តិបិដក (មូល) » សុត្តបិដក » ទីឃនិកាយ » មហាវគ្គ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
dn 18 បាលី cs-km: sut.dn.18 អដ្ឋកថា: sut.dn.18_att PTS: ?
(ទី៥) ជនវសភសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
sut.dn.18.aac
(៥. ជនវសភសុត្តំ)
[២៥] ខ្ញុំបានស្តាប់ហើយយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងលំនៅដែលធ្វើដោយឥដ្ឋ ជិតនាទិកគ្រាម។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ព្យាករ ក្នុងកំណើតនៃបញ្ញា និងគតិ និងបុណ្យចំពោះជនដែលជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាល កន្លងទៅយូរហើយ ក្នុងជនបទទាំងឡាយជុំវិញ គឺកាសីជនបទ១ កោសលជនបទ១ វជ្ជីជនបទ១ មល្លជនបទ១ ចេតិជនបទ១ វំសជនបទ១ កុរុជនបទ១ បញ្ចាលជនបទ១ មច្ឆជនបទ១ សុរសេនជនបទ១ថា ជនឯណោះ ទៅកើតក្នុងទីឯណោះ ជនឯណោះ ទៅកើតក្នុងទីឯណោះ ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង៥០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ មានសភាពជាឱបបាតិកសត្វ បរិនិព្វានក្នុងលោកនោះ មានសភាវៈមិនត្រឡប់ចាកលោកនោះ ព្រោះអស់ទៅនៃសំយោជនៈទាំង៥ ជាចំណែកខាងក្រោម ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង៩០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសកទាគាមិបុគ្គល នឹងមកកាន់លោកនេះម្តងទៀត ហើយធ្វើនូវទីបំផុតនៃទុក្ខ ព្រោះអស់ទៅនៃសំយោជនៈ៣ តែនៅមានរាគៈ ទោសៈ មោហៈ ដែលស្រាលស្តើង1) ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង៥០០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសោតាបន្នបុគ្គល មានសភាវៈមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ ព្រោះអស់ទៅនៃសំយោជនៈ៣។
[២៦] ពួកជនជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែលនៅក្នុងនាទិកគ្រាម បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់ព្យាករក្នុងកំណើតនៃបញ្ញា និងគតិ និងបុណ្យ ចំពោះពួកជនដែលជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ក្នុងជនបទទាំងឡាយជុំវិញ គឺកាសីជនបទ១ កោសលជនបទ១ វជ្ជីជនបទ១ មល្លជនបទ១ ចេតិជនបទ១ វំសជនបទ១ កុរុជនបទ១ បញ្ចាលជនបទ១ មច្ឆជនបទ១ សុរសេនជនបទ១ថា ជនឯណោះ ទៅកើតក្នុងទីឯណោះ ជនឯណោះ ទៅកើតក្នុងទីឯណោះ ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង៥០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ មានសភាពជាឱបបាតិកសត្វ បរិនិព្វានក្នុងលោកនោះ មានសភាវៈមិនត្រឡប់ចាកលោកនោះ ព្រោះអស់ទៅនៃសំយោជនៈ៥ ជាចំណែកខាងក្រោម ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង៩០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសកទាគាមិបុគ្គល នឹងមកកាន់លោកនេះម្តងទៀត ហើយធ្វើនូវទីបំផុតនៃទុក្ខ ព្រោះអស់ទៅនៃសំយោជនៈ៣ តែនៅមានរាគៈ ទោសៈ មោហៈ ស្រាលស្តើង ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង៥០០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសោតាបន្នបុគ្គល មានសភាវៈមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ ព្រោះអស់ទៅនៃសំយោជនៈ៣។ ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បានស្តាប់បញ្ហាព្យាករណ៍ របស់ព្រះមានព្រះភាគហើយ ក៏មានចិត្តត្រេកអរ រីករាយ កើតបីតិ សោមនស្សឡើង ដោយដំណើរនៃអនាគាមិបុគ្គលជាដើមនោះ។
[២៧] ព្រះអានន្ទមានអាយុ បានឮថា ព្រះមានព្រះភាគ ទ្រង់ព្យាករក្នុងកំណើតនៃបញ្ញា និងគតិ និងបុណ្យ ចំពោះពួកជន ដែលជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ក្នុងជនបទទាំងឡាយជុំវិញ គឺកាសីជនបទ១ កោសលជនបទ១ វជ្ជីជនបទ១ មល្លជនបទ១ ចេតិជនបទ១ វំសជនបទ១ កុរុជនបទ១ បញ្ចាលជនបទ១ មច្ឆជនបទ១ សុរសេនជនបទ១ថា ជនឯណោះ ទៅកើតក្នុងទីឯណោះ ជនឯណោះ ទៅកើតក្នុងទីឯណោះ ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង៥០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ មានសភាពជាឱបបាតិកសត្វ បរិនិព្វានក្នុងលោកនោះ មានសភាវៈមិនត្រឡប់ចាកលោកនោះ ព្រោះអស់ទៅនៃសំយោជនៈ៥ ជាចំណែកខាងក្រោម ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង៩០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសកទាគាមិបុគ្គល នឹងមកកាន់លោកនេះម្តងទៀត ហើយធ្វើនូវទីបំផុតនៃទុក្ខ ព្រោះអស់ទៅនៃសំយោជនៈ៣ តែនៅមានរាគៈ ទោសៈ មោហៈ ស្រាលស្តើង ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង៥០០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសោតាបន្នបុគ្គល មានសភាវៈមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ ព្រោះអស់ទៅនៃសំយោជនៈ៣ ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បានស្តាប់បញ្ហាព្យាករណ៍ របស់ព្រះមានព្រះភាគហើយ ក៏មានចិត្តត្រេកអរ រីករាយ កើតបីតិ សោមនស្សឡើង ដោយដំណើរ នៃអនាគាមិបុគ្គលជាដើមនោះ។ គ្រានោះ ព្រះអានន្ទមានអាយុ មានសេចក្តីត្រិះរិះថា ពួកជនអ្នកនៅក្នុងមគធជនបទទាំងនេះ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មានចំនួនច្រើននាក់ផង ជាអ្នកដឹងរាត្រីយូរផង ធ្វើមរណកាលកន្លងទៅយូរហើយ ដែនអង្គៈ និងដែនមគធៈ ហាក់ដូចជាសូន្យចាកមនុស្ស អ្នកមគធៈ ដែលជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជនទាំងនោះ សុទ្ធតែជាអ្នកជ្រះថ្លាក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទាំងធ្វើនូវការបំពេញកិច្ចក្នុងសីល ជនទាំងនោះ ធ្វើមរណកាលកន្លងទៅយូរហើយ ព្រះមានព្រះភាគ មិនបានព្យាករឡើយ ប្រសិនបើទ្រង់ព្យាករនូវជនទាំងនោះ ដោយប្រពៃហើយ ជនច្រើននាក់គប្បីជ្រះថ្លា គប្បីទៅកាន់សុគតិ ដោយសេចក្តីជ្រះថ្លានោះ ចំណែកខាងព្រះបាទមាគធសេនិយពិម្ពិសារនេះ ព្រះអង្គជាធម្មិកធម្មរាជ ទ្រង់បានធ្វើប្រយោជន៍ឲ្យដល់ពួកព្រាហ្មណ៍ និងគហបតី អ្នកនៅក្នុងនិគមជនបទ បានឮថា ពួកមនុស្សនិយាយសរសើរព្រះរាជានោះថា ព្រះរាជានោះ ជាធម្មិកធម្មរាជ ទ្រង់ធ្វើសេចក្តីសុខដល់យើងទាំងឡាយ យ៉ាងនេះហើយ ទ្រង់ទិវង្គតទៅ យើងទាំងឡាយ ក៏នៅជាសុខសប្បាយ ក្នុងដែនរបស់ព្រះរាជានោះ ជាធម្មិកធម្មរាជយ៉ាងនេះ ព្រះរាជានោះ ទ្រង់ជ្រះថ្លា ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទ្រង់ធ្វើនូវការបំពេញកិច្ចក្នុងសីល បានឮថា ពួកមនុស្សនាំគ្នានិយាយយ៉ាងនេះថា ព្រះបាទមាគធសេនិយពិម្ពិសារ ព្រះអង្គ តែងមានព្រះរាជឱង្ការសរសើរព្រះមានព្រះភាគ ដរាបដល់មរណកាល ហើយទ្រង់ទិវង្គតទៅដូច្នេះ លុះព្រះរាជានោះ ទ្រង់ទិវង្គតកន្លងទៅយូរហើយ ព្រះមានព្រះភាគ មិនទ្រង់ព្យាករសោះ ប្រសិនបើទ្រង់ព្យាករ នូវព្រះរាជានោះ ដោយប្រពៃហើយ ជនច្រើននាក់ គប្បីជ្រះថ្លា គប្បីទៅកាន់សុគតិ ដោយសេចក្តីជ្រះថ្លានោះ សម្ពោធិញ្ញាណរបស់ព្រះមានព្រះភាគ រមែងមាននៅក្នុងពួកជន ដែលនៅក្នុងដែនមគធៈ កាលបើសម្ពោធិញ្ញាណ របស់ព្រះមានព្រះភាគ មាននៅក្នុងពួកជន ដែលនៅក្នុងដែនមគធៈណាហើយ ហេតុអ្វី ព្រះមានព្រះភាគ មិនទ្រង់ព្យាករ ក្នុងកំណើតនៃបញ្ញា និងគតិ និងបុណ្យ ចំពោះពួកជន អ្នកនៅក្នុងដែនមគធៈនោះ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ បើព្រះមានព្រះភាគ មិនទ្រង់ព្យាករក្នុងកំណើតនៃបញ្ញា និងគតិ និងបុណ្យ ចំពោះពួកជន អ្នកនៅក្នុងដែនមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយនោះទេ ពួកជនដែលនៅក្នុងដែនមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ក៏កើតមានសេចក្តីតូចចិត្ត ដោយហេតុនោះពុំខាន ពួកជនដែលមាននៅក្នុងដែនមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ កើតមានសេចក្តីតូចចិត្ត ដោយហេតុណា ហេតុអ្វី បានជាព្រះមានព្រះភាគ មិនទ្រង់ព្យាករ ចំពោះពួកជននោះ ដោយហេតុនោះសោះ។ ព្រះអានន្ទមានអាយុ ប្រារព្ធនូវពួកជន អ្នកនៅក្នុងដែនមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ហើយពិចារណានូវហេតុនេះ ក្នុងទីស្ងាត់តែម្នាក់ឯង លុះក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮដូច្នេះថា ព្រះមានព្រះភាគ ទ្រង់ព្យាករ ក្នុងកំណើតនៃបញ្ញា និងគតិ និងបុណ្យ ចំពោះពួកជន ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ក្នុងជនបទទាំងឡាយជុំវិញ គឺកាសីជនបទ១ កោសលជនបទ១ វជ្ជីជនបទ១ មល្លជនបទ១ ចេតិជនបទ១ វំសជនបទ១ កុរុជនបទ១ បញ្ចាលជនបទ១ មច្ឆជនបទ១ សុរសេនជនបទ១ថា ជនឯណោះ ទៅកើតក្នុងទីឯណោះ ជនឯណោះ ទៅកើតក្នុងទីឯណោះ ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង៥០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ មានសភាពជាឱបបាតិកសត្វ បរិនិព្វានក្នុងលោកនោះ មានសភាវៈមិនត្រឡប់ចាកលោកនោះ ព្រោះអស់ទៅនៃសំយោជនៈ៥ ជាចំណែកខាងក្រោម ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង៩០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសកទាគាមិបុគ្គល នឹងមកកាន់លោកនេះម្តងទៀត ហើយធ្វើនូវទីបំផុតនៃទុក្ខបាន ព្រោះអស់ទៅនៃសំយោជនៈ៣ តែនៅមានរាគៈ ទោសៈ មោហៈ ស្រាលស្តើង ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង៥០០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសោតាបន្នបុគ្គល មានសភាវៈមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ ព្រោះអស់ទៅនៃសំយោជនៈ៣ ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បានស្តាប់បញ្ហាព្យាករណ៍ របស់ព្រះមានព្រះភាគហើយ ក៏មានចិត្តត្រេកអរ រីករាយ កើតបីតិ សោមនស្សឡើង ដោយដំណើរ នៃអនាគាមិបុគ្គលជាដើមនោះ បពិត្រព្រះអង្គដ៏ចំរើន ពួកជនអ្នកនៅក្នុងមគធជនបទទាំងនេះ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មានចំនួនច្រើននាក់ផង ជាអ្នកដឹងរាត្រីយូរផង ធ្វើមរណកាលកន្លងទៅយូរហើយ ដែនអង្គៈ និងដែនមគធៈ ហាក់ដូចជាសូន្យចាកពួកជន អ្នកដែនមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ បពិត្រព្រះអង្គដ៏ចំរើន ពួកជននោះ សុទ្ធតែជាអ្នកជ្រះថ្លា ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទាំងធ្វើនូវការបំពេញកិច្ចក្នុងសីល ពួកជននោះ ធ្វើមរណកាលកន្លងទៅយូរហើយ ព្រះមានព្រះភាគ មិនទាន់បានទ្រង់ព្យាករសោះ ប្រសិនបើទ្រង់ព្យាករ នូវពួកជននោះ ដោយប្រពៃហើយ ជនច្រើននាក់ គប្បីជ្រះថ្លា គប្បីទៅកាន់សុគតិ ដោយសេចក្តីជ្រះថ្លានោះ បពិត្រព្រះអង្គដ៏ចំរើន ចំណែកព្រះបាទមាគធសេនិយពិម្ពិសារនេះ ព្រះអង្គជាធម្មិកធម្មរាជ ទ្រង់ធ្វើនូវប្រយោជន៍ឲ្យដល់ពួកព្រាហ្មណ៍ និងគហបតី អ្នកនៅក្នុងនិគម និងជនបទដែរ បានឮថា ពួកមនុស្ស និយាយសរសើរព្រះរាជានោះថា ព្រះរាជានោះ ជាធម្មិកធម្មរាជ ទ្រង់ធ្វើនូវសេចក្តីសុខ ឲ្យដល់យើងទាំងឡាយ យ៉ាងនេះ ហើយទ្រង់ទិវង្គតទៅ យើងទាំងឡាយ ក៏នៅជាសុខសប្បាយ ក្នុងដែនរបស់ព្រះរាជានោះ ជាធម្មិកធម្មរាជយ៉ាងនេះ បពិត្រព្រះអង្គដ៏ចំរើន ព្រះរាជានោះ ក៏ជ្រះថ្លា ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទ្រង់ធ្វើនូវការបំពេញកិច្ចក្នុងសីលដែរ បានឮថា មនុស្សទាំងឡាយ នាំគ្នានិយាយយ៉ាងនេះថា ព្រះបាទមាគធសេនិយពិម្ពិសារ តែងមានព្រះរាជឱង្ការសរសើរព្រះមានព្រះភាគ ដរាបដល់មរណកាល ហើយទ្រង់ទិវង្គតទៅដូច្នេះ លុះព្រះរាជានោះ ទ្រង់ទិវង្គតកន្លងទៅយូរហើយ ព្រះមានព្រះភាគ មិនទាន់ទ្រង់ព្យាករឡើយ ប្រសិនបើទ្រង់ព្យាករព្រះរាជានោះ ដោយប្រពៃហើយ ជនច្រើននាក់ គប្បីជ្រះថ្លា គប្បីទៅកាន់សុគតិ ដោយសេចក្តីជ្រះថ្លានោះពុំខាន បពិត្រព្រះអង្គដ៏ចំរើន សម្ពោធិញ្ញាណ របស់ព្រះមានព្រះភាគ រមែងមាននៅក្នុងពួកជន អ្នកនៅក្នុងដែនមគធៈ បពិត្រព្រះអង្គដ៏ចំរើន កាលបើសម្ពោធិញ្ញាណ របស់ព្រះមានព្រះភាគ មាននៅក្នុងពួកជន អ្នកនៅក្នុងដែនមគធៈណាហើយ ហេតុអ្វី ក៏ព្រះមានព្រះភាគ មិនទ្រង់ព្យាករ ក្នុងកំណើតនៃបញ្ញា និងគតិ និងបុណ្យ ចំពោះពួកជន អ្នកនៅក្នុងដែនមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយនោះ បពិត្រព្រះអង្គដ៏ចំរើន បើព្រះមានព្រះភាគ មិនទ្រង់ព្យាករ ក្នុងកំណើតនៃបញ្ញា និងគតិ និងបុណ្យ ចំពោះពួកជន អ្នកនៅក្នុងដែនមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយនោះទេ ពួកជនអ្នកនៅក្នុងដែនមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ក៏កើតមានសេចក្តីតូចចិត្ត ដោយហេតុនោះពុំខាន ពួកជនអ្នកនៅក្នុងដែនមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ កើតមានសេចក្តីតូចចិត្ត ដោយហេតុណា ហេតុអ្វី បានជាព្រះមានព្រះភាគ មិនទ្រង់ព្យាករ ចំពោះពួកជននោះ ដោយហេតុនោះ។ ព្រះអានន្ទមានអាយុ ប្រារព្ធពួកជន អ្នកនៅក្នុងដែនមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើនូវវាចារៀបរាប់នេះ ក្នុងទីចំពោះព្រះភក្ត្រ ព្រះមានព្រះភាគ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។
[២៨] កាលព្រះអានន្ទមានអាយុ ចេញទៅមិនយូរប៉ុន្មាន លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រចីវរ ក្នុងបុព្វណ្ហសម័យ ទ្រង់ទៅកាន់នាទិកគ្រាម ដើម្បីបិណ្ឌបាត លុះស្តេចទៅបិណ្ឌបាត ក្នុងនាទិកគ្រាមហើយ ទ្រង់ត្រឡប់មកអំពីបិណ្ឌបាត ក្នុងកាលខាងក្រោយនៃភត្ត ទ្រង់លាងព្រះបាទ ហើយស្តេចចូលទៅកាន់លំនៅ ដែលធ្វើដោយឥដ្ឋ ទ្រង់ប្រារព្ធពួកជនអ្នកមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើឲ្យជាប្រយោជន៍ ទ្រង់ធ្វើទុកក្នុងព្រះហឫទ័យ ទ្រង់ពិចារណានូវហេតុទាំងអស់ដោយព្រះហឫទ័យ ហើយគង់លើអាសនៈ ដែលគេក្រាលថ្វាយ ទ្រង់ព្រះចិន្តាថា ពួកជនដ៏ចំរើននោះមានគតិយ៉ាងណា មានអភិសម្បរាយៈ (ភពខាងមុខ) យ៉ាងណា តថាគត ក៏ដឹងនូវញាណគតិ និងអភិសម្បរាយៈ របស់ជនទាំងនោះ យ៉ាងនោះដែរ។ ពួកជនដ៏ចំរើននោះ មានគតិយ៉ាងណា មានអភិសម្បរាយៈយ៉ាងណា ព្រះមានព្រះភាគ ទ្រង់បានឃើញនូវពួកជនអ្នកមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃយ៉ាងនោះដែរ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ទ្រង់ចេញអំពីលំនៅ ដែលធ្វើដោយឥដ្ឋ ទៅគង់លើអាសនៈ ដែលគេក្រាលថ្វាយ នៅត្រង់ម្លប់នៃវិហារ។
[២៩] លំដាប់នោះ ព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ឃើញនូវសេចក្តីស្ងប់រម្ងាប់ សម្បុរព្រះភក្ត្រ នៃព្រះមានព្រះភាគ រុងរឿងហួសប្រៀប ឥន្ទ្រិយក៏ជ្រះថ្លា យ៉ាងវិសេស បពិត្រព្រះអង្គដ៏ចំរើន ក្នុងថ្ងៃនេះ ប្រហែលជាព្រះមានព្រះភាគ ទ្រង់គង់នៅ ដោយវិហារធម៌ដ៏ស្ងប់។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ អ្នកប្រារព្ធពួកជន អ្នកមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើនូវវាចារៀបរាប់ ចំពោះមុខតថាគត រួចក្រោកអំពីអាសនៈ ចេញទៅក្នុងកាលណា កាលនោះ តថាគត ក៏ត្រាច់ទៅបិណ្ឌបាត ក្នុងនាទិកគ្រាម លុះត្រឡប់មកពីបិណ្ឌបាត ក្នុងកាលខាងក្រោយនៃភត្ត លាងបាទា ហើយចូលទៅកាន់លំនៅ ដែលធ្វើដោយឥដ្ឋ បានប្រារព្ធពួកជនអ្នកមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ពិចារណានូវហេតុទាំងអស់ ដោយចិត្តដែរ ហើយអង្គុយលើអាសនៈ ដែលគេក្រាលថ្វាយ គិតថា ពួកជនដ៏ចំរើននោះ មានគតិយ៉ាងណា មានអភិសម្បរាយៈ យ៉ាងណា តថាគត ក៏ដឹងគតិ និងអភិសម្បរាយៈ របស់ជនទាំងនោះ យ៉ាងនោះដែរ ម្នាលអានន្ទ ពួកជនដ៏ចំរើននោះ មានគតិយ៉ាងណា មានអភិសម្បរាយៈយ៉ាងណា តថាគត បានឃើញពួកជនអ្នកមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃយ៉ាងនោះដែរ ម្នាលអានន្ទ ស្រាប់តែមានយក្ស មានខ្លួនកំបាំងបាត់ មកស្រែកបន្លឺសំឡេងថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គឈ្មោះ ជនវសភៈ បពិត្រព្រះសុគត ខ្ញុំព្រះអង្គឈ្មោះ ជនវសភៈ ម្នាលអានន្ទ ក្នុងកាលមុន អំពីកាលនេះ អ្នកធ្លាប់បានឮឈ្មោះថា ជនវសភៈ យ៉ាងនេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងកាលមុន អំពីកាលនេះ ខ្ញុំព្រះអង្គ មិនធ្លាប់បានឮឈ្មោះថា ជនវសភៈ យ៉ាងនេះទេ បពិត្រព្រះអង្គដ៏ចំរើន រោមរបស់ខ្ញុំព្រះអង្គ ក៏ព្រឺព្រួចឡើង ព្រោះបានឮឈ្មោះថា ជនវសភៈ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ ដូច្នេះថា យក្សនោះ មិនមែនជាយក្សថោកថយឡើយ មានឈ្មោះថា ជនវសភៈ មានសភាពយ៉ាងនេះ ជាឈ្មោះដែលគេបញ្ញត្តហើយដោយល្អ។ ម្នាលអានន្ទ សូរសព្ទសំឡេង កើតប្រាកដហើយក្នុងចន្លោះ យក្សមានសម្បុរដ៏លើសលុប មកប្រាកដក្នុងទីចំពោះមុខតថាគត ស្រែកបន្លឺនូវសំឡេងជាគំរប់ពីរដងថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គឈ្មោះ ពិម្ពិសារ បពិត្រព្រះសុគត ខ្ញុំព្រះអង្គឈ្មោះ ពិម្ពិសារ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវខ្ញុំព្រះអង្គ បាននូវកំណើតជាគំរប់៧នេះ ជាមួយនឹងមហារាជឈ្មោះ វេស្សវ័ណ លុះខ្ញុំព្រះអង្គ ច្យុតអំពីអត្តភាពនេះទៅហើយ ទៅកើតជាស្តេចក្នុងពួកមនុស្ស។
[៣០] ខ្ញុំព្រះអង្គ ច្យុតចាកទេវលោកនេះ៧ដង ច្យុតចាកមនុស្សលោកនោះ៧ដង អន្ទោលទៅមក ត្រូវជា១៤ដង ពីដើម ខ្ញុំព្រះអង្គ ធ្លាប់នៅក្នុងលំនៅណា ខ្ញុំព្រះអង្គ ក៏ស្គាល់ច្បាស់នូវលំនៅនោះ។
បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាបុគ្គលមិនធ្លាក់ចុះ ដឹងច្បាស់នូវដំណើរមិនធ្លាក់ចុះ អស់កាលជាអង្វែង ទាំងសេចក្តីប៉ុនប៉ងរបស់ខ្ញុំព្រះអង្គ ដើម្បីសកទាគាមិមគ្គ ក៏តាំងនៅល្អ។ ជនវសភយក្ស ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាបុគ្គលមិនធ្លាក់ចុះ ដឹងច្បាស់នូវដំណើរមិនធ្លាក់ចុះ អស់កាលជាអង្វែង ដូច្នេះក្តី2) ក្រាបទូលថា សេចក្តីប៉ុនប៉ងរបស់ខ្ញុំព្រះអង្គ ដើម្បីសកទាគាមិមគ្គ ក៏តាំងនៅល្អ ដូច្នេះក្តី3) ជនវសភយក្សមានអាយុ បានឈ្មោះថា ស្គាល់នូវកិរិយាត្រាស់ដឹង នូវគុណវិសេសដ៏លើសលុប មានសភាពយ៉ាងនេះ ព្រោះហេតុណា ហេតុនេះជាអស្ចារ្យ របស់ជនវសភយក្សមានអាយុ ហេតុនេះ ជាហេតុចំឡែករបស់ជនវសភយក្សមានអាយុ។ ជនវសភយក្ស ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ មិនមែនជាខាងក្រៅសាសនា របស់ព្រះអង្គទេ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ មិនមែនជាខាងក្រៅសាសនា របស់ព្រះអង្គទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានជ្រះថ្លា ចំពោះព្រះមានព្រះភាគដោយពិតជាដម្បូងក្នុងថ្ងៃណា បពិត្រព្រះអង្គដ៏ចំរើន តាំងអំពីថ្ងៃនោះជាដើម ខ្ញុំព្រះអង្គ ជាបុគ្គលមិនធ្លាក់ចុះ ដឹងច្បាស់នូវដំណើរមិនធ្លាក់ចុះ អស់កាលជាអង្វែង ទាំងសេចក្តីប៉ុនប៉ងរបស់ខ្ញុំព្រះអង្គ ដើម្បីសកទាគាមិមគ្គ ក៏តាំងនៅល្អ បពិត្រព្រះអង្គដ៏ចំរើន វេស្សវណមហារាជ ប្រើខ្ញុំព្រះអង្គទៅក្នុងសំណាក់វិរូឡ្ហកមហារាជ ដោយកិច្ចនីមួយក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គ បានឃើញព្រះមានព្រះភាគ ទ្រង់ចូលទៅកាន់លំនៅ ដែលធ្វើដោយឥដ្ឋ ត្រង់ពាក់កណ្តាលផ្លូវ ទ្រង់ប្រារព្ធពួកជនអ្នកមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ហើយធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងព្រះហឫទ័យ ពិចារណានូវហេតុទាំងអស់ ដោយព្រះហឫទ័យ ហើយទ្រង់គង់នៅ ទ្រង់ព្រះចិន្តាថា អ្នកដ៏ចំរើនទាំងនោះ មានគតិយ៉ាងណា មានអភិសម្បរាយៈយ៉ាងណា តថាគត ក៏ដឹងនូវគតិ និងអភិសម្បរាយៈ របស់ជនទាំងនោះ យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចំរើន ពាក្យណា ដែលខ្ញុំព្រះអង្គបានទទួល គឺបានស្តាប់ក្នុងទីចំពោះព្រះភក្ត្រ នៃព្រះវេស្សវណមហារាជ ទ្រង់មានព្រះបន្ទូលក្នុងពពួកបរិសទ្យនោះថា អ្នកដ៏ចំរើនទាំងនោះ មានគតិយ៉ាងណា មានអភិសម្បរាយៈយ៉ាងណាដូច្នេះ ពាក្យនេះ ជាអស្ចារ្យដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ នឹងបានឃើញព្រះមានព្រះភាគផង នឹងបានក្រាបទូលពាក្យនេះ ចំពោះព្រះមានព្រះភាគផង បពិត្រព្រះអង្គដ៏ចំរើន ហេតុទាំងពីរ4) នេះឯង ដែលជាហេតុនាំឲ្យខ្ញុំព្រះអង្គ បានចូលមកឃើញព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន ថ្ងៃពីមុនៗមក ពួកទេវតាទាំងអស់ ដែលឋិតនៅក្នុងឋានតាវត្តិង្ស អង្គុយប្រជុំគ្នាក្នុងរោងសុធម្មា ក្នុងរាត្រី មានព្រះចន្ទពេញវង់ ជាថ្ងៃជិតចូលវស្សា គឺថ្ងៃឧបោសថទី១៥ ទាំងទេវបរិសទ្យជាច្រើន អង្គុយត្រៀបត្រាជុំវិញ មហារាជទាំង៤ ក៏គង់នៅគ្រប់ទិសទាំង៤ គឺមហារាជឈ្មោះ ធតរដ្ឋៈ គង់ក្នុងទិសខាងកើត បែរព្រះភក្ត្រទៅទិសខាងលិច មានពួកទេវតាចោមរោមជាបរិវារ មហារាជឈ្មោះ វិរូឡ្ហកៈ គង់ក្នុងទិសខាងត្បូង បែរព្រះភក្ត្រទៅទិសខាងជើង មានពួកទេវតាចោមរោមជាបរិវារ មហារាជឈ្មោះ វិរូបក្ខៈ គង់ក្នុងទិសខាងលិច បែរព្រះភក្ត្រទៅទិសខាងកើត មានពួកទេវតា ចោមរោមជាបរិវារ មហារាជឈ្មោះ វេស្សវ័ណ គង់ក្នុងទិសខាងជើង បែរព្រះភក្ត្រទៅទិសខាងត្បូង មានពួកទេវតាចោមរោមជាបរិវារ បពិត្រព្រះអង្គដ៏ចំរើន ពួកទេវតា ដែលនៅក្នុងឋានតាវត្តិង្សទាំងអស់ អង្គុយប្រជុំគ្នាក្នុងរោងសុធម្មា ទាំងទេវបរិសទ្យជាច្រើន ក៏អង្គុយត្រៀបត្រាជុំវិញ មហារាជទាំង៤ ក៏គង់ក្នុងទិសទាំង៤នេះ ជាអាសនៈរបស់មហារាជទាំង៤នោះ ឯអាសនៈរបស់យើងទាំងឡាយ នៅខាងក្រោយ បពិត្រព្រះអង្គដ៏ចំរើន ពួកទេវតាណា បានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះមានព្រះភាគហើយ ទៅកើតក្នុងពួកទេវតា ដែលនៅក្នុងឋានតាវត្តិង្ស ក្នុងកាលឥឡូវនេះ ពួកទេវតានោះ រមែងរុងរឿងជាងពួកទេវតាឯទៀត ដោយសម្បុរផង ដោយយសផង បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះ បានឮថា ពួកតាវត្តិង្សទេវតា មានចិត្តត្រេកអរ រីករាយ កើតបីតិសោមនស្សឡើងថា អើហ្ន៎ ពួកទិព្វកាយ នៅបរិបូណ៌ ពួកអសុរកាយ សាបសូន្យទៅ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ព្រះឥន្ទជាធំជាងទេវតាទាំងឡាយ ជ្រាបនូវសេចក្តីជ្រះថ្លា របស់ពួកតាវត្តិង្សទេវតាហើយ ក៏អនុមោទនា ដោយគាថា ទាំងឡាយនេះថា
[៣១] អើហ្ន៎ ទេវតាទាំងឡាយ ដែលនៅក្នុងឋានតាវត្តិង្ស ព្រមទាំងព្រះឥន្ទ នមស្ការ ចំពោះព្រះតថាគតផង ចំពោះព្រះធម៌ ជាធម៌ដ៏ល្អផង តែងធ្វើចិត្តឲ្យរីករាយ។ ពួកតាវត្តិង្សទេវតា បានឃើញពួកទេវតាថ្មីៗ ដែលមានសម្បុរកាយ មានយស មកក្នុងទីនេះបាន ព្រោះប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះសុគត។ ពួកទេវតានោះ រុងរឿងជាងពួកទេវតាឯទៀត ដោយសម្បុរកាយ ដោយយស និងអាយុ ពួកសាវ័ករបស់ព្រះសម្ពុទ្ធ មានប្រាជ្ញាដូចជាផែនដី ជាសាវ័កវិសេស បានចូលមកហើយ ក្នុងទីនេះ។ ពួកទេវតា ព្រមទាំងព្រះឥន្ទ នមស្ការ ចំពោះព្រះតថាគតផង ចំពោះព្រះធម៌ ជាធម៌ដ៏ល្អផង តែងធ្វើចិត្តឲ្យត្រេកអរ ព្រោះឃើញហេតុនេះ។
[៣២] បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះ បានឮថា ពួកតាវត្តិង្សទេវតា ក៏រឹងរឹតតែមានចិត្តត្រេកអរ រីករាយ កើតបីតិសោមនស្សឡើងថា អើហ្ន៎ ពួកទិព្វកាយនៅបរិបូណ៌ ពួកអសុរកាយ សាបសូន្យទៅ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកតាវត្តិង្សទេវតា អង្គុយប្រជុំគ្នា ក្នុងរោងសុធម្មា ដោយប្រយោជន៍ណា ក៏គិតនូវប្រយោជន៍នោះ5) ប្រឹក្សានូវប្រយោជន៍នោះ (ជាមួយនឹងមហារាជទាំង៤) មហារាជទាំង៤ ដែលពួកតាវត្តិង្សទេវតា បាននិយាយដាស់តឿន ក្នុងប្រយោជន៍នោះផង មហារាជទាំង៤ ដែលពួកតាវត្តិង្សទេវតា បាននិយាយប្រៀនប្រដៅ ក្នុងប្រយោជន៍នោះផង ក៏ឋិតនៅលើអាសនៈទាំងឡាយរាល់ៗខ្លួន មិនចៀសចេញទៅឡើយ។
ស្តេចទាំងនោះ ដែលទេវបុត្តទាំងនោះ បាននិយាយដាស់តឿនហើយ ក៏មានចិត្តជ្រះថ្លា ទទួលយកនូវពាក្យប្រៀនប្រដៅ ហើយក៏ឋិតនៅលើអាសនៈរបស់ខ្លួន។
[៣៣] បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពន្លឺដ៏ធំទូលាយ កើតឡើងក្នុងទិសខាងជើង រស្មីមានប្រាកដហើយ កន្លងនូវទេវានុភាព របស់ពួកទេវតា បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ព្រះឥន្ទ្រជាធំ ជាងពួកទេវតា ត្រាស់ហៅនូវពួកតាវត្តិង្សទេវតាមកថា ម្នាលគ្នាយើងទាំងឡាយ និមិត្តទាំងឡាយប្រាកដឡើង ពន្លឺកើតព្រម រស្មីមានប្រាកដដោយប្រការណា ព្រហ្មមុខជានឹងមានមកប្រាកដ ដោយប្រការនេះ ព្រោះថា ពន្លឺកើតព្រម រស្មីមានប្រាកដដោយហេតុណា ហេតុនុ៎ះ ជាបុព្វនិមិត្តរបស់ព្រហ្មនាំឲ្យមានប្រាកដ។
និមិត្តទាំងឡាយ ប្រាកដឡើង ដោយប្រការណា ព្រហ្មមុខជានឹងមានមកប្រាកដ ដោយប្រការនោះ រស្មីដ៏ធំទូលាយ មានប្រាកដ នេះជាបុព្វនិមិត្តរបស់ព្រហ្ម។
[៣៤] បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកតាវត្តិង្សទេវតាអង្គុយលើអាសនៈទាំងឡាយរបស់ខ្លួន ហើយគិតថា យើងទាំងឡាយ នឹងដឹងនូវរស្មីនេះ ផលនឹងមានដោយហេតុណា យើងទាំងឡាយ ស្គាល់ច្បាស់នូវហេតុនោះ ហើយសឹមទៅ។ ឯមហារាជទាំង៤ ក៏គង់លើអាសនៈទាំងឡាយរបស់ខ្លួន ដោយគិតថា យើងទាំងឡាយ នឹងដឹងនូវរស្មីនេះ ផលនឹងមានដោយហេតុណា យើងទាំងឡាយ ស្គាល់ច្បាស់នូវហេតុនោះ ហើយសឹមទៅ។ ពួកតាវត្តិង្សទេវតា បានឮពាក្យនេះហើយ ក៏មូលគំនិតគ្នា នាំគ្នាឈប់ស្ងៀម ដោយគិតថា យើងទាំងឡាយ នឹងដឹងនូវរស្មីនេះ ផលនឹងមានដោយហេតុណា យើងទាំងឡាយ ស្គាល់ច្បាស់នូវហេតុនោះ ហើយសឹមទៅ បពិត្រព្រះអង្គដ៏ចំរើន ព្រហ្មឈ្មោះសនង្កុមារ មានមកប្រាកដ ដល់ពួកតាវត្តិង្សទេវតា ក្នុងកាលណា ក៏និម្មិត្តអត្តភាព ដ៏លើសលុប មានមកប្រាកដក្នុងកាលនោះ បពិត្រព្រះអង្គដ៏ចំរើន សម្បុរជាប្រក្រតីណា របស់ព្រហ្ម ដែលពួកទេវតាមិនដែលឃើញ សម្បុរជាប្រក្រតីនោះ រមែងប្រាកដមក ក្នុងគន្លងចក្ខុ របស់ពួកតាវត្តិង្សទេវតា បពិត្រព្រះអង្គដ៏ចំរើន ព្រហ្មឈ្មោះសនង្កុមារ មានមកប្រាកដ ដល់ពួកតាវត្តិង្សទេវតា ក្នុងកាលណា ព្រហ្មនោះរុងរឿងជាងទេវតាដទៃ ដោយសម្បុរផង ដោយយសផង ក្នុងកាលនោះ បពិត្រព្រះអង្គដ៏ចំរើន រូបដែលធ្វើពីមាស រមែងរុងរឿងជាងរាងកាយ របស់មនុស្សធម្មតាដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម មានមកប្រាកដ ដល់ពួកតាវត្តិង្សទេវតា ក្នុងកាលណា ព្រហ្មនោះរុងរឿងជាងទេវតាដទៃ ដោយសម្បុរផង ដោយយសផង ក្នុងកាលនោះ ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម មានមកប្រាកដ ដល់ពួកតាវត្តិង្សទេវតា ក្នុងកាលណា ឥតមានទេវតាណាមួយ ក្នុងបរិសទ្យនោះសំពះ ឬក្រោកទទួល ឬអញ្ជើញដោយអាសនៈ ក្នុងកាលនោះឡើយ ពួកទេវតាទាំងអស់ ស្ងៀមព្រងើយ នាំគ្នាផ្គងអញ្ជលី អង្គុយលើបល្លង្ក សនង្កុមារព្រហ្ម ប្រាថ្នាចង់អង្គុយលើបល្លង្ករបស់ទេវតាណា ក៏អង្គុយលើបល្លង្ករបស់ទេវតានោះភ្លាម បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម អង្គុយលើបល្លង្ករបស់ទេវតាណា ទេវតានោះ រមែងបាននូវសេចក្តីត្រេកអរលើសលុប ទេវតានោះ រមែងបាននូវសេចក្តីសោមនស្សដ៏លើសលុប បពិត្រព្រះអង្គដ៏ចំរើន ក្សត្រជាស្តេចដែលបានមុទ្ធាភិសេកហើយ ទើបនឹងអភិសេកហើយថ្មីៗ ស្តេចនោះ រមែងបាននូវសេចក្តីត្រេកអរដ៏លើសលុប ដោយរាជសម្បត្តិ ស្តេចនោះ រមែងបាននូវសេចក្តីសោមនស្សដ៏លើសលុប មានឧបមាដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម អង្គុយលើបល្លង្ក របស់ទេវតាណា ទេវតានោះ រមែងបាននូវសេចក្តីត្រេកអរ ដ៏លើសលុប ទេវតានោះ រមែងបាននូវសេចក្តីសោមនស្សដ៏លើសលុប មានឧបមេយ្យ ដូច្នោះដែរ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ សនង្កុមារព្រហ្ម បាននិមិ្មតអត្តភាពដ៏លើសលុប ជាភេទនៃកុមារប្រហែលគ្នា នឹងបញ្ចសិខទេវបុត្ត6) មានមកប្រាកដ ដល់ពួកតាវត្តិង្សទេវតា ព្រហ្មនោះ ហោះឡើងទៅកាន់អាកាស អង្គុយពែនភ្នែនក្នុងអាកាសវាលធេង។ បពិត្រព្រះអង្គដ៏ចំរើន បុរសមានកំឡាំង អង្គុយពែនភ្នែនលើបល្លង្ក ដែលគេក្រាលល្អហើយ ឬលើភូមិភាគដ៏ស្មើ មានឧបមាដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម ហោះទៅកាន់អាកាស អង្គុយពែនភ្នែន ក្នុងអាកាស វាលធេង មានឧបមេយ្យដូច្នោះ ហើយជ្រាបនូវសេចក្តីជ្រះថ្លា របស់ពួកតាវត្តិង្សទេវតា ក៏អនុមោទនា ដោយគាថា ទាំងឡាយនេះថា
[៣៥] អើហ្ន៎ ពួកតាវត្តិង្សទេវតា ព្រមទាំងព្រះឥន្ទ្រ នមស្ការចំពោះព្រះតថាគតផង ចំពោះព្រះធម៌ផង ជាធម៌ដ៏ល្អផង ហើយធ្វើនូវចិត្តឲ្យរីករាយ។ ពួកតាវត្តិង្សទេវតា បានឃើញពួកទេវតាថ្មីៗ ដែលមានសម្បុរកាយ មានយស មកក្នុងទីនេះបាន ព្រោះប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះសុគត។ ពួកទេវតាថ្មីទាំងនោះ រមែងរុងរឿងជាងពួកទេវតាឯទៀត ដោយសម្បុរកាយ ដោយយស និងអាយុ ពួកទេវតាថ្មីទាំងនោះ ជាសាវ័ករបស់ព្រះសម្ពុទ្ធ មានប្រាជ្ញាដូចផែនដី ជាសាវ័កវិសេស បានចូលមកហើយ ក្នុងទីនេះ។ ពួកតាវត្តិង្សទេវតា ព្រមទាំងព្រះឥន្ទ្រ នមស្ការចំពោះព្រះតថាគតផង ចំពោះព្រះធម៌ ជាធម៌ដ៏ល្អផង ហើយធ្វើចិត្តឲ្យរីករាយ ព្រោះឃើញនូវហេតុនេះ។
[៣៦] បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលសនង្កុមារព្រហ្ម ពោលនូវសេចក្តីនេះ មានសំឡេងប្រកបដោយអង្គ៨ គឺសំឡេងក្បោះក្បាយ១ សំឡេងងាយយល់១ សំឡេងទន់ពីរោះ១ សំឡេងគួរស្តាប់១ សំឡេងគ្រលួច១ សំឡេងមិនគ្រាវ១ សំឡេងក្រអួន7) ១ សំឡេងរំពង8) ១។ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម ញុំាងបរិសទ្យចំនួនប៉ុន្មានក៏ដោយ ឲ្យដឹងច្បាស់ដោយសំឡេងបាន ឯសំឡេងរបស់ព្រហ្មនោះ មិនលាន់ឮចេញទៅខាងក្រៅបរិសទ្យឡើយ។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណាមានសំឡេង ប្រកបដោយអង្គ៨យ៉ាងនេះ បុគ្គលនោះហៅថា មានសំឡេងដូចសំឡេងព្រហ្ម។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សនង្កុមារព្រហ្ម និម្មិតអត្តភាពចំនួន៣៣ គង់លើបល្លង្កមួយៗរបស់ពួកតាវត្តិង្សទេវតា ហើយហៅពួកតាវត្តិង្សទេវតាមកថា ម្នាលអ្នកទាំងឡាយដ៏ចំរើន ពួកតាវត្តិង្សទេវតា សំគាល់ហេតុនោះដូចម្តេច ព្រះមានព្រះភាគអង្គនុ៎ះ ទ្រង់ប្រតិបត្តិ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលអ្នកទាំងឡាយដ៏ចំរើន បើពួកជនឯណានីមួយ ដល់នូវព្រះពុទ្ធ ជាទីពឹង ដល់នូវព្រះធម៌ ជាទីពឹង ដល់នូវព្រះសង្ឃ ជាទីពឹង ធ្វើនូវការបំពេញក្នុងសីលទាំងឡាយ ហើយពួកជននោះ លុះទម្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ ខ្លះក៏ទៅកើតជាមួយនឹងពួកទេវតាជាន់បរនិម្មិតវសវត្តី ខ្លះក៏ទៅកើតជាមួយនឹងពួកទេវតាជាន់និម្មានរតី ខ្លះក៏ទៅកើតជាមួយនឹងពួកទេវតាជាន់តុសិត ខ្លះក៏ទៅកើតជាមួយនឹងពួកទេវតាជាន់យាមៈ ខ្លះក៏ទៅកើតជាមួយនឹងពួកទេវតាជាន់តាវត្តិង្ស ខ្លះក៏ទៅកើតជាមួយនឹងពួកទេវតាជាន់ចាតុម្មហារាជិកា ពួកជនណា ញុំាងកាយទេវតា ដែលទន់ទាបជាងគេទាំងអស់ ឲ្យបរិបូណ៌ ពួកជនទាំងនោះ ក៏ញុំាងពួកគន្ធព្វ9) ឲ្យបរិបូណ៌។
[៣៧] បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលសនង្កុមារព្រហ្ម ពោលនូវសេចក្តីនេះ មានសំឡេងគឹកកង ពួកទេវតាសំគាល់ថា ព្រហ្មណា អង្គុយលើបល្លង្ករបស់អាត្មាអញ ព្រហ្មនោះ និយាយតែម្នាក់ឯង។
កាលបើសនង្កុមារព្រហ្ម និយាយតែម្នាក់ឯង ព្រហ្មនិម្មិត10) ទាំងអស់ ក៏និយាយដែរ កាលបើសនង្កុមារព្រហ្ម អង្គុយស្ងៀមតែម្នាក់ឯង ព្រហ្មនិម្មិតទាំងអស់នោះ ក៏ស្ងៀមដែរ។ ពួកតាវត្តិង្សទេវតា ព្រមទាំងព្រះឥន្ទ្រ សំគាល់សេចក្តីនោះថា ព្រហ្មណា អង្គុយលើបល្លង្ករបស់អាត្មាអញ ព្រហ្មនោះ និយាយតែម្នាក់ឯង។
[៣៨] បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សនង្កុមារព្រហ្ម ប្រមូលនូវខ្លួនដែលច្រើន ឲ្យមកជាខ្លួនតែមួយវិញ លុះប្រមូលនូវខ្លួនដែលច្រើន ឲ្យមកជាខ្លួនតែមួយវិញហើយ ក៏អង្គុយលើបល្លង្ក របស់ព្រះឥន្ទ្រ ជាធំជាងពួកទេវតា ហើយត្រាស់ហៅពួកតាវត្តិង្សទេវតា មកថា ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកតាវត្តិង្សទេវតា សំគាល់សេចក្តីនោះ ដូចម្តេច ឥទ្ធិបាទទាំង៤នេះ ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្តហើយដោយល្អ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឫទ្ធិឲ្យច្រើន ដើម្បីធ្វើឫទ្ធិឲ្យវិសេសឡើង ដើម្បីធ្វើឫទ្ធិឲ្យប្លែកៗ ឥទ្ធិបាទទាំង៤ នោះ តើដូចម្តេច ម្នាលអ្នកដ៏ចំរើន ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ11) និងបធានសង្ខារ12) ចំរើននូវឥទ្ធិបាទ ប្រកបដោយវិរិយសមាធិ និងបធានសង្ខារ ចំរើននូវឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ និងបធានសង្ខារ ចំរើននូវឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ម្នាលអ្នកដ៏ចំរើន ឥទ្ធិបាទទាំង៤នេះឯង ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្តហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឫទ្ធិឲ្យច្រើន ដើម្បីធ្វើឫទ្ធិឲ្យវិសេសឡើង ដើម្បីធ្វើឫទ្ធិឲ្យប្លែកៗ ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកជនណានីមួយ ទោះបីជាសមណៈ ឬព្រាហ្មណ៍ បានហើយនូវឥទ្ធិវិធៈ13) មានច្រើនប្រការ ក្នុងអតីតកាល ពួកជនទាំងអស់នោះ បានហើយ ព្រោះបានចំរើននូវឥទ្ធិបាទទាំង៤នេះឯង ព្រោះបានធ្វើនូវឥទ្ធិបាទទាំង៤នេះឯង ឲ្យច្រើន ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកជនណានីមួយ ទោះបីជាសមណៈ ឬព្រាហ្មណ៍ ដែលនឹងបាននូវឥទ្ធិវិធៈ មានច្រើនប្រការ ក្នុងអនាគតកាល ពួកជនទាំងអស់នោះ ក៏នឹងបាន ព្រោះបានចំរើននូវឥទ្ធិបាទទាំង៤នេះឯង ព្រោះបានធ្វើនូវឥទ្ធិបាទទាំង៤នេះឯង ឲ្យច្រើន ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកជនណានីមួយ ទោះបីជាសមណៈ ឬព្រាហ្មណ៍ បានហើយនូវឥទ្ធិវិធៈ មានច្រើនប្រការ ក្នុងបច្ចុប្បន្ននេះ ពួកជនទាំងអស់នោះ ក៏រមែងបាន ព្រោះបានចំរើននូវឥទ្ធិបាទទាំង៤នេះឯង ព្រោះបានធ្វើនូវឥទ្ធិបាទទាំង៤នេះឯង ឲ្យច្រើន ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកតាវត្តិង្សទេវតា ឃើញឫទ្ធានុភាព មានសភាពដូច្នេះនេះ របស់យើងដែរឬទេ។ ពួកទេវតាឆ្លើយតបថា បពិត្រមហាព្រហ្ម អើ ឃើញដែរ។ សនង្កុមារព្រហ្ម និយាយថា ម្នាលអ្នកដ៏ចំរើនទាំងឡាយ ឯខ្លួនខ្ញុំ បានជាមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ព្រោះបានចម្រើននូវឥទ្ធិបាទទាំង៤នេះឯង ព្រោះបានធ្វើនូវឥទ្ធិបាទទាំង៤នេះឯង ឲ្យច្រើន។
[៣៩] ជនវសភយក្ស ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន លុះសនង្កុមារព្រហ្ម ពោលនូវសេចក្តីនេះហើយ ក៏ពោលនឹងពួកតាវត្តិង្សទេវតាថា ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកតាវត្តិង្សទេវតា សំគាល់សេចក្តីនោះដូចម្តេច ត្រង់ដែលថា ការបាននូវឱកាស៣យ៉ាង ដើម្បីបាននូវសេចក្តីសុខ14) ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់ដឹងហើយ។ ការបាននូវឱកាស៣យ៉ាង តើដូចម្តេច។
[៤០] ម្នាលអ្នកដ៏ចំរើនទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាប់ជំពាក់ដោយកាមទាំងឡាយ ជាប់ជំពាក់ដោយអកុសលធម៌ទាំងឡាយ។ សម័យជាខាងក្រោយមក បុគ្គលនោះ បានស្តាប់នូវអរិយធម៌ ធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញា ប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌។ លុះបុគ្គលនោះ អាស្រ័យការស្តាប់អរិយធម៌ អាស្រ័យការធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា ប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌ ក៏ជាបុគ្គលលែងជាប់ជំពាក់ ដោយកាមទាំងឡាយ លែងជាប់ជំពាក់ដោយអកុសលធម៌ទាំងឡាយ។ កាលដែលបុគ្គលនោះ លែងជាប់ជំពាក់ ដោយកាមទាំងឡាយហើយ លែងជាប់ជំពាក់ដោយអកុសលធម៌ទាំងឡាយហើយ សេចក្តីសុខ ក៏កើតឡើង សោមនស្ស ក៏កើតឡើង ដោយក្រៃលែង ព្រោះសេចក្តីសុខជាបច្ច័យ។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សេចក្តីរីករាយ មានកម្លាំងខ្លាំងកើតឡើង ព្រោះសេចក្តីរីករាយមានកម្លាំងទន់ ដូចម្តេចមិញ ម្នាលអ្នកដ៏ចំរើនទាំងឡាយ កាលដែលបុគ្គលលែងជាប់ជំពាក់ ដោយកាមទាំងឡាយហើយ លែងជាប់ជំពាក់ដោយអកុសលធម៌ទាំងឡាយហើយ សេចក្តីសុខ ក៏កើតឡើង សោមនស្ស ក៏កើតឡើង ដោយក្រៃលែង ព្រោះសេចក្តីសុខ (ជាបច្ច័យ) ដូច្នោះដែរ។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ នេះឯងជាការបាននូវឱកាសជាបឋម ដើម្បីបាននូវសេចក្តីសុខ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាប់ច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់ដឹងហើយ។
[៤១] ម្នាលអ្នកដ៏ចំរើនទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មានកាយសង្ខារ15) ដ៏គ្រោតគ្រាត មិនទាន់ស្ងប់រម្ងាប់ មានវចីសង្ខារ16) ដ៏គ្រោតគ្រាត មិនទាន់ស្ងប់រម្ងាប់ មានចិត្តសង្ខារ17) ដ៏គ្រោតគ្រាត មិនទាន់ស្ងប់រម្ងាប់។ សម័យខាងក្រោយមក បុគ្គលនោះ ស្តាប់នូវអរិយធម៌ ធ្វើទុកក្នុងចិត្តដោយឧបាយ ប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌។ លុះបុគ្គលនោះ អាស្រ័យការស្តាប់អរិយធម៌ អាស្រ័យការធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា ប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌ហើយ កាយសង្ខារគ្រោតគ្រាត ក៏ស្ងប់រម្ងាប់ទៅ វចីសង្ខារគ្រោតគ្រាត ក៏ស្ងប់រម្ងាប់ទៅ ចិត្តសង្ខារគ្រោតគ្រាត ក៏ស្ងប់រម្ងាប់ទៅ។ សេចក្តីសុខ រមែងកើតឡើងដល់បុគ្គលនោះ ព្រោះការស្ងប់រម្ងាប់នៃកាយសង្ខារគ្រោតគ្រាត ព្រោះការស្ងប់រម្ងាប់នៃវចីសង្ខារគ្រោតគ្រាត ព្រោះការស្ងប់រម្ងាប់ នៃចិត្តសង្ខារគ្រោតគ្រាត ឯសោមនស្ស ក៏កើតឡើង ដោយក្រៃលែង ព្រោះសេចក្តីសុខ (នោះជាបច្ច័យ)។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សេចក្តីរីករាយមានកម្លាំងខ្លាំង កើតឡើង ព្រោះសេចក្តីរីករាយមានកម្លាំងទន់ ដូចម្តេចមិញ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សេចក្តីសុខ រមែងកើតឡើង ព្រោះការស្ងប់រម្ងាប់ នៃកាយសង្ខារគ្រោតគ្រាត ព្រោះការស្ងប់រម្ងាប់ នៃវចីសង្ខារគ្រោតគ្រាត ព្រោះការស្ងប់រម្ងាប់ នៃចិត្តសង្ខារគ្រោតគ្រាត ឯសោមនស្ស ក៏កើតឡើង ដោយក្រៃលែង ព្រោះសេចក្តីសុខ (នោះជាបច្ច័យ) ក៏ដូច្នោះដែរ។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ នេះឯងជាការបាននូវឱកាស ជាគំរប់ពីរ ដើម្បីបាននូវសេចក្តីសុខ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាប់ច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់ដឹងហើយ។
[៤២] ម្នាលអ្នកដ៏ចំរើនទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនដឹងច្បាស់តាមពិតថា នេះជាកុសល មិនដឹងច្បាស់តាមពិតថា នេះជាអកុសល មិនដឹងច្បាស់តាមពិតថា នេះជាអំពីប្រកបដោយទោស មិនដឹងច្បាស់តាមពិតថា នេះជាអំពើមិនមានទោស មិនដឹងច្បាស់តាមពិតថា នេះជាអំពើគួរសេព មិនដឹងច្បាស់តាមពិតថា នេះជាអំពើមិនគួរសេព មិនដឹងច្បាស់តាមពិតថា នេះជាអំពើថោកទាប មិនដឹងច្បាស់តាមពិតថា នេះជាអំពើខ្ពង់ខ្ពស់ មិនដឹងច្បាស់តាមពិតថា នេះជាអំពើខ្មៅ នេះអំពើស ជាអំពើមានចំណែកប្រៀបផ្ទឹមគ្នា។ សម័យជាខាងក្រោយមក បុគ្គលនោះ ស្តាប់នូវអរិយធម៌ ធ្វើទុកក្នុងចិត្តដោយឧបាយ ប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌។ បុគ្គលនោះ លុះអាស្រ័យការស្តាប់អរិយធម៌ អាស្រ័យការធ្វើទុកក្នុងចិត្ត ដោយឧបាយ ប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌ ក៏ដឹងច្បាស់តាមពិតថា នេះជាកុសល ដឹងច្បាស់តាមពិតថា នេះជាអកុសល ដឹងច្បាស់តាមពិតថា នេះជាអំពីប្រកបដោយទោស ដឹងច្បាស់តាមពិតថា នេះជាអំពើមិនមានទោស ដឹងច្បាស់តាមពិតថា នេះជាអំពើគួរសេព ដឹងច្បាស់តាមពិតថា នេះជាអំពើមិនគួរសេព ដឹងច្បាស់តាមពិតថា នេះជាអំពើថោកទាប ដឹងច្បាស់តាមពិតថា នេះជាអំពើខ្ពង់ខ្ពស់ ដឹងច្បាស់តាមពិតថា នេះជាអំពើខ្មៅ ជាអំពើស ជាអំពើមានចំណែកប្រៀបផ្ទឹមគ្នា។ កាលដែលបុគ្គលនោះ ដឹងច្បាស់យ៉ាងនេះ ឃើញច្បាស់យ៉ាងនេះហើយ អវិជ្ជា ក៏សាបសូន្យទៅ វិជ្ជាក៏កើតឡើង។ សេចក្តីសុខ រមែងកើតឡើង ដល់បុគ្គលនោះ ព្រោះការសាបសូន្យទៅនៃអវិជ្ជា ព្រោះការកើតឡើងនៃវិជ្ជា ឯសោមនស្ស ក៏កើតឡើង ដោយក្រៃលែង ព្រោះសេចក្តីសុខ (នោះជាបច្ច័យ)។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សេចក្តីរីករាយមានកម្លាំងខ្លាំង រមែងកើតឡើង ព្រោះសេចក្តីរីករាយមានកម្លាំងទន់ ដូចម្តេចមិញ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សេចក្តីសុខ រមែងកើតឡើង ព្រោះការសាបសូន្យទៅនៃអវិជ្ចា ព្រោះការកើតឡើងនៃវិជ្ជា ឯសោមនស្ស ក៏រមែងកើតឡើង ដោយក្រៃលែង ព្រោះសេចក្តីសុខ (នោះជាបច្ច័យ) ដូច្នោះដែរ។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ នេះឯងជាការបាននូវឱកាស ជាគំរប់៣ ដើម្បីបាននូវសេចក្តីសុខ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាប់ច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់ដឹងហើយ។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ ការបាននូវឱកាស ដើម្បីបាននូវសេចក្តីសុខ៣ប្រការនេះឯង ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាប់ច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់ដឹងហើយ។
[៤៣] បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន លុះសនង្កុមារព្រហ្ម ពោលនូវសេចក្តីនេះហើយ ទើបពោលនឹងពួកតាវត្តិង្សទេវតាថា ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកតាវត្តិង្សទេវតា សំគាល់សេចក្តីនោះដូចម្តេច ត្រង់ដែលថា សតិបដ្ឋានទាំង៤នេះ ដើម្បីបាននូវកុសល18) ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាប់ច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្តហើយដោយល្អ។ សតិបដ្ឋានទាំង៤ តើដូចម្តេច។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញរឿយៗ នូវកាយក្នុងកាយជាខាងក្នុង មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក19) ភិក្ខុកាលពិចារណាឃើញរឿយៗ នូវកាយជាខាងក្នុងហើយ ក៏រមែងតាំងចិត្តខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងកាយជាខាងក្នុងនោះ។ ភិក្ខុនោះ លុះមានចិត្តតាំងខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងកាយជាខាងក្នុងនោះហើយ រមែងញុំាងញាណទស្សនៈ (ការដឹង និងការឃើញ) ឲ្យកើតក្នុងកាយ របស់បុគ្គលដទៃ ជាខាងក្រៅបាន។ ភិក្ខុពិចារណាឃើញរឿយៗ នូវវេទនាក្នុងវេទនាទាំងឡាយ ជាខាងក្នុង មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក ភិក្ខុកាលពិចារណាឃើញរឿយៗ នូវវេទនា ក្នុងវេទនាទាំងឡាយ ជាខាងក្នុងហើយ ក៏រមែងតាំងចិត្តខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងវេទនា ជាខាងក្នុងនោះ។ ភិក្ខុនោះ លុះមានចិត្តតាំងខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងវេទនា ជាខាងក្នុងនោះហើយ រមែងញុំាងញាណទស្សនៈ ឲ្យកើតក្នុងវេទនាទាំងឡាយ របស់បុគ្គលដទៃ ជាខាងក្រៅបាន។ ភិក្ខុពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្តជាខាងក្នុង មានព្យាយាមជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ភិក្ខុកាលពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្ត ជាខាងក្នុងហើយ ក៏រមែងតាំងចិត្តខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងចិត្ត ជាខាងក្នុងនោះ។ ភិក្ខុនោះ លុះមានចិត្តតាំងខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងចិត្តជាខាងក្នុងនោះហើយ រមែងញុំាងញាណទស្សនៈ ឲ្យកើតក្នុងចិត្ត របស់បុគ្គលដទៃ ជាខាងក្រៅបាន។ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយជាខាងក្នុង មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ភិក្ខុកាលពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាខាងក្នុងហើយ ក៏រមែងតាំងចិត្តខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងធម៌ជាខាងក្នុងនោះ។ ភិក្ខុនោះ លុះមានចិត្តតាំងខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងធម៌ជាខាងក្នុងនោះហើយ ក៏រមែងញុំាងញាណទស្សនៈ ឲ្យកើតក្នុងធម៌ទាំងឡាយ របស់បុគ្គលដទៃ ជាខាងក្រៅបាន។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សតិបដ្ឋានទាំង៤នេះឯង ដើម្បីបាននូវកុសល ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្តហើយ។
[៤៤] បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន លុះសនង្កុមារព្រហ្ម ពោលសេចក្តីនេះហើយ ទើបពោលនឹងពួកតាវត្តិង្សទេវតាថា ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកតាវត្តិង្សទេវតា សំគាល់សេចក្តីនោះដូចម្តេច ត្រង់ដែលថា ធម៌ជាបរិវារនៃសមាធិ៧យ៉ាងនេះ ដើម្បីចំរើននៃសម្មាសមាធិ ដើម្បីបរិបូណ៌ នៃសម្មាសមាធិ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្តហើយដោយល្អ។ ធម៌ជាបរិវារ នៃសមាធិ៧យ៉ាង តើដូចម្តេច។ សម្មាទិដ្ឋិ (សេចក្តីយល់ត្រូវ)១ សម្មាសង្កប្បៈ (សេចក្តីត្រិះរិះត្រូវ)១ សម្មាវាចា (សំដីត្រូវ)១ សម្មាកម្មន្តៈ (ការងារត្រូវ)១ សម្មាអាជីវៈ (ការចិញ្ចឹមជីវិតត្រូវ)១ សម្មាវាយាមៈ (សេចក្តីព្យាយាមត្រូវ)១ សម្មាសតិ (សេចក្តីរលឹកត្រូវ)១។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សភាវៈនៃចិត្ត មានអារម្មណ៍មូលតែមួយណា ដែលអង្គទាំង៧នេះ ចោមរោមហើយ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សភាវៈនៃចិត្ត មានអារម្មណ៍តែមួយនេះ លោកហៅថា សម្មាសមាធិ ដ៏ប្រសើរ ប្រកបដោយឧបនិស្ស័យផង ថា ប្រកបដោយធម៌ជាបរិវារផង ម្នាលអ្នកដ៏ចំរើនទាំងឡាយ សម្មាសង្កប្បៈ រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាទិដ្ឋិ សម្មាវាចា រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាសង្កប្បៈ សម្មាកម្មន្តៈ រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាវាចា សម្មាអាជីវៈ រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាកម្មន្តៈ សម្មាវាយាមៈ រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាអាជីវៈ សម្មាសតិ រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាវាយាមៈ សម្មាសមាធិ រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាសតិ សម្មាញាណៈ20) រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាសមាធិ សម្មាវិមុត្តិ21) រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាញាណៈ។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ បុគ្គលកាលបើពោលដោយប្រពៃ គប្បីពោលនូវពាក្យថា ព្រះបរិយត្តិធម៌ ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងហើយ ដោយល្អ ព្រះនពលោកុត្តរធម៌ ដែលព្រះអរិយបុគ្គលទាំងពួង ដឹងពិត ឃើញពិត ជាធម៌ឲ្យផល មិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌ដែលព្រះអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលវិញ្ញូជនទាំងឡាយ គប្បីដឹងច្បាស់ ក្នុងចិត្តនៃខ្លួន ទ្វារនៃព្រះនិព្វាននោះរបើកហើយ។ បុគ្គល កាលពោលដោយប្រពៃ គប្បីពោលនូវពាក្យដែលប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ចំពោះព្រះសម្មាសម្ពុទ្ធថា មែនពិត ព្រះបរិយត្តិធម៌ ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងហើយ ដោយល្អ ព្រះនពលោកុត្តរធម៌ ដែលព្រះអរិយបុគ្គលទាំងពួង ដឹងពិត ឃើញពិត ជាធម៌ឲ្យផលមិនរង់ចាំកាល ជាធម៌ គួរដល់ឯហិបស្សវិធី ជាធម៌ ដែលព្រះអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលវិញ្ញូជនទាំងឡាយ គប្បីដឹងច្បាស់ ក្នុងចិត្តនៃខ្លួន ទ្វារនៃព្រះនិព្វាននោះរបើកហើយ។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ ព្រោះថា ជនទាំងឡាយណានីមួយ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ចំពោះព្រះពុទ្ធ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ចំពោះព្រះធម៌ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ចំពោះព្រះសង្ឃ ប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់ព្រះអរិយៈ មួយទៀត ជនទាំងឡាយណា ជាឱបបាតិកៈ ជាជនទៀងក្នុងធម៌ ខ្ញុំខ្លាចអំពើមុសាវាទ មិនអាចនឹងរាប់ជនទាំងអម្បាលនោះ ដូច្នេះថា ពួកជននៅក្នុងដែនមគធៈ ច្រើនជាង២លាន ៤សែន ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសោតាបន្នបុគ្គល មានសភាវៈមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ ព្រោះអស់ទៅនៃសំយោជនៈ៣។ ពួកសកទាគាមិបុគ្គល ក៏មានក្នុងទីនុ៎ះដែរ ឯពួកសត្វក្រៅពីនេះ22) ជាអ្នកមានចំណែកបុណ្យ (ក៏មានច្រើនដែរ)។
[៤៥] បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលសនង្កុមារព្រហ្ម ពោលសេចក្តីនេះហើយ វេស្សវណមហារាជ កើតសេចក្តីត្រិះរិះក្នុងចិត្តយ៉ាងនេះថា អើហ្ន៎ អស្ចារ្យណាស់ អើហ្ន៎ ចំឡែកពេកណាស់ ព្រះសាស្តាដ៏ប្រសើរ មានសភាពយ៉ាងនេះ មុខជានឹងមានតទៅមិនខាន ការសំដែងនូវធម៌ដ៏ថ្លៃថ្លា មានសភាពយ៉ាងនេះ នឹងប្រាកដឡើង ការត្រាស់ដឹងនូវគុណវិសេសដ៏លើសលុប មានសភាពយ៉ាងនេះ ក៏នឹងប្រាកដឡើង។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សនង្កុមារព្រហ្ម ដឹងសេចក្តីត្រិះរិះក្នុងចិត្ត របស់វេស្សវណមហារាជ ដោយចិត្ត (របស់ខ្លួន)ហើយ ទើបពោលពាក្យនេះ នឹងវេស្សវណមហារាជថា វេស្សវណមហារាជដ៏ចំរើន សំគាល់សេចក្តីនោះ ដូចម្តេច ព្រះសាស្តាដ៏ប្រសើរ មានសភាពយ៉ាងនេះ ក៏មានមកហើយ ការសំដែងនូវធម៌ដ៏ថ្លៃថ្លា មានសភាពយ៉ាងនេះ ក៏ប្រាកដហើយ ការត្រាស់ដឹងនូវគុណវិសេសដ៏លើសលុប មានសភាពយ៉ាងនេះ ក៏ប្រាកដហើយក្នុងអតីតកាល ព្រះសាស្តាដ៏ប្រសើរ មានសភាពយ៉ាងនេះ មុខជានឹងមានតទៅ ការសំដែងនូវធម៌ដ៏ថ្លៃថ្លា មានសភាពយ៉ាងនេះ នឹងប្រាកដឡើង ការត្រាស់ដឹងនូវគុណវិសេសដ៏លើសលុប មានសភាពយ៉ាងនេះ ក៏នឹងប្រាកដឡើង ក្នុងអនាគតកាល។
[៤៦] បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះ នឹងពួកតាវត្តិង្សទេវតាហើយ។ កាលសនង្កុមារព្រហ្ម ពោលសេចក្តីនោះ នឹងតាវត្តិង្សទេវតា វេស្សវណមហារាជ បានប្រាប់សេចក្តីនេះ ដែលខ្លួនបានឮហើយ ក្នុងទីចំពោះមុខដែលខ្លួនបានទទួលហើយ ក្នុងទីចំពោះមុខ ក្នុងបរិសទ្យរបស់ខ្លួន។ កាលវេស្សវណមហារាជ ពោលសេចក្តីនេះ ក្នុងបរិសទ្យរបស់ខ្លួន ជនវសភយក្ស ក៏ក្រាបទូលសេចក្តី ដែលខ្លួនបានឮហើយ ក្នុងទីចំពោះមុខ ដែលខ្លួនបានទទួលហើយ ក្នុងទីចំពោះមុខ ដល់ព្រះមានព្រះភាគ។ ព្រះមានព្រះភាគ បានទ្រង់ព្រះសណ្តាប់សេចក្តីនេះ ទទួលសេចក្តីនេះ ក្នុងទីចំពោះមុខនៃជនវសភយក្ស ជ្រាបច្បាស់ដោយព្រះអង្គឯងហើយ ទើបត្រាស់ប្រាប់ដល់ព្រះអានន្ទមានអាយុ។ លុះព្រះអានន្ទមានអាយុ បានឮ បានទទួលក្នុងទីចំពោះព្រះភក្ត្រ ព្រះមានព្រះភាគហើយ ទើបប្រាប់សេចក្តីនេះ ដល់ពួកភិក្ខុ ភិក្ខុនី ពួកឧបាសក ឧបាសិកា។ សាសនព្រហ្មចរិយធម៌នេះមាំមួន ដល់នូវសេចក្តីចំរើន ផ្សាយទៅសព្វទិស អ្នកផងបានដឹងច្រើនគ្នាហើយ កើតមានក្រាស់ក្រែល ត្រាតែពួកទេវតា និងមនុស្សចេះសំដែងដោយស្រួលបាន។
ចប់ ជនវសភសូត្រ ទី៥។