អ្នកមាន ធម៌ ៥ (អរិយទ្រព្យ) ញុំាង ធម៌ ៥ នេះឲ្យសម្រេច ហើយរលឹកនូវ 'អត្តសញ្ញាណកម្ម' ៦ ដោលមានចិត្តរីករាយហើយ បីតិក៏កើតឡើង …។
an 11.011 បាលី cs-km: sut.an.11.011 អដ្ឋកថា: sut.an.11.011_att PTS: ?
បឋមមហានាមសូត្រ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(១. បឋមមហានាមសុត្តំ)
[១១៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងនិគ្រោធារាម ជិតក្រុងកបិលព័ស្តុ ក្នុងដែនសក្កៈ។ សម័យនោះឯង ភិក្ខុទាំងឡាយច្រើនរូប ធ្វើចីវរកម្ម ថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់នឹងចៀសចេញ ទៅកាន់ចារិកដោយកាលកន្លងទៅ ៣ ខែ។ មហានាមសក្កៈ បានឮថា ពួកភិក្ខុច្រើនរូប ធ្វើចីវរកម្ម ថ្វាយព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់ចៀសចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ។ គ្រានោះ មហានាមសក្កៈ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះមហានាមសក្កៈ អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យនេះថា ពួកភិក្ខុច្រើនរូប ធ្វើចីវរកម្ម ថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់នឹងចៀសចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ។ បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គទាំងនោះ កាលនៅដោយវិហារធម៌ផ្សេង ៗ តើគួរនៅដោយវិហារធម៌ ដូចម្តេច។ ព្រះអង្គត្រាស់ថា បពិត្រមហានាម ប្រពៃហើយ ប្រពៃហើយ បពិត្រមហានាម ការសួរនេះឯង ជាកិច្ចដ៏សមគួរដល់ព្រះអង្គ ជាកុលបុត្រហើយ ដ្បិតថា ព្រះអង្គចូលមកគាល់តថាគត ហើយសួរថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងនោះ កាលនៅដោយវិហារធម៌ផ្សេង ៗ តើគួរនៅដោយវិហារធម៌ ដូចម្តេច។ បពិត្រមហានាម បុគ្គលអ្នកមានសទ្ធា ញុំាងសទ្ធាឲ្យសម្រេច មិនមែនជាអ្នកមិនមានសទ្ធា ១ អ្នកប្រារព្ធសេចក្តីព្យាយាម ញុំាងព្យាយាមឲ្យសម្រេច មិនមែនជាអ្នកខ្ជិលច្រអូស ១ អ្នកមានសតិខ្ជាប់ខ្ជួន ញុំាងសតិឲ្យសម្រេច មិនមែនជាអ្នកភ្លេចសតិ ១ អ្នកមានចិត្តតាំងមាំ ញុំាងចិត្តដែលតាំងមាំ ឲ្យសម្រេច មិនមែនជាអ្នកមានចិត្តមិនតាំងមាំ ១ អ្នកមានប្រាជ្ញា ញុំាងប្រាជ្ញាឲ្យសម្រេច មិនមែនជាអ្នកឥតប្រាជ្ញា ១។ បពិត្រមហានាម ព្រះអង្គតាំងនៅក្នុងធម៌ទាំង ៥ នេះហើយ គប្បីចំរើនធម៌ ៦ យ៉ាងទៀត។ បពិត្រមហានាម ក្នុងសាសនានេះ ព្រះអង្គគប្បីរលឹកនូវតថាគតថា ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាសារថី ទូន្មាននូវបុរស ព្រះអង្គជាសាស្តា នៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គបំបាក់បង់នូវភពដូច្នេះ។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវតថាគតក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័ក មានចិត្តត្រង់ ប្រារព្ធនូវតថាគតហើយ រមែងបានសេចក្តីយល់នូវអត្ថ សេចក្តីយល់នូវធម៌ មានសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើអរិយសាវ័ក មានចិត្តរីករាយហើយ បីតិ តែងកើតឡើង កាលបើអរិយសាវ័ក មានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័ក មានកាយស្ងប់រម្ងាប់ហើយ តែងបានទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តក៏បានតាំងនៅល្អ។ បពិត្រមហានាម អរិយសាវ័កនេះ តថាគត ហៅថា អ្នកដល់នូវការស្មោះស្មើ ក្នុងពួកសត្វដែលមិនស្មោះស្មើ អ្នកមិនមានព្យាបាទ ក្នុងពួកសត្វដែលមានសេចក្តីព្យាបាទ អ្នកដល់នូវខ្សែនៃធម៌ តែងចំរើននូវពុទ្ធានុស្សតិ។
បពិត្រមហានាម មួយទៀត ព្រះអង្គគប្បីរលឹកនូវព្រះធម៌ថា ព្រះបរិយត្តិធម៌ ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងហើយដោយល្អ ព្រះនព្វលោកុត្តរធម៌ ជាធម៌ដែលព្រះអរិយបុគ្គលទាំង ៨ ពួក ដឹងពិត ឃើញពិត ដោយបច្ចវេក្ខណញ្ញាណ ជាធម៌ឲ្យនូវផលមិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌ដែលព្រះអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន ដោយអំណាចនៃភាវនា ជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយ មានឧគ្ឃដិតញ្ញូបុគ្គលជាដើម គប្បីឃើញច្បាស់ក្នុងចិត្តនៃខ្លួន។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវព្រះធម៌ ក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបានក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័កមានចិត្តត្រង់ ប្រារព្ធនូវព្រះធម៌ តែងបានសេចក្តីយល់នូវអត្ថ បានសេចក្តីយល់នូវធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើអរិយសាវ័ក មានសេចក្តីរីករាយហើយ បីតិ រមែងកើតឡើង កាលបើអរិយសាវ័កមានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័កមានកាយស្ងប់រម្ងាប់ហើយ រមែងទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តក៏តាំងនៅល្អ។ បពិត្រមហានាម អរិយសាវ័កនេះ តថាគតហៅថា អ្នកដល់នូវការស្មោះស្មើក្នុងពួកសត្វ ដែលមិនស្មោះស្មើ អ្នកមិនមានព្យាបាទ ក្នុងពួកសត្វដែលមានសេចក្តីព្យាបាទ អ្នកដល់នូវខ្សែនៃធម៌ តែងចំរើននូវធម្មានុស្សទិ។
បពិត្រមហានាម មួយទៀត ព្រះអង្គគប្បីរលឹកនូវព្រះសង្ឃថា ព្រះសង្ឃសាវ័កនៃព្រះមានព្រះភាគ លោកប្រតិបត្តិហើយ ដោយប្រពៃ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិហើយ ដោយត្រង់ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិ ដើម្បីត្រាស់ដឹងនូវព្រះនិញ្វន ព្រះសង្ឃសាវ័កនៃព្រះមានព្រះភាគ លោកប្រតិបត្តិគួរដល់សាមីចិកម្ម ព្រះសង្ឃណា បើរាប់ជាគូនៃបុរស មាន ៤ គូ បើរាប់រៀងជាបុរសបុគ្គល មាន ៨ ព្រះសង្ឃសាវ័កនៃព្រះមានព្រះភាគនុ៎ះ លោកគួរទទួលរបស់ដែលគេនាំមកបូជា លោកគួរទទួលរបស់ដែលគេបម្រុងទទួលភ្ញៀវ លោកគួរទទួលទក្ខិណាទាន លោកគួរដល់អញ្ជលិកម្ម លោកជាបុញ្ញកេ្ខត្តដ៏ប្រសើររបស់សត្វលោក។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវព្រះសង្ឃក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័ក មានចិត្តត្រង់ប្រារព្ធនូវព្រះសង្ឃហើយ តែងបានសេចក្តីយល់នូវអត្ថ បានសេចក្តីយល់នូវធម៌ បានសេចក្តីរីករាយប្រកបដោយធម៌ កាលបើអរិយសាវ័ក មានចិត្តរីករាយហើយ បីតិ តែងកើតឡើង កាលបើអរិយសាវ័ក មានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័ក មានកាយស្ងប់រម្ងាប់ហើយ តែងទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តក៏តាំងនៅល្អ។ បពិត្រមហានាម អរិយសាវ័កនេះ តថាគតហៅថាអ្នកដល់នូវការស្មោះស្មើ ក្នុងពួកសត្វ ដែលមិនមានសេចក្តីស្មោះស្មើ អ្នកមិនមានសេចក្តីព្យាបាទ ក្នុងពួកសត្វដែលមានសេចក្តីព្យាបាទ អ្នកដល់នូវខ្សែនៃធម៌ តែងចំរើននូវសង្ឃានុស្សតិ។
បពិត្រមហានាម មួយទៀត ព្រះអង្គគប្បីរលឹកនូវសីលទាំងឡាយរបស់ខ្លួនថា សីលមិនដាច់ មិនធ្លុះ មិនពព្រុះ មិនពពាល ជាសីលជានា ដែលពួកវិញ្ញូជនសរសើរ ជាសីល ដែលតណ្ហា និងទិដ្ឋិ មិនបានស្ទាបអង្អែល ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវសីលក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបានក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័កមានចិត្តត្រង់ ប្រារព្ធនូវសីលហើយ តែងបានសេចក្តីយល់នូវអត្ថ បានសេចក្តីយល់នូវធម៌ បានសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើអរិយសាវ័ក មានចិត្តរីករាយហើយ បីតិក៏កើតឡើង កាលបើអរិយសាវ័ក មានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័ក មានកាយស្ងប់រម្ងាប់ហើយ តែងបានទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តក៏តាំងនៅល្អ។ បពិត្រមហានាម អរិយសាវ័កនេះ តថាគតហៅថា អ្នកដល់នូវការស្មោះស្មើ ក្នុងពួកសត្វ ដែលមិនមានសេចក្តីស្មោះស្មើ អ្នកមិនមានសេចក្តីព្យាបាទ ក្នុងពួកសត្វ ដែលមានសេចក្តីព្យាបាទ អ្នកដល់នូវខ្សែនៃធម៌ តែងចំរើននូវសីលានុស្សតិ។
បពិត្រមហានាម មួយទៀត ព្រះអង្គគប្បីរលឹកនូវចាគៈរបស់ព្រះអង្គថា ឱហ្ន៎ អាត្មាអញ ចំជាមានលាភ ឱហ្ន៎ អាត្មាអញបានល្អហើយតើ អាត្មាអញមានចិត្ត មានមន្ទិល គឺសេចក្តីកំណាញ់ប្រាសចេញហើយ ក្នុងពួកសត្វ ដែលមានមន្ទិល គឺសេចក្តីកំណាញ់រួបរឹតហើយ បានបរិច្ចាគរួចហើយ មានដៃលាងស្អាតហើយ ត្រេកអរក្នុងការលះបង់ គួរឲ្យគេសូមបាន ត្រេកអរ ក្នុងការចែករំលែកទាន នៅគ្រប់គ្រងផ្ទះ។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវចាគៈក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈ រួបរឹតចិត្តបាន ឥតមានមោហៈ រួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័ក មានចិត្តត្រង់ ប្រារព្ធនូវចាគៈហើយ តែងបានសេចក្តីយល់នូវអត្ថ បានសេចក្តីយល់នូវធម៌ បានសេចក្តីរីករាយប្រកបដោយធម៌ កាលបើអរិយសាវ័កមានចិត្តរីករាយហើយ បីតិតែងកើតឡើង កាលបើអរិយសាវ័ក មានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័ក មានកាយស្ងប់រម្ងាប់ហើយ តែងបានទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តក៏តាំងនៅល្អ។ បពិត្រមហានាម អរិយសាវ័កនេះ តថាគតហៅថា អ្នកដល់នូវការស្មោះស្មើ ក្នុងពួកសត្វ ដែលមិនមានសេចក្តីស្មោះស្មើ អ្នកមិនមានសេចក្តីព្យាបាទ ក្នុងពួកសត្វ ដែលមានសេចក្តីព្យាបាទ អ្នកដល់នូវខ្សែនៃធម៌ តែងចំរើននូវចាគានុស្សតិ។
បពិត្រមហានាម មួយវិញទៀត ព្រះអង្គគប្បីរលឹកនូវពួកទេវតាថា ពួកទេវតាជាន់ចាតុម្មហារាជិកៈ មានពួកទេវតាជាន់តាវត្តឹង្ស មានពួកទេវតាជាន់យាមៈ មានពួកទេវតាជាន់តុសិត មានពួកទេវតាជាន់និម្មានរតី មានពួកទេវតាជាន់បរនិម្មិតវសវត្តី មានពួកទេវតាដែលរាប់បញ្ចូលក្នុងពួកព្រហ្ម មានពួកទេវតាតពីនោះទៅទៀត ក៏មាន ពួកទេវតាទាំងនោះ ប្រកបដោយសទ្ធា មានសភាពយ៉ាងណា ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ អាត្មាអញមានសទ្ធា មានសភាពដូច្នោះដែរ ពួកទេវតាទាំងនោះ ប្រកបដោយសីល មានសភាពយ៉ាងណា ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ អាត្មាអញមានសីល មានសភាពដូច្នោះ ពួកទេវតាទាំងនោះ ប្រកបដោយសុតៈ មានសភាពយ៉ាងណា ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ អាត្មាអញមានសុតៈ មានសភាពដូច្នោះដែរ ពួកទេវតាទាំងនោះ ប្រកបដោយចាគៈ មានសភាពយ៉ាងណា ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ អាត្មាអញមានចាគៈ មានសភាពដូច្នោះដែរ ពួកទេវតាទាំងនោះ ប្រកបដោយបញ្ញា មានសភាពយ៉ាងណា ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ អាត្មាអញមានបញ្ញា មានសភាពដូច្នោះដែរ។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវសទ្ធា សីល សុតៈ ចាគៈ បញ្ញា របស់ខ្លួនផង របស់ពួកទេវតាទាំងនោះផង ក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័ក មានចិត្តត្រង់ ប្រារព្ធនូវពួកទេវតាហើយ តែងបានសេចក្តីយល់នូវអត្ថ បានសេចក្តីយល់នូវធម៌ បានសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើអរិយសាវ័ក មានចិត្តរីករាយហើយ បីតិក៏កើតឡើង កាលបើអរិយសាវ័ក មានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័ក មានកាយស្ងប់រម្ងាប់ហើយ តែងបានទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តក៏តាំងនៅល្អ។ បពិត្រមហានាម អរិយសាវ័កនេះ តថាគតហៅថា អ្នកដល់នូវការស្មោះស្មើ ក្នុងពួកសត្វ ដែលមិនមានសេចក្តីស្មោះស្មើ អ្នកមិនមានព្យាបាទ ក្នុងពួកសត្វដែលមានសេចក្តីព្យាបាទ អ្នកដល់នូវខ្សែនៃធម៌ តែងចំរើនូវទេវតានុស្សតិ។