User Tools

Site Tools


Translations of this page?:
km:tipitaka:sut:dn:sut.dn.21



សក្កបញ្ហសូត្រ ទី៨

សង្ខេប

ហេតុ​អ្វី​ក៏ទេវ ​និង​មនុស្ស​មាន​ទំនាក់ទំនង​នឹង​ជម្លោះ ហើយ​តើ​​​ម្នាក់​អាច​គេច​ចេញ​ដោយ​របៀប​ណា? ប្រស្នា​របស់​សក្ក​ទេវ​រាជ បាន​ទូល​សួរ​ដល់​ព្រះ​សម្មាសម្ពុទ្ធ។ ក្នុង​កាល​កំពុង​ស្តាប់​ព្រះ​ធម៌ នេះ​សក្ក​ទេវ​រាជ ជា​ស្តេច​នៃ​ទេវតា ក៏​បាន​ដល់​នូវ​សោតា​បត្តិមគ្គ ព្រម​ជា​មួយ​នឹង​ទេវតា ទាំង​៨​ហ្មឹន​អង្គ។

dn 21 បាលី cs-km: sut.dn.21 អដ្ឋកថា: sut.dn.21_att PTS: ?

(ទី៨) សក្កបញ្ហសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៨. សក្កបញ្ហសុត្តំ)

[៨៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​ឥន្ទសាលគុហា1) ជិតភ្នំវេទិយក: (តាំងនៅ) ជា ខាងកើតនៃក្រុងរាជគ្រឹះ ជាខាងជើងនៃព្រាហ្មណគ្រាម ឈ្មោះអម្ពសណ្ឌៈ ក្នុងដែន​មគធៈ។ ក៏សម័យនោះឯង សក្កទេវរាជ ជាធំជាងពួកទេវតា មានសេចក្តី​ខ្វល់ខ្វាយ​កើត​ឡើង ដើម្បីនឹងទៅគាល់ព្រះមានព្រះភាគ។ វេលានោះឯង សក្កទេវរាជ ជាធំជាង​ពួក​ទេវតា ទ្រង់បរិវិតក្កៈដូច្នេះថា ឥឡូវនេះ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់​គង់​នៅ​ក្នុង​ទីណាហ្ន៎។ សក្កទេវរាជ ជាធំជាងពួកទេវតា បានទតឃើញនូវព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឥន្ទសាលគុហា ជិតភ្នំវេទិយកៈ ជាខាងកើតនៃក្រុងរាជគ្រឹះ ជាខាង​ជើង​នៃ​ព្រាហ្មណគ្រាម ឈ្មោះអម្ពសណ្ឌៈ ក្នុងដែនមគធៈ លុះឃើញហើយ ក៏ត្រាស់​ហៅ​ពួក​ទេវតា ដែលនៅក្នុងឋានតាវត្តិង្សមកប្រាប់ថា ម្នាលគ្នាយើងទាំងឡាយ ឥឡូវនេះ ព្រះ​មានព្រះភាគជា​ម្ចាស់អង្គនេះ ទ្រង់គង់នៅក្នុងឥន្ទសាលគុហា ជិតភ្នំវេទិយកៈ ជាខាង​កើត​នៃក្រុងរាជគ្រឹះ ជាខាងជើងនៃព្រាហ្មណគ្រាម ឈ្មោះអម្ពសណ្ឌៈ ក្នុងដែនមគធៈ ម្នាល​គ្នា​យើង​ទាំងឡាយ បើដូច្នោះ គួរយើងទាំងអស់គ្នា ចូលទៅគាល់ព្រះមានព្រះភាគ ជា​អរហន្ត​​សម្មាសម្ពុទ្ធអង្គនោះ។ ពួកទេវតា ដែលឋិតនៅក្នុងឋានតាវត្តិង្ស ក៏ទទួល​ព្រះរាជ​ឱង្ការ នៃសក្កទេវរាជ ជាធំជាងពួកទេវតាថា ព្រះករុណាថ្លៃវិសេស សេចក្តី​ចំរើន ​ចូរមាន​ដល់​ព្រះអង្គ។ លំដាប់នោះ សក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់ត្រាស់​ហៅ​បញ្ចសិខគន្ធព្វបុត្ត​ថា ម្នាលអ្នកបញ្ចសិខៈ ឥឡូវនេះ ព្រះមានព្រះភាគអង្គនេះ ទ្រង់គង់​នៅ​ក្នុងឥន្ទសាលគុហា ជិតភ្នំវេទិយកៈ ជាខាងកើតនៃក្រុងរាជគ្រឹះ ជាខាងជើង នៃ​ព្រាហ្មណគ្រាម​ ឈ្មោះអម្ពសណ្ឌៈ ក្នុងដែនមគធៈ ម្នាលអ្នកបញ្ចសិខៈ​ បើដូច្នោះ គួរយើង​ចូល​ទៅ​គាល់ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ អង្គនោះ។ បញ្ចសិខគន្ធព្វបុត្ត ក៏ទទួល​ព្រះ​រាជឱង្ការ នៃសក្កទេវរាជ ជាធំជាងពួកទេវតាថា ព្រះករុណាថ្លៃវិសេស សេចក្តី​ចំរើន ​ចូរ​មាន​ដល់ព្រះអង្គ ហើយក៏កាន់ពិណ មានសម្បុរលឿង ដូចផ្លែព្នៅទុំ ដើរតាមក្រោយ​នៃ​សក្កទេវរាជ ជាធំជាងពួកទេវតា។ ក្នុងខណៈនោះឯង សក្កទេវរាជ ជា​ធំជាង​ពួកទេវតា មាន​ពួកទេវតា ដែលឋិតនៅក្នុងជាន់តាវត្តិង្សចោមរោមហែហម មាន​បញ្ចសិខគន្ធព្វបុត្ត ​ជា​អ្នកនំាមុខ ក៏បាត់អំពីពពួកទេវតា ដែលឋិតនៅក្នុងឋានតាវត្តិង្ស មកប្រតិ​ស្ឋាន​នៅ​លើ​ភ្នំ​វេទិយកៈ ជាខាងកើតនៃក្រុងរាជគ្រឹះ ជាខាងជើងនៃ ព្រាហ្មណ​គ្រាម​ ឈ្មោះអម្ពសណ្ឌៈ ក្នុងដែនមគធៈ(ដោយឆាប់រហ័ស) ប្រៀបដូចបុរសមានកម្លាំង​ លាដៃដែលខ្លួនបត់ចូល ឬបត់ចូលនូវដៃ​ដែលលាចេញដូច្នោះឯង។ ក្នុងសម័យនោះឯង ភ្នំវេទិយកៈ និងព្រាហ្មណគ្រាម ឈ្មោះអម្ពសណ្ឌៈ ក៏មានពន្លឺព្រោងព្រាត ដោយទេវានុ ភាព ​នៃ​ពួក​ទេវតា។ បានឮថា ពួកមនុស្សក្នុងស្រុកជិតខាងនិយាយគ្នា យ៉ាងនេះថា ថ្ងៃ​នេះ​ ភ្នំ​វេទិយកៈ ​រុងរឿង ថ្ងៃនេះ ភ្លើងឆេះភ្នំវេទិយកៈ ថ្ងៃនេះ ភ្នំវេទិយកៈ ភ្លឺច្រាលរន្ទាល ភ្នំ​វេទិយកៈ និងព្រាហ្មណគ្រាម ឈ្មោះអម្ពសណ្ឌៈ ហេតុអ្វីបាន​ជាមានពន្លឺភ្លឺ​ក្រៃពេក​ក្នុង​ថ្ងៃ​នេះ។ ពួកមនុស្សទាំងនោះ ក៏មានសេចក្តីតក់ស្លត់ព្រឺរោម។ គ្រានោះ សក្កទេវរាជ ជា​ធំជាង​​ពួកទេវតា ទ្រង់ត្រាស់ហៅបញ្ចសិខគន្ធព្វបុត្តមកថា នែអ្នកបញ្ចសិខៈ ព្រះ​តថាគត​ទាំង​ឡាយ ព្រះអង្គមានឈាន ត្រេកអរក្នុងឈាន ព្រះអង្គសម្ងំនៅ ដោយកម្មដ្ឋាន​បាន​ភ្លាម​ៗ (ព្រោះហេតុនោះ) បុគ្គលដូចយ៉ាងយើង ដែលជាអ្នកមានរាគៈ ទោសៈ មោហៈ នឹងចូល​ទៅ​គាល់បានដោយលំបាក នែអ្នកបញ្ចសិខៈ បើដូច្នោះ​ គួរអ្នកធ្វើឲ្យ​ព្រះមាន​ព្រះភាគ ​ពេញ​ព្រះហឫទ័យ (បើកឱកាសឲ្យ) ជាមុនសិន ម្នាលអ្នក បើអ្នកបានធ្វើឲ្យ​ព្រះអង្គ​ពេញ​ព្រះហឫទ័យ​ជាមុនហើយ សិមយើងទាំងឡាយ ចូលទៅ​គាល់​ព្រះមាន​ព្រះភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គនោះ ក្នុងកាលជាខាងក្រោយ។ បញ្ចសិខគន្ធព្វបុត្ត ទទួល​ព្រះរាជ​ឱង្ការ ​របស់សក្កទេវរាជ ជាធំជាងពួកទេវតាថា ព្រះករុណាថ្លៃវិសេស សេចក្តីចំរើន ចូរ​មាន​ដល់​ព្រះអង្គ ហើយក៏កាន់នូវពិណ មានសម្បុរលឿង ដូចផ្លែព្នៅទុំ ចូលសំដៅទៅត្រង់​ឥន្ទសាលគុហា លុះចូលទៅដល់ហើយ ក៏ឋិតនៅក្នុងទីសមគួរ ដោយ​គិត​ថា ទីត្រឹម​ប៉ុណ្ណេះ ព្រះមានព្រះភាគគង់នៅ មិនឆ្ងាយពេក មិនជិតពេកអំពីអញ ទាំងព្រះអង្គ ​ក៏​ទ្រង់​ឮសំឡេងអញបានផង។ លុះបញ្ចសិខគន្ធព្វបុត្ត ឋិតនៅក្នុង ទី​សម​គួរ​ហើយ ក៏​ចាប់​ដេញ​ពិណ មានសម្បុរលឿង ដូចផ្លែព្នៅទុំ ហើយច្រៀងនូវគាថាទាំងនេះ ដែល​ប្រកប​ដោយ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រះអរហន្ត ព្រមទាំងប្រកបដោយកាម ថា

៨៦>[៨៦]</span> ម្នាលនាងសុរិយវច្ឆសា2) ដ៏ចំរើន បងសូមថ្វាយបង្គំ នូវទេវរាជព្រះនាមតិម្ពរុ ជាបិតារបស់នាង ដោយហេតុ ដែលនាងកើតមកហើយ មានលំអជាទីញុំាង​សេចក្តីត្រេកអរឲ្យកើត​ដល់បង។ ដូចខ្យល់ជាទីត្រេកអរ របស់បុគ្គលអ្នកមានញើស ពុំនោះសោត ដូចទឹកសម្រាប់​ផឹក ជាទីត្រេកអរ របស់បុគ្គលអ្នកស្រេកទឹក នាងមានពន្លឺរស្មីនៃអវយវៈ ជាទីស្រឡាញ់ពេញចិត្តនៃបង ដូចនវលោកុត្តរធម៌ ជាទីស្រឡាញ់ របស់ពួក​ព្រះអរហន្ត​ដូច្នោះ។ ម្នាលនាងដ៏ចម្រើន ចូរនាងជួយលត់ (សេចក្តីក្រហល់ក្រហាយរបស់បង) ចេញ ដូចគេដាក់ថ្នាំ ដល់អ្នកជម្ងឺ ពុំនោះ ដូចគេឲ្យភោជន ដល់អ្នកកំពុងឃ្លាន ពុំនោះសោត ដូចគេលត់ភ្លើងកំពុងឆេះដោយទឹក។ សូមឲ្យបងបានអែបនែបត្រង់ចន្លោះស្តន និង ឧទរ របស់​នាង ដូចជាដំរីមានសេចក្តីក្រហល់ក្រហាយ ក្នុងរដូវប្រាំង បានចុះកាន់ស្រះឈូក មានទឹកដ៏ត្រជាក់ ប្រកបដោយលំអង នៃកេសរផ្កាឈូក ដូច្នោះឯង។ បងងោងងប់ ព្រោះភ្លៅរបស់នាង ដែលបរិបូរដោយលក្ខណៈ ក៏លែងស្គាល់ហេតុ (ដែលនាំឲ្យ​ប្រាសចាក​រាគៈ) ដូចជាដំរី (ចុះប្រេង) ហួសវិស័យកង្វេរ គិតថា អញឈ្នះផ្លែ​កង្វេរ និង​លំពែង។ បងមានចិត្តស្លុងចុះហើយក្នុងនាង បងមិនអាចនឹងទាញចិត្ត ដែលងប់ស៊ប់ហើយ ឲ្យត្រឡប់វិញបានឡើយ ដូចជាត្រីលេបសន្ទូច។ ម្នាលនាងមានភ្លៅដូចបណ្តូលចេកដ៏​ចម្រើន ចូរនាងឱបបង ម្នាលនាងមានភ្នែកស្រទន់ ចូរនាងមកកៀកបង ម្នាលនាងមាន​រូប​ឆោម​ដ៏ល្អ ចូរនាងមកឱបរឹតបង ការឱបរឹតនេះ បងត្រូវការណាស់។ កាមរបស់បង​មាន​តិច​ដែរ​ទេ តែព្រោះនាងមានសក់ត្រសាយ ងឡើង សេចក្តីប្រាថ្នានៃបង ក៏កើតមានជាអនេក ដូចទក្ខិណាទាន ដែលគេថ្វាយ ចំពោះព្រះអរហន្ត។ ម្នាលនាងមានលំអសព្វសព៌ាង្គ បុណ្យណា ដែលបងបានធ្វើហើយ ចំពោះព្រះអរហន្តទាំងឡាយ ជាអ្នកនឹងធឹង បុណ្យរបស់បងនោះ សូមជួយបង ឲ្យបានភប់ប្រសព្វនឹងនាង។ ម្នាលនាង មានលំអ​អស់​អង្គ បុណ្យណាដែលបងបានធ្វើហើយ ក្នុងមណ្ឌលនៃប្រឹថពីនេះ បុណ្យរបស់បងនោះ សូមជួយបងឲ្យបានភប់ប្រសព្វនឹងនាង។ ព្រះមុនី ជាសក្យបុត្រ ទ្រង់ប្រកបដោយឈាន គង់នៅ​តែមួយព្រះអង្គឯង មានព្រះប្រាជ្ញាស្មារតី ព្រះអង្គខំស្វែងរកព្រះនិព្វាន យ៉ាងណា ម្នាលនាងសុរិយវច្ឆសា បងក៏ខំស្វែងរកនាង យ៉ាងនោះដែរ។ មួយទៀត សម្តេចព្រះមុនី ព្រះអង្គបានសម្រេចនូវសម្ពោធិញ្ញាណ ដ៏ឧត្តមហើយ ទ្រង់រីករាយព្រះហឫទ័យ យ៉ាងណាមិញ ម្នាលនាងកល្យាណី ខ្លួនបង បើបានមូលមិត្តនឹងនាងហើយ ក៏នឹង រីករាយក្នុងចិត្ត យ៉ាងនោះដែរ។ ម្នាលនាងដ៏ចំរើនអើយ បើសក្កទេវរាជ ជាធំជាងពួកទេវតា ក្នុងជាន់តាវត្តិង្ស ទ្រង់ប្រទានពរដល់បង​ បងគប្បីប្រាថ្នានាង សេចក្តីប្រាថ្នា ដែលមាំមួន (ក្នុងចិត្ត) របស់បងយ៉ាងនេះ។ ម្នាលនាងទេវធីតា មានប្រាជ្ញាឈ្លាសវៃ នាងមានរូប​ប្រាកដ​ដូច្នេះ ជាធីតារបស់អ្នកណា បងសូមថ្វាយបង្គំ ចំពោះអ្នកនោះ ជាបិតារបស់នាង ដូចឈើ ដែល​ទើបនឹងមានផ្កា។

[៨៧] កាលបើបញ្ចសិខគន្ធព្វបុត្ត ច្រៀងគាថាទាំងនោះយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរ​បញ្ចសិខគន្ធព្វបុត្ត យ៉ាងនេះថា ម្នាលបញ្ចសិខៈ សំឡេងខ្សែពិណរបស់អ្នក សមល្មមគ្នា នឹងសំឡេងច្រៀង ទាំងសំឡេងច្រៀង ក៏សមល្មម​គ្នានឹងសំឡេងខ្សែពិណ ម្នាលបញ្ចសិខៈ មួយទៀត សំឡេងខ្សែពិណរបស់អ្នក មិនប្រព្រឹត្ត​កន្លងសំឡេងច្រៀង ទាំងសំឡេងច្រៀង ក៏មិនប្រព្រឹត្តកន្លងសំឡេងខ្សែពិណឡើយ ម្នាល​បញ្ចសិខៈ គាថាទាំងនេះ ដែលប្រកបដោយ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រះអរហន្ត ទាំង​ប្រកបដោយ​កាម តើអ្នកចងក្រងទុកតាំងពីកាលណាមក។ បញ្ចសិខគន្ធព្វបុត្រ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានចងក្រងទុក តាំងពីសម័យ​ ដែល​ព្រះមានព្រះភាគ ទ្រង់បានត្រាស់ដឹងជាដំបូង ហើយទ្រង់គង់នៅក្រោម​ដើមអជបាល​និគ្រោធ ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស ឯណោះ។ បពិត្រព្រះអង្គដ៏ចំរើន សម័យនោះ ខ្ញុំព្រះអង្គប្រាថ្នាចង់បាននូវនាងសុរិយវច្ឆសាដ៏ល្អ ដែលជាធីតា​ នៃព្រះបាទ​តិម្ពរុគន្ធព្វរាជ។ បពិត្រព្រះអង្គដ៏ចំរើន តែនាងនោះឯង មានសេចក្តីស្រឡាញ់ ចំពោះ​បុរស​ដទៃវិញ គឺចង់បាន​សិខណ្ឌិទេវបុត្រ ជាបុត្តរបស់មាតលីសង្គហកទេវបុត្ត។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងកាលដែលខ្ញុំព្រះអង្គ មិនបាននាងនោះ ដោយបរិយាយ​ណាមួយ​ហើយ ទើបខ្ញុំព្រះអង្គកាន់ពិណ មានសម្បុរលឿង ដូចផ្លែព្នៅទុំ ចូលសំដៅ​ទៅ​ត្រង់លំនៅ របស់ព្រះបាទតិម្ពរុគន្ធព្វរាជ លុះចូលទៅដល់ហើយ ក៏ដេញពិណមានសម្បុរ​លឿង ដូចផ្លែព្នៅទុំ ហើយច្រៀងនូវគាថាទាំងនេះ ដែលប្រកបដោយព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រះអរហន្ត ទាំងប្រកបដោយកាមថា

ម្នាលនាងទេវធីតា ឈ្មោះសុរិយវច្ឆសាដ៏ចំរើន នាងកើតមកហើយ មានរូបល្អ បងសូម​ថ្វាយបង្គំនូវទេវរាជ ព្រះនាមតិម្ពរុ ជាបិតារបស់នាង ដោយហេតុដែលនាងកើត​មកហើយ មានលំអជាទីញុំាង​សេចក្តីត្រេកអរ ឲ្យកើតដល់បង។បេ។ ម្នាលនាងទេវធីតា មានប្រាជ្ញាឈ្លាសវៃ នាងមានរូប​ប្រាកដដូច្នេះ ជាធីតារបស់អ្នកណា បងសូមថ្វាយបង្គំ ចំពោះ​អ្នកនោះ ជាបិតារបស់នាង ដូចឈើដែល​ទើបនឹងមានផ្កា។

[៨៨] បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំច្រៀងគាថាយ៉ាងនេះហើយ នាងសុរិយវច្ឆសាដ៏ចំរើន បាននិយាយនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា ម្នាលអ្នកនិទ៌ុក្ខ ខ្ញុំ​មិនដែល​បានឃើញព្រះមានព្រះភាគអង្គនោះ​ ក្នុងទីចំពោះព្រះភក្ត្រសោះឡើយ ប៉ុន្តែ កាលខ្ញុំចូលទៅរាំក្នុងរោងឈ្មោះសុធម្មា របស់ទេវតាទាំងឡាយ នៅក្នុងឋានតាវត្តិង្ស ក៏​បាន​ឮកិត្តិគុណរបស់ព្រះមានព្រះភាគនោះ ម្នាលអ្នកនិទ៌ុក្ខ កាលណាបើអ្នកនិយាយ​សរសើរព្រះមានព្រះភាគអង្គនោះ ការជួបគ្នាក្នុងថ្ងៃនេះ ចូរមានដល់យើងទាំងពីរនាក់។ បពិត្រព្រះអង្គដ៏ចំរើន ការស្ម័គ្រសមាគម ជាមួយនឹងនាងនោះ ក៏មានដល់ខ្ញុំព្រះអង្គ ខ្ញុំ​ព្រះអង្គក៏លែងច្រៀង (ទំនុកនេះ) តាំងពីក្រោយនោះមក។ លំដាប់នោះ សក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់ត្រិះរិះយ៉ាងនេះថា បញ្ចសិខគន្ធព្វបុត្ត សាទរជាមួយនឹង​ព្រះមានព្រះភាគ ទាំងព្រះមានព្រះភាគ ក៏ទ្រង់សាទរជាមួយនឹងបញ្ចសិខគន្ធព្វបុត្ត។ ទើបសក្កទេវរាជ ជាធំជាងពួកទេវតា ត្រាស់ហៅបញ្ចសិខគន្ធព្វបុត្តមកថា នែអ្នក​បញ្ចសិខៈ អ្នកចូរទៅថ្វាយបង្គំ​ព្រះមានព្រះភាគ តាមពាក្យរបស់យើងថា បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំជាងពួកទេវតា ព្រមទាំងអាមាត្យ ព្រមទាំង​បរិសទ្យ សូមក្រាបថ្វាយបង្គំ នូវព្រះបាទទាំងគូ របស់ព្រះមានព្រះភាគដោយត្បូង។ បញ្ចសិខគន្ធព្វបុត្ត ក៏ទទួល​ព្រះ​បន្ទូល​សក្កទេវរាជ ជាធំជាងពួកទេវតា ដោយពាក្យថា ព្រះករុណាថ្លៃវិសេស សេចក្តីចំរើន ចូរមានដល់ព្រះអង្គ ហើយថ្វាយបង្គំ​ព្រះមាន​ព្រះភាគ​ថា បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំជាងពួកទេវតា ព្រមទាំងអាមាត្យ ព្រមទាំង​បរិសទ្យ សូមក្រាបថ្វាយបង្គំ​ នូវព្រះបាទទាំងគូ របស់ព្រះមានព្រះភាគ​ដោយ​ត្បូង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលបញ្ចសិខៈ សូមឲ្យ​សក្កទេវរាជ ជាធំជាង​ពួក​ទេវតា ព្រមទាំងអាមាត្យ ព្រមទាំងបរិសទ្យ បានសេចក្តីសុខ តាមសេចក្តីប្រាថ្នាចុះ ព្រោះ​ពួក​ទេវតា និងមនុស្ស អសុរ នាគ គន្ធព្វ និងសត្វដទៃៗ ជាច្រើនពួក តែងប្រាថ្នា​សេចក្តី​សុខ។

[៨៩] ធម្មតា ព្រះតថាគតរាល់ព្រះអង្គ តែងមានព្រះបន្ទូលដោយស្មោះ ចំពោះ​ទៅរក​ពួកយក្ស ដែលមានសក្តិធំ មានសភាពយ៉ាងនេះ ដូច្នេះឯង។ ឯសក្កទេវរាជ ជាធំជាងពួកទេវតា លុះព្រះមានព្រះភាគ មានព្រះបន្ទូល​ដោយស្មោះ ចំពោះហើយ ក៏​ចូល​ទៅកាន់​ឥន្ទសាលគុហា ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ ទាំងពួកទេវតានៅក្នុងជាន់តាវត្តិង្ស ក៏ចូលទៅកាន់ឥន្ទសាលគុហា ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ ឯបញ្ចសិខគន្ធព្វបុត្ត ក៏ចូលទៅកាន់​ឥន្ទសាលគុហា ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ ក្នុងសម័យ​នោះឯង ឥន្ទសាលគុហា ដែលមានផ្ទៃមិនរាបស្មើ ក៏ប្រែជាមានផ្ទៃរាបស្មើវិញ មាន​ទីចង្អៀត ក៏ប្រែជាមានទីធំទូលាយវិញ ទាំងងងឹតក្នុងគុហាក៏បាត់ទៅ មានពន្លឺភ្លឺ​ព្រោងព្រាតឡើង ដោយទេវានុភាព របស់ពួកទេវតានោះឯង។

[៩០] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងសក្កទេវរាជ ជាធំជាងពួកទេវតា ដូច្នេះថា នេះជាហេតុគួរអស្ចារ្យ របស់កោសិយៈមានអាយុ នេះជាហេតុ​មិនធ្លាប់កើតមាន របស់កោសិយៈមានអាយុ នេះជាដំណើរស្តេចមកក្នុងទីនេះ របស់ទេវរាជ ដែលមានកិច្ច​ច្រើន មានការងារច្រើន។ សក្កទេវរាជក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានបំណងនឹងចូលមកគាល់ព្រះមានព្រះភាគ ជាយូរណាស់ហើយ តែខ្ញុំព្រះអង្គ មានសេចក្តីខ្វល់ខ្វាយដោយកិច្ចការងារនីមួយ3) របស់ពួកទេវតា នៅក្នុងជាន់​តាវត្តិង្ស ព្រោះហេតុនោះ ខ្ញុំព្រះអង្គ ក៏មិនអាចនឹង​ចូលមកគាល់ព្រះមានព្រះភាគបាន។ បពិត្រព្រះអង្គដ៏ចំរើន សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងសលឡគន្ធកុដិ ជិត​ក្រុងសាវត្ថី។ បពិត្រព្រះអង្គដ៏ចំរើន សម័យនោះឯង ខ្ញុំព្រះអង្គ បានមកកាន់ក្រុងសាវត្ថី ដើម្បីគាល់​ព្រះមានព្រះភាគ។ បពិត្រព្រះអង្គដ៏ចំរើន តែជួនជាវេលានោះ ព្រះមានព្រះភាគ កំពុងគង់សម្ងំ ដោយសមាធិឯណាមួយ។ ឯនាង​ទេវធីតា ឈ្មោះភុជគី ជាបរិចារិការបស់វេស្សវណមហារាជ កំពុងតែឈរប្រណម្យអញ្ជលី នមស្សការ គោរព​ព្រះមានព្រះភាគ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ខ្ញុំព្រះអង្គផ្តាំផ្ញើនឹងនាងទេវធីតា ឈ្មោះ​ភុជគី ដូច្នេះថា ម្នាលប្អូនស្រី នាងចូរថ្វាយបង្គំព្រះមានព្រះភាគ​ តាមពាក្យយើងថា បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំជាងពួកទេវតា ព្រមទាំងអាមាត្យ ព្រមទាំងបរិសទ្យ សូមថ្វាយបង្គំព្រះបាទទាំងគូ របស់ព្រះមានព្រះភាគដោយត្បូង។ បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គផ្តាំផ្ញើ យ៉ាងនេះហើយ នាងទេវធីតាឈ្មោះ ភុជគី នោះ ឆ្លើយតបមកនឹងខ្ញុំព្រះអង្គ ដូច្នេះថា បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ វេលានេះ ជាកាល​មិនគួរនឹងចូលទៅគាល់ព្រះមានព្រះភាគទេ ព្រោះព្រះមានព្រះភាគ កំពុងសម្ងំនៅដោយ​ព្រះកម្មដ្ឋាន។ ខ្ញុំព្រះអង្គ បាននិយាយថា បើដូច្នោះ កាលណាបើព្រះមានព្រះភាគ ទ្រង់ចេញ​ចាកសមាធិនោះហើយ ចូរនាងថ្វាយបង្គំព្រះមានព្រះភាគ តាមពាក្យរបស់​យើងថា បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំជាងពួកទេវតា ព្រមទាំងអាមាត្យ ព្រមទាំងបរិសទ្យ សូមថ្វាយបង្គំព្រះបាទទាំងគូ របស់ព្រះមានព្រះភាគដោយត្បូង។ បពិត្រព្រះអង្គដ៏ចំរើន នាងនោះបានថ្វាយបង្គំព្រះមានព្រះភាគ តាមពាក្យរបស់​ខ្ញុំ​ដែរឬ ព្រះមានព្រះភាគ ទ្រង់រលឹកឃើញពាក្យនាងនោះដែរឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បពិត្រទេវានមិន្ទ នាងនោះបានថ្វាយបង្គំតថាគតហើយ តថាគត ក៏រលឹកឃើញពាក្យ​នោះបាន តែតថាគត ចេញចាកសមាធិនោះ ព្រោះសូរនៃខ្នងកង់ (រាជរថ) របស់ទេវរាជ​ដ៏មានអាយុ។ សក្កទេវរាជ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ពួកទេវតាណា បានទៅ​កើតក្នុងពពួកទេវតា នៅក្នុងជាន់តាវត្តិង្ស មុនជាងខ្ញុំព្រះអង្គ ៗ បានឮចំពោះមុខ បានទទួល (ដំណឹងនោះ) ចំពោះ​មុខ នៃទេវតាទាំងនោះថា កាលណាព្រះតថាគត ជា​អរហន្ត សម្មាសម្ពុទ្ធទាំងឡាយ ទ្រង់កើតឡើងក្នុងលោក កាលនោះ ពួកទេវតាក៏កុះករ ពួក​អសុរក៏សាបសូន្យទៅ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនោះឯង ខ្ញុំព្រះអង្គ បានឃើញ​ជាក់ហើយ តាំងពីដួច ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ កើតឡើងហើយក្នុងលោក ពួកទេវតាក៏កុះករ ពួកអសុរក៏សាបសូន្យទៅ។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងក្រុងកបិលវត្ថុ​នេះឯង មានសក្យធីតាម្នាក់ ឈ្មោះ គោបិកា ជាស្ត្រីជ្រះថ្លាក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តែងធ្វើនូវការបំពេញកិច្ច ក្នុងសីលទាំងឡាយ នាងនឿយណាយ​ចិត្ត ក្នុងភេទ​នៃខ្លួនជា​ស្ដ្រី កើតសេចក្តីពេញចិត្ត ក្នុងភេទនៃខ្លួនជាបុរស លុះដល់បែក​ទំលាយ​រាងកាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ ក៏បានទៅកើតក្នុងសុគតិសួគ៌ទេវលោក ជាមួយ​នឹង​ទេវតា ដែល​ឋិតនៅក្នុងជាន់តាវត្តិង្ស បានមកជាឱរសរបស់ខ្ញុំព្រះអង្គ ពួកទេវតា ដែលនៅ​ក្នុងជាន់តាវត្តិង្សនោះ ស្គាល់​ទេវបុត្តនោះយ៉ាងនេះថា គោបកទេវបុត្ត គោបកទេវបុត្ត ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុ៣រូបដទៃទៀត ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគ (លុះទំលាយរាងកាយ) ក៏ទៅកើត​ក្នុងពួកគន្ធព្វ​ដ៏ថោក​ទាប គន្ធព្វ​ទាំង៣រូបនោះ ឲ្យគេបំរើឆ្អែតស្កប់ស្កល់ដោយកាមគុណទាំង៥ តែងមកកាន់ទី​បំរើ​របស់​ខ្ញុំ​ព្រះអង្គ មកកាន់ទីគោរពប្រណិបត្តន៍ខ្ញុំព្រះអង្គ លុះគន្ធព្វទាំង៣នោះ មកកាន់​ទី​​បំរើ​របស់​ខ្ញុំ​ព្រះអង្គ មកកាន់ទីគោរពប្រណិបត្តន៍ខ្ញុំព្រះអង្គ គោបកទេវបុត្ត ក៏និយាយ​ដាស់​តឿន រំឭកថា ម្នាលអ្នកនិទ៌ុក្ខទាំងឡាយ អ្នកទាំងឡាយយកមុខទៅទុកក្នុងទីណា បានជាឃ្វាង​នឹងធម៌របស់ព្រះមានព្រះភាគអង្គនោះ អម្បាលយ៉ាងខ្លួនខ្ញុំជាស្ត្រីសោះទេ ម្តេចគង់ជា​អ្នកជ្រះថ្លា ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បានធ្វើនូវ​ការបំពេញកិច្ច​ក្នុងសីល​ទាំងឡាយ​​ទៅ​កើត (មិនតែប៉ុណ្ណោះ) ក៏នឿយណាយចិត្តក្នុងភេទនៃស្ត្រី កើតសេចក្តី​ពេញចិត្ត ក្នុងភេទ​នៃ​បុរស លុះដល់បែកទំលាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ក៏មកកើត​ក្នុង​សុគតិសួគ៌ទេវលោក ជាមួយនឹងទេវតា ដែលឋិតនៅក្នុងជាន់តាវត្តិង្ស បាន​មក​ជាបុត្ត​របស់​សក្កទេវរាជ ជាធំជាងពួកទេវតា ឯពួកទេវតា ដែលនៅក្នុងជាន់តាវត្តិង្ស​នេះ នាំគ្នា​ហៅខ្ញុំយ៉ាងនេះថា គោបកទេវបុត្ត គោបកទេវបុត្ត ដូច្នេះ ម្នាលអ្នកនិទ៌ុក្ខទាំង​ឡាយ ចំណែក​អ្នកទាំងឡាយ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះមានព្រះភាគ តែបែរ​ជាមកកើតក្នុងពួកគន្ធព្វ ដ៏ថោកទាបវិញ ឱហ្ន៎ យើងទាំងឡាយណា បានឃើញ​ពួកសហធម្មិក4) ដែលកើត​ក្នុង​គន្ធព្វដ៏ថោកទាប យើងទាំងឡាយនោះ ឈ្មោះថា បានឃើញរូបដែល​មិនគួរ​ឃើញ។ បពិត្រ​ព្រះអង្គដ៏ចំរើន បណ្តាទេវតាទាំង៣នាក់ ដែលគោបកទេវបុត្ត និយាយរំលឹក​ដាស់​តឿន​នោះ ទេវតាពីរនាក់ ក៏ត្រឡប់បានស្មារតី ប្រកបដោយឈាន ក្នុងបច្ចុប្បន្ន (លុះច្យុត​ចាក​អត្តភាពនោះហើយ) ក៏បាននូវកាយជាព្រហ្មបុរោហិត។ ឯទេវតា១នាក់ទៀត អាស្រ័យ​នៅក្នុងកាមភព។

[៩១] ខ្ញុំបានជាឧបាសិកា របស់ព្រះសម្មាសម្ពុទ្ធ ទ្រង់មានចក្ខុ ឯឈ្មោះរបស់ខ្ញុំ​ ប្រាកដ​ថា គោបិកា ជាស្ត្រីមានចិត្តជ្រះថ្លាស៊ប់ ក្នុងព្រះពុទ្ធ និងព្រះធម៌ លុះមានចិត្ត​ជ្រះថ្លា​ហើយ បានទាំងបំរើព្រះសង្ឃផង។ ដោយអំណាចនៃព្រះពុទ្ធ​ជាម្ចាស់នោះ និង​ព្រះធម៌ដ៏ប្រពៃ ខ្ញុំក៏បានមកកើតក្នុងបុរីនៃទេវតា បានជាបុត្ររបស់​សក្កទេវរាជ ជាអ្នក​មាន​អានុភាពច្រើន មានពន្លឺច្រើន ពួកទេវតាដែលនៅក្នុងទេវលោក​នេះ តែងស្គាល់ខ្ញុំថា គោបកទេវបុត្ត ដូច្នេះ។ ខ្ញុំបានឃើញនូវពួកភិក្ខុដែលធ្លាប់ឃើញ​ហើយ មកកើត​ក្នុង​ពួក​គន្ធព្វ នៅក្នុងពួកគន្ធព្វនោះ ឯភិក្ខុទាំងនោះ សុទ្ធតែជា​សាវ័ក​របស់​ព្រះគោតម មួយទៀត យើងទាំងឡាយណា បានកើតជាមនុស្សក្នុងកាលមុន យើងទាំងឡាយនោះ បានចាត់​ចែង​កិច្ច គឺលាង លាបបាទាហើយ បានទំនុកបំរុង​ដោយ​ម្ហូបចំណី និងទឹក ក្នុង​លំនៅ​របស់​ខ្លួន អ្នកទាំងឡាយដ៏ចំរើនទាំងនេះ យកមុខទៅទុកក្នុង​ទីណា បានជាមិនទទួល​យក​ព្រះធម៌ របស់ព្រះពុទ្ធជាម្ចាស់។ ឯធម៌ដែលវិញ្ញូជន គប្បី​ត្រាស់ដឹង​ដោយខ្លួនឯង ក៏ព្រះ​សម្មា​សម្ពុទ្ធ ទ្រង់មានចក្ខុ ទ្រង់ត្រាស់ដឹង​ហើយ សំដែង​ដោយ​ប្រពៃហើយ ឯខ្ញុំបានចូល​ទៅ​អង្គុយស្តាប់សុភាសិត របស់ព្រះអរិយៈទាំង​ឡាយ ដូចអ្នកទាំងឡាយដែរ។ ខ្ញុំបាន​មកកើតក្នុងបុរីនៃទេវតា បានជាបុត្តរបស់សក្កទេវរាជ ជាអ្នក​មានអានុភាពច្រើន មាន​ពន្លឺ​ច្រើន ឯអ្នកទាំងឡាយ បានចូលទៅអង្គុយជិត​ព្រះពុទ្ធ​ដ៏ប្រសើរ ទាំងប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌ ក្នុងព្រះពុទ្ធសាសនាដ៏ប្រសើរ។ អ្នកទាំងឡាយដ៏​ចំរើន បានមកកើតក្នុងពួកគន្ធព្វ ជាអ្នក​ថោកទាប ការកើតរបស់អ្នកទាំងឡាយដ៏ចំរើន (នេះ) មិនសមគួរសោះឡើយ យើង​បាន​ឃើញពួកសហធម្មិកៈ ដែលមកកើតក្នុងពួក​គន្ធព្វ អ្នកថោកទាប (នេះ) ឱហ្ន៎ ឈ្មោះ​ថា បានឃើញរូបដែល​មិនគួរឃើញ។ ម្នាល​អ្នកទាំងឡាយដ៏ចំរើន អ្នកទាំងឡាយ កើតក្នុង​ពួកគន្ធព្វ មកកាន់ទីបំរើនៃ​ទេវតាទាំងឡាយ ចូរមើលនូវគុណវិសេសនេះ របស់ខ្ញុំ​ដែលនៅក្នុងផ្ទះ។ ពីដើម ខ្ញុំជាស្ត្រី ឥឡូវនេះ ខ្ញុំបានជាទេវបុត្ត បរិបូណ៌ដោយ​កាមជា​ទិព្វ​ទាំង​ឡាយ ឯទេវបុត្តទាំងនោះ លុះ​គោបកទេវបុត្ត ជាសាវ័ករបស់ព្រះគោតម បានរំលឹក​ដាស់​តឿនហើយ ក៏ដល់នូវ​សេចក្តី​សង្វេគថា យើងទាំងឡាយ បានមកជួបនឹង​គោបកទេវបុត្ត បើដូច្នោះ យើងចូរនាំគ្នាខំប្រឹង​ប្រែងព្យាយាមទៅ កុំឲ្យបានមក​ជាអ្នក​បំរើគេទៀតឡើយ បណ្តាទេវបុត្តទាំង៣នោះ ទេវបុត្ត២អង្គ បានរលឹកនូវសាសនា5) នៃព្រះគោតមហើយ ប្រារព្ធនូវសេចក្តីព្យាយាមជានិច្ច ធ្វើចិត្តឲ្យនឿយណាយ ក្នុងទេវលោកនេះ បានឃើញ​ទោសក្នុងកាមហើយ ទេវបុត្តទាំង២អង្គនោះ បានកាត់នូវកាមសំយោជនៈ និងកាមពន្ធនៈ ជាចំណងរបស់មារ ដែលសត្វ​ប្រព្រឹត្តកន្លងបានដោយកម្រ។ ទេវបុត្តទាំងពីរអង្គនោះ បានកាត់នូវ​ចំណងដ៏​ល្អិត ដូចដំរី (ផ្តាច់ទន្លីង) ហើយប្រព្រឹត្តកន្លងនូវពួកទេវតា ដែលនៅ​ក្នុងជាន់តាវត្តិង្ស ពួកទេវតាទាំងអស់ ព្រមទាំង​ព្រះឥន្ទ្រាធិរាជ និង បជាបតិទេវរាជ បានចូល​ទៅក្នុងរោង ឈ្មោះសុធម្មា។ ទេវតាទាំងនោះ លុះប្រជុំគ្នាហើយ ក៏មិនប្រព្រឹត្ត​កន្លងនូវ​ទេវបុត្រទាំងពីរនោះបានឡើយ ទេវបុត្រទាំងពីរនោះ ជាអ្នកក្លៀវក្លា ប្រាសចាករាគៈ ធ្វើនូវអនាគាមិមគ្គ ដែលប្រាសចាកធូលី វាសវទេវរាជ ជាធំជាងពួកទេវតា បានឃើញនូវទេវបុត្រទាំងពីរនោះហើយ ក៏ធ្វើនូវសេចក្តីសង្វេគ ក្នុង​កណ្តាលនៃ​ពួកទេវតាថា ទេវបុត្រទាំងនេះ គឺទេវបុត្រ ដែលកើតក្នុងពួកគន្ធព្វ ជាអ្នកថោក​ទាបនោះឯង ប្រព្រឹត្តកន្លងនូវពួកទេវតា ដែលនៅក្នុងជាន់តាវត្តិង្ស ឯគោបកទេវបុត្រ លុះបានស្តាប់​ព្រះបន្ទូល នៃវាសវទេវរាជ ដែលទ្រង់កើត​សេចក្តីសង្វេគ​ហើយ ក៏ក្រាបទូលវាសវទេវរាជថា បពិត្រព្រះអង្គ ជាធំជាងជន ព្រះពុទ្ធទ្រង់កើត​ក្នុង​មនុស្ស​លោក ទ្រង់គ្របសង្កត់នូវកាមបាន អ្នកផងតែងស្គាល់ព្រះនាមថា សក្យមុនី ទេវបុត្តទាំងពីរនោះ ជាបុត្ររបស់ព្រះអង្គ សាបសូន្យចាកឈានសតិ លុះខ្ញុំព្រះអង្គ រំលឹក​ដាស់តឿនហើយ ទេវបុត្រទាំងពីរអង្គនោះ ក៏ត្រឡប់បាននូវឈានសតិវិញ។ បណ្តាជន​ទាំង៣នាក់នោះ ជនម្នាក់ អាស្រ័យនៅក្នុងពួកដ៏ថោកទាបនេះ បានចូលទៅរួមក្នុងពួកគន្ធព្វ នៅក្នុងពួកគន្ធព្វនោះ ជនពីរនាក់ទៀត រលឹកឃើញនូវ​ផ្លូវនៃ​សម្ពោធិញ្ញាណ គឺអនាគាមិមគ្គ ក៏ធុញទ្រាន់នឹងទេវលោក ព្រោះខ្លួន​មានចិត្ត​ប្រកប​ដោយសមាធិ។ កិរិយាប្រកាសនូវធម៌ ក្នុងសាសនានេះ មានសភាពដូច្នេះ បណ្តាសាវ័ក​ទាំង​នោះ សូម្បីសាវ័កណាមួយ ក៏មិនសង្ស័យនឹងអ្វីឡើយ យើងទាំងឡាយ សូមនមស្ការ នូវព្រះពុទ្ធ ព្រះអង្គឈ្នះមារ ព្រះអង្គជាធំជាង​ជន ទ្រង់ឆ្លងនូវឱឃៈបានហើយ កាត់បង់នូវ​សេចក្តីសង្ស័យបានហើយ។ ទេវបុត្រទាំងនោះ បានដឹងច្បាស់នូវធម៌ណា របស់ព្រះអង្គ​ ក្នុងសាសនានេះហើយ បាននូវគុណវិសេស បណ្តាគន្ធព្វទាំង៣នាក់នោះ គន្ធព្វពីរនាក់ បាននូវកាយជាព្រហ្មបុរោហិត បានដល់នូវគុណវិសេស គឺមគ្គ និងផល។ បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ យើងខ្ញុំព្រះអង្គ នាំគ្នាមក ដើម្បីដល់នូវធម៌នោះ បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ បើ​ព្រះមានព្រះភាគ ទ្រង់បើក​ឱកាសហើយ យើងខ្ញុំព្រះអង្គ សូមក្រាបបង្គំទូលសួរនូវ​ប្រស្នា។

[៩២] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់រិះគិតយ៉ាងនេះថា សក្កទេវរាជនេះ ទ្រង់​មានព្រះទ័យដ៏បរិសុទ្ធស្អាត6) មកអស់​កាលយូរហើយ នឹងសួរនូវប្រស្នាណានីមួយ ចំពោះតថាគត ក៏សួរតែ​ប្រស្នា​ដែលមានប្រយោជន៍ទាំងអស់ មិនមែនសួរប្រស្នាដែលមិនមានប្រយោជន៍ឡើយ មួយទៀត សក្កទេវរាជ បានសួរតថាគត ៗនឹងដោះស្រាយចំពោះប្រស្នាណា សក្កទេវរាជ ក៏នឹងយល់​ច្បាស់នូវ​ប្រស្នានោះ ឆាប់រហ័សបាន។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់​នឹង​សក្កទេវរាជ ជាធំជាងពួកទេវតា ដោយបទគាថា ថា

បពិត្រ វាសវៈ មហារាជមានព្រះហឫទ័យ ប្រាថ្នានឹងសួរនូវប្រស្នាណា ចូរសួរ​នូវប្រស្នានោះ ចំពោះតថាគតចុះ តថាគត នឹងធ្វើនូវទីបំផុត នៃប្រស្នាទាំងនោះៗ​ ថ្វាយ​មហាបពិត្របាន។

ចប់ បឋមភាណវារៈ។

[៩៣] លុះព្រះមានព្រះភាគ ទ្រង់ប្រទានឱកាសហើយ សក្កទេវរាជ ជាធំជាងពួកទេវតា ក្រាបបង្គំទូលសួរប្រស្នាជាដំបូងនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ ពួកទេវតា មនុស្ស អសុរ នាគ និងគន្ធព្វ ទាំងពួកជនច្រើនដទៃ​ៗ មានធម៌អ្វីជាគ្រឿង​ចងរួបរឹតទុក បានជាពួកសត្វ​ទាំងនោះ សូម្បីប្រាថ្នាថា សូមឲ្យយើង​ទាំងឡាយ ជាអ្នកមិនមានពៀរ មិនមានអាជ្ញា មិនមានសត្រូវ មិនមានព្យាបាទ នៅដោយ​មិនមានពៀរនឹងគ្នា ពួកសត្វទាំងនោះ​ តែង​មានសេចក្តីប្រាថ្នាយ៉ាងនេះឯង ទោះបី​មានសេចក្តី​ប្រាថ្នាដូច្នោះ ក៏គង់​សត្វទាំងនោះ នៅតែជាអ្នកមានពៀរ មានអាជ្ញា មានសត្រូវ មានព្យាបាទ នៅដោយមានពៀរនឹងគ្នាដដែល។ សក្កទេវរាជ ជាធំជាងពួកទេវតា បានទូលសួរប្រស្នា ចំពោះ​ព្រះមានព្រះភាគហើយ ដោយប្រការ​ដូច្នេះ។ លុះ​សក្កទេវរាជនោះ បានទូលសួរប្រស្នាហើយ ព្រះមានព្រះភាគ ក៏ទ្រង់​ព្យាករ​ថា បពិត្រ ទេវានមិន្ទ ពួកទេវតា មនុស្ស អសុរ នាគ និងគន្ធព្វ ទាំងពួកជនច្រើនដទៃ​ៗ មានឥស្សា (សេចក្តីច្រណែន) និងមច្ឆរិយៈ (សេចក្តីកំណាញ់) ជាគ្រឿង​ចងរួបរឹតទុក បានជាពួកសត្វ​ទាំងនោះ សូម្បីប្រាថ្នាថា សូមឲ្យយើង​ទាំងឡាយ ជាអ្នកមិនមានពៀរ មិនមានអាជ្ញា មិនមានសត្រូវ មិនមានព្យាបាទ នៅដោយ​មិនមានពៀរនឹងគ្នា ពួកសត្វ​ទាំងនោះ​ តែង​មានសេចក្តីប្រាថ្នាដូច្នេះឯង ទោះបី​មានសេចក្តី​ប្រាថ្នាដូច្នោះ ក៏គង់​សត្វ​ទាំង​នោះ នៅតែជាអ្នកមានពៀរ មានអាជ្ញា មានសត្រូវ មានព្យាបាទ នៅដោយ​មាន​ពៀរ​នឹង​គ្នាដដែល។ លុះព្រះមានព្រះភាគ ទ្រង់​ព្យាករនូវប្រស្នា ដែលសក្កទេវរាជ ជាធំជាង​ពួក​ទេវតា ក្រាបទូលសួរដោយប្រការដូច្នេះហើយ។ សក្កទេវរាជ ជាធំជាងពួកទេវតា ក៏​មានព្រះរាជហឫទ័យត្រេកអរ រីករាយនឹងភាសិត របស់ព្រះមានព្រះភាគថា បពិត្រ​ព្រះមានព្រះភាគ ដំណើរនុ៎ះយ៉ាងហ្នឹងហើយ បពិត្រព្រះសុគត ដំណើរនុ៎ះយ៉ាងហ្នឹង​ហើយ សេចក្តីសង្ស័យក្នុងប្រស្នានុ៎ះ ខ្ញុំព្រះអង្គបានឆ្លងផុតហើយ សេចក្តីងឿងឆ្ងល់ ក៏អស់ហើយ ព្រោះបានស្តាប់នូវបញ្ហាវេយ្យាករណ៍ របស់​ព្រះមានព្រះភាគ។

[៩៤] លុះសក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់ត្រេកអររីករាយនឹងភាសិត របស់​ព្រះមានព្រះភាគ ដូច្នេះហើយ ទើបសួរ​នូវប្រស្នាចំពោះ​ព្រះមានព្រះភាគ តទៅទៀតថា បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ សេចក្តីច្រណែន និងសេចក្តីកំណាញ់ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីបណ្តាលឲ្យកើត កាលបើអ្វីមានហើយ ទើប​សេចក្តីច្រណែននឹងសេចក្តីកំណាញ់ កើតមាន កាលបើអ្វី​មិនមានហើយ ទើបសេចក្តី​ច្រណែន និងសេចក្តីកំណាញ់ ក៏មិនមានដែរ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា បពិត្រទេវានមិន្ទ សេចក្តីច្រណែន និងសេចក្តីកំណាញ់ មានសេចក្តីស្រឡាញ់ និងសេចក្តីស្អប់ ជាដើមហេតុ មានសេចក្តីស្រឡាញ់ និងសេចក្តីស្អប់​នាំឲ្យកើត មានសេចក្តីស្រឡាញ់ និងសេចក្តីស្អប់​ជាកំណើត មានសេចក្តីស្រឡាញ់ និងសេចក្តីស្អប់​​បណ្តាលឲ្យកើត កាលបើសេចក្តីស្រឡាញ់ និងសេចក្តីស្អប់មានហើយ ទើបសេចក្តី​ច្រណែន និងសេចក្តីកំណាញ់ ក៏មានដែរ កាលបើសេចក្តីស្រឡាញ់ និងសេចក្តីស្អប់មិនមាន​ហើយ សេចក្តីច្រណែន និងសេចក្តីកំណាញ់ក៏មិនមានដែរ។ បពិត្រ​ព្រះអង្គទ្រង់និទ៌ុក្ខ ចុះសេចក្តីស្រឡាញ់ និងសេចក្តីស្អប់​ មានអ្វីជាដើមហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីបណ្តាលឲ្យកើត កាលបើ​អ្វីមានហើយ ទើប​សេចក្តីស្រឡាញ់ និងសេចក្តីស្អប់ ក៏មានដែរ កាលបើអ្វីមិនមានហើយ សេចក្តីស្រឡាញ់ និងសេចក្តីស្អប់ ក៏មិនមានដែរ។ បពិត្រទេវានមិន្ទ សេចក្តីស្រឡាញ់ និងសេចក្តីស្អប់ មានឆន្ទៈ (សេចក្តីពេញចិត្ត) ជាដើមហេតុ មានឆន្ទៈនាំឲ្យកើត មានឆន្ទៈ​ជាកំណើត មានឆន្ទៈបណ្តាលឲ្យកើត កាលបើឆន្ទៈមានហើយ ទើបសេចក្តីស្រឡាញ់ និងសេចក្តី​ស្អប់ ក៏មានដែរ កាលបើឆន្ទៈមិនមាន​ហើយ សេចក្តីស្រឡាញ់ និងសេចក្តីស្អប់ ក៏មិនមានដែរ។ បពិត្រ​ព្រះអង្គទ្រង់និទ៌ុក្ខ ចុះឆន្ទៈ​ មានអ្វីជាដើមហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីបណ្តាលឲ្យកើត កាលបើ​អ្វីមានហើយ ឆន្ទៈក៏មានដែរ កាលបើអ្វីមិនមានហើយ ឆន្ទៈ ក៏មិនមានដែរ។ បពិត្រទេវានមិន្ទ ឆន្ទៈ មានវិតក្កៈ (សេចក្តីត្រិះរិះ) ជាដើមហេតុ មានវិតក្កៈនាំឲ្យកើត មានវិតក្កៈ​ជាកំណើត មានវិតក្កៈបណ្តាលឲ្យកើត កាលបើវិតក្កៈមានហើយ ឆន្ទៈក៏មានដែរ កាលបើវិតក្កៈមិនមាន​ហើយ ឆន្ទៈ ក៏មិនមានដែរ។ បពិត្រ​ព្រះអង្គទ្រង់និទ៌ុក្ខ ចុះវិតក្កៈ​ មានអ្វីជាដើមហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីបណ្តាលឲ្យកើត កាលបើ​អ្វីមានហើយ វិតក្កៈក៏មានដែរ កាលបើ​អ្វីមិន​មានហើយ វិតក្កៈក៏មិនមានដែរ។ បពិត្រទេវានមិន្ទ វិតក្កៈមានចំណែក​នៃបបញ្ចសញ្ញា (សេចក្តីសំគាល់ប្រកបដោយធម៌ ជាគ្រឿងយឺតយូរ7) ) ជាដើមហេតុ មានចំណែកនៃបបញ្ចសញ្ញា​នាំឲ្យកើត មានចំណែកនៃបបញ្ចសញ្ញា​​ជាកំណើត មានចំណែកនៃបបញ្ចសញ្ញា​បណ្តាលឲ្យកើត កាលបើចំណែកនៃបបញ្ចសញ្ញា​មានហើយ វិតក្កៈ ក៏មានដែរ កាលបើចំណែកនៃបបញ្ចសញ្ញា​មិនមាន​ហើយ វិតក្កៈ ក៏មិនមានដែរ។

[៩៥] បពិត្រ​ព្រះអង្គ ទ្រង់និទ៌ុក្ខ ចុះភិក្ខុប្រតិបត្តិយ៉ាងណា ទើបឈ្មោះថា ជាអ្នកប្រតិបត្តិ​នូវបដិបទា ជាដំណើរដ៏សមគួរ ដល់សេចក្តីរំលត់នូវ​ចំណែកនៃបបញ្ចសញ្ញា​។ បពិត្រទេវានមិន្ទ តថាគតសំដែងថា សោមនស្សមាន២យ៉ាង គឺសោមនស្សគួរសេពគប់ ក៏មាន មិនគួរសេពគប់ ក៏មាន បពិត្រទេវានមិន្ទ តថាគតសំដែង​ថា ទោមនស្សមាន២យ៉ាង គឺទោមនស្សគួរសេពគប់ ក៏មាន មិនគួរសេពគប់ ក៏មាន បពិត្រទេវានមិន្ទ តថាគតសំដែង​ថា ឧបេក្ខាមាន២យ៉ាង គឺឧបេក្ខា​គួរសេពគប់ ក៏មាន មិនគួរសេពគប់ ក៏មាន។ ចុះត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគត​សំដែង​ថា សោមនស្សមាន២យ៉ាង គឺសោមនស្សគួរសេពគប់ ក៏មាន មិនគួរសេពគប់ ក៏មានដូច្នេះនេះ តថាគតបានពោលហើយ ពាក្យដែល​តថាគតពោល​មកយ៉ាងនុ៎ះ តើព្រោះអាស្រ័យហេតុអ្វី។ ព្រោះថា បណ្តា​សោមនស្សទាំង២ប្រការនោះ ភិក្ខុដឹងច្បាស់ នូវសោមនស្សណាថា កាលបើអាត្មាអញសេពគប់នូវសោមនស្សនេះ អកុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ​ដូច្នេះ សោមនស្សបែបនេះ8) ភិក្ខុ​មិនគួរ​សេពគប់។ បណ្តាសោមនស្សទាំងពីរប្រការនោះ ភិក្ខុដឹងច្បាស់នូវសោមនស្សណាថា កាលបើអាត្មាអញសេពគប់នូវសោមនស្សនេះហើយ អកុសលធម៌ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង ​ដូច្នេះ សោមនស្សបែបនេះ9) ភិក្ខុ​គួរ​សេពគប់។ ក្នុងសោមនស្សគួរសេពគប់នោះ សោមនស្សដែលមានវិតក្កៈ វិចារៈក៏មាន10) សោមនស្សដែលមិនមានវិតក្កៈ មិនមានវិចារៈក៏មាន11) សោមនស្សណា ដែលមិនមានវិតក្កៈ មិនមានវិចារៈ សោមនស្សនោះ ប្រសើរជាង។ ក៏ត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគត សំដែងថា សោមនស្សមាន២យ៉ាង គឺសោមនស្សគួរសេព ក៏មាន មិនគួរសេពក៏មាន ដូច្នេះ​នេះ តថាគតបានពោលហើយ ពាក្យនោះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យ​ហេតុនេះឯង។ ចុះត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគត សំដែងថា ទោមនស្សមាន២យ៉ាង គឺទោមនស្សគួរសេព ក៏មាន មិនគួរសេពក៏មាន ដូច្នេះ​នេះ តថាគតបានពោលហើយ ពាក្យដែលតថាគត​ពោលមក​យ៉ាង​នុ៎ះ តើព្រោះអាស្រ័យ​ហេតុអ្វី។ ព្រោះថា បណ្តា​ទោមនស្សទាំង២នោះ ភិក្ខុដឹងច្បាស់ នូវទោមនស្សណាថា កាលបើអាត្មាអញសេពនូវទោមនស្សនេះ អកុសលធម៌ទាំងឡាយ តែងចំរើន​ដុះដាល​ឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ​ដូច្នេះ ទោមនស្ស​បែប​នេះ12) ភិក្ខុ​មិនគួរ​សេព។ បណ្តាទោមនស្សទាំងពីរប្រការនោះ ភិក្ខុដឹងច្បាស់នូវទោមនស្សណាថា កាលបើអាត្មាអញ​សេពនូវទោមនស្សនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង ​ដូច្នេះ ទោមនស្សបែបនេះ13) ភិក្ខុ​គួរ​សេព។ ក្នុងទោមនស្សគួរសេពនោះ ទោមនស្សដែលមានវិតក្កៈ វិចារៈ14) ក៏មាន ទោមនស្ស ដែលមិនមានវិតក្កៈ វិចារៈ15) ក៏មាន ទោមនស្សណា ដែលមានវិតក្កៈ វិចារៈ ទោមនស្សនោះ ប្រសើរ​ជាង។ ក៏ត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគត សំដែងថា ទោមនស្សមាន២យ៉ាង គឺទោមនស្សគួរសេព ក៏មាន មិនគួរសេពក៏មាន ដូច្នេះ​នេះ តថាគតបានពោលហើយ ពាក្យនោះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យ​ហេតុនេះឯង។ ចុះត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគត សំដែងថា ឧបេក្ខាមាន២យ៉ាង គឺឧបេក្ខាគួរសេព ក៏មាន មិនគួរសេពក៏មាន ដូច្នេះ​នេះ តថាគតបានពោលហើយ ពាក្យដែល​តថាគត​ពោល​មក​យ៉ាង​នុ៎ះ តើព្រោះអាស្រ័យ​ហេតុអ្វី។ ព្រោះថា បណ្តា​ឧបេក្ខាទាំង២ប្រការនោះ ភិក្ខុដឹង​ច្បាស់ នូវឧបេក្ខាណាថា កាលបើអាត្មាអញសេពនូវឧបេក្ខានេះ អកុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ​ដូច្នេះ ឧបេក្ខាបែបនេះ ភិក្ខុ​មិនគួរ​សេព។16) បណ្តាឧបេក្ខាទាំងពីរប្រការនោះ ភិក្ខុដឹង​ច្បាស់​នូវឧបេក្ខាណាថា កាលបើអាត្មាអញសេពនូវឧបេក្ខានេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង ​ដូច្នេះ ឧបេក្ខា​បែបនេះ ភិក្ខុ​គួរ​សេព។17) ក្នុងឧបេក្ខា ដែលគួរសេពនោះ ឧបេក្ខាដែលមានវិតក្កៈ វិចារៈ18) ក៏មាន ឧបេក្ខាដែលមិនមានវិតក្កៈ វិចារៈ19) ក៏មាន ឧបេក្ខាណា ដែលមិនមានវិតក្កៈ វិចារៈ ឧបេក្ខានោះ ប្រសើរជាង។ ក៏ត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគត សំដែងថា ឧបេក្ខាមាន២យ៉ាង គឺឧបេក្ខាគួរសេព ក៏មាន មិនគួរសេពក៏មាន ដូច្នេះ​នេះ តថាគតបានពោលហើយ ពាក្យនោះ ដែល​តថាគត​ពោល​ហើយ ព្រោះអាស្រ័យ​ហេតុនេះឯង។ បពិត្រទេវានមិន្ទ ភិក្ខុលុះតែប្រតិបត្តិ យ៉ាងនេះឯង ទើបឈ្មោះថា ជាអ្នកប្រតិបត្តិនូវបដិបទា ជាដំណើរដ៏សមគួរ​ ដល់សេចក្តីរំលត់ នូវ​ចំណែកនៃបបញ្ចសញ្ញា។ ព្រះមានព្រះភាគ ទ្រង់​ព្យាករនូវប្រស្នា ដែលសក្កទេវរាជ ជាធំជាង​ពួក​ទេវតា ទូលសួរហើយ ដោយប្រការដូច្នេះ។ សក្កទេវរាជ ជាធំជាងពួកទេវតា ក៏​មានព្រះរាជហឫទ័យត្រេកអរ រីករាយនឹងភាសិត របស់ព្រះមានព្រះភាគថា បពិត្រ​ព្រះមានព្រះភាគ ដំណើរនុ៎ះយ៉ាងហ្នឹងហើយ បពិត្រព្រះសុគត ដំណើរនុ៎ះយ៉ាងហ្នឹង​ហើយ សេចក្តីសង្ស័យក្នុងប្រស្នានុ៎ះ ខ្ញុំព្រះអង្គបានឆ្លងផុតហើយ សេចក្តីងឿងឆ្ងល់ ក៏អស់ហើយ ព្រោះបានស្តាប់នូវបញ្ហាព្យាករណ៍ របស់​ព្រះមានព្រះភាគ។

[៩៦] លុះសក្កទេវរាជ ជាធំជាងពួកទេវតា ត្រេកអរ រីករាយនឹងភាសិត របស់ព្រះមានព្រះភាគ ដូច្នេះហើយ ទើបក្រាបទូលសួរនូវ​ប្រស្នាតទៅទៀត ចំពោះ​ព្រះមានព្រះភាគថា បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ ចុះភិក្ខុប្រតិបត្តិដូចម្តេច ឈ្មោះថា​អ្នកប្រតិបត្តិ ដើម្បីសង្រួមក្នុងបាតិមោក្ខ។ បពិត្រទេវានមិន្ទ តថាគតសំដែងថា កាយសមាចារ (មារយាទផ្លូវកាយ) មាន២យ៉ាង គឺកាយសមាចារ គួរសេពក៏មាន មិនគួរ​សេពក៏មាន បពិត្រទេវានមិន្ទ តថាគតសំដែងថា វចីសមាចារ (មារយាទផ្លូវវាចា) មាន២យ៉ាង គឺវចីសមាចារ ដែលគួរសេពក៏មាន មិនគួរ​សេពក៏មាន បពិត្រទេវានមិន្ទ តថាគតសំដែងថា បរិយេសនា (ការស្វែងរក) មាន២យ៉ាង គឺបរិយេសនា គួរសេពក៏មាន មិនគួរ​សេពក៏មាន។ ចុះត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគតសំដែងថា កាយសមាចារ មាន២យ៉ាង គឺកាយសមាចារ គួរសេពក៏មាន មិនគួរ​សេពក៏មាន ដូច្នេះនេះ តថាគត បានពោលហើយ ពាក្យដែលតថាគត ពោលមកយ៉ាងនុ៎ះ តើព្រោះអាស្រ័យ​ហេតុអ្វី។ ព្រោះថា បណ្តាកាយសមាចារ ទាំង២ប្រការនោះ ភិក្ខុដឹងច្បាស់នូវកាយសមាចារណាថា កាលបើអាត្មាអញ សេពនូវកាយសមាចារនេះ អកុសលធម៌ទាំងឡាយ តែងចំរើន​ដុះដាលឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ ដូច្នេះ កាយសមាចារបែបនេះ ភិក្ខុមិនគួរសេព។20) បណ្តាកាយសមាចារ ទាំង២ប្រការនោះ ភិក្ខុដឹងច្បាស់នូវកាយ​សមាចារណាថា ​កាលបើអាត្មាអញ សេពនូវកាយសមាចារនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង ដូច្នេះ កាយសមាចារបែបនេះ ភិក្ខុគួរសេព។21) ក៏ត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគតសំដែងថា កាយសមាចារ មាន២យ៉ាង គឺកាយសមាចារ គួរសេព​ក៏មាន មិនគួរ​សេពក៏មាន ដូច្នេះនេះ តថាគត បានពោលហើយ ពាក្យនោះ ដែល​តថាគត ពោលហើយ ព្រោះអាស្រ័យ​ហេតុនេះឯង។ ចុះត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគតសំដែងថា វចីសមាចារ មាន២យ៉ាង គឺវចីសមាចារ ដែលគួរសេពក៏មាន មិនគួរ​សេព​ក៏មាន ដូច្នេះនេះ តថាគត បានពោលហើយ ពាក្យដែលតថាគត ពោលមក​យ៉ាង​នុ៎ះ តើព្រោះអាស្រ័យ​ហេតុអ្វី។ ព្រោះថា បណ្តាវចីសមាចារ ទាំង២ប្រការនោះ ភិក្ខុដឹង​ច្បាស់​នូវវចីសមាចារណាថា កាលបើអាត្មាអញ សេពនូវវចីសមាចារនេះ អកុសលធម៌​ទាំងឡាយ តែងចំរើន​ដុះដាលឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ ដូច្នេះ វចីសមាចារបែបនេះ ភិក្ខុមិនគួរសេព។22) បណ្តាវចីសមាចារ ទាំង២ប្រការនោះ ភិក្ខុដឹងច្បាស់ នូវវចី​សមាចារណាថា ​កាលបើ​អាត្មា​អញ សេពនូវវចីសមាចារនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌​ទាំង​ឡាយ តែងចំរើនដុះដាលឡើង ដូច្នេះ វចីសមាចារបែបនេះ ភិក្ខុគួរសេព។23) ក៏ត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគតសំដែងថា វចីសមាចារ មាន២យ៉ាង គឺវចីសមាចារ គួរសេពក៏មាន មិនគួរ​សេពក៏មាន ដូច្នេះនេះ តថាគត ពោលហើយ ពាក្យនោះ ដែលតថាគត ពោលហើយ​ ព្រោះអាស្រ័យ​ហេតុនេះឯង។ ចុះត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគតសំដែងថា បរិយេសនា មាន២យ៉ាង គឺបរិយេសនា គួរសេពក៏មាន មិនគួរ​សេពក៏មាន ដូច្នេះនេះ តថាគត បានពោលហើយ ពាក្យដែលតថាគត ពោលមកយ៉ាងនុ៎ះ តើព្រោះអាស្រ័យ​ហេតុអ្វី។ ព្រោះថា បណ្តាបរិយេសនា ទាំង២ប្រការនោះ ភិក្ខុដឹងច្បាស់​នូវបរិយេសនាណា​ថា កាលបើអាត្មាអញ សេពនូវបរិយេសនានេះ អកុសលធម៌​ទាំងឡាយ តែងចំរើន​ដុះដាលឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ ដូច្នេះ បរិយេសនាបែបនេះ ភិក្ខុមិនគួរសេព។24) បណ្តាបរិយេសនា ទាំង២ប្រការនោះ ភិក្ខុដឹងច្បាស់នូវបរិយេសនាណាថា ​កាលបើអាត្មាអញ សេពនូវបរិយេសនានេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង ដូច្នេះ បរិយេសនាបែបនេះ ភិក្ខុគួរសេព។25) ក៏ត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគតសំដែងថា បរិយេសនា មាន២យ៉ាង គឺបរិយេសនា គួរសេពក៏មាន មិនគួរ​សេពក៏មាន ដូច្នេះនេះ តថាគត បានពោលហើយ ពាក្យនោះ ដែលតថាគត ពោលហើយ ព្រោះអាស្រ័យ​ហេតុនេះឯង។ បពិត្រទេវានមិន្ទ ភិក្ខុអ្នកប្រតិបត្តិយ៉ាងនេះ ទើបឈ្មោះថា ជាអ្នកប្រតិបត្តិ ដើម្បីសេចក្តីសង្រួមក្នុង​បាតិមោក្ខ។

[៩៧] បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ ចុះភិក្ខុប្រតិបត្តិដូចម្តេច ទើបឈ្មោះថា ជាអ្នកប្រតិបត្តិ ដើម្បីសេចក្តីសង្រួមក្នុងឥន្ទ្រិយ។ បពិត្រទេវានមិន្ទ តថាគតសំដែងថា រូបារម្មណ៍ ដែលគួរដឹងច្បាស់ ដោយភ្នែក មាន២យ៉ាង គឺរូបារម្មណ៍ ដែលគួរសេពក៏មាន មិនគួរ​សេពក៏មាន។ បពិត្រទេវានមិន្ទ តថាគតសំដែងថា សទ្ទារម្មណ៍ ដែលគួរដឹងច្បាស់ ដោយត្រចៀក មាន២យ៉ាង គឺសទ្ទារម្មណ៍ ដែលគួរសេពក៏មាន មិនគួរ​សេពក៏មាន។ បពិត្រទេវានមិន្ទ តថាគតសំដែងថា គន្ធារម្មណ៍ ដែលគួរដឹងច្បាស់ ដោយច្រមុះ មាន២យ៉ាង គឺគន្ធារម្មណ៍ ដែលគួរសេពក៏មាន មិនគួរ​សេពក៏មាន។ បពិត្រទេវានមិន្ទ តថាគតសំដែងថា រសារម្មណ៍ ដែលគួរដឹងច្បាស់ ដោយអណ្តាត។បេ។ បពិត្រទេវានមិន្ទ តថាគតសំដែងថា ផោដ្ឋព្វារម្មណ៍ ដែលគួរដឹងច្បាស់ ដោយកាយ។បេ។ បពិត្រទេវានមិន្ទ តថាគតសំដែងថា ធម្មារម្មណ៍ ដែលគួរដឹងច្បាស់ ដោយចិត្ត មាន២យ៉ាង គឺធម្មារម្មណ៍ ដែលគួរសេពក៏មាន មិនគួរ​សេពក៏មាន។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សក្កទេវរាជ ជាធំជាងពួកទេវតា បានក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែង​ដោយសង្ខេបនេះ ខ្ញុំព្រះអង្គអាចដឹងសេចក្តីច្បាស់ ដោយពិសារយ៉ាងនេះបាន បពិត្រព្រះអង្គដ៏ចំរើន កាលបើភិក្ខុសេពនូវរូបារម្មណ៍ ដែលគួរដឹងច្បាស់ ដោយភ្នែកបែប​ណា អកុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង កុសលធម៌ទាំងឡាយ តែងសាប​សូន្យទៅ រូបារម្មណ៍ ដែលគួរដឹងច្បាស់ ដោយភ្នែកបែបនេះ ភិក្ខុមិនគួរ​សេពទេ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត កាលបើភិក្ខុសេពនូវរូបារម្មណ៍ ដែលគួរដឹងច្បាស់ ដោយភ្នែកបែប​ណា អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង រូបារម្មណ៍ ដែលគួរដឹងច្បាស់ ដោយភ្នែកបែបនេះ ភិក្ខុគួរ​សេព។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត កាលបើភិក្ខុសេពនូវសទ្ទារម្មណ៍ ដែលគួរដឹងច្បាស់ ដោយត្រចៀកបែប​ណា។បេ។ កាលបើភិក្ខុសេពនូវគន្ធារម្មណ៍ ដែលគួរដឹងច្បាស់ ដោយច្រមុះ។បេ។ កាលបើភិក្ខុសេពនូវរសារម្មណ៍ ដែលគួរដឹងច្បាស់ ដោយអណ្តាត។បេ។ កាលបើភិក្ខុសេពនូវផដ្ឋព្វារម្មណ៍ ដែលគួរដឹងច្បាស់ ដោយកាយ។បេ។ កាលបើភិក្ខុសេពនូវធម្មារម្មណ៍ ដែលគួរដឹងច្បាស់ ដោយចិត្ត អកុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង កុសលធម៌ទាំងឡាយ តែងសាប​សូន្យទៅ ធម្មារម្មណ៍ ដែលគួរដឹងច្បាស់ ដោយចិត្តបែបនេះ ភិក្ខុមិនគួរ​សេពទេ។ បពិត្រព្រះអង្គដ៏ចំរើន មួយវិញទៀត កាលបើភិក្ខុសេពនូវធម្មារម្មណ៍ ដែលគួរដឹងច្បាស់ ដោយចិត្តបែប​ណា អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង ធម្មារម្មណ៍ ដែលគួរដឹងច្បាស់ ដោយចិត្តបែបនេះ ភិក្ខុគួរ​សេព។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយសង្ខេបនេះ ខ្ញុំ​ព្រះអង្គ អាចដឹង​សេចក្តីច្បាស់ដោយពិស្តារ យ៉ាងនេះបាន សេចក្តីសង្ស័យក្នុងប្រស្នា​នុ៎ះ ខ្ញុំព្រះអង្គ បានឆ្លងផុតហើយ សេចក្តីងឿងឆ្ងល់ក៏អស់ហើយ ព្រោះបានស្តាប់នូវ​បញ្ហា​វេយ្យាករណ៍ របស់ព្រះមានព្រះភាគ។

[៩៨] លុះសក្កទេវរាជ ជាធំជាងពួកទេវតា ត្រេកអររីករាយ នឹងភាសិតរបស់​ព្រះមានព្រះភាគ យ៉ាងនេះហើយ ក៏ក្រាបបង្គំទូលសួរនូវ​ប្រស្នាតទៅ ចំពោះ​ព្រះមានព្រះភាគថា បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ ចុះពួកសមណព្រាហ្មណ៍ទាំងអស់ សុទ្ធតែ​ជាអ្នកមានវាទៈដូចគ្នា មានមារយាទដូចគ្នា មានឆន្ទៈ គឺលទ្ធិដូចគ្នា មានសេចក្តីចូលចិត្ត​ដូចគ្នាឬ។ បពិត្រទេវានមិន្ទ ពួកសមណព្រាហ្មណ៍ទាំងអស់ មិនមែនមានវាទៈដូចគ្នា មិនមែនមានមារយាទដូចគ្នា មិនមែនមានឆន្ទៈ គឺលទ្ធិដូចគ្នា មិនមែនមានសេចក្តី​ចូលចិត្ត​​ដូច​គ្នាទេ។ បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ ចុះហេតុអ្វី បានជាពួកសមណព្រាហ្មណ៍ទាំងអស់ មានវាទៈមិនដូចគ្នា មានមារយាទមិនដូចគ្នា មានឆន្ទៈ គឺលទ្ធិមិនដូចគ្នា មានសេចក្តីចូលចិត្តមិន​ដូចគ្នា។ បពិត្រទេវានមិន្ទ លោក គឺពួកសត្វមានធាតុ គឺអធ្យាស្រ័យច្រើនពន់ពេក មានធាតុផ្សេងៗគ្នា ក្នុងលោកដែល​មានច្រើន មានធាតុផ្សេងនោះ សត្វទាំងឡាយ ប្រកាន់​មាំនូវធាតុ គឺអធ្យាស្រ័យណាៗ ក៏ប្រកាន់មាំនូវធាតុ គឺអធ្យាស្រ័យនោះៗ ដោយកំឡាំងចិត្ត និងការស្ទាបអង្អែល តែង​ពោលនូវពាក្យនេះថា ជាពាក្យពិត ពាក្យដទៃ ជាមោឃៈ ឥតប្រយោជន៍ ព្រោះហេតុនោះ បានជាពួកសមណព្រាហ្មណ៍ទាំងអស់ មានវាទៈមិនដូចគ្នា មានមារយាទមិនដូចគ្នា មានឆន្ទៈ គឺលទ្ធិមិនដូចគ្នា មានសេចក្តី​ចូលចិត្ត​មិន​ដូច​គ្នា។បេ។

[៩៩] បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ ចុះពួកសមណព្រាហ្មណ៍ទាំងអស់ សុទ្ធតែមាន​សេចក្តីសម្រេច គឺព្រះនិព្វាន ទៀងប្រាកដ មានធម៌ជាគ្រឿងអស់ទៅនៃយោគៈពិត​ប្រាកដ ជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ គឺអរិយមគ្គទៀងប្រាកដ ជាអ្នកមានទីបំផុត គឺ​ព្រះនិព្វានទៀងប្រាកដឬ។ បពិត្រទេវានមិន្ទ សមណព្រាហ្មណ៍ទាំងអស់ មិនមែន​សុទ្ធតែមាន​​សេចក្តីសម្រេច គឺព្រះនិព្វាន ទៀងប្រាកដទេ មិនមែនមានធម៌ជាគ្រឿង​អស់ទៅ​នៃយោគៈទៀង​ប្រាកដទេ មិនមែនជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ គឺអរិយមគ្គ​ទៀង​ប្រាកដទេ មិនមែនជាអ្នកមានទីបំផុត គឺ​ព្រះនិព្វានទៀងប្រាកដទេ។ បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ ចុះពួកសមណព្រាហ្មណ៍ទាំងអស់ មិនមែន​សុទ្ធតែជាអ្នកមាន​​សេចក្តីសម្រេច គឺព្រះនិព្វាន ទៀងប្រាកដ មិនមែនជាអ្នកមានធម៌ជាគ្រឿង​អស់ទៅ​នៃយោគៈទៀង​ប្រាកដ មិនមែនជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ គឺអរិយមគ្គ​ទៀង​ប្រាកដ មិនមែន​ជាអ្នកមានទីបំផុត គឺ​ព្រះនិព្វានទៀងប្រាកដ ទាំងអស់គ្នា តើព្រោះហេតុអ្វី។ បពិត្រទេវានមិន្ទ ភិក្ខុទាំងឡាយណា ដែលមានចិត្តចុះស៊ប់ ក្នុងព្រះនិព្វាន ជាទីអស់ទៅ​នៃតណ្ហាហើយ ភិក្ខុទាំងឡាយនោះ ឈ្មោះថា ជាអ្នកមានសេចក្តីសម្រេច គឺព្រះនិព្វាន​ទៀង​ប្រាកដ ជាអ្នកមានធម៌ជាគ្រឿង​អស់ទៅ នៃយោគៈទៀងប្រាកដ ជាអ្នកប្រព្រឹត្តនូវធម៌​ដ៏ប្រសើរ គឺអរិយមគ្គទៀងប្រាកដ ជាអ្នកមានទីបំផុត គឺព្រះនិព្វាន​ទៀង​ប្រាកដ ព្រោះហេតុនោះឯង បានជាថា ពួក​សមណព្រាហ្មណ៍ទាំងអស់ មិនមែន​សុទ្ធតែមាន​​សេចក្តីសម្រេច គឺព្រះនិព្វាន ទៀងប្រាកដទេ មិនមែនមានធម៌ជាគ្រឿង​អស់ទៅ​នៃយោគៈទៀង​ប្រាកដទេ មិនមែនជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ​ទៀង​ប្រាកដ មិនមែនជាអ្នកមានទីបំផុត គឺ​ព្រះនិព្វានទៀងប្រាកដ ទាំងអស់គ្នាឡើយ។ លុះ​ព្រះមានព្រះភាគ ទ្រង់ព្យាករនូវប្រស្នា ដែលសក្កទេវរាជ ជាធំជាងពួកទេវតាទូលសួរហើយ ដោយប្រការដូច្នេះ។ សក្កទេវរាជ ជាធំជាងពួកទេវតា ក៏ពេញព្រះហឫទ័យ ត្រេកអរ រីករាយ នឹងភាសិត​របស់ព្រះមានព្រះភាគថា បពិត្រ​ព្រះមានព្រះភាគ ដំណើរនុ៎ះយ៉ាងហ្នឹងហើយ បពិត្រព្រះសុគត ដំណើរនុ៎ះយ៉ាងហ្នឹង​ហើយ សេចក្តីសង្ស័យក្នុងប្រស្នានុ៎ះ ខ្ញុំព្រះអង្គបានឆ្លងផុតហើយ សេចក្តីងឿងឆ្ងល់ ក៏អស់ហើយ ព្រោះបានស្តាប់នូវបញ្ហាវេយ្យាករណ៍ របស់​ព្រះមានព្រះភាគ។

[១០០] លុះសក្កទេវរាជ ជាធំជាងពួកទេវតា ត្រេកអររីករាយ នឹងភាសិតរបស់​ព្រះមានព្រះភាគ ដូច្នេះហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សេចក្តីញាប់ញ័រ គឺតណ្ហាទុកដូចជារោគ សេចក្តីញាប់ញ័រ គឺតណ្ហាទុកដូចជាបូស សេចក្តីញាប់ញ័រ គឺតណ្ហាទុកដូចជាកូនសរ សេចក្តីញាប់ញ័រ គឺតណ្ហាតែងដឹកទាញនូវបុរសនេះ ឲ្យកើតក្នុងភពនោះៗ ព្រោះហេតុនោះឯង បុរសនេះ រមែងដល់នូវសេចក្តីខ្ពស់ទាប។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបាននូវ​ឱកាសកម្ម នៃប្រស្នាណា អំពីសមណព្រាហ្មណ៍ដទៃ ខាងក្រៅព្រះពុទ្ធសាសនានេះ ប្រស្នានោះ ព្រះមានព្រះភាគ អ្នកឃើញនូវកាលដ៏វែង បានព្យាករដល់ខ្ញុំព្រះអង្គហើយ មួយទៀត ព្រះមានព្រះភាគ បានទាំងដកនូវសរ គឺសេចក្តីសង្ស័យ និងសេចក្តីងឿងឆ្ងល់ ពីខ្ញុំព្រះអង្គ​ចេញបានហើយ។ បពិត្រទេវានមិន្ទ មហាបពិត្រ ធ្លាប់យកប្រស្នានេះទៅសួរ​ចំពោះ​ពួក​សមណព្រាហ្មណ៍ដទៃដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គធ្លាប់នាំយកប្រស្នានេះ ទៅសួរចំពោះ​សមណព្រាហ្មណ៍​ដទៃដែរ។ បពិត្រទេវានមិន្ទ ចុះសមណព្រាហ្មណ៍ទាំងនោះ បានព្យាករថ្វាយមហាបពិត្រ ដូចម្តេចខ្លះ បើមហាបពិត្រ មិនទើសទាល់ព្រះទ័យទេ សូមមហាបពិត្រ​មានព្រះបន្ទូលទៅមើល។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគក្តី បុគ្គលដែលមានរូបប្រហែល​ព្រះមានព្រះភាគក្តី អង្គុយក្នុងទីណា ទីនោះមិនទើសទាល់ចិត្ត នៃខ្ញុំព្រះអង្គឡើយ។ បពិត្រទេវានមិន្ទ បើដូច្នោះ សូមមហាបពិត្រ មានព្រះបន្ទូល​ទៅមើល។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សំគាល់ក្នុងពួកសមណព្រាហ្មណ៍ណាថា សមណព្រាហ្មណ៍​ទាំងឡាយ ជាអ្នកនៅក្នុងអរញ្ញប្រទេស មានសេនាសនៈ​ដ៏ស្ងាត់ ដូច្នេះ ខ្ញុំព្រះអង្គ ក៏ចូលទៅរក​សមណព្រាហ្មណ៍​ទាំងឡាយនោះ ហើយសួរនូវប្រស្នាទាំងនេះ ពួក​សមណព្រាហ្មណ៍​នោះ លុះខ្ញុំព្រះអង្គសួរហើយ ក៏មិនអាចនឹងដោះស្រាយបាន កាលមិន​អាច​នឹងដោះស្រាយហើយ ក៏ត្រឡប់សួរមកខ្ញុំព្រះអង្គវិញថា អ្នកដ៏មានអាយុ ឈ្មោះអ្វី លុះពួក​សមណព្រាហ្មណ៍​នោះ សួរខ្ញុំព្រះអង្គហើយ ខ្ញុំព្រះអង្គបានប្រាប់ថា បពិត្រអ្នកនិទ៌ុក្ខ ខ្ញុំឯងជាសក្កទេវរាជ ជាធំជាងពួកទេវតា ពួក​សមណព្រាហ្មណ៍​នោះ ក៏ត្រឡប់​សួរមកខ្ញុំព្រះអង្គតទៅទៀតថា បពិត្រទេវានមិន្ទមានអាយុ ចុះព្រះអង្គសាងនូវ​អំពើដូចម្តេច បានជាដល់នូវឋានៈនេះ ដូច្នេះ ខ្ញុំព្រះអង្គក៏សំដែងធម៌26) ប្រាប់ដល់ពួកសមណព្រាហ្មណ៍​នោះ តាមដែលបានស្តាប់មក បានរៀនមក ពួក​សមណព្រាហ្មណ៍​នោះ ក៏មានសេចក្តីត្រេកអរ ដោយធម៌មានប្រមាណប៉ុណ្ណោះថា សក្កទេវរាជ ជាធំជាងពួកទេវតា យើងទាំងឡាយបានឃើញហើយផង យើងទាំងឡាយ​ បានសួរនូវប្រស្នាណា លោកក៏បានដោះស្រាយនូវ​ប្រស្នានោះ ដល់យើងទាំងឡាយផង ពួក​សមណព្រាហ្មណ៍​នោះ ក៏ត្រឡប់ទៅជាសាវ័ក របស់ខ្ញុំព្រះអង្គវិញ ឯខ្ញុំព្រះអង្គមិនមែន​ជាសាវ័ក របស់ពួក​សមណព្រាហ្មណ៍​នោះទេ បពិត្រព្រះអង្គដ៏ចំរើន ឯខ្ញុំព្រះអង្គ ជាសាវ័ករបស់ព្រះមានព្រះភាគ ជាសោតាបន្នបុគ្គល មានសភាវៈមិនធ្លាក់​ទៅ​ក្នុងអបាយ ជាបុគ្គលទៀត មានប្រាជ្ញាជាគ្រឿង​ត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ បពិត្រទេវានមិន្ទ ក្នុងកាលពីមុនអំពីកាលនេះ មហាបពិត្រធ្លាប់ទទួលការបាននូវសេចក្តី​ត្រេកអរ និងការបាននូវ​សោមនស្សបែបនេះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងកាលមុនអំពីកាលនេះ ខ្ញុំព្រះអង្គ​ធ្លាប់​ទទួលការបាននូវសេចក្តី​ត្រេកអរ និងការបាន​នូវ​សោមនស្សបែបនេះដែរ។ បពិត្រទេវានមិន្ទ ចុះក្នុងកាលមុនអំពីកាលនេះ មហាបពិត្រ ធ្លាប់​ទទួលការបាននូវសេចក្តី​ត្រេកអរ និងការបាននូវ​សោមនស្សបែបនេះ តើដូចម្តេច។

[១០១] បពិត្រព្រះអង្គដ៏ចំរើន រឿងធ្លាប់មានមកហើយ សង្គ្រាមនៃពួកទេវតា និងអសុរបានតទល់គ្នាហើយ។ បពិត្រព្រះអង្គដ៏ចំរើន ក៏ក្នុងសង្គ្រាមនោះ ពួកទេវតា​ឈ្នះ​ ឯពួកអសុរចាញ់។ បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គឈ្នះសង្គ្រាមនោះហើយ បានឈ្មោះថា មានសង្គ្រាមឈ្នះស្រេចហើយ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា ឥឡូវនេះ ពួកទេវតាទាំងឡាយ នឹងបរិភោគនូវឱជារសទាំងពីរ គឺឱជារសរបស់ទេវតា និងឱជារស​របស់អសុរ ក្នុងទេវលោកនេះ បពិត្រព្រះអង្គដ៏ចំរើន ការបាននូវសេចក្តីត្រេកអរ និងការ​បាននូវសេចក្តីសោមនស្ស របស់ខ្ញុំព្រះអង្គនោះ សឹងប្រកបដោយគ្រឿងវាយដំ ប្រកបដោយ​គ្រឿង​កាប់ចាក់ មិនប្រព្រឹត្តទៅដើម្បីសេចក្តីនឿយណា ដើម្បី​ការប្រាសចាករាគៈ ដើម្បីការរំលត់ទុក្ខ ដើម្បីការស្ងប់រម្ងាប់ ដើម្បីការដឹងចំពោះ ដើម្បី​ការត្រាស់ដឹង ដើម្បីព្រះនិព្វានឡើយ បពិត្រព្រះអង្គដ៏ចំរើន ចំណែកខាង ការបាននូវ​សេចក្តី​ត្រេកអរ និងការបាននូវសោមនស្សណា របស់ខ្ញុំព្រះអង្គ ព្រោះស្តាប់ធម៌របស់​ព្រះមានព្រះភាគ ការបាននោះ មិនប្រកបដោយគ្រឿងវាយដំ មិនប្រកបដោយគ្រឿង​កាប់ចាក់ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ ដើម្បីការប្រាសចាករាគៈ ដើម្បី​ការរំលត់ទុក្ខ ដើម្បការស្ងប់រម្ងាប់ ដើម្បីការដឹងចំពោះ ដើម្បីការត្រាស់ដឹង ដើម្បី​ព្រះនិព្វានតែមួយយ៉ាង។ បពិត្រទេវានមិន្ទ ចុះមហាបពិត្រ ទ្រង់ឃើញ​នូវអំណាច នៃ​ប្រយោជន៍ដូចម្តេច ទើបសំដែងនូវការបាននូវសេចក្តីត្រេកអរ និងការបាននូវ​សោមនស្ស​មានសភាពយ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គឃើញនូវអំណាច​នៃប្រយោជន៍​៦យ៉ាង ទើបសំដែងនូវការបាននូវសេចក្តីត្រេកអរ និងការបាននូវសោមនស្ស មានសភាព​យ៉ាងនេះ។

[១០២] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍​ ជាដំបូង​នេះថា កាលដែលអាត្មាអញកើតជាទេវតា ឋិតនៅក្នុងឱកាសនេះ អាត្មាអញបាននូវ​អាយុ​ថ្មីទៀត ម្នាលគ្នាយើង អ្នកចូរដឹងយ៉ាងនេះចុះ ដូច្នេះ ហើយសំដែងនូវការបាននូវសេចក្តី​ត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។

[១០៣] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍​ ជាគំរប់ពីរ​នេះថា ចិត្តរបស់ខ្ញុំព្រះអង្គ ត្រេកអរក្នុងត្រកូលណា ខ្ញុំព្រះអង្គច្យុតចាកកាយ ជារបស់នៃទេវតា លះបង់នូវអាយុមិនមែនជារបស់មនុស្ស ហើយជាអ្នកមិនវង្វេង ចូល​ទៅកាន់គភ៌ក្នុងត្រកូលនោះ ដូច្នេះ ហើយសំដែងនូវការបាននូវសេចក្តី​ត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។

[១០៤] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍​ ជាគំរប់៣​នេះថា ខ្ញុំព្រះអង្គ ជាអ្នកត្រេកអរក្នុងសាសនារបស់ព្រះពុទ្ធជាម្ចាស់ ទ្រង់​មានប្រស្នា​មិនភាន់ច្រឡំ ហើយជាអ្នកមានសេចក្តីដឹងខ្លួន មានស្មារតី​តំកល់ខ្ជាប់ នៅដោយ​សេចក្តីដឹងខុសត្រូវ ដូច្នេះ ហើយសំដែងនូវការបាននូវសេចក្តី​ត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។

[១០៥] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍​ ជាគំរប់៤​នេះថា បើសម្ពោធិញ្ញាណ27)) នឹងមាន​ដល់ខ្ញុំព្រះអង្គ ក្នុងខាងមុខ ដោយសេចក្តីដឹងខុសត្រូវ ខ្ញុំព្រះអង្គ ជាអ្នកប្រាថ្នាដើម្បី​ដឹងខុសត្រូវ សេចក្តីដឹងខុសត្រូវនោះឯង ជាការសំខាន់របស់ខ្ញុំព្រះអង្គ ក្នុងមនុស្សលោក ដូច្នេះ ហើយសំដែងនូវការបាននូវសេចក្តី​ត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។

[១០៦] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍​ ជាគំរប់៥​នេះថា ខ្ញុំព្រះអង្គ មុខជានឹងច្យុតចាកកាយ ជារបស់នៃមនុស្ស លះបង់នូវ​អាយុ ជារបស់​នៃមនុស្ស ហើយបានទៅកើតជាទេវតាដ៏ឧត្តម ក្នុងទេវលោកវិញ ដូច្នេះ ហើយសំដែង​នូវការបាន​នូវសេចក្តី​ត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។

[១០៧] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍​ ជាគំរប់៦​នេះថា ពួកទេវតានោះ ឧត្តមជាងទេវតាទាំងពួង ជាអ្នកមិនថោកថយ ជាអ្នកមានយស ឋិតនៅក្នុងលំនៅណា លំនៅនោះ មុខជានឹងមានដល់ខ្ញុំព្រះអង្គ ក្នុងភពជាទីបំផុតមិន​ខាន28) ដូច្នេះ ហើយសំដែងនូវការបាននូវសេចក្តី​ត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។

បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍​ ទាំង​៦ប្រការ​ហ្នឹងឯង ទើបសំដែងនូវការបាននូវសេចក្តី​ត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។

[១០៨] ខ្ញុំព្រះអង្គ មានសេចក្តីប្រាថ្នា​មិនទាន់សម្រេច នៅមានសេចក្តីសង្ស័យ ងឿងឆ្ងល់ តែងត្រាច់ស្វះស្វែងរកព្រះតថាគត អស់កាលជាយូរអង្វែងមកហើយ។ ខ្ញុំព្រះអង្គ សំគាល់នូវពួកសមណៈណា ដែលជាអ្នកនៅក្នុងទីស្ងាត់ ក៏នឹកស្មានថា ជាព្រះ​សម្ពុទ្ធ ដូច្នេះហើយ ចូលទៅអង្គុយជិតពួកសមណៈនោះ។ ពួកសមណៈនោះ លុះខ្ញុំព្រះអង្គសួរថា សេចក្តីជ្រះថ្លា តើដូចម្តេច សេចក្តីមិនជ្រះថ្លា តើដូចម្តេច ដូច្នេះហើយ មិនអាចនឹងដោះស្រាយ ក្នុងមគ្គ និងបដិបទាទាំងឡាយបានឡើយ។ កាលណាដែលពួកសមណៈទាំងនោះ ស្គាល់ខ្ញុំព្រះអង្គថាជាសក្កទេវរាជ មកពីឋាន​ទេវតា ពួកសមណៈទាំងនោះ បានសួរខ្ញុំព្រះអង្គថា ទេវរាជ បានសាងកុសលដូចម្តេច ទើបបាននូវសម្បត្តិនេះ។ ខ្ញុំព្រះអង្គ ក៏សំដែងធម៌ តាមដែលបានស្តាប់មក ប្រាប់ដល់​សមណៈទាំងនោះ ឲ្យប្រាកដក្នុងទីប្រជុំជន ពួកសមណៈទាំងនោះ នាំគ្នាពេញចិត្ត ដោយហេតុនោះថា យើងទាំងឡាយ បានឃើញវាសវទេវរាជហើយ។ មួយវិញទៀត កាលណាដែលខ្ញុំព្រះអង្គ បានឃើញនូវព្រះសម្ពុទ្ធ ទ្រង់ឆ្លង​ផុតចាកសេចក្តីសង្ស័យ​ហើយ ក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គ ជាអ្នករួចចាកភ័យហើយ បានចូលមកអង្គុយជិត​ព្រះសម្ពុទ្ធ។ ខ្ញុំព្រះអង្គ សូមថ្វាយបង្គំនូវ​ព្រះសម្ពុទ្ធ ទ្រង់ដកចោលនូវសរ គឺតណ្ហាចេញបានហើយ រកបុគ្គលប្រៀបផ្ទឹមគ្មាន ទ្រង់មានព្យាយាមច្រើន ទ្រង់ត្រាស់ដឹង (នូវចតុរារិយសច្ច) ព្រះអង្គជាពូជពង្សនៃអាទិច្ចគោត្រ។ បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ (ក្នុងកាលមុន) ខ្ញុំព្រះអង្គ ព្រមទាំងទេវតា បានធ្វើនូវការនមស្ការណា ចំពោះព្រហ្ម ក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គ សូមថ្វាយ​នមស្ការនោះ ចំពោះ​ព្រះអង្គវិញ ខ្ញុំព្រះអង្គ សូមធ្វើនូវការថ្វាយបង្គំ​ចំពោះព្រះអង្គដោយ​ខ្លួនឯង។ ព្រះអង្គជាព្រះសម្ពុទ្ធពិតមែន ព្រះអង្គជាសាស្តាប្រសើរ ក្នុងលោកនេះ ព្រមទាំង​ទេវលោក នឹងរកបុគ្គលណាមួយ មកប្រៀបផ្ទឹមនឹងព្រះអង្គ គ្មានឡើយ។

[១០៩] លំដាប់នោះ សក្កទេវរាជ ជាធំជាងពួកទេវតា ត្រាស់ហៅនូវ​បញ្ចសិខគន្ធព្វបុត្តថា នែអ្នកបញ្ចសិខៈ អ្នកជាបុគ្គលមានឧបការៈច្រើនដល់យើងពិត ដោយហេតុ អ្នកបានធ្វើព្រះមានព្រះភាគ ឲ្យប្រោសប្រាណជាមុន ម្នាលអ្នក លុះអ្នកបាន​ធ្វើ​ព្រះមានព្រះភាគ ឲ្យប្រោសប្រាណជាមុនហើយ ទើបយើងបានចូលមកគាល់​ព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធអង្គនោះ ក្នុងកាលជាខាងក្រោយ យើងនឹងតាំង​អ្នក ទុកក្នុងទីដូចជាបិតា អ្នកនឹងបានជាស្តេចនៃពួកគន្ធព្វ មួយវិញទៀត យើងនឹង​ឲ្យនាង​ភទ្ទាសុរិយវច្ឆសាដល់អ្នក ព្រោះថា នាងភទ្ទាសុរិយវច្ឆសានោះ អ្នកក៏ចង់បានមក​ជាយូរហើយ។ គ្រានោះ សក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់យកព្រះហស្តទះផែនដី ហើយបន្លឺនូវឧទាន អស់វារៈ​៣ដងថា

សូមនមស្ការ ថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ។

សូមនមស្ការ ថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ។

សូមនមស្ការ ថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ។

[១១០] ក៏កាលដែលព្រះមានព្រះភាគ កំពុងសំដែងនូវវេយ្យាករណ៍នេះ ធម្មចក្ខុ (សោតាបត្តិមគ្គ) ដ៏ប្រាសចាកធូលី គឺរាគាទិក្កិលេស ប្រាសចាកមន្ទិល គឺទិដ្ឋិ និងវិចិកិច្ឆា ក៏បានកើតដល់សក្កទេវរាជ ជាធំជាងពួកទេវតាផង ដល់ពួក​ទេវតាទាំង៨ហ្មឺនឯទៀត​ផងថា ធម្មជាតណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់​ទៅវិញ ជាធម្មតា។ ប្រស្នាណា ដែលសក្កទេវរាជ ជាធំជាងពួកទេវតា បានអារាធនា បានទូលសួរហើយ ប្រស្នានោះ ព្រះមានព្រះភាគ ទ្រង់បានព្យាករហើយ ដោយប្រការ​ដូច្នេះ។ ព្រោះហេតុនោះ ពាក្យថា សក្កបញ្ហៈដូច្នេះ ជាឈ្មោះនៃវេយ្យាករណ៍នេះឯង។

ចប់ សក្កប្បញ្ហសូត្រ ទី៨។

 

លេខយោង

1)
គុហាមានដើមពោនស្វាដុះក្បែរមាត់ទ្វារ។
2)
ទេវធីតានោះ មានពន្លឺរស្មីផ្សាយចេញ ពីចុងជើង ឡើងទៅចុងសក់ ប្រាកដដូចជាមណ្ឌលនៃព្រះអាទិត្យស្រទន់ ហេតុដូច្នោះ ទើបឈ្មោះថា សុរិយវច្ឆសា។
3)
មានសេចក្តីក្នុងអដ្ឋកថា ពន្យល់ថា ទេវតាជាកូនស្រី ឬកូនប្រុស តែងកើតលើភ្លៅនៃទេវតា។ ស្រីជាបាទបរិចារិកា តែងកើត​លើដំណេកទេវតា។ ទេវតាអ្នកធ្វើគ្រឿងប្រដាប់ដល់ស្រីជាបាទបរិចារិកានេះ តែង​កើតព័ទ្ធជុំវិញដំណេក។ ទេវតាជាអ្នកបម្រើ តែងកើតខាងក្នុងវិមាន។ ទេវតាទាំងនេះ ឥតមានដំណើរទាស់ទែងគ្នាដល់ទៅ​ក្តីក្តាំឡើយ លុះតែទេវតាណាកើតត្រង់ទីព្រំប្រទល់​ដែន ទេវតាទាំងពួង ក៏មិនអាចនឹងកាត់សេចក្តីទេវតានោះ ថាជារបស់អ្នកណាឡើយ ហើយក៏កើតទៅជាក្តីក្តាំនឹងគ្នា ក្រាបទូលដល់សក្កទេវរាជ ឯសក្កទេវរាជ ក៏វិនិច្ឆ័យ​សេចក្តីថា បើវិមានអ្នកណាជិតជាង ត្រូវបានជារបស់អ្នកនោះ បើវិមានទាំងពីរ​ស្មើគ្នា សក្កទេវរាជវិនិច្ឆ័យ​ថា បើទេវបុត្រសំឡឹងមើលទៅរកវិមានអ្នកណា ត្រូវបាន​ជារបស់​អ្នកនោះ បើឥតសំឡឹងមើលទៅក្នុងទីណាទេ ក៏សក្កទេវរាជ ទ្រង់យកទេវបុត្រនោះ មកទុក​ជារបស់ព្រះអង្គ។ សក្កទេវរាជ តែងរវល់ដោយការកាត់ក្តីនេះផង ដោយកិច្ចផ្សេង​ៗ មានក្រសាលល្បែងជាដើមផង ហេតុនោះ បានជាសក្កទេវរាជ ក្រាបបង្គំទូលព្រះអង្គ​ថា ខ្ញុំព្រះអង្គ មានសេចក្តីខ្វល់ខ្វាយដោយការងារនីមួយ។
4)
ពួកជនដែលប្រព្រឹត្តធម៌ស្មើគ្នា ក្នុងពុទ្ធសាសនាតែមួយ។
5)
សំដៅយកបឋមជ្ឈាន។
6)
សក្កទេវរាជ មានចិត្តបរិសុទ្ធស្អាត តាំងពីកាលដែលយក​កំណើត​ជាមាណព ឈ្មោះ មាឃៈ ក្នុងអចលគ្រាម ក្នុងដែនមគធៈ មុនពុទ្ធកាល។
7)
សំដៅយកតណ្ហាវិបរិតទាំង១០៨
8)
សំដៅយក​គេហសិតសោមនស្ស គឺសោមនស្សអាស្រ័យ​នូវផ្ទះ គឺកាមគុណទាំង៥ប្រព្រឹត្តទៅក្នុងទ្វារទាំង៦។
9)
សំដៅយក​នេក្ខម្មសិតសោមនស្ស គឺសេចក្តីត្រេកអរអាស្រ័យនេក្ខម្មៈ គឺការចេញចាក​កាមគុណ​ទាំង៥ របស់បុគ្គលដែលប្រកបដោយវិបស្សនា។
10)
បានដល់សោមនស្សដែលកើតដោយអំណាច​នេក្ខម្មៈ វិបស្សនា អនុស្សតិ និងបឋមជ្ឈាន។
11)
បានដល់​សោមនស្ស ដែលកើតដោយអំណាចទុតិយជ្ឈាន តតិយជ្ឈាន។
12)
សំដៅយក​គេហសិតទោមនស្ស គឺទោមនស្សអាស្រ័យ​នូវផ្ទះ គឺកាមគុណ​ទាំង៥​ប្រព្រឹត្ត​ទៅក្នុងទ្វារ​ទាំង​៦ របស់បុគ្គលដែលមិនបានទទួលនូវអារម្មណ៍ជាទីគាប់ចិត្ត។
13)
សំដៅយក​នេក្ខម្មសិតទោមនស្ស គឺទោមនស្សអាស្រ័យនេក្ខម្មៈ ដែលកើតឡើងដល់បុគ្គល ដែលទទួល​ អន់ចិត្តព្រោះហេតុតែក្របានសម្រេចនូវអរិយភូមិ។
14)
បានដល់​ទោមនស្ស ដែលកើតដោយអំណាចនេក្ខម្ម វិបស្សនា អនុស្សតិ និងបឋមជ្ឈាន។
15)
បានដល់​ទោមនស្ស ដែលកើតដល់បុគ្គល ដែលប្រកប​ដោយវិបស្សនា ប្រាថ្នានូវអរហត្តផល បើទុក​ជាប្រឹងប្រែងយ៉ាងណា ក៏នៅតែមិនសម្រេច​ដូច​បំណង។
16)
បានដល់​គេហសិតឧបេក្ខា គឺឧបេក្ខាដែលអាស្រ័យ​នូវផ្ទះ គឺកាមគុណ កើតឡើងដល់បុគ្គលដែល​ខ្លៅល្ងង់ ក៏ជាប់ស្អិតក្នុងឥដ្ឋារម្មណ៍ មិនមានត្រឡប់ថយក្រោយ​វិញ ដូចរុយដែលជាប់ចិត្តនឹងស្ករអំពៅ។
17)
បានដល់​នេក្ខម្មសិតឧបេក្ខា គឺឧបេក្ខា ដែលសម្បយុត្ត ដោយវិបស្សនាញាណ មិនត្រេកអរ នឹងឥដ្ឋារម្មណ៍ មិនស្អប់អនិដ្ឋារម្មណ៍។
18)
បានដល់ឧបេក្ខា ដែលកើតដោយ​នេក្ខម្មៈវិបស្សនា អនុស្សតិ និងបឋមជ្ឈាន។
19)
បានដល់ឧបេក្ខា ដែលកើតដោយអំណាចជ្ឈាន មានទុតិយជ្ឈានជាដើម។
20)
ការប្រព្រឹត្តបាណាតិបាត អទិន្នាទាន កាមេសុមិច្ឆាចារ និងការប្រព្រឹត្ត​កន្លងសិក្ខាបទ ជាបណ្ណត្តិវជ្ជៈ ចំពោះកាយទ្វារ ហៅថា កាយសមាចារ ដែលមិនគួរសេព។
21)
ការវៀរចាកអំពើអម្បាលនោះ មានបាណាតិបាត​ជា​ដើម ចំពោះកាយទ្វារ ហៅថា កាយសមាចារ គួរសេព។
22)
វចីទុច្ចរិត ៤យ៉ាង មានមុសាវាទជាដើម និងការប្រព្រឹត្តកន្លងសិក្ខាបទ ដែលព្រះអង្គ ទ្រង់បញ្ញត្តហើយ​ ចំពោះវចីទ្វារ ហៅថា វចីសមាចារ ដែលមិនគួរសេព។
23)
ការវៀរចាកវចីទុច្ចរិត៤យ៉ាង មិនប្រព្រឹត្តកន្លងសិក្ខាបទ ដែលព្រះអង្គទ្រង់​បញ្ញត្តហើយ ចំពោះវចីទ្វារ ហៅថា វចីសមាចារ ដែលគួរសេព។
24)
បានដល់អនរិយបរិយេសនា ការស្វែងរកមិនប្រសើរ គឺការស្វែងរកបុត្រ ភរិយា ទ្រព្យ ជាដើម។
25)
បានដល់អរិយបរិយេសនា ការស្វែងរកដ៏ប្រសើរ គឺការស្វែងរកព្រះនិព្វាន។
26)
វត្តបទ៧យ៉ាង
27)
សម្ពោធិញ្ញាណ សំដៅយក​សកទាគាមិមគ្គ (អដ្ឋកថា
28)
អដ្ឋកថា ព្រះឥន្ទមុខជានឹងបាននូវអនាគាមិមគ្គ លុះច្យុតអំពីអត្តភាពនេះទៅ នឹងបានទៅកើតក្នុងសុទ្ធាវាស មានអវិហាជាដើម មានអកនិដ្ឋភពជាទីបំផុត។
km/tipitaka/sut/dn/sut.dn.21.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann