User Tools

Site Tools


Translations of this page?:
km:tipitaka:sut:dn:sut.dn.03



អម្ពដ្ឋសូត្រ ទី៣

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

dn 03 បាលី cs-km: sut.dn.03 អដ្ឋកថា: sut.dn.03_att PTS: ?

(ទី៣) អម្ពដ្ឋសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
sut.dn.03.aac

(៣. អម្ពដ្ឋសុត្តំ)

[១៤១] (សូត្រនេះ) ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់​ពុទ្ធដំណើរទៅកាន់ចារិក1) ក្នុងកោសល​ជនបទ ព្រមដោយភិក្ខុសង្ឃច្រើន ចំនួន​៥០០រូប បានស្តេចទៅដល់ស្រុក​ព្រាហ្មណ៍​ឈ្មោះ​ឥច្ឆានង្គលៈ របស់ដែនកោសល។ ព្រះមានព្រះភាគ គង់នៅក្នុងដងព្រៃ ឈ្មោះ​ឥច្ឆានង្គលៈ ទៀបស្រុកឥច្ឆានង្គលៈនោះ។

[១៤២] សម័យនោះឯង ព្រាហ្មណ៍ឈ្មោះ​បោក្ខរសាតិ នៅគ្រប់គ្រងឧក្កដ្ឋនគរ ដែល​ជាក្រុងកុះករដោយសត្វ (និងមនុស្ស) បរិបូណ៌​ដោយស្មៅ ឧស ទឹក បរិបូណ៌​ដោយ​ស្រូវអង្ករ ជាព្រះរាជទ្រព្យដែលព្រះបាទ​បសេនទិកោសល ទ្រង់ព្រះរាជទាន ជាព្រះរាជ​អំណោយ ជារង្វាន់ដ៏ប្រសើរ គឺទ្រង់​ប្រទាន​ដោយដាច់ខាត។ ព្រាហ្មណ៍ឈ្មោះ​បោក្ខរសាតិ បានឮថា ព្រះសមណគោតមដ៏ចំរើន ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទៅទ្រង់​ព្រះផ្នួស ឥឡូវ ទ្រង់ពុទ្ធដំណើរ​មកកាន់ចារិក ក្នុងកោសលជនបទ ព្រមដោយ​ភិក្ខុ​សង្ឃ​ច្រើន ចំនួន​៥០០រូប មកដល់ស្រុកឈ្មោះ​ឥច្ឆានង្គលៈ គង់នៅក្នុងដងព្រៃ​ឈ្មោះ​ឥច្ឆានង្គលៈ ទៀបស្រុកឈ្មោះ​ឥច្ឆានង្គលៈ កិត្តិសព្ទ សំឡេងសរសើរ​នៃព្រះសមណ​គោតម​​ដ៏ចំរើននោះ ពីរោះឮខ្ចរខ្ចាយ សុសសាយមកយ៉ាងនេះថា ព្រះមានព្រះភាគ​អង្គ​នោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវ​ញេយ្យធម៌​ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺ​សេចក្តី​ចេះ​ដឹង និងក្រឹត្យ ដែលបុគ្គល​គប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរល្អ ព្រះអង្គ​ជ្រាបច្បាស់​នូវ​ត្រៃ​លោក ព្រះអង្គប្រសើរ​ដោយសីលាទិគុណ រក​បុគ្គល​ណាមួយស្មើគ្មាន ព្រះអង្គ ជាអ្នក​ទូន្មាន​នូវ​បុរសដែលគួរ​ទូន្មានបាន ព្រះអង្គជាគ្រូនៃ​ទេវតា និងមនុស្សទាំងឡាយ ព្រះអង្គ​បាន​ត្រាស់ដឹង​នូវអរិយសច្ចធម៌ ព្រះអង្គលែង​វិល​​មកកាន់ភពថ្មីទៀត ព្រះអង្គបាន​ត្រាស់​ដឹង​ បានធ្វើឲ្យជាក់ច្បាស់ ចំពោះព្រះអង្គ ហើយញុំាង​លោកនេះ ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក និងពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទាំង​មនុស្ស​ជាសម្មតិ​ទេព និង​មនុស្សដ៏សេស ឲ្យបានត្រាស់ដឹងផង ទ្រង់សំដែង​ធម៌ មានលំអបទដើម បទ​កណ្តាល និងបទចុង ទ្រង់ប្រកាស​ព្រហ្មចរិយធម៌ ព្រមទាំង​អត្ថ និងព្យញ្ជនៈ ដ៏​ពេញ​បរិបូណ៌ បរិសុទ្ធទាំងអស់ ក៏ការដែល​បានឃើញ បានជួបនឹងព្រះអរហន្តទាំងឡាយ មាន​សភាពដូច្នេះ ជាការប្រពៃណាស់។

[១៤៣] សម័យនោះឯង មាណពឈ្មោះអម្ពដ្ឋ ជាសិស្សរបស់ព្រហ្មណបោក្ខរសាតិ ជា​អ្នករាយមន្ត ចេះចាំនូវមន្ត ជាអ្នកដល់នូវត្រើយនៃត្រៃវេទ2) ព្រមទាំង​គម្ពីរ​និឃណ្ឌុ3) គម្ពីរ​កេតុភៈ4) ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមាន​គម្ពីរឥតិហាសៈ5) ជាគំរប់៥ ជាអ្នករៀន​យកនូវបទ និងវេយ្យាករណ៍ ជាអ្នក​មិន​ឱនថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ ជាអ្នកដែលអាចារ្យបានអនុញ្ញាតហើយ ទាំងខ្លួន ក៏បានប្តេជ្ញាហើយថា ខ្ញុំចេះអ្វី អ្នកក៏​ចេះ​នោះដែរ អ្នកចេះអ្វី ខ្ញុំក៏ចេះនោះដែរ ក្នុងបាវចនៈ (ពាក្យជាប្រធាន គឺលទ្ធិសាសនា) ដែល​ប្រកបដោយត្រៃវិជ្ជា ក្នុងសំណាក់អាចារ្យរបស់ខ្លួន។ គ្រានោះ បោក្ខរសាតិព្រាហ្មណ៍ ហៅអម្ពដ្ឋមាពណមកប្រាប់ថា នែអម្ពដ្ឋ ព្រះសមណគោតម ជាសក្យបុត្រនេះ ចេញចាក​សក្យត្រកូល ទៅទ្រង់ផ្នួសហើយ ត្រាច់មកកាន់ចារិកក្នុងកោសលជនបទ ឥឡូវ​ ទ្រង់ពុទ្ធ​ដំណើរ ព្រមដោយភិក្ខុសង្ឃច្រើន ចំនួន​៥០០រូប មកដល់ស្រុកឥច្ឆានង្គលៈ គង់ក្នុង​ដង​ព្រៃ​ឥច្ឆានង្គលៈ ទៀបស្រុកឈ្មោះ​ឥច្ឆានង្គលៈ កិត្តិសព្ទ សំឡេងសរសើរ​នៃព្រះសមណ​គោតម​ដ៏ចំរើននោះ ពីរោះឮខ្ចរខ្ចាយ សុសសាយមកយ៉ាងនេះថា ព្រះមានព្រះភាគ​អង្គ​នោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវ​ញេយ្យធម៌​ទាំង​ពួង ដោយប្រពៃចំពោះព្រះអង្គ ព្រះអង្គប្រកបដោយវិជ្ជា និងចរណៈ គឺ​សេចក្តី​ចេះ​ដឹង និងក្រឹត្យ ដែលបុគ្គល​គប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរល្អ ព្រះអង្គ​ជ្រាបច្បាស់​នូវ​ត្រៃ​លោក ព្រះអង្គប្រសើរ​ដោយសីលាទិគុណ រក​បុគ្គល​ណាមួយស្មើគ្មាន ព្រះអង្គ​ទូន្មាន​នូវ​បុគ្គលដែលគួរ​ទូន្មានបាន ព្រះអង្គជាគ្រូនៃ​ទេវតា និងមនុស្សទាំងឡាយ ព្រះអង្គ​បាន​ត្រាស់ដឹង​នូវចតុរារិយសច្ច ព្រះអង្គលែង​វិល​​មកកាន់ភពថ្មីទៀត ព្រះអង្គបាន​ត្រាស់​ដឹង​ បានធ្វើឲ្យជាក់ច្បាស់ ដោយព្រះអង្គឯង ហើយញុំាង​លោកនេះ ព្រមទាំង​ទេវលោក មារ​លោក ព្រហ្មលោក និងពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទាំង​មនុស្ស​ជាសម្មតិ​ទេព និង​មនុស្សដ៏សេស ឲ្យបានត្រាស់ដឹងផង ទ្រង់សំដែង​ធម៌ មានលំអបទដើម បទ​កណ្តាល និងបទចុង ទ្រង់ប្រកាស​ព្រហ្មចរិយធម៌ ព្រមទាំង​អត្ថ និងព្យញ្ជនៈ ដ៏​ពេញ​បរិបូណ៌ បរិសុទ្ធ​ទាំងអស់ ក៏ការដែល​បានឃើញ បានជួបនឹងព្រះអរហន្តទាំងឡាយ មាន​សភាព​យ៉ាងនោះ ជាការប្រពៃណាស់ នែអម្ពដ្ឋមាណព អ្នកចូរមកណេះ ចូរចូលទៅរក​ព្រះសមណ​​គោតម លុះចូលទៅដល់ហើយ ចូរពិនិត្យនូវព្រះសមណគោតមមើល ទោះបីកិត្តិសព្ទ សំឡេងសរសើរព្រះសមណគោតមដ៏ចំរើននោះ ឮខ្ចរខ្ចាយ​ទៅពិត​ដូច្នោះ​មែន ឬមិនមែន​ដូច្នោះទេ ទោះបី​ព្រះសមណគោតមដ៏ចំរើននោះ​ ប្រាកដដូច្នោះក្តី មិន​ប្រាកដ​ដូច្នោះ​ក្តី យើងនឹងដឹង នូវព្រះសមណគោតម​ដ៏ចំរើននោះ ដោយពិត។ ម្នាល​គ្នាយើងដ៏ចំរើន ទោះបី​កិត្តិសព្ទ សំឡេងសរសើរព្រះសមណគោតមដ៏ចំរើននោះ ឮខ្ចរខ្ចាយ សុសសាយ​​ពិត​ដូច្នោះក្តី មិនពិតដូច្នោះក្តី ទោះបី​ព្រះសមណគោតម​ដ៏ចំរើន​នោះ​ ប្រាកដដូច្នោះក្តី មិនប្រាកដដូច្នោះ​ក្តី យើងនឹងដឹង នូវព្រះសមណគោតម​ដ៏ចំរើន​នោះ ដោយប្រការឯណា​នីមួយ មិនខានឡើយ។ ម្នាលអម្ពដ្ឋ មហាបុរិសលក្ខណៈ​ទាំង​ឡាយ​៣២ប្រការ មានប្រាកដ​ មកក្នុងមន្តទាំងឡាយរបស់យើងហើយ កាលបើមហា​បុរស ប្រកបដោយ​មហាបុរិសលក្ខណៈណាហើយ គង់មានគតិជាពីរយ៉ាង មិនខុស​អំពី​គតិ​ទាំងពីរយ៉ាង​នេះ​ទេ គឺបើមហាបុរសនៅគ្រប់គ្រងផ្ទះ នឹងបានជាស្តេច​ចក្កពត្តិ ឋិតនៅ​ក្នុងធម៌ ជាស្តេច​ប្រកបដោយធម៌ មានជ័យជំនះ ផ្សាយរាជអំណាចរហូតដល់ផែនដី ដែល​​មាន​សមុទ្រ​ទាំង​៤ព័ទ្ធជុំវិញ ព្រះអង្គដល់នូវភាវៈ​ជាអ្នកមាំមួន​ក្នុងជនបទ ប្រកប​ដោយ​រតនៈ៧ប្រការ រតនៈ៧ប្រការរបស់ព្រះអង្គនោះគឺ ចក្ករ័តន៍១ ដំរីរ័តន៍១ សេះរ័តន៍១ មណិរ័តន៍១ ស្រីរ័តន៍១ គហបតិរ័តន៍ (អ្នកជាប្រធាន ត្រួតត្រាការងារក្នុងព្រះរាជវាំង)១ និង​​បរិណាយករ័តន៍១ គឺអគ្គមហាសេនាធិបតីមួយទៀត ជាគំរប់៧ ចំណែកព្រះរាជ​ឱរស​របស់ទ្រង់ ក៏មានចំនួនច្រើនពាន់ សុទ្ធតែជាអ្នកក្លៀវក្លា មានរូបសណ្ឋានជាអ្នកអង់អាច អាច​ញាំញីនូវ​សេនារបស់ស្តេច​ឯទៀតបាន ព្រះអង្គទ្រង់ប្រាបប្រាម គ្រប់គ្រងនូវផែនដី​នេះ ដែលមានសាគរ​ជាទីបំផុតដោយធម៌ គឺសីល៥ មិនបាច់ប្រើរាជអាជ្ញា មិនបាច់​ប្រើ​សស្ត្រាវុធឡើយ បើព្រះអង្គចេញពីព្រះរាជដំណាក់ទៅទ្រង់ព្រះផ្នួស នឹងបានត្រាស់ជា​ព្រះអរហន្តសម្មាសម្ពុទ្ធក្នុងលោក ជាអ្នកមានកិលេសជាគ្រឿងបិទបាំងបើកហើយ ម្នាល​អម្ពដ្ឋ អញឯង ជាអ្នកឲ្យនូវមន្តទាំងឡាយ (ដល់អ្នក) អ្នកក៏បានទទួលរៀននូវមន្តទាំង​ឡាយហើយ។ អម្ពដ្ឋមាណព បានទទួលពាក្យរបស់បោក្ខរសាតិព្រាហ្មណ៍ថា បពិត្រ​លោកដ៏ចំរើន យ៉ាងនេះឯង ហើយក៏ក្រោកចាកអាសនៈ ថ្វាយបង្គំ​បោក្ខរសាតិព្រាហ្មណ៍ ធ្វើប្រទក្សិណ ហើយឡើងជិះរថ ដែលទឹមដោយសេះ ទៅជាមួយនឹងមាណព​ មានចំនួន​ច្រើននាក់ សំដៅទៅរកដងព្រៃឥច្ឆានង្គលៈ បរយានទៅទល់ត្រឹមទៅ ដែល​យានល្មម​ឈប់​បាន ហើយក៏ចុះពីយាន ដើរទៅដោយជើងទទេ ឆ្ពោះទៅកាន់អារាម។

[១៤៤] សម័យនោះឯង ភិក្ខុទាំងឡាយច្រើនរូប កំពុងចង្ក្រមនៅក្នុងទីវាល។ គ្រានោះ អម្ពដ្ឋមាណព ចូលទៅរក​ភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ បានពោល​ពាក្យ​នេះ នឹងភិក្ខុទាំងឡាយនោះថា បពិត្រលោកទាំងឡាយដ៏ចំរើន ឥឡូវនេះ ព្រះគោតម​ដ៏ចំរើន ព្រះអង្គគង់​នៅក្នុងទីណា ដ្បិតយើងខ្ញុំទាំងឡាយ ចូលមកក្នុងទីនេះ ដើម្បីនឹងគាល់​ព្រះគោតមដ៏ចំរើននោះ។ គ្រានោះឯង ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះ​ដូច្នេះថា អម្ពដ្ឋមាណពនេះ ជាមនុស្ស​កើតក្នុងត្រកូលល្បីល្បាញផង ត្រូវជាសិស្ស​របស់​បោក្ខរសាតិព្រាហ្មណ៍ ដែលល្បីល្បាញ (ដោយរូប ជាតិ មន្ត ត្រកូល និងប្រទេស)ផង ការ​សំណេះសំណាលជាមួយ​នឹងកុលបុត្រ មានសភាពយ៉ាងនេះ ជាការមិនធ្ងន់ដល់​ព្រះមាន​ព្រះភាគ​ប៉ុន្មានទេ។ ភិក្ខុទាំងឡាយនោះ ក៏និយាយពាក្យនុ៎ះ ទៅ​នឹង​អម្ពដ្ឋមាណពថា ម្នាលអម្ពដ្ឋ វិហារ (គន្ធកុដិ)នុ៎ះ បិទទ្វារហើយ ព្រោះ​ហេតុនោះ ចូរ​អ្នកស្ងៀម ស្ងប់សំឡេង ដើរចូលទៅកុំរលះរលាំង លុះចូលទៅដល់របៀងហើយ ក្អក​គ្រហែម គោះសន្ទះទ្វារ ព្រះមានព្រះភាគ គង់នឹងបើកទ្វារ​ឲ្យអ្នក។ គ្រានោះ អម្ពដ្ឋមាណព ស្ងៀមស្ងប់សំឡេង ដើរចូលទៅរកវិហារ ដែល​មានទ្វារបិទ មិនរលះរលាំង ចូលដល់ទៅរបៀងហើយ ក្អក​គ្រហែម គោះសន្ទះទ្វារ។ ព្រះមានព្រះភាគ ក៏បើកទ្វារ​ឲ្យ។​ អម្ពដ្ឋមាណព ក៏ចូលទៅ។ ចំណែក​ខាងពួកមាណព ចូលទៅដល់ហើយ បានពោល​ពាក្យ​សំណេះសំណាល នឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួរសំណេះ​សំណាល និងពាក្យគួររលឹកហើយ ទើបអង្គុយ​ក្នុងទីសមគួរ។

[១៤៥] ឯអម្ពដ្ឋមាណព សូម្បីកំពុងដើរ ក៏ហ៊ាន​ចរចានូវពាក្យដែលគួររលឹកណា​មួយ ជាមួយព្រះមានព្រះភាគ ដែលទ្រង់​កំពុង​គង់ សូម្បីខ្លួនឈរ ​ក៏ហ៊ាន​ចរចា​នូវ​ពាក្យ​ដែល​គួររលឹកណា​មួយ ជាមួយព្រះមានព្រះភាគ ដែលទ្រង់​កំពុង​គង់។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះ ទៅនឹង​អម្ពដ្ឋមាណពថា ម្នាល​អម្ពដ្ឋ អ្នកធ្លាប់​តែ​ចរចាជាមួយនឹងពួកព្រាហ្មណ៍ចាស់ៗ មានអាយុច្រើន ជាអាចារ្យតូចអាចារ្យធំ (របស់​អ្នក) ដូចអ្នកកំពុងដើរ កំពុងឈរ ហើយចរចានូវពាក្យ ដែលគួររលឹកណា​មួយ ជាមួយ​នឹង​តថាគត ដែល​កំពុងអង្គុយយ៉ាងហ្នឹងឬ។ អម្ពដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ហេតុនេះមិនមែនដូច្នោះទេ បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា ព្រាហ្មណ៍កំពុងដើរ គួរនិយាយជាមួយនឹង​ព្រាហ្មណ៍​កំពុងដើរ បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍កំពុងឈរ គួរនិយាយជាមួយនឹង​ព្រាហ្មណ៍​កំពុងឈរ បពិត្រ​ព្រះគោតម​ដ៏​ចំរើន ព្រាហ្មណ៍កំពុងអង្គុយ គួរនិយាយជាមួយនឹង​ព្រាហ្មណ៍​កំពុងអង្គុយ បពិត្រ​ព្រះគោតម​ដ៏ចំរើន ព្រាហ្មណ៍កំពុងដេក គួរនិយាយជាមួយនឹង​ព្រាហ្មណ៍​កំពុងដេក​ដូចគ្នា បពិត្រព្រះគោតមដ៏ចំរើន តែការ​និយាយចរចារបស់ខ្ញុំ ជាមួយព្រះគោតមដ៏​ចំរើន ដូចគ្នានឹងការនិយាយចរចារបស់ខ្ញុំជាមួយនឹង​ពួកសមណៈត្រងោល ដែលជាគោត្រ​ត្រកូល​គហបតិ ជាកណ្ហគោត្រ កើតអំពីព្រះបាទរបស់មហាព្រហ្មដូច្នោះដែរ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ ចំណែកអ្នកមានសេចក្តីត្រូវការហើយ ទើបបាន​មកក្នុងទីនេះ បើអ្នកទាំងឡាយមក ដើម្បីប្រយោជន៍ណា គួរធ្វើទុកក្នុងចិត្ត​នូវប្រយោជន៍​នោះឯងឲ្យសម្រេចទៅចុះ តែអម្ពដ្ឋមាណព ជាអ្នកមិនធ្លាប់​បានសិក្សាទេ ប្រកាន់ថា ខ្លួនធ្លាប់បានសិក្សាមកហើយ ការប្រកាន់ដូច្នោះម្តេចបាន ព្រោះអ្នក​មិនបាន​សិក្សាក្នុងត្រកូលនៃអាចារ្យដទៃសោះ។ លំដាប់នោះ អម្ពដ្ឋមាណព កាលត្រូវ​ព្រះមានព្រះភាគ ត្រាស់​ដោយវាទៈថា ខ្លួនមិនបានសិក្សា (ដូច្នោះ)ហើយ ក៏ខឹង អាក់អន់​ចិត្ត កាលនឹងពោលទ្រគោះទៅរក​ព្រះមានបុណ្យ កាលនឹងពោល​សង្កត់​ព្រះមានបុណ្យ កាល​នឹងពោលផ្ទញ់ព្រះមានបុណ្យ ក៏គិតថា ព្រះសមណគោតមដ៏​ចំរើន មុខជានឹងធ្វើ​អញ​​ឲ្យអាក្រក់ ហើយបានពោលពាក្យនេះនឹងព្រះមានព្រះភាគថា នែព្រះ​គោតមដ៏ចំរើន ជាតិសក្យៈកាចណាស់ នែព្រះគោតមដ៏ចំរើន ជាតិសក្យៈអាក្រក់ណាស់ នែព្រះគោតម​ដ៏​ចំរើន ជាតិសក្យៈមានចិត្តស្រាលណាស់ នែព្រះគោតមដ៏ចំរើន ជាតិសក្យៈជាពូជគហបតិ មានសំដីច្រើនណាស់ ជាពូជគហបតិ ឥតធ្វើ​សក្ការៈពួក​ព្រាហ្មណ៍ ឥតធ្វើសេចក្តី​គោរព​ពួក​ព្រាហ្មណ៍ ឥតរាប់អានពួកព្រាហ្មណ៍ ឥតបូជា​ពួកព្រាហ្មណ៍ ឥតកោតក្រែង​ពួក​ព្រាហ្មណ៍ឡើយ នែព្រះគោតមដ៏ចំរើន ត្រង់ដែល​ពួកសក្យៈ​នេះ ជាពូជគហបតិ ពួកគហបតិ ឥតធ្វើ​សក្ការៈពួក​ព្រាហ្មណ៍ ឥតធ្វើសេចក្តីគោរព​ពួក​ព្រាហ្មណ៍ ឥតរាប់អានពួក​ព្រាហ្មណ៍ ឥតបូជា​ពួកព្រាហ្មណ៍ ឥតកោតក្រែង​ពួក​ព្រាហ្មណ៍ នេះឯងជាអំពើ​មិនត្រូវទំនងទេ នេះឯងជាអំពើ​មិនសមគួរទេ។ អម្ពដ្ឋ​មាណព បាននិយាយ​បន្តុះបង្អាប់ពួកសក្យៈ ថាជាពូជគហបតិ នេះជាពាក្យដំបូង ដោយប្រការ​ដូច្នេះ។

[១៤៦] ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលអម្ពដ្ឋ ចុះពួកសក្យៈបានប្រទូស្តនឹង​អ្នក​ដូចម្តេច។ អម្ពដ្ឋមាណពឆ្លើយថា បពិត្រព្រះគោតមដ៏ចំរើន សម័យមួយ ខ្ញុំបានទៅកាន់​នគរកបិលព័ស្តុ ដោយកិច្ចនីមួយរបស់​បោក្ខរសាតិព្រាហ្មណ៍ ជាអាចារ្យ (របស់ខ្ញុំ) ហើយ​បានចូលទៅកាន់សណ្ឋាគារ គឺសាលាបង្រៀនចំណេះវិជ្ជា សម្រាប់គ្រងរាជសម្បត្តិ​របស់​ពួកសក្យៈ សម័យនោះឯង ពួកសក្យៈ និងពួកកុមារនៃសក្យៈជាច្រើន កំពុងអង្គុយ​លើ​អាសនៈដ៏ខ្ពស់ក្នុងសណ្ឋាគារ កំពុង​តែសើចលេង ប្រឡែងគ្នា ចាក់ក្រឡេកគ្នាទៅវិញ​ទៅមក ទំនងជាសើចចំអក​មករកខ្ញុំដោយពិត ឥតមានអ្នកណាមួយ​អញ្ជើញខ្ញុំ​ដោយ​អាសនៈសោះ នែព្រះគោតមដ៏ចំរើន ការនេះមិនទំនងទេ ការនេះមិនសមគួរទេ ត្រង់​ដែល​ពួកសក្យៈនេះ ជាពូជគហបតិ ពួកគហបតិ ឥតធ្វើសក្ការៈពួកព្រាហ្មណ៍ ឥតធ្វើ​សេចក្តី​គោរពពួកព្រាហ្មណ៍ ឥតរាប់អាន​ពួកព្រាហ្មណ៍ ឥតបូជាពួកព្រាហ្មណ៍ ឥត​កោត​ក្រែងពួកព្រាហ្មណ៍។ អម្ពដ្ឋមាណព បាននិយាយ​បន្តុះបង្អាប់​ពួកសក្យៈថា ជាពូជ​គហបតិ នេះជាពាក្យគំរប់ពីរ ដោយប្រការដូច្នេះ។

[១៤៧] ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ ប៉ុនអម្បាលសត្វបក្សីចៀបកប្បាស នៅ​ក្នុងសំបុករបស់ខ្លួន ក៏និយាយទៅតាមចំណង់បាន ម្នាលអម្ពដ្ឋ ឯនគរកបិលព័ស្តុនេះ ជា​របស់សក្យៈទាំងឡាយផងគេ ព្រោះហេតុនោះ អម្ពដ្ឋមិនគួរខឹងសំបារក្នុងការសើចតិចតួច​នេះទេ។ អម្ពដ្ឋមាណព ពោលពាក្យតបថា ព្រះគោតមដ៏ចំរើន វណ្ណៈ (ត្រកូល) ទាំងឡាយ ៤នេះ គឺខត្តិយៈ១ ព្រាហ្មណ៍១ វេស្យៈ១ សុទ្ធៈ១ បពិត្រព្រះគោតមដ៏ចំរើន តាម​ពិត បណ្តាវណ្ណៈទាំងឡាយ៤នេះ វណ្ណៈទាំង៣ គឺខត្តិយៈ១ វេស្យៈ១ សុទ្ទៈ១ ត្រូវ​តែ​បំរើ​ ប្រតិបត្តិពួកព្រាហ្មណ៍ នែព្រះគោតមដ៏ចំរើន ការនេះមិនទំនងទេ ការនេះមិនសមគួរ​ទេ ត្រង់ដែល​សក្យៈទាំងឡាយនេះ ជាពូជ​គហបតិ ពួកគហបតិឥតធ្វើសក្ការៈពួក​ព្រាហ្មណ៍ ឥតធ្វើសេចក្តី​គោរពពួកព្រាហ្មណ៍ ឥតរាប់អានពួកព្រាហ្មណ៍ ឥតបូជា​ពួកព្រាហ្មណ៍ ឥតកោតក្រែងពួកព្រាហ្មណ៍។ អម្ពដ្ឋមាណព បាននិយាយ​បន្តុះបង្អាប់​ពួក​សក្យៈ ថាជាពូជ​គហបតិ នេះជាពាក្យគំរប់៣ ដោយប្រការដូច្នេះ។

[១៤៨] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់មានសេចក្តីត្រិះរិះដូច្នេះថា អម្ពដ្ឋមាណពនេះខ្លាំងណាស់តើ ហ៊ានញាំញីពួកសក្យៈដោយវាទៈថា ជាពូជគហបតិ បើ​ដូច្នោះ ត្រូវតថាគត​សួររក​គោត្រមើល។ ទើប​ព្រះមានព្រះភាគ ត្រាស់ពាក្យនេះ នឹង​អម្ពដ្ឋ​មាណព​ថា ម្នាលអម្ពដ្ឋ អ្នកជាគោត្រអ្វី។ អម្ពដ្ឋមាណពឆ្លើយតបថា នែព្រះគោតមដ៏ចំរើន ខ្ញុំជាកណ្ហាយនគោត្រ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ អ្នកកាលបើនឹក​ទៅ​រក​នាម និងគោត្ររបស់មាតាបិតា អំពីបុរាណ (នឹងដឹងថា) មានព្រះអង្គម្ចាស់ ជាពួក​សក្យៈ ឯខ្លួន​អ្នក ជាកូននៃទាសីរបស់ពួកសក្យៈ (នោះ) ម្នាលអម្ពដ្ឋ ពួកសក្យៈ​តែង​អាង​ព្រះរាជាទ្រង់ព្រះនាម ឧក្កាកៈ ថាជាបុព្វបុរស។

[១៤៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ ក្នុងកាលពីដើម មានព្រះរាជា​ ទ្រង់ព្រះនាម ឧក្កាកៈ មានព្រះមហេសីជាទីស្រឡាញ់ ជាទីពេញព្រះហឫទ័យ ទ្រង់​មាន​បំណងនឹងបង្វែររាជសម្បត្តិ ឲ្យរាជបុត្ររបស់​ព្រះមហេសីនោះ ហើយក៏បង្វេះពួកព្រះ​រាជ​កុមារជាច្បង (៤ព្រះអង្គ) គឺព្រះរាជកុមារនាម ឧក្កាមុខ១ ករកណ្ឌុ១ ហត្ថិនិកៈ១ សិនិបុរៈ​១ ឲ្យចេញអំពីដែន។ ព្រះរាជបុត្រទាំងនោះ លុះព្រះបិតាបង្វេះចេញអំពីដែនហើយ ក៏​នាំ​គ្នាទៅអាស្រ័យនៅក្នុងដងព្រៃឈ្មោះមហាសាក ទៀបឆ្នេរស្រះបោក្ខរណី ជិតខាងហិមវន្ត​ប្រទេស។ ព្រះរាជបុត្រទាំងនោះ បានសម្រេចការរួមនៅ​ជាមួយ​នឹងពួក​ព្រះភគិនី​របស់​ខ្លួន ព្រោះការខ្លាចក្រែងក្លាយខូចជាតិ។ ម្នាលអម្ពដ្ឋ គ្រានោះ ព្រះបាទឧក្កាករាជ បាន​ត្រាស់​​ហៅ​ពួកអាមាត្យ ដែលជារាជបរិវារមកថា ម្នាលអ្នកទាំងឡាយដ៏ចំរើន ឥឡូវនេះ កុមារ​ទាំងឡាយទៅនៅក្នុងទីណា។ ពួករាជអាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព មាន​ដង​ព្រៃឈ្មោះមហាសាក នៅទៀបឆ្នេរនៃស្រះបោក្ខរណី ជិតខាង​ហិមវន្តប្រទេស ឥឡូវ​នេះ ពួកព្រះរាជកុមារ ទៅនៅក្នុងដងព្រៃនោះ ព្រះរាជកុមារទាំងនោះ សម្រេចការ​នៅ​រួម​ជាមួយនឹងពួកភគិនីរបស់ខ្លួន ដោយការខ្លាចក្រែងក្លាយខូចជាតិ។ ម្នាលអម្ពដ្ឋ គ្រានោះ ព្រះបាទឧក្កាករាជ ក៏បន្លឺនូវព្រះឧទានវាចាថា អើហ្ន៎ កុមារទាំងឡាយ ពេញជាអង់​អាច អើហ្ន៎ កុមារទាំងឡាយពេញជាមោះមុតមែន។ ម្នាលអម្ពដ្ឋ ចាប់ដើម​អំពីកាលនោះមក ពួក​សក្យវង្សក៏កើតប្រាកដឡើង។ ព្រះបាទឧក្កាករាជនោះហើយ ជាបុព្វបុរសរបស់ពួក​សក្យៈ។ ម្នាលអម្ពដ្ឋ ព្រះបាទឧក្កាករាជ មានទាសីម្នាក់ឈ្មោះនាងទិសា នាងនោះ​បាន​បង្កើតកូនប្រុសម្នាក់ឈ្មោះកណ្ហៈ។ លុះកណ្ហកុមារប្រសូតមក ក៏ស្រែកយំថា ម៉ែ​ចូរ​លាង​ខ្ញុំ ម៉ែ ចូរផ្ងូតទឹកខ្ញុំ ម៉ែ ចូរនាំខ្ញុំ​អំពីទីស្មោកគ្រោកនេះចេញ ខ្លួនខ្ញុំមុខជានឹងមានប្រយោជន៍​ដល់​ម៉ែ។ ម្នាលអម្ពដ្ឋ ក្នុងកាលឥឡូវនេះ មនុស្សទាំងឡាយស្គាល់ពួកបិសាចថា ជាបិសាច យ៉ាងណា ម្នាលអម្ពដ្ឋ ក្នុងសម័យនោះឯង មនុស្សទាំងឡាយ ក៏ស្គាល់នូវពួកបិសាច​ថា ដូចជា​កណ្ហកុមារ យ៉ាងនោះដែរ។ មនុស្សទំាងនោះ នាំគ្នាពោលពាក្យយ៉ាងនេះថា កុមារ​នេះកើតមកហើយ ស្រែកយំថា កុមារខ្មៅកើតហើយ បិសាចកើតហើយ។ ម្នាលអម្ពដ្ឋ ចាប់​ដើមពីកាលនោះមក មានពួកជន​ជាកណ្ហាយនគោត្រ ក៏កើតប្រាកដឡើង។ កណ្ហកុមារនោះឯងហើយ ជាបុព្វបុរសរបស់ពួកកណ្ហាយនគោត្រ។ ម្នាលអម្ពដ្ឋ កាល​បើអ្នក​នឹកទៅរក​នាម និងគោត្រ ជារបស់មាតាបិតាអំពីដើម (នឹងដឹងថា) មាន​ព្រះអង្គ​ម្ចាស់ជាពួកសក្យៈ ឯខ្លួន​អ្នកជាកូននៃទាសី របស់ពួកសក្យៈ (នោះ) ដោយប្រការដូច្នេះ​ឯង។

[១៥០] កាលដែលព្រះមានព្រះភាគ ទ្រង់មានពុទ្ធតម្រាស់​យ៉ាងនេះហើយ ពួក​មាណព​ទាំងនោះ ក៏ពោលពាក្យនេះ នឹងព្រះមានព្រះភាគថា ព្រះគោតមដ៏ចំរើន កុំ​ញាំញី​ខ្លាំងពេក នូវអម្ពដ្ឋមាណព ដោយពាក្យថាកូនទាសី បពិត្រព្រះគោតមដ៏ចំរើន អម្ពដ្ឋមាណព ជាអ្នកមានកំណើតល្អផង អម្ពដ្ឋមាណព ជាកូននៃអ្នកមានត្រកូល​ផង អម្ពដ្ឋមាណព ជាអ្នកចេះដឹងច្រើនផង អម្ពដ្ឋមាណព ជាអ្នកមានវាចាពីរោះផង អម្ពដ្ឋមាណព ជាបណ្ឌិតផង អម្ពដ្ឋមាណព ជាអ្នកសមនឹង​ប្រឹក្សាឆ្លើយឆ្លងគ្នា ក្នុង​ពាក្យ​នោះ ជាមួយនឹង​ព្រះគោតមដ៏ចំរើនផង។ គ្រានោះ ព្រះមានព្រះភាគ បានត្រាស់​ពាក្យនេះ នឹងពួកមាណពទាំងនោះថា ប្រសិនបើអ្នកទាំងឡាយ ជាមាណព មានសេចក្តី​ត្រិះរិះយ៉ាងនេះថា អម្ពដ្ឋមាណព មានកំណើតមិនល្អផង អម្ពដ្ឋមាណព មិនមែន​ជាកូន​នៃ​អ្នកមានត្រកូល​ផង អម្ពដ្ឋមាណព ចេះដឹងតិចផង អម្ពដ្ឋមាណព មានវាចាមិន​ពីរោះ​ផង អម្ពដ្ឋមាណព ជាមនុស្សឥតបញ្ញាផង អម្ពដ្ឋមាណព មិនសមនឹង​ប្រឹក្សាឆ្លើយឆ្លងគ្នា ក្នុង​ពាក្យ​នោះ ជាមួយនឹង​ព្រះគោតមបានផង ដូច្នេះ ចូរឲ្យអម្ពដ្ឋមាណពឈប់ចុះ ចូរអ្នក​ទាំងឡាយ ប្រឹក្សាក្នុងពាក្យនោះជាមួយនឹងតថាគតវិញ តែបើអ្នកទាំងឡាយជាមាណព មានសេចក្តីត្រិះរិះយ៉ាងនេះថា អម្ពដ្ឋមាណព មានកំណើតល្អផង អម្ពដ្ឋមាណព ជាកូន​នៃអ្នកមានត្រកូល​ផង អម្ពដ្ឋមាណព ជាអ្នកចេះដឹងច្រើនផង អម្ពដ្ឋមាណព មាន​វាចា​ពីរោះ​ផង អម្ពដ្ឋមាណព ជាបណ្ឌិតផង អម្ពដ្ឋមាណព សមនឹង​ប្រឹក្សាឆ្លើយឆ្លងគ្នា ក្នុង​ពាក្យ​នោះ ជាមួយនឹង​ព្រះគោតមបានផង ដូច្នេះ ចូរអ្នកទាំងឡាយឈប់ចុះ ចូរ​ឲ្យ​​អម្ពដ្ឋមាណពប្រឹក្សាឆ្លើយឆ្លងគ្នា ក្នុងពាក្យនោះជាមួយនឹងតថាគត។ ពួកមាណព​ក៏ពោល​ថា បពិត្រព្រះគោតមដ៏ចំរើន អម្ពដ្ឋមាណព ជាអ្នកមានកំណើតល្អផង អម្ពដ្ឋមាណព ជាកូន​នៃអ្នកមានត្រកូល​ផង អម្ពដ្ឋមាណព ជាអ្នកចេះដឹងច្រើនផង អម្ពដ្ឋមាណព ជាអ្នកមាន​វាចា​ពីរោះ​ផង អម្ពដ្ឋមាណព ជាបណ្ឌិតផង អម្ពដ្ឋមាណព សមនឹង​ប្រឹក្សាឆ្លើយឆ្លងគ្នា ក្នុង​ពាក្យ​នោះ ជាមួយនឹង​ព្រះគោតមដ៏ចំរើនបានផង យើងទាំងឡាយ នឹងស្ងៀម ឲ្យតែ​​អម្ពដ្ឋមាណពប្រឹក្សាឆ្លើយឆ្លងគ្នា ក្នុងពាក្យនោះ ជាមួយនឹង​ព្រះគោតមដ៏ចំរើនចុះ។

[១៥១] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះ នឹងអម្ពដ្ឋមាណព​ថា ម្នាលអម្ពដ្ឋ ប្រស្នាប្រកបដោយហេតុនេះឯង មកដល់អ្នកហើយ ទោះបីអ្នកមិនប្រាថ្នា​នឹង​ឆ្លើយ ក៏ត្រូវតែឆ្លើយ បើអ្នកនឹងមិនឆ្លើយក្តី នឹងនិយាយ​វាសវាងទៅរកហេតុដទៃ ដោយ​រឿង​ដទៃក្តី អ្នកនឹងនៅស្ងៀមក្តី នឹងដើរចេញទៅក្តី ក្បាលអ្នកនឹងបែកជា៧ភាគ ក្នុងទីនេះ​មិនខាន ម្នាលអម្ពដ្ឋ អ្នកសំគាល់​ហេតុនោះដូចម្តេច អ្នកធ្លាប់បានឮឬទេ ពាក្យរបស់ពួក​ព្រាហ្មណ៍ចាស់ៗ មានអាយុច្រើន ជាអាចារ្យតូច និងអាចារ្យធំ និយាយថា ពួកកណ្ហាយន​គោត្រ កើតអំពីណា អ្នកណា ជាបុព្វបុរសរបស់ពួកកណ្ហាយនគោត្រ។ កាលបើព្រះ​សាស្តា​ ទ្រង់ត្រាស់សួរយ៉ាងនេះហើយ អម្ពដ្ឋមាណពក៏នៅស្ងៀម។ ព្រះមានព្រះភាគ បាន​ត្រាស់ពាក្យនេះ នឹងអម្ពដ្ឋមាណព អស់វារៈពីរដងទៀតថា ម្នាលអម្ពដ្ឋ អ្នកសំគាល់​ហេតុនោះដូចម្តេច អ្នកធ្លាប់បានឮឬទេ ពាក្យរបស់ពួក​ព្រាហ្មណ៍ចាស់ៗ មានអាយុច្រើន ជាអាចារ្យតូច និងអាចារ្យធំ និយាយថា ពួកកណ្ហាយន​គោត្រ កើតមកពីណា អ្នកណា ជាបុព្វបុរសរបស់ពួកកណ្ហាយនគោត្រ។ អម្ពដ្ឋមាណពក៏នៅស្ងៀម អស់វារៈ​ពីរដង។ គ្រានោះ ព្រះមានព្រះភាគ បាន​ត្រាស់ពាក្យនេះ នឹងអម្ពដ្ឋមាណពថា ម្នាលអម្ពដ្ឋ អ្នកចូរ​ឆ្លើយឥឡូវនេះមក ឥឡូវនេះ មិនមែនជាកាលត្រូវអ្នកនៅស្ងៀមទេ ម្នាលអម្ពដ្ឋ បុគ្គល​ណា ដែលតថាគតសួរប្រស្នា ប្រកបដោយហេតុ អស់វារៈ៣ដងហើយ មិនឆ្លើយ ក្បាល​របស់បុគ្គល​នោះ នឹងបែក​ជា៧ភាគ ក្នុងទីនេះមិនខាន។

[១៥២] សម័យនោះឯង មានយក្ស6) ឈ្មោះវជិរបាណិ (យក្សមានកែវ​វជិរក្នុងដៃ) កាន់ដំបងដែកយ៉ាងធំ ដែលភ្លើង​កំពុង​ឆេះច្រាលរន្ទាល សន្ធោសន្ធៅ មកឈរឯអាកាស ពីខាងលើអម្ពដ្ឋមាណព ដោយគិតថា បើ​អម្ពដ្ឋមាណពនេះ ព្រះមានព្រះភាគសួរប្រស្នាប្រកបដោយហេតុ អស់វារៈ​បីដង​ហើយ នឹងមិនឆ្លើយទេ អញនឹងសំពងក្បាលមាណពនេះឲ្យបែកជា៧ភាគ ក្នុងទីនេះឯង។ ព្រះមានព្រះភាគ និងអម្ពដ្ឋមាណព ក៏ឃើញនូវយក្សឈ្មោះវជិរបាណិនោះដែរ។ គ្រានោះ អម្ពដ្ឋមាណពភ័យ តក់ស្លុត ព្រឺរោមខ្ញាកឡើង ក៏ស្ទុះទៅរក​ព្រះមានព្រះភាគ យក​ជាទីពឹងពំនាក់ ស្ទុះទៅរក​ព្រះមានព្រះភាគ យក​ជាទីជ្រកកោន ស្ទុះទៅរក​ព្រះមានព្រះភាគ យក​ជាសរណៈ ហើយចូលទៅអង្គុយជិត ទើបក្រាបបង្គំទូលពាក្យនេះ នឹង​ព្រះមានព្រះភាគថា ព្រះគោតមដ៏ចំរើន ត្រាស់ហើយនូវពាក្យនុ៎ះដូចម្តេច សូមព្រះ​គោតមដ៏ចំរើន ត្រាស់ម្តងទៀត។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលអម្ពដ្ឋ អ្នក​សំគាល់​​ហេតុនោះដូចម្តេច អ្នកធ្លាប់បានឮឬទេ ពាក្យរបស់ពួក​ព្រាហ្មណ៍ចាស់ៗ មាន​អាយុ​ច្រើន ជាអាចារ្យតូច និងអាចារ្យធំ និយាយថា ពួកកណ្ហាយន​គោត្រ កើតមកពីណា អ្នកណា ជាបុព្វបុរសរបស់ពួកកណ្ហាយនគោត្រ។ អម្ពដ្ឋមាណព ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះគោតមដ៏ចំរើន ពាក្យដែលខ្ញុំធ្លាប់បានឮមក ដូចព្រះគោតមដ៏ចំរើន បានត្រាស់ហើយ​ថា កណ្ហាយនគោត្រទាំងឡាយ កើតមកអំពីត្រកូលនោះ កណ្ហកុមារនោះហើយ ដែល​ជាបុព្វបុរសរបស់ពួកកណ្ហាយនគោត្រ ដូច្នោះដែរ។

[១៥៣] កាលបើអម្ពដ្ឋមាណព ពោលយ៉ាងនេះហើយ មាណពទាំងនោះ ក៏បន្លឺ​សំឡេងគឹកកងរំពងថា ម្នាលគ្នាយើង អម្ពដ្ឋមាណព ជាមនុស្សមានជាតិទន់ទាបទេតើ ម្នាលគ្នាយើង អម្ពដ្ឋមាណព មិនមែនជាកូននៃអ្នកមានត្រកូលទេតើ ម្នាលគ្នាយើង អម្ពដ្ឋមាណព ជាកូននៃទាសីរបស់ពួកសក្យៈទេតើ ម្នាលគ្នាយើង ពួកសក្យៈ ជាម្ចាស់​នៃ​អម្ពដ្ឋមាណពទេតើ ព្រះសមណគោតម ជាអ្នកពោលត្រឹមត្រូវពិត យើងទាំងឡាយ បែរ​ជាស្មានថា ព្រះសមណគោតម ជាបុគ្គលដែលយើងគប្បីរុករានទៅវិញ។ គ្រានោះ ​ព្រះមានព្រះភាគ ទ្រង់ត្រិះរិះដូច្នេះថា មាណពទាំងនេះមើលងាយខ្លាំងណាស់ នូវ​អម្ពដ្ឋមាណព ដោយពាក្យពោលថា ជាកូននៃទាសី បើដូច្នោះ គួរតែតថាគត ជួយ​ដោះស្រាយចេញ។ លំដាប់នោះ ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះ នឹងពួក​មាណព​ទាំងនោះថា ម្នាលមាណពទាំងឡាយ អ្នកទាំងឡាយកុំមើលងាយខ្លាំងពេក នូវ​អម្ពដ្ឋមាណព ដោយពាក្យពោថា ជាកូននៃទាសីឡើយ (កាលពីដើម) គាត់ជាកណ្ហឥសី ជាអ្នកថ្កើងថ្កាន គាត់ទៅកាន់ទក្ខិណជនបទ (នៅជាខាងស្តាំនៃទន្លេគង្គា) បានរៀន​នូវ​ព្រហ្មមន្តទាំងឡាយ ហើយចូលទៅគាល់ព្រះបាទឧក្កាករាជ ហើយទូលសូ​មព្រះរាជ​ធីតាទ្រង់ ព្រះនាម​មទ្ទរូបី។ ព្រះបាទឧក្កាករាជ ក៏ទ្រង់ក្រោធ ពិរោធ អាក់អន់ព្រះហឫទ័យ​នឹងឥសីនោះថា មនុស្សចង្រៃ ជាកូននៃទាសី មិនគួរនឹងហ៊ាន​មកសូមនាង​មទ្ទរូបី ជាធីតា​របស់​អញសោះ ទើបទ្រង់​ផ្គងសរឡើង។ ព្រះបាទឧក្កាករាជនោះ មិនអាចនឹងថ្លែង មិន​អាច​នឹង​ដាក់ចុះ នូវសរនោះចេញបាន (ដោយអានុភាពនៃ​មន្តរបស់ឥសីនោះ)។

[១៥៤] គ្រានោះ ពួកមាណពជាអាមាត្យ រាជបរិស័ទ ចូលទៅរកកណ្ហឥសី ហើយ​បានពោលពាក្យនេះថា បពិត្រលោកដ៏ចំរើន សូមសួស្តីមានដល់ព្រះរាជា បពិត្រ​លោក​ដ៏​ចំរើន សូមសួស្តីមានដល់ព្រះរាជា។ កណ្ហឥសីតបថា សួស្តីគង់នឹងមានដល់ព្រះរាជា ប៉ុន្តែបើព្រះរាជានឹងថ្លែងសរទៅខាងក្រោម ផែនដីក៏នឹងស្រុតរហូតទាំងព្រះរាជាណា​ខេត្ត។ ពួករាជអាមាត្យពោលថា បពិត្រលោកដ៏ចំរើន សូមសួស្តីមានដល់ព្រះរាជា សូម​សួស្តី​មានដល់ជនបទ។ កណ្ហឥសីតបវិញថា សួស្តីគង់នឹងមានដល់ព្រះរាជា សួស្តីគង់នឹង​មាន​ដល់ជនបទ ប៉ុន្តែបើព្រះរាជានឹងថ្លែងសរទៅខាងលើ ភ្លៀងនឹង​មិនធ្លាក់​អស់៧ឆ្នាំ ពេញ​ទាំងព្រះរាជាណាខេត្ត។ ពួករាជអាមាត្យពោលអង្វរថា បពិត្រ​លោក​ដ៏​ចំរើន សូម​សួស្តី​មានដល់ព្រះរាជា សូម​សួស្តី​មានដល់ជនបទ សូមឲ្យភ្លៀងបង្អុរមក។ កណ្ហឥសី​តប​វិញ​ថា សួស្តីគង់នឹងមានដល់ព្រះរាជា សួស្តីគង់នឹងមានដល់ជនបទ ភ្លៀង​គង់នឹង​បង្អុរ​មក ប៉ុន្តែបើព្រះរាជាទ្រង់ប្រគល់សរទុកលើព្រះរាជកុមារច្បង ព្រះរាជកុមារ នឹងជាអ្នក​មាន​សួស្តី នឹងមានរោមសម្លបចុះ គឺមិនភិតភ័យ។ លំដាប់នោះ ពួកមាណព និង​ព្រះបាទ​ឧក្កាករាជ ទ្រង់ប្រគល់សរទៅលើព្រះរាជបុត្រច្បង។ ព្រះរាជកុមារ ដែល​មាន​សួស្តី ក៏មាន​រោម​សម្លបចុះ។ ព្រះបាទឧក្កាករាជ ត្រូវព្រហ្មទណ្ឌគម្រាម ក៏ខ្លបខ្លាច ទើប​ទ្រង់ព្រះរាជ​ទាន​​ព្រះរាជធីតាទ្រង់ ព្រះនាមមទ្ទរូបី ដល់កណ្ហឥសីនោះ។ ម្នាលពួក​មាណព អ្នក​ទាំង​ឡាយ កុំមើលងាយ​អម្ពដ្ឋមាណព ដោយវាទៈថា ជាកូននៃទាសី​ខ្លាំង​ពេកឡើយ កណ្ហឥសី​នោះ ជាមនុស្សថ្កើងថ្កានដែរ។

[១៥៥] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងអម្ពដ្ឋមាណពថា ម្នាលអម្ពដ្ឋ អ្នកសំគាល់សេចក្តីនោះដូចម្តេច ខត្តិយកុមារក្នុងលោកនេះ នៅរួមសំវាស ជាមួយនឹង​ព្រាហ្មណកញ្ញា ក៏កើតបុត្រឡើង ព្រោះអាស្រ័យការនៅរួម នៃជនទាំងពីរនោះ កូនណា​ដែល​កើតអំពីខត្តិយកុមារ និងព្រាហ្មណកញ្ញា កូននោះគួរបានអាសនៈ ឬទឹក ក្នុងពួក​ព្រាហ្មណ៍ដែរឬទេ។ អម្ពដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន កូន​នោះគួរ​បាន។ ចុះពួកព្រាហ្មណ៍ គួរអញ្ជើញកូននោះឲ្យបរិភោគ ក្នុងកាលដែលធ្វើភត្ត ឧទ្ទិសឲ្យមនុស្សស្លាប់ក្តី ក្នុងការជាមង្គលក្តី ក្នុងពិធីបូជាក្តី ក្នុងការទទួលភ្ញៀវក្តី បាន​ដែរ​ឬ។ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ គួរអញ្ជើញកូននោះឲ្យបរិភោគបាន។ ចុះ​ពួកព្រាហ្មណ៍ គួរបង្រៀនមន្តកូននោះបាន ឬមិនបានទេ។ បពិត្រព្រះគោតមដ៏ចំរើន គួរ​បង្រៀនមន្តកូននោះបាន។ ចុះគួរហាម​ មិនឲ្យខត្តិយកុមារនោះ បានពួកស្ត្រី (ដែលជា​ព្រាហ្មណកញ្ញា) ឬមិនគួរហាមទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនគួរហាមទេ។ ចុះជន​ទាំង​ឡាយ គួរអភិសេកកូននោះ ឲ្យជាក្សត្រិយ៍បានដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនោះ មិនគួរទេ។ ពាក្យដែលខ្ញុំពោលនោះ ព្រោះហេតុអ្វី។ បពិត្រព្រះគោតមដ៏ចំរើន ព្រោះហេតុថា កូននោះ មិនបានកើតមកអំពីមាតា (ជាខត្តិយកញ្ញា)។

[១៥៦] ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច ព្រាហ្មណកុមារក្នុងលោកនេះ នៅរួមសំវាស ជាមួយនឹងខត្តិយកញ្ញា ក៏កើតបុត្រឡើង ព្រោះអាស្រ័យការនៅរួម នៃជនទាំងពីរនាក់នោះ កូនណា​ដែល​កើតអំពីព្រាហ្មណកុមារ និងខត្តិយកញ្ញា កូននោះ គួរបានអាសនៈ ឬទឹក ក្នុងពួក​ព្រាហ្មណ៍ដែរឬទេ។ អម្ពដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន កូន​នោះគួរ​បាន។ ចុះពួក​ព្រាហ្មណ៍ គួរអញ្ជើញកូននោះឲ្យបរិភោគ ក្នុងកាលធ្វើភត្ត ឧទ្ទិសឲ្យមនុស្សស្លាប់ក្តី ក្នុងការជាមង្គលក្តី ក្នុងពិធីបូជាក្តី ក្នុងការទទួលភ្ញៀវក្តី បាន​ដែរ​ឬ។ បពិត្រ​ព្រះគោតម​ដ៏​ចំរើន ពួកព្រាហ្មណ៍ គួរអញ្ជើញកូននោះឲ្យបរិភោគបាន។ ចុះ​ពួកព្រាហ្មណ៍ គួរបង្រៀន​មន្ត​កូននោះបាន ឬមិនបានទេ។ បពិត្រព្រះគោតមដ៏ចំរើន គួរ​បង្រៀនមន្តកូននោះបាន។ ចុះគួរហាម​ មិនឲ្យព្រាហ្មណកុមារនោះ បានពួកស្ត្រី (ដែលជាខត្តិយកញ្ញា) ឬ​មិន​គួរ​ហាម​ទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនគួរហាមទេ។ ចុះជន​ទាំង​ឡាយ គួរអភិសេកកូននោះ ឲ្យជាក្សត្រិយ៍បានដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ មិនគួរទេ។ ពាក្យ​ដែល​ខ្ញុំ​ពោលនោះ ព្រោះហេតុអ្វី។ បពិត្រព្រះគោតមដ៏ចំរើន ព្រោះកូននោះ មិនបាន​កើត​មក​អំពី​បិតាជាក្សត្រិយ៍។

[១៥៧] ព្រះមានព្រះភាគត្រាស់សួរថា ម្នាលអម្ពដ្ឋ ប្រៀបផ្ទឹមស្រីនិងស្រីក្តី ប្រៀប​ផ្ទឹម​ប្រុសនិងប្រុសក្តី (ឃើញថា) ពួកក្សត្រិយ៍ ជាត្រកូលប្រសើរជាង ពួកព្រាហ្មណ៍​ជា​ត្រកូលទាបដូច្នេះឯង។ ម្នាលអម្ពដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច ពួកព្រាហ្មណ៍​ក្នុង​លោកនេះ កោរក្បាលព្រាហ្មណ៍ ព្រោះទោសណាមួយ ហើយរោយផេះមួយក្តាប់ ដាក់​(លើក្បាល) រួចបណ្តេញចេញ ចាកដែនក្តី ចាកនគរក្តី ក៏ព្រាហ្មណ៍នោះ គួរបាន​អាសនៈ ឬទឹក ក្នុងពួកព្រាហ្មណ៍ដែរឬ។ អម្ពដ្ឋមាណពក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏​ចំរើន នេះមិនគួរបានទេ។ ចុះពួកព្រាហ្មណ៍ គួរអញ្ជើញព្រាហ្មណ៍ ឲ្យបរិភោគ ក្នុងកាលធ្វើភត្ត ឧទ្ទិសដល់មនុស្សស្លាប់ក្តី ក្នុងការជាមង្គលក្តី ក្នុងពិធីបូជាក្តី ក្នុងការទទួលភ្ញៀវក្តី បាន​ដែរ​ឬ។ បពិត្រ​ព្រះគោតម​ដ៏​ចំរើន ពួកព្រាហ្មណ៍ នេះមិនគួរបានទេ។ ចុះ​ពួកព្រាហ្មណ៍ គួរ​បង្រៀន​​មន្តព្រាហ្មណ៍នោះបាន ឬមិនបានទេ។ បពិត្រព្រះគោតមដ៏ចំរើន នេះមិនគួរ​បង្រៀន​ទេ។ ចុះគេគួរហាម​ មិនឲ្យព្រាហ្មណ៍នោះ បានពួកស្ត្រី (ដែលជាព្រាហ្មណកញ្ញា) ឬ​មិន​គួរ​ហាម​ទេ។ បពិត្រព្រះគោតមដ៏ចំរើន គួរហាម។

[១៥៨] ព្រះមានព្រះភាគទ្រង់ត្រាស់សួរថា ម្នាលអម្ពដ្ឋ អ្នកសំគាល់​ហេតុនោះ​ដូច​ម្តេច ពួកក្សត្រិយ៍​ក្នុង​លោកនេះ កោរក្បាលក្សត្រិយ៍ ព្រោះទោសណាមួយ ហើយ​រោយ​ផេះ​មួយក្តាប់ ដាក់​(លើក្បាល) រួចបណ្តេញចេញ ចាកដែនក្តី ចាកនគរក្តី ចុះ​ក្សត្រិយ៍​នោះ គួរបាន​អាសនៈ ឬទឹក ក្នុងពួកព្រាហ្មណ៍ដែរឬទេ។ អម្ពដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រ​ព្រះគោតមដ៏​ចំរើន គួរបាន។ ចុះពួកព្រាហ្មណ៍ គួរអញ្ជើញក្សត្រិយ៍នោះ ឲ្យ​បរិភោគ ក្នុង​កាល​ធ្វើភត្ត ឧទ្ទិសឲ្យមនុស្សស្លាប់ក្តី ក្នុងការជាមង្គលក្តី ក្នុងពិធីបូជាក្តី ក្នុង​ការ​​ទទួល​ភ្ញៀវ​ក្តី បាន​ដែរ​ឬ។ បពិត្រ​ព្រះគោតម​ដ៏​ចំរើន គួរអញ្ជើញឲ្យបរិភោគបាន។ ចុះ​ពួក​ព្រាហ្មណ៍ គួរ​បង្រៀន​​មន្តក្សត្រិយ៍នោះបាន ឬមិនបានទេ។ បពិត្រព្រះគោតមដ៏ចំរើន គួរ​បង្រៀន​បាន។ ចុះគេគួរហាម​ មិនឲ្យក្សត្រិយ៍នោះ បានពួកស្ត្រី (ដែលជា​ព្រាហ្មណ​កញ្ញា) ឬ​មិន​គួរ​ហាម​ទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនគួរហាមទេ។ ម្នាលអម្ពដ្ឋ ក្សត្រិយ៍ ជាមនុស្ស​ថោកទាបយ៉ាងក្រៃលែង ព្រោះពួកក្សត្រិយ៍ផងគ្នា កោរក្បាល ហើយរោយ​ផេះ​មួយ​ក្តាប់ (លើក្បាល) រួចបណ្តេញចេញ ចាកដែនក្តី ចាកនគរក្តី ដោយហេតុ​មានប្រមាណ​ប៉ុណ្ណេះ​ឯង។ ម្នាលអម្ពដ្ឋ ក្នុងវេលាណាក្សត្រិយ៍ ទោះដល់​នូវភាវៈជាអ្នក​ថោកទាប​យ៉ាងក្រៃលែង​ ដូច្នេះ វេលានោះ ពួកក្សត្រិយ៍ គង់នៅប្រសើរជាង ឯពួក​ព្រាហ្មណ៍ ជាមនុស្សថោកទាប។ ម្នាលអម្ពដ្ឋ សមដូចជាព្រហ្មឈ្មោះសនង្កុមារ បានពោលគាថា ថា

[១៥៩] ក្សត្រិយ៍ ជាមនុស្សប្រសើរបំផុត ក្នុងប្រជុំជន ដែលពោល​អាងគោត្រ បុគ្គល​​ដែលបរិបូណ៌ដោយវិជ្ជា និងចរណៈ ជាមនុស្សប្រសើរ​បំផុត ក្នុងពួកទេវតា និង​មនុស្ស។

[១៦០] ម្នាលអម្ពដ្ឋ គាថានោះ ព្រហ្មឈ្មោះសនង្កុមារ បានច្រៀងត្រូវហើយ មិនមែន​ច្រៀង​ខុសទេ ជាសុភាសិត មិនមែនជាទុព្ភាសិតទេ ប្រកបដោយប្រយោជន៍ មិនមែន​មិនប្រកបដោយប្រយោជន៍ទេ តថាគត ក៏សំគាល់ឃើញតាម ម្នាលអម្ពដ្ឋ សូម្បី​តថាគត ក៏តែងពោលយ៉ាងនេះថា

[១៦១] ក្សត្រិយ៍ ជាមនុស្សប្រសើរបំផុត ក្នុងប្រជុំជនដែលពោលអាងគោត្រ បុគ្គល​ដែលបរិបូណ៌ដោយវិជ្ជា និងចរណៈ ជាមនុស្សប្រសើរបំផុត ក្នុងពួកទេវតា និងមនុស្ស។

ចប់ ភាណវារៈ ទី១។

[១៦២] អម្ពដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ចរណៈ​នោះ តើ​ដូចម្តេច វិជ្ជានោះ តើដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ ការពោល​ប្រកាន់ជាតិ​ក្តី ការពោល​ប្រកាន់​គោត្រក្តី ការពោលប្រកាន់មានះថា អ្នកគួរដល់យើង ឬមិនគួរ​ដល់​យើង​ដូច្នេះក្តី ព្រោះបរិបូណ៌ ដោយវិជ្ជា និងចរណៈ ដែល​មិនមានគុណជាតិដទៃ​ក្រៃ​លែងជាង តថាគតមិនបានពោលទេ ម្នាលអម្ពដ្ឋ លុះតែក្នុងទីណា ដែល​មានអាវាហៈ​ក្តី វិវាហៈក្តី អាវាហៈ និងវិវាហៈក្តី ទីនោះទើបតថាគតពោលអំពីការពោលប្រកាន់ជាតិដូច្នេះ​ខ្លះ ការពោល​ប្រកាន់គោត្រដូច្នេះខ្លះ ការពោលប្រកាន់មានះថា អ្នកគួរដល់យើង ឬ​មិនគួរ​ដល់យើងដូច្នេះខ្លះ ម្នាលអម្ពដ្ឋ បើពួកជនណាមួយ ដែលនៅជាប់ចំពាក់ ដោយ​ការ​ពោលប្រកាន់ជាតិក្តី ជាប់ចំពាក់ដោយការពោល​ប្រកាន់គោត្រក្តី ជាប់ចំពាក់ដោយ​ការពោល​​ប្រកាន់មានះក្តី ជាប់ចំពាក់ដោយអាវាហៈ វិវាហៈក្តី ពួក​ជន​នោះ ឈ្មោះថា ជា​អ្នកឆ្ងាយចាកគុណសម្បត្តិ គឺវិជ្ជា និងចរណៈ ដែលមិនមានគុណជាតិ​ដទៃក្រៃលែងជាង ម្នាលអម្ពដ្ឋ ការដែលធ្វើឲ្យជាក់ច្បាស់​នូវគុណសម្បត្តិ គឺវិជ្ជា និងចរណៈ ដែលមិនមាន​គុណជាតិ​ដទៃលើសលុបជាង រមែងមាន ព្រោះបាន​លះបង់​នូវ​ការជាប់ជំពាក់ ដោយ​ការ​ពោល​ប្រកាន់ជាតិផង លះបង់នូវ​ការជាប់ជំពាក់ ដោយ​ការ​ពោល​​ប្រកាន់គោត្រផង លះបង់នូវការ​ជាប់ចំពាក់ដោយការពោល​ប្រកាន់មានះផង លះបង់​នូវ​ការជាប់ចំពាក់​ដោយ​អាវាហវិវាហៈផង។

[១៦៣] អម្ពដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ចរណៈនោះ​ តើ​​ដូម្តេច វិជ្ជានោះ តើដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ ព្រះតថាគត អរហន្ត​សម្មាសម្ពុទ្ធ កើតឡើងក្នុងលោកនេះ។បេ។ (បណ្ឌិតគប្បីសំដែងឲ្យពិស្តារដូច​ក្នុងសាមញ្ញ​ផលសូត្រ)។បេ។ ម្នាលអម្ពដ្ឋ ភិក្ខុជាអ្នកបរិបូណ៌ដោយសីលយ៉ាងនេះ។បេ។ ចូលកាន់បឋមជ្ឈាន នេះជាចរណៈរបស់ភិក្ខុនោះ។បេ។ ព្រះការរម្ងាប់វិតក្កវិចារៈហើយ ក៏​ចូលកាន់ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន។ នេះជាចរណៈរបស់ភិក្ខុនោះ។ ម្នាល​អម្ពដ្ឋ នេះឯងហៅថា ចរណៈ។ ភិក្ខុរមែងទាញ នាំបង្អោនទៅដើម្បីញាណទស្សនៈ។បេ។ នេះជាវិជ្ជារបស់ភិក្ខុនោះ។បេ។ (ភិក្ខុ) ដឹងច្បាស់ថា កិច្ចដទៃក្រៅអំពីសោឡសកិច្ចនេះទៅ​ទៀត មិនមាន។ នេះជាវិជ្ជារបស់ភិក្ខុនោះ។ ម្នាលអម្ពដ្ឋ នេះឯងហៅថា វិជ្ជា។ ម្នាលអម្ពដ្ឋ ភិក្ខុនេះ តថាគតពោលថា ជាអ្នកបរិបូណ៌​ដោយវិជ្ជាខ្លះ បរិបូណ៌ដោយចរណៈខ្លះ បរិបូណ៌​ដោយវិជ្ជា និងចរណៈខ្លះ។ ម្នាលអម្ពដ្ឋ ការបរិបូណ៌ដោយវិជ្ជា ការបរិបូណ៌​ដោយ​ចរណៈដទៃ​ដ៏លើសលុប ឬថ្លៃថ្លាជាងគុណសម្បទា គឺវិជ្ជា ជាងគុណសម្បទា គឺចរណៈនេះ មិនមានឡើយ។ ម្នាលអម្ពដ្ឋ ប្រធាននៃសេចក្តីសាបសូន្យ នៃគុណសម្បទា គឺវិជ្ជា និងចរណៈ ដែលរកគុណជាតិដទៃលើសលុបជាងគ្មាន នេះមាន៤យ៉ាង។ ប្រធាន​នៃសេចក្តីសាបសូន្យ៤យ៉ាងនោះ តើអ្វីខ្លះ។ ម្នាលអម្ពដ្ឋ សមណៈក្តី ព្រាហ្មណ៍ក្តី ពួកខ្លះ ក្នុងលោកនេះ កាលដែលមិនបានសម្រេចនូវគុណសម្បទា គឺវិជ្ជា និងចរណៈ ដ៏ប្រសើរ​​នេះ​ឯង ហើយរែកនូវអម្រែកដ៏ពេញ ដោយបរិក្ខារទៅកាន់ព្រៃ ដោយគិតថា អាត្មាអញ នឹង​បរិភោគផ្លែឈើដែលជ្រុះឯង។ សមណៈ និងព្រាហ្មណ៍នោះ ឈ្មោះថា គ្រាន់តែ​ជា​អ្នកបំរើរបស់បុគ្គល​អ្នកបរិបូណ៌​ដោយវិជ្ជា និងចរណៈដោយពិត។ ម្នាលអម្ពដ្ឋ នេះជា​ប្រធាននៃសេចក្តី​សាបសូន្យទី១ នៃគុណសម្បទា គឺវិជ្ជា និងចរណៈ ដែល​មិនមានគុណ​ជាតិដទៃ លើសលុបជាងនេះឯង។

[១៦៤] ម្នាលអម្ពដ្ឋ ម្យ៉ាងទៀតថា សមណៈ ឬព្រាហ្មណ៍ពួកមួយក្នុងលោកនេះ មិន​បានសម្រេចនូវគុណសម្បទា គឺវិជ្ជា និងចរណៈ មិនមានគុណជាតិដទៃក្រៃលែង​ជាង​នេះឯង មិនសម្រេចនូវ​ការបរិភោគនូវ​ផ្លែឈើដែលជ្រុះឯង ហើយក៏កាន់នូវ​ចប និងល្អី ដើរ​ចូលទៅកាន់ព្រៃ ដោយគិតថា អាត្មាអញ នឹងយកមើមដំឡូង និងផ្លែឈើជាអាហារ។ សមណព្រាហ្មណ៍នោះ ឈ្មោះថា គ្រាន់តែជាអ្នកបំរើ របស់បុគ្គលអ្នកបរិបូណ៌ដោយ​វិជ្ជា និង​ចរណៈដោយពិត។ ម្នាលអម្ពដ្ឋ នេះជាប្រធាននៃសេចក្តីសាបសូន្យទី២ នៃគុណ​សម្បទា គឺវិជ្ជា និងចរណៈដ៏ប្រសើរនេះឯង។

[១៦៥] ម្នាលអម្ពដ្ឋ ម្យ៉ាងទៀត សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ មិន​សម្រេចនូវគុណសម្បទា គឺវិជ្ជា និងចរណៈដ៏ប្រសើរនេះឯងផង មិនសម្រេចនូវ​ការ​បរិភោគ​​ផ្លែឈើដែលជ្រុះឯងផង មិនសម្រេចនូវការបរិភោគមើមដំឡូង និង​ផ្លែឈើ​ផង តែធ្វើ​រោងភ្លើងទុកជិតស្រុក ឬជិតនិគម ហើយនៅបំរើភ្លើង។ សមណ​ព្រាហ្មណ៍​នោះ ឈ្មោះថា គ្រាន់តែជាអ្នកបំរើ របស់បុគ្គលអ្នកបរិបូណ៌ដោយ​វិជ្ជា និង​ចរណៈ​ដោយពិត។ ម្នាលអម្ពដ្ឋ នេះជាប្រធាននៃសេចក្តីសាបសូន្យទី៣ នៃគុណ​សម្បទា គឺវិជ្ជា និងចរណៈដ៏ប្រសើរនេះឯង។

[១៦៦] ម្នាលអម្ពដ្ឋ ម្យ៉ាងទៀត សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ មិន​សម្រេចនូវគុណសម្បទា គឺវិជ្ជា និងចរណៈដ៏ប្រសើរនេះឯងផង មិនសម្រេចនូវ​ការ​បរិភោគ​​ផ្លែឈើដែលជ្រុះឯងផង មិនសម្រេចនូវការបរិភោគមើមដំឡូង និង​ផ្លែឈើផង មិនសម្រេច​នូវការបំរើភ្លើងផង តែធ្វើរោងមានទ្វារ៤ នៅក្បែរផ្លូវធំ៤ ហើយគិតថា អ្នក​ណា​មកអំពីទិសទាំង៤នេះ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី អាត្មាអញ នឹងបូជានូវ​សមណ​ព្រាហ្មណ៍នោះ តាមអំណាច តាមកម្លាំង។ សមណ​ព្រាហ្មណ៍​នោះ ឈ្មោះថា គ្រាន់តែជា​អ្នក​បំរើ របស់បុគ្គលអ្នកបរិបូណ៌ដោយ​វិជ្ជា និង​ចរណៈ​ដោយពិត។ ម្នាលអម្ពដ្ឋ នេះជា​ប្រធាន​នៃសេចក្តីសាបសូន្យទី៤ នៃគុណ​សម្បទា គឺវិជ្ជា និងចរណៈដ៏ប្រសើរនេះឯង។ ម្នាលអម្ពដ្ឋ ប្រធាននៃសេចក្តីសាបសូន្យ នៃគុណសម្បទា គឺវិជ្ជា និងចរណៈ ដ៏ប្រសើរ​ មាន៤យ៉ាងនេះឯង។

[១៦៧] ម្នាលអម្ពដ្ឋ អ្នកសំគាល់សេចក្តីនោះដូចម្តេច ខ្លួនអ្នកព្រមទាំងអាចារ្យ យល់​ច្បាស់ក្នុងគុណសម្បទា គឺវិជ្ជា និងចរណៈដ៏ប្រសើរនេះខ្លះដែរឬ។ បពិត្រព្រះ​គោតម​ដ៏ចំរើន ហេតុនេះមិនមានទេ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ព្រមទាំង​អាចារ្យ ដោយឡែកផ្សេង គុណសម្បទា គឺវិជ្ជា និងចរណៈ ដ៏ប្រសើរដោយឡែកផ្សេង បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ព្រមទាំងអាចារ្យ ជាមនុស្សឆ្ងាយចាកគុណសម្បទា គឺវិជ្ជា និងចរណៈ ដ៏ប្រសើរនេះ។ ម្នាលអម្ពដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច ខ្លួនអ្នក ព្រម​ទាំងអាចារ្យ កាលបើមិនទាន់បានសម្រេច​នូវ​គុណសម្បទា គឺវិជ្ជា និងចរណៈ ដ៏ប្រសើរនេះទេ ហើយនាំយកនូវអំរែកដ៏ពេញ ដោយគ្រឿងបរិក្ខារ តត្រុកចូលទៅកាន់​ព្រៃ ដោយគិតថា យើងនឹងយកផ្លែឈើដែលជ្រុះឯង ជាអាហារដូច្នេះឬ។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ហេតុនេះ មិនមែនទេ។ ម្នាលអម្ពដ្ឋ អ្នកសំគាល់​ហេតុ​នោះ​ដូច​ម្តេច ខ្លួនអ្នក ព្រម​ទាំងអាចារ្យ កាលបើមិនទាន់បានសម្រេច​នូវ​គុណសម្បទា គឺវិជ្ជា និងចរណៈ ដ៏ប្រសើរនេះផង ជាអ្នក​មិនសម្រេចនូវការបរិភោគ​ផ្លែឈើដែលជ្រុះឯងផង កាន់ចប និងល្អី តត្រុកចូលទៅកាន់ព្រៃ ដោយគិតថា យើងនឹងយកនូវមើមដំឡូង និង​ផ្លែឈើ​ជាអាហារដូច្នេះដែរឬ។ បពិត្រព្រះគោតម​ដ៏ចំរើន ហេតុនេះ មិនមែនដូច្នោះទេ។ ម្នាលអម្ពដ្ឋ អ្នកសំគាល់​ហេតុ​នោះ​ដូច​ម្តេច ខ្លួនអ្នក ព្រម​ទាំងអាចារ្យ កាលបើមិន​បាន​ត្រាស់ដឹងនូវ​គុណសម្បទា គឺវិជ្ជា និងចរណៈ ដ៏ប្រសើរនេះផង ជាអ្នក​មិន​សម្រេច​នូវ​ការ​បរិភោគ​​ផ្លែឈើដែលជ្រុះឯងផង ជាអ្នកមិនសម្រេច​នូវការបរិភោគនូវមើមដំឡូង និង​ផ្លែឈើ​​ផង តែធ្វើរោងភ្លើងជិតស្រុកក្តី ជិតនិគមក្តី ហើយនៅចាំបំរើភ្លើង ដូច្នេះដែរឬ។ បពិត្រព្រះគោតម​ដ៏ចំរើន ហេតុនេះ មិនមែនដូច្នោះទេ។ ម្នាលអម្ពដ្ឋ អ្នកសំគាល់​ហេតុ​នោះ​ដូច​ម្តេច ខ្លួនអ្នក ព្រម​ទាំងអាចារ្យ កាលបើមិន​សម្រេចនូវ​គុណសម្បទា គឺវិជ្ជា និងចរណៈ ដ៏ប្រសើរនេះឯងផង មិន​សម្រេច​នូវ​ការ​បរិភោគនូវ​​ផ្លែឈើដែលជ្រុះឯងផង មិនសម្រេច​នូវការបរិភោគនូវមើមដំឡូង និង​ផ្លែឈើ​​ផង មិនសម្រេច​នូវការ​បំរើភ្លើងទេ តែធ្វើរោងមានទ្វារ៤ ក្បែរផ្លូវធំ៤ ហើយនៅ ដោយគិតថា អ្នកណាមកអំពី​ទិសទាំង​៤​នេះ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី អាត្មាអញ នឹង​បូជានូវសមណព្រាហ្មណ៍នោះ តាមអំណាច​ តាមកំឡាំងដូច្នេះដែរឬ។ បពិត្រព្រះគោតម​ដ៏ចំរើន ហេតុនេះ មិនមែនដូច្នោះទេ។ ម្នាលអម្ពដ្ឋ ខ្លួនអ្នក ព្រមទាំងអាចារ្យ ជាអ្នកសាបសូន្យហើយ ចាកគុណសម្បទា គឺ​វិជ្ជា និងចរណៈដ៏ប្រសើរនេះផង ខ្លួនអ្នក ព្រមទំាងអាចារ្យ ជាអ្នកសាបសូន្យចាកប្រធាន នៃ​សេចក្តី​សាបសូន្យនៃគុណសម្បទា គឺវិជ្ជា និងចរណៈដ៏ប្រសើរមាន៤យ៉ាងនោះផង។

[១៦៨] ម្នាលអម្ពដ្ឋ​បោក្ខរសាតិព្រាហ្មណ៍ ជាអាចារ្យរបស់អ្នក បានពោល​ពាក្យ​នេះថា ពួកសមណៈត្រងោលណាមួយ ធ្លាប់​ជាត្រកូលគហបតី ជាកណ្ហគោត្រ កើត​អំពី​ព្រះបាទនៃមហាព្រហ្ម ពួកព្រាហ្មណ៍ដែលបានត្រៃវិជ្ជា និងសាកច្ឆាដូចម្តេចបាន។ ខ្លួន​ឯង សូម្បីតែនឹងបំពេញវត្ត ដែលជាផ្លូវ​សាបសូន្យចាក (វិជ្ជា) ក៏នៅមិនទាន់គ្រប់គ្រាន់។ ម្នាល​អម្ពដ្ឋ អ្នកចូរមើលកំហុសប៉ុណ្ណេះ របស់បោក្ខរសាតិព្រាហ្មណ៍ ជាអាចារ្យនៃអ្នកចុះ។ ម្នាលអម្ពដ្ឋ បោក្ខរសាតិព្រាហ្មណ៍ បានបរិភោគនូវវត្ថុដែលទ្រង់​ប្រោស​ព្រះរាជទាននៃ​ព្រះ​បាទបសេនទិកោសល តែព្រះបាទ​បសេនទិកោសល ទ្រង់មិនបាន​ព្រះរាជទាន ដល់​ព្រាហ្មណ៍នោះ ចំពោះ​ព្រះភក្ត្រទេ សូម្បី​តែក្នុងវេលា ដែលទ្រង់ប្រឹក្សាជាមួយ​នឹង​ព្រាហ្មណ៍នោះ តែងប្រឹក្សាពីខាងក្រៅព្រះសាណិ (រនាំង)។ ម្នាលអម្ពដ្ឋ ព្រាហ្មណ៍​ណា ដែលគួរទទួលនូវភិក្ខា ដែល​គេនាំមកថ្វាយ ប្រកបដោយធម៌ហើយ ចុះហេតុដូចម្តេច បានជាព្រះបាទបសេនទិកោសល ទ្រង់​មិនព្រះរាជទានដល់ព្រាហ្មណ៍នោះ ចំពោះ​ព្រះភក្ត្រខ្លះ។ ម្នាលអម្ពដ្ឋ អ្នកចូរមើលកំហុសប៉ុណ្ណេះ របស់បោក្ខរសាតិព្រាហ្មណ៍ ជា​អាចារ្យរបស់អ្នកចុះ។

[១៦៩] ម្នាលអម្ពដ្ឋ អ្នកសំគាល់​ហេតុនោះដូចម្តេច ព្រះបាទបសេនទិកោសល ក្នុងជនបទនេះ គង់នៅលើ កដំរីក្តី ឋិតនៅលើរាជាសនៈ ក្នុងរថក្តី និងប្រឹក្សារឿងអ្វីៗ ជាមួយ​នឹង​ពួករាជអាមាត្យ ឬជាមួយនឹងព្រះរាជវង្សានុវង្ស។ ព្រះអង្គបានស្តេច​ចេញ​ពី​ប្រទេសនោះ ទៅទ្រង់ឋិតនៅក្នុងទីដ៏សមគួរ ក៏ស្រាប់តែមានបុរសជាតិសូទ្រៈ ឬទាសៈ របស់​បុរសជាតិសូទ្រៈនោះ មកឈរក្នុងប្រទេស​នោះនិយាយថា ព្រះរាជាបសេនទិ​កោសល ទ្រង់មានព្រះរាជឱង្ការយ៉ាងនេះខ្លះ ព្រះរាជា​បសេនទិកោសល ទ្រង់មាន​ព្រះ​រាជឱង្ការយ៉ាងនេះខ្លះ។ បុរសនោះ បើគ្រាន់តែនិយាយតាមទំនង ដែលស្តេចទ្រង់មានព្រះរាជ ឱង្ការក្តី ប្រឹក្សានូវ​ការ​ដែលស្តេច​ទ្រង់​ប្រឹក្សាក្តី ដោយហេតុមានប្រមាណប៉ុណ្ណេះ តើនឹង​ហៅថាស្តេច ឬហៅ​ថា​អាមាត្យធំរបស់ស្តេច បានដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីនេះ មិនមែន​ដូច្នោះទេ។ ម្នាលអម្ពដ្ឋ ខ្លួនអ្នកក៏ដូច្នោះដែរ ម្យ៉ាងទៀត ឥសីទាំងឡាយណា ដែល​ជា​បុព្វបុរស របស់ព្រាហ្មណ៍​ទាំងឡាយ ជាអ្នកកសាងមន្ត ជាអ្នករាយមន្ត លំអាននៃ​មន្ត​បុរាណ​នេះ ដែលពួកឥសីណាបាន (ស្វាធ្យាយ) មកហើយ បានសូត្រមកហើយ បាន​សន្សំ​មកច្រើនហើយ ឥឡូវ​នេះ ព្រាហ្មណ៍ទាំងនោះ តែងច្រៀង (ស្វាធ្យាយ) តាមលំអាន​នៃមន្តនោះ តែងសូត្រតាមលំអាននៃមន្តនោះ តែងពោលតាមលំអាននៃមន្តដែលពួក​ឥសី​បានពោលមក តែងបង្រៀនតាមលំអាន​នៃមន្ត ដែលពួកឥសីបានបង្រៀនមក ឥសី​ទាំង​នោះ គឺឥសីណាខ្លះ គឺឥសីឈ្មោះអដ្ឋកៈ១ វាមកៈ១ វាមទេវៈ១ វេស្សាមិត្តៈ១ យមតគ្គិ១ អង្គីរសៈ១ ភារទ្វាជៈ១ វាសេដ្ឋៈ១ កស្សបៈ១ ភគុ១ តថាគតក៏ធ្លាប់​បានរៀនមន្តទាំងនោះ​ដែរ ឯខ្លួនអ្នក ព្រមទាំងអាចារ្យ នឹងបានឈ្មោះថាជាឥសី ឬជាអ្នកប្រព្រឹត្ត ដើម្បីភាវៈ​ជា​ឥសី ដោយការរៀន​មន្តប៉ុណ្ណោះ ហេតុនេះ មិនមែនដូច្នោះទេ។ ម្នាលអម្ពដ្ឋ អ្នកសំគាល់​ហេតុនោះដូចម្តេច អ្នកធ្លាប់បានឮពួកព្រាហ្មណ៍ចាស់ៗ មានអាយុច្រើន ជាអាចារ្យតូចធំ ធ្លាប់និយាយមកដូចម្តេច ឥសីទាំងឡាយណា ដែល​ជា​បុព្វបុរស របស់ព្រាហ្មណ៍​ទាំង​ឡាយ ដែលជាអ្នកសាងមន្ត ជាអ្នករាយមន្ត លំអាននៃ​មន្ត​បុរាណ​នេះ ដែលពួក​ឥសី​ណា​បានច្រៀង (ស្វាធ្យាយ) មកហើយ បានសូត្រមកហើយ បាន​សន្សំ​មកច្រើនហើយ ឥឡូវ​នេះ ព្រាហ្មណ៍ទាំងឡាយ តែងស្វាធ្យាយ តាមលំអាន​នៃមន្តនោះ តែងសូត្រ​តាម​លំអាន​នៃ​មន្តនោះ តែងពោលតាមលំអាននៃមន្ត ដែលពួក​ឥសី​បានពោលមក តែងបង្រៀន​តាម​លំអាន​​នៃមន្ត ដែលពួកឥសីបានបង្រៀនមក ឥសី​ទាំង​នោះ គឺឥសីណាខ្លះ គឺឥសីឈ្មោះ​អដ្ឋកៈ១ វាមកៈ១ វាមទេវៈ១ វេស្សាមិត្តៈ១ យមតគ្គិ១ អង្គីរសៈ១ ភារទ្វាជៈ១ វាសេដ្ឋៈ១ កស្សបៈ១ ភគុ១ ដូច្នេះឬ ឥសីទាំងនោះ បានងូតទឹកដ៏ស្អាត លាបស្រឡាបដោយ​គ្រឿង​ក្រអូប​សាយល្អ មានសក់ និងពុកមាត់កាត់ស្រេចហើយ ពាក់កម្រងផ្កា និងគ្រឿង​ប្រដាប់ ស្លៀកសំពត់ស ជាអ្នកឆ្អែតស្កប់ស្កល់ មានគេផ្គាប់ផ្គុនបម្រើ ដោយកាមគុណ៥ ដូចជាខ្លួន​អ្នក ព្រមទាំង​អាចារ្យ ក្នុងកាល​ឥឡូវនេះ យ៉ាងនេះដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីនេះ មិនមែនដូច្នោះទេ។បេ។ ឥសីទាំងនោះ បរិភោគបាយ នៃស្រូវសាលី ប្រាសចាក​មន្ទិល មានសម្លច្រើនមុខ និងម្ហូបក្រៀមច្រើនមុខ ដូចជាខ្លួនអ្នក ព្រមទាំង​អាចារ្យ ក្នុងកាល​ឥឡូវនេះ យ៉ាងនេះដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីនេះ មិនមែនដូច្នោះទេ។បេ។ ឥសីទាំងនោះ ត្រេកត្រអាលដោយពួកស្ត្រីមានចង្កេះរៀវ ដោយ​សំពត់ព័ទ្ធព័ន្ធ ដូចជាខ្លួនអ្នក ព្រមទាំង​អាចារ្យ ក្នុងកាល​ឥឡូវនេះ យ៉ាងនេះដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីនេះ មិនមែនដូច្នោះទេ។បេ។ ឥសីទាំងនោះ ត្រាច់ទៅ​ដោយរថ ដែលទឹម​ដោយសេះ កាត់រោមកន្ទុយ ចាក់ពាហនៈ ដោយដងចន្លួញដ៏វែង ដូច​ជា​អ្នក ព្រមទាំង​អាចារ្យ ក្នុងកាល​ឥឡូវនេះ យ៉ាងនេះដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីនេះ មិនមែនដូច្នោះទេ។បេ។ ឥសីទាំងនោះ ប្រើបុរសដែលសៀត​ដាវវែង ឲ្យ​រក្សា​ទៀប​ជើងកំពែងនគរ មានស្នាមភ្លោះព័ទ្ធជុំវិញ ទាំងស៊កគន្លឹះខ្ជាប់ ដូចជាខ្លួនអ្នក ព្រមទាំង​អាចារ្យ ក្នុងកាល​ឥឡូវនេះ យ៉ាងនេះដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីនេះ មិនមែនដូច្នោះទេ។បេ។ ម្នាលអម្ពដ្ឋ ខ្លួនអ្នក ព្រមទាំងអាចារ្យ មិនមែន​ជាឥសី មិនមែនជាអ្នកប្រតិបត្តិ ដើម្បី​ភាវៈជាឥសីទេ ដោយប្រការ​ដូច្នេះឯង ម្នាលអម្ពដ្ឋ ម្យ៉ាង​ទៀត អ្នកណា មានសេចក្តីសង្ស័យ ឬងឿងឆ្ងល់ចំពោះតថាគត ឲ្យអ្នកនោះមកសួរ​ប្រស្នា​ ចំពោះ​តថាគតចុះ តថាគត នឹងជំរះដោះស្រាយឲ្យ។

[១៧០] លំដាប់នោះ ព្រះមានព្រះភាគ ស្តេចចេញអំពីវិហារ ហើយទ្រង់យាង​ទៅ​កាន់ទីចង្ក្រម។ អម្ពដ្ឋមាណព ក៏ចេញអំពីវិហារ ទៅកាន់ទីចង្រ្កមដែរ។ លំដាប់នោះ អម្ពដ្ឋមាណព ក៏ចង្រ្កមតាមព្រះមានព្រះភាគ ដែលកំពុងចង្រ្កម បានសង្កេតមើល​នូវ​មហាបុរិសលក្ខណៈ៣២ប្រការ ក្នុងព្រះកាយរបស់ព្រះមានព្រះភាគ។ លុះអម្ពដ្ឋមាណព បាន​ឃើញ​នូវមហាបុរិសលក្ខណៈ៣២ប្រការ ក្នុងព្រះកាយ​របស់ព្រះមានព្រះភាគ​ដោយ​ច្រើន វៀរលែងតែមហាបុរិសលក្ខណៈ​២ប្រការ គឺវត្ថគុយ្ហប្រទេស ដែលស្រោបដោយ​ស្រោម7) ១ ព្រះជិវ្ហាល្មម​ល្វន់ល្វៃ8) ១ ក៏មានសេចក្តីងឿង​ឆ្ងល់ សង្ស័យ មិនស៊ប់ចិត្ត មិនជ្រះថ្លា។ គ្រានោះ ព្រះមានព្រះភាគ មានសេចក្តីត្រិះរិះ​ដូច្នេះថា អម្ពដ្ឋមាណពនេះ បានឃើញនូវមហាបុរិសលក្ខណៈ៣២ប្រការ ​របស់​តថាគត​ ​ដោយ​ច្រើនហើយ វៀរលែងតែមហាបុរិសលក្ខណៈ​២ប្រការ គឺវត្ថគុយ្ហប្រទេស ដែលស្រោបដោយ​ស្រោម១ ព្រះជិវ្ហាល្មម​ល្វន់ល្វៃ១ ក៏មានសេចក្តីងឿង​ឆ្ងល់ សង្ស័យ មិនស៊ប់ចិត្ត មិនជ្រះថ្លា។ អម្ពដ្ឋមាណព បានឃើញវត្ថគុយ្ហប្រទេស ដែលលឹបចូល​ទៅក្នុង​ស្រោម របស់​ព្រះមានព្រះភាគយ៉ាងណា លំដាប់នោះ ព្រះមានព្រះភាគ ក៏ទ្រង់និម្មិតនូវ​រូប ដែលសម្រេច​ដោយឫទ្ធិយ៉ាងនោះ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់លៀននូវព្រះជិវ្ហា ហើយ​មូរស៊កតាមរន្ធព្រះកាណ៌ទាំងពីរផង មូរស៊កតាមរន្ធព្រះនាសិកទាំងពីរផង បិទ​បាំង​នូវមណ្ឌលនៃ​ព្រះនលាដទាំងអស់ ដោយព្រះជិវ្ហាផង។

[១៧១] គ្រានោះ អម្ពដ្ឋមាណព មានសេចក្តីត្រិះរិះដូច្នេះថា ព្រះសមណគោតម ប្រកប​ដោយមហាបុរិសលក្ខណៈ៣២ប្រការ គ្រប់គ្រាន់ មិនមែនមិនគ្រប់គ្រាន់ទេ។ អម្ពដ្ឋមាណព បានក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ណ្ហើយចុះ យើងជាអ្នកមានកិច្ចច្រើន យើងជាអ្នកមាន​ការងារ​ត្រូវធ្វើច្រើន សូមលាទៅក្នុងកាលឥឡូវនេះ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ អ្នកសំគាល់​មើលនូវកាលដ៏សមគួរ ក្នុងវេលានេះចុះ។ លំដាប់នោះ អម្ពដ្ឋមាណព ក៏​ឡើងជិះរថ ទឹមដោយសេះ បរចេញទៅ។

[១៧២] សម័យនោះឯង បោក្ខរសាតិព្រាហ្មណ៍ ក្រោកឡើង ដើរចេញទៅជា​មួយ​នឹង​ពួកព្រាហ្មណ៍ច្រើននាក់ ទៅអង្គុយក្នុងអារាមរបស់ខ្លួន រង់ចាំអម្ពដ្ឋមាណពនោះដែរ។ គ្រានោះ អម្ពដ្ឋមាណព បររថសំដៅទៅរកអារាមរបស់ខ្លួន បរយានទៅទល់ត្រឹម​ទីដែល​ល្មម​ឈប់យាន ហើយក៏ចុះអំពីយាន ដើរទៅដោយជើងទទេ ចូលសំដៅ​ទៅរកបោក្ខ​រសាតិព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏សំពះបោក្ខរសាតិព្រាហ្មណ៍ ហើយអង្គុយក្នុង​ទី​ដ៏សមគួរ។ លុះអម្ពដ្ឋមាណព អង្គុយក្នុងទីដ៏សមគួរស៊ប់ហើយ បោក្ខរសាតិព្រាហ្មណ៍ ក៏​បានពោលពាក្យនេះថា ម្នាលអម្ពដ្ឋ អ្នកបានឃើញព្រះគោតមដ៏ចំរើននោះដែរឬ។ អម្ពដ្ឋមាណពឆ្លើយថា បពិត្រលោកដ៏ចំរើន យើងខ្ញុំ​បានឃើញព្រះគោតមដ៏ចំរើន​នោះ​ហើយ។ បោក្ខរសាតិព្រាហ្មណ៍សួរថា ម្នាលអម្ពដ្ឋ កិត្តិសព្ទសរសើរព្រះគោតមដ៏ចំរើន​នោះ ល្បីខ្ចរខ្ចាយ មានដូច្នោះមែនឬ ឬមិនមែនដូច្នោះទេ ម្នាលអ្នកដ៏ចំរើន ចុះព្រះគោតម​ដ៏​ចំរើននោះ ព្រះអង្គ ប្រាកដដូច្នោះមែន មិនមែន​ផ្សេងពីនោះទេឬ។ អម្ពដ្ឋមាណពឆ្លើយ​ថា បពិត្រលោកដ៏ចំរើន កិត្តិសព្ទសរសើរព្រះគោតមដ៏ចំរើន​នោះ ល្បីខ្ចរខ្ចាយទៅ មានដូច្នោះមែន មិនមែនជាយ៉ាងដទៃទេ បពិត្រលោកដ៏ចំរើន ព្រះគោតម​ដ៏​ចំរើននោះ ព្រះអង្គ ប្រាកដដូច្នោះមែន មិនមែន​ផ្សេងពីនោះទេ បពិត្រលោកដ៏ចំរើន ព្រះគោតមដ៏​ចំរើននោះ ប្រកបដោយមហាបុរិសលក្ខណៈ៣២ប្រការ ដ៏បរិបូណ៌ មិនមែន​មិនបរិបូណ៌​ទេ។ បោក្ខរសាតិព្រាហ្មណ៍សួរថា ម្នាលអម្ពដ្ឋ ចុះអ្នកបាននិយាយចរចា ជាមួយនឹង​ព្រះ​សមណគោតមខ្លះដែរឬ។ អម្ពដ្ឋមាណពឆ្លើយថា បពិត្រលោកដ៏ចំរើន ខ្ញុំបាននិយាយ​ចរចា ជាមួយ​នឹង​ព្រះសមណគោតមខ្លះដែរ។ បោក្ខរសាតិព្រាហ្មណ៍សួរថា ម្នាលអម្ពដ្ឋ ចុះអ្នក​និយាយ​ចរចាជាមួយនឹង​ព្រះសមណគោតម ថាដូចម្តេចខ្លះ។ លំដាប់នោះ អម្ពដ្ឋមាណព​បានដំណាល​ពាក្យដែលខ្លួនបានចរចា ជាមួយនឹង​ព្រះមានព្រះភាគ ប្រាប់​បោក្ខរសាតិព្រាហ្មណ៍ ដោយសព្វគ្រប់។

[១៧៣] កាលដែលអម្ពដ្ឋមាណពពោលយ៉ាងនេះហើយ បោក្ខរសាតិព្រាហ្មណ៍ ក៏​ពោលពាក្យនេះ នឹងអម្ពដ្ឋមាណពថា ឱ អាចង្រៃ អ្នកប្រាជ្ញយើង ឱ អាចង្រៃ អ្នកពហុស្សូតយើង ឱ អាចង្រៃ អ្នកត្រៃវិជ្ជាយើង នែអ្នកដ៏ចំរើន បានឮថា ព្រោះតែ​ការ​ប្រព្រឹត្តនូវប្រយោជន៍ មានសភាពយ៉ាងនេះ បុរស លុះទំលាយ​រាងកាយ បន្ទាប់អំពី​សេចក្តី​ស្លាប់ទៅ ត្រូវចូលទៅកាន់តិរច្ឆាន ប្រេត អសុរកាយ នរក ម្នាលអម្ពដ្ឋ អ្នកបាន​ពោល​ស្ទាក់ទទឹង​ទាស់ យ៉ាងនេះ នឹងព្រះគោតមដ៏ចំរើននោះ ដោយពាក្យណា ខណៈ​នោះ ព្រះគោតមដ៏ចំរើន ត្រឡប់​យកពាក្យនោះ មកនិយាយជាគ្រឿង​ប្រៀប​ធៀបនឹង​ពួក​យើង​យ៉ាងនោះៗ ឱ អាចង្រៃ អ្នកប្រាជ្ញយើង ឱ អាចង្រៃ អ្នកពហុស្សូតយើង ឱ អាចង្រៃ អ្នកត្រៃវិជ្ជាយើង នែអ្នកដ៏ចំរើន បានឮថា ព្រោះតែ​ការប្រព្រឹត្តនូវប្រយោជន៍ មាន​សភាព​យ៉ាង​នេះ បុរស លុះទំលាយ​រាងកាយ បន្ទាប់អំពី​សេចក្តី​ស្លាប់ទៅ ត្រូវចូលទៅកាន់​តិរច្ឆាន ប្រេត អសុរកាយ នរក។ បោក្ខរសាតិព្រាហ្មណ៍ ក៏ខឹងអាក់អន់ចិត្ត ធាក់​អម្ពដ្ឋមាណពផ្តួល រួចក៏ចង់ចូល​ទៅគាល់​ព្រះមានព្រះភាគ ក្នុងវេលាមួយរំពេចនោះ។ គ្រានោះ ព្រាហ្មណ៍ទាំងនោះ បានពោលពាក្យនេះ នឹងបោក្ខរសាតិព្រាហ្មណ៍ថា បពិត្រលោកដ៏ចំរើន ថ្ងៃនេះហួសកាល នឹងដើរទៅរកព្រះសមណគោតមហើយ ចាំ​ព្រឹកស្អែកសិន សឹមលោកបោក្ខរសាតិដ៏ចំរើន អញ្ជើញ​ទៅជួបនឹង​ព្រះសមណគោតមចុះ។

[១៧៤] លំដាប់នោះ បោក្ខរសាតិព្រាហ្មណ៍ ឲ្យគេចាត់ចែងខាទនីយៈ ភោជនីយាហារ​ដ៏ផ្ចិតផ្ចង់ ក្នុងលំនៅរបស់ខ្លួន ហើយឲ្យលើកដាក់​ក្នុងរទេះ មានមនុស្ស​កាន់​គប់ភ្លើង​នាំមុខ បរចេញអំពីឧក្កដ្ឋនគរ សំដៅទៅរកដងព្រៃ ឈ្មោះ​ឥច្ឆានង្គលៈ បរយាន​ទៅទល់ត្រឹមទីដែលល្មម ​ឈប់យានហើយ ក៏ចុះអំពីយាន ដើរទៅដោយ​ជើងទទេ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យ​សំណេះ​សំណាល នឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យសំណេះសំណាល និងពាក្យ​ដែល​គួរ​រលឹកហើយ ទើបអង្គុយ​ក្នុងទីដ៏សមគួរ។ លុះបោក្ខរសាតិព្រាហ្មណ៍​អង្គុយ​ក្នុងទីដ៏សមគួរ​ហើយ ក៏ពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន អម្ពដ្ឋមាណព ជាកូនសិស្សរបស់ខ្ញុំ បានមកក្នុងទីនេះដែរឬ។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់ថា ម្នាលព្រាហ្មណ៍ អម្ពដ្ឋមាណព ជាកូនសិស្សរបស់អ្នក បានមកក្នុងទីនេះដែរ។ បោក្ខរសាតិព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ចុះព្រះអង្គបានពោល​ចរចាពាក្យណាមួយ ជាមួយនឹង​អម្ពដ្ឋមាណពដែរឬ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ តថាគតបានពោលចរចាពាក្យនីមួយ នឹងមាណពខ្លះដែរ។ បោក្ខរសាតិព្រាហ្មណ៍ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ពាក្យនីមួយ​ ដែល​ព្រះអង្គបានពោលចរចា ជាមួយនឹង​អម្ពដ្ឋមាណពនោះ តើដូចម្តេចខ្លះ។ លំដាប់នោះ ព្រះមានព្រះភាគ ក៏បានប្រាប់ពាក្យដែលបាន​ពោលចរចា ជាមួយនឹង​អម្ពដ្ឋមាណពទាំង​អម្បាលនោះ ដល់បោក្ខរសាតិព្រាហ្មណ៍ ដោយសព្វគ្រប់។

[១៧៥] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ទើប​បោក្ខរសាតិព្រាហ្មណ៍ពោលពាក្យយ៉ាងនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន អម្ពដ្ឋមាណព ជាមនុស្សល្ងង់ សូមព្រះគោតមដ៏ចំរើន អត់​ទោស ដល់អម្ពដ្ឋមាណពផងចុះ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ សូមឲ្យ​អម្ពដ្ឋ​មាណព មានសេចក្តីសុខចុះ។ លំដាប់នោះ បោក្ខរសាតិព្រាហ្មណ៍ បានសង្កេតមើល នូវ​មហាបុរិសលក្ខណៈ៣២ប្រការ ក្នុងព្រះកាយរបស់ព្រះមានព្រះភាគ។ បោក្ខរសាតិព្រាហ្មណ៍ ក៏បាន​ឃើញ​មហាបុរិសលក្ខណៈ៣២ប្រការ ក្នុងព្រះកាយ​របស់ព្រះមានព្រះភាគ​ដោយ​ច្រើនហើយ វៀរលែងតែមហាបុរិសលក្ខណៈ​២ប្រការ គឺវត្ថគុយ្ហប្រទេស ដែលស្រោបដោយ​ស្រោម១ ព្រះជិវ្ហាល្មម​ល្វន់ល្វៃ១ ក៏មានសេចក្តីងឿង​ឆ្ងល់ សង្ស័យ មិនស៊ប់ចិត្ត មិនជ្រះថ្លា។ គ្រានោះ ព្រះមានព្រះភាគ មានសេចក្តីត្រិះរិះ​ដូច្នេះថា បោក្ខរសាតិព្រាហ្មណ៍នេះ បានឃើញមហាបុរិសលក្ខណៈ៣២ប្រការ ​របស់​តថាគត​ ​ដោយ​ច្រើនហើយ វៀរលែងតែមហាបុរិសលក្ខណៈ​២ប្រការ គឺវត្ថគុយ្ហប្រទេស ដែលស្រោបដោយ​ស្រោម១ ព្រះជិវ្ហាល្មម​ល្វន់ល្វៃ១ ក៏មានសេចក្តីងឿង​ឆ្ងល់ សង្ស័យ មិនស៊ប់ចិត្ត មិនជ្រះថ្លា។ បោក្ខរសាតិព្រាហ្មណ៍ បានឃើញនូវវត្ថគុយ្ហប្រទេស ដែលស្រោប​ដោយ​ស្រោម របស់​ព្រះមានព្រះភាគយ៉ាងណា លំដាប់នោះ ព្រះមានព្រះភាគ ក៏ទ្រង់និម្មិតនូវ​រូប ដែលសម្រេច​ដោយឫទ្ធិយ៉ាងនោះឯង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់លៀននូវព្រះជិវ្ហា ហើយ​មូរស៊កតាមរន្ធព្រះកាណ៌ទាំងពីរ មូរស៊ក​តាម​រន្ធ​ព្រះនាសិកទាំងពីរ ទាំងបិទ​បាំង​នូវមណ្ឌលនៃ​ព្រះនលាដទាំងអស់ ដោយព្រះជិវ្ហា។ លំដាប់នោះ បោក្ខរសាតិព្រាហ្មណ៍ មានសេចក្តីត្រិះរិះ​ដូច្នេះថា ព្រះសមណគោតម ប្រកប​ដោយ​មហាបុរិសលក្ខណៈ៣២ប្រការ ដ៏បរិបូណ៌មែន មិនមែនខ្វះខាតទេ។ គាត់​ក៏​ពោលពាក្យនេះ នឹងព្រះមានព្រះភាគថា សូមព្រះគោតមដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ ទទួល​ភត្ត​របស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃនេះ។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយ​តុណ្ហីភាព។ កាលបើបោក្ខរសាតិព្រាហ្មណ៍ បានដឹងថា ព្រះមានព្រះភាគ ទទួលនិមន្ត​ហើយ ក៏បង្គាប់ឲ្យគេ​ក្រាបបង្គំ​ទូលភត្តកាល ចំពោះ​ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន កាលដល់ហើយ ភត្តក៏សម្រេចហើយ។

[១៧៦] វេលានោះ ក្នុងបុព្វណ្ហសម័យ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ស្តេចចូលទៅកាន់លំនៅនៃបោក្ខរសាតិព្រាហ្មណ៍ ព្រមដោយព្រះភិក្ខុសង្ឃ លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ កាលនោះ បោក្ខរសាតិព្រាហ្មណ៍ បានអង្គាស​ព្រះមានព្រះភាគ ដោយខាទនីយភោជនីយាហារ​ដ៏ផ្ចិតផ្ចង់ ដោយដៃខ្លួនឯង ឲ្យឆ្អែតស្កប់ស្កល់ ចំណែកពួកមាណព ក៏អង្គាស​ភិក្ខុសង្ឃ​ឲ្យ​ឆ្អែតស្កប់ស្កល់។ កាលបើបោក្ខរសាតិព្រាហ្មណ៍ ដឹងថា ព្រះមានព្រះភាគ សោយរួចហើយ លែងលូកព្រះហស្តទៅក្នុងបាត្រហើយ ក៏កាន់យកអាសនៈមួយទាបជាង អង្គុយ​ក្នុងទី​ដ៏​សមគួរ។ ព្រះមានព្រះភាគ បានទ្រង់សំដែងនូវអនុបុព្វីកថា ចំពោះ​បោក្ខរសាតិព្រាហ្មណ៍ ដែលអង្គុយ​ក្នុងទីដ៏សមគួរ អនុបុព្វីកថានោះ តើដូចម្តេច គឺព្រះអង្គប្រកាសនូវទានកថា១ សីលកថា១ សគ្គកថា១ កាមាទីនវកថា ដ៏លាមក អាក្រក់សៅហ្មង១ នេក្ខម្មានិសង្សកថា១។ ព្រះមានព្រះភាគ ទ្រង់ជ្រាបថា បោក្ខរសាតិព្រាហ្មណ៍ មានចិត្ត​ស្រួល មានចិត្តទន់ មានចិត្តប្រាសចាកនីវរណធម៌ មានចិត្តរីករាយ មានចិត្តជ្រះថ្លាក្នុង​កាលណា ព្រះអង្គក៏ទ្រង់ប្រកាស​ព្រះធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់​លើក​ឡើងសំដែង ដោយព្រះអង្គឯង គឺទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ដល់​បោក្ខរសាតិព្រាហ្មណ៍នោះ ក្នុងកាលនោះ។ សំពត់ដ៏ស្អាត ប្រាសចាកពណ៌ខ្មៅ គួរទទួល​នូវ​គ្រឿង​ជ្រលក់ដោយល្អ យ៉ាងណាមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ដ៏ប្រាសចាកធូលី ប្រាស​ចាកមន្ទិល ក៏កើតឡើងដល់បោក្ខរសាតិព្រាហ្មណ៍ លើអាសនៈនោះឯងថា ធម្មជាត​ណានីមួយដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ រមែង​រលត់ទៅវិញជាធម្មតា មាន​ឧបមេយ្យដូច្នោះឯង។

[១៧៧] គ្រានោះ បោក្ខរសាតិព្រាហ្មណ៍ ឃើញអរិយសច្ចធម៌ច្បាស់ហើយ បាន​ដល់​​អរិយសច្ចធម៌ហើយ បានដឹងច្បាស់អរិយសច្ចធម៌ហើយ បានចុះចិត្តស៊ប់​ក្នុង​អរិយសច្ចធម៌​ហើយ ឆ្លងផុតសេចក្តីសង្ស័យ មិនមានសេចក្តីងឿងឆ្ងល់ ដល់នូវសេចក្តី​ក្លៀវ​ក្លា មិនបាច់មានអ្នកដទៃដឹកនាំ ក្នុងពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ទើបក្រាប​បង្គំ​ទូលព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតម​ដ៏​ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះគោតម​ដ៏ចំរើន ទ្រង់ប្រកាស​ដោយ​អនេកបរិយាយនេះឯង ប្រៀបដូច​ជាបុគ្គល​បើករបស់ដែលផ្កាប់ឲ្យផ្ងារឡើង ឬដូច​គេ​បើកបង្ហាញរបស់ដែល​គេបិទបាំងទុក ឬដូចជា​គេ​ប្រាប់ផ្លូវ ដល់អ្នកវង្វេងផ្លូវ ពុំនោះ​សោត ដូចជាគេទ្រោល​ប្រទីប ក្នុងទីងងឹតដោយគិតថា មនុស្សដែល​មានភ្នែក (ភ្លឺ) នឹង​មើល​ឃើញនូវរូបទាំងឡាយបាន បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ព្រមទាំងបុត្រ ភរិយា និងបរិសទ្យ ព្រមទាំងអាមាត្យ សូមដល់នូវ​ព្រះគោតមដ៏ចំរើនផង នូវព្រះធម៌ផង នូវព្រះភិក្ខុសង្ឃផង ជាសរណៈ សូម​ព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជា​ឧបាសក អ្នកដល់នូវព្រះរតនត្រ័យ ជាសរណៈ ស្មើដោយជីវិត តាំងពីថ្ងៃនេះជា​ដើម​រៀង​ទៅ ម្យ៉ាងទៀត (បើ) ព្រះគោតមដ៏​ចំរើន ស្តេចចូលទៅរកត្រកូល​ឧបាសកឯទៀត ក្នុង​ឧក្កដ្ឋនគរ​យ៉ាងណា សូម​ព្រះគោតម​ដ៏ចំរើន ចូលមករកត្រកូល​បោក្ខរសាតិ ក៏យ៉ាង​នោះដែរ នឹងបានពួក​មនុស្សកំឡោះ​ក្រមុំ​ណា ក្នុងត្រកូលនោះៗ ក្រាបថ្វាយបង្គំ ក្រោក​ទទួល ឬថ្វាយអាសនៈ ឬទឹក ឬធ្វើចិត្ត​ជ្រះថ្លា ចំពោះ​ព្រះគោតមដ៏ចំរើន កិច្ចមានការ​ថ្វាយ​បង្គំ​ជាដើមនោះ គង់ជាប្រយោជន៍ និង​សេចក្តីសុខ ដល់ពួកជនកំឡោះក្រមុំ​ទាំងនោះ អស់កាលជាអង្វែង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពាក្យដែលអ្នកនិយាយ (មកនេះ) ពីរោះហើយ។

ចប់ អម្ពដ្ឋសូត្រ ទី៣។

 

លេខយោង

1)
អដ្ឋកថា ថា ចារិកក្នុងទីនេះ សំដៅយកផ្លូវឆ្ងាយ។
2)
អដ្ឋកថា ថា ត្រៃវេទនោះ បានដល់​វេទ៣ គឺឥរុព្វេទ១ យជុព្វេ១ សាមវេទ១។
3)
ដីកាថា គម្ពីរ​ដែលសំដែងអំពីសព្ទ និងវិធីចែកសព្ទ តាមលំដាប់ពាក្យ (អក្ខរាភិធានសព្ទ ឬសព្ទវចនាធិប្បាយ)។
4)
ដីការថា គម្ពីរដែលនិយាយអំពីកំណត់​កិរិយាសព្ទ មានវិកប្បច្រើនយ៉ាង ដែលចែកចេញ​ទៅជាវណ្ណៈ បទ សម្ព័ន្ធ និងអត្ថនៃបទ ជាដើម ដែល​ហៅថា មូលកិរិយាកប្បសាស្ត្រ។
5)
អដ្ឋកថា ថា គម្ពីរ​ដែលនិយាយពីរឿងព្រេង ប្រកបដោយពាក្យថា ឥតិហអាសៈឥតិហអាសៈ។
6)
អដ្ឋកថា ថា យក្សក្នុងទីនេះ គឺព្រះឥន្ទ្រាធិ​រាជ។
7)
អដ្ឋកថា ថា គុយ្ហប្រទេស របស់ព្រះមានព្រះភាគ ដូចជាអង្គជាតនៃគោ និងដំរី ដែលលឹបចូល ឬបិទបាំងដោយស្រោម ស្រដៀងនឹងផ្ទៃ​នៃផ្កាឈូកមាស។
8)
អណ្តាតពួកជនឯទៀត ក្រាស់ក៏មាន ស្តើងក៏មាន ខ្លីក៏មាន មិនស្មើក៏មាន។ ឯ​ព្រះ​ជិវ្ហារបស់ព្រះមហាបុរស ទន់ វែង ទាំងធំទូលាយ ប្រកបដោយសម្បុរ។ ព្រះអង្គអាច​មូរ​ព្រះជិវ្ហានោះឲ្យស្រួចបាន ព្រោះព្រះជិវ្ហានោះទន់ ហើយស៊កចូលទៅដល់​រន្ធព្រះនាសិក និងរន្ធព្រះកាណ៌ទាំងពីរបាន ព្រោះព្រះជិវ្ហារបស់​ព្រះអង្គវែង អាច​បិទបាំង​នូវព្រះនលាដ ត្រឹមជើង​ព្រះកេសាបាន ព្រោះ​ព្រះជិវ្ហាធំទូលាយ។
km/tipitaka/sut/dn/sut.dn.03.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann