km:tipitaka:sut:an:11:sut.an.11.v02

ទុតិយវគ្គ ទី២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 11.v02 បាលី cs-km: sut.an.11.v02 អដ្ឋកថា: sut.an.11.v02_att PTS: ?

ទុតិយវគ្គ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. អនុស្សតិវគ្គោ)

(បឋមមហានាមសូត្រ ទី១)

(១. បឋមមហានាមសុត្តំ)

[១១៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងនិគ្រោធារាម ជិតក្រុងកបិលព័ស្តុ ក្នុងដែនសក្កៈ។ សម័យនោះឯង ភិក្ខុទាំងឡាយច្រើនរូប ធ្វើចីវរកម្ម ថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់នឹងចៀសចេញ ទៅកាន់ចារិកដោយកាលកន្លងទៅ ៣ ខែ។ មហានាមសក្កៈ បានឮថា ពួកភិក្ខុច្រើនរូប ធ្វើចីវរកម្ម ថ្វាយព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់ចៀសចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ។ គ្រានោះ មហានាមសក្កៈ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះមហានាមសក្កៈ អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យនេះថា ពួកភិក្ខុច្រើនរូប ធ្វើចីវរកម្ម ថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់នឹងចៀសចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ។ បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គទាំងនោះ កាលនៅដោយវិហារធម៌ផ្សេង ៗ តើគួរនៅដោយវិហារធម៌ ដូចម្តេច។ ព្រះអង្គត្រាស់ថា បពិត្រមហានាម ប្រពៃហើយ ប្រពៃហើយ បពិត្រមហានាម ការសួរនេះឯង ជាកិច្ចដ៏សមគួរដល់ព្រះអង្គ ជាកុលបុត្រហើយ ដ្បិតថា ព្រះអង្គចូលមកគាល់តថាគត ហើយសួរថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងនោះ កាលនៅដោយវិហារធម៌ផ្សេង ៗ តើគួរនៅដោយវិហារធម៌ ដូចម្តេច។ បពិត្រមហានាម បុគ្គលអ្នកមានសទ្ធា ញុំាងសទ្ធាឲ្យសម្រេច មិនមែនជាអ្នកមិនមានសទ្ធា ១ អ្នកប្រារព្ធសេចក្តីព្យាយាម ញុំាងព្យាយាមឲ្យសម្រេច មិនមែនជាអ្នកខ្ជិលច្រអូស ១ អ្នកមានសតិខ្ជាប់ខ្ជួន ញុំាងសតិឲ្យសម្រេច មិនមែនជាអ្នកភ្លេចសតិ ១ អ្នកមានចិត្តតាំងមាំ ញុំាងចិត្តដែលតាំងមាំ ឲ្យសម្រេច មិនមែនជាអ្នកមានចិត្តមិនតាំងមាំ ១ អ្នកមានប្រាជ្ញា ញុំាងប្រាជ្ញាឲ្យសម្រេច មិនមែនជាអ្នកឥតប្រាជ្ញា ១។ បពិត្រមហានាម ព្រះអង្គតាំងនៅក្នុងធម៌ទាំង ៥ នេះហើយ គប្បីចំរើនធម៌ ៦ យ៉ាងទៀត។ បពិត្រមហានាម ក្នុងសាសនានេះ ព្រះអង្គគប្បីរលឹកនូវតថាគតថា ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាសារថី ទូន្មាននូវបុរស ព្រះអង្គជាសាស្តា នៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គបំបាក់បង់នូវភពដូច្នេះ។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវតថាគតក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័ក មានចិត្តត្រង់ ប្រារព្ធនូវតថាគតហើយ រមែងបានសេចក្តីយល់នូវអត្ថ សេចក្តីយល់នូវធម៌ មានសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើអរិយសាវ័ក មានចិត្តរីករាយហើយ បីតិ តែងកើតឡើង កាលបើអរិយសាវ័ក មានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័ក មានកាយស្ងប់រម្ងាប់ហើយ តែងបានទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តក៏បានតាំងនៅល្អ។ បពិត្រមហានាម អរិយសាវ័កនេះ តថាគត ហៅថា អ្នកដល់នូវការស្មោះស្មើ ក្នុងពួកសត្វដែលមិនស្មោះស្មើ អ្នកមិនមានព្យាបាទ ក្នុងពួកសត្វដែលមានសេចក្តីព្យាបាទ អ្នកដល់នូវខ្សែនៃធម៌ តែងចំរើននូវពុទ្ធានុស្សតិ។

បពិត្រមហានាម មួយទៀត ព្រះអង្គគប្បីរលឹកនូវព្រះធម៌ថា ព្រះបរិយត្តិធម៌ ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងហើយដោយល្អ ព្រះនព្វលោកុត្តរធម៌ ជាធម៌ដែលព្រះអរិយបុគ្គលទាំង ៨ ពួក ដឹងពិត ឃើញពិត ដោយបច្ចវេក្ខណញ្ញាណ ជាធម៌ឲ្យនូវផលមិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌ដែលព្រះអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន ដោយអំណាចនៃភាវនា ជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយ មានឧគ្ឃដិតញ្ញូបុគ្គលជាដើម គប្បីឃើញច្បាស់ក្នុងចិត្តនៃខ្លួន។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវព្រះធម៌ ក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបានក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័កមានចិត្តត្រង់ ប្រារព្ធនូវព្រះធម៌ តែងបានសេចក្តីយល់នូវអត្ថ បានសេចក្តីយល់នូវធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើអរិយសាវ័ក មានសេចក្តីរីករាយហើយ បីតិ រមែងកើតឡើង កាលបើអរិយសាវ័កមានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័កមានកាយស្ងប់រម្ងាប់ហើយ រមែងទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តក៏តាំងនៅល្អ។ បពិត្រមហានាម អរិយសាវ័កនេះ តថាគតហៅថា អ្នកដល់នូវការស្មោះស្មើក្នុងពួកសត្វ ដែលមិនស្មោះស្មើ អ្នកមិនមានព្យាបាទ ក្នុងពួកសត្វដែលមានសេចក្តីព្យាបាទ អ្នកដល់នូវខ្សែនៃធម៌ តែងចំរើននូវធម្មានុស្សទិ។

បពិត្រមហានាម មួយទៀត ព្រះអង្គគប្បីរលឹកនូវព្រះសង្ឃថា ព្រះសង្ឃសាវ័កនៃព្រះមានព្រះភាគ លោកប្រតិបត្តិហើយ ដោយប្រពៃ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិហើយ ដោយត្រង់ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិ ដើម្បីត្រាស់ដឹងនូវព្រះនិញ្វន ព្រះសង្ឃសាវ័កនៃព្រះមានព្រះភាគ លោកប្រតិបត្តិគួរដល់សាមីចិកម្ម ព្រះសង្ឃណា បើរាប់ជាគូនៃបុរស មាន ៤ គូ បើរាប់រៀងជាបុរសបុគ្គល មាន ៨ ព្រះសង្ឃសាវ័កនៃព្រះមានព្រះភាគនុ៎ះ លោកគួរទទួលរបស់ដែលគេនាំមកបូជា លោកគួរទទួលរបស់ដែលគេបម្រុងទទួលភ្ញៀវ លោកគួរទទួលទក្ខិណាទាន លោកគួរដល់អញ្ជលិកម្ម លោកជាបុញ្ញកេ្ខត្តដ៏ប្រសើររបស់សត្វលោក។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវព្រះសង្ឃក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័ក មានចិត្តត្រង់ប្រារព្ធនូវព្រះសង្ឃហើយ តែងបានសេចក្តីយល់នូវអត្ថ បានសេចក្តីយល់នូវធម៌ បានសេចក្តីរីករាយប្រកបដោយធម៌ កាលបើអរិយសាវ័ក មានចិត្តរីករាយហើយ បីតិ តែងកើតឡើង កាលបើអរិយសាវ័ក មានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័ក មានកាយស្ងប់រម្ងាប់ហើយ តែងទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តក៏តាំងនៅល្អ។ បពិត្រមហានាម អរិយសាវ័កនេះ តថាគតហៅថាអ្នកដល់នូវការស្មោះស្មើ ក្នុងពួកសត្វ ដែលមិនមានសេចក្តីស្មោះស្មើ អ្នកមិនមានសេចក្តីព្យាបាទ ក្នុងពួកសត្វដែលមានសេចក្តីព្យាបាទ អ្នកដល់នូវខ្សែនៃធម៌ តែងចំរើននូវសង្ឃានុស្សតិ។

បពិត្រមហានាម មួយទៀត ព្រះអង្គគប្បីរលឹកនូវសីលទាំងឡាយរបស់ខ្លួនថា សីលមិនដាច់ មិនធ្លុះ មិនពព្រុះ មិនពពាល ជាសីលជានា ដែលពួកវិញ្ញូជនសរសើរ ជាសីល ដែលតណ្ហា និងទិដ្ឋិ មិនបានស្ទាបអង្អែល ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវសីលក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបានក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័កមានចិត្តត្រង់ ប្រារព្ធនូវសីលហើយ តែងបានសេចក្តីយល់នូវអត្ថ បានសេចក្តីយល់នូវធម៌ បានសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើអរិយសាវ័ក មានចិត្តរីករាយហើយ បីតិក៏កើតឡើង កាលបើអរិយសាវ័ក មានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័ក មានកាយស្ងប់រម្ងាប់ហើយ តែងបានទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តក៏តាំងនៅល្អ។ បពិត្រមហានាម អរិយសាវ័កនេះ តថាគតហៅថា អ្នកដល់នូវការស្មោះស្មើ ក្នុងពួកសត្វ ដែលមិនមានសេចក្តីស្មោះស្មើ អ្នកមិនមានសេចក្តីព្យាបាទ ក្នុងពួកសត្វ ដែលមានសេចក្តីព្យាបាទ អ្នកដល់នូវខ្សែនៃធម៌ តែងចំរើននូវសីលានុស្សតិ។

បពិត្រមហានាម មួយទៀត ព្រះអង្គគប្បីរលឹកនូវចាគៈរបស់ព្រះអង្គថា ឱហ្ន៎ អាត្មាអញ ចំជាមានលាភ ឱហ្ន៎ អាត្មាអញបានល្អហើយតើ អាត្មាអញមានចិត្ត មានមន្ទិល គឺសេចក្តីកំណាញ់ប្រាសចេញហើយ ក្នុងពួកសត្វ ដែលមានមន្ទិល គឺសេចក្តីកំណាញ់រួបរឹតហើយ បានបរិច្ចាគរួចហើយ មានដៃលាងស្អាតហើយ ត្រេកអរក្នុងការលះបង់ គួរឲ្យគេសូមបាន ត្រេកអរ ក្នុងការចែករំលែកទាន នៅគ្រប់គ្រងផ្ទះ។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវចាគៈក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈ រួបរឹតចិត្តបាន ឥតមានមោហៈ រួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័ក មានចិត្តត្រង់ ប្រារព្ធនូវចាគៈហើយ តែងបានសេចក្តីយល់នូវអត្ថ បានសេចក្តីយល់នូវធម៌ បានសេចក្តីរីករាយប្រកបដោយធម៌ កាលបើអរិយសាវ័កមានចិត្តរីករាយហើយ បីតិតែងកើតឡើង កាលបើអរិយសាវ័ក មានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័ក មានកាយស្ងប់រម្ងាប់ហើយ តែងបានទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តក៏តាំងនៅល្អ។ បពិត្រមហានាម អរិយសាវ័កនេះ តថាគតហៅថា អ្នកដល់នូវការស្មោះស្មើ ក្នុងពួកសត្វ ដែលមិនមានសេចក្តីស្មោះស្មើ អ្នកមិនមានសេចក្តីព្យាបាទ ក្នុងពួកសត្វ ដែលមានសេចក្តីព្យាបាទ អ្នកដល់នូវខ្សែនៃធម៌ តែងចំរើននូវចាគានុស្សតិ។

បពិត្រមហានាម មួយវិញទៀត ព្រះអង្គគប្បីរលឹកនូវពួកទេវតាថា ពួកទេវតាជាន់ចាតុម្មហារាជិកៈ មានពួកទេវតាជាន់តាវត្តឹង្ស មានពួកទេវតាជាន់យាមៈ មានពួកទេវតាជាន់តុសិត មានពួកទេវតាជាន់និម្មានរតី មានពួកទេវតាជាន់បរនិម្មិតវសវត្តី មានពួកទេវតាដែលរាប់បញ្ចូលក្នុងពួកព្រហ្ម មានពួកទេវតាតពីនោះទៅទៀត ក៏មាន ពួកទេវតាទាំងនោះ ប្រកបដោយសទ្ធា មានសភាពយ៉ាងណា ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ អាត្មាអញមានសទ្ធា មានសភាពដូច្នោះដែរ ពួកទេវតាទាំងនោះ ប្រកបដោយសីល មានសភាពយ៉ាងណា ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ អាត្មាអញមានសីល មានសភាពដូច្នោះ ពួកទេវតាទាំងនោះ ប្រកបដោយសុតៈ មានសភាពយ៉ាងណា ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ អាត្មាអញមានសុតៈ មានសភាពដូច្នោះដែរ ពួកទេវតាទាំងនោះ ប្រកបដោយចាគៈ មានសភាពយ៉ាងណា ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ អាត្មាអញមានចាគៈ មានសភាពដូច្នោះដែរ ពួកទេវតាទាំងនោះ ប្រកបដោយបញ្ញា មានសភាពយ៉ាងណា ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ អាត្មាអញមានបញ្ញា មានសភាពដូច្នោះដែរ។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវសទ្ធា សីល សុតៈ ចាគៈ បញ្ញា របស់ខ្លួនផង របស់ពួកទេវតាទាំងនោះផង ក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័ក មានចិត្តត្រង់ ប្រារព្ធនូវពួកទេវតាហើយ តែងបានសេចក្តីយល់នូវអត្ថ បានសេចក្តីយល់នូវធម៌ បានសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើអរិយសាវ័ក មានចិត្តរីករាយហើយ បីតិក៏កើតឡើង កាលបើអរិយសាវ័ក មានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័ក មានកាយស្ងប់រម្ងាប់ហើយ តែងបានទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តក៏តាំងនៅល្អ។ បពិត្រមហានាម អរិយសាវ័កនេះ តថាគតហៅថា អ្នកដល់នូវការស្មោះស្មើ ក្នុងពួកសត្វ ដែលមិនមានសេចក្តីស្មោះស្មើ អ្នកមិនមានព្យាបាទ ក្នុងពួកសត្វដែលមានសេចក្តីព្យាបាទ អ្នកដល់នូវខ្សែនៃធម៌ តែងចំរើនូវទេវតានុស្សតិ។

(ទុតិយមហានាមសូត្រ ទី២)

(២. ទុតិយមហានាមសុត្តំ)

[១១៩] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ជិតក្រុងកបិលព័ស្តុ ក្នុងដែនសក្កៈ។ សម័យនោះឯង មហានាមសក្កៈ ទើបនឹងសះស្បើយចាកជម្ងឺ បានសះស្បើយចាកជម្ងឺមិនទាន់យូរប៉ុន្មាន។ សម័យនោះឯង ស្រាប់តែពួកភិក្ខុច្រើនរូប កំពុងធ្វើចីវរកម្ម ថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់នឹងចៀសចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ។ មហានាមសក្កៈបានឮថា ពួកភិក្ខុច្រើនរូប កំពុងធ្វើចីវរកម្ម ថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ នឹងចៀសចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ។ គ្រានោះ មហានាមសក្កៈ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះមហានាមសក្កៈ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឮពាក្យនេះថា ពួកភិក្ខុច្រើនរូប កំពុងធ្វើចីវរកម្ម ថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់នឹងចៀសចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ។ បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គទាំងនោះ កាលនៅដោយវិហារធម៌ផ្សេង ៗ តើគួរនៅដោយវិហារធម៌ ដូចម្តេច។ ព្រះអង្គត្រាស់ថា បពិត្រមហានាម ប្រពៃហើយ ប្រពៃហើយ បពិត្រមហានាម ការសួរនេះឯង ជាកិច្ចដ៏សមគួរ ដល់ព្រះអង្គជាកុលបុត្រហើយ ដ្បិតថា ព្រះអង្គចូលមកគាល់តថាគត ហើយសួរថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងនោះ កាលនៅដោយវិហារធម៌ផ្សេង ៗ តើគួរនៅដោយវិហារធម៌ ដូចម្តេច។ បពិត្រមហានាម បុគ្គលជាអ្នកមានសទ្ធា បានញុំាងសទ្ធាឲ្យសម្រេច មិនមែនជាអ្នកមិនមានសទ្ធា ១ អ្នកប្រារព្ធសេចក្តីព្យាយាម ញុំាងព្យាយាមឲ្យសម្រេច មិនមែនជាអ្នកខ្ជិលច្រអូស ១ អ្នកមានសតិខ្ជាប់ខ្ជួន ញុំាងសតិឲ្យសម្រេច មិនមែនជាអ្នកភ្លេចសតិ ១ ជាអ្នកមានចិត្តតាំងមាំ បានញុំាងចិត្តដែលតាំងមាំឲ្យសម្រេច មិនមែនជាអ្នកមានចិត្តមិនតាំងមាំ ១ អ្នកមានប្រាជ្ញា បានញុំាងប្រាជ្ញាឲ្យសម្រេច មិនមែនជាអ្នកអាប់ឥតប្រាជ្ញា ១។ បពិត្រមហានាម កាលបើព្រះអង្គបានតាំងនៅក្នុងធម៌ទាំង ៥ នេះហើយ គប្បីចំរើននូវធម៌ ៦ យ៉ាង តទៅទៀត។ បពិត្រមហានាម ព្រះអង្គគប្បីរលឹកនូវព្រះតថាគត ក្នុងលោកនេះថា ព្រះមានព្រះភាគអង្គនោះ។បេ។ ជាសាស្រ្តាចារ្យនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវព្រះតថាគត ក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័ក មានចិត្តត្រង់ ប្រារព្ធនូវព្រះតថាគតហើយ តែងបានសេចក្តីយល់នូវអត្ថ បានសេចក្តីយល់នូវធម៌ បានសេចក្តីរីករាយប្រកបដោយធម៌ កាលបើអរិយសាវ័កមានចិត្តរីករាយហើយ បីតិក៏កើតឡើង កាលបើអរិយសាវ័កមានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័កមានកាយស្ងប់រម្ងាប់ហើយ តែងបានទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័កមានសេចក្តីសុខហើយ ចិត្តក៏តាំងនៅល្អ។ បពិត្រមហានាម ព្រះអង្គកំពុងស្តេចយាងក្តី គប្បីចំរើន ឋិតក្តី គប្បីចំរើន គង់ក្តី គប្បីចំរើន ផ្ទំក្តី គប្បីចំរើន ផ្គូរផ្គងការងារក្តី គប្បីចំរើន គ្រប់គ្រងទីផ្ទំដែលចង្អៀតដោយព្រះរាជបុត្តក្តី គប្បីចំរើននូវពុទ្ធានុស្សតិនេះបានដែរ។

បពិត្រមហានាម មួយទៀត ព្រះអង្គគប្បីរលឹកនូវព្រះធម៌… គប្បីរលឹកនូវព្រះសង្ឃ… គប្បីរលឹកនូវសីលទាំងឡាយរបស់ព្រះអង្គ… គប្បីរលឹកនូវចាគៈរបស់ព្រះអង្គ… គប្បីរលឹកនូវពួកទេវតាថា ពួកទេវតាក្នុងជាន់ចាតុម្មហារាជិកៈ មាន… ពួកទេវតាក្រៅពីនោះទៅទៀតក៏មាន ពួកទេវតាទាំងនោះ ប្រកបដោយសទ្ធា មានសភាពយ៉ាងណា ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ អាត្មាអញមានសទ្ធា មានសភាពដូច្នោះដែរ ដោយសីល មានសភាពយ៉ាងណា… ដោយសុតៈ… ដោយចាគៈ… ពួកទេវតាទាំងនោះប្រកបដោយបញ្ញា ច្យុតអំពីទីនេះ មានសភាពយ៉ាងណា ទៅកើតក្នុងទីនោះ អាត្មាអញមានបញ្ញា មានសភាពដូច្នោះដែរ។ បពិត្រមហានាម អរិយសាវ័ករលឹកនូវសទ្ធា សីល សុតៈ ចាគៈ បញ្ញា របស់ខ្លួនផង របស់ពួកទេវតាទាំងនោះផង ក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័កមានចិត្តត្រង់ ប្រារព្ធនូវពួកទេវតាហើយ រមែងបានសេចក្តីយល់នូវអត្ថ បានសេចក្តីយល់នូវធម៌ បានសេចក្តីរីករាយប្រកបដោយធម៌ កាលបើអរិយសាវ័កមានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័ក មានកាយស្ងប់រម្ងាប់ហើយ តែងបានទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តតាំងនៅល្អ។ បពិត្រមហានាម ព្រះអង្គកំពុងស្តេចយាងក្តី គប្បីចំរើន ឋិតក្តី គប្បីចំរើន គង់ក្តី គប្បីចំរើន ផ្ទំក្តី គប្បីចំរើន ផ្គូរផ្គងការងារក្តី គប្បីចំរើន គ្រប់គ្រងនូវទីផ្ទំដែលចង្អៀត ដោយព្រះរាជបុត្តក្តី គប្បីចំរើននូវទេវតានុស្សតិនេះបានដែរ។

(នន្ទិយសូត្រ ទី៣)

(៣. នន្ទិយសុត្តំ)

[១២០] សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងនិគ្រោធារាម ជិតក្រុងកបិលព័ស្តុ ក្នុងដែនសក្កៈ។ សម័យនោះឯង ព្រះមានព្រះភាគ មានបំណងនឹងចូលទៅគង់ចាំវស្សា ក្នុងក្រុងសាវត្ថី។ នន្ទិយសក្កៈ បានឮដំណឹងថា ព្រះមានព្រះភាគ មានបំណងនឹងចូលទៅគង់ចាំវស្សា ក្នុងក្រុងសាវត្ថី។ គ្រានោះ នន្ទិយសក្កៈ មានសេចក្តីត្រិះរិះដូច្នេះថា បើដូច្នោះ ទាំងអាត្មាអញ ក៏គួរចូលទៅនៅចាំវស្សា ក្នុងក្រុងសាវត្ថីដែរ អាត្មាអញ នឹងផ្គូរផ្គងការងារ ក្នុងក្រុងសាវត្ថីនោះផង នឹងបានជួបព្រះមានព្រះភាគ មួយដងមួយកាលផង។ លំដាប់នោះ ព្រះមានព្រះភាគ ស្តេចទៅគង់ចាំវស្សា ក្នុងក្រុងសាវត្ថី។ ចំណែកខាងនន្ទិយសក្កៈ ក៏ចូលទៅនៅចាំវស្សា ក្នុងក្រុងសាវត្ថីដែរ ទាំងផ្គូរផ្គងនូវការងារ ក្នុងក្រុងសាវត្ថីនោះផង បានជួបព្រះមានព្រះភាគ មួយដងមួយកាលផង។ សម័យនោះឯង ពួកភិក្ខុជាច្រើនរូប ធ្វើចីវរកម្មថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់ចៀសចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ។ នន្ទិយសក្កៈ បានឮថា ពួកភិក្ខុច្រើនរូប ធ្វើចីវរកម្ម ថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់នឹងចៀសចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ។ លំដាប់នោះ នន្ទិយសក្កៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះនន្ទិយសក្កៈ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឮពាក្យនេះថា ពួកភិក្ខុច្រើនរូប ធ្វើចីវរកម្មថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់នឹងចៀសចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ។ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងនោះ កាលនៅដោយវិហារធម៌ផ្សេង ៗ តើគួរនៅដោយវិហារធម៌ដូចម្តេច។ ព្រះអង្គត្រាស់ថា ម្នាលនន្ទិយៈ ប្រពៃហើយ ប្រពៃហើយ ម្នាលនន្ទិយៈ ការសួរនេះឯង ជាកិច្ចដ៏សមគួរ ដល់ទ្រង់ជាកុលបុត្រហើយ ដ្បិតថា ទ្រង់ចូលមកគាល់តថាគត ហើយសួរថា បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គទាំងនោះ កាលនៅដោយវិហារធម៌ផ្សេង ៗ តើគួរនៅដោយវិហារធម៌ ដូចម្តេច។ ម្នាលនន្ទិយៈ បុគ្គលជាអ្នកមានសទ្ធា បានញុំាងសទ្ធាឲ្យសម្រេច មិនមែនជាអ្នកមិនមានសទ្ធា ១ ជាអ្នកមានសីល បានញុំាងសីលឲ្យសម្រេច មិនមែនជាអ្នកទ្រុស្តសីល ១ ជាអ្នកប្រារព្ធសេចក្តីព្យាយាម បានញុំាងព្យាយាមឲ្យសម្រេច មិនមែនជាអ្នកខ្ជិលច្រអូស ១ ជាអ្នកមានសតិខ្ជាប់ខ្ជួន បានញុំាងសតិឲ្យសម្រេច មិនមែនជាអ្នកភ្លេចសតិ ១ ជាអ្នកមានចិត្តតាំងមាំ បានញុំាងចិត្តដែលតាំងមាំឲ្យសម្រេច មិនមែនជាអ្នកមានចិត្តមិនតាំងមាំ ១ ជាអ្នកមានប្រាជ្ញា បានញុំាងប្រាជ្ញាឲ្យសម្រេច មិនមែនជាអ្នកអាប់ឥតប្រាជ្ញា ១។ ម្នាលនន្ទិយៈ បើទ្រង់បានតាំងនៅក្នុងធម៌ទាំង ៦ នេះហើយ គួរដំកល់សតិក្នុងធម៌ ៥ យ៉ាង ក្នុងព្រះហឫទ័យតទៅទៀត។ ម្នាលនន្ទិយៈ ទ្រង់គប្បីរលឹកនូវព្រះតថាគត ក្នុងលោកនេះថា ព្រះមានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាសារថី ទូន្មាននូវបុរស ព្រះអង្គជាសាស្រ្តាចារ្យ នៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត។ ម្នាលនន្ទិយៈ ព្រះអង្គទ្រង់គួរដម្កល់សតិក្នុងព្រះហឫទ័យ ប្រារព្ធនូវព្រះតថាគត ដោយប្រការដូច្នេះ។

ម្នាលនន្ទិយៈ មួយទៀត ព្រះអង្គទ្រង់គប្បីរលឹកនូវព្រះធម៌ថា ព្រះបរិយត្តិធម៌ ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងហើយដោយល្អ ព្រះនព្វលោកុត្តរធម៌ ជាធម៌ដែលអរិយបុគ្គលទាំងពួង ដឹងពិត ឃើញពិត ដោយបច្ចវេក្ខណញ្ញាណ ជាធម៌ឲ្យនូវផល មិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌ដែលអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន ដោយអំណាចនៃភាវនា ជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយ មានឧគ្ឃដិតញ្ញូបុគ្គល ជាដើម ឃើញច្បាស់ក្នុងចិត្តនៃខ្លួន។ ម្នាលនន្ទិយៈ ព្រះអង្គទ្រង់គួរដម្កល់សតិ ក្នុងព្រះហឫទ័យ ប្រារព្ធនូវព្រះធម៌ ដោយប្រការដូច្នេះ។

ម្នាលនន្ទិយៈ មួយទៀត ទ្រង់គប្បីរលឹកនូវពួកកល្យាណមិត្តថា ឱហ្ន៎ អាត្មាអញចំជាមានលាភ អាត្មាអញបានល្អហើយ ដែលមានពួកជន ជាកល្យាណមិត្ត ជាអ្នកអនុគ្រោះ អ្នកប្រាថ្នានូវប្រយោជន៍ អ្នកទូន្មាន អ្នកប្រៀនប្រដៅ។ ម្នាលនន្ទិយៈ ទ្រង់គួរដម្កល់សតិ ក្នុងព្រះហឫទ័យ ប្រារព្ធនូវពួកកល្យាណមិត្ត ដោយប្រការដូច្នេះ។

ម្នាលនន្ទិយៈ មួយទៀត ទ្រង់គប្បីរលឹកនូវចាគៈរបស់ទ្រង់ថា ឱហ្ន៎ អាត្មាអញចំជាមានលាភ អាត្មាអញល្អហើយតើ ដែលអាត្មាអញ មានចិត្ត មានមន្ទិល គឺសេចក្តីកំណាញ់ប្រាសចេញហើយ ក្នុងពួកសត្វដែលមានមន្ទិល គឺសេចក្តីកំណាញ់រួបរឹតហើយ មានទានបរិច្ចាគហើយ មានដៃលាងស្អាតហើយ ត្រេកអរក្នុងការលះ គួរឲ្យគេសូមបាន ត្រេកអរក្នុងការឲ្យ និងការចែករំលែក ហើយនៅគ្រប់គ្រងផ្ទះ។ ម្នាលនន្ទិយៈ ទ្រង់គួរដម្កល់នូវសតិ ក្នុងព្រះហឫទ័យ ប្រារព្ធនូវចាគៈដោយប្រការដូច្នេះ។

ម្នាលនន្ទិយៈ មួយទៀត ទ្រង់គប្បីរលឹកពួកទេវតាថា ទេវតាណា ដែលរំលងនូវពួកទេវតា ដែលមានកពឡីការាហារ ជាចំណី (កាមាវចរទេវតា) បានទៅកើតក្នុងពួកទេវតា ដែលសម្រេចដោយឈានចិត្ត (ព្រហ្ម) ណាមួយ ទេវតាទាំងនោះ មិនពិចារណាឃើញនូវកិច្ចរបស់ខ្លួន ឬនូវសេចក្តីចំរើន នៃអំពើដែលខ្លួនធ្វើហើយ ម្នាលនន្ទិយៈ ដូចជាភិក្ខុអសមយវិមុត្ត រមែងមិនពិចារណាឃើញនូវកិច្ចរបស់ខ្លួន ឬនូវសេចក្តីចំរើននៃអំពើដែលខ្លួនធ្វើហើយ យ៉ាងណាមិញ ម្នាលនន្ទិយៈ ទេវតាណា ដែលផ្លោះរំលង នូវពួកទេវតា ដែលមានកពឡីការាហារជាចំណី បានទៅកើតក្នុងពួកទេវតា ដែលសម្រេចដោយឈានចិត្តណាមួយ ទេវតាទាំងនោះ រមែងមិនពិចារណាឃើញនូវកិច្ចរបស់ខ្លួន ឬនូវសេចក្តីចំរើននៃអំពើដែលខ្លួនធ្វើហើយ ក៏យ៉ាងនោះដែរ។ ម្នាលនន្ទិយៈ ទ្រង់គប្បីដម្កល់សតិ ក្នុងព្រះហឫទ័យ ប្រារព្ធនូវពួកទេវតា ដោយប្រការដូច្នេះឯង។ ម្នាលនន្ទិយៈ អរិយសាវ័ក ប្រកបដោយធម៌ទាំង ១១ នេះឯង តែងលះបង់ មិនប្រកាន់ពួកអកុសលធម៌ដ៏លាមកឡើយ។ ម្នាលនន្ទិយៈ ដូចជាក្អមផ្កាប់ រមែងមិនស្រូបយកទឹក ដែលហូរចេញបានឡើយ យ៉ាងណាមិញ ម្នាលនន្ទិយៈ ពុំនោះសោត ដូចជាភ្លើង កាលឆេះរាលដាលផុតអំពីស្មៅហើយ ក៏មិនត្រឡប់មករកស្មៅដែលឆេះរួចហើយវិញ យ៉ាងណាមិញ ម្នាលនន្ទិយៈ អរិយសាវ័កប្រកបដោយធម៌ទាំង ១១ នេះ តែងលះបង់ មិនប្រកាន់ពួកអកុសលធម៌លាមកឡើយ ក៏យ៉ាងនោះដែរ។

(សុភូតិសូត្រ ទី៤)

(៤. សុភូតិសុត្តំ)

[១២១] គ្រានោះ ព្រះសុភូតិដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ ជាមួយនឹងសទ្ធភិក្ខុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំចំពោះព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះសុភូតិដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលសុភូតិ ភិក្ខុនេះឈ្មោះអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះឈ្មោះសទ្ធៈ ជាកូនឧបាសក អ្នកមានសទ្ធា បានចេញចាកផ្ទះ ចូលមកកាន់ផ្នួស ដោយសទ្ធា។ ម្នាលសុភូតិ សទ្ធភិក្ខុនេះ ជាកូនឧបាសកអ្នកមានសទ្ធា បានចេញចាកផ្ទះ ចូលមកកាន់ផ្នួសដោយសទ្ធា និងប្រាកដក្នុងសទ្ធាចរិតទាំងឡាយដែរឬ។ បពិត្រព្រះមានព្រះភាគ កាលនេះជាកាលគួរ ដល់ព្រះអង្គហើយ បពិត្រព្រះសុគត កាលនេះ ជាកាលគួរ ដល់ព្រះអង្គហើយ ព្រះមានព្រះភាគ គួរសំដែងសទ្ធាចរិតទាំងឡាយ របស់បុគ្គលអ្នកមានសទ្ធា ទោះភិក្ខុនេះប្រាកដក្នុងសទ្ធាចរិតទាំងឡាយក្តី មិនប្រាកដក្តី ខ្ញុំព្រះអង្គនឹងដឹងក្នុងកាលឥឡូវនេះ។ ម្នាលសុភូតិ បើដូច្នោះ អ្នកចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគតនឹងសំដែងប្រាប់។ ព្រះសុភូតិដ៏មានអាយុ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគត្រាស់ដូច្នេះថា ម្នាលសុភូតិ ភិក្ខុក្នុងសាសនានេះ អ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច ហើយសមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ។ ម្នាលសុភូតិ ព្រោះជាភិក្ខុ ជាអ្នកមានសីល។បេ។ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ម្នាលសុភូតិ នេះជាសទ្ធាចរិតរបស់បុគ្គលអ្នកមានសទ្ធា។

ម្នាលសុភូតិ មួយទៀត ភិក្ខុជាពហូសូត អ្នកទ្រទ្រង់នូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ សន្សំទុកពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ ធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុង ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយមានសភាពដូច្នោះ ភិក្ខុនោះ ក៏បានស្តាប់ច្រើន បានទ្រទ្រង់ ចាំស្ទាត់ រត់មាត់ ត្រិះរិះដោយចិត្ត ត្រាស់ដឹងល្អដោយទិដ្ឋិ។ ម្នាលសុភូតិ ភិក្ខុជាពហូសូត។បេ។ ត្រាស់ដឹងល្អដោយទិដ្ឋិ ម្នាលសុភូតិ នេះជាសទ្ធាចរិត របស់បុគ្គលអ្នកមានសទ្ធា។

ម្នាលសុភូតិ មួយវិញទៀត បុគ្គលជាភិក្ខុ តែងជាអ្នកមានមិត្តល្អ មានសំឡាញ់ល្អ បែរឈមទៅរកមិត្តល្អ។ ម្នាលសុភូតិ ព្រោះថាភិក្ខុ ជាអ្នកមានមិត្តល្អ មានសំឡាញ់ល្អ បែរទៅរកមិត្តល្អ ម្នាលសុភូតិ នេះជាសទ្ធាចរិត របស់បុគ្គលអ្នកមានសទ្ធា។

ម្នាលសុភូតិ មួយទៀត ភិក្ខុដែលគេប្រដៅងាយ ប្រកបដោយធម៌ទាំងឡាយ ជាគ្រឿងធ្វើនូវភាពជាអ្នកប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកពាក្យប្រៀនប្រដៅ ដោយចំណែកខាងស្តាំ។ ម្នាលសុភូតិ ព្រោះភិក្ខុដែលគេប្រដៅងាយ ប្រកបដោយធម៌ទាំងឡាយ ជាគ្រឿងធ្វើនូវភាពជាអ្នកប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកពាក្យប្រៀនប្រដៅ ដោយចំណែកខាងស្តាំ ម្នាលសុភូតិ នេះជាសទ្ធាចរិត របស់បុគ្គលអ្នកមានសទ្ធា។

ម្នាលសុភូតិ មួយទៀត កិច្ចទាំងឡាយណាមួយ ធំ ឬតូចរបស់សព្រហ្មចារីបុគ្គលទាំងឡាយ ភិក្ខុជាអ្នកប៉ិនប្រសប់ មិនខ្ជិលច្រអូស ក្នុងកិច្ចទាំងនោះ ប្រកបដោយការពិចារណាដោយឧបាយក្នុងកិច្ចទាំងនោះ ជាបុគ្គលអាចធ្វើបាន អាចចាត់ចែងបាន។ ម្នាលសុភូតិ ព្រោះកិច្ចទាំងឡាយណា របស់សព្រហ្មចារីបុគ្គលទាំងឡាយ។បេ។ ភិក្ខុជាអ្នកអាចធ្វើបាន អាចចាត់ចែងបាន ម្នាលសុភូតិ នេះជាសទ្ធាចរិតរបស់បុគ្គលអ្នកមានសទ្ធា។

ម្នាលសុភូតិ មួយទៀត ភិក្ខុជាអ្នកប្រាថ្នាធម៌ មានការហៅរកដោយពាក្យជាទីស្រឡាញ់ មានសេចក្តីរីករាយដ៏លើសលុប ក្នុងអភិធម៌ និងអភិវិន័យ។ ម្នាលសុភូតិ ព្រោះភិក្ខុជាអ្នកប្រាថ្នាធម៌ មានការហៅរកដោយពាក្យជាទីស្រឡាញ់ មានសេចក្តីរីករាយដ៏លើសលុប ក្នុងអភិធម៌ និងអភិវិន័យ ម្នាលសុភូតិ នេះជាសទ្ធាចរិត របស់បុគ្គលអ្នកមានសទ្ធា។

ម្នាលសុភូតិ មួយទៀត ភិក្ខុអ្នកប្រារព្ធព្យាយាម ដើម្បីលះបង់អកុសលធម៌ទាំងឡាយ ដើម្បីធ្វើកុសលធម៌ទាំងឡាយ ឲ្យបរិបូណ៌ ជាអ្នកមានកំឡាំង មានសេចក្តីប្រឹងប្រែងមាំមួន មិនដាក់ធុរៈ ក្នុងកុសលធម៌ទាំងឡាយចោល។ ម្នាលសុភូតិ ព្រោះភិក្ខុអ្នកប្រារព្ធព្យាយាម។បេ។ ម្នាលសុភូតិ នេះជាសទ្ធាចរិតរបស់បុគ្គលអ្នកមានសទ្ធា។

ម្នាលសុភូតិ មួយទៀត ភិក្ខុជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយនូវឈានទាំង ៤ ដែលប្រព្រឹត្តទៅ ក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅសប្បាយ ក្នុងបច្ចុប្បន្ន។ ម្នាលសុភូតិ ព្រោះភិក្ខុជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយនូវឈានទាំង ៤ ដែលប្រព្រឹត្តទៅក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅសប្បាយ ក្នុងបច្ចុប្បន្ន ម្នាលសុភូតិ នេះជាសទ្ធាចរិត របស់បុគ្គលអ្នកមានសទ្ធា។

ម្នាលសុភូតិ មួយទៀត ភិក្ខុរលឹកឃើញនូវជាតិ ដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលមុនជាច្រើនជាតិ គឺរលឹកឃើញបាន ១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ មួយពាន់ជាតិ មួយសែនជាតិក៏បាន រលឹកឃើញបានច្រើនសំវដ្តកប្ប ច្រើនវិវដ្តកប្ប ច្រើនសំវដ្តវិវដ្តកប្បក៏បាន ថាអាត្មាអញ បានកើតក្នុងភពឯនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញនោះ ច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងទីណា លុះអាត្មាអញទៅកើតក្នុងទីនោះហើយ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញនោះ ច្យុតចាកអត្តភាពនោះហើយ ទើបបានមកកើតក្នុងទីនេះ (ភិក្ខុ) រលឹកឃើញជាតិដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលមុន បានច្រើនជាតិ ព្រមទាំងអាការ ទាំងឧទ្ទេស ដោយប្រការដូច្នេះ។

ម្នាលសុភូតិ ព្រោះភិក្ខុរលឹកឃើញជាតិ ដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលមុន គឺរលឹកឃើញបាន ១ជាតិ ២ជាតិ។បេ។ រលឹកឃើញជាតិដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលមុនបានច្រើនជាតិ ព្រមទាំងអាការ ទាំងឧទ្ទេស ដោយប្រការដូច្នេះ ម្នាលសុភូតិ នេះជាសទ្ធាចរិតរបស់បុគ្គលអ្នកមានសទ្ធា។

ម្នាលសុភូតិ មួយទៀត ភិក្ខុមានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងចក្ខុរបស់មនុស្សធម្មតា បានឃើញពួកសត្វដែលច្យុត និងការចាប់បដិសន្ធិ ជាសត្វថោកទាប និងខ្ពង់ខ្ពស់ មានសម្បុរល្អ និងសម្បុរអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមយថាកម្ម (របស់ខ្លួន) ថា អើហ្ន៎ សត្វទាំងនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកនិយាយតិះដៀល នូវព្រះអរិយបុគ្គលទាំងឡាយ មានសេចក្តីយល់ខុស ប្រកាន់មាំនូវអំពើដែលយល់ខុស សត្វទាំងនោះ លុះដល់បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ពុំខាន អើហ្ន៎ ចំណែកពួកសត្វទាំងអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិននិយាយតិះដៀលព្រះអរិយបុគ្គលទាំងឡាយ មានសេចក្តីយល់ត្រូវ ប្រកាន់មាំនូវអំពើដែលយល់ត្រូវ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ភិក្ខុមានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងនូវចក្ខុរបស់មនុស្សធម្មតា មើលឃើញនូវពួកសត្វដែលច្យុត និងការចាប់បដិសន្ធិ ជាសត្វថោកទាប និងឧត្តម មានសម្បុរល្អ និងសម្បុរអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដឹងច្បាស់នូវពួកសត្វដែលអន្ទោលទៅ តាមយថាកម្ម (របស់ខ្លួន) ដោយប្រការដូច្នេះ។ ម្នាលសុភូតិ ព្រោះភិក្ខុមានទិព្វចក្ខុដ៏បរិសុទ្ធ។បេ។ ដឹងច្បាស់នូវពួកសត្វដែលអន្ទោលទៅ តាមយថាកម្ម (របស់ខ្លួន) ម្នាលសុភូតិ នេះជាសទ្ធាចរិតរបស់បុគ្គលអ្នកមានសទ្ធា។

ម្នាលសុភូតិ មួយវិញទៀត ភិក្ខុបានធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តមរបស់ខ្លួន ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ។ ម្នាលសុភូតិ ព្រោះភិក្ខុបានធ្វើឲ្យជាក់ច្បាស់។បេ។ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ ម្នាលសុភូតិ នេះជាសទ្ធាចរិតរបស់បុគ្គលអ្នកមានសទ្ធា។

កាលដែលព្រះមានព្រះភាគ ទ្រង់សំដែងយ៉ាងនេះហើយ ព្រះសុភូតិដ៏មានអាយុ ក្រាបទូលចំពោះព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សទ្ធាចរិតទាំងឡាយណារបស់បុគ្គលអ្នកមានសទ្ធា ដែលព្រះមានព្រះភាគបានទ្រង់សំដែងហើយ សទ្ធាចរិតទាំងនោះ រមែងមានប្រាកដដល់ភិក្ខុនេះ ទាំងភិក្ខុនេះ ក៏នឹងប្រាកដក្នុងសទ្ធាចរិតទាំងនុ៎ះ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះជាពហូសូត អ្នកទ្រទ្រង់នូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ សន្សំទុកនូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ ធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុង ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយ មានសភាពដូច្នោះ ភិក្ខុនោះ ក៏បានស្តាប់ច្រើន បានទ្រទ្រង់ ចាំទុករត់មាត់ ត្រិះរិះដោយចិត្ត ត្រាស់ដឹងល្អដោយទិដ្ឋិ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះ ជាអ្នកមានមិត្រល្អ មានសំឡាញ់ល្អ បែរឈមទៅរកមិត្រល្អ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះ ជាបុគ្គលដែលគេប្រដៅងាយ ប្រកបដោយធម៌ទាំងឡាយ ជាគ្រឿងធ្វើនូវភាពជាអ្នកប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកពាក្យប្រៀនប្រដៅ ដោយចំណែកខាងស្តាំ។ បពិត្រព្រះអង្គដ៏ចំរើន ករណីយកិច្ចទាំងឡាយណាមួយ ធំ ឬតូច របស់សព្រហ្មចារីបុគ្គលទាំងឡាយ ភិក្ខុនេះ ជាអ្នកប៉ិនប្រសប់ មិនខ្ជិលច្រអូស ក្នុងកិច្ចទាំងនោះ ប្រកបដោយការពិចារណា ដោយឧបាយ ក្នុងកិច្ចទាំងនោះ ជាបុគ្គលអាចធ្វើបាន អាចចាត់ចែងបាន។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះ ជាអ្នកប្រាថ្នានូវធម៌ ហៅរកដោយពាក្យជាទីស្រឡាញ់ មានសេចក្តីរីករាយដ៏លើសលុប ក្នុងអភិធម៌ និងអភិវិន័យ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះ ជាអ្នកប្រារព្ធព្យាយាម មានកំឡាំង មានសេចក្តីប្រឹងប្រែងដ៏មាំមួន មិនដាក់ធុរៈ ក្នុងកុសលធម៌ទាំងឡាយចោល។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះ ជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយនូវឈានទាំង ៤ ដែលប្រព្រឹត្តទៅ ក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅសប្បាយ ក្នុងបច្ចុប្បន្ន។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះ រលឹកឃើញនូវជាតិ ដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលមុនច្រើនជាតិ គឺរលឹកឃើញបាន ១ជាតិ ២ជាតិ។បេ។ រលឹកឃើញជាតិ ដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលមុនជាច្រើនជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះ មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងនូវចក្ខុរបស់មនុស្សធម្មតា។បេ។ ដឹងច្បាស់នូវពួកសត្វដែលអន្ទោលទៅ តាមយថាកម្ម។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះ បានធ្វើឲ្យជាក់ច្បាស់។បេ។ ព្រោះអស់អាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ។ បពិត្រព្រះអង្គដ៏ចំរើន សទ្ធាចរិតទាំងឡាយណា របស់បុគ្គលអ្នកមានសទ្ធា ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ សទ្ធាចរិតទាំងនោះ រមែងមានប្រាកដ ដល់ភិក្ខុនេះ ទាំងភិក្ខុនេះ នឹងប្រាកដក្នុងសទ្ធាចរិតទាំងនុ៎ះ។ ម្នាលសុភូតិ ប្រពៃហើយ ប្រពៃហើយ ម្នាលសុភូតិ បើដូច្នោះ អ្នកគប្បីនៅជាមួយនឹងសទ្ធភិក្ខុនេះចុះ ម្នាលសុភូតិ កាលណាបើអ្នកប្រាថ្នាដើម្បីជួបតថាគត អ្នកគប្បីចូលមកជាមួយនឹងសទ្ធភិក្ខុ ដើម្បីជួបតថាគត (ក្នុងកាលនោះចុះ)។

(មេត្តាសូត្រ ទី៥)

(៥. មេត្តាសុត្តំ)

[១២២] ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលបុគ្គលបានសេពគប់ បានចំរើន បានធ្វើឲ្យច្រើន បានធ្វើឲ្យដូចជាយាន បានដំកល់ស៊ប់ បានប្រព្រឹត្តរឿយ ៗ បានសន្សំទុក បានប្រារព្ធល្អហើយ អានិសង្ស ១១ ប្រការ រមែងកើតប្រាកដ។ អានិសង្ស ១១ ប្រការ តើដូចម្តេច។ គឺ មេត្តាវិហារិបុគ្គល រមែងដេកលក់ស្រួល ១ ភ្ញាក់ឡើងស្រួល ១ មិនឃើញនូវសុបិនអាក្រក់ ១ ជាទីស្រឡាញ់របស់ពួកមនុស្ស ១ ជាទីស្រឡាញ់របស់ពួកអមនុស្ស ១ ពួកទេវតាតែងរក្សា ១ ភ្លើងក្តី ថ្នាំពិសក្តី គ្រឿងសស្រ្តាវុធក្តី មិនចូលទៅក្នុងកាយរបស់មេត្តាវិហារិបុគ្គលនោះ ១ ចិត្តរមែងតាំងនៅមាំឆាប់ ១ សម្បុរមុខថ្លាស្រស់បស់ ១ ជាអ្នកមិនវង្វេង ហើយធ្វើមរណភាព ១ កាលបើមិនទាន់ត្រាស់ដឹងនូវអរហត្តដ៏ក្រៃលែងជាងមេត្តាសមាបត្តិទេ រមែងបានទៅកើតក្នុងព្រហ្មលោក ១។ ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលបុគ្គលបានសេពគប់ បានចំរើន បានធ្វើឲ្យច្រើន បានធ្វើឲ្យដូចជាយាន បានដំកល់ស៊ប់ បានប្រព្រឹត្តរឿយ ៗ បានសន្សំទុក បានប្រារព្ធល្អហើយ អានិសង្សទាំង ១១ ប្រការនេះ រមែងកើតប្រាកដ។

(អដ្ឋកនាគរសូត្រ ទី៦)

(៦. អដ្ឋកនាគរសុត្តំ)

[១២៣] សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងវេឡុវគ្រាម ជិតក្រុងវេសាលី។ សម័យនោះឯង ទសមគហបតី អ្នកនៅក្នុងក្រុងឈ្មោះ អដ្ឋកៈ បានមកដល់ក្រុងបាតលិបុត្ត ដោយកិច្ចនីមួយ។ លំដាប់នោះ ទសមគហបតី អ្នកនៅក្នុងក្រុងអដ្ឋកៈ បានចូលទៅរកភិក្ខុ ១ រូប ក្នុងកុក្កុដារាម លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងភិក្ខុនោះដូច្នេះថា បពិត្រលោកដ៏ចំរើន ឥឡូវនេះ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងទីណា បពិត្រលោកដ៏ចំរើន ព្រោះយើងចង់ជួបព្រះអានន្ទដ៏មានអាយុ។ ភិក្ខុនោះតបថា ម្នាលគហបតី ព្រះអានន្ទដ៏មានអាយុនុ៎ះ គង់នៅក្នុងវេឡុវគ្រាម ជិតក្រុងវេសាលី។ លំដាប់នោះ ទសមគហបតី អ្នកនៅក្នុងក្រុងអដ្ឋកៈ សម្រេចនូវកិច្ចនោះ ក្នុងក្រុងបាតលិបុត្ត ហើយចូលទៅរកព្រះអានន្ទដ៏មានអាយុ ក្នុងវេឡុវគ្រាម ជិតក្រុងវេសាលី លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ។ លុះទសមគហបតី អ្នកនៅក្នុងក្រុងអដ្ឋកៈ អង្គុយក្នុងទីសមគួរហើយ បានពោលពាក្យនឹងព្រះអានន្ទដ៏មានអាយុដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ចិត្តរបស់ភិក្ខុអ្នកមិនមានសេចក្តីប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិញ្វន មិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយ មិនទាន់អស់ក្តី រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី ក៏រមែងដល់នូវធម៌ជាទីក្សេម ចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនោះ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ មានដែរឬ។ ម្នាលគហបតី ចិត្តរបស់ភិក្ខុ ដែលមិនមានសេចក្តីប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិញ្វន មិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយ មិនទាន់អស់ក្តី រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី ក៏រមែងដល់នូវធម៌ ជាទីក្សេមចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនោះ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ មានដែរ។ បពិត្រព្រះអានន្ទដ៏ចំរើន ចិត្តរបស់ភិក្ខុ អ្នកមិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិញ្វន មិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយមិនទាន់អស់ក្តី រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី ក៏រមែងដល់នូវធម៌ជាទីក្សេមចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនោះ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ តើដូចម្តេច។ ម្នាលគហបតី ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ក៏បានចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់។ ភិក្ខុនោះ បានពិចារណាដូច្នេះ ក៏ដឹងច្បាស់ថា បឋមជ្ឈាននេះ ដែល (អាត្មាអញ) បានតាក់តែង បានពិចារណា ដោយផ្ចិតផ្ចង់ ឈានណាមួយ ដែលអាត្មាអញ បានតាក់តែង បានពិចារណា ដោយផ្ចិតផ្ចង់ហើយ ឈាននោះ ក៏មិនទៀង មានការរលត់ទៅជាធម្មតា។ ភិក្ខុនោះ បានឋិតនៅក្នុងសមថវិបស្សនាធម៌នោះ រមែងដល់នូវការអស់អាសវៈទាំងឡាយ បើមិនដល់នូវការអស់អាសវៈទាំងឡាយទេ ក៏បានជាឱបបាតិកៈ ព្រោះអស់សំយោជនៈទាំងឡាយ ជាចំណែកខាងក្រោម ៥ ដោយតម្រេកក្នុងធម៌នោះ ដោយសេចក្តីរីករាយ ក្នុងធម៌នោះ បរិនិញ្វន ក្នុងលោកនោះ មានការមិនត្រឡប់ចាកលោកនោះជាធម្មតា។ ម្នាលគហបតី ចិត្តរបស់ភិក្ខុដែលគ្មានសេចក្តីប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិញ្វន បើមិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយ មិនទាន់អស់ក្តី រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី រមែងដល់នូវធម៌ជាទីក្សេម ចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនេះឯង ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ។ ម្នាលគហបតី មួយទៀត ភិក្ខុ ព្រោះបានរម្ងាប់វិតក្កៈ និងវិចារៈ (ក៏បានចូល) កាន់ទុតិយជ្ឈាន ជាធម្មជាត កើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក ដែលមិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន… តតិយជ្ឈាន… ចូលកាន់ចតុត្ថជ្ឈាន។ ភិក្ខុនោះ បានពិចារណាដូច្នេះ ក៏ដឹងច្បាស់ថា ចតុត្ថជ្ឈាននេះឯង (ដែលអាត្មាអញ) បានតាក់តែង បានពិចារណា ដោយផ្ចិតផ្ចង់ ឈានឯណានីមួយ ដែលអាត្មាអញ បានតាក់តែង បានពិចារណា ដោយផ្ចិតផ្ចង់ហើយ ឈាននោះ ក៏មិនទៀង មានកិរិយារលត់ទៅជាធម្មតា។ ភិក្ខុនោះ បានឋិតនៅក្នុងសមថវិបស្សនាធម៌នោះ រមែងដល់នូវការអស់អាសវៈទាំងឡាយ បើមិនទាន់ដល់នូវការអស់អាសវៈទាំងឡាយទេ រមែងបានជាឱបបាតិកៈ ព្រោះអស់សំយោជនៈទាំងឡាយ ជាចំណែកខាងក្រោម ៥ ដោយតម្រេក ក្នុងធម៌នោះ ដោយសេចក្តីរីករាយ ក្នុងធម៌នោះ ក៏បរិនិញ្វនក្នុងលោកនោះ បានការមិនត្រឡប់ ចាកលោកនោះជាធម្មតា។ ម្នាលគហបតី ចិត្តរបស់ភិក្ខុ ដែលមិនមានសេចក្តីប្រមាទ អ្នកមានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិញ្វន មិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយមិនទាន់អស់ក្តី រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី រមែងដល់នូវធម៌ជាទីក្សេមចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនេះឯង ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ។

ម្នាលគហបតី មួយទៀត ភិក្ខុមានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ទី២ ទី៣ ទី៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ខាងក្រោម និងទិសទទឹង [សំដៅយកទិសតូចទាំង ៤ គឺទិសអាគ្នេយ៍ ឦសាន និរតី ពាយ័ព្យ។] មានចិត្តប្រកបដោយមេត្តាដ៏ធំទូលាយមានប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយយកខ្លួនទៅប្រៀបនឹងសត្វទាំងពួង ក្នុងទីទាំងពួង។ ភិក្ខុនោះ បានពិចារណាដូច្នេះ ក៏ដឹងច្បាស់ថា មេត្តាចេតោវិមុត្តិនេះឯង (ដែលអាត្មាអញ) បានតាក់តែង បានពិចារណាដោយផ្ចិតផ្ចង់ហើយ ឈានណានីមួយ ដែលអាត្មាអញ បានតាក់តែង បានពិចារណាដោយផ្ចិតផ្ចង់ហើយ ឈាននោះក៏មិនទៀង មានការរលត់ទៅ ជាធម្មតា។ ភិក្ខុនោះ បានឋិតនៅក្នុងសមថវិបស្សនាធម៌នោះ រមែងដល់នូវការអស់អាសវៈទាំងឡាយ បើមិនទាន់បានដល់នូវការអស់អាសវៈទាំងឡាយទេ ក៏គង់បានជាឱបបាតិកៈ ព្រោះអស់សំយោជនៈទាំងឡាយ ជាចំណែកខាងក្រោម ៥ ដោយតម្រេក ក្នុងធម៌នោះ ដោយសេចក្តីរីករាយ ក្នុងធម៌នោះ ហើយក៏បរិនិញ្វន ក្នុងលោកនោះ មានការមិនត្រឡប់ ចាកលោកនោះជាធម្មតា។ ម្នាលគហបតី ចិត្តរបស់ភិក្ខុដែលមិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិញ្វន មិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយ មិនទាន់អស់ក្តី រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី រមែងដល់នូវធម៌ជាទីកេ្សមចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនេះឯង ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ។

ម្នាលគហបតី មួយទៀត ភិក្ខុមានចិត្តប្រកបដោយករុណា… មានចិត្តប្រកបដោយមុទិតា… មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ ទិសទី១ ទី២ ទី៣ ទី៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ខាងក្រោម និងទិសទទឹង មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយការយកខ្លួនទៅប្រៀបនឹងសត្វទាំងពួង ក្នុងទីទាំងពួង។ ភិក្ខុនោះ បានពិចារណាដូច្នេះ ក៏ដឹងច្បាស់ថា ឧបេក្ខាចេតោវិមុត្តិនេះឯង ដែល (អាត្មាអញ) បានតាក់តែង បានពិចារណា ដោយផ្ចិតផ្ចង់ហើយ ក៏ឈានឯណានីមួយ ដែលអាត្មាអញ បានតាក់តែង បានពិចារណាដោយផ្ចិតផ្ចង់ហើយ ឈាននោះ ក៏មិនទៀង មានការរលត់ទៅ ជាធម្មតា។ ភិក្ខុនោះ បានឋិតនៅក្នុងសមថវិបស្សនាធម៌នោះហើយ រមែងដល់នូវការអស់អាសវៈទាំងឡាយ បើមិនទាន់បានដល់នូវការអស់អាសវៈទាំងឡាយទេ ក៏គង់បានជាឱបបាតិកៈ ព្រោះអស់សំយោជនៈទាំងឡាយ ជាចំណែកខាងក្រោម ៥ ដោយតម្រេកក្នុងធម៌នោះ ដោយសេចក្តីរីករាយក្នុងធម៌នោះ ហើយក៏បរិនិញ្វនក្នុងលោកនោះ មានការមិនត្រឡប់ចាកលោកនោះជាធម្មតា។ ម្នាលគហបតី ចិត្តរបស់ភិក្ខុ អ្នកមិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិញ្វន មិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយ មិនទាន់អស់ក្តី រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី រមែងដល់នូវធម៌ជាទីក្សេម ចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនេះឯង ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ។

ម្នាលគហបតី មួយទៀត ភិក្ខុបានដល់អាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ ព្រោះប្រព្រឹត្តកន្លងនូវរូបសញ្ញា ដោយប្រការទាំងពួង ព្រោះវិនាសនៃបដិឃសញ្ញាទាំងឡាយ ព្រោះលែងធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា។ ភិក្ខុនោះ បានពិចារណាដូច្នេះ ក៏ដឹងច្បាស់ថា អាកាសានញ្ចាយតនសមាបត្តិនេះឯង ដែលអាត្មាអញ បានតាក់តែង បានពិចារណា ដោយផ្ចិតផ្ចង់ហើយ ឈានណាមួយ ដែលអាត្មាអញបានតាក់តែង បានពិចារណាដោយផ្ចិតផ្ចង់ហើយ ឈាននោះក៏មិនទៀង មានការរលត់ជាធម្មតា។ ភិក្ខុនោះ ឋិតនៅក្នុងសមថវិបស្សនាធម៌នោះ រមែងដល់នូវការអស់អាសវៈទាំងឡាយ បើមិនទាន់ដល់ នូវការអស់អាសវៈទាំងឡាយទេ ក៏គង់បានជាឱបបាតិកៈ ព្រោះអស់សំយោជនៈទាំងឡាយ ជាចំណែកខាងក្រោម ៥ ដោយសេចក្តីត្រេកអរក្នុងធម៌នោះ ដោយសេចក្តីរីករាយ ក្នុងធម៌នោះ ហើយក៏បរិនិញ្វន ក្នុងលោកនោះ មានការមិនត្រឡប់ចាកលោកនោះ ជាធម្មតា។ ម្នាលគហបតី ចិត្តរបស់ភិក្ខុ ដែលមិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិញ្វន ចិត្តមិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយ មិនទាន់អស់ក្តី ក៏រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី រមែងដល់នូវធម៌ជាទីក្សេម ចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនេះឯង ដែលព្រះមានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ។

ម្នាលគហបតី មួយទៀត ភិក្ខុកន្លងអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណ មិនមានទីបំផុត… កន្លងវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់អាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វត្ថុតិចតួច មិនមានដូច្នេះ។ ភិក្ខុនោះ ពិចារណាដូច្នេះ ក៏ដឹងច្បាស់ថា អាកិញ្ចញ្ញាយតនសមាបត្តិនេះឯង ដែលអាត្មាអញ បានតាក់តែង បានពិចារណា ដោយផ្ចិតផ្ចង់ហើយ ក៏ឈានណានីមួយ ដែលអាត្មាអញ បានតាក់តែង បានពិចារណា ដោយផ្ចត់ផ្ចង់ហើយ ឈាននោះ ក៏មិនទៀង មានការរលត់ ជាធម្មតា។ ភិក្ខុនោះ បានឋិតនៅក្នុងសមថវិបស្សនាធម៌នោះហើយ រមែងដល់នូវការអស់អាសវៈទាំងឡាយ បើមិនទាន់បានដល់នូវការអស់អាសវៈទាំងឡាយទេ ក៏គង់បានជាឱបបាតិកៈ ព្រោះអស់សំយោជនៈទាំងឡាយ ជាចំណែកខាងក្រោម ៥ ដោយតម្រេកក្នុងធម៌នោះ ដោយសេចក្តីរីករាយ ក្នុងធម៌នោះ ហើយបរិនិញ្វនក្នុងលោកនោះ មានការមិនត្រឡប់ចាកលោកនោះ ជាធម្មតា។ ម្នាលគហបតី ចិត្តរបស់ភិក្ខុ ដែលមិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិញ្វន មិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយ ដែលមិនទាន់អស់ក្តី រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី រមែងដល់នូវធម៌ជាទីក្សេម ចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនេះឯង ដែលព្រះមានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ។

កាលដែលព្រះអានន្ទដ៏មានអាយុ បានពោលយ៉ាងនេះហើយ ទសមគហបតី អ្នកនៅក្នុងក្រុងអដ្ឋកៈ បានពោលនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ដូចជាបុរសអ្នកស្វែងរកកំណប់ទ្រព្យតែមួយ ស្រាប់តែបានកំណប់ទ្រព្យ ១១ តែម្តង យ៉ាងណាមិញ បពិត្រលោកដ៏ចំរើន ខ្ញុំព្រះករុណា ស្វែងរកទ្វារនៃព្រះនិញ្វនឈ្មោះអមតៈតែមួយទេ ស្រាប់តែបានស្តាប់នូវទ្វារនៃព្រះនិញ្វន ឈ្មោះអមតៈទាំងឡាយ ១១ តែម្តង យ៉ាងនោះដែរ។ បពិត្រលោកដ៏ចំរើន ដូចជាផ្ទះរបស់បុរស មានទ្វារ ១១ កាលបើភ្លើងឆេះផ្ទះនោះ បុរសនោះ ក៏អាចធ្វើខ្លួនឲ្យមានសួស្តី ដោយទ្វារតែមួយ ៗ បាន យ៉ាងណាមិញ បពិត្រលោកដ៏ចំរើន បណ្តាអមតទ្វារ ១១ នេះ ខ្ញុំព្រះករុណា នឹងអាចធ្វើខ្លួន ឲ្យមានសួស្តីដោយអមតទ្វារតែមួយ ៗ បាន ក៏យ៉ាងនោះដែរ។ បពិត្រលោកដ៏ចំរើន អម្បាលដូចជាពួកអន្យតិរ្ថិយទាំងនេះ តែងស្វែងរកទ្រព្យសម្រាប់អាចារ្យ ដើម្បីអាចារ្យ ចុះខ្ញុំព្រះករុណា នឹងធ្វើនូវការបូជាដល់ព្រះអានន្ទដ៏មានអាយុ តើដូចម្តេចទៅវិញ។ គ្រានោះ ទសមគហបតី អ្នកនៅក្នុងក្រុងអដ្ឋកៈ ក៏បានប្រជុំភិក្ខុសង្ឃ ដែលនៅក្នុងក្រុងវេសាលីផង នៅក្នុងក្រុងបាតលិបុត្តផង ហើយអង្គាសភិក្ខុសង្ឃ ឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារដ៏ផ្ចិតផ្ចង់ ដោយដៃរបស់ខ្លួន ត្រាតែហាមឃាត់ ហើយញុំាងភិក្ខុ ១ រូបៗ ឲ្យស្លៀកដណ្តប់ដោយគូនៃសំពត់គ្រប់អង្គ ញុំាងព្រះអានន្ទដ៏មានអាយុ ឲ្យស្លៀកដណ្តប់ដោយត្រៃចីវរផង ញុំាងជាងឲ្យធ្វើវិហារ [ពាក្យថាវិហារក្នុងទីនេះ បានដល់សាលាដែលប្រក់ស្លឹក។ អដ្ឋកថា។] តម្លៃ ៥០០ កហាបណៈ ប្រគេនព្រះអានន្ទដ៏មានអាយុផង។

(គោបាលសូត្រ ទី៧)

(៧. គោបាលសុត្តំ)

[១២៤] ម្នាលភិក្ខុទាំងឡាយ គង្វាលគោប្រកបដោយអង្គ ១១ ប្រការ មិនគួររក្សាហ្វូងគោ មិនគួរធ្វើគោឲ្យចំរើនបានឡើយ។ ប្រកបដោយអង្គ ១១ ប្រការ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ក្នុងលោកនេះ មិនស្គាល់រូបគោ ១ មិនឈ្លាសវៃក្នុងលក្ខណៈ (គ្រឿងចំណាំ) ១ មិនចេះឆ្កឹះឆ្កៀលពងរុយ ១ មិនចេះបិទដំបៅ ១ មិនធ្វើភ្នក់ផ្សែង ១ មិនស្គាល់កំពង់ ១ មិនស្គាល់ទឹកដែលគោផឹក ១ មិនស្គាល់ផ្លូវ ១ មិនឈ្លាសវៃក្នុងគោចរដ្ឋាន ១ រូតយកទឹកដោះមិនឲ្យសេសសល់ ១ មិនបូជាពួកគោឈ្មោល ជាបិតារបស់គោ ជាមេដឹកនាំហ្វូងគោ ដោយអតិរេកបូជា ១។ ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ប្រកបដោយអង្គ ១១ ប្រការនេះ មិនគួររក្សាហ្វូងគោ មិនគួរធ្វើគោឲ្យចំរើនបានឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ១១ ប្រការ មិនគួរដល់នូវការចំរើនលូតលាស់ ធំទូលាយក្នុងធម្មវិន័យនេះ យ៉ាងនេះឯង។ ប្រកបដោយអង្គ ១១ ប្រការ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនស្គាល់រូប ១ មិនឈ្លាសវៃក្នុងលក្ខណៈ ១ មិនចេះឆ្កឹះឆ្កៀលពងរុយ ១ មិនចេះបិទដំបៅ ១ មិនធ្វើភ្នក់ផ្សែង ១ មិនស្គាល់កំពង់ ១ មិនស្គាល់ទឹក ១ មិនស្គាល់ផ្លូវ ១ មិនឈ្លាសវៃក្នុងគោចរដ្ឋាន ១ រូតយកទឹកដោះទាល់តែអស់រលីង ១ មិនបូជាពួកភិក្ខុដែលជាថេរៈ អ្នកដឹងនូវរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាអ្នកត្រួតត្រាសង្ឃ ដោយអតិរេកបូជា ១។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនស្គាល់រូប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនដឹងច្បាស់តាមសេចក្តីពិត នូវរូបឯណានីមួយ គឺមហាភូតរូបទាំង ៤ ផង ឧបាទាយរូប ដែលអាស្រ័យនឹងមហាភូតរូបទាំង ៤ ផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនស្គាល់រូប យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនឈ្លាសវៃក្នុងលក្ខណៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនដឹងច្បាស់តាមពិតថា បុគ្គលពាល មានកម្មជាលក្ខណៈ បុគ្គលជាបណ្ឌិត ក៏មានកម្មជាលក្ខណៈដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឈ្លាសវៃ ក្នុងលក្ខណៈយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនចេះឆ្កឹះឆ្កៀលពងរុយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទទួលត្រងរងយកកាមវិតក្កៈ ដែលកើតឡើងហើយ មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យវិនាស មិនបានធ្វើមិនឲ្យកើតតទៅទៀត ទទួលត្រងរងយកព្យាបាទវិតក្កៈ ដែលកើតឡើងហើយ… វិហឹសាវិតក្កៈ ដែលកើតឡើងហើយ… អកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ៗ មិនលះបង់ មិនបន្ទោបង់ មិនបានធ្វើឲ្យវិនាស មិនបានធ្វើមិនឲ្យកើតតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនចេះឆ្កឹះឆ្កៀលពងរុយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនចេះបិទដំបៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុហើយ ប្រកាន់និមិត្ត ប្រកាន់អនុព្យញ្ជនៈ ពួកអកុសលធម៌ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីគ្របសង្កត់បុគ្គលនុ៎ះ ដែលមិនសង្រួមចក្ខុន្រ្ទិយ ព្រោះមិនសង្រួមចក្ខុន្រ្ទិយណា ក៏មិនប្រតិបត្តិ ដើម្បីសង្រួមចក្ខុន្រ្ទិយនោះ មិនរក្សាចក្ខុន្រ្ទិយ មិនដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយឡើយ ស្តាប់សំឡេងដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ភ្លក្សរសដោយអណ្តាត… ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ… ដឹងធម្មារម្មណ៍ដោយចិត្ត ហើយប្រកាន់និមិត្ត ប្រកាន់អនុព្យញ្ជនៈ ពួកអកុសលធម៌ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីគ្របសង្កត់បុគ្គលនុ៎ះ ដែលមិនសង្រួមនូវមនិន្រ្ទិយ ព្រោះហេតុមិនសង្រួមនូវមនិន្រ្ទិយណា ក៏មិនប្រតិបត្តិ ដើម្បីសង្រួមនូវមនិន្រ្ទិយនោះ មិនរក្សាមនិន្រ្ទិយ មិនដល់នូវការសង្រួមក្នុងមនិន្រ្ទិយឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនចេះបិទដំបៅ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនធ្វើភ្នក់ផ្សែង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនសំដែងធម៌តាមខ្លួនស្តាប់មក តាមខ្លួនរៀនមក ដល់ជនទាំងឡាយដទៃដោយពិស្តារ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនធ្វើភ្នក់ផ្សែង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនស្គាល់កំពង់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅរកពួកភិក្ខុដែលជាអ្នកចេះដឹងច្រើន ចេះចាំនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា គឺបាតិមោក្ខទាំងពីរ គ្រប់ៗ កាល ប៉ុន្តែមិនបានសាកសួរ មិនបានដេញដោលថា បពិត្រលោកដ៏ចំរើន ហេតុនេះ ដូចម្តេច សេចក្តីនៃពាក្យនេះ តើដូចម្តេច។ លោកដ៏មានអាយុទាំងនោះ មិនបើកចំហនូវសេចក្តីដែលកំបាំងផង មិនធ្វើឲ្យរាក់នូវសេចក្តីដែលប្រដៅផង មិនបន្ទោបង់នូវសេចក្តីសង្ស័យក្នុងធម៌ទាំងឡាយ ដែលគួរសង្ស័យច្រើនប្រការ ដល់ភិក្ខុនោះផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនស្គាល់កំពង់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនស្គាល់ទឹកផឹក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាលបើធម្មវិន័យ ដែលតថាគតបានប្រាប់ បានសំដែងហើយ ក៏មិនបាននូវការដឹងអត្ថ មិនបាននូវការដឹងធម៌ មិនបានបាមុជ្ជៈ ដែលប្រកបដោយធម៌ឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនស្គាល់ទឹកផឹក យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនស្គាល់ផ្លូវ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនដឹងច្បាស់តាមពិត នូវមគ្គដែលប្រកបដោយអង្គ ៨ ដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនស្គាល់ផ្លូវ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនឈ្លាសវៃ ក្នុងគោចរដ្ឋាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនដឹងច្បាស់តាមពិតនូវសតិប្បដ្ឋាន ៤ យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឈ្លាសវៃក្នុងគោចរដ្ឋាន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុរូតយកទឹកដោះអស់រលីង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានពួកគហបតី អ្នកមានសទ្ធា នាំគ្នាមកបវារណា ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនស្គាល់ប្រមាណ ក្នុងការទទួលបច្ច័យទាំងនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុរូតយកទឹកដោះអស់ រលីង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនបូជាពួកភិក្ខុដែលជាថេរៈអ្នកដឹងរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាអ្នកត្រួតត្រាសង្ឃ ដោយអតិរេកបូជា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ជាថេរៈ អ្នកដឹងរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាអ្នកត្រួតត្រាសង្ឃ ភិក្ខុក្នុងសាសនានេះ មិនដំកល់កាយកម្មប្រកបដោយមេត្តា ក្នុងពួកភិក្ខុទាំងនោះ ក្នុងទីចំពោះមុខក្តី ក្នុងទីកំបាំងមុខក្តី មិនដំកល់វចីកម្ម ប្រកបដោយមេត្តា… មិនដំកល់មនោកម្ម ប្រកបដោយមេត្តា ក្នុងទីចំពោះមុខក្តី ក្នុងទីកំបាំងក្តី។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនបូជាពួកភិក្ខុដែលជាថេរៈ អ្នកដឹងរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាអ្នកត្រួត្រាសង្ឃ ដោយអតិរេកបូជា យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង ១១ ប្រការនេះ មិនគួរដល់នូវការចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះទេ។ ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ប្រកបដោយអង្គ ១១ ប្រការ ទើបគួររក្សាហ្វូងគោ ធ្វើគោឲ្យចំរើនបាន។ ប្រកបដោយអង្គ ១១ ប្រការ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ក្នុងលោកនេះ ជាអ្នកស្គាល់រូបគោ ១ ឈ្លាសវៃក្នុងលក្ខណៈ ១ ចេះឆ្កឹះឆ្កៀលពងរុយ ១ ចេះបិទដំបៅ ១ ចេះធ្វើភ្នក់ផ្សែង ១ ស្គាល់កំពង់ ១ ស្គាល់ទឹកផឹក ១ ស្គាល់ផ្លូវ ១ ឈ្លាសវៃក្នុងគោចរដ្ឋាន ១ រូតយកទឹកដោះ ឲ្យមានសេសសល់ ១ បូជានូវពួកគោឈ្មោល ដែលជាបិតារបស់គោ ជាមេដឹកនាំហ្វូងគោ ដោយអតិរេកបូជា ១។ ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ប្រកបដោយអង្គទាំង ១១ ប្រការនេះ ទើបគួររក្សាហ្វូងគោ ធ្វើគោឲ្យចំរើនបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ១១ ប្រការ ទើបគួរដល់នូវការចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះបាន ក៏យ៉ាងនោះឯង។ ប្រកបដោយធម៌ ១១ ប្រការ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកស្គាល់រូប ១ ឈ្លាសវៃក្នុងលក្ខណៈ ១ ចេះឆ្កឹះឆ្កៀលពងរុយ ១ ចេះបិទដំបៅ ១ ចេះធ្វើភ្នក់ផ្សែង ១ ស្គាល់កំពង់ ១ ស្គាល់ទឹកផឹក ១ ស្គាល់ផ្លូវ ១ ឈ្លាសវៃក្នុងគោចរដ្ឋាន ១ រូតយកទឹកដោះឲ្យមានសេសសល់ ១ បូជាពួកភិក្ខុដែលជាថេរៈ អ្នកដឹងរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាអ្នកត្រួតត្រាសង្ឃ ដោយអតិរេកបូជា ១។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុស្គាល់រូប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិត នូវរូបណានីមួយ គឺមហាភូតរូបទាំង ៤ ផង ឧបាទាយរូប ដែលអាស្រ័យនឹងមហាភូតរូបទាំង ៤ ផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកស្គាល់រូប យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកឈ្លាសវៃក្នុងលក្ខណៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា បុគ្គលពាល មានកម្មជាលក្ខណៈ បុគ្គលជាបណ្ឌិត មានកម្មជាលក្ខណៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកឈ្លាសវៃក្នុងលក្ខណៈ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកចេះឆ្កឹះឆ្កៀលពងរុយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនទទួលត្រងរងយកកាមវិតក្កៈដែលកើតឡើងហើយ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតទៅទៀតបាន នូវព្យាបាទវិតក្កៈដែលកើតឡើងហើយ… វិហឹសាវិតក្កៈដែលកើតឡើងហើយ… មិនទទួលត្រងរងយកអកុសលធម៌ ដ៏លាមក ដែលកើតឡើងហើយ ៗ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកចេះឆ្កឹះឆ្កៀលពងរុយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកចេះបិទដំបៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុហើយ ជាអ្នកមិនប្រកាន់និមិត្ត មិនប្រកាន់អនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមបុគ្គលនុ៎ះ ដែលមិនសង្រួមចក្ខុន្រ្ទិយ ព្រោះហេតុមិនសង្រួមចក្ខុន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួមចក្ខុន្រ្ទិយនោះ រក្សាចក្ខុន្រ្ទិយ ដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ ស្តាប់សំឡេងដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ភ្លក្សរសដោយអណ្តាត… ពាល់ត្រូវផោដ្ឋព្វៈដោយកាយ… ដឹងច្បាស់ធម្មារម្មណ៍ដោយចិត្តហើយ ជាអ្នកមិនប្រកាន់និមិត្ត មិនប្រកាន់អនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមបុគ្គលនុ៎ះ ដែលមិនសង្រួមមនិន្រ្ទិយ ព្រោះហេតុមិនសង្រួមមនិន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួមមនិន្រ្ទិយនោះ រក្សាមនិន្រ្ទិយ ដល់នូវការសង្រួមក្នុងមនិន្រ្ទិយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកចេះបិទដំបៅ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកចេះធ្វើភ្នក់ផ្សែង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកសំដែងធម៌តាមខ្លួនបានស្តាប់ តាមខ្លួនបានរៀនមក ដល់ជនទាំងឡាយដទៃ ដោយសេចក្តីពិស្តារ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកចេះធ្វើភ្នក់ផ្សែង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅរកពួកភិក្ខុ ដែលជាអ្នកចេះដឹងច្រើន ចេះចាំនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកាគ្រប់កាល ហើយសាកសួរថា បពិត្រលោកដ៏ចំរើន ហេតុនេះ ដូចម្តេច សេចក្តីនៃភាសិតនេះ ដូចម្តេច។ លោកដ៏មានអាយុទាំងនោះ ក៏បើកបង្ហាញ កំចាត់កំចាយសេចក្តីដែលកំបាំងផង ធ្វើឲ្យរាក់នូវរបស់ដែលជ្រៅផង បន្ទោបង់ កំចាត់កំចាយសេចក្តីសង្ស័យ ក្នុងធម៌ទាំងឡាយ ដែលគួរសង្ស័យច្រើនប្រការ ដល់ភិក្ខុនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្គាល់កំពង់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុស្គាល់ទឹកផឹក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាលបើធម្មវិន័យ ដែលតថាគតបានប្រាប់ បានសំដែងហើយ ក៏បាននូវការដឹងអត្ថ បាននូវការដឹងធម៌ បានបាមុជ្ជៈ ដែលប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្គាល់ទឹកផឹក យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុស្គាល់ផ្លូវ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្គាល់តាមពិតនូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្គាល់ផ្លូវ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុឈ្លាសវៃ ក្នុងគោចរដ្ឋាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិត នូវសតិប្បដ្ឋាន ៤ យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកឈ្លាសវៃ ក្នុងគោចរដ្ឋាន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុរូតយកទឹកដោះ ឲ្យមានសេសសល់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានពួកគហបតី អ្នកមានសទ្ធា នាំគ្នាមកបវារណា ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ភិក្ខុក៏ស្គាល់ប្រមាណ ក្នុងការទទួលបច្ច័យទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នករូតយកទឹកដោះ ឲ្យមានសេសសល់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកបូជាពួកភិក្ខុដែលជាថេរៈ អ្នកដឹងរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាអ្នកត្រួតត្រាសង្ឃ ដោយអតិរេកបូជា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដំកល់កាយកម្ម ប្រកបដោយមេត្តា ចំពោះពួកភិក្ខុដែលជាថេរៈ អ្នកដឹងរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាអ្នកត្រួតត្រាសង្ឃ ក្នុងទីចំពោះមុខក្តី ក្នុងទីកំបាំងមុខក្តី ដំកល់វចីកម្មប្រកបដោយមេត្តា… ដំកល់មនោកម្ម ប្រកបដោយមេត្តា ក្នុងទីចំពោះមុខផង ក្នុងទីកំបាំងមុខផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបូជាពួកភិក្ខុដែលជាថេរៈ អ្នកដឹងរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាអ្នកត្រួត្រាសង្ឃ ដោយអតិរេកបូជា យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ១១ ប្រការនេះ ទើបគួរដល់នូវការចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះបាន។

(បឋមសមាធិសូត្រ ទី៨)

(៨. បឋមសមាធិសុត្តំ)

[១២៥] គ្រានោះ ពួកភិក្ខុជាច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុបាននូវសមាធិ មានសភាពដូច្នោះ មានដែរឬ ដូចជាភិក្ខុមិនសំគាល់ថា ដីក្នុងដី មិនសំគាល់ថាទឹក ក្នុងទឹក មិនសំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់ ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខ របស់ណាដែលគេបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកបានសមាធិ មានសភាពដូច្នោះ មានដែរ ដូចជាភិក្ខុដែលមិនសំគាល់ថា ដី ក្នុងដី។បេ។ របស់ណាដែលគេបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុបានសមាធិ មានសភាពដូច្នោះ តើដូចម្តេច ដូចជាភិក្ខុដែលមិនសំគាល់ថាដី ក្នុងដី។បេ។ របស់ណាដែលគេបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះ ដោយចិត្តហើយ ក៏មិនសំគាល់ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានសេចក្តីសំគាល់យ៉ាងនេះថា ការរម្ងាប់សង្ខារទាំងអស់ ការលះកិលេសទាំងអស់ ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់តណ្ហា គឺព្រះនិញ្វនណា ព្រះនិញ្វននុ៎ះ ជាទីស្ងប់ ព្រះនិញ្វននុ៎ះ ដ៏ឧត្តម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានសមាធិ មានសភាពដូច្នេះ យ៉ាងនេះឯង ដូចជាភិក្ខុដែលមិនសំគាល់ថា ដី ក្នុងដី មិនសំគាល់ថា ទឹក ក្នុងទឹក មិនសំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់ ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខ របស់ណា ដែលគេបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្ត ក៏មិនសំគាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។

(ទុតិយសមាធិសូត្រ ទី៩)

(៩. ទុតិយសមាធិសុត្តំ)

[១២៦] ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ចំពោះភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលបានសមាធិ មានសភាពដូច្នេះ មានដែរឬ ដូចជាភិក្ខុមិនសំគាល់ថា ដី ក្នុងដី មិនសំគាល់ថា ទឹក ក្នុងទឹក មិនសំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់ ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខ របស់ណាដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់យើងខ្ញុំព្រះអង្គ មានតែព្រះមានព្រះភាគជាមូល មានតែព្រះមានព្រះភាគ ជាអ្នកណែនាំ មានតែព្រះមានព្រះភាគ ជាទីពឹង បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស សូមទ្រង់បំភ្លឺសេចក្តីនៃភាសិតនេះឲ្យទាន ភិក្ខុទាំងឡាយ បានស្តាប់ព្រះវាចានៃព្រះមានព្រះភាគហើយ នឹងចាំទុកបាន។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរអ្នកប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកបានសមាធិ មានសភាពដូច្នេះ មានដែរ ដូចជាភិក្ខុមិនសំគាល់ថា ដី ក្នុងដី។បេ។ របស់ណា ដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញា ជាធម្មតាតែប៉ុណ្ណោះ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែលបានសមាធិ មានសភាពដូច្នោះ តើដូចម្តេច ដូចជាភិក្ខុដែលមិនសំគាល់ថា ដី ក្នុងដី។បេ។ របស់ណា ដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានសេចក្តីសំគាល់ យ៉ាងនេះថា ការរម្ងាប់សង្ខារទាំងអស់ ការលះឧបធិទាំងអស់ ការអស់តណ្ហា ការប្រាសចាកតម្រេក ការរំលត់តណ្ហា គឺព្រះនិញ្វនណា ព្រះនិញ្វននុ៎ះ ជាទីស្ងប់ ព្រះនិញ្វននុ៎ះ ដ៏ឧត្តម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានសមាធិ មានសភាពដូច្នោះ យ៉ាងនេះឯង ដូចជាភិក្ខុមិនសំគាល់ថា ដី ក្នុងដី មិនសំគាល់ថា ទឹក ក្នុងទឹក មិនសំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់ ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខ របស់ណា ដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។

(តតិយសមាធិសូត្រ ទី១០)

(១០. តតិយសមាធិសុត្តំ)

[១២៧] លំដាប់នោះ ពួកភិក្ខុជាច្រើនរូប ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះសារីបុត្តដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏បានពោលទៅនឹងព្រះសារីបុត្តដ៏មានអាយុដូច្នេះថា ម្នាលអាវុសោសារីបុត្ត ចុះភិក្ខុបានសមាធិ មានសភាពដូច្នោះ មានដែរឬ ដូចជាភិក្ខុដែលមិនសំគាល់ថា ដី ក្នុងដី មិនសំគាល់ថាទឹក ក្នុងទឹក មិនសំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់ ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខក្នុងលោកខាងមុខ របស់ណាដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។ ម្នាលអាវុសោ ភិក្ខុបានសមាធិ មានសភាពដូច្នោះ មានដែរ ដូចជាភិក្ខុដែលមិនសំគាល់ថា ដីក្នុងដី។បេ។ របស់ណា ដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។ ម្នាលអាវុសោសារីបុត្ត ចុះភិក្ខុបានសមាធិ មានសភាពដូច្នោះ តើដូចម្តេច ដូចជាភិក្ខុដែលមិនសំគាល់ថា ដីក្នុងដី។បេ។ របស់ណា ដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានសេចក្តីសំគាល់ យ៉ាងនេះថា ការរម្ងាប់សង្ខារទាំងអស់ ការលះឧបធិទាំងអស់ ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់តណ្ហា គឺព្រះនិញ្វនណា ព្រះនិញ្វននុ៎ះ ជាទីស្ងប់ ព្រះនិញ្វននុ៎ះ ដ៏ឧត្តម។ ម្នាលអាវុសោទាំងឡាយ ភិក្ខុបានសមាធិ មានសភាពដូច្នោះ យ៉ាងនេះ ដូចជាភិក្ខុដែលមិនសំគាល់ថា ដីក្នុងដី មិនសំគាល់ថា ទឹកក្នុងទឹក មិនសំគាល់ថា ភ្លើងក្នុងភ្លើង មិនសំគាល់ថា ខ្យល់ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខ របស់ណា ដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។

(ចតុត្ថសមាធិសូត្រ ទី១១)

(១១. ចតុត្ថសមាធិសុត្តំ)

[១២៨] ក្នុងទីនោះឯង ព្រះសារីបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយថា ម្នាលអាវុសោទាំងឡាយ ភិក្ខុបានសមាធិ មានសភាពដូច្នោះ មានដែរឬ ដូចជាភិក្ខុដែលមិនសំគាល់ថា ដីក្នុងដី មិនសំគាល់ថា ទឹកក្នុងទឹក មិនសំគាល់ថា ភ្លើងក្នុងភ្លើង មិនសំគាល់ថា ខ្យល់ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខក្នុងលោកខាងមុខ របស់ណា ដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញា ជាធម្មតាតែប៉ុណ្ណោះ។ ម្នាលអាវុសោ យើងទាំងឡាយ មកអំពីចម្ងាយ ចង់ដឹងសេចក្តីនៃភាសិតនេះ ក្នុងសំណាក់នៃព្រះសារីបុត្តដ៏មានអាយុ សូមអភ័យទោស សូមព្រះសារីបុត្តដ៏មានអាយុ បំភ្លឺសេចក្តីនៃភាសិតនេះឲ្យទាន ភិក្ខុទាំងឡាយ បានស្តាប់ភាសិតរបស់ព្រះសារីបុត្តដ៏មានអាយុ នឹងចាំទុកបាន។ ម្នាលអាវុសោទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ ខ្ញុំនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលថេរវាចារបស់ព្រះសារីបុត្តដ៏មានអាយុថា ករុណា អាវុសោ។ ព្រះសារីបុត្តដ៏មានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុបានសមាធិ មានសភាព ដូច្នោះ មានដែរ ដូចជាភិក្ខុមិនសំគាល់ថា ដីក្នុងដី។បេ។ របស់ណា ដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ នូវរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។ ម្នាលអាវុសោសារីបុត្ត ចុះភិក្ខុបានសមាធិមានសភាពដូច្នោះ តើដូចម្តេច ដូចជាភិក្ខុដែលមិនសំគាល់ថា ដីក្នុងដី។បេ។ របស់ណា ដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។ ម្នាលអាវុសោសារីបុត្ត ចុះភិក្ខុបានសមាធិ មានសភាពដូច្នោះ ជាអ្នកមិនសំគាល់ថា ដីក្នុងដី តើយ៉ាងណា។បេ។ របស់ណា ដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្ត មិនសំគាល់ ក្នុងរបស់ទាំងនោះ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានសេចក្តីសំគាល់យ៉ាងនេះថា ការរម្ងាប់សង្ខារទាំងអស់ ការលះឧបធិទាំងអស់ ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់តណ្ហា គឺព្រះនិញ្វនណា ព្រះនិញ្វននុ៎ះ ជាទីស្ងប់ ព្រះនិញ្វននុ៎ះ ដ៏ឧត្តម។ ម្នាលអាវុសោទាំងឡាយ ភិក្ខុបានសមាធិ មានសភាពដូច្នោះ យ៉ាងនេះ ដូចជាភិក្ខុដែលមិនសំគាល់ថា ដីក្នុងដី មិនសំគាល់ថា ទឹកក្នុងទឹក មិនសំគាល់ថា ភ្លើងក្នុងភ្លើង មិនសំគាល់ថា ខ្យល់ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខក្នុងលោកខាងមុខ របស់ណា ដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។

ចប់ ទុតិយវគ្គ ទី២។

ឧទ្ទាននៃវគ្គនោះគឺ

និយាយអំពីមហានាម មាន ២ លើក អំពីនន្ទិយៈ ១ អំពីសុភូតិ ១ អំពីមេត្តា ១ អំពីទសមគហបតី ១ អំពីគោបាល ១ អំពីសមាធិ មាន ៤ លើក។

 

លេខយោង

km/tipitaka/sut/an/11/sut.an.11.v02.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann