តិបិដក (មូល) » សុត្តបិដក » ទីឃនិកាយ » មហាវគ្គ »
ការប្រជុំនិងបង្រៀន «អ្នកណាជានរណា»។
dn 20 បាលី cs-km: sut.dn.20 អដ្ឋកថា: sut.dn.20_att PTS: ?
(ទី៧) មហាសមយសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៧. មហាសមយសុត្តំ)
[៧៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងមហាវ័ន1) ជិតក្រុងកបិលវត្ថុ ក្នុងសក្កជនបទ ព្រមដោយភិក្ខុសង្ឃច្រើន ចំនួន៥០០រូប សុទ្ធតែជាព្រះអរហន្តទាំងអស់។ ទេវតាទាំងឡាយ ក៏មកអំពីលោកធាតុទាំង១០ ប្រជុំគ្នាជាច្រើន ដើម្បីឃើញនូវព្រះមានព្រះភាគ និងភិក្ខុសង្ឃ។ គ្រានោះឯង ទេវតាទាំងលាយ ដែលនៅក្នុងជាន់សុទ្ធាវាស2) ៤អង្គ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះមានព្រះភាគនេះ ព្រះអង្គគង់នៅក្នុងមហាវ័ន ជិតក្រុងកបិលវត្ថុ ក្នុងសក្កជនបទ ព្រមដោយភិក្ខុសង្ឃច្រើន ចំនួន៥០០រូប សុទ្ធតែជាព្រះអរហន្តទាំងអស់។ ទេវតាទាំងឡាយ ក៏មកអំពីលោកធាតុទាំង១០ ប្រជុំគ្នាជាច្រើន ដើម្បីឃើញនូវព្រះមានព្រះភាគ និងភិក្ខុសង្ឃ បើដូច្នោះ គួរយើងទាំងអស់គ្នា ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ គប្បីពោលនូវគាថាមួយម្នាក់ៗ ក្នុងសំណាក់នៃព្រះមានព្រះភាគ។ លំដាប់នោះ ទេវតាទាំងនោះឯង ក៏បាត់អំពីសុទ្ធាវាសព្រហ្មលោក មកប្រាកដក្នុងទីចំពោះព្រះភក្ត្រ3) នៃព្រះមានព្រះភាគ (ដោយឆាប់រហ័ស) គួរនាដូចជាបុរសមានកំឡាំងលាដៃ ដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។ គ្រានោះ ពួកទេវតានោះ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះទេវតាទាំងនោះ ឋិតនៅក្នុងទីដ៏សមគួរហើយ ទើបទេវតា១អង្គ ពោលនូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
[៧៤] ថ្ងៃនេះ ជាថ្ងៃប្រជុំធំ ក្នុងដងព្រៃ ពួកទេវតាក៏មកប្រជុំគ្នាហើយ យើងទាំងឡាយ (លុះឃើញពួកទេវតាប្រជុំគ្នាយ៉ាងនេះហើយ) ក៏នាំគ្នាមកកាន់ទីប្រជុំ ប្រកបដោយធម៌នេះ ដើម្បីឃើញនូវអបរាជិតសង្ឃ គឺសង្ឃដែលមារផ្ចាញ់មិនបាន។
[៧៥] លំដាប់នោះ ទេវតា១អង្គទៀត ក៏ពោលនូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ពួកភិក្ខុក្នុងទីប្រជុំនោះ ប្រកបដោយសមាធិ ធ្វើចិត្តរបស់ខ្លួន (ដែលវៀចកោង) ឲ្យជាចិត្តស្លូតត្រង់ ភិក្ខុជាបណ្ឌិតទាំងឡាយ តែងរក្សានូវឥន្ទ្រិយ (ដោយល្អ) ដូចជានាយសារថី ដែលកាន់ទប់នូវខ្សែបរទុកដូច្នោះឯង។
[៧៦] លំដាប់នោះ ទេវតា១អង្គទៀត ក៏ពោលនូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ពួកភិក្ខុទាំងនោះ កាត់បង់នូវដែកគោល (រាគៈ ទោសៈ មោហៈ) កាត់បង់នូវរនុកទ្វារ (រាគៈ ទោសៈ មោហៈ) គាស់រំលើងនូវសសរគោល (រាគៈ ទោសៈ មោហៈ) ជាអ្នកមិនមានតណ្ហា ជាគ្រឿងញាប់ញ័រ ជាអ្នកបរិសុទ្ធស្អាត ប្រាសចាកមន្ទិល ជានាគកំឡោះ ដែលព្រះពុទ្ធជាម្ចាស់ ប្រកបដោយចក្ខុ៥ ទ្រង់ទូន្មានល្អហើយ តែងត្រាច់ទៅបានក្នុងទិសទាំង៤ មិនមានទើសទាល់។
[៧៧] លំដាប់នោះ ទេវតា១អង្គទៀត ក៏ពោលនូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ពួកជនណាមួយ បានដល់នូវព្រះពុទ្ធជាទីពឹង ទីរលឹកហើយ ពួកជននោះឯង នឹងមិនទៅកាន់អបាយភូមិឡើយ លុះលះបង់រាងកាយជារបស់មនុស្សទៅហើយ នឹងទៅបំពេញពពួកនៃទេវតាមិនខាន។
[៧៨] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ពួកទេវតាជាច្រើនអង្គ ក្នុងលោកធាតុទាំង១០ មកប្រជុំគ្នា ដើម្បីឃើញនូវតថាគត និងភិក្ខុសង្ឃ ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្ត សម្មាសម្ពុទ្ធ ដែលបានត្រាស់ដឹងហើយក្នុងអតីតកាល ពួកទេវតាមានប្រមាណប៉ុណ្ណោះដូចគ្នា មកប្រជុំគ្នា ដើម្បីឃើញនូវព្រះមានព្រះភាគទាំងនោះ ដូចជាពួកទេវតា ដែលមកប្រជុំគ្នា ដើម្បីឃើញតថាគត ក្នុងកាលឥឡូវនេះដែរ ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្តសម្មាសម្ពុទ្ធ នឹងបានត្រាស់ដឹងក្នុងអនាគតកាល ពួកទេវតាមានប្រមាណប៉ុណ្ណេះដូចគ្នា នឹងមកប្រជុំគ្នា ដើម្បីឃើញនូវព្រះមានព្រះភាគទាំងនោះ ដូចពួកទេវតាដែលមកប្រជុំគ្នា ដើម្បីឃើញតថាគត ក្នុងកាលឥឡូវនេះដែរ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងប្រាប់នូវនាម និងគោត្រ របស់ពួកទេវតាទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងពោលនូវនាម និងគោត្ររបស់ពួកទេវតាទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវនាម និងគោត្រ របស់ពួកទេវតាទាំងឡាយ ចូរអ្នកទាំងឡាយ ប្រុងស្តាប់រឿងនោះចុះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹងសំដែងឲ្យស្តាប់។ ភិក្ខុទាំងនោះ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់សំដែងនូវភាសិតនេះថា
[៧៩] តថាគតនឹងធ្វើនូវស្លោក4) ភូមទេវតា (ឋិតនៅ) ក្នុងទីណា ពួកភិក្ខុក៏អាស្រ័យនៅទីនោះ ពួកភិក្ខុណា ដែលនៅអាស្រ័យនឹងផ្ទៃភ្នំ បញ្ជូនចិត្តទៅកាន់អារម្មណ៍ល្អ មានចិត្តតម្កល់នឹង (តថាគត នឹងសំដែងគុណនៃភិក្ខុទាំងនោះ)។ ពួកភិក្ខុច្រើនរូប សម្ងំនៅក្នុងកម្មដ្ឋាន គ្របសង្កត់នូវការព្រឺរោម ព្រឺស្បែក (ឥតមានភ័យខ្លាច) ដូចសត្វសីហៈ មានចិត្តផូរផង់ បរិសុទ្ធជ្រះថ្លា ឥតមានល្អក់ឡើយ។ លំដាប់នោះ ព្រះសាស្តាទ្រង់ជ្រាបនូវពួកព្រះអរហន្តជាង៥០០រូប5) នៅក្នុងដងព្រៃ ជិតក្រុងកបិលវត្ថុ ទើបទ្រង់ត្រាស់នឹងពួកភិក្ខុជាសាវ័ក ដែលត្រេកអរក្នុងសាសនាថា ម្នាលភិក្ខុទាំងឡាយ ពួកនៃទេវតាមានពន្លឺរស្មីដ៏រុងរឿង (មកហើយ) អ្នករាល់គ្នា ចូរស្គាល់នូវពួកទេវតាទាំងនោះ (ដោយទិព្វចក្ខុញ្ញាណ) ចុះឯពួកភិក្ខុទាំងនោះ បានស្តាប់នូវពាក្យ ប្រដៅនៃព្រះពុទ្ធជាម្ចាស់ ហើយក៏ធ្វើនូវការព្យាយាម (ដើម្បីទិព្វចក្ខុញ្ញាណនោះ)។ ទិព្វចក្ខុញ្ញាណ សម្រាប់មើលឃើញនូវពួកអមនុស្ស (ទេវតា) ក៏កើតមានប្រាកដ ដល់ពួកភិក្ខុទាំងនោះ ពួកភិក្ខុខ្លះ បានឃើញនូវអមនុស្ស១០០ខ្លះ បានឃើញនូវអមនុស្ស១០០០ខ្លះ បានឃើញនូវអមនុស្ស៧០ពាន់។ ពួកភិក្ខុបានឃើញនូវអមនុស្ស១សែន (១០០០០០) ខ្លះ បានឃើញនូវអមនុស្សច្រើន (មិនមានកំណត់) អមនុស្សទាំងនោះ ក៏ផ្សាយនៅពាសពេញក្នុងទិសទាំងពួង។ លំដាប់នោះ ព្រះសាស្តាប្រកបដោយចក្ខុ៥ ទ្រង់ពិចារណាហើយ ជ្រាបនូវហេតុនោះទាំងអស់ ទើបទ្រង់ត្រាស់នឹងពួកភិក្ខុ ជាសាវ័ក អ្នកត្រេកអរក្នុងសាសនា ម្នាលភិក្ខុទាំងឡាយ ពួកទេវតាមានពន្លឺរស្មីរុងរឿង (មកហើយ) អ្នករាល់គ្នា ចូរស្តាប់នូវពួកទេវតាទាំងនោះចុះ តថាគតនឹងប្រាប់ (នូវទេវតាទាំងនោះ) ដល់អ្នករាល់គ្នា ដោយពាក្យតាមលំដាប់ហូរហែ។ យក្សទាំង៧ពាន់ ជាភូមិទេវតា អាស្រ័យនៅនាក្រុងកបិលវត្ថុ មានឫទ្ធិ មានអានុភាព មានសម្បុរកាយ មានយស មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ពួកយក្ស៦ពាន់ ដែលកើតនៅនាភ្នំហិមវន្ត មានសម្បុរផ្សេងៗគ្នា មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ពួកយក្ស៣ពាន់ ដែលនៅអាស្រ័យនឹងភ្នំសាតាគិរី មានសម្បុរផ្សេងៗគ្នា មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ពួកយក្ស១៦ពាន់នេះ មានសម្បុរផ្សេងៗគ្នា មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ ដោយប្រការដូច្នេះ។ ពួកយក្ស ដែលកើតនៅនាវេស្សាមិត្តបព៌ត មានសម្បុរផ្សេងៗគ្នា មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ កុម្ភីរយក្ស ដែលកើតនៅនានគររាជគ្រឹះ ឯភ្នំឈ្មោះវេបុល្ល ជាទីនៅរបស់កុម្ភីរយក្សនោះ មានយក្សជាង១សែននាក់ តែងចូលទៅសេពគប់នឹងកុម្ភីរយក្សនោះ កុម្ភីរយក្សដែលកើតក្នុងនគររាជគ្រឹះនោះ (ព្រមទាំងបរិវារ) ក៏មកកាន់មហាវ័ន ជាទីប្រជុំ (នៃភិក្ខុទាំងឡាយដែរ)។
[៨០] ព្រះបាទធតរដ្ឋៈ ទ្រង់ប្រៀនប្រដៅក្នុងទិសខាងកើត ទ្រង់ជាធំលើគន្ធព្វ6) ទាំងឡាយ ព្រះអង្គជាមហារាជ មានយសធំ។ ព្រះរាជបុត្រទាំងឡាយ របស់ព្រះបាទធតរដ្ឋៈនោះ មានច្រើនរូប មាននាមថា ឥន្ទៈ មានកំឡាំងច្រើន មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ព្រះបាទវិរូឡ្ហកៈ ទ្រង់ប្រៀនប្រដៅក្នុងទិសខាងត្បូង ជាធំលើពួកកុម្ភណ្ឌ7) ព្រះអង្គជាមហារាជ មានយសធំ។ ព្រះរាជបុត្រទាំងឡាយ របស់ព្រះបាទវិរូឡ្ហៈកៈនោះ មានច្រើនរូប មាននាមថា ឥន្ទៈ មានកំឡាំងច្រើន មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ព្រះបាទវិរូបក្ខៈ ទ្រង់ប្រៀនប្រដៅក្នុងទិសខាងលិច ទ្រង់ជាធំលើពួកនាគ ព្រះអង្គជាមហារាជ មានយសធំ។ ព្រះរាជបុត្រទាំងឡាយ របស់ព្រះបាទវិរូបក្ខៈនោះ មានច្រើនរូប មាននាមថា ឥន្ទៈ មានកំឡាំងច្រើន មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ព្រះបាទកុវេរៈ ទ្រង់ប្រៀនប្រដៅក្នុងទិសខាងជើងនោះ ទ្រង់ជាធំលើពួកយក្ស ព្រះអង្គជាមហារាជ មានយសធំ។ ព្រះរាជបុត្រទាំងឡាយ របស់ព្រះបាទកុវេរៈនោះ មានច្រើនរូប មាននាមថា ឥន្ទៈ មានកំឡាំងច្រើន មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ព្រះបាទធតរដ្ឋៈ ជាធំក្នុងទិសខាងកើត ព្រះបាទវិរូឡ្ហកៈ ជាធំក្នុងទិសខាងត្បូង ព្រះបាទវិរូបក្ខៈ ជាធំក្នុងទិសខាងលិច ព្រះបាទកុវេរៈ ជាធំក្នុងទិសខាងជើង មហារាជទាំង៤ ព្រះអង្គនោះ បានញុំាងទិសទាំង៤ ដោយជុំវិញឲ្យភ្លឺព្រោងព្រាត (ដោយរស្មីរបស់ខ្លួន) ឋិតនៅក្នុងមហាវ័ន ជិតក្រុងកបិលវត្ថុ។
[៨១] ពួកទាសៈនៃមហារាជទាំង៤ព្រះអង្គនោះ គឺកុដេណ្ឌុ១ វេដេណ្ឌុ១ វិដូ១ វិដូដៈ១ ចន្ទនៈ១ កាមសដ្ឋៈ១ កិន្នុឃណ្ឌុ១ និឃណ្ឌុ១ សុទ្ធតែជាអ្នកមានមាយា ជាអ្នកល្បួងបញ្ឆោត ជាអ្នកអួតអាង តែងធ្វើនូវមាយាមកជាមួយគ្នាដែរ។ ទាំងទេវរាជអម្បាលនេះ គឺបនាទៈ១ ឱបមញ្ញៈ១ ទេវសូត១ មាតលី១ ចិត្តគន្ធព្វ១ សេនគន្ធព្វ១ នឡោរាជៈ១ ជនោសភៈ១ បញ្ចសិខៈ១ តិម្ពរុ១ នាងសុរិយវច្ឆសា (ជាធីតារបស់តិម្ពរុនោះ)១ ក៏នាំគ្នាមកដែរ។ គន្ធព្វរាជទាំងឡាយនេះផង ពួកដទៃផង ព្រមទាំងទេវរាជទាំងឡាយ មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ មួយទៀត នាគទាំងឡាយនៅក្នុងស្រះឈ្មោះ នាភសៈ និងនាគនៅក្នុងក្រុងវេសាលី ក៏នាំគ្នាមកជាមួយនឹងនាគបរិសទ្យ ឈ្មោះតច្ឆកៈ កម្ពលនាគ និងអស្សតរនាគ (ដែលនៅនាជើងភ្នំសិនេរុ) ក៏នាំគ្នាមក នាគទាំងឡាយនៅក្នុងកំពង់បយាគៈ ព្រមដោយពពួកញាតិក៏បាននាំគ្នាមកដែរ ពួកនាគដែលនៅក្នុងទន្លេយមុនាក្តី ពួកនាគដែលកើតក្នុងត្រកូលស្តេចធតរដ្ឋៈ មានបរិវារដ៏ច្រើនក្តី ក៏បាននាំគ្នាមក សូម្បីតែឯរាវណទេវបុត្ត ជាដំរីធំនោះសោត ក៏បានមកកាន់មហាវ័ន ជាទីប្រជុំ (នៃភិក្ខុទាំងឡាយដែរ)។
[៨២] ពួកគ្រុឌណា ជាសត្វស្លាបមានកំណើតពីរដង មានអានុភាពជាទិព្វ មានភ្នែកដ៏បរិសុទ្ធ (អាចមើលឃើញនូវ) ពួកនាគអំពីចម្ងាយ ចំនួន១០០យោជន៍ ១០០០យោជន៍) តែងចាប់យកនូវស្តេចនាគ ទៅដោយឆាប់រហ័ស គ្រុឌទាំងនោះ ក៏ហើរមកតាមអាកាស បានមកដល់ពាក់កណ្តាលនៃមហាវ័ន គ្រុឌទាំងនោះ មានឈ្មោះថា ចិត្រសុបណ្ណៈ ដូច្នេះ គ្រានោះ ស្តេចនាគទាំងឡាយ ក៏មិនមានសេចក្តីភ័យខ្លាចឡើយ ព្រះសម្ពុទ្ធ ជាម្ចាស់ក៏បានធ្វើ (ស្តេចនាគ) ឲ្យក្សេមក្សាន្តអំពីគ្រុឌ នាគនិងគ្រុឌទាំងឡាយ ក៏ត្រឡប់និយាយរកគ្នាដោយសំដីដ៏ពីរោះ (ហាក់ដូចជាមិត្តសំឡាញ់នឹងគ្នា) បានធ្វើនូវព្រះពុទ្ធឲ្យជាទីពឹង ទីរលឹក។ ពួកអសុរ (ណា) ដែលព្រះឥន្ទឈ្នះហើយ អាស្រ័យនៅក្នុងសមុទ្រ ពួកអសុរទាំងនោះ ជាបងប្អូន (ជាប់ពន្ធ) នឹងព្រះឥន្ទ ជាអ្នកមានឫទ្ធិ មានយស។ កាលកញ្ជអសុរទាំងឡាយ មានកាយធំសំបើមក្តី ទានវេឃសអសុរទាំងឡាយក្តី វេបចិត្តិអសុរក្តី សុចិត្តិអសុរក្តី បហារាទអសុរក្តី នមុចិទេវបុត្តមារក្តី ក៏មកជាមួយគ្នាដែរ។ កូនរបស់ពលិអសុរទាំង១០០នាក់ មានឈ្មោះថា វេរោចៈ8) ទាំងអស់ ចងសៀតនូវគ្រឿងពលិសេនា ចូលមកគាល់រាហុអសុរិន្ទដ៏ចំរើន ដោយពាក្យថា ឥឡូវនេះ ជាសម័យគួរនឹងប្រជុំគ្នា សេចក្តីចំរើន ចូរមានដល់ព្រះអង្គ ដូច្នេះហើយ ទេវតាទាំងនោះ ក៏នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។
[៨៣] អាបោទេវតា9) ក្តី បឋវិទេវតា10) ក្តី តេជោទេវតា11) ក្តី វាយោទេវតា12) ក្តី វរុណទេវតាក្តី វារុណទេវតាក្តី សោមទេវតា ព្រមទាំងយសទេវតាក្តី ក៏បាននាំគ្នាមក ក្នុងកាលនោះ។ ទេវតាទាំងឡាយ ដែលកើតដោយអំណាចមេត្តាឈាន និងករុណាឈាន ជាអ្នកមានយស ក៏បាននាំគ្នាមក ទេវតាទាំង១០ពួកនេះ ឋិតនៅដោយចំណែក១០ សុទ្ធតែមានសម្បុរផ្សេងៗគ្នាទាំងអស់ មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ពួកទេវតាឈ្មោះវេណ្ឌុក្តី ឈ្មោះសហលីក្តី ឈ្មោះអសមាក្តី និងឈ្មោះយមៈទាំងពីរពួកក្តី ពួកទេវតា ដែលអាស្រ័យនូវព្រះចន្ទក្តី បានហែហមព្រះចន្ទក៏មកដែរ។ ពួកទេវតាដែលអាស្រ័យនូវព្រះអាទិត្យ បានហែហមព្រះអាទិត្យមក ពួកទេវតាដែលអាស្រ័យនូវផ្កាយ ក៏ហែហមផ្កាយមក ទាំងមន្ទវលាហកទេវតា13) ទាំងឡាយ ក៏មក សូម្បីសក្កទេវរាជ ទ្រង់ព្រះនាមវាសវបុរិន្ទទៈ ដ៏ប្រសើរជាងពួកទេវតា ក៏មកដែរ។ ទេវតាទាំង១០ពួកនេះ ឋិតនៅដោយចំណែក១០ សុទ្ធតែមានសម្បុរផ្សេងៗគ្នាទាំងអស់ មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ ក៏នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ មួយទៀត ទេវតាទាំងឡាយ ឈ្មោះសហភូដ៏រុងរឿង បីដូចជាអណ្តាតភ្លើង ក៏បានមកពួកទេវតាឈ្មោះអរិដ្ឋៈក្តី រោជៈក្តី ឧម្មាបុប្ផនិភាសី14) ក្តី វរុណៈក្តី សហធម្មៈក្តី អច្ចុតៈក្តី អនេជកៈក្តី សុលេយ្យៈក្តី រុចិរៈក្តី ក៏បានមក ទាំងពួកទេវតាឈ្មោះវាសវនេសី ក៏បានមក។ ទេវតាទាំង១០ពួកនេះ ឋិតនៅដោយចំណែក១០ សុទ្ធតែមានសម្បុរផ្សេងៗគ្នាទាំងអស់ មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ ក៏នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ទេវតាទាំងឡាយ ឈ្មោះសមានៈក្តី មហាសមានៈក្តី មានុសៈក្តី មានុសុត្តមៈក្តី ខិឌ្ឌាបទូសិកៈក្តី ក៏បានមក ពួកទេវតាឈ្មោះមនោបទូសិកៈ ក៏បានមក ទាំងពួកទេវតាឈ្មោះហរិក្តី ឈ្មោះលោហិតវាសីក្តី ក៏បានមក ទេវតាទាំងឡាយ ឈ្មោះបារគៈក្តី ឈ្មោះមហាបារគៈក្តី ជាអ្នកមានយសក៏បានមក។ ទេវតាទាំង១០ពួកនេះ ឋិតនៅដោយចំណែក១០សុទ្ធតែមានសម្បុរផ្សេងៗគ្នាទាំងអស់ មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ ក៏បាននាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ទេវតាទាំងឡាយ ឈ្មោះសុក្កៈក្តី ករុម្ហៈក្តី អរុណៈក្តី ក៏បានមកជាមួយនឹងវេឃនទេវតា។ ពួកទេវតាឈ្មោះឱទាតគយ្ហៈ ជាប្រធានក្តី ឈ្មោះវិចក្ខណៈក្តី ក៏បានមក ពួកទេវតា ឈ្មោះសទាមត្តៈក្តី ឈ្មោះហារគជៈក្តី ឈ្មោះមិស្សកៈក្តី សុទ្ធតែជាអ្នកមានយស (ក៏បានមក) បជុនទេវរាជ ដែលញុំាងមេឃឲ្យគ្រហឹម កំទរ ហើយបង្អុរភ្លៀង ឲ្យធ្លាក់ចុះគ្រប់ទិស ក៏បានមក។ ទេវតាទាំង១០ពួកនេះ ឋិតនៅដោយចំណែក១០ សុទ្ធតែមានសម្បុរផ្សេងៗគ្នាទាំងអស់ មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ ក៏បាននាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ពួកខេមិយទេវតា ដែលឋិតនៅក្នុងតុសិតបុរីក្តី ឋិតនៅក្នុងយាមទេវលោកក្តី ពួកកដ្ឋកទេវតា ដែលមានយសក្តី ពួកលម្ពិតកទេវតាក្តី ពួកលាមសេដ្ឋទេវតាក្តី ពួកទេវតាឈ្មោះជោតិក្តី ឈ្មោះអាសវៈក្តី ពួកនិម្មានរតីទេវតាក្តី ក៏បានមក ទាំងពួកបរនិម្មិតទេវតា ក៏បានមក។ ទេវតាទាំង១០ពួកនេះ ឋិតនៅដោយចំណែក១០ សុទ្ធតែមានសម្បុរផ្សេងៗគ្នាទាំងអស់ មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ ក៏បាននាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ពួកទេវតាទាំង៦០ មានអាបោទេវតាជាដើមនេះ សុទ្ធតែមានសម្បុរផ្សេងៗគ្នាទាំងអស់ មកហើយដោយចំណែកនាម សូម្បីពួកទេវតាណាក្រៅពីនោះ ដែលមានរស្មីប្រហែលគ្នា ក៏មកព្រមគ្នា ដោយគិតថា យើងទាំងឡាយ នឹងទៅមើលព្រះអរិយសង្ឃ ដែលប្រាសចាកជាតិ ឥតមានកិលេស ដូចជាដែកគោល លោកឆ្លងចាកអន្លង់ទាំង៤ហើយ មិនមានកិលេសជាគ្រឿងត្រាំ រួចស្រឡះចាកឱឃៈទាំង៤ហើយ លោកមិនបានធ្វើនូវបាប មួយទៀត យើងនឹងបានឃើញនូវព្រះទសពល ដែលរុងរឿងដោយសិរី ដូចព្រះចន្ទឆ្លងផុតអំពីពពក។
[៨៤] អរិយព្រហ្មទាំងឡាយ គឺសុព្រហ្ម និងបរមត្តព្រហ្ម ជាបុត្តរបស់ព្រះសម្មាសម្ពុទ្ធ ទ្រង់មានឫទ្ធិ ក៏មកជាមួយគ្នា សនង្កុមារមហាព្រហ្មក្តី តិស្សមហាព្រហ្មក្តី ក៏នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ មហាព្រហ្មទាំង១ពាន់ ក៏មកហើយ មហាព្រហ្ម១អង្គ គ្របសង្កត់នូវព្រហ្មឯទៀតបាន មហាព្រហ្មនោះ កើតក្នុងព្រហ្មលោក មានអានុភាព មានកាយសំបើម មានយស ក៏មកដែរ។ មហាព្រហ្មទាំង១០ ជាឥស្សរៈលើព្រហ្មទាំង១ពាន់នេះ តែងផ្សាយអំណាចផ្សេងៗ ក៏បានមក ហារិតមហាព្រហ្ម (ដែលមានព្រហ្មទាំង១សែន) ហែហមក្នុងកណ្តាលនៃពួកព្រហ្មទាំងនោះ ក៏បានមក។ សេនារបស់មារ បានឃើញនូវពួកទេវតា ព្រមទាំងព្រះឥន្ទ ព្រមទាំងព្រះព្រហ្មទាំងអស់នោះ មកដូច្នោះហើយ ក៏បានមក ហើយពោលថា អ្នកទាំងឡាយ ចូរមើលនូវសេចក្តីល្ងង់របស់មារ។ (ឯសេនារបស់មារ ក៏ពោលថា) អ្នកទាំងឡាយ ចូរមក ចូរចាប់ចងពួកទេវតាទាំងនេះទុក ការចងដោយរាគៈ ចូរមានដល់អ្នកទាំងឡាយ15) អ្នកទាំងឡាយ ចូរព័ទ្ធឲ្យជុំវិញ បណ្តាអ្នកទាំងអស់គ្នា អ្នកណាមួយ ក៏កុំបណ្តោយឲ្យទេវតា១អង្គ រួចទៅបានឡើយ។ មារជាសេនាធំក្នុងទីប្រជុំធំនោះ ក៏ទះនូវផ្ទៃនៃផែនដី ដោយបាតដៃ ធ្វើនូវសំឡេងគម្រាមមុខគួរខ្លាច ដូចជាមហាមេឃ គ្រហឹម បង្អុរភ្លៀង មានទាំងផ្លេកបន្ទោរ ក្នុងកាលនោះ មារនោះមិនអាចនឹងធ្វើ (ទេវតាណាមួយ) ឲ្យប្រព្រឹត្តទៅក្នុងអំណាចខ្លួនបាន ក៏ក្រេវក្រោធថយចេញបាត់ទៅ។ លំដាប់នោះ ព្រះសាស្តា ទ្រង់មានចក្ខុពិចារណាហើយ ជ្រាបហេតុនោះទាំងអស់ ទើបទ្រង់ត្រាស់នឹងភិក្ខុជាសាវ័កទាំងឡាយ ដែលត្រេកអរក្នុងសាសនាថា ម្នាលភិក្ខុទាំងឡាយ មារសេនាមកដល់ហើយ អ្នកទាំងឡាយ ចូរស្គាល់នូវមារសេនាទាំងនោះចុះ ឯពួកភិក្ខុទាំងនោះ លុះបានស្តាប់ពាក្យប្រដៅព្រះពុទ្ធជាម្ចាស់ហើយ ក៏ធ្វើព្យាយាម (ដើម្បីចូលកាន់ផលសមាបត្តិ)។ មារ ព្រមទាំងពួកសេនារបស់មារ ក៏ចៀសចេញឆ្ងាយទៅ អំពីពួកអរិយសាវ័ក ដែលប្រាសចាករាគៈ សូម្បីតែរោមរបស់ព្រះអរិយៈទាំងនោះ ក៏មិនបានព្រឺព្រួចឡើយ (ទើបមារពោលសរសើរភិក្ខុសង្ឃថា) ពួកសាវ័កទាំងនោះ លោកឈ្នះសឹកសង្គ្រាមហើយ កន្លងបង់នូវសេចក្តីភ័យខ្លាចបានហើយ មានយសល្បីទូរទ័រ ទៅក្នុងប្រជុំជន តែងរីករាយ ជាមួយនឹងព្រះអរិយៈ ដែលកើតហើយ (ក្នុងសាសនាព្រះទសពល)។
ចប់ មហាសមយសូត្រ ទី៧។