User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:apd:sut.kn.apd

មាតិកា

អបទាន

សង្ខេប

អបទាន «ដែលធ្វើរួចស្រេចហើយ; ការដែលសម្រេចហើយ» ៦០៣ សូត្រខ្លី៖ អរិយ​សាវ័ក ពោល​សរសើរ​នូវ​ផល​នៃ​ការ​លះ​បង់​ល្អ ចំណែក​សេរី​ភាព​ចុង​ក្រោយ​គឺ​ខ្ពស់​បំផុត។

sut kn apd បាលី cs-km: sut.kn.apd អដ្ឋកថា: sut.kn.apd_att PTS: ?

អបទាន

«ដែលធ្វើរួចស្រេចហើយ»

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

អបទាន នៅក្នុងឯកសារ pdf មួយ។ (sut.kn.apd.pdf)

បឋមភាគ
ពុទ្ធវគ្គ ទី១ | សីហាសនិយវគ្គ ទី២ | សុភូតិវគ្គ ទី៣ | កុណ្ឌធានវគ្គ ទី៤
ឧបាលិវគ្គ ទី៥ | វីជនីវគ្គ ទី៦ | សកចិត្តនិយវគ្គ ទី៧
នាគសមាលវគ្គ ទី៨ | តិមិរបុប្ផិយវគ្គ ទី៩ | សុធាវគ្គ ទី១០
ទុតិយភាគ
ភិក្ខទាយិវគ្គ ទី១១ | មហាបរិវារវគ្គ ទី១២ | សេរេយ្យវគ្គ ទី១៣ | សោភិតវគ្គ ទី១៤
ឆត្តវគ្គ ទី១៥ | ពន្ធុជីវកវគ្គ ទី១៦ | សុបារិចរិយវគ្គ ទី១៧ | កុមុទវគ្គ ទី១៨
កុដជបុប្ផិយវគ្គ ទី១៩ | តមាលបុប្ផិយវគ្គ ទី២០ | កណិការបុប្ផិយវគ្គ ទី២១ | ហត្ថិវគ្គ ទី២២
អាលម្ពណទាយកវគ្គ ទី២៣ | ឧទកាសនវគ្គ ទី២៤ | តុវរទាយកវគ្គ ទី២៥ | ថោមកវគ្គ ទី២៦
បទុមុក្ខិបវគ្គ ទី២៧ | សុវណ្ណពិព្ពោហនវគ្គ ទី២៨ | បណ្ណទាយកវគ្គ ទី២៩ | ចិតកបូជកវគ្គ ទី៣០
តតិយភាគ
បទុមកេសរវគ្គ ទី៣១ | អារក្ខទាយកវគ្គ ទី៣២ | ឧមាបុប្ផិយវគ្គ ទី៣៣ | គន្ធោទកវគ្គ ទី៣៤
ឯកបទុមិយវគ្គ ទី៣៥ | សទ្ទសញ្ញកវគ្គ ទី៣៦ | មន្ទារវបុប្ផិយវគ្គ ទី៣៧ | ពោធិវន្ទនវគ្គ ទី៣៨
អវដផលវគ្គ ទី៣៩ | បិលិន្ទវច្ឆវគ្គ ទី៤០ | ភទ្ទាលិវគ្គ ទី៤១
ចតុត្ថភាគ
ភទ្ទាលិវគ្គ ទី៤២ | សកិំសម្មជ្ជកវគ្គ ទី៤៣ | ឯកវិហារិវគ្គ ទី៤៤ | វិភីតកវគ្គ ទី៤៥
ជគតិទាយកវគ្គ ទី៤៦ | សាលកុសុមិយវគ្គ ទី៤៧ | នឡមាលិវគ្គ ទី៤៨ | បំសុកូលវគ្គ ទី៤៩
ង្កណិបុប្ផវគ្គ ទី៥០ | កណិការវគ្គ ទី៥១ | ផលទាយកវគ្គ ទី៥២ | តិណទាយកវគ្គ ទី៥៣
កច្ចាយនវគ្គ ទី៥៤ | ភទ្ទិយវគ្គ ទី៥៥
បញ្ចមភាគ
យសវគ្គ ទី៥៦ | សុមេធាវគ្គ ទី៥៧ | ឯកូបោសថិកវគ្គ ទី៥៨
កុណ្ឌលកេសីវគ្គ ទី៥៩ | ខត្តិយាវគ្គ ទី៦០

បឋមភាគ

ពុទ្ធវគ្គ ទី១

(១. ពុទ្ធវគ្គោ)

ពុទ្ធាបទាន ទី១

(១. ពុទ្ធអបទានំ)

[១] នតង្គៈ ជាអ្នកប្រាជ្ញ ជាបុត្រនៃនាងទេវី ក្នុងដែនវេទេហៈ បានសួរព្រះតថាគត កាលគង់នៅក្នុងវត្តជេតពនថា បានឮថា ព្រះសព្វញ្ញុពុទ្ធទាំងឡាយ តែងមាន តើព្រះសព្វញ្ញុពុទ្ធ ជាអ្នកប្រាជ្ញទាំងនោះ ទ្រង់កើតមានដោយហេតុដូចម្តេច។ គ្រានោះ ព្រះសព្វញ្ញុពុទ្ធដ៏ប្រសើរ ទ្រង់ស្វែងរកនូវគុណដ៏ធំ ទ្រង់បែរទៅត្រាស់នឹងព្រះអានន្ទដ៏ចម្រើន ដោយព្រះសូរសៀងដ៏ពីរោះថា

ពោធិសត្វទាំងឡាយណា មានការកសាងបានធ្វើទុកហើយ ក្នុងសំណាក់នៃព្រះពុទ្ធទាំងពួង តែមិនទាន់បានមោក្ខធម៌ ក្នុងសាសនានៃព្រះជិនស្រីទេ ពោធិសត្វទាំងនោះ ជាអ្នកប្រាជ្ញ មានបញ្ញាមុតថ្លា រមែងបាននូវភាពជាសព្វញ្ញុពុទ្ធ ព្រោះប្រធាននៃការត្រាស់ដឹងនោះផង ព្រោះអធ្យាស្រ័យមានកម្លាំងដ៏ធំនោះផង ព្រោះតេជះនៃបញ្ញានោះផង។

សូម្បីតថាគត ក៏បានប្រាថ្នានូវភាពជាព្រះពុទ្ធ ក្នុងសំណាក់នៃព្រះពុទ្ធមុនៗ ទាំងឡាយរាប់មិនអស់ ដែលជាព្រះរាជា ហេតុធម៌បរិបូណ៍ដោយបារមី ៣០។ តថាគតបាននមស្ការថ្វាយបង្គំដោយម្រាមដៃ ១០ ដោយក្បាល ចំពោះព្រះសម្ពោធិញ្ញាណ របស់ព្រះពុទ្ធដ៏ប្រសើរទាំងឡាយផង ចំពោះព្រះសម្ពុទ្ធទាំងឡាយ ជានាយកនៃសត្វលោក ព្រមទាំងព្រះសង្ឃផង។ រតនៈទាំងឡាយរាប់មិនអស់ មានក្នុងពុទ្ធកេ្ខត្តទាំងប៉ុន្មាន ទេវតាដែលឋិតនៅឰដ៏អាកាសផង ឋិតនៅលើដែនដីផង រមែងនាំមកនូវរតនៈទាំងពួងនោះ ដោយចិត្ត។ ក្នុងទីនោះ តថាគតបានសាងប្រាសាទជាវិការៈនៃកែវ មានជាន់ច្រើន ខ្ពស់ត្រដែតទៅក្នុងអាកាស ត្រង់ភូមិភាគជាវិការៈនៃប្រាក់ មានសសរធ្វើល្អដ៏វិចិត្រហើយ ចែកជាល្វែងល្អហើយ ជាប្រាសាទមានតម្លៃច្រើន មានក្របជាវិការៈនៃមាស ប្រដាប់ដោយឆត្រកំពូលស្រួច។ ជាន់ទីមួយ ជាវិការៈនៃកែវពៃទូរ្យ ប្រាសចាកមន្ទិល ល្អស្មើពពក ដ៏ដេរដាសដោយឈូក ដ៏ល្អជាងជាន់ដែលក្រាលដោយមាសដ៏ប្រសើរ។ (ជាន់ខ្លះ) វិចិត្រដោយកែវប្រពាឡ មានពណ៌នៃកែវប្រពាឡ (ជាន់ខ្លះ) មានពណ៌ក្រហមល្អ (ជាន់ខ្លះ) មានពន្លឺដូចស្លាបអណ្តើកមាស (ជាន់ខ្លះ) ភ្លឺផ្លេកគ្រប់ទិស។ ទីអង្គុយ ដៃកែវ បង្អួច សុទ្ធសឹងចាត់ត្រូវរបៀប មានកម្រងផ្កាក្លិនក្រអូបជាទីគាប់ចិត្ត (សំយុងចុះមក) តាមចម្រឹង ទាំង ៤ និងតាមសន្ទះបង្អួច។ (ជាន់ប្រាសាទទាំងឡាយ) មានពណ៌ខៀវ លឿង ក្រហម ស និងពណ៌ខ្មៅសុទ្ធ ដែលប្រដាប់ដោយផ្ទះកំពូលដ៏ប្រសើរ តាក់តែងហើយដោយកែវ ៧ ប្រការ។ មានក្បាច់ផ្កាឈូកគួរក្រឡេកមើល ស្រស់ដោយរូបម្រឹគ និងបក្សី ដេរដាសដោយរូបផ្កាយនក្ខត្តឫក្ស ដោយរូបព្រះចន្ទ្រ និងព្រះអាទិត្យ ទាំងដាសពាសដោយបណ្តាញមាស ប្រកបដោយកណ្តឹងមាស សន្លឹកផ្កាមាស ជាទីត្រេកអរនៃចិត្ត រមែងលាន់ឮ ដោយកម្លាំងខ្យល់។ (ផ្ទៃនៃប្រាសាទនោះ) មានទង់ពណ៌ហង្សបាទ ពណ៌ក្រហម ពណ៌លឿង ពណ៌លឿងទុំ មានទង់វិចិត្រល្អដោយពណ៌ផ្សេងៗ ប្រកបរបៀបទង់ដែលគេលើកឡើង។ មានផែនក្តារផ្សេងៗ ច្រើនរយជាអនេក ជាក្តារប្រាក់ខ្លះ ក្តារកែវមណីខ្លះ ក្តារកែវទទឹមខ្លះ ក្តារកែវមរកតខ្លះ។ (ផ្ទៃខាងក្នុងប្រាសាទនោះ) វិចិត្រដោយសយនៈផ្សេងៗ ក្រាលដោយសំពត់កាសិកៈ មានសាច់ល្អិត សំពត់រោមសត្វ សំពត់សូត្រ សំពត់ស្រុកចីនៈ សំពត់ស្រុកបត្តុណ្ណៈ សំពត់ស្រុកបណ្ឌុ។ តថាគតបានក្រាលនូវកម្រាលផ្សេងៗ ទាំងអស់ ដោយចិត្តឯង តថាគតតាក់តែងនូវហោជាងកែវ ក្នុងជាន់នោះៗ។ មានពួកជន ឈរកាន់ប្រទីបកែវមណីភ្លឺរុងរឿង ឯសសរខឿន សសរផ្ទះ ខ្លោងទ្វារជាវិការៈនៃមាស ជាវិការៈនៃមាសជម្ពូនទៈ ជាវិការៈនៃឈើខ្លឹម ជាវិការៈនៃប្រាក់ដ៏ស្រស់ល្អ ទាំងទីតំណដ៏ច្រើនដែលចែកល្អ វិចិត្រដោយសន្ទះទ្វារ និងគន្លឹះ សុទ្ធសឹងល្អៗ។ ក្អមពេញ (ដោយទឹក) ច្រើន ដែលដាក់ផ្កាឈូក និងឧប្បលជាតិ រៀបតាំងទាំងសងខាងនៃប្រាសាទនោះ។ ព្រះ បច្ចេកពុទ្ធទាំងពួង ព្រមទាំងសាវ័ក និមិត្តនូវព្រះសព្វញ្ញុពុទ្ធ ជានាយកនៃសត្វលោក ព្រមទាំងព្រះសង្ឃ ក្នុងកាលដ៏កន្លងទៅហើយផង (នូវព្រះបច្ចេកពុទ្ធទាំងឡាយ) ព្រមទាំងសាវ័ក ដោយរូបភេទជាប្រក្រតីផង ហើយចូលទៅតាមទ្វារនោះ រួចគង់ជាអរិយមណ្ឌល លើតាំងជាវិការៈនៃមាសទាំងអស់ ព្រះពុទ្ធទាំងឡាយណា ប្រសើរផុតក្នុងលោក មានក្នុងកាលឥឡូវនេះក្តី ព្រះពុទ្ធទាំងឡាយណា កន្លងទៅហើយក្តី ព្រះពុទ្ធទាំងអស់អង្គនោះ បានឡើងមកគង់ក្នុងប្រាសាទរបស់តថាគត ឯតថាគត ក៏បានអង្គាសព្រះបច្ចេកពុទ្ធជាច្រើនរយអង្គ ដែលជាអ្នកត្រាស់ដឹងឯង ជាអ្នកឈ្នះមារ ក្នុងអតីតកាល និងបច្ចុប្បន្នកាល (ឲ្យឆ្អែតស្កប់ស្កល់)។ មានដើមកប្បព្រឹក្សច្រើនដើម ទាំងជាទិព្វ ទាំងជារបស់មនុស្ស តថាគតបាននាំយកសំពត់ទាំងពួង (អំពីដើមកប្បព្រឹក្សនោះ) មកធ្វើជាត្រៃចីវរ ហើយថ្វាយ (ព្រះបច្ចេកពុទ្ធ) ឲ្យស្លៀកដណ្តប់ (រួចនិមន្តឲ្យឆាន់) នូវបង្អែម និងចំអាប ដែលមានរសឆ្ងាញ់ ព្រមទាំងទឹក និងភោជន។ តថាគតបានញុំាងបាត្រដ៏ល្អ ជាវិការៈនៃកែវមណីឲ្យពេញ (ដោយវត្ថុទាំងនោះ) ហើយប្រគេនសំពត់ទិព្វ មានសាច់ដ៏រលីង ដែលគួរដល់ចីវរ។ មណ្ឌលនៃព្រះអរិយៈទាំងអស់ ឆ្អែតស្កប់ស្កល់ហើយ ដោយទឹកឃ្មុំផង ស្ករក្រាមផង ប្រេងផង ទឹកឃ្មុំ និងស្ករអំពៅផង បាយដ៏ប្រសើរផង។ (ព្រះអរិយៈទាំងនោះ) ចូលទៅកាន់បន្ទប់កែវ សម្រេចសីហសេយ្យាលើសយនៈមានតម្លៃច្រើន ដូចកេសររាជសីហ៍ក្នុងគូហា។ (ព្រះអរិយៈទាំងនោះ) មានសម្បជញ្ញៈក្រោកឡើង ហើយផ្គត់ព្រះភ្នែនលើសំណិង បំពេញសេចក្តីត្រេកអរ ក្នុងឈានជាអារម្មណ៍របស់ព្រះពុទ្ធទាំងពួង។ ពួកព្រះអរិយៈខ្លះ សំដែងធម៌ ពួកខ្លះក្រសាលដោយឫទ្ធិ ពួកខ្លះក្រសាលដោយអប្បនាសមាធិ ពួកខ្លះចម្រើននូវវសីក្នុងអភិញ្ញា ធ្វើវិកុព្វនាឥទ្ធិ1) ច្រើនសែន។ ព្រះពុទ្ធទាំងឡាយ ទ្រង់សួរនូវប្រស្នាជាវិស័យព្រះពុទ្ធ ជារបៀបនៃសព្វញ្ញុពុទ្ធ ចំពោះព្រះពុទ្ធទាំងឡាយ ដែលត្រាស់ដឹងហេតុដ៏ជ្រៅល្អិតដោយប្រាជ្ញា សាវ័កទាំងឡាយ សួរព្រះពុទ្ធទាំងឡាយ ឯព្រះពុទ្ធទាំងឡាយក៏សួរសាវ័កទាំងឡាយ។ ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងសាវ័កជាអ្នកបម្រើទាំងនោះ សួរគ្នានិងគ្នាផង ឆ្លើយដល់គ្នានិងគ្នាផង។ ព្រះអរិយបុគ្គលទាំងនោះ កាលត្រេកអរក្នុងពុទ្ធកិច្ច យ៉ាងនេះហើយ រមែងរីករាយលើប្រាសាទ ឯឆត្ររួតប្រាកដស្មើដោយរបៀបនៃកែវ ក៏ឋិតនៅ។ តថាគតប្រកាសថា ឆត្រដែលប៉ាក់ដោយបណ្តាញមាស ដែលរចនាដោយបណ្តាញប្រាក់ ដែលព័ន្ធព័ទ្ធដោយបណ្តាញកែវមុក្តា ឆត្រទាំងអស់នោះ សូមបាំងលើព្រះកេសព្រះពុទ្ធ។ ពិតានសំពត់ ដែលវិចិត្រដោយរូបផ្កាមាស ដែលវិចិត្រដោយរបៀបផ្កា ពិតានទាំងនោះ សូមបាំងលើព្រះកេសព្រះពុទ្ធ។ សូមស្រះបោក្ខរណី ដេរដាសដោយចង្កោមផ្កា (មានក្លិនក្រអូប) និង ចង្កោមផ្កាឈើមានក្លិនក្រអូប ល្អដោយចង្កោមផ្កាក្រអូប ដេរដាសដោយផ្ទាំងសំពត់ តាក់តែងដោយចង្កោមកែវ។ សូមស្រះបោក្ខរណី ដេរដាសដោយផ្កាវិចិត្រល្អ អប់ដោយក្លិនក្រអូប តាក់តែងដោយគ្រឿងប្រស់ព្រំដ៏ក្រអូប បិទបាំងដោយពិតានមាស។ សូមស្រះបោក្ខរណីក្នុងទិសទាំង ៤ ព្រោងញ្រតដោយឈូក និងឧប្បល រោយរាយដោយលម្អងផ្កាឈូក កើតប្រាកដកែ្បរប្រាសាទមាស។ ដើមឈើទាំងអស់ជុំវិញប្រាសាទ សូមបញ្ចេញផ្កា លុះបញ្ចេញផ្កាហើយ សូមរោយរាយក្លិនទៅលើប្រាសាទ។ សូមពួកក្ងោកពង់លើប្រាសាទនោះ សូមពួកហង្សជាទិព្វ ស្រែកកញ្រ្ជៀវ សូមពួកករវិកយំ សូមពួកបក្សីរងាវជុំវិញប្រាសាទនោះ។ សូមពួកស្គរទាំងអស់លាន់ឮខ្ទរខ្ទារ សូមពួកពិណទាំងអស់លាន់ឮ សូមពួកចម្រៀងទាំងអស់ច្រៀងជុំវិញប្រាសាទ។ សូមបល្ល័ង្កមាសដ៏ធំ ដែលបរិបូណ៍ដោយពន្លឺមិនដាច់ ដែលរចនាដោយកែវ ឋិតនៅក្នុងចក្រវាឡ ជាពុទ្ធក្ខេត្តទាំងប៉ុន្មានផង ក្នុងចក្រវាឡ (ដទៃពីនោះផង)។ សូមពួកឈើប្រទីបភ្លឺរុងរឿង សូមឈើទាំងហ្មឺន មានពន្លឺតែបែបមួយតៗ គ្នា។ សូមពួកស្រ្តីគណិកា ពួកស្រ្តីរបាំ និងពួកស្ត្រីអប្សរ ដែលប្រដាប់ដោយពណ៌ផ្សេងៗ នាំ គ្នារាំ នាំគ្នាច្រៀងជុំវិញប្រាសាទ។ តថាគតឲ្យគេលើកទង់ជ័យទាំងអស់ ដ៏វិចិត្រមានពណ៌ ៥ លើចុងឈើខ្លះ លើកំពូលភ្នំខ្លះ លើកំពូលភ្នំសិនេរុខ្លះ។ តថាគតប្រកាសថា សូមពួកមនុស្ស នាគ គន្ធព្វ និងទេវតាទាំងអស់នោះ នាំគ្នាមកនមស្ការ ធ្វើអញ្ជលិកម្ម ចោមរោមប្រាសាទរបស់យើងនេះ។ អំពើជាកុសលណាមួយ ដែលខ្ញុំគប្បីធ្វើដោយកាយ វាចា ចិត្ត (អំពើជាកុសលនោះ) ដែលខ្ញុំបានធ្វើហើយ ជាកុសលគួរដល់ការកើតក្នុងសុគតិ ក្នុងត្រៃត្រឹង្ស។ សត្វទាំងឡាយណា មានសញ្ញា និងសត្វទាំងឡាយណា មិនមានសញ្ញា សត្វទាំងអស់នោះ ចូរបាននូវចំណែកផលនៃបុណ្យដែលខ្ញុំបានធ្វើហើយ សត្វទាំងឡាយណា បានដឹងច្បាស់ នូវបុណ្យដែលខ្ញុំបានធ្វើហើយនោះ សត្វទាំងនោះ (ចូរបានទទួល) នូវផលនៃបុណ្យដែលខ្ញុំឲ្យហើយ ម្យ៉ាងទៀត បណ្តាសត្វទាំងនោះ សត្វទាំងឡាយណា មិនបានដឹង សូមទេវតាទាំងឡាយអញ្ជើញទៅឲ្យដំណឹង (ដល់សត្វទាំងនោះ) ផង។ សត្វទាំងអស់ណាក្នុងលោក ដែលអាស្រ័យអាហារហើយរស់នៅ សត្វទាំងអស់នោះ ចូរបាននូវភោជនជាទីគាប់ចិត្ត តាមចិត្តខ្ញុំចុះ។ តថាគតបានឲ្យទានដោយចិត្ត តថាគតបានបណ្តុះនូវសេចក្តីជ្រះថ្លាដោយចិត្ត បានបូជាចំពោះព្រះសម្ពុទ្ធទាំងពួង បូជាចំពោះព្រះបច្ចេកពុទ្ធទាំងឡាយ។ តថាគតលះបង់រាងកាយជារបស់មនុស្សហើយ ទៅកើតក្នុងឋានតាវត្តឹង្ស ព្រោះកម្មដែលតថាគតធ្វើល្អនោះផង ព្រោះការតម្កល់ទុកចេតនានោះផង។ តថាគតស្គាល់ច្បាស់នូវភពទាំងពីរ គឺភពជារបស់ទេវតា ១ ជារបស់មនុស្ស ១ តថាគតមិនស្គាល់គតិដទៃឡើយ នេះជាផលនៃសេចក្តីប្រាថ្នាដោយចិត្ត។ តថាគតបានជាបុគ្គលប្រសើរ ជាងទេវតាទាំងឡាយ ជាធំក្នុងពួកមនុស្ស បរិបូណ៌ដោយរូបឆោម និងលក្ខណៈ ឥតមានបុគ្គលស្មើដោយប្រាជ្ញា។ ភោជនដ៏ប្រសើរផ្សេងៗ ផង កែវច្រើនយ៉ាងផង សំពត់មានបែបផ្សេងៗ ផង ក៏ធ្លាក់ចុះចាក អាកាស មកកាន់ទីជិតតថាគតឆាប់រហ័ស។ តថាគតលាដៃក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹក និងព្រៃ អាហារជាទិព្វ ក៏មកដល់តថាគត (អំពីទីនោះ)។ តថាគតលាដៃក្នុងទីណា គឺ ផែនដី ភ្នំ អាកាស ទឹក និងព្រៃ កែវទាំងពួង ក៏មកដល់តថាគត (អំពីទីនោះ)។ តថាគតលាដៃក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹក និងព្រៃ គ្រឿងក្រអូបទាំងពួង ក៏មកដល់តថាគត (អំពីទីនោះ)។ តថាគតលាដៃក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹក និងព្រៃ យានទាំងពួង ក៏មកដល់តថាគត (អំពីទីនោះ)។ តថាគតលាដៃក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹក និងព្រៃ កម្រងផ្កាទាំងពួង ក៏មកដល់តថាគត (អំពីទីនោះ)។ តថាគតលាដៃក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹក និងព្រៃ គ្រឿងអលង្ការទាំងឡាយ ក៏មកដល់តថាគត (អំពីទីនោះ)។ តថាគតលាដៃក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹក និងព្រៃ ស្រ្តីកញ្ញាទាំងអស់ ក៏មកដល់តថាគត (អំពីទីនោះ)។ តថាគតលាដៃក្នុងទីណា គឺ ផែនដី ភ្នំ អាកាស ទឹក និងព្រៃ ទឹកឃ្មុំ និងស្ករ ក៏មកដល់តថាគត (អំពីទីនោះ)។ តថាគតលាដៃក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹក និងព្រៃ គ្រឿងបង្អែមគ្រប់យ៉ាង ក៏មកដល់តថាគត (អំពីទីនោះ)។ ដើម្បីដល់នូវសម្ពោធិញ្ញាណដ៏ប្រសើរ តថាគតឲ្យនូវទានដ៏ប្រសើរនោះ ដល់ជនអ្នកឥតទ្រព្យ (ជនអ្នកដំណើរ) យាចក និងអ្នកដើរតាមផ្លូវ។ តថាគតញុំាងភ្នំថ្មឲ្យលាន់ឮ ញុំាងភ្នំដ៏ក្រាស់ឲ្យឮខ្ទរខ្ទារ ញុំាងលោក ព្រមទាំងទេវតាឲ្យរីករាយ ទើបបានជាព្រះពុទ្ធក្នុងលោក។ ទីបំផុតនៃសត្វ កាលទៅកាន់ទិសទាំង ១០ ក្នុងលោក មិនមានឡើយ ចំណែកខាងពុទ្ធក្ខេត្ត ក្នុងចំណែកនៃទិសនោះ គេមិនអាចរាប់បាន។ ពន្លឺជាគ្រឿងនាំទៅនូវរស្មីទាំងគូ ប្រាកដហើយដល់តថាគត ពន្លឺគឺបណ្តាញនៃរស្មីដ៏ធំទូលាយ ក៏កើតឡើងក្នុងចន្លោះនៃលោកធាតុនេះ។ ចូរពួកជនទាំងអស់នេះ ក្នុងលោកធាតុ ឃើញនូវតថាគតចុះ ចូរពួកជនគ្រប់គ្នាមានចិត្តល្អចុះ ចូរពួកជនរាល់រូប ប្រព្រឹត្តតាមតថាគតចុះ។ តថាគតទួងស្គរ គឺព្រះនិញ្វនឈ្មោះអមតៈ ដោយពាក្យដ៏ពីរោះប្រសើរក្រៃលែង ចូរពួកជនគ្រប់គ្នា ក្នុងលោកធាតុនេះ ស្តាប់នូវសំឡេងដ៏ពីរោះចុះ។ កាលបើតថាគតបង្អុរចុះដោយទឹកភ្លៀងគឺធម៌ ចូរពួកជនគ្រប់គ្នា ជាអ្នកមិនមានអាសវៈចុះ បណ្តាសត្វទាំងនោះ ពួកសត្វណា មាននិស្ស័យជាន់ក្រោម ចូរពួកសត្វទាំងនោះបានជាសោតាបន្នបុគ្គលចុះ។ ព្រោះតថាគត ឲ្យទានដែលគួរឲ្យ បានបំពេញសីល ឥតមានសេសសល់ ដល់នូវនេក្ខម្មបារមី ទើបបាននូវសម្ពោធិញ្ញាណដ៏ឧត្តម។ ព្រោះតថាគតបានប្រឹក្សានឹងពួកបណ្ឌិត ហើយធ្វើនូវវីរិយបារមីឲ្យខ្ពង់ខ្ពស់ដល់នូវខន្តិបារមី ទើបបាននូវសម្ពោធិញ្ញាណដ៏ឧត្តម។ ព្រោះតថាគតធ្វើអធិដ្ឋានបារមីឲ្យមាំមួន បំពេញនូវសច្ចបារមី ដល់នូវមេត្តាបារមី ទើបបាននូវសម្ពោធិញ្ញាណដ៏ឧត្តម។ ព្រោះតថាគតជាអ្នកមានចិត្តស្មើ ក្នុងលោកធម៌ទាំងអស់ គឺលាភ និងឥតលាភ សុខ និងទុក្ខ ការសរសើរ និងនិន្ទា ទើបបាននូវសម្ពោធិញ្ញាណដ៏ឧត្តម។ អ្នកទាំងឡាយ ចូរឃើញនូវកោសជ្ជៈ ថាជាភ័យផង ឃើញនូវវីរិយៈ ថាជាធម៌ក្សេមផង ហើយចូរជាអ្នកប្រារព្ធព្យាយាមឡើង នេះជាអនុសាសនីរបស់ព្រះពុទ្ធ។ អ្នកទាំងឡាយ ចូរឃើញនូវវិវាទ ថាជាភ័យផង ឃើញនូវការមិនវិវាទ ថាជាគុណដ៏ក្សេមផង ហើយចូរជាអ្នកព្រមព្រៀង ស្រុះស្រួលនឹងគ្នាចុះ នេះជាអនុសាសនីរបស់ព្រះពុទ្ធ។ អ្នកទាំងឡាយ ចូរឃើញនូវបមាទៈ ថាជាភ័យផង ឃើញនូវអប្បមាទៈ ថាជាគុណដ៏ក្សេមផង ហើយចូរចម្រើនមគ្គមានអង្គ ៨ នេះជាអនុសាសនីរបស់ព្រះពុទ្ធ។ ព្រះពុទ្ធ និងព្រះអរហន្តច្រើនអង្គ បានមកជួបជុំដោយសព្វគ្រប់ហើយ អ្នកទាំងឡាយ ចូរថ្វាយបង្គំនមស្ការ ចំពោះព្រះសម្ពុទ្ធ និងព្រះអរហន្តចុះ។ ព្រះពុទ្ធទាំងឡាយ ជាអចិន្តិយបុគ្គល (បុគ្គលដែលគេមិនគប្បីគិតកើត) ធម៌របស់ព្រះពុទ្ធ ជាអចិន្តិយធម៌ យ៉ាងនេះ កាលបុគ្គលជ្រះថ្លាចំពោះគុណជាអចិន្តិយៈ រមែងបានផលជាអចិន្តិយៈ។

បានឮថា ព្រះមានព្រះភាគ កាលត្រាស់ដឹងនូវពុទ្ធចរិតរបស់ព្រះអង្គ ទើបសម្តែងនូវធម្មបរិយាយ ឈ្មោះពុទ្ធាបទាន ដោយប្រការដូច្នេះ។

ចប់ ពុទ្ធាបទាន។

បច្ចេកពុទ្ធាបទាន ទី២

(២. បច្ចេកពុទ្ធអបទានំ)

អ្នកទាំងឡាយ ចូរស្តាប់បច្ចេកពុទ្ធាបទាន ដូចតទៅនេះ

[២] នតង្គៈ ជាអ្នកប្រាជ្ញ ជាបុត្រនៃនាងទេវីក្នុងដែនវេទហៈ បានសួរព្រះតថាគត កាលគង់នៅក្នុងវត្តជេតពនថា ឮថាព្រះបច្ចេកពុទ្ធទាំងឡាយ រមែងមាន តើព្រះបច្ចេកពុទ្ធជាអ្នកប្រាជ្ញទាំងនោះ រមែងកើតឡើងដោយហេតុដូចម្តេចខ្លះ។ គ្រានោះ ព្រះសព្វញ្ញុពុទ្ធដ៏ប្រសើរ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ទ្រង់បែរទៅត្រាស់នឹងព្រះអានន្ទដ៏ចម្រើន ដោយព្រះសូរសៀងដ៏ពីរោះថា

ពួកជនណា មានការកសាងបានធ្វើទុកហើយ ក្នុងសំណាក់នៃព្រះពុទ្ធទាំងពួង តែមិនទាន់បានមោក្ខធម៌ក្នុងសាសនានៃព្រះជិនស្រីទេ។ ជនទាំងនោះ ជាអ្នកប្រាជ្ញ ជាអ្នកមានប្រាជ្ញាមុតថ្លា វៀរលែងតែព្រះពុទ្ធទាំងឡាយ រមែងបាននូវបច្ចេកពោធិញ្ញាណ ដោយប្រធាននៃសង្វេគនោះផង ដោយអារម្មណ៍ដ៏ស្តើងស្តួចនោះផង ក្នុងលោកទាំងមូល វៀរលែងតែតថាគតចេញ មិនមានបុគ្គលណាស្មើនឹងព្រះបច្ចេកពុទ្ធឡើយ តថាគត នឹងសម្តែងនូវគុណត្រឹមតែសង្ខេបនេះ របស់ព្រះបច្ចេកពុទ្ធទាំងឡាយនោះ (អ្នកទាំងឡាយ ចូរស្តាប់នូវគុណ) របស់ពួកព្រះបច្ចេកពុទ្ធ ជាមហាមុនី ដោយប្រពៃចុះ។ អ្នកទាំងឡាយ កាលប្រាថ្នានូវភេសជ្ជៈដ៏ប្រសើរផុត គឺព្រះនិញ្វន ចូរមានចិត្តជ្រះថ្លាទាំងអស់គ្នា ស្តាប់នូវពាក្យដ៏ពីរោះ ដូចជាទឹកឃ្មុំផ្លិត របស់ព្រះមហាឥសីដែលត្រាស់ដឹងឯង។ ព្រះបច្ចេកពុទ្ធទាំងឡាយ ដែលមកប្រជុំគ្នា មានព្យាករណ៍ មានទោស មានវត្ថុនៃសេចក្តីរសាយចិត្ត ទាំងមានហេតុដែលបានសម្រេចនូវពោធិញ្ញាណផ្សេងៗ គ្នា។ (ព្រះបច្ចេកពុទ្ធទាំងនោះ) មានសេចក្តីសំគាល់ក្នុងការរសាយចិត្ត ក្នុងវត្ថុដែលប្រកបដោយរាគៈ មានចិត្តរសាយក្នុងលោក ដែលគេត្រេកត្រអាល លះបង់នូវបបញ្ចធម៌2) និងកិលេសជាត ដែលញុំាងសត្វឲ្យអន្ទះសា ហើយបានសម្រេចនូវពោធិញ្ញាណ ក្នុងទីនោះឯង។ បុគ្គលទម្លាក់ចោលនូវអាជ្ញា ចំពោះសត្វទាំងពួង មិនបៀតបៀននូវសត្វទាំងនោះ សូម្បីសត្វណាមួយទេ ទាំងជាអ្នកអនុគ្រោះ ចំពោះប្រយោជន៍ ដោយមេត្តាចិត្ត គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលទម្លាក់ចោលនូវអាជ្ញា ចំពោះពួកសត្វទាំងពួង មិនបៀតបៀនចំពោះសត្វទាំងនោះ សូម្បីសត្វណាមួយទេ មិនបានប្រាថ្នានូវបុត្រ (ទៅហើយ) តើនឹងប្រាថ្នានូវសម្លាញ់អំពីណា គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ សេចក្តីស្រលាញ់របស់សត្វដែលនៅច្រឡូកច្រឡំគ្នា រមែងមាន ឯសេចក្តីទុក្ខនេះមានឡើង ព្រោះអាស្រ័យសេចក្តីស្រឡាញ់ បុគ្គលកាលឃើញទោស ដែលកើតអំពីសេចក្តីស្រលាញ់ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលមានចិត្តជាប់ចំពាក់ កាលអនុគ្រោះចំពោះពួកមិត្ត និងសំឡាញ់ រមែងញុំាងប្រយោជន៍ឲ្យវិនាស បុគ្គលកាលឃើញនូវភ័យ ក្នុងសេចក្តីសិ្នទ្ធស្នាលនុ៎ះ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ សេចក្តីស្រឡាញ់ក្នុងបុត្រ និងភរិយា ដូចជាឫស្សីមានមែកចាក់កណ្តាញ់ បុគ្គល កាលមិនជាប់ចំពាក់ ដូចជាទំពាំងឫស្សី គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ ម្រឹគក្នុងព្រៃ មិនជាប់ចំណង ដើរទៅរកចំណីតាមចំណង់បាន យ៉ាងណា វិញ្ញូជនកាលបើប្រាថ្នាសេរីភាព (យ៉ាងនោះ) គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ ការហៅរក រមែងមានក្នុងកណ្តាលនៃសម្លាញ់ គឺ ក្នុងលំនៅ ក្នុងទីបំរើ ក្នុងការដើរ ក្នុងការត្រាច់ចារិក បុគ្គលកាលប្រាថ្នានូវសេរីភាព ដែលពួកជនពាលមិនប្រាថ្នា គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ល្បែង និងតម្រេក រមែងមាន ក្នុងកណ្តាលនៃសម្លាញ់ ទាំងសេចក្តីស្រលាញ់ដ៏ធំទូលាយ រមែងមានក្នុងបុត្រទាំងឡាយ បុគ្គលកាលខ្ពើមរអើមចំពោះការញ្រត់ប្រាសចាកសត្វ និងសង្ខារជាទីស្រលាញ់ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលជាអ្នកនៅជាសុខ ក្នុងទិសទាំង ៤ មិនមានថ្នាំងថ្នាក់ចិត្ត ត្រេកអរក្នុងវត្ថុតាមមានតាមបាន ជាអ្នកអត់ធន់ចំពោះអន្តរាយ ជាអ្នកមិនតក់ស្លុត គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បព្វជិតពួកខ្លះ ឬពួកគ្រហស្ថ ដែលនៅគ្រប់គ្រងផ្ទះខ្លះ គេសង្រ្គោះបានដោយកម្រ បុគ្គលអ្នកមិនមានសេចក្តីខ្វល់ខ្វាយ ចំពោះពួកកូននៃបុគ្គលដទៃ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ វីរបុគ្គលលះបង់ នូវវត្ថុទាំងឡាយ ជាគ្រឿងប្រាកដរបស់គ្រហស្ថ កាត់បង់នូវចំណង របស់គ្រហស្ថទាំងឡាយ ដូចដើមរលួសផ្អុងជម្រុះស្លឹក គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បើបុគ្គលបានសម្លាញ់ជាអ្នកប្រាជ្ញ មានបញ្ញាខ្ជាប់ខ្ជួន ជាអ្នកប្រព្រឹត្តត្រូវគ្នា មានធម៌ជាគ្រឿងនៅដ៏ល្អ គប្បីជាអ្នកមានស្មារតី គ្របសង្កត់នូវអន្តរាយទាំងពួង ហើយមានចិត្តរីករាយ ប្រព្រឹត្តជាមួយសម្លាញ់នោះចុះ។ បើបុគ្គលមិនបានសម្លាញ់ជាអ្នកប្រាជ្ញមានបញ្ញាខ្ជាប់ខ្ជួន ជាអ្នកប្រព្រឹត្តត្រូវគ្នា មានធម៌ជាគ្រឿងនៅដ៏ល្អទេ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចព្រះរាជាទ្រង់លះបង់នូវដែន ដែលទ្រង់ឈ្នះហើយ ឬដូចដំរីឈ្មោះមាតង្គៈ (លះបង់នូវហ្វូង កាលត្រាច់ទៅ) ក្នុងព្រៃ។ តាមពិតយើងសរសើរនូវការបរិបូណ៌ ដោយសម្លាញ់ហើយ តែបុគ្គលគួរគប់រកសម្លាញ់ដែលមានគុណប្រសើរជាងខ្លួន ឬសម្លាញ់មានគុណស្មើនឹងខ្លួន បើរកមិនបានពួកសម្លាញ់ទាំងនុ៎ះទេ គប្បីជាអ្នកបរិភោគនូវចតុប្បច្ច័យដែលមិនមានទោស ហើយប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលឃើញនូវកងមាសទាំងពីរ ដែលកូនជាងមាសធ្វើសម្រេចល្អហើយ រណ្តំគ្នាត្រង់កដៃ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ ឯការឆ្លើយឆ្លងដោយវាចាក្តី ការជាប់ចំពាក់ក្តី ជាមួយនឹងបុគ្គលគម្រប់ពីរ របស់អញ ដូចកងមាសមួយគូមានយ៉ាងនុ៎ះ បុគ្គលកាលរំពឹងឃើញ នូវភ័យនុ៎ះក្នុងកាលខាងមុខ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ ពិតណាស់ កាមទាំងឡាយដ៏វិចិត្រ មានរសផ្អែម ជាទីរីករាយនៃចិត្ត រមែងញាំញីនូវចិត្ត ដោយសភាពដ៏ប្លែកៗ បុគ្គលឃើញទោស ក្នុងកាមគុណទាំងឡាយហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលឃើញនូវភ័យនុ៎ះ ក្នុងកាមគុណទាំងឡាយថា នេះជាចង្រៃ ជាបូស ជាឧបទ្រព ជារោគ ជាសរ ទាំងជាភ័យ របស់អញហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលគ្របសង្កត់នូវសត្រូវទាំងអស់នុ៎ះ គឺ ត្រជាក់ ក្តៅ គម្លាន សម្រេក ខ្យល់ និងកំដៅថ្ងៃ របោម និងសត្វលូនហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ ដំរីមានខ្លួនសមរម្យមាំមួន មានសម្បុរដូចផ្កាឈូក កាលលះបង់ហ្វូង ហើយនៅក្នុងព្រៃ គួរដល់អធ្យាស្រ័យ យ៉ាងណា បុគ្គលគប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស យ៉ាងនោះឯង។ បុគ្គលបាននូវសាមយិកវិមុត្តិ ដោយហេតុណា ហេតុនោះ មិនមែនជាទីតាំងនៃបុគ្គលអ្នកត្រេកអរក្នុងពួកទេ បុគ្គលពិចារណានូវពាក្យនៃព្រះពុទ្ធជាអាទិច្ចពន្ធុហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលកន្លងចម្រូង គឺទិដ្ឋិ ដល់នូវធម៌ទៀង គឺមគ្គទី ១ មានមគ្គ (ដ៏សេស) បានហើយ មិនមានអ្នកដទៃដឹកនាំ ព្រោះដឹងថា អាត្មាអញមានញាណកើតឡើងហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលមិនជាប់ចិត្ត (ក្នុងអាហារ) មិនកុហក មិនស្រេកឃ្លាន មិនលុបគុណគេ កម្ចាត់បង់មោហៈ ដូចជាទឹកចត់ មិនមានទីអាស្រ័យនៅគឺតណ្ហា ក្នុងលោកទាំងពួងហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលគប្បីវៀរស្រឡះ នូវសម្លាញ់អាក្រក់ អ្នកមិនឃើញនូវសេចក្តីវិនាស អ្នកអាស្រ័យនៅក្នុងកម្មមិនស្មើ មិនគប្បីគប់រកនូវសម្លាញ់ ដែលជាប់ចំពាក់ ដែលស្រវឹង (ក្នុងកាមគុណ) ដោយខ្លួនឯង គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលគប្បីគប់រកនូវបុគ្គលជាពហុសូត្រ អ្នកទ្រទ្រង់ធម៌ អ្នកប្រកបដោយគុណដ៏ក្រៃលែង មានប្រាជ្ញាវាងវៃ បុគ្គលដឹងច្បាស់នូវប្រយោជន៍ទាំងឡាយ គួរបន្ទោបង់សេចក្តីសង្ស័យ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលមិនអើពើ មិនអាឡោះអាល័យ នូវល្បែងផង តម្រេកផង កាមសុខក្នុងលោកផង ជាអ្នកវៀរស្រឡះចាកគ្រឿងស្អិតស្អាង អ្នកពោលនូវពាក្យសច្ចៈ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលលះបង់នូវកាមទាំងឡាយតាមចំណែក គឺបុត្រ ភរិយា បិតាមាតា ទ្រព្យ សម្បត្តិ ស្រូវ អង្ករ និងផៅពង្សហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ កាមគុណនេះ ជាគ្រឿងជាប់ចំពាក់ ឯសេចក្តីសុខ ក្នុងកាមនុ៎ះ មានប្រមាណតិច កាមគុណនុ៎ះ មានសេចក្តីត្រេកអរតិច បុគ្គលអ្នកមានគំនិតប្រាជ្ញា លុះដឹងច្បាស់ថា កាមគុណនុ៎ះ ដូចជាដំបៅពកដូច្នេះហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលទម្លាយនូវសំយោជនៈ ដូចត្រីក្នុងទឹកទម្លាយនូវសំណាញ់ មិនត្រឡប់មករកសំយោជនៈវិញ ដូចភ្លើងឆេះ (មិនត្រឡប់វិញ) គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលមានចក្ខុដាក់ចុះ មានជើងមិនរពឹស ជាអ្នកគ្រប់គ្រងឥន្រ្ទិយ រក្សាចិត្តទុក (ដោយល្អ) មិនជោកជាំ មិនរោលរាល (ដោយកិលេស) គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលលះបង់នូវភេទគ្រហស្ថ ដូចដើមបារិច្ឆត្តព្រឹក្ស ដែលមានស្លឹកដាច់ហើយ មានសំពត់កាសាយៈ ចេញបួសហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលមិនធ្វើនូវសេចក្តីប្រាថ្នា ក្នុងរសទាំងឡាយ ជាអ្នកមិនល្មោភ មិនចិញ្ចឹមនូវបុគ្គលដទៃ ជាអ្នកត្រាច់ទៅសព្វច្រក មិនជាប់ចិត្តក្នុងត្រកូលមួយៗ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលលះបង់នូវហេតុ ជាគ្រឿងរារាំង ៥ យ៉ាង របស់ចិត្ត បន្ទោបង់នូវឧបក្កិលេសទាំងពួង ទាំងមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) កាត់បង់នូវទោសនៃសេចក្តីស្រឡាញ់ហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលធ្វើនូវសុខ ទុក្ខ សោមនស្ស និងទោមនស្សក្នុងកាលមុន ឲ្យនៅពីក្រោយខ្នង បាននូវឧបេក្ខាជាសមថៈដ៏ស្អាត គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលប្រារព្ធព្យាយាម ដើម្បីដល់នូវព្រះនិញ្វន មានចិត្តមិនរួញរា មានការប្រព្រឹត្តិមិនខ្ជិលច្រអូស មានសេចក្តីប្រឹងប្រែងដ៏មាំមួន ប្រកបដោយកម្លាំងកាយ និងកម្លាំងបញ្ញាហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលកាលមិនលះបង់នូវឈានដ៏ស្ងប់ស្ងាត់ (ចាកសត្វ និងសង្ខារ) ជាអ្នកប្រព្រឹត្តនូវធម៌ដ៏សមគួរក្នុងធម៌ទាំងឡាយ អស់កាលជានិច្ច ពិចារណានូវទោស ក្នុងភពទាំងឡាយហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលកាលប្រាថ្នានូវការអស់តណ្ហា ជាអ្នកមិនប្រហែស មិនល្ងង់ មានការចេះដឹង មានស្មារតី មានធម៌ពិចារណាហើយ ជាបុគ្គលទៀង មានសេចក្តីខ្មីឃ្មាត គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលកាលមិនតក់ស្លុតក្នុងលក្ខណៈ មានមិនទៀងជាដើម ដូចសីហៈមិនតក់ស្លុតក្នុងសំឡេងទាំងឡាយ មិនជាប់ចំពាក់ក្នុងធម៌ទាំងឡាយ មានខន្ធជាដើម ដូចខ្យល់មិនជាប់នឹងសំណាញ់ មិនប្រឡាក់ដោយលោភៈជាដើម ដូចស្លឹកឈូកមិនប្រឡាក់ដោយទឹក គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ សីហៈជាសេ្តចសត្វ មានចង្កូមជាកម្លាំង ប្រព្រឹត្តគ្របសង្កត់ កំហែងនូវពួកម្រឹគ យ៉ាងណា បុគ្គលគប់រកនូវសេនាសនៈដ៏ស្ងាត់ (មានព្រៃជាគ្រឿងអាង) ក៏យ៉ាងនោះដែរ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលកាលចម្រើននូវមេត្តា ឧបេក្ខា ករុណា និងមុទិតា ជាហេតុរួចចាកកិលេស ក្នុងកាលដ៏គួរ មិនខឹងសម្បានឹងលោកទាំងពួង គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលលះបង់នូវរាគៈផង ទោសៈផង មោហៈផង ហើយទំលាយចេញនូវសំយោជនៈ មិនតក់ស្លុតក្នុងការអស់ទៅនៃជីវិតហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ ពួកជនមានប្រយោជន៍ជាហេតុ ទើបគប់រកផង បម្រើផង ឯពួកមិត្តដែលឥតហេតុ គេរកបានដោយក្រក្នុងថ្ងៃនេះ ឯពួកមនុស្សអ្នកមានបញ្ញា ប្រាថ្នាប្រយោជន៍ផ្ទាល់ខ្លួន ឈ្មោះថាជាមនុស្សមិនស្អាត បុគ្គលគប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ ពួកព្រះបច្ចេកពុទ្ធ មានសីលបរិសុទ្ធ មានប្រាជ្ញាបរិសុទ្ធល្អ មានចិត្តតម្កល់មាំ ប្រកបរឿយៗ នូវព្យាយាមជា គ្រឿងភ្ញាក់រឭក អ្នកពិចារណានូវសង្ខារ ឃើញនូវធម៌ដ៏វិសេស ដឹងច្បាស់នូវធម៌ ដែលជាអង្គនៃមគ្គ និងពោជ្ឈង្គ។ ពួកជនជាអ្នកប្រាជ្ញណា ចម្រើននូវសុញ្ញតវិមោក្ខ អប្បណិហិតវិមោក្ខ និងអនិមិត្តវិមោក្ខ ក្នុងសាសនានៃព្រះជិនស្រីហើយ តែមិនសម្រេចនូវភាពជាសាវ័កទេ ពួកជនជាអ្នកប្រាជ្ញនោះ គង់បានជាព្រះបច្ចេកពុទ្ធ ត្រាស់ដឹងឯង។ ពួកជននោះ ជាអ្នកមានធម៌ដ៏ច្រើន មានធម្មកាយដ៏សម្បូណ៌ មានចិត្តជាធំ ឆ្លងនូវទុក្ខ និងឱឃៈទាំងពួង មានចិត្តខ្ពង់ខ្ពស់ផុត ជាអ្នកឃើញនូវប្រយោជន៍ដ៏ក្រៃលែង គឺព្រះនិញ្វន មានឧបមាដូចសីហៈ (តែងប្រព្រឹត្តតែម្នាក់ឯង) ដូចកុយរមាស។ ព្រះបច្ចេកពុទ្ធទាំងឡាយ ជាបុគ្គលមានឥន្រ្ទិយស្ងប់ មានចិត្តស្ងប់ស្ងាត់ មានចិត្តជាសមាធិ ប្រព្រឹត្តដោយប្រាជ្ញា ចំពោះសត្វ ក្នុងទីបំផុតដែន ដូចប្រទីបឆ្លុះបំភ្លឺក្នុងលោកខាងមុខ និងលោកនេះ ជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ដល់ពួកសត្វ។ ព្រះបច្ចេកពុទ្ធទាំងឡាយ ជាធំជាងជន លះកិលេសជាគ្រឿងរារាំងទាំងពួងហើយ ជាប្រទីបនៃលោក មានរស្មីដូចមាសដុំ ជាទក្ខិណេយ្យបុគ្គលដ៏ល្អរបស់សត្វលោក ដោយឥតសង្ស័យ ជាបុគ្គលសម្រេចដោយនិរោធសមាបត្តិជារឿយៗ។ សុភាសិតរបស់ព្រះបច្ចេកពុទ្ធទាំងឡាយ រមែងប្រព្រឹត្តទៅក្នុងមនុស្សលោក ព្រមទាំងទេវលោក ពួកជនពាលណាស្តាប់ហើយ តែមិនបានធ្វើតាមសុភាសិត មានសភាពដូច្នោះទេ ពួកជនពាលនោះឯង រមែងធ្លាក់ទៅរងទុក្ខទាំងឡាយរឿយៗ។ សុភាសិតរបស់ព្រះបច្ចេកពុទ្ធទាំងឡាយ ផ្អែមល្ហែមដូចទឹកឃ្មុំផ្លិតដែលហូរចុះ ពួកជនណាបានស្តាប់ហើយ ប្រកបនូវសេចក្តីប្រតិបត្តិតាមយ៉ាងនោះ ពួកជននោះ ប្រកបដោយប្រាជ្ញា រមែងឃើញនូវសច្ចធម៌។ គាថាដ៏ខ្ពង់ខ្ពស់ណា ដែលព្រះបច្ចេកពុទ្ធទាំងឡាយ ជាអ្នកឈ្នះកិលេស សម្តែងហើយនោះ ព្រះសម្ពុទ្ធជាសីហៈក្នុងសក្យវង្ស ទ្រង់ខ្ពង់ខ្ពស់ជាងជន ទ្រង់ចេញបព្វជ្ជាហើយ បានប្រកាសទុក ដើម្បីការដឹងច្បាស់នូវធម៌។ សុភាសិតទាំងនេះ ដែលព្រះបច្ចេកពុទ្ធទាំងនោះ សំដែងផ្សេងៗ គ្នា ដើម្បីអនុគ្រោះដល់សត្វលោក ព្រះសយម្ភូដូចជាសីហៈ ទ្រង់ប្រកាសទុកហើយ ដើម្បីញុំាងសំវេគធម៌ សង្គហធម៌ និងឧបាយប្រាជ្ញា ឲ្យចម្រើនឡើង។

ចប់ បច្ចេកពុទ្ធាបទាន។

សារីបុត្តត្ថេរាបទាន ទី៣

(៣-១. សារិបុត្តត្ថេរអបទានំ)

អ្នកទាំងឡាយចូរស្តាប់ថេរាបទាន ដូចតទៅនេះ

[៣] មានភ្នំមួយឈ្មោះ លម្ពកៈ នៅក្នុងទីមិនឆ្ងាយអំពីភ្នំហិមពាន្ត គេបានសង់អាស្រម សាងបណ្ណសាលាឲ្យខ្ញុំ។ ស្ទឹងមានច្រាំងដ៏រាក់ មានកំពង់ល្អ ជាទីគាប់ចិត្ត ដ៏ដេរដាសដោយផ្នូកខ្សាច់ដ៏ស្អាត មានក្នុងទីមិនឆ្ងាយអំពីអាស្រមខ្ញុំ។ ស្ទឹង (នោះ) មិនមានក្រួសរវាន មិនចោត មានទឹកដ៏ឆ្ងាញ់ មិនមានក្លិនអាក្រក់ តែងហូរទៅក្នុងទីនោះ ជាលម្អដល់អាស្រមខ្ញុំ។ មានក្រពើ មករ ឆ្លាម អណ្តើក លេងក្នុងស្ទឹងនុ៎ះ ហែបហែលក្នុងស្ទឹងនោះ ជាលម្អដល់អាស្រមខ្ញុំ។ មានទាំងត្រីស្លាត ត្រីសណ្តាយ ត្រីក្រាញ់ ត្រីក្រពុលបាយ ត្រីឆ្ពិន ត្រីខ្ជឹង តែងហែលឆ្វៀលឆ្វាត់ទៅមក ជាលម្អដល់អាស្រមខ្ញុំ។ នៅត្រើយស្ទឹងទាំងសងខាង មានដើមឈើដ៏សម្បូណ៌ដោយផ្កា និងផ្លែសំយុងចុះមកអំពីត្រើយស្ទឹងទាំងសងខាង ជាលម្អដល់អាស្រមខ្ញុំ។ ស្វាយ សាលព្រឹក្ស ដង្កៀបក្តាម ច្រនៀង ឈើភ្លើង មានផ្ការីក ផ្សាយក្លិនដូចជាទិព្វ ក្នុងអាស្រមខ្ញុំ។ ចម្បក់ ស្រល់ ក្តុល ខ្ទឹង បុន្នាគ រំចេក មានផ្ការីក ផ្សាយក្លិនដូចជាទិព្វ ក្នុងអាស្រមខ្ញុំ។ រំដួល អាសោក នួនស្រី មានផ្ការីក អង្កោល វល្លិបាស មានផ្ការីក ផ្សាយក្លិនទៅក្នុងអាស្រមខ្ញុំ។ រំចេក ចេក ខ្មួញ មិ្លះរួត ផ្សាយក្លិនដូចជាទិព្វ ក្នុងអាស្រមខ្ញុំ។ ឈើជាច្រើន គឺកណិកា កណ្ណិការ ធ្នង់ អញ្ជន់ ផ្សាយក្លិនដូចជាទិព្វ ជាលម្អនៃអាស្រមខ្ញុំ។ មានក្រូចឆ្មារ ក្រូចភ្លា រលួស មានផ្ការីក ផ្សាយក្លិនដូចជាទិព្វ ជាលម្អនៃអាស្រមខ្ញុំ។ ឈើជាច្រើនយ៉ាង គឺរាជព្រឹក្ស ក្លែងគង់ ក្ទម្ព ពកុល ផ្សាយក្លិនដូចជាទិព្វ ជាលម្អនៃអាស្រមខ្ញុំ។ អាឡកព្រឹក្ស សណ្តែកក្រហម ចេក ក្រូចថ្លុង តែងលូតលាស់ដោយទឹកដ៏មានក្លិន ឈើទាំងនោះទ្រទ្រង់ផ្លែ (ជានិច្ច)។ ឈូកខ្លះកំពុងផ្កា ខ្លះកំពុងបញ្ចេញកេសរ ខ្លះជម្រុះផ្កា រីកស្គុះស្គាយក្នុងស្រះ ក្នុងកាលនោះ។ ពួកឈូកកំពុងលេចពន្លក មានក្រអៅកំពុងលូតលាស់ ដេរដាសដោយត្របកផ្កា និងស្លឹក ល្អក្នុងស្រះក្នុងកាលនោះ។ គុម្ពផ្កានយិតាផង អម្ពគណ្ឌីផង ឧត្តរាហិផង ពន្ធុជីវកៈផង មានផ្ការីក ផ្សាយក្លិនដូចជាទិព្វ ទៀបស្រះក្នុងកាលនោះ។ ពួកត្រីស្លាត ត្រីសណ្តាយ ត្រីក្រាញ់ ត្រីក្រពុលបាយ ត្រីឆ្ពិន ត្រីចង្វា ត្រីផ្ទោង នៅក្នុងស្រះក្នុងកាលនោះ។ ក្រពើ ឆ្លាម តន្តិគ្គាហៈ អារក្សទឹក ឱគាហៈ ថ្លាន់នៅក្នុងស្រះ ក្នុងកាលនោះ។ ញ្រប ព្រហ៊ីត ចាក្រពាក ក្អែកទឹក តាវ៉ៅ សេក និងសារិកា តែងអាស្រ័យរស់នៅនឹងស្រះនោះ។ មានបក្សីខ្វែក ក្តាម មាន់ព្រៃ ត្រដេវវិច សេក អាស្រ័យរស់នៅនឹងស្រះនោះ។ ពួកបក្សី គឺ ហង្ស ក្រៀល ក្ងោក តាវ៉ៅ មាន់ទោ ចង្កៀលខ្យង ប៉ោលតោក តែងអាស្រ័យរស់នៅនឹងស្រះនោះ។ ពួកបក្សីជាច្រើន គឺ មៀម ខ្លែងស្រាក លលក ខ្លែង អង្កត់ខ្មៅ តែងអាស្រ័យរស់នៅនឹងស្រះនោះ។ ពួកម្រឹគជាច្រើន គឺ បសទម្រឹគ ជ្រូក ឆ្កែព្រៃ រមាំង ប្រើស រមាស តែងអាស្រ័យរស់នៅនឹងស្រះនោះ។ សីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ឆ្កែព្រៃ ខ្លាត្រី ដំរីចុះប្រេង តែងអាស្រ័យរស់នៅនឹងស្រះនោះ។ ពួកកិន្នរ ពានរ ឬពួកមនុស្ស អ្នកធ្វើការក្នុងព្រៃ មនុស្សអ្នកបម្រើ ញ្រនព្រៃ តែងអាស្រ័យរស់នៅនឹងស្រះនោះ។ ដើមទន្លាប់ ដើមទន្លា ដើមស្រគម ពង្រ ទ្រទ្រង់ផ្លែអស់កាលជានិច្ច ក្នុងទីមិនឆ្ងាយអំពីអាស្រមខ្ញុំ។ ដើមស្រូល ដើមស្រល់ ដើមក្ទម្ព ប្រកបដោយខ្លឹម និងផ្លែ តែងទ្រទ្រង់ផ្លែជានិច្ច ក្នុងទីមិនឆ្ងាយអំពីអាស្រមខ្ញុំ។ ដើមសម៉ កន្ទួតព្រៃ ស្វាយ ព្រីង សម៉ពិភេទន៍ ស្តៅ រាក់ខ្មៅ ព្នៅ តែងទ្រទ្រង់ផ្លែជានិច្ច។ ដំឡូងស្រំ ដំឡូងដូង ដំឡូងដៃខ្លា និងដំឡូងឈាមមាន់ ទាំងឈើជាថ្នាំ ក៏មានច្រើននៅជិតអាស្រមខ្ញុំ។ ស្រះដែលធម្មតានិមិ្មតល្អហើយ ក៏មាននៅក្នុងទីមិនឆ្ងាយអំពីអាស្រមខ្ញុំ មានទឹកថ្លា មានទឹកត្រជាក់ មានកំពង់រាបទាបល្អ គួរជាទីរីករាយចិត្ត។ ស្រះនោះសឹងដ៏បរិបូណ៌ដោយឈូក និងឧប្បល ប្រកបដោយឈូកស ព្រោងញ្រតដោយស្គន់ មានក្លិនដូចជាទិព្វ រមែងផ្សាយទៅ។ ក្នុងកាលនោះ ខ្ញុំតែងនៅក្នុងអាស្រមជាទីត្រេកអរ ដែលធម្មតាធ្វើទុកល្អហើយ ក្នុងព្រៃដែលមានផ្កា មានផ្លែ បរិបូណ៌ដោយអង្គគ្រប់សព្វ យ៉ាងនេះ។ ខ្ញុំជាតាបសឈ្មោះ សុរុចិ ជាអ្នកមានសីល បរិបូណ៌ដោយវត្ត មានឈាន ត្រេកអរក្នុងឈាន ដល់នូវកម្លាំងនៃអភិញ្ញាទាំង ៥ គ្រប់កាលទាំងពួង។ ពួកព្រាហ្មណ៍ទាំងអស់នុ៎ះ ជាសិស្សរបស់ខ្ញុំចំនួន ២៤ ពាន់នាក់ ជាអ្នកមានជាតិ មានយស នៅចាំបម្រើខ្ញុំ។ (ពួកព្រាហ្មណ៍ទាំងនោះ) ជាអ្នកចេះបទ ចេះវេយ្យាករណ៍ ដល់នូវត្រើយនៃវិជ្ជាក្នុងសទ្ធម្ម គឺលក្ខណសាស្រ្ត ឥតិហាសសាស្រ្ត ព្រមទាំងនិឃណ្ឌុសាស្រ្ត និងកេដុភសាស្រ្ត។ ពួកសិស្សរបស់ខ្ញុំជាអ្នកឈ្លាសវៃក្នុងឧត្បាត ក្នុងនិម្មិត និងលក្ខណៈទាំងឡាយ បានសិក្សាល្អក្នុងផែនដី ក្នុងទីក្នុងអាកាស។ ពួកសិស្សទាំងនុ៎ះ ជាអ្នកប្រាថ្នាតិច មានប្រាជ្ញាខ្ជាប់ខ្ជួន មានអាហារតិច មិនល្មោភ សន្តោសដោយលាភ និងឥតលាភ តែងចោមរោមខ្ញុំសព្វកាល។ ពួកសិស្សទាំងនុ៎ះ ជាអ្នកប្រាជ្ញ មានឈាន ត្រេកអរក្នុងឈាន មានចិត្តស្ងប់រម្ងាប់ មានសមាធិ ប្រាថ្នានូវការមិនមានកង្វល់ តែងចោមរោមខ្ញុំសព្វកាល។ ពួកសិស្សទាំងនុ៎ះ ជាអ្នកប្រាជ្ញដល់នូវត្រើយនៃអភិញ្ញា ត្រេកអរក្នុងគោចរ ជាកេរ្ត៍នៃបិតា ត្រាច់ទៅក្នុងអាកាសបាន តែងចោមរោមខ្ញុំសព្វកាល។ ពួកសិស្សខ្ញុំនោះ ជាអ្នកប្រាជ្ញ សង្រួមក្នុងទ្វារ ៦ មិនមានតណ្ហាជាគ្រឿងញាប់ញ័រ មានឥន្រ្ទិយរក្សាហើយ មិនច្រឡូកច្រឡំ (ដោយពួកគណៈ) ដែលគេគ្របសង្កត់បានដោយក្រ។ ពួកសិស្សរបស់ខ្ញុំទាំងនោះ ដែលគេគ្របសង្កត់បានដោយក្រ រមែងញុំាងរាត្រីឲ្យកន្លងទៅ ដោយការអង្គុយផ្គត់ភ្នែន ការឈរ និងការចង្រ្កម។ ពួកសិស្សរបស់ខ្ញុំ ដែលគេគ្របសង្កត់បានដោយក្រ រមែងមិនត្រេកត្រអាលក្នុងអារម្មណ៍ ដែលគួរត្រេកអរ មិនខឹងក្នុងអារម្មណ៍ដែលគួរខឹង មិនវង្វេងក្នុងអារម្មណ៍ដែលគួរវង្វេង។ ពួកសិស្សទាំងនោះ កាលល្បងឫទ្ធិ រមែងប្រព្រឹត្តអស់កាលជានិច្ច ពួកសិស្សទាំងនោះ តែងញុំាងផែនដីឲ្យញាប់ញ័រ ជាបុគ្គលដែលគេមិនងាយគ្របសង្កត់បាន ដោយការប្រណាំងប្រជែង។ ពួកសិស្សទាំងនោះ កាលបើលេង រមែងលេងតែឈាន តែងយកផ្លែព្រីងអំពីដើមព្រីង ពួកសិស្សរបស់ខ្ញុំ ជាបុគ្គលដែលគេគ្របសង្កត់បានដោយក្រ។ ពួកខ្លះទៅគោយានទ្វីប ពួកខ្លះទៅបុព្វវិទេហទ្វីប ពួកខ្លះទៅកាន់ឧត្តរកុរុទ្វីប ពួកសិស្សខ្ញុំ គេគ្របសង្កត់បានដោយក្រ។ ពួកសិស្សទាំងនោះ រមែងបញ្ជូននូវអម្រែកទៅមុន ពួកសិស្សទាំងនោះ រមែងទៅខាងក្រោយ ទាំងផ្ទៃអាកាសក៏សឹងតែបិទបាំង ដោយពួកតាបស ២៤ ពាន់រូប។ (ពួកសិស្សរបស់ខ្ញុំខ្លះ បរិភោគ) ផ្លែឈើដែលចំអិនដោយភ្លើង (ខ្លះបរិភោគ) ផ្លែឈើមិនបាច់ចំអិនដោយភ្លើង ខ្លះទំពាដោយធ្មេញ ខ្លះបុកក្នុងត្បាល់ ខ្លះដំដោយថ្ម ខ្លះបរិភោគផ្លែឈើជ្រុះឯង។ ពួកខ្លះទៀត ចុះត្រាំទឹកក្នុងវេលាល្ងាចព្រឹក ជាអ្នកត្រេកអរក្នុងអំពើដ៏ស្អាត ប្រព្រឹត្តស្រោចស្រប់ដោយទឹក ពួកសិស្សរបស់ខ្ញុំ គេគ្របសង្កត់បានដោយក្រ។ ជាអ្នកមានរោមក្លៀក និងក្រចកដុះវែង មានធ្មេញប្រកបដោយមន្ទិល មានក្បាលប្រឡាក់ដោយធូលី ក្រអូបដោយក្លិននៃសីល ពួកសិស្សរបស់ខ្ញុំ គេគ្របសង្កត់បានដោយក្រ។ ពួកជដិលប្រជុំគ្នាក្នុងវេលាព្រឹក មានតបៈដ៏ខ្លាំង សម្តែងនូវលាភធំ និងលាភតូច ហើយទៅក្នុងអាកាស ក្នុងកាលនោះ។ កាលពួកតាបសទាំងនុ៎ះ ចៀសចេញទៅ សូរសព្ទខ្លាំង ក៏លាន់ឮឡើង ពួកទេវតាក៏រីករាយ ដោយសូរសព្ទស្បែកខ្លា (របស់ពួកតាបសទាំងនោះ)។ ពួកឥសីជាអ្នកត្រាច់ទៅ ក្នុងអាកាស តែងចេញទៅកាន់ទិសតូច ទិសធំ ឥសីទាំងនោះ ជាអ្នករឹងប៉ឹងដោយកម្លាំងរបស់ខ្លួន ទៅកាន់ទីតាមប្រាថ្នា។ ពួកឥសីទាំងអស់នុ៎ះឯង ជាអ្នកញុំាងផែនដីឲ្យកម្រើក ត្រាច់ទៅក្នុងអាកាស ជាអ្នកមានតេជះខ្លាំង គេគ្របសង្កត់បានដោយក្រ មិនញាប់ញ័រ ប្រៀបដូចសាគរ។ ពួកខ្លះជាអ្នកកាន់វត្តឈរចង្រ្កម ពួកខ្លះទៀតកាន់វត្តអង្គុយ ពួកខ្លះបរិភោគផ្លែឈើដែលជ្រុះឯង ពួកសិស្សខ្ញុំ គេគ្របសង្កត់បានដោយក្រ។ ពួកឥសីទាំងនុ៎ះ ជាអ្នកនៅដោយមេត្តាធម៌ ជាអ្នកស្វែងរកប្រយោជន៍ ដល់ពួកសត្វទាំងពួង ពួកឥសីទាំងអស់នោះ ជាអ្នកមិនលើកខ្លួនឯង មិនបង្អាប់បុគ្គលណាមួយ។ ពួកឥសីទាំងនោះ ជាអ្នកមិនញាប់ញ័រ ដូចសេ្តចសីហៈ មានកម្លាំងដូចសេ្តចដំរី ឬដូចខ្លាធំ ដែលគេគ្របសង្កត់បានដោយក្រ រមែងមកកាន់ទីជិតនៃខ្ញុំជានិច្ច។ ពួកវិជ្ជាធរ និងទេវតា នាគ គន្ធព្វ អារក្សទឹក កុម្ភណ្ឌ អសុរ គ្រុឌ ក៏មកអាស្រ័យរស់នៅនឹងស្រះនោះ។ ពួកឥសីទាំងនោះ ជាអ្នកទ្រទ្រង់ផ្នួងសក់ និងបរិក្ខារ ស្លៀកដណ្តប់នូវសំពត់ ដែលធ្វើដោយស្បែកខ្លា អាចត្រាច់ទៅក្នុងអាកាសបាន ក៏មកអាស្រ័យរស់នៅនឹងស្រះនោះ។ ពួកឥសីទាំងនុ៎ះ មានការប្រព្រឹត្តិដ៏សមគួរ ប្រកបដោយសេចក្តីគោរពដល់គ្នានិងគ្នា ទាំងសំដីទ្រគោះរកគ្នារបស់ពួកឥសីទាំង ២៤ ពាន់រូប ក៏មិនមានក្នុងកាលនោះ។ ពួកឥសីទាំងអស់នោះ កាលនឹងដាក់ជើងក្នុងពេលឈានជើង មានសំឡេងតិចៗ សង្រួមដោយល្អ ចូលមកជិតថ្វាយបង្គំខ្ញុំដោយត្បូង។ ខ្ញុំមានឈាន ត្រេកអរក្នុងឈាន ត្រូវពួកសិស្សទាំងនោះ ដែលជាអ្នកស្ងប់ មានតបៈចោមរោមហើយ នៅក្នុងអាស្រមនោះ។ អាស្រមក្រអូបដោយក្លិនរបស់ពួកឥសី និងក្លិនទាំងពីរ គឺ ក្លិនផ្កា និងក្លិនផ្លែឈើ របស់ឈើ ដែលមានផ្លែ។ ខ្ញុំមិនស្គាល់យប់ថ្ងៃ ខ្ញុំមិនមានសេចក្តីអផ្សុក ខ្ញុំកាលទូន្មានពួកសិស្សរបស់ខ្ញុំ តែងមាននូវសេចក្តីរីករាយយ៉ាងក្រៃលែង។ ក្លិនទាំងឡាយ របស់ផ្កាឈើ ដែលកំពុងផ្កា និងផ្លែ ដែលកំពុងទុំ ក៏មានក្លិនដូចជាទិព្វ រមែងផ្សព្វផ្សាយទៅ ញុំាងអាស្រមរបស់ខ្ញុំឲ្យរុងរឿង។ ខ្ញុំជាអ្នកមានព្យាយាមដុតកិលេស មានបញ្ញាខ្ជាប់ខ្ជួន ចេញអំពីសមាធិហើយ តែងកាន់យកនូវភារៈ គឺអម្រែក ដើរទៅក្នុងព្រៃ។ ខ្ញុំជាអ្នកសិក្សាល្អហើយក្នុងឧត្បាត យល់សប្ន និងលក្ខណៈទាំងឡាយ ចេះចាំនូវបទមន្តដែលគេនិយម ក្នុងកាលនោះ។ ព្រះសម្ពុទ្ធមានជោគ ព្រះនាមអនោមទស្សី ជាចំបងក្នុងលោក ជានរាសភៈ ទ្រង់ប្រាថ្នាវិវេកធម៌ បានសេ្តចមកកាន់ហិមវន្តប្រទេស។ លុះព្រះមុនីដ៏ខ្ពង់ខ្ពស់ ប្រកបដោយករុណា ជាបុរសដ៏ឧត្តម សេ្តចចូលមកកាន់ហិមវន្តប្រទេសហើយ ទ្រង់គង់ផ្គត់ព្រះភ្នែន (ទៀបអាស្រមរបស់ខ្ញុំ)។ ខ្ញុំបានឃើញព្រះសម្ពុទ្ធនោះប្រកបដោយពន្លឺ ជាទីត្រេកអរនៃចិត្ត រុងរឿងដូចផ្ការាជព្រឹក្ស ឬក៏ដូចគំនរភ្លើងឆេះនូវគ្រឿងយ័ញ្ញដែលគេដុត។ លុះខ្ញុំបានឃើញព្រះសម្ពុទ្ធ ជានាយកនៃលោក ព្រះអង្គរុងរឿងដូចដើមឈើប្រចាំទ្វីប ឬដូចផ្លេកបន្ទោរក្នុងអាកាស ឬក៏ដូចសាលរាជព្រឹក្សមានផ្ការីកដ៏ល្អ។ ខ្ញុំរំពឹងថា ព្រះមុនីដ៏ប្រសើរនេះ ជាមហាវីរបុរស ទ្រង់ធ្វើនូវទីបំផុតទុក្ខ បុគ្គលអាស្រ័យការឃើញនេះ រមែងរួចចាកទុក្ខទាំងពួង។ លុះខ្ញុំឃើញព្រះសម្ពុទ្ធ ជាទេវតារបស់ទេវតាហើយ ក៏ពិនិត្យមើលលក្ខណៈថា ព្រះពុទ្ធមែនឬហ្ន៎ ឬក៏មិនមែនជាព្រះពុទ្ធទេអេះ បើដូច្នោះ អាត្មាអញនឹងសង្កេតមើលនូវព្រះសម្ពុទ្ធព្រះអង្គមានចក្ខុ។ ចក្រទាំងឡាយមានកាំមួយពាន់ ក៏ប្រាកដក្នុងផ្ទៃព្រះបាទាដ៏ប្រសើរ លុះខ្ញុំឃើញលក្ខណៈ របស់ព្រះសម្ពុទ្ធនោះហើយ ក៏ដល់នូវសេចក្តីចូលចិត្ត ចំពោះព្រះតថាគត។ ក្នុងគ្រានោះ ខ្ញុំចាប់យកអំបោសមកបោសលំនៅ រួចហើយប្រមូលយកផ្កា ៨ ក្តាប់មកបូជាចំពោះព្រះសម្ពុទ្ធដ៏ប្រសើរ។ លុះខ្ញុំបូជាចំពោះព្រះពុទ្ធអង្គនោះ ជាបុគ្គលឆ្លងឱឃៈ មិនមានអាសវៈហើយ ទើបធ្វើនូវស្បែកខ្លាឆៀងស្មាម្ខាង រួចនមស្ការចំពោះព្រះសម្ពុទ្ធ ជានាយកនៃសត្វលោក។ ព្រះសម្ពុទ្ធ ព្រះអង្គមិនមានអាសវៈ សម្រេចដោយញាណណា ខ្ញុំនឹងសម្តែងនូវញាណរបស់ព្រះអង្គនោះ សូមអ្នកទាំងឡាយស្តាប់ខ្ញុំសម្តែងចុះ។ បពិត្រព្រះអង្គ ជាព្រះសយម្ភូមានករុណាមិនមានប្រមាណ សូមព្រះអង្គស្រង់សត្វលោកនេះឲ្យទាន ដ្បិតពួកសត្វនឹងឆ្លងនូវខ្សែទឹក គឺសេចក្តីសង្ស័យបាន ព្រោះអាស្រ័យនូវការចួបប្រទះនឹងព្រះអង្គ។ ព្រះអង្គជាសាស្តាចារ្យផង ទុកដូចជាទង់ផង ដូចជាទង់ជ័យផង ដូចជាប្រាសាទរបស់ពួកសត្វ ព្រះអង្គជាអ្នកដឹកនាំផង ជាទីពឹងផង ជាពុំនាក់ផង ជាបុគ្គលប្រសើរជាងសត្វជើងពីរផង។ ទឹកក្នុងសមុទ្រគេអាចវាល់ដោយអាឡ្ហកៈបាន សព្វញ្ញុតញ្ញាណរបស់ព្រះអង្គ គេមិនអាចវាល់បានឡើយ។ គេអាចដាក់ដីក្នុងមណ្ឌលនៃជញ្ជីង ហើយថ្លឹងបាន ឯសព្វញ្ញុតញ្ញាណរបស់ព្រះអង្គ គេមិនអាចនឹងថ្លឹងបានឡើយ។ គេអាចវាស់អាកាសដោយខ្សែ ឬដោយម្រាមដៃបាន ឯសព្វញ្ញុតញ្ញាណរបស់ព្រះអង្គ គេមិនអាចនឹងវាស់បានឡើយ។ បុគ្គលគប្បីធ្វើទឹកក្នុងមហាសមុទ្រ និងផែនដីឲ្យស្មើបាន តែមិនគប្បីយកពុទ្ធញ្ញាណ មកប្រកបដោយឧបមាបានឡើយ។ ចិត្តរបស់សត្វទាំងឡាយណា ប្រព្រឹត្តទៅក្នុងលោក ព្រមទាំងទេវលោក បពិត្រព្រះអង្គមានចក្ខុ សត្វទាំងឡាយនុ៎ះ តាំងនៅខាងក្នុងនៃសំណាញ់ញាណរបស់ព្រះអង្គ។ ព្រះអង្គបានដល់នូវពោធិញ្ញាណដ៏ឧត្តម ដោយសព្វគ្រប់ ដោយញាណណា បពិត្រព្រះសព្វញ្ញូ ព្រះអង្គរមែងញាំញីតិរិ្ថយដទៃ ដោយញាណនោះ។ តាបសឈ្មោះសុរុចិនោះ សរសើរដោយគាថានេះហើយ ក៏ក្រាលនូវស្បែកខ្លា ទើបអង្គុយលើផែនដី។ ភ្នំដែលលិចចុះទៅក្នុងមហាសមុទ្រ អស់ប្រមាណ ៨ ហ្មឺន ៤ ពាន់យោជន៍ ខ្ពស់ឡើងក៏ប៉ុណ្ណោះដែរ គេហៅថាស្តេចភ្នំ។ កំពស់ក្តី បណ្តោយក្តី ទទឹងក្តី នៃភ្នំសិនេរុនោះ មានប្រមាណមួយសែនកោដិយោជន៍ ដោយចំណែកនៃការរាប់ដ៏ល្អិត។ ខ្នាច់ដែលគេតាំងទុក ខ្នាច់នោះក៏ដល់នូវការអស់ទៅ ឯសព្វញ្ញុតញ្ញាណរបស់ព្រះអង្គ គេមិនអាចរាប់បានឡើយ។ បុគ្គលណាព័ទ្ធព័ន្ធទឹក ដោយសំណាញ់មានក្រឡាញឹក ពួកសត្វណាមួយក្នុងទឹក គប្បីតាំងនៅខាងក្នុងសំណាញ់ យ៉ាងណាមិញ។ បពិត្រព្រះអង្គជាមហាវីរបុរស ពួកតិរ្ថិយជាច្រើនណាមួយ ស្ទុះទៅកាន់ទីសាំញុំាគឺទិដ្ឋិ ដែលវង្វេងហើយ ដោយការប្រកាន់មាំ ក៏យ៉ាងនោះដែរ។ ពួកសត្វទាំងអស់នុ៎ះ តាំងនៅក្នុងខាងក្នុងសំណាញ់ញាណដ៏បរិសុទ្ធរបស់ព្រះអង្គ ជាគ្រឿងឃើញ មិនមានអ្វីរារាំងបាន រមែងមិនកន្លងនូវញាណរបស់ព្រះអង្គបានឡើយ។ គាប់ជួនសម័យនោះ ព្រះមានព្រះភាគជិនសិរី ព្រះនាមអនោមទស្សី ព្រះអង្គមានយសធំ (ទ្រង់ឈ្នះមារ) ចេញអំពីសមាធិហើយ ទ្រង់ប្រមើលមើលទិស។ សាវ័កឈ្មោះ និសភៈ របស់ព្រះមុនី ព្រះនាមអនោមទស្សី មានពួកព្រះខីណាស្រពមួយសែនអង្គ ជាអ្នកមានចិត្តស្ងប់រម្ងាប់ មិនញាប់ញ័រដោយលោកធម៌ អ្នកបរិសុទ្ធ មានអភិញ្ញា ៦ មានចិត្តនឹងធឹងចោមរោមហើយ បានដឹងព្រះហឫទ័យរបស់ព្រះពុទ្ធ ក៏ចូលមកគាល់ព្រះសម្ពុទ្ធ ជាលោកនាយក។ ពួកសាវ័កទាំងនោះ ឋិតនៅឰដ៏អាកាស ធ្វើប្រទក្សិណក្នុងទីនោះ ផ្គងអញ្ជលីនមស្ការ ចុះមកក្នុងសំណាក់ព្រះពុទ្ធ។ ព្រះមានព្រះភាគ ព្រះនាមអនោមទស្សី ជាចំបងក្នុងលោក ជានរាសភៈ ព្រះអង្គឈ្នះមារ ទ្រង់គង់ត្រង់កណ្តាលពួកភិក្ខុ ហើយធ្វើនូវការញញឹមឲ្យប្រាកដ។ (លំដាប់នោះ) ភិក្ខុអ្នកបម្រើ ឈ្មោះវរុណៈ របស់ព្រះសាស្តា ព្រះនាមអនោមទស្សី ធ្វើនូវចីវរឆៀងស្មាម្ខាង ហើយទូលសួរព្រះសម្ពុទ្ធ ជានាយកនៃលោកថា បពិត្រព្រះមានព្រះភាគ អ្វីជាហេតុនៃការញញឹមរបស់ព្រះសាស្តា ព្រោះថា ព្រះពុទ្ធទាំងឡាយ មិនដែលធ្វើនូវការញញឹមឲ្យប្រាកដ ដោយឥតហេតុទេ។ ព្រះមានព្រះភាគ ព្រះនាមអនោមទស្សី ជាចំបងក្នុងលោក ជានរាសភៈ ទ្រង់គង់ក្នុងកណ្តាលពួកភិក្ខុ បានពោលគាថានេះថា តាបសណា បូជាតថាគតដោយផ្កាផង សរសើរនូវញាណផង តថាគតនឹងសម្តែងចំពោះតាបសនោះ ហេតុនេះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ ពួកទេវតាទាំងអស់នោះ ព្រមទាំងមនុស្ស ចង់ស្តាប់ព្រះសទ្ធម្ម ទើបនាំគ្នាចូលមកគាល់ព្រះសម្ពុទ្ធ ព្រោះដឹងច្បាស់នូវព្រះវាចា របស់ព្រះពុទ្ធ។ ពួកទេវតាមានឫទ្ធិច្រើន ក្នុងលោកធាតុទាំង ១០ ចង់ស្តាប់ព្រះសទ្ធម្ម ក៏ចូលមកគាល់ព្រះសម្ពុទ្ធ។ សេនាមានអង្គ ៤ គឺសេនាដំរី ១ សេនាសេះ ១ សេនារថ ១ សេនាថ្មើរជើង ១ នឹងចោមរោមតាបសនេះ អស់កាលជានិច្ច នេះជាផលនៃពុទ្ធបូជា។ ពួកដូរ្យតន្រ្តី ៦០ ពាន់ ស្គរទាំងឡាយដែលតាក់តែងល្អ នឹងបម្រើតាបសនេះ អស់កាលជានិច្ច នេះជាផលនៃពុទ្ធបូជា។ ពួកស្រ្តី ១៦ ពាន់ ពួកនារីដែលតាក់តែងល្អ មានសំពត់ និងគ្រឿងប្រដាប់ដ៏វិចិត្រ ពាក់កុណ្ឌលជាវិការៈនៃកែវមណី ពួកនារីទាំងនោះ មានមុខទូលាយ ស្រស់ស្រាយ មានសញ្ញាដ៏ល្អ មានដងខ្លួនពាក់កណ្តាលដ៏រៀវ នឹងចោមរោមតាបសនេះ អស់កាលជានិច្ច នេះជាផលនៃពុទ្ធបូជា។ (សុរុចិតាបស) នឹងរីករាយក្នុងទេវលោក អស់មួយសែនកប្ប នឹងបានជាសេ្តចចក្រពត្រក្នុងដែន អស់មួយពាន់ដង។ បានជាព្រះឥន្រ្ទសោយរាជ្យក្នុងឋានទេវតា អស់មួយពាន់ដង នឹងសោយរាជ្យក្នុងប្រទេសដ៏ទូលាយ មិនអាចរាប់បាន។ តាបសនេះ នឹងទៅកាន់អត្តភាពជាមនុស្ស ក្នុងកាលដែលដល់នូវបច្ឆិមភព នឹងទៅកើតក្នុងផ្ទៃនៃនាងព្រាហ្មណីឈ្មោះសារី។ តាបសនេះ នឹងបានជាអ្នកមានបញ្ញាមុតថ្លា មាននាមថាសារីបុត្ត តាមនាម និងគោត្ររបស់មាតា។ តាបសនេះ ជាអ្នកមិនមានកង្វល់ នឹងលះបង់នូវទ្រព្យ ៨០ កោដិ ហើយចេញបួស ស្វែងរកនូវសន្តិបទ គឺព្រះនិញ្វន នឹងត្រាច់មកកាន់ផែនដីនេះ។ ព្រះសាស្តា ព្រះនាមគោតម កើតក្នុងត្រកូលក្សត្រិយ៍ឈ្មោះឱក្កាកៈ ក្នុងកប្បដែលប្រមាណមិនបានអំពីកប្បនេះ នឹងកើតឡើងក្នុងលោក។ តាបសនេះ នឹងបានជាឱរស ជាអ្នកទទួលមត៌កក្នុងធម៌ទាំងឡាយ របស់ព្រះសាស្តាអង្គនោះ ជាធម្មនិម្មិត ជាអគ្គសាវ័ក មានឈ្មោះសារីបុត្ត។ ស្ទឹងឈ្មោះភាគីរសីនេះ ដែលបែកចេញមកអំពីភ្នំហិមពាន្ត រមែងហូរចុះទៅកាន់មហាសមុទ្រ ញុំាងមហាសមុទ្រឲ្យឆ្អែត យ៉ាងណាមិញ។ ព្រះសារីបុត្តនេះ ជាបុគ្គលអង់អាចភ្លៀវក្លា ក្នុងការបែកធ្លាយ ៣ យ៉ាង ដល់នូវបញ្ញាបារមី នឹងញុំាងពួកសត្វឲ្យឆ្អែត ក៏យ៉ាងនោះដែរ។ គំនរខ្សាច់ណាក្នុងចន្លោះនេះ រាប់យកទាំងភ្នំហិមពាន្ត និងមហាសមុទ្រសាគរ គំនរខ្សាច់នោះ គេមិនគប្បីរាប់បានឡើយ។ តែបើការរាប់នូវគ្រាប់ខ្សាច់នោះ បុគ្គលអាចរាប់ដោយមិនសល់បាន យ៉ាងណា ទីបំផុតនៃប្រាជ្ញារបស់ព្រះសារីបុត្ត នឹងមិនមែនយ៉ាងនោះទេ។ កាលបើគេដាក់ខ្នាច់ គ្រាប់ខ្សាច់ក្នុងស្ទឹងគង្គា គប្បីអស់ទៅ ឯទីបំផុតនៃប្រាជ្ញារបស់ព្រះសារីបុត្ត នឹងមិនអស់ដូច្នោះទេ។ រលកក្នុងមហាសមុទ្រ ដែលគេមិនគប្បីរាប់បាន ដោយការរាប់យ៉ាងណា ទីបំផុតនៃប្រាជ្ញារបស់ព្រះសារីបុត្ត ក៏គេនឹងមិនអាចរាប់បាន យ៉ាងនោះ។ តាបសនេះ នឹងសម្រេចបញ្ញាបារមី បានជាអគ្គសាវ័ក ញុំាងព្រះសម្ពុទ្ធព្រះនាមគោតម ជាឆ្នើមក្នុងពួកសត្វឲ្យត្រេកអរ នឹងបង្អុរនូវភ្លៀងគឺធម៌ដោយប្រពៃ ប្រព្រឹត្តតាមធម្មចក្ក ដែលព្រះសម្ពុទ្ធជាសក្យបុត្តព្រះអង្គជាបុគ្គលនឹងធឹង ឲ្យប្រព្រឹត្តទៅហើយ។ ព្រះសម្ពុទ្ធព្រះនាមគោតម ជាឆ្នើមក្នុងពួកសក្យៈ ទ្រង់ជ្រាបច្បាស់នូវហេតុទាំងនុ៎ះ ទ្រង់គង់ក្នុងកណ្តាលនៃពួកភិក្ខុហើយ នឹងតាំង (ព្រះសារីបុត្ត) ក្នុងទីជាអគ្គសាវ័ក។

ឱហ្ន៎ ខ្ញុំបានធ្វើអធិការ ចំពោះព្រះសាស្តា ព្រះនាមអនោមទស្សីអង្គណា ហើយបានសម្រេចបារមីក្នុងទីទាំងពួង អំពើដែលខ្ញុំធ្វើចំពោះព្រះសាស្តាអង្គនោះ ចំជាត្រូវល្អ។ កម្មដែលខ្ញុំធ្វើហើយក្នុងកាលប្រមាណមិនបាន ឲ្យផលហើយក្នុងជាតិនេះ ខ្ញុំរួចស្រឡះហើយ ដូចជាសន្ទុះនៃសរ ដុតបំផ្លាញហើយនូវកិលេសទាំងឡាយ។ ខ្ញុំនុ៎ះកាលស្វែងរកនូវអសង្ខតធម៌គឺព្រះនិញ្វន ជាផ្លូវមិនកម្រើក កាលពិនិត្យមើលនូវពួកតិរ្ថិយទាំងអស់ បានអន្ទោលទៅក្នុងភព។ បុរសអ្នកមានព្យាធិ ស្វែងរកឱសថ ជ្រើសរើសនូវទ្រព្យទាំងអស់ ដើម្បីសះស្បើយ ចាកព្យាធិ យ៉ាងណាមិញ។ បុគ្គលស្វែងរកផ្លូវនៃអមតនិញ្វន ជាអសង្ខតធម៌ បួសជាឥសីមិនដែលដាច់អស់ ៥០០ ជាតិ ក៏យ៉ាងនោះដែរ។ ខ្ញុំពេញហើយដោយភារៈគឺផ្នួងសក់ ស្លៀកដណ្តប់នូវស្បែកខ្លាដ៏ប្រសើរ ដល់នូវអភិញ្ញាបារមី ហើយបានទៅកើតក្នុងព្រហ្មលោក។ ការបរិសុទ្ធិក្នុងសាសនាខាងក្រៅ វៀរលែងសាសនានៃព្រះជិនសិរី មិនមានទេ ពួកសត្វណាមួយ ជាអ្នកមានប្រាជ្ញា រមែងបរិសុទ្ធក្នុងសាសនានៃព្រះជិនសិរី។ ខ្ញុំមិនទាន់យល់ច្បាស់នៅឡើយថា ដំណើរនុ៎ះ ជាកិច្ចប្រាថ្នានូវប្រយោជន៍របស់ខ្ញុំ ទើបខ្ញុំស្វែងរកអសង្ខតធម៌ អន្ទោលទៅកាន់លទ្ធិដ៏អាក្រក់។ បុរសអ្នកត្រូវការខ្លឹម កាត់ ពុះដើមចេក មិនគប្បីបានខ្លឹម ក្នុងដើមចេកនោះទេ ពិតណាស់ បុរសនោះជាអ្នកទទេចាកខ្លឹម យ៉ាងណាមិញ។ ពួកជនជាច្រើននាក់ ជាតិរិ្ថយ មានទិដ្ឋិផ្សេងៗ គ្នា ក្នុងលោក ជាអ្នកទទេសោះ ចាកអសង្ខតធម៌ ក៏យ៉ាងនោះដែរ ដូចជាបុរសកាត់ដើមចេក ទទេចាកខ្លឹម។ ក្នុងកាលដែលដល់នូវភពទីបំផុត ខ្ញុំបានកើតជាព្រាហ្មណ៍ លះបង់ភោគសម្ប័ទជាច្រើន ហើយចូលទៅកាន់ផ្នួស។

ចប់ ភាណវារៈ ទី១។

ព្រាហ្មណ៍ ឈ្មោះសញ្ជ័យ ជាអ្នកបង្រៀនមន្ត ចេះចាំមន្ត ចេះចប់ត្រៃវេទ ខ្ញុំនៅក្នុងសំណាក់ព្រាហ្មណ៍នោះ។ បពិត្រព្រះអង្គមានព្យាយាមធំ ព្រាហ្មណ៍ឈ្មោះអស្សជិ ដែលគេគ្របសង្កត់បានដោយក្រ មានតេជះខ្ពង់ខ្ពស់ ជាសាវ័ករបស់ព្រះអង្គ ត្រាច់ទៅបិណ្ឌបាត ក្នុងកាលនោះ។ ខ្ញុំព្រះអង្គបានឃើញព្រះអស្សជិនោះជាមុនី ប្រកបដោយបញ្ញាខ្ជាប់ខ្ជួនក្នុងញាណ មានចិត្តស្ងប់រម្ងាប់ ជាមហានាគ (លោករីកពេញដោយគុណ) ដូចផ្កាឈូករីក។ លុះខ្ញុំឃើញព្រះអស្សជិ មានឥន្រ្ទិយទូន្មានល្អ មានចិត្តស្អាត ដូចឧសភៈ លោកប្រសើរ មានព្យាយាម ខ្ញុំក៏គិតថា ស្រមណ៍នេះប្រាកដជាព្រះអរហន្ត ទើបមានរូបល្អ សង្រួមល្អ គួរជាទីជ្រះថ្លា ទូន្មានឥន្រ្ទិយដែលគួរទូន្មានដ៏ប្រសើរ ប្រាកដជាឃើញនូវព្រះនិញ្វន ឈ្មោះអមតៈ។ បើដូច្នោះ មានតែអាត្មាអញសួរអត្ថដ៏ឧត្តមនឹងស្រមណ៍ ជាអ្នកមានចិត្តរីករាយ ប្រសិនបើអញសួរទៅហើយ លោកនឹងតបបាន អាត្មាអញនឹងសូមសួរលោកតទៅទៀត ក្នុងវេលានោះ។ កាលព្រះអស្សជិ កំពុងនិមន្តទៅបិណ្ឌបាត ខ្ញុំក៏បានដើរតាមពីក្រោយ រិះរកឱកាសដើម្បីសួរនូវអមតបទ។ ខ្ញុំបានចូលទៅសួរព្រះអស្សជិត្ថេរ ដែលនិមន្តដល់ត្រង់ចន្លោះថ្នល់ថា បពិត្រលោកមានព្យាយាម លោកជាគោត្រអ្វី បពិត្រលោកនិរទុក្ខ លោកជាសិស្សរបស់គ្រូណា។ ព្រះអស្សជិត្ថេរនោះ កាលបើខ្ញុំសួរហើយ ក៏បានដោះស្រាយថា ម្នាលអាវុសោ ព្រះសម្ពុទ្ធ ដូចកេសររាជសីហ៍ មិនចេះខ្លាច កើតហើយក្នុងលោក អាត្មាជាសិស្សរបស់ព្រះសម្ពុទ្ធនោះ។ បពិត្រលោកមានព្យាយាមធំ ជាអនុជាតមានយសធំ ចុះពាក្យប្រដៅនៃព្រះសម្ពុទ្ធរបស់លោក តើដូចម្តេច សូមលោកសម្តែងធម៌គឺពាក្យប្រដៅ (របស់ព្រះសម្ពុទ្ធនោះ) ដល់ខ្ញុំ។ ព្រះអស្សជិត្ថេរនោះ កាលបើខ្ញុំសួរហើយ ទើបសម្តែងនូវសាសនធម៌ទាំងពួង ដែលល្អិតជ្រាលជ្រៅ ជាចំណែក (និញ្វន) ជាគុណកម្ចាត់បង់នូវសរគឺតណ្ហា ដែលបន្ទោបង់នូវកងទុក្ខទាំងពួងថា ធម៌ទាំងឡាយណា មានហេតុជាដែនកើតមុន ព្រះតថាគតបានសម្តែងនូវហេតុរបស់ធម៌ទាំងនោះផង នូវការរលត់នៃធម៌ទាំងនោះផង ព្រះមហាសមណៈ តែងពោលយ៉ាងនេះ។ កាលព្រះអស្សជិត្ថេរ បានដោះស្រាយបញ្ហាហើយ ខ្ញុំក៏បានសម្រេចផលជាបឋម បានប្រាសចាកធូលី ប្រាសចាកមន្ទិល ព្រោះបានស្តាប់ពាក្យប្រដៅរបស់ព្រះជិនស្រី។ លុះខ្ញុំបានស្តាប់ព្រះពុទ្ធដីកា របស់ព្រះមុនីហើយ ឃើញនូវធម៌ដ៏ឧត្តម ទាំងមានចិត្តចុះស៊ប់សួនក្នុងព្រះសទ្ធម្ម ហើយបានពោលនូវគាថានេះថា ធម៌នេះ ជាគន្លងនៃសេចក្តីជាក់ច្បាស់ មិនមានសោក ដែលខ្ញុំមិនទាន់ឃើញ កន្លងទៅយូរហើយ ដោយសែននៃកប្បជាច្រើន។ កាលខ្ញុំស្វែងរកធម៌ បានត្រាច់ទៅហើយក្នុងលទ្ធិអាក្រក់ ឥឡូវប្រយោជន៍នោះ ខ្ញុំបានសម្រេចហើយ វេលានេះ ជាកាលគួរខ្ញុំមិនប្រមាទ។ ខ្ញុំដែលបានព្រះអស្សជិត្ថេរ ប្រោសប្រាណហើយ ក៏បានសម្រេចអចលបទ គឺព្រះនិញ្វន ទើបទៅស្វែងរកជួបនឹងសម្លាញ់ ក៏បានទៅឯអាស្រម។ សម្លាញ់របស់ខ្ញុំ ជាអ្នកសិក្សាល្អ បរិបូណ៌ដោយឥរិយាបថ បានឃើញខ្ញុំអំពីចម្ងាយ ក៏សួរខ្ញុំថា អ្នកមានមុខ និងភ្នែកដ៏ស្រស់បស់ មានភាពជាអ្នកប្រាជ្ញ អ្នកប្រហែលជាបានសម្រេចនូវចំណែកនៃព្រះនិញ្វន ឈ្មោះអមតៈ ជាធម៌មិនច្យុតហើយឬ នែព្រាហ្មណ៍ អ្នកមានសភាពល្អបានដើរមក អ្នកទូន្មានខ្លួនក្នុងធម៌ ដែលគប្បីទូន្មានរបស់អ្នកទូន្មានហើយ មានចិត្តស្ងប់រម្ងាប់ ដូចដំរីដែលគេបង្ហាត់មិនឲ្យញាប់ញ័រ។ ខ្ញុំប្រាប់សម្លាញ់ថា ព្រះនិញ្វនឈ្មោះអមតៈ ជាគុណបន្ទោបង់នូវសរ គឺសេចក្តីសោក ខ្ញុំបានសម្រេចហើយ អ្នកចូរសម្រេចព្រះនិញ្វននោះចុះ យើងនឹងនាំគ្នាទៅកាន់សំណាក់ព្រះពុទ្ធ។ សម្លាញ់របស់ខ្ញុំនោះ ជាអ្នកសិក្សាល្អ បានទទួលពាក្យថា ប្រពៃហើយ រួចចាប់ដៃគ្នា ដើរចូលមកសំណាក់ព្រះអង្គ ក្រាបទូលថា បពិត្រព្រះសក្យបុត្ត ខ្ញុំព្រះអង្គទាំងពីរនាក់ នឹងបួសក្នុងសំណាក់នៃព្រះអង្គ ជាអ្នកមិនមានអាសវៈ ព្រោះបានអាស្រ័យនូវសាសនធម៌របស់ព្រះអង្គហើយ។ កោលិតជាបុគ្គលប្រសើរដោយឫទ្ធិ ឯខ្ញុំព្រះអង្គ ជាបុគ្គលដល់នូវត្រើយនៃបញ្ញា យើងខ្ញុំទាំងពីរនាក់ បានញុំាងសាសនធម៌ឲ្យល្អដូចគ្នា។ កាលដែលខ្ញុំព្រះអង្គ មានបំណងមិនទាន់បានសម្រេចនៅឡើយ បានត្រាច់ទៅក្នុងលទ្ធិអាក្រក់ លុះបានមកចួបប្រទះនឹងព្រះអង្គ ទើបបំណងរបស់ខ្ញុំព្រះអង្គ ពេញបរិបូណ៌ឡើង។ ឈើទាំងឡាយ ដែលដុះលើផែនដី រមែងមានផ្ការីកក្នុងរដូវ ក្លិនទាំងឡាយជាទិព្វ រមែងផ្សាយទៅ ញុំាងពួកសត្វទាំងពួងឲ្យត្រេកអរបាន (យ៉ាងណាមិញ)។ បពិត្រព្រះអង្គ មានព្យាយាមធំ ជាសក្យបុត្ត មានយសធំ ខ្ញុំព្រះអង្គតាំងនៅក្នុងសាសនារបស់ព្រះអង្គ ខំស្វែងរក (នូវសម័យ) ដើម្បីផ្កា ខ្ញុំស្វែងរកផ្កា គឺវិមុត្តិ ជាគ្រឿងរួចចាកភវសង្សារ តែងធ្វើពួកសត្វទាំងពួងឲ្យត្រេកអរ ដោយការបាននូវផ្កាគឺវិមុត្តិ ក៏យ៉ាងនោះដែរ។ បពិត្រព្រះអង្គមានបញ្ញាចក្ខុ ក្នុងពុទ្ធក្ខេត្តទាំងប៉ុន្មាន លើកលែងតែព្រះមហាមុនីចេញ មិនមានបុគ្គលណានឹងប្រហែលដោយប្រាជ្ញា នៃបុត្ររបស់ព្រះអង្គទេ។ ពួកសិស្សរបស់ព្រះអង្គបានទូន្មានល្អហើយផង ពួកបរិស័ទសិក្សាល្អហើយផង គប្បីទូន្មានឥន្រ្ទិយដ៏ប្រសើរ លោកទាំងនោះ មានឥន្រ្ទិយទូន្មានហើយ តែងចោមរោមព្រះអង្គសព្វៗ កាល។ ពួកបរិស័ទ ដែលមានឈាន ត្រេកអរក្នុងឈាន មានប្រាជ្ញា មានចិត្តស្ងប់រម្ងាប់ មានចិត្តតំកល់មាំ ជាមុនី បរិបូណ៌ដោយញាណ តែងចោមរោមព្រះអង្គសព្វៗ កាល។ ពួកបរិស័ទដែលជាអ្នកប្រាថ្នាតិច មានបញ្ញាឆ្អិន មានបញ្ញាជាគ្រឿងទ្រទ្រង់ មានអាហារតិច មិនល្មោភ ជាអ្នកសន្តោសតាមមានតាមបាន តែងចោមរោមព្រះអង្គសព្វៗ កាល។ ពួកបរិស័ទដែលជាអ្នកប្រព្រឹត្តនៅក្នុងព្រៃ ត្រេកអរក្នុងការកម្ចាត់បង់នូវកិលេស មានឈាន មានចីវរសៅហ្មង ត្រេកអរតែក្នុងទីស្ងាត់ មានប្រាជ្ញាជាគ្រឿងចងចាំ តែងចោមរោមព្រះអង្គសព្វៗ កាល។ ពួកសេក្ខបុគ្គលកំពុងប្រតិបត្តិខ្លះ ឋិតនៅក្នុងផលខ្លះ និងព្រះអរហន្តបរិបូណ៌ដោយផលខ្លះ ជាអ្នកស្វែងរកប្រយោជន៍ដ៏ខ្ពង់ខ្ពស់ តែងចោមរោមព្រះអង្គសព្វៗ កាល។ ពួកសោតាបន្នបុគ្គល មិនមានធម៌ជាមន្ទិលផង សកទាគាមិបុគ្គលផង អនាគាមិនបុគ្គលផង អរហន្តផង តែងចោមរោមព្រះអង្គសព្វៗ កាល។ ពួកសាវ័កជាច្រើនរបស់ព្រះអង្គ ជាអ្នកឈ្លាសវៃក្នុងសតិប្បដ្ឋាន ត្រេកអរក្នុងការចម្រើនពោជ្ឈង្គ តែងចោមរោមព្រះអង្គសព្វៗ កាល។ ពួកសាវ័ក អ្នកឈ្លាសវៃក្នុងឥទ្ធិបាទ ត្រេកអរក្នុងការចម្រើនសមាធិ ប្រកបនូវសម្មប្បធាន តែងចោមរោមព្រះអង្គសព្វៗ កាល។ ពួកសាវ័កអ្នកបាននូវត្រៃវិជ្ជាផង បានអភិញ្ញា ៦ ផង ដល់នូវត្រើយនៃឫទ្ធិផង ដល់នូវត្រើយនៃប្រាជ្ញាផង តែងចោមរោមព្រះអង្គសព្វៗ កាល។ បពិត្រព្រះអង្គមានព្យាយាមធំ ពួកសិស្សរបស់ព្រះអង្គបែបនេះ បានសិក្សាល្អ កម្របុគ្គលគ្របសង្កត់បាន មានតេជះខ្ពង់ខ្ពស់ តែងចោមរោមព្រះអង្គសព្វៗ កាល។ ព្រះអង្គ ត្រូវពួកសិស្សទាំងនោះ ដែលជាអ្នកសង្រួម មានតបៈចោមរោមហើយ ទ្រង់មិនខ្លាច ដូចស្តេចម្រឹគ រុងរឿងដូចព្រះចន្រ្ទ។ ឈើទាំងឡាយ ដុះនៅលើផែនដី តែងលូតលាស់ចម្រើនឡើង ឈើទាំងនោះ តែងបញ្ចេញផ្លែ។ បពិត្រព្រះសក្យបុត្ត មានយសធំ ព្រះអង្គដូចផែនដី ពួកសាវ័កតាំងនៅក្នុងសាសនធម៌របស់ព្រះអង្គហើយ តែងបាននូវផ្លែ គឺអមតមហានិញ្វន។ សាគរទទួលទឹករបស់ស្ទឹងទាំងនុ៎ះ គឺសិន្ធុ សរស្សតី ចន្ទភាគា គង្គា យមុនា សរភូ និងមហី ដែលហូរមក។ ទឹកស្ទឹងទាំងនោះ តែងលះបង់ឈ្មោះដើមចោលចេញ គេដឹងថាជាសាគរតែម្យ៉ាង (យ៉ាងណាមិញ)។ វណ្ណៈទាំង ៤ នេះ3) លុះបួសក្នុងសំណាក់របស់ព្រះអង្គហើយ តែងលះឈ្មោះដើមចោលចេញ គេដឹងថាជាពុទ្ធបុត្តតែម្យ៉ាង ក៏យ៉ាងនោះដែរ។ មួយទៀត ព្រះចន្រ្ទប្រាសចាកមន្ទិល4) អណ្តែតទៅក្នុងអាកាសធាតុ មានពន្លឺរុងរឿងកន្លងនូវពួកផ្កាយទាំងអស់ក្នុងលោក យ៉ាងណាមិញ។ បពិត្រព្រះអង្គមានព្យាយាមធំ ព្រះអង្គមានពួកទេវតា និងមនុស្សចោមរោមហើយ ទ្រង់រុងរឿងកន្លងនូវពុទ្ធក្ខេត្តសព្វកាល ក៏យ៉ាងនោះដែរ។ រលកដែលតាំងឡើងក្នុងទឹកជ្រៅ មិនប្រព្រឹត្តកន្លងនូវច្រាំង រលកទាំងនោះ រមែងមកផ្ទប់នឹងច្រាំងទាំងអស់ សឹងបែកខ្ទេចខ្ទីរោយរាយទៅ (យ៉ាងណាមិញ)។ ពួកតិរ្ថិយជាច្រើន មានទិដ្ឋិផ្សេងៗ គ្នាក្នុងលោក មានប្រាថ្នាដើម្បីនឹងឆ្លងនូវធម៌របស់ព្រះអង្គ ក៏មិនប្រព្រឹត្តកន្លងនូវព្រះអង្គជាមុនីឡើយ ក៏យ៉ាងនោះដែរ។ បពិត្រព្រះអង្គមានបញ្ញាចក្ខុ ប្រសិនបើពួកតិរ្ថិយទាំងនោះ មកដល់ព្រះអង្គ ដោយលំដាប់នៃវារៈទាំងឡាយ លុះចូលមកកាន់សំណាក់ព្រះអង្គហើយ រមែងខ្ទេចខ្ទី។ មួយទៀត ដើមកុមុទ និងចង្កុលណីជាច្រើន កើតឡើងក្នុងទឹក តែងទទឹកដោយទឹកផង ប្រឡាក់ដោយភក់ និងល្បាប់ផង យ៉ាងណាមិញ។ ពួកសត្វជាច្រើន តែងកើតឡើង ចម្រើនឡើងក្នុងលោក ជាសត្វទទឹកដោយរាគៈ និងទោសៈ ដូចកុមុទក្នុងភក់ ក៏យ៉ាងនោះដែរ។ ឈូកដែលដុះឡើងក្នុងទឹក រមែងរុងរឿងក្នុងកណ្តាលទឹក ឈូកនោះមិនជាប់ដោយទឹក នៅជាឈូកមានកេសរដ៏បរិសុទ្ធ យ៉ាងណាមិញ។ បពិត្រព្រះអង្គមានព្យាយាមធំ ជាមហាមុនី ព្រះអង្គកើតឡើងក្នុងលោក ព្រះអង្គមិនជាប់ចំពាក់ដោយលោក ដូចឈូក (មិនជាប់) ដោយទឹក ក៏យ៉ាងនោះដែរ។ ពួកវារិជាតិជាច្រើន តែងរីកក្នុងខែជាទីត្រេកអរ (ខែកត្តិក) មិនកន្លងខែនោះទៅបានឡើយ ព្រោះខែនោះ ជាសម័យរីក យ៉ាងណាមិញ។ បពិត្រព្រះសក្យបុត្ត ព្រះអង្គរីកហើយដោយវិមុត្តិ ពួកសាវ័កទាំងនោះ រមែងមិនប្រព្រឹត្តកន្លងនូវសាសនាឡើយ ដូចផ្កាឈូករីកដោយទឹក។ ស្តេចសាលព្រឹក្សមានផ្ការីកហើយ តែងផ្សាយនូវក្លិនដូចជាទិព្វ ស្តេចសាលព្រឹក្ស មានពួកសាលព្រឹក្សដទៃចោមរោម តែងល្អដោយនាមជាសាលព្រឹក្ស យ៉ាងណាមិញ។ បពិត្រព្រះអង្គមានព្យាយាមធំ ព្រះអង្គរីកហើយដោយពុទ្ធញ្ញាណ មានភិក្ខុសង្ឃចោមរោមហើយ រុងរឿងដូចជាស្តេចសាលព្រឹក្ស ក៏យ៉ាងនោះដែរ។ មួយទៀត ភ្នំហិមពាន្ត ជាឱសថរបស់សត្វទាំងអស់ផង ជាទីនៅនៃពួកនាគ អសុរ និងពួកទេវតាផង យ៉ាងណាមិញ។ បពិត្រព្រះអង្គមានព្យាយាមធំ ព្រះអង្គដូចជាឱសថ នៃពួកសត្វដែលបានត្រៃវិជ្ជា បានឆឡភិញ្ញា ដល់ហើយនូវបារមីនៃឫទ្ធិផង ក៏យ៉ាងនោះដែរ។ បពិត្រព្រះអង្គមានព្យាយាមធំ សត្វទាំងនោះដែលព្រះអង្គមានព្រះហឫទ័យករុណា ទ្រង់ប្រដៅហើយ តែងរីករាយដោយតម្រេកធម៌ តែងនៅក្នុងសាសនានៃព្រះអង្គ។ សីហៈជាមិគរាជ ចេញអំពីទីអាស្រ័យហើយ តែងក្រឡេកមើលទិសទាំង ៤ ទើបបន្លឺឡើង ៣ ដង។ កាលមិគរាជបន្លឺឡើង ពួកម្រឹគទាំងអស់ តែងតក់ស្លុតយ៉ាងខ្លាំង ព្រោះតែស្តេចម្រឹគនុ៎ះ ជាសត្វមានជាតិខ្ពស់ តែងធ្វើសត្វឲ្យតក់ស្លុតសព្វៗ កាល (យ៉ាងណាមិញ)។ បពិត្រព្រះអង្គមានព្យាយាមធំ កាលព្រះអង្គមានបន្ទូល ផែនដីនេះកម្រើក ពួកសត្វដែលគួរត្រាស់ដឹង រមែងត្រាស់ដឹង ពួកមារតែងតក់ស្លុត។ បពិត្រព្រះមហាមុនី កាលបើព្រះអង្គទ្រង់បន្លឺឡើង ពួកតិរិ្ថយទាំងអស់តែងតក់ស្លុត ដូចពួកក្អែក និងខ្លែង ដែលភ្ញាក់ផ្អើល ឬដូចជាពួកម្រឹគដែលភ្ញាក់ផ្អើលដោយសារសេ្តចម្រឹគ។ ពួកមេគណៈណា ដែលគេហៅថា សាស្តាក្នុងលោក មេគណៈទាំងនោះ តែងសម្តែងប្រាប់បរិស័ទនូវធម៌ ដែលនាំមកតៗ គ្នា។ បពិត្រព្រះអង្គមានព្យាយាមធំ ឯព្រះអង្គមិនសម្តែងធម៌ដល់ពួកសត្វ ដូច្នោះទេ ព្រោះត្រាស់ដឹងនូវសច្ចធម៌ទាំងឡាយ ដោយព្រះអង្គឯង ព្រមទាំងត្រាស់ដឹងនូវពោធិបក្ខិយធម៌ទាំងអស់ ដោយព្រះអង្គឯង។ ព្រះអង្គទ្រង់ជ្រាបនូវអាសយានុសយៈ នូវឥន្រ្ទិយទាំងឡាយ នូវពលៈ និងមិនមែនពលៈ ទ្រង់ជ្រាបច្បាស់នូវពួកសត្វ ដែលមានភ័ព្វ និងឥតភ័ព្វ ហើយទ្រង់សម្តែងធម៌ ដូចមហាមេឃ (គម្រាមហើយ)។ បរិស័ទអង្គុយក្នុងទីបំផុតនៃចក្រវាឡ មានទិដ្ឋិផ្សេងៗ គ្នា តែងត្រិះរិះនូវធម៌នោះ ដើម្បីនឹងផ្តាច់បង់សេចក្តីសង្ស័យ។ ព្រះមុនីទ្រង់ឈ្លាសវៃ ក្នុងបទឧបមា បានជ្រាបនូវចិត្ត របស់សត្វទាំងអស់ ទ្រង់សម្តែងតែបញ្ហាមួយ ក៏បានកាត់បង់នូវសេចក្តីសង្ស័យរបស់ពួកសត្វបាន។ ផែនដីដែលពេញដោយមនុស្ស ប្រកបដោយរាគាទិក្កិលេស មនុស្សទាំងអស់នោះ នាំគ្នាប្រណមអញ្ជលី សរសើរគុណព្រះនាយក។ ម្យ៉ាងទៀត មនុស្សទាំងនោះកាលសរសើរគុណ គប្បីសរសើរដោយគុណផ្សេងៗ អស់មួយកប្ប ក៏មិនគប្បីសម្រេចនូវការរាប់បានឡើយ (ព្រោះ) ព្រះតថាគត មានគុណគេមិនគប្បីរាប់បាន។ ព្រះជិនស្រីដ៏ប្រសើរ ដែលមនុស្ស និងទេវតាសរសើរហើយ ដោយកម្លាំងរបស់ខ្លួនយ៉ាងនោះ មនុស្សទាំងឡាយ កាលសរសើរ គប្បីសរសើរយ៉ាងនេះឯង អស់កោដិនៃកប្ប។ ប្រសិនបើបុគ្គលណាមួយ ទោះជាទេវតា ឬមនុស្សដែលសិក្សាល្អហើយ គប្បីកំណត់ដើម្បីនឹងរាប់ (នូវធារទឹកក្នុងសមុទ្រ) បុគ្គលនោះ នឹងបានតែសេចក្តីលំបាក។ បពិត្រព្រះសក្យបុត្ត មានយសធំ ខ្ញុំព្រះអង្គឋិតនៅហើយក្នុងសាសនារបស់ព្រះអង្គ ដល់នូវបញ្ញាបារមី ជាបុគ្គលមិនមានអាសវៈ។ ថ្ងៃនេះ ខ្ញុំព្រះអង្គជាធម្មសេនាបតី ក្នុងសាសនារបស់ព្រះសក្យបុត្ត បានញាំញីពួកតិរ្ថិយ ញុំាងសាសនានៃព្រះជិនស្រីឲ្យប្រព្រឹត្តទៅ។ អំពើដែលខ្ញុំធ្វើហើយ អស់កប្បប្រមាណមិនបាន ឲ្យផលដល់ខ្ញុំក្នុងជាតិនេះ ខ្ញុំព្រះអង្គបានផុតស្រឡះហើយចាកកិលេស ដូចកម្លាំងសរ (ដែលផុតចាកធ្នូ) ទាំងបានដុតបំផ្លាញនូវកិលេសអស់ហើយ។ មនុស្សណាមួយ បាននាំទៅនូវភារៈលើក្បាលសព្វៗ កាល (មនុស្សនោះ) ក៏ដល់នូវសេចក្តីទុក្ខដោយភារៈ ព្រោះភារៈជារបស់ធ្ងន់។ ឯខ្ញុំព្រះអង្គ ត្រូវភ្លើងកិលេសទាំង ៣ គឺលោភៈ ទោសៈ មោហៈ ដុតរោលហើយ បានអន្ទោលទៅក្នុងភពទាំងឡាយ សឹងតែធ្ងន់ហើយដោយទម្ងន់ គឺភព ដូចជាគេដកយកភ្នំសិនេរុ (មកទូលលើក្បាល)។ ភារៈនោះ ខ្ញុំព្រះអង្គ បានទំលាក់ចោលហើយ ភពទាំងឡាយ ខ្ញុំព្រះអង្គ ក៏បានទម្លាយចោលហើយ កិច្ចទាំងពួងដែលគួរធ្វើក្នុងសាសនា របស់ព្រះសក្យបុត្ត ខ្ញុំព្រះអង្គបានធ្វើរួចហើយ។ ពុទ្ធក្ខេត្តមានកំណត់ត្រឹមណា វៀរលែងតែព្រះអង្គ ជាបុគ្គលប្រសើរក្នុងសក្យត្រកូលចេញ ខ្ញុំព្រះអង្គជាបុគ្គលប្រសើរដោយប្រាជ្ញា នឹងរកបុគ្គលណា ឲ្យស្មើនឹងខ្ញុំព្រះអង្គពុំបាន។ ខ្ញុំព្រះអង្គឈ្លាសវៃ ចំណាប់ក្នុងសាមាធិ ដល់នូវបារមីញាណដោយឫទ្ធិ ថ្ងៃនេះ (បើ) ខ្ញុំព្រះអង្គប្រាថ្នា (នឹងធ្វើឫទ្ធិ) ក៏គប្បីនិម្មិតប្រមាណ ១ ពាន់ឫទ្ធិបាន។ ព្រះមហាមុនីទ្រង់ស្ទាត់ស្ទាញ ខាងអនុបុព្វវិហារធម៌ បានសម្តែងនូវសាសនធម៌ដល់ខ្ញុំព្រះអង្គ ឯព្រះនិញ្វន ជាគ្រឿងរំលត់ទុក្ខ ជាដំណេករបស់ខ្ញុំព្រះអង្គ។ ទិព្វចក្ខុរបស់ខ្ញុំព្រះអង្គស្អាតហើយ ខ្ញុំព្រះអង្គជាបុគ្គលឈ្លាសវៃក្នុងសមាធិ បានប្រកបក្នុងសម្មប្បធាន ត្រេកអរក្នុងការចម្រើននូវពោជ្ឈង្គ។ កិច្ចណាដែលសាវ័កគួរដល់ កិច្ចទាំងអស់នោះ ខ្ញុំព្រះអង្គធ្វើស្រេចហើយ វៀរលែងតែព្រះលោកនាថចេញ នឹងរកបុគ្គលណា ឲ្យស្មើនឹងខ្ញុំព្រះអង្គ ពុំបានឡើយ។ ខ្ញុំព្រះអង្គ ជាបុគ្គលឈ្លាសវៃក្នុងសមាបត្តិ ជាអ្នកបាននូវឈាន និងវិមោក្ខយ៉ាងរហ័ស ត្រេកអរក្នុងការចម្រើននូវពោជ្ឈង្គ ដល់ហើយនូវបារមីញាណនៃសាវកគុណ។ ចិត្ត (របស់ខ្ញុំព្រះអង្គ) ដែលសង្គ្រោះដោយសទ្ធា ក្នុងពួកសព្រហ្មចារីសព្វៗ កាល ព្រោះសេចក្តីគោរព ចំពោះបុរសប្រសើរដោយប្រាជ្ញា ដោយការបាននូវសាវកគុណ។ ខ្ញុំព្រះអង្គមានសេចក្តីឆោត គឺមានះដាក់ចុះហើយ ដូចពស់មានចង្កូមគេដកហើយ ពុំនោះសោត ដូចគោមានស្នែងបាក់ ខ្ញុំព្រះអង្គ ចូលមកកាន់ទីប្រជុំសង្ឃ ដោយសេចក្តីគោរពក្រៃពេក។ ឯបញ្ញារបស់ខ្ញុំព្រះអង្គ ប្រសិនបើមានរូប គប្បីស្មើនឹងសេ្តចផែនដីក៏បាន នេះជាផលនៃការសរសើរនូវញាណ របស់ព្រះមានព្រះភាគ ទ្រង់ព្រះនាមអនោមទស្សី។ ធម្មចក្រដែលព្រះសក្យបុត្ត ជាតាទិបុគ្គល ទ្រង់ឲ្យប្រព្រឹត្តទៅហើយ ខ្ញុំព្រះអង្គឲ្យប្រព្រឹត្តទៅតាមដោយប្រពៃ នេះជាផលនៃការសរសើរនូវញាណ។ (មួយទៀត) បុគ្គលអ្នកមានសេចក្តីប្រាថ្នាលាមក ជាបុគ្គលខ្ជិល មានព្យាយាមថោកថយ មិនចេះដឹង ប្រព្រឹត្តអានាចារ កុំឲ្យមកជួបប្រទះនឹងខ្ញុំព្រះអង្គ ក្នុងទីណាមួយបានឡើយ។ បុគ្គលជាអ្នកចេះដឹងច្រើន អ្នកមានប្រាជ្ញា អ្នកមានចិត្តតម្កល់មាំក្នុងសីល និងអ្នកប្រកបរឿយៗ នូវចេតោសមថៈ សូមចូលមកតម្កល់នៅលើក្បាល (របស់ខ្ញុំ)។ ព្រោះហេតុនោះ ខ្ញុំសូមពោលនឹងលោកទាំងឡាយ សូមអំពើដ៏ចម្រើន (មាន) ដល់លោកទាំងឡាយទាំងអស់ ដែលបានមកជួបជុំក្នុងទីនេះ សូមលោកទាំងឡាយមានប្រាថ្នាតិច សន្តោស នាំគ្នាឲ្យទានសព្វៗ កាលចុះ។ ខ្ញុំបានចួបនូវអាចារ្យអង្គណាជាដំបូង ហើយបានប្រាសចាកធូលី ប្រាសចាកមន្ទិល អាចារ្យខ្ញុំនោះ ជាអ្នកប្រាជ្ញ ជាសាវ័កឈ្មោះអស្សជិ។ ខ្ញុំជាអ្នកស្តាប់ពាក្យនៃព្រះអស្សជិអង្គនោះ បានជាធម្មសេនាបតី បានដល់នូវបារមីក្នុងទីទាំងពួងហើយ ជាអ្នកមិនមានអាសវៈ។ ព្រះសាវ័កឈ្មោះអស្សជិ ជាអាចារ្យរបស់ខ្ញុំ គង់ក្នុងទិសណា ខ្ញុំធ្វើទីក្បាលដំណេក ទៅក្នុងទិសនោះ។ ព្រះគោតម ជាបុគ្គលប្រសើរក្នុងសក្យត្រកូល ទ្រង់រឭកឃើញនូវអំពើរបស់ខ្ញុំ ទ្រង់គង់ក្នុងកណ្តាលជំនុំសង្ឃ ហើយតម្កល់ទុកនូវខ្ញុំក្នុងទីដ៏ប្រសើរ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះសម្ពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសារីបុត្តត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សារីបុត្តត្ថេរាបទាន។

មហាមោគ្គល្លានត្ថេរាបទាន ទី៤

(៣-២. មហាមោគ្គល្លានត្ថេរអបទានំ)

[៤] ព្រះមានព្រះភាគព្រះនាមអនោមទស្សី ជាច្បងក្នុងលោក ជានរាសភៈ មានពួកទេវតាចោមរោម ទ្រង់គង់នៅក្នុងព្រៃហិមពាន្ត។ គ្រានោះ ខ្ញុំកើតជាស្តេចនាគ ឈ្មោះវរុណៈ នៅក្នុងមហាសមុទ្រ ចេះប្លែងរូបបានតាមសេចក្តីប្រាថ្នា។ វេលានោះ ខ្ញុំបានលះបង់នូវពួកនាគជាបរិវារ ហើយបានផ្តើមប្រគំតូរ្យតន្រ្តី ឯពួកស្រីអប្សរ (នាងនាគមានវិកា) ក៏ចោមរោមប្រគំថ្វាយព្រះសម្ពុទ្ធដែរ។ កាលមានតូរ្យតន្រ្តីរបស់ពួកនាគហើយ ពួកទេវតាក្នុងចាតុម្មហារាជិកា ក៏បានប្រគំនូវតូរ្យតន្រ្តីទិព្វ ឯព្រះសម្ពុទ្ធទ្រង់ឮ ទ្រង់ជ្រាបច្បាស់នូវសម្លេងនៃតូរ្យតន្រ្តីទាំងពីរពួកនោះ។ បន្ទាប់មក ខ្ញុំបាននិមន្តព្រះសម្ពុទ្ធ ហើយវិលត្រឡប់ចូលទៅកាន់ពិភពរបស់ខ្លួនវិញ បានក្រាលអាសនៈរួចហើយ ទៅក្រាបបង្គំទូលភត្តកាល។ ព្រះលោកនាយក មានពួកព្រះខីណាស្រពមួយពាន់ចោមរោម ទ្រង់ផ្សាយនូវពន្លឺរស្មីសព្វទិស ហើយស្តេចចូលទៅកាន់លំនៅរបស់ខ្ញុំ។ វេលានោះ ខ្ញុំបានអង្គាសព្រះពុទ្ធមានព្យាយាមធំ ទ្រង់ជាទេវតាប្រសើរជាងទេវតា ជានរាសភៈ និងភិក្ខុសង្ឃដែលចូលទៅក្នុងលំនៅនៃខ្ញុំ ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹក។

ព្រះសយម្ភូ ជាអគ្គបុគ្គល មានព្យាយាមធំ លុះទ្រង់ធ្វើអនុមោទនារួចហើយ ទើបទ្រង់គង់ក្នុងកណ្តាលនៃភិក្ខុសង្ឃ ហើយទ្រង់សម្តែងនូវព្រះគាថាទាំងឡាយនេះថា នាគរាជនេះ បានបូជាព្រះពុទ្ធ ជាលោកនាយកផង ព្រះសង្ឃផង ដោយចិត្តជ្រះថ្លានោះ នឹងបានទៅកើតក្នុងទេវលោក។ នាគរាជនេះ នឹងសោយទេវរជ្ជសម្បត្តិអស់ ៧៧ ដង នឹងគ្រប់គ្រងរាជ្យលើផែនដី អស់ ១០៨ ដង។ នឹងបានជាស្តេចចក្រពត្តិអស់ ៥៥ ដង ឯទ្រព្យសម្បត្តិរាប់មិនអស់ នឹងកើតឡើងសម្រាប់ស្តេចចក្រពត្តិនោះ ក្នុងកាលនោះ។ ក្នុងកប្បរាប់មិនបានអំពីកប្បនេះ នឹងមានព្រះពុទ្ធមួយអង្គ ព្រះនាមគោតម កើតក្នុងត្រកូលក្សត្រឱក្កាកៈ នឹងបានជាសាស្តាក្នុងលោក។ វរុណនាគរាជនោះ នឹងឃ្លាតចេញអំពីនរក មកកើតជាមនុស្ស មានឈ្មោះថាកោលិត ជាជាតិព្រាហ្មណ៍។ លុះខាងក្រោយមក កោលិតមាណពនោះ ត្រូវកុសលមូលដាស់តឿន ក៏បានចេញបួស នឹងបានជាទុតិយសាវ័ករបស់ព្រះមានព្រះភាគព្រះនាមគោតម លោកផ្គងសេចក្តីព្យាយាម មានចិត្តស្លុងចុះទៅរកព្រះនិញ្វន លោកដល់នូវបារមីដោយឫទ្ធិ កំណត់ដឹងនូវអាសវៈធម៌ទាំងពួង ជាអ្នកមិនមានអាសវៈធម៌ នឹងបរិនិញ្វន។

ខ្ញុំលុះក្នុងអំណាចនៃកាមរាគ ព្រោះអាស្រ័យនឹងបាបមិត្ត មានចិត្តប្រទូស្ត ក៏បានសម្លាប់មាតា និងបិតា។ ខ្ញុំចូលទៅយកកំណើតណាៗ ទោះបីជានរកក្តី ជាមនុស្សក្តី សឹងបរិបូណ៌ដោយបាបកម្ម ស្លាប់តែនឹងដាច់ក្បាល។ ជាតិនេះ ជាបច្ឆិមជាតិរបស់ខ្ញុំ ភពជាខាងក្រោយប្រព្រឹត្តទៅហើយ ក្នុងពេលនេះ ខ្ញុំនឹងធ្វើមរណកាលបែបនេះទៀត។ ខ្ញុំប្រកបរឿយៗ ក្នុងវិវេក ត្រេកអរក្នុងការចម្រើនសមាធិ កំណត់ដឹងនូវអាសវធម៌ទាំងពួង ទាំងជាអ្នកមិនមានអាសវធម៌។ ខ្ញុំបានដល់នូវបារមីនៃឫទ្ធិ ហើយញុំាងព្រះធរណីដ៏ជ្រៅ និងក្រាស់ ដែលបុគ្គលមិនអាចឲ្យកម្រើកបាន ឲ្យកម្រើកបានដោយចុងម្រាមជើងឆ្វេង។ ខ្ញុំមិនដែលឃើញអស្មិមានះ មានះរបស់ខ្ញុំមិនដែលមានទេ ខ្ញុំធ្វើចិត្តគោរពចំពោះសមណៈ តាំងពីសាមណេរទៅ។ ក្នុងកប្បរាប់មិនបាន រហូតមកដល់កប្បនេះ ខ្ញុំបានបំពេញនូវបុញ្ញកម្មណាៗ ក៏បានសម្រេចនូវសាវកភូមិនោះ ទាំងបានដល់នូវអាសវក្ខ័យ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះសម្ពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះមហាមោគ្គល្លានត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មហាមោគ្គល្លានត្ថេរាបទាន។

មហាកស្សបត្ថេរាបទាន ទី៥

(៣-៣. មហាកស្សបត្ថេរអបទានំ)

[៥] កាលព្រះមានព្រះភាគ ទ្រង់ព្រះនាមបទុមុត្តរៈ ជាច្បងក្នុងលោក ទ្រង់មិនញាប់ញ័រដោយលោកធម៌ ជាទីពឹងនៃសត្វលោក ទ្រង់បរិនិញ្វនទៅ ពួកជននាំគ្នាធ្វើការបូជាព្រះសាស្តាអង្គនោះ។ ប្រជុំជនមានចិត្តខ្ពស់ មានចិត្តសប្បាយរីករាយ កាលញាតិ និងមិត្តនៃខ្ញុំទាំងនោះ កំពុងកើតសង្វេគ បីតិកើតឡើងដល់ខ្ញុំ។ ខ្ញុំប្រជុំញាតិ និងមិត្តទាំងឡាយ ទើបពោលពាក្យនេះថា ព្រះលោកនាថ មានព្យាយាមធំ ទ្រង់បរិនិញ្វនហើយ បើដូច្នោះ យើងនឹងធ្វើការបូជា។ ញាតិ និងមិត្តទាំងនោះទទួលស្តាប់ថា ប្រពៃហើយ ក៏ញុំាងសេចក្តីរីករាយឲ្យកើតដល់ខ្ញុំដោយច្រើន ខ្ញុំបានធ្វើនូវការសន្សំបុណ្យក្នុងព្រះពុទ្ធជាទីពឹងនៃសត្វលោក អង្គនោះ។ ខ្ញុំបានសង់វិមាន មានកំពស់ ១០០ ហត្ថ មានទំហំ ១៥០ ហត្ថ ខ្ពស់ទើសអាកាស ជាវិមានមានដំឡៃ ដែលរចនាយ៉ាងល្អ។ ខ្ញុំសង់វិមានដ៏មានដំឡៃ វិចិត្រដោយគំនរកុសលទាំងឡាយ ក្នុងទីនោះហើយ បានញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា បានបូជានូវចេតិយដ៏ប្រសើរ។ ឯចេតិយនោះរុងរឿង ដូចគំនរភ្លើង ឬដូចស្តេចសាលព្រឹក្សមានផ្ការីក ភ្លឺស្វាងក្នុងទិសទាំង ៤ ដូចឥន្ទធនូក្នុងអាកាស។ ខ្ញុំញុំាងចិត្តឲ្យជ្រះថ្លាក្នុងធាតុចេតិយនោះ ហើយធ្វើកុសលដ៏ច្រើន ខ្ញុំបានទៅកើតក្នុងឋានតាវត្តឹង្ស ព្រោះរឭកនូវបុព្វកម្មនោះ។ ខ្ញុំជិះយានទិព្វ ទឹមដោយសេះមួយពាន់ ឯវិមាន ៧ ជាន់ដ៏ខ្ពស់ កើតឡើងសម្រាប់ខ្ញុំ។ ផ្ទះមានកំពូលមួយពាន់ ជាវិការៈនៃមាសសុទ្ធ រុងរឿងជានិច្ច ទិសទាំងពួងសឹងតែភ្លឺដោយតេជះរបស់ខ្លួន។ ផ្ទះខាងមុខដទៃទៀត ជាវិការៈនៃកែវក្រហម មានក្នុងកាលនោះ ផ្ទះទាំងនោះភ្លឺរន្ទាលដោយរស្មី ទៅកាន់ទិសទាំង ៤ ដោយជុំវិញ។ ផ្ទះមានកំពូលទាំងឡាយ កើតឡើងដោយបុញ្ញកម្មដ៏តាក់តែងល្អ ជាវិការៈនៃកែវមណី តែងភ្លឺច្រាលទៅកាន់ទិសតូចទិសធំ ដោយជុំវិញ។ ផ្ទះកំពូលទាំងនោះ កាលភ្លឺឡើង រស្មីធំទូលាយ ខ្ញុំគ្របសង្កត់នូវទេវតាទាំងពួង នេះជាផលនៃបុញ្ញកម្ម។ ក្នុងកប្ប ៦ ហ្មឺន អំពីកប្បនេះ ខ្ញុំកើតជាស្តេចចក្រពត្តិព្រះនាមឧព្វិទ្ធៈ មានសមុទ្រទាំង ៤ ជាព្រំដែន ជាស្តេចឈ្នះលើផែនដី គ្រប់គ្រងផែនដី។ ក្នុងភទ្ទកប្បនេះ ខ្ញុំកើតជាស្តេចចក្រពត្តិមានកម្លាំងច្រើន អស់ ៣០ ដង ខ្ញុំបានប្រារព្ធនូវកម្មរបស់ខ្លួន (ប្រព្រឹត្តខ្ជាប់ដោយរាជធម៌ ១០)។ ខ្ញុំបរិបូណ៌ដោយកែវទាំង ៧ ជាឥស្សរៈក្នុងទ្វីបទាំង ៤ ប្រាសាទរបស់ខ្ញុំខ្ពស់ភ្លឺផ្លេកដូចផ្លេកបន្ទោរ ក្នុងរជ្ជកាលនៃស្តេចចក្រពត្តិនោះ។ ទីក្រុងឈ្មោះរម្មកៈ មានបណ្តោយ ២៤ យោជន៍ ទទឹង ១២ យោជន៍ មានកំពែង និងក្លោងទ្វារដ៏មាំ។ ឯកំពែងនោះ មានបណ្តោយ ៥០០ យោជន៍ មានទទឹង ២៥០ យោជន៍ កុះករដោយពួកជនទាំងឡាយ ដូចជាបុរីនៃទេវតាក្នុងជាន់ត្រៃត្រឹង្ស។ ម្ជុលមានចំនួន ២៥ ដែលគេយកទៅច្រកក្នុងបំពង់ម្ជុលពេញណែន រមែងកកិតដិតជាប់គ្នា យ៉ាងណាមិញ។ ទីក្រុងរបស់ខ្ញុំ កុះករដោយដំរី សេះ រថ ទីក្រុងនោះ ច្រើនដោយពួកមនុស្ស ជាក្រុងវិសេសគួរជាទីត្រេកអរ ក៏យ៉ាងនោះដែរ។ ខ្ញុំបរិភោគ (ភោជន) ផង ផឹកទឹកផង ក្នុងបុរីនោះ រួចហើយទៅកាន់អត្តភាពជាទេវតាទៀត ក្នុងបច្ឆិមភព ខ្ញុំបរិបូណ៌ដោយត្រកូលខ្ពង់ខ្ពស់។ ខ្ញុំកើតក្នុងត្រកូលព្រាហ្មណ៍ ជាអ្នកសម្បូណ៌ដោយរតនៈច្រើន បានលះបង់ហិរញ្ញៈចំនួន ៨០ កោដិ ហើយចេញបួស។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះមហាកស្សបត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មហាកស្សបត្ថេរាបទាន។

អនុរុទ្ធត្ថេរាបទាន ទី៦

(៣-៤. អនុរុទ្ធត្ថេរអបទានំ)

[៦] ខ្ញុំបានឃើញព្រះមានព្រះភាគ ទ្រង់ព្រះនាមសុមេធៈ ជាច្បងក្នុងលោក ជានរាសភៈ ជាលោកនាយក ទ្រង់ចេញចាកគណៈ ហើយគង់នៅតែមួយអង្គឯង។ ទើបខ្ញុំចូលទៅជិតព្រះសុមេធសម្ពុទ្ធ ជាលោកនាយក ហើយផ្គងអញ្ជលីអារាធនា ព្រះសម្ពុទ្ធដ៏ប្រសើរថា បពិត្រព្រះអង្គ ទ្រង់មានព្យាយាមធំ ជាច្បងក្នុងលោក ជានរាសភៈ សូមព្រះអង្គអនុគ្រោះ ខ្ញុំព្រះអង្គសូមថ្វាយប្រទីប ដល់ព្រះអង្គដែលទ្រង់ចម្រើនឈាន ក្បែរគល់ឈើ។ ព្រះសយម្ភូ ជាអ្នកប្រាជ្ញ ប្រសើរជាងពួកអ្នកប្រាជ្ញនោះ ទ្រង់បានទទួលហើយ ក្នុងវេលានោះ ខ្ញុំបានទម្លុះឈើទាំងឡាយ ដើម្បីប្រកបនូវប្រទីប។ មិនតែប៉ុណ្ណោះ ខ្ញុំបានថ្វាយប្រឆេះចង្កៀងមួយពាន់ ដល់ព្រះសម្ពុទ្ធជាលោកពន្ធុ ឯប្រទីបទាំងឡាយ ក៏ឆេះរុងរឿងឡើងអស់ ៧ ថ្ងៃ ហើយទើបរលត់ទៅវិញ។ លុះខ្ញុំលះរាងកាយជារបស់មនុស្សហើយ ទៅកើតក្នុងវិមាន (ឋានសួគ៌) ដោយចិត្តជ្រះថ្លានោះផង ដោយការតាំងចេតនានោះផង។ កាលដែលខ្ញុំទៅកើតជាទេវតាហើយ មានប្រាសាទដែលបុញ្ញកម្មតាក់តែងដោយល្អ ភ្លឺរុងរឿងដោយជុំវិញ នេះជាផលនៃការថ្វាយនូវប្រទីប។ ខ្ញុំកើតជាស្តេចចក្រពត្តិអស់ ២៨ ដង បានឃើញរូបចម្ងាយ ១ យោជន៍ជុំវិញ ទាំងថ្ងៃទាំងយប់ក្នុងកាលនោះ។ ខ្ញុំតែងធ្វើនូវទិសទាំងពួងចម្ងាយ ១ យោជន៍ដោយជុំវិញ ឲ្យភ្លឺរុងរឿងក្នុងកាលនោះ ខ្ញុំគ្របសង្កត់ទេវតាទាំងអស់ នេះជាផលនៃការថ្វាយប្រទីប។ ខ្ញុំជាធំជាងទេវតា បានសោយរាជ្យក្នុងពួកទេវតា អស់ ៣០ កប្ប ឥតមានពួកទេវតាណាមើលងាយខ្ញុំបានឡើយ នេះជាផលនៃការថ្វាយនូវប្រទីប។ ខ្ញុំបានសម្រេចទិព្វចក្ខុក្នុងសាសនានៃព្រះសាស្តា តែងឃើញលោកធាតុមួយពាន់ដោយញាណ នេះជាផលនៃការថ្វាយនូវប្រទីប។ ព្រោះតែខ្ញុំបានថ្វាយប្រទីបដោយចិត្តជ្រះថ្លា ដល់ព្រះសម្ពុទ្ធព្រះនាមសុមេធៈ ទ្រង់កើតក្នុងកាល ៣០ ពាន់កប្បនោះ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះអនុរុទ្ធត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អនុរុទ្ធត្ថេរាបទាន។

បុណ្ណមន្តានីបុត្តត្ថេរាបទាន ទី៧

(៣-៥. បុណ្ណមន្តាណិបុត្តត្ថេរអបទានំ)

[៧] ខ្ញុំជាអ្នកបង្រៀនមន្ត ចេះចាំមន្ត សម្រេចត្រៃវេទ មានពួកសិស្សចោមរោមហើយ បានចូលទៅគាល់ព្រះសម្មាសម្ពុទ្ធ ដ៏ប្រសើរជាងនរជន។ ព្រះមហាមុនី ព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវសត្វលោក ព្រះអង្គជាអ្នកគួរទទួលគ្រឿងបូជា បានសម្តែងនូវកម្មរបស់ខ្ញុំដោយសង្ខេប។ ខ្ញុំបានស្តាប់ធម៌នោះហើយ ក៏ផ្គងអញ្ជលីថ្វាយបង្គំព្រះសាស្តា ហើយបែរមុខឆ្ពោះទៅកាន់ទិសទក្សិណ ដើរចេញទៅ។ ខ្ញុំបានស្តាប់ដោយសង្ខេបទេ តែអាចសម្តែងដោយពិស្តារបាន ពួកសិស្សទាំងអស់ បានស្តាប់ភាសិតដែលខ្ញុំសម្តែង ក៏មានចិត្តរីករាយគ្រប់ៗ គ្នា។ ពួកសិស្សទាំងនោះ លះចោលនូវទិដ្ឋិរបស់ខ្លួនហើយ ធ្វើចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធ ខ្ញុំសម្តែងដោយសង្ខេបក៏បាន ដោយពិស្តារយ៉ាងនោះ ក៏បាន។ ខ្ញុំឈ្លាសវៃក្នុងន័យព្រះអភិធម្ម ឈ្លាសវៃក្នុងវិសុទ្ធិ ក្នុងកថាវត្ថុ ញុំាងជនជាបណ្ឌិតទាំងពួង ឲ្យត្រាស់ដឹង ទាំងជាអ្នកមិនមានអាសវៈ។ ក្នុងកប្បទី ៥០០ អំពីភទ្ទកប្បនេះទៅ ខ្ញុំកើតជាស្តេចចក្រពត្តិ ៤ ដង មានកេរ្តិ៍ឈ្មោះល្បីល្បាញទួទៅ បរិបូណ៌ដោយកែវទាំង ៧ ប្រការ ជាឥស្សរៈក្នុងទ្វីប ៤។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបុណ្ណមន្តានីបុត្តត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បុណ្ណមន្តានីបុត្តត្ថេរាបទាន។

ឧបាលិត្ថេរាបទាន ទី៨

(៣-៦. ឧបាលិត្ថេរអបទានំ)

[៨] ខ្ញុំកើតជាព្រាហ្មណ៍ ឈ្មោះសុជាត ក្នុងក្រុងហង្សវតី ជាអ្នកសន្សំនូវទ្រព្យសម្បត្តិ ចំនួន ៨០ កោដិ មានទ្រព្យ និងស្រូវជាច្រើន។ ខ្ញុំជាអ្នកបង្រៀនមន្ត ចេះចាំមន្ត សម្រេចត្រៃវេទ ដល់នូវត្រើយក្នុងធម៌របស់ខ្លួន គឺក្បួនទាយលក្ខណៈ និងក្បួនឈ្មោះឥសិហាសៈ។ ក្នុងគ្រានោះ ពួកបរិញ្វជក អ្នកមានផ្នួងសក់មួយ ពួកពុទ្ធសាវ័ករបស់ព្រះគោតម និងពួកតាបសអ្នកប្រព្រឹត្តតបៈ តែងនាំគ្នាត្រាច់ទៅលើផែនដី។ ពួកទាំងនោះ តែងចោមរោមខ្ញុំ ពួកជនជាច្រើនតែងបូជាខ្ញុំ ដោយសំគាល់ថាជាព្រាហ្មណ៍មានកិត្តិស័ព្ទល្បីល្បាញ ខ្ញុំមិនបូជាជនណាមួយ។ វេលានោះ ខ្ញុំជាមនុស្សរឹងត្អឹងដោយមានះ មិនឃើញបុគ្គលគួរបូជា ទាំងពាក្យថាព្រះពុទ្ធ ក៏មិនដែលមាន ព្រោះព្រះជិនស្រី ទ្រង់មិនទាន់កើតឡើងនៅឡើយ។ លុះកន្លងថ្ងៃ និងយប់ទៅ ព្រះពុទ្ធទ្រង់ព្រះនាមបទុមុត្តរៈ ទ្រង់មានបញ្ញាចក្ខុ កម្ចាត់បង់នូវងងឹតទាំងពួង ទ្រង់កើតឡើងក្នុងលោក។ កាលបើពួកជនជាអ្នកប្រាជ្ញ មានចំនួនច្រើនផ្សាយទៅផង សាសនារីកក្រាស់ក្រែលផង គ្រានោះ ព្រះសម្ពុទ្ធស្តេចចូលទៅកាន់ក្រុងហង្សវតី។ ព្រះពុទ្ធមានបញ្ញាចក្ខុនោះ ទ្រង់សម្តែងធម៌ដើម្បីប្រយោជន៍ដល់ព្រះបិតាក្នុងវេលានោះ ពួកបរិស័ទប្រមាណមួយយោជន៍ ដោយជុំវិញ (មកគាល់ព្រះអង្គ) តាមកាលដ៏គួរនោះ។ គ្រានោះ តាបសឈ្មោះ សុនន្ទៈ ដែលពួកមនុស្សរាប់អាន បានបិទបាំងពុទ្ធបរិស័ទទាំងអស់ ដោយផ្កាទាំងឡាយ។ កាលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសសច្ចៈទាំង ៤ ក្នុងមណ្ឌបដ៏ហើយដោយផ្កាដ៏ប្រសើរ ពួកបរិស័ទមួយសែនកោដិ ក៏បានសម្រេចធម្មាភិសម័យ។ ព្រះសម្ពុទ្ធ ទ្រង់បង្អុរភ្លៀងគឺព្រះធម៌ អស់ ៧ យប់ ៧ ថ្ងៃ លុះដល់ថ្ងៃទី ៨ ព្រះជិនស្រី ក៏ទ្រង់បានទំនាយនូវតាបសឈ្មោះសុនន្ទៈថា សុនន្ទតាបសនេះ កាលអន្ទោលទៅក្នុងភពគឺទេវលោក ឬមនុស្សលោក នឹងបានជាអ្នកប្រសើរជាងទេវតា ទាំងជាងមនុស្សទាំងអស់ នឹងអន្ទោលទៅក្នុងភពទាំងឡាយ។ លុះដល់រវាងមួយសែនកប្ប នឹងមានព្រះសម្ពុទ្ធព្រះនាមគោតម កើតឡើងក្នុងត្រកូលឱក្កាកៈ នឹងបានជាសាស្តាក្នុងលោក។ សុនន្ទតាបសនេះ នឹងបានជាទាយាទក្នុងធម៌ ជាឱរស ជាធម្មនិម្មិត ជាសាវ័កឈ្មោះបុណ្ណៈ ជាបុត្តនៃនាងមន្តានី របស់ព្រះសាស្តានោះ។ លុះព្រះសម្ពុទ្ធបានព្យាករសុនន្ទតាបសយ៉ា់ងនេះហើយ បានញុំាងជនទាំងពួងឲ្យរីករាយ ទ្រង់សម្តែងតាមកម្លាំងរបស់ព្រះអង្គ។ វេលានោះ ពួកបរិស័ទបានប្រណមអញ្ជលីនមស្ការចំពោះសុនន្ទតាបស សុនន្ទតាបស ក៏ធ្វើសក្ការបូជាចំពោះព្រះសម្ពុទ្ធ រួចហើយទើបធ្វើគតិរបស់ខ្លួនឲ្យស្អាត។ ខ្ញុំបានស្តាប់ព្រះពុទ្ធដីកា របស់ព្រះមុនី (ព្រះនាមបទុមុត្តរៈ) ក៏មានបំណងក្នុងវេលានោះថា អាត្មាអញ នឹងបានឃើញព្រះគោតមយ៉ាងណា នឹងធ្វើសក្ការបូជាយ៉ាងនោះ។ លុះខ្ញុំគិតយ៉ាងនេះរួចហើយ ទើបគិតរកបុញ្ញកិរិយាវត្ថុ ដែលខ្ញុំគួរធ្វើថា អាត្មាអញនឹងប្រព្រឹត្តអំពើអ្វីហ្ន៎ ក្នុងបុញ្ញក្ខេត្តដ៏ប្រសើរ។ ឯភិក្ខុជាអ្នកសូត្រអង្គនេះ ព្រះនាមព្រះភាគបានតាំងថា ជាអ្នកប្រសើរខាងព្រះវិន័យ ជាងភិក្ខុអ្នកសូត្រទាំងពួងក្នុងសាសនា ដូច្នេះ អាត្មាអញ នឹងប្រាថ្នាយកតំណែងនោះ។ ទ្រព្យរបស់អាត្មាអញនេះ ច្រើនណាស់ រាប់មិនអស់ ឧបមាដូចសាគរ បុគ្គលមិនអាចនឹងឲ្យញាប់ញ័របានឡើយ ហេតុនេះ អាត្មាអញ គួរសាងអារាមថ្វាយព្រះសម្ពុទ្ធដោយទ្រព្យនោះ។ ខ្ញុំបានសាងអារាមមួយ ឈ្មោះសោភនៈ នៅខាងមុខទីក្រុង ឲ្យជាអារាមសម្រាប់សង្ឃ អស់ចំនួនមួយសែនកហាបណៈ។ ខ្ញុំបានសាងផ្ទះមានកំពូលផង ប្រាសាទវែងផង មណ្ឌបផង ប្រាសាទមានដំបូលរលីងផង គុហាផង ទីចង្រ្កមដ៏ល្អផង ក្នុងអារាមរបស់សង្ឃ។ មួយទៀត ខ្ញុំបានសាងរោងកម្តៅកាយ រោងភ្លើង រោងទឹក បន្ទប់សម្រាប់ស្រង់ទឹក ថ្វាយចំពោះព្រះភិក្ខុសង្ឃ។ ខ្ញុំបានថ្វាយជើងម៉ា តាំង គ្រឿងប្រើប្រាស់ ភាជន៍ ភេសជ្ជៈ ទាំងអស់នុ៎ះ សម្រាប់អារាម។ ខ្ញុំបានតម្កល់ទុកបុគ្គលអ្នករក្សា ឲ្យគេធ្វើកំពែងយ៉ាងមាំ (ការពារ) កុំឲ្យមានសត្រូវណាមួយ មកបៀតបៀនព្រះអង្គ ទ្រង់ជាតាទិបុគ្គល មានព្រះហឫទ័យស្ងប់រម្ងាប់។ ខ្ញុំបានឲ្យគេសាងអាវាស ជាអារាមសម្រាប់សង្ឃ អស់ចំនួនទ្រព្យមួយសែន លុះសាងអារាមមានសភាពស្តុកស្តម្ភរួចហើយ ក៏បានបង្អោនថ្វាយដល់ព្រះសម្មាសម្ពុទ្ធថា បពិត្រព្រះមុនី អារាមខ្ញុំបានឲ្យគេសាងស្រេចហើយ សូមព្រះអង្គទទួលយក បពិត្រព្រះធីរៈ ខ្ញុំព្រះអង្គ នឹងថ្វាយទានចំពោះព្រះអង្គ បពិត្រព្រះអង្គមានចក្ខុ សូមព្រះអង្គទ្រង់ទទួលនិមន្ត។ ព្រះលោកនាយក ព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវសត្វលោក ទ្រង់គួរទទួលយកនូវគ្រឿងបូជា ទ្រង់ទទួលនិមន្តហើយ ព្រោះទ្រង់ជ្រាបនូវបំណងរបស់ខ្ញុំ។ លុះខ្ញុំបានដឹងថា ព្រះអង្គទ្រង់ទទួលនិមន្តហើយ ទើបចាត់ចែងនូវភោជនាហារ បម្រុងថ្វាយដល់ព្រះសព្វញ្ញូ ទ្រង់ស្វែងរកគុណដ៏ធំ រួចហើយទើបក្រាបទូលភត្តកាល។ លុះខ្ញុំក្រាបទូលនូវភត្តកាលរួចហើយ ទើបព្រះលោកនាយក ព្រះនាមបទុមុត្តរៈ ស្តេចមកកាន់អារាមរបស់ខ្ញុំ (មួយអន្លើ) ដោយព្រះខីណាស្រព ប្រមាណមួយពាន់អង្គ។ ខ្ញុំដឹងនូវវេលាដែលព្រះអង្គ ទ្រង់គង់ស៊ប់ហើយ ក៏បានញុំាងព្រះអង្គ ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយ និងទឹក លុះខ្ញុំដឹងនូវវេលាដែលព្រះអង្គសោយស្រេចហើយ ទើបក្រាបបង្គំទូលនូវពាក្យនេះថា បពិត្រព្រះមហាមុនី ខ្ញុំព្រះអង្គបានជាវទីដី អស់តម្លៃមួយសែនកហាបណៈ បានឲ្យគេសាងអារាម ឈ្មោះសោភនៈ ដោយតម្លៃកហាបណៈប៉ុណ្ណេះដែរ សូមព្រះអង្គទ្រង់ទទួល។ ដោយការថ្វាយភូមិនេះផង ដោយការតម្កល់ចេតនាទាំងនេះផង ខ្ញុំព្រះអង្គកាលទៅកើតក្នុងភព (ណាៗ) សូមឲ្យបានសម្រេច តាមដែលខ្ញុំព្រះអង្គប្រាថ្នា។

ព្រះសម្ពុទ្ធទ្រង់បានទទួលសង្ឃារាម ដែលខ្ញុំបានសាងល្អហើយ ព្រះអង្គគង់កណ្តាលនៃជំនុំភិក្ខុសង្ឃ ហើយទ្រង់ត្រាស់នូវព្រះពុទ្ធដីកានេះថា បុគ្គលណា បានថ្វាយសង្ឃារាម ដែលខ្លួនបានសាងល្អហើយ ដល់ព្រះពុទ្ធ តថាគតនឹងព្យាករបុគ្គលនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ សេនាមានអង្គ ៤ គឺ ដំរី សេះ រថ ពលថ្មើរជើង រមែងចោមបុគ្គលនេះជានិច្ច នេះជាផលនៃសង្ឃារាម។ តូរ្យតន្ត្រី ៦០ ពាន់ និងស្គរ ប្រដាប់ល្អហើយ រមែងចោមរោមបុគ្គលនេះជានិច្ច នេះជាផលនៃសង្ឃារាម។ ពួកនារីចំនួន ៨៦ ពាន់ ស្អិតស្អាងល្អហើយ សឹងស្លៀកសំពត់ និងគ្រឿងអាភរណៈដ៏វិចិត្រ ពាក់កុណ្ឌល ជាវិការៈនៃកែវមណី។ (នារីទាំងនោះ) មានមុខស្រស់រីករាយ មានសរីរៈល្អ មានចង្កេះរៀវ រមែងចោមរោមបុគ្គលនេះជានិច្ច នេះផលនៃសង្ឃារាម។ បុគ្គលនេះ នឹងត្រេកអរក្នុងទេវលោក អស់ ៣០ ពាន់កប្ប បានជាធំជាងទេវតា សោយទេវរាជ្យ អស់ចំនួនមួយពាន់ដង។ នឹងបានសម្បត្តិទាំងពួង ដែលទេវរាជគប្បីបាន ជាអ្នកមានភោគៈមិនខ្វះខាត ហើយសោយរាជ្យក្នុងឋានទេវលោក។ នឹងបានជាស្តេចចក្រពត្តិក្នុងដែន អស់មួយពាន់ដង នឹងបានជាស្តេចផែនដីដ៏ស្តុកស្តម្ភ គណនារាប់មិនបាន។ លុះដល់មួយសែនកប្បទៀត ព្រះគោតមបរមគ្រូ កើតក្នុងត្រកូលឱក្កាកៈ នឹងបានជាសាស្តាក្នុងលោក។ បុគ្គលនេះ នឹងបានជាឱរស ជាទាយាទក្នុងធម៌ ជាធម្មនិម្មិត មាននាមថា ឧបាលិ នឹងបានជាសាវ័កនៃព្រះសាស្តាអង្គនោះ។ នឹងដល់នូវត្រើយក្នុងព្រះវិន័យផង ឈ្លាសវៃក្នុងហេតុ និងមិនមែនហេតុផង ទ្រទ្រង់នូវសាសនារបស់ព្រះជិនស្រី ទាំងជាបុគ្គលមិនមានអាសវៈ។ ព្រះគោតមជាបុគ្គលប្រសើរ ក្នុងសក្យត្រកូល ទ្រង់ជ្រាបដំណើរនុ៎ះសព្វគ្រប់ហើយ ទ្រង់គង់ក្នុងកណ្តាលនៃភិក្ខុសង្ឃ ហើយនឹងតាំងឧបាលិនុ៎ះ ក្នុងឋានៈជាឯតទគ្គៈ។

ខ្ញុំប្រាថ្នានូវសាសនា គឺពាក្យប្រៀនប្រដៅរបស់ព្រះអង្គ អាស្រ័យនូវកប្បរាប់មិនបាន ប្រយោជន៍គឺការអស់ទៅនៃសញ្ញោជនៈទាំងពួងនោះ ខ្ញុំក៏បានសម្រេចហើយ។ បុរសជាប់ក្នុងដែកអណ្តោត ត្រូវរាជទណ្ឌគម្រាមហើយ មិនបានស្រួលក្នុងដែកអណ្តោត ប្រាថ្នាចង់ឲ្យរួចវិញ ដូចម្តេចមិញ។ បពិត្រព្រះអង្គ មានព្យាយាមធំ ខ្ញុំព្រះអង្គត្រូវអាជ្ញាគឺភពគម្រាមហើយ ជាប់នៅហើយ ក្នុងដែកអណ្តោត គឺកម្ម ឋិតនៅហើយ ដោយកម្លាំងវេទនា គឺសេចក្តីស្រេកឃ្លាន។ មិនបានស្រួលក្នុងភព ក្តៅក្រហាយដោយភ្លើងទាំង ៣ ស្វែងរកឧបាយដើម្បីនឹងរួចស្រឡះ ដូចបុរសដែលប្រាថ្នាដើម្បីរួចចាករាជទណ្ឌ យ៉ាងនោះ។ មួយទៀត បុរសអ្នកក្លៀវក្លា ត្រូវពិសបៀតបៀនហើយ គេក៏គប្បីស្វែងរកនូវឱសថ ជាឧបាយដើម្បីបន្សាបនូវពិស។ កាលស្វែងរក ក៏បានឃើញនូវឱសថ ដែលជាគ្រឿងបន្សាបនូវពិស ក៏ផឹកនូវឱសថនោះ ហើយក៏បានសេចក្តីសុខ ព្រោះរួចផុតអំពីពិស យ៉ាងណាមិញ។ បពិត្រព្រះអង្គមានព្យាយាមដ៏ធំ ខ្ញុំព្រះអង្គ ក៏ដូចជាជនអ្នកលង់នៅក្នុងពិស ត្រូវអវិជ្ជាបៀតបៀនហើយ បានស្វែងរកឱសថគឺព្រះសទ្ធម្ម។ កាលស្វែងរកឱសថគឺធម៌ ក៏ប្រទះនូវសាសនារបស់ព្រះសក្យមុនីសម្ពុទ្ធ ជាឱសថគឺសច្ចៈ ដ៏ប្រសើរបំផុត ជាថ្នាំសម្រាប់បន្ទោបង់នូវសរទាំងពួង។ ខ្ញុំព្រះអង្គ បានផឹកឱសថគឺធម៌ ហើយដកនូវពិសទាំងពួងចោលចេញ ក៏បានឃើញព្រះនិញ្វន ជាគុណឥតមានចាស់ស្លាប់ មានសភាពត្រជាក់ ក៏យ៉ាងនោះដែរ។ បុរសត្រូវខ្មោចគម្រាមហើយ ត្រូវគ្រោះថ្នាក់គឺខ្មោចបៀតបៀនហើយ គប្បីស្វែងរកពេទ្យសម្រាប់ចាប់ខ្មោច ដើម្បីឲ្យរួចផុតអំពីខ្មោច។ បុរសនោះ កំពុងតែស្វែងរក ក៏បានឃើញបុគ្គល អ្នកឈ្លាសវៃក្នុងវិជ្ជាចាប់ខ្មោច បុគ្គលនោះ ក៏បានបំបរបង់ខ្មោច ព្រមទាំងធ្វើឫសគល់ឲ្យវិនាស អំពីបុរសនោះចេញ យ៉ាងណាមិញ។ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំព្រះអង្គត្រូវគ្រោះថ្នាក់គឺងងឹតបៀតបៀនហើយ ក៏ខំស្វែងរកពន្លឺគឺញាណ ដើម្បីឲ្យផុតអំពីងងឹត ក៏បានប្រទះឃើញព្រះសក្យមុនី ទ្រង់ជម្រះងងឹត គឺកិលេសរួចហើយ ព្រះអង្គទ្រង់កម្ចាត់ងងឹតរបស់ខ្ញុំព្រះអង្គ ដូចជាពេទ្យចាប់ខ្មោច បានបណ្តេញបង់នូវខ្មោចចេញ។ ខ្ញុំព្រះអង្គបានផ្តាច់បង់នូវខ្សែគឺសង្សារ ហាមឃាត់នូវខ្សែ គឺតណ្ហា ដកចោលនូវភពទាំងអស់ ប្រៀបដូចពេទ្យចាប់ខ្មោច (បៀតបៀនខ្មោច) ឲ្យអស់ឫសគល់ ក៏យ៉ាងនោះដែរ។ សត្វគ្រុឌ ឆាបយកពួកនាគ ជាចំណីរបស់ខ្លួន ធ្វើមហាស្រះទំហំ ១០០ យោជន៍ ដោយជុំវិញ ឲ្យរំភើបញាប់ញ័រ។ លុះគ្រុឌនោះឆាបយកនាគ ធ្វើឲ្យមានក្បាលចុះក្រោម ឲ្យបានសេចក្តីលំបាក ហើយនាំយកទៅកាន់ទីតាមសេចក្តីប្រាថ្នារបស់ខ្លួន យ៉ាងណាមិញ។ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំព្រះអង្គ មានកម្លាំងខ្លាំងដូចគ្រុឌ ខ្ញុំព្រះអង្គកំពុងស្វែងរកអសង្ខតធម៌ គឺព្រះនិញ្វន ហើយបានខ្ជាក់ទោសចោលចេញអស់ហើយ។ ខ្ញុំព្រះអង្គ បានឃើញព្រះធម៌ដ៏ប្រសើរ ជាចំណែកនៃសេចក្តីស្ងប់រម្ងាប់ មិនមានគុណជាតដទៃប្រសើរលើស ហើយកាន់យកនូវធម៌នោះ ដូចគ្រុឌឆាបយកនាគ ក៏យ៉ាងនោះដែរ។ វល្លិ ឈ្មោះអាសាវតី កើតក្នុងចិត្តលតាវ័ន កន្លងទៅមួយពាន់ឆ្នាំ វល្លិនោះក៏កើតផ្លែមួយឡើង។ ពួកទេវតា (ក្នុងឋានតាវត្តឹង្ស) តែងនាំគ្នាចូលទៅអង្គុយជិតវល្លិនោះ ដែលមានផ្លែយូរៗ ម្តង តាមពិត វល្លិឈ្មោះអាសាវតីនោះ មានផ្លែដ៏ឧត្តម ជាទីពេញចិត្តរបស់ពួកទេវតាយ៉ាងនេះ។ ចំណែកខាងខ្ញុំព្រះអង្គ ខំបម្រើព្រះមុនីអង្គនោះរាប់សែនកប្ប (ប៉ុណ្ណោះ) តែងនមស្ការរាល់ព្រឹកល្ងាច ដូចជាពួកទេវតា តែងចូលទៅអង្គុយជិតវល្លិអាសាវតី។ ការបម្រើ (របស់ខ្ញុំព្រះអង្គ) មិនឥតអំពើ ទាំងការនមស្ការ ក៏មិនជាមោឃៈ ពុទ្ធុប្បាទក្ខណៈ ក៏មិនបានប្រព្រឹត្តកន្លងនូវខ្ញុំព្រះអង្គ អស់កាលជាយូរអង្វែង។ ឥឡូវនេះ ខ្ញុំព្រះអង្គត្រិះរិះទៅមិនឃើញបដិសន្ធិ ក្នុងភពថ្មីទៀតទេ ខ្ញុំព្រះអង្គ មិនមានឧបធិក្កិលេស រួចស្រឡះចាកសង្សារ មានចិត្តស្ងប់រម្ងាប់។ ធម្មតាផ្កាឈូក តែងរីកដោយសាររស្មីនៃព្រះអាទិត្យ យ៉ា់ងណាមិញ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំព្រះអង្គបានរីកដោយសាររស្មីព្រះពុទ្ធ ១ក៏យ៉ាងនោះដែរ។ កំណើតកុកស មិនមានឈ្មោលសព្វៗ កាលទេ កាលបើមេឃគម្រាម (ផ្គរលាន់) កុកទាំងនោះ ក៏កាន់យកនូវគភ៌សព្វៗ កាល។ កុកទាំងនោះ ទ្រទ្រង់គភ៌អស់កាលដ៏យូរ ដរាបទាល់តែមេឃលែងគម្រាម ទាល់តែមេឃបង្អុរភ្លៀង ទើបកុកទាំងនោះរួចផុតចាកភារៈ យ៉ាងណាមិញ។ កាលព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់គម្រាមដោយមេឃគឺធម៌ ខ្ញុំព្រះអង្គបានកាន់យកនូវគភ៌គឺធម៌ ដោយសម្លេងនៃមេឃគឺធម៌។ ខ្ញុំព្រះអង្គទ្រទ្រង់នូវគភ៌ គឺបុណ្យរាប់សែនកប្ប មេឃគឺធម៌មិនគម្រាម (ដរាបណា) ខ្ញុំក៏មិនបានរួចចាកភារៈធ្ងន់ (ដរាបនោះ)។ បពិត្រព្រះសក្យមុនី ពេលណាព្រះអង្គទ្រង់គម្រាមដោយមេឃគឺធម៌ ក្នុងក្រុងកបិលព័ស្តុ ដែលជាទីត្រេកអរ ខ្ញុំព្រះអង្គក៏បានរួចចាកភារៈដ៏ធ្ងន់យ៉ាងនោះដែរ។ ខ្ញុំព្រះអង្គ (បានទាំងធ្វើឲ្យជាក់ច្បាស់) នូវសុញ្ញតវិមោក្ខផង អនិមិត្តវិមោក្ខផង អប្បណិហិតវិមោក្ខផង ត្រាស់ដឹងនូវធម៌ទាំងពួង គឺផលទាំង ៤ ផង ទម្លាយនូវធម៌គឺបណ្តាញនោះផង។

ចប់ ទុតិយភាណវារៈ។

ខ្ញុំព្រះអង្គ ប្រាថ្នានូវសាសនារបស់ព្រះអង្គ រាប់កប្បប្រមាណមិនបាន ប្រយោជន៍គឺចំណែកនៃសេចក្តីស្ងប់ដ៏ប្រសើរបំផុត ខ្ញុំព្រះអង្គបានសម្រេចហើយ។ ខ្ញុំព្រះអង្គដល់នូវត្រើយក្នុងព្រះវិន័យ ដូចភិក្ខុអ្នកស្វែងរកនូវគុណ អ្នកសូត្រ (ក្នុងជំនាន់សាសនាព្រះពុទ្ធ ព្រះនាមបទុមុត្តរៈនោះដែរ) ភិក្ខុជាអ្នកមានគុណស្មើនឹងខ្ញុំព្រះអង្គ មិនមានឡើយ ខ្ញុំព្រះអង្គទ្រទ្រង់សាសនា។ សេចក្តីសង្ស័យរបស់ខ្ញុំព្រះអង្គ ក្នុងវិន័យនុ៎ះផង ក្នុងខន្ធកវិន័យផង ក្នុងតិកច្ឆេទផង ក្នុងបញ្ចកៈផង សូម្បីតែអក្ខរៈមួយ ឬក៏ព្យញ្ជនៈមួយ មិនមានឡើយ។ ខ្ញុំព្រះអង្គដល់នូវត្រើយក្នុងព្រះវិន័យទាំងពួង វាងវៃក្នុងការសង្កត់សង្កិនភិក្ខុបាបផង ក្នុងបដិកម្ម គឺការសម្តែងអាបត្តិផង ក្នុងហេតុដ៏គួរ និងមិនគួរផង ក្នុងឱសារណកម្ម គឺហៅភិក្ខុចូលកាន់ទីប្រជុំសង្ឃ ក្នុងកាលញុំាងភិក្ខុឲ្យចេញចាកអាបត្តិផង។ ខ្ញុំព្រះអង្គបានរៀបទុកដាក់នូវចំណែកក្នុងវិន័យផង ក្នុងខន្ធកៈផង ក្នុងឧភតោវិភង្គផង ហើយគប្បីឲ្យប្រជុំចុះដោយកិច្ចបាន។ ខ្ញុំព្រះអង្គ ជាអ្នកឈ្លាសវៃក្នុងវោហារផង វាងវៃក្នុងហេតុចម្រើន និងហេតុមិនចម្រើនផង សភាពដែលខ្ញុំព្រះអង្គ មិនចេះដឹង (នោះ) មិនមានឡើយ ខ្ញុំព្រះអង្គជាភិក្ខុខ្ពស់ឯក ក្នុងសាសនារបស់ព្រះសាស្តា។ ក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គជាបុគ្គលយល់រូប ក្នុងសាសនានៃព្រះពុទ្ធជាសក្យបុត្ត ហើយបន្ទោបង់នូវកង្ខាទាំងពួង កាត់បង់នូវសង្ស័យទាំងអស់បាន។ ខ្ញុំព្រះអង្គ (ដឹងច្បាស់) នូវបទផង អនុបទផង អក្ខរៈផង ព្យញ្ជនៈផង ឈ្លាសវៃក្នុងហេតុសព្វអន្លើ គឺហេតុជាទីតាំង (ខាងដើម) និងហេតុជាទីតាំងខាងចុង (នៃសិក្ខាបទ)។ ព្រះរាជាមានកម្លាំង ទ្រង់សង្កត់សង្កិននូវពួកសេ្តចជាសត្រូវ លុះទ្រង់ឈ្នះសង្គ្រាមហើយ ទើបសាងទីក្រុង ក្នុងដែនដែលទ្រង់ឈ្នះហើយនោះ។ ទ្រង់ឲ្យជាងធ្វើកំពែង ស្នាមភ្លោះ សសរខឿន ក្លោងទ្វារ និងប៉មទាំងឡាយផ្សេងៗ ជាច្រើន ក្នុងនគរ។ ទ្រង់ឲ្យជាងធ្វើនូវផ្លូវត្រឡែងកែង ផ្លូវថ្នល់ រានផ្សារជាចន្លោះ ដែលតាក់តែងល្អ ព្រមទាំងសភាសម្រាប់វិនិច្ឆ័យនូវសេចក្តីចម្រើន និងសេចក្តីមិនចម្រើន ក្នុងនគរនោះ។ ព្រះរាជាអង្គនោះ ទ្រង់តាំងសេនាមាត្យដើម្បីឲ្យសង្កត់សង្កិននូវពួកសត្រូវ ឲ្យស្គាល់ទោស និងមិនមែនទោស ដើម្បីរក្សានូវពួកពល។ ព្រះរាជាអង្គនោះ ទ្រង់តាំងបុរសអ្នករក្សានូវភណ្ឌៈ ជាអ្នកឈ្លាសវៃក្នុងការទុកដាក់ដើម្បីប្រយោជន៍រក្សានូវភណ្ឌៈ ដោយព្រះរាជបំណងថា កុំឲ្យភណ្ឌៈរបស់អាត្មាអញ វិនាសទៅបានឡើយ។ បុរសនោះជាអ្នកមានចិត្តស្វាមីភក្តិ ចំពោះព្រះរាជា ព្រោះព្រះរាជា ប្រាថ្នាការចម្រើនដល់បុរសណា ទ្រង់ក៏ព្រះរាជទាននូវឥស្សរៈ ក្នុងការវិនិច្ឆ័យអធិករណ៍ ដល់បុរសនោះ ដើម្បីប្រតិបត្តិ កុំឲ្យបែកមិត្ត។ ព្រះរាជានោះ ទ្រង់តាំងបុរសអ្នកវាងវៃ ក្នុងឧប្បាទហេតុទាំងឡាយផង ក្នុងនិមិត្តទាំងឡាយផង ក្នុងលក្ខណៈទាំងឡាយផង ជាអ្នកបង្រៀនមន្ត ចេះចាំមន្ត ក្នុងឋានៈជាបុរោហិត។ ព្រះរាជាបរិបូណ៌ដោយអង្គទាំងឡាយនុ៎ះហើយ ទើបហៅថាក្សត្រិយ៍ បុរសទាំងនោះ តែងរក្សាព្រះរាជានោះ សព្វៗ កាល ដូចសត្វចាក្រពាក រក្សាក្រុមញាតិ ដែលដល់សេចក្តីទុក្ខ។ បពិត្រព្រះអង្គ មានព្យាយាមធំ អ្នកផងតែងហៅព្រះអង្គថា ធម្មរាជរបស់សត្វលោក ព្រមទាំងទេវលោក ដូចក្សត្រិយ៍ដែលកម្ចាត់សត្រូវហើយ ដូច្នោះដែរ។ ព្រះធម្មរាជនោះ ទ្រង់ញាំញីនូវពួកតិរ្ថិយទាំងឡាយផង នូវមារព្រមទាំងសេនាផង ទ្រង់ទម្លាយមោហន្ធការដ៏ងងឹត រួចហើយកសាងធម្មនគរ។ បពិត្រព្រះអង្គមានបញ្ញាជាគ្រឿងទ្រទ្រង់ ឯក្នុងធម្មនគរនោះ មានសីលជាកំពែង មានញាណរបស់ព្រះអង្គជាក្លោងទ្វារ មានសទ្ធារបស់ព្រះអង្គ ជាសសរខឿន មានការសង្រួមជានាយឆ្មំាទ្វារ។ បពិត្រព្រះមុនី សតិប្បដ្ឋានជាប៉ម បញ្ញារបស់ព្រះអង្គជាផ្លូវថ្នល់ ឥទ្ធិបាទជាផ្លូវត្រឡែងកែង ថ្នល់គឺពោធិបក្ខិយធម៌ទាំង ៣៧ ព្រះអង្គទ្រង់និមិ្មតទុកល្អហើយ។ ព្រះសូត្រ ព្រះអភិធម្ម និងព្រះវិន័យ ពុទ្ធវចនៈមានអង្គ ៩ ទាំងអស់នុ៎ះ ជាធម្មសភារបស់ព្រះអង្គ។ សុញ្ញតវិហារ អនិមិត្តវិហារ អប្បណិហិតវិហារ ការមិនមានតណ្ហា ជាគ្រឿងញាប់ញ័រ និងការរំលត់ទុក្ខ នេះជាធម្មកុដិរបស់ព្រះអង្គ។ ព្រះថេរៈជាបុគ្គលប្រសើរខាងប្រាជ្ញា ដែលព្រះអង្គតាំងទុកហើយ ជាអ្នកវាងវៃក្នុងប្រាជ្ញា មានឈ្មោះថាសារីបុត្ត ជាធម្មសេនាបតីរបស់ព្រះអង្គ។ បពិត្រព្រះមុនី ព្រះថេរៈដែលឈ្លាសវៃក្នុងចុតូបបាតញ្ញាណ គឺប្រាជ្ញាដែលដឹងនូវចុតិ និងបដិសន្ធិរបស់សត្វ ដល់នូវត្រើយនៃឫទ្ធិ មានឈ្មោះថា កោលិត ជាបុរោហិតរបស់ព្រះអង្គ។ បពិត្រព្រះមុនី ព្រះថេរៈឈ្មោះកស្សប អ្នកទ្រទ្រង់វង្សបុរាណ មានតេជះដ៏ខ្ពង់ខ្ពស់ ដែលគេគ្របសង្កត់បានដោយក្រ ប្រសើរក្នុងគុណ មានការកម្ចាត់បង់នូវទោសជាដើម គឺទ្រទ្រង់ធុតង្គទាំង ១៣ ជាអ្នកសម្រាប់ពិភាក្សារបស់ព្រះអង្គ។ បពិត្រព្រះមុនី ព្រះថេរៈជាពហូស្សុត អ្នកទ្រទ្រង់ធម៌ ចេះចាំពុទ្ធវចនៈទាំងអស់ក្នុងសាសនា មាននាមថាអានន្ទ ជាអ្នករក្សាធម៌របស់ព្រះអង្គ។ ព្រះមានព្រះភាគរបស់ខ្ញុំ ជាអ្នកស្វែងរកគុណដ៏ធំ ទ្រង់ប្រទានការវិនិច្ឆ័យក្នុងវិន័យ ដែលវិញ្ញុភិក្ខុទាំងឡាយ សម្តែងហើយដល់ខ្ញុំព្រះអង្គ រំលងព្រះថេរៈទាំងអស់នុ៎ះ។ ពុទ្ធសាវ័កណាមួយ សួរបញ្ហាក្នុងវិន័យ (នឹងខ្ញុំព្រះអង្គ) ខ្ញុំព្រះអង្គមិនបាច់គិតក្នុងបញ្ហានោះទេ ខ្ញុំព្រះអង្គប្រាប់សេចក្តីនោះតែម្តង។ ពុទ្ធក្ខេត្ត កំណត់ត្រឹមណា វៀរលែងតែព្រះមហាមុនីចេញ មិនមានភិក្ខុណា នឹងស្មើដោយខ្ញុំព្រះអង្គក្នុងវិន័យ តើនឹងមានភិក្ខុប្រសើរលើសខ្ញុំព្រះអង្គពីណា។ ព្រះគោតមទ្រង់គង់ក្នុងកណ្តាលជំនុំភិក្ខុសង្ឃ ហើយទ្រង់ប្រកាសយ៉ាងនេះថា ភិក្ខុណាមួយជាអ្នកស្មើដោយឧបាលិ ក្នុងវិន័យ និងខន្ធកៈ មិនមានឡើយ។ សត្ថុសាសនាមានអង្គ ៩ ដែលព្រះអង្គសម្តែងហើយ ទាំងអម្បាលមាណ ខ្ញុំព្រះអង្គជាអ្នកឃើញឫសគល់របស់វិន័យ (កាត់បង់) នូវសេចក្តីជាប់ចំពាក់ទាំងពួង ដែលព្រះអង្គសម្តែងហើយក្នុងវិន័យ។ ព្រះគោតមជាបុគ្គលប្រសើរ ក្នុងសក្យត្រកូល ទ្រង់រំលឹកឃើញនូវអំពើរបស់ខ្ញុំ ហើយគង់ក្នុងភិក្ខុសង្ឃ ទ្រង់តម្កល់ខ្ញុំក្នុងទីជាឯតទគ្គៈ។ ខ្ញុំបានប្រាថ្នាយកនូវតំណែងនេះ រាប់សែនកប្បមកហើយ ឥឡូវនេះ ប្រយោជន៍នោះ ខ្ញុំបានសម្រេចហើយ ខ្ញុំបានដល់នូវត្រើយ ក្នុងព្រះវិន័យហើយ។ កាលពីដើម ខ្ញុំជានាយខ្មាន់ព្រះកេស ជាអ្នកបណ្តុះសេចក្តីត្រេកអរ ដល់ពួកសក្យៈ លះបង់កំណើតនោះចោលចេញ បានមកជាបុត្តរបស់ព្រះមហេសីសម្ពុទ្ធវិញ។ ក្នុងកប្បទី ២ រាប់អំពីភទ្រកប្បនេះទៅ មានក្សត្រិយ៍ឈ្មោះអញ្ជសៈ មានតេជះរកទីបំផុតគ្មាន មានយសរាប់មិនបាន ជាម្ចាស់ផែនដី មានទ្រព្យច្រើន។ ខ្ញុំជាព្រះរាជបុត្តរបស់ព្រះរាជានោះ ជាក្សត្រិយ៍ ឈ្មោះចន្ទនៈ ជាអ្នករឹងត្អឹង ដោយស្រវឹងព្រោះជាតិផង ដោយស្រវឹងព្រោះយសស័ក្ត និងភោគៈផង។ មានពួកដំរីមាតង្គៈចំនួន ១ សែន សុទ្ធតែចុះប្រេង ដោយហេតុ ៣ ប្រការ5) ដ៏ប្រដាប់ដោយគ្រឿងអលង្ការទាំងពួង ចោមរោមខ្ញុំសព្វៗ កាល។ វេលានោះ ខ្ញុំមានពួកពលរបស់ខ្លួនចោមរោមហើយ ប្រាថ្នាទៅកាន់ឧទ្យាន ឡើងជិះដំរីឈ្មោះសិរិកៈ ចេញអំពីនគរទៅ។ ស្រាប់តែមានព្រះបច្ចេកសម្ពុទ្ធ ព្រះនាមរេវតៈ ទ្រង់បរិបូណ៌ដោយចរណៈ មានទ្វារគ្រប់គ្រង សង្រួមល្អ បាននិមន្តមកចំពោះមុខខ្ញុំ។ វេលានោះ ខ្ញុំបានបរដំរីឈ្មោះសិរិកៈ ទៅឲ្យបៀតបៀនព្រះសម្ពុទ្ធ លំដាប់នោះ ដំរីក៏ក្រោធខឹងមិនលើកជើង។ លុះខ្ញុំឃើញដំរីមានចិត្តខឹង ក៏ក្រេវក្រោធនឹងព្រះពុទ្ធជាម្ចាស់ បៀតបៀនព្រះសម្ពុទ្ធហើយ ក៏ទៅក្នុងឱទ្យាន។ ខ្ញុំមិនបាននូវសេចក្តីសុខស្រួល ក្នុងឱទ្យាននោះ ក្បាល (របស់ខ្ញុំ) ហាក់ដូចជាភ្លើងឆេះ ខ្ញុំក្តៅអន្ទះអន្ទែងដោយសេចក្តីក្រហល់ក្រហាយ ដូចត្រីជាប់សន្ទូច។ ផែនដីដែលមានសាគរជាទីបំផុត ហាក់ដូចជាដុតកំដៅខ្ញុំ ទើបខ្ញុំចូលទៅកាន់សំណាក់នៃព្រះបិតា ហើយក្រាបបង្គំទូលថា យើងខ្ញុំបៀតបៀនព្រះពុទ្ធសយម្ភូណា ដូចបុគ្គលបៀតបៀនអាសិរពិស ដែលកំពុងក្រោធ ឬដូចបុគ្គលបៀតបៀនគំនរភ្លើង ដែលឆេះរាលមក ឬក៏ដូចបុគ្គលបៀតបៀនដំរីមានភ្លុកដែលចុះប្រេង។ ព្រះពុទ្ធជាម្ចាស់អង្គនោះ មានតបៈដ៏ខ្ពង់ខ្ពស់ ក្លៀវក្លា ជាព្រះជិនស្រី យើងខ្ញុំបៀតបៀនហើយ យើងខ្ញុំទាំងអស់គ្នានឹងវិនាស យើងខ្ញុំនឹងញុំាងព្រះសយម្ភូ ជាមុនីអង្គនោះ ឲ្យអត់ទោស។ ប្រសិនបើយើងខ្ញុំ នឹងមិនបានញុំាងព្រះពុទ្ធ ដែលមានខ្លួនទូន្មានហើយ មានព្រះហឫទ័យខ្ជាប់ខ្ជួននោះ ឲ្យអត់ទោសទេ ដែនរបស់យើងខ្ញុំ មុខជាវិនាសថយពីថ្ងៃទី ៧ ទៅមិនខាន។ ក្សត្រិយ៍ ៤ ព្រះអង្គ ព្រះនាមសុមេខលៈ ១ កោសិយៈ ១ សិគ្គវៈ ១ សត្តកៈ ១ ជាមួយនឹងពួកសេនានោះ បានបៀតបៀនឥសីទាំងឡាយ ហើយដល់នូវសេចក្តីវិនាស។ ពួកឥសីអ្នកសង្រួម ប្រព្រឹត្តព្រហ្មចរិយធម៌ ក្រោធខឹងក្នុងកាលណា រមែងធ្វើសត្វលោក ព្រមទាំងទេវលោក ទាំងសមុទ្រ និងភ្នំឲ្យវិនាសទៅបាន។ ខ្ញុំបានប្រជុំពួកបុរសក្នុងទី ៣ ពាន់យោជន៍ បានចូលទៅគាល់ព្រះសយម្ភូ ដើម្បីនឹងសម្តែងទោស។ ពួកបុរសទាំងពួង ស្លៀកសំពត់ទទឹក មានក្បាលទទឹក ធ្វើក្រពុំម្រាមដៃ ក្រាបទៀបព្រះពុទ្ធ ហើយទូលថា បពិត្រព្រះអង្គមានព្យាយាមធំ សូមព្រះអង្គអត់ទោស (ព្រោះ) ជនសូមទោសនឹងព្រះអង្គ សូមព្រះអង្គរម្ងាប់ក្រវល់ក្រវាយ សូមព្រះអង្គកុំធ្វើដែន (របស់យើងខ្ញុំ) ឲ្យវិនាសឡើយ។ (ប្រសិនបើព្រះអង្គមិនអនុគ្រោះទេ) ពួកបុរសទាំងអស់ ព្រមទាំងទេព្តា និងមនុស្ស ទាំងអ្នកធ្វើទាន ទាំងអ្នកថែរក្សា គេនឹងយកញញួរដែក មកទម្លាយអម្បែងក្បាលយើងខ្ញុំ សព្វៗ កាល។ (ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា) ភ្លើងមិនឋិតនៅក្នុងទឹក ពូជមិនដុះលើថ្មភ្នំ ដង្កូវមិនឋិតនៅក្នុងឱសថ សេចក្តីក្រោធមិនកើតក្នុងព្រះពុទ្ធ។ ផែនដីមិនកម្រើក សមុទ្រសាគរប្រមាណមិនបាន អាកាសរកទីបំផុតគ្មាន យ៉ាងណាមិញ ព្រះពុទ្ធទាំងឡាយ មានព្រះហឫទ័យមិនរំជួយញាប់ញ័រ ក៏យ៉ាងនោះដែរ។ ព្រះពុទ្ធទាំងឡាយមានព្យាយាមធំ មានខ្លួនទូន្មាន ទ្រងអត់ធន់ មានតបៈ ពួកបុគ្គលអ្នកអំណត់អត់ធន់ មិនមានការលុះក្នុងអគតិ។ ព្រះបច្ចេកសម្ពុទ្ធ ទ្រង់ពោលដូច្នេះហើយ ទើបរម្ងាប់ក្រវល់ក្រវាយរបស់ខ្ញុំ ហើយហោះទៅតាមអាកាសក្នុងទីចំពោះមុខមហាជន ក្នុងកាលនោះ។ បពិត្រព្រះអង្គមានព្យាយាម ព្រោះអំពើនោះហើយ បានជាខ្ញុំព្រះអង្គ ចូលទៅកាន់ភាពជាអ្នកថោកទាប លុះកន្លងជាតិនោះមកហើយ ក៏បានចូលទៅកាន់អភយបុរី គឺព្រះនិញ្វន។ បពិត្រព្រះអង្គមានព្យាយាមធំ វេលានោះ ព្រះពុទ្ធបានញុំាងខ្ញុំព្រះអង្គ ដែលកំពុងក្តៅក្រហាយ នៅមិនទាន់រលត់ ឲ្យបន្ទោបង់ក្រវល់ក្រវាយចេញ ខ្ញុំព្រះអង្គ បានញុំាងព្រះសយម្ភូឲ្យអត់ទោស។ បពិត្រព្រះអង្គមានព្យាយាមធំ ក៏ក្នុងថ្ងៃនេះ ព្រះអង្គបានញុំាងខ្ញុំព្រះអង្គ ដែលកំពុងក្តៅក្រហាយដោយភ្លើងទាំង ៣ ឲ្យរលត់ផង ញុំាងភ្លើងទាំង ៣ ឲ្យរលត់ផង ឥឡូវនេះ ខ្ញុំព្រះអង្គបានដល់នូវភាពត្រជាក់ហើយ។ លោកទាំងឡាយណា មានការតម្កល់នូវសោតប្រសាទ លោកទាំងនោះ ចូរស្តាប់ខ្ញុំចុះ ខ្ញុំនឹងប្រាប់ប្រយោជន៍ដល់អ្នក ដូចជាចំណែកដែលខ្ញុំបានឃើញ។ ខ្ញុំបានមើលងាយព្រះសយម្ភូនោះ ដែលមានព្រះហឫទ័យស្ងប់រម្ងាប់ មានព្រះហឫទ័យខ្ជាប់ខ្ជួន ដោយកម្មនោះហើយ បានជាក្នុងថ្ងៃនេះ ខ្ញុំមកកើតក្នុងកំណើតថោកទាប។ អ្នកទាំងឡាយ កុំឲ្យខណៈឃ្លាតទៅទទេ ព្រោះបុគ្គលដែលខណៈកន្លងហើយ រមែងសោកសៅ អ្នកទាំងឡាយគប្បីព្យាយាម ក្នុងប្រយោជន៍របស់ខ្លួន (ព្រោះ) ខណៈប្រាកដដល់អ្នកទាំងឡាយហើយ។ ជនពួកខ្លះ បានថ្នាំក្អួត ជនពួកខ្លះបានថ្នាំបញ្ចុះ ជនពួកខ្លះ បានថ្នាំពិសដែលខ្លាំង ជនពួកខ្លះបានឱសថ។ ថ្នាំក្អួតសម្រាប់ពួកបុគ្គលអ្នកប្រតិបត្តិ (នូវមគ្គ) ថ្នាំបញ្ចុះសម្រាប់ពួកបុគ្គលអ្នកឋិតនៅក្នុងផល ឱសថសម្រាប់ពួកបុគ្គលអ្នកបាននូវផល ជាអ្នកស្វែងរកបុញ្ញក្ខេត្ត។ ពិសដែលខ្លាំង សម្រាប់បុគ្គលអ្នកប្រតិបត្តិខុសចាកសាសនា អាសិរពិសដែលមានពិសកាច តែងដុតនរៈនោះតែមួយដង។ ពិសដ៏ខ្លាំងដែលបុគ្គលផឹកហើយ បៀតបៀនជីវិតបានតែមួយដង ឯបុគ្គលអ្នកប្រតិបត្តិខុសចាកសាសនា រមែងក្តៅក្រហាយ អស់កោដិនៃកប្ប។ គេតែងឆ្លងចាកលោក ព្រមទាំងទេវលោក ដោយការអត់ធន់ ១ ដោយការមិនបៀតបៀន ១ ដោយមានចិត្តមេត្តា ១ ហេតុនោះ បុគ្គលមិនគប្បីឲ្យឆ្គាំឆ្គងនឹងព្រះពុទ្ធទាំងនោះ។ ព្រះពុទ្ធទាំងឡាយ មានព្រះហឫទ័យស្មើដោយផែនដី មិនជាប់ចំពាក់ក្នុងលាភ និងអលាភ ក្នុងការរាប់អាន ក្នុងការមើលងាយ ហេតុនោះ បុគ្គល មិនគប្បីឲ្យឆ្គាំឆ្គងនឹងព្រះពុទ្ធទាំងនោះ។ ព្រះមុនីមានហឫទ័យស្មើចំពោះសត្វទាំងពួង គឺទេវទត្ត ខ្មាន់ធ្នូ ចោរអង្គុលិមាល រាហុល និងដំរីធនបាល។ ព្រះពុទ្ធមិនមានសេចក្តីស្អប់ជនទាំងនុ៎ះ មិនមានសេចក្តីស្រឡាញ់ជនទាំងនុ៎ះទេ មានព្រះហឫទ័យស្មើ ចំពោះជនទាំងអស់ គឺចំពោះខ្មាន់ធ្នូ និងចំពោះឱរស។ បុគ្គលបើឃើញសំពត់កាសាវៈ ជាទង់ជ័យរបស់ព្រះពុទ្ធ ដែលប្រឡាក់ដោយលាមក ដែលគេចោលហើយក្នុងផ្លូវ គប្បីធ្វើអញ្ជលីថ្វាយបង្គំដោយត្បូង។ ព្រះសម្ពុទ្ធទាំងឡាយ ដែលកន្លងទៅហើយក្តី ក្នុងបច្ចុប្បន្ននេះក្តី ក្នុងអនាគតក្តី តែងបរិសុទ្ធដោយទង់ជ័យនេះ ព្រោះហេតុនោះ ព្រះសម្ពុទ្ធទាំងនុ៎ះ បុគ្គលគប្បីនមស្ការ។ ខ្ញុំចាំវិន័យដោយប្រពៃ គួរតាមអធ្យាស្រ័យរបស់ព្រះសាស្តាដោយហឫទ័យ ខ្ញុំតែងនមស្ការវិន័យនោះសព្វៗ កាល។ វិន័យជាទីអាស្រ័យ វិន័យជាទីឈរ ទាំងជាទីចង្រ្កមរបស់ខ្ញុំ ខ្ញុំតែងដេកនៅក្នុងវិន័យ វិន័យជាទីគោចរ របសខ្ញុំ។ បពិត្រព្រះអង្គមានព្យាយាមធំ ឧបាលិដល់នូវត្រើយក្នុងវិន័យផង ឈ្លាសវៃក្នុងសមថៈផង តែងថ្វាយបង្គំនូវព្រះបាទារបស់ព្រះសាស្តា។ ខ្ញុំព្រះអង្គនោះ នឹងត្រាច់ទៅអំពីស្រុកមួយ ទៅកាន់ស្រុកមួយ អំពីបុរីមួយទៅកាន់បុរីមួយ ហើយនមស្ការនូវព្រះសម្ពុទ្ធផង នូវភាពនៃធម៌ជាធម៌ដ៏ល្អផង។ ខ្ញុំព្រះអង្គដុតកិលេសទាំងឡាយហើយ ដកចោលនូវភពទាំងអស់ហើយ អាសវៈទាំងពួងអស់រលីងហើយ ឥឡូវនេះ ភពថ្មី មិនមានទេ។ ឱ ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់របស់ព្រះពុទ្ធដ៏ប្រសើរ (នេះ) ជាដំណើរមកដោយល្អ វិជ្ជាទាំង ៣ ខ្ញុំព្រះអង្គបានសម្រេចហើយ សាសនារបស់ព្រះសម្ពុទ្ធ ខ្ញុំព្រះអង្គក៏បានប្រតិបត្តិហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះសម្ពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឧបាលិត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឧបាលិត្ថេរាបទាន។

អញ្ញាកោណ្ឌញ្ញត្ថេរាបទាន ទី៩

(៣-៧. អញ្ញាសិកោណ្ឌញ្ញត្ថេរអបទានំ)

[៩] ខ្ញុំបានឃើញជាដំបូង នូវព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ ព្រះអង្គជាច្បងក្នុងលោក ជាអ្នកដឹកនាំសត្វលោក ទ្រង់ដល់នូវពុទ្ធភូមិ។ ពួកយក្សទាំងអស់មកជួបជុំគ្នា ចោមរោមធ្វើអញ្ជលី ថ្វាយបង្គំព្រះសម្ពុទ្ធ ទៀបគល់នៃពោធិព្រឹក្ស។ ពួកទេវតាទាំងអស់នោះ មានចិត្តត្រេកអរ សញ្ចរទៅឰដ៏អាកាស (ពោលថា) ព្រះពុទ្ធអង្គនេះ ទ្រង់បានដល់ដោយលំដាប់ ទ្រង់កម្ចាត់បង់ងងឹត ដែលជាធម៌ធ្វើឲ្យខ្វាក់។ ពួកទេវតាទាំងអស់នោះ មានសេចក្តីរីករាយប្រព្រឹត្តទៅខាងមុខ សំឡេងកងរំពងដ៏ខ្លាំង ប្រព្រឹត្តទៅថា យើងទាំងឡាយនឹងដុតបំផ្លាញនូវពួកកិលេស ក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ។ លុះខ្ញុំដឹងពាក្យរបស់ទេវតាទាំងឡាយ ដែលពោលដោយវាចា ហើយក៏ត្រេកអរ បានថ្វាយចង្ហាន់ជាដំបូង ដោយចិត្តដែលត្រេកអរ។ ព្រះសាស្តា ព្រះអង្គប្រសើរក្នុងលោក ទ្រង់ជ្រាបបំណងរបស់ខ្ញុំ ទ្រង់គង់ក្នុងកណ្តាលនៃពួកទេវបរិស័ទ ហើយត្រាស់គាថាទាំងនេះថា

តថាគតចេញទៅទ្រង់ព្រះផ្នួសអស់ ៧ ថ្ងៃ ក៏បានដល់នូវពោធិញាណ ភត្តជាដម្បូងរបស់តថាគតនេះ ញុំាងព្រហ្មចារីបុគ្គលឲ្យប្រព្រឹត្តទៅបាន។ បុគ្គលណា ចុះចាកឋានតុសិត មកកើតក្នុងមនុស្សលោកនេះ ហើយថ្វាយចង្ហាន់ដល់តថាគត តថាគតនឹងសម្តែងសរសើរបុគ្គលនោះ អ្នកទាំងឡាយចូរស្តាប់តថាគតសម្តែងចុះ។ បុគ្គលនេះ នឹងបានសោយរាជ្យជាស្តេចនៃទេវតា អស់ ៣០ ពាន់កប្ប នឹងគ្របសង្កត់ទេវតាទាំងអស់ ហើយនៅគ្រប់គ្រងទេវលោក។ លុះច្យុតចាកទេវលោក មកកាន់អត្តភាពជាមនុស្ស នឹងបានជាស្តេចចក្រពត្តិ សោយរាជ្យក្នុងមនុស្សលោកនោះ អស់មួយពាន់ដង។ កន្លងទៅមួយសែនកប្ប ព្រះសាស្តាព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល នឹងបានត្រាស់ដឹងក្នុងលោក។ កុលបុត្រនោះ ច្យុតចាកទេវលោក មកកាន់អត្តភាពជាមនុស្ស នឹងចេញចាកផ្ទះទៅបួស នៅអស់ ៦ វស្សា។ លំដាប់អំពីនោះមក ព្រះពុទ្ធនឹងទ្រង់សម្តែងនូវអរិយសច្ច ក្នុងវស្សាជាគម្រប់ ៧ កុលបុត្រមានឈ្មោះថាកោណ្ឌញ្ញៈ នឹងបានធ្វើឲ្យជាក់ច្បាស់នូវធម៌ជាដម្បូង។

ខ្ញុំបួសតាមព្រះពោធិសត្វ ដែលចេញទៅទ្រង់ព្រះផ្នួសហើយ បានធ្វើសេចក្តីព្យាយាមដោយប្រពៃ ខ្ញុំចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ដុតបំផ្លាញនូវកិលេសទាំងឡាយ។ ព្រះសព្វញ្ញុពុទ្ធ លុះបានត្រាស់ដឹងក្នុងលោក ព្រមទាំងទេវលោកហើយ ទ្រង់យកសច្ចៈនេះទួងស្គរ គឺអមតនិញ្វន ក្នុងព្រៃធំដល់ខ្ញុំ។ ឥឡូវនេះ ខ្ញុំនោះបានដល់នូវអមតនិញ្វន ជាសន្តិបទដ៏ប្រសើរ ជាអ្នកមិនមានអាសវៈ ព្រោះកំណត់ដឹងនូវអាសវៈទាំងពួង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះអញ្ញាកោណ្ឌញ្ញត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អញ្ញាកោណ្ឌញ្ញត្ថេរាបទាន។

បិណ្ឌោលភារទ្វាជត្ថេរាបទាន ទី១០

(៣-៨. បិណ្ឌោលភារទ្វាជត្ថេរអបទានំ)

[១០] កាលនោះ ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ជាព្រះសយម្ភូ ជាអគ្គបុគ្គល ស្តេចគង់នៅនាភ្នំចិត្តកូដ ដែលនៅពីខាងមុខនៃព្រៃហិមពាន្ត។ ខ្ញុំកើតជាស្តេចម្រឹគ (រាជសីហ៍) មានជើង ៤ មានសភាពមិនចេះខ្លាច បាននៅនាភ្នំចិត្តកូដនោះ ដែលពួកជនជាច្រើន បានឮសម្លេងនោះហើយ រមែងតក់ស្លុត។ ខ្ញុំកាន់ផ្កាឈូកដែលរីកល្អ ចូលទៅរកព្រះសម្ពុទ្ធ ព្រះអង្គប្រសើរជាងនរៈ ហើយបង្អោនចូលទៅបូជា ចំពោះព្រះសម្ពុទ្ធ ដែលទ្រង់ចេញអំពីសមាធិ។ គ្រានោះ ខ្ញុំនមស្ការព្រះសម្ពុទ្ធដ៏ប្រសើរ ព្រះអង្គខ្ពង់ខ្ពស់ជាងនរៈ ញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយបន្លឺឡើងនូវសីហនាទ ក្នុងទិសទាំង ៤។ ព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គគួរទទួលនូវគ្រឿងបូជា ទ្រង់គង់លើអាសនៈរបស់ព្រះអង្គ ហើយត្រាស់គាថាទាំងឡាយនេះ។

ពួកទេវតាទាំងអស់ បានដឹងនូវព្រះពុទ្ធដីកា របស់ព្រះសម្ពុទ្ធ ហើយក៏មកជួបជុំគ្នា (ដោយពាក្យថា) ព្រះសម្ពុទ្ធដ៏ប្រសើរជាងពួកអ្នកប្រាជ្ញ ទ្រង់ស្តេចមកហើយ ពួកយើងនឹងស្តាប់ធម៌នោះ។ ព្រះលោកនាយក ជាអ្នកប្រាជ្ញដ៏ប្រសើរ ព្រះអង្គឃើញកាលវែង ទ្រង់សម្តែងសំឡេងរបស់ខ្ញុំ ក្នុងទីចំពោះមុខនៃទេវតាទាំងឡាយនោះ ដែលមានសេចក្តីរីករាយប្រព្រឹត្តទៅខាងមុខ ដូច្នេះថា

ផ្កាឈូកនេះ ដែលស្តេចម្រឹគណា ថ្វាយហើយក្តី សីហនាទ ដែលស្តេចម្រឹគណា បន្លឺឡើងហើយក្តី តថាគតនឹងសម្តែងសរសើរនូវស្តេចម្រឹគនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ ស្តេចម្រឹគនោះ នឹងបានជាស្តេចចក្រពត្តិ ជាធំក្នុងទ្វីបទាំង ៤ បរិបូណ៌ដោយកែវ ៧ ប្រការ ក្នុងកប្បទី ៨ អំពីកប្បនេះ។ ឯស្តេចចក្រពត្តិ (នោះ) ទ្រង់ព្រះនាមបទុមៈ មានកម្លាំងច្រើន នឹងបានសោយរាជ្យ ជាធំលើផែនដី ប្រមាណ ៦៤។ កន្លងទៅមួយសែនកប្បទៀត ព្រះសាស្តា ព្រះនាមគោតមៈ ទ្រង់កើតក្នុងឱក្កាកត្រកូល នឹងបានត្រាស់ដឹងក្នុងលោក។ កាលសាសនា ដែលព្រះសាស្តាព្រះនាមគោតម ទ្រង់ប្រកាសហើយ ស្តេចចក្រពត្តិនោះ នឹងកើតជាព្រាហ្មណ៍ នឹងចេញចាកភាពព្រាហ្មណ៍ ហើយទៅបួសក្នុងខណៈនោះ។ កុលបុត្រនោះ មានចិត្តបញ្ជូនទៅកាន់ព្យាយាម មានចិត្តស្ងប់ មិនមានឧបធិក្កិលេស កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិញ្វន។ កុលបុត្រនោះ កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិញ្វនក្នុងសេនាសនៈដ៏ស្ងាត់ ដែលប្រាសចាកជន ដ៏កុះករដោយម្រឹគសាហាវ។

បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបិណ្ឌោលភារទ្វាជត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បិណ្ឌោលភារទ្វាជត្ថេរាបទាន។

ខទិរវនិយរេវតត្ថេរាបទាន ទី១១

(៣-៩. ខទិរវនិយរេវតត្ថេរអបទានំ)

[១១] មានស្ទឹងមួយ ឈ្មោះភាគីរសី ហូរចេញអំពីព្រៃហិមពាន្ត (កាលនោះ) ខ្ញុំកើតជានាយទូកក្នុងកំពង់មិនល្អ ជាកំពង់សម្រាប់ឆ្លងមកកាន់ត្រើយអាយ។ ព្រះសម្ពុទ្ធជានាយក ព្រះនាមបទុមុត្តរៈ ព្រះអង្គប្រសើរជាងសត្វជើងពីរ បម្រុងនឹងឆ្លងខ្សែទឹកក្នុងស្ទឹង ជាមួយនឹងភិក្ខុសង្ឃមួយសែនអង្គ។ ខ្ញុំបានប្រមូលទូកជាច្រើនមក ហើយធ្វើដំបូលទូក ដែលពួកជាងឈើតាក់តែងល្អហើយ ទៅទទួលព្រះនរាសភៈ។ ព្រះសម្ពុទ្ធ ទ្រង់ស្តេចមកឡើងគង់លើទូក ព្រះសាស្តា ទ្រង់ឋិតត្រង់កណ្តាលទឹកស្ទឹង ហើយត្រាស់គាថាទាំងនេះថា

បុគ្គលណា បានចម្លងព្រះសម្ពុទ្ធ ព្រមទាំងភិក្ខុសង្ឃ ជាអ្នកមិនមានអាសវៈ បុគ្គលនោះនឹងត្រេកអរក្នុងទេវលោក ដោយចិត្តជ្រះថ្លានោះឯង។ វិមានមានសណ្ឋានដូចទូក ដែលបុញ្ញកម្មធ្វើល្អហើយ នឹងកើតដល់អ្នក វិមាននោះ នឹងទ្រទ្រង់នូវដំបូល ជាវិការៈនៃផ្កាឰដ៏អាកាសសព្វៗ កាល។ ក្នុងកប្បទី ៥៨ បុគ្គលនោះ នឹងបានជាស្តេចចក្រពត្តិព្រះនាមតារណៈ (ជាឥស្សរៈលើផែនដី) មានសមុទ្រទាំង ៤ ជាទីបំផុត ទ្រង់ឈ្នះសង្រ្គាម។ ក្នុងកប្បទី ៥៧ នឹងបានជាស្តេច ព្រះនាមចម្ពកៈ មានកម្លាំងច្រើន រុងរឿងដូចព្រះអាទិត្យកំពុងរះ។ ក្នុងកប្បទីមួយសែន ព្រះសាស្តា ព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល នឹងត្រាស់ដឹងក្នុងលោក។ ស្តេចចម្ពកៈ (នោះ) ច្យុតចាកទេវលោក មកកាន់អត្តភាពជាមនុស្ស នឹងកើតជាព្រាហ្មណ៍ឈ្មោះរេវតៈ។ រេវតកុមារនោះ ត្រូវកុសលមូលដាស់តឿន នឹងចេញចាកផ្ទះទៅបួសក្នុងសាសនានៃព្រះមានព្រះភាគ ព្រះនាមគោតម។ រេវតភិក្ខុនោះ លុះបួសរួចហើយ ក្នុងកាលជាខាងក្រោយ ប្រកបសេចក្តីព្យាយាម ខំចម្រើនវិបស្សនា កំណត់ដឹងអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិញ្វន។

សេចក្តីព្យាយាមរបស់ខ្ញុំ គួរដើម្បីនាំមកនូវធុរៈ ជាទីនាំមកនូវធម៌ដ៏ក្សេម ចាកយោគៈ ខ្ញុំទ្រទ្រង់រាងកាយ មានក្នុងទីបំផុត គឺបច្ឆិមជាតិ ក្នុងសាសនានៃព្រះសម្ពុទ្ធ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះខទិរវនិយរេវតត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ខទិរវនិយរេវតត្ថេរាបទាន។

អានន្ទត្ថេរាបទាន ទី១២

(៣-១០. អានន្ទត្ថេរអបទានំ)

[១២] ព្រះមហាមុនី ព្រះនាមបទុមុត្តរៈ កាលស្តេចចេញអំពីទ្វារអារាម ហើយបង្អុរភ្លៀងគឺអមតៈ ញុំាងមហាជនឲ្យរលត់ទុក្ខ។ ពួកអ្នកប្រាជ្ញមួយសែននាក់ បានអភិញ្ញា ៦ ជាអ្នកមានឫទ្ធិធំ តែងហែហមព្រះសម្ពុទ្ធ ដូចស្រមោលអន្ទោលតាមប្រាណ។ (លំដាប់នោះ) ខ្ញុំជិះលើកដំរី បានឃើញស្វេតច្ឆត្រ ដ៏ឧត្តមប្រសើរ មានសភាពសមរម្យ ដោយសរសៃសូត្រ ខ្ញុំក៏មានបីតិកើតឡើង។ ខ្ញុំចុះអំពីកដំរី ចូលទៅគាល់ព្រះនរាសភសម្ពុទ្ធ ខ្ញុំយកឆត្ររបស់ខ្ញុំ ជាវិការៈនៃកែវ បាំងថ្វាយព្រះសម្ពុទ្ធដ៏ប្រសើរ។ ព្រះបទុមុត្តរៈ ព្រះអង្គស្វែងរកគុណដ៏ធំ ទ្រង់ជ្រាបបំណងរបស់ខ្ញុំ ហើយទ្រង់បញ្ឈប់កថានោះ ទើបត្រាស់គាថាទាំងឡាយនេះថា

កុលបុត្រណា បានបាំងឆត្រ ដ៏ស្អិតស្អាងដោយគ្រឿងអលង្ការជាវិការៈនៃមាស តថាគតនឹងសម្តែងសរសើរកុលបុត្តនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ បុរសនេះ នឹងទៅអំពីលោកនេះហើយ នឹងគ្រប់គ្រងឋានតុសិត សោយទិព្វសម្បត្តិ មានពួកស្រីអប្សរចោមរោម។ មិនតែប៉ុណ្ណោះ បុរសនេះ នឹងបានសោយរាជ្យ ជាស្តេចនៃទេវតា អស់ ៣៤ ដង នឹងបានជាធំជាងពួកនរៈ គ្រប់គ្រងផែនដី ៨ រយដង។ នឹងបានជាស្តេចចក្រពត្តិ អស់ ៥៨ ដង (រួចពីនោះ) នឹងបានសោយប្រទេសរាជ្យ ដ៏ធំទូលាយលើផែនដី។ កន្លងទៅមួយសែនកប្បទៀត ព្រះសាស្តាព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល នឹងបានត្រាស់ដឹងក្នុងលោក។ បុរសនេះ នឹងបានជាព្រះញាតិផៅពង្សនៃព្រះពុទ្ធ ជាទង់ក្នុងត្រកូលរបស់ពួកសក្យៈ មាននាមថាអានន្ទ ជាឧបដ្ឋាករបស់ព្រះពុទ្ធ ទ្រង់ស្វែងរកនូវគុណធំ។ នឹងជាអ្នកមានព្យាយាម មានប្រាជ្ញាចាស់ វាងវៃក្នុងសភាពជាពហុស្សូត ប្រព្រឹត្តឱនលំទោន មិនរឹងត្អឹង ទ្រទ្រង់នូវពុទ្ធវចនៈទាំងអស់។ អានន្ទនោះ នឹងផ្គងព្យាយាម មានចិត្តបញ្ជូនទៅកាន់សមាធិ មានចិត្តស្ងប់ មិនមានឧបធិក្កិលេស កំណត់ដឹងអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិញ្វន។

ហត្ថិនាគមាតង្គៈទាំងឡាយ មានអាយុ ៦០ ទើបថយកម្លាំង នៅក្នុងព្រៃ ចុះប្រេងដោយអាការ ៣ ប្រការ មានភ្លុកងដូចចន្ទោល មានភ្លៅដ៏មាំមួន។ ហត្ថិនាគទាំងអស់នោះ មានច្រើនសែន ជាសត្វបណ្ឌិតមានឫទ្ធិច្រើន ក៏មិនហ៊ានមើលងាយព្រះពុទ្ធនាគ។ ខ្ញុំនឹងនមស្ការព្រះពុទ្ធនាគ ក្នុងបឋមយាម មជ្ឈិមយាម និងបច្ឆិមយាម ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បម្រើព្រះពុទ្ធដ៏ប្រសើរ។ ខ្ញុំមានព្យាយាម មានប្រាជ្ញាចាស់ មានសតិ និងសម្បជញ្ញៈ ដល់នូវសោតាបត្តិផល វាងវៃក្នុងសេក្ខភូមិទាំងឡាយ។ ព្រោះហេតុដែលខ្ញុំបានសន្សំអំពើជាកុសល ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ ទើបខ្ញុំបានដល់នូវឧបដ្ឋាកភូមិនោះ ហើយជំនឿ (របស់ខ្ញុំ) ក៏តាំងនៅស៊ប់សួន ជាជំនឿមានផលច្រើន។ ឱ ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ ជាដំណើរមកប្រពៃហើយ វិជ្ជា ៣ ខ្ញុំបានដល់ហើយដោយលំដាប់ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះអានន្ទត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អានន្ទត្ថេរាបទាន។

ឧទ្ទាន

រឿងព្រះពុទ្ធ ១ ព្រះបច្ចេកសម្ពុទ្ធ ១ ព្រះសារីបុត្ត ១ កោលិតគឺព្រះមោគ្គល្លាន ១ ព្រះកស្សប ១ ព្រះអនុរុទ្ធ ១ ព្រះបុណ្ណត្ថេរ ១ ព្រះឧបាលិ ១ ព្រះកោណ្ឌញ្ញៈ ១ ព្រះបិណ្ឌោលភារទ្វារជៈ ១ ព្រះរេវតៈ ១ ព្រះអានន្ទជាបណ្ឌិត ១ ឯគាថា ៦៥០ សុទ្ធតែជាគាថាពេញលេញទាំងអស់។

ចប់ អបទាន ពុទ្ធវគ្គ ទី១។

សីហាសនិយវគ្គ ទី២

(២. សីហាសនិយវគ្គោ)

សីហាសនទាយកត្ថេរាបទាន ទី១

(១. សីហាសនទាយកត្ថេរអបទានំ)

[១៣] កាលព្រះលោកនាថព្រះនាមសិទ្ធត្ថៈ ព្រះអង្គប្រសើរជាងសត្វជើងពីរ ទ្រង់បរិនិញ្វនហើយ កាលពាក្យជាប្រធានគឺសាសនា ផ្សាយទៅហើយក្នុងជនច្រើន។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានកសាងសីហាសនៈ លុះកសាងសីហាសនៈរួចហើយ ខ្ញុំធ្វើតាំងរងព្រះបាទទៀត។ កាលបើភ្លៀងបង្អុរចុះលើសីហាសនៈ ខ្ញុំក៏ធ្វើរោងលើសីហាសនៈនោះ ដោយចិត្តជ្រះថ្លានោះ ខ្ញុំបានទៅកើតក្នុងឋានតុសិត។ វេលានោះ វិមានមានបណ្តាយ ២៤ យោជន៍ ទទឹង ១៤ យោជន៍ ដែលបុញ្ញកម្មតាក់តែងឡើងសម្រាប់ខ្ញុំ។ ក្នុងវិមាននោះ មានកញ្ញា ៧ ពាន់ តែងចោមរោមខ្ញុំសព្វៗ កាល មានទាំងបល្ល័ង្កជាវិការៈនៃមាស ដែលបុញ្ញកម្មនិម្មិតល្អហើយ។ យានដំរី យានសេះ និងយានជាទិព្វ កើតឡើងសម្រាប់ខ្ញុំ ប្រាសាទ និងសិវិកា (អង្រឹង) កើតតាមសេចក្តីប្រាថ្នាខ្ញុំ។ បល្ល័ង្កជាវិការៈនៃកែវមណី បល្ល័ង្កឯទៀតជាច្រើន ជាវិការៈនៃឈើ បល្ល័ង្កទាំងអស់នោះ កើតឡើងសម្រាប់ខ្ញុំ នេះជាផលនៃសីហាសនៈ។ ខ្ញុំតែងពាក់ទ្រនាប់ជើង ជាវិការៈនៃមាស ជាវិការៈនៃវត្ថុគាប់ចិត្ត ជាវិការៈនៃកែវផលិក និងជាវិការៈនៃកែវពៃទូរ្យ នេះជាផលនៃតាំងរងព្រះបាទ។ ព្រោះហេតុដែលខ្ញុំបានធ្វើបុញ្ញកម្ម ក្នុងកប្បទី ៩៤ អំពីភទ្ទកប្បនេះ ក្នុងកាលនោះ ខ្ញុំមិនស្គាល់ទុគ្គតិឡើយ នេះជាផលនៃបុញ្ញកម្មនោះ។ ក្នុងកប្បទី ៧៣ អំពីភទ្ទកប្បនេះ ខ្ញុំបានកើតជាជនឈ្មោះឥន្ទៈ ៣ ដង ក្នុងកប្បទី ៧២ អំពីភទ្ទកប្បនេះ ខ្ញុំបានកើតជាជនឈ្មោះសុមនៈ ៣ ដង ក្នុងកប្បទី ៧០ អំពីភទ្ទកប្បនេះ ខ្ញុំបានកើតជាជនឈ្មោះវរុណៈ ៣ ដង ដែលជាស្តេចធំ ក្នុងទ្វីបទាំង ៤ បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសីហាសនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សីហាសនទាយកត្ថេរាបទាន។

ឯកត្ថម្ភិកត្ថេរាបទាន ទី២

(២. ឯកត្ថម្ភិកត្ថេរអបទានំ)

[១៤] ពួកគណៈធំ របស់ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ពួកជនទាំងនោះ បានដល់នូវព្រះពុទ្ធជាទីពឹង ហើយជឿព្រះតថាគត។ ពួកជនទាំងពួង ជួបជុំប្រឹក្សាគ្នា ហើយធ្វើរោងថ្វាយព្រះសាស្តា តែនៅខ្វះសសរ ១ ក៏នាំគ្នាជ្រើសរកក្នុងព្រៃធំ។ កាលនោះ ខ្ញុំឃើញជនទាំងនោះក្នុងព្រៃហើយ ចូលទៅជិតជនទាំងនោះ ក៏ផ្គងអញ្ជលីសាកសួរពួកនោះ។ ពួកឧបាសក អ្នកមានសីលទាំងនោះ ដែលខ្ញុំសួរហើយ ក៏ប្រាប់ថា ពួកយើងប្រាថ្នានឹងធ្វើរោង តែនៅខ្វះសសរ ១។ ខ្ញុំតបថា អ្នកទាំងឡាយ ចូរឲ្យសសរ ១ ដែលខ្វះមកខ្ញុំចុះ ខ្ញុំនឹងថ្វាយចំពោះព្រះសាស្តា ខ្ញុំនឹងនាំសសរមក សូមពួកឧបាសកទាំងនោះ កុំមានសេចក្តីខ្វល់ខ្វាយឡើយ។ ពួកឧបាសកទាំងនោះ មានចិត្តជ្រះថ្លាត្រេកអរហើយ នាំសសររបស់ខ្ញុំទៅ លុះត្រឡប់អំពីទីនោះវិញ ក៏មកកាន់ផ្ទះរៀងខ្លួន។ ក្នុងកាលនោះ កាលពួកគណៈ ដែលទើបនឹងទៅមិនទាន់យូរប៉ុន្មាន ខ្ញុំបានថ្វាយសសរ ខ្ញុំមានចិត្តត្រេកអរហើយ បានលើកសសរជាដំបូង។ ដោយចិត្តជ្រះថ្លានោះ ខ្ញុំចូលទៅកាន់វិមាន មានកំពស់ ៧ ជាន់ ដែលផុះឡើងសម្រាប់ខ្ញុំ។ ក្នុងកប្បទី ៥៥ ខ្ញុំកើតជាស្តេច ឈ្មោះយសោធរៈ កាលបើស្គរដែលគេកំពុងប្រគំ ខ្ញុំក៏ឲ្យគេបម្រើសព្វៗ កាល។ លំនៅរបស់ខ្ញុំក្នុងទីនោះ មានកំពស់ ៧ ជាន់ ប្រកបដោយផ្ទះមានកំពូលដ៏ប្រសើរ មានសសរតែមួយ ជាទីរីករាយនៃចិត្ត។ ក្នុងកប្បទី ២១ ខ្ញុំកើតជាក្សត្រិយ៍ឈ្មោះឧទេនៈ លំនៅរបស់ខ្ញុំក្នុងទីនោះ មានជាន់ ៧ ដែលគេតាក់តែងល្អហើយ។ ខ្ញុំកើតក្នុងកំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស ខ្ញុំតែងទទួលសេចក្តីសុខគ្រប់ប្រការ នេះជាផលនៃសសរមួយ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយសសរ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសសរមួយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឯកត្ថម្ភិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឯកត្ថម្ភិកត្ថេរាបទាន។

នន្ទត្ថេរាបទាន ទី៣

(៣. នន្ទត្ថេរអបទានំ)

[១៥] ខ្ញុំបានថ្វាយសំពត់សម្បកឈើ ចំពោះព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ជាចំបងក្នុងលោក ទ្រង់ប្រកបដោយតាទិគុណ ជាព្រះសយម្ភូ ទ្រង់ស្វែងរកនូវគុណដ៏ធំ។ ព្រះពុទ្ធជានាយក ព្រះនាមជលជុត្តមៈ6) ទ្រង់ព្យាកររឿងនោះប្រាប់ខ្ញុំថា

អ្នកនឹងមានពណ៌សម្បុរដូចមាស ដោយការថ្វាយសំពត់នេះ។ អ្នកនឹងបានទទួលសម្បត្តិទាំងពីរប្រការ ត្រូវកុសលមូលដាស់តឿនហើយ នឹងបានជាប្អូននៃព្រះមានព្រះភាគ ព្រះនាមគោតម។ អ្នកនឹងមានសេចក្តីត្រេកអរដោយរាគៈ មានសេចក្តីសុខជាប្រក្រតី មានសេចក្តីជាប់ចំពាក់ដោយចំណង់ក្នុងកាមទាំងឡាយ តែលុះព្រះពុទ្ធទ្រង់ដាស់តឿន នឹងប្រែជាបុគ្គលស្ងប់ ហើយចេញបួសក្នុងកាលនោះ។ អ្នកលុះបួសហើយ ត្រូវកុសលមូលដាស់តឿន នឹងកំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិញ្វនក្នុងទីនោះ។ ក្នុងកប្បទីមួយសែន អ្នកនឹងបានជាព្រះរាជា ព្រះនាមចេលៈ ៤ ដង ក្នុងកប្បទី ៦០ ពាន់ នឹងបានកើតជាជន ឈ្មោះឧបចេលៈ ៤ ដង។ ក្នុងកប្បទី ៥ ពាន់ នឹងបានជាជន ឈ្មោះចេលៈ ៤ ដងទៀត ជាធំក្នុងទ្វីបទាំង ៤ បរិបូណ៌ដោយកែវ ៧ ប្រការ។

បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះនន្ទត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ នន្ទត្ថេរាបទាន។

ចុល្លបន្ថកត្ថេរាបទាន ទី៤

(៤. ចូឡបន្ថកត្ថេរអបទានំ)

[១៦] កាលនោះ ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់គួរទទួលគ្រឿងបូជា គេចចេញចាកគណៈ ទៅគង់ក្នុងព្រៃហិមពាន្ត។ គ្រានោះ ខ្ញុំនៅក្នុងអាស្រមនាព្រៃហិមពាន្ត បានចូលទៅគាល់ព្រះលោកនាយក ព្រះអង្គមានព្យាយាមធំ ដែលទ្រង់ទើបស្តេចមកដល់ថ្មីៗ។ ខ្ញុំកាន់ឆត្រជាវិការៈនៃផ្កា ហើយចូលទៅគាល់ព្រះនរាសភៈ ដែលកំពុងចូលសមាធិ ហើយបានធ្វើឲ្យខូចសមាធិព្រះអង្គ។ ខ្ញុំផ្គងដៃទាំងពីរ ហើយថ្វាយឆត្រផ្កា ព្រះមានព្រះភាគជាមហាមុនី ព្រះនាមបទុមុត្តរៈ ទ្រង់បានទទួល។ ពួកទេវតាទាំងអស់ មានចិត្តរីករាយ ចូលទៅកាន់ព្រៃហិមពាន្ត ពួកទេវតាទាំងនោះ បានញុំាងសាធុការឲ្យប្រព្រឹត្តទៅ (ហើយពោលថា) ព្រះពុទ្ធមានបញ្ញាចក្ខុ នឹងធ្វើអនុមោទនា។ ទេវតាទាំងនោះ លុះពោលពាក្យនេះហើយ ក៏ចូលទៅគាល់ព្រះសម្ពុទ្ធដ៏ប្រសើរជាងនរៈ ដែលកំពុងបាំងឆត្រផ្កាឈូកដ៏ឧត្តមរបស់ខ្ញុំឰដ៏អាកាស។

(ព្រះបទុមុត្តរៈត្រាស់ថា) តាបសបានលើកឆត្រប្រដាប់ដោយស្រទាប់ ៧ ថ្វាយតថាគត តថាគតនឹងសម្តែងសរសើរតាបសនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ តាបសនេះ នឹងសោយទេវរាជ្យ អស់ ២៥ កប្ប មួយទៀត នឹងបានជាស្តេចចក្រពត្តិ អស់ ៣៤ ដង។ តាបសនេះ បើអន្ទោលទៅកាន់កំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស ផ្កាឈូក នឹងបាំងតាបសនោះ ដែលកំពុងឋិតនៅក្នុងទីវាល។ កន្លងទៅមួយសែនកប្ប ព្រះបរមសាស្តា ព្រះនាមគោតម ទ្រង់កើតក្នុងឱក្កាកត្រកូល នឹងត្រាស់ដឹងក្នុងលោក។ លុះដល់សាសនា ដែលព្រះពុទ្ធព្រះនាមគោតម ទ្រង់ប្រកាសហើយ តាបសនោះ នឹងបាននូវអត្តភាពជាមនុស្ស ជាអ្នកប្រសើរក្នុងកាយដ៏សម្រេចដោយចិត្ត។ មានបងប្អូនពីរនាក់ ឈ្មោះបន្ថកៈដូចគ្នា ទាំងពីរនាក់ នឹងបានទទួលនូវប្រយោជន៍ដ៏ឧត្តម ហើយធ្វើពុទ្ធសាសនាឲ្យរុងរឿង។

ខ្ញុំមានអាយុ ១៨ ឆ្នាំ បានចូលទៅកាន់ផ្នួស តែខ្ញុំមិនសម្រេចគុណវិសេស ក្នុងសាសនាព្រះពុទ្ធជាសក្យបុត្រទេ។ គតិរបស់ខ្ញុំយឺត (ព្រោះ) ខ្ញុំបានមើលងាយគេ ក្នុងកាលមុន ឯភិក្ខុជាបង ក៏បណ្តេញខ្ញុំថា លោកចូរទៅកាន់ផ្ទះរបស់ខ្លួនឥឡូវនេះចុះ។ ខ្ញុំនោះ ដែលត្រូវបងបណ្តេញចេញហើយ ក៏តូចចិត្ត បានទៅឈរអែបត្រង់ក្លោងទ្វារនៃអារាមរបស់សង្ឃនោះ ឥតមានសេចក្តីអាឡោះអាល័យក្នុងសមណភេទឡើយ។ គ្រានោះ ព្រះសាស្តាស្តេចមកដល់ទីនោះហើយ អង្អែលសីសៈរបស់ខ្ញុំ ចាប់ខ្ញុំត្រង់ដើមដៃ ហើយនាំចូលទៅកាន់អារាមនៃសង្ឃវិញ។ ព្រះសាស្តាបានប្រទានសំពត់ជូតជើងដល់ខ្ញុំ ហើយទ្រង់ត្រាស់ដោយសេចក្តីអនុគ្រោះថា អ្នកចូរអធិដ្ឋានសំពត់ដ៏ស្អាត យ៉ាងនេះចុះ សំពត់នេះតថាគតអធិដ្ឋានហើយ ក្នុងទីដ៏សមគួរ។ ខ្ញុំក៏បានទទួលយកសំពត់នោះ ដោយដៃទាំងពីរ ហើយនឹកនូវកម្មដ្ឋាន មានផ្កាឈូកក្រហមជាអារម្មណ៍ ចិត្តរបស់ខ្ញុំក៏រួចស្រឡះ (ចាកកិលេស) ក្នុងទីនោះ ខ្ញុំបានដល់អរហត្តផលហើយ។ ខ្ញុំបានដល់នូវបារមីញាណក្នុងទីទាំងពួង ក្នុងកាយដ៏សម្រេចដោយចិត្ត ហើយកំណត់ដឹងអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះចុល្លបន្ថកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ចុល្លបន្ថកត្ថេរាបទាន។

បិលិន្ទវច្ឆត្ថេរាបទាន ទី៥

(៥. បិលិន្ទវច្ឆត្ថេរអបទានំ)

[១៧] កាលព្រះលោកនាថ ព្រះនាមសុមេធៈ ទ្រង់ជាអគ្គបុគ្គល ទ្រង់បរិនិញ្វនហើយ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានធ្វើនូវការបូជាព្រះស្តូប។ ព្រះខីណាស្រពទាំងឡាយណា ដែលបានអភិញ្ញា ៦ មានឫទ្ធិច្រើន នៅក្នុងទីនោះ ខ្ញុំក៏បានប្រជុំព្រះខីណាស្រពទាំងនោះ ក្នុងទីនោះ ហើយបានធ្វើសង្ឃភត្ត។ កាលនោះ ព្រះថេរៈឈ្មោះសុមេធៈ ជាឧបដ្ឋាករបស់ព្រះមានព្រះភាគព្រះនាមសុមេធៈ ព្រះថេរៈនោះ បានធ្វើអនុមោទនា ក្នុងកាលនោះ។ ដោយចិត្តជ្រះថ្លានោះ ខ្ញុំបានចូលទៅក្នុងវិមាន ដែលមានស្រីអប្សរ ៨៦ ពាន់ កើតឡើងសម្រាប់ខ្ញុំ។ ពួកស្រីអប្សរនោះ ប្រព្រឹត្តតម្រូវចិត្តខ្ញុំ ដោយកាមទាំងពួងសព្វៗ កាល ខ្ញុំគ្របសង្កត់នូវពួកទេវតាដទៃ នេះជាផលនៃបុញ្ញកម្ម។ ក្នុងកប្បទី ២៥ កាលនោះ ខ្ញុំបានជាស្តេចចក្រពត្តិ ឈ្មោះវរុណៈ មានភោជនដ៏បរិសុទ្ធ។ មនុស្សទាំងឡាយនោះ មិនបាច់សាបព្រោះពូជ មិនបាច់ភ្ជួរដោយនង្គ័ល តែងបរិភោគស្រូវសាលី ដែលដុះក្នុងទីមិនបាច់ភ្ជួរ។ ខ្ញុំសោយរាជ្យក្នុងអត្តភាពជាមនុស្សនោះហើយ ក៏បានទៅកាន់អត្តភាពជាទេវតាម្តងទៀត ការបរិបូណ៌ដោយភោគៈបែបនេះ ក៏កើតឡើងសម្រាប់ខ្ញុំក្នុងកាលនោះ។ សត្វទាំងអស់ ទោះបីជាមិត្តក្តី មិនមែនជាមិត្តក្តី មិនដែលបៀតបៀនខ្ញុំ ខ្ញុំរមែងជាទីស្រឡាញ់នៃសត្វទាំងពួង នេះជាផលនៃបុញ្ញកម្ម។ ក្នុងកប្បទី ៣០ ពាន់ ព្រោះហេតុដែលខ្ញុំបានឲ្យទានក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិឡើយ នេះជាផលនៃគ្រឿងក្រអូប និងគ្រឿងលាប។ ក្នុងភទ្ទកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិមួយអង្គ ជាធំជាងជន មានអានុភាពច្រើន ជារាជឥសីមានកម្លាំងច្រើន។ ខ្ញុំនោះតាំងនៅក្នុងសីល ៥ ហើយញុំាងពួកជនច្រើននាក់ឲ្យដល់នូវសុគតិ ខ្ញុំជាទីស្រឡាញ់នៃទេវតាទាំងឡាយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបិលិន្ទវច្ឆត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បិលិន្ទវច្ឆត្ថេរាបទាន។

រាហុលត្ថេរាបទាន ទី៦

(៦. រាហុលត្ថេរអបទានំ)

[១៨] ខ្ញុំបានក្រាលកញ្ចក់ក្នុងប្រាសាទ ៧ ជាន់ ថ្វាយព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ ជាច្បងក្នុងលោក ទ្រង់ប្រកបតាទិគុណ។ ព្រះមហាមុនី ជាធំជាងសត្វជើងពីរ ព្រះអង្គប្រសើរជាងនរៈ មានពួកព្រះខីណាស្រពមួយពាន់អង្គចោមរោម ស្តេចចូលទៅកាន់គន្ធកុដិ។ ព្រះសាស្តាជាទេវតាប្រសើរជាងទេវតា ព្រះអង្គប្រសើរជាងនរៈ ទ្រង់ញុំាងគន្ធកុដិឲ្យរុងរឿង ឋិតនៅក្នុងកណ្តាលភិក្ខុសង្ឃ ហើយសម្តែងនូវគាថាទាំងឡាយនេះថា

ទីសេយ្យាសន៍នេះ ដែលបុគ្គលណា ធ្វើឲ្យរុងរឿងហើយ ដូចកញ្ចក់ដែលគេក្រាលដោយល្អល្អះ តថាគតនឹងសម្តែងសរសើរបុគ្គលនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ ប្រាសាទណាមួយ ជាទីស្រឡាញ់ពេញចិត្ត ប្រាសាទទាំងនោះ សុទ្ធតែជាវិការៈនៃមាស ទាំងជាវិការៈនៃកែវពៃទូរ្យ នឹងកើតឡើងសម្រាប់បុគ្គលនេះ។ បុគ្គលនោះនឹងសោយរាជ្យជាធំជាងទេវតា អស់ ៦៤ ដង ក្នុងជាតិជាលំដាប់មក នឹងបានជាស្តេចចក្រពត្តិអស់មួយពាន់ដង ក្នុងកប្បទី ២១ នឹងបានជាស្តេចចក្រពត្តិ ព្រះនាមវិមលៈ។ ជាឥស្សរៈលើផែនដី មានសមុទ្រទាំង ៤ ព័ទ្ធជុំវិញ ជាស្តេចឈ្នះសង្រ្គាម។ ទីក្រុង (របស់ព្រះបាទវិមលៈនោះ) ឈ្មោះរេណុវតី ដែលគេស្ថាបនាដោយឥដ្ឋ មានបណ្តាយ ៣០០ យោជន៍ ប្រកបដោយជ្រុង ៤។ ប្រាសាទឈ្មោះសុទស្សនៈ ប្រកបដោយផ្ទះកំពូលដ៏ប្រសើរ ស្អិតស្អាងដោយកែវ ៧ ប្រការ ដែលវិស្វករបានសាងថ្វាយ។ ទីក្រុងនោះ ស្ងប់ស្ងាត់ចាកសម្លេងទាំង ១០ ដ៏ដេរដាសដោយពួកវិជ្ជាធរ ដូចជាទីក្រុងឈ្មោះសុទស្សនៈ របស់ទេវតាទាំងឡាយដែរ។ កាលព្រះអាទិត្យរះឡើង ពន្លឺរបស់ក្រុងនោះ នឹងរុងរឿងជានិច្ចដោយជុំវិញ អស់ចម្ងាយ ៨ យោជន៍។ ក្នុងកប្បទីមួយសែន ព្រះសាស្តា ព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល នឹងត្រាស់ដឹងក្នុងលោក។ កុលបុត្រនោះ នឹងច្យុតចាកឋានតុសិតនោះមកវិញ ត្រូវកុសលមូលដាស់តឿន បានមកកើតជាព្រះរាជឱរសរបស់ព្រះមានព្រះភាគ ព្រះនាមគោតម។ កុលបុត្រនោះ ប្រសិនបើនៅគ្រប់គ្រងផ្ទះ នឹងបានជាស្តេចចក្រពត្តិ តែមិនមានហេតុដែលឲ្យកុលបុត្តជាតាទិបុគ្គលនុ៎ះ បានដល់នូវសេចក្តីត្រេកអរក្នុងផ្ទះឡើយ កុលបុត្រនោះនឹងចេញចាកផ្ទះទៅបួស ជាអ្នកមានវត្តល្អ នឹងបានជាព្រះអរហន្ត ឈ្មោះរាហុល។

ព្រះមហាមុនី ព្រះអង្គមានប្រាជ្ញាចាស់ បរិបូណ៌ដោយសីល ទ្រង់រក្សាខ្ញុំ ថែទាំខ្ញុំ ដូចជាមេបក្សីត្រដេវវិចរក្សាស៊ុត ពុំនោះសោត ដូចជាមេចាមរីរក្សារោម។ ខ្ញុំបានដឹងធម៌របស់ព្រះគោតមសម្ពុទ្ធនោះ ត្រេកអរក្នុងសាសនា ហើយកំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះសម្ពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះរាហុលត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ រាហុលត្ថេរាបទាន។

ឧបសេនវង្គន្តបុត្តត្ថេរាបទាន ទី៧

(៧. ឧបសេនវង្គន្តបុត្តត្ថេរអបទានំ)

[១៩] ខ្ញុំចូលទៅគាល់ព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ព្រះអង្គជាឆ្នើមក្នុងលោក អង់អាចជាងនរៈ ប្រសើរជាងនរៈ ដែលទ្រង់គង់នៅក្នុងញកភ្នំ។ គ្រានោះ ខ្ញុំបានឃើញផ្កាកណិការរីក ក៏កាច់ផ្កានោះត្រង់ទង យកមកធ្វើប្រដាប់លើឆត្រហើយ បង្អោនចូលទៅថ្វាយព្រះសម្ពុទ្ធ។ ទាំងបានថ្វាយចង្ហាន់បិណ្ឌបាត ជាភោជនដ៏ល្អឧត្តម ញុំាងសមណៈ ៨ អង្គ គម្រប់ ៩ នឹងព្រះសម្ពុទ្ធ ឲ្យឆាន់ស្កប់ស្កល់ក្នុងទីនោះ។ ព្រះសយម្ភូមានព្យាយាមធំ ព្រះអង្គប្រសើរ ទ្រង់អនុមោទនាចំពោះការថ្វាយឆត្រ និងការថ្វាយចង្ហាន់ដ៏ប្រសើរនេះថា

ដោយចិត្តជ្រះថ្លានោះ បុគ្គលនេះ នឹងបានទទួលសម្បត្តិ គឺនឹងបានគ្រប់គ្រងទេវរាជ្យ ជាធំជាងទេវតាអស់ ៣០ ដង។ នឹងបានជាស្តេចចក្រពត្តិ អស់ ២១ ដង នឹងបានគ្រប់គ្រងប្រទេសរាជ្យដ៏ធំទូលាយ រាប់បានមួយអសំខេយ្យកប្ប។ ព្រះសម្ពុទ្ធទាំងឡាយ ទ្រង់ត្រាស់ហៅបណ្ឌិតណា ជាអ្នកមានប្រាជ្ញាដូចផែនដី មានប្រាជ្ញាល្អ ថាជាអ្នកមានប្រាជ្ញាល្អ បណ្ឌិតនោះ នឹងកើតក្នុងឱក្កាកត្រកូល ក្នុងកប្បទីមួយសែនអំពីកប្បនេះ។ បណ្ឌិតនុ៎ះ នឹងបានជាព្រះពុទ្ធព្រះនាមគោតម កាលបើសាសនានៃព្រះគោតមរុងរឿង បុគ្គល (អ្នកថ្វាយផ្កា) នោះ នឹងទៅកាន់អត្តភាពជាមនុស្ស ឈ្មោះឧបសេនៈ នឹងបានជាសាវ័ករបស់ព្រះសាស្តាព្រះនាមគោតមនោះ។

គុណវិសេស ជាទីបំផុតរបស់ខ្ញុំកំពុងប្រព្រឹត្តទៅ ភពទាំងអស់ ខ្ញុំបានដកចោលហើយ ខ្ញុំបានឈ្នះមារ ព្រមទាំងសេនារបស់មារ ហើយទ្រទ្រង់នូវរាងកាយជាទីបំផុត។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឧបសេនវង្គន្តបុត្តត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឧបសេនវង្គន្តបុត្តត្ថេរាបទាន។

ចប់ ភាណវារៈ ទី៣។

រដ្ឋបាលត្ថេរាបទាន ទី៨

(៨. រដ្ឋបាលត្ថេរអបទានំ)

[២០] ខ្ញុំបានថ្វាយដំរីដ៏ប្រសើរ មានភ្លុកងដូចចន្ទោល មានភ្លៅដ៏មាំមួន ដល់ព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ជាឆ្នើមក្នុងលោក ព្រះអង្គមិនញាប់ញ័រដោយលោកធម៌។ ដំរីនោះ មានស្វេត្រឆត្រសម្រាប់ប្រដាប់ មានពេទ្យសម្រាប់ព្យាបាល មានបុរសសម្រាប់រក្សា ខ្ញុំកាត់ថ្លៃរបស់ទាំងអស់នោះ (លក់ចំណាយ) ធ្វើអារាមរបស់សង្ឃ។ ខ្ញុំបានធ្វើប្រាសាទអស់ប្រាក់ ៥៤ ពាន់ ធ្វើទានដូចជាទឹកជំនន់ដ៏ធំ ហើយវេរថ្វាយព្រះមហេសី។ ព្រះសយម្ភូមានព្យាយាមធំ ជាបុគ្គលប្រសើរ ទ្រង់អនុមោទនា ញុំាងជនទាំងពួងឲ្យរីករាយ សម្តែងនូវអមតនិញ្វន។ ព្រះពុទ្ធជានាយក ព្រះនាមបទុមុត្តរៈ គង់ក្នុងភិក្ខុសង្ឃ ទ្រង់ព្យាករទានរបស់ខ្ញុំនោះ ហើយសម្តែងគាថាទាំងឡាយនេះថា

កុលបុត្តនេះ បានធ្វើប្រាសាទអស់ប្រាក់ ៥៤ ពាន់ (ថ្វាយតថាគត) តថាគតនឹងសម្តែងនូវផលនៃទាន (របស់កុលបុត្តនុ៎ះ) អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ ផ្ទះមានកំពូល ចំនួន ១៨ ពាន់ នឹងកើតឡើងសម្រាប់កុលបុត្តនេះ ផ្ទះមានកំពូលទាំងនោះ សុទ្ធតែជាវិការៈនៃមាសទាំងអស់ កើតឡើងក្នុងវិមានដ៏ឧត្តម។ កុលបុត្តនេះ នឹងបានសោយទេវរាជ្យ ជាធំជាងទេវតា អស់ ៥០ ដង នឹងបានជាស្តេចចក្រពត្តិ អស់ ៥៨ ដង។ ក្នុងកប្បទីមួយសែន ព្រះសាស្តាព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល នឹងត្រាស់ដឹងក្នុងលោក។ ខណៈនោះ កុលបុត្តនេះ នឹងច្យុតចាកទេវលោក ត្រូវកុសលមូលដាស់តឿន នឹងកើតក្នុងត្រកូលស្តុកស្តម្ភ មានភោគៈច្រើន។ កុលបុត្តនោះឈ្មោះ រដ្ឋបាល លុះកាលជាខាងក្រោយមក ក៏ចេញបួស ត្រូវកុសលមូលដាស់តឿន នឹងបានជាសាវ័កនៃព្រះសាស្តា ព្រះនាមគោតមនោះ។ កុលបុត្តនោះឯង មានចិត្តបញ្ជូនទៅកាន់ព្យាយាម ជាអ្នកមានចិត្តស្ងប់ មិនមានឧបធិក្កិលេស កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិញ្វន។

ខ្ញុំក្រោកទៅសាងផ្នួស លះចោលភោគសម្បត្តិ ខ្ញុំមិនមានសេចក្តីស្រឡាញ់ភោគសម្ប័ទ ទុកដូចជាដុំទឹកមាត់។ សេចក្តីព្យាយាមរបស់ខ្ញុំ គួរនាំទៅនូវធុរៈ ជាទីនាំមកនូវធម៌ដ៏ក្សេមចាកយោគៈ ឥឡូវនេះ ខ្ញុំទ្រទ្រង់រាងកាយ ដែលជាទីបំផុតក្នុងសាសនា របស់ព្រះសម្មាសម្ពុទ្ធ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះសម្ពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះរដ្ឋបាលត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ រដ្ឋបាលត្ថេរាបទាន។

សោបាកត្ថេរាបទាន ទី៩

(៩. សោបាកត្ថេរអបទានំ)

[២១] កាលខ្ញុំកំពុងតែសំអាតញកជិតភ្នំដ៏ឧត្តមប្រសើរ ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ទ្រង់ស្តេចមកកាន់សំណាក់ខ្ញុំ។ លុះខ្ញុំឃើញព្រះសម្ពុទ្ធស្តេចមកដល់ ក៏ក្រាលកម្រាល ហើយបូជាអាសនៈជាវិការៈនៃផ្កាចំពោះព្រះសម្ពុទ្ធ ជាលោកជេដ្ឋ ព្រះអង្គមិនញាប់ញ័រដោយលោកធម៌។ ព្រះលោកនាយកព្រះនាមសិទ្ធត្ថៈ គង់លើបុប្ផាសនៈ ហើយជ្រាបគតិរបស់ខ្ញុំ ទើបទ្រង់បន្លឺឡើងនូវអនិច្ចតាធម៌ថា សង្ខារទាំងឡាយ មិនទៀងទាត់ពិត មានការកើតឡើង និងការសូន្យទៅវិញជាធម្មតា លុះកើតឡើងហើយ រមែងរលត់ទៅវិញ ការរម្ងាប់នូវសង្ខារទាំងឡាយនោះបាន ទើបនាំមកនូវសេចក្តីសុខ។ ព្រះសព្វញ្ញុពុទ្ធ ព្រះអង្គជាឆ្នើមក្នុងលោក ជានរាសភៈ ជាអ្នកប្រាជ្ញ លុះទ្រង់សម្តែងអនិច្ចតាធម៌នេះចប់ហើយ ទើបស្តេចហោះឡើងទៅឰដ៏អាកាស ដូចស្តេចហង្ស កាលហើរទៅឰដ៏អាកាស។ ខ្ញុំបានលះបង់នូវទិដ្ឋិរបស់ខ្លួន ហើយចម្រើននូវអនិច្ចសញ្ញា ខ្ញុំក៏បានចម្រើន អស់ ១ ថ្ងៃ ហើយធ្វើមរណកាលក្នុងទីនោះ។ ខ្ញុំសោយសម្បត្តិទាំងពីរ ត្រូវកុសលមូលដាស់តឿន ក៏បានដល់នូវបច្ឆិមភព ខ្ញុំចូលទៅកាន់កំណើតប្រកបដោយផល។ ខ្ញុំមានអាយុ ៧ ឆ្នាំ ខ្ញុំចេញចាកផ្ទះចូលទៅកាន់ផ្នួស បានដល់អរហត្តផល។ ខ្ញុំមានព្យាយាមតឹងរ៉ឹងណាស់ មានចិត្តបញ្ជូនទៅកាន់សមាធិ មានចិត្តតម្កល់ខ្ជាប់ល្អក្នុងសីល ញុំាងព្រះពុទ្ធជាមហានាគឲ្យប្រោសប្រាណ ហើយបានឧបសម្បទា។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្កា។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានចម្រើននូវអនិច្ចសញ្ញា ក្នុងកាលនោះ ការអស់អាសវៈក៏បានសម្រេចដល់ខ្ញុំ ដែលចម្រើនសញ្ញានោះ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះសម្ពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសោបាកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សោបាកត្ថេរាបទាន។

សុមង្គលត្ថេរាបទាន ទី១០

(១០. សុមង្គលត្ថេរអបទានំ)

[២២] ខ្ញុំមានប្រាថ្នានឹងបូជានូវគ្រឿងបូជា កំពុងតាក់តែងភោជនទទួលពួកព្រាហ្មណ៍ បានឋិតនៅក្នុងរោងដ៏ធំ។ គ្រានោះ ខ្ញុំបានឃើញព្រះសម្ពុទ្ធព្រះនាមបិយទស្សី ព្រះអង្គមានយសធំ ទ្រង់ទូន្មានសត្វលោកទាំងពួង ព្រះអង្គជាព្រះសយម្ភូ ជាបុគ្គលដ៏ប្រសើរ។ ព្រះអង្គមានជោគ មានរស្មីរុងរឿង មានពួកសាវ័កចោមរោម កំពុងស្តេចទៅក្នុងផ្លូវ រុងរឿងដូចជាព្រះអាទិត្យ។ ខ្ញុំផ្គងអញ្ជលីហើយធ្វើចិត្តរបស់ខ្លួនឲ្យជ្រះថ្លា បាននិមន្តព្រះអង្គដោយចិត្តថា សូមព្រះមហាមុនីស្តេចនិមន្តមក។ ព្រះសាស្តាប្រសើរក្នុងលោក ទ្រង់ជ្រាបបំណងរបស់ខ្ញុំហើយ ស្តេចចូលទៅកាន់ទ្វារផ្ទះរបស់ខ្ញុំ (ជាមួយ) និងព្រះខីណាស្រពមួយពាន់អង្គ។ (ខ្ញុំក្រាបទូលថា) បពិត្របុរសអាជានេយ្យ ខ្ញុំសូមនមស្ការព្រះអង្គ បពិត្របុរសដ៏ឧត្តម ខ្ញុំសូមនមស្ការព្រះអង្គ សូមព្រះអង្គស្តេចឡើង កាន់ប្រាសាទរបស់ខ្ញុំ ហើយគង់លើអាសនៈដ៏ប្រសើរ។ ព្រះសម្ពុទ្ធ ព្រះនាមបិយទស្សី ព្រះអង្គមានឥន្រ្ទិយទូន្មានហើយ ព្រះអង្គមានភិក្ខុព្រះខីណាស្រពជាបរិវារ ដែលមានឥន្រ្ទិយទូន្មានហើយដែរ ព្រះអង្គឆ្លងវដ្តសង្សារ ប្រសើរជាងពួកជនអ្នកឆ្លង ទ្រង់បានឡើងកាន់ប្រាសាទ ហើយគង់លើអាសនៈដ៏ប្រសើរ។ អាមិសៈណា ដែលខ្ញុំតាក់តែងបម្រុងទុកក្នុងផ្ទះរបស់ខ្លួន ខ្ញុំមានចិត្តជ្រះថ្លាថ្វាយអាមិសៈនោះ ចំពោះព្រះពុទ្ធដោយដៃទាំងពីររបស់ខ្លួន។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តល្អ មានសេចក្តីត្រេកអរ ធ្វើអញ្ជលីនមស្ការនូវព្រះពុទ្ធដ៏ប្រសើរថា ឱហ្ន៎ ព្រះពុទ្ធមានអានុភាពថ្លៃថ្លា។ បណ្តាភិក្ខុ ៨ អង្គ ដែលចូលមកកាន់ទីឆាន់ មានព្រះខីណាស្រពច្រើនអង្គនេះ ជាអានុភាពរបស់ព្រះអង្គ ខ្ញុំសូមដល់នូវព្រះអង្គជាទីពឹង។ ព្រះមានព្រះភាគ ព្រះនាមបិយទស្សី ជាច្បងក្នុងលោក ជានរាសភៈ គង់ក្នុងភិក្ខុសង្ឃ ហើយសម្តែងគាថាទាំងនេះថា

កុលបុត្តណា បាននិមន្តព្រះសង្ឃ ជាអ្នកមានចិត្តត្រង់ មានចិត្តនឹងនួន ព្រមទាំងតថាគតជាព្រះសម្ពុទ្ធ ឲ្យឆាន់ស្កប់ស្កល់ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ កុលបុត្តនោះនឹងសោយទេវរាជ្យ អស់ ២៧ ដង កុលបុត្តនោះប្រារព្ធនូវកុសលកម្ម របស់ខ្លួនហើយ នឹងរីករាយក្នុងទេវលោក។ កុលបុត្តនោះ នឹងបានជាស្តេចចក្រពត្តិ ១៨ ដង នឹងបានសោយប្រថពីរាជ្យ គ្រប់គ្រងផែនដីអស់ ៥០០ ដង។

ខ្ញុំចូលទៅក្នុងព្រៃធំ ជាអរញ្ញវ័ន ដែលពួកខ្លាអាស្រ័យនៅ ក៏តាំងព្យាយាមដុតបំផ្លាញនូវពួកកិលេស។ ក្នុងកប្បទី ១១៨ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយភត្ត។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសុមង្គលត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សុមង្គលត្ថេរាបទាន។

ឧទ្ទាន

រឿងព្រះសីហាសនទាយកត្ថេរ ១ ព្រះឯកត្ថម្ភិកត្ថេរ ១ ព្រះនន្ទត្ថេរ ១ ព្រះចុល្លបន្ថកត្ថេរ ១ ព្រះបិលិន្ទវច្ឆត្ថេរ ១ ព្រះរាហុលត្ថេរ ១ ព្រះឧបសេនវង្គន្តបុត្តត្ថេរ ១ ព្រះរដ្ឋបាលត្ថេរ ១ ព្រះសោបាកត្ថេរ ១ ព្រះសុមង្គលត្ថេរ ១ ត្រូវជា ១០ រឿង ជាវគ្គគម្រប់ពីរ គាថាដែលលោកសម្តែងហើយ ក្នុងវគ្គនោះមាន ១៣៧ គាថា។

ចប់ សីហាសនិយវគ្គ ទី២។

សុភូតិវគ្គ ទី៣

(៣. សុភូតិវគ្គោ)

សុភូតិត្ថេរាបទាន ទី១

(១. សុភូតិត្ថេរអបទានំ)

[២៣] មានភ្នំមួយឈ្មោះនិសភៈ នៅជិតព្រៃហិមពាន្ត អាស្រមរបស់ខ្ញុំ ទាំងបណ្ណសាលារបស់ខ្ញុំ គេសង់ល្អហើយ ក្បែរភ្នំនោះ។ ក្នុងកាលនោះ ខ្ញុំជាជដិល ឈ្មោះកោសិយៈ មានតបៈដ៏ឧក្រិដ្ឋ ប្រព្រឹត្តតែម្នាក់ឯង ឥតមានបុគ្គលជាទីពីរ អាស្រ័យនៅនាភ្នំនិសភៈ។ ខ្ញុំមិនបរិភោគផ្លែឈើ មើមឈើ និងស្លឹកឈើទេ ខ្ញុំចិញ្ចឹមជីវិតដោយផ្លែឈើជ្រុះឯង ក្នុងវេលាព្រឹក។ ខ្ញុំស៊ូលះបង់ជីវិត មិនញុំាងអាជីវៈឲ្យកម្រើក ខ្ញុំញុំាងចិត្តរបស់ខ្លួនឲ្យរីករាយ ចៀសវាងនូវអនេសនៈ។ ចិត្តរបស់ខ្ញុំប្រកបដោយរាគៈ កើតឡើងក្នុងកាលណា ខ្ញុំពិចារណាដោយខ្លួនឯង ខ្ញុំតែម្នាក់ឯងទូន្មាននូវចិត្តនោះ ក្នុងកាលនោះថា អ្នកឯងនៅតែត្រេកអរក្នុងអារម្មណ៍ ដែលគប្បីត្រេកអរផង ប្រទុស្តក្នុងអារម្មណ៍ដែលគប្បីប្រទុស្តផង វង្វេងក្នុងអារម្មណ៍ដែលគប្បីវង្វេងផង អ្នកចូរចៀសចេញចាកព្រៃទៅ។ ប្រទេសនេះ ជាលំនៅរបស់ពួកបុគ្គលជាអ្នកស្អាត ដែលមិនមានមន្ទិល មានតបធម៌ អ្នកកុំប្រទុស្តទីស្អាតនេះឡើយ អ្នកចូរចៀសចេញចាកព្រៃទៅ។ បើអ្នកជាគ្រហស្ថ នឹងបាននូវគូប្រកបក្នុងកាលណា អ្នកកុំធ្វើជនទាំងពីរនាក់ឲ្យអាក់អន់ឡើយ (ក្នុងកាលនោះ) អ្នកចូរចៀសចេញចាកព្រៃទៅ។ ឧសដែលគេដុតសាកសពហើយ ជារបស់ធ្វើកិច្ចមិនបានក្នុងទីណាមួយ គឺមិនបានការក្នុងស្រុក ឬក្នុងព្រៃ ព្រោះថាឧសនោះ គេមិនសន្មតថាជាឧសឡើយ យ៉ាងណាមិញ។ អ្នកឯងទុកដូចជាឧស ដែលគេដុតសាកសព គឺមិនមែនជាគ្រហស្ថ មិនមែនជាបព្វជិតសង្រួមទេ ជាមនុស្សផុតចាកភេទទាំងពីរ ក្នុងថ្ងៃនេះ អ្នកចូរចៀសចេញចាកព្រៃទៅ។ ក្រែងអ្នកគប្បីមានអំពើនុ៎ះឬ ព្រោះអ្នកណានឹងដឹងនូវអំពើរបស់អ្នកនេះ អ្នកនឹងនាំទៅនូវធុរៈ ចាកភាពនៃយើង ដែលជាអ្នកច្រើនដោយសេចក្តីខ្ជិលច្រអូស យ៉ាងឆាប់។ អ្នកប្រាជ្ញទាំងឡាយ នឹងខ្ពើមរអើមអ្នក ដូចអ្នកក្រុងខ្ពើមរអើមវត្ថុមិនស្អាត ឥសីទាំងឡាយ នឹងកោះហៅអ្នកមកចោទសព្វៗ កាល។ អ្នកប្រាជ្ញទាំងឡាយ នឹងតិះដៀលអ្នកថា ជាមនុស្សប្រព្រឹត្តកន្លងសាសនា អ្នកកាលមិនបាននៅរួមជាមួយ (នឹងប្រាជ្ញទាំងឡាយ) តើនឹងរស់នៅដូចម្តេច។ ដំរីមានកម្លាំងចូលទៅជិតដំរីដ៏ប្រសើរ មានអាយុ ៦០ ទើបថយកម្លាំង ចុះប្រេងដោយចំណែក ៣ ហើយបណ្តេញដំរី (នុ៎ះ) ចាកហ្វូង។ ដំរីនុ៎ះ កាលត្រូវដំរីមានកម្លាំង បណ្តេញចេញចាកហ្វូងហើយ រមែងស្ងប់ស្ងៀម មិនបានសុខស្រួលទេ ជាសត្វដល់នូវសេចក្តីទុក្ខ ខូចចិត្ត សញ្ជប់សញ្ជឹង ញាប់ញ័រ យ៉ាងណា។ ពួកជដិលនឹងបណ្តេញអ្នកឯង ដែលមានគំនិតអាក្រក់ចេញ អ្នកឯងត្រូវពួកជដិលទាំងនោះ បណ្តេញចេញហើយ រមែងស្ងប់ស្ងៀម មិនបានសុខស្រួលទេ ក៏យ៉ាងនោះឯង។ អ្នកឯងកំពុងពោរពេញដោយសរ គឺសេចក្តីសោកឆេះរោលរាល ព្រោះសេចក្តីក្តៅក្រហាយទាំងថ្ងៃទាំងយប់ ដូចជាដំរីចុះប្រេង ដែលត្រូវដំរីមានកម្លាំងបណ្តេញចាកហ្វូង។ ជាតរូបក្លែងក្លាយ ចាយមិនដាច់ក្នុងទីណាមួយ យ៉ាងណា អ្នកឯងជាបុគ្គលសាបសូន្យចាកសីល នឹងចាយមិនដាច់ក្នុងទីណាមួយ យ៉ាងនោះដែរ។ អ្នកឯងកាលបើនៅគ្រប់គ្រងផ្ទះ នឹងរស់នៅដូចម្តេចបាន ព្រោះទ្រព្យជារបស់នៃមាតាក្តី ជារបស់នៃបិតាក្តី ដែលអ្នកបម្រុងទុក មិនមានទេ។ អ្នកឯងលុះតែធ្វើការងាររបស់ខ្លួនហើយ ញុំាងញើសក្នុងខ្លួនឲ្យហូរចេញ ទើបនឹងរស់នៅក្នុងផ្ទះបាន ហេតុនេះ ខ្ញុំសូមអង្វរ អ្នកកុំគាប់ចិត្តនឹងការងារនោះឡើយ។ ខ្ញុំឃាត់នូវចិត្តដែលដល់នូវសេចក្តីសៅហ្មង ក្នុងទីនោះ យ៉ាងនេះហើយ ខ្ញុំធ្វើនូវធម្មកថាផ្សេងៗ ហើយឃាត់ចិត្តចាកអំពើអាក្រក់។ កាលបើខ្ញុំនៅដោយសេចក្តីមិនប្រហែស យ៉ាងនេះ ៣០ ពាន់ឆ្នាំរបស់ខ្ញុំ កន្លងហើយក្នុងព្រៃ។ ព្រះបទុមុត្តរសម្ពុទ្ធ ទ្រង់ឃើញខ្ញុំ ជាអ្នកស្វែងរកនូវប្រយោជន៍ដ៏ឧត្តម ដោយសេចក្តីមិនប្រហែស ហើយស្តេចមកកាន់សំណាក់នៃខ្ញុំ។ កាលនោះ ព្រះពុទ្ធមានពន្លឺដូចជាសម្បុរនៃផ្លែទន្លាប់ នឹងប្រមាណមិនបាន មិនមានគ្រឿងប្រៀប មិនមានរូបដទៃប្រាកដស្មើដោយព្រះរូប (របស់ព្រះអង្គ) ទ្រង់ចង្រ្កមឰដ៏អាកាស។ កាលនោះ ព្រះពុទ្ធមិនមានអ្វីប្រាកដស្មើដោយញាណ ទ្រង់ចង្រ្កមឰដ៏អាកាស ដូចជាសាលព្រឹក្ស ដែលមានផ្ការីកល្អ ពុំនោះសោត ដូចផ្លេកបន្ទោរ ក្នុងចន្លោះនៃដុំពពក។ កាលនោះ ព្រះពុទ្ធទ្រង់ចង្រ្កមឰដ៏អាកាស ដូចជាស្តេចសីហៈមិនមានសេចក្តីព្រឺព្រួច ឬដូចស្តេចដំរី ដែលគេហាត់បានហើយ ពុំនោះសោត ដូចស្តេចខ្លា ដែលមិនមានសេចក្តីខ្លាច។ គ្រានោះ ព្រះសម្ពុទ្ធមានរស្មីដូចមាសឆ្តោរឈ្មោះសិង្គិ ឬដូចរងើកភ្លើងឧសគគីរ ពុំនោះសោត ដូចកែវមណីមានរស្មីដ៏រុងរឿង ទ្រង់ចង្រ្កមឰដ៏អាកាស។ គ្រានោះ ព្រះសម្ពុទ្ធដូចភ្នំកៃលាសដ៏បរិសុទ្ធ ឬដូចព្រះចន្រ្ទក្នុងថ្ងៃពេញបូណ៌មី ពុំនោះសោត ដូចព្រះអាទិត្យតាំងនៅក្នុងទីពាក់កណ្តាល (ថ្ងៃត្រង់) ទ្រង់ចង្រ្កមឰដ៏អាកាស។ គ្រានោះ ខ្ញុំឃើញព្រះសម្ពុទ្ធ ដែលកំពុងចង្រ្កមឰដ៏អាកាស ក៏គិតយ៉ាងនេះថា សត្វនេះជាទេវតាឬ ឬថាសត្វនេះជាមនុស្ស។ នរៈបែបនេះលើផែនដី ខ្ញុំមិនដែលឮ មិនដែលឃើញ ទំនងជាមានចំណែកនៃមន្ត សត្វនេះប្រហែលជាសាស្តា។ ខ្ញុំលុះគិតយ៉ាងនេះហើយ ក៏ញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា គ្រានោះ ខ្ញុំប្រមូលផ្កាផ្សេងៗ និងគ្រឿងក្រអូប។ ខ្ញុំក្រាលបុប្ផាសនៈដ៏វិចិត្រល្អ ដែលជាទីរីករាយនៃចិត្ត ហើយពោលពាក្យនេះទៅរកព្រះមានព្រះភាគ ជាសារថីនៃនរជនដ៏ប្រសើរថា បពិត្រព្រះអង្គមានព្យាយាម អាសនៈដែលខ្ញុំព្រះអង្គក្រាលហើយនេះ សមគួរដល់ព្រះអង្គ សូមព្រះអង្គញុំាងចិត្តខ្ញុំព្រះអង្គឲ្យរីករាយ ហើយគង់លើអាសនៈជាវិការៈនៃផ្កា។ ព្រះមានព្រះភាគ ទ្រង់គង់លើអាសនៈ ជាវិការៈនៃផ្កាដ៏ប្រសើរនោះ អស់ ៧ យប់ ៧ ថ្ងៃ ដូចជាកេសររាជសីហ៍ ឥតតក់ស្លុតឡើយ ខ្ញុំបានឈរនមស្ការ អស់ ៧ យប់ ៧ ថ្ងៃ។

ព្រះសាស្តា ព្រះអង្គប្រសើរក្នុងលោក ទ្រង់ចេញចាកសមាធិ កាលនឹងទ្រង់សម្តែងនូវអំពើរបស់ខ្ញុំ ទ្រង់ត្រាស់ដូច្នេះថា អ្នកចូរចម្រើននូវពុទ្ធានុស្សតិ ដែលជាគុណជាតិដ៏ប្រសើរ ជាងការចម្រើននូវអនុស្សតិទាំងឡាយដទៃ។ លុះអ្នកចម្រើននូវពុទ្ធានុស្សតិនេះហើយ នឹងបានញុំាងចិត្តឲ្យពេញ នឹងរីករាយក្នុងទេវលោក អស់ ៣០ ពាន់កប្ប។ អ្នកនឹងបានសោយទេវរាជ្យ ជាធំជាងទេវតា អស់ ៨០ ដង នឹងបានជាស្តេចចក្រពត្តិ ក្នុងដែនអស់មួយពាន់ដង។ នឹងបានជាស្តេចក្នុងប្រទេសដ៏ធំទូលាយ សោយនូវសម្បត្តិទាំងអស់នោះ រាប់បានមួយអសង្ខេយ្យកប្ប នេះជាផលនៃពុទ្ធានុស្សតិ។ អ្នកកាលបើអន្ទោលទៅក្នុងភពតូច និងភពធំ នឹងបាននូវភោគៈដ៏ច្រើន ការខ្វះខាតដោយភោគៈទាំងឡាយរបស់អ្នក មិនមានឡើយ នេះជាផលនៃពុទ្ធានុស្សតិ។ លុះកន្លងទៅមួយសែនកប្ប ព្រះសាស្តា ព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល នឹងត្រាស់ដឹងឡើងក្នុងលោក។ អ្នកនឹងលះចោលនូវទ្រព្យ ៨០ កោដិ និងពួកទាសកម្មករជាច្រើន ហើយទៅបួសក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមគោតមនោះ។ អ្នកមានឈ្មោះថាសុភូតិ នឹងញុំាងព្រះសម្ពុទ្ធ ព្រះនាមគោតម ទ្រង់ប្រសើរជាងពួកសក្យឲ្យប្រោសប្រាណ ហើយនឹងបានជាសាវ័កនៃព្រះសាស្តា។ ព្រះគោតមសម្ពុទ្ធ ទ្រង់គង់ក្នុងកណ្តាលនៃភិក្ខុសង្ឃ ហើយទ្រង់តាំងអ្នកថាជាភិក្ខុប្រសើរ ក្នុងឋានៈទាំងពីរ គឺក្នុងពួកនៃទក្ខិណេយ្យបុគ្គល ១ ក្នុងការនៅមិនមានកិលេស (ដោយធម្មទេសនា) ១។

ព្រះសម្ពុទ្ធជាអ្នកប្រាជ្ញ ជានាយក ព្រះនាមបទុមុត្តរៈ លុះត្រាស់នូវពាក្យនេះហើយ ទ្រង់ហោះឡើងកាន់អាកាស ដូចស្តេចហង្ស ហើរទៅឰដ៏អាកាស។ ខ្ញុំដែលព្រះលោកនាថ ទ្រង់ប្រៀនប្រដៅហើយ ក៏មានចិត្តរីករាយ នមស្ការព្រះតថាគត ហើយចម្រើនពុទ្ធានុស្សតិដ៏ឧត្តមសព្វៗ កាល។ ខ្ញុំលះបង់រាងកាយ ជារបស់មនុស្សហើយ បានទៅកើតក្នុងតាវត្តឹង្សទេវលោក ដោយសារកុសលកម្ម ដែលខ្ញុំធ្វើល្អហើយនោះផង ដោយការតម្កល់ចេតនានោះផង។ ខ្ញុំបានសោយទេវរាជ្យ ជាធំជាងទេវតា អស់ ៨០ ដង បានជាស្តេចចក្រពត្តិ អស់មួយពាន់ដង។ ខ្ញុំសោយរាជ្យក្នុងប្រទេសដ៏ធំទូលាយ ជាសម្បត្តិដ៏ប្រពៃ រាប់បានមួយអសង្ខេយ្យជាតិ នេះជាផលនៃពុទ្ធានុស្សតិ។ ខ្ញុំកាលអន្ទោលទៅ ក្នុងភពតូច និងភពធំ តែងបាននូវភោគៈដ៏ច្រើន ការខ្វះខាតដោយភោគៈរបស់ខ្ញុំ មិនមានឡើយ នេះជាផលនៃពុទ្ធានុស្សតិ។ ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើនូវកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធានុស្សតិ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសុភូតិត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សុភូតិត្ថេរាបទាន។

ឧបវាណត្ថេរាបទាន ទី២

(២. ឧបវានត្ថេរអបទានំ)

[២៤] ព្រះជិនស្រីសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់ដល់ត្រើយនៃធម៌ទាំងពួង រុងរឿងដូចគំនរភ្លើង ទ្រង់បរិនិញ្វនហើយ។ មហាជនមកជួបជុំគ្នា បូជាព្រះតថាគត ធ្វើជើងថ្ករដ៏វិចិត្រ ហើយលើកតម្កល់ព្រះសរីរៈ។ ពួកមហាជនទាំងនោះ ព្រមទាំងទេវតា និងមនុស្ស លុះធ្វើព្រះសរីរកិច្ចរួចហើយ ប្រមូលព្រះធាតុត្រង់កន្លែងជើងថ្ករនោះ មកធ្វើព្រះពុទ្ធស្តូប។ ជាន់ទី ១ ធ្វើដោយមាស ជាន់ទី ២ ធ្វើដោយកែវមណី ជាន់ទី ៣ ធ្វើដោយប្រាក់ ជាន់ទី ៤ ធ្វើដោយកែវផលិក។ ជាន់ទី ៥ នៃព្រះស្តូបនោះ ធ្វើដោយកែវទទឹម ជាន់ទី ៦ ធ្វើដោយកែវមរកត ខាងលើធ្វើដោយរតនៈគ្រប់យ៉ាង។ ទ្រនាប់ខ្សាច់ (នៃព្រះស្តូប) ធ្វើដោយកែវមណី បង្កាន់ដៃធ្វើដោយកែវ តួព្រះស្តូបធ្វើដោយមាសសុទ្ធទាំងអស់ កំពស់ឡើងទៅលើមួយយោជន៍។ កាលនោះ ទេវតាមកជួបជុំគ្នា ត្រង់កន្លែងនោះ ហើយប្រឹក្សាជាមួយគ្នាថា ពួកយើងនឹងធ្វើព្រះស្តូបថ្វាយព្រះលោកនាថ ជាតាទិបុគ្គល។ ព្រះធាតុឥតមានបែកខ្ញែកចេញពីគ្នា ព្រះសរីរធាតុនៅជាដុំមួយ (បើដូច្នោះ) ពួកយើងនឹងធ្វើព្រះស្តូប ស្រោបលើព្រះពុទ្ធស្តូបនេះ។ ពួកទេវតាបានបង្កើនកំពស់មួយយោជន៍ដទៃទៀត ដោយកែវទាំង ៧ ប្រការ ព្រះស្តូបនោះទៅជាមានកំពស់ ២ យោជន៍ តែងកម្ចាត់បង់នូវងងឹតសព្វៗ កាល។ គ្រានោះ ពួកនាគមកជួបជុំគ្នា ត្រង់កន្លែងព្រះស្តូបនោះ ហើយប្រឹក្សាជាមួយគ្នាថា ពួកមនុស្ស និងទេវតា បានធ្វើព្រះស្តូបថ្វាយព្រះពុទ្ធ។ ពួកយើងកុំប្រហែសឡើយ ព្រោះមនុស្ស និងទេវតាមិនប្រហែស បើដូច្នោះ ពួកយើងនឹងធ្វើព្រះស្តូបថ្វាយព្រះលោកនាថ ព្រះអង្គជាតាទិបុគ្គល។ ពួកនាគទាំងនោះប្រមូលកែវឥន្ទនីល កែវមហានីល ទាំងកែវមណី មានរស្មីរុងរឿង ក្នុងទីជាមួយគ្នា ហើយស្រោបព្រះពុទ្ធស្តូប។ ព្រះពុទ្ធចេតិយទាំងមូល ប្រដាប់ដោយកែវមណី មានកំពស់ ៣ យោជន៍ តែងផ្សាយចេញនូវពន្លឺ ក្នុងកាលនោះ។ កាលនោះ ពួកគ្រុឌមកជួបជុំគ្នា ហើយប្រឹក្សាជាមួយគ្នាថា ពួកមនុស្ស ទេវតា និងនាគទាំងឡាយ បានធ្វើព្រះស្តូបថ្វាយព្រះពុទ្ធ។ ពួកយើងកុំប្រហែសឡើយ ព្រោះមនុស្ស និងទេវតាទាំងឡាយ មិនប្រហែស បើដូច្នោះ ពួកយើងនឹងធ្វើព្រះស្តូបថ្វាយព្រះលោកនាថ ព្រះអង្គជាតាទិបុគ្គល។ គ្រុឌទាំងនោះបានធ្វើព្រះស្តូប ប្រដាប់ដោយកែវមណីសុទ្ធឲ្យជាគ្រឿងស្រោប មានទំហំប៉ុនគ្នា ពួកគ្រុឌទាំងនោះ បានធ្វើពុទ្ធចេតិយឲ្យមានកំពស់កើនមួយយោជន៍ទៀត។ ព្រះពុទ្ធស្តូបទៅជាមានកំពស់ ៤ យោជន៍ រុងរឿង ញុំាងទិសទាំងអស់ឲ្យភ្លឺដូចព្រះអាទិត្យដែលរះឡើង។ កាលនោះ ពួកកុម្ភណ្ឌមកជួបជុំគ្នា ហើយប្រឹក្សាជាមួយគ្នាថា ពួកមនុស្ស ទេវតា នាគ និងគ្រុឌទាំងឡាយ បាននាំគ្នាធ្វើព្រះស្តូបដ៏ថ្លៃថ្លា ថ្វាយព្រះពុទ្ធដ៏ប្រសើរផ្សេងៗ គ្នា ពួកយើងកុំធ្វេសប្រហែសឡើយ ព្រោះមនុស្ស និងទេវតាទាំងឡាយមិនប្រហែស បើដូច្នោះ ពួកយើងនឹងធ្វើព្រះស្តូបថ្វាយព្រះលោកនាថ ព្រះអង្គជាតាទិបុគ្គល ពួកយើងនឹងស្រោបពុទ្ធចេតិយ ដោយកែវទាំងឡាយតទៅទៀត។ ពួកកុម្ភណ្ឌទាំងនោះ បានធ្វើពុទ្ធចេតិយឲ្យកើនកំពស់មួយយោជន៍ទៅទៀត ព្រះស្តូបទៅជាមានកំពស់ ៥ យោជន៍ តែងរុងរឿងក្នុងកាលនោះ។ លំដាប់នោះ ពួកយក្ខមកជួបជុំគ្នា ត្រង់កន្លែងព្រះស្តូបនោះ ហើយប្រឹក្សាជាមួយគ្នាថា ពួកមនុស្ស ទេវតា នាគ កុម្ភណ្ឌ និងគ្រុឌទាំងឡាយ បានធ្វើព្រះស្តូបដ៏ថ្លៃថ្លា ថ្វាយព្រះពុទ្ធដ៏ប្រសើរផ្សេងៗ គ្នា ពួកយើងកុំធ្វេសប្រហែសឡើយ ព្រោះមនុស្ស និងទេវតាទាំងឡាយ មិនប្រហែស ពួកយើងនឹងធ្វើព្រះស្តូបថ្វាយព្រះលោកនាថ ព្រះអង្គជាតាទិបុគ្គល ពួកយើងនឹងស្រោបពុទ្ធចេតិយ ដោយកែវផលិកតទៅទៀត។ ពួកយក្ខទាំងនោះ បានធ្វើពុទ្ធចេតិយឲ្យកើនកំពស់មួយយោជន៍ទៅទៀត ព្រះស្តូបទៅជាមានកំពស់ ៦ យោជន៍ តែងរុងរឿងក្នុងកាលនោះ។ គ្រានោះ ពួកគន្ធព្វប្រជុំប្រឹក្សាក្នុងទីជាមួយគ្នាថា ពួកមនុស្ស ទេវតា នាគ គ្រុឌ កុម្ភណ្ឌ និងយក្ខទាំងឡាយ ទាំងអស់គ្នាបានធ្វើព្រះស្តូបថ្វាយព្រះពុទ្ធ ឯពួកយើងមិនបានធ្វើព្រះស្តូបក្នុងទីនោះឡើយ បើដូច្នោះ ពួកយើងនឹងធ្វើព្រះស្តូបថ្វាយព្រះលោកនាថ ព្រះអង្គជាតាទិបុគ្គល។ ពួកគន្ធព្វទាំងនោះ បានធ្វើថ្នាក់ ៧ ជាន់ ដរាបតាំងពីទ្រនាប់ខ្សាច់ឡើងទៅ បានធ្វើព្រះស្តូបសុទ្ធតែជាវិការៈនៃមាសទាំងអស់ ក្នុងកាលនោះ។ ព្រះស្តូបទៅជាមានកំពស់ ៧ យោជន៍តែងរុងរឿង ក្នុងកាលនោះ គេឥតដឹងថាយប់ថ្ងៃ ព្រោះពន្លឺមាននៅសព្វៗ កាល។ ព្រះចន្រ្ទ ព្រះអាទិត្យព្រមទាំងពួកផ្កាយ គ្របសង្កត់ពន្លឺព្រះស្តូបនោះមិនបាន ឯប្រទីបរុងរឿងតែក្នុងទីចម្ងាយ ១០០ យោជន៍ជុំវិញ។ ក្នុងកាលនោះ មនុស្សទាំងឡាយណាមួយ បូជាព្រះស្តូប មនុស្សទាំងនោះមិនឡើងកាន់ព្រះស្តូប មនុស្សទាំងនោះ តែងបោះទៅឰដ៏អាកាស។ មានយក្ខមួយ ឈ្មោះអភិសម្មតៈ ដែលពួកទេវតាតាំងទុកហើយ ចាំទទួលទង់ ឬកម្រងផ្កាឰដ៏ខាងលើ។ មនុស្សទាំងនោះ មិនឃើញយក្ខនោះទេ ឃើញតែកម្រងនៃផ្កាអណ្តែតទៅ លុះឃើញកម្រងផ្កាទាំងនោះហើយ ក៏ដើរទៅ ពួកមនុស្សទាំងអស់នោះឯង តែងទៅកាន់សុគតិ។ ពួកមនុស្ស ទាំងអ្នកខុសក្នុងសាសនា ទាំងអ្នកជ្រះថ្លាក្នុងសាសនា ដែលចង់ឃើញបាដិហារ តែងបូជាព្រះស្តូប។ គ្រានោះ ខ្ញុំកើតជាអ្នកកំសត់នៅក្នុងក្រុងហង្សវតី បានឃើញជនរីករាយហើយ ក៏គិតយ៉ាងនេះក្នុងកាលនោះថា ព្រះស្តូបដែលបញ្ចុះព្រះសរីរធាតុ ប្រាកដដូចនេះ របស់ព្រះមានព្រះភាគអង្គណា ព្រះមានព្រះភាគអង្គនុ៎ះ មានបុណ្យដ៏លើសលុប ពួកជននេះមានចិត្តត្រេកអរហើយ ចំពោះជនអ្នកធ្វើនូវសក្ការៈ រមែងមិនក្តៅក្រហាយ។ អាត្មាអញនឹងធ្វើសក្ការៈ ថ្វាយព្រះលោកនាថ ជាតាទិបុគ្គលដែរ នឹងបានជាព្រះទាយាទក្នុងធម៌របស់ព្រះលោកនាថអង្គនោះ ក្នុងកាលជាអនាគត។ ខ្ញុំក៏លើកឡើងនូវសំពត់របស់ជាងជ្រលក់ដែលបោកគក់យ៉ាងស្អាត ព្យួរនឹងចុងឫស្សី ហើយលើកឡើងជាទង់ឰដ៏អាកាស។ អភិសម្មតយក្ស រីករាយកាន់ទង់របស់ខ្ញុំ (ឋិតនៅ) ឰដ៏អាកាស ខ្ញុំឃើញទង់ដែលត្រូវខ្យល់បក់រវិចហើយ ក៏ញុំាងសេចក្តីរីករាយឲ្យកើត ដោយក្រៃលែង។ ខ្ញុំធ្វើចិត្តឲ្យជ្រះថ្លាចំពោះទង់នោះហើយ ក៏ចូលទៅរកព្រះសមណៈ ថ្វាយបង្គំទូលសួរនូវផលទង់នឹងភិក្ខុនោះ។

ភិក្ខុនោះសម្តែងនូវកិរិយាកើតឡើងនៃសេចក្តីត្រេកអរ និងបីតិរបស់ខ្ញុំ ប្រាប់ខ្ញុំថា អ្នកនឹងបានទទួលផលរបស់ទង់នោះសព្វៗ កាល។ សេនាមានអង្គ ៤ គឺ ដំរី សេះ រថ ពលថ្មើរជើង នឹងចោមរោមអ្នកអស់កាលជានិច្ច នេះជាផលនៃការថ្វាយទង់។ តូរ្យតន្រ្តី ៦០ ពាន់ និងស្គរដែលគេតាក់តែងយ៉ាងល្អ នឹងចោមរោមអ្នកអស់កាលជានិច្ច នេះជាផលនៃការថ្វាយទង់។ ពួកនារី ៨៦ ពាន់ មានខ្លួនតាក់តែងយ៉ាងល្អ មានសំពត់ និងគ្រឿងអម្ពរដ៏វិចិត្រ ពាក់កែវមណី និងកុណ្ឌល។ ពួកនារីទាំងនោះ មានមុខទូលាយ មានមុខស្រស់ស្រាយ មានត្រគាកសាយ មានដងខ្លួនរៀវល្អ នឹងចោមរោមអ្នកអស់កាលជានិច្ច នេះជាផលនៃការថ្វាយទង់។ អ្នកនឹងរីករាយក្នុងទេវលោកអស់ ៣០ ពាន់កប្ប នឹងបានសោយទេវរាជ្យ ជាធំជាងទេវតាអស់ ៨០ ដង។ នឹងបានជាស្តេចចក្រពត្តិ អស់មួយពាន់ដង នឹងសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យជាតិ។ កន្លងទៅមួយសែនកប្ប ព្រះសាស្តាព្រះនាមគោតម ទ្រង់សម្ភពក្នុងឱក្កាកៈត្រកូល នឹងត្រាស់ដឹងក្នុងលោក។ អ្នកនឹងច្យុតចាកទេវលោកមក ត្រូវកុសលមូលដាស់តឿន ប្រកបដោយបុញ្ញកម្ម នឹងកើតជាព្រាហ្មណ៍។ អ្នកនឹងលះចោលទ្រព្យ ៨០ កោដិ និងទាសកម្មករជាច្រើន ហើយបួសក្នុងសាសនា របស់ព្រះមានព្រះភាគព្រះនាមគោតម។ អ្នកនឹងមានឈ្មោះថា ឧបវាណៈ ញុំាងព្រះសម្ពុទ្ធព្រះនាមគោតមដ៏ប្រសើរជាងពួកសក្យៈ ឲ្យប្រោសប្រាណ ហើយនឹងបានជាសាវ័ករបស់ព្រះសាស្តា។

កុសលកម្មដែលខ្ញុំធ្វើហើយ ក្នុងរវាងមួយសែនកប្ប បានឲ្យផលដល់ខ្ញុំ ក្នុងជាតិនេះ ខ្ញុំផុតស្រឡះហើយ (ចាកអាសវធម៌) ដូចសន្ទុះនៃព្រួញ (ដែលផុតស្រឡះចាកធ្នូ) ខ្ញុំដុតបំផ្លាញនូវកិលេសទាំងឡាយរបស់ខ្ញុំហើយ។ កាលដែលខ្ញុំកើតជាស្តេចចក្រពត្តិ ជាឥស្សរៈក្នុងទ្វីបទាំង ៤ ទង់ផុសឡើងក្នុងរវាង ៣ យោជន៍ដោយជុំវិញសព្វៗ កាល។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិឡើយ នេះជាផលនៃការថ្វាយទង់។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឧបវាណត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឧបវាណត្ថេរាបទាន។

តីណិសរណាគមនិយត្ថេរាបទាន ទី៣

(៣. តិសរណគមនិយត្ថេរអបទានំ)

[២៥] ខ្ញុំជាអ្នកបម្រើមាតាបិតាក្នុងក្រុងចន្ទវតី មាតាបិតារបស់ខ្ញុំខ្វាក់ ខ្ញុំចិញ្ចឹមលោកទាំងនោះ ក្នុងកាលនោះ។ កាលនោះ ខ្ញុំទៅក្នុងទីស្ងាត់អង្គុយគិតយ៉ាងនេះថា អាត្មាអញកាលចិញ្ចឹមមាតាបិតា ក៏មិនបាននូវបព្វជ្ជា។ បុគ្គលទាំងឡាយដែលត្រូវងងឹតធំបិទបាំងហើយ រមែងឆេះដោយភ្លើង ៣ យ៉ាង គ្មានអ្នកណានីមួយជាអ្នកដឹកនាំ ក្នុងភពប្រាកដដូចនេះទេ។ ឥឡូវនេះ ព្រះពុទ្ធត្រាស់ឡើងក្នុងលោកហើយ តែងញុំាងសាសនាឲ្យរុងរឿង សត្វអ្នកប្រាថ្នាបុណ្យ អាចនឹងរើខ្លួនបាន។ ខ្ញុំដល់នូវត្រៃសរណគមន៍ ហើយរក្សាពេញលេញ មានមុខងាកចេញពីទុគ្គតិ ដោយសារអំពើដែលខ្ញុំធ្វើដោយប្រពៃនោះ។ មានសមណៈមួយអង្គ ឈ្មោះនិសភៈ ជាអគ្គសាវ័ករបស់ព្រះពុទ្ធ ខ្ញុំបានចូលទៅរកព្រះនិសភៈនោះ ហើយទទួលនូវសរណគមន៍។ ក្នុងសម័យនោះ អាយុ (របស់សត្វ) មានប្រមាណមួយសែនឆ្នាំ ខ្ញុំបានរក្សាសរណគមន៍ ឲ្យពេញលេញ អស់កាលប៉ុណ្ណោះដែរ។ ក្នុងកាលជាទីបំផុតកំពុងប្រព្រឹត្តទៅ ខ្ញុំរលឹករឿយៗ នូវសរណគមន៍នោះ ខ្ញុំបានទៅកាន់ឋានតាវត្តិង្ស ដោយសារកុសលកម្មដែលខ្ញុំបានធ្វើល្អហើយនោះ។ ខ្ញុំកាលទៅកើតក្នុងទេវលោក ដែលខ្ជាប់ខ្ជួនដោយបុញ្ញកម្ម បើចូលទៅកាន់ប្រទេសណាៗ រមែងបាននូវហេតុ ៨ ប្រការ (ក្នុងប្រទេសនោះៗ)។ គឺគេតែងបូជាខ្ញុំក្នុងទិសទាំងឡាយ ១ ខ្ញុំជាអ្នកមានប្រាជ្ញាមោះមុត ១ ពួកទេវតាទាំងអស់រមែងប្រព្រឹត្តទៅ (តាមខ្ញុំ) ១ ខ្ញុំតែងបាននូវភោគៈមានចំនួនរាប់មិនបាន ១។ ខ្ញុំមានសម្បុរដូចមាសក្នុងទីទាំងពួង ១ មានបញ្ញាវាងវៃ ១ មិនកម្រើកចាកមិត្រទាំងឡាយ ១ យសរបស់ខ្ញុំខ្ពង់ខ្ពស់ ១។ ខ្ញុំបានជាធំជាងទេវតា សោយទេវរាជ្យ មានពួកស្រីអប្សរចោមរោម សោយសេចក្តីសុខដ៏ជាទិព្វ អស់ ៨០ ដង។ បានជាស្តេចចក្រពត្តិ អស់ ៧៥ ដង សោយប្រទេសរាជ្យដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យជាតិ។ លុះដល់បច្ឆិមភព ខ្ញុំប្រកបដោយបុញ្ញកម្ម កើតក្នុងត្រកូលមហាសាលដ៏ស្តុកស្តម្ភក្នុងក្រុងសាវត្ថី។ ខ្ញុំបរិបូរដោយល្បែង មានពួកទារកចោមរោម ចេញចាកទីក្រុងហើយ ចូលទៅកាន់អារាមរបស់សង្ឃ ក្នុងវេលាល្ងាច។ ក្នុងអារាមនោះ ខ្ញុំឃើញសមណៈ លោកផុតស្រឡះចាកកិលេស មិនមានឧបធិ លោកបានសម្តែងធម៌ដល់ខ្ញុំ ទាំងបានឲ្យសរណគមន៍ដល់ខ្ញុំ។ ខ្ញុំបានស្តាប់សរណគមន៍ បានរលឹកឃើញនូវសរណគមន៍របស់ខ្ញុំ ខ្ញុំអង្គុយលើអាសនៈមួយ ហើយបានដល់អរហត្ត។ ខ្ញុំមានអាយុ ៧ ឆ្នាំ អំពីកំណើត បានដល់អរហត្ត ព្រះពុទ្ធមានចក្ខុ ជ្រាបនូវគុណ (របស់ខ្ញុំ) ហើយឲ្យឧបសម្បទាជាភិក្ខុដល់ខ្ញុំ។ ខ្ញុំបានដល់នូវសរណគមន៍ ក្នុងកប្បប្រមាណមិនបាន អំពីភទ្ទកប្បនេះ ឯអំពើដែលខ្ញុំបានធ្វើហើយប៉ុណ្ណោះ បានឲ្យផលដល់ខ្ញុំ ក្នុងសាសនានេះ។ សរណគមន៍ ខ្ញុំបានរក្សាល្អហើយ ចិត្តខ្ញុំបានតាំងទុកល្អហើយដែរ ខ្ញុំបានទទួលនូវយសទាំងពួង ហើយដល់នូវព្រះនិញ្វន ជាធម្មជាតមិនមានការញាប់ញ័រ។ អ្នកទាំងឡាយណា មានការប្រុងត្រចៀកស្តាប់ អ្នកទាំងឡាយនោះ ចូរស្តាប់ខ្ញុំពោលចុះ ខ្ញុំនឹងសម្តែងប្រាប់អ្នកទាំងឡាយនូវអត្ថ គឺបទដែលខ្ញុំឃើញដោយខ្លួនឯង។ ព្រះសម្ពុទ្ធត្រាស់ដឹងហើយក្នុងលោក សាសនាព្រះជិនស្រីកំពុងផ្សាយទៅ ស្គរគឺអមតនិញ្វន ជាគ្រឿងបន្ទោបង់នូវសរគឺសោក ព្រះអង្គទួងហើយ។ អ្នកទាំងឡាយគប្បីធ្វើនូវការកសាងក្នុងបុញ្ញក្ខេត្តដ៏ប្រសើរ គួរតាមកម្លាំងរបស់ខ្លួនចុះ អ្នកទាំងឡាយនឹងឃើញនូវការរំលត់ទុក្ខ។ អ្នកទាំងឡាយគួរទទួលត្រៃសរណគមន៍ រក្សាសីល ៥ ញុំាងចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធ នឹងធ្វើទីបំផុតទុក្ខបាន។ អ្នកទាំងឡាយ គួរធ្វើនូវខ្ញុំឲ្យជាគ្រឿងប្រៀបធៀប ហើយរក្សាសីលទាំងឡាយ មិនយូរប៉ុន្មាន អ្នកទាំងឡាយគ្រប់គ្នានឹងបានដល់នូវព្រះអរហត្ត។ ខ្ញុំជាអ្នកមានវិជ្ជា ៣ ជាអ្នកដល់នូវឫទ្ធិ ស្ទាត់ជំនាញក្នុងការកំណត់ដឹងនូវចិត្ត បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំជាសាវ័ករបស់ព្រះអង្គ សូមថ្វាយបង្គំចំពោះព្រះបាទព្រះសាស្តា។ ខ្ញុំព្រះអង្គបានដល់នូវព្រះពុទ្ធជាទីពឹង ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ (នេះ) ជាផលនៃការដល់នូវត្រៃសរណគមន៍។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះតីណិសរណាគមនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ តីណិសរណាគមនិយត្ថេរាបទាន។

បញ្ចសីលសមាទានិយត្ថេរាបទាន ទី៤

(៤. បញ្ចសីលសមាទានិយត្ថេរអបទានំ)

[២៦] គ្រានោះ ខ្ញុំកើតជាបុរសអ្នកស៊ីឈ្នួល ក្នុងក្រុងចន្ទវតី ខ្ញុំរវល់តែនឹងការងាររបស់ជនដទៃ មិនបាននូវបព្វជ្ជា។ ខ្ញុំគិតថា បុគ្គលទាំងឡាយ ដែលត្រូវងងឹតធំបិទបាំងហើយ រមែងឆេះដោយភ្លើង ៣ យ៉ាង អញគប្បីគេចចេញដោយឧបាយណាហ្ន៎។ អញជាមនុស្សកំញ្រ ធ្វើនូវការឈ្នួល ទាំងទេយ្យធម៌របស់អញក៏មិនមាន បើដូច្នោះ គួរតែអញរក្សាសីល ៥ ឲ្យពេញលេញ។ មានព្រះថេរៈមួយអង្គឈ្មោះនិសភៈ ជាសាវ័ករបស់ព្រះមុនីព្រះនាមអនោមទស្សី ខ្ញុំក៏ចូលទៅរកព្រះថេរៈអង្គនោះ ហើយទទួលនូវសិក្ខាបទទាំង ៥។ ក្នុងសម័យនោះ អាយុ (របស់សត្វ) មានប្រមាណមួយសែនឆ្នាំ ខ្ញុំរក្សាសីល ៥ ឲ្យបរិបូណ៌ អស់កាលប៉ុណ្ណោះដែរ។ លុះមរណកាលមកដល់ព្រមហើយ ទេវតាទាំងឡាយលួងលោមខ្ញុំថា នែអ្នកនិទ៌ុក្ខ រថដែលទឹមដោយសេះមួយពាន់នេះ មកប្រាកដដល់អ្នកហើយ។ កាលបើចិត្តជាខាងក្រោយ កំពុងប្រព្រឹត្តទៅ ខ្ញុំបានរលឹកនូវសីលរបស់ខ្ញុំ ខ្ញុំបានទៅកាន់ឋានតាវត្តិង្ស ដោយសារអំពើដែលខ្ញុំធ្វើល្អហើយនោះ។ ខ្ញុំបានជាធំជាងទេវតា សោយទេវរាជ្យ មានពួកស្ត្រីអប្សរចោមរោម សោយសេចក្តីសុខដ៏ជាទិព្វ អស់ ៣០ ដង។ ខ្ញុំបានជាស្តេចចក្រពត្តិ អស់ ៧៥ ដង បានសោយប្រទេសរាជ្យដ៏ធំទូលាយរាប់បានមួយអសង្ខេយ្យជាតិ។ ខ្ញុំច្យុតចាកទេវលោក ត្រូវកុសលមូលដាស់តឿន ក៏មកកើតក្នុងត្រកូលមហាសាលដ៏ស្តុកស្តម្ភ ក្នុងក្រុងវេសាលី។ កាលសាសនារបស់ព្រះជិនស្រីកំពុងរុងរឿង មាតា និងបិតារបស់ខ្ញុំ បានទទួលនូវសិក្ខាបទទាំង ៥ ក្នុងកាលជិតចូលវស្សា។ ខ្ញុំបានទទួលសីលជាមួយ (នឹងមាតា) ហើយបានរលឹកឃើញនូវសីលរបស់ខ្ញុំ ខ្ញុំអង្គុយលើអាសនៈមួយ ហើយបានដល់នូវអរហត្ត។ ខ្ញុំមានអាយុ ៥ ឆ្នាំអំពីកំណើត បានដល់នូវអរហត្ត ព្រះពុទ្ធមានចក្ខុ ទ្រង់ជ្រាបនូវគុណ (របស់ខ្ញុំ) ហើយទ្រង់ឲ្យឧបសម្បទាជាភិក្ខុដល់ខ្ញុំ។ ខ្ញុំរក្សានូវសិក្ខាបទទាំង ៥ ពេញលេញ ខ្ញុំមិនដែលទៅកាន់កំណើតអសុរកាយ អស់កប្បនឹងប្រមាណមិនបាន អំពីភទ្ទកប្បនេះ។ ខ្ញុំនោះបានទទួលនូវយស ព្រោះហេតុនៃសីលទាំងនោះ ខ្ញុំកាលសម្តែងនូវកោដិនៃកប្ប គប្បីសម្តែងជាឯកទេស (មួយចំណែកៗ)។ ខ្ញុំរក្សាសីលទាំង ៥ ហើយបាននូវត្រៃហេតុ គឺខ្ញុំជាអ្នកមានអាយុវែង ១ មានទ្រព្យច្រើន ១ មានប្រាជ្ញាមោះមុត ១។ មួយទៀត ខ្ញុំសម្តែងនូវភាពនៃខ្លួនជាបុរសដ៏ក្រៃលែងជាងជនទាំងពួង អន្ទោលទៅក្នុងភពតូច និងភពធំ ហើយតែងបាននូវឋានៈទាំងនុ៎ះ។ សាវ័កទាំងឡាយ របស់ព្រះជិនស្រី កាលប្រព្រឹត្តក្នុងសីល នឹងប្រមាណមិនបាន បើលោកនៅត្រេកអរក្នុងភព តើនឹងបានផលដូចម្តេចទៅ។ សីល ៥ ដែលខ្ញុំជាអ្នកស៊ីឈ្នួលគេ មានព្យាយាមប្រព្រឹត្តល្អហើយ ខ្ញុំបានរួចចាកចំណងទាំងពួងក្នុងថ្ងៃនេះ ដោយសារសីលនោះ។ ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំរក្សាសីល ៥ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសីល ៥។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបញ្ចសីលសមាទានិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បញ្ចសីលសមាទានិយត្ថេរាបទាន។

អន្នសំសាវកត្ថេរាបទាន ទី៥

(៥. អន្នសំសាវកត្ថេរអបទានំ)

[២៧] ខ្ញុំបានឃើញព្រះសម្ពុទ្ធ ព្រះនាមសិទ្ធត្ថៈ មានព្រះវណ្ណៈដូចមាស មានលក្ខណៈ ៣២ ដ៏ប្រសើរ ប្រាកដស្មើដោយចេតិយមាស ដែលកំពុងស្តេចទៅក្នុងចន្លោះរានផ្សារ ព្រះអង្គជាប្រទីបបំភ្លឺសត្វលោក មានគុណនឹងប្រមាណមិនបាន មិនមានបុគ្គលប្រៀបផ្ទឹម មានឥន្ទ្រិយទូន្មានហើយ ទ្រទ្រង់នូវរស្មីដ៏រុងរឿង ហើយក៏បាននូវបីតិដ៏ឧត្តម។ ខ្ញុំបានថ្វាយបង្គំព្រះសម្ពុទ្ធ ជាមហាមុនិ ហើយនិមន្តព្រះអង្គឲ្យឆាន់ គ្រានោះ ព្រះមុនិប្រកបដោយសេចក្តីករុណាចំពោះសត្វលោក ទ្រង់អនុមោទនាទានរបស់ខ្ញុំ។ ខ្ញុំញុំាងចិត្តឲ្យជ្រះថ្លាចំពោះព្រះសម្ពុទ្ធអង្គនោះ ព្រះអង្គប្រកបដោយមហាករុណា ទ្រង់ជាអ្នកធ្វើនូវសេចក្តីរីករាយដ៏ក្រៃលែង ហើយខ្ញុំត្រេកអរក្នុងឋានសួគ៌អស់មួយកប្ប។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយចង្ហាន់។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះអន្នសំសាវកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អន្នសំសាវកត្ថេរាបទាន។

ធូបទាយកត្ថេរាបទាន ទី៦

(៦. ធូបទាយកត្ថេរអបទានំ)

[២៨] ខ្ញុំមានចិត្តជ្រះថ្លាបានថ្វាយធូប សម្រាប់អុជក្នុងកុដិ ចំពោះព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ព្រះអង្គជាច្បងក្នុងលោក ទ្រង់មិនញាប់ញ័រដោយលោកធម៌។ ខ្ញុំចាប់កំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស ខ្ញុំរមែងជាទីស្រឡាញ់របស់ជនទាំងពួង នេះជាផលនៃការថ្វាយធូប។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយធូប ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយធូប។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះធូបទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ធូបទាយកត្ថេរាបទាន។

បុឡិនបូជកត្ថេរាបទាន ទី៧

(៧. បុលិនបូជកត្ថេរអបទានំ)

[២៩] ខ្ញុំកើបខ្សាច់ចាស់ចោល ហើយរោយរាយនូវខ្សាច់ថ្មីដ៏ស្អាត ត្រង់ខឿននៃពោធិព្រឹក្សរបស់ព្រះមានព្រះភាគព្រះនាមវិបស្សី។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយខ្សាច់ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយខ្សាច់។ ក្នុងកប្បទី ៥៣ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ជាធំជាងជន មានកម្លាំងច្រើន ព្រះនាមមហាបុឡិនៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបុឡិនបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បុឡិនបូជកត្ថេរាបទាន។

ឧត្តិយត្ថេរាបទាន ទី៨

(៨. ឧត្តិយត្ថេរអបទានំ)

[៣០] គ្រានោះ ខ្ញុំកើតជាក្រពើនៅនាឆ្នេរស្ទឹង ឈ្មោះចន្ទភាគា ខ្ញុំកំពុងខ្វល់ខ្វាយរកចំណីដើម្បីខ្លួន ហើយបានទៅកាន់កំពង់ស្ទឹង។ សម័យនោះ ព្រះសយម្ភូព្រះនាមសិទ្ធត្ថៈ ជាបុគ្គលប្រសើរ ព្រះអង្គមានប្រាថ្នានឹងឆ្លងស្ទឹង ទ្រង់ស្តេចចូលទៅកាន់កំពង់នៃស្ទឹងនោះ។ កាលព្រះសម្ពុទ្ធស្តេចមកដល់ហើយ ខ្ញុំក៏ចូលមកដល់ត្រង់កំពង់នោះដែរ លុះចូលមកដល់ហើយ បានពោលវាចានេះនឹងព្រះសម្ពុទ្ធថា បពិត្រព្រះអង្គមានព្យាយាមធំ សូមព្រះអង្គឡើងកាន់ (ខ្នងរបស់ខ្ញុំ) ចុះ ខ្ញុំនឹងចំឡងព្រះអង្គ បពិត្រព្រះមហាមុនិ សូមព្រះអង្គអនុគ្រោះនូវវិស័យជារបស់នៃបិតា ដល់ខ្ញុំឲ្យទាន។ ព្រះមហាមុនិទ្រង់ព្រះសណ្តាប់នូវសម្រែករបស់ខ្ញុំហើយ ស្តេចឡើងកាន់ (ខ្នងរបស់ខ្ញុំ) ខ្ញុំមានចិត្តរីករាយស្រស់ស្រាយ ចំឡងព្រះលោកនាយក។ ព្រះលោកនាយក ព្រះនាមសិទ្ធត្ថៈ ញុំាងខ្ញុំឲ្យស្រស់ស្រាយឰដ៏ត្រើយខាងនាយនៃស្ទឹងនោះថា អ្នកនឹងដល់នូវព្រះនិញ្វនឈ្មោះអមតៈ។ ខ្ញុំច្យុតចាកកាយនោះ បានទៅកាន់ទេវលោក មានពួកស្រីអប្សរចោមរោម សោយសេចក្តីសុខដ៏ជាទិព្យ។ ខ្ញុំបានជាធំជាងទេវតា សោយទេវរាជ្យ អស់ ៧ ដង ខ្ញុំបានជាស្តេចចក្រពត្តិ ជាធំលើផែនដី អស់ ៧ ដង។ ខ្ញុំប្រកបរឿយៗ នូវវិវេក ជាអ្នកមានប្រាជ្ញាចាស់ សង្រួមល្អ ទ្រទ្រង់នូវរាងកាយជាទីបំផុត ក្នុងពុទ្ធសាសនារបស់ព្រះសម្មាសម្ពុទ្ធ។ ក្នុងកប្ប ទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានចម្លងព្រះនរាសភៈ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការចំឡង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឧត្តិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឧត្តិយត្ថេរាបទាន។

ឯកញ្ជលិកត្ថេរាបទាន ទី៩

(៩. ឯកញ្ជលិកត្ថេរអបទានំ)

[៣១] ខ្ញុំបានឃើញព្រះសម្ពុទ្ធ ព្រះនាមវិបស្សី មានព្រះវណ្ណៈដូចមាស ទ្រង់នាំនូវពួកដ៏ប្រសើរ ជានរៈដ៏ក្លៀវក្លា ជាអ្នកដឹកនាំនូវសត្វលោកយ៉ាងវិសេស កំពុងស្តេចទៅក្នុងចន្លោះផ្សារ។ ខ្ញុំលុះឃើញព្រះសម្ពុទ្ធ ព្រះអង្គទូន្មាននូវបុគ្គលដែលមិនទាន់ទូន្មាន ជាតាទិបុគ្គល មានវាទៈដ៏ប្រសើរ មានយោបល់ច្រើន ហើយមានចិត្តជ្រះថ្លា សោមនស្ស បានធ្វើអញ្ជលិកម្មម្តង (ចំពោះព្រះសម្ពុទ្ធនោះ)។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើអញ្ជលិ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃអញ្ជលិ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឯកញ្ជលិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឯកញ្ជលិកត្ថេរាបទាន។

ខោមទាយកត្ថេរាបទាន ទី១០

(១០. ខោមទាយកត្ថេរអបទានំ)

[៣២] គ្រានោះ ខ្ញុំកើតជាអ្នកជំនួញ នៅក្នុងក្រុងឈ្មោះពន្ធុមតី តែងចិញ្ចឹមភរិយាដោយរបរជំនួញនោះ តែងបណ្តុះសម្ប័ទគឺពូជ។ ខ្ញុំបានថ្វាយសំពត់សម្បកឈើ ១ ដើម្បីប្រយោជន៍ដល់កុសលចំពោះព្រះសាស្តាព្រះនាមវិបស្សី ព្រះអង្គស្វែងរកនូវគុណធំ ដែលកំពុងស្តេចទៅតាមថ្នល់។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយសំពត់សម្បកឈើ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយសំពត់សម្បកឈើ។ ក្នុងកប្បទី ២៧ អំពីកប្បនេះ ខ្ញុំបានជាក្សត្រ ១ អង្គ ឈ្មោះសិទ្ធវសន្ទនៈ ជាឥស្សរៈក្នុងទ្វីបទាំង ៤ ទ្រង់បរិបូណ៌ដោយកែវទាំង ៧។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះខោមទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ខោមទាយកត្ថេរាបទាន។

ឧទ្ទាន

រឿងព្រះសុភូតិ ១ ព្រះឧបវាណៈ ១ ព្រះតីណិសរណាគមនិយៈ ១ ព្រះបញ្ចសីលសមាទានិយៈ ១ ព្រះអន្នសំសាវកៈ ១ ព្រះធូបទាយកៈ ១ ព្រះបុឡិនបូជកៈ ១ ព្រះឧត្តិយៈ ១។ ព្រះឯកញ្ជលិកៈ ១ ព្រះខោមទាយកៈ ១ ត្រូវជា ១០ រឿង គាថាទាំងឡាយ (ដែលព្រះថេរៈទាំងនោះ) បានពោលហើយ ប្រមូលរួមទាំងអស់ ត្រូវជា ១៨៥ ក្នុងតតិយវគ្គ។

ចប់ សុភូតិវគ្គ ទី៣។

ចប់ ភាណវារៈ ទី៤។

កុណ្ឌធានវគ្គ ទី៤

(៤. កុណ្ឌធានវគ្គោ)

កុណ្ឌធានត្ថេរាបទាន ទី១

(១. កុណ្ឌធានត្ថេរអបទានំ)

[៣៣] ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបម្រើព្រះសម្ពុទ្ធដ៏ប្រសើរ ព្រះអង្គជាព្រះសយម្ភូ ជាអគ្គបុគ្គល ទ្រង់គេចចេញចាកពួក សម្ងំនៅក្នុងកម្មដ្ឋានអស់ ៧ ថ្ងៃ។ ខ្ញុំដឹងនូវកាលដែលទ្រង់ចេញអំពីទីសម្ងំ ហើយខ្ញុំកាន់ចេកមួយស្និតធំ នាំចូលទៅថ្វាយព្រះមហាមុនី ព្រះនាមបទុមុត្តរៈ។ ព្រះមានព្រះភាគជាសព្វញ្ញូ ជាលោកនាយក ទ្រង់បានទទួល ព្រះមហាមុនី ញុំាងចិត្តរបស់ខ្ញុំឲ្យជ្រះថ្លា ទ្រង់សោយ (ចេកនោះ)។ លុះព្រះសម្ពុទ្ធ ទ្រង់ជាអ្នកដឹកនាំពួក ជាបុគ្គលប្រសើរផុត ទ្រង់សោយរួចហើយ គង់លើអាសនៈរបស់ព្រះអង្គ ហើយត្រាស់នូវគាថាទាំងឡាយនេះថា

ពួកយក្សណា ដែលមកជួបជុំនៅនាភ្នំនេះ និងពួកភូតទាំងពួង ដែលនៅអាស្រ័យក្នុងព្រៃនេះ (ពួកយក្ស និងភូតទាំងនោះ) ចូរស្តាប់ពាក្យរបស់តថាគតចុះ។ កុលបុត្រណា បានបម្រើនូវព្រះពុទ្ធ ព្រះអង្គដូចជាកេសររាជសីហ៍ ជាស្តេចនៃម្រឹគ តថាគតនឹងសម្តែងសរសើរនូវកុលបុត្រនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែង។ កុលបុត្រនោះ នឹងបានជាស្តេចនៃទេវតា អស់ ១១ ដង នឹងបានជាស្តេចចក្រពត្តិ អស់ ៣៤ ដង។ កន្លងទៅមួយសែនកប្ប នឹងមានព្រះសាស្តា ព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល ត្រាស់ដឹងក្នុងលោក។ កុលបុត្រនោះ នឹងបាននូវនាម (ថាកុណ្ឌធាន) ដោយវិបាកនៃបាបកម្ម ព្រោះជេរនូវសមណៈទាំងឡាយ ជាអ្នកមានសីល មិនមានអាសវៈ។ កុលបុត្រដែលឈ្មោះកុណ្ឌធាននោះ នឹងបានជាទាយាទក្នុងធម៌ របស់ព្រះពុទ្ធព្រះនាមគោតមនោះ នឹងជាព្រះឱរស ជាធម្មនិម្មិត ទាំងបានជាសាវ័ករបស់ព្រះពុទ្ធអង្គនោះ។

ខ្ញុំតែងប្រកបរឿយៗ នូវវិវេក ជាអ្នកមានឈាន ត្រេកអរក្នុងឈាន ញុំាងព្រះសាស្តាឲ្យត្រេកអរ ជាអ្នកមិនមានអាសវៈ។ ព្រះជិនស្រី មានសាវ័កចោមរោម និងពួកភិក្ខុចោមរោម ទ្រង់គង់ក្នុងកណ្តាលភិក្ខុសង្ឃ ហើយញុំាងខ្ញុំឲ្យកាន់យកស្លាក។ ខ្ញុំធ្វើនូវចីវរឆៀងស្មាម្ខាង ហើយថ្វាយបង្គំព្រះលោកនាយក កាន់យកនូវស្លាកជាដម្បូង ក្នុងទីចំពោះព្រះភក្ត្រព្រះសម្ពុទ្ធដ៏ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ។ ព្រះមានព្រះភាគ ញុំាងលោកធាតុមួយម៉ឺនឲ្យញាប់ញ័រ ទ្រង់គង់ក្នុងភិក្ខុសង្ឃហើយ តាំងខ្ញុំក្នុងទីជាឯតទគ្គៈ ដោយសារអំពើនោះ។ សេចក្តីព្យាយាមរបស់ខ្ញុំ គួរដើម្បីនាំទៅនូវធុរៈ ជាទីនាំមកនូវធម៌ដ៏ក្សេមចាកយោគៈ ខ្ញុំទ្រទ្រង់នូវរាងកាយជាទីបំផុត ក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះកុណ្ឌធានត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កុណ្ឌធានត្ថេរាបទាន។

សាគតត្ថេរាបទាន ទី២

(២. សាគតត្ថេរអបទានំ)

[៣៤] គ្រានោះ ខ្ញុំកើតជាព្រាហ្មណ៍ ឈ្មោះសោភិតៈ មានពួកសិស្សហែហម ដើរទៅកាន់អារាម។ សម័យនោះ ព្រះមានព្រះភាគ ជាបុរសឧត្តម មានពួកភិក្ខុចោមរោម ស្តេចចេញអំពីទ្វារអារាម ហើយឋិតនៅ។ ខ្ញុំបានឃើញព្រះសម្ពុទ្ធអង្គនោះ ព្រះអង្គមានឥន្រ្ទិយទូន្មានហើយ មានសាវ័កដែលមានឥន្រ្ទិយទូន្មានហើយដែរជាបរិវារ ខ្ញុំក៏ញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយពោលសរសើរព្រះលោកនាយកថា ពួកឈើទាំងអស់ណាមួយ ពួកឈើទាំងនោះ រមែងដុះលូតលាស់លើផែនដី យ៉ាងណាមិញ សត្វទាំងឡាយជាអ្នកមានប្រាជ្ញា តែងចម្រើនលូតលាស់ឡើងក្នុងសាសនារបស់ព្រះជិនស្រី ក៏យ៉ាងនោះ។ ព្រះអង្គជាអ្នកដឹកនាំពួក ជាសព្វញ្ញូ ស្វែងរកនូវគុណធំ សូមស្រោចស្រង់នូវពួកជនជាច្រើនអំពីផ្លូវខុស ហើយប្រាប់ផ្លូវត្រូវ។ ព្រះអង្គមានឥន្រ្ទិយទូន្មានហើយ ទាំងមានសាវ័ក ដែលមានឥន្រ្ទិយទូន្មានហើយ ចោមរោម ព្រះអង្គមានឈាន មានពួកអ្នកត្រេកអរក្នុងឈាន អ្នកមានព្យាយាម និងអ្នកមានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន អ្នកមានចិត្តស្ងប់រម្ងាប់ អ្នកមិនញាប់ញ័រដោយលោកធម៌ ចោមរោម។ ព្រះអង្គប្រដាប់ហើយដោយពួកបរិស័ទ ទ្រង់ល្អដោយបុណ្យ និងញាណ រស្មីរបស់ព្រះអង្គផ្សាយចេញដូចព្រះអាទិត្យ ដែលទើបនឹងរះឡើង។ ព្រះមហេសីជាសាស្តាព្រះនាមបទុមុត្តរៈ ទ្រង់ឋិតនៅក្នុងភិក្ខុសង្ឃ ឃើញខ្ញុំមានចិត្តជ្រះថ្លាហើយ ត្រាស់នូវគាថាទាំងឡាយនេះថា

ព្រាហ្មណ៍ណា ញុំាងសេចក្តីរីករាយឲ្យកើតឡើងហើយ ពោលសរសើរតថាគត ព្រាហ្មណ៍នោះនឹងរីករាយក្នុងទេវលោក អស់សែននៃកប្បទាំងឡាយ។ ព្រាហ្មណ៍នោះលុះច្យុតចាកឋានតុសិតមក ត្រូវកុសលមូលដាស់តឿន នឹងបួសក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមគោតម។ ព្រាហ្មណ៍នោះ បួសក្នុងសាសនាហើយ នឹងបាននូវសេចក្តីត្រេកអររីករាយ មាននាមថាសាគតៈ នឹងបានជាសាវ័ករបស់ព្រះសាស្តានោះ។

ខ្ញុំលុះបួសរួចហើយ ក៏វៀរចាកបាបកម្មដោយកាយ លះបង់នូវវចីទុច្ចរិត ជម្រះសំអាតនូវអាជីវបារិសុទ្ធិសីល។ ខ្ញុំកាលនៅយ៉ាងនេះ ជាអ្នកឈ្លាសវៃក្នុងតេជោធាតុ កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសាគតត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សាគតត្ថេរាបទាន។

មហាកច្ចាយនត្ថេរាបទាន ទី៣

(៣. មហាកច្ចានត្ថេរអបទានំ)

[៣៥] ខ្ញុំបានធ្វើចេតិយឈ្មោះបទុមៈ ជាវិការៈនៃផ្ទាំងថ្មលាបដោយទឹកមាស ថ្វាយព្រះលោកនាថ ព្រះនាមបទុមុត្តរៈ។ ខ្ញុំលើកឆត្រជាវិការៈនៃកែវ និងផ្លិតរោមសត្វ ថ្វាយព្រះពុទ្ធជាផៅពង្សនៃលោក ទ្រង់មិនញាប់ញ័រដោយលោកធម៌។ គ្រានោះ ពួកភុម្មទេវតាទាំងអស់ទាំងប៉ុន្មាន បានមកប្រជុំគ្នាថា ព្រះលោកនាថ នឹងសម្តែងផលនៃអាសនៈ និងឆត្រជាវិការៈនៃកែវ។ ពួកយើងនឹងស្តាប់នូវផលទាំងពួងនោះ កាលបើព្រះសាស្តាកំពុងសម្តែង ពួកយើងនឹងញុំាងសេចក្តីរីករាយ ឲ្យកើតដោយក្រៃលែង ក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ។ ព្រះសយម្ភូ ជាអគ្គបុគ្គល មានភិក្ខុសង្ឃចោមរោម ទ្រង់គង់លើអាសនៈមាសហើយ ត្រាស់នូវគាថាទាំងឡាយនេះថា

កុលបុត្រណា បានថ្វាយអាសនៈមាស ប្រដាប់ដោយកែវនេះ តថាគតនឹងសម្តែងសរសើរកុលបុត្រនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ កុលបុត្រនោះនឹងបានជាធំជាងទេវតា សោយទេវរាជ្យ អស់ ៣០ កប្ប នឹងមានរស្មីគ្របសង្កត់ទី ១០០ យោជន៍ ដោយជុំវិញ។ កុលបុត្រនោះ លុះត្រឡប់មកកាន់មនុស្សលោកវិញ នឹងបានជាស្តេចចក្រពត្តិ មាននាមថាបភស្សរៈ នឹងមានតេជះដ៏ខ្ពង់ខ្ពស់។ ព្រះបរមក្សត្រនោះ នឹងរុងរឿងអស់ទី ៨ ហត្ថ ដោយជុំវិញទាំងថ្ងៃទាំងយប់ ដូចជាព្រះអាទិត្យរះឡើង។ កន្លងទៅមួយសែនកប្ប នឹងងមានព្រះសាស្តា ព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល ត្រាស់ដឹងក្នុងលោក។ កុលបុត្រនោះ ច្យុតចាកឋានតុសិតមក ត្រូវកុសលមូលដាស់តឿន នឹងបានជាព្រាហ្មណ៍ មាននាមកច្ចានៈ។ លុះកាលជាខាងក្រោយមក កច្ចានៈនោះចេញបួស នឹងបានជាអ្នកប្រាជ្ញ មិនមានអាសវៈ ព្រះគោតមជាប្រទីបក្នុងលោក ទ្រង់នឹងតាំង (កច្ចានៈនោះ) ក្នុងទីជាឯតទគ្គៈ។ កច្ចានៈនោះ នឹងសម្តែងនូវប្រស្នាដែលគេសួរយ៉ាងសង្ខេប ដោយពិស្តារបាន មួយវិញទៀត កច្ចានៈនោះ កំពុងសម្តែងនូវប្រស្នានោះ អាចនឹងបំពេញអធ្យាស្រ័យ (របស់អ្នកសួរ) បាន។ កុលបុត្រនោះ កើតក្នុងត្រកូលស្តុកស្តម្ភ ជាព្រាហ្មណ៍ដល់នូវត្រើយនៃមន្ត លះបង់ទ្រព្យ និងស្រូវ ចូលទៅកាន់ផ្នួស។

កាលបើមានប្រស្នាដែលជនទាំងឡាយសួរដោយបំព្រួញ ខ្ញុំសម្តែងដោយពិស្តារ បំពេញអធ្យាស្រ័យនៃពួកជននោះ ខ្ញុំញុំាងព្រះសម្ពុទ្ធប្រសើរជាងសត្វជើងពីរ ឲ្យត្រេកអរ។ ព្រះសយម្ភូ ជាអគ្គបុគ្គល ព្រះអង្គមានព្យាយាមធំ ដែលខ្ញុំធ្វើឲ្យរីករាយហើយ ទ្រង់គង់ក្នុងភិក្ខុសង្ឃ ហើយទ្រង់តាំងខ្ញុំក្នុងទីជាឯតទគ្គៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះកច្ចាយនត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កច្ចាយនត្ថេរាបទាន។

កាឡុទាយិត្ថេរាបទាន ទី៤

(៤. កាឡុទាយិត្ថេរអបទានំ)

[៣៦] គ្រានោះ ព្រះបទុមុត្តរសម្ពុទ្ធ ព្រះអង្គជាច្បងក្នុងលោក មិនញាប់ញ័រដោយលោកធម៌ ស្តេចយាងតាមផ្លូវឆ្ងាយត្រាច់ទៅកាន់ចារិក។ ខ្ញុំកាន់ផ្កាឈូក ផ្កាឧប្បល ផ្កាម្លិះ ដែលរីកស្គុះស្គាយ ទាំងយកចង្ហាន់ដ៏ថ្លៃថ្លា បង្អោនទៅថ្វាយព្រះសាស្តា។ ព្រះសម្ពុទ្ធ ព្រះអង្គមានព្យាយាមធំ ទ្រង់ឆាន់ចង្ហាន់ដ៏ប្រសើរ ជាភោជនដ៏ល្អរួចហើយ ទ្រង់កាន់នូវផ្កាទាំងនោះ បង្ហាញដល់ប្រជុំជនថា

បុរសនោះ បានថ្វាយផ្កាឈូកណា ដល់តថាគត ផ្កាឈូកនេះ ដ៏ឧត្តម ជាទីប្រាថ្នា ជាទីត្រេកអរ (របស់ជន) ក្នុងលោក អំពើដែលគេធ្វើបានដោយកម្រ បុរសនោះ ក៏បានធ្វើហើយ។ បុរសណា បានបូជាផ្កា ទាំងថ្វាយចង្ហាន់ដ៏ប្រសើរដល់តថាគត តថាគតនឹងសម្តែងសរសើរបុរសនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ បុរសនោះនឹងបានសោយទេវរាជ្យ អស់ ១៨ ដង ឯផ្កាឧប្បល ផ្កាឈូក ផ្កាម្លិះ និងផ្កាដទៃក្រៅពីនោះ ដែលប្រកបដោយក្លិនដ៏ជាទិព្វ នឹងអណ្តែត ធ្វើឲ្យជាគ្រឿងប្រក់ឰដ៏អាកាសក្នុងខណៈនោះ ដោយផលនៃបុណ្យរបស់បុរសនោះ។ បុរសនោះ នឹងបានជាស្តេចចក្រពត្តិអស់ ២៥ ដង នឹងបានសោយរាជ្យលើផែនដី គ្រប់គ្រងផែនដីអស់ ៥០០ ដង។ កន្លងទៅមួយសែនកប្ប នឹងមានព្រះសាស្តា ព្រះនាមគោតម ទ្រង់កើតក្នុងឱក្កាកត្រកូល ត្រាស់ដឹងក្នុងលោក។ បុរសនោះ មានកម្មរបស់ខ្លួនប្រារព្ធហើយ មានកុសលមូលដាស់តឿនហើយ នឹងបានកើតជាព្រះញាតិផៅពង្ស ជាអ្នកញុំាងពួកសក្យៈឲ្យកើតសេចក្តីត្រេកអរ។ លុះកាលជាខាងក្រោយមក បុរសនោះនឹងចេញបួស ត្រូវកុសលមូលដាស់តឿន កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិញ្វន។ ព្រះគោតម ព្រះអង្គជាផៅពង្សនៃសត្វលោក នឹងតាំងភិក្ខុនោះ ដែលដល់បដិសម្ភិទាហើយ មានសោឡសកិច្ចធ្វើរួចហើយ ជាអ្នកមិនមានអាសវៈ ក្នុងទីជាឯតទគ្គៈ។ ភិក្ខុនោះតាំងព្យាយាម មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន មានចិត្តស្ងប់រម្ងាប់ មិនមានឧបធិ មាននាមថាឧទាយិ នឹងបានជាសាវ័ករបស់ព្រះសាស្តាអង្គនោះ។

ខ្ញុំកម្ចាត់បង់រាគៈ ទោសៈ មោហៈ មានះ និងមក្ខៈ កំណត់ ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ។ មួយវិញទៀត ខ្ញុំមានព្យាយាម មានប្រាជ្ញាចាស់ បានញុំាងព្រះសម្ពុទ្ធឲ្យត្រេកអរ ឯព្រះសម្ពុទ្ធ ដែលខ្ញុំបានធ្វើឲ្យជ្រះថ្លាហើយ ទ្រង់តាំងខ្ញុំក្នុងទីជាឯតទគ្គៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះកាឡុទាយិត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កាឡុទាយិត្ថេរាបទាន។

មោឃរាជត្ថេរាបទាន ទី៥

(៥. មោឃរាជត្ថេរអបទានំ)

[៣៧] កាលនោះ ព្រះមានព្រះភាគព្រះនាមអត្ថទស្សី ជាព្រះសយម្ភូ ឥតមានបុគ្គលផ្ចាញ់បាន មានភិក្ខុសង្ឃចោមរោម ស្តេចយាងទៅតាមថ្នល់។ ខ្ញុំមានពួកសិស្សហែហមដើរចេញអំពីផ្ទះ លុះចេញទៅ ក៏បានឃើញព្រះលោកនាយកត្រង់ទីនោះ។ ខ្ញុំធ្វើអញ្ជលីលើសិរ្សៈ ថ្វាយបង្គំព្រះសម្ពុទ្ធ ញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយពោលសរសើរព្រះលោកនាយកថា ពួកសត្វមានរូបក្តី ឥតរូបក្តី ឥតសញ្ញាក្តី ទាំងប៉ុន្មាន ពួកសត្វទាំងអស់នោះ តែងប្រជុំចុះខាងក្នុងញាណរបស់ព្រះអង្គ។ បុគ្គលណា បិទបាំងទឹកដោយសំណាញ់ មានក្រឡាញឹក ពួកសត្វណាមួយនៅក្នុងទឹក ពួកសត្វទាំងនោះ រមែងមាននៅខាងក្នុងសំណាញ់ (របស់បុគ្គលនោះដូចម្តេចមិញ)។ សត្វទាំងឡាយណា ដែលមានចេតនា ទោះបីមានរូបក្តី ឥតរូបក្តី ពួកសត្វទាំងអស់នោះ រមែងប្រជុំចុះខាងក្នុងញាណរបស់ព្រះអង្គ (ដូច្នោះដែរ)។ ព្រះអង្គស្រោចស្រង់សត្វលោកនេះ ដែលច្រឡូកច្រឡំដោយងងឹត សត្វទាំងនោះស្តាប់នូវធម៌របស់ព្រះអង្គហើយ ឆ្លងនូវខ្សែទឹកគឺសេចក្តីសង្ស័យបាន។ សត្វលោកមានអវិជ្ជារួបរឹត មានងងឹតគ្របសង្កត់ហើយ នឹងកម្ចាត់ងងឹតទាំងឡាយ ព្រោះញាណរបស់ព្រះអង្គដែលទ្រោលឡើង។ ព្រះអង្គមានចក្ខុ បន្ទោបង់នូវងងឹតធំរបស់សត្វទាំងពួង ជនជាច្រើន លុះស្តាប់ធម៌របស់ព្រះអង្គហើយ នឹងបានសម្រេចព្រះនិញ្វន។ ខ្ញុំញុំាងភោជនឲ្យពេញ ដោយឃ្មុំផ្លិតដែលឥតមេ ហើយទ្រដោយដៃទាំងពីរ បង្អោនចូលទៅថ្វាយព្រះមហេសី។ ព្រះពុទ្ធជាមហាឥសី ព្រះអង្គមានព្យាយាមធំ ទ្រង់ទទួលដោយព្រះហស្តរបស់ព្រះអង្គ ព្រះសព្វញ្ញូ ទ្រង់សោយនូវឃ្មុំនោះរួចហើយ ស្តេចហោះឡើងកាន់អាកាសវេហាស៍។ ព្រះសាស្តា ព្រះនាមអត្ថទស្សី ជានរាសភៈ ឋិតនៅឰដ៏អាកាស ទ្រង់ញុំាងចិត្តរបស់ខ្ញុំឲ្យជ្រះថ្លា ហើយត្រាស់គាថាទាំងឡាយនេះថា

កុលបុត្រណា សរសើរញាណនេះផង សរសើរព្រះពុទ្ធដ៏ប្រសើរផង កុលបុត្រនោះ នឹងមិនទៅកាន់ទុគ្គតិដោយចិត្តដែលជ្រះថ្លានោះ។ កុលបុត្រនោះ នឹងបានសោយទេវរាជ្យ អស់ ៦៤ ដង នឹងបានសោយប្រទេសរាជ្យ គ្រប់គ្រងផែនដី អស់ ៨០០ ដង នឹងបានជាស្តេចចក្រពត្តិ អស់ ៥០០ ដង។ កុលបុត្រនោះ នឹងបានសោយប្រទេសរាជ្យលើផែនដី អស់មួយអសង្ខេយ្យ ជាអ្នកស្វាធ្យាយមន្ត ចងចាំមន្ត ដល់នូវត្រើយនៃវេទទាំង ៣។ កុលបុត្រនោះនឹងបួសក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមគោតម នឹងពិចារណានូវអត្ថដ៏ល្អិតជ្រាលជ្រៅដោយញាណបាន។ កុលបុត្រនោះ មាននាមថាមោឃរាជ នឹងបានជាសាវ័ករបស់ព្រះសាស្តាអង្គនោះ ជាអ្នកបរិបូរដោយវិជ្ជា ៣ មានសោឡសកិច្ចធ្វើរួចហើយ ជាអ្នកមិនមានអាសវៈ។ ព្រះគោតម ជាអ្នកដឹកនាំពួកដ៏ប្រសើរ នឹងតាំងភិក្ខុនោះក្នុងទីជាឯតទគ្គៈ។

ខ្ញុំលះបង់នូវយោគធម៌ ជារបស់នៃមនុស្ស កាត់ផ្តាច់នូវចំណងក្នុងភពហើយ កំណត់ដឹងនូវអាសវៈទាំងពួង ទាំងជាអ្នកមិនមានអាសវៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះមោឃរាជត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មោឃរាជត្ថេរាបទាន។

អធិមុត្តកត្ថេរាបទាន ទី៦

(៦. អធិមុត្តត្ថេរអបទានំ)

[៣៨] កាលព្រះលោកនាថ ព្រះនាមអត្ថទស្សី ព្រះអង្គប្រសើរជាងពួកនរៈ បរិនិញ្វនហើយ ខ្ញុំមានចិត្តជ្រះថ្លា និមន្តភិក្ខុសង្ឃ លុះនិមន្តព្រះសង្ឃរត្ន ដែលមានសន្តានត្រង់ មានចិត្តតម្កល់មាំហើយ ខ្ញុំធ្វើមណ្ឌបដោយដើមអំពៅ បាននិមន្តព្រះសង្ឃដ៏ប្រសើរឲ្យឆាន់។ ខ្ញុំទៅចាប់កំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស ខ្ញុំគ្របសង្កត់នូវពួកសត្វទាំងអស់ នេះជាផលនៃបុញ្ញកម្ម។ ក្នុងកប្បទី ១.៨០០ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការឲ្យអំពៅ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះអធិមុត្តកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អធិមុត្តកត្ថេរាបទាន។

លសុណទាយកត្ថេរាបទាន ទី៧

(៧. លសុណទាយកត្ថេរអបទានំ)

[៣៩] គ្រានោះ ខ្ញុំកើតជាតាបស នៅជិតព្រៃហិមពាន្ត ចិញ្ចឹមជីវិត (អាស្រ័យ) នឹងការដាំខ្ទឹម ខ្ទឹមជាភោជនរបស់ខ្ញុំ។ ខ្ញុំបានរែកខ្ទឹមពេញមួយអម្រែក ទៅកាន់អារាមរបស់សង្ឃ ខ្ញុំមានចិត្តរីករាយ បានប្រគេនខ្ទឹមដល់សង្ឃដោយចិត្តរីករាយ។ ខ្ញុំបានប្រគេនខ្ទឹមដល់ព្រះសង្ឃ ដែលមិនត្រេកអរនឹងកាម ក្នុងសាសនានៃព្រះពុទ្ធ ព្រះនាមវិបស្សី ទ្រង់ប្រសើរជាងពួកនរៈ ខ្ញុំរីករាយក្នុងឋានសួគ៌អស់មួយកប្ប។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានប្រគេនខ្ទឹម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃខ្ទឹមទាំងឡាយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះលសុណទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ លសុណទាយត្ថេរាបទាន។

អាយាតទាយកត្ថេរាបទាន ទី៨

(៨. អាយាគទាយកត្ថេរអបទានំ)

[៤០] កាលព្រះលោកនាថ ព្រះនាមសិខី ព្រះអង្គប្រសើរជាងពួកអ្នកប្រាជ្ញ បរិនិញ្វនហើយ ខ្ញុំរីករាយ បានថ្វាយបង្គំព្រះស្តូបដ៏ប្រសើរដោយចិត្តរីករាយ។ កាលនោះ ខ្ញុំបានឲ្យជាងឈើនិយាយកាត់ថ្លៃ ហើយឲ្យថ្លៃ ខ្ញុំរីករាយឲ្យជាងឈើធ្វើរោងសំណាក់ ដោយចិត្តរីករាយ។ ខ្ញុំនៅជាប់មិនដាច់ក្នុងទេវលោក អស់ ៨ កប្ប ខ្ញុំអន្ទោលទៅរាត់រាយក្នុងកប្បដ៏សេស។ ពិសមិនជ្រាបទៅក្នុងកាយ ទាំងគ្រឿងសស្ត្រាក៏មិនមុតខ្ញុំ ខ្ញុំមិនស្លាប់ក្នុងទឹក នេះជាផលនៃរោងសំណាក់។ បើខ្ញុំប្រាថ្នាទឹកភ្លៀង មហាមេឃក៏បង្អុរភ្លៀងមក ទាំងពួកទេវតា តែងលុះអំណាចរបស់ខ្ញុំ នេះជាផលនៃបុញ្ញកម្ម។ ខ្ញុំបរិបូណ៌ដោយកែវ ៧ ប្រការ អស់ ៣០ ដង ពួកជនណាមួយមិនមើលងាយខ្ញុំឡើយ នេះជាផលនៃបុញ្ញកម្ម។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យជាងធ្វើរោងសំណាក់ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃរោងសំណាក់។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះអាយាតទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អាយាតទាយកត្ថេរាបទាន។

ធម្មចក្កិកត្ថេរាបទាន ទី៩

(៩. ធម្មចក្កិកត្ថេរអបទានំ)

[៤១] ធម្មចក្កដ៏វិចិត្រល្អ ដែលអ្នកប្រាជ្ញសរសើរហើយ ខ្ញុំបានតម្កល់ទុកខាងមុនសីហាសនៈ របស់ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ។ ខ្ញុំមានយាន និងពលពាហនៈ រមែងរុងរឿងដោយវណ្ណៈ ៤ យ៉ាង ពួកជនដ៏ច្រើន ដើរតាមហែហមខ្ញុំជានិច្ច។ ខ្ញុំមានតូរ្យតន្ត្រី ៦០.០០០ ហែហមសព្វកាល ខ្ញុំរមែងល្អដោយបរិវារ នេះជាផលនៃបុញ្ញកម្ម។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានតម្កល់ទុកនូវចក្ក ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃធម្មចក្ក។ ក្នុងកប្បទី ១១ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ៨ ដង ព្រះនាមសហស្សរាជដូចគ្នា ជាធំជាងជនមានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះធម្មចក្កិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ធម្មចក្កិកត្ថេរាបទាន។

កប្បរុក្ខិយត្ថេរាបទាន ទី១០

(១០. កប្បរុក្ខិយត្ថេរអបទានំ)

[៤២] ខ្ញុំបានដាំនូវដើមកប្បព្រឹក្សមួយដើម ព្រមទាំងព្យួរនូវសំពត់ដ៏វិចិត្រទាំងឡាយ នៅខាងមុខនៃព្រះស្តូបដ៏ប្រសើរ របស់ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ។ ខ្ញុំទៅចាប់កំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស សឹងមានដើមកប្បព្រឹក្សដ៏ល្អប្រតិស្ថានទៀបមាត់ទ្វារផ្ទះនៃខ្ញុំ។ យើងទាំងឡាយ គឺខ្ញុំផង បរិស័ទផង ពួកជនណានីមួយដែលមានឆ្នាំស្មើគ្នានឹងខ្ញុំផង តែងកាន់យកសំពត់ អំពីដើមកប្បព្រឹក្សនោះមកស្លៀកដណ្តប់ ក្នុងកាលនោះ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំដាំដើមឈើក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃដើមកប្បព្រឹក្ស។ ក្នុងកប្បទី ៧ អំពីកប្បនេះ ខ្ញុំបានជាក្សត្រិយ៍ចក្រពត្តិ ៨ ដង ព្រះនាមសុចេលៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទាំងមានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះកប្បរុក្ខិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កប្បរុក្ខិយត្ថេរាបទាន។

ឧទ្ទាន

កុណ្ឌធានត្ថេរ ១ សាគតត្ថេរ ១ កច្ចាយនត្ថេរ ១ កាឡុទាយិត្ថេរ ១ មោឃរាជត្ថេរ ១ អធិមុត្តកត្ថេរ ១ លសុណទាយកត្ថេរ ១ អាយាតទាយកត្ថេរ ១ ធម្មចក្កិកត្ថេរ ១ កប្បរុក្ខិយត្ថេរ ១ ជាគម្រប់ ១០ មាន គាថា ១១២។

ចប់ កុណ្ឌធានវគ្គ ទី៤។

ឧបាលិវគ្គ ទី៥

(៥. ឧបាលិវគ្គោ)

ឧបាលិត្ថេរាបទាន ទី១

(១. ភាគិនេយ្យុបាលិត្ថេរអបទានំ)

[៤៣] ព្រះលោកនាយក ទ្រង់ព្រះនាមបទុមុត្តរៈ មានពួកព្រះខីណាស្រពមួយពាន់អង្គចោមរោម ទ្រង់ប្រកបរឿយៗ នូវវិវេក កំពុងពុទ្ធដំណើរទៅដើម្បីពួនសម្ងំ។ ខ្ញុំស្លៀកស្បែកខ្លាឃ្មុំ កាន់ឈើច្រត់ចំពាម ៣ ដើរទៅ បានឃើញព្រះលោកនាយក កុះករដោយភិក្ខុសង្ឃ ទើបខ្ញុំធ្វើស្បែកខ្លាឃ្មុំឆៀងស្មាម្ខាង រួចហើយធ្វើអញ្ជលីលើសិរ្សៈ ថ្វាយបង្គំព្រះសម្ពុទ្ធ សរសើរព្រះលោកនាយកថា សត្វទាំងឡាយដែលកើតអំពីពងក្តី ដែលកើតអំពីញើសក្តី ដែលជាឱបបាតិកៈក្តី ដែលកើតអំពីទឹកក្តី ពួកបក្សីទាំងអស់ មានក្អែកជាដើមក្តី នឹងត្រាច់ទៅតែក្នុងអាកាសសព្វៗ កាល យ៉ាងណាមិញ។ ពួកសត្វណាមួយ ដែលមានសញ្ញាក្តី ឥតសញ្ញាក្តី សត្វទាំងអស់នោះ សឹងប្រជុំចុះក្នុងខាងក្នុងនៃព្រះញាណរបស់ព្រះអង្គ ក៏យ៉ាងនោះដែរ។ មួយវិញទៀត ក្លិនឈើភ្នំទាំងឡាយណា លើភ្នំហិមពាន្តដ៏ឧត្តម ក្លិនទាំងអស់នោះ មិនបានមួយចំណិតនឹងក្លិនសីលរបស់ព្រះអង្គ។ លោកនេះ ព្រមទាំងទេវលោក តែងស្ទុះទៅក្នុងងងឹតគឺមោហៈ កាលបើញាណរបស់ព្រះអង្គទ្រោលឡើងហើយ ងងឹតក៏ខ្ចាត់ចេញទៅ។ កាលបើព្រះអាទិត្យអស្តង្គតហើយ ពួកសត្វក៏ដល់នូវសេចក្តីងងឹត យ៉ាងណា កាលព្រះពុទ្ធមិនទាន់បានត្រាស់ លោកក៏ដល់នូវសេចក្តីងងឹតយ៉ាងនោះដែរ។ ព្រះអាទិត្យកាលរះឡើង តែងបន្ទោបង់នូវងងឹតសព្វកាល យ៉ាងណា បពិត្រព្រះពុទ្ធដ៏ប្រសើរ ព្រះអង្គកម្ចាត់បង់នូវងងឹតសព្វកាល យ៉ាងនោះដែរ។ ព្រះអង្គមានព្រះទ័យបញ្ជូនទៅកាន់ព្យាយាម បានជាព្រះពុទ្ធក្នុងលោក ព្រមទាំងទេវលោក ទ្រង់ញុំាងប្រជុំជនដ៏ច្រើនឲ្យត្រេកអរដោយការប្រារព្ធនូវអំពើរបស់ព្រះអង្គ។ ព្រះបទុមុត្តរៈមហាមុនី ជាអ្នកប្រាជ្ញ បានទ្រង់ព្រះសណ្តាប់នូវពាក្យនោះហើយ ក៏ទ្រង់អនុមោទនា ហោះឡើងទៅឰដ៏អាកាស ដូចជាស្តេចហង្សហើរទៅឰដ៏អាកាស ដូច្នោះដែរ។ ព្រះសម្ពុទ្ធជាមហេសី ព្រះនាមបទុមុត្តរៈជាសាស្តា លុះទ្រង់ហោះឡើងហើយ ក៏ឋិតនៅឰដ៏អាកាស ទើបសម្តែងនូវគាថាទាំងនេះ ថា

បុគ្គលណា សរសើរញាណនេះ ប្រកបដោយឧបមាទាំងឡាយ តថាគតនឹងសម្តែងសរសើរនូវបុគ្គលនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ បុគ្គលនោះនឹងបានជាទេវរាជ អស់ ១៨ ដង នឹងសោយរាជ្យលើផែនដី គ្រប់គ្រងផែនដីអស់ ៣០០ ដង។ នឹងបានជាស្តេចចក្រពត្តិ ២៥ ដង (បានគ្រប់គ្រង) នូវប្រទេសរាជ្យដ៏ធំទូលាយ រាប់បានអសង្ខេយ្យជាតិ។ កន្លងទៅមួយសែនកប្ប ព្រះសាស្តា ព្រះនាមគោតម ទ្រង់កើតក្នុងត្រកូលក្សត្រិយ៍ឱក្កាកៈ នឹងទ្រង់កើតឡើងក្នុងលោក។ បុគ្គលនោះ ច្យុតចាកតុសិតទេវលោកមក ត្រូវកុសលមូលដាស់តឿន ទោះជាអ្នកថោកទាបដោយជាតិ ឈ្មោះថាឧបាលិក៏ដោយ។ តែលុះដល់កាលជាខាងក្រោយ ឧបាលិនោះនឿយណាយនឹងអំពើបាប ក៏ចេញបួស កំណត់ដឹងនូវអាសវៈទាំងអស់ ជាអ្នកមិនមានអាសវៈ នឹងបរិនិញ្វន។ ព្រះពុទ្ធព្រះនាមគោតម ជាសក្យបុត្ត ទ្រង់មានយសច្រើនត្រេកអរហើយ ទ្រង់តាំងឧបាលិនោះ ដែលចេះដឹងនូវវិន័យក្នុងទីជាឯតទគ្គៈ។

ខ្ញុំបួសដោយសទ្ធា មានសោឡសកិច្ចធ្វើស្រេចហើយ ជាអ្នកមិនមានអាសវៈ កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកអស់អាសវៈ។ ព្រះមានព្រះភាគ ទ្រង់អនុគ្រោះខ្ញុំ ខ្ញុំជាអ្នកក្លៀវក្លាក្នុងវិន័យ ប្រារព្ធនូវកម្មរបស់ខ្ញុំ ជាអ្នកមិនមានអាសវៈ។ ខ្ញុំសង្រួមក្នុងបាតិមោក្ខផង ក្នុងឥន្រ្ទិយទាំង ៥ ផង ទ្រទ្រង់នូវវិន័យទាំងអស់ ដែលជាទីកើតនៃរតនៈគ្រប់យ៉ាង។ ព្រះសាស្តាប្រសើរក្នុងលោក ទ្រង់ជ្រាបនូវគុណរបស់ខ្ញុំហើយ ទ្រង់គង់ក្នុងភិក្ខុសង្ឃ ហើយតាំងខ្ញុំក្នុងទីជាឯតទគ្គៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឧបាលិត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឧបាលិត្ថេរាបទាន។

សោណកោដិយវេស្សត្ថេរាបទាន ទី២

(២. សោណកោឡិវិសត្ថេរអបទានំ)

[៤៤] ខ្ញុំឲ្យគេធ្វើទីចង្រ្កម ធ្វើនូវការលាបដោយកំបោរថ្វាយព្រះមុនីព្រះនាមអនោមទស្សី ទ្រង់ជាច្បងក្នុងលោក ទ្រង់មិនញាប់ញ័រដោយលោកធម៌។ ខ្ញុំក្រាលទីចង្រ្កមដោយផ្កាមានពណ៌ផ្សេងៗ ធ្វើនូវពិតានឰដ៏អាកាស និមន្តព្រះពុទ្ធដ៏ប្រសើរ ឲ្យឆាន់ភត្ត។ គ្រានោះ ខ្ញុំផ្គងអញ្ជលី ថ្វាយបង្គំព្រះសម្ពុទ្ធ ទ្រង់មានវត្តដ៏ល្អ ហើយថ្វាយទីឃសាលា ចំពោះព្រះមានព្រះភាគ។ ព្រះសាស្តា ទ្រង់ប្រសើរផុតក្នុងលោក ទ្រង់ជ្រាបនូវបំណងរបស់ខ្ញុំ ព្រះមានព្រះភាគមានចក្ខុ ទ្រង់បានទទួល (សាលានោះ) ដោយអនុគ្រោះ។ ព្រះសម្ពុទ្ធ ជាទក្ខិណេយ្យបុគ្គលក្នុងលោក ព្រមទាំងទេវលោក លុះទទួលរួចហើយ ទ្រង់គង់ក្នុងភិក្ខុសង្ឃ ហើយសម្តែងនូវគាថាទាំងឡាយនេះថា

កុលបុត្តណា មានចិត្តរីករាយ បានថ្វាយទីឃសាលាចំពោះតថាគត តថាគតនឹងសម្តែងសរសើរនូវកុលបុត្តនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ កុលបុត្តដែលបរិបូណ៌ដោយបុញ្ញកម្មនេះ នឹងមានរថទឹមដោយសេះមួយពាន់ កើតឡើងប្រាកដក្នុងមរណកាល។ បុរសនេះ នឹងទៅកាន់ទេវលោក ដោយយាននោះ ពួកទេវតារីករាយក្នុងភពជាកុសល ដែលសម្រេចដល់បុរសនោះ។ ទេវបុត្តនោះ នឹងនៅគ្រប់គ្រងវិមានដ៏ប្រសើរ ដែលមានថ្លៃច្រើន លាបលនដោយដីកែវ ជាវិមានប្រកបដោយកំពូលដ៏ប្រសើរ។ ទេវបុត្តនោះ នឹងរីករាយក្នុងទេវលោក អស់ ៣០.០០០ កប្ប នឹងបានជាទេវរាជ អស់ ២៥ កប្បទៀត។ នឹងបានជាស្តេចចក្រពត្តិ អស់ ៧៧ ដង ស្តេចចក្រពត្តិទាំងអស់នោះ មាននាមតែមួយ គឺនាមថាយសោធរៈ។ លុះកុលបុត្តនោះ សោយសម្បត្តិទាំងពីររួចហើយ សន្សំនូវបុណ្យ នឹងបានជាស្តេចចក្រពត្តិក្នុងកប្បទី ២៨។ ស្តេចចក្រពត្តិនោះ នឹងនៅគ្រប់គ្រងប្រាសាទដ៏ប្រសើរ ដែលវិស្សុកម្មនិម្មិតថ្វាយក្នុងទីនោះ ជាបុរីមិនស្ងាត់ចាកសម្លេង ១០ ប្រការ។7) ក្នុងកប្បច្រើន ប្រមាណមិនបានអំពីកប្បនេះ កុលបុត្តនោះ នឹងបានជាស្តេចក្នុងដែន គ្រប់គ្រងផែនដី មានឫទ្ធិធំ មាននាមថាឱក្កាកៈ។ អភិជាតខត្តិយានី (របស់ស្តេចនោះ) ដ៏ប្រសើរលើសជាងស្រីស្នំ ១៦ ពាន់ ទាំងអស់ ព្រះនាងនឹងប្រសូតនូវព្រះរាជបុត្រ ៩ ព្រះអង្គ។ នាងខត្តិយានី លុះប្រសូតបុត្រ ៩ ព្រះអង្គហើយ ក៏នឹងធ្វើកាលកិរិយាទៅ នឹងមាននាងកញ្ញា (ដទៃទៀត) ជាស្រ្តីក្មេង ជាទីគាប់ព្រះទ័យ នឹងបានមកជាមហេសី។ នាងកញ្ញាធ្វើក្សត្រឱក្កាកៈឲ្យត្រេកអរហើយ នឹងបាននូវពរ លុះនាងកញ្ញានោះបានទទួលពរហើយ ក៏ញុំាងព្រះរាជាឲ្យបំបរបង់ព្រះរាជបុត្រដើមទាំងឡាយចោល។ ព្រះរាជបុត្តទាំងអស់នោះ លុះព្រះបិតាបំបរបង់ហើយ ក៏នាំគ្នាទៅកាន់ភ្នំហិមពាន្ត ព្រះរាជបុត្រទាំងអស់ ខ្លាចបែកធ្លាយជាតិ ក៏នៅរួមសង្វាសនឹងប្អូនស្រីទាំងឡាយរបស់ខ្លួន។ ឯនាងកញ្ញាម្នាក់ នឹងកើតព្យាធិ៍ពេញខ្លួន ក្សត្រទាំងឡាយនឹងជីក (រណ្តៅឲ្យនៅ ដោយបំណងថា) ជាតិរបស់យើងកុំធ្លាយឡើយ។ មានក្សត្រ (វង្សដទៃ) មួយអង្គ នាំនាងកញ្ញានោះយកទៅនៅរួមសង្វាសជាមួយ ក្នុងការកើត ត្រកូលក្សត្រឱក្កាកៈ នឹងបែកធ្លាយក្នុងកាលនោះ។ ព្រះរាជឱរសទាំងឡាយ របស់ក្សត្រទាំងពីរអង្គនោះ នឹងបានឈ្មោះថាកោលិយៈ (ក្សត្រទាំងពីរអង្គនោះ) នឹងសោយភោគៈជារបស់មនុស្ស ប្រមាណមិនបានក្នុងទីនោះ។ លុះកុលបុត្តនោះ ច្យុតចាកកាយនោះ នឹងទៅកើតក្នុងទេវលោក នឹងបាននូវប្រាសាទដ៏ប្រសើរ ដែលជាទីគាប់ចិត្តក្នុងទេវលោកនោះ។ លុះច្យុតចាកទេវលោក ត្រូវកុសលមូលដាស់តឿន ទើបមកកាន់អត្តភាពជាមនុស្ស មាននាមថាសោណៈ។ សោណមាណព ប្រារព្ធព្យាយាម មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន តាំងនៅក្នុងសាសនារបស់ព្រះសាស្តា កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិញ្វន។ ព្រះអនន្តទស្សីមានព្រះភាគព្រះនាមគោតម ជាសក្យៈប្រសើរ ទ្រង់ជ្រាបវិសេស មានព្យាយាមធំ នឹងតាំង (សោណៈនោះ) ក្នុងឋានៈដ៏ប្រសើរ។

កាលភ្លៀងធ្លាក់លិចស្មៅអស់ ៤ ធ្នាប់ នៅសល់មួយធ្នាប់ ត្រូវខ្យល់បក់ទៀត (នៅតែប្រឹងដុះ) វៀរលែងតែតាទិបុគ្គល អ្នកមានព្យាយាម មិនមានអ្វីប្រឹងលើសជាងស្មៅនោះទៀតទេ។

ខ្ញុំមានខ្លួនទូន្មានហើយ ក្នុងការទូន្មានដ៏ឧត្តម ចិត្តរបស់ខ្ញុំតម្កល់ស៊ប់ហើយ ភារៈទាំងអស់ ខ្ញុំដាក់ចុះហើយ ខ្ញុំជាអ្នកមិនមានអាសវៈ មានទុក្ខរលត់ហើយ។ ព្រះមហានាគជាអង្គីរស មានជាតិដ៏ប្រសើរ ដូចជាកេសររាជសីហ៍ គង់ក្នុងភិក្ខុសង្ឃ ហើយតាំងខ្ញុំក្នុងទីជាឯតទគ្គៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសោណកោដិយវេស្សត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សោណកោដិយវេស្សត្ថេរាបទាន។

ភទ្ទិយកាឡិគោធាយបុត្តត្ថេរាបទាន ទី៣

(៣. កាឡិគោធាបុត្តភទ្ទិយត្ថេរអបទានំ)

[៤៥] ប្រជុំជនទាំងពួង បានចូលគាល់ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់មានព្រះហឫទ័យប្រកបដោយមេត្តា ជាអ្នកប្រាជ្ញដ៏ប្រសើរ ទ្រង់ដឹកនាំសត្វដ៏វិសេស ក្នុងលោកទាំងមូល។ ពួកជនទាំងពួង តែងថ្វាយនូវសដូវផង នំឈ្មោះបវាកៈផង អាមិសៈ ទឹក និងភោជនផង ដល់ព្រះសាស្តា ជាបុញ្ញក្ខេត្តដ៏ប្រសើរ។ ឯខ្ញុំក៏គិតថា នឹងនិមន្តព្រះពុទ្ធដ៏ប្រសើរផង ព្រះសង្ឃដ៏ប្រសើរផង ហើយនឹងថ្វាយទានដល់ព្រះសម្ពុទ្ធ ជាទេវតាដ៏ក្រៃលែងជាងទេវតា ទ្រង់មិនញាប់ញ័រដោយលោកធម៌។ ពួកជនទាំងនុ៎ះ ដែលខ្ញុំបញ្ជូនទៅឲ្យនិមន្ត ក៏បាននិមន្តព្រះតថាគតផង ភិក្ខុសង្ឃទាំងអស់ ជាបុញ្ញក្ខេត្តដ៏ប្រសើរផង។ ខ្ញុំបានក្រាលបល្ល័ង្ក មានថ្លៃមួយសែន ជាវិភារៈនៃមាស កម្រាលឈ្មោះគោណកៈ ព្រមដោយកម្រាលញាត់គ កម្រាលធ្វើដោយរោមសត្វ ជាផ្កាចង្កោមផង កម្រាលដែលធ្វើដោយសម្បកឈើ កម្រាលដែលត្បាញដោយអំបោះផង។ ខ្ញុំក្រាលនូវអាសនៈ មានថ្លៃដ៏ច្រើនគួរដល់ព្រះពុទ្ធ ឯព្រះបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវលោក ទ្រង់ជាទេវតាប្រសើរជាងទេវតា ជានរាសភៈ ទ្រង់កុះករដោយភិក្ខុសង្ឃ ស្តេចចូលមកកាន់ទ្វារផ្ទះរបស់ខ្ញុំ ខ្ញុំក្រោកទទួលព្រះសម្ពុទ្ធ ជាលោកនាថដ៏ទ្រង់យស។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ញុំាងភិក្ខុសង្ឃមួយសែនអង្គ ទាំងព្រះពុទ្ធជាលោកនាយក ឲ្យចូលមកកាន់ផ្ទះរបស់ខ្លួន។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ (ញុំាងព្រះសម្ពុទ្ធ និងភិក្ខុសង្ឃ) ឲ្យឆ្អែតស្កប់ស្កល់ដោយចង្ហាន់ដ៏ថ្លៃថ្លា ព្រះបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវលោក ទ្រង់គួរទទួលគ្រឿងបូជា ទ្រង់គង់ក្នុងភិក្ខុសង្ឃ ហើយត្រាស់នូវគាថាទាំងនេះថា

កុលបុត្តណា ថ្វាយអាសនៈជាវិការៈនៃមាស ក្រាលដោយកម្រាលគោណកៈនេះ តថាគតនឹងសម្តែងសរសើរនូវកុលបុត្តនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ កុលបុត្តនោះ នឹងសោយទេវរជ្ជសម្បត្តិអស់ ៧៤ ដង នឹងសោយទិព្វសម្បត្តិ មានពួកស្រីអប្សរចោមរោម នឹងបានគ្រប់គ្រងផែនដី បានជាស្តេចក្នុងប្រទេសមួយពាន់ដង។ នឹងកើតជាស្តេចចក្រពត្តិ អស់ចំនួន ៥១ ដង នឹងបានជាអ្នកមានត្រកូលខ្ពស់ ក្នុងកំណើតដែលមានក្នុងភពទាំងពួង។ លុះកាលជាខាងក្រោយ កុលបុត្តនោះ ត្រូវកុសលមូលដាស់តឿន ក៏ចេញបួស មាននាមថាភទ្ទិយៈ នឹងបានជាសាវ័ករបស់ព្រះសាស្តា។

ខ្ញុំប្រកបរឿយៗ នូវវិវេក អាស្រ័យនៅក្នុងសេនាសនៈដ៏ស្ងាត់ ផលទាំងអស់ ខ្ញុំបានសម្រេចហើយ ក្នុងថ្ងៃនេះ ខ្ញុំមានកិលេសលះបង់ហើយ។ ព្រះសព្វញ្ញូជាលោកនាយក ទ្រង់ជ្រាបនូវហេតុសព្វគ្រប់របស់ខ្ញុំ ទើបទ្រង់គង់ក្នុងភិក្ខុសង្ឃ ហើយតាំងខ្ញុំក្នុងទីជាឯតទគ្គៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះភទ្ទិយកាឡិគោធាយបុត្តត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ភទិ្ទយកាឡិគោធាយបុត្តត្ថេរាបទាន។

សន្និដ្ឋាបកត្ថេរាបទាន ទី៤

(៤. សន្និដ្ឋាបកត្ថេរអបទានំ)

[៤៦] ខ្ញុំធ្វើខ្ទមក្នុងព្រៃ ត្រង់ចន្លោះភ្នំហើយនៅ ជាអ្នកសន្តោសដោយលាភ និងឥតលាភផង ដោយយស និងឥតយសផង។ ព្រះសម្ពុទ្ធបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវលោក គួរទទួលនូវគ្រឿងបូជា ទ្រង់ធ្វើពុទ្ធដំណើរមកក្នុងសំណាក់របស់ខ្ញុំជាមួយនឹងភិក្ខុសង្ឃប្រមាណមួយសែនអង្គ។ ព្រះសម្ពុទ្ធជាមហានាគ ព្រះនាមបទុមុត្តរៈ ស្តេចយាងមកដល់ហើយ ខ្ញុំក្រាលកម្រាលស្មៅថ្វាយព្រះសាស្តា។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយផ្លែល្ហុងប្រេងផង ទឹកផង ចំពោះព្រះសាស្តា ទ្រង់មានសន្តានត្រង់ ដោយចិត្តដែលជ្រះថ្លា។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែល្ហុងប្រេង។ ក្នុងកប្បទី ៤១ ខ្ញុំបានជាស្តេចមួយព្រះអង្គ ឈ្មោះអរិន្ទមៈ ជាស្តេចចក្រពត្តិ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសន្និដ្ឋាបកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សន្និដ្ឋាបកត្ថេរាបទាន។

បញ្ចហត្ថិយត្ថេរាបទាន ទី៥

(៥. បញ្ចហត្ថិយត្ថេរអបទានំ)

[៤៧] ព្រះសម្ពុទ្ធព្រះនាមសុមេធៈ ទ្រង់សង្រួមចក្ខុ ពោលពាក្យល្មមកំណត់ មានស្មារតី សង្រួមឥន្រ្ទិយ ទ្រង់និមន្តទៅក្នុងចន្លោះរានផ្សារ។ ពួកជនធ្វើផ្កាឧប្បល ៥ ក្តាប់ ឲ្យជាគ្រឿងប្រដាប់ក្បាលសម្រាប់ខ្ញុំ ខ្ញុំមានចិត្តជ្រះថ្លា បានយកគ្រឿងប្រដាប់ក្បាលនោះ បូជាព្រះពុទ្ធដោយដៃរបស់ខ្លួន។ ផ្កាទាំងនោះ ដែលខ្ញុំលើកឡើងហើយ ក៏ទៅជាគ្រឿងបិទបាំង ថ្វាយព្រះសាស្តានោះ (ចោមរោម) ព្រះមហានាគក្នុងសមាធិ ដូចជាសិស្ស (ចោមរោម) អាចារ្យដូច្នោះដែរ។ ក្នុងកប្បទី ៣០.០០០ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ២.០០០ អំពីភទ្ទកប្បនេះ ខ្ញុំបានជាក្សត្រិយ៍ ៥ ដង ព្រះនាមហត្ថិយៈដូចគ្នា ជាស្តេចចក្រពត្តិ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបញ្ចហត្ថិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បញ្ចហត្ថិយត្ថេរាបទាន។

បទុមច្ឆទនិយត្ថេរាបទាន ទី៦

(៦. បទុមច្ឆទនិយត្ថេរអបទានំ)

[៤៨] កាលព្រះលោកនាថ ជាអគ្គបុគ្គល ព្រះនាមវិបស្សី ទ្រង់បរិនិញ្វនហើយ ខ្ញុំយកផ្កាឈូកដែលរីកល្អ លើកតម្កល់លើជើងថ្ករ។ លុះខ្ញុំលើកជើងថ្ករឡើង ផ្កាក៏អណ្តែតត្រសែតទៅឯអាកាស ជាទីរីករាយនៃពួកសត្វស្លាប ធ្វើជាដម្បូលបិទបាំងកំដៅថ្ងៃនាអាកាស ខ្ញុំក៏បានទ្រនូវជើងថ្ករនោះ។ ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កាក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៤៧ អំពីភទ្ទកប្បនេះ ខ្ញុំកើតជាស្តេចចក្រពត្តិ មាននាមថាបទុមិស្សរៈ ទ្រង់ឈ្នះសង្គ្រាម មានទីបំផុតទល់នឹងសមុទ្រទាំង ៤ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបទុមច្ឆទនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បទុមច្ឆទនិយត្ថេរាបទាន។

សយនទាយកត្ថេរាបទាន ទី៧

(៧. សយនទាយកត្ថេរអបទានំ)

[៤៩] ខ្ញុំថ្វាយទីព្រះបន្ទំដ៏ប្រសើរ ដែលក្រាលដោយសំពត់ចំពោះព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ទ្រង់មានមេត្តាចិត្ត មិនញាប់ញ័រដោយលោកធម៌។ ព្រះមានព្រះភាគ ទ្រង់ទទួលកប្បិយសយនាសនៈហើយ ព្រះជិនស្រី ទ្រង់ក្រោកឡើងអំពីទីព្រះបន្ទំនោះ ហើយទ្រង់ហោះឡើងទៅឯអាកាស។ ក្នុងកប្បទី ៩៤ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយទីសយនៈ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃទីសយនៈ។ ក្នុងកប្បទី ៥១ អំពីភទ្ទកប្បនេះ ខ្ញុំកើតជាស្តេចចក្រពត្តិ ព្រះនាមវរុណទេវៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសយនទាកយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សយនទាយកត្ថេរាបទាន។

ចង្កមទាយកត្ថេរាបទាន ទី៨

(៨. ចង្កមនទាយកត្ថេរអបទានំ)

[៥០] ខ្ញុំបានឲ្យជាងធ្វើទីចង្រ្កម ក្រាលឥដ្ឋ (ថ្វាយ) ចំពោះព្រះមុនី ព្រះនាមអត្ថទស្សី ជាច្បងក្នុងលោក ទ្រង់មិនញាប់ញ័រដោយលោកធម៌។ ទីចង្រ្កមនោះមានកំពស់ ៥០ ហត្ថក្រពុំ បណ្តោយ ១០០ ហត្ថ ជាទីគួរសរសើរ គួររីករាយនៃចិត្ត ខ្ញុំបានកសាងហើយដោយប្រពៃ។ ព្រះមានព្រះភាគ ព្រះនាមអត្ថទស្សីដ៏ប្រសើរជាងពួកនរៈ ទ្រង់បានទទួលហើយ ទ្រង់ចាប់យកខ្សាច់ដោយព្រះហស្ត ហើយសម្តែងនូវគាថាទាំងនេះថា

ដោយការឲ្យដីខ្សាច់នេះផង ដោយការធ្វើទីចង្រ្កមល្អនេះផង បុគ្គលនេះ នឹងបានទទួលនូវផ្នូរខ្សាច់ដ៏បរិបូណ៌ដោយកែវ ៧ ប្រការ។ កុលបុត្តនោះ នឹងគ្រប់គ្រងទេវរាជ្យសោយទិព្វសម្បត្តិ ជាស្តេចនៃទេវតាក្នុងទេវលោក មានពួកស្រ្តីអប្សរចោមរោម អស់ ៣ កប្ប។ លុះត្រឡប់មកកាន់មនុស្សលោក នឹងបានជាស្តេចក្នុងដែន កុលបុត្តនោះនឹងបានជាស្តេចចក្រពត្តិលើផែនដីអស់ ៣ ដង។

ក្នុងកប្បទី ១.៨០០ ព្រោះហេតុដែលខ្ញុំធ្វើកុសលកម្មក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃទីចង្រ្កម។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះចង្កមទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ចង្កមទាយកត្ថេរាបទាន។

សុភទ្ទត្ថេរាបទាន ទី៩

(៩. សុភទ្ទត្ថេរអបទានំ)

[៥១] ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ជ្រាបច្បាស់នូវត្រៃលោក គួរទទួលគ្រឿងបូជា មានយសច្រើន ទ្រង់ស្រោចស្រង់នូវប្រជុំជន ហើយទ្រង់បរិនិញ្វន។ កាលព្រះសម្ពុទ្ធបរិនិញ្វន លោកធាតុមួយហ្មឺន ក៏ញាប់ញ័រ ពួកជនច្រើន និងពួកទេវតា ក៏ប្រជុំគ្នាក្នុងកាលនោះ។ ខ្ញុំបានញុំាងទីនោះឲ្យពេញដោយខ្លឹមច័ន្ទ ខ្លឹមក្រឹស្នា និងខ្លឹមក្លាំពាក់ ខ្ញុំមានចិត្តត្រេកអររីករាយ បានលើកឡើងនូវព្រះសម្ពុទ្ធ ទ្រង់ប្រសើរជាងពួកនរៈ។ ព្រះសាស្តា ជាបុគ្គលប្រសើរផុតក្នុងលោក ទ្រង់ជ្រាបនូវបំណងរបស់ខ្ញុំ ព្រះសម្ពុទ្ធ ទ្រង់ផ្ទំសម្តែងនូវគាថាទាំងនេះថា

ក្នុងកាលជាទីបំផុតនៃជន្មាយុរបស់តថាគត បុរសណា បានបិទបាំងតថាគត ដោយថូមានក្លិនក្រអូប តថាគតនឹងសម្តែងសរសើរនូវបុរសនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ បុរសនោះ លុះច្យុតចាកអត្តភាពនេះ នឹងទៅកាន់ពួកទេវតា ក្នុងឋានតុសិត សោយរាជសម្បត្តិក្នុងឋានតុសិតនោះ ហើយនឹងទៅកាន់ឋាននិម្មានរតីទៀត។ បុរសនោះ បានឲ្យថូដ៏ឧត្តមប្រសើរ ដោយឧបាយនុ៎ះឯង ជាអ្នកប្រារព្ធនូវកម្មរបស់ខ្លួន នឹងទទួលនូវសម្បត្តិ។ នរជននេះ នឹងកើតក្នុងពួកទេវតាក្នុងឋានតុសិតម្តងទៀត លុះច្យុតចាកពួកទេវតាក្នុងឋានតុសិតនោះ នឹងមកកាន់អត្តភាពជាមនុស្ស។ ព្រះសក្យបុត្ត ជាមហានាគ ជាអគ្គបុគ្គលក្នុងលោក ព្រមទាំងទេវលោក ទ្រង់មានបញ្ញាចក្ខុ បានញុំាងពួកសត្វច្រើន ឲ្យត្រាស់ដឹងហើយ នឹងបរិនិញ្វន។ ក្នុងកាលនោះ បុរសនោះ បានចូលទៅ មានចិត្តស្ងប់រម្ងាប់ មានកុសលមូលដាស់តឿន ហើយក៏ចូលទៅគាល់ព្រះសម្ពុទ្ធ នឹងសួរនូវប្រស្នាក្នុងកាលនោះ។ ព្រះសម្ពុទ្ធជាសព្វញ្ញូលោកនាយក ទ្រង់ធ្វើឲ្យរីករាយហើយ នឹងបើកនូវសច្ចធម៌ទាំងឡាយ ព្រោះទ្រង់ជ្រាបនូវបុព្វកម្ម។ បុរសនោះ ប្រារព្ធប្រស្នានេះហើយ ជាអ្នកត្រេកអរ មានចិត្តខ្ពស់ឯក នឹងថ្វាយបង្គំព្រះសាស្តា ហើយសូមផ្នួស។ ព្រះពុទ្ធនោះ ទ្រង់ជាបុគ្គលឈ្លាសក្នុងធម៌ដ៏ប្រសើរ ទ្រង់ឃើញបុរសនោះ មានចិត្តជ្រះថ្លា ត្រេកអរដោយកម្មរបស់ខ្លួនហើយ នឹងទ្រង់បំបួស។ បុរសនេះ ព្យាយាមក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិញ្វន។

ចប់ ភាណវារៈ ទី៥។

ខ្ញុំប្រកបព្រមហើយ ដោយបុព្វកម្មរបស់ខ្លួន មានចិត្តមូលតែមួយ មានចិត្តតាំងមាំ ជាធម្មនិម្មិត ជាបុត្តកើតអំពីទ្រូងរបស់ព្រះសម្មាសម្ពុទ្ធ។ ខ្ញុំចូលទៅអង្គុយជិតព្រះពុទ្ធ ជាធម្មរាជ ហើយសួរប្រស្នាដ៏ប្រសើរ ឯព្រះអង្គកាលនឹងសម្តែងនូវប្រស្នាដល់ខ្ញុំ ទ្រង់នាំមកនូវធម្មសោតៈ។ ខ្ញុំដឹងនូវធម៌របស់ព្រះធម្មរាជនោះហើយ ត្រេកអរនឹងសាសនា កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ។ ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ ព្រះនាយក ព្រះនាមបទុមុត្តរៈ ទ្រង់បរិនិញ្វន មិនមានឧបាទាន ដូចប្រទីបដែលរលត់ ព្រោះអស់ប្រេង។ ព្រះស្តូបជាវិការៈនៃកែវ ប្រកបដោយយោជន៍ ៧ ណា ខ្ញុំបានបូជាទង់ដ៏ល្អ ជាងទង់ទាំងអស់ ជាទីរីករាយនៃចិត្ត ចំពោះព្រះស្តូបនោះ។ កូនដែលកើតអំពីទ្រូងរបស់ខ្ញុំ ឈ្មោះតិស្សៈ ជាអគ្គសាវ័ករបស់ព្រះពុទ្ធ ព្រះនាមកស្សបៈ ជាទាយាទក្នុងសាសនានៃព្រះជិនស្រី។ ខ្ញុំមានចិត្តថោកទាប បានពោលពាក្យមិនពីរោះ ដល់ព្រះតិស្សៈនោះ ព្រោះតែផលកម្មប៉ុណ្ណោះ ទើបខ្ញុំមានសេចក្តីល្អ ក្នុងកាលជាខាងក្រោយបំផុត។ ព្រះមុនីទ្រង់មានព្យាយាមធំ ស្វែងរកប្រយោជន៍ មានសេចក្តីករុណា ទ្រង់ឈ្នះកិលេស បានបំបួសខ្ញុំ ក្នុងបច្ឆិមសយនៈ ក្នុងសាលវ័ន ជាទីសម្រាប់ចេញចូល។ ឥឡូវនេះ បព្វជ្ជា (របស់ខ្ញុំ) មានក្នុងថ្ងៃនេះ ឧបសម្បទា ក៏មានក្នុងថ្ងៃនេះ បរិនិញ្វនក៏មានក្នុងថ្ងៃនេះ ក្នុងទីចំពោះព្រះភ័ក្រ្តនៃព្រះសម្ពុទ្ធ ទ្រង់ឧត្តមជាងសត្វជើងពីរ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសុភទ្ទត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សុភទ្ទត្ថេរាបទាន។

ចុន្ទត្ថេរាបទាន ទី១០

(១០. ចុន្ទត្ថេរអបទានំ)

[៥២] ខ្ញុំធ្វើចេតិយ ស្រោបដោយផ្កាម្លិះទាំងឡាយ បូជាចំពោះព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ជាច្បងក្នុងលោក ទ្រង់មិនញាប់ញ័រដោយលោកធម៌។ លុះខ្ញុំរៀបចំស្រេចហើយ ទើបបង្អោនថ្វាយផ្កានោះចំពោះព្រះពុទ្ធ ហើយយកផ្កាដ៏សេស បង្អោនថ្វាយទៀត។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ នាំចេតិយផ្កាទៅថ្វាយចំពោះព្រះពុទ្ធ ជាអគ្គនាយកក្នុងលោក ព្រះអង្គប្រាកដស្មើដោយចេតិយមាស។ ព្រះសម្ពុទ្ធ មានសេចក្តីសង្ស័យកន្លងបង់ហើយ មានពួកព្រះខីណាស្រពដែលមានអន្លង់ឆ្លងផុត ចោមរោមហើយ ព្រះអង្គគង់នៅក្នុងភិក្ខុសង្ឃ ហើយសម្តែងនូវគាថាទាំងនេះថា

កុលបុត្តណា បានថ្វាយដល់តថាគតនូវចេតិយដែលធ្វើដោយផ្កា មានក្លិនដូចជាទិព្វផ្សាយទៅ តថាគតនឹងសម្តែងសរសើរនូវកុលបុត្តនោះ អ្នកទាំងឡាយចូរស្តាប់តថាគតសម្តែងចុះ។ បុរសនេះ លុះច្យុតចាកអត្តភាពនេះទៅ នឹងទៅកើតក្នុងទេវលោក មានពួកទេវតាចោមរោម ជាអ្នកបរិបូណ៌ដោយផ្កាម្លិះ។ ទីនៅរបស់កុលបុត្តនោះ ដ៏ខ្ពស់ជាវិការៈនៃមាស និងកែវមណី ប្រាសាទទាំងឡាយ ដែលបុញ្ញកម្មតាក់តែងហើយ នឹងកើតប្រាកដ។ កុលបុត្រនោះ នឹងសោយទេវរាជ្យ នឹងសោយទិព្វសម្បត្តិ មានពួកស្រ្តីអប្សរចោមរោមអស់ ៧៤ ដង។ នឹងបានសោយរាជសម្បត្តិលើផែនដី គ្រប់គ្រងផែនដីអស់ ៣០០ ដង នឹងបានជាស្តេចចក្រពត្តិ អស់ ៧៥ ដង។ កុលបុត្តនោះ នឹងកើតជាក្សត្រ ជាអធិបតីនៃមនុស្ស មាននាមថាទុជ្ជយៈ អាស្រ័យនូវបុញ្ញកម្មរបស់ខ្លួន ហើយរងនូវផលបុណ្យនោះ។ កុលបុត្តនោះនឹងមិនទៅយកកំណើតជាវិនិបាតឡើយ ទៅយកអត្តភាពតែជាមនុស្ស កុលបុត្តនោះ បានសន្សំប្រាក់ទុកច្រើនរាប់រយកោដិ។ កុលបុត្តនោះ នឹងកើតក្នុងកំណើតជាព្រាហ្មណ៍ ជាអ្នកចេះដឹង មានប្រាជ្ញា ជាឱរស ជាទីស្រឡាញ់នៃវង្គន្តព្រាហ្មណ៍ និងនាងសារីព្រាហ្មណី។ លុះកាលជាខាងក្រោយ កុលបុត្តនោះ មាននាមថាចូឡចុន្ទៈ នឹងបានបួសក្នុងសាសនារបស់ព្រះសម្ពុទ្ធ ជាអង្គីរស នឹងបានជាសាវ័ករបស់ព្រះសាស្តា។ ចូឡចុន្ទៈនោះ ជាសាមណេរ មានសន្តានស្ងប់ស្ងាត់ បានជាព្រះខីណាស្រព កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិញ្វន។

ខ្ញុំបានបម្រើព្រះសម្ពុទ្ធ មានព្យាយាមធំផង បម្រើពួកភិក្ខុអ្នកមានសីលជាទីស្រឡាញ់ដទៃច្រើនអង្គផង បម្រើព្រះថេរៈជាបងនៃខ្ញុំផង ដើម្បីសម្រេចប្រយោជន៍ដ៏ខ្ពង់ខ្ពស់។ ខ្ញុំបម្រើព្រះថេរៈជាបងរបស់ខ្ញុំរួចហើយ រើសព្រះធាតុដាក់ក្នុងបាត្រ នាំមកថ្វាយព្រះសម្ពុទ្ធ ជាច្បងក្នុងលោកដ៏ប្រសើរជាងនរៈ។ ព្រះពុទ្ធ (ព្រះអង្គប្រសើរ) ក្នុងលោក ព្រមទាំងទេវលោក ទ្រង់ទទួលដោយព្រះហស្តទាំងពីរ ហើយបង្ហាញនូវព្រះធាតុនោះ ទើបប្រកាសតាំងខ្ញុំជាអគ្គសាវ័ក។ ឯចិត្តរបស់ខ្ញុំរួចស្រឡះហើយ សទ្ធារបស់ខ្ញុំតម្កល់ខ្ជាប់ហើយ ខ្ញុំកំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះចុន្ទត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ចុន្ទត្ថេរាបទាន។

ឧទ្ទាន

ឧបាលិត្ថេរាបទាន ១ សោណកោដិវេស្សត្ថេរាបទាន ១ ភទ្ទិយកាឡិគោធាយបុត្តត្ថេរាបទាន ១ សន្និដ្ឋាបកត្ថេរាបទាន ១ បញ្ចហត្ថិយត្ថេរាបទាន ១ បទុមច្ឆទនិយត្ថេរាបទាន ១ សយនទាយកត្ថេរាបទាន ១ ចង្កមទាយកត្ថេរាបទាន ១ សុភទ្ទត្ថេរាបទាន ១ ចុន្ទត្ថេរាបទាន ១ ក្នុងវគ្គនោះ មានគាថា ១៤៤។

ចប់ ឧបាលិវគ្គ ទី៥។

វីជនីវគ្គ ទី៦

(៦. ពីជនិវគ្គោ)

វិធូបនទាយកត្ថេរាបទាន ទី១

(១. វិធូបនទាយកត្ថេរអបទានំ)

[៥៣] ខ្ញុំថ្វាយផ្លិតមួយ ចំពោះព្រះបទុមុត្តរៈ ជាច្បងក្នុងលោក មិនញាប់ញ័រដោយលោកធម៌ ទ្រង់ជាធំជាងសត្វជើងពីរ ប្រកបដោយតាទិគុណ។ ខ្ញុំញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយផ្គងអញ្ជលីថ្វាយបង្គំព្រះសម្ពុទ្ធ ហើយបែរមុខទៅទិសខាងជើង ដើរចេញទៅ។ ព្រះសាស្តា ជាអគ្គនាយកក្នុងលោក លុះទ្រង់ទទួលយកផ្លិតហើយ ក៏ឋិតនៅក្នុងភិក្ខុសង្ឃ ហើយសម្តែងនូវគាថាទាំងនេះថា

ព្រោះការថ្វាយផ្លិតនេះផង ព្រោះការតម្កល់ចិត្តនេះផង កុលបុត្តនេះ នឹងមិនទៅយកកំណើតជាវិនិបាតអស់មួយសែនកប្ប។

ខ្ញុំអាយុ ៧ ឆ្នាំ បានប្រារព្ធព្យាយាម បញ្ជូនចិត្តទៅកាន់ព្រះនិញ្វន តម្កល់ខ្ជាប់ក្នុងចេតោគុណ ក៏បានដល់ព្រះអរហត្ត។ ក្នុងកប្ប ទី ៦០.០០០ ខ្ញុំបានជាស្តេចចក្រពត្តិ ២៦ ដង ព្រះនាមពិជ្ជមានៈដូចៗ គ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះវិធូបនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ វិធូបនទាយកត្ថេរាបទាន។

សតរំសិយត្ថេរាបទាន ទី២

(២. សតរំសិត្ថេរអបទានំ)

[៥៤] ព្រះបទុមុត្តរៈសម្ពុទ្ធ ជាបុរសដ៏ប្រសើរ ទ្រង់ឡើងគង់លើភ្នំ ខ្ញុំជាព្រាហ្មណ៍ដល់ត្រើយនៃមន្ត នៅក្នុងទីជិតភ្នំខ្ពស់នោះ។ ខ្ញុំផ្គងអញ្ជលី សរសើរព្រះលោកនាយក ជាមហាវីរបុរស ជាទេវតាក្រៃលែងជាងទេវតា ទ្រង់ជានរាសភៈ ដែលស្តេចចូលមកជិតដោយពាក្យថា ព្រះពុទ្ធនេះមានព្យាយាមធំ ទ្រង់ប្រកាសធម៌ដ៏ប្រសើរ មានភិក្ខុសង្ឃចោមរោម តែងរុងរឿងដូចគំនរភ្លើង។ ព្រះសម្ពុទ្ធមានបញ្ញាចក្ខុ ទ្រង់ដូចមហាសមុទ្រ មិនរំភើប ឬដូចអន្លង់ដែលគេឆ្លងបានដោយក្រ ឬក៏ដូចស្តេចម្រឹគ ដែលមិនតក់ស្លុត តែងសម្តែងធម៌។ ព្រះសាស្តាព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបនូវបំណងរបស់ខ្ញុំ ស្តេចឋិតនៅក្នុងភិក្ខុសង្ឃ ហើយសម្តែងនូវគាថាទាំងនេះថា

កុលបុត្តណា ថ្វាយអញ្ជលីនេះផង សរសើរព្រះពុទ្ធដ៏ប្រសើរផង កុលបុត្តនោះ នឹងសោយទេវរជ្ជសម្បត្តិអស់ ៣០ ពាន់កប្ប។ កន្លងទៅមួយសែនកប្ប ព្រះសម្ពុទ្ធជាអង្គីរស មានគ្រឿងប្រក់គឺកិលេសបើកហើយ នឹងបានត្រាស់ដឹង (ក្នុងលោក)។ កុលបុត្តនោះបានមកកើតជាបុរស មាននាមថាសតរំសី នឹងជាធម្មទាយាទ ជាធម្មនិម្មិត ជាឱរសរបស់ព្រះសម្ពុទ្ធនោះ នឹងបានជាព្រះអរហន្ត។

ខ្ញុំមានអាយុ ៧ ឆ្នាំ រាប់អំពីកំណើតមក បានបួសក្នុងព្រះពុទ្ធសាសនា មាននាមថាសតរំសី រស្មីរបស់ខ្ញុំតែងផ្សាយចេញ។ ខ្ញុំត្រេកអរនឹងឈាន ចម្រើនឈាន ក្នុងមណ្ឌល ឬជិតគល់ឈើ ខ្ញុំទ្រទ្រង់នូវរាងកាយជាទីបំផុតក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ។ ខ្ញុំបានជាក្សត្រចក្រពត្តិ ៤ ដង ព្រះនាមរោមៈដូចគ្នា បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មានកម្លាំងច្រើន អស់ ៦០.០០០ កប្ប។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសតរំសិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សតរំសិយត្ថេរាបទាន។

សយនទាយកត្ថេរាបទាន ទី៣

(៣. សយនទាយកត្ថេរអបទានំ)

[៥៥] ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេនទីព្រះបន្ទំដល់ព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ដែលទ្រង់អនុគ្រោះសព្វសត្វលោក។ ភោគសម្បត្តិ តែងកើតឡើងសម្រាប់ខ្ញុំ ព្រោះការឲ្យនូវទីព្រះបន្ទំនោះ ព្រោះបរិបូណ៌ដោយពូជ ក្នុងស្រែដ៏ល្អនោះ នេះជាផលនៃសយនៈនោះ។ ខ្ញុំអាចដេកក្នុងអាកាសបាន ខ្ញុំអាចទ្រនូវផែនដីនេះបាន ឥស្សរិយយសរបស់ខ្ញុំផ្សាយទៅក្នុងពួកសត្វ នេះជាផលនៃសយនៈ។ ក្នុងកប្បទី ៥ ពាន់ ខ្ញុំបានជាមហាវីរក្សត្រ ៨ ដង ក្នុងកប្បទី ៣.៤០០ ខ្ញុំបានជាក្សត្រមានកម្លាំងច្រើន ៤ ដង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសយនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សយនទាយកត្ថេរាបទាន។

គន្ធោទកទាយកត្ថេរាបទាន ទី៤

(៤. គន្ធោទកិយត្ថេរអបទានំ)

[៥៦] កាលគេធ្វើពិធីឆ្លងមហាពោធិព្រឹក្សរបស់ព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ខ្ញុំបានយកទឹកក្រអូបមួយក្អមដ៏វិចិត្រ ហើយស្រោចទឹកក្រអូបនោះ លើដើមពោធិនោះ។ ក្នុងកាលដែលកំពុងតែស្រោចដើមពោធិ មហាមេឃក៏បង្អុរភ្លៀង ផ្គរលាន់គឹកកងយ៉ាងខ្លាំង ព្រមទាំងរន្ទះបាញ់ ក៏កើតឡើង។ ខ្ញុំក៏បានធ្វើមរណកាលត្រង់កន្លែងនោះ ដោយកម្លាំងនៃរន្ទះនោះបាញ់ត្រូវ ខ្ញុំបានទៅឋិតនៅក្នុងទេវលោក ហើយសម្តែងនូវគាថានេះថា ឱហ្ន៎ ព្រះពុទ្ធ ឱហ្ន៎ ព្រះធម៌ ឱហ្ន៎ សម្បទានៃព្រះសាស្តារបស់ខ្ញុំ ឱ សាកសពរបស់ខ្ញុំធ្លាក់ចុះហើយ ខ្ញុំបានមកត្រេកអរក្នុងទេវលោកនេះ។ ភពជាទីនៅរបស់ខ្ញុំមានជាន់ ៧ ខ្ពស់ត្រដែតត្រដឹម ពួកនាងកញ្ញាមួយសែន តែងចោមរោមខ្ញុំសព្វៗ កាល។ ខ្ញុំមិនមានអាពាធ ខ្ញុំមិនមានសោក ខ្ញុំមិនចួបសេចក្តីក្រហល់ក្រហាយ នេះជាផលនៃបុញ្ញកម្ម។ ក្នុងកប្បទី ២.៨០០ ខ្ញុំបានជាស្តេចចក្រពត្តិ គ្រប់គ្រងផែនដី បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះគន្ធោទកទាយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ គន្ធោទកទាយកត្ថេរាបទាន។

ឱបវុយ្ហត្ថេរាបទាន ទី៥

(៥. ឱបវយ្ហត្ថេរអបទានំ)

[៥៧] ខ្ញុំបានថ្វាយសេះអាជានេយ្យ ដល់ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ លុះប្រគល់ចំពោះព្រះសម្ពុទ្ធហើយ ក៏ទៅកាន់ផ្ទះរបស់ខ្លួន។ ព្រះថេរៈឈ្មោះទេវិលៈ ជាអគ្គសាវ័ករបស់ព្រះសាស្តា ជាធម្មទាយាទដ៏ប្រសើរ បានមកកាន់សំណាក់របស់ខ្ញុំ ហើយ (មានថេរវាចា) នឹងខ្ញុំថា ព្រះមានព្រះភាគ ព្រះអង្គនាំមកនូវប្រយោជន៍ទាំងពួង ទ្រង់ជាអាជានេយ្យ មិនញាប់ញ័រ ព្រះចក្ខុមសម្ពុទ្ធ ទ្រង់ទទួលហើយ ព្រោះទ្រង់ជ្រាបនូវតំរិះរបស់អ្នក។

ខ្ញុំកាត់ថ្លៃសេះសិន្ធវៈ ជាវាហនៈដ៏លឿន មានសន្ទុះដូចខ្យល់ ជាវាហនៈចេះអត់ធន់ ហើយថ្វាយដល់ព្រះពុទ្ធព្រះនាមបទុមុត្តរៈ។ ខ្ញុំចូលទៅកាន់កំណើតណាៗ ទោះបីជាទេវតា ឬជាមនុស្ស សេះអាជានេយ្យទាំងឡាយ មានសន្ទុះដូចខ្យល់ ជាសម្បត្តិជាទីត្រេកអរ រមែងកើតសម្រាប់ខ្ញុំ។ មួយទៀត លាភ កុលបុត្តទាំងឡាយនោះ បានល្អហើយ ព្រោះបាននូវឧបសម្បទា ប្រសិនបើព្រះពុទ្ធកើតមានក្នុងលោក ខ្ញុំសូមចូលទៅអង្គុយជិតព្រះអង្គទៀត។ ខ្ញុំបានជាស្តេច មានកម្លាំងច្រើន ជាស្តេចឈ្នះសឹកសង្គ្រាម មានសមុទ្រទាំង ៤ ជាព្រំប្រទល់ ទ្រង់ជាឥស្សរៈក្នុងជម្ពូទ្វីបអស់ ២៨ ដង។ (ខ្ញុំទ្រទ្រង់) នូវរាងកាយនេះជាទីបំផុត ភពជាទីបំផុតកំពុងប្រព្រឹត្តទៅ ខ្ញុំលះបង់នូវការឈ្នះ និងការចាញ់ ហើយបានដល់នូវទីមិនកម្រើក គឺព្រះនិញ្វន។ ក្នុងកប្បទី ៣៤.០០០ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ជាក្សត្រមានតេជះច្រើន ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឱបវុយ្ហត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឱបវុយ្ហត្ថេរាបទាន។

សបរិវារាសនត្ថេរាបទាន ទី៦

(៦. សបរិវារាសនត្ថេរអបទានំ)

[៥៨] ខ្ញុំដើរទៅកាន់ទីសៅហ្មង ដែលគេគ្របដោយផ្កាមល្លិកាទាំងឡាយ ហើយបានថ្វាយចង្ហាន់បិណ្ឌបាតដល់ព្រះពុទ្ធព្រះនាមបទុមុត្តរៈ។ ព្រះសម្ពុទ្ធ អគ្គនាយកក្នុងលោក ទ្រង់មានសន្តានត្រង់ មានព្រះហឫទ័យខ្ជាប់ខ្ជួន ទ្រង់គង់លើអាសនៈនោះ ហើយសម្តែងសរសើរនូវចង្ហាន់បិណ្ឌបាតថា

ពូជសូម្បីបន្តិចដែលគេសាបព្រោះហើយ ក្នុងស្រែដ៏ល្អ ទាំងភ្លៀងក៏បង្ហូរទរទឹកដោយស្រួល ផលរមែងញុំាងអ្នកម្ចាស់ស្រែឲ្យត្រេកអរ យ៉ាងណាមិញ។ ចង្ហាន់បិណ្ឌបាតនេះ ដែលអ្នកតម្កល់ទុកហើយ ក្នុងបុញ្ញកេ្ខត្រដ៏ល្អ ផលនឹងធ្វើអ្នកឲ្យត្រេកអរក្នុងភពដែលអ្នកកើត ក៏យ៉ាងនោះដែរ។

លុះព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ បានត្រាស់នូវពាក្យនេះហើយ ទ្រង់ទទួលចង្ហាន់បិណ្ឌបាត បែរព្រះភក្រ្តឆ្ពោះទៅកាន់ឧត្តរទិស ទ្រង់ចៀសចេញទៅ។ ខ្ញុំសង្រួមល្អក្នុងបាតិមោក្ខផង ក្នុងឥន្រ្ទិយទាំង ៥ ផង ប្រកបរឿយៗ នូវវិវេក ជាអ្នកមិនមានអាសវៈ គឺកិលេសជាគ្រឿងត្រាំក្នុងចិត្ត។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសបរិវារាសនត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សបរិវារាសនត្ថេរាបទាន។

បញ្ចទីបកត្ថេរាបទាន ទី៧

(៧. បញ្ចទីបកត្ថេរអបទានំ)

[៥៩] ខ្ញុំជឿស៊ប់ក្នុងព្រះសទ្ធម្មរបស់ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់អនុគ្រោះដល់សព្វសត្វ ទ្រង់មានទិដ្ឋិត្រង់។ ខ្ញុំបានថ្វាយប្រទីបជាទាន ព័ទ្ធជុំវិញដើមពោធិព្រឹក្ស កាលខ្ញុំជឿហើយ បានថ្វាយប្រទីបទាំងឡាយ ក្នុងវេលានោះ លុះខ្ញុំទៅកើតក្នុងកំណើតណាៗ ទោះបីជាទេវតា ឬជាមនុស្ស ពួកទេវតាតែងទ្រោលបំភ្លឺគប់ភ្លើងឰដ៏អាកាស នេះជាផលនៃការថ្វាយប្រទីប។ ខ្ញុំបានទទួលនូវទស្សនកិច្ច (ឃើញរូបទាំងពួង) ចម្ងាយ ១០០ យោជន៍ ដោយជុំវិញ ឃើញធ្លុះទៅខាងក្រៅជញ្ជាំង ខាងក្រៅផែនថ្ម និងភ្នំបាន។ ដោយសេសផលនៃកុសលកម្មនោះ ខ្ញុំបានដល់នូវការអស់ទៅនៃអាសវៈ ខ្ញុំទ្រទ្រង់នូវរាងកាយ ជាទីបំផុតក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ ជាធំជាងសត្វជើងពីរ។ ក្នុងកប្បទី ៣.៤០០ ខ្ញុំបានជាស្តេចចក្រពត្តិច្រើនជាតិ មាននាមថាសតចក្ខុដូចគ្នា មានតេជះច្រើន ទាំងមានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបញ្ចទីបកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បញ្ចទីបកត្ថេរាបទាន។

ធជទាយកត្ថេរាបទាន ទី៨

(៨. ធជទាយកត្ថេរអបទានំ)

[៦០] ខ្ញុំមានចិត្តរីករាយ បានលើកឡើងនូវទង់ ជិតគល់ពោធិព្រឹក្សដ៏ឧត្តម របស់ព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ។ ខ្ញុំរើសស្លឹកពោធិដែលជ្រុះមក យកទៅចោលខាងក្រៅខឿន ខ្ញុំបានថ្វាយបង្គំពោធិព្រឹក្សដ៏ប្រសើរ ដូចថ្វាយបង្គំព្រះសម្ពុទ្ធចំពោះព្រះភក្រ្ត ទ្រង់ស្អាតខាងក្នុង ស្អាតខាងក្រៅ ទ្រង់មានព្រះហឫទ័យផុតស្រឡះ ទាំងមិនមានអាសវៈ។ ព្រះសាស្តាព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក គួរទទួលនូវគ្រឿងបូជា ទ្រង់ឋិតនៅក្នុងកណ្តាលនៃភិក្ខុសង្ឃ ហើយសម្តែងនូវគាថាទាំងនេះថា

កុលបុត្តនោះ នឹងមិនទៅកាន់ទុគ្គតិ អស់មួយសែនកប្ប ដោយផលទាំង ២ យ៉ាង គឺ ការថ្វាយទង់ និងការបម្រើនេះ។ កុលបុត្តនោះ នឹងទទួលនូវភាពជាទេវតា មានជោគល្អ ជាច្រើនជាតិរាប់មិនអស់ ក្នុងឋានទេវលោក។ នឹងបានជាស្តេចក្នុងដែនអស់ច្រើនរយជាតិ នឹងបានជាស្តេចចក្រពត្តិព្រះនាមឧគ្គតៈ។ កុលបុត្តនោះ លុះទទួលសម្បត្តិហើយ មានកុសលមូលដាស់តឿន នឹងបានត្រេកអរក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមគោតម។

ខ្ញុំមានចិត្តបញ្ជូនទៅកាន់ព្យាយាម មានចិត្តស្ងប់រម្ងាប់ មិនមានឧបក្កិលេស ទ្រទ្រង់នូវរាងកាយជាទីបំផុត ក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ។ ក្នុងកប្បទី ៥១ ពាន់ ខ្ញុំបានជាក្សត្រច្រើនជាតិ ព្រះនាមឧគ្គតៈដូចគ្នា ក្នុងកប្បទី ៥០ ពាន់ ខ្ញុំបានជាក្សត្រ ប្រមុខសេនាច្រើនជាតិ ព្រះនាមខេមៈដូចគ្នា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះធជទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ធជទាយកត្ថេរាបទាន។

បទុមត្ថេរាបទាន ទី៩

(៩. បទុមត្ថេរអបទានំ)

[៦១] ព្រះបទុមុត្តរសម្ពុទ្ធ កំពុងទ្រង់ប្រកាសសច្ចៈ ៤ ញុំាងធម៌ដ៏ប្រសើរឲ្យប្រព្រឹត្តទៅ ទ្រង់បង្អុរនូវភ្លៀងគឺអមតៈ ញុំាងមហាជនឲ្យរលត់ទុក្ខ។ ខ្ញុំកាន់យកផ្កាឈូក ព្រមទាំងទង់ ឋិតនៅក្នុងទីកន្លះកោសៈ មានចិត្តរីករាយចំពោះព្រះមុនី ព្រះនាមបទុមុត្តរៈ ហើយញ្រច (ផ្កាឈូក) ឰដ៏អាកាស។ កាលដែលផ្កាឈូកអណ្តែតមក មានសេចក្តីអស្ចារ្យ ក្នុងខណៈនោះ ព្រះពុទ្ធប្រសើរជាងពួកអ្នកប្រាជ្ញ ទ្រង់ជ្រាបនូវបំណងរបស់ខ្ញុំ ហើយទ្រង់ទទួល។ ព្រះសាស្តាទ្រង់ទទួលយកជលជាត ជាផ្កាដ៏ឧត្តម ដោយព្រះហស្តដ៏ប្រសើរ ទ្រង់ឋិតនៅក្នុងភិក្ខុសង្ឃ ហើយសម្តែងនូវគាថាទាំងនេះថា

កុលបុត្តណា ញ្រចផ្កាឈូកនេះថ្វាយព្រះសព្វញ្ញូ ជានាយកប្រសើរ តថាគតនឹងសម្តែងសរសើរនូវកុលបុត្តនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ កុលបុត្តនេះ នឹងបានជាធំជាងទេវតា សោយទេវរជ្ជសម្បត្តិអស់ ៣០ កប្ប នឹងសោយប្រថពីរជ្ជសម្បត្តិ គ្រប់គ្រងផែនដីអស់ ៧០០ កប្ប។ នឹងបានជាស្តេចចក្រពត្តិ គ្រប់គ្រងសត្វក្នុងភពនោះ ភ្លៀងផ្កានឹងបង្អុរចុះអំពីអាកាស ក្នុងកាលនោះ។ កន្លងទៅមួយសែនកប្ប ព្រះបរមសាស្តាព្រះនាមគោតម កើតក្នុងត្រកូលក្សត្រឱក្កាកៈ នឹងត្រាស់ដឹងក្នុងលោក។ កុលបុត្តនោះ នឹងកើតជាឱរស ជាធម្មទាយាទ ជាធម្មនិម្មិត របស់ព្រះគោតមនោះ កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិញ្វន។

ខ្ញុំប្រសូតចេញអំពីផ្ទៃនៃមាតា ជាអ្នកមានសម្បជញ្ញៈ មានសតិ លុះដល់ខ្ញុំអាយុ ៥ ឆ្នាំ បានសម្រេចព្រះអរហត្ត។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបទុមត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បទុមត្ថេរាបទាន។

អសនពោធិយត្ថេរាបទាន ទី១០

(១០. អសនពោធិយត្ថេរអបទានំ)

[៦២] ខ្ញុំមានអាយុ ៧ ឆ្នាំ អំពីកំណើត បានឃើញព្រះលោកនាយក ក៏មានចិត្តជ្រះថ្លា មានចិត្តរីករាយ ហើយចូលទៅគាល់ព្រះសម្ពុទ្ធ ជាបុគ្គលប្រសើរជាងពួកនរៈ។ ខ្ញុំជាអ្នកមានចិត្តរីករាយ បានដាំ (ដើមធ្នង់) ជាពោធិព្រឹក្សដ៏ឧត្តម ថ្វាយព្រះមានព្រះភាគ ព្រះនាមតិស្សៈ ជាច្បងក្នុងលោក ទ្រង់មិនញាប់ញ័រដោយលោកធម៌។ លុះដើមធ្នង់នោះ ដុះឡើងផុតអំពីផែនដី ខ្ញុំក៏បានថែទាំដើមធ្នង់ ជាពោធិដ៏ឧត្តមនោះអស់ ៥ ឆ្នាំ។ ខ្ញុំបានឃើញដើមធ្នង់មានផ្កាល្អចំឡែក គួរព្រឺរោម ហើយក៏ប្រកាសនូវកម្មរបស់ខ្លួន ទើបចូលទៅគាល់ព្រះសម្ពុទ្ធដ៏ប្រសើរ។ គ្រានោះឯង ព្រះសម្ពុទ្ធព្រះនាមតិស្សៈ ជាសយម្ភូអគ្គបុគ្គលនោះ ទ្រង់គង់ក្នុងភិក្ខុសង្ឃ ហើយទ្រង់សម្តែងនូវគាថាទាំងនេះថា

កុលបុត្តណា ដាំដើមឈើជាពោធិព្រឹក្សនេះផង ធ្វើពុទ្ធបូជាដោយគោរពផង តថាគតនឹងសម្តែងសរសើរនូវកុលបុត្តនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ កុលបុត្តនោះ នឹងបាននូវទេវសម្បត្តិក្នុងទេវលោកអស់ ៣០ កប្ប នឹងបានជាស្តេចចក្រពត្តិអស់ ៦៤ ដង។ លុះច្យុតចាកតុសិតទេវលោក មានកុសលមូលដាស់តឿន នឹងបាននូវសម្បត្តិទាំងពីរ ហើយនឹងត្រេកអរក្នុងអត្តភាពជាមនុស្ស។ កុលបុត្តនោះ មានចិត្តបញ្ជូនទៅកាន់ព្យាយាម មានចិត្តស្ងប់រម្ងាប់ មិនមានឧបធិក្កិលេស កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិញ្វន។

ខ្ញុំប្រកបរឿយៗ ក្នុងទីស្ងាត់ មានចិត្តស្ងប់រម្ងាប់ មិនមានឧបធិក្កិលេស ជាអ្នកមិនមានអាសវៈ ដូចដំរីកាត់ផ្តាច់នូវទន្លីង។ ក្នុងកប្បទី ៩២ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំដាំដើមពោធិ (ថ្វាយព្រះសម្ពុទ្ធ ព្រះនាមតិស្សៈ) ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការដាំដើមពោធិ។ ក្នុងកប្បទី ៧៤ អំពីភទ្ទកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ មានព្រះនាមប្រាកដថាទណ្ឌសេនៈ ទ្រង់បរិបូណ៌ដោយកែវទាំង ៧ ប្រការ ក្នុងកាលនោះ។ ក្នុងកប្បទី ៧៣ អំពីភទ្ទកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ជាធំលើផែនដី ៧ ដង មានព្រះនាមថាសមន្តនេមិដូចគ្នា។ ក្នុងកប្បទី ២០ គត់ អំពីភទ្ទកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិមួយព្រះអង្គ ទ្រង់ព្រះនាមបុណ្ណកៈ បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះអសនពោធិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អសនពោធិយត្ថេរាបទាន។

ឧទ្ទាន

វិធូបនទាយកត្ថេរាបទាន ១ សតរំសិយត្ថេរាបទាន ១ សយនទាយកត្ថេរាបទាន ១ គន្ធោទកទាយកត្ថេរាបទាន ១ ឱបវុយ្ហត្ថេរាបទាន ១ បរិវារាសនត្ថេរាបទាន ១ បញ្ចទីបកត្ថេរាបទាន ១ ធជទាយកត្ថេរាបទាន ១ បទុមបូជកត្ថេរាបទាន ១ អសនពោធិយត្ថេរាបទាន ១ ជាគម្រប់ ១០ ឯគាថាមាន ៩២ ដែលលោកពោលទុកហើយ។

ចប់ វីជនីវគ្គ ទី៦។

សកចិត្តនិយវគ្គ ទី៧

(៧. សកចិន្តនិយវគ្គោ)

សកចិត្តនិយត្ថេរាបទាន ទី១

(១. សកចិន្តនិយត្ថេរអបទានំ)

[៦៣] ខ្ញុំបានឃើញព្រៃផ្សៃ មិនមានសូរស័ព្ទ ជាទីមិនល្អក់ចិត្ត គួរទទួលនូវគ្រឿងបូជា ដែលពួកឥសីធ្លាប់សន្សំហើយ។ ខ្ញុំរោយផ្កាផ្សេងៗ ឲ្យជាគំនរ ធ្វើជាព្រះស្តូប ហើយថ្វាយបង្គំព្រះស្តូបដែលខ្ញុំកសាងនោះ ហាក់ដូចជាថ្វាយបង្គំព្រះសម្ពុទ្ធ គង់ក្នុងទីចំពោះមុខ។ ខ្ញុំបានជាស្តេច ជាធំក្នុងដែន បរិបូណ៌ដោយរតនៈ ៧ ប្រការ ប្រារព្ធនូវកម្មរបស់ខ្លួន នេះជាផលនៃការបូជា។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៨០ ខ្ញុំបានជាស្តេចចក្រពត្តិ ព្រះនាមអនន្តយស ជាអ្នកបរិបូណ៌ដោយរតនៈ ៧ ប្រការ ជាស្តេចធំក្នុងទ្វីបទាំង ៤។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសកចិត្តនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ ប្រការដូច្នេះ។

ចប់ សកចិត្តនិយត្ថេរាបទាន។

អាបោបុប្ផិយត្ថេរាបទាន ទី២

(២. អវោបុប្ផិយត្ថេរអបទានំ)

[៦៤] កាលព្រះសិខីសម្ពុទ្ធ ទ្រង់ចេញអំពីវត្ត ស្តេចទៅសណ្ឋិតក្នុងទីចង្រ្កម ទ្រង់ប្រកាសនូវសច្ចៈ ៤ សម្តែងនូវផ្លូវនៃអមតៈ។ ខ្ញុំដឹងច្បាស់នូវព្រះវាចារបស់ព្រះពុទ្ធ ព្រះនាមសិខី ជាបុគ្គលប្រសើរ មានព្រះហឫទ័យនឹងធឹងហើយ ក៏បេះយកផ្កាផ្សេងៗ បាចសាចទៅនាអាកាស។ បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ជាចម្បងក្នុងលោក ប្រសើរជាងពួកជន ខ្ញុំលះបង់នូវការឈ្នះ និងការចាញ់ ហើយដល់នូវទីមិនកម្រើកគឺនិញ្វន ដោយសារបុញ្ញកម្មនោះ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាផ្កា។ ក្នុងកប្បទី ២០ អំពីកប្បនេះ ខ្ញុំបានកើតជាមហាក្សត្រចក្រពត្តិ ព្រះនាមសុមេធៈ ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយរតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះអាបោបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ ប្រការដូច្នេះ។

ចប់ អាបោបុប្ផិយត្ថេរាបទាន។

បច្ចាគមនិយត្ថេរាបទាន ទី៣

(៣. បច្ចាគមនិយត្ថេរអបទានំ)

[៦៥] កាលនោះ ខ្ញុំជាបក្សីចាក្រពាក នៅនាឆ្នេរស្ទឹងសិន្ធុ ខ្ញុំមានសារាយសុទ្ធជាអាហារផង ខ្ញុំសង្រួមល្អក្នុងសត្វទាំងឡាយផង។ ខ្ញុំបានឃើញព្រះពុទ្ធ ជាបុគ្គលប្រាសចាកធូលីគឺកិលេស កំពុងនិមន្តទៅឰដ៏អាកាស ខ្ញុំពាំនូវផ្ការាំងដោយចំពុះ បង្អោនមកថ្វាយព្រះពុទ្ធ ព្រះនាមវិបស្សី។ សទ្ធាមិនញាប់ញ័រដែលបុគ្គលណា តម្កល់ល្អហើយចំពោះព្រះតថាគត បុគ្គលនោះ រមែងមិនទៅកាន់ទុគ្គតិ ដោយសេចក្តីជ្រះថ្លានៃចិត្តនោះ។

ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធ ព្រះអង្គជាបុគ្គលប្រសើរ ឱ ! ពូជដ៏ល្អ គឺបុណ្យ ខ្ញុំជាបក្សី បណ្តុះទុកល្អហើយ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១៧ អំពីកប្បនេះ ខ្ញុំបានជាក្សត្រ ៨ ដង មានព្រះនាមដូចគ្នា គឺព្រះនាមថាសុចារុទស្សនៈ ជាស្តេចចក្រពត្តិ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបច្ចាគមនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បច្ចាគមនិយត្ថេរាបទាន។

បរប្បសាទកត្ថេរាបទាន ទី៤

(៤. បរប្បសាទកត្ថេរអបទានំ)

[៦៦] បុគ្គលណា ឃើញព្រះសម្ពុទ្ធ មានសម្បុរដូចមាស ជាឧសភបុរស ជាវីរបុរសប្រសើរ ទ្រង់ស្វែងរកនូវគុណធម៌ដ៏ធំ មានជ័យជំនះហើយ នឹងខានជ្រះថ្លាម្តេចបាន។ ភ្នំហិមពាន្ត មានប្រមាណមិនបាន និងសមុទ្រសាគរ គេឆ្លងបានដោយក្រ យ៉ាងណាមិញ ឈានរបស់ព្រះពុទ្ធ ក៏យ៉ាងនោះដែរ បុគ្គលឃើញហើយ នឹងខាងជ្រះថ្លាម្តេចបាន។ ផែនដីមានប្រមាណមិនបាន របៀបផ្កាឈើក្នុងព្រៃដ៏ត្រកាល យ៉ាងណាមិញ សីលរបស់ព្រះពុទ្ធ ក៏យ៉ាងនោះដែរ បុគ្គលណាឃើញហើយ នឹងខានជ្រះថ្លាម្តេចបាន។ អាកាសមិនញាប់ញ័រដោយផ្លូវខ្យល់ បុគ្គលរាប់មិនបាន យ៉ាងណាមិញ ញាណរបស់ព្រះពុទ្ធ ក៏យ៉ាងនោះដែរ បុគ្គលណាឃើញហើយ នឹងខានជ្រះថ្លាម្តេចបាន។ ព្រាហ្មណ៍ឈ្មោះសោនៈ សរសើរនូវព្រះសិទ្ធត្ថៈ ជាព្រះពុទ្ធប្រសើរ ព្រះអង្គឈ្នះកិលេសមារ ដោយគាថាទាំង ៤ នេះហើយ មិនទៅកាន់ទុគ្គតិអស់ ៩៤ កប្ប។

ខ្ញុំបានទទួលសម្បត្តិដ៏ល្អ ក្នុងសុគតិទាំងឡាយ មិនមែនតិចឡើយ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ខ្ញុំសរសើរព្រះសម្ពុទ្ធ ជានាយកនៃសត្វលោក ហើយមិនស្គាល់នូវទុគ្គតិ នេះជាផលនៃការសរសើរព្រះពុទ្ធ។ ក្នុងកប្បទី ១៤ ខ្ញុំបានជាស្តេចចក្រពត្តិ ៤ ដង ព្រះនាមឧគ្គតៈដូចគ្នា ទ្រង់បរិបូណ៌ដោយរតនៈ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបរប្បសាទកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បរប្បសាទកត្ថេរាបទាន។

ភិសទាយកត្ថេរាបទាន ទី៥

(៥. ភិសទាយកត្ថេរអបទានំ)

[៦៧] ព្រះពុទ្ធ ព្រះនាមវេស្សភូ ជាបុរសដ៏ឧត្តម ជាព្រះពុទ្ធទី ៣ របស់ពួកព្រះពុទ្ធ ទ្រង់ស្វែងរក (នូវគុណធំ) ស្តេចទៅគង់នៅក្នុងព្រៃផ្សៃ។ ខ្ញុំមានចិត្តជ្រះថ្លា បានកាន់ក្រអៅឈូក ហើយដើរទៅក្នុងទីជិតនៃព្រះពុទ្ធ ថ្វាយក្រអៅឈូកនោះ ចំពោះព្រះពុទ្ធដោយដៃរបស់ខ្លួន។ ព្រះពុទ្ធ ព្រះនាមវេស្សភូ មានព្រះប្រាជ្ញាដ៏ប្រសើរ ទ្រង់បានទទួលដោយព្រះហស្ត ខ្ញុំមិនដែលស្គាល់សុខណាដ៏ស្មើ ឬលើសជាងសុខ ដែលកើតអំពីបុណ្យនោះសោះឡើយ។ ភពជាទីបំផុតរបស់ខ្ញុំ កំពុងប្រព្រឹត្តទៅ ភពទាំងពួង ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំផ្តាច់ចំណង ដូចជាដំរី (ផ្តាច់ទន្លីង) ហើយជាអ្នកមិនមានអាសវៈ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើបុញ្ញកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយក្រអៅឈូក។ ក្នុងកប្បទី ១៣ ខ្ញុំបានជាស្តេចចក្រពត្តិ ១៦ ដង ព្រះនាមសមោធានៈដូចគ្នា ជាធំក្នុងពួកមនុស្ស មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះភិសទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ភិសទាយកត្ថេរាបទាន។

សុចិន្តិតត្ថេរាបទាន ទី៦

(៦. សុចិន្តិតត្ថេរអបទានំ)

[៦៨] ខ្ញុំបានកើតជាកេសររាជសីហ៍ មានជាតិដ៏ខ្ពង់ខ្ពស់ ត្រាច់ទៅតាមជ្រោះភ្នំ សម្លាប់នូវពួកម្រឹគ ចិញ្ចឹមជីវិតក្នុងចន្លោះភ្នំ។ គាប់ជួនព្រះមានព្រភាគ ព្រះនាមអត្ថទស្សី ព្រះអង្គជាសព្វញ្ញូ ទ្រង់ប្រសើរជាងពួកអ្នកប្រាជ្ញ ព្រះអង្គប្រាថ្នាស្រោចស្រង់ខ្ញុំ ទើបស្តេចមកកាន់ភ្នំដ៏ឧត្តម។ ក្នុងសម័យនោះ ខ្ញុំសម្លាប់នូវបសទម្រឹគ យកមកបំរុងបរិភោគ ព្រះមានព្រះភាគប្រព្រឹត្តបិណ្ឌបាត ស្តេចចូលមកជិតខ្ញុំ។ ខ្ញុំរើសយកសាច់ដ៏ល្អ ថ្វាយព្រះសាស្តាអង្គនោះ ឯព្រះសាស្តា ជាមហាវីរបុរស (សម្តែងធម៌) ញុំាងខ្ញុំឲ្យរលត់ទុក្ខ ហើយទ្រង់អនុមោទនាក្នុងកាលនោះ។ ខ្ញុំចូលទៅកាន់ជ្រោះភ្នំ ញុំាងបីតិឲ្យកើតឡើង ដោយសេចក្តីជ្រះថ្លានៃចិត្តនោះ ខ្ញុំក៏ធ្វើកាលកិរិយាក្នុងទីនោះ។ ក្នុងកប្បទី ១.៥០០ ខ្ញុំបានរីករាយក្នុងទេវលោក ដោយទានសាច់នុ៎ះផង ដោយសេចក្តីតម្កល់ចិត្តនុ៎ះផង។ ដោយអំណោយនៃទានសាច់នោះផង ដោយការរលឹកនូវព្រះពុទ្ធផង កុសល ខ្ញុំក៏បានធ្វើថែមទៀត ក្នុងកប្បដ៏សេស។ ក្នុងកប្បទី ៣៨ ខ្ញុំបានកើតជាស្តេច មាននាមថាទីឃាយុ ៨ ដង ក្នុងកប្បទី ៦.០០០ អំពីកប្បនេះ ខ្ញុំបានជាស្តេចពីរដង ព្រះនាមសរណៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសុចិន្តិតត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សុចិន្តិតត្ថេរាបទាន។

វត្ថទាយកត្ថេរាបទាន ទី៧

(៧. វត្ថទាយកត្ថេរអបទានំ)

[៦៩] ក្នុងកាលនោះ ខ្ញុំកើតជាបក្សីគ្រុឌ ជាធំលើពួកគ្រុឌ បានឃើញព្រះពុទ្ធ ព្រះអង្គមានធូលីគឺកិលេសប្រាសចេញហើយ កំពុងស្តេចទៅកាន់ភ្នំគន្ធមាទន៍។ ខ្ញុំបានលះបង់ភេទជាគ្រុឌ ហើយប្លែងខ្លួនជាមាណព ខ្ញុំបានថ្វាយសំពត់មួយ ចំពោះព្រះពុទ្ធ ព្រះអង្គជាបុគ្គលនឹងធឹង ទ្រង់ជាធំជាងសត្វជើងពីរ។ ចំណែកខាងព្រះពុទ្ធ ជាអគ្គនាយកនៃស្វតលោក ជាសាស្តា ទ្រង់ឈរទទួលនូវសំពត់នោះ នៅលើអាកាសហើយសម្តែងនូវគាថាទាំងនេះថា បក្សីគ្រុឌនេះ លុះលះបង់នូវកំណើតគ្រុឌហើយ នឹងទៅត្រេកអរ ក្នុងទេវលោកព្រោះទាននៃសំពត់នេះផង ព្រោះការតម្កល់ចិត្តនេះផង។ ចំណែកព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ជាចំបងក្នុងលោក ជានរាសភៈ ទ្រង់សរសើរទានសំពត់ ហើយទ្រង់ងាកព្រះភក្រ្តឆ្ពោះទៅទិសខាងជើង ទ្រង់ស្តេចចៀសចេញទៅ។ កាលខ្ញុំកើតក្នុងភព ខ្ញុំតែងមានការបរិបូណ៌ដោយសំពត់ តែងមានគ្រឿងប្រក់បាំងឰដ៏អាកាស នេះជាផលនៃទានសំពត់។ ក្នុងកប្បទី ៣៦ ខ្ញុំបានជាស្តេចចក្រពត្តិ ៧ ដង ព្រះនាមអរុណសៈ មានកម្លាំងច្រើន ជាអធិបតីលើពួកមនុស្ស។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះវត្ថទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ វត្ថទាយកត្ថេរាបទាន។

អម្ពទាយកត្ថេរាបទាន ទី៨

(៨. អម្ពទាយកត្ថេរអបទានំ)

[៧០] ព្រះមានព្រះភាគ ព្រះនាមអនោមទស្សី ទ្រង់គង់នៅក្នុងទីចន្លោះភ្នំ ព្រះអង្គមិនមានឧបធិក្កិលេស (មានព្រះហឫទ័យ) ផ្សាយមេត្តាទៅក្នុងលោកមិនមានប្រមាណ។ គ្រានោះ ខ្ញុំបានកើតជាស្វា លើភ្នំដ៏ឧត្តមឈ្មោះហិមពាន្ត បានឃើញព្រះពុទ្ធ មានគុណមិនថោកថយ មានគុណដ៏ក្រៃលែង ក៏ញុំាងចិត្តឲ្យជ្រះថ្លាចំពោះព្រះពុទ្ធ។ ក្នុងគ្រានោះ មានដើមស្វាយមានផ្លែ ក្នុងទីមិនឆ្ងាយអំពីភ្នំហិមពាន្ត ខ្ញុំក៏បានបេះផ្លែស្វាយទុំមានរសផ្អែម អំពីដើមស្វាយនោះ ព្រមទាំងទឹកឃ្មុំ ហើយថ្វាយព្រះសម្ពុទ្ធ។ ព្រះពុទ្ធព្រះនាមអនោមទស្សី ជាមហាមុនី ទ្រង់ព្យាករខ្ញុំនោះដោយទានរបស់ខ្ញុំទាំង ២ គឺទានទឹកឃ្មុំនេះ និងទានទឹកផ្លែស្វាយនេះថា

ស្វានេះ នឹងរីករាយក្នុងទេវលោកអស់ ៥៧ កប្ប នឹងអន្ទោលទៅកាន់ភពដ៏ច្រឡូកច្រឡំ ក្នុងកប្បដ៏សេស។ លុះអស់បាបកម្ម មកអំពីអបាយភូមិ មានអសុរកាយ ជាដើម (បានមកជាមនុស្ស) ហើយញុំាងកិលេសឲ្យរីងស្ងួត ដោយសេចក្តីចម្រើនដ៏ចាស់ក្លា។

ខ្ញុំដែលព្រះពុទ្ធ ស្វែងរកនូវគុណដ៏ធំ ទូន្មានហើយដោយការទូន្មានដ៏ឧត្តម ក៏បានលះបង់នូវការឈ្នះ និងការចាញ់ហើយ ដល់នូវទីមិនញាប់ញ័រ គឺព្រះនិញ្វន។ ក្នុងកប្បទី ៧.៧០០ ខ្ញុំបានជាស្តេចចក្រពត្តិ ១៤ ដង ព្រះនាមអម្ពដ្ឋជ័យ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះអម្ពទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អម្ពទាយកត្ថេរាបទាន។

សុមនត្ថេរាបទាន ទី៩

(៩. សុមនត្ថេរអបទានំ)

[៧១] ក្នុងគ្រានោះ ខ្ញុំជានាយមាលាការ (អ្នកធ្វើកម្រងផ្កា) ឈ្មោះសុមនៈ បានឃើញព្រះពុទ្ធ មានធូលីគឺកិលេសប្រាសចេញហើយ ព្រះអង្គជាអ្នកទទួលនូវគ្រឿងបូជារបស់សត្វលោក។ ខ្ញុំលើកផ្គងនូវផ្កាម្លិះដ៏ឧត្តមដោយដៃទាំងពីរ បង្អោនថ្វាយព្រះពុទ្ធព្រះនាមសិខី ព្រះអង្គជាផៅពង្សនៃលោក។ ខ្ញុំមិនដែលស្គាល់ទុគ្គតិ ដោយការបូជាផ្កានេះផង ដោយការតម្កល់ចេតនានេះផង នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ២៦ ខ្ញុំបានជាស្តេចចក្រពត្តិ ៤ ដង ព្រះនាមមហាយសៈ ទ្រង់បរិបូណ៌ដោយរតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសុមនត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ ដូច្នេះ។

ចប់ សុមនត្ថេរាបទាន។

បុប្ផចង្កោដិយត្ថេរាបទាន ទី១០

(១០. បុប្ផចង្កោដិយត្ថេរអបទានំ)

[៧២] (ខ្ញុំបានឃើញ) ព្រះពុទ្ធព្រះនាមសិខី ព្រះអង្គមានសភាពមិនខ្លបខ្លាច ដូចសីហៈ ដូចគ្រុឌប្រសើរជាងពួកបក្សី ដូចខ្លាធំដ៏ល្អប្រសើរ ដូចកេសររាជសីហ៍ មានជាតិខ្ពង់ខ្ពស់ ព្រះអង្គជាសរណៈនៃលោកទាំង ៣ មិនញាប់ញ័រ ទ្រង់ឈ្នះមារ ប្រសើរជាងពួកសមណៈ ទ្រង់គង់នៅដោយមានភិក្ខុសង្ឃចោមរោម។ ខ្ញុំបានដាក់ផ្កាននោងដ៏ប្រសើរក្នុងប្រអប់ ហើយថ្វាយទាំងប្រអប់ធំ ចំពោះព្រះពុទ្ធជាបុគ្គលប្រសើរ។ បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ជានរាសភៈ ខ្ញុំលះបង់នូវការឈ្នះ និងការចាញ់ ហើយដល់នូវទីមិនកម្រើក គឺព្រះនិញ្វន ដោយសេចក្តីជ្រះថ្លានៃចិត្តនោះ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើបុញ្ញកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៣០ គត់ ខ្ញុំបានជាស្តេចចក្រពត្តិ ៥ ដង ព្រះនាមទេវភូតិសៈ ទ្រង់បរិបូណ៌ដោយរតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបុប្ផចង្កោដិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បុប្ផចង្កោដិយត្ថេរាបទាន។

ឧទ្ទាន

សកចិត្តនិយត្ថេរាបទាន ១ អាបោបុប្ផិយត្ថេរាបទាន ១ បច្ចាគមនិយត្ថេរាបទាន ១ បរប្បសាទកត្ថេរាបទាន ១ ភិសទាយកត្ថេរាបទាន ១ វត្ថទាយកត្ថេរាបទាន ១ អម្ពទាយកត្ថេរាបទាន ១ សុមនត្ថេរាបទាន ១ បុប្ផចង្កោដិយត្ថេរាបទាន ១ ឯគាថាទាំងឡាយ ជាគ្រឿងសម្តែងនូវអត្ថដែលលោកពោលហើយ រាប់ទៅឃើញ ៧១ គាថា។

ចប់ សកចិត្តនិយវគ្គ ទី៧។

នាគសមាលវគ្គ ទី៨

(៨. នាគសមាលវគ្គោ)

នាគសមាលត្ថេរាបទាន ទី១

(១. នាគសមាលត្ថេរអបទានំ)

[៧៣] ខ្ញុំបានរើសផ្កាដែលគេចោលក្នុងផ្លូវធំ ហើយបូជាព្រះស្តូបរបស់ព្រះសិខី ជាផៅពង្សនៃលោក។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើបុញ្ញកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់នូវទុគ្គតិ នេះជាផលនៃការបូជាចំពោះព្រះស្តូប។ ក្នុងកប្បទី ១៥ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ព្រះនាមបុប្ផិយៈ ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយរតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះនាគសមាលត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ នាគសមាលត្ថេរាបទាន។

បទសញ្ញកត្ថេរាបទាន ទី២

(២. បទសញ្ញកត្ថេរអបទានំ)

[៧៤] ខ្ញុំបានឃើញស្នាមព្រះបាទរបស់ព្រះតិស្សសម្មាសម្ពុទ្ធ ព្រះអង្គជាព្រះអាទិច្ចពន្ធុ ទ្រង់ជាន់ទុកហើយ ខ្ញុំមានចិត្តត្រេកអររីករាយ បានញុំាងចិត្តឲ្យជ្រះថ្លា ចំពោះស្នាមព្រះបាទនោះ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបាននូវសេចក្តីសំគាល់ក្នុងស្នាមព្រះបាទ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសេចក្តីសំគាល់ក្នុងស្នាមនៃព្រះបាទ។ ក្នុងកប្បទី ៧ អំពីកប្បនេះ ខ្ញុំបានជាក្សត្រឈ្មោះសុមេធៈ ជាស្តេចចក្រពត្តិ មានកម្លាំងច្រើន បរិបូណ៌ដោយរតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបទសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បទសញ្ញកត្ថេរាបទាន។

សុសញ្ញកត្ថេរាបទាន ទី៣

(៣. ពុទ្ធសញ្ញកត្ថេរអបទានំ)

[៧៥] ខ្ញុំឃើញសំពត់បង្សុកូលរបស់ព្រះសាស្តា ដែលព្រះអង្គពាក់ទុកលើចុងមែកឈើ លំដាប់នោះ ខ្ញុំធ្វើនូវអញ្ជលីថ្វាយបង្គំចំពោះសំពត់បង្សុកូល។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើបុញ្ញកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់នូវទុគ្គតិ នេះជាផលនៃការសំគាល់នូវសំពត់បង្សុកូល។ ក្នុងកប្បទី ៤ អំពីកប្បនេះ ខ្ញុំបានកើតជាក្សត្រឈ្មោះទុមហរៈ ជាស្តេចចក្រពត្តិ មានកម្លាំងច្រើន មានសមុទ្រទាំង ៤ ជាព្រំប្រទល់ ជាស្តេចមានជ័យជំនះ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសុសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សុសញ្ញកត្ថេរាបទាន។

ភិសាលុវទាយកត្ថេរាបទាន ទី៤

(៤. ភិសាលុវទាយកត្ថេរអបទានំ)

[៧៦] ខ្ញុំចូលទៅក្នុងព្រៃផ្សៃ ហើយនៅក្នុងព្រៃ បានឃើញព្រះពុទ្ធព្រះនាមវិបស្សី ព្រះអង្គគួរទទួលគ្រឿងបូជា។ ខ្ញុំបានថ្វាយក្រអៅឈូក និងទឹកសម្រាប់លាងព្រះហស្ត ខ្ញុំថ្វាយបង្គំចំពោះព្រះបាទាដោយត្បូង ហើយបែរមុខទៅកាន់ទិសខាងជើង ដើរចៀសចេញទៅ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយក្រអៅឈូក ក្នុងកាលនោះ ខ្ញុំក៏មិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបុញ្ញកម្ម។ ក្នុងកប្បទី ៣ អំពីកប្បនេះ ខ្ញុំបានជាក្សត្រឈ្មោះភិសសម្មតៈ ជាស្តេចចក្រពត្តិ មានកម្លាំងច្រើន បរិបូណ៌ដោយរតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះភិសាលុវទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ភិសាលុវទាយកត្ថេរាបទាន។

ចប់ ភាណវារៈ ទី៦។

ឯកសញ្ញកត្ថេរាបទាន ទី៥

(៥. ឯកសញ្ញកត្ថេរអបទានំ)

[៧៧] ព្រះអគ្គសាវ័ករបស់ព្រះវិបស្សីសម្មាសម្ពុទ្ធ មាននាមថាខណ្ឌត្ថេរ ជាអ្នកគួរទទួលនូវគ្រឿងបូជារបស់សត្វលោក ខ្ញុំបានថ្វាយភិក្ខាមួយមុខ (ចំពោះអគ្គសាវ័កនោះ)។ បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ជានរាសភៈ ខ្ញុំមិនដែលស្គាល់ទុគ្គតិ ដោយសេចក្តីជ្រះថ្លានៃចិត្តនោះ នេះជាផលនៃការថ្វាយភិក្ខាមួយមុខ។ ក្នុងកប្បទី ៤០ អំពីកប្បនេះ ខ្ញុំបានជាក្សត្រឈ្មោះវរុណៈ បានជាស្តេចចក្រពត្តិ មានកម្លាំងច្រើន បរិបូណ៌ដោយរតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឯកសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឯកសញ្ញកត្ថេរាបទាន។

តិណសន្ថារទាយកត្ថេរាបទាន ទី៦

(៦. តិណសន្ថរទាយកត្ថេរអបទានំ)

[៧៨] មានស្រះកើតឯងធំមួយ នៅក្នុងទីជិតនៃព្រៃហិមពាន្ត ជាស្រះដេរដាសដោយឧប្បលជាតឈ្មោះសត្តបត្តៈ8) ជាលំនៅនៃបក្សីផ្សេងៗ។ ខ្ញុំងូតផង ផឹកផង ក្នុងស្រះនោះ ហើយនៅក្នុងទីមិនឆ្ងាយ ខ្ញុំបានឃើញព្រះពុទ្ធ ព្រះអង្គប្រសើររបស់ពួកសមណៈ កំពុងស្តេចទៅក្នុងអាកាស។ ព្រះសាស្តា ព្រះអង្គប្រសើរផុតក្នុងលោក បានជ្រាបបំណងរបស់ខ្ញុំ ហើយទ្រង់យាងចុះអំពីអាកាស មកឋិតលើផែនដីក្នុងខណៈនោះ។ ខ្ញុំបានយកកណ្តៀវច្រូតស្មៅ មកថ្វាយជាគ្រឿងគង់ ឯព្រះមានព្រះភាគ ព្រះអង្គជាម្ចាស់នៃលោកទាំង ៣ ជានាយក គង់លើស្មៅនោះ។ ខ្ញុំបានញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយថ្វាយបង្គំព្រះលោកនាយក រួចដើរថយក្រោយ សំឡឹងមើលព្រះពុទ្ធ ជាមហាមុនី។ ខ្ញុំក៏បានទៅកើតឯឋាននិម្មានរតី ដោយសេចក្តីជ្រះថ្លានៃចិត្តនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃកម្រាល។ ក្នុងកប្បទី ២ អំពីកប្បនេះ ខ្ញុំបានជាក្សត្រឈ្មោះមិត្តសម្មតៈ ជាស្តេចចក្រពត្តិ មានកម្លាំងច្រើន បរិបូណ៌ដោយរតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះតិណសន្ថារទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ តិណសន្ថារទាយកត្ថេរាបទាន។

សូចិទាយកត្ថេរាបទាន ទី៧

(៧. សូចិទាយកត្ថេរអបទានំ)

[៧៩] ក្នុងកប្បទី ៣០.០០០ ព្រះសម្ពុទ្ធជានាយកនៃលោក ព្រះនាមសុមេធៈ មានព្រះលក្ខណៈ ៣២ ប្រការ ដ៏ប្រសើរ (ឧប្បត្តិឡើង)។ ខ្ញុំបានប្រគេនម្ជុល ៥ ចំពោះព្រះសុមេធៈ ជាធំជាងសត្វជើងពីរនោះ ព្រះអង្គមានសម្បុរដូចមាស មានព្រះហឫទ័យនឹងធឹង ដើម្បីប្រយោជន៍ដល់ការដេរចីវរ។ ប្រាជ្ញាញាណដ៏មុតរហ័សផង ជាគ្រឿងឃើញច្បាស់នូវអត្ថដ៏ល្អិតផង ជាសុខសប្បាយផង បានកើតឡើងដល់ខ្ញុំ ព្រោះការថ្វាយនូវម្ជុលនោះឯង។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញអស់ហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំទ្រទ្រង់នូវរាងកាយជាទីបំផុត ក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធ។ ខ្ញុំបានជាព្រះរាជា ៤ ដង ឈ្មោះទិបទាធិបតីដូចគ្នា ជាស្តេចចក្រពត្តិ ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយរតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសូចិទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សូចិទាយកត្ថេរាបទាន។

បាដលិបុប្ផិយត្ថេរាបទាន ទី៨

(៨. បាដលិបុប្ផិយត្ថេរអបទានំ)

[៨០] (ខ្ញុំបានឃើញ) ព្រះសម្ពុទ្ធ ព្រះអង្គមានសម្បុរដូចជាសម្បុរនៃមាស កំពុងយាងទៅក្នុងចន្លោះរានផ្សារ មានព្រះលក្ខណៈ ៣២ ប្រការដ៏ប្រសើរ ដូចជាចេតិយមាស។ ក្នុងគ្រានោះ ខ្ញុំកើតជាសេដ្ឋីបុត្ត ជាសុខុមាលជាត ឋិតនៅក្នុងសេចក្តីសុខ បានដក់ផ្កាច្រនៀងក្នុងថ្នក់ ហើយបង្អោនផ្កានោះ (ថ្វាយព្រះអង្គ)។ ខ្ញុំជាអ្នកមានចិត្តរីករាយស្រស់ស្រាយ បានបូជាផ្កានោះ រួចខ្ញុំនមស្ការចំពោះព្រះពុទ្ធ ព្រះនាមតិស្សៈ ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ទ្រង់ជាទីពឹង ជាវិសុទ្ធិទេពរបស់ពួកជន។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើនូវបុញ្ញកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាផ្កា។ ក្នុងកប្បទី ៦៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ មានព្រះនាមថាអភិសម្មតៈ ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយរតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបាដលិបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បាដលិបុប្ផិយត្ថេរាបទាន។

ឋិតញ្ជលិយត្ថេរាបទាន ទី៩

(៩. ឋិតញ្ជលិយត្ថេរអបទានំ)

[៨១] ក្នុងភពមុន ខ្ញុំជាញ្រនម្រឹគនៅក្នុងព្រៃផ្សៃ បានឃើញព្រះសម្ពុទ្ធមានព្រះគុណ ៣២ ដ៏ប្រសើរក្នុងទីនោះ។ ខ្ញុំធ្វើអញ្ជលីចំពោះព្រះពុទ្ធ ព្រះអង្គគង់នៅលើកម្រាលស្លឹកឈើ ដែលខ្ញុំចាត់ចែងទុកក្នុងទីមិនឆ្ងាយអំពីទីនោះ ហើយខ្ញុំបែរមុខឆ្ពោះទៅទិសខាងកើត ដើរចៀសចេញទៅ។ លំដាប់នោះ ការធ្លាក់ចុះរន្ទះ ក៏ធ្លាក់ត្រូវក្បាលខ្ញុំ ក្នុងកាលនោះ ខ្ញុំក៏បានធ្វើអញ្ជលីម្តងទៀត ក្នុងកាលទៀបស្លាប់។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើនូវអញ្ជលីកម្មក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃអញ្ជលីកម្ម។ ក្នុងកប្បទី ៥៤ ខ្ញុំបានជាស្តេចចក្រពត្តិព្រះនាមមិគកេតុ មានកម្លាំងច្រើន បរិបូណ៌ដោយរតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឋិតញ្ជលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឋិតញ្ជលិយត្ថេរាបទាន។

តីណិបទុមិយត្ថេរាបទាន ទី១០

(១០. តិបទុមិយត្ថេរអបទានំ)

[៨២] គ្រានោះ ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ព្រះអង្គដល់នូវត្រើយនៃធម៌ទាំងពួង ទ្រង់មានឥន្រ្ទិយទូន្មានហើយ ដែលសាវ័កមានឥន្រ្ទិយទូន្មានចោមរោម ទ្រង់ស្តេចចេញអំពីទីក្រុង។ គ្រានោះ ខ្ញុំជានាយមាលាការ ក្នុងក្រុងហង្សវតី បានកាន់ផ្កាឈូក ៣ ដែលជាផ្កាដ៏ឧត្តម ក្នុងពួកផ្កានោះ។ ក្នុងគ្រានោះ ខ្ញុំបានឃើញព្រះពុទ្ធ ព្រះអង្គមានធូលី គឺកិលេសប្រាសចេញហើយ ក្នុងចន្លោះផ្សារ ត្រង់ផ្លូវជួបគ្នានោះ លុះឃើញព្រះសម្ពុទ្ធហើយ បានគតិយ៉ាងនេះថា

អញមានប្រយោជន៍ដូចម្តេច ដោយផ្កានេះ ដែលអញថ្វាយដល់ព្រះរាជា (ព្រោះបើថ្វាយ) អញបានតែត្រឹមស្រុក ១ ឬខែត្ររបស់ស្រុក ១ ឬទ្រព្យមួយពាន់ប៉ុណ្ណោះ។ បើអញបូជាព្រះលោកនាថ ជាវីរបុរស អ្នកទូន្មាននូវបុគ្គលដែលមិនទាន់ទូន្មាន ព្រះអង្គនាំមកនូវសុខដល់សត្វទាំងពួងវិញ រមែងបាននូវទ្រព្យឧត្តមគឺអមតៈ។ លុះខ្ញុំគិតយ៉ាងនេះហើយ ក៏ញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា កាលនោះ ខ្ញុំក៏បានយកផ្កាឈូកក្រហម ៣ បោះឡើងទៅឰដ៏អាកាស។ ផ្កាទាំងនោះដែលខ្ញុំគ្រាន់តែបោះឡើងទៅ ក៏ទើរនៅលើអាកាស មានទងឡើងលើ មានមុខសំយុងចុះមកក្រោម បាំងនៅខាងលើព្រះសិរ្សៈនៃព្រះពុទ្ធ ក្នុងទីនោះ។ ពួកមនុស្សណាមួយ បានឃើញហើយ ក៏នាំគ្នាញុំាងសម្លេងហ៊ោគឹកកងឲ្យប្រព្រឹត្តទៅ ទាំងពួកទេវតា ក៏ញុំាងសាធុការឲ្យប្រព្រឹត្តទៅក្នុងអាកាសថា

ហេតុអស្ចារ្យ កើតហើយក្នុងលោក យើងទាំងអស់គ្នានឹងស្តាប់ព្រះធម៌ តាមហេតុភេទនៃព្រះពុទ្ធ ជាបុគ្គលប្រសើរ តាមហេតុភេទនៃផ្កាទាំងឡាយ។ ឯព្រះពុទ្ធព្រះនាមបទុមុត្តរៈ ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក គួរទទួលនូវគ្រឿងបូជា ទ្រង់ឈរក្នុងថ្នល់ ត្រាស់នូវគាថាទាំងនេះថា

មាណពណា បានបូជាចំពោះព្រះពុទ្ធ ដោយផ្កាឈូកក្រហម តថាគតនឹងសម្តែងសរសើរនូវមាណពនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ មាណពនេះនឹងរីករាយក្នុងទេវលោក អស់ ៣០ ពាន់កប្ប នឹងបានជាធំជាងទេវតា សោយទេវរាជសម្បត្តិ អស់ ៣០ ដង។ វិមានឈ្មោះមហាវិត្ថារិកៈ មានកំពស់ ៣០០ យោជន៍ ទទឹង ១៥០ យោជន៍ នឹងផុះឡើង (សម្រាប់មាណពនេះ) ក្នុងខណៈនោះ។ ផ្ទះប្រធានទាំងឡាយ មានប្រមាណ ៤ សែន ប្រកបដោយផ្ទះកំពូលដ៏ប្រសើរ សឹងប្រដាប់ដោយសេយ្យាសនៈដ៏ប្រសើរ ដែលបុញ្ញកម្មនិម្មិតល្អហើយ។ ពួកស្រីអប្សរប្រមាណមួយសែនកោដិ ជាអ្នកឈ្លាសក្នុងការរាំ និងការច្រៀងផង វាងវៃក្នុងការប្រគំផង រមែងចោមរោមត្រៀបត្រាជានិច្ច។ ក្នុងគ្រានោះ ភ្លៀងជាវិការៈនៃផ្កាទិព្វ មានពណ៌ក្រហម ក៏បង្អុរចុះលើវិមានដ៏ប្រសើរ ប្រាកដដូច្នោះ ដែលកុះករដោយពួកនារី។ ផ្កាឈូកក្រហមប៉ុនកង់រទេះ សំយុងចុះត្រង់សសរជញ្ជាំងផង ត្រង់ដៃកែវផង ត្រង់មេទ្វារផង ត្រង់ក្លោងទ្វារផង ក្នុងខណៈនោះ។ ផ្កាឈូកទាំងនោះ ក្រាលបិទបាំងនូវលំនៅនេះ ជាវិមានប្រសើរ ដែលព្រោងព្រាតដោយស្លឹកឈើគ្រប់ពណ៌ វិលវង់នៅខាងក្នុង ក្នុងខណៈនោះ។ ផ្កាឈូកក្រហមសុទ្ធទាំងនោះ ព័ទ្ធព័ន្ធនូវលំនៅមានប្រមាណ ១០០ យោជន៍ជុំវិញ ហើយផ្សាយនូវក្លិនជាទិព្វ។ មាណពនេះ នឹងបានជាស្តេចចក្រពត្តិ អស់ ៧៥ ដង (នឹងសោយ) បទេសរាជ្យដ៏ធំទូលាយរាប់ជាតិមិនអស់។ មាណពនោះ នឹងបានបរិភោគនូវសម្បត្តិទាំងពីរ មិនមានចង្រៃឧបទ្រព លុះដល់ទីបំផុត នឹងបានដល់ព្រះនិញ្វន។

ឱ ព្រះពុទ្ធ ខ្ញុំបានឃើញច្បាស់ហើយ ពាណិជ្ជកម្ម ខ្ញុំបានប្រកបហើយ ខ្ញុំបូជានូវផ្កាឈូក ៣ ហើយ ទើបបាននូវសម្បត្តិបីប្រការ។ ក្នុងថ្ងៃនេះ ផ្កាឈូកក្រហមរីកល្អបាំងលើក្បាលខ្ញុំ ដែលបាននូវធម៌ រួចស្រឡះដោយប្រការទាំងពួង។ កាលព្រះសាស្តា ព្រះនាមបទុមុត្តរៈ កំពុងសម្តែងនូវបុព្វកម្មរបស់ខ្ញុំ ធម្មាភិសម័យគឺមគ្គផល ក៏កើតមានដល់ពួកសត្វមានប្រមាណច្រើន។ ក្នុងកប្បទីមួយសែនអំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កាចំពោះព្រះពុទ្ធ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផ្កាឈូក ៣។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំគាស់រំលើងចេញហើយ អាសវៈទាំងពួងក៏អស់រលីងហើយ ក្នុងកាលឥឡូវនេះ ភពថ្មីមិនមានទេ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះតីណិបទុមិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ តីណិបទុមិយត្ថេរាបទាន។

ឧទ្ទាន

នាគសមាលត្ថេរាបទាន ១ បទសញ្ញកត្ថេរាបទាន ១ សុសញ្ញកត្ថេរាបទាន ១ ភិសាលុវទាយកត្ថេរាបទាន ១ ឯកសញ្ញកត្ថេរាបទាន ១ តិណសន្ថារទាយកត្ថេរាបទាន ១ សូចិទាយកត្ថេរាបទាន ១ បាដលិបុប្ផិយត្ថេរាបទាន ១ ឋិតញ្ជលិយត្ថេរាបទាន ១ តីណិបទុមិយត្ថេរាបទាន ១ មានគាថា ៧៥។

ចប់ នាគសមាលវគ្គ ទី៨។

តិមិរបុប្ផិយវគ្គ ទី៩

(៩. តិមិរវគ្គោ)

តិមិរបុប្ផិយត្ថេរាបទាន ទី១

(១. តិមិរបុប្ផិយត្ថេរអបទានំ)

[៨៣] ខ្ញុំដើរទៅកាន់ទីបណ្តោយខ្សែទឹក ក្បែរឆ្នេរស្ទឹងចន្ទភាគា ក៏បានឃើញព្រះសមណសម្ពុទ្ធ ព្រះអង្គកំពុងគង់ មានព្រះកាយស្អាតថ្លា មិនមានសៅហ្មង។ ខ្ញុំញុំាងចិត្តឲ្យជ្រះថ្លាចំពោះព្រះអង្គនោះ ក្នុងគ្រានោះ ខ្ញុំក៏គិតយ៉ាងនេះថា ព្រះពុទ្ធនេះ ព្រះអង្គឆ្លងរួចហើយ នឹងញុំាងសត្វឲ្យឆ្លងផង ព្រះពុទ្ធនេះ មានឥន្រ្ទិយទូន្មានហើយ នឹងទូន្មាន (នូវពួកសត្វ) ផង។ ព្រះអង្គជាអ្នកស្រស់ស្រាយ នឹងញុំាងសត្វឲ្យស្រស់ស្រាយផង ព្រះអង្គជាអ្នកស្ងប់រម្ងាប់ នឹងញុំាងសត្វឲ្យស្ងប់រម្ងាប់ផង ព្រះអង្គរលត់ទុក្ខហើយ នឹងញុំាងសត្វឲ្យរលត់ផង។ លុះខ្ញុំគិតយ៉ាងនេះហើយ ទើបកាន់យកនូវផ្កាតិមិរព្រឹក្ស ហើយញ្រចទៅលើព្រះសិរ្សៈនៃព្រះពុទ្ធ ព្រះនាមសិទ្ធត្ថៈ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ក្នុងកាលនោះ។ ខ្ញុំផ្គងអញ្ជលីធ្វើប្រទក្សិណចំពោះព្រះអង្គ ហើយថ្វាយបង្គំព្រះបាទារបស់ព្រះសាស្តា រួចដើរចេញទៅកាន់ទិសដទៃ។ ស្តេចម្រឹគបានដេញខាំខ្ញុំ ដែលកំពុងតែដើរទៅ អស់កាលមិនយូរប៉ុន្មាន ខ្ញុំកាលរត់ទៅតាមទីទៀបជ្រោះ ក៏ធ្លាក់ទៅក្នុងជ្រោះនោះឯង។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៥៦ ខ្ញុំបានជាស្តេចចក្រពត្តិ ៧ ដង ព្រះនាមមហារហៈ ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយរតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះតិមិរបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ តិមិរបុប្ផិយត្ថេរាបទាន។

គតសញ្ញកត្ថេរាបទាន ទី២

(២. គតសញ្ញកត្ថេរអបទានំ)

[៨៤] ខ្ញុំមានអាយុ ៧ ឆ្នាំ បានចូលទៅកាន់ផ្នួស បានថ្វាយបង្គំព្រះបាទានៃព្រះសាស្តា ដោយចិត្តជ្រះថ្លា។ ខ្ញុំបោះផ្កាឈើឈ្មោះសត្តនង្គលកីទៅលើអាកាស ឧទ្ទិសចំពោះព្រះពុទ្ធ ព្រះនាមតិស្សៈ ព្រះអង្គមានគុណមិនមានទីបំផុត ប្រៀបដូចសាគរ។ ខ្ញុំមានចិត្តត្រេកអរ បានបូជាផ្លូវដែលព្រះសុគតយាងមក ហើយមានចិត្តជ្រះថ្លា បានធ្វើអញ្ជលីកម្មដោយដៃទាំងពីរក្នុងគ្រានោះ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើបុញ្ញកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៨ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ៣ ដង ព្រះនាមអគ្គិសិខៈដូចគ្នា ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយរតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះគតសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ គតសញ្ញកត្ថេរាបទាន។

និបន្នញ្ជលិកត្ថេរាបទាន ទី៣

(៣. និបន្នញ្ជលិកត្ថេរអបទានំ)

[៨៥] ខ្ញុំអង្គុយនៅទៀបគល់ឈើ ក្នុងព្រៃញាតស្បាតធំ ខ្ញុំត្រូវរោគដ៏ក្រៃលែងបៀតបៀន ហើយដល់នូវភាពគួរគេអាណិតក្រៃលែង។ ព្រះសាស្តា ព្រះនាមតិស្សៈ ទ្រង់ចូលមកជិតខ្ញុំ ដោយអាស្រ័យសេចក្តីអនុគ្រោះ ខ្ញុំនោះជាអ្នកដេកស្ងប់ស្ងៀម ហើយធ្វើអញ្ជលី (ចំពោះព្រះសាស្តា) ដោយត្បូង។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តល្អ បានថ្វាយបង្គំព្រះសម្ពុទ្ធ ព្រះអង្គជាបុគ្គលឧត្តមជាងសត្វទាំងពួង ហើយធ្វើនូវកាលកិរិយា ក្នុងទីនោះ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយបង្គំនូវព្រះសម្ពុទ្ធ ជាបុរសឧត្តម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយបង្គំ។ ក្នុងកប្បទី ៥ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ៥ ដង ព្រះនាមមហាសិខៈដូចគ្នា ទ្រង់បរិបូណ៌ដោយរតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះនិបន្នញ្ជលិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ និបន្នញ្ជលិកត្ថេរាបទាន។

អធោបុប្ផិយត្ថេរាបទាន ទី៤

(៤. អធោបុប្ផិយត្ថេរអបទានំ)

[៨៦] មានភិក្ខុមួយរូប ព្រះនាមអភិភូ ជាអគ្គសាវ័ករបស់ព្រះពុទ្ធព្រះនាមសិខី លោកមានអានុភាពច្រើន មានត្រៃវិជ្ជា បានចូលមកកាន់ភ្នំហិមពាន្ត។ កាលនោះ ខ្ញុំជាឥសី ជាអ្នកស្ទាត់ក្នុងអប្បមញ្ញា និងឫទ្ធិ នៅក្នុងអាស្រមជាទីគួរត្រេកអរ ទៀបភ្នំហិមពាន្តនោះ។ ខ្ញុំប្រាថ្នារកផ្លែឈើក្នុងព្រៃភ្នំ ដូចជាបក្សី កាលហើរទៅក្នុងអាកាស ខ្ញុំកាន់យកនូវផ្កាអធោព្រឹក្ស ហើយត្រឡប់មកឯលំនៅជិតភ្នំនោះវិញ។ ខ្ញុំបានយកផ្កា ៧ រោយលើព្រះសីរ្សៈ (នៃអគ្គសាវ័កនោះ) លុះដល់អគ្គសាវ័ក ជាវីរបុរសនោះ ក្រឡេកមើលមកចំខ្ញុំ ខ្ញុំក៏បែរមុខទៅទិសខាងកើត ហើយដើរចៀសចេញទៅ។ ខ្ញុំបានទៅដល់អាស្រមហើយ ក៏បានចាត់ចែងនូវអាវាស រួចយកនូវអម្រែកដើរទៅកាន់ចន្លោះភ្នំ។ គាប់ជួនពស់ថ្លាន់មានរូបដ៏សម្បើម មានកម្លាំងច្រើន បៀតបៀន (នូវខ្ញុំ) ខ្ញុំក៏នឹកដល់បុព្វកម្ម ហើយធ្វើកាលកិរិយាក្នុងទីនោះ។ ក្នុងកប្បទី ៣៩ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កាក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាផ្កា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះអធោបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អធោបុប្ផិយត្ថេរាបទាន។

រំសិសញ្ញកត្ថេរាបទាន ទី៥

(៥. រំសិសញ្ញកត្ថេរអបទានំ)

[៨៧] ក្នុងភពមុន ខ្ញុំសម្រេចការនៅក្បែរភ្នំហិមពាន្ត ខ្ញុំស្លៀកពាក់ឧត្តរាសង្គៈ ជាស្បែកខ្លា នៅត្រង់ចន្លោះភ្នំ។ ខ្ញុំឃើញព្រះសម្ពុទ្ធ ទ្រង់មានវណ្ណៈដូចមាស មានរស្មីច្រើន ដូចព្រះអាទិត្យ ឬដូចសាលរាជព្រឹក្សមានផ្ការីក ទ្រង់ធ្វើពុទ្ធដំណើរទៅក្នុងចន្លោះព្រៃ។ ខ្ញុំញុំាងចិត្តឲ្យជ្រះថ្លា ក្នុងរស្មីរបស់ព្រះមហេសី ព្រះនាមវិបស្សី ទើបអង្គុយច្រហោង ផ្គងអញ្ជលីថ្វាយបង្គំដោយសិរ្សៈ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការសំគាល់នូវរស្មី។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះរំសិសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ រំសិសញ្ញកត្ថេរាបទាន។

រំសិសញ្ញិកត្ថេរាបទាន ទី៦

(៦. ទុតិយរំសិសញ្ញកត្ថេរអបទានំ)

[៨៨] ខ្ញុំស្លៀកសំប្បកឈើ នៅកែ្បរភ្នំហិមពាន្ត ខ្ញុំឡើងកាន់ទីចង្រ្កម រួចអង្គុយបែរមុខទៅទិសខាងកើត។ ខ្ញុំបានឃើញព្រះសុគត ព្រះនាមផុស្សៈក្បែរភ្នំ ទ្រង់ត្រេកអរនឹងឈានសព្វៗ កាល ហើយខ្ញុំផ្គងអញ្ជលី ញុំាងចិត្តឲ្យជ្រះថ្លាក្នុងរស្មី។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការសម្គាល់រស្មី។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះរំសិសញ្ញិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ រំសិសញ្ញិកត្ថេរាបទាន។

ផលទាយកត្ថេរាបទាន ទី៧

(៧. ផលទាយកត្ថេរអបទានំ)

[៨៩] ខ្ញុំស្លៀកស្បែកខ្លាទាំងក្រចក (នៅ) ជិតភ្នំហិមពាន្ត មានផ្លែឈើក្នុងដៃ បានឃើញព្រះជិនស្រីដ៏ប្រសើរ ព្រះនាមផុស្សៈ ហើយថ្វាយផ្លែឈើ (ចំពោះព្រះពុទ្ធនោះ)។ ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយផ្លែឈើណា កាលបើភពរបស់ខ្ញុំនៅមាន ផ្លែឈីនោះ តែងកើតដល់ខ្ញុំ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែឈើ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ផលទាយកត្ថេរាបទាន។

សទ្ទសញ្ញកត្ថេរាបទាន ទី៨

(៨. សទ្ទសញ្ញកត្ថេរអបទានំ)

[៩០] ខ្ញុំនៅលើកម្រាលស្លឹកឈើ នាភ្នំហិមពាន្ត បានធ្វើចិត្តឲ្យជ្រះថ្លា ក្នុងសំឡេងរបស់ព្រះសម្ពុទ្ធ ព្រះនាមផុស្សៈ ដែលកំពុងសម្តែងធម៌។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើនូវកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបុញ្ញកម្ម។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសទ្ទសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សទ្ទសញ្ញកត្ថេរាបទាន។

ពោធិសិញ្ចកត្ថេរាបទាន ទី៩

(៩. ពោធិសិញ្ចកត្ថេរអបទានំ)

[៩១] មានពិធីឆ្លងព្រះមហាពោធិព្រឹក្សរបស់ព្រះមានព្រះភាគ ព្រះនាមវិបស្សី ក្នុងកាលនោះ ខ្ញុំជាអ្នកបួសមានចិត្តស្ងប់រម្ងាប់ ដើរចូលទៅ (ជិតដើមពោធិព្រឹក្សនោះ)។ ខ្ញុំដងទឹកត្រពាំង ស្រោចដើមពោធិព្រឹក្ស (ដោយគិតថា) ព្រះវិបស្សីសម្ពុទ្ធ ទ្រង់រួចចាកទុក្ខហើយ នឹងញុំាងយើងឲ្យរួចទុក្ខផង ទ្រង់រំលត់ទុក្ខហើយ នឹងញុំាងយើងឲ្យរលត់ផង។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានស្រោចស្រប់ដើមពោធិព្រឹក្ស ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការស្រោចពោធិព្រឹក្ស។ កាលកប្បទី ៣៣ កំពុងប្រព្រឹត្តទៅ ខ្ញុំបានជាស្តេចចក្រពត្តិ ៨ ដង ជាធំលើពួកជន ទ្រង់ព្រះនាមឧទកាសេចនៈដូចគ្នា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះពោធិសិញ្ចកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ពោធិសិញ្ចកត្ថេរាបទាន។

បទុមបុប្ផិយត្ថេរាបទាន ទី១០

(១០. បទុមបុប្ផិយត្ថេរអបទានំ)

[៩២] ខ្ញុំចូលទៅក្នុងព្រៃ ដែលមានស្រះឈូក កំពុងកាច់ផ្កាឈូក បានឃើញព្រះសម្ពុទ្ធ ព្រះនាមផុស្សៈ ទ្រង់មានលក្ខណៈ ៣២ ប្រការដ៏ប្រសើរ។ ខ្ញុំបានយកផ្កាឈូកបោះឡើងទៅនាអាកាស (ថ្វាយព្រះអង្គ) ខ្ញុំរលឹកឃើញនូវបាបកម្មហើយ ក៏ចូលបួសក្នុងព្រះពុទ្ធសាសនា។ លុះខ្ញុំបួសហើយ បានសង្រួមកាយ និងចិត្ត លះបង់នូវវចីទុច្ចរិត ជម្រះនូវអាជីវបារិសុទ្ធិសីល។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១៨ ខ្ញុំបានកើតជាក្សត្រ ១៨ ដង និង ៤៨ ដង (៦៦) ជាធំលើផែនដី ទ្រង់ព្រះនាមបទុមភាសៈដូចគ្នា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបទុមបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បទុមបុប្ផិយត្ថេរាបទាន។

ឧទ្ទាន

តិមិរបុប្ផិយត្ថេរាបទាន ១ កតសញ្ញកត្ថេរាបទាន ១ និបន្នញ្ជលិកត្ថេរាបទាន ១ អធោបុប្ផិយត្ថេរាបទាន ១ រំសិសញ្ញកត្ថេរាបទាន ២ ផលទាយកត្ថេរាបទាន ១ សទ្ទសញ្ញកត្ថេរាបទាន ១ ពោធិសិញ្ចកត្ថេរាបទាន ១ បទុមបុប្ផិយត្ថេរាបទាន ១ ឯគាថាចំនួន ៥៦ លោកបានសម្តែងហើយ។

ចប់ តិមិរបុប្ផិយវគ្គ ទី៩។

សុធាវគ្គ ទី១០

(១០. សុធាវគ្គោ)

សុធាបិណិ្ឌយត្ថេរាបទាន ទី១

(១. សុធាបិណ្ឌិយត្ថេរអបទានំ)

[៩៣] កាលបុគ្គលបូជាចំពោះបុគ្គលគួរបូជា ទោះបីព្រះពុទ្ធ ឬសាវ័ក ដែលកន្លងផុតនូវធម៌ជាគ្រឿងយឺតយូរ ឆ្លងផុតនូវសេចក្តីសោក និងការខ្សឹកខ្សួល។ កាលបុគ្គលបូជាចំពោះបុគ្គលទាំងនោះ ដែលមានសភាពដូច្នោះ មានទុក្ខរលត់ហើយ លោកមិនមានភ័យអំពីទីណា បុគ្គលណាមួយមិនអាចនឹងរាប់បុណ្យថា បុណ្យនេះ មានប្រមាណប៉ុណ្ណេះ ឬមានប្រមាណប៉ុណ្ណោះឡើយ។ ក្នុងលោកនេះ បុគ្គលណាមួយទទួលនូវភាពជាធំក្នុងទ្វីបទាំង ៤ ការទទួលនូវឥស្សរភាពនេះ របស់បុគ្គលនុ៎ះ មិនដល់មួយចំណែកទី ១៦ នៃការបូជានេះឡើយ។ ខ្ញុំមានចិត្តជ្រះថ្លា បានបូកបាយអក្នុងចន្លោះឥដ្ឋចេតិយ របស់ព្រះសម្ពុទ្ធ ព្រះនាមសិទ្ធត្ថៈ ទ្រង់ប្រសើរជាងពួកនរៈ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការជួសជុលចេតិយ។ ក្នុងកប្បទី ៣០ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ១៣ ដង មាននាមថាបដិសង្ខារសៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសុធាបិណ្ឌិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សុធាបិណ្ឌិយត្ថេរាបទាន។

សុបីឋិយត្ថេរាបទាន ទី២

(២. សុចិន្តិកត្ថេរអបទានំ)

[៩៤] ខ្ញុំមានចិត្តរីករាយ បានថ្វាយតាំងដ៏ស្អាតចំពោះព្រះពុទ្ធ ព្រះនាមតិស្សៈ ជាលោកនាថ ជាផៅពង្សនៃព្រះអាទិត្យ។ ក្នុងកប្បទី ៣៨ អំពីកប្បនេះ ខ្ញុំបានជាស្តេចព្រះនាមមហារុចិ មានភោគៈច្រើន មានទីដេកច្រើន។ ព្រោះតែខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយតាំងចំពោះព្រះសម្ពុទ្ធ ទើបខ្ញុំទទួលរងកុសលកម្មជារបស់ខ្លួន ដែលខ្លួនបានសាងល្អហើយក្នុងភពមុន។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយតាំង ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយតាំង។ ក្នុងកប្បទី ៣៨ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ៣ អង្គ ព្រះនាម រុចិ ១ ឧបរុចិ ១ មហារុចិ ១ ជាគម្រប់ ៣។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសុបីឋិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សុបីឋិយត្ថេរាបទាន។

អឌ្ឍចេលកត្ថេរាបទាន ទី៣

(៣. អឌ្ឍចេឡកត្ថេរអបទានំ)

[៩៥] ខ្ញុំជាបុគ្គលពេញទៅដោយសេចក្តីទាល់ក្រ ដល់នូវភាពគួរគេអាណិតក្រៃពេក ខ្ញុំបានប្រគេនសំពត់ពាក់កណ្តាល ចំពោះព្រះមានព្រះភាគ ព្រះនាមតិស្សៈ។ លុះខ្ញុំថ្វាយសំពត់ពាក់កណ្តាលរួចហើយ បានរីករាយក្នុងឋានសួគ៌អស់មួយកប្ប មិនតែប៉ុណ្ណោះ ខ្ញុំបានធ្វើកុសលកម្ម (ដទៃទៀត) ក្នុងកប្បទាំងឡាយដ៏សេសផង។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយសំពត់ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយសំពត់។ ក្នុងកប្បទី ៥១ ខ្ញុំបានជាក្សត្រចក្រពត្តិ ជាធំជាងពួកជន ព្រះនាមសមន្តាឱទនៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះអឌ្ឍចេលកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អឌ្ឍចេលកត្ថេរាបទាន។

សូចិទាយកត្ថេរាបទាន ទី៤

(៤. សូចិទាយកត្ថេរអបទានំ)

[៩៦] ក្នុងជាតិមុន ខ្ញុំកើតជាជាងដែកក្នុងបុរីដ៏ប្រសើរ ឈ្មោះពន្ធុមៈ ខ្ញុំបានថ្វាយម្ជុលដល់ព្រះវិបស្សី ព្រះអង្គស្វែងរកនូវគុណដ៏ធំ។ ញាណ (របស់ខ្ញុំ) ស្មើចុងនៃកែវវជីរប្រាកដដូច្នោះ កើតប្រាកដដោយកម្មនោះ ខ្ញុំមានរាគៈវិនាសហើយ មានចិត្តរួចស្រឡះហើយ ដល់នូវធម៌ជាគ្រឿងអស់ទៅនៃអាសវៈ។ អតីតភព បច្ចុប្បន្នភព អនាគតភពទាំងអស់ណា ខ្ញុំពិចារណាឃើញភពទាំងអស់នោះដោយញាណ នេះជាផលនៃការថ្វាយម្ជុល។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ៧ ដង ព្រះនាមវជីរាសមៈដូចគ្នា បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសូចិទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សូចិទាយកត្ថេរាបទាន។

គន្ធមាលិយត្ថេរាបទាន ទី៥

(៥. គន្ធមាលិយត្ថេរអបទានំ)

[៩៧] ខ្ញុំបានកសាងព្រះស្តូប ប្រកបដោយគ្រឿងក្រអូប ស្រោបបិទបាំងដោយផ្កាម្លិះ ដ៏សមគួរដល់ព្រះពុទ្ធ (ថ្វាយ) ចំពោះព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ។ (ខ្ញុំថ្វាយបង្គំ) ព្រះសម្ពុទ្ធជាអគ្គនាយកក្នុងលោក ប្រាកដស្មើដោយចេតិយ ជាវិការៈនៃមាស ទ្រង់រុងរឿងដូចផ្ការាជព្រឹក្ស ឬដូចភ្លើងកំពុងឆេះ ទ្រង់ប្រសើរដូចខ្លាធំ និងគោឧសភៈ ឬដូចកេសររាជសីហ៍ មានជាតិដ៏ខ្ពស់ ទ្រង់គង់លើអាសនៈ ទ្រង់ជាកំពូលនៃពួកសមណៈ មានភិក្ខុសង្ឃចោមរោម។ លុះខ្ញុំថ្វាយបង្គំព្រះបាទារបស់ព្រះសាស្តាហើយ បែរមុខទៅឧត្តរទិស ដើរចេញទៅ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ខ្ញុំបានថ្វាយគ្រឿងក្រអូប និងកម្រងផ្កា ក្នុងកាលណា។ (កាលនោះ) ខ្ញុំមិនដែលស្គាល់ទុគ្គតិ ដោយផលនៃសក្ការៈដែលខ្ញុំធ្វើចំពោះព្រះពុទ្ធដោយវិសេស នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៣៩ ខ្ញុំបានជាក្សត្រចក្រពត្តិ ១៦ ដង ព្រះនាមទេវគន្ធៈដូចគ្នា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះគន្ធមាលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ គន្ធមាលិយត្ថេរាបទាន។

តិបុប្ផិយត្ថេរាបទាន ទី៦

(៦. តិបុប្ផិយត្ថេរអបទានំ)

[៩៨] ក្នុងភពមុន ខ្ញុំកើតជាញ្រនម្រឹគនៅក្នុងព្រៃធំ បានឃើញដើមច្រនៀង (ជាពោធិព្រឹក្ស) មានពណ៌ខៀវបំព្រងហើយ ខ្ញុំរោយផ្កា ៣ ទង (ត្រង់គល់ច្រនៀងនោះ)។ កាលនោះ ខ្ញុំរើសស្លឹកស្ងួតៗ យកទៅចោលខាងក្រៅ ហើយថ្វាយបង្គំដើមច្រនៀងនោះ ដូចជាថ្វាយបង្គំព្រះសម្ពុទ្ធព្រះនាមវិបស្សី ជាលោកនាយក ទ្រង់ស្អាតខាងក្នុង ស្អាតខាងក្រៅ មានព្រះទ័យផុតស្រឡះ (ចាកកិលេស) មិនមានអាសវៈ ក្នុងទីចំពោះមុខ ហើយធ្វើកាលកិរិយាក្នុងទីនោះ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាដើមពោធិព្រឹក្ស ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាដើមពោធិព្រឹក្ស។ ក្នុងកប្បទី ៣០ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ១៣ ដង ព្រះនាមសមន្តបាសាទិកៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះតិបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ តិបុប្ផិយត្ថេរាបទាន។

មធុបិណ្ឌិកត្ថេរាបទាន ទី៧

(៧. មធុបិណ្ឌិកត្ថេរអបទានំ)

[៩៩] ខ្ញុំបានឃើញព្រះសម្ពុទ្ធព្រះនាមសិទ្ធត្ថៈ ប្រសើរជាងពួកឥសី គួរទទួលនូវគ្រឿងបូជាក្នុងព្រៃធំ ជាទីស្ងាត់មិនមានសំឡេង មិនមានការវឹកវរ ទ្រង់ជាមហានាគ មានទុក្ខរលត់ហើយ ជាបុរសអាជានេយ្យដ៏ប្រសើរ ទ្រង់រុងរឿងដូចផ្កាយព្រឹក មានពួកទេវតានមស្ការហើយ។ សេចក្តីត្រេកអររបស់ខ្ញុំ មានប្រមាណច្រើនកើតឡើងមុន ញាណក៏កើតឡើងក្នុងវេលានោះដែរ ខ្ញុំថ្វាយទឹកឃ្មុំចំពោះព្រះសាស្តា ដែលទើបចេញអំពីសមាធិ។ ខ្ញុំមានចិត្តជ្រះថ្លា ថ្វាយបង្គំព្រះបាទារបស់ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ដោយសិរ្សៈ ហើយបែរមុខទៅទិសខាងកើត ដើរចេញទៅ។ ក្នុងកប្បទី ៣៤ ខ្ញុំកើតជាស្តេចឈ្មោះសុទស្សនៈ មានទឹកឃ្មុំហូរចេញអំពីក្រអៅឈូក (ស្រក់ចុះទៅ) ក្នុងភោជនក្នុងវេលានោះ ទាំងភ្លៀងទឹកឃ្មុំ ក៏បង្អុរចុះ នេះជាផលនៃបុព្វកម្ម។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំថ្វាយទឹកឃ្មុំក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយទឹកឃ្មុំ។ ក្នុងកប្បទី ៣២ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ៤ ដង ព្រះនាមសុទស្សនៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះមធុបិណ្ឌិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មធុបិណ្ឌិកត្ថេរាបទាន។

សេនាសនទាយកត្ថេរាបទាន ទី៨

(៨. សេនាសនទាយកត្ថេរអបទានំ)

[១០០] ខ្ញុំបានថ្វាយកម្រាលស្លឹកឈើ ចំពោះព្រះមានព្រះភាគព្រះនាមសិទ្ធត្ថៈ ទាំងបានរោយរាយផ្កាច្បា ជាឧបការៈ (ដល់កម្រាលស្លឹកឈើ) ដោយជុំវិញទៀត។ (ដោយកុសលកម្មនេះ) ខ្ញុំបានសោយ (គ្រប់គ្រង) ប្រាសាទទាំងឡាយផង គុហាជាទីរីករាយមានថ្លៃច្រើនផង ផ្កាទាំងឡាយមានថ្លៃច្រើន តែងបង្អុរចុះលើសយនៈរបស់ខ្ញុំផង។ ខ្ញុំដេកននៀលលើសយនៈដ៏វិចិត្រ ក្រាលដោយផ្កាឈើ ទាំងភ្លៀងជាវិការៈនៃផ្កាឈើ ក៏តែងបង្អុរចុះលើសយនៈ (របស់ខ្ញុំ) ក្នុងកាលនោះ។ ក្នុងកប្ប ទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយកម្រាលស្លឹកឈើ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិឡើយ នេះជាផលនៃកម្រាលស្លឹកឈើ។ ក្នុងកប្បទី ៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៧ ដង ព្រះនាមឋិតាសន្ថារកៈដូចគ្នា ទ្រង់ជាធំជាងពួកជន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសេនាសនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សេនាសនទាយកត្ថេរាបទាន។

វេយ្សាវច្ចកត្ថេរាបទាន ទី៩

(៩. វេយ្យាវច្ចកត្ថេរអបទានំ)

[១០១] ព្រះមានព្រះភាគ ព្រះនាមវិបស្សី ជាមេគណៈ ខ្ញុំជាអ្នកបម្រើ ជាអ្នកខ្វល់ខ្វាយក្នុងកិច្ចទាំងពួង។ ឯទេយ្យធម៌របស់ខ្ញុំគ្មាន ខ្ញុំមានចិត្តជ្រះថ្លា ថ្វាយបង្គំព្រះបាទារបស់ព្រះសាស្តា ជាព្រះសុគត ស្វែងរកគុណដ៏ធំ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើការខ្វល់ខ្វាយបម្រើក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការខ្វល់ខ្វាយបម្រើ។ ក្នុងកប្បទី ៨ អំពីកប្បនេះ ខ្ញុំកើតជាស្តេចចក្រពត្តិ ព្រះនាមសុចិន្តិយៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះវេយ្យាវច្ចកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ វេយ្យាវច្ចកត្ថេរាបទាន។

ពុទ្ធុបដ្ឋាកត្ថេរាបទាន ទី១០

(១០. ពុទ្ធុបដ្ឋាកត្ថេរអបទានំ)

[១០២] ខ្ញុំកើតជាអ្នកផ្លុំសង្ខ័ ជាអ្នកប្រកបដោយការបម្រើព្រះមានព្រះភាគ ព្រះនាមវិបស្សី ជាព្រះសុគត ព្រះអង្គស្វែងរកនូវគុណដ៏ធំជានិច្ច។ ខ្ញុំតែងជួបផលនៃការបម្រើព្រះលោកនាថ ទ្រង់ប្រកបដោយតាទិគុណ គឺតូរ្យតន្ត្រី ៦០ ពាន់ តែងចោមរោមខ្ញុំសព្វៗ កាល។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបម្រើព្រះពុទ្ធ ជាមហាឥសី ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបម្រើ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ១៦ ដង ព្រះនាមមហានិគ្ឃោសៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះពុទ្ធុបដ្ឋាកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ពុទ្ធុបដ្ឋាកត្ថេរាបទាន។

ឧទ្ទាន

សុធាបិណ្ឌិយត្ថេរាបទាន ១ សុបីឋិយត្ថេរាបទាន ១ អឌ្ឍចេលកត្ថេរាបទាន ១ សូចិទាយកត្ថេរាបទាន ១ គន្ធមាលិយត្ថេរាបទាន ១ តិបុប្ផិយត្ថេរាបទាន ១ មធុបិណ្ឌិយត្ថេរាបទាន ១ សេនាសនទាយកត្ថេរាបទាន ១ វេយ្យាវច្ចកត្ថេរាបទាន ១ ពន្ធុបដ្ឋាកត្ថេរាបទាន ១ ឯគាថាមានចំនួន ៩០ គត់ ដែលលោកសម្តែងហើយ ក្នុងវគ្គនេះ។

ចប់ សុធាវគ្គ ទី១០។

មួយទៀត ឧទ្ទាននៃវគ្គ

ពុទ្ធវគ្គជាបឋម ១ សីហាសនិយវគ្គ ១ សុភូតិវគ្គ ១ កុណ្ឌធានវគ្គ ១ ឧបាលិវគ្គ ១ វីជនីវគ្គ ១ សកចិត្តនិយវគ្គ ១ នាគសមាលវគ្គ ១ តិមិរបុប្ផិយវគ្គ ១ ជាគម្រប់ ១០ និងសុធាវគ្គ មានគាថា ១.៤៥៥។

ចប់ ពុទ្ធវគ្គទសកៈ។

ចប់ បឋមសតកៈ។

ចប់ ភាគ ៧២។

 

ទុតិយភាគ

ភិក្ខទាយិវគ្គ ទី១១

(១១. ភិក្ខទាយិវគ្គោ)

ភិក្ខទាយកត្ថេរាបទាន ទី១

(១. ភិក្ខទាយកត្ថេរអបទានំ)

[១] ខ្ញុំបានឃើញព្រះសម្ពុទ្ធមានវណ្ណៈដូចមាស ទ្រង់គួរទទួលគ្រឿងបូជា ទ្រង់ចេញចាកព្រៃធំ គឺតណ្ហា មកកាន់ព្រះនិព្វាន។ ខ្ញុំទៅតាមស្នាមព្រះបាទានៃព្រះពុទ្ធ ទ្រង់ញ៉ាំងជនឲ្យរលត់ទុក្ខ ហើយបានថ្វាយភិក្ខាមួយវែក ដល់ព្រះមហេសី ព្រះនាមសិទ្ធត្ថៈ ទ្រង់មានប្រាជ្ញា មានព្រះហឫទ័យស្ងប់រម្ងាប់ មានព្យាយាមច្រើន ទ្រង់មិនញាប់ញ័រដោយលោកធម៌។ សេចក្ដីត្រេកអររបស់ខ្ញុំ មានប្រមាណច្រើន ចំពោះព្រះពុទ្ធ ជាអាទិច្ចពន្ធុ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយភិក្ខា។ ក្នុងកប្បទី ៨៧ អំពីកប្បនេះ ខ្ញុំបានកើតជាសេ្ដចចក្រពត្តិ ៧ ជាតិ ព្រះនាមមហារេណុដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះភិក្ខទាយកតេ្ថមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ភិក្ខទាយកតេ្ថរាបទាន។

ញាណសញ្ញិកតេ្ថរាបទាន ទី២

(២. ញាណសញ្ញិកត្ថេរអបទានំ)

[២] (ខ្ញុំបានឃើញ) នូវព្រះសម្ពុទ្ធ ទ្រង់មានវណ្ណៈដូចមាស ទ្រង់ដូចអាជានេយ្យដ៏ប្រសើរ ឬទ្រង់ដូចដំរីឈ្មោះមាតង្គៈ ដែលចុះប្រេងបីយ៉ាង ព្រះអង្គស្វែងរកនូវគុណដ៏ធំ ទ្រង់ញ៉ាំងទិសទាំងពួងឲ្យភ្លឺច្បាស់ ទ្រង់ដូចដើមសាលរាជ មានផ្ការីកហើយ ទ្រង់ជាច្បងក្នុងត្រៃលោក ទ្រង់ឧត្តមជាងនរៈ ទ្រង់ស្តេចនិមន្តទៅតាមច្រក បានញ៉ាំងចិត្តខ្ញុំឲ្យជ្រះថ្លាក្នុងញាណ (របស់ព្រះអង្គ) ខ្ញុំបានផ្គងអញ្ជលី មានចិត្តជ្រះថ្លា មានចិត្តរីករាយ ហើយថ្វាយបង្គំព្រះសិទ្ធត្ថៈ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសេចក្តីសម្គាល់ក្នុងញាណ។ ក្នុងកប្បទី ៧៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១៦ ជាតិ ជាស្តេចឧត្តមជាងជន ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះញាណសញ្ញិកត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ញាណសញ្ញិកត្ថេរាបទាន។

ឧប្បលហត្ថិយត្ថេរាបទាន ទី៣

(៣. ឧប្បលហត្ថិយត្ថេរអបទានំ)

[៣] ក្នុងកាលនោះ ខ្ញុំកើតជាអ្នកក្រងផ្កា នៅអាស្រ័យក្នុងក្រុងឈ្មោះតិវរា បានឃើញព្រះពុទ្ធព្រះនាមសិទ្ធត្ថៈ មានធូលីគឺរាគៈទៅប្រាសហើយ ដែលសត្វលោកបូជាហើយ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយផ្កា ១ ក្ដាប់ ខ្ញុំទៅកើតក្នុងភពណាៗ តែងសោយផលជាទីប្រាថ្នា ដែលខ្លួនធ្វើល្អហើយក្នុងកាលមុន (ក្នុងភពនោះៗ) ដោយអំណាចអានិសង្សនៃកម្មនោះ ខ្ញុំមានផ្កាម្លិះព័ទ្ធព័ន្ធហើយ នេះជាផលនៃសេចក្ដីសម្គាល់។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ អាស្រ័យកប្បគម្រប់ ៩៤ វៀរលែងកប្បបច្ចុប្បន្ននេះចេញ ខ្ញុំបានកើតជាស្ដេច ៥០០ ជាតិ ព្រះនាមនជ្ជុបមៈដូចគ្នា ក្នុងកប្បនោះ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។

បានឮថា ព្រះឧប្បលហត្ថិយត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឧប្បលហត្ថិយត្ថេរាបទាន។

បទបូជកត្ថេរាបទាន ទី៤

(៤. បទបូជកត្ថេរអបទានំ)

[៤] ខ្ញុំបានថ្វាយផ្កាម្លិះ ដល់ព្រះមានព្រះភាគទ្រង់ព្រះនាមសិទ្ធត្ថៈ ខ្ញុំបានរោយរាយផ្កា ៧ ត្រង់ព្រះបាទ ដោយសេចក្ដីរីករាយ។ ខ្ញុំគ្របសង្កត់ពួកជន និងទេវតាក្នុងថ្ងៃនេះ ដោយកុសលកម្មនោះ ខ្ញុំទ្រទ្រង់រាងកាយជាទីបំផុត ក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាផ្កា។ ក្នុងកប្បគម្រប់ ៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពតិ្ត ១៣ ជាតិ ព្រះនាមសមន្តគន្ធៈដូចគ្នា ទ្រង់ផ្សាយអាណាចក្រទល់នឹងសមុទ្រទាំង ៤ ជាទីបំផុត ទ្រង់ជាធំជាងគណៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះបទបូជកត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បទបូជកត្ថេរាបទាន។

មុដ្ឋិបុប្ផិយត្ថេរាបទាន ទី៥

(៥. មុដ្ឋិបុប្ផិយត្ថេរអបទានំ)

[៥] ក្នុងកាលនោះ ខ្ញុំកើតជាអ្នកក្រងផ្កា ឈ្មោះសុទស្សនៈ បានឃើញព្រះពុទ្ធ ព្រះអង្គប្រាសចាកធូលីគឺរាគៈ ជាច្បងក្នុងលោក ទ្រង់ប្រសើរជាងពួកនរៈ។ ខ្ញុំកាន់យកផ្កាម្លិះបូជាចំពោះព្រះបទុមុត្តរៈ ខ្ញុំមានចក្ខុស្អាត មានចិត្តរីករាយ បានសម្រេចទិព្វចក្ខុ។ ខ្ញុំមិនដែលទៅកាន់ទុគ្គតិអស់ ១ សែនកប្ប ដោយពុទ្ធបូជានេះផង ដោយការតម្កល់ចិត្តផង។ ក្នុងកប្បទី ៣៦ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពតិ្ត ១៦ ជាតិ ព្រះនាមទេវុត្តរៈដូចគ្នា មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះមុដិ្ឋបុប្ផិយត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មុដ្ឋិបុប្ផិយត្ថេរាបទាន។

ឧទកបូជកត្ថេរាបទាន ទី៦

(៦. ឧទកបូជកត្ថេរអបទានំ)

[៦] ព្រះសម្ពុទ្ធមានវណ្ណៈដូចមាស ស្ដេចនិមន្តទៅឰដ៏អាកាស រុងរឿងដូចភ្លើងឆេះឆ្នាំងខ្លាញ់ ឬដូចភ្លើងកំពុងឆេះភ្លឺរន្ទាល។ ខ្ញុំកាន់យកទឹកដោយដៃ សាចទៅនាអាកាស ព្រះពុទ្ធមានព្យាយាមធំ ប្រកបដោយសេចក្ដីករុណាចំពោះខ្ញុំ ទ្រង់ក៏ទទួល (នូវទឹកនោះ) ព្រះសាស្តាព្រះនាមបទុមុត្តរៈឋិតនៅនាអាកាស ទ្រង់ជ្រាបនូវតម្រិះរបស់ខ្ញុំ ហើយទ្រង់សម្ដែងគាថាទាំងនេះថា ក្នុង ១ សែនកប្ប អ្នកនឹងមិនទៅកាន់ទុគ្គតិ ដោយការថ្វាយទឹកនេះផង ដោយការញុំាងបីតិឲ្យកើតឡើងផង។ បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ជាច្បងក្នុងលោក ទ្រង់ប្រសើរជាងពួកនរៈ ខ្ញុំព្រះអង្គលះបង់នូវការឈ្នះ និងការចាញ់ហើយ បានដល់នូវអចលដ្ឋាន ដោយកុសលកម្មនោះ។ ក្នុងកប្បទី ១៦៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពតិ្ត ៣ ជាតិ ទ្រង់ព្រះនាមសហស្សរាជដូចគ្នា ទ្រង់ផ្សាយអាណាចក្រទល់នឹងសមុទ្រទាំង ៤ ទ្រង់ជាធំជាងពួកជន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះឧទកបូជកត្ថេរមានអាយុ បានសម្ដែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឧទកបូជាត្ថេរាបទាន។

នឡមាលិយត្ថេរាបទាន ទី៧

(៧. នឡមាលិយត្ថេរអបទានំ)

[៧] ព្រះបទុមុត្តរសម្ពុទ្ធ ជាច្បងក្នុងលោក ជាតាទិបុគ្គល ទ្រង់គង់លើកម្រាលស្មៅ មានព្រះហឫទ័យស្ងប់រម្ងាប់ ទ្រង់មិនញាប់ញ័រដោយលោកធម៌។ ខ្ញុំកាន់យកផ្កាបបុស ចងធ្វើជាផ្លិត បង្អោនថ្វាយព្រះពុទ្ធ ទ្រង់ជាធំជាងសត្វជើងពីរ ព្រះអង្គមិនញាប់ញ័រដោយលោកធម៌។ ព្រះសព្វញ្ញូជាលោកនាយក ទ្រង់ទទួលផ្លិតហើយ ទ្រង់ជ្រាបនូវតម្រិះរបស់ខ្ញុំ ទើបទ្រង់សម្តែងគាថានេះថា កាយរបស់តថាគតរលត់ទុក្ខហើយ សេចក្ដីក្ដៅក្រហាយមិនមានឡើយ យ៉ាងណាមិញ ចិត្តរបស់អ្នក ចូររួចស្រឡះចាកភ្លើងទាំងបីប្រការ យ៉ាងនោះដែរ។ ទេវតាណាមួយ អាស្រ័យដើមឈើ ទេវតាទាំងអស់នោះ មកប្រជុំគ្នា (ដោយបំណងថា) ពួកយើងនឹងស្ដាប់នូវពុទ្ធវចនៈ ដែលញុំាងទាយកឲ្យរីករាយ។ ឯព្រះមានព្រះភាគ មានពួកទេវតាចោមរោម ទ្រង់គង់លើកម្រាលនោះ ទ្រង់ញុំាងទាយកឲ្យរីករាយ ហើយសម្ដែងនូវគាថាទាំងនេះថា កុលបុត្តនេះ នឹងកើតជាស្ដេចចក្រពតិ្ត មាននាមថាសុព្វតរាជ ដោយការថ្វាយនូវផ្លិតនេះផង ដោយការតម្កល់ចិត្តផង កុលបុត្តនោះ ជាបុគ្គលត្រូវកុសលមូលដាស់តឿនហើយ នឹងបានជាស្ដេចចក្រពតិ្តទៀត មាននាមថាមាលុតរាជ ដោយសេសផលនៃកម្មនោះ។ ក្នុង ១ សែនកប្ប កុលបុត្តនេះ មិនដែលទៅកាន់ទុគ្គតិ ដោយការថ្វាយផ្លិតនេះផង ដោយការរាប់អានដ៏ធំទូលាយផង។ ក្នុង ៣០.០០០កប្ប នឹងបានជាក្សត្រ ៣៨ ជាតិ ក្សត្រទាំងនោះ ព្រះនាមថាសុព្វតរាជ ក្នុង ២៩.០០០កប្ប បានជាក្សត្រ ៨ ជាតិ ទ្រង់ព្រះនាមមាលុតរាជ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះនឡមាលិយត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់នឡមាលិយត្ថេរាបទាន។

ចប់ ភាណវារៈ ទី៧។

អាសនុបដ្ឋាយកត្ថេរាបទាន ទី៨

(៨. អាសនុបដ្ឋាហកត្ថេរអបទានំ)

[៨] ខ្ញុំចូលទៅកាន់ព្រៃធំដ៏ស្ងាត់ មិនមានសំឡេង មិនវឹកវរ ខ្ញុំថ្វាយសីហាសនៈដល់ព្រះសម្ពុទ្ធ ព្រះនាមអត្ថទស្សី ទ្រង់មិនញាប់ញ័រដោយលោកធម៌។ ខ្ញុំកាន់យកផ្កាមួយក្ដាប់ ធ្វើប្រទក្សិណព្រះអង្គ ហើយចូលទៅអង្គុយជិតព្រះសាស្តា រួចដើរចេញទៅ បែរមុខឆ្ពោះកាន់ឧត្តរទិស។ បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ទ្រង់ជាច្បងក្នុងលោក ទ្រង់ប្រសើរជាងនរៈ ខ្ញុំធ្វើខ្លួនឲ្យរលត់ ឥតមានសេសសល់ ភពទាំងអស់ ខ្ញុំគាស់រំលើងហើយ ដោយសារកម្មនោះ។ ក្នុងកប្បទី ១.៨០០ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានឲ្យទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសីហាសនៈ។ ក្នុងកប្ប ទី ៧០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពតិ្ត ព្រះនាមសន្និព្វាបកៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិរមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះអាសនុបដ្ឋាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អាសនុបដ្ឋាយកត្ថេរាបទាន។

ពិឡាលិទាយកត្ថេរាបទាន ទី៩

(៩. ពិឡាលិទាយកត្ថេរអបទានំ)

[៩] ខ្ញុំនៅជិតព្រៃហិមពាន្ត អង្គុយលើកម្រាលស្លឹកឈើ ក្នុងកាលនោះ ខ្ញុំមានសេចក្ដីជាប់ចំពាក់ក្នុងគ្រឿងទទួលទាន ដូចបុរសល្មោភដេក។ ខ្ញុំកំពុងជីកមើមដំឡូងជ្វា និងដំឡូងវល្លិផង ដំឡូងដៃខ្លា និងដំឡូងជ្រូកផង ខ្ញុំនាំមកនូវផ្លែពុទ្រា ផ្លែក្រខុប និងផ្លែព្នៅ ដែលខ្ញុំតាក់តែងហើយ។ ព្រះលោកវិទូ ទ្រង់ព្រះនាមបទុមុត្តរៈ គួរទទួលគ្រឿងបូជា ទ្រង់ជ្រាបនូវតម្រិះរបស់ខ្ញុំ ទើបនិមន្តមកកាន់សំណាក់ខ្ញុំ។ ខ្ញុំបានឃើញនូវព្រះមហានាគ ជាទេវតាប្រសើរជាងទេវតា ជានរាសភៈ ទ្រង់ចូលមកជិត ខ្ញុំក៏យកដំឡូងដៃខ្លា ដាក់ចុះក្នុងបាត្រ។ ក្នុងកាលនោះ ព្រះសម្ពុទ្ធ ជាមហាវីរៈ ទ្រង់ញុំាងខ្ញុំឲ្យត្រេកអរហើយ ទ្រង់សោយ លុះព្រះសព្វញ្ញូសោយរួចហើយ ទើបសម្តែងគាថានេះថា អ្នកចូរញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយថ្វាយដំឡូងដៃខ្លាដល់តថាគត អ្នកនឹងមិនទៅកាន់ទុគ្គតិ អស់ ១ សែនកប្ប។ ភពជាទីបំផុតរបស់ខ្ញុំកំពុងប្រព្រឹត្តទៅ ភពទាំងអស់ ខ្ញុំបានគាស់រំលើងហើយ ខ្ញុំទ្រទ្រង់រាងកាយជាទីបំផុត ក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ។ ក្នុងកប្បទី ៥៤ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពតិ្តឈ្មោះសុមេខលិរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះពិឡាលិទាយកត្ថេរមានអាយុ បានសម្ដែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ពិឡាលិទាយកត្ថេរាបទាន។

រេណុបូជកត្ថេរាបទាន ទី១០

(១០. រេណុបូជកត្ថេរអបទានំ)

[១០] ព្រះសម្ពុទ្ធ មានវណ្ណៈដូចមាស ទ្រង់ដូចព្រះអាទិត្យមានរស្មីច្រើន ញុំាងទិសទាំងពួងឲ្យភ្លឺស្វាង ឬដូចព្រះចន្ទពេញវង់ ទ្រង់មានពួកសាវ័កចោមរោម ដូចផែនដីមានសមុទ្រ (ព័ទ្ធជុំវិញ) ខ្ញុំយកលំអងផ្កាខ្ទឹងទាំងឡាយ បូជាចំពោះព្រះវិបស្សី។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាលំអងផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៤៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពតិ្ត ១ អង្គ ទ្រង់ព្រះនាមរេណុរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះរេណុបូជកត្ថេរមានអាយុ បានសម្ដែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់រេណុបូជកត្ថេរាបទាន។

ឧទ្ទាន

ភិក្ខទាយកត្ថេរាបទាន ១ ញាណសញ្ញិកត្ថេរាបទាន ១ ឧប្បលហត្ថិយត្ថេរាបទាន ១ បទបូជកត្ថេរាបទាន ១ មុដ្ឋិបុប្ផិយត្ថេរាបទាន ១ ឧទកបូជកត្ថេរាបទាន ១ នឡមាលិយត្ថេរាបទាន ១ អាសនុបដ្ឋាយកត្ថេរាបទាន ១ ពិឡាលិទាយកត្ថេរាបទាន ១ រេណុបូជកត្ថេរាបទាន ១ មានគាថា ៦៦។

ចប់ភិក្ខទាយិវគ្គ ទី១១។

មហាបរិវារវគ្គ ទី១២

(១២. មហាបរិវារវគ្គោ)

មហាបរិវារត្ថេរាបទាន ទី១

(១. មហាបរិវារកត្ថេរអបទានំ)

[១១] ក្នុងកាលនោះ ព្រះមានព្រះភាគ ព្រះនាមវិបស្សី ជាច្បងក្នុងលោក ជានរាសភៈ ស្តេចចូលទៅឯក្រុងពន្ធុមៈជាមួយនឹងពួកភិក្ខុ ៦៨,០០០ អង្គ។ ខ្ញុំចេញទៅអំពីទីក្រុង ដើរសំដៅទៅកាន់ទីបចេតិយ បានឃើញព្រះសម្ពុទ្ធ មានធូលី គឺរាគៈទៅប្រាសហើយ ទ្រង់គួរទទួលនូវគ្រឿងបូជា។ ពួកយក្ខ ៨៤,០០០ រូប តែងបម្រើខ្ញុំដោយគោរព ដូចពួកទេវតាបម្រើព្រះឥន្រ្ទ។ គ្រានោះ ខ្ញុំដើរចេញអំពីលំនៅ កាន់យកសំពត់ រួចថ្វាយបង្គំដោយសិរសា ហើយថ្វាយសំពត់នោះ ដល់ព្រះមហេសីសម្ពុទ្ធ (ដោយសេចក្តីជ្រះថ្លាថា) ឱព្រះពុទ្ធទាំងឡាយ ឱព្រះធម៌ទាំងឡាយ ឱសម្បទារបស់ព្រះសាស្តានៃយើង ផែនដីនេះញាប់ញ័រ ដោយអានុភាពរបស់ព្រះពុទ្ធ។ ខ្ញុំឃើញនូវហេតុដ៏អស្ចារ្យចំឡែក គួរព្រឺរោមនោះ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធ ជាធំជាងសត្វជើងពីរ ទ្រង់មិនញាប់ញ័រដោយលោកធម៌។ លុះខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លាហើយ ក៏ថ្វាយសំពត់ដល់ព្រះសាស្តា ខ្ញុំព្រមទាំងអាមាត្យ និងជនជាបរិស័ទ ក៏បានដល់នូវព្រះពុទ្ធជាទីពឹង។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១៦ ជាតិ ទ្រង់ព្រះនាមវាហនៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះមហាបរិវារត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មហាបរិវារត្ថេរាបទាន។

សុមង្គលត្ថេរាបទាន ទី២

(២. សុមង្គលត្ថេរអបទានំ)

[១២] ព្រះជិនស្រីដ៏ប្រសើរ ព្រះនាមអត្ថទស្សី ជាច្បងក្នុងលោក ជានរាសភៈ ស្តេចចេញអំពីវិហារ ចូលសំដៅទៅកាន់ស្រះ។ លុះព្រះសម្ពុទ្ធ ទ្រង់ស្រង់ និងសោយរួចហើយ ទ្រង់មានតែចីវរមួយ ស្តេចយាងឡើងមក ព្រះមានព្រះភាគទ្រង់ឈរក្រឡេកមើលទិសធំទិសតូច ក្នុងទីនោះ។ ខ្ញុំចូលទៅក្នុងលំនៅ បានឃើញព្រះលោកនាយក កាលនោះខ្ញុំជាអ្នករីករាយ ក៏ទះដៃដោយចិត្តរីករាយ។ ទើបខ្ញុំប្រកបក្នុងការរាំច្រៀង និងប្រគំតូរ្យតន្រ្ដីប្រកបដោយអង្គ ៥ (ថ្វាយ) ចំពោះព្រះសម្ពុទ្ធ ទ្រង់រុងរឿងដូចព្រះអាទិត្យ ភ្លឺច្រាលដូចមាស ខ្ញុំទៅកើតក្នុងកំណើតណាៗ ទោះបីជាទេវតា ឬជាមនុស្ស ខ្ញុំតែងគ្របសង្កត់នូវសត្វទាំងពួងបាន ខ្ញុំរមែងមានយសដ៏ធំ។ បពិត្រព្រះអង្គ ជាបុរសអាជានេយ្យ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះអង្គជាបុរសដ៏ខ្ពង់ខ្ពស់ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះមុនី ព្រះអង្គទ្រង់ធ្វើព្រះអង្គឲ្យត្រេកអរ ហើយធ្វើអ្នកដទៃឲ្យត្រេកអរផង។ ខ្ញុំអង្គុយកំណត់ធ្វើនូវសេចក្ដីរីករាយ ជាអ្នកមានវត្តល្អ បម្រើនូវព្រះសម្ពុទ្ធ ហើយបានទៅកើតក្នុងតុសិត។ ក្នុងកប្បទី ១.៦០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពតិ្ត ១៨ ជាតិ ព្រះនាមឯកចិន្តិតៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះសុមង្គលត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សុមង្គលត្ថេរាបទាន។

សរណគមនិយត្ថេរាបទាន ទី៣

(៣. សរណគមនិយត្ថេរអបទានំ)

[១៣] សង្រ្គាមរបស់ពួកទេវរាជទាំងពីរព្រះអង្គ តាំងផ្ដើមឡើង មានកងទ័ពតាំងឡើងព្រម សំឡេងគឹកកងខ្លាំងប្រព្រឹត្តទៅ។ ព្រះលោកវិទូ ព្រះនាមបទុមុត្តរៈ ព្រះអង្គគួរទទួលនូវគ្រឿងបូជា ជាព្រះសាស្ដា ទ្រង់ឋិតនៅនាអាកាស ហើយញុំាងមហាជនឲ្យកើតសង្វេគ ទេវតាទាំងអស់ មានចិត្តរីករាយ ក៏ទម្លាក់អាវក្រោះ និងអាវុធចុះ ហើយថ្វាយបង្គំព្រះសម្ពុទ្ធ ជាពួកទេព មានចិត្តមូលតែមួយក្នុងវេលានោះ។ ព្រះលោកវិទូទ្រង់អនុគ្រោះ ទ្រង់ជ្រាបនូវតម្រិះរបស់ខ្ញុំ ហើយទ្រង់បន្លឺឡើងនូវវាចាដ៏អង់អាច ទ្រង់ញុំាងមហាជនឲ្យរលត់ទុក្ខ (ដោយព្រះពុទ្ធដីកាថា) មនុស្សមានចិត្តប្រទូស្ត បៀតបៀនតែសត្វមួយ នឹងទៅកើតក្នុងអបាយដោយចិត្តប្រទូស្តនោះ។ អ្នកទាំងឡាយ គួរញុំាងចិត្តរបស់ខ្លួនឲ្យរលត់ អ្នកទាំងឡាយកុំបៀតបៀនសត្វរឿយៗ ឡើយ ដូចជាដំរីដ៏ប្រសើរដែលបៀតបៀនសត្វច្រើន ក្នុងប្រធាននៃសង្រ្គាមនោះឡើយ។ ឯពួកសេនារបស់ស្ដេចនៃទេវតាទាំងសងខាងបានស្ងប់ ហើយបានដល់នូវព្រះលោកជេដ្ឋៈ ជាតាទិបុគ្គលដ៏ប្រសើរជាទីពឹង។ ព្រះចក្ខុមសម្ពុទ្ធ ទ្រង់ធ្វើប្រជុំជនឲ្យយល់ច្បាស់ ទ្រង់ស្រោចស្រង់ប្រជុំជន ហើយទ្រង់ក្រឡេកមើល បែរព្រះភក្រ្ដទៅកាន់ឧត្ដរទិស ចៀសចេញទៅចាកពួកទេវតា។ ខ្ញុំបានដល់នូវសរណគមន៍ជាដំបូង ចំពោះព្រះពុទ្ធជាធំជាងពួកសត្វជើងពីរ ជាតាទិបុគ្គល ខ្ញុំមិនដែលទៅកាន់ទុគ្គតិអស់ ១ សែនកប្ប។ ក្នុងកប្បទី ៣០.០០០ ខ្ញុំបានកើតជាស្ដេចចក្រពតិ្ត ១៦ ជាតិ ទ្រង់ព្រះនាមមហាចុន្ទភិដូចគ្នា ទ្រង់ប្រសើរក្នុងរថ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះសរណគមនិយត្ថេរមានអាយុ បានសម្ដែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សរណគមនិយត្ថេរាបទាន។

ឯកាសនិយត្ថេរាបទាន ទី៤

(៤. ឯកាសនិយត្ថេរអបទានំ)

[១៤] គ្រានោះ ខ្ញុំកើតជាទេវរាជឈ្មោះវរុណៈ មានយានពលវាហនៈ បានចូលទៅបម្រើព្រះសម្ពុទ្ធ កាលព្រះអត្ថទស្សីឧត្តមជាងសត្វជើងពីរ ជាលោកនាថ ទ្រង់បរិនិព្វានហើយ ខ្ញុំនាំយកតូរ្យតន្រ្តីទាំងពួង ទៅកាន់ពោធិព្រឹក្សដ៏ប្រសើរ។ ខ្ញុំប្រមូលគ្រឿងដេញដំទាំងអស់ ចូលទៅបម្រើដើមពោធិព្រឹក្សដ៏ប្រសើរ ដោយការប្រគំ និងការរាំ ដូចជាបម្រើព្រះសម្ពុទ្ធ ក្នុងទីចំពោះព្រះភក្រ្ត។ ខ្ញុំបម្រើដើមពោធិព្រឹក្សក្នុងទីនោះ ជាឈើដុះលើផែនដី ខ្ញុំអង្គុយផ្គត់ភ្នែន ធ្វើកាលកិរិយាក្នុងទីនោះ។ ខ្ញុំប្រារព្ធនូវអំពើរបស់ខ្លួន មានចិត្តជ្រះថ្លាចំពោះពោធិព្រឹក្សដ៏ប្រសើរ ក៏បានទៅកើតក្នុងឋាននិម្មានរតី ដោយចិត្តជ្រះថ្លានោះ។ តូរ្យតន្រ្តី ៦ ម៉ឺន តែងហែហមខ្ញុំសព្វៗ កាល ដែលកំពុងប្រព្រឹត្តទៅ ក្នុងពួកមនុស្ស និងទេវតា ក្នុងភពតូច និងភពធំ។ ភ្លើង ៣ ប្រការរបស់ខ្ញុំរលត់ហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំទ្រទ្រង់រាងកាយជាទីបំផុត ក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ។ ក្នុងកប្បទី ៥០០ អំពីកប្បនេះ ខ្ញុំបានកើតជាក្សត្រ ៣៤ ជាតិ មានព្រះនាម សុពាហុដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះឯកាសនិយត្ថេរមានអាយុ បានសម្ដែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឯកាសនិយត្ថេរាបទាន។

សុវណ្ណបុប្ផិយត្ថេរាបទាន ទី៥

(៥. សុវណ្ណបុប្ផិយត្ថេរអបទានំ)

[១៥] ព្រះមានព្រះភាគ ព្រះនាមវិបស្សី ជាច្បងក្នុងលោក ជានរាសភៈ ទ្រង់គង់សម្ដែងអមតបទ ដល់ពួកជន។ ខ្ញុំស្ដាប់ធម៌របស់ព្រះមានព្រះភាគអង្គនោះ ទ្រង់ជាធំជាងសត្វជើងពីរ ជាតាទិបុគ្គល ហើយបានថ្វាយផ្កា ជាវិការៈនៃមាស ៤ ទង ចំពោះព្រះសម្ពុទ្ធ។ ក្នុងកាលនោះ បរិស័ទមានចំនួនត្រឹមណា ដំបូលជាវិការៈនៃមាស ក៏មានចំនួនត្រឹមនោះ ពន្លឺដ៏ធំទូលាយក៏កើតប្រាកដឡើង ព្រោះរស្មីព្រះពុទ្ធ និងរស្មីមាស។ ខ្ញុំមានចិត្តខ្ពស់ឯក មានចិត្តរីករាយ មានសេចក្ដីត្រេកអរកើតឡើង ខ្ញុំធ្វើអញ្ជលី ញុំាងបីតិឲ្យកើតឡើងចំពោះពន្លឺទាំងនោះ នាំមកនូវសេចក្ដីសុខក្នុងបច្ចុប្បន្ន ទើបថ្វាយបង្គំអារាធនាព្រះសម្ពុទ្ធទ្រង់មានវត្តមានល្អ ញុំាងប្រាមោទ្យឲ្យកើត ហើយចូលទៅកាន់លំនៅរបស់ខ្លួន។ លុះខ្ញុំចូលទៅកាន់លំនៅហើយ ក៏រឭកនូវព្រះពុទ្ធដ៏ប្រសើរ ខ្ញុំក៏បានទៅកើតក្នុងឋានតុសិត ដោយសេចក្តីជ្រះថ្លានោះឯង។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៤៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេច ១៦ ជាតិ ព្រះនាមនេមិសម្មតៈដូចគ្នា ជាស្តេចចក្រពត្តិ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសុវណ្ណបុប្ផិយត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សុវណ្ណបុប្ផិយត្ថេរាបទាន។

ចិតកបូជកត្ថេរាបទាន ទី៦

(៦. ចិតកបូជកត្ថេរអបទានំ)

[១៦] ខ្ញុំ និងអាមាត្យព្រមទាំងជនជាបរិស័ទ នៅក្បែររាជាយតនៈ (ដើមកែស) កាលព្រះមានព្រះភាគ ទ្រង់បរិនិព្វាន ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ដើរទៅកាន់ជើងថ្កររបស់ព្រះសិខី ជាលោកពន្ធុ ខ្ញុំប្រគំតូរ្យតន្រ្តី ហើយបានរោយរាយគ្រឿងក្រអូប និងផ្កាកម្រងក្នុងទីនោះ។ ខ្ញុំបូជាជើងថ្កររួចហើយ ថ្វាយបង្គំជើងថ្ករ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ទើបចូលទៅកាន់លំនៅរបស់ខ្លួន។ លុះចូលទៅក្នុងលំនៅហើយ ក៏រឭកនូវការបូជាជើងថ្ករ បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ជាច្បងក្នុងលោក ជានរាសភៈ ខ្ញុំសោយសម្បត្តិក្នុងទេវលោក និងមនុស្សលោក លះបង់នូវការឈ្នះ និងការចាញ់ ហើយបានដល់នូវអចលដ្ឋាន ដោយកុសលកម្មនោះ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាជើងថ្ករ។ ក្នុងកប្បទី ២៩ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១៦ ជាតិ ព្រះនាមឧគ្គតរាជដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះចិតកបូជត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ចិតកបូជកត្ថេរាបទាន។

ពុទ្ធសញ្ញកត្ថេរាបទាន ទី៧

(៧. ពុទ្ធសញ្ញកត្ថេរអបទានំ)

[១៧] ព្រះវិបស្សីសម្ពុទ្ធ ជាកំពូលក្នុងលោក ទ្រង់ដាក់អាយុសង្ខារក្នុងកាលណា ផែនដី និងសមុទ្រក៏កម្រើកញាប់ញ័រក្នុងកាលនោះ។ សូម្បីលំនៅរបស់ខ្ញុំដ៏វិចិត្រស្អាតទូលាយ ប្រាកដដូចធ្លាក់ចុះ ឃ្លាតចេញ កម្រើកញាប់ញ័រ ក្នុងកាលជាទីអស់ទៅនៃព្រះជន្មាយុរបស់ព្រះពុទ្ធ។ កាលដែលលំនៅនៃខ្ញុំញាប់ញ័រហើយ ខ្ញុំក៏មានសេចក្តីតក់ស្លុតកើតឡើងថា ពន្លឺដ៏ធំ បានកើតឡើងហើយ ដើម្បីអ្វីហ្ន៎ ឬក៏ព្រះបាទវេស្សវ័ណស្តេចមកក្នុងទីនេះ ញ៉ាំងមហាជនឲ្យរលត់ទុក្ខ ឱមែន ភ័យដែលកើតដល់ជីវិត មិនមានទេ ខ្លួនអ្នកឯងត្រូវតែមានសេចក្តីគោរព ត្រូវមានចិត្តនឹងតែមួយ ឱព្រះពុទ្ធ ឱព្រះធម៌ ឱសម្បទារបស់ព្រះសាស្តានៃយើង ព្រោះកាលដែលព្រះអង្គត្រាស់ឡើង (ក្នុងលោក) មហាប្រឹថពី ក៏កម្រើកញាប់ញ័រដែរ។ ខ្ញុំសរសើរនូវពុទ្ធានុភាព (យ៉ាងនេះ) ក៏បានរីករាយក្នុងស្ថានសួគ៌ អស់មួយកប្ប ថែមទាំងខ្ញុំធ្វើកុសលកម្ម ក្នុងកប្បដ៏សេសទាំងឡាយ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាននូវសេចក្តីសម្គាល់ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសេចក្តីសម្គាល់ក្នុងព្រះពុទ្ធ។ ក្នុងកប្បទី ១៤ អំពីកប្បនេះ ខ្ញុំបានកើតជាសេ្តចចក្រពត្តិ មានព្រះនាមសមិតរាជ ទ្រង់មានព្យាយាម មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះពុទ្ធសញ្ញកត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ពុទ្ធសញ្ញកត្ថេរាបទាន។

មគ្គសញ្ញកត្ថេរាបទាន ទី៨

(៨. មគ្គសញ្ញកត្ថេរអបទានំ)

[១៨] ពួកសាវ័ករបស់ព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ជាអ្នកត្រាច់ទៅក្នុងព្រៃ វង្វេងគ្នាក្នុងព្រៃធំ ដូចជាមនុស្សខ្វាក់។ ពួកសាវ័កទាំងនោះ ជាបុត្តរបស់ព្រះមុនីនោះ វង្វេងគ្នាក្នុងព្រៃធំ ក៏រឭកនូវព្រះសម្ពុទ្ធបទុមុត្តរៈជានាយក។ ខ្ញុំក៏ចុះចាកលំនៅ ដើរមកក្នុងសម្នាក់របស់ភិក្ខុ ហើយប្រាប់ផ្លូវផង ប្រគេនភោជនផង ដល់សាវ័កទាំងនោះ។ បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ទ្រង់ជាច្បងក្នុងលោក ជានរាសភៈ ខ្ញុំមានអាយុ ៧ ឆ្នាំអំពីកំណើត ក៏បានដល់នូវអរហត្ត ដោយកុសលកម្មនោះ។ ក្នុងកប្បទី ៥០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១២ ជាតិ ព្រះនាមសចក្ខុរាជដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះមគ្គសញ្ញកត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មគ្គសញ្ញកត្ថេរាបទាន។

បច្ចុបដ្ឋានសញ្ញកត្ថេរាបទាន ទី៩

(៩. បច្ចុបដ្ឋានសញ្ញកត្ថេរអបទានំ)

[១៩] កាលព្រះសុគត ព្រះនាមអត្ថទស្សី ទ្រង់បរិនិព្វាន ខ្ញុំបានទៅកើតក្នុងកំណើតយក្ខ ក្នុងលំដាប់ស្មើគ្នា កាលនោះ ខ្ញុំបានដល់នូវយស។ ខ្ញុំគិតថា អត្តភាពជាមនុស្ស អាត្មាអញបានមិនល្អ ភ្លឺស្វាងមិនល្អ តាំងឡើងមិនល្អ ព្រោះថា កាលដែលភោគៈរបស់អាត្មាអញនៅមាន ព្រះសម្ពុទ្ធមានចក្ខុទ្រង់បរិនិព្វាន។ សាវ័កឈ្មោះសាគរៈ ជ្រាបច្បាស់នូវតម្រិះរបស់ខ្ញុំ លោកប្រាថ្នានឹងស្រង់ខ្ញុំ ទើបនិមន្តមកក្នុងសំណាក់ខ្ញុំ (ហើយពោលថា) នែបុរសអ្នកមានប្រាជ្ញាល្អ អ្នកយំសោកពីរឿងអ្វី អ្នកកុំខ្លាចឡើយ ចូរប្រព្រឹត្តធម៌ចុះ ការបរិបូណ៌ដោយពូជ គឺកុសល របស់សត្វទាំងអស់ ព្រះពុទ្ធជាម្ចាស់បានប្រគល់ឲ្យហើយ។ បុគ្គលណាបូជាព្រះសម្ពុទ្ធជាលោកនាយក ដែលទ្រង់គង់ព្រះជន្មនៅក្តី បូជាព្រះសារីរិកធាតុ ប្រមាណប៉ុនគ្រាប់ស្ពៃ របស់ព្រះសម្ពុទ្ធដែលបរិនិព្វានហើយក្តី កាលបើចិត្តមានសេចក្តីជ្រះថ្លាស្មើ បុណ្យជាមហគ្គតកុសលស្មើគ្នា (គង់ចម្រើនដល់បុគ្គលនោះ) ហេតុនោះ អ្នកចូរធ្វើព្រះស្តូប បញ្ចុះព្រះសារីរិកធាតុរបស់ព្រះជិនស្រីចុះ។ ខ្ញុំបានស្តាប់វាចាព្រះសាគរត្ថេរហើយ ខ្ញុំកសាងនូវពុទ្ធស្តូប ថែទាំព្រះស្តូបដ៏ប្រសើរ របស់ព្រះមុនី អស់ ៥ ឆ្នាំ។ បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ជាច្បងក្នុងលោក ជានរាសភៈ ខ្ញុំសោយសម្បត្តិ បានដល់នូវអរហត្ត ដោយកុសលកម្មនោះ។ ក្នុងកប្បទី ៧០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៤ ជាតិ ទ្រង់មានប្រាជ្ញាក្រាស់ដូចផែនដី បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបច្ចុបដ្ឋានសញ្ញកត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បច្ចុបដ្ឋានសញ្ញកត្ថេរាបទាន។

ជាតិបូជកត្ថេរាបទាន ទី១០

(១០. ជាតិបូជកត្ថេរអបទានំ)

[២០] កាលព្រះវិបស្សីទ្រង់ប្រសូត ពន្លឺដ៏ធំក៏កើតឡើង ទាំងផែនដី សមុទ្រ និងភ្នំ ក៏ញាប់ញ័រ។ ពួកជនអ្នកទាយនិមិត្ត (ហោរ) បានទាយថា ព្រះសម្ពុទ្ធនឹងកើតឡើងក្នុងលោក ទ្រង់ជាកំពូលសព្វសត្វ នឹងស្រង់ឡើងនូវប្រជុំជន។ ខ្ញុំបានឮទំនាយពួកហោរហើយ ក៏ធ្វើនូវជាតិបូជា (បូជាក្នុងថ្ងៃប្រសូត) ជាតិបូជានេះ ឥតមានបូជាណាប្រហែលឡើយ។ ខ្ញុំប្រមូលកុសល ធ្វើចិត្តរបស់ខ្លួនឲ្យជ្រះថ្លា លុះខ្ញុំធ្វើជាតិបូជាហើយ ក៏ធ្វើកាលកិរិយាក្នុងទីនោះ។ ខ្ញុំចូលទៅកើតក្នុងកំណើតណាៗ ទោះបីជាទេវតា ឬជាមនុស្ស តែងកន្លងលើសពួកសត្វទាំងអស់ នេះជាផលនៃជាតិបូជា។ ពួកស្រីមេនំតែងបម្រើខ្ញុំ ទាំងជនដ៏សេស ក៏លុះអំណាចចិត្តរបស់ខ្ញុំ ជនទាំងនោះមិនអាចនឹងធ្វើខ្ញុំឲ្យក្រោធឡើយ នេះជាផលនៃជាតិបូជា។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើបូជា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃជាតិបូជា។ ក្នុងកប្បទី ៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៣៤ ជាតិ ព្រះនាមសុបារិចរិយៈដូចគ្នា ទ្រង់ជាធំជាងជន មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះជាតិបូជកត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ជាតិបូជកត្ថេរាបទាន។

ឧទ្ទាន

មហាបរិវារត្ថេរាបទាន ១ សុមង្គលត្ថេរាបទាន ១ សរណគមនិយត្ថេរាបទាន ១ ឯកាសនិយត្ថេរាបទាន ១ សុវណ្ណបុប្ផិយត្ថេរាបទាន ១ ចិតកបូជកត្ថេរាបទាន ១ ពុទ្ធសញ្ញកត្ថេរាបទាន ១ មគ្គសញ្ញកត្ថេរាបទាន ១ បច្ចុបដ្ឋានសញ្ញកត្ថេរាបទាន ១ ជាតិបូជកត្ថេរាបទាន ១ ឯគាថា ៩០ គត់ ពួកអ្នកប្រាជ្ញបានរាប់ជាក់ច្បាស់ហើយ។

ចប់ មហាបរិវារវគ្គ ទី២។

សេរេយ្យវគ្គ ទី១៣

(១៣. សេរេយ្យវគ្គោ)

សេរេយ្យកត្ថេរាបទាន ទី១

(១. សេរេយ្យកត្ថេរអបទានំ)

[២១] ខ្ញុំជាអ្នកស្វាធ្យាយមន្ត អ្នកចងចាំមន្ត អ្នកដល់នូវត្រើយនៃវេទទាំង ៣ កំពុងឈរនៅក្នុងទីវាល បានឃើញព្រះលោកនាយក ទ្រង់ស្វែងរកនូវគុណដ៏ធំ ដូចជារាជសីហ៍ ត្រាច់ទៅក្នុងព្រៃ ឬដូចស្ដេចខ្លាដែលមិនតក់ស្លុត ឬក៏ដូចដំរីឈ្មោះមាតង្គៈ ដែលកំពុងចុះប្រេង ៣ កន្លែង។ ខ្ញុំកាន់យកផ្កាសេរមាន់ បោះឡើងនាអាកាស ផ្កាទាំងនោះ ក៏ព័ទ្ធព័ន្ធជុំវិញ ដោយអនុភាពព្រះពុទ្ធ។ ព្រះសព្វញ្ញូជាលោកនាយក មានព្យាយាមធំ ទ្រង់អធិដ្ឋានថា ផ្កាទាំងឡាយចូររោយរាយ ជារបាំងផ្កាជុំវិញតថាគត ដ៏ប្រសើរជាងនរៈ។ លំដាប់នោះ សំណុំផ្កានោះ មានទងចូលក្នុង មានមុខចេញក្រៅ ធ្វើជារបាំងប្រក់អស់ ៧ ថ្ងៃ តពីនោះមកក៏បាត់អស់ទៅ។ លុះខ្ញុំបានឃើញហេតុជាអស្ចារ្យចម្លែក គួរព្រឺរោមនោះ បានញុំាងចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធ ជាព្រះសុគត លោកនាយក។ ខ្ញុំត្រូវកុសលមូលដាស់តឿន មិនដែលទៅកើតក្នុងទុគ្គតិ អស់មួយសែនកប្ប ដោយចិត្តជ្រះថ្លានោះ។ ក្នុងកប្បទី ១៥.០២៥ ខ្ញុំបានកើតជាស្ដេចចក្រពតិ្តច្រើនជាតិ ព្រះនាមវិលាមាលៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះសេរេយ្យកត្ថេរមានអាយុ បានសម្ដែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សេរេយ្យកត្ថេរាបទាន។

បុប្ផថូបិយត្ថេរាបទាន ទី២

(២. បុប្ផថូបិយត្ថេរអបទានំ)

[២២] មានភ្នំមួយឈ្មោះកុក្កុរៈ នៅជិតព្រៃហិមពាន្ត ព្រាហ្មណ៍អ្នកដល់នូវត្រើយនៃមន្ត (គឺខ្ញុំនេះឯង) តែងអាស្រ័យនៅចំកណ្ដាលភ្នំនោះ។ មានសិស្ស ៥.០០០ នាក់ ចោមរោមខ្ញុំសព្វៗ កាល សិស្សទាំងនោះ ក្រោកឡើងមុនផង ជាអ្នកក្លៀវក្លា ក្នុងមន្តទាំងឡាយផង (ប្រឹក្សាគ្នាថា) ព្រះសម្ពុទ្ធត្រាស់ហើយក្នុងលោក អ្នកទាំងឡាយចូរដឹងច្បាស់នូវព្រះសម្ពុទ្ធនោះ ថាជាបុគ្គលប្រសើររបស់យើងទាំងឡាយ ព្រះសម្ពុទ្ធនោះ ទ្រង់មានព្យញ្ជនៈ ៨០ មានលក្ខណៈដ៏ប្រសើរ ៣២ ព្រះជិនស្រីដ៏ប្រសើរ មានរស្មីមួយព្យាម តែងរុងរឿងដូចព្រះអាទិត្យ។ ព្រាហ្មណ៍អ្នកដល់នូវត្រើយនៃមន្ត គឺខ្ញុំនេះឯង លុះឮពាក្យរបស់សិស្សហើយ ក៏ចេញអំពីអាស្រម សួររកទិសថា ព្រះលោកនាយក មានព្យាយាមធំ ស្តេចគង់នៅក្នុងប្រទេសណា។ លុះខ្ញុំបានឃើញព្រះជិនស្រីអង្គនោះ មិនមានបុគ្គលប្រៀបផ្ទឹមហើយ ក៏បាននមស្ការ ខ្ញុំមានចិត្តអណ្ដែតឡើង មានចិត្តរីករាយ បូជាចំពោះព្រះតថាគតនោះ។ ខ្ញុំបបួលសិស្សថា នែសិស្សទាំងឡាយ អ្នកចូរមក ពួកយើងនឹងទៅគាល់ព្រះតថាគត យើងនឹងថ្វាយបង្គំព្រះបាទទាំងគូររបស់ព្រះសាស្តា ហើយស្ដាប់នូវពាក្យប្រៀនប្រដៅ របស់ព្រះជិនស្រី។ ខ្ញុំតែម្នាក់ឯងចេញទៅ ខ្ញុំមានជំងឺ ត្រូវជំងឺបៀតបៀន ក៏ដើរទៅប្រុងនឹងដេកក្រោមដើមឈើ។ ខ្ញុំប្រជុំពួកសិស្សទាំងអស់ ហើយបានសួរអំពីព្រះតថាគត និងសិស្សទាំងនោះថា គុណរបស់ព្រះលោកនាថ ទ្រង់មានប្រាជ្ញាដ៏ក្រៃលែង តើដូចម្ដេច។ ពួកសិស្សទាំងនោះ ដែលខ្ញុំសួរហើយ ក៏ព្យាករសម្ដែងអំពីព្រះពុទ្ធដ៏ប្រសើរនោះ ដោយគោរពចំពោះមុខខ្ញុំ តាមដែលគេបានឃើញ។ លុះខ្ញុំបានស្ដាប់ពាក្យរបស់ពួកសិស្សទាំងនោះហើយ ក៏ញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា បានសាងព្រះស្តូបដោយផ្កាទាំងឡាយ ហើយក៏ធ្វើកាលកិរិយាក្នុងទីនោះ។ ពួកសិស្សទាំងនោះ ដុតសរីរៈរបស់ខ្ញុំរួចហើយ នាំគ្នាទៅក្នុងសំណាក់របស់ព្រះសម្ពុទ្ធ ផ្គងអញ្ជលីថ្វាយបង្គំព្រះសាស្តា។ ខ្ញុំកសាងព្រះស្តូបដោយផ្កាទាំងឡាយ ថ្វាយព្រះសុគតមហេសី ខ្ញុំមិនដែលទៅកាន់ទុគ្គតិអស់មួយសែនកប្ប ដោយកុសលនេះ។ ក្នុងកប្បទី ៤០.០០០ ខ្ញុំបានកើតជាក្សត្រ ១៦ ជាតិ ព្រះនាមអគ្គិសមៈដូចគ្នា ដោយព្រះនាម ជាស្ដេចចក្រពតិ្ត ទ្រង់មានកម្លាំងច្រើន។ ក្នុងកប្បទី ២០.០០០ ខ្ញុំបានកើតជាស្ដេចចក្រពតិ្ត ៣៨ ជាតិ ជាម្ចាស់ផែនដី ព្រះនាមឃដាសនសមៈដូចគ្នា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះបុប្ផថូបិយត្ថេរមានអាយុ បានសម្ដែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បុប្ផថូបិយត្ថេរាបទាន។

បាយាសទាយកត្ថេរាបទាប ទី៣

(៣. បាយសទាយកត្ថេរអបទានំ)

[២៣] ព្រះសម្ពុទ្ធមានវណ្ណៈដូចមាស មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ មានភិក្ខុសង្ឃចោមរោម ទ្រង់ចេញអំពីព្រៃធំ ខ្ញុំដួសបាយាសដាក់ក្នុងភាជន៍សម្រឹទ្ធិ៍ ដោយដៃរបស់ខ្លួន ខ្ញុំប្រាថ្នានឹងបូជានូវគ្រឿងបូជា ក៏ដើរសំដៅទៅកាន់ទីបូជា។ ក្នុងសម័យនោះ ព្រះមានព្រះភាគ ជាច្បងក្នុងលោក ជានរាសភៈ ទ្រង់ឡើងកាន់ទីចង្រ្កម ឰដ៏អាកាស ជាផ្លូវខ្យល់។ ខ្ញុំឃើញហេតុដ៏អស្ចារ្យចម្លែក គួរព្រឺរោមនោះ ក៏ដាក់ចុះនូវភាជន៍សម្រឹទ្ធិ៍ ថ្វាយបង្គំព្រះវិបស្សី (អារាធនាថា) បពិត្រព្រះមហាមុនី ព្រះអង្គជាសព្វញ្ញុពុទ្ធ ក្នុងមនុស្សលោក និងទេវតាលោក សូមព្រះអង្គអាស្រ័យសេចក្តីអនុគ្រោះ ទទួលយក។ ព្រះមានព្រះភាគ ជាសព្វញ្ញូលោកនាយក ជាសាស្តាដ៏ប្រសើរក្នុងលោក ទ្រង់ជ្រាបតម្រិះរបស់ខ្ញុំ ហើយទ្រង់ទទួលយក។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបាយាស។ ក្នុងកប្បទី ៤១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១ ជាតិ ព្រះនាមពុទ្ធរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបាយាសទាយកត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បាយាសទាយកត្ថេរាបទាន។

គន្ធោទកិយត្ថេរាបទាន ទី៤

(៤. គន្ធោទកិយត្ថេរអបទានំ)

[២៤] ខ្ញុំអង្គុយក្នុងប្រាសាទដ៏ប្រសើរ បានឃើញព្រះជិនស្រីព្រះនាមវិបស្សី ជាសព្វញ្ញូនាយកដ៏ឧត្តម ទ្រង់ល្វាសល្វន់ដូចដើមថ្ងាន់ត្រូវខ្យល់។ ព្រះលោកនាយក ទ្រង់ធ្វើពុទ្ធដំណើរ ទៅជិតប្រាសាទ ពន្លឺរបស់ព្រះអង្គ ផ្សាយចេញក្នុងកាលព្រះអាទិត្យអស្តង្គត។ ខ្ញុំកាន់យកទឹកអប់មកប្រស់ព្រំព្រះសម្ពុទ្ធដ៏ប្រសើរ ដោយចិត្តជ្រះថ្លានោះ ខ្ញុំក៏ធ្វើកាលកិរិយាក្នុងទីនោះ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំប្រស់ព្រំទឹកអប់ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមគន្ធរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះគន្ធោទកិយត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ គន្ធោទកិយត្ថេរាបទាន។

សម្មុខាថវិកត្ថេរាបទាន ទី៥

(៥. សម្មុខាថវិកត្ថេរអបទានំ)

[២៥] កាលដែលព្រះវិបស្សីទ្រង់ប្រសូត ខ្ញុំបានទាយនិមិត្តថា ព្រះពុទ្ធនឹងញ៉ាំងប្រជុំជនក្នុងលោកឲ្យរលត់ទុក្ខ។ កាលព្រះមានព្រះភាគអង្គណា ទ្រង់ប្រសូត លោកធាតុ ១០.០០០ តែងញាប់ញ័រ ឥឡូវនេះ ព្រះមានព្រះភាគអង្គនោះ ជាសាស្តា ទ្រង់មានបញ្ញាចក្ខុ នឹងសម្ដែងធម៌។ កាលព្រះមានព្រះភាគអង្គណា ទ្រង់ប្រសូត ពន្លឺដ៏ធំក៏កើតប្រាកដ ឥឡូវនេះ ព្រះមានព្រះភាគអង្គនោះ ជាសាស្តា ទ្រង់មានបញ្ញាចក្ខុ នឹងសម្ដែងធម៌។ កាលព្រះមានព្រះភាគអង្គណា ទ្រង់ប្រសូត ស្ទឹងទាំងឡាយមិនហូរ ឥឡូវនេះ ព្រះមានព្រះភាគអង្គនោះ ជាសាស្តា ទ្រង់មានបញ្ញាចក្ខុ នឹងសម្ដែងធម៌។ កាលព្រះមានព្រះភាគអង្គណា ទ្រង់ប្រសូត ភ្លើងអវិចីមិនឆេះ ឥឡូវនេះ ព្រះមានព្រះភាគអង្គនោះ ជាសាស្តា ទ្រង់មានបញ្ញាចក្ខុ នឹងសម្ដែងធម៌។ កាលព្រះមានព្រះភាគអង្គណា ទ្រង់ប្រសូត ពួកសត្វស្លាបមិនហើរ ឥឡូវនេះ ព្រះមានព្រះភាគអង្គនោះ ជាសាស្តា ទ្រង់មានបញ្ញាចក្ខុ នឹងសម្ដែងធម៌។ កាលព្រះមានព្រះភាគអង្គណា ទ្រង់ប្រសូត គំនរខ្យល់មិនបក់ផាត់ ឥឡូវនេះ ព្រះមានព្រះភាគអង្គនោះ ជាសាស្តា ទ្រង់មានបញ្ញាចក្ខុ នឹងសម្ដែងធម៌។ កាលព្រះមានព្រះភាគអង្គណា ទ្រង់ប្រសូត ពួកកែវទាំងពួងក៏រុងរឿង ឥឡូវនេះ ព្រះមានព្រះភាគអង្គនោះ ជាសាស្តាទ្រង់មានបញ្ញាចក្ខុ នឹងសម្ដែងធម៌។ កាលព្រះមានព្រះភាគអង្គណា ទ្រង់ប្រសូត ទ្រង់ឈានដើរបាន ៧ ជំហាន ឥឡូវនេះ ព្រះមានព្រះភាគអង្គនោះ ជាសាស្តា ទ្រង់មានបញ្ញាចក្ខុ នឹងសម្ដែងធម៌។ ព្រះសម្ពុទ្ធគ្រាន់តែទ្រង់ប្រសូតរួចភ្លាម ទ្រង់រមិលមើលសព្វទិស ទ្រង់បន្លឺនូវវាចាដ៏អង់អាច នេះជាធម្មតារបស់ព្រះពុទ្ធទាំងឡាយ។ ខ្ញុំញ៉ាំងប្រជុំជនឲ្យកើតសង្វេគ ហើយសរសើរព្រះលោកនាយក ថ្វាយបង្គំព្រះសម្ពុទ្ធ ហើយបែរមុខទៅកាន់ទិសខាងកើត ដើរចេញទៅ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានសរសើរព្រះសម្ពុទ្ធ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការសរសើរ។ ក្នុងកប្បទី ៩០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពតិ្ត ឈ្មោះសម្មុខាថវិករាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨៩ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ឈ្មោះបឋវីទុន្ទភិរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨៨ អំពីកប្បនេះ ខ្ញុំកើតជាក្សត្រ ឈ្មោះឱភាសរាជ ជាស្តេចចក្រពត្តិ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨៧ អំពីកប្បនេះ ខ្ញុំកើតជាស្តេចចក្រពតិ្ត ឈ្មោះសិរិតច្ឆេទនរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨៦ ខ្ញុំកើតជាស្តេចចក្រពត្តិ ឈ្មោះអគ្គិនិពា្វបនរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨៥ ខ្ញុំកើតជាស្តេចចក្រពត្តិ ឈ្មោះវាតសមរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨៤ ខ្ញុំកើតជាស្តេចចក្រពត្តិ ឈ្មោះគតិបច្ឆេទនរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨៣ ខ្ញុំកើតជាស្តេចចក្រពត្តិ ឈ្មោះរតនប្បជ្ជលរាជ បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨២ ខ្ញុំកើតជាស្តេចចក្រពត្តិ ឈ្មោះបទវិក្កមនរាជ ទ្រង់បរិបូណ៌ដោយ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨១ ខ្ញុំកើតជាស្តេចចក្រពត្តិ ឈ្មោះវិលោកនរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨០ ខ្ញុំកើតជាស្តេចចក្រពត្តិ ឈ្មោះគិរិសាររាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសម្មុខាថវិកត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សម្មុខាថវិកត្ថេរាបទាន។

កុសុមាសនិយត្ថេរាបទាន ទី៦

(៦. កុសុមាសនិយត្ថេរអបទានំ)

[២៦] គ្រានោះ ខ្ញុំបានកើតជាព្រាហ្មណ៍ នៅក្នុងក្រុងធញ្ញវតី ជាអ្នកឈ្លាសក្នុងគម្ពីរលក្ខណសាស្ត្រ ឥតិហាសសាស្រ្ត ព្រមទាំងនិឃណ្ឌុសាស្រ្ត និងកេដុភសាស្រ្ត។ ជាអ្នកឈ្លាសក្នុងបទ ក្នុងវេយ្យាករណ៍ ក្នុងនិមិត្ត ចេះចប់ត្រៃវេទ បានបង្ហាញមន្តចំពោះពួកសិស្ស។ ខ្ញុំតម្កល់ផ្កាឧប្បល ៥ កម្រងលើខ្នង ខ្ញុំមានប្រាថ្នាដើម្បីបូជានូវគ្រឿងបូជា ក្នុងការជួបជុំបិតា និងមាតា។ វេលានោះ ព្រះមានព្រះភាគ ព្រះនាមវិបស្សី ទ្រង់ជានរាសភៈ មានភិក្ខុសង្ឃចោមរោម ទ្រង់ញ៉ាំងទិសទាំងពួងឲ្យភ្លឺ ហើយស្តេចនិមន្តមក។ ខ្ញុំបានក្រាលអាសនៈ ហើយនិមន្តព្រះមហាមុនី បានក្រាលផ្កានោះ ហើយនាំព្រះអង្គឆ្ពោះទៅកាន់ផ្ទះរបស់ខ្លួន។ អាមិសៈណា ដែលខ្ញុំបានតម្កល់ទុក មានក្នុងផ្ទះរបស់ខ្ញុំ ខ្ញុំជ្រះថ្លា បានថ្វាយអាមិសៈនោះ ចំពោះព្រះសម្ពុទ្ធ ដោយដៃរបស់ខ្លួន។ ខ្ញុំដឹងនូវកាលដែលព្រះសម្ពុទ្ធ ទ្រង់សោយរួចហើយ ក៏បានថ្វាយផ្កាមួយក្ដាប់ ព្រះសព្វញ្ញុពុទ្ធ ធ្វើអនុមោទនារួចហើយ ឈមព្រះភក្រ្តទៅកាន់ទិសឧត្តរ និមន្តចេញទៅ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបុប្ផទាន។ ក្នុងកប្បជាលំដាប់ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ឈ្មោះវរទស្សនៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកុសុមាសនិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កុសុមាសនិយត្ថេរាបទាន។

ផលទាយកត្ថេរាបទាន ទី៧

(៧. ផលទាយកត្ថេរអបទានំ)

[២៧] ខ្ញុំជាអ្នកស្វាធ្យាយមន្ត ចងចាំមន្ត ចេះចប់ត្រៃវេទ នៅក្នុងអាស្រមជិតព្រៃហិមពាន្ត។ ការបូជាភ្លើងរបស់ខ្ញុំតែងមាន ខ្ញុំដាក់ផ្លែឈូកទាំងឡាយក្នុងកញ្ចប់ ហើយព្យួរលើចុងឈើ។ ព្រះលោកវិទូ ព្រះនាមបទុមុត្តរៈ ទ្រង់គួរទទួលនូវគ្រឿងបូជា ទ្រង់មានប្រាថ្នានឹងស្រង់ខ្ញុំ ស្ដេចនិមន្តទៅដើម្បីភិក្ខា ក៏ចូលមកកាន់សំណាកក់នៃខ្ញុំ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តសោមនស្ស បានថ្វាយផ្លែឈូកនោះ ចំពោះព្រះពុទ្ធ ព្រះសម្ពុទ្ធជាសាស្ដា ទ្រង់មានវណ្ណៈដូចមាស ទ្រង់ញ៉ាំងបីតិខ្ញុំឲ្យកើត ទ្រង់នាំមកនូវសេចក្តីសុខដល់ខ្ញុំក្នុងបច្ចុប្បន្ន គួរទទួលនូវគ្រឿងបូជា ទ្រង់ឋិតនៅនាអាកាស ហើយសម្ដែងគាថានេះថា កុលបុត្តនេះ នឹងមិនទៅកាន់ទុគ្គតិ អស់មួយសែនកប្ប ដោយផលនៃការថ្វាយផ្លែឈូកនេះផង ដោយផលនៃការតម្កល់ទុកនូវចេតនានេះផង។ ព្រោះកុសលមូលនោះឯង ខ្ញុំបានសោយសម្បត្តិទាំងឡាយ ហើយបានដល់នូវព្រះនិព្វាន ជាស្ថានមិនញាប់ញ័រ ខ្ញុំលះចោលការឈ្នះ និងការចាញ់។ ក្នុងកប្បទី ៧០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ឈ្មោះសុមង្គលៈ ទ្រង់បរិបូណ៌ដោយកែវទាំង ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះផលទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ផលទាយកត្ថេរាបទាន។

ញាណសញ្ញកត្ថេរាបទាន ទី៨

(៨. ញាណសញ្ញិកត្ថេរអបទានំ)

[២៨] ខ្ញុំនៅនាភ្នំហិមពាន្ត ឃើញផ្នូកខ្សាច់ដ៏ល្អក្នុងចន្លោះភ្នំ ខ្ញុំរឭកនូវព្រះសម្ពុទ្ធដ៏ប្រសើរថា ការប្រៀបធៀបក្នុងញាណ (របស់ព្រះសាស្តា) មិនមានឡើយ សង្រ្គាមរបស់ព្រះសាស្តាក៏មិនមានដែរ ព្រះសាស្តាបានជ្រាបនូវធម៌ទាំងពួង ទ្រង់ស៊ប់សួនដោយញាណ។ បពិត្រព្រះអង្គ ជាបុរសអាជានេយ្យ ខ្ញុំសូមថ្វាយបង្គំចំពោះព្រះអង្គ បពិត្រព្រះអង្គជាបុរសដ៏ឧត្តម ខ្ញុំសូមថ្វាយបង្គំព្រះអង្គ សភាពដទៃស្មើដោយញាណរបស់ព្រះអង្គមិនមានឡើយ មានតែញាណរបស់ព្រះអង្គ ទើបឧត្តមជាកំណត់។ ខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លា ក្នុងញាណហើយ ក៏បានទៅរីករាយក្នុងស្ថានសួគ៌ អស់មួយកប្ប ខ្ញុំបានកសាងកុសលក្នុងកប្បដ៏សេស។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាននូវសេចក្តីសម្គាល់ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសេចក្តីសម្គាល់ក្នុងញាណ។ ក្នុងកប្បទី ៧៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ១ ជាតិ ព្រះនាមបុឡិនបុប្ផិយៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះញាណសញ្ញកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ញាណសញ្ញកត្ថេរាបទាន។

គន្ធបុប្ផិយត្ថេរាបទាន ទី៩

(៩. គណ្ឋិបុប្ផិយត្ថេរអបទានំ)

[២៩] ព្រះមានព្រះភាគព្រះនាមវិបស្សី មានវណ្ណៈដូចមាស ទ្រង់គួរទទួលនូវទក្ខិណាទាន មានពួកសាវ័កចោមរោម ស្ដេចចេញអំពីអារាម។ ខ្ញុំឃើញព្រះពុទ្ធដ៏ប្រសើរ ជាសព្វញ្ញូមិនមានអាសវៈ ក៏មានចិត្តជ្រះថ្លា មានចិត្តសោមនស្ស បានបូជាផ្លូវ ដែលស្ដេចនិមន្តទៅ។ ខ្ញុំជាអ្នករីករាយ មានចិត្តរីករាយ ចំពោះព្រះសម្ពុទ្ធជាតាទិបុគ្គល ប្រសើរជាងសត្វជើងពីរ ទើបថ្វាយបង្គំព្រះតថាគតម្តងទៀត ដោយចិត្តជ្រះថ្លានោះ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៤១ អំពីកប្បនេះ ខ្ញុំកើតជាក្សត្រចក្រពតិ្ត ឈ្មោះវរុណៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះគន្ធបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ គន្ធបុប្ផិយត្ថេរាបទាន។

បទុមបូជកត្ថេរាបទាន ទី១០

(១០. បទុមបូជកត្ថេរអបទានំ)

[៣០] មានភ្នំ ១ ឈ្មោះគោតមៈ នៅព្រៃហិមពាន្ត ដេរដាសដោយឈើផ្សេងៗ ជាទីអាស្រ័យនៅនៃពួកភូតច្រើន។ ខ្ញុំបានសាងអាស្រម ត្រង់កណ្ដាលភ្នំនោះ មានពួកសិស្សចោមរោម តែងនៅក្នុងអាស្រម (ខ្ញុំបបួលពួកសិស្សថា) សូមពួកសិស្ស មកកាន់សំណាក់យើង សូមពួកសិស្សនាំផ្កាឈូកមកឲ្យយើងៗ នឹងធ្វើពុទ្ធបូជា ចំពោះព្រះពុទ្ធជាតាទិបុគ្គល ទ្រង់ប្រសើរជាងសត្វជើងពីរ។ ពួកសិស្សទាំងនោះ ទទួលពាក្យខ្ញុំថា យ៉ាងហ្នឹងហើយៗ បានយកផ្កាឈូកមកឲ្យខ្ញុំ ខ្ញុំធ្វើនិមិត្តតាមទំនងដូច្នោះហើយ បានបង្អោនថ្វាយដល់ព្រះពុទ្ធជាម្ចាស់។ ក្នុងកាលនោះ ខ្ញុំបានប្រជុំពួកសិស្ស ហើយប្រៀនប្រដៅដោយប្រពៃថា អ្នកទាំងឡាយ ចូរកុំប្រមាទ សេចក្តីមិនប្រមាទ ជាគុណនាំមកនូវសេចក្តីសុខ។ ខ្ញុំនោះបានប្រៀនប្រដៅពួកសិស្ស ដែលជាអ្នកគួរដល់ពាក្យនេះហើយ ខ្ញុំប្រកបក្នុងអប្បមាទគុណ ក៏បានធ្វើមរណកាលក្នុងពេលនោះ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៥១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមជលុត្តមៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា បទុមបូជកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងឡាយនេះ ដោយប្រការដូច្នេះ។

ចប់ បទុមបូជកត្ថេរាបទាន។

ឧទ្ទាន

សេរេយ្យកត្ថេរាបទាន ១ បុប្ផថូបិយត្ថេរាបទាន ១ បាយាសទាយកត្ថេរាបទាន ១ គន្ធោទកិយត្ថេរាបទាន ១ ថោមកត្ថេរាបទាន ឬសម្មុខាថវិកត្ថេរាបទាន ១ កុសុមាសនិយត្ថេរាបទាន ១ ផលទាយកត្ថេរាបទាន ១ ញាណសញ្ញកត្ថេរាបទាន ១ គន្ធបុប្ផិយត្ថេរាបទាន ១ បទុមបុប្ផិយត្ថេរាបទាន ១ មានគាថា ១០៥ ពួកអ្នកប្រាជ្ញបានរាប់ហើយ។

ចប់ សេរេយ្យកវគ្គ ទី១៣។

សោភិតវគ្គ ទី១៤

(១៤. សោភិតវគ្គោ)

សោភិតត្ថេរាបទាន ទី១

(១. សោភិតត្ថេរអបទានំ)

[៣១] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ជាច្បងក្នុងលោក ទ្រង់ជានរាសភៈ ទ្រង់សម្ដែងធម៌ ជាចំណែកព្រះនិព្វាន ដល់ពួកជនច្រើន។ កាលនោះ ខ្ញុំបានស្ដាប់នូវព្រះពុទ្ធដីការបស់ព្រះអង្គនោះ ដែលទ្រង់ពោលដោយវាចាដ៏អង់អាច ខ្ញុំផ្គងអញ្ជលី មានចិត្តនឹងក្នុងអារម្មណ៍តែមួយ។ សមុទ្រប្រសើរជាងស្ទឹងទាំងឡាយ ភ្នំព្រះសុមេរុ ប្រសើរជាងភ្នំទាំងឡាយ យ៉ាងណាមិញ ជនណាប្រព្រឹត្តដោយអំណាចចិត្ត ជននោះមិនដល់មួយចំណិត នៃពុទ្ធញ្ញាណឡើយ ក៏យ៉ាងនោះដែរ។ លុះព្រះសម្ពុទ្ធជាឥសី ប្រកបដោយសេចក្ដីករុណា ទ្រង់បញ្ឈប់នូវធម្មវិធី គង់ក្នុងកណ្ដាលជំនុំភិក្ខុសង្ឃ ហើយសម្ដែងនូវគាថាទាំងឡាយនេះថា ជនណាបានសរសើរនូវញាណនៃព្រះពុទ្ធ ជាលោកនាយក ជននោះឯង រមែងមិនទៅកាន់ទុគ្គតិ អស់មួយសែនកប្ប និងដុតបំផ្លាញកិលេសទាំងឡាយ មានចិត្តនឹងក្នុងអារម្មណ៍តែមួយ មានចិត្តតម្កល់មាំ នឹងបាននាមថាសោភិតៈ ជាសាវ័កនៃព្រះសាស្តា។ ខ្ញុំបានដុតបំផ្លាញកងកិលេសហើយ ភពទាំងពួង ខ្ញុំបានដកចេញហើយ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។ ក្នុងកប្បទី ៥០.០០០ ខ្ញុំបានកើតជាស្ដេចចក្រពតិ្ត ៧ ជាតិ ព្រះនាមសមុគ្គតៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវទាំង ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះសោភិតត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សោភិតត្ថេរាបទាន។

សុទស្សនត្ថេរាបទាន ទី២

(២. សុទស្សនត្ថេរអបទានំ)

[៣២] ពួកឈើមិលក្ខុមានផ្លែ នៅក្បែរឆ្នេរស្ទឹងដ៏ធំ ខ្ញុំកំពុងស្វែងរកឈើនោះ បានឃើញព្រះលោកនាយក។ ក្នុងកាលនោះ ខ្ញុំឃើញដើមកែសមានផ្ការីក ទើបកាច់ផ្កាទាំងទង នាំចូលទៅថ្វាយចំពោះព្រះសម្ពុទ្ធ ព្រះនាមសិខី ជាលោកពន្ធុ ក្រាបទូលថា បពិត្រព្រះសម្ពុទ្ធ ទ្រង់ប្រសើរជាមហាមុនី ព្រះអង្គដល់ហើយនូវអមតបទ ជាទីមិនឃ្លាតដោយញាណណា ខ្ញុំបូជាចំពោះញាណនោះ។ លុះខ្ញុំធ្វើការបូជាចំពោះញាណហើយ ទើបបានឃើញនូវឈើមិលក្ខុ ខ្ញុំជាបុគ្គលបាននូវការសម្គាល់នោះ នេះជាផលនៃញាណបូជា។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃញាណបូជា។ ក្នុងកប្បទី ១៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១២ ជាតិ ព្រះនាមពលុគ្គតៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសុទស្សនត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់សុទស្សនត្ថេរាបទាន។

ចន្ទនបូជកត្ថេរាបទាន ទី៣

(៣. ចន្ទនបូជនកត្ថេរអបទានំ)

[៣៣] គ្រានោះ ខ្ញុំកើតជាកិន្នរ នៅទៀបឆ្នេរស្ទឹងចន្ទភាគា ជាអ្នកទទួលទាននូវផ្កាឈើ ជាអ្នកស្លៀកនូវផ្កាឈើ។ កាលនោះ ព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ជាច្បងក្នុងលោក ជានរាសភៈ ស្តេចហោះទៅតាមទីបំផុតនៃព្រៃធំ ដូចស្តេចហង្ស (ហើរទៅ) នាអាកាស (ខ្ញុំសរសើរពុទ្ធគុណថា) បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូមថ្វាយបង្គំចំពោះព្រះអង្គ ព្រះហឫទ័យរបស់ព្រះអង្គ ស្អាតល្អហើយ ព្រះអង្គមានសម្បុរព្រះភក្រ្តជ្រះថ្លា មានឥន្រ្ទិយ គឺព្រះភក្រ្តស្រស់បស់។ លុះព្រះអត្ថទស្សី មានបញ្ញាដូចផែនដី មានបញ្ញាជាគ្រឿងពុះពារ ស្តេចចុះអំពីអាកាស ហើយក្រាលសង្ឃាដី ទ្រង់ចូលមកទាំងភ្នែន។ ខ្ញុំបានយកខ្លឹមចន្ទន៍ដ៏ល្អិតផង់ ហើយដើរចូលមកក្នុងសំណាក់ព្រះជិនស្រី ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តសោមនស្ស បានបូជាចំពោះព្រះពុទ្ធ។ ខ្ញុំថ្វាយបង្គំព្រះសម្ពុទ្ធ ជាច្បងក្នុងលោក ជានរាសភៈ ហើយក៏កើតប្រាមោទ្យ ឈមមុខទៅកាន់ឧត្តរទិស ដើរចេញទៅ។ ក្នុងកប្បទី ១១៨ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាខ្លឹមចន្ទន៍ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១១៤ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៣ ជាតិ ព្រោះនាមរោហិណីដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញ ៦ នេះ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះចន្ទនបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ចន្ទនបូជកត្ថេរាបទាន។

ចប់ ភាណវារៈ ទី៨។

បុប្ផឆទនិយត្ថេរាបទាន ទី៤

(៤. បុប្ផច្ឆទនិយត្ថេរអបទានំ)

[៣៤] មានព្រាហ្មណ៍ម្នាក់ មាននាមសុនន្ទៈ ជាអ្នកចេះចប់មន្ត ស្វាធ្យាយមន្ត គួរគេសូមបាន បានបួងសួងនូវយញ្ញ ឈ្មោះវាជបេយ្យៈ។ កាលនោះ ព្រះលោកវិទូជាអគ្គបុរស ព្រះនាមបទុមុត្តរៈ ទ្រង់ប្រកបដោយសេចក្ដីករុណា ទ្រង់ស្វែងរកនូវគុណ អនុគ្រោះដល់ពួកជន ស្ដេចចង្រ្កមនាអាកាស។ លុះព្រះសម្ពុទ្ធ ជាសព្វញ្ញូ ជាលោកនាយក ទ្រង់ចង្រ្កមរួចហើយ ក៏ផ្សាយមេត្តាចំពោះពួកសត្វ (សព្វទិស) មិនមានប្រមាណ មិនមានឧបធិ។ ព្រាហ្មណ៍ជាអ្នកចេះចប់មន្ត បានបេះយកផ្កាទាំងទង ប្រជុំពួកសិស្សទាំងអស់ ហើយបោះទៅលើអាកាស។ ក្នុងកាលនោះ នគរក៏មានគ្រឿងប្រក់ដោយផ្កាជាកំណត់ ហេតុតែអានុភាពនៃព្រះពុទ្ធ ផ្កាមិនបានវិនាស អស់ ៧ ថ្ងៃ។ ដោយកុសលមូលនោះឯង ខ្ញុំបានសោយសម្បត្តិ កំណត់ដឹងនូវអាសវៈទាំងពួង ឆ្លងនូវតណ្ហាជាគ្រឿងចាក់ស្រែះក្នុងលោក។ ក្នុងកប្បទី ១១១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៣៥ ជាតិ មានព្រះនាមអម្ពរំសៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា បុប្ផឆទនិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បុប្ផឆទនិយត្ថេរាបទាន។

រហោសញ្ញិកត្ថេរាបទាន ទី៥

(៥. រហោសញ្ញកត្ថេរអបទានំ)

[៣៥] មានភ្នំមួយឈ្មោះវសភៈ នៅជិតព្រៃហិមពាន្ត ខ្ញុំសាងអាស្រម នៅនាជើងភ្នំនោះ។ កាលនោះខ្ញុំជាព្រាហ្មណ៍ បានបង្រៀនសិស្សបីពាន់នាក់ លុះបង្រៀនសិស្សទាំងនោះរួចហើយ ក៏ចូលទៅកាន់ទីសមគួរ។ លុះព្រាហ្មណ៍ គឺខ្ញុំនេះឯង ជាអ្នកចេះចប់មន្ត អង្គុយក្នុងទីសមគួរហើយ ស្វែងរកមើលភេទរបស់ព្រះពុទ្ធ ក៏បានញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងញាណ។ លុះខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លា ក្នុងញាណនោះរួចហើយ ក៏អង្គុយលើកម្រាលស្លឹកឈើ ពែនភ្នែនធ្វើមរណកាលក្នុងទីនោះ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានដល់នូវសេចក្តីសម្គាល់ (ក្នុងញាណ) ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃញាណសញ្ញា។ ក្នុងកប្បទី ២៧ អំពីកប្បនេះ ខ្ញុំកើតជាស្តេចចក្រពត្តិ ព្រះនាមសិរីធរៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះរហោសញ្ញិកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ ដូច្នេះ។

ចប់ រហោសញ្ញិកត្ថេរាបទាន។

ចម្បកបុប្ផិយត្ថេរាបទាន ទី៦

(៦. ចម្បកបុប្ផិយត្ថេរអបទានំ)

[៣៦] (ព្រះសម្ពុទ្ធ) ទ្រង់រុងរឿងដូចផ្កាកណិការ ទ្រង់គង់នៅនាចន្លោះភ្នំ ញ៉ាំងទិសទាំងពួង ឲ្យភ្លឺដូចផ្កាយព្រឹក មាណពបីនាក់ ជាអ្នកសិក្សាជំនាញក្នុងសិល្បសាស្រ្តរបស់ខ្លួន នាំគ្នារែកអម្រែកដើរមកអំពីក្រោយខ្ញុំ ខ្ញុំបានយកផ្កាទាំង ៧ ដែលតាបសដាក់ក្នុងកញ្ចប់នោះ ហើយថ្វាយផ្កាទាំងនោះ ចំពោះញាណ របស់ព្រះវេស្សភូសម្មាសម្ពុទ្ធ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃញាណបូជា។ ក្នុងកប្បទី ២៩ អំពីកប្បនេះ ខ្ញុំកើតជាស្តេចចក្រពត្តិ ព្រះនាមវិហតាភាសៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះចម្បកបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ ដូច្នេះ។

ចប់ ចម្បកបុប្ផិយត្ថេរាបទាន។

អត្ថសន្ទស្សកត្ថេរាបទាន ទី៧

(៧. អត្ថសន្ទស្សកត្ថេរអបទានំ)

[៣៧] ខ្ញុំអង្គុយនៅក្នុងរោងធំ បានឃើញ (ព្រះបទុមុត្តរៈ) ជាលោកនាយក ទ្រង់អស់អាសវៈ ទ្រង់ដល់នូវពលធម៌ មានភិក្ខុសង្ឃចោមរោម។ (ខ្ញុំសរសើរថា) ភិក្ខុសង្ឃទាំងមួយសែនអង្គ សុទ្ធតែជាអ្នកបានវិជ្ជា ៣ អភិញ្ញា ៦ មានឫទ្ធិច្រើន តែងចោមរោមព្រះសម្ពុទ្ធ អ្នកណាឃើញហើយ នឹងមិនជ្រះថ្លាបាន។ (ក្នុងលោក) ព្រមទាំងទេវលោក ឥតមានញាណណា នឹងប្រៀបផ្ទឹមក្នុងញាណព្រះសម្ពុទ្ធបានឡើយ អ្នកណាឃើញព្រះសម្ពុទ្ធមានញាណរកទីបំផុតគ្មានហើយ នឹងមិនជ្រះថ្លាបាន។ ម្យ៉ាងទៀត សាវ័កទាំងឡាយ សម្ដែងនូវធម្មកាយ ជាទីកើតនៃរតនៈតែប៉ុណ្ណោះ តែមិនអាចឲ្យព្រះសម្ពុទ្ធកម្រើកបានទេ អ្នកណាឃើញហើយ នឹងមិនជ្រះថ្លាបាន។ នារទបុរស គឺខ្ញុំនោះ ដើរទៅពីខាងមុខ ហើយពោលសរសើរ នូវព្រះបទុមុត្តរៈសម្មាសម្ពុទ្ធ ទ្រង់ឥតមានបុគ្គលផ្ចាលផ្ចាញ់បាន ដោយគាថាទាំង ៣ នេះ។ ដោយចិត្តជ្រះថ្លានោះផង ដោយការស្និទ្ធស្នាលនឹងព្រះពុទ្ធជាម្ចាស់ផង ខ្ញុំមិនដែលទៅកើតក្នុងទុគ្គតិ អស់មួយសែនកប្ប។ ក្នុងកប្បទី ១៣០ អំពីកប្បនេះ ខ្ញុំបានកើតជាក្សត្រចក្រពត្តិ ព្រះនាមសុមិត្តៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអត្ថសន្ទស្សកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អត្ថសន្ទស្សកត្ថេរាបទាន។

ឯករំសនិយត្ថេរាបទាន ទី៨

(៨. ឯកបសាទនិយត្ថេរអបទានំ)

[៣៨] ខ្ញុំឈ្មោះនារទៈ តែគេស្គាល់ខ្ញុំថា កេសវៈវិញ ខ្ញុំកំពុងស្វែងរកកុសល អកុសល ក៏បានទៅកាន់សំណាក់ព្រះពុទ្ធជាម្ចាស់។ ព្រះអត្ថទស្សីមហាមុនី មានព្រះហឫទ័យប្រកបដោយមេត្តាករុណា ព្រះចក្ខុមសម្ពុទ្ធអង្គនោះ ទ្រង់ញ៉ាំងសត្វឲ្យស្រុះស្រួល ហើយទ្រង់តែងសម្តែងធម៌ (ចំពោះសត្វ)។ ខ្ញុំបានញ៉ាំងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយធ្វើអញ្ជលីលើសិរ្សៈ ថ្វាយបង្គំព្រះសាស្តា រួចឈមមុខទៅកាន់បាចីនទិស ចៀសចេញទៅ។ ក្នុងកប្បទី ១១៧ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ជាម្ចាស់ផែនដី ព្រះនាមអមិត្តតបនៈ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឯករំសនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឯករំសនិយត្ថេរាបទាន។

សាលទាយកត្ថេរាបទាន ទី៩

(៩. សាលបុប្ផទាយកត្ថេរអបទានំ)

[៣៩] គ្រានោះ ខ្ញុំកើតជាកេសរមិគរាជ ជាអភិជាត កំពុងស្វែងរកភ្នំ ដែលគេទៅបានដោយកម្រ ក៏បានឃើញព្រះលោកនាយក (ទើបគិតថា) ឱហ្ន៎ ព្រះមហាវីរៈនេះហើយ ទ្រង់ញ៉ាំងមហាជន ឲ្យរលត់ទុក្ខ បើដូច្នោះ គួរអាត្មាអញចូលទៅអង្គុយជិតព្រះពុទ្ធនេះ ព្រះអង្គជាទេវតារបស់ទេវតា ជានរាសភៈ។ ទើបខ្ញុំកាច់យកមែករាំង ព្រមទាំងចង្កោមផ្កា ចូលទៅគាល់ព្រះសម្ពុទ្ធ ហើយថ្វាយផ្កាដ៏ប្រសើរ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបុប្ផទាន។ ក្នុងកប្បទី ៩ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៣ ជាតិ ព្រះនាមវិរោចនៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសាលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សាលទាយកត្ថេរាបទាន។

ផលទាយកត្ថេរាបទាន ទី១០

(១០. បិយាលផលទាយកត្ថេរអបទានំ)

[៤០] គ្រានោះ ខ្ញុំកើតជាសត្វបរោធកៈ ជាសត្វបរោធកៈ9) យ៉ាងតូចបំផុត ទទួលទានដំណេកនៅក្បែរញកភ្នំ ក្នុងទីជិតសំណាក់ព្រះសាស្តា ព្រះនាមសិខី។ ខ្ញុំតែងឃើញព្រះពុទ្ធជាលោកគ្គនាយក ទាំងល្ងាចព្រឹក តែខ្ញុំនឹងរកទេយ្យធម៌ថ្វាយព្រះសម្ពុទ្ធ មានព្រះទ័យនឹងប្រសើរជាងសត្វជើងពីរពុំបាន។ ខ្ញុំបានយកផ្លែទ្រយឹង ទៅកាន់សំណាក់ព្រះពុទ្ធ ព្រះមានព្រះភាគ ជាច្បងក្នុងលោក ជានរាសភៈ ទ្រង់ក៏បានទទួលយក។ លំដាប់តពីនោះ ខ្ញុំធ្វើមរណកាលក្នុងទីនោះ ដោយចិត្តជ្រះថ្លា អាស្រ័យព្រះវិនាយកដែលខ្ញុំប្រាថ្នាហើយនោះ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន។ ក្នុងកប្បទី ១៥ អំពីកប្បនេះ បានកើតជាស្ដេចចក្រពត្តិ ៣ ជាតិ ព្រះនាមមាលភិ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះផលទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ផលទាយកត្ថេរាបទាន។

ឧទ្ទាន

សោភិតត្ថេរាបទាន ១ សុទស្សនត្ថេរាបទាន ១ ចន្ទនបូជកត្ថេរាបទាន ១ បុប្ផឆទនិយត្ថេរាបទាន ១ រហោសញ្ញិកត្ថេរាបទាន ១ ចម្បកបុប្ផិយត្ថេរាបទាន ១ អត្ថសន្ទស្សកត្ថេរាបទាន ១ ឯករំសនិយត្ថេរាបទាន ១ សាលទាយកត្ថេរាបទាន ១ ផលទាយកត្ថេរាបទាន ជាគម្រប់ ១០ គាថា ៧២ ពួកអ្នកប្រាជ្ញ បានគណនាហើយ។

ចប់ សោភិតវគ្គ ទី១៤។

ឆត្តវគ្គ ទី១៥

(១៥. ឆត្តវគ្គោ)

អធិឆត្តិយត្ថេរាបទាន ទី១

(១. អតិឆត្តិយត្ថេរអបទានំ)

[៤១] កាលព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ទ្រង់ប្រសើរជាងពួកនរៈ ទ្រង់បរិនិព្វានហើយ ខ្ញុំបានឲ្យគេធ្វើឆត្ររួត ហើយឲ្យលើកឡើងត្រង់ព្រះស្តូប។ ខ្ញុំបានមកនមស្ការព្រះលោកនាយកសព្វៗ កាល ហើយធ្វើគ្រឿងប្រក់ដោយផ្កា លើកឡើងតម្កល់ពីខាងលើឆត្រ។ ក្នុងកប្បទី ១១៧ អំពីកប្បនេះ ខ្ញុំបានសោយជាទេវរាជ ខ្ញុំមិនដែលទៅកើតជាមនុស្សម្ដងឡើយ នេះជាផលនៃថូបបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអធិឆត្តិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អធិឆត្តិយត្ថេរាបទាន។

ថម្ភារោបកត្ថេរាបទាន ទី២

(២. ថម្ភារោបកត្ថេរអបទានំ)

[៤២] កាលព្រះលោកនាថ ព្រះនាមធម្មទស្សី ជានរាសភៈ ទ្រង់បរិនិព្វាន ខ្ញុំបានលើកដងទង់ ត្រង់ចេតិយរបស់ព្រះសម្ពុទ្ធដ៏ប្រសើរ។ ខ្ញុំបានធ្វើជណ្ដើរសម្រាប់ឡើងទៅកាន់ព្រះស្តូបដ៏ប្រសើរ បានទាំងយកផ្កាជាតព្រឹក្ស ទៅដោតលើព្រះស្តូប ដោយតាំងចិត្តថា ព្រះពុទ្ធជាបុគ្គលអស្ចារ្យ ព្រះធម៌ជាសភាពអស្ចារ្យ សម្បទារបស់ព្រះសាស្តានៃយើង ជារបស់អស្ចារ្យ។ ដោយសារកុសលកម្មនេះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃថូបបូជា។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ១៦ ជាតិ ព្រះនាមថូបសិខៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះថម្ភារោបកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ថម្ភារោបកត្ថេរាបទាន។

វេទិការកត្ថេរាបទាន ទី៣

(៣. វេទិការកត្ថេរអបទានំ)

[៤៣] កាលព្រះលោកនាថ ព្រះនាមបិយទស្សី ជានរៈដ៏ឧត្តម ទ្រង់បរិនិព្វានហើយ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តសោមនស្ស បានសាងខឿនចេតិយសម្រាប់ជាពុទ្ធបូជា។ ខ្ញុំព័ទ្ធខឿននោះ ដោយកែវមណី ហើយរៀបចំធ្វើបុណ្យឆ្លងខឿនដ៏ប្រសើរ ហើយក៏ធ្វើមរណកាលក្នុងវេលានោះ។ ខ្ញុំទៅកើតក្នុងកំណើតណាៗ ទោះបីជាទេវតា ឬជាមនុស្ស ទេវតាទាំងឡាយ តែងបាំងកែវមណីឰដ៏អាកាស (ចំពោះខ្ញុំ) នេះជាផលនៃបុញ្ញកម្ម។ ក្នុងកប្បទី ១១៦ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៣២ ជាតិ ព្រះនាមមណិប្បភាសដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះវេទិការកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ វេទិការកត្ថេរាបទាន។

សបរិវារិយត្ថេរាបទាន ទី៤

(៤. សបរិវារិយត្ថេរអបទានំ)

[៤៤] ព្រះជិនស្រីសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ជាច្បងក្នុងលោក ជានរាសភៈ រុងរឿងដូចគំនរភ្លើង ទ្រង់បរិនិព្វានហើយ។ លុះព្រះមហាវីរៈ ទ្រង់បរិនិព្វានហើយ ព្រះស្ដូបជារបស់ធំសម្បើម ក៏កើតមានឡើង (ក្នុងកាលនោះ) ពួកជនតែងនាំគ្នាចូលទៅបម្រើព្រះស្តូប ត្រង់ល្វែងតម្កល់ព្រះធាតុដ៏ប្រសើរឧត្តម។ កាលនោះខ្ញុំមានចិត្តជ្រះថ្លា មានចិត្តសោមនស្ស បានសាងខឿនខ្លឹមចន្ទន៍ បានថ្វាយធូប និងគ្រឿងក្រអូបដ៏សមគួរដល់ព្រះស្តូប។ កាលខ្ញុំកើតក្នុងភព (ណាៗ) ទោះបីជាទេវតា ឬជាមនុស្ស ខ្ញុំមិនបានជួបនូវភាពថោកទាបឡើយ នេះជាផលនៃបុព្វកម្ម។ ក្នុងកប្បទី ១១៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៨ ជាតិ ព្រះនាមសមត្តៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសបរិវារិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សបរិវារិយត្ថេរាបទាន។

ឧម្មាបុប្ផិយត្ថេរាបទាន ទី៥

(៥. ឧមាបុប្ផិយត្ថេរអបទានំ)

[៤៥] កាលព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ដែលពួកសត្វលោកបូជាហើយ គួរទទួលនូវគ្រឿងបូជា ទ្រង់បរិនិព្វានហើយ ក៏មានការឆ្លងព្រះស្ដូបដ៏ធំ។ កាលដែលកំពុងរៀបចំឆ្លងព្រះស្ដូប ខ្ញុំក៏បានយកផ្កាទៅដោតលើព្រះស្តូបនៃព្រះសិទ្ធត្ថៈមហេសី។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបុប្ផបូជា។ ក្នុងកប្បទី ៩ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពតិ្ត ៨៥ ជាតិ ព្រះនាមសោមទេវៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធើ្វឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះឧម្មាបុប្ផិយតេ្ថរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ឧម្មាបុប្ផិយត្ថេរាបទាន។

អនុលោមទាយកត្ថេរាបទាន ទី៦

(៦. អនុលេបទាយកត្ថេរអបទានំ)

[៤៦] ខ្ញុំបានធ្វើខឿនពោធិព្រឹក្សនៃព្រះមុនី ព្រះនាមអនោមទស្សី បានដាក់ដុំបាយអ ហើយធ្វើនូវបាណិកម្ម (បូក)។ ព្រះសាស្ដា ព្រះនាមអនោមទស្សី ប្រសើរជាងនរៈ គង់ក្នុងកណ្ដាលភិក្ខុសង្ឃ ឃើញអំពើដែលខ្ញុំធ្វើល្អនោះហើយ ទើបសម្ដែងគាថានេះថា កុលបុត្តនេះ បានសោយសម្បត្តិដោយការបូកបាយអនេះផង ដោយការតម្កល់ទុកនូវចេតនាផង ហើយនឹងធ្វើនូវព្រះនិព្វានជាទីបំផុតទុក្ខ។ ខ្ញុំមានសម្បុរមុខថ្លាស្រស់ មានចិត្តនឹងនៅក្នុងអារម្មណ៍តែមួយ មានចិត្តតម្កល់មាំល្អ ខ្ញុំទ្រទ្រង់នូវរាងកាយជាទីបំផុត ក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ។ ក្នុងកប្បទី ១០០ អំពីកប្បនេះ ខ្ញុំបានកើតជាសេ្តចចក្រពត្តិ ព្រះនាមសម្បស្សនៈ ទ្រង់បរិបូណ៌ មិនខ្វះខាត (ដោយសម្បត្តិ) មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះសម្ពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអនុលោមទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អនុលោមទាយកត្ថេរាបទាន។

មគ្គទាយកត្ថេរាបទាន ទី៧

(៧. មគ្គទាយកត្ថេរអបទានំ)

[៤៧] ព្រះសម្ពុទ្ធមានបញ្ញាចក្ខុ ព្រះនាមសិទ្ធត្ថៈ ទ្រង់ឆ្លងស្ទឹង សេ្ដចពុទ្ធដំណើរទៅកាន់ព្រៃ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ព្រះនាមសិទ្ធត្ថៈនោះ ទ្រង់មានលក្ខណៈដ៏ប្រសើរ ទើបខ្ញុំកាន់យកចប និងកញ្ជើ ធ្វើផ្លូវនោះឲ្យរាបស្មើ ហើយថ្វាយបង្គំព្រះសាស្ដា ហើយញ៉ាំងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លូវ។ ក្នុងកប្បទី ៥៧ អំពីកប្បនេះ ខ្ញុំនោះបានកើតជាស្តេច ១ អង្គ ព្រះនាមសុប្បពុទ្ធ ជាធំជាងជន ជានាយក ជាឥស្សរៈលើពួកនរជន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះមគ្គទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មគ្គទាយកត្ថេរាបទាន។

ផលទាយកត្ថេរាបទាន ទី៨

(៨. ផលកទាយកត្ថេរអបទានំ)

[៤៨] កាលពីដើមខ្ញុំជាអ្នកធ្វើយាន បានសិក្សាស្ទាត់ក្នុងការឈើ បានធ្វើផែនក្ដារដោយខ្លឹមចន្ទន៍ ថ្វាយចំពោះព្រះលោកពន្ធុ។ (ដោយកុសលកម្មនោះ) ទើបវិមាននេះ ដែលបុញ្ញកម្មតាក់តែងដោយមាស តែងភ្លឺស្វាងរុងរឿង មានទាំងយានដំរី យានសេះ យានទិព្វ កើតប្រាកដឡើង (ដល់ខ្ញុំ)។ ទាំងប្រាសាទ និងគ្រែស្នែង ក៏កើតឡើង (ដល់ខ្ញុំដែរ) កែវជារបស់មិនរំភើប គួរតាមប្រាថ្នា (ក៏កើតឡើង) ដល់ខ្ញុំ នេះជាផលនៃផែនក្តារ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផែនក្តារ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផែនក្តារ។ ក្នុងកប្ប ទី ៥៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៤ ជាតិ ព្រះនាមភវនិម្មិតៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះផលទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ផលទាយកត្ថេរាបទាន។

វដំសកិយត្ថេរាបទាន ទី៩

(៩. វដំសកិយត្ថេរអបទានំ)

[៤៩] ព្រះសយម្ភូ ព្រះនាមសុមេធៈ ឥតមានបុគ្គលផ្ចាញ់បាន ទ្រង់ចម្រីនវិវេក ស្ដេចចូលទៅកាន់ព្រៃធំ។ ខ្ញុំបានឃើញដើមស្រល់មានផ្ការីក (ទើបកាច់យកមក) ដោតក្រងធ្វើជាគ្រឿងប្រដាប់ក្បាល បង្អោនថ្វាយព្រះពុទ្ធ ជាលោកនាយក ចំពោះព្រះភក្រ្ត។ ក្នុងកប្ប ទី ៣០,០០០ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១១៩ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ១៦ ជាតិ ព្រះនាមនិម្មិតៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះវដំសកិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ វដំសកិយត្ថេរាបទាន។

បល្លង្កទាយកត្ថេរាបទាន ទី១០

(១០. បល្លង្កទាយកត្ថេរអបទានំ)

[៥០] ខ្ញុំបានថ្វាយបល្ល័ង្ក (គ្រែ) ព្រមទាំងពិតាន ចំពោះព្រះមានព្រះភាគ ព្រះនាមសុមេធៈ ជាច្បងក្នុងលោក ទ្រង់ប្រកបដោយតាទិគុណ។ ពេលនោះ បល្ល័ង្កដ៏បរិបូណ៌ដោយកែវ ៧ ប្រការនោះ (ហាក់ដូចជា) ដឹងតម្រិះរបស់ខ្ញុំ តែងកើតសម្រាប់ខ្ញុំ សព្វៗកាល។ ក្នុងកប្បទី ៣០,០០០ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយបល្ល័ង្ក ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយបល្ល័ង្ក។ ក្នុងកប្បទី ២០,០០០ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៣ ជាតិ ព្រះនាមសុវណ្ណាភា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបល្លង្កទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បល្លង្កទាយកត្ថេរាបទាន។

ឧទ្ទាន

អធិឆត្តិយត្ថេរាបទាន ១ ថម្ភារោបកត្ថេរាបទាន ១ វេទិការកត្ថេរាបទាន ១ សបរិវារិយត្ថេរាបទាន ១ ឧម្មាបុប្ផិយត្ថេរាបទាន ១ អនុលោមទាយកត្ថេរាបទាន ១ មគ្គទាយកត្ថេរាបទាន ១ ផលទាយកត្ថេរាបទាន ១ វដំសកិយត្ថេរាបទាន ១ បល្លង្កទាយកត្ថេរាបទាន ១ មានគាថា ៥៦ អ្នកប្រាជ្ញបានពោលទុកហើយ។

ចប់ ឆត្តវគ្គ ទី១៥។

ពន្ធុជីវកវគ្គ ទី១៦

(១៦. ពន្ធុជីវកវគ្គោ)

ពន្ធុជីវកត្ថេរាបទាន ទី១

(១. ពន្ធុជីវកត្ថេរអបទានំ)

[៥១] (ខ្ញុំបានឃើញព្រះពុទ្ធ ព្រះនាមសិខី) ទ្រង់បរិសុទ្ធប្រាសចាកមន្ទិល ដូចព្រះចន្ទ មានព្រះហឫទ័យថ្លាស្អាត មិនល្អក់ មាននន្ទិរាគៈ និងភពអស់ហើយ ព្រះអង្គឆ្លងហើយនូវវិសត្តិកាតណ្ហាក្នុងលោក ព្រះអង្គញ៉ាំងប្រជុំជនឲ្យរលត់ទុក្ខ ទ្រង់ឆ្លងហើយ ជាព្រះមុនីរបស់ពួកជនអ្នកឆ្លង កំពុងចម្រើនឈាន មានព្រះហឫទ័យនឹងក្នុងអារម្មណ៍តែមួយ តាំងមាំល្អក្នុងព្រៃ។ ខ្ញុំពាក់នូវផ្កាច្បារលើខ្សែអំបោះ ហើយថ្វាយចំពោះព្រះពុទ្ធ ព្រះនាមសិខី ជាផៅពង្សនៃលោក។ ក្នុងកប្ប ទី ៣១ អំពីកប្បនេះ គ្រានោះ ព្រោះហេតុដែលខ្ញុំបានធ្វើបុញ្ញកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ព្រះនាមសមន្តចក្ខុ ទ្រង់មានយសច្រើន ជាធំក្នុងមនុស្ស មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះពន្ធុជីវកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ពន្ធុជីវកត្ថេរាបទាន។

តម្ពបុប្ផិយត្ថេរាបទាន ទី២

(២. តម្ពបុប្ផិយត្ថេរអបទានំ)

[៥២] ខ្ញុំប្រកបក្នុងការងាររបស់ជនដទៃ បានធ្វើនូវកំហុស ជាអ្នកពេញប្រៀបដោយភ័យ និងពៀរ ហើយក៏ស្ទុះរត់ទៅពួនក្នុងទីព្រៃ។ ខ្ញុំឃើញដើមឈើ ដែលមានផ្ការីកស្គុះស្គាយ ចងជាចង្កោម ដែលធម្មតានិម្មិតល្អហើយ កាន់យកនូវផ្កាក្រហមរោយរាយចុះទៀបពោធិព្រឹក្ស។ ខ្ញុំបោសដើមច្រនៀង ជាឈើដ៏ឧត្តម ជាពោធិព្រឹក្សនោះ ហើយចូលទៅជិតគល់ពោធិព្រឹក្ស អង្គុយផ្គត់ភ្នែន។ កាលពួកជនស្វែងរកផ្លូវដែលខ្ញុំទៅ ក៏មកកាន់សំណាក់ខ្ញុំ លុះខ្ញុំឃើញនូវពួកជនទាំងនោះ ក៏នឹកដល់ពោធិព្រឹក្សដ៏ឧត្តម ក្នុងទីនោះ។ ខ្ញុំមានចិត្តជ្រះថ្លា ថ្វាយបង្គំដើមពោធិព្រឹក្ស រួចហើយក៏ធ្លាក់ទៅក្នុងជ្រោះភ្នំដែលគួរខ្លាច មានជម្រៅច្រើនជួរដើមត្នោត។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាពោធិព្រឹក្ស។ ក្នុងកប្បទី ៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ព្រះនាមសម្មសិតៈ ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតម្ពបុប្ផិយត្ថេរមានអាយុ បានសម្ដែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ តម្ពបុប្ផិយត្ថេរាបទាប។

វីថិសម្មជ្ជកត្ថេរាបទាន ទី៣

(៣. វីថិសម្មជ្ជកត្ថេរអបទានំ)

[៥៣] ខ្ញុំបានឃើញព្រះពុទ្ធ ជានាយកនៃលោក កំពុងស្ដេចទៅ ដូចព្រះអាទិត្យមានរស្មីដ៏ច្រើន កាលរះឡើងមានរស្មីពណ៌លឿង ឬដូចព្រះចន្ទក្នុងថ្ងៃទី ១៥ កើត។ ពួកព្រះខីណាស្រពទាំងពួង មានប្រមាណ ៦៨,០០០ ចោមរោមព្រះសម្ពុទ្ធ ព្រះអង្គជាធំជាងសត្វជើងពីរ ជានរាសភៈ។ កាលព្រះលោកនាយកកំពុងយាងទៅ ខ្ញុំមានចិត្តជ្រះថ្លា បានបោសថ្នល់នោះ ហើយលើកនូវទង់ជ័យក្នុងទីនោះ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយទង់ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយទង់។ ក្នុងកប្បទី ៤ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចព្រះនាមសុធជៈ ទ្រង់មានកម្លាំងច្រើន ទ្រង់បរិបូណ៌ដោយអាការៈទាំងពួង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះវីថិសម្មជ្ជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ វីថិសម្មជ្ជកត្ថេរាទាន។

កក្ការុបូជកត្ថេរាបទាន ទី៤

(៤. កក្ការុបុប្ផបូជកត្ថេរអបទានំ)

[៥៤] ខ្ញុំជាទេវបុត្ត បានបូជាចំពោះព្រះពុទ្ធជានាយក ព្រះនាមសិខី ខ្ញុំកាន់យកផ្កាល្ពៅ បង្អោនថ្វាយព្រះពុទ្ធ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៩ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ៧ ជាតិ ទ្រង់មានកម្លាំងច្រើន ទ្រង់ឧត្តម បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកក្ការុបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កក្ការុបូជកត្ថេរាបទាន។

មន្ទារវបុប្ផបូជកត្ថេរាបទាន ទី៥

(៥. មន្ទារវបុប្ផបូជកត្ថេរអបទានំ)

[៥៥] ខ្ញុំជាទេវបុត្ត បានបូជាចំពោះព្រះពុទ្ធជានាយក ព្រះនាមសិខី ខ្ញុំបានបូជាចំពោះព្រះពុទ្ធដោយផ្កាមន្ទារវៈ។ ផ្កាកម្រងទិព្វ ជាគ្រឿងប្រក់លើព្រះតថាគត អស់ ៧ ថ្ងៃ ពួកជនទាំងអស់មកចួបជុំគ្នាហើយ នមស្ការព្រះតថាគត។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថា្វយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមជុតិន្ធរៈ ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះមន្ទារវបុប្ផបូជកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មន្ទារវបុប្ផបូជកត្ថេរាបទាន។

កទម្ពបុប្ផិយត្ថេរាបទាន ទី៦

(៦. កទម្ពបុប្ផិយត្ថេរអបទានំ)

[៥៦] ភ្នំឈ្មោះកុក្កុដៈ មានក្នុងទីជិតភ្នំហិមពាន្ត ព្រះពុទ្ធ ៧ ព្រះអង្គនោះ តែងគង់នៅទៀបជើងភ្នំនោះ ខ្ញុំបានឃើញដើមកទម្ព ដែលមានផ្ការីកស្គុះស្គាយ ដូចព្រះអាទិត្យរះឡើង ទើបកាន់យកដោយដៃទាំងពីរ ហើយរោយរាយថ្វាយព្រះពុទ្ធទាំង ៧ អង្គ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៧ ជាតិ ព្រះនាម បុប្ផៈដូចគ្នា ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកទម្ពបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កទម្ពបុប្ផិយត្ថេរាបទាន។

តិណសូលកត្ថេរាបទាន ទី៧

(៧. តិណសូលកត្ថេរអបទានំ)

[៥៧] ភ្នំឈ្មោះភូតគណៈ មានក្នុងទីជិតភ្នំហិមពាន្ត ព្រះជិនស្រីសយម្ភូ ទ្រង់រលាស់ចេញចាកលោក ទ្រង់គង់មួយអង្គឯង ក្នុងទីនោះ។ ខ្ញុំយកផ្កាម្លិះរួតទាំងឡាយ បូជាព្រះពុទ្ធ ខ្ញុំមិនដែលទៅកើតជាវិនិបាត អស់ ៩៩ ពាន់កប្ប ព្រោះកុសលនេះ។ ក្នុងកប្បទី ១១ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ព្រះនាមធរណីរុហៈ ទ្រង់មានកម្លាំងច្រើន ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតិណសូលកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ តិណសូលកត្ថេរាបទាន។

នាគបុប្ផិយត្ថេរាបទាន ទី៨

(៨. នាគបុប្ផិយត្ថេរអបទានំ)

[៥៨] ព្រាហ្មណ៍ឈ្មោះសុវច្ឆៈ ជាអ្នកដល់នូវត្រើយនៃមន្ត មានពួកសិស្សចោមរោម តែងនៅក្នុងចន្លោះភ្នំ។ ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់គួរទទួលនូវគ្រឿងបូជា ព្រះអង្គមានប្រាថ្នាដើម្បីស្រោចស្រង់នូវខ្ញុំ ទើបស្តេចមកកាន់សំណាក់ខ្ញុំ។ ទ្រង់ចង្រ្កមលើអាកាស ដូចប្រទីបរុងរឿង ទ្រង់ជ្រាបច្បាស់នូវសេចក្តីត្រេកអររបស់ខ្ញុំ ហើយមានព្រះភក្រ្តបែរទៅទិសខាងកើត ស្តេចចៀសចេញទៅ។ ចំណែកខាងខ្ញុំ ឃើញហេតុអស្ចារ្យចម្លែក គួរជាទីព្រឺរោមនោះហើយ ក៏កាន់យកនូវផ្កាខ្ទឹង រោយរាយលើផ្លូវដែលព្រះអង្គស្តេចទៅ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានរោយរាយផ្កា ដោយចិត្តជ្រះថ្លានោះ ខ្ញុំមិនដែលទៅកើតក្នុងទុគ្គតិ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមមហារថៈ ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះនាគបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ នាគបុប្ផិយត្ថេរាបទាន។

បុន្នាគបុប្ផិយត្ថេរាបទាន ទី៩

(៩. បុន្នាគបុប្ផិយត្ថេរអបទានំ)

[៥៩] ខ្ញុំជានាយព្រាន បានចូលទៅនៅអាស្រ័យក្នុងព្រៃធំ បានឃើញដើមបុន្នាគព្រឹក្ស ដែលមានផ្ការីកស្គុះស្គាយ ហើយនឹករលឹកចំពោះព្រះពុទ្ធ ជាបុគ្គលដ៏ប្រសើរ។ ខ្ញុំបេះផ្កានោះ ដែលមានក្លិនក្រអូបយ៉ាងក្រៃលែង ហើយធ្វើជាព្រះស្តូបលើផ្នូរខ្សាច់ បូជាចំពោះព្រះពុទ្ធ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១ អង្គ ព្រះនាមតមោនុទៈ ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបុន្នាគបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បុន្នាគបុប្ផិយត្ថេរាបទាន។

កុមុទទាយកត្ថេរាបទាន ទី១០

(១០. កុមុទទាយកត្ថេរអបទានំ)

[៦០] មានស្រះកើតឯងដ៏ធំ ក្នុងទីជិតភ្នំហិមពាន្ត ជាស្រះដេរដាសដោយឈូក និងឧប្បល ព្រោងព្រាតដោយផ្កាឈូកស។ ក្នុងកាលនោះ ខ្ញុំកើតជាមាន់ ជាសកុណជាតិ នៅជិតស្រះនោះ ជាសត្វមានសីល បរិបូណ៌ដោយវត្ត ឈ្លាសវៃក្នុងអំពើបុណ្យ និងបាប។ ព្រះពុទ្ធជាមហាមុនី ព្រះនាមបទុមុត្តរៈ ជ្រាបច្បាស់នូវលោក ទ្រង់គួរទទួលនូវគ្រឿងបូជា ត្រាច់ទៅក្នុងទីមិនឆ្ងាយអំពីជាតស្រះនោះ។ ខ្ញុំបានកាច់ផ្កាកុមុទ ដែលកើតក្នុងទឹក បង្អោនចូលមកថ្វាយព្រះមហេសី។ ព្រះពុទ្ធជាមហាមុនី ទ្រង់ជ្រាបនូវសេចក្តីត្រិះរិះរបស់ខ្ញុំ ទ្រង់ក៏ទទួលយក។ ខ្ញុំត្រូវកុសលមូលដាស់តឿន ព្រោះបានឲ្យទាននោះ ខ្ញុំក៏មិនទៅកើតក្នុងទុគ្គតិ អស់មួយសែនកប្ប។ ក្នុងកប្បទី ១១៦ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៨ ជាតិ ព្រះនាមវរុណៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកុមុទទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កុមុទទាយកត្ថេរាបទាន។

ឧទ្ទាន

ពន្ធុជីវកត្ថេរាបទាន ១ តម្ពបុប្ផិយត្ថេរាបទាន ១ វីថិសម្មជ្ជកត្ថេរាបទាន ១ កក្ការុបូជកត្ថេរាបទាន ១ មន្ទារវបុប្ផបូជកត្ថេរាបទាន ១ កទម្ពបុប្ផិយត្ថេរាបទាន ១ តិណសូលកត្ថេរាបទាន ១ នាគបុប្ផិយត្ថេរាបទាន ១ បុន្នាគបុប្ផិយត្ថេរាបទាន ១ កុមុទទាយកត្ថេរាបទាន ១ គាថា (ទាំងនេះ) មាន ៥៦ ដែលលោកសម្តែងទុកហើយ។

ចប់ ពន្ធុជីវកវគ្គ ទី១៦។

សុបារិចរិយវគ្គ ទី១៧

(១៧. សុបារិចរិយវគ្គោ)

សុបារិចរិយត្ថេរាបទាន ទី១

(១. សុបារិចរិយត្ថេរអបទានំ)

[៦១] ព្រះពុទ្ធព្រះនាមបទុមៈ ព្រះអង្គជាធំជាងសត្វជើងពីរ ជានរាសភៈ ទ្រង់មានបញ្ញាចក្ខុ ទ្រង់ចេញចាកព្រៃ គឺតណ្ហា តែងសម្តែងនូវធម៌។ ពួកយក្ខបានប្រជុំគ្នា ក្នុងទីជិតព្រះពុទ្ធមហេសី ដោយកិច្ចដែលពួកយក្ខទាំងនោះមកជួបជុំគ្នាហើយ ប្រាថ្នាមើល (នូវព្រះសម្ពុទ្ធ) ក្នុងខណៈនោះ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តត្រេកអរ ដឹងច្បាស់នូវវាចារបស់ព្រះពុទ្ធ ជាគ្រឿងសម្តែងនូវព្រះនិព្វាន ឈ្មោះអមតៈ ទះដៃហើយចូលទៅបម្រើ។ ខ្ញុំជួបនូវផលនៃការបម្រើ ដែលខ្ញុំសន្សំល្អហើយ ចំពោះព្រះសាស្តា ក្នុងកប្បទីបីម៉ឺន ខ្ញុំមិនដែលទៅកើតក្នុងទុគ្គតិឡើយ។ ក្នុងកប្បទី ១២៩ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមសមលង្គតៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសុបារិចរិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សុបារិចរិយត្ថេរាបទាន។

កណវេរបុប្ផិយត្ថេរាបទាន ទី២

(២. កណវេរបុប្ផិយត្ថេរអបទានំ)

[៦២] ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ជាចម្បងក្នុងលោក ជានរាសភៈ មានពួកសាវ័កចោមរោមហើយ ទ្រង់ស្តេចមកកាន់ក្រុង។ ខ្ញុំជាអ្នកគ្រប់គ្រងក្នុងខាងក្នុងបូរីរបស់ស្តេច ដែលស្តេចតែងតាំង ខ្ញុំចូលទៅក្នុងប្រាសាទ បានឃើញព្រះពុទ្ធជាលោកនាយក។ ខ្ញុំយកផ្កាច្បារោយរាយចំពោះភិក្ខុសង្ឃ រោយរាយចំពោះព្រះពុទ្ធ ធ្វើឲ្យផ្សេង ច្រើនក្រៃលែងជាងនោះ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៨៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ឈ្មោះមហិទ្ធិកៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកណវេរបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កណវេរបុប្ផិយត្ថេរាបទាន។

ខជ្ជទាយកត្ថេរាបទាន ទី៣

(៣. ខជ្ជកទាយកត្ថេរអបទានំ)

[៦៣] ក្នុងកាលពីដើម ខ្ញុំបានថ្វាយផ្លែឈើ បានថ្វាយផ្លែដូង ដែលគេសន្មតថាជាបង្អែម ចំពោះព្រះមានព្រះភាគ ព្រះនាមតិស្សៈ។ លុះខ្ញុំថ្វាយផ្លែឈើនោះ ចំពោះព្រះពុទ្ធព្រះនាមតិស្សៈ ជាមហេសីហើយ ក៏រីករាយ ខ្ញុំមានសេចក្តីប្រាថ្នាក្នុងកាម ក៏បានទៅកើតតាមសេចក្តីប្រាថ្នា។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ក្នុងគ្រានោះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការឲ្យនូវផ្លែឈើ។ ក្នុងកប្បទី ១៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមឥន្ទសមៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះខជ្ជទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ខជ្ជទាយកត្ថេរាបទាន។

ទេសបូជកត្ថេរាបទាន ទី៤

(៤. ទេសបូជកត្ថេរអបទានំ)

[៦៤] ព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ជាចម្បងក្នុងលោក ជានរាសភៈ ហោះទៅកាន់អាកាស ស្តេចទៅក្នុងផ្លូវអាកាស។ ព្រះសាស្តាជាមហាមុនី ឋិតនៅក្នុងប្រទេសណា ហើយទ្រង់ហោះទៅ ខ្ញុំជ្រះថ្លា បានបូជាចំពោះប្រទេសនោះ ដោយដៃរបស់ខ្លួន។ ក្នុងកប្បទី ១១៨ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឃើញព្រះមហាមុនី ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាចំពោះប្រទេស។ ក្នុងកប្បទី ១១១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមគោសុជាត ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះទេសបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ទេសបូជកត្ថេរាបទាន។

កណិការច្ឆទនិយត្ថេរាបទាន ទី៥

(៥. កណិការឆត្តិយត្ថេរអបទានំ)

[៦៥] ព្រះសម្ពុទ្ធ ព្រះនាមវេស្សភូ ជាចម្បងក្នុងលោក ជានរាសភៈ ជាអ្នកប្រាជ្ញ ទ្រង់ស្តេចចូលទៅកាន់មហាវ័ន ដើម្បីសម្រាកក្នុងវេលាថ្ងៃ។ ក្នុងកាលនោះ ខ្ញុំកាច់ផ្កាកណិការ ធ្វើជាឆត្រ លុះខ្ញុំធ្វើឲ្យជាដំបូលដោយផ្ការួចហើយ ទើបបូជាចំពោះព្រះពុទ្ធ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ២០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៨ ជាតិ ព្រះនាមសោណ្ណាភៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកណិការច្ឆទនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កណិការច្ឆទនិយត្ថេរាបទាន។

សប្បិទាយកត្ថេរាបទាន ទី៦

(៦. សប្បិទាយកត្ថេរអបទានំ)

[៦៦] ព្រះមានព្រះភាគ ព្រះនាមផុស្សៈ ទ្រង់គួរទទួលនូវគ្រឿងបូជា ព្រះអង្គជាវីរបុរស ស្តេចទៅតាមផ្លូវ ញ៉ាំងមហាជនឲ្យរលត់ទុក្ខ។ ព្រះមានព្រះភាគ ក៏ស្តេចមកកាន់សំណាក់របស់ខ្ញុំតាមលំដាប់ ក្នុងកាលនោះ ខ្ញុំទទួលយកបាត្រ ហើយបានថ្វាយទឹកដោះថ្លា និងប្រេង។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយទឹកដោះថ្លា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយទឹកដោះថ្លា។ ក្នុងកប្បទី ៥៦ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ព្រះនាមសមោទកៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសប្បិទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សប្បិទាយកត្ថេរាបទាន។

យុធិកបុប្ផិយត្ថេរាបទាន ទី៧

(៧. យូថិកបុប្ផិយត្ថេរអបទានំ)

[៦៧] ខ្ញុំទៅតាមទីបណ្តោយខ្សែទឹក ទៀបឆ្នេរស្ទឹងឈ្មោះចន្ទភាគា ខ្ញុំបានឃើញព្រះពុទ្ធសយម្ភូ ដូចសាលរាជព្រឹក្ស ដែលមានផ្ការីកស្គុះស្គាយ ជិតស្ទឹងនោះ។ ខ្ញុំកាន់យកផ្កាដកខិម ហើយចូលទៅគាល់ព្រះមហាមុនី ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយចំពោះព្រះពុទ្ធ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៦៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពតិ្តមួយអង្គ ព្រះនាមសាមុទ្ធរៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះសម្ពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះយុធិកបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ យុធិកបុប្ផិយត្ថេរាបទាន។

ទុស្សទាយកត្ថេរាបទាន ទី៨

(៨. ទុស្សទាយកត្ថេរអបទានំ)

[៦៨] ក្នុងកាលនោះ ខ្ញុំជារាជបុត្ត ក្នុងបូរីឈ្មោះតិវរា ជាទីក្រុងគួររីករាយ ខ្ញុំបាននូវបណ្ណាការ ហើយថ្វាយព្រះពុទ្ធ ព្រះអង្គជាបុគ្គលស្ងប់រម្ងាប់។ ព្រះមានព្រះភាគ ទ្រង់ទទួលហើយ ទ្រង់ពាល់សំពត់ដោយព្រះហស្ត លុះព្រះពុទ្ធព្រះនាមសិទ្ធត្ថៈទទួលហើយ ក៏ហោះទៅកាន់អាកាសវេហាស៍។ កាលព្រះពុទ្ធស្តេចទៅ សំពត់ទាំងឡាយក៏អណ្តែតទៅតាមក្រោយ ខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លាចំពោះព្រះពុទ្ធនោះថា ព្រះពុទ្ធជាអគ្គបុគ្គលរបស់យើង។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយសំពត់ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយសំពត់។ ក្នុងកប្បទី ៦៧ អំពីកប្បនេះ ក្នុងកាលនោះខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមបរិសុទ្ធៈ ជាធំជាងមនុស្ស ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះទុស្សទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ទុស្សទាយកត្ថេរាបទាន។

សមាទបកត្ថេរាបទាន ទី៩

(៩. សមាទបកត្ថេរអបទានំ)

[៦៩] ខ្ញុំជាអ្នកមានពួកគណៈច្រើន ក្នុងក្រុងពន្ធុមតី ជាបុគ្គលប្រសើរជាងពួកជនទាំងនោះ ពួកជនទាំងនោះ សុទ្ធតែប្រព្រឹត្តតាមសេចក្តីប្រាថ្នារបស់ខ្ញុំ។ ខ្ញុំប្រជុំពួកជនទាំងអស់នោះ ហើយបបួលក្នុងបុញ្ញកម្មថា យើងនឹងធ្វើនូវរោង សម្រាប់ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់ព្រះសង្ឃ។ ពួកជនទាំងនោះ ក៏ទទួលស្គាល់ថា ប្រពៃ ហើយប្រព្រឹត្តតាមអំណាចសេចក្តីប្រាថ្នារបស់ខ្ញុំ លុះធ្វើរោងនោះឲ្យសម្រេចហើយ ក៏ថ្វាយចំពោះព្រះពុទ្ធ ព្រះនាមវិបស្សី។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយរោង ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយរោង។ ក្នុងកប្បទី ៥៩ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ព្រះនាមអាវេលៈ ទ្រង់ជាធំជាងជន មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសមាទបកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សមាទបកត្ថេរាបទាន។

បញ្ចង្គុលិយត្ថេរាបទាន ទី១០

(១០. បញ្ចង្គុលិយត្ថេរអបទានំ)

[៧០] ព្រះមានព្រះភាគ ព្រះនាមតិស្សៈ ជាទីពឹងនៃសត្វលោក ជានរាសភៈ ខ្ញុំបានឃើញព្រះពុទ្ធមហាមុនី ព្រះអង្គជាអ្នកឈ្លាសវៃក្នុងវិហារធម៌ កំពុងចូលគន្ធកុដិ ទើបកាន់យកនូវផ្កាកម្រងមានក្លិនក្រអូប ហើយដើរទៅកាន់សំណាក់ព្រះជិនស្រី។ ខ្ញុំមានសទ្ធាតិចតួចសោះ បានថ្វាយនូវគ្រឿងក្រអូប ប្រស់ព្រំដោយម្រាមដៃប្រាំ ចំពោះព្រះសម្ពុទ្ធ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយគ្រឿងក្រអូប ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃគ្រឿងក្រអូប ដែលប្រស់ព្រំដោយម្រាមដៃប្រាំ។ ក្នុងកប្បទី ៧២ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមសយម្បកៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបញ្ចង្គុលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បញ្ចង្គុលិយត្ថេរាបទាន។

ឧទ្ទាន

សុបារិចរិយត្ថេរាបទាន ១ កណវេរបុប្ផិយត្ថេរាបទាន ១ ខជ្ជទាយកត្ថេរាបទាន ១ ទេសបូជកត្ថេរាបទាន ១ កណិការច្ឆទនិយត្ថេរាបទាន ១ សប្បិទាយកត្ថេរាបទាន ១ យុធិកបុប្ផិយត្ថេរាបទាន ១ ទុស្សទាយកត្ថេរាបទាន ១ សមាទបកត្ថេរាបទាន ១ បញ្ចង្គុលិយត្ថេរាបទាន ១ មានគាថា ៥៤។

ចប់ សុបារិចរិយវគ្គ ទី១៧។

កុមុទវគ្គ ទី១៨

(១៨. កុមុទវគ្គោ)

កុមុទមាលិយត្ថេរាបទាន ទី១

(១. កុមុទមាលិយត្ថេរអបទានំ)

[៧១] មានស្រះកើតឯងដ៏ធំ នៅទៀបភ្នំហិមពាន្ដ ខ្ញុំជាអារក្សទឹក កើតក្នុងស្រះនោះ មានរូបដ៏សម្បើម មានកម្លាំងច្រើន។ កុមុទមានផ្ការីកស្គុះស្គាយក្នុងស្រះនោះ ពួកផ្កាកុមុទប្រមាណប៉ុនកង់រទេះ កើតឡើងក្នុងស្រះនោះ ខ្ញុំតែងបេះផ្កាផង ផ្លែផង ជារឿយៗ។ គាប់ជួនព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ជាធំជាងសត្វជើងពីរ ជានរាសភៈ ទ្រង់ឃើញផ្កា ដែលខ្ញុំបេះគរទុក ក៏ស្ដេចមកក្នុងសំណាក់របស់ខ្ញុំ។ លុះ (ខ្ញុំឃើញ) នូវព្រះសម្ពុទ្ធ ជាទេវតារបស់ទេវតា ជានរាសភៈហើយ ខ្ញុំក៏យកផ្កាទាំងអស់ មកថ្វាយព្រះពុទ្ធ។ ក្នុងកាលនោះ ផ្កាកម្រងទាំងប៉ុន្មាន ក៏ទៅជាគ្រឿងប្រក់ថ្វាយព្រះតថាគត ដែលស្ដេចនៅទៀបភ្នំហិមពាន្ដ។ ក្នុងកប្បទី ១១៨ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្ដិ ៧ ជាតិ ជាធំជាងជន ព្រះនាមសហស្សរថ ទ្រង់មានកម្លាំងច្រើន។ បដិសម្កិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្ដិហើយ។

បានឮថា ព្រះកុមុទមាលិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កុមុទមាលិយត្ថេរាបទាន។

និស្សេណីទាយកត្ថេរាបទាន ទី២

(២. និស្សេណិទាយកត្ថេរអបទានំ)

[៧២] ខ្ញុំបានឲ្យគេធ្វើជណ្ដើរ សម្រាប់ឡើងកាន់ប្រាសាទ ថ្វាយព្រះមានព្រះភាគ ព្រះនាមកោណ្ឌញ្ញៈ ជាទីពឹងនៃសត្វលោក ទ្រង់ប្រកបដោយតាទិគុណ។ ខ្ញុំបានបំពេញសម្បទា (នៃបុណ្យ) ដោយសេចក្ដីជ្រះថ្លានៃចិត្ដនោះ ទើបខ្ញុំទ្រទ្រង់នូវរាងកាយជាទីបំផុត ក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធ។ ក្នុងកប្បទី ១.០៣១ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៣ ជាតិ ព្រះនាមសម្ពហុលៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះនិស្សេណីទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ និស្សេណីទាយកត្ថេរាបទាន។

រត្តិយបុប្ផិយត្ថេរាបទាន ទី៣

(៣. រត្តិបុប្ផិយត្ថេរអបទានំ)

[៧៣] ក្នុងជាតិមុន ខ្ញុំជាព្រានម្រឹគ នៅក្នុងព្រៃធំ ខ្ញុំបានឃើញព្រះពុទ្ធ ព្រះនាមវិបស្សី ជាទេវតារបស់ទេវតា ជានរាសភៈ។ ខ្ញុំបានឃើញដើមឈើខ្លែងគង់ ដែលមានផ្ការីកស្គុះស្គាយ ប្រកបដោយសេចក្តីត្រេកអរ ហើយកាន់យកទាំងឫស មកថ្វាយព្រះពុទ្ធមហេសី។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្កា។ ក្នុងកប្បទី ៨ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ព្រះនាមសុប្បសន្នៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះរត្តិយបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ រត្តិយបុប្ផិយត្ថេរាបទាន។

ឧទបានទាយកត្ថេរាបទាន ទី៤

(៤. ឧទបានទាយកត្ថេរអបទានំ)

[៧៤] ខ្ញុំបានធ្វើអណ្តូង ថ្វាយចំពោះព្រះមានព្រះភាគ ព្រះនាមវិបស្សី ក្នុងកាលនោះ ខ្ញុំយកចង្ហាន់បិណ្ឌបាតថ្វាយ (ថែមទៀត)។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើបុញ្ញកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយអណ្តូង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឧទបានទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឧទបានទាយកត្ថេរាបទាន។

សីហាសនទាយកត្ថេរាបទាន ទី៥

(៥. សីហាសនទាយកត្ថេរអបទានំ)

[៧៥] កាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ ជានាយក ជាទីពឹងនៃលោក បរិនិព្វានហើយ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយសីហាសនៈ។ សេចក្តីពិត ជនមានប្រមាណច្រើននាក់ បាននូវសេចក្តីសុខក្នុងបរលោក ហើយរំលត់ទុក្ខបាន ព្រោះធ្វើនូវការបូជាដោយគ្រឿងក្រអូប និងផ្កាកម្រងជាច្រើន ក្នុងទីបរិនិព្វាននោះ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ថ្វាយបង្គំនូវពោធិព្រឹក្សដ៏ឧត្តម ខ្ញុំមិនទៅកើតក្នុងទុគ្គតិអស់មួយសែនកប្ប ព្រោះកុសលនេះ។ ក្នុងកប្បទី ១៥.០០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៨ ជាតិ ព្រះនាមសីលុច្ចយៈដូចគ្នា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសីហាសនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សីហាសនទាយកត្ថេរាបទាន។

មគ្គទត្តិកត្ថេរាបទាន ទី៦

(៦. មគ្គទត្តិកត្ថេរអបទានំ)

[៧៦] ព្រះមានព្រះភាគ ព្រះនាមអនោមទស្សី ជាធំជាងសត្វជើងពីរ ជានរាសភៈ ទ្រង់ចង្រ្កមក្នុងទីវាលស្រឡះ ដើម្បីប្រយោជន៍ដល់សេចក្តីសុខក្នុងបច្ចុប្បន្ន។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយបង្គំព្រះបាទា ដែលទ្រង់លើកឡើងហើយ ខ្ញុំបេះផ្កាទាំងឡាយដែលល្អ ឋិតលើកំពូលភ្នំ មករោយរាយថ្វាយ។ ក្នុងកប្បទី ២០.០០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៥ ជាតិ ព្រះនាមបុប្ផច្ឆទនិយៈដូចគ្នា មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះមគ្គទត្តិកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មគ្គទត្តិកត្ថេរាបទាន។

ឯកទីបិយត្ថេរាបទាន ទី៧

(៧. ឯកទីបិយត្ថេរអបទានំ)

[៧៧] ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយប្រទីបមួយដល់ព្រះមុនី ព្រះនាមបទុមុត្តរៈ ទៀបដើមស្រល់ ជាពោធិព្រឹក្សដ៏ប្រសើរ។ កាលខ្ញុំកើតក្នុងភព កាលការសន្សំបុណ្យកើតហើយ ខ្ញុំក៏មិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយប្រទីប។ ក្នុងកប្បទី ១៦ ពាន់ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៤ ជាតិ ព្រះនាមចន្ទាភៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឯកទីបិយត្ថេរមានអាយុ បានសម្ដែងនូវគាថានេះ ដោយប្រការដូច្នេះ។

ចប់ ឯកទីបិយត្ថេរាបទាន។

ចប់ ភាណវារៈ ទី៩។

មណិបូជកត្ថេរាបទាន ទី៨

(៨. មណិបូជកត្ថេរអបទានំ)

[៧៨] ស្ទឹងតែងហូរចេញអំពីខាងអាយភ្នំហិមពាន្ត គាប់ចួនគ្រានោះ ព្រះពុទ្ធសយម្ភូ ទ្រង់គង់នៅក្នុងខេត្តជាបន្ទាប់នៃស្ទឹងនោះ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ យកបល្ល័ង្កកែវមណី ដែលគេរចនាដោយប្រពៃ ជាទីត្រេកអរនៃចិត្ត ថ្វាយចំពោះព្រះពុទ្ធ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយបល្ល័ង្កកែវមណី ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១២ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៨ ជាតិ ព្រះនាមសតរង្សីដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះមណិបូជកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មណិបូជកត្ថេរាបទាន។

តិកិច្ឆកត្ថេរាបទាន ទី៩

(៩. តិកិច្ឆកត្ថេរអបទានំ)

[៧៩] ខ្ញុំជាពេទ្យ មានវេជ្ជសាស្រ្តសិក្សាល្អហើយ នៅក្នុងនគរពន្ធុមតី ជាអ្នកនាំមកនូវសេចក្តីសុខដល់មហាជន ពិសេសចំពោះពួកជនអ្នកមានជំងឺ មានទុក្ខខ្លាំង។ ខ្ញុំឃើញសមណៈអ្នកមានសីល មានសេចក្តីរុងរឿងច្រើន ដែលកំពុងឈឺថ្កាត់ ក្នុងកាលនោះ ក៏មានចិត្តជ្រះថ្លា មានចិត្តរីករាយ បានប្រគេនភេសជ្ជៈ។ សមណៈនោះ ឈ្មោះអសោកៈ មានឥន្រ្ទិយសង្រួមល្អ ជាឧបដ្ឋាករបស់ព្រះវិបស្សីសម្ពុទ្ធ ក៏សះជារោគ ដោយភេសជ្ជៈនោះ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានប្រគេនឱសថ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃភេសជ្ជៈ។ ក្នុងកប្បទី ៨ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ព្រះនាមសព្វោសថៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតិកិច្ឆកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ តិកិច្ឆកត្ថេរាបទាន។

សង្ឃុបដ្ឋាកត្ថេរាបទាន ទី១០

(១០. សង្ឃុបដ្ឋាកត្ថេរអបទានំ)

[៨០] ខ្ញុំជាអារាមិកជន (អ្នកទំនុកបម្រុងអារាម ឬញោមវត្ត) ក្នុងសំណាក់ព្រះមានព្រះភាគ ព្រះនាមវេស្សកូ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបម្រើព្រះសង្ឃដ៏ឧត្តម។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងគ្រានោះ ព្រោះហេតុដែលខ្ញុំបានធ្វើបុញ្ញកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបម្រើ។ ក្នុងកប្បទី ៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពតិ្ត ៧ ជាតិ ព្រះនាមសមោត្ថកៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះសង្ឃុបដ្ឋាកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សង្ឃុបដ្ឋាកត្ថេរាបទាន។

ឧទ្ទាន

កុមុទមាលិយត្ថេរាបទាន ១ និស្សេណីទាយកត្ថេរាបទាន ១ រត្តិយបុប្ផិយត្ថេរាបទាន ១ ឧទបានទាយកត្ថេរាបទាន ១ សីហាសនទាយកត្ថេរាបទាន ១ មគ្គទតិ្តកត្ថេរាបទាន ១ ឯកទីបិយត្ថេរាបទាន ១ មណិបូជកត្ថេរាបទាន ១ តិកិច្ឆកត្ថេរាបទាន ១ សង្ឃុបដ្ឋាកត្ថេរាបទាន ១ មានគាថា ៤៩។

ចប់ កុមុទវគ្គ ទី១៨

កុដជបុប្ផិយវគ្គ ទី១៩

(១៩. កុដជបុប្ផិយវគ្គោ)

កុដជបុប្ផិយត្ថេរាបទាន ទី១

(១. កុដជបុប្ផិយត្ថេរអបទានំ)

[៨១] (ខ្ញុំឃើញ) នូវព្រះផុស្សសម្ពុទ្ធ ទ្រង់មានវណ្ណៈដូចមាស ទ្រង់ឧត្តមដូចព្រះអាទិត្យ ទ្រង់ក្រឡេកមើលទិស ទ្រង់ធើ្វពុទ្ធដំណើរទៅឰដ៏អាកាស។ ខ្ញុំបានឃើញដើមខ្លែងគង់ មានផ្ការីក ហើយបេះផ្ការីក និងផ្កាក្រពុំអំពីដើម បូជាដល់ព្រះផុស្សសម្ពុទ្ធ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៣ ជាតិ ព្រះនាមបុប្ផិតៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកុដជបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កុដជបុប្ផិយត្ថេរាបទាន។

ពន្ធុជីវកត្ថេរាបទាន ទី២

(២. ពន្ធុជីវកត្ថេរអបទានំ)

[៨២] ព្រះសម្ពុទ្ធ ព្រះនាមសោភិតៈ ជាព្រះសយម្ភូ ដែលសប្បុរសសរសើរហើយ ព្រះអង្គស្តេចចូលសមាធិ គង់នៅត្រង់ចន្លោះភ្នំ។ ខ្ញុំកំពុងស្វែងរកផ្កាដ៏ប្រសើរ ដែលកើតក្នុងទឹកនៃជាតស្រះ ក៏បានឃើញផ្កាច្បារ ក្នុងលំដាប់ស្មើ។ ខ្ញុំកាន់យកដោយដៃទាំងពីរ ចូលទៅគាល់ព្រះមហាមុនី ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបូជាដល់ព្រះសោភិតសម្ពុទ្ធ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១៤ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ព្រះនាមសមុទ្ទកប្បៈ ជាធំជាងជន មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះពន្ធុជីវកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ពន្ធុជីវកត្ថេរាបទាន។

កោតុម្ពរិយត្ថេរាបទាន ទី៣

(៣. កោដុម្ពរិយត្ថេរអបទានំ)

[៨៣] ខ្ញុំមានចិត្តរីករាយ ចូលទៅរកព្រះសិខីសម្ពុទ្ធ ទ្រង់រុងរឿងដូចផ្កាកណិការ ដែលគង់នៅត្រង់ចន្លោះភ្នំ ដូចជាសមុទ្រប្រមាណមិនបាន ឬដូចផែនដីដ៏ក្រាស់ ព្រះអង្គមានពួកទេវតាហែហមហើយ ទ្រង់ដូចជាអាជានេយ្យដ៏ប្រសើរ ទ្រង់ជានរៈដ៏ឧត្តម។ ខ្ញុំយកផ្កា ៧ ទង និងសំពត់រោមសត្វដែលលាយល្អ បូជាដល់ព្រះសម្ពុទ្ធ ព្រះនាមសិខី ជាលោកពន្ធុ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ២០ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ព្រះនាមមហានេលៈ ទ្រង់មានតេជះច្រើន មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកោតុម្ពរិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កោតុម្ពរិយត្ថេរាបទាន។

បញ្ចហត្ថិយត្ថេរាបទាន ទី៤

(៤. បញ្ចហត្ថិយត្ថេរអបទានំ)

[៨៤] ព្រះមានព្រះភាគ ព្រះនាមតិស្សៈ ជាច្បងក្នុងលោក ជានរាសភៈ ដែលពួកសាវ័កចោមរោម ស្ដេចទ្រង់ពុទ្ធដំណើរទៅក្នុងថ្នល់។ ខ្ញុំតាំងទុកនូវផ្កាឧប្បល ៥ ក្តាប់ ឬ ៤ ក្តាប់ ខ្ញុំជាកូននៃមាតា ឈ្មោះហិតសិទ្ធិ ប្រាថ្នានឹងថ្វាយគ្រឿងបូជា។ ខ្ញុំដែលរស្មីព្រះពុទ្ធពាល់ត្រូវហើយ បានបូជាព្រះសម្ពុទ្ធ ទ្រង់មានវណ្ណៈដូចជាមាស ទ្រង់ពុទ្ធដំណើរទៅក្នុងចន្លោះរានផ្សារ ព្រះអង្គឧត្តមជាងសត្វជើងពីរ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៥ ជាតិ ព្រះនាមសុលភសម្មតៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបញ្ចហត្ថិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បញ្ចហត្ថិយត្ថេរាបទាន។

ឥសិមុគ្គទាយកត្ថេរាបទាន ទី៥

(៥. ឥសិមុគ្គទាយកត្ថេរអបទានំ)

[៨៥] ខ្ញុំបាននិមន្តព្រះបទុមុត្តរៈជានាយក ទ្រង់មានរស្មីដូចព្រះអាទិត្យ ដែលទើបនឹងរះឡើង ឬដូចព្រះអាទិត្យមានរស្មីលឿង ទ្រង់ល្វាសល្វន់ដូចដើមថ្ងាន់ត្រូវខ្យល់។ ខ្ញុំឋិតនៅលើប្រាសាទ បាននិមន្តព្រះអង្គជាឥសីដ៏ខ្ពង់ខ្ពស់ ហើយថ្វាយផ្លិតឃ្មុំតូចដែលមិនមានមេ ដល់ព្រះពុទ្ធជាលោកពន្ធុ។ ពុទ្ធសាវ័កមានចំនួន ៨ សែន ខ្ញុំបំពេញបាត្ររបស់ពុទ្ធសាវ័កទាំងអស់ឲ្យពេញ ម្យ៉ាងទៀត ខ្ញុំប្រគេននូវវត្ថុច្រើនលើសជាងនោះទៀត។ ខ្ញុំត្រូវកុសលមូលដាស់តឿន ខ្ញុំមិនដែលទៅកើតក្នុងទុគ្គតិអស់មួយសែនកប្ប ដោយចិត្តជ្រះថ្លានោះ។ ក្នុងកប្បទី ៤០,០៣៨ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ព្រះនាមមហិសមន្តៈ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឥសិមុគ្គទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឥសិមុគ្គទាយកត្ថេរាបទាប។

ពោធិឧបដ្ឋាយកត្ថេរាបទាន ទី៦

(៦. ពោធិឧបដ្ឋាកត្ថេរអបទានំ)

[៨៦] ខ្ញុំជាអ្នកវាយសម្ភោរ ក្នុងនគររម្មវតី បានទៅប្រកបការបម្រើជានិច្ច នូវដើមពោធិព្រឹក្សដ៏ប្រសើរ។ ខ្ញុំបម្រើល្ងាចព្រឹក ត្រូវកុសលមូលដាស់តឿនហើយ ក្នុងកប្បទី ១,៨០០ ខ្ញុំមិនដែលទៅកើតក្នុងទុគ្គតិ។ ក្នុងកប្បទី ១,៥០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ជាធំជាងជន មានព្រះនាមទមថៈ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះពោធិឧបដ្ឋាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ពោធិឧបដ្ឋាយកត្ថេរាបទាន។

ឯកចិន្តិកត្ថេរាបទាន ទី៧

(៧. ឯកចិន្តិកត្ថេរអបទានំ)

[៨៧] កាលណាទេវតាច្យុតចាកពួកទេវតា ព្រោះអស់អាយុ សំឡេង ៣ យ៉ាង របស់ពួកទេវតា កាលអនុមោទនា តែងលាន់ឮឡើងថា ម្នាលអ្នកដ៏ចម្រើន អ្នកច្យុតអំពីទេវលោកនេះ ហើយទៅកាន់សុគតិ នៅជាមួយនឹងពួកមនុស្ស លុះកើតជាមនុស្សហើយ ចូរបាននូវសទ្ធាដ៏ប្រសើរ ក្នុងព្រះសទ្ធម្មចុះ សទ្ធារបស់អ្នកដែលតាំងខ្ជាប់ខ្ជួនហើយនោះ នឹងកើតជាមូល តាំងនៅចំពោះ ជាសទ្ធាមិនកម្រើកក្នុងព្រះសទ្ធម្ម ដែលព្រះសុគតសម្ដែងល្អហើយ ដរាបដល់អស់ជីវិត។ អ្នកត្រូវធ្វើកុសលដោយកាយ ធ្វើកុសលឲ្យច្រើនដោយវាចា ធ្វើកុសល គឺមិនព្យាបាទ មិនមានឧបធិដោយចិត្ត។ តពីនោះ អ្នកត្រូវធ្វើបុណ្យនោះ ដែលខ្លួនសន្សំហើយឲ្យច្រើន ដោយការឲ្យទាន មួយវិញទៀត ត្រូវញ៉ាំងពួកសត្វដទៃ ឲ្យតាំងនៅក្នុងព្រះសទ្ធម្ម និងព្រហ្មចរិយធម៌។ ទេវតាជាអ្នកប្រាជ្ញទាំងឡាយ តែងរីករាយនឹងអ្នកដ៏ចម្រើន ដែលជាទេវតាវិសេស ដោយសេចក្តីអនុគ្រោះនេះថា ម្នាលទេវតា អ្នកចូរមករឿយៗ។ កាលពួកទេវតាកំពុងប្រជុំគ្នា គ្រានោះ ខ្ញុំមានសេចក្តីសង្វេគថា អាត្មាអញច្យុតចាកអត្តភាពនេះហើយ នឹងទៅកាន់កំណើតអ្វីហ្ន៎។ មានសមណៈមួយរូប មានឥន្រ្ទិយស្រគត់ស្រគំ ជ្រាបសេចក្តីសងេ្វគរបស់ខ្ញុំ លោកមានប្រាថ្នានឹងស្រង់ខ្ញុំ និមន្តមកក្នុងសំណាក់របស់ខ្ញុំ។ ក្នុងកាលនោះ សមណៈនោះ មាននាមថា សុមនៈ ជាសាវ័ករបស់ព្រះបទុមុត្តរសម្ពុទ្ធ លោកបានប្រដៅអត្ថ និងធម៌ ធ្វើឲ្យខ្ញុំកើតសងេ្វគ។ ខ្ញុំបានស្ដាប់ពាក្យរបស់សមណៈនោះហើយ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធ បានថ្វាយបង្គំព្រះសម្ពុទ្ធហើយ ធ្វើកាលកិរិយាក្នុងទីនោះ។ ខ្ញុំនោះ ត្រូវកុសលមូលដាស់តឿន ក៏ចូលទៅកើតក្នុងទេវលោកនោះដដែល ខ្ញុំមិនដែលទៅកាន់ទុគ្គតិ អស់មួយសែនកប្ប។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឯកចិន្តិកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឯកចិន្តិកត្ថេរាបទាន។

តិកណ្ណិបុប្ផិយត្ថេរាបទាន ទី៨

(៨. តិកណ្ណិបុប្ផិយត្ថេរអបទានំ)

[៨៨] ខ្ញុំកើតជាទេវតា មានពួកស្រីអប្សរចោមរោម រឭកនូវបុព្វកម្ម (របស់ខ្លួន) ហើយរឭកនូវព្រះពុទ្ធដ៏ប្រសើរ។ ខ្ញុំកាន់យកផ្កាតិកណ្ណិព្រឹក្ស ធ្វើចិត្តរបស់ខ្លួនឲ្យជ្រះថ្លា បានបូជាដល់ព្រះពុទ្ធ ព្រះនាមវិបស្សី ជានរាសភៈ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៧៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៤ ជាតិ ព្រះនាមរមុត្តមៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតិកណ្ណិបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ តិកណ្ណិបុប្ផិយត្ថេរាបទាន។

ឯកចារិយត្ថេរាបទាន ទី៩