User Tools

Site Tools


Translations of this page?:
km:tipitaka:sut:dn:sut.dn.13



តេវិជ្ជសូត្រ ទី១៣

សង្ខេប

ព្រះពុទ្ធ​​បាន​​បញ្ចុះ​បញ្ចូល​​ព្រាហ្មណ៍ និង​​ឥសី​​ដ៏​​ល្បី​ល្បាញ​​មួយ​ក្រុម​​ ដែល​មាគ៌​​របស់​​ពួក​​ព្រាហ្មណ៍​​គឺ​​ផ្អែក​លើ​​ជំនឿ​​សុទ្ធសាធ។ កាល​​ឃើញ​​វេទ​​របស់​​ខ្លួន​​គ្មាន​មូលដ្ឋាន ព្រះពុទ្ធ​​ទ្រង់​​បង្រៀន​​អំពី​​របៀប​​ឈាន​​ដល់​​ព្រហ្ម​ទាំង​ឡាយ​ និង​លើស​ពី​នេះ​​ដោយ​​ខ្លួន​​ឯង។

dn 13 បាលី cs-km: sut.dn.13 អដ្ឋកថា: sut.dn.13_att PTS: ?

(ទី១៣) តេវិជ្ជសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

អានដោយ ឧបាសិកា ស៊ុនហ៊ាង

(១៣. តេវិជ្ជសុត្តំ)

[១៦៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធ​ដំណើរ​ទៅកាន់ចារិក ក្នុងកោសលជនបទ ព្រមដោយភិក្ខុសង្ឃច្រើន ប្រមាណ៥០០រូប បានដល់​ទៅស្រុកព្រាហ្មណ៍ ឈ្មោះមនសាកត របស់កោសលជនបទ។ ឮថា ព្រះមានព្រះភាគ ទ្រង់​ប្រថាប់នៅក្នុងអម្ពវ័ន ជិតឆ្នេរស្ទឹងអចិរវតី ក្នុងទិសខាងជើង នៃមនសាកតគ្រាម ជិត​ស្រុកមនសាកតនោះ។

[១៦៨] សម័យនោះ ពួកព្រាហ្មណមហាសាល ដែលមានឈ្មោះល្បីល្បាញច្រើន​នាក់ មកសំណាក់នៅក្នុងស្រុកមនសាកត ព្រាហ្មណ៍ទាំងនោះ ឈ្មោះអ្វីខ្លះ គឺឈ្មោះវង្គី​ព្រាហ្មណ៍1) តារុក្ខព្រាហ្មណ៍​2) បោក្ខរសាតិព្រាហ្មណ៍3) ជាណុសោនិព្រាហ្មណ៍4) តោទេយ្យព្រាហ្មណ៍5) និងពួក​ព្រាហ្មណមហាសាលឯទៀត ដែលមានឈ្មោះល្បីល្បាញ។ គ្រានោះ ពួកមាណព ជា​វាសេដ្ឋគោត្រ និងភារទ្វាជគោត្រ កំពុងនាំគ្នាដើរត្រសងចុះឡើង ឲ្យស្រួលជើង (ដើម្បី​បន្ទោបង់សេចក្តីរួយស្រពន់) ក៏កើតពាក្យជជែកគ្នា អំពីផ្លូវ និងមិនមែនផ្លូវឡើង។ វាសេដ្ឋ​មាណព បាននិយាយយ៉ាងនេះថា នេះឯងជាផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទី​ស្រោច​ស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងពួក​ព្រហ្មបាន ផ្លូវ​នេះឯង ដែលបោក្ខរសាតិព្រាហ្មណ៍ បានសំដែងប្រាប់។ ចំណែកខាងភារទ្វាជមាណព បាន​និយាយយ៉ាងនេះថា នេះឯងជាផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទី​ស្រោច​ស្រង់​សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងពួក​ព្រហ្ម ផ្លូវ​នេះឯង ដែលតារុក្ខព្រាហ្មណ៍ បានសំដែងប្រាប់។ វាសេដ្ឋមាណព មិនអាច​ដើម្បីញុំាង​ភារទ្វាជមាណពឲ្យចូលចិត្តបាន ចំណែកភារទ្វាជមាណព ក៏មិនអាចដើម្បីញុំាង​វាសេដ្ឋ​មាណព ឲ្យចូលចិត្តបានដែរ។

[១៦៩] គ្រានោះ វាសេដ្ឋមាណពបានប្រឹក្សា​នឹងភារទ្វាជៈថា ម្នាលភារទ្វាជៈ ព្រះសមណគោតមនេះឯង ជាសក្យបុត្រ ចេញចាក​សក្យត្រកូល មកទ្រង់ព្រះផ្នួស ឥឡូវនេះ គង់នៅក្នុង​អម្ពវ័ន ជិតឆ្នេរស្ទឹងអចិរវតី ទិសខាងជើង នៃ​មនសាកតគ្រាម ក្បែរ​ស្រុកមនសាកត កិត្តិសព្ទ សរសើរព្រះ​គោតម​ដ៏ចំរើននោះ ពីរោះ ឮខ្ចរខ្ចាយ សុសសាយ​​យ៉ាង​នេះថា ព្រះមានព្រះភាគ​​នោះ ព្រះអង្គឆ្ងាយចាក​សេចក្តីសៅហ្មងគ្រប់យ៉ាង ត្រាស់ដឹងនូវញេយ្យធម៌​ទាំងពួងដោយប្រពៃ ចំពោះព្រះអង្គ។បេ។ ទ្រង់លែង​វិលត្រឡប់​មកកាន់ភព​ថ្មីទៀត ម្នាលភារទ្វាជៈ មក យើងទៅរកព្រះសមណគោតម លុះចូលទៅដល់ហើយ យើងនឹងសួរសេចក្តីនុ៎ះ ចំពោះព្រះសមណគោតម (បើ) ព្រះសមណគោតម ទ្រង់ដោះស្រាយ​ដល់ពួកយើងយ៉ាងណា យើងនឹងចាំនូវសេចក្តី​នោះ យ៉ាងនោះ។ ភារទ្វាជមាណព បានទទួលស្តាប់ពាក្យ​របស់វាសេដ្ឋមាណពថា ម្នាលអ្នក​ដ៏ចំរើន យ៉ាងហ្នឹងហើយ។

[១៧០] គ្រានោះ វាសេដ្ឋមាណព និងភារទ្វាជមាណព ក៏ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យសំណេះសំណាល ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួរ​រលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះវាសេដ្ឋមាណព អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន កាលដែលយើង​ខ្ញុំ​កំពុងនាំគ្នាដើរត្រសងចុះឡើង ឲ្យស្រួលជើង ក៏កើតសំដីជជែកគ្នា អំពី​ផ្លូវ និងមិនមែនផ្លូវ ក្នុងទីហ្នឹង ខ្ញុំព្រះអង្គពោលយ៉ាងនេះថា នេះឯងជាផ្លូវត្រង់ នេះឯង​ជា​ផ្លូវ​ទៀងទាត់ ជាទី​ស្រោច​ស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជា​មួយ​នឹង​ពួក​ព្រហ្មបាន ផ្លូវ​នេះឯង ដែលបោក្ខរសាតិព្រាហ្មណ៍ បានសំដែងប្រាប់ ចំណែក​ខាង​ភារទ្វាជមាណព បាន​និយាយយ៉ាងនេះថា នេះឯងជាផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទី​ស្រោច​ស្រង់​សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងពួក​ព្រហ្ម ផ្លូវ​នេះឯង ដែលតារុក្ខព្រាហ្មណ៍ បានសំដែងប្រាប់ បពិត្រព្រះគោតមដ៏ចំរើន ការប្រកាន់​ខុសគ្នា ក៏មាន ការជជែកគ្នាក៏មាន ការពោលផ្សេងគ្នាក៏មាន អំពីផ្លូវ និងមិនមែន​ផ្លូវនេះ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវាសេដ្ឋ បានឮថា អ្នកនិយាយយ៉ាងនេះថា នេះឯង​ជា​ផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទី​ស្រោច​ស្រង់សត្វ រមែងនាំអ្នក​ប្រតិបត្តិតាម​ផ្លូវនោះ ឲ្យទៅកើតជាមួយនឹងពួក​ព្រហ្ម ផ្លូវ​នេះឯង ដែលបោក្ខរសាតិព្រាហ្មណ៍ បានសំដែងប្រាប់ ឯភារទ្វាជមាណព ពោលយ៉ាងនេះថា នេះជាផ្លូវត្រង់ នេះជាផ្លូវទៀងទាត់ ជាទី​ស្រោច​ស្រង់​សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងពួក​ព្រហ្ម ផ្លូវ​នេះឯង ដែលតារុក្ខព្រាហ្មណ៍ បានសំដែងប្រាប់ ម្នាលវាសេដ្ឋ កាលបើដូច្នោះ អ្នកទាំងឡាយ ប្រកាន់ខុសគ្នា ព្រោះហេតុដូចម្តេច ជជែកគ្នា ព្រោះហេតុដូចម្តេច ពោលពាក្យផ្សេងគ្នា ព្រោះហេតុដូចម្តេច។ វាសេដ្ឋមាណព ក្រាប​បង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន (យើងខ្ញុំព្រះអង្គ ជជែកគ្នា) ព្រោះផ្លូវ និងមិនមែន​ផ្លូវ បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ទាំងឡាយ គឺពួក​អទ្ធរិយព្រាហ្មណ៍ ពួកតិត្តិរិយ​ព្រាហ្មណ៍ ពួកឆន្ទោកព្រាហ្មណ៍ ពួក​ពវ្ហរិធព្រាហ្មណ៍ បញ្ញត្តផ្លូវទាំងឡាយផ្សេងៗគ្នា ក៏​ពិតមែនហើយ តែថា ផ្លូវទាំងអស់នោះ សុទ្ធតែស្រោចស្រង់សត្វ នាំអ្នកប្រតិបត្តិតាមផ្លូវ​នោះ ឲ្យទៅកើតជាមួយនឹង​ពួកព្រហ្មបាន បពិត្រព្រះគោតមដ៏ចំរើន ដូចផ្លូវដ៏ច្រើន ជិត​ស្រុក ឬនិគម ទោះបីជាផ្លូវ​ផ្សេងៗគ្នាមែន ប៉ុន្តែផ្លូវនោះ សុទ្ធតែមូលមករកស្រុកទាំងអស់ ដូចម្តេចមិញ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ទាំងឡាយ គឺពួក​អទ្ធរិយព្រាហ្មណ៍ ពួកតិត្តិរិយ​ព្រាហ្មណ៍ ពួកឆន្ទោកព្រាហ្មណ៍ ពួក​ពវ្ហរិធព្រាហ្មណ៍ បញ្ញត្ត​ផ្លូវ​ទាំង​ឡាយ​ផ្សេងៗគ្នា ក៏​ពិតមែនហើយ តែផ្លូវទាំងអស់នោះ សុទ្ធតែជាទីស្រោចស្រង់សត្វ រមែង​នាំអ្នកប្រតិបត្តិតាមផ្លូវ​នោះ ឲ្យទៅកើតជាមួយនឹង​ពួកព្រហ្ម ដូច្នោះឯង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលវាសេដ្ឋៈ អ្នកនិយាយថា ផ្លូវរបស់ពួកព្រាហ្មណ៍​ទាំងនោះ រមែងស្រោចស្រង់សត្វបានឬ។ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ និយាយ​ថា ផ្លូវទាំងនោះ រមែងស្រោចស្រង់សត្វបាន។ ម្នាលវាសេដ្ឋៈ អ្នកអ្នកនិយាយថា ផ្លូវរបស់ពួកព្រាហ្មណ៍​ទាំងនោះ រមែងស្រោចស្រង់សត្វបានឬ។ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ និយាយ​ថា ផ្លូវទាំងនោះ រមែងស្រោចស្រង់សត្វបាន។ ម្នាលវាសេដ្ឋៈ អ្នកនិយាយថា ផ្លូវទាំងនោះ រមែងស្រោចស្រង់សត្វបានឬ។ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ និយាយ​ថា ផ្លូវទាំងនោះ រមែងស្រោចស្រង់សត្វបាន។

[១៧១] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថាសួរថា ម្នាលវាសេដ្ឋ ចុះបណ្តាពួក​ព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា តើមាននរណាមួយ ទោះបីព្រាហ្មណ៍ម្នាក់ក្តី ដែល​ឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួន ដែរឬទេ។ វាសេដ្ឋមាណពក្រាបទូលថា បពិត្រព្រះគោតមដ៏ចំរើន ការឃើញនូវព្រហ្មនោះ មិនមានទេ។ ម្នាលវាសេដ្ឋ ចុះបណ្តា​ពួក​ព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា តើមាននរណាមួយ សូម្បីតែអាចារ្យម្នាក់ ដែល​ឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួន ដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ការឃើញនូវ​ព្រហ្មនេះ មិនមានទេ។ ម្នាលវាសេដ្ឋ ចុះ​បណ្តាពួក​ព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា តើមាននរណាមួយ សូម្បីតែអាចារ្យជាប្រធានលើអាចារ្យ ដែល​ឃើញព្រហ្ម​ផ្ទាល់នឹង​ភ្នែករបស់ខ្លួន ដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ការឃើញនូវព្រហ្ម​នេះ មិនមានទេ។ ម្នាលវាសេដ្ឋ ចុះ​បណ្តាពួក​ព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា តើមាននរណាមួយ តាំងអំពីតំណនៃអាចារ្យ​ ជាគំរប់៧មក ដែល​ឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួនឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ការឃើញនូវព្រហ្មនេះ មិនមានទេ។ ម្នាលវាសេដ្ឋៈ ចុះពួក​ឫសី​ជាន់មុនៗ ជាអ្នកតែងមន្ត អ្នករាយមន្ត ដល់ពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា ពួក​ព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា ក្នុងកាល​ឥឡូវនេះ តែងស្វាធ្យាយ តាមបទមន្ត​បែប​បុរាណនេះ ដែលពួកឫសីធ្លាប់ស្វាធ្យាយ ធ្លាប់បង្រៀន ធ្លាប់ប្រមូលទុកមកហើយ តែង​សូត្រតាមបទមន្តនោះ តែង​ពោលតាមបទ​មន្ត ដែលឫសីទាំងឡាយ ពោលមកហើយ តែង​បង្រៀនតាមបទមន្ត ដែលឫសីទាំងឡាយ បង្រៀនមកហើយ ឫសីទាំងនោះឈ្មោះ​អ្វីខ្លះ គឺឫសីឈ្មោះ អដ្ឋកៈ១ វាមកៈ១ វាមទេវៈ១ វេស្សាមិត្តៈ១ យមតគ្គី១ អង្គីរសៈ១ ភារទ្វាជៈ១ វាសេដ្ឋៈ១ កស្សបៈ១ ភគុ១ ឫសីទាំងនោះ តើមាន (ឫសីណាមួយ) ពោល​ពាក្យនេះ នឹងអ្នកថា ព្រហ្មនៅក្នុងទីណា ព្រហ្មមានសណ្ឋានយ៉ាងណា ព្រហ្មនៅត្រង់​កន្លែងណា យើងទាំងឡាយស្គាល់ទីនុ៎ះ យើងទាំងឡាយ ឃើញព្រហ្មនុ៎ះ ដូច្នេះដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ការស្គាល់ និងការឃើញនុ៎ះ មិនមានទេ។

[១៧២] ព្រះមានព្រះភាគ ត្រាស់សួរថា ម្នាលវាសេដ្ឋ បណ្តាពួក​ព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា តើបានឮថា មាននរណាមួយ សូម្បីតែព្រាហ្មណ៍ម្នាក់ ដែល​ឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួន ដែរឬទេ។ វាសេដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ការឃើញនូវព្រហ្មនេះ មិនមានទេ។ ម្នាលវាសេដ្ឋ ចុះបណ្តា​ពួក​ព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា តើមាននរណាមួយ សូម្បីតែអាចារ្យម្នាក់ ដែល​ឃើញព្រហ្មនេះផ្ទាល់នឹងភ្នែករបស់ខ្លួន ដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ការឃើញនូវ​ព្រហ្មនេះ មិនមានទេ។ ម្នាលវាសេដ្ឋ ចុះ​បណ្តាពួក​ព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា តើមាននរណាមួយ សូម្បីតែអាចារ្យជាប្រធានលើអាចារ្យ ដែល​ឃើញនូវព្រហ្ម​ផ្ទាល់នឹង​ភ្នែករបស់ខ្លួន ដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ការឃើញនូវព្រហ្ម​នេះ មិនមានទេ។ ម្នាលវាសេដ្ឋ ចុះ​បណ្តាពួក​ព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា តើមាននរណាមួយ តាំងអំពីតំណអាចារ្យ​ ជាជីតារបស់អាចារ្យ ជាគំរប់៧ ដែល​ឃើញព្រហ្មផ្ទាល់​នឹង​ភ្នែក​របស់​ខ្លួន ដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ការឃើញនូវព្រហ្មនេះ មិនមានទេ។ ម្នាលវាសេដ្ឋៈ ចុះពួក​ឫសី​ជាន់មុនៗ ដែលជាអ្នកតែងមន្ត ជាអ្នករាយមន្ត ដល់ពួក​ព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា ពួក​ព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា ក្នុងកាល​ឥឡូវនេះ តែងស្វាធ្យាយ តាមបទមន្ត​​បុរាណនេះមកហើយ ដែលពួកឫសីធ្លាប់ស្វាធ្យាយ ធ្លាប់បង្រៀន ធ្លាប់ប្រមូលមក តែង​សូត្រតាមបទមន្តនោះ តែង​ពោលតាមបទ​មន្ត ដែល​ឫសី​ទាំងឡាយ ពោលមកហើយ តែង​បង្រៀនតាមបទមន្ត ដែលឫសីទាំងឡាយ បង្រៀន​មក​ហើយ ឫសីទាំងនោះឈ្មោះ​អ្វីខ្លះ គឺឫសីឈ្មោះ អដ្ឋកៈ១ វាមកៈ១ វាមទេវៈ១ វេស្សាមិត្តៈ១ យមតគ្គី១ អង្គីរសៈ១ ភារទ្វាជៈ១ វាសេដ្ឋៈ១ កស្សបៈ១ ភគុ១ ឫសីទាំងនោះ តើមាន (ឫសីណាមួយ) ពោលយ៉ាងនេះ នឹងអ្នកថា ព្រហ្មនៅក្នុងទីណា ព្រហ្ម​មាន​សណ្ឋាន​យ៉ាងណា ព្រហ្មនៅក្នុង​កន្លែងណា យើងទាំងឡាយស្គាល់ទីនុ៎ះ យើងទាំងឡាយ ឃើញព្រហ្មនុ៎ះ ដូច្នេះដែរឬទេ។ ពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជានោះឯង តែង​និយាយយ៉ាងនេះថា យើងមិនស្គាល់ យើងមិនឃើញទេ តែយើងទាំងឡាយ សំដែងផ្លូវ ដើម្បីកើតជាមួយនឹងព្រហ្មនោះបានថា នេះឯងជាផ្លូវត្រង់ នេះជាផ្លូវទៀងទាត់ ជាទី​ស្រោច​ស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិ​តាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងពួកព្រហ្ម​បាន។

[១៧៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលវាសេដ្ឋ អ្នកសំគាល់​សេចក្តី​នោះ​ដូចម្តេច កាលបើដូច្នោះ ភាសិតរបស់ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជា ជាភាសិត​មិនបានសេចក្តី​អស្ចារ្យទេឬ។ វាសេដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន កាលបើដូច្នេះ តាមដោយនូវពិត ភាសិតរបស់ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ជាភាសិត​មិនមានសេចក្តី​អស្ចារ្យទេ។ ម្នាលវាសេដ្ឋ ត្រូវហើយ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មិនស្គាល់ព្រហ្មណា មិន​ឃើញព្រហ្មណាទេ តែសំដែងនូវផ្លូវដើម្បីកើតជាមួយនឹងព្រហ្មនោះថា នេះឯងជា​ផ្លូវ​ត្រង់ នេះជាផ្លូវទៀងទាត់ ជាទីស្រោច​ស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើត​ជាមួយនឹងព្រហ្មបាន ហេតុនុ៎ះ នឹងយកជាការមិនបានទេ។ ម្នាលវាសេដ្ឋ ដូចមនុស្ស​មានភ្នែកខ្វាក់ ដើរជាជួរតោងគ្នានឹងគ្នា អ្នកដើរមុន ក៏មើល​មិនឃើញ អ្នកដើរកណ្តាល ក៏​មើលមិនឃើញ អ្នកដើរក្រោយ ក៏​មើលមិនឃើញ ដូចម្តេចមិញ ម្នាលវាសេដ្ឋៈ ភាសិត​របស់​ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជា ក៏មានទំនងឧបមេយ្យ ដូចជាមនុស្ស​ខ្វាក់ ដើរ​ជាជួរ​ អ្នកដើរមុន ក៏មើល​មិនឃើញ អ្នកដើរកណ្តាល ក៏​មើលមិនឃើញ អ្នកដើរក្រោយ ក៏​មើលមិនឃើញ ដូច្នោះឯង ភាសិតនេះ របស់ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជានោះ ជាពាក្យ​គួរឲ្យអ្នកផងសើចចំអកបាន ជាភាសិតឱនថយ (លាមក) ជាភាសិតទទេ ជាភាសិត​សោះសូន្យ មែនពិត។ ម្នាលវាសេដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច ពួកព្រាហ្មណ៍​អ្នកត្រៃវិជ្ជា រមែងឃើញព្រះចន្ទ្រ និងព្រះអាទិត្យ សូម្បីពួកជនឯទៀតច្រើននាក់ ក៏ឃើញ​ដែរ លុះដល់ព្រះចន្ទ្រ និងព្រះអាទិត្យរះឡើងអំពីទីណា អស្តង្គតទៅក្នុងទីណា ក៏នាំគ្នា​អង្វរករសរសើរ ប្រណម្យអញ្ជលី នមស្ការដើរក្រឡឹង។ បពិត្រព្រះគោតមដ៏ចំរើន ដូច្នោះ​មែនហើយ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា តែងឃើញព្រះចន្ទ្រ និងព្រះអាទិត្យ សូម្បី​ពួកជន​ឯទៀត​ច្រើននាក់ ក៏ឃើញ​ដែរ លុះដល់ព្រះចន្ទ្រ និងព្រះអាទិត្យរះឡើងអំពីទីណា អស្តង្គតទៅក្នុងទីណា ក៏នាំគ្នា​អង្វរករសរសើរ ប្រណម្យអញ្ជលី នមស្ការដើរក្រឡឹង។

[១៧៤] ម្នាលវាសេដ្ឋៈ អ្នកសំគាល់​ហេតុ​នោះ​ដូចម្តេច ពួកព្រាហ្មណ៍​អ្នកត្រៃវិជ្ជា តែងឃើញព្រះចន្ទ្រ និងព្រះអាទិត្យ សូម្បីតែពួកជនឯទៀតច្រើននាក់ ក៏ឃើញព្រះចន្ទ្រ និងព្រះអាទិត្យ​ដែរ ព្រះចន្ទ្រ និងព្រះអាទិត្យរះឡើងអំពីទីណា អស្តង្គតទៅក្នុងទីណា ក៏នាំគ្នា​អង្វរករសរសើរ ប្រណម្យអញ្ជលី នមស្ការដើរក្រឡឹង ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ល្មមសំដែងផ្លូវ ដើម្បីកើតជាមួយនឹងព្រះចន្ទ្រ ព្រះអាទិត្យទាំងនោះថា នេះឯង​ជាផ្លូវ​ត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើត​ជាមួយនឹងព្រះចន្ទ្រ ព្រះអាទិត្យ ដូច្នេះ មានឬទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនមានទេ។ ម្នាលវាសេដ្ឋ បានឮថា ពួកព្រាហ្មណ៍​អ្នកត្រៃវិជ្ជា តែងឃើញព្រះចន្ទ្រ និងព្រះអាទិត្យ សូម្បីពួកជនឯទៀតច្រើននាក់ ក៏ឃើញ​ដែរ លុះដល់ព្រះចន្ទ្រ និងព្រះអាទិត្យរះឡើងអំពីទីណា អស្តង្គតទៅក្នុងទីណា ក៏នាំគ្នា​អង្វរករសរសើរ ប្រណម្យអញ្ជលី នមស្ការដើរក្រឡឹង ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មិនល្មម​សំដែង​ ផ្លូវ ដើម្បីកើតជាមួយនឹងព្រះចន្ទ្រ ព្រះអាទិត្យទាំងនោះថា នេះឯង​ជាផ្លូវ​ត្រង់ នេះឯង​ជា​ផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើត​ជាមួយនឹងព្រះចន្ទ្រ ព្រះអាទិត្យបានឡើយ ឮថា ពួកព្រាហ្មណ៍​អ្នកត្រៃវិជ្ជា មិនដែល​បានឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួនទេ បានឮថា អាចារ្យរបស់​ពួកព្រាហ្មណ៍​អ្នកត្រៃវិជ្ជា ក៏មិនដែល​បានឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួនទេ បានឮថា ពួកអាចារ្យ​ ជាប្រធាន​លើអាចារ្យ​ពួកព្រាហ្មណ៍​អ្នកត្រៃវិជ្ជា ក៏មិនដែល​បានឃើញ​ព្រហ្ម​ផ្ទាល់​នឹងភ្នែក​របស់​ខ្លួនទេ បានឮថា ពួកបុព្វាចារ្យរបស់​ពួកព្រាហ្មណ៍​អ្នកត្រៃវិជ្ជា តាំង​អំពីតំណនៃអាចារ្យ ជាជីតារបស់អាចារ្យជាគំរប់៧ ក៏មិនដែល​បានឃើញ​ព្រហ្មផ្ទាល់​នឹង​ភ្នែក​របស់ខ្លួនដែរ បានឮថា ពួកឫសីជាន់មុនៗ ដែលជាអ្នកតែងមន្ត ជាអ្នករាយមន្ត ដល់​ពួកព្រាហ្មណ៍​អ្នកត្រៃវិជ្ជា ពួកព្រាហ្មណ៍​អ្នកត្រៃវិជ្ជា ក្នុងកាលឥឡូវនេះ តែងស្វាធ្យាយ​តាមបទ​មន្តនេះ ជារបស់ចាស់ ដែលពួកឫសីធ្លាប់ស្វាធ្យាយ ធ្លាប់បង្រៀន ធ្លាប់​ប្រមូលទុក​មកហើយ តែងសូត្រតាមបទមន្តនោះ តែងពោលតាមបទមន្ត ដែលឫសីទាំងឡាយ ពោល​មកហើយ តែងបង្រៀនតាមបទមន្ត ដែលឫសីទាំងឡាយបង្រៀនមកហើយ ឫសី​ណាខ្លះ គឺឫសីឈ្មោះ អដ្ឋកៈ១ វាមកៈ១ វាមទេវៈ១ វេស្សាមិត្តៈ១ យមតគ្គី១ អង្គីរសៈ១ ភារទ្វាជៈ១ វាសេដ្ឋៈ១ កស្សបៈ១ ភគុ១ ឫសីទាំងនោះ បានពោលយ៉ាងនេះ នឹងអ្នកថា ព្រហ្មនៅក្នុងទីណា ព្រហ្មមានសណ្ឋានយ៉ាងណា ព្រហ្មនៅក្នុង​កន្លែងណា យើងស្គាល់​ទីនុ៎ះ យើងឃើញព្រហ្មនុ៎ះ ដូច្នេះដែរឬ។ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជាទាំងនោះ ក៏ពោល​យ៉ាងនេះថា យើងមិនដែលស្គាល់ព្រហ្មណា មិនដែលឃើញព្រហ្មណាទេ ប៉ុន្តែ យើងសំដែងផ្លូវ ដើម្បីកើតជាមួយនឹងព្រហ្មនោះថា នេះឯង​ជាផ្លូវ​ត្រង់ នេះឯង​ជា​ផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើត​ជាមួយនឹងព្រហ្មបាន។

[១៧៥] ម្នាលវាសេដ្ឋ អ្នកសំគាល់​សេចក្តីនោះដូចម្តេច កាលបើដូច្នោះ ភាសិត​របស់ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជានោះ ជាភាសិតមិនបានការទេ មិនមែនឬ។ បពិត្រព្រះគោតមដ៏ចំរើន មែនពិតហើយ កាលបើដូច្នោះ ភាសិតរបស់ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជានោះ ជាភាសិតមិនបានការណ៍ទេ។ ម្នាលវាសេដ្ឋៈ ត្រូវហើយ ម្នាលវាសេដ្ឋៈ ពួកព្រាហ្មណ៍​អ្នកត្រៃវិជ្ជាទាំងនោះ មិនដែលស្គាល់ព្រហ្មណា មិនដែលឃើញព្រហ្ម​ណាទេ ប៉ុន្តែហ៊ានសំដែងផ្លូវ ដើម្បីកើតជាមួយនឹងព្រហ្មនោះថា នេះឯង​ជាផ្លូវ​ត្រង់ នេះឯង​ជា​ផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើត​ជាមួយនឹងព្រហ្មនោះបាន ហេតុនេះ នឹងយកជាការណ៍ពុំបានឡើយ។

[១៧៦] ម្នាលវាសេដ្ឋៈ ដូចជាបុរសពោលយ៉ាងនេះថា ខ្ញុំប្រាថ្នាចង់បាននូវស្ត្រី ដែល​មានរូបល្អ ក្នុងជនបទនេះ។ ជនទាំងឡាយ សួរបុរសនោះយ៉ាងនេះថា នែបុរស​ដ៏​ចំរើន ស្ត្រីមានរូបល្អ ក្នុងជនបទ ដែលអ្នកប្រាថ្នាចង់បាន តើអ្នកស្គាល់ស្ត្រីមានរូបល្អ ក្នុងជនបទនោះ ថាជានាងខត្តិយានី ឬនាងព្រាហ្មណី ជានាងវេស្សី ឬជានាង​សុទ្ទីដែរ​ឬ។ បុរសនោះ កាលគេសួរដូច្នេះហើយ ក៏ប្រាប់ថា ខ្ញុំមិនស្គាល់ទេ។ ជនទាំងឡាយ សួរបុរស​នោះ យ៉ាងនេះថា នែបុរស​ដ៏​ចំរើន ស្ត្រីមានរូបល្អ ក្នុងជនបទ ដែលអ្នកប្រាថ្នាចង់បាន តើអ្នកស្គាល់ស្ត្រីមានរូបល្អ ក្នុងជនបទនោះ ថា មានឈ្មោះយ៉ាងនេះ ឬមានគោត្រ​យ៉ាងនេះ ខ្ពស់ ឬទាប ឬយ៉ាងកណ្តាល ខ្មៅ ឬស្រអែម ឬសម្បុរខ្មៅស្រស់ស្អាតថា នៅ​ក្នុងស្រុកឯណោះ និគមឯណោះ ឬនគរឯណោះដែរឬ។ បុរសនោះ កាលគេសួរ​ដូច្នេះ​ហើយ ក៏ប្រាប់ថា ខ្ញុំមិនស្គាល់ទេ។ ជនទាំងឡាយ សួរបុរសនោះយ៉ាងនេះថា នែបុរស​ដ៏​ចំរើន អ្នកមិនស្គាល់ មិនឃើញស្ត្រីណា អ្នកប្រាថ្នាចង់បានស្ត្រីនោះឬ។ បុរសនោះ ដែលគេ​សួរដូច្នេះហើយ ក៏ប្រាប់ថា បាទ។ ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះដូច​ម្តេច កាលបើដូច្នោះ ភាសិតរបស់បុរសនោះ ជាភាសិតមិនបានការណ៍ មិនមែនទេឬ។ បពិត្រព្រះគោតមដ៏ចំរើន មែនពិតហើយ កាលបើយ៉ាងនេះ ភាសិតរបស់បុរសនោះ ជាភាសិតមិនបានការណ៍។ ម្នាលវាសេដ្ឋៈ ត្រូវហើយ បានឮថា ពួកព្រាហ្មណ៍អ្នក​ត្រៃវិជ្ជា មិនដែលឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួនទេ។បេ។

[១៧៧] ម្នាលវាសេដ្ឋៈ ដូចជាបុរសធ្វើជណ្តើរ បម្រុងឡើងប្រាសាទ ត្រង់ផ្លូវ​ធំបែកជា៤។ ជនទាំងឡាយ សួរបុរសនោះយ៉ាងនេះថា ម្នាលបុរស​ដ៏​ចំរើន អ្នកធ្វើ​ជណ្តើរ​បម្រុងឡើងប្រាសាទណា ចុះអ្នកស្គាល់ប្រាសាទនោះថា (នៅ) ក្នុងទិសខាងកើត ឬទិសខាងត្បូង ឬទិសខាងលិច ឬទិសខាងជើង ប្រាសាទនោះខ្ពស់ ឬទាប ឬយ៉ាង​កណ្តាលដែរឬ។ បុរសនោះ កាលគេសួរដូច្នេះហើយ ក៏ប្រាប់ថា ខ្ញុំមិនដឹងទេ។ ជនទាំងឡាយ ​សួរបុរសនោះ យ៉ាងនេះថា ម្នាលបុរស​ដ៏ចំរើន អ្នកមិនដឹង មិនឃើញប្រាសាទណាទេ តែធ្វើជណ្តើរបម្រុងឡើងប្រាសាទនោះឬ។ បុរសនោះ កាលគេសួរដូច្នេះ​ហើយ ក៏ឆ្លើយថា​ បាទ។ ម្នាលវាសេដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច កាល​បើដូច្នោះ សំដីនៃបុរសនោះ មិនបានការណ៍ មិនមែនឬ។ បពិត្រព្រះគោតមដ៏ចំរើន មែនពិតហើយ កាលបើយ៉ាងនេះ សំដីរបស់បុរសនោះ មិនបានការណ៍ទេ។ ម្នាលវាសេដ្ឋៈ មែនហើយ បានឮថា ពួកព្រាហ្មណ៍អ្នក​ត្រៃវិជ្ជា មិនដែលឃើញ​ព្រហ្ម​ផ្ទាល់​នឹងភ្នែក​របស់ខ្លួន បានឮថា ពួកអាចារ្យរបស់​ពួកព្រាហ្មណ៍​អ្នកត្រៃវិជ្ជា ក៏មិនដែល​ឃើញ​ព្រហ្ម​ផ្ទាល់នឹងភ្នែករបស់ខ្លួនដែរ បានឮថា ពួកអាចារ្យ​ ជាប្រធាន​លើអាចារ្យ​របស់​ពួកព្រាហ្មណ៍​អ្នកត្រៃវិជ្ជា ក៏មិនដែល​បានឃើញ​ព្រហ្ម​ផ្ទាល់​នឹងភ្នែក​របស់​ខ្លួនដែរ បានឮថា ពួកបុព្វាចារ្យរបស់​ពួកព្រាហ្មណ៍​ តាំងពីតំណនៃអាចារ្យ ជាជីតា​របស់​អាចារ្យ​ជា​គំរប់៧ ក៏មិនដែលឃើញ​ព្រហ្មផ្ទាល់​នឹង​ភ្នែក​របស់ខ្លួនដែរ បានឮថា ពួកឫសីជាន់មុនៗ ដែលជាអ្នកតែងមន្ត ជាអ្នករាយមន្ត ដល់​ពួកព្រាហ្មណ៍​អ្នកត្រៃវិជ្ជា ពួកព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា ក្នុងកាលឥឡូវនេះ តែងស្វាធ្យាយ​តាមបទ​មន្តបុរាណនេះ ដែលពួកឫសី​ធ្លាប់​ស្វាធ្យាយ ធ្លាប់បង្រៀន ធ្លាប់​ប្រមូលទុក​មកហើយ តែងសូត្រតាមបទមន្តនោះ តែងពោល​តាម​បទមន្ត ដែលឫសីទាំងឡាយ ពោល​មកហើយ តែងបង្រៀនតាមបទមន្ត ដែលឫសី​ទាំងឡាយបង្រៀនមកហើយ ឫសី​ណាខ្លះ គឺឫសីឈ្មោះ អដ្ឋកៈ១ វាមកៈ១ វាមទេវៈ១ វេស្សាមិត្តៈ១ យមតគ្គី១ អង្គីរសៈ១ ភារទ្វាជៈ១ វាសេដ្ឋៈ១ កស្សបៈ១ ភគុ១ សូម្បី​ឫសី​ទាំងនោះ ក៏មិនពោលយ៉ាងនេះថា ព្រហ្មនៅក្នុងទីណា ព្រហ្មមានសណ្ឋានយ៉ាងណា ព្រហ្មនៅក្នុង​កន្លែងណា យើងទាំងឡាយ ស្គាល់​ទីនុ៎ះ យើងទាំងឡាយ ឃើញព្រហ្មនុ៎ះ ដូច្នេះដែរឬទេ។ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជាទាំងនោះ ក៏ពោល​យ៉ាងនេះថា យើងមិនស្គាល់​ព្រហ្មណា យើងមិនឃើញព្រហ្មណាទេ ប៉ុន្តែ យើងសំដែងផ្លូវ ដើម្បីទៅកើត​ជាមួយ​នឹង​ព្រហ្ម​នោះថា នេះឯង​ជាផ្លូវ​ត្រង់ នេះឯង​ជា​ផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នក​ប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើត​ជាមួយនឹងព្រហ្មបាន។ ម្នាលវាសេដ្ឋៈ អ្នក​សំគាល់សេចក្តីនោះដូចម្តេច កាល​បើដូច្នោះ សំដីរបស់ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ជាសំដី​មិន​បានការណ៍ឬ។ បពិត្រព្រះគោតមដ៏ចំរើន មែនពិតហើយ កាលបើយ៉ាងនេះ សំដីរបស់ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ជាសំដីមិនបានការណ៍។ ម្នាលវាសេដ្ឋៈ ត្រូវហើយ ម្នាលវាសេដ្ឋ ព្រាហ្មណ៍អ្នក​ត្រៃវិជ្ជាទាំងនោះ មិនស្គាល់​ព្រហ្មណា មិនឃើញព្រហ្មណាទេ ប៉ុន្តែហ៊ានសំដែងផ្លូវ ដើម្បីកើត​ជាមួយ​នឹង​ព្រហ្ម​នោះថា នេះឯង​ជាផ្លូវ​ត្រង់ នេះឯង​ជា​ផ្លូវ​ទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នក​ប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើត​ជាមួយ​នឹង​ព្រហ្ម​ ហេតុនេះ យកជាការណ៍​ពុំបានទេ។

[១៧៨] ម្នាលវាសេដ្ឋៈ ដូចស្ទឹងអចិរវតីនេះ ពេញប្រៀបដោយទឹកល្មមក្អែកទំមាត់​ច្រាំង ឱនផឹកបាន គ្រានោះ មានបុរសអ្នកត្រូវការត្រើយខាងនាយ អ្នកស្វែងរកត្រើយខាង​នាយ អ្នកនឹងទៅត្រើយខាងនាយ អ្នកចង់ឆ្លងទៅត្រើយខាងនាយ បុរសនោះ បានមក​ដល់ ក៏ឈរនៅត្រើយខាងអាយ ហើយស្រែកហៅត្រើយខាងនាយថា ម្នាលត្រើយ​ខាងនាយ អ្នកចូរមករកត្រើយខាងអាយ ម្នាលត្រើយខាងនាយ អ្នកចូរមករកត្រើយ​ខាងអាយ។ ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះដូចម្តេច ត្រើយខាងនាយ នៃស្ទឹង​អចិរវតី (នោះ) មុខជានឹងមករកត្រើយខាងអាច ព្រោះហេតុនៃបុរសនោះស្រែកហៅ ឬព្រោះហេតុនៃបុរសនោះអង្វរ ព្រោះហេតុសេចក្តីប្រាថ្នា ឬព្រោះហេតុ​សេចក្តី​ត្រេកអរ​បានដែរឬ។ វាសេដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន មិនដូច្នោះទេ។ ម្នាលវាសេដ្ឋៈ ព្រាហ្មណ៍អ្នក​ត្រៃវិជ្ជា ក៏ដូច្នោះដែរ គេប្រព្រឹត្តលះបង់ធម៌ ដែលធ្វើ​បុគ្គល​ឲ្យទៅជាព្រាហ្មណ៍ចេញហើយ ប្រព្រឹត្តសមាទានធម៌ ដែលមិនមែនធ្វើបុគ្គល​ទៅជា​ព្រាហ្មណ៍វិញ ហើយពោលយ៉ាងនេះថា យើងហៅព្រះឥន្ទ្រ ហៅព្រះចន្ទ ហៅព្រះវរុណ ហៅព្រះឦសាន ហៅព្រះបជាបតិ ហៅព្រះព្រហ្ម ហៅព្រះមហិន្ទ្រ។ ម្នាលវាសេដ្ឋៈ ព្រាហ្មណ៍​អ្នកត្រៃវិជ្ជាទាំងនោះ ប្រព្រឹត្តលះបង់ធម៌ ដែលធ្វើ​បុគ្គល​ឲ្យទៅជា​ព្រាហ្មណ៍​ចេញហើយ ប្រព្រឹត្តសមាទានធម៌ ដែលមិនធ្វើបុគ្គលឲ្យ​ទៅជា​ព្រាហ្មណ៍វិញ លុះបែក​ធ្លាយកាយ បន្ទាប់អំពីសេចក្តីស្លាប់ នឹងទៅកើតជាមួយនឹងពួកព្រហ្ម ព្រោះហេតុស្រែក​ហៅ ឬព្រោះហេតុសេចក្តីអង្វរ ព្រោះហេតុសេចក្តីប្រាថ្នា ឬព្រោះហេតុ​សេចក្តីត្រេកអរ ហេតុដូច្នេះនេះ មិនដែលមានឡើយ។

[១៧៩] ម្នាលវាសេដ្ឋៈ ដូចស្ទឹងអចិរវតីនេះ ពេញប្រៀបដោយទឹក ល្មមក្អែកទំមាត់​ច្រាំង ឱនផឹកបាន គ្រានោះ មានបុរសអ្នកត្រូវការត្រើយខាងនាយ អ្នកស្វែងរកត្រើយខាង​នាយ អ្នកទៅត្រើយខាងនាយ អ្នកចង់ឆ្លងទៅត្រើយខាងនាយ បានមក​ដល់ (ស្ទឹងនោះ) ក៏យកខ្សែដ៏មាំ មកចងដើមដៃទៅខាងក្រោយ (ចងស្លាបសេក) យ៉ាងខ្ជាប់ ទុកនៅត្រើយខាងអាយ ម្នាលវាសេដ្ឋ អ្នកសំគាល់សេចក្តីនោះដូចម្តេច បុរសនោះ នឹងចេញ​ពីត្រើយខាងអាយ នៃស្ទឹងអចិរវតី ទៅត្រើយខាងនាយ តើបានឬទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនបានទេ។ ម្នាលវាសេដ្ឋៈ ដូច្នោះមែនហើយ ក្នុងវិន័យ​របស់​ព្រះអរិយៈ លោកហៅកាមគុណទាំង៥នេះថា ខ្នោះក៏មាន ថាចំណងក៏មាន កាមគុណ​ទាំង៥ តើដូចម្តេចខ្លះ គឺរូប ដែលគួរដឹងបានដោយចក្ខុ គួរប្រាថ្នា គួរស្រឡាញ់ គួរពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកអរ​ សំឡេង ដែល​គួរដឹងបានដោយត្រចៀក។បេ។ ក្លិន ដែល​គួរដឹងបានដោយច្រមុះ។ រស ដែល​គួរដឹងបានដោយអណ្តាត។ ផោដ្ឋព្វៈ ដែល​គួរដឹងបានដោយកាយ គួរប្រាថ្នា គួរស្រឡាញ់ គួរពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកអរ។ ម្នាលវាសេដ្ឋៈ​ ក្នុងវិន័យ​របស់ព្រះអរិយៈ លោកហៅកាមគុណ៥នេះឯង ថាខ្នោះក៏មាន ថាចំណងក៏​មាន ម្នាលវាសេដ្ឋ ពួកព្រាហ្មណ៍អ្នក​ត្រៃវិជ្ជា ជាប់ជក់នៅ ជ្រប់នៅ លិចលង់នៅ ឃើញ​ថា​មិនមានទោស មិនមានប្រាជ្ញា ជាគ្រឿង​រលាស់ខ្លួន តែងបរិភោគកាមគុណ​ទាំង​៥​នេះឯង។ ម្នាលវាសេដ្ឋ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជានោះ ប្រព្រឹត្តលះបង់ធម៌ ដែលធ្វើ​បុគ្គល​ឲ្យទៅជាព្រាហ្មណ៍ចេញហើយ ប្រព្រឹត្តសមាទានធម៌ ដែលមិនធ្វើបុគ្គល​ឲ្យទៅជា​ព្រាហ្មណ៍​វិញ ជាប់ជក់នៅ លិចលង់នៅ ឃើញ​ថា​មិនមានទោស មិនមានប្រាជ្ញា ជា​គ្រឿង​​រលាស់ខ្លួន តែងបរិភោគកាមគុណ​ទាំង​៥​ ជាអ្នកមានកាមឆន្ទៈ ជាចំណង លុះបែក​ធ្លាយកាយទៅ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតជាមួយនឹងពួកព្រហ្ម ហេតុនេះ មិនគួរមានឡើយ។

[១៨០] ម្នាលវាសេដ្ឋៈ ដូចស្ទឹងអចិរវតីនេះ ពេញប្រៀបដោយទឹក ល្មមក្អែកទំមាត់​ច្រាំង ឱនផឹកបាន វេលានោះ មានបុរសអ្នកត្រូវការត្រើយខាងនាយ អ្នកស្វែងរក​ត្រើយ​ខាង​​នាយ អ្នកទៅកាន់ត្រើយខាងនាយ អ្នកចង់ឆ្លងទៅត្រើយខាងនាយ បានមក​ដល់ បុរសនោះ ក៏ទទូរអស់ទាំងក្បាល ហើយដេកទៀបត្រើយខាងអាយ។ ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះដូចម្តេច បុរសនោះ គួរចេញ​អំពីត្រើយខាងអាយ នៃស្ទឹងអចិរវតី ទៅឯត្រើយខាងនាយ បានឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ដំណើរនេះ ពុំគួរទៅបានទេ។ ម្នាលវាសេដ្ឋៈ ក៏ដូច្នោះដែរ ក្នុងវិន័យ​របស់​ព្រះអរិយៈ លោកហៅ​នីវរណធម៌៥ប្រការនេះថា អាវរណៈ (គ្រឿងទប់) ក៏បាន ហៅថា នីវរណៈ (គ្រឿងរារាំង) ក៏បាន ហៅថា ឱនាហនៈ (គ្រឿងទាញយិត)ក៏បាន ហៅថា បរិយោហនៈ (គ្រឿង​រួបរឹត) ក៏​បាន នីវរណៈទាំង៥ប្រការ តើដូចម្តេចខ្លះ គឺកាមច្ឆន្ទនីវរណៈ១ ព្យាបាទនីវរណៈ១ ថីនមិទ្ធនីវរណៈ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ១ វិចិកិច្ឆានីវរណៈ១ ម្នាលវាសេដ្ឋៈ​ ក្នុងវិន័យ​របស់ព្រះអរិយៈ លោកហៅ នីវរណៈទាំង៥ប្រការនេះឯង ថា អាវរណៈក៏បាន ហៅថា នីវរណៈក៏បាន ហៅថា ឱនាហនៈក៏បាន ហៅថា បរិយោហនៈក៏បាន។

[១៨១] ម្នាលវាសេដ្ឋៈ ពួកព្រាហ្មណ៍អ្នក​ត្រៃវិជ្ជា ត្រូវនីវរណៈទាំង៥នេះដោត​ក្រង ចងរឹត ចងក្រៀក ចាក់ស្រែះហើយ។ ម្នាលវាសេដ្ឋ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជានោះ ប្រព្រឹត្ត​​លះបង់ធម៌ ដែលធ្វើ​បុគ្គល​ឲ្យទៅជាព្រាហ្មណ៍ចេញ ហើយប្រព្រឹត្តសមាទានធម៌ ដែល​មិន​ធ្វើបុគ្គល​ឲ្យទៅជា​ព្រាហ្មណ៍​វិញ ព្រាហ្មណ៍ទាំងនោះ ត្រូវនីវរណៈទាំង៥ ដោតក្រង ចងរឹត ចងក្រៀក ចាក់ស្រែះហើយ លុះបែក​ធ្លាយកាយទៅ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតជាមួយនឹងពួកព្រហ្ម ហេតុនេះ មិនមានសោះឡើយ។

[១៨២] ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច អ្នកធ្លាប់បានឮពួកព្រាហ្មណ៍​ព្រឹទ្ធាចារ្យ មានអាយុច្រើន ជាអាចារ្យ ប្រធានលើ​អាចារ្យទាំងឡាយ និយាយថា ព្រហ្ម មានស្ត្រីជាគ្រឿង​ជាប់ចំពាក់ ឬមិនមានស្ត្រីជាគ្រឿង​ជាប់ចំពាក់ទេ។ វាសេដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ព្រហ្ម​មិនមានស្ត្រីជាគ្រឿងជាប់ចំពាក់ទេ។ ព្រហ្មមានចិត្តចងពៀរ ឬមិនបានចងពៀរទេ។ បពិត្រព្រះគោតមដ៏ចំរើន ព្រហ្មមិនមានចិត្តចងពៀរទេ។ ព្រហ្មមានចិត្តប្រកបដោយ​ព្យាបាទ ឬមិនមានចិត្តប្រកបដោយព្យាបាទទេ។ បពិត្រព្រះគោតមដ៏ចំរើន ព្រហ្មមិនមានចិត្តប្រកបដោយព្យាបាទទេ។ ព្រហ្មមានចិត្តសៅហ្មង ឬមិនមានចិត្ត​សៅហ្មងទេ។ បពិត្រព្រះគោតមដ៏ចំរើន ព្រហ្មមិនមានចិត្តសៅហ្មងទេ6) ព្រហ្មប្រព្រឹត្ត​ទៅតាមអំណាច​ចិត្តបាន ឬប្រព្រឹត្តទៅតាមអំណាច​ចិត្តមិនបានទេ។ បពិត្រព្រះគោតមដ៏ចំរើន ព្រហ្មប្រព្រឹត្តទៅតាមអំណាចចិត្តបាន។7) ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះដូច​ម្តេច ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានស្ត្រីជាគ្រឿង​ជាប់ចំពាក់ ឬមិនមានស្ត្រីជាគ្រឿង​ជាប់ចំពាក់ទេ។ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា​មានស្ត្រីជាគ្រឿង​ជាប់ចំពាក់ (គ្រប់គ្រងស្រីដែរ)។ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានចិត្តចងពៀរ ឬមិន​មានចិត្តចងពៀរទេ។ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានចិត្តចងពៀរ។ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានចិត្តប្រកបដោយ​ព្យាបាទ ឬមិនមានចិត្តប្រកបដោយព្យាបាទទេ។ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានចិត្តប្រកបដោយព្យាបាទ។ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានចិត្តសៅហ្មង ឬមានចិត្តមិន​សៅហ្មងទេ។ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានចិត្តសៅហ្មង។ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ប្រព្រឹត្ត​ទៅតាមអំណាច​ចិត្តបាន ឬប្រព្រឹត្តទៅតាមអំណាច​ចិត្តមិនបានទេ។ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ប្រព្រឹត្តទៅតាមអំណាចចិត្តមិនបាន ទេ។

[១៨៣] ម្នាលវាសេដ្ឋៈ អើ បើថា ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជាទាំងនោះ មានស្ត្រី​ជាគ្រឿង​ជាប់ចំពាក់ដូច្នេះ ឯព្រហ្ម ជាអ្នកមិនមានស្ត្រី ជាគ្រឿង​ជាប់ចំពាក់ទេ ចុះបណ្តាពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជា ដែលមានស្ត្រី​ជាគ្រឿង​ជាប់ចំពាក់ តើប្រៀបផ្ទឹមនឹងព្រហ្ម ដែល​មិនមានស្ត្រី ជាគ្រឿងជាប់ចំពាក់ សមគ្នាដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ដំណើរនុ៎ះ ប្រៀបធៀបមិនសមគ្នាទេ។ ម្នាលវាសេដ្ឋៈ ត្រូវហើយ ព្រាហ្មណ៍អ្នកត្រៃវិជ្ជា ដែលមានស្ត្រី​ជាគ្រឿង​ជាប់ចំពាក់ លុះបែកធ្លាយ​កាយ ខាងមុខអំពីសេចក្តីស្លាប់ ក៏ទៅកើតជាមួយនឹងព្រហ្ម ដែលមិនមានស្ត្រី ជាគ្រឿង​ជាប់ចំពាក់ ហេតុដូច្នេះនេះ មិនដែលមានទេ។ ម្នាលវាសេដ្ឋៈ បានឮដូច្នេះថា ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជានោះ មានចិត្តចងពៀរ ចំណែកខាងព្រហ្ម មិនមានចិត្តចងពៀរទេ ប្រៀបធៀបពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ដែល​មានចិត្តចងពៀរ ជាមួយនឹងព្រហ្ម ដែល​មិនមានចិត្តចងពៀរ តើសមគ្នាដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន ដំណើរនុ៎ះ ប្រៀបធៀបមិនបានទេ។ ម្នាលវាសេដ្ឋៈ បានឮថា ពួកព្រាហ្មណ៍​អ្នកត្រៃវិជ្ជានោះ មានចិត្តប្រកបដោយព្យាបាទ ព្រហ្ម មិនមានចិត្តប្រកបដោយ​ព្យាបាទទេ ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជា មានចិត្តសៅហ្មង ព្រហ្មមិនមានចិត្តសៅហ្មងទេ ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជា ប្រព្រឹត្តទៅតាមអំណាចចិត្តមិនបានទេ ព្រហ្ម ប្រព្រឹត្តទៅតាមអំណាច​ចិត្ត​បាន ចុះបើប្រៀបធៀបពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជា ដែលប្រព្រឹត្តទៅតាមអំណាច​ចិត្ត​មិនបាន ជាមួយនឹង​ព្រហ្ម ដែលប្រព្រឹត្តទៅតាម​អំណាច​ចិត្តបាន តើសមគ្នាដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន ដំណើរនុ៎ះ ប្រៀបធៀបមិនបានទេ។ ម្នាលវាសេដ្ឋៈ ត្រូវហើយ ម្នាលវាសេដ្ឋៈ ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជា ដែលប្រព្រឹត្តទៅតាមអំណាច​ចិត្ត​មិនបានទាំង​នោះ លុះបែកធ្លាយកាយ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតជាមួយនឹងព្រហ្ម ដែលប្រព្រឹត្តទៅតាមអំណាច​ចិត្តបាន ហេតុដូច្នេះនេះ មិនដែលមានទេ។ ម្នាលវាសេដ្ឋៈ ព្រាហ្មណ៍ អ្នកត្រៃវិជ្ជាទាំងនោះ ចូលទៅ (កាន់ទីមិនមែនផ្លូវ ដោយសំគាល់ថាផ្លូវ) ក្នុងផ្លូវ​ជាទីទៅកាន់ព្រហ្មលោក (ដូចជា) ចុះទៅ (កាន់ទីមានភក់ ដោយសំគាល់ថា ទីរាបស្មើ) លុះ​ចុះទៅហើយ ក៏ដល់នូវសេចក្តីបាក់បែក (នៃអវយវៈតូចធំ) សំគាល់នូវការឆ្លងថា​ស្រួលហើយ ក៏ឆ្លងទៅ ព្រោះហេតុនោះ ត្រៃវិជ្ជារបស់ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជានេះ អ្នកប្រាជ្ញ តែងហៅថា ព្រៃធំ គឺត្រៃវិជ្ជាខ្លះ ហៅថា ព្រៃដែលគ្មានទឹក គឺត្រៃវិជ្ជាខ្លះ ហៅថា សេចក្តីវិនាស គឺត្រៃវិជ្ជាខ្លះ។

[១៨៤] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ វាសេដ្ឋមាណព ក៏ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គបានឮដូច្នេះថា ព្រះសមណគោតមស្គាល់ផ្លូវ ដើម្បីទៅកើតជាមួយនឹងព្រហ្ម មែនឬ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះដូចម្តេច មនសាកតគ្រាម នៅក្នុង​ទីជិត​នឹងទីនេះ មនសាកតគ្រាម មិនមែននៅក្នុងទីឆ្ងាយអំពីទីនេះទេឬ។ បពិត្រ​ព្រះគោតម​ដ៏ចំរើន យ៉ាងនោះហើយ មនសាកតគ្រាម នៅក្នុងទីជិតនឹងទីនេះ មនសាកត​គ្រាម មិននៅក្នុងទីឆ្ងាយអំពីទីនេះទេ។ ម្នាលវាសេដ្ឋៈ អ្នកសំគាល់​សេចក្តី​នោះ​ដូចម្តេច បុរស​ដែលកើតហើយ ចំរើនហើយ ក្នុងមនសាកតគ្រាមនេះ មានអ្នកផង សួររក​ផ្លូវនៃ​មនសាកតគ្រាម ចំពោះបុរសនោះ ដែលចេញទៅអំពី​មនសាកតគ្រាម ក្នុងខណៈ​នោះ ម្នាលវាសេដ្ឋៈ បុរសដែលកើតហើយ ចំរើនហើយ ក្នុងមនសាកតគ្រាមនេះ កាលបើ​គេ​សួររក​ផ្លូវនៃមនសាកតគ្រាម សំដីយឺតយូរ និងអឹមអៀម តើមានខ្លះ​ដែរឬ។ បពិត្រ​ព្រះគោតមដ៏ចំរើន សំដីនេះ មិនយឺតយូរ មិនអឹមអៀមទេ។ សេចក្តីនោះព្រោះ​ហេតុអ្វី។ បពិត្រព្រះគោតមដ៏ចំរើន ព្រោះបុរសឯណោះ កើតហើយ ចំរើនហើយ ក្នុង​មនសាកតគ្រាម បានជាបុរសនោះ ស្គាល់ផ្លូវទាំងអស់ ដែលទៅកាន់មនសាកតគ្រាម ដោយច្បាស់លាស់។ ម្នាលវាសេដ្ឋៈ បុរសដែលកើតហើយ ចំរើនហើយ ក្នុងមនសាកតគ្រាមនោះ កាលបើមានអ្នកផង សួររក​ផ្លូវនៃមនសាកតគ្រាម គង់មាន​សំដី​យឺតយូរ និងអឹមអៀមខ្លះ ឯតថាគត កាលបើអ្នកផង សួររកផ្លូវទៅកាន់ព្រហ្មលោក ឬ​បដិបទា ជាទីទៅកាន់ព្រហ្មលោក មិនមានការប្រព្រឹត្តិយឺតយូរ និងការអឹមអៀមឡើយ ម្នាលវាសេដ្ឋៈ តថាគត ស្គាល់ទាំងព្រហ្ម ស្គាល់ទាំងព្រហ្មលោក ស្គាល់ទាំងបដិបទា ជាទី​ទៅកាន់ព្រហ្មលោក មិនតែប៉ុណ្ណោះសោត ព្រហ្មប្រតិបត្តិយ៉ាងណា ទើបបាន​ទៅកើត​ក្នុងព្រហ្មលោក តថាគត ក៏ស្គាល់ច្បាស់ នូវសេចក្តី​ប្រតិបត្តិនោះ។

[១៨៥] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ វាសេដ្ឋមាណព ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គបានឮ​ដូច្នេះថា ព្រះសមណគោតម សំដែងផ្លូវ ដើម្បីទៅកើតជាមួយនឹងព្រហ្មបាន ខ្ញុំព្រះអង្គ សូម​ឱកាស សូមព្រះគោតមដ៏ចំរើន សំដែងផ្លូវ ដើម្បីទៅកើត ជាមួយនឹងព្រហ្ម សូម​ព្រះគោតមដ៏ចំរើន ស្រោចស្រង់ព្រាហ្មណ៍ និងពពួកសត្វផងចុះ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលវាសេដ្ឋៈ បើដូច្នោះ ចូរអ្នកប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តដោយល្អចុះ តថាគត នឹងសំដែងប្រាប់។ វាសេដ្ឋមាណព បានទទួលស្តាប់ព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលវាសេដ្ឋៈ ព្រះ​តថាគត កើតឡើងក្នុងលោកនេះ ជាព្រះអរហន្តសម្មាសម្ពុទ្ធ។បេ។ (បណ្ឌិតគប្បីសំដែង​ឲ្យពិស្តារ ដូចក្នុងសាមញ្ញផលសូត្រផងចុះ)។បេ។ ម្នាលវាសេដ្ឋៈ ភិក្ខុជាអ្នកបរិបូណ៌ ដោយ​សីលយ៉ាងនេះឯង។បេ។ កាលភិក្ខុនោះ បានពិចារណាឃើញច្បាស់នូវនីវរណៈ​៥​នេះក្នុងខ្លួន ដែលខ្លួនលះបង់ហើយ បាមោជ្ជៈ គឺសេចក្តីត្រេកអរយ៉ាងល្មម ក៏កើតឡើង កាលបើបាមោជ្ជៈ កើតឡើងហើយ បីតិក៏កើតឡើង កាលចិត្តប្រកបដោយបីតិ កើតឡើង​ហើយ កាយក៏រមែងស្ងប់រម្ងាប់ កាលបើមានកាយ​ស្ងប់រម្ងាប់ហើយ ក៏រមែងទទួលនូវ​សេចក្តីសុខ ចិត្តរបស់ភិក្ខុដែលបាន​សេចក្តីសុខហើយ ក៏រមែង​តាំងនៅមាំ។ ភិក្ខុនោះ មានចិត្តប្រកបដោយមេត្តា រមែងផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ទិសទី៤ ទាំង​ទិសខាងលើ ទិសខាងក្រោម និងទិសទទឹងបានដូចគ្នា មានចិត្តប្រកបដោយមេត្តា ដ៏ទូលាយ ធំ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់​លោក​ទាំងពួង គ្រប់ទិស គ្រប់តំបន់។ ម្នាលវាសេដ្ឋៈ មនុស្សមានកំឡាំង ផ្លុំស័ង្ខ អាចញុំាង​បុគ្គល​ឲ្យដឹងបានគ្រប់ទិសទាំង៤ ដោយមិនលំបាក​ យ៉ាងណា ម្នាលវាសេដ្ឋៈ កម្មជាកាមាវចរ​ណា ក្នុងមេត្តាចេតោវិមុត្តិ ដែលបុគ្គលបានចំរើនយ៉ាងនេះ កម្មជាកាមាវចរនោះ មិនបាន​កៀចក្រាញនៅក្នុង​រូបាវចរ និងអរូបាវចរនោះ គឺកម្មជាកាមាវចរនោះ មិនបានឋិតនៅ​ក្នុង​រូបាវចរ និងអរូបាវចរនោះឡើយ ក៏យ៉ាងនោះឯង។ ម្នាលវាសេដ្ឋៈ នេះឯងហៅថា ផ្លូវ​ដើម្បី​ទៅកើតជាមួយនឹងព្រហ្ម។

[១៨៦] ម្នាលវាសេដ្ឋៈ សេចក្តីតទៅទៀតថា ភិក្ខុមានចិត្តប្រកបដោយករុណា។បេ។ មានចិត្តប្រកបដោយមុទិតា។បេ។ មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិស​ទី២ ទិសទី៣ទិសទី៤ ទាំង​ទិសខាងលើ ទិសខាងក្រោម និងទិសទទឹងបានដូចគ្នា មានចិត្តប្រកបដោយឧបេក្ខា ដ៏ទូលាយធំ រកប្រមាណមិនបាន មិនមានពៀរ មិនមាន​ព្យាបាទ ផ្សាយទៅកាន់​លោក​ទាំងអស់ គ្រប់ទិស គ្រប់តំបន់។ ម្នាលវាសេដ្ឋៈ មនុស្ស ដែលមាន​កំឡាំង ផ្លុំស័ង្ខ អាចញុំាង​បុគ្គល​ឲ្យដឹងបានគ្រប់ទិសទាំង៤បាន ដោយ​មិនលំបាក​ យ៉ាងណា ម្នាលវាសេដ្ឋៈ កម្មជាកាមាវចរ​ណា ក្នុងឧបេក្ខាចេតោវិមុត្តិ ដែល​បុគ្គល​បានចំរើនយ៉ាងនេះ កម្មជាកាមាវចរនោះ មិនបាន​កៀចក្រាញនៅ ក្នុង​រូបាវចរ​ និងអរូបាវចរនោះ គឺកម្មជាកាមាវចរនោះ មិនបានឋិតនៅ​ក្នុង​រូបាវចរ និងអរូបាវចរ​នោះ​ឡើយ ក៏យ៉ាងនោះឯង។ ម្នាលវាសេដ្ឋៈ នេះឯងជាផ្លូវ ដើម្បីកើតជាមួយនឹងព្រហ្ម។ ម្នាលវាសេដ្ឋៈ អ្នកសំគាល់​សេចក្តីនោះដូចម្តេច ភិក្ខុមានមេត្តាព្រហ្មវិហារយ៉ាងនេះ ជាអ្នក​មាន​ស្ត្រី ជាគ្រឿង​ជាប់ចំពាក់ ឬមិនមានស្ត្រីជាគ្រឿង​ជាប់ចំពាក់ទេ។ បពិត្រព្រះគោតមដ៏ចំរើន ​មិនមានស្ត្រីជាគ្រឿងជាប់ចំពាក់ទេ។ ភិក្ខុនោះ មានចិត្តចងពៀរ ឬមិនមានចិត្តចងពៀរទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនមានចិត្តចងពៀរទេ។ ភិក្ខុនោះ មានចិត្តប្រកបដោយ​ព្យាបាទ ឬមិនមានចិត្តប្រកបដោយព្យាបាទទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនមានចិត្តប្រកបដោយព្យាបាទទេ។ ភិក្ខុនោះ មានចិត្ត​សៅហ្មង ឬមិនមានចិត្ត​សៅហ្មងទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនមានចិត្តសៅហ្មងទេ។ ភិក្ខុនោះ ប្រព្រឹត្ត​ទៅតាមអំណាច​ចិត្តបាន ឬមិនប្រព្រឹត្តទៅតាមអំណាច​ចិត្តបានទេ។ បពិត្រព្រះគោតមដ៏ចំរើន ប្រព្រឹត្តទៅតាមអំណាចចិត្តបាន។ ម្នាលវាសេដ្ឋៈ អើ បើថា ភិក្ខុ ជាអ្នកមិនមានស្ត្រី​ជាគ្រឿង​ជាប់ចំពាក់ ព្រហ្ម ក៏ជាអ្នកមិនមានស្ត្រី ជាគ្រឿង​ជាប់ចំពាក់​ហើយ តើប្រៀបធៀប ភិក្ខុដែលមិនមានស្ត្រី​ជាគ្រឿង​ជាប់ចំពាក់ នឹងព្រហ្ម ដែល​មិនមាន​ស្ត្រី ជាគ្រឿងជាប់ចំពាក់ សមគ្នាដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន ប្រៀបធៀបសមគ្នា​ហើយ។ ម្នាលវាសេដ្ឋៈ ត្រូវហើយ ម្នាលវាសេដ្ឋៈ ភិក្ខុ ដែលមិនមានស្ត្រី​ជាគ្រឿង​ជាប់ចំពាក់ លុះបែកធ្លាយ​កាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ នឹងទៅកើតជាមួយនឹង​ព្រហ្ម ដែលមិនមានស្ត្រី ជាគ្រឿង​ជាប់ចំពាក់ ហេតុដូច្នេះនេះ តែងមានជាប្រាកដ។ ម្នាលវាសេដ្ឋៈ បានឮដូច្នេះថា ភិក្ខុ មិនមានចិត្តចងពៀរ ព្រហ្ម ក៏មិនមានចិត្តចងពៀរដែរ។បេ។ ភិក្ខុ មិនមានចិត្តប្រកបដោយព្យាបាទ ព្រហ្ម ក៏មិនមានចិត្តប្រកបដោយ​ព្យាបាទដែរ។ ភិក្ខុ មានចិត្តមិនសៅហ្មង ព្រហ្មក៏មានចិត្តមិនសៅហ្មងដែរ។ ភិក្ខុ ប្រព្រឹត្តទៅតាមអំណាចចិត្តបាន ព្រហ្ម ក៏ប្រព្រឹត្តទៅតាមអំណាច​ចិត្ត​បានដែរ ប្រៀបធៀបភិក្ខុ ដែលប្រព្រឹត្តទៅតាមអំណាច​ចិត្ត​បាន នឹង​ព្រហ្ម ដែលប្រព្រឹត្តទៅតាម​អំណាច​ចិត្តបាន តើសមដែរឬទេ។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ប្រៀបធៀប សមគ្នាហើយ។ ម្នាលវាសេដ្ឋៈ ត្រូវហើយ ម្នាលវាសេដ្ឋៈ ភិក្ខុប្រព្រឹត្ត​ទៅ​តាមអំណាច​ចិត្ត​បាន​នោះ លុះបែកធ្លាយកាយ ខាងមុខអំពីសេចក្តីស្លាប់​ទៅ នឹងទៅ​កើត​ជាមួយនឹងព្រហ្ម ដែលប្រព្រឹត្តទៅតាមអំណាច​ចិត្តបាន ហេតុដូច្នេះនេះ តែងមាន​ជាប្រាកដ។

[១៨៧] លុះព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ វាសេដ្ឋមាណព និងភារទ្វាជមាណព ក៏បាន​ក្រាប​បង្គំទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ភាសិតរបស់ព្រះអង្គ ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ភាសិតរបស់ព្រះអង្គ ពីរោះណាស់ ធម៌ដែល​ព្រះអង្គ ទ្រង់សំដែងហើយ ដោយ​អនេក​បរិយាយយ៉ាងនេះ (ភ្លឺច្បាស់ណាស់) បពិត្រព្រះគោតមដ៏ចំរើន គួរនាដូចជាមនុស្សចាប់របស់​ដែល​ផ្កាប់ចុះ ឲ្យផ្ងារឡើងបាន ពុំនោះដូចជាមនុស្សបើក​បង្ហាញរបស់ដែល​គេលាក់បិទបាំង ពុំនោះសោត ដូចជាមនុស្ស​ប្រាប់​ផ្លូវ ដល់អ្នកវង្វេងផ្លូវ ឬក៏ដូចជាមនុស្សកាន់​ប្រទីប ទ្រោលបំភ្លឺ​ក្នុង​ទី​ងងឹត​ ដោយ​គិតថា ពួកមនុស្ស​មានចក្ខុ មើលឃើញនូវរូបទាំងឡាយបាន យើងទាំងឡាយនោះ សូម​ដល់​នូវ​ព្រះគោតម​ដ៏​ចំរើន​ផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ជាទីរលឹក ចាប់​ដើមតាំង​ពីថ្ងៃនេះទៅ សូម​ព្រះគោតមដ៏ចំរើន ទ្រង់ជ្រាបនូវយើងខ្ញុំទាំងឡាយ ថាជាឧបាសក ដល់សរណគមន៍ ស្មើដោយជីវិត។

ចប់ តេវិជ្ជសូត្រ ទី១៣។

បញ្ជីនៃសីលក្ខន្ធវគ្គ នោះ មានសូត្រ១៣គឺ

ព្រហ្មជាលសូត្រ១ សាមញ្ញផលសូត្រ១ អម្ពដ្ឋសូត្រ១ សោណទណ្ឌសូត្រ១ កូដទន្តសូត្រ១ មហាលិសូត្រ១ ជាលិយសូត្រ១ មហាសីហនាទសូត្រ១ បោដ្ឋបាទសូត្រ១ សុភសូត្រ១ កេវដ្តសូត្រ១ លោហិច្ចសូត្រ១ តេវិជ្ជសូត្រ១។

ចប់ សីលក្ខន្ធវគ្គ។

ចប់ ភាគ ១៥។

 

លេខយោង

1)
អដ្ឋកថា ថា នៅក្នុងក្រុងឈ្មោះឱបសាទ
2)
នៅក្នុងក្រុង ឈ្មោះ​ឥច្ឆានង្គលៈ
3)
នៅក្នុងក្រុង ឈ្មោះឧក្កដ្ឋ។
4)
នៅក្នុងក្រុង ឈ្មោះសាវត្ថី។
5)
នៅក្នុងក្រុងតុទិគ្រាម។
6)
អដ្ឋកថា ពន្យល់ថា ព្រហ្មមិនមានចិត្តសៅហ្មង ព្រោះមិនមានឧទ្ធច្ចកុក្កុច្ចៈ។
7)
ព្រហ្មប្រព្រឹត្តទៅតាម​អំណាចចិត្តបាន ព្រោះមិនមានវិចិកិច្ឆា។
km/tipitaka/sut/dn/sut.dn.13.txt · ពេលកែចុងក្រោយ: 2023/08/31 16:35 និពន្ឋដោយ Johann