User Tools

Site Tools


Translations of this page?:
km:tipitaka:sut:dn:sut.dn.32



អាដានាដិយសូត្រ ទី៩

សង្ខេប

ទេវដ៏​​មាន​​ឫទ្ធិ​ ប្រជុំ​​គ្នា ហើយ​​ដាស់​តឿន​​ដល់​​ព្រះពុទ្​ធ​ថា ភិក្ខុ​​ត្រូវ​​រៀន​​សូត្រ​​ធម៌​​ការពារ ព្រោះ​​មិន​​មែន​​ទេវៈ​​ទាំង​​ឡាយ ដែល​​ជា​​មិត្​ត​ទេ ។

dn 32 បាលី cs-km: sut.dn.32 អដ្ឋកថា: sut.dn.32_att PTS: ?

(ទី៩) អាដានាដិយសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា
sut.dn.32.aac

(៩. អាដានាដិយសុត្តំ)

[៧៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ។ លំដាប់នោះឯង ស្តេចធំទាំង៤អង្គ តាំងការរក្សាទុក​ក្នុងទិសទាំង៤ តាំងកងពលទុក ក្នុងទិសទាំង៤ តាំងបុគ្គល​ជាអ្នកត្រួត​ត្រាទុក ក្នុងទិសទាំង៤ ដោយសេនាយក្ខ ដ៏ច្រើន ដោយសេនាគន្ធព្វដ៏ច្រើន ដោយសេនា​កុម្ភណ្ឌដ៏ច្រើន ដោយសេនានាគដ៏ច្រើន កាលវេលារាត្រី (បឋមយាម) កន្លងទៅហើយ (ស្តេចទាំងនោះ) មានពន្លឺដ៏រុងរឿង ញុំាងភ្នំគិជ្ឈកូដទាំងមូលឲ្យភ្លឺហើយ ក៏ចូលទៅគាល់​ព្រះមានព្រះភាគ​ក្នុងទីនោះ លុះចូលទៅដល់ហើយ ទើប​ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ដោយគោរព ហើយអង្គុយក្នុងទីដ៏សមគួរ។ ឯយក្ខទាំងឡាយនោះ ពួកខ្លះថ្វាយបង្គំ​ព្រះមានព្រះភាគ ដោយគោរព ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែពោលពាក្យ​រាក់ទាក់ សំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែល​គួររីករាយ នឹងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែអង្គុយ​ប្រណម្យអញ្ជលី ចំពោះ​ព្រះមានព្រះភាគ ក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែប្រកាសនាម និងគោត្រ អង្គុយក្នុងទីសមគួរ ពួកខ្លះ គ្រាន់តែអង្គុយស្ងៀម ក្នុងទីដ៏សមគួរ។

[៧៩] ស្តេចជាធំឈ្មោះវេស្សវ័ណ គង់នៅក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកយក្ខជាន់ខ្ពស់ មិនជ្រះថ្លាចំពោះ​ព្រះមានព្រះភាគ ក៏មាន ពួកយក្ខជាន់ខ្ពស់ ជ្រះថ្លាចំពោះ​ព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចំរើន បពិត្រព្រះអង្គដ៏ចំរើន ពួកយក្ខជាន់កណ្តាល មិនជ្រះថ្លាចំពោះ​ព្រះមានព្រះភាគ ក៏មាន ពួកយក្ខជាន់កណ្តាល ជ្រះថ្លាចំពោះ​ព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចំរើន ពួកយក្ខជាន់ទាប មិនជ្រះថ្លាចំពោះ​ព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចំរើន ពួកយក្ខជាន់ទាប ជ្រះថ្លាចំពោះ​ព្រះមានព្រះភាគ ក៏មាន។ បពិត្រព្រះអង្គដ៏ចំរើន ឯយក្ខដែលមិនជ្រះថ្លា ចំពោះ​ព្រះមានព្រះភាគ ច្រើនណាស់ ការនោះព្រោះហេតុអ្វី បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ដើម្បីឲ្យវៀរចាកបាណាតិបាត ទ្រង់សំដែងធម៌ ដើម្បី​ឲ្យវៀរចាក​អទិន្នាទាន ទ្រង់សំដែងធម៌ ដើម្បីឲ្យវៀរចាកកាមេសុមិច្ឆាចារ ទ្រង់សំដែងធម៌ ដើម្បីឲ្យវៀរចាកមុសាវាទ ទ្រង់សំដែងធម៌ ដើម្បីឲ្យវៀរចាកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ។ បពិត្រព្រះអង្គដ៏ចំរើន ចំណែកខាងយក្ខទាំង​ឡាយ ច្រើនតែ​មិនវៀរចាកបាណាតិបាតសោះ មិនវៀរចាកអទិន្នាទានសោះ មិនវៀរចាកកាមេសុមិច្ឆាចារសោះ មិនវៀរចាកមុសាវាទសោះ មិនវៀរចាកទឹកស្រវឹង គឺសុរា​ និងមេរ័យ ដែលជាហេតុ ជាទីតាំង​នៃសេចក្តីប្រមាទសោះ បានជាពួកយក្ខទាំង​នោះ មិនគាប់ចិត្ត មិនពេញចិត្តនឹងការវៀរនោះ។ បពិត្រព្រះអង្គដ៏ចំរើន ពួកសាវ័ក​របស់​ព្រះមានព្រះភាគ អាស្រ័យនៅសេនាសនៈស្ងាត់ ដែលតាំងនៅក្នុងព្រៃ មានសូរសព្ទគឹក​កងរំពងតិច ប្រាសចាកសំដីរបស់មនុស្សអ្នកដើរទៅមក សមគួរដល់ការកំបាំង​អំពី​ពួកមនុស្ស ជាទីគួរ​ដល់ការលាក់ខ្លួន ពួកអាត្មាបាន ពួកយក្ខជាន់ខ្ពស់ តែងនៅជានិច្ច​ក្នុងព្រៃនោះ (គេ) មិនជ្រះថ្លាក្នុងសាសនា របស់ព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះ សូមព្រះមានព្រះភាគ ប្រៀនប្រដៅ នូវ​ព្រះបរិត្ត​សម្រាប់រក្សាក្នុងនគរឈ្មោះអាដានាដា ដល់ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ដើម្បីឲ្យយក្ខ​ទាំងនោះជ្រះថ្លា ដើម្បីការគ្រប់គ្រងរក្សា ដើម្បីមិនបៀតបៀនគ្នា ដើម្បីនៅសប្បាយ។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាព។ លំដាប់នោះ ស្តេចជាធំ ឈ្មោះ​វេស្សវ័ណ ជ្រាបនូវ​ការទទួលនិមន្តព្រះមានព្រះភាគ ហើយទើបសំដែងនូវ​ព្រះបរិត្ត​សម្រាប់​រក្សា ដែលជាប់ទាក់ទង ក្នុងអាដានាដានគរនេះ ក្នុងវេលានោះ។

[៨០] សូមនមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមវិបស្សី ព្រះអង្គមានចក្ខុ1) ព្រះអង្គមានសិរី សូមនមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមសិខី ព្រះអង្គមានសេចក្តីអនុគ្រោះ ដល់សត្វទាំងពួងជាប្រក្រតី។ សូមនមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមវេស្សភូ ព្រះអង្គជម្រះកិលេស​ចេញ​ហើយ ព្រះអង្គមានតបធម៌ សូមនមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមកកុសន្ធៈ ព្រះអង្គញាំញីនូវមារ ព្រមទាំងសេនានៃមារ។ សូមនមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមកោនាគមនៈ ព្រះអង្គមានបាបបន្សាត់បង់ហើយ មានព្រហ្មចរិយធម៌នៅ​រួចហើយ2) សូមនមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមកស្សប ព្រះអង្គរួចផុតស្រឡះ ចាកកិលេស​ទាំងពួងហើយ។ សូមនមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ជាសក្យបុត្ត ទ្រង់​មានព្រះកាយផ្សាយចេញនូវព្រះរស្មី ទ្រង់មានសិរី ដែលសំដែងធម៌នេះ ជាគ្រឿង​បន្ទោបង់​សេចក្តីទុក្ខទាំងពួង។ មួយទៀត ព្រះសម្មាសម្ពុទ្ធទាំងឡាយ អង្គណា ព្រះអង្គរលត់​កិលេសហើយ ទ្រង់ឃើញច្បាស់នូវធម៌ តាមសេចក្តីពិត ក្នុងលោក ព្រះសម្មាសម្ពុទ្ធទាំងនោះ ជាព្រះខីណាស្រព ព្រះអង្គមិនមានសេចក្តីញុះញង់​ស៊កសៀត (ទ្រង់ប្រសើរដោយគុណ) មិនក្លៀវក្លា (ដោយកិលេស)។ ទេវតា និងមនុស្សទាំងឡាយ តែងនមស្ការព្រះសម្មាសម្ពុទ្ធ ជាគោតមគោត្រ ព្រះអង្គជាប្រយោជន៍​ ដល់ទេវតា និង​មនុស្ស​ទាំងឡាយ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់ប្រសើរ​ដោយគុណ ព្រះអង្គ​ឥតមានសេចក្តីព្រឺស្ញើប។

[៨១] ព្រះអាទិត្យ មានរស្មីដ៏ក្លៀវក្លា រះឡើងអំពីទិសណា មានមណ្ឌលធំ (ក្នុងទីនោះ) កាលព្រះអាទិត្យរះឡើងហើយ រាត្រីក៏បាត់ទៅ។ មួយទៀត កាលព្រះអាទិត្យ​រះ​ឡើងហើយ មហាជន នាំគ្នាហៅថាថ្ងៃ សូម្បីអន្លង់ទឹក ក្នុងទីដែលព្រះអាទិត្យរះឡើង​នោះ ជាសមុទ្រដ៏ជ្រៅ មានទឹកហូរទៅ (ពីទីផ្សេងៗ) ជនទាំងឡាយ តែងសម្គាល់​នូវ​អន្លង់​ទឹកនោះ ត្រង់កន្លែងដែលព្រះអាទិត្យរះឡើងនោះ ថាជាសមុទ្រ មានទឹកហូរ​ទៅយ៉ាង​នេះ។ ស្តេចជាធំ ដ៏ទ្រង់យស ទ្រង់រក្សាទិសណា មហាជន តែងហៅទិសនោះ ថាបុរិមទិស អំពីភ្នំសិនេរុនោះ ទ្រង់ជាអធិបតី លើគន្ធព្វទាំងឡាយ មានព្រះនាមថា ធតរដ្ឋ មានពួកគន្ធព្វហែហម ទ្រង់ត្រេកត្រអាលដោយរបាំ និងចម្រៀង។ ព្រះរាជបុត្ត របស់​ស្តេចជាធំនោះ មានច្រើនដល់ម្ល៉ោះ ខ្ញុំព្រះអង្គបានស្តាប់មកថា មាននាមដូចៗគ្នា ព្រះរាជបុត្តទាំង​៩១ព្រះអង្គ សឹងមាននាមថាឥន្ទៈ មានកំឡាំង​ច្រើន ឯព្រះរាជបុត្តទាំងនោះ ឃើញព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ភ្ញាក់អំពីការ​ដេកលក់ គឺអវិជ្ជា ទ្រង់ប្រសើរ (ដោយគុណ) ឥតមានសេចក្តីព្រឺស្ញើប ក៏នមស្ការអំពីចម្ងាយ។ បពិត្រព្រះអង្គ ជាបុរសអាជានេយ្យ ខ្ញុំព្រះអង្គសូមនមស្ការ ចំពោះ​ព្រះអង្គ បពិត្រព្រះអង្គ ជាបុរស​ខ្ពង់​ខ្ពស់ ខ្ញុំព្រះអង្គសូមនមស្ការ ចំពោះ​ព្រះអង្គ សូម្បីអមនុស្សទាំងឡាយ ក៏រមែង​ថ្វាយបង្គំ​ព្រះអង្គថា ព្រះអង្គទតព្រះនេត្រមើលមហាជន ដោយសព្វញ្ញុត្តញ្ញាណដ៏ផូរផង់។ ពួកខ្ញុំ​ព្រះអង្គ បានស្តាប់មកយ៉ាងនេះរឿយៗ ព្រោះហេតុនោះ ពួកខ្ញុំព្រះអង្គតែងនិយាយ​យ៉ាងនេះថា អ្នកទាំងឡាយ ថ្វាយបង្គំ​ព្រះជិនស្រី ដែលជាគោតមគោត្រឬ (ព្រះរាជបុត្ត​ទាំងនោះ តបថា) យើងខ្ញុំទាំងឡាយ ថ្វាយបង្គំព្រះជិនស្រី ជាគោតមគោត្រ យើងខ្ញុំ​ទាំងឡាយ ថ្វាយបង្គំព្រះពុទ្ធគោតមគោត្រ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ។

[៨២] ជនជាអ្នកមានពាក្យញុះញង់ ស៊កសៀត ជាអ្នកតិះដៀលគេ ក្នុងទីកំបាំង​មុខ ដូចជាជនអ្នកស៊ីសាច់ខ្នង ជាអ្នកសម្លាប់សត្វ ជាអ្នកធ្វើអំពើអាក្រក់ ជាចោរ ជាមនុស្ស​មានកល​ លលួង ជនទាំងនោះ លុះធ្វើកាលកិរិយាទៅហើយ គេតែងថា (ឲ្យនាំទៅ) តាម​ទិសណា។3)) ស្តេចជាធំទ្រង់យស ទ្រង់រក្សានូវទិសណា មហាជន តែងនាំគ្នាហៅទិសនោះថា ទក្ខិណាទិស (រាប់) អំពីភ្នំសិនេរុមក ស្តេចនោះ ជាអធិបតី លើកុម្ភណ្ឌទាំងឡាយ ទ្រង់ព្រះនាម វិរុឡ្ហៈ ដែលមានពួកកុម្ភណ្ឌចោមរោមហើយ ទ្រង់ត្រេកអរ ដោយរបាំ និងចម្រៀងទាំងឡាយ។ ព្រះរាជបុត្ត របស់​ស្តេចនោះ មានច្រើនក៏មែន តែខ្ញុំព្រះអង្គបានស្តាប់មកថា មានព្រះនាមដូចៗគ្នា ព្រះរាជបុត្តទាំង​៩១ព្រះអង្គ សុទ្ទតែមានព្រះនាមថាឥន្ទៈ ទ្រង់មានកំឡាំង​ច្រើន ក៏ឯព្រះរាជបុត្តទាំងនោះ ឃើញព្រះអាទិច្ចវង្ស ព្រះអង្គភ្ញាក់ហើយ អំពីការ​ដេកលក់ គឺអវិជ្ជា ទ្រង់ប្រសើរ (ដោយគុណ) ឥតមានសេចក្តីព្រឺស្ញើប ក៏នមស្ការអំពីចម្ងាយ។ បពិត្រព្រះអង្គ ជាបុរស​អាជានេយ្យ ខ្ញុំព្រះអង្គសូមនមស្ការ ចំពោះ​ព្រះអង្គ បពិត្រព្រះអង្គ ជាបុរស​ឧត្តម ខ្ញុំព្រះអង្គសូមនមស្ការ ចំពោះ​ព្រះអង្គ សូម្បីអមនុស្សទាំងឡាយ ក៏រមែង​ថ្វាយបង្គំ​ព្រះអង្គថា ព្រះអង្គទតព្រះនេត្រមើលមហាជន ដោយសព្វញ្ញុត្តញ្ញាណដ៏ផូរផង់។ ខ្ញុំ​ព្រះអង្គ បានស្តាប់មកយ៉ាងនេះរឿយៗ ព្រោះហេតុនោះ ពួកខ្ញុំព្រះអង្គនិយាយ​យ៉ាងនេះថា អ្នកទាំងឡាយ នមស្ការចំពោះ​ព្រះជិនស្រី ជាគោតមគោត្រឬ (ព្រះរាជបុត្ត​ទាំងនោះ តបថា) យើងខ្ញុំទាំងឡាយ ថ្វាយបង្គំព្រះជិនស្រី ជាគោតមគោត្រ យើងខ្ញុំ​ទាំង​ឡាយ ថ្វាយបង្គំព្រះសម្ពុទ្ធ ជាគោតមគោត្រ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ។

[៨៣] ព្រះអាទិត្យ មានរស្មីដ៏ក្លៀវក្លា អស្តង្គតទៅក្នុងទីណា មានមណ្ឌលដ៏ធំ ក្នុងទីនោះ កាលដែលព្រះអាទិត្យអស្តង្គតទៅហើយ ពេលថ្ងៃក៏បាត់ទៅ កាលបើ​ព្រះអាទិត្យ​អស្តង្គតទៅហើយ មហាជន នាំគ្នាហៅថាយប់។ សូម្បីអន្លង់ទឹក ត្រង់កន្លែងដែល​ព្រះអាទិត្យអស្តង្គត​នោះ ជាសមុទ្រដ៏ជ្រៅ មានទឹកហូរទៅ ជន​ទាំង​ឡាយ តែងសម្គាល់​នូវ​អន្លង់​ទឹកនោះ ត្រង់កន្លែងដែលព្រះអាទិត្យអស្តង្គតនោះ ថាជា​សមុទ្រ មានទឹកហូរ​ទៅយ៉ាង​នេះ។ ស្តេចជាធំ ទ្រង់យស ទ្រង់រក្សាទិសណា មហាជន តែងហៅទិសនោះ ថាបច្ឆិមទិស អំពីភ្នំសិនេរុមក ស្តេច​ជាធំនោះ ជាអធិបតី លើនាគទាំងឡាយ ទ្រង់ព្រះនាមថា វិរូបក្ខៈ ដែលមានពួកនាគចោមរោមហើយ ទ្រង់ត្រេកអរ ដោយពួករបាំ និងចម្រៀង។ ព្រះរាជបុត្តទាំងឡាយ របស់​ស្តេចវិរូបក្ខៈនោះ មានច្រើនក៏មែន តែខ្ញុំព្រះអង្គបានស្តាប់មកថា មានឈ្មោះដូចៗគ្នា ព្រះរាជបុត្តទាំង​៩១ព្រះអង្គ ក៏ព្រះនាមថាឥន្ទៈ សុទ្ធតែមានកំឡាំង​ច្រើន ឯព្រះរាជបុត្តទាំងនោះ លុះឃើញ​ព្រះសម្ពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ភ្ញាក់ហើយ ចាកការ​ដេកលក់ គឺអវិជ្ជា ទ្រង់ប្រសើរ (ដោយគុណ) ឥតមានសេចក្តីព្រឺស្ញើប ក៏នាំគ្នានមស្ការអំពីចម្ងាយ។ បពិត្រព្រះអង្គ ជាបុរសអាជានេយ្យ ខ្ញុំព្រះអង្គសូមនមស្ការ ចំពោះ​ព្រះអង្គ បពិត្រព្រះអង្គ ជាបុរស​ដ៏ខ្ពង់​ខ្ពស់ ខ្ញុំព្រះអង្គសូមនមស្ការ ចំពោះ​ព្រះអង្គ សូម្បីអមនុស្សទាំងឡាយ ក៏រមែង​ថ្វាយបង្គំ​ព្រះអង្គថា ទ្រង់ទតព្រះនេត្រមើលមហាជន ដោយសព្វញ្ញុត្តញ្ញាណដ៏ផូរផង់។ ពួកខ្ញុំ​ព្រះអង្គ បានស្តាប់មកយ៉ាងនេះរឿយៗ ព្រោះហេតុនោះ ខ្ញុំព្រះអង្គតែងនិយាយ​យ៉ាងនេះ​ថា អ្នកទាំងឡាយ នមស្ការ​ព្រះជិនស្រី ជាគោតមគោត្រឬ (ព្រះរាជបុត្ត​ទាំងនោះ តបថា) យើងខ្ញុំទាំងឡាយ នមស្ការចំពោះព្រះជិនស្រី ជាគោតមគោត្រ យើងខ្ញុំ​ទាំងឡាយ នមស្ការព្រះពុទ្ធ ជាគោតមគោត្រ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ។

[៨៤] ឧត្តរកុរុទ្វីប ជាទីរីករាយ មានភ្នំសិនេរុដ៏ធំ គួរជាទីមើល4) តាំងនៅក្នុងទីណា ពួកមនុស្ស​កើតក្នុងឧត្តរកុរុទ្វីបនោះ ឥតមានប្រកាន់របស់អ្វីថា ជារបស់ខ្លួនឡើយ។ មនុស្ស​ទាំងអម្បាលនោះ មិនចាំបាច់​ព្រោះ​ពូជ មិនចាំបាច់នាំនង្គ័លចេញទៅ (ដោយគិតថា អាត្មាអញនឹង​ភ្ជួរក្នុងទីនោះៗ) បរិភោគ​តែស្រូវសាលី ដែលកើតឯងក្នុងព្រៃ ជាស្រូវ​មិនមានកុណ្ឌក មិនមានអង្កាម ស្អាត មានក្លិន​ក្រអូប ផ្លែចេញជាអង្ករ មនុស្សទាំងឡាយ ដាក់អង្ករនោះក្នុងឆ្នាំង ចំអិនដោយ​ភ្លើង​ឥតផ្សែង5) មិនមានរងើក ទើបនាំគ្នា​បរិភោគភោជនអំពីឆ្នាំងនោះ។ មនុស្សទាំងនោះ ទឹមនូវ​មេគោមានក្រចកតែ​មួយ (ដូចក្រចកសេះ) បរទៅសព្វទិស ទឹមបសុសត្វ (សត្វជើងបួនក្រៅពីមេគោ) មានក្រចក​តែមួយ បរទៅសព្វទិស។ យកស្រីធ្វើ​ជាវាហនៈ ត្រាច់ទៅសព្វទិស យកបុរស6) ធ្វើជាវាហនៈ ត្រាច់ទៅសព្វទិស។ យកកុមារី ធ្វើជាវាហនៈ ត្រាច់ទៅសព្វទិស យកកុមារធ្វើជាវាហនៈ ហើយត្រាច់ទៅសព្វទិស។ មនុស្ស​ទាំងអម្បាល​នោះ នាំគ្នាឡើងយាន ត្រាច់ទៅក្នុងទិសទាំងពួង ពួកស្រីទាំងឡាយ ជាអ្នកបម្រើស្តេចនោះ។ យានដំរី យានសេះ យានជាទិព្វ7) ប្រាសាទ និងវរ ក៏មាន​សម្រាប់ស្តេច ជាធំដ៏ទ្រង់យស។ មួយទៀត ស្តេចនោះ ទ្រង់​កសាងនគរទុក ក្នុងអាកាស គឺអាដានាដានគរ កុសិនាដានគរ បរកុសិនាដានគរ នាដបរិយានគរ បរកុសិតនាដានគរ។ សាងនគរឈ្មោះ កបិវន្តក្នុងទិសខាងជើង ក្នុងចំណែក​ទិសដទៃទៀត បានសាងនគរឈ្មោះ ជនោឃៈ ឈ្មោះនវនវតិយៈ ឈ្មោះអម្ពរអម្ពរវតិយៈ និងរាជធានី ឈ្មោះអាឡកមន្ទា បពិត្រព្រះអង្គ អ្នកនិទ៌ុក្ខ ស្តេចជាធំឈ្មោះ​កុវេរៈ មានរាជធានីឈ្មោះ​វិសាណា ព្រោះហេតុនោះ ស្តេចជាធំ ទ្រង់ព្រះនាមកុវេរៈ មហាជននាំគ្នាហៅថា វេស្សវ័ណ។ ពួកយក្ខឈ្មោះ តតោលា តត្តលា តតោតលា ឱជសី តេជសី តតោជសី សុរោ រាជា សុរោរាជា អរិដ្ឋ នេមិ អរិដ្ឋនេមិ តែងត្រួតត្រា8) ប្រកាសនូវប្រយោជន៍ផ្សេងៗ។ មួយទៀត ភ្លៀងនាំទឹកអំពី​ស្រះ​បោក្ខរណីណា ហើយបង្អុរចុះ ភ្លៀងហូរចេញអំពីទីណា ត្រង់ទីនោះឯង មានអន្លង់ទឹក​ ឈ្មោះធរណី ពួកយក្ខតែងអង្គុយប្រជុំគ្នាក្នុងទីណា ត្រង់ទីនោះឯង មានសភា9) ឈ្មោះភគលវតី។ ត្រង់ទីនោះ មានដើម​ឈើផ្លែជានិច្ច ដេរដាស ដោយហ្វូង​បក្សីផ្សេងៗ កងរំពងដោយសំឡេងសត្វក្ងោក សត្វក្រៀល (ព្រមទាំង) ពួកតាវ៉ៅ មានសំឡេងពីរោះ។ សំឡេងបក្សី ឈ្មោះជីវញ្ជីវក ក៏មានក្នុងទីនុ៎ះ មួយទៀត ពួកបក្សីឈ្មោះ​ឱដ្ឋវចិត្តកៈ ហ្វូងមាន់ព្រៃ ក្តាម និងហ្វូងសត្វបោក្ខរសាតកៈ ក៏អាស្រ័យនៅក្នុងត្រពាំងឈូក។ ម្យ៉ាងទៀត សំឡេង​សត្វសេក និងសារិកា ក៏មានក្នុងទីនោះ មានទាំងពួកបក្សី ឈ្មោះ​ទណ្ឌមានវកៈ10) ស្រះឈូករបស់ស្តេចកុវេរៈនោះ ជាស្រះល្អសព្វកាលឥតចន្លោះ។ ស្តេចជាធំ ទ្រង់យស ទ្រង់​អភិបាលទិសណា មហាជនតែង​នំាគ្នាហៅទិសនោះថា ឧត្តរទិស រាប់អំពីភ្នំសិនេរុមក។ ព្រះអង្គជាអធិបតីលើពួកយក្ខ ទ្រង់ព្រះនាមថា កុវេរៈ ដែល​មាន​ពួកយក្ខចោមរោមហើយ ទ្រង់ត្រេកត្រអាលដោយពួករបាំ និងចម្រៀង។ ពួកព្រះរាជបុត្ត​របស់ព្រះអង្គ​ ក៏មានច្រើន តែខ្ញុំព្រះអង្គបានស្តាប់មកថា មានព្រះនាមដូចៗគ្នា ព្រះរាជបុត្ត​ទាំង៩១ព្រះអង្គ មានព្រះនាម​ថាឥន្ទៈ ទ្រង់មានកំឡាំងច្រើន។ ឯព្រះរាជបុត្ត​ទាំងនោះ លុះបានឃើញព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ភ្ញាក់​ហើយ ចាក​ការដេកលក់ គឺអវិជ្ជា ប្រសើរ​ (ដោយគុណ) ឥតមានសេចក្តីព្រឺស្ញើប ក៏នាំគ្នានមស្ការអំពីចម្ងាយ។ បពិត្រព្រះអង្គ ជាបុរសអាជានេយ្យ ខ្ញុំព្រះអង្គ សូមនមស្ការចំពោះព្រះអង្គ​ បពិត្រព្រះអង្គ ជាបុរស​ឧត្តម ខ្ញុំព្រះអង្គ សូមនមស្ការ ចំពោះ​ព្រះអង្គ សូម្បីអមនុស្សទាំងឡាយ ក៏រមែង​ថ្វាយបង្គំ​ព្រះអង្គថា ព្រះអង្គទតព្រះនេត្រមើលមហាជន ដោយ​សព្វញ្ញុត្តញ្ញាណ​ដ៏​ផូរផង់។ ពួកខ្ញុំ​ព្រះអង្គ បានស្តាប់មកយ៉ាងនេះរឿយៗ ព្រោះហេតុនោះ ពួកខ្ញុំព្រះអង្គ តែង​និយាយ​យ៉ាងនេះ​ថា អ្នកទាំងឡាយ នមស្ការចំពោះ​ព្រះជិនស្រី ជាគោតមគោត្រឬ ព្រះរាជបុត្ត​ទាំងនោះ តបថា យើងទាំងឡាយ នមស្ការចំពោះព្រះជិនស្រី ជាគោតម​គោត្រ យើង​ទាំងឡាយ នមស្ការចំពោះព្រះពុទ្ធ ជាគោតមគោត្រ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ។

[៨៥] បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ ការរក្សាជាប់ទាក់ទងក្នុងអាដានាដានគរនេះឯង រមែង​ប្រព្រឹត្តទៅ ដើម្បីគ្រប់គ្រងរក្សា ដើម្បីមិនបៀតបៀន ដើម្បីនៅសប្បាយ ដល់​ពួកភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា។ ការរក្សាជាប់ទាក់ទងក្នុងអាដានាដានគរនេះ ដែលបុគ្គល​ណាមួយ ទោះបីជាភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា រៀនដោយប្រពៃ រៀនដោយសព្វ​គ្រប់ ជំរះ​អត្ថ និងព្យញ្ជនៈឲ្យបរិបូណ៌ បើអមនុស្ស ទោះបីជាយក្ខក្តី យក្ខិនីក្តី កូនប្រុសរបស់​យក្ខក្តី​ កូនស្រីរបស់យក្ខក្តី អាមាត្យធំរបស់យក្ខក្តី បរិស័ទរបស់យក្ខក្តី អ្នកបំរើ​របស់យក្ខក្តី គន្ធព្វប្រុសក្តី គន្ធព្វស្រីក្តី កូនប្រុសរបស់គន្ធព្វក្តី​ កូនស្រីរបស់គន្ធព្វក្តី អាមាត្យធំរបស់គន្ធព្វក្តី បរិស័ទរបស់គន្ធព្វក្តី អ្នកបំរើ​របស់គន្ធព្វក្តី កុម្ភណ្ឌប្រុសក្តី កុម្ភណ្ឌស្រីក្តី កូនប្រុសរបស់កុម្ភណ្ឌក្តី​ កូនស្រីរបស់កុម្ភណ្ឌក្តី អាមាត្យធំរបស់កុម្ភណ្ឌក្តី បរិស័ទរបស់កុម្ភណ្ឌក្តី អ្នកបំរើ​របស់កុម្ភណ្ឌក្តី នាគឈ្មោលក្តី នាគញីក្តី កូនឈ្មោលរបស់​នាគក្តី​ កូនញីរបស់នាគក្តី អាមាត្យធំរបស់នាគក្តី បរិស័ទរបស់នាគក្តី អ្នកបំរើ​របស់នាគក្តី ដែលជាអ្នកមានចិត្តប្រទូស្ត នូវបុគ្គលនោះ ហើយដើរតាមភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា ដែលកំពុងដើរ ឬឈរជិតភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា ដែលកំពុង​ឈរ ឬអង្គុយ​ជិតភិក្ខុ ភិក្ខុនី ឧបាសក និងភបាសិកា ដែលកំពុងអង្គុយ ឬដេកជិតភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា ដែលកំពុងដេក។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ អមនុស្ស​នោះ មិនគប្បីបានសក្ការៈ និងសេចក្តីគោរពក្នុងស្រុក ឬនិគមទាំងឡាយនៃខ្ញុំឡើយ។ បពិត្រ​ព្រះអង្គអ្នកនិទ៌ុក្ខ អមនុស្ស​នោះមិនគប្បីបានទីផ្ទះ ឬការនៅជានិច្ចក្នុងរាជធានីឈ្មោះ អាលកមន្ទារបស់ខ្ញុំឡើយ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ អមនុស្សនោះ មិនគប្បីបានចូលកាន់​ទីប្រជុំរបស់ពួកយក្ខទាំងឡាយ នៃខ្ញុំឡើយ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ មួយទៀត អមនុស្ស​ទាំងឡាយ មិនគប្បីធ្វើអាវាហមង្គល ឬវិវាហមង្គល និងអមនុស្សនោះទេ។ បពិត្រព្រះអង្គ​អ្នកនិទ៌ុក្ខ អមនុស្សទាំងឡាយ គប្បីផ្តាសាអមនុស្សនោះ ដោយពាក្យផ្តាសាទាំងឡាយ ពេញ​បន្ទុក​ប្រៀបធៀប​ដោយខ្លួន (អាក្រក់)។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ អមនុស្សទាំងឡាយ គប្បីផ្កាប់បាត្រទទេលើក្បាលនៃអមនុស្សនោះ។ មួយទៀត អមនុស្សទាំងឡាយ គប្បីបំបែក​ក្បាល​អមនុស្សនោះជា៧ភាគ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ មានអមនុស្សទាំងឡាយ ក្រោធពិរោធក្រៃលែងជាងហេតុ អមនុស្សទាំងឡាយនោះ មិនធ្វើតាមអាជ្ញានៃស្តេចជាធំ មិនធ្វើតាមអាជ្ញានៃយក្ខ ជាសេនាបតី ២៨ នាក់ របស់ស្តេច​ជា​ធំនោះ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ អមនុស្សទាំងឡាយនោះៗឯង គេតែងហៅថា ជាសត្រូវ​នឹងស្តេចជាធំ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ពួកចោរក្នុងដែននៃស្តេចមគធៈ មិនធ្វើ​តាមអាជ្ញានៃស្តេចមគធៈ មិនធ្វើតាមអាជ្ញានៃសេនាបតី របស់ស្តេចមគធៈ មិនធ្វើតាមអាជ្ញា នៃសេនាបតី ជាអ្នកប្រៀនប្រដៅរបស់ស្តេច​មគធៈ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ពួកមហាចោរទាំងអម្បាលនោះ គេតែង​ហៅថាជាសត្រូវនឹងស្តេច​មគធៈ យ៉ាងណាមិញ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ មានអមនុស្សទាំងឡាយ ជាអ្នកក្រោធ​ពិរោធ​ក្រៃលែងជាងហេតុ អមនុស្សទាំងនោះ មិនធ្វើតាមអាជ្ញានៃស្តេចជាធំ មិនធ្វើ​តាម​អាជ្ញានៃសេនាបតីរបស់ស្តេច​ជាធំ មិនធ្វើតាមអាជ្ញាពួកយក្ខសេនាបតី ជាអ្នកប្រៀន​ប្រដៅ​របស់ស្តេច​ជាធំ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ អមនុស្សទាំងឡាយនោះៗឯង គេតែងហៅថា ជាសត្រូវនឹងស្តេចជាធំ យ៉ាងដូច្នោះឯង។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ប្រសិនបើអមនុស្ស​ណាមួយ ជាយក្ខប្រុសក្តី យក្ខស្រីក្តី កូនប្រុស​របស់យក្ខក្តី កូនស្រីរបស់យក្ខក្តី មហាមាត្ររបស់​យក្ខក្តី បរិស័ទ​របស់យក្ខក្តី អ្នកបំរើរបស់យក្ខក្តី គន្ធព្វប្រុសក្តី គន្ធព្វ​ស្រីក្តី កូនប្រុស​របស់គន្ធព្វក្តី កូនស្រីរបស់គន្ធព្វក្តី មហាមាត្យរបស់​គន្ធព្វក្តី បរិស័ទ​របស់គន្ធព្វក្តី អ្នកបំរើរបស់គន្ធព្វក្តី កុម្ភណ្ឌប្រុសក្តី កុម្ភណ្ឌស្រីក្តី កូនប្រុស​របស់កុម្ភណ្ឌក្តី កូនស្រីរបស់​កុម្ភណ្ឌ​ក្តី មហាមាត្យរបស់​កុម្ភណ្ឌក្តី បរិស័ទ​របស់កុម្ភណ្ឌក្តី អ្នកបំរើរបស់កុម្ភណ្ឌក្តី នាគឈ្មោលក្តី នាគញីក្តី កូនឈ្មោល​របស់នាគក្តី កូនញីរបស់នាគក្តី មហាមាត្យរបស់​នាគក្តី បរិស័ទ​របស់នាគក្តី អ្នកបំរើរបស់នាគក្តី ជាអ្នកមានចិត្តប្រទូស្ត ដើរទៅតាមភិក្ខុ ឬភិក្ខុនី ឧបាសក ឧបាសិកា ដែលកំពុងដើរ ឬឈរជិតភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ដែល​កំពុងឈរ ឬអង្គុយជិតភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ដែល​កំពុងអង្គុយ ឬដេកជិត​ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ដែល​កំពុងដេក។ អមនុស្ស​នោះ ត្រូវបុគ្គល​ពោលទោស កន្ទក់កន្ទេញ ត្រូវស្រែកប្តឹង​ដល់ពួកយក្ស ពួកយក្ខជាធំ ពួកសេនាបតី ពួកសេនាបតីជា​ធំ ទាំងអម្បាលនេះថា យក្ខនេះចាប់គេ យក្ខនេះចូលគេ យក្ខនេះបៀតបៀន​គេ យក្ខនេះ​បៀតបៀនផ្សេងៗ យក្ខនេះធ្វើទុក្ខគេ យក្ខនេះធ្វើ​ឲ្យគេលំបាក យក្ខនេះមិនលែងគេ។

[៨៦] ដល់ពួកយក្ខ ពួកមហាយក្ខ ពួកសេនាបតី ពួកមហាសេនាបតី ដូចម្តេចខ្លះ។

យក្ខឈ្មោះឥន្ទៈ១ សោមៈ១ វរុណៈ១ ភារទ្វាជៈ១ បជាបតិ១ ចន្ទនៈ១ កាមសេដ្ឋៈ១ កិន្នុឃណ្ឌុ១ និឃណ្ឌុ១។ បនាទៈ១ ឱបមញ្ញៈ១ ទេវសូតៈ១ មាតលិ១ អតិចសេនៈ១ គន្ធព្វៈ១ នឡោរាជៈ១ ជនោសភៈ១។ សាតាគិរៈ១ ហេមវតៈ១ បុណ្ណកៈ១ ករតិយៈ១ គុលៈ១ សិវកៈ១ មុច្ចលិន្ទៈ១ វេស្សាមិត្តៈ១ យគន្ធរៈ១។ គោបាលៈ១ សុប្បគេធៈ១ ហិរិ១ នេត្តិ១ មន្ទិយៈ១ បញ្ចាលចន្ទៈ១ អាលវកៈ១ បជុណ្ណៈ១ សុមុខៈ១ ទធិមុខៈ១ មណិ១ មានិចរៈ១ ទីឃៈ១ សេរិសកៈ១។

[៨៧] ត្រូវ​ពោលទោស កន្ទក់កន្ទេញ ត្រូវស្រែកប្តឹង​ដល់ពួកយក្ស ពួកមហាយក្ខ ពួកសេនាបតី ពួកមហាសេនាបតី ទាំងអម្បាលនេះថា យក្ខនេះចាប់គេ យក្ខនេះចូលគេ យក្ខនេះបៀតបៀន​គេ យក្ខនេះ​បៀតបៀនផ្សេងៗ យក្ខនេះធ្វើទុក្ខគេ យក្ខនេះធ្វើ​ឲ្យគេលំបាក យក្ខនេះមិនលែងគេ។

[៨៨] បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ការរក្សាជាប់តមកអំពីអាដានាដានគរនេះឯង ប្រព្រឹត្ត​ទៅដើម្បីគ្រប់គ្រងរក្សា ដើម្បីមិនបៀតបៀនគ្នា ដើម្បី​នៅជាសុខដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ណ្ហើយឥឡូវនេះ ពួកខ្ញុំ​ព្រះអង្គមានរវល់​ច្រើន មានកិច្ចគួរធ្វើច្រើន ខ្ញុំព្រះអង្គសូមក្រាបថ្វាយបង្គំលា។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ថា បពិត្រ​មហារាជទាំងឡាយ ចូរព្រះអង្គកំណត់​កាលគួរ ក្នុងកាលឥឡូវ​នេះចុះ។

[៨៩] លំដាប់នោះ ស្តេចធំទាំង៤អង្គ ក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណហើយ ក៏បាត់ទៅក្នុងទីនោះឯង។ យក្ខទាំងអម្បាល​នោះ លុះ​ក្រោកចាកអាសនៈហើយ ពួកខ្លះថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណហើយ ក៏បាត់​ទៅក្នុងទីនោះ ពួកខ្លះគ្រាន់តែ​ពោលពាក្យរាក់ទាក់​សំណេះសំណាល ជាមួយនឹង​ព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏បាត់​ទៅក្នុងទីនោះ ពួកខ្លះ គ្រាន់តែប្រណម្យ​អញ្ជលី ចំពោះ​ព្រះមានព្រះភាគហើយ ក៏បាត់ទៅ​ក្នុងទីនោះ ពួកខ្លះគ្រាន់តែប្រកាសនាម និងគោត្រ របស់ខ្លួន​ ហើយក៏បាត់ទៅ​ក្នុងទីនោះ ពួកខ្លះ គ្រាន់តែ​នៅស្ងៀម​ហើយ ក៏បាត់ទៅក្នុងទីនោះ។

[៩០] លុះកន្លងរាត្រីនោះទៅហើយ ទើបព្រះមានព្រះភាគត្រាស់ហៅភិក្ខុទាំង​ឡាយ​ថា ម្នាលភិក្ខុទាំងឡាយ យប់មិញ ពួកស្តេចធំទាំង៤ តាំង​ការរក្សាក្នុងទិស​ទាំង​៤ តាំងពលទុកក្នុងទិសទាំង៤ តាំងអ្នកត្រួតត្រាទុកក្នុងទិសទាំង​៤ ដោយសេនាយក្ខដ៏ច្រើន សេនាគន្ធព្វដ៏ច្រើន សេនាកុម្ភណ្ឌដ៏ច្រើន សេនានាគដ៏ច្រើន លុះវេលារាត្រីកន្លងទៅ​ហើយ ស្តេចទាំងនោះ មានពន្លឺរុងរឿង ញុំាង​ភ្នំគិជ្ឈកូដទាំងមូល​ឲ្យភ្លឺស្វាងហើយ ក៏នាំ​គ្នាចូលមករកតថាគត​ លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំតថាគត អង្គុយក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ យក្ខទាំងអម្បាលនោះឯង ពួកខ្លះថ្វាយ​បង្គំ​តថាគត ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែ​ពោលពាក្យរាក់ទាក់​សំណេះសំណាល ជាមួយនឹង​តថាគត លុះបញ្ចប់​ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែប្រណម្យ​អញ្ជលី ចំពោះ​តថាគត អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែប្រកាសនាម និងគោត្រ អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែ​អង្គុយស្ងៀមៗ ក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ ស្តេចជាធំទ្រង់ព្រះនាមវេស្សវ័ណ លុះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ពោលពាក្យ​នឹងតថាគតយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកយក្ខជាន់ខ្ពស់ មិនជ្រះថ្លា​ចំពោះ​ព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចំរើន ពួកយក្ខជាន់ខ្ពស់ ជ្រះថ្លា​ចំពោះ​ព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចំរើន ពួកយក្ខជាន់កណ្តាលខ្លះ មិនជ្រះថ្លា​ចំពោះ​ព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចំរើន ពួកយក្ខជាន់កណ្តាល ជ្រះថ្លា​ចំពោះ​ព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចំរើន ពួកយក្ខជាន់ទាប មិនជ្រះថ្លា​ចំពោះ​ព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចំរើន ពួកយក្ខជាន់ទាប ជ្រះថ្លា​ចំពោះ​ព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចំរើន ឯយក្ខដែលមិនជ្រះថ្លា ចំពោះ​ព្រះមានព្រះភាគ មានច្រើនណាស់ ព្រោះហេតុអ្វី បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា​ព្រះមានព្រះភាគ ទ្រង់សំដែង​ធម៌ ដើម្បី​ឲ្យវៀរចាកបាណាតិបាត ទ្រង់សំដែង​ធម៌ ដើម្បី​ឲ្យ​វៀរចាកអទិន្នាទាន ទ្រង់សំដែងធម៌ ដើម្បី​ឲ្យវៀរចាកកាមេសុមិច្ឆាចារ ទ្រង់​សំដែង​ធម៌​ដើម្បី​ឲ្យវៀរចាក​មុសាវាទ ទ្រង់សំដែងធម៌ ដើម្បីឲ្យវៀរចាក​ទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ។ បពិត្រព្រះអង្គដ៏ចំរើន ប៉ុន្តែយក្ខទាំងឡាយច្រើន​ណាស់ ដែលមិនវៀរចាកបាណាតិបាត មិនវៀរចាកអទិន្នាទាន មិនវៀរចាក​កាមេសុមិច្ឆា​ចារ មិនវៀរចាកមុសាវាទ មិនវៀរចាក​ទឹកស្រវឹង គឺសុរា និងមេរ័យ ដែល​ជាទី​តាំង​នៃ​សេចក្តីប្រមាទសោះ (ព្រោះ​ហេតុនោះ) អំពើវៀរនោះ មិនជាទីស្រឡាញ់ មិនជាទី​ពេញចិត្ត របស់យក្ខទាំងឡាយនោះ បពិត្រព្រះអង្គដ៏ចំរើន មានសាវ័ករបស់​ព្រះមានព្រះភាគ អាស្រ័យនៅសេនាសនៈស្ងាត់ ដែលតាំងនៅក្នុងព្រៃ មានសូរសព្ទ​គឹកកងរំពងតិច ប្រាសចាកសំដី​របស់មនុស្ស​អ្នកដើរទៅមក សមគួរដល់ការកំបាំង​អំពី​ពួកមនុស្ស គួរជាទីលាក់ខ្លួន​ពួនអាត្មាបាន ពួកយក្ខជាន់ខ្ពស់តែងនៅជានិច្ច ក្នុងព្រៃនោះ​ក៏មាន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់បង្រៀនព្រះបរិត្តសម្រាប់រក្សា​ក្នុង​អាដានាដានគរ ដើម្បីឲ្យពួកយក្ខដែលមិនទាន់ជ្រះថ្លា ក្នុងសាសនា​ព្រះមានព្រះភាគ​នេះ បានជ្រះថ្លាឡើង ដើម្បី​ការគ្រប់គ្រងរក្សា ដើម្បី​មិនបៀតបៀនគ្នា ដើម្បីនៅ​ជាសុខដល់​ភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា។ ម្នាលភិក្ខុទាំងឡាយ តថាគត បានទទួល​និមន្ត​ដោយតុណ្ហីភាព។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ស្តេច​ជាធំឈ្មោះ​វេស្សវ័ណ ជ្រាបច្បាស់នូវ​តថាគតទទួល​និមន្តហើយ ក៏ប្រកាស​ព្រះបរិត្តសម្រាប់រក្សា ក្នុងអាដានាដានគរនេះ ក្នុងវេលានោះថា

[៩១] សូមនមស្ការចំពោះព្រះពុទ្ធ ទ្រង់ព្រះនាម​វិបស្សី ព្រះអង្គមានចក្ខុ ព្រះ​អង្គ​មានសិរី សូមនមស្ការចំពោះ​ព្រះពុទ្ធ ទ្រង់ព្រះនាមសិខី ព្រះអង្គមានសេចក្តីអនុគ្រោះ ដល់សត្វ​ទាំងពួង​ជាប្រក្រតី។បេ។ (បេយ្យាលៈ ដែលមានហើយ ក្នុងខាងដើមនោះឯង បណ្ឌិត គប្បីឲ្យពិស្តារចុះ)។ បពិត្រ​ព្រះអង្គអ្នកនិទ៌ុក្ខ ការរក្សាជាប់ទាក់ទង ក្នុងអាដានាដានគរនេះ ប្រព្រឹត្តទៅ ដើម្បី​គ្រប់គ្រងរក្សា ដើម្បីមិនបៀតបៀនគ្នា ដើម្បីនៅជាសុខ ដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា។ បពិត្រ​ព្រះអង្គអ្នកនិទ៌ុក្ខ ណ្ហើយឥឡូវនេះ ពួកខ្ញុំព្រះអង្គមានរវល់ច្រើន មានកិច្ចគួរធ្វើច្រើន ខ្ញុំព្រះអង្គសូមថ្វាយបង្គំលា។ តថាគតពោលតបថា បពិត្រមហារាជ សូមព្រះអង្គទ្រង់កំណត់កាលគួរ ក្នុងកាលឥឡូវនេះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់​នោះឯង ស្តេចជាធំទាំង៤ ក្រោកចាកអាសនៈ ហើយថ្វាយបង្គំតថាគត ធ្វើប្រទក្សិណ ហើយក៏បាត់ទៅ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ យក្ខទាំងអម្បាលនោះឯង លុះ​ក្រោកចាកអាសនៈហើយ ពួកខ្លះ​ថ្វាយបង្គំ​តថាគត ធ្វើប្រទក្សិណ ហើយក៏បាត់​ទៅ ក្នុងទីនោះ ពួកខ្លះគ្រាន់តែ​ពោលពាក្យរាក់ទាក់ សំណេះសំណាលជាមួយនឹង​តថាគត លុះបញ្ចប់​ពាក្យដែល​គួររីករាយ និងពាក្យដែលគួរ​រលឹក ហើយក៏បាត់ទៅក្នុងទីនោះ ពួកខ្លះ គ្រាន់តែ​ប្រណម្យអញ្ជលីចំពោះ​តថាគតហើយ ក៏បាត់ទៅក្នុងទីនោះ ពួកខ្លះ គ្រាន់តែ​ប្រកាសនាម និងគោត្រហើយក៏បាត់ទៅ ក្នុងទីនោះ ពួកខ្លះ​គ្រាន់តែស្ងៀម​ៗ ហើយក៏បាត់ទៅក្នុងទីនោះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូររៀនព្រះបរិត្ត​សម្រាប់​រក្សាក្នុងអាដានាដានគរ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរទន្ទេញ​ឲ្យចាំ​ស្ទាត់​ នូវ​ព្រះបរិត្តសម្រាប់រក្សា ក្នុងអាដានាដានគរ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចាំទុក​នូវ​ព្រះបរិត្ត សម្រាប់រក្សាក្នុងអាដានាដានគរ ម្នាលភិក្ខុទាំងឡាយ ការរក្សាក្នុងអាដានាដា​នគរនេះ ប្រកបដោយប្រយោជន៍ ប្រព្រឹត្តទៅ ដើម្បីគ្រប់គ្រងរក្សា ដើម្បី​មិនបៀតបៀន​ ដើម្បី​នៅជាសុខ ដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ។ ភិក្ខុទាំងនោះ មានចិត្ត​ត្រេកអរទទួល​អនុមោទនានឹង​ភាសិត របស់​ព្រះមានព្រះភាគ ដោយប្រការដូច្នេះ។

ចប់ អាដានាដិយសូត្រ ទី៩។

 

លេខយោង

1)
អដ្ឋកថា ថា ព្រះពុទ្ធទាំង៧អង្គ​ សុទ្ធតែមានចក្ខុដូចគ្នា។ នាមដទៃទៀត មានអនុគ្រោះសត្វទាំងពួងជាដើមក្តី នាមជាអសំខេយ្យដទៃក្តី ក៏មានក្នុងព្រះពុទ្ធ​គ្រប់ព្រះអង្គដែរ តែក្នុង​ទីនេះ បានជាផ្សេងគ្នា ព្រោះព្រះបាទវេស្សវ័ណនមស្ការ តាមចាំបាន តាមនឹកឃើញ។
2)
ព្រះអង្គសម្រេច​សោឡសកិច្ចរួចហើយ គឺព្រះអង្គលះកិលេសអស់ហើយ។
3)
គេតែងនាំមនុស្សអាក្រក់ធ្វើទោស ឬសម្លាប់ដុតចោលនៅទិសខាងត្បូង (អដ្ឋកថា
4)
ភ្នំសិនេរុ គួរជាទីមើល ព្រោះប្រដាប់ដោយរតនវត្ថុ ដូច្នេះ គឺទិសខាងកើត ប្រដាប់ដោយ​ប្រាក់ ទិសខាង​ត្បូង ប្រដាប់ដោយកែវមណី ទិស​ខាងលិចប្រដាប់ដោយកែវផ្លេក ទិសខាង​ជើង​ប្រដាប់ដោយមាស (អដ្ឋកថា)។
5)
សេចក្តីដំណាលថា មនុស្សក្នុងស្រុកនោះ តែងយកថ្មកែវ៣ដុំ ឈ្មោះ​ជោតិបាសាណ ធ្វើជាដុំចង្ក្រាន ហើយយកឆ្នាំងដំកល់លើដុំចង្ក្រាននោះ ស្រាប់តែមានចំហាយភ្លើងក្តៅឡើងអំពីថ្មនោះ ធ្វើឲ្យឆ្អិនតែម្តង។
6)
ទឹមបុរសក្នុងយាន តែគេមិនអាចយកមនុស្សជាសម្មាទិដ្ឋិមកទឹមទេ គេច្រើនចាប់តែមនុស្ស​មិលក្ខជាតិ អ្នកនៅក្នុងបច្ចន្តប្រទេស មកទឹមក្នុងយានហើយបរទៅ។ (អដ្ឋកថា)។
7)
យានជាទិព្វមានច្រើនយ៉ាង កើតប្រាកដ ដល់ពួកជនទាំងនោះ ប្រសិនណាជាជនទាំងនោះ អង្គុយ​ត្រង់ទី​ដំណេក ឬ​លើតាំង លើវរ (គ្រែស្នែង) ជាដើម ក៏ចរទៅបាន។ យាននេះកើតសម្រាប់​ស្តេច​ដែលមាន​បុណ្យ មានអានុភាពម្តងៗ ឬសម្រាប់​ទេវតាប៉ុណ្ណោះ (អដ្ឋកថា)។
8)
យក្ខជាអ្នករក្សាដែនទាំង១២នាក់ តែងត្រូតត្រា ប្រាប់ពន្យល់នូវការជាប្រយោជន៍ផ្សេងៗ ហើយប្រាប់សេចក្តីដល់ពួកយក្ខ អ្នករក្សាទ្វារទាំង១២នាក់​ យក្ខរក្សាទ្វារទាំង​នោះ ក៏នាំសេចក្តីនោះ ទៅក្រាបបង្គំទូល​ ដល់​ស្តេចវេស្សវ័ណ (អដ្ឋកថា)។
9)
សំដៅយកមណ្ឌបកែវទំហំ១២យោជន៍ ដែលព័ន្ធព័ទ្ធដោយវល្លិឈ្មោះ​ភគលវតិ ទៀបឆ្នេរស្រះបោក្ខរណីនោះ (អដ្ឋកថា)។
10)
សេចក្តីដំណាលថា សត្វនោះ កាន់ដម្បងមាស ដោយដៃទាំងពីរ ជើងជាន់​លើស្លឹកឈូកមួយ ហើយទម្លាក់​ដម្បង​មាសចុះត្រង់ចន្លោះស្លឹកឈូក ហើយហើរទៅ។
km/tipitaka/sut/dn/sut.dn.32.txt · ពេលកែចុងក្រោយ: 2023/10/19 01:39 និពន្ឋដោយ Johann