តិបិដក (មូល) » សុត្តបិដក » ទីឃនិកាយ » សីលក្ខន្ធវគ »
អចេល កស្សប ចូលទៅជួបព្រះពុទ្ធ ដោយគាត់បានលឺថា ព្រះពុទ្ធ បដិសេដរាល់តបៈនៃសាសានាដទៃ។ ព្រះពុទ្ធបានពន្យល់គាត់ពីកិច្ចប្រតិបត្តិផ្សេងៗ ហើយធ្វើឲ្យកស្សបត្រេកអរ បន្ទាប់មកបានស្វែងរកការបំបួសរហូតសម្រចជាព្រះអរហន្ត។
dn 08 បាលី cs-km: sut.dn.08 អដ្ឋកថា: sut.dn.08_att PTS: ?
(ទី៨) មហាសីហនាទសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៨. មហាសីហនាទសុត្តំ)
[៦២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងព្រៃ ឈ្មោះកណ្ណកថលៈ ជាទីឲ្យអភ័យដល់ម្រឹគ ទៀបក្រុងឧជុញ្ញា។ គ្រានោះ អចេលៈ (បរិព្វាជកអាក្រាត) ឈ្មោះកស្សប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាលជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏ឈរនៅក្នុងទីដ៏សមគួរ។ លុះអចេលកស្សប ឈរក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំបានឮពាក្យដូច្នេះថា ព្រះសមណគោតម រមែងតិះដៀលតបៈទាំងពួង រមែងចំអកមើលងាយតែមួយយ៉ាង នូវអ្នកកាន់តបៈទាំងអស់គ្នា ដែលមានអាជីវៈសៅហ្មង បពិត្រព្រះគោតមដ៏ចំរើន ពួកសមណព្រាហ្មណ៍ណា បានពោលយ៉ាងនេះថា ព្រះសមណគោតម រមែងតិះដៀលតបៈទាំងពួង រមែងចំអកមើលងាយតែមួយយ៉ាង នូវអ្នកកាន់តបៈទាំងអស់គ្នា ដែលមានអាជីវៈសៅហ្មង សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកពោលតាមហេតុ ដែលព្រះគោតមដ៏ចំរើនពោលហើយ ឬមិនពោលបង្កាច់ព្រះគោតមដ៏ចំរើន ដោយពាក្យមិនពិតទេ ឬពោលនូវធម៌ដ៏សមគួរដល់ធម៌ ឬវាទានុវាទៈណាមួយ ប្រកបដោយធម៌ មិនដល់នូវឋានៈ ដែលពួកវិញ្ញូជន គួរតិះដៀលទេឬ ឯយើងទាំងឡាយ មិនប៉ងនឹងពោលបង្កាច់ព្រះគោតមដ៏ចំរើនទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលកស្សប ពួកសមណព្រាហ្មណ៍ណា បានពោលហើយយ៉ាងនេះថា ព្រះសមណគោតម រមែងតិះដៀលតបៈទាំងពួង រមែងចំអកមើលងាយតែមួយយ៉ាង នូវអ្នកកាន់តបៈទាំងអស់គ្នា ដែលមានអាជីវៈសៅហ្មង ពួកសមណព្រាហ្មណ៍ទាំងនោះ មិនមែនពោលតាមវាទៈ ដែលតថាគតពោលហើយ (ដោយសព្វគ្រប់)ទេ ពោលបង្កាច់តថាគត (ខ្លះក៏មាន) មួយវិញទៀត ពួកសមណព្រាហ្មណ៍ទាំងនោះ មិនមែនពោលបង្កាច់តថាគត ដោយពាក្យមិនមាន មិនពិត (ក៏មាន)។ ម្នាលកស្សប តថាគត បានចក្ខុទិព្វដ៏បរិសុទ្ធ កន្លងវិស័យរបស់មនុស្ស មើលឃើញបុគ្គលអ្នកកាន់តបៈ ដែលមានអាជីវៈសៅហ្មង ពួកខ្លះក្នុងលោកនេះ ដែលរំលាងខន្ធទៅ ខាងមុខអំពីសេចក្តីស្លាប់ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលកស្សប តថាគត មានចក្ខុទិព្វដ៏បរិសុទ្ធ កន្លងវិស័យរបស់មនុស្ស តថាគតមើលឃើញបុគ្គលអ្នកកាន់តបៈ ពួកខ្លះក្នុងលោកនេះ ជាអ្នកចិញ្ចឹមជីវិតសៅហ្មង ដែលរំលាងខន្ធ ខាងមុខអំពីសេចក្តីស្លាប់ ទៅកាន់លោក គឺមនុស្ស សុគតិ និងឋានសួគ៌។ ម្នាលកស្សប តថាគត មានចក្ខុទិព្វ កន្លងវិស័យរបស់មនុស្ស មើលឃើញបុគ្គលអ្នកកាន់តបៈ ពួកខ្លះក្នុងលោកនេះ ដែលនៅដោយមានសេចក្តីទុក្ខតិច លុះរំលាងខន្ធ ខាងមុខអំពីសេចក្តីស្លាប់ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលកស្សប តថាគត មានចក្ខុទិព្វ កន្លងវិស័យរបស់មនុស្ស មើលឃើញបុគ្គលអ្នកកាន់តបៈ ពួកខ្លះក្នុងលោកនេះ ដែលនៅដោយមានសេចក្តីទុក្ខតិច លុះរំលាងខន្ធ អំពីសេចក្តីស្លាប់ ទៅកាន់លោក គឺមនុស្ស សុគតិ និងស្ថានសួគ៌។ ម្នាលកស្សប តថាគត ដឹងជាក់នូវដំណើរមកផង ដំណើរទៅផង ដំណើរឃ្លាតចេញផង ដំណើរកើតផង របស់ពួកអ្នកកាន់តបៈទាំងនេះ តាមពិតយ៉ាងនេះឯង តថាគតឯង នឹងតិះដៀលតបៈទាំងពួង នឹងចំអកមើលងាយតែមួយយ៉ាង នូវអ្នកកាន់តបៈទាំងអស់គ្នា ដែលមានអាជីវៈសៅហ្មង ដូចម្តេចបាន (តថាគត តិះដៀលតែកម្ម ដែលគួរតិះដៀល សរសើរកម្ម ដែលគួរសរសើទេតើ)។
[៦៣] ម្នាលកស្សប មានសមណព្រាហ្មណ៍ពួកមួយ ជាបណ្ឌិត មានប្រាជ្ញាល្អិត ដឹងច្បាស់នូវវាទៈរបស់អ្នកដទៃ អាចទម្លាយនូវទិដ្ឋិរបស់បុគ្គលដទៃ ដោយកម្លាំងប្រាជ្ញារបស់ខ្លួន ដូចជាខ្មាន់ធ្នូ អ្នកបាញ់នូវសរសៃសក់បាន។ សមណព្រាហ្មណ៍ទាំងនោះ ត្រូវគ្នានឹងតថាគត ក្នុងស្ថានខ្លះក៏មាន មិនត្រូវគ្នាក្នុងស្ថានខ្លះក៏មាន។ សមណព្រាហ្មណ៍ទាំងនោះ ពោលនូវអ្វីខ្លះ1) ថាល្អ យើងក៏ពោលថាល្អដែរក៏មាន។ សមណព្រាហ្មណ៍ទាំងនោះ ពោលនូវអ្វីខ្លះ2) ថាមិនល្អ យើងក៏ពោលថាមិនល្អដែរក៏មាន។ សមណព្រាហ្មណ៍ទាំងនោះ ពោលនូវអ្វីខ្លះ3) ថាល្អ តែយើងពោលថាមិនល្អក៏មាន។ សមណព្រាហ្មណ៍ទាំងនោះ ពោលនូវអ្វីខ្លះ4) ថាមិនល្អ តែយើងពោលថាល្អក៏មាន។ យើងពោលនូវអ្វីខ្លះ ថាល្អ ពួកសមណព្រាហ្មណ៍ដទៃ ក៏ពោលថាល្អដែរក៏មាន។ យើងពោលនូវអ្វីខ្លះ ថាមិនល្អ ពួកសមណព្រាហ្មណ៍ដទៃ ពោលថាមិនល្អដែរក៏មាន។ យើងពោលនូវអ្វីខ្លះ ថាល្អ តែពួកសមណព្រាហ្មណ៍ដទៃ ពោលថាមិនល្អក៏មាន។ យើងពោលនូវអ្វីខ្លះ ថាមិនល្អ តែពួកសមណព្រាហ្មណ៍ដទៃ ពោលថាល្អក៏មាន។ តថាគត ចូលទៅរកពួកសមណព្រាហ្មណ៍ទាំងនោះ ក៏និយាយយ៉ាងនេះថា នែអាវុសោទាំងឡាយ ស្ថានណា ដែលមិនត្រូវគ្នានឹងតថាគត ស្ថាននោះ លើកទុកសិនចុះ ស្ថានណា ដែលត្រូវគ្នានឹងតថាគត ពួកវិញ្ញូជន ត្រូវសួររកលទ្ធិ ដេញដោលរកហេតុ សួរស្ទាក់រកលទ្ធិ និងហេតុទាំងពីរ ប្រៀបធៀបគ្រូនឹងគ្រូ ឬពួកនឹងពួក ក្នុងស្ថាននោះថា ធម៌ទាំងឡាយ ដែលជាអកុសល រាប់ថាជាអកុសល មានទោស រាប់ថាមានទោស មិនគួរសេព រាប់ថាមិនគួរសេព មិនប្រសើរ រាប់ថាមិនប្រសើរ ជាចំណែកខ្មៅ រាប់ថាជាចំណែកខ្មៅ របស់ជនដ៏ចំរើនទាំងនេះ តើនរណា លះបង់ធម៌ទាំងនេះ មិនឲ្យសេសសល់ ហើយប្រព្រឹត្តកាន់បាន សមណគោតមឬ ឬក៏ពួកគណាចារ្យដ៏ចំរើនឯទៀត។
[៦៤] ម្នាលកស្សប សេចក្តីនេះ ជាឋានៈមានប្រាកដ កាលបើពួកវិញ្ញូជន សួររកលទ្ធិ ដេញដោលរកហេតុ សួរស្ទាក់រកលទ្ធិ និងហេតុ ក៏និយាយយ៉ាងនេះថា ធម៌ទាំងឡាយ ដែលជាអកុសល រាប់ថាជាអកុសល មានទោស រាប់ថាមានទោស មិនគួរសេព រាប់ថាមិនគួរសេព មិនប្រសើរ រាប់ថាមិនប្រសើរ ជាចំណែកខ្មៅ រាប់ថាជាចំណែកខ្មៅ របស់ជនដ៏ចំរើនទាំងនេះ ព្រះសមណគោតម លះបង់ធម៌ទាំងនេះ មិនឲ្យសេសសល់ ហើយប្រព្រឹត្តកាន់បាន ឬក៏ពួកគណាចារ្យដ៏ចំរើនឯទៀតទេ។ ម្នាលកស្សប ពួកវិញ្ញូជនក្នុងលោកនេះ កាលបើសួររកលទ្ធិ ដេញដោលរកហេតុ សួរស្ទាក់រកលទ្ធិ និងហេតុ ក៏ច្រើនតែសរសើរពួកតថាគតក្នុងធម៌ទាំងនោះ ដោយប្រការដូច្នេះឯង។
[៦៥] ម្នាលកស្សប មួយយ៉ាងទៀត ពួកវិញ្ញូជន កាលបើមិនសួររកលទ្ធិ មិនដេញដោលរកហេតុ មិនសួរស្ទាក់រកលទ្ធិ និងហេតុ មិនប្រៀបធៀបគ្រូនឹងគ្រូ ឬពួកនឹងពួកថា ធម៌ទាំងឡាយ ដែលជាកុសល រាប់ថាជាកុសល មិនមានទោស រាប់ថាមិនមានទោស គួរសេព រាប់ថាគួរសេព ប្រសើរ រាប់ថាប្រសើរ ជាចំណែកស រាប់ថាជាចំណែកស របស់ពួកជនដ៏ចំរើនទាំងនេះ តើនរណា សមាទានធម៌ទាំងនេះ មិនឲ្យសេសសល់ ហើយប្រព្រឹត្តកាន់បាន សមណគោតម ឬក៏ពួកគណាចារ្យដ៏ចំរើនឯទៀត។ ម្នាលកស្សប សេចក្តីនេះ ជាឋានៈមានប្រាកដ ពួកវិញ្ញូជន កាលបើសួររកលទ្ធិ ដេញដោលរកហេតុ សួរស្ទាក់រកលទ្ធិ និងហេតុ ក៏មុខជានិយាយយ៉ាងនេះថា ធម៌ទាំងឡាយ ដែលជាកុសល រាប់ថាជាកុសល មិនមានទោស រាប់ថាមិនមានទោស គួរសេព រាប់ថាគួរសេព ប្រសើរ រាប់ថាប្រសើរ ជាចំណែកស រាប់ថាជាចំណែកស របស់ជនដ៏ចំរើនទាំងនេះ ព្រះសមណគោតម សមាទានធម៌ទាំងនេះ មិនសេសសល់ ហើយប្រព្រឹត្តកាន់បាន ឬក៏ពួកគណាចារ្យដ៏ចំរើនឯទៀត។ ម្នាលកស្សប ពួកវិញ្ញូជន ក្នុងលោកនេះ កាលបើសួររកលទ្ធិ ដេញដោលរកហេតុ សួរស្ទាក់រកលទ្ធិ និងហេតុ ក៏ច្រើនតែសរសើរពួកតថាគតក្នុងធម៌នោះ ដោយប្រការដូច្នេះឯង។
[៦៦] ម្នាលកស្សប មួយយ៉ាងទៀត ពួកវិញ្ញូជន កាលបើមិនសួររកលទ្ធិ មិនដេញដោលរកហេតុ មិនសួរស្ទាក់រកលទ្ធិ និងហេតុ មិនប្រៀបធៀបគ្រូនឹងគ្រូ ឬពួកនឹងពួកថា ធម៌ទាំងឡាយ ដែលជាអកុសល រាប់ថាជាអកុសល មានទោស រាប់ថាមានទោស មិនគួរសេព រាប់ថាមិនគួរសេព មិនប្រសើរ រាប់ថាមិនប្រសើរ ជាចំណែកខ្មៅ រាប់ថាជាចំណែកខ្មៅ របស់ពួកជនដ៏ចំរើនទាំងនេះ នរណាលះបង់ធម៌ទាំងនេះ មិនសេសសល់ ហើយប្រព្រឹត្តកាន់បាន ពួកសាវ័ករបស់ព្រះគោតម ឬក៏ពួកសាវ័ករបស់គណាចារ្យដ៏ចំរើនឯទៀត។ ម្នាលកស្សប សេចក្តីនេះ ជាឋានៈមានប្រាកដ ពួកវិញ្ញូជន កាលបើសួររកលទ្ធិ ដេញដោលរកហេតុ សួរស្ទាក់រកលទ្ធិ និងហេតុ ក៏មុខជានិយាយយ៉ាងនេះថា ធម៌ទាំងឡាយ ដែលជាអកុសល រាប់ថាជាអកុសល មានទោស រាប់ថាមានទោស មិនគួរសេព រាប់ថាមិនគួរសេព មិនប្រសើរ រាប់ថាមិនប្រសើរ ជាចំណែកខ្មៅ រាប់ថាជាចំណែកខ្មៅ របស់ជនដ៏ចំរើនទាំងនេះ ពួកសាវ័ករបស់ព្រះសមណគោតម លះបង់ធម៌ទាំងនេះ មិនសេសសល់ ហើយប្រព្រឹត្តកាន់បាន ឬក៏ពួកសាវ័ករបស់គណាចារ្យដ៏ចំរើនឯទៀត។ ម្នាលកស្សប ពួកវិញ្ញូជន ក្នុងលោកនេះ កាលបើសួររកលទ្ធិ ដេញដោលរកហេតុ សួរស្ទាក់រកលទ្ធិ និងហេតុ ក៏ច្រើនតែសរសើរពួកតថាគតក្នុងធម៌នោះ ដោយប្រការដូច្នេះឯង។
[៦៧] ម្នាលកស្សប មួយយ៉ាងទៀត ពួកវិញ្ញូជន កាលបើមិនសួររកលទ្ធិ មិនដេញដោលរកហេតុ មិនសួរស្ទាក់រកលទ្ធិ និងហេតុ មិនប្រៀបធៀបគ្រូនឹងគ្រូ ឬពួកនឹងពួកថា ធម៌ទាំងឡាយ ដែលជាកុសល រាប់ថាជាកុសល មិនមានទោស រាប់ថាមិនមានទោស គួរសេព រាប់ថាគួរសេព ប្រសើរ រាប់ថាប្រសើរ ជាចំណែកស រាប់ថាជាចំណែកស របស់ជនដ៏ចំរើនទាំងនេះ នរណា សមាទានធម៌ទាំងនេះ មិនសេសសល់ ហើយប្រព្រឹត្តកាន់បាន ពួកសាវ័ករបស់ព្រះគោតម ឬក៏ពួកសាវ័ករបស់គណាចារ្យដ៏ចំរើនឯទៀត។ ម្នាលកស្សប សេចក្តីនេះ ជាឋានៈមានប្រាកដ ពួកវិញ្ញូជន កាលបើសួររកលទ្ធិ ដេញដោលរកហេតុ សួរស្ទាក់រកលទ្ធិ និងហេតុ ក៏មុខជានិយាយយ៉ាងនេះថា ធម៌ទាំងឡាយ ដែលជាកុសល រាប់ថាជាកុសល មិនមានទោស រាប់ថាមិនមានទោស គួរសេព រាប់ថាគួរសេព ប្រសើរ រាប់ថាប្រសើរ ជាចំណែកស រាប់ថាជាចំណែកស របស់ពួកជនដ៏ចំរើនទាំងនេះ ពួកសាវ័ករបស់ព្រះសមណគោតម សមាទានធម៌ទាំងនេះ មិនសេសសល់ ហើយប្រព្រឹត្តកាន់បាន ឬក៏ពួកសាវ័ករបស់គណាចារ្យដ៏ចំរើនឯទៀត។ ម្នាលកស្សប ពួកវិញ្ញូជន ក្នុងលោកនេះ កាលបើសួររកលទ្ធិ ដេញដោលរកហេតុ សួរស្ទាក់រកលទ្ធិ និងហេតុ ក៏ច្រើនតែសរសើរពួកតថាគតក្នុងធម៌នោះ ដោយប្រការដូច្នេះឯង។ ម្នាលកស្សប លោកុត្តរមគ្គក៏មាន បុព្វភាគប្បដិបទា (សេចក្តីប្រតិបត្តិជាចំណែកខាងដើម) ក៏មាន ដែលបុគ្គលប្រតិបត្តិឲ្យសមគួរហើយ គង់ដឹងជាក់ច្បាស់នូវសាមញ្ញផល គង់នឹងឃើញដោយខ្លួនឯងថា ព្រះសមណគោតម និយាយត្រូវតាមកាល និយាយពិត និយាយប្រកបដោយប្រយោជន៍ និយាយត្រូវតាមធម៌ និយាយត្រូវតាមវិន័យ។ ម្នាលកស្សប ចុះលោកុត្តរមគ្គនោះ តើដូចម្តេច បុព្វភាគប្បដិបទា តើដូចម្តេច ដែលបុគ្គលប្រតិបត្តិឲ្យសមគួរហើយ គង់ដឹងជាក់ច្បាស់នូវសាមញ្ញផល គង់នឹងឃើញដោយខ្លួនឯងថា ព្រះសមណគោតម និយាយត្រូវតាមកាល និយាយពិត និយាយប្រកបដោយប្រយោជន៍ និយាយត្រូវតាមធម៌ និយាយត្រូវតាមវិន័យ។ នេះឯងជាមគ្គ ប្រកបដោយអង្គ៨ដ៏ប្រសើរ គឺសេចក្តីឃើញត្រូវ១ សេចក្តីត្រិះរិះត្រូវ១ វាចាត្រូវ១ ការងារត្រូវ១ ចិញ្ចឹមជីវិតត្រូវ១ ព្យាយាមត្រូវ១ សេចក្តីរលឹកត្រូវ១ ដម្កល់ចិត្តត្រូវ១។ ម្នាលកស្សប នេះឯង ជាលោកុត្តរមគ្គ នេះឯង បុព្វភាគប្បដិបទា ដែលបុគ្គលប្រតិបត្តិឲ្យសមគួរហើយ គង់ដឹងច្បាស់នូវសាមញ្ញផល គង់នឹងឃើញដោយខ្លួនឯងថា ព្រះសមណគោតម និយាយត្រូវតាមកាល និយាយពិត និយាយប្រកបដោយប្រយោជន៍ និយាយត្រូវតាមធម៌ និយាយត្រូវតាមវិន័យ។
[៦៨] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អចេលកស្សប បានក្រាបបង្គំទូលព្រះមានព្រះភាគថា អាវុសោគោតម ការផ្តើមនូវតបៈទាំងនេះ ដែលរាប់ថាជាកិច្ចការរបស់សមណៈផង រាប់ថាជាកិច្ចការរបស់ព្រាហ្មណ៍ផង របស់ពួកសមណព្រាហ្មណ៍ទាំងនេះ (មានច្រើនប្រការ) គឺជាបុគ្គលគ្មានសំពត់ (អាក្រាត) លះបង់មារយាទល្អ ស៊ីលិទ្ធដៃ ឬជម្រះឧច្ចារៈដោយម្រាមដៃ គេអញ្ជើញថា ចូលមក ក៏មិនមក គេឃាត់ថា ឈប់ ក៏មិនឈប់ មិនត្រេកអរនឹងភត្តដែលគេនាំមកមុន មិនត្រេកអរនឹងចង្ហាន់ ដែលគេនាំមកចំពោះខ្លួន មិនត្រេកអរនឹងកិច្ចនិមន្តន៍ អចេលកៈនោះ មិនទទួលភត្តអំពីមាត់ឆ្នាំង មិនទទួលភត្តអំពីមាត់កញ្ជើ មិនទទួលភត្តដែលគេនាំមក ត្រង់ចន្លោះធរណីទ្វារ មិនទទួលភត្តដែលគេនាំមកត្រង់ចន្លោះកំណាត់ឈើ មិនទទួលភត្តដែលគេនាំមកត្រង់ចន្លោះអង្រែ មិនទទួលភត្តរបស់មនុស្សពីរនាក់ កំពុងបរិភោគ មិនទទួលភត្តរបស់ស្រីមានគភ៌ មិនទទួលភត្តរបស់ស្រីដែលកំពុងបំបៅកូន មិនទទួលភត្តរបស់ស្រីដែលនៅក្នុងចន្លោះបុរស មិនទទួលភត្តក្នុងទីដែលពួកគ្នាឯងណែនាំ មិនទទួលភត្តក្នុងទីដែលមានឆ្កែចាំ មិនទទួលភត្តក្នុងទីដែលមានរុយរោម មិនស៊ីត្រី មិនស៊ីសាច់ មិនផឹកសុរា មិនផឹកមេរ័យ មិនផឹកទឹកត្រាំថ្នាំ។ អចេលកៈនោះ ទទួលភត្តចំពោះតែក្នុងផ្ទះមួយ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅដោយដុំបាយមួយពំនូតខ្លះ ទទួលភត្តចំពោះតែក្នុងផ្ទះពីរ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយដុំបាយពីរពំនូតខ្លះ ទទួលភត្តចំពោះតែក្នុងផ្ទះ៧ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ចំពោះតែក្នុងដុំបាយ៧ពំនូតខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភត្តក្នុងភាជន៍១ខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភត្តក្នុងភាជន៍២ខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភត្តក្នុងភាជន៍៧ខ្លះ ស៊ីអាហាររំលង១ថ្ងៃខ្លះ ស៊ីអាហាររំលង២ថ្ងៃខ្លះ ស៊ីអាហាររំលង៧ថ្ងៃខ្លះ។ អចេលកៈ ប្រកបដោយសេចក្តីព្យាយាម ក្នុងការផ្លាស់ប្តូរនូវការបរិភោគភត្តរំលងកន្លះខែ មានសភាពយ៉ាងនេះ ដូច្នេះឯង។ អាវុសោ គោតម ការផ្តើមតបៈទាំងនេះ ដែលរាប់ថាជាកិច្ចការ របស់សមណៈផង រាប់ថាជាកិច្ចការ របស់ព្រាហ្មណ៍ផង របស់ពួកសមណព្រាហ្មណ៍ទាំងនេះ (មានច្រើនប្រការ) គឺបុគ្គលមានបន្លែស្រស់ជាអាហារខ្លះ មានអង្ករស្រងែជាអាហារខ្លះ មានស្កួយជាអាហារខ្លះ មានកំទេចស្បែក (ចម្នៀរស្បែក) ជាអាហារខ្លះ មានជ័រជាអាហារខ្លះ មានស្លែ ឬសារាយ ជាអាហារខ្លះ មានកុណ្ឌកជាអាហារខ្លះ មានបាយក្តាំងជាអាហារខ្លះ មានម្សៅជាអាហារខ្លះ មានស្មៅជាអាហារខ្លះ មានអាចម៍គោជាអាហារខ្លះ មានមើមឈើ និងផ្លែឈើព្រៃជាអាហារខ្លះ បរិភោគតែផ្លែឈើ ដែលជ្រុះស្រាប់ចំអែតអាត្មា។ អាវុសោ គោតម ការផ្តើមតបៈទាំងនេះ រាប់ថាជាកិច្ចការ របស់សមណៈផង រាប់ថាជាកិច្ចការ របស់ព្រាហ្មណ៍ផង របស់ពួកសមណព្រាហ្មណ៍ទាំងនេះ (មានច្រើនប្រការ) គឺទ្រទ្រង់សំពត់សម្បកធ្មៃខ្លះ ទ្រទ្រង់សំពត់ដែលត្បាញលាយគ្នាខ្លះ ទ្រទ្រង់សំពត់ ដែលបកចេញអំពីសាកសពខ្លះ ទ្រទ្រង់សំពត់បំសុកូលខ្លះ ទ្រទ្រង់សំបកឈើខ្លះ ទ្រទ្រង់ស្បែកខ្លាខ្លះ ទ្រទ្រង់ស្បែកខ្លាទាំងក្រចកខ្លះ ទ្រទ្រង់ស្បូវភ្លាំងក្រងជាសំពត់ខ្លះ ទ្រទ្រង់សំពត់ត្បាញដោយសំបកក្រចៅខ្លះ ទ្រទ្រង់ចំរៀកក្តារ ជាសំពត់ខ្លះ ទ្រទ្រង់សំពត់កម្ពល ដែលត្បាញដោយសក់មនុស្សខ្លះ ទ្រទ្រង់សំពត់កម្ពលដែលត្បាញដោយរោមកន្ទុយសត្វខ្លះ ទ្រទ្រង់សំពត់ដែលត្បាញដោយស្លាបមៀមខ្លះ ទុកសក់5) និងពុកមាត់ ប្រព្រឹត្តកាន់វត្ត ក្នុងការព្យាយាមទុកសក់ និងពុកមាត់ខ្លះ ឈរសម្រឹងហាមឃាត់នូវអាសនៈខ្លះ អង្គុយច្រហោង ប្រព្រឹត្តកាន់វត្តក្នុងការព្យាយាមច្រហោងខ្លះ ផ្អែកលើបន្លា សម្រេចការដេកលើបន្លាខ្លះ សម្រេចការដេកលើផែនក្តារខ្លះ សម្រេចការដេកផ្ទាល់ផែនដីខ្លះ ដេកផ្អៀងតែម្ខាង មានសរីរៈប្រឡាក់ដោយធូលីខ្លះ នៅកណ្តាលវាល អង្គុយលើអាសនៈតាមតែបានខ្លះ បរិភោគតែលាមក ប្រព្រឹត្តកាន់វត្តក្នុងការព្យាយាម បរិភោគតែលាមកខ្លះ តមទឹកត្រជាក់ ប្រព្រឹត្តកាន់វត្ត តមទឹកត្រជាក់ខ្លះ ប្រព្រឹត្តកាន់វត្ត ចុះត្រាំទឹក១ថ្ងៃ៣ដង គឺព្រឹក ថ្ងៃត្រង់ ល្ងាចខ្លះ។
[៦៩] ម្នាលកស្សប បើអចេលកៈ ជាអ្នកលះបង់មារយាទល្អ បរិភោគលិទ្ធដៃ។បេ។ ប្រព្រឹត្តកាន់វត្ត ក្នុងការព្យាយាមផ្លាស់ប្តូរនូវការបរិភោគភត្តរំលងកន្លះខែ មានសភាពយ៉ាងនេះ ដូច្នេះឯង។ ចំណែកខាងសីលសម្បទា ចិត្តសម្បទា និងបញ្ញាសម្បទានេះ ក៏អចេលកៈនោះ មិនបានចំរើន មិនបានធ្វើឲ្យជាក់ច្បាស់ឡើយ។ អចេលកៈនោះ ឈ្មោះថា ឆ្ងាយចាកសាមញ្ញគុណផង ឆ្ងាយចាកព្រហ្មញ្ញគុណផង ដោយពិត។ ម្នាលកស្សប ភិក្ខុចំរើនមេត្តាចិត្ត មិនមានពៀរ មិនមានព្យាបាទ ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយខ្លួនឯង ក្នុងអត្តភាពនេះ ហើយបានដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ។ ម្នាលកស្សប ភិក្ខុនេះ តថាគតហៅថា សមណៈក៏បាន ថាព្រាហ្មណ៍ក៏បាន។ ម្នាលកស្សប បើអចេលកៈ មានបន្លែស្រស់ជាអាហារ មានអង្ករស្រងែជាអាហារ។បេ។ មានមើមឈើ ផ្លែឈើព្រៃជាអាហារ បរិភោគតែផ្លែឈើ ដែលជ្រុះស្រាប់ចំអែតអាត្មា។ ខាងឯសីលសម្បទា ចិត្តសម្បទា និងបញ្ញាសម្បទានេះ ក៏អចេលកៈនោះ មិនដែលបានចំរើន មិនដែលបានធ្វើឲ្យជាក់ច្បាស់ឡើយ។ អចេលកៈនោះ ឈ្មោះថា ឆ្ងាយចាកសាមញ្ញគុណផង ឆ្ងាយចាកព្រហ្មញ្ញគុណផង ដោយពិត។ ម្នាលកស្សប ភិក្ខុចំរើនមេត្តាចិត្ត មិនមានពៀរ មិនមានព្យាបាទ ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយខ្លួនឯង ក្នុងអត្តភាពនេះ ហើយបានដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ។ ម្នាលកស្សប ភិក្ខុនេះ តថាគតហៅថា សមណៈក៏បាន ថាព្រាហ្មណ៍ក៏បាន។ ម្នាលកស្សប បើអចេលកៈនោះ ទ្រទ្រង់សំពត់សម្បកធ្មៃខ្លះ ទ្រទ្រង់សំពត់ដែលគេត្បាញលាយគ្នាខ្លះ។បេ។ ប្រព្រឹត្តកាន់វត្ត ចុះត្រាំទឹក១ថ្ងៃ៣ដង គឺព្រឹក ថ្ងៃត្រង់ ល្ងាចខ្លះ។ ចំណែកខាងសីលសម្បទា ចិត្តសម្បទា និងបញ្ញាសម្បទានេះ ក៏អចេលកៈនោះ មិនបានចំរើន មិនបានធ្វើឲ្យជាក់ច្បាស់ឡើយ។ អចេលកៈនោះ ឈ្មោះថា ឆ្ងាយចាកសាមញ្ញគុណផង ឆ្ងាយចាកព្រហ្មញ្ញគុណផង ដោយពិត។ ម្នាលកស្សប កាលណាបើភិក្ខុចំរើនមេត្តាចិត្ត មិនមានពៀរ មិនមានព្យាបាទ ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយខ្លួនឯង ក្នុងអត្តភាពនេះ ហើយបានដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ។ ម្នាលកស្សប ភិក្ខុនេះ តថាគតហៅថា សមណៈក៏បាន ថាព្រាហ្មណ៍ក៏បាន។
[៧០] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អចេលកស្សប បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន សាមញ្ញគុណ កម្រធ្វើបានណាស់ ព្រហ្មញ្ញគុណ កម្រធ្វើបានណាស់។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកស្សប សំដីដែលថា សាមញ្ញគុណ កម្រធ្វើបាន ព្រហ្មញ្ញគុណ កម្រធ្វើបាននេះ ជាសំដីប្រក្រតីក្នុងលោកទេ។ ម្នាលកស្សប បើអចេលកៈ លះបង់នូវមារយាទល្អ បរិភោគលិទ្ធដៃ។បេ។ ប្រព្រឹត្តកាន់វត្តក្នុងការព្យាយាមផ្លាស់ប្តូរនូវការបរិភោគភត្តរំលងកន្លះខែ មានសភាពយ៉ាងនេះ ដូច្នេះ។ ម្នាលកស្សប សាមញ្ញគុណ ឬព្រហ្មញ្ញគុណ ដែលថាកម្រធ្វើបាន ក៏រឹតតែធ្វើបានដោយកម្រក្រៃពេក ព្រោះតែសេចក្តីប្រតិបត្តិបន្តិចនេះ និងការផ្តើមតបៈប៉ុណ្ណេះឯង តែពាក្យដែលពោលថា សាមញ្ញគុណ កម្រធ្វើបាន ព្រហ្មញ្ញគុណ ធ្វើបានដោយលំបាក នុ៎ះ មិនគួរទេ ព្រោះគហបតី និងបុត្រនៃគហបតី ដោយហោចទៅ សូម្បីតែកុម្ភទាសី ក៏អាចធ្វើសាមញ្ញគុណ និងព្រហ្មញ្ញគុណនេះបានដែរ ដោយគេគិតឃើញថា ណ្ហើយចុះ អាត្មាអញ ធ្លាប់ជាអ្នកអាក្រាត ជាអ្នកលះបង់មារយាទល្អ ជាអ្នកបរិភោគលិទ្ធដៃ។បេ។ អាត្មាអញ ប្រព្រឹត្តកាន់វត្ត បរិភោគភត្តផ្លាស់ប្តូរ រំលងកន្លះខែ មានសភាពយ៉ាងនេះហើយ។ ម្នាលកស្សប កាលណាបើ វៀរចាកអចេលកវត្តបន្តិចប៉ុណ្ណេះ និងវៀរចាកការផ្តើមតបៈនេះចេញ (គឺមិនធ្លាប់ធ្វើតបៈហើយ) សាមញ្ញគុណ ឬព្រហ្មញ្ញគុណ ដែលថាកម្រធ្វើបាន ក៏រឹតតែធ្វើបានដោយកម្រក្រៃពេក ព្រោះហេតុនោះ ពាក្យដែលពោលថា សាមញ្ញគុណ កម្រធ្វើបាន ព្រហ្មញ្ញគុណ កម្រធ្វើបានក្រៃពេក នុ៎ះ ក៏គួរខ្លះដែរ។ ម្នាលកស្សប កាលណាបើភិក្ខុចំរើនមេត្តាចិត្ត មិនមានពៀរ មិនមានព្យាបាទ ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយខ្លួនឯង ក្នុងអត្តភាពនេះ ហើយបានដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ។ ម្នាលកស្សប ភិក្ខុនេះ តថាគតហៅថា សមណៈក៏បាន ថាព្រាហ្មណ៍ក៏បាន។ ម្នាលកស្សប បើអចេលកៈ មានបន្លែស្រស់ជាអាហារ មានអង្ករស្រងែជាអាហារ។បេ។ មានមើមឈើ ផ្លែឈើព្រៃជាអាហារ បរិភោគផ្លែឈើ ដែលជ្រុះស្រាប់ចំអែតអាត្មា។ ម្នាលកស្សប សាមញ្ញគុណ ឬព្រហ្មញ្ញគុណ ដែលថាកម្រធ្វើបាន រឹតតែធ្វើបានដោយកម្រក្រៃពេក ព្រោះតែសេចក្តីប្រតិបត្តិបន្តិចបន្តួចនេះ និងការផ្តើមតបៈប៉ុណ្ណេះឯង តែពាក្យដែលពោលថា សាមញ្ញគុណ កម្រធ្វើបាន ព្រហ្មញ្ញគុណ កម្រធ្វើបាន នុ៎ះមិនគួរឡើយ ព្រោះគហបតី និងបុត្រនៃគហបតី ដោយហោចទៅ សូម្បីតែកុម្ភទាសី ក៏អាចធ្វើសាមញ្ញគុណ និងព្រហ្មញ្ញគុណនេះបានដែរ ដោយគេគិតឃើញថា ណ្ហើយចុះ អាត្មាអញធ្លាប់ជាអ្នកមានបន្លែស្រស់ជាអាហារ ឬអង្ករស្រងែជាអាហារ។បេ។ អាត្មាអញ ធ្លាប់ជាអ្នកមានមើមឈើ ផ្លែឈើព្រៃជាអាហារ បរិភោគតែផ្លែឈើ ដែលជ្រុះស្រាប់ចំអែតអាត្មា។ ម្នាលកស្សប កាលណាបើ វៀរចាកអចេលកវត្តបន្តិចនេះ និងវៀរចាកការផ្តើមតបៈប៉ុណ្ណេះចេញ (គឺមិនធ្លាប់ធ្វើតបៈហើយ) សាមញ្ញគុណ ឬព្រហ្មញ្ញគុណ ដែលថាកម្រធ្វើបាន ក៏រឹតតែធ្វើបានដោយកម្រក្រៃពេក ព្រោះហេតុនោះ ក៏គួរនឹងពោលថា សាមញ្ញគុណ កម្រធ្វើបាន ព្រហ្មញ្ញគុណ កម្រធ្វើបាន ដូច្នេះ ក៏គួរដែរ។ ម្នាលកស្សប កាលណាបើភិក្ខុចំរើនមេត្តាចិត្ត មិនមានពៀរ មិនមានព្យាបាទ ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយខ្លួនឯង ក្នុងអត្តភាពនេះ ហើយបានដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ។ ម្នាលកស្សប ភិក្ខុនេះ តថាគតហៅថា សមណៈក៏បាន ថាព្រាហ្មណ៍ក៏បាន។ ម្នាលកស្សប បើអចេលកៈ ទ្រទ្រង់សំពត់សម្បកធ្មៃខ្លះ ទ្រទ្រង់សំពត់ដែលគេត្បាញលាយគ្នាខ្លះ។បេ។ ប្រព្រឹត្តកាន់វត្ត ចុះត្រាំទឹក១ថ្ងៃ៣ដង គឺព្រឹក ថ្ងៃត្រង់ ល្ងាចខ្លះ។ ម្នាលកស្សប សាមញ្ញគុណ ឬព្រហ្មញ្ញគុណ ដែលថាកម្រធ្វើបាន ក៏រឹតតែធ្វើបានដោយកម្រក្រៃពេក ព្រោះតែអចេលកៈវត្តបន្តិចនេះ និងការផ្តើមតបៈប៉ុណ្ណេះឯង តែមិនគួរនឹងពោលថា សាមញ្ញគុណ កម្រធ្វើបាន ព្រហ្មញ្ញគុណ កម្រធ្វើបានដូច្នេះទេ ព្រោះគហបតី និងបុត្រនៃគហបតី ដោយហោចទៅ សូម្បីតែកុម្ភទាសី ក៏អាចធ្វើសាមញ្ញគុណ និងព្រហ្មញ្ញគុណនេះបានដែរ ដោយគេគិតឃើញថា ណ្ហើយចុះ អាត្មាអញធ្លាប់ទ្រទ្រង់សំពត់សម្បកធ្មៃខ្លះ ទ្រទ្រង់សំពត់ដែលគេត្បាញលាយគ្នាខ្លះ។បេ។ ប្រព្រឹត្តកាន់វត្ត ចុះត្រាំទឹក១ថ្ងៃ៣ដង គឺព្រឹក ថ្ងៃត្រង់ ល្ងាចខ្លះ។ ម្នាលកស្សប កាលណាបើ វៀរចាកអចេលកវត្ត មានប្រមាណតិចប៉ុណ្ណេះ និងវៀរចាកការផ្តើមតបៈប៉ុណ្ណេះចេញ (គឺមិនធ្លាប់ធ្វើតបៈហើយ) សាមញ្ញគុណ ឬព្រហ្មញ្ញគុណ ដែលថាកម្រធ្វើបាន ក៏រឹតតែធ្វើបានដោយកម្រក្រៃពេក ព្រោះហេតុនោះ ពាក្យដែលពោលថា សាមញ្ញគុណ កម្រធ្វើបាន ព្រហ្មញ្ញគុណ កម្រធ្វើបាន នុ៎ះក៏គួរខ្លះ។ ម្នាលកស្សប កាលណាបើភិក្ខុចំរើនមេត្តាចិត្ត មិនមានពៀរ មិនមានព្យាបាទ ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយខ្លួនឯង ក្នុងអត្តភាពនេះ ហើយបានដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ។ ម្នាលកស្សប ភិក្ខុនេះ តថាគតហៅថា សមណៈក៏បាន ថាព្រាហ្មណ៍ក៏បាន។
[៧១] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អចេលកស្សប បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ដែលហៅថា សមណៈ បុគ្គលដឹងបានដោយកម្រ ហៅថា ព្រាហ្មណ៍ ក៏បុគ្គលដឹងបានដោយកម្រ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកស្សប សំដីដែលថា សមណៈ បុគ្គលដឹងបានដោយកម្រ ព្រាហ្មណ៍ ក៏បុគ្គលដឹងបានដោយកម្រ នេះជាសំដីប្រក្រតីក្នុងលោកទេ។ ម្នាលកស្សប បើអចេលកៈ លះបង់នូវមារយាទល្អ បរិភោគលិទ្ធដៃ។បេ។ ប្រព្រឹត្តកាន់វត្ត បរិភោគភត្តផ្លាស់ប្តូរ រំលងកន្លះខែ មានសភាពយ៉ាងនេះ ដូច្នេះ។ ម្នាលកស្សប សមណៈ ឬព្រាហ្មណ៍ដែលថា បុគ្គលដឹងបានដោយកម្រ ក៏រឹតតែដឹងបានដោយកម្រក្រៃពេក ព្រោះតែអចេលកវត្តបន្តិចនេះ និងការផ្តើមតបៈប៉ុណ្ណេះឯង តែពាក្យដែលពោលថា សមណៈ បុគ្គលដឹងបានដោយកម្រ ព្រាហ្មណ៍ ក៏បុគ្គលដឹងបានដោយកម្រនុ៎ះ មិនគួរទេ ព្រោះគហបតី និងបុត្រនៃគហបតី ដោយហោចទៅ សូម្បីតែកុម្ភទាសី ក៏អាចដឹងនូវបុគ្គលនេះថា នេះជាអចេលកៈ អ្នកលះបង់មារយាទល្អ បរិភោគលិទ្ធដៃ។បេ។ ប្រព្រឹត្តកាន់វត្ត បរិភោគភត្តផ្លាស់ប្តូរ រំលងកន្លះខែ មានសភាពយ៉ាងនេះ ដូច្នេះ។ ម្នាលកស្សប កាលណាបើ វៀរចាកអចេលកវត្តបន្តិចនេះ និងវៀរចាកការផ្តើមតបៈប៉ុណ្ណេះចេញហើយ សមណៈ ឬព្រាហ្មណ៍ដែលថា គេដឹងបានដោយក្រ ក៏រឹតតែដឹងបានដោយក្រក្រៃពេក ព្រោះហេតុនោះ ក៏គួរនឹងពោលថា សមណៈ គេដឹងបានដោយក្រដូច្នេះដែរ។ ម្នាលកស្សប កាលណាបើភិក្ខុចំរើនមេត្តាចិត្ត មិនមានពៀរ មិនមានព្យាបាទ ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយខ្លួនឯង ក្នុងអត្តភាពនេះ ហើយបានដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ។ ម្នាលកស្សប ភិក្ខុនេះ តថាគតហៅថា សមណៈក៏បាន ថាព្រាហ្មណ៍ក៏បាន។ ម្នាលកស្សប បើអចេលកៈ មានបន្លែស្រស់ជាអាហារ មានអង្ករស្រងែជាអាហារ។បេ។ មានមើមឈើ ផ្លែឈើព្រៃជាអាហារ បរិភោគផ្លែឈើ ដែលជ្រុះស្រាប់ចំអែតអាត្មា។ ម្នាលកស្សប សមណៈ ឬព្រាហ្មណ៍ ឈ្មោះថា គេដឹងបានដោយក្រ ក៏រឹតតែដឹងបានដោយក្រក្រៃពេក ព្រោះអចេលកវត្ត និងការផ្តើមនូវតបៈ មានប្រមាណប៉ុណ្ណេះ តែពាក្យដែលពោលថា សមណៈ គេដឹងបានដោយក្រ ព្រាហ្មណ៍ ក៏គេដឹងបានដោយក្រ នុ៎ះមិនគួរឡើយ ទោះបីគហបតី ឬបុត្រនៃគហបតី ដោយហោចទៅ សូម្បីតែកុម្ភទាសី ក៏អាចដឹងនូវបុគ្គលនេះបាន ថាបុគ្គលនេះ មានបន្លែស្រស់ជាអាហារ ឬអង្ករស្រងែជាអាហារ។បេ។ មានមើមឈើ ផ្លែឈើព្រៃជាអាហារ បរិភោគតែផ្លែឈើ ដែលជ្រុះស្រាប់ចំអែតអាត្មា។ ម្នាលកស្សប កាលណាបើ វៀរចាកអចេលកវត្តបន្តិចនេះ និងវៀរចាកការផ្តើមតបៈប៉ុណ្ណេះចេញហើយ សមណៈ ឬព្រាហ្មណ៍ដែលថា គេដឹងបានដោយក្រ ក៏រឹតតែដឹងបានដោយក្រក្រៃពេក ព្រោះហេតុនោះ ពាក្យដែលពោលថា សមណៈ គេដឹងបានដោយក្រ ព្រាហ្មណ៍ គេដឹងបានដោយក្រ នុ៎ះក៏គួរដែរ។ ម្នាលកស្សប កាលណាបើភិក្ខុចំរើនមេត្តាចិត្ត មិនមានពៀរ មិនមានព្យាបាទ ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយខ្លួនឯង ក្នុងអត្តភាពនេះ ហើយបានដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ។ ម្នាលកស្សប ភិក្ខុនេះ តថាគតហៅថា សមណៈក៏បាន ថាព្រាហ្មណ៍ក៏បាន។ ម្នាលកស្សប បើបុគ្គល ទ្រទ្រង់សំពត់សម្បកធ្មៃខ្លះ ទ្រទ្រង់សំពត់ដែលគេត្បាញលាយគ្នាខ្លះ។បេ។ ប្រព្រឹត្តកាន់វត្ត ចុះត្រាំទឹក១ថ្ងៃ៣ដង គឺព្រឹក ថ្ងៃត្រង់ ល្ងាចខ្លះ។ ម្នាលកស្សប សមណៈ ឬព្រាហ្មណ៍ដែលថា គេដឹងបានដោយក្រ ក៏រឹតតែដឹងបានដោយក្រក្រៃពេក ព្រោះតែអចេលកៈវត្តបន្តិចនេះ និងការផ្តើមតបៈប៉ុណ្ណេះ ពាក្យដែលពោលថា សមណៈ គេដឹងបានដោយក្រ ព្រាហ្មណ៍ គេដឹងបានដោយក្រនុ៎ះ មិនគួរទេ ទោះបីគហបតី ឬបុត្រនៃគហបតី ដោយហោចទៅ សូម្បីតែកុម្ភទាសី ក៏អាចដឹងបុគ្គលនេះបានថា បុគ្គលនេះ ទ្រទ្រង់សំពត់សម្បកធ្មៃខ្លះ ទ្រទ្រង់សំពត់ដែលគេត្បាញលាយគ្នាខ្លះ។បេ។ ប្រព្រឹត្តកាន់វត្ត ចុះត្រាំទឹក១ថ្ងៃ៣ដង គឺព្រឹក ថ្ងៃត្រង់ ល្ងាចខ្លះ។ ម្នាលកស្សប កាលណាបើ វៀរចាកអចេលកវត្តបន្តិចនេះ និងការផ្តើមតបៈប៉ុណ្ណេះចេញហើយ សមណៈ ឬព្រាហ្មណ៍ដែលថា គេដឹងបានដោយក្រ ក៏រឹតតែដឹងបានដោយក្រក្រៃពេក ព្រោះហេតុនោះ ពាក្យដែលនិយាយថា សមណៈ គេដឹងបានដោយក្រ ព្រាហ្មណ៍ គេដឹងបានដោយក្រ នុ៎ះក៏គួរដែរ។ ម្នាលកស្សប កាលណាបើភិក្ខុចំរើនមេត្តាចិត្ត មិនមានពៀរ មិនមានព្យាបាទ ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយខ្លួនឯង ក្នុងអត្តភាពនេះ ហើយបានដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ។ ម្នាលកស្សប ភិក្ខុនេះ តថាគតហៅថា សមណៈក៏បាន ថាព្រាហ្មណ៍ក៏បាន។
[៧២] កាលបើព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ អចេលកស្សប បានក្រាបបង្គំទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន សីលសម្បទា តើដូចម្តេច ចិត្តសម្បទា តើដូចម្តេច បញ្ញាសម្បទា តើដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលកស្សប ព្រះតថាគតកើតឡើងក្នុងលោកនេះ ជាអរហំ សម្មាសម្ពុទ្ធ។បេ។ បណ្ឌិតគប្បីសំដែងឲ្យពិស្តារផងចុះ។ ម្នាលកស្សប ដូចម្តេចដែលហៅថា ភិក្ខុជាអ្នកបរិបូណ៌ដោយសីល ម្នាលកស្សប ភិក្ខុក្នុងសាសនានេះ លះបង់បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានសាស្ត្រាដាក់ចុះហើយ មានសេចក្តីអៀនខ្មាស ដល់ហើយនូវសេចក្តីអាណិត មានសេចក្តីអនុគ្រោះដោយប្រយោជន៍ ដល់សត្វទាំងពួង នេះជាសីលសម្បទា នៃភិក្ខុនោះឯង។បេ។ ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធដ៏ប្រសើរនេះ រមែងទទួលនូវសេចក្តីសុខ មិនមានទោសតាំងនៅខាងក្នុង ម្នាលកស្សប យ៉ាងនេះហៅថា ភិក្ខុបរិបូណ៌ដោយសីល ម្នាលកស្សប នេះឯងឈ្មោះថា សីលសម្បទា។បេ។ បានដល់នូវបឋមជ្ឈាន នេះជាចិត្តសម្បទានៃភិក្ខុនោះឯង ម្នាលកស្សប នេះឯងឈ្មោះថា ចិត្តសម្បទា។បេ។ ភិក្ខុផ្ចង់តម្រង់បង្អោនចិត្ត ដើម្បីញាណទស្សនៈ នេះឯងជាបញ្ញាសម្បទារបស់ភិក្ខុនោះ។បេ។ ដឹងច្បាស់ថា កិច្ចដទៃក្រៅអំពីនេះ មិនមានឡើយ នេះឯងជាបញ្ញាសម្បទារបស់ភិក្ខុនោះ ម្នាលកស្សប នេះឯង ឈ្មោះថា បញ្ញាសម្បទា។ ម្នាលកស្សប សីលសម្បទា ចិត្តសម្បទា និងបញ្ញាសម្បទាឯទៀត ដ៏លើសលុបថ្លៃថ្លា ជាងសីលសម្បទា ចិត្តសម្បទា បញ្ញាសម្បទានេះគ្មានទេ។
[៧៣] ម្នាលកស្សប មានសមណព្រាហ្មណ៍ពួកមួយ ជាសីលវាទៈ (អ្នកពោលអាងសីល) សមណព្រាហ្មណ៍ទាំងនោះ តែងសរសើរគុណរបស់សីលដោយអនេកបរិយាយ។ ម្នាលកស្សប (បើទុកជា) អរិយសីលដ៏ក្រៃលែងប៉ុន្មាន ក៏តថាគត មិនឃើញមានបុគ្គលណា ត្រឹមស្មើតថាគតក្នុងអរិយសីលនោះទេ ក្រៃលែងជាងមកពីណាបាន តថាគតឯង ជាអ្នកក្រៃលែងក្នុងគុណ គឺអធិសីលនោះដោយពិត។ ម្នាលកស្សប មានសមណព្រាហ្មណ៍ពួកមួយជា តបោជិគុច្ឆវាទ (អ្នកពោលអាងការខ្ពើមកិលេសដោយតបៈ) សមណព្រាហ្មណ៍ទាំងនោះ តែងសរសើរគុណនៃការខ្ពើមកិលេស ដោយតបៈ ជាអនេកបរិយាយ។ ម្នាលកស្សប (បើទុកជា) ការខ្ពើមកិលេស ដោយតបៈ ដ៏ប្រសើរក្រៃលែងប៉ុន្មាន ក៏តថាគត មិនឃើញមានបុគ្គលណា ត្រឹមស្មើនឹងការខ្ពើមកិលេស របស់តថាគត ក្នុងតបៈនោះទេ ក្រៃលែងមកពីណាបាន តថាគតឯង ជាអ្នកក្រៃលែងក្នុងគុណ គឺការខ្ពើមកិលេស ដោយពិត។ ម្នាលកស្សប មានសមណព្រាហ្មណ៍ពួកមួយជា បញ្ញាវាទៈ (អ្នកពោលអាងបញ្ញា) សមណព្រាហ្មណ៍ទាំងនោះ តែងសរសើរគុណនៃបញ្ញា ដោយអនេកបរិយាយ។ ម្នាលកស្សប (បើទុកជា) បញ្ញាដ៏ប្រសើរក្រៃលែងប៉ុន្មាន ក៏តថាគត មិនឃើញមានបុគ្គលណា ត្រឹមស្មើនឹងបញ្ញា របស់តថាគតក្នុងបញ្ញានោះទេ ក្រៃលែងមកពីណាបាន តថាគតឯង ជាអ្នកក្រៃលែងក្នុងគុណ គឺអធិបញ្ញានោះដោយពិត។ ម្នាលកស្សប មានសមណព្រាហ្មណ៍ពួកមួយជា វិមុត្តិវាទៈ (អ្នកពោលអាងវិមុត្តិ) សមណព្រាហ្មណ៍ទាំងនោះ តែងសរសើរគុណរបស់វិមុត្តិ ដោយអនេកបរិយាយ។ ម្នាលកស្សប (បើទុកជា) វិមុត្តិដ៏ប្រសើរ ក្រៃលែងប៉ុន្មាន ក៏តថាគត មិនឃើញមានបុគ្គលណា ត្រឹមស្មើនឹងវិមុត្តិ របស់តថាគត ក្នុងវិមុត្តិនោះទេ ក្រៃលែងមកពីណាបាន តថាគតឯង ជាអ្នកក្រៃលែងក្នុងគុណ គឺអធិវិមុត្តិនោះដោយពិត។
[៧៤] ម្នាលកស្សប សេចក្តីនេះជាឋានៈមានប្រាកដ ដែលពួកអន្យតិរ្ថីយ៍បរិព្វាជកនិយាយ យ៉ាងនេះថា ព្រះសមណគោតម តែងតែបន្លឺសីហនាទ ប៉ុន្តែបន្លឺសីហនាទនោះ បានតែក្នុងផ្ទះស្ងាត់ មិនបន្លឺក្នុងពួកបរិសទ្យទេ។ អ្នកត្រូវប្រាប់ពួកគេថា អ្នកទាំងឡាយ កុំពោលយ៉ាងនេះឡើយ ម្នាលកស្សប អ្នកត្រូវប្រាប់គេថា ព្រះសមណគោតម តែងតែបន្លឺសីហនាទ បន្លឺតែក្នុងពួកបរិសទ្យ មិនបន្លឺក្នុងផ្ទះស្ងាត់ទេ។ ម្នាលកស្សប សេចក្តីនេះ ជាឋានៈមានប្រាកដ ដែលពួកអន្យតិរ្ថីយ៍បរិព្វាជកនិយាយ យ៉ាងនេះថា ព្រះសមណគោតម តែងតែបន្លឺសីហនាទ បន្លឺក្នុងពួកបរិសទ្យដែរហើយ តែមិនជាអ្នកក្លៀវក្លាបន្លឺទេ។ អ្នកត្រូវប្រាប់ពួកបរិព្វាជកទាំងនោះថា អ្នកទាំងឡាយ កុំពោលយ៉ាងនេះឡើយ។ ម្នាលកស្សប អ្នកត្រូវប្រាប់ពួកគេថា ព្រះសមណគោតម បន្លឺសីហនាទ តែងបន្លឺក្នុងពួកបរិសទ្យ ជាអ្នកក្លៀវក្លាបន្លឺ។ ម្នាលកស្សប សេចក្តីនេះ ជាឋានៈមានប្រាកដ ដែលពួកតិរ្ថិយបរិព្វាជកនិយាយ យ៉ាងនេះថា ព្រះសមណគោតម បន្លឺសីហនាទ តែងបន្លឺក្នុងពួកបរិសទ្យ ជាអ្នកក្លៀវក្លាបន្លឺ តែទេវតា និងមនុស្សទាំងឡាយ មិនដែលសួរប្រស្នានឹងលោកឡើយ ទោះបីសួរប្រស្នានឹងលោក លោកក៏ដោះប្រស្នា ដែលពួកទេវតា និងមនុស្សទាំងនោះសួរ មិនបានទេ ទោះបីលោកដោះប្រស្នា ដែលពួកទេវតា និងមនុស្សទាំងនោះសួរបាន លោកក៏មិនញុំាងចិត្ត ឲ្យត្រេកអរ ដោយការដោះប្រស្នា បើទុកជាញុំាងចិត្តឲ្យត្រេកអរ ដោយការដោះប្រស្នាបាន ជនទាំងឡាយ ក៏មិនសំគាល់ថា គួរស្តាប់ទេ ទោះសំគាល់ថា គួរស្តាប់ ក៏គ្រាន់តែស្តាប់ហើយ មិនជ្រះថ្លាទេ ទុកជាស្តាប់ហើយជ្រះថ្លា ក៏គ្រាន់តែជ្រះថ្លាប៉ុណ្ណោះ តែមិនធ្វើអាការជ្រះថ្លា (មែនទែន)ទេ ទុកជាជ្រះថ្លា ហើយធ្វើអាការជ្រះថ្លា ក៏មិនប្រតិបត្តិតាមសេចក្តីជ្រះថ្លានោះទេ បើទុកជាប្រតិបត្តិតាមសេចក្តីជ្រះថ្លានោះបាន ក៏មិនប្រតិបត្តិ ឲ្យពេញព្រះទ័យនៃលោកបានទេ។ អ្នកត្រូវប្រាប់ពួកគេថា អ្នកទាំងឡាយ កុំពោលយ៉ាងនេះឡើយ។ ម្នាលកស្សប អ្នកត្រូវប្រាប់ពួកគេថា ព្រះសមណគោតម បន្លឺសីហនាទ តែងបន្លឺក្នុងពួកបរិសទ្យ ជាអ្នកក្លៀវក្លាបន្លឺ ពួកទេវតា និងមនុស្ស សួរប្រស្នានឹងលោក លោកក៏ដោះប្រស្នា ដែលពួកទេវតា និងមនុស្សទាំងនោះសួរបាន លោកញុំាងចិត្ត ឲ្យត្រេកអរ ដោយការដោះប្រស្នាបាន ទាំងពួកជន ក៏សំគាល់ថា ពាក្យរបស់លោក ជាពាក្យគួរស្តាប់ លុះស្តាប់ហើយ ក៏ជ្រះថ្លានឹងលោក លុះជ្រះថ្លាហើយ ក៏ធ្វើអាការជ្រះថ្លា ប្រតិបត្តិតាមសេចក្តីជ្រះថ្លានោះ ប្រតិបត្តិឲ្យពេញព្រះទ័យលោកបាន។ ម្នាលកស្សប សម័យមួយ តថាគត នៅលើភ្នំគិជ្ឈកូដ ជិតនគររាជគ្រឹះ។ មានបរិព្វាជកម្នាក់ ឈ្មោះនិគ្រោធ ជាសព្រហ្មចារីនៃអ្នកក្នុងនគររាជគ្រឹះទាំងនោះ មកសួរប្រស្នានឹងតថាគត ក្នុងការខ្ពើមកិលេសយ៉ាងក្រៃលែង តថាគត ក៏បានដោះប្រស្នាដែលនិគ្រោធបរិព្វាជកនោះសួរ ក្នុងការខ្ពើមកិលេស យ៉ាងក្រៃលែង លុះតថាគតដោះប្រស្នារួចហើយ បរិព្វាជកនោះ ក៏មានចិត្តត្រេកអរពន់ប្រមាណ។
[៧៥] បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ ដែលបានស្តាប់ធម៌របស់ព្រះមានព្រះភាគហើយ មិនមានចិត្តត្រេកអរពន់ប្រមាណ បពិត្រព្រះអង្គដ៏ចំរើន ឯខ្ញុំព្រះអង្គ ស្តាប់ធម៌របស់ព្រះមានព្រះភាគហើយ មានចិត្តត្រេកអរពន់ប្រមាណណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះអង្គសំដែងហើយ ដោយអនេកបរិយាយយ៉ាងនេះ ដូចជាគេផ្ងាររបស់ដែលគេផ្កាប់ ឬបើកបង្ហាញរបស់ដែលកំបាំង ឬក៏ប្រាប់ផ្លូវ ដល់អ្នកវង្វេងផ្លូវ ពុំនោះសោត ដូចជាទ្រោលប្រទីបបំភ្លឺ ក្នុងទីងងឹត ដោយគិតថា ពួកមនុស្សមានភ្នែកភ្លឺ នឹងឃើញនូវរូបទាំងឡាយបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះសង្ឃផង ជាសរណៈ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គួរបាននូវបព្វជ្ជា គួរបាននូវឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។
[៧៦] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកស្សប បុគ្គលណាធ្លាប់ជាអន្យតិរ្ថិយមកហើយ តែចង់ចូលមកក្នុងធម្មវិន័យនេះ ចង់បព្វជ្ជា និងឧបសម្បទា អន្យតិរ្ថិយនោះ ត្រូវនៅបរិវាសអស់៤ខែ លុះកន្លង៤ខែហើយ ទើបភិក្ខុទាំងឡាយ មានចិត្តត្រេកអរ ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ដើម្បីភាវៈជាភិក្ខុ ឯតថាគត ដឹងនូវសេចក្តីផ្សេងគ្នា នៃបុគ្គលក្នុងកិច្ចដែលនៅបរិវាសនេះ។6) អចេលកស្សប ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន បើបុគ្គលធ្លាប់ជាអន្យតិរ្ថិយមកហើយ ចង់ចូលមកក្នុងធម្មវិន័យនេះ ចង់បព្វជ្ជា និងឧបសម្បទា ត្រូវនៅបរិវាសអស់៤ខែ លុះកន្លង៤ខែហើយ ទើបភិក្ខុទាំងឡាយ មានចិត្តត្រេកអរ ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ដើម្បីភាវៈជាភិក្ខុ ដូច្នេះ ខ្ញុំព្រះអង្គ នឹងនៅរហូត៤ឆ្នាំបាន លុះកន្លង៤ឆ្នាំហើយ ភិក្ខុទាំងឡាយគង់មានចិត្តត្រេកអរ ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ដើម្បីភាវៈជាភិក្ខុ។ អចេលកស្សប ក៏បានបព្វជ្ជា បានឧបសម្បទាក្នុងសំណាក់នៃព្រះមានព្រះភាគ លុះព្រះកស្សបមានអាយុ បានឧបសម្បទា មិនយូរប៉ុន្មាន ក៏ជាបុគ្គលម្នាក់ឯង ដោះខ្លួនចេញចាកពួក ឥតមានសេចក្តីប្រមាទ ខំព្យាយាមដុតនូវកិលេស ប្រថុយលះបង់នូវអត្តភាព ពួកកុលបុត្ត ដែលចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ជាទីបំផុតនៃព្រហ្មចរិយៈ ដោយបញ្ញារបស់ខ្លួន ដោយខ្លួនឯង ក្នុងអត្តភាពនេះ សម្រាន្តនៅ ដោយឥរិយាបថទាំង៤ មិនយូរប៉ុន្មាន ក៏បានដឹងច្បាស់ថា ជាតិ (កំណើត) របស់អាត្មាអញ អស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញក៏បានអប់រំចប់ហើយ កិច្ចដែលត្រូវធ្វើ អាត្មាអញ ក៏បានធ្វើហើយ កិច្ចដទៃ ក្រៅអំពីនេះតទៅទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះកស្សបមានអាយុ ក៏ជាព្រះអរហន្តអង្គមួយដែរ។
ចប់ មហាសីហនាទសូត្រ ទី៨។