តិបិដក (មូល) » សុត្តបិដក » ទីឃនិកាយ » មហាវគ្គ »
អាទិទេពតូចមួយប្រាប់ព្រះពុទ្ធអំពីការសន្ទនា និងជំនួញរបស់ពួកទេវតាជាន់តាវត្តិង្ស។ ទេវៈបានប្រាប់រឿងអំពីគោវិន្ទព្រាហ្មណ៍ និងព្រះពុទ្ធទ្រង់ប្រាប់ថា ខ្លួនជាព្រាហ្មណ៍នេះហើយពីមុន ដែលបាននាំមនុស្សជាច្រើនទៅកាន់ព្រាហ្មលោក។ ឥឡូវនេះគាត់បង្រៀនផ្លូវទៅកាន់ការរំដោះពិតប្រាកដ។
dn 19 បាលី cs-km: sut.dn.19 អដ្ឋកថា: sut.dn.19_att PTS: ?
(ទី៦) មហាគោវិន្ទសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៦. មហាគោវិន្ទសុត្តំ)
[៤៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ។ គ្រានោះឯង បញ្ចសិខគន្ធព្វបុត្រ កាលរាត្រីកន្លងទៅហើយ (កន្លងបឋមយាម) បញ្ចេញរស្មីភ្លឺច្រាល ញុំាងភ្នំគិជ្ឈកូដទាំងអស់ឲ្យភ្លឺស្វាង ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះបញ្ចសិខគន្ធព្វបុត្រ ឋិតនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងក្រាបទូល ព្រះមានព្រះភាគ នូវសេចក្តីដែលខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះមុខ បានទទួលក្នុងទីចំពោះមុខ នៃពួកទេវតាជាន់តាវត្តិង្ស។ ព្រះមានព្រះភាគ បានត្រាស់ថា ម្នាលបញ្ចសិខៈ អ្នកចូរប្រាប់តថាគតចុះ។ បញ្ចសិខគន្ធព្វបុត្រ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ថ្ងៃមុនៗ ក្នុងតិថីទី១៥ ដែលជាថ្ងៃឧបោសថ ត្រូវនឹងថ្ងៃបវារណា ក្នុងរាត្រីមានព្រះចន្ទ្រពេញវង់ ពួកទេវតា ជាន់តាវត្តិង្សទាំងអស់ កំពុងអង្គុយប្រជុំក្នុងទេវសភា1) ឈ្មោះសុធម្មា ទាំងទេពបរិសទ្យជាច្រើន ក៏អង្គុយនៅជុំវិញ ឯមហារាជទាំង៤ អង្គក៏គង់ក្នុងទិសទាំង៤ គឺធតរដ្ឋមហារាជ គង់ក្នុងទិសខាងកើត បែរព្រះភក្ត្រទៅទិសខាងលិច មានពួកទេវតា ចោមរោមត្រៀបត្រា វិរូឡ្ហកមហារាជ គង់ក្នុងទិសខាងត្បូង បែរព្រះភក្ត្រទៅទិសខាងជើង មានពួកទេវតាចោមរោមត្រៀបត្រា វិរូបក្ខមហារាជ គង់ក្នុងទិសខាងលិច បែរព្រះភក្ត្រទៅទិសខាងកើត មានពួកទេវតា ចោមរោមត្រៀបត្រា វេស្សវណមហារាជ គង់ក្នុងទិសខាងជើង បែរព្រះភក្ត្រទៅទិសខាងត្បូង មានពួកទេវតាចោមរោមត្រៀបត្រា បពិត្រព្រះអង្គដ៏ចំរើន កាលណាពួកទេវតា ជាន់តាវត្តិង្សទាំងអស់គ្នា អង្គុយប្រជុំ ក្នុងទេវសភាឈ្មោះសុធម្មា ទាំងទេវបរិសទ្យជាច្រើន អង្គុយនៅជុំវិញ ឯមហារាជទាំង៤ ក៏គង់ក្នុងទិសទាំង៤ នេះជាអាសនៈ របស់មហារាជទាំង៤នោះ ក្នុងកាលនោះ អាសនៈរបស់ពួកយើងខ្ញុំ នៅជាខាងក្រោយ បពិត្រព្រះអង្គដ៏ចំរើន ពួកទេវតាណា បានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះមានព្រះភាគ ហើយមកកើតថ្មី ក្នុងជាន់តាវត្តិង្ស ពួកទេវតាទាំងនោះ ក៏រុងរឿង កន្លងនូវពួកទេវតាឯទៀត ដោយសម្បុរផង ដោយយសផង បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះ បានជាពួកទេវតាជាន់តាវត្តិង្ស មានចិត្តត្រេកអរ រីករាយ កើតបីតិសោមនស្សថា អើហ្ន៎ ពួកកាយទិព្វនៅពេញត្រៀបត្រា ពួកអសុរកាយ បាត់ទៅអស់ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង សក្កទេវរាជ ជាធំជាងពួកទេវតា ជ្រាបនូវសេចក្តីជ្រះថ្លា របស់ពួកទេវតាជាន់តាវត្តិង្សហើយ ក៏បានអនុមោទនា ដោយគាថា ទាំងឡាយនេះថា
[៤៨] អើហ្ន៎ ពួកទេវតាជាន់តាវត្តិង្ស ព្រមទាំងព្រះឥន្ទ្ររីករាយ នមស្ការ ចំពោះព្រះតថាគតផង ចំពោះព្រះធម៌ ជាធម៌ដ៏ល្អផង។ ពួកទេវតាជាន់តាវត្តិង្ស ក៏បានឃើញពួកទេវតាថ្មីៗ មានសម្បុរ មានយស ដែលបានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះសុគត ហើយមកកើតក្នុងទេវលោកនេះ។ ពួកទេវតាទាំងនោះ រុងរឿងកន្លង នូវពួកទេវតាឯទៀតដោយសម្បុរ ដោយយស និងអាយុ ពួកសាវ័ក របស់ព្រះសម្ពុទ្ធ ព្រះអង្គមានព្រះប្រាជ្ញាដូចផែនដី ជាសាវ័កដល់នូវសេចក្តីវិសេស ក្នុងទេវលោកនេះ។ ពួកទេវតាជាន់តាវត្តិង្ស ព្រមទាំងព្រះឥន្ទ្រ លុះឃើញហេតុនេះហើយ ក៏ត្រេកអរ បាននមស្ការ ចំពោះព្រះតថាគតផង ចំពោះព្រះធម៌ ដែលជាធម៌ដ៏ល្អផង។
[៤៩] បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះ បានជាពួកទេវតាជាន់តាវត្តិង្ស មានចិត្តត្រេកអរ រីករាយ កើតបីតិសោមនស្ស ដោយក្រៃលែង លើសប្រមាណថា អើហ្ន៎ ពួកកាយទិព្វ នៅពេញត្រៀបត្រា ពួកអសុរកាយ បាត់ទៅអស់។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សក្កទេវរាជ ជាធំជាងពួកទេវតា ជ្រាបនូវសេចក្តីជ្រះថ្លា របស់ពួកទេវតា ជាន់តាវត្តិង្សហើយ ទើបមានព្រះបន្ទូលនឹងពួកទេវតា ជាន់តាវត្តិង្សថា ម្នាលគ្នាយើង អ្នកទាំងឡាយ ចង់ស្តាប់គុណ ជារបស់ពិត៨ប្រការ របស់ព្រះមានព្រះភាគនោះដែរឬ។ ពួកទេវតាក្រាបទូលថា បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ យើងខ្ញុំចង់ស្តាប់គុណ ជារបស់ពិត៨ប្រការ របស់ព្រះមានព្រះភាគនោះ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សក្កទេវរាជ ជាធំជាងទេវតា បានសំដែងគុណ ជារបស់ពិត៨ប្រការ របស់ព្រះមានព្រះភាគ ដល់ពួកទេវតា ជាន់តាវត្តិង្ស ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកទេវតាជាន់តាវត្តិង្ស សំគាល់ហេតុនោះដូចម្តេច ព្រះមានព្រះភាគអង្គនោះ ទ្រង់ប្រតិបត្តិ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយរហូតមក។ យើងពិចារណារកមើលនូវគ្រូ ដែលជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ យ៉ាងនេះ ជាអ្នកប្រកបដោយគុណ នេះ ក្នុងចំណែកកាលដែលកន្លងទៅហើយ មិនឃើញមានក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញមានដែរ (នេះជាគុណទី១)។ ធម៌ដែលព្រះមានព្រះភាគអង្គនោះ ត្រាស់សំដែងហើយដោយល្អ ជាធម៌ដែលអរិយបុគ្គល គប្បីឃើញច្បាស់ដោយខ្លួនឯង ជាធម៌ឲ្យនូវផល មិនរង់ចាំកាល ជាធម៌ដែលអរិយបុគ្គល គួរហៅបុគ្គលដទៃឲ្យចូលមកមើលបាន ជាធម៌ដែលអរិយបុគ្គល គួរបង្អោនចូលមកទុកក្នុងចិត្តបាន ជាធម៌ដែលវិញ្ញូជនទាំងឡាយ គប្បីដឹងច្បាស់ក្នុងចិត្តរបស់ខ្លួន។ យើងពិចារណារកមើលនូវគ្រូ ដែលជាអ្នកសំដែងនូវធម៌ គួរបង្អោនចូលមកទុកក្នុងចិត្តបាន យ៉ាងនេះ ជាអ្នកប្រកបដោយគុណនេះ ក្នុងចំណែកកាលដែលកន្លងទៅហើយ មិនឃើញមានក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញមានដែរ (នេះជាគុណទី២)។ ព្រះមានព្រះភាគអង្គនោះ ទ្រង់បញ្ញត្តដោយប្រពៃហើយថា នេះជាកុសល ទ្រង់បញ្ញត្តហើយ ដោយប្រពៃថា នេះ ជាអកុសល។ នេះប្រកបដោយទោស។ នេះ មិនប្រកបដោយទោស។ នេះគួរសេព។ នេះមិនគួរសេព។ នេះជាអំពើថោកទាប។ នេះជាអំពើថ្លៃថ្លា។ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តដោយប្រពៃហើយថា នេះ ធម៌ខ្មៅ ធម៌ស និងធម៌ជាសប្បដិភាគ (លាយខ្មៅ លាយស)។ យើងពិចារណារកមើលនូវគ្រូ ដែលជាអ្នកបញ្ញត្តនូវធម៌ទាំងឡាយ ដែលជាកុសល ជាអកុសល ប្រកបដោយទោស មិនប្រកបដោយទោស គួរសេព និងមិនគួរសេព ថោកទាប និងថ្លៃថ្លា ធម៌ខ្មៅ ធម៌ស និងសប្បដិភាគ យ៉ាងនេះ ជាអ្នកប្រកបដោយគុណនេះ ក្នុងចំណែកកាលដែលកន្លងទៅហើយ មិនឃើញមាន ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញមានដែរ (នេះជាគុណទី៣)។ បដិបទា ជាទីទៅកាន់ព្រះនិព្វាន ដែលព្រះមានព្រះភាគអង្គនោះ ទ្រង់បញ្ញត្តល្អហើយ ដល់សាវ័កទាំងឡាយ ទាំងព្រះនិព្វាន ទាំងបដិបទា ក៏ប្រៀបធៀបគ្នាបាន។ ទឹកក្នុងទន្លេគង្គា ប្រៀបស្មើនឹងទឹកក្នុងទន្លេយមុនា ដូចម្តេចមិញ បដិបទា ជាទីទៅកាន់ព្រះនិព្វាន ដែលព្រះមានព្រះភាគអង្គនោះ ទ្រង់បញ្ញត្តល្អហើយ ដល់សាវ័កទាំងឡាយ ទាំងព្រះនិព្វាន ទាំងបដិបទា ក៏ប្រៀបធៀបគ្នាបានដូច្នោះដែរ។ យើងពិចារណារកមើលនូវគ្រូ ជាអ្នកបញ្ញត្ត នូវបដិបទា ជាទីទៅកាន់ព្រះនិព្វានយ៉ាងនេះ ជាអ្នកប្រកបដោយគុណនេះ ក្នុងចំណែកកាលដែលកន្លងទៅហើយ មិនឃើញមាន ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញមានដែរ (នេះជាគុណទី៤)។ ព្រះមានព្រះភាគអង្គនោះ ទ្រង់បានពួកសេក្ខបុគ្គល ដែលឋិតនៅក្នុងបដិបទាហើយ និងពួកព្រះខីណាស្រព ដែលមានព្រហ្មចរិយធម៌ អប់រំស្រេចហើយជាគ្នីគ្នា តែព្រះមានព្រះភាគ ទ្រង់មិនជាប់ព្រះទ័យនឹងគ្នីគ្នានោះទេ ទ្រង់ប្រកបនូវសេចក្តីត្រេកអរ តែមួយព្រះអង្គឯង។ យើងពិចារណារកមើលនូវគ្រូ ជាអ្នកប្រកបនូវសេចក្តីត្រេកអរ តែម្នាក់ឯងយ៉ាងនេះ ដែលជាអ្នកប្រកបដោយគុណនេះ ក្នុងចំណែកកាលដែលកន្លងទៅហើយ ក៏មិនឃើញមាន ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញមានដែរ (នេះជាគុណទី៥)។ លាភសម្រេចហើយ សេចក្តីសរសើរ ក៏សម្រេចហើយ ដល់ព្រះមានព្រះភាគអង្គនោះ ទាំងពួកក្សត្រ ក៏មានសភាពជាអ្នកស្រឡាញ់ រាប់រក (ព្រះអង្គ) ប៉ុន្តែព្រះមានព្រះភាគអង្គនោះ ប្រាសចាកសេចក្តីស្រវឹង (ក្នុងលាភជាដើមនោះ) ហើយ រមែងសោយនូវអាហារ (តាមធម្មតា)។ យើងពិចារណារកមើលនូវគ្រូ ជាអ្នកប្រាសចាកសេចក្តីស្រវឹង បរិភោគនូវអាហារយ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាលដែលកន្លងទៅហើយ ក៏មិនឃើញមាន ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញមានដែរ (នេះជាគុណទី៦)។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងណា ទ្រង់ធ្វើយ៉ាងនោះ ទ្រង់ធ្វើយ៉ាងណា ទ្រង់ត្រាស់យ៉ាងនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងណា ទ្រង់ធ្វើយ៉ាងនោះ ទ្រង់ធ្វើយ៉ាងណា ទ្រង់ត្រាស់យ៉ាងនោះ ដោយប្រការយ៉ាងនេះឯង។ យើងពិចារណារកមើលនូវគ្រូ ជាអ្នកប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌យ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាលដែលកន្លងទៅហើយ ក៏មិនឃើញមាន ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញមានដែរ (នេះជាគុណទី៧)។ ព្រះមានព្រះភាគអង្គនោះ ទ្រង់ឆ្លងផុតសេចក្តីសង្ស័យអស់ហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ហើយ ទ្រង់មានព្រះតម្រិះដល់ទីបំផុត2) ហើយ ដោយព្រហ្មចរិយធម៌ខាងដើម ជានិស្ស័យដ៏ឧត្តម។ យើងពិចារណារកមើលនូវគ្រូ ជាអ្នកឆ្លងផុតសេចក្តីសង្ស័យអស់ហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ មានតម្រិះដល់ទីបំផុត ដោយព្រហ្មចរិយធម៌ខាងដើម ជានិស្ស័យដ៏ឧត្តម យ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាលដែលកន្លងទៅហើយ ក៏មិនឃើញមាន ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញមានដែរ (នេះជាគុណទី៨)។ បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំជាងពួកទេវតា បានសំដែងគុណ ជារបស់ពិតទាំង៨ប្រការរបស់ព្រះមានព្រះភាគនេះឯង ដល់ពួកទេវតាជាន់តាវត្តិង្ស។
[៥០] បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះ បានជាពួកទេវតាជាន់តាវត្តិង្ស ជាអ្នកមានចិត្តត្រេកអរ មានចិត្តទន់ កើតបីតិសោមនស្សដ៏ក្រៃលែងលើសប្រមាណ ព្រោះបានស្តាប់គុណ ជារបស់ពិតទាំង៨ប្រការ របស់ព្រះមានព្រះភាគ។ បពិត្រព្រះអង្គដ៏ចំរើន បណ្តាទេវតាទាំងនោះ ទេវតាពួកខ្លះ នាំគ្នាពោលយ៉ាងនេះថា ម្នាលគ្នាយើង ធ្វើម្តេចហ្ន៎ បានព្រះសម្មាសម្ពុទ្ធ៤ ព្រះអង្គត្រាស់ឡើងក្នុងលោក សំដែងធម៌ឲ្យដូចព្រះមានព្រះភាគ ការសំដែងធម៌នោះ សមជាប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ទេវតាពួកខ្លះ នាំគ្នាពោលយ៉ាងនេះថា នែពួកយើង ព្រះសម្មាសម្ពុទ្ធ៤ព្រះអង្គ លើកទុកសិនចុះ នែពួកយើង ធ្វើម្តេចហ្ន៎ ឲ្យតែព្រះសម្មាសម្ពុទ្ធ៣ព្រះអង្គត្រាស់ឡើងក្នុងលោក សំដែងធម៌ឲ្យដូចព្រះមានព្រះភាគ ការណ៍នោះ សមជាប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ទេវតាពួកខ្លះ នាំគ្នាពោលយ៉ាងនេះថា នែគ្នាយើង ព្រះសម្មាសម្ពុទ្ធ៣ព្រះអង្គ លើកទុកសិនចុះ នែគ្នាយើង ធ្វើម្តេចហ្ន៎ ឲ្យតែព្រះសម្មាសម្ពុទ្ធ ២ព្រះអង្គ ត្រាស់ឡើងក្នុងលោក សំដែងធម៌ ឲ្យដូចព្រះមានព្រះភាគ ការណ៍នោះ សមជាប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ បពិត្រព្រះអង្គដ៏ចំរើន កាលពួកទេវតាពោលយ៉ាងនេះហើយ សក្កទេវរាជ ជាធំជាងពួកទេវតា បានពោលពាក្យនេះ នឹងពួកទេវតាជាន់តាវត្តិង្សថា ម្នាលគ្នាយើង ដំណើរនេះ មិនមែនជាហេតុ មិនមែនជាឱកាសឡើយ ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយ ២ព្រះអង្គ បានត្រាស់ក្នុងលោកធាតុតែមួយ ដំណាលគ្នា ដោយហេតុណា ហេតុនុ៎ះមិនដែលមានទេ ម្នាលគ្នាយើង សូមឲ្យតែព្រះមានព្រះភាគអង្គនោះ កុំឲ្យមានអាពាធ កុំឲ្យមានទុក្ខ គង់នៅអស់កាលដ៏យូរអង្វែង ការណ៍នោះ គង់តែប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយដែរហើយ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ពួកទេវតាជាន់តាវត្តិង្ស អង្គុយប្រជុំគ្នា ក្នុងទេវសភា ឈ្មោះសុធម្មា ដោយប្រយោជន៍ណា មហារាជទាំង៤អង្គនោះ ក៏គិតនូវប្រយោជន៍នោះ ប្រឹក្សានូវប្រយោជន៍នោះ ហើយតាំងនៅក្នុងប្រយោជន៍នោះ តាមពាក្យដែលតាវត្តិង្សទេវតាប្រាប់ហើយផង មហារាជទាំង៤អង្គនោះ តំកល់នៅក្នុងប្រយោជន៍នោះ តាមពាក្យដែលតាវត្តិង្សទេវតា ប្រៀនប្រដៅហើយផង ឋិតនៅលើអាសនៈរបស់ខ្លួនៗ មិនចៀសចេញទៅឡើយ។
[៥១] ព្រះរាជាទាំងនោះ ទទួលពាក្យប្រៀនប្រដៅតាមពាក្យដែលតាវត្តិង្សទេវតា ប្រាប់ហើយ ក៏មានចិត្តជ្រះថ្លា មានចិត្តស្ងប់រម្ងាប់ ឋិតនៅលើអាសនៈរបស់ខ្លួន។
[៥២] បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ពន្លឺដ៏លើសលុបក៏កើតឡើង រស្មីដ៏រុងរឿងលើសលែងនូវទេវានុភាព របស់ពួកទេវតា ក៏កើតប្រាកដឡើងក្នុងទិសខាងជើង។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សក្កទេវរាជ ជាធំជាងពួកទេវតា មានព្រះបន្ទូលនឹងពួកទេវតាជាន់តាវត្តិង្សថា ម្នាលពួកយើង និមិត្តទាំងឡាយប្រាកដឡើង ពន្លឺកើតឡើង រស្មីដ៏រុងរឿងកើតប្រាកដ ក្នុងកាលណា ព្រហ្មនឹងមានប្រាកដ ក្នុងកាលនោះ នេះជាបុព្វនិមិត្តដែលព្រហ្មមានប្រាកដ បានជាពន្លឺកើតឡើង រស្មីកើតឡើងជាក់ស្តែង។
[៥៣] និមិត្តទាំងឡាយប្រាកដឡើង ក្នុងកាលណា ព្រហ្មគង់មានប្រាកដ (ក្នុងកាលនោះ) រស្មីដ៏រុងរឿងធំទូលាយនេះឯង ជាបុព្វនិមិត្តរបស់ព្រហ្ម។
[៥៤] បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកទេវតាជាន់តាវត្តិង្ស អង្គុយលើអាសនៈទាំងឡាយ តាមសមគួរដល់ខ្លួន ហើយគិតគ្នាថា វិបាកនឹងមានប្រាកដ ព្រោះអាស្រ័យពន្លឺណា យើងទាំងឡាយ ចាំដឹងនូវពន្លឺនុ៎ះ ចាំធ្វើឲ្យច្បាស់នូវពន្លឺនោះសិន ហើយសឹមទៅ។ ចំណែកមហារាជទាំង៤អង្គ គង់លើអាសនៈទាំងឡាយ តាមសមគួរដល់ខ្លួនគិតគ្នាថា វិបាកនឹងមានប្រាកដ ព្រោះអាស្រ័យពន្លឺណា យើងទាំងឡាយ ចាំដឹងនូវពន្លឺនុះ ចាំធ្វើឲ្យច្បាស់នូវពន្លឺនោះសិន ហើយសឹមទៅ។ ពួកទេវតាជាន់តាវត្តិង្ស លុះឮពាក្យនេះហើយ ក៏មានចិត្តមូលតែមួយ ប្រជុំគ្នាគិតថា វិបាកនឹងមានប្រាកដ ព្រោះអាស្រ័យពន្លឺណា យើងទាំងឡាយ ចាំដឹងនូវពន្លឺនុ៎ះ ចាំធ្វើឲ្យច្បាស់នូវពន្លឺនោះសិន ហើយសឹមទៅ។ បពិត្រព្រះអង្គដ៏ចំរើន កាលណា សនង្កុមារព្រហ្ម មានប្រាកដដល់ពួកទេវតា ជាន់តាវត្តិង្សហើយ និម្មិតអត្តភាពដ៏លើសលុបឲ្យកើតប្រាកដ។ បពិត្រព្រះអង្គដ៏ចំរើន សម្បុរជាប្រក្រតីរបស់ព្រហ្មណា ដែលពួកទេវតាមិនទាន់ឃើញ សម្បុរជាប្រក្រតីនោះ (ក៏ប្រាកដ) ក្នុងគន្លងចក្ខុរបស់ទេវតាជាន់តាវត្តិង្ស។ បពិត្រព្រះអង្គដ៏ចំរើន កាលណាសនង្កុមារព្រហ្ម មានប្រាកដដល់ពួកទេវតាជាន់តាវត្តិង្ស ព្រហ្មនោះ ក៏រុងរឿងកន្លងនូវពួកទេវតាឯទៀត ដោយសម្បុរផង ដោយយសផង។ បពិត្រព្រះអង្គដ៏ចំរើន រូបដែលធ្វើដោយមាស រមែងរុងរឿងកន្លងនូវរាងកាយ របស់មនុស្សដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន កាលណាសនង្កុមារព្រហ្ម មានប្រាកដដល់ពួកទេវតា ជាន់តាវត្តិង្ស ព្រហ្មនោះ ក៏រុងរឿងកន្លងនូវពួកទេវតាឯទៀត ដោយសម្បុរផង ដោយយសផង ដូច្នោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន កាលណាសនង្កុមារព្រហ្ម មានប្រាកដដល់ពួកទេវតា ជាន់តាវត្តិង្ស មិនមានទេវតាណាមួយក្នុងបរិសទ្យនោះសំពះ ឬក្រោកទទួល ឬក៏អញ្ជើញដោយអាសនៈឡើយ។ ពួកទេវតាទាំងអស់ស្ងៀមព្រងើយ នាំគ្នាអង្គុយផ្គងអញ្ជលី លើបល្លង្កគិតគ្នាថា ឥឡូវនេះ សនង្កុមារព្រហ្ម ប្រាថ្នានឹងគង់លើបល្លង្ករបស់ទេវតាណា ក៏គង់លើបល្លង្ក របស់ទេវតានោះចុះ។ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម គង់លើបល្លង្ករបស់ទេវតាណា ទេវតានោះ ក៏បាននូវសេចក្តីត្រេកអរដ៏លើសលុប ទេវតានោះ ក៏បាននូវសេចក្តីរីករាយចិត្តដ៏លើសលុប។ បពិត្រព្រះអង្គដ៏ចំរើន ក្សត្រជាស្តេចដែលបានមុទ្ធាភិសេកហើយ អភិសេកហើយថ្មីៗ ដោយរាជសម្បត្តិ ព្រះរាជានោះ តែងបាននូវសេចក្តីត្រេកអរដ៏លើសលុប ព្រះរាជានោះ តែងបាននូវសេចក្តីរីករាយព្រះទ័យដ៏លើសលុប ដោយរាជសម្បត្តិ មានឧបមាដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម គង់លើបល្លង្ករបស់ទេវតាណា ទេវតានោះ ក៏បាននូវសេចក្តីត្រេកអរដ៏លើសលុប ទេវតានោះ ក៏បាននូវសេចក្តីរីករាយចិត្តដ៏លើសលុប មានឧបមេយ្យដូច្នោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងកាលនោះ សនង្កុមារព្រហ្ម ដឹងនូវសេចក្តីជ្រះថ្លារបស់ពួកទេវតា ជាន់តាវត្តិង្សហើយ ក៏អនុមោទនាដោយគាថាទាំងនេះ ហើយក៏បាត់ទៅ
[៥៥] អើហ្ន៎ ពួកទេវតាជាន់តាវត្តិង្សព្រមទាំងព្រះឥន្ទ្រ រមែងរីករាយ នមស្ការ ចំពោះព្រះតថាគតផង ចំពោះព្រះធម៌ជាធម៌ដ៏ល្អផង។ ពួកទេវតាជាន់តាវត្តិង្ស បានឃើញពួកទេវតាថ្មីៗ មានសម្បុរ មានយស ដែលបានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះសុគត ហើយមកកើតក្នុងទេវលោកនេះ។ ពួកទេវតាទាំងនោះ រុងរឿងកន្លងនូវពួកទេវតាឯទៀត ដោយសម្បុរ ដោយយស និងអាយុ ពួកសាវ័ក របស់ព្រះសម្ពុទ្ធ ព្រះអង្គមានព្រះប្រាជ្ញាដូចផែនដី ជាសាវ័ក ដល់នូវសេចក្តីវិសេស ក្នុងទេវលោកនេះ។ លុះពួកទេវតាជាន់តាវត្តិង្ស ព្រមទាំងព្រះឥន្ទ្រ ឃើញហេតុនេះហើយ ទើបរីករាយ នមស្ការ ចំពោះព្រះតថាគតផង ចំពោះព្រះធម៌ ជាធម៌ដ៏ល្អផង។
[៥៦] បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលសនង្កុមារព្រហ្ម ពោលនូវសេចក្តីនេះ ក៏មានសំឡេងប្រកបដោយអង្គ៨ គឺសំឡេងក្បោះក្បាយ១ ងាយយល់១ ទន់ពីរោះ១ គួរស្តាប់១ មូល១ មិនគ្រាវ១ ក្រអួន១ លាន់រំពង១។ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម ញុំាងបរិសទ្យទាំងអស់ ឲ្យដឹងច្បាស់ដោយសំឡេងផង សំឡេងក្រាងក្រអៅរបស់ព្រហ្មនោះ មិនបានផ្សាយចេញទៅខាងក្រៅបរិសទ្យផង។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណា មានសំឡេងប្រកបដោយអង្គ៨យ៉ាងនេះ បុគ្គលនោះ គេហៅថា អ្នកមានសំឡេងដូចសំឡេងព្រហ្ម។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកទេវតាជាន់តាវត្តិង្ស បានពោលពាក្យនេះ នឹងសនង្កុមារព្រហ្មថា បពិត្រមហាព្រហ្ម ប្រពៃហើយ ពួកយើងក៏រីករាយ ព្រោះបានដឹងសេចក្តីនុ៎ះឯង មួយទៀត សក្កទេវរាជ ជាធំជាងពួកទេវតា បានសំដែងគុណ ជារបស់ពិត ទាំង៨ប្រការ របស់ព្រះមានព្រះភាគនោះហើយដែរ ពួកយើងក៏រីករាយ ព្រោះបានដឹងនូវគុណទាំងនោះ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង សនង្កុមារព្រហ្ម បានពោលសេចក្តីនេះ នឹងសក្កទេវរាជ ជាធំជាងពួកទេវតាថា បពិត្រទេវានមិន្ទៈ ប្រពៃហើយ ពួកយើងគួរស្តាប់នូវគុណ ជារបស់ពិត ទាំង៨ប្រការ របស់ព្រះមានព្រះភាគនោះ។ បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំជាងពួកទេវតា ទទួលតបពាក្យរបស់សនង្កុមារព្រហ្មថា បពិត្រមហាព្រហ្ម យ៉ាងហ្នឹងហើយ ទើបថ្លែងនូវគុណ ជារបស់ពិត ទាំង៨ប្រការរបស់ព្រះមានព្រះភាគថា មហាព្រហ្មដ៏ចំរើន សំគាល់នូវហេតុនោះដូចម្តេច ព្រះមានព្រះភាគនោះ ទ្រង់ប្រតិបត្តិ ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយរហូតមក។ យើងពិចារណារកមើល នូវសាស្តាជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ យ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាល ដែលកន្លងទៅហើយ មិនឃើញមានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគអង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ ធម៌ដែលព្រះមានព្រះភាគអង្គនោះ ទ្រង់ត្រាស់សំដែងហើយដោយល្អ ជាធម៌ដែលអរិយបុគ្គល គប្បីឃើញច្បាស់ ដោយខ្លួនឯង ជាធម៌ឲ្យផល មិនរង់ចាំកាល ជាធម៌ដែលអរិយបុគ្គល គួរហៅបុគ្គលដទៃឲ្យចូលមកមើលបាន ជាធម៌ដែលអរិយបុគ្គល គួរបង្អោនចូលមកទុកក្នុងចិត្តបាន ជាធម៌ដែលវិញ្ញូជនទាំងឡាយ គប្បីដឹងច្បាស់ក្នុងចិត្តរបស់ខ្លួន។ យើងពិចារណារកមើលនូវគ្រូ ជាអ្នកសំដែងធម៌ ដែលគួរបង្អោនចូលមកទុកក្នុងចិត្តបានយ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាលដែលកន្លងទៅហើយ មិនឃើញមានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគអង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ ព្រះមានព្រះភាគអង្គនោះ ទ្រង់បញ្ញត្តហើយថា នេះ ជាកុសល ទ្រង់បញ្ញត្តប្រពៃហើយថា នេះជាអកុសល។ នេះប្រកបដោយទោស។ នេះមិនប្រកបដោយទោស។ នេះគួរសេព។ នេះមិនគួរសេព។ នេះជាអំពើថោកទាប។ នេះជាអំពើថ្លៃថ្លា។ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តប្រពៃហើយថា នេះធម៌ខ្មៅ ធម៌ស និងជាសប្បដិភាគ។ យើងពិចារណារកមើលនូវសាស្តា ជាអ្នកបញ្ញត្តនូវធម៌ទាំងឡាយ ដែលជាកុសល ជាអកុសល ប្រកបដោយទោស មិនប្រកបដោយទោស គួរសេព មិនគួរសេព ថោកទាប និងថ្លៃថ្លា ធម៌ខ្មៅ ធម៌ស និងជាសប្បដិភាគ យ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាល ដែលកន្លងទៅហើយ មិនឃើញមានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគអង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ បដិបទា ជាទីទៅកាន់ព្រះនិព្វាន ដែលព្រះមានព្រះភាគអង្គនោះ ទ្រង់បញ្ញត្តល្អហើយ ដល់សាវ័កទាំងឡាយ ទាំងព្រះនិព្វាន ទាំងបដិបទា រមែងប្រៀបធៀបគ្នាបាន។ ទឹកក្នុងទន្លេគង្គា ប្រៀបស្មើនឹងទឹកក្នុងទន្លេយមុនា ដូចម្តេចមិញ បដិបទាជាទីទៅកាន់ព្រះនិព្វាន ដែលព្រះមានព្រះភាគអង្គនោះ បញ្ញត្តល្អហើយ ដល់សាវ័កទាំងឡាយ ទាំងព្រះនិព្វាន ទាំងបដិបទា រមែងប្រៀបធៀបស្មើគ្នាបាន ដូច្នោះដែរ។ យើងពិចារណារកមើលនូវសាស្តា ជាអ្នកបញ្ញត្តនូវបដិបទា ជាទីទៅកាន់ព្រះនិព្វានយ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាល ដែលកន្លងទៅហើយ មិនឃើញមានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគអង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ ព្រះមានព្រះភាគ ទ្រង់បានពួកសេក្ខបុគ្គល ដែលឋិតនៅក្នុងបដិបទា ហើយនឹងព្រះខីណាស្រព ដែលមានព្រហ្មចរិយធម៌អប់រំស្រេចហើយជាគ្នីគ្នា តែព្រះមានព្រះភាគ ទ្រង់មិនជាប់ព្រះទ័យនឹងគ្នីគ្នានោះទេ ទ្រង់ប្រកបសេចក្តីត្រេកអរ តែមួយអង្គឯង។ យើងពិចារណារកមើលនូវសាស្តា ជាអ្នកប្រកបនូវសេចក្តីត្រេកអរតែម្នាក់ឯងយ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាល ដែលកន្លងទៅហើយ មិនឃើញមាន ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគអង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ លាភសម្រេចហើយ សេចក្តីសរសើរក៏សម្រេចហើយ ដល់ព្រះមានព្រះភាគអង្គនោះ ទាំងពួកក្សត្រ ក៏មានសភាពជាអ្នកស្រឡាញ់រាប់រកព្រះអង្គ ព្រះមានព្រះភាគ អង្គនោះ ប្រាសចាកសេចក្តីស្រវឹងហើយ រមែងសោយនូវអាហារ (តាមធម្មតា)។ យើងពិចារណារកមើលនូវសាស្តា ជាអ្នកប្រាសចាកសេចក្តីស្រវឹង ហើយបរិភោគនូវអាហារយ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាល ដែលកន្លងទៅហើយ មិនឃើញមានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគអង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ ព្រះមានព្រះភាគអង្គនោះ ទ្រង់ត្រាស់យ៉ាងណា ទ្រង់ធ្វើយ៉ាងនោះ ទ្រង់ធ្វើយ៉ាងណា ទ្រង់ត្រាស់យ៉ាងនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងណា ទ្រង់ធ្វើយ៉ាងនោះ ទ្រង់ធ្វើយ៉ាងណា ទ្រង់ត្រាស់យ៉ាងនោះ ដោយប្រការយ៉ាងនេះ។ យើងពិចារណារកមើលនូវសាស្តា ជាអ្នកប្រតិបត្តិ នូវធម៌ដ៏សមគួរដល់ធម៌យ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាល ដែលកន្លងទៅហើយ មិនឃើញមានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគអង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ ព្រះមានព្រះភាគអង្គនោះ ព្រះអង្គឆ្លងផុតសេចក្តីសង្ស័យអស់ហើយ ព្រះអង្គប្រាសចាកសេចក្តីងឿងឆ្ងល់អស់ហើយ ទ្រង់មានព្រះតម្រិះ ដល់ទីបំផុតហើយ ដោយព្រហ្មចរិយធម៌ខាងដើម ជានិស្ស័យដ៏ឧត្តម។ យើងពិចារណារកមើលនូវសាស្តា ជាអ្នកឆ្លងផុតសេចក្តីសង្ស័យ ប្រាសចាកសេចក្តីងឿងឆ្ងល់ មានព្រះតម្រិះ ដល់នូវទីបំផុត ដោយព្រហ្មចរិយធម៌ខាងដើម ជានិស្ស័យដ៏ឧត្តមយ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាល ដែលកន្លងទៅហើយ មិនឃើញមានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគ អង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំជាងពួកទេវតា បានសំដែងគុណជារបស់ពិតទាំង៨ប្រការ របស់ព្រះមានព្រះភាគនេះឯង ដល់សនង្កុមារព្រហ្ម។
[៥៧] បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះ បានជាសនង្កុមារព្រហ្ម មានចិត្តត្រេកអរ រីករាយ កើតបីតិ សោមនស្ស ព្រោះបានស្តាប់គុណជារបស់ពិតទាំង៨ប្រការ របស់ព្រះមានព្រះភាគ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សនង្កុមារព្រហ្ម និម្មិតអត្តភាពដ៏លើសលុប ដូចជាភេទកុមារ មានផ្នួង៥ប្រាកដហើយ ដល់ពួកទេវតាជានតាវត្តិង្ស។ ព្រហ្មនោះ ក៏ហោះឡើងទៅកាន់អាកាស អង្គុយពែនភ្នែន លើផ្ទៃអាកាសវាលធេង។ បពិត្រព្រះអង្គដ៏ចំរើន បុរសមានកម្លាំង អង្គុយពែនភ្នែនលើបល្លង្ក ដែលគេក្រាលល្អហើយ ឬលើភូមិភាគដ៏រាបស្មើ មានឧបមាដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម ហោះឡើងទៅកាន់អាកាស អង្គុយពែនភ្នែន លើផ្ទៃអាកាស វាលធេង ក៏មានឧបមេយ្យដូច្នោះដែរ ហើយនិយាយនឹងពួកទេវតាជាន់តាវត្តិង្សថា នែអ្នកដ៏ចំរើនទាំងឡាយ ពួកទេវតាជាន់តាវត្តិង្ស សំគាល់សេចក្តីនោះដូចម្តេច ព្រះមានព្រះភាគនោះ ជាបុគ្គលមានបញ្ញាច្រើន អស់កាលអង្វែងមកហើយ។ ម្នាលអ្នកដ៏ចំរើន រឿងធ្លាប់មានមកហើយថា មានស្តេចមួយព្រះអង្គ ទ្រង់ព្រះនាមទិសម្បតិ។ មានព្រាហ្មណ៍ឈ្មោះគោវិន្ទៈ ជាបុរោហិត របស់ព្រះបាទទិសម្បតិ។ ព្រះបាទទិសម្បតិ មានព្រះរាជបុត្រ១ព្រះអង្គ ទ្រង់ព្រះនាមរេណុកុមារ។ គោវិន្ទព្រាហ្មណ៍ មានកូនប្រុសម្នាក់ ឈ្មោះជោតិបាលមាណព។ ជនទាំង៨នាក់នេះ គឺរេណុរាជបុត្រ១ ជោតិបាលមាណព១ និងក្សត្រ3) ៦ព្រះអង្គទៀត សុទ្ធតែជាសំឡាញ់នឹងគ្នា។ ម្នាលអ្នកដ៏ចំរើន លុះថ្ងៃ និងយប់កន្លងទៅហើយ គោវិន្ទព្រាហ្មណ៍ ក៏ធ្វើមរណកាលទៅ។ ម្នាលអ្នកដ៏ចំរើន កាលដែលគោវិន្ទព្រាហ្មណ៍ ធ្វើមរណកាលទៅហើយ ព្រះបាទទិសម្បតិ ទ្រង់ព្រះកន្សែងសោកស្តាយថា ឱហ្ន៎ ក្នុងសម័យណា យើងបានប្រគល់រាជកិច្ចទាំងពួងដោយស្រួលបួល ដល់គោវិន្ទព្រាហ្មណ៍ហើយ កំពុងតែស្កប់ស្កល់ មូលមិត ផ្តេកផ្តិតដោយកាមគុណទាំង៥ សម័យនោះឯង គោវិន្ទព្រាហ្មណ៍ ក៏ធ្វើមរណកាលទៅ។ ម្នាលអ្នកដ៏ចំរើន កាលព្រះបាទទិសម្បតិ ទ្រង់ព្រះកន្សែងសោកស្តាយយ៉ាងនោះហើយ រេណុរាជបុត្ត ក៏ក្រាបបង្គំទូលព្រះបាទទិសម្បតិ យ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គ កុំទ្រង់ព្រះកន្សែង នឹងគោវិន្ទព្រាហ្មណ៍ ដែលធ្វើមរណកាលទៅនោះ ខ្លាំងពេកឡើយ បពិត្រព្រះសម្មតិទេព គោវិន្ទព្រាហ្មណ៍ មានកូនប្រុសម្នាក់ ឈ្មោះ ជោតិបាលមាណព ជាបណ្ឌិតវិសេសជាងបិតាផង ជាអ្នកមុះមុត អាចកាត់សេចក្តីបានជាងបិតាផង បិតារបស់ជោតិបាលមាណពនោះ ប្រៀនប្រដៅនូវសេចក្តីទាំងឡាយណា សេចក្តីទាំងឡាយនោះ សុទ្ធតែជាពាក្យប្រៀនប្រដៅ របស់ជោតិបាលមាណព។ ព្រះបាទទិសម្បតិ មានព្រះរាជឱង្ការថា ម្នាលកុមារ យ៉ាងហ្នឹងមែនឬ។ ព្រះរេណុរាជកុមារ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព យ៉ាងហ្នឹងមែន។ ម្នាលអ្នកដ៏ចំរើន គ្រានោះ ព្រះបាទទិសម្បតិ មានព្រះរាជឱង្ការឲ្យហៅបុរសម្នាក់ថា នែបុរសដ៏ចំរើន ឯងចូរមកនេះ ឯចូរចូលទៅរកជោតិបាលមាណព លុះចូលទៅដល់ហើយ ចូរនិយាយនឹងជោតិបាលមាណពយ៉ាងនេះថា សូមសេចក្តីចំរើន មានដល់ជោតិបាលមាណពដ៏ចំរើនចុះ ព្រះបាទទិសម្បតិ មានព្រះរាជឱង្ការ ឲ្យហៅជោតិបាលមាណពដ៏ចំរើន ព្រះបាទទិសម្បតិ ចង់ជួបនឹងជោតិបាលមាណពដ៏ចំរើន។ ម្នាលអ្នកដ៏ចំរើន រាជបុរសនោះទទួលព្រះរាជឱងការព្រះបាទទិសម្បតិថា បពិត្រព្រះសម្មតិទេព ព្រះករុណាវិសេស ហើយចូលទៅរកជោតិបាលមាណព លុះចូលទៅដល់ហើយ បានថ្លែងព្រះឱង្ការនេះ នឹងជោតិបាលមាណពថា សូមសេចក្តីចំរើនមានដល់ជោតិបាលមាណពដ៏ចំរើនចុះ ព្រះបាទទិសម្បតិ មានព្រះឱង្ការឲ្យហៅជោតិបាលមាណពដ៏ចំរើន ព្រះបាទទិសម្បតិ ចង់ជួបនឹងជោតិបាលមាណពដ៏ចំរើន។ ម្នាលអ្នកដ៏ចំរើន ជោតិបាលមាណព ទទួលតបពាក្យរាជបុរសនោះថា អើអ្នកដ៏ចំរើន យ៉ាងនេះហើយ ទើបចូលទៅគាល់ព្រះបាទទិសម្បតិ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ ជាមួយនឹងព្រះបាទទិសម្បតិ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួរលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ ម្នាលអ្នកដ៏ចំរើន លុះជោតិបាលមាណព អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះបាទទិសម្បតិ មានព្រះបន្ទូលយ៉ាងនេះថា ជោតិបាលមាណពដ៏ចំរើន ចូរអ្នកប្រៀនប្រដៅយើងចុះ ជោតិបាលមាណពដ៏ចំរើន កុំលះបង់យើងអំពីការប្រៀនប្រដៅឡើយ យើងនឹងតាំងអ្នកក្នុងតំណែងងារជាដំណែលបិតាអ្នក យើងនឹងស្រោចទឹកអ្នក ក្នុងទីជារបស់គោវិន្ទព្រាហ្មណ៍។ ជោតិបាលមាណព ទទួលព្រះបន្ទូលព្រះបាទទិសម្បតិថា ព្រះករុណាវិសេស។ ម្នាលអ្នកដ៏ចំរើន លុះព្រះបាទទិសម្បតិ ទ្រង់ស្រោចទឹកជោតិបាលមាណព ក្នុងតំណែងងារគោវិន្ទព្រាហ្មណ៍ ទ្រង់តាំងជោតិបាលមាណព ក្នុងដំណែងជាដំណែលបិតា។ ជោតិបាលមាណព ដែលព្រះរាជាទ្រង់ស្រោចទឹក ក្នុងទីជារបស់គោវិន្ទព្រាហ្មណ៍ ទ្រង់តាំងងារជាដំណែលបិតាហើយ តែងប្រៀនប្រដៅនូវសេចក្តីទាំងឡាយ ដែលបិតាបានប្រៀនប្រដៅហើយ ដល់ព្រះរាជានោះផង មិនបានប្រៀនប្រដៅ នូវសេចក្តីទាំងឡាយ ដែលបិតាមិនបានប្រៀនប្រដៅ ដល់ព្រះរាជានោះផង បានចាត់ចែងការងារទាំងឡាយ ដែលបិតាបានចាត់ចែងហើយ ដល់ព្រះរាជានោះផង មិនបានចាត់ចែងនូវការងារទាំងឡាយ ដែលបិតាមិនបានចាត់ចែងហើយ ដល់ព្រះរាជានោះផង។ មនុស្សទាំងឡាយ ក៏នាំគ្នានិយាយពីដំណើរនោះថា អើហ្ន៎ មើលចុះគោវិន្ទព្រាហ្មណ៍ អើហ្ន៎ មើលចុះមហាគោវិន្ទព្រាហ្មណ៍។ ម្នាលអ្នកដ៏ចំរើ់ន ជោតិបាលមាណព ក៏បានឈ្មោះថា មហាគោវិន្ទព្រាហ្មណ៍ ដោយបរិយាយនេះ យ៉ាងនេះឯង។
[៥៨] ម្នាលអ្នកដ៏ចំរើន គ្រានោះ មហាគោវិន្ទព្រាហ្មណ៍ ចូលទៅគាល់ក្សត្រទាំង៦អង្គនោះ លុះចូលទៅដល់ហើយ បានក្រាបបង្គំទូលក្សត្រទាំង៦អង្គនោះ យ៉ាងនេះថា បពិត្រព្រះអង្គម្ចាស់ដ៏ចំរើន ព្រះបាទទិសម្បតិ ទ្រង់ព្រះជរាចាស់គ្រាំគ្រា ទ្រង់ព្រះជន្មមកយូរឆ្នាំហើយ មានព្រះជន្ម ក៏ជ្រុលចូលមកក្នុងបច្ឆិមវ័យហើយ បពិត្រព្រះអង្គម្ចាស់ដ៏ចំរើន នរណាហ្ន៎ នឹងដឹងនូវជីវិតបាន កាលបើព្រះបាទទិសម្បតិ ទ្រង់ទិវង្គតទៅ ពួកអ្នករាជការ គប្បីអភិសេករេណុរាជបុត្រ ក្នុងរាជសម្បត្តិ ហេតុនេះ រមែងមាន សូមព្រះអង្គម្ចាស់ទាំងឡាយដ៏ចំរើន ស្តេចមក សូមព្រះអង្គម្ចាស់ទាំងឡាយ ទៅគាល់ព្រះរេណុរាជបុត្រ លុះចូលទៅដល់ហើយ ត្រូវថ្លែងសេចក្តីចំពោះព្រះរេណុរាជបុត្រ យ៉ាងនេះថា ពួកយើងជាសំឡាញ់ ជាទីស្រឡាញ់ ជាទីពេញចិត្ត មិនជាទីខ្ពើមរអើម នៃព្រះរេណុរាជបុត្រដ៏ចំរើន ព្រះអង្គដ៏ចំរើន មានសុខយ៉ាងណា ពួកយើងមានសុខយ៉ាងនោះ ព្រះអង្គដ៏ចំរើនមានទុក្ខ យ៉ាងណា ពួកយើងមានទុក្ខយ៉ាងនោះ បពិត្រព្រះអង្គម្ចាស់ដ៏ចំរើន ព្រះបាទទិសម្បតិ ទ្រង់ព្រះជរា ចាស់គ្រាំគ្រា ទ្រង់ព្រះជន្មមកយូរឆ្នាំហើយ មានព្រះជន្ម ក៏ជ្រុលចូលមកក្នុងបច្ឆិមវ័យហើយ បពិត្រព្រះអង្គម្ចាស់ដ៏ចំរើន នរណាហ្ន៎ នឹងដឹងនូវជីវិតបាន កាលបើព្រះបាទទិសម្បតិ ទ្រង់ទិវង្គតទៅ ពួកអ្នករាជការ គប្បីអភិសេកព្រះរេណុរាជបុត្រដ៏ចំរើន ក្នុងរាជសម្បត្តិ ហេតុនេះរមែងមាន បើព្រះរេណុរាជបុត្រដ៏ចំរើន ត្រូវបានរាជសម្បត្តិ សូមព្រះអង្គចែករាជសម្បត្តិដល់យើងខ្ញុំទាំងឡាយផង។ ក្សត្រទាំង៦អង្គនោះ ទទួលពាក្យរបស់មហាគោវិន្ទព្រាហ្មណ៍ថា ម្នាលអ្នកដ៏ចំរើន មែនហើយ ទើបចូលទៅគាល់រេណុរាជបុត្រ លុះចូលទៅដល់ហើយ ក្រាបទូលរេណុរាជបុត្រ យ៉ាងនេះថា យើងទាំងឡាយ ជាសំឡាញ ជាទីស្រឡាញ់ ជាទីពេញចិត្ត មិនជាទីខ្ពើមរអើម នៃព្រះរេណុរាជកុមារដ៏ចំរើនឡើយ ព្រះអង្គដ៏ចំរើន មានសុខយ៉ាងណា ពួកយើងមានសុខយ៉ាងនោះ ព្រះអង្គដ៏ចំរើនមានទុក្ខ យ៉ាងណា ពួកយើងមានទុក្ខយ៉ាងនោះ បពិត្រព្រះអង្គម្ចាស់ដ៏ចំរើន ព្រះបាទទិសម្បតិ ទ្រង់ព្រះជរា ចាស់គ្រាំគ្រា ទ្រង់ព្រះជន្មមកយូរឆ្នាំហើយ មានព្រះជន្ម ក៏ជ្រុលចូលមកក្នុងបច្ឆិមវ័យហើយ បពិត្រព្រះអង្គម្ចាស់ដ៏ចំរើន នរណាហ្ន៎ នឹងដឹងនូវជីវិតបាន កាលបើព្រះបាទទិសម្បតិ ទ្រង់ទិវង្គតហើយ ពួកអ្នករាជការ គប្បីអភិសេកព្រះរេណុរាជបុត្រដ៏ចំរើន ក្នុងរាជសម្បត្តិ ហេតុនេះរមែងមាន បើព្រះរេណុរាជបុត្រដ៏ចំរើន ត្រូវបានរាជសម្បត្តិហើយ សូមព្រះអង្គចែករាជសម្បត្តិដល់យើងខ្ញុំទាំងឡាយផង។ រេណុរាជបុត្រ ទ្រង់តបថា ម្នាលអ្នកដ៏ចំរើន បើក្រៅអំពីអ្នកដ៏ចំរើនទាំងឡាយហើយ អ្នកដទៃណា នឹងផ្តល់សេចក្តីសុខឲ្យកើតឡើង ក្នុងដែនរបស់យើងបាន ម្នាលអ្នកដ៏ចំរើន បើយើងនឹងបានរាជសម្បត្តិ យើងនឹងចែករាជសម្បត្តិ ដល់អ្នកទាំងឡាយផងដែរ។ ម្នាលអ្នកដ៏ចំរើន លុះថ្ងៃ និងយប់ទាំងឡាយកន្លងទៅហើយ ព្រះបាទទិសម្បតិ ក៏ទ្រង់ទិវង្គតទៅ។ កាលបើព្រះបាទទិសម្បតិ ទ្រង់ទិវង្គតទៅហើយ ពួកអ្នករាជការ ក៏បានអភិសេកព្រះរេណុរាជបុត្រ ក្នុងរាជសម្បត្តិ។ លុះព្រះរេណុរាជបុត្រ បានអភិសេកដោយរាជសម្បត្តិហើយ ទ្រង់ស្កប់ស្កល់ មូលមិត្រផ្តេកផ្តិត ដោយកាមគុណទាំង៥។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅគាល់ក្សត្រទាំង៦អង្គនោះ លុះចូលទៅដល់ហើយ ទើបក្រាបបង្គំទូលក្សត្រទាំង៦អង្គនោះ យ៉ាងនេះថា បពិត្រព្រះអង្គម្ចាស់ដ៏ចំរើន ព្រះបាទទិសម្បតិ ទ្រង់ទិវង្គតទៅហើយ ព្រះបាទរេណុ ដែលបានអភិសេកដោយរាជសម្បត្តិហើយ ព្រះអង្គក៏ស្កប់ស្កល់ មូលមិត្រផ្តេកផ្តិត ដោយកាមគុណទាំង៥ បពិត្រព្រះអង្គម្ចាស់ដ៏ចំរើន នរណាហ្ន៎ហ នឹងដឹង (រឿងនេះបាន ព្រោះ) កាមារម្មណ៍ទាំងឡាយ សុទ្ធតែជាសភាវៈ នាំឲ្យស្រវឹង សូមឲ្យព្រះអង្គម្ចាស់ដ៏ចំរើនទាំងឡាយ ស្តេចមក និងចូលទៅគាល់ព្រះបាទរុណុ លុះចូលទៅដល់ហើយ ចូរក្រាបទូលព្រះបាទរេណុយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទទិសម្បតិ ទ្រង់ទិវង្គតហើយ ព្រះបាទរេណុដ៏ចំរើន បានទទួលអភិសេក ដោយរាជសម្បត្តិហើយ ព្រះអង្គដ៏ចំរើន រលឹកឃើញពាក្យនោះដែរឬ។ ពួកក្សត្រទាំង៦ អង្គនោះ ទទួលពាក្យរបស់មហាគោវិន្ទព្រាហ្មណ៍ថា ម្នាលអ្នកដ៏ចំរើន មែនហើយ រួចក៏ចូលទៅគាល់ព្រះបាទរេណុ លុះចូលទៅដល់ហើយ បានក្រាបទូលព្រះបាទរេណុ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទទិសម្បតិ ទ្រង់ទិវង្គតហើយ ព្រះបាទរេណុដ៏ចំរើន បានទទួលអភិសេក ដោយរាជសម្បត្តិហើយ តើព្រះអង្គដ៏ចំរើន រលឹកឃើញពាក្យនោះដែរឬ។ ព្រះបាទរេណុ មានព្រះរាជឱង្ការថា ម្នាលអ្នកដ៏ចំរើន យើងរលឹកឃើញពាក្យនោះដែរ។ ពួកក្សត្រទាំង៦អង្គ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ ល្មមនឹងចែកមហាប្រឹថពីនេះ ដែលមានបណ្តោយទៅខាងទិសឧត្តរ មានមុខដូចជាមុខរទេះ ទៅខាងទិសទក្សិណ ឲ្យមានចំណែកស្មើគ្នា ជា៧ភាគបាន។ ព្រះបាទរេណុ មានព្រះរាជឱង្ការថា ម្នាលអ្នកដ៏ចំរើន វៀរលែងតែមហាគោវិន្ទព្រាហ្មណ៍ចេញ អ្នកដទៃណាហ្ន៎ ល្មមនឹងចែកបាន។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង ព្រះបាទរេណុ មានព្រះរាជឱង្ការហៅបុរសម្នាក់មកថា ម្នាលអ្នកដ៏ចំរើន ឯងចូរមកនេះ ឯងចូរទៅរកមហាគោវិន្ទព្រាហ្មណ៍ លុះចូលទៅដល់ហើយ ចូរជំរាបមហាគោវិន្ទព្រាហ្មណ៍ យ៉ាងនេះថា បពិត្រលោកដ៏ចំរើន ព្រះបាទរេណុ មានព្រះរាជឱង្ការឲ្យហៅលោក។ ម្នាលអ្នកដ៏ចំរើន បុរសនោះ ទទួលព្រះរាជឱង្ការ នៃព្រះបាទរេណុថា បពិត្រព្រះសម្មតិទេព ព្រះកុរណាវិសេស ហើយចូលទៅរកមហាគោវិន្ទព្រាហ្មណ៍ លុះចូលទៅដល់ហើយ បានជំរាបមហាគោវិន្ទព្រាហ្មណ៍ យ៉ាងនេះថា បពិត្រលោកដ៏ចំរើន ព្រះបាទរេណុ មានព្រះរាជឱង្ការឲ្យហៅលោក។ ម្នាលអ្នកដ៏ចំរើន មហាគោវិន្ទព្រាហ្មណ៍ ទទួលពាក្យរបស់បុរសនោះថា អើអ្នកដ៏ចំរើន ហើយចូលទៅគាល់ព្រះបាទរេណុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅរកព្រះបាទរេណុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ ម្នាលអ្នកដ៏ចំរើន លុះមហាគោវិន្ទព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះបាទរេណុ មានព្រះរាជឱង្ការយ៉ាងនេះថា គោវិន្ទព្រាហ្មណ៍ដ៏ចំរើន ចូរអញ្ជើញមកចែកមហាប្រឹថពីនេះ ដែលមានបណ្តោយទៅខាងទិសឧត្តរ មានមុខដូចជាមុខរទេះ ទៅខាងទិសទក្សិណ ឲ្យមានចំណែកស្មើគ្នាជា៧ភាគ។ ម្នាលអ្នកដ៏ចំរើន មហាគោវិន្ទព្រាហ្មណ៍ ទទួលព្រះបន្ទូលព្រះបាទរេណុថា បពិត្រព្រះសម្មតិទេព ព្រះករុណាវិសេស ហើយក៏ចែកមហាប្រឹថពីនេះ ដែលមានបណ្តោយទៅខាងទិសឧត្តរ មានមុខដូចជាមុខរទេះ ទៅខាងទិសទក្សិណ ឲ្យមានចំណែកស្មើគ្នាជា៧ភាគ ហើយតំកល់ទុកនូវដែនទាំងអស់ ឲ្យមានមុខដូចជាមុខរទេះ។ មានសេចក្តីដំណាល ក្នុងរឿងនោះថា ជនបទ របស់ព្រះបាទរេណុ នៅត្រង់កណ្តាល។
[៥៩] គោវិន្ទព្រាហ្មណ៍ បានសាងទីក្រុងទាំង៧នេះ គឺក្រុងទន្តបូរៈ សម្រាប់ពួកអ្នកដែនកាលិង្គៈ១ ក្រុងបោតនៈ សម្រាប់ពួកអ្នកដែនអស្សកៈ១ ក្រុងមាហិស្សតិ សម្រាប់ពួកអ្នកដែនអវន្តិ១ ក្រុងរោរុកៈ សម្រាប់ពួកអ្នកដែនសោចិរៈ១ ក្រុងមិថិលា សម្រាប់ពួកអ្នកដែនវិទេហៈ១ ក្រុងចម្បាដែលកសាង ក្នុងដែនឈ្មោះអង្គៈ១ ក្រុងពារាណសី សម្រាប់ពួកអ្នកដែនកាសី១។
[៦០] ម្នាលអ្នកដ៏ចំរើន គ្រានោះឯង ក្សត្រទាំង៦អង្គនោះ ទ្រង់សព្វព្រះទ័យ មានសេចក្តីប្រាថ្នាពេញបរិបូណ៌ហើយ ដោយលាភគួរដល់ព្រះអង្គថា ឱហ្ន៎ របស់ណា ដែលពួកយើងប្រាថ្នាហើយ របស់ណា ដែលពួកយើងប៉ុនប៉ងសំដៅយកហើយ របស់ណា ដែលពួកយើងកត់សំគាល់ទុកហើយ របស់នោះៗ ក៏ពួកយើងបានអស់ហើយ។
[៦១] ព្រះបាទសត្តភូ អង្គ១ ព្រះបាទព្រហ្មទត្តអង្គ១ ព្រះបាទវេស្សភូអង្គ១ ព្រមទាំងព្រះបាទភរតៈអង្គ១ ព្រះបាទរេណុអង្គ១ ព្រះបាទធតរដ្ឋ២ព្រះអង្គទៀត រួមបានជាស្តេចគ្រប់គ្រងផែនដី មាន៧ព្រះអង្គ ក្នុងគ្រានោះ។
ចប់ បឋមភាណវារៈ។
[៦២] ម្នាលអ្នកដ៏ចំរើន គ្រានោះឯង ក្សត្រទាំង៦អង្គនោះ ចូលទៅរកមហាគោវិន្ទព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏មានព្រះរាជឱង្ការទៅនឹងមហាគោវិន្ទព្រាហ្មណ៍ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន គោវិន្ទព្រាហ្មណ៍ដ៏ចំរើន ជាសំឡាញ់ ជាទីស្រឡាញ់ពេញព្រះទ័យ មិនជាទីខ្ពើមរអើម នៃព្រះបាទរេណុ យ៉ាងណាមិញ គោវិន្ទព្រាហ្មណ៍ដ៏ចំរើន ក៏ជាសំឡាញ់ ជាទីស្រឡាញ់ ពេញចិត្ត មិនជាទីខ្ពើមនៃពួកយើងយ៉ាងនោះដែរ គោវិន្ទព្រាហ្មណ៍ដ៏ចំរើន ចូរប្រៀនប្រដៅពួកយើងចុះ គោវិន្ទព្រាហ្មណ៍ដ៏ចំរើន កុំលះបង់យើងអំពីការប្រៀនប្រដៅឡើយ។ ម្នាលអ្នកដ៏ចំរើន មហាគោវិន្ទព្រាហ្មណ៍ ទទួលស្តាប់ព្រះឱង្ការក្សត្រទាំង៦ព្រះអង្គនោះ ដែលបានមុទ្ធាភិសេកហើយថា ព្រះករុណាវិសេស។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ក៏ប្រៀនប្រដៅពួកក្សត្រទាំង៧អង្គ ដែលបានមុទ្ធាភិសេក ដោយរាជសម្បត្តិ ដោយអនុសាសនីផង បានបង្រៀនមន្ត ដល់ព្រាហ្មណមហាសាល ៧នាក់ផង និងខ្មាន់ព្រះកេស៧០០នាក់ផង។ ម្នាលអ្នកដ៏ចំរើន កាលជាខាងក្រោយមក កិត្តិសព្ទដ៏ពីរោះ របស់មហាគោវិន្ទព្រាហ្មណ៍ ល្បីឮខ្ចរខ្ចាយថា មហាគោវិន្ទព្រាហ្មណ៍ អាចឃើញព្រហ្ម ដោយផ្តាល់ខ្លួន មហាគោវិន្ទព្រាហ្មណ៍ អាចសាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មដោយផ្ទាល់ខ្លួនបាន។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ មានសេចក្តីត្រិះរិះយ៉ាងនេះថា កិត្តិសព្ទដ៏ពីរោះ របស់អាត្មាអញ ល្បីឮខ្ចរខ្ចាយទៅ យ៉ាងនេះថា មហាគោវិន្ទព្រាហ្មណ៍ អាចឃើញព្រហ្ម ដោយផ្តាល់ខ្លួន មហាគោវិន្ទព្រាហ្មណ៍ អាចសាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មដោយផ្ទាល់ខ្លួនបាន តែអាត្មាអញ មិនបានឃើញព្រហ្មសោះ មិនបានសាកសួរ ជាមួយនឹងព្រហ្ម មិនបាននិយាយឆ្លើយឆ្លង ជាមួយនឹងព្រហ្ម មិនបានប្រឹក្សាជាមួយនឹងព្រហ្មទេ ប៉ុន្តែអាត្មាអញ ធ្លាប់ឮពាក្យនេះ របស់ព្រាហ្មណ៍ចាស់ៗ មានអាយុច្រើន ជាអាចារ្យប្រធានលើអាចារ្យ និយាយគ្នាថា បុគ្គលណា សម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ហើយពិចារណានូវករុណាឈាន បុគ្គលនោះ នឹងឃើញព្រហ្ម នឹងសាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មបាន បើដូច្នោះ គួរតែអាត្មាអញ សម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ពិចារណានូវករុណាឈាន។ គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅគាល់ព្រះបាទរេណុ លុះចូលទៅដល់ហើយ បានក្រាបទូលព្រះបាទរេណុ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កិត្តិសព្ទដ៏ពីរោះ របស់ខ្ញុំព្រះអង្គ ល្បីឮខ្ចរខ្ចាយទៅ យ៉ាងនេះថា មហាគោវិន្ទព្រាហ្មណ៍ អាចឃើញព្រហ្ម ដោយផ្តាល់ខ្លួន មហាគោវិន្ទព្រាហ្មណ៍ អាចសាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្ម ដោយផ្ទាល់ខ្លួនបាន បពិត្រព្រះអង្គដ៏ចំរើន តែខ្ញុំព្រះអង្គ មិនបានឃើញព្រហ្មសោះទេ មិនបានសាកសួរ ជាមួយនឹងព្រហ្ម មិនបាននិយាយឆ្លើយឆ្លង ជាមួយនឹងព្រហ្ម មិនបានប្រឹក្សាជាមួយនឹងព្រហ្មទេ ប៉ុន្តែខ្ញុំព្រះអង្គ ធ្លាប់ឮពាក្យព្រាហ្មណ៍ ព្រឹទ្ធាចារ្យ មានអាយុច្រើន ជាអាចារ្យប្រធានលើអាចារ្យ និយាយគ្នាថា បុគ្គលណា សម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ពិចារណានូវករុណាឈាន បុគ្គលនោះ នឹងឃើញព្រហ្មបាន សាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គប្រាថ្នា នឹងសម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ដើម្បីពិចារណានូវករុណាឈាន មិនត្រូវឲ្យអ្នកណាមួយ ចូលទៅរកខ្ញុំព្រះអង្គឡើយ វៀរលែងតែបុគ្គលម្នាក់ ជាអ្នកនាំអាហារទៅឲ្យ។ ព្រះបាទរេណុ មានព្រះរាជឱង្ការថា គោវិន្ទព្រាហ្មណ៍ដ៏ចំរើន សំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះចុះ។ គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅគាល់ក្សត្រទាំង៦អង្គនោះ លុះចូលទៅដល់ហើយ បានក្រាបទូលក្សត្រទាំង៦អង្គនោះ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កិត្តិសព្ទដ៏ពីរោះ របស់ខ្ញុំព្រះអង្គ ល្បីឮខ្ចរខ្ចាយទៅ យ៉ាងនេះថា មហាគោវិន្ទព្រាហ្មណ៍ អាចឃើញព្រហ្ម ដោយផ្ទាល់ខ្លួន មហាគោវិន្ទព្រាហ្មណ៍ អាចសាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្ម ដោយផ្ទាល់ខ្លួនបាន បពិត្រព្រះអង្គដ៏ចំរើន តែខ្ញុំព្រះអង្គ មិនបានឃើញព្រហ្មសោះ មិនបានសាកសួរ ជាមួយនឹងព្រហ្ម មិនបាននិយាយឆ្លើយឆ្លង ជាមួយនឹងព្រហ្ម មិនបានប្រឹក្សាជាមួយនឹងព្រហ្មទេ ខ្ញុំព្រះអង្គ គ្រាន់តែឮសេចក្តីដំណាលនេះ របស់ពួកព្រាហ្មណ៍ព្រឹទ្ធាចារ្យ មានអាយុច្រើន ជាអាចារ្យប្រធានលើអាចារ្យ និយាយថា បុគ្គលណា សម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ពិចារណានូវករុណាឈាន បុគ្គលនោះ នឹងឃើញនូវព្រហ្មបាន សាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គប្រាថ្នា ដើម្បីនឹងសម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ពិចារណានូវករុណាឈាន មិនត្រូវឲ្យអ្នកណាមួយ ចូលទៅរកខ្ញុំព្រះអង្គឡើយ វៀរលែងតែបុគ្គលម្នាក់ ជាអ្នកនាំអាហារទៅឲ្យ។ ក្សត្រទាំង៦អង្គ មានព្រះរាជឱង្ការថា គោវិនទ្ធព្រាហ្មណ៍ដ៏ចំរើន សំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះចុះ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅរកព្រាហ្មណមហាសាលទាំង៧នាក់ និងខ្មាន់ព្រះកេសទាំង៧០០នាក់ លុះចូលទៅដល់ហើយ បាននិយាយទៅនឹងព្រាហ្មណមហាសាល ទាំង៧នាក់ និងខ្មាន់ព្រះកេសទាំង៧០០នាក់ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន កិត្តិសព្ទដ៏ពីរោះ របស់ខ្ញុំ ល្បីឮខ្ចរខ្ចាយទៅ យ៉ាងនេះថា មហាគោវិន្ទព្រាហ្មណ៍ អាចឃើញព្រហ្ម ដោយផ្ទាល់ខ្លួន អាចសាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មដោយផ្ទាល់ខ្លួនបាន ម្នាលអ្នកដ៏ចំរើន តែខ្ញុំមិនបានឃើញព្រហ្មសោះ មិនបានសាកសួរ ជាមួយនឹងព្រហ្ម មិនបាននិយាយឆ្លើយឆ្លង ជាមួយនឹងព្រហ្ម មិនបានប្រឹក្សាជាមួយនឹងព្រហ្មទេ ខ្ញុំគ្រាន់តែឮសេចក្តីដំណាលនេះ របស់ពួកព្រាហ្មណ៍ ព្រឹទ្ធាចារ្យ មានអាយុច្រើន ជាអាចារ្យប្រធានលើអាចារ្យ និយាយថា បុគ្គលណា សម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ពិចារណានូវករុណាឈាន បុគ្គលនោះ នឹងឃើញព្រហ្មបាន នឹងសាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មបាន ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ ស្វាធ្យាយនូវមន្តទាំងឡាយ តាមដែលបានស្តាប់មកហើយ បានរៀនមកហើយ ដោយពិស្តារចុះ ចូរប្រាប់មន្តទាំងឡាយ ដល់គ្នានឹងគ្នាផងចុះ ម្នាលអ្នកដ៏ចំរើន ខ្ញុំប្រាថ្នា ដើម្បីនឹងសម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ដើម្បីនឹងពិចារណានូវករុណាឈាន មិនត្រូវឲ្យអ្នកណាមួយ ចូលទៅរកខ្ញុំឡើយ វៀរតែបុគ្គលម្នាក់ ជាអ្នកនាំអាហារទៅឲ្យ។ ព្រាហ្មណមហាសាល និងខ្មាន់ព្រះកេសទាំងនោះ និយាយតបថា គោវិន្ទព្រាហ្មណ៍ដ៏ចំរើន សំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះចុះ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅរកប្រពន្ធទាំង៤០នាក់ ដែលមានត្រកូល និងជាតិស្មើគ្នា លុះចូលទៅដល់ហើយ បាននិយាយទៅនឹងប្រពន្ធទាំង៤០នាក់ ដែលមានត្រកូល និងជាតិស្មើគ្នា យ៉ាងនេះថា នែនាងដ៏ចំរើន កិត្តិសព្ទដ៏ពីរោះ របស់អញ ល្បីឮខ្ចរខ្ចាយទៅ យ៉ាងនេះថា មហាគោវិន្ទព្រាហ្មណ៍ អាចឃើញព្រហ្ម ដោយផ្ទាល់ខ្លួន មហាគោវិន្ទព្រាហ្មណ៍ អាចសាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្ម ដោយផ្ទាល់ខ្លួនបាន នែនាងដ៏ចំរើន តែខ្លួនអញ មិនបានឃើញព្រហ្មសោះ មិនបានសាកសួរ ជាមួយនឹងព្រហ្ម មិនបាននិយាយឆ្លើយឆ្លង ជាមួយនឹងព្រហ្ម មិនបានប្រឹក្សាជាមួយនឹងព្រហ្មទេ ខ្លួនអញ គ្រាន់តែឮសេចក្តីដំណាលនេះ របស់ពួកព្រាហ្មណ៍ព្រឹទ្ធាចារ្យ មានអាយុច្រើន ជាអាចារ្យប្រធានលើអាចារ្យ និយាយថា បុគ្គលណា សម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ពិចារណានូវករុណាឈាន បុគ្គលនោះ នឹងឃើញនូវព្រហ្ម នឹងសាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មបាន នែនាងដ៏ចំរើន ឥឡូវអញប្រាថ្នា ដើម្បីសម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ពិចារណានូវករុណាឈាន មិនត្រូវឲ្យអ្នកណាមួយ ចូលទៅរកអញឡើយ វៀរលែងតែបុគ្គលម្នាក់ ជាអ្នកនាំអាហារទៅឲ្យ។ ប្រពន្ធទាំង៤០នាក់ ទទួលតបថា គោវិន្ទព្រាហ្មណ៍ដ៏ចំរើន សំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះចុះ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ឲ្យសាងអាស្រមថ្មី នាទិសខាងកើតព្រះនគរ ហើយសម្ងំនៅក្នុងរដូវភ្លៀងអស់៤ខែ ពិចារណានូវករុណាឈាន។ មិនមានអ្នកណាចូលទៅរកគាត់ឡើយ វៀរលែងតែបុគ្គលម្នាក់ ជាអ្នកនាំអាហារទៅឲ្យ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង កាលកន្លងទៅ៤ខែហើយ មហាគោវិន្ទព្រាហ្មណ៍ កើតសេចក្តីអផ្សុក អន្ទះអន្ទែងថា អាត្មាអញ ធ្លាប់ឮសេចក្តីដំណាលនេះ របស់ពួកព្រាហ្មណ៍ ព្រឹទ្ធាចារ្យ មានអាយុច្រើន ជាអាចារ្យប្រធានលើអាចារ្យ និយាយថា បុគ្គលណា សម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ពិចារណានូវករុណាឈាន បុគ្គលនោះ នឹងឃើញព្រហ្ម នឹងសាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មបាន តែ (ឥឡូវនេះ) អាត្មាអញ មិនបានឃើញព្រហ្មសោះ មិនបានសាកសួរ ជាមួយនឹងព្រហ្ម មិនបាននិយាយឆ្លើយឆ្លង ជាមួយនឹងព្រហ្ម មិនបានប្រឹក្សាជាមួយនឹងព្រហ្ម។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង សនង្កុមារព្រហ្ម បានដឹងច្បាស់នូវសេចក្តីត្រិះរិះក្នុងចិត្ត របស់មហាគោវិន្ទព្រាហ្មណ៍ ដោយចិត្តរបស់ខ្លួនហើយ ក៏ស្រាប់តែបាត់អំពីព្រហ្មលោក មកប្រាកដក្នុងទីចំពោះមុខមហាគោវិន្ទព្រាហ្មណ៍ ប្រៀបដូចជាបុរសមានកំឡាំងលាដៃ ដែលខ្លួនបត់ចូល ឬបត់ដៃ ដែលខ្លួនលាចេញ។ ម្នាលអ្នកដ៏ចំរើន លំដាប់នោះឯង សេចក្តីភ័យ សេចក្តីតក់ស្លុត និងការព្រឺរោម ក៏កើតឡើង ដល់មហាគោវិន្ទព្រាហ្មណ៍ ព្រោះបានឃើញរូបដែលខ្លួនមិនធ្លាប់ឃើញសោះ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ និយាយទៅនឹងសនង្កុមារព្រហ្ម ទាំងភិតភ័យ តក់ស្លុត ព្រឺរោមដោយគាថា ថា
[៦៣] បពិត្រលោកនិទ៌ុក្ខ លោកជាអ្វីហ្ន៎ ទើបមានសម្បុរ មានយស មានសិរី (យ៉ាងនេះ) យើងមិនស្គាល់ បានជាសូមសួរលោក ធ្វើដូចម្តេចហ្ន៎ យើងនឹងស្គាល់លោក។
សនង្កុមារព្រហ្មឆ្លើយថា ពួកជនតែងស្គាល់ខ្ញុំថាជាកុមារ ក្នុងព្រហ្មលោក មកអស់កាលយូរហើយ ពួកទេវតាទាំងពួងសោត ក៏ស្គាល់ខ្ញុំដែរ ម្នាលគោវិន្ទ អ្នកចូរដឹងយ៉ាងនេះចុះ។
មហាគោវិន្ទព្រាហ្មណ៍ និយាយថា អាសនៈ ទឹក ប្រេង សម្រាប់លាបជើង និងទឹកឃ្មុំ តែងមានដល់ព្រហ្ម យើងសូមទទួលលោកដ៏ចំរើន ដោយគ្រឿងទទួលភ្ញៀវ សូមលោកដ៏ចំរើន ទទួលគ្រឿងទទួលភ្ញៀវ របស់យើងចុះ។
សនង្កុមារព្រហ្មឆ្លើយថា ម្នាលគោវិន្ទ អ្នកពោលចំពោះគ្រឿងទទួលភ្ញៀវណា យើងព្រមទទួលគ្រឿងទទួលភ្ញៀវនោះរបស់អ្នក យើងបើកឱកាសឲ្យអ្នកសួរហើយ ដើម្បីប្រយោជន៍ក្នុងបច្ចុប្បន្នផង ដើម្បីសេចក្តីសុខក្នុងបរលោកផង អ្នកប្រាថ្នាប្រយោជន៍ណាមួយ ចូរសួរប្រយោជន៍នោះចុះ។
[៦៤] ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ មានសេចក្តីត្រិះរិះយ៉ាងនេះថា សនង្កុមារព្រហ្ម បានបើកឱកាសដល់អញហើយ អាត្មាអញ គួរសួរអ្វីនឹងសនង្កុមារព្រហ្មហ្ន៎ គួរសួរប្រយោជន៍ក្នុងបច្ចុប្បន្ន ឬប្រយោជន៍ក្នុងបរលោក។ ម្នាលអ្នកដ៏ចំរើន គ្រានោះ មហាគោវិន្ទព្រាហ្មណ៍ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ ជាមនុស្សឈ្លាសវៃ ចំពោះប្រយោជន៍ក្នុងបច្ចុប្បន្នស្រាប់ហើយ ទាំងពួកជនដទៃ ក៏តែងសួររកប្រយោជន៍ ក្នុងបច្ចុប្បន្ន នឹងអាត្មាអញដែរ បើដូច្នោះ គួរតែអាត្មាអញ សួរសនង្កុមារព្រហ្ម ចំពោះប្រយោជន៍ ក្នុងបរលោក តែមួយយ៉ាងប៉ុណ្ណោះ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ បាននិយាយនឹងសនង្កុមារព្រហ្ម ដោយគាថាថា
[៦៥] ខ្ញុំមានសេចក្តីសង្ស័យ សូមសួរសនង្កុមារព្រហ្ម ដែលជាអ្នកមិនមានសេចក្តីសង្ស័យ ក្នុងប្រស្នាទាំងឡាយ ដែលបុគ្គលដទៃគួរដឹងថា សត្វឋិតនៅក្នុងធម៌អ្វី សិក្សាក្នុងធម៌អ្វី ទើបដល់នូវព្រហ្មលោក ដែលមិនស្លាប់។
សនង្កុមារព្រហ្ម តបថា ម្នាលព្រាហ្មណ៍ សត្វលះបង់នូវសេចក្តីប្រកាន់ថា របស់អញ ក្នុងពួកសត្វចេញ ជាបុគ្គលប្រព្រឹត្តតែម្នាក់ឯង មានចិត្តឱនទៅរកករុណាឈាន ប្រាសចាកក្លិនពុល គឺកិលេស វៀរចាកមេថុនធម្ម ឋិតនៅក្នុងធម៌ទាំងនេះ លុះសិក្សាក្នុងធម៌ទាំងនេះហើយ ទើបដល់នូវព្រហ្មលោក ដែលមិនស្លាប់។
[៦៦] មហាគោវិន្ទព្រាហ្មណ៍ និយាយតបថា (ត្រង់ពាក្យ) របស់លោកដ៏ចំរើនថា លះបង់នូវសេចក្តីប្រកាន់ថា របស់អញចេញ ដូច្នេះ ខ្ញុំយល់ច្បាស់ហើយ។ បុគ្គលពួកខ្លះ ក្នុងលោកនេះ លះបង់នូវគំនរទ្រព្យតិចក្តី លះបង់នូវគំនរទ្រព្យច្រើនក្តី លះបង់នូវញាតិវង្សតិចក្តី លះបង់នូវញាតិវង្សច្រើនក្តី ហើយកោរសក់ និងពុកមាត់ ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស (ត្រង់ពាក្យ) របស់លោកដ៏ចំរើនថា លះបង់នូវសេចក្តីប្រកាន់ថា របស់អញចេញ ដូច្នេះ ខ្លួនខ្ញុំយល់ច្បាស់ហើយ ដោយប្រការដូច្នេះឯង។ (ត្រង់ពាក្យ) របស់លោកដ៏ចំរើនថា ជាបុគ្គលប្រព្រឹត្តតែម្នាក់ឯង ដូច្នេះ ខ្ញុំយល់ច្បាស់ហើយ។ បុគ្គលពួកខ្លះ ក្នុងលោកនេះ អាស្រ័យសេនាសនៈស្ងាត់ ចៀសគេចទៅនៅតាមព្រៃ ម្លប់ឈើ ភ្នំ ជ្រោះ រអាងភ្នំ ទីស្មសាន ព្រៃស្រោង ទីវាល គំនរស្លឹកឈើ (ត្រង់ពាក្យ) របស់លោកដ៏ចំរើនថា ជាបុគ្គលប្រព្រឹត្តតែម្នាក់ឯង ដូច្នេះ ខ្ញុំយល់ច្បាស់ហើយ ដោយប្រការដូច្នេះឯង។ (ត្រង់ពាក្យ) របស់លោកដ៏ចំរើនថា មានចិត្តឱនទៅរក នូវករុណាឈាន ដូច្នេះ ខ្ញុំយល់ច្បាស់ហើយ។ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានចិត្តប្រកបដោយករុណា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ក៏ដូចគ្នា មានចិត្តប្រកបដោយករុណាដ៏ធំទូលាយ ដល់នូវភាវៈធំ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក ដែលមានសត្វទាំងអស់ ដោយយកខ្លួនឯង ទៅប្រៀបនឹងសត្វទាំងពួង គ្រប់ទិស គឺទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូចៗ ក៏ដូច្នោះដែរ (ត្រង់ពាក្យ) របស់លោកដ៏ចំរើនថា មានចិត្តឱនទៅរកករុណាឈាន ដូច្នេះ ខ្ញុំយល់ច្បាស់ហើយ ដោយប្រការដូច្នេះឯង។ តែថា ខ្ញុំមិនយល់សោះនូវពាក្យ របស់លោកដ៏ចំរើន ដែលនិយាយចំពោះពួកក្លិនពុល (នោះ)។
[៦៧] បពិត្រព្រហ្ម អ្វីជាពួកក្លិនពុលក្នុងពួកសត្វ ខ្ញុំមិនស្គាល់ នូវក្លិនពុលទាំងនុ៎ះឡើយ បពិត្រលោកជាអ្នកប្រាជ្ញ សូមលោកមេត្តាប្រាប់ឲ្យទាន ក្នុងទីនេះ កិលេសដូចម្តេច ដែលរួបរឹត បក់បោកពួកសត្វឲ្យមានក្លិនអាក្រក់ នាំចូលទៅកាន់អបាយ បិទបាំងផ្លូវទៅកាន់ព្រហ្មលោក។ សនង្កុមារព្រហ្មឆ្លើយតបថា សេចក្តីក្រោធ១ ការនិយាយកុហក១ ការបញ្ឆោតបន្លំ១ ការទ្រុស្តមិត្រ១ សេចក្តីកំណាញ់ស្វិតស្វាញ១ សេចក្តីមើលងាយគេ១ សេចក្តីច្រណែន១ សេចក្តីប្រាថ្នា១ សេចក្តីសង្ស័យ១ ការបៀតបៀនអ្នកដទៃ១ លោភៈ១ ទោសៈ១ សេចក្តីស្រវឹង១ សេចក្តីវង្វេង១ ពួកសត្វដែលប្រកបដោយកិលេសទាំង១៤នេះ ឈ្មោះថាជាអ្នកមានក្លិនពុល មិនទាន់អស់ រមែងទៅកាន់អបាយ ដែលបិទបាំងផ្លូវទៅកាន់ព្រហ្មលោក។
[៦៨] មហាគោវិន្ទព្រាហ្មណ៍ និយាយថា ខ្ញុំយល់ច្បាស់ហើយ នូវក្លិនពុលទាំងឡាយ ដែលលោកដ៏ចំរើននិយាយ តែក្លិនពុលទាំងនោះ បុគ្គលដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ បពិត្រលោកដ៏ចំរើន ខ្ញុំនឹងចេញចាកផ្ទះ ទៅបួស។ សនង្កុមារព្រហ្ម និយាយតបថា គោវិន្ទព្រាហ្មណ៍ដ៏ចំរើន សំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះចុះ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅគាល់ព្រះបាទរេណុ លុះចូលទៅដល់ហើយ បានក្រាបទូលព្រះបាទរេណុយ៉ាងនេះថា ឥឡូវនេះ សូមព្រះអង្គដ៏ចំរើន ស្វែងរកបុរោហិតឯទៀត សម្រាប់នឹងប្រឹក្សាការរាជការ របស់ព្រះអង្គដ៏ចំរើនចុះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គប្រាថ្នា ដើម្បីនឹងចេញចាកផ្ទះ ទៅបួស ដ្បិតខ្ញុំព្រះអង្គឮព្រហ្មនិយាយអំពីក្លិនពុលទាំងឡាយហើយ តែក្លិនពុលទាំងនោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងចេញចាកផ្ទះ ទៅបួស។
[៦៩] មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា ខ្ញុំព្រះអង្គ សូមក្រាបទូលព្រះបាទរេណុ ជាម្ចាស់ផែនដី សូមព្រះអង្គ ទ្រង់ជ្រាបដោយកិច្ចរាជការចុះ ខ្ញុំព្រះអង្គ លែងត្រេកអរក្នុងតំណែងបុរោហិតហើយ។
ព្រះបាទរេណុ ត្រាស់ថា បើអ្នកខ្វះខាត ដោយវត្ថុទាំងឡាយ ដែលត្រូវការ យើងនឹងបំពេញឲ្យអ្នក បើបុគ្គលណាបៀតបៀនអ្នក យើងជាម្ចាស់ នៃសេនាលើផែនដី និងហាមប្រាមបុគ្គលនោះ អ្នកទុកដូចជាបិតា យើងទុកដូចជាបុត្រ ម្នាលគោវិន្ទ សូមអ្នកកុំលះបង់យើងឡើយ។
មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា ការខ្វះខាតដោយវត្ថុទាំងឡាយ ដែលត្រូវការ មិនមានទេ បុគ្គលអ្នកបៀតបៀនខ្ញុំព្រះអង្គ ក៏មិនមានដែរ ប៉ុន្តែខ្ញុំព្រះអង្គ បានស្តាប់ពាក្យរបស់អមនុស្សហើយ ហេតុនោះ បានជាខ្ញុំព្រះអង្គ មិនត្រេកអរក្នុងផ្ទះទេ។
ព្រះបាទរេណុ ទ្រង់ត្រាស់ថា អមនុស្សមានភេទដូចម្តេច បាននិយាយសេចក្តីដូចម្តេចនឹងអ្នក ដែលអ្នកបានស្តាប់ហើយ នឹងលះបង់នូវផ្ទះទាំងឡាយ របស់យើងផង នូវយើងផង នូវជនទាំងអស់ផង។
មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា កាលពីដើម ខ្ញុំព្រះអង្គ ចូលទៅពួនសម្ងំនៅតែម្នាក់ឯង កាលដែលខ្ញុំព្រះអង្គប្រាថ្នា ដើម្បីបូជាយ័ញ្ញ ខ្ញុំព្រះអង្គ ក៏ប្រមូលស្បូវ និងស្លឹកឈើ មកគរបង្កាត់ភ្លើងឲ្យឆេះឡើង។ លំដាប់នោះ ស្រាប់តែសនង្កុមារព្រហ្ម មកអំពីព្រហ្មលោក ប្រាកដ (នៅមុខ) ខ្ញុំព្រះអង្គ ព្រហ្មនោះ បានដោះស្រាយប្រស្នានឹងខ្ញុំព្រះអង្គ ឯខ្ញុំព្រះអង្គ ក៏បានស្តាប់នូវសេចក្តីនោះហើយ ទើបលែងត្រេកអរក្នុងផ្ទះ។
ព្រះបាទរេណុ មានព្រះរាជឱង្ការថា ម្នាលគោវិន្ទ អ្នកនិយាយពាក្យណា យើងក៏ជឿពាក្យនោះរបស់អ្នកដ៏ចំរើន អ្នកបានស្តាប់ពាក្យអមនុស្សហើយ នឹងប្រព្រឹត្តទៅដោយឡែកដូចម្តេច យើងនោះ នឹងប្រព្រឹត្តតាមអ្នកដែរ ម្នាលគោវិន្ទ (ព្រោះថា) អ្នកដ៏ចំរើន ជាគ្រូយើងស្រាប់ហើយ។ អ្នកប្រៀបដូចកែវមណី និងកែវពៃទូរ្យ មិនមានប្រេះឆារ ថ្លាស្អាត យើងបានឮយ៉ាងនេះហើយ នឹងប្រព្រឹត្តតាមពាក្យប្រដៅរបស់អ្នកគោវិន្ទ។
[៧០] ព្រះបាទរេណុ មានព្រះរាជឱង្ការថា ប្រសិនបើគោវិន្ទព្រាហ្មណ៍ដ៏ចំរើន នឹងចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស យើងនឹងចេញចាកផ្ទះទៅបួសដែរ បើគតិរបស់អ្នកយ៉ាងណា គតិរបស់យើងនឹងទៅជាយ៉ាងនោះដែរ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅគាល់ក្សត្រទាំង៦អង្គនោះ លុះចូលទៅដល់ហើយ បានក្រាបទូលក្សត្រទាំង៦អង្គនោះ យ៉ាងនេះថា បពិត្រព្រះអង្គ ឥឡូវនេះ សូមព្រះអង្គទាំងឡាយដ៏ចំរើន ស្វែងរកបុរោហិតដទៃទៀត សម្រាប់នឹងប្រឹក្សាកិច្ចការរដ្ឋ របស់ព្រះអង្គដ៏ចំរើនចុះ បពិត្រព្រះអង្គ ខ្ញុំព្រះអង្គប្រាថ្នា ដើម្បីនឹងចេញចាកផ្ទះ ទៅបួស ដ្បិតខ្ញុំព្រះអង្គបានឮព្រហ្មនិយាយអំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ បពិត្រព្រះអង្គ ខ្ញុំព្រះអង្គ នឹងចេញចាកផ្ទះ ទៅបួស។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង ពួកក្សត្រទាំង៦អង្គនោះ ចៀសចេញទៅក្នុងទីដ៏សមគួរ ហើយគិតព្រមគ្នាថា ធម្មតាពួកព្រាហ្មណ៍ទាំងនេះ ជាបុគ្គលល្មោភនឹងទ្រព្យ បើដូច្នោះ គួរយើងល្បួងមហាគោវិន្ទព្រាហ្មណ៍ដោយទ្រព្យ។ ក្សត្រទាំង៦អង្គនោះ ក៏ចូលទៅរកមហាគោវិន្ទព្រាហ្មណ៍ ហើយថ្លែងសេចក្តីយ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន សម្បត្តិក្នុងរាជ្យទាំង៧នេះ មានច្រើន ព្រោះហេតុនោះ អ្នកដ៏ចំរើនត្រូវការដោយសម្បត្តិប៉ុន្មាន ចូរយកសម្បត្តិប៉ុណ្ណោះចុះ។ មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា កុំឡើយព្រះអង្គ សម្បត្តិរបស់ខ្ញុំព្រះអង្គនេះ បរិបូណ៌ហើយ ជាសម្បត្តិដែលព្រះអង្គដ៏ចំរើនទាំងឡាយប្រទានឲ្យ ខ្ញុំព្រះអង្គ លះចោលសម្បត្តិទាំងអស់ ហើយនឹងចេញចាកផ្ទះទៅបួស តាមពាក្យដែលខ្ញុំព្រះអង្គបានឮព្រហ្មនិយាយអំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងចេញចាកផ្ទះទៅបួស។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង ក្សត្រទាំង៦អង្គនោះ ចៀសចេញទៅក្នុងទីដ៏សមគួរ ហើយគិតព្រមគ្នា យ៉ាងនេះថា ធម្មតាពួកព្រាហ្មណ៍ទាំងនេះ ជាបុគ្គលល្មោភនឹងស្រ្តី បើដូច្នោះ គួរយើងលួងលោមមហាគោវិន្ទព្រាហ្មណ៍ដោយពួកស្ត្រី។ ក្សត្រទាំង៦អង្គនោះ ចូលទៅរកមហាគោវិន្ទព្រាហ្មណ៍ ហើយថ្លែងសេចក្តីយ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន ពួកស្ត្រីក្នុងរាជ្យទាំង៧នេះ មានច្រើន ព្រោះហេតុនោះ អ្នកដ៏ចំរើនត្រូវការដោយពួកស្ត្រីប៉ុន្មាននាក់ ចូរនាំយកពួកស្ត្រីប៉ុណ្ណោះចុះ។ មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា កុំឡើយព្រះអង្គ អម្បាលដូចជាភរិយាទាំង៤០នាក់ របស់ខ្ញុំព្រះអង្គនេះ សុទ្ធតែមានជាតិ និងត្រកូលស្មើគ្នា (ម្តេចក៏) ខ្ញុំព្រះអង្គ នឹងលះចោលភរិយាទាំងអស់នោះ ហើយចេញចាកផ្ទះទៅបួស តាមដែលខ្ញុំព្រះអង្គបានឮព្រហ្មនិយាយអំពីក្លិនពុលទាំងឡាយហើយ តែថាក្លិនពុលទាំងនោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានទេ បពិត្រព្រះអង្គ ខ្ញុំព្រះអង្គ នឹងចេញចាកផ្ទះទៅបួស។ ក្សត្រទាំង៦អង្គត្រាស់ថា បើគោវិន្ទព្រាហ្មណ៍ដ៏ចំរើន នឹងចេញចាកផ្ទះ ទៅបួស ពួកយើងក៏ចេញចាកផ្ទះ ទៅបួសដែរ បើគតិរបស់អ្នក យ៉ាងណា គតិរបស់ពួកយើង ក៏យ៉ាងនោះដែរ។
[៧១] មហាគោវិន្ទព្រាហ្មណ៍ ទូលថា បុថុជ្ជនតែងជាប់នៅក្នុងកាមទាំងឡាយណា បើព្រះអង្គទាំងឡាយ នឹងលះបង់នូវកាមទាំងឡាយនោះចេញ សូមព្រះអង្គប្រារព្ធនូវការព្យាយាមឲ្យមាំ ប្រកបដោយកម្លាំងនៃខន្តិធម៌ (ផង)។ នេះជាផ្លូវត្រង់ នេះជាផ្លូវប្រសើរ ដែលពួកសប្បុរ តែងរក្សាព្រះសទ្ធម្ម ដើម្បីទៅកើតក្នុងព្រហ្មលោក។
[៧២] ក្សត្រទាំង៦អង្គ ត្រាស់ថា បើដូច្នោះ សូមមហាគោវិន្ទដ៏ចំរើន រង់ចាំអស់៧ឆ្នាំ (សិន) លុះកន្លង៧ឆ្នាំហើយ ពួកយើងនឹងចេញចាកផ្ទះទៅបួស បើគតិរបស់អ្នក យ៉ាងណា គតិរបស់ពួកយើង ក៏យ៉ាងនោះដែរ។ មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ៧ឆ្នាំយូរណាស់ ខ្ញុំព្រះអង្គមិនអាច នឹងរង់ចាំព្រះអង្គ ដល់៧ឆ្នាំបានទេ បពិត្រព្រះអង្គដ៏ចំរើន នរណាឡើយ នឹងអាចដឹងនូវជីវិតបាន ព្រោះបុគ្គល ត្រូវតែទៅកាន់បរលោក បុគ្គលត្រូវយល់ដោយប្រាជ្ញា ត្រូវធ្វើកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ សត្វដែលកើតមកហើយ ឈ្មោះថា មិនស្លាប់ គ្មានទេ តាមដែលខ្ញុំព្រះអង្គ បានឮព្រហ្មនិយាយអំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ ក្សត្រទាំង៦អង្គ មានព្រះរាជឱង្ការថា បើដូច្នោះ សូមគោវិន្ទព្រាហ្មណ៍ដ៏ចំរើន រង់ចាំអស់៦ឆ្នាំសិន។បេ។ រង់ចាំអស់៥ឆ្នាំសិន។ រង់ចាំអស់៤ឆ្នាំសិន។ រង់ចាំអស់៣ឆ្នាំសិន។ រង់ចាំអស់២ឆ្នាំសិន។ រង់ចាំអស់១ឆ្នាំសិន លុះដល់កន្លង១ឆ្នាំហើយ ពួកយើងនឹងចេញចាកផ្ទះ ទៅបួសដែរ បើគតិរបស់អ្នក យ៉ាងណា គតិរបស់ពួកយើង ក៏យ៉ាងនោះដែរ។ មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ១ឆ្នាំយូរណាស់ ខ្ញុំព្រះអង្គមិនអាច នឹងរង់ចាំព្រះអង្គ អស់១ឆ្នាំបានទេ បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ អាចដឹងនូវជីវិតបាន ព្រោះបុគ្គលត្រូវតែទៅកាន់បរលោក បុគ្គលត្រូវយល់ដោយប្រាជ្ញា ត្រូវធ្វើកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ សត្វដែលកើតហើយ ឈ្មោះថា មិនស្លាប់ គ្មានទេ ព្រោះខ្ញុំព្រះអង្គ បានឮព្រហ្មនិយាយ អំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងចេញចាកផ្ទះទៅបួស។ ក្សត្រទាំង៦អង្គ មានព្រះរាជឱង្ការថា បើដូច្នោះ សូមគោវិន្ទព្រាហ្មណ៍ដ៏ចំរើន រង់ចាំអស់៧ខែសិន លុះកន្លង៧ខែហើយ ពួកយើងនឹងចេញចាកផ្ទះទៅបួស គតិរបស់អ្នកយ៉ាងណា គតិរបស់ពួកយើងក៏យ៉ាងនោះដែរ។ មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ៧ខែយូរណាស់ ខ្ញុំព្រះអង្គ មិនអាចនឹងរង់ចាំព្រះអង្គ អស់៧ខែបានទេ បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ អាចដឹងនូវជីវិតបាន ព្រោះបុគ្គលត្រូវតែទៅកាន់បរលោក បុគ្គលត្រូវយល់ដោយប្រាជ្ញា ត្រូវធ្វើកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ សត្វដែលកើតហើយ ឈ្មោះថា មិនស្លាប់គ្មានទេ ព្រោះខ្ញុំព្រះអង្គ បានឮព្រហ្មនិយាយ អំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងចេញចាកផ្ទះទៅបួស។ ក្សត្រទាំង៦អង្គ មានព្រះរាជឱង្ការថា បើដូច្នោះ សូមគោវិន្ទព្រាហ្មណ៍ដ៏ចំរើន រង់ចាំអស់៦ខែសិន។ រង់ចាំអស់៥ខែសិន។ រង់ចាំអស់៤ខែសិន។ រង់ចាំអស់៣ខែសិន។ រង់ចាំអស់២ខែសិន។ រង់ចាំអស់១ខែសិន។ រង់ចាំអស់កន្លះខែសិន លុះកន្លងកន្លះខែទៅហើយ ពួកយើងនឹងចេញចាកផ្ទះទៅបួស គតិរបស់អ្នក យ៉ាងណា គតិរបស់ពួកយើង ក៏យ៉ាងនោះដែរ។ មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន កន្លះខែ យូរណាស់ ខ្ញុំព្រះអង្គមិនអាច នឹងរង់ចាំព្រះអង្គ អស់កន្លះខែបានទេ បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ អាចដឹងនូវជីវិតបាន ព្រោះបុគ្គលត្រូវតែទៅកាន់បរលោក បុគ្គលត្រូវយល់ដោយប្រាជ្ញា ត្រូវធ្វើកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ សត្វដែលកើតមកហើយ ឈ្មោះថា មិនស្លាប់គ្មានទេ ព្រោះខ្ញុំព្រះអង្គ បានឮព្រហ្មនិយាយ អំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងចេញចាកផ្ទះទៅបួស។ ក្សត្រទាំង៦អង្គ មានព្រះរាជឱង្ការថា បើដូច្នោះ សូមគោវិន្ទព្រាហ្មណ៍ដ៏ចំរើន រង់ចាំអស់៧ថ្ងៃសិន ទំរាំពួកយើងប្រៀនប្រដៅកូន និងបងប្អូនរបស់ខ្លួនក្នុងរាជសម្បត្តិ លុះកន្លង៧ថ្ងៃហើយ ពួកយើងនឹងចេញចាកផ្ទះទៅបួស គតិរបស់អ្នក យ៉ាងណា គតិរបស់ពួកយើង ក៏យ៉ាងនោះដែរ។ មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ៧ថ្ងៃមិនយូរប៉ុន្មានទេ ខ្ញុំព្រះអង្គនឹងរង់ចាំព្រះអង្គ អស់៧ថ្ងៃបាន។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅរកព្រាហ្មមហាសាលទាំង៧នាក់ និងនាយខ្មាន់ព្រះកេស ៧០០នាក់ លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រាហ្មណមហាសាលទាំង៧នាក់ និងនាយខ្មាន់ព្រះកេស ទាំង៧០០នាក់ យ៉ាងនេះថា ឥឡូវនេះ សូមអ្នកដ៏ចំរើនទាំងឡាយ រកអាចារ្យឯទៀត ឲ្យបង្រៀនមន្តដល់អ្នកទាំងឡាយដ៏ចំរើនចុះ ម្នាលអ្នកដ៏ចំរើន យើងប្រាថ្នានឹងចេញចាកផ្ទះទៅបួស តាមដែលខ្ញុំបានឮព្រហ្មនិយាយ អំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ ម្នាលអ្នកដ៏ចំរើន ខ្ញុំនឹងចេញចាកផ្ទះទៅបួស។ ព្រាហ្មណមហាសាល និងនាយខ្មានព្រះកេស និយាយតបថា សូមគោវិន្ទព្រាហ្មណ៍ដ៏ចំរើន កុំអាលចេញចាកផ្ទះទៅបួសឡើយ បពិត្រអ្នកដ៏ចំរើន ធម្មតាបព្វជ្ជាមានសក្តិ៍តូច មានលាភតិច ឯភាពជាព្រហ្ម មានសក្តិ៍ធំ មានលាភច្រើន។ មហាគោវិន្ទព្រាហ្មណ៍តបថា អ្នកដ៏ចំរើនទាំងឡាយ កុំនិយាយយ៉ាងនេះឡើយ អ្នកដ៏ចំរើនទាំងឡាយ កុំនិយាយយ៉ាងនេះថា បព្វជ្ជាមានសក្តិ៍តូច មានលាភតិច ឯភាពជាព្រហ្ម មានសក្តិ៍ធំ មានលាភច្រើន ម្នាលអ្នកដ៏ចំរើនទាំងឡាយ បុគ្គលណាហ្ន៎ វៀរលែងតែខ្ញុំចេញដែលមានសក្តិ៍ធំ មានលាភច្រើនជាង ម្នាលអ្នកទាំងឡាយ ឥឡូវនេះ ខ្ញុំដូចជាស្តេច របស់ស្តេចទាំងឡាយ ឬដូចជាព្រហ្ម របស់ព្រាហ្មណ៍ទាំងឡាយ ដូចជាទេវតា របស់គហបតីទាំងឡាយ ខ្ញុំនឹងលះបង់នូវភាវៈជាធំនោះទាំងអស់ ហើយចេញចាកផ្ទះទៅបួស តាមដែលខ្ញុំបានឮព្រហ្មនិយាយ អំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ ម្នាលអ្នកដ៏ចំរើនទាំងឡាយ ខ្ញុំនឹងចេញចាកផ្ទះ ទៅបួស។ ពួកព្រាហ្មណមហាសាលទាំងនោះ ឆ្លើយតបថា បើគោវិន្ទព្រាហ្មណ៍ ចេញចាកផ្ទះ ទៅបួស យើងទាំងឡាយ នឹងចេញចាកផ្ទះទៅបួសដែរ បើគតិរបស់អ្នកយ៉ាងណា គតិរបស់ពួកយើង ក៏យ៉ាងនោះដែរ។ ម្នាលអ្នកដ៏ចំរើន គ្រានោះ មហាគោវិន្ទព្រាហ្មណ៍ ចូលទៅរកភរិយាទាំង៤០នាក់ ដែលមានជាតិ និងត្រកូលស្មើគ្នា លុះចូលទៅដល់ហើយ បាននិយាយនឹងភរិយាទាំង៤០នាក់ ដែលមានជាតិ និងត្រកូលស្មើគ្នា យ៉ាងនេះថា ម្នាលនាងដ៏ចំរើន នាងណាចង់ទៅ នាងនោះ ចូរទៅកាន់ត្រកូលញាតិទាំងឡាយរបស់ខ្លួនចុះ ឬចូររកភស្តាដទៃទៀតចុះ នែនាងដ៏ចំរើន អញប្រាថ្នានឹងចេញចាកផ្ទះទៅបួស ព្រោះអញ បានឮព្រហ្មនិយាយអំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ ហៃនាងដ៏ចំរើន អញនឹងចេញចាកផ្ទះ ទៅបួស។ ពួកភរិយាជំរាបថា ខ្លួនលោកស្រាប់ហើយ ជាញាតិរបស់ពួកយើង ដែលជាអ្នកប្រាថ្នានូវញាតិ មួយទៀត ខ្លួនលោកស្រាប់ហើយ ជាភស្តារបស់ពួកយើង ដែលជាអ្នកប្រាថ្នានូវភស្តា បើលោកគោវិន្ទដ៏ចំរើន នឹងចេញចាកផ្ទះទៅបួស ពួកយើងនឹងចេញចាកផ្ទះ ទៅបួសដែរ បើគតិរបស់លោកយ៉ាងណា គតិរបស់ពួកយើង ក៏យ៉ាងនោះដែរ។ ម្នាលអ្នកដ៏ចំរើន លុះកន្លង៧ថ្ងៃទៅហើយ មហាគោវិន្ទព្រាហ្មណ៍ បានកោរសក់ និងពុកមាត់ ហើយស្លៀកពាក់សំពត់កាសាយៈរួច ចេញចាកផ្ទះទៅបួស ជាបុគ្គលគ្មានប្រយោជន៍ដោយកិច្ចក្នុងផ្ទះ។ ក្សត្រទាំង៧ព្រះអង្គ ដែលបានមុទ្ធាភិសេកហើយផង ព្រាហ្មណមហាសាលទាំង៧នាក់ផង នាយខ្មាន់ព្រះកេសទាំង៧០០នាក់ផង ភរិយាទាំង៤០នាក់ ដែលមានជាតិ និងត្រកូលស្មើគ្នាផង ពួកក្សត្រច្រើនពាន់ផង ពួកព្រាហ្មណ៍ច្រើនពាន់ផង ពួកគហបតីច្រើនពាន់ផង ពួកស្រីស្នំជាច្រើនផង ស្ត្រីអ្នកស្រុកទាំងឡាយជាច្រើនផង (បានឃើញ) មហាគោវិន្ទព្រាហ្មណ៍បួសរួចហើយ ក៏នាំគ្នាកោរសក់ និងពុកមាត់ស្លៀកពាក់ សំពត់កាសាយៈ រួចចេញចាកផ្ទះ ទៅបួសតាមមហាគោវិន្ទព្រាហ្មណ៍ ដែលបួសជាបុគ្គលគ្មានប្រយោជន៍ដោយផ្ទះហើយដែរ។ ម្នាលអ្នកដ៏ចំរើន សេចក្តីដំណាលថា មហាគោវិន្ទព្រាហ្មណ៍ មានបរិសទ្យនោះហែរហម ចោមរោមត្រាច់ទៅកាន់ចារិក ក្នុងស្រុក និគម និងរាជធានីទាំងឡាយ។ ម្នាលអ្នកដ៏ចំរើន សម័យនោះ មហាគោវិន្ទព្រាហ្មណ៍ ចូលទៅកាន់ស្រុកណា ឬនិគមណា ដូចជាស្តេចរបស់ស្តេចទាំងឡាយ ដូចជាព្រហ្មរបស់ព្រាហ្មណ៍ទាំងឡាយ ដូចជាទេវតារបស់គហបតីទាំងឡាយ ក្នុងស្រុកនោះ ឬនិគមនោះ។ ម្នាលអ្នកដ៏ចំរើន ក៏សម័យនោះ ពួកមនុស្សណាកណ្តាស់ ឬរអិលភ្លាត់ ពួកមនុស្សនោះ ក៏លាន់មាត់យ៉ាងនេះថា សូមនមស្ការ ចំពោះមហាគោវិន្ទព្រាហ្មណ៍ សូមនមស្ការចំពោះបុរោហិតទាំង៧។ មហាគោវិន្ទព្រាហ្មណ៍ មានចិត្តប្រកបដោយមេត្តា មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ក៏ដូចគ្នា ទិសទី៤ ក៏ដូចគ្នា មានចិត្តប្រកបដោយមេត្តា ដ៏ធំទូលាយ ដល់នូវភាវៈជាធំ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក ដែលមានសត្វទាំងអស់ ដោយយកខ្លួនឯង ទៅប្រៀបនឹងសត្វទាំងអស់ គ្រប់ទិស គឺទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូចៗ ក៏ដូច្នោះដែរ មានចិត្តប្រកបដោយករុណា។បេ។ មានចិត្តប្រកបដោយមុទិតា។បេ។ មានចិត្តប្រកបដោយឧបេក្ខា។បេ។ មិនតែប៉ុណ្ណោះ បានទាំងប្រាប់ផ្លូវ ដើម្បីឲ្យកើតជាមួយនឹងព្រហ្ម ក្នុងព្រហ្មលោក ដល់សាវ័កទាំងឡាយ។ ម្នាលអ្នកដ៏ចំរើន សម័យនោះឯង ពួកសាវ័កណា របស់មហាគោវិន្ទព្រាហ្មណ៍ ដឹងច្បាស់នូវពាក្យប្រៀនប្រដៅសព្វគ្រប់ហើយ ពួកសាវ័កនោះ លុះរំលាងខន្ធ បន្ទាប់អំពីមរណភាពទៅ ក៏បានទៅកើត ក្នុងសុគតិព្រហ្មលោក។4) ពួកសាវ័កណា មិនដឹងច្បាស់នូវពាក្យប្រៀនប្រដៅសព្វគ្រប់ទេ ពួកសាវ័កនោះ លុះរំលាងខន្ធ បន្ទាប់អំពីមរណភាពទៅ ពួកខ្លះ ទៅកើតជាមួយនឹងទេវតា ជាន់បរនិម្មិតវសវត្តី5) ពួកខ្លះទៅកើតជាមួយនឹងទេវតាជាន់និម្មានរតី ពួកខ្លះទៅកើតជាមួយនឹងទេវតា ជាន់តុសិត ពួកខ្លះ ទៅកើតជាមួយនឹងទេវតាជាន់យាមៈ ពួកខ្លះ ទៅកើតជាមួយនឹងទេវតា ជាន់តាវត្តិង្ស ពួកខ្លះ ទៅកើតជាមួយនឹងទេវតា ជាន់ចាតុម្មហារាជិកៈ។ ពួកជនណាបំពេញវត្តដ៏ថោកទាប ជាងគេទាំងអស់ ពួកជនទាំងនោះ ទៅកើតក្នុងពួកគន្ធព្វ។ ឯបព្វជ្ជារបស់កុលបុត្រទាំងអស់នោះ មិនសោះសូន្យ មិនប្រកបដោយទោសទេ ប្រកបតែដោយផល ប្រកបតែដោយសេចក្តីចំរើន (អាចកើតក្នុងព្រហ្មលោកបាន) ដោយប្រការដូច្នេះឯង។ បញ្ចសិខគន្ធព្វបុត្រ ក្រាបទូលថា ព្រះមានព្រះភាគ ទ្រង់រលឹកឃើញដំណើរនោះដែរឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលបញ្ចសិខៈ តថាគត នឹកឃើញដែរថា សម័យនោះ តថាគតបានកើតជាមហាគោវិន្ទព្រាហ្មណ៍ តថាគតសំដែងប្រាប់ផ្លូវ ដើម្បីឲ្យកើតជាព្រហ្ម នាព្រហ្មលោកនោះ ដល់ពួកសាវ័កទាំងឡាយ ម្នាលបញ្ចសិខៈ ឯព្រហ្មចរិយធម៌នោះឯង មិនមែនប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ (កិលេស) ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន បានទេ (គ្រាន់តែឲ្យបានទៅ) កើតក្នុងព្រហ្មលោកប៉ុណ្ណោះ ម្នាលបញ្ចសិខៈ ព្រហ្មចរិយធម៌របស់តថាគតនេះឯង ទើបប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ (កិលេស) ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វានតែមួយយ៉ាង។ ម្នាលបញ្ចសិខៈ ព្រហ្មចរិយធម៌នោះ តើដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន តែមួយយ៉ាង គឺផ្លូវដ៏ប្រសើរប្រកបដោយអង្គ៨នេះឯង ឯផ្លូវដ៏ប្រសើរប្រកបដោយអង្គ៨នោះ គឺសេចក្តីយល់ត្រូវ១ សេចក្តីត្រិះរិះត្រូវ១ សំដីត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ ការព្យាយាមត្រូវ១ ការរលឹកត្រូវ១ ការតម្កល់ចិត្តត្រូវ១ ម្នាលបញ្ចសិខៈ នេះឯងជាព្រហ្មចរិយធម៌ ប្រព្រឹត្តទៅដើម្បីនឿយណាយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ (កិលេស) ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន តែមួយយ៉ាង។ ម្នាលបញ្ចសិខៈ ចំណែកពួកសាវ័កណា របស់តថាគត ដឹងនូវពាក្យប្រៀនប្រដៅសព្វគ្រប់ ពួកសាវ័កនោះ អស់អាសវៈហើយ ធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តនៅ ដោយឥរិយាបថ។ ពួកសាវ័កណា មិនដឹងច្បាស់នូវពាក្យប្រៀនប្រដៅ ដោយសព្វគ្រប់6) ពួកសាវ័កនោះ គ្រាន់តែក្ស័យពួកសំយោជនៈ ជាចំណែកខាងក្រោម ៥ គង់ទៅកើតជាឱបបាតិកៈកំណើត តែងបរិនិព្វានក្នុងភពនោះ មិនត្រឡប់ចាកលោកនោះមកវិញ ជាធម្មតា។ ពួកសាវ័កណា មិនដឹងច្បាស់នូវពាក្យប្រៀនប្រដៅ ដោយសព្វគ្រប់ ពួកខ្លះ គ្រាន់តែក្ស័យសំយោជនៈទាំង៣ និងស្រាលស្តើងរាគៈ ទោសៈ មោហៈ ជាសកទាគាមិបុគ្គល ត្រូវត្រឡប់មកកាន់លោកនេះម្តងទៀត ទើបធ្វើនូវទីបំផុតទុក្ខបាន។ ពួកសាវ័កណា មិនដឹងច្បាស់នូវពាក្យប្រៀនប្រដៅដោយសព្វគ្រប់ ពួកខ្លះ គ្រាន់តែក្ស័យសំយោជនៈ៣ ជាសោតាបន្នបុគ្គល មានកិរិយាមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀងតែនឹងបានត្រាស់ដឹង នូវធម៌តទៅមុខ។ ម្នាលបញ្ចសិខៈ បព្វជ្ជារបស់កុលបុត្រទាំងអស់គ្នានេះ មិនសោះសូន្យ មិនប្រកបដោយទោសទេ ប្រកបតែដោយផល ប្រកបតែដោយសេចក្តីចំរើន ដោយប្រការដូច្នេះឯង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងព្រះសូត្រនេះចប់ហើយ។ បញ្ចសិខគន្ធព្វបុត្រ ក៏ពេញចិត្ត ត្រេកអរ អនុមោទនា ចំពោះភាសិត របស់ព្រះមានព្រះភាគ ហើយថ្វាយបង្គំលា ព្រះមានព្រះភាគ ដើរប្រទក្សិណ ក៏បាត់ចាកទីនោះទៅ។
ចប់ មហាគោវិន្ទសូត្រ ទី៦។