តិបិដក (មូល) » សុត្តបិដក » ទីឃនិកាយ » សីលក្ខន្ធវគ »
កេវដ្តគហបតីបុត្ត ក្រាបទូលព្រះមានព្រះភាគ សូមឲ្យបង្គាប់ភិក្ខុឲ្យសម្តែងឥទ្ធបាទបរិហារ្យ ដើម្បីឲ្យពុទ្ធបរិស័ទកើតសទ្ធាកាន់តែច្រើន។ ព្រះអង្គតបថា បដិហារ្យ ៣ យ៉ាងនេះ… អនុសាសនីបដិហារ្យ នោះទើបគួរដល់ការដោះស្រាយបានបញ្ហាបាន តើដំណើររឿងដូម្តេចខ្លះ?
dn 11 បាលី cs-km: sut.dn.11 អដ្ឋកថា: sut.dn.11_att PTS: ?
(ទី១១) កេវដ្តសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(១១. កេវដ្ដសុត្តំ)
[១៤០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគជាម្ចាស់ ទ្រង់គង់នៅក្នុងបាវារិកម្ពវ័ន ជិតស្រុកនាលន្ទា។ គ្រានោះ គហបតិបុត្រ ឈ្មោះកេវដ្តៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះកេវដ្តៈគហបតិបុត្រ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលសេចក្តីនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ស្រុកនាលន្ទានេះ ជាស្រុកស្តុកស្តម្ភ បរិបូណ៌ (ដោយទ្រព្យរបស់ផ្សេងៗ) មានជនច្រើន មានមនុស្សកុះករ មានមនុស្សជ្រះថ្លាក្រាស់ក្រែល ចំពោះព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុណា អាចនឹងធ្វើឥទ្ធិបាដិហារ្យ ឲ្យក្រៃលែងជាងមនុស្សធម៌ គឺកុសលកម្ម១០ សូមព្រះមានព្រះភាគ បង្គាប់ភិក្ខុនោះ១រូប (ឲ្យធ្វើ) កាលបើយ៉ាងនេះ អ្នកស្រុកនាលន្ទានេះ ក៏នឹងរឹងរឹតតែជ្រះថ្លាឡើង ក្នុងព្រះមានព្រះភាគ។ កាលកេវដ្តគហបតិបុត្រ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងកេវដ្តគហបតិបុត្រថា ម្នាលកេវដ្តៈ តថាគត មិនសំដែងធម៌ដល់ភិក្ខុទាំងឡាយយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមកធ្វើបាដិហារ្យ ឲ្យក្រៃលែងជាងមនុស្សធម៌ ដល់ពួកគ្រហស្ថ អ្នកស្លៀកពាក់សដូច្នេះឡើយ។ កេវដ្តគហបតិបុត្រ បានក្រាបបង្គំទូលសេចក្តីនេះ នឹងព្រះមានព្រះភាគ ជាគំរប់២ដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនបានតាំងព្រះមានព្រះភាគ (ឲ្យសំដែង)ទេ ខ្ញុំព្រះអង្គ គ្រាន់តែក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ស្រុកនាលន្ទានេះ ជាស្រុកស្តុកស្តម្ភ បរិបូណ៌ (ដោយទ្រព្យរបស់ផ្សេងៗ) មានជនច្រើន មានមនុស្សកុះករ មានមនុស្សជ្រះថ្លាក្រាស់ក្រែល ចំពោះព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុណា អាចនឹងធ្វើឥទ្ធិបាដិហារ្យ ឲ្យក្រៃលែងជាងមនុស្សធម៌បាន សូមព្រះមានព្រះភាគ បង្គាប់ភិក្ខុនោះ១រូប (ឲ្យធ្វើ) កាលបើយ៉ាងនេះ អ្នកស្រុកនាលន្ទានេះ នឹងរឹងរឹតតែជ្រះថ្លាឡើង ក្នុងព្រះមានព្រះភាគ។ (កេវដ្តគហបតិបុត្រ ក្រាបបង្គំទូលនូវសេចក្តីនេះទៀត) ជាគំរប់៣ដងផង។បេ។
[១៤១] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកេវដ្តៈ បាដិហារ្យ៣យ៉ាងនេះ ដែលតថាគត ធ្វើឲ្យជាក់ច្បាស់ហើយ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯងហើយ អាចនឹងសំដែងបាន បាដិហារ្យ៣យ៉ាង តើដូចម្តេច គឺឥទ្ធិបាដិហារ្យ១ អាទេសនាបាដិហារ្យ១ អនុសាសនីបាដិហារ្យ១។ ម្នាលកេវដ្តៈ ចុះ ឥទ្ធិបាដិហារ្យ តើដូចម្តេច ម្នាលកេវដ្តៈ ភិក្ខុក្នុងសាសនានេះ បាននូវឥទ្ធិវិធី គឺការតាក់តែងឫទ្ធិបានជាច្រើនប្រការ មនុស្សម្នាក់ ឲ្យទៅជាច្រើននាក់ក៏បាន មនុស្សច្រើននាក់ ឲ្យទៅជាម្នាក់ក៏បាន ដើរទៅមិនជាប់ជំពាក់នឹងទីវាល ទីខាងក្រៅ ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង និងទីខាងក្រៅភ្នំ ដូចជាដើរទៅ ក្នុងអាកាសក៏បាន ងើបឡើងទាំងមុជចុះក្នុងផែនដី ដូចជាងើបមុជ ក្នុងទឹកក៏បាន ដើរទៅក្នុងទឹក ក៏មិនបែកធ្លាយទឹក ដូចជាដើរលើផែនដីក៏បាន ទៅក្នុងអាកាសទាំងភ្នែន ដូចជាសកុណជាតិ ដែលមានស្លាបក៏បាន យកដៃទៅស្ទាបអង្អែល ចាប់ពាល់នូវព្រះចន្ទ្រ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះក៏បាន ធ្វើអំណាចឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ កុលបុត្រឯណានីមួយ ជាអ្នកមានសទ្ធាជ្រះថ្លា ឃើញភិក្ខុនោះ ដែលបាននូវឥទ្ធិវិធីជាច្រើនប្រការ គឺមនុស្សម្នាក់ ឲ្យទៅជាច្រើននាក់ក៏បាន មនុស្សច្រើននាក់ ឲ្យទៅជាម្នាក់ក៏បាន ដើរទៅមិនជាប់ជំពាក់នឹងទីវាល ទីខាងក្រៅ ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង និងខាងក្រៅភ្នំ ដូចជាដើរទៅ ក្នុងអាកាសក៏បាន ងើបឡើង ទាំងមុជចុះក្នុងផែនដី ហាក់ដូចជាងើបមុជ ក្នុងទឹកក៏បាន ដើរទៅក្នុងទឹក ក៏មិនបែកធ្លាយទឹក ហាក់ដូចជាដើរលើផែនដីក៏បាន ទៅក្នុងអាកាសទាំងភ្នែន ដូចជាសកុណជាតិ ដែលមានស្លាបក៏បាន យកដៃទៅស្ទាបអង្អែល ចាប់ពាល់នូវព្រះចន្ទ្រ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះក៏បាន ធ្វើអំណាចឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ កុលបុត្រដែលមានសទ្ធាជ្រះថ្លានោះ ក៏ប្រាប់នូវដំណើរភិក្ខុនោះ ដល់អ្នកដទៃ ដែលមិនទាន់មានសទ្ធា មិនទាន់មានសេចក្តីជ្រះថ្លាថា ឱហ្ន៎ ហេតុនេះជាអស្ចារ្យពេកណាស់ ឱហ្ន៎ ហេតុនេះមិនធ្លាប់មាន បែរជាមានបាន ភាវៈនៃសមណៈ ជាអ្នកមានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះខ្ញុំបានឃើញភិក្ខុឯណោះ ដែលបាននូវឥទ្ធិវិធីជាច្រើនប្រការគឺ ធ្វើមនុស្សម្នាក់ ឲ្យទៅជាច្រើននាក់ក៏បាន មនុស្សច្រើននាក់ ឲ្យទៅជាម្នាក់វិញក៏បាន។បេ។ ធ្វើអំណាចឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ជនដែលមិនទាន់មានសទ្ធា មិនទាន់មានសេចក្តីជ្រះថ្លា គប្បីនិយាយប្រាប់ដំណើរភិក្ខុនោះ ទៅនឹងកុលបុត្រ ដែលមានសទ្ធាជ្រះថ្លានោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន មានវិជ្ជាមួយយ៉ាង ឈ្មោះគន្ធារិ គឺវិជ្ជាដែលឫសី ឈ្មោះគន្ធារៈ តាក់តែងទុកមក ភិក្ខុនោះ បាននូវឥទ្ធិវិធីជាច្រើនប្រការ ដោយវិជ្ជានោះ។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ម្នាលកេវដ្តៈ អ្នកសំគាល់សេចក្តីនោះដូចម្តេច ជនដែលមិនទាន់មានសទ្ធា មិនទាន់មានសេចក្តីជ្រះថ្លានោះ នឹងគប្បីនិយាយពាក្យយ៉ាងនេះ ទៅនឹងកុលបុត្រ ដែលមានសទ្ធាជ្រះថ្លានោះដែរឬ។ កេវដ្តគហបតិបុត្រ ក្រាបបង្គំទូលតបថា បពិត្រព្រះអង្គដ៏ចំរើន ជននោះគប្បីនិយាយដែរ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកេវដ្តៈ តថាគត ពិចារណាឃើញច្បាស់ នូវទោសក្នុងឥទ្ធិបាដិហារ្យនេះហើយ ទើបនឿយណាយធុញទ្រាន់ ខ្ពើមរអើម ចាកឥទ្ធិបាដិហារ្យ។
[១៤២] ម្នាលកេវដ្តៈ ចុះ អាទេសនាបាដិហារ្យ តើដូចម្តេច។ ម្នាលកេវដ្តៈ ភិក្ខុក្នុងសាសនានេះ ទាយនូវចិត្តខ្លះ ទាយនូវចេតសិកខ្លះ1) ទាយនូវការត្រិះរិះខ្លះ ទាយនូវការពិចារណាខ្លះ របស់ពួកសត្វដទៃ បុគ្គលដទៃថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោរបស់អ្នក មានប្រការដូច្នេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ។ កុលបុត្រឯណានីមួយ ដែលមានសទ្ធាជ្រះថ្លា ឃើញភិក្ខុនោះ ដែលទាយនូវចិត្តខ្លះ ទាយនូវចេតសិកខ្លះ ទាយនូវការត្រិះរិះខ្លះ ទាយនូវការពិចារណាខ្លះ របស់ពួកសត្វដទៃ បុគ្គលដទៃថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោរបស់អ្នក មានប្រការដូច្នេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ។ កុលបុត្រដែលមានសទ្ធាជ្រះថ្លានោះ ក៏ប្រាប់នូវដំណើរភិក្ខុនោះ ដល់ជនដទៃ ដែលជាអ្នកមិនទាន់មានសទ្ធា មិនទាន់មានសេចក្តីជ្រះថ្លាថា ឱហ្ន៎ ហេតុនេះជាអស្ចារ្យណាស់ ឱហ្ន៎ ហេតុនេះមិនធ្លាប់មាន បែរជាមានបាន ភាវៈនៃសមណៈ ជាអ្នកមានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះខ្ញុំបានឃើញភិក្ខុឯណោះ ដែលទាយនូវចិត្តខ្លះ ទាយនូវចេតសិកខ្លះ ទាយនូវការត្រិះរិះខ្លះ ទាយនូវការពិចារណាខ្លះ របស់ពួកសត្វដទៃ បុគ្គលដទៃថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោរបស់អ្នក មានប្រការដូច្នេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ។ ជនដែលមិនទាន់មានសទ្ធា មិនទាន់ជ្រះថ្លានោះ គប្បីនិយាយប្រាប់ដំណើរភិក្ខុនោះ ទៅនឹងកុលបុត្រ ដែលមានសទ្ធាជ្រះថ្លានោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន មានវិជ្ជាមួយយ៉ាង ឈ្មោះមណិកា2) ជាវិជ្ជាសម្រាប់ដឹងចិត្តបុគ្គលដទៃ ភិក្ខុនោះទាយនូវចិត្តខ្លះ ទាយនូវចេតសិកខ្លះ ទាយនូវការត្រិះរិះខ្លះ ទាយនូវការពិចារណាខ្លះ របស់ពួកសត្វដទៃ បុគ្គលដទៃ ដោយវិជ្ជានោះថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោរបស់អ្នក មានប្រការដូច្នេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ។ ម្នាលកេវដ្តៈ អ្នកសំគាល់នូវហេតុនោះដូចម្តេច ជនដែលមិនទាន់មានសទ្ធា មិនទាន់ជ្រះថ្លា នឹងគប្បីនិយាយពាក្យយ៉ាងនេះ ទៅនឹងកុលបុត្រ ដែលមានសទ្ធា មានសេចក្តីជ្រះថ្លានោះដែរឬ។ គហបតិបុត្រ ក្រាបបង្គំទូលតបថា បពិត្រព្រះអង្គដ៏ចំរើន ជននោះគប្បីនិយាយដែរ។ ម្នាលកេវដ្តៈ តថាគត កាលពិចារណាឃើញច្បាស់ នូវទោសក្នុងអាទេសនាបាដិហារ្យនេះឯង ទើបនឿយណាយធុញទ្រាន់ ខ្ពើមរអើម ចាកអាទេសនាបាដិហារ្យ។
[១៤៣] ម្នាលកេវដ្តៈ ចុះ អនុសាសនីបាដិហារ្យ តើដូចម្តេច។ ម្នាលកេវដ្តៈ ភិក្ខុក្នុងសាសនានេះ តែងប្រៀនប្រដៅយ៉ាងនេះថា អ្នកទាំងឡាយ ចូរត្រិះរិះយ៉ាងនេះចុះ កុំត្រិះរិះយ៉ាងនេះឡើយ អ្នកទាំងឡាយ ចូរធ្វើទុកក្នុងចិត្តយ៉ាងនេះចុះ កុំធ្វើទុកក្នុងចិត្តយ៉ាងនេះឡើយ អ្នកទាំងឡាយ ចូរលះបង់នូវតម្រេក ក្នុងបញ្ចកាមគុណនេះ អ្នកទាំងឡាយ ចូរដល់នូវលោកុត្តរធម៌នេះ ហើយសម្រេចឥរិយាបថនៅ។ ម្នាលកេវដ្តៈ នេះតថាគតហៅថា អនុសាសនីបាដិហារ្យ។
[១៤៤] ម្នាលកេវដ្តៈ មួយវិញទៀត ព្រះតថាគត កើតឡើងក្នុងលោកនេះ ជាអរហន្តសម្មាសម្ពុទ្ធ។បេ។ (អ្នកប្រាជ្ញគប្បីសំដែងឲ្យពិស្តារ ដូចក្នុងសាមញ្ញផលសូត្រផងចុះ)។បេ។ ម្នាលកេវដ្តៈ នេះតថាគតហៅថា អនុសាសនីបាដិហារ្យ។ ភិក្ខុបានដល់នូវទុតិយជ្ឈាន។ តតិយជ្ឈាន។ ចតុត្ថជ្ឈាន ហើយសម្រាន្តឥរិយាបថនៅ។ ម្នាលកេវដ្តៈ នេះតថាគតហៅថា អនុសាសនីបាដិហារ្យ។បេ។ ភិក្ខុតម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីញាណទស្សនៈ។ ម្នាលកេវដ្តៈ នេះតថាគតហៅថា អនុសាសនីបាដិហារ្យ។បេ។ ភិក្ខុដឹងច្បាស់ថា កិច្ចដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ម្នាលកេវដ្តៈ នេះតថាគតហៅថា អនុសាសនីបាដិហារ្យ។ ម្នាលកេវដ្តៈ បាដិហារ្យទាំង៣យ៉ាងនេះឯង ដែលតថាគតធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយអាចសំដែងបាន។
[១៤៥] ម្នាលកេវដ្តៈ រឿងធ្លាប់មានមកថា ភិក្ខុមួយរូប ក្នុងភិក្ខុសង្ឃនេះឯង កើតមានសេចក្តីត្រិះរិះក្នុងចិត្តយ៉ាងនេះថា មហាភូតរូបទាំង៤នេះគឺ បឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎។ ម្នាលកេវដ្តៈ លំដាប់នោះ ភិក្ខុចូលកាន់សមាធិ តាមបែបផែននៃចិត្តរបស់យោគី ដែលតាំងខ្ជាប់ដោយសមាធិ ផ្លូវជាទីទៅកាន់ទេវលោក ក៏កើតប្រាកដឡើង។ ម្នាលកេវដ្តៈ គ្រានោះ ភិក្ខុនោះ ចូលទៅរកពួកទេវតា ដែលឋិតនៅក្នុងឋានចាតុម្មហារាជិកា លុះចូលទៅដល់ហើយ បានសួរសេចក្តីនេះ នឹងពួកទេវតាដែលឋិតនៅក្នុងឋានចាតុម្មហារាជិកាថា ម្នាលអាវុសោទាំងឡាយ មហាភូតរូបទាំង៤នេះ គឺ បឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ ពួកទេវតា ដែលឋិតនៅក្នុងឋានចាតុម្មហារាជិកា បានឆ្លើយតបសេចក្តីនេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ យើងទាំងឡាយនេះឯង មិនដឹងថា មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាទេ បពិត្រភិក្ខុ តែមានមហារាជ៤ព្រះអង្គ ឧត្តម ថ្លៃថ្លាជាងយើងទាំងឡាយ មហារាជទាំង៤នោះ គប្បីដឹងយ៉ាងនេះថា មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណា ដូច្នេះ (មិនខាន)។ ម្នាលកេវដ្តៈ លំដាប់នោះ ភិក្ខុក៏ចូលទៅរកមហារាជទាំង៤ព្រះអង្គ លុះចូលទៅដល់ហើយ ក៏សួរសេចក្តីនេះ នឹងមហារាជទាំង៤ថា ម្នាលអាវុសោទាំងឡាយ មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ មហារាជទាំង៤ព្រះអង្គ ឆ្លើយតបសេចក្តីនេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ សូម្បីយើងទាំងឡាយ ក៏មិនដឹងសេចក្តីនេះដែរ។បេ។ បពិត្រភិក្ខុ តែមានទេវតាទាំងឡាយ ដែលឋិតនៅក្នុងឋានតាវត្តិង្ស ឧត្តម ថ្លៃថ្លាជាងយើងទាំងឡាយ ពួកទេវតាទាំងនោះឯង គប្បីដឹងសេចក្តីនេះ។បេ។ ម្នាលកេវដ្តៈ គ្រានោះ ភិក្ខុក៏ចូលទៅរកពួកទេវតា ដែលឋិតនៅក្នុងឋានតាវត្តិង្ស លុះចូលទៅដល់ហើយ ក៏បានសួរសេចក្តីនេះ នឹងពួកទេវតា ដែលឋិតនៅក្នុងឋានតាវត្តិង្សថា ម្នាលអាវុសោទាំងឡាយ មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ ពួកទេវតា ដែលឋិតនៅក្នុងឋានតាវត្តិង្ស ឆ្លើយតបសេចក្តីនេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ យើងទាំងឡាយ ក៏មិនដឹងសេចក្តីនេះដែរ។បេ។ បពិត្រភិក្ខុ តែមានទេវរាជ ឈ្មោះសក្កៈ ជាធំជាងទេវតាទាំងឡាយ ឧត្តម ថ្លៃថ្លាជាងយើងទាំងឡាយ សក្កទេវរាជនោះឯង គប្បីដឹងសេចក្តីយ៉ាងនេះ។បេ។ ម្នាលកេវដ្តៈ ភិក្ខុនោះ ក៏ចូលទៅរកសក្កទេវរាជ ជាធំជាងទេវតាទាំងឡាយ លុះចូលទៅដល់ហើយ ក៏សួរនូវសេចក្តីនេះ នឹងសក្កទេវរាជ ជាធំជាងទេវតាទាំងឡាយថា ម្នាលអាវុសោ មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎។ ម្នាលកេវដ្តៈ កាលបើភិក្ខុនោះសួរយ៉ាងនេះហើយ សក្កទេវរាជ ជាធំជាងទេវតាទាំងឡាយ បានឆ្លើយតបសេចក្តីនេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ ខ្ញុំព្រះករុណា ក៏មិនដឹងសេចក្តីនេះដែរ។បេ។ បពិត្រភិក្ខុ តែមានទេវតា ឈ្មោះយាមៈ (ទេវតាឋិតនៅក្នុងឋានយាមៈ)។បេ។ ទេវបុត្រឈ្មោះសុយាមៈ។បេ។ ទេវបុត្រឈ្មោះតុសិតៈ (ទេវតាឋិតនៅក្នុងឋានតុសិត)។បេ។ ទេវបុត្រឈ្មោះសន្តុសិតៈ។បេ។ ទេវតាឈ្មោះ និម្មានរតី (ទេវតា ដែលឋិតនៅក្នុងឋាននិម្មានរតី)។បេ។ ទេវបុត្រឈ្មោះសុនិម្មិតៈ។បេ។ ទេវតាឈ្មោះ បរនិម្មិតវសវតី្ត (ទេវតា ឋិតនៅក្នុងឋានបរនិម្មិតវសវត្តី)។បេ។ ទេវបុត្រឈ្មោះបរនិម្មិតវសវត្តី ឧត្តម ថ្លៃថ្លាជាងយើងទាំងឡាយ ទេវបុត្រឈ្មោះ បរនិម្មិតវសវត្តីនោះ គប្បីដឹងយ៉ាងនេះថា មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណា (មិនខាន)។
[១៤៦] ម្នាលកេវដ្តៈ លំដាប់នោះឯង ភិក្ខុនោះ ចូលទៅរកទេវបុត្រ ឈ្មោះវសវត្តី លុះចូលទៅដល់ហើយ ក៏បានសួរសេចក្តីនេះ នឹងទេវបុត្រឈ្មោះ វសវត្តីថា ម្នាលអាវុសោ មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ ទេវបុត្រឈ្មោះ វសវត្តី ក៏បានឆ្លើយតបសេចក្តីនេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ ខ្ញុំព្រះករុណា ក៏មិនដឹងថា មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាដែរ។ បពិត្រភិក្ខុ តែមានពួកទេវតា ឈ្មោះ ព្រហ្មកាយិកៈ (ទេវតា ដែលរាប់បញ្ចូលក្នុងពួកព្រហ្ម) ឧត្តម ថ្លៃថ្លាជាងយើងទាំងឡាយ ពួកទេវតានោះ គប្បីដឹងសេចក្តីយ៉ាងនេះ (មិនខាន)។បេ។ ម្នាលកេវដ្តៈ លំដាប់នោះ ភិក្ខុនោះ ក៏ចូលកាន់សមាធិ តាមបែបផែននៃចិត្តរបស់យោគី ដែលតាំងខ្ជាប់ ដោយសមាធិ ផ្លូវជាទីទៅកាន់ព្រហ្មលោក ក៏កើតប្រាកដឡើង។
[១៤៧] ម្នាលកេវដ្តៈ គ្រានោះឯង ភិក្ខុនោះ ក៏ចូលទៅរកពួកទេវតា ដែលរាប់បញ្ចូលក្នុងពួកព្រហ្ម លុះចូលទៅដល់ហើយ ក៏បានសួរសេចក្តីនេះ នឹងទេវតា ដែលរាប់បញ្ចូលក្នុងពួកព្រហ្មថា ម្នាលអាវុសោទាំងឡាយ មហាភូតរូប៤នេះ។បេ។ វាយោធាតុ១ រលត់ ក្នុងទីណាហ្ន៎។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ ពួកទេវតា ដែលរាប់បញ្ចូលក្នុងពួកព្រហ្ម បានឆ្លើយតបសេចក្តីនេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ យើងក៏មិនដឹងសេចក្តីនេះដែរ។បេ។ បពិត្រភិក្ខុ តែមានព្រហ្មឈ្មោះ មហាព្រហ្ម គ្របសង្កត់លើសត្វឯទៀត សត្វឯទៀត មិនអាចគ្របសង្កត់លើបាន ជាអ្នកឃើញហេតុគ្រប់យ៉ាង ជាអ្នកធ្វើជនទាំងពួង ឲ្យលុះក្នុងអំណាចខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាងសត្វលោក ជាអ្នកបែង3) សត្វលោក ជាអ្នកស្ទាត់ជំនាញ ជាបិតារបស់សត្វ ដែលប្រសូតចេញមកហើយ និងសត្វនៅក្នុងផ្ទៃ ឧត្តម ថ្លៃថ្លាជាងយើងទាំងឡាយ មហាព្រហ្មនោះឯង គប្បីដឹងសេចក្តីយ៉ាងនេះថា មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណា (មិនខាន)។ ភិក្ខុនោះសួរថា ម្នាលអាវុសោ ចុះឥឡូវនេះ មហាព្រហ្មនោះ នៅក្នុងទីណា។ ពួកទេវតានោះ ឆ្លើយតបថា បពិត្រភិក្ខុ យើងទាំងឡាយ ក៏មិនដឹងថា ព្រហ្មនៅក្នុងទីណា ឬនៅក្នុងទីចំណែកនៃទិសណាដែរ បពិត្រភិក្ខុ ប៉ុន្តែនិមិត្តទាំងឡាយតែងប្រាកដ ពន្លឺតែងកើតច្បាស់ រស្មីតែងកើតប្រាកដក្នុងទីណា ព្រហ្មនឹងមានប្រាកដក្នុងទីនោះ នេះជាបុព្វនិមិត្ត ដើម្បីមានប្រាកដនៃព្រហ្ម គឺពន្លឺក៏កើតច្បាស់ រស្មីមានប្រាកដ។ ម្នាលកេវដ្តៈ លំដាប់នោះ មិនយូរប៉ុន្មានឡើយ មហាព្រហ្មនោះ ក៏មានរូបប្រាកដឡើង។
[១៤៨] ម្នាលកេវដ្តៈ គ្រានោះឯង ភិក្ខុនោះ ចូលទៅរកមហាព្រហ្ម លុះចូលទៅដល់ហើយ បានសួរសេចក្តីនេះ នឹងមហាព្រហ្មនោះថា ម្នាលអាវុសោ មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ មហាព្រហ្មនោះ ក៏ឆ្លើយតបសេចក្តីនេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ ខ្ញុំជាព្រហ្មឈ្មោះ មហាព្រហ្ម គ្របសង្កត់លើសត្វឯទៀត សត្វឯទៀត មិនអាចគ្របសង្កត់លើបាន ជាអ្នកឃើញហេតុគ្រប់យ៉ាង ជាអ្នកធ្វើជនទាំងពួង ឲ្យលុះក្នុងអំណាចរបស់ខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាងសត្វលោក ជាអ្នកបែងសត្វលោក ជាអ្នកស្ទាត់ជំនាញ ជាបិតារបស់សត្វ ដែលប្រសូតមកហើយ និងសត្វនៅក្នុងផ្ទៃ។ ម្នាលកេវដ្តៈ ភិក្ខុនោះ បានសួរនូវសេចក្តីនេះ នឹងមហាព្រហ្មនោះ ជាគំរប់២ដងទៀតថា ម្នាលអាវុសោ អាត្មាមិនមែនសួរអ្នកយ៉ាងនេះថា អ្នកជាព្រហ្ម ឈ្មោះមហាព្រហ្ម គ្របសង្កត់លើសត្វឯទៀត សត្វឯទៀត មិនអាចគ្របសង្កត់លើបាន ជាអ្នកឃើញហេតុគ្រប់យ៉ាង ជាអ្នកធ្វើជនទាំងពួង ឲ្យលុះក្នុងអំណាចរបស់ខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាងសត្វ ជាអ្នកបែងសត្វលោក ជាអ្នកស្ទាត់ជំនាញ ជាបិតារបស់សត្វ ដែលប្រសូតចេញមកហើយ និងសត្វនៅក្នុងផ្ទៃ ដូច្នេះទេ ម្នាលអាវុសោ ឯអាត្មាសួរអ្នកយ៉ាងនេះថា ម្នាលអាវុសោ មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ដូច្នេះទេតើ។ ម្នាលកេវដ្តៈ មហាព្រហ្មនោះ បានឆ្លើយតបសេចក្តីនេះនឹងភិក្ខុនោះ ជាគំរប់២ដងទៀតថា បពិត្រភិក្ខុ ខ្ញុំជាព្រហ្ម ឈ្មោះមហាព្រហ្ម គ្របសង្កត់លើសត្វឯទៀត សត្វឯទៀត មិនអាចគ្របសង្កត់លើបាន ជាអ្នកឃើញហេតុគ្រប់យ៉ាង ជាអ្នកធ្វើជនទាំងពួង ឲ្យលុះក្នុងអំណាចរបស់ខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាងសត្វលោក ជាអ្នកបែងសត្វលោក ជាអ្នកស្ទាត់ជំនាញ ជាបិតារបស់សត្វ ដែលប្រសូតចេញមកហើយ និងសត្វនៅក្នុងផ្ទៃ។ ម្នាលកេវដ្តៈ ភិក្ខុនោះ បានសួរនូវសេចក្តីនេះ នឹងមហាព្រហ្ម ជាគំរប់៣ដងទៀតថា ម្នាលអាវុសោ អាត្មាមិនមែនសួរអ្នកយ៉ាងនេះថា អ្នកជាព្រហ្ម ឈ្មោះមហាព្រហ្ម គ្របសង្កត់លើសត្វឯទៀត សត្វឯទៀត មិនអាចគ្របសង្កត់លើបាន ជាអ្នកឃើញហេតុគ្រប់យ៉ាង ជាអ្នកធ្វើជនទាំងពួង ឲ្យលុះក្នុងអំណាចខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាងសត្វលោក ជាអ្នកបែងសត្វលោក ជាអ្នកស្ទាត់ជំនាញ ជាបិតានៃសត្វ ដែលប្រសូតចេញមកហើយ និងសត្វនៅក្នុងផ្ទៃ ដូច្នេះទេ ម្នាលអាវុសោ ឯអាត្មាសួរអ្នកយ៉ាងនេះថា ម្នាលអាវុសោ មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ដូច្នេះទេតើ។
[១៤៩] ម្នាលកេវដ្តៈ គ្រានោះ មហាព្រហ្មនោះ ចាប់ដើមដៃភិក្ខុនោះ ហើយនាំចៀសចេញទៅ ក្នុងទីដ៏សមគួរ ហើយនិយាយសេចក្តីនេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ ទេវតា ដែលរាប់បញ្ចូលក្នុងពួកព្រហ្មទាំងនេះឯង តែងស្គាល់នូវខ្ញុំយ៉ាងនេះថា ហេតុអ្វីនីមួយ ឈ្មោះថា ព្រហ្មមិនដឹង មិនឃើញ មិនស្គាល់ មិនធ្វើឲ្យច្បាស់នោះ មិនមានឡើយ ព្រោះហេតុនោះ ទើបខ្ញុំមិនព្យាករ ក្នុងទីចំពោះមុខនៃទេវតាទាំងនុ៎ះ បពិត្រភិក្ខុ ខ្ញុំសោត ក៏មិនដឹងថា មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាដែរ បពិត្រភិក្ខុ លោកម្ចាស់ លះបង់ចោលព្រះមានព្រះភាគហើយ ដល់នូវការស្វែងរក (បុគ្គល) ខាងក្រៅវិញ ដើម្បីព្យាករណ៍នូវប្រស្នានេះ ដោយអំពើណា អំពើនោះ លោកម្ចាស់ធ្វើមិនល្អទេ អំពើនោះ លោកម្ចាស់ធ្វើខុសហើយ បពិត្រភិក្ខុ ព្រោះហេតុនោះ លោកម្ចាស់ចូលទៅគាល់ព្រះមានព្រះភាគអង្គនោះ ហើយសួរនូវប្រស្នានេះចុះ បើព្រះមានព្រះភាគ ទ្រង់ព្យាករ ដល់លោកម្ចាស់យ៉ាងណា លោកម្ចាស់គប្បីចាំទុកនូវសេចក្តីនោះ យ៉ាងនោះចុះ។
[១៥០] ម្នាលកេវដ្តៈ គ្រានោះឯង ភិក្ខុនោះ ក៏បាត់អំពីព្រហ្មលោក មកប្រាកដក្នុងទីចំពោះមុខតថាគត (រហ័ស) ប្រៀបដូចជាបុរសមានកំឡាំង លាដៃដែលបត់ចូល ឬបត់ចូលនូវដៃដែលលាចេញ។ ម្នាលកេវដ្តៈ គ្រានោះឯង ភិក្ខុនោះ ថ្វាយបង្គំតថាគតរួចហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ ម្នាលកេវដ្តៈ លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយ ក៏បានសួរនូវសេចក្តីនេះ នឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ តថាគត ក៏បានសំដែងសេចក្តីនេះ នឹងភិក្ខុនោះថា ម្នាលភិក្ខុ រឿងធ្លាប់មានមកហើយថា មានពួកឈ្មួញសមុទ្រ បាននាំយកសត្វស្លាប ដែលជាសត្វមើលឃើញត្រើយសមុទ្រ ហើយចុះទៅកាន់សមុទ្រដោយសំពៅ ពួកឈ្មួញទាំងនោះ កាលបើសំពៅដែលបើកទៅ មើលមិនឃើញត្រើយសមុទ្រ ក៏លែងសត្វបក្សីដែលមើលឃើញត្រើយសមុទ្រ សត្វបក្សីនោះ ក៏ហើរទៅកាន់ទិសខាងកើត ទៅកាន់ទិសខាងត្បូង ទៅកាន់ទិសខាងលិច ទៅកាន់ទិសខាងជើង ទៅកាន់ទិសខាងលើ ទៅកាន់ទិសតូច បើសត្វបក្សីនោះ មើលឃើញត្រើយសមុទ្រជុំវិញ ក៏ហើរបាត់ទៅតែម្តង ប្រសិនបើ សត្វបក្សីនោះ មើលមិនឃើញត្រើយសមុទ្រជុំវិញទេ ក៏ហើរត្រឡប់មករកសំពៅនោះវិញ ម្នាលភិក្ខុ ខ្លួនអ្នក បានដើរស្វែងរក (បុគ្គល) ដើម្បីព្យាករណ៍នូវប្រស្នានេះ រហូតដល់ព្រហ្មលោក ក៏ត្រឡប់មកកាន់សំណាក់នៃតថាគតវិញដូច្នោះឯង ម្នាលភិក្ខុ ប្រស្នានេះ អ្នកមិនត្រូវសួរយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ដូច្នេះឡើយ។ ម្នាលភិក្ខុ ប្រស្នានោះ អ្នកត្រូវសួរយ៉ាងនេះថា។
[១៥១] អាបោធាតុក្តី បឋវីធាតុក្តី តេជោធាតុក្តី វាយោធាតុក្តី មិនតាំងនៅក្នុងទីណា (ឧបាទាយរូប) ដែលមានសណ្ឋានវែងក្តី ខ្លីក្តី តូចក្តី ធំក្តី ល្អក្តី អាក្រក់ក្តី រលត់ក្នុងទីណា នាម និងរូបរលត់ ឥតមានសេសសល់ក្នុងទីណា។
សេចក្តីដោះស្រាយ ក្នុងប្រស្នាដូច្នេះ។
[១៥២] វិញ្ញាណ គឺព្រះនិព្វាន មិនមែនជាទីសម្រាប់ឃើញ (ដោយចក្ខុបាន)ទេ ជាធម្មជាតគ្មានទីបំផុត មានពន្លឺ (កម្មដ្ឋាន) ដោយជុំវិញ អាបោធាតុក្តី បឋវីធាតុក្តី តេជោធាតុក្តី វាយោធាតុក្តី មិនតាំងនៅក្នុងព្រះនិព្វាននុ៎ះឡើយ (ឧបាទាយរូប) ដែលមានសណ្ឋានវែងក្តី ខ្លីក្តី តូចក្តី ធំក្តី ល្អ អាក្រក់ក្តី តែងរលត់ ក្នុងព្រះនិព្វាននុ៎ះ នាមនិងរូប តែងរលត់ ឥតមានសេសសល់ក្នុងព្រះនិព្វាននុ៎ះ នាម និងរូបនោះ តែងរលត់ក្នុងព្រះនិព្វាននុ៎ះ ព្រោះរលត់ទៅនៃវិញ្ញាណ។
ព្រះមានព្រះភាគ បានសំដែងព្រះសូត្រនេះចប់ហើយ។ កេវដ្តគហបតិបុត្រ ក៏មានចិត្តរីករាយ ត្រេកអរនឹងភាសិត របស់ព្រះមានព្រះភាគ។
ចប់ កេវដ្តសូត្រ ទី១១។