(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 11.018 បាលី cs-km: sut.an.11.018 អដ្ឋកថា: sut.an.11.018_att PTS: ?
បឋមសមាធិសូត្រ ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៨. បឋមសមាធិសុត្តំ)
[១២៥] គ្រានោះ ពួកភិក្ខុជាច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុបាននូវសមាធិ មានសភាពដូច្នោះ មានដែរឬ ដូចជាភិក្ខុមិនសំគាល់ថា ដីក្នុងដី មិនសំគាល់ថាទឹក ក្នុងទឹក មិនសំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់ ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខ របស់ណាដែលគេបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកបានសមាធិ មានសភាពដូច្នោះ មានដែរ ដូចជាភិក្ខុដែលមិនសំគាល់ថា ដី ក្នុងដី។បេ។ របស់ណាដែលគេបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុបានសមាធិ មានសភាពដូច្នោះ តើដូចម្តេច ដូចជាភិក្ខុដែលមិនសំគាល់ថាដី ក្នុងដី។បេ។ របស់ណាដែលគេបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះ ដោយចិត្តហើយ ក៏មិនសំគាល់ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានសេចក្តីសំគាល់យ៉ាងនេះថា ការរម្ងាប់សង្ខារទាំងអស់ ការលះកិលេសទាំងអស់ ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់តណ្ហា គឺព្រះនិញ្វនណា ព្រះនិញ្វននុ៎ះ ជាទីស្ងប់ ព្រះនិញ្វននុ៎ះ ដ៏ឧត្តម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានសមាធិ មានសភាពដូច្នេះ យ៉ាងនេះឯង ដូចជាភិក្ខុដែលមិនសំគាល់ថា ដី ក្នុងដី មិនសំគាល់ថា ទឹក ក្នុងទឹក មិនសំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់ ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខ របស់ណា ដែលគេបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្ត ក៏មិនសំគាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។