តិបិដក (មូល) » សុត្តបិដក » ទីឃនិកាយ » សីលក្ខន្ធវគ »
ព្រះបាទអជាតសត្តុវេទេហីបុត្ត ទ្រង់ត្រាស់សួរព្រះពុទ្ធអំពីប្រយោជន៏ នៃជីវិតដ៏វិសុទ្ធ ដែលត្រូវបានក្នុងនៅបច្ចុប្បន្ននិងទីនេះ។ ព្រះសម្មាសម្ពុទ្ធទ្រង់ពន្យល់យ៉ាងលម្អិតអំពីផលរបស់សាមណៈ។
dn 02 បាលី cs-km: sut.dn.02 អដ្ឋកថា: sut.dn.02_att PTS: ?
(ទី២) សាមញ្ញផលសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះ ខេមានន្ទ
(២. សាមញ្ញផលសុត្តំ)
[៩១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តអម្ពវ័ន (ព្រៃស្វាយ) ជារបស់ជីវកកោមារភត្យ ទៀបក្រុងរាជគ្រឹះ មួយអន្លើនឹងភិក្ខុសង្ឃច្រើន ចំនួនមួយពាន់ពីររយហាសិបរូប។ សម័យនោះឯង ព្រះបាទអជាតសត្តុវេទេហីបុត្ត (ជាព្រះរាជបុត្ររបស់ព្រះរាជទេវី ទ្រង់ព្រះនាមវេទេហី) ជាធំក្នុងដែនមគធៈ មានរាជអាមាត្យចោមរោម ទ្រង់គង់ប្រថាប់លើប្រាសាទដ៏ប្រសើរ ក្នុងរាត្រីមានព្រះចន្ទពេញវង់ ជារាត្រីមានរដូវភ្លៀងគ្រប់គ្រាន់ហើយ ជាទីបំផុតនៃខែ៤ ជាកាលមានផ្កាកុមុទរីក ជាថ្ងៃឧបោសថទី១៥ គឺពេញបូណ៌មី ខែកត្តិក។ គ្រានោះឯង ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់បន្លឺឧទានវាចាថា រាត្រីប្រាសចាកទោស (ស្វាងរុងរឿង) គួរជាទីត្រេកអរអ្វីម្ល៉េះហ្ន៎ រាត្រីប្រាសចាកទោស មានភាពល្អអ្វីម្ល៉េះហ្ន៎ រាត្រីប្រាសចាកទោស គួរជាទីរមិលមើលអ្វីម្ល៉េះហ្ន៎ រាត្រីប្រាសចាកទោស ជាទីនាំមកនូវសេចក្តីជ្រះថ្លាអ្វីម្ល៉េះហ្ន៎ រាត្រីប្រាសចាកទោស គួរជាទីកំណត់ដឹងអ្វីម្ល៉េះហ្ន៎ ក្នុងថ្ងៃនេះ តើយើងគប្បីចូលទៅរកសមណៈ ឬព្រាហ្មណ៍ណាហ្ន៎ យើងចូលទៅអង្គុយជិតបុគ្គលណា ទើបនឹងមានចិត្តជ្រះថ្លាបាន។ កាលបើព្រះរាជាមានព្រះបន្ទូលយ៉ាងនេះហើយ មានរាជអាមាត្យម្នាក់ ក្រាបបង្គំទូលព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈដូច្នេះថា បពិត្រព្រះសម្មតិទេព គ្រូឈ្មោះបូរណកស្សបនេះ ជាអ្នកមានពួក មានគណៈ(ច្រើន)ផង ជាអាចារ្យរបស់គណៈផង ជាអ្នកមានកេរ្តិ៍ឈ្មោះ ជាអ្នកមានយស ជាអ្នកធ្វើនូវលទ្ធិ មហាជនសន្មតថា ជាសប្បុរស ជាអ្នកដឹងរាត្រីយូរ បួសយូរជាងជនច្រើន តាំងនៅជាយូរអង្វែង (អស់ពីរបីរាជ្យមកហើយ) ដល់ហើយនូវបច្ឆិមវ័យ សូមព្រះសម្មតិទេព ស្តេចចូលទៅរកគ្រូឈ្មោះបូរណកស្សបនោះចុះ កាលបើព្រះសម្មតិទេព ស្តេចចូលទៅរកគ្រូឈ្មោះបូរណកស្សបហើយ មុខជានឹងមានព្រះរាជហឫទ័យជ្រះថ្លាមិនខាន។ កាលបើរាជអាមាត្យនោះ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់ព្រះតុណ្ហីភាព។ មានរាជអាមាត្យម្នាក់ទៀត ក្រាបបង្គំទូលព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈដូច្នេះថា បពិត្រព្រះសម្មតិទេព គ្រូឈ្មោះមក្ខលិគោសាលនេះ ជាអ្នកមានពួក មានគណៈ(ច្រើន)ផង ជាអាចារ្យរបស់គណៈផង ជាអ្នកមានកេរ្តិ៍ឈ្មោះ ជាអ្នកមានយស ជាអ្នកធ្វើនូវលទ្ធិ មហាជនសន្មតថាជាសប្បុរស ជាអ្នកដឹងរាត្រីយូរ បួសយូរជាងជនច្រើន តាំងនៅជាយូរអង្វែង (អស់ពីរបីរាជ្យមកហើយ) ដល់ហើយនូវបច្ឆិមវ័យ សូមព្រះសម្មតិទេព ស្តេចចូលទៅគង់ជិតគ្រូឈ្មោះមក្ខលិគោសាលនោះចុះ កាលបើព្រះសម្មតិទេព ស្តេចចូលទៅរកគ្រូឈ្មោះមក្ខលិគោសាលហើយ មុខជានឹងមានព្រះរាជហឫទ័យជ្រះថ្លាមិនខាន។ កាលបើរាជអាមាត្យនោះ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ក៏ទ្រង់ព្រះតុណ្ហីភាព។ មានរាជអាមាត្យម្នាក់ទៀត ក្រាបបង្គំទូលព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈដូច្នេះថា បពិត្រព្រះសម្មតិទេព គ្រូឈ្មោះអជិតកេសកម្ពលនេះ ជាអ្នកមានពួក មានគណៈ(ច្រើន)ផង ជាអាចារ្យរបស់គណៈផង ជាអ្នកមានកេរ្តិ៍ឈ្មោះ ជាអ្នកមានយស ជាអ្នកធ្វើនូវលទ្ធិ មហាជនសន្មតថាជាសប្បុរស ជាអ្នកដឹងរាត្រីយូរ បួសយូរជាងជនច្រើន តាំងនៅជាយូរអង្វែង (អស់ពីរបីរាជ្យមកហើយ) ដល់ហើយនូវបច្ឆិមវ័យ សូមព្រះសម្មតិទេព ស្តេចចូលទៅរកគ្រូឈ្មោះអជិតកេសកម្ពលនោះចុះ កាលបើព្រះសម្មតិទេព ស្តេចចូលទៅរកគ្រូឈ្មោះអជិតកេសកម្ពលហើយ មុខជានឹងមានព្រះរាជហឫទ័យជ្រះថ្លាមិនខាន។ កាលបើរាជអាមាត្យនោះ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់ព្រះតុណ្ហីភាព។ មានរាជអាមាត្យម្នាក់ទៀត ក្រាបបង្គំទូលព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈដូច្នេះថា បពិត្រព្រះសម្មតិទេព គ្រូឈ្មោះបកុធកច្ចាយនៈនេះ ជាអ្នកមានពួក មានគណៈ(ច្រើន)ផង ជាអាចារ្យរបស់គណៈផង ជាអ្នកមានកេរ្តិ៍ឈ្មោះ ជាអ្នកមានយស ជាអ្នកធ្វើនូវលទ្ធិ មហាជនសន្មតថាជាសប្បុរស ជាអ្នកដឹងរាត្រីយូរ បួសយូរជាងជនជាច្រើន តាំងនៅជាយូរអង្វែង (អស់ពីរបីរាជ្យមកហើយ) ដល់ហើយនូវបច្ឆិមវ័យ សូមព្រះសម្មតិទេព ស្តេចចូលទៅរកគ្រូឈ្មោះបកុធកច្ចាយនៈនោះចុះ កាលបើព្រះសម្មតិទេព ស្តេចចូលទៅរកគ្រូឈ្មោះបកុធកច្ចាយនៈហើយ មុខជានឹងមានព្រះរាជហឫទ័យជ្រះថ្លាមិនខាន។ កាលបើរាជអាមាត្យនោះ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់ព្រះតុណ្ហីភាព។ មានរាជអាមាត្យម្នាក់ទៀត ក្រាបបង្គំទូលព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈដូច្នេះថា បពិត្រព្រះសម្មតិទេព គ្រូឈ្មោះសញ្ជយវេលដ្ឋបុត្តនេះ ជាអ្នកមានពួក មានគណៈ(ច្រើន)ផង ជាអាចារ្យរបស់គណៈផង ជាអ្នកមានកេរ្តិ៍ឈ្មោះ ជាអ្នកមានយស ជាអ្នកធ្វើនូវលទ្ធិ មហាជនសន្មតថាជាសប្បុរស ជាអ្នកដឹងរាត្រីយូរ បួសយូរជាងជនជាច្រើន តាំងនៅជាយូរអង្វែង (អស់ពីរបីរាជ្យមកហើយ) ដល់ហើយនូវបច្ឆិមវ័យ សូមព្រះសម្មតិទេព ស្តេចចូលទៅរកគ្រូឈ្មោះសញ្ជយវេលដ្ឋបុត្តនោះចុះ កាលបើព្រះសម្មតិទេព ស្តេចចូលទៅរកគ្រូឈ្មោះសញ្ជយវេលដ្ឋបុត្តហើយ មុខជានឹងមានព្រះរាជហឫទ័យជ្រះថ្លាមិនខាន។ កាលបើរាជអាមាត្យនោះ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់ព្រះតុណ្ហីភាព។ មានរាជអាមាត្យម្នាក់ទៀត ក្រាបបង្គំទូលព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈដូច្នេះថា បពិត្រព្រះសម្មតិទេព គ្រូឈ្មោះនិគណ្ឋនាដបុត្តនេះ ជាអ្នកមានពួក មានគណៈ(ច្រើន)ផង ជាអាចារ្យរបស់គណៈផង ជាអ្នកមានកេរ្តិ៍ឈ្មោះ ជាអ្នកមានយស ជាអ្នកធ្វើនូវលទ្ធិ មហាជនសន្មតថាជាសប្បុរស ជាអ្នកដឹងរាត្រីយូរ បួសយូរជាងជនជាច្រើន តាំងនៅជាយូរអង្វែង (អស់ពីរបីរាជ្យមកហើយ) ដល់ហើយនូវបច្ឆិមវ័យ សូមព្រះសម្មតិទេព ស្តេចចូលទៅរកគ្រូឈ្មោះនិគណ្ឋនាដបុត្តនោះចុះ កាលបើព្រះសម្មតិទេព ស្តេចចូលទៅរកគ្រូឈ្មោះនិគណ្ឋនាដបុត្តហើយ មុខជានឹងមានព្រះរាជហឫទ័យជ្រះថ្លាមិនខាន។ កាលបើរាជអាមាត្យនោះ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់ព្រះតុណ្ហីភាព។
[៩២] សម័យនោះឯង ជីវកកោមារភត្យអង្គុយស្ងៀម ជិតព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ។ គ្រានោះ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់មានព្រះរាជឱង្ការនឹងជីវកកោមារភត្យដូច្នេះថា នែជីវកៈជាសំឡាញ់ ចុះហេតុអ្វីបានជាអ្នកស្ងៀម។ ជីវកកោមារភត្យ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ព្រះមានព្រះភាគនេះ ជាអរហន្តសម្មាសម្ពុទ្ធ ឥឡូវនេះ ព្រះអង្គគង់នៅក្នុងវត្តអម្ពវ័នរបស់ខ្ញុំព្រះអង្គ មួយអន្លើនឹងភិក្ខុសង្ឃច្រើន ចំនួន១២៥០រូប ឯកិត្តិស័ព្ទដ៏ពីរោះរបស់ព្រះមានព្រះភាគអង្គនោះ ឮខ្ចរខ្ចាយសុសសាយទៅយ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាងហើយ ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ចំពោះព្រះអង្គដោយប្រពៃ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រឹត្យដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរល្អ ទៅកាន់ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ មិនមានបុគ្គលណាមួយស្មើ ព្រះអង្គ ជាអ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត សូមព្រះសម្មតិទេព ស្តេចចូលទៅរកព្រះមានព្រះភាគនោះចុះ កាលបើព្រះសម្មតិទេព ស្តេចចូលទៅរកព្រះមានព្រះភាគហើយ មុខជានឹងមានព្រះរាជហឫទ័យជ្រះថ្លាមិនខាន។ ព្រះរាជា ទ្រង់មានព្រះរាជបញ្ជាថា នែជីវកៈជាសំឡាញ់ បើដូច្នោះ ចូរអ្នកឲ្យរៀបចំយានដំរីទាំងឡាយចុះ។ ជីវកកោមារភត្យ ទទួលព្រះរាជបញ្ជា នៃព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ដោយពាក្យថា ព្រះករុណាថ្លៃវិសេស ហើយក៏ឲ្យរៀបចំដំរីញីទាំងឡាយចំនួន៥០០ផង ឲ្យរៀបចំដំរីឈ្មោលជាព្រះទីនាំងរបស់ព្រះរាជាផង រួចហើយក៏ចូលទៅក្រាបបង្គំទូលព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈថា បពិត្រព្រះសម្មតិទេព យានដំរីទាំងឡាយ ខ្ញុំព្រះអង្គបានឲ្យរៀបចំ សម្រាប់ព្រះអង្គជាស្រេចហើយ ឥឡូវនេះ សូមព្រះអង្គកំណត់កាលដ៏គួរនឹងព្រះរាជដំណើរចុះ។ លំដាប់នោះ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ឲ្យពួកស្ត្រីឡើងជិះដំរីញី១ម្នាក់ គ្រប់ទាំង៥០០ ហើយទ្រង់ឡើងគង់លើដំរីឈ្មោល ជាព្រះទីនាំង មានពួករាជបុរសកាន់គប់ភ្លើង ហែចេញអំពីក្រុងរាជគ្រឹះ ដោយរាជានុភាពដ៏ប្រសើរ ស្តេចសំដៅទៅត្រង់ទីវត្តអម្ពវ័ន របស់ជីវកកោមារភត្យ។ ក្នុងកាលដែលព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់ស្តេចទៅដល់ទីជិតនៃវត្តអម្ពវ័ន ក៏មានសេចក្តីខ្លាច មានសេចក្តីតក់ស្លុត មានសេចក្តីព្រឺរោមកើតឡើង។ លុះព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ កើតមានសេចក្តីខ្លាច សេចក្តីតក់ស្លុត ព្រឺរោមកើតឡើងហើយ ទើបទ្រង់មានព្រះបន្ទូលនឹងជីវកកោមារភត្យដូច្នេះថា នែជីវកៈជាសំឡាញ់ អ្នកមិនបញ្ឆោតខ្ញុំទេឬ នែជីវកៈជាសំឡាញ់ អ្នកមិនល្បួងខ្ញុំទេឬ នែជីវកៈ ជាសំឡាញ់ អ្នកមិននាំខ្ញុំ (យកមក) ឲ្យដល់ពួកសត្រូវទេឬ ព្រោះថា ភិក្ខុសង្ឃជាច្រើនដល់ម្ល៉ោះ ចំនួន១២៥០រូប ហេតុអ្វីក៏គ្មានសម្លេងកណ្តាស សម្លេងក្អក សម្លេងគឹកកងសោះ។ ជីវកកោមារភត្យ ក្រាបបង្គំទូលថា បពិត្រមហារាជ សូមព្រះអង្គកុំខ្លាចឡើយ បពិត្រមហារាជ សូមព្រះអង្គកុំខ្លាចឡើយ បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គមិនបញ្ឆោតព្រះអង្គទេ បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គមិនល្បួងព្រះអង្គទេ បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គ មិន(នាំយកព្រះអង្គមក) ឲ្យដល់ពួកសត្រូវទេ បពិត្រមហារាជ សូមព្រះអង្គស្តេចចូលទៅ បពិត្រមហារាជ សូមព្រះអង្គស្តេចចូលទៅ នុ៎ះន៏បទីបទាំងឡាយ ដែលគេអុជ តាំងនៅក្នុងរោងមានសណ្ឋានមូល។1)) លំដាប់នោះ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់ស្តេចទៅដោយដំរី កំណត់ត្រឹមទីដែលល្មមបរដំរីទៅបាន ហើយក៏ទ្រង់ចុះពីដំរី ទ្រង់ស្តេចទៅដោយព្រះបាទ ចូលសំដៅទៅត្រង់ទ្វាររោង មានសណ្ឋានមូល លុះស្តេចចូលទៅដល់ហើយ ទ្រង់មានព្រះបន្ទូលដូច្នេះទៅនឹងជីវកកោមារភត្យថា នែជីវកៈ ជាសំឡាញ់ ចុះព្រះមានព្រះភាគ ទ្រង់គង់ក្នុងទីណា។ ជីវកកោមារភត្យ ក្រាបបង្គំទូលថា បពិត្រមហារាជ នុ៎ះន៏ព្រះមានព្រះភាគ ទ្រង់គង់ផ្អែកនឹងសសរកណ្តាល ឆ្ពោះព្រះភក្ត្រទៅទិសខាងកើត ខាងមុខភិក្ខុសង្ឃ។ គ្រានោះ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់ស្តេចចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ទ្រង់ឋិតនៅក្នុងទីសមគួរ។ លុះព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់ឋិតនៅក្នុងទីសមគួរហើយ ទើបទ្រង់ឆ្មៀងព្រះនេត្រក្រឡេកទតទៅភិក្ខុសង្ឃ ដែលអង្គុយនៅស្ងៀមទាំងអស់ ក៏ទ្រង់បន្លឺនូវឧទានវាចាដ៏ថ្លាស្អាត ដូចជាអន្លង់ទឹកថា ឥឡូវនេះ ភិក្ខុសង្ឃប្រកបដោយសេចក្តីស្ងប់រម្ងាប់ណា សូមឲ្យឧទយភទ្ទកុមារ ជាកូនរបស់អញ ប្រកបដោយសេចក្តីស្ងប់រម្ងាប់នេះ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បពិត្រមហារាជ ព្រះអង្គស្តេចមកដោយជាប់ចំពាក់នឹងសេចក្តីស្រឡាញ់ផង។ ព្រះបាទអជាតសត្តុ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ឧទយភទ្ទកុមារ ជាទីស្រឡាញ់របស់ខ្ញុំព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ភិក្ខុសង្ឃ ប្រកបដោយសេចក្តីស្ងប់រម្ងាប់ណា សូមឲ្យឧទយភទ្ទកុមារ ជាកូនរបស់ខ្ញុំព្រះអង្គ ប្រកបដោយសេចក្តីស្ងប់រម្ងាប់នេះផង។
[៩៣] លំដាប់នោះ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ថ្វាយបង្គំព្រះមានព្រះភាគ ហើយប្រណម្យអញ្ជលី ចំពោះភិក្ខុសង្ឃរួចហើយ ក៏គង់ក្នុងទីសមគួរ។ លុះព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ គង់ក្នុងទីសមគួរហើយ ទ្រង់ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស បើព្រះមានព្រះភាគ ទ្រង់ធ្វើឱកាសដើម្បីព្យាករណ៍ (ដោះ) ប្រស្នារបស់ខ្ញុំព្រះអង្គបាន ខ្ញុំព្រះអង្គនឹងគប្បីទូលសួរនូវហេតុនីមួយ គ្រាន់តែជាលេស គ្រឿងអាងនឹងព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា បពិត្រមហារាជ បើទ្រង់ប្រាថ្នានឹងសួរនូវប្រស្នាណា សូមទ្រង់សួរមកចុះ។ ព្រះរាជាទ្រង់សួរថា សូមទ្រង់ព្រះមេត្តាប្រោស ដូចជាសិល្បៈសម្រាប់បង្កើតផល មានប្រមាណច្រើនទាំងនេះ បានដល់សិល្បះរបស់បុគ្គលនោះៗ គឺសិល្បៈរបស់ពួកបុគ្គលអ្នកកាន់ការខាងដំរី អ្នកកាន់ការខាងសេះ អ្នកកាន់ការខាងរថ ពួកខ្មាន់ធ្នូ ពួកអ្នកកាន់ទង់ជ័យ (មុខ) ពួកអ្នកចាត់ទ័ព ពួកអ្នកបញ្ជូនស្បៀង ពួកព្រះរាជបុត្តអ្នកពុះពារ (ចូលសង្គ្រាម) ពួកអ្នកស្ទុះចូលទៅក្នុងសង្គ្រាម (អ្នកយកអាសា) ពួកយោធាអ្នកអង់អាច ពួកសេនាអ្នកក្លៀវក្លា ពួកយោធាអ្នកពាក់អាវក្រោះ ពួកកូននៃជនជាទាសៈ (ជាទីស្រឡាញ់របស់ចៅហ្វាយនាយ) ពួកអ្នកធ្វើនំ ពួកជាងអ្នកកោរកាត់ ពួកអ្នកផ្ងូតទឹក ពួកអ្នកធ្វើអាហារ ពួកជាងក្រងផ្កា ពួកជាងជ្រលក់ ពួកជាងតម្បាញ ពួកជាងត្បាញផែង ពួកជាងស្មូនឆ្នាំង ពួកអ្នកចេះលេខនព្វន្ត ពួកអ្នកចេះរាប់ដោយម្រាមដៃទទេ ពុំនោះសោត សិល្បៈសម្រាប់បង្កើតផល មានប្រមាណច្រើនណាមួយដទៃទៀត ដែលមានបែបយ៉ាងនេះក្តី បុគ្គលទាំងនោះ រមែងចិញ្ចឹមជីវិតអាស្រ័យនូវផលរបស់សិល្បៈ ដែលឃើញច្បាស់ដោយខ្លួនឯងក្នុងបច្ចុប្បន្ន បុគ្គលទាំងនោះ រមែងធ្វើខ្លួនឲ្យដល់នូវសេចក្តីសុខ ឲ្យពេញលេញ (ដោយកម្លាំងកាយ កម្លាំងប្រាជ្ញា) រមែងធ្វើមាតាបិតា ឲ្យដល់នូវសេចក្តីសុខ ឲ្យពេញលេញ រមែងធ្វើបុត្រភរិយា ឲ្យដល់នូវសេចក្តីសុខ ឲ្យពេញលេញ រមែងធ្វើមិត្តអាមាត្យ ឲ្យដល់នូវសេចក្តីសុខ ឲ្យពេញលេញ រមែងធ្វើទក្ខិណាទាន ដែលមានផលខ្ពស់ ជាទានគួរដល់នូវកិរិយាកើតក្នុងស្ថានសួគ៌ ជាទានមានផលនាំមកនូវសេចក្តីសុខ ជាទានញុំាងធម៌2) ទាំង១០ ដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅដោយល្អ ឲ្យតម្កល់ចំពោះសមណៈ និងព្រាហ្មណ៍ទាំងឡាយ ដោយសិល្បៈនោះ បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គអាចនឹងបញ្ញត្តនូវផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯងក្នុងបច្ចុប្បន្ន ដូចយ៉ាងផលសិល្បៈនោះបានដែរឬទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា បពិត្រមហារាជ ក្រែងមហារាជ បានសួរប្រស្នានេះ នឹងសមណព្រាហ្មណ៍ទាំងឡាយដទៃជ្រាបច្បាស់ហើយឬ។ ព្រះរាជាក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គបានសួរប្រស្នានេះ នឹងសមណព្រាហ្មណ៍ទាំងឡាយដទៃដឹងច្បាស់ហើយ។ ព្រះអង្គ ទ្រង់ត្រាស់ថា បពិត្រមហារាជ ចុះសមណៈ និងព្រាហ្មណ៍ទាំងឡាយនោះ ដោះស្រាយដោយប្រការដូចម្តេចខ្លះ បើមហារាជ មិនទើសទាល់ទេ សូមមហារាជឆ្លើយមក។ ព្រះរាជាក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ព្រះមានព្រះភាគ ឬបុគ្គលដែលមានសភាពដូចជាព្រះមានព្រះភាគ គង់នៅក្នុងទីណា ទីនោះ ខ្ញុំព្រះអង្គមិនមានសេចក្តីទើសទាល់ទេ។ ព្រះអង្គត្រាស់ថា បពិត្រមហារាជ បើដូច្នោះ សូមមហារាជ ទ្រង់មានព្រះរាជឱង្ការមកចុះ។
[៩៤] ព្រះរាជាក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងក្រុងរាជគ្រឹះនេះ សម័យមួយ ខ្ញុំព្រះអង្គបានចូលទៅរកគ្រូឈ្មោះបូរណកស្សប លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាលជាមួយនឹងគ្រូឈ្មោះបូរណកស្សប លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹក ល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏បានអង្គុយក្នុងទីសមគួរ បពិត្រព្រះអង្គដ៏ចំរើន លុះខ្ញុំព្រះអង្គអង្គុយក្នុងទីសមគួរហើយ ក៏ផ្តើមពាក្យសួរដូច្នេះ ទៅនឹងគ្រូឈ្មោះបូរណកស្សបថា បពិត្រលោកកស្សបដ៏ចំរើន ដូចជាសិល្បៈសម្រាប់បង្កើតផល មានប្រមាណច្រើនទាំងនេះ គឺសិល្បៈរបស់ពួកបុគ្គលអ្នកជិះដំរី3) អ្នកជិះសេះ4) អ្នកកាន់ការខាងរថ ពួកខ្មាន់ធ្នូ ពួកអ្នកកាន់ទង់ជ័យ (មុខ) ពួកអ្នកចាត់ទ័ព ពួកអ្នកបញ្ជូនស្បៀង ពួកព្រះរាជបុត្តអ្នកពុះពារ (លុកចូលក្នុងសង្គ្រាម) ពួកអ្នកស្ទុះ ចូលសម្រុកក្នុងសង្គ្រាម ពួកយោធាអ្នកអង់អាច ពួកសេនាអ្នកក្លៀវក្លា ពួកយោធាអ្នកពាក់គ្រឿងក្រោះ ពួកកូននៃជនជាទាសៈ (ជាទីស្រឡាញ់របស់ចៅហ្វាយនាយ) ពួកអ្នកធ្វើនំ ពួកជាងអ្នកកោរកាត់ ពួកអ្នកផ្ងូតទឹក ពួកអ្នកធ្វើអាហារ ពួកជាងក្រងផ្កា ពួកជាងជ្រលក់ ពួកជាងតម្បាញ ពួកជាងត្បាញផែង ពួកស្មូនឆ្នាំង ពួកអ្នកចេះលេខនព្វន្ត ពួកអ្នកចេះគិត ដោយម្រាមដៃទទេ ពុំនោះសោត សិល្បៈសម្រាប់បង្កើតផល មានប្រមាណច្រើនឯណានីមួយដទៃទៀត ដែលមានបែបយ៉ាងនេះ បុគ្គលទាំងនោះ រមែងចិញ្ចឹមជីវិតអាស្រ័យនូវផលរបស់សិល្បៈ ដែលឃើញច្បាស់ ដោយខ្លួនឯងក្នុងបច្ចុប្បន្ន បុគ្គលទាំងនោះ រមែងធ្វើខ្លួនឲ្យដល់នូវសេចក្តីសុខ ឲ្យពេញលេញ រមែងធ្វើមាតាបិតា ឲ្យដល់នូវសេចក្តីសុខ ឲ្យពេញលេញ រមែងធ្វើបុត្រភរិយា ឲ្យដល់នូវសេចក្តីសុខ ឲ្យពេញលេញ រមែងធ្វើមិត្តអាមាត្យ ឲ្យដល់នូវសេចក្តីសុខ ឲ្យពេញលេញ រមែងញុំាងទក្ខិណាទាន ដែលមានផលខ្ពស់ ជាទានគួរដល់កិរិយាកើតក្នុងស្ថានសួគ៌ ជាទានមានផលនាំមកនូវសេចក្តីសុខ ជាទានញុំាងធម៌ទាំង១០ដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅដោយល្អ ឲ្យតម្កល់នៅក្នុងសមណៈ និងព្រាហ្មណ៍ទាំងឡាយ ដោយសិល្បៈនោះ បពិត្រលោកកស្សបដ៏ចំរើន លោកអាចនឹងបញ្ញត្តនូវផលនៃសមណប្បដិបត្តិ5) ដែលឃើញច្បាស់ដោយខ្លួនឯងក្នុងបច្ចុប្បន្ន ដូចយ៉ាងផលសិល្បៈនោះបានដែរឬ បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គសួរយ៉ាងនេះហើយ គ្រូឈ្មោះបូរណកស្សប ឆ្លើយដូច្នេះនឹងខ្ញុំព្រះអង្គថា បពិត្រមហារាជ បុគ្គលធ្វើបាបដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យធ្វើ កាត់ (នូវអវយវៈ មានដៃជាដើម) របស់អ្នកដទៃដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យកាត់ បៀតបៀនគេដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យបៀតបៀន ធ្វើអ្នកដទៃឲ្យសោកសៅដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យធ្វើឲ្យគេសោកសៅ ធ្វើអ្នកដទៃឲ្យលំបាកដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យធ្វើឲ្យគេលំបាក អន្ទះអន្ទែងដោយខ្លួនឯង ឬធ្វើគេឲ្យអន្ទះអន្ទែង សម្លាប់សត្វដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យសម្លាប់ កាន់យកនូវទ្រព្យ ដែលគេមិនបានឲ្យ កាត់នូវទីត (នៃផ្ទះ) ប្លន់នូវពួកអ្នកស្រុក ប្លន់យកទ្រព្យតែផ្ទះ១ ឈរចាំក្បែរផ្លូវ (ដើម្បីដណ្តើមយកទ្រព្យ) លួចប្រពន្ធនៃបុគ្គលដទៃ ពោលពាក្យកុហក ឈ្មោះថា មិនបានធ្វើបាបទេ មួយទៀត បើបុគ្គលណា ធ្វើនូវសត្វទាំងឡាយលើផែនដីនេះ ឲ្យមានគំនរសាច់តែមួយ ឲ្យមានពំនូកនៃសាច់តែមួយ ដោយគ្រឿងចក្រ មានខ្នងកង់ដ៏មុត ដូចជាកាំបិតកោរ បាបដែលមានអំពើនោះជាហេតុ មិនមាន (ដល់បុគ្គលអ្នកធ្វើនោះ)ទេ អំពើបាប ក៏មិនឲ្យផល (ដល់បុគ្គលនោះឡើយ) ទោះបីបុគ្គលឆ្លងទៅកាន់ត្រើយខាងស្តាំនៃទន្លេគង្គា ហើយគប្បីសម្លាប់សត្វដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យសម្លាប់ កាត់ (នូវអវយវៈ មានដៃជាដើម) ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យកាត់ បៀតបៀនគេដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យបៀតបៀន បាបដែលមានអំពើនោះជាហេតុ មិនមាន (ដល់បុគ្គលអ្នកធ្វើនោះ)ទេ អំពើបាប ក៏មិនឲ្យផល (ដល់បុគ្គលនោះឡើយ) ទោះបីបុគ្គលឆ្លងទៅកាន់ត្រើយខាងឆ្វេងនៃទន្លេគង្គា ហើយឲ្យទានដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យឲ្យ បូជាដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យបូជា បុណ្យដែលមានអំពើនោះជាហេតុ មិនមាន (ដល់បុគ្គលអ្នកធ្វើនោះ)ទេ អំពើបុណ្យមិនឲ្យផល (ដល់បុគ្គលនោះឡើយ) បុគ្គលធ្វើកុសលដោយឲ្យទាន ដោយទូន្មាននូវឥន្ទ្រិយ ដោយសង្រួមកាយវាចា ដោយពោលពាក្យសច្ចៈ បុណ្យដែលមានអំពើនោះជាហេតុ មិនមាន (ដល់បុគ្គលអ្នកធ្វើនោះ)ទេ អំពើបុណ្យ មិនឲ្យផល (ដល់បុគ្គលនោះឡើយ) បពិត្រព្រះអង្គដ៏ចំរើន គ្រូឈ្មោះបូរណកស្សប កាលដែលខ្ញុំព្រះអង្គ សួររកផលសមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯង ដោយប្រការដូច្នេះហើយ ក៏បែរជាដោះស្រាយ ដោយអកិរិយវាទ (ពោលឃាត់អំពើបុណ្យបាប) បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចបុគ្គលដែលគេសួរពីដើមស្វាយ បែរជាប្រាប់នូវដើមខ្នុរសម្លវិញ ឬគេសួរពីដើមខ្នុរសម្ល បែរជាប្រាប់នូវដើមស្វាយវិញ បពិត្រព្រះអង្គដ៏ចំរើន គ្រូឈ្មោះបូរណកស្សប កាលដែលខ្ញុំព្រះអង្គ សួររកផលសមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯងហើយ បែរជាដោះស្រាយ ដោយអកិរិយវាទទៅវិញ ក៏ដូច្នោះដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានសេចក្តីរិះគិតដូច្នេះថា បុគ្គលប្រហែលដូចជាអញ មិនសមបើទៅរាប់អានសមណៈ ឬព្រាហ្មណ៍ អ្នកនៅអាស្រ័យក្នុងដែន ដែលជាបុគ្គលគួរបៀតបៀនសោះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាម នូវភាសិតរបស់គ្រូឈ្មោះបូរណកស្សបឡើយ លុះខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាម មានសេចក្តីតូចចិត្ត តែមិនបានបញ្ចេញវាចា សំដែងនូវសេចក្តីតូចចិត្ត មិនបានកាន់តាម មិនបានយកចិត្តទុកដាក់នឹងវាចានោះទេ ហើយក៏ក្រោកចាកអាសនៈ ចៀសចេញទៅ។
[៩៥] បពិត្រព្រះអង្គដ៏ចំរើន ក្នុងក្រុងរាជគ្រឹះនេះ សម័យមួយ ខ្ញុំព្រះអង្គចូលទៅរកគ្រូឈ្មោះមក្ខលិគោសាល លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាលជាមួយនឹងគ្រូឈ្មោះមក្ខលិគោសាល លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹក ល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏បានអង្គុយក្នុងទីសមគួរ បពិត្រព្រះអង្គដ៏ចំរើន លុះខ្ញុំព្រះអង្គអង្គុយក្នុងទីសមគួរហើយ ក៏ផ្តើមពាក្យសួរដូច្នេះ ទៅនឹងគ្រូឈ្មោះមក្ខលិគោសាលថា បពិត្រលោកគោសាលដ៏ចំរើន ដូចជាសិល្បៈសម្រាប់បង្កើតផល មានប្រមាណច្រើនទាំងនេះ។បេ។ បពិត្រលោកគោសាលដ៏ចំរើន លោកអាចនឹងបញ្ញត្តនូវផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯងក្នុងបច្ចុប្បន្ន ដូចយ៉ាងផលសិល្បៈនោះបានដែរឬ បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គសួរយ៉ាងនេះហើយ គ្រូឈ្មោះមក្ខលិគោសាល បានពោលពាក្យដូច្នេះមកនឹងខ្ញុំព្រះអង្គថា បពិត្រមហារាជ ហេតុបច្ច័យនាំឲ្យសៅហ្មង ដល់សត្វទាំងឡាយមិនមានទេ សត្វទាំងឡាយ រមែងសៅហ្មងដោយឥតហេតុ ឥតបច្ច័យ ហេតុបច្ច័យនាំឲ្យបរិសុទ្ធដល់សត្វទាំងឡាយ មិនមានឡើយ សត្វទាំងឡាយ រមែងបរិសុទ្ធដោយឥតហេតុ ឥតបច្ច័យ អំពើរបស់ខ្លួន6) ក៏មិនមាន អំពើរបស់អ្នកដទៃ7) ក៏មិនមាន អំពើរបស់បុរស8) ក៏មិនមាន កម្លាំងក៏មិនមាន ព្យាយាមក៏មិនមាន កម្លាំងរបស់បុរសក៏មិនមាន សេចក្តីសង្វាតរបស់បុរស9) ក៏មិនមាន សត្វទាំងអស់ (មានសត្វឱដ្ឋ គោ លា ជាដើម) បាណៈទាំងអស់10) ភូតទាំងអស់ (មានសត្វកើតក្នុងស្រោមស៊ុតជាដើម) ជីវៈ គឺធញ្ញជាតិទាំងអស់ ឥតមានអំណាច ឥតមានកម្លាំង ឥតមានព្យាយាម (ក្នុងការធ្វើឲ្យសៅហ្មង ឬបរិសុទ្ធ) មានសេចក្តីប្រែប្រួលដោយនិយតិ និងសង្គតិ និងសភាវៈ11) តាំងនៅក្នុងអភិជាតិទាំង៦ ហើយរមែងទទួលសុខ និងទុក្ខ បពិត្រមហារាជ ឯកំណើតដែលជាប្រធាន12) មានចំនួន១លាន ៤សែន ៦ពាន់ ៦រយ ទាំងនេះក្តី កម្មទាំង៥០០ក្តី កម្មទាំង៥ក្តី កម្មទាំង៣ក្តី កម្ម គឺកាយកម្ម និងវចីកម្មក្តី កម្មពាក់កណ្តាល គឺមនោកម្មក្តី បដិបទាទាំង៦២ក្តី អន្តរកប្ប13) អភិជាតិ14) ទាំង៦ បុរិសភូមិ15) ទាំង៨ ពួកអាជីវកៈទាំង១៤៩ ពួកបរិព្វាជកទាំង១៤៩ លំនៅនៃនាគទាំង១៤៩ ឥន្ទ្រិយទាំង១២០ នរកទាំង១៣០ ធាតុដែលប្រកបដោយធូលី (មានខ្នងដៃ ខ្នងជើងជាដើម) ទាំង៣៦ពួក គភ៌នៃសត្វដែលមានសញ្ញា16) ទាំង៧ពួក គភ៌ (នៃធញ្ញជាតិ) ដែលគ្មានសញ្ញ17) ទាំង៧ ពួកគភ៌នៃជាតិដែលដុះអំពីថ្នាំង (មានអំពៅជាដើម) ទាំង៧ ពួកទេវតាទាំង៧ ពួកមនុស្សទាំង៧ ពួកបិសាចទាំង៧ ស្រះទាំង៧ រអាងភ្នំទាំង៧ រអាងភ្នំទាំង៧០០ ជ្រោះធំទាំង៧ ជ្រោះតូចទាំង៧០០ សុបិនធំទាំង៧ សុបិនតូចទាំង៧០០ ជនពាលក្តី ជនជាបណ្ឌិតក្តី អន្ទោលទៅ ត្រាច់រង្គាត់ទៅ (ក្នុងវដ្តសំសារ) អស់កាលចំនួន៨លានចុល្លមហាកប្បហើយ នឹងធ្វើនូវទីបំផុតនៃទុក្ខបាន បុគ្គលកំណត់ទុកថា អាត្មាអញនឹងញុំាងកម្មដែលមិនទាន់ចាស់ ឲ្យចាស់ផង អាត្មាអញ បានពាល់ត្រូវរឿយៗ នូវកម្មដែលចាស់ស្រាប់ហើយ ៗធ្វើឲ្យអស់ទៅផង ដោយសីលនេះក្តី ដោយវត្តនេះក្តី ដោយតបៈនេះក្តី ដោយព្រហ្មចរិយៈនេះក្តី ក្នុងកប្បទាំងឡាយនោះ មិនមានឡើយ សេចក្តីសុខទុក្ខ ដែលធ្វើឲ្យមានទីបំផុត ដូចគេវាល់របស់ (ឲ្យអស់ទៅ) ដោយទោណៈ មិនមានក្នុងសំសារវដ្ត ដោយប្រការយ៉ាងនេះឡើយ សេចក្តីសាបសូន្យ (នៃសំសាររបស់ជនជាបណ្ឌិត) និងសេចក្តីចំរើន (នៃសំសាររបស់ជនពាល) មិនមានឡើយ សេចក្តីលូតលាស់ឡើង និងសេចក្តីរេចរិល មិនមានឡើយ ប្រៀបដូចរមូរនៃអម្បោះ ដែលគេបោះចោលទៅ រសាយអស់ (ត្រឹមតែកំណត់អម្បោះប៉ុណ្ណោះ) យ៉ាងណាមិញ ជនពាលក្តី ជនជាបណ្ឌិតក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ (ក្នុងសំសារ) (អស់កំណត់នេះហើយ) នឹងធ្វើនូវទីបំផុតនៃទុក្ខបានដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន គ្រូឈ្មោះមក្ខលិគោសាល កាលខ្ញុំព្រះអង្គ សួររកផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯង ដោយប្រការដូច្នេះហើយ ក៏បែរជាដោះស្រាយ នូវសេចក្តីបរិសុទ្ធនៃសំសារទៅវិញ បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចបុគ្គលដែលគេសួរពីដើមស្វាយ ក៏បែរជាប្រាប់នូវដើមខ្នុរសម្លវិញ ឬគេសួរពីដើមខ្នុរសម្ល បែរជាប្រាប់នូវដើមស្វាយវិញ បពិត្រព្រះអង្គដ៏ចំរើន គ្រូឈ្មោះមក្ខលិគោសាល កាលដែលខ្ញុំព្រះអង្គ សួររកផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯងហើយ បែរជាដោះស្រាយ នូវសេចក្តីបរិសុទ្ធ នៃសំសារទៅវិញ ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានសេចក្តីរិះគិតដូច្នេះថា បុគ្គលប្រហែលអញ មិនសមបើទៅរាប់អានសមណៈ ឬព្រាហ្មណ៍ អ្នកនៅអាស្រ័យក្នុងដែន ដែលជាបុគ្គលគួរបៀតបៀនសោះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាម នូវភាសិតរបស់គ្រូឈ្មោះមក្ខលិគោសាលឡើយ លុះខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាម ក៏មានសេចក្តីតូចចិត្ត តែមិនបានបញ្ចេញវាចា សំដែងនូវសេចក្តីតូចចិត្ត មិនបានកាន់តាម មិនបានយកចិត្តទុកដាក់នឹងវាចានោះទេ ហើយក៏ក្រោកចាកអាសនៈ ចៀសចេញទៅ។
[៩៦] បពិត្រព្រះអង្គដ៏ចំរើន ក្នុងក្រុងរាជគ្រឹះនេះ សម័យមួយ ខ្ញុំព្រះអង្គចូលទៅរកគ្រូឈ្មោះអជិតកេសកម្ពល លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាលជាមួយនឹងគ្រូឈ្មោះអជិតកេសកម្ពល លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹក ល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏បានអង្គុយក្នុងទីដ៏សមគួរ បពិត្រព្រះអង្គដ៏ចំរើន លុះខ្ញុំព្រះអង្គអង្គុយក្នុងទីដ៏សមគួរហើយ ក៏ផ្តើមពាក្យសួរដូច្នេះ ទៅនឹងគ្រូឈ្មោះអជិតកេសកម្ពលថា បពិត្រលោកអជិតដ៏ចំរើន ដូចជាសិល្បៈសម្រាប់បង្កើតផល មានប្រមាណច្រើនទាំងនេះ។បេ។ បពិត្រលោកអជិតដ៏ចំរើន លោកម្ចាស់អាចនឹងបញ្ញត្តនូវផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯងក្នុងបច្ចុប្បន្ន ដូចយ៉ាងផលសិល្បៈនោះបានដែរឬ បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គសួរយ៉ាងនេះហើយ គ្រូឈ្មោះអជិតកេសកម្ពល ក៏បានពោលពាក្យដូច្នេះ នឹងខ្ញុំព្រះអង្គថា បពិត្រមហារាជ ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល ការបូជាតូច18) មិនមានផល ផល និងវិបាក19) នៃកម្មដែលបុគ្គលធ្វើល្អ និងអាក្រក់ មិនមានឡើយ លោកនេះ20) មិនមាន លោកខាងមុខ21) មិនមាន ប្រតិបត្តិខុស ឬត្រូវក្នុងមាតា មិនមានផល (បុណ្យបាប) ការប្រតិបត្តិខុស ឬត្រូវក្នុងបិតា មិនមានផល (បុណ្យបាប) សត្វជាឱបបាតិកៈកំណើត មិនមាន សមណៈ និងព្រាហ្មណ៍ទាំងឡាយ ដែលមានសេចក្តីព្រមព្រៀងគ្នា ប្រតិបត្តិដោយប្រពៃ ធ្វើឲ្យជាក់ច្បាស់ ព្រោះត្រាស់ដឹងដោយខ្លួនឯង ហើយសំដែងនូវលោកនេះ និងលោកខាងមុខ ក៏មិនមានក្នុងលោកឡើយ បុរសនេះ ប្រកបដោយមហាភូតរូប៤ លុះទទួលមរណកាល ក្នុងវេលាណា បឋវីធាតុខាងក្នុង ក៏ទៅជាបឋវីធាតុខាងក្រៅ អាបោធាតុខាងក្នុង ក៏ទៅជាអាបោធាតុខាងក្រៅ តេជោធាតុខាងក្នុង ក៏ទៅជាតេជោធាតុខាងក្រៅ វាយោធាតុខាងក្នុង ក៏ទៅជាវាយោធាតុខាងក្រៅ ឥន្ទ្រិយ (ទាំង៦) ក៏រសាត់អណ្តែតទៅកាន់អាកាស ពួកបុរស (ទាំង៤នាក់) មានគ្រែជាគំរប់៥ សែងយកបុរសដែលស្លាប់ទៅនោះ ស្នាមជើង គឺគុណ និងទោស ក៏ប្រាកដនៅកំណត់ត្រឹមឈាបនដ្ឋានប៉ុណ្ណោះ សល់នៅតែឆ្អឹង មានសម្បុរ (ប្រផេះ) ដូចស្លាបនៃសត្វព្រាប ឯគ្រឿងសក្ការបូជា មានផេះជាទីបំផុត ទាននេះ ពួកមនុស្សពាលកំឡៅ បានបញ្ញត្តទុកមកហើយ ជនទាំងឡាយណាពោលពាក្យថា អំពើ មានទានជាដើម មានផល ពាក្យរបស់ជនទាំងនោះ ជាពាក្យកុហកទទេ ជនពាលក្តី ជនជាបណ្ឌិតក្តី លុះបែកធ្លាយរាងកាយទៅ រមែងដាច់សូន្យ បាត់ទៅ មិនកើតទៀត ខាងមុខអំពីសេចក្តីស្លាប់ឡើយ បពិត្រព្រះអង្គដ៏ចំរើន គ្រូឈ្មោះអជិតកេសកម្ពល កាលបើខ្ញុំព្រះអង្គ សួររកផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯង ដោយប្រការដូច្នេះហើយ ក៏បែរជាដោះស្រាយ ដោយឧច្ឆេទវាទ (ពោលថាសត្វស្លាប់ទៅសូន្យ ឥតមានកើតទៀត) ទៅវិញ បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចបុគ្គលដែលគេសួរពីដើមស្វាយ ក៏បែរជាប្រាប់នូវដើមខ្នុរសម្លវិញ ឬគេសួរពីដើមខ្នុរសម្ល ក៏បែរជាប្រាប់នូវដើមស្វាយវិញ បពិត្រព្រះអង្គដ៏ចំរើន គ្រូឈ្មោះអជិតកេសកម្ពល កាលដែលខ្ញុំព្រះអង្គ សួររកផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯង ដោយប្រការដូច្នេះហើយ ក៏បែរជាដោះស្រាយ ដោយឧច្ឆេទវាទទៅវិញ ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានសេចក្តីរិះគិតយ៉ាងនេះថា បុគ្គលប្រហែលអញ មិនសមបើទៅរាប់អានសមណៈ ឬព្រាហ្មណ៍ អ្នកនៅអាស្រ័យក្នុងដែន ដែលជាបុគ្គលគួរបៀតបៀនសោះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាម នូវភាសិតរបស់គ្រូឈ្មោះអជិតកេសកម្ពលឡើយ លុះខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាម ក៏មានសេចក្តីតូចចិត្ត តែមិនបានបញ្ចេញវាចា សំដែងនូវសេចក្តីតូចចិត្ត មិនបានកាន់តាម មិនបានយកចិត្តទុកដាក់នឹងវាចានោះទេ ក៏ក្រោកចាកអាសនៈ ចៀសចេញទៅ។
[៩៧] បពិត្រព្រះអង្គដ៏ចំរើន ក្នុងក្រុងរាជគ្រឹះនេះ សម័យមួយ ខ្ញុំព្រះអង្គចូលទៅរកគ្រូឈ្មោះបកុធកច្ចាយនៈ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាលជាមួយនឹងគ្រូឈ្មោះបកុធកច្ចាយនៈ លុះបញ្ចប់នូវពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹក ល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏អង្គុយក្នុងទីដ៏សមគួរ បពិត្រព្រះអង្គដ៏ចំរើន លុះខ្ញុំព្រះអង្គអង្គុយក្នុងទីដ៏សមគួរហើយ ក៏ផ្តើមពាក្យសួរដូច្នេះ ទៅនឹងគ្រូឈ្មោះបកុធកច្ចាយនៈថា បពិត្រលោកម្ចាស់កច្ចាយនៈដ៏ចំរើន ដូចជាសិល្បៈសម្រាប់បង្កើតផល មានប្រមាណច្រើនទាំងនេះ។បេ។ បពិត្រលោកកច្ចាយនៈដ៏ចំរើន លោកអាចនឹងបញ្ញត្តនូវផល នៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯងក្នុងបច្ចុប្បន្ន ដូចយ៉ាងផលសិល្បៈនោះបានដែរឬ បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គសួរយ៉ាងនេះហើយ គ្រូឈ្មោះបកុធកច្ចាយនៈ បានឆ្លើយពាក្យដូច្នេះ មកនឹងខ្ញុំព្រះអង្គថា បពិត្រមហារាជ កាយគឺពួកទាំង៧នេះ គ្មាននរណាធ្វើកើត គ្មានវិធីធ្វើកើត គ្មាននរណានិមិ្មតដោយឫទ្ធិបាន គ្មាននរណាសាងកើត ជាសភាវៈអា (គ្មានពូជតទៅទៀត) តាំងនៅដូចជាកំពូលភ្នំ ឋិតនៅមាំដូចជាសសរគោល កាយទាំងនោះ មិនញាប់ញ័រ មិនប្រែប្រួល មិនបៀតបៀននូវគ្នានឹងគ្នា មិនអាចធ្វើគ្នានឹងគ្នាឲ្យបានសុខ ឬឲ្យបានទុក្ខ ឬទាំងសុខ ទាំងទុក្ខទេ ឯកាយ គឺពួកទាំង៧ ដូចម្តេចខ្លះ គឺពួកធាតុដី១ ពួកធាតុទឹក១ ពួកធាតុភ្លើង១ ពួកធាតុខ្យល់១ សេចក្តីសុខ១ សេចក្តីទុក្ខ១ ជីវិត១ ជាគំរប់៧ កាយគឺពួកទាំង៧នេះ គ្មាននរណាធ្វើកើត គ្មានវិធីធ្វើកើត គ្មាននរណានិមិ្មតដោយឫទ្ធិបាន គ្មាននរណាសាងកើត ជាសភាវៈអា តាំងនៅដូចជាកំពូលភ្នំ ឋិតនៅមាំដូចជាសសរគោល កាយទាំងនោះ មិនញាប់ញ័រ មិនប្រែប្រួល មិនបៀតបៀននូវគ្នានឹងគ្នា មិនអាចធ្វើគ្នានឹងគ្នាឲ្យបានសុខ ឬឲ្យបានទុក្ខ ឬទាំងសុខ ទាំងទុក្ខទេ បុគ្គលសម្លាប់ដោយខ្លួនឯងក្តី ប្រើគេឲ្យសម្លាប់ក្តី ស្តាប់ខ្លួនឯងក្តី ញុំាងគេឲ្យស្តាប់ក្តី ដឹងច្បាស់ខ្លួនឯងក្តី ញុំាងអ្នកដទៃឲ្យដឹងច្បាស់ក្តី មិនមានក្នុងកាយទាំងនោះឡើយ ទុកជាបុគ្គលនោះ កាត់សីសៈដោយសស្ត្រាដ៏មុត ក៏ឈ្មោះថា គ្មានអ្នកណាផ្តាច់ផ្តិលអ្នកណាចាកជីវិតបាន ឯសស្ត្រា គ្រាន់តែចូលទៅតាមចន្លោះនៃកាយទាំង៧ប៉ុណ្ណោះឯង បពិត្រព្រះអង្គដ៏ចំរើន គ្រូឈ្មោះបកុធកច្ចាយនៈ កាលបើខ្ញុំព្រះអង្គ សួររកផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯង ដោយប្រការដូច្នេះហើយ ក៏បែរជាដោះស្រាយ ដោយរឿងដទៃផ្សេងទៅវិញ បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចបុគ្គលដែលគេសួរពីដើមស្វាយ បែរជាប្រាប់នូវដើមខ្នុរសម្លវិញ ឬគេសួរពីដើមខ្នុរសម្ល បែរជាប្រាប់នូវដើមស្វាយវិញ បពិត្រព្រះអង្គដ៏ចំរើន គ្រូឈ្មោះបកុធកច្ចាយនៈ កាលដែលខ្ញុំព្រះអង្គ សួររកផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯងហើយ ក៏បែរជាដោះស្រាយ ដោយរឿងដទៃផ្សេងទៅវិញ ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានសេចក្តីរិះគិតយ៉ាងនេះថា បុគ្គលប្រហែលអញ មិនសមបើទៅរាប់អានសមណៈ ឬព្រាហ្មណ៍ អ្នកនៅអាស្រ័យក្នុងដែន ដែលជាបុគ្គលគួរបៀតបៀនសោះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាម នូវភាសិតរបស់គ្រូឈ្មោះបកុធកច្ចាយនៈឡើយ លុះខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាម ក៏មានសេចក្តីតូចចិត្តដែរ តែមិនបានបញ្ចេញវាចា សំដែងនូវសេចក្តីតូចចិត្ត មិនបានកាន់តាម មិនបានយកចិត្តទុកដាក់នឹងវាចានោះទេ ហើយក្រោកចាកអាសនៈ ចៀសចេញទៅ។
[៩៨] បពិត្រព្រះអង្គដ៏ចំរើន ក្នុងក្រុងរាជគ្រឹះនេះ សម័យមួយ ខ្ញុំព្រះអង្គចូលទៅរកគ្រូឈ្មោះនិគណ្ឋនាដបុត្ត លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាលជាមួយនឹងគ្រូឈ្មោះនិគណ្ឋនាដបុត្ត លុះបញ្ចប់នូវពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹក ល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏អង្គុយក្នុងទីដ៏សមគួរ បពិត្រព្រះអង្គដ៏ចំរើន លុះខ្ញុំព្រះអង្គអង្គុយក្នុងទីដ៏សមគួរហើយ បានផ្តើមពាក្យសួរដូច្នេះ នឹងគ្រូឈ្មោះនិគណ្ឋនាដបុត្តថា បពិត្រលោកអគ្គិវេស្សនៈដ៏ចំរើន ដូចជាសិល្បៈសម្រាប់បង្កើតផល មានប្រមាណច្រើនទាំងនេះ។បេ។ បពិត្រលោកអគ្គិវេស្សនៈដ៏ចំរើន លោកម្ចាស់អាចនឹងបញ្ញត្តនូវផល នៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯងក្នុងបច្ចុប្បន្ន ដូចយ៉ាងផលសិល្បៈនោះបានដែរឬ បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គសួរយ៉ាងនេះហើយ គ្រូឈ្មោះនិគណ្ឋនាដបុត្ត ឆ្លើយពាក្យដូច្នេះ មកនឹងខ្ញុំព្រះអង្គថា បពិត្រមហារាជ ក្នុងលោកនេះនិគ្រណ្ឋ បានសង្រួមដោយការសង្រួម មាន៤ចំណែក បពិត្រមហារាជ និគ្រណ្ឋដែលបានសង្រួម ដោយការសង្រួមមាន៤ចំណែក (នោះ) តើដូចម្តេចខ្លះ បពិត្រមហារាជ និគ្រណ្ឋក្នុងលោកនេះ ឃាត់ហាមទឹកទាំងពួង22) ១ ប្រកបដោយទឹកទាំងពួង23) ១ កំចាត់បាប ដោយទឹកទាំងពួង24) ១ ប្រោះព្រំដោយទឹកទាំងពួង25) ១ បពិត្រមហារាជ និគ្រណ្ឋបានសង្រួម ដោយការសង្រួម មាន៤ចំណែកយ៉ាងនេះឯង បពិត្រមហារាជ កាលណានិគ្រណ្ឋបានសង្រួម ដោយការសង្រួម៤ចំណែកយ៉ាងនេះ បពិត្រមហារាជ និគ្រណ្ឋនេះ គេហៅថា អ្នកមានខ្លួនដល់នូវទីបំផុតផង មានខ្លួនសង្រួមហើយផង មានខ្លួននៅដោយល្អផង បពិត្រព្រះអង្គដ៏ចំរើន ឯគ្រូឈ្មោះនិគណ្ឋនាដបុត្ត កាលដែលខ្ញុំព្រះអង្គ សួររកផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯង ដោយប្រការដូច្នេះហើយ ក៏បែរជាដោះស្រាយ ទៅរកការសង្រួមមាន៤ចំណែកទៅវិញ បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចបុគ្គលដែលគេសួរពីដើមស្វាយ បែរជាប្រាប់នូវដើមខ្នុរសម្លវិញ ឬគេសួរពីដើមខ្នុរសម្ល បែរជាប្រាប់នូវដើមស្វាយវិញ បពិត្រព្រះអង្គដ៏ចំរើន គ្រូឈ្មោះនិគណ្ឋនាដបុត្ត កាលដែលខ្ញុំព្រះអង្គ សួររកផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯង ក៏បែរជាដោះស្រាយ ទៅរកការសង្រួមមាន៤ចំណែកទៅវិញ ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានសេចក្តីរិះគិតដូច្នេះថា បុគ្គលប្រហែលអញ មិនសមបើទៅរាប់អានសមណៈ ឬព្រាហ្មណ៍ អ្នកនៅអាស្រ័យក្នុងដែន ដែលជាបុគ្គលគួរបៀតបៀនសោះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាម នូវភាសិតរបស់គ្រូឈ្មោះនិគណ្ឋនាដបុត្តឡើយ លុះខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាម ក៏មានសេចក្តីតូចចិត្តដែរ តែមិនបានបញ្ចេញវាចា សំដែងនូវសេចក្តីតូចចិត្ត មិនបានកាន់តាម មិនបានយកចិត្តទុកដាក់នឹងវាចានោះទេ ហើយក្រោកចាកអាសនៈ ចៀសចេញទៅ។
[៩៩] បពិត្រព្រះអង្គដ៏ចំរើន ក្នុងក្រុងរាជគ្រឹះនេះ សម័យមួយ ខ្ញុំព្រះអង្គចូលទៅរកគ្រូឈ្មោះសញ្ជយវេលដ្ឋបុត្ត លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាលនឹងគ្រូឈ្មោះសញ្ជយវេលដ្ឋបុត្ត លុះបញ្ចប់នូវពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹក ល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏អង្គុយក្នុងទីដ៏សមគួរ បពិត្រព្រះអង្គដ៏ចំរើន លុះខ្ញុំព្រះអង្គអង្គុយក្នុងទីដ៏សមគួរហើយ បានផ្តើមពាក្យសួរដូច្នេះ ទៅនឹងគ្រូឈ្មោះសញ្ជយវេលដ្ឋបុត្តថា បពិត្រលោកសញ្ជ័យដ៏ចំរើន ដូចជាសិល្បៈសម្រាប់បង្កើតផល មានប្រមាណច្រើនទាំងនេះ។បេ។ បពិត្រលោកសញ្ជ័យដ៏ចំរើន លោកអាចនឹងបញ្ញត្តនូវផល នៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯងក្នុងបច្ចុប្បន្ន ដូចយ៉ាងផលសិល្បៈនោះបានដែរឬ បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គសួរយ៉ាងនេះហើយ គ្រូឈ្មោះសញ្ជយវេលដ្ឋបុត្ត ឆ្លើយពាក្យដូច្នេះ មកនឹងខ្ញុំព្រះអង្គថា បើមហារាជសួរអាត្មាថា លោកខាងមុខមានដែរឬ បើសេចក្តីយល់ឃើញរបស់អាត្មាថា លោកខាងមុខមាន អាត្មាគប្បីដោះស្រាយនូវហេតុនោះ ដល់ព្រះអង្គថា លោកខាងមុខមាន ឯសេចក្តីយល់ឃើញរបស់អាត្មាថា យ៉ាងនេះក៏មិនមែន26) សេចក្តីយល់ឃើញរបស់អាត្មាថា យ៉ាងនោះក៏មិនមែន27) សេចក្តីយល់ឃើញរបស់អាត្មាថា យ៉ាងដទៃក៏មិនមែន28) សេចក្តីយល់ឃើញរបស់អាត្មាថា មិនមែនក៏ទេ29) សេចក្តីយល់ឃើញរបស់អាត្មាថា មិនមែនទេ ក៏មិនមែនដែរ30) (សេចក្តីយល់ឃើញរបស់អាត្មាថា) លោកខាងមុខមិនមាន លោកខាងមុខ មានខ្លះ មិនមានខ្លះ លោកខាងមុខ មានក៏មិនមែន មិនមានក៏មិនមែន ពួកសត្វជាឱបបាតិកៈមាន ពួកសត្វជាឱបបាតិកៈមិនមាន ពួកសត្វជាឱបបាតិកៈមានខ្លះ មិនមានខ្លះ ពួកសត្វជាឱបបាតិកៈ មានក៏មិនមែន មិនមានក៏មិនមែន បើមហារាជសួរអាត្មាថា ផលវិបាកនៃកម្ម ដែលបុគ្គលធ្វើល្អ និងធ្វើអាក្រក់មានដែរឬ បើសេចក្តីយល់ឃើញរបស់អាត្មាថា ផលវិបាកនៃកម្ម ដែលបុគ្គលធ្វើល្អ និងធ្វើអាក្រក់ មាន អាត្មាគប្បីដោះស្រាយនូវហេតុនោះ ដល់ព្រះអង្គថា ផលវិបាកនៃកម្ម ដែលបុគ្គលធ្វើល្អ និងធ្វើអាក្រក់មាន ផលវិបាកនៃកម្ម ដែលបុគ្គលធ្វើល្អ និងធ្វើអាក្រក់មិនមាន ផលវិបាកនៃកម្ម ដែលបុគ្គលធ្វើល្អ និងធ្វើអាក្រក់ មានខ្លះ មិនមានខ្លះ ផលវិបាកនៃកម្ម ដែលបុគ្គលធ្វើល្អ និងធ្វើអាក្រក់ មានក៏មិនមែន មិនមានក៏មិនមែន បើមហារាជ សួរអាត្មាថា ខាងមុខអំពីសេចក្តីស្លាប់ សត្វកើតទៀត ខាងមុខអំពីសេចក្តីស្លាប់ សត្វមិនកើតទៀត ខាងមុខអំពីសេចក្តីស្លាប់ សត្វកើតទៀតខ្លះ មិនកើតទៀតខ្លះ ខាងមុខអំពីសេចក្តីស្លាប់ សត្វកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនដូច្នេះឬ បើសេចក្តីយល់ឃើញរបស់អាត្មាថា ខាងមុខអំពីសេចក្តីស្លាប់ សត្វកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន អាត្មាគប្បីដោះស្រាយនូវហេតុនោះ ដល់ព្រះអង្គថា ខាងមុខអំពីសេចក្តីស្លាប់ សត្វកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន សេចក្តីយល់ឃើញរបស់អាត្មាថាយ៉ាងនេះ ក៏មិនមែន សេចក្តីយល់ឃើញរបស់អាត្មាថាយ៉ាងនោះ ក៏មិនមែន សេចក្តីយល់ឃើញរបស់អាត្មាថាយ៉ាងដទៃក៏មិនមែន សេចក្តីយល់ឃើញរបស់អាត្មាថា មិនមែនក៏ទេ សេចក្តីយល់ឃើញរបស់អាត្មាថា មិនមែនទេ ក៏មិនមែនដែរ បពិត្រព្រះអង្គដ៏ចំរើន គ្រូឈ្មោះសញ្ជ័យវេលដ្ឋបុត្ត កាលបើខ្ញុំព្រះអង្គ សួររកផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯង ដោយប្រការដូច្នេះហើយ ក៏បែរជាដោះស្រាយបន្លែបន្លប់ទៅវិញ បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចបុគ្គលដែលគេសួរពីដើមស្វាយ បែរជាប្រាប់នូវដើមខ្នុរសម្លវិញ ឬគេសួរពីដើមខ្នុរសម្ល បែរជាប្រាប់នូវដើមស្វាយវិញ បពិត្រព្រះអង្គដ៏ចំរើន គ្រូឈ្មោះសញ្ជយវេលដ្ឋបុត្ត កាលដែលខ្ញុំព្រះអង្គ សួររកផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯង ក៏បែរជាដោះស្រាយ បន្លែបន្លប់ទៅវិញ ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានសេចក្តីត្រិះរិះដូច្នេះថា គ្រូឈ្មោះសញ្ជយវេលដ្ឋបុត្តនេះឯង ល្ងង់ជ្រុល វង្វេងជ្រុល ជាងសមណៈ និងព្រាហ្មណ៍ទាំងឡាយ ពួកនេះ កាលបើអញសួរត្រង់ផល នៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯងហើយ មិនសមបើទៅដោះស្រាយបន្លែបន្លប់សោះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានសេចក្តីត្រិះរិះដូច្នេះថា បុគ្គលប្រហែលអញ មិនសមបើទៅរាប់អានសមណៈ ឬព្រាហ្មណ៍ អ្នកនៅអាស្រ័យក្នុងដែន ដែលជាបុគ្គលគួរបៀតបៀនសោះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាម នូវភាសិតរបស់គ្រូឈ្មោះសញ្ជយវេលដ្ឋបុត្តឡើយ លុះខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាម ក៏មានសេចក្តីតូចចិត្តដែរ តែមិនបានបញ្ចេញវាចា សំដែងនូវសេចក្តីតូចចិត្ត មិនបានកាន់តាម មិនបានយកចិត្តទុកដាក់នឹងវាចានោះទេ ហើយក្រោកចាកអាសនៈ ចៀសចេញទៅ។
[១០០] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមសួរចំពោះព្រះមានព្រះភាគ សូមទ្រង់ព្រះមេត្តាប្រោស ដូចជាសិល្បៈសម្រាប់បង្កើតផល មានប្រមាណច្រើនទាំងនេះ បានដល់សិល្បៈរបស់បុគ្គលនោះៗ គឺសិល្បៈរបស់បុគ្គលអ្នកកាន់ការខាងដំរី អ្នកកាន់ការខាងសេះ អ្នកកាន់ការខាងរថ ពួកខ្មាន់ធ្នូ ពួកអ្នកកាន់ទង់ជ័យ (មុខ) ពួកអ្នកចាត់ទ័ព ពួកអ្នកបញ្ជូនស្បៀង ពួកព្រះរាជបុត្តអ្នកពុះពារ (លុកចូលក្នុងសង្គ្រាម) ពួកអ្នកស្ទុះចូលទៅក្នុងសង្គ្រាម (អ្នកយកអាសា) ពួកយោធាអ្នកអង់អាច ពួកសេនាអ្នកក្លៀវក្លា ពួកយោធាអ្នកពាក់អាវក្រោះ ពួកកូននៃជនជាទាសៈ (ដែលជាទីស្រឡាញ់នៃចៅហ្វាយនាយ) ពួកអ្នកធ្វើនំ ពួកជាងកោរកាត់ ពួកអ្នកផ្ងូតទឹក ពួកអ្នកធ្វើអាហារ ពួកជាងក្រងផ្កា ពួកជាងជ្រលក់ ពួកជាងតម្បាញ ពួកជាងត្បាញផែង ពួកស្មូនឆ្នាំង ពួកអ្នកចេះលេខនព្វន្ត ពួកអ្នកចេះរាប់ដោយម្រាមដៃទទេ ពុំនោះសោត សិល្បៈសម្រាប់បង្កើតផល មានប្រមាណច្រើនឯណានីមួយដទៃទៀត ដែលមានបែបយ៉ាងនេះក្តី បុគ្គលទាំងនោះ រមែងចិញ្ចឹមជីវិតអាស្រ័យនូវផលរបស់សិល្បៈ ដែលឃើញច្បាស់ដោយខ្លួនឯងក្នុងបច្ចុប្បន្ន បុគ្គលទាំងនោះ រមែងធ្វើនូវខ្លួនឲ្យដល់នូវសេចក្តីសុខ ឲ្យពេញលេញ (ដោយកម្លាំងកាយ កម្លាំងប្រាជ្ញា) រមែងធ្វើមាតាបិតា ឲ្យដល់នូវសេចក្តីសុខ ឲ្យពេញលេញ រមែងធ្វើនូវកូន និងប្រពន្ធ ឲ្យដល់នូវសេចក្តីសុខ ឲ្យពេញលេញ រមែងធ្វើមិត្តអាមាត្យ ឲ្យដល់នូវសេចក្តីសុខ ឲ្យពេញលេញ រមែងញុំាងទក្ខិណាទាន ដែលមានផលដ៏ខ្ពស់ ជាទានគួរដល់កិរិយាកើតក្នុងស្ថានសួគ៌ ជាទានមានផលនាំមកនូវសេចក្តីសុខ ជាទានញុំាងធម៌ទាំង១០ដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅដោយល្អ ឲ្យតម្កល់នៅក្នុងសមណៈ និងព្រាហ្មណ៍ទាំងឡាយ ដោយសិល្បៈនោះ បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គអាចនឹងបញ្ញត្តនូវផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯងក្នុងបច្ចុប្បន្ន ដូចយ៉ាងផលសិល្បៈនោះបានដែរឬ។ ព្រះអង្គ ទ្រង់ត្រាស់ថា បពិត្រមហារាជ តថាគតអាច (បញ្ញត្តបាន) បពិត្រមហារាជ បើដូច្នោះ តថាគត សូមសួរមហារាជ ក្នុងហេតុនោះវិញ មហារាជគាប់ព្រះរាជហឫទ័យយ៉ាងណា គប្បីដោះស្រាយនូវប្រស្នានោះយ៉ាងនោះចុះ។ បពិត្រមហារាជ ចុះព្រះអង្គសំគាល់នូវហេតុនោះដូចម្តេច ក្នុងលោកនេះ (បើ) មហារាជមានបុរសជាខ្ញុំបម្រើ អ្នកធ្វើរាជការ ជាអ្នកក្រោកឡើងមុន31) និងដេកក្រោយ ជាអ្នកទទួលស្តាប់ក្នុងកិច្ចការឯណានីមួយ ជាអ្នកប្រព្រឹត្តធ្វើនូវអំពើជាទីគាប់ចិត្ត ជាអ្នកពោលនូវពាក្យជាទីស្រឡាញ់ ជាអ្នកបង្ហាញមុខ (ម្ចាស់) បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អើហ្ន៎ ហេតុអស្ចារ្យពេកណាស់ អើហ្ន៎ ហេតុចំឡែកពេកណាស់ នេះជាគតិរបស់បុណ្យ នេះជាវិបាករបស់បុណ្យ ព្រោះថាព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈនេះ ក៏ជាមនុស្ស ឯអាត្មាអញសោត ក៏ជាមនុស្សដែរ ប៉ុន្តែព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈនេះ ទ្រង់ឆ្អែតស្កប់ស្កល់ដោយកាមគុណទាំង៥ មានគេបម្រើ ហាក់ដូចជាទេវតា ឯអាត្មាអញ ជាខ្ញុំបម្រើ អ្នកធ្វើរាជការ ជាអ្នកក្រោកឡើងមុន ដេកក្រោយ ជាអ្នកទទួលស្តាប់ ក្នុងកិច្ចការនីមួយ ជាអ្នកប្រព្រឹត្តនូវអំពើជាទីគាប់ចិត្ត ជាអ្នកពោលនូវពាក្យជាទីស្រឡាញ់ ជាអ្នកបង្ហាញមុខ (ម្ចាស់) អាត្មាអញគួរធ្វើបុណ្យ ដូចជាបុណ្យព្រះរាជានោះ បើដូច្នោះ មានតែអាត្មាអញកោរសក់ និងពុកមាត់ ពុកចង្កាចេញ ហើយស្លៀកដណ្តប់សំពត់កាសាយៈទាំងឡាយ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស។ សម័យខាងក្រោយមក បុរសនោះ ក៏កោរសក់ និងពុកមាត់ ពុកចង្កាចេញ ហើយស្លៀកដណ្តប់សំពត់កាសាយៈទាំងឡាយ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស។ លុះបុរសនោះ បានបួសយ៉ាងនេះហើយ ក៏សង្រួមកាយ សង្រួមវាចា សង្រួមចិត្ត គ្រប់ឥរិយាបថ សន្តោសដោយគ្រឿងបរិភោគ និងគ្រឿងស្លៀកដណ្តប់ដ៏ឧត្តម ត្រេកអរចំពោះទីស្ងាត់។ មានបុរស១ពួកទៀត ក្រាបទូលមហារាជយ៉ាងនេះថា សូមព្រះរាជតេជះតម្កល់លើត្បូង បពិត្រព្រះសម្មតិទេព សូមព្រះអង្គជ្រាប បុរសដែលជាខ្ញុំបម្រើ អ្នកធ្វើរាជការរបស់ព្រះអង្គ ជាអ្នកក្រោកឡើងមុន ដេកក្រោយ ជាអ្នកទទួលស្តាប់ពាក្យ ក្នុងកិច្ចការនីមួយ ជាអ្នកប្រព្រឹត្តធ្វើនូវអំពើជាទីគាប់ចិត្ត ជាអ្នកពោលនូវពាក្យជាទីស្រឡាញ់ ជាអ្នកបង្ហាញមុខ (ម្ចាស់) បពិត្រព្រះសម្មតិទេព បុរសនោះកោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈទាំងឡាយ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស លុះបុរសនោះ បានបួសយ៉ាងនេះហើយ ក៏សង្រួមកាយ សង្រួមវាចា សង្រួមចិត្ត គ្រប់ឥរិយាបថ សន្តោសដោយគ្រឿងបរិភោគ និងគ្រឿងស្លៀកដណ្តប់ដ៏ឧត្តម ត្រេកអរចំពោះទីស្ងាត់។ ចុះមហារាជ គួរពោលយ៉ាងនេះថា អើ បុរសនោះត្រូវចូលមក (នៅក្នុងសំណាក់) អញវិញ ត្រូវមកធ្វើជាខ្ញុំបម្រើអញ អ្នកធ្វើរាជការ ជាអ្នកក្រោកឡើងមុន ដេកក្រោយ ជាអ្នកទទួលស្តាប់ពាក្យ ក្នុងកិច្ចការនីមួយ ជាអ្នកប្រព្រឹត្តធ្វើនូវអំពើជាទីគាប់ចិត្ត ជាអ្នកពោលនូវពាក្យជាទីស្រឡាញ់ ជាអ្នកបង្ហាញមុខ (ម្ចាស់) ដូច្នេះដែរឬ។ ព្រះរាជាក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនោះ មិនមែនដូច្នោះទេ តាមពិត យើងខ្ញុំទាំងឡាយ គួរតែថ្វាយបង្គំបុគ្គលនោះផង គួរតែក្រោកទទួលបុគ្គលនោះផង គួរតែនិមន្តដោយអាសនៈផង គួរតែនិមន្តបុគ្គលនោះ ដោយចីវរបិណ្ឌបាត សេនាសនៈ និងគ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យ ដល់អ្នកមានជម្ងឺផង គួរតែចាត់ចែងនូវការរក្សាការពារគ្រប់គ្រង ដែលប្រកបដោយធម៌ ដល់បុគ្គលនោះផង។ ព្រះអង្គ ទ្រង់ត្រាស់ថា បពិត្រមហារាជ ចុះមហារាជ សំគាល់ហេតុនោះដូចម្តេច កាលបើហេតុយ៉ាងនោះមានហើយ ផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ឈ្មោះថា មានដែរ ឬមិនមានទេ។ ព្រះរាជាក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះមានហើយ ផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ឈ្មោះថា មានដោយពិត។ ព្រះអង្គ ទ្រង់ត្រាស់ថា បពិត្រមហារាជ នេះឯងជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ជាបឋម ដែលតថាគត អាចបញ្ញត្តដល់មហារាជបាន។
[១០១] ព្រះរាជាទូលសួរទៀតថា បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គអាចបញ្ញត្តនូវផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ក្នុងបច្ចុប្បន្នដទៃទៀត យ៉ាងដូច្នោះ បានដែរឬ។ ព្រះអង្គ ទ្រង់ត្រាស់ថា បពិត្រមហារាជ តថាគត (អាចបញ្ញត្តបាន) បពិត្រមហារាជ បើដូច្នេះ តថាគត សូមសួរមហារាជ ចំពោះប្រស្នានុ៎ះវិញ មហារាជគាប់ព្រះរាជហឫទ័យយ៉ាងណា គប្បីដោះស្រាយនូវប្រស្នានោះយ៉ាងនោះចុះ។ បពិត្រមហារាជ ចុះព្រះអង្គសំគាល់នូវហេតុនោះដូចម្តេច ក្នុងលោកនេះ (បើ) ព្រះអង្គ មានបុរសជាអ្នកភ្ជួររាស់ ជាគហបតិ ជាអ្នកធ្វើគ្រឿងពលិការ ជាអ្នកធ្វើគំនរស្រូវឲ្យចំរើន។ បុរសនោះ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អើហ្ន៎ ហេតុអស្ចារ្យពេកណាស់ អើហ្ន៎ ហេតុចំឡែកពេកណាស់ នេះជាគតិរបស់បុណ្យ នេះជាវិបាករបស់បុណ្យ ព្រោះថាព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈនេះ ក៏ជាមនុស្ស អាត្មាអញសោត ក៏ជាមនុស្សដែរ ប៉ុន្តែព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈនេះ ទ្រង់ឆ្អែតស្កប់ស្កល់ដោយកាមគុណទាំង៥ មានគេបម្រើ ហាក់ដូចជាទេវតា ឯអាត្មាអញ ជាអ្នកភ្ជួររាស់ ជាគហបតិ ជាអ្នកធ្វើគ្រឿងពលិការ ជាអ្នកធ្វើគំនរស្រូវឲ្យចំរើន ដល់ព្រះរាជានោះទៅវិញ អាត្មាអញ គួរតែធ្វើបុណ្យឲ្យបានដូចជាបុណ្យព្រះរាជានោះ បើដូច្នោះ មានតែអាត្មាអញ កោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈទាំងឡាយ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួសចុះ។ សម័យខាងក្រោយមក បុរសនោះ ក៏លះបង់នូវគំនរនៃភោគៈតិចក្តី លះបង់នូវគំនរនៃភោគៈច្រើនក្តី លះបង់ញាតិវង្សតិចក្តី លះបង់ញាតិវង្សច្រើនក្តី ចោលចេញ ហើយក៏កោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈទាំងឡាយ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស។ លុះបុរសនោះ បានបួសយ៉ាងនេះហើយ ក៏សង្រួមកាយ សង្រួមវាចា សង្រួមចិត្ត គ្រប់ឥរិយាបថ សន្តោសដោយគ្រឿងបរិភោគ និងគ្រឿងស្លៀកដណ្តប់ដ៏ឧត្តម ត្រេកអរចំពោះទីស្ងាត់។ មានបុរស១ពួកទៀត ក្រាបទូលមហារាជយ៉ាងនេះថា សូមព្រះរាជតេជះតម្កល់លើត្បូង បពិត្រព្រះសម្មតិទេព សូមព្រះអង្គទ្រង់ជ្រាប បុរសណា ដែលជាអ្នកភ្ជួររាស់ ជាគហបតិ ជាអ្នកធ្វើនូវគ្រឿងពលិការ ជាអ្នកធ្វើគំនរស្រូវឲ្យចំរើន (ដល់ព្រះអង្គ) បពិត្រព្រះសម្មតិទេព បុរសនោះកោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈទាំងឡាយ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស លុះបុរសនោះ បានបួសយ៉ាងនេះហើយ ក៏សង្រួមកាយ សង្រួមវាចា សង្រួមចិត្ត គ្រប់ឥរិយាបថ សន្តោសដោយគ្រឿងបរិភោគ និងគ្រឿងស្លៀកដណ្តប់ដ៏ឧត្តម ត្រេកអរចំពោះទីស្ងាត់។ ចុះមហារាជ គួរពោលយ៉ាងនេះថា អើ បុរសនោះត្រូវចូលមកវិញ ត្រូវធ្វើជាអ្នកភ្ជួររាស់ស្រែ ជាគហបតិ ជាអ្នកធ្វើនូវគ្រឿងពលិការ ជាអ្នកធ្វើគំនរស្រូវឲ្យចំរើន ដល់អញវិញ ដូច្នេះដែរឬ។ ព្រះរាជាក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនោះ មិនមែនដូច្នោះទេ តាមពិត យើងខ្ញុំទាំងឡាយ គួរតែថ្វាយបង្គំបុរសនោះផង គួរតែក្រោកទទួលបុរសនោះផង គួរតែនិមន្តដោយអាសនៈផង គួរតែនិមន្តបុរសនោះ ដោយចីវរបិណ្ឌបាត សេនាសនៈ និងគ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យ ដល់អ្នកជម្ងឺផង គួរតែចាត់ចែងការរក្សា ការពារគ្រប់គ្រងដ៏ប្រកបដោយធម៌ ដល់បុរសនោះផង។ ព្រះអង្គ ទ្រង់ត្រាស់ថា បពិត្រមហារាជ ព្រះអង្គ សំគាល់នូវហេតុនោះដូចម្តេច កាលបើហេតុយ៉ាងនេះមានហើយ ផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ឈ្មោះថា មានដែរ ឬមិនមានទេ។ ព្រះរាជាក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះមានហើយ ផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ឈ្មោះថា មានដោយពិត។ ព្រះអង្គ ទ្រង់ត្រាស់ថា បពិត្រមហារាជ នេះឯងជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ជាគំរប់២ ដែលតថាគត អាចបញ្ញត្តដល់មហារាជបាន។
[១០២] ព្រះរាជាទូលសួរទៀតថា បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គអាចនឹងបញ្ញត្តនូវផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ក្នុងបច្ចុប្បន្នដទៃទៀត ដែលរុងរឿងដោយវិសេសផង ដែលថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯង ទាំងអម្បាលនេះបានដែរឬ។ ព្រះអង្គ ទ្រង់ត្រាស់ថា បពិត្រមហារាជ តថាគតអាចបញ្ញត្តបាន បពិត្រមហារាជ បើដូច្នេះ សូមមហារាជ ទ្រង់ព្រះសណ្តាប់ ធ្វើទុកក្នុងព្រះទ័យឲ្យប្រពៃចុះ តថាគតនឹងពោល។ ឯព្រះបាទអជាតសត្តុវេទេហីបុត្រ ជាធំក្នុងដែនមគធៈ ក៏ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាដូច្នេះថា បពិត្រមហារាជ ព្រះតថាគតកើតឡើង ក្នុងលោកនេះ ជាបុគ្គលឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ បរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រឹត្យ ដែលបុគ្គលគប្បីប្រព្រឹត្ត មានដំណើរល្អ ជ្រាបច្បាស់នូវត្រៃលោក ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងនូវអរិយសច្ចធម៌ លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះតថាគតនោះ បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ដោយព្រះអង្គឯង ហើយញុំាងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ឲ្យត្រាស់ដឹងផង។ ព្រះអង្គទ្រង់សំដែងធម៌ មានលំអបទដើម លំអបទកណ្តាល និងលំអបទចុង ជាធម៌បរិបូណ៌ដោយអត្ថ និងព្យញ្ជនៈ ទ្រង់ប្រកាសនូវព្រហ្មចរិយធម៌ ដ៏បរិសុទ្ធបរិបូណ៌គ្រប់គ្រាន់ទាំងអស់។ បុគ្គលជាគហបតិក្តី ជាបុត្តនៃគហបតិក្តី បុគ្គលដែលមកកើតខាងក្រោយ ក្នុងត្រកូលឯណានីមួយក្តី រមែងស្តាប់នូវធម៌នោះ។ លុះបុគ្គលនោះ បានស្តាប់នូវធម៌នោះហើយ រមែងបានចំពោះនូវជំនឿក្នុងព្រះតថាគត។ លុះបុគ្គលនោះ ប្រកបដោយកិរិយាបានចំពោះនូវជំនឿដូច្នោះហើយ រមែងពិចារណាថា ការនៅគ្រប់គ្រងផ្ទះ ចង្អៀត (ពេកណាស់) ជាផ្លូវនៃធុលី គឺរាគាទិក្កិលេស (មានតែ) បព្វជ្ជា ទើបមានពេលទំនេរច្រើន ព្រហ្មចរិយធម៌នេះ បុគ្គលដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តឲ្យបរិបូណ៌គ្រប់គ្រាន់ ឲ្យបរិសុទ្ធស្អាតដូចជាស័ង្ខ ដែលគេខាត់ហើយទេ បើដូច្នោះ មានតែអាត្មាអញ កោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស។ សម័យខាងក្រោយមក បុគ្គលនោះ ក៏លះបង់នូវគំនរនៃភោគៈតិចក្តី លះបង់នូវគំនរនៃភោគៈច្រើនក្តី លះបង់នូវញាតិវង្សតិចក្តី លះបង់នូវញាតិវង្សច្រើនក្តី ហើយកោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស។ លុះបុគ្គលនោះ បានបួសយ៉ាងនេះហើយ ក៏សង្រួមតាមបាតិមោក្ខសំវរៈ គ្រប់ឥរិយាបថ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យក្នុងទោសទាំងឡាយ ត្រឹមតែបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ប្រកបដោយកាយកម្ម និងវចីកម្មជាកុសល មានអាជីវៈដ៏បរិសុទ្ធ ជាអ្នកបរិបូណ៌ដោយសីល រក្សាទ្វារក្នុងឥន្ទ្រិយទាំងឡាយ ប្រកបដោយសតិ និងសម្បជញ្ញៈ ជាអ្នកសន្តោស។
[១០៣] បពិត្រមហារាជ ភិក្ខុជាអ្នកបរិបូណ៌ដោយសីល (នោះ) ដូចម្តេចខ្លះ បពិត្រមហារាជ ភិក្ខុក្នុងសាសនានេះ លះបង់បាណាតិបាត ជាអ្នកវៀរស្រឡះចាកបាណាតិបាត មានដំបងដាក់ចុះហើយ មានគ្រឿងសស្ត្រាដាក់ចុះហើយ មានសេចក្តីខ្មាសបាប បរិបូណ៌ដោយសេចក្តីអាណិត ជាអ្នកអនុគ្រោះដោយប្រយោជន៍ ដល់សត្វមានជីវិតទាំងពួង។ នេះជាសីលរបស់ភិក្ខុនោះ។ ភិក្ខុលះបង់អទិន្នាទាន ជាអ្នកវៀរស្រឡះចាកអទិន្នាទាន កាន់យកតែវត្ថុដែលគេឲ្យ ចង់បានតែវត្ថុដែលគេឲ្យ មានខ្លួនដ៏ស្អាត មិនមែនជាមនុស្សល្មួច។ នេះជាសីលរបស់ភិក្ខុនោះ។ ភិក្ខុលះបង់អព្រហ្មចរិយៈ ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ជាអ្នកប្រព្រឹត្តឆ្ងាយ ជាអ្នកវៀរចាកមេថុនធម្ម ដែលជាធម៌របស់អ្នកស្រុក។ នេះជាសីលរបស់ភិក្ខុនោះ។ ភិក្ខុលះបង់មុសាវាទ ជាអ្នកវៀរស្រឡះចាកមុសាវាទ ពោលតែពាក្យពិត តនូវពាក្យពិត ដោយពាក្យពិត ជាអ្នកមានសំដីនឹង មានពាក្យដែលគេគប្បីជឿ មិនបានពោលបំភ្លាត់សត្វលោក។ នេះជាសីលរបស់ភិក្ខុនោះ។ ភិក្ខុលះបង់បិសុណាវាចា ជាអ្នកវៀរស្រឡះចាកបិសុណាវាចា ឮអំពីទីនេះ មិនបានយកទៅប្រាប់ក្នុងទីឯណោះ ដើម្បីបំបែកនូវជនទាំងឡាយនេះ ឬឮក្នុងទីឯណោះ មិនបានយកមកប្រាប់ដល់ជនទាំងឡាយនេះ ដើម្បីបំបែកនូវជនទាំងឡាយឯណោះ ជាអ្នកផ្សះផ្សានូវជនទាំងឡាយ ដែលបែកគ្នាហើយ ឬឲ្យកម្លាំងថែមដល់ពួកជន ដែលជានឹងគ្នាហើយ មានសេចក្តីព្រមព្រៀងគ្នាជាទីត្រេកអរ ត្រេកអរតែក្នុងសេចក្តីព្រមព្រៀងគ្នា រីករាយតែក្នុងសេចក្តីព្រមព្រៀងគ្នា ជាអ្នកនិយាយតែវាចាដែលជាគ្រឿងធ្វើនូវសេចក្តីព្រមព្រៀងគ្នា។ នេះជាសីលរបស់ភិក្ខុនោះ។ ភិក្ខុលះបង់ផរុសវាចា ជាអ្នកវៀរស្រឡះចាកផរុសវាចា ក៏វាចាណាដែលមិនមានទោស នាំមកនូវសេចក្តីសុខដល់ត្រចៀក (អ្នកដទៃ) ជាពាក្យគួរឲ្យកើតសេចក្តីស្រឡាញ់ ជាពាក្យគួរតម្កល់ទុកក្នុងហឫទ័យ ជាសំដីរបស់អ្នកក្រុង ជាពាក្យជាទីត្រេកអរនៃជនច្រើនគ្នា ជាទីគាប់ចិត្តនៃជនច្រើនគ្នា តែងពោលនូវវាចាមានសភាពដូច្នោះ។ នេះជាសីលរបស់ភិក្ខុនោះ។ ភិក្ខុលះបង់សម្ផប្បលាបៈ ជាអ្នកវៀរស្រឡះចាកសម្ផប្បលាបៈ ជាអ្នកពោលនូវពាក្យក្នុងកាលគួរ ពោលនូវពាក្យពិត ពោលនូវអត្ថ ពោលនូវធម៌ ពោលនូវវិន័យ ពោលនូវពាក្យគួរតម្កល់ទុកក្នុងហឫទ័យ ជាពាក្យប្រកបដោយគ្រឿងអាង ជាពាក្យមានកំណត់ ជាពាក្យប្រកបដោយប្រយោជន៍ តាមកាលដ៏គួរ។ នេះជាសីលរបស់ភិក្ខុនោះ។ ភិក្ខុវៀរស្រឡះចាកការធ្វើពីជគាម និងភូតគាម32) ឲ្យវិនាស។ ជាអ្នកបរិភោគភត្តតែ១ពេល វៀរបរិភោគក្នុងរាត្រី វៀរបរិភោគក្នុងកាលខុស។ វៀរចាកការមើលនូវរបាំ និងស្តាប់នូវចម្រៀង និងភ្លេងប្រគំ ដែលជាសត្រូវដល់កុសលធម៌។ វៀរចាកការទ្រទ្រង់ និងការប្រដាប់ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ។ វៀរចាកទីដេក ទីអង្គុយដ៏ខ្ពស់ និងទីដេក ទីអង្គុយដ៏ប្រសើរ។ វៀរចាកការទទួលនូវមាស និងប្រាក់។ វៀរចាកការទទួលនូវធញ្ញជាតិឆៅ។ វៀរចាកការទទួលនូវសាច់ឆៅ។ វៀរចាកការទទួលនូវស្រី និងកុមារី។ វៀរចាកការទទួលខ្ញុំស្រី និងខ្ញុំប្រុស។ វៀរចាកការទទួលនូវពពែ និងចៀម។ វៀរចាកការទទួលនូវមាន់ និងជ្រូក។ វៀរចាកការទទួលនូវដំរី គោ សេះឈ្មោលញី។ វៀរចាកការទទួលនូវស្រែ និងចម្ការ។ វៀរចាកការប្រកបនូវទូតកម្ម គឺនាំសំបុត្រ ឬពាក្យបណ្តាំរបស់គ្រហស្ថ និងទៅដោយគេប្រើអំពីផ្ទះមួយ ទៅផ្ទះមួយ។ វៀរចាកការទិញ និងលក់។ វៀរចាកការបញ្ឆោត ឬបន្លំដោយជញ្ជីង និងបញ្ឆោត ដោយភាជន៍កាឡៃមាស (ជាដើម) និងបញ្ឆោតដោយរង្វាល់រង្វាស់។ វៀរចាកការប្រកបនូវអំពើវៀច គឺបង្ខុសបំភាន់33) និងបញ្ឆោតបោកប្រាស និងបន្លំដោយរបស់ក្លែង។ វៀរចាកការកាត់ (នូវអវយវៈ មានដៃជាដើម) ការសម្លាប់ ការចង ការលាក់ខ្លួន ពួនចាំធ្វើអំពើអាក្រក់ និងការប្លន់ ការកំហែងយកទ្រព្យ។ នេះជាសីលរបស់ភិក្ខុនោះ។
ចប់ ចូឡសីល។
[១០៤] មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ រមែងប្រកបរឿយៗនូវការធ្វើពីជគាម និងភូតគាមឲ្យវិនាស មានសភាពដូច្នេះ។ ពីជគាម និងភូតគាមនោះ តើដូចម្តេចខ្លះ។ គឺមើម ឬឫសជាពូជ១ ដើមជាពូជ១ ថ្នាំងជាពូជ១ ចុង ឬត្រួយជាពូជ១ គ្រាប់ជាពូជ១ ជាគំរប់៥។ ភិក្ខុជាអ្នកវៀរចាកការធ្វើពីជគាម និងភូតគាមឲ្យវិនាស មានសភាពដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះ។
[១០៥] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ រមែងប្រកបរឿយៗនូវការបរិភោគវត្ថុ ដែលសន្សំទុក មានសភាពដូច្នេះ។ ការសន្សំទុកនោះ តើដូចម្តេច។ គឺសន្សំបាយទុក១ សន្សំទឹកទុក១ សន្សំសំពត់ទុក១ សន្សំយានទុក១ សន្សំទីដេកទុក១ សន្សំគ្រឿងក្រអូបទុក១ សន្សំគ្រឿងអាមិសៈទុក១។ ភិក្ខុជាអ្នកវៀរចាកការបរិភោគវត្ថុ ដែលសន្សំទុក មានសភាពដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះ។
[១០៦] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ រមែងប្រកបរឿយៗនូវការមើល ការស្តាប់នូវល្បែង ដែលជាសត្រូវដល់កុសលធម៌ មានសភាពដូច្នេះ។ ល្បែងជាសត្រូវ ដល់កុសលធម៌នោះ តើដូចម្តេច។ គឺល្បែងរាំខ្លះ ច្រៀងខ្លះ ប្រគំខ្លះ មហោស្រពខ្លះ ចម្បាំងមហាភារតៈ និងរាមកេរ្តិ៍ជាដើមខ្លះ គងខ្លះ រគាំងខ្លះ ស្គរមានជ្រុង៤ខ្លះ គូរគំនូររូបរបាំខ្លះ ល្បែងដុំដែកខ្លះ ល្បែងរ៉ាវខ្លះ ល្បែងលាងឆ្អឹងខ្លះ ដំរីជល់គ្នាខ្លះ សេះប្រខាំគ្នាខ្លះ ក្របីជល់គ្នាខ្លះ គោជល់គ្នាខ្លះ ពពែជល់គ្នាខ្លះ កែះជល់គ្នាខ្លះ មានជល់គ្នាខ្លះ ចាបជល់គ្នាខ្លះ ល្បែងគុណដំបងខ្លះ ប្រដាល់ខ្លះ ចំបាប់ខ្លះ ចម្បាំងខ្លះ ទីគេរាប់ពលខ្លះ ទីលំនៅកងទ័ពខ្លះ ទីមើលពួកសេនាដែលប្រកបដោយអង្គ៤ខ្លះ។ ភិក្ខុជាអ្នកវៀរចាកការមើល ការស្តាប់នូវល្បែង ដែលជាសត្រូវដល់កុសលធម៌ មានសភាពដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះ។
[១០៧] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ រមែងប្រកបរឿយៗនូវល្បែងបាស្កា ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ មានសភាពដូច្នេះ។ ល្បែងបាស្កានោះ តើដូចម្តេចខ្លះ។ គឺបាស្កាមានក្រឡា៨34) ខ្លះ បាស្កាមានក្រឡា១០35) ខ្លះ បាស្កាដែលលេងឰដ៏អាកាស36) ខ្លះ ល្បែងវាងផ្លូវដែលគួរវាង37) ខ្លះ ល្បែងផ្ទាត់គ្រាប់ មានគ្រាប់ក្រួសជាដើមខ្លះ លេងបាស្កាក្នុងទីលានសម្រាប់លេងខ្លះ ល្បែងហ៊ឹង ឬកូនគោលខ្លះ ល្បែងរលាស់ទឹកលាក់ឲ្យទាយរូបខ្លះ ល្បែងអង្គញ់ខ្លះ ល្បែងផ្លុំប៉ីស្លឹកខ្លះ ល្បែងនង្គ័លតូចខ្លះ ល្បែងដាំដូងខ្លះ ល្បែងកង្ហារខ្លះ ល្បែងវាល់ដីខ្សាច់ (បាយឡុកបាយឡ)ខ្លះ ល្បែងរថតូចខ្លះ ល្បែងធ្នូតូចខ្លះ ល្បែងសរសេរអក្សរខ្យល់ឲ្យទាយខ្លះ ល្បែងទាយចិត្ត (ស្តេចចង់)ខ្លះ ល្បែងកំប្លែងត្រាប់គេខ្លះ។ ឯភិក្ខុជាអ្នកវៀរចាកល្បែងបាស្កា ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ មានសភាពដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះដែរ។
[១០៨] មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវឧច្ចាសយនមហាសយនៈ (ទីដេក ទីអង្គុយដ៏ខ្ពស់ និងទីដេក ទីអង្គុយដ៏ប្រសើរ) មានសភាពដូច្នេះ។ ឧច្ចាសយនមហាសយនៈនោះ តើដូចម្តេច។ គឺអាសនៈដែលខ្ពស់ហួសប្រមាណខ្លះ គ្រែដែលមានជើងវិចិត្រ ដោយរូបសត្វសាហាវខ្លះ ព្រំដែលមានរោមវែងជាងបួនធ្នាប់ខ្លះ កម្រាលដែលធ្វើដោយរោម វិចិត្រដោយរូបសត្វសាហាវខ្លះ កម្រាលមានពណ៌ស ដែលធ្វើដោយរោមសត្វខ្លះ កម្រាលដែលធ្វើដោយរោមសត្វ មានផ្កាដេរដាសខ្លះ កម្រាលដែលញាត់ដោយសំឡីជាប្រក្រតីខ្លះ កម្រាលដែលធ្វើដោយរោមសត្វ វិចិត្រដោយរូបសត្វសាហាវ មានសីហៈ និងខ្លាធំជាដើមខ្លះ កម្រាលដែលធ្វើដោយរោមសត្វ មានរោមច្រាងឡើងតែម្ខាងខ្លះ កម្រាលដែលធ្វើដោយរោមសត្វ មានរោមច្រាងឡើងទាំងសងខាងខ្លះ កម្រាលដែលធ្វើដោយឌិនខ្សែសយមាស និងសូត្រ ចាក់ស្រែះដោយរតនវត្ថុ មានមាសជាដើមខ្លះ កម្រាលដែលធ្វើដោយសរសៃសូត្រ ចាក់ស្រែះដោយរតនវត្ថុខ្លះ កម្រាលដែលធ្វើដោយរោមសត្វ ល្មមចុះពួកស្រីរបាំ១៦នាក់ ឈររាំបានខ្លះ កម្រាលសម្រាប់ក្រាលលើខ្នងដំរីខ្លះ កម្រាលសម្រាប់ក្រាលលើខ្នងសេះខ្លះ កម្រាលសម្រាប់ក្រាលលើរថខ្លះ កម្រាលដែលធ្វើដោយស្បែកខ្លាខ្លះ កម្រាលដ៏ឧត្តម ដែលធ្វើដោយស្បែកសត្វឈ្មុសខ្លះ ខ្នើយមានពណ៌ក្រហមទាំងពីរខាង គឺខ្នើយក្បាល និងខ្នើយជើង ព្រមទាំងពិតាន មានពណ៌ក្រហមខ្លះ។ ភិក្ខុជាអ្នកវៀរចាកឧច្ចាសយនមហាសយនៈ មានសភាពដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះ។
[១០៩] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវវត្ថុ ជាទីតាំងនៃការប្រដាប់ស្អិតស្អាងរាងកាយ មានសភាពដូច្នេះ។ វត្ថុជាទីតាំង នៃការប្រដាប់ស្អិតស្អាងរាងកាយនោះ តើដូចម្តេច។ គឺការដុសខាត់ បំបាត់ក្លិនអាក្រក់ (គ្រឿងអប់)ខ្លះ ការច្របាច់រឹតខ្លះ ការផ្ងូតទឹកខ្លះ ការគក់ច្របាច់ខ្លះ កញ្ចក់ខ្លះ វត្ថុសម្រាប់លាបគ្រឿងប្រដាប់ខ្លះ ផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបខ្លះ គ្រឿងលំអិតសម្រាប់ប្រោះមុខខ្លះ វត្ថុសម្រាប់លាបមុខខ្លះ គ្រឿងប្រដាប់ដៃខ្លះ ចំណងផ្នួងសក់ខ្លះ ដំបងខ្លះ បំពង់ថ្នាំខ្លះ ដាវខ្លះ ព្រះខាន់ខ្លះ ឆត្រខ្លះ ស្បែកជើងដ៏វិចិត្រខ្លះ មកុដ ឬក្បាំងមុខ(ស្នៀតសក់)ខ្លះ កែវមណីខ្លះ ផ្លិតធ្វើដោយរោមកន្ទុយសត្វខ្លះ សំពត់សខ្លះ សំពត់មានជាយវែងខ្លះ។ ភិក្ខុជាអ្នកវៀរចាកការប្រកបរឿយៗ នូវវត្ថុជាទីតាំងនៃការប្រដាប់ស្អិតស្អាងរាងកាយ មានសភាពដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះ។
[១១០] មួយទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវតិរច្ឆានកថា (ពាក្យនិយាយទទឹងផ្លូវសួគ៌ និងផ្លូវព្រះនិព្វាន) មានសភាពយ៉ាងនេះ។ តិរច្ឆានកថានោះ តើដូចម្តេច។ គឺការនិយាយអំពីស្តេចខ្លះ និយាយអំពីចោរខ្លះ និយាយអំពីអាមាត្រធំខ្លះ និយាយអំពីសេនាទាហានខ្លះ និយាយអំពីភ័យខ្លះ និយាយអំពីចម្បាំងខ្លះ និយាយអំពីបាយម្ហូបចំណីខ្លះ និយាយអំពីទឹកផឹកខ្លះ និយាយអំពីសំពត់ខ្លះ និយាយអំពីទីដេកខ្លះ និយាយអំពីផ្កាកម្រងខ្លះ និយាយអំពីគ្រឿងក្រអូបខ្លះ និយាយអំពីញាតិខ្លះ និយាយអំពីយានខ្លះ និយាយអំពីស្រុកខ្លះ និយាយអំពីនិគមខ្លះ និយាយអំពីនគរខ្លះ និយាយអំពីជនបទខ្លះ និយាយអំពីស្ត្រីខ្លះ និយាយអំពីបុរសខ្លះ និយាយអំពីយោធាដែលក្លៀវក្លាខ្លះ និយាយអំពីច្រកផ្លូវខ្លះ និយាយអំពីកំពង់ទឹកខ្លះ និយាយអំពីញាតិ (ដែលទៅកាន់បរលោកហើយ)ខ្លះ និយាយអំពីពាក្យឥតប្រយោជន៍ មានសភាពផ្សេងៗខ្លះ និយាយអំពីលោកខ្លះ និយាយអំពីសមុទ្រខ្លះ និយាយអំពីសេចក្តីចំរើន និងមិនចំរើនខ្លះ។ ភិក្ខុជាអ្នកវៀរចាកតិរច្ឆានកថា មានសភាពដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះ។
[១១១] មួយទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវពាក្យប្រណាំងប្រជែង មានសភាពដូច្នេះ។ ពាក្យប្រណាំងប្រជែងនោះ តើដូចម្តេចខ្លះ។ គឺនិយាយថា អ្នកមិនមែនចេះដឹងនូវធម៌ និងវិន័យនេះទេ ខ្ញុំទើបដឹងនូវធម៌ និងវិន័យនេះ អ្នកនឹងបានឈ្មោះថាចេះដឹង នូវធម៌ និងវិន័យនេះ ដូចម្តេចបាន អ្នកជាអ្នកប្រតិបត្តិខុស ខ្ញុំទើបជាអ្នកប្រតិបត្តិត្រូវល្អ ពាក្យរបស់ខ្ញុំ ទើបប្រកបដោយប្រយោជន៍ ពាក្យរបស់អ្នក មិនប្រកបដោយប្រយោជន៍ទេ សំដីដែលគេត្រូវនិយាយមុន អ្នកត្រឡប់ជានិយាយក្រោយវិញ សំដីដែលគេត្រូវនិយាយក្រោយ អ្នកត្រឡប់ជានិយាយមុនវិញ ពាក្យផ្ទុយអ្នកប្រព្រឹត្តមកជាយូរអង្វែងហើយ ទោសក្នុងសំដីរបស់អ្នក ខ្ញុំបានលើកឡើងហើយ អ្នកជាមនុស្ស ត្រូវខ្ញុំសង្កត់សង្កិនបាន អ្នកចូរទៅសិក្សា ដើម្បីដោះស្រាយនូវទោសក្នុងសំដី ឬបើអ្នកអាច ចូរអ្នកដោះស្រាយឲ្យរួចទោសចុះ។ ភិក្ខុជាអ្នកវៀរចាកពាក្យប្រណាំងប្រជែង មានសភាពដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះ។
[១១២] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវទូតកម្ម គឺការនាំសំបុត្រ ឬពាក្យបណ្តាំរបស់គ្រហស្ថ និងការទៅដោយគេបញ្ជូនអំពីផ្ទះមួយ ទៅផ្ទះមួយ មានសភាពយ៉ាងនេះ។ ទូតកម្មជាដើមនោះ តើដូចម្តេចខ្លះ។ គឺពាក្យដែលស្តេច មហាមាត្យរបស់ស្តេច ក្សត្រិយ៍ ព្រាហ្មណ៍ គហបតិ ឬកុមារក្តី បញ្ជូនទៅថា លោកចូរទៅក្នុងទីនេះ ដូច្នេះក្តី លោកចូរទៅក្នុងទីឯណោះ ដូច្នេះក្តី លោកចូរនាំយករបស់នេះទៅ ដូច្នេះក្តី លោកចូរនាំយករបស់នេះ មកអំពីទីឯណោះមក ដូច្នេះក្តី។ ភិក្ខុជាអ្នកវៀរចាកការប្រកបរឿយៗ នូវទូតកម្ម គឺការនាំសំបុត្រ ឬពាក្យបណ្តាំរបស់គ្រហស្ថ និងការទៅដោយគេបញ្ជូនអំពីផ្ទះមួយ ទៅផ្ទះមួយ មានសភាពដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះ។
[១១៣] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ជាអ្នកកុហក គឺញុំាងសត្វលោកឲ្យកោត ឲ្យស្ងើច (ឲ្យជ្រះថ្លា ដោយការប្រើប្រាស់បច្ច័យជាដើម)ខ្លះ ជាអ្នកនិយាយរាក់ទាក់ (នឹងគ្រហស្ថ)ខ្លះ ជាអ្នកធ្វើនិមិត្ត គឺពោលបញ្ឆិតបញ្ឆៀងខ្លះ ជាអ្នកជេរប្រទេចខ្លះ ជាអ្នកស្វែងរកនូវលាភ ដោយលាភខ្លះ។ ភិក្ខុជាអ្នកវៀរចាកការកុហក និងការនិយាយរាក់ទាក់ មានសភាពដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះ។
ចប់ មជ្ឈិមសីល។
[១១៤] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ គឺចិញ្ចឹមជីវិតខុស ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេចខ្លះ។ គឺសាស្ត្រា (ក្បួន) និយាយអំពីអវយវៈខ្លះ ទាយនិមិត្ត គឺហេតុខ្លះ ឧត្បាត គឺការធ្លាក់ចុះនៃហេតុធំៗ មានរន្ទះបាញ់ជាដើមខ្លះ ទាយយល់សប្តិខ្លះ ទាយលក្ខណៈខ្លះ ទាយវត្ថុ ដែលកណ្តុរកាត់ (មានសំពត់ជាដើម)ខ្លះ និយាយអំពីការបូជាដោយភ្លើងខ្លះ និយាយអំពីការបូជាដោយវែកខ្លះ និយាយអំពីការបូជាដោយអង្កាមខ្លះ និយាយអំពីការបូជាដោយកុណ្ឌកខ្លះ និយាយអំពីការបូជាដោយអង្ករខ្លះ និយាយអំពីការបូជាដោយទឹកដោះរាវខ្លះ និយាយអំពីការបូជាដោយប្រេងខ្លះ និយាយអំពីការបូជាដោយមាត់38) ខ្លះ និយាយអំពីការបូជាដោយឈាមខ្លះ វិជ្ជាសម្រាប់ទាយនូវអវយវៈខ្លះ វិជ្ជាសម្រាប់ទាយភូមិឋានខ្លះ វិជ្ជាសម្រាប់ទាយទីស្រែចម្ការខ្លះ វិជ្ជាស្គាល់ព្រៃខ្មោចខ្លះ វិជ្ជាចាប់ខ្មោចខ្លះ វិជ្ជាសម្រាប់ការពាររក្សាភូមិផ្ទះខ្លះ វិជ្ជាស្តោះពស់39) ខ្លះ វិជ្ជារក្សាពិសខ្លះ វិជ្ជាស្តោះខ្ទួយទិចខ្លះ វិជ្ជាស្តោះកណ្តុរខាំខ្លះ វិជ្ជាសម្រាប់ទាយសម្រែកសត្វស្លាបខ្លះ វិជ្ជាសម្រាប់ទាយសម្រែកក្អែកខ្លះ វិជ្ជាសម្រាប់ទាយអាយុខ្លះ វិជ្ជាសម្រាប់រារាំងនូវសរខ្លះ វិជ្ជាសម្រាប់មើលនូវស្នាមជើងម្រឹគ គឺសត្វជើង៤ទាំងអស់ខ្លះ។ ភិក្ខុជាអ្នកវៀរចាកការចិញ្ចឹមជីវិត ដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះ។
[១១៥] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេចខ្លះ។ គឺការទាយលក្ខណៈកែវមណីខ្លះ ទាយលក្ខណៈសំពត់ខ្លះ ទាយលក្ខណៈដម្បង ឬឈើច្រត់ខ្លះ ទាយលក្ខណៈគ្រឿងសស្ត្រាខ្លះ ទាយលក្ខណៈដាវខ្លះ ទាយលក្ខណៈសរខ្លះ ទាយលក្ខណៈធ្នូខ្លះ ទាយលក្ខណៈអាវុធខ្លះ ទាយលក្ខណៈស្រីខ្លះ ទាយលក្ខណៈបុរសខ្លះ ទាយលក្ខណៈក្មេងប្រុសខ្លះ ទាយលក្ខណៈក្មេងស្រីខ្លះ ទាយលក្ខណៈខ្ញុំប្រុសខ្លះ ទាយលក្ខណៈខ្ញុំស្រីខ្លះ ទាយលក្ខណៈដំរីខ្លះ ទាយលក្ខណៈសេះខ្លះ ទាយលក្ខណៈក្របីខ្លះ ទាយលក្ខណៈគោឧសភខ្លះ ទាយលក្ខណៈគោខ្លះ ទាយលក្ខណៈពពែខ្លះ ទាយលក្ខណៈកែះខ្លះ ទាយលក្ខណៈមាន់ខ្លះ ទាយលក្ខណៈចាប ឬក្រួចខ្លះ ទាយលក្ខណៈរូបគំនូរ ឬគ្រឿងប្រដាប់ធ្វើដោយរូបទន្សងខ្លះ ទាយលក្ខណៈគ្រឿងប្រដាប់ ឬកំពូលផ្ទះខ្លះ ទាយលក្ខណៈរូបគំនូរ ឬគ្រឿងប្រដាប់ធ្វើដោយរូបអណ្តើកខ្លះ ទាយលក្ខណៈម្រឹគ គឺសត្វជើង៤ទាំងអស់ខ្លះ។ ភិក្ខុជាអ្នកវៀរចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះ។
១១៦>[១១៦]</span> ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេច។ គឺការទាយអំពីការលើកទ័ពថា ព្រះរាជា គួរស្តេចចេញទៅ (ក្នុងថ្ងៃនោះ) ព្រះរាជា គួរស្តេចត្រឡប់មកវិញ (ក្នុងថ្ងៃនោះ) ព្រះរាជាខាងក្នុង នឹងរុករានចូលទៅ ព្រះរាជាខាងក្រៅ នឹងថយចេញទៅ ព្រះរាជាខាងក្រៅ នឹងរុករានចូលមក ព្រះរាជាខាងក្នុង នឹងថយចេញទៅ ព្រះរាជាខាងក្នុង នឹងមានជ័យជំនះ ព្រះរាជាខាងក្រៅ នឹងបរាជ័យ ព្រះរាជាខាងក្រៅ នឹងមានជ័យជំនះ ព្រះរាជាខាងក្នុង នឹងបរាជ័យ ព្រះរាជាអង្គនេះ នឹងមានជ័យជំនះ ព្រះរាជាអង្គនេះ នឹងបរាជ័យ។ ភិក្ខុជាអ្នកវៀរចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះ។
[១១៧] មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេចខ្លះ។ គឺការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមានចន្ទគ្រាស នឹងមានសូរ្យគ្រាស នឹងមាននក្សត្រគ្រាស គឺផ្កាយព្រះគ្រោះ ដើររួមចូលគ្នា ឬដើររំលងព្រះអាទិត្យ ព្រះចន្ទ្រ ឬផ្កាយណាមួយ។ ព្រះចន្ទ ព្រះអាទិត្យ នឹងដើរតាមផ្លូវត្រូវគ្នា ព្រះចន្ទ ព្រះអាទិត្យ នឹងដើរខុសផ្លូវគ្នា ផ្កាយទាំងឡាយ នឹងដើរតាមផ្លូវត្រូវគ្នា ផ្កាយទាំងឡាយ នឹងដើរខុសផ្លូវគ្នា នឹងមានឧក្កាបាត40) នឹងកើតមានកំដៅក្នុងទិស នឹងមានកម្រើកផែនដី នឹងមានផ្គរលាន់ (ឥតមានភ្លៀង) ព្រះចន្ទ ព្រះអាទិត្យ ផ្កាយ នឹងរះឡើង ឬលិចទៅវិញ នឹងសៅហ្មង ឬផូរផង់ ចន្ទគ្រាស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ សូរ្យគ្រាស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ នក្សត្រគ្រាស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ព្រះចន្ទ និងព្រះអាទិត្យ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ព្រះចន្ទ និងព្រះអាទិត្យដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ពួកផ្កាយ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ពួកផ្កាយដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ឧក្កាបាត នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ កំដៅក្នុងទិស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ការកម្រើកផែនដី នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ផ្គរលាន់ (ឥតមានភ្លៀង) នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ព្រះចន្ទ ព្រះអាទិត្យ និងផ្កាយ រះឡើង ឬលិចទៅវិញ សៅហ្មង ឬផូរផង់ នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ។ ភិក្ខុជាអ្នកវៀរចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះដែរ។
[១១៨] មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេចខ្លះ។ គឺការទាយថា (ក្នុងឆ្នាំនេះ) នឹងមានភ្លៀងធ្លាក់ស្រួល នឹងមានភ្លៀងធ្លាក់មិនស្រួល នឹងមានបាយសម្បូណ៌ នឹងមានបាយក្រ នឹងមានសេចក្តីក្សេមក្សាន្ត នឹងមានភ័យ នឹងមានរោគ នឹងមិនមានរោគ ការរាប់ដោយដៃទទេ ការរាប់ដោយវិធីនព្វន្ត រាប់បូក41) កាព្យឃ្លោង គម្ពីរលោកាយតៈ។ ភិក្ខុជាអ្នកវៀរចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះដែរ។
[១១៩] មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេចខ្លះ។ គឺវិធីរៀបអាវាហមង្គលខ្លះ វិធីរៀបវិវាហមង្គលខ្លះ វិធីធ្វើឲ្យព្រមព្រៀងគ្នា (ស្នេហ៍)ខ្លះ វិធីធ្វើឲ្យព្រាត់ប្រាសគ្នា (បង់ចំណែង)ខ្លះ វិធីប្រមូលទ្រព្យខ្លះ វិធីប្រកបជំនួញខ្លះ វិធីធ្វើឲ្យចូលចិត្តស្រឡាញ់គ្នា ឬធ្វើឲ្យមានសិរីខ្លះ វិធីធ្វើឲ្យស្អប់គ្នាខ្លះ វិធីធ្វើគភ៌ដែលបំរុងនឹងវិនាស មិនឲ្យវិនាសខ្លះ វិធីចងអណ្តាតឲ្យរឹងដោយមន្តខ្លះ វិធីចងចង្កាឲ្យរឹងខ្លះ វិធីសូត្ររបៀន ដើម្បីផ្លាស់ប្តូរដៃខ្លះ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយត្រចៀកខ្លះ ប្រស្នាកញ្ចក់ គឺមន្តខាបយកទេវតាឲ្យមកនៅនឹងកញ្ចក់ ហើយសួរប្រស្នាខ្លះ ប្រស្នាកុមារី គឺមន្តបញ្ចូលទេវតាក្នុងសរីរៈនៃកុមារី ហើយសួរប្រស្នាខ្លះ ប្រស្នាទេវតា គឺមន្តបញ្ចូលទេវតា ក្នុងសរីរៈនៃទាសី ហើយសួរប្រស្នាខ្លះ វិធីបម្រើព្រះអាទិត្យខ្លះ វិធីបម្រើមហាព្រហ្មខ្លះ វិធីបញ្ចេញភ្លើងអំពីមាត់ដោយមន្តខ្លះ វិធីហៅសិរីឲ្យមកឋិតក្នុងសរីរៈខ្លះ។ ភិក្ខុជាអ្នកវៀរចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះដែរ។
[១២០] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេច ។ គឺការបន់ស្រន់ខ្លះ ការលាបំណន់ខ្លះ ធ្វើមន្តសម្រាប់ការពារបិសាចខ្លះ ធ្វើមន្តសម្រាប់ការពារផ្ទះខ្លះ ធ្វើខ្ទើយឲ្យដូចជាបុរសខ្លះ ធ្វើបុរសឲ្យដូចជាខ្ទើយខ្លះ ធ្វើពីធីសង់ផ្ទះលើទីដី ដែលមិនធ្លាប់បានធ្វើខ្លះ ធ្វើពលិកម្មនៅទីដីដែលសង់ផ្ទះខ្លះ ជំរះមុខឲ្យស្អាតដោយទឹកឲ្យគេខ្លះ បង្កក់ប្រសិទ្ធិ៍ឲ្យគេខ្លះ បូជាភ្លើងឲ្យគេខ្លះ ធ្វើថ្នាំសម្រាប់ឲ្យក្អួតខ្លះ ធ្វើថ្នាំបញ្ចុះខ្លះ ធ្វើថ្នាំកំចាត់បង់នូវទោសខាងលើខ្លះ ធ្វើថ្នាំកំចាត់បង់នូវទោសខាងក្រោមខ្លះ ធ្វើថ្នាំកំចាត់បង់នូវទោសក្នុងក្បាលខ្លះ ស្លប្រេងសម្រាប់បន្តក់ត្រចៀកខ្លះ ធ្វើថ្នាំសម្រាប់ស្អំភ្នែកខ្លះ ធ្វើថ្នាំសម្រាប់ហិតខ្លះ ធ្វើថ្នាំសម្រាប់លាបបង្កាត់ខ្លះ ធ្វើថ្នាំត្រជាក់សម្រាប់លាបស្រលាបខ្លះ ធ្វើវេជ្ជកម្មរក្សាភ្នែកខ្លះ ធ្វើពេទ្យវះខ្លះ ធ្វើពេទ្យរក្សាក្មេងខ្លះ ដាក់ថ្នាំក្រោយ ឲ្យជួយកំឡាំងថ្នាំមុនខ្លះ លាងថ្នាំដើមចេញខ្លះ។42) ភិក្ខុជាអ្នកវៀរចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះដែរ។
[១២១] បពិត្រមហារាជ ភ័យណា ដែលគប្បីកើតឡើងព្រោះសេចក្តីសង្រួមក្នុងសីល ភិក្ខុនោះឯងបរិបូណ៌ដោយសីលយ៉ាងនេះហើយ រមែងមិនបានឃើញនូវភ័យនោះ អំពីទីណាមួយឡើយ។ បពិត្រមហារាជ ប្រៀបដូចជាភ័យណា ដែលគប្បីកើតអំពីសត្រូវ ក្សត្រិយ៍ដែលបានមុទ្ធាភិសេក43) ហើយ កំចាត់បង់នូវពួកសត្រូវអស់ហើយ រមែងមិនបានឃើញភ័យនោះ អំពីទីណាមួយឡើយ ដូចម្តេចមិញ បពិត្រមហារាជ ភ័យណា ដែលគប្បីកើតឡើងព្រោះសេចក្តីសង្រួមក្នុងសីល ភិក្ខុអ្នកបរិបូណ៌ដោយសីលយ៉ាងនេះហើយ រមែងមិនបានឃើញនូវភ័យនោះ អំពីទីណាមួយឡើយ ដូច្នោះឯង។ ភិក្ខុនោះ បើបានប្រកបដោយសីលក្ខន្ធ ជារបស់ព្រះអរិយៈនេះហើយ រមែងទទួលនូវសេចក្តីសុខ ដែលមិនមានទោសក្នុងសន្តានចិត្តនៃខ្លួន។ បពិត្រមហារាជ ភិក្ខុជាអ្នកបរិបូណ៌ដោយសីល យ៉ាងនេះឯង។
ចប់ មហាសីល។
[១២២] បពិត្រមហារាជ ភិក្ខុដែលជាអ្នករក្សានូវទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ តើដូចម្តេចខ្លះ។ បពិត្រមហារាជ ភិក្ខុក្នុងសាសនានេះ បានឃើញរូបដោយចក្ខុហើយ តែមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែលមិនបានសង្រួមចក្ខុន្ទ្រិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវចក្ខុន្ទ្រិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវចក្ខុន្ទ្រិយនោះ រក្សានូវចក្ខុន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងចក្ខុន្ទ្រិយ។ ឮសម្លេងដោយត្រចៀកហើយ តែមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែលមិនសង្រួមនូវសោតិន្ទ្រិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវសោតិន្ទ្រិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវសោតិន្ទ្រិយនោះ រក្សានូវសោតិន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងសោតិន្ទ្រិយ។ បានធំក្លិនដោយច្រមុះហើយ តែមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែលមិនបានសង្រួមនូវឃានិន្ទ្រិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវឃានិន្ទ្រិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវឃានិន្ទ្រិយនោះ រក្សានូវឃានិន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងឃានិន្ទ្រិយ។ បានជញ្ជក់ជញ្ជាប់នូវរសដោយអណ្តាតហើយ តែមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែលមិនបានសង្រួមនូវជិវ្ហិន្ទ្រិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវជិវ្ហិន្ទ្រិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវជិវ្ហិន្ទ្រិយនោះ រក្សានូវជិវ្ហិន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងជិវ្ហិន្ទ្រិយ។ បានពាល់ត្រូវនូវសម្ផ័ស្ស ដោយកាយហើយ តែមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែលមិនបានសង្រួមនូវកាយិន្ទ្រិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវកាយិន្ទ្រិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវកាយិន្ទ្រិយនោះ រក្សានូវកាយិន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងកាយិន្ទ្រិយ។ បានដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្តហើយ តែមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែលមិនបានសង្រួមនូវមនិន្ទ្រិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវមនិន្ទ្រិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវមនិន្ទ្រិយនោះ រក្សានូវមនិន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងមនិន្ទ្រិយ។ ភិក្ខុនោះ បានប្រកបព្រមដោយឥន្ទ្រិយសំវរៈ ជារបស់អរិយៈនេះហើយ រមែងទទួលចំពោះនូវសុខ ដែលមិនច្រឡូកច្រឡំដោយកិលេសជាខាងក្នុង។ បពិត្រមហារាជ ភិក្ខុជាអ្នករក្សានូវទ្វារក្នុងឥន្ទ្រិយទាំងឡាយ យ៉ាងនេះឯង។
[១២៣] បពិត្រមហារាជ ឯភិក្ខុជាអ្នកប្រកបដោយសតិ និងសម្បជញ្ញៈនោះ តើដូចម្តេចខ្លះ។ បពិត្រមហារាជ ភិក្ខុក្នុងសាសនានេះ កាលឈានដើរទៅមុខ ឈានថយក្រោយ ក៏មានសេចក្តីដឹងខ្លួន កាលក្រឡេកមើលទៅមុខ ក្រឡេកមើលទៅទិសផ្សេងៗ ក៏មានសេចក្តីដឹងខ្លួន កាលបត់លា (ដៃជើង) ក៏មានសេចក្តីដឹងខ្លួន កាលទ្រទ្រង់នូវសង្ឃាដិ បាត្រ ចីវរ ក៏មានសេចក្តីដឹងខ្លួន កាលបរិភោគ ផឹក ទំពា ជញ្ជក់ជញ្ជាប ក៏មានសេចក្តីដឹងខ្លួន កាលបន្ទោឧច្ចារៈបស្សាវៈ ក៏មានសេចក្តីដឹងខ្លួន កាលដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ពីដេក និយាយ ឬស្ងៀម ក៏មានសេចក្តីដឹងខ្លួន។ បពិត្រមហារាជ ភិក្ខុជាអ្នកប្រកបដោយសតិ និងសម្បជញ្ញៈ ដោយប្រការដូច្នេះឯង។
[១២៤] បពិត្រមហារាជ ឯភិក្ខុជាអ្នកសន្តោស (ត្រេកអរចំពោះបច្ច័យតាមមានតាមបាន) តើដូចម្តេចខ្លះ។ បពិត្រមហារាជ ភិក្ខុក្នុងសាសនានេះ ជាអ្នកសន្តោសដោយចីវរ ដែលជាគ្រឿងរក្សានូវកាយ ដោយចង្ហាន់បិណ្ឌបាត ដែលជាគ្រឿងរក្សានូវផ្ទៃ ភិក្ខុនោះ កាលបើចៀសចេញទៅក្នុងទិសណាៗ តែងកាន់យក (នូវបរិក្ខារ) ប៉ុណ្ណោះ ហើយចៀសចេញទៅ (ក្នុងទិសនោះៗ)។ បពិត្រមហារាជ ប្រៀបដូចសត្វសកុណជាតិ មានស្លាប ទោះហើរទៅក្នុងទិសណាៗ រមែងមានស្លាបរបស់ខ្លួនជាភារៈប៉ុណ្ណោះ ហើរទៅ ដូចម្តេចមិញ បពិត្រមហារាជ ភិក្ខុជាអ្នកសន្តោសដោយចីវរ ដែលជាគ្រឿងរក្សានូវកាយ ដោយចង្ហាន់បិណ្ឌបាត ដែលជាគ្រឿងរក្សានូវផ្ទៃ ភិក្ខុនោះ ទោះបីចៀសចេញទៅក្នុងទិសណាៗ តែងកាន់យក (នូវគ្រឿងបរិក្ខារ) ប៉ុណ្ណោះ ហើយចៀសចេញទៅ (ក្នុងទិសនោះៗ) ដូច្នោះឯង។ បពិត្រមហារាជ ភិក្ខុជាអ្នកសន្តោស ដោយប្រការដូច្នេះឯង។
[១២៥] ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធ ជារបស់ព្រះអរិយៈនេះផង ប្រកបដោយឥន្ទ្រិយសំវរៈ ជារបស់ព្រះអរិយៈនេះផង ប្រកបដោយសតិ និងសម្បជញ្ញៈ ជារបស់ព្រះអរិយៈនេះផង ប្រកបដោយសេចក្តីសន្តោស ជារបស់ព្រះអរិយៈនេះផង ត្រូវការទីសេនាសនៈស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ គុហាភ្នំ ព្រៃស្មសាន ព្រៃស្បាត ទីវាល ទីគំនរចំបើង។ លុះភិក្ខុនោះ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ក៏ពត់ភ្នែន តម្រង់កាយឲ្យត្រង់ ប្រុងស្មារតី ឲ្យមានមុខឆ្ពោះ (ទៅរកកម្មដ្ឋាន)។ ភិក្ខុនោះ រមែងលះបង់នូវអភិជ្ឈាក្នុងលោក នៅដោយចិត្តគ្មានអភិជ្ឈា ជំរះចិត្តឲ្យស្អាត ចាកអភិជ្ឈា រមែងលះបង់នូវព្យាបាទ និងសេចក្តីប្រទូស្ត នៅដោយចិត្តមិនមានព្យាបាទ ជាអ្នកមានសេចក្តីអនុគ្រោះដោយប្រយោជន៍ ដល់សត្វមានជីវិតទាំងពួង ជំរះចិត្តឲ្យស្អាត ចាកអកុសលធម៌ ជាគ្រឿងប្រទូស្ត គឺព្យាបាទ រមែងលះបង់នូវថីនមិទ្ធៈ គឺសេចក្តីងងុយ ងោកងក់ នៅដោយចិត្តប្រាសចាកថីនមិទ្ធៈ ជាអ្នកមានសេចក្តីសំគាល់នូវពន្លឺ មានស្មារតី និងសេចក្តីដឹងខ្លួន ជំរះចិត្តឲ្យស្អាតចាកថីនមិទ្ធៈ រមែងលះបង់ នូវឧទ្ធច្ចកុក្កុច្ចៈ គឺសេចក្តីរាយមាយ រសាយចិត្ត នៅដោយចិត្តមិនរាយមាយ ជាអ្នកមានចិត្តស្ងប់រម្ងាប់ខាងក្នុង ជំរះចិត្តឲ្យស្អាតចាកឧទ្ធច្ចកុក្កុច្ចៈ រមែងលះបង់ នូវវិចិកិច្ឆា គឺសេចក្តីងឿងឆ្ងល់ នៅដោយចិត្តផុតវិចិកិច្ឆា ជាអ្នកមិនមានសេចក្តីសង្ស័យ ក្នុងកុសលធម៌ ជំរះចិត្តឲ្យស្អាតចាកវិចិកិច្ឆា។
[១២៦] បពិត្រមហារាជ ប្រៀបដូចបុរស ដែលយកទ្រព្យជាបំណុលគេ ទៅប្រកបការងារទាំងឡាយ ការងារទាំងនោះ របស់បុរសនោះក៏សម្រេច បុរសនោះ ក៏ចាត់ចែងសងនូវទ្រព្យចាស់ ជាបំណុលអស់ទៅ ទ្រព្យចំណេញរបស់បុរសនោះ ក៏មានសល់នៅច្រើន ល្មមនឹងចិញ្ចឹមនូវភរិយាបាន បុរសនោះ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលពីដើម យកទ្រព្យជាបំណុលគេ ទៅប្រកបការងារ ៗទាំងអម្បាលនោះ របស់អាត្មាអញ ក៏បានសម្រេចហើយ អាត្មាអញ បានចាត់ចែងសងនូវទ្រព្យចាស់ ជាបំណុលដើមរួចអស់ហើយ ទ្រព្យចំណេញរបស់អាត្មាអញ ក៏មានសល់នៅជាច្រើន ល្មមនឹងចិញ្ចឹមភរិយាបានដែរ។ បុរសនោះ គប្បីបាននូវបាមោជ្ជៈ (សេចក្តីរីករាយ) គប្បីបាននូវសេចក្តីសោមនស្ស ដែលមានទ្រព្យចំណេញនោះជាហេតុ។ បពិត្រមហារាជ មួយទៀត ប្រៀបដូចបុរសមានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ ហើយបុរសនោះ បរិភោគបាយមិនឆ្ងាញ់ផង កម្លាំងក្នុងកាយរបស់បុរសនោះ ក៏មិនមានផង។ សម័យខាងក្រោយមក បុរសនោះក៏សះស្បើយ អំពីអាពាធនោះ បុរសនោះ បានបរិភោគបាយឆ្ងាញ់ផង កម្លាំងក្នុងកាយរបស់បុរសនោះ ក៏មានផង ទើបបុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលអំពីដើម មានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ អាត្មាអញ បរិភោគបាយមិនឆ្ងាញ់ផង កម្លាំងក្នុងកាយរបស់អាត្មាអញ ក៏មិនមានផង ឥឡូវនេះ អាត្មាអញ បានសះស្បើយ អំពីអាពាធនោះហើយ អាត្មាអញ បានបរិភោគបាយឆ្ងាញ់ផង កម្លាំងក្នុងកាយរបស់អាត្មាអញ ក៏មានផង។ បុរសនោះ ក៏បាននូវបាមោជ្ជៈ បាននូវសេចក្តីសោមនស្ស ដែលមានការសះស្បើយ អំពីអាពាធនោះជាហេតុ។ បពិត្រមហារាជ មួយទៀត ប្រៀបដូចបុរសដែលជាប់នៅក្នុងផ្ទះឃុំខាំង សម័យខាងក្រោយមក បុរសនោះក៏រួចអំពីការឃុំខាំងនោះដោយស្រួល មិនមានភ័យ ឯសេចក្តីបង់ខាតនៃភោគៈទាំងឡាយ របស់បុរសនោះ សូម្បីបន្តិចបន្តួច ក៏មិនមាន ទើបបុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលអំពីដើម បានជាប់នៅក្នុងផ្ទះឃុំខាំង ឥឡូវនេះ អាត្មាអញបានរួចអំពីការឃុំខាំងនោះដោយស្រួល មិនមានភ័យហើយ ឯសេចក្តីបង់ខាតនៃភោគៈទាំងឡាយ របស់អាត្មាអញ សូម្បីបន្តិចបន្តួច ក៏មិនមានឡើយ។ បុរសនោះ ក៏បាននូវបាមោជ្ជៈ បាននូវសេចក្តីសោមនស្ស ដែលមានការរួចអំពីផ្ទះឃុំខាំងនោះ ជាហេតុ។ បពិត្រមហារាជ មួយទៀត ប្រៀបដូចបុរសដែលជាទាសៈគេ រមែងមិនបានធ្វើកិច្ចការនីមួយតាមអំពើចិត្តខ្លួន រមែងធ្វើទៅតាមសេចក្តីគាប់ចិត្តរបស់បុគ្គលដទៃ ទៅកាន់ទីណា តាមចំណង់របស់ខ្លួនមិនបានឡើយ លុះសម័យខាងក្រោយមក បុរសនោះ ក៏បានរួចអំពីភាវៈជាទាសៈនោះ ជាអ្នកបានធ្វើនូវអំពើ តាមគាប់ចិត្តរបស់ខ្លួន មិនបានធ្វើទៅតាមសេចក្តីគាប់ចិត្តរបស់បុគ្គលដទៃ បានរួចជាអ្នកជា ទៅកាន់ទីណា តាមចំណង់របស់ខ្លួនបាន ទើបបុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលអំពីដើម ជាទាសៈគេ មិនបានធ្វើកិច្ចការនីមួយតាមអំពើចិត្តរបស់ខ្លួន តែងធ្វើទៅតាមសេចក្តីគាប់ចិត្តរបស់បុគ្គលដទៃ ទៅកាន់ទីណា តាមចំណង់របស់ខ្លួនមិនបានឡើយ ឥឡូវនេះ អាត្មាអញ បានរួចអំពីភាវៈជាទាសៈគេនោះហើយ ជាអ្នកបានធ្វើកិច្ចការនីមួយ តាមអំពើចិត្តរបស់ខ្លួន មិនបានធ្វើទៅតាមសេចក្តីគាប់ចិត្តរបស់បុគ្គលដទៃ បានរួចជាអ្នកជា ទៅកាន់ទីណា តាមចំណង់របស់ខ្លួនបាន។ បុរសនោះ ក៏បាននូវបាមោជ្ជៈ បាននូវសេចក្តីសោមនស្ស ដែលមានការរួចអំពីភាវៈជាទាសៈគេនោះ ជាហេតុ។ បពិត្រមហារាជ មួយទៀត ប្រៀបដូចបុរសមានទ្រព្យ មានភោគៈ ដើរទៅកាន់ផ្លូវឆ្ងាយដាច់ស្រយាល ជាផ្លូវរកបាយបានដោយក្រ ប្រកបដោយភ័យចំពោះមុខ សម័យខាងក្រោយមក បុរសនោះ ក៏បានឆ្លងផុត អំពីផ្លូវឆ្ងាយដាច់ស្រយាលនោះ បានដល់ស្រុកភូមិដោយស្រួល ជាទីក្សេម មិនមានភ័យ ទើបបុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលអំពីដើម ជាអ្នកមានទ្រព្យ មានភោគៈ ដើរទៅកាន់ផ្លូវឆ្ងាយដាច់ស្រយាល ជាផ្លូវរកបាយបានដោយក្រ ប្រកបដោយភ័យចំពោះមុខ ឥឡូវនេះ អាត្មាអញ បានឆ្លងផុតផ្លូវឆ្ងាយដាច់ស្រយាលនោះហើយ បានដល់ស្រុកភូមិដោយស្រួល ជាទីក្សេម មិនមានភ័យ។ បុរសនោះ ក៏បាននូវបាមោជ្ជៈ បាននូវសេចក្តីសោមនស្ស ដែលមានការបានដល់នូវស្រុកភូមិ ជាទីក្សេមនោះ ជាហេតុ។ បពិត្រមហារាជ ភិក្ខុពិចារណាឃើញនូវនីវរណៈ៥នេះក្នុងខ្លួន ដែលមិនទាន់លះបង់ យ៉ាងនេះ ថាដូចជាបំណុល ដូចជារោគ ដូចជាផ្ទះសម្រាប់ឃុំខាំង ដូចជាភាវៈជាទាសៈ ឬថាដូចជាផ្លូវឆ្ងាយដាច់ស្រយាល យ៉ាងនោះឯង។ បពិត្រមហារាជ ដូចបុគ្គលពិចារណាឃើញ នូវការមិនចំពាក់បំណុលគេយ៉ាងណា នូវការមិនមានរោគយ៉ាងណា នូវការរួចអំពីផ្ទះសម្រាប់ឃុំខាំងយ៉ាងណា នូវភាពជាអ្នកជាយ៉ាងណា នូវទីដ៏ក្សេមក្សាន្តយ៉ាងណា បពិត្រមហារាជ ភិក្ខុពិចារណាឃើញនូវនីវរណៈ៥នេះក្នុងខ្លួន ដែលបានលះបង់ហើយ ក៏យ៉ាងនោះឯង។
[១២៧] កាលបើភិក្ខុនោះ បានពិចារណាឃើញច្បាស់ នូវនីវរណៈទាំង៥នេះក្នុងខ្លួន ដែលបានលះបង់ហើយ បាមោជ្ជៈ (សេចក្តីរីករាយ) ក៏កើតឡើង កាលបើ ចិត្តរីករាយហើយ បីតិក៏កើត កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយ រមែងស្ងប់ស្ងាត់ ភិក្ខុដែលមាននាមកាយស្ងប់ស្ងាត់ហើយ រមែងទទួលនូវសុខ ចិត្តរបស់ភិក្ខុ ដែលប្រកបដោយសុខ តែងតម្កល់មាំបាន។ ភិក្ខុនោះ លុះស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ ក៏បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីវិវេក ក៏សម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤)។ ភិក្ខុនោះ រមែងញុំាងកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីវិវេក សរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីវិវេក មិនមានឡើយ។ បពិត្រមហារាជ ប្រៀបដូចជាអ្នកផ្ងូតទឹកក្តី បុគ្គលអ្នកជំនួយការនៃជនអ្នកផ្ងូតទឹកក្តី ដែលឈ្លាស រោយនូវលំអិតសម្រាប់ងូតទាំងឡាយ ក្នុងភាជន៍សំរិទ្ធ៍ ប្រោះព្រំដោយទឹក ហើយសូនជាដុំ លុះដល់វេលាល្ងាច ដុំលំអិតសម្រាប់ (លាប) ងូត (នោះ) ក៏ស្អិតចាប់ចូលគ្នា ស្អិតល្មួតទាំងខាងក្នុង ទាំងខាងក្រៅ មិនបានរាត់រាយ ខ្ចាយចេញឡើយ យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុដែលញុំាងកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីវិវេក សរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីវិវេក មិនមានឡើយ យ៉ាងនោះឯង។ បពិត្រមហារាជ នេះឯង ជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម។
[១២៨] បពិត្រមហារាជ ប្រការមួយទៀត ភិក្ខុបានចូលដល់ទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តានចិត្ត ប្រកបដោយសេចក្តីជ្រះថ្លា មានសភាពជាចិត្តខ្ពស់ឯង មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ ព្រោះរម្ងាប់នូវវិតក្ក និងវិចារៈ ក៏សម្រេចសម្រាន្តនៅ។ ភិក្ខុនោះ រមែងញុំាងកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ សរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ មិនមានឡើយ។ បពិត្រមហារាជ ប្រៀបដូចជាអន្លង់ទឹកដ៏ជ្រៅ មានទឹកជោរឡើង ប្រឡាយជាទីហូរមកនៃទឹកក្នុងទិសខាងកើត នៃអន្លង់ទឹកនោះមិនមាន ប្រឡាយជាទីហូរមកនៃទឹកក្នុងទិសខាងត្បូងមិនមាន ប្រឡាយជាទីហូរមកនៃទឹកក្នុងទិសខាងលិចមិនមាន ប្រឡាយជាទីហូរមកនៃទឹកក្នុងទិសខាងជើង ក៏មិនមាន ទាំងភ្លៀង ក៏មិនបានបង្អុរចុះនូវធារទឹកដោយស្រួល ក្នុងអន្លង់ទឹកនោះ តាមកាលវេលាឡើយ ឯធារទឹកដ៏ត្រជាក់ ក៏ស្រាប់តែជោរឡើងអំពីអន្លង់ទឹកនោះប៉ុណ្ណោះ ហើយញុំាងអន្លង់ទឹកនោះ ឲ្យជ្រួតជ្រាប ឆ្អែតដ៏បរិបូណ៌ ផ្សព្វផ្សាយដោយទឹកត្រជាក់ ទីប្រទេសបន្តិចបន្តួចនៃអន្លង់ទឹកទាំងអស់នោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយទឹកត្រជាក់ មិនមានឡើយ យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុញុំាងកាយនេះឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ សរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ មិនមានឡើយ យ៉ាងនោះឯង។ បពិត្រមហារាជ នេះឯង ជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចពោលមកខាងដើម។
[១២៩] បពិត្រមហារាជ ប្រការមួយទៀត ភិក្ខុមានចិត្តនឿយណាយ ចាកបីតិ ហើយប្រកបដោយឧបេក្ខា មានស្មារតីដឹងខ្លួន បានទទួលនូវសុខ ដោយនាមកាយ ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបាននូវតតិយជ្ឈាននោះថា បុគ្គលអ្នកបានតតិយជ្ឈាន មានចិត្តប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានណា ក៏បានដល់នូវតតិយជ្ឈាន (នោះ) ហើយសម្រេចសម្រាន្តនៅ។ ភិក្ខុនោះ រមែងញុំាងកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយសុខៈ ដែលមិនមានបីតិ សរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយសុខៈ ដែលគ្មានបីតិ មិនមានឡើយ។ បពិត្រមហារាជ ប្រៀបដូចទីដែលដុះព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី មានព្រលិត ឬឈូកក្រហម ឬឈូកសពួកខ្លះ ដែលដុះក្នុងទឹក ចំរើនក្នុងទឹក មិនទាន់លូតឡើងផុតអំពីទឹក លិចនៅក្នុងទឹក រស់នៅអាស្រ័យនឹងទឹក បទុមជាតិ44) ទាំងនោះ រមែងជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយទឹកត្រជាក់ តាំងអំពីឫស មើម រហូតដល់ចុង ទីប្រទេសបន្តិចបន្តួចនៃវារិជាតិទាំងអស់ ទោះជាព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ដែលឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយទឹកដ៏ត្រជាក់ មិនមានឡើយ យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុដែលញុំាងកាយនេះឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយសុខៈ ដែលមិនមានបីតិ សរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយសុខៈ ដែលគ្មានបីតិ មិនមានឡើយ យ៉ាងនោះឯង។ បពិត្រមហារាជ នេះឯង ជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម។
[១៣០] បពិត្រមហារាជ ប្រការមួយទៀត ភិក្ខុលះបង់នូវសុខផង លះបង់នូវទុក្ខផង មានសោមនស្ស និងទោមនស្សអស់ហើយក្នុងកាលមុន ក៏បាននូវចតុត្ថជ្ឈាន ដែលមិនមានទុក្ខ មិនមានសុខ មានតែសតិដ៏បរិសុទ្ធ ដែលកើតអំពីឧបេក្ខា ហើយសម្រេចសម្រាន្តនៅ។ ភិក្ខុនោះរមែងញុំាងកាយនេះឲ្យផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ អង្គុយនៅ ឯសរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ មិនមានឡើយ។ បពិត្រមហារាជ ប្រៀបដូចបុរសដែលយកសំពត់សស្អាត ទៅដណ្តប់កាយ ព្រមទាំងក្បាល ហើយអង្គុយនៅ ឯសរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់របស់បុរសនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយសំពត់សស្អាត មិនមានឡើយ យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុដែលញុំាងកាយនេះឲ្យផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ អង្គុយនៅ ឯសរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ មិនមានឡើយ យ៉ាងនោះឯង។ បពិត្រមហារាជ នេះឯង ជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម។
[១៣១] ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្តទៅ ដើម្បីញាណទស្សនៈ គឺបញ្ញាសម្រាប់ដឹង សម្រាប់ឃើញ។ ភិក្ខុនោះ ក៏ដឹងច្បាស់យ៉ាងនេះថា កាយរបស់អាត្មាអញនេះ មានរូបប្រកបដោយមហាភូតរូប៤ កើតអំពីមាតា និងបិតា មានសេចក្តីចំរើនដោយជាតិបាយ និងនំ ជាសភាវៈមិនទៀង (ទោះបី) មានការលាប ដុសខាត់ បំបាត់ក្លិន និងគក់ច្របាច់ ក៏គង់មានសេចក្តីបែកធ្លាយ ខ្ចាត់ខ្ចាយទៅជាធម្មតា ក៏ឯវិញ្ញាណរបស់អាត្មាអញនេះសោត អាស្រ័យនៅក្នុងកាយនេះ ជាប់នៅក្នុងកាយនេះ។ បពិត្រមហារាជ ប្រៀបដូចកែវមណី និងកែវពិទូរ្យដ៏ល្អ មានជាតិបរិសុទ្ធ មានជ្រុង៨ ដែលជាងបានឆ្នៃល្អហើយ មានសម្បុរភ្លឺថ្លាឆ្លុះ បរិបូណ៌ដោយអាការទាំងពួង (មានដុសលាងជាដើម) ប្រសិនបើមានចេស គេដោតទៅនឹងកែវនោះ ជាចេសមានពណ៌ខៀវក្តី លឿងក្តី ក្រហមក្តី សក្តី ជាចេសស៊ីនួនក្តី បុរសដែលមានភ្នែក (ភ្លឺ) គប្បីយកកែវនោះ មកដាក់លើដៃ ហើយពិចារណាមើលថា នេះជាកែវមណី និងកែវពិទូរ្យដ៏ល្អ មានជាតិបរិសុទ្ធ មានជ្រុង៨ ដែលជាងបានឆ្នៃល្អហើយ មានសម្បុរភ្លឺថ្លាឆ្លុះ បរិបូណ៌ដោយអាការទាំងពួង នេះជាចេសដែលគេដោតទៅក្នុងកែវនោះ ជាចេសមានពណ៌ខៀវក្តី លឿងក្តី ក្រហមក្តី សក្តី ជាចេសស៊ីនួនក្តី (ពិតមែន) យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុកាលបើចិត្តតាំងមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាវៈជាចិត្តទន់ គួរដល់ភាវនាកម្ម ដល់នូវសេចក្តីមិនញាប់ញ័រ ទៅតាមអារម្មណ៍យ៉ាងនេះហើយ ក៏ទាញនាំបង្អោនចិត្តទៅ ដើម្បីញាណទស្សនៈ គឺបញ្ញាសម្រាប់ដឹង សម្រាប់ឃើញ ភិក្ខុនោះ ក៏ដឹងច្បាស់យ៉ាងនេះថា កាយរបស់អាត្មាអញនេះឯង មានរូបប្រកបដោយមហាភូតរូប៤ កើតអំពីមាតា និងបិតា មានសេចក្តីចំរើនដោយជាតិបាយ និងនំ ជាសភាវៈមិនទៀង (ទោះបី) មានការលាប ដុសខាត់ បំបាត់ក្លិន និងគក់ច្របាច់ ក៏គង់មានសេចក្តីបែកធ្លាយ ខ្ចាត់ខ្ចាយជាធម្មតា ក៏ឯវិញ្ញាណរបស់អាត្មាអញនេះសោត អាស្រ័យនៅក្នុងកាយនេះ ជាប់នៅក្នុងកាយនេះ យ៉ាងនោះឯង។ បពិត្រមហារាជ នេះឯងជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម។
[១៣២] ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្តទៅ ដើម្បីនិមិ្មតនូវកាយ ដែលសម្រេចអំពីចិត្ត។ ភិក្ខុនោះ ក៏និម្មិតនូវកាយផ្សេងចេញអំពីកាយនេះ មានរូបដែលសម្រេចអំពីចិត្ត មានអវយវៈធំ និងអវយវៈតូចសព្វគ្រប់ មានឥន្ទ្រិយមិនថោកថយ បពិត្រមហារាជ ប្រៀបដូចបុរសចាក់បញ្ចេញនូវបណ្តូល អំពីស្មៅយាប្លង បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាស្មៅយាប្លង នេះជាបណ្តូល ស្មៅយាប្លងដោយឡែក បណ្តូលដោយឡែក តែជាបណ្តូលដែលអាត្មាអញចាក់បញ្ចេញមកអំពីស្មៅយាប្លងហ្នឹងឯង យ៉ាងណា យ៉ាងណាមិញ បពិត្រមហារាជ មួយទៀត ប្រៀបដូចបុរសហូតដាវចេញអំពីស្រោម បុរសនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាដាវ នេះជាស្រោម ដាវផ្សេង ស្រោមផ្សេង តែជាដាវដែលអាត្មាអញហូតចេញមកអំពីស្រោមហ្នឹងឯង យ៉ាងណាមិញ បពិត្រមហារាជ មួយទៀត ប្រៀបដូចបុរស ទាញយកសត្វពស់ចេញអំពីស្រោម បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាពស់ នេះជាស្រោម សត្វពស់ផ្សេង ស្រោមផ្សេង តែជាពស់ដែលអាត្មាអញ ទាញចេញមកអំពីស្រោមហ្នឹងឯង យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់នូវភាវនាកម្ម ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្តទៅ ដើម្បីនិមិ្មតនូវកាយ ដែលសម្រេចអំពីចិត្តបាន យ៉ាងនោះឯង។ ភិក្ខុនោះ រមែងនិម្មិតនូវកាយផ្សេង ចេញអំពីកាយនេះ មានរូបដែលសម្រេចអំពីចិត្ត មានអវយវៈធំ និងអវយវៈតូចសព្វគ្រប់ មានឥន្ទ្រិយមិនថោកថយ។ បពិត្រមហារាជ នេះឯងជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម។
[១៣៣] ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ រមែងទាញនាំបង្អោនចិត្តទៅ ដើម្បីតាក់តែងឫទ្ធិ ភិក្ខុនោះ ទទួលនូវការតាក់តែងឫទ្ធិជាច្រើនប្រការបាន គឺជាមនុស្សម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាម្នាក់ក៏បាន ធ្វើទីកំបាំង ឲ្យទៅជាទីវាលក៏បាន ធ្វើទីវាល ឲ្យទៅជាទីកំបាំងក៏បាន ដើរ (ទំលុះ) ទៅក្រៅជញ្ជាំង ក្រៅកំពែង ក្រៅភ្នំ មិនទើសទាក់ ដូចដើរទៅក្នុងទីវាលក៏បាន ធ្វើនូវការមុជចុះ និងងើបឡើងក្នុងផែនដី ដូចមុជងើបក្នុងទឹកក៏បាន ដើរទៅលើទឹក មិនបែកធ្លាយទឹក ដូចជាដើរលើផែនដីក៏បាន អណ្តែតទៅឯអាកាសទាំងភ្នែន ដូចជាសត្វស្លាបក៏បាន ចាប់ស្ទាបអង្អែលព្រះចន្ទ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនោះ មានអានុភាពច្រើនយ៉ាងនោះ ដោយដៃក៏បាន ញុំាងអំណាចឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន បពិត្រមហារាជ ប្រៀបដូចជាស្មូនឆ្នាំងក្តី អន្តេវាសិកនៃស្មូនឆ្នាំងក្តី ដែលឈ្លាសវៃ កាលបើដីស្អិតដែលគេច្របាច់ល្អហើយ បើចង់ធ្វើនូវភាជន៍ដ៏ប្លែកណាៗ ក៏គប្បីធ្វើឲ្យសម្រេចទៅជាភាជន៍នោះៗបាន យ៉ាងណាមិញ បពិត្រមហារាជ មួយទៀត ជាងភ្លុកក្តី អន្តេវាសិករបស់ជាងភ្លុកក្តី ដែលឈ្លាសវៃ កាលបើភ្លុកដែលគេធ្វើបរិកម្មល្អហើយ បើចង់ធ្វើនូវគ្រឿងប្រើប្រាស់ ជាវិការៈនៃភ្លុកដ៏ប្លែកណាៗ ក៏គប្បីធ្វើឲ្យសម្រេចនូវគ្រឿងប្រើប្រាស់ ជាវិការៈនៃភ្លុកដ៏ប្លែកនោះៗបាន យ៉ាងណាមិញ បពិត្រមហារាជ មួយវិញទៀត ជាងមាសក្តី អន្តេវាសិករបស់ជាងមាសក្តី ដែលឈ្លាសវៃ កាលបើមាសដែលគេធ្វើបរិកម្មល្អហើយ បើចង់ធ្វើនូវគ្រឿងប្រើប្រាស់ ជាវិការៈនៃមាសដ៏ប្លែកណាៗ ក៏គប្បីធ្វើឲ្យសម្រេចនូវគ្រឿងប្រើប្រាស់ ជាវិការៈនៃមាសដ៏ប្លែកនោះៗបាន យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏រមែងទាញនាំបង្អោនចិត្តទៅ ដើម្បីតាក់តែងនូវឫទ្ធិបាន យ៉ាងនោះឯង។ ភិក្ខុនោះ រមែងទទួលចំពោះនូវការតាក់តែងឫទ្ធិ មានប្រការច្រើនបាន គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាម្នាក់វិញក៏បាន ធ្វើទីកំបាំង ឲ្យទៅជាទីវាលក៏បាន ធ្វើទីវាល ឲ្យទៅជាទីកំបាំងក៏បាន ដើរ (ទំលុះ) ទៅក្រៅជញ្ជាំង ក្រៅកំពែង ក្រៅភ្នំ មិនទើសទាក់ ដូចជាដើរទៅក្នុងទីវាលក៏បាន ធ្វើនូវការមុជចុះ និងការងើបឡើងក្នុងផែនដី ដូចជាមុជងើបក្នុងទឹកក៏បាន ដើរទៅលើទឹក មិនបែកធ្លាយទឹក ដូចជាដើរទៅលើផែនដីក៏បាន អណ្តែតទៅឯអាកាសទាំងភ្នែន ដូចជាសត្វស្លាបក៏បាន ចាប់ស្ទាបអង្អែលព្រះចន្ទ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ដោយដៃក៏បាន ញុំាងអំណាចឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ បពិត្រមហារាជ នេះឯងជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម។
[១៣៤] ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្តទៅ ក្នុងសោតធាតុជាទិព្វ។ ភិក្ខុនោះ កាលបើមានសោតធាតុជាទិព្វបរិសុទ្ធស្អាត កន្លងបង់នូវសោតធាតុជារបស់មនុស្សធម្មតាហើយ រមែងឮនូវសម្លេងទាំងពីរ គឺសម្លេងទិព្វ១ សម្លេងមនុស្ស១ ដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តីបាន បពិត្រមហារាជ ប្រៀបដូចបុរស ដែលដើរទៅកាន់ផ្លូវឆ្ងាយ បុរសនោះ ឮសម្លេងស្គរធំក្តី សម្លេងសំភោរក្តី សម្លេងស័ង្ខក្តី សម្លេងស្គរជ័យក្តី សម្លេងស្គរតូចក្តី បុរសនោះ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាសម្លេងស្គរធំ នេះជាសម្លេងសំភោរ នេះជាសម្លេងស័ង្ខ នេះជាសម្លេងស្គរជ័យ នេះជាសម្លេងស្គរតូច យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្តទៅ ក្នុងសោតធាតុជាទិព្វ ភិក្ខុនោះ កាលបើមានសោតធាតុជាទិព្វបរិសុទ្ធស្អាត កន្លងបង់នូវសោតធាតុ ជារបស់មនុស្សធម្មតាហើយ រមែងឮសម្លេងទាំងពីរ គឺសម្លេងទិព្វ១ សម្លេងមនុស្ស១ ដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី យ៉ាងនោះឯង។ បពិត្រមហារាជ នេះឯងជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម។
[១៣៥] ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោននូវចិត្តទៅ ដើម្បីចេតោបរិយញ្ញាណ (ប្រាជ្ញាជាគ្រឿងកំណត់ដឹងនូវចិត្តសត្វដទៃ)។ ភិក្ខុនោះ ក៏កំណត់ដឹងច្បាស់នូវចិត្តនៃសត្វទាំងឡាយដទៃ និងចិត្តនៃបុគ្គលទាំងឡាយដទៃ ដោយចិត្តរបស់ខ្លួនបាន ចិត្តដែលប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាសចាករាគៈហើយក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈហើយ ចិត្តដែលប្រកបដោយទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែលប្រាសចាកទោសៈហើយក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈហើយ ចិត្តដែលប្រកបដោយមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តដែលប្រាសចាកមោហៈហើយក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈហើយ ចិត្តដែលរួញថយ45) ក្តី ក៏ដឹងច្បាស់ថា ចិត្តរួញថយ ចិត្តដែលរាយមាយ46) ក្តី ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ចិត្តដែលជាមហគ្គតៈ គឺចិត្តដល់នូវភាវៈជាធំ (បានដល់រូបាវចរ និងអរូបាវចរ)ក្តី ក៏ដឹងច្បាស់ថា ចិត្តជាមហគ្គតៈ ចិត្តដែលមិនមែនជាមហគ្គតៈ គឺជាកាមាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមែនជាមហគ្គតៈ ចិត្តដែលមានចិត្តដទៃក្រៃលែងជាង គឺជាកាមាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តមានចិត្តដទៃក្រៃលែងជាង ចិត្តដែលមិនមានចិត្តដទៃក្រៃលែងជាង គឺរូបាវចរ និងអរូបាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមានចិត្តដទៃក្រៃលែងជាង ចិត្តដែលតាំងមាំហើយក្តី ក៏ដឹងច្បាស់ថា ចិត្តតាំងមាំហើយ47) ចិត្តដែលមិនបានតាំងមាំក្តី ក៏ដឹងច្បាស់ថា ចិត្តមិនបានតាំងមាំ ចិត្តដែលរួចស្រឡះ48) ហើយក្តី ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះហើយ ចិត្តដែលមិនទាន់រួចស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ។ បពិត្រមហារាជ ប្រៀបដូចស្ត្រីក្តី បុរសក្តី ដែលនៅក្មេង ជាក្រមុំ កម្លោះ ដែលនៅកំពុងតែចូលចិត្តនឹងប្រដាប់តាក់តែងរាងកាយ កាលឆ្លុះមើលនូវស្រមោល នៃមុខរបស់ខ្លួនក្នុងកញ្ចក់ ដ៏បរិសុទ្ធស្អាតក្តី ក្នុងភាជន៍ដ៏ពេញដោយទឹកថ្លាក្តី បើស្រមោលនៃមុខប្រកបដោយទោស មានមុនជាដើម ក៏ដឹងថា មុខប្រកបដោយទោស បើស្រមោលនៃមុខមិនប្រកបដោយទោសក្តី ក៏ដឹងថា មុខមិនប្រកបដោយទោស យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុកាលបើចិត្តតាំងមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោននូវចិត្តទៅ ដើម្បីចេតោបរិយញ្ញាណ ភិក្ខុនោះ រមែងកំណត់ដឹងច្បាស់នូវចិត្តនៃសត្វទាំងឡាយដទៃ និងចិត្តនៃបុគ្គលទាំងឡាយដទៃ ដោយចិត្តរបស់ខ្លួនបាន ចិត្តដែលប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាសចាករាគៈហើយក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈហើយ ចិត្តដែលប្រកបដោយទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែលប្រាសចាកទោសៈហើយក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈហើយ ចិត្តដែលប្រកបដោយមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តដែលប្រាសចាកមោហៈហើយក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈហើយ ចិត្តដែលរួញថយក្តី ក៏ដឹងច្បាស់ថា ចិត្តរួញថយ ចិត្តដែលរាយមាយក្តី ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ចិត្តដែលជាមហគ្គតៈក្តី ក៏ដឹងច្បាស់ថា ចិត្តជាមហគ្គតៈ ចិត្តដែលមិនមែនជាមហគ្គតៈក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមែនជាមហគ្គតៈ ចិត្តដែលមានចិត្តដទៃក្រៃលែងជាងក្តី ក៏ដឹងច្បាស់ថា ចិត្តមានចិត្តដទៃក្រៃលែងជាង ចិត្តដែលមិនមានចិត្តដទៃក្រៃលែងជាងក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមានចិត្តដទៃក្រៃលែងជាង ចិត្តដែលតាំងមាំហើយក្តី ក៏ដឹងច្បាស់ថា ចិត្តតាំងមាំហើយ ចិត្តដែលមិនតាំងមាំក្តី ក៏ដឹងច្បាស់ថា ចិត្តមិនតាំងមាំ ចិត្តដែលរួចស្រឡះហើយក្តី ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះហើយ ចិត្តដែលមិនទាន់រួចស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ យ៉ាងនោះឯង។ បពិត្រមហារាជ នេះឯងជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម។
[១៣៦] ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោននូវចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ (ប្រាជ្ញាជាគ្រឿងរលឹកតាមនូវខន្ធ ដែលសត្វធ្លាប់អាស្រ័យនៅ ក្នុងភពមុន)។ ភិក្ខុនោះ រមែងរលឹកតាមនូវបុព្វេនិវាស គឺខន្ធដែលសត្វធ្លាប់អាស្រ័យនៅហើយ ក្នុងភពមុនជាច្រើនប្រការ ការរលឹកបាននោះ តើដូចម្តេច គឺរលឹកបាន១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១ពាន់ជាតិខ្លះ ១សែនជាតិខ្លះ អនេកសំវដ្តកប្ប គឺកប្បដែលវិនាសជាច្រើនខ្លះ អនេកវិវដ្តកប្ប គឺកប្បដែលចម្រើនជាច្រើនខ្លះ អនេកសំវដ្តវិវដ្តកប្បខ្លះ49) ថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញច្យុតចាកភពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលអាត្មាអញបានកើតក្នុងភពនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកភពនោះហើយ ក៏បានទៅកើតក្នុងភពនេះ។ ភិក្ខុនោះ រលឹកតាមនូវបុព្វេនិវាសជាច្រើនប្រការ ព្រមទាំងអាការ គឺសម្បុរ និងអាហារជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រត្រកូល ដោយប្រការដូច្នេះឯង។ បពិត្រមហារាជ ប្រៀបដូចបុរស ដែលចេញអំពីស្រុករបស់ខ្លួន ទៅកាន់ស្រុកដទៃ រួចចេញអំពីស្រុកនោះ ហើយទៅកាន់ស្រុកដទៃទៀត បុរសនោះ ចេញអំពីស្រុកនោះហើយ ទើបត្រឡប់មកកាន់ស្រុករបស់ខ្លួនដដែលវិញ បុរសនោះ គប្បីមានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ បានចេញអំពីស្រុករបស់ខ្លួន ទៅកាន់ស្រុកឯណោះ ក្នុងស្រុកនោះ អាត្មាអញ បានឈរយ៉ាងនេះ បានអង្គុយយ៉ាងនេះ បាននិយាយយ៉ាងនេះ បានស្ងៀមយ៉ាងនេះ លុះអាត្មាអញ ចេញអំពីស្រុកនោះហើយ បានទៅកាន់ស្រុកឯណោះទៀត ក៏ក្នុងស្រុកនោះឯង អាត្មាអញ បានឈរយ៉ាងនេះ បានអង្គុយយ៉ាងនេះ បាននិយាយយ៉ាងនេះ បានស្ងៀមយ៉ាងនេះ អាត្មាអញ ចេញអំពីស្រុកនោះហើយ ក៏បានត្រឡប់មកកាន់ស្រុករបស់ខ្លួនដដែលវិញ យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុ កាលបើចិត្តតាំងមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោននូវចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ ភិក្ខុនោះ រមែងរលឹកតាមនូវបុព្វេនិវាសជាច្រើនប្រការ ការរលឹកបាននោះ តើដូចម្តេច គឺរលឹកបាន១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១ពាន់ជាតិខ្លះ ១សែនជាតិខ្លះ អនេកសំវដ្តកប្បខ្លះ អនេកវិវដ្តកប្បខ្លះ អនេកសំវដ្តវិវដ្តកប្បខ្លះថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញច្យុតចាកភពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលអាត្មាអញបានកើតក្នុងភពនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកភពនោះហើយ ក៏បានទៅកើតក្នុងភពនេះ ភិក្ខុនោះ រមែងរលឹកតាមនូវបុព្វេនិវាសជាច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះឯង យ៉ាងនោះឯង។ បពិត្រមហារាជ នេះឯងជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម។
[១៣៧] ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោននូវចិត្តទៅ ដើម្បី ចុតូបបាតញ្ញាណ (ប្រាជ្ញាជាគ្រឿងដឹងនូវ ចុតិ និងបដិសន្ធិ) នៃពួកសត្វ គឺ ទិព្វចក្ខុញ្ញាណ ។ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ បរិសុទ្ធស្អាត កន្លងបង់នូវចក្ខុជារបស់មនុស្សធម្មតា បានឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើតឡើង ថោកទាប និងឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ រមែងដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនថា អើហ្ន៎ សត្វពួកនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលនូវព្រះអរិយៈទាំងឡាយ ជាមិច្ឆាទិដ្ឋិ កាន់យកនូវអំពើជាមិច្ឆាទិដ្ឋិ សត្វពួកនោះ លុះទំលាយកាយខាងនាយ អំពីសេចក្តីស្លាប់ រមែងទៅកើតក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក អើហ្ន៎ ចំណែកឯសត្វពួកនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលនូវព្រះអរិយៈទាំងឡាយ ជាសម្មាទិដ្ឋិ កាន់យកនូវអំពើជាសម្មាទិដ្ឋិ សត្វពួកនោះ លុះទំលាយកាយខាងនាយ អំពីសេចក្តីស្លាប់ រមែងចូលទៅកាន់លោក គឺមនុស្ស សុគតិ និងសួគ៌ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់មនុស្សធម្មតា បានឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើតឡើង ជាសត្វថោកថយ និងឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ រមែងដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន ដោយប្រការដូច្នេះ។ បពិត្រមហារាជ ប្រៀបដូចជាប្រាសាទ ដែលតាំងនៅក្បែរផ្លូវបែកជា៣50) នាកណ្តាលក្រុង បុរសដែលមានភ្នែក (ភ្លឺ) ឈរនៅលើប្រាសាទនោះ ក៏គប្បីឃើញនូវមនុស្សទាំងឡាយ ដែលចូលទៅកាន់ផ្ទះក្តី ចេញអំពីផ្ទះក្តី ត្រាច់ទៅមកអំពីច្រកផ្លូវ ទៅកាន់ថ្នល់ក្តី អង្គុយនៅក្នុងផ្លូវបែកជា៣ នាកណ្តាលក្រុងក្តី បុរសនោះ គប្បីមានសេចក្តីត្រិះរិះយ៉ាងនេះថា មនុស្សទាំងនុ៎ះ ចូលទៅកាន់ផ្ទះ មនុស្សទាំងនុ៎ះចេញអំពីផ្ទះ មនុស្សទាំងនុ៎ះដើរទៅមកអំពីច្រកផ្លូវ ទៅកាន់ថ្នល់ មនុស្សទាំងនុ៎ះ អង្គុយនៅក្នុងផ្លូវបែកជា៣ នាកណ្តាលក្រុង យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុ កាលបើចិត្តតាំងមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោននូវចិត្តទៅ ដើម្បីបញ្ញាជាគ្រឿងដឹងនូវ ចុតិ និងបដិសន្ធិ នៃពួកសត្វ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធស្អាត កន្លងបង់នូវចក្ខុជារបស់មនុស្សធម្មតា រមែងឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើតឡើង ជាសត្វថោកទាប និងខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ រមែងដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅ តាមកម្មរបស់ខ្លួនថា អើហ្ន៎ សត្វពួកនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត តិះដៀលនូវព្រះអរិយៈទាំងឡាយ ជាមិច្ឆាទិដ្ឋិ កាន់យកនូវអំពើជាមិច្ឆាទិដ្ឋិ សត្វពួកនោះ លុះទំលាយកាយទៅខាងនាយ អំពីសេចក្តីស្លាប់ រមែងចូលទៅកើតក្នុងកំណើតនៃតិរច្ឆាន ប្រេត អសុរកាយ នរក អើហ្ន៎ ចំណែកឯសត្វពួកនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត មិនបានតិះដៀលនូវព្រះអរិយៈទាំងឡាយ ជាសម្មាទិដ្ឋិ កាន់យកនូវអំពើជាសម្មាទិដ្ឋិ សត្វពួកនោះ លុះទំលាយកាយទៅខាងនាយ អំពីសេចក្តីស្លាប់ រមែងចូលទៅកាន់លោក គឺមនុស្ស សុគតិ និងឋានសួគ៌ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ ផូរផង់ កន្លងបង់នូវចក្ខុជារបស់មនុស្សធម្មតា រមែងឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើតឡើង ជាសត្វថោកថយ និងខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ រមែងដឹងច្បាស់នូវពពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន យ៉ាងនោះឯង។ បពិត្រមហារាជ នេះឯងជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម។
[១៣៨] ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្តទៅ ដើម្បី អាសវក្ខយញ្ញាណ (ប្រាជ្ញាដឹងនូវធម៌ជាគ្រឿងអស់ទៅនៃអាសវៈ)។ ភិក្ខុនោះ រមែងដឹងតាមពិតថា នេះជាទុក្ខ ដឹងតាមពិតថា នេះជាទីប្រជុំកើតឡើងនៃទុក្ខ ដឹងតាមពិតថា នេះជាព្រះនិព្វាន ជាគ្រឿងរលត់ទុក្ខ ដឹងតាមពិតថា នេះជាផ្លូវប្រតិបត្តិដំណើរ ទៅកាន់ព្រះនិព្វាន ជាគ្រឿងរលត់ទុក្ខ ដឹងតាមពិតថា នេះជាអាសវៈ ដឹងតាមពិតថា ធម៌51) នេះ ជាទីប្រជុំកើតឡើងនៃអាសវៈ ដឹងតាមពិតថា ធម៌នេះជាគ្រឿងរលត់នៃអាសវៈ ដឹងតាមពិតថា ធម៌នេះជាផ្លូវប្រតិបត្តិដំណើរទៅកាន់ព្រះនិព្វាន ជាគ្រឿងរលត់នៃអាសវៈ។ កាលបើភិក្ខុនោះដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏ផុតស្រឡះចាកកាមាសវៈ52) ផង ចិត្តក៏ផុតស្រឡះចាកភវាសវៈ53) ផង ចិត្តក៏ផុតស្រឡះ ចាកអវិជ្ជាសវៈ54) ផង។ កាលបើចិត្តភិក្ខុនោះ បានផុតស្រឡះហើយ សេចក្តីដឹងក៏កើតឡើង ដល់ភិក្ខុនោះថា ចិត្តរបស់អាត្មាអញផុតស្រឡះហើយ។ ភិក្ខុនោះ ដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បពិត្រមហារាជ ប្រៀបដូចជារអាងទឹក លើកំពូលភ្នំ ជាទឹកដ៏ថ្លាស្អាត មិនល្អក់ បុរសដែលមានភ្នែក (ភ្លឺ) ឈរនៅមាត់នៃរអាងទឹកនោះ ក៏គប្បីឃើញនូវខ្យង និងខ្ចៅផង នូវក្រួស និងដុំថ្មផង នូវហ្វូងនៃត្រីផង កំពុងត្រាច់ទៅក្តី ឈប់នៅក្តី ក្នុងរអាងនោះ បុរសនោះ គប្បីមានសេចក្តីត្រិះរិះយ៉ាងនេះថា រអាងទឹកនេះឯង ថ្លាស្អាត មិនល្អក់ ខ្យង និងខ្ចៅទាំងឡាយក្តី ក្រួស និងដុំថ្មក្តី ហ្វូងនៃត្រីទាំងនេះក្តី ត្រាច់ទៅខ្លះ ឈប់នៅខ្លះ ក្នុងរអាងនោះ យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុ កាលបើចិត្តតាំងមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោននូវចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ ភិក្ខុនោះឯង រមែងដឹងតាមពិតថា នេះជាទុក្ខ ដឹងតាមពិតថា នេះជាទីប្រជុំកើតឡើងនៃទុក្ខ ដឹងតាមពិតថា នេះជាព្រះនិព្វាន ជាគ្រឿងរលត់ទុក្ខ ដឹងតាមពិតថា នេះជាផ្លូវប្រតិបត្តិដំណើរ ទៅកាន់ព្រះនិព្វាន ជាគ្រឿងរលត់ទុក្ខ ដឹងតាមពិតថា នេះជាអាសវៈ ដឹងតាមពិតថា ធម៌នេះ ជាទីប្រជុំកើតឡើងនៃអាសវៈ ដឹងតាមពិតថា ធម៌នេះជាគ្រឿងរលត់នៃអាសវៈ ដឹងតាមពិតថា ធម៌នេះជាផ្លូវប្រតិបត្តិដំណើរទៅកាន់ព្រះនិព្វាន ជាគ្រឿងរលត់នៃអាសវៈ យ៉ាងនោះឯង។ កាលបើភិក្ខុនោះដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏ផុតស្រឡះចាកកាមាសវៈផង ចិត្តក៏ផុតស្រឡះចាកភវាសវៈផង ចិត្តក៏ផុតស្រឡះ ចាកអវិជ្ជាសវៈផង។ កាលបើចិត្តភិក្ខុនោះ បានផុតស្រឡះហើយ សេចក្តីដឹងក៏កើតឡើង ដល់ភិក្ខុនោះថា ចិត្តរបស់អាត្មាអញផុតស្រឡះហើយ។ ភិក្ខុនោះ ក៏ដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បពិត្រមហារាជ នេះឯងជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម។ បពិត្រមហារាជ មួយវិញទៀត ផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯងដទៃទៀត ដ៏លើសលុបដោយវិសេសក្តី ថ្លៃថ្លាដោយវិសេសក្តី ជាងផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯងនេះទៅទៀត មិនមានឡើយ។
[១៣៩] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះធម៌ទេសនាយ៉ាងនេះចប់ហើយ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ក៏ក្រាបបង្គំទូលចំពោះព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចជាបុគ្គលផ្ងារឡើងនូវវត្ថុដែលផ្កាប់ ឬបើកនូវវត្ថុដែលគេបិទបាំង ឬក៏ប្រាប់ផ្លូវដល់មនុស្សអ្នកវង្វេងផ្លូវ ពុំនោះសោត ដូចគេទ្រោលបំភ្លឺនូវប្រទីបក្នុងទីងងឹត ដោយគិតថា បុរសអ្នកមានភ្នែក (ភ្លឺ) នឹងបានឃើញនូវរូបទាំងឡាយបាន យ៉ាងណាមិញ ធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយបរិយាយជាច្រើន ក៏យ៉ាងនោះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះមានព្រះភាគ ព្រមទាំងព្រះធម៌ ទាំងព្រះសង្ឃ ជាសរណៈ សូមព្រះមានព្រះភាគ ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត ក្នុងកាលមានថ្ងៃនេះជាដើមរៀងទៅ បពិត្រព្រះអង្គដ៏ចំរើន ទោសកំហុស ប្រព្រឹត្តកន្លងនូវខ្ញុំព្រះអង្គ ដែលជាមនុស្សល្ងង់យ៉ាងណា ជាមនុស្សវង្វេងយ៉ាងណា ជាមនុស្សមិនឈ្លាសវៃយ៉ាងណា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គណា បានផ្តាច់បង់ព្រះជន្មាយុ នៃព្រះបិតាដែលជាព្រះធម្មរាជ ប្រកបដោយធម៌ ព្រោះហេតុតែឥស្សរិយយស បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អត់នូវទោសកំហុស តាមទោសកំហុសរបស់ខ្ញុំព្រះអង្គនោះ ដើម្បីនឹងសង្រួមតទៅ។ ព្រះមានព្រះភាគ ត្រាស់ថា បពិត្រមហារាជ អើទោសកំហុស ប្រព្រឹត្តកន្លងនូវមហារាជហើយ ដែលជាមនុស្សល្ងង់យ៉ាងណា ជាមនុស្សវង្វេងយ៉ាងណា ជាមនុស្សមិនឈ្លាសវៃយ៉ាងណា មហារាជ ដែលបានផ្តាច់បង់ព្រះជន្មាយុ នៃព្រះបិតា ដែលជាព្រះធម្មរាជ ប្រកបដោយធម៌ ព្រោះហេតុតែឥស្សរិយយស បពិត្រមហារាជ មួយវិញទៀត មហារាជ បានឃើញនូវទោសកំហុស តាមទោសកំហុសពិត ហើយសំដែងទោសតាមធម៌ ដោយហេតុណា (ហេតុនោះ) តថាគត អត់នូវទោសកំហុសនោះ ចំពោះមហារាជ បពិត្រមហារាជ បុគ្គលណា ឃើញទោសកំហុស តាមទោសកំហុសពិត ហើយសំដែងទោសតាមធម៌ ដល់នូវសេចក្តីសង្រួមតទៅ នេះជាសេចក្តីចំរើន (របស់បុគ្គលនោះ) ក្នុងអរិយវិន័យ។
[១៤០] កាលបើព្រះមានព្រះភាគ ទ្រង់មានបន្ទូលយ៉ាងនេះហើយ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក៏ឥឡូវនេះ យើងខ្ញុំព្រះអង្គ សូមក្រាបថ្វាយបង្គំលា (ដ្បិត) យើងខ្ញុំព្រះអង្គមានកិច្ចច្រើន មានការងារច្រើន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បពិត្រមហារាជ សូមមហារាជ ទ្រង់ជ្រាបនូវកាលដ៏គួរនឹងស្តេចទៅ ក្នុងកាលឥឡូវនេះចុះ។ លំដាប់នោះ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់ត្រេកអរ អនុមោទនានឹងភាសិត របស់ព្រះមានព្រះភាគហើយ ទើបក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយក៏ស្តេចចេញទៅ។ លំដាប់នោះ ព្រះមានព្រះភាគ កាលដែលព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ស្តេចចេញទៅមិនយូរប៉ុន្មាន ក៏ទ្រង់ត្រាស់ចំពោះភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ព្រះរាជាអង្គនេះ ជីករំលើងគុណធម៌របស់ខ្លួនចេញអស់ហើយ ម្នាលភិក្ខុទាំងឡាយ ព្រះរាជាអង្គនេះ ផ្តាច់បង់គុណធម៌របស់ខ្លួនចេញអស់ហើយ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើព្រះរាជាអង្គនេះ មិនបានផ្តាច់បង់ព្រះជន្មាយុនៃព្រះបិតា ដែលជាព្រះធម្មរាជប្រកបដោយធម៌ទេ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ដែលប្រាសចាកធុលី ប្រាសចាកមន្ទិល នឹងកើតឡើងដល់ព្រះរាជាអង្គនេះ លើអាសនៈនេះមិនខានឡើយ។ លុះព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលដូច្នេះហើយ។ ភិក្ខុទាំងឡាយនោះ ក៏មានសេចក្តីត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ។
ចប់ សាមញ្ញផលសូត្រ ទី២។