មហានាមសក្កៈទទួលបានគុណសម្បត្ដិ ៥ និង ៦ ដែលគួរនៅ (វិហារធម៌) ពីព្រះពុទ្ធ មុនពេលចេញពីអស្ស។
an 11.012 បាលី cs-km: sut.an.11.012 អដ្ឋកថា: sut.an.11.012_att PTS: ?
ទុតិយមហានាមសូត្រ ទី២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(២. ទុតិយមហានាមសុត្តំ)
[១១៩] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ជិតក្រុងកបិលព័ស្តុ ក្នុងដែនសក្កៈ។ សម័យនោះឯង មហានាមសក្កៈ ទើបនឹងសះស្បើយចាកជម្ងឺ បានសះស្បើយចាកជម្ងឺមិនទាន់យូរប៉ុន្មាន។ សម័យនោះឯង ស្រាប់តែពួកភិក្ខុច្រើនរូប កំពុងធ្វើចីវរកម្ម ថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់នឹងចៀសចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ។ មហានាមសក្កៈបានឮថា ពួកភិក្ខុច្រើនរូប កំពុងធ្វើចីវរកម្ម ថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ នឹងចៀសចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ។ គ្រានោះ មហានាមសក្កៈ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះមហានាមសក្កៈ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឮពាក្យនេះថា ពួកភិក្ខុច្រើនរូប កំពុងធ្វើចីវរកម្ម ថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់នឹងចៀសចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ។ បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គទាំងនោះ កាលនៅដោយវិហារធម៌ផ្សេង ៗ តើគួរនៅដោយវិហារធម៌ ដូចម្តេច។ ព្រះអង្គត្រាស់ថា បពិត្រមហានាម ប្រពៃហើយ ប្រពៃហើយ បពិត្រមហានាម ការសួរនេះឯង ជាកិច្ចដ៏សមគួរ ដល់ព្រះអង្គជាកុលបុត្រហើយ ដ្បិតថា ព្រះអង្គចូលមកគាល់តថាគត ហើយសួរថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងនោះ កាលនៅដោយវិហារធម៌ផ្សេង ៗ តើគួរនៅដោយវិហារធម៌ ដូចម្តេច។ បពិត្រមហានាម បុគ្គលជាអ្នកមានសទ្ធា បានញុំាងសទ្ធាឲ្យសម្រេច មិនមែនជាអ្នកមិនមានសទ្ធា ១ អ្នកប្រារព្ធសេចក្តីព្យាយាម ញុំាងព្យាយាមឲ្យសម្រេច មិនមែនជាអ្នកខ្ជិលច្រអូស ១ អ្នកមានសតិខ្ជាប់ខ្ជួន ញុំាងសតិឲ្យសម្រេច មិនមែនជាអ្នកភ្លេចសតិ ១ ជាអ្នកមានចិត្តតាំងមាំ បានញុំាងចិត្តដែលតាំងមាំឲ្យសម្រេច មិនមែនជាអ្នកមានចិត្តមិនតាំងមាំ ១ អ្នកមានប្រាជ្ញា បានញុំាងប្រាជ្ញាឲ្យសម្រេច មិនមែនជាអ្នកអាប់ឥតប្រាជ្ញា ១។ បពិត្រមហានាម កាលបើព្រះអង្គបានតាំងនៅក្នុងធម៌ទាំង ៥ នេះហើយ គប្បីចំរើននូវធម៌ ៦ យ៉ាង តទៅទៀត។ បពិត្រមហានាម ព្រះអង្គគប្បីរលឹកនូវព្រះតថាគត ក្នុងលោកនេះថា ព្រះមានព្រះភាគអង្គនោះ។បេ។ ជាសាស្រ្តាចារ្យនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវព្រះតថាគត ក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័ក មានចិត្តត្រង់ ប្រារព្ធនូវព្រះតថាគតហើយ តែងបានសេចក្តីយល់នូវអត្ថ បានសេចក្តីយល់នូវធម៌ បានសេចក្តីរីករាយប្រកបដោយធម៌ កាលបើអរិយសាវ័កមានចិត្តរីករាយហើយ បីតិក៏កើតឡើង កាលបើអរិយសាវ័កមានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័កមានកាយស្ងប់រម្ងាប់ហើយ តែងបានទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័កមានសេចក្តីសុខហើយ ចិត្តក៏តាំងនៅល្អ។ បពិត្រមហានាម ព្រះអង្គកំពុងស្តេចយាងក្តី គប្បីចំរើន ឋិតក្តី គប្បីចំរើន គង់ក្តី គប្បីចំរើន ផ្ទំក្តី គប្បីចំរើន ផ្គូរផ្គងការងារក្តី គប្បីចំរើន គ្រប់គ្រងទីផ្ទំដែលចង្អៀតដោយព្រះរាជបុត្តក្តី គប្បីចំរើននូវពុទ្ធានុស្សតិនេះបានដែរ។
បពិត្រមហានាម មួយទៀត ព្រះអង្គគប្បីរលឹកនូវព្រះធម៌… គប្បីរលឹកនូវព្រះសង្ឃ… គប្បីរលឹកនូវសីលទាំងឡាយរបស់ព្រះអង្គ… គប្បីរលឹកនូវចាគៈរបស់ព្រះអង្គ… គប្បីរលឹកនូវពួកទេវតាថា ពួកទេវតាក្នុងជាន់ចាតុម្មហារាជិកៈ មាន… ពួកទេវតាក្រៅពីនោះទៅទៀតក៏មាន ពួកទេវតាទាំងនោះ ប្រកបដោយសទ្ធា មានសភាពយ៉ាងណា ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ អាត្មាអញមានសទ្ធា មានសភាពដូច្នោះដែរ ដោយសីល មានសភាពយ៉ាងណា… ដោយសុតៈ… ដោយចាគៈ… ពួកទេវតាទាំងនោះប្រកបដោយបញ្ញា ច្យុតអំពីទីនេះ មានសភាពយ៉ាងណា ទៅកើតក្នុងទីនោះ អាត្មាអញមានបញ្ញា មានសភាពដូច្នោះដែរ។ បពិត្រមហានាម អរិយសាវ័ករលឹកនូវសទ្ធា សីល សុតៈ ចាគៈ បញ្ញា របស់ខ្លួនផង របស់ពួកទេវតាទាំងនោះផង ក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័កមានចិត្តត្រង់ ប្រារព្ធនូវពួកទេវតាហើយ រមែងបានសេចក្តីយល់នូវអត្ថ បានសេចក្តីយល់នូវធម៌ បានសេចក្តីរីករាយប្រកបដោយធម៌ កាលបើអរិយសាវ័កមានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័ក មានកាយស្ងប់រម្ងាប់ហើយ តែងបានទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តតាំងនៅល្អ។ បពិត្រមហានាម ព្រះអង្គកំពុងស្តេចយាងក្តី គប្បីចំរើន ឋិតក្តី គប្បីចំរើន គង់ក្តី គប្បីចំរើន ផ្ទំក្តី គប្បីចំរើន ផ្គូរផ្គងការងារក្តី គប្បីចំរើន គ្រប់គ្រងនូវទីផ្ទំដែលចង្អៀត ដោយព្រះរាជបុត្តក្តី គប្បីចំរើននូវទេវតានុស្សតិនេះបានដែរ។