User Tools

Site Tools


Translations of this page?:
km:tipitaka:sut:dn:sut.dn.15



មហានិទានសូត្រ ទី២

សង្ខេប

ការ​បង្រៀន​ដ៏​ជ្រាល​ជ្រៅ​បំផុត​មួយ លើ​ការ​កើត​ឡើង​ដោយ​អាស្រ័យ និង​អនត្តា ដោលការ​ពន្យល់​អំពីមុខងាររបស់វាសម្រាប់ផ្លូវ។

dn 15 បាលី cs-km: sut.dn.15 អដ្ឋកថា: sut.dn.15_att PTS: ?

(ទី២) មហានិទានសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(២. មហានិទានសុត្តំ)

[៥៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគជាម្ចាស់ ទ្រង់ប្រថាប់​នៅក្នុងកម្មាសទ្ធម្មនិគម របស់អ្នកកុរុ ក្នុងកុរុជនបទ។ លំដាប់នោះ ព្រះអានន្ទ​មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមាន​ព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយ​ក្នុងទីដ៏​សមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យ​ណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះបដិច្ចសមុប្បាទនេះ ជ្រៅហួសប្រមាណផង ប្រាកដជាជ្រៅផង ទោះបីមានជម្រៅ​ប៉ុណ្ណោះ ក៏គត់តែប្រាកដដល់ខ្ញុំព្រះអង្គ ថាហាក់ដូចជារាក់ក្រៃពេក។ ព្រះអង្គត្រាស់ថា ម្នាល​អានន្ទ អ្នកកុំពោលយ៉ាងនេះឡើយ ម្នាលអានន្ទ អ្នកកុំពោលយ៉ាងនេះឡើយ បដិច្ចសមុប្បាទនេះជ្រៅផង ប្រាកដជាជ្រៅផង។ ម្នាលអានន្ទ ព្រោះមិនបានត្រាស់ដឹង​ ព្រោះ​មិនបានចាក់ធ្លុះនូវធម៌នុ៎ះឯង ទើបពួកសត្វនេះ កើតទៅជាស្មុគស្មាញ ដូចជាតំបាញ (ដែលកណ្តុរកាត់) ដូចជាអម្បោះត្រូវទឹកបាយរបស់​ជាងតំបាញ ឬដូចជា​សំបុកសត្វស្លាប ដូចជាស្មៅយាប្លង និងស្មៅដំណេកទន្សាយ ដែលជំពាក់គ្នាយ៉ាងនេះ ទើប​មិនកន្លង​នូវអបាយ ទុគ្គតិ វិនិបាត និងសង្សារបាន។ ម្នាលអានន្ទ កាលបើមានគេ​សួរ​ថា ជរានិងមរណៈ កើតមានព្រោះធម៌នេះ មានដែរឬ គប្បីឆ្លើយតបថា មាន។ បើគេសួរទៀត​ថា ជរានិងមរណៈ កើតមានព្រោះអ្វីជាបច្ច័យ គប្បីប្រាប់គេថា ជរានិង​មរណៈ កើតមានព្រោះជាតិជាបច្ច័យ។ ម្នាលអានន្ទ កាលបើមានគេ​សួរ​ថា ជាតិ កើតមាន ព្រោះធម៌នេះ ជាបច្ច័យ មានដែរឬ គប្បីប្រាប់គេថា មាន។ បើគេសួរទៀត​ថា ជាតិ កើតមានព្រោះអ្វីជាបច្ច័យ គប្បីប្រាប់គេថា ជាតិកើតមាន ព្រោះភពជាបច្ច័យ។ ម្នាលអានន្ទ បើមានគេ​សួរ​ថា ភព កើតមាន ព្រោះធម៌នេះ ជាបច្ច័យ មានដែរឬ គប្បីប្រាប់គេថា មាន។ បើគេសួរទៀត​ថា ភព កើតមានព្រោះអ្វីជាបច្ច័យ គប្បីប្រាប់គេថា ភពកើតមាន ព្រោះឧបាទានជាបច្ច័យ។ ម្នាលអានន្ទ បើមានគេ​សួរ​ថា ឧបាទាន កើតមាន ព្រោះធម៌នេះ ជាបច្ច័យ មានដែរឬ គប្បីប្រាប់គេថា មាន។ បើគេសួរទៀត​ថា ឧបាទាន កើតមាន ព្រោះអ្វីជាបច្ច័យ គប្បីប្រាប់គេថា ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ។ ម្នាលអានន្ទ បើមានគេ​សួរ​ថា តណ្ហា កើតមាន ព្រោះធម៌នេះ ជាបច្ច័យ មានដែរឬ គប្បីប្រាប់គេថា មាន។ បើគេសួរទៀត​ថា តណ្ហា កើតមានព្រោះអ្វីជាបច្ច័យ គប្បី​ប្រាប់​គេថា តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ។ ម្នាលអានន្ទ បើមានគេ​សួរ​ថា វេទនា កើតមាន ព្រោះធម៌នេះ ជាបច្ច័យ មានដែរឬ គប្បីប្រាប់គេថា មាន។ បើគេសួរទៀត​ថា វេទនា កើតមានព្រោះអ្វីជាបច្ច័យ គប្បីប្រាប់គេថា វេទនាកើតមាន ព្រោះផស្សៈ​ជា​បច្ច័យ។ ម្នាលអានន្ទ បើមានគេ​សួរ​ថា ផស្សៈ កើតមាន ព្រោះធម៌នេះ ជាបច្ច័យ មាន​ដែរឬ គប្បីប្រាប់គេថា មាន។ បើគេសួរទៀត​ថា ផស្សៈ កើតមានព្រោះអ្វីជាបច្ច័យ គប្បី​ប្រាប់គេថា ផស្សៈកើតមាន ព្រោះនាមរូបជាបច្ច័យ។ ម្នាលអានន្ទ បើមានគេ​សួរ​ថា នាមរូប កើតមាន ព្រោះធម៌នេះ ជាបច្ច័យ មានដែរឬ គប្បីប្រាប់គេថា មាន។ បើគេសួរទៀត​ថា នាមរូប កើតមានព្រោះអ្វីជាបច្ច័យ គប្បីប្រាប់គេថា នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ។ ម្នាលអានន្ទ បើមានគេ​សួរ​ថា វិញ្ញាណ កើតមាន ព្រោះធម៌នេះ ជាបច្ច័យ មានដែរឬ គប្បីប្រាប់គេថា មាន។ បើគេសួរទៀត​ថា វិញ្ញាណ កើតមានព្រោះអ្វី​ជា​បច្ច័យ គប្បីប្រាប់គេថា វិញ្ញាណកើតមាន ព្រោះនាមរូបជាបច្ច័យ។ ម្នាលអានន្ទ វិញ្ញាណកើតមានព្រោះនាមរូបជាបច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ ផស្សៈកើតមាន​ព្រោះនាមរូបជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទាន​ជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរាមរណៈ​កើតមាន ព្រោះជាតិ​ជាបច្ច័យ សេចក្តីសោក សេចក្តី​ខ្សឹកខ្សួល សេចក្តីលំបាកកាយ លំបាកចិត្ត និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត ក៏កើតមានព្រម ដោយប្រការដូច្នេះឯង។ កងទុក្ខទាំងអស់នេះ រមែង​កើតឡើងយ៉ាងនេះ។

[៥៨] ពាក្យថា ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យនេះ ពិតជាតថាគត​សំដែងហើយ ដោយប្រការដូច្នេះឯង។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិត​ត្រូវដឹងតាមទំនងដែលជរា មរណៈកើតមាន ព្រោះជាតិជាបច្ច័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើជាតិមិនមានដល់សត្វណាមួយក្នុងភពណាៗ ដោយអាការទាំងពួង ដោយ​សភាវៈទាំងពួង1) ហើយ គឺថា ជាតិមិនមាន ដល់ពួក​ទេវតា ដើម្បីភាវៈជាទេវតាក្តី ដល់ពួកគន្ធព្វ ដើម្បីភាវៈជាគន្ធព្វក្តី ដល់ពួកយក្ស ដើម្បី​ភាវៈ​ជាយក្សក្តី ដល់ពួកភូត ដើម្បីភាវៈជាភូតក្តី ដល់ពួកមនុស្ស ដើម្បីភាវៈជាមនុស្សក្តី ដល់ពួកសត្វជើងបួន ដើម្បីភាវៈជាសត្វជើងបួនក្តី ដល់ពួកសត្វស្លាប ដើម្បីភាវៈជាសត្វ​ស្លាបក្តី ដល់ពួកសត្វលូនវារ ដើម្បីភាវៈជាសត្វលូនវារក្តី។ ម្នាលអានន្ទ ជាតិមិនមានដល់​សត្វ​នោះៗ ដោយប្រការដូច្នេះឯង។ កាលបើជាតិមិនមាន ដោយប្រការទាំងពួង ព្រោះ​ជាតិ​រលត់​ហើយ បើដូច្នេះ តើជរា មរណៈ គប្បីមានប្រាកដដែរឬ។ ព្រះអានន្ទក្រាបទូល​ថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ព្រោះ​ហេតុ​ដូច្នោះឯង ជាតិនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យ នៃជរា មរណៈ។ ពាក្យថា ជាតិកើតមាន ព្រោះភពជាបច្ច័យនេះ ប្រាកដជាតថាគតសំដែងហើយ ដោយប្រ​ការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះបណ្ឌិតត្រូវដឹងតាមទំនង ដែលជាតិ​កើតមាន ព្រោះភពជាបច្ច័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើភពមិនមានហើយ ដល់​សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង គឺកាមភព១ រូបភព១ អរូបភព១។ កាលបើភពមិនមានដោយប្រការទាំងពួង ព្រោះ​ភព​រលត់ហើយ បើដូច្នេះ តើជាតិគប្បី​មានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង ភពនេះទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃជាតិ។ ពាក្យថា ភពកើតមាន ព្រោះឧបាទានជាបច្ច័យនេះ ប្រាកដជាតថាគតសំដែងហើយ ដោយប្រ​ការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះបណ្ឌិតត្រូវដឹងតាមទំនង ដែលភព​កើតមាន ព្រោះឧបាទានជាបច្ច័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើឧបាទានមិនមានហើយ ដល់​សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង គឺកាមុបាទាន១ ទិដ្ឋុបាទាន១ សីលព្វតុបាទាន១ អត្តវាទុបាទាន១។ កាលបើឧបាទានមិនមានដោយប្រការទាំងពួង ព្រោះ​ឧបាទាន​រលត់ហើយ បើដូច្នេះ តើភពគប្បី​មានប្រាកដដែរឬ។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង ឧបាទាននេះ ទើបជា​ហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃភព។ ពាក្យថា ឧបាទានកើតមាន ព្រោះ​តណ្ហា​ជា​បច្ច័យនេះ ប្រាកដជាតថាគតសំដែងហើយ ដោយប្រ​ការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះ​ហេតុ​នោះ ពាក្យនុ៎ះបណ្ឌិតត្រូវដឹងតាមទំនង ដែលឧបាទាន​កើតមាន ព្រោះតណ្ហាជាបច្ច័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើតណ្ហាមិនមានហើយ ដល់​សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង គឺរូបតណ្ហា១ សទ្ទតណ្ហា១ គន្ធតណ្ហា១ រសតណ្ហា១ ផោដ្ឋព្វតណ្ហា១ ធម្មតណ្ហា១។ កាលបើតណ្ហា​មិន​មាន​ដោយប្រការទាំងពួង ព្រោះតណ្ហា​រលត់ហើយ បើដូច្នេះ តើឧបាទានគប្បី​មាន​ប្រាកដ​ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង តណ្ហានេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃឧបាទាន។ ពាក្យថា តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យនេះ ប្រាកដជាតថាគតសំដែងហើយ ដោយប្រ​ការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះបណ្ឌិតត្រូវដឹងតាមទំនង ដែលតណ្ហា​កើតមាន ព្រោះវេទនាជាបច្ច័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើវេទនា​មិន​មាន​ហើយ ដល់​សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង គឺវេទនាកើតអំពីចក្ខុសម្ផ័ស្ស១ វេទនាកើតអំពីសោតសម្ផ័ស្ស១ វេទនាកើតអំពី​ឃានសម្ផ័ស្ស១ វេទនាកើតអំពីជិវ្ហា​សម្ផ័ស្ស១ វេទនាកើតអំពីកាយសម្ផ័ស្ស១ វេទនា​កើតអំពី​មនោសម្ផ័ស្ស១។ កាលបើវេទនាមិនមានដោយប្រការទាំងពួង ព្រោះ​វេទនា​រលត់ហើយ បើដូច្នេះ តើតណ្ហាគប្បី​មានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង វេទនានេះ ទើបជាហេតុ ជា​និទាន ជាសមុទ័យ ជាបច្ច័យនៃតណ្ហា។

[៥៩] ម្នាលអានន្ទ តណ្ហាកើតមាន ព្រោះអាស្រ័យ​វេទនា ការស្វែងរកកើតមាន ព្រោះ​អាស្រ័យ​តណ្ហា លាភកើតមាន ព្រោះអាស្រ័យការស្វែងរក វិនិច្ឆ័យ គឺសេចក្តី​ត្រិះរិះ​កើតមាន ព្រោះអាស្រ័យលាភ ឆន្ទរាគ គឺសេចក្តីប្រាថ្នានឹងតម្រេកកើតមាន ព្រោះអាស្រ័យវិនិច្ឆ័យ សេចក្តីចូលចិត្តមាំ​កើតមាន ព្រោះអាស្រ័យឆន្ទរាគ សេចក្តីហួង​ហែង​កើតមាន ព្រោះអាស្រ័យសេចក្តីប្រកាន់មាំ សេចក្តីកំណាញ់​កើតមាន ព្រោះអាស្រ័យសេចក្តីហួងហែង ការរក្សាមាំកើតមាន ព្រោះអាស្រ័យសេចក្តីកំណាញ់ អកុសលធម៌ ដ៏លាមកជាច្រើន គឺការកាន់ដំបង កាន់គ្រឿងសស្ត្រាវុធ ការឈ្លោះ​ទាស់ទែង​វិវាទ ពាក្យថា ឯងមឹង ពាក្យញុះញង់ ពាក្យកុហក​កើតមាន ព្រោះអាស្រ័យការ​រក្សាមាំ គឺថា មានការរក្សាមាំ ជាហេតុ ពាក្យនេះប្រាកដជាតថាគតសំដែងហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង​ ដែល​អកុសលធម៌ ដ៏លាមកជាច្រើន គឺការកាន់ដំបង កាន់គ្រឿងសស្ត្រាវុធ ការឈ្លោះ​ទាស់ទែង​​វិវាទ ពាក្យថា ឯងមឹង ពាក្យញុះញង់ ពាក្យកុហក រមែង​កើតមាន ព្រោះ​​ការ​រក្សាមាំ ជាហេតុនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា​ បើការរក្សាមាំមិនមានហើយ ដល់សត្វ​ណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង។ កាលបើមានការ​រក្សាមាំ មិនមានដោយប្រការ​ទាំងពួង ព្រោះការរក្សាមាំរលត់ហើយ បើ​ដូច្នោះ តើអកុសលធម៌ដ៏លាមកជាច្រើន គឺការកាន់ដំបង កាន់គ្រឿងសស្ត្រាវុធ ការឈ្លោះ​ទាស់ទែង​វិវាទ ពាក្យថា ឯងមឹង ពាក្យញុះញង់ ពាក្យកុហក​ គប្បីកើតមានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះ ការរក្សាមាំនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃកិរិយាកើតមាននៃ​អកុសលធម៌ ដ៏លាមកជាច្រើន គឺការកាន់ដំបង កាន់គ្រឿងសស្ត្រាវុធ ការឈ្លោះ​ទាស់ទែង​វិវាទ ពាក្យថា ឯងមឹង ពាក្យញុះញង់ ពាក្យកុហក។ ពាក្យថា ការរក្សាមាំ កើតមាន ព្រោះអាស្រ័យសេចក្តីកំណាញ់ នេះប្រាកដជាតថាគតសំដែងហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង​ ដែល​ការរក្សាមាំ កើតមានព្រោះអាស្រ័យ​សេចក្តីកំណាញ់នេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា​ បើសេចក្តីកំណាញ់មិនមានហើយ ដល់សត្វ​ណាមួយ ក្នុងភពណាៗ ដោយអាការ​ទាំង​ពួង ដោយសភាវៈ​ទាំងពួង។ កាលបើសេចក្តីកំណាញ់ មិនមានដោយប្រការ​ទាំងពួង ព្រោះសេចក្តីកំណាញ់រលត់ហើយ បើ​ដូច្នោះ តើការរក្សាមាំ គប្បីកើតមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង សេចក្តីកំណាញ់នេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃការរក្សាមាំ។ ពាក្យថា សេចក្តីកំណាញ់ កើតមាន ព្រោះអាស្រ័យការហួងហែង នេះប្រាកដ​ជា​តថាគត​សំដែង​ហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិត គួរ​ដឹង​តាម​ទំនង​ ដែលសេចក្តីកំណាញ់ កើតមានព្រោះអាស្រ័យការហួងហែងនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា​ បើការហួងហែងមិនមានហើយ ដល់សត្វ​ណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួងទេ។ កាលបើការហួងហែង មិនមានដោយប្រការ​ទាំងពួង ព្រោះការហួងហែងរលត់ហើយ បើ​ដូច្នោះ តើសេចក្តី​កំណាញ់​ គប្បីកើតមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង ការហួងហែងនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃសេចក្តីកំណាញ់។ ពាក្យថា សេចក្តីហួងហែង កើតមាន ព្រោះអាស្រ័យ​សេចក្តី​ប្រកាន់មាំនេះ ប្រាកដជាតថាគតសំដែងហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង​ ដែល​ការហួងហែង កើតមានព្រោះ​អាស្រ័យ​​សេចក្តីប្រកាន់មាំនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា​ បើសេចក្តីប្រកាន់មាំ​មិនមាន​ហើយ ដល់សត្វ​ណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង។ កាលបើសេចក្តីប្រកាន់មាំ មិនមានដោយ​ប្រការ​​ទាំងពួង ព្រោះសេចក្តីប្រកាន់​មាំ​រលត់ហើយ បើ​ដូច្នោះ តើការហួងហែង​ គប្បីមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង សេចក្តីប្រកាន់មាំនេះ ទើបជា​ហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃការហួងហែង។ ពាក្យថា សេចក្តីប្រកាន់មាំ កើតមាន ព្រោះអាស្រ័យឆន្ទរាគ នេះប្រាកដជាតថាគតសំដែងហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង​ ដែលសេចក្តី​ប្រកាន់​មាំ កើតមានព្រោះអាស្រ័យ​ឆន្ទរាគនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា​ បើ​ឆន្ទរាគមិនមានហើយ ដល់សត្វ​ណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយ​សភាវៈ​ទាំងពួង។ កាលបើឆន្ទរាគ មិនមាន​ដោយ​​ប្រការ​​ទាំងពួង ព្រោះឆន្ទរាគរលត់​ហើយ បើ​ដូច្នោះ តើសេចក្តីប្រកាន់មាំ​ គប្បីមាន​ប្រាកដ​ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុ​ដូច្នោះ​ឯង ឆន្ទរាគនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃសេចក្តី​ប្រកាន់មាំ។ ពាក្យថា ឆន្ទរាគៈ កើតមាន ព្រោះអាស្រ័យការវិនិច្ឆ័យ នេះប្រាកដ​ជា​តថាគត​សំដែងហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតត្រូវដឹងតាមទំនង​ ដែលឆន្ទរាគ កើតមានព្រោះអាស្រ័យ​ការវិនិច្ឆ័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា​ បើការវិនិច្ឆ័យ​មិនមានហើយ ដល់សត្វ​ណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង។ កាលបើការវិនិច្ឆ័យ​ មិនមាន​ដោយ​​ប្រការ​​ទាំងពួង ព្រោះការវិនិច្ឆ័យរលត់​ហើយ បើ​ដូច្នោះ តើឆន្ទរាគ​ គប្បីមាន​ប្រាកដ​ដែរឬ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុ​ដូច្នោះ​ឯង ការវិនិច្ឆ័យនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃឆន្ទរាគៈ។ ពាក្យថា ការវិនិច្ឆ័យ កើតមាន ព្រោះអាស្រ័យលាភ នេះប្រាកដ​ជា​តថាគត​សំដែងហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង​ ដែលការវិនិច្ឆ័យ​ កើតមានព្រោះលាភនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា​ បើលាភមិនមានហើយ ដល់សត្វ​ណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង។ កាលបើលាភ មិនមាន​ដោយ​​ប្រការ​​ទាំង​ពួង ព្រោះលាភរលត់ហើយ បើ​ដូច្នោះ តើការ​វិនិច្ឆ័យ គប្បីមាន​ប្រាកដ​ដែរឬ។ បពិត្រ​ព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុ​ដូច្នោះ​ឯង លាភនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃការ​វិនិច្ឆ័យ។ ពាក្យថា លាភ កើតមាន ព្រោះអាស្រ័យការស្វែងរក នេះប្រាកដ​ជា​តថាគត​សំដែងហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរ​ដឹង​តាម​ទំនង​ ដែលលាភ កើតមាន​ព្រោះ​អាស្រ័យ​ការស្វែងរកនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា​ បើការស្វែងរកមិនមាន​ហើយ ដល់សត្វ​ណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង។ កាលបើការស្វែងរក មិនមាន​ដោយ​​ប្រការ​​ទាំងពួង ព្រោះការស្វែងរករលត់ហើយ បើ​ដូច្នោះ តើលាភ​ គប្បីមាន​ប្រាកដ​ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុ​ដូច្នោះ​ឯង ការស្វែងរកនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃលាភ។ ពាក្យថា ការស្វែងរក កើតមាន ព្រោះអាស្រ័យតណ្ហា នេះប្រាកដ​ជា​តថាគត​សំដែងហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង​ ដែលការស្វែងរក កើតមានព្រោះអាស្រ័យ​តណ្ហានេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា​ បើតណ្ហាមិនមានហើយ ដល់សត្វ​ណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង តណ្ហានោះ គឺកាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១។ កាលបើតណ្ហា​ មិនមាន​ដោយ​​ប្រការ​​ទាំងពួង ព្រោះតណ្ហារលត់ហើយ បើ​ដូច្នោះ តើការ​ស្វែងរក​ គប្បីមាន​ប្រាកដ​ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាល​អានន្ទ ព្រោះហេតុ​ដូច្នោះ​ឯង តណ្ហានេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យ​នៃការស្វែងរក។

[៦០] ម្នាលអានន្ទ ធម៌២យ៉ាង (វដ្តមូលតណ្ហា១ សមុទាចារតណ្ហា១)នេះ ទុក​ជាមាន​ចំណែក២ដូច្នោះ មានទីប្រជុំដោយបច្ច័យតែ១ ដោយវេទនាជាបច្ច័យ ដោយប្រ​ការដូច្នេះឯង។ ពាក្យថា វេទនាកើតមានព្រោះផស្សៈជាបច្ច័យ នេះប្រាកដ​ជា​តថាគត​សំដែងហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិត​គួរ​ដឹង​តាម​ទំនង​ ដែលវេទនា កើតមានព្រោះផស្សៈជាបច្ច័យនេះចុះ។ ម្នាលអានន្ទ សេចក្តី​ពិតថា​ បើផស្សៈមិនមានហើយ ដល់សត្វ​ណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង ផស្សៈនោះ គឺចក្ខុសម្ផ័ស្ស១ សោតសម្ផ័ស្ស១ ឃានសម្ផ័ស្ស១ ជិវ្ហាសម្ផ័ស្ស១ កាយសម្ផ័ស្ស១ មនោសម្ផ័ស្ស១។ កាលបើផស្សៈ មិនមាន​ដោយ​​ប្រការ​​ទាំងពួង ព្រោះផស្សៈរលត់ហើយ បើ​ដូច្នេះ តើវេទនា​ គប្បីមាន​ប្រាកដ​ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុ​ដូច្នោះ​ឯង ផស្សៈនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃវេទនា។ ពាក្យថា ផស្សៈ កើតមាន ព្រោះនាមរូបជាបច្ច័យ នេះប្រាកដ​ជា​តថាគត​សំដែងហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង​ ដែលផស្សៈ កើត​មាន​ព្រោះនាមរូបជាបច្ច័យនេះចុះ។ ម្នាលអានន្ទ បញ្ញត្តិនៃនាមកាយ2) កើតឡើងដោយអាការណា ដោយលិង្គណា ដោយនិមិត្តណា ដោយឧទ្ទេសណា កាលបើអាការនោះ លិង្គនោះ និមិត្តនោះ ឧទ្ទេស​នោះ មិនមានហើយ បើដូច្នេះ តើអធិវចនសម្ផ័ស្ស គឺមនោសម្ផ័ស្ស គប្បីមានប្រាកដក្នុង​រូបកាយ3) ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាល​អានន្ទ បញ្ញត្តិនៃរូបកាយ តែងកើតឡើងដោយអាការណា ដោយលិង្គណា ដោយនិមិត្ត​ណា ដោយឧទ្ទេសណា កាលបើអាការនោះ លិង្គនោះ និមិត្តនោះ ឧទ្ទេស​នោះ មិន​មាន​ហើយ បើដូច្នេះ តើបដិឃសម្ផ័ស្ស គឺ សម្ផ័ស្សដែលកើតឡើង ព្រោះ​ធ្វើរូបក្ខន្ធ ដែលប្រកប​ដោយ​​សេចក្តីថ្នាំងថ្នាក់ ឲ្យជាទីនៅក្នុងនាមកាយ គប្បីមានប្រាកដ​ដែរឬ។ បពិត្រព្រះអង្គ​ដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ បញ្ញត្តិនៃ​នាមកាយ និងរូបកាយ តែងមាន​ដោយ​អាការណា ដោយលិង្គណា ដោយនិមិត្តណា ដោយឧទ្ទេស​ណា កាលបើអាការ​នោះ លិង្គនោះ និមិត្តនោះ ឧទ្ទេស​នោះ មិនមានហើយ បើដូច្នេះ តើអធិវចនសម្ផ័ស្ស ឬបដិឃសម្ផ័ស្ស គប្បីមានប្រាកដ​ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ បញ្ញត្តិនៃនាមរូប តែងមានដោយអាការណា ដោយលិង្គណា ដោយ​និមិត្ត​ណា ដោយឧទ្ទេសណា កាលបើអាការនោះ លិង្គនោះ និមិត្តនោះ ឧទ្ទេស​នោះ មិនមាន​ហើយ បើដូច្នេះ តើផស្សៈ គប្បីមានប្រាកដ​ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិន​មាន​ទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង នាមរូប​នេះទើបជាហេតុ ជានិទាន ជា​សមុទ័យ ជាបច្ច័យនៃផស្សៈ។ ពាក្យថា នាមរូប​កើត​មាន ព្រោះវិញ្ញាណជាបច្ច័យ នេះ​ប្រាកដ​ជាតថាគតសំដែងហើយ ដោយអាការដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យ​នុ៎ះ បណ្ឌិតគួរដឹងតាមទំនង ដែលនាមរូបកើត​មាន ព្រោះ​វិញ្ញាណ ជាបច្ច័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើវិញ្ញាណនឹងមិនចុះ​ស៊ប់ គឺមិនប្រព្រឹត្តទៅដោយអំណាច​នៃបដិសន្ធិ ក្នុងផ្ទៃនៃមាតាហើយ បើដូច្នេះ តើនាមរូប នឹង​ដាច់សូន្យទៅក្នុងផ្ទៃ​នៃមាតា​បានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ចុះបើវិញ្ញាណចុះ​ចាប់​បដិសន្ធិក្នុងផ្ទៃនៃមាតា ហើយរលត់ទៅវិញ នាមរូប​នឹងកើតចំពោះ​ក្នុងភាវៈនៃ​បញ្ចក្ខន្ធ ដែលបរិបូណ៌នេះបានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ចុះបើវិញ្ញាណរបស់មនុស្សក្មេង គឺក្មេងប្រុស ឬក្មេង​ស្រីរលត់ទៅដោយ​អំណាច​ចុតិ នាមរូបនឹងដល់នូវសេចក្តី​ចំរើន ដុសដាលធំធាត់ដែរ​ឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុនោះ វិញ្ញាណនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃនាមរូប។ ពាក្យថា វិញ្ញាណកើតមាន ព្រោះ​នាមរូបជាបច្ច័យ នេះប្រាកដជាតថាគតសំដែងហើយ ដោយប្រការដូច្នេះ។ ម្នាល​អានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះបណ្ឌិតគួរដឹងតាមទំនង ដែលវិញ្ញាណកើត​មាន ព្រោះ​នាមរូប ជាបច្ច័យនេះចុះ។ ម្នាលអានន្ទ ចុះបើវិញ្ញាណមិនបានទីដំកល់​ក្នុងនាមរូប​ហើយ កិរិយាកើតឡើងនៃ​គំនររបស់ទុក្ខ គឺជាតិ ជរា និងមរណៈ គប្បីមាន​ប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះ នាមរូបនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃវិញ្ញាណ។ ម្នាលអានន្ទ នាមរូប គប្បី​កើត​ចាស់ស្លាប់ ឬច្យុត ឬចាប់បដិសន្ធិ ដោយហេតុ​មានប្រមាណប៉ុណ្ណេះឯង។ គន្លងនៃឈ្មោះ​ក្តី គន្លងនៃភាសាក្តី គន្លងនៃបញ្ញត្តិក្តី ហេតុដែលគួរដឹងដោយបញ្ញត្តិក្តី វដ្តៈក្តី រមែង​ប្រព្រឹត្ត​​ទៅ ដោយហេតុមានប្រមាណប៉ុណ្ណេះៗឯង។ ខន្ធបញ្ចកៈ រមែង​ប្រាកដ​ដោយការ​បញ្ញត្តិ​នូវឈ្មោះ (មានវេទនា និងសញ្ញាជាដើម) នាមរូបនេះ រមែងប្រព្រឹត្ត​ទៅ​ជាមួយ​នឹង​វិញ្ញាណ។

[៦១] ម្នាលអានន្ទ ចុះបុគ្គល កាលបញ្ញត្តខ្លួន តែងបញ្ញត្តដោយហេតុ​មាន​ប៉ុន្មាន​ប្រការ។ ម្នាលអានន្ទ ក៏បុគ្គល​កាលបញ្ញត្តខ្លួន ដែលមានរូប និងមានប្រមាណតិចថា ខ្លួនរបស់អញ​មានរូប នឹងមានប្រមាណតិច4) ក៏មាន។ ម្នាលអានន្ទ ឬក៏​បុគ្គល កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមានរូប និងមិនមានទីបំផុតថា ខ្លួនរបស់អញ​មានរូប និងមិនមានទីបំផុត5) ក៏មាន។ ម្នាលអានន្ទ ក៏បុគ្គលកាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែល​មិនមាន​រូប និងមានប្រមាណតិចថា ខ្លួនរបស់អញមិនមានរូប និងមានប្រមាណតិច6) ក៏មាន។ ម្នាលអានន្ទ ឬក៏បុគ្គលកាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែល​មិនមាន​រូប និងមិនមានទីបំផុតថា ខ្លួនរបស់អញមិនមានរូប និងមិនមានទីបំផុត7) ក៏មាន។ ម្នាលអានន្ទ បណ្តាបុគ្គលដែលលុះក្នុងទិដ្ឋិទាំង៤ពួកនោះ បុគ្គលណា កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមានរូប និងមានប្រមាណតិច បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមានរូប និងមានប្រមាណតិច ក្នុងកាលឥឡូវ​នេះក្តី8) បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមានរូប និងមានប្រមាណតិច ដែលកើតនៅ​ក្នុងលោក​ដូច្នោះក្តី9) ឬក៏បុគ្គលនោះ មានសេចក្តីត្រិះរិះ​ដូច្នេះថា សភាវៈដែលមិនពិត អាត្មាអញនឹងសម្រេច ឬបំបែរ​ឲ្យជាសភាវៈ​ដែលពិត​ទៅវិញក្តី10) ម្នាលអានន្ទ កាលបើហេតុ​យ៉ាង​នេះ​មានហើយ គួរនឹងពោលនូវបុគ្គលដែលមានរូបថា11) មានបរិត្តត្តានុទិដ្ឋិ (សេចក្តីយល់ឃើញថា ខ្លួនមានប្រមាណតិច) ដេកនៅ​មិនដាច់។ ម្នាលអានន្ទ បណ្តាបុគ្គលដែលលុះក្នុងទិដ្ឋិទាំង៤នោះ បុគ្គលណា កាល​បញ្ញត្ត​ខ្លួន តែងបញ្ញត្តខ្លួន ដែលមានរូប និងមិនមានទីបំផុត បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមានរូប និងមិនមានទីបំផុត ក្នុងកាលឥឡូវ​នេះក្តី បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមានរូប និងមិនមានទីបំផុត ដែលកើតនៅ​ក្នុងលោក​ដូច្នោះក្តី ឬក៏បុគ្គលនោះ មានសេចក្តីត្រិះរិះ​ដូច្នេះថា សភាវៈដែលមិនពិតថា អាត្មាអញនឹងសម្រេច ឬបំបែរ​ឲ្យជាសភាវៈ​ពិត​ទៅវិញក្តី។ ម្នាលអានន្ទ កាលបើហេតុ​យ៉ាង​នេះ​មានហើយ គួរនឹងពោលនូវបុគ្គលដែលមានរូបថា មានអនន្តត្តានុទិដ្ឋិ (សេចក្តីយល់ឃើញថា ខ្លួនមិនមានទីបំផុត) ដេកនៅ​មិនដាច់។ ម្នាលអានន្ទ បណ្តា​បុគ្គល​ដែល​លុះក្នុងទិដ្ឋិទាំង៤ពួកនោះ បុគ្គលណា កាល​បញ្ញត្ត​ខ្លួន តែងបញ្ញត្តខ្លួន ដែលមិនមានរូប និងមានប្រមាណតិច បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមិនមានរូប និងមានប្រមាណតិច ក្នុងកាលឥឡូវ​នេះក្តី បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមិនមានរូប និងមានប្រមាណតិច ដែលកើតនៅ​ក្នុងលោក​ដូច្នោះក្តី ឬក៏បុគ្គលនោះ មានសេចក្តីត្រិះរិះ​ដូច្នេះថា សភាវៈដែលមិនពិត អាត្មាអញនឹងសម្រេច ឬបំបែរ​ឲ្យជាសភាវៈ​ពិត​ទៅវិញក្តី។ ម្នាលអានន្ទ កាលបើហេតុ​យ៉ាង​នេះ​មានហើយ គួរនឹងពោលនូវបុគ្គលដែលមិនមានរូបថា មានបរិត្តត្តានុទិដ្ឋិ ដេកនៅ​មិនដាច់។ ម្នាលអានន្ទ បណ្តាបុគ្គលដែលលុះក្នុងទិដ្ឋិទាំង៤ពួកនោះ បុគ្គលណា កាល​បញ្ញត្ត​ខ្លួន តែងបញ្ញត្តខ្លួន ដែលមិនមានរូប និងមិនមានទីបំផុត បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមិនមានរូប និងមិនមានទីបំផុត ក្នុងកាលឥឡូវ​នេះក្តី បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមិនមានរូប និងមិនមានទីបំផុត ដែលកើតនៅ​ក្នុងលោក​ដូច្នោះក្តី ឬក៏បុគ្គលនោះ មានសេចក្តីត្រិះរិះ​ដូច្នេះថា សភាវៈដែលមិនពិត អាត្មាអញនឹងសម្រេច ឬបំបែរ​ឲ្យជាសភាវៈ​ពិត​ទៅវិញក្តី។ ម្នាលអានន្ទ កាលបើហេតុ​យ៉ាង​នេះ​មានហើយ គួរនឹងពោលនូវបុគ្គលដែលមិនមានរូបថា មានអនន្តត្តានុទិដ្ឋិ ដេកនៅ​មិនដាច់។ ម្នាលអានន្ទ បុគ្គល កាលបញ្ញត្តខ្លួន តែងបញ្ញត្ត​ដោយហេតុ​មាន​ប្រមាណប៉ុណ្ណេះឯង។

[៦២] ម្នាលអានន្ទ ចុះបុគ្គល កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ដោយ​ហេតុ​មាន​ប៉ុន្មានប្រការ។ ម្នាលអានន្ទ បុគ្គល កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្តខ្លួន ដែលមានរូប និងមានប្រមាណតិចថា ខ្លួនរបស់អញ មានរូប និងមានប្រមាណតិចក៏មាន។ ម្នាលអានន្ទ ឬក៏បុគ្គល កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមានរូប និងមិនមានទីបំផុតថា ខ្លួនរបស់អញ មានរូប និងមិនមានទីបំផុតក៏មាន។ ម្នាលអានន្ទ ឬក៏បុគ្គល កាលមិន​បញ្ញត្ត​ខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមិនមានរូប និងមានប្រមាណតិចថា ខ្លួនរបស់អញ មិនមានរូប និងមានប្រមាណតិចក៏មាន។ ម្នាលអានន្ទ ឬក៏បុគ្គល កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមិនមានរូប និងមិនមានទីបំផុតថា ខ្លួនរបស់អញ មិនមានរូប និងមិនមានទីបំផុតក៏មាន។ ម្នាលអានន្ទ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមានរូប និងមានប្រមាណតិច បុគ្គលនោះ កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមានរូប និងមានប្រមាណតិច ក្នុងកាលឥឡូវ​នេះ​ក្តី បុគ្គលនោះ កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមានរូប និងមានប្រមាណតិច ដែលកើតនៅក្នុងលោកដូច្នោះក្តី ឬក៏បុគ្គលនោះ មិនមានសេចក្តីត្រិះរិះដូច្នេះថា សភាវៈ​ដែល​មិនពិត អាត្មាអញ នឹងសម្រេច ឬបំបែរ​ឲ្យជាសភាវៈ​ពិតទៅវិញក្តី។ ម្នាលអានន្ទ កាលបើ​ហេតុយ៉ាងនេះមានហើយ គួរនឹងពោលនូវបុគ្គលដែលមានរូបថា បរិត្តត្តានុទិដ្ឋិ មិនដេកនៅរឿយៗទេ។ ម្នាលអានន្ទ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមានរូប និងមិនមានទីបំផុត បុគ្គលនោះ កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមានរូប និងមិនមានទីបំផុត ក្នុងកាលឥឡូវ​នេះ​ក្តី ឬបុគ្គលនោះ កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមានរូប និងមិនមានទីបំផុត ដែលកើតនៅក្នុងលោកដូច្នោះក្តី ឬក៏បុគ្គលនោះ មិនមានសេចក្តីត្រិះរិះដូច្នេះថា សភាវៈ​ដែល​មិនពិត អាត្មាអញ នឹងសម្រេច ឬបំបែរ​ឲ្យជាសភាវៈ​ពិតទៅវិញក្តី។ ម្នាលអានន្ទ កាលបើ​ហេតុយ៉ាងនេះមានហើយ គួរនឹងពោលនូវបុគ្គលដែលមានរូបថា អនន្តត្តានុទិដ្ឋិ មិនដេកនៅរឿយៗទេ។ ម្នាលអានន្ទ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមិនមានរូប និងមានប្រមាណតិច បុគ្គលនោះ កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមិនមានរូប និងមានប្រមាណតិច ក្នុងកាល​ឥឡូវ​នេះ​ក្តី ឬបុគ្គលនោះ កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមិនមានរូប និងមានប្រមាណតិច ដែលកើតនៅក្នុងលោកដូច្នោះក្តី ឬក៏បុគ្គលនោះ មិនមាន​សេចក្តី​ត្រិះរិះដូច្នេះថា សភាវៈ​ដែល​មិនពិត អាត្មាអញ នឹងសម្រេច ឬបំបែរ​ឲ្យជាសភាវៈ​ពិតទៅវិញក្តី។ ម្នាលអានន្ទ កាលបើ​ហេតុយ៉ាងនេះមានហើយ គួរនឹងពោល​នូវ​បុគ្គល​ដែលមិនមានរូបថា បរិត្តត្តានុទិដ្ឋិ មិនដេកនៅរឿយៗទេ។ ម្នាលអានន្ទ បណ្តា​បុគ្គល​ទាំង​៤​ពួកនោះ បុគ្គលណា កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមិនមានរូប និងមិនមានទីបំផុត បុគ្គលនោះ កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមិនមានរូប និងមិនមានទីបំផុត ក្នុងកាលឥឡូវ​នេះ​ក្តី ឬបុគ្គលនោះ កាល​មិនបញ្ញត្តខ្លួន តែង​មិន​បញ្ញត្ត​​ខ្លួន ដែលមិនមានរូប និងមិនមានទីបំផុត ដែលកើតនៅក្នុងលោកដូច្នោះក្តី ឬក៏បុគ្គលនោះ មិនមានសេចក្តីត្រិះរិះដូច្នេះថា សភាវៈ​ដែល​មិនពិត អាត្មាអញ នឹងសម្រេច ឬបំបែរ​ឲ្យជាសភាវៈ​ពិតទៅវិញក្តី។ ម្នាលអានន្ទ កាលបើ​ហេតុយ៉ាងនេះ​មាន​ហើយ គួរនឹងពោលនូវបុគ្គលដែលមិនមានរូបថា អនន្តត្តានុទិដ្ឋិ មិនដេកនៅរឿយៗទេ។ ម្នាលអានន្ទ បុគ្គល កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្តខ្លួន ដោយហេតុ​មានប្រមាណ​ប៉ុណ្ណេះឯង។

[៦៣] ម្នាលអានន្ទ បុគ្គលកាលពិចារណានូវខ្លួន តែងពិចារណា​ដោយ​ហេតុ​មាន​ប៉ុន្មានប្រការ។ ម្នាលអានន្ទ បុគ្គលកាលពិចារណានូវខ្លួន តែងពិចារណាខ្លួន ដែលមានវេទនាថា វេទនាជាខ្លួនរបស់អញក៏មាន ថា វេទនាមិនមែនជាខ្លួន​របស់អញ​ ព្រោះថា ខ្លួនរបស់អញមិនបានទទួលអារម្មណ៍ក៏មាន។ ថាវេទនា មិនមែនជាខ្លួន​របស់​អញ ព្រោះថា ខ្លួនរបស់អញ មិនបានទទួលអារម្មណ៍ ខ្លួនរបស់អញ តែងទទួល​វេទនា វេទនាធម៌ជាខ្លួនរបស់អញពិតក៏មាន ម្នាលអានន្ទ បុគ្គល​កាលពិចារណានូវខ្លួន តែង​ពិចារណាដោយប្រការ​ដូច្នេះឯង។ ម្នាលអានន្ទ បណ្តាបុគ្គលដែលលុះក្នុងទិដ្ឋិ​ទាំង​៣​ពួកនោះ បុគ្គលណាពោលយ៉ាងនេះថា វេទនាជាខ្លួនរបស់បុគ្គលនោះ អ្នកគប្បីពោល​តប​យ៉ាងនេះថា ម្នាលអាវុសោ វេទនានេះមាន៣យ៉ាង គឺ សុខវេទនា១ ទុក្ខវេទនា១ អទុក្ខមសុខវេទនា១ បណ្តាវេទនាទាំង៣នេះ អ្នកពិចារណាឃើញច្បាស់នូវវេទនា​ណា​ថា​ជាខ្លួន។ ម្នាលអានន្ទ សម័យណា បុគ្គលទទួលសុខវេទនា សម័យនោះ មិនទទួលទុក្ខ​វេទនា មិនទទួលអទុក្ខមសុខវេទនាទេ សម័យនោះ រមែងទទួល​តែសុខវេទនាមួយយ៉ាង។ ម្នាលអានន្ទ សម័យណាបុគ្គលទទួលទុក្ខវេទនា សម័យនោះ មិនទទួលសុខ​វេទនា មិនទទួលអទុក្ខមសុខវេទនាទេ សម័យនោះ រមែងទទួលតែទុក្ខវេទនាមួយយ៉ាង។ ម្នាលអានន្ទ សម័យណាបុគ្គលទទួលអទុក្ខមសុខវេទនា សម័យនោះ មិនទទួលសុខ​វេទនា មិនទទួលទុក្ខវេទនាទេ សម័យនោះ រមែងទទួលតែអទុក្ខមសុខវេទនាមួយយ៉ាង។ ម្នាលអានន្ទ សុខវេទនាក្តី ជាធម្មជាតិមិនទៀង ជាធម្មជាតិដែលបច្ច័យតាក់តែង​កើតឡើង ព្រោះអាស្រ័យ (នឹងបច្ច័យនោះៗ) មានកិរិយាអស់ទៅ វិនាសទៅ សាបរលាបទៅ រលត់​ទៅជាធម្មតា។ ម្នាលអានន្ទ ទុក្ខវេទនាក្តី ជាធម្មជាតិមិនទៀង ជាធម្មជាតិ​ដែលបច្ច័យ​តាក់តែង​កើតឡើង ព្រោះអាស្រ័យ (នឹងបច្ច័យនោះៗ) មានកិរិយាអស់ទៅ វិនាស​ទៅ សាបរលាបទៅ​ រលត់ទៅជាធម្មតា។ ម្នាលអានន្ទ អទុក្ខមសុខវេទនាក្តី ជាធម្មជាតិ​មិន​ទៀង ជាធម្មជាតិ​ដែលបច្ច័យ​តាក់តែង​កើតឡើង ព្រោះអាស្រ័យ (នឹងបច្ច័យនោះៗ) មាន​កិរិយាអស់ទៅ វិនាស​ទៅ សាបរលាបទៅ ​រលត់ទៅជាធម្មតា។ កាលបុគ្គលនោះ ទទួល​សុខវេទនា រមែងដឹងច្បាស់ថា នេះខ្លួនរបស់អញ កាលបើសុខវេទនានោះ រលត់ទៅ​ហើយ ក៏ដឹងច្បាស់ថា ខ្លួនរបស់អញរលត់​ទៅហើយ។ កាលបុគ្គលនោះ ទទួល​ទុក្ខវេទនា រមែងដឹងច្បាស់ថា នេះខ្លួនរបស់អញ កាលបើទុក្ខវេទនានោះ រលត់ទៅ​ហើយ ក៏ដឹង​ច្បាស់​ថា ខ្លួនរបស់អញរលត់​ទៅហើយ។ កាលបុគ្គលនោះ ទទួលអទុក្ខម​សុខវេទនា រមែងដឹងច្បាស់ថា នេះខ្លួនរបស់អញ កាលបើអទុក្ខមសុខវេទនានោះ រលត់ទៅ​ហើយ ក៏ដឹងច្បាស់ថា ខ្លួនរបស់អញរលត់​ទៅហើយ។ បុគ្គលណា ពោលយ៉ាងនេះថា វេទនា​ជាខ្លួនរបស់អញ បុគ្គលនោះ កាលពិចារណានូវខ្លួន តែងពិចារណាខ្លួនដែលមិនទៀង លាយច្រឡំ​ដោយសុខ និងទុក្ខ មានកិរិយាកើតឡើង និងវិនាសទៅជាធម្មតា ក្នុង​បច្ចុប្បន្ន ដូចសេចក្តីដែលបានសំដែង​មកនេះឯង។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះ បុគ្គលក្នុង​លោកនេះ មិនគួរនឹងពិចារណានូវខ្លួននេះថា វេទនា​ជាខ្លួនរបស់អញ ដោយឧបាយនេះ​ឡើយ។ ម្នាលអានន្ទ បណ្តាបុគ្គលដែលលុះក្នុងទិដ្ឋិទាំង៣ពួកនោះ បុគ្គលណា ពោល​យ៉ាងនេះថា វេទនាមិនមែន​ជាខ្លួនរបស់អញ ព្រោះថា ខ្លួនរបស់អញ មិនបានទទួល​អារម្មណ៍ បុគ្គលនោះ អ្នកគប្បីពោលតបយ៉ាងនេះថា ម្នាលអាវុសោ ការទទួលអារម្មណ៍ ដោយប្រការទាំងពួង រមែងមានក្នុងសុទ្ធរូបក្ខន្ធ12) ណា សេចក្តីដឹងខ្លួនថា អាត្មាអញមាន គប្បីមានក្នុងសុទ្ធរូបក្ខន្ធនោះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះ បុគ្គលក្នុង​លោកនេះ មិនគួរនឹងពិចារណានូវខ្លួននេះថា វេទនាមិនមែន​ជាខ្លួនរបស់អញ ព្រោះថាខ្លួនរបស់អញ មិនទទួលអារម្មណ៍​ ដោយ​ឧបាយ​នេះ​​ឡើយ។ ម្នាលអានន្ទ បណ្តាបុគ្គលដែលលុះក្នុងទិដ្ឋិទាំង៣ពួកនោះ បុគ្គលណា ពោល​យ៉ាងនេះថា វេទនា​មិនមែនជាខ្លួនរបស់អញ ព្រោះថាខ្លួនរបស់អញ មិនបានទទួល​អារម្មណ៍ទេ ខ្លួនរបស់អញ រមែងទទួលវេទនា ឯវេទនាធម៌ ជាខ្លួន​របស់អញ។ បុគ្គលនោះ អ្នកគប្បីពោលតបយ៉ាងនេះថា ម្នាលអាវុសោ វេទនាទាំងឡាយ គប្បីរលត់​មិនសេសសល់ ដោយអាការទាំងពួង ដោយសភាវៈទាំងពួង កាលបើវេទនាមិនមាន ដោយប្រការទាំងពួង ព្រោះវេទនារលត់ហើយ សេចក្តីដឹង​ខ្លួនថា អាត្មាអញ មាន ដូច្នេះ គប្បីមានក្នុងរូបក្ខន្ធ​នោះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះ បុគ្គលក្នុង​លោកនេះ មិនគួរនឹង​ពិចារណា​នូវ​ខ្លួននេះថា វេទនាមិនមែន​ជាខ្លួនរបស់អញ ព្រោះថាខ្លួនរបស់អញ មិនបាន​ទទួល​អារម្មណ៍ទេ​ ខ្លួនរបស់អញ រមែងទទួលវេទនា ឯវេទនាធម៌ ជាខ្លួនរបស់អញពិត ដោយ​ឧបាយ​នេះ​​ឡើយ។

[៦៤] ម្នាលអានន្ទ កាលបើភិក្ខុមិនបានពិចារណានូវវេទនាថាជាខ្លួន ក៏មិនបាន​ពិចារណា​នូវខ្លួនថា មិនបានទទួលអារម្មណ៍ ក៏មិនបានពិចារណាថា ខ្លួន​ទទួល​វេទនា វេទនាធម៌ជាខ្លួនរបស់អញ ដូច្នេះឡើយ។ ភិក្ខុនោះ កាលពិចារណាយ៉ាងនេះ រមែង​មិនប្រកាន់នូវធម្មជាតនីមួយ ក្នុងលោក (មានខន្ធលោកជាដើម) កាលបើ​មិនប្រកាន់​ហើយ ក៏រមែង​មិនតក់ស្លុត កាលបើមិនតក់ស្លុតហើយ រមែង​បរិនិព្វានចំពោះខ្លួនឯង តែង​ដឹងច្បាស់ថា កំណើត​របស់អញអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញបានប្រព្រឹត្ត​គ្រប់​គ្រាន់ហើយ សោឡសកិច្ច អាត្មាអញបានធ្វើ​ស្រេចហើយ កិច្ចដទៃប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ច​នេះទៀត មិនមានឡើយ។ ម្នាលអានន្ទ ភិក្ខុដែលរួចស្រឡះ (ចាក​អាសវៈ) យ៉ាងនេះហើយ បើបុគ្គលណា និយាយយ៉ាងនេះថា ទិដ្ឋិរបស់ភិក្ខុនោះថា សត្វខាងមុខ​អំពី​សេចក្តីស្លាប់ទៅ រមែង​កើតទៀត ពាក្យនោះរបស់បុគ្គល​នោះ មិនគួរទេ។ ថាទិដ្ឋិរបស់​ភិក្ខុនោះថា សត្វខាងមុខអំពីសេចក្តីស្លាប់ទៅ រមែង​មិនកើតទៀត ពាក្យនោះ របស់​បុគ្គល​នោះ​មិនគួរទេ។ ថាទិដ្ឋិរបស់​ភិក្ខុនោះថា សត្វខាងមុខអំពីសេចក្តីស្លាប់ទៅ រមែង​កើតទៀតក៏មាន មិនកើតទៀតក៏មាន ពាក្យនោះ របស់​បុគ្គល​នោះ​ក៏មិនគួរ។ ថា​ទិដ្ឋិរបស់​ភិក្ខុនោះថា សត្វខាងមុខអំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិន​មែន ពាក្យនោះ របស់​បុគ្គល​នោះ​ក៏មិនគួរ។ សេចក្តីនោះ ព្រោះហេតុដូចម្តេច។ ម្នាលអានន្ទ ឈ្មោះ និងគន្លងនៃឈ្មោះក្តី ភាសា និងគន្លងនៃភាសាក្តី បញ្ញត្តិនិងគន្លងនៃបញ្ញត្តិក្តី បញ្ញានិងខន្ធបញ្ចកៈ ដែលគួរដឹង​ដោយបញ្ញាក្តី វដ្តៈក្តី តែងប្រព្រឹត្តទៅ ដោយកំណត់ត្រឹមណាៗ វដ្តៈ ក៏ប្រព្រឹត្តទៅ ដោយកំណត់​ត្រឹម​ណោះៗដែរ ភិក្ខុរួចស្រឡះហើយ ព្រោះដឹងនូវសភាវៈ មានឈ្មោះជាដើមនោះ បើ​បុគ្គល​ណា ពោលនូវភិក្ខុដែលរួចស្រឡះ​ហើយ ព្រោះដឹងនូវសភាវៈ មានឈ្មោះជាដើមនោះថា ភិក្ខុនោះ មិនដឹង មិនឃើញ ទិដ្ឋិរបស់ភិក្ខុនោះដូច្នេះ ពាក្យនោះរបស់​បុគ្គល​នោះមិនគួរ​ទេ។

[៦៥] ម្នាលអានន្ទ វិញ្ញាណដ្ឋិតិ (ទីដំកល់នៃវិញ្ញាណ) នេះមាន៧ អាយតនៈមាន​២។ វិញ្ញាណដ្ឋិតិទាំង៧នោះ តើដូចម្តេច។ ម្នាលអានន្ទ ពួកសត្វដែលមានកាយ​ផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកមនុស្ស ទេវតាពួកខ្លះ និងសត្វ​វិនិបាតិកៈ13) ពួកខ្លះ នេះជាវិញ្ញាណដ្ឋិតិទី១។ ម្នាលអានន្ទ ពួកសត្វ​ដែលមានកាយផ្សេងគ្នា មានសញ្ញាដូចគ្នា ដូចទេវតាដែលរាប់បញ្ចូល​ក្នុងពួកព្រហ្ម ដែលកើតដោយបឋមជ្ឈាន និងពួកសត្វដែលកើត​ក្នុង​អបាយភូមិទាំង​៤ នេះជាវិញ្ញាណដ្ឋិតិទី២។ ម្នាលអានន្ទ ពួកសត្វ​ដែលមានកាយដូចគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកទេវតា ដែលនៅក្នុងអាភស្សរភព នេះជាវិញ្ញាណដ្ឋិតិ៣។ ម្នាលអានន្ទ ពួកសត្វ​ដែលមានកាយដូចគ្នា មានសញ្ញាដូចគ្នា ដូចពួកទេវតាដែលនៅក្នុងសុភកិណ្ហភព នេះជាវិញ្ញាណដ្ឋិតិទី៤។ ម្នាលអានន្ទ ពួកសត្វ​ដែលកន្លងនូវរូបសញ្ញា14) ដល់នូវសេចក្តី​វិនាស នៃបដិឃសញ្ញា15) និងមិនបានធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា16) ដោយប្រការទាំងពួង ហើយចូល​ទៅកាន់​អាកាសានញ្ចាយតនជ្ឈាន (ដោយធ្វើទុកក្នុងចិត្ត)ថា អាកាសមិនមានទី​បំផុត ដូច្នេះ នេះជាវិញ្ញាណដ្ឋិតិទី៥។ ម្នាលអានន្ទ ពួកសត្វ​ដែលកន្លងនូវអាកាសានញ្ចាយតន​ជ្ឈាន ដោយប្រការទាំងពួង ហើយចូលទៅកាន់វិញ្ញាណញ្ចាយតនជ្ឈាន (ដោយធ្វើទុក​ក្នុងចិត្ត)ថា វិញ្ញាណមិនមានទីបំផុត ដូច្នេះ នេះជាវិញ្ញាណដ្ឋិតិទី៦។ ម្នាលអានន្ទ ពួកសត្វ​ដែលកន្លងនូវវិញ្ញាណញ្ចាយតន​ជ្ឈាន ដោយប្រការទាំងពួង ហើយចូលទៅ​កាន់​អាកិញ្ចញ្ញាយតនជ្ឈាន (ដោយធ្វើទុក​ក្នុងចិត្ត)ថា អ្វីតិចតួច ក៏មិនមាន ដូច្នេះ នេះជាវិញ្ញាណដ្ឋិតិទី៧។ ឯអាយតនៈទាំងពីរ គឺអសញ្ញិសត្តាយតនៈ (ជាទី១) នេវសញ្ញា​នាសញ្ញាយតនៈជាទី២។ ម្នាលអានន្ទ បណ្តាវិញ្ញាណដ្ឋិតិទាំង៧នោះ វិញ្ញាណដ្ឋិតិទី១​ណា ដែលថាពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកមនុស្ស ទេវតាពួក​ខ្លះ និងសត្វវិនិបាតិកៈពួកខ្លះ ម្នាលអានន្ទ ភិក្ខុណាដឹងច្បាស់នូវវិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់នូវហេតុ ជាទីកើត​នៃវិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់នូវសេចក្តី​រលត់​នៃ​វិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់នូវ​អានិសង្ស​នៃវិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់នូវ​ទោស​នៃវិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់​នូវកិរិយា​រលាស់ចោលនូវវិញ្ញាណដ្ឋិតិនោះផង ភិក្ខុ​នោះ គួរត្រេកអរ​នឹងវិញ្ញាណដ្ឋិតិនោះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនគួរទេ​។បេ។ ម្នាលអានន្ទ បណ្តាវិញ្ញាណដ្ឋិតិទាំង៧នោះ វិញ្ញាណដ្ឋិតិទី៧ណា ដែលថា ពួកសត្វ​កន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូល​ទៅកាន់​អាកិញ្ចញ្ញាយតនជ្ឈាន (ដោយធ្វើទុកក្នុងចិត្ត)ថា អ្វីតិចតួច ក៏មិនមានដូច្នេះ ម្នាលអានន្ទ ភិក្ខុណាដឹងច្បាស់នូវវិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់នូវហេតុ ជាទីកើត​នៃវិញ្ញាណដ្ឋិតិ​នោះ​ផង ដឹងច្បាស់នូវសេចក្តី​រលត់​នៃ​វិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់នូវ​អានិសង្ស​នៃវិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់នូវ​ទោស​នៃវិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់​នូវកិរិយា​រលាស់ចោលនូវវិញ្ញាណដ្ឋិតិនោះផង ភិក្ខុ​នោះ គួរត្រេកអរ​នឹងវិញ្ញាណដ្ឋិតិនោះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនគួរទេ​។ ម្នាលអានន្ទ បណ្តាអាយតនៈទាំង២នោះ អសញ្ញិសត្តាយតនៈណា ម្នាលអានន្ទ ភិក្ខុណាដឹងច្បាស់នូវអាយតនៈនោះផង ដឹងច្បាស់នូវហេតុ ជាទីកើត​នៃអាយតនៈនោះផង ដឹងច្បាស់នូវសេចក្តី​រលត់​នៃ​អាយតនៈនោះផង ដឹងច្បាស់នូវ​អានិសង្ស​នៃអាយតនៈនោះផង ដឹងច្បាស់នូវ​ទោស​នៃអាយតនៈនោះផង ដឹងច្បាស់​នូវកិរិយា​រលាស់ចោលនូវអាយតនៈនោះផង ភិក្ខុ​នោះ គួរត្រេកអរ​នឹងអាយតនៈនោះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនគួរទេ​។ ម្នាលអានន្ទ បណ្តាអាយតនៈទាំង២នោះ នេវសញ្ញានាសញ្ញាយតនៈណា ម្នាលអានន្ទ ភិក្ខុណាដឹងច្បាស់នូវអាយតនៈនោះផង ដឹងច្បាស់នូវហេតុ ជាទីកើត​នៃអាយតនៈ​នោះ​ផង ដឹងច្បាស់នូវសេចក្តី​រលត់​នៃ​អាយតនៈនោះផង ដឹងច្បាស់នូវ​អានិសង្ស​នៃ​អាយតនៈ​នោះ​ផង ដឹងច្បាស់នូវ​ទោស​នៃអាយតនៈនោះផង ដឹងច្បាស់​នូវកិរិយា​រលាស់ចោល​នូវ​អាយតនៈ​នោះផង ភិក្ខុ​នោះ គួរត្រេកអរ​នឹងអាយតនៈនោះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនគួរទេ​។ ម្នាលអានន្ទ កាលណាបើភិក្ខុដឹងច្បាស់នូវហេតុជាទីកើតផង នូវសេចក្តី​រលត់ផង នូវ​អានិសង្សផង នូវ​ទោសផង ​នូវកិរិយា​រលាស់ចោលផង នូវវិញ្ញាណដ្ឋិតិទាំង​៧ និងអាយតនៈទាំង២នេះ តាមសេចក្តីពិតមែន ឈ្មោះថា រួចស្រឡះ ព្រោះមិនប្រកាន់​ ម្នាលអានន្ទ ភិក្ខុនេះឯង តថាគតហៅថា បញ្ញាវិមុត្តបុគ្គល។

[៦៦] ម្នាលអានន្ទ វិមោក្ខនេះមាន៨យ៉ាង។ វិមោក្ខទាំង៨នោះ តើដូចម្តេច។ គឺ​បុគ្គល​មានរូបជ្ឈាន17) តែងឃើញរូប គឺកសិណទាំងឡាយ មាននីលកសិណ​ជាដើម នេះជាវិមោក្ខទី១។ បុគ្គលមិនមានសេចក្តីសំគាល់ក្នុងរូប​ខាងក្នុង មានសក់ជាដើមរបស់ខ្លួន18) តែងឃើញរូបខាងក្រៅ គឺកសិណ មាននីលកសិណជាដើម នេះជាវិមោក្ខទី២។ បុគ្គលមានចិត្តចុះស៊ប់កាន់ឈាន ក្នុងវណ្ណកសិណ ដែលបរិសុទ្ធ19) នេះជាវិមោក្ខទី៣។ បុគ្គលដែលកន្លងនូវ​រូបសញ្ញា ដល់នូវ​សេចក្តីវិនាសនៃបដិឃសញ្ញា ទាំងមិនបានធ្វើទុកក្នុងចិត្តនូវ​នានត្ត​សញ្ញា ដោយប្រការទាំងពួង ហើយចូលទៅកាន់អាកាសានញ្ចាយតនជ្ឈាន (ដោយធ្វើទុក​ក្នុងចិត្ត) ថា អាកាសមិនមានទីបំផុតដូច្នេះ នេះជាវិមោក្ខទី៤។ បុគ្គលដែលកន្លងនូវ​អាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលទៅកាន់វិញ្ញាណញ្ចាយតន​ជ្ឈាន (ដោយធ្វើទុកក្នុងចិត្ត)ថា វិញ្ញាណមិនមានទីបំផុតដូច្នេះ នេះជាវិមោក្ខទី៥។ បុគ្គលដែលកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលទៅ​កាន់អាកិញ្ចញ្ញាយតន​ជ្ឈាន (ដោយធ្វើទុកក្នុងចិត្ត)ថា អ្វីតិចតួច ក៏មិនមាន ដូច្នេះ នេះជាវិមោក្ខទី៦។ បុគ្គលដែលកន្លងនូវ​អាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលទៅកាន់នេវសញ្ញានាសញ្ញាយតន​ជ្ឈាន នេះជាវិមោក្ខទី៧។ បុគ្គលដែលកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលទៅកាន់សញ្ញាវេទយិតនិរោធ (សេចក្តីរលត់នៃសញ្ញា និងវេទនា) នេះជា​វិមោក្ខទី៨។ ម្នាលអានន្ទ វិមោក្ខ មាន៨ប្រការនេះឯង។ ម្នាលអានន្ទ កាលណាបើ​ភិក្ខុ​ចូល​កាន់វិមោក្ខទាំង៨នេះ ជាអនុលោមខ្លះ បដិលោមខ្លះ ទាំងអនុលោម បដិលោមខ្លះ ចូល​បាន ចេញបាន តាមសេចក្តីប្រាថ្នា ក្នុងឱកាសណា តាមសេចក្តីប្រាថ្នានូវ​សមាបត្តិ​ណា តាមសេចក្តីប្រាថ្នានូវកំណត់ប៉ុន្មាន ក៏រមែងធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយ​ខ្លួនឯង ក្នុងបច្ចុប្បន្ន ចំពោះ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះ​អស់​ទៅនៃអាសវៈទាំងឡាយ ហើយសម្រេច​សម្រាន្តនៅ ដោយឥរិយាបថទាំង៤ ម្នាលអានន្ទ ភិក្ខុនេះ តថាគតហៅថា ឧភតោភាគវិមុត្តបុគ្គល គឺបុគ្គលដែលរួច ដោយចំណែក​ពីរ។20) ម្នាល​អានន្ទ ឧភតោភាគវិមុត្តិ ដទៃ ដែលលើសលុបជាង ឬថ្លៃថ្លាជាង ឧភតោភាគវិមុត្តិ នេះ មិនមានឡើយ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះចប់ហើយ។ ព្រះអានន្ទ​មានអាយុ ក៏មានសេចក្តីពេញចិត្ត ត្រេកអរចំពោះភាសិត​ របស់ព្រះមានព្រះភាគ​ជាម្ចាស់។

ចប់ មហានិទានសូត្រ ទី២។

 

លេខយោង

1)
សេចក្តីនេះ ត្រូវចូលចិត្តថា សត្វទាំងអស់ក្នុងភពទាំងអស់ កាលបើ​មានជាតិហើយ ជរា មរណៈក៏មានដែរ។
2)
បានដល់វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ។
3)
បានដល់រូបក្ខន្ធ
4)
អដ្ឋកថា ថា បុគ្គលណាកាន់យកនូវ​កសិណនិមិត្ត ដែលមិនចំរើន គឺថោកថយ ថាជាខ្លួនដូច្នេះ បុគ្គលនោះ តែងបញ្ញត្ត​ខ្លួនដែលមានរូប និងមានប្រមាណតិច។ ពាក្យថា រូប សំដៅយកកសិណនិមិត្ត ពាក្យថា មានប្រមាណតិច សំដៅយក​កសិណនិមិត្តដែលថោកថយ។
5)
បុគ្គលណាកាន់យកនូវកសិណនិមិត្តដែលចំរើន ថាជាខ្លួន​ខ្ពង់ខ្ពស់ដូច្នេះ បុគ្គលនោះ តែងបញ្ញត្តខ្លួនថា មានរូប និងមិនមានទីបំផុត ពាក្យថា រូប សំដៅយក​កសិណនិមិត្ត ពាក្យថា មិនមានទីបំផុត សំដៅយក​កសិណនិមិត្ត ដែលខ្ពង់​ខ្ពស់ថ្លៃថ្លា។
6)
បុគ្គល​ដែល​បានសម្រេចនូវរូបជ្ឈាន ដែលថោកថយ ហើយចំរើនរូបជ្ឈាននោះឆ្លងទៅកាន់​អរូបជ្ឈាន​ដែលថោកថយដែរ ក៏កាន់យកនូវអរូបជ្ឈាននោះ ថាជាខ្លួនដូច្នេះ បុគ្គលនោះ តែងបញ្ញត្ត​ខ្លួនថា មិនមានរូប និងមានប្រមាណតិច ដោយអរូបជ្ឈាន ដែលថោកថយនោះឯង។
7)
បុគ្គល​ដែល​បាន​សម្រេចនូវរូបជ្ឈាន ដែលខ្ពង់ខ្ពស់ថ្លៃថ្លា ហើយចំរើនរូបជ្ឈាននោះឆ្លងទៅកាន់​អរូបជ្ឈាន​ដែលខ្ពង់ខ្ពស់ថ្លៃថ្លាដែរ ក៏កាន់យកនូវអរូបជ្ឈាននោះ ថាជាខ្លួនដូច្នេះ បុគ្គលនោះ តែង​បញ្ញត្ត​​ខ្លួនថា មិនមានរូប និងមិនមានទីបំផុត ដោយអរូបជ្ឈាន ដែលខ្ពង់ខ្ពស់ថ្លៃថ្លា​នោះ​ឯង។
8)
ពាក្យនេះ ព្រះមានព្រះភាគ ទ្រង់សំដែងដោយអំណាច​ឧច្ឆេទទិដ្ឋិ
9)
ដោយអំណាចសស្សតទិដ្ឋិ
10)
បុគ្គលជាឧច្ឆេទវាទី មានប្រាថ្នានឹងបំបែរនូវបុគ្គលជាសស្សតវាទី ឲ្យចូល​មកក្នុង​ទិដ្ឋិ​របស់ខ្លួន ចំណែកបុគ្គលដែលជាសស្សតវាទីវិញ ក៏គិតបំបែរបុគ្គល​ជាឧច្ឆេទវាទី ឲ្យចូលមកក្នុងទិដ្ឋិរបស់ខ្លួនវិញដែរ។
11)
សំដៅយកបុគ្គលដែល​បាន​រូបកសិណ។
12)
បានដល់រូបក្ខន្ធ ដែលប្រាសចាកវេទនា មានធាងត្នោត និងបង្អួចជាដើម។
13)
បានដល់​វេមានិកប្រេត ក្រៅអំពីអបាយទាំង៤។
14)
សេចក្តីសំគាល់​ក្នុងរូបាវចរជ្ឈាន និងអារម្មណ៍របស់ឈាននោះ។
15)
សេចក្តីសំគាល់ ដែលកើតឡើង​ដោយវត្ថុ មានចក្ខុជាដើម ប៉ះពាល់គ្នា នឹងអារម្មណ៍​ មានរូបជាដើម។
16)
សញ្ញា ដែល​ប្រព្រឹត្តទៅ​ក្នុង​អារម្មណ៍ផ្សេងគ្នា ឬសញ្ញាដែលផ្សេងគ្នា (វិសុទ្ធិមគ្គ)។
17)
បុគ្គលនោះ បានរូបាវចរជ្ឈានទាំង៤ ព្រោះអាស្រ័យកសិណ ជាវត្ថុ​ខាងក្នុង មានសក់ជាដើមរបស់ខ្លួន។
18)
បុគ្គលដែលបានរូបាវចរជ្ឈាន មិនអាស្រ័យ​នឹងអាការ​ មានសក់ជាដើម របស់ខ្លួន។
19)
បុគ្គល​ដែលបានឈាន ព្រោះអាស្រ័យវណ្ណកសិណ មាននីលកសិណជាដើម ដែលបរិសុទ្ធថ្លៃថ្លា ជាង​បុគ្គល​ទី១ ទី២។
20)
បុគ្គលនោះរួចចាករូបកាយដោយអរូបសមាបត្តិផង រួចចាក​នាមកាយដោយមគ្គផង
km/tipitaka/sut/dn/sut.dn.15.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann