km:tipitaka:sut:an:11:sut.an.11.017

គោបាលសូត្រ ទី៧

សង្ខេប

ជំនាញ​​គង្វាល​​ធៀប ​នឹង​​ជំនាញ​​របស់​​ភិក្ខុ។

an 11.017 បាលី cs-km: sut.an.11.017 អដ្ឋកថា: sut.an.11.017_att PTS: ?

គោបាលសូត្រ ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

អានដោយ ឧបាសិកា ស៊ុនហ៊ាង

(៧. គោបាលសុត្តំ)

[១២៤] ម្នាលភិក្ខុទាំងឡាយ គង្វាលគោប្រកបដោយអង្គ ១១ ប្រការ មិនគួររក្សាហ្វូងគោ មិនគួរធ្វើគោឲ្យចំរើនបានឡើយ។ ប្រកបដោយអង្គ ១១ ប្រការ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ក្នុងលោកនេះ មិនស្គាល់រូបគោ ១ មិនឈ្លាសវៃក្នុងលក្ខណៈ (គ្រឿងចំណាំ) ១ មិនចេះឆ្កឹះឆ្កៀលពងរុយ ១ មិនចេះបិទដំបៅ ១ មិនធ្វើភ្នក់ផ្សែង ១ មិនស្គាល់កំពង់ ១ មិនស្គាល់ទឹកដែលគោផឹក ១ មិនស្គាល់ផ្លូវ ១ មិនឈ្លាសវៃក្នុងគោចរដ្ឋាន ១ រូតយកទឹកដោះមិនឲ្យសេសសល់ ១ មិនបូជាពួកគោឈ្មោល ជាបិតារបស់គោ ជាមេដឹកនាំហ្វូងគោ ដោយអតិរេកបូជា ១។ ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ប្រកបដោយអង្គ ១១ ប្រការនេះ មិនគួររក្សាហ្វូងគោ មិនគួរធ្វើគោឲ្យចំរើនបានឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ១១ ប្រការ មិនគួរដល់នូវការចំរើនលូតលាស់ ធំទូលាយក្នុងធម្មវិន័យនេះ យ៉ាងនេះឯង។ ប្រកបដោយអង្គ ១១ ប្រការ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនស្គាល់រូប ១ មិនឈ្លាសវៃក្នុងលក្ខណៈ ១ មិនចេះឆ្កឹះឆ្កៀលពងរុយ ១ មិនចេះបិទដំបៅ ១ មិនធ្វើភ្នក់ផ្សែង ១ មិនស្គាល់កំពង់ ១ មិនស្គាល់ទឹក ១ មិនស្គាល់ផ្លូវ ១ មិនឈ្លាសវៃក្នុងគោចរដ្ឋាន ១ រូតយកទឹកដោះទាល់តែអស់រលីង ១ មិនបូជាពួកភិក្ខុដែលជាថេរៈ អ្នកដឹងនូវរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាអ្នកត្រួតត្រាសង្ឃ ដោយអតិរេកបូជា ១។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនស្គាល់រូប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនដឹងច្បាស់តាមសេចក្តីពិត នូវរូបឯណានីមួយ គឺមហាភូតរូបទាំង ៤ ផង ឧបាទាយរូប ដែលអាស្រ័យនឹងមហាភូតរូបទាំង ៤ ផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនស្គាល់រូប យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនឈ្លាសវៃក្នុងលក្ខណៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនដឹងច្បាស់តាមពិតថា បុគ្គលពាល មានកម្មជាលក្ខណៈ បុគ្គលជាបណ្ឌិត ក៏មានកម្មជាលក្ខណៈដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឈ្លាសវៃ ក្នុងលក្ខណៈយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនចេះឆ្កឹះឆ្កៀលពងរុយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទទួលត្រងរងយកកាមវិតក្កៈ ដែលកើតឡើងហើយ មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យវិនាស មិនបានធ្វើមិនឲ្យកើតតទៅទៀត ទទួលត្រងរងយកព្យាបាទវិតក្កៈ ដែលកើតឡើងហើយ… វិហឹសាវិតក្កៈ ដែលកើតឡើងហើយ… អកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ៗ មិនលះបង់ មិនបន្ទោបង់ មិនបានធ្វើឲ្យវិនាស មិនបានធ្វើមិនឲ្យកើតតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនចេះឆ្កឹះឆ្កៀលពងរុយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនចេះបិទដំបៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុហើយ ប្រកាន់និមិត្ត ប្រកាន់អនុព្យញ្ជនៈ ពួកអកុសលធម៌ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីគ្របសង្កត់បុគ្គលនុ៎ះ ដែលមិនសង្រួមចក្ខុន្រ្ទិយ ព្រោះមិនសង្រួមចក្ខុន្រ្ទិយណា ក៏មិនប្រតិបត្តិ ដើម្បីសង្រួមចក្ខុន្រ្ទិយនោះ មិនរក្សាចក្ខុន្រ្ទិយ មិនដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយឡើយ ស្តាប់សំឡេងដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ភ្លក្សរសដោយអណ្តាត… ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ… ដឹងធម្មារម្មណ៍ដោយចិត្ត ហើយប្រកាន់និមិត្ត ប្រកាន់អនុព្យញ្ជនៈ ពួកអកុសលធម៌ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីគ្របសង្កត់បុគ្គលនុ៎ះ ដែលមិនសង្រួមនូវមនិន្រ្ទិយ ព្រោះហេតុមិនសង្រួមនូវមនិន្រ្ទិយណា ក៏មិនប្រតិបត្តិ ដើម្បីសង្រួមនូវមនិន្រ្ទិយនោះ មិនរក្សាមនិន្រ្ទិយ មិនដល់នូវការសង្រួមក្នុងមនិន្រ្ទិយឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនចេះបិទដំបៅ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនធ្វើភ្នក់ផ្សែង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនសំដែងធម៌តាមខ្លួនស្តាប់មក តាមខ្លួនរៀនមក ដល់ជនទាំងឡាយដទៃដោយពិស្តារ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនធ្វើភ្នក់ផ្សែង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនស្គាល់កំពង់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅរកពួកភិក្ខុដែលជាអ្នកចេះដឹងច្រើន ចេះចាំនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា គឺបាតិមោក្ខទាំងពីរ គ្រប់ៗ កាល ប៉ុន្តែមិនបានសាកសួរ មិនបានដេញដោលថា បពិត្រលោកដ៏ចំរើន ហេតុនេះ ដូចម្តេច សេចក្តីនៃពាក្យនេះ តើដូចម្តេច។ លោកដ៏មានអាយុទាំងនោះ មិនបើកចំហនូវសេចក្តីដែលកំបាំងផង មិនធ្វើឲ្យរាក់នូវសេចក្តីដែលប្រដៅផង មិនបន្ទោបង់នូវសេចក្តីសង្ស័យក្នុងធម៌ទាំងឡាយ ដែលគួរសង្ស័យច្រើនប្រការ ដល់ភិក្ខុនោះផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនស្គាល់កំពង់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនស្គាល់ទឹកផឹក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាលបើធម្មវិន័យ ដែលតថាគតបានប្រាប់ បានសំដែងហើយ ក៏មិនបាននូវការដឹងអត្ថ មិនបាននូវការដឹងធម៌ មិនបានបាមុជ្ជៈ ដែលប្រកបដោយធម៌ឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនស្គាល់ទឹកផឹក យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនស្គាល់ផ្លូវ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនដឹងច្បាស់តាមពិត នូវមគ្គដែលប្រកបដោយអង្គ ៨ ដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនស្គាល់ផ្លូវ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនឈ្លាសវៃ ក្នុងគោចរដ្ឋាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនដឹងច្បាស់តាមពិតនូវសតិប្បដ្ឋាន ៤ យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឈ្លាសវៃក្នុងគោចរដ្ឋាន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុរូតយកទឹកដោះអស់រលីង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានពួកគហបតី អ្នកមានសទ្ធា នាំគ្នាមកបវារណា ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនស្គាល់ប្រមាណ ក្នុងការទទួលបច្ច័យទាំងនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុរូតយកទឹកដោះអស់ រលីង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនបូជាពួកភិក្ខុដែលជាថេរៈអ្នកដឹងរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាអ្នកត្រួតត្រាសង្ឃ ដោយអតិរេកបូជា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ជាថេរៈ អ្នកដឹងរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាអ្នកត្រួតត្រាសង្ឃ ភិក្ខុក្នុងសាសនានេះ មិនដំកល់កាយកម្មប្រកបដោយមេត្តា ក្នុងពួកភិក្ខុទាំងនោះ ក្នុងទីចំពោះមុខក្តី ក្នុងទីកំបាំងមុខក្តី មិនដំកល់វចីកម្ម ប្រកបដោយមេត្តា… មិនដំកល់មនោកម្ម ប្រកបដោយមេត្តា ក្នុងទីចំពោះមុខក្តី ក្នុងទីកំបាំងក្តី។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនបូជាពួកភិក្ខុដែលជាថេរៈ អ្នកដឹងរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាអ្នកត្រួត្រាសង្ឃ ដោយអតិរេកបូជា យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង ១១ ប្រការនេះ មិនគួរដល់នូវការចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះទេ។ ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ប្រកបដោយអង្គ ១១ ប្រការ ទើបគួររក្សាហ្វូងគោ ធ្វើគោឲ្យចំរើនបាន។ ប្រកបដោយអង្គ ១១ ប្រការ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ក្នុងលោកនេះ ជាអ្នកស្គាល់រូបគោ ១ ឈ្លាសវៃក្នុងលក្ខណៈ ១ ចេះឆ្កឹះឆ្កៀលពងរុយ ១ ចេះបិទដំបៅ ១ ចេះធ្វើភ្នក់ផ្សែង ១ ស្គាល់កំពង់ ១ ស្គាល់ទឹកផឹក ១ ស្គាល់ផ្លូវ ១ ឈ្លាសវៃក្នុងគោចរដ្ឋាន ១ រូតយកទឹកដោះ ឲ្យមានសេសសល់ ១ បូជានូវពួកគោឈ្មោល ដែលជាបិតារបស់គោ ជាមេដឹកនាំហ្វូងគោ ដោយអតិរេកបូជា ១។ ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ប្រកបដោយអង្គទាំង ១១ ប្រការនេះ ទើបគួររក្សាហ្វូងគោ ធ្វើគោឲ្យចំរើនបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ១១ ប្រការ ទើបគួរដល់នូវការចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះបាន ក៏យ៉ាងនោះឯង។ ប្រកបដោយធម៌ ១១ ប្រការ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកស្គាល់រូប ១ ឈ្លាសវៃក្នុងលក្ខណៈ ១ ចេះឆ្កឹះឆ្កៀលពងរុយ ១ ចេះបិទដំបៅ ១ ចេះធ្វើភ្នក់ផ្សែង ១ ស្គាល់កំពង់ ១ ស្គាល់ទឹកផឹក ១ ស្គាល់ផ្លូវ ១ ឈ្លាសវៃក្នុងគោចរដ្ឋាន ១ រូតយកទឹកដោះឲ្យមានសេសសល់ ១ បូជាពួកភិក្ខុដែលជាថេរៈ អ្នកដឹងរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាអ្នកត្រួតត្រាសង្ឃ ដោយអតិរេកបូជា ១។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុស្គាល់រូប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិត នូវរូបណានីមួយ គឺមហាភូតរូបទាំង ៤ ផង ឧបាទាយរូប ដែលអាស្រ័យនឹងមហាភូតរូបទាំង ៤ ផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកស្គាល់រូប យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកឈ្លាសវៃក្នុងលក្ខណៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា បុគ្គលពាល មានកម្មជាលក្ខណៈ បុគ្គលជាបណ្ឌិត មានកម្មជាលក្ខណៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកឈ្លាសវៃក្នុងលក្ខណៈ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកចេះឆ្កឹះឆ្កៀលពងរុយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនទទួលត្រងរងយកកាមវិតក្កៈដែលកើតឡើងហើយ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតទៅទៀតបាន នូវព្យាបាទវិតក្កៈដែលកើតឡើងហើយ… វិហឹសាវិតក្កៈដែលកើតឡើងហើយ… មិនទទួលត្រងរងយកអកុសលធម៌ ដ៏លាមក ដែលកើតឡើងហើយ ៗ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកចេះឆ្កឹះឆ្កៀលពងរុយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកចេះបិទដំបៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុហើយ ជាអ្នកមិនប្រកាន់និមិត្ត មិនប្រកាន់អនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមបុគ្គលនុ៎ះ ដែលមិនសង្រួមចក្ខុន្រ្ទិយ ព្រោះហេតុមិនសង្រួមចក្ខុន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួមចក្ខុន្រ្ទិយនោះ រក្សាចក្ខុន្រ្ទិយ ដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ ស្តាប់សំឡេងដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ភ្លក្សរសដោយអណ្តាត… ពាល់ត្រូវផោដ្ឋព្វៈដោយកាយ… ដឹងច្បាស់ធម្មារម្មណ៍ដោយចិត្តហើយ ជាអ្នកមិនប្រកាន់និមិត្ត មិនប្រកាន់អនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមបុគ្គលនុ៎ះ ដែលមិនសង្រួមមនិន្រ្ទិយ ព្រោះហេតុមិនសង្រួមមនិន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួមមនិន្រ្ទិយនោះ រក្សាមនិន្រ្ទិយ ដល់នូវការសង្រួមក្នុងមនិន្រ្ទិយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកចេះបិទដំបៅ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកចេះធ្វើភ្នក់ផ្សែង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកសំដែងធម៌តាមខ្លួនបានស្តាប់ តាមខ្លួនបានរៀនមក ដល់ជនទាំងឡាយដទៃ ដោយសេចក្តីពិស្តារ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកចេះធ្វើភ្នក់ផ្សែង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅរកពួកភិក្ខុ ដែលជាអ្នកចេះដឹងច្រើន ចេះចាំនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកាគ្រប់កាល ហើយសាកសួរថា បពិត្រលោកដ៏ចំរើន ហេតុនេះ ដូចម្តេច សេចក្តីនៃភាសិតនេះ ដូចម្តេច។ លោកដ៏មានអាយុទាំងនោះ ក៏បើកបង្ហាញ កំចាត់កំចាយសេចក្តីដែលកំបាំងផង ធ្វើឲ្យរាក់នូវរបស់ដែលជ្រៅផង បន្ទោបង់ កំចាត់កំចាយសេចក្តីសង្ស័យ ក្នុងធម៌ទាំងឡាយ ដែលគួរសង្ស័យច្រើនប្រការ ដល់ភិក្ខុនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្គាល់កំពង់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុស្គាល់ទឹកផឹក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាលបើធម្មវិន័យ ដែលតថាគតបានប្រាប់ បានសំដែងហើយ ក៏បាននូវការដឹងអត្ថ បាននូវការដឹងធម៌ បានបាមុជ្ជៈ ដែលប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្គាល់ទឹកផឹក យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុស្គាល់ផ្លូវ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្គាល់តាមពិតនូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្គាល់ផ្លូវ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុឈ្លាសវៃ ក្នុងគោចរដ្ឋាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិត នូវសតិប្បដ្ឋាន ៤ យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកឈ្លាសវៃ ក្នុងគោចរដ្ឋាន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុរូតយកទឹកដោះ ឲ្យមានសេសសល់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានពួកគហបតី អ្នកមានសទ្ធា នាំគ្នាមកបវារណា ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ភិក្ខុក៏ស្គាល់ប្រមាណ ក្នុងការទទួលបច្ច័យទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នករូតយកទឹកដោះ ឲ្យមានសេសសល់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកបូជាពួកភិក្ខុដែលជាថេរៈ អ្នកដឹងរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាអ្នកត្រួតត្រាសង្ឃ ដោយអតិរេកបូជា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដំកល់កាយកម្ម ប្រកបដោយមេត្តា ចំពោះពួកភិក្ខុដែលជាថេរៈ អ្នកដឹងរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាអ្នកត្រួតត្រាសង្ឃ ក្នុងទីចំពោះមុខក្តី ក្នុងទីកំបាំងមុខក្តី ដំកល់វចីកម្មប្រកបដោយមេត្តា… ដំកល់មនោកម្ម ប្រកបដោយមេត្តា ក្នុងទីចំពោះមុខផង ក្នុងទីកំបាំងមុខផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបូជាពួកភិក្ខុដែលជាថេរៈ អ្នកដឹងរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាអ្នកត្រួត្រាសង្ឃ ដោយអតិរេកបូជា យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ១១ ប្រការនេះ ទើបគួរដល់នូវការចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះបាន។

 

លេខយោង

km/tipitaka/sut/an/11/sut.an.11.017.txt · ពេលកែចុងក្រោយ: 2023/06/14 18:24 និពន្ឋដោយ Johann