User Tools

Site Tools


Translations of this page?:
km:tipitaka:sut:dn:sut.dn.31



សិង្គាលកសូត្រ ទី៨

សង្ខេប

«វិន័យ​របស់​គ្រហស្ថ​» ដែល​ជា​ផ្លូវ​សម្រាប់​ភាពរុងរឿង និង​សុភមង្គល​នៅ​ជុំវិញ។គល​នៅ​ជុំវិញ។

dn 31 បាលី cs-km: sut.dn.31 អដ្ឋកថា: sut.dn.31_att PTS: ?

(ទី៨) សិង្គាលកសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសក សុខវិបុល

អានដោយ ឧបាសិកា ស៊ុនហ៊ាង
sut.dn.31.pdf sut.dn.31.docx

(៨. សិង្គាលសុត្តំ)

[៤៣] ខ្ញុំ​បាន​ស្តាប់​មក​យ៉ាង​នេះ។ សម័យ​មួយ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​គង់​ក្នុង​វត្ត​វេឡុវន ជា​កលន្ទកនិវាបស្ថាន ជិត​ក្រុង​រាជគ្រឹះ។ សម័យ​នោះ​ឯង កូន​គហបតី​ឈ្មោះ​សិង្គាលកៈ1) ក្រោក​ឡើង​អំពី​ព្រឹក ​មាន​សំពត់​ស្លៀក​ដណ្តប់​ទទឹក និង​សក់​ទទឹក ចេញ​ពី​ក្រុង​រាជគ្រឹះ ប្រណម្យ​អញ្ជលី ថ្វាយ​បង្គំ​ទិស​ទាំង​ឡាយច្រើន គឺ​ទិស​ខាង​កើត ខាង​ត្បូង ខាង​លិច ខាង​ជើង ខាង​ក្រោម និងទិសខាង​លើ។

[៤៤] លំដាប់​នោះ​ឯង ព្រះ​មាន​ព្រះ​ភាគ​ ស្តេច​ទ្រង់​ស្បង់ ​និង​បាត្រ​ចីវរ​ក្នុង​បុព្វណ្ហ​សម័យ ហើយ​ស្តេច​ចូល​ទៅ​កាន់​ក្រុង​រាជគ្រឹះ ដើម្បី​បិណ្ឌបាត្រ។ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ទត​ឃើញ​សិង្គាលកគហបតិបុត្ត ​ក្រោក​ឡើង​អំពី​ព្រឹក​ មាន​សំពត់​ស្លៀក​ដណ្តប់​ទទឹក និង​សក់​ទទឹក​ ​ចេញ​ពី​ក្រុង​រាជគ្រឹះ កំពុង​ផ្គង​អញ្ជលី ថ្វាយ​បង្គំ​ទិស​ទាំង​ឡាយ​ច្រើន​ គឺ​ទិស​ខាង​កើត ខាង​ត្បូង ខាង​លិច ខាង​ជើង ខាង​ក្រោម និងទិស​ខាង​លើ លុះ​ទ្រង់​ឃើញ​ហើយ ទើប​ទ្រង់​ត្រាស់​សួរ​សិង្គាលកគហបតិបុត្ត ​ដូច្នេះ​ថា នែ​គហបតិបុត្ត ហេតុ​អ្វី ទើប​អ្នក​ក្រោក​អំពី​ព្រឹក​ មាន​សំពត់​ស្លៀក​ដណ្តប់​ទទឹក និង​សក់​ទទឹក ចេញ​ពី​ក្រុង​រាជគ្រឹះ ផ្គង​អញ្ជលី​ថ្វាយ​បង្គំ​ទិស​ទាំង​ឡាយ​ច្រើន​ គឺ​ទិស​ខាង​កើត។បេ។ ទិស​ខាង​លើ។ សិង្គាលក​គហបតិ​បុត្ត​ ​ក្រាប​បង្គំ​ទូល​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន កាល​បិតា​របស់​ខ្ញុំ​ជិត​នឹង​ធ្វើ​មរណភាព បាន​ផ្តាំ​នឹង​ខ្ញុំ​ព្រះ​អង្គ​យ៉ាង​នេះ​ថា ហៃ​បា អ្នក​ត្រូវ​តែ​ថ្វាយ​បង្គំ​ទិស​ទាំង​ឡាយ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះ​អង្គ​នោះ​ ធ្វើ​សក្ការៈ​គោរព រាប់​អាន បូជា នូវ​ពាក្យ​របស់​បិតា​ បាន​ជាក្រោក​ឡើង​អំពី​ព្រឹក​ មាន​សំពត់​ស្លៀក​ដណ្តប់​ទទឹក​ និង​សក់​ទទឹក​ ចេញ​ពី​ក្រុង​រាជគ្រឹះ​ ផ្គង​​អញ្ជលី​ ថ្វាយ​បង្គំ​ទិស​ទាំងឡាយ​ដ៏​ច្រើន គឺ​ទិស​ខាង​កើត។បេ។ ទិស​ខាង​លើ។ ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ថា នែ​គហបតិបុត្ត ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ ​គេ​មិន​ត្រូវ​ថ្វាយ​បង្គំ​ទិស​ទាំង​៦យ៉ាង ​ដូច្នេះ​ទេ។ សិង្គាលកគហបតិបុត្ត​ ក្រាប​បង្គំ​ទូល​សួរ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ចំណែក​ក្នុង​អរិយវិន័យ ​គេ​គប្បី​ថ្វាយ​បង្គំ​ទិស​ទាំង៦ ដូច​ម្តេច បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន បើ​ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ ​គេ​គប្បី​ថ្វាយ​បង្គំ​ ចំពោះ​ទិស​ទាំង៦យ៉ាង​ណា សូម​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​ធម៌ ​ដល់​ខ្ញុំ​ព្រះ​អង្គ​ដូច្នោះ​ចុះ។

[៤៥] ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ថា នែ​គហបតិបុត្ត បើ​ដូច្នោះ អ្នក​ចូរ​ស្តាប់​ចុះ ចូរ​កំណត់​ទុក​ក្នុង​ចិត្ត​ឲ្យ​ប្រពៃ​ចុះ តថាគត​នឹង​សំដែង​ប្រាប់។ សិង្គាលកគហបតិបុត្ត ក៏​ទទួល​ស្តាប់​ព្រះ​ពុទ្ធ​ដីកា​ព្រះ​មាន​ព្រះ​ភាគ​​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន យ៉ាង​ហ្នឹង​ហើយ។ ព្រះ​មាន​ព្រះ​ភាគ ​​ទ្រង់​ត្រាស់​ដូច្នេះ​ថា ម្នាល​គហបតិបុត្ត អរិយសាវ័ក លះបង់​នូវ​កម្មក្កិលេស (អំពើ​ដ៏​សៅហ្មង) ៤​ប្រការ​ផង​ មិន​ធ្វើ​នូវ​បាបកម្ម (អំពើ​អាក្រក់) ព្រោះ​ហេតុ ៤យ៉ាង​ផង មិន​សេព​នូវ​អបាយមុខ (គឺ​ប្រធាន​នៃ​សេចក្តី​វិនាស) នៃ​ភោគៈ៦យ៉ាង​ផង អរិយសាវ័ក​នោះ លោក​វៀរចាក​បាបធម៌​ទាំង​១៤យ៉ាង​នេះ ឈ្មោះ​ថា​ ជា​អ្នក​បិទបាំង​ទិស​ទាំង៦ ប្រតិបត្តិ​ដើម្បី​ជំនះ​​ក្នុង​លោក​ទាំង​ពីរ គឺ​លោក​នេះ ក៏​អរិយសាវ័ក​នោះ​ បាន​ប្រារព្ធ គឺ​ថា​បាន​ពេញ​ចិត្ត​ហើយ លោក​ខាង​មុខ​ក៏​ពេញ​ចិត្ត​ទៀត។ លុះ​អរិយសាវ័ក​នោះ ទំលាយ​រាង​កាយ​ទៅ រមែង​កើត​ក្នុង​មនុស្ស​សុគតិសួគ៌​ទេវលោក។ កម្មក្កិលេស៤ ប្រការ ដែល​អរិយសាវ័ក​​នោះ ​លះបង់​ហើយ​ដូច​ម្តេច។ ម្នាល​គហបតិបុត្ត ការ​ធ្វើ​សត្វ​មាន​ជីវិត ​ឲ្យ​ធ្លាក់​ចុះ​កន្លង (សម្លាប់​សត្វ) ជា ​កម្មក្កិលេស ១ ការ​កាន់​យក​ទ្រព្យ ​ដែល​ម្ចាស់​គេ​មិន​ឲ្យ​ ជា​កម្មក្កិលេស ១ ​ការ​ប្រព្រឹត្តិ​ខុស ​ក្នុង​កាម​ទាំងឡាយ ជា​កម្មក្កិលេស ១ ការ​និយាយ​ពាក្យ​កុហក ជា​កម្មក្កិលេស ១ កម្មក្កិលេស ៤ ប្រការ​នេះ ដែល​អរិយសាវ័ក​នោះ​ បាន​លះបង់​ហើយ។ ព្រះ​មាន​ព្រះ​ភាគ​ បាន​សំដែង​ពាក្យ​នេះ​ហើយ ព្រះ​សុគត​ជា​សាស្តា លុះ​ទ្រង់​សំដែង​ពាក្យ​នេះ​ហើយ ទើប​សំដែង​គាថា​ព័ន្ធ​នេះ​ តទៅ​ទៀត​ថា

[៤៦] ការ​សម្លាប់​សត្វ​ ១ លួច​ទ្រព្យ​គេ ១ និយាយ​​កុហក ១ សេព​ភរិយា​បុគ្គល​ដទៃ ១ ហៅ​ថា ( កម្មក្កិលេស ) បណ្ឌិត​ទាំងឡាយ មិន​សរសើរ​ឡើយ។

[៤៧] អរិយសាវ័ក​មិន​ធ្វើ​នូវ​បាបកម្ម ព្រោះ​ហេតុ​៤យ៉ាង​ ដូច​​ម្តេច​ខ្លះ បុថុជ្ជន ​លុះ​អគតិ​ព្រោះ​ស្រឡាញ់ ក៏​ធ្វើ​បាបកម្ម លុះ​អគតិ​ព្រោះ​ស្អប់ ក៏​ធ្វើ​បាបកម្ម លុះ​អគតិ​ព្រោះ​ល្ងង់ ក៏​ធ្វើ​បាបកម្ម លុះ​អគតិ​ព្រោះ​ខ្លាច ក៏​ធ្វើ​បាបកម្ម។ ម្នាល​គហបតិបុត្ត អរិយសាវ័ក​​ មិន​លុះ​អគតិ​ព្រោះ​ស្រឡាញ់ មិន​លុះ​អគតិ​ព្រោះ​ស្អប់ មិន​លុះ​អគតិ​ព្រោះ​ល្ងង់ មិន​លុះ​អគតិ​ព្រោះ​ខ្លាច ព្រោះ​ហេតុ​ទាំង៤ណា។ អរិយសាវ័ក​នោះ ​ឈ្មោះ​ថា មិន​ធ្វើ​បាបកម្ម ព្រោះ​ហេតុ៤យ៉ាង​នេះ។ ព្រះ​មាន​ព្រះ​ភាគ​ ​បាន​សំដែង​ពាក្យ​នេះ​ហើយ ព្រះ​សុគត ​ជា​សាស្តា លុះ​ទ្រង់​សំដែង​ពាក្យ​នេះ​ហើយ ទើប​សំដែង​គាថា​ព័ន្ធ​នេះ តទៅ​ទៀត​ថា

[៤៨] អ្នក​ណា ប្រព្រឹត្ត​កន្លង​ធម៌ ព្រោះ​សេចក្តី​ស្រឡាញ់​ ព្រោះ​សេចក្តី​ស្អប់ ព្រោះ​សេចក្តី​ខ្លាច ព្រោះ​សេចក្តី​វង្វេង​ យស​របស់​អ្នក​នោះ រមែង​សាបសូន្យ​ទៅ ដូច​ព្រះ​ចន្ទ​ខាង​រនោច។ អ្នក​ណាមិន​ប្រព្រឹត្ត​កន្លង​ធម៌ ព្រោះ​សេចក្តី​ស្រឡាញ់ ព្រោះ​សេចក្តី​ស្អប់ ព្រោះ​សេចក្តី​ខ្លាច ព្រោះ​សេចក្តី​វង្វេង យស​របស់​អ្នក​​នោះ រមែង​ពេញ​បរិបូណ៌ ដូច​ព្រះ​ចន្ទ​ខាង​ខ្នើត។

[៤៩] អរិយសាវ័ក មិន​សេព​នូវ​ធម៌ ជា​ប្រធាន​នៃ​សេចក្តី​វិនាស​ភោគ៦យ៉ាង ដូច​ម្តេច​​ខ្លះ។ ម្នាល​គហបតិបុត្ត កិរិយា​ប្រកប​រឿយ​ៗ នូវ​ការ​ផឹក​ទឹក​ស្រវឹង គឺ​សុរា​ និង​មេរ័យ ដែល​ជា​ហេតុ ជា​ទីតាំង​នៃ​សេចក្តី​ប្រមាទ​ ជា​ប្រធាន​នៃ​សេចក្តី​វិនាសភោគៈ ១ បាន​ប្រកប​រឿយ​ៗ នូវ​ការ​ត្រាច់​ទៅ​តាម​ច្រក​ល្ហក​ខុស​កាល ជា​ប្រធាន​នៃ​សេចក្តី​វិនាស​ភោគ ១ ការ​ដើរ​មើល​មហោស្រព​ជា​ប្រធាន​នៃ​សេចក្តី​វិនាស​ភោគៈ ១ ការ​ប្រកប​រឿយ​ៗ នូវ​ហេតុ​ជា​ទីតាំង​ នៃ​សេចក្តី​ប្រមាទ គឺ​លេង​ល្បែង​ភ្នាល់ ជា​ប្រធាន​ នៃ​សេចក្តី​វិនាស​ភោគៈ ១ ការ​សេព​នូវ​បាបមិត្ត ជា​ប្រធាន​នៃ​សេចក្តី​វិនាស​ភោគៈ ១ ការ​ប្រកប​រឿយ​ៗ នូវ​សេចក្តី​ខ្ជិល ជា​ប្រធាន​នៃ​សេចក្តី​វិនាស​ភោគៈ ១។

[៥០] ម្នាល​គហបតិបុត្ត ទោស​ក្នុង​កិរិយា​ប្រកប​រឿយ​ៗ នូវ​ការ​ផឹក​ទឹក​ស្រវឹង គឺ​សុរា​និង​មេរ័យ ដែល​ជា​ហេតុ​ ជា​ទីតាំង​នៃ​សេចក្តី​ប្រមាទ​នេះ​មាន៦យ៉ាង គឺ​វិនាស​ទ្រព្យ​ដែល​ឃើញ​ជាក់​ស្តែង​ខ្លួន​ឯង ១ ការ​ក​ឲ្យ​កើត​ជម្លោះ ១ ហេតុ​នាំ​ឲ្យ​កើត​រោគ​ទាំងឡាយ ១ ការ​នាំ​ឲ្យ​ខូច​ឈ្មោះ ១ ការ​បង្ហាញ​កេរ្តិ៍​ខ្មាស ១ ហេតុ​ជា​គំរប់ ៦ គឺ​ធ្វើ​បញ្ញា​ឲ្យ​មាន​កំឡាំង​ថយ​ ១។ ម្នាល​គហបតិបុត្ត ទោស​ក្នុង​ការ​ប្រកប​រឿយ​ៗ​ នូវ​​ការ​ផឹក​ទឹក​ស្រវឹង គឺ​សុរា​ និង​មេរ័យ ដែល​ជា​ហេតុ​ ជា​ទី​តាំង នៃ​សេចក្តី​ប្រមាទ​មាន៦យ៉ាង​នេះឯង។

[៥១] ម្នាល​គហបតិបុត្ត ទោស​ក្នុង​ការ​ប្រកប​រឿយ​ៗ នូវ​ការ​ដើរ​ទៅ​តាម​ច្រក​ល្ហក​ខុស​កាល​នេះ​មាន​៦យ៉ាង​ គឺ​អ្នក​នោះ​ឈ្មោះ​ថា មិន​គ្រប់​គ្រង​ មិន​រក្សា​ខ្លួន១ អ្នក​នោះ​ឈ្មោះ​ថា មិន​គ្រប់​គ្រង ​មិន​រក្សា​កូន​ប្រពន្ធ១ អ្នក​នោះ​ឈ្មោះ​ថា មិន​គ្រប់​គ្រង ​មិន​រក្សា​ទ្រព្យ​សម្បត្តិ១ សេចក្តី​រង្កៀស​ តែង​កើត​មាន​ក្នុង​កន្លែង (ដែល​ខ្លួន​ទៅ​ដល់) នោះ​ៗ១ ពាក្យ​មិន​ពិត​ តែង​ធ្លាក់​មក​ត្រូវ​លើ​បុគ្គល​នោះ2) ១។ បុគ្គល​នោះ​ឈ្មោះ​ថា បំពេញ​នូវ​ធម៌​ទុក្ខ​ច្រើន១។ ម្នាល​គហបតិបុត្ត ទោស​ក្នុង​ការ​ប្រកប​រឿយ​ៗ នូវ​កិរិយា​ត្រាច់​ទៅ​ តាម​ច្រក​ល្ហក​ខុស​កាល​​ មាន៦យ៉ាង​នេះឯង។

[៥២] ម្នាល​គហបតិបុត្ត ទោស​ក្នុង​ការដើរមើលល្បែង មហោស្រពនេះ៦យ៉ាង គឺរបាំក្នុងទីណា ក៏ទៅក្នុងទីនោះ១ ចម្រៀងក្នុងទីណា ក៏ទៅក្នុងទីនោះ១ ការប្រគំក្នុងទី​ណា ក៏ទៅក្នុងទីនោះ១ គេប្រជុំនិយាយរឿងព្រេង ឥតប្រយោជន៍ (មានរឿង​ចម្បាំង​នៃមហាភារតៈ និងរឿង​នាងសិតាជាដើម) ក្នុងទីណា ក៏ទៅក្នុងទីនោះ១ ល្បែងវាយគង3) ក្នុងទីណា ក៏ទៅក្នុងទី​នោះ១ ល្បែងវាយរនាតក្នុងទីណា ក៏ទៅក្នុងទីនោះ១។ ម្នាល​គហបតិបុត្ត ទោស​ក្នុងកិរិយា​ដើរមើលល្បែង មហោស្រព មាន៦យ៉ាង​នេះឯង។

[៥៣] ម្នាល​គហបតិបុត្ត ទោស​ក្នុង​ការ​ប្រកប​រឿយ​ៗ នូវ​ការលេងល្បែងភ្នាល់ ដែលជា​ហេតុ ជាទីតាំង​ នៃសេចក្តីប្រមាទ​នេះ ​មាន​៦យ៉ាង​ គឺបុគ្គលនោះ បើឈ្នះគេ តែង​បានពៀរ១ បើចាញ់គេ តែង​សោកស្តាយទ្រព្យសម្បត្តិ១ វិនាសទ្រព្យសម្បត្តិ ដែល​ឃើញ​ជាក់ស្តែង ទាន់ភ្នែក១ កាលបើ​ទៅសាលាវិនិច្ឆ័យ គេមិនជឿ​ស្តាប់ពាក្យ១ ពួកមិត្តអាមាត្យ តែងបោះបង់ចោល១ ជាបុគ្គល​ដែលគេមិនត្រូវការដណ្តឹង​ ឬឲ្យកូនស្រី ព្រោះគេគិតថា បុរសបុគ្គលអ្នកលេងល្បែងភ្នាល់ មិនអាច​ចិញ្ចឹមប្រពន្ធបានទេ១។ ម្នាល​គហបតិបុត្ត ទោស​ក្នុង​ការ​ប្រកប​រឿយ​ៗ នូវ​ការលេងល្បែងភ្នាល់ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ​​ មាន៦យ៉ាង​នេះឯង។

[៥៤] ម្នាល​គហបតិបុត្ត ទោស​ក្នុង​ការសេពគប់ នូវបាបមិត្តនេះ ​មាន​៦យ៉ាង​ គឺពួក​ជនដែលជាអ្នកលេងល្បែងភ្នាល់១ ជនដែលជាអ្នកលេង4) ស្រី១ ជនដែលជាអ្នកលេងផឹកសុរា១ ជនដែលជាអ្នកបោកប្រាស បញ្ឆោត​អ្នកដទៃ ដោយរបស់ក្លែង១ ជនដែល​ជាអ្នក​បំបាត់ប្រវញ្ចន៍អ្នកដទៃ ក្នុងទីចំពោះមុខ១ ជនដែល​ជាអ្នកឆក់ដណ្តើមទ្រព្យអ្នកដទៃ១ ជនទាំងនោះ ជាមិត្ត ជាសំឡាញ់ របស់ជន​នោះ។ ម្នាល​គហបតិបុត្ត ទោស​ក្នុង​ការសេពគប់នូវបាបមិត្ត មាន៦យ៉ាង​នេះឯង។

[៥៥] ម្នាល​គហបតិបុត្ត ទោស​ក្នុង​ការ​ប្រកប​រឿយ​ៗ នូវសេចក្តីខ្ជិល​នេះ ​មាន​៦យ៉ាង​ គឺមិនធ្វើការងារដោយអាងថា ត្រជាក់ណាស់១ មិនធ្វើការងារ ដោយអាងថា​ក្តៅណាស់១ មិនធ្វើការងារ ដោយអាងថា​ល្ងាចណាស់១ មិនធ្វើការងារ ដោយអាង​ថាព្រឹកណាស់១ មិនធ្វើការងារ ដោយអាងថាឃ្លានណាស់១​ មិនធ្វើការងារ ដោយអាងថា​ស្រេកណាស់១ កាលបើជនអ្នកខ្ជិលច្រអូសនោះ ច្រើនដោយ​ការពោល​អាងកិច្ចយ៉ាងនេះ ភោគទាំងឡាយ ដែលមិនទាន់កើត ក៏ខានកើតឡើងផង ភោគៈ​ទាំងឡាយ ដែលកើតឡើងហើយ ក៏ដល់នូវសេចក្តីរេចរឹលទៅវិញផង។ ម្នាល​គហបតិបុត្ត ទោស​ក្នុង​ការ​ប្រកប​រឿយ​ៗ នូវ​សេចក្តីខ្ជិល​ មាន៦យ៉ាង​នេះឯង។ ព្រះមានព្រះភាគ ទ្រង់បានសំដែងធម៌នេះហើយ ព្រះសុគត ជាសាស្តា លុះសំដែង​ធម៌នេះ​ហើយ ទ្រង់សំដែង​គាថាព័ន្ធនេះ តទៅទៀតថា

[៥៦] បុគ្គលខ្លះ ជាមិត្តសំឡាញ់ បានតែក្នុងរោងសុរាក៏មាន បុគ្គលខ្លះថា សំឡាញ់ៗ តែនៅចំពោះមុខក៏មាន បុគ្គលណា កាលបើប្រយោជន៍ (ខ្លួន) កើតឡើង ទើប​ធ្វើជាសំឡាញ់បុគ្គលនោះ មកជាសំឡាញ់នឹងខ្លួនក៏មាន។ កិរិយាដេកដល់ថ្ងៃ១ ធ្វើសេវនកិច្ច នឹងប្រពន្ធអ្នកដទៃ១ ភាវៈជាអ្នកមានពៀរច្រើន១ ភាវៈជាអ្នកធ្វើអំពើ​ឥត​ប្រយោជន៍១ បាបមិត្ត១ ភាវៈជាអ្នកកំណាញ់ស្វិតស្វាញ១ ហេតុទាំង៦នុ៎ះ រមែង​បំផ្លាញ​បុរស (ឲ្យវិនាស)។ នរជន ដែលមានមិត្តអាក្រក់ មានសំឡាញ់អាក្រក់ មានមារយាទ និងគោចរអាក្រក់ តែង​វិនាសចាក​លោកទាំងពីរ គឺលោកនេះ និងលោកខាងមុខ។ ល្បែង​ភ្នាល់ ល្បែងស្រី និងល្បែងសុរា១ របាំ និងចម្រៀង១ ការដេកថ្ងៃ១ ការឲ្យគេបំរើខ្លួន ក្នុង​កាលមិនគួរ១ ពួកមិត្តអាក្រក់១ ភាវៈជាអ្នកមានសេចក្តីកំណាញ់ស្វិតស្វាញ១​ ហេតុទាំង​៦នេះ តែងបំផ្លាញបុរសឲ្យវិនាស។ ពួកជនលេងល្បែងភ្នាល់ ផឹកសុរា ធ្វើសេវនកិច្ច​នឹងស្រី ដែលស្មើដោយជីវិតរបស់បុរសដទៃ សេពគប់នឹងបុគ្គលថោកទាប (ខាតលក្ខណ៍) មិនសេពគប់នឹងបុគ្គល ដែលមានសេចក្តី​ចំរើន (គ្រប់លក្ខណ៍) យសរបស់ពួកជន​នោះឯង តែងសាបសូន្យ ដូចព្រះចន្ទខាងរនោច។ ជនដែលជាអ្នកផឹកសុរា ជាអ្នកខ្សត់ទ្រព្យ ជាអ្នកឥតមានកង្វល់ ដោយការងារចិញ្ចឹមជីវិត មានតែស្រវឹងជានិច្ច ប្រាសចាកសេចក្តីចំរើន លិចចុះក្នុងបំណុល ដូចដុំថ្មលិចចុះទៅក្នុងទឹក បុគ្គលនោះ តែង​ធ្វើការងារឲ្យវឹកវរ ដល់ខ្លួន​ដោយឆាប់។ បុគ្គលដេកក្នុងវេលាថ្ងៃ ជាប្រក្រតី មិនក្រោកឡើង​ពីយប់ ជាប្រក្រតី ជាអ្នកស្រវឹងជានិច្ច ជាអ្នកលេងល្បែង មិនអាចនឹង​គ្រប់គ្រងផ្ទះសម្បែងបាន។ ប្រយោជន៍ទាំងឡាយ តែងកន្លង​ហួសមនុស្ស​ដែលលះបង់ចោល​នូវការងារ ដោយពោលអាងថា វេលានេះ ត្រជាក់ណាស់ ក្តៅណាស់ ល្ងាចណាស់។ ជនណាមួយ ធ្វើនូវកិច្ចការរបស់បុរស មិនអើពើនូវត្រជាក់ និងក្តៅ ក្រៃលែង​ជាងស្មៅ (ទៅទៀត) ជននោះ រមែង​មិនសាបសូន្យចាកសេចក្តីសុខឡើយ។

[៥៧] ម្នាលគហបតិបុត្ត អ្នកត្រូវស្គាល់​ពួកមនុស្ស​ ដែលមិនមែនជាមិត្ត គ្រាន់តែ​ជាមិត្តប្លម៤ពួកនេះគឺ អ្នកត្រូវស្គាល់​ពួកមនុស្ស​ ដែលគិតយកតែប្រយោជន៍ខ្លួនថា មិនមែន​ជាមិត្ត គ្រាន់តែជាមិត្តប្លម១ អ្នកត្រូវស្គាល់​ពួកមនុស្ស​ ល្អតែសំដីថា មិនមែន​ជាមិត្ត គ្រាន់តែជាមិត្តប្លម១ អ្នកត្រូវស្គាល់​មនុស្ស​ ដែល​និយាយចាក់បណ្តោយ ឲ្យគាប់ចិត្តថា មិនមែន​ជាមិត្ត គ្រាន់តែជាមិត្តប្លម១ អ្នកត្រូវស្គាល់មនុស្ស​ ជាសំឡាញ់ ក្នុងការ​វិនាសភោគៈ​ទាំងឡាយថា មិនមែន​ជាមិត្ត គ្រាន់តែជាមិត្តប្លម១។

[៥៨] ម្នាលគហបតិបុត្ត មនុស្សគិតយកតែប្រយោជន៍ខ្លួ​ន មិនមែន​ជាមិត្ត គ្រាន់តែ​ជាមិត្តប្លម (នោះ) អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាង គឺមិត្តគិតយកតែប្រយោជន៍ខ្លួន១ មិត្ត​ប្រាថ្នាយករបស់ច្រើន ដោយ(ឲ្យ)របស់តិចតួច១ ទាល់តែមានភ័យ ទើបជួយ​ធ្វើកិច្ចរបស់​មិត្ត១ សេពគប់មិត្ត ព្រោះ​ហេតុតែប្រយោជន៍១។ ម្នាលគហបតិបុត្ត មិត្តគិតយកតែ​ប្រយោជន៍​ខ្លួន មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវ​ស្គាល់ដោយស្ថាន៤យ៉ាង​នេះឯង។

[៥៩] ម្នាលគហបតិបុត្ត មិត្តល្អតែសំដី​ មិនមែន​ជាមិត្ត គ្រាន់តែ​ជាមិត្តប្លម អ្នក​ត្រូវស្គាល់ដោយស្ថាន៤ គឺមិត្តទទួលរាក់ទាក់ដោយ​របស់ដែលកន្លងហើយ១ ទទួលរាក់ទាក់​ដោយរបស់ដែល​មិនទាន់មានមក១ សង្គ្រោះ​ដោយអំពើឥតប្រយោជន៍ ១ កាលកិច្ចទាំងឡាយ កើតឡើងភ្លាមៗ ក៏សំដែងអាងរបស់ខូចខាត5) ១ ម្នាលគហបតិបុត្ត មិត្តល្អតែសំដី មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវ​ស្គាល់ដោយស្ថាន៤យ៉ាង​នេះឯង។

[៦០] ម្នាលគហបតិបុត្ត មិត្តនិយាយចាក់បណ្តោយ ឲ្យគាប់ចិត្ត ​មិនមែន​ជាមិត្តទេ គ្រាន់តែ​ជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាង គឺបើមិត្តធ្វើអំពើអាក្រក់ ក៏យល់​ព្រមតាម១ មិត្តធ្វើអំពើល្អ ក៏យល់ព្រមតាម១ ពណ៌នាគុណមិត្ត តែក្នុងទីចំពោះមុខ១​ ពោលទោស​មិត្ត ក្នុងទីកំបាំង​មុខ១។ ម្នាលគហបតិបុត្ត មិត្តនិយាយចាក់បណ្តោយ ឲ្យគាប់ចិត្ត មិនមែន​ជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវ​ស្គាល់ដោយស្ថាន៤យ៉ាង​នេះឯង។

[៦១] ម្នាលគហបតិបុត្ត មនុស្សជាសំឡាញ់ ក្នុងផ្លូវវិនាស មិនមែន​ជាមិត្តទេ គ្រាន់តែ​ជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាង គឺជាសំឡាញ់ក្នុងកិរិយា​ប្រកប​រឿយៗ នូវការផឹកទឹកស្រវឹង គឺសុរាមេរ័យ ដែលជាទីតាំងនៃ​សេចក្តីប្រមាទ១ ជាសំឡាញ់​ក្នុងការប្រកបរឿយៗ នូវការត្រាច់ទៅតាមច្រកល្ហក ខុសកាល១ ជាសំឡាញ់ក្នុងកិរិយា​ដើរមើលល្បែង មហោស្រព១ ជាសំឡាញ់​ក្នុងកិរិយាប្រកបរឿយៗ នូវល្បែង​ភ្នាល់ ដែល​ជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ១។ ម្នាលគហបតិបុត្ត មនុស្សជាសំឡាញ់ ក្នុងផ្លូវវិនាស មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវ​ស្គាល់ដោយស្ថាន៤យ៉ាង​នេះឯង។ ព្រះមានព្រះភាគ ទ្រង់បានសំដែង​សេចក្តីនេះ លុះព្រះសុគត ជាសាស្តា សំដែង​សេចក្តីនេះហើយ ទើបទ្រង់សំដែង​ពាក្យគាថាព័ន្ធ តទៅទៀតថា

[៦២] បុគ្គលដែលជាមិត្ត គិតយកតែប្រយោជន៍ខ្លួន១ បុគ្គលដែលជាមិត្ត ល្អតែសំដី១ បុគ្គលដែល​និយាយចាក់បណ្តោយ​ ឲ្យគាប់ចិត្ត១ បុគ្គលដែលជាសំឡាញ់​ ក្នុងផ្លូវវិនាស១ បណ្ឌិត ដឹងថាបុគ្គលទាំង៤ពួកនុ៎ះ មិនមែនជាមិត្តហើយ គប្បីចៀសវាង​ឲ្យឆ្ងាយ ដូចជាអ្នកដំណើរ ចៀសវាងផ្លូវដែល​ប្រកបដោយភ័យ ដូច្នោះ។

[៦៣] ម្នាលគហបតិបុត្រ មនុស្ស៤ពួកនេះ អ្នកត្រូវដឹងថា ជាមិត្ត មានសន្តានល្អ គឺ​មិត្ត​មានឧបការៈ អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ១ មិត្តរួមសុខទុក្ខ អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ១ មិត្តប្រាប់ប្រយោជន៍ អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ១ មិត្តមាន​សេចក្តីឈឺឆ្អាល អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ១។

[៦៤] ម្នាលគហបតិបុត្រ មិត្តមានឧបការៈ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹង​ដោយស្ថាន​៤យ៉ាងគឺ រក្សាមិត្តដែល​ធ្វេសប្រហែស១ រក្សាសម្បត្តិរបស់មិត្ត ដែលធ្វេស​ប្រហែស១ ជាទីពឹងពំនាក់ នៃមិត្តដែលមានសេចក្តីភិតភ័យ១ កាលបើកិច្ចដែលត្រូវធ្វើ កើតឡើងហើយ តែងជួយផ្តល់ភោគៈ ជាទ្វិគុណ ជាងទ្រព្យដែលមិត្តត្រូវការនោះ១។ ម្នាលគហបតិបុត្ត មិត្តមានឧបការៈ ជាមិត្ត​មានសន្តានល្អ អ្នកត្រូវដឹង​ដោយស្ថាន​៤យ៉ាង​នេះឯង។

[៦៥] ម្នាលគហបតិបុត្រ មិត្តរួមសុខទុក្ខ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹង​ដោយស្ថាន​៤យ៉ាងគឺ ប្រាប់នូវអាថ៌កំបាំងរបស់ខ្លួនដល់មិត្ត១ ជួយបិទបាំងនូវ​អាថ៌កំបាំង​របស់មិត្ត១ មិនបោះបង់គ្នា ក្នុងគ្រាមានវិបត្តិ១ សូម្បីជីវិត ក៏ហ៊ានលះបង់ ដើម្បីប្រយោជន៍​ដល់មិត្ត (ស៊ូប្តូរជីវិត)១។ ម្នាលគហបតិបុត្ត មិត្តរួមសុខទុក្ខ ជាមិត្ត​មានសន្តានល្អ អ្នកត្រូវដឹង​ដោយស្ថាន​៤យ៉ាង​នេះឯង។

[៦៦] ម្នាលគហបតិបុត្រ មិត្តប្រាប់ប្រយោជន៍ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹង​ដោយស្ថាន​៤យ៉ាងគឺ ហាមមិត្តឲ្យឃ្លាតចាកអំពើអាក្រក់១ ដឹកនាំឲ្យមិត្តតំកល់​នៅតែ​ក្នុងអំពើល្អ១ ឲ្យបានឮ​ពាក្យដែល​មិនធ្លាប់​បានឮ១ ប្រាប់ផ្លូវ​ឋានសួក៌១។ ម្នាលគហបតិបុត្ត មិត្តប្រាប់ប្រយោជន៍ ជាមិត្ត​មានសន្តានល្អ អ្នកត្រូវដឹង​ដោយស្ថាន​៤យ៉ាង​នេះឯង។

[៦៧] ម្នាលគហបតិបុត្រ មិត្តមានសេចក្តីឈឺឆ្អាល ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹង​ដោយស្ថាន​៤យ៉ាងគឺ ជួយព្រួយចិត្ត ពីព្រោះមិត្ត​បានសេចក្តីវិនាស១ ជួយ​ត្រេកអរ ព្រោះមិត្ត​បានសេចក្តីចម្រើន១ ទទឹងទាស់នឹង​មនុស្ស ដែលពោលទោសមិត្ត១ សរសើរតែមនុស្ស​ ដែលពណ៌នាគុណមិត្ត១។ ម្នាលគហបតិបុត្ត មិត្តមានសេចក្តីឈឺឆ្អាល ជាមិត្ត​មានសន្តានល្អ អ្នកត្រូវដឹង​ ដោយស្ថាន​៤យ៉ាង​នេះឯង។ ព្រះមានព្រះភាគ ទ្រង់បាន​សំដែងសេចក្តីនេះ លុះព្រះសុគត ជាសាស្តា ត្រាស់​សេចក្តីនេះហើយ ទើបទ្រង់​សំដែង​ពាក្យជាគាថាព័ន្ធ តទៅទៀតថា

[៦៨] មិត្តដែលមានឧបការៈ សំឡាញ់​ដែលរួមសុខទុក្ខ មិត្តដែល​ប្រាប់​ប្រយោជន៍ មិត្តដែលមានសេចក្តីឈឺឆ្អាល បណ្ឌិតស្គាល់ជាក់ នូវបុគ្គលទាំង៤ពួកនុ៎ះថា ជាមិត្តមែនទែន ហើយគប្បីចូលទៅអង្គុយជិតស្និទ្ធស្នាល ដូចជាមាតា និងបុត្ត ដែលកើត​ពីទ្រូង។ អ្នកប្រាជ្ញបរិបូណ៌ដោយសីល តែងរុងរឿង​ ដូចជាភ្លើងដែលភ្លឺដូច្នោះឯង កាលបុគ្គល​សន្សំទ្រព្យ រមែង​ធ្វើទ្រព្យ ឲ្យជាគំនរ ដូចជាឃ្មុំដូច្នោះឯង។ ភោគៈទាំង​ឡាយ តែងដល់​នូវការពូនជាគំនរ ដូចជាដំបូក ដែលកណ្តៀរ​ កពូន ដូច្នោះឯង។ គ្រហស្ថ​ក្នុង​ត្រូកូល បានសន្សំភោគៈទាំងឡាយ យ៉ាងនេះហើយ ទើបអាច (តាំងខ្លួន) កុលបុត្រដែល​ចែកភោគៈទាំងឡាយជា៤ចំណែក គឺបិរភោគភោគៈទាំងឡាយ១ចំណែក ប្រកបការងារ​ពីរចំណែក ទាំងតំកល់ទុកនូវ​ចំណែកទី៤ ដោយក្រែងមានអន្តរាយទាំងឡាយ (ទៅខាងមុខ) កុលបុត្រនោះ ទើបឈ្មោះថា ចងបាច់មិត្តទាំងឡាយបាន។6)

[៦៩] ម្នាលគហបតិ អរិយសាវ័ក បិទបាំងទិសទាំង៦ដូចម្តេច។ ម្នាល​គហបតិបុត្ត អ្នក​ត្រូវ​ដឹងទិសទាំង៦ ដូច្នេះគឺ មាតាបិតា អ្នកត្រូវដឹងថា ទិសខាងកើត១ អាចារ្យ អ្នកត្រូវដឹងថា ទិសខាងត្បូង១ កូននិងប្រពន្ធ អ្នកត្រូវដឹងថា ទិសខាងលិច១ មិត្តអាមាត្រ អ្នកត្រូវដឹងថា ទិសខាងជើង១ ទាសៈ និងកម្មករ7) អ្នកត្រូវដឹងថា ទិសខាងក្រោម១ សមណព្រាហ្មណ៍ អ្នកត្រូវដឹងថា ទិសខាងលើ១។

[៧០] ម្នាលគហបតិបុត្ត មាតាបិតា ជាទិសខាងកើត កូនត្រូវទំនុកបំរុង ដោយ​ស្ថាន​ទាំងឡាយ​៥យ៉ាង គឺកូន​ត្រូវតាំងចិត្តថា អាត្មាអញ មាតាបិតាបានចិញ្ចឹម​រក្សាមកហើយ នឹង​ចិញ្ចឹម​មាតាបិតាវិញ១ នឹងជួយធ្វើការងាររបស់មាតាបិតា១ ទាំងតំកល់វង្សត្រកូល១ ប្រតិបត្តិឲ្យជាអ្នកសមគួរទទួលទ្រព្យមត៌កបាន១ មួយទៀត ឧទ្ទិសទក្ខិណាទាន ដល់​មាតាបិតា ដែលធ្វើកាលកិរិយា ​ទៅកាន់បរលោកហើយ១។ ម្នាលគហបតិបុត្ត មាតាបិតា ជាទិសខាងកើត ដែលកូន​ទំនុកបំរុង ដោយស្ថានទាំងឡាយ​ ៥យ៉ាងនេះឯងហើយ រមែង​អនុគ្រោះកូន ដោយស្ថានទាំងឡាយ ​៥យ៉ាង វិញដូច្នេះ គឺហាមឃាត់កូន ចាកអំពើ​អាក្រក់១ ឲ្យកូន​តម្កល់​នៅតែក្នុងអំពើល្អ១ ឲ្យកូនរៀនសូត្រសិល្បសាស្ត្រ១ ដណ្តឹង​ភរិយា​ស្វាមីសមគួរឲ្យ១ ចែកទ្រព្យឲ្យកូនក្នុងសម័យគួរ១។ ម្នាលគហបតិបុត្ត មាតាបិតា ជាទិស​ខាងកើត ដែលកូនទំនុកបំរុង ដោយស្ថាន​៥យ៉ាងនេះឯងហើយ រមែង​អនុគ្រោះកូន ដោយ​ស្ថាន៥យ៉ាងនេះ ទិសខាងកើតនោះ ដែលកូនបានបិទបាំង​ហើយ ជាទិស​មាន​សេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។

[៧១] ម្នាលគហបតិបុត្ត អាចារ្យជាទិសខាងត្បូង សិស្ស​ត្រូវប្រតិបត្តិដោយស្ថាន​៥​យ៉ាងគឺ ដោយការក្រោកឡើងទទួល១ ដោយការគាល់បំរើ១ ដោយការជឿស្តាប់ឱវាទ១ ដោយការបំរើតូចៗ (មានឲ្យទឹកលុបមុខ​ និងឈើស្ទន់ជាដើម)១ ដោយការរៀន​សិល្បសាស្ត្រដោយគោរព១។ ម្នាលគហបតិបុត្ត អាចារ្យជាទិសខាងត្បូង ដែលសិស្ស​ប្រតិបត្តិ ​ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះសិស្ស ដោយស្ថាន​៥យ៉ាងវិញ គឺ ដឹកនាំល្អ១ ឲ្យរៀនល្អ១ ប្រៀនប្រដៅសិស្ស ឲ្យចេះត្រឹមត្រូវ ក្នុងសិល្បសាស្ត្រ​សព្វ​គ្រប់១ តែងលើកតំកើង ក្នុងទីប្រជុំមិត្តអាមាត្យ១ ធ្វើសេចក្តីការពារ ក្នុងទិសទាំងឡាយ១។ ម្នាលគហបតិបុត្ត ពួកអាចារ្យ ជាទិសខាងត្បូង ដែលសិស្ស​ប្រតិបត្តិ ​ដោយស្ថាន៥យ៉ាង​នេះឯង​ហើយ រមែងអនុគ្រោះ​សិស្ស ដោយស្ថាន៥យ៉ាងនេះ ទិសខាងត្បូងនោះ ដែលសិស្ស​​បានបិទបាំងហើយ ជាទិស​មានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។

[៧២] ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ស្វាមី​ត្រូវទំនុកបម្រុង​ ដោយស្ថាន​៥​យ៉ាងគឺ ដោយការរាប់អាន ជាភរិយាពេញទី១ ដោយមិនមើលងាយ១ ដោយមិន​ប្រព្រឹត្ត​ក្បត់ចិត្ត១ ដោយប្រគល់ឲ្យជាធំ (ក្នុងការផ្ទះ)១ ដោយការឲ្យគ្រឿង​តែងខ្លួន១។ ម្នាល​គហបតិបុត្ត ភរិយាជាទិសខាងលិច ដែលស្វាមីទំនុកបម្រុង ​ដោយ​ស្ថាន​ទាំងឡាយ៥យ៉ាង​នេះឯង​ហើយ រមែងអនុគ្រោះស្វាមី ដោយស្ថាន​ទាំងឡាយ ៥យ៉ាងវិញ គឺ ចាត់ចែងការងារដោយល្អ១ សង្គ្រោះ​ជនជាញាតិ​ទាំងពីរខាងដោយល្អ១ មិនប្រព្រឹត្តក្បត់១ ថែទាំ​ទ្រព្យ​ដែលស្វាមី​រក​បានមក១ ឈ្លាស មិនខ្ជិលច្រអូស ក្នុងកិច្ចការ​សព្វគ្រប់១។ ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ដែលស្វាមីទំនុកបម្រុង​ដោយស្ថាន​៥យ៉ាង​នេះឯង​ហើយ រមែងអនុគ្រោះ​ស្វាមីដោយស្ថាន៥យ៉ាងនេះ ទិសខាងលិចនោះ ដែលស្វាមី​​បិទបាំងហើយ ជាទិស​មានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។

[៧៣] ម្នាលគហបតិបុត្ត មិត្តអាមាត្យជាទិសខាងជើង កុលបុត្ត​ ត្រូវប្រតិបត្តិ​ដោយ​ស្ថាន​​៥​យ៉ាងគឺ ដោយការឲ្យរបស់១ ដោយការនិយាយតែពាក្យគាប់ចិត្ត១ ដោយការប្រព្រឹត្តិ ឲ្យជាប្រយោជន៍១ ដោយការប្រព្រឹត្តិខ្លួនស្មើ១ ដោយការមិនកុហកបញ្ឆោត១។ ម្នាលគហបតិបុត្ត មិត្តអាមាត្យជាទិសខាងជើង ដែលកុលបុត្ត​ប្រតិបត្តិ​ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយ​ស្ថាន​​៥យ៉ាង គឺ រក្សាមិត្តដែលធ្វេសប្រហែស១ ជួយថែទាំទ្រព្យសម្បត្តិ របស់មិត្ត​ដែលធ្វេស​ប្រហែស១ ជាទីពឹងរបស់មិត្តដែល​មានភ័យ១ មិនបោះបង់​គ្នាក្នុងគ្រា​វិបត្តិ១ រាប់អាន​រហូត​ដល់ផៅពង្សរបស់មិត្ត១។ ម្នាលគហបតិបុត្ត មិត្តអាមាត្យ ជាទិសខាងជើង ដែលកុលបុត្ត​ប្រតិបត្តិ ​ដោយស្ថាន៥យ៉ាង​នេះឯង​ហើយ រមែងអនុគ្រោះ​កុលបុត្ត ដោយ​ស្ថាន​៥យ៉ាងនេះ ទិសខាងជើងនោះ ដែលកុលបុត្ត​បានបិទបាំងហើយ ជាទិស​មានសេចក្តី​ក្សេម ឥតមានភយន្តរាយយ៉ាងនេះ។

[៧៤] ម្នាលគហបតិបុត្ត ទាសៈ និងកម្មករ ជាទិសខាងក្រោម ចៅហ្វាយនាយ​ ត្រូវ​ទំនុកបម្រុង​ ដោយស្ថាន​៥​យ៉ាងគឺ ដោយការចាត់ចែងការងារសមគួរ ​តាមកំឡាំង១ ដោយការឲ្យ​នូវភត្តាហារ និងថ្លៃឈ្នួល១ ដោយការព្យាបាល ក្នុងវេលាឈឺថ្កាត់១ ដោយការចែក​រំលែក​នូវរបស់​ មានរស​ត្រកាលចំឡែក១ ដោយការឲ្យឈប់​សម្រាក​ក្នុងសម័យគួរ១។ ម្នាលគហបតិបុត្ត ទាសៈ និងកម្មករ ជាទិសខាងក្រោម ដែលចៅហ្វាយ​នាយ​ទំនុកបម្រុង ​ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះ​ចៅហ្វាយនាយ ដោយ​ស្ថាន​៥យ៉ាង គឺ ក្រោកឡើងធ្វើការងារមុនចៅហ្វាយនាយ១ ឈប់ធ្វើការងារ​ក្រោយ​ចៅហ្វាយនាយ១ កាន់យកតែរបស់ដែលចៅហ្វាយនាយ​ឲ្យ១ ធ្វើការងាររបស់​ចៅហ្វាយ​នាយ ដោយយកចិត្តទុកដាក់១ នាំកិត្តិគុណរបស់ចៅហ្វាយនាយ ទៅថ្លែង​ក្នុងទីនោះៗ១។ ម្នាលគហបតិបុត្ត ទាសៈ និងកម្មករ ជាទិសខាងក្រោម ដែលចៅហ្វាយនាយទំនុកបម្រុង ​ដោយស្ថាន៥យ៉ាង​នេះឯង​ហើយ រមែងអនុគ្រោះ​ចៅហ្វាយនាយ ដោយស្ថាន៥យ៉ាងនេះ ទិសខាងក្រោមនុ៎ះ ដែលចៅហ្វាយនាយ ​បានបិទបាំងហើយ ជាទិស​មានសេចក្តីក្សេម ឥតមានភយន្តរាយ​យ៉ាងនេះ។

[៧៥] ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ ជាទិសខាងលើ កុលបុត្តត្រូវផ្គត់ផ្គង់​ ដោយស្ថាន​៥​យ៉ាងគឺ ដោយកាយកម្ម ប្រកបដោយមេត្តា១ ដោយវចីកម្ម ប្រកបដោយ​មេត្តា១ ដោយមនោកម្ម ប្រកបដោយមេត្តា១ ជាអ្នកមិនបិទទ្វារ8) ផ្ទះ១ ដោយកិរិយាឲ្យអាមិសទាន១។ ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ ជាទិសខាងលើ ដែលកុលបុត្ត ទំនុកបម្រុង ​ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយ​ស្ថាន​៦យ៉ាង គឺ ហាមឃាត់កុលបុត្ត ចាកអំពើអាក្រក់១ ឲ្យតាំងនៅតែក្នុងអំពើល្អ១ អនុគ្រោះ​ដោយចិត្តដ៏ល្អ១ ឲ្យបានស្តាប់ពាក្យ ដែល​មិនធ្លាប់ស្តាប់១ បំភ្លឺសេចក្តី​ ដែល​ធ្លាប់​ស្តាប់ហើយ១ ប្រាប់ផ្លូវសួគ៌១។ ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ ជាទិសខាងលើ ដែលកុលបុត្តផ្គត់ផ្គង់ ​ដោយស្ថាន៥យ៉ាង​នេះឯង​ហើយ រមែងអនុគ្រោះ​កុលបុត្ត ដោយស្ថាន​៦យ៉ាងនេះ ទិសខាងលើនុ៎ះ ដែលកុលបុត្ត​បានបិទបាំងហើយ ជាទិស​មានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។ ព្រះមានព្រះភាគ បានសំដែង​សេចក្តី​នេះ ព្រះសុគត ជាសាស្តា លុះសំដែង​សេចក្តីនេះហើយ ទ្រង់ត្រាស់​ពាក្យជាគាថាព័ន្ធ តទៅទៀតថា

[៧៦] មាតាបិតា ជាទិសខាងកើត អាចារ្យ ជាទិសខាងត្បូង កូនប្រពន្ធ ជាទិស​ខាង​លិច មិត្តអាមាត្យ ជាទិសខាងជើង ទាសៈ និងកម្មករ ជាទិសខាងក្រោម សមណ​ព្រាហ្មណ៍ ជាទិសខាងលើ គ្រហស្ថក្នុងត្រកូល ដែលអាចគ្រប់គ្រង​ផ្ទះ គប្បី​នមស្ការ​ទិស​ទាំង​ឡាយនុ៎ះ។ បណ្ឌិត9) បរិបូណ៌ដោយសីល មានវាចាដ៏ពីរោះ មានប្រាជ្ញាវៃ10) មានកិរិយាប្រព្រឹត្តឱនលំទោន ជាប្រក្រតី មិនរឹងត្អឹង បុគ្គល​មាន​សភាពដូច្នោះ រមែងបានយស បុគ្គល​មានព្យាយាម រវៀស​រវៃ មិនខ្ជិលច្រអូស រមែង​មិនញាប់ញ័រ​ក្នុងអន្តរាយទាំងឡាយ បុគ្គលមានកិរិយា​ប្រព្រឹត្តឥតចន្លោះ មានប្រាជ្ញា​វាងវៃ បុគ្គល​មានសភាពដូច្នោះ រមែងបានយស។ បុគ្គល​មានសេចក្តីសង្គ្រោះ ជាអ្នក​ចង​មិត្ត ជាអ្នកដឹងដំណើរពាក្យ11) ជាអ្នកប្រាសចាក​សេចក្តីកំណាញ់ ជាអ្នកដឹកនាំ ពន្យល់​​ការណ៍ផ្សេងៗ ជាអ្នក​ណែនាំ​រឿយៗ បុគ្គល​មានសភាពដូច្នោះ រមែង​បានយស។ ទាន១ ពាក្យពីរោះ១ សេចក្តីប្រព្រឹត្ត​ ជាប្រយោជន៍​ក្នុងលោកនេះ១ ភាវៈជាអ្នក​មានចិត្ត​ស្មើ ក្នុងធម៌ទាំងឡាយ និងក្នុងបុគ្គល​នោះៗ តាមសមគួរ១។ សង្គហធម៌ ទាំងនេះ (មាន​ក្នុងលោក ទើបលោកប្រព្រឹត្តទៅបាន) ដូចជារថមានប្រែកទប់ ទើបប្រព្រឹត្តទៅ​បាន ដូច្នោះឯង បើ សង្គហធម៌ ទាំងនេះមិនមាន​ហើយ មាតាក្តី បិតាក្តី ក៏មិនបាននូវ​សេចក្តី​រាប់អាន និងការបូជា អំពីកិច្ច​ដែល​កូនត្រូវធ្វើ។ ព្រោះហេតុតែ​អ្នកប្រាជ្ញាទាំងឡាយ សំឡឹងឃើញ សង្គហធម៌ ទាំងនោះដោយប្រពៃ ហេតុនោះ បានជាលោក​ដល់នូវភាវៈ​ជាធំផង គួរគេសរសើរផង។

[៧៧] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សិង្គាលកគហបតិបុត្ត បានក្រាបបង្គំទូល ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែល​ព្រះអង្គសំដែង​ហើយ ដោយអនេកបរិយាយ យ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចជាមនុស្ស ផ្ងាររបស់ដែល​គេផ្កាប់ ឬដូចគេបើកបង្ហាញ របស់ដែល​បិទបាំង ឬក៏ដូចគេប្រាប់ផ្លូវ​ ដល់អ្នកវង្វេងទិស ពុំនោះ​សោត ដូចជាគេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា មនុស្សអ្នកមានចក្ខុ​ទាំងឡាយ រមែងឃើញ ​នូវរូបទាំងឡាយ ខ្ញុំព្រះអង្គនោះ​ សូមដល់​នូវ​ព្រះមានព្រះភាគ​ផង ព្រះធម៌ផង ព្រះសង្ឃផង ថាជាសរណៈ ចាប់ដើមតាំងពីថ្ងៃនេះទៅ សូម​ព្រះមាន​ព្រះភាគ ទ្រង់ជ្រាប​នូវខ្ញុំព្រះអង្គថា ជាឧបាសក ដល់នូវសរណៈស្មើដោយជីវិត ចាប់​ដើមតាំងពីថ្ងៃនេះរៀងទៅ។

ចប់ សិង្គាលកសូត្រ ទី៨។

 

លេខយោង

1)
ហៅថា សិគាលកៈ ក៏មាន ដូចគ្នានឹងពាក្យថា មហឹសៈ និងមហិសៈ សិរឹសបៈ នឹងសិរិសបៈជាដើម ឃើញថាហៅថាដូចគ្នាទាំងពីរយ៉ាង។
2)
រមែងត្រូវគេចោទបង្កាច់ ក្នុងអំពើដែលខ្លួន​មិនបានធ្វើសោះ ព្រោះជាន់ដានចោរ។
3)
បើតាមព្យញ្ជនៈ គួរប្រែថា ល្បែង​លេងទះទៃ គឺច្រៀងប្របកៃ។
4)
អ្នកលេង មាន៤យ៉ាង គឺអ្នកលេង​ស្រី១ អ្នកលេងភត្ត១ អ្នកលេងផឹកស្រា១ អ្នកលេងមើមឈើ មានស៊ីមើមដំឡូង​ជាដើម១។
5)
ពឹងការអ្វីមិនបាន បើត្រូវពឹងរកអ្វីៗ ក៏ប្រាប់ថារបស់នោះ ខូចនេះ បាត់នោះជាដើម។
6)
ចំណែក​ទីមួយ បរិភោគ ប្រើប្រាស់ ចាយវាយ ចំណែកទី២ ទី៣ ប្រកបការងារ គឺប្រកប​កសិកម្ម និងពាណិជ្ជកម្មផ្សេងៗ ចំណែក​ជាគំរប់៤ ទុកសម្រាប់​ការពារ​អន្តរាយផ្សេងៗ មានអន្តរាយ​អំពីស្តេច​ជាដើម។ ម្យ៉ាងទៀត ឲ្យរំលែក​អំពីចំណែក​ទាំង៤ នោះ ធ្វើ​កុសល ឬឲ្យជាថ្លៃគ្រឿងស្លៀកពាក់ និងឈ្នួលកោរកាត់ (អដ្ឋកថា)។
7)
ខ្ញុំកំដរ និងអ្នកធ្វើការស៊ីឈ្នួល។
8)
អដ្ឋកថា ថា ទ្វារផ្ទះ​បើកទាំងអស់ក្តី បិទទាំងអស់ក្តី បើមិនឲ្យអ្វី ឬធ្វើល្អអ្វី ដល់អ្នកមានសីលសោះ ក៏ឈ្មោះថា បិទទ្វារដែរ បើឲ្យ ឬធ្វើ​ល្អអ្វី ដល់អ្នកមានសីល ក៏ឈ្មោះថា បើកហើយ។
9) , 10)
អដ្ឋកថា ថា បណ្ឌិត​មានប្រាជ្ញាវៃ ក្នុងស្ថានជាទីសំពះ​ទិស។
11)
សំដៅយកមនុស្សនាំពាក្យ​ខ្លួន ដែល​បានថាឲ្យរបស់អ្វី ដល់​សំឡាញ់ហើយ ក៏ឲ្យទាល់តែបាន ដឹងចិត្តសំឡាញ់ថា ចង់បានអ្វី ក៏ឲ្យរបស់​នោះ ឬដឹងថា សំឡាញ់ខ្វះខាតអ្វី ក៏ឲ្យ​របស់នោះ។
km/tipitaka/sut/dn/sut.dn.31.txt · ពេលកែចុងក្រោយ: 2023/08/31 14:57 និពន្ឋដោយ Johann