User Tools

Site Tools


Translations of this page?:
km:tipitaka:sut:dn:sut.dn.07



ជាលិយសូត្រ ទី៧

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

dn 07 បាលី cs-km: sut.dn.07 អដ្ឋកថា: sut.dn.07_att PTS: ?

(ទី៧) ជាលិយសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
sut.dn.07.aac

(៧. ជាលិយសុត្តំ)

[៥៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុង​ឃោសិតារាម1) ទៀបក្រុងកោសម្ពី។ គ្រានោះ មាន​បព្វជិត២រូប គឺបរិព្វាជក ឈ្មោះ​មណ្ឌិយៈ១ ឈ្មោះជាលិយៈ ជាអន្តេវាសិក​នៃ​ទារុបត្តិក​បរិព្វាជក១ នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោល​ពាក្យ​រាក់ទាក់ សំណេះសំណាលជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ​ដែល​គួររីករាយ និងពាក្យដែល​គួររលឹកហើយ ក៏ឈរ​នៅ​ក្នុងទីដ៏សមគួរ។ លុះបព្វជិតទាំង២រូបនោះ ឈរ​នៅ​ក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា អាវុសោគោតម​ដ៏ចំរើន ជីវៈនោះ​ គឺសរីរៈនោះឬ ឬថាជីវៈដោយខ្លួន សរីរៈ​ដោយខ្លួនទេ។ ព្រះមាន​ព្រះ​ភាគ ទ្រង់ត្រាស់ថា ម្នាលអាវុសោទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយ​ចាំ​ស្តាប់ចុះ ចូរធ្វើទុកក្នុងចិត្ត​ដោយប្រពៃចុះ តថាគតនឹង​សំដែង។ បព្វជិតទាំង២រូបនោះ ទទួល​ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា យ៉ាងហ្នឹងហើយអាវុសោ។ ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះថា ម្នាលអាវុសោ ព្រះតថាគត​កើតឡើងក្នុងលោកនេះ ជាអរហន្ត សម្មាសម្ពុទ្ធ។បេ។ (បណ្ឌិតគប្បី​សំដែង​ឲ្យពិស្តារ​ដូចក្នុងសាមញ្ញផលសូត្រផងចុះ)។បេ។ ម្នាលអាវុសោ ភិក្ខុជាអ្នកបរិបូណ៌​ដោយ​សីល យ៉ាងនេះ។

[៥៩]។បេ។ ភិក្ខុបានដល់នូវបឋមជ្ឈាន។ ម្នាលអាវុសោ ភិក្ខុណាដឹងយ៉ាងនេះ ឃើញ​​យ៉ាងនេះ ការដឹង​ និងការឃើញនុ៎ះ របស់ភិក្ខុនោះ គួរពោលថា ជីវៈនោះ ក៏​គឺ​សរីរៈ​នោះ ឬថាជីវៈដោយខ្លួន សរីរៈ​ដោយខ្លួនទេ។ បរិព្វាជកទាំងពីរពោលថា អាវុសោ ភិក្ខុ​ណា​ដឹងយ៉ាងនេះ ឃើញ​យ៉ាងនេះ ការដឹង​ និងការ​ឃើញ​នុ៎ះ របស់​ភិក្ខុ​នោះ មិនគួរ​នឹង​ពោល​ទេ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអាវុសោ ចំណែកខាង​តថាគត ដឹងនូវ​ហេតុ​នោះយ៉ាងនេះ ឃើញ​យ៉ាងនេះដែរ បានជាតថាគត មិន​ពោលថា ជីវៈនោះ ក៏​គឺ​សរីរៈ​នោះ ឬថាជីវៈដោយខ្លួន សរីរៈ​ដោយខ្លួនទេ។

[៦០] ភិក្ខុបានដល់​នូវ​ទុតិយជ្ឈាន។ នូវតតិយជ្ឈាន។ នូវចតុត្ថជ្ឈាន។ ម្នាលអាវុសោ បើភិក្ខុណាដឹង​យ៉ាងនេះ ឃើញ​យ៉ាងនេះ ការដឹង​ និងការឃើញនុ៎ះ របស់ភិក្ខុនោះ តើ​គួរ​នឹង​ពោលថា ជីវៈនោះ គឺ​សរីរៈ​នោះ ឬថាជីវៈដោយខ្លួន សរីរៈ​ដោយខ្លួនពីគ្នាដែរឬ។ បរិព្វាជកទាំងនោះពោលថា អាវុសោ ភិក្ខុណាដឹង​យ៉ាងនេះ ឃើញ​យ៉ាងនេះ ការដឹង​ និងការឃើញនុ៎ះ របស់ភិក្ខុនោះ មិនគួរ​នឹង​ពោលថា ជីវៈនោះ ​គឺសរីរៈនោះ ឬថា​ជីវៈ​ដោយ​ខ្លួន សរីរៈ​ដោយខ្លួនទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអាវុសោ ចំណែក​តថាគត ដឹងហេតុនុ៎ះយ៉ាងនេះ ឃើញ​យ៉ាងនេះដែរហើយ ប៉ុន្តែតថាគត មិនបាន​ពោលថា ជីវៈ​នោះ ​គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈ​ដោយខ្លួនទេ។

[៦១] ភិក្ខុតម្រង់ ផ្ចង់​បង្អោនចិត្ត មក​ដើម្បី​ញាណទស្សនៈ។ ម្នាលអាវុសោ ភិក្ខុណា។បេ។ ដឹងច្បាស់ថា កិច្ចដទៃក្រៅពីនេះ​ទៀត មិនមានទេ។ ម្នាលអាវុសោ ភិក្ខុណាដឹង​យ៉ាងនេះ ឃើញ​យ៉ាងនេះ ការដឹង​ និង​ការឃើញនុ៎ះ របស់ភិក្ខុនោះ តើ​គួរ​នឹង​ពោល​ថា ជីវៈនោះ គឺ​សរីរៈ​នោះ ឬថាជីវៈ​ដោយ​ខ្លួន សរីរៈ​ដោយខ្លួនដែរឬ។ បរិព្វាជក​ទាំងនោះពោលថា អាវុសោ ភិក្ខុណាដឹង​យ៉ាងនេះ ឃើញ​យ៉ាងនេះ ការដឹង​ និង​ការ​ឃើញ​នុ៎ះ របស់ភិក្ខុនោះ មិនគួរ​នឹង​ពោលថា ជីវៈនោះ ​គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈ​ដោយខ្លួនទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអាវុសោ ​ចំណែកខាងតថាគត ក៏ដឹងនូវហេតុនេះយ៉ាងនេះ ឃើញ​​យ៉ាងនេះដែរ បានជាតថាគត មិន​ពោលថា ជីវៈនោះ ក៏​គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈ​ដោយខ្លួន។ ព្រះមានព្រះភាគ បានត្រាស់​ព្រះសូត្រ​​នេះ (ចប់)ហើយ។ បព្វជិតទាំង២រូបនោះ ក៏មានចិត្តរីករាយ ត្រេកអរ​ ចំពោះ​ភាសិត​របស់ព្រះមានព្រះភាគ ដោយប្រការដូច្នេះ។

ចប់ ជាលិយសូត្រ ទី៧។

 

លេខយោង

1)
អារាមដែលឃោសិតសេដ្ឋីកសាង។
km/tipitaka/sut/dn/sut.dn.07.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann