km:tipitaka:sut:an:11:sut.an.11.014

សុភូតិសូត្រ ទី៤

សង្ខេប

នេះជាសទ្ធាចរិតរបស់បុគ្គលអ្នកមានសទ្ធា។

an 11.014 បាលី cs-km: sut.an.11.014 អដ្ឋកថា: sut.an.11.014_att PTS: ?

សុភូតិសូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៤. សុភូតិសុត្តំ)

[១២១] គ្រានោះ ព្រះសុភូតិដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ ជាមួយនឹងសទ្ធភិក្ខុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំចំពោះព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះសុភូតិដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលសុភូតិ ភិក្ខុនេះឈ្មោះអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះឈ្មោះសទ្ធៈ ជាកូនឧបាសក អ្នកមានសទ្ធា បានចេញចាកផ្ទះ ចូលមកកាន់ផ្នួស ដោយសទ្ធា។ ម្នាលសុភូតិ សទ្ធភិក្ខុនេះ ជាកូនឧបាសកអ្នកមានសទ្ធា បានចេញចាកផ្ទះ ចូលមកកាន់ផ្នួសដោយសទ្ធា និងប្រាកដក្នុងសទ្ធាចរិតទាំងឡាយដែរឬ។ បពិត្រព្រះមានព្រះភាគ កាលនេះជាកាលគួរ ដល់ព្រះអង្គហើយ បពិត្រព្រះសុគត កាលនេះ ជាកាលគួរ ដល់ព្រះអង្គហើយ ព្រះមានព្រះភាគ គួរសំដែងសទ្ធាចរិតទាំងឡាយ របស់បុគ្គលអ្នកមានសទ្ធា ទោះភិក្ខុនេះប្រាកដក្នុងសទ្ធាចរិតទាំងឡាយក្តី មិនប្រាកដក្តី ខ្ញុំព្រះអង្គនឹងដឹងក្នុងកាលឥឡូវនេះ។ ម្នាលសុភូតិ បើដូច្នោះ អ្នកចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគតនឹងសំដែងប្រាប់។ ព្រះសុភូតិដ៏មានអាយុ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគត្រាស់ដូច្នេះថា ម្នាលសុភូតិ ភិក្ខុក្នុងសាសនានេះ អ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច ហើយសមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ។ ម្នាលសុភូតិ ព្រោះជាភិក្ខុ ជាអ្នកមានសីល។បេ។ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ម្នាលសុភូតិ នេះជាសទ្ធាចរិតរបស់បុគ្គលអ្នកមានសទ្ធា។

ម្នាលសុភូតិ មួយទៀត ភិក្ខុជាពហូសូត អ្នកទ្រទ្រង់នូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ សន្សំទុកពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ ធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុង ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយមានសភាពដូច្នោះ ភិក្ខុនោះ ក៏បានស្តាប់ច្រើន បានទ្រទ្រង់ ចាំស្ទាត់ រត់មាត់ ត្រិះរិះដោយចិត្ត ត្រាស់ដឹងល្អដោយទិដ្ឋិ។ ម្នាលសុភូតិ ភិក្ខុជាពហូសូត។បេ។ ត្រាស់ដឹងល្អដោយទិដ្ឋិ ម្នាលសុភូតិ នេះជាសទ្ធាចរិត របស់បុគ្គលអ្នកមានសទ្ធា។

ម្នាលសុភូតិ មួយវិញទៀត បុគ្គលជាភិក្ខុ តែងជាអ្នកមានមិត្តល្អ មានសំឡាញ់ល្អ បែរឈមទៅរកមិត្តល្អ។ ម្នាលសុភូតិ ព្រោះថាភិក្ខុ ជាអ្នកមានមិត្តល្អ មានសំឡាញ់ល្អ បែរទៅរកមិត្តល្អ ម្នាលសុភូតិ នេះជាសទ្ធាចរិត របស់បុគ្គលអ្នកមានសទ្ធា។

ម្នាលសុភូតិ មួយទៀត ភិក្ខុដែលគេប្រដៅងាយ ប្រកបដោយធម៌ទាំងឡាយ ជាគ្រឿងធ្វើនូវភាពជាអ្នកប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកពាក្យប្រៀនប្រដៅ ដោយចំណែកខាងស្តាំ។ ម្នាលសុភូតិ ព្រោះភិក្ខុដែលគេប្រដៅងាយ ប្រកបដោយធម៌ទាំងឡាយ ជាគ្រឿងធ្វើនូវភាពជាអ្នកប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកពាក្យប្រៀនប្រដៅ ដោយចំណែកខាងស្តាំ ម្នាលសុភូតិ នេះជាសទ្ធាចរិត របស់បុគ្គលអ្នកមានសទ្ធា។

ម្នាលសុភូតិ មួយទៀត កិច្ចទាំងឡាយណាមួយ ធំ ឬតូចរបស់សព្រហ្មចារីបុគ្គលទាំងឡាយ ភិក្ខុជាអ្នកប៉ិនប្រសប់ មិនខ្ជិលច្រអូស ក្នុងកិច្ចទាំងនោះ ប្រកបដោយការពិចារណាដោយឧបាយក្នុងកិច្ចទាំងនោះ ជាបុគ្គលអាចធ្វើបាន អាចចាត់ចែងបាន។ ម្នាលសុភូតិ ព្រោះកិច្ចទាំងឡាយណា របស់សព្រហ្មចារីបុគ្គលទាំងឡាយ។បេ។ ភិក្ខុជាអ្នកអាចធ្វើបាន អាចចាត់ចែងបាន ម្នាលសុភូតិ នេះជាសទ្ធាចរិតរបស់បុគ្គលអ្នកមានសទ្ធា។

ម្នាលសុភូតិ មួយទៀត ភិក្ខុជាអ្នកប្រាថ្នាធម៌ មានការហៅរកដោយពាក្យជាទីស្រឡាញ់ មានសេចក្តីរីករាយដ៏លើសលុប ក្នុងអភិធម៌ និងអភិវិន័យ។ ម្នាលសុភូតិ ព្រោះភិក្ខុជាអ្នកប្រាថ្នាធម៌ មានការហៅរកដោយពាក្យជាទីស្រឡាញ់ មានសេចក្តីរីករាយដ៏លើសលុប ក្នុងអភិធម៌ និងអភិវិន័យ ម្នាលសុភូតិ នេះជាសទ្ធាចរិត របស់បុគ្គលអ្នកមានសទ្ធា។

ម្នាលសុភូតិ មួយទៀត ភិក្ខុអ្នកប្រារព្ធព្យាយាម ដើម្បីលះបង់អកុសលធម៌ទាំងឡាយ ដើម្បីធ្វើកុសលធម៌ទាំងឡាយ ឲ្យបរិបូណ៌ ជាអ្នកមានកំឡាំង មានសេចក្តីប្រឹងប្រែងមាំមួន មិនដាក់ធុរៈ ក្នុងកុសលធម៌ទាំងឡាយចោល។ ម្នាលសុភូតិ ព្រោះភិក្ខុអ្នកប្រារព្ធព្យាយាម។បេ។ ម្នាលសុភូតិ នេះជាសទ្ធាចរិតរបស់បុគ្គលអ្នកមានសទ្ធា។

ម្នាលសុភូតិ មួយទៀត ភិក្ខុជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយនូវឈានទាំង ៤ ដែលប្រព្រឹត្តទៅ ក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅសប្បាយ ក្នុងបច្ចុប្បន្ន។ ម្នាលសុភូតិ ព្រោះភិក្ខុជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយនូវឈានទាំង ៤ ដែលប្រព្រឹត្តទៅក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅសប្បាយ ក្នុងបច្ចុប្បន្ន ម្នាលសុភូតិ នេះជាសទ្ធាចរិត របស់បុគ្គលអ្នកមានសទ្ធា។

ម្នាលសុភូតិ មួយទៀត ភិក្ខុរលឹកឃើញនូវជាតិ ដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលមុនជាច្រើនជាតិ គឺរលឹកឃើញបាន ១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ មួយពាន់ជាតិ មួយសែនជាតិក៏បាន រលឹកឃើញបានច្រើនសំវដ្តកប្ប ច្រើនវិវដ្តកប្ប ច្រើនសំវដ្តវិវដ្តកប្បក៏បាន ថាអាត្មាអញ បានកើតក្នុងភពឯនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញនោះ ច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងទីណា លុះអាត្មាអញទៅកើតក្នុងទីនោះហើយ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញនោះ ច្យុតចាកអត្តភាពនោះហើយ ទើបបានមកកើតក្នុងទីនេះ (ភិក្ខុ) រលឹកឃើញជាតិដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលមុន បានច្រើនជាតិ ព្រមទាំងអាការ ទាំងឧទ្ទេស ដោយប្រការដូច្នេះ។

ម្នាលសុភូតិ ព្រោះភិក្ខុរលឹកឃើញជាតិ ដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលមុន គឺរលឹកឃើញបាន ១ជាតិ ២ជាតិ។បេ។ រលឹកឃើញជាតិដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលមុនបានច្រើនជាតិ ព្រមទាំងអាការ ទាំងឧទ្ទេស ដោយប្រការដូច្នេះ ម្នាលសុភូតិ នេះជាសទ្ធាចរិតរបស់បុគ្គលអ្នកមានសទ្ធា។

ម្នាលសុភូតិ មួយទៀត ភិក្ខុមានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងចក្ខុរបស់មនុស្សធម្មតា បានឃើញពួកសត្វដែលច្យុត និងការចាប់បដិសន្ធិ ជាសត្វថោកទាប និងខ្ពង់ខ្ពស់ មានសម្បុរល្អ និងសម្បុរអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមយថាកម្ម (របស់ខ្លួន) ថា អើហ្ន៎ សត្វទាំងនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកនិយាយតិះដៀល នូវព្រះអរិយបុគ្គលទាំងឡាយ មានសេចក្តីយល់ខុស ប្រកាន់មាំនូវអំពើដែលយល់ខុស សត្វទាំងនោះ លុះដល់បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ពុំខាន អើហ្ន៎ ចំណែកពួកសត្វទាំងអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិននិយាយតិះដៀលព្រះអរិយបុគ្គលទាំងឡាយ មានសេចក្តីយល់ត្រូវ ប្រកាន់មាំនូវអំពើដែលយល់ត្រូវ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ភិក្ខុមានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងនូវចក្ខុរបស់មនុស្សធម្មតា មើលឃើញនូវពួកសត្វដែលច្យុត និងការចាប់បដិសន្ធិ ជាសត្វថោកទាប និងឧត្តម មានសម្បុរល្អ និងសម្បុរអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដឹងច្បាស់នូវពួកសត្វដែលអន្ទោលទៅ តាមយថាកម្ម (របស់ខ្លួន) ដោយប្រការដូច្នេះ។ ម្នាលសុភូតិ ព្រោះភិក្ខុមានទិព្វចក្ខុដ៏បរិសុទ្ធ។បេ។ ដឹងច្បាស់នូវពួកសត្វដែលអន្ទោលទៅ តាមយថាកម្ម (របស់ខ្លួន) ម្នាលសុភូតិ នេះជាសទ្ធាចរិតរបស់បុគ្គលអ្នកមានសទ្ធា។

ម្នាលសុភូតិ មួយវិញទៀត ភិក្ខុបានធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តមរបស់ខ្លួន ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ។ ម្នាលសុភូតិ ព្រោះភិក្ខុបានធ្វើឲ្យជាក់ច្បាស់។បេ។ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ ម្នាលសុភូតិ នេះជាសទ្ធាចរិតរបស់បុគ្គលអ្នកមានសទ្ធា។

កាលដែលព្រះមានព្រះភាគ ទ្រង់សំដែងយ៉ាងនេះហើយ ព្រះសុភូតិដ៏មានអាយុ ក្រាបទូលចំពោះព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សទ្ធាចរិតទាំងឡាយណារបស់បុគ្គលអ្នកមានសទ្ធា ដែលព្រះមានព្រះភាគបានទ្រង់សំដែងហើយ សទ្ធាចរិតទាំងនោះ រមែងមានប្រាកដដល់ភិក្ខុនេះ ទាំងភិក្ខុនេះ ក៏នឹងប្រាកដក្នុងសទ្ធាចរិតទាំងនុ៎ះ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះជាពហូសូត អ្នកទ្រទ្រង់នូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ សន្សំទុកនូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ ធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុង ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយ មានសភាពដូច្នោះ ភិក្ខុនោះ ក៏បានស្តាប់ច្រើន បានទ្រទ្រង់ ចាំទុករត់មាត់ ត្រិះរិះដោយចិត្ត ត្រាស់ដឹងល្អដោយទិដ្ឋិ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះ ជាអ្នកមានមិត្រល្អ មានសំឡាញ់ល្អ បែរឈមទៅរកមិត្រល្អ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះ ជាបុគ្គលដែលគេប្រដៅងាយ ប្រកបដោយធម៌ទាំងឡាយ ជាគ្រឿងធ្វើនូវភាពជាអ្នកប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកពាក្យប្រៀនប្រដៅ ដោយចំណែកខាងស្តាំ។ បពិត្រព្រះអង្គដ៏ចំរើន ករណីយកិច្ចទាំងឡាយណាមួយ ធំ ឬតូច របស់សព្រហ្មចារីបុគ្គលទាំងឡាយ ភិក្ខុនេះ ជាអ្នកប៉ិនប្រសប់ មិនខ្ជិលច្រអូស ក្នុងកិច្ចទាំងនោះ ប្រកបដោយការពិចារណា ដោយឧបាយ ក្នុងកិច្ចទាំងនោះ ជាបុគ្គលអាចធ្វើបាន អាចចាត់ចែងបាន។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះ ជាអ្នកប្រាថ្នានូវធម៌ ហៅរកដោយពាក្យជាទីស្រឡាញ់ មានសេចក្តីរីករាយដ៏លើសលុប ក្នុងអភិធម៌ និងអភិវិន័យ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះ ជាអ្នកប្រារព្ធព្យាយាម មានកំឡាំង មានសេចក្តីប្រឹងប្រែងដ៏មាំមួន មិនដាក់ធុរៈ ក្នុងកុសលធម៌ទាំងឡាយចោល។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះ ជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយនូវឈានទាំង ៤ ដែលប្រព្រឹត្តទៅ ក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅសប្បាយ ក្នុងបច្ចុប្បន្ន។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះ រលឹកឃើញនូវជាតិ ដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលមុនច្រើនជាតិ គឺរលឹកឃើញបាន ១ជាតិ ២ជាតិ។បេ។ រលឹកឃើញជាតិ ដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលមុនជាច្រើនជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះ មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងនូវចក្ខុរបស់មនុស្សធម្មតា។បេ។ ដឹងច្បាស់នូវពួកសត្វដែលអន្ទោលទៅ តាមយថាកម្ម។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះ បានធ្វើឲ្យជាក់ច្បាស់។បេ។ ព្រោះអស់អាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ។ បពិត្រព្រះអង្គដ៏ចំរើន សទ្ធាចរិតទាំងឡាយណា របស់បុគ្គលអ្នកមានសទ្ធា ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ សទ្ធាចរិតទាំងនោះ រមែងមានប្រាកដ ដល់ភិក្ខុនេះ ទាំងភិក្ខុនេះ នឹងប្រាកដក្នុងសទ្ធាចរិតទាំងនុ៎ះ។ ម្នាលសុភូតិ ប្រពៃហើយ ប្រពៃហើយ ម្នាលសុភូតិ បើដូច្នោះ អ្នកគប្បីនៅជាមួយនឹងសទ្ធភិក្ខុនេះចុះ ម្នាលសុភូតិ កាលណាបើអ្នកប្រាថ្នាដើម្បីជួបតថាគត អ្នកគប្បីចូលមកជាមួយនឹងសទ្ធភិក្ខុ ដើម្បីជួបតថាគត (ក្នុងកាលនោះចុះ)។

 

លេខយោង

km/tipitaka/sut/an/11/sut.an.11.014.txt · ពេលកែចុងក្រោយ: 2024/03/23 16:08 និពន្ឋដោយ Cheav Villa