User Tools

Site Tools


Translations of this page?:
km:tipitaka:sut:dn:sut.dn.30



លក្ខណសូត្រ ទី៧

សង្ខេប

ព្រះពុទ្ធ​ពន្យល់​ដោយ​សញ្ញា​ខាង​ក្រៅ​ អំពី​គុណ​សម្បត្ដិ​របស់​បុគ្គល​ដ៏​អស្ចារ្យ​គឺ​ព្រះពុទ្ធ​ទាំង​អស់។

dn 30 បាលី cs-km: sut.dn.30 អដ្ឋកថា: sut.dn.30_att PTS: ?

(ទី៧) លក្ខណសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៧. លក្ខណសុត្តំ)

[១] ខ្ញុំ​បាន​ស្តាប់​មក​យ៉ាង​នេះ។ សម័យ​មួយ ព្រះ​មាន​ព្រះភាគ ទ្រង់​គង់​ក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិត​ក្រុង​​សាវត្ថី។ ក្នុង​វេលា​នោះ​ឯង ព្រះ​មាន​ព្រះភាគ ទ្រង់​ត្រាស់​​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ។ ភិក្ខុ​ទាំង​នោះ ឆ្លើយ​តប​ព្រះ​ពុទ្ធ​ដីកា នៃ​ព្រះ​មាន​ព្រះ​ភាគ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន។ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ពាក្យ​នេះ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ មហា​បុរស​ ប្រកប​ដោយ​ មហាបុរិស​លក្ខណៈ ៣២ ប្រការ​នេះ​ មហាបុរស (នោះ) រមែង​មាន​គតិ២យ៉ាង​ មិន​មែន​ក្រៅ​ពី២យ៉ាង​នេះ​ទេ គឺ​បើ​មហាបុរស​​នៅ​គ្រប់​គ្រង​គេហដ្ឋាន នឹង​បាន​ជា​ស្តេច​ចក្រពត្តិ​ ប្រកប​ដោយ​ធម៌ ជា​ស្តេច​ទ្រង់​ធម៌ មាន​ជ័យ​ជំនះ​ផ្សាយ​អំណាច រហូត​ដល់​ផែនដី ដែល​មាន​មហា​សមុទ្រ​ទាំង៤ ព័ទ្ធ​ជុំវិញ ទ្រង់​ដល់​នូវ​ភាវៈ​ ជា​អ្នក​មាន​ជនបទ​ដ៏​មាំ​មួន ទ្រង់​ប្រកប​ដោយ​រតន៍៧ប្រការ ឯរតន៍៧ប្រការ នៃ​ស្តេច​ចក្រពត្តិ​នោះ​គឺ ចក្ករតន៍ ១ ហត្ថិរតន៍ ១ អស្សរតន៍ ១ មណិរតន៍ ១ ឥត្ថី​ [អដ្ឋកថា ថា បានដល់ស្រីដែលនាំមក​នូវសេចក្តី​សុខដ៏វិសេស ដល់ស្តេច​ចក្រពត្តិ ដែល​គេនាំអំពី​មទ្ទរាជត្រកូល ឬឧត្តរកុរុទ្វីប មកថ្វាយ​ឲ្យតាំង​ជាអគ្គមហេសី។]រតន៍ ១ គហបតិរតន៍1) ១ បរិនាយករតន៍2) ១ រួម​ត្រូវ​ជា​៧ប្រការ។ ព្រះ​រាជបុត្រ​ របស់​ស្តេច​ចក្រពត្តិ​នោះ ក៏​មាន​ចំនួន​ច្រើន​ពាន់​ ច្រើន​តែ​ជា​អ្នក​ក្លៀវក្លា មាន​រូប​សណ្ឋាន​ជា​អ្នក​អង់អាច អាច​ញាំញី​នូវ​សេនា​ របស់​ស្តេច​ឯ​ទៀត​បាន។ ព្រះ​អង្គ​ប្រាប​ប្រាម​គ្រប់គ្រង​នូវ​ផែនដី​នេះ​ ដែល​មាន​សាគរ​ជា​ទី​បំផុត ឲ្យ​ជា​ផែនដី​ឥត​មាន​​គោល ឥត​មាន​និមិត្ត​ ឥត​មាន​បន្លា គឺចោរ​ឡើយ ជា​ផែនដី​ស្តុកស្តម្ភ​មាំ​មួន ក្សេមក្សាន្ត ឥត​មាន​ឧបទ្រព ឥត​មាន​ទី​ពួន​របស់​ចោរ ដោយ​ធម៌​ដ៏​ស្មើ ​គឺ​សីល៥ មិន​បាច់​ពឹង​អាជ្ញា​ មិន​បាច់​ពឹង​គ្រឿង​សស្ត្រាវុធ​ឡើយ បើ​មហាបុរស​នោះ​ ចេញ​ចាក​គេហដ្ឋាន ទៅ​ទ្រង់​ព្រះ​ផ្នួស​ហើយ នឹង​បាន​ត្រាស់​ជា​អរហន្ត​សម្មាសម្ពុទ្ធ ក្នុង​លោក ​មាន​ដម្បូល​គឺ​កិលេស​បើក​ចេញ​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មហាបុរស ​ប្រកប​ដោយ​មហាបុរិសលក្ខណៈ ៣២ ប្រការ​នោះ តើ​ដូច​ម្តេច​ខ្លះ ទើប​បាន​ជា​មាន​គតិ២យ៉ាង មិន​មែន​ក្រៅ​ពី២យ៉ាង​នេះ​ឡើយ គឺ​បើ​ មហាបុរស ​នៅ​គ្រប់​គ្រង​គេហដ្ឋាន ​នឹង​បាន​ជា​ស្តេច​ចក្រពត្តិ។ សេចក្តី​បំប្រួញ។ បើ​មហាបុរស ​ចេញ​ចាក​គេហដ្ឋាន​ ទៅ​ទ្រង់​ព្រះ​ផ្នួស នឹង​បាន​ត្រាស់​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ក្នុង​លោក មាន​ដម្បូល​ គឺ​កិលេស​បើក​ចេញ​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មហាបុរស​ក្នុង​លោក​នេះ មាន​ព្រះ​បាទ​ប្រតិស្ឋាន​ល្អ គឺ​មាន​ផ្ទៃ​ព្រះ​បាទ​ទាំង​គូ​រាប​ស្មើ​សព្វ​អន្លើ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មហាបុរស​មាន​ព្រះ​បាទ​ប្រតិស្ឋាន​ល្អ ដោយ​ហេតុ​ណា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​នេះ​ឯង ជា​មហាបុរិសលក្ខណៈ​ របស់​មហាបុរស។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត ត្រង់​ផ្ទៃ​ព្រះ​បាទ​ទាំង​គូ ខាង​ក្រោម​របស់​មហាបុរស​ មាន​រូប​ចក្រ​កើត​ឡើង​ ប្រកប​ដោយ​ខ្នង​កង់ ​និង​ដុំ​ ព្រម​ទាំង​កាំ១០០០ មាន​ចន្លោះ​ស្មើ​គ្នា​គ្រប់​អន្លើ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ត្រង់​ផ្ទៃ​ព្រះ​បាទ​ទាំង​គូ​ខាង​ក្រោម​ របស់​មហាបុរស មាន​រូប​ចក្រ​កើត​ឡើង ​ប្រកប​ដោយ​ខ្នង​កង់ ​និង​ដុំ ​ព្រម​ទាំង​កាំ ១០០០ មាន​ចន្លោះ​ស្មើ​គ្នា គ្រប់​​អន្លើ​ ដោយ​ហេតុ​ណា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​នេះ​ឯង ជា​មហា​បុរិសលក្ខណៈ​ របស់​មហា​បុរស។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត មហាបុរស​ មាន​ព្រះ​បណ្ហិ គឺ​កែង វែង។ មាន​ព្រះ​អង្គុលិ គឺ​ម្រាម​ព្រះ​ហស្ត និង​ម្រាម​ព្រះ​បាទ​វែងៗ។ មាន​ផ្ទៃ​ព្រះ​ហស្ត​ និង​ផ្ទៃ​ព្រះ​បាទ​ដ៏​ទន់​ល្មើយ។ មាន​ផ្ទៃ​ព្រះ​ហស្ត ​និង​ផ្ទៃ​ព្រះ​បាទ ​ប្រទាក់​ដោយ​ក្រឡា ដូច​ជា​សំណាញ់។ មាន​ព្រះ​បាទ​ដូច​ជា​អណ្តែត​ឡើង​ខាង​លើ។ មាន​ព្រះ​ជង្ឃា ​គឺ​ស្មង​រៀវ​មូល​ត្រសូល ស្រដៀង​នឹង​ស្មង​សត្វ​ទ្រាយ។ កាល​បើ​ទ្រង់​ឈរ មិន​បាច់​ឱន​ព្រះ​អង្គ​ចុះ អាច​ស្ទាប​អង្អែល​ព្រះ​ជាណុ គឺ​ជង្គង់​ ដោយ​ផ្ទៃ​ព្រះ​ហស្ត​ទាំង​ពីរ​បាន។ មាន​ព្រះ​អង្គាវយវៈ​ ដែល​ត្រូវ​លាក់​កំបាំង ​ដោយ​សំពត់​ឋិត​នៅ​ក្នុង​ស្រោម។ មាន​ស្បែក​សម្បុរ​ថ្ងៃ (លឿង​ភ្លឺ​អន្លង់) ដូច​ជា​សម្បុរ​នៃ​មាស។ មាន​ព្រះ​ឆវី​ គឺ​សម្បុរ​ថ្ងៃ ល្អិត​ផូរផង់​ រលីង​ស្រិល រអិល ​ធុលី​ធ្លាក់​មក​មិន​ជាប់​ព្រះ​កាយ។ មាន​ព្រះ​លោមា​តែ​១​សរសៃ​ៗ គឺ​ក្នុង​រណ្តៅ​រោម ១ មាន​រោម ១។ មាន​​ព្រះ​លោមា ​មាន​ចុង​ង​ឡើង​លើ ព្រះ​លោមា ​ដែល​ដុះ​ឡើង​ហើយ ​មាន​ចុង​ឡើង​លើ​ ជា​ទក្ខិណាវដ្ត វិលវង់​ព័ទ្ធ​ពេន​ទៅ​ខាង​ស្តាំ មាន​សម្បុរ​ខៀវ ដូច​ជា​សម្បុរ​នៃ​ផ្កា​អញ្ជ័ន កួច​មូល​ដូច​ជា​កុណ្ឌល។ មាន​ព្រះ​កាយ​ត្រង់ ដូច​ជា​កាយ​នៃ​ព្រហ្ម។ មាន​ព្រះ​មំសៈ គឺ​សាច់៧ អន្លើ​ពេញ​បរិបូណ៌។ មាន​ព្រះ​កាយ​ពាក់​កណ្តាល​ខាង​លើ ​ដូច​ជា​កាយ​នៃ​រាជសីហ៍។ មាន​ព្រះ​បិដ្ឋិ គឺ​ខ្នង​ ដ៏​ពេញ​បរិបូណ៌។ មាន​ទ្រង់​ទ្រាយ​ព្រះ​កាយ ដូច​ជា​បរិមណ្ឌល​ នៃ​ដើម​ជ្រៃ កាយ​របស់​មហាបុរស ​ប្រវែងណា ព្យាម​របស់​មហាបុរស ​ក៏​ប្រវែង​នោះ​ដែរ គឺ​មាន​កាយ ​និង​ព្យាម​ស្មើ​គ្នា។ មាន​ព្រះ​សូរង​មូល​សម។ មាន​ព្រះ​ប្រសាទ គឺ​សរសៃ​ល្អិត​ឆ្មារ ​ដ៏​លើស​លែង សម្រាប់​ទទួល​រស​អាហារ។ មាន​ព្រះ​ហនុកា​ (ចង្កា) ដូច​ជា​ចង្កា​នៃ​រាជសីហ៍។ មាន​ព្រះ​ទន្ត៤០គត់។ មាន​ព្រះ​ទន្ត​រាប​ស្មើ។ មាន​ព្រះ​ទន្ត​ជិត​ស្និទ្ធ​ល្អ។ មាន​ព្រះ​ទាឋា គឺ​ចង្កូម (ទាំង៤) ស​ស្អាត។ មាន​ព្រះ​ជិវ្ហា ដ៏​ធំ​វែង។ មាន​ព្រះ​សូរស័ព្ទ ដូចជា​សំឡេង​​នៃ​ព្រហ្ម។ កាល​បើ​បញ្ចេញ​វាចា លាន់​ឮ​ពីរោះ ដូច​ជា​សំឡេង​នៃ​សត្វ​ករវិក។ មាន​ព្រះ​នេត្រ​ខៀវ​ស្រស់។ មាន​ដួង​ព្រះ​នេត្រ ​ដូច​ជា​ភ្នែក​នៃ​ (កូន) គោ។ មាន​ព្រះ​ឧណ្ណាលោម គឺ​រោម​ប្រជុំ​ចិញ្ចើម ដុះ​ត្រង់​ចន្លោះ​នៃ​ព្រះ​ភមុកា (ចិញ្ចើម) មាន​ពណ៌​សក្បុស ទន់​ល្មើយ​ដូចជា​សំឡី។ ម្នាល​ភិក្ខុ​ទាំងឡាយ មហាបុរស​ ដែល​មាន​ព្រះ​ឧណ្ណាលោម​ ដុះ​ត្រង់​ចន្លោះ​នៃ​ព្រះ​ភមុកា មាន​ពណ៌​សក្បុស ទន់​ល្មើយ​ដូច​ជាសំឡី ដោយ​ហេតុ​ណា។ ម្នាល​ភិក្ខុ​ទាំងឡាយ ហេតុ​នេះ​ឯង ជា​មហាបុរិស​លក្ខណៈ​ របស់​មហាបុរស។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​ទៀត មហាបុរស​ មាន​ព្រះ​សីរ្ស​ ហាក់​ដូច​ជា​ប្រដាប់​ដោយ​ក្បាំង​មកុដ​ស្រេច​ស្រាប់។ ម្នាលភិក្ខុទាំងឡាយ មហាបុរស ដែលមានព្រះសីរ្ស ហាក់​ដូច​ជា​ប្រដាប់​ដោយ​ក្បាំង​មកុដ​ស្រេច​ស្រាប់ ដោយហេតុណា។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះឯង ជាមហាបុរិសលក្ខណៈ របស់មហាបុរស។ ម្នាលភិក្ខុទាំងឡាយ មហាបុរស ប្រកបដោយ​មហាបុរិសលក្ខណៈទាំង៣២ប្រការនេះឯង ទើបបានជា មានគតិជាពីរយ៉ាង មិនមែនក្រៅ​អំពី២យ៉ាងនេះឡើយ គឺបើមហាបុរស នៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេច​ចក្រពត្តិ។ សេចក្តីបំប្រួញ។ បើទ្រង់ចេញចាកគេហដ្ឋាន ទៅទ្រង់ព្រះផ្នួស នឹងបានត្រាស់ជាព្រះអរហន្តសម្មាសម្ពុទ្ធ ក្នុងលោក មានដម្បូល គឺកិលេស​បើកចេញហើយ។ ម្នាលភិក្ខុទាំងឡាយ ពួកឥសីជាខាងក្រៅ (អួតថា) តែង​ចេះចាំ មហាបុរិសលក្ខណៈ របស់មហាបុរសទាំង​៣២ប្រការនេះឯង តែឥសីទាំងនោះ ឥតដឹងសោះ។ ព្រោះមហាបុរស បានធ្វើនូវ​កម្មនេះ។បេ។ ទើបបាននូវលក្ខណៈនេះ។

[២] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកបានសមាទានមាំមួន ក្នុងកុសលធម៌​ទាំងឡាយ គឺជាអ្នកសមាទាន​ជាប់មិនដាច់ ក្នុងកាយសុចរិត វចីសុចរិត មនោសុចរិត ការ​បរិចាគទាន ការសមាទានសីល ការរក្សាឧបោសថ វត្តដែលត្រូវធ្វើ ចំពោះមាតា វត្តដែល​ត្រូវធ្វើចំពោះ​បិតា វត្តដែលត្រូវធ្វើ ចំពោះ​សមណៈ វត្តដែលត្រូវធ្វើ ចំពោះព្រាហ្មណ៍ វត្តដែលត្រូវធ្វើចំពោះ​ជន ដែល​ជាច្បង​ក្នុងត្រកូល និងក្នុងពួក​ធម៌ជាកុសល ដ៏ក្រៃលែង​ឯទៀតៗ។ ព្រះតថាគតនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពី​សេចក្តីស្លាប់ ក៏បានទៅកើត​ក្នុង​សុគតិសួគ៌ទេវលោក ព្រោះហេតុតែកុសលកម្ម ដែលមហាបុរស បានធ្វើ​សន្សំ បណ្តុះ ឲ្យធំទូលាយហើយនោះ។ ព្រះតថាគតនោះ តែងគ្របសង្កត់ពួក​ទេវតាឯទៀត ក្នុងឋានសួគ៌នោះ ដោយហេតុ១០ប្រការ គឺអាយុទិព្វ១ សម្បុរទិព្វ១ សុខទិព្វ១ យសទិព្វ១ ភាពជាធំដ៏ជាទិព្វ១ រូបទិព្វ១ សំឡេងទិព្វ១ ក្លិនទិព្វ១ រសទិព្វ១ សម្ផ័ស្សទិព្វ១។ លុះព្រះតថាគត ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាព​ជាមនុស្ស​នេះ ក៏បាននូវមហាបុរិសលក្ខណៈនេះ។

[៣] ព្រះតថាគត មានជើងប្រតិស្ឋានល្អ ដាក់លើផែនដីក៏ស្មើ លើកឡើងក៏ស្មើ គឺ​បាតជើងដិតស៊ប់នឹងផែនដីសព្វផ្ទៃជើង។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេច​ចក្រពត្តិ ប្រកបដោយធម៌ ជាស្តេចទ្រង់ធម៌ មានជ័យជំនះ ផ្សាយអំណាច​រហូតដល់ផែនដី ដែល​មានមហាសមុទ្រទាំង៤ ព័ទ្ធជុំវិញ នឹងដល់នូវភាពជាអ្នកមានជនបទដ៏មាំមួន ប្រកបដោយ​រតន៍ទាំង​៧ប្រការ។ រតន៍៧​ប្រការ​របស់ស្តេច​ចក្រពត្តិនោះ គឺចក្ករតន៍១ ហត្ថិរតន៍ ១ អស្សរតន៍ ១ មណិរតន៍ ១ ឥត្ថីរតន៍ ១ គហបតិរតន៍១ បរិនាយករតន៍ ១ រួម​ត្រូវ​ជា​៧ប្រការ។ ព្រះ​រាជបុត្រ​ របស់​ស្តេច​ចក្រពត្តិ​នោះ ក៏​មាន​ចំនួន​ច្រើន​ពាន់​ ច្រើន​តែ​ជា​អ្នក​ក្លៀវក្លា មាន​រូប​សណ្ឋាន​ជា​អ្នក​អង់អាច អាច​ញាំញី​នូវ​សេនា​ របស់​ស្តេច​ឯ​ទៀត​បាន។ ស្តេចចក្រពត្តិនោះ ​ប្រាប​ប្រាម​គ្រប់គ្រង​ផែនដី​នេះ​ ដែល​មាន​សាគរ​ជា​ទី​បំផុត ឲ្យ​ជា​ផែនដី​ឥត​មាន​​គោល ឥត​មាន​និមិត្ត​ ឥត​មាន​បន្លា គឺចោរ​ឡើយ ជា​ផែនដី​ស្តុកស្តម្ភ​មាំ​មួន ក្សេមក្សាន្ត ឥត​មាន​ឧបទ្រព ឥត​មាន​​ទី​ពួន​របស់​ចោរ ដោយ​ធម៌​ដ៏​ស្មើ ​គឺ​សីល៥ មិន​បាច់​ពឹង​អាជ្ញា​ មិន​បាច់​ពឹង​គ្រឿង​សស្ត្រាវុធ​ឡើយ បើ​ព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់អ្វី នឹងបានជាអ្នកមិនតក់​ស្លុត ដោយមនុស្ស​ណាមួយជាសឹកសត្រូវ ជាបច្ចាមិត្ត កាលបើព្រះតថាគត នៅសោយ​រាជ្យ នឹងបានរបស់នេះឯង។ បើចេញ​ចាក​គេហដ្ឋាន ទៅ​បួស នឹង​បាន​ត្រាស់​ជា​អរហន្ត​សម្មាសម្ពុទ្ធ ក្នុង​លោក ​មាន​ដម្បូល​ គឺ​កិលេស​បើក​ចេញ​ហើយ កាលបើព្រះតថាគត បានត្រាស់​ជាព្រះពុទ្ធ បាននូវរបស់អ្វី ទើបជាអ្នកមិនតក់ស្លុត ដោយសឹកសត្រូវ បច្ចាមិត្ត​ខាងក្នុង ឬខាងក្រៅ គឺរាគៈក្តី ទោសៈក្តី មោហៈក្តី សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី អ្នកណាមួយក្តី ក្នុងលោក(នេះ)។ កាលបើ​ព្រះតថាគតបានត្រាស់ជាព្រះពុទ្ធ បានរបស់នេះឯង។ លុះព្រះមានព្រះភាគ បានពោលនូវសេចក្តីនេះរួចហើយ។ ទើបទ្រង់​ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[៤] ព្រះតថាគត តែងត្រេកអរ ក្នុងវចីសច្ចៈផង ក្នុងធម៌ គឺកុសលកម្មបថ១០ផង ក្នុង​ការទូន្មាន នូវឥន្ទ្រិយផង ក្នុងសេចក្តីសង្រួម (ក្នុងសីល) ផង ក្នុងការសំអាតផ្លូវកាយ​ជាដើម និងសីលជាទីនៅអាស្រ័យ3) និងឧបោសថកម្មផង ក្នុងកិរិយាមិនបៀតបៀន នូវពួកសត្វផង ក្នុងអំពើដែល​មិនរួសរាន់​ផង សមាទានមាំទាំ ប្រព្រឹត្ត​គ្រប់ទាំងអស់។ ព្រោះកម្មនោះឯង ទើបតថាគត បានទៅកាន់​ឋានសួគ៌ ដោយសេចក្តីសុខ សេចក្តីសម្រាន និងសេចក្តីត្រេកអរ លុះច្យុតចាកឋានសួគ៌​នោះ បានមកកើតក្នុងមនុស្ស​លោកនេះវិញ ក៏មានផ្ទៃជើងទាំងពីររាបស្មើល្អ ជាន់ត្រូវនូវ​ផែនដី (ដោយព្រះបាទដ៏ស្មើ)។ ពួកជនអ្នកស្គាល់លក្ខណៈ មកប្រជុំគ្នា ហើយទាយថា ព្រះតថាគត ដែលមានព្រះបាទប្រតិស្ឋានល្អ ទោះបីនៅជាគ្រហស្ថក្តី ធ្វើជាបព្វជិតក្តី ក៏ឥត​ញាប់ញ័រ (ដោយសត្រូវឡើយ) ព្រោះមានលក្ខណៈនោះ ជាគ្រឿងឆ្លុះបំភ្លឺសេចក្តី​នោះ។ កាលបើនៅគ្រប់គ្រងគេហដ្ឋាន តែង​មិនញាប់ញ័រ (ដោយសត្រូវ) អាចគ្រងសង្កត់​នូវជនដទៃបាន ពួកសត្រូវក៏មិនអាចញាំញីបាន ព្រះតថាគត មិនបានតក់ស្លុតនឹង​មនុស្សណាមួយ ក្នុងលោកនេះ ដោយសារផលនៃកម្មនោះឯង។ បើបុគ្គល (មានលក្ខណៈ) ដូចព្រះតថាគតនោះ ចូលទៅកាន់ផ្នួស រមែង​ពេញចិត្ត ត្រេកអរក្នុងនេក្ខម្មៈ បានជាអ្នកប្រាជ្ញា ប្រសើរបំផុត អ្នកប្រាជ្ញនោះ ជាអគ្គបុគ្គល ប្រសើរជាង​នរជន តែងមិនដល់នូវ​សេចក្តីញាប់ញ័រ (ដោយកិលេស) ជាដាច់ខាត នេះ​ឯង ជាធម្មតា របស់ព្រះតថាគតនោះ។

[៥] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកបាននាំមកនូវសេចក្តីសុខ ឲ្យដល់​ជនច្រើននាក់ផង ជាអ្នកកំចាត់បង់នូវភ័យ គឺសេចក្តី​ភ្ញាក់ផ្អើល និងសេចក្តីតក់ស្លុតផង ជាអ្នក​ចាត់ចែង នូវការរក្សាការពារ គ្រប់គ្រងប្រកបដោយធម៌ផង បានឲ្យទាន ព្រមទាំងបរិវារ (របស់ទាន4) )ផង។ ព្រះតថាគតនោះ លុះបែកធ្លាយរាងកាយ ខាងមុខអំពី​សេចក្តីស្លាប់ ក៏បានទៅកើត​ក្នុង​សុគតិសួគ៌ទេវលោក ព្រោះកុសលកម្ម ដែលព្រះតថាគត បានធ្វើ​សន្សំ បណ្តុះបណ្តាល ឲ្យធំទូលាយនោះឯង។ ព្រះតថាគតនោះ តែងគ្របសង្កត់នូវ​ទេវតា​ឯ​ទៀត ក្នុងឋានសួគ៌នោះ ដោយហេតុ១០ប្រការ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់អត្តភាព​ជាមនុស្ស​នេះ ក៏បាននូវមហាបុរិស​លក្ខណៈនេះ។ គឺត្រង់​ផ្ទៃ​ជើងទាំងគូ ខាងក្រោម មានរូបចក្រ ប្រកបដោយខ្នងកង់ និងដុំ ព្រមទាំងកាំ១ពាន់ មានចន្លោះស្មើគ្នាគ្រប់អន្លើ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ។បេ។ បើបានជាស្តេចហើយ តើនឹងបានរបស់​អ្វី ទើបជាអ្នកមានបរិវារច្រើន ឯបរិវារច្រើនរបស់ស្តេចនោះគឺ ព្រាហ្មណ៍ គហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀន និងមហាមាត្រ ពួកសេនាមានអង្គ៤ (មាន​សេនាដំរីជាដើម) អ្នករក្សាទ្វារ អាមាត្យ ពួកបរិស័ទ ស្តេច​ (ចំណុះ) ពួកអ្នកមានទ្រព្យ និង​ពួករាជកុមារ កាលបើបានជាស្តេច នឹងបានរបស់នេះ។ បើចេញចាកគេហដ្ឋាន ទៅបួស នឹង​បានត្រាស់​ជាព្រះអរហន្ត​សម្មាសម្ពុទ្ធក្នុងលោក មានដម្បូល គឺកិលេស​បើកចេញហើយ កាលបើបានត្រាស់​ជាព្រះពុទ្ធហើយ តើបាន​របស់អ្វី ទើបជាអ្នកមាន​បរិវារ​ច្រើន ឯបរិវារច្រើនរបស់​ព្រះពុទ្ធនោះគឺ ពួកភិក្ខុ ពួកភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ កាលបើបានត្រាស់​ជាព្រះពុទ្ធ បាននូវ​បរិស័ទនេះ។ លុះ​ព្រះមានព្រះភាគ បានត្រាស់​សេចក្តីនេះចប់ហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថាព័ន្ធនេះ ក្នុងលក្ខណៈ​នោះថា

[៦] ព្រះតថាគត កើតជាមនុស្ស ក្នុងកាលពីមុនៗ ជាតិពីមុនៗ ជាអ្នកនាំនូវសេចក្តីសុខ មកឲ្យដល់​ជនច្រើននាក់ ជាអ្នកបន្ទោបង់នូវភ័យ គឺសេចក្តី​ភ្ញាក់ផ្អើល និងសេចក្តីតក់ស្លុត ជាអ្នក​ខ្វល់ខ្វាយ ក្នុងការគ្រប់គ្រង ការរក្សាការពារ។ ព្រោះកម្មនោះ ព្រះតថាគត បានទៅកាន់ឋានសួគ៌ ហើយសោយ​សេចក្តីសុខ សេចក្តីសម្រាន្ត និងសេចក្តីត្រេកអរ លុះព្រះតថាគតច្យុត ចាកឋានសួគ៌នោះ មកកើត​ក្នុងមនុស្សលោកនេះទៀត ក៏បាននូវចក្រ ត្រង់ផ្ទៃ​ជើងទាំងពីរ ប្រកបដោយ​ខ្នងកង់ ដុំ ព្រមទាំង​កាំ១ពាន់ មានចន្លោះស្មើគ្នា។ ពួកជនអ្នកស្គាល់លក្ខណៈ បានឃើញ​រាជកុមារ ដែលមានលក្ខណៈ​នៃបុណ្យច្រើន (យ៉ាងនេះ) ទើបព្រមគ្នាព្យាករថា (ព្រះរាជកុមារនេះ) នឹងមានបរិវារច្រើន អាចញាំញីនូវសត្រូវបាន ដូចជាចក្រដែល​មានខ្នងកង់ (និងដុំ ព្រមទាំង​កាំ១ពាន់) មានចន្លោះ​ស្មើគ្នា ដូច្នោះឯង។ បើព្រះរាជកុមារ (ដែល​ប្រកប​ដោយលក្ខណៈ) ដូច្នោះ មិនបានចេញទៅទ្រង់ព្រះផ្នួសទេ នឹងបានជា​ស្តេច​ចក្រពត្តិ ទ្រង់ប្រាបប្រាមផែនដី មានពួកក្សត្រ ដែលចុះចូល មានយសសក្តិ៍ធំ ទៅតាមហែហម​ព្រះរាជកុមារនោះ ក្នុងទីនេះ។ បើព្រះរាជកុមារ (ដែល​ប្រកប​ដោយលក្ខណៈ) ដូច្នោះ ចេញទៅទ្រង់ព្រះផ្នួស តែងពេញចិត្ត ត្រេកអរ ចំពោះនេក្ខម្មៈ នឹងបានជាអ្នកប្រាជ្ញ មានទេវតា មនុស្ស អសុរ ព្រះឥន្ទ្រ អារក្ស គន្ធព្វ នាគ សត្វបក្សី សត្វជើង៤ ដែល​មានយសសក្តិ៍ធំ ចោមរោមព្រះពុទ្ធដ៏ប្រសើរ ដែលទេវតា និងមនុស្ស​បូជាហើយនោះ។

[៧] ម្នាលភិក្ខុទាំងឡាយ កាលតថាគត អាស្រ័យនូវជាតិពីមុន ភពពីមុន លំនៅ​ពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកបានលះបង់បាណាតិបាត វៀរស្រឡះ​ ចាក​បាណាតិបាត ជាអ្នកដាច់ចុះនូវអាជ្ញា និងគ្រឿង​សស្ត្រាវុធ មានសេចក្តីខ្មាសបាប មាន​ចិត្ត​អាសូរ ករុណា តែងអនុគ្រោះសព្វសត្វ ដោយប្រយោជន៍។ ព្រះតថាគតនោះ ព្រោះបានធ្វើនូវកុសលកម្មនោះ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់អត្តភាព​ជាមនុស្ស​នេះ ក៏បាននូវមហាបុរិស​លក្ខណៈទាំង៣នេះ គឺជាអ្នក​មានកែងជើងវែង១ មានម្រាមដៃ និងម្រាមជើងវែងៗ១ មានកាយត្រង់ ដូចជាកាយ​ព្រហ្ម១។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈ (ទាំង៣)នោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ។បេ។ បើបានជាស្តេចហើយ តើនឹងបានរបស់​អ្វី គឺនឹងបានជាអ្នកមានអាយុវែង ប្រតិស្ឋាននៅអស់កាលយូរ គ្រប់គ្រង​នូវជន្មាយុ ឲ្យរស់​នៅបានយូរ មនុស្សជាសឹកសត្រូវ និងជាបច្ចាមិត្តណាមួយ មិនអាចនឹង​ផ្តាច់បង់ជីវិត ត្រង់​រវាងអាយុបានទេ កាលបើបានជាស្តេច នឹងបានរបស់នេះឯង។បេ។ កាលបើព្រះតថាគត ​បានត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់អ្វី គឺនឹងបានជាអ្នកមានអាយុវែងផង ប្រតិស្ឋាននៅអស់កាលយូរ គ្រប់គ្រងជន្មាយុរស់នៅបានយូរ សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី អ្នកណាមួយក្តី ជាសឹកសត្រូវ ជាបច្ចាមិត្ត ក្នុងលោកនេះ មិនអាច​នឹង​ផ្តាច់​បង់ជីវិត ត្រង់រវាង​អាយុបានឡើយ កាលបើព្រះតថាគត បានត្រាស់​ជាព្រះពុទ្ធ នឹងបាននូវរបស់នេះឯង។ លុះ​ព្រះមានព្រះភាគ បានត្រាស់​សេចក្តីនេះរួចហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថាព័ន្ធនេះ ក្នុងលក្ខណៈ​នោះថា

[៨] ព្រះតថាគត ដឹងច្បាស់នូវភ័យ អំពីសេចក្តីស្លាប់ ដែលហៅថា មរណៈ ចំពោះ​ខ្លួនឯងហើយ បានវៀរស្រឡះ ចាកការសម្លាប់នូវសត្វដទៃ ព្រោះអំពើសុចរិត​នេះឯង ព្រះតថាគតនោះ បានទៅកើតក្នុងឋានសួគ៌ សោយផលវិបាករបស់កម្ម ដែលបានធ្វើទុក​ល្អហើយ។ លុះច្យុតចាក(ឋានសួគ៌)នោះ មកកើត​ក្នុងមនុស្សលោកនេះទៀត ក៏បាននូវ​លក្ខណៈទាំង៣នេះ ក្នុងភពនេះ គឺជាអ្នក​មានកែងជើងវែងទូលាយ១ មានកាយ​ត្រង់​ល្អស្អាត ដូចជាកាយព្រហ្ម១។ មានភ្នែនល្អ មានរូបនៅក្មេង មានទ្រង់ទ្រាយល្អ មានជាតិ​ល្អ មានអង្គុលិរបស់ព្រះតថាគតនោះ ទន់ល្វន់វែងល្អ ព្រះតថាគត ប្រកបដោយ​មហាបុរិស​លក្ខណៈ៣ (នេះ) ដើម្បីញុំាង​ជីវិត ឲ្យប្រព្រឹត្តទៅអស់កាលយូរ ប្រហែល​ដូចជានៅក្មេង។ បើព្រះតថាគតនៅជាគ្រហស្ថ តែងញុំាងជីវិតឲ្យរស់នៅអស់កាលយូរ បើចេញទៅបួស នឹងញុំាងជីវិត​ឲ្យរស់នៅ​អស់កាលយូរជាងនោះទៅទៀត ព្រះតថាគត ជាអ្នកស្ទាត់ជំនាញ រមែងញុំាងជីវិតឲ្យរស់នៅ ដោយការចំរើនឫទ្ធិ លក្ខណៈទាំង៣នោះ ជានិមិត្តរូបនៃទីឃាយុភាព យ៉ាងនេះឯង។

[៩] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកឲ្យនូវ​ខាទនីយភោជនីយាហារ មានរសជាតិ​ដ៏ថ្លៃថ្លា ព្រមទាំងទឹក (៨ប្រការ) ដែលគួរភ្លក្ស គួរលិទ្ធ។ ព្រះតថាគតនោះ ព្រោះបានធ្វើ សន្សំកុសលកម្មនោះ។បេ។ លុះបែកធ្លាយរាងកាយ ខាងមុខអំពី​រមណៈ ក៏បានទៅកើត​ក្នុង​សុគតិសួគ៌ទេវលោក។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់អត្តភាព​ជាមនុស្ស​នេះ ក៏បាននូវមហាបុរិស​លក្ខណៈនេះ គឺជាអ្នក​មានសាច់ដ៏ពេញ ក្នុងទីទាំង៧អន្លើ គឺសាច់ពេញត្រង់​ខ្នងដៃទាំងពីរ សាច់ពេញ​ត្រង់ខ្នង​ជើង​ទាំងពីរ សាច់ពេញត្រង់ចង្កួយស្មាទាំងពីរ សាច់ពេញ​ត្រង់ក។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបានរបស់​អ្វី គឺនឹងបាននូវខាទនីយភោជនីយាហារ មានរសជាតិ​ដ៏ថ្លៃថ្លា ព្រមទាំងទឹក (៨ប្រការ) ដែលគួរភ្លក្ស គួរលិទ្ធ បើបានជាស្តេច នឹងបាននូវរបស់នេះឯង។បេ។ កាលបើព្រះតថាគត ​បានត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់អ្វី គឺនឹងបាននូវខាទនីយភោជនីយាហារ មានរសជាតិដ៏ថ្លៃថ្លា ព្រមទាំងទឹក (៨ប្រការ) ដែលគួរភ្លក្ស គួរលិទ្ធ កាលបើបានត្រាស់​ជាព្រះពុទ្ធ នឹងបានរបស់នេះឯង។ លុះ​ព្រះមានព្រះភាគ បានត្រាស់​សេចក្តីនេះរួចហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថាព័ន្ធនេះ ក្នុងលក្ខណៈ​នោះថា

[១០] ព្រះតថាគត ជាអ្នកឲ្យនូវខាទនីយភោជនីយាហារ និងទឹក​ដែលគួរលិទ្ធ គួរភ្លក្ស ដែលមានរសជាតិដ៏ឧត្តមថ្លៃថ្លា ព្រោះកម្ម ជាសុចរិតនោះ ព្រះតថាគតនោះ ទើប​រីករាយក្នុងនន្ទវ័ន (ឱទ្យាន) អស់កាលយូរ។ (លុះច្យុតមកកើត) ក្នុងមនុស្សលោកនេះ ក៏​បាន​នូវសាច់​ដ៏ពេញ ក្នុងទីទាំង​៧អន្លើផង បាននូវផ្ទៃដៃ និងផ្ទៃជើង ដ៏ទន់ល្វន់ផង ជន​ទាំងឡាយ ដែលជាអ្នកឈ្លាស ក្នុងការទាយនូវព្យញ្ជនៈ និងនិមិត្ត នាំគ្នាទាយ (ព្រះតថាគត) ព្រោះហេតុដែលព្រះតថាគត បានឲ្យនូវខាទនីយ ភោជនីយាហារ ទើបបាន​នូវខាទនីយ ភោជនីយាហារ មានរស (ជាតិដ៏ថ្លៃថ្លា)។ លក្ខណៈនោះ មិនមែនជា​គ្រឿងឆ្លុះបំភ្លឺសេចក្តីដល់តថាគត ដែលនៅជាគ្រហស្ថប៉ុណ្ណោះទេ ទោះបីតថាគត ចេញ​ទៅបួស ក៏គង់បានទួលផលនោះដែរ អ្នកដែលបាននូវ​ខាទនីយភោជនីយាហារ មានរសជាតិ​ដ៏ឧត្តម ហៅថា អ្នកកាត់បង់នូវចំណងរបស់គ្រហស្ថទាំងអស់បាន។

[១១] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកបានសង្គ្រោះ ដល់ពពួកជន ដោយសង្គហវត្ថុ៤ប្រការ គឺទាន១ ពាក្យជាទីស្រឡាញ់១ ការប្រព្រឹត្ត​ ដែលជាប្រយោជន៍១ ការតាំងខ្លួនស្មើ គឺមិនប្រកាន់ខ្លួន១។ ព្រះតថាគតនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពី​សេចក្តីស្លាប់ ក៏បានទៅកើត​ក្នុង​សុគតិសួគ៌ទេវលោក ព្រោះកុសលកម្ម ដែលព្រះតថាគត បានធ្វើ​សន្សំ បណ្តុះបណ្តាល ឲ្យធំទូលាយ​នោះ​ឯង។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់អត្តភាព​ជាមនុស្ស​នេះ ក៏បាននូវមហាបុរិស​លក្ខណៈទាំងពីរនេះ គឺជាអ្នកមាន​ផ្ទៃ​ដៃ និងផ្ទៃជើងទន់ល្វន់ (ដូចជាសំឡី ដែលគេថ្ពេចអស់១០០ដង)១ មានផ្ទៃដៃ និងផ្ទៃជើង ប្រទាក់​ដោយក្រឡា ដូចជាសំណាញ់១។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈទាំងពីរនោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបាននូវរបស់​អ្វី គឺនឹងបានជាអ្នកសង្គ្រោះ នូវជនជាបរិស័ទ ជនបរិស័ទដែល​ព្រះ​តថាគតបានសង្គ្រោះនោះគឺ ពួកព្រាហ្មណ៍ គហបតិ អ្នកនិគម អ្នកជនបទ ពួកស្មៀន មហាមាត្រ ពួកសេនាមានអង្គ៤ (មានសេនាដំរីជាដើម) ឆ្មាំទ្វារ អាមាត្យ រាជបរិស័ទ ស្តេចចំណុះ អ្នកមានភោគៈ និងរាជកុមារ កាលបើព្រះតថាគតនៅជាស្តេច នឹងបាន​របស់នេះឯង។បេ។ កាលបើព្រះតថាគត ​បានត្រាស់​ជាព្រះពុទ្ធ នឹងបាន​នូវរបស់អ្វី គឺនឹងបានជាអ្នកសង្គ្រោះ នូវជនជាបរិស័ទ ជនជាបរិស័ទ ដែលព្រះតថាគត បានសង្គ្រោះ​នោះគឺ ពួកភិក្ខុ ពួកភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ កាលបើព្រះតថាគត បានត្រាស់​ជាព្រះពុទ្ធ នឹងបានរបស់នេះឯង។ លុះ​ព្រះមានព្រះភាគ ត្រាស់​សេចក្តីនេះរួចហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថាព័ន្ធនេះ ក្នុងលក្ខណៈ​នោះថា

[១២] ព្រះតថាគត បានធ្វើ បានប្រព្រឹត្តការសង្គ្រោះ ដោយល្អ ដល់ពួកជនច្រើន​នាក់ (ដោយសង្គហវត្ថុ៤ប្រការ) គឺទាន១ ការប្រព្រឹត្តដែលជាប្រយោជន៍១ ពាក្យជាទី​ស្រឡាញ់១ សេចក្តីពេញចិត្ត ក្នុងការតាំងខ្លួនស្មើ១ ទើបទៅកាន់ឋានសួគ៌ដោយគុណ គឺសេចក្តី​មិនប្រមាទ។ លុះព្រះតថាគតច្យុត (ចាកឋានសួគ៌នោះ) មកកើត​ក្នុងភពនេះទៀត ជាមនុស្សកំឡោះ នៅក្មេងល្អ ក៏បាននូវអំពើដែលគួរធ្វើ គួរប្រព្រឹត្តទន់ភ្លន់ផង បាននូវសេចក្តីរុងរឿង សេចក្តីឈ្លាសវៃក្រៃលែង និងរូប​ដែល​គួរ​ឲ្យអ្នកផងពិតពិល រមិលមើល ដើម្បីចេញចាកសំណាញ់ ពោលគឺសង្សារ។ ព្រះតថាគត បានចាត់ចែងការងារ បានគ្រប់គ្រងនូវ​ផែនដីធំនេះ និងការសង្គ្រោះ​ដោយល្អ ចំពោះ​ជន​ជាបរិស័ទ ពោលពាក្យជាទីស្រឡាញ់ ស្វែងរកនូវប្រយោជន៍ និងសេចក្តីសុខ អើពើតែ​នឹងគុណ ដែលខ្លួន​គាប់ចិត្តដ៏ក្រៃលែង។ បើព្រះតថាគតលះបង់ នូវការបរិភោគកាមគ្រប់យ៉ាងហើយ (ចេញទៅបួស) នឹងបានជាព្រះជិនស្រី សំដែង​នូវធម្មកថា ដល់ជន​ជាបរិស័ទ ពួកជនជាបរិស័ទ ដែលបានស្តាប់​ធម្មកថានោះ ក៏ជ្រះថ្លា ហើយធ្វើតាមពាក្យនៃព្រះតថាគតនោះ ទើបនាំគ្នាប្រព្រឹត្ត​នូវធម៌ដ៏សមគួរដល់ធម៌។

[១៣] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកបានពោលពាក្យ​ប្រកបដោយប្រយោជន៍ ទាំងប្រកបដោយធម៌ បានពន្យល់ជនច្រើននាក់ តែងនាំមកនូវប្រយោជន៍ និង​សេចក្តីសុខ ឲ្យដល់សត្វទាំងឡាយ ជាអ្នកបូជានូវធម្មទាន។ ព្រោះកុសលកម្ម ដែលព្រះតថាគត បានធ្វើ​សន្សំ ឲ្យធំទូលាយហើយនោះ ព្រះតថាគតនោះ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់អត្តភាព​ជាមនុស្ស​នេះ ក៏បាននូវមហាបុរិស​លក្ខណៈទាំងពីរនេះ គឺជាអ្នកមានកជើងដូចជាអណ្តែតឡើងខាងលើ១ មានចុងរោម ង ឡើងលើ១។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈទាំងពីរនោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ។បេ។ កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបាន​របស់​អ្វី គឺនឹងបានជាចម្បង ប្រសើរ ជាប្រធាន ឧត្តម បវរ ជាងពួកជន ដែលបរិភោគកាម ​ កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់នេះឯង។បេ។ កាលបើព្រះតថាគត បាន​ត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់អ្វី គឺនឹងបានជាចម្បង ប្រសើរ ជាប្រធាន បវរ ជាងពួកសត្វទាំងអស់ កាលបើព្រះតថាគតបានត្រាស់​ជាព្រះពុទ្ធ នឹងបានរបស់នេះឯង។ ព្រះមានព្រះភាគ ត្រាស់​សេចក្តីនេះរួចហើយ។ ទើបទ្រង់​ត្រាស់​គាថាព័ន្ធនេះ ក្នុង​លក្ខណៈ​​នោះថា

[១៤] ក្នុងភពពីមុន តថាគតបានពោលពាក្យ ដែលប្រកបដោយអត្ថ ​ទាំងប្រកបដោយ​ធម៌ បានពន្យល់ប្រយោជន៍ ដល់ជនច្រើននាក់ ជាអ្នកបាន​នាំមក​នូវ​ប្រយោជន៍ និងសេចក្តីសុខ ឲ្យដល់សត្វទាំងឡាយ ជាអ្នកមិនមានសេចក្តីកំណាញ់ បានចាត់ចែងនូវ​ការបូជាធម្មទាន។ ព្រះតថាគតនោះ បានទៅកាន់ឋានសុគតិ រីករាយក្នុង​ឋានសុគតិនោះ ព្រោះកម្មជាសុចរិតនោះឯង (លុះច្យុត ចាកឋានសួគ៌នោះ) មកកើត​ក្នុងភពនេះ ក៏បាននូវ​លក្ខណៈទាំងពីរ ដើម្បីភាពនៃសេចក្តីសុខដ៏ឧត្តម។ ព្រះតថាគតនោះ មានចុងរោម ង ឡើងលើ មានសន្លាក់ ក ជើងប្រតិស្ឋានល្អ​ មានសាច់ និងឈាមប្រផូរ បិទបាំង​ដោយស្បែក មានជង្គង់ល្អ។ ព្រះតថាគត បានប្រកបដោយ​លក្ខណៈ​ដូច្នោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជា​អ្នកខ្ពង់ខ្ពស់ ជាងពួក​ជន អ្នកបរិភោគកាម មិនមានអ្នកដទៃក្រៃលែងជាងព្រះតថាគតនោះបានឡើយ ព្រះតថាគត តែងគ្របសង្កត់ នូវជម្ពូទ្វីប (ទាំងមូល)។ សូម្បីបព្វជ្ជា (របស់ព្រះតថាគត) ក៏មិនថយ​ថោក​ឡើយ តែងដល់​នូវភាពជាអ្នកខ្ពង់ខ្ពស់ ជាងពួកសត្វទាំងអស់ មិនមានសត្វឯទៀត លើស​លុបជាងព្រះតថាគតនោះឡើយ ព្រះតថាគត ជាអ្នកគ្របសង្កត់ នូវសត្វ​លោកទាំង​អស់។

[១៥] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកបានបង្ហាញនូវសិល្បសាស្ត្រ (ថោកទាប និងសិល្បសាស្ត្រឧត្តម)ផង នូវវិជ្ជា (ច្រើនប្រការ មានវិជ្ជាស្តោះពស់ជាដើម)ផង នូវចរណៈ គឺសីល៥ សីល៨ ឬសីល១០ ឬបាតិមោក្ខសំវរសីលផង នូវការងារផង ដោយយក​ចិត្តទុកដាក់ ដោយតាំងចិត្តថា ធ្វើដូចម្តេចហ្ន៎ ពួកជននេះ បានចេះដឹងឆាប់ បានទទួលសេចក្តីប្រតិបត្តិឆាប់ កុំឲ្យលំបាកអស់កាលជាយូរអង្វែងឡើយ។ ព្រះតថាគតនោះ ព្រោះបានធ្វើ សន្សំនូវកុសលកម្មនោះ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់អត្តភាព​ជាមនុស្ស​នេះ ក៏បាននូវ មហាបុរិស​លក្ខណៈ នេះ គឺជាអ្នកមានស្មងរៀវមូលត្រសូល ស្រដៀងនឹងស្មងសត្វទ្រាយ។ ព្រះតថាគតនោះ ប្រកបហើយដោយលក្ខណៈនោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជាស្តេច​ចក្រពត្តិ។បេ។ កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបាន​របស់​អ្វី គឺនឹងបាននូវ​រាជ​វាហនៈ ដ៏សមគួរដល់ស្តេច និងវាហនៈជាអង្គនៃរាជសេនា និងគ្រឿង​រាជូបភោគ ដ៏សមគួរដល់ស្តេច ដោយឆាប់រហ័ស កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបាន​របស់នេះឯង។បេ។ កាលបើព្រះតថាគត បាន​ត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់អ្វី គឺនឹងបាននូវបច្ច័យ ដ៏សមគួរដល់សមណៈ និងបរិស័ទ ដែលជាអង្គ​របស់សមណៈ និងគ្រឿង​សមណូបភោគ ដ៏សមគួរ​ដល់សមណៈ ដោយឆាប់រហ័ស កាលបើព្រះតថាគត​បានត្រាស់​ជាព្រះពុទ្ធ នឹងបានរបស់នេះឯង។ លុះព្រះមានព្រះភាគ ត្រាស់​សេចក្តីនេះរួចហើយ។ ទើបទ្រង់​ត្រាស់​នូវគាថាព័ន្ធនេះ ក្នុង​លក្ខណៈ​​នោះថា

[១៦] ព្រះតថាគត តែងប្រាថ្នាដូច្នេះថា ធ្វើម្តេចហ្ន៎ ជនទាំងឡាយនេះ នឹងចេះដឹង​នូវសិល្បសាស្ត្រ វិជ្ជា ចរណៈ និងការងារទាំងឡាយ បានដោយឆាប់រហ័ស ឯសិល្បសាស្ត្រណា មិនបៀតបៀន ដល់អ្នកណាមួយ ព្រះតថាគតបង្រៀននូវ​សិល្បសាស្ត្រនោះ យ៉ាងឆាប់រហ័ស មិនឲ្យ​លំបាកអស់កាលយូរឡើយ។ ព្រោះព្រះតថាគត បានធ្វើកុសលកម្មនោះ ដែល​ជាកម្មញុំាង​សុខឲ្យចំរើន ទើបបាននូវ​ស្មងដ៏ល្អ មានរបៀបរៀបរយល្អ ព្រះតថាគត មានចុងរោម ង ឡើងលើ វិលជា​ទក្ខិណាវដ្ត ដុសឡើងល្អ ច្រាងឡើងលើ ទៅតាមលំដាប់ ទាំងមានស្បែក​កាយដ៏ល្អិត មដ្ឋ ព័ទ្ធជុំវិញ។ បុគ្គលដែលប្រកបដោយលក្ខណៈដូច្នោះ អ្នកប្រាជ្ញទាំងឡាយ ពោលថា មានព្រះ​ជង្ឃារ​រៀវមូល ដូចជាស្មងសត្វទ្រាយ ឯរោមមួយៗ (ក៏ដុះឡើងល្អ) ព្រះតថាគត ប្រាថ្នានូវសម្បត្តិណា សម្បត្តិនោះ ទោះបីព្រះតថាគតមិនបានបព្វជ្ជា ក៏គង់បានឆាប់​ក្នុងលោកនេះ។ បើបុគ្គល (មានលក្ខណៈ) ដូចព្រះតថាគតនោះ ចេញទៅបួស នឹងបានជាអ្នកប្រាជ្ញ មានសេចក្តីពេញចិត្ត ត្រេកអរចំពោះនេក្ខម្មៈ ជាអ្នកមានសេចក្តី​ព្យាយាម មិនថោកថយឡើយ តែងបាននូវ​សម្បត្តិដ៏សមគួរ ដល់បុគ្គល ដែលមាន​សភាព​ដ៏សមគួរ។

[១៧] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកចូលទៅរកសមណព្រាហ្មណ៍ ហើយសាកសួរថា បពិត្រលោកដ៏ចំរើន អំពើដូចម្តេចជាកុសល អំពើដូចម្តេច ជាអកុសល អំពើ​ដូចម្តេច ដែលប្រកបដោយទោស អំពើដូចម្តេច ដែល​មិនប្រកបដោយទោស អំពើ​ដូចម្តេច គួរសេព អំពើដូចម្តេច មិនគួរសេព អំពើដូចម្តេច ដែលខ្ញុំធ្វើហើយ ប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខអស់កាលយូរអង្វែង មួយទៀត អំពើដូចម្តេច ដែលខ្ញុំធ្វើ​ហើយ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលយូរអង្វែង។ ព្រះតថាគត​នោះ ព្រោះបាន​ធ្វើ សន្សំ កសាង នូវកុសលកម្មនោះ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់អត្តភាព​ជាមនុស្ស​នេះ ក៏បាននូវមហាបុរិស​លក្ខណៈនេះ គឺជាអ្នកមានឆវី (សម្បុរថ្ងៃ) ដ៏ល្អិត ផូរផង់ រលីងស្រិល រអិលធុលីធ្លាក់មកត្រូវ មិនជាប់កាយ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ។បេ។ កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបាន​របស់​អ្វី គឺនឹងបានជាអ្នកមានប្រាជ្ញាច្រើន បណ្តាអ្នកបរិភោគកាមទាំងឡាយ នឹងរកអ្នក​ណាមួយ​ឲ្យមានប្រាជ្ញាប្រហែល​ ឬប្រសើរវិសេស ជាងបញ្ញារបស់ព្រះតថាគតនោះ គ្មានឡើយ កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់នេះឯង។បេ។ កាលបើព្រះតថាគត បាន​ត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់អ្វី គឺនឹងបានជាអ្នកមានប្រាជ្ញាច្រើន មានប្រាជ្ញាក្រាស់ មានប្រាជ្ញារីករាយ មានប្រាជ្ញារហ័ស មានប្រាជ្ញាដ៏មោះមុត មានប្រាជ្ញា ជាគ្រឿងសង្កត់​សង្កិន ឬទំលាយ (នូវគំនរកិលេស មានលោភៈជាដើម) បណ្តាសត្វទាំងពួង នឹងរកសត្វ​ណាមួយ ឲ្យមានប្រាជ្ញា​ស្មើ ឬប្រសើរវិសេសជាងបញ្ញា​របស់ព្រះតថាគតនោះគ្មានឡើយ កាលបើព្រះតថាគត បានត្រាស់​ជាព្រះពុទ្ធ នឹងបានរបស់នេះឯង។ លុះព្រះមានព្រះភាគ ត្រាស់​សេចក្តីនេះរួចហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថាព័ន្ធនេះ ក្នុង​លក្ខណៈ​​នោះថា

[១៨] ក្នុងកាលមុន ភពមុន ជាតិពីមុន តថាគត ជាអ្នកចង់ចេះដឹង បានចូលទៅ​រក​បព្វជិត ហើយសាកសួរ (នូវប្រស្នា) បានស្តាប់ដោយគោរព ធ្វើសេចក្តី​ឲ្យតាំង​នៅខាង​ក្នុង ហើយចំណាំនូវពាក្យ ដែលប្រកបដោយ​ប្រយោជន៍តែមួយយ៉ាង។ ព្រោះកម្មដែលប្រព្រឹត្ត​ទៅ ដើម្បីបាននូវប្រាជ្ញា (នោះ) ទើបព្រះតថាគត កើតមកជាមនុស្ស មានឆវីដ៏ល្អិតផូរផង់ ពួកអ្នកប្រាជ្ញឈ្លាស ក្នុងការទាយនូវឧប្បាដ និងនិមិត្ត នាំគ្នាទាយថា ព្រះតថាគត នឹងពិចារណា ឃើញច្បាស់ នូវអត្ថដ៏ល្អិតសុខុមទាំងឡាយបាន។ បើបុគ្គល (មានលក្ខណៈ) ដូចព្រះតថាគតនោះ មិនបានចេញទៅបព្វជ្ជាទេ ក៏គង់ញុំាងចក្រ ឲ្យប្រព្រឹត្តទៅ និងគ្រប់គ្រងផែនដីបាន បណ្តាពួកអ្នកប្រៀនប្រដៅនូវអត្ថ និងពួកអ្នក​កំណត់កត់ចាំ (នូវអត្ថ) នឹងរកបុគ្គលណាមួយ ឲ្យត្រឹមស្មើ ឬប្រសើរជាងព្រះតថាគត នោះ គ្មានឡើយ។ បើបុគ្គល (មានលក្ខណៈ) ដូចព្រះតថាគតនោះ ចេញទៅបព្វជ្ជា នឹង​បានជាអ្នកប្រាជ្ញ មានសេចក្តីពេញចិត្ត ទាំងត្រេកអរក្នុងនេក្ខម្មៈ ជាអ្នកមានប្រាជ្ញាដ៏​ប្រសើរ ប្រៀបដោយផែនដី នឹងបានដល់​ពោធិញ្ញាណ ដ៏ខ្ពង់ខ្ពស់ មានចំណែក​ដ៏ប្រសើរ​ក្នុងផ្លូវប្រាជ្ញា។

[១៩] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកមិនមានសេចក្តីក្រោធ មិនច្រើនដោយ​សេចក្តីចង្អៀតចង្អល់ចិត្ត សូម្បីជនច្រើននាក់ នាំគ្នាស្តីថាឲ្យ ក៏មិនឈឺចិត្ត មិនក្រោធ មិនចង​កំហឹងទុក មិនដម្កល់ទុកនូវសេចក្តីក្រោធ ទាំងមិនបានធ្វើនូវសេចក្តីក្រោធ នូវការ​ប្រទូស្ត និងសេចក្តីតូចចិត្តឲ្យប្រាកដឡើង (ដោយកាយវិការ ឬវចីវិការ) ឡើយ ព្រះតថាគត ជាអ្នកបានឲ្យនូវកម្រាល និងសម្ពត់ដណ្តប់ មានសាច់ល្អិត ទន់ល្មៃ គឺសម្ពត់​ធ្វើពីសម្បកឈើ មានសាច់មដ្ឋ សម្ពត់ធ្វើពីកប្បាស មានសាច់មដ្ឋ សំពត់ធ្វើពីសូត្រ មានសាច់មដ្ឋ សំពត់ធ្វើពីរោមសត្វ មានសាច់មដ្ឋ។ ព្រះតថាគត​នោះ ព្រោះបាន​ធ្វើ សន្សំ នូវកុសលកម្មនោះ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់អត្តភាព​ជាមនុស្ស​នេះ ក៏បាននូវមហាបុរិស​លក្ខណៈនេះ គឺជាអ្នកមានពណ៌សម្បុរ (លឿងភ្លឺបំព្រង) ដូចជាសម្បុរនៃមាស និងមានស្បែកជិតស្និទ្ធល្អ ដូចជាមាស។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ។បេ។ កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបាន​របស់​អ្វី គឺនឹងបាននូវកម្រាល និងសម្ពត់ដណ្តប់ មានសាច់ល្អិតទន់ល្មៃ គឺសម្ពត់​ធ្វើដោយ​សម្បក​ឈើ មានសាច់មដ្ឋ សម្ពត់ធ្វើដោយកប្បាស មានសាច់មដ្ឋ សំពត់ធ្វើដោយសូត្រ មានសាច់មដ្ឋ សំពត់ធ្វើដោយរោមសត្វ មានសាច់មដ្ឋ កាលបើព្រះតថាគត​នៅសោយ​រាជ្យ នឹងបានរបស់នេះឯង។បេ។ កាលបើព្រះតថាគត បាន​ត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់អ្វី គឺនឹងបាននូវកម្រាល និងសម្ពត់​មានសាច់ល្អិត ទន់ល្មៃ គឺសម្ពត់​ធ្វើដោយ​សម្បកឈើ មានសាច់មដ្ឋ សម្ពត់ធ្វើដោយកប្បាស មានសាច់មដ្ឋ សំពត់ដោយសូត្រ មានសាច់មដ្ឋ សំពត់ធ្វើដោយរោមសត្វ មានសាច់មដ្ឋ កាលបើព្រះតថាគត បានត្រាស់​ជាព្រះពុទ្ធ នឹងបានរបស់នេះឯង។ លុះព្រះមានព្រះភាគ បានត្រាស់​សេចក្តីនេះរួចហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថាព័ន្ធនេះ ក្នុង​លក្ខណៈ​​នោះថា

[២០] ព្រះតថាគត តាំងទុកនូវសេចក្តីមិនក្រោធផង នូវ​ទានផង ហើយបាន​ឲ្យនូវ​សម្ពត់ទាំងឡាយ មានសាច់មដ្ឋ មានពណ៌ស្រស់ ព្រះតថាគត ឋិតនៅក្នុងភពពីមុន បានបរិច្ចាគ (ទាន) ហាក់ដូចជាទឹកភ្លៀង ដែលធ្លាក់ចុះមកលើផែនដី ដូច្នោះឯង។ ព្រះតថាគត ព្រោះបានធ្វើនូវកុសលកម្មនោះ លុះច្យុត​ចាកអត្តភាពនេះហើយ ចូលទៅកាន់​ទិព្វវិមាន បានសោយផលវិបាក នៃអំពើដែលខ្លួនបានធ្វើហើយ ជាអ្នកមានខ្លួន​ដូចជាមាស (លុះមកកើត) ក្នុងភពនេះ បានគ្របសង្កត់ (នូវមនុស្ស​ទាំងអស់) ហាក់ដូចជាព្រះឥន្ទ្រ ដែលប្រសើរជាងពួកទេវតា ដូច្នោះឯង។ បើព្រះតថាគត នៅជាមនុស្ស គ្រប់គ្រងគេហដ្ឋាន មិនប្រាថ្នានឹងបួសទេ ក៏គង់តែបានគ្រប់គ្រងផែនដីធំ គ្របសង្កត់ (នូវពួកបច្ចាមិត្ត) ព្រមទាំង​បាននូវរតនៈ​៧ប្រការ ក្នុងលោកនេះផង បាននូវ​សម្ពត់ ដ៏ធំទូលាយ មានសាច់ល្អិតមដ្ឋ មានសម្បុរ​ស្រស់ស្អាតផង។ បើព្រះតថាគតចេញ​ទៅទ្រង់​ព្រះផ្នួស នឹងបានសម្ពត់សម្រាប់ស្លៀក និងសម្ពត់​សម្រាប់​ដណ្តប់ដ៏ប្រសើរ ព្រះតថាគត រមែង​បានសោយផលរបស់កម្ម ដែលបានទំនុកបម្រុងល្អហើយ នឹងបានធ្វើ​ទុកមកពីជាតិមុន សេចក្តីវិនាសនៃកម្ម ដែលព្រះតថាគតធ្វើនោះ មិនមានឡើយ។

[២១] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកបានរាប់អាននូវញាតិមិត្ត សំឡាញ់ស្និទ្ធស្នាល ដែលព្រាត់ប្រាសនិរាស បាត់មុខយូរហើយផង ជាអ្នករាប់អានមាតា ព្រមទាំងកូនផង រាប់អាននូវកូន ព្រមទាំងមាតាផង រាប់អានបិតាព្រមទាំងកូនផង រាប់អាន​កូន ព្រមទាំងបិតាផង រាប់អានបិតា ព្រមទាំង​បងប្អូនប្រុស រាប់អាន​បងប្អូនប្រុស ព្រមទាំងបងប្អូនស្រីផង រាប់អានបងប្អូនស្រី ព្រមទាំង​បងប្អូនប្រុសផង ហើយជាអ្នក​ត្រេកអរ​ក្រៃលែង ព្រោះបានធ្វើ​គេឲ្យ​ព្រមព្រៀងគ្នាផង។ ព្រះតថាគតនោះ ព្រោះបាន​ធ្វើនូវកុសលកម្មនោះ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់​អត្តភាព​​ជាមនុស្ស​នេះ ក៏បាននូវមហាបុរិស​លក្ខណៈនេះ គឺជាអ្នកមានអង្គាវយវៈ ដែល​ត្រូវលាក់ឲ្យកំបាំង ដោយសម្ពត់ ឋិតនៅក្នុងស្រោម (ដូចជាអង្គជាតនៃដំរី)។ ព្រះតថាគត​នោះ ប្រកបដោយលក្ខណៈនោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជាស្តេច​ចក្រពត្តិ។បេ។ កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបាន​របស់​អ្វី គឺនឹងបានជាអ្នក​មានបុត្រច្រើន ឯបុត្ររបស់ព្រះតថាគតនោះ​មានចំនួន​ច្រើនពាន់ សុទ្ធសឹង​តែជាអ្នក​ក្លៀវក្លា អង់អាច អាចញាំញីនូវសេនារបស់​ស្តេចដទៃបាន កាលបើព្រះតថាគត​នៅ​សោយ​​រាជ្យ នឹងបានរបស់នេះឯង។បេ។ កាលបើព្រះតថាគត បាន​ត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់អ្វី គឺនឹងបានជាអ្នកមានបុត្រច្រើន ឯបុត្ររបស់ព្រះតថាគតនោះ​ ចំនួន​ច្រើនពាន់ សុទ្ធសឹងតែជាអ្នកក្លៀវក្លា អស់អាច អាចញាំញីនូវសេនារបស់ស្តេចឯទៀត​បាន កាលបើព្រះតថាគត បានត្រាស់​ជាព្រះពុទ្ធ នឹងបានរបស់នេះឯង។ លុះព្រះមាន​ព្រះភាគ បានត្រាស់​សេចក្តីនេះរួចហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថាព័ន្ធនេះ ក្នុងកម្មជា​ដើមនោះថា

[២២] ក្នុងកាលពីមុន ភពពីមុន ជាតិពីមុន ព្រះតថាគត រាប់អាននូវញាតិ មិត្ត និងសំឡាញ់​ស្និទ្ធស្នាល ដែលព្រាត់ប្រាស និរាសបាត់មុខ​អស់កាលយូរហើយផង ជាអ្នក​ត្រេកអរ​ក្រៃលែង ព្រោះបានធ្វើគេឲ្យព្រមព្រៀងគ្នាផង។ ព្រោះកម្មនោះ ព្រះតថាគត បានទៅកាន់ឋានសួគ៌ សោយសេចក្តីសុខ សេចក្តីសម្រាន្ត នឹងសេចក្តីត្រេកអរ លុះច្យុត​ចាក​ឋានសួគ៌នោះ មកកើតក្នុងមនុស្សលោកនេះទៀត ក៏បាននូវគុយ្ហប្រទេស ដ៏កំបាំងនៅក្នុង​ស្រោម ដែលគេត្រូវបិទបាំង ដោយសម្ពត់។ បុគ្គលដែលមានលក្ខណៈបែបនោះ រមែង​មានកូនច្រើន ឯកូន​ដែលកើតអំពីខ្លួន ជាច្រើនពាន់ (នោះ) សុទ្ធសឹងជាអ្នកក្លៀវក្លា អង់អាច អាចញាំញីនូវពួក​សត្រូវបាន កាលបើព្រះតថាគត នៅជាគ្រហស្ថ ក៏គង់​ញុំាងបីតិ ឲ្យកើតឡើងបាន ព្រោះតែពោលពាក្យគួរស្រឡាញ់។ កាលបើព្រះតថាគត ចេញ​ទៅទ្រង់​ព្រះផ្នួស ក៏មានកូនច្រើនជាងនោះទៅទៀត ឯកូន​ទាំងនោះ សុទ្ធតែជាអ្នកជឿស្តាប់ពាក្យ (របស់​ព្រះតថាគត) ទោះព្រះតថាគត នៅជាគ្រហស្ថ ឬទៅ​ជាបព្វជិត មានលក្ខណៈនោះ​ ជាគ្រឿង​បំភ្លឺនូវ​សេចក្តីនោះ។

[២៣] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងភពមុន ជាអ្នកបានពិចារណា នូវការសង្គ្រោះមហាជន តែង​ស្គាល់ស្មើ5) គឺស្គាល់ថា អ្នកនេះ ស្មើនឹងអ្នកនោះ ស្គាល់ដោយខ្លួនឯង6) ស្គាល់បុរស7) ស្គាល់គុណវិសេសរបស់បុរសថា បុរសនេះគួរទទួលនូវទាន និងគ្រឿងសក្ការៈនេះ បុរស​នេះ គួរទទួលនូវទាន និងគ្រឿងសក្ការៈនេះ (លុះស្គាល់​ដូច្នោះហើយ) ក៏បានធ្វើនូវ​ប្រយោជន៍ប្លែកៗគ្នា តម្រូវទៅតាមគុណវិសេស របស់បុរសជាន់នោះៗ។ ព្រះតថាគត​នោះ ព្រោះបាន​ធ្វើកុសលកម្មនោះ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់អត្តភាព​ជាមនុស្ស​នេះ ក៏បាននូវ មហាបុរិស​លក្ខណៈ ទាំងពីរនេះ គឺជាអ្នកមានបរិមណ្ឌល (នៃកាយ) ដូចជាបរិមណ្ឌលនៃដើមជ្រៃ១ កាលបើឈរ មិនបាច់​ឱនខ្លួនចុះ អាចស្ទាបពាល់ជង្គង់ ដោយដៃទាំងពីរបាន១។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈទាំងពីរនោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជាស្តេច​ចក្រពត្តិ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបាន​របស់​អ្វី គឺនឹងបានជាអ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មានគ្រឿងប្រើប្រាស់ច្រើន មានមាសច្រើន មានគ្រឿង​ឧបករណ៍​ដែល​ធ្វើ​ចិត្តឲ្យរីករាយច្រើន មានធញ្ញាហារជាទ្រព្យធ្វើ មានឃ្លាំង​ដ៏ពេញ​ប្រៀប កាលបើព្រះតថាគត​នៅសោយ​រាជ្យ នឹងបានរបស់នេះឯង។បេ។ កាលបើព្រះតថាគត បាន​ត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់អ្វី គឺនឹងបានជាអ្នស្តុកស្តម្ភ មានទ្រព្យច្រើន មានគ្រឿង​ប្រើប្រាស់ច្រើន ទ្រព្យរបស់​តថាគតទាំងនេះ គឺសទ្ធាធនំ (ទ្រព្យ​ពោលគឺ ការជឿ)១ សីលធនំ (ទ្រព្យគឺ ការសង្រួមកាយវាចាឲ្យរៀបរយ)១ ហិរិធនំ (ទ្រព្យគឺ សេចក្តី​ខ្មាសបាប)១ ឱត្តប្បធនំ (ទ្រព្យគឺ សេចក្តីក្តៅក្រហាយនឹងបាប)១ សុតធនំ​ (ទ្រព្យ គឺការស្តាប់)១ ចាគធនំ (ទ្រព្យគឺការលះ)១ បញ្ញាធនំ (ទ្រព្យគឺកិរិយាដឹងសព្វ)១ កាលបើព្រះតថាគត បានត្រាស់​ជាព្រះពុទ្ធ នឹងបាននូវរបស់នេះឯង។ លុះព្រះមានព្រះភាគ បានសំដែង​សេចក្តីនេះរួចហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថាព័ន្ធនេះ ក្នុង​លក្ខណៈ​​នោះថា

[២៤] ព្រះតថាគត បានលៃលក ពិចារណា គិតហើយទើបសំឡឹងមើល នូវ​ការសង្គ្រោះមហាជនដោយស្មោះស្មើ ជាអ្នកបានធ្វើនូវគ្រឿង​សក្ការៈ តម្រូវ​តាមគុណ​វិសេស របស់បុរសនោះៗ ក្នុងកាលមុនថា បុរសនេះ គួរបាននូវទាន និងគ្រឿង​សក្ការៈ​នេះ។ ព្រះតថាគត ជាបុគ្គលមានកាយស្មើ កាលបើឈរ មិនបាច់ឱនខ្លួនចុះ អាចស្ទាប​ជង្គង់​ដោយដៃទាំងពីរបាន មានបរិមណ្ឌល (នៃកាយ) ដូចបរិមណ្ឌលនៃដើមជ្រៃ ដែលដុះ​ឡើង​អំពីផែនដី ព្រោះសេសសល់វិបាកនៃអំពើសុចរិត (នោះឯង)។ ពួកមនុស្ស ដែល​មានប្រាជ្ញាល្អិតជ្រាលជ្រៅ ដឹងនូវលក្ខណៈនៃនិមិត្តផ្សេងៗជាច្រើន នាំគ្នាទាយថា ព្រះរាជកុមារកំឡោះក្មេងនេះ នឹងបាននូវរបស់ដ៏សមគួរ ដល់គ្រហស្ថច្រើនប្រការផង ជាអ្នកមានភោគសម្បត្តិ ដែលគួរប្រាថ្នារបស់ស្តេច និងសមគួរ​ដល់ពួកគ្រហស្ថ ក្នុង​លោក​នេះជាច្រើនផង បើព្រះរាជកុមារនេះ លះបង់នូវកាមភោគៈទាំងអស់ (ហើយ​ចេញ​ទៅទ្រង់ព្រះផ្នួស) នឹងបានទ្រព្យដ៏ខ្ពស់ខ្ពស់ថ្លៃថ្លា រកទ្រព្យឯទៀតឲ្យលើសលុបជាង​មិនមានឡើយ។

[២៥] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកប្រាថ្នានូវ​សេចក្តី​ចំរើន ប្រាថ្នានូវ​ប្រយោជន៍ ប្រាថ្នានូវសេចក្តីសុខ ប្រាថ្នាសេចក្តីក្សេមក្សាន្ត ចាកយោគៈ ដល់ពួក​ជនច្រើន​ថា ធ្វើដូចម្តេច ជនទាំងនេះនឹងបានចំរើនដោយសទ្ធា ចំរើនដោយសីល ចំរើនដោយ​សុតៈ ចំរើនដោយវុឌ្ឍិ ចំរើនដោយចាគៈ ចំរើនដោយលោកិយធម៌ ចំរើនដោយប្រាជ្ញា ចំរើនដោយទ្រព្យ និងធញ្ញាហារ ចំរើនដោយស្រែ និងចំការ ចំរើនដោយសត្វ​ជើងពីរ និង​សត្វជើង៤ ចំរើនដោយកូន និងប្រពន្ធ ចំរើនដោយពួក​បុរស ជាទាសៈ និងកម្មករ ចំរើន​ដោយ​ពួកញាតិ ចំរើនដោយពួកមិត្ត ចំរើនដោយពួកផៅពង្ស។ ព្រះតថាគត​នោះ ព្រោះ​បាន​​ធ្វើ សន្សំកុសលកម្មនោះ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មក​កាន់​អត្តភាព​ជាមនុស្ស​នេះ ក៏បាននូវ មហាបុរិស​លក្ខណៈ ទាំង៣នេះ គឺមានចំណែក​កន្លះកាយ​ខាងលើស្រដៀងនឹងចំណែក​កន្លះកាយ​នៃ​រាជសីហ៍១ មានខ្នងពេញស្មើ ឥតមានចង្អួរផត ខូងត្រង់កណ្តាល១ មាន ក មូលសម១។ ព្រះតថាគតនោះ ប្រកបដោយ​លក្ខណៈទាំងនោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជាស្តេច​ចក្រពត្តិ។បេ។ កាលបើ​បាន​ជាស្តេចហើយ តើនឹងបាន​របស់​អ្វី គឺនឹងបាន​ជា​អ្នកមិនសាបសូន្យជាធម្មតា គឺមិន​សាបសូន្យ​ចាកទ្រព្យ និងធញ្ញាហារ ស្រែចំការ សត្វ​ជើង២ និងសត្វជើង៤ កូនប្រពន្ធ ពួកបុរសជាទាសៈ និងកម្មករ ពួកញាតិ មិត្ត និងផៅពង្ស មិនបានសាបសូន្យ​ចាកសម្បត្តិ​ទាំងពួងឡើយ កាលបើបានជាស្តេច នឹងបានរបស់​នេះឯង។បេ។ កាលបើព្រះតថាគត បាន​ត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់អ្វី គឺនឹងបានជាអ្នក​មិនសាបសូន្យជាធម្មតា គឺមិន​សាប​សូន្យ​ចាកសទ្ធា សីលៈ សុតៈ ចាគៈ បញ្ញា ទាំងមិនសាបសូន្យ​ចាកសម្បត្តិ​ទាំងពួង​ឡើយ កាលបើព្រះតថាគត បានត្រាស់​ជាព្រះពុទ្ធ នឹងបានរបស់នេះឯង។ លុះព្រះមាន​ព្រះ​ភាគ បានសំដែង​សេចក្តីនេះ​រួចហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថាព័ន្ធនេះ ក្នុង​លក្ខណៈ​​នោះថា

[២៦] ព្រះតថាគត តែងប្រាថ្នា និងប៉ុនប៉ងនូវសេចក្តីមាំមួន និងសេចក្តីបរិបូណ៌​ដល់​​ជនដទៃថា ធ្វើដូចម្តេច កុំឲ្យជនទាំងឡាយ សាបសូន្យចាកសទ្ធា សីលៈ សុតៈ បញ្ញា ចាគៈ និងលោកិយធម៌ និងគុណ គឺសេចក្តីល្អច្រើនប្រការ នឹងទ្រព្យធញ្ញាហារស្រែចំការ កូនប្រពន្ធ (សត្វជើងពីរ) សត្វជើង៤ ញាតិ មិត្ត ផៅពង្ស និងកំឡាំង ពណ៌សម្បុរកាយ និងសុខ​ទាំងពីរប្រការ។ ព្រះតថាគត ជាបុគ្គលមានចំណែកកន្លះកាយខាងលើ ស្រដៀង​គ្នានឹង​ចំណែកកន្លះកាយ នៃរាជសីហ៍ មានទ្រង់ទ្រាយល្អ១ មាន-ក-មូលក្លំ១ មានខ្នង​ពេញស្មើ ឥតមានផតខូង ត្រង់កណ្តាល១ ព្រោះកម្មដែលតថាគត​បានសន្សំ កសាង​ពី​ជាតិ​មុនមក ទើបមិនបានសាបសូន្យ បុព្វនិមិត្តរបស់ព្រះតថាគតនោះ មិនបានសាប​សូន្យ​ឡើយ។ បើព្រះតថាគតនៅជាគ្រហស្ថ តែងចំរើនដោយធញ្ញាហារ ទ្រព្យ កូន ប្រពន្ធ (សត្វជើង២) និងសត្វជើង៤ (បើ) ព្រះតថាគត ឥតមានកង្វល់ ចេញទៅ​បួស ក៏បាន​សម្រេច​សម្ពោធិញ្ញាណ រកគុណជាតឯទៀត ឲ្យក្រៃលែងជាងគ្មាន ជាធម៌​មិនបាន​សាប​សូន្យ។

[២៧] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកមិនបៀតបៀនសត្វទាំងឡាយ ដោយ​ដៃ ឬដុំដី ឬក៏ដម្បង គ្រឿង​សស្ត្រាវុធឡើយ។ ព្រះតថាគត​នោះ ព្រោះបាន​ធ្វើ សន្សំនូវ​កុសលកម្មនោះ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់​អត្តភាព​​ជាមនុស្ស​នេះ ក៏បាននូវ មហាបុរិស​លក្ខណៈ នេះ គឺជាអ្នកមាន​ប្រសាទ គឺសរសៃល្អិតឆ្មារ​ដ៏​លើសលែង សម្រាប់ទទួលរស​អាហារ ឯប្រសាទសម្រាប់ទទួលរសអាហារ របស់​ព្រះតថាគត​នោះ មានចុង-ង-ឡើងលើ ប្រជុំ​ស្រោបត្រង់ក សម្រាប់​ទទួលរសអាហារ ជ្រួត​ជ្រាប​ផ្សព្វផ្សាយស្មោះស្មើគ្នា (សព្វសព៌ាង្គកាយ)។ ព្រះតថាគតនោះ ប្រកបដោយ​លក្ខណៈ​នោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជាស្តេច​ចក្រពត្តិ។បេ។ កាលបើបាន​ជា​ស្តេច​ហើយ តើនឹងបាន​របស់​អ្វី គឺនឹងបាន​ជា​អ្នកមានអាពាធតិច មានទុក្ខតិច ប្រកប​ដោយ​ឧទរ មានភ្លើងធាតុដ៏ស្មើ គឺ​មិន​ត្រជាក់ពេក មិនក្តៅពេក កាលបើនៅជាស្តេច នឹង​បាន​របស់​នេះឯង។បេ។ កាលបើព្រះតថាគត បាន​ត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់អ្វី គឺ​នឹង​បានជាអ្នកមានអាពាធ​តិច មានទុក្ខតិច ប្រកបដោយ​ឧទរ​មានភ្លើងធាតុ​ដ៏ស្មើ គឺ​មិន​ត្រជាក់​ពេក មិនក្តៅពេក ជា​យ៉ាងកណ្តាល ល្មម​សមគួរ ដល់សេចក្តីព្យាយាម កាលបើ​ព្រះ​តថាគត បានត្រាស់​ជាព្រះពុទ្ធ នឹងបានរបស់នេះឯង។ លុះព្រះមានព្រះភាគ បាន​ពោល​​សេចក្តីនេះ​រួចហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថាព័ន្ធនេះ ក្នុង​លក្ខណៈ​​នោះថា

[២៨] ព្រះតថាគត ជាអ្នកមិនបានបៀតបៀន មិនបានប្រទូស្តដល់ប្រជុំជន ដោយ​ដៃ ឬដោយដម្បង និងដុំដី ឬក៏ដោយគ្រឿងសស្ត្រាវុធ ពុំនោះសោត ដោយការ​ប្រើគេ​ឲ្យសម្លាប់ និងបៀតបៀន ឬដោយកិរិយា​ចងក្រៀក និងការគម្រាមឡើយ។ ព្រោះ​កម្ម​នោះឯង ទើបព្រះតថាកត លះលោកនេះទៅ ក៏រមែង​រីករាយ ក្នុងឋានសួគ៌ បាននូវ​សេចក្តី​សុខ​ ព្រោះធ្វើនូវ​អំពើដែល​មានផលជាសុខ ប្រសាទសម្រាប់ទទួលរសអាហារ ជា​ទីត្រេកអរ (ណា) បានដម្កល់​នៅស៊ប់ល្អហើយ លុះព្រះតថាគត មកកើតក្នុងមនុស្ស​លោក​នេះ ក៏បាននូវ​ប្រសាទ គឺសរសៃល្អិតឆ្មារ ដ៏លើសលែងសម្រាប់ទទួលរសអាហារ (នោះ)។ ព្រោះហេតុនោះ បានជាអ្នកប្រាជ្ញទាំងឡាយ មានប្រាជ្ញាដ៏ល្អិត នាំគ្នាទាយព្រះ​តថាគតនោះ ថា ជននេះ មុខជានឹងច្រើនទៅដោយសេចក្តីសុខ ទោះបីនៅជា​គ្រហស្ថ ឬទៅ​​ជាបព្វជិត ក៏គង់មានលក្ខណៈ​នោះ​ ជាគ្រឿង​បំភ្លឺនូវសេចក្តីនោះ។

[២៩] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកមិនសំឡក់មើល (ដោយទោសចិត្ត) មិនមៀង​មើលដោយចុងភ្នែក មិនលបសំឡក់គេ (ដោយស្អប់) ជាអ្នកមានចិត្តស្មោះត្រង់ រមិលមើលត្រង់ ពេញភ្នែក ជាអ្នកសំឡឹង​មើលជនច្រើន ដោយចក្ខុ​គួរឲ្យស្រឡាញ់។ ព្រះតថាគត​នោះ ព្រោះបាន​ធ្វើ សន្សំ​កុសលកម្មនោះ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់​អត្តភាព​​ជាមនុស្ស​នេះ ក៏បាននូវ មហាបុរិស​លក្ខណៈ ទាំង​ពីរ​នេះ គឺជាអ្នកមានភ្នែកខៀវស្រស់១ មានកែវភ្នែក ស្រដៀងនឹងកែវភ្នែកកូនគោ១។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជាស្តេច​ចក្រពត្តិ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបាន​របស់​អ្វី គឺនឹងបាន​ជា​អ្នកគួរ​ឲ្យអ្នក​ផង​ពិតពិលរមិលមើល ដោយសេចក្តីពេញចិត្ត ជាទីស្រឡាញ់នៃជន​ច្រើន ជាទីគាប់ចិត្ត​របស់ពួកព្រាហ្មណ៍ និងគហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀន ពួកមហាមាត្រ ពួក​សេនា​​មានអង្គ៤ (មានសេនាដំរីជាដើម) អ្នករក្សាទ្វារ អាមាត្យ ពួកបរិស័ទ ពួក​ស្តេច​ចំណុះ អ្នកមានភោគសម្បត្តិ និងពួករាជកុមារ កាលបើនៅជាស្តេច នឹងបានរបស់​នេះ​ឯង។បេ។ កាលបើព្រះតថាគត បាន​ត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់អ្វី គឺនឹងបាន​ជាអ្នក​គួរ​​ឲ្យអ្នកផងពិតពិលរមិលមើល ដោយសេចក្តីពេញចិត្ត ជាទីស្រឡាញ់នៃជនច្រើន ជាទី​គាប់ចិត្តរបស់​ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ កាលបើ​ព្រះតថាគត បានត្រាស់​ជាព្រះពុទ្ធ នឹងបានរបស់​នេះឯង។ លុះព្រះមានព្រះភាគ បាន​ពោល​​សេចក្តីនេះ​រួចហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថាព័ន្ធនេះ ក្នុង​លក្ខណៈ​​នោះថា

[៣០] ព្រះតថាគត ជាអ្នកមិនសំឡក់មើល (ដោយទោសចិត្ត) មិនមៀងមើល ដោយ​​ចុងភ្នែក មិនលបសំឡក់គេ (ដោយស្អប់) ជាអ្នកមានចិត្តស្មោះត្រង់ ពិតពិល​រមិល​មើលត្រង់ ពេញភ្នែក ជាអ្នកសំឡឹងមើលមហាជន ដោយចក្ខុគួរ​ស្រឡាញ់។ ព្រះតថាគត​នោះ បានទៅសោយផលវិបាក ក្នុងសុគតិ រីករាយក្នុងសុគតិនោះ (លុះច្យុត​ចាកឋានសួគ៌) មកកើតក្នុងមនុស្សលោកនេះ បានជាអ្នកមានកែវភ្នែកស្រដៀងនឹងកែវភ្នែក​កូនគោ១ ជាអ្នកមានភ្នែកខៀវស្រស់ គួរឲ្យ​រមិលមើល (ដោយចិត្តរាប់អាន)១។ មនុស្សទាំងឡាយ ជាអ្នកប្រកបក្នុងលក្ខណសាស្ត្រ មានប្រាជ្ញាដ៏ល្អិត ឈ្លាសវៃ ក្នុងបទ និងនិមិត្តដ៏ច្រើន និងជាអ្នក​ឈ្លាសវៃ ក្នុងការទាយ​នូវ​ភ្នែកដែលដូចជាភ្នែកកូនគោ នាំគ្នាទាយ​ព្រះតថាគត​នោះ ថា ព្រះរាជកុមារនេះ គួរឲ្យ​ពិតពិលរមិលមើល ដោយចិត្តជាទីស្រឡាញ់។ បើ​ព្រះតថាគត​នៅជាគ្រហស្ថ ជាបុគ្គល​គួរឲ្យពិតពិលរមិលមើល ដោយចិត្ត​ជាទីស្រឡាញ់ ជាទីរាប់អានរបស់ជនជាច្រើន នេះបើនៅជាគ្រហស្ថ បើទៅជាសមណៈវិញ ក៏គង់ជា​ទី​ស្រឡាញ់ និងជាអ្នកធ្វើសេចក្តី​សោករបស់ជន​ច្រើនឲ្យវិនាសបាន។

[៣១] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាចម្បងរបស់ជនច្រើន ក្នុងកុសលធម៌ទាំង​ឡាយ​ ជាប្រធានរបស់ជនច្រើន ក្នុងកាយសុចរិត វចីសុចរិត មនោសុចរិត ការបរិច្ចាគទាន សមាទានសីល កិរិយារក្សាឧបោសថ វត្តដែលត្រូវ​ធ្វើចំពោះមាតា វត្តដែលត្រូវ​ធ្វើចំពោះ​បិតា វត្តដែលត្រូវ​ធ្វើចំពោះសមណៈ វត្តដែលត្រូវ​ធ្វើចំពោះព្រាហ្មណ៍ វត្តដែលត្រូវ​ធ្វើ​ចំពោះ​ជន ដែល​ជាច្បងក្នុងត្រកូល និងក្នុងពួកកុសលធម៌ដ៏ក្រៃលែង​ឯទៀតៗ។ ព្រះ​តថាគត​​នោះ ព្រោះបាន​ធ្វើ​កុសលកម្មនោះ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់​អត្តភាព​​ជាមនុស្ស​នេះ ក៏បាននូវមហាបុរិស​លក្ខណៈនេះ គឺជាអ្នក​មាន​សីសៈ ដូចជាប្រដាប់ដោយក្បាំងស្រេចស្រាប់។ ព្រះតថាគតនោះ ប្រកបដោយ​លក្ខណៈ​នោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជាស្តេច​ចក្រពត្តិ។បេ។ កាលបើបានជា​ស្តេច​ហើយ តើនឹងបាន​របស់​អ្វី គឺនឹងមានជនច្រើននាក់ជាបរិពារ គឺពួក​ព្រាហ្មណ៍ គហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀន ពួកមហាមាត្រ សេនាប្រកបដោយ​អង្គ៤ អ្នករក្សាទ្វារ អាមាត្យ បរិស័ទ ស្តេចចំណុះ អ្នកមានភោគសម្បត្តិ ព្រះរាជកុមារ កាលបើនៅជាស្តេច នឹងបានរបស់​នេះឯង។បេ។ កាលបើព្រះតថាគត បាន​ត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់អ្វី គឺមានជនច្រើននាក់ជាបរិពារ គឺពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ កាលបើព្រះតថាគត បានត្រាស់​ជាព្រះពុទ្ធ នឹងបានរបស់នេះឯង។ លុះ​ព្រះ​មាន​ព្រះភាគ បានត្រាស់​សេចក្តីនេះ​រួចហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថាព័ន្ធនេះ ក្នុង​លក្ខណៈ​​នោះថា

[៣២] ព្រះតថាគត ជាចម្បង (របស់ជនច្រើន) ក្នុងសុចរិតធម៌ទាំងឡាយ ជាអ្នក​ត្រេកអរក្នុងការប្រព្រឹត្ត​ធម៌ មានជនច្រើននាក់ជាបរិពារ លុះព្រះតថាគតលះលោកនេះ ក៏បានទៅសោយផលនៃបុណ្យ​ក្នុងឋានសួគ៌។ លុះព្រះតថាគត សោយផលសុចរិតនោះ​ហើយ ច្យុតមកកើតក្នុងមនុស្សលោកនេះ ក៏បានជាអ្នកមានសីសៈ ហាក់ដូចជាប្រដាប់​ដោយ​ក្បាំងស្រេចស្រាប់ ឯពួកមនុស្ស ជាអ្នកចេះចាំនូវព្យញ្ជនៈ និងនិមិត្ត នាំគ្នាទាយថា ព្រះតថាគតនេះ នឹងបានជាចម្បងរបស់ជនច្រើន។ បណ្តាពួកមនុស្សក្នុងលោកនេះ នឹងមាន​មនុស្ស ជាអ្នកខ្វល់ខ្វាយបម្រើ (ព្រះតថាគតនេះជាច្រើន) សូម្បីកាលព្រះ​តថាគត​នៅពីក្មេង ក្នុងកាលនោះឯង ក៏មានពួកមនុស្ស ទាយព្រះតថាគតនោះថា បើព្រះតថាគត​ ជាក្សត្រិយ៍ នៅគ្រប់គ្រងផែនដី នឹងបានពួកជនច្រើននាក់ ធ្វើការខ្វល់ខ្វាយបម្រើ។ បើមនុស្ស​នោះ ចេញទៅបួស នឹងបានជាអ្នក​ស្ទាត់ជំនាញ ក្នុងធម៌ទាំងឡាយ ជនជាច្រើន តែង​ត្រេកអរ ​ក្នុងគុណ គឺការប្រៀនប្រដៅ របស់មនុស្សនោះ ជាអ្នកប្រព្រឹត្តតាម (ព្រះតថាគត)។

[៣៣] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកលះបង់នូវមុសាវាទ វៀរស្រឡះហើយ ចាកមុសាវាទ ជាអ្នកនិយាយតែពាក្យពិត បញ្ចេញតែពាក្យពិត ជាអ្នកទៀងត្រង់ និយាយ​ពាក្យគួរ​ឲ្យគេជឿ ជាអ្នកមិនពោលបំភ្លាត់សត្វលោកឡើយ។ ព្រះតថាគត​នោះ ព្រោះបាន​ធ្វើ​កុសលកម្មនោះ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់​អត្តភាព​​ជាមនុស្ស​នេះ ក៏បាននូវមហាបុរិស​លក្ខណៈទាំងពីរនេះ គឺជាអ្នកមានរោម ក្នុងរណ្តៅ​មួយៗតែមួយសរសៃៗ (រាល់រណ្តៅទាំងអស់)១ មានរោមប្រជុំចិញ្ចើម ដុះត្រង់​ចន្លោះ​ចិញ្ចើម មានពណ៌សក្បុស ទន់ល្វន់ ដូចជាសំឡី១។ ព្រះតថាគតនោះ ប្រកបដោយ​លក្ខណៈ​​នោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជាស្តេច​ចក្រពត្តិ។បេ។ កាលបើបាន​ជា​ស្តេចហើយ តើនឹងបាន​របស់​អ្វី គឺនឹងបានជនច្រើននាក់ គឺពួក​ព្រាហ្មណ៍ គហបតី អ្នក​និគម អ្នកជនបទ ពួកស្មៀន ពួកមហាមាត្រ សេនា ប្រកបដោយ​អង្គ៤ អ្នករក្សាទ្វារ អាមាត្យ បរិស័ទ ស្តេចចំណុះ អ្នកមានភោគសម្បត្តិ និងព្រះរាជកុមារ តែងប្រព្រឹត្ត​តាម​អធ្យាស្រ័យ របស់តថាគតនោះ កាលបើនៅជាស្តេច នឹងបានរបស់​នេះឯង។បេ។ កាលបើ​ព្រះតថាគត បាន​ត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់អ្វី គឺនឹងបានជនច្រើននាក់ គឺពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ តែងប្រព្រឹត្ត​តាម​អធ្យាស្រ័យ របស់ព្រះតថាគតនោះ កាលបើព្រះតថាគត បានត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់​នេះឯង។ លុះព្រះមានព្រះភាគ បានសំដែង​សេចក្តីនេះ​រួចហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថាព័ន្ធនេះ ក្នុង​លក្ខណៈ​​នោះថា

[៣៤] ក្នុងជាតិពីមុនៗ ព្រះតថាគតអ្នកកាន់ពាក្យសត្យ មានវាចាគួរជឿ វៀរចាក​ពាក្យ​​មិនពិត ព្រះតថាគតនោះ ជាអ្នកមិនក្លែងពោលពាក្យមិនពិត ចំពោះ​ជន​ណាមួយ​ឡើយ និយាយតែពាក្យពិត ទៀងទាត់ ត្រឹមត្រូវ។ ព្រះតថាគត មានរោម​ប្រជុំ​ចិញ្ចើម សម្បុរ​សក្បុស ទន់ល្វន់ ដូចជាសំឡី​ ដុះត្រង់ចន្លោះចិញ្ចើម ក្នុងរណ្តៅរោមមួយៗ មិន​ដុះរោម​ពីរសរសៃឡើយ គឺព្រះតថាគត មានសរីរៈដុះរោមតែមួយ​សរសៃៗ។ ពួក​ជនជា​ច្រើន ដែលជាអ្នកដឹងនូវលក្ខណៈ ឈ្លាសក្នុងការទាយនូវឧប្បាដ និងនិមិត្ត មកប្រជុំគ្នា ហើយទាយព្រះតថាគតនោះថា នឹងមានជនជាច្រើន ប្រព្រឹត្តទៅតាមអធ្យាស្រ័យ​ របស់​តថាគត ដែលជាអ្នកមានរោម​ប្រជុំ​ចិញ្ចើមប្រតិស្ឋានល្អហើយបែបនេះ។ បើព្រះតថាគត​នៅ​ជាគ្រហស្ថ នឹងមានជនជាច្រើន ប្រព្រឹត្តតាមអធ្យាស្រ័យ ព្រោះកុសលកម្ម ដែល​តថាគត​ បានធ្វើទុកមកពីកាលមុន ទោះបី​ព្រះតថាគតចេញទៅធ្វើ​ជាបព្វជិត ឥតមានកង្វល់ នឹងបានត្រាស់​ជាព្រះពុទ្ធដ៏ប្រសើរ នឹង​មានជនប្រព្រឹត្ត​តាម​អធ្យាស្រ័យ​ដូចគ្នា។

[៣៥] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកលះបង់នូវវាចាស៊កសៀត វៀរស្រឡះ​ហើយចាកវាចាស៊កសៀត ជាអ្នកឮពាក្យអំពីជនឯនេះ មិននាំទៅប្រាប់ជនឯនោះ ដើម្បី​បំបែកជនទាំងពីរ​ចំណែកនេះឡើយ ឬបានឮពាក្យ​អំពីជនឯនោះ មិននាំ​មកប្រាប់​ជនឯ​នេះ ដើម្បីបំបែក​ជនឯនោះឡើយ ជាអ្នកផ្សះផ្សានូវ​ជន ដែល​បាក់បែកគ្នាហើយ ជាអ្នក​ទំនុក​បម្រុងនូវ​ពួកជន ដែល​ព្រមព្រៀងគ្នា ជាអ្នករីករាយនឹងការព្រមព្រៀង ត្រេកអរ​នឹងការព្រមព្រៀងគ្នា ពេញចិត្តនឹងការព្រមព្រៀងគ្នា និងពោលតែវាចា ដែលធ្វើ​ឲ្យកើត​សេចក្តី​ព្រមព្រៀងគ្នា។ ព្រះតថាគត​នោះ ព្រោះបាន​ធ្វើ​កុសលកម្មនោះ។បេ។ លុះ​ព្រះតថាគត​នោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់​អត្តភាព​​ជាមនុស្ស​នេះ ក៏បាននូវ ​មហាបុរិស​លក្ខណៈ ទាំងពីរនេះ គឺជាអ្នកមានធ្មេញ៤០គត់១ មានធ្មេញជិតស្និទ្ធល្អ១។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈទាំងពីរនោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបាន​ជា​ស្តេច​ចក្រពត្តិ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបាន​របស់​អ្វី គឺនឹង​បានជា​អ្នក​មិន​បែកបាក់បរិស័ទ ឯបរិស័ទរបស់ស្តេច ដែល​មិនបែក​បាក់គ្នានោះ គឺ ពួក​ព្រាហ្មណ៍ គហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀន ពួកមហាមាត្រ សេនាមាន​អង្គ៤ អ្នករក្សាទ្វារ អាមាត្យ បរិស័ទ ស្តេចចំណុះ អ្នកមានភោគសម្បត្តិ និងព្រះរាជកុមារ កាលបើ​នៅជា​ស្តេច នឹងបាននូវរបស់​នេះឯង។បេ។ កាលបើព្រះតថាគត បាន​ត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់អ្វី គឺនឹងមាន​បរិស័ទមិនបែកបាក់គ្នា បរិស័ទរបស់ព្រះតថាគត ដែលមិនបែកបាក់​គ្នា​នោះ គឺពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ កាលបើ​ព្រះតថាគត បានត្រាស់​ជាព្រះពុទ្ធ នឹងបានរបស់នេះឯង។ ព្រះមានព្រះភាគ បានសំដែង​សេចក្តីនេះ​រួចហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថាព័ន្ធនេះ ក្នុង​លក្ខណៈ​​នោះថា

[៣៦] ព្រះតថាគតនោះ មិនបានពោលនូវពាក្យមិនពិត ពាក្យដែល​បង្កហេតុ​ឲ្យ​បែកបាក់ ចាកការព្រមព្រៀង ពាក្យដែលធ្វើសេចក្តីបែកបាក់គ្នា និងទាស់ទែងគ្នា ឲ្យ​ចំរើន ពាក្យដែលធ្វើជំលោះ និងអំពើមិនគួរ ឲ្យចំរើន និងពាក្យដែលនាំឲ្យជន​ដែល​មានបំណង​ព្រមព្រៀង ឲ្យបែកបាក់គ្នា។ ព្រះតថាគត ពោលតែពាក្យល្អ ជាពាក្យធ្វើសេចក្តី​មិនវិវាទ ឲ្យចំរើន និងពាក្យផ្សះផ្សាជនដែលបែកបាក់គ្នាហើយ ព្រះតថាគត បន្ទោបង់នូវជំលោះ​របស់ជន ទាំងធ្វើឲ្យព្រមព្រៀងគ្នា ព្រះតថាគត តែងរីករាយ ត្រេកអរ មួយអន្លើ​ដោយ​សត្វ​ទាំងឡាយ ព្រះតថាគត បានទៅសោយផលវិបាក ក្នុងសុគតិ រីករាយ​ក្នុងសុគតិនោះ លុះច្យុតចាកឋានសួគ៌ (មកកើត) ក្នុងមនុស្សលោកនេះ ក៏មានធ្មេញ​ជិតស្និទ្ធ និងមាន​ធ្មេញ​​៤០គត់ ប្រតិស្ឋានដោយល្អ នៅក្នុងមាត់។ បើព្រះតថាគតនៅ (គ្រប់គ្រងគេហដ្ឋាន) នឹងបានជាក្សត្រិយ៍ គ្រប់គ្រងផែនដី មានបរិស័ទ​មិនបែកបាក់​គ្នាឡើយ ទោះបីជា​សមណៈ ក៏ជាអ្នកឥតមានធូលី ឥតមានមន្ទិល គឺរាគាទិក្កិលេសឡើយ ជាអ្នកមានបរិស័ទ តាមចោមរោម មិនញាប់ញ័រឡើយ។

[៣៧] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកលះបង់នូវផរុសវាចា វៀរស្រឡះ​ហើយ ចាកផរុសវាចា ជាអ្នកនិយាយតែពាក្យដែល​ឥតទោស ពាក្យដែល​ជាសុខដល់​ត្រចៀក​គេ គួរឲ្យស្រឡាញ់ គួរឲ្យតាំងទុកក្នុងហឫទ័យ ជាសំដីអ្នកក្រុង ទាំងជាទីស្រឡាញ់នៃ​ជនច្រើន ជាទីពេញចិត្តនៃជនច្រើន។ ព្រះតថាគត​នោះ ព្រោះបាន​ធ្វើ សន្សំ កសាងនូវ​កុសលកម្មនោះ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់​អត្តភាព​​ជាមនុស្ស​នេះ ក៏បាននូវ មហាបុរិស​លក្ខណៈ ទាំងពីរនេះ គឺជាអ្នកមានអណ្តាតវែង១ មានសូរសព្ទសំឡេង​ក្រាងក្រអៅ ដូចជាសំឡេងព្រហ្ម កាលបើបញ្ចេញវាចា លាន់ឮ​ពីរោះ ដូចជាសំឡេងសត្វករវិក១។ ព្រះតថាគតនោះ ប្រកបដោយ​លក្ខណៈ​ទាំង​ពីរ​នោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជាស្តេច​ចក្រពត្តិ។បេ។ កាលបើបាន​ជាស្តេចហើយ តើនឹងបាន​របស់​អ្វី គឺនឹងបានជាអ្នកមានវាចាគួរឲ្យអ្នកផងកាន់តាម គឺ ពួក​ព្រាហ្មណ៍ គហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀន ពួកមហាមាត្រ សេនាមាន​អង្គ៤ អ្នករក្សាទ្វារ អាមាត្យ បរិស័ទ ស្តេចចំណុះ អ្នកមានភោគសម្បត្តិ និងព្រះរាជកុមារ តែង​កាន់តាមពាក្យ របស់​ព្រះតថាគតនោះ កាលបើនៅជាស្តេច នឹងបានរបស់​នេះឯង។បេ។ កាលបើព្រះ​តថាគត បាន​ត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់អ្វី គឺនឹងបានជាអ្នក​មានវាចា គួរឲ្យអ្នកផង​កាន់តាម គឺពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ តែងកាន់​តាមពាក្យ របស់​ព្រះតថាគតនោះ កាលបើព្រះតថាគត បានត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់​នេះឯង។ លុះព្រះមានព្រះភាគ បានសំដែង​សេចក្តីនេះ​រួចហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថាព័ន្ធនេះ ក្នុង​លក្ខណៈ​​នោះថា

[៣៨] ព្រះតថាគតនោះ មិនបានពោលពាក្យអាក្រក់ក្រៃលែង ដែលជាពាក្យជេរ ជាពាក្យបង្កហេតុឲ្យទាស់ទែងគ្នា បៀតបៀនគ្នា ពាក្យដែលធ្វើឲ្យឈឺចិត្ត ពាក្យជាគ្រឿង​មើលងាយ នូវជន​ច្រើនឡើយ ព្រះតថាគត ពោលតែពាក្យផ្អែមល្ហែម ទន់ភ្លន់ ប្រកបដោយ​ប្រយោជន៍។ ព្រះតថាគតនោះ ពោលតែពាក្យ ដែលជាទីស្រឡាញ់ ពេញចិត្ត គួរដម្កល់​ទុកក្នុងហឫទ័យ នាំមកនូវ​សេចក្តីសុខ ដល់ត្រចៀក (របស់មនុស្ស​ដែល​បានស្តាប់) ព្រះតថាគត បានសោយផលនៃបុណ្យ ក្នុងឋានសួគ៌ បានសោយ​ផល​នៃ​អំពើសុចរិត លុះព្រះតថាគត ច្យុតមកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវភាព​ជាអ្នកមាន​សំឡេង​ដូចសំឡេងព្រហ្ម អណ្តាតរបស់ព្រះតថាគតនោះ ធំទូលាយ ព្រះតថាគត មានពាក្យដែលគួរ​ឲ្យអ្នកផងកាន់តាម សូម្បីកាលព្រះតថាគត នៅជាគ្រហស្ថ និយាយយ៉ាងណាទៅហើយ ក៏តែងនាំឲ្យសម្រេចប្រយោជន៍ យ៉ាងនោះ បើព្រះតថាគត នោះ ជាមនុស្ស​ចេញទៅបួស ក៏មានពួកជនជឿកាន់តាមពាក្យ របស់ព្រះតថាគតនោះ ដែល​ជាអ្នកពោលនូវពាក្យល្អច្រើន។

[៣៩] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកលះបង់នូវសម្ផប្បលាបៈ (ពាក្យរោយរាយ) វៀរស្រឡះហើយចាក​សម្ផប្បលាបៈ ជាអ្នកពោលតាមកាលគួរ ពោលតែពាក្យពិត ពោលពាក្យ​ប្រកបដោយហេតុ ពោលពាក្យប្រកបដោយផល ពោលពាក្យទូន្មាន ពោលពាក្យដែលគួរឲ្យអ្នកផង ដំកល់​ទុកក្នុងហឫទ័យ ជាពាក្យ​ប្រកបដោយគ្រឿង​អាង មានទីបំផុត ប្រកបដោយប្រយោជន៍ ត្រូវតាមកាល។ ព្រះតថាគត​នោះ ព្រោះបាន​ធ្វើ សន្សំនូវ​កុសលកម្ម។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់​អត្តភាព​​ជាមនុស្ស​នេះ ក៏បាននូវមហាបុរិស​លក្ខណៈនេះ គឺជាអ្នកមានចង្កា មានសណ្ឋានដូចជាចង្កានៃរាជសីហ៍។ ព្រះតថាគតនោះ ប្រកបដោយ​លក្ខណៈនោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជាស្តេច​ចក្រពត្តិ។បេ។ កាលបើបាន​ជា​ស្តេចហើយ តើនឹងបាន​របស់​អ្វី គឺនឹងបានជាអ្នក ដែលមនុស្ស​ជាសឹកសត្រូវបច្ចាមិត្តនីមួយ មិនអាចកំចាត់​បង់បានឡើយ កាលបើនៅជាស្តេច នឹងបានរបស់​នេះឯង។បេ។ កាលបើព្រះតថាគត បាន​ត្រាស់​ជាព្រះពុទ្ធ នឹងបាន​របស់អ្វី គឺនឹងបានជាអ្នក ដែលសត្រូវ​បច្ចាមិត្ត ខាងក្នុង ឬខាងក្រៅ គឺរាគៈក្តី ទោសៈក្តី មោហៈ​ក្តី សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬអ្នកណាមួយក្នុងលោក មិនអាច​ធ្វើ​ព្រះតថាគត ឲ្យឃ្លាត (ចាកគុណ ឬទី) បានឡើយ កាលបើព្រះតថាគត បានត្រាស់​ជាព្រះពុទ្ធ នឹងបានរបស់នេះឯង។ លុះព្រះមានព្រះភាគ បានសំដែង​សេចក្តីនេះ​រួចហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថាព័ន្ធនេះ ក្នុង​លក្ខណៈ​​នោះថា

[៤០] ព្រះតថាគត មិនពោលពាក្យឥតប្រយោជន៍ មិនពោលពាក្យរាយមាយ ជាអ្នក​មានគន្លងនៃពាក្យមិនរោយរាយ ព្រះតថាគត តែងបន្ទោបង់​នូវពាក្យ ដែលឥត​ប្រយោជន៍ផង ពោលតែពាក្យមានប្រយោជន៍ ដែលជាពាក្យនាំមកនូវ​សេចក្តី​សុខដល់​ជន​ច្រើនផង។ ព្រះតថាគត ធ្វើនូវ​កុសលកម្មនោះហើយ លុះច្យុតចាកមនុស្សលោកនេះ​ បានទៅ​កើតក្នុងឋានសួគ៌ បានសោយនូវផលវិបាករបស់កម្មដែលធ្វើល្អ លុះច្យុត (ចាក​ឋានសួគ៌) នោះ មកកាន់អត្តភាពជាមនុស្សនេះវិញ ក៏បាននូវភាពជាអ្នកមានចង្កា ដូចចង្កា​សីហៈ ដែលជាសត្វប្រសើរ ជាងពួកសត្វជើង៤។ ព្រះតថាគត ជាស្តេចកំពូលនៃ​មនុស្ស ជាធំជាងមនុស្ស មានអានុភាពច្រើន ទោះបីអ្នកណាៗ ក៏មិនអាចញាំញីបានឡើយ ព្រះ​តថាគត ស្មើដោយព្រះឥន្ទ្រដែលប្រសើរ ក្នុងភពឈ្មោះតាវត្តិង្ស ទាំងក្លៀវក្លាប្រសើរក្រៃលែង ដូចជាព្រះឥន្ទ្រាធិរាជដូច្នោះឯង។ ព្រះតថាគត ជាអ្នកមាន​អត្តភាពដូច្នោះ ទោះបីគន្ធព្វ អសុរ សក្កទេវរាជ រក្ខទេពទាំងឡាយ ដែលក្លៀវក្លា ក៏មិនអាច​ញាំញីបាន បើអ្នកណាមានលក្ខណៈ ដូចជាព្រះតថាគតនោះ ក្នុងលោកនេះ នឹងបានជាធំក្នុងទិស គឺទិសតូច និងទិសធំ។

[៤១] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន បានលះបង់នូវមិច្ឆាជីវៈ (ការចិញ្ចឹមជីវិតខុស) ចិញ្ចឹមជីវិតដោយសម្មាអាជីវៈ (ការចិញ្ចឹមជីវិតត្រូវ) ជាអ្នកវៀរចាកការបញ្ឆោត ឬបន្លំ ដោយជញ្ជីង បញ្ឆោត ដោយមាស បញ្ឆោតដោយរង្វាល់រង្វាស់ បង្ខុសបំភាន់ បញ្ឆោត​បោកប្រាស និងបន្លំ ដោយរបស់ប្លម វៀរចាកកិរិយាកាត់នូវអវយវៈ មានដៃជាដើម សម្លាប់ ចង ធ្វើមនុស្សឲ្យវង្វេងផ្លូវ ប្លន់ កំហែងយកទ្រព្យ។ ព្រះតថាគតនោះ ព្រោះបាន​ធ្វើ​ សន្សំ កសាងកុសលកម្មនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏បាន​ទៅកើតក្នុងឋាន​សុគតិសួគ៌ ទេវលោក។ ព្រះតថាគតនោះ គ្របសង្កត់​នូវទេវតាឯទៀត ក្នុងឋានសួគ៌នោះ ដោយហេតុ១០ប្រការ គឺអាយុទិព្យ១ សម្បុរទិព្យ១ យសទិព្យ១ សុខទិព្យ១ អធិបតីទិព្យ១ រូបទិព្យ១ សំឡេងទិព្យ១ ក្លិនទិព្យ១ ផ្សព្វទិព្យ១។ លុះព្រះតថាគតនោះ ច្យុតចាកឋាន​សួគ៌​នោះ មកកាន់​អត្តភាព​​ជាមនុស្ស​នេះ ក៏បាននូវ មហាបុរិស​លក្ខណៈ ទាំងឡាយពីរនេះ គឺជាអ្នកមានធ្មេញជិតស្និទ្ធល្អ១ មានចង្កូម (ទាំង៤) សស្អាត១។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈទាំងពីរនោះ បើនៅ​គ្រប់គ្រង​គេហដ្ឋាន នឹងបានជាស្តេច​ចក្រពត្តិ ប្រកបដោយធម៌ សោយរាជ្យដោយធម៌ មានជ័យជំនះ ផ្សាយរាជអំណាច រហូតដល់​ផែនដី ដែល​មានសមុទ្រ​ទាំង៤ព័ទ្ធជុំវិញ ទ្រង់ដល់នូវភាពជាអ្នកមាំមួន ក្នុងជនបទ ប្រកបដោយ​រតន៍៧ប្រការ។ រតន៍៧ប្រការនេះ របស់ស្តេចនោះ គឺ ចក្ករតន៍១ ហត្ថិរតន៍១ អស្សរតន៍១ មណិរតន៍១ ឥត្ថីរតន៍១ គហបតិរតន៍១ បរិនាយរតន៍១ រួមត្រូវជា៧ប្រការ។ បុត្ររបស់ស្តេច​ចក្រពត្តិនោះ ក៏មានចំនួនច្រើនពាន់ សុទ្ធសឹងតែជាអ្នកក្លៀវក្លា មានរូប​សណ្ឋាន​ជាអ្នកក្លៀវក្លា អាចញាំញីនូវសេនា របស់ស្តេចឯទៀតបាន។ ទ្រង់ប្រាបប្រាម​គ្រប់គ្រងនូវផែនដីនេះ ដែលមានសាគរ​ជាទីបំផុត ឲ្យជាផែនដី​ឥតមានគោល ឥតមាន​និមិត្ត ឥតមានបន្លា គឺចោរឡើយ ជាផែនដីស្តុកស្តម្ភ មំាមួន​ក្សេមក្សាន្ត ឥតមានឧបទ្រព្យ ឥតមានទីពួនរបស់ចោរ ដោយធម៌ដ៏ស្មើ មិនបាច់ពឹងអាជ្ញា មិនបាច់ពឹងសស្ត្រាវុធ​ឡើយ កាលបើនៅជាស្តេច នឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានបរិវារស្អាតបាត ឯបរិវារស្អាត​បាត​របស់ស្តេចចក្រពត្តិនោះ គឺ ពួក​ព្រាហ្មណ៍ គហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀន ពួកមហាមាត្រ សេនាមាន​អង្គ៤ អ្នករក្សាទ្វារ អាមាត្យ បរិស័ទ ស្តេចចំណុះ អ្នកមាន​ភោគសម្បត្តិ និងព្រះរាជកុមារ កាលបើនៅជាស្តេច នឹងបានរបស់​នេះឯង បើព្រះតថាគត ចេញចាក​គេហដ្ឋាន ទៅបួស នឹងបាន​ត្រាស់​ជាព្រះអរហន្តសម្មាសម្ពុទ្ធ ក្នុងលោក (នេះ) មានដម្បូល គឺរាគាទិក្កិលេស បើកចេញហើយ កាលបើព្រះតថាគត បានត្រាស់​ជា​ព្រះពុទ្ធ នឹងបាន​របស់អ្វី គឺនឹងបានជាអ្នកមានបរិវារស្អាតបាត ឯបរិវារស្អាតបាត របស់​ព្រះតថាគតនោះ គឺពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ កាលបើព្រះតថាគត បានត្រាស់​ជាព្រះពុទ្ធ នឹងបានរបស់នេះឯង។ លុះព្រះមានព្រះភាគ ពោល​សេចក្តីនេះ​រួចហើយ។ ទើបទ្រង់​ត្រាស់នូវ​គាថាព័ន្ធនេះ ក្នុង​លក្ខណៈ​​នោះថា

[៤២] ព្រះតថាគតនោះ បានលះបង់ការចិញ្ចឹមជីវិតខុស បានបំពេញ​សេចក្តី​ប្រព្រឹត្ត​ដោយស្អាតល្អ ជាធម៌ដ៏ស្មោះស្មើផង បានកំចាត់បង់នូវកម្ម ដែលឥតប្រយោជន៍​ផង ប្រព្រឹត្តនូវកម្មដែលមានប្រយោជន៍ ទាំងនាំមកនូវសេចក្តី​សុខ ដល់ជនច្រើនផង។ ព្រះតថាគត ជានរជន បានធ្វើនូវអំពើមានផលដ៏ល្អ ដែលពួកសប្បុរជាអ្នកប្រាជ្ញ មានប្រាជ្ញាល្អិត តែងសរសើរ ហើយទើបសោយនូវសេចក្តីសុខ ក្នុងឋានសួគ៌ ព្រះតថាគត ជាអ្នកស្មើដោយសក្កទេវរាជ ដែលជាកំពូល​នៃទេវតា ក្នុងភពឈ្មោះតាវត្តិង្ស តែងត្រេក​អរ និងមូលមិត្រ ដោយសេចក្តីរីករាយ និងសេចក្តីសុខសម្រាន្ត។ លុះព្រះតថាគត ច្យុត​ចាកឋានសួគ៌នោះ បានមកកើតជាមនុស្សនេះ ម្តងទៀត ក៏បាននូវធ្មេញរាបស្មើល្អផង នូវ​ចង្កូម (ទាំង៤) ស្អាតល្អផង ព្រោះ​សេសនៃផលវិបាក របស់កម្មដែលបាន​ធ្វើល្អហើយ។ ពួក​មនុស្សជាច្រើន ជាអ្នកដឹង​នូវលក្ខណៈ ដែលសន្មតថាជាអ្នកមានប្រាជ្ញាល្អិត មកប្រជុំ​គ្នាទាយព្រះតថាគតនោះថា ព្រះតថាគត ដែលមានព្រះទន្តស្មើ សស្អាតល្អ រមែង​មានពួក​ជនស្អាតជាបរិវារ។ បើព្រះតថាគត នៅសោយរាជ្យ នឹងបានជនច្រើន ជាបរិវារ​ស្អាតល្អ ព្រះតថាគត ប្រៀនប្រដៅនូវមនុស្ស លើផែនដីធំនេះ គ្របសង្កត់សង្កិន មិនឲ្យ​មានគ្រឿង​ចាក់ដោតដល់ជនបទឡើយ ព្រះតថាគត ប្រព្រឹត្តនូវអំពើជាប្រយោជន៍ ទាំង​សេចក្តី​សុខដល់ជនច្រើន បើព្រះតថាគត ចេញទៅបួស រមែងជាអ្នកបន្សាត់បង់នូវ​បាប ជាអ្នកស្ងប់រម្ងាប់ មានធូលី គឺរាគាទិក្កិលេសស្ងប់រម្ងាប់ហើយ មានកិលេស ដូចជាដម្បូល បើកចេញហើយ ជាអ្នកប្រាសចាកសេចក្តីក្រវល់ក្រវាយ និងសេចក្តីលំបាកកាយ តែង​ឃើញ​នូវលោកនេះ និងលោកខាងមុខ។ ពួកគ្រហស្ថ និងបព្វជិតជាច្រើន ដែលជាអ្នក​ធ្វើតាមឱវាទ របស់ព្រះតថាគតនោះ តែងជាអ្នកប្រាសចាកសេចក្តីសៅហ្មង ព្រោះថា ព្រះតថាគត ដែលមានបាប បន្សាត់ចោលហើយនោះ រមែង​មានតែពួក​មនុស្សស្អាតល្អ ដែលជាអ្នក​កំចាត់បង់នូវមន្ទិល និងដង្គត់ គឺរាគាទិក្កិលេស នូវកំហុស គឺទោស និងកិលេសទាំងពួង មកចោមរោមជុំវិញ។

លុះព្រះមានព្រះភាគ បានសំដែង​លក្ខណសូត្រនេះចប់ហើយ។ ពួកភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរ ចំពោះភាសិត​របស់ព្រះមានព្រះភាគ។

ចប់ លក្ខណសូត្រ ទី៧។

 

លេខយោង

1)
អដ្ឋកថា ក្នុងមហាសុទស្សនសូត្រថា បានដល់ពួកអ្នកមានភោគសម្បត្តិ​ច្រើន។
2)
ព្រះរាជបុត្រច្បង ដែលមានប្រាជ្ញាឈ្លាសវៃ អាចស្គាល់​ចិត្ត​ របស់​ស្តេច​ចក្រពត្តិ ជាអ្នកចាត់ចែងកិច្ចការគ្រប់ចំពូកថ្វាយ​ស្តេច​ចក្រពត្តិបាន។
3)
ដីកាថា សីលជាទីតាំងរបស់សមថៈ និងវិបស្សនា។
4)
អដ្ឋកថា ថា បរិវារ របស់ទានមាន១០ប្រការគឺ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប គ្រែ ឬតាំង លំនៅ ប្រទីប និងប្រេង។
5)
ពាក្យថា ស្គាល់ស្មើនោះ គឺស្គាល់ថា ជននេះមានគុណស្មើនឹងជននោះ ហើយស្រុះស្រួលទទួលបុរសនោះ តាមវិធីដែលត្រូវទទួល។ ដីកា។
6)
ពាក្យថា ស្គាល់ដោយខ្លួនឯង គឺស្គាល់ដោយមិនចាំ​បាច់អ្នកឯទៀតមកពន្យល់ឡើយ។
7)
ពាក្យថា ស្គាល់​បុរសនោះ គឺស្គាល់​ពិតប្រាកដថា បុរសនេះជាន់ខ្ពស់ បុរសនេះជាន់កណ្តាល បុរសនេះជាន់ទាប។ ដីកា
km/tipitaka/sut/dn/sut.dn.30.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann