តំ)

[១១៤] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគហើយ អង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុបាននូវសមាធិ មានសភាពដូច្នេះ មានដែរឬ ដូចជាភិក្ខុមិនសំគាល់ថា ដី ក្នុងដី មិនសំគាល់ថា ទឹក ក្នុងទឹក មិនសំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់ ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះ ក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខ ភិក្ខុមិនសំគាល់ក្នុងរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែមានសញ្ញាជាធម្មតា តែប៉ុណ្ណោះ។ ម្នាលអានន្ទ ភិក្ខុបានសមាធិមានសភាព ដូច្នោះក៏មាន ដូចជាភិក្ខុមិនសំគាល់ថា ដី ក្នុងដី មិនសំគាល់ថា ទឹក ក្នុងទឹក មិនសំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់ ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះ ក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខ មិនសំគាល់ ក្នុងរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែមានសញ្ញាជាធម្មតា តែប៉ុណ្ណោះ។ បពិត្រព្រះអង្គដ៏ចំរើន ដូចភិក្ខុបានសមាធិ មានសភាព ដូច្នោះក៏មាន តើដូចម្តេច ដូចជាភិក្ខុមិនសំគាល់ថា ដីក្នុងដី មិនសំគាល់ថា ទឹក ក្នុងទឹក មិនសំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់ ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះ ក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខ មិនសំគាល់ក្នុងរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែមានសញ្ញាជាធម្មតា តែប៉ុណ្ណោះ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ មានសេចក្តីសំគាល់យ៉ាងនេះថា ការរម្ងាប់នូវសង្ខារទាំងអស់ ការលះចោលនូវកិលេសទាំងអស់ ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់ទុក្ខ គឺព្រះនិញ្វនណា ព្រះនិញ្វននុ៎ះ ជាទីស្ងប់ ព្រះនិញ្វននុ៎ះ ដ៏ឧត្តម។ ម្នាលអានន្ទ ភិក្ខុបានសមាធិ មានសភាពដូច្នោះ យ៉ាងនេះឯង ដូចជាភិក្ខុមិនសំគាល់ថាដី ក្នុងដី មិនសំគាល់ថា ទឹក ក្នុងទឹក មិនសំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់ ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះ ក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខ មិនសំគាល់ ក្នុងរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគហើយ ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចូលទៅរកព្រះសារីបុត្រដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏រីករាយទៅរកព្រះសារីបុត្រដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ អង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បាននិយាយទៅនឹងព្រះសារីបុត្រដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោ សារីបុត្រ ភិក្ខុបានសមាធិ មានសភាពដូច្នោះ មានដែរឬ ដូចជាភិក្ខុមិនសំគាល់ថា ដី ក្នុងដី។បេ។ មិនសំគាល់ក្នុងរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។ ម្នាលអាវុសោអានន្ទ ភិក្ខុបានសមាធិ មានសភាពដូច្នោះ ក៏មាន ដូចជាភិក្ខុមិនសំគាល់ថា ដី ក្នុងដី។បេ។ មិនសំគាល់ក្នុងរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។ ម្នាលអាវុសោសារីបុត្រ ដូចភិក្ខុបានសមាធិមានសភាពដូច្នោះ ដែលមាន តើដូចម្តេច ដូចជាភិក្ខុមិនសំគាល់ថា ដី ក្នុងដី។បេ។ មិនសំគាល់ក្នុងរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។ ម្នាលអាវុសោអានន្ទ ភិក្ខុក្នុងសាសនានេះ មានសេចក្តីសំគាល់យ៉ាងនេះថា ការរម្ងាប់នូវសង្ខារទាំងអស់ ការលះចោលនូវកិលេសទាំងអស់ ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់ទុក្ខ គឺព្រះនិញ្វនណា ព្រះនិញ្វននុ៎ះ ជាទីស្ងប់ ព្រះនិញ្វននុ៎ះដ៏ឧត្តម។ ម្នាលអាវុសោអានន្ទ ភិក្ខុបានសមាធិ មានសភាពដូច្នោះ យ៉ាងនេះឯង ដូចជា ភិក្ខុមិនសំគាល់ថាដី ក្នុងដី។បេ។ មិនសំគាល់ក្នុងរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែមានសញ្ញា ជាធម្មតាតែប៉ុណ្ណោះ។ ម្នាលអាវុសោ អស្ចារ្យណាស់ ម្នាលអាវុសោ ចំឡែកណាស់ ព្រោះថា អត្ថ និងព្យញ្ជនៈរបស់ព្រះសាស្តា និងសាវ័កត្រូវគ្នា សមគ្នា មិនបានខុសគ្នាដោយអត្ថ ដោយព្យញ្ជនៈ ក្នុងបទដ៏ប្រសើរនេះឡើយ។ ម្នាលអាវុសោ អម្បាញ់មិញនេះ ខ្ញុំបានចូលទៅគាល់ព្រះមានព្រះភាគ ហើយសួរសេចក្តីនេះ។ ព្រះមានព្រះភាគ ក៏បានព្យាករសេចក្តីនេះ ដោយបទទាំងនេះ ដោយព្យញ្ជនៈទាំងនេះដល់ខ្ញុំ ដូចជាព្រះសារីបុត្រដ៏មានអាយុដែរ។ ម្នាលអាវុសោ អស្ចារ្យណាស់ ម្នាលអាវុសោ ចំឡែកណាស់ ព្រោះថា អត្ថ និងព្យញ្ជនៈរបស់ព្រះសាស្តា និងសាវ័កត្រូវគ្នា សមគ្នា មិនបានខុសគ្នា ដោយអត្ថ ដោយព្យញ្ជនៈ ក្នុងបទដ៏ប្រសើរនេះឡើយ។

 

លេខយោង

km/tipitaka/sut/an/11/sut.an.11.007.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann