តិបិដក (មូល) » សុត្តបិដក » ទីឃនិកាយ » មហាវគ្គ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
dn 17 បាលី cs-km: sut.dn.17 អដ្ឋកថា: sut.dn.17_att PTS: ?
(ទី៤) មហាសុទស្សនសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
sut.dn.17.aac
(៤. មហាសុទស្សនសុត្តំ)
[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងសាលវ័ន ដែលជាផ្លូវបត់ចូល (ទៅកាន់ក្រុង) របស់ពួកមល្លក្សត្រ នាចន្លោះនៃដើមសាលព្រឹក្សទាំងគូ ជិតក្រុងកុសិនារា ក្នុងកាលទៀបបរិនិព្វាន។ គ្រានោះឯង ព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ គង់ស៊ប់ក្នុងទីសមគួរហើយ បានក្រាបបង្គំទូល ចំពោះព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ កុំបរិនិព្វាន ក្នុងនគរកុសិនារានេះ ដែលជានគរតូច នគរទួល ជាសាខានគរឡើយ បពិត្រព្រះអង្គដ៏ចំរើន នគរធំៗ ឯទៀតក៏មាន ដូចយ៉ាងនគរចម្បា រាជគ្រឹះ សាវត្ថី សាកេត កោសម្ពី និងពារាណសី សូមព្រះមានព្រះភាគ ទ្រង់បរិនិព្វានក្នុងនគរទាំងនុ៎ះវិញ (ព្រោះ) ក្នុងនគរទាំងនុ៎ះ មានខត្តិយមហាសាល ព្រាហ្មណមហាសាល និងគហបតិមហាសាល ជាច្រើននាក់ ដែលជ្រះថ្លាស៊ប់ ក្នុងព្រះតថាគត ពួកជនទាំងនោះ នឹងធ្វើការបូជាព្រះសរីរៈ របស់ព្រះតថាគត។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ អ្នកកុំពោលថា នគរនេះ ជានគរតូច នគរទួល ជាសាខានគរយ៉ាងនេះឡើយ។ ម្នាលអានន្ទ កាលពីព្រេងនាយមក មានព្រះរាជាទ្រង់ព្រះនាម មហាសុទស្សនៈ ជាក្សត្របានមុទ្ទាភិសេក (ឥស្សរៈលើផែនដី) មានមហាសមុទ្រទាំង៤ ជាទីបំផុត ព្រះអង្គជាស្តេចឈ្នះសង្គ្រាម ទ្រង់មានជនបទ ដល់នូវសេចក្តីមាំមួន។ ម្នាលអានន្ទ នគរកុសិនារានេះ ជារាជធានីឈ្មោះកុសាវតី របស់ព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ កុសាវតីរាជធានី បណ្តោយពីបុរត្ថិមទិស ទៅបច្ឆិមទិស១២យោជន៍ ទទឹងពីឧត្តរទិស ទៅទក្ខិណទិស៧យោជន៍ ជានគរស្តុកស្តម្ភ ធំទូលាយ មានជនច្រើន មានមនុស្សកុះករ ជាស្រុកមានភិក្ខាហារបរិបូណ៌។ ម្នាលអានន្ទ រាជធានីឈ្មោះអាលកមន្ទា របស់ពួកទេវតា ជារាជធានីដ៏ស្តុកស្តម្ភ ធំទូលាយ មានជនច្រើន មានទេវតាកុះករ ជាស្រុកមានភិក្ខាហារបរិបូណ៌ យ៉ាងណាមិញ ម្នាលអានន្ទ កុសាវតីរាជធានី ជារាជធានីដ៏ស្តុកស្តម្ភ ធំទូលាយ មានជនច្រើន មានមនុស្សកុះករ ជាស្រុកមានភិក្ខាហារបរិបូណ៌ យ៉ាងនោះដែរ។ ម្នាលអានន្ទ កុសាវតីរាជធានី ជាក្រុងកងរំពងដោយសូរសព្ទ១០យ៉ាង ទាំងថ្ងៃ ទាំងយប់ គឺសូរសព្ទដំរី សូរសព្ទសេះ សូរសព្ទរថ សូរសព្ទស្គរ សូរសព្ទសម្ភោរ សូរសព្ទពិណ សូរសព្ទចម្រៀង សូរសព្ទមហោស្រព សូរសព្ទប្រគំ សូរសព្ទមនុស្សនិយាយគ្នាថា អ្នកទាំងឡាយ ចូរបរិភោគទៅ ចូរផឹកទៅ ចូរស៊ីទៅ រួមជាគំរប់១០យ៉ាង។ ម្នាលអានន្ទ កុសាវតីរាជធានី មានកំពែងព័ទ្ធជុំវិញ ៧ជាន់ គឺកំពែងមាស១ជាន់ កំពែងប្រាក់១ជាន់ កំពែងកែវពៃទូរ្យ១ជាន់ កំពែងកែវផលិក១ជាន់ កំពែងកែវទទឹម១ជាន់ កំពែងកែវមរកត១ជាន់ កំពែងកែវគ្រប់យ៉ាង១ជាន់។ ម្នាលអានន្ទ កុសាវតីរាជធានី មានទ្វារ៤បែប គឺទ្វារមាស១ ទ្វារប្រាក់១ ទ្វារកែវពៃទូរ្យ១ ទ្វារកែវផលិក១។ ក្នុងទ្វារមួយៗ គេដាំសសរគោលប្រាំពីរៗដើម ជាសសរមានទំហំ៣ជួរបុរស1) គេដាំចុះទៅក្នុងដីជម្រៅ៣ជួរបុរស កំពស់ពីដីឡើង១២ជួរបុរស។ គឺសសរមាស១ដើម សសរប្រាក់១ដើម សសរកែវពៃទូរ្យ១ដើម សសរកែវផលិក១ដើម សសរកែវទទឹម១ដើម សសរកែវមរកត១ដើម សសរកែវគ្រប់យ៉ាង១ដើម។ ម្នាលអានន្ទ កុសាវតីរាជធានី មានជួរដើមត្នោតព័ទ្ធជុំវិញ៧ជាន់ គឺជួរដើមត្នោតមាស១ជាន់ ដើមត្នោតប្រាក់១ជាន់ ដើមត្នោតកែវពៃទូរ្យ១ជាន់ ដើមត្នោតកែវផលិក១ជាន់ ដើមត្នោតកែវទទឹម១ជាន់ ដើមត្នោតកែវមរកត១ជាន់ ដើមត្នោតកែវគ្រប់យ៉ាង១ជាន់។ ត្នោតមាស ដើមជាមាស ឯស្លឹក និងផ្លែជាប្រាក់។ ត្នោតប្រាក់ ដើមជាប្រាក់ ឯស្លឹក និងផ្លែជាមាស។ ត្នោតកែវពៃទូរ្យ ដើមជាកែវពៃទូរ្យ ឯស្លឹក និងផ្លែជាកែវផលិក។ ត្នោតកែវផលិក ដើមជាកែវផលិក ឯស្លឹក និងផ្លែជាកែវពៃទូរ្យ។ ត្នោតកែវទទឹម ដើមជាកែវទទឹម ឯស្លឹក និងផ្លែជាកែវមរកត។ ត្នោតកែវមរកត ដើមជាកែវមរកត ឯស្លឹក និងផ្លែជាកែវទទឹម។ ត្នោតកែវគ្រប់យ៉ាង ដើមជាកែវគ្រប់យ៉ាង ឯស្លឹក និងផ្លែជាកែវគ្រប់យ៉ាង។ ម្នាលអានន្ទ ជួរដើមត្នោតទាំងនោះ ត្រូវខ្យល់បក់មក ក៏មានសូរសព្ទពីរោះ គួរត្រេកអរ គួរផ្ទៀងស្តាប់ គួរជក់ចិត្ត។ ម្នាលអានន្ទ តូរ្យតន្ត្រីប្រកបដោយអង្គប្រាំ2) ដែលពួកអ្នកឈ្លាសវៃផ្សំ ហើយវាយឲ្យល្មមពីរោះល្អ ទើបដេញដំប្រគំ ឲ្យមានសូរសព្ទពីរោះ គួរត្រេកអរ គួរផ្ទៀងស្តាប់ គួរជក់ចិត្ត មានឧបមាដូចម្តេចមិញ ម្នាលអានន្ទ ឯជួរដើមត្នោតទាំងនោះ កាលត្រូវខ្យល់បក់មក ក៏មានសូរសព្ទពីរោះ គួរត្រេកអរ គួរផ្ទៀងស្តាប់ គួរជក់ចិត្ត ក៏មានឧបមេយ្យដូច្នោះឯង។ ម្នាលអានន្ទ សម័យនោះ ក្នុងកុសាវតីរាជធានី មានអ្នកលេងបាស្កា អ្នកលេងស៊ីផឹក ពួកអ្នកលេងទាំងនោះ ក៏នាំគ្នារាំរែកលេង តាមសូរសព្ទនៃជួរដើមត្នោត ដែលខ្យល់បក់មកត្រូវនោះ។
[២] ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់បរិបូណ៌ដោយរតន៍៧ប្រការ និងដោយឫទ្ធិ៤យ៉ាង។ រតន៍៧ប្រការតើដូចម្តេច។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់កក់ព្រះសីរ្សក្នុងថ្ងៃ១៥ ជាថ្ងៃឧបោសថ ហើយរក្សាឧបោសថ គង់នៅលើប្រាសាទដ៏ប្រសើរ ចក្ករ័តន៍ ជាទិព្វមានកាំ១ពាន់ ព្រមទាំងខ្នងកង់ និងដុំ បរិបូណ៌ដោយអាការទាំងពួង ក៏កើតប្រាកដឡើង លុះព្រះបាទមហាសុទស្សនៈ ទ្រង់ទតឃើញហើយ ទើបត្រិះរិះដូច្នេះថា អើ អាត្មាអញក៏ធ្លាប់ឮរឿងនេះ មកហើយថា ស្តេចអង្គណាជាក្សត្រ បានមុទ្ធាភិសេកហើយ ទ្រង់កក់ព្រះសីរ្ស ក្នុងថ្ងៃ១៥ ជាថ្ងៃឧបោសថ ហើយរក្សាឧបោសថ គង់នៅលើប្រាសាទ ដ៏ប្រសើរ ចក្ករ័តន៍ជាទិព្វ មានកាំ១ពាន់ ព្រមទាំងខ្នងកង់ទាំងដុំ បរិបូណ៌ដោយអាការទាំងពួង ក៏កើតប្រាកដឡើង ព្រះរាជាអង្គនោះ ជាស្តេចចក្រពត្តិ ឱហ្ន៎ អាត្មាអញ បានជាស្តេចចក្រពត្តិហើយតើ។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទមហាសុទស្សនៈ ទ្រង់ក្រោកចាកអាសនៈ ហើយធ្វើសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ទើបយកព្រះហស្តខាងឆ្វេង ចាប់ព្រះសុវណ្ណភិង្គារ (កុណ្ឌីមាស) យកព្រះហស្តខាងស្តាំ ប្រស់ព្រំចក្ករ័តន៍ ហើយត្រាស់ថា ចក្ករ័តន៍ដ៏ចំរើន ចូរអណ្តែតទៅ ចក្ករ័តន៍ដ៏ចំរើន ចូរមានជ័យជំនះ។ ម្នាលអានន្ទ លំដាប់នោះ ចក្ករ័តន៍នោះឯង ក៏អណ្តែតទៅខាងបុរត្ថិមទិស។ ព្រះបាទមហាសុទស្សនៈ ទ្រង់ស្តេចទៅតាមក្រោយ ជាមួយនឹងសេនាប្រកបដោយអង្គ៤។ ម្នាលអានន្ទ ចក្ករ័តន៍ទៅប្រតិស្ឋាន ក្នុងប្រទេសណា ព្រះបាទមហាសុទស្សនៈ ព្រមទាំងចតុរង្គសេនា ក៏ទ្រង់ប្រថាប់ក្នុងប្រទេសនោះ។ ម្នាលអានន្ទ ពួកស្តេចណា ដែលត្រូវជាសត្រូវ គង់នៅក្នុងបុរត្ថិមទិស ពួកស្តេចនោះ ក៏ស្តេចចូលទៅគាល់ព្រះបាទមហាសុទស្សនៈ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រមហារាជ សូមព្រះអង្គទ្រង់ស្តេចមកចុះ បពិត្រមហារាជ ទ្រង់ស្តេចមកល្អហើយ បពិត្រមហារាជ រាជសម្បត្តិរបស់ខ្ញុំព្រះអង្គ ជារបស់ព្រះអង្គហើយ បពិត្រមហារាជ សូមព្រះអង្គទ្រង់ប្រៀនប្រដៅ។ ព្រះបាទមហាសុទស្សនៈ ទ្រង់មានព្រះរាជឱង្ការយ៉ាងនេះថា អ្នកទាំងឡាយ មិនត្រូវសម្លាប់សត្វ មិនត្រូវលួចរបស់ដែលគេមិនបានឲ្យ មិនត្រូវប្រព្រឹត្តខុសក្នុងកាមទាំងឡាយ មិនត្រូវនិយាយពាក្យកុហក មិនត្រូវផឹកទឹកស្រវឹងឡើយ អ្នកទាំងឡាយ ចូរបរិភោគវត្ថុតាមសមគួរចុះ។ ម្នាលអានន្ទ មួយទៀត ពួកស្តេចណា ដែលជាសត្រូវ នៅក្នុងបុរត្ថិមទិស ពួកស្តេចនោះ ក៏ទៅជាចុះចូលព្រះបាទមហាសុទស្សនៈវិញ។ ម្នាលអានន្ទ វេលានោះ ចក្ករ័តន៍នោះ ក៏ចុះទៅកាន់សមុទ្រខាងបុរត្ថិមទិស ហើយឆ្លងឡើង ត្រឡប់វិលទៅខាងទក្ខិណទិស ចុះកាន់សមុទ្រខាងទក្ខិណទិស ហើយឆ្លងឡើង វិលទៅខាងបច្ឆិមទិស ចុះកាន់សមុទ្រខាងបច្ឆិមទិស ហើយឆ្លងឡើង វិលទៅខាងឧត្តរទិសវិញ។ ព្រះបាទមហាសុទស្សនៈ ក៏ទ្រង់ស្តេចទៅតាមក្រោយ ជាមួយនឹងចតុរង្គសេនា។ ម្នាលអានន្ទ ចក្ករ័តន៍ ប្រតិស្ឋាននៅក្នុងប្រទេសណា ព្រះបាទមហាសុទស្សនៈ ក៏ទ្រង់ប្រថាប់នៅក្នុងប្រទេសនោះ ព្រមទាំងចតុរង្គសេនា។ ម្នាលអានន្ទ មួយទៀត ពួកស្តេចណា ជាសឹកសត្រូវ នៅក្នុងឧត្តរទិស ពួកស្តេចនោះ ក៏ចូលទៅគាល់ព្រះបាទមហាសុទស្សនៈ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រមហារាជ សូមព្រះអង្គស្តេចមក បពិត្រមហារាជ ទ្រង់ស្តេចមកល្អហើយ បពិត្រមហារាជ រាជសម្បត្តិរបស់ខ្ញុំព្រះអង្គ ជាព្រះរាជទ្រព្យរបស់ព្រះអង្គហើយ បពិត្រមហារាជ សូមព្រះអង្គទ្រង់ប្រៀនប្រដៅ។ ព្រះបាទមហាសុទស្សនៈ ទ្រង់មានព្រះរាជឱង្ការយ៉ាងនេះថា អ្នកទាំងឡាយ មិនត្រូវសម្លាប់សត្វ មិនត្រូវលួចរបស់ដែលគេមិនបានឲ្យ មិនត្រូវប្រព្រឹត្តខុសក្នុងកាមទាំងឡាយ មិនត្រូវនិយាយពាក្យកុហក មិនត្រូវផឹកទឹកស្រវឹងឡើយ អ្នកទាំងឡាយ ចូរបរិភោគវត្ថុតាមសមគួរចុះ។ ម្នាលអានន្ទ មួយវិញទៀត ពួកស្តេចណា ដែលជាសឹកសត្រូវ ក្នុងឧត្តរទិស ពួកស្តេចនោះ ក៏ត្រឡប់ជាចុះចូលព្រះបាទមហាសុទស្សនៈវិញ។ ម្នាលអានន្ទ តពីនោះមក ចក្ករ័តន៍នោះ បានបង្ក្រាបផែនដី ដែលមានសមុទ្រជាទីបំផុត រួចហើយត្រឡប់មកកាន់កុសាវតីរាជធានីវិញ ហើយឋិតនៅក្នុងរបៀងសាលាសម្រាប់វិនិច្ឆ័យ ទៀបទ្វារព្រះបរមរាជវាំង របស់ព្រះបាទមហាសុទស្សនៈ នៅនឹងថ្កល់ ហាក់ដូចជាបាក់ភ្លៅ ហើយបំភ្លឺក្នុងព្រះរាជវាំង របស់ព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ ចក្ករ័តន៍ មានសភាពយ៉ាងនេះ កើតប្រាកដឡើង ដល់ព្រះបាទមហាសុទស្សនៈ។
[៣] ម្នាលអានន្ទ តទៅទៀត ហត្ថិរ័តន៍ (ដំរីកែវ) ជាស្តេចដំរី ឈ្មោះឧបោសថ មានសម្បុរសសុទ្ធ មានអវយវៈ តូចធំសមរម្យទាំងអស់ ជាដំរីមានឫទ្ធិ អាចហោះទៅលើអាកាសបាន កើតប្រាកដឡើងដល់ព្រះបាទមហាសុទស្សនៈ។ លុះព្រះបាទមហាសុទស្សនៈ ទ្រង់ទតឃើញហើយ ក៏មានព្រះហឫទ័យជ្រះថ្លាថា អើយានដំរីល្អណាស់តើហ្ន៎ ប្រសិនបើចូលទៅបង្ហាត់បាន (ជាការប្រពៃ)។ ម្នាលអានន្ទ ឯហត្ថិរ័តន៍នោះ ក៏ដល់នូវការបង្ហាត់បាន ដូចជាដំរីអាជានេយ្យដ៏ល្អ ដែលគេបង្ហាត់បានបទល្អយូរអង្វែងហើយ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ កាលទ្រង់នឹងល្បងមើល ហត្ថិរ័តន៍នោះឯង មុនដម្បូង ទ្រង់ឡើងគង់ (លើហត្ថិរ័តន៍) ក្នុងវេលាព្រឹកព្រហាម ហើយស្តេចទៅត្រួតត្រានូវផែនដី មានសមុទ្រជាទីបំផុត រួចហើយ ស្តេចត្រឡប់មកសោយព្រះក្រយាហារ ក្នុងវេលាព្រឹកឯកុសាវតីរាជធានីវិញទាន់។ ម្នាលអានន្ទ ហត្ថិរ័តន៍ មានសភាពយ៉ាងនេះ បានកើតប្រាកដហើយ ដល់ព្រះបាទមហាសុទស្សនៈ។
[៤] ម្នាលអានន្ទ តទៅទៀត អស្សរ័តន៍ (សេះកែវ) ជាស្តេចសេះឈ្មោះវលាហកៈ មានសម្បុរសសុទ្ធ មានសម្បុរត្រង់ក្បាលខ្មៅ (រលើប) ដូចជាសម្បុរនៃកក្អែក មានសក់ (សក្បុស) ដូចបណ្តូលស្មៅយាប្លង ជាសេះមានឫទ្ធិអាចហោះទៅលើអាកាសបាន កើតប្រាកដដល់ព្រះបាទមហាសុទស្សនៈ។ លុះព្រះបាទមហាសុទស្សនៈ ទ្រង់ទតឃើញហើយ ក៏មានព្រះហឫទ័យជ្រះថ្លាថា អើយានសេះល្អណាស់តើហ្ន៎ ប្រសិនបើចូលទៅបង្ហាត់បាន (ជាការប្រពៃ)។ ម្នាលអានន្ទ លំដាប់នោះ អស្សរ័តន៍ ក៏ដល់នូវការបង្ហាត់បាន ដូចជាសេះអាជានេយ្យដ៏ល្អ ដែលគេបង្ហាត់បានរបៀបល្អ យូរអង្វែងហើយ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ កាលទ្រង់នឹងល្បងមើល អស្សរ័តន៍នោះឯង មុនដម្បូង ទ្រង់ឡើងគង់លើអស្សរ័តន៍ ក្នុងវេលាព្រឹកព្រហាម ហើយស្តេចទៅត្រួតត្រាផែនដី ដែលមានសមុទ្រជាទីបំផុត រួចហើយស្តេចត្រឡប់មកសោយព្រះស្ងោយ ក្នុងវេលាព្រឹកឯកុសាវតីរាជធានីវិញទាន់។ ម្នាលអានន្ទ អស្សរ័តន៍ មានសភាពយ៉ាងនេះ កើតប្រាកដហើយ ដល់ព្រះបាទមហាសុទស្សនៈ។
[៥] ម្នាលអានន្ទ តទៅទៀត មណិរ័តន៍ ជាកែវពៃទូរ្យ មានជាតិដ៏ល្អ មានជ្រុង៨ ដែលជាងឆ្នៃល្អហើយ មានពណ៌ថ្លាស្អាត បរិបូណ៌ ដោយអាការគ្រប់យ៉ាង បានកើតឡើងដល់ព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ មណិរ័តន៍នោះឯង មានពន្លឺផ្សាយទៅ បានមួយយោជន៍ជុំវិញ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ កាលទ្រង់នឹងល្បងមើល នូវមណិរ័តន៍នោះឯង មុនដម្បូង ទ្រង់ប្រជុំអស់ពួកចតុរង្គសេនាមក ហើយទ្រង់ស្ទួយកែវមណី ឡើងទៅកាន់ចុងដងទង់ ហើយទ្រង់គ្រវីទៅ ក្នុងទីងងឹតអ័ព្ទក្នុងរាត្រី។ ម្នាលអានន្ទ ចំណែកអ្នកស្រុកទាំងឡាយណា ដែលនៅជិតខាង អ្នកស្រុកទាំងនោះ សំគាល់ថាជាវេលាថ្ងៃ ក៏នាំគ្នាប្រកបការងារដោយសារពន្លឺ (នៃកែវនោះឯង)។ ម្នាលអានន្ទ កែវមណី មានសភាពយ៉ាងនេះ បានកើតប្រាកដហើយ ដល់ព្រះបាទមហាសុទស្សនៈ។
[៦] ម្នាលអានន្ទ តទៅទៀត ឥត្ថីរ័តន៍3) (ស្រីកែវ) មានរូបឆោមល្អ គួរឲ្យអ្នកផងពិតពិល រមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃលែង មិនខ្ពស់ពេក មិនទាបពេក មិនស្គមពេក មិនធាត់ពេក មិនខ្មៅពេក មិនសពេក លើសលែងកន្លងហួសសម្បុរស្រីមនុស្ស តែមិនដល់សម្បុរទិព្វទេ បានកើតប្រាកដ ដល់ព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ ឥត្ថីរ័តន៍នោះឯង មានកាយសម្ផ័ស្ស (ទន់ល្មឿយ) ដូចជាសំឡីគរ ឬសំឡីកប្បាស។ ម្នាលអានន្ទ មួយទៀត ឥត្ថីរ័តន៍នោះឯង កាលរដូវត្រជាក់ មានខ្លួនក្តៅ កាលរដូវក្តៅ មានខ្លួនត្រជាក់។ ម្នាលអានន្ទ មិនតែប៉ុណ្ណោះ ឥត្ថីរ័តន៍នោះឯង មានក្លិនខ្លឹមចន្ទន៍ ផ្សាយចេញអំពីកាយ មានក្លិនផ្កាឧប្បលផ្សាយចេញអំពីមាត់។ ម្នាលអានន្ទ ឥត្ថីរ័តន៍នោះឯង ជាស្រីតែងក្រោកឡើងមុន តែងអង្គុយក្រោយ4) យកចិត្តទុកដាក់ធ្វើអ្វីៗ ប្រព្រឹត្តត្រូវព្រះហឫទ័យ ពោលតែពាក្យជាទីពេញព្រះហឫទ័យ របស់ព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ ឥត្ថីរ័តន៍នោះឯង សូម្បីតែចិត្ត ក៏មិនប្រព្រឹត្តកន្លង ព្រះបាទមហាសុទស្សនៈទៅហើយ ម្តេចឡើយនឹងប្រព្រឹត្តកន្លងដោយកាយបាន។ ម្នាលអានន្ទ ឥត្ថីរ័តន៍ មានសភាពយ៉ាងនេះ បានកើតប្រាកដហើយ ដល់ព្រះបាទមហាសុទស្សនៈ។
[៧] ម្នាលអានន្ទ តទៅទៀត គហបតិរ័តន៍5) (គហបតីកែវ) បានកើតប្រាកដ ដល់ព្រះបាទមហាសុទស្សនៈ។ ឯគហបតិរ័តន៍នោះ មានទិព្វចក្ខុ កើតអំពីផលនៃកុសលកម្ម អាចមើលឃើញកំណប់ទ្រព្យ ដែលមានម្ចាស់ និងមិនមានម្ចាស់បាន។ គហបតីនោះ ចូលទៅគាល់ព្រះបាទមហាសុទស្សនៈ ក៏ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គ កុំមានសេចក្តីខ្វល់ខ្វាយឡើយ ខ្ញុំព្រះអង្គនឹងចាត់ចែងការ ដែលគួរធ្វើដោយទ្រព្យថ្វាយ ដោយព្រះរាជទ្រព្យព្រះអង្គ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ កាលទ្រង់នឹងល្បងមើល គហបតិរ័តន៍នោះឯង មុនដម្បូង ទ្រង់ប្រថាប់លើព្រះទីនាំងនាវា សំដៅទៅកាន់ខ្សែទឹក ក្នុងកណ្តាលទន្លេគង្គា ទើបទ្រង់ត្រាស់នឹងគហបតិរ័តន៍យ៉ាងនេះថា ម្នាលគហបតី យើងមានសេចក្តីត្រូវការ ដោយប្រាក់និងមាស។ គហបតីនោះ ក្រាបបង្គំទូលថា បពិត្រមហារាជ បើដូច្នោះ សូមទ្រង់អែបនាវាទៅខាងត្រើយច្រាំងម្ខាង។ ទ្រង់មានព្រះរាជឱង្ការថា ឱ គហបតី យើងមានសេចក្តីត្រូវការ តែប្រាក់ និងមាសត្រង់ទីនេះឯង។ ម្នាលអានន្ទ លំដាប់នោះ គហបតិរ័តន៍នោះឯង យកដៃទាំងពីរ លូកចុះទៅក្នុងទឹក លើកយកឆ្នាំង ដែលពេញដោយប្រាក់ និងមាស ហើយក្រាបទូលព្រះបាទមហាសុទស្សនៈថា បពិត្រមហារាជ ល្មមហើយ ដោយប្រាក់ និងមាសប៉ុណ្ណេះ បពិត្រមហារាជ ប្រាក់ និងមាសប៉ុណ្ណេះ ល្មមធ្វើព្រះរាជកិច្ចបានហើយ។ ព្រះបាទមហាសុទស្សនៈ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលគហបតី ប្រាក់ និងមាសប៉ុណ្ណេះល្មមហើយ ម្នាលគហបតី ប្រាក់ និងមាសប៉ុណ្ណេះ ល្មមធ្វើកិច្ចបានហើយ ម្នាលគហបតី ប្រាក់និងមាសទាំងប៉ុណ្ណេះ យើងបូជាអ្នកឯង។ ម្នាលអានន្ទ គហបតិរ័តន៍ មានសភាពយ៉ាងនេះ កើតប្រាកដហើយ ដល់ព្រះបាទមហាសុទស្សនៈ។
[៨] ម្នាលអានន្ទ តទៅទៀត បរិនាយករ័តន៍6) (បរិនាយកកែវ) ជាបណ្ឌិតវាងវៃ មានប្រាជ្ញា អង់អាច ដើម្បីញុំាងព្រះបាទមហាសុទស្សនៈ ដែលខ្លួនឲ្យស្តេចចូលទៅ ឲ្យចូលទៅបាន ដើម្បីញុំាងព្រះបាទមហាសុទស្សនៈ ដែលខ្លួនគួរឲ្យស្តេចចេញ ឲ្យចេញទៅបាន ដើម្បីញុំាងព្រះបាទមហាសុទស្សនៈ ឲ្យតាំងងារបុគ្គល ដែលគួរតាំងបានកើតប្រាកដ ដល់ព្រះបាទមហាសុទស្សនៈ។ បរិនាយករ័តន៍នោះ ចូលទៅគាល់ព្រះបាទមហាសុទស្សនៈ ហើយទើបក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គ កុំមានសេចក្តីខ្វល់ខ្វាយឡើយ ខ្ញុំព្រះអង្គនឹងប្រៀនប្រដៅថ្វាយ។ ម្នាលអានន្ទ បរិនាយករ័តន៍ មានសភាពយ៉ាងនេះ កើតប្រាកដហើយ ដល់ព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់ប្រកបដោយរ័តន៍៧ប្រការនេះឯង។
[៩] ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់ប្រកបដោយឫទ្ធិ៤យ៉ាង។ ឫទ្ធិ៤យ៉ាង ដូចម្តេចខ្លះ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់មានព្រះរូបល្អ គួរឲ្យអ្នកផងពិតពិលរមើល គួរឲ្យជ្រះថ្លា ទ្រង់ប្រកបដោយព្រះឆវិវណ្ណដ៏ល្អក្រៃលែង ជាងមនុស្សទាំងឡាយឯទៀតក្នុងលោកនេះ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់ប្រកបដោយឫទ្ធិនេះ ជាឫទ្ធិទី១។
[១០] ម្នាលអានន្ទ តទៅទៀត ព្រះបាទមហាសុទស្សនៈ មានព្រះជន្មាយុវែង ទ្រង់ឋិតនៅអស់កាលជាយូរអង្វែងក្រៃលែង ជាងមនុស្សទាំងឡាយឯទៀត។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់ប្រកបដោយឫទ្ធិនេះ ជាឫទ្ធិទី២។
[១១] ម្នាលអានន្ទ តទៅទៀត ព្រះបាទមហាសុទស្សនៈ ទ្រង់មិនមានអាពាធ មិនមានទុក្ខ ប្រកបដោយភ្លើងធាតុ ដែលកើតអំពីកម្ម មានវិបាកស្មើគ្នា មិនត្រជាក់ពេក មិនក្តៅពេក លើសជាងមនុស្សដទៃ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់ប្រកបដោយឫទ្ធិនេះ ជាឫទ្ធិទី៣។
[១២] ម្នាលអានន្ទ តទៅទៀត ព្រះបាទមហាសុទស្សនៈ ទ្រង់ជាទីស្រឡាញ់ ជាទីពេញចិត្តនៃព្រាហ្មណ៍ និងគហបតីទាំងឡាយ។ ម្នាលអានន្ទ បិតាជាទីស្រឡាញ់ ពេញចិត្តនៃបុត្រទាំងឡាយ យ៉ាងណាមិញ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់ជាទីស្រឡាញ់ពេញចិត្តនៃព្រាហ្មណ៍ និងគហបតីទាំងឡាយ យ៉ាងនោះដែរ។ ម្នាលអានន្ទ ចំណែកខាងព្រាហ្មណ៍ និងគហបតីទាំងឡាយ ក៏ជាទីស្រឡាញ់ ពេញព្រះហឫទ័យនៃព្រះបាទមហាសុទស្សនៈដែរ។ ម្នាលអានន្ទ កូនទាំងឡាយ ជាទីស្រឡាញ់ ពេញចិត្តនៃបិតា យ៉ាងណាមិញ ម្នាលអានន្ទ ចំណែកខាងព្រាហ្មណ៍ និងគហបតីទាំងឡាយ ក៏ជាទីស្រឡាញ់ ពេញព្រះហឫទ័យនៃព្រះបាទមហាសុទស្សនៈ យ៉ាងនោះដែរ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ កាលមុនដម្បូង ទ្រង់ស្តេចទៅកាន់ឱទ្យាន ដោយចតុរង្គសេនា។ ម្នាលអានន្ទ លំដាប់នោះ ព្រាហ្មណ៍ និងគហបតីទាំងឡាយ ចូលទៅគាល់ព្រះបាទមហាសុទស្សនៈ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គកុំស្តេចទៅ ដោយរហ័សរួសរាន់ ដូចខ្ញុំព្រះអង្គទាំងឡាយ ធ្លាប់ឃើញព្រះអង្គមកអស់កាលយូរនោះឡើយ។ ម្នាលអានន្ទ ឯព្រះបាទមហាសុទស្សនៈ ទ្រង់ត្រាស់នឹងសារថីថា ម្នាលសារថី អ្នកកុំបររថទៅ ដោយរហ័សរួសរាន់ ដូចយើងធ្លាប់ឃើញព្រាហ្មណ៍ និងគហបតីទាំងឡាយ មកអស់កាលយូរយារនោះឡើយ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់ប្រកបដោយឫទ្ធិនេះ ជាឫទ្ធិទី៤។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់ប្រកបដោយឫទ្ធិទាំង៤នេះឯង។
[១៣] ម្នាលអានន្ទ លំដាប់នោះ ព្រះបាទមហាសុទស្សនៈ ទ្រង់មានបរិវិតក្កៈយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញកសាងស្រះបោក្ខរណីទាំងឡាយ សុទ្ធតែ១រយជួរធ្នូៗ ក្បែរចន្លោះដើមត្នោតទាំងឡាយនេះ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់កសាងស្រះបោក្ខរណីទាំងឡាយ7) សុទ្ធតែ១រយជួរធ្នូៗ ក្បែរចន្លោះដើមត្នោតទាំងនោះ។ ម្នាលអានន្ទ ឯស្រះបោក្ខរណីទាំងនោះឯង វិចិត្រដោយឥដ្ឋ៤យ៉ាង គឺឥដ្ឋមាសមួយយ៉ាង ឥដ្ឋប្រាក់មួយយ៉ាង ឥដ្ឋកែវពៃទូរ្យមួយយ៉ាង ឥដ្ឋកែវផលិកមួយយ៉ាង។ ម្នាលអានន្ទ ក្នុងស្រះបោក្ខរណីទាំងនោះ មានជណ្តើរ៤បែប គឺជណ្តើរមាសមួយបែប ជណ្តើរប្រាក់មួយបែប ជណ្តើរកែវពៃទូរ្យមួយបែប ជណ្តើរកែវផលិកមួយបែប។ ជណ្តើរមាស មានមេជាមាស តែកាំ និងក្បាលជណ្តើរជាប្រាក់។ ជណ្តើរប្រាក់ មានមេជាប្រាក់ តែកាំនិងក្បាលជណ្តើរជាមាស។ ជណ្តើរកែវពៃទូរ្យ មានមេជាកែវពៃទូរ្យ តែកាំនិងក្បាលជណ្តើរជាកែវផលិក។ ជណ្តើរកែវផលិក មានមេជាកែវផលិក តែកាំនិងក្បាលជណ្តើរជាកែវពៃទូរ្យ។ ម្នាលអានន្ទ មួយទៀត ស្រះបោក្ខរណីទាំងនោះឯង បិទបាំងដោយរបង២ជាន់ គឺរបងមាស១ របងប្រាក់១។ របងមាស មានសសរបង្គោលជាមាស តែរបាររបង និងក្បាលបង្គោលរបងជាប្រាក់។ របងប្រាក់ មានសសរបង្គោលជាប្រាក់ តែរបាររបង និងក្បាលបង្គោលរបងជាមាស។ ម្នាលអានន្ទ លំដាប់នោះឯង ព្រះបាទមហាសុទស្សនៈ ទ្រង់មានបរិវិតក្កៈយ៉ាងនេះថា ក្នុងស្រះបោក្ខរណីទាំងនេះ គួរតែអាត្មាអញ នឹងដាំដើមផ្កាទាំងនេះគឺ ឧប្បល ឈូកក្រហម កុមុទ ឈូកស ដែលមានផ្ការីករាល់រដូវ មិនបានឃាត់ខាំងដល់ជនទាំងពួង។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់ដាំដើមផ្កាទាំងនេះ ក្នុងស្រះបោក្ខរណីទាំងនោះគឺ ឧប្បល ឈូកក្រហម កុមុទ ឈូកស ដែលមានផ្ការីករាល់រដូវ មិនបានឃាត់ខាំងដល់ជនទាំងពួង។ ម្នាលអានន្ទ គ្រានោះ ព្រះបាទមហាសុទស្សនៈ ទ្រង់មានបរិវិតក្កៈយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ តាំងនហាបកបុរស (អ្នកផ្ងូតទឹក) ទុកទៀបឆ្នេរស្រះបោក្ខរណីទាំងនេះ សម្រាប់ផ្ងូតទឹកជនដែលមកហើយៗ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ក៏ទ្រង់តាំងនូវនហាបកបុរស ទុកទៀបឆ្នេរស្រះបោក្ខរណីទាំងនោះ សម្រាប់ផ្ងូតទឹកជនដែលមកហើយៗ។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទមហាសុទស្សនៈ ទ្រង់មានបរិវិតក្កៈយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ តាំងទានវត្ថុ (រោងទាន) មានសភាពយ៉ាងនេះ ក្បែរឆ្នេរស្រះបោក្ខរណីទាំងនេះ គឺ បាយសម្រាប់អ្នកត្រូវការបាយ ទឹកសម្រាប់អ្នកត្រូវការទឹក សំពត់សម្រាប់អ្នកត្រូវការសំពត់ យានសម្រាប់អ្នកត្រូវការយាន ទីដេកសម្រាប់អ្នកត្រូវការទីដេក ស្រីសម្រាប់អ្នកត្រូវការស្រី ប្រាក់សម្រាប់អ្នកត្រូវការប្រាក់ មាសសម្រាប់អ្នកត្រូវការមាស។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់បានតាំងទានវត្ថុនេះ ក្បែរឆ្នេរស្រះបោក្ខរណីទាំងនោះ គឺបាយសម្រាប់អ្នកត្រូវការបាយ ទឹកសម្រាប់អ្នកត្រូវការទឹក សំពត់សម្រាប់អ្នកត្រូវការសំពត់ យានសម្រាប់អ្នកត្រូវការយាន ទីដេកសម្រាប់អ្នកត្រូវការទីដេក ស្រីសម្រាប់អ្នកត្រូវការស្រី ប្រាក់សម្រាប់អ្នកត្រូវការប្រាក់ មាសសម្រាប់អ្នកត្រូវការមាស។
[១៤] ម្នាលអានន្ទ លំដាប់នោះ ព្រាហ្មណ៍ និងគហបតីទាំងឡាយ នាំយកសម្បត្តិដ៏ច្រើន ចូលទៅគាល់ព្រះបាទមហាសុទស្សនៈ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះសម្មតិទេព សម្បត្តិដ៏ច្រើននេះ យើងខ្ញុំព្រះអង្គនាំមកថ្វាយចំពោះព្រះអង្គ សូមព្រះអង្គ ទ្រង់ទទួលសម្បត្តិទាំងនោះ។ ព្រះបាទមហាសុទស្សនៈ ទ្រង់មានព្រះរាជឱង្ការថា ម្នាលអ្នកទាំងឡាយដ៏ចំរើន ណ្ហើយកុំ សម្បត្តិដ៏ច្រើននេះ ដែលអ្នកនាំមកដើម្បីយើង ដោយពលិកម្មប្រកបដោយធម៌ហើយ តែទ្រព្យសម្បត្តិទាំងនោះ ចូរនៅជារបស់អ្នកទាំងឡាយវិញចុះ ចូរអ្នកទាំងឡាយ នាំយកពីរនេះថែមទៅទៀតចុះ។ ពួកព្រាហ្មណ៍ និងគហបតីទាំងនោះ លុះស្តេចឃាត់យ៉ាងនេះហើយ ក៏ថយចេញទៅនៅក្នុងទីដ៏សមគួរ ហើយគិតព្រមគ្នាយ៉ាងនេះថា ការដែលពួកយើងនាំយកសម្បត្តិទាំងនេះត្រឡប់ទៅទុកក្នុងផ្ទះរបស់យើងវិញយ៉ាងនេះ មិនសមគួរដល់ពួកយើងឡើយ បើដូច្នេះ ពួកយើងគួរនាំគ្នាសាងនិវេសនដ្ឋាន ថ្វាយព្រះបាទមហាសុទស្សនៈវិញ។ ពួកព្រាហ្មណ៍ និងគហបតីទាំងនោះ ក៏នាំគ្នាចូលទៅគាល់ព្រះបាទមហាសុទស្សនៈ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ពួកខ្ញុំព្រះអង្គ នឹងនាំគ្នាសាងនិវេសន៍ថ្វាយព្រះអង្គ។ ម្នាលអានន្ទ ឯព្រះបាទមហាសុទស្សនៈ ទ្រង់បានទទួលដោយតុណ្ហីភាព។
[១៥] ម្នាលអានន្ទ លំដាប់នោះឯង សក្កទេវរាជ ជាធំជាងទេវតាទាំងឡាយ បានជ្រាបបរិវិតក្កៈ ក្នុងព្រះហឫទ័យនៃព្រះបាទមហាសុទស្សនៈ ដោយព្រះហឫទ័យនៃព្រះអង្គ ក៏ត្រាស់ហៅវិស្សកម្មទេវបុត្តមកថា ហៃវិស្សកម្មទេវបុត្តជាសំឡាញ់ អ្នកចូរមកនេះ អ្នកចូរទៅនិម្មិតព្រះរាជនិវេសន៍ ឈ្មោះធម្មប្រាសាទ ថ្វាយព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ វិស្សកម្មទេវបុត្ត បានទទួលបង្គាប់របស់សក្កទេវរាជ ជាធំជាងទេវតាទាំងឡាយ ដោយពាក្យថា អំពើយ៉ាងនេះ ជាការចំរើន ដល់ព្រះអង្គហើយ ដូច្នេះហើយ ក៏បាត់អំពីឋានទេវតាឈ្មោះតាវត្តិង្ស មកប្រាកដក្នុងទីចំពោះព្រះភក្ត្រ នៃព្រះបាទមហាសុទស្សនៈ ដូចបុរសដែលមានកំឡាំងលាដៃ ដែលខ្លួនបត់ចូល ឬបត់ចូលនូវដៃ ដែលខ្លួនលាចេញ ដូច្នោះឯង។ ម្នាលអានន្ទ គ្រានោះឯង វិស្សកម្មទេវបុត្ត បានក្រាបបង្គំទូលព្រះបាទមហាសុទស្សនៈ យ៉ាងនេះថា បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គ នឹងនិម្មិតរាជនិវេសន៍ ឈ្មោះធម្មប្រាសាទ ថ្វាយព្រះអង្គ។ ម្នាលអានន្ទ ឯព្រះបាទមហាសុទស្សនៈ ទ្រង់ទទួលដោយតុណ្ហីភាព។ ម្នាលអានន្ទ វិស្សកម្មទេវបុត្ត ក៏បាននិម្មិតព្រះរាជនិវេសន៍ ឈ្មោះធម្មប្រាសាទ ថ្វាយព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ ធម្មប្រាសាទ បណ្តោយអំពីទិសខាងកើត ទៅទិសខាងលិច១យោជន៍ ទទឹងអំពីទិសខាងជើង ទៅទិសខាងត្បូងកន្លះយោជន៍។ ម្នាលអានន្ទ ធម្មប្រាសាទ មានវត្ថុដែលវិចិត្រដោយឥដ្ឋមានបែប៤យ៉ាង ដោយកំពត់៣ជួរបុរស គឺឥដ្ឋមាស១យ៉ាង ឥដ្ឋប្រាក់១យ៉ាង ឥដ្ឋកែវពៃទូរ្យ១យ៉ាង ឥដ្ឋកែវផលិក១យ៉ាង។ ម្នាលអានន្ទ ធម្មប្រាសាទ មានសសរ៨៤០០០ មានបែប៤យ៉ាងគឺ សសរមាស១យ៉ាង សសរប្រាក់១យ៉ាង សសរកែវពៃទូរ្យ១យ៉ាង សសរកែវផលិក១យ៉ាង។ ម្នាលអានន្ទ ធម្មប្រាសាទ ក្រាលដោយផែនក្តារមានបែប៤យ៉ាង គឺផែនក្តារមាស១យ៉ាង ផែនក្តារប្រាក់១យ៉ាង ផែនក្តារកែវពៃទូរ្យ១យ៉ាង ផែនក្តារកែវផលិក១យ៉ាង។ ម្នាលអានន្ទ ធម្មប្រាសាទ មានជណ្តើរ២៤ មានបែប៤យ៉ាងគឺ ជណ្តើរមាស១យ៉ាង ជណ្តើរប្រាក់១យ៉ាង ជណ្តើរកែវពៃទូរ្យ១យ៉ាង ជណ្តើរកែវផលិក១យ៉ាង។ ជណ្តើរមាស មេជាមាស តែកាំ និងក្បាលជណ្តើរជាប្រាក់។ ជណ្តើរប្រាក់ មេជាប្រាក់ តែកាំ និងក្បាលជណ្តើរជាមាស។ ជណ្តើរកែវពៃទូរ្យ មេជាកែវពៃទូរ្យ តែកាំ និងក្បាលជណ្តើរជាកែវផលិក។ ជណ្តើរកែវផលិក មេជាកែវផលិក តែកាំ និងក្បាលជណ្តើរជាកែវពៃទូរ្យ។ ម្នាលអានន្ទ ធម្មប្រាសាទ មានផ្ទះកំពូល ៨៤០០០ មានបែប៤យ៉ាងគឺ ផ្ទះកំពូលដែលធ្វើដោយមាស១យ៉ាង ធ្វើដោយប្រាក់១យ៉ាង ធ្វើដោយកែវពៃទូរ្យ១យ៉ាង ធ្វើដោយកែវផលិក១យ៉ាង។ ក្នុងផ្ទះកំពូល ដែលធ្វើដោយមាស មានតែងតាំងបល្លង្កប្រាក់។ ក្នុងផ្ទះកំពូល ដែលធ្វើដោយប្រាក់ មានតែងតាំងបល្លង្កមាស។ ក្នុងផ្ទះកំពូល ដែលធ្វើដោយកែវពៃទូរ្យ មានតែងតាំងបល្លង្កភ្លុក។ ក្នុងផ្ទះកំពូល ដែលធ្វើដោយកែវផលិក មានតែងតាំងបល្លង្កកែវមរកត។ មានដើមត្នោតប្រាក់ ឋិតនៅជិតទ្វារផ្ទះកំពូល ដែលធ្វើដោយមាស ឯត្នោតនោះ មានដើមជាប្រាក់ តែស្លឹក និងផ្លែជាមាស។ មានដើមត្នោតមាស ឋិតនៅជិតទ្វារផ្ទះកំពូល ដែលធ្វើដោយប្រាក់ ឯត្នោតនោះ មានដើមជាមាស តែស្លឹក និងផ្លែជាប្រាក់។ មានដើមត្នោតកែវផលិក ឋិតនៅជិតទ្វារផ្ទះកំពូល ដែលធ្វើដោយកែវពៃទូរ្យ ឯត្នោតនោះ មានដើមជាកែវផលិក តែស្លឹក និងផ្លែជាកែវពៃទូរ្យ។ មានដើមត្នោតកែវពៃទូរ្យ ឋិតនៅជិតទ្វារផ្ទះកំពូល ដែលធ្វើដោយកែវផលិក ឯត្នោតនោះ មានដើមជាកែវពៃទូរ្យ តែស្លឹក និងផ្លែជាកែវផលិក។
[១៦] ម្នាលអានន្ទ លំដាប់នោះឯង ព្រះបាទមហាសុទស្សនៈ ទ្រង់មានបរិវិតក្កៈយ៉ាងនេះថា បើដូច្នោះ មានតែអាត្មាអញ សាងច្បារត្នោតមាសសុទ្ធ ជិតទ្វារនៃផ្ទះកំពូល ដែលធ្វើដោយប្រាក់ ត្រង់កន្លែងដែលអាត្មាអញនឹងអង្គុយក្នុងវេលាថ្ងៃ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់បានសាងច្បារត្នោតមាសសុទ្ធ ជិតទ្វារនៃផ្ទះកំពូល ដែលធ្វើដោយប្រាក់ ត្រង់កន្លែងដែលស្តេចគង់ក្នុងវេលាថ្ងៃ។ ម្នាលអានន្ទ ធម្មប្រាសាទ បិទបាំងដោយរបង២ជាន់ គឺរបងមាស១ជាន់ របងប្រាក់១ជាន់។ របងមាស មានសសរបង្គោលជាមាស តែរបាររបង និងក្បាលបង្គោលរបងជាប្រាក់។ របងប្រាក់ មានសសរបង្គោលជាប្រាក់ តែរបាររបង និងក្បាលបង្គោលរបងជាមាស។ ម្នាលអានន្ទ ធម្មប្រាសាទ បិទបាំងដោយបណ្តាញនៃកណ្តឹង២យ៉ាង គឺបណ្តាញមាស១យ៉ាង បណ្តាញប្រាក់១យ៉ាង។ បណ្តាញមាស កណ្តឹងជាប្រាក់។ បណ្តាញប្រាក់ កណ្តឹងជាមាស។ ម្នាលអានន្ទ បណ្តាញកណ្តឹងទាំងនោះ កាលបើត្រូវខ្យល់បក់មក ក៏មានសំឡេងពីរោះ គួរត្រេកអរ គួរផ្ទៀងត្រចៀកស្តាប់ គួរជក់ចិត្ត។ ម្នាលអានន្ទ តន្ត្រីប្រកបដោយអង្គ៥ ដែលមនុស្សអ្នកឈ្លាសវៃផ្សំ ហើយវាយឲ្យល្មមពីរោះល្អ ទើបដេញដំប្រគំដ៏មានសំឡេងពីរោះ គួរត្រេកអរ គួរផ្ទៀងត្រចៀកស្តាប់ គួរជក់ចិត្ត មានឧបមាដូចម្តេចមិញ ម្នាលអានន្ទ បណ្តាញកណ្តឹងទាំងនោះ ដែលខ្យល់បក់មកត្រូវ ក៏មានសំឡេងនោះពីរោះ គួរត្រេកអរ គួរផ្ទៀងត្រចៀកស្តាប់ គួរជក់ចិត្ត ដូច្នោះឯង។ ម្នាលអានន្ទ ក្នុងសម័យនោះឯង កុសាវតីរាជធានី មានអ្នកលេងល្បែងបាស្កា និងអ្នកលេងស៊ីផឹក ពួកអ្នកលេងទាំងនោះ ក៏នាំគ្នាលេងរាំរែក តាមសំឡេងបណ្តាញកណ្តឹង ដែលខ្យល់បក់មកត្រូវទាំងនោះ។ ម្នាលអានន្ទ លុះធម្មប្រាសាទ សម្រេចហើយ លំបាកនឹងមើលបាន អ្នកមើល រមែងពិលភ្នែក។ ម្នាលអានន្ទ កាលដល់សរទសម័យ8) ខែខាងចុងនៃវស្សានរដូវ មេឃភ្លឺត្រចះចូលមកស៊ប់ពេញទី អាកាសផាត់ភ្លៀងស្រឡះហើយ ព្រះអាទិត្យក៏ភ្លឺចាំងច្បាស់ឰដ៏អាកាស លំបាកនឹងមើលបាន អ្នកមើលរមែងពិលភ្នែក យ៉ាងណាមិញ ម្នាលអានន្ទ ធម្មប្រាសាទ ដែលលំបាកនឹងមើលបាន អ្នកមើលតែងពិលភ្នែក ក៏យ៉ាងនោះដែរ។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទមហាសុទស្សនៈ ទ្រង់មានបរិវិតក្កៈយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញសាងស្រះ ឈ្មោះធម្មបោក្ខរណី ខាងមុខធម្មប្រាសាទ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ក៏ទ្រង់សាងស្រះឈ្មោះធម្មបោក្ខរណី ខាងមុខធម្មប្រាសាទ។ ម្នាលអានន្ទ ស្រះធម្មបោក្ខរណី បណ្តោយពីខាងកើត ទៅខាងលិច១យោជន៍ ទទឹងពីខាងជើង ទៅខាងត្បូងកន្លះយោជន៍។ ម្នាលអានន្ទ ស្រះធម្មបោក្ខរណី វិចិត្រដោយឥដ្ឋ មានបែប៤យ៉ាង គឺឥដ្ឋមាស១យ៉ាង ប្រាក់១យ៉ាង កែវពៃទូរ្យ១យ៉ាង កែវផលិក១យ៉ាង។ ម្នាលអានន្ទ ស្រះធម្មបោក្ខរណី មានជណ្តើរ២៤ មានបែប៤យ៉ាងគឺ ជណ្តើរមាស១យ៉ាង ប្រាក់១យ៉ាង កែវពៃទូរ្យ១យ៉ាង កែវផលិក១យ៉ាង។ ជណ្តើរមាស មេជាមាស តែកាំ និងក្បាលជណ្តើរជាប្រាក់។ ជណ្តើរប្រាក់ មេជាប្រាក់ តែកាំ និងក្បាលជណ្តើរជាមាស។ ជណ្តើរកែវពៃទូរ្យ មេជាកែវពៃទូរ្យ តែកាំ និងក្បាលជណ្តើរជាកែវផលិក។ ជណ្តើរកែវផលិក មេជាកែវផលិក តែកាំ និងក្បាលជណ្តើរជាកែវពៃទូរ្យ។ ម្នាលអានន្ទ ស្រះធម្មបោក្ខរណី បិទបាំងដោយរបងពីរជាន់ គឺរបងមាស១ជាន់ របងប្រាក់១ជាន់។ របងមាស មានសសរបង្គោលជាមាស តែរបាររបង និងក្បាលបង្គោលនៃរបងជាប្រាក់។ របងប្រាក់ មានសសរបង្គោលជាប្រាក់ តែរបាររបង និងក្បាលបង្គោលរបងជាមាស។ ម្នាលអានន្ទ ស្រះធម្មបោក្ខរណី បិទបាំងដោយជួរដើមត្នោត៧ជាន់ ជួរដើមត្នោតមាស១ជាន់ ជួរដើមត្នោតប្រាក់១ជាន់ ជួរដើមត្នោតកែវពៃទូរ្យ១ជាន់ ជួរដើមត្នោតកែវផលិក១ជាន់ ជួរដើមត្នោតកែវទទឹម១ជាន់ ជួរដើមត្នោតកែវមរកត១ជាន់ ជួរដើមត្នោតកែវគ្រប់យ៉ាង១ជាន់។ ត្នោតមាស ដើមជាមាស តែស្លឹកនិងផ្លែជាប្រាក់។ ត្នោតប្រាក់ ដើមជាប្រាក់ តែស្លឹកនិងផ្លែជាមាស។ ត្នោតកែវពៃទូរ្យ ដើមជាកែវពៃទូរ្យ តែស្លឹកនិងផ្លែជាកែវផលិក។ ត្នោតកែវផលិក ដើមជាកែវផលិក តែស្លឹកនិងផ្លែជាកែវពៃទូរ្យ។ ត្នោតកែវទទឹម ដើមជាកែវទទឹម តែស្លឹកនិងផ្លែជាកែវមរកត។ ត្នោតកែវមរកត ដើមជាកែវមរកត តែស្លឹកនិងផ្លែជាកែវទទឹម។ ត្នោតកែវគ្រប់យ៉ាង ដើមជាកែវគ្រប់យ៉ាង ឯស្លឹកនិងផ្លែជាកែវគ្រប់យ៉ាង។ ម្នាលអានន្ទ ជួរត្នោតទាំងនោះឯង កាលបើមានខ្យល់បក់មកត្រូវ មានសំឡេងពីរោះ គួរត្រេកអរ គួរផ្អៀងត្រចៀកស្តាប់ គួរជក់ចិត្ត។ ម្នាលអានន្ទ តន្រ្តីប្រកបដោយអង្គ៥ ដែលមនុស្សឈ្លាសវៃបានផ្សំ ហើយវាយឲ្យល្មមពីរោះល្អ ទើបដេញដំប្រគំ មានសំឡេងពីរោះ គួរត្រេកអរ គួរផ្អៀងត្រចៀកស្តាប់ គួរជក់ចិត្ត មានឧបមាដូចម្តេចមិញ ម្នាលអានន្ទ ជួរត្នោតទាំងនោះឯង កាលបើមានខ្យល់បក់មកត្រូវ ក៏មានសំឡេងពីរោះ គួរត្រេកអរ គួរផ្អៀងត្រចៀកស្តាប់ គួរជក់ចិត្ត យ៉ាងនោះដែរ។ ម្នាលអានន្ទ ក្នុងសម័យនោះឯង កុសាវតីរាជធានី មានអ្នកលេងបាស្កា និងអ្នកលេងស៊ីផឹក ឯពួកអ្នកលេងទាំងនោះ នាំគ្នារាំរែកតាមសំឡេងនៃជួរដើមត្នោត ដែលមានខ្យល់បក់មកត្រូវទាំងនោះ។ ម្នាលអានន្ទ លុះដល់ធម្មប្រាសាទ និងស្រះធម្មបោក្ខរណីសម្រេចហើយ ព្រះបាទមហាសុទស្សនៈ ទ្រង់និមន្តពួកសមណព្រាហ្មណ៍ ដែលសន្មតថា ជាសមណៈ ថាជាព្រាហ្មណ៍ ក្នុងសម័យនោះឯង ឲ្យឆាន់ឆ្អែតស្កប់ស្កល់ ដោយពេញចំណង់ ហើយស្តេចឡើងកាន់ធម្មប្រាសាទ។
បឋមភាណវារៈ។
[១៧] ម្នាលអានន្ទ លំដាប់នោះ ព្រះបាទមហាសុទស្សនៈ ទ្រង់មានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាផលនៃកម្មរបស់អាត្មាអញ ដូចម្តេចហ្ន៎ ជាវិបាកនៃកម្មរបស់អាត្មាអញ ដូចម្តេចហ្ន៎ បានជាឥឡូវនេះ អាត្មាអញមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទមហាសុទស្សនៈ ទ្រង់មានបរិវិតក្កៈយ៉ាងនេះថា នេះជាផលនៃកម្ម៣យ៉ាង ជាវិបាកនៃកម្ម៣យ៉ាងរបស់អាត្មាអញ បានជាឥឡូវនេះ អាត្មាអញមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ កម្ម៣យ៉ាងនោះ គឺទានៈ (ការឲ្យ)១ ទមៈ (ការទូន្មានខ្លួន)១ សញ្ញមៈ (ការសង្រួមក្នុងសីល)១។ ម្នាលអានន្ទ លំដាប់នោះឯង ព្រះបាទមហាសុទស្សនៈ ទ្រង់ស្តេចចូលទៅកាន់កូដាគារដ្ឋាន (ផ្ទះមានកំពូល) ប្រាក់ លុះស្តេចទៅដល់ហើយ ទ្រង់ប្រថាប់ទៀបទ្វារ នៃកូនដាគារដ្ឋានប្រាក់ ទ្រង់បន្លឺឧទានវាចាថា នែកាមវិតក្កៈ ព្យាបាទវិតក្កៈ និងវិហឹសាវិតក្កៈ អ្នកចូរឈប់ចុះ នែកាមវិតក្កៈ ព្យាបាទវិតក្កៈ និងវិហឹសាវិតក្កៈ ល្មមប៉ុណ្ណឹងហើយ។ ម្នាលអានន្ទ លំដាប់នោះឯង ព្រះបាទមហាសុទស្សនៈ ទ្រង់ស្តេចចូលទៅកាន់កូដាគារដ្ឋានប្រាក់ ទ្រង់គង់លើបល្លង្កមាស លុះស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ ទ្រង់ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីវិវេក លុះទ្រង់រម្ងាប់វិតក្កៈ វិចារៈហើយ ទ្រង់ចូលកាន់ទុតិយជ្ឈាន ជាធម្មជាតជាក់ច្បាស់ក្នុងខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈឡើយ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ ព្រោះប្រាសចាកបីតិផង មានឧបេក្ខា មានសតិសម្បជញ្ញៈផង ទទួលសេចក្តីសុខ ដោយនាមកាយផង ទើបទ្រង់ចូលកាន់តតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយ ពោលទុកថា បុគ្គលអ្នកមានឧបេក្ខា មានសតិ មានប្រក្រតីនៅជាសុខ ទ្រង់ចូលកាន់ចតុត្ថជ្ឈាន ដែលមិនមានទុក្ខ មិនមានសុខ មានតែឧបេក្ខា និងសតិដ៏បរិសុទ្ធ ព្រោះកិរិយាលះបង់នូវទុក្ខ និងសុខ ព្រោះកិរិយាវិនាសទៅ នៃសោមនស្ស និងទោមនស្សក្នុងកាលមុន។
[១៨] ម្នាលអានន្ទ លំដាប់នោះឯង ព្រះបាទមហាសុទស្សនៈ ទ្រង់ស្តេចចេញពីកូដាគារដ្ឋានប្រាក់ ហើយស្តេចចូលទៅកាន់កូដាគារដ្ឋានមាស ទ្រង់គង់លើបល្លង្កប្រាក់ មានព្រះហឫទ័យប្រកបដោយមេត្តាផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចៗគ្នា។ ទ្រង់មានព្រះហឫទ័យ ប្រកបដោយមេត្តាធំទូលាយ ជាមហគ្គតៈ គឺរូបាវចរៈ និងអរូបាវចរៈ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក ដែលមានសត្វទាំងអស់ ដោយយកខ្លួនឯង ប្រៀបនឹងសត្វទាំងអស់ ក្នុងទិសទាំងពួង គឺទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូចៗ ដោយប្រការដូច្នេះ។ ទ្រង់មានព្រះហឫទ័យប្រកបដោយករុណា។ ទ្រង់មានព្រះហឫទ័យប្រកបដោយមុទិតា។ ទ្រង់មានព្រះហឫទ័យប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចៗគ្នា។ ទ្រង់មានព្រះហឫទ័យប្រកបដោយឧបេក្ខា ជាធម្មជាតធំទូលាយ ជាមហគ្គតៈ មានប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក ដែលមានសត្វទាំងអស់ ដោយយកខ្លួនឯង ប្រៀបនឹងសត្វទាំងអស់ ក្នុងទិសទាំងពួង គឺទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូចៗ ដោយប្រការដូច្នេះ។
[១៩] ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់មាននគរ៨៤០០០ មានកុសាវតីរាជធានីជាប្រធាន ទ្រង់មានប្រាសាទ៨៤០០០ មានធម្មប្រាសាទជាប្រធាន ទ្រង់មានប្រាសាទកំពូល៨៤០០០ មានកូដាការដ្ឋានប្រាសាទជាប្រធាន ទ្រង់មានបល្លង្ក៨៤០០០ សុទ្ធសឹងជាមាស ប្រាក់ ភ្លុក កែវមរកត ដែលក្រាលដោយសំពត់ធ្វើពីរោមសត្វ មានរូបសត្វសាហាវ ក្រាលដោយសំពត់ធ្វើពីរោមសត្វមានពណ៌ស ក្រាលដោយសំពត់ធ្វើពីរោមសត្វមានផ្កាចង្កោម ក្រាលដោយកម្រាលស្បែកប្រើសយ៉ាងល្អ មានខ្នើយពណ៌ក្រហមទាំងសងខាង ព្រមទាំងមានពិតានក៏ពណ៌ក្រហមទាំងសងខាង ទ្រង់មានដំរី៨៤០០០ មានដំរីឈ្មោះឧបោសថនាគរាជជាប្រធាន សឹងមានគ្រឿងអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាស ទ្រង់មានសេះ ៨៤០០០ មានសេះឈ្មោះវលាហកអស្សរាជ ជាប្រធាន សឹងមានគ្រឿងអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាស ទ្រង់មានរថ ៨៤០០០ មានវេជយន្តរថជាប្រធាន ដែលពាសដោយស្បែកសីហៈ ស្បែកខ្លាធំ ស្បែកខ្លាដម្បង ពាសដោយសំពត់កម្ពល មានពណ៌លឿង មានគ្រឿងអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាស ទ្រង់មានកែវមណី ៨៤០០០ មានមណិរ័តន៍ជាប្រធាន ទ្រង់មានស្ត្រី៨៤០០០ មាននាងសុភទ្ទាទេវីជាប្រធាន ទ្រង់មានគហបតី ៨៤០០០ មានគហបតីរ័តន៍ ជាប្រធាន ទ្រង់មានក្សត្រិយ៍ ៨៤០០០ ជាអ្នកចុះចូល មានបរិនាយករ័តន៍ជាប្រធាន ទ្រង់មានមេគោ៨៤០០០ សម្រាប់រូតបង្ហូរ (យកទឹកដោះ) មានភាជន៍សំរិទ្ធិសម្រាប់ត្រង ទ្រង់មានសំពត់៨៤០០០កោដិ សុទ្ធតែជាសំពត់ ដែលត្បាញដោយសម្បកឈើ មានសាច់ដ៏ល្អិត សំពត់ធ្វើដោយកប្បាស មានសាច់ដ៏ល្អិត សំពត់ធ្វើដោយសូត្រ មានសាច់ដ៏ល្អិត សំពត់កម្ពល គឺសំពត់ត្បាញដោយរោមសត្វ មានសាច់ដ៏ល្អិត។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់មានភាជន៍ ក្រយាស្ងោយ៨៤០០០ ដែលពួកពិសេស នាំយកមកថ្វាយ ទាំងល្ងាច ទាំងព្រឹក។
[២០] ម្នាលអានន្ទ សម័យនោះឯង ដំរី៨៤០០០ តែងនាំគ្នាទៅកាន់ទីបម្រើព្រះបាទមហាសុទស្សនៈ ទាំងល្ងាច ទាំងព្រឹក។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទមហាសុទស្សនៈ ទ្រង់បរិវិតក្កៈយ៉ាងនេះថា ដំរីទាំង៨៤០០០នេះឯង តែងនាំគ្នាមកកាន់ទីបម្រើអញ ទាំងល្ងាច ទាំងព្រឹក បើដូច្នោះ លុះកាលកន្លងទៅបាន១០០ឆ្នាំៗ សឹមឲ្យដំរី៤២០០០ៗ មកកាន់ទីបម្រើ (អាត្មាអញ)ម្តងៗ។ ម្នាលអានន្ទ លំដាប់នោះឯង ព្រះបាទមហាសុទស្សនៈ ទ្រង់ត្រាស់ហៅបរិនាយករ័តន៍មកថា ម្នាលបរិនាយករ័តន៍ សំឡាញ់ដំរី៨៤០០០ នេះឯង តែងនាំគ្នាមកកាន់ទីបម្រើយើងទាំងល្ងាច ទាំងព្រឹក ម្នាលបរិនាយករ័តន៍ សំឡាញ់ បើដូច្នោះ លុះកាលកន្លងទៅបាន១០០ឆ្នាំៗ សឹមឲ្យដំរី៤២០០០ៗ មកកាន់ទីបម្រើយើងម្តងៗចុះ។ ម្នាលអានន្ទ បរិនាយករ័តន៍ បានទទួលព្រះរាជឱង្ការ នៃព្រះបាទមហាសុទស្សនៈថា ព្រះករុណាថ្លៃវិសេស។ ម្នាលអានន្ទ សម័យខាងក្រោយមក លុះកាលកន្លងទៅ១០០ឆ្នាំៗ ដំរី៤២០០០ៗ ក៏នាំគ្នាមកកាន់ទីបម្រើព្រះបាទមហាសុទស្សនៈម្តងៗ។ ម្នាលអានន្ទ លុះកាលកន្លងទៅច្រើនឆ្នាំ ច្រើនរយឆ្នាំ ច្រើនពាន់ឆ្នាំ ព្រះនាងសុភទ្ទាទេវី ទ្រង់មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ខានឃើញព្រះបាទមហាសុទស្សនៈ អស់កាលយូរមកហើយ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅគាល់ព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ លំដាប់នោះ ព្រះនាងសុភទ្ទាទេវី ទ្រង់ត្រាស់ហៅ (ពួក) ស្រីស្នំថា នាងទាំងឡាយ ចូរមក ចូរកក់ក្បាល ចូរដណ្តប់សំពត់ពណ៌លឿង យើងខានបានឃើញព្រះបាទមហាសុទស្សនៈ អស់កាលយូរមកហើយ យើងគួរនឹងចូលទៅគាល់ព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ ពួកស្រីស្នំ ក៏បានទទួលព្រះរាជសវនីយ នៃព្រះនាងសុភទ្ទាទេវីថា ព្រះនាងម្ចាស់ យ៉ាងនោះមែនហើយ ដូច្នេះហើយ ក៏កក់ក្បាល ដណ្តប់សំពត់ពណ៌លឿង ដើរចូលទៅត្រង់ទី ដែលព្រះនាងសុភទ្ទាទេវីគង់នៅ។ ម្នាលអានន្ទ លំដាប់នោះ ព្រះនាងសុភទ្ទាទេវី ទ្រង់ត្រាស់ហៅបរិនាយករ័តន៍មកថា ម្នាលបរិនាយករ័តន៍សំឡាញ់ អ្នកចូរទៅរៀបចំចតុរង្គសេនា (ឲ្យយើង) ដ្បិតយើងខានបានជួបព្រះបាទមហាសុទស្សនៈ អស់កាលយូរមកហើយ យើងនឹងចូលទៅគាល់ ដើម្បីនឹងឲ្យបានជួបព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ បរិនាយករ័តន៍ ទទួលព្រះរាជសវនីយរបស់ព្រះនាងសុភទ្ទាទេវីថា បពិត្រព្រះរាជទេវី យ៉ាងនេះហើយ ក៏រៀបចំចតុរង្គសេនា ហើយក្រាបទូលព្រះនាងសុភទ្ទាទេវីថា បពិត្រព្រះទេវី ចតុរង្គសេនារបស់ព្រះនាង ខ្ញុំព្រះអង្គរៀបចំស្រេចហើយ ឥឡូវនេះ សូមព្រះនាងសំគាល់នូវកាលដែលគួរនឹងស្តេចចុះ។ ម្នាលអានន្ទ លំដាប់នោះ ព្រះនាងសុភទ្ទាទេវី មួយអន្លើដោយចតុរង្គសេនា និង(ពួក)ស្រីស្នំ ស្តេចសំដៅទៅរកធម្មប្រាសាទ លុះស្តេចចូលទៅដល់ហើយ ក៏ឡើងទៅកាន់ធម្មប្រាសាទ ហើយស្តេចចូលសំដៅទៅរកកូដាគារដ្ឋានប្រាក់ លុះចូលទៅដល់ហើយ ក៏ទ្រង់ព្រះសណ្ឋិតតោងមេទ្វារ នៃកូដាគារដ្ឋានប្រាក់។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទមហាសុទស្សនៈ ទ្រង់ឮសូរស័ព្ទនោះហើយ ទើបទ្រង់ត្រាស់ថា សំឡេងនោះ ដូចជាសំឡេងពួកជនច្រើននាក់ឬហ្ន៎ ហើយទ្រង់ស្តេចចេញពីកូដាគារដ្ឋានប្រាក់ ទ្រង់ទតទៅឃើញព្រះនាងសុភទ្ទាទេវី កំពុងតែទ្រង់ព្រះសណ្ឋិតតោងមេទ្វារ លុះទតឃើញហើយ ទ្រង់មានព្រះរាជឱង្ការ នឹងព្រះនាងសុភទ្ទាទេវីថា នែនាងទេវី ចូរនាងបង្អង់នៅទីនុ៎ះសិន នាងកុំអាលចូលមក។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទមហាសុទស្សនៈ ទ្រង់ត្រាស់ហៅបុរសម្នាក់មកថា ម្នាលបុរស អ្នកចូរមកនេះ ចូរទៅនាំយកបល្លង្កមាស អំពីកូដាគារដ្ឋានប្រាក់ ទៅតាំងក្នុងតាលវ័ន (ព្រៃត្នោត) សុទ្ទតែមាស។ ម្នាលអានន្ទ បុរសនោះ បានទទួលព្រះរាជឱង្ការនៃព្រះបាទមហាសុទស្សនៈថា ព្រះករុណាស្លៃវិសេស ដូច្នេះហើយ ក៏នាំយកបល្លង្កមាស ចេញចាកកូដាគារដ្ឋានប្រាក់ ទៅតាំងក្នុងតាលវ័ន សុទ្ធតែមាស។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទមហាសុទស្សនៈ ទ្រង់សម្រេចសីហសេយ្យា ដោយខាងស្តាំ ទ្រង់តម្រួតព្រះបាទលើគ្នា ទ្រង់មានព្រះសតិ សម្បជញ្ញៈ។
[២១] ម្នាលអានន្ទ លំដាប់នោះ ព្រះនាងសុភទ្ទាទេវី ទ្រង់មានសេចក្តីត្រិះរិះដូច្នេះថា ឥន្ទ្រិយរបស់ព្រះបាទមហាសុទស្សនៈ ថ្លាស្អាតណាស់តើ ព្រះឆវិវណ្ណផូរផង់ សូមព្រះបាទមហាសុទស្សនៈ កុំទិវង្គតឡើយ។ ទើបព្រះនាងសុភទ្ទាទេវី ក្រាបបង្គំទូលសេចក្តីនុ៎ះ នឹងព្រះបាទមហាសុទស្សនៈថា បពិត្រព្រះសម្មតិទេព នគរទាំង៨៤០០០ របស់ព្រះអង្គនេះ មានមគរកុសាវតីរាជធានី ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គបង្កើតនូវសេចក្តីស្រឡាញ់ ចំពោះនគរទាំងនុ៎ះ សូមព្រះអង្គធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព ប្រាសាទ៨៤០០០ របស់ព្រះអង្គនេះ មានធម្មប្រាសាទ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គបង្កើតនូវសេចក្តីស្រឡាញ់ ចំពោះប្រាសាទទាំងនុ៎ះ សូមព្រះអង្គធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព កូដាគារប្រាសាទ៨៤០០០របស់ព្រះអង្គ មានប្រាសាទឈ្មោះកូដាគារដ្ឋានប្រាក់ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គបង្កើតនូវសេចក្តីស្រឡាញ់ ចំពោះកូដាគារដ្ឋានប្រាក់ទាំងនុ៎ះ សូមព្រះអង្គ ទ្រង់ធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព បល្លង្ក៨៤០០០ របស់ព្រះអង្គនេះ ជាបល្លង្កមាស ប្រាក់ ភ្លុក កែវមរកត ដែលក្រាលដោយសំពត់ធ្វើពីរោមសត្វ មានរូបសត្វសាហាវ ក្រាលដោយសំពត់ធ្វើដោយរោមសត្វមានពណ៌ស ក្រាលដោយសំពត់ធ្វើដោយរោមសត្វមានផ្កាចង្កោម ក្រាលដោយកម្រាលស្បែកប្រើសយ៉ាងល្អ មានខ្នើយពណ៌ក្រហមទាំងសងខាង ព្រមទាំងមានពិតានក៏ពណ៌ក្រហមដូចគ្នា បពិត្រព្រះសម្មតិទេព សូមព្រះអង្គបង្កើតនូវសេចក្តីស្រឡាញ់ ចំពោះបល្លង្កទាំងនុ៎ះ សូមទ្រង់ធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព ដំរី៨៤០០០របស់ព្រះអង្គនេះ មានដំរីឈ្មោះឧបោសថនាគរាជជាប្រធាន សឹងមានអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាស បពិត្រព្រះសម្មតិទេព សូមព្រះអង្គបង្កើតនូវសេចក្តីស្រឡាញ់ ចំពោះដំរីទាំងនុ៎ះ សូមទ្រង់ធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព សេះ ៨៤០០០របស់ព្រះអង្គនេះ មានសេះឈ្មោះវលាហកអស្សរាជ ជាប្រធាន សឹងមានអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាស បពិត្រព្រះសម្មតិទេព សូមទ្រង់បង្កើតនូវសេចក្តីស្រឡាញ់ ចំពោះសេះទាំងនុ៎ះ សូមទ្រង់ធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព រថ ៨៤០០០របស់ព្រះអង្គនេះ មានវេជយន្តរថជាប្រធាន ដែលពាសដោយស្បែកសីហៈ ស្បែកខ្លាធំ ស្បែកខ្លាដម្បង ពាសដោយសំពត់កម្ពល មានពណ៌លឿង មានអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាស បពិត្រព្រះសម្មតិទេព សូមទ្រង់បង្កើតនូវសេចក្តីស្រឡាញ់ ចំពោះរាជរថទាំងនុ៎ះ សូមទ្រង់ធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព កែវមណី ៨៤០០០របស់ព្រះអង្គនេះ មានមណិរ័តន៍ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមទ្រង់បង្កើតនូវសេចក្តីស្រឡាញ់ ចំពោះមណិរ័តន៍ទាំងនុ៎ះ សូមទ្រង់ធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព ស្ត្រី៨៤០០០ របស់ព្រះអង្គនេះ មានឥត្ថីរ័តន៍ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គបង្កើតនូវសេចក្តីស្រឡាញ់ ចំពោះស្រ្តីទាំងនុ៎ះ សូមទ្រង់ធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព គហបតី ៨៤០០០របស់ព្រះអង្គនេះ មានគហបតីរ័តន៍ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមទ្រង់បង្កើតនូវសេចក្តីស្រឡាញ់ ចំពោះគហបតីទាំងនុ៎ះ សូមទ្រង់ធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព ពួកក្សត្រិយ៍ ៨៤០០០ សុទ្ធតែជាអ្នកចុះចូលព្រះអង្គ មានបរិនាយករ័តន៍ជាប្រធាន បពិត្រព្រះសម្មតិទេព សូមទ្រង់បង្កើតនូវសេចក្តីស្រឡាញ់ ចំពោះពួកក្សត្រិយ៍ទាំងនុ៎ះ សូមទ្រង់ធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព មេគោ៨៤០០០ សម្រាប់រូតបង្ហូរយកទឹកដោះ របស់ព្រះអង្គនេះ មានភាជន៍សំរិទ្ធិសម្រាប់ត្រង បពិត្រព្រះសម្មតិទេព សូមទ្រង់បង្កើតនូវសេចក្តីស្រឡាញ់ ចំពោះមេគោទាំងនុ៎ះ សូមទ្រង់ធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព សំពត់៨៤០០០កោដិ របស់ព្រះអង្គទាំងនេះ ជាសំពត់ដែលត្បាញដោយសម្បកឈើ មានសាច់ដ៏ល្អិត សំពត់ធ្វើដោយកប្បាស មានសាច់ដ៏ល្អិត សំពត់ធ្វើដោយសូត្រ មានសាច់ដ៏ល្អិត សំពត់កម្ពល គឺសំពត់ដែលត្បាញដោយរោមសត្វ មានសាច់ដ៏ល្អិត បពិត្រព្រះសម្មតិទេព សូមទ្រង់បង្កើតនូវសេចក្តីស្រឡាញ់ ចំពោះសំពត់ទាំងនុ៎ះ សូមទ្រង់ធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព ភាជន៍ក្រយាស្ងោយ ៨៤០០០ របស់ព្រះអង្គទាំងនេះ ដែលពួកពិសេស នាំយកមកថ្វាយ ទាំងល្ងាច ទាំងព្រឹក បពិត្រព្រះសម្មតិទេព សូមព្រះអង្គបង្កើតនូវសេចក្តីស្រឡាញ់ ចំពោះភាជន៍ក្រយាស្ងោយទាំងនុ៎ះ សូមទ្រង់ធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិត។ ម្នាលអានន្ទ កាលបើព្រះនាងសុភទ្ទាទេវី ក្រាបបង្គំទូល យ៉ាងនេះហើយ ព្រះបាទមហាសុទស្សនៈ ទ្រង់មានព្រះរាជឱង្ការ នឹងព្រះនាងសុភទ្ទាទេវីថា ម្នាលនាងទេវី នាងថ្លែងរៀបរាប់ដោយវត្ថុទាំងឡាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ចំពោះយើងអស់រាត្រីយូរហើយ តទៅខាងក្រោយ នាងនឹងថ្លែងរៀបរាប់ ដោយវត្ថុទាំងឡាយ មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្តចំពោះយើងវិញ។ ព្រះនាងសុភទ្ទាទេវី ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ចុះឲ្យខ្ញុំម្ចាស់រៀបរាប់ចំពោះព្រះអង្គ ដោយប្រការដូចម្តេចវិញ។ ព្រះបាទមហាសុទស្សនៈ ទ្រង់ត្រាស់ថា ម្នាលនាងទេវី ចូរនាងថ្លែងរៀបរាប់នឹងយើង យ៉ាងនេះវិញថា សេចក្តីវិនាស សេចក្តីព្រាត់ប្រាស និងសេចក្តីឃ្លៀងឃ្លាតចាកសត្វ និងសង្ខារទាំងពួង ដែលជាទីស្រឡាញ់ ជាទីពេញចិត្ត (រមែងមានដល់ព្រះអង្គ) បពិត្រព្រះសម្មតិទេព សូមព្រះអង្គកុំទិវង្គត ប្រកបដោយសេចក្តីអាល័យឡើយ (ព្រោះថា) កាលកិរិយារបស់បុគ្គល ដែលមានសេចក្តីអាល័យ តែងនាំមកនូវសេចក្តីទុក្ខ មួយទៀត កាលកិរិយារបស់បុគ្គលដែលមានសេចក្តីអាល័យ អ្នកប្រាជ្ញតែងតិះដៀល បពិត្រព្រះសម្មតិទេព ឯនគរ៨៤០០០ របស់ព្រះអង្គទាំងនេះ មាននគរកុសាវតីរាជធានី ជាប្រធាន បពិត្រព្រះសម្មតិទេព សូមទ្រង់លះបង់នូវសេចក្តីស្រឡាញ់ ចំពោះនគរទាំងនុ៎ះ សូមទ្រង់កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ប្រាសាទ៨៤០០០ របស់ព្រះអង្គនេះ។បេ។ សូមទ្រង់កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព កូដាគារដ្ឋាន៨៤០០០របស់ព្រះអង្គ។បេ។ សូមទ្រង់កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព បល្លង្ក៨៤០០០ របស់ព្រះអង្គនេះ សុទ្ធសឹងតែមាស ប្រាក់ ភ្លុក កែវមរកត ក្រាលដោយសំពត់ធ្វើដោយរោមសត្វសាហាវ ក្រាលដោយសំពត់ធ្វើដោយរោមសត្វមានពណ៌ស ក្រាលដោយសំពត់ធ្វើដោយរោមសត្វមានផ្កាចង្កោម ក្រាលដោយកម្រាលដ៏ល្អ ដែលធ្វើដោយស្បែកប្រើស មានខ្នើយពណ៌ក្រហមទាំងសងខាង ព្រមទាំងពិតាន ពណ៌ក្រហមទាំងសងខាង បពិត្រព្រះសម្មតិទេព សូមទ្រង់លះបង់នូវសេចក្តីស្រឡាញ់ ចំពោះបល្លង្កទាំងនុ៎ះចេញ សូមទ្រង់កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ដំរី៨៤០០០របស់ព្រះអង្គនេះ មានដំរីឈ្មោះឧបោសថនាគរាជ ជាប្រធាន សឹងមានអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាស បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ក្នុងដំរីទាំងនុ៎ះចេញ សូមទ្រង់ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព សេះ ៨៤០០០របស់ព្រះអង្គនេះ មានសេះឈ្មោះវលាហកអស្សរាជ ជាប្រធាន សឹងមានអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាស បពិត្រព្រះសម្មតិទេព សូមទ្រង់លះបង់នូវសេចក្តីស្រឡាញ់ ចំពោះសេះទាំងនុ៎ះចេញ សូមទ្រង់កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព រាជរថ៨៤០០០របស់ព្រះអង្គនេះ មានវេជយន្តរថ ជាប្រធាន ដែលពាសដោយស្បែកសីហៈ ស្បែកខ្លាធំ ដោយស្បែកខ្លាដំបង ដោយសំពត់កម្ពល មានពណ៌លឿង សឹងមានអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាស បពិត្រព្រះសម្មតិទេព សូមទ្រង់លះបង់នូវសេចក្តីស្រឡាញ់ ចំពោះរាជរថទាំងនុ៎ះ សូមទ្រង់កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព កែវមណី ៨៤០០០របស់ព្រះអង្គនេះ មានមណិរ័តន៍ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមទ្រង់លះបង់នូវសេចក្តីស្រឡាញ់ ចំពោះកែវមណិទាំងនុ៎ះចេញ សូមទ្រង់កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ស្ត្រី៨៤០០០ របស់ព្រះអង្គនេះ មានព្រះនាងសុភទ្ទាទេវី ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គលះបង់នូវសេចក្តីស្រឡាញ់ ចំពោះស្រ្តីទាំងនុ៎ះចេញ សូមព្រះអង្គកុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព គហបតី ៨៤០០០របស់ព្រះអង្គនេះ មានគហបតីរ័តន៍ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះគហបតីទាំងនុ៎ះ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ពួកក្សត្រិយ៍ ៨៤០០០របស់ព្រះអង្គនេះ មានបរិនាយករ័តន៍ ជាប្រធាន ជាអ្នកចុះចូល បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះក្សត្រិយ៍ទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព មេគោ៨៤០០០របស់ព្រះអង្គនេះ សម្រាប់រូតបង្ហូរ (យកទឹកដោះ) មានភាជន៍សំរិទ្ធិសម្រាប់ត្រង បពិត្រព្រះសម្មតិទេព សូមព្រះអង្គលះបង់នូវសេចក្តីស្រឡាញ់ ចំពោះមេគោទាំងនុ៎ះ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព សំពត់៨៤០០០កោដិ របស់ព្រះអង្គនេះ ជាសំពត់ដែលត្បាញដោយសម្បកឈើ មានសាច់ដ៏ល្អិត សំពត់ធ្វើដោយកប្បាស មានសាច់ដ៏ល្អិត សំពត់ធ្វើដោយសូត្រ មានសាច់ដ៏ល្អិត សំពត់កម្ពល គឺសំពត់ត្បាញដោយរោមសត្វ មានសាច់ដ៏ល្អិត បពិត្រព្រះសម្មតិទេព សូមព្រះអង្គលះបង់នូវសេចក្តីស្រឡាញ់ ចំពោះសំពត់ទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ភាជន៍ក្រយាស្ងោយ ៨៤០០០ របស់ព្រះអង្គនេះ ដែលពួកពិសេស តែងនាំយកភត្តមកថ្វាយ ទាំងល្ងាច ទាំងព្រឹក បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះភាជន៍ក្រយាស្ងោយទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ។ ម្នាលអានន្ទ កាលបើព្រះបាទមហាសុទស្សនៈ ទ្រង់មានព្រះរាជឱង្ការបង្គាប់ឲ្យនាងទេវី រៀបរាប់យ៉ាងនេះហើយ ព្រះនាងសុភទ្ទាទេវី ក៏ទ្រង់ព្រះកន្សែង សោយសោក ស្រក់ទឹកព្រះនេត្រ។ ម្នាលអានន្ទ លំដាប់នោះ ព្រះនាងសុភទ្ទាទេវី ទ្រង់ជូតទឹកព្រះនេត្រហើយ ក្រាបបង្គំទូលព្រះបាទមហាសុទស្សនៈ យ៉ាងនេះថា បពិត្រព្រះសម្មតិទេព សេចក្តីវិនាស ព្រាត់ប្រាស ឃ្លៀងឃ្លាតចាកសត្វ និងសង្ខារទាំងពួង ដែលជាទីស្រឡាញ់ ជាទីពេញចិត្ត (រមែងមានដល់ព្រះអង្គ) បពិត្រព្រះសម្មតិទេព សូមទ្រង់កុំទិវង្គត ប្រកបដោយសេចក្តីអាល័យឡើយ (ព្រោះថា) កាលកិរិយារបស់បុគ្គល ដែលមានសេចក្តីអាល័យ តែងនាំមកនូវសេចក្តីទុក្ខ មួយទៀត កាលកិរិយារបស់បុគ្គលដែលមានសេចក្តីអាល័យ អ្នកប្រាជ្ញតែងតិះដៀល បពិត្រព្រះសម្មតិទេព ឯនគរ៨៤០០០ របស់ព្រះអង្គទាំងនេះ មាននគរកុសាវតីរាជធានី ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីអាល័យ ចំពោះនគរទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ប្រាសាទ៨៤០០០ របស់ព្រះអង្គនេះ មានធម្មប្រាសាទ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះប្រាសាទទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព កូដាគារដ្ឋាន៨៤០០០របស់ព្រះអង្គនេះ មានកូដាគារដ្ឋានប្រាក់ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះកូដាគារដ្ឋានទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព បល្លង្ក៨៤០០០ របស់ព្រះអង្គនេះ សុទ្ធតែមាស ប្រាក់ ភ្លុក កែវមរកត ដែលក្រាលដោយសំពត់ ធ្វើដោយរោមសត្វសាហាវ ក្រាលដោយសំពត់ធ្វើដោយរោមសត្វមានពណ៌ស ក្រាលដោយសំពត់ធ្វើដោយរោមសត្វមានផ្កាចង្កោម ក្រាលដោយកម្រាលដ៏ល្អ ដែលធ្វើដោយស្បែកប្រើស មានខ្នើយពណ៌ក្រហមទាំងសងខាង ព្រមទាំងពិតាន ពណ៌ក្រហមទាំងសងខាង បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះបល្លង្កទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ដំរី៨៤០០០ មានដំរីឈ្មោះឧបោសថនាគរាជ ជាប្រធាន របស់ព្រះអង្គនេះ សឹងមានអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាស បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ក្នុងដំរីទាំងនុ៎ះចេញ សូមទ្រង់ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព សេះ ៨៤០០០របស់ព្រះអង្គនេះ មានសេះឈ្មោះវលាហកអស្សរាជ ជាប្រធាន សឹងមានអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាស បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះសេះទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព រថ៨៤០០០របស់ព្រះអង្គនេះ មានវេជយន្តរថ ជាប្រធាន ដែលពាសដោយស្បែកសីហៈ ដោយស្បែកខ្លាធំ ដោយស្បែកខ្លាដំបង ដោយសំពត់កម្ពល មានពណ៌លឿង មានអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាស បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះរាជរថទាំងនុ៎ះចេញ សូមទ្រង់កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព កែវមណី ៨៤០០០ មានមណិរ័តន៍ ជាប្រធាន របស់ព្រះអង្គនេះ បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះកែវមណីទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ពួកស្ត្រី៨៤០០០ របស់ព្រះអង្គនេះ មានឥត្ថីរ័តន៍ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះស្រ្តីទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ពួកគហបតី ៨៤០០០របស់ព្រះអង្គនេះ មានគហបតីរ័តន៍ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះគហបតីទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ពួកក្សត្រិយ៍ ៨៤០០០របស់ព្រះអង្គនេះ មានបរិនាយករ័តន៍ ជាប្រធាន ជាអ្នកចុះចូលព្រះអង្គ បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះពួកក្សត្រិយ៍ទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព មេគោ៨៤០០០ សម្រាប់រូតបង្ហូរ (យកទឹកដោះ) មានភាជន៍សំរិទ្ធិសម្រាប់ត្រង របស់ព្រះអង្គនេះ បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះមេគោទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព សំពត់៨៤០០០កោដិ របស់ព្រះអង្គនេះ ជាសំពត់ដែលធ្វើដោយសម្បកឈើ មានសាច់ដ៏ល្អិត សំពត់ធ្វើដោយកប្បាស មានសាច់ដ៏ល្អិត សំពត់ធ្វើដោយសូត្រ មានសាច់ដ៏ល្អិត សំពត់កម្ពល គឺសំពត់ធ្វើដោយរោមសត្វ មានសាច់ដ៏ល្អិត បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះសំពត់ទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ភាជន៍ក្រយាស្ងោយ ៨៤០០០ របស់ព្រះអង្គនេះ ដែលពួកពិសេស នាំយកភត្តមកថ្វាយ ទាំងល្ងាច ទាំងព្រឹក បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះភាជន៍ក្រយាស្ងោយទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ។
[២២] ម្នាលអានន្ទ គ្រានោះឯង មិនយូរប៉ុន្មាន ព្រះបាទមហាសុទស្សនៈ ស្តេចក៏ទ្រង់ទិវង្គតទៅ។ ម្នាលអានន្ទ គហបតីក្តី កូនគហបតីក្តី កាលបើបរិភោគភោជន ជាទីពេញចិត្តហើយ រមែងកើតសេចក្តីពុលបាយ ងងុយដេក យ៉ាងណាមិញ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ព្រះអង្គក៏សោយទុក្ខវេទនា មានមរណៈជាទីបំផុត ប្រហែលប៉ុណ្ណោះឯង។ ម្នាលអានន្ទ លុះដល់ព្រះបាទមហាសុទស្សនៈ ទ្រង់ទិវង្គតផុតទៅហើយ ទ្រង់បានទៅកើតឯសុគតិព្រហ្មលោក។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់ក្រសាលល្បែង ដោយសភាពជាកុមារ អស់៨៤០០០ឆ្នាំ ទ្រង់ទទួលទីជាឧបរាជ្យ អស់៨៤០០០ឆ្នាំ ទ្រង់សោយរាជ្យ អស់៨៤០០០ឆ្នាំ ទ្រង់ភេទជាឃរាវាស ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងធម្មប្រាសាទ អស់៨៤០០០ឆ្នាំ។ ព្រះអង្គចម្រើនព្រហ្មវិហារធម៌ទាំង៤ លុះរំលាងរាងកាយ ខាងមុខអំពីមរណភាព ក៏ទៅកើតក្នុងព្រហ្មលោក។
[២៣] ម្នាលអានន្ទ បើមានពាក្យងឿងឆ្ងល់ យ៉ាងនេះថា ក្នុងសម័យនោះ ព្រះបាទមហាសុទស្សនៈ ជាបុគ្គលដទៃ (ក្រៅពីពោធិសត្វ) ឬ ម្នាលអានន្ទ ដំណើរនេះ បុគ្គលមិនគប្បីយល់ឃើញ យ៉ាងនោះឡើយ តថាគត បានកើតជាព្រះបាទមហាសុទស្សនៈ ក្នុងសម័យនោះ នគរ៨៤០០០ មានកុសាវតីរាជធានី ជាប្រធាននោះ ជារបស់តថាគត ប្រាសាទ៨៤០០០ មានធម្មប្រាសាទ ជាប្រធាននោះ ជារបស់តថាគត កូដាគារដ្ឋាន៨៤០០០ មានកូដាគារដ្ឋានប្រាក់ ជាប្រធាននោះ ជារបស់តថាគត បល្លង្ក៨៤០០០ ដែលជាមាស ប្រាក់ ភ្លុក កែវមរកត ក្រាលដោយសំពត់ ធ្វើដោយរោមសត្វសាហាវ ក្រាលដោយសំពត់ធ្វើដោយរោមសត្វមានពណ៌ស ក្រាលដោយសំពត់ធ្វើដោយរោមសត្វមានផ្កាចង្កោម ក្រាលដោយកម្រាលដ៏ល្អ ដែលធ្វើដោយស្បែកប្រើស មានខ្នើយពណ៌ក្រហមទាំងសងខាង ព្រមទាំងពិតាន ក៏ពណ៌ក្រហមទាំងសងខាងនោះ ជារបស់តថាគត ដំរី៨៤០០០ មានដំរីឈ្មោះឧបោសថនាគរាជ ជាប្រធាន សឹងមានអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាសនោះ ជារបស់តថាគត សេះ ៨៤០០០ មានសេះឈ្មោះវលាហកអស្សរាជ ជាប្រធាន សឹងមានអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាសនោះ ជារបស់តថាគត រាជរថ៨៤០០០ មានវេជយន្តរថ ជាប្រធាន ដែលពាសដោយស្បែកសីហៈ ដោយស្បែកខ្លាធំ ដោយស្បែកខ្លាដំបង ដោយសំពត់កម្ពល មានពណ៌លឿង មានអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាសនោះ ជារបស់តថាគត កែវមណី ៨៤០០០ មានមណិរ័តន៍ ជាប្រធាននោះ ជារបស់តថាគត ស្ត្រី៨៤០០០ មាននាងសុភទ្ទាទេវី ជាប្រធាននោះ ជារបស់តថាគត គហបតី ៨៤០០០ មានគហបតីរ័តន៍ ជាប្រធាននោះ ជារបស់តថាគត ពួកក្សត្រិយ៍ ៨៤០០០ មានបរិនាយករ័តន៍ ជាប្រធាន ជាអ្នកចុះចូលនោះ ជារបស់តថាគត មេគោ៨៤០០០ សម្រាប់រូតបង្ហូរ (យកទឹកដោះ) មានភាជន៍សំរិទ្ធិ សម្រាប់ត្រងនោះ ជារបស់តថាគត សំពត់៨៤០០០កោដិ ជាសំពត់ធ្វើដោយសម្បកឈើ មានសាច់ដ៏ល្អិត សំពត់ធ្វើដោយកប្បាស មានសាច់ដ៏ល្អិត សំពត់ធ្វើដោយសូត្រ មានសាច់ដ៏ល្អិត សំពត់ធ្វើដោយរោមសត្វ មានសាច់ដ៏ល្អិតនោះ ជារបស់តថាគត ភាជន៍ក្រយាស្ងោយ ៨៤០០០ ដែលពួកពិសេស នាំយកភត្តមកថ្វាយ ទាំងល្ងាច ទាំងព្រឹកនោះ ជារបស់តថាគត ម្នាលអានន្ទ បណ្តានគរទាំង៨៤០០០នោះឯង នគរទាំងនោះ ទុកដូចជានគរមួយ សម័យនោះ តថាគតគ្រប់គ្រងកុសាវតីរាជធានី ម្នាលអានន្ទ ប្រាសាទទាំង៨៤០០០នោះឯង មានប្រាសាទទាំងនោះ ទុកដូចជាប្រាសាទមួយ សម័យនោះ តថាគត គ្រប់គ្រងធម្មប្រាសាទ ម្នាលអានន្ទ បណ្តាកូដាគារដ្ឋានទាំង៨៤០០០នោះឯង មានកូដាគារដ្ឋានទាំងនោះ ទុកដូចជាកូដាគារដ្ឋានមួយ សម័យនោះ តថាគត គ្រប់គ្រងកូដាគារដ្ឋានប្រាក់ ម្នាលអានន្ទ បណ្តាបល្លង្កទាំង៨៤០០០នោះឯង បល្លង្កទាំងនោះ ទុកដូចជាបល្លង្កមួយ សម័យនោះ តថាគត គ្រប់គ្រងបល្លង្កមាសផង ប្រាក់ផង ភ្លុកផង កែវមរកតផង ម្នាលអានន្ទ បណ្តាដំរីទាំង៨៤០០០នោះឯង ដំរីទាំងនោះ ទុកដូចជាដំរីមួយ សម័យនោះ តថាគត ជិះតែដំរីឧបោសថនាគរាជ ម្នាលអានន្ទ បណ្តាសេះទាំង៨៤០០០នោះឯង សេះទាំងនោះ ទុកដូចជាសេះមួយ សម័យនោះ តថាគត ជិះតែសេះវលាហកអស្សរាជ ម្នាលអានន្ទ បណ្តារាជរថទាំង៨៤០០០នោះឯង រាជរថទាំងនោះ ទុកដូចជារាជរថមួយ សម័យនោះ តថាគត ជិះតែវេជយន្តរាជរថ ម្នាលអានន្ទ បណ្តាស្ត្រីទាំង៨៤០០០នោះឯង ស្ត្រីទាំងនោះ ទុកដូចជាស្ត្រីម្នាក់ សម័យនោះ មានស្ត្រីខត្តិយាយិនី (ស្ត្រីក្សត្រិយ៍) ផង ស្ត្រីវេស្សាយិនី (ស្រី្តរាស្ត្រ)ផង តែងនៅចាំគាល់បម្រើ ម្នាលអានន្ទ បណ្តាសំពត់ទាំង៨៤០០០កោដិនោះឯង គូសំពត់ទាំងនោះ ទុកដូចជាសំពត់១គូ សម័យនោះ តថាគតស្លៀកពាក់តែសំពត់ដែលធ្វើដោយសម្បកឈើ មានសាច់ដ៏ល្អិត ឬសំពត់ធ្វើដោយកប្បាស មានសាច់ដ៏ល្អិត សំពត់ធ្វើដោយសូត្រ មានសាច់ដ៏ល្អិត ឬសំពត់ធ្វើដោយរោមសត្វ មានសាច់ដ៏ល្អិត ម្នាលអានន្ទ ភាជន៍ក្រយាស្ងោយទាំង ៨៤០០០នោះឯង ភាជន៍ក្រយាស្ងោយទាំងនោះ ទុកដូចជាភាជន៍មួយ ក្នុងវេលាដែលតថាគតបរិភោគនូវបាយ ចំនួនអង្ករមួយនាឡិ ជាយ៉ាងក្រៃលែងផង សម្លដ៏សមគួរដល់បាយនោះផង ម្នាលអានន្ទ អ្នកចូរមើលចុះ សង្ខារទាំងពួងនោះកន្លងទៅហើយ រលាយរលត់ទៅហើយ ប្រែប្រួលទៅហើយ ម្នាលអានន្ទ សង្ខារទាំងឡាយ មិនទៀងយ៉ាងនេះឯង មិនឋិតថេរយ៉ាងនេះឯង មិនស្តាប់បង្គាប់យ៉ាងនេះឯង ម្នាលអានន្ទ សេចក្តីនេះ មានដរាបមក គួរដើម្បីនឿយណាយ គួរដើម្បីប្រាសចាកសេចក្តីត្រេកអរ គួរដើម្បីរួចស្រឡះចាកសង្ខារទាំងពួង ម្នាលអានន្ទ មួយទៀត កាលតថាគត ជាស្តេចចក្រពត្តិ ប្រកបដោយធម៌ សោយរាជ្យដោយធម៌ ជាឥស្សរៈលើផែនដី មានសមុទ្រទាំង៤ជាទីបំផុត ជាស្តេចឈ្នះសង្គ្រាម មានជនបទដ៏មាំមួន ប្រកបដោយរ័តន៍៧ប្រការ ដឹងច្បាស់នូវសរីរៈ ដែលគេកប់ទុកក្នុងប្រទេសនោះ ជាគំរប់៦ដង ការដាក់ចុះនូវសរីរៈ (របស់តថាគត) ជាគំរប់៧ដងនេះហើយ ម្នាលអានន្ទ ក្នុងលោក (នេះ) ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ក៏តថាគត មិនបានឃើញនូវប្រទេស ដែលជាទីដាក់ចុះនូវសរីរៈជាគំរប់៨ឡើយ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះចប់ហើយ កាលខាងក្រោយមក ព្រះសុគត ជាសាស្តា បានត្រាស់ពាក្យនេះទៀតថា
[២៤] អនិច្ចា វត សង្ខារា ឧប្បាទវយធម្មិនោ
ឧប្បជ្ជិត្វា និរុជ្ឈន្តិ
តេសំ វូបសមោ សុខោតិ។
[២៤] ឱហ្ន៎ សង្ខារទាំងឡាយមិនទៀង មានសភាពកើតឡើងហើយ តែងវិនាសទៅវិញជាធម្មតា លុះកើតឡើងហើយ តែងរលត់ទៅវិញ ការរម្ងាប់នូវសង្ខារទាំងនោះបាន ទើបនាំមកនូវសេចក្តីសុខ។
ចប់ មហាសុទស្សនសូត្រ ទី៤។