(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 11.019 បាលី cs-km: sut.an.11.019 អដ្ឋកថា: sut.an.11.019_att PTS: ?
ទុតិយសមាធិសូត្រ ទី៩
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៩. ទុតិយសមាធិសុត្តំ)
[១២៦] ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ចំពោះភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលបានសមាធិ មានសភាពដូច្នេះ មានដែរឬ ដូចជាភិក្ខុមិនសំគាល់ថា ដី ក្នុងដី មិនសំគាល់ថា ទឹក ក្នុងទឹក មិនសំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់ ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខ របស់ណាដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់យើងខ្ញុំព្រះអង្គ មានតែព្រះមានព្រះភាគជាមូល មានតែព្រះមានព្រះភាគ ជាអ្នកណែនាំ មានតែព្រះមានព្រះភាគ ជាទីពឹង បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស សូមទ្រង់បំភ្លឺសេចក្តីនៃភាសិតនេះឲ្យទាន ភិក្ខុទាំងឡាយ បានស្តាប់ព្រះវាចានៃព្រះមានព្រះភាគហើយ នឹងចាំទុកបាន។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរអ្នកប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកបានសមាធិ មានសភាពដូច្នេះ មានដែរ ដូចជាភិក្ខុមិនសំគាល់ថា ដី ក្នុងដី។បេ។ របស់ណា ដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញា ជាធម្មតាតែប៉ុណ្ណោះ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែលបានសមាធិ មានសភាពដូច្នោះ តើដូចម្តេច ដូចជាភិក្ខុដែលមិនសំគាល់ថា ដី ក្នុងដី។បេ។ របស់ណា ដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានសេចក្តីសំគាល់ យ៉ាងនេះថា ការរម្ងាប់សង្ខារទាំងអស់ ការលះឧបធិទាំងអស់ ការអស់តណ្ហា ការប្រាសចាកតម្រេក ការរំលត់តណ្ហា គឺព្រះនិញ្វនណា ព្រះនិញ្វននុ៎ះ ជាទីស្ងប់ ព្រះនិញ្វននុ៎ះ ដ៏ឧត្តម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានសមាធិ មានសភាពដូច្នោះ យ៉ាងនេះឯង ដូចជាភិក្ខុមិនសំគាល់ថា ដី ក្នុងដី មិនសំគាល់ថា ទឹក ក្នុងទឹក មិនសំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់ ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខ របស់ណា ដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។