តិបិដក (មូល) » សុត្តបិដក » ទីឃនិកាយ » មហាវគ្គ »
មហាបរិនិព្វានសូត្រ ទី៣
សង្ខេប
ព្រះសូត្រ ដ៏វែងនេះរៀបរាប់ទំលាយ នូវដើមហេតុដំបូង នៃការដាក់អាយុសង្ខាររបស់ព្រះបរមសាស្តារហូតដល់ការបរិនិព្វាន។ ការសម្តែងធម្មទេសនា ជាខ្លឹមសារ និងពាក្យបណ្តាំជាមរតកធម៌ ចុងក្រោយរបស់ព្រះអង្គ ជាមួយនឹងសាវក ព្រមទាំងពុទ្ធបរិស័ទ… ពិធីបូជាព្រះសព ការបែងចែកព្រះសារិកធាតុ សេចក្តីតក់ស្លុត សេចក្តីស្រលាញ់ និងការបូជាដ៏ឧត្តម របស់ពួកមនុស្ស និងទេវតា ដល់ព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធ បានបរិនិព្វានហើយដោយអនុបាទិសេសនិព្វានធាតុ។
dn 16 បាលី cs-km: sut.dn.16 អដ្ឋកថា: sut.dn.16_att PTS: ?
(ទី៣) មហាបរិនិព្វានសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
ជាសំឡេងដែលមានគុណភាពខ្ពស់ះ
ពុទ្ធភាណវារៈ ទី១ និង ទី២ | ពុទ្ធភាណវារៈ ទី៣ និង ទី៤ | ពុទ្ធភាណវារៈ ទី៥...
ពុទ្ធភាណវារៈ ទី១
[៦៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើភ្នំគិជ្ឈកូដ1) ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះរាជា ជាធំក្នុងដែនមគធៈ ព្រះនាមអជាតសត្តុ វេទេហីបុត្រ2) មានព្រះបំណងនឹងយាត្រា ទៅញាំញីដែនវជ្ជី។ ព្រះអង្គមានព្រះបន្ទូលយ៉ាងនេះថា អញនឹងផ្តិលផ្តាច់អ្នកដែនវជ្ជីទាំងនេះ ដែលមានឫទ្ធិធំយ៉ាងនេះ មានអានុភាពធំយ៉ាងនេះ អញ (មានបំណងនឹងយាត្រាទៅជិះជាន់) ដែនវជ្ជី និងបំផ្លាញដែនវជ្ជី និងធ្វើដែនវជ្ជីឲ្យដល់នូវសេចក្តីវិនាស។ គ្រានោះ ព្រះបាទអជាតសត្តុ វេទេហីបុត្ត មាគធរាជ ត្រាស់ហៅវស្សការព្រាហ្មណ៍ ដែលជាមហាមាត្យក្នុងដែនមគធៈថា ម្នាលព្រាហ្មណ៍ ចូរអ្នកមកនេះ ចូរអ្នកទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ចូរថ្វាយបង្គំព្រះមានព្រះភាគ ដោយត្បូងតាមពាក្យខ្ញុំ រួចទូលសួរអំពីសេចក្តីមិនមានអាពាធ មិនមានរោគ ការក្រោកឡើងដោយរហ័ស កម្លាំងកាយ និងការនៅសប្បាយគ្រប់ឥរិយាបថ ដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទអជាតសត្តុ វេទេហីបុត្ត មាគធរាជ ថ្វាយបង្គំព្រះបាទាព្រះមានព្រះភាគ ដោយព្រះសិរ្ស៍ ហើយផ្តាំមកក្រាបបង្គំទូលសួរ អំពីអាការមិនមានអាពាធ មិនមានរោគ ការក្រោកឡើងដោយរហ័ស ព្រះកាយពល និងការគង់នៅស្រួល គ្រប់ឥរិយាបថ មួយទៀត ចូរក្រាបទូលយ៉ាងនេះតទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទអជាតសត្តុ វេទេហីបុត្ត មាគធរាជ មានព្រះបំណងនឹងយាត្រាទៅញាំញីដែនវជ្ជី ព្រះអង្គមានបន្ទូលយ៉ាងនេះថា អញនឹងផ្តិលផ្តាច់អ្នកដែនវជ្ជីទាំងនេះ ដែលមានឫទ្ធិធំយ៉ាងនេះ មានអានុភាពធំយ៉ាងនេះ អញ (មានបំណងនឹងយាត្រាទៅជិះជាន់) ដែនវជ្ជី និងបំផ្លាញដែនវជ្ជី និងធ្វើដែនវជ្ជី ឲ្យដល់នូវសេចក្តីវិនាស ប៉ុន្តែបើព្រះមានព្រះភាគ ទ្រង់ព្យាករដល់អ្នកយ៉ាងណា ត្រូវអ្នកត្រាប់ត្រង រងព្រះពុទ្ធដីកានោះ ឲ្យជាក់ច្បាស់ ហើយមកប្រាប់ខ្ញុំវិញ ព្រោះតថាគតទាំងឡាយ មិនដែលមានបន្ទូលខុសទេ។ វស្សការព្រាហ្មណ៍ ជាមហាមាត្រក្នុងដែនមគធៈ ទទួលព្រះរាជឱង្ការព្រះបាទអជាតសត្តុ វេទេហីបុត្រ មាគធរាជ ដោយពាក្យថា ព្រះករុណាថ្លៃវិសេស ហើយទើបឲ្យ៣១៥ រៀបចំយានទាំងឡាយដែលល្អៗ ហើយឡើងជិះយាន ដែលល្អៗ បរចេញអំពីក្រុងរាជគ្រឹះ ទៅដោយយានដែលល្អៗ បរសំដៅទៅកាន់ភ្នំគិជ្ឈកូដ ទៅដោយយាន កំណត់ត្រឹមទីដែលបរយានទៅបាន រួចចុះអំពីយានដើរទៅ ដោយជើងទទេ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះវស្សការព្រាហ្មណ៍ ជាមហាមាត្រ ក្នុងដែនមគធៈ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ព្រះបាទអជាតសត្តុ វេទេហីបុត្ត មាគធរាជ ថ្វាយបង្គំព្រះបាទានៃព្រះគោតមដ៏ចំរើន ដោយព្រះសិរ្ស៍ ហើយផ្តាំឲ្យទូលសួរអំពីអាការមិនមានអាពាធ មិនមានរោគ ការក្រោកឡើងរហ័ស ព្រះកាយពល និងការគង់នៅស្រួល គ្រប់ឥរិយាបថ បពិត្រព្រះគោតមដ៏ចំរើន ព្រះបាទអជាតសត្តុ វេទេហីបុត្ត មាគធរាជ មានព្រះបំណងនឹងស្តេចទៅញាំញីដែនវជ្ជី ព្រះអង្គមានបន្ទូលយ៉ាងនេះថា អញនឹងផ្តិលផ្តាច់អ្នកដែនវជ្ជីទាំងនេះ ដែលមានប្ញទ្ធិធំយ៉ាងនេះ មានអានុភាពធំយ៉ាងនេះ អញ (មានបំណងនឹងយាត្រាទៅជិះជាន់) ដែនវជ្ជី នឹងបំផ្លាញដែនវជ្ជី នឹងធ្វើដែនវជ្ជីឲ្យដល់នូវសេចក្តីវិនាស។
[៦៨] សម័យនោះឯង ព្រះអានន្ទមានអាយុ ឋិតនៅអំពីខាងក្រោយព្រះមានព្រះភាគ កំពុងពាត់ (បក់) ថ្វាយព្រះមានព្រះភាគ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ អ្នកបានឮថា ពួកស្តេចក្នុងដែនវជ្ជី មានការប្រជុំគ្នារឿយៗ មានការប្រជុំគ្នាដោយច្រើន ដូច្នេះដែរឬ។ ព្រះអានន្ទ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឮដំណឹងនេះថា ពួកស្តេចក្នុងដែនវជ្ជី មានការប្រជុំគ្នារឿយៗ មានការប្រជុំគ្នាដោយច្រើន ដូច្នេះដែរ។ ម្នាលអានន្ទ បើពួកស្តេចក្នុងដែនវជ្ជី នឹងមានការប្រជុំគ្នារឿយៗ មានការប្រជុំគ្នាដោយច្រើន អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យមិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលអានន្ទ អ្នកបានឮថា ពួកវជ្ជីក្សត្រិយ៍ ព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកលែងប្រជុំ ព្រមព្រៀងគ្នាធ្វើកិច្ចក្នុងដែនវជ្ជី ដូច្នេះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮដំណឹងថា ពួកវជ្ជីក្សត្រិយ៍ ព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកលែងប្រជុំ ព្រមព្រៀងគ្នាធ្វើកិច្ចក្នុងដែនវជ្ជី ដូច្នេះដែរ។ ម្នាលអានន្ទ បើពួកវជ្ជីក្សត្រិយ៍ នឹងព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកលែងប្រជុំ ព្រមព្រៀងគ្នាធ្វើកិច្ចក្នុងដែនវជ្ជី អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែងមានប្រាកដដល់ពួកវជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលអានន្ទ អ្នកបានឮថា ពួកវជ្ជីក្សត្រិយ៍ មិនបញ្ញត្តច្បាស់ (ដែលពួកស្តេចពីដើម) មិនបានបញ្ញត្ត មិនដកច្បាប់ដែលបានបញ្ញត្តរួចហើយ កាន់តាមប្រព្រឹត្តតាមច្បាប់ ក្នុងដែនវជ្ជីអំពីបូរាណ ដែលបានបញ្ញត្តរួចហើយយ៉ាងណា ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮដំណឹងនេះថា ពួកវជ្ជីក្សត្រិយ៍មិនបញ្ញត្តច្បាប់ (ដែលពួកស្តេចពីដើម) មិនបានបញ្ញត្ត មិនដកច្បាប់ដែលបានបញ្ញត្តរួចហើយ កាន់តាមប្រព្រឹត្តតាមច្បាប់ ក្នុងដែនវជ្ជីអំពីបូរាណ ដែលបានបញ្ញត្តរួចហើយយ៉ាងណា ដូច្នេះដែរ។ ម្នាលអានន្ទ បើពួកវជ្ជីក្សត្រិយ៍ នឹងមិនបញ្ញត្តច្បាប់ ដែលស្តេចពីដើមមិនបានបញ្ញត្តហើយ មិនដកច្បាប់ដែលបានបញ្ញត្តរួចហើយ កាន់តាមប្រព្រឹត្តតាមច្បាប់ ក្នុងដែនវជ្ជីអំពីបូរាណ ដែលបានបញ្ញត្តរួចហើយយ៉ាងណា អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែងមានប្រាកដដល់ពួកវជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលអានន្ទ អ្នកបានឮថា ពួកវជ្ជីក្សត្រិយ៍ ធ្វើសក្ការៈ គោរព រាប់អាន បូជាពួកវជ្ជីក្សត្រិយ៍ ដែលមានព្រះជន្មច្រើនជាងវជ្ជីក្សត្រិយ៍ទាំងឡាយ ដែលគួរស្តាប់ របស់ពួកក្សត្រិយ៍ ដែលមានព្រះជន្មច្រើនទាំងនោះ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮដំណឹងនេះថា ពួកវជ្ជីក្សត្រិយ៍ តែងធ្វើសក្ការៈ គោរព រាប់អាន បូជាពួកវជ្ជីក្សត្រិយ៍ ដែលមានព្រះជន្មច្រើនជាងវជ្ជីក្សត្រិយ៍ទាំងឡាយ ទាំងជឿពាក្យដែលគួរស្តាប់ របស់ពួកក្សត្រិយ៍ ដែលមានព្រះជន្មច្រើនទាំងនោះ ថាជាពាក្យគួរស្តាប់ ដូច្នេះដែរ។ ម្នាលអានន្ទ បើពួកវជ្ជីក្សត្រិយ៍ នឹងធ្វើសក្ការៈ គោរព រាប់អាន បូជាពួកវជ្ជីក្សត្រិយ៍ ដែលមានព្រះជន្មច្រើនជាងវជ្ជីក្សត្រិយ៍ទាំងឡាយ ទាំងជឿពាក្យគួរស្តាប់ របស់ពួកក្សត្រិយ៍ ដែលមានព្រះជន្មច្រើនទាំងនោះ អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែងមានប្រាកដដល់ពួកវជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលអានន្ទ អ្នកបានឮថា ពួកវជ្ជីក្សត្រិយ៍ មិនកំហែង បង្ខំពួកស្រីក្នុងត្រកូល ពួកកុមារីក្នុងត្រកូល ឲ្យនៅរួម ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮដំណឹងនេះថា ពួកវជ្ជីក្សត្រិយ៍ មិនកំហែង បង្ខំពួកស្រីក្នុងត្រកូល ពួកកុមារីក្នុងត្រកូល ឲ្យនៅរួម ដូច្នេះដែរ។ ម្នាលអានន្ទ បើពួកវជ្ជីក្សត្រិយ៍ នឹងមិនកំហែង បង្ខំពួកស្រីក្នុងត្រកូល ពួកកុមារី ក្នុងត្រកូល ឲ្យនៅរួម អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកវជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលអានន្ទ អ្នកបានឮថា ពួកវជ្ជីក្សត្រិយ៍ តែងធ្វើសក្ការៈ គោរព រាប់អាន បូជាចេតិយ3)) ក្នុងដែនវជ្ជី របស់ពួកអ្នកដែនវជ្ជី ដែលនៅខាងក្នុងនគរក្តី ខាងក្រៅនគរក្តី និងមិនធ្វើគ្រឿងបូជាប្រកបដោយធម៌ ដែលគេធ្លាប់ថ្វាយ ធ្លាប់ធ្វើដល់ចេតិយទាំងនោះ ឲ្យសាបសូន្យទៅ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮដំណឹងនេះថា ពួកវជ្ជីក្សត្រិយ៍ តែងធ្វើសក្ការៈ គោរព រាប់អាន បូជាចេតិយ ក្នុងដែនវជ្ជី របស់ពួកអ្នកដែនវជ្ជី ដែលនៅខាងក្នុងនគរក្តី ខាងក្រៅនគរក្តី និងមិនធ្វើគ្រឿងបូជាប្រកបដោយធម៌ ដែលគេធ្លាប់ថ្វាយ ធ្លាប់ធ្វើដល់ចេតិយទាំងនោះ ឲ្យសាបសូន្យទៅ ដូច្នេះដែរ។ ម្នាលអានន្ទ បើពួកវជ្ជីក្សត្រិយ៍ នឹងធ្វើសក្ការៈ គោរព រាប់អាន បូជាចេតិយ ក្នុងដែនវជ្ជី របស់ពួកអ្នកដែនវជ្ជី ដែលនៅខាងក្នុងនគរក្តី ខាងក្រៅនគរក្តី និងមិនធ្វើគ្រឿងបូជាប្រកបដោយធម៌ ដែលគេធ្លាប់ថ្វាយ ធ្លាប់ធ្វើដល់ចេតិយទាំងនោះ ឲ្យសាបសូន្យទៅ អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកវជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលអានន្ទ អ្នកបានឮថា ពួកវជ្ជីក្សត្រិយ៍ បានចាត់ចែងត្រឹមត្រូវ នូវការរក្សាការពារ និងការគ្រប់គ្រង ប្រកបដោយធម៌ ក្នុងអរហន្តទាំងឡាយ ដោយបំណងថា ធ្វើម្តេចហ្ន៎ ព្រះអរហន្តទាំងឡាយ ដែលមិនទាន់មក ក៏សូមឲ្យមកកាន់ដែនរបស់យើង ព្រះអរហន្តទាំងឡាយ ដែលមកស្រាប់ហើយ ក៏សូមឲ្យគង់នៅជាសុខ ក្នុងដែនរបស់យើង ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮដំណឹងនេះថា ពួកវជ្ជីក្សត្រិយ៍ បានចាត់ចែងដោយត្រឹមត្រូវ នូវការរក្សាការពារ និងការគ្រប់គ្រងប្រកបដោយធម៌ ក្នុងព្រះអរហន្តទាំងឡាយ ដោយបំណងថា ធ្វើម្តេចហ្ន៎ ព្រះអរហន្តទាំងឡាយ ដែលមិនទាន់មក ក៏សូមឲ្យមកកាន់ដែនរបស់យើង ព្រះអរហន្តទាំងឡាយ ដែលមកស្រាប់ហើយ ក៏សូមឲ្យគង់នៅជាសុខ ក្នុងដែនរបស់យើង ដូច្នេះដែរ។ ម្នាលអានន្ទ បើពួកវជ្ជីក្សត្រិយ៍ នឹងចាត់ចែងដោយត្រឹមត្រូវ នូវការរក្សាការពារ និងការគ្រប់គ្រងប្រកបដោយធម៌ ក្នុងព្រះអរហន្តទាំងឡាយ ដោយបំណងថា ធ្វើម្តេចហ្ន៎ ព្រះអរហន្តទាំងឡាយ ដែលមិនទាន់មក ក៏សូមឲ្យមកកាន់ដែនរបស់យើង ព្រះអរហន្តទាំងឡាយ ដែលមកស្រាប់ហើយ ក៏សូមឲ្យគង់នៅជាសុខ ក្នុងដែនរបស់យើង អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែងមានប្រាកដដល់ពួកវជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។
[៦៩] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងវស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈថា ម្នាលព្រាហ្មណ៍ សម័យមួយ តថាគតនៅក្នុងសារន្ទទចេតិយ ទៀបក្រុងវេសាលី តថាគត បានសំដែង អបរិហានិយធម៌ ទាំង៧នេះ របស់ពួកវជ្ជីក្សត្រិយ៍ ក្នុងសារន្ទទចេតិយនោះឯង ម្នាលព្រាហ្មណ៍ អបរិហានិយធម៌ ទាំង៧នេះ តាំងនៅក្នុងពួកវជ្ជីក្សត្រិយ៍ ឬថាពួកវជ្ជីក្សត្រិយ៍ នឹងប្រតិបត្តិក្នុងអបរិហានិយធម៌ទាំង៧នេះ អស់កាលត្រឹមណា ម្នាលព្រាហ្មណ៍ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកវជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យមិនមានឡើយ (អស់កាលត្រឹមណោះ)។ កាលបើព្រះមានព្រះភាគ មានព្រះបន្ទូលយ៉ាងនេះហើយ វស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីចំរើន តែងមានប្រាកដ សេចក្តីសាបសូន្យ មិនមានដល់ពួកវជ្ជីក្សត្រិយ៍ ដែលប្រកបដោយអបរិហានិយធម៌ សូម្បីតែមួយៗ ចាំបាច់និយាយទៅថ្វី ដល់ទៅគ្រប់អបរិហានិយធម៌ ទាំង៧ បពិត្រព្រះគោតមដ៏ចំរើន មួយទៀត ព្រះបាទអជាតសត្តុវេទេហីបុត្រមាគធរាជ មិនគប្បីចាប់ពួកវជ្ជីក្សត្រិយ៍ ដោយការច្បាំងបានទេ វៀរលែងតែការលួងលោម យកចិត្ត ឬការធ្វើឲ្យបែកគ្នា បពិត្រព្រះគោតមដ៏ចំរើន ណ្ហើយចុះ ខ្ញុំព្រះអង្គសូមលាទៅឥឡូវនេះ ខ្ញុំព្រះអង្គមានកិច្ចច្រើន មានការងារច្រើន។ ព្រះអង្គត្រាស់ថា ម្នាលព្រាហ្មណ៍ អ្នកចូរសំគាល់នូវកាលគួរនឹងទៅ ក្នុងវេលានេះចុះ។ លំដាប់នោះ វស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ ត្រេកអររីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ ហើយក្រោកចាកអាសនៈ ចេញទៅ។
[៧០] កាលដែលវស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈចេញទៅមិនយូរប៉ុន្មាន ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូរទៅឲ្យភិក្ខុទាំងអស់ ដែលនៅអាស្រ័យក្នុងក្រុងរាជគ្រឹះប្រជុំគ្នា ក្នុងឧបដ្ឋានសាលា។4) ព្រះអានន្ទដ៏មានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយប្រជុំភិក្ខុសង្ឃទាំងអស់ ដែលនៅអាស្រ័យក្នុងក្រុងរាជគ្រឹះ ក្នុងឧបដ្ឋានសាលា ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចឋិតនៅក្នុងទីសមគួរ។ ព្រះអានន្ទដ៏មានអាយុ លុះឋិតនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃប្រជុំគ្នាហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំគាល់នូវកាលគួរនឹងស្តេចទៅក្នុងកាលឥឡូវនេះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ក្រោកអំពីអាសនៈ ហើយស្តេចចូលទៅកាន់ឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលទុក។ លុះព្រះមានព្រះភាគ គង់នៅហើយ ក៏ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង អបរិហានិយធម៌ ៧ប្រការ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ភាសិតនោះ ចូរប្រុងធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែងប្រាប់។ ភិក្ខុទាំងឡាយនោះ ក៏ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគដោយពាក្យថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងប្រជុំគ្នារឿយៗ ប្រជុំគ្នាដោយច្រើន អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកទីប្រជុំ ព្រមព្រៀងគ្នាធ្វើកិច្ចរបស់សង្ឃ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមិនបញ្ញត្តសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្តហើយ មិនដកសិក្ខាបទ ដែលតថាគតបញ្ញត្តហើយ កាន់តាម ប្រព្រឹត្តតាមសិក្ខាបទ ដែលតថាគតបញ្ញត្តហើយយ៉ាងណា អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងធ្វើសក្ការៈ គោរព រាប់អាន បូជាពួកភិក្ខុជាថេរៈ អ្នកដឹងរាត្រី (ច្រើន) បួសយូរ ជាបិតានៃសង្ឃ ជាបរិនាយក របស់សង្ឃ (ជាអ្នកណែនាំសង្ឃ) ទាំងរាប់អានជឿពាក្យដែលគួរស្តាប់ របស់ភិក្ខុជាថេរៈទាំងនោះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមិនលុះក្នុងអំណាចតណ្ហា ជាធម្មជាតិនាំសត្វទៅក្នុងភពថ្មីទៀត ដែលកើតឡើងហើយ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមានសេចក្តីប្រាថ្នា ក្នុងសេនាសនៈទាំងឡាយ ដែលតាំងនៅក្នុងព្រៃ5) អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងប្រុងស្មារតីក្នុងខ្លួនថា ធ្វើម្តេចហ្ន៎ ពួកសព្រហ្មចារី6) មានសីលធម៌ជាទីស្រឡាញ់ ដែលមិនទាន់មកដល់ ក៏សូមឲ្យនិមន្តមក ពួកសព្រហ្មចារី មានសីលធម៌ជាទីស្រឡាញ់ ដែលមកដល់ហើយ សូមឲ្យនៅជាសុខ ដូច្នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ទាំង៧នេះ នឹងឋិតនៅក្នុងភិក្ខុទាំងឡាយ ឬថា ភិក្ខុទាំងឡាយនឹងប្រតិបត្តិ ក្នុងអបរិហានិយធម៌ទាំង៧នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។
[៧១] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង អបរិហានិយធម៌ ៧ដទៃទៀត ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ភាសិតនោះ ចូរប្រុងធ្វើទុកក្នុងចិត្តដោយល្អចុះ តថាគតនឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុមិនជាអ្នកមានការងារ ជាទីត្រេកអរ7) មិនត្រេកអរក្នុងការងារ មិនប្រកបរឿយៗ នូវភាវៈជាអ្នកមានការងារ ជាទីត្រេកអរ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមិនជាអ្នកមានការនិយាយ (តិរច្ឆានកថា) ជាទីត្រេកអរ មិនត្រេកអរក្នុងការនិយាយ (តិរច្ឆានកថា) មិនប្រកបរឿយៗ នូវភាវៈជាអ្នកមានការនិយាយ (តិរច្ឆានកថា) ជាទីត្រេកអរ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមិនជាអ្នកមានសេចក្តីដេកលក់ ជាទីត្រេកអរ មិនត្រេកអរក្នុងសេចក្តីដេកលក់ មិនប្រកបរឿយៗ នូវភាវៈជាអ្នកមានសេចក្តីដេកលក់ ជាទីត្រេកអរ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមិនជាអ្នកមានគ្នីគ្នាជាទីត្រេកអរ មិនត្រេកអរក្នុងការមានគ្នីគ្នា មិនប្រកបរឿយៗ នូវភាវៈជាអ្នកមានគ្នីគ្នា ជាទីត្រេកអរ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមិនមានសេចក្តីប្រាថ្នាអាក្រក់ មិនលុះក្នុងអំណាចសេចក្តីប្រាថ្នាអាក្រក់ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមិនមានមិត្រអាក្រក់ មិនមានសំឡាញ់អាក្រក់ មិនជាអ្នកងាកទៅរកបុគ្គលអាក្រក់ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមិនដល់នូវសេចក្តីបន្ធូរបន្ថយព្យាយាមក្នុងចន្លោះ ដោយការត្រាស់ដឹងនូវគុណវិសេសត្រឹមតែជាន់ក្រោម អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ទាំង៧នេះ នឹងឋិតនៅក្នុងពួកភិក្ខុ ឬពួកភិក្ខុប្រតិបត្តិ ក្នុងអបរិហានិយធម៌ទាំង៧នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។
[៧២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង អបរិហានិយធម៌ ៧ដទៃទៀត ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ភាសិតនោះ ចូរប្រុងធ្វើទុកក្នុងចិត្តដោយល្អចុះ តថាគតនឹងសំដែងប្រាប់។ ពួកភិក្ខុទាំងនោះ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមានសេចក្តីជឿ។បេ។ មានចិត្តប្រកបដោយសេចក្តីខ្មាសខ្ពើមបាប។ មានសេចក្តីខ្លាចបាប។ ជាពហុស្សូត។ ប្រារព្ធសេចក្តីព្យាយាម។ ជាអ្នកមានស្មារតីខ្ជាប់ខ្ជួន។ ជាអ្នកមានប្រាជ្ញា អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ទាំង៧នេះ នឹងឋិតនៅក្នុងពួកភិក្ខុ ឬពួកភិក្ខុប្រតិបត្តិ ក្នុងអបរិហានិយធម៌ទាំង៧នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។
[៧៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង អបរិហានិយធម៌ ៧ដទៃទៀត ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ភាសិតនោះ ចូរប្រុងធ្វើទុកក្នុងចិត្តដោយល្អចុះ តថាគតនឹងសំដែងប្រាប់។ ពួកភិក្ខុទាំងនោះ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងចំរើនសតិសម្ពោជ្ឈង្គ (ហេតុនៃធម៌ ជាគ្រឿងត្រាស់ដឹង គឺសេចក្តីរលឹក)។បេ។ ចំរើនធម្មវិចយសម្ពោជ្ឈង្គ (ហេតុនៃធម៌ជាគ្រឿងត្រាស់ដឹង គឺបញ្ញា ជាគ្រឿងពិចារណា)។ ចំរើនវីរិយសម្ពោជ្ឈង្គ (ហេតុនៃធម៌ជាគ្រឿងត្រាស់ដឹង គឺព្យាយាម)។ ចំរើនបីតិសម្ពោជ្ឈង្គ (ហេតុនៃធម៌ជាគ្រឿងត្រាស់ដឹង គឺសេចក្តីឆ្អែតស្កប់ក្នុងធម៌)។ ចំរើនបស្សទ្ធិសម្ពោជ្ឈង្គ (ហេតុនៃធម៌ជាគ្រឿងត្រាស់ដឹង គឺសេចក្តីស្ងប់រម្ងាប់)។ ចំរើនសមាធិសម្ពោជ្ឈង្គ (ហេតុនៃធម៌ជាគ្រឿងត្រាស់ដឹង គឺសេចក្តីដម្កល់ចិត្តមាំ)។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ (ហេតុនៃធម៌ជាគ្រឿងត្រាស់ដឹង គឺសេចក្តីព្រងើយក្នុងសុខនិងទុក្ខ) អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ទាំង៧នេះ នឹងឋិតនៅក្នុងពួកភិក្ខុ ឬពួកភិក្ខុប្រតិបត្តិ ក្នុងអបរិហានិយធម៌ទាំង៧នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។
[៧៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង អបរិហានិយធម៌ ៧ដទៃទៀត ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ភាសិតនោះ ចូរប្រុងធ្វើទុកក្នុងចិត្តដោយល្អចុះ តថាគតនឹងសំដែងប្រាប់។ ពួកភិក្ខុទាំងនោះ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងចំរើនអនិច្ចសញ្ញា (សេចក្តីសំគាល់ដែលកើតជាមួយនឹងអនិច្ចានុបស្សនា)។បេ។ ចំរើនអនត្តសញ្ញា (សេចក្តីសំគាល់ដែលកើតជាមួយនឹងអនត្តានុបស្សនា)។ ចំរើនអសុភសញ្ញា (សេចក្តីសំគាល់នូវអាការ៣២ថាមិនស្អាត)។ ចំរើនអាទីនវសញ្ញា (សេចក្តីសំគាល់នូវកាយថាមានទោស)។ ចំរើនបហានសញ្ញា (សេចក្តីសំគាល់ក្នុងការលះនូវអកុសលវិតក្កៈ)។ ចំរើនវិរាគសញ្ញា (សេចក្តីសំគាល់ក្នុងព្រះនិព្វាន ដែលប្រាសចាកតម្រេក)។ ចំរើននិរោធសញ្ញា (សេចក្តីសំគាល់ក្នុងព្រះនិព្វាន ជាគ្រឿងរលត់ទុក្ខ) អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ទាំង៧នេះ នឹងឋិតនៅក្នុងពួកភិក្ខុ ឬពួកភិក្ខុប្រតិបត្តិ ក្នុងអបរិហានិយធម៌ទាំង៧នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។
[៧៥] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង អបរិហានិយធម៌ ៦ដទៃទៀត ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ភាសិតនោះ ចូរប្រុងធ្វើទុកក្នុងចិត្តដោយល្អចុះ តថាគតនឹងសំដែងប្រាប់។ ពួកភិក្ខុទាំងនោះ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងប្រុងដម្កល់កាយកម្ម ប្រកបដោយមេត្តា ក្នុងសព្រហ្មចារីទាំងឡាយ ទាំងក្នុងទីចំពោះមុខ និងទីកំបាំងមុខ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងប្រុងកម្កល់វចីកម្ម ប្រកបដោយមេត្តា។បេ។ ប្រុងដម្កល់មនោកម្មប្រកបដោយមេត្តា ក្នុងសព្រហ្មចារីទាំងឡាយ ទាំងក្នុងទីចំពោះមុខ និងទីកំបាំងមុខ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើលាភទាំងឡាយណា ដែលប្រកបដោយធម៌ ដែលបានមកដោយធម៌ ហោចទៅ សូម្បីវត្ថុដែលគេដាក់ចុះក្នុងបាត្រ ពួកភិក្ខុមានការបរិភោគ ដោយមិនបាច់ចែករំលែកដោយលាភទាំងឡាយ មានសភាពយ៉ាងនោះ គឺជាអ្នកមានការបរិភោគ ជាសាធារណៈ ជាមួយនឹងសព្រហ្មចារីទាំងឡាយ ដែលមានសីល អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ សីលទាំងឡាយណាមិនដាច់ មិនធ្លុះ មិនពព្រុះ មិនពពាល ជាសីលរបស់មនុស្សអ្នកជា (មិនជាខ្ញុំតណ្ហា) អ្នកប្រាជ្ញតែងសរសើរ ជាសីលមិនបានជ្រោកជ្រាកដោយតណ្ហា និងទិដ្ឋិ ជាសីលញុំាងសមាធិឲ្យប្រព្រឹត្តទៅបាន ពួកភិក្ខុជាអ្នកមានសីលស្មើគ្នា ដោយសព្រហ្មចារីទាំងឡាយ ក្នុងសីលទាំងឡាយ មានសភាពយ៉ាងនោះ ទាំងក្នុងទីចំពោះមុខ និងក្នុងទីកំបាំងមុខ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ ទិដ្ឋិណាដែលឥតទោស ជាទីស្រោចស្រង់សត្វ ប្រព្រឹត្តទៅដើម្បីអស់សេចក្តីទុក្ខដោយប្រពៃ ដល់អ្នកធ្វើតាមទិដ្ឋិនោះ ពួកភិក្ខុជាអ្នកមានទិដ្ឋិស្មើគ្នា ដោយសព្រហ្មចារីទាំងឡាយ ក្នុងទិដ្ឋិមានសភាពយ៉ាងនោះ ទាំងក្នុងទីចំពោះមុខ និងក្នុងទីកំបាំងមុខ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ទាំង៦នេះ នឹងឋិតនៅក្នុងពួកភិក្ខុ ឬពួកភិក្ខុប្រតិបត្តិ ក្នុងអបរិហានិយធម៌ទាំង៦នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ កាលដែលព្រះមានព្រះភាគ គង់លើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះនោះឯង ទ្រង់ធ្វើធម្មីកថាជាច្រើន ដល់ភិក្ខុទាំងឡាយយ៉ាងនេះថា សីលដូច្នេះ សមាធិដូច្នេះ បញ្ញាដូច្នេះ សមាធិ ដែលអប់រំដោយសីល រមែងមានផលច្រើន មានអានិសង្សច្រើន បញ្ញាដែលអប់រំដោយសមាធិ រមែងមានផលច្រើន មានអានិសង្សច្រើន ចិត្ត8) ដែលអប់រំដោយបញ្ញា រមែងរួចស្រឡះចាកអាសវៈទាំងឡាយ ដោយប្រពៃពិត គឺកាមាសវៈ (ធម៌ជាគ្រឿងត្រាំ គឺកាម) ភវាសវៈ (ធម៌ជាគ្រឿងត្រាំ គឺភព) អវិជ្ជាសវៈ (ធម៌ ជាគ្រឿងត្រាំ គឺអវិជ្ជា)។
[៧៦] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងក្រុងរាជគ្រឹះ តាមសមគួរដល់ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ត្រាស់ហៅព្រះអានន្ទមានអាយុថា ម្នាលអានន្ទ មក យើងនឹងទៅកាន់ឱទ្យានឈ្មោះអម្ពលដ្ឋិកា។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅដល់អម្ពលដ្ឋិកាឱទ្យាន មួយអន្លើដោយភិក្ខុសង្ឃជាច្រើន។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់ក្នុងរាជាគារកៈ (ព្រះរាជដំណាក់) នៅនាអម្ពលដ្ឋិកាឱទ្យាននោះ។ កាលព្រះមានព្រះភាគគង់ក្នុងរាជាគារកៈ ក្នុងអម្ពលដ្ឋិកាឱទ្យាននោះឯង ទ្រង់ធ្វើធម្មីកថាជាច្រើន ដល់ភិក្ខុទាំងឡាយយ៉ាងនេះថា សីលដូច្នេះ សមាធិដូច្នេះ បញ្ញាដូច្នេះ សមាធិ ដែលអប់រំដោយសីល រមែងមានផលច្រើន មានអានិសង្សច្រើន បញ្ញាដែលអប់រំដោយសមាធិ រមែងមានផលច្រើន មានអានិសង្សច្រើន ចិត្តដែលអប់រំដោយបញ្ញា រមែងរួចស្រឡះចាកអាសវៈទាំងឡាយ ដោយប្រពៃពិត គឺកាមាសវៈ ភវាសវៈ អវិជ្ជាសវៈ។
[៧៧] លុះព្រះមានព្រះភាគ ទ្រង់គង់ក្នុងអម្ពលដ្ឋិកាឱទ្យាន តាមសមគួរ ដល់ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ មក យើងនឹងទៅកាន់ស្រុកនាឡន្ទា។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ស្តេចទៅដល់ស្រុកនាឡន្ទា មួយអន្លើដោយភិក្ខុសង្ឃជាច្រើន។ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងបាវាទិកម្ពវ័ន ទៀបក្រុងនាឡន្ទានោះ។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ ព្រះសារីបុត្តមានអាយុ លុះអង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជ្រះថ្លា ក្នុងព្រះមានព្រះភាគ ដោយហេតុយ៉ាងនេះថា សមណៈ ឬព្រាហ្មណ៍ដទៃ ជាអ្នកត្រាស់ដឹងក្រៃលែងជាងព្រះមានព្រះភាគ ក្នុងសម្ពោធិញ្ញាណ មិនមានក្នុងអតីតកាល មិនមានក្នុងអនាគតកាល ឬមិនមានក្នុងបច្ចុប្បន្នកាលនេះទេ។ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលថា ម្នាលសារីបុត្ត អាសភិវាចា9) ដែលអ្នកនិយាយនេះ លើសលុបពេក សីហនាទ ដែលអ្នកប្រកាន់ហើយ បន្លឺឡើងហើយថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជ្រះថ្លា ក្នុងព្រះមានព្រះភាគ ដោយហេតុយ៉ាងនេះថា សមណៈ ឬព្រាហ្មណ៍ដទៃ ជាអ្នកត្រាស់ដឹងក្រៃលែងជាងព្រះមានព្រះភាគ ក្នុងសម្ពោធិញ្ញាណ មិនមានក្នុងអតីតកាល មិនមានក្នុងអនាគតកាល ឬមិនមានក្នុងបច្ចុប្បន្នកាលនេះទេ ដូច្នេះជាសំដីដោយឡែក ម្នាលសារីបុត្ត ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្តសម្មាសម្ពុទ្ធ ដែលមានក្នុងអតីតកាល ព្រះមានព្រះភាគទាំងអស់នោះ អ្នកបានកំណត់ដឹងច្បាស់នូវចិត្ត ដោយចិត្តរបស់ខ្លួនថា ព្រះមានព្រះភាគទាំងនោះ មានសីលយ៉ាងនេះ ដូច្នេះផង មានធម៌យ៉ាងនេះ។ មានបញ្ញាយ៉ាងនេះ។ មានធម៌ជាគ្រឿងនៅ10) យ៉ាងនេះ។ ព្រះមានព្រះភាគទាំងនោះ មានចិត្តរួចស្រឡះហើយ ចាកអាសវៈយ៉ាងនេះ ដូច្នេះដែរឬ។ ព្រះសារីបុត្តមានអាយុ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ ខ្ញុំព្រះអង្គកំណត់ដឹងមិនបានទេ។ ម្នាលសារីបុត្ត ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្តសម្មាសម្ពុទ្ធ ដែលនឹងមានក្នុងអនាគតកាល ព្រះមានព្រះភាគទាំងអស់នោះ អ្នកបានកំណត់ ដឹងច្បាស់នូវចិត្ត ដោយចិត្តរបស់ខ្លួនថា ព្រះមានព្រះភាគទាំងនោះ នឹងមានសីលយ៉ាងនេះ ដូច្នេះផង នឹងមានធម៌យ៉ាងនេះ។ នឹងមានបញ្ញាយ៉ាងនេះ។ នឹងមានធម៌ជាគ្រឿងនៅយ៉ាងនេះ។ ព្រះមានព្រះភាគទាំងនោះ នឹងមានចិត្តរួចស្រឡះហើយ ចាកអាសវៈយ៉ាងនេះ ដូច្នេះដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ ខ្ញុំព្រះអង្គកំណត់ដឹងមិនបានទេ។ ម្នាលសារីបុត្ត តថាគត ជាអរហន្តសម្មាសម្ពុទ្ធ ក្នុងកាលឥឡូវនេះ អ្នកបានកំណត់ដឹងច្បាស់នូវចិត្ត ដោយចិត្តរបស់ខ្លួនថា ព្រះមានព្រះភាគ មានសីលយ៉ាងនេះ ដូច្នេះផង មានធម៌យ៉ាងនេះ។ មានបញ្ញាយ៉ាងនេះ។ មានធម៌ជាគ្រឿងនៅយ៉ាងនេះ។ ព្រះមានព្រះភាគ មានចិត្តរួចស្រឡះហើយ ចាកអាសវៈយ៉ាងនេះ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ ខ្ញុំព្រះអង្គកំណត់ដឹងមិនបានទេ។ ម្នាលសារីបុត្ត បើអ្នកគ្មានញាណ ជាគ្រឿងកំណត់ដឹងចិត្តរបស់ព្រះអរហន្ត សម្មាសម្ពុទ្ធទាំងឡាយ ដែលមានក្នុងអតីតកាល អនាគតកាល បច្ចុប្បន្នកាលទាំងនុ៎ះទេ ម្នាលសារីបុត្ត ម្តេចឡើយ ក៏អ្នកពោលអាសភិវាចា ដ៏លើសលុបនេះ ក្នុងកាលឥឡូវនេះ អ្នកប្រកាន់បន្លឺឡើងហើយនូវសីហនាទដោយមាំមួនថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជ្រះថ្លា ក្នុងព្រះមានព្រះភាគ ដោយហេតុយ៉ាងនេះថា សមណៈ ឬព្រាហ្មណ៍ដទៃ ជាអ្នកត្រាស់ដឹងក្រៃលែងជាងព្រះមានព្រះភាគ ក្នុងសម្ពោធិញ្ញាណ មិនមានក្នុងអតីតកាល មិនមានក្នុងអនាគតកាល ឬមិនមានក្នុងបច្ចុប្បន្នកាលនេះទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គ្មានញាណជាគ្រឿងកំណត់ដឹងនូវចិត្តរបស់ព្រះអរហន្ត សម្មាសម្ពុទ្ធទាំងឡាយ ដែលមានក្នុងអតីតកាល អនាគតកាល និងបច្ចុប្បន្នកាលទេ តែថា ខ្ញុំព្រះអង្គដឹងច្បាស់តាមទំនងធម៌ បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចទីក្រុង ដែលតាំងនៅក្នុងទីបំផុតដែនរបស់ស្តេច ដែលមានទ្វារមាំ មានកំផែង និងក្លោងទ្វារដ៏មាំមួន មានទ្វារតែមួយ ក្នុងទីក្រុងនោះ មានអ្នកចាំយាមទ្វារ ជាបណ្ឌិតឈ្លាសវៃ មានប្រាជ្ញា ឃាត់ហាមពួកមនុស្សដែលមិនស្គាល់ ឲ្យតែពួកមនុស្សដែលស្គាល់ចូលទៅ នាយទ្វារនោះ ក៏ដើរទៅតាមផ្លូវ ដើម្បីពិនិត្យមើលជុំវិញទីក្រុងនោះ ក៏មិនឃើញនូវទីកំផែង ឬចន្លោះកំផែង ដោយហោចទៅ សូម្បីតែប្រហោងល្មមសត្វឆ្មាចេញបាន ក៏មិនឃើញឡើយ នាយទ្វារនោះ ក៏មានសេចក្តីយល់យ៉ាងនេះថា ពួកសត្វណានីមួយ ដែលមានកាយធំ ចូលមកកាន់ទីក្រុងនេះក្តី ចេញទៅក្តី ពួកសត្វទាំងអស់នោះ គង់ចូល ឬចេញតាមទ្វារនេះ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គដឹងច្បាស់តាមទំនងធម៌ ក៏យ៉ាងនោះឯង បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្តសម្មាសម្ពុទ្ធ ដែលមានក្នុងអតីតកាល ព្រះមានព្រះភាគទាំងអស់នោះ បានលះនីវរណៈធម៌ទាំង៥ ដែលជាឧបក្កិលេសរបស់ចិត្ត ជាធម៌ធ្វើប្រាជ្ញាឲ្យថយកំឡាំង ទ្រង់មានព្រះហឫទ័យដម្កល់មាំល្អ ក្នុងសតិបដ្ឋានទាំង៤ ចំរើនពោជ្ឈង្គទាំង៧ ដោយពិត ទ្រង់ត្រាស់ដឹងហើយនូវអនុត្តរសម្មាសម្ពោធិញ្ញាណ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្តសម្មាសម្ពុទ្ធ ដែលនឹងមានក្នុងអនាគតកាល ព្រះមានព្រះភាគទាំងអស់នោះ នឹងលះនីវរណធម៌ទាំង៥ ដែលជាឧបក្កិលេសរបស់ចិត្ត ជាធម៌ធ្វើប្រាជ្ញាឲ្យថយកំឡាំង មានព្រះហឫទ័យដម្កល់មាំល្អ ក្នុងសតិបដ្ឋានទាំង៤ ចំរើនពោជ្ឈង្គទាំង៧ ដោយពិត ហើយត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ក្នុងបច្ចុប្បន្នកាលនេះ ក៏លះនីវរណធម៌ទាំង៥ ដែលជាឧបក្កិលេសរបស់ចិត្ត ជាធម៌ធ្វើប្រាជ្ញាឲ្យថយកំឡាំង ទ្រង់មានព្រះហឫទ័យដម្កល់មាំល្អ ក្នុងសតិបដ្ឋានទាំង៤ ចំរើនពោជ្ឈង្គទាំង៧ ដោយពិត ហើយត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ។ ព្រះមានព្រះភាគគង់ក្នុងបាវាទិកម្ពវ័ន ទៀបក្រុងនាឡន្ទានោះឯង ទ្រង់ធ្វើធម្មីកថាជាច្រើន ដល់ភិក្ខុទាំងឡាយ យ៉ាងនេះថា សីលដូច្នេះ សមាធិដូច្នេះ បញ្ញាដូច្នេះ សមាធិ ដែលអប់រំដោយសីល រមែងមានផលច្រើន មានអានិសង្សច្រើន បញ្ញាដែលអប់រំដោយសមាធិហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ចិត្តដែលអប់រំដោយបញ្ញាហើយ រមែងរួចស្រឡះចាកអាសវៈទាំងឡាយ ដោយពិត គឺកាមាសវៈ ភវាសវៈ អវិជ្ជាសវៈ។
[៧៨] គ្រាដែលព្រះមានព្រះភាគ គង់នៅក្នុងស្រុកនាឡន្ទា តាមសមគួរ ដល់ពុទ្ធអធ្យាស្រ័យហើយ ទ្រង់ត្រាស់ហៅព្រះអានន្ទមានអាយុថា ម្នាលអានន្ទ មក យើងនឹងទៅកាន់បាដលិគ្រាម។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ស្តេចទៅដល់បាដលិគ្រាម ព្រមដោយភិក្ខុសង្ឃជាច្រើន។ ពួកឧបាសកនៅក្នុងបាដលិគ្រាម បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់ស្តេចមកដល់បាដលិគ្រាមហើយ។ ទើបពួកឧបាសក នៅក្នុងបាដលិគ្រាម នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ ពួកឧបាសក នៅក្នុងបាដលិគ្រាម លុះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគទទួលផ្ទះសំណាក់របស់យើងខ្ញុំព្រះអង្គទាំងឡាយ។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។ ឯពួកឧបាសក នៅក្នុងបាដលិគ្រាម បានដឹងថា ព្រះមានព្រះភាគ ទ្រង់ទទួលហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចូលទៅកាន់ផ្ទះសំណាក់ លុះចូលទៅដល់ហើយ ក៏ក្រាលផ្ទះសំណាក់ ឲ្យមានកម្រាលក្រាលសព្វកន្លែង ហើយតាក់តែងអាសនៈ តម្កល់ក្អមទឹក រៀបចំប្រទីបប្រេង រួចចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយក៏ឋិតនៅក្នុងទីសមគួរ។ ពួកឧបាសក នៅក្នុងបាដលិគ្រាម លុះឋិតនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ផ្ទះសំណាក់ យើងខ្ញុំព្រះអង្គ បានក្រាលកម្រាលសព្វកន្លែងហើយ អាសនៈទាំងឡាយ យើងខ្ញុំព្រះអង្គបានតាក់តែងហើយ ក្អមទឹក យើងខ្ញុំព្រះអង្គបានតម្កល់ទុកហើយ ប្រទីបប្រេង យើងខ្ញុំព្រះអង្គបានរៀបចំហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រចីវរ ក្នុងបុព្វណ្ហសម័យ ហើយទ្រង់ស្តេចចូលទៅកាន់ផ្ទះសំណាក់ ព្រមដោយភិក្ខុសង្ឃ លុះស្តេចទៅដល់ហើយ ទ្រង់ជំរះព្រះបាទា ហើយស្តេចចូលទៅកាន់ផ្ទះសំណាក់ ទ្រង់គង់បែរព្រះភក្ត្រទៅទិសខាងកើត ផ្អែកនឹងសសរកណ្តាល។ ឯភិក្ខុសង្ឃ ក៏លាងបាទារាល់រូប ចូលទៅកាន់ផ្ទះសំណាក់ ហើយអង្គុយបែរមុខទៅទិសខាងកើត អែបនឹងជញ្ជាំងខាងលិច គាល់ព្រះមានព្រះភាគ។ ពួកឧបាសក នៅក្នុងបាដលិគ្រាម បានលាងជើងរួចហើយ ចូលទៅកាន់ផ្ទះសំណាក់ អង្គុយបែរមុខទៅទិសខាងលិច អែបនឹងជញ្ជាំងខាងកើត គាល់ព្រះមានព្រះភាគដែរ។
[៧៩] លំដាប់នោះ ព្រះមានព្រះភាគ ត្រាស់នឹងពួកឧបាសក នៅក្នុងបាដលិគ្រាមថា ម្នាលគហបតីទាំងឡាយ ទោសនៃបុគ្គលទ្រុស្តសីល នៃសីលវិបត្តិនេះមាន៥ប្រការ។ ទោសទាំង៥ប្រការនោះ តើដូចម្តេច។ ម្នាលគហបតីទាំងឡាយ បុគ្គលទ្រុស្តសីល វិបត្តិចាកសីលក្នុងលោកនេះ តែងដល់នូវសេចក្តីវិនាសនៃភោគៈដ៏ធំ មានសេចក្តីប្រមាទជាហេតុ នេះជាទោសទី១ នៃបុគ្គលទ្រុស្តសីល នៃសីលវិបត្តិ។ ម្នាលគហបតីទាំងឡាយ មួយទៀត កិត្តិសព្ទដ៏អាក្រក់ នៃបុគ្គលទ្រុស្តសីល វិបត្តិចាកសីល តែងផ្សាយទៅសព្វទិស នេះជាទោសទី២ នៃបុគ្គលទ្រុស្តសីល នៃសីលវិបត្តិ។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីល ទោះចូលទៅរកបរិសទ្យណាៗ គឺខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី ជាអ្នកមិនក្លៀវក្លា ចូលទៅទាំងអៀនអន់ នេះជាទោសទី៣ នៃបុគ្គលទ្រុស្តសីល នៃសីលវិបត្តិ។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីល ជាបុគ្គលវង្វេង ធ្វើមរណកាល នេះជាទោសទី៤ នៃបុគ្គលទ្រុស្តសីល នៃសីលវិបត្តិ។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីល លុះបែកធ្លាយរាងកាយទៅ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក នេះជាទោសទី៥ នៃបុគ្គលទ្រុស្តសីល នៃសីលវិបត្តិ។ ម្នាលគហបតីទាំងឡាយ ទោសនៃបុគ្គលទ្រុស្តសីល នៃសីលវិបត្តិមាន៥ប្រការនេះឯង។
[៨០] ម្នាលគហបតីទាំងឡាយ អានិសង្សនៃបុគ្គលមានសីល នៃសីលសម្បទានេះ មាន៥ប្រការ។ អានិសង្សទាំង៥ប្រការនោះ តើដូចម្តេច។ ម្នាលគហបតីទាំងឡាយ បុគ្គលមានសីល ដល់ព្រមដោយសីល ក្នុងលោកនេះ រមែងបានគំនរទ្រព្យដ៏ធំ ដែលមានសេចក្តីមិនប្រមាទជាហេតុ នេះជាអានិសង្សទី១ នៃបុគ្គលមានសីល នៃសីលសម្បទា។ ម្នាលគហបតីទាំងឡាយ មួយទៀត កិត្តិសព្ទដ៏ពីរោះរបស់បុគ្គលមានសីល ដល់ព្រមដោយសីល តែងផ្សាយទៅសព្វទិស នេះជាអានិសង្សទី២ នៃបុគ្គលមានសីល នៃសីលសម្បទា។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលមានសីល ដល់ព្រមដោយសីល ទោះចូលទៅរកបរិសទ្យណាៗ គឺខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី ជាបុគ្គលមានសេចក្តីក្លៀវក្លា ចូលទៅដោយការមិនអៀនអន់ នេះជាអានិសង្សទី៣ នៃបុគ្គលមានសីល នៃសីលសម្បទា។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលមានសីល ដល់ព្រមដោយសីល ជាបុគ្គលមិនវង្វេង ធ្វើមរណកាល នេះជាអានិសង្សទី៤ នៃបុគ្គលមានសីល នៃសីលសម្បទា។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលមានសីល ដល់ព្រមដោយសីល លុះបែកធ្លាយរាងកាយទៅ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងកើតក្នុងលោក គឺមនុស្សសុគតិ និងឋានសួគ៌ នេះជាអានិសង្សទី៥ នៃបុគ្គលមានសីល នៃសីលសម្បទា។ ម្នាលគហបតីទាំងឡាយ អានិសង្សនៃបុគ្គលមានសីល នៃសីលសម្បទា មាន៥ប្រការនេះឯង។
[៨១] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ញុំាងពួកឧបាសក អ្នកបាដលិគ្រាម ឲ្យឃើញច្បាស់ ឲ្យសមាទាន ឲ្យក្លៀវក្លា ឲ្យរីករាយ ដោយធម្មីកថា អស់រាត្រីជាច្រើន ហើយទ្រង់បញ្ជូនទៅដោយព្រះពុទ្ធដីកាថា ម្នាលគហបតីទាំងឡាយ រាត្រីអស់ហើយ ចូរអ្នកទាំងឡាយ សំគាល់នូវកាលដ៏សមគួរ ក្នុងកាលឥឡូវនេះចុះ។ ពួកឧបាសក អ្នកបាដលិគ្រាម ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយក្រោកអំពីអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចេញទៅ។ កាលដែលពួកឧបាសក អ្នកបាដលិគ្រាម ចេញទៅមិនយូរប៉ុន្មាន ព្រះមានព្រះភាគ ក៏ទ្រង់ស្តេចចូលទៅកាន់ផ្ទះស្ងាត់។
[៨២] សម័យនោះឯង សុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្រ ក្នុងដែនមគធៈ នាំគ្នាសាងក្រុង ក្នុងបាដលិគ្រាម ដើម្បីការពារពួកស្តេច ក្នុងដែនវជ្ជី។ សម័យនោះឯង ទេវតាច្រើនពួក ចំនួនមួយពាន់ៗ គន់មើលទីដីសង់ផ្ទះ ក្នុងបាដលិគ្រាម។ ពួកទេវតាដែលមានស័ក្តិធំ គន់មើលទីដីសង់ផ្ទះ ក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជមហាមាត្រទាំងឡាយ ដែលមានស័ក្តិធំ ក៏ឱនទៅដើម្បីសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះ ពួកទេវតាដែលមានស័ក្តិយ៉ាងកណ្តាល គន់មើលទីដីសង់ផ្ទះ ក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជមហាមាត្រទាំងឡាយ ដែលមានស័ក្តិយ៉ាងកណ្តាល ក៏ឱនទៅដើម្បីសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះ ពួកទេវតាដែលមានស័ក្តិទាប គន់មើលទីដីសង់ផ្ទះ ក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជមហាមាត្រទាំងឡាយ ដែលមានស័ក្តិទាប ក៏ឱនទៅដើម្បីសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះ។ ព្រះមានព្រះភាគ បានទតឃើញពួកទេវតាទាំងនោះ ចំនួនមួយពាន់ៗ កំពុងគន់មើលទីដីសង់ផ្ទះ ក្នុងបាដលិគ្រាម ដោយទិព្វចក្ខុដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់មនុស្សសាមញ្ញ។ ទើបព្រះមានព្រះភាគ ទ្រង់តើនឡើងក្នុងបច្ចូសសម័យនៃរាត្រី ហើយត្រាស់ហៅព្រះអានន្ទមានអាយុថា ម្នាលអានន្ទ អ្នកណាហ្ន៎ នាំគ្នាសាងក្រុង ក្នុងបាដលិគ្រាម។ ព្រះអានន្ទមានអាយុ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន សុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្រក្នុងដែនមគធៈ នាំគ្នាសាងក្រុង ក្នុងបាដលិគ្រាម ដើម្បីការពារពួកស្តេចវជ្ជី។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ សក្កទេវរាជ បានប្រឹក្សាជាមួយនឹងពួកទេវតា ដែលឋិតនៅក្នុងឋានតាវត្តិង្ស យ៉ាងណាមិញ ម្នាលអានន្ទ សុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្រ ក្នុងដែនមគធៈ នាំគ្នាសាងក្រុង ក្នុងបាដលិគ្រាម ដើម្បីការពារពួកស្តេចវជ្ជី ក៏ដូច្នោះដែរ ម្នាលអានន្ទ ក្នុងទីនេះ តថាគតបានឃើញពួកទេវតាជាច្រើន ទាំងពាន់ៗកំពុងគន់មើលទីដីសង់ផ្ទះក្នុងបាដលិគ្រាម ដោយទិព្វចក្ខុដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់មនុស្សសាមញ្ញ ពួកទេវតាដែលមានស័ក្តិធំ គន់មើលទីដីសង់ផ្ទះ ក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជមហាមាត្រទាំងឡាយ ដែលមានស័ក្តិធំ ក៏ឱនទៅដើម្បីសាងនិវេសនដ្ឋានក្នុងប្រទេសនោះ ពួកទេវតាដែលមានស័ក្តិយ៉ាងកណ្តាល គន់មើលទីដីសង់ផ្ទះ ក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជមហាមាត្រទាំងឡាយ ដែលមានស័ក្តិយ៉ាងកណ្តាល ក៏ឱនទៅដើម្បីសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះ ពួកទេវតាដែលមានស័ក្តិទាប គន់មើលទីដីសង់ផ្ទះ ក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជមហាមាត្រទាំងឡាយ ដែលមានស័ក្តិទាប ក៏ឱនទៅដើម្បីសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះ ម្នាលអានន្ទ ទីប្រជុំនៃមនុស្សជាអរិយៈ មាននៅកំណត់ត្រឹមណា ផ្លូវឈ្មួញមាននៅកំណត់ត្រឹមណា នគរនេះ នឹងបានជានគរថ្កំថ្កើង មានឈ្មោះថា ក្រុងបាដលិបុត្រ ហាក់ជាកន្លែងសម្រាប់ស្រាយបង្វេចទ្រព្យ កំណត់ត្រឹមណោះ ម្នាលអានន្ទ តែក្រុងបាដលិបុត្រ នឹងមានសេចក្តីអន្តរាយ៣យ៉ាង គឺអន្តរាយដោយភ្លើង១ ដោយទឹក១ ដោយការបែកគ្នា១។
[៨៣] គ្រានោះ សុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្រក្នុងដែនមគធៈ នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាលជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ នឹងពាក្យដែលគួររលឹកហើយ ក៏បានឋិតនៅក្នុងទីសមគួរ។ សុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្រ ក្នុងដែនមគធៈ លុះឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះគោតមដ៏ចំរើន ព្រមដោយភិក្ខុសង្ឃ ទទួលភត្តរបស់យើងខ្ញុំទាំងឡាយ ដើម្បីឆាន់ក្នុងថ្ងៃនេះ។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។ លុះសុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្រ ក្នុងដែនមគធៈ ដឹងថា ព្រះមានព្រះភាគ ទ្រង់ទទួលហើយ ក៏ចូលទៅកាន់លំនៅរបស់ខ្លួន លុះចូលទៅដល់ហើយ បានតាក់តែងខាទនីយភោជនីយាហារដ៏ផ្ចិតផ្ចង់ ក្នុងលំនៅរបស់ខ្លួន រួចហើយទើបឲ្យគេក្រាបទូលភត្តកាល ដល់ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន កាលគួរហើយ ភត្តសម្រេចហើយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់ដោយបាត្រ និងចីវរក្នុងបុព្វណ្ហសម័យហើយ ស្តេចចូលទៅកាន់លំនៅរបស់សុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្រក្នុងដែនមគធៈ ព្រមដោយភិក្ខុសង្ឃ លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលបម្រុង។ ទើបសុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្រក្នុងដែនមគធៈ អង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធានឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារ ដ៏ផ្ចិតផ្ចង់ដោយដៃខ្លួនឯង ត្រាតែភិក្ខុសង្ឃហាមឃាត់។ លំដាប់នោះ សុនីធៈ និងវស្សការព្រាហ្មណ៍ជា មហាមាត្រក្នុងដែនមគធៈ (កំណត់ដឹងថា) ព្រះមានព្រះភាគ ទ្រង់សោយស្រេចហើយ ដាក់ព្រះហស្តចុះអំពីបាត្រហើយ ក៏កាន់យកអាសនៈទាបមួយ ហើយអង្គុយក្នុងទីសមគួរ។ លុះសុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់អនុមោទនា ដោយគាថាទាំងឡាយនេះថា
[៨៤] បុគ្គលជាបណ្ឌិតសម្រេចទីនៅក្នុងប្រទេសណា បានញុំាងបុគ្គលអ្នកមានសីលទាំងឡាយ អ្នកសង្រួម អ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ឲ្យបរិភោគភោជនាហារក្នុងប្រទេសនុ៎ះ។ បានឧទ្ទិសទក្ខិណាទាន ដល់ពួកទេវតាដែលឋិតនៅក្នុងប្រទេសនោះ ពួកទេវតាទាំងនោះ ដែលបណ្ឌិតបានបូជាហើយ ក៏តែងបូជាតបវិញ ដែលបណ្ឌិតរាប់អានហើយ ក៏តែងរាប់អានបណ្ឌិតនោះវិញ។ តែងអនុគ្រោះបណ្ឌិតនោះ ព្រោះទក្ខិណានុប្បទាននោះ ដូចជាមាតាអនុគ្រោះកូន ដែលកើតអំពីទ្រូង បុរសដែលទេវតាអនុគ្រោះហើយ រមែងជួបប្រទះនូវសេចក្តីចំរើនសព្វកាល។
[៨៥] លុះព្រះមានព្រះភាគ ទ្រង់អនុមោទនា ដោយគាថាទាំងនេះ ដល់សុនីធៈ និងវស្សការព្រាហ្មណ៍ ដែលជាមហាមាត្យ ក្នុងដែនមគធៈហើយ ទ្រង់ក្រោកអំពីអាសនៈចេញទៅ។ សម័យនោះឯង សុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ បានដើរតាមព្រះមានព្រះភាគអំពីខាងក្រោយៗ ដោយតាំងចិត្តថា ថ្ងៃនេះព្រះសមណគោតម ទ្រង់ស្តេចចេញតាមទ្វារណា ទ្វារនោះនឹងបានឈ្មោះថាគោតមទ្វារ ទ្រង់ស្តេចឆ្លងទន្លេគង្គាត្រង់កំពង់ណា កំពង់នោះនឹងបានឈ្មោះថា គោតមតិត្ថៈ។ ព្រះមានព្រះភាគ ទ្រង់ស្តេចចេញតាមទ្វារណា ទ្វារនោះក៏បានឈ្មោះថា គោតមទ្វារ ចាប់ដើមតាំងអំពីនោះមក។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្តេចចូលទៅត្រង់ទន្លេគង្គានោះ។ សម័យនោះឯង ទន្លេគង្គាកំពុងពេញប្រៀប ល្មមសត្វក្អែកទំលើមាត់ច្រាំងឱនផឹកទឹកបាន។ មនុស្សទាំងឡាយ ដែលប្រាថ្នានឹងឆ្លងអំពីត្រើយម្ខាង ទៅកាន់ត្រើយម្ខាង ពួកខ្លះក៏ស្វែងរកទូក ពួកខ្លះក៏ស្វែងរកផែ ពួកខ្លះ ក៏ចងក្បូន។ លំដាប់នោះ ព្រះមានព្រះភាគ ស្រាប់តែបាត់ព្រះអង្គអំពីត្រើយ ទន្លេគង្គាខាងអាយ ទៅប្រាកដព្រះអង្គក្នុងត្រើយខាងនាយ ព្រមទាំងភិក្ខុសង្ឃ ដូចជាបុរសដែលមានកម្លាំង លាកំភួនដៃដែលបត់ហើយ ឬបត់កំភួនដៃដែលលាហើយ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញមនុស្សទាំងនោះ ពួកខ្លះកំពុងស្វែងរកទូក ពួកខ្លះកំពុងស្វែងរកផែ ពួកខ្លះកំពុងចងក្បូន បំណងនឹងឆ្លងអំពីត្រើយម្ខាង ទៅត្រើយម្ខាង។ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវហេតុនុ៎ះហើយ ក៏ទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ជនទំាងឡាយណា ឆ្លងទន្លេ និងស្ទឹង គឺតណ្ហា ដែលជ្រាលជ្រៅធំទូលាយបាន ជនទាំងឡាយនោះ រមែងធ្វើស្ពាន គឺអរិយមគ្គ លះបង់ទីទំនាបដែលពេញដោយទឹក ឆ្លងផុតទៅបាន ចំណែកជនធម្មតា លុះតែចងក្បូន ទើបឆ្លងទៅបាន ឯពួកជនជាអ្នកប្រាជ្ញ (មិនបាច់ក្បូន) ក៏ឆ្លងទៅបាន។
ចប់ ពុទ្ធភាណវារៈ ទី១។
ពុទ្ធភាណវារៈ ទី២
[៨៦] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ មក យើងនឹងទៅកាន់កោដិគ្រាម។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ស្តេចទៅដល់កោដិគ្រាម ព្រមដោយភិក្ខុសង្ឃជាច្រើន។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់ក្នុងកោដិគ្រាមនោះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ (ក្នុងសង្សារវដ្ត) អស់កាលជាយូរអង្វែងយ៉ាងនេះ ក៏ព្រោះតែមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវអរិយសច្ចទាំង៤។ អរិយសច្ចទាំង៤នោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាលជាយូរអង្វែងយ៉ាងនេះ ក៏ព្រោះតែមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវទុក្ខអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាលជាយូរអង្វែងយ៉ាងនេះ ក៏ព្រោះតែមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវទុក្ខសមុទយអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាលជាយូរអង្វែងយ៉ាងនេះ ក៏ព្រោះតែមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវទុក្ខនិរោធអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាលជាយូរអង្វែងយ៉ាងនេះ ក៏ព្រោះតែមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ ទុក្ខអរិយសច្ចនោះឯង ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ ទុក្ខសមុទយអរិយសច្ច ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ ទុក្ខនិរោធអរិយសច្ច ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ ភវតណ្ហា គឺសេចក្តីប្រាថ្នាក្នុងភព ក៏សូន្យទៅ ខ្សែ គឺតណ្ហា ដែលអាំចនាំសត្វអំពីភពមួយ ទៅភពមួយ ក៏អស់ទៅ ភពថ្មីក្នុងកាលឥឡូវនេះ ក៏មិនមានឡើយ។ ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះហើយ ព្រះសុគត លុះត្រាស់ពាក្យនេះហើយ ព្រះសាស្តា ទ្រង់ត្រាស់ពាក្យដូច្នេះដទៃ អំពីពាក្យនោះថា
[៨៧] ការត្រាច់រង្គាត់ទៅអស់កាលជាអង្វែង ក្នុងជាតិនោះៗឯង ក៏ព្រោះតែមិនបានឃើញនូវអរិយសច្ចទាំង៤តាមពិត។ ឯអរិយសច្ចទាំង៤នោះ បើបុគ្គលបានឃើញហើយ ខ្សែ គឺតណ្ហា ដែលអាចនាំសត្វអំពីភពមួយទៅភពមួយ ក៏ដាច់ហើយ ឫសគល់របស់ទុក្ខក៏ពុករលួយហើយ ភពថ្មីទៀតក្នុងកាលឥឡូវនេះ មិនមានឡើយ។
[៨៨] បានឮថា កាលព្រះមានព្រះភាគ គង់នៅក្នុងកោដិគ្រាមនោះឯង ទ្រង់ធ្វើធម្មីកថាជាច្រើន ចំពោះភិក្ខុទាំងឡាយយ៉ាងនេះថា សីលដូច្នេះ សមាធិដូច្នេះ បញ្ញាដូច្នេះ សមាធិដែលអប់រំដោយសីលហើយ រមែងមានផលច្រើន មានអានិសង្សច្រើន បញ្ញាដែលអប់រំដោយសមាធិហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ចិត្តដែលអប់រំដោយបញ្ញាហើយ រមែងរួចស្រឡះចាកអាសវៈទាំងឡាយ ដោយប្រពៃ គឺកាមាសវៈ ភវាសវៈ អវិជ្ជាសវៈ។
[៨៩] លុះព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកោដិគ្រាម តាមសមគួរដល់ពុទ្ធអធ្យាស្រ័យហើយ ទ្រង់ត្រាស់ហៅព្រះអានន្ទមានអាយុ មកថា ម្នាលអានន្ទ មក យើងនឹងទៅកាន់នាទិកគ្រាម។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ស្តេចទៅដល់នាទិកគ្រាមនោះ ព្រមដោយភិក្ខុសង្ឃជាច្រើន។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់ក្នុងផ្ទះសំណាក់ដែលធ្វើដោយឥដ្ឋ ក្នុងនាទិកគ្រាមនោះ។ លំដាប់នោះ ព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ ព្រះអានន្ទមានអាយុ លុះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុឈ្មោះសាឡ្ហៈ ធ្វើមរណកាលក្នុងនាទិកគ្រាម គតិរបស់សាឡ្ហភិក្ខុនោះ ដូចម្តេច បរលោកដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនីឈ្មោះនន្ទា ធ្វើមរណកាលក្នុងនាទិកគ្រាម គតិរបស់ភិក្ខុនីនោះដូចម្តេច បរលោកដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះសុទត្ត ធ្វើមរណកាលក្នុងនាទិកគ្រាម គតិរបស់ឧបាសកនោះដូចម្តេច បរលោកដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន ឧបាសិកាឈ្មោះសុជាតា ធ្វើមរណកាលក្នុងនាទិកគ្រាម គតិរបស់ឧបាសិកានោះដូចម្តេច បរលោកដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះកកុធៈ ធ្វើមរណកាលក្នុងនាទិកគ្រាម គតិរបស់ឧបាសកនោះដូចម្តេច បរលោកដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះការឡិម្ភៈ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះនិកដៈ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះកដិស្សហៈ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះតុដ្ឋៈ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះសន្តុដ្ឋៈ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះភដៈ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះសុភដៈ ធ្វើមរណកាលក្នុងនាទិកគ្រាម គតិរបស់ឧបាសកនោះដូចម្តេច បរលោកដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ សាឡ្ហភិក្ខុ បានធ្វើឲ្យជាក់ច្បាស់ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈ សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ក្នុងបច្ចុប្បន្ន ម្នាលអានន្ទ នន្ទាភិក្ខុនី ជាឱបបាតិកសត្វ បរិនិព្វានក្នុងសុទ្ធាវាសព្រហ្មលោកនោះ ជាបុគ្គលលែងវិលត្រឡប់ចាកលោកនោះ ព្រោះអស់ទៅនៃសំយោជនៈ៥ ជាចំណែកខាងក្រោម (អនាគាមី) ម្នាលអានន្ទ សុទត្តឧបាសក ជាសកទាគាមី ត្រឡប់មកកាន់លោកនេះម្តងទៀត នឹងធ្វើនូវទីបំផុតនៃទុក្ខ ព្រោះអស់ទៅនៃសំយោជនៈ៣ ដោយមានរាគៈ ទោសៈ មោហៈស្រាលស្តើង ម្នាលអានន្ទ សុជាតាឧបាសិកា ជាសោតាបន្នបុគ្គល ជាបុគ្គលលែងធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹងទៅខាងមុខ ព្រោះអស់ទៅនៃសំយោជនៈ៣ ម្នាលអានន្ទ កកុធៈឧបាសក ជាឱបបាតិកសត្វ បរិនិព្វានក្នុងសុទ្ធាវាសព្រហ្មលោកនោះ ជាបុគ្គលលែងវិលត្រឡប់ចាកលោកនោះ ព្រោះអស់ទៅនៃសំយោជនៈ៥ ជាចំណែកខាងក្រោម ម្នាលអានន្ទ ការឡិម្ភឧបាសក។បេ។ ម្នាលអានន្ទ និកដឧបាសក។ ម្នាលអានន្ទ កដិស្សហឧបាសក។ ម្នាលអានន្ទ តុដ្ឋឧបាសក។ ម្នាលអានន្ទ សន្តុដ្ឋឧបាសក។ ម្នាលអានន្ទ ភដឧបាសក។ ម្នាលអានន្ទ សុភដឧបាសក ជាឱបបាតិកសត្វ បរិនិព្វាន ក្នុងសុទ្ធាវាសព្រហ្មលោកនោះ ជាបុគ្គលលែងវិលត្រឡប់ចាកលោកនោះ ព្រោះអស់ទៅនៃសំយោជនៈ៥ ជាចំណែកខាងក្រោម ម្នាលអានន្ទ ពួកឧបាសកជាង៥០នាក់ ដែលធ្វើមរណកាល ក្នុងនាទិកគ្រាម សុទ្ធតែចាឱបបាតិកសត្វ បរិនិព្វាន ក្នុងសុទ្ធាវាសព្រហ្មលោកនោះ ជាបុគ្គលលែងវិលត្រឡប់ចាកលោកនោះ ព្រោះអស់ទៅនៃសំយោជនៈ៥ ជាចំណែកខាងក្រោម ម្នាលអានន្ទ ពួកឧបាសក៩៦នាក់ ដែលធ្វើមរណកាល ក្នុងនាទិកគ្រាម សុទ្ធតែជាសកទាគាមី ត្រឡប់មកកាន់លោកនេះម្តងទៀត នឹងធ្វើនូវទីបំផុតនៃទុក្ខ ព្រោះអស់ទៅនៃសំយោជនៈ៣ មានរាគៈ ទោសៈ មោហៈស្រាលស្តើង ម្នាលអានន្ទ ពួកឧបាសក៥១០នាក់ ដែលធ្វើមរណកាល ក្នុងនាទិកគ្រាម សុទ្ធតែជាសោតាបន្នបុគ្គល ជាបុគ្គលលែងធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានសេចក្តីត្រាស់ដឹងទៅខាងមុខ ព្រោះអស់ទៅនៃសំយោជនៈ៣ ម្នាលអានន្ទ សត្វដែលជាមនុស្ស ធ្វើមរណកាលដោយហេតុណា ហេតុនោះ មិនជាអស្ចារ្យទេ ព្រោះកាលបើមនុស្សនោះៗ ធ្វើមរណកាលហើយ អ្នកទាំងឡាយមុខជានឹងមករកតថាគត ហើយសួរនូវដំណើរនុ៎ះ ម្នាលអានន្ទ នេះជាសេចក្តីលំបាកដល់តថាគតណាស់ ម្នាលអានន្ទ ព្រោះហេតុនោះ អរិយសាវ័កប្រកបដោយធម្មបរិយាយណា កាលបើប្រាថ្នានឹងព្យាករ ក៏គប្បីព្យាករខ្លួនឯង ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់បេត្តិវិស័យហើយ អស់អបាយទុគ្គតិវិនិបាតហើយ អាត្មាអញជាសោតាបន្នបុគ្គល លែងធ្លាក់ចុះហើយ ជាបុគ្គលទៀង មានសេចក្តីត្រាស់ដឹងទៅក្នុងខាងមុខដូច្នេះ តថាគតនឹងសំដែងធម្មបរិយាយនោះឈ្មោះ ធម្មាទាសៈ (ធម៌ដូចកញ្ចក់ឆ្លុះ) ម្នាលអានន្ទ អរិយសាវ័កប្រកបដោយធម្មបរិយាយណា កាលបើត្រូវការនឹងព្យាករ ក៏គប្បីព្យាករខ្លួនឯង ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់បេត្តិវិស័យហើយ អស់អបាយទុគ្គតិវិនិបាតហើយ អាត្មាអញជាសោតាបន្នបុគ្គល លែងធ្លាក់ចុះហើយ ជាបុគ្គលទៀង មានសេចក្តីត្រាស់ដឹងទៅក្នុងខាងមុខដូច្នេះ ចុះធម្មបរិយាយ ឈ្មោះធម្មាទាសៈនោះ តើដូចម្តេច ម្នាលអានន្ទ អរិយសាវ័កក្នុងសាសនានេះ ប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះមានព្រះភាគអង្គនោះ ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹងដោយព្រះអង្គឯង ដោយប្រពៃ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់ដល់នូវសុន្ទរស្ថាន ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ ទ្រង់ទូន្មានបុរស ដែលគួរទូន្មានបាន ទ្រង់ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹងនូវអរិយសច្ចធម៌ ទ្រង់លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ដូច្នេះ អរិយសាវ័កប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ថា ធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃ ជាធម៌ដែលអរិយបុគ្គល គប្បីឃើញច្បាស់ ដោយខ្លួនឯង ជាធម៌ឲ្យនូវផល មិនរង់ចាំកាល ជាធម៌គួរនឹងហៅថា អ្នកចូរចូលមកមើលដូច្នេះបាន ជាធម៌ ដែលអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយ មានឧគ្ឈដិតញ្ញូបុគ្គលជាដើម គប្បីដឹងដោយជាក់ច្បាស់ក្នុងចិត្តនៃខ្លួនដូច្នេះ អរិយសាវ័កប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃថា ពួកនៃសាវ័ករបស់ព្រះមានព្រះភាគ ប្រតិបត្តិដោយប្រពៃ ពួកនៃសាវ័ករបស់ព្រះមានព្រះភាគ ប្រតិបត្តិដោយត្រង់ ពួកនៃសាវ័ករបស់ព្រះមានព្រះភាគ ប្រតិបត្តិដើម្បីព្រះនិព្វាន ពួកនៃសាវ័ករបស់ព្រះមានព្រះភាគ ប្រតិបត្តិដោយសមគួរ ព្រះសង្ឃទាំងអស់នោះ បើរាប់ជាគូនៃបុរស មាន៤ បើរាប់រៀងជាបុរសបុគ្គល មាន៨ ពួកនៃសាវ័ករបស់ព្រះមានព្រះភាគនុ៎ះ លោកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា លោកគួរទទួលនូវអាគន្តុកទាន លោកគួរទទួលនូវទក្ខិណាទាន ជាបុគ្គលដែលសត្វលោកគប្បីធ្វើអញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោកដូច្នេះ អរិយសាវ័កប្រកបហើយដោយសីល ជាទីគាប់ចិត្តរបស់ព្រះអរិយៈ ជាសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុះ ជាសីលរបស់មនុស្សអ្នកជា ជាសីលដែលអ្នកប្រាជ្ញសរសើរ ជាសីលមិនជ្រោកជ្រាកដោយតណ្ហា និងទិដ្ឋិ ជាសីលញុំាងសមាធិឲ្យប្រព្រឹត្តទៅបាន ម្នាលអានន្ទ អរិយសាវ័កប្រកបដោយធម្មបរិយាយណា កាលបើត្រូវការនឹងព្យាករ ក៏គប្បីព្យាករខ្លួនឯង ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់បេត្តិវិស័យហើយ អស់អបាយទុគ្គតិវិនិបាតហើយ អាត្មាអញ ជាសោតាបន្នបុគ្គល លែងធ្លាក់ចុះហើយ ជាបុគ្គលទៀង មានសេចក្តីត្រាស់ដឹងទៅខាងមុខដូច្នេះ ធម្មបរិយាយនេះឯង ហៅថា ធម្មទាសៈ។ បានឮថា ព្រះមានព្រះភាគ គង់ក្នុងផ្ទះសំណាក់ ធ្វើដោយឥដ្ឋក្នុងនាទិកគ្រាមនោះឯង ទ្រង់ធ្វើធម្មីកថាជាច្រើន ដល់ភិក្ខុទាំងឡាយយ៉ាងនេះថា សីលដូច្នេះ សមាធិដូច្នេះ បញ្ញាដូច្នេះ សមាធិដែលអប់រំដោយសីលហើយ រមែងមានផលច្រើន មានអានិសង្សច្រើន បញ្ញាដែលអប់រំដោយសមាធិហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ចិត្តដែលអប់រំដោយបញ្ញាហើយ រមែងរួចស្រឡះចាកអាសវៈទាំងឡាយ ដោយប្រពៃ គឺកាមាសវៈ ភវាសវៈ អវិជ្ជាសវៈ។
[៩០] លុះព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនាទិកគ្រាម តាមសមគួរដល់ពុទ្ធអធ្យាស្រ័យហើយ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ មក យើងនឹងទៅកាន់ក្រុងវេសាលី។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ស្តេចទៅដល់ក្រុងវេសាលី ព្រមដោយភិក្ខុសង្ឃជាច្រើន។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់ក្នុងអម្ពបាលិវ័ន ទៀបក្រុងវេសាលីនោះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវមានសតិ និងសម្បជញ្ញៈ នេះជាពាក្យប្រៀនប្រដៅរបស់តថាគត ដល់អ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ឯភិក្ខុមានសតិនោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាកាយក្នុងកាយជាប្រក្រតី ជាអ្នកមានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដឹងខ្លួន មានសតិ កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក គឺកាយ ឬឧបាទានក្ខន្ធ។ ក្នុងវេទនាទាំងឡាយ។ ក្នុងចិត្ត។ ភិក្ខុពិចារណាធម៌ក្នុងធម៌ទាំងឡាយជាប្រក្រតី ជាអ្នកមានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដឹងខ្លួន មានសតិ កំចាប់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសតិ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសម្បជញ្ញៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាឈានទៅមុខ និងការឈានថយក្រោយ ធ្វើនូវសេចក្តីដឹងខ្លួនក្នុងកិរិយាក្រឡេកមើលទៅមុខ និងក្រឡេកមើលទៅខាង ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាអង្កុញ និងកិរិយាលាតលាដៃជើង ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាទ្រទ្រង់សង្ឃាដិ និងបាត្រ ចីវរ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាស៊ី ផឹក ទំពា ក្រេបជញ្ជាប់ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាបន្ទោបង់ឧច្ចារៈ និងបស្សាវៈ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ និយាយ និងការស្ងៀម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសម្បជញ្ញៈយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវមានសតិ និងសម្បជញ្ញៈ នេះជាពាក្យប្រៀនប្រដៅរបស់តថាគត ចំពោះអ្នកទាំងឡាយ។
[៩១] ស្រីផ្កាមាសឈ្មោះអម្ពបាលី បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់ស្តេចមកដល់ក្រុងវេសាលី ហើយទ្រង់គង់នៅក្នុងអម្ពវ័នរបស់អាត្មាអញ ទៀបក្រុងវេសាលី។ ទើបស្រីផ្កាមាសឈ្មោះអម្ពបាលី ឲ្យគេរៀបចំយានទាំងឡាយដ៏ថ្លៃថ្លា ហើយឡើងជិះលើយានដ៏ថ្លៃថ្លា ចេញអំពីក្រុងវេសាលី ដោយយានដ៏ថ្លៃថ្លា បរសំដៅទៅកាន់អារាមរបស់ខ្លួន ទៅដោយយានកំណត់ត្រឹមទីដែលបរយានទៅបាន រួចចុះអំពីយាន ដើរទៅដោយជើងទទេ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះស្រីផ្កាមាសឈ្មោះអម្ពបាលី អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ពន្យល់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់នោះ ស្រីផ្កាមាសឈ្មោះអម្ពបាលី លុះព្រះមានព្រះភាគ ទ្រង់ពន្យល់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ ទទួលភត្តខ្ញុំម្ចាស់ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។ នាងអម្ពបាលី ជាស្រីផ្កាមាស ដឹងថា ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចេញទៅ។
[៩២] ពួកស្តេចលិច្ឆវី អ្នកនៅក្នុងក្រុងវេសាលី បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់ស្តេចមកដល់ក្រុងវេសាលីហើយ ទ្រង់គង់នៅក្នុងអម្ពបាលិវ័ន ទៀបក្រុងវេសាលី។ ទើបស្តេចលិច្ឆវីទាំងនោះ ឲ្យគេរៀបចំយានទាំងឡាយដ៏ថ្លៃថ្លា ហើយឡើងគង់លើយានដ៏ថ្លៃថ្លា ចេញអំពីក្រុងវេសាលី ដោយយានដ៏ថ្លៃថ្លា។ បណ្តាស្តេចលិច្ឆវីទាំងនោះ ស្តេចលិច្ឆវីពួកខ្លះ ជាពួកខៀវ មានសម្បុរខៀវ មានសំពត់ខៀវ មានគ្រឿងប្រដាប់ក៏ខៀវ ស្តេចលិច្ឆវីពួកខ្លះ ជាពួកលឿង មានសម្បុរលឿង មានសំពត់លឿង មានគ្រឿងប្រដាប់ក៏លឿង ស្តេចលិច្ឆវីពួកខ្លះ ជាពួកក្រហម មានសម្បុរក្រហម មានសំពត់ក្រហម មានគ្រឿងប្រដាប់ក៏ក្រហម ស្តេចលិច្ឆវីពួកខ្លះ ជាពួកស មានសម្បុរស មានសំពត់ស មានគ្រឿងប្រដាប់ក៏ស។ លំដាប់នោះ នាងអម្ពបាលីផ្កាមាស បំប៉ះភ្លៅដោយភ្លៅ បំប៉ះកង់ដោយកង់ បំប៉ះនឹមដោយនឹម (នៃយាន) របស់ពួកស្តេចលិច្ឆវីកំឡោះៗ។ ឯស្តេចលិច្ឆវីទាំងនោះ មានបន្ទូលនឹងនាងអម្ពបាលីផ្កាមាស យ៉ាងនេះថា ម្នាលមេអម្ពបាលី ហេតុអ្វីក៏នាង បំប៉ះភ្លៅដោយភ្លៅ បំប៉ះកង់ដោយកង់ បំប៉ះនឹមដោយនឹម (នៃយាន) របស់ពួកស្តេចលិច្ឆវីកំឡោះៗ។ នាងអម្ពបាលីឆ្លើយថា បពិត្រព្រះអយ្យបុត្រទាំងឡាយ បានជាខ្ញុំម្ចាស់ធ្វើយ៉ាងនោះ ព្រោះខ្ញុំម្ចាស់ បាននិមន្តព្រះមានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ ដើម្បីឆាន់ភត្តក្នុងថ្ងៃស្អែក។ ពួកស្តេចលិច្ឆវីមានបន្ទូលថា ម្នាលមេអម្ពបាលី នាងចូរឲ្យភត្តនេះមកយើងដោយតម្លៃ ចំនួន១សែនកហាបណៈចុះ។ នាងអម្ពបាលីឆ្លើយថា បពិត្រព្រះអយ្យបុត្រទាំងឡាយ ទុកជាព្រះអង្គប្រទានក្រុងវេសាលី ព្រមទាំងជនបទដល់ខ្ញុំម្ចាស់ ក៏ខ្ញុំម្ចាស់មិនព្រមថ្វាយភត្តដ៏ប្រសើរយ៉ាងនេះឡើយ។ គ្រានោះ ស្តេចលិច្ឆវីទាំងនោះ ផ្ទាត់ម្រាមព្រះហស្ត ហើយពោលថា ម្នាលគ្នាយើង ពួកយើង នាងអម្ពបាលីឈ្នះបានហើយតើហ្ន៎ ម្នាលគ្នាយើង ពួកយើងត្រូវនាងអម្ពបាលីបញ្ឆោតបានហើយហ្ន៎។ គ្រានោះ ស្តេចលិច្ឆវីទាំងនោះ ក៏បរយានទៅកាន់អម្ពបាលិវ័ន។ ព្រះមានព្រះភាគ ទ្រង់ទតឃើញស្តេចលិច្ឆវីទាំងនោះ មកអំពីចម្ងាយ លុះទតឃើញហើយ ក៏ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា មិនដែលឃើញពួកទេវតា នៅក្នុងឋានតាវត្តិង្ស ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ចូរមើលលិច្ឆវិបរិសទ្យ ចូរសង្កេតមើលលិច្ឆវិបរិសទ្យ ពិនិត្យមើលលិច្ឆវិបរិសទ្យ ដែលប្រហែលគ្នានឹងទេវតា នៅក្នុងឋានតាវត្តិង្ស។ គ្រានោះ ស្តេចលិច្ឆវីទាំងនោះក៏ទៅដោយយាន កំណត់ត្រឹមទីដែលបរយានទៅបាន ហើយចុះអំពីយាន ស្តេចទៅ ដោយព្រះបាទា ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចគង់ក្នុងទីសមគួរ។ លុះស្តេចលិច្ឆវីទាំងនោះ គង់ក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ពន្យល់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ ស្តេចលិច្ឆវីទាំងនោះ លុះព្រះមានព្រះភាគ ទ្រង់ពន្យល់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ព្រមទាំងព្រះភិក្ខុសង្ឃ ទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលលិច្ឆវីទាំងឡាយ តថាគតបានទទួលភត្ត របស់នាងអម្ពបាលីផ្កាមាស ដើម្បីឆាន់ក្នុងថ្ងៃស្អែករួចទៅហើយ។ លំដាប់នោះ ស្តេចលិច្ឆវីទាំងនោះ ផ្ទាត់ម្រាមព្រះហស្ត ហើយពោលថា ម្នាលគ្នាយើង ពួកយើង ឲ្យនាងអម្ពបាលីឈ្នះបានហើយតើហ្ន៎ ម្នាលគ្នាយើង ពួកយើង ឲ្យនាងអម្ពបាលីបញ្ឆោតបានហើយហ្ន៎។ លំដាប់នោះ ស្តេចលិច្ឆវីទាំងនោះ ត្រេកអររីករាយនឹងភាសិត របស់ព្រះមានព្រះភាគហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចេញទៅ។ លុះកន្លងរាត្រីនោះទៅហើយ នាងអម្ពបាលីផ្កាមាស តាក់តែងខាទនីយភោជនីយាហារ ដ៏ថ្លៃថ្លាក្នុងអារាមរបស់ខ្លួន ហើយឲ្យបម្រើទៅក្រាបទូលភត្តកាល ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលគួរហើយ ភត្តសម្រេចហើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រចីវរអំពីព្រលឹម ស្តេចសំដៅទៅកាន់ទីអង្គាសចង្ហាន់ របស់នាងអម្ពបាលីផ្កាមាស ព្រមដោយភិក្ខុសង្ឃ លុះស្តេចទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ គ្រានោះ នាងអម្ពបាលីផ្កាមាស បានអង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយខាទនីយភោជនីយាហារ ដ៏ឆ្ងាញ់ពីសារដោយដៃខ្លួនឯង ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែហាមឃាត់។ លំដាប់នោះ នាងអម្ពបាលីផ្កាមាស កំណត់ដឹងថា ព្រះមានព្រះភាគ ទ្រង់សោយស្រេចហើយ លែងលូកព្រះហស្តទៅក្នុងបាត្រហើយ ក៏កាន់យកអាសនៈទាបមួយ អង្គុយក្នុងទីដ៏សមគួរ។ នាងអម្ពបាលីផ្កាមាស លុះអង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមថ្វាយអារាមនេះ ដល់ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន។ ព្រះមានព្រះភាគ ក៏ទ្រង់ទទួលនូវអារាម។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ញុំាងនាងអម្ពបាលីផ្កាមាស ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ហើយទ្រង់ក្រោកចាកអាសនៈ ស្តេចចេញទៅ។ បានឮថា ព្រះមានព្រះភាគ ដែលទ្រង់គង់ក្នុងអម្ពបាលិវ័ន ទៀបក្រុងវេសាលីនោះ ទ្រង់ធ្វើធម្មីកថាជាច្រើន ដល់ភិក្ខុទាំងឡាយយ៉ាងនេះថា សីលដូច្នេះ សមាធិដូច្នេះ បញ្ញាដូច្នេះ សមាធិដែលអប់រំដោយសីលហើយ រមែងមានផលច្រើន មានអានិសង្សច្រើន បញ្ញាដែលអប់រំដោយសមាធិហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ចិត្តដែលអប់រំដោយបញ្ញាហើយ រមែងរួចស្រឡះចាកអាសវៈទាំងឡាយ ដោយប្រពៃ គឺកាមាសវៈ ភវាសវៈ អវិជ្ជាសវៈ។
[៩៣] លុះព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអម្ពបាលិវ័ន តាមសមគួរដល់ពុទ្ធអធ្យាស្រ័យហើយ បានត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ មក យើងនឹងចូលទៅកាន់វេឡុវគ្រាម។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្តេចទៅដល់វេឡុវគ្រាម ព្រមដោយភិក្ខុសង្ឃជាច្រើន។ បានឮថា ព្រះមានព្រះភាគ ទ្រង់សម្រេចព្រះឥរិយាបថ ក្នុងវេឡុវគ្រាមនោះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយមក ចូរអ្នកទាំងឡាយ ទៅចាំវស្សាក្នុងទីជិតៗក្រុងវេសាលី តាមបុគ្គលដែលជាមិត្ត តាមបុគ្គលដែលស្គាល់គ្នា តាមបុគ្គលដែលស្និទ្ធស្នាលនឹងគ្នាចុះ ចំណែកតថាគត នឹងនៅចាំវស្សាក្នុងវេឡុវគ្រាមនេះឯង។ ភិក្ខុទាំងនោះ ទទួលព្រះបន្ទូលព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយក៏នាំគ្នាទៅចាំវស្សាក្នុងទីជិតៗក្រុងវេសាលី តាមបុគ្គលដែលជាមិត្ត តាមបុគ្គលដែលស្គាល់គ្នា តាមបុគ្គលដែលស្និទ្ធស្នាលនឹងគ្នា។ ចំណែកខាងព្រះមានព្រះភាគ ទ្រង់ចាំវស្សាក្នុងវេឡុវគ្រាមនោះឯង។ កាលព្រះមានព្រះភាគ ទ្រង់គង់ចាំវស្សា ក៏មានព្រះអាពាធខ្លាំងក្លាកើតឡើង វេទនាដ៏មានកម្លាំង ស្ទើរនឹងដល់មរណៈ ក៏ប្រព្រឹត្តទៅ។ បានឮថា ក្នុងទីនោះ ព្រះមានព្រះភាគ ទ្រង់មានសតិ និងសម្បជញ្ញៈ មិនឲ្យទុក្ខវេទនាបៀតបៀនបាន ទ្រង់អត់សង្កត់ (ដោយអធិវាសនខន្តី)។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់មានព្រះតម្រិះយ៉ាងនេះថា តថាគតមិនបានប្រាប់ពួកភិក្ខុអ្នកបម្រើ និងមិនបានប្រាប់ភិក្ខុសង្ឃ ហើយបរិនិព្វានដោយហេតុណា ហេតុនោះ មិនសមគួរដល់តថាគតឡើយ បើដូច្នោះ គួរតែតថាគតគ្របសង្កត់អាពាធនេះ ដោយសេចក្តីព្យាយាម ហើយអធិដ្ឋានជីវិតសង្ខារ សម្រេចឥរិយាបថសិនចុះ។ ទើបព្រះមានព្រះភាគ ទ្រង់គ្របសង្កត់អាពាធនោះ ដោយសេចក្តីព្យាយាម ហើយទ្រង់អធិដ្ឋាននូវជីវិតសង្ខារ។ អាពាធនៃព្រះមានព្រះភាគនោះ ក៏រម្ងាប់ទៅក្នុងកាលនោះឯង។ លុះព្រះមានព្រះភាគ សះស្បើយអំពីអាពាធហើយ ទើបនឹងស្បើយចាកពីអាពាធមិនយូរប៉ុន្មាន ទ្រង់ស្តេចចេញអំពីវិហារ ទៅគង់លើអាសនៈ ដែលគេបានក្រាលទុក ត្រង់ម្លប់វិហារ។ គ្រានោះឯង ព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញព្រះមានព្រះភាគ ទ្រង់បានសេចក្តីសប្បាយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញព្រះមានព្រះភាគអត់ធន់បាន បពិត្រព្រះអង្គដ៏ចំរើន ក៏កាយរបស់ខ្ញុំព្រះអង្គ ហាក់ដូចជាស្រយុតស្រយង់ពេកណាស់ សូម្បីទិសទាំងឡាយ ក៏មិនប្រាកដដល់ខ្ញុំព្រះអង្គ សូម្បីធម៌ទាំងឡាយ ក៏មិនច្បាស់លាស់ ដល់ខ្ញុំព្រះអង្គ ព្រោះហេតុដែលព្រះមានព្រះភាគ ទ្រង់ព្រះអាពាធ បពិត្រព្រះអង្គដ៏ចំរើន ប៉ុន្តែខ្ញុះព្រះអង្គ មានសេចក្តីសង្ឃឹមខ្លះថា ព្រះមានព្រះភាគ មិនទាន់សំដែងធម៌នីមួយដ៏ប្លែក ប្រារព្ធនឹងភិក្ខុសង្ឃដរាបណាទេ ព្រះមានព្រះភាគ នឹងមិនទាន់បរិនិព្វានដរាបនោះ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលអានន្ទ ភិក្ខុសង្ឃនៅនឹកប៉ុនប៉ងអ្វីក្នុងតថាគតទៀត ម្នាលអានន្ទ ធម៌ដែលតថាគតសំដែងហើយ ធ្វើមិនឲ្យមានខាងក្នុងខាងក្រៅ ម្នាលអានន្ទ កណ្តាប់ដៃនៃអាចារ្យ មិនមានក្នុងធម៌ទាំងឡាយ របស់តថាគតទេ ម្នាលអានន្ទ អ្នកណាមានគំនិតយ៉ាងនេះថា អាត្មាអញនឹងគ្រប់គ្រងភិក្ខុសង្ឃដូច្នេះក្តី ថាភិក្ខុសង្ឃជាអ្នកអាងនូវអាត្មាអញដូច្នេះក្តី ម្នាលអានន្ទ អ្នកនោះសមជាពោលពាក្យណាមួយ ប្រារព្ធនឹងភិក្ខុសង្ឃមិនខាន។ ម្នាលអានន្ទ តថាគត មិនមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងគ្រប់គ្រងសង្ឃដូច្នេះ ឬថា ភិក្ខុសង្ឃជាអ្នកអាង នូវអាត្មាអញដូច្នេះសោះឡើយ។ ម្នាលអានន្ទ ព្រះតថាគត នឹងពោលពាក្យណាមួយ ប្រារព្ធនឹងភិក្ខុសង្ឃ ធ្វើអ្វីទៀត។ ម្នាលអានន្ទ ឥឡូវនេះ តថាគតគ្រាំគ្រាហើយ ចម្រើនហើយ ចាស់ហើយ កន្លងអាយុកាល ដល់បច្ឆិមវ័យហើយ វ័យតថាគត បាន៨០ឆ្នាំហើយ។ ម្នាលអានន្ទ រទេះចាស់ដែលបរទៅបាន ព្រោះការអបដោយឫស្សី យ៉ាងណាមិញ ម្នាលអានន្ទ កាយរបស់តថាគត នឹងប្រព្រឹត្តទៅបាន ដូចជារទេះ អបដោយឫស្សីយ៉ាងនោះឯង។ ម្នាលអានន្ទ សម័យណា ដែលព្រះតថាគតចូលចេតោសមាធិ (សេចក្តីតាំងចិត្តមាំ) ដែលមិនមាននិមិត្ត ព្រោះមិនធ្វើទុកក្នុងចិត្តនូវនិមិត្តទាំងពួង ព្រោះរំលត់វេទនាពួកខ្លះ ម្នាលអានន្ទ សម័យនោះ កាយនៃព្រះតថាគត ក៏បានសេចក្តីសប្បាយគ្រាន់បើ។ ម្នាលអានន្ទ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរយកខ្លួន ជាទីពឹង យកខ្លួនជាទីរលឹក កុំយករបស់ដទៃជាទីរលឹក ចូរយកធម៌ជាទីពឹង យកធម៌ជាទីរលឹក កុំយករបស់ដទៃជាទីរលឹកឡើយ។ ម្នាលអានន្ទ ភិក្ខុយកខ្លួនជាទីពឹង យកខ្លួនជាទីរលឹក មិនយករបស់ដទៃជាទីរលឹក យកធម៌ជាទីពឹង យកធម៌ជាទីរលឹក មិនយករបស់ដទៃជាទីរលឹកនោះ តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយក្នុងកាយ មានព្យាយាម ដុតកំដៅកិលេស មានសម្បជញ្ញៈ មានសតិ កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក គឺកាយ ឬឧបាទានក្ខន្ធចេញ។ ក្នុងវេទនាទាំងឡាយ។ ក្នុងចិត្ត។ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ មានព្យាយាមដុតកំដៅកិលេស មានសម្បជញ្ញៈ មានសតិ កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ម្នាលអានន្ទ យ៉ាងនេះឯង ភិក្ខុឈ្មោះថា យកខ្លួនជាទីពឹង យកខ្លួនជាទីរលឹក មិនយករបស់ដទៃជាទីរលឹក យកធម៌ជាទីពឹង យកធម៌ជាទីរលឹក មិនយករបស់ដទៃជាទីរលឹក។ ម្នាលអានន្ទ ក្នុងកាលឥឡូវនេះក្តី អំណើះឥតនឹងតថាគតទៅក្តី ភិក្ខុណាមួយ យកខ្លួនជាទីពឹង យកខ្លួនជាទីរលឹក មិនយករបស់ដទៃជាទីរលឹក យកធម៌ជាទីពឹង យកធម៌ជាទីរលឹក មិនយករបស់ដទៃជាទីរលឹកឡើយ ម្នាលអានន្ទ មួយទៀត ភិក្ខុណាមួយ ជាអ្នកប្រាថ្នានូវសិក្ខា ភិក្ខុទាំងនោះ នឹងតាំងនៅក្នុងគុណដ៏ប្រសើរបំផុត របស់តថាគតដែរ។
ចប់ គាមកណ្ឌ ក្នុងមហាបរិនិព្វានសូត្រ។
ចប់ ពុទ្ធភាណវារៈ ទី២។
ពុទ្ធភាណវារៈទី៣
[៩៤] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រចីវរ ក្នុងបុព្វណ្ហសម័យ ហើយស្តេចចូលទៅទ្រង់បិណ្ឌបាត្រ ក្នុងក្រុងវេសាលី លុះទ្រង់ត្រាច់ទៅបិណ្ឌបាត្រ ក្នុងក្រុងវេសាលីហើយ ត្រឡប់អំពីបិណ្ឌបាត្រ ក្នុងវេលាខាងក្រោយភត្តហើយ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ ចូរអ្នកកាន់យកនិសីទនៈ11) ទៅ យើងនឹងចូលទៅសម្រាក ក្នុងវេលាថ្ងៃឯបាវាលចេតិយ។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយក៏កាន់យកនិសីទនៈទៅតាមៗ ខាងក្រោយព្រះមានព្រះភាគ។ គ្រានោះ ព្រះមានព្រះភាគ ស្តេចចូលទៅកាន់បាវាលចេតិយ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលព្រះអានន្ទក្រាលថ្វាយ។ ចំណែកខាងព្រះអានន្ទមានអាយុ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលដូច្នេះថា ម្នាលអានន្ទ ក្រុងវេសាលី ជាទីគួរត្រេកអរ ឧទេនចេតិយ ជាទីគួរត្រេកអរ គោតមចេតិយ ជាទីគួរត្រេកអរ សត្តម្ពចេតិយ ជាទីគួរត្រេកអរ ពហុបុត្តចេតិយជាទីគួរត្រេកអរ សារន្ទទចេតិយ ជាទីគួរត្រេកអរ បាវាលចេតិយ ជាទីគួរត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង៤ បើបុគ្គលណាមួយបានចំរើនហើយ បានធ្វើរឿយៗហើយ ធ្វើឲ្យដូចជាយានហើយ បានធ្វើឲ្យជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធដោយល្អហើយ ម្នាលអានន្ទ បុគ្គលនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប12) ឬលើសជាង១អាយុកប្បក៏បាន ម្នាលអានន្ទ ឯឥទ្ធិបាទទាំង៤ ព្រះតថាគត បានចំរើនហើយ បានធ្វើរឿយៗហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើឲ្យជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធដោយល្អហើយ ម្នាលអានន្ទ តថាគតនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង១អាយុកប្បក៏បាន។ ទុកជាព្រះមានព្រះភាគ ទ្រង់ធ្វើនិមិត្តជាឱឡារិក ទ្រង់ធ្វើឱភាស ជាឱឡារិកយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏មិនអាចនឹងយល់សេចក្តីច្បាស់លាស់បាន មិនបានអារាធនា ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ឋិតនៅអស់១អាយុកប្ប សូមព្រះសុគត ឋិតនៅអស់១អាយុកប្ប ដើម្បីជាប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួកទេវតា និងមនុស្សដូច្នេះសោះ ព្រោះមារចូលមកជ្រែកគំនិត។ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលជាគំរប់២ដងផង។បេ។ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលនឹងព្រះអានន្ទមានអាយុ ជាគំរប់៣ដងផងថា ម្នាលអានន្ទ ក្រុងវេសាលី ជាទីគួរត្រេកអរ ឧទេនចេតិយ ជាទីគួរត្រេកអរ គោតមចេតិយ ជាទីគួរត្រេកអរ សត្តម្ពចេតិយ ជាទីគួរត្រេកអរ ពហុបុត្តចេតិយជាទីគួរត្រេកអរ សារន្ទទចេតិយ ជាទីគួរត្រេកអរ បាវាលចេតិយ ជាទីគួរត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង៤ បើបុគ្គលណាមួយបានចំរើនហើយ បានធ្វើរឿយៗហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើឲ្យជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធដោយល្អហើយ បុគ្គលនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង១អាយុកប្បក៏បាន ម្នាលអានន្ទ ឯឥទ្ធិបាទទាំង៤ ព្រះតថាគត បានចំរើនហើយ បានធ្វើរឿយៗហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើឲ្យជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធដោយល្អហើយ ម្នាលអានន្ទ ព្រះតថាគតនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង១អាយុកប្បក៏បាន។ ទុកជាព្រះមានព្រះភាគ ទ្រង់ធ្វើនិមិត្តជាឱឡារិក ទ្រង់ធ្វើឱភាស ជាឱឡារិកយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏នៅតែមិនអាចនឹងយល់សេចក្តីច្បាស់លាស់បានឡើយ ហើយមិនបានអារាធនា ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ឋិតនៅអស់១អាយុកប្ប សូមព្រះសុគត ឋិតនៅអស់១អាយុកប្ប ដើម្បីជាប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួកទេវតា និងមនុស្សទាំងឡាយ ដូច្នេះឡើយ ព្រោះមារចូលមកជ្រែកគំនិត។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ អ្នកចូរទៅចុះ អ្នកចូរដឹងនូវកាលដែលគួរនឹងទៅ ក្នុងកាលឥឡូវនេះចុះ។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ រួចក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយអង្គុយទៀបគល់ឈើមួយ ក្នុងទីមិនឆ្ងាយ។
[៩៥] កាលបើព្រះអានន្ទមានអាយុ ចេញទៅហើយមិនយូរប៉ុន្មាន គ្រានោះ ក្រុងមារមានចិត្តបាប ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានឋិតនៅក្នុងទីដ៏សមគួរ។ លុះក្រុងមារមានចិត្តបាប ឋិតនៅក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ បរិនិព្វាន ក្នុងកាលឥឡូវនេះ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹងបរិនិព្វាន របស់ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ បានត្រាស់វាចានេះហើយថា នែ មារមានចិត្តបាប ពួកភិក្ខុជាសាវ័ករបស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់មាន ទាំងមិនទាន់រៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្តតាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់បានសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនបានសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែងធម៌ប្រកបដោយបាដិហារ្យ ដរាបណាទេ តថាគត នឹងមិនទាន់បរិនិព្វានដរាបនោះ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកភិក្ខុជាសាវ័ករបស់ព្រះមានព្រះភាគ បានឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ ទាំងបានរៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្តតាំងទុក បើក ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលបានសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែងធម៌ប្រកបដោយបាដិហារ្យបានហើយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះមានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹងបរិនិព្វាន របស់ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះព្រះមានព្រះភាគ បានត្រាស់វាចានេះហើយថា ម្នាលមារមានចិត្តបាប ពួកភិក្ខុនី ជាសាវិការបស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់មាន ទាំងមិនទាន់រៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់សង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលបានសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែងធម៌ប្រកបដោយបាដិហារ្យ ដរាបណាទេ តថាគត នឹងមិនទាន់បរិនិព្វានដរាបនោះ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ក៏ក្នុងកាលឥឡូវនេះ ពួកភិក្ខុនីជាសាវិការបស់ព្រះមានព្រះភាគ បានឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ហើយ ទាំងបានរៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យសមហេតុ ហើយសំដែងធម៌ ប្រកបដោយបាដិហារ្យបានហើយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះមានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹងបរិនិព្វានរបស់ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះមានព្រះភាគ បានត្រាស់វាចានេះហើយថា ម្នាលមារមានចិត្តបាប ពួកឧបាសក ជាសាវ័ករបស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់មាន ទាំងមិនទាន់រៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់សង្កត់សង្កិននូវបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែងធម៌ ប្រកបដោយបាដិហារ្យ ដរាបណាទេ តថាគត ក៏នឹងមិនទាន់បរិនិព្វានដរាបនោះ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ក៏ឥឡូវនេះ ពួកឧបាសក ជាសាវ័ករបស់ព្រះមានព្រះភាគ ឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ហើយ ទាំងបានរៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិននូវបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែងធម៌ ប្រកបដោយបាដិហារ្យបានហើយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះមានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹងបរិនិព្វាន របស់ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះមានព្រះភាគ បានត្រាស់វាចានេះហើយថា ម្នាលមារមានចិត្តបាប ពួកឧបាសិកា ជាសាវិការបស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់មាន ទាំងមិនទាន់រៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់សង្កត់សង្កិននូវបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែងធម៌ប្រកបដោយបាដិហារ្យ ដរាបណាទេ តថាគត ក៏នឹងមិនទាន់បរិនិព្វានដរាបនោះ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ក៏ឥឡូវនេះ ពួកឧបាសិកា ជាសាវិការបស់ព្រះមានព្រះភាគ បានឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ហើយ ទាំងបានរៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិននូវបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែងធម៌ ប្រកបដោយបាដិហារ្យបានហើយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះមានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹងបរិនិព្វាន របស់ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះមានព្រះភាគ បានត្រាស់វាចានេះហើយថា ម្នាលមារមានចិត្តបាប ព្រហ្មចារ្យ13) របស់តថាគតនេះ នៅមិនទាន់ខ្ជាប់ខ្ជួន មិនទាន់ចំរើន មិនទាន់ផ្សាយទៅសព្វទិស គេមិនទាន់ដឹងច្រើនគ្នា នឹងមិនទាន់ពេញបរិបូណ៌ ដរាបណា មួយទៀត ពួកទេវតា និងមនុស្ស មិនទាន់ចេះសំដែងបាន ដោយប្រពៃ ដរាបណា តថាគត នឹងមិនទាន់បរិនិព្វានដរាបនោះ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រហ្មចារ្យ របស់ព្រះមានព្រះភាគនេះ ខ្ជាប់ខ្ជួនហើយ បានចំរើនហើយ បានផ្សាយទៅសព្វទិសហើយ គេបានដឹងច្រើនគ្នាហើយ បានពេញបរិបូណ៌ហើយ ពួកទេវតា និងមនុស្ស ចេះសំដែងបាន ដោយល្អហើយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះមានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹងបរិនិព្វាន របស់ព្រះមានព្រះភាគហើយ។ កាលបើក្រុងមារ ក្រាបទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ក៏បានត្រាស់ភាសិតនេះ ទៅនឹងក្រុងមារមានចិត្តបាបថា ម្នាលមារមានចិត្តបាប ចូរអ្នកមានសេចក្តីខ្វល់ខ្វាយតិចចុះ ការបរិនិព្វានរបស់តថាគត មិនយូរប៉ុន្មានទេ កន្លង៣ខែ អំពីថ្ងៃនេះទៅ តថាគតនឹងបរិនិព្វានហើយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់មានសតិសម្បជញ្ញៈ ទ្រង់ដាក់អាយុសង្ខារ ឰដ៏បាវាលចេតិយ។ លុះព្រះមានព្រះភាគ ទ្រង់ដាក់អាយុសង្ខារហើយ ក៏កក្រើកផែនដីយ៉ាងធំ គួរឲ្យភ្លូកភ្លឹក ព្រឺព្រួចរោម ទាំងផ្គរ ក៏លាន់ឮឡើង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវដំណើរនោះហើយ ក៏បន្លឺនូវឧទាននេះ ក្នុងវេលានោះថា
[៩៦] ព្រះពុទ្ធ ជាអ្នកប្រាជ្ញ ទ្រង់ពិចារណាឃើញនូវព្រះនិព្វាន ដែលមានគុណថ្លឹងមិនបានផង នូវភពផង ទ្រង់លះបង់នូវសង្ខារ ដែលនាំសត្វទៅកាន់ភពផង ទ្រង់ត្រេកអរនូវអារម្មណ៍ខាងក្នុង (ដោយអំណាចវិបស្សនា) មានព្រះហឫទ័យតាំងមាំហើយ (ដោយអំណាចសមថៈ)ផង ទ្រង់បានទំលាយនូវបណ្តាញ គឺកិលេស ដែលកើតមាននៅក្នុងខ្លួន ដូចជាក្រោះ។
[៩៧] លំដាប់នោះ ព្រះអានន្ទមានអាយុ មានសេចក្តីត្រិះរិះយ៉ាងនេះថា អើហ្ន៎ ហេតុជាអស្ចារ្យពេកណាស់ អើហ្ន៎ ហេតុចំឡែកពេកណាស់ ការកក្រើកផែនដីនេះ ជាយ៉ាងធំ ការកក្រើកផែនដីនេះធំណាស់តើ គួរឲ្យភ្លូកភ្លឹក ឲ្យព្រឺព្រួចរោម ទាំងផ្គរ ក៏លាន់ឮឡើង មានហេតុដូចម្តេច មានបច្ច័យដូចម្តេចហ្ន៎ ដែលនាំឲ្យកក្រើកផែនដី យ៉ាងធំម្ល៉េះ។ ទើបព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន មានហេតុជាអស្ចារ្យ បពិត្រព្រះអង្គដ៏ចំរើន មានហេតុដ៏ប្លែក បពិត្រព្រះអង្គដ៏ចំរើន ការកក្រើកផែនដីនេះ ជាយ៉ាងធំ បពិត្រព្រះអង្គដ៏ចំរើន ការកក្រើកផែនដីនេះ ធំពេកណាស់ គួរឲ្យភ្លូកភ្លឹក ឲ្យព្រឺព្រួចរោម ទាំងផ្គរ ក៏លាន់ឮឡើង បពិត្រព្រះអង្គដ៏ចំរើន មានហេតុដូចម្តេច មានបច្ច័យដូចម្តេចហ្ន៎ ដែលនាំឲ្យកក្រើកផែនដី យ៉ាងធំម្ល៉េះ។
[៩៨] ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ឯហេតុបច្ច័យ ដែលនាំឲ្យកក្រើកផែនដីនេះ មាន៨យ៉ាង។ ហេតុបច្ច័យទាំង៨យ៉ាង តើដូចម្តេចខ្លះ។ ម្នាលអានន្ទ មហាប្រឹថពីនេះ ប្រតិស្ថាននៅលើទឹក ឯទឹកប្រតិស្ថាននៅលើខ្យល់ ខ្យល់ប្រតិស្ថាននៅលើអាកាស ម្នាលអានន្ទ សម័យដែលមានខ្យល់ធំបក់ ខ្យល់ធំដែលបក់នោះ រមែងធ្វើទឹកឲ្យកក្រើក ឯទឹកដែលកក្រើកមកហើយ ក៏ធ្វើផែនដីកក្រើកដែរ នេះជាហេតុ ជាបច្ច័យទី១ ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំ។ ម្នាលអានន្ទ សមណៈក្តី ព្រាហ្មណ៍ក្តី ដែលមានឫទ្ធិ ដល់នូវការស្ទាត់ជំនាញក្នុងចិត្ត ឬទេវតាដែលមានឫទ្ធិធំ មានអានុភាពធំ បុគ្គលនោះ បានចំរើនបឋវីសញ្ញា ឲ្យមានកំឡាំងតិច ចំរើនអាបោសញ្ញា ឲ្យមានកំឡាំងច្រើន បុគ្គលនោះ រមែង ធ្វើផែនដីនេះ ឲ្យកក្រើករំពើក រំភើបញាប់ញ័របាន នេះជាហេតុ ជាបច្ច័យទី២ ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណាដែលព្រះពោធិសត្វ ច្យុតចាកពួកទេវតា ដែលឋិតនៅក្នុងស្ថានតុសិត មានសតិ និងសម្បជញ្ញៈ យាងចុះកាន់ព្រះមាតុឧទរ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំភើបញាប់ញ័រ នេះជាហេតុ ជាបច្ច័យទី៣ ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណាដែលព្រះពោធិសត្វ មានសតិ និងសម្បជញ្ញៈ ទ្រង់ប្រសូតចាកព្រះមាតុឧទរ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំពើករំភើបញាប់ញ័រ នេះជាហេតុ ជាបច្ច័យទី៤ ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណាដែលព្រះតថាគត ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំពើករំភើបញាប់ញ័រ នេះជាហេតុ ជាបច្ច័យទី៥ ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណាដែលព្រះតថាគត ញុំាងអនុត្តរធម្មចក្រ ឲ្យប្រព្រឹត្តទៅ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំពើករំភើបញាប់ញ័រ នេះជាហេតុ បច្ច័យទី៦ ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណាដែលព្រះតថាគត មានសតិ និងសម្បជញ្ញៈ ដាក់ចុះនូវអាយុសង្ខារ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំពើករំភើបញាប់ញ័រ នេះជាហេតុ បច្ច័យទី៧ ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណាដែលព្រះតថាគត បរិនិព្វាន ដោយអនុបាទិសេសនិព្វានធាតុ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំពើករំភើបញាប់ញ័រ នេះជាហេតុ ជាបច្ច័យទី៨ ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំ។ ម្នាលអានន្ទ ហេតុបច្ច័យ ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំ មាន៨យ៉ាងនេះឯង។
[៩៩] ម្នាលអានន្ទ បរិសទ្យនេះមាន៨ពួក។ បរិសទ្យទាំង៨ពួក តើដូចម្តេច។ គឺខត្តិយបរិសទ្យ ព្រាហ្មណបរិសទ្យ គហបតិបរិសទ្យ សមណបរិសទ្យ ចាតុម្មហារាជិកបរិសទ្យ តាវត្តិង្សបរិសទ្យ មារបរិសទ្យ ព្រហ្មបរិសទ្យ។ ម្នាលអានន្ទ ចំណែកតថាគត ចូលទៅកាន់ខត្តិយបរិសទ្យជាច្រើនរយ រមែងស្គាល់ច្បាស់។ ក្នុងខត្តិយបរិសទ្យនោះ តថាគតធ្លាប់អង្គុយជាមួយផង ធ្លាប់ចរចាជាមួយផង ធ្លាប់ចូលទៅសាកច្ឆាជាមួយផង។ សម្បុររបស់ជនទាំងនោះ ក្នុងពួកបរិសទ្យនោះយ៉ាងណា សម្បុររបស់តថាគត យ៉ាងនោះដែរ សំឡេងរបស់ជនទាំងនោះយ៉ាងណា សំឡេងរបស់តថាគត យ៉ាងនោះដែរ។ មួយទៀត តថាគតបានញុំាងជនទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា កាលដែលតថាគត កំពុងនិយាយ ជនទាំងនោះ មិនស្គាល់តថាគតថា ជនដែលកំពុងនិយាយនេះ តើជាអ្វីហ្ន៎ ជាទេវតា ឬជាមនុស្ស ដូច្នេះឡើយ។ តថាគត លុះញុំាងជនទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏បាត់រូបទៅ កាលដែលតថាគតបាត់រូបទៅហើយ ឯជនទាំងនោះ នៅតែមិនស្គាល់តថាគតថា ជនដែលបាត់ទៅហើយនេះ តើជាអ្វីហ្ន៎ ជាទេវតា ឬជាមនុស្ស ដូច្នេះឡើយ។ តថាគត ចូលទៅកាន់ព្រាហ្មបរិសទ្យជាច្រើនរយ រមែងស្គាល់ច្បាស់។។បេ។ គហបតិបរិសទ្យ។បេ។ សមណបរិសទ្យ។បេ។ ចាតុម្មហារាជិកាបរិសទ្យ។បេ។ តាវត្តិង្សបរិសទ្យ។បេ។ មារបរិសទ្យ។បេ។ ព្រហ្មបរិសទ្យ។ ក្នុងព្រហ្មបរិសទ្យនោះ តថាគតធ្លាប់អង្គុយជាមួយផង ធ្លាប់ចរចាជាមួយផង ធ្លាប់ចូលទៅសាកច្ឆាជាមួយផង។ សម្បុររបស់ព្រហ្មទាំងនោះ ក្នុងព្រហ្មបរិសទ្យនោះយ៉ាងណា សម្បុររបស់តថាគត ក៏យ៉ាងនោះដែរ សំឡេងរបស់ព្រហ្មទាំងនោះយ៉ាងណា សំឡេងរបស់តថាគត ក៏យ៉ាងនោះដែរ។ មួយទៀត តថាគតបានញុំាងព្រហ្មទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា កាលដែលតថាគត កំពុងនិយាយ ចំណែកខាងព្រហ្មទាំងនោះ មិនស្គាល់តថាគតថា ជនដែលកំពុងនិយាយនេះ ជាអ្វីហ្ន៎ ជាទេវតា ឬជាមនុស្ស ដូច្នេះឡើយ។ លុះតថាគត ញុំាងព្រហ្មទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏បាត់រូបទៅ កាលដែលតថាគតបាត់រូបទៅហើយ ចំណែកព្រហ្មទាំងនោះ នៅតែមិនស្គាល់តថាគតថា ជនដែលបាត់ទៅហើយនេះ តើជាអ្វីហ្ន៎ ជាទេវតា ឬជាមនុស្ស ដូច្នេះឡើយ។ ម្នាលអានន្ទ បរិសទ្យមាន៨ពួកនេះឯង។
[១០០] ម្នាលអានន្ទ អភិភាយតនៈ (ហេតុជាគ្រឿងគ្របសង្កត់នូវបច្ចនិកធម៌) នេះ មាន៨ប្រការ។ អភិភាយតនៈ ៨ប្រការ តើដូចម្តេច។ បុគ្គលពួក១ មានសេចក្តីសំគាល់នូវរូបខាងក្នុង14) ហើយឃើញនូវរូបខាងក្រៅ15) មានប្រមាណតិច16) មានពណ៌ល្អ ឬមានពណ៌អាក្រក់17) គ្របសង្កត់នូវរូប18) ទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជាអភិភាយតនៈទី១។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវរូបខាងក្នុង ហើយឃើញនូវរូបខាងក្រៅ មានប្រមាណច្រើន19) មានពណ៌ល្អ ឬមានពណ៌អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជាអភិភាយតនៈទី២។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវរូបខាងក្នុង20) ហើយឃើញនូវរូបខាងក្រៅ មានប្រមាណតិច មានពណ៌ល្អ ឬមានពណ៌អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជាអភិភាយតនៈទី៣។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវរូបខាងក្នុង ហើយឃើញនូវរូបខាងក្រៅ មានប្រមាណច្រើន មានពណ៌ល្អ ឬមានពណ៌អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជាអភិភាយតនៈទី៤។ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់នូវរូបខាងក្នុង ហើយឃើញនូវរូបខាងក្រៅដែលជារូបខៀវ មានពណ៌ខៀវ ជាទីចង្អុរប្រាប់ថា នេះមានពណ៌ខៀវ មានពន្លឺខៀវ ប្រៀបដូចផ្កាកប្បាសខៀវ មានពណ៌ខៀវ ជាទីចង្អុរប្រាប់ថា នេះមានពណ៌ខៀវ មានពន្លឺខៀវ ពុំនោះសោត រូបនោះ ប្រៀបដូចសំពត់កើតក្នុងក្រុងពារាណសី មានសាច់មដ្ឋទាំងពីរខាង ហៅថា សំពត់ខៀវ មានពណ៌ខៀវ ជាទីចង្អុរប្រាប់ថា នេះមានពណ៌ខៀវ មានពន្លឺខៀវ យ៉ាងណាមិញ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់នូវរូបខាងក្នុង ហើយឃើញនូវរូបខាងក្រៅ ជារូបខៀវ មានពណ៌ខៀវ ជាទីចង្អុរប្រាប់ថា នេះមានពណ៌ខៀវ មានពន្លឺខៀវ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ ក៏យ៉ាងនោះឯង នេះជាអភិភាយតនៈទី៥។ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់នូវរូបខាងក្នុង ហើយឃើញនូវរូបខាងក្រៅ ជារូបលឿង មានពណ៌លឿង ជាទីចង្អុរប្រាប់ថា នេះមានពណ៌លឿង មានពន្លឺលឿង ប្រៀបដូចផ្កាកណ្ណិការលឿង មានពណ៌លឿង ជាទីចង្អុរប្រាប់ថា នេះមានពណ៌លឿង មានពន្លឺលឿង ពុំនោះសោត រូបនោះ ប្រៀបដូចសំពត់ កើតក្នុងក្រុងពារាណសី មានសាច់មដ្ឋទាំងពីរខាង ហៅថា សំពត់លឿង មានពណ៌លឿង ជាទីចង្អុរប្រាប់ថា នេះមានពណ៌លឿង មានពន្លឺលឿង យ៉ាងណាមិញ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់នូវរូបខាងក្នុង ហើយឃើញនូវរូបខាងក្រៅ ជារូបលឿង មានពណ៌លឿង ជាទីចង្អុរប្រាប់ថា នេះមានពណ៌លឿង មានពន្លឺលឿង គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ ក៏យ៉ាងនោះឯង នេះជាអភិភាយតនៈទី៦។ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់នូវរូបខាងក្នុង ហើយឃើញនូវរូបខាងក្រៅ ជារូបក្រហម មានពណ៌ក្រហម ជាទីចង្អុរប្រាប់ថា នេះមានពណ៌ក្រហម មានពន្លឺក្រហម ប្រៀបដូចផ្កាច្បាក្រហម មានពណ៌ក្រហម ជាទីចង្អុរប្រាប់ថា នេះមានពណ៌ក្រហម មានពន្លឺក្រហម ពុំនោះសោត រូបនោះ ប្រៀបដូចសំពត់កើតក្នុងក្រុងពារាណសី មានសាច់មដ្ឋទាំងពីរខាង ហៅថា សំពត់ក្រហម មានពណ៌ក្រហម ជាទីចង្អុរប្រាប់ថា នេះមានពណ៌ក្រហម មានពន្លឺក្រហម យ៉ាងណាមិញ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់នូវរូបខាងក្នុង ហើយឃើញនូវរូបខាងក្រៅ ជារូបក្រហម មានពណ៌ក្រហម ជាទីចង្អុរប្រាប់ថា នេះមានពណ៌ក្រហម មានពន្លឺក្រហម គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ ក៏យ៉ាងនោះឯង នេះជាអភិភាយតនៈទី៧។ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់នូវរូបខាងក្នុង ហើយឃើញនូវរូបខាងក្រៅ ជារូបស មានពណ៌ស ជាទីចង្អុរប្រាប់ថា នេះមានពណ៌ស មានពន្លឺស ប្រៀបដូចផ្កាយព្រឹកដែល ស មានពណ៌ស ជាទីចង្អុរប្រាប់ថា នេះមានពណ៌ស មានពន្លឺស ពុំនោះសោត រូបនោះ ប្រៀបដូចសំពត់កើតក្នុងក្រុងពារាណសី មានសាច់មដ្ឋទាំងពីរខាង ហៅថា សំពត់ស មានពណ៌ស ជាទីចង្អុរប្រាប់ថា នេះមានពណ៌ស មានពន្លឺស យ៉ាងណាមិញ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់នូវរូបខាងក្នុង ហើយឃើញនូវរូបខាងក្រៅ ជារូបស មានពណ៌ស ជាទីចង្អុរប្រាប់ថា នេះមានពណ៌ស មានពន្លឺស គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ ក៏យ៉ាងនោះឯង នេះជាអភិភាយតនៈទី៨។ ម្នាលអានន្ទ អភិភាយតនៈ មាន៨ប្រការនេះឯង។
[១០១] ម្នាលអានន្ទ វិមោក្ខ (ធម៌ជាគ្រឿងរួចចាកអាសវៈ) នេះ មាន៨ប្រការ។ វិមោក្ខ៨ប្រការ តើដូចម្តេច។ បុគ្គលបាននូវរូបជ្ឈាន21) រមែងឃើញនូវរូប គឺកសិណទាំងឡាយ មាននីលកសិណជាដើម នេះជាវិមោក្ខទី១។ បុគ្គលមិនមានសេចក្តីសំគាល់នូវរូបខាងក្នុង រមែងឃើញនូវរូបខាងក្រៅទាំងឡាយ គឺកសិណ មាននីលកសិណជាដើម នេះជាវិមោក្ខទី២។ បុគ្គលមានចិត្តចុះស៊ប់កាន់ឈាន ក្នុងវណ្ណកសិណ ដែលបរិសុទ្ធ22) នេះជាវិមោក្ខទី៣។ បុគ្គលដែលកន្លងនូវរូបសញ្ញា23) ដល់នូវសេចក្តីវិនាស នៃបដិឃសញ្ញា24) មិនបានធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា25) ដោយប្រការទាំងពួង ហើយបានដល់នូវអាកាសានញ្ចាយតនជ្ឈាន ព្រោះធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ នេះជាវិមោក្ខទី៤។ បុគ្គលដែលកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ព្រោះធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុតដូច្នេះ នេះជាវិមោក្ខទី៥។ បុគ្គលដែលកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ព្រោះធ្វើទុកក្នុងចិត្តថា អ្វីតិចតួច ក៏មិនមានដូច្នេះ នេះជាវិមោក្ខទី៦។ បុគ្គលដែលកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន នេះជាវិមោក្ខទី៧។ បុគ្គលដែលកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់នូវសញ្ញាវេទយិតនិរោធ (សេចក្តីរលត់នៃសញ្ញា និងវេទនា) នេះជាវិមោក្ខទី៨។ ម្នាលអានន្ទ វិមោក្ខ មាន៨ប្រការនេះឯង។
[១០២] ម្នាលអានន្ទ សម័យមួយ តថាគតបានត្រាស់ជាដំបូង បានគង់នៅក្រោមដើមអជបាលនិគ្រោធ ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេសឯណោះ។ ម្នាលអានន្ទ គ្រានោះឯង ក្រុងមារមានចិត្តបាប ចូលទៅរកតថាគត លុះចូលដល់ហើយ បានឋិតនៅក្នុងទីដ៏សមគួរ។ ម្នាលអានន្ទ លុះក្រុងមារមានចិត្តបាប ឋិតនៅក្នុងទីដ៏សមគួរហើយ បាននិយាយយ៉ាងនេះ នឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះមានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹងបរិនិព្វាន របស់ព្រះមានព្រះភាគហើយ ម្នាលអានន្ទ កាលបើក្រុងមារ បាននិយាយយ៉ាងនេះហើយ តថាគត ក៏បានពោលពាក្យនេះ ទៅនឹងក្រុងមារមានចិត្តបាបថា ម្នាលមារមានចិត្តបាប ពួកភិក្ខុជាសាវ័ករបស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់មាន ទាំងមិនទាន់រៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់សង្កត់សង្កិននូវបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលសង្កត់សង្កិនបានដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែងធម៌ ប្រកបដោយបាដិហារ្យ ដរាបណាទេ តថាគត ក៏មិនបានបរិនិព្វានដរាបនោះ។ ម្នាលមារមានចិត្តបាប ពួកភិក្ខុនី ជាសាវិការបស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់មាន ទាំងមិនទាន់រៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់សង្កត់សង្កិននូវបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលសង្កត់សង្កិនបានដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែងធម៌ ប្រកបដោយបាដិហារ្យបាន ដរាបណាទេ តថាគត មិនទាន់បរិនិព្វានដរាបនោះ។ ម្នាលមារមានចិត្តបាប ពួកឧបាសក ជាសាវ័ករបស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់មាន ទាំងមិនទាន់រៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់សង្កត់សង្កិននូវបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែងធម៌ ប្រកបដោយបាដិហារ្យបាន ដរាបណាទេ តថាគត មិនទាន់បរិនិព្វានដរាបនោះ។ ម្នាលមារមានចិត្តបាប ពួកឧបាសិកា ជាសាវិការបស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់មាន ទាំងមិនទាន់បានរៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់សង្កត់សង្កិននូវបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលសង្កត់សង្កិនបានដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែងធម៌ប្រកបដោយបាដិហារ្យបាន ដរាបណាទេ តថាគត ក៏មិនទាន់បរិនិព្វានដរាបនោះ។ ម្នាលមារមានចិត្តបាប ព្រហ្មចារ្យរបស់តថាគតនេះ នៅមិនទាន់ខ្ជាប់ខ្ជួន មិនទាន់ចំរើន មិនទាន់ផ្សាយទៅសព្វទិស គេមិនទាន់ដឹងច្រើនគ្នា ទាំងមិនទាន់ពេញបរិបូណ៌ ដរាបណា មួយទៀត ពួកទេវតា និងមនុស្ស មិនទាន់ចេះសំដែងបាន ដោយប្រពៃ ដរាបណាទេ តថាគត ក៏មិនទាន់បរិនិព្វានដរាបនោះ។ ម្នាលអានន្ទ ថ្ងៃនេះ ក្រុងមារមានចិត្តបាប បានចូលមករកតថាគត ក្នុងបាវាលចេតិយ អម្បាញ់មិញនេះឯង បានឋិតនៅក្នុងទីដ៏សមគួរ។ ម្នាលអានន្ទ លុះមារមានចិត្តបាប បានឋិតនៅក្នុងទីដ៏សមគួរហើយ ក៏បានពោលពាក្យនេះ នឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះមានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹងបរិនិព្វាន របស់ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះព្រះមានព្រះភាគ បានត្រាស់ព្រះវាចានេះថា ម្នាលមារមានចិត្តបាប ពួកភិក្ខុជាសាវ័ករបស់តថាគត នៅមិនទាន់មាន ដរាបណាទេ តថាគត ក៏មិនទាន់បរិនិព្វានដរាបនោះ។ ពួកភិក្ខុនី ជាសាវិការបស់តថាគត នៅមិនទាន់មានដរាបណា។ ពួកឧបាសក ជាសាវ័ករបស់តថាគត នៅមិនទាន់មានដរាបណា។ ពួកឧបាសិកា ជាសាវិការបស់តថាគត នៅមិនទាន់មានដរាបណា។ ព្រហ្មចារ្យរបស់តថាគតនេះ នៅមិនទាន់ខ្ជាប់ខ្ជួន មិនទាន់ចំរើន មិនទាន់ផ្សាយទៅសព្វទិស គេមិនទាន់ដឹងច្រើនគ្នា ទាំងមិនទាន់ពេញបរិបូណ៌ ដរាបណា មួយទៀត ពួកទេវតា និងមនុស្ស មិនទាន់ចេះសំដែងបាន ដោយប្រពៃ ដរាបណា (តថាគត ក៏មិនទាន់បរិនិព្វានដរាបនោះ)។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រហ្មចារ្យ របស់ព្រះមានព្រះភាគ បានខ្ជាប់ខ្ជួនហើយ បានចំរើនហើយ បានផ្សាយទៅសព្វទិសហើយ គេបានដឹងច្រើនគ្នាហើយ បានពេញបរិបូណ៌ហើយ ពួកទេវតា និងមនុស្ស ចេះសំដែងបាន ដោយល្អហើយ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះមានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹងបរិនិព្វាន របស់ព្រះមានព្រះភាគហើយ។ ម្នាលអានន្ទ កាលបើក្រុងមារ បាននិយាយយ៉ាងនេះហើយ តថាគត ក៏បានពោលពាក្យនេះ ទៅនឹងក្រុងមារមានចិត្តបាបថា ម្នាលមារមានចិត្តបាប ចូរអ្នកមានសេចក្តីខ្វល់ខ្វាយតិចចុះ ការបរិនិព្វានរបស់តថាគត មិនយូរប៉ុន្មានទេ កន្លង៣ខែ អំពីថ្ងៃនេះទៅ តថាគតនឹងបរិនិព្វានហើយ ម្នាលអានន្ទ ក្នុងថ្ងៃនេះ តថាគត មានសតិសម្បជញ្ញៈ បានដាក់អាយុសង្ខារ ក្នុងបាវាលចេតិយអម្បាញ់មិញនេះឯង។ កាលបើព្រះមានព្រះភាគ មានពុទ្ធតម្រាស់ យ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏បានក្រាបបង្គំទូលឃាត់ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ឋិតនៅអស់មួយអាយុកប្ប សូមព្រះសុគត ឋិតនៅអស់មួយអាយុកប្ប ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលអានន្ទ ឥឡូវនេះ កុំឡើយ អ្នកកុំអង្វរតថាគតឡើយ ម្នាលអានន្ទ ឥឡូវនេះ មិនមែនជាកាលគួរអារាធនាតថាគតទេ។ ព្រះអានន្ទដ៏មានអាយុ បានក្រាបបង្គំទូល ជាគំរប់២ដងផង។បេ។ ព្រះអានន្ទមានអាយុ បានក្រាបបង្គំទូលព្រះមានព្រះភាគ ជាគំរប់បីដងផង ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ឋិតនៅអស់មួយអាយុកប្ប សូមព្រះសុគត ឋិតនៅអស់មួយអាយុកប្ប ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលអានន្ទ អ្នកជឿពោធិញ្ញាណ របស់តថាគតដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជឿ។ ម្នាលអានន្ទ កាលបើអ្នកជឿដែរ ហេតុអ្វីក៏អ្នកនៅតែទទូចតថាគត ដល់ទៅ៣ដង។ បពិត្រព្រះអង្គដ៏ចំរើន ព្រះពុទ្ធដីកានេះ ខ្ញុំព្រះអង្គបានស្តាប់ក្នុងទីចំពោះព្រះភក្ត្រ បានត្រងរង ក្នុងទីចំពោះព្រះភក្ត្រថា ម្នាលអានន្ទ ឥទ្ធិបាទទាំង៤ បើបុគ្គលណាមួយ បានចំរើនហើយ បានធ្វើរឿយៗហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើឲ្យជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធដោយល្អហើយ បុគ្គលនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង១អាយុកប្បក៏បាន ម្នាលអានន្ទ ឯឥទ្ធិបាទទាំង៤ តថាគត បានចំរើនហើយ បានធ្វើរឿយៗហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើឲ្យជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធដោយល្អហើយ ម្នាលអានន្ទ បើតថាគត ប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង១អាយុកប្បក៏បាន។ ម្នាលអានន្ទ អ្នកជឿឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជឿ។ ម្នាលអានន្ទ ហេតុដូច្នោះ នេះជាអំពើទាស់របស់អ្នកហើយ នេះជាកំហុសរបស់អ្នកហើយ ព្រោះតថាគត បានធ្វើនិមិត្តជាឱឡារិក បានធ្វើឱភាស ជាឱឡារិកយ៉ាងនេះហើយ អ្នកនៅតែមិនយល់សេចក្តីច្បាស់លាស់បាន មិនអារាធនាតថាគតថា សូមព្រះមានព្រះភាគ ឋិតនៅអស់១អាយុកប្ប សូមព្រះសុគត ឋិតនៅអស់១អាយុកប្ប ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ដូច្នេះសោះ ម្នាលអានន្ទ បើអ្នកអារាធនាតថាគត តថាគត គប្បីឃាត់វាចារបស់អ្នក ត្រឹមតែពីរលើក តែដល់ទៅបីលើក តថាគតគប្បីទទួល ម្នាលអានន្ទ ព្រោះហេតុនោះ នេះជាអំពើទាស់របស់អ្នកហើយ នេះជាកំហុសរបស់អ្នកហើយ។
[១០៣] ម្នាលអានន្ទ សម័យមួយ តថាគតគង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះឯណោះ ម្នាលអានន្ទ ក្នុងទីនោះឯង តថាគតបានពោលនឹងអ្នកថា ម្នាលអានន្ទ ក្រុងរាជគ្រឹះ ជាទីគួរត្រេកអរ ភ្នំគិជ្ឈកូដ ជាទីគួរត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង៤ បើបុគ្គលណាមួយ បានចំរើនហើយ បានធ្វើរឿយៗហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើឲ្យជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធដោយល្អហើយ បុគ្គលនោះ កាលបើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង១អាយុកប្បក៏បាន។ ម្នាលអានន្ទ ឯឥទ្ធិបាទទាំង៤ តថាគតបានចំរើនហើយ បានធ្វើរឿយៗហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើឲ្យជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធដោយល្អហើយ ម្នាលអានន្ទ កាលបើតថាគតនោះ ប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង១អាយុកប្បក៏បាន ម្នាលអានន្ទ កាលបើតថាគត បានធ្វើនិមិត្តជាឱឡារិក ធ្វើឱភាស ជាឱឡារិក យ៉ាងនេះហើយ អ្នកនៅតែមិនយល់សេចក្តីច្បាស់លាស់បាន មិនអារាធនាតថាគតថា សូមព្រះមានព្រះភាគ ឋិតនៅអស់១អាយុកប្ប សូមព្រះសុគត ឋិតនៅអស់១អាយុកប្ប ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលអានន្ទ បើអ្នកអារាធនាតថាគត តថាគតគប្បីឃាត់វាចារបស់អ្នក ត្រឹមតែពីរលើក តែដល់បីលើក តថាគតគប្បីទទួល ម្នាលអានន្ទ ព្រោះហេតុដូច្នោះ នេះជាអំពើទាស់របស់អ្នកហើយ នេះជាកំហុសរបស់អ្នកហើយ។
[១០៤] ម្នាលអានន្ទ សម័យមួយ តថាគតនៅក្នុងគោតមនិគ្រោធ ជិតក្រុងរាជគ្រឹះនោះឯង។បេ។ តថាគតនៅជិតជ្រោះ ជាទីទម្លាក់នូវចោរ ទៀបក្រុងរាជគ្រឹះនោះឯង។ តថាគត នៅក្នុងសត្តបណ្ណគុហា (គុហាដែលសន្មតដោយដើមសត្បណ្ណព្រឹក្ស) ខាងភ្នំវេភារៈ ជិតក្រុងរាជគ្រឹះនោះឯង។ តថាគតនៅក្នុងកាឡសិលា (ថ្មខ្មៅ) ខាងភ្នំឥសិគិលិ ទៀបក្រុងរាជគ្រឹះនោះឯង។ តថាគតនៅក្នុងសប្បសោណ្ឌិកបព្ភារៈ (ញកមានត្រពាំងទឹក ជាទីនៅនៃពស់) ក្នុងសីតវ័ន (ព្រៃត្រជាក់) ទៀបក្រុងរាជគ្រឹះនោះឯង។ តថាគតនៅក្នុងតបោទារាម (អារាមជិតស្ទឹងឈ្មោះតបោទា) ជិតក្រុងរាជគ្រឹះនោះឯង។ តថាគតនៅក្នុងវេឡុវនកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះនោះឯង។ តថាគត នៅក្នុងជីវកម្ពវ័ន ជិតក្រុងរាជគ្រឹះនោះឯង។ តថាគត នៅក្នុងមទ្ទកុច្ឆិមិគទាយវ័ន ជិតក្រុងរាជគ្រឹះនោះឯង។ ម្នាលអានន្ទ តថាគតនៅក្នុងទីអម្បាលនោះ បានប្រាប់អ្នកថា ម្នាលអានន្ទ ក្រុងរាជគ្រឹះ ជាទីគួរត្រេកអរ ភ្នំគិជ្ឈកូដ ជាទីគួរត្រេកអរ គោតមនិគ្រោធ ជាទីគួរត្រេកអរ ជ្រោះសម្រាប់ទម្លាក់នូវចោរ ជាទីគួរត្រេកអរ សត្តបណ្ណគុហា ខាងភ្នំវេភារៈ ជាទីគួរត្រេកអរ កាឡសិលាខាងភ្នំឥសិគិលិ ជាទីគួរត្រេកអរ សប្បសោណ្ឌិកបព្ភារៈ ក្នុងសីតវ័ន ជាទីគួរត្រេកអរ តបោទារាម ជាទីគួរត្រេកអរ វេឡុវនកលន្ទកនិវាបស្ថាន ជាទីគួរត្រេកអរ ជីវកម្ពវ័ន ជាទីគួរត្រេកអរ មទ្ទកុច្ឆិមិគទាយវ័ន ជាទីគួរត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង៤ បើបុគ្គលណាមួយ បានចំរើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើឲ្យជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធដោយល្អហើយ បុគ្គលនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង១អាយុកប្បក៏បាន។ ម្នាលអានន្ទ ឯឥទ្ធិបាទទាំង៤ តថាគតបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើឲ្យជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធដោយល្អហើយ ម្នាលអានន្ទ បើតថាគត ប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង១អាយុកប្បក៏បាន ម្នាលអានន្ទ កាលបើតថាគត ធ្វើនិមិត្តជាឱឡារិក ធ្វើឱភាស ជាឱឡារិក យ៉ាងនេះហើយ អ្នកនៅតែមិនអាចនឹងយល់សេចក្តីច្បាស់លាស់បាន មិនអារាធនាតថាគតថា សូមព្រះមានព្រះភាគ ទ្រង់ឋិតនៅអស់១អាយុកប្ប សូមព្រះសុគត ឋិតនៅអស់១អាយុកប្ប ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ដូច្នេះសោះ ម្នាលអានន្ទ បើអ្នកអារាធនាតថាគត តថាគត គប្បីឃាត់ពាក្យរបស់អ្នក ត្រឹមតែពីរដងប៉ុណ្ណោះ គង់នឹងទទួលអារាធនា ក្នុងវារៈជាគំរប់៣ដងមិនខាន ម្នាលអានន្ទ ព្រោះហេតុដូច្នោះ នេះជាអំពើទាស់ របស់អ្នកហើយ នេះជាកំហុសរបស់អ្នកហើយ។
[១០៥] ម្នាលអានន្ទ សម័យមួយ តថាគតនៅក្នុងឧទេនចេតិយ ទៀបក្រុងវេសាលីនេះឯង។ កាលតថាគត នៅក្នុងឧទេនចេតិយនោះ បានប្រាប់អ្នកថា ម្នាលអានន្ទ ក្រុងវេសាលី ជាទីគួរត្រេកអរ ឧទេនចេតិយ ជាទីគួរត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង៤ បើបុគ្គលណាមួយ បានចំរើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើឲ្យជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធដោយល្អហើយ បុគ្គលនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង១អាយុកប្បក៏បាន។ ម្នាលអានន្ទ ឯឥទ្ធិបាទទាំង៤ តថាគតបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើឲ្យជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធដោយល្អហើយ ម្នាលអានន្ទ បើតថាគតប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង១អាយុកប្បក៏បាន ម្នាលអានន្ទ កាលបើតថាគត ធ្វើនិមិត្តជាឱឡារិក ធ្វើឱភាស ជាឱឡារិក យ៉ាងនេះហើយ អ្នកនៅតែមិនអាចនឹងយល់សេចក្តីច្បាស់លាស់បានឡើយ មិនអារាធនាតថាគតថា សូមព្រះមានព្រះភាគ ទ្រង់ឋិតនៅអស់១អាយុកប្ប សូមព្រះសុគត ទ្រង់ឋិតនៅអស់១អាយុកប្ប ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយដូច្នេះសោះ ម្នាលអានន្ទ បើអ្នកអារាធនាតថាគត តថាគតគប្បីឃាត់ពាក្យរបស់អ្នក ត្រឹមតែពីរដងប៉ុណ្ណោះ គង់នឹងទទួលអារាធនា ក្នុងវារៈជាគំរប់៣ដងមិនខាន ម្នាលអានន្ទ ព្រោះហេតុដូច្នោះ នេះជាអំពើទាស់របស់អ្នកហើយ នេះជាកំហុសរបស់អ្នកហើយ។
[១០៦] ម្នាលអានន្ទ សម័យមួយ តថាគតនៅក្នុងគោតមកចេតិយ ជិតក្រុងវេសាលីនេះឯង។បេ។ តថាគត នៅក្នុងសត្តម្ពចេតិយ ជិតក្រុងវេសាលីនេះឯង។ តថាគតនៅក្នុងពហុបុត្តចេតិយ ជិតក្រុងវេសាលីនេះឯង។ តថាគតនៅក្នុងសារន្ទទចេតិយ ជិតក្រុងវេសាលីនេះឯង។ ម្នាលអានន្ទ ក្នុងកាលឥឡូវនេះ តថាគតនៅក្នុងបាវាលចេតិយ ក្នុងថ្ងៃនេះ បានប្រាប់អ្នកថា ម្នាលអានន្ទ ក្រុងវេសាលី ជាទីគួរត្រេកអរ ឧទេនចេតិយ ជាទីគួរត្រេកអរ គោតមកចេតិយ ជាទីគួរត្រេកអរ សត្តម្ពចេតិយ ជាទីគួរត្រេកអរ ពហុបុត្តចេតិយ ជាទីគួរត្រេកអរ សារន្ទទចេតិយ ជាទីគួរត្រេកអរ បាវាលចេតិយ ជាទីគួរត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង៤ បើបុគ្គលណាមួយ បានចំរើនហើយ បានធ្វើច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើឲ្យជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធដោយល្អហើយ បុគ្គលនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង១អាយុកប្បក៏បាន។ ម្នាលអានន្ទ ឯឥទ្ធិបាទទាំង៤ តថាគតបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើឲ្យជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធដោយល្អហើយ ម្នាលអានន្ទ បើតថាគត ប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង១អាយុកប្បក៏បាន ម្នាលអានន្ទ កាលបើតថាគត ធ្វើនិមិត្តជាឱឡារិក ធ្វើឱភាស ជាឱឡារិក យ៉ាងនេះហើយ ក៏អ្នកនៅតែមិនអាចនឹងយល់សេចក្តីច្បាស់លាស់បាន មិនអារាធនាតថាគតថា សូមព្រះមានព្រះភាគ ទ្រង់ឋិតនៅអស់១អាយុកប្ប សូមព្រះសុគត ទ្រង់ឋិតនៅអស់១អាយុកប្ប ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ដូច្នេះសោះ ម្នាលអានន្ទ បើអ្នកអារាធនាតថាគត តថាគត គប្បីឃាត់ពាក្យរបស់អ្នក ត្រឹមតែពីរដងប៉ុណ្ណោះ គង់នឹងទទួលអារាធនា ក្នុងវារៈជាគំរប់៣ដងមិនខាន ម្នាលអានន្ទ ព្រោះហេតុដូច្នោះ នេះជាអំពើទាស់របស់អ្នកហើយ នេះជាកំហុសរបស់អ្នកហើយ ម្នាលអានន្ទ តថាគតប្រាប់អ្នកជាមុនហើយ យ៉ាងនេះថា សេចក្តីព្រាត់ប្រាស សេចក្តីវិនាស សេចក្តីប្រែប្រួលចាកសត្វ និងសង្ខារជាទីស្រឡាញ់ ជាទីពេញចិត្តទាំងអស់ តែងមានជាធម្មតា ម្នាលអានន្ទ ព្រោះហេតុនោះ បុគ្គលគប្បីបាននូវសេចក្តីទៀងទាត់ មិនព្រាត់ប្រាស ក្នុងខន្ធប្រវត្តិនេះអំពីទីណា ធម្មជាតណា កើតឡើងហើយ មានហើយ សង្ខារតាក់តែងហើយ តែងមានសេចក្តីវិនាសទៅជាធម្មតា ធម្មជាតនោះឯង បុគ្គលនឹងពោលឃាត់ថា កុំវិនាសដូច្នេះ (ដោយហេតុណា) ហេតុនុ៎ះមិនមានឡើយ។ ម្នាលអានន្ទ មួយទៀត ធម្មជាតណា ដែលតថាគតទាត់ចោលហើយ ខ្ជាក់ចោលហើយ ជម្រុះចោលហើយ លះបង់ចោលហើយ បន្សាត់ចោលហើយ អាយុសង្ខារតថាគតដាក់ចុះហើយ វាចាតថាគតពោលដោយពិតថា បរិនិព្វាននៃតថាគតមិនយូរឡើយ កន្លង៣ខែ អំពីថ្ងៃនេះទៅ តថាគតនឹងបរិនិព្វានហើយ តថាគត នឹងត្រឡប់មកកាន់ធម្មជាតនោះវិញទៀត ព្រោះហេតុនៃជីវិតប៉ុណ្ណោះ (ដោយហេតុណា) ហេតុនុ៎ះមិនមានឡើយ ម្នាលអានន្ទ មក យើងនឹងទៅកាន់កូដាគារសាលា នាព្រៃមហាវ័ន។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ លំដាប់នោះ ព្រះមានព្រះភាគ ក៏ស្តេចចូលទៅកាន់កូដាគារសាលា នាព្រៃមហាវ័ន មួយអន្លើដោយព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ទ្រង់ត្រាស់នឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូរទៅឲ្យពួកភិក្ខុទាំងប៉ុន្មាន ដែលអាស្រ័យនៅ ក្នុងក្រុងវេសាលី ទាំងអស់នោះ មកជួបជុំក្នុងឧបដ្ឋានសាលា។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ឲ្យពួកភិក្ខុទាំងប៉ុន្មាន ដែលអាស្រ័យនៅ ក្នុងក្រុងវេសាលីទាំងអស់នោះ មកជួបជុំក្នុងឧបដ្ឋានសាលា ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃប្រជុំគ្នាហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គ ទ្រង់ជ្រាបនូវកាលគួរ ក្នុងកាលឥឡូវនេះ។
[១០៧] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្តេចចូលទៅកាន់ឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ក៏ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់ស្រេចហើយ បានត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ សាសនព្រហ្មចរិយនេះ គប្បីតាំងនៅអស់កាលអង្វែង គប្បីតម្កល់នៅអស់កាលដ៏យូរ មួយទៀត សាសនព្រហ្មចរិយៈនោះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ដោយប្រការណា ធម៌ទាំងឡាយណា ដែលតថាគតសម្តែងហើយដោយបញ្ញាដ៏ឧត្តម ធម៌ទាំងឡាយនោះ អ្នកទាំងឡាយ គប្បីរៀនដោយប្រពៃ ហើយសេព ចម្រើន ធ្វើរឿយៗ ដោយប្រការដូច្នោះ។ ម្នាលភិក្ខុទាំងឡាយ សាសនព្រហ្មចរិយៈនេះ គប្បីតាំងនៅអស់កាលអង្វែង គប្បីតម្កល់នៅអស់កាលដ៏យូរ មួយទៀត សាសនព្រហ្មចរិយៈនោះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ដោយប្រការណា ធម៌ទាំងឡាយណា ដែលតថាគតសម្តែងហើយ ដោយបញ្ញាដ៏ឧត្តម អ្នកទាំងឡាយ គប្បីរៀនដោយប្រពៃ ហើយសេព ចម្រើន ធ្វើឲ្យរឿយៗ ដោយប្រការដូច្នោះ ធម៌ទាំងឡាយនោះ តើដូចម្តេច។ អ្វីខ្លះ។ គឺសតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពលៈ៥ ពោជ្ឈង្គ៧ អរិយមគ្គ ប្រកបដោយអង្គ៨។ ម្នាលភិក្ខុទាំងឡាយ សាសនព្រហ្មចរិយៈនេះ គប្បីតាំងនៅអស់កាលអង្វែង គប្បីតម្កល់នៅអស់កាលដ៏យូរ មួយទៀត សាសនព្រហ្មចរិយៈនោះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ដោយប្រការណា ធម៌ទាំងឡាយណា ដែលតថាគតសម្តែងហើយ ដោយបញ្ញាដ៏ឧត្តម អ្នកទាំងឡាយ គប្បីរៀនដោយប្រពៃ ហើយសេព ចម្រើន ធ្វើឲ្យរឿយៗ ដោយប្រការដូច្នោះ ធម៌ទាំងឡាយនោះ យ៉ាងនេះឯង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគតនឹងដាស់តឿនអ្នកទាំងឡាយ សង្ខារទាំងឡាយ មានសេចក្តីវិនាសទៅជាធម្មតា អ្នកទាំងឡាយ ចូរញ៉ាំងកិច្ចទាំងពួងឲ្យសម្រេច ដោយសេចក្តីមិនប្រមាទចុះ បរិនិព្វាន នឹងមានដល់តថាគត មិនយូរឡើយ កន្លង៣ខែ អំពីថ្ងៃនេះទៅ តថាគត នឹងបរិនិព្វានហើយ។ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលដូច្នេះហើយ ព្រះសុគត ជាសាស្តា លុះទ្រង់មានព្រះបន្ទូលដូច្នេះហើយ ក៏ទ្រង់មានព្រះបន្ទូល ដូច្នេះ តទៅទៀតថា
[១០៨] ពួកជនណាៗ ទោះបីក្មេងក្តី ចាស់ក្តី ពាលក្តី បណ្ឌិតក្តី អ្នកមានក្តី អ្នកក្រក្តី ជនទាំងអស់នោះ តែងមានសេចក្តីស្លាប់នៅពីខាងមុខ។ ភាជន៍ដី ដែលស្មូនឆ្នាំងធ្វើហើយ ទោះបីតូចក្តី ធំក្តី ឆ្អិនក្តី ឆៅក្តី ភាជន៍ទាំងអស់នោះ មានកិរិយាបែកធ្លាយជាទីបំផុត យ៉ាងណា ជីវិតរបស់សត្វទាំងឡាយ ក៏យ៉ាងនោះដែរ។
ព្រះសាស្តា ទ្រង់មានព្រះបន្ទូលដូច្នេះ តទៅទៀតថា
វ័យរបស់តថាគតចាស់ហើយ ជីវិតរបស់តថាគត មានប្រមាណតិច តថាគតនឹងលះបង់អ្នកទាំងឡាយ ហើយទៅ ឯទីពឹងចំពោះខ្លួន តថាគតបានធ្វើទុកហើយ។
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំប្រមាទ ត្រូវមានស្មារតី មានសីលល្អ មានតម្រិះតម្កល់នឹងល្អ ចូររក្សាចិត្តរបស់ខ្លួនឲ្យរឿយៗចុះ។ ភិក្ខុណាមិនប្រមាទ ហើយនៅក្នុងធម្មវិន័យនេះ (ភិក្ខុនោះ) នឹងលះបង់ជាតិសង្សារ ហើយធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃកងទុក្ខបានមិនខាន។
ចប់ ពុទ្ធភាណវារៈទី៣។
ពុទ្ធភាណវារៈ ទី៤
[១០៩] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់បាត្រ និងចីវរក្នុងបុព្វណ្ហសម័យ ទ្រង់ពុទ្ធដំណើរចូលទៅបិណ្ឌបាត ក្នុងក្រុងវេសាលី លុះស្តេចទៅបិណ្ឌបាត ក្នុងក្រុងវេសាលីហើយ ទ្រង់ត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ទ្រង់ងាកក្រឡេកមើលនូវក្រុងវេសាលី ដូចជាដំរីដែលក្រឡេកបែរមើល (នូវទីខាងក្រោយ) ហើយត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ តថាគត ឃើញក្រុងវេសាលីម្តងនេះ ជាបច្ឆិមទស្សនៈ (ការឃើញទីបំផុត) ម្នាលអានន្ទ មកយើងនឹងទៅកាន់ភណ្ឌគ្រាម។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅដល់ភណ្ឌគ្រាម ព្រមដោយភិក្ខុសង្ឃជាច្រើន។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់ក្នុងភណ្ឌគ្រាមនោះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ បានត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ (ក្នុងសង្សារវដ្ត) អស់កាលជាយូរអង្វែងយ៉ាងនេះ ព្រោះតែមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវធម៌ទាំង៤យ៉ាង។ ធម៌ទាំង៤យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាលជាយូរអង្វែងយ៉ាងនេះ ព្រោះតែមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវអរិយសីល។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាលជាយូរអង្វែងយ៉ាងនេះ ព្រោះតែមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវអរិយសមាធិ។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាលជាយូរអង្វែងយ៉ាងនេះ ព្រោះតែមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវអរិយបញ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាលជាយូរអង្វែងយ៉ាងនេះ ព្រោះតែមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវអរិយវិមុត្តិ។ ម្នាលភិក្ខុទាំងឡាយ អរិយសីលនោះឯង ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ អរិយសមាធិ ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ អរិយបញ្ញា ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ អរិយវិមុត្តិ ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ ភវតណ្ហា គឺសេចក្តីប្រាថ្នាក្នុងភព ក៏សូន្យទៅ ខ្សែ គឺតណ្ហា ដែលអាចនាំសត្វអំពីភពមួយ ទៅភពមួយ ក៏អស់ទៅ ភពថ្មីទៀត ក៏មិនមានក្នុងកាលឥឡូវនេះឡើយ។ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលដូច្នេះហើយ ព្រះសុគត ជាសាស្តា លុះទ្រង់មានព្រះបន្ទូលដូច្នេះហើយ ក៏ទ្រង់ត្រាស់ដូច្នេះតទៅទៀតថា
[១១០] ធម៌ទាំងនេះ គឺសីល សមាធិ បញ្ញា និងវិមុត្តិ ដ៏ប្រសើរ ព្រះគោតម ព្រះអង្គមានយស បានត្រាស់ដឹងហើយ ព្រះពុទ្ធទ្រង់ត្រាស់ដឹងយ៉ាងនេះហើយ ទើបសំដែងធម៌ប្រាប់ចំពោះភិក្ខុទាំងឡាយ ព្រះសាស្តាមានចក្ខុ ទ្រង់ធ្វើនូវព្រះនិព្វាន ជាទីបំផុត នៃកងទុក្ខ ទ្រង់បរិនិព្វានហើយ។
[១១១] បានឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភណ្ឌគ្រាមនោះ ទ្រង់ធ្វើធម្មីកថាជាច្រើន ចំពោះភិក្ខុទាំងឡាយយ៉ាងនេះថា សីលដូច្នេះ សមាធិដូច្នេះ បញ្ញាដូច្នេះ សមាធិដែលអប់រំដោយសីលហើយ រមែងមានផលច្រើន មានអានិសង្សច្រើន បញ្ញា ដែលអប់រំដោយសមាធិហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ចិត្តដែលអប់រំដោយបញ្ញាហើយ រមែងរួចស្រឡះដោយប្រពៃ ចាកអាសវៈទាំងឡាយ គឺកាមាសវៈ ភវាសវៈ អវិជ្ជាសវៈ។
[១១២] គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភណ្ឌគ្រាម តាមសមគួរ ដល់ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ត្រាស់ហៅព្រះអានន្ទមានអាយុមកថា ម្នាលអានន្ទ មក យើងនឹងទៅកាន់ហត្ថិគ្រាម អម្ពគ្រាម ជម្ពុគ្រាម និងភោគនគរ។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅដល់ភោគនគរ ព្រមដោយភិក្ខុសង្ឃជាច្រើនអង្គ។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអានន្ទចេតិយ ជិតភោគនគរនោះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងមហាប្រទេសទាំង៤នេះ អ្នកទាំងឡាយ ចូរស្តាប់ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា
[១១៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ពាក្យនុ៎ះ ខ្ញុំបានស្តាប់ បានទទួលចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់ភាសិតរបស់ភិក្ខុនោះឡើយ។ លុះអ្នកទាំងឡាយ មិនទាន់ត្រេកអរ មិនទាន់ឃាត់ហើយ ត្រូវរៀននូវបទ និងព្យញ្ជនៈទាំងនោះឲ្យចាំល្អ ហើយស្ទាបស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើលក្នុងព្រះវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទាបស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើលក្នុងព្រះវិន័យទៅហើយ មិនប្រជុំចុះ គឺមិនមានក្នុងព្រះសូត្រផង មិនប្រាកដក្នុងព្រះវិន័យផងទេ។ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្តក្នុងពាក្យនេះថា នេះមិនមែនជាព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគនោះទេ ជាពាក្យដែលភិក្ខុនេះ រៀនខុសដោយពិត ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ ត្រូវចោលពាក្យនុ៎ះចេញ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទាបស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើលក្នុងព្រះវិន័យទៅហើយ ក៏ប្រជុំចុះ ក្នុងព្រះសូត្រផង ប្រាកដក្នុងព្រះវិន័យផង។ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្តក្នុងពាក្យនេះថា នេះជាព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគនោះ ដែលភិក្ខុនេះ រៀនត្រូវល្អហើយដោយពិត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុកនូវមហាប្រទេសជាបឋមនេះចុះ។
[១១៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ព្រះសង្ឃនៅក្នុងអាវាសឯណោះ មានទាំងភិក្ខុជាថេរៈ មានទាំងភិក្ខុជាប្រធាន ខ្ញុំបានស្តាប់ បានទទួលចំពោះមុខព្រះសង្ឃនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់នូវភាសិតរបស់ភិក្ខុនោះឡើយ។ លុះអ្នកទាំងឡាយ មិនទាន់ត្រេកអរ មិនទាន់ឃាត់ហើយ ត្រូវរៀននូវបទ និងព្យញ្ជនៈទាំងនោះឲ្យចាំល្អ ហើយស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើលក្នុងព្រះវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើលក្នុងព្រះវិន័យទៅហើយ មិនប្រជុំចុះក្នុងព្រះសូត្រផង មិនប្រាកដក្នុងព្រះវិន័យផងទេ។ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្តក្នុងពាក្យនេះថា នេះមិនមែនជាព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគទេ ជាពាក្យដែលភិក្ខុសង្ឃនោះ រៀនខុសដោយពិត ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីចោលពាក្យនុ៎ះចេញ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើលក្នុងព្រះវិន័យទៅហើយ ក៏ប្រជុំចុះ ក្នុងព្រះសូត្រផង ប្រាកដក្នុងព្រះវិន័យផង។ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្តក្នុងពាក្យនេះថា នេះជាព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគនោះ ដែលព្រះសង្ឃនោះ រៀនត្រូវល្អហើយដោយពិត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុកនូវមហាប្រទេសជាគំរប់ពីរនេះចុះ។
[១១៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ភិក្ខុជាថេរៈច្រើនអង្គ នៅក្នុងអាវាសឯណោះ សុទ្ធតែជាពហុស្សូត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ខ្ញុំបានស្តាប់ បានទទួលចំពោះមុខព្រះថេរៈទាំងនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរនឹងភាសិតរបស់ភិក្ខុនោះឡើយ។បេ។ បទ និងព្យញ្ជនៈ មិនប្រាកដក្នុងព្រះវិន័យ។ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្តក្នុងពាក្យនេះថា នេះមិនមែនជាព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគនោះទេ ជាពាក្យដែលព្រះថេរៈទាំងនោះ រៀនខុសដោយពិត ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ ត្រូវចោលពាក្យនុ៎ះចេញ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងព្រះសូត្រ។បេ។ ប្រាកដក្នុងព្រះវិន័យ។ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្តក្នុងពាក្យនេះថា នេះជាព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគនោះ ដែលព្រះថេរៈទាំងនោះ រៀនត្រូវល្អហើយដោយពិត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុកនូវមហាបទេសជាគំរប់៣នេះចុះ។
[១១៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ភិក្ខុជាថេរៈ នៅក្នុងអាវាសឯណោះ ជាពហុស្សូត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ខ្ញុំបានស្តាប់ បានទទួលចំពោះមុខព្រះថេរៈអង្គនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់នូវភាសិតរបស់ភិក្ខុនោះឡើយ។ លុះអ្នកទាំងឡាយ មិនទាន់ត្រេកអរ មិនទាន់ឃាត់ហើយ គប្បីរៀននូវបទ និងព្យញ្ជនៈទាំងនោះឲ្យចាំល្អ ហើយស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើលក្នុងព្រះវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើលក្នុងព្រះវិន័យទៅហើយ មិនប្រជុំចុះក្នុងព្រះសូត្រផង មិនប្រាកដក្នុងព្រះវិន័យផងទេ។ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្តក្នុងពាក្យនេះ។បេ។ ថា នេះជាព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគនោះ ដែលព្រះថេរៈនោះ រៀនត្រូវល្អហើយដោយពិត ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីចាំទុកនូវមហាបទេសជាគំរប់៤នេះចុះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុកនូវមហាបទេសទាំង៤នេះឯង។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអានន្ទចេតិយ ជិតភោគនគរនោះឯង ទ្រង់ធ្វើធម្មីកថាជាច្រើន ដល់ភិក្ខុទាំងឡាយយ៉ាងនេះថា សីលដូច្នេះ សមាធិដូច្នេះ បញ្ញាដូច្នេះ សមាធិដែលអប់រំដោយសីលហើយ រមែងមានផលច្រើន មានអានិសង្សច្រើន បញ្ញា ដែលអប់រំដោយសមាធិហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ចិត្តដែលអប់រំដោយបញ្ញាហើយ រមែងរួចស្រឡះដោយប្រពៃ ចាកអាសវៈទាំងឡាយ គឺកាមាសវៈ ភវាសវៈ អវិជ្ជាសវៈ។
[១១៧] គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភោគនគរ តាមសមគួរដល់ពុទ្ធអធ្យាស្រ័យ ហើយត្រាស់ហៅព្រះអានន្ទមានអាយុមកថា ម្នាលអានន្ទ មក យើងនឹងទៅកាន់ក្រុងបាវា។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅដល់ក្រុងបាវា ព្រមដោយភិក្ខុសង្ឃជាច្រើន។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអម្ពវ័ន (ព្រៃស្វាយ) របស់នាយចុន្ទកម្មារបុត្ត (កូនជាងមាស) ទៀបក្រុងបាវានោះ។ នាយចុន្ទកម្មារបុត្ត បានឮដំណឹងថា ព្រះមានព្រះភាគ ស្តេចមកដល់ក្រុងបាវា ឥឡូវនេះ ទ្រង់គង់នៅក្នុងអម្ពវ័នរបស់អាត្មាអញ ទៀបក្រុងបាវា។ គ្រានោះ នាយចុន្ទកម្មារបុត្ត ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះនាយចុន្ទកម្មារបុត្ត អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់នោះ នាយចុន្ទកម្មារបុត្ត កាលដែលព្រះមានព្រះភាគ ទ្រង់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ មួយអន្លើដោយភិក្ខុសង្ឃ ទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ក៏ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាព។ លុះនាយចុន្ទកម្មារបុត្ត បានដឹងច្បាស់ថា ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ក្រោកចាកទីអង្គុយ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចេញទៅ។ លុះកន្លងរាត្រីនោះទៅហើយ ទើបនាយចុន្ទកម្មារបុត្ត ក៏ឲ្យគេចាត់ចែងខាទនីយ ភោជនីយាហារ មានរសដ៏ពីសា ព្រមទាំងសូករមទ្ទវៈ26) ដ៏ច្រើន ក្នុងផ្ទះរបស់ខ្លួន ហើយឲ្យគេទៅក្រាបទូលភត្តកាល ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលគួរហើយ ភត្តសម្រេចហើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយស្តេចចូលទៅកាន់លំនៅរបស់នាយចុន្ទកម្មារបុត្ត ព្រមដោយភិក្ខុសង្ឃ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់រួចហើយ ក៏ត្រាស់នឹងនាយចុន្ទកម្មារបុត្តថា ម្នាលនាយចុន្ទ សូករមទ្ទវៈណា ដែលអ្នកតាក់តែងហើយ ចូរអ្នកអង្គាសតថាគតដោយសូករមទ្ទវៈនោះចុះ ឯខាទនីយភោជនីយាហារដទៃណា ដែលអ្នកតាក់តែងហើយ ចូរអ្នកអង្គាសភិក្ខុសង្ឃ ដោយខាទនីយភោជនីយាហារនោះចុះ។ នាយចុន្ទកម្មារបុត្ត ទទួលព្រះបន្ទូលព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយក៏អង្គាសព្រះមានព្រះភាគ ដោយសូករមទ្ទវៈ ដែលខ្លួនតាក់តែងហើយ អង្គាសភិក្ខុសង្ឃដោយខាទនីយភោជនីយាហារដទៃ ដែលខ្លួនតាក់តែងហើយ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងនាយចុន្ទកម្មារបុត្តថា ម្នាលនាយចុន្ទ សូករមទ្ទវៈណារបស់អ្នក ដែលនៅសល់ អ្នកចូរកប់នូវសូករមទ្ទវៈនោះ ក្នុងរណ្តៅទៅ ម្នាលនាយចុន្ទ ក្នុងលោក (នេះ) ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនឃើញបុគ្គលណាមួយ ដែលបរិភោគនូវសូករមទ្ទវៈនោះហើយ សូករមទ្ទវៈនោះ គប្បីដល់នូវកិរិយារលួយទៅដោយល្អឡើយ វៀរលែងតែតថាគតចេញ។ នាយចុន្ទកម្មារបុត្ត ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏កប់នូវសូករមទ្ទវៈ ដែលនៅសល់នោះក្នុងរណ្តៅ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះនាយចុន្ទកម្មារបុត្ត អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ហើយក៏ក្រោកចាកអាសនៈ ស្តេចចេញទៅ។ លុះព្រះមានព្រះភាគ ទ្រង់ឆាន់ភត្តរបស់នាយចុន្ទកម្មារបុត្តរួចហើយ ព្រះអាពាធ ដ៏ខ្លាំងក៏កើតឡើង វេទនាដ៏ក្លៀវក្លា កើតអំពីលោហិតប្បក្ខន្ទិកាពាធ (អាពាធចុះព្រះលោហិត) ជិតនឹងដល់នូវមរណៈ ក៏ប្រព្រឹត្តទៅ។ បានឮថា ព្រះមានព្រះភាគ មានព្រះសតិ និងសម្បជញ្ញៈមិនបានលំបាក ទ្រង់អត់សង្កត់នូវវេទនានោះបាន។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា ម្នាលអានន្ទ មក យើងនឹងទៅកាន់ក្រុងកុសិនារា។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[១១៨] ខ្ញុំបានឮថា ព្រះពុទ្ធជាអ្នកប្រាជ្ញ ទ្រង់សោយភត្តរបស់នាយចុន្ទកម្មារបុត្ត ហើយមានព្រះអាពាធជាទម្ងន់ ជិតនឹងមរណៈ។ ព្យាធិដ៏ក្លា កើតដល់ព្រះសាស្តា ដែលសោយភត្ត ដោយសូករមទ្ទវៈ ព្រះមានព្រះភាគ ទ្រង់មានអាពាធ ចុះព្រះលោហិតរឿយៗ ទើបមានព្រះពុទ្ធតម្រាស់ថា តថាគត នឹងទៅកាន់ក្រុងកុសិនារា។
(គាថាទាំងនេះ ព្រះសង្គីតិកាចារ្យទាំងឡាយ សំដែងហើយ ក្នុងកាលធ្វើសង្គីតិ)។
[១១៩] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចៀសចេញអំពីផ្លូវ ហើយទ្រង់ចូលទៅកាន់ម្លប់ឈើ១ លុះចូលទៅដល់ហើយ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ ចូរអ្នកក្រាលសង្ឃាដិ មានជាន់៤ ឲ្យតថាគតដោយឆាប់ ម្នាលអានន្ទ តថាគតល្ហិតល្ហៃណាស់ តថាគតអង្គុយសិន។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ក្រាលសង្ឃាដិ មានជាន់៤ថ្វាយ។ ព្រះមានព្រះភាគ ទ្រង់គង់លើអាសនៈ ដែលព្រះអានន្ទក្រាលថ្វាយ។ លុះព្រះមានព្រះភាគ គង់រួចហើយ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ ចូរអ្នកទៅដងទឹកមកឲ្យតថាគតដោយឆាប់ ម្នាលអានន្ទ តថាគតស្រេកទឹកណាស់ តថាគតនឹងឆាន់ទឹកបន្តិច។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អម្បាញ់មិញនេះ រទេះចំនួន៥០០ គេបរឆ្លងទៅហើយ ទឹកនោះតិច កង់រទេះក៏កិន ល្អក់វឹកវរ ហូរមក បពិត្រព្រះអង្គដ៏ចំរើន ស្ទឹងកកុធៈជិតនៅនេះ មានទឹកថ្លា មានទឹកមានរសជាតិស្រួល មានទឹកត្រជាក់ មានទឹករង មានកំពង់ក៏ស្រួល ជាទីគួរត្រេកអរ ក្នុងស្ទឹងនុ៎ះ ព្រះមានព្រះភាគ នឹងសោយទឹកក៏បាន នឹងស្រង់ព្រះកាយ ឲ្យត្រជាក់ស្រួលក៏បាន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុ ជាគំរប់ពីរដងទៀតថា ម្នាលអានន្ទ ចូរអ្នកទៅដងទឹកមកឲ្យតថាគតដោយឆាប់ ម្នាលអានន្ទ តថាគតស្រេកទឹកណាស់ តថាគតនឹងឆាន់ទឹកបន្តិច។ ព្រះអានន្ទមានអាយុ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ជាគំរប់ពីរដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន អម្បាញ់មិញនេះ រទេះចំនួន៥០០ គេបរឆ្លងទៅហើយ ទឹកនោះតិច កង់រទេះក៏កិន ល្អក់វឹកវរ ហូរមក បពិត្រព្រះអង្គដ៏ចំរើន ស្ទឹងកកុធៈជិតនៅនេះ មានទឹកថ្លា មានទឹកមានរសជាតិស្រួល មានទឹកត្រជាក់ មានទឹករង មានកំពង់ក៏ស្រួល ជាទីគួរត្រេកអរ ក្នុងស្ទឹងនុ៎ះ ព្រះមានព្រះភាគ នឹងសោយទឹកក៏បាន នឹងស្រង់ព្រះកាយ ឲ្យត្រជាក់ស្រួលក៏បាន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុ ជាគំរប់បីដងទៀតថា ម្នាលអានន្ទ ចូរអ្នកទៅដងទឹកមកឲ្យតថាគតដោយឆាប់ ម្នាលអានន្ទ តថាគតស្រេកទឹកណាស់ តថាគតនឹងឆាន់ទឹកបន្តិច។ ព្រះអានន្ទមានអាយុ ក៏ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏កាន់បាត្រ ដើរតម្រង់ទៅស្ទឹងនោះ។ លំដាប់នោះ ស្ទឹងតូច ដែលកង់កិន ល្អក់វឹកវរ ហូរមកនោះ កាលដែលព្រះអានន្ទមានអាយុ ចូលទៅដល់ហើយ ក៏ត្រឡប់ទៅជារងថ្លា មិនល្អក់ហូរមកវិញ។ ទើបព្រះអានន្ទមានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ឱហ្ន៎ ហេតុនេះជាអស្ចារ្យពេកណាស់ ឱហ្ន៎ ហេតុនេះចំឡែកពេកណាស់ ស្ទឹងតូចនេះឯង ដែលកង់កិន ល្អក់វឹកវរហូរមក កាលបើអាត្មាអញចូលមកដល់ ក៏ត្រឡប់ទៅជាទឹករងថ្លា ស្អាត មិនល្អក់ហូរមកវិញ ព្រោះព្រះតថាគតមានឫទ្ធិធំ មានអានុភាពធំ។ ព្រះអានន្ទ ក៏ដងទឹកដោយបាត្រ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះ ជាអស្ចារ្យពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះចំឡែកពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ស្ទឹងតូច ដែលកង់កិន ល្អក់វឹកវរ កំពុងហូរមកនោះ កាលដែលខ្ញុំព្រះអង្គចូលទៅដល់ហើយ ក៏ត្រឡប់ទៅជាទឹករងថ្លា ស្អាត មិនល្អក់ហូរមកវិញ ព្រោះព្រះអង្គមានឫទ្ធិធំ មានអានុភាពធំ សូមព្រះមានព្រះភាគ ទ្រង់សោយព្រះសុទ្ធរស សូមព្រះសុគត ទ្រង់សោយព្រះសុទ្ធរស។ លំដាប់នោះ ព្រះមានព្រះភាគ ក៏ទ្រង់សោយព្រះសុទ្ធរស។
[១២០] សម័យនោះឯង មល្លបុត្ត (ព្រះរាជបុត្តនៃមល្លក្សត្រិយ៍) ព្រះនាមបុក្កុសៈ ជាសាវ័ករបស់អាឡារតាបស កាលាមគោត្ត ចេញអំពីក្រុងកុសិនារា ដើរទៅតាមផ្លូវឆ្ងាយ សំដៅទៅកាន់ក្រុងបាវា។ បុក្កុសមល្លបុត្ត បានឃើញព្រះមានព្រះភាគ គង់ក្រោមម្លប់ឈើ១ លុះឃើញហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីសមគួរ។ បុក្កុសមល្លបុត្ត លុះគង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះ អស្ចារ្យពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះ ចំឡែកពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ពួកបព្វជិតតែងនៅដោយវិហារធម៌ ដ៏ស្ងប់រម្ងាប់ បពិត្រព្រះអង្គដ៏ចំរើន មានរឿងពីដើមថា អាឡារតាបស កាលាមគោត្ត ដើរទៅកាន់ផ្លូវឆ្ងាយ ហើយចេញអំពីផ្លូវ ចូលទៅអង្គុយសម្រាក នៅក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើ១ នៅជិតផ្លូវ បពិត្រព្រះអង្គដ៏ចំរើន កាលនោះ មានរទេះចំនួន៥០០ កន្លងហួសទៅក្បែរៗ នឹងអាឡារតាបស កាលាមគោត្ត បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ មានបុរសម្នាក់ដើរមក តាមក្រោយពួករទេះនោះ ចូលសំដៅទៅរកអាឡារតាបស កាលាមគោត្ត លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងអាឡារតាបស កាលាមគោត្តថា បពិត្រតាបសដ៏ចំរើន លោកម្ចាស់បានឃើញរទេះចំនួន៥០០ កន្លងហួសទៅហើយដែរឬ (អាឡារតាបសឆ្លើយថា) ម្នាលអាវុសោ យើងមិនបានឃើញទេ (បុរសនោះសួរទៀតថា) បពិត្រតាបសដ៏ចំរើន ចុះលោកម្ចាស់បានឮសូរសម្លេងដែរឬ ម្នាលអាវុសោ យើងមិនបានឮសូរសម្លេងទេ បពិត្រតាបសដ៏ចំរើន ចុះលោកម្ចាស់សិងលក់ ឬអ្វី ម្នាលអាវុសោ យើងមិនបានដេកលក់ទេ បពិត្រតាបសដ៏ចំរើន ចុះលោកម្ចាស់មានសញ្ញាដែរឬ ម្នាលអាវុសោ អើ យើងមានសញ្ញាដែរ បពិត្រតាបសដ៏ចំរើន លោកម្ចាស់មានសញ្ញានៅភ្ញាក់រលឹក មិនបានឃើញរទេះចំនួន៥០០ កន្លងហួសទៅក្បែរៗខ្លួន ទាំងមិនបានឮសូរ បពិត្រលោកម្ចាស់ដ៏ចំរើន ចុះសង្ឃាដិរបស់លោកម្ចាស់ ប្រឡាក់ដោយធូលីដែរឬ ម្នាលអាវុសោ ប្រឡាក់ដែរ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ បុរសនោះ មានសេចក្តីត្រិះរិះដូច្នេះថា ឱហ្ន៎ ហេតុនេះ អស្ចារ្យពេកណាស់ ឱហ្ន៎ ហេតុនេះ ចំឡែកពេកណាស់ ពួកបព្វជិតតែងនៅដោយវិហារធម៌ដ៏ស្ងប់រម្ងាប់ ព្រោះថា តាបសមានសញ្ញា នៅភ្ញាក់រលឹក តែមិនបានឃើញរទេះចំនួន៥០០ កន្លងហួសទៅក្បែរៗខ្លួន។ ទាំងមិនបានឮសូរ ហើយបុរសនោះ ក៏កើតសេចក្តីជ្រះថ្លាក្រៃលែង ក្នុងអាឡារតាបស កាលាមគោត្ត ហើយចៀសចេញទៅ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលបុក្កុសៈ អ្នកសំគាល់ហេតុនោះដូចម្តេច បុគ្គលណាមួយ មានសញ្ញា នៅភ្ញាក់រលឹក មិនបានឃើញរទេះចំនួន៥០០ ដែលកន្លងហួសទៅក្បែរៗខ្លួន ទាំងមិនបានឮសូរ បុគ្គលណាមួយ មានសញ្ញា នៅភ្ញាក់រលឹក កាលដែលភ្លៀងកំពុងបង្អុរចុះ កាលដែលភ្លៀងកំពុងធ្វើសំឡេងឈូឆរ កាលដែលផ្លេកបន្ទោរកំពុងភ្លឺច្រវាត់ កាលដែលរន្ទះ27) កំពុងបាញ់ ក៏មិនបានឃើញ ទាំងមិនបានឮសូរ (បណ្តាហេតុរបស់បុគ្គលទាំងពីរនោះ) ហេតុណាហ្ន៎ ដែលធ្វើបានដោយកម្រ ឬដែលមានដោយកម្រជាងគេ។ បុក្កុសមល្លបុត្ត ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន រទេះ៥០០ក្តី រទេះ៦០០ក្តី រទេះ៧០០ក្តី រទេះ៨០០ក្តី រទេះ៩០០ក្តី រទេះ១០០០ក្តី។បេ។ រទេះ១សែនក្តី នឹងធ្វើប្រយោជន៍ដូចម្តេច បុគ្គលណាមួយ មានសញ្ញានៅភ្ញាក់រលឹក កាលដែលភ្លៀងកំពុងបង្អុរចុះ កាលដែលភ្លៀងកំពុងធ្វើសំឡេងឈូឆរ កាលដែលផ្លេកបន្ទោរកំពុងភ្លឺច្រវាត់ កាលដែលរន្ទះកំពុងបាញ់ ក៏មិនបានឃើញ ទាំងមិនបានឮសូរ ហេតុនេះឯងរបស់បុគ្គលនោះ ជាហេតុដែលធ្វើបានដោយកម្រផង ដែលមានដោយកម្រផង ដោយពិត។
[១២១] ម្នាលបុក្កុសៈ សម័យមួយ តថាគតនៅក្នុងរោងលានស្រូវ ទៀបក្រុងអាតុមាឯណោះ។ ក៏សម័យនោះឯង ភ្លៀងកំពុងបង្អុរចុះ ភ្លៀងកំពុងធ្វើសំឡេងឈូឆរ ផ្លេកបន្ទោរកំពុងភ្លឺច្រវាត់ រន្ទះកំពុងបាញ់ មានអ្នកស្រែជាបងប្អូននឹងគ្នាពីរនាក់ និងគោ៤ ត្រូវរន្ទះបាញ់ស្លាប់ ជិតរោងលានស្រូវ។ ម្នាលបុក្កុសៈ កាលនោះឯង ពួកមហាជនចេញចាកស្រុកអាតុមា ចូលទៅកាន់ទី នៃបុរសអ្នកស្រែពីរនាក់បងប្អូន និងគោទាំង៤ ដែលរន្ទះបាញ់ស្លាប់នោះ។ ម្នាលបុក្កុសៈ សម័យនោះឯង តថាគតចេញអំពីលានស្រូវ ដើរចង្ក្រមទៅក្នុងទីវាល ជិតទ្វាររោងលានស្រូវ។ ម្នាលបុក្កុសៈ កាលនោះ មានបុរសម្នាក់ចេញអំពីពួកមហាជននោះ ចូលមករកតថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំតថាគត រួចឋិតនៅក្នុងទីសមគួរ។ ម្នាលបុក្កុសៈ លុះបុរសនោះឋិតនៅក្នុងទីសមគួរហើយ តថាគត ក៏និយាយដូច្នេះថា ម្នាលអាវុសោ ពួកមហាជននោះប្រជុំគ្នាអំពីរឿងអ្វី។ បុរសនោះឆ្លើយថា បពិត្រព្រះអង្គដ៏ចំរើន អម្បាញ់មិញនេះ កាលដែលភ្លៀងកំពុងបង្អុរចុះ កាលដែលភ្លៀងកំពុងធ្វើសំឡេងឈូឆរ កាលដែលផ្លេកបន្ទោរកំពុងភ្លឺច្រវាត់ កាលដែលរន្ទះ កំពុងបាញ់ ក៏បាញ់ត្រូវអ្នកស្រែពីរនាក់ ជាបងប្អូន និងគោទាំង៤ស្លាប់ទៅ ពួកមហាជននោះប្រជុំគ្នា ព្រោះហេតុនេះឯង បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គទ្រង់គង់នៅក្នុងទីណា។ តថាគតឆ្លើយថា ម្នាលអាវុសោ តថាគត នៅក្នុងរោងលានស្រូវនេះ។ បុរសនោះ ក្រាបបង្គំទូលសួរថា ចុះព្រះអង្គបានទ្រង់ទតឃើញឬទេ។ តថាគតឆ្លើយថា ម្នាលអាវុសោ តថាគតមិនបានឃើញទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គបានឮសូរសំឡេងទេ។ ម្នាលអាវុសោ តថាគតមិនបានឮសូរសំឡេងទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គផ្ទំលក់ឬអ្វី។ ម្នាលអាវុសោ តថាគតមិនបានលក់ទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គមានសញ្ញាដែរឬ។ ម្នាលអាវុសោ តថាគត មានសញ្ញាដែរ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គមានសញ្ញា នៅភ្ញាក់រលឹក កាលដែលភ្លៀងកំពុងបង្អុរចុះ កាលដែលភ្លៀងកំពុងធ្វើសំឡេងឈូឆរ កាលដែលផ្លេកបន្ទោរកំពុងភ្លឺច្រវាត់ កាលដែលរន្ទះកំពុងបាញ់ ទ្រង់មិនបានឃើញ ទាំងមិនបានឮសូរសំឡេងទេឬ។ អើអាវុសោ។ ម្នាលបុក្កុសៈ គ្រានោះ បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ឱហ្ន៎ ហេតុនេះ ជាអស្ចារ្យពេកណាស់ ឱហ្ន៎ ហេតុនេះ ចំឡែកពេកណាស់ ឱហ្ន៎ ពួកបព្វជិត តែងនៅដោយវិហារធម៌ដ៏ស្ងប់រម្ងាប់មែន ព្រោះថា បុគ្គលដែលមានសញ្ញា នៅភ្ញាក់រលឹក កាលដែលភ្លៀងកំពុងបង្អុរចុះ កាលដែលភ្លៀងកំពុងធ្វើសំឡេងឈូឆរ កាលដែលផ្លេកបន្ទោរកំពុងភ្លឺច្រវាត់ កាលដែលរន្ទះកំពុងបាញ់ ឥតបានឃើញ ទាំងមិនបានឮសូរសោះ។ បុរសនោះ ក៏កើតសេចក្តីជ្រះថ្លាដោយក្រៃលែង ចំពោះតថាគត ហើយធ្វើប្រទក្សិណ ដើរចេញទៅ។ លុះព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា យ៉ាងនេះហើយ បុក្កុសមល្លបុត្ត ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សេចក្តីជ្រះថ្លាណា របស់ខ្ញុំព្រះអង្គ ដែលកើតឡើងក្នុងអាឡារតាបស កាលាមគោត្ត ខ្ញុំព្រះអង្គនេះ រោយចោលនូវសេចក្តីជ្រះថ្លានោះ ក្នុងទីមានខ្យល់ច្រើនផង បណ្តែតចោលក្នុងស្ទឹង ដែលមានខ្សែទឹក ហូររហ័សផង បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គ ច្បាស់ពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គច្បាស់ពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលផ្ងារឡើងនូវរបស់ដែលគេផ្កាប់ក្តី បើកឡើងនូវរបស់ដែលគេគ្របទុកក្តី ចង្អុរប្រាប់ផ្លូវដល់បុរស ដែលវង្វេងផ្លូវក្តី ទ្រោលប្រទីបបំភ្លឺក្នុងទីងងឹត ដោយគិតថា អ្នកមានចក្ខុនឹងបានឃើញរូបក្តី យ៉ាងណាមិញ ធម៌ដែលព្រះមានព្រះភាគ ទ្រង់ប្រកាសដោយអនេកបរិយាយ ក៏យ៉ាងនោះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ថាជាសរណៈ ចាប់ដើមអំពីថ្ងៃនេះតទៅ សូមព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសមរណគមន៍ ស្មើដោយជីវិត។ គ្រានោះ បុក្កុសមល្លបុត្ត ហៅបុរសម្នាក់ថា ម្នាលនាយ ចូរអ្នកទៅយកសំពត់ ដែលមានសាច់មដ្ឋ១គូ មានសម្បុរដូចមាសសិង្គី ដែលខ្ញុំគួរប្រើប្រាស់ (ម្តងៗ) មកដោយឆាប់។ បុរសនោះ ទទួលបន្ទូលបុក្កុសមល្លបុត្តថា ព្រះករុណាម្ចាស់ ហើយក៏ទៅយកសំពត់ ដែលមានសាច់មដ្ឋ១គូ មានសម្បុរដូចមាសសិង្គី ដែលខ្ញុំគួរប្រើប្រាស់ (ម្តងៗ)នោះ។ ទើប បុក្កុសមល្លបុត្ត បង្អោននូវសំពត់ ដែលមានសាច់មដ្ឋ១គូ មានសម្បុរដូចមាសសិង្គី ដែលគួរប្រើប្រាស់ (ម្តងៗ)នោះ ចំពោះព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន សំពត់ដែលមានសាច់មដ្ឋ១គូ មានសម្បុរដូចមាសសិង្គីនេះ ជាសំពត់ដែល ខ្ញុំព្រះអង្គប្រើប្រាស់ (ម្តងៗ) បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទទួលនូវសំពត់នោះ ដោយអាស្រ័យនូវសេចក្តីអនុគ្រោះ ដល់ខ្ញុំព្រះអង្គចុះ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលបុក្កុសៈ បើដូច្នោះ អ្នកចូរឲ្យសំពត់១ មកតថាគត ឲ្យសំពត់១ ទៅអានន្ទចុះ។ បុក្កុសមល្លបុត្ត ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ថ្វាយសំពត់១ ទៅព្រះមានព្រះភាគ ប្រគេនសំពត់១ ទៅព្រះអានន្ទមានអាយុ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ញុំាងបុក្កុសមល្លបុត្ត ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា។ គ្រានោះ បុក្កុសមល្លបុត្ត កាលដែលព្រះមានព្រះភាគ ទ្រង់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចេញទៅ។
[១២២] លុះបុក្កុសមល្លបុត្ត ចេញទៅមិនទាន់យូរប៉ុន្មាន ព្រះអានន្ទដ៏មានអាយុ ក៏យកសំពត់ដែលមានសាច់មដ្ឋ១គូ មានសម្បុរដូចមាសសិង្គី ដែលគួរប្រើប្រាស់ (ម្តងៗ) នោះ ទៅបំពាក់ព្រះកាយនៃព្រះមានព្រះភាគ។ ឯសំពត់ដែលព្រះអានន្ទយកទៅបំពាក់ព្រះកាយនៃព្រះមានព្រះភាគនោះ (ក៏អាប់សម្បុរ) ប្រាកដដូចជារងើកភ្លើង ដែលប្រាសចាកអណ្តាតភ្លើង។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះ ជាអស្ចារ្យពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះចំឡែកពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រះឆវិវណ្ណរបស់ព្រះតថាគត ស្អាតបរិសុទ្ធ ផូរផង់ដល់ម្ល៉ោះ បពិត្រព្រះអង្គដ៏ចំរើន សំពត់ដែលមានសាច់មដ្ឋ១គូ មានសម្បុរដូចមាសសិង្គី ដែលគួរប្រើប្រាស់ (ម្តងៗ)នោះ ដែលខ្ញុំព្រះអង្គ យកទៅបំពាក់ព្រះកាយនៃព្រះមានព្រះភាគ (ក៏អាប់សម្បុរ) ប្រាកដដូចជារងើកភ្លើង ដែលប្រាសចាកអណ្តាតភ្លើង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ ហេតុនេះយ៉ាងនេះឯង ម្នាលអានន្ទ កាយតថាគតស្អាត ឆវិវណ្ណក៏បរិសុទ្ធ ផូរផង់ក្រៃពេក ក្នុងកាលទាំងពីរ កាលទាំងពីរ តើដូចម្តេច ម្នាលអានន្ទ កាលតថាគតបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងរាត្រីណា១ កាលតថាគតបរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ ក្នុងរាត្រីណា១ ម្នាលអានន្ទ កាយតថាគតស្អាត ឆវិវណ្ណក៏បរិសុទ្ធ ផូរផង់ក្រៃពេក ក្នុងកាលទាំងពីរនេះឯង ម្នាលអានន្ទ ក្នុងយាមជាទីបំផុតនៃរាត្រីនេះឯង បរិនិព្វាននឹងមានដល់តថាគត ក្នុងចន្លោះនៃដើមសាលព្រឹក្សទាំងគូ ក្នុងសាលវ័នរបស់ពួកមល្លក្សត្រិយ៍ ដែលជាទីចូលទៅក្នុងក្រុងកុសិនារា ម្នាលអានន្ទ មកយើងនឹងទៅកាន់ស្ទឹងកកុធៈ។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[១២៣] បុក្កុសមល្លបុត្ត ថ្វាយនូវសំពត់មានសាច់មដ្ឋមួយគូ មានសម្បុរដូចមាសសិង្គី (ចំពោះព្រះសាស្តា) ព្រះសាស្តាដែលព្រះអានន្ទនោះថ្វាយ ឲ្យទ្រង់សាដកហើយក៏មានសម្បុរដូចព្រះចន្ទល្អរុងរឿង។
[១២៤] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្តេចចូលទៅកាន់ស្ទឹងកកុធៈ ព្រមដោយភិក្ខុសង្ឃជាច្រើន លុះចូលទៅដល់ហើយ ទ្រង់ស្តេចចុះកាន់ស្ទឹងកកុធៈ ស្រង់ផង28) សោយផង ហើយស្តេចត្រឡប់ឡើងវិញ ក៏ចូលទៅរកអម្ពវ័ន លុះចូលទៅដល់ហើយ ទ្រង់ត្រាស់ហៅព្រះចុន្ទកៈមានអាយុ មកថា ម្នាលចុន្ទកៈ ចូរអ្នកក្រាលសង្ឃាដិមានជាន់៤ ឲ្យតថាគតដោយឆាប់ ម្នាលចុន្ទកៈ តថាគតល្ហិតល្ហៃណាស់ តថាគតនឹងសិង។ ព្រះចុន្ទកៈមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏ក្រាលសង្ឃាដិ មានជាន់៤ថ្វាយ។ ទើបព្រះមានព្រះភាគ ទ្រង់សម្រេចសីហសេយ្យា ផ្អៀងទៅខាងស្តាំ ទ្រង់យកព្រះបាទឆ្វេង តម្រួតលើព្រះបាទស្តាំ ទ្រង់មានព្រះសតិ និងសម្បជញ្ញៈ ធ្វើទុកក្នុងព្រះទ័យនូវឧដ្ឋានសញ្ញា (សេចក្តីសំគាល់ថានឹងក្រោកឡើងវិញ)។ ឯព្រះចុន្ទកៈមានអាយុ ក៏អង្គុយចំពោះព្រះភក្ត្រនៃព្រះមានព្រះភាគ ក្នុងទីនោះឯង។
[១២៥] ព្រះពុទ្ធ ទ្រង់ស្តេចទៅកាន់ស្ទឹងកកុធៈ ដែលមានទឹកថ្លា មានទឹកមានរសជាតិ មានទឹកស្អាត ព្រះតថាគតថាសាស្តា ឥតមានបុគ្គលប្រៀបផ្ទឹមក្នុងលោក ទ្រង់មិនលំបាកព្រះកាយ ស្តេចចុះ (កាន់ស្ទឹង)។ ព្រះសាស្តាទ្រង់ស្រង់ផង ទ្រង់សោយផង នូវទឹកនោះ ហើយគង់ក្នុងទីកណ្តាលនៃពួកភិក្ខុ ដែលគាល់ព្រះមានព្រះភាគ ជាសាស្តា ជាមហេសី (អ្នកស្វែងរកគុណធំ) ព្រះអង្គញុំាងធម៌ឲ្យប្រព្រឹត្តទៅក្នុងសាសនានេះ ទ្រង់ស្តេចចូលទៅកាន់អម្ពវ័ន។ ទ្រង់ត្រាស់ហៅចុន្ទកភិក្ខុមកថា អ្នកចូរក្រាលសង្ឃាដិ មានជាន់៤ ឲ្យតថាគតដោយឆាប់ តថាគតនឹងសិង ព្រះចុន្ទកៈភិក្ខុនោះ កាលដែលព្រះសាស្តា មានព្រះអង្គចំរើនហើយ ទ្រង់ត្រាស់បង្គាប់ហើយ ក៏ក្រាលសង្ឃាដិ មានជាន់៤ ថ្វាយដោយប្រញាប់ ព្រះសាស្តាមិនលំបាកព្រះកាយទ្រង់ផ្ទំហើយ ឯព្រះចុន្ទកភិក្ខុ ក៏អង្គុយគាល់ចំពោះព្រះភក្ត្រក្នុងទីនោះ។
[១២៦] គ្រានោះ ព្រះមានព្រះភាគ បានត្រាស់ហៅព្រះអានន្ទមានអាយុមកថា ម្នាលអានន្ទ បើមានបុគ្គលណាមួយ ញុំាងសេចក្តីក្តៅក្រហាយស្តាយក្រោយ ឲ្យកើតឡើង ដល់ចុន្ទកម្មារបុត្តថា ម្នាលអាវុសោចុន្ទៈ អ្នកពេញហៅជាមនុស្សឥតលាភ អត្តភាពជាមនុស្ស ក៏អ្នកបានដោយអាក្រក់ ព្រោះព្រះតថាគត សោយបច្ឆិមបិណ្ឌបាតរបស់អ្នកហើយទ្រង់បរិនិព្វាន ម្នាលអានន្ទ អ្នកគប្បីបន្ទោបង់សេចក្តីក្តៅក្រហាយស្តាយក្រោយ របស់ចុន្ទកម្មារបុត្តយ៉ាងនេះថា ម្នាលអាវុសោចុន្ទៈ អ្នកពេញហៅជាមនុស្សមានលាភ អត្តភាពជាមនុស្ស អ្នកបានដោយប្រពៃហើយ ព្រោះថាព្រះតថាគត ទ្រង់សោយបច្ឆិមបិណ្ឌបាតរបស់អ្នក ហើយទ្រង់បរិនិព្វាន ម្នាលអាវុសោចុន្ទៈ ពាក្យនេះ យើងបានស្តាប់ បានទទួលចំពោះព្រះភក្ត្រនៃព្រះមានព្រះភាគ ដូច្នេះថា ចង្ហាន់បិណ្ឌបាតទាំងពីរនេះ មានផលស្មើៗគ្នា មានវិបាកស្មើៗគ្នា មានផលច្រើនផង មានអានិសង្សច្រើនផង ក្រៃលែងជាងចង្ហាន់បិណ្ឌបាតដទៃ។ ចង្ហាន់បិណ្ឌបាតទាំងពីរ តើដូចម្តេច។ គឺព្រះតថាគត ទ្រង់សោយចង្ហាន់បិណ្ឌបាតណា ហើយទ្រង់បានត្រាស់ដឹង នូវអនុត្តរសម្មាសម្ពោធិញ្ញាណ១ ព្រះតថាគត ទ្រង់សោយចង្ហាន់បិណ្ឌបាតណា ហើយទ្រង់បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ១ ចង្ហាន់បិណ្ឌបាតទាំងពីរនេះឯង មានផលស្មើៗគ្នា មានវិបាកស្មើៗគ្នា មានផលច្រើនផង មានអានិសង្សច្រើនផង ក្រៃលែងជាងចង្ហាន់បិណ្ឌបាតដទៃ បុញ្ញកម្មដែលញុំាងអាយុឲ្យប្រព្រឹត្តទៅ ចុន្ទកម្មារបុត្តមានអាយុ ក៏បានសន្សំហើយ បុញ្ញកម្មដែលញុំាងសម្បុរ ឲ្យប្រព្រឹត្តទៅ ចុន្ទកម្មារបុត្តមានអាយុ ក៏បានសន្សំហើយ បុញ្ញកម្មដែលញុំាងសេចក្តីសុខឲ្យប្រព្រឹត្តទៅ។បេ។ ញុំាងយសឲ្យប្រព្រឹត្តទៅ។បេ។ ញុំាងឋានសួគ៌ឲ្យប្រព្រឹត្តទៅ។បេ។ ញុំាងភាវៈជាធំ ឲ្យប្រព្រឹត្តទៅ ចុន្ទកម្មារបុត្តមានអាយុ ក៏បានសន្សំហើយ ម្នាលអានន្ទ អ្នកគប្បីបន្ទោបង់សេចក្តីក្តៅក្រហាយ ស្តាយក្រោយរបស់ចុន្ទកម្មារបុត្ត យ៉ាងនេះឯង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនេះហើយ ទ្រង់បន្លឺនូវឧទានគាថានេះ ក្នុងវេលានោះថា
[១២៧] បុណ្យ រមែងចំរើនដល់អ្នកឲ្យទាន វេរាមិនចំរើនដល់បុគ្គលអ្នកសង្រួម បុគ្គលអ្នកឈ្លាស (បរិបូណ៌ដោយញាណ) រមែងលះបង់ នូវអំពើលាមកបាន បុគ្គលនោះ ក៏បរិនិព្វាន ព្រោះអស់រាគៈ ទោសៈ មោហៈ។
ចប់ ពុទ្ធភាណវារៈ ទី៤។
ពុទ្ធភាណវារៈ ទី៥
[១២៨] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅព្រះអានន្ទមានអាយុមកថា ម្នាលអានន្ទ មក យើងនឹងទៅកាន់ត្រើយខាងនាយនៃស្ទឹងហិរញ្ញវតី នឹងចូលទៅកាន់សាលវ័ន របស់ពួកមល្លក្សត្រ ដែលជាទីចូលទៅក្នុងក្រុងកុសិនារា។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ស្តេចទៅកាន់ត្រើយខាងនាយ នៃស្ទឹងហិរញ្ញវតី នឹងចូលទៅកាន់សាលវ័ន របស់ពួកមល្លក្សត្រ ដែលជាទីចូលទៅ ក្នុងក្រុងកុសិនារា ព្រមដោយភិក្ខុសង្ឃជាច្រើន លុះចូលទៅដល់ហើយ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ ចូរអ្នករៀបចំគ្រែ ឲ្យមានក្បាលដំណេកបែរទៅទិសខាងជើង ក្នុងចន្លោះនៃដើមសាលព្រឹក្សទាំងគូ ឲ្យតថាគតដោយឆាប់ ម្នាលអានន្ទ តថាគតមានកាយល្ហិតល្ហៃណាស់ តថាគតនឹងសិង។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយរៀបចំគ្រែ ឲ្យមានក្បាលដំណេកបែរទៅទិសខាងជើង ក្នុងចន្លោះដើមសាលព្រឹក្សទាំងគូថ្វាយ គ្រានោះ ព្រះមានព្រះភាគ មានព្រះសតិសម្បជញ្ញៈ ទ្រង់សម្រេចសីហសេយ្យា ផ្អៀងទៅខាងស្តាំ ទ្រង់យកព្រះបាទឆ្វេង តម្រួតលើព្រះបាទស្តាំ។
[១២៩] សម័យនោះឯង សាលព្រឹក្សទាំងគូ ក៏មានផ្ការីកស្គុះស្គាយទាំងអស់ (តាំងពីគល់ ដល់ចុង) ដោយអកាលបុប្ផា (ផ្កាពុំជួកាល) សាលព្រឹក្សទាំងគូនោះ ក៏រោយរាយ បាចសាច (នូវផ្កា) លើសរីរៈព្រះតថាគត ដើម្បីបូជាព្រះតថាគត សូម្បីមន្ទារវបុស្ប (ផ្កាមន្ទារវៈ) ជាទិព្វ ក៏ធ្លាក់ចុះមកអំពីអាកាស ផ្កាទាំងនោះ ក៏រោយរាយ បាចសាច លើសរីរៈព្រះតថាគត ដើម្បីបូជាព្រះតថាគត។ ទាំងលំអិតខ្លឹមចន្ទន៍ជាទិព្វ ក៏ធ្លាក់ចុះមកអំពីអាកាស លំអិតទាំងនោះ ក៏រោយរាយ បាចសាច លើសរីរៈព្រះតថាគត ដើម្បីបូជាព្រះតថាគត។ ទាំងតូរ្យតន្ត្រីជាទិព្វ ក៏លាន់ឮឯអាកាស ដើម្បីបូជាព្រះតថាគត។ ទាំងចម្រៀងជាទិព្វ ក៏លាន់ឮឯអាកាស ដើម្បីបូជាព្រះតថាគត។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ សាលព្រឹក្សទាំងគូ មានផ្ការីកស្គុះស្គាយទាំងអស់ (តាំងពីគល់ ដរាបដល់ចុង) ដោយអកាលបុប្ផា រោយរាយ បាចសាច លើសរីរៈតថាគត ដើម្បីបូជាតថាគត ទាំងផ្កាមន្ទារវៈជាទិព្វ ធ្លាក់ចុះអំពីអាកាស ផ្កាទាំងនោះ រោយរាយ បាចសាច លើសរីរៈតថាគត ដើម្បីបូជាតថាគត ទាំងលំអិតខ្លឹមចន្ទន៍ជាទិព្វ ធ្លាក់ចុះអំពីអាកាស លំអិតទាំងនោះ រោយរាយ បាចសាច លើសរីរៈតថាគត ដើម្បីបូជាតថាគត ទាំងតូរ្យតន្ត្រីជាទិព្វ ក៏លាន់ឮឯអាកាស ដើម្បីបូជាតថាគត ទាំងចម្រៀងជាទិព្វ ក៏លាន់ឮឯអាកាស ដើម្បីបូជាតថាគត ម្នាលអានន្ទ ព្រះតថាគត មិនបានឈ្មោះថា បរិសទ្យធ្វើសក្ការៈក្តី គោរពក្តី រាប់អានក្តី បូជាក្តី និងកោតក្រែងក្តី ដោយហេតុមានប្រមាណប៉ុណ្ណេះឡើយ ម្នាលអានន្ទ បុគ្គលណាមួយ ទោះបីភិក្ខុក្តី ភិក្ខុនីក្តី ឧបាសកក្តី ឧបាសិកាក្តី ជាអ្នកប្រតិបត្តិនូវធម៌ សមគួរដល់ធម៌ ប្រតិបត្តិដោយសេចក្តីកោតក្រែង ប្រព្រឹត្តតាមធម៌ បុគ្គលនោះ ឈ្មោះថា ធ្វើសក្ការៈ គោរព រាប់អាន បូជាតថាគត ដោយគ្រឿងបូជាដ៏ឧត្តម ម្នាលអានន្ទ ព្រោះហេតុនោះ បរិសទ្យក្នុងសាសនានេះ គប្បីសិក្សាថា យើងទាំងឡាយ នឹងប្រតិបត្តិនូវធម៌ សមគួរដល់ធម៌ ប្រតិបត្តិដោយសេចក្តីកោតក្រែង ប្រព្រឹត្តតាមធម៌ ម្នាលអានន្ទ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះឯង។
[១៣០] សម័យនោះឯង ឧបវាណភិក្ខុមានអាយុ ឋិតនៅចំពោះព្រះភក្ត្រនៃព្រះមានព្រះភាគ កំពុងបក់ថ្វាយព្រះមានព្រះភាគ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់បណ្តេញឧបវាណមានអាយុថា ម្នាលភិក្ខុ អ្នកចូរចៀសចេញ អ្នកកុំឋិតនៅខាងមុខតថាគតឡើយ។ គ្រានោះ ព្រះអានន្ទមានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះឧបវាណមានអាយុនេះ ជាឧបដ្ឋាកធ្លាប់នៅជិត ដើរជិតព្រះមានព្រះភាគ ជាយូរហើយ ទើបតែក្នុងបច្ឆិមកាល (នេះ) ព្រះមានព្រះភាគ ទ្រង់បណ្តេញឧបវាណមានអាយុថា ម្នាលភិក្ខុ អ្នកចូរចៀសចេញ អ្នកកុំឋិតនៅខាងមុខតថាគតឡើយ ដូច្នេះ មានហេតុដូចម្តេច មានបច្ច័យដូចម្តេច បានជាព្រះមានព្រះភាគ ទ្រង់បណ្តេញឧបវាណមានអាយុថា ម្នាលភិក្ខុ អ្នកចូរចៀសចេញ អ្នកកុំឋិតនៅខាងមុខតថាគតឡើយ។ ទើបព្រះអានន្ទមានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះឧបវាណមានអាយុនេះ ជាឧបដ្ឋាកនៅជិត ដើរជិតព្រះមានព្រះភាគ ជាយូរហើយ ទើបតែក្នុងបច្ឆិមកាល (នេះ) ព្រះមានព្រះភាគ ទ្រង់បណ្តេញឧបវាណមានអាយុថា ម្នាលភិក្ខុ អ្នកចូរចៀសចេញ អ្នកកុំឋិតនៅខាងមុខតថាគតឡើយ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន មានហេតុដូចម្តេច មានបច្ច័យដូចម្តេច បានជាព្រះមានព្រះភាគ ទ្រង់បណ្តេញឧបវាណមានអាយុថា ម្នាលភិក្ខុ អ្នកចូរចៀសចេញ អ្នកកុំឋិតនៅខាងមុខតថាគតឡើយ ដូច្នេះ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ ទេវតាក្នុងលោកធាតុទាំង១០ ប្រជុំគ្នា ដើម្បីមើលតថាគតដោយច្រើន ម្នាលអានន្ទ សាលវ័នរបស់ពួកមល្លក្សត្រិយ៍ ដែលជាទីចូលទៅក្នុងក្រុងកុសិនារា មានចំនួន១២យោជន៍ដោយជុំវិញ មានកំណត់ត្រឹមណា ប្រទេសនោះ សូម្បីគ្រាន់តែល្មមចាក់ដោយចុងបំផុតនៃសក់ ដែលទេវតាមានស័ក្តិធំ មិនបានពាល់ត្រូវ មិនមានឡើយ ម្នាលអានន្ទ ពួកទេវតាពោលទោសថា ពួកយើងមកអំពីចម្ងាយ ដើម្បីឃើញព្រះតថាគត ៗ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ កើតឡើងក្នុងលោក មានម្តងៗ ក្នុងបច្ឆិមយាមនៃរាត្រីថ្ងៃនេះឯង បរិនិព្វាន នឹងមានដល់ព្រះតថាគត ក៏ភិក្ខុមានស័ក្តិធំនេះ មកឈររាំងនៅចំព្រះភក្ត្រនៃព្រះមានព្រះភាគ ពួកយើងមិនបានឃើញព្រះតថាគត ក្នុងបច្ឆិមកាលឡើយ។ ព្រះអានន្ទ ក្រាបបង្គំទូលសួរថា បពិត្រព្រះមានព្រះភាគដ៏ចំរើន ចុះពួកទេវតា ធ្វើទុកក្នុងចិត្តដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ មានពួកទេវតា (ខ្លះ) សំគាល់ផែនដីក្នុងអាកាស (និម្មិតផែនដីក្នុងអាកាស) រំសាយកេសា កន្ទក់កន្ទេញ ផ្គងនូវកំភួនដៃឡើង កន្ទក់កន្ទេញ ផ្តួលខ្លួន បម្រះននៀលទៅមក បីដូចជាមានជើងដាច់ហើយថា ព្រះមានព្រះភាគ នឹងបរិនិព្វានឆាប់ម្ល៉េះ ព្រះសុគត នឹងបរិនិព្វានឆាប់ម្ល៉េះ ព្រះសម្ពុទ្ធ មានចក្ខុក្នុងលោក នឹងសូន្យបាត់ទៅឆាប់ម្ល៉េះ ម្នាលអានន្ទ មានពួកទេវតា (ខ្លះ) សំគាល់ផែនដីក្នុងផែនដី (និម្មិតផែនដីប្រក្រតីឲ្យជាផែនដីទិព្វ) រំសាយកេសា កន្ទក់កន្ទេញ ផ្គងកំភួនដៃឡើង កន្ទក់កន្ទេញ ផ្តួលខ្លួន បម្រះននៀលទៅមក បីដូចមានជើងដាច់ហើយថា ព្រះមានព្រះភាគ នឹងបរិនិព្វានឆាប់ពេកណាស់ ព្រះសុគត នឹងបរិនិព្វានឆាប់ពេកណាស់ ព្រះសម្ពុទ្ធ មានចក្ខុក្នុងលោក នឹងសូន្យបាត់ទៅឆាប់ពេកណាស់ ឯពួកទេវតាណា ដែលមិនមានរាគៈ ពួកទេវតានោះ មានសតិ និងសម្បជញ្ញៈ អត់សង្កត់សេចក្តីសោកបាន ដោយគិតថា សង្ខារទាំងឡាយ មិនទៀង ព្រោះហេតុនោះ បុគ្គលគប្បីបាននូវសេចក្តីទៀងទាត់ ក្នុងខន្ធបវត្តិនេះអំពីណា។
[១៣១] ព្រះអានន្ទ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលពីដើម ពួកភិក្ខុនៅចាំវស្សា ក្នុងទិសទាំងឡាយ រួចហើយតែងមកដើម្បីគាល់ព្រះតថាគត យើងខ្ញុំព្រះអង្គ តែងបានជួបនឹងពួកភិក្ខុអ្នកចំរើនដោយចិត្ត ធ្លាប់បានចូលទៅអង្គុយជិតគ្នា បពិត្រព្រះអង្គដ៏ចំរើន លុះអំណើះឥតនឹងព្រះមានព្រះភាគទៅ យើងខ្ញុំព្រះអង្គ នឹងលែងបានជួប លែងបានចូលទៅអង្គុយជិតពួកភិក្ខុ អ្នកចំរើនដោយចិត្តហើយ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ សំវេជនីយដ្ឋាន (ទីដែលគួរកើតសង្វេគ) ដែលគួរឃើញ របស់កុលបុត្ត អ្នកមានសទ្ធានេះ៤កន្លែង។ សំវេជនីយដ្ឋាន៤កន្លែង តើដូចម្តេច។ ម្នាលអានន្ទ សំវេជនីយដ្ឋាន ដែលគួរឃើញ របស់កុលបុត្ត អ្នកមានសទ្ធា ដោយរឭកឃើញថា ព្រះតថាគត ប្រសូតក្នុងទីនេះដូច្នេះ១ ម្នាលអានន្ទ សំវេជនីយដ្ឋាន ដែលគួរឃើញ របស់កុលបុត្តអ្នកមានសទ្ធា ដោយរឭកឃើញថា ព្រះតថាគត ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងទីដូច្នេះ១ ម្នាលអានន្ទ សំវេជនីយដ្ឋាន ដែលគួរឃើញ របស់កុលបុត្តអ្នកមានសទ្ធា ដោយរឭកឃើញថា ព្រះតថាគត បានសំដែងនូវអនុត្តរធម្មចក្ក ក្នុងទីនេះដូច្នេះ១ ម្នាលអានន្ទ សំវេជនីយដ្ឋាន ដែលគួរឃើញ របស់កុលបុត្តអ្នកមានសទ្ធា ដោយរឭកឃើញថា ព្រះតថាគតបរិនិព្វាន ដោយអនុបាទិសេសនិព្វានធាតុ ក្នុងទីនេះដូច្នេះ១ ម្នាលអានន្ទ នេះឯង សំវេជនីយដ្ឋាន ដែលគួរឃើញ ៤កន្លែង របស់កុលបុត្តអ្នកមានសទ្ធា ម្នាលអានន្ទ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា អ្នកមានសទ្ធា នឹងមកដោយរឭកឃើញថា ព្រះតថាគត ប្រសូតក្នុងទីនេះ ដូច្នេះក្តី ព្រះតថាគតត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណក្នុងទីនេះដូច្នេះក្តី ព្រះតថាគត សំដែងនូវអនុត្តរធម្មចក្កក្នុងទីនេះ ដូច្នេះក្តី ព្រះតថាគត បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុក្នុងទីនេះ ដូច្នេះក្តី ម្នាលអានន្ទ ពួកជនណាមួយ នឹងបានដើរមកកាន់ទីចារិកនៃចេតិយ ក៏មានចិត្តជ្រះថ្លា បើប្រសិនជាធ្វើមរណកាលទៅ ពួកជនទាំងអស់នោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ នឹងចូលទៅកាន់លោក គឺមនុស្សសុគតិ និងឋានសួគ៌។
[១៣២] ព្រះអានន្ទក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ចុះខ្ញុំព្រះអង្គទាំងឡាយ ត្រូវប្រតិបត្តិក្នុងមាតុគ្រាមដូចម្តេច។ ព្រះអង្គ ត្រាស់ថា ម្នាលអានន្ទ ត្រូវកុំមើល។ បពិត្រព្រះមានព្រះភាគ កាលបើមើលហើយ គប្បីប្រតិបត្តិដូចម្តេច។ ម្នាលអានន្ទ ត្រូវកុំនិយាយរក។ បពិត្រព្រះអង្គដ៏ចំរើន កាលបើនិយាយរកហើយ គប្បីប្រតិបត្តិដូចម្តេចទៀត។ ម្នាលអានន្ទ គប្បីតាំងសតិឲ្យមាំ។
[១៣៣] បពិត្រព្រះអង្គដ៏ចំរើន ចុះខ្ញុំព្រះអង្គទាំងឡាយ ត្រូវប្រតិបត្តិក្នុងសរីរៈព្រះតថាគតដូចម្តេច។ ម្នាលអានន្ទ អ្នកទាំងឡាយ កុំខ្វល់ខ្វាយ ដើម្បីបូជាសរីរៈតថាគតឡើយ ម្នាលអានន្ទ អ្នកទាំងឡាយ ចូរខំព្យាយាម ក្នុងប្រយោជន៍របស់ខ្លួនចុះ29) ចូរខ្មីឃ្មាត សង្វាតក្នុងប្រយោជន៍របស់ខ្លួនចុះ កុំប្រមាទក្នុងប្រយោជន៍របស់ខ្លួន ចូរមានព្យាយាម មានចិត្តបញ្ជូនទៅ (កាន់ព្រះនិព្វាន) ចុះ ម្នាលអានន្ទ គង់តែមានខត្តិយបណ្ឌិតក្តី ព្រាហ្មណបណ្ឌិតក្តី គហបតីបណ្ឌិតក្តី ជ្រះថ្លាក្នុងតថាគត គេនឹងធ្វើការបូជាសរីរៈតថាគតមិនខាន។ បពិត្រព្រះអង្គដ៏ចំរើន ចុះជនទាំងឡាយនោះ គប្បីប្រតិបត្តិក្នុងសរីរៈព្រះតថាគតដូចម្តេច។ ម្នាលអានន្ទ ជនទាំងឡាយ តែងប្រតិបត្តិក្នុងសរីរៈព្រះចក្រពត្តិរាជ យ៉ាងណាមិញ ជនទាំងនោះ គប្បីប្រតិបត្តិក្នុងសរីរៈតថាគតយ៉ាងនោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ចុះជនទាំងនោះ ប្រតិបត្តិក្នុងសរីរៈព្រះចក្រពត្តិរាជ ដូចម្តេច។ ម្នាលអានន្ទ ជនទាំងឡាយ រុំសរីរៈព្រះចក្រពត្តិរាជ ដោយសំពត់ថ្មី លុះរុំដោយសំពត់ថ្មីរួចហើយ ទើបរុំដោយសំឡី លុះរុំដោយសំឡីរួចហើយ ក៏រុំដោយសំពត់ថ្មី (ថែមទៀត) រុំសរីរៈនៃចក្រពត្តិរាជ ដោយសំពត់៥០០គូ ដោយទំនងនេះ ហើយតំកល់ក្នុងមឈូសមាស30) ដែលដាក់ប្រេង ហើយគ្របដោយមឈូសមាសដទៃ31) រួចធ្វើជើងថ្ករ ហើយថ្វាយព្រះភ្លើង ចំពោះសរីរៈព្រះចក្រពត្តិរាជ ដោយគ្រឿងក្រអូបគ្រប់យ៉ាង ហើយគេធ្វើស្តូប នៃព្រះចក្រពត្តិរាជ ក្នុងផ្លូវធំបែកជា៤ ម្នាលអានន្ទ ជនទាំងឡាយ ប្រតិបត្តិក្នុងសរីរៈព្រះរាជាចក្រពត្តិយ៉ាងនេះឯង ម្នាលអានន្ទ ជនទាំងឡាយ ប្រតិបត្តិក្នុងសរីរៈព្រះចក្រពត្តិរាជយ៉ាងណាមិញ ជនទាំងនោះ គប្បីប្រតិបត្តិក្នុងសរីរៈតថាគត គប្បីធ្វើស្តូបរបស់តថាគត ក្នុងផ្លូវធំបែកជា៤យ៉ាងនោះចុះ ពួកជនណានឹងលើកឡើងនូវកម្រងផ្កាក្តី គ្រឿងក្រអូបក្តី គ្រឿងលំអិតក្តី ឬនឹងថ្វាយបង្គំ ឬធ្វើចិត្តឲ្យជ្រះថ្លា ក្នុងស្តូបនោះ អំពើនោះ របស់ជនទំាងនោះ នឹងនាំមកនូវប្រយោជន៍ និងសេចក្តីសុខអស់កាលយូរ។
[១៣៤] ម្នាលអានន្ទ ថូបារហបុគ្គល (បុគ្គលដែលគួរដល់ស្តូប) នេះ មាន៤ពួក។ ថូបារហបុគ្គល៤ពួក តើដូចម្តេចខ្លះ។ គឺព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ជាថូបារហបុគ្គល១ ព្រះបច្ចេកពុទ្ធ ជាថូបារហបុគ្គល១ សាវ័ករបស់ព្រះតថាគត ជាថូបារហបុគ្គល១ ព្រះចក្រពត្តិរាជ ជាថូបារហបុគ្គល១។ ម្នាលអានន្ទ ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ជាថូបារហបុគ្គល ព្រោះអាស្រ័យអំណាចប្រយោជន៍ដូចម្តេច។ ម្នាលអានន្ទ ពួកជនជាច្រើន ធ្វើចិត្តឲ្យជ្រះថ្លា ដោយសំគាល់ថា នេះជាស្តូបរបស់ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ពួកជនទាំងនោះ លុះធ្វើចិត្តឲ្យជ្រះថ្លា ក្នុងស្តូបនោះ លុះបែកធ្លាយរាងកាយទៅ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ រមែងចូលទៅកាន់លោក គឺសុគតិ32) ឋានសួគ៌ ម្នាលអានន្ទ ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ជាថូបារហបុគ្គល ព្រោះអាស្រ័យអំណាចប្រយោជន៍នេះឯង។ ម្នាលអានន្ទ ព្រះបច្ចេកសម្ពុទ្ធ ជាថូបារហបុគ្គល ព្រោះអាស្រ័យអំណាចប្រយោជន៍ដូចម្តេច។ ម្នាលអានន្ទ ពួកជនជាច្រើន ធ្វើចិត្តឲ្យជ្រះថ្លា ដោយសំគាល់ថា នេះជាស្តូបរបស់ព្រះបច្ចេកពុទ្ធអង្គនោះ ពួកជនទាំងនោះ លុះធ្វើចិត្តឲ្យជ្រះថ្លា ក្នុងស្តូបនោះ លុះបែកធ្លាយរាងកាយទៅ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ រមែងចូលទៅកាន់លោក គឺសុគតិឋានសួគ៌ ម្នាលអានន្ទ ព្រះបច្ចេកពុទ្ធ ជាថូបារហបុគ្គល ព្រោះអាស្រ័យអំណាចប្រយោជន៍នេះឯង។ ម្នាលអានន្ទ សាវ័ករបស់ព្រះតថាគត ជាថូបារហបុគ្គល ព្រោះអាស្រ័យអំណាចប្រយោជន៍ដូចម្តេច។ ម្នាលអានន្ទ ពួកជនជាច្រើន ធ្វើចិត្តឲ្យជ្រះថ្លា ដោយសំគាល់ថា នេះជាស្តូបនៃសាវ័ក របស់ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ពួកជនទាំងនោះ លុះធ្វើចិត្តឲ្យជ្រះថ្លា ក្នុងស្តូបនោះ លុះបែកធ្លាយរាងកាយទៅ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ រមែងចូលទៅកាន់លោក គឺសុគតិ ឋានសួគ៌ ម្នាលអានន្ទ សាវ័ករបស់ព្រះតថាគត ជាថូបារហបុគ្គល ព្រោះអាស្រ័យអំណាចប្រយោជន៍នេះឯង។ ម្នាលអានន្ទ ព្រះចក្រពត្តិរាជ ជាថូបារហបុគ្គល ព្រោះអាស្រ័យអំណាចប្រយោជន៍ដូចម្តេច។ ម្នាលអានន្ទ ពួកជនជាច្រើន ធ្វើចិត្តឲ្យជ្រះថ្លា ដោយសំគាល់ថា នេះជាស្តូបរបស់ព្រះធម្មរាជ ដែលទ្រង់ធម៌នោះ ពួកជនទាំងនោះ លុះធ្វើចិត្តឲ្យជ្រះថ្លា ក្នុងស្តូបនោះ លុះបែកធ្លាយរាងកាយទៅ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ រមែងចូលទៅកាន់លោក គឺសុគតិ ឋានសួគ៌ ម្នាលអានន្ទ ព្រះចក្រពត្តិរាជ ជាថូបារហបុគ្គល ព្រោះអាស្រ័យអំណាចប្រយោជន៍នេះឯង។ ម្នាលអានន្ទ ថូបារហបុគ្គល មាន៤ពួកនេះឯង។
[១៣៥] គ្រានោះ ព្រះអានន្ទមានអាយុ ចូលទៅកាន់វិហារ ក៏តោងនូវឈើ មានសណ្ឋានដូចក្បាលស្វា (ត្រដោកទ្វារ) ឈរយំ រៀបរាប់ថា ឱអាត្មាអញ ជាសេក្ខបុគ្គល មានកិច្ចគួរធ្វើតទៅទៀតនៅឡើយ ក៏ព្រះសាស្តារបស់អាត្មា ដែលជាអ្នកអនុគ្រោះ ដល់អាត្មាអញ នឹងទ្រង់បរិនិព្វាន។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អានន្ទទៅណា។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអានន្ទមានអាយុ ចូលទៅកាន់រោងសម្រាប់សម្រាកកាយ តោងត្រដោកទ្វារ ឈរយំរៀបរាប់ឯណោះថា ឱអាត្មាអញ នៅជាសេក្ខបុគ្គល មានកិច្ចគួរធ្វើតទៅទៀតនៅឡើយ ព្រះសាស្តារបស់អាត្មា ដែលជាអ្នកអនុគ្រោះ ដល់អាត្មាអញ នឹងទ្រង់បរិនិព្វាន។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ហៅភិក្ខុ១រូបមកថា ម្នាលភិក្ខុ អ្នកចូរទៅហៅអានន្ទ តាមពាក្យតថាគតថា ម្នាលអាវុសោអានន្ទ ព្រះសាស្តាទ្រង់ត្រាស់ឲ្យហៅអ្នក។ ភិក្ខុនោះ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏និយាយទៅនឹងព្រះអានន្ទមានអាយុដូច្នេះថា ម្នាលអាវុសោអានន្ទ ព្រះសាស្តាទ្រង់ត្រាស់ឲ្យហៅអ្នក។ ព្រះអានន្ទមានអាយុ ទទួលពាក្យរបស់ភិក្ខុនោះថា អើអាវុសោ ហើយក៏ចូលទៅគាល់នូវព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ ណ្ហើយ អ្នកកុំសោយសោក កុំខ្សឹកខ្សួលឡើយ ម្នាលអានន្ទ តថាគត បានប្រាប់អ្នកជាមុនហើយ យ៉ាងនេះថា សេចក្តីព្រាត់ប្រាស វិនាសប្រែប្រួល ចាកសត្វ និងសង្ខារ ជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងអស់ តែងមានជាធម្មតា ព្រោះហេតុនោះ បុគ្គលគប្បីបាននូវសេចក្តីមិនព្រាត់ប្រាសនោះ ក្នុងខន្ធប្បវត្តិនេះមកអំពីណា ធម្មជាតណាដែលកើតហើយ ដែលមានហើយ ដែលបច្ច័យតាក់តែងហើយ មានសេចក្តីទ្រោមទ្រុឌ ទៅជាធម្មតា ធម្មជាតនោះ បុគ្គលនឹងពោលឃាត់ថា កុំទ្រោមទ្រុឌទៅ ដូច្នេះ (ដោយហេតុណា) ហេតុនុ៎ះ មិនមានឡើយ ម្នាលអានន្ទ ខ្លួនអ្នកបានបម្រើតថាគត មកជាយូរអង្វែងហើយ ដោយកាយកម្មប្រកបដោយមេត្តា នាំមកនូវប្រយោជន៍ និងសេចក្តីសុខ មិនមានចំណែកពីរ33) ជាកម្មប្រមាណមិនបាន ដោយវចីកម្មប្រកបដោយមេត្តា នាំមកនូវប្រយោជន៍នឹងសេចក្តីសុខ មិនមានចំណែកពីរ ជាកម្មប្រមាណមិនបាន ដោយមនោកម្មប្រកបដោយមេត្តា នាំមកនូវប្រយោជន៍ និងសេចក្តីសុខ មិនមានចំណែកពីរ ជាកម្មប្រមាណមិនបាន ម្នាលអានន្ទ ខ្លួនអ្នកជាបុគ្គលបានធ្វើបុណ្យទុកហើយ ចូរប្រកបព្យាយាមឲ្យរឿយៗចុះ នឹងបានជាបុគ្គលមិនមានអាសវៈដោយឆាប់។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្តសម្មាសម្ពុទ្ធ ដែលមានក្នុងអតីតកាល ពួកភិក្ខុជាឧបដ្ឋាករបស់ព្រះមានព្រះភាគទាំងនោះ មានកំណត់ដូច្នេះឯង ដូចអានន្ទរបស់តថាគតដែរ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្តសម្មាសម្ពុទ្ធ នឹងមានមក ក្នុងអនាគតកាល ពួកភិក្ខុជាឧបដ្ឋាករបស់ព្រះមានព្រះភាគទាំងនោះ មានកំណត់ដូច្នេះឯង ដូចអានន្ទរបស់តថាគតដែរ ម្នាលភិក្ខុទាំងឡាយ អានន្ទជាបណ្ឌិត តែងដឹងដូច្នេះថា កាលនេះ ជាកាលគួរនឹងចូលទៅគាល់ព្រះតថាគត កាលនេះ ជាកាលគួររបស់ពួកភិក្ខុ កាលនេះ ជាកាលគួររបស់ពួកភិក្ខុនី កាលនេះ ជាកាលគួររបស់ពួកឧបាសក កាលនេះ ជាកាលគួររបស់ពួកឧបាសិកា កាលនេះ ជាកាលគួររបស់ព្រះរាជា និងរាជមហាមាត្យ កាលនេះ ជាកាលគួររបស់ពួកតិរ្ថិយ កាលនេះ ជាកាលគួររបស់តិត្ថិយសាវ័ក។
[១៣៦] ម្នាលភិក្ខុទាំងឡាយ អច្ឆរិយព្ភុតធម៌ (ធម៌ជាអស្ចារ្យចំឡែក) ទាំងឡាយ៤យ៉ាងនេះ មាននៅក្នុងអានន្ទ។ ធម៌ទាំង៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បើបរិសទ្យចូលទៅ ដើម្បីជួបនឹងអានន្ទ ភិក្ខុបរិសទ្យនោះ រមែងមានសេចក្តីត្រេកអរ ដោយការបានជួប បើអានន្ទនិយាយធម៌ក្នុងទីនោះ ភិក្ខុបរិសទ្យនោះ ក៏មានសេចក្តីត្រេកអរ ដោយភាសិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ក៏ស្រាប់តែអានន្ទស្ងៀមទៅ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនីបរិសទ្យចូលទៅ ដើម្បីជួបនឹងអានន្ទ ភិក្ខុនីបរិសទ្យនោះ រមែងមានសេចក្តីត្រេកអរ ដោយការបានជួប បើអានន្ទនិយាយធម៌ក្នុងទីនោះ ភិក្ខុនីបរិសទ្យនោះ ក៏មានសេចក្តីត្រេកអរ ដោយភាសិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ក៏ស្រាប់តែអានន្ទស្ងៀមទៅ ម្នាលភិក្ខុទាំងឡាយ បើឧបាសកបរិសទ្យចូលទៅ ដើម្បីជួបនឹងអានន្ទ ឧបាសកបរិសទ្យនោះ រមែងមានសេចក្តីត្រេកអរ ដោយការបានជួប បើអានន្ទនិយាយធម៌ក្នុងទីនោះ ឧបាសកបរិសទ្យនោះ ក៏មានសេចក្តីត្រេកអរ ដោយភាសិត ម្នាលភិក្ខុទាំងឡាយ ឧបាសកបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ក៏ស្រាប់តែអានន្ទស្ងៀមទៅ ម្នាលភិក្ខុទាំងឡាយ បើឧបាសិកាបរិសទ្យចូលទៅ ដើម្បីជួបនឹងអានន្ទ ឧបាសិកាបរិសទ្យនោះ រមែងមានសេចក្តីត្រេកអរ ដោយការបានជួប បើអានន្ទនិយាយធម៌ក្នុងទីនោះ ឧបាសិកាបរិសទ្យនោះ ក៏មានសេចក្តីត្រេកអរ ដោយភាសិត ម្នាលភិក្ខុទាំងឡាយ ឧបាសិកាបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ក៏ស្រាប់តែអានន្ទស្ងៀមទៅ ម្នាលភិក្ខុទាំងឡាយ អច្ឆរិយព្ភុតធម៌ទាំងឡាយ៤នេះឯង មាននៅក្នុងអានន្ទ។ ម្នាលភិក្ខុទាំងឡាយ អច្ឆរិយព្ភុតធម៌ទាំងឡាយ៤យ៉ាងនេះ មាននៅក្នុងព្រះចក្រពត្តិរាជ ម្នាលភិក្ខុទាំងឡាយ បើខត្តិយបរិសទ្យ ចូលទៅដើម្បីគាល់ព្រះចក្រពត្តិរាជ ខត្តិយបរិសទ្យនោះ រមែងមានសេចក្តីត្រេកអរ ដោយការបានជួប បើព្រះចក្រពត្តិរាជ មានព្រះបន្ទូល ក្នុងទីនោះ ខត្តិយបរិសទ្យនោះ ក៏មានសេចក្តីត្រេកអរ ដោយភាសិត ម្នាលភិក្ខុទាំងឡាយ ខត្តិយបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ក៏ស្រាប់តែព្រះចក្រពត្តិរាជស្ងៀមទៅ។ ម្នាលភិក្ខុទាំងឡាយ បើព្រាហ្មណបរិសទ្យ។ គហបតិបរិសទ្យ។ សមណបរិសទ្យ ចូលទៅដើម្បីគាល់ព្រះចក្រពត្តិរាជ សមណបរិសទ្យនោះ រមែងមានសេចក្តីត្រេកអរ ដោយការបានគាល់ បើព្រះចក្រពត្តិរាជ មានព្រះបន្ទូល ក្នុងទីនោះ សមណបរិសទ្យនោះ មានសេចក្តីត្រេកអរ ដោយភាសិត ម្នាលភិក្ខុទាំងឡាយ សមណបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ក៏ស្រាប់តែព្រះចក្រពត្តិរាជស្ងៀមទៅ ម្នាលភិក្ខុទាំងឡាយ អច្ឆរិយព្ភុតធម៌ទាំងឡាយ៤យ៉ាងនេះ មាននៅក្នុងអានន្ទដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ បើភិក្ខុបរិសទ្យចូលទៅដើម្បីជួបនឹងអានន្ទ ភិក្ខុបរិសទ្យនោះ រមែងមានសេចក្តីត្រេកអរ ដោយការបានជួប បើអានន្ទនិយាយធម៌ក្នុងទីនោះ ភិក្ខុបរិសទ្យនោះ ក៏មានសេចក្តីត្រេកអរ ដោយភាសិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ក៏ស្រាប់តែអានន្ទស្ងៀមទៅ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនីបរិសទ្យ។ ឧបាសកបរិសទ្យ។ ឧបាសិកាបរិសទ្យចូលទៅ ដើម្បីជួបនឹងអានន្ទ ឧបាសិកាបរិសទ្យនោះ រមែងមានសេចក្តីត្រេកអរ ដោយការបានជួប បើអានន្ទនិយាយធម៌ក្នុងទីនោះ ឧបាសិកាបរិសទ្យនោះ ក៏មានសេចក្តីត្រេកអរ ដោយភាសិត ម្នាលភិក្ខុទាំងឡាយ ឧបាសិកាបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ក៏ស្រាប់តែអានន្ទស្ងៀមទៅ ម្នាលភិក្ខុទាំងឡាយ អច្ឆរិយព្ភុតធម៌ទាំងឡាយ៤យ៉ាងនេះឯង មាននៅក្នុងអានន្ទ។
[១៣៧] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ កុំបរិនិព្វាន (ក្នុងនគរកុសិនារា) ជានគរតូច ជានគរទួល ជាសាខានគរនេះឡើយ បពិត្រព្រះអង្គដ៏ចំរើន មានមហានគរដទៃគឺ នគរចម្បា រាជគ្រឹះ សាវត្ថី សាកេត កោសម្ពី ពារាណសី សូមព្រះមានព្រះភាគ បរិនិព្វានក្នុងនគរទាំងនុ៎ះ ខត្តិយមហាសាល34) ព្រាហ្មណមហាសាល35) គហបតីមហាសាល36) ជាច្រើនក្នុងនគរទាំងនោះ មានសេចក្តីជ្រះថ្លាក្នុងព្រះតថាគត គេនឹងធ្វើការបូជា ព្រះសរីរៈព្រះតថាគត។ ម្នាលអានន្ទ អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលអានន្ទ អ្នកកុំនិយាយថា នគរកុសិនារានេះ ជានគរតូច ជានគរទួល ជាសាខានគរយ៉ាងនេះឡើយ ម្នាលអានន្ទ កាលពីដើម មានព្រះចក្រពត្តិរាជ ព្រះនាមមហាសុទស្សនៈ ជាធម្មរាជ ទ្រង់ធម៌ ជាឥស្សរៈលើផែនដី មានសមុទ្រទាំង៤ ជាទីបំផុត មានជនបទមាំមួន ប្រកបដោយរតនៈទាំង៧ប្រការ ម្នាលអានន្ទ ទីក្រុងកុសិនារានេះ ជារាជធានីឈ្មោះកុសាវតី របស់ព្រះមហាសុទស្សនរាជ មានបណ្តោយ១២យោជន៍ អំពីទិសខាងកើតទៅ ទិសខាងលិច មានទទឹង៧យោជន៍ អំពីទិសខាងជើង ទៅទិសខាងត្បូង ម្នាលអានន្ទ កុសាវតីរាជធានី ជាក្រុងស្តុកស្តម្ភ សម្បូណ៌ពោរពាស (ដោយទំនិញ) មានជនច្រើន មានមនុស្សដេរដាស ទាំងបរិបូណ៌ដោយភិក្ខាហារ ម្នាលអានន្ទ រាជធានី ឈ្មោះអាឡកមន្ទា របស់ពួកទេវតា ជារាជធានីស្តុកស្តម្ភ សម្បូណ៌ពោរពាស មានជនច្រើន មានយក្ខដេរដាស ទាំងបរិបូណ៌ដោយភិក្ខាហារ យ៉ាងណាមិញ ម្នាលអានន្ទ កុសាវតីរាជធានី ក៏ជាក្រុងស្តុកស្តម្ភ សម្បូណ៌ពោរពាស (ដោយទំនិញ) មានជនច្រើន មានមនុស្សដេរដាស ទាំងបរិបូណ៌ដោយភិក្ខាហារ យ៉ាងនោះដែរ ម្នាលអានន្ទ កុសាវតីរាជធានី មិនដែលស្ងាត់ ដោយសូរសំឡេង១០យ៉ាង ទាំងថ្ងៃទាំងយប់ គឺសូរសំឡេងដំរី សូរសំឡេងសេះ សូរសំឡេងរថ សូរសំឡេងស្គរ សូរសំឡេងសំភោរ សូរសំឡេងពិណ សូរសំឡេងចម្រៀង សូរសំឡេងរគាំង សូរសំឡេងរនាត និងសូរសំឡេងជាគំរប់១០ថា អ្នកទាំងឡាយចូរស៊ី ចូរផឹក ចូរទំពា ម្នាលអានន្ទ អ្នកចូរទៅក្នុងក្រុងកុសិនារា ហើយថ្វាយដំណឹងដល់ពួកមល្លក្សត្រ ដែលនៅក្នុងក្រុងកុសិនារាថា បពិត្រវាសិដ្ឋគោត្រទាំងឡាយ ក្នុងបច្ឆិមយាម នៃរាត្រីថ្ងៃនេះ ព្រះតថាគតនឹងបរិនិព្វាន បពិត្រវាសិដ្ឋគោត្រទាំងឡាយ សូមអ្នកទាំងឡាយ អញ្ជើញទៅ បពិត្រវាសិដ្ឋគោត្រទាំងឡាយ សូមអ្នកទាំងឡាយអញ្ជើញទៅ កុំឲ្យមានសេចក្តីក្តៅក្រហាយ ស្តាយក្នុងកាលជាខាងក្រោយថា ព្រះតថាគតទ្រង់បរិនិព្វានក្នុងគាមក្ខេត្ត របស់យើងទាំងឡាយហើយ យើងទាំងឡាយ មិនបានឃើញព្រះតថាគត ក្នុងកាលជាបំផុតដូច្នេះឡើយ។ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ មិនមានភិក្ខុជាគំរប់ពីរ ចូលទៅក្នុងក្រុងកុសិនារា។ សម័យនោះឯង ពួងមល្លក្សត្រ ដែលនៅក្នុងក្រុងកុសិនារា កំពុងប្រជុំគ្នាក្នុងសណ្ឋាគារដ្ឋាន (សាលាសម្រាប់បង្រៀនវិជ្ជាក្នុងរាជត្រកូល) ដោយកិច្ចនីមួយ។ ព្រះអានន្ទមានអាយុ ក៏ចូលទៅកាន់សណ្ឋាគារដ្ឋាន របស់ពួកមល្លក្សត្រ ដែលនៅក្នុងក្រុងកុសិនារានោះ លុះចូលទៅដល់ហើយ ក៏ថ្វាយដំណឹងដល់ពួកមល្លក្សត្រ ដែលនៅក្នុងក្រុងកុសិនារាថា បពិត្រវាសិដ្ឋគោត្រទាំងឡាយ ក្នុងបច្ឆិមយាមនៃរាត្រីថ្ងៃនេះ ព្រះតថាគតនឹងបរិនិព្វាន បពិត្រវាសិដ្ឋគោត្រទាំងឡាយ សូមអ្នកទាំងឡាយអញ្ជើញទៅ បពិត្រវាសិដ្ឋគោត្រទាំងឡាយ សូមអ្នកទាំងឡាយអញ្ជើញទៅ កុំឲ្យមានសេចក្តីក្តៅក្រហាយ ស្តាយក្នុងកាលជាខាងក្រោយថា ព្រះតថាគត ទ្រង់បរិនិព្វានក្នុងគាមក្ខេត្ត របស់យើងទាំងឡាយហើយ យើងទាំងឡាយ មិនបានឃើញព្រះតថាគត ក្នុងកាលជាបំផុតដូច្នេះឡើយ។ ពួកមល្លក្សត្រ និងពួកបុត្ររបស់មល្លក្សត្រ និងសុណិសារបស់មល្លក្សត្រ និងភរិយារបស់មល្លក្សត្រ លុះឮពាក្យនេះ របស់ព្រះអានន្ទមានអាយុហើយ ក៏កើតទុក្ខតូចព្រះទ័យ ពោរពេញដោយសេចក្តីទុក្ខក្នុងព្រះទ័យ ខ្លះក៏រំសាយកេសា កន្ទក់កន្ទេញ ផ្គងកំភួនដៃ កន្ទក់កន្ទេញ ផ្តួលខ្លួនចុះបម្រះននៀលទៅមក ដូចជាមានជើងដាច់ហើយថា ព្រះមានព្រះភាគ នឹងបរិនិព្វានឆាប់ពេកណាស់ ព្រះសុគតនឹងបរិនិព្វានឆាប់ពេកណាស់ ព្រះសម្ពុទ្ធមានចក្ខុក្នុងលោក នឹងបាត់ទៅឆាប់ពេកណាស់។ លំដាប់នោះ ពួកមល្លក្សត្រ និងពួកបុត្តរបស់មល្លក្សត្រ និងសុណិសា របស់មល្លក្សត្រ និងភរិយារបស់មល្លក្សត្រ កើតទុក្ខ តូចព្រះទ័យ ពោរពេញដោយសេចក្តីទុក្ខក្នុងព្រះទ័យ ក៏នាំគ្នាចូលទៅរកព្រះអានន្ទមានអាយុ ក្នុងសាលវ័ន របស់ពួកមល្លក្សត្រ ដែលជាទីចូលទៅក្នុងក្រុង។ ទើបព្រះអានន្ទមានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា បើអាត្មាអញ នឹងឲ្យពួកមល្លក្សត្រ ដែលនៅក្នុងក្រុងកុសិនារាថ្វាយបង្គំព្រះមានព្រះភាគម្នាក់ម្តងៗ ពួកមល្លក្សត្រ ដែលនៅក្នុងក្រុងកុសិនារា នឹងថ្វាយបង្គំព្រះមានព្រះភាគ មិនទាន់ហើយស្រេច រាត្រីនេះ ក៏នឹងភ្លឺឡើងមិនខាន បើដូច្នោះ គួរតែអាត្មាអញ ដាក់ឲ្យពួកមល្លក្សត្រ ដែលនៅក្នុងក្រុងកុសិនារា ថ្វាយបង្គំព្រះមានព្រះភាគ តាមវង្សនៃត្រកូលៗ ដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន មល្លក្សត្រឈ្មោះនេះ ព្រមទាំងបុត្រភរិយា បរិសទ្យ និងអាមាត្យ សូមបង្អោនសិរ្សៈ ថ្វាយបង្គំព្រះបាទានៃព្រះមានព្រះភាគ។ លំដាប់នោះ ព្រះអានន្ទមានអាយុ ក៏ដាក់ឲ្យពួកមល្លក្សត្រ អ្នកក្រុងកុសិនារា ថ្វាយបង្គំព្រះមានព្រះភាគ តាមវង្សនៃត្រកូលៗ ដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន មល្លក្សត្រឈ្មោះនេះ ព្រមទាំងបុត្រភរិយា បរិសទ្យ និងអាមាត្យ សូមបង្អោនសិរ្សៈ ថ្វាយបង្គំព្រះបាទានៃព្រះមានព្រះភាគ។ ទើបព្រះអានន្ទមានអាយុ ឲ្យពួកមល្លក្សត្រ អ្នកក្រុងកុសិនារា ថ្វាយបង្គំព្រះមានព្រះភាគ ក្នុងបឋមយាមតាមទំនងនេះ។
[១៣៨] សម័យនោះឯង មានបរិព្វាជកឈ្មោះសុភទ្ទ នៅក្នុងក្រុងកុសិនារា។ សុភទ្ទបរិព្វាជក បានឮដំណឹងថា ព្រះសមណគោតម នឹងបរិនិព្វានក្នុងបច្ឆិមយាមនៃរាត្រីថ្ងៃនេះ។ គ្រានោះ សុភទ្ទបរិព្វាជក មានសេចក្តីត្រិះរិះយ៉ាងនេះថា ពាក្យនេះ អាត្មាអញបានឮមកអំពីពួកបរិព្វាជក ជាមនុស្សចាស់ទុំ ជាអាចារ្យតៗគ្នាមក តែងនិយាយថា ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធទាំងឡាយ តែងកើតឡើងក្នុងលោកមួយដងមួយកាល ក៏ក្នុងបច្ឆិមយាមនៃរាត្រីថ្ងៃនេះ ព្រះសមណគោតម នឹងបរិនិព្វាន មួយទៀត សេចក្តីសង្ស័យនេះ កើតឡើងដល់អាត្មាអញ ទាំងអាត្មាអញមានសេចក្តីជ្រះថ្លា ក្នុងព្រះសមណគោតមដែរ អាត្មាអញ គួរលះបង់នូវសេចក្តីសង្ស័យនេះបានយ៉ាងណា ព្រះសមណគោតម អាចនឹងសំដែងធម៌ ដល់អាត្មាអញយ៉ាងនោះបាន។ គ្រានោះ សុភទ្ទបរិព្វាជក ក៏ចូលទៅរកព្រះអានន្ទមានអាយុ ក្នុងសាលវ័នរបស់ពួកមល្លក្សត្រ ដែលជាទីចូលទៅក្នុងស្រុក លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រះអានន្ទមានអាយុ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ពាក្យនេះ ខ្ញុំបានឮមកអំពីពួកបរិព្វាជក ជាមនុស្សចាស់ទុំ ជាអាចារ្យតៗគ្នាមក តែងនិយាយថា ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធទាំងឡាយ តែងកើតឡើងក្នុងលោកមួយដងមួយកាល ក៏ក្នុងបច្ឆិមយាមនៃរាត្រីថ្ងៃនេះ ព្រះសមណគោតម នឹងបរិនិព្វាន មួយទៀត សេចក្តីសង្ស័យនេះ កើតឡើងដល់ខ្ញុំ ខ្ញុំក៏មានសេចក្តីជ្រះថ្លា ក្នុងព្រះសមណគោតមដែរ ខ្ញុំគួរលះបង់នូវសេចក្តីសង្ស័យនេះបានយ៉ាងណា ព្រះសមណគោតម អាចនឹងសំដែងធម៌ ដល់ខ្ញុំយ៉ាងនោះបាន បពិត្រព្រះអានន្ទដ៏ចំរើន ខ្ញុំសូមឲ្យបានគាល់ព្រះសមណគោតមផង។ លុះសុភទ្ទបរិព្វាជក និយាយយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏បានពោលទៅនឹងសុភទ្ទបរិព្វាជកដូច្នេះថា ម្នាលអាវុសោសុភទ្ទ កុំឡើយ អ្នកកុំបៀតបៀនព្រះតថាគត ព្រះមានព្រះភាគ ទ្រង់លំបាកព្រះអង្គណាស់។ សុភទ្ទបរិព្វាជក បាននិយាយជាគំរប់ពីរដងផង។បេ។ សុភទ្ទបរិព្វាជក បាននិយាយនឹងព្រះអានន្ទមានអាយុ ជាគំរប់បីដងផង ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ពាក្យនេះ ខ្ញុំបានឮមកអំពីពួកបរិព្វាជក ជាមនុស្សចាស់ទុំ ជាអាចារ្យតៗគ្នាមក តែងនិយាយថា ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធទាំងឡាយ តែងកើតឡើងក្នុងលោកមួយដងមួយកាល ក៏ក្នុងបច្ឆិមយាមនៃរាត្រីថ្ងៃនេះ ព្រះសមណគោតម នឹងបរិនិព្វាន មួយទៀត សេចក្តីសង្ស័យនេះ កើតឡើងដល់ខ្ញុំ ខ្ញុំក៏មានសេចក្តីជ្រះថ្លា ក្នុងព្រះសមណគោតមដែរ ខ្ញុំគួរលះបង់នូវសេចក្តីសង្ស័យនេះបានយ៉ាងណា ព្រះសមណគោតម អាចនឹងសំដែងធម៌ ដល់ខ្ញុំយ៉ាងនោះបាន បពិត្រព្រះអានន្ទដ៏ចំរើន ខ្ញុំសូមឲ្យបានគាល់ចំពោះព្រះសមណគោតមផង។ ព្រះអានន្ទមានអាយុ បានពោលទៅនឹងសុភទ្ទបរិព្វាជក ជាគំរប់បីដងទៀត ដូច្នេះថា ម្នាលអាវុសោសុភទ្ទ កុំឡើយ អ្នកកុំបៀតបៀនព្រះតថាគត ព្រះមានព្រះភាគ ទ្រង់លំបាកព្រះអង្គណាស់។ ព្រះមានព្រះភាគ ទ្រង់ព្រះសណ្តាប់កថាសល្លាបៈនេះ របស់ព្រះអានន្ទមានអាយុ ជាមួយនឹងសុភទ្ទបរិព្វាជក។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅព្រះអានន្ទមានអាយុមកថា ម្នាលអានន្ទ កុំឡើយ អ្នកកុំឃាត់សុភទ្ទ ម្នាលអានន្ទ សុភទ្ទ ចូរបានឃើញតថាគតចុះ សុភទ្ទនឹងសួរនូវសេចក្តីណាមួយនឹងតថាគត គាត់ចង់ដឹងនូវសេចក្តីនោះមែន ទើបគាត់មកសួរតថាគត មិនមែនគាត់សួរចង់បៀតបៀនទេ បើសុភទ្ទនេះសួរហើយ តថាគតសំដែងធម៌ណា គាត់នឹងបានដឹងធម៌នោះឆាប់ភ្លាម។ ទើបព្រះអានន្ទមានអាយុ ពោលទៅនឹងសុភទ្ទបរិព្វាជក ដូច្នេះថា ម្នាលអាវុសោសុភទ្ទ ព្រះមានព្រះភាគ ទ្រង់បើកឱកាសដល់អ្នកហើយ អ្នកចូរទៅចុះ។ គ្រានោះ សុភទ្ទបរិព្វាជក ក៏ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះសុភទ្ទបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន សមណព្រាហ្មណ៍ណា ជាពួកគណៈ ជាគណាចារ្យ ល្បីល្បាញ មានយស អ្នកធ្វើលទ្ធិដូចកំពង់ ដែលជនច្រើនគ្នាគេសន្មតថា ល្អ ដូចយ៉ាងគ្រូឈ្មោះ បូរណកស្សប មក្ខលិគោសាល អជិតកេសកម្ពល បកុធកច្ចាយនៈ សញ្ជយវេលដ្ឋបុត្ត និគណ្ឋនាដបុត្ត ពួកជនទាំងនោះ សុទ្ធតែត្រាស់ដឹង ដូចជាពាក្យប្តេជ្ញា របស់ខ្លួនមែន ឬសុទ្ធតែមិនបានត្រាស់ដឹងទេ ឬក៏ត្រាស់ដឹងខ្លះ មិនបានត្រាស់ដឹងខ្លះ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលសុភទ្ទ ណ្ហើយចុះ ពាក្យដែលអ្នកនិយាយថា ពួកជនទាំងនោះ សុទ្ធតែត្រាស់ដឹង ដូចជាពាក្យប្តេជ្ញា របស់ខ្លួនមែន ឬសុទ្ធតែមិនបានត្រាស់ដឹងទេ ឬក៏ត្រាស់ដឹងខ្លះ មិនបានត្រាស់ដឹងខ្លះ ដូច្នេះនេះ ចូរលើកទុកសិនចុះ ម្នាលសុភទ្ទ តថាគតនឹងសំដែងធម៌ដល់អ្នក អ្នកចូរស្តាប់ធម៌នោះ ចូរតាំងចិត្តដោយប្រពៃចុះ តថាគតនឹងសំដែង។ សុភទ្ទបរិព្វាជក ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលសុភទ្ទ អរិយមគ្គ មានអង្គ៨ មិនមានក្នុងធម្មវិន័យណា សមណៈ37) ទី១ក្តី មិនមានក្នុងធម្មវិន័យនោះ សមណៈទី២ក្តី38) មិនមានក្នុងធម្មវិន័យនោះ សមណៈទី៣ក្តី39) មិនមានក្នុងធម្មវិន័យនោះ សមណៈទី៤ក្តី40) ក៏មិនមានក្នុងធម្មវិន័យនោះដែរ ម្នាលសុភទ្ទ លុះតែអរិយមគ្គ ប្រកបដោយអង្គ៨ មានក្នុងធម្មវិន័យណា សមណៈ(ទី១)ក្តី ទើបមានក្នុងធម្មវិន័យនោះ សមណៈទី២ក្តី មានក្នុងធម្មវិន័យនោះ សមណៈទី៣ក្តី មានក្នុងធម្មវិន័យនោះ សមណៈទី៤ក្តី ក៏មានក្នុងធម្មវិន័យនោះដែរ ម្នាលសុភទ្ទ អរិយមគ្គ ប្រកបដោយអង្គ៨ មានតែក្នុងធម្មវិន័យនេះឯង ម្នាលសុភទ្ទ សមណៈ(ទី១) ក៏មានតែក្នុងសាសនា សមណៈទី២ ក៏មានតែក្នុងសាសនានេះ សមណៈទី៣ ក៏មានតែក្នុងសាសនានេះ សមណៈទី៤ ក៏មានតែក្នុងសាសនានេះ បរប្បវាទ (វាទៈនៃគ្រូដទៃ) អំពីសំណាក់នៃបុគ្គលដទៃ រមែងសូន្យចាកពួកសមណៈ (នេះ) ម្នាលសុភទ្ទ មួយទៀត ភិក្ខុទាំងនេះ គប្បីនៅដោយប្រពៃ លោកនឹងមិនបានសូន្យចាកពួកអរហន្តឡើយ។
[១៣៩] ម្នាលសុភទ្ទ កាលតថាគតមានវ័យ២៩ឆ្នាំ បានបួសហើយ ជាអ្នកស្វែងរកនូវកុសល (សព្វញ្ញុតញ្ញាណ) ម្នាលសុភទ្ទ កាលណាបើតថាគត បួសបានជាង៥០ឆ្នាំហើយ ញុំាងប្រទេស គឺវិបស្សនាមគ្គ ឲ្យប្រព្រឹត្តទៅជាប្រក្រតី ដើម្បីធម៌ដែលគួរត្រាស់ដឹង គឺអរិយមគ្គ ព្រោះហេតុនោះ សមណៈ (ទី១) ខាងក្រៅអំពីសាសនានៃតថាគតនេះ មិនមានឡើយ។
សមណៈទី២ក្តី មិនមាន សមណៈទី៣ក្តី មិនមាន សមណៈទី៤ក្តី ក៏មិនមានដែរ បរប្បវាទអំពីសំណាក់នៃបុគ្គលដទៃ រមែងសូន្យចាកពួកសមណៈ (នេះ) ម្នាលសុភទ្ទ មួយទៀត ភិក្ខុទាំងនេះ គប្បីនៅដោយប្រពៃ លោកនឹងមិនបានសូន្យចាកពួកអរហន្តឡើយ។
[១៤០] លុះព្រះមានព្រះភាគ មានព្រះពុទ្ធតម្រាស់យ៉ាងនេះហើយ សុភទ្ទបរិព្វាជក ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គ ច្បាស់ពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គ ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលផ្ងារឡើងនូវរបស់ដែលគេផ្កាប់ចុះក្តី បើកនូវរបស់ដែលគេគ្របក្តី ចង្អុរប្រាប់ផ្លូវដល់បុរស ដែលវង្វេងផ្លូវក្តី ទ្រោលប្រទីបបំភ្លឺ ក្នុងទីងងឹត ដោយគិតថា អ្នកមានចក្ខុ នឹងបានឃើញរូបក្តី យ៉ាងណាមិញ ធម៌ដែលព្រះមានព្រះភាគ ទ្រង់ប្រកាសដោយអនេកបរិយាយ ក៏យ៉ាងនោះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ថាជាសរណៈ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គគួរបានបព្វជ្ជា គួរបានឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលសុភទ្ទ បុគ្គលណា ធ្លាប់ជាអន្យតិរ្ថិយ ហើយប្រាថ្នាបព្វជ្ជា ប្រាថ្នាឧបសម្បទាក្នុងធម្មវិន័យនេះ បុគ្គលនោះ រមែងនៅបរិវាសអស់កំណត់៤ខែសិន លុះកន្លង៤ខែហើយ ទើបពួកភិក្ខុជាអារទ្ធចិត្ត (អ្នកមានចិត្តត្រេកអរ) ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ដើម្បីភិក្ខុភាវៈបាន តែថា សភាវៈនៃបុគ្គលដែលផ្សេងគ្នា តថាគតដឹងច្បាស់ហើយ ក្នុងរឿងនេះ។ បពិត្រព្រះអង្គដ៏ចំរើន បើពួកបុគ្គលធ្លាប់ជាអន្យតិរ្ថិយហើយ ប្រាថ្នាបព្វជ្ជា ប្រាថ្នាឧបសម្បទា ក្នុងធម្មវិន័យនេះ រមែងនៅបរិវាសអស់កំណត់៤ខែ លុះកន្លង៤ខែហើយ ទើបពួកភិក្ខុជាអារទ្ធចិត្ត ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ដើម្បីភិក្ខុភាវៈបាន ខ្ញុំព្រះអង្គនឹងនៅបរិវាស អស់កំណត់៤ឆ្នាំ លុះកន្លង៤ឆ្នាំហើយ សូមពួកភិក្ខុជាអារទ្ធចិត្ត ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ដើម្បីភិក្ខុភាវៈចុះ។ លំដាប់នោះ ព្រះមានព្រះភាគ ត្រាស់ហៅព្រះអានន្ទមានអាយុមកថា ម្នាលអានន្ទ បើដូច្នោះ ចូរអ្នកបំបួសសុភទ្ទបរិព្វាជកផងចុះ។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ទើបសុភទ្ទបរិព្វាជក ពោលនឹងព្រះអានន្ទមានអាយុ ដូច្នេះថា នែអាវុសោអានន្ទ លោកម្ចាស់ពេញហៅជាមានលាភ នែអាវុសោអានន្ទ អត្តភាពជាមនុស្ស លោកម្ចាស់ក៏បានដោយល្អហើយ ព្រោះថា ព្រះសាស្តា បានអភិសេកលោកម្ចាស់ ដោយការអភិសេកជាអន្តេវាសិក ក្នុងទីចំពោះព្រះភក្ត្រក្នុងសាសនានេះ។ សុភទ្ទបរិព្វាជក បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ ស្រេចហើយ។ ឯសុភទ្ទមានអាយុ លុះបានឧបសម្បទារួចភ្លាម ក៏ចេញទៅតែម្នាក់ឯង មិនប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តស្លុងទៅកាន់ព្រះនិព្វាន ពួកកុលបុត្ត ដែលចេញចាកផ្ទះ មកកាន់ផ្នួសដោយប្រពៃ ដើម្បីអនុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយបានដល់នូវអនុត្តរធម៌នោះ ជាទីបំផុតនៃមគ្គព្រហ្មចរិយៈ ដោយមិនយូរប៉ុន្មាន ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ក៏ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចារ្យ ក៏បានអប់រំហើយ សោឡសកិច្ច ក៏បានធ្វើហើយ កិច្ចដទៃ ក្រៅអំពីកិច្ចនេះ មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ សុភទ្ទភិក្ខុមានអាយុ ក៏ជាអរហន្តមួយអង្គដែរ។ សុភទ្ទភិក្ខុនោះ ជាបច្ឆិមសក្ខិសាវ័ក41) របស់ព្រះមានព្រះភាគ។
ចប់ ពុទ្ធភាណវារៈ ទី៥។
[១៤១] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ ប្រសិនបើអ្នកទាំងឡាយមានសេចក្តីត្រិះរិះយ៉ាងនេះថា ពាក្យប្រដៅ ដែលមានគ្រូប្រព្រឹត្តកន្លងទៅហើយ គ្រូរបស់យើងឈ្មោះថា មិនមានឡើយ ម្នាលអានន្ទ សេចក្តីនេះ អ្នកកុំចូលចិត្តយ៉ាងនេះឡើយ ម្នាលអានន្ទ ធម៌ណាក្តី វិន័យណាក្តី ដែលតថាគតសំដែងហើយ បញ្ញត្តហើយ ដល់អ្នកទាំងឡាយ លុះអណើះឥតអំពីតថាគតទៅ ធម៌ និងវិន័យនោះ ជាគ្រូរបស់អ្នកទាំងឡាយ ម្នាលអានន្ទ ក៏ក្នុងកាលសព្វថ្ងៃនេះ ពួកភិក្ខុហៅគ្នានឹងគ្នា ដោយពាក្យថា អាវុសោ អំណើះឥតនឹងតថាគតទៅ អ្នកទាំងឡាយ កុំហៅយ៉ាងនេះទៀតឡើយ ម្នាលអានន្ទ ភិក្ខុចាស់ជាង ត្រូវហៅភិក្ខុខ្ចីជាង ដោយនាមក៏បាន ដោយគោត្រក៏បាន ដោយពាក្យថា អាវុសោ ក៏បាន ចំណែកភិក្ខុខ្ចីជាង ត្រូវហៅភិក្ខុចាស់ជាងថា ភន្តេ ក៏បាន ថាអាយស្មាក៏បាន ម្នាលអានន្ទ លុះអំណើះឥតនឹងតថាគតទៅ បើសង្ឃមានប្រាថ្នានឹងដកសិក្ខាបទ ចូរដកសិក្ខាបទដែលតូច និងតូចដោយលំដាប់ចុះ ម្នាលអានន្ទ អំណើះឥតនឹងតថាគតទៅ សង្ឃត្រូវដាក់ព្រហ្មទណ្ឌដល់ឆន្នភិក្ខុផងចុះ។ ព្រះអានន្ទក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ព្រហ្មទណ្ឌ តើដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ ឆន្នភិក្ខុចង់ពោលនូវពាក្យណា ពោលនូវពាក្យនោះចុះ ប៉ុន្តែពួកភិក្ខុមិនត្រូវនិយាយ មិនត្រូវទូន្មាន មិនត្រូវប្រដៅ ឆន្នភិក្ខុនោះឡើយ។
[១៤២] លំដាប់នោះ ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើសេចក្តីសង្ស័យក្តី សេចក្តីងឿងឆ្ងល់ក្តី ក្នុងព្រះពុទ្ធ ឬព្រះធម៌ ឬព្រះសង្ឃ ក្នុងមគ្គ ឬបដិបទា គប្បីមានសូម្បីដល់ភិក្ខុមួយរូប ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសាកសួរ (តថាគតចុះ) កុំឲ្យអ្នកទាំងឡាយ មានសេចក្តីក្តៅក្រហាយ ស្តាយក្នុងកាលជាខាងក្រោយថា ព្រះសាស្តាមាននៅ ចំពោះមុខនៃយើងរាល់គ្នាៗ មិនបានជាយកចិត្តទុកដាក់ ដើម្បីសាកសួរព្រះមានព្រះភាគ ក្នុងទីចំពោះព្រះភក្ត្រសោះ។ កាលបើព្រះមានព្រះភាគ មានព្រះពុទ្ធដីកាយ៉ាងនេះហើយ ភិក្ខុទាំងនោះក៏នៅស្ងៀម។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយជាគំរប់ពីរដង។បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយ ជាគំរប់បីដងថា ម្នាលភិក្ខុទាំងឡាយ បើសេចក្តីសង្ស័យក្តី សេចក្តីងឿងឆ្ងល់ក្តី ក្នុងព្រះពុទ្ធ ឬព្រះធម៌ ឬព្រះសង្ឃ ក្នុងមគ្គ ឬបដិបទា គប្បីមានសូម្បីដល់ភិក្ខុមួយរូប ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសាកសួរ (តថាគតចុះ) កុំឲ្យអ្នកទាំងឡាយ មានសេចក្តីក្តៅក្រហាយ ស្តាយក្នុងកាលជាខាងក្រោយថា ព្រះសាស្តាមាននៅ ចំពោះមុខនៃយើងរាល់គ្នាៗ មិនបានជាយកចិត្តទុកដាក់ ដើម្បីសាកសួរព្រះមានព្រះភាគ ក្នុងទីចំពោះព្រះភក្ត្រសោះ។ ភិក្ខុទាំងនោះក៏នៅតែស្ងៀម ជាគំរប់បីដង។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បើមានសេចក្តីសង្ស័យ អ្នកទាំងឡាយមិនហ៊ានសាកសួរ (តថាគត) ព្រោះសេចក្តីគោរពក្នុងសាស្តា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសំឡាញ់ចូរប្រាប់ដល់ភិក្ខុជាសំឡាញ់ផងចុះ។ លុះព្រះមានព្រះភាគ មានព្រះពុទ្ធដីកា យ៉ាងនេះហើយ ភិក្ខុទាំងនោះ ក៏នៅស្ងៀម។ គ្រានោះ ព្រះអានន្ទមានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះ ជាអស្ចារ្យពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះ ចំឡែកពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានសេចក្តីជ្រះថ្លាយ៉ាងនេះ ក្នុងភិក្ខុសង្ឃនេះ ព្រោះថា សេចក្តីសង្ស័យក្តី សេចក្តីងឿងឆ្ងល់ក្តី ក្នុងព្រះពុទ្ធ ឬព្រះធម៌ ឬព្រះសង្ឃ ក្នុងមគ្គ ឬបដិបទា មិនមានដល់ភិក្ខុ សូម្បីមួយរូប ក្នុងភិក្ខុសង្ឃនេះឡើយ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ អ្នកនិយាយដោយសេចក្តីជ្រះថ្លា ម្នាលអានន្ទ ញាណតថាគត ក៏ដឹងពិតក្នុងសេចក្តីនេះថា សេចក្តីសង្ស័យក្តី សេចក្តីងឿងឆ្ងល់ក្តី ក្នុងព្រះពុទ្ធ ឬព្រះធម៌ ឬព្រះសង្ឃ ក្នុងមគ្គ ឬបដិបទា មិនមានដល់ភិក្ខុ សូម្បីមួយរូប ក្នុងភិក្ខុសង្ឃនេះឡើយ ម្នាលអានន្ទ ព្រោះថា បណ្តាភិក្ខុទាំង៥០០រូបនេះ ភិក្ខុណា ដែលមានគុណធម៌យ៉ាងទាបបំផុត ភិក្ខុនោះ គង់ជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ចុះក្នុងអបាយ ជានិយតបុគ្គល មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។
[១៤៣] គ្រានោះ ព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ណ្ហើយចុះ ឥឡូវនេះ តថាគតប្រាប់អ្នកទាំងឡាយឲ្យបានដឹង សង្ខារទាំងឡាយ មានសេចក្តីសាបសូន្យជាធម្មតា អ្នកទាំងឡាយ ចូរញុំាងកិច្ចទាំងពួងឲ្យសម្រេច ដោយសេចក្តីមិនប្រមាទចុះ។ នេះជាបច្ឆិមវាចា របស់ព្រះតថាគត។
[១៤៤] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចូលកាន់បឋមជ្ឈាន ចេញអំពីបឋមជ្ឈាន ហើយចូលកាន់ទុតិយជ្ឈាន ចេញអំពីទុតិយជ្ឈាន ហើយចូលកាន់តតិយជ្ឈាន ចេញអំពីតតិយជ្ឈាន ហើយចូលកាន់ចតុត្ថជ្ឈាន ចេញអំពីចតុត្ថជ្ឈាន ហើយចូលកាន់អាកាសានញ្ចាយតនសមាបត្តិ ចេញអំពីអាកាសានញ្ចាយតនសមាបត្តិហើយ ចូលកាន់វិញ្ញាណញ្ចាយតនសមាបត្តិ ចេញអំពីវិញ្ញាណញ្ចាយតនសមាបត្តិ ហើយចូលកាន់អាកិញ្ចញ្ញាយតនសមាបត្តិ ចេញអំពីអាកិញ្ចញ្ញាយតនសមាបត្តិហើយ ចូលកាន់នេវសញ្ញានាសញ្ញាយតនសមាបត្តិ ចេញអំពីនេវសញ្ញានាសញ្ញាយតនសមាបត្តិហើយ ចូលកាន់សញ្ញាវេទយិតនិរោធ (សេចក្តីរលត់នៃសញ្ញា និងវេទនា)។ គ្រានោះ ព្រះអានន្ទមានអាយុ ពោលទៅនឹងព្រះអនុរុទ្ធមានអាយុ ដូច្នេះថា បពិត្រអនុរុទ្ធដ៏ចំរើន ព្រះមានព្រះភាគបរិនិព្វានហើយឬ។ ព្រះអនុរុទ្ធតបថា ម្នាលអាវុសោអានន្ទព្រះមានព្រះភាគ មិនទាន់បរិនិព្វានទេ ព្រះអង្គទ្រង់ចូលកាន់សញ្ញាវេទយិតនិរោធ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចេញចាកសញ្ញាវេទយិតនិរោធសមាបត្តិហើយ ថយមកចូលកាន់នេវសញ្ញានាសញ្ញាយតនសមាបត្តិវិញ ចេញអំពីនេវសញ្ញានាសញ្ញាយតនសមាបត្តិហើយ ថយមកចូលកាន់អាកិញ្ចញ្ញាយតនសមាបត្តិវិញ ចេញអំពីអាកិញ្ចញ្ញាយតនសមាបត្តិហើយ ថយមកចូលកាន់វិញ្ញាណញ្ចាយតនសមាបត្តិវិញ ចេញអំពីវិញ្ញាណញ្ចាយតនសមាបត្តិហើយ ថយមកចូលកាន់អាកាសានញ្ចាយតនសមាបត្តិវិញ ចេញអំពីអាកាសានញ្ចាយតនសមាបត្តិហើយ ថយមកចូលកាន់ចតុត្ថជ្ឈានវិញ ចេញអំពីចតុត្ថជ្ឈានហើយ ថយមកចូលកាន់តតិយជ្ឈនវិញ ចេញអំពីតតិយជ្ឈានហើយ ថយមកចូលកាន់ទុតិយជ្ឈានវិញ ចេញអំពីទុតិយជ្ឈានហើយ ថយមកចូលកាន់បឋមជ្ឈានវិញ ចេញអំពីបឋមជ្ឈានហើយ ក៏ចូលកាន់ទុតិយជ្ឈានទៀត ចេញអំពីទុតិយជ្ឈានហើយ ក៏ចូលកាន់តតិយជ្ឈានទៀត ចេញអំពីតតិយជ្ឈានហើយ ក៏ចូលកាន់ចតុត្ថជ្ឈានទៀត។ លុះព្រះមានព្រះភាគ ទ្រង់ចេញចាកចតុត្ថជ្ឈានហើយ ក៏ទ្រង់បរិនិព្វានក្នុងចន្លោះនោះ។42)
[១៤៥] កាលព្រះមានព្រះភាគ បរិនិព្វានហើយ ការកក្រើកនៃផែនដីធំ គួរស្បើម គួរព្រឺរោម ក៏កើតមាន ទាំងផ្គរ43) ក៏លាន់ឮគគ្រឹកក៏គ្រេង ព្រមនឹងការបរិនិព្វាន។
[១៤៦] កាលព្រះមានព្រះភាគបរិនិព្វានហើយ សហម្បតិព្រហ្ម ក៏ពោលនូវគាថានេះ ព្រមនឹងការបរិនិព្វានថា
ព្រះសាស្តា ដែលឥតបុគ្គលប្រៀបស្មើ ប្រាកដដូច្នេះ ព្រះតថាគត ជាសម្ពុទ្ធបរិបូណ៌ហើយដោយកំឡាំង ទ្រង់បរិនិព្វានហើយ ក្នុងលោកណា ពួកសត្វទាំងអស់ មុខជានឹងដាក់ចុះនូវរាងកាយ ក្នុងលោក (នោះ) មិនខានឡើយ។
[១៤៧] កាលព្រះមានព្រះភាគ បរិនិព្វានហើយ ព្រះឥន្ទ្រជាធំជាងទេវតា ក៏ពោលនូវគាថានេះ ព្រមនឹងការបរិនិព្វានថា
សង្ខារទាំងឡាយ មិនទៀងហ្ន៎ មានកិរិយាកើតឡើង និងការសូន្យទៅជាធម្មតា លុះកើតឡើងហើយ ក៏រលត់ទៅវិញ កិរិយារម្ងាប់នូវសង្ខារទាំងនោះបាន ទើបនាំមកនូវសេចក្តីសុខ។
[១៤៨] កាលព្រះមានព្រះភាគបរិនិព្វានហើយ ព្រះអនុរុទ្ធមានអាយុ ក៏ពោលនូវគាថាទាំងនេះ ព្រមនឹងការបរិនិព្វានថា
ព្រះមុនីនាថអង្គណា ដែលមិនមានតណ្ហា ទ្រង់ប្រារព្ធនូវអនុបាទិសេសនិព្វានហើយ ទ្រង់ធ្វើមរណកាល អស្សាសបស្សាសៈ នៃព្រះមុនីនាថ ជាតាទិបុគ្គល ដែលមានព្រះទ័យខ្ជាប់ខ្លួននោះ មិនមានហើយ។ ព្រះមុនីនាថ ទ្រង់អត់សង្កត់វេទនា បានដោយចិត្តមិនរួញរា សេចក្តីរលត់នៃចិត្តក៏កើតមាន បីដូចជាការរលត់នៃប្រទីប។
[១៤៩] កាលព្រះមានព្រះភាគបរិនិព្វានហើយ ព្រះអានន្ទមានអាយុ ក៏ពោលនូវគាថាទាំងនេះ ព្រមនឹងការបរិនិព្វានថា
កាលដែលព្រះសម្ពុទ្ធ ប្រកបដោយហេតុ ប្រសើរទាំងពួង ទ្រង់បរិនិព្វានហើយ សេចក្តីញាប់ញ័រក្តី សេចក្តីព្រឺរោមក្តី ក៏កើតមានប្រាកដ។
[១៥០] កាលព្រះមានព្រះភាគបរិនិព្វានហើយ ភិក្ខុទាំងឡាយណា ដែលមិនទាន់ប្រាសចាករាគៈ មាននៅក្នុងទីនុ៎ះ ភិក្ខុទាំងនោះ ពួកខ្លះក៏ផ្គងឡើងនូវកំភួនដៃ ហើយកន្ទក់កន្ទេញ ផ្តួលខ្លួនបម្រះននៀលទៅមក ហាក់ដូចជាមានជើងដាច់ហើយថា ព្រះមានព្រះភាគ ទ្រង់ប្រញាប់បរិនិព្វានពេកណាស់ ព្រះសុគត ទ្រង់ប្រញាប់បរិនិព្វានពេកណាស់ ព្រះសម្ពុទ្ធមានចក្ខុក្នុងលោក ប្រញាប់បាត់ទៅពេកណាស់។ ឯពួកភិក្ខុណា ដែលប្រាសចាករាគៈហើយ ភិក្ខុទាំងនោះ មានសតិ និងសម្បជញ្ញៈ អត់សង្កត់ដោយគិតថា សង្ខារទាំងឡាយមិនទៀងពិត ព្រោះហេតុនោះ បុគ្គលគប្បីបាននូវសេចក្តីទៀងទាត់ ក្នុងខន្ធប្បវត្តិនេះអំពីណា។
[១៥១] លំដាប់នោះ ព្រះអនុរុទ្ធមានអាយុ ប្រាប់ពួកភិក្ខុថា ម្នាលអាវុសោទាំងឡាយ ណ្ហើយអ្នកទាំងឡាយ កុំសោយសោក កុំខ្សឹកខ្សួលឡើយ ម្នាលអាវុសោទាំងឡាយ សេចក្តីនេះ ព្រះមានព្រះភាគ ទ្រង់បានសំដែងហើយថា សេចក្តីព្រាត់ប្រាស វិនាសប្រែប្រួល ចាកសត្វ និងសង្ខារ ដែលជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងអស់ តែងមានជាធម្មតា ម្នាលអាវុសោទាំងឡាយ ព្រោះហេតុនោះ បុគ្គលគប្បីបាននូវសេចក្តីមិនព្រាត់ប្រាសនោះ ក្នុងខន្ធប្បវត្តិនេះអំពីណា ធម្មជាតណាដែលកើតហើយ ដែលមានហើយ ដែលបច្ច័យតាក់តែងហើយ មានសេចក្តីទ្រុឌទ្រោមជាធម្មតា ធម្មជាតនោះឯង បុគ្គលនឹងពោលឃាត់ថា កុំទ្រុឌទ្រោមដូច្នេះ (ដោយហេតុណា) ហេតុនុ៎ះមិនមានឡើយ ម្នាលអាវុសោទាំងឡាយ ទេវតាទាំងឡាយ នឹងពោលទោស44) មិនខាន។ ព្រះអានន្ទសួរថា បពិត្រព្រះអនុរុទ្ធដ៏ចំរើន ចុះពួកទេវតាធ្វើទុកក្នុងចិត្តដូចម្តេច។ ព្រះអនុរុទ្ធមានថេរវាចាថា ម្នាលអាវុសោអានន្ទ មានពួកទេវតា (ខ្លះ) ដែលសំគាល់ គឺនិម្មិតផែនដីក្នុងអាកាស រំសាយសក់ កន្ទក់កន្ទេញ ផ្គងឡើងនូវកំភួនដៃ កន្ទក់កន្ទេញ ផ្តួលខ្លួនចុះបម្រះននៀលទៅមក បីដូចជាមានជើងដាច់ហើយថា ព្រះមានព្រះភាគ ទ្រង់ប្រញាប់បរិនិព្វានពេកណាស់ ព្រះសុគត ទ្រង់ប្រញាប់បរិនិព្វានពេកណាស់ ព្រះសម្ពុទ្ធមានចក្ខុក្នុងលោក ទ្រង់ប្រញាប់បាត់បង់ពេកណាស់ ម្នាលអាវុសោអានន្ទ មានពួកទេវតា (ខ្លះ) ដែលសំគាល់នូវនិម្មិត គឺផែនដីលើផែនដី រំសាយសក់កន្ទក់កន្ទេញ។បេ។ បាត់ទៅ។ ពួកទេវតាណា ដែលប្រាសចាករាគៈ ទេវតាទាំងនោះ មានសតិសម្បជញ្ញៈ អត់សង្កត់ដោយគិតថា សង្ខារទាំងឡាយមិនទៀង ព្រោះហេតុនោះ បុគ្គលគប្បីបាននូវសេចក្តីទៀងទាត់ ក្នុងខន្ធប្បវត្តិនេះអំពីណា។ គ្រានោះ ព្រះអនុរុទ្ធមានអាយុ និងព្រះអានន្ទមានអាយុ ធ្វើធម្មីកថា អស់រាត្រីដែលនៅសល់នោះ។ ទើបព្រះអនុរុទ្ធមានអាយុ ពោលនឹងព្រះអានន្ទមានអាយុថា ម្នាលអាវុសោអានន្ទ អ្នកចូរចូលទៅកាន់ក្រុងកុសិនារា ហើយថ្វាយដំណឹងដល់ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារាថា បពិត្រវាសិដ្ឋគោត្រទាំងឡាយ ព្រះមានព្រះភាគបរិនិព្វានហើយ ឥឡូវអ្នកទាំងឡាយ ចូរសំគាល់នូវកាលគួរចុះ។ ព្រះអានន្ទមានអាយុ ទទួលវាចានៃព្រះអនុរុទ្ធមានអាយុថា អើលោកម្ចាស់ ហើយក៏ស្លៀកស្បង់កាន់យកបាត្រ និងចីវរក្នុងបុព្វណ្ហសម័យ មិនមានភិក្ខុជាគម្រប់ពីរឡើយ ចូលទៅកាន់ក្រុងកុសិនារា។
[១៥២] ក្នុងសម័យនោះឯង ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា កំពុងប្រជុំគ្នា ក្នុងសណ្ឋាគារដ្ឋាន ដោយកិច្ចនីមួយ។ ទើបព្រះអានន្ទមានអាយុ ចូលទៅកាន់សណ្ឋាគារដ្ឋាន របស់ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារានោះ លុះចូលទៅដល់ហើយ ថ្វាយដំណឹងដល់ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារាថា បពិត្រវាសិដ្ឋទាំងឡាយ ព្រះមានព្រះភាគបរិនិព្វានហើយ ឥឡូវនេះ សូមទ្រង់ទាំងឡាយ សំគាល់នូវកាលគួរចុះ។ ពួកមល្លក្សត្រិយ៍ ពួកបុត្ររបស់មល្លក្សត្រិយ៍ ព្រះសុណិសារបស់មល្លក្សត្រិយ៍ និងភរិយារបស់មល្លក្សត្រិយ៍ ឮពាក្យនេះ របស់ព្រះអានន្ទមានអាយុ ហើយក៏កើតទុក្ខ តូចព្រះទ័យ ឆ្អែតដោយសេចក្តីទុក្ខក្នុងចិត្ត ខ្លះរំសាយសក់ កន្ទក់កន្ទេញ ផ្គងកំភួនដៃកន្ទក់កន្ទេញ ផ្តួលខ្លួនចុះ បម្រះននៀលទៅមក បីដូចជាមានជើងដាច់ហើយថា ព្រះមានព្រះភាគ ទ្រង់បរិនិព្វានឆាប់ពេកណាស់ ព្រះសុគតទ្រង់បរិនិព្វាន ឆាប់ពេកណាស់ ព្រះសម្ពុទ្ធមានចក្ខុក្នុងលោក បាត់បង់ទៅឆាប់ពេកណាស់។ គ្រានោះ ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា បង្គាប់ពួករាជបុរសថា ម្នាលនាយ បើដូច្នោះ ចូរអ្នកទាំងឡាយប្រមូលគ្រឿងក្រអូប និងកម្រងផ្កា និងគ្រឿងតូរ្យតន្ត្រីទាំងអស់ ដែលមានក្នុងក្រុងកុសិនារា។ ទើបពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា នាំយកគ្រឿងក្រអូប និងកម្រងផ្កា និងគ្រឿងតូរ្យតន្ត្រី និងសំពត់៥០០គូ ចូលទៅគាល់ព្រះសរីរៈ នៃព្រះមានព្រះភាគ ក្នុងសាលវ័ន របស់ពួកមល្លក្សត្រិយ៍ ដែលជាទីចូលទៅក្នុងក្រុង លុះចូលទៅដល់ហើយ ក៏ធ្វើសក្ការៈគោរព រាប់អានបូជាព្រះសរីរៈ នៃព្រះមានព្រះភាគ ដោយរបាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿងក្រអូបទាំងឡាយ ហើយធ្វើពិតានសំពត់ តាក់តែងរោងបារាំយ៉ាងនេះ ពេញអស់១ថ្ងៃនោះ។ លំដាប់នោះ ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា មានសេចក្តីត្រិះរិះដូច្នេះថា កាលនេះ ជ្រុលវេលាហើយ នឹងថ្វាយព្រះភ្លើងព្រះសរីរៈ នៃព្រះមានព្រះភាគ ក្នុងថ្ងៃនេះមិនទាន់ទេ ចាំថ្ងៃស្អែក សឹមយើងនឹងថ្វាយព្រះភ្លើងព្រះសរីរៈ នៃព្រះមានព្រះភាគ។ លំដាប់នោះ ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា នាំគ្នាធ្វើសក្ការៈ គោរពរាប់អាន បូជាព្រះសរីរៈ នៃព្រះមានព្រះភាគ ដោយរបាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿងក្រអូបទាំងឡាយ ហើយធ្វើពិតានសំពត់ តាក់តែងរោងបារាំទាំងឡាយ ហើយញុំាងថ្ងៃជាគំរប់ពីរ ឲ្យកន្លងទៅទៀត ញុំាងថ្ងៃជាគំរប់បីឲ្យកន្លងទៅទៀត ញុំាងថ្ងៃជាគំរប់បួន ឲ្យកន្លងទៅទៀត ញុំាងថ្ងៃជាគំរប់ប្រាំ ឲ្យកន្លងទៅទៀត ញុំាងថ្ងៃជាគំរប់៦ ឲ្យកន្លងទៅទៀត លុះថ្ងៃជាគំរប់៧ ទើបពួកមល្លក្សត្រិយ៍ អ្នកស្រុកកុសិនារា មានសេចក្តីត្រិះរិះយ៉ាងនេះថា យើងរាល់គ្នា នឹងធ្វើសក្ការៈ គោរពរាប់អាន បូជាព្រះសរីរៈ នៃព្រះមានព្រះភាគ ដោយរបាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿងក្រអូបទាំងឡាយ ហើយហែរទៅតាមទិសខាងត្បូងក្រៅក្រុង ហើយថ្វាយព្រះភ្លើងព្រះសរីរៈ នៃព្រះមានព្រះភាគ អំពីខាងត្បូងនៃក្រុង។
[១៥៣] ក្នុងសម័យនោះឯង មល្លក្សត្រិយ៍៨អង្គ ដែលជាប្រធាន ជម្រះសីសៈហើយ ទ្រង់សំពត់ថ្មី គិតគ្នាថា យើងនឹងលើកព្រះសរីរៈ នៃព្រះមានព្រះភាគ ដូច្នេះ តែមិនអាចនឹងលើករួចបាន។ ទើបពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា ពោលនឹងព្រះអនុរុទ្ធមានអាយុ ដូច្នេះថា បពិត្រព្រះអនុរុទ្ធដ៏ចំរើន មានហេតុដូចម្តេច មានបច្ច័យដូចម្តេច បានជាមល្លក្សត្រិយ៍ ជាប្រធានទាំង៨អង្គនេះ ជម្រះសីសៈហើយ ទ្រង់សំពត់ថ្មី គិតគ្នាថា យើងនឹងលើកព្រះសរីរៈ នៃព្រះមានព្រះភាគ ដូច្នេះ តែមិនអាចនឹងលើករួចបាន។ ព្រះអនុរុទ្ធតបថា បពិត្រវាសិដ្ឋទាំងឡាយ បំណងរបស់ទ្រង់ទាំងឡាយផ្សេង បំណងរបស់ពួកទេវតាផ្សេង។ ពួកមល្លក្សត្រិយ៍ សួរទៀតថា បពិត្រលោកម្ចាស់ដ៏ចំរើន ចុះបំណងរបស់ពួកទេវតា តើដូចម្តេច។ ព្រះអនុរុទ្ធតបថា បពិត្រវាសិដ្ឋៈទាំងឡាយ បំណងរបស់ទ្រង់ទាំងឡាយថា យើងរាល់គ្នានឹងធ្វើសក្ការៈ គោរពរាប់អាន បូជាព្រះសរីរៈ នៃព្រះមានព្រះភាគ ដោយរបាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿងក្រអូបទាំងឡាយ ហើយហែរទៅតាមទិសខាងត្បូងក្រៅក្រុង ហើយថ្វាយព្រះភ្លើងព្រះសរីរៈ នៃព្រះមានព្រះភាគ អំពីខាងត្បូងនៃក្រុង បពិត្រវាសិដ្ឋៈទាំងឡាយ ឯបំណងរបស់ពួកទេវតាថា យើងរាល់គ្នានឹងធ្វើសក្ការៈ គោរពរាប់អាន បូជាព្រះសរីរៈ នៃព្រះមានព្រះភាគ ដោយរបាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿងក្រអូបទាំងឡាយ ដែលជាទិព្វ ហើយហែរទៅខាងជើង តាមទិសខាងជើងនៃក្រុង ហើយចូលទៅកាន់ក្រុងតាមទ្វារខាងជើង ហើយហែទៅត្រង់កណ្តាល តាមទីកណ្តាលនៃក្រុង ហើយចេញទៅតាមទ្វារខាងកើត ហើយថ្វាយព្រះភ្លើងព្រះសរីរៈ នៃព្រះមានព្រះភាគ ក្នុងមកុដពន្ធនចេតិយ45) របស់មល្លក្សត្រិយ៍ ខាងកើតនៃក្រុង។ ពួកមល្លក្សត្រិយ៍ ទូលថា បពិត្រលោកម្ចាស់ដ៏ចំរើន បំណងរបស់ពួកទេវតាយ៉ាងណា ការថ្វាយព្រះភ្លើងព្រះសរីរៈ នៃព្រះមានព្រះភាគ ក៏សូមឲ្យសម្រេចយ៉ាងនោះចុះ។ សម័យនោះឯង ក្រុងកុសិនារា ពាសពេញដោយផ្កាមន្ទាវរៈ ដោយគំនរប្រមាណត្រឹមជង្គង់ រហូតដល់ទីជាចន្លោះនៃផ្ទះ និងទសម្រាប់បង្ហូរនូវគូថៈ និងកន្លែងសម្រាប់ចោលនូវសម្រាម។ គ្រានោះ ពួកទេវតា និងពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា នាំគ្នាធ្វើសក្ការៈ គោរពរាប់អាន បូជាព្រះសរីរៈនៃព្រះមានព្រះភាគ ដោយរបាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿងប្រអូបទាំងឡាយ ជារបស់ទិព្វខ្លះ របស់មនុស្សខ្លះ ហើយហែទៅខាងជើង តាមទិសខាងជើងនៃក្រុង ហើយចូលទៅកាន់ក្រុង តាមទ្វារខាងជើង ហើយហែទៅត្រង់កណ្តាល តាមទីកណ្តាលនៃក្រុង ហើយចេញទៅតាមទ្វារខាងកើត ហើយថ្វាយព្រះភ្លើងព្រះសរីរៈ នៃព្រះមានព្រះភាគ ក្នុងមកុដពន្ធនចេតិយ របស់ពួកមល្លក្សត្រិយ៍ ខាងកើតនៃក្រុង។ លំដាប់នោះ ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា ពោលនឹងព្រះអានន្ទមានអាយុ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន យើងទាំងឡាយ នឹងប្រតិបត្តិក្នុងព្រះសរីរៈនៃព្រះតថាគតដូចម្តេច។ ព្រះអានន្ទតបថា បពិត្រវាសិដ្ឋៈទាំងឡាយ ពួកឥស្សរជន ប្រតិបត្តិក្នុងសរីរៈនៃព្រះចក្រពត្តិរាជយ៉ាងណា ពួកមហាបពិត្រគប្បីប្រតិបត្តិ ក្នុងព្រះសរីរៈនៃព្រះតថាគត យ៉ាងនោះចុះ។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះពួកឥស្សរជន ប្រតិបត្តិក្នុងព្រះសរីរៈនៃព្រះចក្រពត្តិរាជដូចម្តេច។ បពិត្រវាសិដ្ឋៈទាំងឡាយ ពួកឥស្សរជន រុំសរីរៈនៃព្រះចក្រពត្តិរាជ ដោយសំពត់ថ្មី លុះរុំដោយសំពត់ថ្មីរួចហើយ ទើបរុំដោយសំឡី លុះរុំដោយសំឡីហើយ ក៏រុំដោយសំពត់ថ្មី (ថែមទៀត) រុំសរីរៈនៃព្រះចក្រពត្តិរាជ ដោយសំពត់៥០០គូ ដោយទំនងនេះ ហើយតំកល់ក្នុងព្រះមឈូសមាស ដែលដាក់ប្រេង ហើយគ្របដោយមឈូសមាសដទៃ ហើយធ្វើជើងថ្ករ ទើបថ្វាយព្រះភ្លើងនូវសរីរៈ នៃព្រះចក្រពត្តិរាជ ដោយគ្រឿងក្រអូបគ្រប់យ៉ាង ហើយគេធ្វើព្រះស្តូបនៃព្រះចក្រពត្តិរាជក្នុងផ្លូវធំ បែកជា៤ បពិត្រវាសិដ្ឋៈទាំងឡាយ ពួកឥស្សរជន ប្រតិបត្តិក្នុងសរីរៈនៃព្រះចក្រពត្តិរាជយ៉ាងនេះឯង បពិត្រវាសិដ្ឋៈទាំងឡាយ ពួកឥស្សរជន ប្រតិបត្តិក្នុងសរីរៈនៃព្រះចក្រពត្តិរាជយ៉ាងណាមិញ ពួកមហាបពិត្រគប្បីប្រតិបត្តិ ក្នុងព្រះសរីរៈនៃព្រះតថាគត គប្បីធ្វើព្រះស្តូបរបស់ព្រះតថាគត ក្នុងផ្លូវធំបែកជា៤យ៉ាងនោះចុះ ពួកជនណានឹងលើកឡើងនូវផ្កាកម្រងក្តី គ្រឿងក្រអូបក្តី គ្រឿងលំអិតក្តី ឬនឹងថ្វាយបង្គំ ឬធ្វើចិត្តឲ្យជ្រះថ្លាក្នុងព្រះស្តូបនោះ អំពើនោះ នឹងនាំមកនូវប្រយោជន៍ និងសេចក្តីសុខ ដល់ជនទាំងនោះ អស់កាលយូរអង្វែង។ គ្រានោះ ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា បង្គាប់រាជបុរសថា ម្នាលនាយ បើដូច្នោះ ចូរអ្នកទាំងឡាយ ប្រមូលសំឡីរបស់ពួកមល្លជនមក។ លំដាប់នោះ ពួកមល្លក្សត្រ អ្នកក្រុងកុសិនារា នាំគ្នារុំសរីរៈនៃព្រះមានព្រះភាគ ដោយសំពត់ថ្មី លុះរុំដោយសំពត់ថ្មីរួចហើយ ទើបរុំដោយសំឡី លុះរុំដោយសំឡីហើយ ក៏រុំដោយសំពត់ថ្មី (ថែមទៀត) រុំសរីរៈនៃព្រះមានព្រះភាគ ដោយសំពត់៥០០គូ ដោយទំនងនេះ ហើយតំកល់ក្នុងព្រះមឈូសមាស ដែលដាក់ប្រេង ហើយគ្របដោយមឈូសមាសដទៃ ហើយធ្វើជើងថ្ករ ទើបថ្វាយព្រះភ្លើងនូវព្រះសរីរៈ នៃព្រះមានព្រះភាគ ដោយគ្រឿងក្រអូបគ្រប់យ៉ាង។
[១៥៤] សម័យនោះឯង ព្រះមហាកស្សបមានអាយុ និមន្តតាមផ្លូវឆ្ងាយ មកអំពីក្រុងបាវា ទៅកាន់ក្រុងកុសិនារា ជាមួយនឹងភិក្ខុសង្ឃជាច្រើន ប្រមាណ៥០០រូប។ លំដាប់នោះ ព្រះមហាកស្សបមានអាយុ ចៀសចាកផ្លូវ ទៅគង់ក្រោមម្លប់ឈើ១។ ក៏សម័យនោះឯង មានអាជីវកម្នាក់ កាន់ផ្កាមន្ទារវៈ អំពីក្រុងកុសិនារា ដើរតាមផ្លូវឆ្ងាយ ទៅកាន់ក្រុងបាវា។ ព្រះមហាកស្សបមានអាយុ បានឃើញអាជីវកនោះ ដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏ពោលទៅនឹងអាជីវកនោះ ដូច្នេះថា ម្នាលអាវុសោ អ្នកដឹងដំណឹងព្រះសាស្តារបស់យើងខ្លះដែរ។ អាជីវកតបថា អើអាវុសោ ខ្ញុំដឹងដែរ ព្រះសមណគោតម បរិនិព្វានទៅ៧ថ្ងៃ គម្រប់នឹងថ្ងៃនេះហើយ ផ្កាមន្ទារវៈនេះ ខ្ញុំយកមកអំពីទីបរិនិព្វាន របស់ព្រះសមណគោតមនោះ។ បណ្តាភិក្ខុទាំងនោះ ពួកភិក្ខុទាំងនោះ ពួកភិក្ខុណា ដែលមិនទាន់ប្រាសចាករាគៈ ពួកភិក្ខុនោះ ខ្លះក៏ផ្គងកំភួនដៃ កន្ទក់កន្ទេញ ដួលបម្រះននៀលទៅមក បីដូចជាមានជើងដាច់ហើយថា ព្រះមានព្រះភាគ ទ្រង់បរិនិព្វានឆាប់ពេកណាស់ ព្រះសុគត ទ្រង់បរិនិព្វានឆាប់ពេកណាស់ ព្រះសម្ពុទ្ធមានចក្ខុក្នុងលោក ទ្រង់បាត់ទៅឆាប់ពេកណាស់។ ឯពួកភិក្ខុណា ដែលប្រាសចាករាគៈហើយ ពួកភិក្ខុនោះ ក៏មានសតិ សម្បជញ្ញៈ អត់សង្កត់ថា សង្ខារទាំងឡាយមិនទៀង ព្រោះហេតុនោះ បុគ្គលគប្បីបាននូវសេចក្តីទៀងទាត់ ក្នុងខន្ធប្បវត្តិនេះ មកអំពីណា។
[១៥៥] សម័យនោះឯង ភិក្ខុបួសចាស់ឈ្មោះសុភទ្ទ អង្គុយក្នុងកណ្តាលបរិសទ្យនោះ។ លំដាប់នោះ ភិក្ខុបួសចាស់ឈ្មោះសុភទ្ទ ពោលទៅនឹងពួកភិក្ខុទាំងនោះ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ណ្ហើយអ្នកទាំងឡាយកុំសោកសៅ កុំខ្សឹកខ្សួលឡើយ ពួកយើងនឹងបានរួចស្រឡះហើយ ព្រោះថា ពួកយើង មហាសមណៈនោះ តែងបៀតបៀនថា អំពើនេះគួរដល់អ្នក អំពើនេះ មិនគួរដល់អ្នក ក៏ឥឡូវនេះ ពួកយើងនឹងប្រាថ្នាធ្វើនូវអំពើណា នឹងធ្វើអំពើនោះបាន មិនប្រាថ្នាធ្វើនូវអំពើណា នឹងមិនធ្វើអំពើនោះបាន។ គ្រានោះ ព្រះមហាកស្សបហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោទាំងឡាយ ណ្ហើយ អ្នករាល់គ្នា កុំសោកសៅ កុំខ្សឹកខ្សួលឡើយ ម្នាលអាវុសោទាំងឡាយ ពាក្យនេះព្រះមានព្រះភាគ បានសំដែងជាមុនហើយថា សេចក្តីព្រាត់ប្រាសវិនាស ប្រែប្រួលចាកសត្វ និងសង្ខារជាទីស្រឡាញ់ ជាទីពេញចិត្តទាំងអស់ តែងមានជាធម្មតា ម្នាលអាវុសោទាំងឡាយ ព្រោះហេតុនោះ បុគ្គលគប្បីបាននូវសេចក្តីមិនព្រាត់ប្រាសនោះ ក្នុងខន្ធប្បវត្តិនេះ មកអំពីណា ធម្មជាតណា ដែលកើតហើយ មានហើយ ដែលបច្ច័យតាក់តែងហើយ សឹងមានសេចក្តីទ្រុឌទ្រោម ទៅជាធម្មតា ធម្មជាតនោះ បុគ្គលនឹងពោលឃាត់ថា កុំទ្រុឌទ្រោមដូច្នេះ (ដោយហេតុណា) ហេតុនេះមិនមានឡើយ។
[១៥៦] សម័យនោះឯង ពួកមល្លក្សត្រ៤អង្គ ដែលជាប្រធាន ទ្រង់ជម្រះសីសៈ ហើយទ្រង់សំពត់ថ្មីគិតគ្នាថា យើងនឹងឈួលនូវជើងថ្ករនៃព្រះមានព្រះភាគ ដូច្នេះ តែមិនអាចនឹងឈួលឲ្យឆេះបាន។ ទើបពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា បានពោលទៅនឹងព្រះអនុរុទ្ធមានអាយុ ដូច្នេះថា បពិត្រព្រះអនុរុទ្ធដ៏ចំរើន មានហេតុដូចម្តេច មានបច្ច័យដូចម្តេច បានជាពួកមល្លក្សត្រិយ៍ ជាប្រធានទាំង៤អង្គនេះ ជម្រះសីសៈ ហើយទ្រង់សំពត់ថ្មីគិតគ្នាថា យើងនឹងឈួលជើងថ្ករ នៃព្រះមានព្រះភាគ ដូច្នេះ តែមិនអាចនឹងឈួលឲ្យឆេះបាន។ ព្រះអនុរុទ្ធតបថា បពិត្រវាសិដ្ឋៈទាំងឡាយ បំណងរបស់ពួកទេវតាផ្សេងគ្នា។ បពិត្រលោកម្ចាស់ដ៏ចំរើន ចុះបំណងរបស់ពួកទេវតាដូចម្តេច។ បពិត្រវាសិដ្ឋៈទាំងឡាយ បំណងរបស់ពួកទេវតាថា ព្រះមហាកស្សបមានអាយុនេះ កំពុងនិមន្តតាមផ្លូវឆ្ងាយ ចេញអំពីក្រុងបាវា មកកាន់ក្រុងកុសិនារា ជាមួយនឹងភិក្ខុសង្ឃជាច្រើន ប្រមាណ៥០០រូប ព្រះមហាកស្សបមានអាយុ មិនទាន់បានថ្វាយបង្គំនូវព្រះបាទា នៃព្រះមានព្រះភាគ ដោយដៃរបស់ខ្លួនដរាបណា ជើងថ្ករព្រះមានព្រះភាគ ក៏មិនទាន់ឆេះដរាបនោះ។ ពួកមល្លក្សត្រិយ៍តបថា បពិត្រលោកម្ចាស់ដ៏ចំរើន បំណងរបស់ពួកទេវតា យ៉ាងណា ការថ្វាយព្រះភ្លើងនូវព្រះសរីរៈនៃព្រះមានព្រះភាគ ក៏សូមឲ្យសម្រេចយ៉ាងនោះចុះ។ គ្រានោះ ព្រះមហាកស្សបមានអាយុ ចូលទៅកាន់ជើងថ្ករនៃព្រះមានព្រះភាគ ក្នុងមកុដពន្ធនចេតិយ របស់ពួកមល្លក្សត្រ ទៀបក្រុងកុសិនារានោះ លុះចូលទៅដល់ហើយ ក៏ធ្វើចីវរឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ធ្វើប្រទក្សិណជើងថ្ករ៣ជុំហើយ បើកអំពីខាងព្រះបាទ46) ថ្វាយបង្គំព្រះបាទា នៃព្រះមានព្រះភាគ ដោយសិរ្សៈ។ ឯពួកភិក្ខុទាំង៥០០រូបនោះ ក៏ធ្វើចីវរឆៀងស្មាម្ខាងហើយ ប្រណម្យអញ្ជលី ធ្វើប្រទក្សិណ៣ជុំ ហើយថ្វាយបង្គំព្រះបាទា នៃព្រះមានព្រះភាគ ដោយសិរ្សៈ។ កាលដែលព្រះមហាកស្សបមានអាយុ នឹងពួកភិក្ខុទាំង៥០០រូបនោះ ថ្វាយបង្គំព្រះបាទា នៃព្រះមានព្រះភាគរួចហើយ ជើងថ្ករព្រះមានព្រះភាគ ក៏ឆេះឯង។47) ព្រះសរីរៈរបស់ព្រះមានព្រះភាគ ដែលភ្លើងឆេះហើយ អាការៈណា ទោះព្រះឆវីក្តី ព្រះចម្មៈក្តី ព្រះមំសៈក្តី ព្រះន្ហារូក្តី ព្រះលសិកាក្តី អាការៈនោះ ក៏ឆេះអស់ មិនមានផែះ និងកំញ៉មធ្យូងឡើយ សល់នៅតែព្រះសរីរធាតុសុទ្ធ។48) សប្បិ ឬប្រេង ដែលភ្លើងឆេះ ក៏មិនមានផែះកំញ៉មយ៉ាងណាមិញ ព្រះសរីរៈរបស់ព្រះមានព្រះភាគ ដែលភ្លើងឆេះហើយ អាការៈណា ទោះព្រះឆវីក្តី ព្រះចម្មៈក្តី ព្រះមំសៈក្តី ព្រះន្ហារូក្តី ព្រះលសិកាក្តី អាការៈនោះ ក៏ឆេះអស់ មិនមានផែះ និងកំញ៉មឡើយ សល់នៅតែព្រះសរីរធាតុសុទ្ធ ក៏យ៉ាងនោះដែរ។ បណ្តាសំពត់ទាំង៥០០គូនោះ សំពត់ពីរ គឺសំពត់ជាន់ក្នុងបំផុត១ សំពត់ជាន់ក្រៅបំផុត១ ក៏ឆេះអស់។ លុះសរីរៈព្រះមានព្រះភាគ ដែលត្រូវភ្លើងឆេះហើយ ធារទឹកក៏បង្អុរអំពីអាកាស រំលត់ជើងថ្ករ នៃព្រះមានព្រះភាគ។ ទាំងមានទឹកខ្ពុរចេញ អំពីដើមសាលព្រឹក្ស រំលត់ជើងថ្ករ នៃព្រះមានព្រះភាគ។ ទើបពួកមល្លក្សត្រ អ្នកក្រុងកុសិនារា រំលត់ជើងថ្ករ នៃព្រះមានព្រះភាគ ដោយទឹកក្រអូបទាំងពួង។ គ្រានោះ ពួកមល្លក្សត្រ អ្នកក្រុងកុសិនារា ក៏ធ្វើនូវការបញ្ឈរលំពែង49) រួចព័ទ្ធដោយកំពែងធ្នូ50) ហើយធ្វើសក្ការៈ គោរព រាប់អានបូជាព្រះសរីរធាតុ របស់ព្រះមានព្រះភាគ ដោយរបាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿងក្រអូបទាំងឡាយ អស់៧ថ្ងៃ ក្នុងសណ្ឋាគារដ្ឋាន។
[១៥៧] ព្រះបាទមាគធអជាតសត្តុវេទេហីបុត្ត ទ្រង់បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់បរិនិព្វានហើយ ក្នុងក្រុងកុសិនារា។ ទើបព្រះបាទមាគធអជាតសត្តុវេទេហីបុត្ត បញ្ជូនរាជទូតទៅកាន់សំណាក់នៃពួកមល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាក្សត្រ យើងក៏ជាក្សត្រ យើងគួរបានចំណែកនៃប្រះសរីរធាតុ នៃព្រះមានព្រះភាគដែរ យើងនឹងធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុ នៃព្រះមានព្រះភាគ។ ពួកក្សត្រលិច្ឆវី អ្នកក្រុងវេសាលី ទ្រង់បានឮថា ព្រះមានព្រះភាគ ទ្រង់បរិនិព្វានហើយ ក្នុងក្រុងកុសិនារា។ ទើបពួកក្សត្រលិច្ឆវី អ្នកក្រុងវេសាលី បញ្ជូនរាជទូតទៅកាន់សំណាក់នៃពួកមល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាក្សត្រ យើងក៏ជាក្សត្រ យើងគួរបានចំណែកព្រះសរីរធាតុនៃព្រះមានព្រះភាគដែរ យើងនឹងធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃព្រះមានព្រះភាគ។ ពួកក្សត្រសក្យៈ អ្នកក្រុងកបិលវត្ថុ ទ្រង់បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់បរិនិព្វានហើយ ក្នុងក្រុងកុសិនារា។ ទើបពួកក្សត្រសក្យៈ អ្នកក្រុងកបិលវត្ថុ បញ្ជូនរាជទូតទៅកាន់សំណាក់នៃពួកមល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាញាតិផ្ទាល់របស់យើង យើងគួរបានចំណែកព្រះសរីរធាតុនៃព្រះមានព្រះភាគដែរ យើងនឹងធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុ នៃព្រះមានព្រះភាគ។ ពួកក្សត្រថូលិ អ្នកក្រុងអល្លកប្បៈ ទ្រង់បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់បរិនិព្វានហើយ ក្នុងក្រុងកុសិនារា។ ទើបពួកក្សត្រថូលិ អ្នកក្រុងអល្លកប្បៈ បញ្ជូនរាជទូតទៅកាន់សំណាក់នៃពួកមល្លក្សត្រ អ្នកនៅក្នុងក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាក្សត្រ យើងក៏ជាក្សត្រ យើងគួរបានចំណែកព្រះសរីរធាតុ នៃព្រះមានព្រះភាគដែរ យើងនឹងធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុ នៃព្រះមានព្រះភាគ។ ពួកក្សត្រកោឡិយៈ អ្នកក្រុងរាមគ្រាម ទ្រង់បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់បរិនិព្វានហើយ ក្នុងក្រុងកុសិនារា។ ទើបពួកក្សត្រកោឡិយៈ អ្នកក្រុងរាមគ្រាម បញ្ជូនរាជទូតទៅកាន់សំណាក់នៃពួកមល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាក្សត្រ យើងក៏ជាក្សត្រ យើងគួរបានចំណែកព្រះសរីរធាតុនៃព្រះមានព្រះភាគដែរ យើងនឹងធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃព្រះមានព្រះភាគ។ ព្រាហ្មណ៍ដែលនៅក្នុងដែនវេដ្ឋទីបៈ បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់បរិនិព្វានហើយ ក្នុងក្រុងកុសិនារា។ ទើបព្រាហ្មណ៍ ដែលនៅក្នុងដែនវេដ្ឋទីបៈ បញ្ជូនរាជទូតទៅកាន់សំណាក់នៃពួកមល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាក្សត្រ យើងក៏ជាព្រាហ្មណ៍ យើងគួរបានចំណែកព្រះសរីរធាតុនៃព្រះមានព្រះភាគដែរ យើងនឹងធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃព្រះមានព្រះភាគ។ ពួកមល្លក្សត្រ អ្នកក្រុងបាវា ទ្រង់បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់បរិនិព្វានហើយ ក្នុងក្រុងកុសិនារា។ ទើបពួកមល្លក្សត្រ អ្នកក្រុងបាវា បញ្ជូនរាជទូតទៅកាន់សំណាក់នៃពួកមល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាក្សត្រ យើងក៏ជាក្សត្រ យើងគួរបានចំណែកព្រះសរីរធាតុនៃព្រះមានព្រះភាគដែរ យើងនឹងធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃព្រះមានព្រះភាគ។ លុះពួកក្សត្រ និងព្រាហ្មណ៍ទាំងនោះ ពោលពាក្យយ៉ាងនេះហើយ ពួកមល្លក្សត្រ អ្នកក្រុងកុសិនារា បានពោលទៅនឹងពួកគណៈទូតទាំងនោះ ដូច្នេះថា ព្រះមានព្រះភាគ ទ្រង់បរិនិព្វានហើយ ក្នុងគាមក្ខេត្តរបស់យើង យើងនឹងមិនឲ្យនូវចំណែកព្រះសរីរធាតុនៃព្រះមានព្រះភាគឡើយ។
[១៥៨] កាលបើពួកក្សត្រ និងព្រាហ្មណ៍ទាំងនោះ ពោលយ៉ាងនេះហើយ ទើបទោណព្រាហ្មណ៍ និយាយទៅនឹងពួកគណៈទូតទាំងនោះ ដូច្នេះថា
លោកទាំងឡាយដ៏ចំរើន សូមស្តាប់ពាក្យរបស់ខ្ញុំមួយម៉ាត់សិន ព្រះពុទ្ធជាម្ចាស់នៃយើង ព្រះអង្គជាខន្តិវាទ (អ្នកពោលសរសើរគុណនៃខន្តី) មែនពិត ការប្រហារគ្នា (ច្បាំងគ្នា) ព្រោះតែចំណែកនៃព្រះសរីរធាតុ របស់ឧត្តមបុគ្គលនេះ មិនប្រពៃឡើយ។ បពិត្រលោកទាំងឡាយដ៏ចំរើន យើងទាំងអស់គ្នា (គួរតែ) ស្រុះស្រួលគ្នា ព្រមព្រៀងគ្នា រីករាយរកគ្នា ចែកព្រះសរីរធាតុឲ្យជា៨ចំណែក ព្រះស្តូបទាំងឡាយ សូមផ្សាយទៅក្នុងទិសទាំងឡាយចុះ ពួកជនច្រើន គង់ជ្រះថ្លាចំពោះព្រះសម្ពុទ្ធដ៏ មានចក្ខុ មិនលែង។
[១៥៩] ពួកក្សត្រ និងព្រាហ្មណ៍ទាំងនោះ ទទួលពាក្យថា ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរចែកព្រះសរីរធាតុនៃព្រះមានព្រះភាគ ឲ្យជា៨ចំណែកស្មើគ្នាចុះ។ ទោណព្រាហ្មណ៍ ក៏ទទួលពាក្យរបស់ពួកគណៈទូតទាំងនោះ ដោយពាក្យថា អើអ្នកដ៏ចំរើន អើអ្នកដ៏ចំរើន ហើយក៏ចែកព្រះសរីរធាតុនៃព្រះមានព្រះភាគ ឲ្យជា៨ចំណែកស្មើភាគគ្នា ហើយនិយាយ នឹងពួកគណៈទូតទាំងនោះដូច្នេះថា លោកទាំងឡាយដ៏ចំរើន សូមលោកទាំងឡាយដ៏ចំរើន ឲ្យតុម្ព51) នេះដល់ខ្ញុំចុះ ខ្ញុំនឹងធ្វើព្រះស្តូបផង ការបូជាផង ចំពោះតុម្ព។ ពួកក្សត្រ និងព្រាហ្មណ៍ទាំងនោះ ក៏បានឲ្យតុម្ពដល់ទោណព្រាហ្មណ៍។
[១៦០] ឯពួកក្សត្រមោរិយៈ អ្នកក្រុងបិប្ផលិវ័ន ទ្រង់បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់បរិនិព្វានហើយ ក្នុងក្រុងកុសិនារា។ ទើបពួកក្សត្រមោរិយៈ អ្នកក្រុងបិប្ផលិវ័ន ក៏បញ្ជូនរាជទូតទៅកាន់សំណាក់នៃពួកមល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាក្សត្រ យើងក៏ជាក្សត្រ យើងគួរបានចំណែកព្រះសរីរធាតុនៃព្រះមានព្រះភាគដែរ យើងនឹងធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃព្រះមានព្រះភាគ។ ពួកមល្លក្សត្រតបថា ចំណែកព្រះសរីរធាតុរបស់ព្រះមានព្រះភាគ មិនមានទេ ព្រះសរីរធាតុទាំងឡាយ របស់ព្រះមានព្រះភាគ យើងចែកគ្នាអស់ហើយ ចូរអ្នកទាំងឡាយ នាំយកព្រះអង្គារ (ធ្យូង) អំពីកន្លែង ដែលថ្វាយព្រះភ្លើងនេះទៅចុះ។ ពួកក្សត្រមោរិយៈទាំងនោះ ក៏នាំយកព្រះអង្គារអំពីកន្លែង ដែលថ្វាយព្រះភ្លើងនោះទៅ។
[១៦១] គ្រានោះ ព្រះបាទមាគធអជាតសត្តុវេទេហីបុត្ត ទ្រង់បានធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃព្រះមានព្រះភាគ ក្នុងក្រុងរាជគ្រឹះ។ ឯពួកក្សត្រលិច្ឆវី អ្នកក្រុងវេសាលី ក៏បានធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃព្រះមានព្រះភាគ ក្នុងក្រុងវេសាលី។ ពួកក្សត្រ អ្នកក្រុងកបិលវត្ថុ ក៏បានធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃព្រះមានព្រះភាគ ក្នុងក្រុងកបិលវត្ថុ។ ពួកក្សត្រថូលិ អ្នកក្រុងអល្លកប្បៈ ក៏បានធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃព្រះមានព្រះភាគ ក្នុងក្រុងអល្លកប្បៈ។ ពួកក្សត្រកោឡិយៈ អ្នករាមគ្រាម ក៏បានធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃព្រះមានព្រះភាគ ក្នុងរាមគ្រាម។ ព្រាហ្មណ៍ អ្នកវេដ្ឋទីបៈ ក៏បានធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃព្រះមានព្រះភាគ ក្នុងដែនវេដ្ឋទីបៈ។ ពួកមល្លក្សត្រ អ្នកក្រុងបាវា ក៏បានធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃព្រះមានព្រះភាគ ក្នុងក្រុងបាវា។ ពួកមល្លក្សត្រ អ្នកក្រុងកុសិនារា ក៏បានធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃព្រះមានព្រះភាគ ក្នុងក្រុងកុសិនារា។ ទោណព្រាហ្មណ៍ ក៏បានធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះតុម្ព។ ពួកក្សត្រមោរិយៈ អ្នកក្រុងបិប្ផលិវ័ន ក៏បានធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះអង្គារ ក្នុងក្រុងបិប្ផលិវ័ន។ រួមព្រះស្តូបតម្កល់ព្រះសរីរធាតុទាំងអស់មាន៨ ជាគំរប់៩នឹងព្រះស្តូបដែលតម្កល់ព្រះតុម្ព ជាគំរប់១០នឹងព្រះស្តូបដែលតម្កល់ព្រះអង្គារ ឯធាតុនិធាន (ទីបញ្ចុះព្រះធាតុ)នេះ ធ្លាប់មានមកហើយយ៉ាងនេះ។
[១៦២] ព្រះសរីរធាតុរបស់ព្រះសម្ពុទ្ធដ៏មានចក្ខុ មានចំនួន៨ទោណៈ52) ព្រះសរីរធាតុ៧ទោណៈ ជនទាំងឡាយធ្វើសក្ការបូជាក្នុងជម្ពូទ្វីប ព្រះសរីរធាតុរបស់ព្រះសម្ពុទ្ធ ជាបុរសដ៏ប្រសើរខ្ពង់ខ្ពស់១ទោណៈទៀត ពួកនាគរាជធ្វើសក្ការបូជាក្នុងរាមគ្រាម។ ព្រះទាឋា (ចង្កូម)១ ពួកទេវតានាំយកទៅបូជា ព្រះទាឋា១ទៀត ពួកជនធ្វើសក្ការបូជាក្នុងគន្ធារបុរី ព្រះទាឋា១ទៀត ពួកជនធ្វើសក្ការបូជាក្នុងដែនរបស់ស្តេចកាលិង្គ ព្រះទាឋា១ទៀត ពួកនាគរាជនាំយកទៅធ្វើសក្ការបូជា។ ហេតុតែតេជះនៃព្រះសរីរធាតុរបស់ព្រះមានព្រះភាគនោះឯង មហាប្រឹឋពីនេះ ក៏បានប្រដាប់ដោយគ្រឿងបូជាវិសេស ឯព្រះសរីរធាតុ របស់ព្រះសម្ពុទ្ធមានចក្ខុនេះ គឺពួកសត្វ ដែលធ្លាប់ធ្វើនូវគ្រឿងសក្ការៈ ដ៏លើសលុបទាំងឡាយ បានធ្វើសក្ការៈ ដោយល្អហើយយ៉ាងនេះ។ ស្តេចទេវតា ស្តេចនាគ និងស្តេចមនុស្ស បានបូជាហើយ ចំពោះព្រះសម្ពុទ្ធជាម្ចាស់ ទាំងពួកមនុស្សអ្នកប្រសើរ ក៏បានធ្វើបូជាព្រះអង្គហើយ ដូច្នោះដែរ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរផ្គងអញ្ជលីឡើង ថ្វាយបង្គំព្រះពុទ្ធជាម្ចាស់នោះចុះ ព្រោះថាព្រះពុទ្ធជាម្ចាស់ទាំងឡាយ ជាបុគ្គលរកបានក្រ ដោយរយនៃកប្បទាំងឡាយ។ ព្រះទន្តទាំង៤០គត់ក្តី កេសាក្តី ព្រះលោមាក្តីទាំងអស់ ពួកទេវតាដែលនៅក្នុងចក្រវាឡតៗគ្នា នាំយកទៅមួយៗម្នាក់។
ចប់ មហាបរិនិព្វានសូត្រ ទី៣។ ចប់ ភាគ១៦។