(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 11.013 បាលី cs-km: sut.an.11.013 អដ្ឋកថា: sut.an.11.013_att PTS: ?
នន្ទិយសូត្រ ទី៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៣. នន្ទិយសុត្តំ)
[១២០] សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងនិគ្រោធារាម ជិតក្រុងកបិលព័ស្តុ ក្នុងដែនសក្កៈ។ សម័យនោះឯង ព្រះមានព្រះភាគ មានបំណងនឹងចូលទៅគង់ចាំវស្សា ក្នុងក្រុងសាវត្ថី។ នន្ទិយសក្កៈ បានឮដំណឹងថា ព្រះមានព្រះភាគ មានបំណងនឹងចូលទៅគង់ចាំវស្សា ក្នុងក្រុងសាវត្ថី។ គ្រានោះ នន្ទិយសក្កៈ មានសេចក្តីត្រិះរិះដូច្នេះថា បើដូច្នោះ ទាំងអាត្មាអញ ក៏គួរចូលទៅនៅចាំវស្សា ក្នុងក្រុងសាវត្ថីដែរ អាត្មាអញ នឹងផ្គូរផ្គងការងារ ក្នុងក្រុងសាវត្ថីនោះផង នឹងបានជួបព្រះមានព្រះភាគ មួយដងមួយកាលផង។ លំដាប់នោះ ព្រះមានព្រះភាគ ស្តេចទៅគង់ចាំវស្សា ក្នុងក្រុងសាវត្ថី។ ចំណែកខាងនន្ទិយសក្កៈ ក៏ចូលទៅនៅចាំវស្សា ក្នុងក្រុងសាវត្ថីដែរ ទាំងផ្គូរផ្គងនូវការងារ ក្នុងក្រុងសាវត្ថីនោះផង បានជួបព្រះមានព្រះភាគ មួយដងមួយកាលផង។ សម័យនោះឯង ពួកភិក្ខុជាច្រើនរូប ធ្វើចីវរកម្មថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់ចៀសចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ។ នន្ទិយសក្កៈ បានឮថា ពួកភិក្ខុច្រើនរូប ធ្វើចីវរកម្ម ថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់នឹងចៀសចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ។ លំដាប់នោះ នន្ទិយសក្កៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះនន្ទិយសក្កៈ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឮពាក្យនេះថា ពួកភិក្ខុច្រើនរូប ធ្វើចីវរកម្មថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់នឹងចៀសចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ។ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងនោះ កាលនៅដោយវិហារធម៌ផ្សេង ៗ តើគួរនៅដោយវិហារធម៌ដូចម្តេច។ ព្រះអង្គត្រាស់ថា ម្នាលនន្ទិយៈ ប្រពៃហើយ ប្រពៃហើយ ម្នាលនន្ទិយៈ ការសួរនេះឯង ជាកិច្ចដ៏សមគួរ ដល់ទ្រង់ជាកុលបុត្រហើយ ដ្បិតថា ទ្រង់ចូលមកគាល់តថាគត ហើយសួរថា បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គទាំងនោះ កាលនៅដោយវិហារធម៌ផ្សេង ៗ តើគួរនៅដោយវិហារធម៌ ដូចម្តេច។ ម្នាលនន្ទិយៈ បុគ្គលជាអ្នកមានសទ្ធា បានញុំាងសទ្ធាឲ្យសម្រេច មិនមែនជាអ្នកមិនមានសទ្ធា ១ ជាអ្នកមានសីល បានញុំាងសីលឲ្យសម្រេច មិនមែនជាអ្នកទ្រុស្តសីល ១ ជាអ្នកប្រារព្ធសេចក្តីព្យាយាម បានញុំាងព្យាយាមឲ្យសម្រេច មិនមែនជាអ្នកខ្ជិលច្រអូស ១ ជាអ្នកមានសតិខ្ជាប់ខ្ជួន បានញុំាងសតិឲ្យសម្រេច មិនមែនជាអ្នកភ្លេចសតិ ១ ជាអ្នកមានចិត្តតាំងមាំ បានញុំាងចិត្តដែលតាំងមាំឲ្យសម្រេច មិនមែនជាអ្នកមានចិត្តមិនតាំងមាំ ១ ជាអ្នកមានប្រាជ្ញា បានញុំាងប្រាជ្ញាឲ្យសម្រេច មិនមែនជាអ្នកអាប់ឥតប្រាជ្ញា ១។ ម្នាលនន្ទិយៈ បើទ្រង់បានតាំងនៅក្នុងធម៌ទាំង ៦ នេះហើយ គួរដំកល់សតិក្នុងធម៌ ៥ យ៉ាង ក្នុងព្រះហឫទ័យតទៅទៀត។ ម្នាលនន្ទិយៈ ទ្រង់គប្បីរលឹកនូវព្រះតថាគត ក្នុងលោកនេះថា ព្រះមានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាសារថី ទូន្មាននូវបុរស ព្រះអង្គជាសាស្រ្តាចារ្យ នៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត។ ម្នាលនន្ទិយៈ ព្រះអង្គទ្រង់គួរដម្កល់សតិក្នុងព្រះហឫទ័យ ប្រារព្ធនូវព្រះតថាគត ដោយប្រការដូច្នេះ។
ម្នាលនន្ទិយៈ មួយទៀត ព្រះអង្គទ្រង់គប្បីរលឹកនូវព្រះធម៌ថា ព្រះបរិយត្តិធម៌ ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងហើយដោយល្អ ព្រះនព្វលោកុត្តរធម៌ ជាធម៌ដែលអរិយបុគ្គលទាំងពួង ដឹងពិត ឃើញពិត ដោយបច្ចវេក្ខណញ្ញាណ ជាធម៌ឲ្យនូវផល មិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌ដែលអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន ដោយអំណាចនៃភាវនា ជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយ មានឧគ្ឃដិតញ្ញូបុគ្គល ជាដើម ឃើញច្បាស់ក្នុងចិត្តនៃខ្លួន។ ម្នាលនន្ទិយៈ ព្រះអង្គទ្រង់គួរដម្កល់សតិ ក្នុងព្រះហឫទ័យ ប្រារព្ធនូវព្រះធម៌ ដោយប្រការដូច្នេះ។
ម្នាលនន្ទិយៈ មួយទៀត ទ្រង់គប្បីរលឹកនូវពួកកល្យាណមិត្តថា ឱហ្ន៎ អាត្មាអញចំជាមានលាភ អាត្មាអញបានល្អហើយ ដែលមានពួកជន ជាកល្យាណមិត្ត ជាអ្នកអនុគ្រោះ អ្នកប្រាថ្នានូវប្រយោជន៍ អ្នកទូន្មាន អ្នកប្រៀនប្រដៅ។ ម្នាលនន្ទិយៈ ទ្រង់គួរដម្កល់សតិ ក្នុងព្រះហឫទ័យ ប្រារព្ធនូវពួកកល្យាណមិត្ត ដោយប្រការដូច្នេះ។
ម្នាលនន្ទិយៈ មួយទៀត ទ្រង់គប្បីរលឹកនូវចាគៈរបស់ទ្រង់ថា ឱហ្ន៎ អាត្មាអញចំជាមានលាភ អាត្មាអញល្អហើយតើ ដែលអាត្មាអញ មានចិត្ត មានមន្ទិល គឺសេចក្តីកំណាញ់ប្រាសចេញហើយ ក្នុងពួកសត្វដែលមានមន្ទិល គឺសេចក្តីកំណាញ់រួបរឹតហើយ មានទានបរិច្ចាគហើយ មានដៃលាងស្អាតហើយ ត្រេកអរក្នុងការលះ គួរឲ្យគេសូមបាន ត្រេកអរក្នុងការឲ្យ និងការចែករំលែក ហើយនៅគ្រប់គ្រងផ្ទះ។ ម្នាលនន្ទិយៈ ទ្រង់គួរដម្កល់នូវសតិ ក្នុងព្រះហឫទ័យ ប្រារព្ធនូវចាគៈដោយប្រការដូច្នេះ។
ម្នាលនន្ទិយៈ មួយទៀត ទ្រង់គប្បីរលឹកពួកទេវតាថា ទេវតាណា ដែលរំលងនូវពួកទេវតា ដែលមានកពឡីការាហារ ជាចំណី (កាមាវចរទេវតា) បានទៅកើតក្នុងពួកទេវតា ដែលសម្រេចដោយឈានចិត្ត (ព្រហ្ម) ណាមួយ ទេវតាទាំងនោះ មិនពិចារណាឃើញនូវកិច្ចរបស់ខ្លួន ឬនូវសេចក្តីចំរើន នៃអំពើដែលខ្លួនធ្វើហើយ ម្នាលនន្ទិយៈ ដូចជាភិក្ខុអសមយវិមុត្ត រមែងមិនពិចារណាឃើញនូវកិច្ចរបស់ខ្លួន ឬនូវសេចក្តីចំរើននៃអំពើដែលខ្លួនធ្វើហើយ យ៉ាងណាមិញ ម្នាលនន្ទិយៈ ទេវតាណា ដែលផ្លោះរំលង នូវពួកទេវតា ដែលមានកពឡីការាហារជាចំណី បានទៅកើតក្នុងពួកទេវតា ដែលសម្រេចដោយឈានចិត្តណាមួយ ទេវតាទាំងនោះ រមែងមិនពិចារណាឃើញនូវកិច្ចរបស់ខ្លួន ឬនូវសេចក្តីចំរើននៃអំពើដែលខ្លួនធ្វើហើយ ក៏យ៉ាងនោះដែរ។ ម្នាលនន្ទិយៈ ទ្រង់គប្បីដម្កល់សតិ ក្នុងព្រះហឫទ័យ ប្រារព្ធនូវពួកទេវតា ដោយប្រការដូច្នេះឯង។ ម្នាលនន្ទិយៈ អរិយសាវ័ក ប្រកបដោយធម៌ទាំង ១១ នេះឯង តែងលះបង់ មិនប្រកាន់ពួកអកុសលធម៌ដ៏លាមកឡើយ។ ម្នាលនន្ទិយៈ ដូចជាក្អមផ្កាប់ រមែងមិនស្រូបយកទឹក ដែលហូរចេញបានឡើយ យ៉ាងណាមិញ ម្នាលនន្ទិយៈ ពុំនោះសោត ដូចជាភ្លើង កាលឆេះរាលដាលផុតអំពីស្មៅហើយ ក៏មិនត្រឡប់មករកស្មៅដែលឆេះរួចហើយវិញ យ៉ាងណាមិញ ម្នាលនន្ទិយៈ អរិយសាវ័កប្រកបដោយធម៌ទាំង ១១ នេះ តែងលះបង់ មិនប្រកាន់ពួកអកុសលធម៌លាមកឡើយ ក៏យ៉ាងនោះដែរ។