km:tipitaka:sut:an:11:sut.an.11.v01

និស្សយវគ្គ ទី១

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 11.v01 បាលី cs-km: sut.an.11.v01 អដ្ឋកថា: sut.an.11.v01_att PTS: ?

និស្សយវគ្គ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១. និស្សយវគ្គោ)

(កិមត្ថិយសូត្រ ទី១)

(១. កិមត្ថិយសុត្តំ)

[១០៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សីលទាំងឡាយ ជាកុសលមានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ សីលទាំងឡាយជាកុសល មានអវិប្បដិសារៈ (សេចក្តីមិនក្តៅក្រហាយ) ជាប្រយោជន៍ មានអវិប្បដិសារៈជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន អវិប្បដិសារៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ម្នាលអានន្ទ អវិប្បដិសារៈ មានបាមុជ្ជៈ (សេចក្តីរីករាយទន់) ជាប្រយោជន៍ មានបាមុជ្ជៈជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន បាមុជ្ជៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ម្នាលអានន្ទ បាមុជ្ជៈ មានបីតិ (សេចក្តីរីករាយខ្លាំង) ជាប្រយោជន៍ មានបីតិ ជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន បីតិ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ម្នាលអានន្ទ បីតិ មានបស្សទ្ធិ (សេចក្តីស្ងប់រម្ងាប់) ជាប្រយោជន៍ មានបស្សទ្ធិជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន បស្សទ្ធិ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ម្នាលអានន្ទ បស្សទ្ធិ មានសុខៈជាប្រយោជន៍ មានសុខៈជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន សុខៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ម្នាលអានន្ទ សុខៈ មានសមាធិ (ការតាំងចិត្តមាំ) ជាប្រយោជន៍ មានសមាធិ ជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន សមាធិ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ម្នាលអានន្ទ សមាធិ មានយថាភូតញ្ញាណទស្សនៈ (ការឃើញនូវសច្ចៈ ៤ ដោយញាណតាមពិត) ជាប្រយោជន៍ មានយថាភូតញ្ញាណទស្សនៈ ជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន យថាភូតញ្ញាណទស្សនៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ម្នាលអានន្ទ យថាភូតញ្ញាណទស្សនៈ មាននិព្វិទា (សេចក្តីនឿយណាយ) ជាប្រយោជន៍ មាននិព្វិទា ជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន និព្វិទា មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ម្នាលអានន្ទ និព្វិទា មានវិរាគៈ (ការប្រាសចាកតម្រេក) ជាប្រយោជន៍ មានវិរាគៈ ជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន វិរាគៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ មា្នលអានន្ទ វិរាគៈ មានវិមុត្តិញ្ញាណទស្សនៈ (បច្ចវេក្ខណញ្ញាណ) ជាប្រយោជន៍ មានវិមុត្តិញ្ញាណទស្សនៈ ជាអានិសង្ស។ ម្នាលអានន្ទ សីលទាំងឡាយជាកុសល មានអវិប្បដិសារៈ ជាប្រយោជន៍ មានអវិប្បដិសារៈជាអានិសង្ស អវិប្បសារៈ មានបាមុជ្ជៈជាប្រយោជន៍ មានបាមុជ្ជៈ ជាអានិសង្ស បាមុជ្ជៈ មានបីតិជាប្រយោជន៍ មានបីតិជាអានិសង្ស បីតិ មានបស្សទ្ធិជាប្រយោជន៍ មានបស្សទ្ធិជាអានិសង្ស បស្សទ្ធិ មានសុខៈជាប្រយោជន៍ មានសុខៈជាអានិសង្ស សុខៈ មានសមាធិជាប្រយោជន៍ មានសមាធិជាអានិសង្ស សមាធិ មានយថាភូតញ្ញាណទស្សនៈ ជាប្រយោជន៍ មានយថាភូតញ្ញាណទស្សនៈ ជាអានិសង្ស យថាភូតញ្ញាណទស្សនៈ មាននិព្វិទាជាប្រយោជន៍ មាននិព្វិទា ជាអានិសង្ស និព្វិទា មានវិរាគៈជាប្រយោជន៍ មានវិរាគៈជាអានិសង្ស វិរាគៈ មានវិមុត្តិញ្ញាណទស្សនៈជាប្រយោជន៍ មានវិមុត្តិញ្ញាណទស្សនៈជាអានិសង្ស ដោយប្រការដូច្នេះ។ ម្នាលអានន្ទ សីលទាំងឡាយជាកុសល តែងបរិបូណ៌ ដើម្បីព្រះអរហត្ត តាមលំដាប់ដោយប្រការដូច្នេះឯង។

(ចេតនាករណីយសូត្រ ទី២)

(២. ចេតនាករណីយសុត្តំ)

[១០៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានសីល បរិបូណ៌ដោយសីល មិនគប្បីធ្វើដោយចេតនាថា អវិប្បដិសារៈ ចូរកើតដល់អាត្មាអញ ដូច្នេះទេ។ ម្នាលភិក្ខុទាំងឡាយ អវិប្បដិសារៈ តែងកើតឡើងដល់បុគ្គលអ្នកមានសីល បរិបូណ៌ដោយសីល នេះជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមិនមានវិប្បដិសារៈ មិនគប្បីធ្វើដោយចេតនាថា បាមុជ្ជៈ ចូរកើតឡើងដល់អាត្មាអញដូច្នេះទេ។ ម្នាលភិក្ខុទាំងឡាយ បាមុជ្ជៈ តែងកើតឡើងដល់បុគ្គលអ្នកមិនមានវិប្បដិសារៈ នេះជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានបាមុជ្ជៈ មិនគប្បីធ្វើដោយចេតនាថា បីតិ ចូរកើតឡើងដល់អាត្មាអញដូច្នេះទេ។ ម្នាលភិក្ខុទាំងឡាយ បីតិ តែងកើតឡើងដល់បុគ្គលមានបាមុជ្ជៈ នេះជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានបីតិចិត្ត មិនគប្បីធ្វើដោយចេតនាថា កាយរបស់អាត្មាអញ ចូរស្ងប់រម្ងាប់ ដូច្នេះទេ។ ម្នាលភិក្ខុទាំងឡាយ កាយរបស់បុគ្គលមានបីតិចិត្ត តែងស្ងប់រម្ងាប់ នេះជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានកាយប្បស្សទ្ធិ មិនគប្បីធ្វើដោយចេតនាថា អាត្មាអញទទួលសេចក្តីសុខដូច្នេះទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានកាយប្បស្សទ្ធិ តែងទទួលសេចក្តីសុខ នេះជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានសេចក្តីសុខ មិនគប្បីធ្វើដោយចេតនាថា ចិត្តរបស់អាត្មាអញ ចូរតាំងមាំដូច្នេះទេ។ ម្នាលភិក្ខុទាំងឡាយ ចិត្តរបស់បុគ្គលអ្នកមានសេចក្តីសុខ តែងតាំងមាំ នេះជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានសមាធិចិត្ត មិនគប្បីធ្វើដោយចេតនាថា អាត្មាអញដឹង អាត្មាអញឃើញតាមពិត ដូច្នេះទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសមាធិចិត្ត តែងដឹង តែងឃើញតាមពិត នេះជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹង កាលឃើញតាមពិត មិនគប្បីធ្វើដោយចេតនាថា អាត្មាអញនឿយណាយដូច្នេះទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹង កាលឃើញតាមពិត តែងនឿយណាយ នេះជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនឿយណាយ មិនគប្បីធ្វើដោយចេតនាថា អាត្មាអញ ប្រាសចាកតម្រេកដូច្នេះទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនឿយណាយ ប្រាសចាកតម្រេក នេះជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានចិត្តប្រាសចាកតម្រេក មិនគប្បីធ្វើដោយចេតនាថា អាត្មាអញ ធ្វើឲ្យជាក់ច្បាស់ នូវវិមុត្តិញ្ញាណទស្សនៈ ដូច្នេះទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកប្រាសចាកតម្រេក តែងធ្វើឲ្យជាក់ច្បាស់នូវវិមុត្តិញ្ញាណទស្សនៈ នេះជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ វិរាគៈ មានវិមុត្តិញ្ញាណទស្សនៈ ជាប្រយោជន៍ មានវិមុត្តិញ្ញាណទស្សនៈ ជាអានិសង្ស និព្វិទា មានវិរាគៈជាប្រយោជន៍ មានវិរាគៈជាអានិសង្ស យថាភូតញ្ញាណទស្សនៈ មាននិព្វិទា ជាប្រយោជន៍ មាននិព្វិទា ជាអានិសង្ស សមាធិ មានយថាភូតញ្ញាណទស្សនៈ ជាប្រយោជន៍ មានយថាភូតញ្ញាណទស្សនៈ ជាអានិសង្ស សុខៈ មានសមាធិ ជាប្រយោជន៍ មានសមាធិ ជាអានិសង្ស បស្សទ្ធិ មានសុខៈ ជាប្រយោជន៍ មានសុខៈជាអានិសង្ស បីតិ មានបស្សទ្ធិ ជាប្រយោជន៍ មានបស្សទ្ធិជាអានិសង្ស បាមុជ្ជៈ មានបីតិជាប្រយោជន៍ មានបីតិ ជាអានិសង្ស អវិប្បដិសារៈ មានបាមុជ្ជៈ ជាប្រយោជន៍ មានបាមុជ្ជៈ ជាអានិសង្ស សីលទាំងឡាយជាកុសល មានអវិប្បដិសារៈ ជាប្រយោជន៍ មានអវិប្បដិសារៈ ជាអានិសង្ស ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ តែងញុំាងធម៌ទាំងឡាយ ឲ្យប្រព្រឹត្តទៅ ធម៌ទាំងឡាយ តែងញុំាងធម៌ទាំងឡាយ ឲ្យបរិបូណ៌ ដើម្បីចេញអំពីទីមិនមែនជាត្រើយ ទៅកាន់ត្រើយ គឺព្រះនិញ្វន ដោយប្រការដូច្នេះ។

(បឋមឧបនិសាសូត្រ ទី៣)

(៣. បឋមឧបនិសាសុត្តំ)

[១១០] ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកទ្រុស្តសីល វិបត្តិចាកសីល តែងសាបសូន្យចាកឧបនិស្ស័យ នៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មិនមាន បុគ្គលអ្នកវិបត្តិចាកអវិប្បដិសារៈ តែងសាបសូន្យចាកឧបនិស្ស័យនៃបាមុជ្ជៈ កាលបើបាមុជ្ជៈមិនមាន បុគ្គលអ្នកវិបត្តិចាកបាមុជ្ជៈ តែងសាបសូន្យចាកឧបនិស្ស័យនៃបីតិ កាលបើបីតិមិនមាន បុគ្គលអ្នកវិបត្តិចាកបីតិ តែងសាបសូន្យចាកឧបនិស្ស័យនៃបស្សទ្ធិ កាលបើបស្សទ្ធិមិនមាន បុគ្គលអ្នកវិបត្តិចាកបស្សទ្ធិ តែងសាបសូន្យចាកឧបនិស្ស័យនៃសុខៈ កាលបើសុខៈមិនមាន បុគ្គលអ្នកវិបត្តិចាកសុខៈ តែងសាបសូន្យចាកឧបនិស្ស័យនៃសម្មាសមាធិ កាលបើសម្មាសមាធិមិនមាន បុគ្គលអ្នកវិបត្តិចាកសម្មាសមាធិ តែងសាបសូន្យចាកឧបនិស្ស័យ នៃយថាភូតញ្ញាណទស្សនៈ កាលបើយថាភូតញ្ញាណទស្សនៈ មិនមាន បុគ្គលអ្នកវិបត្តិចាកយថាភូតញ្ញាណទស្សនៈ តែងសាបសូន្យចាកឧបនិស្ស័យនៃនិព្វិទា កាលបើនិព្វិទាមិនមាន បុគ្គលអ្នកវិបត្តិចាកនិព្វិទា តែងសាបសូន្យចាកឧបនិស្ស័យនៃវិរាគៈ កាលបើវិរាគៈមិនមាន បុគ្គលអ្នកវិបត្តិចាកវិរាគៈ តែងសាបសូន្យ ចាកឧបនិស្ស័យ នៃវិមុត្តិញ្ញាណទស្សនៈ។ ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើ ដែលប្រាសចាកមែក និងស្លឹកហើយ ក្រមររបស់ឈើនោះក្តី ក៏មិនដល់នូវការពេញលេញ សម្បកក្តី ស្រាយក្តី ខ្លឹមក្តី ក៏មិនដល់នូវការពេញលេញ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ្រុស្តសីល វិបត្តិចាកសីល តែងសាបសូន្យ ចាកឧបនិស្ស័យ នៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មិនមាន បុគ្គលអ្នកវិបត្តិចាកអវិប្បដិសារៈ តែងសាបសូន្យ ចាកឧបនិស្ស័យ។ បេ។ នៃវិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានសីល បរិបូណ៌ដោយសីល តែងបរិបូណ៌ដោយឧបនិស្ស័យ នៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈមាន បុគ្គលអ្នកបរិបូណ៌ដោយអវិប្បដិសារៈ តែងបរិបូណ៌ដោយឧបនិស្ស័យ នៃបាមុជ្ជៈ កាលបើបាមុជ្ជៈ មាន បុគ្គលអ្នកបរិបូណ៌ដោយបាមុជ្ជៈ តែងបរិបូណ៌ដោយឧបនិស្ស័យនៃបីតិ កាលបើបីតិមាន បុគ្គលអ្នកបរិបូណ៌ដោយបីតិ តែងបរិបូណ៌ដោយឧបនិស្ស័យនៃបស្សទ្ធិ កាលបើបស្សទ្ធិ មាន បុគ្គលអ្នកបរិបូណ៌ដោយបស្សទ្ធិ តែងបរិបូណ៌ដោយឧបនិស្ស័យនៃសុខៈ កាលបើសុខៈ មាន បុគ្គលអ្នកបរិបូណ៌ដោយសុខៈ តែងបរិបូណ៌ ដោយឧបនិស្ស័យនៃសម្មាសមាធិ កាលបើសម្មាសមាធិ មាន បុគ្គលអ្នកបរិបូណ៌ដោយសម្មាសមាធិ តែងបរិបូណ៌ដោយឧបនិស្ស័យនៃយថាភូតញ្ញាណទស្សនៈ កាលបើយថាភូតញ្ញាណទស្សនៈ មាន បុគ្គលអ្នកបរិបូណ៌ដោយយថាភូតញ្ញាណទស្សនៈ តែងបរិបូណ៌ដោយឧបនិស្ស័យនៃនិព្វិទា កាលបើនិព្វិទា មាន បុគ្គលអ្នកបរិបូណ៌ដោយនិព្វិទា តែងបរិបូណ៌ដោយឧបនិស្ស័យនៃវិរាគៈ កាលបើវិរាគៈ មាន បុគ្គលអ្នកបរិបូណ៌ដោយវិរាគៈ តែងបរិបូណ៌ដោយឧបនិស្ស័យ នៃវិមុត្តិញ្ញាណទស្សនៈ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចដើមឈើ ដែលបរិបូណ៌ដោយមែក និងស្លឹកហើយ ក្រមររបស់ឈើនោះក្តី ដល់នូវការពេញលេញ សម្បកក្តី ស្រាយក្តី ខ្លឹមក្តី ក៏ដល់នូវការពេញលេញ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានសីល បរិបូណ៌ដោយសីល តែងបរិបូណ៌ដោយឧបនិស្ស័យនៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មាន បុគ្គលអ្នកបរិបូណ៌ដោយអវិប្បដិសារៈ តែងបរិបូណ៌ដោយឧបនិស្ស័យ។បេ។ នៃវិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ។

(ទុតិយឧបនិសាសូត្រ ទី៤)

(៤. ទុតិយឧបនិសាសុត្តំ)

[១១១] ក្នុងទីនោះឯង ព្រះសារីបុត្រដ៏មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ថេរវាចា នៃព្រះសារីបុត្រដ៏មានអាយុថា ករុណា អាវុសោ។ ព្រះសារីបុត្រដ៏មានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ បុគ្គលអ្នកទ្រុស្តសីល វិបត្តិចាកសីលហើយ តែងសាបសូន្យចាកឧបនិស្ស័យ នៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មិនមាន បុគ្គលអ្នកវិបត្តិចាកអវិប្បដិសារៈ តែងសាបសូន្យ ចាកឧបនិស្ស័យនៃបាមុជ្ជៈ កាលបើបាមុជ្ជៈ មិនមាន បុគ្គលអ្នកវិបត្តិចាកបាមុជ្ជៈ តែងសាបសូន្យ ចាកឧបនិស្ស័យនៃបីតិ កាលបើបីតិ មិនមាន បុគ្គលអ្នកវិបត្តិចាកបីតិ តែងសាបសូន្យ ចាកឧបនិស្ស័យនៃបស្សទ្ធិ កាលបើបស្សទ្ធិ មិនមាន បុគ្គលអ្នកវិបត្តិចាកបស្សទ្ធិ តែងសាបសូន្យចាកឧបនិស្ស័យនៃសុខៈ កាលបើសុខៈ មិនមាន បុគ្គលអ្នកវិបត្តិចាកសុខៈ តែងសាបសូន្យចាកឧបនិស្ស័យ នៃសម្មាសមាធិ កាលបើសម្មាសមាធិ មិនមាន បុគ្គលអ្នកវិបត្តិចាកសម្មាសមាធិ តែងសាបសូន្យ ចាកឧបនិស្ស័យនៃយថាភូតញ្ញាណទស្សនៈ កាលបើយថាភូតញ្ញាណទស្សនៈ មិនមាន បុគ្គលអ្នកវិបត្តិចាកយថាភូតញ្ញាណទស្សនៈ តែងសាបសូន្យចាកឧបនិស្ស័យនៃនិព្វិទា កាលបើនិព្វិទា មិនមាន បុគ្គលអ្នកវិបត្តិចាកនិព្វិទា តែងសាបសូន្យចាកឧបនិស្ស័យនៃវិរាគៈ កាលបើវិរាគៈ មិនមាន បុគ្គលអ្នកវិបត្តិចាកវិរាគៈ តែងសាបសូន្យចាកឧបនិស្ស័យ នៃវិមុត្តិញ្ញាណទស្សនៈ។ ម្នាលអាវុសោទាំងឡាយ ប្រៀបដូចដើមឈើ ដែលប្រាសចាកមែក និងស្លឹកហើយ ក្រមររបស់ឈើនោះក្តី ក៏មិនដល់នូវការពេញលេញ សម្បកក្តី ស្រាយក្តី ខ្លឹមក្តី ក៏មិនដល់នូវការពេញលេញ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ បុគ្គលអ្នកទ្រុស្តសីល វិបត្តិចាកសីល តែងសាបសូន្យចាកឧបនិស្ស័យនៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មិនមាន បុគ្គលអ្នកវិបត្តិចាកអវិប្បដិសារៈ តែងសាបសូន្យ ចាកឧបនិស្ស័យ។បេ។ នៃវិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោទាំងឡាយ បុគ្គលអ្នកមានសីល បរិបូណ៌ដោយសីល តែងបរិបូណ៌ដោយឧបនិស្ស័យ នៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មាន បុគ្គលអ្នកបរិបូណ៌ ដោយអវិប្បដិសារៈ តែងបរិបូណ៌ដោយឧបនិស្ស័យនៃបាមុជ្ជៈ កាលបើបាមុជ្ជៈ មាន បុគ្គលអ្នកបរិបូណ៌ ដោយបាមុជ្ជៈ តែងបរិបូណ៌ដោយឧបនិស្ស័យនៃបីតិ កាលបើបីតិ មាន បុគ្គលអ្នកបរិបូណ៌ដោយបីតិ តែងបរិបូណ៌ដោយឧបនិស្ស័យនៃបស្សទ្ធិ កាលបើបស្សទ្ធិ មាន បុគ្គលអ្នកបរិបូណ៌ដោយបស្សទ្ធិ តែងបរិបូណ៌ដោយឧបនិស្ស័យនៃសុខៈ កាលបើសុខៈ មាន បុគ្គលអ្នកបរិបូណ៌ដោយសុខៈ តែងបរិបូណ៌ដោយឧបនិស្ស័យនៃសម្មាសមាធិ កាលបើសម្មាសមាធិ មាន បុគ្គលអ្នកបរិបូណ៌ដោយសម្មាសមាធិ តែងបរិបូណ៌ដោយឧបនិស្ស័យ នៃយថាភូតញ្ញាណទស្សនៈ កាលបើយថាភូតញ្ញាណទស្សនៈ មាន បុគ្គលអ្នកបរិបូណ៌ដោយយថាភូតញ្ញាណទស្សនៈ តែងបរិបូណ៌ដោយឧបនិស្ស័យនៃនិព្វិទា កាលបើនិព្វិទា មាន បុគ្គលអ្នកបរិបូណ៌ដោយនិព្វិទា តែងបរិបូណ៌ដោយឧបនិស្ស័យ នៃវិរាគៈ កាលបើវិរាគៈ មាន បុគ្គលអ្នកបរិបូណ៌ដោយវិរាគៈ តែងបរិបូណ៌ដោយឧបនិស្ស័យ នៃវិមុត្តិញ្ញាណទស្សនៈ។ ម្នាលអាវុសោទាំងឡាយ ប្រៀបដូចដើមឈើ ដែលបរិបូណ៌ដោយមែក និងស្លឹក ក្រមររបស់ឈើនោះក្តី ក៏ដល់នូវការពេញលេញ សម្បកក្តី ស្រាយក្តី ខ្លឹមក្តី ក៏ដល់នូវការពេញលេញ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ បុគ្គលអ្នកមានសីល បរិបូណ៌ដោយសីល តែងបរិបូណ៌ដោយឧបនិស្ស័យ នៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មាន បុគ្គលអ្នកបរិបូណ៌ដោយអវិប្បដិសារៈ តែងបរិបូណ៌ដោយឧបនិស្ស័យ។បេ។ នៃវិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ។

(តតិយឧបនិសាសូត្រ ទី៥)

(៥. តតិយឧបនិសាសុត្តំ)

[១១២] ក្នុងទីនោះឯង ព្រះអានន្ទដ៏មានអាយុ ហៅភិក្ខុទាំងឡាយ។បេ។ ម្នាលអាវុសោទាំងឡាយ បុគ្គលអ្នកទ្រុស្តសីល វិបត្តិចាកសីល តែងសាបសូន្យ ចាកឧបនិស្ស័យ នៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មិនមាន បុគ្គលអ្នកវិបត្តិចាកអវិប្បដិសារៈ តែងសាបសូន្យចាកឧបនិស្ស័យនៃបាមុជ្ជៈ កាលបើបាមុជ្ជៈ មិនមាន បុគ្គលអ្នកវិបត្តិចាកបាមុជ្ជៈ តែងសាបសូន្យចាកឧបនិស្ស័យនៃបីតិ កាលបើបីតិ មិនមាន បុគ្គលអ្នកវិបត្តិចាកបីតិ តែងសាបសូន្យចាកឧបនិស្ស័យនៃបស្សទ្ធិ កាលបើបស្សទ្ធិ មិនមាន បុគ្គលអ្នកវិបត្តិចាកបស្សទ្ធិ តែងសាបសូន្យចាកឧបនិស្ស័យនៃសុខៈ កាលបើសុខៈ មិនមាន បុគ្គលអ្នកវិបត្តិចាកសុខៈ តែងសាបសូន្យចាកឧបនិស្ស័យនៃសម្មាសមាធិ កាលបើសម្មាសមាធិ មិនមាន បុគ្គលអ្នកវិបត្តិចាកសម្មាសមាធិ តែងសាបសូន្យចាកឧបនិស្ស័យ នៃយថាភូតញ្ញាណទស្សនៈ កាលបើយថាភូតញ្ញាណទស្សនៈ មិនមាន បុគ្គលអ្នកវិបត្តិចាកយថាភូតញ្ញាណទស្សនៈ តែងសាបសូន្យ ចាកឧបនិស្ស័យនៃនិព្វិទា កាលបើនិព្វិទា មិនមាន បុគ្គលអ្នកវិបត្តិចាកនិព្វិទា តែងសាបសូន្យចាកឧបនិស្ស័យនៃវិរាគៈ កាលបើវិរាគៈមិនមាន បុគ្គលអ្នកវិបត្តិចាកវិរាគៈ តែងសាបសូន្យ ចាកឧបនិស្ស័យនៃវិមុត្តិញ្ញាណទស្សនៈ។ មា្នលអាវុសោទាំងឡាយ ប្រៀបដូចដើមឈើ ដែលប្រាសចាកមែក និងស្លឹក ក្រមររបស់ឈើនោះក្តី ក៏មិនដល់នូវការពេញលេញ សម្បកក្តី ស្រាយក្តី ខ្លឹមក្តី ក៏មិនដល់នូវការពេញលេញ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ បុគ្គលអ្នកទ្រុស្តសីល វិបត្តិចាកសីល តែងសាបសូន្យចាកឧបនិស្ស័យនៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មិនមាន បុគ្គលអ្នកវិបត្តិចាកអវិប្បដិសារៈ តែងសាបសូន្យចាកឧបនិស្ស័យ។បេ។ នៃវិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោទាំងឡាយ បុគ្គលអ្នកមានសីល បរិបូណ៌ដោយសីល តែងបរិបូណ៌ដោយឧបនិស្ស័យ នៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មាន បុគ្គលអ្នកបរិបូណ៌ដោយអវិប្បដិសារៈ តែងបរិបូណ៌ដោយឧបនិស្ស័យនៃបាមុជ្ជៈ កាលបើបាមុជ្ជៈ មាន បុគ្គលអ្នកបរិបូណ៌ដោយបាមុជ្ជៈ តែងបរិបូណ៌ដោយឧបនិស្ស័យនៃបីតិ កាលបើបីតិ មាន បុគ្គលអ្នកបរិបូណ៌ ដោយបីតិ តែងបរិបូណ៌ដោយឧបនិស្ស័យនៃបស្សទិ្ធ កាលបើបស្សទ្ធិ មាន បុគ្គលអ្នកបរិបូណ៌ដោយបស្សទ្ធិ តែងបរិបូណ៌ដោយឧបនិស្ស័យនៃសុខៈ កាលបើសុខៈ មាន បុគ្គលអ្នកបរិបូណ៌ដោយសុខៈ តែងបរិបូណ៌ដោយឧបនិស្ស័យនៃសម្មាសមាធិ កាលបើសម្មាសមាធិ មាន បុគ្គលអ្នកបរិបូណ៌ដោយសម្មាសមាធិ តែងបរិបូណ៌ដោយឧបនិស្ស័យ នៃយថាភូតញ្ញាណទស្សនៈ កាលបើយថាភូតញ្ញាណទស្សនៈ មាន បុគ្គលអ្នកបរិបូណ៌ដោយយថាភូតញ្ញាណទស្សនៈ តែងបរិបូណ៌ដោយឧបនិស្ស័យនៃនិព្វិទា កាលបើនិព្វិទា មាន បុគ្គលអ្នកបរិបូណ៌ដោយនិព្វិទា តែងបរិបូណ៌ដោយឧបនិស្ស័យនៃវិរាគៈ កាលបើវិរាគៈ មាន បុគ្គលអ្នកបរិបូណ៌ដោយវិរាគៈ តែងបរិបូណ៌ដោយឧបនិស្ស័យនៃវិមុត្តិញ្ញាណទស្សនៈ។ ម្នាលអាវុសោទាំងឡាយ ប្រៀបដូចដើមឈើ ដែលបរិបូណ៌ដោយមែក និងស្លឹកហើយ ក្រមររបស់ឈើនោះក្តី ក៏ដល់នូវការពេញលេញ សម្បកក្តី ស្រាយក្តី ខ្លឹមក្តី ក៏ដល់នូវការពេញលេញ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ បុគ្គលអ្នកមានសីល បរិបូណ៌ដោយសីល តែងបរិបូណ៌ដោយឧបនិស្ស័យ នៃអវិប្បដិសារៈ កាលបើអវិប្បដិសារៈ មាន បុគ្គលអ្នកបរិបូណ៌ដោយអវិប្បដិសារៈ តែងបរិបូណ៌ដោយឧបនិស្ស័យ។បេ។ នៃវិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ។

(ព្យសនសូត្រ ទី៦)

(៦. ព្យសនសុត្តំ)

[១១៣] ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលតិះដៀលព្រះអរិយៈ ជេរប្រទេចពួកភិក្ខុជាសព្រហ្មចារី ហើយមិនគប្បីដល់នូវសេចក្តីវិនាសទាំង ១១ យ៉ាង ណាមួយ នុ៎ះមិនមែនជាហេតុ មិនមែនជាបច្ច័យឡើយ។ សេចក្តីវិនាសទាំង ១១ យ៉ាង តើអ្វីខ្លះ។ គឺមិនបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ១ សាបសូន្យចាកគុណវិសេសដែលខ្លួនបានហើយ ១ ព្រះសទ្ធម្មរបស់ភិក្ខុនោះ មិនផូរផង់ ១ ប្រកបដោយសេចក្តីស្មានថា បានក្នុងព្រះសទ្ធម្ម ១ មិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយៈ ១ ត្រូវអាបត្តិណាមួយដ៏សៅហ្មង ១ លះបង់សិក្ខា ហើយត្រឡប់មកដើម្បីភេទថោកទាប ១ ប៉ះនឹងរោគធ្ងន់ខ្លាំង ១ ដល់នូវការឆ្កួត រវើរវាយចិត្ត ១ ធ្វើកាលកិរិយាទាំងវង្វេង ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលតិះដៀលព្រះអរិយៈ ជេរប្រទេចពួកភិក្ខុជាសព្រហ្មចារី ហើយមិនគប្បីដល់នូវសេចក្តីវិនាសទាំង ១១ យ៉ាងណាមួយ នុ៎ះមិនមែនជាហេតុ មិនមែនជាបច្ច័យឡើយ។

(សញ្ញាសូត្រ ទី៧)

(៧. សញ្ញាសុត្តំ)

[១១៤] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគហើយ អង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុបាននូវសមាធិ មានសភាពដូច្នេះ មានដែរឬ ដូចជាភិក្ខុមិនសំគាល់ថា ដី ក្នុងដី មិនសំគាល់ថា ទឹក ក្នុងទឹក មិនសំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់ ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះ ក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខ ភិក្ខុមិនសំគាល់ក្នុងរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែមានសញ្ញាជាធម្មតា តែប៉ុណ្ណោះ។ ម្នាលអានន្ទ ភិក្ខុបានសមាធិមានសភាព ដូច្នោះក៏មាន ដូចជាភិក្ខុមិនសំគាល់ថា ដី ក្នុងដី មិនសំគាល់ថា ទឹក ក្នុងទឹក មិនសំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់ ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះ ក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខ មិនសំគាល់ ក្នុងរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែមានសញ្ញាជាធម្មតា តែប៉ុណ្ណោះ។ បពិត្រព្រះអង្គដ៏ចំរើន ដូចភិក្ខុបានសមាធិ មានសភាព ដូច្នោះក៏មាន តើដូចម្តេច ដូចជាភិក្ខុមិនសំគាល់ថា ដីក្នុងដី មិនសំគាល់ថា ទឹក ក្នុងទឹក មិនសំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់ ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះ ក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខ មិនសំគាល់ក្នុងរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែមានសញ្ញាជាធម្មតា តែប៉ុណ្ណោះ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ មានសេចក្តីសំគាល់យ៉ាងនេះថា ការរម្ងាប់នូវសង្ខារទាំងអស់ ការលះចោលនូវកិលេសទាំងអស់ ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់ទុក្ខ គឺព្រះនិញ្វនណា ព្រះនិញ្វននុ៎ះ ជាទីស្ងប់ ព្រះនិញ្វននុ៎ះ ដ៏ឧត្តម។ ម្នាលអានន្ទ ភិក្ខុបានសមាធិ មានសភាពដូច្នោះ យ៉ាងនេះឯង ដូចជាភិក្ខុមិនសំគាល់ថាដី ក្នុងដី មិនសំគាល់ថា ទឹក ក្នុងទឹក មិនសំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់ ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះ ក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខ មិនសំគាល់ ក្នុងរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគហើយ ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចូលទៅរកព្រះសារីបុត្រដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏រីករាយទៅរកព្រះសារីបុត្រដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ អង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បាននិយាយទៅនឹងព្រះសារីបុត្រដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោ សារីបុត្រ ភិក្ខុបានសមាធិ មានសភាពដូច្នោះ មានដែរឬ ដូចជាភិក្ខុមិនសំគាល់ថា ដី ក្នុងដី។បេ។ មិនសំគាល់ក្នុងរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។ ម្នាលអាវុសោអានន្ទ ភិក្ខុបានសមាធិ មានសភាពដូច្នោះ ក៏មាន ដូចជាភិក្ខុមិនសំគាល់ថា ដី ក្នុងដី។បេ។ មិនសំគាល់ក្នុងរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។ ម្នាលអាវុសោសារីបុត្រ ដូចភិក្ខុបានសមាធិមានសភាពដូច្នោះ ដែលមាន តើដូចម្តេច ដូចជាភិក្ខុមិនសំគាល់ថា ដី ក្នុងដី។បេ។ មិនសំគាល់ក្នុងរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។ ម្នាលអាវុសោអានន្ទ ភិក្ខុក្នុងសាសនានេះ មានសេចក្តីសំគាល់យ៉ាងនេះថា ការរម្ងាប់នូវសង្ខារទាំងអស់ ការលះចោលនូវកិលេសទាំងអស់ ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់ទុក្ខ គឺព្រះនិញ្វនណា ព្រះនិញ្វននុ៎ះ ជាទីស្ងប់ ព្រះនិញ្វននុ៎ះដ៏ឧត្តម។ ម្នាលអាវុសោអានន្ទ ភិក្ខុបានសមាធិ មានសភាពដូច្នោះ យ៉ាងនេះឯង ដូចជា ភិក្ខុមិនសំគាល់ថាដី ក្នុងដី។បេ។ មិនសំគាល់ក្នុងរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែមានសញ្ញា ជាធម្មតាតែប៉ុណ្ណោះ។ ម្នាលអាវុសោ អស្ចារ្យណាស់ ម្នាលអាវុសោ ចំឡែកណាស់ ព្រោះថា អត្ថ និងព្យញ្ជនៈរបស់ព្រះសាស្តា និងសាវ័កត្រូវគ្នា សមគ្នា មិនបានខុសគ្នាដោយអត្ថ ដោយព្យញ្ជនៈ ក្នុងបទដ៏ប្រសើរនេះឡើយ។ ម្នាលអាវុសោ អម្បាញ់មិញនេះ ខ្ញុំបានចូលទៅគាល់ព្រះមានព្រះភាគ ហើយសួរសេចក្តីនេះ។ ព្រះមានព្រះភាគ ក៏បានព្យាករសេចក្តីនេះ ដោយបទទាំងនេះ ដោយព្យញ្ជនៈទាំងនេះដល់ខ្ញុំ ដូចជាព្រះសារីបុត្រដ៏មានអាយុដែរ។ ម្នាលអាវុសោ អស្ចារ្យណាស់ ម្នាលអាវុសោ ចំឡែកណាស់ ព្រោះថា អត្ថ និងព្យញ្ជនៈរបស់ព្រះសាស្តា និងសាវ័កត្រូវគ្នា សមគ្នា មិនបានខុសគ្នា ដោយអត្ថ ដោយព្យញ្ជនៈ ក្នុងបទដ៏ប្រសើរនេះឡើយ។

(មនសិការសូត្រ ទី៨)

(៨. មនសិការសុត្តំ)

[១១៥] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុបានសមាធិ មានសភាពដូច្នោះ មានដែរឬ ដូចជាភិក្ខុមិនធ្វើទុកក្នុងចិត្តនូវចក្ខុ មិនធ្វើទុកក្នុងចិត្តនូវរូប មិនធ្វើទុកក្នុងចិត្តនូវសោតៈ មិនធ្វើទុកក្នុងចិត្តនូវសទ្ទៈ មិនធ្វើទុកក្នុងចិត្តនូវឃានៈ មិនធ្វើទុកក្នុងចិត្តនូវគន្ធៈ មិនធ្វើទុកក្នុងចិត្តនូវជិវ្ហា មិនធ្វើទុកក្នុងចិត្តនូវរស មិនធ្វើទុកក្នុងចិត្តនូវកាយ មិនធ្វើទុកក្នុងចិត្ត នូវផោដ្ឋព្វៈ មិនធ្វើទុកក្នុងចិត្តនូវបឋវី មិនធ្វើទុកក្នុងចិត្តនូវអាបោ មិនធ្វើទុកក្នុងចិត្តនូវតេជោ មិនធ្វើទុកក្នុងចិត្តនូវវាយោ មិនធ្វើទុកក្នុងចិត្តនូវអាកាសានញ្ចាយតនៈ មិនធ្វើទុកក្នុងចិត្តនូវវិញ្ញាណញ្ចាយតនៈ មិនធ្វើទុកក្នុងចិត្តនូវអាកិញ្ចញ្ញាយតនៈ មិនធ្វើទុកក្នុងចិត្តនូវនេវសញ្ញានាសញ្ញាយតនៈ មិនធ្វើទុកក្នុងចិត្តនូវលោកនេះ មិនធ្វើទុកក្នុងចិត្ត នូវលោកខាងមុខ មិនធ្វើទុកក្នុងចិត្តនូវរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែធ្វើទុកក្នុងចិត្តជាធម្មតាតែប៉ុណ្ណោះ។ ម្នាលអានន្ទ ភិក្ខុបានសមាធិ មានសភាពដូច្នោះក៏មាន ដូចជាភិក្ខុមិនធ្វើទុកក្នុងចិត្តនូវចក្ខុ មិនធ្វើទុកក្នុងចិត្តនូវរូប មិនធ្វើទុកក្នុងចិត្តនូវសោតៈ មិនធ្វើទុកក្នុងចិត្តនូវសទ្ទៈ មិនធ្វើទុកក្នុងចិត្តនូវឃានៈ មិនធ្វើទុកក្នុងចិត្តនូវគន្ធៈ មិនធ្វើទុកក្នុងចិត្តនូវជិវ្ហា មិនធ្វើទុកក្នុងចិត្តនូវរស មិនធ្វើទុកក្នុងចិត្តនូវកាយ មិនធ្វើទុកក្នុងចិត្តនូវផោដ្ឋព្វៈ មិនធ្វើទុកក្នុងចិត្តនូវបឋវី មិនធ្វើទុកក្នុងចិត្តនូវអាបោ មិនធ្វើទុកក្នុងចិត្តនូវតេជោ មិនធ្វើទុកក្នុងចិត្តនូវវាយោ មិនធ្វើទុកក្នុងចិត្តនូវអាកាសានញ្ចាយតនៈ មិនធ្វើទុកក្នុងចិត្តនូវវិញ្ញាណញ្ចាយតនៈ មិនធ្វើទុកក្នុងចិត្តនូវអាកិញ្ចញ្ចាយតនៈ មិនធ្វើទុកក្នុងចិត្តនូវនេវសញ្ញានាសញ្ញាយតនៈ មិនធ្វើទុកក្នុងចិត្តនូវលោកនេះ មិនធ្វើទុកក្នុងចិត្តនូវលោកខាងមុខ មិនធ្វើទុកក្នុងចិត្ត នូវរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែធ្វើទុកក្នុងចិត្តជាធម្មតាប៉ុណ្ណោះ។ បពិត្រព្រះអង្គដ៏ចំរើន ដូចភិក្ខុបានសមាធិ មានសភាពដូច្នោះក៏មាន តើដូចម្តេច ដូចជាភិក្ខុមិនធ្វើទុកក្នុងចិត្តនូវចក្ខុ មិនធ្វើទុកក្នុងចិត្តនូវរូប។បេ។ មិនធ្វើទុកក្នុងចិត្តនូវរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែធ្វើទុកក្នុងចិត្តជាធម្មតាប៉ុណ្ណោះ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ធ្វើទុកក្នុងចិត្ត យ៉ាងនេះថា ការរម្ងាប់សង្ខារទាំងអស់ ការលះចោលកិលេសទាំងអស់ ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់ទុក្ខ គឺព្រះនិញ្វនណា ព្រះនិញ្វននុ៎ះ ជាទីស្ងប់ ព្រះនិញ្វននុ៎ះ ដ៏ឧត្តម។ ម្នាលអានន្ទ ភិក្ខុបានសមាធិ មានសភាពដូច្នោះ យ៉ាងនេះឯង ដូចជាភិក្ខុមិនធ្វើទុកក្នុងចិត្តនូវចក្ខុ មិនធ្វើទុកក្នុងចិត្តនូវរូប មិនធ្វើទុកក្នុងចិត្តនូវសោតៈ មិនធ្វើទុកក្នុងចិត្តនូវសទ្ទៈ មិនធ្វើទុកក្នុងចិត្តនូវឃានៈ មិនធ្វើទុកក្នុងចិត្តនូវគន្ធៈ មិនធ្វើទុកក្នុងចិត្តនូវជិវ្ហា មិនធ្វើទុកក្នុងចិត្តនូវរស មិនធ្វើទុកក្នុងចិត្តនូវកាយ មិនធ្វើទុកក្នុងចិត្តនូវផោដ្ឋព្វៈ មិនធ្វើទុកក្នុងចិត្តនូវបឋវី មិនធ្វើទុកក្នុងចិត្តនូវអាបោ មិនធ្វើទុកក្នុងចិត្តនូវតេជោ មិនធ្វើទុកក្នុងចិត្តនូវវាយោ មិនធ្វើទុកក្នុងចិត្តនូវអាកាសានញ្ចាយតនៈ មិនធ្វើទុកក្នុងចិត្តនូវវិញ្ញាណញ្ចាយតនៈ មិនធ្វើទុកក្នុងចិត្តនូវអាកិញ្ចញ្ញាយតនៈ មិនធ្វើទុកក្នុងចិត្តនូវនេវសញ្ញានាសញ្ញាយតនៈ មិនធ្វើទុកក្នុងចិត្តនូវលោកនេះ មិនធ្វើទុកក្នុងចិត្តនូវលោកខាងមុខ មិនធ្វើទុកក្នុងចិត្តនូវរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែធ្វើទុកក្នុងចិត្តជាធម្មតាប៉ុណ្ណោះ។

(សទ្ធសូត្រ ទី៩)

(៩. សទ្ធសុត្តំ)

[១១៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទដែលគេធ្វើអំពីឥដ្ឋ ជិតស្រុកនានិកៈ។ គ្រានោះ ព្រះសន្ធៈដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំចំពោះព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះសន្ធៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលសន្ធៈ អ្នកត្រូវគិតដូចគំនិតសេះអាជានីយ កុំគិតដូចគំនិតសេះ ដែលមានពុតត្បុតឡើយ។ ម្នាលសន្ធៈ គំនិតសេះដែលមានពុតត្បុត តើដូចម្តេច។ ម្នាលសន្ធៈ សេះមានពុតត្បុត ដែលគេចងក្បែរក្រង់នៃស្រូវ តែងគិតថា ស្រូវដំណើប ស្រូវដំណើប។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលសន្ធៈ ព្រោះថា សេះមានពុតត្បុត ដែលគេចងក្បែរក្រង់នៃស្រូវ មិនមានគំនិតយ៉ាងនេះថា ថ្ងៃនេះ នាយសារថីអ្នកបង្ហាត់សេះ នឹងឲ្យអញធ្វើនូវហេតុដូចម្តេច អញធ្វើតបទៅវិញដូចម្តេច។ សេះនោះ ត្រូវគេចងក្បែរក្រង់នៃស្រូវហើយ តែងគិតថា ស្រូវដំណើប ស្រូវដំណើប។ ម្នាលសន្ធៈ បុរសមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ ទៅនៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី មានចិត្តដែលកាមរាគរួបរឹត ដែលកាមរាគគ្របសង្កត់ហើយ រមែងមិនដឹងនូវការរលាស់ចោលនូវកាមរាគ ដែលកើតឡើងដោយពិត ក៏យ៉ាងនោះដែរ។ បុរសនោះ តែងគិតជញ្ជឹង ជ្រុលជ្រប់ សុបសៅ ព្រោះធ្វើកាមរាគឲ្យនៅខាងក្នុង។ បុគ្គលមានចិត្តដែលព្យាបាទ រួបរឹតហើយ… មានចិត្តដែលថីនមិទ្ធៈ រួបរឹតហើយ… មានចិត្តដែលឧទ្ធច្ចកុក្កុច្ចៈ រួបរឹតហើយ… មានចិត្តដែលវិចិកិច្ឆារួបរឹត ដែលវិចិកិច្ឆាគ្របសង្កត់ហើយ រមែងមិនដឹងការរលាស់ចោលនូវវិចិកិច្ឆា ដែលកើតឡើងដោយពិត។ បុគ្គលនោះ តែងគិតជញ្ជឹង ជ្រុលជ្រប់ សុបសៅ ព្រោះធ្វើវិចិកិច្ឆា ឲ្យនៅតែខាងក្នុង។ បុគ្គលនោះ តែងគិតព្រោះអាស្រ័យនូវផែនដីខ្លះ គិតព្រោះអាស្រ័យនូវទឹកខ្លះ គិត ព្រោះអាស្រ័យនូវភ្លើងខ្លះ គិត ព្រោះអាស្រ័យនូវខ្យល់ខ្លះ គិត ព្រោះអាស្រ័យនូវអាកាសានញ្ចាយតនៈខ្លះ គិត ព្រោះអាស្រ័យនូវវិញ្ញាណញ្ចាយតនៈខ្លះ គិត ព្រោះអាស្រ័យនូវអាកិញ្ចញ្ញាយតនៈខ្លះ គិត ព្រោះអាស្រ័យនូវនេវសញ្ញានាសញ្ញាយតនៈខ្លះ គិត ព្រោះអាស្រ័យនូវលោកនេះខ្លះ គិត ព្រោះអាស្រ័យនូវលោកខាងមុខខ្លះ គិតព្រោះអាស្រ័យនូវរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត។ ម្នាលសន្ធៈ គំនិតរបស់បុរស ដែលមានពុតត្បុត យ៉ាងនេះឯង។ ម្នាលសន្ធៈ គំនិតរបស់សេះអាជានីយ តើដូចម្តេច។ ម្នាលសន្ធៈ សេះអាជានីយដ៏ចំរើន ដែលគេចងក្បែរក្រង់ នៃស្រូវដំណើប រមែងមិនគិតថា ស្រូវដំណើប ស្រូវដំណើបទេ។ ដំណើរនុ៎ះ ព្រោះហេតុអ្វី។ ម្នាលសន្ធៈ ព្រោះថា សេះអាជានីយដ៏ចំរើន ដែលគេចងក្បែរក្រង់នៃស្រូវ តែងមានសេចក្តីត្រិះរិះ យ៉ាងនេះថា ក្នុងថ្ងៃនេះ នាយសារថីអ្នកបង្ហាត់សេះ នឹងឲ្យអញធ្វើនូវហេតុដូចម្តេច អញនឹងធ្វើតបទៅវិញ ដូចម្តេច។ សេះដែលគេចងក្បែរក្រង់នៃស្រូវនោះ រមែងមិននឹកថា ស្រូវដំណើប ស្រូវដំណើបទេ។ ម្នាលសន្ធៈ សេះអាជានីយដ៏ចំរើន តែងពិចារណា នូវការចាក់ដោយជន្លួញយ៉ាងនេះថា ដូចជាបំណុល ដូចជាចំណង ដូចជាសេចក្តីសាបសូន្យ ឬដូចជាទោស។ ម្នាលសន្ធៈ បុរសអាជានីយដ៏ចំរើន ទោះនៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងមិនឲ្យកាមរាគរួបរឹតចិត្តបាន មិនឲ្យកាមរាគគ្របសង្កត់ចិត្តបាន ទាំងដឹងច្បាស់ នូវការរលាស់ចោលនូវកាមរាគ ដែលកើតឡើងហើយដោយពិត។ មិនឲ្យព្យាបាទរួបរឹតចិត្តបាន… មិនឲ្យថីនមិទ្ធៈរួបរឹតចិត្តបាន… មិនឲ្យឧទ្ធច្ចកុក្កុច្ចៈ រួបរឹតចិត្តបាន… មិនឲ្យវិចិកិច្ឆារួបរឹតចិត្តបាន មិនឲ្យវិចិកិច្ឆាគ្របសង្កត់ចិត្តបាន ទាំងដឹងច្បាស់នូវការរលាស់ចោលនូវវិចិកិច្ឆាដែលកើតឡើងហើយដោយពិត។ បុរសនោះ មិនគិត ព្រោះអាស្រ័យនូវបឋវី មិនគិត ព្រោះអាស្រ័យនូវអាបោ មិនគិត ព្រោះអាស្រ័យនូវតេជោ មិនគិត ព្រោះអាស្រ័យនូវវាយោ មិនគិត ព្រោះអាស្រ័យនូវអាកាសានញ្ចាយតនៈ មិនគិត ព្រោះអាស្រ័យនូវវិញ្ញាណញ្ចាយតនៈ មិនគិត ព្រោះអាស្រ័យនូវអាកិញ្ចញ្ញាយតនៈ មិនគិត ព្រោះអាស្រ័យនូវនេវសញ្ញានាសញ្ញាយតនៈ មិនគិត ព្រោះអាស្រ័យនូវលោកនេះ មិនគិត ព្រោះអាស្រ័យនូវលោកខាងមុខ មិនគិត ព្រោះអាស្រ័យនូវរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែគិតជាធម្មតាប៉ុណ្ណោះ។ ម្នាលសន្ធៈ ទេវតាទាំងឡាយ ព្រមទាំងព្រះឥន្រ្ទ ព្រមទាំងព្រះព្រហ្ម ព្រមទាំងបជាបតិទេវរាជ តែងនមស្ការបុរសជាអាជានីយដ៏ចំរើន អំពីចម្ងាយ ដែលជាអ្នកមានឈាន យ៉ាងនេះថា

យើងទាំងឡាយ មិនស្គាល់អ្នកណាជាបុរសអាជានីយ តែងគិត ព្រោះអាស្រ័យនូវគុណធម៌ណា បពិត្របុរសអាជានីយ យើងសូមនមស្ការចំពោះអ្នក បពិត្របុរសដ៏ឧត្តម យើងសូមនមស្ការចំពោះអ្នក។

កាលព្រះអង្គទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះសន្ធៈដ៏មានអាយុ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន បុរសអាជានីយដ៏ចំរើន មានឈាន តែងគិតដូចម្តេច។ បុរសអាជានីយនោះ មិនគិត ព្រោះអាស្រ័យនូវបឋវី មិនគិត ព្រោះអាស្រ័យនូវអាបោ មិនគិត ព្រោះអាស្រ័យនូវតេជោ មិនគិត ព្រោះអាស្រ័យនូវវាយោ មិនគិត ព្រោះអាស្រ័យនូវអាកាសានញ្ចាយតនៈ មិនគិត ព្រោះអាស្រ័យនូវវិញ្ញាណញ្ចាយតនៈ មិនគិត ព្រោះអាស្រ័យនូវអាកិញ្ចញ្ញាយតនៈ មិនគិត ព្រោះអាស្រ័យនូវនេវសញ្ញានាសញ្ញាយតនៈ មិនគិត ព្រោះអាស្រ័យនូវលោកនេះ មិនគិត ព្រោះអាស្រ័យនូវលោកខាងមុខ មិនគិត ព្រោះអាស្រ័យនូវរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែគិតជាធម្មតាតែប៉ុណ្ណោះ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុម្តេច ទេវតាទាំងឡាយ ព្រមទាំងព្រះឥន្រ្ទ ព្រមទាំងព្រហ្ម ព្រមទាំងបជាបតិទេវរាជ នមស្ការអំពីចម្ងាយ ចំពោះបុរសអាជានីយដ៏ចំរើន ដែលមានឈានយ៉ាងនេះថា

យើងទាំងឡាយ មិនស្គាល់អ្នកណា ជាបុរសអាជានីយ តែងគិត ព្រោះអាស្រ័យនូវគុណធម៌ណា បពិត្របុរសអាជានីយ យើងសូមនមស្ការចំពោះអ្នក បពិត្របុរសដ៏ឧត្តម យើងសូមនមស្ការចំពោះអ្នក។

ម្នាលសន្ធៈ បុរសអាជានីយដ៏ចំរើន ក្នុងលោកនេះ សំគាល់ថាដី ក្នុងដីជាប្រាកដ សំគាល់ថា ទឹកក្នុងទឹកជាប្រាកដ សំគាល់ថា ភ្លើងក្នុងភ្លើងជាប្រាកដ សំគាល់ថា ខ្យល់ក្នុងខ្យល់ជាប្រាកដ សំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ ជាប្រាកដ សំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈជាប្រាកដ សំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈជាប្រាកដ សំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈជាប្រាកដ សំគាល់ថា លោកនេះ ក្នុងលោកនេះជាប្រាកដ សំគាល់ថា លោកខាងមុខក្នុងលោកខាងមុខជាប្រាកដ សំគាល់ក្នុងរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត ជាប្រាកដ។ ម្នាលសន្ធៈ បុរសអាជានីយដ៏ចំរើន អ្នកមានឈានយ៉ាងនេះ មិនគិត ព្រោះអាស្រ័យនូវបឋវី មិនគិត ព្រោះអាស្រ័យនូវអាបោ មិនគិត ព្រោះអាស្រ័យនូវតេជោ មិនគិត ព្រោះអាស្រ័យនូវវាយោ មិនគិត ព្រោះអាស្រ័យនូវអាកាសានញ្ចាយតនៈ មិនគិត ព្រោះអាស្រ័យនូវវិញ្ញាណញ្ចាយតនៈ មិនគិត ព្រោះអាស្រ័យនូវអាកិញ្ចញ្ញាយតនៈ មិនគិត ព្រោះអាស្រ័យនូវនេវសញ្ញានាសញ្ញាយតនៈ មិនគិត ព្រោះអាស្រ័យនូវលោកនេះ មិនគិត ព្រោះអាស្រ័យនូវលោកខាងមុខ មិនគិត ព្រោះអាស្រ័យនូវរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែគិតជាធម្មតាប៉ុណ្ណោះ។ ម្នាលសន្ធៈ ហេតុយ៉ាងនេះ ទេវតាទាំងឡាយ ព្រមទាំងព្រះឥន្រ្ទ ព្រមទាំងព្រហ្ម ព្រមទាំងបជាបតិទេវរាជ តែងនមស្ការអំពីចម្ងាយ ចំពោះបុរសអាជានីយដ៏ចំរើនអ្នកមានឈាន យ៉ាងនេះថា

យើងមិនស្គាល់ច្បាស់ អ្នកណាជាបុរសអាជានីយ តែងគិត ព្រោះអាស្រ័យនូវគុណធម៌ណា បពិត្របុរសអាជានីយ យើងសូមនមស្ការចំពោះអ្នក បពិត្របុរសដ៏ឧត្តម យើងសូមនមស្ការចំពោះអ្នក។

(មោរនិវាបសូត្រ ទី១០)

(១០. មោរនិវាបសុត្តំ)

[១១៧] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងបរិញ្វជការាម ជាមោរនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ ប្រការ ឈ្មោះថាជាអ្នកសម្រេចមែន ក្សេមចាកយោគៈមែន ប្រព្រឹត្តព្រហ្មចរិយៈមែន ចប់មែន ប្រសើរជាងទេវតា និងមនុស្សទាំងឡាយ។ ធម៌ ៣ ប្រការ តើដូចម្តេច។ គឺសីលក្ខន្ធ ជាអសេក្ខៈ ១ សមាធិក្ខន្ធជាអសេក្ខៈ ១ បញ្ញាខន្ធ ជាអសេក្ខៈ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ ប្រការនេះឯង ទើបឈ្មោះថា ជាអ្នកសម្រេចមែន ក្សេមចាកយោគៈមែន ប្រព្រឹត្តព្រហ្មចរិយៈមែន ចប់មែន ប្រសើរជាងទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ ប្រការ ដទៃទៀត ក៏ឈ្មោះថាជាអ្នកសម្រេចមែន ឈ្មោះថាក្សេមចាកយោគៈមែន ប្រព្រឹត្តព្រហ្មចរិយៈមែន ចប់មែន ប្រសើរជាងទេវតា និងមនុស្សទាំងឡាយ។ ធម៌ ៣ ប្រការ តើដូចម្តេច។ គឺឥទ្ធិប្បាដិហារិយៈ ១ អាទេសនាបាដិហារិយៈ ១ អនុសាសនីបាដិហារិយៈ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ ប្រការនេះឯង ឈ្មោះថាជាអ្នកសម្រេចមែន ក្សេមចាកយោគៈមែន ប្រព្រឹត្តព្រហ្មចរិយៈមែន ចប់មែន ប្រសើរជាងទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ ប្រការ ដទៃទៀត ឈ្មោះថា ជាអ្នកសម្រេចមែន ក្សេមចាកយោគៈមែន ប្រព្រឹត្តព្រហ្មចរិយៈមែន ចប់មែន ប្រសើរជាងទេវតា និងមនុស្សទាំងឡាយ។ ធម៌ ៣ ប្រការ តើដូចម្តេច។ គឺសម្មាទិដ្ឋិ ១ សម្មាញាណៈ ១ សម្មាវិមុត្តិ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ ប្រការនេះឯង ឈ្មោះថា ជាអ្នកសម្រេចមែន ក្សេមចាកយោគៈមែន ប្រព្រឹត្តព្រហ្មចរិយៈមែន ចប់មែន ប្រសើរជាងទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ ប្រការ ឈ្មោះថាជាអ្នកសម្រេចមែន ក្សេមចាកយោគៈមែន ប្រព្រឹត្តព្រហ្មចរិយៈមែន ចប់មែន ប្រសើរជាងទេវតា និងមនុស្សទាំងឡាយ។ ធម៌ ២ ប្រការ តើដូចម្តេច។ គឺវិជ្ជា ១ ចរណៈ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ ប្រការនេះ ទើបឈ្មោះថាជាអ្នកសម្រេចមែន ក្សេមចាកយោគៈមែន ប្រព្រឹត្តព្រហ្មចរិយៈមែន ចប់មែន ប្រសើរជាងទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ គាថានេះ ព្រហ្មឈ្មោះសនង្កុមារៈ បានពោលហើយថា

ជនទាំងឡាយណា ជាអ្នកប្រកាន់ចំពោះគោត្រ (បណ្តាជនទាំងនោះ) ក្សត្រិយ៍ ប្រសើរជាងប្រជុំជន ជនណា បរិបូណ៌ដោយវិជ្ជា និងចរណៈ ជននោះជាបុគ្គលប្រសើរជាងទេវតា និងមនុស្ស។

ម្នាលភិក្ខុទាំងឡាយ គាថានេះឯង សនង្កុមារព្រហ្មបានច្រៀងត្រូវហើយ មិនមែនច្រៀងខុសទេ ជាសុភាសិត មិនមែនទុញ្ភសិតទេ ប្រកបដោយប្រយោជន៍ មិនមែនមិនប្រកបដោយប្រយោជន៍ទេ ទាំងតថាគត ក៏យល់ព្រម ម្នាលភិក្ខុទាំងឡាយ ចំណែកតថាគតក៏ពោលយ៉ាងនេះថា

ជនទាំងឡាយណា ជាអ្នកប្រកាន់ចំពោះគោត្រ (បណ្តាជនទាំងនោះ) ក្សត្រិយ៍ ប្រសើរជាងប្រជុំជន ជនណា បរិបូណ៌ដោយវិជ្ជា និងចរណៈ ជននោះជាបុគ្គលប្រសើរជាងទេវតា និងមនុស្សដែរ។

ចប់ និស្សយវគ្គ ទី១។

ឧទ្ទាននៃនិស្សយវគ្គនោះគឺ

និយាយអំពីសីល មានប្រយោជន៍ ដូចម្តេច ១ ចេតនា មានបីលើក ឧបនិស្ស័យ ១ សេចក្តីវិនាស ១ សញ្ញា ១ មិនធ្វើទុកក្នុងចិត្ត ១ សេក្ខៈ ១ បរិញ្វជការាមជាមោរនិវាបស្ថាន ១។

 

លេខយោង

km/tipitaka/sut/an/11/sut.an.11.v01.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann