km:tipitaka:sut:an:11:sut.an.11.016

អដ្ឋកនាគរសូត្រ ទី៦

សង្ខេប

ព្រះតេជអានន្ទ ទ្រង់​ប្រៀន​ប្រដៅ ផ្លូវ ១១ ប្រការ ឆ្ពោះ​ទៅ​រក​ការ​រំដោះ​គ្រោះ។

an 11.016 បាលី cs-km: sut.an.11.016 អដ្ឋកថា: sut.an.11.016_att PTS: ?

អដ្ឋកនាគរសូត្រ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៦. អដ្ឋកនាគរសុត្តំ)

[១២៣] សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងវេឡុវគ្រាម ជិតក្រុងវេសាលី។ សម័យនោះឯង ទសមគហបតី អ្នកនៅក្នុងក្រុងឈ្មោះ អដ្ឋកៈ បានមកដល់ក្រុងបាតលិបុត្ត ដោយកិច្ចនីមួយ។ លំដាប់នោះ ទសមគហបតី អ្នកនៅក្នុងក្រុងអដ្ឋកៈ បានចូលទៅរកភិក្ខុ ១ រូប ក្នុងកុក្កុដារាម លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងភិក្ខុនោះដូច្នេះថា បពិត្រលោកដ៏ចំរើន ឥឡូវនេះ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងទីណា បពិត្រលោកដ៏ចំរើន ព្រោះយើងចង់ជួបព្រះអានន្ទដ៏មានអាយុ។ ភិក្ខុនោះតបថា ម្នាលគហបតី ព្រះអានន្ទដ៏មានអាយុនុ៎ះ គង់នៅក្នុងវេឡុវគ្រាម ជិតក្រុងវេសាលី។ លំដាប់នោះ ទសមគហបតី អ្នកនៅក្នុងក្រុងអដ្ឋកៈ សម្រេចនូវកិច្ចនោះ ក្នុងក្រុងបាតលិបុត្ត ហើយចូលទៅរកព្រះអានន្ទដ៏មានអាយុ ក្នុងវេឡុវគ្រាម ជិតក្រុងវេសាលី លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ។ លុះទសមគហបតី អ្នកនៅក្នុងក្រុងអដ្ឋកៈ អង្គុយក្នុងទីសមគួរហើយ បានពោលពាក្យនឹងព្រះអានន្ទដ៏មានអាយុដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ចិត្តរបស់ភិក្ខុអ្នកមិនមានសេចក្តីប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិញ្វន មិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយ មិនទាន់អស់ក្តី រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី ក៏រមែងដល់នូវធម៌ជាទីក្សេម ចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនោះ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ មានដែរឬ។ ម្នាលគហបតី ចិត្តរបស់ភិក្ខុ ដែលមិនមានសេចក្តីប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិញ្វន មិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយ មិនទាន់អស់ក្តី រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី ក៏រមែងដល់នូវធម៌ ជាទីក្សេមចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនោះ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ មានដែរ។ បពិត្រព្រះអានន្ទដ៏ចំរើន ចិត្តរបស់ភិក្ខុ អ្នកមិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិញ្វន មិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយមិនទាន់អស់ក្តី រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី ក៏រមែងដល់នូវធម៌ជាទីក្សេមចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនោះ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ តើដូចម្តេច។ ម្នាលគហបតី ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ក៏បានចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់។ ភិក្ខុនោះ បានពិចារណាដូច្នេះ ក៏ដឹងច្បាស់ថា បឋមជ្ឈាននេះ ដែល (អាត្មាអញ) បានតាក់តែង បានពិចារណា ដោយផ្ចិតផ្ចង់ ឈានណាមួយ ដែលអាត្មាអញ បានតាក់តែង បានពិចារណា ដោយផ្ចិតផ្ចង់ហើយ ឈាននោះ ក៏មិនទៀង មានការរលត់ទៅជាធម្មតា។ ភិក្ខុនោះ បានឋិតនៅក្នុងសមថវិបស្សនាធម៌នោះ រមែងដល់នូវការអស់អាសវៈទាំងឡាយ បើមិនដល់នូវការអស់អាសវៈទាំងឡាយទេ ក៏បានជាឱបបាតិកៈ ព្រោះអស់សំយោជនៈទាំងឡាយ ជាចំណែកខាងក្រោម ៥ ដោយតម្រេកក្នុងធម៌នោះ ដោយសេចក្តីរីករាយ ក្នុងធម៌នោះ បរិនិញ្វន ក្នុងលោកនោះ មានការមិនត្រឡប់ចាកលោកនោះជាធម្មតា។ ម្នាលគហបតី ចិត្តរបស់ភិក្ខុដែលគ្មានសេចក្តីប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិញ្វន បើមិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយ មិនទាន់អស់ក្តី រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី រមែងដល់នូវធម៌ជាទីក្សេម ចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនេះឯង ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ។ ម្នាលគហបតី មួយទៀត ភិក្ខុ ព្រោះបានរម្ងាប់វិតក្កៈ និងវិចារៈ (ក៏បានចូល) កាន់ទុតិយជ្ឈាន ជាធម្មជាត កើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក ដែលមិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន… តតិយជ្ឈាន… ចូលកាន់ចតុត្ថជ្ឈាន។ ភិក្ខុនោះ បានពិចារណាដូច្នេះ ក៏ដឹងច្បាស់ថា ចតុត្ថជ្ឈាននេះឯង (ដែលអាត្មាអញ) បានតាក់តែង បានពិចារណា ដោយផ្ចិតផ្ចង់ ឈានឯណានីមួយ ដែលអាត្មាអញ បានតាក់តែង បានពិចារណា ដោយផ្ចិតផ្ចង់ហើយ ឈាននោះ ក៏មិនទៀង មានកិរិយារលត់ទៅជាធម្មតា។ ភិក្ខុនោះ បានឋិតនៅក្នុងសមថវិបស្សនាធម៌នោះ រមែងដល់នូវការអស់អាសវៈទាំងឡាយ បើមិនទាន់ដល់នូវការអស់អាសវៈទាំងឡាយទេ រមែងបានជាឱបបាតិកៈ ព្រោះអស់សំយោជនៈទាំងឡាយ ជាចំណែកខាងក្រោម ៥ ដោយតម្រេក ក្នុងធម៌នោះ ដោយសេចក្តីរីករាយ ក្នុងធម៌នោះ ក៏បរិនិញ្វនក្នុងលោកនោះ បានការមិនត្រឡប់ ចាកលោកនោះជាធម្មតា។ ម្នាលគហបតី ចិត្តរបស់ភិក្ខុ ដែលមិនមានសេចក្តីប្រមាទ អ្នកមានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិញ្វន មិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយមិនទាន់អស់ក្តី រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី រមែងដល់នូវធម៌ជាទីក្សេមចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនេះឯង ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ។

ម្នាលគហបតី មួយទៀត ភិក្ខុមានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ទី២ ទី៣ ទី៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ខាងក្រោម និងទិសទទឹង [សំដៅយកទិសតូចទាំង ៤ គឺទិសអាគ្នេយ៍ ឦសាន និរតី ពាយ័ព្យ។] មានចិត្តប្រកបដោយមេត្តាដ៏ធំទូលាយមានប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយយកខ្លួនទៅប្រៀបនឹងសត្វទាំងពួង ក្នុងទីទាំងពួង។ ភិក្ខុនោះ បានពិចារណាដូច្នេះ ក៏ដឹងច្បាស់ថា មេត្តាចេតោវិមុត្តិនេះឯង (ដែលអាត្មាអញ) បានតាក់តែង បានពិចារណាដោយផ្ចិតផ្ចង់ហើយ ឈានណានីមួយ ដែលអាត្មាអញ បានតាក់តែង បានពិចារណាដោយផ្ចិតផ្ចង់ហើយ ឈាននោះក៏មិនទៀង មានការរលត់ទៅ ជាធម្មតា។ ភិក្ខុនោះ បានឋិតនៅក្នុងសមថវិបស្សនាធម៌នោះ រមែងដល់នូវការអស់អាសវៈទាំងឡាយ បើមិនទាន់បានដល់នូវការអស់អាសវៈទាំងឡាយទេ ក៏គង់បានជាឱបបាតិកៈ ព្រោះអស់សំយោជនៈទាំងឡាយ ជាចំណែកខាងក្រោម ៥ ដោយតម្រេក ក្នុងធម៌នោះ ដោយសេចក្តីរីករាយ ក្នុងធម៌នោះ ហើយក៏បរិនិញ្វន ក្នុងលោកនោះ មានការមិនត្រឡប់ ចាកលោកនោះជាធម្មតា។ ម្នាលគហបតី ចិត្តរបស់ភិក្ខុដែលមិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិញ្វន មិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយ មិនទាន់អស់ក្តី រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី រមែងដល់នូវធម៌ជាទីកេ្សមចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនេះឯង ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ។

ម្នាលគហបតី មួយទៀត ភិក្ខុមានចិត្តប្រកបដោយករុណា… មានចិត្តប្រកបដោយមុទិតា… មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ ទិសទី១ ទី២ ទី៣ ទី៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ខាងក្រោម និងទិសទទឹង មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយការយកខ្លួនទៅប្រៀបនឹងសត្វទាំងពួង ក្នុងទីទាំងពួង។ ភិក្ខុនោះ បានពិចារណាដូច្នេះ ក៏ដឹងច្បាស់ថា ឧបេក្ខាចេតោវិមុត្តិនេះឯង ដែល (អាត្មាអញ) បានតាក់តែង បានពិចារណា ដោយផ្ចិតផ្ចង់ហើយ ក៏ឈានឯណានីមួយ ដែលអាត្មាអញ បានតាក់តែង បានពិចារណាដោយផ្ចិតផ្ចង់ហើយ ឈាននោះ ក៏មិនទៀង មានការរលត់ទៅ ជាធម្មតា។ ភិក្ខុនោះ បានឋិតនៅក្នុងសមថវិបស្សនាធម៌នោះហើយ រមែងដល់នូវការអស់អាសវៈទាំងឡាយ បើមិនទាន់បានដល់នូវការអស់អាសវៈទាំងឡាយទេ ក៏គង់បានជាឱបបាតិកៈ ព្រោះអស់សំយោជនៈទាំងឡាយ ជាចំណែកខាងក្រោម ៥ ដោយតម្រេកក្នុងធម៌នោះ ដោយសេចក្តីរីករាយក្នុងធម៌នោះ ហើយក៏បរិនិញ្វនក្នុងលោកនោះ មានការមិនត្រឡប់ចាកលោកនោះជាធម្មតា។ ម្នាលគហបតី ចិត្តរបស់ភិក្ខុ អ្នកមិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិញ្វន មិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយ មិនទាន់អស់ក្តី រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី រមែងដល់នូវធម៌ជាទីក្សេម ចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនេះឯង ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ។

ម្នាលគហបតី មួយទៀត ភិក្ខុបានដល់អាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ ព្រោះប្រព្រឹត្តកន្លងនូវរូបសញ្ញា ដោយប្រការទាំងពួង ព្រោះវិនាសនៃបដិឃសញ្ញាទាំងឡាយ ព្រោះលែងធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា។ ភិក្ខុនោះ បានពិចារណាដូច្នេះ ក៏ដឹងច្បាស់ថា អាកាសានញ្ចាយតនសមាបត្តិនេះឯង ដែលអាត្មាអញ បានតាក់តែង បានពិចារណា ដោយផ្ចិតផ្ចង់ហើយ ឈានណាមួយ ដែលអាត្មាអញបានតាក់តែង បានពិចារណាដោយផ្ចិតផ្ចង់ហើយ ឈាននោះក៏មិនទៀង មានការរលត់ជាធម្មតា។ ភិក្ខុនោះ ឋិតនៅក្នុងសមថវិបស្សនាធម៌នោះ រមែងដល់នូវការអស់អាសវៈទាំងឡាយ បើមិនទាន់ដល់ នូវការអស់អាសវៈទាំងឡាយទេ ក៏គង់បានជាឱបបាតិកៈ ព្រោះអស់សំយោជនៈទាំងឡាយ ជាចំណែកខាងក្រោម ៥ ដោយសេចក្តីត្រេកអរក្នុងធម៌នោះ ដោយសេចក្តីរីករាយ ក្នុងធម៌នោះ ហើយក៏បរិនិញ្វន ក្នុងលោកនោះ មានការមិនត្រឡប់ចាកលោកនោះ ជាធម្មតា។ ម្នាលគហបតី ចិត្តរបស់ភិក្ខុ ដែលមិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិញ្វន ចិត្តមិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយ មិនទាន់អស់ក្តី ក៏រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី រមែងដល់នូវធម៌ជាទីក្សេម ចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនេះឯង ដែលព្រះមានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ។

ម្នាលគហបតី មួយទៀត ភិក្ខុកន្លងអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណ មិនមានទីបំផុត… កន្លងវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់អាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វត្ថុតិចតួច មិនមានដូច្នេះ។ ភិក្ខុនោះ ពិចារណាដូច្នេះ ក៏ដឹងច្បាស់ថា អាកិញ្ចញ្ញាយតនសមាបត្តិនេះឯង ដែលអាត្មាអញ បានតាក់តែង បានពិចារណា ដោយផ្ចិតផ្ចង់ហើយ ក៏ឈានណានីមួយ ដែលអាត្មាអញ បានតាក់តែង បានពិចារណា ដោយផ្ចត់ផ្ចង់ហើយ ឈាននោះ ក៏មិនទៀង មានការរលត់ ជាធម្មតា។ ភិក្ខុនោះ បានឋិតនៅក្នុងសមថវិបស្សនាធម៌នោះហើយ រមែងដល់នូវការអស់អាសវៈទាំងឡាយ បើមិនទាន់បានដល់នូវការអស់អាសវៈទាំងឡាយទេ ក៏គង់បានជាឱបបាតិកៈ ព្រោះអស់សំយោជនៈទាំងឡាយ ជាចំណែកខាងក្រោម ៥ ដោយតម្រេកក្នុងធម៌នោះ ដោយសេចក្តីរីករាយ ក្នុងធម៌នោះ ហើយបរិនិញ្វនក្នុងលោកនោះ មានការមិនត្រឡប់ចាកលោកនោះ ជាធម្មតា។ ម្នាលគហបតី ចិត្តរបស់ភិក្ខុ ដែលមិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិញ្វន មិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយ ដែលមិនទាន់អស់ក្តី រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី រមែងដល់នូវធម៌ជាទីក្សេម ចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនេះឯង ដែលព្រះមានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ។

កាលដែលព្រះអានន្ទដ៏មានអាយុ បានពោលយ៉ាងនេះហើយ ទសមគហបតី អ្នកនៅក្នុងក្រុងអដ្ឋកៈ បានពោលនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ដូចជាបុរសអ្នកស្វែងរកកំណប់ទ្រព្យតែមួយ ស្រាប់តែបានកំណប់ទ្រព្យ ១១ តែម្តង យ៉ាងណាមិញ បពិត្រលោកដ៏ចំរើន ខ្ញុំព្រះករុណា ស្វែងរកទ្វារនៃព្រះនិញ្វនឈ្មោះអមតៈតែមួយទេ ស្រាប់តែបានស្តាប់នូវទ្វារនៃព្រះនិញ្វន ឈ្មោះអមតៈទាំងឡាយ ១១ តែម្តង យ៉ាងនោះដែរ។ បពិត្រលោកដ៏ចំរើន ដូចជាផ្ទះរបស់បុរស មានទ្វារ ១១ កាលបើភ្លើងឆេះផ្ទះនោះ បុរសនោះ ក៏អាចធ្វើខ្លួនឲ្យមានសួស្តី ដោយទ្វារតែមួយ ៗ បាន យ៉ាងណាមិញ បពិត្រលោកដ៏ចំរើន បណ្តាអមតទ្វារ ១១ នេះ ខ្ញុំព្រះករុណា នឹងអាចធ្វើខ្លួន ឲ្យមានសួស្តីដោយអមតទ្វារតែមួយ ៗ បាន ក៏យ៉ាងនោះដែរ។ បពិត្រលោកដ៏ចំរើន អម្បាលដូចជាពួកអន្យតិរ្ថិយទាំងនេះ តែងស្វែងរកទ្រព្យសម្រាប់អាចារ្យ ដើម្បីអាចារ្យ ចុះខ្ញុំព្រះករុណា នឹងធ្វើនូវការបូជាដល់ព្រះអានន្ទដ៏មានអាយុ តើដូចម្តេចទៅវិញ។ គ្រានោះ ទសមគហបតី អ្នកនៅក្នុងក្រុងអដ្ឋកៈ ក៏បានប្រជុំភិក្ខុសង្ឃ ដែលនៅក្នុងក្រុងវេសាលីផង នៅក្នុងក្រុងបាតលិបុត្តផង ហើយអង្គាសភិក្ខុសង្ឃ ឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារដ៏ផ្ចិតផ្ចង់ ដោយដៃរបស់ខ្លួន ត្រាតែហាមឃាត់ ហើយញុំាងភិក្ខុ ១ រូបៗ ឲ្យស្លៀកដណ្តប់ដោយគូនៃសំពត់គ្រប់អង្គ ញុំាងព្រះអានន្ទដ៏មានអាយុ ឲ្យស្លៀកដណ្តប់ដោយត្រៃចីវរផង ញុំាងជាងឲ្យធ្វើវិហារ [ពាក្យថាវិហារក្នុងទីនេះ បានដល់សាលាដែលប្រក់ស្លឹក។ អដ្ឋកថា។] តម្លៃ ៥០០ កហាបណៈ ប្រគេនព្រះអានន្ទដ៏មានអាយុផង។

 

លេខយោង

km/tipitaka/sut/an/11/sut.an.11.016.txt · ពេលកែចុងក្រោយ: 2024/03/27 11:56 និពន្ឋដោយ Cheav Villa