km:tipitaka:sut:an:11:sut.an.11.009

សទ្ធសូត្រ ទី៩

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 11.009 បាលី cs-km: sut.an.11.009 អដ្ឋកថា: sut.an.11.009_att PTS: ?

សទ្ធសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៩. សទ្ធសុត្តំ)

[១១៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទដែលគេធ្វើអំពីឥដ្ឋ ជិតស្រុកនានិកៈ។ គ្រានោះ ព្រះសន្ធៈដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំចំពោះព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះសន្ធៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលសន្ធៈ អ្នកត្រូវគិតដូចគំនិតសេះអាជានីយ កុំគិតដូចគំនិតសេះ ដែលមានពុតត្បុតឡើយ។ ម្នាលសន្ធៈ គំនិតសេះដែលមានពុតត្បុត តើដូចម្តេច។ ម្នាលសន្ធៈ សេះមានពុតត្បុត ដែលគេចងក្បែរក្រង់នៃស្រូវ តែងគិតថា ស្រូវដំណើប ស្រូវដំណើប។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលសន្ធៈ ព្រោះថា សេះមានពុតត្បុត ដែលគេចងក្បែរក្រង់នៃស្រូវ មិនមានគំនិតយ៉ាងនេះថា ថ្ងៃនេះ នាយសារថីអ្នកបង្ហាត់សេះ នឹងឲ្យអញធ្វើនូវហេតុដូចម្តេច អញធ្វើតបទៅវិញដូចម្តេច។ សេះនោះ ត្រូវគេចងក្បែរក្រង់នៃស្រូវហើយ តែងគិតថា ស្រូវដំណើប ស្រូវដំណើប។ ម្នាលសន្ធៈ បុរសមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ ទៅនៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី មានចិត្តដែលកាមរាគរួបរឹត ដែលកាមរាគគ្របសង្កត់ហើយ រមែងមិនដឹងនូវការរលាស់ចោលនូវកាមរាគ ដែលកើតឡើងដោយពិត ក៏យ៉ាងនោះដែរ។ បុរសនោះ តែងគិតជញ្ជឹង ជ្រុលជ្រប់ សុបសៅ ព្រោះធ្វើកាមរាគឲ្យនៅខាងក្នុង។ បុគ្គលមានចិត្តដែលព្យាបាទ រួបរឹតហើយ… មានចិត្តដែលថីនមិទ្ធៈ រួបរឹតហើយ… មានចិត្តដែលឧទ្ធច្ចកុក្កុច្ចៈ រួបរឹតហើយ… មានចិត្តដែលវិចិកិច្ឆារួបរឹត ដែលវិចិកិច្ឆាគ្របសង្កត់ហើយ រមែងមិនដឹងការរលាស់ចោលនូវវិចិកិច្ឆា ដែលកើតឡើងដោយពិត។ បុគ្គលនោះ តែងគិតជញ្ជឹង ជ្រុលជ្រប់ សុបសៅ ព្រោះធ្វើវិចិកិច្ឆា ឲ្យនៅតែខាងក្នុង។ បុគ្គលនោះ តែងគិតព្រោះអាស្រ័យនូវផែនដីខ្លះ គិតព្រោះអាស្រ័យនូវទឹកខ្លះ គិត ព្រោះអាស្រ័យនូវភ្លើងខ្លះ គិត ព្រោះអាស្រ័យនូវខ្យល់ខ្លះ គិត ព្រោះអាស្រ័យនូវអាកាសានញ្ចាយតនៈខ្លះ គិត ព្រោះអាស្រ័យនូវវិញ្ញាណញ្ចាយតនៈខ្លះ គិត ព្រោះអាស្រ័យនូវអាកិញ្ចញ្ញាយតនៈខ្លះ គិត ព្រោះអាស្រ័យនូវនេវសញ្ញានាសញ្ញាយតនៈខ្លះ គិត ព្រោះអាស្រ័យនូវលោកនេះខ្លះ គិត ព្រោះអាស្រ័យនូវលោកខាងមុខខ្លះ គិតព្រោះអាស្រ័យនូវរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត។ ម្នាលសន្ធៈ គំនិតរបស់បុរស ដែលមានពុតត្បុត យ៉ាងនេះឯង។ ម្នាលសន្ធៈ គំនិតរបស់សេះអាជានីយ តើដូចម្តេច។ ម្នាលសន្ធៈ សេះអាជានីយដ៏ចំរើន ដែលគេចងក្បែរក្រង់ នៃស្រូវដំណើប រមែងមិនគិតថា ស្រូវដំណើប ស្រូវដំណើបទេ។ ដំណើរនុ៎ះ ព្រោះហេតុអ្វី។ ម្នាលសន្ធៈ ព្រោះថា សេះអាជានីយដ៏ចំរើន ដែលគេចងក្បែរក្រង់នៃស្រូវ តែងមានសេចក្តីត្រិះរិះ យ៉ាងនេះថា ក្នុងថ្ងៃនេះ នាយសារថីអ្នកបង្ហាត់សេះ នឹងឲ្យអញធ្វើនូវហេតុដូចម្តេច អញនឹងធ្វើតបទៅវិញ ដូចម្តេច។ សេះដែលគេចងក្បែរក្រង់នៃស្រូវនោះ រមែងមិននឹកថា ស្រូវដំណើប ស្រូវដំណើបទេ។ ម្នាលសន្ធៈ សេះអាជានីយដ៏ចំរើន តែងពិចារណា នូវការចាក់ដោយជន្លួញយ៉ាងនេះថា ដូចជាបំណុល ដូចជាចំណង ដូចជាសេចក្តីសាបសូន្យ ឬដូចជាទោស។ ម្នាលសន្ធៈ បុរសអាជានីយដ៏ចំរើន ទោះនៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងមិនឲ្យកាមរាគរួបរឹតចិត្តបាន មិនឲ្យកាមរាគគ្របសង្កត់ចិត្តបាន ទាំងដឹងច្បាស់ នូវការរលាស់ចោលនូវកាមរាគ ដែលកើតឡើងហើយដោយពិត។ មិនឲ្យព្យាបាទរួបរឹតចិត្តបាន… មិនឲ្យថីនមិទ្ធៈរួបរឹតចិត្តបាន… មិនឲ្យឧទ្ធច្ចកុក្កុច្ចៈ រួបរឹតចិត្តបាន… មិនឲ្យវិចិកិច្ឆារួបរឹតចិត្តបាន មិនឲ្យវិចិកិច្ឆាគ្របសង្កត់ចិត្តបាន ទាំងដឹងច្បាស់នូវការរលាស់ចោលនូវវិចិកិច្ឆាដែលកើតឡើងហើយដោយពិត។ បុរសនោះ មិនគិត ព្រោះអាស្រ័យនូវបឋវី មិនគិត ព្រោះអាស្រ័យនូវអាបោ មិនគិត ព្រោះអាស្រ័យនូវតេជោ មិនគិត ព្រោះអាស្រ័យនូវវាយោ មិនគិត ព្រោះអាស្រ័យនូវអាកាសានញ្ចាយតនៈ មិនគិត ព្រោះអាស្រ័យនូវវិញ្ញាណញ្ចាយតនៈ មិនគិត ព្រោះអាស្រ័យនូវអាកិញ្ចញ្ញាយតនៈ មិនគិត ព្រោះអាស្រ័យនូវនេវសញ្ញានាសញ្ញាយតនៈ មិនគិត ព្រោះអាស្រ័យនូវលោកនេះ មិនគិត ព្រោះអាស្រ័យនូវលោកខាងមុខ មិនគិត ព្រោះអាស្រ័យនូវរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែគិតជាធម្មតាប៉ុណ្ណោះ។ ម្នាលសន្ធៈ ទេវតាទាំងឡាយ ព្រមទាំងព្រះឥន្រ្ទ ព្រមទាំងព្រះព្រហ្ម ព្រមទាំងបជាបតិទេវរាជ តែងនមស្ការបុរសជាអាជានីយដ៏ចំរើន អំពីចម្ងាយ ដែលជាអ្នកមានឈាន យ៉ាងនេះថា

យើងទាំងឡាយ មិនស្គាល់អ្នកណាជាបុរសអាជានីយ តែងគិត ព្រោះអាស្រ័យនូវគុណធម៌ណា បពិត្របុរសអាជានីយ យើងសូមនមស្ការចំពោះអ្នក បពិត្របុរសដ៏ឧត្តម យើងសូមនមស្ការចំពោះអ្នក។

កាលព្រះអង្គទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះសន្ធៈដ៏មានអាយុ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន បុរសអាជានីយដ៏ចំរើន មានឈាន តែងគិតដូចម្តេច។ បុរសអាជានីយនោះ មិនគិត ព្រោះអាស្រ័យនូវបឋវី មិនគិត ព្រោះអាស្រ័យនូវអាបោ មិនគិត ព្រោះអាស្រ័យនូវតេជោ មិនគិត ព្រោះអាស្រ័យនូវវាយោ មិនគិត ព្រោះអាស្រ័យនូវអាកាសានញ្ចាយតនៈ មិនគិត ព្រោះអាស្រ័យនូវវិញ្ញាណញ្ចាយតនៈ មិនគិត ព្រោះអាស្រ័យនូវអាកិញ្ចញ្ញាយតនៈ មិនគិត ព្រោះអាស្រ័យនូវនេវសញ្ញានាសញ្ញាយតនៈ មិនគិត ព្រោះអាស្រ័យនូវលោកនេះ មិនគិត ព្រោះអាស្រ័យនូវលោកខាងមុខ មិនគិត ព្រោះអាស្រ័យនូវរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែគិតជាធម្មតាតែប៉ុណ្ណោះ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុម្តេច ទេវតាទាំងឡាយ ព្រមទាំងព្រះឥន្រ្ទ ព្រមទាំងព្រហ្ម ព្រមទាំងបជាបតិទេវរាជ នមស្ការអំពីចម្ងាយ ចំពោះបុរសអាជានីយដ៏ចំរើន ដែលមានឈានយ៉ាងនេះថា

យើងទាំងឡាយ មិនស្គាល់អ្នកណា ជាបុរសអាជានីយ តែងគិត ព្រោះអាស្រ័យនូវគុណធម៌ណា បពិត្របុរសអាជានីយ យើងសូមនមស្ការចំពោះអ្នក បពិត្របុរសដ៏ឧត្តម យើងសូមនមស្ការចំពោះអ្នក។

ម្នាលសន្ធៈ បុរសអាជានីយដ៏ចំរើន ក្នុងលោកនេះ សំគាល់ថាដី ក្នុងដីជាប្រាកដ សំគាល់ថា ទឹកក្នុងទឹកជាប្រាកដ សំគាល់ថា ភ្លើងក្នុងភ្លើងជាប្រាកដ សំគាល់ថា ខ្យល់ក្នុងខ្យល់ជាប្រាកដ សំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ ជាប្រាកដ សំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈជាប្រាកដ សំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈជាប្រាកដ សំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈជាប្រាកដ សំគាល់ថា លោកនេះ ក្នុងលោកនេះជាប្រាកដ សំគាល់ថា លោកខាងមុខក្នុងលោកខាងមុខជាប្រាកដ សំគាល់ក្នុងរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត ជាប្រាកដ។ ម្នាលសន្ធៈ បុរសអាជានីយដ៏ចំរើន អ្នកមានឈានយ៉ាងនេះ មិនគិត ព្រោះអាស្រ័យនូវបឋវី មិនគិត ព្រោះអាស្រ័យនូវអាបោ មិនគិត ព្រោះអាស្រ័យនូវតេជោ មិនគិត ព្រោះអាស្រ័យនូវវាយោ មិនគិត ព្រោះអាស្រ័យនូវអាកាសានញ្ចាយតនៈ មិនគិត ព្រោះអាស្រ័យនូវវិញ្ញាណញ្ចាយតនៈ មិនគិត ព្រោះអាស្រ័យនូវអាកិញ្ចញ្ញាយតនៈ មិនគិត ព្រោះអាស្រ័យនូវនេវសញ្ញានាសញ្ញាយតនៈ មិនគិត ព្រោះអាស្រ័យនូវលោកនេះ មិនគិត ព្រោះអាស្រ័យនូវលោកខាងមុខ មិនគិត ព្រោះអាស្រ័យនូវរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែគិតជាធម្មតាប៉ុណ្ណោះ។ ម្នាលសន្ធៈ ហេតុយ៉ាងនេះ ទេវតាទាំងឡាយ ព្រមទាំងព្រះឥន្រ្ទ ព្រមទាំងព្រហ្ម ព្រមទាំងបជាបតិទេវរាជ តែងនមស្ការអំពីចម្ងាយ ចំពោះបុរសអាជានីយដ៏ចំរើនអ្នកមានឈាន យ៉ាងនេះថា

យើងមិនស្គាល់ច្បាស់ អ្នកណាជាបុរសអាជានីយ តែងគិត ព្រោះអាស្រ័យនូវគុណធម៌ណា បពិត្របុរសអាជានីយ យើងសូមនមស្ការចំពោះអ្នក បពិត្របុរសដ៏ឧត្តម យើងសូមនមស្ការចំពោះអ្នក។

 

លេខយោង

km/tipitaka/sut/an/11/sut.an.11.009.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann