តិបិដក (មូល) » សុត្តបិដក » ទីឃនិកាយ » សីលក្ខន្ធវគ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
dn 09 បាលី cs-km: sut.dn.09 អដ្ឋកថា: sut.dn.09_att PTS: ?
(ទី៩) បោដ្ឋបាទសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
sut.dn.09.aac
(៩. បោដ្ឋបាទសុត្តំ)
[៧៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង មានបរិព្វាជកម្នាក់ ឈ្មោះបោដ្ឋបាទ នៅអាស្រ័យក្នុងមល្លិការាម1) ដែលមានសាលាមួយ2) មានជួរនៃដើមទន្លាប់ព័ទ្ធជុំវិញ ជាទី (សម្រាប់ពួកជនមានព្រាហ្មណ៍ជាដើម) ប្រជុំគ្នា ជជែកអំពីលទ្ធិ (របស់ខ្លួន) ជាមួយនឹងបរិព្វាជកបរិសទ្យជាច្រើនចំនួន៣០០០នាក់។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ហើយទ្រង់ពុទ្ធដំណើរចូលទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ព្រះតម្រិះដូច្នេះថា ការត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី នៅព្រឹកណាស់ បើដូច្នោះ គួរតែតថាគត ចូលទៅរកបោដ្ឋបាទបរិព្វាជក នៅក្នុងមល្លិការាម ដែលមានសាលាមួយ មានជួរនៃដើមទន្លាប់ព័ទ្ធជុំវិញ ជាទីសម្រាប់ប្រជុំគ្នា ជជែកអំពីលទ្ធិ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរ ចូលទៅឯមល្លិការាម ដែលមានសាលាមួយ មានជួរនៃដើមទន្លាប់ព័ទ្ធជុំវិញ ជាទីសម្រាប់ប្រជុំគ្នា ជជែកអំពីលទ្ធិ។
[៧៨] សម័យនោះឯង បោដ្ឋបាទបរិព្វាជក អង្គុយជាមួយនឹងបរិព្វាជកបរិសទ្យច្រើននាក់ កំពុងតែនិយាយពាក្យតិរច្ឆានកថាច្រើនយ៉ាង ដោយសំឡេងហ៊ោ សំឡេងឮខ្លាំង កងរំពង គឺនិយាយអំពីស្តេច និយាយអំពីចោរ និយាយអំពីមហាមាត្យ និយាយអំពីសេនា និយាយអំពីភ័យ និយាយអំពីចម្បាំង និយាយអំពីគ្រឿងស៊ី និយាយអំពីគ្រឿងផឹក និយាយអំពីសំពត់ និយាយអំពីទីដេក និយាយអំពីផ្កាកម្រង និយាយអំពីគ្រឿងក្រអូប និយាយអំពីញាតិ និយាយអំពីយាន និយាយអំពីស្រុក និយាយអំពីនិគម និយាយអំពីនគរ និយាយអំពីជនបទ និយាយអំពីស្រី និយាយអំពីប្រុស និយាយអំពីយោធាដែលក្លៀវក្លា និយាយអំពីច្រកផ្លូវ និយាយអំពីកំពង់ទឹក និយាយអំពីបុព្វប្រេត គឺញាតិដែលចែកឋានទៅហើយ និយាយអំពីពាក្យឥតប្រយោជន៍ មានប្រការផ្សេងៗ និយាយអំពីលោក (មានរឿងក្អែកស និងកុកក្រហមជាដើម) និយាយអំពីរឿងជីកសមុទ្រ និយាយអំពីសេចក្តីចំរើន និងសេចក្តីសាបសូន្យដូច្នេះៗ។ បោដ្ឋបាទបរិព្វាជក បានឃើញព្រះមានព្រះភាគ កំពុងស្តេចមកអំពីចម្ងាយលឹមៗ លុះឃើញហើយ ក៏បញ្ឈប់បរិសទ្យរបស់ខ្លួនថា ម្នាលគ្នាយើង ចូរនិយាយសំឡេងតិចៗ ម្នាលគ្នាយើង កុំនិយាយសំឡេងឮខ្លាំងឡើយ (ដ្បិត) ព្រះសមណគោតម អង្គនេះ ស្តេចមក ឯព្រះសមណគោតមមានអាយុនោះឯង លោកពេញព្រះទ័យនឹងសំឡេងតិច តែងពោលសរសើរសំឡេងតិច ធ្វើដូចម្តេចឲ្យលោកជ្រាបថា បរិសទ្យនិយាយសំឡេងតិច ហើយសំគាល់ថាគួរនឹងចូលមកបាន។ កាលបោដ្ឋបាទបរិព្វាជក និយាយឃាត់យ៉ាងនេះហើយ បរិព្វាជកទាំងនោះ ក៏នាំគ្នាស្ងៀម។
[៧៩] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរចូលសំដៅទៅរកកន្លែងដែលបោដ្ឋបាទបរិព្វាជកនៅ។ បោដ្ឋបាទបរិព្វាជក ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ស្តេចមក បពិត្រព្រះអង្គដ៏ចំរើន ដំណើរដែលព្រះមានព្រះភាគស្តេចមកល្អហើយ បពិត្រព្រះអង្គដ៏ចំរើន យូរណាស់ហើយតើ ព្រះមានព្រះភាគ បានធ្វើបរិយាយនេះ ដើម្បីមកក្នុងទីនេះ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ និមន្តគង់អាសនៈ ដែលរៀបចំស្រាប់នេះ។ ព្រះមានព្រះភាគ ក៏ទ្រង់គង់លើអាសនៈ ដែលគេរៀបចំស្រាប់ហើយ។ ឯបោដ្ឋបាទបរិព្វាជក ក៏កាន់យកអាសនៈទាបមួយ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះបោដ្ឋបាទបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់ត្រាស់សួរដូច្នេះថា ម្នាលបោដ្ឋបាទ ក្នុងកាលអម្បាញ់មិញនេះ អ្នកទាំងឡាយប្រជុំគ្នា និយាយពាក្យដូចម្តេច ចុះពាក្យជាចន្លោះដូចម្តេច3) ដែលអ្នកទាំងឡាយ និយាយមិនទាន់ស្រេច។
[៨០] កាលបើព្រះមានព្រះភាគទ្រង់ត្រាស់សួរយ៉ាងនេះហើយ បោដ្ឋបាទបរិព្វាជក ក៏ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យដែលយើងខ្ញុំទាំងឡាយ ប្រជុំគ្នានិយាយអម្បាញ់មិញនេះ ទុកស្លេះសិនចុះ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនុ៎ះ ព្រះមានព្រះភាគ មិនមែនបានដោយកម្រទេ នឹងបានទ្រង់ព្រះសណ្តាប់ក្នុងកាលខាងក្រោយមិនខាន បពិត្រព្រះអង្គដ៏ចំរើន កាលថ្ងៃពីមុនៗមក មានពួកសមណព្រាហ្មណ៍ ដែលមានលទ្ធិផ្សេងៗ អង្គុយប្រជុំគ្នា ក្នុងកោតុហលសាលា4) ក៏បានផ្តួចផ្តើម និយាយគ្នា ក្នុងអភិសញ្ញានិរោធថា អ្នកដ៏ចំរើន អភិសញ្ញានិរោធ តើដូចម្តេច បណ្តាសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ខ្លះ ពោលយ៉ាងនេះថា សញ្ញារបស់បុរសកើតក្តី រលត់ក្តី មិនមានហេតុ មិនមានបច្ច័យឡើយ សញ្ញាកើតឡើងក្នុងសម័យណា សត្វក៏មានសញ្ញាក្នុងសម័យនោះ សញ្ញារលត់ទៅក្នុងសម័យណា សត្វក៏មិនមានសញ្ញាក្នុងសម័យនោះ សមណព្រាហ្មណ៍ពួកមួយក្នុងលោកនេះ បានបញ្ញត្តអភិសញ្ញានិរោធ ដោយប្រការយ៉ាងនេះ តែសមណព្រាហ្មណ៍ដទៃ ក្រៅអំពីនោះ ពោលយ៉ាងនេះថា អ្នកទាំងឡាយដ៏ចំរើន ដំណើរនុ៎ះ មិនមែនជាយ៉ាងនេះទេ នែអ្នកទាំងឡាយដ៏ចំរើន ព្រោះថា សញ្ញាជាខ្លួនរបស់បុរស ឯខ្លួននោះ មាននៅខ្លះ ប្រាសទៅខ្លះ ខ្លួនមាននៅក្នុងសម័យណា សត្វក៏មានសញ្ញាក្នុងសម័យនោះ ខ្លួនប្រាសទៅក្នុងសម័យណា សត្វក៏មិនមានសញ្ញាក្នុងសម័យនោះ សមណព្រាហ្មណ៍ពួកមួយ ក្នុងលោកនេះ បានបញ្ញត្តអភិសញ្ញានិរោធ ដោយប្រការយ៉ាងនេះ សមណព្រាហ្មណ៍ដទៃ ក្រៅអំពីនោះ ពោលយ៉ាងនេះថា អ្នកទាំងឡាយដ៏ចំរើន ដំណើរនុ៎ះ មិនមែនយ៉ាងនេះទេ អ្នកទាំងឡាយដ៏ចំរើន ព្រោះថា សមណព្រាហ្មណ៍ មានឫទ្ធិច្រើន មានអានុភាពច្រើនក៏មាន សមណព្រាហ្មណ៍ទាំងនោះឯង ទាញចូលខ្លះ ដកចេញខ្លះ នូវសញ្ញារបស់បុរសនេះ ទាញសញ្ញាចូលក្នុងសម័យណា សត្វក៏មានសញ្ញាក្នុងសម័យនោះ ដកសញ្ញាចេញក្នុងសម័យណា សត្វក៏មិនមានសញ្ញាក្នុងសម័យនោះ សមណព្រាហ្មណ៍ពួកមួយ ក្នុងលោកនេះ បញ្ញត្តអភិសញ្ញានិរោធ ដោយប្រការយ៉ាងនេះ សមណព្រាហ្មណ៍ដទៃ ក្រៅអំពីនោះ ពោលយ៉ាងនេះថា អ្នកទាំងឡាយដ៏ចំរើន ដំណើរនុ៎ះ មិនមែនយ៉ាងនេះទេ អ្នកទាំងឡាយដ៏ចំរើន ព្រោះថា ពួកទេវតា មានឫទ្ធិច្រើន មានអានុភាពច្រើនក៏មាន ទេវតាទាំងនោះ ទាញចូលខ្លះ ដកចេញខ្លះ នូវសញ្ញារបស់បុរសនេះ ទាញសញ្ញាចូលក្នុងសម័យណា សត្វក៏មានសញ្ញាក្នុងសម័យនោះ ដកសញ្ញាចេញក្នុងសម័យណា សត្វក៏មិនមានសញ្ញាក្នុងសម័យនោះ សមណព្រាហ្មណ៍ពួកមួយ ក្នុងលោកនេះ បញ្ញត្តអភិសញ្ញានិរោធ ដោយប្រការយ៉ាងនេះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានចាប់ភ្លឹក នឹកប្រារព្ធចំពោះព្រះមានព្រះភាគ តែមួយយ៉ាងថា ព្រះមានព្រះភាគណា ទ្រង់ឈ្លាសវៃ ក្នុងធម៌ទាំងនេះ ព្រះមានព្រះភាគអង្គនោះ គប្បីសំដែងបាន ដោយអស្ចារ្យក្រៃលែង ព្រះសុគតណា ទ្រង់ឈ្លាសវៃ ក្នុងធម៌ទាំងនេះ ព្រះសុគតអង្គនោះ គប្បីសំដែងបាន ដោយអស្ចារ្យក្រៃលែង បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ព្រះអង្គឈ្លាសវៃ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ នូវអភិសញ្ញានិរោធ បពិត្រព្រះអង្គដ៏ចំរើន អភិសញ្ញានិរោធនោះ តើដូចម្តេច។
[៨១] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលបោដ្ឋបាទ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ដែលពោលយ៉ាងនេះថា សញ្ញារបស់បុរសកើតក្តី រលត់ក្តី មិនមានហេតុ មិនមានបច្ច័យ ដូច្នេះ សេចក្តីយល់ឃើញរបស់សមណព្រាហ្មណ៍ទាំងនោះ ចាត់ជាខុស តាំងអំពីដើមទាំងស្រុង។ ដំណើរនុ៎ះ ព្រោះហេតុអ្វី។ ម្នាលបោដ្ឋបាទ ព្រោះថា សញ្ញារបស់បុរស ប្រកបដោយហេតុ ប្រកបដោយបច្ច័យ ទាំងកើត ទាំងរលត់ សញ្ញាខ្លះកើត ព្រោះការហាត់ក៏មាន សញ្ញាខ្លះរលត់ទៅ ព្រោះការហាត់ក៏មាន ក៏ការហាត់សញ្ញានោះ តើដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់ឆ្លើយដោយព្រះអង្គឯងថា ម្នាលបោដ្ឋបាទ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ កើតឡើងក្នុងលោកនេះ។បេ។ (បណ្ឌិតគប្បីសំដែងឲ្យពិស្តារ ដូចក្នុងសាមញ្ញផលសូត្រផងចុះ)។ ម្នាលបោដ្ឋបាទ ភិក្ខុអ្នកបរិបូណ៌ដោយសីល យ៉ាងនេះឯង។បេ។ កាលភិក្ខុនោះពិចារណាឃើញ នូវនីវរណៈទាំង៥នេះ ក្នុងខ្លួនដែលលះបង់បានហើយ បាមោជ្ជៈ គឺសេចក្តីរីករាយ ក៏កើតឡើង កាលបើភិក្ខុមានចិត្តរីករាយហើយ បីតិក៏កើតឡើង កាលបើភិក្ខុមានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ ភិក្ខុដែលមានកាយស្ងប់រម្ងាប់ហើយ ក៏ទទួលនូវសុខ ចិត្តរបស់ភិក្ខុដែលមានសុខ ក៏តាំងនៅមាំ។ ភិក្ខុនោះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយក៏បានដល់នូវបឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខកើតអំពីសេចក្តីស្ងាត់នោះ កាមសញ្ញា (តម្រេក ប្រកបដោយកាមគុណទាំង៥) ខាងដើម របស់ភិក្ខុនោះ ក៏រលត់ទៅ សច្ចសញ្ញាដ៏ល្អិត ពោលគឺបីតិ និងសុខដែលកើតអំពីសេចក្តីស្ងាត់ ក៏មានឡើងក្នុងសម័យនោះ ភិក្ខុនោះ ឈ្មោះថា មានសច្ចសញ្ញាដ៏ល្អិត ពោលគឺ បីតិ និងសុខ ដែលកើតអំពីវិវេកក្នុងសម័យនោះឯង សញ្ញាខ្លះកើត ព្រោះការហាត់ សញ្ញាខ្លះរលត់ទៅ ព្រោះការហាត់ (ដូចពណ៌នាមកនេះ) នេះឯងហៅថា ការហាត់សញ្ញា។
[៨២] ម្នាលបោដ្ឋបាទ សេចក្តីផ្សេងទៀតថា ព្រោះរម្ងាប់វិតក្កៈ វិចារៈចេញបាន ភិក្ខុក៏បានដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្តាននៃខ្លួន មានសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក គ្មានវិតក្កៈ គ្មានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន សច្ចសញ្ញាដ៏ល្អិត ពោលគឺ បីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងាត់ជាខាងដើម របស់ភិក្ខុនោះ ក៏រលត់ទៅ សច្ចសញ្ញាដ៏ល្អិត ពោលគឺ បីតិ និងសុខ ដែលកើតអំពីសមាធិ ក៏មានក្នុងសម័យនោះឡើង ភិក្ខុនោះ ឈ្មោះថា មានសច្ចសញ្ញា ដ៏ល្អិត ពោលគឺ បីតិ និងសុខ ដែលកើតអំពីសមាធិ ក្នុងសម័យនោះឯង សញ្ញាខ្លះកើត ព្រោះការហាត់ សញ្ញាខ្លះរលត់ទៅ ព្រោះការហាត់ ដូចពណ៌នាមកនេះ នេះឯងដែលហៅថា ការហាត់។
[៨៣] ម្នាលបោដ្ឋបាទ សេចក្តីផ្សេងទៀតថា ព្រោះនឿយណាយ ចាកបីតិ ប្រកបដោយឧបេក្ខា ភិក្ខុមានសតិ និងសម្បជញ្ញៈ រមែងទទួលនូវសេចក្តីសុខ ដោយនាមកាយ ព្រះអរិយៈទាំងឡាយ តែងសរសើរបុគ្គល អ្នកបានតតិយជ្ឈាននោះ ថាជាអ្នកប្រកបដោយឧបេក្ខា មានស្មារតី មានប្រក្រតីនៅជាសុខ ក៏បានដល់នូវតតិយជ្ឈាននោះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ សច្ចសញ្ញាដ៏ល្អិត ពោលគឺ បីតិ និងសុខ ដែលកើតអំពីសមាធិជាខាងដើម របស់ភិក្ខុនោះ ក៏រលត់ទៅ សច្ចសញ្ញាដ៏ល្អិត ពោលគឺ ឧបេក្ខា និងសុខ ក៏មានក្នុងសម័យនោះ ភិក្ខុនោះ ឈ្មោះថា មានសច្ចសញ្ញាដ៏ល្អិត ពោលគឺ ឧបេក្ខា និងសុខ ក្នុងសម័យនោះឯង សញ្ញាខ្លះកើត ព្រោះការហាត់ សញ្ញាខ្លះរលត់ទៅ ព្រោះការហាត់ ដូចពណ៌នាមកនេះ នេះឯង ដែលហៅថា ការហាត់សញ្ញា។
[៨៤] ម្នាលបោដ្ឋបាទ សេចក្តីផ្សេងទៀតថា ព្រោះលះបង់នូវសុខ និងទុក្ខហើយ ព្រោះអស់ទៅនៃសោមនស្ស និងទោមនស្ស ក្នុងកាលមុន ភិក្ខុក៏បានដល់នូវចតុត្ថជ្ឈាន មានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ គឺឧបេក្ខា មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា សម្រេចសម្រាន្តនៅ ដោយឥរិយាបទទាំង៤ សច្ចសញ្ញាដ៏ល្អិត ពោលគឺ ឧបេក្ខា និងសុខ ជាខាងដើម របស់ភិក្ខុនោះ ក៏រលត់ទៅ សច្ចសញ្ញាដ៏ល្អិត ដែលឥតទុក្ខ ឥតសុខ ក៏មានក្នុងសម័យនោះ ភិក្ខុនោះ ឈ្មោះថា មានសច្ចសញ្ញាដ៏ល្អិត ឥតទុក្ខ ឥតសុខ ក្នុងសម័យនោះ សញ្ញាខ្លះកើតឡើង ព្រោះការហាត់ សញ្ញាខ្លះរលត់ទៅ ព្រោះការហាត់ ដូចពណ៌នាមកនេះ នេះឯង ដែលហៅថា ការហាត់សញ្ញា។
[៨៥] ម្នាលបោដ្ឋបាទ សេចក្តីផ្សេងទៀតថា ព្រោះកន្លងនូវរូបសញ្ញា5) ព្រោះអស់ទៅនៃបដិឃសញ្ញា6) ព្រោះលែងធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា7) ដោយប្រការទាំងពួងហើយ ភិក្ខុក៏បានដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាស មិនមានទីបំផុត ដូច្នេះ សម្រេចសម្រាន្តនៅ ដោយឥរិយាបទទាំង៤ រូបសញ្ញា ជាខាងដើម របស់ភិក្ខុនោះ ក៏រលត់ទៅ សច្ចសញ្ញាដ៏ល្អិត ពោលគឺ អាកាសានញ្ចាយតនជ្ឈាន ក៏មានក្នុងសម័យនោះ ភិក្ខុនោះ ឈ្មោះថា មានសច្ចសញ្ញាដ៏ល្អិត ពោលគឺ អាកាសានញ្ចាយតនជ្ឈាន ក្នុងសម័យនោះឯង សញ្ញាខ្លះកើតឡើង ព្រោះការហាត់ សញ្ញាខ្លះរលត់ទៅ ព្រោះការហាត់ ដូចពណ៌នាមកនេះ នេះឯង ដែលហៅថា ការហាត់សញ្ញា។
[៨៦] ម្នាលបោដ្ឋបាទ សេចក្តីផ្សេងទៀតថា ព្រោះកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ភិក្ខុបានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណ មិនមានទីបំផុត ដូច្នេះ ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបទទាំង៤ សច្ចសញ្ញាដ៏ល្អិត ពោលគឺ អាកាសានញ្ចាយតនជ្ឈាន ជាខាងដើម របស់ភិក្ខុនោះ ក៏រលត់ទៅ សច្ចសញ្ញាដ៏ល្អិត ពោលគឺ វិញ្ញាណញ្ចាយតនជ្ឈាន ក៏មានក្នុងសម័យនោះ ភិក្ខុនោះ ឈ្មោះថា មានសច្ចសញ្ញាដ៏ល្អិត ពោលគឺ វិញ្ញាណញ្ចាយតនជ្ឈាន ក្នុងសម័យនោះឯង សញ្ញាខ្លះកើត ព្រោះការហាត់ សញ្ញាខ្លះរលត់ទៅ ព្រោះការហាត់ ដូចពណ៌នាមកនេះ នេះឯង ដែលហៅថា ការហាត់សញ្ញា។
[៨៧] ម្នាលបោដ្ឋបាទ សេចក្តីផ្សេងទៀតថា ព្រោះកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ភិក្ខុក៏បានដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វត្ថុតិចតួច មិនមាន ដូច្នេះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបទទាំង៤ សច្ចសញ្ញាដ៏ល្អិត ពោលគឺ វិញ្ញាណញ្ចាយតនជ្ឈាន ជាខាងដើម របស់ភិក្ខុនោះ ក៏រលត់ទៅ សច្ចសញ្ញាដ៏ល្អិត ពោលគឺ អាកិញ្ចញ្ញាយតនជ្ឈាន ក៏មានក្នុងសម័យនោះ ភិក្ខុនោះ ឈ្មោះថា មានសច្ចសញ្ញាដ៏ល្អិត ពោលគឺ អាកិញ្ចញ្ញាយតនជ្ឈាន ក្នុងសម័យនោះឯង សញ្ញាខ្លះ កើតព្រោះការហាត់ សញ្ញាខ្លះ រលត់ទៅ ព្រោះការហាត់ ដូចពណ៌នាមកនេះ នេះឯង ដែលហៅថា ការហាត់សញ្ញា។
[៨៨] ម្នាលបោដ្ឋបាទ ភិក្ខុណាក្នុងសាសនានេះ មានសេចក្តីសំគាល់ (ក្នុងបឋមជ្ឈាន) របស់ខ្លួន ភិក្ខុនោះ ចេញចាកបឋមជ្ឈាននោះហើយ ចូលទុតិយជ្ឈានឯណោះ ចេញចាកទុតិយជ្ឈាននោះហើយ ចូលតតិយជ្ឈានឯណោះ (លុះចូលឈាន) តាមលំដាប់ហើយ ក៏បាននូវសញ្ញាជាកំពូល គឺអាកិញ្ចញ្ញាយតនជ្ឈាន កាលបើភិក្ខុនោះ ឋិតនៅក្នុងសញ្ញាជាកំពូល គឺអាកិញ្ចញ្ញាយតនជ្ឈានហើយ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលបើអាត្មាអញ ចូលឈាន មិនប្រសើរឡើយ បើអាត្មាអញ មិនចូលឈាន ទើបប្រសើរ ព្រោះថា ប្រសិនបើអាត្មាអញចូលឈាន រវល់តែនឹងចូលឈាន សញ្ញាក្នុងអាកិញ្ចញ្ញាយតនជ្ឈាន ទាំងនេះ របស់អាត្មាអញ មុខជារលត់ទៅ សញ្ញាដ៏គ្រោតគ្រាតឯទៀត គឺភវង្គសញ្ញា មុខជាកើតឡើង បើដូច្នោះ អាត្មាអញ មិនគួរនឹងចូលឈាន មិនគួររវល់តែនឹងចូលឈានឡើយ។ ភិក្ខុនោះឯង ក៏លែងចូលឈាន លែងរវល់នឹងចូលឈាន កាលបើភិក្ខុនោះ លែងចូលឈាន លែងរវល់នឹងចូលឈាន សញ្ញាទាំងនោះ ក៏រលត់ទៅ សញ្ញាដ៏គ្រោតគ្រាតឯទៀត គឺភវង្គសញ្ញា ក៏មិនកើតឡើង ភិក្ខុនោះ បាននូវនិរោធ។ ម្នាលបោដ្ឋបាទ យ៉ាងនេះហៅថា អនុបុព្វាភិសញ្ញានិរោធសម្បជានសមាបត្តិ។8) ម្នាលបោដ្ឋបាទ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច អនុបុព្វាភិសញ្ញានិរោធសម្បជានសមាបត្តិ មានសភាពយ៉ាងនេះ អ្នកធ្លាប់បានឮមក ក្នុងកាលមុនអំពីកាលនេះដែរឬ។ បោដ្ឋបាទបរិព្វាជក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន សេចក្តីនេះ ខ្ញុំព្រះអង្គមិនធ្លាប់បានឮទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ទើបតែនឹងដឹងនូវធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែង ដោយអាការយ៉ាងនេះឯង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលបោដ្ឋបាទ ភិក្ខុណា មានសេចក្តីសំគាល់ (ក្នុងបឋមជ្ឈាន) របស់ខ្លួន ភិក្ខុនោះ ចេញចាកបឋមជ្ឈាននោះហើយ ចូលទុតិយជ្ឈានឯណោះ ចេញចាកទុតិយជ្ឈាននោះហើយ ចូលតតិយជ្ឈានឯណោះ (លុះចូលឈាន) តាមលំដាប់ ក៏បាននូវសញ្ញាជាកំពូល គឺអាកិញ្ចញ្ញាយតនជ្ឈាន កាលបើភិក្ខុនោះ ឋិតនៅក្នុងសញ្ញាជាកំពូល គឺអាកិញ្ចញ្ញាយតនជ្ឈាន ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលបើអាត្មាអញ ចូលឈាន មិនប្រសើរឡើយ បើអាត្មាអញ មិនចូលឈាន ទើបប្រសើរ ព្រោះថា ប្រសិនបើអាត្មាអញចូលឈាន រវល់តែនឹងចូលឈាន សញ្ញាក្នុងអាកិញ្ចញ្ញាយតនជ្ឈានទាំងនេះ របស់អាត្មាអញ មុខជារលត់ទៅ សញ្ញាដ៏គ្រោតគ្រាតដទៃ គឺភវង្គសញ្ញា មុខជាកើតឡើង បើដូច្នោះ អាត្មាអញ មិនគួរនឹងចូលឈាន មិនគួររវល់តែនឹងឈាន។ ភិក្ខុនោះឯង ក៏លែងចូលឈាន លែងរវល់នឹងចូលឈាន កាលបើភិក្ខុនោះ លែងចូលឈាន លែងរវល់នឹងឈាន សញ្ញាទាំងនោះ ក៏រលត់ទៅ សញ្ញាដ៏គ្រោតគ្រាតឯទៀត គឺភវង្គសញ្ញា ក៏មិនកើតឡើង ភិក្ខុនោះ បាននូវនិរោធ។ ម្នាលបោដ្ឋបាទ យ៉ាងនេះហៅថា អនុបុព្វាភិសញ្ញានិរោធសម្បជានសមាបត្តិ។
[៨៩] ម្នាលបោដ្ឋបាទ អភិសញ្ញានិរោធ យ៉ាងនេះឯង។ បោដ្ឋបាទបរិព្វាជក ក្រាបទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់បញ្ញត្តនូវសញ្ញា ជាកំពូលតែមួយយ៉ាងប៉ុណ្ណេះទេ ឬទ្រង់បញ្ញត្តនូវសញ្ញា ជាកំពូលច្រើនយ៉ាង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលបោដ្ឋបាទ តថាគត បញ្ញត្តនូវសញ្ញា ជាកំពូលតែមួយប៉ុណ្ណេះក៏មាន បញ្ញត្តនូវសញ្ញាជាកំពូលច្រើនយ៉ាងក៏មាន។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់បញ្ញត្តនូវសញ្ញា ជាកំពូលតែមួយយ៉ាងក៏មាន ទ្រង់បញ្ញត្តនូវសញ្ញាជាកំពូលច្រើនយ៉ាងក៏មាន តើដូចម្តេច។ ម្នាលបោដ្ឋបាទ ភិក្ខុបាននូវនិរោធយ៉ាងណាៗ តថាគត ក៏បញ្ញត្តនូវសញ្ញាជាកំពូលយ៉ាងនោះៗ។ ម្នាលបោដ្ឋបាទ តថាគតបញ្ញត្តនូវសញ្ញាជាកំពូល តែមួយយ៉ាងក៏មាន បញ្ញត្តនូវសញ្ញាជាកំពូលច្រើនយ៉ាងក៏មាន យ៉ាងនេះឯង។
[៩០] បពិត្រព្រះអង្គដ៏ចំរើន សញ្ញា9) កើតមុន ញាណ10) កើតក្រោយ ឬញាណកើតមុន សញ្ញាកើតក្រោយ ឬក៏ទាំងសញ្ញា ទាំងញាណ កើតដំណាលគ្នាតែម្តង។ ម្នាលបោដ្ឋបាទ សញ្ញាកើតមុន ញាណកើតក្រោយ ដ្បិតថា ការកើតឡើងនៃញាណបាន ក៏ព្រោះតែសេចក្តីកើតឡើងនៃសញ្ញា ភិក្ខុនោះ ក៏ដឹងយ៉ាងនេះថា ញាណរបស់អាត្មាអញកើតហើយ ព្រោះសញ្ញានេះជាបច្ច័យ។ ម្នាលបោដ្ឋបាទ រឿងនេះ អ្នកត្រូវដឹងតាមទំនងនេះចុះថា សញ្ញាកើតមុន ញាណកើតក្រោយ ដ្បិតញាណកើតឡើងបាន ក៏ព្រោះតែសញ្ញាកើតឡើង។
[៩១] បពិត្រព្រះអង្គដ៏ចំរើន សញ្ញាឈ្មោះថា ខ្លួនរបស់បុរស ឬក៏សញ្ញាដទៃ ខ្លួនដទៃទេ។ ម្នាលបោដ្ឋបាទ អ្នកជឿថា ខ្លួនដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជឿថា ខ្លួនដ៏គ្រោតគ្រាត មានរូប ប្រកបដោយមហាភូតរូប៤ មានកវលិង្ការាហារជាចំណី។ ម្នាលបោដ្ឋបាទ មែនហើយ ខ្លួនរបស់អ្នកដ៏គ្រោតគ្រាត មានរូប ប្រកបដោយមហាភូតរូប៤ មានកវលិង្ការាហារជាចំណី។ ម្នាលបោដ្ឋបាទ កាលបើហេតុយ៉ាងនេះមានហើយ សញ្ញារបស់អ្នកក៏ដទៃ ខ្លួនក៏ដទៃ។ ម្នាលបោដ្ឋបាទ អ្នកត្រូវដឹងសេចក្តីនុ៎ះ តាមទំនងនេះចុះថា សញ្ញាក៏ដទៃ ខ្លួនក៏ដទៃដោយពិត។ ម្នាលបោដ្ឋបាទ ខ្លួនដែលគ្រោតគ្រាត មានរូប ប្រកបដោយមហាភូតរូប៤ មានកវលិង្ការាហារជាចំណីនេះ ចូរលើកទុកសិនចុះ កាលបើដូច្នោះ សញ្ញាដទៃ របស់បុរសនេះកើតឡើង សញ្ញាឯទៀតរលត់ទៅ ម្នាលបោដ្ឋបាទ អ្នកត្រូវដឹងសេចក្តីនុ៎ះ តាមទំនងនេះចុះថា សញ្ញាក៏ដទៃ ខ្លួនក៏ដទៃដោយពិត។
[៩២] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជឿថា ខ្លួនសម្រេចដោយចិត្ត មានអវយវៈតូចធំសព្វគ្រប់ មានឥន្ទ្រិយមិនថោកទាប។ ម្នាលបោដ្ឋបាទ ប្រសិនបើខ្លួនរបស់អ្នក សម្រេចដោយចិត្ត មានអវយវៈតូចធំសព្វគ្រប់ មានឥន្ទ្រិយមិនថោកទាប។ ម្នាលបោដ្ឋបាទ កាលបើហេតុដូច្នេះមានហើយ សញ្ញារបស់អ្នក ក៏ដទៃ ខ្លួនរបស់អ្នក ក៏ដទៃ។ ម្នាលបោដ្ឋបាទ អ្នកត្រូវដឹងសេចក្តីនុ៎ះ តាមបរិយាយនេះចុះថា សញ្ញាក៏ដទៃ ខ្លួនក៏ដទៃមែន។ ម្នាលបោដ្ឋបាទ ក៏ខ្លួនសម្រេចដោយចិត្ត មានអវយវៈតូចធំសព្វគ្រប់ មានឥន្ទ្រិយមិនថោកទាបនេះ ចូរលើកទុកសិនចុះ កាលបើដូច្នោះ សញ្ញាដទៃរបស់បុរសនេះកើតឡើង សញ្ញាឯទៀត ក៏រលត់ទៅវិញដោយពិត។ ម្នាលបោដ្ឋបាទ អ្នកត្រូវដឹងសេចក្តីនុ៎ះ តាមបរិយាយនេះថា សញ្ញាក៏ដទៃ ខ្លួនក៏ដទៃមែន។
[៩៣] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជឿថា ខ្លួនមិនមានរូប សម្រេចដោយសញ្ញាដោយពិត។ ម្នាលបោដ្ឋបាទ ខ្លួនរបស់អ្នកមិនមានរូប សម្រេចដោយសញ្ញាមែនហើយ។ ម្នាលបោដ្ឋបាទ កាលបើហេតុយ៉ាងនេះមានហើយ សញ្ញារបស់អ្នក ក៏ដទៃ ខ្លួនរបស់អ្នក ក៏ដទៃពិត។ ម្នាលបោដ្ឋបាទ អ្នកគប្បីដឹងសេចក្តីនុ៎ះ តាមបរិយាយនេះថា សញ្ញាក៏ដទៃ ខ្លួនក៏ដទៃដោយពិត។ ម្នាលបោដ្ឋបាទ ខ្លួនមិនមានរូប សម្រេចដោយសញ្ញានេះ ចូរលើកទុកសិនចុះ កាលបើយ៉ាងនេះ សញ្ញាដទៃរបស់បុរសនេះ តែងកើតឡើង សញ្ញាដទៃ តែងរលត់ទៅ។ ម្នាលបោដ្ឋបាទ អ្នកគប្បីដឹងសេចក្តីនុ៎ះ តាមបរិយាយនេះថា សញ្ញាក៏ដទៃ ខ្លួនក៏ដទៃដោយពិត។
[៩៤] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គអាចដឹងសេចក្តីនុ៎ះថា សញ្ញាជាខ្លួនរបស់បុរសដូច្នេះខ្លះ សញ្ញាក៏ដទៃ ខ្លួនក៏ដទៃដូច្នេះខ្លះ។ ម្នាលបោដ្ឋបាទ អ្នកមានសេចក្តីយល់ឃើញផ្សេង មានសេចក្តីគាប់ចិត្តផ្សេង មានសេចក្តីពេញចិត្តផ្សេង មានសេចក្តីព្យាយាមក្នុងទីផ្សេង មានអាចារ្យក្នុងទីផ្សេង កម្រនឹងដឹងសេចក្តីនុ៎ះថា សញ្ញាជាខ្លួន របស់បុរសដូច្នេះខ្លះ សញ្ញាក៏ដទៃ ខ្លួនក៏ដទៃ ដូច្នេះខ្លះបានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន បើខ្ញុំព្រះអង្គជាអ្នកមានសេចក្តីយល់ឃើញផ្សេង មានសេចក្តីគាប់ចិត្តផ្សេង មានសេចក្តីពេញចិត្តផ្សេង មានការព្យាយាមក្នុងទីផ្សេង មានអាចារ្យក្នុងទីផ្សេង កម្រនឹងដឹងសេចក្តីនុ៎ះថា សញ្ញាជាខ្លួន របស់បុរសដូច្នេះខ្លះ សញ្ញាក៏ដទៃ ខ្លួនក៏ដទៃ ដូច្នេះខ្លះ បពិត្រព្រះអង្គដ៏ចំរើន ចុះដែលគេថា លោកទៀងនេះឯង ជាពាក្យពិត ពាក្យដទៃ ជាពាក្យឥតអំពើឬ។ ម្នាលបោដ្ឋបាទ តថាគត មិនដែលព្យាករសេចក្តីនុ៎ះថា ពាក្យថាលោកទៀង នេះឯងជាពាក្យពិត ពាក្យដទៃ ជាពាក្យឥតអំពើដូច្នេះទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះពាក្យថា លោកមិនទៀង នេះឯងជាពាក្យពិត ពាក្យដទៃ ជាពាក្យឥតអំពើទេឬ។ ម្នាលបោដ្ឋបាទ តថាគត មិនដែលព្យាករសេចក្តីនុ៎ះថា ពាក្យថា លោកមិនទៀងនេះឯង ជាពាក្យពិត ពាក្យដទៃ ជាពាក្យឥតអំពើដូច្នេះទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះពាក្យថា លោកមានទីបំផុត។បេ។ លោកមិនមានទីបំផុត។ ជីវៈនោះ ក៏គឺសរីរៈនោះ។ ជីវៈផ្សេង សរីរៈក៏ផ្សេងទេ។ សត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មាន។ សត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មិនមាន។ សត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មានខ្លះ មិនមានខ្លះ។ សត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មានក៏មិនមែន មិនមានក៏មិនមែន នេះឯង ជាពាក្យពិត ពាក្យដទៃ ជាពាក្យឥតអំពើឬ។ ម្នាលបោដ្ឋបាទ តថាគត មិនដែលព្យាករសេចក្តីនុ៎ះថា ពាក្យថា សត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅមានក៏មិនមែន មិនមាន ក៏មិនមែន នេះឯងជាពាក្យពិត ពាក្យដទៃ ជាមោឃៈ (ពាក្យឥតអំពើ)ដូច្នេះទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រោះហេតុអ្វី បានជាព្រះមានព្រះភាគ មិនទ្រង់ព្យាករសេចក្តីនុ៎ះ។ ម្នាលបោដ្ឋបាទ ព្រោះថា ពាក្យនុ៎ះមិនប្រកបដោយប្រយោជន៍ មិនប្រកបដោយនវលោកុត្តរធម៌ មិនមែនជាអាទិព្រហ្មចរិយកាសិក្ខា គឺមិនមែនអធិសីលសិក្ខាទេ មិនប្រព្រឹត្តទៅដើម្បីនឿយណាយ ក្នុងសំសារវដ្ត មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេកក្នុងវដ្តៈ មិនប្រព្រឹត្តទៅដើម្បីរំលត់វដ្តៈ មិនប្រព្រឹត្តទៅ ដើម្បីរំងាប់វដ្តៈ មិនប្រព្រឹត្តទៅ ដើម្បីដឹងចំពោះវដ្តៈ មិនប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់នូវវដ្តៈ មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ព្រោះហេតុនោះ បានជាតថាគត មិនព្យាករសេចក្តីនោះឡើយ។
[៩៥] បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គ ទ្រង់ព្យាករពាក្យអ្វីទៅវិញ។ ម្នាលបោដ្ឋបាទ តថាគត ព្យាករដូច្នេះឯងថា នេះជាទុក្ខ ម្នាលបោដ្ឋបាទ តថាគត ព្យាករដូច្នេះឯងថា នេះជាហេតុនាំឲ្យកើតទុក្ខ ម្នាលបោដ្ឋបាទ តថាគត ព្យាករដូច្នេះឯងថា នេះជាធម៌ដែលរំលត់ទុក្ខ ម្នាលបោដ្ឋបាទ តថាគត ព្យាករដូច្នេះឯងថា នេះបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុអ្វី បានជាព្រះមានព្រះភាគ ទ្រង់ព្យាករពាក្យនេះ។ ម្នាលបោដ្ឋបាទ ព្រោះថា ពាក្យនេះ ប្រកបដោយប្រយោជន៍ ពាក្យនេះ ប្រកបដោយធម៌ ពាក្យនេះ ជាអាទិព្រហ្មចរិយកាសិក្ខា គឺអធិសីលសិក្ខា ប្រព្រឹត្តទៅ ដើម្បីនឿយណាយ ក្នុងសង្សារវដ្ត ដើម្បីប្រាសចាកតម្រេកក្នុងវដ្តៈ ដើម្បីរំលត់នូវវដ្តៈ ដើម្បីរម្ងាប់នូវវដ្តៈ ដើម្បីដឹងចំពោះវដ្តៈ ដើម្បីដឹងច្បាស់នូវវដ្តៈ ដើម្បីព្រះនិព្វាន ព្រោះហេតុនោះ បានជាតថាគត ព្យាករពាក្យនេះ។ បពិត្រព្រះមានព្រះភាគ ដំណើរនុ៎ះយ៉ាងហ្នឹងហើយ បពិត្រព្រះសុគត ដំណើរនុ៎ះ យ៉ាងហ្នឹងហើយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់សំគាល់នូវកាលដែលនឹងធ្វើនូវពុទ្ធដំណើរចុះ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ក្រោកអំពីអាសនៈ ហើយទ្រង់ពុទ្ធដំណើរចេញទៅ។
[៩៦] លំដាប់នោះឯង កាលបើព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរចៀសចេញទៅ មិនទាន់បានយូរប៉ុន្មាន ស្រាប់តែពួកបរិព្វាជកទាំងនោះ ពោលពាក្យចាក់ដោត នូវបោដ្ឋបាទបរិព្វាជក ដោយជន្លួញ គឺសំដីជុំវិញខ្លួនថា ព្រះសមណគោតម និយាយពាក្យណាៗ បោដ្ឋបាទដ៏ចំរើននេះ ក៏អនុមោទនាពាក្យនោះៗ របស់ព្រះសមណគោតមនោះថា បពិត្រព្រះមានព្រះភាគ ដំណើរនុ៎ះ យ៉ាងហ្នឹងហើយ បពិត្រព្រះសុគត ដំណើរនុ៎ះ យ៉ាងហ្នឹងហើយ ឯពួកយើង មិនទាន់ដឹងច្បាស់នូវធម៌ណាមួយ ដោយដាច់ខាត ដែលព្រះសមណគោតម ទ្រង់សំដែងហើយថា លោកទៀង ឬថាលោកមិនទៀង។បេ។ ឬថាសត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មានក៏មិនមែន មិនមានក៏មិនមែនដូច្នេះទេ។
[៩៧] កាលបើពួកបរិព្វាជកទាំងនោះ ពោលពាក្យយ៉ាងនេះហើយ បោដ្ឋបាទបរិព្វាជក ក៏និយាយទៅនឹងបរិព្វាជកទាំងនោះ យ៉ាងនេះថា នែអ្នកទាំងឡាយដ៏ចំរើន ខ្ញុំឯងក៏មិនដឹងច្បាស់នូវធម៌ណាមួយ ដោយដាច់ខាត ដែលព្រះសមណគោតម ទ្រង់សំដែងហើយថា លោកទៀងឬ។បេ។ ឬថាសត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មានក៏មិនមែន មិនមានក៏មិនមែនដូច្នេះដែរទេ ប៉ុន្តែព្រះសមណគោតម ទ្រង់បញ្ញត្តបដិបទា ដែលពិតប្រាកដទៀងទាត់ មានសភាពតាំងនៅក្នុងធម៌ ដែលត្រឹមត្រូវតាមទំនងនៃធម៌ ក៏កាលបើព្រះសមណគោតម ទ្រង់បញ្ញត្តបដិបទា ដែលពិតប្រាកដទៀងទាត់ មានសភាពតាំងនៅក្នុងធម៌ ដែលត្រឹមត្រូវតាមទំនង នៃធម៌ដូច្នោះហើយ មិនសមបើបុរស ជាវិញ្ញូដូចយ៉ាងខ្ញុំ មិនអនុមោទនាសុភាសិត របស់ព្រះសមណគោតម ដោយសុភាសិតវិញសោះ។
[៩៨] លុះកន្លងពីនោះទៅ បាន២.៣ថ្ងៃ ចិត្តហត្ថិសារីបុត្ត11) និងបោដ្ឋបាទបរិព្វាជក ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ទើបចិត្តហត្ថិសារីបុត្ត ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ ឯបោដ្ឋបាទបរិព្វាជក ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះបោដ្ឋបាទបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កាលដែលព្រះអង្គ ទ្រង់ពុទ្ធដំណើរចេញមក មិនទាន់បានយូរប៉ុន្មាន ក្នុងកាលនោះ ក៏ស្រាប់តែពួកបរិព្វាជកទាំងនោះ ពោលពាក្យចាក់ដោតខ្ញុំព្រះអង្គ ដោយជន្លួញ គឺវាចាជុំវិញខ្លួនថា ព្រះសមណគោតម និយាយពាក្យណាៗ បោដ្ឋបាទបរិព្វាជកដ៏ចំរើននេះ ក៏អនុមោទនាពាក្យនោះៗ របស់ព្រះសមណគោតមនោះថា បពិត្រព្រះមានព្រះភាគ ដំណើរនុ៎ះ យ៉ាងហ្នឹងហើយ បពិត្រព្រះសុគត ដំណើរនុ៎ះ យ៉ាងហ្នឹងហើយ ពួកយើង មិនទាន់ដឹងច្បាស់នូវធម៌ណាមួយ ដោយដាច់ខាត ដែលព្រះសមណគោតម ទ្រង់សំដែងហើយថា លោកទៀង ឬថាលោកមិនទៀង។បេ។ ឬថាសត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មានក៏មិនមែន មិនមានក៏មិនមែនដូច្នេះទេ បពិត្រព្រះអង្គដ៏ចំរើន កាលបើបរិព្វាជកទាំងនោះ និយាយយ៉ាងនេះហើយ ខ្ញុំព្រះអង្គ ក៏និយាយទៅនឹងបរិព្វាជកទាំងនោះ ដូច្នេះថា នែអ្នកទាំងឡាយដ៏ចំរើន ខ្ញុំឯងក៏មិនដឹងច្បាស់ នូវធម៌ណាមួយ ដោយដាច់ខាត ដែលព្រះសមណគោតម បានសំដែងថា លោកទៀងឬ។បេ។ ឬថាសត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មានក៏មិនមែន មិនមានក៏មិនមែនដូច្នេះដែរ ប៉ុន្តែព្រះសមណគោតម ទ្រង់បញ្ញត្តបដិបទា ដែលពិតប្រាកដទៀងទាត់ មានសភាពតាំងនៅក្នុងធម៌ ដែលត្រឹមត្រូវតាមទំនងនៃធម៌ ក៏កាលព្រះសមណគោតម ទ្រង់បញ្ញត្តបដិបទា ដែលពិតប្រាកដទៀងទាត់ មានសភាពតាំងនៅក្នុងធម៌ ដែលត្រឹមត្រូវតាមទំនង នៃធម៌ដូច្នោះ មិនសមបើបុរស ជាវិញ្ញូដូចយ៉ាងខ្ញុំហើយ មិនអនុមោទនាសុភាសិត របស់ព្រះសមណគោតម ដោយសុភាសិតវិញសោះ។
[៩៩] ម្នាលបោដ្ឋបាទ ឯបរិព្វាជកទាំងអស់គ្នានោះឯង សុទ្ធតែជាបុគ្គលខ្វាក់ ឥតមានចក្ខុ គឺបញ្ញាសោះឡើយ បណ្តាបរិព្វាជកទាំងនោះ មានតែអ្នកឯងមួយ ជាបុគ្គលមានចក្ខុ គឺបញ្ញាដោយពិត។ ម្នាលបោដ្ឋបាទ ព្រោះថា ធម៌ដែលប្រព្រឹត្តទៅដោយចំណែក១ តថាគតបានសំដែងហើយ បានបញ្ញត្តហើយក៏មាន។ ម្នាលបោដ្ឋបាទ ធម៌ទាំងឡាយដែលមិនប្រព្រឹត្តទៅដោយចំណែក១ តថាគតបានសំដែងហើយ បានបញ្ញត្តហើយ ក៏មាន។ ម្នាលបោដ្ឋបាទ ធម៌ទាំងឡាយ ដែលមិនប្រព្រឹត្តទៅ ដោយចំណែក១ តថាគត បានសំដែងហើយ បានបញ្ញត្តហើយ តើដូចម្តេច។ ម្នាលបោដ្ឋបាទ ធម៌ដែលមិនប្រព្រឹត្តទៅដោយចំណែកមួយថា លោកទៀងដូច្នេះឯង តថាគតបានសំដែងហើយ បានបញ្ញត្តហើយ។បេ។ ម្នាលបោដ្ឋបាទ ធម៌ដែលមិនប្រព្រឹត្តទៅ ដោយចំណែកមួយថា លោកមិនទៀងដូច្នេះឯង តថាគតបានសំដែងហើយ បានបញ្ញត្តហើយ។ ម្នាលបោដ្ឋបាទ ធម៌ដែលមិនប្រព្រឹត្តទៅ ដោយចំណែកមួយថា លោកមានទីបំផុតដូច្នេះឯង តថាគតបានសំដែងហើយ បានបញ្ញត្តហើយ។ ម្នាលបោដ្ឋបាទ ធម៌ដែលមិនប្រព្រឹត្តទៅ ដោយចំណែកមួយថា លោកមិនមានទីបំផុតដូច្នេះឯង តថាគត បានសំដែងហើយ បានបញ្ញត្តហើយ។ ម្នាលបោដ្ឋបាទ ធម៌ដែលមិនប្រព្រឹត្តទៅ ដោយចំណែកមួយថា ជីវៈនោះ គឺសរីរៈនោះ ដូច្នេះឯង តថាគតបានសំដែងហើយ បានបញ្ញត្តហើយ។ ម្នាលបោដ្ឋបាទ ធម៌ដែលមិនប្រព្រឹត្តទៅ ដោយចំណែកមួយថា ជីវៈផ្សេង សរីរៈផ្សេង ដូច្នេះឯង តថាគត បានសំដែងហើយ បានបញ្ញត្តហើយ។ ម្នាលបោដ្ឋបាទ សត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅមាន។បេ។ ម្នាលបោដ្ឋបាទ សត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មិនមាន។បេ។ ម្នាលបោដ្ឋបាទ សត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មានខ្លះ មិនមានខ្លះ។បេ។ ម្នាលបោដ្ឋបាទ ធម៌មិនប្រព្រឹត្តទៅ ដោយចំណែកមួយថា តថាគត បានសំដែងហើយ បានបញ្ញត្តហើយថា សត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មានក៏មិនមែន មិនមានក៏មិនមែនដូច្នេះឯង។ ម្នាលបោដ្ឋបាទ ក៏ធម៌មិនប្រព្រឹត្តទៅ ដោយចំណែកមួយទាំងនុ៎ះ ដែលតថាគត បានសំដែងហើយ បានបញ្ញត្តហើយ ព្រោះហេតុអ្វី។ ម្នាលបោដ្ឋបាទ ព្រោះថា ធម៌ទាំងនុ៎ះ មិនប្រកបដោយប្រយោជន៍ មិនប្រកបដោយធម៌ មិនមែនជាអាទិព្រហ្មចរិយកាសិក្ខា មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅដើម្បីសេចក្តីរំលត់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីរំងាប់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ព្រោះហេតុនោះ ធម៌ដែលមិនប្រព្រឹត្តទៅ ដោយចំណែកមួយទាំងនុ៎ះ បានជាតថាគត បានសំដែងហើយ បានបញ្ញត្តហើយ។
[១០០] ម្នាលបោដ្ឋបាទ ចុះធម៌ទាំងឡាយប្រព្រឹត្តទៅដោយចំណែក១ ដែលតថាគតបានសំដែងហើយ បានបញ្ញត្តហើយ តើដូចម្តេច។ ម្នាលបោដ្ឋបាទ ធម៌ប្រព្រឹត្តទៅដោយចំណែកមួយថា នេះជាទុក្ខ ដូច្នេះឯង តថាគតបានសំដែងហើយ បានបញ្ញត្តហើយ។ ម្នាលបោដ្ឋបាទ ធម៌ប្រព្រឹត្តទៅ ដោយចំណែកមួយថា នេះជាហេតុនាំឲ្យកើតទុក្ខ ដូច្នេះឯង តថាគត បានសំដែងហើយ បានបញ្ញត្តហើយ។ ម្នាលបោដ្ឋបាទ ធម៌ប្រព្រឹត្តទៅដោយចំណែកមួយថា នេះជាសេចក្តីរំលត់ទុក្ខ ដូច្នេះឯង តថាគតបានសំដែងហើយ បានបញ្ញត្តហើយ។ ម្នាលបោដ្ឋបាទ ធម៌ប្រព្រឹត្តទៅ ដោយចំណែកមួយថា នេះជាបដិបទា ដំណើរទៅកាន់ធម៌រំលត់ទុក្ខ ដូច្នេះឯង តថាគតបានសំដែងហើយ បានបញ្ញត្តហើយ។ ម្នាលបោដ្ឋបាទ ចុះធម៌ប្រព្រឹត្តទៅ ដោយចំណែកមួយទាំងនុ៎ះ ដែលតថាគតបានសំដែងហើយ បានបញ្ញត្តហើយ តើព្រោះហេតុអ្វី។ ម្នាលបោដ្ឋបាទ ព្រោះថា ធម៌ទាំងនោះ ប្រកបដោយប្រយោជន៍ ធម៌ទាំងនុ៎ះ ប្រកបដោយធម៌ ធម៌ទាំងនុ៎ះ ជាអាទិព្រហ្មចរិយកាសិក្ខា ធម៌ទាំងនុ៎ះ ប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តីរំលត់ ដើម្បីរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន ព្រោះហេតុនោះ ធម៌ប្រព្រឹត្តទៅ ដោយចំណែកមួយទាំងនុ៎ះ បានជាតថាគត បានសំដែងហើយ បានបញ្ញត្តហើយ។
[១០១] ម្នាលបោដ្ឋបាទ មានសមណព្រាហ្មណ៍ទាំងនុ៎ះ តែមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនមានសេចក្តីសុខតែម្យ៉ាង មិនមានរោគ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ទៅ តថាគតចូលទៅរកសមណព្រាហ្មណ៍ទាំងនោះ ហើយសួរយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ឮថា អ្នកទាំងឡាយមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនមានសេចក្តីសុខតែម្យ៉ាង មិនមានរោគ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ទៅដូច្នេះ ពិតមែនឬ។ សមណព្រាហ្មណ៍ទាំងនោះ កាលបើតថាគតសួរយ៉ាងនេះហើយ ក៏ប្តេជ្ញាថា ករុណា (ពិតមែន) តថាគតសួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយបានដឹង បានឃើញថា សត្វលោកមានសេចក្តីសុខតែមួយយ៉ាងមែនឬ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះហើយ ក៏ឆ្លើយថា មិនមែនទេ តថាគតសួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយចាំបាននូវខ្លួន ថាមានសេចក្តីសុខតែមួយយ៉ាង អស់យប់មួយ ថ្ងៃមួយ ឬអស់កន្លះយប់ កន្លះថ្ងៃ ដូច្នេះឬ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះហើយ ក៏ឆ្លើយថា មិនមែនទេ តថាគតសួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយស្គាល់ថា នេះជាមគ្គ នេះជាបដិបទា ប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោក ដែលមានសេចក្តីសុខតែមួយយ៉ាងឬ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះហើយ ក៏ឆ្លើយថា មិនមែនទេ តថាគត សួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយ បានឮសំឡេង របស់ពួកទេវតា ដែលកើតក្នុងលោក មានសេចក្តីសុខតែមួយយ៉ាង និយាយប្រាប់ថា ម្នាលគ្នាយើងទាំងឡាយ ចូរអ្នកទាំងឡាយប្រតិបត្តិដោយល្អទៅ ម្នាលគ្នាយើងទាំងឡាយ ចូរអ្នកទាំងឡាយ ប្រតិបត្តិដោយត្រង់ទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោកដែលមានសេចក្តីសុខតែមួយយ៉ាង ម្នាលគ្នាយើងទាំងឡាយ ព្រោះថា បើពួកយើងប្រតិបត្តិយ៉ាងនេះហើយ នឹងទៅកើតក្នុងលោក ដែលមានសេចក្តីសុខតែមួយយ៉ាង ដូច្នេះដែរឬ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះហើយ ក៏ឆ្លើយថា មិនមែនទេ។ ម្នាលបោដ្ឋបាទ អ្នកសំគាល់សេចក្តីនោះថា ដូចម្តេច កាលបើហេតុយ៉ាងនេះ មានហើយ ភាសិតរបស់សមណព្រាហ្មណ៍ទាំងនោះ មិនមែនជាអស្ចារ្យទេឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះ មានហើយ ភាសិតរបស់សមណព្រាហ្មណ៍ទាំងនោះ មិនមែនជាអស្ចារ្យដោយពិត។
[១០២] ម្នាលបោដ្ឋបាទ ប្រៀបដូចបុរស និយាយយ៉ាងនេះថា ខ្ញុំត្រូវការចង់បាន នូវនាងជនបទកល្យាណី12) ក្នុងជនបទនេះ ពួកជនសួរទៅបុរសនោះ យ៉ាងនេះថា នែបុរសអើយ អ្នកត្រូវការចង់បាន នូវនាងជនបទកល្យាណីណា អ្នកស្គាល់នូវនាងជនបទកល្យាណីនោះថា ជាក្សត្រិយានី ព្រាហ្មណី វេស្សី ឬសុទ្ទីដែរឬ។ បុរសនោះ លុះពួកជនសួរយ៉ាងនេះហើយ ប្រាប់ថា មិនស្គាល់ទេ ជនទាំងឡាយ សួរទៅបុរសនោះ យ៉ាងនេះទៀតថា នែបុរសអើយ អ្នកប្រាថ្នា ចង់បាននូវនាងជនបទកល្យាណីណា អ្នកស្គាល់នូវនាងជនបទកល្យាណីនោះថា មានឈ្មោះយ៉ាងនេះ ឬមានគោត្រយ៉ាងនេះ ខ្ពស់ ទាប ឬយ៉ាងកណ្តាល មានសម្បុរខ្មៅ សម្បុរខ្មៅស្រឯម ឬសម្បុរខ្មៅស្រស់ ក្នុងស្រុក ឬនិគម ឬក៏ក្នុងនគរឯណោះ ដូច្នេះដែរឬ។ បុរសនោះ លុះពួកជនសួរយ៉ាងនេះហើយ ក៏ប្រាប់ថា ខ្ញុំមិនស្គាល់ទេ ជនទាំងឡាយ សួរទៅបុរសនោះ យ៉ាងនេះទៀតថា នែបុរសអើយ អ្នកឯងមិនស្គាល់ មិនឃើញនូវស្ត្រីណាហើយ ប្រាថ្នាចង់បាន នូវស្ត្រីនោះដែរឬ។ បុរសនោះ លុះពួកជនសួរយ៉ាងនេះហើយ ក៏ប្រាប់ថា បាទ។ ម្នាលបោដ្ឋបាទ អ្នកសំគាល់សេចក្តីនោះថាដូចម្តេច កាលបើហេតុយ៉ាងនេះ មានហើយ សំដីរបស់បុរសនោះ មិនមែនជាអស្ចារ្យទេឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះ មានហើយ សំដីរបស់បុរសនោះ មិនមែនជាអស្ចារ្យដោយពិត។ ម្នាលបោដ្ឋបាទ ពួកសមណព្រាហ្មណ៍ណា ដែលនិយាយយ៉ាងនេះ យល់ឃើញយ៉ាងនេះថា ពួកសមណព្រាហ្មណ៍ណា ដែលមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនមានសេចក្តីសុខតែម្យ៉ាង មិនមានរោគ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ទៅ តថាគត ចូលទៅរកសមណព្រាហ្មណ៍ទាំងនោះ ហើយសួរយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ បានឮថា អ្នកទាំងឡាយមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនមានសេចក្តីសុខតែម្យ៉ាង មិនមានរោគ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ទៅដូច្នេះ ពិតមែនឬ។ សមណព្រាហ្មណ៍ទាំងនោះ កាលបើតថាគតសួរយ៉ាងនេះហើយ ប្តេជ្ញាថា ករុណា ពិតមែន តថាគតសួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយបានដឹង បានឃើញថា លោកមានសេចក្តីសុខតែម្យ៉ាងដែរឬ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះហើយ ក៏ឆ្លើយថា មិនដឹង មិនឃើញទេ តថាគតសួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយ ចាំបាននូវខ្លួន ដែលមានសេចក្តីសុខតែម្យ៉ាង អស់យប់មួយ ថ្ងៃមួយ ឬអស់ត្រឹមតែកន្លះយប់ កន្លះថ្ងៃ ដូច្នេះដែរឬ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះហើយ ក៏ឆ្លើយថា មិនមែនទេ តថាគតសួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយស្គាល់ថា នេះជាមគ្គ នេះជាបដិបទា ប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោក ដែលមានសេចក្តីសុខតែមួយយ៉ាង ដូច្នេះដែរឬ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះហើយ ឆ្លើយថា មិនស្គាល់ទេ តថាគត សួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយ បានឮសំឡេង របស់ពួកទេវតា ដែលកើតក្នុងលោក ដែលមានសេចក្តីសុខតែមួយយ៉ាង និយាយប្រាប់ថា នែគ្នាយើងទាំងឡាយ ចូរអ្នកប្រតិបត្តិដោយល្អទៅ នែគ្នាយើងទាំងឡាយ ចូរអ្នកប្រតិបត្តិដោយត្រង់ទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោកដែលមានសេចក្តីសុខតែមួយយ៉ាង នែគ្នាយើងទាំងឡាយ ព្រោះថា បើពួកយើងទាំងឡាយ ប្រតិបត្តិយ៉ាងនេះហើយ នឹងទៅកើតក្នុងលោក ដែលមានសេចក្តីសុខតែមួយយ៉ាង ដូច្នេះដែរឬ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះហើយ ក៏ឆ្លើយថា មិនបានឮទេ។ ម្នាលបោដ្ឋបាទ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច កាលបើហេតុយ៉ាងនេះ មានហើយ ភាសិតរបស់សមណព្រាហ្មណ៍ទាំងនោះ មិនជាអស្ចារ្យទេឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះ មានហើយ ភាសិតរបស់សមណព្រាហ្មណ៍ទាំងនោះ មិនជាអស្ចារ្យដោយពិតទេ។
[១០៣] ម្នាលបោដ្ឋបាទ ពុំនោះសោត ប្រៀបដូចបុរសធ្វើជណ្តើរ ក្នុងផ្លូវធំទាំង៤ បម្រុងនឹងឡើងទៅកាន់ប្រាសាទ ជនទាំងឡាយ សួរបុរសនោះយ៉ាងនេះថា នែបុរសដ៏ចំរើន អ្នកធ្វើជណ្តើរបម្រុងនឹងឡើងទៅកាន់ប្រាសាទណា អ្នកស្គាល់ប្រាសាទនោះថា នៅក្នុងទិសខាងកើត ឬខាងត្បូង ខាងលិច ឬខាងជើង ជាប្រាសាទខ្ពស់ ទាប ឬយ៉ាងកណ្តាល ដែរឬ។ បុរសនោះ ដែលគេសួរដូច្នេះហើយ ក៏ប្រាប់ថា មិនស្គាល់ទេ ពួកជន ក៏សួរទៅបុរសនោះ យ៉ាងនេះទៀតថា នែបុរសដ៏ចំរើន អ្នកធ្វើជណ្តើរបម្រុងនឹងឡើងទៅកាន់ប្រាសាទ ដែលខ្លួនមិនស្គាល់ មិនឃើញ បានដែរឬ។ បុរសនោះ លុះគេសួរដូច្នេះហើយ ក៏ប្រាប់ថា បាទ។ ម្នាលបោដ្ឋបាទ អ្នកសំគាល់សេចក្តីនោះថា ដូចម្តេច កាលបើហេតុយ៉ាងនេះ មានហើយ សំដីរបស់បុរសនោះ មិនមែនជាអស្ចារ្យទេឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះ មានហើយ សំដីរបស់បុរសនោះ មិនជាអស្ចារ្យដោយពិតទេ។ ម្នាលបោដ្ឋបាទ មានឧបមេយ្យ ដូចពួកសមណព្រាហ្មណ៍ ដែលមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនមានសេចក្តីសុខតែម្យ៉ាង មិនមានរោគ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ទៅ តថាគត ចូលទៅរកពួកសមណព្រាហ្មណ៍ទាំងនោះ ហើយសួរយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ បានឮថា អ្នកទាំងឡាយមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនមានសេចក្តីសុខតែម្យ៉ាង មិនមានរោគ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ទៅ ពិតមែនឬ។ សមណព្រាហ្មណ៍ទាំងនោះ កាលបើតថាគតសួរដូច្នេះហើយ ក៏ប្តេជ្ញាថា ព្រះករុណា ព្រះអង្គ តថាគត ក៏សួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយបានដឹង បានឃើញថា លោកមានសេចក្តីសុខតែម្យ៉ាងដែរឬ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរដូច្នេះហើយ ក៏ឆ្លើយថា ទេ តថាគតសួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយ ចាំបាននូវខ្លួន ដែលមានសេចក្តីសុខតែមួយយ៉ាង អស់យប់មួយ ថ្ងៃមួយ ឬត្រឹមតែកន្លះយប់ កន្លះថ្ងៃ ដូច្នេះដែរឬ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរដូច្នេះហើយ ក៏ឆ្លើយថា ទេ តថាគត សួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយស្គាល់ថា នេះជាមគ្គ នេះជាបដិបទា ប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោក ដែលមានសេចក្តីសុខតែមួយយ៉ាង ដែរឬ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរដូច្នេះហើយ ក៏ឆ្លើយថា ទេ តថាគត សួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយ បានឮសំឡេង របស់ពួកទេវតា ដែលកើតក្នុងលោក ដែលមានសេចក្តីសុខតែមួយយ៉ាង និយាយប្រាប់ថា ម្នាលគ្នាយើងទាំងឡាយ អ្នកទាំងឡាយ ចូរអ្នកប្រតិបត្តិដោយល្អទៅ ម្នាលគ្នាយើងទាំងឡាយ ចូរអ្នកទាំងឡាយ ប្រតិបត្តិដោយត្រង់ទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោកដែលមានសេចក្តីសុខតែមួយយ៉ាង ម្នាលគ្នាយើងទាំងឡាយ ព្រោះថា បើពួកយើង ប្រតិបត្តិយ៉ាងនេះហើយ នឹងទៅកើតក្នុងលោក ដែលមានសេចក្តីសុខតែមួយយ៉ាង ដូច្នេះដែរឬ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគត សួរដូច្នេះហើយ ឆ្លើយថា ទេ។ ម្នាលបោដ្ឋបាទ អ្នកសំគាល់សេចក្តីនោះថា ដូចម្តេច កាលបើហេតុយ៉ាងនេះ មានហើយ ភាសិតរបស់សមណព្រាហ្មណ៍ទាំងនោះ មិនជាអស្ចារ្យទេឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះ មានហើយ ភាសិតរបស់សមណព្រាហ្មណ៍ទាំងនោះ មិនជាអស្ចារ្យដោយពិតទេ។
[១០៤] ម្នាលបោដ្ឋបាទ ការបាននូវអត្តភាពនេះ មាន៣យ៉ាង គឺ បាននូវឱឡារិកអត្តភាព13) (អត្តភាពគ្រោតគ្រាត)១ បាននូវមនោមយអត្តភាព14) (អត្តភាពសម្រេចអំពីចិត្ត)១ បាននូវអរូបអត្តភាព15) (អត្តភាពគ្មានរូប)១។ ម្នាលបោដ្ឋបាទ ចុះការបាននូវ ឱឡារិកអត្តភាព តើដូចម្តេច។ កាយដែលមានរូប ប្រកបដោយមហាភូតរូប៤ មានកវលីការាហារជាចំណី នេះឈ្មោះថា ការបាននូវ ឱឡារិកអត្តភាព។ ការបាននូវ មនោមយអត្តភាព តើដូចម្តេច។ កាយដែលមានរូបសម្រេចហើយដោយចិត្ត មានអវយវៈតូចធំគ្រប់សព្វ មានឥន្ទ្រិយមិនថោកទាប នេះឈ្មោះថា ការបាននូវមនោមយអត្តភាព។ ការបាននូវ អរូបអត្តភាព តើដូចម្តេច។ សត្វដែលមិនមានរូប សម្រេចហើយដោយសញ្ញា នេះឈ្មោះថា ការបាននូវអរូបអត្តភាព។
[១០៥] ម្នាលបោដ្ឋបាទ តថាគតសំដែងធម៌ ដើម្បីឲ្យលះបង់នូវការបានឱឡារិកអត្តភាពចេញ កាលបើអ្នកទាំងឡាយ ប្រតិបត្តិតាមហើយ សង្កិលេសិកធម៌16) ទាំងឡាយ ពួកអ្នកនឹងលះបង់បាន វោទានិយធម៌17) ទាំងឡាយ នឹងចំរើនដុះដាលឡើង អ្នកទាំងឡាយ នឹងធ្វើឲ្យជាក់ច្បាស់ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នឹងបានដល់នូវភាវៈពេញលេញ និងភាវៈធំទូលាយ នៃមគ្គបញ្ញា និងផលបញ្ញាក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តឥរិយាបថនៅ។ ម្នាលបោដ្ឋបាទ ប្រសិនបើអ្នកមានសេចក្តីត្រិះរិះយ៉ាងនេះថា សង្កិលេសិកធម៌ទាំងឡាយ បុគ្គលនឹងលះបង់បាន វោទានិយធម៌ទាំងឡាយ នឹងចំរើនដុះដាលឡើងបាន បុគ្គលនឹងធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នឹងបានដល់នូវភាវៈពេញលេញ និងភាវៈធំទូលាយ នៃមគ្គបញ្ញា និងផលបញ្ញាក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តឥរិយាបថនៅ តែការសម្រេចឥរិយាបថនៅ រមែងនាំមកនូវសេចក្តីលំបាក។ ម្នាលបោដ្ឋបាទ អ្នកមិនគួរយល់ឃើញដំណើរនុ៎ះ យ៉ាងនេះឡើយ។ សង្កិលេសិកធម៌ទាំងឡាយ នឹងសាបសូន្យទៅផង វោទានិយធម៌ទាំងឡាយ នឹងចំរើនដុះដាលឡើងផង បុគ្គលនឹងធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នឹងបានដល់នូវភាវៈពេញលេញ និងភាវៈធំទូលាយ នៃមគ្គបញ្ញា និងផលបញ្ញាក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តឥរិយាបថ ឯបាមោជ្ជៈ បីតិ បស្សទ្ធិ សតិ សម្បជញ្ញៈ ការសម្រេចឥរិយាបថនៅជាសុខ ក៏នឹងកើតមានឡើង។
[១០៦] ម្នាលបោដ្ឋបាទ តថាគតសំដែងធម៌ ដើម្បីឲ្យលះបង់នូវការបាននូវមនោមយអត្តភាពនោះចេញ កាលបើអ្នកទាំងឡាយ ប្រតិបត្តិតាមហើយ សង្កិលេសិកធម៌ទាំងឡាយនឹងសាបសូន្យទៅ វោទានិយធម៌ទាំងឡាយ នឹងចំរើនដុះដាលឡើង អ្នកទាំងឡាយ នឹងបានធ្វើឲ្យជាក់ច្បាស់ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង នឹងបានដល់នូវភាវៈពេញលេញនឹងភាវៈធំទូលាយ នៃមគ្គបញ្ញា និងផលបញ្ញាក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តឥរិយាបថ។ ម្នាលបោដ្ឋបាទ ប្រសិនបើអ្នកមានសេចក្តីត្រិះរិះយ៉ាងនេះថា សង្កិលេសិកធម៌ទាំងឡាយ នឹងសាបសូន្យទៅ វោទានិយធម៌ទាំងឡាយ នឹងចំរើនដុះដាលឡើង បុគ្គលនឹងធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង នឹងបានដល់នូវភាវៈពេញលេញ និងភាវៈធំទូលាយ នៃមគ្គបញ្ញា និងផលបញ្ញា ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តឥរិយាបថ តែការសម្រេចឥរិយាបថនៅ រមែងនាំមកនូវសេចក្តីលំបាក។ ម្នាលបោដ្ឋបាទ អ្នកមិនគួរយល់ឃើញដំណើរនុ៎ះ យ៉ាងនេះឡើយ។ សង្កិលេសិកធម៌ទាំងឡាយ នឹងសាបសូន្យទៅផង វោទានិយធម៌ទាំងឡាយ នឹងចំរើនដុះដាលឡើងផង (សេចក្តីបំប្រួញ) បាមោជ្ជៈ បីតិ បស្សទ្ធិ សតិ សម្បជញ្ញៈ ការសម្រេចឥរិយាបថនៅជាសុខ ក៏កើតមានឡើង។
[១០៧] ម្នាលបោដ្ឋបាទ តថាគតសំដែងធម៌ ដើម្បីឲ្យលះបង់នូវការបាននូវអរូបអត្តភាពនោះចេញ កាលបើអ្នកទាំងឡាយប្រតិបត្តិតាមហើយ សង្កិលេសិកធម៌ទាំងឡាយ នឹងសាបសូន្យទៅ វោទានិយធម៌ទាំងឡាយ នឹងចំរើនដុះដាលឡើង អ្នកទាំងឡាយនឹងធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នឹងបានដល់នូវភាវៈពេញលេញ និងភាវៈធំទូលាយ នៃមគ្គបញ្ញា និងផលបញ្ញាក្នុងបច្ចុប្បន្ន សម្រេចឥរិយាបថនៅ។ (សេចក្តីបំប្រួញ) បាមោជ្ជៈ បីតិ បស្សទ្ធិ សតិ សម្បជញ្ញៈ និងការសម្រេចឥរិយាបថ នៅជាសុខ ក៏កើតមានឡើង។
[១០៨] ម្នាលបោដ្ឋបាទ ប្រសិនបើពួកជនដទៃ សួរយើងយ៉ាងនេះថា ម្នាលអាវុសោ អ្នកទាំងឡាយសំដែងធម៌ថា កាលបើអ្នកទាំងឡាយប្រតិបត្តិតាមហើយ សង្កិលេសិកធម៌ទាំងឡាយ នឹងសាបសូន្យទៅ វោទានិយធម៌ទាំងឡាយ នឹងចំរើនដុះដាលឡើង អ្នកទាំងឡាយនឹងធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នឹងបានដល់នូវភាវៈពេញលេញ និងភាវៈធំទូលាយ នៃមគ្គបញ្ញា និងផលបញ្ញាក្នុងបច្ចុប្បន្ន សម្រេចឥរិយាបថនៅ ដូច្នេះ ដើម្បីលះបង់នូវការបានឱឡារិកអត្តភាពណា ការបាននូវឱឡារិកអត្តភាពនោះ តើដូចម្តេច។ យើង កាលបើពួកជនទាំងនោះ សួរយ៉ាងនេះហើយ គប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ពួកយើងសំដែងធម៌ថា កាលបើអ្នកទាំងឡាយ ប្រតិបត្តិតាមហើយ សង្កិលេសិកធម៌ទាំងឡាយ នឹងសាបសូន្យទៅ វោទានិយធម៌ទាំងឡាយ នឹងចំរើនដុះដាលឡើង អ្នកទាំងឡាយ នឹងធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នឹងបានដល់នូវភាវៈពេញលេញ និងភាវៈធំទូលាយ នៃមគ្គបញ្ញា និងផលបញ្ញាក្នុងបច្ចុប្បន្ន សម្រេចឥរិយាបថនៅ ដូច្នេះ ដើម្បីលះបង់នូវការបានឱឡារិកអត្តភាពណា ការបាននូវឱឡារិកអត្តភាពនោះ គឺអត្តភាពប្រកបដោយមហាភូតរូប៤ នេះឯង។
[១០៩] ម្នាលបោដ្ឋបាទ ប្រសិនបើពួកជនដទៃសួរពួកយើងយ៉ាងនេះថា ម្នាលអ្នកទាំងឡាយមានអាយុ ចុះការបាននូវមនោមយអត្តភាពនោះ តើដូចម្តេច។ (សេចក្តីបំប្រួញដូចគ្នានឹងន័យមុននោះដែរ) អ្នកទាំងឡាយសំដែងធម៌ថា កាលបើអ្នកទាំងឡាយ ប្រតិបត្តិតាមហើយ សង្កិលេសិកធម៌ទាំងឡាយ នឹងសាបសូន្យទៅ វោទានិយធម៌ទាំងឡាយ នឹងចំរើនដុះដាលឡើង។បេ។ នឹងសម្រេចឥរិយាបថនៅ ដូច្នេះ ដើម្បីលះបង់នូវការបាននូវអរូបអត្តភាពណា ការបាននូវអរូបអត្តភាពនោះ តើដូចម្តេច។ ម្នាលបោដ្ឋបាទ អ្នកសំគាល់សេចក្តីនោះថា ដូចម្តេច កាលបើហេតុយ៉ាងនេះមានហើយ ភាសិត (របស់តថាគត) ប្រកបដោយសេចក្តីអស្ចារ្យដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះមានហើយ ភាសិត (របស់ព្រះអង្គ) ប្រកបដោយសេចក្តីអស្ចារ្យដោយពិត។
[១១០] ម្នាលបោដ្ឋបាទ ប្រៀបដូចបុរសធ្វើជណ្តើរ បម្រុងនឹងឡើងកាន់ប្រាសាទ ដាក់ខាងក្រោមប្រាសាទនោះឯង ពួកជនសួរបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន អ្នកធ្វើជណ្តើរបម្រុងនឹងឡើងកាន់ប្រាសាទណា អ្នកស្គាល់ប្រាសាទនោះថា នៅក្នុងទិសខាងកើត ឬទិសខាងត្បូង ទិសខាងលិច ឬទិសខាងជើង ជាប្រាសាទខ្ពស់ទាប ឬយ៉ាងកណ្តាល ដូច្នេះដែរឬ។ បើបុរសនោះប្រាប់ពួកជនយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ខ្ញុំធ្វើជណ្តើរបម្រុងនឹងឡើងកាន់ប្រាសាទណា ដាក់ខាងក្រោមប្រាសាទនោះឯង។ ម្នាលបោដ្ឋបាទ អ្នកសំគាល់ នូវសេចក្តីនោះថា ដូចម្តេច កាលបើហេតុយ៉ាងនេះមានហើយ សំដីរបស់បុរសនោះ ប្រកបដោយសេចក្តីអស្ចារ្យដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះមានហើយ សំដីរបស់បុរសនោះ ប្រកបដោយសេចក្តីអស្ចារ្យដោយពិត។ ម្នាលបោដ្ឋបាទ បើពួកដទៃសួរពួកយើងយ៉ាងនេះថា ម្នាលអ្នកទាំងឡាយមានអាយុ ចុះការបាននូវឱឡារិកអត្តភាពនោះ តើដូចម្តេច។បេ។ ម្នាលអ្នកទាំងឡាយមានអាយុ ចុះការបាននូវមនោមយអត្តភាពនោះតើដូចម្តេច។ ម្នាលអ្នកទាំងឡាយមានអាយុ អ្នកទាំងឡាយសំដែងធម៌ថា កាលបើអ្នកទាំងឡាយ ប្រតិបត្តិតាមហើយ សង្កិលេសិកធម៌ទាំងឡាយ នឹងសាបសូន្យទៅ វោទានិយធម៌ទាំងឡាយ នឹងចំរើនដុះដាលឡើង អ្នកទាំងឡាយនឹងធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង នឹងបានដល់នូវភាវៈពេញលេញ និងភាវៈធំទូលាយ នៃមគ្គបញ្ញា និងផលបញ្ញា ក្នុងបច្ចុប្បន្ន សម្រេចឥរិយាបថ នៅដូច្នេះ ដើម្បីលះបង់នូវការបាននូវអរូបអត្តភាពណា ការបាននូវអរូបអត្តភាពនោះ តើដូចម្តេច។ យើង កាលដែលជនទាំងនោះ សួរយ៉ាងនេះហើយ គប្បីព្យាករយ៉ាងនេះថា ម្នាលអ្នកទាំងឡាយមានអាយុ ការបាននូវអរូបអត្តភាពនោះ គឺសត្វដែលមិនមានរូប សម្រេចដោយសញ្ញានេះឯង។បេ។ ម្នាលបោដ្ឋបាទ អ្នកសំគាល់នូវសេចក្តីនេះថា ដូចម្តេច កាលបើហេតុយ៉ាងនេះមានហើយ ភាសិត (របស់តថាគត) ប្រកបដោយសេចក្តីអស្ចារ្យដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះមានហើយ ភាសិតរបស់ព្រះអង្គ ប្រកបដោយសេចក្តីអស្ចារ្យដោយពិត។
[១១១] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ចិត្តហត្ថិសារីបុត្ត ក៏ក្រាបទូលសួរចំពោះព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ការបាននូវឱឡារិកអត្តភាពក្នុងសម័យណា (របស់សត្វណា) សម័យនោះ ការបាននូវមនោមយអត្តភាព ការបាននូវអរូបអត្តភាពរបស់សត្វនោះ ក៏ទទេសោះសូន្យ គឺខានបាន ក្នុងសម័យនោះ បានត្រឹមតែឱឡារិកអត្តភាពប៉ុណ្ណោះឬ បពិត្រព្រះអង្គដ៏ចំរើន ការបាននូវមនោមយអត្តភាពក្នុងសម័យណា (របស់សត្វណា) សម័យនោះ ការបាននូវឱឡារិកអត្តភាព ការបាននូវអរូបអត្តភាពរបស់សត្វនោះ ក៏ទទេសោះសូន្យ ក្នុងសម័យនោះ បានត្រឹមតែមនោមយអត្តភាពប៉ុណ្ណោះឬ បពិត្រព្រះអង្គដ៏ចំរើន ការបាននូវអរូបអត្តភាពក្នុងសម័យណា (របស់សត្វណា) សម័យនោះ ការបាននូវឱឡារិកអត្តភាព ការបាននូវមនោមយអត្តភាពរបស់សត្វនោះ ទទេសោះសូន្យ ក្នុងសម័យនោះ បានត្រឹមតែអរូបអត្តភាពប៉ុណ្ណោះឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលចិត្តៈ ការបាននូវ ឱឡារិកអត្តភាព ក្នុងសម័យណា សម័យនោះ រមែងមិនដល់នូវការរាប់ថា បាននូវមនោមយអត្តភាព ទាំងមិនដល់នូវការរាប់ថា បាននូវអរូបអត្តភាព ក្នុងសម័យនោះ ដល់នូវការរាប់ថា បានត្រឹមតែឱឡារិកអត្តភាពប៉ុណ្ណោះ ម្នាលចិត្តៈ ការបាននូវ មនោមយអត្តភាព ក្នុងសម័យណា សម័យនោះ រមែងមិនដល់នូវការរាប់ថា បាននូវឱឡារិកអត្តភាព ទាំងមិនដល់នូវការរាប់ថា បាននូវអរូបអត្តភាព ក្នុងសម័យនោះ ដល់នូវការរាប់ថា បានត្រឹមតែមនោមយអត្តភាពប៉ុណ្ណោះ ម្នាលចិត្តៈ ការបាននូវ អរូបអត្តភាព ក្នុងសម័យណា សម័យនោះ រមែងមិនដល់នូវការរាប់ថា បាននូវឱឡារិកអត្តភាព ទាំងមិនដល់នូវការរាប់ថា បាននូវមនោមយអត្តភាពទេ ក្នុងសម័យនោះ ដល់នូវការរាប់ថា បានត្រឹមតែអរូបអត្តភាពប៉ុណ្ណោះ។
[១១២] ម្នាលចិត្តៈ បើជនទាំងឡាយសួរអ្នកយ៉ាងនេះថា អ្នកធ្លាប់កើតក្នុងអតីតកាល អ្នកមិនមែនជាមិនធ្លាប់កើតទេ អ្នកនឹងកើតក្នុងអនាគតកាល អ្នកមិនមែនជាមិនកើតទេ អ្នកកើតក្នុងកាលឥឡូវនេះ អ្នកមិនមែនជាមិនកើតទេឬ។ ម្នាលចិត្តៈ កាលបើគេសួរយ៉ាងនេះហើយ អ្នកគប្បីដោះស្រាយដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន បើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា អ្នកធ្លាប់កើតក្នុងអតីតកាល អ្នកមិនមែនជាមិនធ្លាប់កើតទេ អ្នកនឹងកើតក្នុងអនាគតកាល អ្នកមិនមែនជានឹងមិនកើតទេ អ្នកកើតក្នុងកាលឥឡូវនេះ អ្នកមិនមែនជាមិនកើតទេឬ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ខ្ញុំធ្លាប់កើតក្នុងអតីតកាល ខ្ញុំមិនមែនជាមិនធ្លាប់កើតទេ ខ្ញុំនឹងកើតក្នុងអនាគតកាល ខ្ញុំមិនមែនជានឹងមិនកើតទេ ខ្ញុំកើតក្នុងកាលឥឡូវនេះ ខ្ញុំមិនមែនជាមិនកើតទេ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះឯង។
[១១៣] ម្នាលចិត្តៈ បើជនទាំងឡាយ សួរអ្នកយ៉ាងនេះថា ការបាននូវអតីតអត្តភាពណា របស់អ្នក ការបាននូវអត្តភាពនោះ របស់អ្នក ជាសភាវៈពិត ចំណែកអនាគត និងបច្ចុប្បន្ន ជាការសូន្យទទេ ការបាននូវអនាគតអត្តភាពណា របស់អ្នក ការបាននូវអត្តភាពនោះ របស់អ្នក ជាសភាវៈពិត ចំណែកអតីត និងបច្ចុប្បន្ន ជាការសោះសូន្យទទេ ការបាននូវបច្ចុប្បន្នអត្តភាពណា របស់អ្នកក្នុងកាលឥឡូវនេះ ការបាននូវអត្តភាពនោះ របស់អ្នក ជាសភាវៈពិត ឯអតីត និងអនាគត ជាការសោះសូន្យទទេឬ ម្នាលចិត្តៈ កាលដែលគេសួរយ៉ាងនេះហើយ តើអ្នកគប្បីដោះស្រាយដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន បើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា ការបាននូវអតីតអត្តភាពណា របស់អ្នក ការបាននូវអត្តភាពនោះ របស់អ្នក ជាសភាវៈពិត ចំណែកអនាគត និងបច្ចុប្បន្ន ជាការសោះសូន្យទទេ ការបាននូវអនាគតអត្តភាពណា របស់អ្នក ការបាននូវអត្តភាពនោះ របស់អ្នក ជាសភាវៈពិត ចំណែកអតីត និងបច្ចុប្បន្ន ជាការសោះសូន្យទទេ ការបាននូវបច្ចុប្បន្នអត្តភាពណា របស់អ្នក ក្នុងកាលឥឡូវនេះ ការបាននូវអត្តភាពនោះ របស់អ្នក ជាសភាវៈពិត ឯអតីត និងអនាគត ជាការសោះសូន្យទទេឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលគេសួរយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ការបាននូវអតីតអត្តភាពណា របស់ខ្ញុំ ការបាននូវអត្តភាពនោះ របស់ខ្ញុំ ជាសភាវៈពិត ក្នុងសម័យនោះ ចំណែកអនាគត និងបច្ចុប្បន្ន ជាការសោះសូន្យទទេ ការបាននូវអនាគតអត្តភាពណា របស់ខ្ញុំ ការបាននូវអត្តភាពនោះ របស់ខ្ញុំ ជាសភាវៈពិត ក្នុងសម័យនោះ ចំណែកអតីត និងបច្ចុប្បន្ន ជាការសោះសូន្យទទេ ការបាននូវបច្ចុប្បន្នអត្តភាពណា របស់ខ្ញុំ ក្នុងកាលឥឡូវនេះ ការបាននូវអត្តភាពនោះ របស់ខ្ញុំ ជាសភាវៈពិត ឯអតីត និងអនាគត ជាការសោះសូន្យទទេ បពិត្រព្រះអង្គដ៏ចំរើន កាលដែលគេសួរយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះឯង។
[១១៤] ម្នាលចិត្តៈ យ៉ាងនោះឯងហើយ ការបាននូវឱឡារិកអត្តភាព ក្នុងសម័យណា សម័យនោះ មិនដល់នូវការរាប់ថា បាននូវមនោមយអត្តភាព ទាំងមិនដល់នូវការរាប់ថា បាននូវអរូបអត្តភាព ក្នុងសម័យនោះ ដល់នូវការរាប់ថា បានត្រឹមតែឱឡារិកអត្តភាពប៉ុណ្ណោះ ម្នាលចិត្តៈ ការបាននូវ មនោមយអត្តភាព។បេ។ ម្នាលចិត្តៈ ការបាននូវ អរូបអត្តភាព ក្នុងសម័យណា សម័យនោះ ក៏មិនដល់នូវការរាប់ថា បាននូវឱឡារិកអត្តភាព ទាំងមិនដល់នូវការរាប់ថា បាននូវមនោមយអត្តភាពទេ ក្នុងសម័យនោះ ដល់នូវការរាប់ថា បានត្រឹមតែអរូបអត្តភាពប៉ុណ្ណោះ។ ម្នាលចិត្តៈ ប្រៀបដូចទឹកដោះស្រស់ (កើត) អំពីមេគោ ទឹកដោះជូរ (កើត) អំពីទឹកដោះស្រស់ ទឹកដោះខាប់ (កើត) អំពីទឹកដោះជូរ ទឹកដោះរាវ (កើត) អំពីទឹកដោះខាប់ ទឹកដោះថ្លា (កើត) អំពីទឹកដោះរាវ ទឹកដោះស្រស់ មានក្នុងសម័យណា សម័យនោះ មិនដល់នូវការរាប់ថា ទឹកដោះជូរ មិនដល់នូវការរាប់ថា ទឹកដោះខាប់ មិនដល់នូវការរាប់ថា ទឹកដោះរាវ មិនដល់នូវការរាប់ថា ទឹកដោះថ្លា ដល់នូវការរាប់ថា ត្រឹមតែទឹកដោះស្រស់ប៉ុណ្ណោះ។ សម័យណា ជាទឹកដោះជូរ។ ជាទឹកដោះខាប់។ ជាទឹកដោះរាវ។ ជាទឹកដោះថ្លា សម័យនោះ មិនដល់នូវការរាប់ថា ទឹកដោះស្រស់ មិនដល់នូវការរាប់ថា ទឹកដោះជូរ មិនដល់នូវការរាប់ថា ទឹកដោះខាប់ មិនដល់នូវការរាប់ថា ទឹកដោះរាវ ក្នុងសម័យនោះ ដល់នូវការរាប់ ត្រឹមតែថាទឹកដោះថ្លាប៉ុណ្ណោះ។ ម្នាលចិត្តៈ ការបាននូវឱឡារិកអត្តភាព ក្នុងសម័យណា សម័យនោះ មិនដល់នូវការរាប់ថា បាននូវមនោមយអត្តភាព មិនដល់នូវការរាប់ថា បាននូវអរូបអត្តភាពទេ ក្នុងសម័យនោះ ដល់នូវការរាប់ថា បានត្រឹមតែឱឡារិកអត្តភាពប៉ុណ្ណោះ។ ម្នាលចិត្តៈ ការបាននូវ មនោមយអត្តភាព។បេ។ ការបាននូវអរូបអត្តភាព ក្នុងសម័យណា សម័យនោះ មិនដល់នូវការរាប់ថា បាននូវឱឡារិកអត្តភាព មិនដល់នូវការរាប់ថា បាននូវមនោមយអត្តភាពទេ ក្នុងសម័យនោះ ដល់នូវការរាប់ថា បានត្រឹមតែអរូបអត្តភាពប៉ុណ្ណោះ ក៏យ៉ាងនោះឯង។ ម្នាលចិត្តៈ សំដីទាំងនេះឯង ជាឈ្មោះសម្រាប់លោក ជាភាសាសម្រាប់លោក ជាវោហាររបស់លោក ជាបញ្ញត្តិក្នុងលោក តថាគត រមែងពោលដែរ តែមិនប៉ះពាល់ដោយសេចក្តីប្រកាន់ទេ។
[១១៥] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ បោដ្ឋបាទបរិព្វាជក ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់។បេ។ សូមព្រះមានព្រះភាគ ទ្រង់ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសក អ្នកដល់សរណៈ ស្មើដោយជីវិត ចាប់ដើមតាំងពីថ្ងៃនេះទៅ។ ចំណែកខាងចិត្តហត្ថិសារីបុត្ត ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចគេបើកនូវរបស់ដែលកំបាំង។បេ។ ទ្រោលបំភ្លឺប្រទីប ដោយគិតថា មនុស្សមានភ្នែកភ្លឺ នឹងឃើញរូបទាំងឡាយបាន ធម៌ដែលព្រះមានព្រះភាគ ទ្រង់ប្រកាស ដោយអនេកបរិយាយ ក៏យ៉ាងនេះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គួរបានបព្វជ្ជា គួរបានឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។ ចិត្តហត្ថិសារីបុត្ត ក៏បាននូវបព្វជ្ជា បាននូវឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។ ចិត្តហត្ថិសារីបុត្តដ៏មានអាយុ បានឧបសម្បទា មិនយូរប៉ុន្មាន ក៏ដោះខ្លួន ចេញចាកពួក ជាបុគ្គលតែម្នាក់ឯង ឥតមានសេចក្តីប្រមាទឡើយ ព្យាយាមដុតកិលេស បញ្ជូនចិត្តឲ្យបែរទៅកាន់ (ព្រះនិព្វាន) ពួកកុលបុត្រ ដែលចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីអនុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវអនុត្តរធម៌នោះ ជាទីបំផុត នៃមគ្គព្រហ្មចរិយៈ ក្នុងបច្ចុប្បន្ន មិនយូរប៉ុន្មាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ បានដឹងច្បាស់ថា ជាតិរបស់អាត្មាអញ អស់ហើយ មគ្គព្រហ្មចរិយធម៌ អាត្មាអញ ក៏បានអប់រំហើយ សោឡសកិច្ច អាត្មាអញ ក៏បានធ្វើរួចហើយ កិច្ចដទៃក្រៅពីនេះទៅទៀត គ្មានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះចិត្តហត្ថិសារីបុត្តមានអាយុ ជាព្រះអរហន្តមួយអង្គដែរ។
ចប់ បោដ្ឋបាទសូត្រ ទី៩។