User Tools

Site Tools


Translations of this page?:
km:tipitaka:sut:dn:sut.dn.25



ឧទុម្ពរិកសូត្រ ទី២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

dn 25 បាលី cs-km: sut.dn.25 អដ្ឋកថា: sut.dn.25_att PTS: ?

(ទី២) ឧទុម្ពរិកសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
sut.dn.25.aac

(២. ឧទុម្ពរិកសុត្តំ)

[១៨] ខ្ញុះបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅលើភ្នំគិជ្ឈកូដ ទៀប​ក្រុងរាជគ្រឹះ។ ក៏សម័យនោះឯង បរិព្វាជក ឈ្មោះនិគ្រោធ នៅអាស្រ័យក្នុងបរិព្វាជការាម ជារបស់​នាង​ទេវីឈ្មោះ ឧទុម្ពរិកា ជាមួយនឹងបរិព្វាជកបរិសទ្យជាច្រើន ប្រមាណ​៣០០០នាក់។ គ្រានោះឯង គហបតីឈ្មោះសន្ធាន បានចេញអំពីក្រុងរាជគ្រឹះ ដើម្បីគាល់ព្រះមានព្រះភាគ ក្នុងវេលាថ្ងៃជ្រេពី​ត្រង់។ គ្រានោះ សន្ធានគហបតី មានសេចក្តីត្រិះរិះដូច្នេះថា កាលនេះ ជាកាលមិនគួរនឹងទៅគាល់​ព្រះមានព្រះភាគនៅឡើយ (ព្រោះថា) ព្រះមានព្រះភាគ ទ្រង់កំពុងសម្ងំនៅ1) ទាំងមិនមែនជាសម័យ ដើម្បីជួបភិក្ខុទាំងឡាយ ដែលជាអ្នក​ចម្រើន​ចិត្ត2) ព្រោះពួកភិក្ខុជាអ្នកចម្រើនចិត្ត ក៏កំពុងនៅសម្ងំដែរ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅរកនិគ្រោធបរិព្វាជក ឯបរិព្វាជការាម របស់ព្រះនាងឧទុម្ពរិកាទេវី (សិនចុះ)។ ទើបសន្ធានគហបតី ចូលទៅរកនិគ្រោធបរិព្វាជក ឯបរិព្វាជការាម របស់ព្រះនាង​ឧទុម្ពរិកាទេវី។

[១៩] សម័យនោះឯង និគ្រោធបរិព្វាជក កំពុងអង្គុយជាមួយនឹង​បរិព្វាជក​បរិសទ្យ​ជាច្រើន ដែលកំពុងគឹកកងរំពង មានសំឡេងហ៊ោ សំឡេងខ្លាំង និយាយតិរច្ឆានកថា មានប្រការផ្សេងៗ គឺនិយាយពីស្តេច និយាយពីចោរ និយាយពីមហាមាត្រ និយាយពីសេនា និយាយពីភ័យ និយាយពីចំបាំង និយាយពីបាយ និយាយពីទឹក និយាយពីសំពត់ និយាយពីទីដេក និយាយពីកម្រង​ផ្កា និយាយពីគ្រឿងក្រអូប និយាយពីញាតិ និយាយពីយាន និយាយពីស្រុក និយាយពីនិគម និយាយពីជនបទ និយាយពីក្រុង និយាយពីស្ត្រី និយាយពីបុរស និយាយពីការផឹកសុរា និយាយពីច្រកល្ហក និយាយពីកំពង់ទឹក និយាយពីបុព្វប្រេត និយាយពីរឿងផ្សេងៗ ដែល​ឥត​ប្រយោជន៍ និយាយរឿងលោក (និយាយរឿងក្អែកស កុកក្រហមជាដើម) និយាយពីសមុទ្រ និយាយពីសេចក្តីចំរើន និងសេចក្តីសាបសូន្យ ដែលជាហេតុឥតប្រយោជន៍ថាដូច្នេះខ្លះ ដូច្នោះ​ខ្លះ។ និគ្រោធបរិព្វាជក បានឃើញសន្ធានគហបតិ កំពុងដើរមកពីចម្ងាយ ក៏ហាមបរិសទ្យរបស់ខ្លួនថា ពួក​អ្នកដ៏ចំរើន ចូរមានសំឡេងតិចៗ ពួកអ្នកដ៏ចំរើន កុំនិយាយគ្នាឡើយ នេះជាសាវ័ករបស់​ព្រះមសណគោតម ឈ្មោះសន្ធានគហបតិ កំពុងដើរមក មួយទៀត ពួកគ្រហស្ថ ជាសាវ័ក​របស់​ព្រះសមណគោតម ជាមនុស្ស​មានសំលៀកបំពាក់ស នៅអាស្រ័យក្នុងក្រុងរាជគ្រឹះ សន្ធានគហបតិ​នេះ ក៏ជាសាវ័ក១ ក្នុងពួកសាវ័កទាំងនោះដែរ ពួកលោកមានអាយុ សុទ្ធតែត្រូវការ​មនុស្ស​មានសំឡេង​តិច សរសើរតែមនុស្ស​មានសំឡេងតិចៗ ធ្វើម្តេចឲ្យគេដឹងនូវបរិសទ្យ ដែលមាន​សំឡេង​តិច ហើយសំគាល់នូវទី ដែលគេត្រូវចូលមករក។ កាលបើ​និគ្រោធបរិព្វាជកនិយាយយ៉ាងនេះហើយ ពួកបរិព្វាជកទាំងនោះ ក៏នាំគ្នាស្ងៀម។

[២០] លំដាប់នោះ សន្ធានគហបតិ បានចូលទៅរក​និគ្រោធបរិព្វាជក លុះចូលទៅដល់ហើយ ក៏បានរាក់ទាក់ជាមួយនឹង​និគ្រោធបរិព្វាជក បញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួរ​រលឹក​ហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះសន្ធានគហបតិ អង្គុយក្នុងទីដ៏សមគួរហើយ បាននិយាយពាក្យ​នេះ ទៅនឹង​និគ្រោធបរិព្វាជកថា លោកដ៏ចំរើនទាំងឡាយ ពួកបរិព្វាជក​ ជាអន្យតិរ្ថិយនេះ ជួបជុំ​សមាគមគ្នាហើយ តែងមានសំឡេងហ៊ោ សំឡេងខ្លាំង ប្រកបតិរច្ឆានកថាច្រើន គឺនិយាយពីស្តេច និយាយពីចោរ។បេ។ និយាយពីសេចក្តីចំរើន និងសេចក្តីសាបសូន្យ ដែលជាហេតុ​ឥតប្រយោជន៍ ថាដូច្នេះខ្លះ ដូច្នោះខ្លះ ឯព្រះមានព្រះភាគ ព្រះអង្គនោះ ដោយឡែក គឺទ្រង់​សេពសេនាសនៈ​ដ៏ស្ងាត់ តាំងនៅក្នុងព្រៃស្រោង ជាសេនាសនៈមានសំឡេងសន្ធឹកគឹកកងតិច ប្រាសចាកពាក្យសំដី​របស់អ្នក​ផង សមគួរដល់​ការស្ងប់ស្ងាត់របស់មនុស្ស គួរដល់ការលាក់ខ្លួន ពួនអាត្មាបាន។ កាលបើសន្ធាន​គហបតិ និយាយយ៉ាងនេះហើយ និគ្រោធបរិព្វាជក ក៏និយាយពាក្យនេះ ទៅនឹង​សន្ធានគហបតិថា នែគហបតិ ដូចជាយើងរិះគន់ អ្នកឯងត្រូវដឹងថា ព្រះសមណគោតម ចរចាជាមួយនឹងអ្នកណាបាន ប្រទះសាកច្ឆាជាមួយនឹងអ្នកណា ល្បងនូវភាពវាងវៃ ដោយប្រាជ្ញាជាមួយនឹងអ្នកណា (ដូចម្តេច​បាន) ព្រោះប្រាជ្ញារបស់ព្រះសមណគោតម បាត់វិនាសក្នុងផ្ទះស្ងាត់អស់ទៅហើយ ព្រះសមណគោតម ជាបុគ្គលមិនហ៊ានចុះកាន់បរិសទ្យ មិនអាចធ្វើការចរចានឹងអ្នកដទៃបានទេ បានជាលោកតែងអាស្រ័យ​នៅតែក្នុងសេនាសនៈ​ដ៏ស្ងាត់ប៉ុណ្ណោះ ដូចមេគោខ្វាក់ភ្នែកម្ខាង តែង​ត្រាច់ទៅតែក្នុងទីជុំវិញ គប់រក​តែទីស្ងាត់ប៉ុណ្ណោះ3) ដូចម្តេចមិញ ប្រាជ្ញារបស់ព្រះសមណគោតម ក៏វិនាស​បាត់ទៅ ក្នុងផ្ទះស្ងាត់ហើយ ព្រះសមណគោតម មិនហ៊ានចូលមកកាន់បរិសទ្យ មិនគួរនឹងនិយាយ​សំណេះ​សំណាល​បានទេ លោកតែងអាស្រ័យនៅតែក្នុងសេនាសនៈដ៏ស្ងាត់ ដូច្នោះឯង នែអ្នកគហបតិ ល្បងមើលចុះ បើព្រះសមណគោតមគប្បីមករកបរិសទ្យនេះ ពួកយើងគួរសាកសួរលោកមួយប្រស្នា​ល្បងមើលដែរ ពួកយើងត្រូវចាប់បង្វិលព្រះសមណគោមតនោះ ឲ្យដូចជាគេចាប់បង្វិល​ឆ្នាំងទទេ (មិនខាន)។

[២១] ព្រះមានព្រះភាគ ទ្រង់ជ្រាបពាក្យឆ្លើយឆ្លងនេះ របស់សន្ធានគហបតិ និងនិគ្រោធបរិព្វាជក ដោយសោតធាតុ ដូចជាទិព្វដ៏បរិសុទ្ធ កន្លងបង់​នូវសោតធាតុរបស់​មនុស្ស​សាមញ្ញ។ លំដាប់នោះ ព្រះមានព្រះភាគ ស្តេចចុះអំពីភ្នំគិជ្ឈកូដ ហើយចូលទៅឯមោរនិវាបស្ថាន (កន្លែងសម្រាប់ឲ្យចំណីដល់សត្វក្ងោក) ក្បែរឆ្នេរស្រះ ឈ្មោះសុមាគធា លុះចូលទៅដល់ហើយ ក៏​ទ្រង់ចង្ក្រមក្នុងទីវាល ទៀបមោរនិវាបស្ថាន ក្បែរឆ្នេរស្រះឈ្មោះ​សុមាគធា។ លុះ​និគ្រោធបរិព្វាជក បានឃើញព្រះមានព្រះភាគ ទ្រង់ចង្ក្រមក្នុងទីវាល ជិតមោរនិវាបស្ថាន ទៀបឆ្នេរស្រះសុមាគធា​ហើយ ក៏បញ្ឈប់បរិសទ្យរបស់ខ្លួនថា សូមអ្នកដ៏ចំរើនទាំងឡាយ មានសំឡេងតិចៗ សូមអ្នក​ទាំងឡាយ កុំជជែកគ្នាឡើយ នេះព្រះសមណគោតម​ កំពុងចង្ក្រម​ក្នុងទីវាល ជិតមោរនិវាបស្ថាន ក្បែរឆ្នេរស្រះសុមាគធា ដ្បិតលោកដ៏មានអាយុនោះ ត្រូវការ​តែបុគ្គល​មានសំឡេង​តិចៗ សរសើរ​តែ​មនុស្ស​​មានសំឡេងតិចៗ ធ្វើដូចម្តេចឲ្យលោកជ្រាបថា បរិសទ្យ មាន​សំឡេង​តិច ហើយគប្បីសំគាល់នូវកិច្ចដែលលោកគួរចូលមករក (យើង) បើព្រះសមណគោតម គប្បីមករក​បរិសទ្យ​នេះ (មែន) ពួកយើងត្រូវសួរប្រស្នានេះនឹងលោកថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ទូន្មាន​ពួកសាវ័ក ដោយធម៌ណា ពួកសាវ័ក ដែលព្រះមានព្រះភាគ ទ្រង់ទូន្មានដោយ​ធម៌​ណាហើយ ដល់នូវសេចក្តីត្រេកអរ បានបំពេញអរិយមគ្គ ជាព្រហ្មចរិយធម៌ដើម ជាធម៌ឲ្យកើត​និស្ស័យ​ដ៏ឧត្តម ធម៌របស់​ព្រះមានព្រះភាគនោះ តើឈ្មោះដូចម្តេច។ កាលបើនិគ្រោធបរិព្វាជក និយាយ​យ៉ាងនេះហើយ បរិព្វាជកទាំងនោះ ក៏នាំគ្នានៅស្ងៀម។

[២២] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរចូលទៅ ត្រង់កន្លែងដែល​និគ្រោធ​បរិព្វាជកនៅ។ ទើបនិគ្រោធ​បរិព្វាជក ក្រាបទូលសេចក្តីនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គស្តេចមកប្រពៃហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គបានធ្វើ​បរិយាយ​នេះ ដើម្បីមកក្នុងទីនេះយូរយាណាស់ហើយ សូមព្រះអង្គ ស្តេចគង់ចុះ បពិត្រព្រះអង្គដ៏ចំរើន នេះសេនាសនៈ ដែលខ្ញុំព្រះអង្គ បានក្រាលទុកស្រេចហើយ។ ព្រះមានព្រះភាគ ស្តេចគង់លើ​អាសនៈ ដែលគេក្រាលទុកស្រេចហើយ។ ចំណែកឯនិគ្រោធ​បរិព្វាជក ក៏កាន់យក​អាសនៈ​ទាប​មួយ ហើយអង្គុយក្នុងទីដ៏សមគួរ។ ព្រះមានព្រះភាគ បានត្រាស់សួរសេចក្តីនេះ នឹងនិគ្រោធ​បរិព្វាជក ដែល​អង្គុយក្នុងទីដ៏សមគួរ យ៉ាងនេះថា ម្នាលនិគ្រោធ អម្បាញ់មិញនេះ អ្នកអង្គុយ​ប្រជុំគ្នា និយាយ​រឿងអ្វី សំដីដូចម្តេច ដែលពួកអ្នកឈប់បង្អង់ទាំងពាក់កណ្តាល។ កាលបើព្រះមានព្រះភាគ ត្រាស់សួរ​យ៉ាងនេះហើយ និគ្រោធ​បរិព្វាជក ក្រាបទូលសេចក្តីនេះ នឹងព្រះមានព្រះភាគថា​ បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គ ក្នុងទីនេះ បានឃើញ​ព្រះមានព្រះភាគ ស្តេចកំពុង​ចង្ក្រម ក្នុងទីវាល ទៀបមោរនិវាបស្ថាន ក្បែរឆ្នេរស្រះសុមាគធា លុះឃើញហើយ បាននាំគ្នានិយាយយ៉ាង​នេះថា បើព្រះសមណគោតម គប្បីមករកបរិសទ្យនេះ (មែន) ពួកយើង ត្រូវសួរប្រស្នានេះ ចំពោះ​ព្រះអង្គថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ទូន្មាន​ពួកសាវ័ក ដោយធម៌ណា ពួកសាវ័ក ដែលព្រះមានព្រះភាគ ទ្រង់ទូន្មានដោយ​ធម៌​ណាហើយ ដល់នូវសេចក្តីត្រេកអរ បានបំពេញ​អរិយមគ្គ ព្រហ្មចរិយធម៌ដើម ដែលឲ្យកើត​និស្ស័យ​ដ៏ឧត្តម ធម៌របស់​ព្រះមានព្រះភាគនោះ តើឈ្មោះដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សំដីនេះឯង ដែលពួកខ្ញុំព្រះអង្គ ឈប់បង្អង់​ទាំង​ពាក់កណ្តាល ក៏ទទួល​ព្រះមានព្រះភាគ ស្តេចមកដល់។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ តថាគតទូន្មានពួកសាវ័ក ដោយធម៌ណា ពួកសាវ័ក ដែលតថាគតទូន្មានហើយ ដោយធម៌ណា ដល់​នូវសេចក្តីគាប់ចិត្ត បានបំពេញអរិយមគ្គ ជាព្រហ្មចរិយធម៌ដើម ដែលឲ្យកើតនិស្ស័យ​ដ៏ឧត្តម អ្នកឯង​ ដែលមានទិដ្ឋិដោយឡែក មានសេចក្តីពេញចិត្តដោយឡែក មានសេចក្តីគាប់ចិត្ត​ដោយឡែក មិនងាយ​នឹងដឹងធម៌នោះទេ វៀរលែងតែអ្នកមានព្យាយាម ជាគ្រឿងប្រកបខ្លាំង វៀរលែងតែ​អ្នក​បាន​រៀនក្នុងសំណាក់អាចារ្យ (នោះទើបដឹងបាន) ម្នាលនិគ្រោធ​ អញ្ជើញអ្នកសួរប្រស្នាក្នុងការខ្ពើមបាប ជាអាចរិយវាទរបស់ខ្លួន នឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេសដូចម្តេច ឈ្មោះថាបរិបូណ៌ ដូចម្តេច ឈ្មោះថាមិនបរិបូណ៌។ កាលបើព្រះ​មានព្រះភាគ ត្រាស់យ៉ាងនេះហើយ ពួកបរិព្វាជក​ទាំងនោះ ក៏នាំគ្នាបន្លឺមានសំឡេងហ៊ោ សំឡេង​ខ្លាំង​ថា នែអ្នកដ៏ចម្រើន គួរអស្ចារ្យណាស់តើ នែអ្នកដ៏ចម្រើន ហេតុមិនដែលមានហ្ន៎ ព្រះសមណ​គោតម ព្រះអង្គមានឫទ្ធិច្រើន មានអានុភាពខ្លាំង ព្រោះទ្រង់​បញ្ឈប់វាទៈរបស់ព្រះអង្គ ទ្រង់​បណ្តោយ​ឲ្យអ្នកដទៃ​និយាយវិញ។

[២៣] លំដាប់នោះឯង និគ្រោធបរិព្វាជក ធ្វើពួកបរិព្វាជកទាំងនោះ ឲ្យមានសំឡេងតិចហើយ បានទូលស្នើសេចក្តីនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គ ជា តបោជិគុច្ឆវាទ (អ្នកពោលប្រកាន់ការខ្ពើមបាប ដោយព្យាយាម ជាគ្រឿង​ដុតកិលេស) ជាអ្នក​មិនរួញរានឹង តបោជិគុច្ឆវត្ត បពិត្រព្រះអង្គដ៏ចំរើន ការខ្ពើមបាបដោយព្យាយាម ជាគ្រឿង​ដុត​កិលេស ដូចម្តេច ទើបឈ្មោះថាបរិបូណ៌ ដូចម្តេចឈ្មោះថា មិនបរិបូណ៌។ ព្រះមានព្រះភាគត្រាស់​ថា ម្នាលនិគ្រោធ មនុស្សបំពេញ​ព្យាយាម ជាគ្រឿងដុតកិលេស​ក្នុងលោកនេះ ជាអ្នកអាក្រាតកាយ មាន​មារយាទល្អលះបង់ហើយ ប្រកាន់ហត្ថាវលេខនបដិបត្តិ4) ជាអ្នកប្រកាន់​វត្ត ដែល​គេនិមន្តថា លោកដ៏ចំរើន សូមចូលមកទទួលភត្ត ហើយមិនចូលមក ប្រកាន់វត្តដែលគេនិមន្ត​ថា លោកដ៏ចម្រើនចូររង់ចាំសិន ហើយមិនរង់ចាំ មិនត្រេកអរនឹងភិក្ខា ដែលគេនាំមកមុនបំផុត មិនត្រេកអរ​នឹងភិក្ខា ដែលគេធ្វើចំពោះខ្លួន មិនត្រេកអរនឹង​ការនិមន្ត មិនទទួលភិក្ខាដែលគេ​ដួស​ឲ្យពីឆ្នាំ មិនទទួលភិក្ខាដែលគេដួស​ឲ្យពីកញ្ជើ មិនទទួលភិក្ខា ដែលគេ​កន្លងធរណី​ទ្វារនាំមក មិនទទួល​ភិក្ខា ដែលគេកន្លង​ត្បាល់នាំមក មិនទទួលភិក្ខា ដែលគេកន្លងអង្រែនាំមក មិនទទួលភិក្ខា ដែលគេកន្លងកំណាត់ឈើនាំមក មិនទទួលភិក្ខា របស់មនុស្ស​កំពុងបរិភោគពីរនាក់ មិនទទួលភិក្ខារបស់ស្ត្រីមានគភ៌ មិនទទួលភិក្ខារបស់ស្រ្តីកំពុងបំបៅកូន មិនទទួលភិក្ខារបស់ស្ត្រី​ដែល​កំពុងស្ទាបអង្អែល​បុរស មិនទទួលភិក្ខារបស់បុគ្គលដែលមានគេដឹកនាំឲ្យធ្វើ មិនទទួលភិក្ខា ក្នុងទី​ដែលមានឆ្កែនៅចាំ មិនទទួលភិក្ខា ក្នុងទីដែលរុយកំពុងរោម មិនស៊ីត្រី មិនស៊ីសាច់ មិនផឹក​សុរា មិនផឹក​មេរ័យ មិនផឹកទឹកថ្នាំត្រាំ។ អចេលកៈនោះ ទទួលភិក្ខា ចំពោះតែក្នុងផ្ទះ១ ឬញុំាងអត្តភាពឲ្យប្រព្រឹត្ត​ទៅ ដោយដុំបាយ១ពំនូតខ្លះ ទទួលភិក្ខា ចំពោះតែក្នុងផ្ទះ២ ញុំាងអត្តភាពឲ្យប្រព្រឹត្ត​ទៅ ដោយដុំបាយ២ពំនូតខ្លះ ទទួលភិក្ខា ចំពោះតែក្នុងផ្ទះ៧ ឬញុំាងអត្តភាពឲ្យប្រព្រឹត្ត​ទៅ ចំពោះតែ​ដុំបាយ៧ពំនូតខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភាជន៍១ខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភាជន៍២ខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភាជន៍៧ខ្លះ បរិភោគអាហាររំលង១ថ្ងៃខ្លះ បរិភោគអាហាររំលង២ថ្ងៃខ្លះ បរិភោគអាហារ​រំលង៧ថ្ងៃ​ខ្លះ អចេលកៈនោះ ប្រកបនូវព្យាយាម ក្នុងភត្ត​ភោជនដោយការ​ផ្លាស់ប្តូរគ្នា​កន្លះខែ​យ៉ាងនេះ ដូច្នេះ។ អចេលកៈនោះ បរិភោគតែអន្លក់​ស្រស់ខ្លះ បរិភោគតែស្រងែខ្លះ បរិភោគតែស្គួយ​ខ្លះ បរិភោគតែចំនៀរស្បែក ដែលគេចោលខ្លះ បរិភោគតែជ័រ ឬសារាយខ្លះ បរិភោគតែកុណ្ឌកខ្លះ បរិភោគ​តែបាយក្តាំង ដែលគេចោលខ្លះ បរិភោគតែម្សៅខ្លះ បរិភោគតែស្មៅខ្លះ បរិភោគតែ​អាចមន៍គោ​ខ្លះ បរិភោគតែមើម និងផ្លែក្នុង​ព្រៃ ជាអាហារខ្លះ បរិភោគតែផ្លែឈើដែលជ្រុះខ្លះ។ គេប្រើសំពត់សម្បកធ្មៃខ្លះ ប្រើសំពត់ដែលគេត្បាញ​លាយគ្នាខ្លះ ប្រើសំពត់រុំសាកសពខ្លះ ប្រើសំពត់​បង្សុកូលខ្លះ ស្លៀកពាក់សម្បកឈើខ្លះ ស្លៀកពាក់​ស្បែកខ្លាខ្លះ ស្លៀកពាក់ស្បែកខ្លាទាំងក្រចកខ្លះ ស្លៀកពាក់​ស្បូវក្រងខ្លះ​ ស្លៀកពាក់សំពត់​សម្បក​ក្រចៅខ្លះ ប្រើសំពត់គេត្បាញដោយ​សម្បក​ផ្លែ​ឈើខ្លះ ប្រើសំពត់កម្ពល ដែលគេត្បាញដោយសក់​មនុស្សខ្លះ ប្រើសំពត់កម្ពល ដែលគេត្បាញដោយសក់​កន្ទុយសេះខ្លះ ស្លៀកពាក់សំពត់ស្លាប​មៀម​ខ្លះ ជាអ្នកដកសក់ និងពុកមាត់ ប្រកបព្យាយាមក្នុងការដកសក់ និងពុកមាត់ខ្លះ ជាអ្នកឈរងើយ ហាម​ឃាត់ក្នុងអាសនៈខ្លះ ជាអ្នកអង្គុយច្រហោង ប្រកបព្យាយាម ក្នុងការអង្គុយច្រហោងខ្លះ ជាអ្នកកាន់វត្តឈរ ដើរជាដើមលើបន្លា សម្រេចការដេកលើបន្លាខ្លះ សម្រេចការដេក​លើបន្ទះក្តារខ្លះ សម្រេចការដេកលើផែនដីទួលខ្លះ ជាអ្នកដេកផ្ទៀងតែម្ខាងខ្លះ ជាអ្នកប្រឡាក់​ខ្លួន​ដោយធូលី ឈរក្នុងទីវាល អង្គុយតែលើអាសនៈមួយ ដែលខ្លួនបានមកយ៉ាងណាខ្លះ បរិភោគតែ​លាមក ប្រកបព្យាយាម ក្នុងការបរិភោគលាមកខ្លះ ជាអ្នកហាមឃាត់ទឹកត្រជាក់ ប្រកបព្យាយាម ក្នុង​ការហាមឃាត់ទឹកត្រជាក់ខ្លះ ប្រកបព្យាយាម​ក្នុងការចុះត្រាំទឹកក្នុងមួយថ្ងៃ៣ដងខ្លះ។ ម្នាលនិគ្រោធ អ្នកសំគាល់​សេចក្តីនោះដូចម្តេច កាលបើហេតុយ៉ាងនេះមាន ការខ្ពើមបាបដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស ឈ្មោះថា​ បរិបូណ៌ហើយ ឬមិនទាន់បរិបូណ៌ទេ។ និគ្រោធបរិព្វាជក ក្រាបទូល​ថា បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះមាន ការខ្ពើមបានដោយសេចក្តីព្យាយាម ជាគ្រឿង​ដុតកិលេស ឈ្មោះថា បរិបូណ៌ហើយដោយពិត មិនមែនមិនបរិបូណ៌ទេ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ ការខ្ពើមបាបដោយព្យាយាម ជាគ្រឿង​ដុតកិលេស ទុកជាបរិបូណ៌ហើយ​យ៉ាងនេះ ក៏តថាគតឲ្យឈ្មោះថា នៅតែមានឧបក្កិលេសច្រើនយ៉ាង។

[២៤] និគ្រោធបរិព្វាជក ទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ការខ្ពើមបាន ដោយ​ព្យាយាម ជាគ្រឿងដុតកិលេស បានបរិបូណ៌ប៉ុណ្ណេះដែរ ហេតុអ្វីក៏ព្រះមានព្រះភាគ នៅឲ្យឈ្មោះថា មានឧបក្កិលេសច្រើនយ៉ាង។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ ព្រោះមនុស្សមានតបវត្ត (វត្ត​សម្រាប់ព្យាយាមដុតកិលេស) ក្នុងលោកនេះ សមាទានតបវត្ត គេពេញចិត្ត ទាំង​មានសេចក្តី​ត្រិះរិះ​អស់ហើយ ត្រឹមតបវត្តនោះ។ ម្នាលនិគ្រោធ ត្រង់ដែលមនុស្សមានតបវត្ត សមាទាននូវតបវត្ត គេ​ពេញចិត្ត​ ទាំងមានសេចក្តីត្រិះរិះអស់ហើយ ត្រឹមតបវត្តនោះ ម្នាលនិគ្រោធនេះឯង ជាឧបក្កិលេស​ របស់មនុស្ស​អ្នកមានតបវត្ត។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទាន​តបវត្ត អ្នកនោះ លើកតែខ្លួនឯង បង្អាប់អ្នកដទៃ ព្រោះតបវត្តនោះ។ ម្នាលនិគ្រោធ ត្រង់ដែល​អ្នក​មានតបវត្ត សមាទាននូវតបវត្ត គេលើកតែខ្លួនឯង តែងបង្អាប់អ្នកដទៃ ព្រោះតបវត្តនោះ ម្នាល​និគ្រោធ នេះក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត មនុស្សអ្នកមានតបវត្ត សមាទាន​នូវតបវត្ត គេស្រវឹងជ្រប់ ដល់នូវសេចក្តីស្រវឹង ព្រោះតបវត្តនោះ។ ម្នាលនិគ្រោធ ត្រង់ដែលមនុស្ស​អ្នក​មានតបវត្ត សមាទាននូវតបវត្ត គេស្រវឹង ជ្រប់ ដល់នូវសេចក្តីស្រវឹង ព្រោះតបវត្តនោះ ម្នាល​និគ្រោធ នេះក៏ជាឧបក្កិលេស របស់អ្នកមាន​តបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទាន​នូវតបវត្ត គេយក​តបវត្តនោះ ជាគ្រឿងឲ្យកើតលាភសក្ការៈ និងសេចក្តីសរសើរ គេពេញចិត្ត ទាំងមានសេចក្តី​ត្រិះរិះ​អស់ហើយ ត្រឹមលាភសក្ការៈ និងសេចក្តីសរសើរនោះ។ ម្នាលនិគ្រោធ ត្រង់ដែល​អ្នក​មានតបវត្ត សមាទាននូវតបវត្ត គេយកតបវត្តនោះ ជាគ្រឿង​ឲ្យកើតលាភសក្ការៈ និងសេចក្តី​សរសើរ គេពេញ​ចិត្ត ទាំងមានសេចក្តីត្រិះរិះអស់ហើយ ត្រឹមលាភសក្ការៈ និងសេចក្តីសរសើរនោះ ម្នាល​និគ្រោធ នេះឯង​ក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខ​នៅមានទៀត អ្នក​មានតបវត្ត សមាទាននូវ​តបវត្ត គេយកតបវត្តនោះ ជាគ្រឿង​ឲ្យកើត​លាភសក្ការៈ និងសេចក្តីសរសើរ គេលើកខ្លួនឯង បង្អាប់អ្នកដទៃ ព្រោះតែលាភសក្ការៈ និងសេចក្តីសរសើរនោះ។ ម្នាលនិគ្រោធ ត្រង់​ដែល​​អ្នក​មានតបវត្ត សមាទាននូវតបវត្ត គេយកតបវត្តនោះ ជាគ្រឿង​ឲ្យកើតលាភសក្ការៈ និងសេចក្តី​សរសើរ គេលើកខ្លួនឯង តែងបង្អាប់អ្នកដទៃ ព្រោះតែលាភសក្ការៈ នោះ ម្នាល​និគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាង​មុខ​នៅ​មានទៀត អ្នក​មាន​តបវត្ត សមាទាននូវ​តបវត្ត គេយកតបវត្តនោះ ជាគ្រឿង​ឲ្យកើត​លាភសក្ការៈ និងសេចក្តី​សរសើរ​នោះ គេក៏ស្រវឹង ភ្លេចខ្លួន ដល់នូវសេចក្តីវង្វេង ព្រោះតែលាភសក្ការៈ និងសេចក្តី​សរសើរនោះ។ ម្នាល​និគ្រោធ ត្រង់ដែល​អ្នក​មានតបវត្ត សមាទាននូវតបវត្ត គេយក​តបវត្តនោះ ជាគ្រឿង​ឲ្យកើត​លាភសាក្ការៈ និងសេចក្តីសរសើរ គេក៏ស្រវឹង ភ្លេចខ្លួន ដល់នូវ​សេចក្តីវង្វេង ព្រោះតែ​លាភសក្ការៈ និងសេចក្តី​សរសើរនោះ ម្នាល​និគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់មនុស្សអ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទាន​នូវតបវត្ត ចែកភោជន​ជា​ពីរ​ចំណែក​ថា ភោជននេះគាប់ចិត្តខ្ញុំ ភោជននេះ មិនគាប់​ចិត្តខ្ញុំទេ។ តាបសដែលប្រកបដោយសេចក្តី​ចង់នោះ មិនគាប់ចិត្ត​ភោជនណា រមែង​លះ​ចោល​ភោជន​នោះ ចំណែកភោជនណា គាប់ចិត្តគេ ៗក៏​ត្រេកត្រអាលភ្លេចស្មារតី ជាប់ស្អិតនឹងភោជន​នោះ ជាបុគ្គល​ឥតឃើញទោស ឥតមានប្រាជ្ញា ជាគ្រឿង​​រលាស់ចិត្តចេញ ចេះតែបរិភោគ ម្នាលនិគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នក​មាន​តបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទាននូវ​តបវត្ត ដោយ​ហេតុ​ប្រាថ្នាលាភសក្ការៈ និងសេចក្តីសរសើរថា ពួកព្រះរាជា រាជមហាមាត្រ ក្សត្រ ព្រាហ្មណ៍ គហបតី តិត្ថិយ នឹងធ្វើសក្ការៈ ចំពោះយើង ម្នាល​និគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នក​មាន​តបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខ​នៅ​មាន​ទៀត អ្នកមានតបវត្ត ពោលបង្អាប់​សមណ​ព្រាហ្មណ៍​ណាមួយថាបែបនេះឬ សមណព្រាហ្មណ៍ ជាអ្នក​មានការចិញ្ចឹមជីវិតច្រើនយ៉ាង តែង​ស៊ីពូជឈើ សព្វសរពើ គឺពូជ​កើតអំពីឫស ពូជកើត​អំពី​ដើម ពូជកើតអំពីថ្នាំង ពូជកើតអំពីចុង ពូជកើតអំពីពូជផងគ្នាជាគំរប់៥ នរណាៗ ក៏ដឹងថា ញញួរ គឺធ្មេញរបស់សមណៈនេះ ដូចជាកាំរន្ទះ អ្នកនេះជាសមណៈ ត្រឹមតែការប្តេជ្ញាថាសមណៈ​ប៉ុណ្ណោះ ម្នាល​និគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខ​នៅមាន​ទៀត អ្នកមានតបវត្ត ឃើញ​សមណ​ព្រាហ្មណ៍​ណាមួយ ដែលមានគេកំពុងធ្វើ​សក្ការៈ គោរព រាប់អាន បូជាក្នុងត្រកូលទាំងឡាយ។ អ្នក​នោះ តែងមានសេចក្តីត្រិះរិះយ៉ាងនេះថា មនុស្ស​ទាំងឡាយ គេធ្វើសក្ការៈ គោរព រាប់អាន បូជា​សមណៈ ដែលមានការចិញ្ចឹមជីវិតច្រើនមុខនេះ ក្នុងត្រកូលទាំងឡាយ ប្រយោជន៍អ្វី ពួកគេម្តេច​ក៏​មិន​ធ្វើសក្ការៈ គោរព រាប់អាន បូជាអាត្មាអញ ដែល​មាន​តបវត្ត ជាអ្នកមានការចិញ្ចឹមជីវិតសៅហ្មង ក្នុងត្រកូលទាំងឡាយវិញ។ អ្នកនោះ រមែងកើតសេចក្តីឫស្សា កំណាញ់ត្រកូលទាំងឡាយ ដោយ​ប្រការ​យ៉ាងនេះ ម្នាល​និគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់មនុស្សអ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត រមែងអង្គុយក្នុង​ទី​ចំភ្នែក​មនុស្ស​មើល​ឃើញ5) ម្នាល​និគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់មនុស្សអ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ដើរបង្ហាញខ្លួន ដើរទៅក្នុងត្រកូលទាំងឡាយ6) ដោយគិតថា ការនេះជាតបវត្ត របស់អាត្មាអញ ការនេះ ជា​តបវត្តរបស់អាត្មាអញ ម្នាល​និគ្រោធ នេះឯក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត អាស្រ័យល្បិចបិទបាំងនីមួយ គឺបើមានគេសួរអ្នកនោះថា លោកគាប់ចិត្ត​ការនេះ​ឬ បើទុកជាការនោះ ខ្លួនមិនគាប់ចិត្តទេ ក៏និយាយថា គាប់ចិត្ត បើការនោះខ្លួន​គាប់ចិត្ត ក៏និយាយ​ថា មិនគាប់ចិត្តវិញ។ អ្នកនោះឈ្មោះថា និយាយកុហកទាំងដឹងខ្លួន ដោយសំដី​បែបនេះ ម្នាល​និគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត កាលបើព្រះតថាគត ឬសាវ័ករបស់ព្រះតថាគត​ កំពុងសំដែងធម៌ រមែង​មិនអនុមោទនា នូវបរិយាយដែលខ្លួនគួរអនុមោទនា ម្នាល​និគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ជាអ្នក​មាន​សេចក្តីក្រោធ ចងសេចក្តីក្រោធទុក។ ម្នាល​និគ្រោធ អ្នកមានតបវត្ត មានសេចក្តីក្រោធ ចងសេចក្តី​ក្រោធទុកណា ម្នាលនិគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ជាអ្នករមិលគុណ វាយឫកស្មើ ឈ្នានីស កំណាញ់ អួតអាង មានកលមាយា រឹងត្អឹង មើលងាយគេ មានសេចក្តីប្រាថ្នាលាមក ទាំងលុះអំណាច​នៃ​សេចក្តីប្រាថ្នាលាមក ជាមនុស្ស​មិច្ឆាទិដ្ឋិ ប្រកបដោយអន្តគ្គាហិកទិដ្ឋិ7) អ្នកប្រកាន់យកតែសេចក្តី​ឃើញរបស់ខ្លួន ប្រកាន់មាំ ជាបុគ្គល​ដែលគេ​មិនអាចឲ្យលះបង់​បានដោយងាយ។ ម្នាល​និគ្រោធ ត្រង់ដែលអ្នកមានតបវត្ត ជាអ្នកប្រកាន់​យក​តែសេចក្តីឃើញរបស់ខ្លួន ប្រកាន់មាំ ជាបុគ្គលដែលគេឲ្យលះបង់បានដោយក្រ ម្នាលនិគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ អ្នកសំគាល់​សេចក្តីនោះដូចម្តេច បើការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេសទាំងនេះ ជាឧបក្កិលេស ឬមិនមែន​ជា​ឧបក្កិលេសទេ។ និគ្រោធបរិព្វាជក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ការខ្ពើមបាប ដោយ​សេចក្តី​ព្យាយាម ជាគ្រឿងដុតកិលេសទាំងនេះ ជាឧបក្កិលេសពិតៗ មិនមែនជាអនុបក្កិលេសទេ បពិត្រព្រះអង្គដ៏ចំរើន អ្នកមានតបវត្តពួកខ្លះ ក្នុងលោកនេះ ជាអ្នកប្រកបដោយឧបក្កិលេស ទាំងអស់​នេះទៅហើយ ចាំបាច់ពោលទៅថ្វី ដោយឧបក្កិលេសឯទៀតៗ។

[២៥] ម្នាលនិគ្រោធ អ្នកមានតបវត្តក្នុងលោកនេះ សមាទាននូវតបវត្ត គេមិនមែន​ពេញចិត្ត ទាំងមានសេចក្តីត្រិះរិះមិនមែនអស់ហើយ ត្រឹមតបវត្តនោះ។ ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតប​វត្ត សមាទាននូវតបវត្តណា គេមិនមែនពេញចិត្ត ទាំងមានសេចក្តីត្រិះរិះ មិនមែនអស់ហើយត្រឹមតបវត្ត​នោះ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទានតបវត្ត គេមិនលើកខ្លួនឯង មិនកំហែងអ្នកដទៃ ព្រោះតបវត្តនោះ។បេ។ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទានតបវត្ត គេមិនស្រវឹង មិនឈ្លក់គំនិត មិនដល់នូវសេចក្តីស្រវឹង ព្រោះតែតបវត្តនោះទេ។បេ។ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទាននូវតបវត្ត គេញុំាងលាភសក្ការៈ និងសេចក្តីសរសើរ ឲ្យកើតឡើង ព្រោះតបវត្តនោះ តែគេមិនពេញចិត្ត មិនមានសេចក្តីត្រិះរិះ អស់ហើយត្រឹមលាភសក្ការៈ និងសេចក្តីសរសើរនោះទេ ម្នាលនិគ្រោធ ត្រង់ដែលអ្នក​មានតបវត្ត។បេ។ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទានតបវត្ត គេញុំាង​លាភសក្ការៈ និងសេចក្តីសរសើរ ឲ្យកើតឡើង គេមិនលើកខ្លួន មិនបង្អាប់អ្នកដទៃ ព្រោះតែ​លាភសក្ការៈ និងសេចក្តីសរសើរនោះទេ។ ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតបវត្ត។បេ។ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទាននូវតបវត្ត គេញុំាងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង ដោយតបវត្តនោះ តែគេមិនស្រវឹង មិនឈ្លក់គំនិត មិនដល់នូវសេចក្តីស្រវឹង ព្រោះតែលាភសក្ការៈ និងសេចក្តីសរសើរនោះទេ។ ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតបវត្ត។បេ។ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទានតបវត្ត មិនចែកភោជនជាពីរចំណែកថា ភោជននេះគាប់ចិត្តខ្ញុំ ភោជននេះ មិនគាប់ចិត្ត​ខ្ញុំ​ទេ។ គេជាមនុស្សគ្មានប្រាថ្នាភោជនណា មិនគាប់ចិត្តគេៗក៏លះបង់ភោជននោះដែរ តែថា ភោជន​ណាគាប់ចិត្តគេ ៗ មិនត្រេកត្រអាល មិនភ្លេចស្មារតី មិនជាប់ស្អិត ជាអ្នកឃើញទោសជាប្រក្រតី មានប្រាជ្ញា ជាគ្រឿងរលាស់ចិត្តចេញ បរិភោគភោជននោះ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត គេមិនសមាទានតបវត្ត ហេតុតែសេចក្តីប្រាថ្នាលាភសក្ការៈ និងសេចក្តីសរសើរថា ពួកព្រះរាជា រាជមហាមាត្រ ក្សត្រិយ៍ ព្រាហ្មណ៍ គហបតី តិរ្ថិយ នឹងធ្វើសក្ការៈ ចំពោះអាត្មាអញ អ្នកនោះឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត មិនបានពោលបង្អាប់សមណៈ ឬព្រាហ្មណ៍ណាមួយ ថា បែបនេះ សមណព្រាហ្មណ៍ ជាអ្នកមានការចិញ្ចឹមជីវិតច្រើនយ៉ាង តែងស៊ីពូជសព្វសរពើ គឺពូជកើតអំពីឫស ពូជកើតអំពីដើម ពូជ​កើតអំពីថ្នាំង ពូជកើតអំពីចុង ពូជកើតអំពីពូជជាគំរប់៥ នរណាៗ ក៏ដឹងថា ញញួរ គឺធ្មេញ​របស់មសណៈនេះ ដូចជាកាំរន្ទះ គេជាសមណៈ ត្រឹមតែការប្តេជ្ញាថា សមណៈប៉ុណ្ណោះទេ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ឃើញគេធ្វើសក្ការៈ គោរព រាប់អាន បូជាសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងត្រកូល​ទាំងឡាយ។ គេមិនបានត្រិះរិះយ៉ាងនេះថា គួរដែរឬ ពួកមនុស្សតែងធ្វើសក្ការៈ គោរព រាប់អាន​បូជា​សមណៈ ដែលមានអាជីវៈច្រើន ក្នុងត្រកូលទាំងឡាយនេះ ចំណែកខាងអាត្មាអញ ជាអ្នកមាន​តបវត្ត មានអាជីវៈសៅហ្មង (ម្តេចក៏) ពួកគេមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជា ក្នុងត្រកូលទាំងឡាយ​វិញ។ គេមិនឲ្យកើតសេចក្តីឫស្យា និងសេចក្តីកំណាញ់ ក្នុងត្រកូលទាំងឡាយ ដូច្នេះឡើយ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខ​នៅមាន​ទៀត អ្នកមានតបវត្ត មិនជាអ្នកអង្គុយក្នុងទីចំភ្នែកមនុស្ស គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត មិនដើរបង្ហាញខ្លួន ក្នុងត្រកូលទាំងឡាយថា ការនេះជាតបវត្តរបស់អាត្មាដែរ ការនេះជាតបវត្តរបស់អាត្មាដែរ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត មិនអាស្រ័យការបិទបាំងនីមួយ បើមានគេសួរអ្នកនោះថា ការនេះគាប់ចិត្តលោកឬ បើការនោះមិនគាប់ចិត្តខ្លួន ក៏និយាយថា មិនគាប់ចិត្ត របស់នេះគួរដល់អ្នក ឬប្រាប់នូវរបស់​ដែលមិន​គួរថា មិនគួរ បើការនោះខ្លួនគាប់ចិត្ត ក៏និយាយថា គាប់ចិត្ត។ អ្នកនោះមិនបាននិយាយកុហកទាំង​ដឹងខ្លួន គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខ​នៅមាន​ទៀត អ្នកមានតបវត្ត កាលតថាគត ឬសាវ័ករបស់តថាគត កំពុងសំដែងធម៌ រមែងអនុមោទនា នូវ​បរិយាយដែលគួរអនុមោទនា គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ជាអ្នកមិនក្រោធ មិនចងសេចក្តីក្រោធទុក។ ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតបវត្ត ជាអ្នកមិនក្រោធ មិនចងសេចក្តីក្រោធទុក គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ជាអ្នកមិនរមិលគុណ មិនវាយឫកស្មើ មិនឈ្នានីស មិនកំណាញ់ មិនអួតអាង មិនមានកលមាយា មិនរឹងត្អឹង មិនមើលងាយគេ មិនមានសេចក្តីប្រាថ្នាដ៏លាមក មិនលុះក្នុងអំណាចនៃ​សេចក្តីប្រាថ្នា​ដ៏លាមក មិនមែនជាមិច្ឆាទិដ្ឋិ មិនប្រកបដោយអន្តគ្គាហិកទិដ្ឋិ មិនប្រកាន់យកតាមតែសេចក្តី​ឃើញ​របស់ខ្លួន មិនប្រកាន់មាំ ជាមនុស្សដែលគេឲ្យលះបង់បានដោយងាយ។ ម្នាលនិគ្រោធ ត្រង់ដែល​អ្នកមានតបវត្ត ជាអ្នកមិនប្រកាន់យកតាមតែសេចក្តីឃើញរបស់ខ្លួន មិនប្រកាន់មាំ ជាមនុស្សដែល​គេឲ្យលះបង់បានដោយងាយ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ព្រះមានបុណ្យត្រាស់សួរថា ម្នាលនិគ្រោធ អ្នកសំគាល់សេចក្តីនោះដូចម្តេច កាលបើហេតុមានមក​ដូច្នេះ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿង​ដុតកិលេស ឈ្មោះថា បរិសុទ្ធហើយ ឬមិនទាន់​បរិសុទ្ធទេ។ និគ្រោធបរិព្វាជក ក្រាបទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុ​មានមកដូច្នេះ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿង​ដុតកិលេស ឈ្មោះថា បរិសុទ្ធហើយ​ដោយពិត មិនមែនមិន​បរិសុទ្ធទេ ទាំងដល់កំពូលធម៌ផង ដល់ខ្លឹមធម៌ហើយផង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលនិគ្រោធ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿង​ដុតកិលេស ត្រឹមតែប៉ុណ្ណេះ មិនទាន់ដល់កំពូលធម៌ មិនទាន់ដល់ខ្លឹមធម៌នៅឡើយទេ គ្រាន់តែដល់ត្រឹមធម៌ ដូចជា​ក្រមរប៉ុណ្ណោះទេតើ។

[២៦] និគ្រោធបរិព្វាជក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ចុះ​ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿង​ដុតកិលេសត្រឹមណា ទើបឈ្មោះថា ដល់កំពូលធម៌ផង ដល់ខ្លឹម​ធម៌​ផង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានបុណ្យ សំដែងឲ្យដល់កំពូល ឲ្យដល់ខ្លឹមសារ របស់​ការខ្ពើម​បាប ដោយសេចក្តីព្យាយាម ជាគ្រឿង​ដុតកិលេស តែម្តង ដល់ខ្ញុំព្រះអង្គឲ្យទាន។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ អ្នកមានតបវត្តក្នុងលោកនេះ ជាអ្នកសង្រួម ដោយការសង្រួម៤យ៉ាង។ ម្នាលនិគ្រោធ អ្នកមានតបវត្ត ជាអ្នកសង្រួម ដោយការសង្រួម៤យ៉ាង តើដូចម្តេច។ ម្នាលនិគ្រោធ អ្នកមានតបវត្តក្នុងលោកនេះ មិនសម្លាប់សត្វ មិនប្រើអ្នកដទៃឲ្យសម្លាប់សត្វ មិនគាប់ចិត្តនឹង​អ្នក​សម្លាប់សត្វ មិនកាន់យកទ្រព្យ ដែលម្ចាស់គេមិនបានឲ្យ មិនប្រើអ្នកដទៃឲ្យកាន់យកទ្រព្យ ដែលម្ចាស់​គេមិនបានឲ្យ មិនគាប់ចិត្តនឹងអ្នកកាន់យកទ្រព្យ ដែលម្ចាស់គេមិនបានឲ្យ រមែង​មិន​និយាយកុហក មិនប្រើអ្នកដទៃឲ្យនិយាយកុហក មិនគាប់ចិត្តនឹងអ្នកនិយាយកុហក មិនសេព​ភាវិតធម៌ (គឺកាមគុណ៥) មិនប្រើអ្នកដទៃ​ឲ្យសេពនូវភាវិតធម៌ មិនគាប់ចិត្តនឹងអ្នកដែលសេពនូវ​ភាវិតធម៌។ ម្នាលនិគ្រោធ អ្នកមានតបវត្ត ជាអ្នកសង្រួម ដោយការសង្រួម៤យ៉ាង ដោយហេតុ​យ៉ាងនេះ។ ម្នាលនិគ្រោធ កាលណាអ្នកមានតបវត្ត ជាអ្នកសង្រួម ដោយការសង្រួមទាំង៤យ៉ាង​ ក៏រមែងមានពាក្យគេសរសើរអ្នកនោះ ព្រោះខ្លួនជាអ្នកមានតបវត្ត។ គេខំប្រឹងបំពេញ (សីល) មិនត្រ​ឡប់មក ដើម្បីភេទថោកទាប (ភេទគ្រហស្ថ)។ គេរមែងអាស្រ័យសេនាសនៈស្ងាត់ ព្រៃ គល់ឈើ ភ្នំ ញកភ្នំ ជ្រោះភ្នំ ទីស្មសាន ដងព្រៃ ទីវាល និងទីដែល​ប្រក់បាំងដោយស្មៅ។ បុគ្គលនោះ លុះកាល​ខាងក្រោយភត្ត ក៏ត្រឡប់​មកពីបិណ្ឌបាត ហើយអង្គុយពែនភ្នែន តម្រង់កាយឲ្យត្រង់ ប្រុងស្មារតី ឲ្យមានមុខឆ្ពោះ (ទៅរកកម្មដ្ឋាន)។ គេលះអភិជ្ឈាក្នុងលោក មានចិត្តប្រាសចាកអភិជ្ឈា ជម្រះចិត្ត​ចាកអភិជ្ឈា លះព្យាបាទ ជាគ្រឿងប្រទូស្ត មានចិត្តមិនព្យាបាទ មានសេចក្តីអនុគ្រោះសត្វទាំងពួង ដោយប្រយោជន៍ ជម្រះចិត្តឲ្យស្អាត ចាកព្យាបាទ ជាគ្រឿងប្រទូស្ត លះថីនមិទ្ធៈ មានចិត្តប្រាស​ចាក​ថីនមិទ្ធៈ មានសេចក្តីសំគាល់ក្នុងពន្លឺ មានសតិ មានសម្បជញ្ញៈ ជម្រះចិត្តចាកថីនមិទ្ធៈ លះឧទ្ធច្ចកុក្កុច្ចៈ មានចិត្តមិនរវើរវាយ មានចិត្តខាងក្នុងស្ងប់រម្ងាប់ ជម្រះចិត្តចាកឧទ្ធច្ចកុក្កុច្ចៈ លះវិចិកិច្ឆា មានចិត្តឆ្លងផុតចាកវិចិកិច្ឆា មិនមានសេចក្តីងឿងឆ្ងល់ ជម្រះចិត្តឲ្យស្អាត ចាក​វិចិកិច្ឆា ក្នុងកុសលធម៌ទាំងឡាយ។ គេលះនីវរណៈទាំង៥នេះ ដែលជាឧបក្កិលេស ជាគ្រឿងធ្វើបញ្ញា ឲ្យថយកំឡាំង ក៏សម្រចសម្រាន្តឥរិយាបថ ដោយការផ្សាយចិត្តប្រកបដោយមេត្តា ទៅកាន់ទិស​ទី១ ទិសទី២ ក៏ដូច្នោះ ទិសទី៣ ក៏ដូច្នោះ ទិសទី៤ ក៏ដូច្នោះ សម្រចសម្រាន្តឥរិយាបថ ដោយការផ្សាយ​ចិត្ត ប្រកបដោយមេត្តាដ៏ធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោក​ទាំងមូល ដោយយកខ្លួនទៅប្រៀបនឹងសត្វទាំងអស់ ក្នុងទិសទាំងពួង គឺទិសខាងលើ ទិសខាងក្រោម និងទិសទទឹង8) ដោយប្រការដូច្នេះ។ ចិត្តប្រកបដោយករុណា។ ចិត្តប្រកបដោយមុទិតា។ សម្រចសម្រាន្ត​ឥរិយាបថ ដោយការផ្សាយចិត្ត ប្រកបដោយឧបេក្ខា ទៅកាន់ទិស​ទី១ ទិសទី២ ក៏ដូច្នោះ ​ទី៣ ទិសទី៤ ក៏ដូច្នោះ សម្រចសម្រាន្តឥរិយាបថ ដោយការផ្សាយ​ចិត្ត ប្រកបដោយឧបេក្ខា ដ៏ធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោក​ទាំងមូល ដោយ​យកខ្លួន​ទៅប្រៀប​នឹងសត្វទាំងអស់ ក្នុងទិសទាំងពួង គឺទិសខាងលើ ទិសខាងក្រោម និងទិសទទឹង។ ម្នាល​និគ្រោធ អ្នកសំគាល់សេចក្តីនោះដូចម្តេច កាលបើហេតុមានមកដូច្នេះ ការខ្ពើមបាប ដោយសេចក្តី​ព្យាយាម ជាគ្រឿងដុតកិលេស ឈ្មោះថា បរិសុទ្ធហើយ ឬមិនទាន់បរិសុទ្ធទេ។ និគ្រោធបរិព្វាជក ក្រាប​ទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលបើដូច្នោះ ការខ្ពើមបាប ដោយសេចក្តី​ព្យាយាម ជាគ្រឿង​ដុតកិលេស ឈ្មោះថា បរិសុទ្ធដោយពិត មិនមែនមិនបរិសុទ្ធទេ ទាំងដល់កំពូលធម៌ផង ដល់ខ្លឹម​ធម៌ផង។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ ការខ្ពើមបាប ដោយសេចក្តី​ព្យាយាម ជាគ្រឿងដុតកិលេស ត្រឹមតែប៉ុណ្ណេះ មិនទាន់ឈ្មោះថា ដល់កំពូលធម៌ ឬដល់ខ្លឹមធម៌នៅឡើយទេ គ្រាន់តែដល់ត្រឹម​ សំបកធម៌ ប៉ុណ្ណោះ ទេ។

[២៧] និគ្រោធបរិព្វាជក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ចុះការខ្ពើមបាប ដោយ​ព្យាយាម ជាគ្រឿងដុតកិលេសត្រឹមណា ទើបឈ្មោះថា ដល់កំពូលធម៌ផង ដល់ខ្លឹមធម៌ផង បពិត្រ​ព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំដែងឲ្យដល់កំពូល ឲ្យដល់ខ្លឹមសាររបស់​ការខ្ពើម​បាប ដោយសេចក្តី​ព្យាយាម ជាគ្រឿងដុតកិលេសតែម្តង ដល់ខ្ញុំព្រះអង្គឲ្យទាន។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ អ្នកមានតបវត្ត ក្នុងលោកនេះ ជាអ្នកសង្រួម ដោយការ​សង្រួម៤យ៉ាង។ ម្នាលនិគ្រោធ អ្នកមានតបវត្ត ជាអ្នកសង្រួម ដោយការសង្រួម៤យ៉ាង តើដូចម្តេច។បេ។ ម្នាលនិគ្រោធ កាលណាអ្នកមានតបវត្ត ជាអ្នកសង្រួម ដោយការសង្រួម​៤យ៉ាង រមែង​មានពាក្យគេសរសើរអ្នកនោះ ព្រោះខ្លួន​ជាអ្នកមានតបវត្ត។ គេខំប្រឹងបំពេញសីល មិនត្រឡប់​មកដើម្បីភេទថោកទាប។ គេអាស្រ័យសេពសេនាសនៈស្ងាត់។បេ។ គេបានលះនីវរណធម៌ទាំង៥នេះ ដែលជាគ្រឿងធ្វើចិត្តឲ្យសៅហ្មង ជាគ្រឿង​ធ្វើប្រាជ្ញាឲ្យថយកំលាំង សម្រេចសម្រាន្តឥរិយាបថ ដោយការផ្សាយចិត្ត ប្រកបដោយមេត្តា ទៅកាន់ទិសទី១។បេ។ គេរលឹកឃើញខន្ធបញ្ចកៈ ដែលបានអាស្រ័យនៅអំពីមុន ជាច្រើនជាតិ គឺមួយជាតិខ្លះ ពីរជាតិខ្លះ បីជាតិខ្លះ បួនជាតិខ្លះ ប្រាំ​ជាតិខ្លះ។បេ។ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ មួយរយជាតិខ្លះ មួយពាន់​ជាតិខ្លះ ១សែនជាតិខ្លះ ច្រើនសំវដ្តកប្ប (កប្បវិនាស)ខ្លះ ច្រើនវិវដ្តកប្ប (កប្បចំរើន)ខ្លះ ច្រើនសំវដ្តវិវដ្តកប្ប (កប្បវិនាស និងកប្បចំរើន)ខ្លះ ថា ក្នុងកាលឯណោះ អាត្មាអញ បានមានឈ្មោះ​យ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាង​នេះ មានកំណត់អាយុយ៉ាងនេះ អាត្មាអញនោះ លុះច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភព​ឯណោះ ក្នុងភពនោះឯង អាត្មាអញ បានមានឈ្មោះ​យ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាង​នេះ មានកំណត់អាយុយ៉ាងនេះ អាត្មាអញនោះ លុះច្យុតចាកអត្តភាពនោះហើយ មកកើតក្នុងភពនេះ រមែងរលឹកឃើញ​ខន្ធបញ្ចកៈ ដែលអាស្រ័យនៅអំពីមុន បានច្រើនជាតិ ព្រមទាំងអាការៈ9) ព្រមទាំងឧទ្ទេសៈ10) ដោយប្រការដូច្នេះ។ ម្នាលនិគ្រោធ អ្នកសំគាល់​សេចក្តី​នោះដូចម្តេច កាលបើដូច្នោះ ការខ្ពើមបាប ដោយសេចក្តី​ព្យាយាម ជាគ្រឿងដុតកិលេស ឈ្មោះថា បរិសុទ្ធហើយ ឬមិនទាន់បរិសុទ្ធទេ។ និគ្រោធបរិព្វាជក ក្រាប​ទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលបើយ៉ាងនេះ ការខ្ពើមបាប ដោយសេចក្តី​ព្យាយាម ជាគ្រឿង​ដុតកិលេស ឈ្មោះថា បរិសុទ្ធដោយពិត មិនមែនមិនបរិសុទ្ធទេ ទាំងដល់កំពូលធម៌ផង ដល់ខ្លឹម​ធម៌ផង។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ ការខ្ពើមបាប ដោយសេចក្តី​ព្យាយាម ជាគ្រឿងដុតកិលេស ត្រឹមតែប៉ុណ្ណេះ មិនទាន់ឈ្មោះថា ដល់កំពូលធម៌ ឬដល់ខ្លឹមធម៌នៅឡើយទេ បានដល់ត្រឹមតែ ស្រាយ របស់ធម៌ ប៉ុណ្ណោះទេ។

[២៨] និគ្រោធបរិព្វាជក ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ការខ្ពើមបាប ដោយសេចក្តី​ព្យាយាម ជាគ្រឿងដុតកិលេសត្រឹមណា ទើបឈ្មោះថា ដល់កំពូលធម៌ផង ដល់ខ្លឹមធម៌ផង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំដែងឲ្យដល់កំពូល ឲ្យដល់ខ្លឹមសាររបស់​ការខ្ពើមបាប ដោយសេចក្តី​ព្យាយាម ជាគ្រឿងដុតកិលេសតែម្តង ដល់ខ្ញុំព្រះអង្គឲ្យទាន។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ អ្នកមានតបវត្ត ក្នុងលោកនេះ ជាអ្នកសង្រួម ដោយការ​សង្រួម៤យ៉ាង។ ម្នាលនិគ្រោធ អ្នកមានតបវត្ត ជាអ្នកសង្រួម ដោយការសង្រួម៤យ៉ាង តើដូច​ម្តេច។បេ។ ម្នាលនិគ្រោធ កាលណាអ្នកមានតបវត្ត ជាអ្នកសង្រួម ដោយការសង្រួម​៤យ៉ាង ក៏រមែង​មានពាក្យគេសរសើរអ្នកនោះ ព្រោះខ្លួន​ជាអ្នកមានតបវត្ត។ គេខំប្រឹងបំពេញសីល មិនត្រឡប់​មកដើម្បីភេទថោកទាប។ គេអាស្រ័យសេពសេនាសនៈស្ងាត់។បេ។ គេលះនីវរណៈទាំង៥នេះ ដែលជាឧបក្កិលេស ជាគ្រឿង​ធ្វើប្រាជ្ញាឲ្យថយកំលាំង មានចិត្តប្រកបដោយមេត្តា។បេ។ សម្រេច​សម្រាន្តឥរិយាបថ ដោយការផ្សាយចិត្ត ប្រកបដោយឧបេក្ខា ដ៏ធំទូលាយ មិនមានប្រមាណ មិនមាន​ពៀរ មិនមានព្យាបាទ។ គេរមែងរលឹកឃើញខន្ធបញ្ចកៈ ដែលបានអាស្រ័យនៅអំពីមុន ជាច្រើនជាតិ គឺមួយជាតិខ្លះ ពីរជាតិខ្លះ។បេ។ រមែងរលឹកឃើញនូវ​ខន្ធបញ្ចកៈ ដែលអាស្រ័យនៅអំពីមុន ជាច្រើនជាតិ ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេសៈ ដោយប្រការដូច្នេះ។ គេមានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងចក្ខុមនុស្សសាមញ្ញ បានឃើញនូវសត្វទាំងឡាយ ដែលកំពុងច្យុត និងចាប់បដិសន្ធិ ដ៏ទាបថោក និងឧត្តម មានទ្រង់ទ្រាយល្អ និងអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ រមែងដឹងច្បាស់​នូវសត្វ​ទាំងឡាយ ដែលអន្ទោលទៅតាមកម្មថា អើហ្ន៎ សត្វទាំងឡាយនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលនូវពួកព្រះអរិយបុគ្គល ជាមច្ឆាទិដ្ឋិ សមាទាននូវមិច្ឆាទិដ្ឋិកម្ម សត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ ទៅកើតឯ​អបាយ ទុគ្គតិ វិនិបាត នរក ចំណែក​ខាងសត្វទាំងនេះ ប្រកបដោយ​កាយសុចរិត ប្រកបដោយវចី​សុចរិត ប្រកបដោយមនោសុចរិត មិនតិះដៀលពួកព្រះអរិយៈ ជាសម្មាទិដ្ឋិ សមាទាននូវកម្ម ជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ ក៏ទៅកើតឯ​សុគតិលោក គឺសួគ៌ មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងចក្ខុមនុស្សសាមញ្ញ រមែងឃើញ នូវសត្វទាំងឡាយ កំពុង​ច្យុត និងចាប់បដិសន្ធិ ដ៏ទាបថោក និងឧត្តម មានទ្រង់ទ្រាយល្អ និងអាក្រក់ ទៅកាន់សុគតិ​ និង​ទុគ្គតិ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម ដោយប្រការដូច្នេះ។ ម្នាលនិគ្រោធ អ្នក​សំគាល់​សេចក្តីនោះដូចម្តេច កាលបើដូច្នេះ ការខ្ពើមបាប ដោយសេចក្តី​ព្យាយាម ជាគ្រឿងដុតកិលេស ឈ្មោះថា បរិសុទ្ធហើយ ឬមិនទាន់បរិសុទ្ធទេ។ និគ្រោធបរិព្វាជក ក្រាប​ទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលបើដូច្នេះ ការខ្ពើមបាប ដោយសេចក្តី​ព្យាយាម ជាគ្រឿង​ដុតកិលេស ឈ្មោះថា បរិសុទ្ធដោយពិត មិនមែនមិនបរិសុទ្ធទេ ទាំងដល់កំពូលធម៌ផង ដល់ខ្លឹម​ធម៌ផង។ ម្នាលនិគ្រោធ ការខ្ពើមបាប ដោយសេចក្តី​ព្យាយាម ជាគ្រឿងដុតកិលេសទាំងប៉ុណ្ណេះ ទើបឈ្មោះថា ដល់កំពូលធម៌ផង ដល់ខ្លឹមធម៌ផង។ ម្នាលនិគ្រោធ អ្នកបាននិយាយ នឹងតថាគតថា ព្រះមានព្រះភាគ ទ្រង់ទូន្មានពួកសាវ័ក ដោយធម៌ណា ពួកសាវ័កដែលព្រះអង្គទ្រង់ទូន្មាន ដោយធម៌​ណាហើយ ដល់នូវសេចក្តីគាប់ចិត្ត បានបំពេញអរិយមគ្គ ជាព្រហ្មចរិយធម៌ដើម ដែល​ឲ្យកើត​និស្ស័យ​ដ៏ឧត្តម ធម៌របស់ព្រះមានព្រះភាគនោះ តើឈ្មោះដូចម្តេច។ ម្នាលនិគ្រោធ តថាគត​ទូន្មានពួកសាវ័ក ដោយពាក្យប្រៀនប្រដៅណា ពួកសាវ័កដែលតថាគតបានទូន្មាន ដោយពាក្យប្រៀន​ប្រដៅ​ណា ដល់នូវសេចក្តីត្រេកអរ បានបំពេញអរិយមគ្គ ជាព្រហ្មចរិយធម៌ដើម ដែល​ឲ្យកើត​និស្ស័យ​ដ៏ឧត្តម ហេតុ (របស់ពាក្យប្រៀនប្រដៅនោះ) ឧត្តមជាង វិសេសជាង ដូច្នេះឯង។ កាល​ព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ បរិព្វាជកទាំងនោះ ក៏បន្លឺសំឡេងហ៊ោ សំឡេងខ្លាំងថា ពួកយើង ដែលជាអ្នករួមអាចារ្យផងគ្នា​ មិនដែលឃើញ ក្នុងដំណើរនេះឡើយ ពួកយើង ដែលជាអ្នករួមអាចារ្យផងគ្នា​ មិនដែលឃើញ ក្នុងដំណើរនេះឡើយ ពួកយើងមិនធ្លាប់ដឹង ឲ្យលើស​ជាងពីនេះទៅទៀតឡើយ។

[២៩] កាលណាសន្ធានគហបតី បានដឹងថា ឥឡូវនេះ ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនេះ កំពុងប្រុសស្តាប់ភាសិត របស់ព្រះមានព្រះភាគ ត្រាប់ត្រង់ស្រោតប្រសាទ ដំកល់ចិត្តមិនឲ្យរាយមាយ ដោយពិតដូច្នោះហើយ ទើបបាននិយាយពាក្យនេះ នឹងនិគ្រោធបរិព្វាជកថា បពិត្រនិគ្រោធ លោក​បាននិយាយនឹងខ្ញុំរួចហើយថា នែគហបតិ ដូចជាយើងរិះគន់ អ្នកត្រូវដឹងថា ព្រះសមណគោតម ចរចាជាមួយនឹងអ្នកណាបាន ប្រទះសាកច្ឆាជាមួយនឹងអ្នកណាបាន ល្បងនូវភាពវាងវៃ ដោយ​ប្រាជ្ញាជាមួយនឹងអ្នកណា (ដូចម្តេចបាន) ព្រោះប្រាជ្ញារបស់​ព្រះសមណគោតម វិនាសបាត់ទៅ ក្នុង​ផ្ទះស្ងាត់ទៅហើយ ព្រះមសណគោតម មិនហ៊ានចូលកាន់បរិសទ្យទេ មិនអាចធ្វើការចរចា នឹងអ្នកដទៃបានទេ បានជាលោក តែងអាស្រ័យសេនាសនៈដ៏ស្ងាត់ប៉ុណ្ណោះ ដូចមេគោខ្វាក់​ភ្នែកម្ខាង តែងត្រាច់ទៅតែខាងៗ ជុំវិញ តែងគប់រកតែទីស្ងាត់ប៉ុណ្ណោះ ដូចម្តេចមិញ ប្រាជ្ញារបស់​ព្រះសមណ​គោតម វិនាសបាត់បង់ទៅ ក្នុងផ្ទះស្ងាត់ទៅហើយ ព្រះសមណគោតម មិនហ៊ានចូលកាន់បរិស័ទ មិន​អាចធ្វើការចរចានឹងអ្នកដទៃបានទេ បានជាលោកតែងអាស្រ័យនៅតែក្នុងសេនាសនៈស្ងាត់ ដូច្នោះ​ឯង នែគហបតិ ល្បងមើលចុះ (ប្រសិនបើ) ព្រះសមណគោតម គប្បីមកកាន់បរិស័ទនេះ (មែន) ពួកយើង​គួរសាកសួរលោកមួយប្រស្នាល្បងមើលដែរ ពួកយើងត្រូវចាប់បង្វិលព្រះសមណគោតម​នោះ ឲ្យដូចគេចាប់បង្វិលឆ្នាំងទទេ (មិនខាន) បពិត្រលោកដ៏ចំរើន ស្រាប់តែព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធព្រះអង្គនោះ ស្តេចដល់មកក្នុងទីនេះ អើឥឡូវនេះដល់ហើយ ចូរលោក​ធ្វើ​ព្រះអង្គ ឲ្យជាអ្នកមិនហ៊ានចូលមកកាន់បរិស័ទចុះ ចូរលោកធ្វើព្រះអង្គ ឲ្យដូចមេគោខ្វាក់ភ្នែកម្ខាង ដែលត្រាច់ទៅតែខាងៗ ជុំវិញចុះ ចូរលោកសាកសួរព្រះអង្គ ដោយប្រស្នាចុះ ចូរលោកបង្វិល​ព្រះ​សមណគោតមនោះ ឲ្យដូចជាគេចាប់បង្វិលឆ្នាំងទទេចុះ។ កាលសន្ធានគហបតិ និយាយយ៉ាងនេះ​ហើយ និគ្រោធបរិព្វាជក អង្គុយនៅតែស្ងៀម អៀនខ្មាស ឱនក ដាក់មុខជ្រប់ស្រពោន ទ័លប្រាជ្ញា។

[៣០] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបថា និគ្រោធបរិព្វាជក អង្គុយនៅស្ងៀម អៀនខ្មាស ឱនក ដាក់មុខជ្រប់ស្រពោន ទ័លប្រាជ្ញាហើយ ក៏បានត្រាស់សួរនិគ្រោធបរិព្វាជក យ៉ាង​នេះថា ម្នាលនិគ្រោធ សំដីនេះ អ្នកបាននិយាយមែនឬ។ និគ្រោធបរិព្វាជក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បាននិយាយសំដីនេះពិតមែន តាមដែលខ្ញុំព្រះអង្គ ជាមនុស្សល្ងង់ ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាស។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ អ្នកសំគាល់​សេចក្តី​នោះដូចម្តេច អ្នកបានឮពួកបរិព្វាជកព្រឹទ្ធាចារ្យមានអាយុច្រើន ជាអាចារ្យប្រធានលើអាចារ្យ និយាយ​ថា ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយណា ក្នុងកាលកន្លងទៅហើយ ព្រះសម្មាសម្ពុទ្ធទាំង​ឡាយដ៏មានព្រះភាគនោះ ទ្រង់ជួបជុំសមាគម ហើយបន្លឺសំឡេងហ៊ោ សំឡេងខ្លាំង ប្រកបនូវ​តិរច្ឆាន​កថា ជាច្រើនយ៉ាង គឺនិយាយពីស្តេច និយាយពីចោរ។បេ។ និយាយពីសេចក្តីចំរើន និងសេចក្តី​សាប​សូន្យ ដែលឥតប្រយោជន៍ ថា ដូច្នេះខ្លះ ដូច្នោះខ្លះ ដូចជាអ្នកដែលរួមអាចារ្យផងគ្នា ក្នុងកាល​ឥឡូវ​នេះ យ៉ាងនេះដែរឬ ឬថា ព្រះមានព្រះភាគទាំងនោះ តែងអាស្រ័យសេនាសនៈដ៏ស្ងាត់ ជាទីតាំង​នៅក្នុងព្រៃស្រោង ជាសេនាសនៈមានសំឡេងសន្ធឹកគឹកកងតិច ប្រាសចាកសំដីអ្នកផង សមគួរដល់​ការស្ងប់ស្ងាត់របស់មនុស្ស គួរដល់ការលាក់ខ្លួន ពួនអាត្មាបាន ដូចជាតថាគត ក្នុងកាលឥឡូវនេះ យ៉ាងនេះ។ និគ្រោធបរិព្វាជក ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឮពួក​បរិព្វាជក​ព្រឹទ្ធាចារ្យមានអាយុច្រើន ជាអាចារ្យប្រធានលើអាចារ្យ និយាយ​គ្នា យ៉ាងនេះថា ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ទាំងឡាយណា ក្នុងកាលកន្លងទៅហើយ ព្រះមានព្រះភាគទាំងនោះ ជួបជុំសមាគម​យ៉ាងនេះហើយ បន្លឺសំឡេងហ៊ោ សំឡេងខ្លាំង ប្រកបនូវ​តិរច្ឆាន​កថា ជាច្រើនយ៉ាង គឺនិយាយពីស្តេច និយាយពីចោរ។បេ។ និយាយពីសេចក្តីចំរើន និងសេចក្តី​សាប​សូន្យ ដែលឥតប្រយោជន៍ ថា ដូច្នេះខ្លះ ដូច្នោះខ្លះ ដូចជាខ្ញុំព្រះអង្គ ជាអ្នករួមអាចារ្យផងគ្នា ក្នុងកាល​ឥឡូវ​នេះ យ៉ាងនេះក៏ទេ ព្រះមានព្រះភាគទាំងនោះ តែងអាស្រ័យសេនាសនៈដ៏ស្ងាត់ ជាទីតាំង​នៅក្នុងព្រៃស្រោង ជាសេនាសនៈមានសំឡេងសន្ធឹកគឹកកងតិច ប្រាសចាកសំដីរបស់អ្នកផង សមគួរដល់​ការស្ងប់ស្ងាត់របស់មនុស្ស គួរដល់ការលាក់ខ្លួន ពួនអាត្មាបាន ដូចព្រះមានព្រះភាគ ក្នុងកាលឥឡូវនេះ យ៉ាងនេះដែរ។ ព្រះអង្គត្រាស់ថា ម្នាលនិគ្រោធ វិញ្ញូជនចាស់ទុំ ដែល​ជាអ្នក​មានសតិនោះ មិនមានសេចក្តីត្រិះរិះដូច្នេះថា ព្រះមានព្រះភាគអង្គនោះ ទ្រង់ត្រាស់ដឹង (ដោយ​ព្រះអង្គឯង) ហើយទ្រង់សំដែងធម៌ ដើម្បីញុំាងបុគ្គលដទៃ ឲ្យត្រាស់ដឹង ព្រះមានព្រះភាគ​អង្គនោះ ទ្រង់ទូន្មានព្រះអង្គបានហើយ ទើបសំដែងធម៌ ដើម្បីទូន្មានអ្នកដទៃ ព្រះមានព្រះភាគ​អង្គនោះ ទ្រង់​ស្ងប់ហើយ ទើបសំដែងធម៌ ដើម្បីសេចក្តីស្ងប់ដល់អ្នកដទៃ ព្រះមានព្រះភាគអង្គនោះ ទ្រង់ឆ្លងផុត​ហើយ ទើបសំដែងធម៌ ដើម្បីការឆ្លងដល់អ្នកដទៃ ព្រះមានព្រះភាគអង្គនោះ ទ្រង់រំលត់កិលេស​បានហើយ ទើបសំដែងធម៌ ដើម្បីសេចក្តីរំលត់កិលេសដល់អ្នកដទៃ។

[៣១] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ និគ្រោធបរិព្វាជក បានក្រាបទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ទោសកំហុសបានគ្របសង្កត់នូវខ្ញុំព្រះអង្គ ព្រោះជាមនុស្សល្ងង់យ៉ាងណា ជាមនុស្សវង្វេងយ៉ាងណា ជាមនុស្សមិនឈ្លាសយ៉ាងណា ខ្ញុំ​ព្រះអង្គ បានពោលពាក្យឆ្គាំឆ្គងយ៉ាងនេះ នឹងព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់អត់នូវទោសតាមទោស ដល់ខ្ញុំព្រះអង្គនោះ ដើម្បីសេចក្តីសង្រួមតទៅ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលនិគ្រោធ អើ ក៏ទោសកំហុស គ្របសង្កត់នូវអ្នក ព្រោះជាមនុស្សល្ងង់យ៉ាងណា ជាមនុស្សវង្វេងយ៉ាងណា ជាមនុស្សមិនឈ្លាសយ៉ាងណា អ្នកបានពោល​ពាក្យឆ្គាំឆ្គងណា នឹងតថាគតយ៉ាងនេះហើយ ម្នាលនិគ្រោធ បើអ្នកឃើញទោស តាមទោសណាហើយ ត្រឡប់ធ្វើឲ្យសមគួរ តាមធម៌វិញ តថាគតនឹងអត់ទោស​នោះដល់អ្នក ម្នាលនិគ្រោធ នេះឯងជាសេចក្តីចំរើន ក្នុងវិន័យរបស់ព្រះអរិយបុគ្គល ព្រោះមនុស្សណា ឃើញ​ទោសតាមទោសហើយ ត្រឡប់ធ្វើឲ្យសមគួរ​តាមធម៌វិញ អ្នកនោះ រមែងដល់នូវសេចក្តី​សង្រួមតទៅបាន។ ម្នាលនិគ្រោធ មួយទៀត តថាគតបានពោលយ៉ាងនេះថា បុរសអ្នកដឹង​ ជាអ្នក​មិនអួតអាង មិនមានមាយា ប្រកបដោយជាតិ ជាអ្នកត្រង់ ក៏ចូរមកចុះ តថាគតនឹងប្រដៅ តថាគត​នឹងសំដែងធម៌ បុគ្គលនោះ កាលបើប្រតិបត្តិតាមធម៌ ដែលតថាគតប្រៀនប្រដៅហើយ ពួកកុលបុត្រ ដែលចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ដល់​អនុត្តរធម៌ណា ក៏បាន​ធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ជាទីបំផុតនៃមគ្គព្រហ្មចារ្យ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន​នេះ បានសម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤) អស់៧ឆ្នាំ។ ម្នាលនិគ្រោធ ៧ឆ្នាំចូរលើកទុកចុះ។ បុរសជាអ្នកប្រាជ្ញ ជាអ្នកមិនអួតអាង មិនមានមាយា​ ប្រកបដោយជាតិជាអ្នកត្រង់ ចូរមកចុះ តថាគត​នឹងប្រដៅ តថាគត​នឹងសំដែងធម៌ បុគ្គលនោះ កាលបើប្រតិបត្តិតាមធម៌ ដែលតថាគត​ប្រៀន​ប្រដៅ​ហើយ ពួកកុលបុត្រ ដែលចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បី​ប្រយោជន៍​ដល់​​អនុត្តរធម៌ណា ក៏បាន​ធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ជាទីបំផុតនៃមគ្គព្រហ្មចារ្យ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន​នេះ បានសម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤) អស់៦ឆ្នាំ។ ៥ឆ្នាំ។ ៤ឆ្នាំ។ ៣ឆ្នាំ។ ២ឆ្នាំ។ ១ឆ្នាំ។ ម្នាលនិគ្រោធ ១ឆ្នាំចូរលើកទុកចុះ។ បុរសជាអ្នកប្រាជ្ញ ជាអ្នកមិនអួតអាង មិនមានមាយា​ ប្រកបដោយជាតិជាអ្នកត្រង់ ចូរមកចុះ តថាគតនឹងប្រដៅ តថាគត​នឹងសំដែងធម៌ បុគ្គលនោះ កាលបើប្រតិបត្តិតាមធម៌ ដែលតថាគតប្រៀនប្រដៅហើយ ពួកកុលបុត្រ ដែលចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ដល់​អនុត្តរធម៌ណា ក៏បាន​ធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ជាទីបំផុតនៃមគ្គព្រហ្មចារ្យ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន​នេះ បានសម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤) អស់៧ខែ។ ម្នាលនិគ្រោធ ៧ខែចូរលើកទុកចុះ។ ៦ខែ។ ៥ខែ។ ៤ខែ។ ៣ខែ។ ២ខែ។ ១ខែ។ កន្លះខែ។ ម្នាលនិគ្រោធ កន្លះខែ ចូរ​លើកទុកចុះ។ បុរសជាអ្នកប្រាជ្ញ ជាអ្នកមិនអួតអាង មិនមានមាយា​ ប្រកបដោយជាតិជាអ្នកត្រង់ ចូរមកចុះ​ តថាគតនឹងប្រដៅ តថាគត​នឹងសំដែងធម៌ បុគ្គលនោះ កាលបើប្រតិបត្តិតាមធម៌ ដែលតថាគតប្រៀនប្រដៅហើយ ពួកកុលបុត្រ ដែលចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ដល់​អនុត្តរធម៌ណា ក៏បាន​ធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ជាទីបំផុតនៃមគ្គព្រហ្មចារ្យ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន​នេះ បានសម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤) អស់៧ថ្ងៃ។ ម្នាលនិគ្រោធ សមតែអ្នកមានគំនិតយ៉ាងនេះថា ព្រះសមណ​គោតម បានជានិយាយយ៉ាងនេះ ព្រោះចង់បានកូនសិស្ស។ ម្នាលនិគ្រោធ តែថា អ្នកមិនត្រូវឃើញ​ហេតុនុ៎ះ យ៉ាងនេះឡើយ អ្នកណាជាអាចារ្យរបស់ពួកអ្នក អ្នកនោះ ចូរនៅជាអាចារ្យរបស់ពួកអ្នក​ដដែលចុះ។ ម្នាលនិគ្រោធ មួយទៀត សមតែអ្នកមានគំនិតយ៉ាងនេះថា ព្រះសមណគោតម ប្រាថ្នា​ដើម្បីញុំាង​ពួកយើង ឲ្យកក្រើកចាកឧទ្ទេស ទើបបានត្រាស់យ៉ាងនេះ។ ម្នាលនិគ្រោធ តែថា អ្នកមិនត្រូវឃើញ​ហេតុនុ៎ះ យ៉ាងនេះឡើយ ឧទ្ទេសណាជារបស់អ្នក ឧទ្ទេសនោះ ក៏នៅជាឧទ្ទេស​របស់អ្នក​ដដែលចុះ។ ម្នាលនិគ្រោធ មួយទៀត សមតែអ្នកមានគំនិតយ៉ាងនេះថា ព្រះសមណគោតម ប្រាថ្នា​ដើម្បីញុំាង​ពួកយើង ឲ្យកក្រើកចាកអាជីវៈ ទើបបានត្រាស់យ៉ាងនេះ។ ម្នាលនិគ្រោធ អ្នកមិនត្រូវឃើញ​ហេតុនុ៎ះ យ៉ាងនេះឡើយ អាជីវៈណាជារបស់អ្នក អាជីវៈនោះ ក៏នៅ​ជាអាជីវៈរបស់អ្នក​ដដែលចុះ។ ម្នាលនិគ្រោធ មួយទៀត សមតែអ្នកមានគំនិតយ៉ាងនេះថា ពួកធម៌​ណា ជាអកុសល រាប់ចូលក្នុងអកុសលរបស់ជន ដែលរួមអាចារ្យផងគ្នា ព្រះសមណគោតម ប្រាថ្នា​នឹងដើម្បីញុំាង​ពួកអ្នក ឲ្យតាំងនៅ ក្នុងធម៌ទាំងនោះ ទើបបានត្រាស់យ៉ាងនេះ។ ម្នាលនិគ្រោធ តែថា​អ្នកមិនត្រូវឃើញ​ហេតុនុ៎ះ យ៉ាងនេះឡើយ ពួកធម៌ជាអកុសល រាប់ចូលក្នុងអកុសលនោះ របស់ជនរួម​អាចារ្យផងគ្នា ចូរនៅជាអកុសលធម៌ដដែលចុះ។ ម្នាលនិគ្រោធ មួយទៀត សមតែអ្នកមានគំនិតយ៉ាងនេះថា ពួកធម៌ណាជាកុសល រាប់ចូលក្នុងកុសល របស់ជនជាអ្នករួម​អាចារ្យផងគ្នា ព្រះសមណគោតម ប្រាថ្នា​ដើម្បីញុំាង​ពួកអ្នក ឲ្យឃ្លាតចាកកុសលធម៌ទាំងនោះ ទើបបានត្រាស់យ៉ាងនេះ។ ម្នាលនិគ្រោធ តែថា អ្នកមិនត្រូវឃើញ​ហេតុនុ៎ះ យ៉ាងនេះឡើយ ពួកធម៌ណាជាកុសលរាប់ចូលក្នុងកុសលនោះ របស់ពួកជនរួមអាចារ្យផងគ្នា ចូរនៅជាកុសលធម៌​ដដែលចុះ។ ម្នាលនិគ្រោធ តថាគតបានពោលយ៉ាងនេះ ព្រោះចង់បានអន្តេវាសិកក៏ទេ មានប្រាថ្នា​ដើម្បីញុំាង​ពួកអ្នក ឲ្យកក្រើកចាកឧទ្ទេស ទើបបានពោលយ៉ាងនេះក៏ទេ មានប្រាថ្នាដើម្បីញុំាង​ពួកអ្នក ឲ្យកក្រើកចាកអាជីវៈ ទើបបានពោលយ៉ាងនេះក៏ទេ ពួកធម៌ណាជាអកុសល រាប់ថា​ជាអកុសល របស់ពួកជនដែលរួមអាចារ្យផងគ្នា​តថាគត​ប្រាថ្នាដើម្បីញុំាង​ពួកអ្នក ឲ្យតាំង​នៅក្នុង​ធម៌ទាំងនោះ ទើបបានពោលយ៉ាងនេះក៏ទេ ពួកធម៌ណាជាកុសល រាប់ថាជាកុសល របស់ពួកជន​ ដែលរួមអាចារ្យផងគ្នា តថាគតប្រាថ្នាដើម្បីញុំាងពួកអ្នក ឲ្យឃ្លាតចាកធម៌ទាំងនោះ ទើបបានពោលយ៉ាងនេះក៏ទេ។ ម្នាលនិគ្រោធ មួយទៀត ពួកធម៌ជាអកុសល ដែលបុគ្គលលះ​មិន​ទាន់បាន ប្រព្រឹត្តទៅ ដើម្បីសេចក្តីសៅហ្មង ប្រព្រឹត្តទៅ ដើម្បីសេចក្តីកើតទៀត ប្រកបដោយសេចក្តី​ក្រវល់ក្រវាយ មានទុក្ខ ជាផល ជាបច្ច័យ ដល់សេចក្តីកើត ចាស់ ស្លាប់ ទៅខាងមុខ តថាគតសំដែង​ធម៌ ដើម្បីលះបង់នូវធម៌ ជាអកុសលទាំងឡាយនោះ។ កាលបើពួកអ្នកប្រតិបត្តិសមគួរហើយ ធម៌​ទាំងឡាយប្រកបដោយសេចក្តីសៅហ្មង មុខជានឹងសាបសូន្យទៅ ធម៌ទាំងឡាយ ជាទីតាំង​នៃ​សេចក្តីបរិសុទ្ធ នឹងចំរើនឡើង ពួកអ្នករាល់គ្នា មុខជានឹងធ្វើឲ្យជាក់ច្បាស់ នូវការបំពេញប្រាជ្ញា ដើម្បី​មគ្គ និងសេចក្តីផូរផង់នៃប្រាជ្ញា ដើម្បីដល់ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ននេះ សម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤)។ កាល​ព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ពួកបរិព្វាជកទាំងនោះ ក៏អង្គុយនៅស្ងៀម អៀនខ្មាស ឱនក ដាក់មុខ ជ្រប់ស្រពោន ទ័លប្រាជ្ញា ព្រោះមារចូលជ្រែកចិត្ត។

[៣២] គ្រានោះឯង ព្រះមានព្រះភាគ មានសេចក្តីត្រិះរិះដូច្នេះថា មោឃបុរសទាំងអស់នេះ ត្រូវមារចិត្តបាប ចូលជ្រែកហើយ ព្រោះថា សូម្បីតែម្នាក់ មុខជាគ្មានគំនិតយ៉ាងនេះថា ណ្ហើយចុះ ពួកយើងទាំងអស់គ្នា ចូរប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះសមណគោតម ដើម្បីសេចក្តី​ដឹង​ទួទៅ ត្រឹម៧ថ្ងៃប៉ុណ្ណោះ នឹងយូរប៉ុន្មាន។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់បន្លឺនូវសីហនាទ ក្នុង​អារាមនៃបរិព្វាជក ជារបស់នៃនាងឧទុម្ពរិកាទេវី ហើយទ្រង់ហោះឡើងទៅកាន់វេហាសស្ថាន ត្រឡប់​ទៅគង់លើភ្នំគិជ្ឈកូដវិញ។ ឯសន្ធានគហបតិ ក៏ចូលទៅកាន់ក្រុងរាជគ្រឹះ ក្នុងពេលនោះដែរ។

ចប់ ឧទុម្ពរិកាសូត្រ ទី២។

 

លេខយោង

1)
អដ្ឋកថា ថា សំដៅ​ដល់ការស្ងប់នៅក្នុងឈាន។
2)
សំដៅដល់ការដែលធ្វើឲ្យពេញចិត្ត
3)
អដ្ឋកថា ថា មេគោខ្វាក់ម្ខាង ចូលចិត្ត​រកស៊ី​ខាងៗ​ព្រៃ ព្រោះខ្លាចក្រែងស្លឹកឈើ មែកឈើ ឬបន្លា ប៉ះលើ មិនហ៊ាននៅក្នុងហ្វូង ព្រោះខ្លាច​ក្រែងប៉ះស្នែង ប៉ះត្រចៀក ឬកន្ទុយ​ពួកគោដូចគ្នា។
4)
អដ្ឋកថា ថា សំដៅដល់ការបរិភោគ​លិទ្ធដៃ ឬថាវេលាបន្ទោបង់ឧច្ចារៈហើយ ជូតជម្រះផ្ទាល់នឹងដៃ។ មហាសីហនាទសូត្រ។
5)
សំដៅយកការរំទំ ឬធ្វើកិច្ចវត្តផ្សេងៗ បានតែក្នុងទីចំពោះមុខគេ ឲ្យគេស្ងើច។
6)
សំដៅយកពុតត្បុតរបស់មនុស្ស ដែលដើរអួតអាង បើមាន​គេសរសើរ​ពីកិច្ចវត្តណា ឬពីអ្នកណា ក៏លើកដាក់ខ្លួនថា ការនោះ ជាស្នាដៃខ្លួន ឬថាជាសិស្សខ្លួនជាដើម។
7)
មិច្ឆាទិដ្ឋិ ដែលស្ទុះដល់ទីបំផុត​លែងរើ គឺប្រកាន់មាំក្នុងទិដ្ឋិទាំង១០នោះ ណាមួយ មានប្រកាន់ថា លោកទៀង លោក​មិនទៀង​ជាដើម។ សារត្ថទីបនីដីកាវិន័យ។
8)
សំដៅយកទិសតូចៗ គឺទិសអគ្នេយ៍ និរតី ពាយព្យ ឦសាន។
9)
អដ្ឋកថា ថា គឺរូប និងអាហារ​ជាដើម។
10)
គឺឈ្មោះ និងគោត្រកូល។
km/tipitaka/sut/dn/sut.dn.25.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann