km:tipitaka:sut:kn:apd:sut.kn.apd.03

សុភូតិវគ្គ ទី៣

សង្ខេប

(?)

sut kn apd 03 បាលី cs-km: sut.kn.apd.03 អដ្ឋកថា: sut.kn.apd.03_att PTS: ?

សុភូតិវគ្គ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

(៣. សុភូតិវគ្គោ)

សុភូតិត្ថេរាបទាន ទី១

(១. សុភូតិត្ថេរអបទានំ)

[២៣] មានភ្នំមួយឈ្មោះនិសភៈ នៅជិតព្រៃហិមពាន្ត អាស្រមរបស់ខ្ញុំ ទាំងបណ្ណសាលារបស់ខ្ញុំ គេសង់ល្អហើយ ក្បែរភ្នំនោះ។ ក្នុងកាលនោះ ខ្ញុំជាជដិល ឈ្មោះកោសិយៈ មានតបៈដ៏ឧក្រិដ្ឋ ប្រព្រឹត្តតែម្នាក់ឯង ឥតមានបុគ្គលជាទីពីរ អាស្រ័យនៅនាភ្នំនិសភៈ។ ខ្ញុំមិនបរិភោគផ្លែឈើ មើមឈើ និងស្លឹកឈើទេ ខ្ញុំចិញ្ចឹមជីវិតដោយផ្លែឈើជ្រុះឯង ក្នុងវេលាព្រឹក។ ខ្ញុំស៊ូលះបង់ជីវិត មិនញុំាងអាជីវៈឲ្យកម្រើក ខ្ញុំញុំាងចិត្តរបស់ខ្លួនឲ្យរីករាយ ចៀសវាងនូវអនេសនៈ។ ចិត្តរបស់ខ្ញុំប្រកបដោយរាគៈ កើតឡើងក្នុងកាលណា ខ្ញុំពិចារណាដោយខ្លួនឯង ខ្ញុំតែម្នាក់ឯងទូន្មាននូវចិត្តនោះ ក្នុងកាលនោះថា អ្នកឯងនៅតែត្រេកអរក្នុងអារម្មណ៍ ដែលគប្បីត្រេកអរផង ប្រទុស្តក្នុងអារម្មណ៍ដែលគប្បីប្រទុស្តផង វង្វេងក្នុងអារម្មណ៍ដែលគប្បីវង្វេងផង អ្នកចូរចៀសចេញចាកព្រៃទៅ។ ប្រទេសនេះ ជាលំនៅរបស់ពួកបុគ្គលជាអ្នកស្អាត ដែលមិនមានមន្ទិល មានតបធម៌ អ្នកកុំប្រទុស្តទីស្អាតនេះឡើយ អ្នកចូរចៀសចេញចាកព្រៃទៅ។ បើអ្នកជាគ្រហស្ថ នឹងបាននូវគូប្រកបក្នុងកាលណា អ្នកកុំធ្វើជនទាំងពីរនាក់ឲ្យអាក់អន់ឡើយ (ក្នុងកាលនោះ) អ្នកចូរចៀសចេញចាកព្រៃទៅ។ ឧសដែលគេដុតសាកសពហើយ ជារបស់ធ្វើកិច្ចមិនបានក្នុងទីណាមួយ គឺមិនបានការក្នុងស្រុក ឬក្នុងព្រៃ ព្រោះថាឧសនោះ គេមិនសន្មតថាជាឧសឡើយ យ៉ាងណាមិញ។ អ្នកឯងទុកដូចជាឧស ដែលគេដុតសាកសព គឺមិនមែនជាគ្រហស្ថ មិនមែនជាបព្វជិតសង្រួមទេ ជាមនុស្សផុតចាកភេទទាំងពីរ ក្នុងថ្ងៃនេះ អ្នកចូរចៀសចេញចាកព្រៃទៅ។ ក្រែងអ្នកគប្បីមានអំពើនុ៎ះឬ ព្រោះអ្នកណានឹងដឹងនូវអំពើរបស់អ្នកនេះ អ្នកនឹងនាំទៅនូវធុរៈ ចាកភាពនៃយើង ដែលជាអ្នកច្រើនដោយសេចក្តីខ្ជិលច្រអូស យ៉ាងឆាប់។ អ្នកប្រាជ្ញទាំងឡាយ នឹងខ្ពើមរអើមអ្នក ដូចអ្នកក្រុងខ្ពើមរអើមវត្ថុមិនស្អាត ឥសីទាំងឡាយ នឹងកោះហៅអ្នកមកចោទសព្វៗ កាល។ អ្នកប្រាជ្ញទាំងឡាយ នឹងតិះដៀលអ្នកថា ជាមនុស្សប្រព្រឹត្តកន្លងសាសនា អ្នកកាលមិនបាននៅរួមជាមួយ (នឹងប្រាជ្ញទាំងឡាយ) តើនឹងរស់នៅដូចម្តេច។ ដំរីមានកម្លាំងចូលទៅជិតដំរីដ៏ប្រសើរ មានអាយុ ៦០ ទើបថយកម្លាំង ចុះប្រេងដោយចំណែក ៣ ហើយបណ្តេញដំរី (នុ៎ះ) ចាកហ្វូង។ ដំរីនុ៎ះ កាលត្រូវដំរីមានកម្លាំង បណ្តេញចេញចាកហ្វូងហើយ រមែងស្ងប់ស្ងៀម មិនបានសុខស្រួលទេ ជាសត្វដល់នូវសេចក្តីទុក្ខ ខូចចិត្ត សញ្ជប់សញ្ជឹង ញាប់ញ័រ យ៉ាងណា។ ពួកជដិលនឹងបណ្តេញអ្នកឯង ដែលមានគំនិតអាក្រក់ចេញ អ្នកឯងត្រូវពួកជដិលទាំងនោះ បណ្តេញចេញហើយ រមែងស្ងប់ស្ងៀម មិនបានសុខស្រួលទេ ក៏យ៉ាងនោះឯង។ អ្នកឯងកំពុងពោរពេញដោយសរ គឺសេចក្តីសោកឆេះរោលរាល ព្រោះសេចក្តីក្តៅក្រហាយទាំងថ្ងៃទាំងយប់ ដូចជាដំរីចុះប្រេង ដែលត្រូវដំរីមានកម្លាំងបណ្តេញចាកហ្វូង។ ជាតរូបក្លែងក្លាយ ចាយមិនដាច់ក្នុងទីណាមួយ យ៉ាងណា អ្នកឯងជាបុគ្គលសាបសូន្យចាកសីល នឹងចាយមិនដាច់ក្នុងទីណាមួយ យ៉ាងនោះដែរ។ អ្នកឯងកាលបើនៅគ្រប់គ្រងផ្ទះ នឹងរស់នៅដូចម្តេចបាន ព្រោះទ្រព្យជារបស់នៃមាតាក្តី ជារបស់នៃបិតាក្តី ដែលអ្នកបម្រុងទុក មិនមានទេ។ អ្នកឯងលុះតែធ្វើការងាររបស់ខ្លួនហើយ ញុំាងញើសក្នុងខ្លួនឲ្យហូរចេញ ទើបនឹងរស់នៅក្នុងផ្ទះបាន ហេតុនេះ ខ្ញុំសូមអង្វរ អ្នកកុំគាប់ចិត្តនឹងការងារនោះឡើយ។ ខ្ញុំឃាត់នូវចិត្តដែលដល់នូវសេចក្តីសៅហ្មង ក្នុងទីនោះ យ៉ាងនេះហើយ ខ្ញុំធ្វើនូវធម្មកថាផ្សេងៗ ហើយឃាត់ចិត្តចាកអំពើអាក្រក់។ កាលបើខ្ញុំនៅដោយសេចក្តីមិនប្រហែស យ៉ាងនេះ ៣០ ពាន់ឆ្នាំរបស់ខ្ញុំ កន្លងហើយក្នុងព្រៃ។ ព្រះបទុមុត្តរសម្ពុទ្ធ ទ្រង់ឃើញខ្ញុំ ជាអ្នកស្វែងរកនូវប្រយោជន៍ដ៏ឧត្តម ដោយសេចក្តីមិនប្រហែស ហើយស្តេចមកកាន់សំណាក់នៃខ្ញុំ។ កាលនោះ ព្រះពុទ្ធមានពន្លឺដូចជាសម្បុរនៃផ្លែទន្លាប់ នឹងប្រមាណមិនបាន មិនមានគ្រឿងប្រៀប មិនមានរូបដទៃប្រាកដស្មើដោយព្រះរូប (របស់ព្រះអង្គ) ទ្រង់ចង្រ្កមឰដ៏អាកាស។ កាលនោះ ព្រះពុទ្ធមិនមានអ្វីប្រាកដស្មើដោយញាណ ទ្រង់ចង្រ្កមឰដ៏អាកាស ដូចជាសាលព្រឹក្ស ដែលមានផ្ការីកល្អ ពុំនោះសោត ដូចផ្លេកបន្ទោរ ក្នុងចន្លោះនៃដុំពពក។ កាលនោះ ព្រះពុទ្ធទ្រង់ចង្រ្កមឰដ៏អាកាស ដូចជាស្តេចសីហៈមិនមានសេចក្តីព្រឺព្រួច ឬដូចស្តេចដំរី ដែលគេហាត់បានហើយ ពុំនោះសោត ដូចស្តេចខ្លា ដែលមិនមានសេចក្តីខ្លាច។ គ្រានោះ ព្រះសម្ពុទ្ធមានរស្មីដូចមាសឆ្តោរឈ្មោះសិង្គិ ឬដូចរងើកភ្លើងឧសគគីរ ពុំនោះសោត ដូចកែវមណីមានរស្មីដ៏រុងរឿង ទ្រង់ចង្រ្កមឰដ៏អាកាស។ គ្រានោះ ព្រះសម្ពុទ្ធដូចភ្នំកៃលាសដ៏បរិសុទ្ធ ឬដូចព្រះចន្រ្ទក្នុងថ្ងៃពេញបូណ៌មី ពុំនោះសោត ដូចព្រះអាទិត្យតាំងនៅក្នុងទីពាក់កណ្តាល (ថ្ងៃត្រង់) ទ្រង់ចង្រ្កមឰដ៏អាកាស។ គ្រានោះ ខ្ញុំឃើញព្រះសម្ពុទ្ធ ដែលកំពុងចង្រ្កមឰដ៏អាកាស ក៏គិតយ៉ាងនេះថា សត្វនេះជាទេវតាឬ ឬថាសត្វនេះជាមនុស្ស។ នរៈបែបនេះលើផែនដី ខ្ញុំមិនដែលឮ មិនដែលឃើញ ទំនងជាមានចំណែកនៃមន្ត សត្វនេះប្រហែលជាសាស្តា។ ខ្ញុំលុះគិតយ៉ាងនេះហើយ ក៏ញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា គ្រានោះ ខ្ញុំប្រមូលផ្កាផ្សេងៗ និងគ្រឿងក្រអូប។ ខ្ញុំក្រាលបុប្ផាសនៈដ៏វិចិត្រល្អ ដែលជាទីរីករាយនៃចិត្ត ហើយពោលពាក្យនេះទៅរកព្រះមានព្រះភាគ ជាសារថីនៃនរជនដ៏ប្រសើរថា បពិត្រព្រះអង្គមានព្យាយាម អាសនៈដែលខ្ញុំព្រះអង្គក្រាលហើយនេះ សមគួរដល់ព្រះអង្គ សូមព្រះអង្គញុំាងចិត្តខ្ញុំព្រះអង្គឲ្យរីករាយ ហើយគង់លើអាសនៈជាវិការៈនៃផ្កា។ ព្រះមានព្រះភាគ ទ្រង់គង់លើអាសនៈ ជាវិការៈនៃផ្កាដ៏ប្រសើរនោះ អស់ ៧ យប់ ៧ ថ្ងៃ ដូចជាកេសររាជសីហ៍ ឥតតក់ស្លុតឡើយ ខ្ញុំបានឈរនមស្ការ អស់ ៧ យប់ ៧ ថ្ងៃ។

ព្រះសាស្តា ព្រះអង្គប្រសើរក្នុងលោក ទ្រង់ចេញចាកសមាធិ កាលនឹងទ្រង់សម្តែងនូវអំពើរបស់ខ្ញុំ ទ្រង់ត្រាស់ដូច្នេះថា អ្នកចូរចម្រើននូវពុទ្ធានុស្សតិ ដែលជាគុណជាតិដ៏ប្រសើរ ជាងការចម្រើននូវអនុស្សតិទាំងឡាយដទៃ។ លុះអ្នកចម្រើននូវពុទ្ធានុស្សតិនេះហើយ នឹងបានញុំាងចិត្តឲ្យពេញ នឹងរីករាយក្នុងទេវលោក អស់ ៣០ ពាន់កប្ប។ អ្នកនឹងបានសោយទេវរាជ្យ ជាធំជាងទេវតា អស់ ៨០ ដង នឹងបានជាស្តេចចក្រពត្តិ ក្នុងដែនអស់មួយពាន់ដង។ នឹងបានជាស្តេចក្នុងប្រទេសដ៏ធំទូលាយ សោយនូវសម្បត្តិទាំងអស់នោះ រាប់បានមួយអសង្ខេយ្យកប្ប នេះជាផលនៃពុទ្ធានុស្សតិ។ អ្នកកាលបើអន្ទោលទៅក្នុងភពតូច និងភពធំ នឹងបាននូវភោគៈដ៏ច្រើន ការខ្វះខាតដោយភោគៈទាំងឡាយរបស់អ្នក មិនមានឡើយ នេះជាផលនៃពុទ្ធានុស្សតិ។ លុះកន្លងទៅមួយសែនកប្ប ព្រះសាស្តា ព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល នឹងត្រាស់ដឹងឡើងក្នុងលោក។ អ្នកនឹងលះចោលនូវទ្រព្យ ៨០ កោដិ និងពួកទាសកម្មករជាច្រើន ហើយទៅបួសក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមគោតមនោះ។ អ្នកមានឈ្មោះថាសុភូតិ នឹងញុំាងព្រះសម្ពុទ្ធ ព្រះនាមគោតម ទ្រង់ប្រសើរជាងពួកសក្យឲ្យប្រោសប្រាណ ហើយនឹងបានជាសាវ័កនៃព្រះសាស្តា។ ព្រះគោតមសម្ពុទ្ធ ទ្រង់គង់ក្នុងកណ្តាលនៃភិក្ខុសង្ឃ ហើយទ្រង់តាំងអ្នកថាជាភិក្ខុប្រសើរ ក្នុងឋានៈទាំងពីរ គឺក្នុងពួកនៃទក្ខិណេយ្យបុគ្គល ១ ក្នុងការនៅមិនមានកិលេស (ដោយធម្មទេសនា) ១។

ព្រះសម្ពុទ្ធជាអ្នកប្រាជ្ញ ជានាយក ព្រះនាមបទុមុត្តរៈ លុះត្រាស់នូវពាក្យនេះហើយ ទ្រង់ហោះឡើងកាន់អាកាស ដូចស្តេចហង្ស ហើរទៅឰដ៏អាកាស។ ខ្ញុំដែលព្រះលោកនាថ ទ្រង់ប្រៀនប្រដៅហើយ ក៏មានចិត្តរីករាយ នមស្ការព្រះតថាគត ហើយចម្រើនពុទ្ធានុស្សតិដ៏ឧត្តមសព្វៗ កាល។ ខ្ញុំលះបង់រាងកាយ ជារបស់មនុស្សហើយ បានទៅកើតក្នុងតាវត្តឹង្សទេវលោក ដោយសារកុសលកម្ម ដែលខ្ញុំធ្វើល្អហើយនោះផង ដោយការតម្កល់ចេតនានោះផង។ ខ្ញុំបានសោយទេវរាជ្យ ជាធំជាងទេវតា អស់ ៨០ ដង បានជាស្តេចចក្រពត្តិ អស់មួយពាន់ដង។ ខ្ញុំសោយរាជ្យក្នុងប្រទេសដ៏ធំទូលាយ ជាសម្បត្តិដ៏ប្រពៃ រាប់បានមួយអសង្ខេយ្យជាតិ នេះជាផលនៃពុទ្ធានុស្សតិ។ ខ្ញុំកាលអន្ទោលទៅ ក្នុងភពតូច និងភពធំ តែងបាននូវភោគៈដ៏ច្រើន ការខ្វះខាតដោយភោគៈរបស់ខ្ញុំ មិនមានឡើយ នេះជាផលនៃពុទ្ធានុស្សតិ។ ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើនូវកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធានុស្សតិ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសុភូតិត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សុភូតិត្ថេរាបទាន។

ឧបវាណត្ថេរាបទាន ទី២

(២. ឧបវានត្ថេរអបទានំ)

[២៤] ព្រះជិនស្រីសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់ដល់ត្រើយនៃធម៌ទាំងពួង រុងរឿងដូចគំនរភ្លើង ទ្រង់បរិនិញ្វនហើយ។ មហាជនមកជួបជុំគ្នា បូជាព្រះតថាគត ធ្វើជើងថ្ករដ៏វិចិត្រ ហើយលើកតម្កល់ព្រះសរីរៈ។ ពួកមហាជនទាំងនោះ ព្រមទាំងទេវតា និងមនុស្ស លុះធ្វើព្រះសរីរកិច្ចរួចហើយ ប្រមូលព្រះធាតុត្រង់កន្លែងជើងថ្ករនោះ មកធ្វើព្រះពុទ្ធស្តូប។ ជាន់ទី ១ ធ្វើដោយមាស ជាន់ទី ២ ធ្វើដោយកែវមណី ជាន់ទី ៣ ធ្វើដោយប្រាក់ ជាន់ទី ៤ ធ្វើដោយកែវផលិក។ ជាន់ទី ៥ នៃព្រះស្តូបនោះ ធ្វើដោយកែវទទឹម ជាន់ទី ៦ ធ្វើដោយកែវមរកត ខាងលើធ្វើដោយរតនៈគ្រប់យ៉ាង។ ទ្រនាប់ខ្សាច់ (នៃព្រះស្តូប) ធ្វើដោយកែវមណី បង្កាន់ដៃធ្វើដោយកែវ តួព្រះស្តូបធ្វើដោយមាសសុទ្ធទាំងអស់ កំពស់ឡើងទៅលើមួយយោជន៍។ កាលនោះ ទេវតាមកជួបជុំគ្នា ត្រង់កន្លែងនោះ ហើយប្រឹក្សាជាមួយគ្នាថា ពួកយើងនឹងធ្វើព្រះស្តូបថ្វាយព្រះលោកនាថ ជាតាទិបុគ្គល។ ព្រះធាតុឥតមានបែកខ្ញែកចេញពីគ្នា ព្រះសរីរធាតុនៅជាដុំមួយ (បើដូច្នោះ) ពួកយើងនឹងធ្វើព្រះស្តូប ស្រោបលើព្រះពុទ្ធស្តូបនេះ។ ពួកទេវតាបានបង្កើនកំពស់មួយយោជន៍ដទៃទៀត ដោយកែវទាំង ៧ ប្រការ ព្រះស្តូបនោះទៅជាមានកំពស់ ២ យោជន៍ តែងកម្ចាត់បង់នូវងងឹតសព្វៗ កាល។ គ្រានោះ ពួកនាគមកជួបជុំគ្នា ត្រង់កន្លែងព្រះស្តូបនោះ ហើយប្រឹក្សាជាមួយគ្នាថា ពួកមនុស្ស និងទេវតា បានធ្វើព្រះស្តូបថ្វាយព្រះពុទ្ធ។ ពួកយើងកុំប្រហែសឡើយ ព្រោះមនុស្ស និងទេវតាមិនប្រហែស បើដូច្នោះ ពួកយើងនឹងធ្វើព្រះស្តូបថ្វាយព្រះលោកនាថ ព្រះអង្គជាតាទិបុគ្គល។ ពួកនាគទាំងនោះប្រមូលកែវឥន្ទនីល កែវមហានីល ទាំងកែវមណី មានរស្មីរុងរឿង ក្នុងទីជាមួយគ្នា ហើយស្រោបព្រះពុទ្ធស្តូប។ ព្រះពុទ្ធចេតិយទាំងមូល ប្រដាប់ដោយកែវមណី មានកំពស់ ៣ យោជន៍ តែងផ្សាយចេញនូវពន្លឺ ក្នុងកាលនោះ។ កាលនោះ ពួកគ្រុឌមកជួបជុំគ្នា ហើយប្រឹក្សាជាមួយគ្នាថា ពួកមនុស្ស ទេវតា និងនាគទាំងឡាយ បានធ្វើព្រះស្តូបថ្វាយព្រះពុទ្ធ។ ពួកយើងកុំប្រហែសឡើយ ព្រោះមនុស្ស និងទេវតាទាំងឡាយ មិនប្រហែស បើដូច្នោះ ពួកយើងនឹងធ្វើព្រះស្តូបថ្វាយព្រះលោកនាថ ព្រះអង្គជាតាទិបុគ្គល។ គ្រុឌទាំងនោះបានធ្វើព្រះស្តូប ប្រដាប់ដោយកែវមណីសុទ្ធឲ្យជាគ្រឿងស្រោប មានទំហំប៉ុនគ្នា ពួកគ្រុឌទាំងនោះ បានធ្វើពុទ្ធចេតិយឲ្យមានកំពស់កើនមួយយោជន៍ទៀត។ ព្រះពុទ្ធស្តូបទៅជាមានកំពស់ ៤ យោជន៍ រុងរឿង ញុំាងទិសទាំងអស់ឲ្យភ្លឺដូចព្រះអាទិត្យដែលរះឡើង។ កាលនោះ ពួកកុម្ភណ្ឌមកជួបជុំគ្នា ហើយប្រឹក្សាជាមួយគ្នាថា ពួកមនុស្ស ទេវតា នាគ និងគ្រុឌទាំងឡាយ បាននាំគ្នាធ្វើព្រះស្តូបដ៏ថ្លៃថ្លា ថ្វាយព្រះពុទ្ធដ៏ប្រសើរផ្សេងៗ គ្នា ពួកយើងកុំធ្វេសប្រហែសឡើយ ព្រោះមនុស្ស និងទេវតាទាំងឡាយមិនប្រហែស បើដូច្នោះ ពួកយើងនឹងធ្វើព្រះស្តូបថ្វាយព្រះលោកនាថ ព្រះអង្គជាតាទិបុគ្គល ពួកយើងនឹងស្រោបពុទ្ធចេតិយ ដោយកែវទាំងឡាយតទៅទៀត។ ពួកកុម្ភណ្ឌទាំងនោះ បានធ្វើពុទ្ធចេតិយឲ្យកើនកំពស់មួយយោជន៍ទៅទៀត ព្រះស្តូបទៅជាមានកំពស់ ៥ យោជន៍ តែងរុងរឿងក្នុងកាលនោះ។ លំដាប់នោះ ពួកយក្ខមកជួបជុំគ្នា ត្រង់កន្លែងព្រះស្តូបនោះ ហើយប្រឹក្សាជាមួយគ្នាថា ពួកមនុស្ស ទេវតា នាគ កុម្ភណ្ឌ និងគ្រុឌទាំងឡាយ បានធ្វើព្រះស្តូបដ៏ថ្លៃថ្លា ថ្វាយព្រះពុទ្ធដ៏ប្រសើរផ្សេងៗ គ្នា ពួកយើងកុំធ្វេសប្រហែសឡើយ ព្រោះមនុស្ស និងទេវតាទាំងឡាយ មិនប្រហែស ពួកយើងនឹងធ្វើព្រះស្តូបថ្វាយព្រះលោកនាថ ព្រះអង្គជាតាទិបុគ្គល ពួកយើងនឹងស្រោបពុទ្ធចេតិយ ដោយកែវផលិកតទៅទៀត។ ពួកយក្ខទាំងនោះ បានធ្វើពុទ្ធចេតិយឲ្យកើនកំពស់មួយយោជន៍ទៅទៀត ព្រះស្តូបទៅជាមានកំពស់ ៦ យោជន៍ តែងរុងរឿងក្នុងកាលនោះ។ គ្រានោះ ពួកគន្ធព្វប្រជុំប្រឹក្សាក្នុងទីជាមួយគ្នាថា ពួកមនុស្ស ទេវតា នាគ គ្រុឌ កុម្ភណ្ឌ និងយក្ខទាំងឡាយ ទាំងអស់គ្នាបានធ្វើព្រះស្តូបថ្វាយព្រះពុទ្ធ ឯពួកយើងមិនបានធ្វើព្រះស្តូបក្នុងទីនោះឡើយ បើដូច្នោះ ពួកយើងនឹងធ្វើព្រះស្តូបថ្វាយព្រះលោកនាថ ព្រះអង្គជាតាទិបុគ្គល។ ពួកគន្ធព្វទាំងនោះ បានធ្វើថ្នាក់ ៧ ជាន់ ដរាបតាំងពីទ្រនាប់ខ្សាច់ឡើងទៅ បានធ្វើព្រះស្តូបសុទ្ធតែជាវិការៈនៃមាសទាំងអស់ ក្នុងកាលនោះ។ ព្រះស្តូបទៅជាមានកំពស់ ៧ យោជន៍តែងរុងរឿង ក្នុងកាលនោះ គេឥតដឹងថាយប់ថ្ងៃ ព្រោះពន្លឺមាននៅសព្វៗ កាល។ ព្រះចន្រ្ទ ព្រះអាទិត្យព្រមទាំងពួកផ្កាយ គ្របសង្កត់ពន្លឺព្រះស្តូបនោះមិនបាន ឯប្រទីបរុងរឿងតែក្នុងទីចម្ងាយ ១០០ យោជន៍ជុំវិញ។ ក្នុងកាលនោះ មនុស្សទាំងឡាយណាមួយ បូជាព្រះស្តូប មនុស្សទាំងនោះមិនឡើងកាន់ព្រះស្តូប មនុស្សទាំងនោះ តែងបោះទៅឰដ៏អាកាស។ មានយក្ខមួយ ឈ្មោះអភិសម្មតៈ ដែលពួកទេវតាតាំងទុកហើយ ចាំទទួលទង់ ឬកម្រងផ្កាឰដ៏ខាងលើ។ មនុស្សទាំងនោះ មិនឃើញយក្ខនោះទេ ឃើញតែកម្រងនៃផ្កាអណ្តែតទៅ លុះឃើញកម្រងផ្កាទាំងនោះហើយ ក៏ដើរទៅ ពួកមនុស្សទាំងអស់នោះឯង តែងទៅកាន់សុគតិ។ ពួកមនុស្ស ទាំងអ្នកខុសក្នុងសាសនា ទាំងអ្នកជ្រះថ្លាក្នុងសាសនា ដែលចង់ឃើញបាដិហារ តែងបូជាព្រះស្តូប។ គ្រានោះ ខ្ញុំកើតជាអ្នកកំសត់នៅក្នុងក្រុងហង្សវតី បានឃើញជនរីករាយហើយ ក៏គិតយ៉ាងនេះក្នុងកាលនោះថា ព្រះស្តូបដែលបញ្ចុះព្រះសរីរធាតុ ប្រាកដដូចនេះ របស់ព្រះមានព្រះភាគអង្គណា ព្រះមានព្រះភាគអង្គនុ៎ះ មានបុណ្យដ៏លើសលុប ពួកជននេះមានចិត្តត្រេកអរហើយ ចំពោះជនអ្នកធ្វើនូវសក្ការៈ រមែងមិនក្តៅក្រហាយ។ អាត្មាអញនឹងធ្វើសក្ការៈ ថ្វាយព្រះលោកនាថ ជាតាទិបុគ្គលដែរ នឹងបានជាព្រះទាយាទក្នុងធម៌របស់ព្រះលោកនាថអង្គនោះ ក្នុងកាលជាអនាគត។ ខ្ញុំក៏លើកឡើងនូវសំពត់របស់ជាងជ្រលក់ដែលបោកគក់យ៉ាងស្អាត ព្យួរនឹងចុងឫស្សី ហើយលើកឡើងជាទង់ឰដ៏អាកាស។ អភិសម្មតយក្ស រីករាយកាន់ទង់របស់ខ្ញុំ (ឋិតនៅ) ឰដ៏អាកាស ខ្ញុំឃើញទង់ដែលត្រូវខ្យល់បក់រវិចហើយ ក៏ញុំាងសេចក្តីរីករាយឲ្យកើត ដោយក្រៃលែង។ ខ្ញុំធ្វើចិត្តឲ្យជ្រះថ្លាចំពោះទង់នោះហើយ ក៏ចូលទៅរកព្រះសមណៈ ថ្វាយបង្គំទូលសួរនូវផលទង់នឹងភិក្ខុនោះ។

ភិក្ខុនោះសម្តែងនូវកិរិយាកើតឡើងនៃសេចក្តីត្រេកអរ និងបីតិរបស់ខ្ញុំ ប្រាប់ខ្ញុំថា អ្នកនឹងបានទទួលផលរបស់ទង់នោះសព្វៗ កាល។ សេនាមានអង្គ ៤ គឺ ដំរី សេះ រថ ពលថ្មើរជើង នឹងចោមរោមអ្នកអស់កាលជានិច្ច នេះជាផលនៃការថ្វាយទង់។ តូរ្យតន្រ្តី ៦០ ពាន់ និងស្គរដែលគេតាក់តែងយ៉ាងល្អ នឹងចោមរោមអ្នកអស់កាលជានិច្ច នេះជាផលនៃការថ្វាយទង់។ ពួកនារី ៨៦ ពាន់ មានខ្លួនតាក់តែងយ៉ាងល្អ មានសំពត់ និងគ្រឿងអម្ពរដ៏វិចិត្រ ពាក់កែវមណី និងកុណ្ឌល។ ពួកនារីទាំងនោះ មានមុខទូលាយ មានមុខស្រស់ស្រាយ មានត្រគាកសាយ មានដងខ្លួនរៀវល្អ នឹងចោមរោមអ្នកអស់កាលជានិច្ច នេះជាផលនៃការថ្វាយទង់។ អ្នកនឹងរីករាយក្នុងទេវលោកអស់ ៣០ ពាន់កប្ប នឹងបានសោយទេវរាជ្យ ជាធំជាងទេវតាអស់ ៨០ ដង។ នឹងបានជាស្តេចចក្រពត្តិ អស់មួយពាន់ដង នឹងសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យជាតិ។ កន្លងទៅមួយសែនកប្ប ព្រះសាស្តាព្រះនាមគោតម ទ្រង់សម្ភពក្នុងឱក្កាកៈត្រកូល នឹងត្រាស់ដឹងក្នុងលោក។ អ្នកនឹងច្យុតចាកទេវលោកមក ត្រូវកុសលមូលដាស់តឿន ប្រកបដោយបុញ្ញកម្ម នឹងកើតជាញ្រហ្មណ៍។ អ្នកនឹងលះចោលទ្រព្យ ៨០ កោដិ និងទាសកម្មករជាច្រើន ហើយបួសក្នុងសាសនា របស់ព្រះមានព្រះភាគព្រះនាមគោតម។ អ្នកនឹងមានឈ្មោះថា ឧបវាណៈ ញុំាងព្រះសម្ពុទ្ធព្រះនាមគោតមដ៏ប្រសើរជាងពួកសក្យៈ ឲ្យប្រោសប្រាណ ហើយនឹងបានជាសាវ័ករបស់ព្រះសាស្តា។

កុសលកម្មដែលខ្ញុំធ្វើហើយ ក្នុងរវាងមួយសែនកប្ប បានឲ្យផលដល់ខ្ញុំ ក្នុងជាតិនេះ ខ្ញុំផុតស្រឡះហើយ (ចាកអាសវធម៌) ដូចសន្ទុះនៃព្រួញ (ដែលផុតស្រឡះចាកធ្នូ) ខ្ញុំដុតបំផ្លាញនូវកិលេសទាំងឡាយរបស់ខ្ញុំហើយ។ កាលដែលខ្ញុំកើតជាស្តេចចក្រពត្តិ ជាឥស្សរៈក្នុងទ្វីបទាំង ៤ ទង់ផុសឡើងក្នុងរវាង ៣ យោជន៍ដោយជុំវិញសព្វៗ កាល។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិឡើយ នេះជាផលនៃការថ្វាយទង់។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឧបវាណត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឧបវាណត្ថេរាបទាន។

តីណិសរណាគមនិយត្ថេរាបទាន ទី៣

(៣. តិសរណគមនិយត្ថេរអបទានំ)

[២៥] ខ្ញុំជាអ្នកបម្រើមាតាបិតាក្នុងក្រុងចន្ទវតី មាតាបិតារបស់ខ្ញុំខ្វាក់ ខ្ញុំចិញ្ចឹមលោកទាំងនោះ ក្នុងកាលនោះ។ កាលនោះ ខ្ញុំទៅក្នុងទីស្ងាត់អង្គុយគិតយ៉ាងនេះថា អាត្មាអញកាលចិញ្ចឹមមាតាបិតា ក៏មិនបាននូវបព្វជ្ជា។ បុគ្គលទាំងឡាយដែលត្រូវងងឹតធំបិទបាំងហើយ រមែងឆេះដោយភ្លើង ៣ យ៉ាង គ្មានអ្នកណានីមួយជាអ្នកដឹកនាំ ក្នុងភពប្រាកដដូចនេះទេ។ ឥឡូវនេះ ព្រះពុទ្ធត្រាស់ឡើងក្នុងលោកហើយ តែងញុំាងសាសនាឲ្យរុងរឿង សត្វអ្នកប្រាថ្នាបុណ្យ អាចនឹងរើខ្លួនបាន។ ខ្ញុំដល់នូវត្រៃសរណគមន៍ ហើយរក្សាពេញលេញ មានមុខងាកចេញពីទុគ្គតិ ដោយសារអំពើដែលខ្ញុំធ្វើដោយប្រពៃនោះ។ មានសមណៈមួយអង្គ ឈ្មោះនិសភៈ ជាអគ្គសាវ័ករបស់ព្រះពុទ្ធ ខ្ញុំបានចូលទៅរកព្រះនិសភៈនោះ ហើយទទួលនូវសរណគមន៍។ ក្នុងសម័យនោះ អាយុ (របស់សត្វ) មានប្រមាណមួយសែនឆ្នាំ ខ្ញុំបានរក្សាសរណគមន៍ ឲ្យពេញលេញ អស់កាលប៉ុណ្ណោះដែរ។ ក្នុងកាលជាទីបំផុតកំពុងប្រព្រឹត្តទៅ ខ្ញុំរលឹករឿយៗ នូវសរណគមន៍នោះ ខ្ញុំបានទៅកាន់ឋានតាវត្តិង្ស ដោយសារកុសលកម្មដែលខ្ញុំបានធ្វើល្អហើយនោះ។ ខ្ញុំកាលទៅកើតក្នុងទេវលោក ដែលខ្ជាប់ខ្ជួនដោយបុញ្ញកម្ម បើចូលទៅកាន់ប្រទេសណាៗ រមែងបាននូវហេតុ ៨ ប្រការ (ក្នុងប្រទេសនោះៗ)។ គឺគេតែងបូជាខ្ញុំក្នុងទិសទាំងឡាយ ១ ខ្ញុំជាអ្នកមានប្រាជ្ញាមោះមុត ១ ពួកទេវតាទាំងអស់រមែងប្រព្រឹត្តទៅ (តាមខ្ញុំ) ១ ខ្ញុំតែងបាននូវភោគៈមានចំនួនរាប់មិនបាន ១។ ខ្ញុំមានសម្បុរដូចមាសក្នុងទីទាំងពួង ១ មានបញ្ញាវាងវៃ ១ មិនកម្រើកចាកមិត្រទាំងឡាយ ១ យសរបស់ខ្ញុំខ្ពង់ខ្ពស់ ១។ ខ្ញុំបានជាធំជាងទេវតា សោយទេវរាជ្យ មានពួកស្រីអប្សរចោមរោម សោយសេចក្តីសុខដ៏ជាទិព្វ អស់ ៨០ ដង។ បានជាស្តេចចក្រពត្តិ អស់ ៧៥ ដង សោយប្រទេសរាជ្យដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យជាតិ។ លុះដល់បច្ឆិមភព ខ្ញុំប្រកបដោយបុញ្ញកម្ម កើតក្នុងត្រកូលមហាសាលដ៏ស្តុកស្តម្ភក្នុងក្រុងសាវត្ថី។ ខ្ញុំបរិបូរដោយល្បែង មានពួកទារកចោមរោម ចេញចាកទីក្រុងហើយ ចូលទៅកាន់អារាមរបស់សង្ឃ ក្នុងវេលាល្ងាច។ ក្នុងអារាមនោះ ខ្ញុំឃើញសមណៈ លោកផុតស្រឡះចាកកិលេស មិនមានឧបធិ លោកបានសម្តែងធម៌ដល់ខ្ញុំ ទាំងបានឲ្យសរណគមន៍ដល់ខ្ញុំ។ ខ្ញុំបានស្តាប់សរណគមន៍ បានរលឹកឃើញនូវសរណគមន៍របស់ខ្ញុំ ខ្ញុំអង្គុយលើអាសនៈមួយ ហើយបានដល់អរហត្ត។ ខ្ញុំមានអាយុ ៧ ឆ្នាំ អំពីកំណើត បានដល់អរហត្ត ព្រះពុទ្ធមានចក្ខុ ជ្រាបនូវគុណ (របស់ខ្ញុំ) ហើយឲ្យឧបសម្បទាជាភិក្ខុដល់ខ្ញុំ។ ខ្ញុំបានដល់នូវសរណគមន៍ ក្នុងកប្បប្រមាណមិនបាន អំពីភទ្ទកប្បនេះ ឯអំពើដែលខ្ញុំបានធ្វើហើយប៉ុណ្ណោះ បានឲ្យផលដល់ខ្ញុំ ក្នុងសាសនានេះ។ សរណគមន៍ ខ្ញុំបានរក្សាល្អហើយ ចិត្តខ្ញុំបានតាំងទុកល្អហើយដែរ ខ្ញុំបានទទួលនូវយសទាំងពួង ហើយដល់នូវព្រះនិញ្វន ជាធម្មជាតមិនមានការញាប់ញ័រ។ អ្នកទាំងឡាយណា មានការប្រុងត្រចៀកស្តាប់ អ្នកទាំងឡាយនោះ ចូរស្តាប់ខ្ញុំពោលចុះ ខ្ញុំនឹងសម្តែងប្រាប់អ្នកទាំងឡាយនូវអត្ថ គឺបទដែលខ្ញុំឃើញដោយខ្លួនឯង។ ព្រះសម្ពុទ្ធត្រាស់ដឹងហើយក្នុងលោក សាសនាព្រះជិនស្រីកំពុងផ្សាយទៅ ស្គរគឺអមតនិញ្វន ជាគ្រឿងបន្ទោបង់នូវសរគឺសោក ព្រះអង្គទួងហើយ។ អ្នកទាំងឡាយគប្បីធ្វើនូវការកសាងក្នុងបុញ្ញក្ខេត្តដ៏ប្រសើរ គួរតាមកម្លាំងរបស់ខ្លួនចុះ អ្នកទាំងឡាយនឹងឃើញនូវការរំលត់ទុក្ខ។ អ្នកទាំងឡាយគួរទទួលត្រៃសរណគមន៍ រក្សាសីល ៥ ញុំាងចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធ នឹងធ្វើទីបំផុតទុក្ខបាន។ អ្នកទាំងឡាយ គួរធ្វើនូវខ្ញុំឲ្យជាគ្រឿងប្រៀបធៀប ហើយរក្សាសីលទាំងឡាយ មិនយូរប៉ុន្មាន អ្នកទាំងឡាយគ្រប់គ្នានឹងបានដល់នូវព្រះអរហត្ត។ ខ្ញុំជាអ្នកមានវិជ្ជា ៣ ជាអ្នកដល់នូវឫទ្ធិ ស្ទាត់ជំនាញក្នុងការកំណត់ដឹងនូវចិត្ត បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំជាសាវ័ករបស់ព្រះអង្គ សូមថ្វាយបង្គំចំពោះព្រះបាទព្រះសាស្តា។ ខ្ញុំព្រះអង្គបានដល់នូវព្រះពុទ្ធជាទីពឹង ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ (នេះ) ជាផលនៃការដល់នូវត្រៃសរណគមន៍។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះតីណិសរណាគមនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ តីណិសរណាគមនិយត្ថេរាបទាន។

បញ្ចសីលសមាទានិយត្ថេរាបទាន ទី៤

(៤. បញ្ចសីលសមាទានិយត្ថេរអបទានំ)

[២៦] គ្រានោះ ខ្ញុំកើតជាបុរសអ្នកស៊ីឈ្នួល ក្នុងក្រុងចន្ទវតី ខ្ញុំរវល់តែនឹងការងាររបស់ជនដទៃ មិនបាននូវបព្វជ្ជា។ ខ្ញុំគិតថា បុគ្គលទាំងឡាយ ដែលត្រូវងងឹតធំបិទបាំងហើយ រមែងឆេះដោយភ្លើង ៣ យ៉ាង អញគប្បីគេចចេញដោយឧបាយណាហ្ន៎។ អញជាមនុស្សកំញ្រ ធ្វើនូវការឈ្នួល ទាំងទេយ្យធម៌របស់អញក៏មិនមាន បើដូច្នោះ គួរតែអញរក្សាសីល ៥ ឲ្យពេញលេញ។ មានព្រះថេរៈមួយអង្គឈ្មោះនិសភៈ ជាសាវ័ករបស់ព្រះមុនីព្រះនាមអនោមទស្សី ខ្ញុំក៏ចូលទៅរកព្រះថេរៈអង្គនោះ ហើយទទួលនូវសិក្ខាបទទាំង ៥។ ក្នុងសម័យនោះ អាយុ (របស់សត្វ) មានប្រមាណមួយសែនឆ្នាំ ខ្ញុំរក្សាសីល ៥ ឲ្យបរិបូណ៌ អស់កាលប៉ុណ្ណោះដែរ។ លុះមរណកាលមកដល់ព្រមហើយ ទេវតាទាំងឡាយលួងលោមខ្ញុំថា នែអ្នកនិទ៌ុក្ខ រថដែលទឹមដោយសេះមួយពាន់នេះ មកប្រាកដដល់អ្នកហើយ។ កាលបើចិត្តជាខាងក្រោយ កំពុងប្រព្រឹត្តទៅ ខ្ញុំបានរលឹកនូវសីលរបស់ខ្ញុំ ខ្ញុំបានទៅកាន់ឋានតាវត្តិង្ស ដោយសារអំពើដែលខ្ញុំធ្វើល្អហើយនោះ។ ខ្ញុំបានជាធំជាងទេវតា សោយទេវរាជ្យ មានពួកស្ត្រីអប្សរចោមរោម សោយសេចក្តីសុខដ៏ជាទិព្វ អស់ ៣០ ដង។ ខ្ញុំបានជាស្តេចចក្រពត្តិ អស់ ៧៥ ដង បានសោយប្រទេសរាជ្យដ៏ធំទូលាយរាប់បានមួយអសង្ខេយ្យជាតិ។ ខ្ញុំច្យុតចាកទេវលោក ត្រូវកុសលមូលដាស់តឿន ក៏មកកើតក្នុងត្រកូលមហាសាលដ៏ស្តុកស្តម្ភ ក្នុងក្រុងវេសាលី។ កាលសាសនារបស់ព្រះជិនស្រីកំពុងរុងរឿង មាតា និងបិតារបស់ខ្ញុំ បានទទួលនូវសិក្ខាបទទាំង ៥ ក្នុងកាលជិតចូលវស្សា។ ខ្ញុំបានទទួលសីលជាមួយ (នឹងមាតា) ហើយបានរលឹកឃើញនូវសីលរបស់ខ្ញុំ ខ្ញុំអង្គុយលើអាសនៈមួយ ហើយបានដល់នូវអរហត្ត។ ខ្ញុំមានអាយុ ៥ ឆ្នាំអំពីកំណើត បានដល់នូវអរហត្ត ព្រះពុទ្ធមានចក្ខុ ទ្រង់ជ្រាបនូវគុណ (របស់ខ្ញុំ) ហើយទ្រង់ឲ្យឧបសម្បទាជាភិក្ខុដល់ខ្ញុំ។ ខ្ញុំរក្សានូវសិក្ខាបទទាំង ៥ ពេញលេញ ខ្ញុំមិនដែលទៅកាន់កំណើតអសុរកាយ អស់កប្បនឹងប្រមាណមិនបាន អំពីភទ្ទកប្បនេះ។ ខ្ញុំនោះបានទទួលនូវយស ព្រោះហេតុនៃសីលទាំងនោះ ខ្ញុំកាលសម្តែងនូវកោដិនៃកប្ប គប្បីសម្តែងជាឯកទេស (មួយចំណែកៗ)។ ខ្ញុំរក្សាសីលទាំង ៥ ហើយបាននូវត្រៃហេតុ គឺខ្ញុំជាអ្នកមានអាយុវែង ១ មានទ្រព្យច្រើន ១ មានប្រាជ្ញាមោះមុត ១។ មួយទៀត ខ្ញុំសម្តែងនូវភាពនៃខ្លួនជាបុរសដ៏ក្រៃលែងជាងជនទាំងពួង អន្ទោលទៅក្នុងភពតូច និងភពធំ ហើយតែងបាននូវឋានៈទាំងនុ៎ះ។ សាវ័កទាំងឡាយ របស់ព្រះជិនស្រី កាលប្រព្រឹត្តក្នុងសីល នឹងប្រមាណមិនបាន បើលោកនៅត្រេកអរក្នុងភព តើនឹងបានផលដូចម្តេចទៅ។ សីល ៥ ដែលខ្ញុំជាអ្នកស៊ីឈ្នួលគេ មានព្យាយាមប្រព្រឹត្តល្អហើយ ខ្ញុំបានរួចចាកចំណងទាំងពួងក្នុងថ្ងៃនេះ ដោយសារសីលនោះ។ ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំរក្សាសីល ៥ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសីល ៥។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបញ្ចសីលសមាទានិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បញ្ចសីលសមាទានិយត្ថេរាបទាន។

អន្នសំសាវកត្ថេរាបទាន ទី៥

(៥. អន្នសំសាវកត្ថេរអបទានំ)

[២៧] ខ្ញុំបានឃើញព្រះសម្ពុទ្ធ ព្រះនាមសិទ្ធត្ថៈ មានព្រះវណ្ណៈដូចមាស មានលក្ខណៈ ៣២ ដ៏ប្រសើរ ប្រាកដស្មើដោយចេតិយមាស ដែលកំពុងស្តេចទៅក្នុងចន្លោះរានផ្សារ ព្រះអង្គជាប្រទីបបំភ្លឺសត្វលោក មានគុណនឹងប្រមាណមិនបាន មិនមានបុគ្គលប្រៀបផ្ទឹម មានឥន្ទ្រិយទូន្មានហើយ ទ្រទ្រង់នូវរស្មីដ៏រុងរឿង ហើយក៏បាននូវបីតិដ៏ឧត្តម។ ខ្ញុំបានថ្វាយបង្គំព្រះសម្ពុទ្ធ ជាមហាមុនិ ហើយនិមន្តព្រះអង្គឲ្យឆាន់ គ្រានោះ ព្រះមុនិប្រកបដោយសេចក្តីករុណាចំពោះសត្វលោក ទ្រង់អនុមោទនាទានរបស់ខ្ញុំ។ ខ្ញុំញុំាងចិត្តឲ្យជ្រះថ្លាចំពោះព្រះសម្ពុទ្ធអង្គនោះ ព្រះអង្គប្រកបដោយមហាករុណា ទ្រង់ជាអ្នកធ្វើនូវសេចក្តីរីករាយដ៏ក្រៃលែង ហើយខ្ញុំត្រេកអរក្នុងឋានសួគ៌អស់មួយកប្ប។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយចង្ហាន់។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះអន្នសំសាវកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អន្នសំសាវកត្ថេរាបទាន។

ធូបទាយកត្ថេរាបទាន ទី៦

(៦. ធូបទាយកត្ថេរអបទានំ)

[២៨] ខ្ញុំមានចិត្តជ្រះថ្លាបានថ្វាយធូប សម្រាប់អុជក្នុងកុដិ ចំពោះព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ព្រះអង្គជាច្បងក្នុងលោក ទ្រង់មិនញាប់ញ័រដោយលោកធម៌។ ខ្ញុំចាប់កំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស ខ្ញុំរមែងជាទីស្រឡាញ់របស់ជនទាំងពួង នេះជាផលនៃការថ្វាយធូប។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយធូប ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយធូប។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះធូបទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ធូបទាយកត្ថេរាបទាន។

បុឡិនបូជកត្ថេរាបទាន ទី៧

(៧. បុលិនបូជកត្ថេរអបទានំ)

[២៩] ខ្ញុំកើបខ្សាច់ចាស់ចោល ហើយរោយរាយនូវខ្សាច់ថ្មីដ៏ស្អាត ត្រង់ខឿននៃពោធិព្រឹក្សរបស់ព្រះមានព្រះភាគព្រះនាមវិបស្សី។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយខ្សាច់ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយខ្សាច់។ ក្នុងកប្បទី ៥៣ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ជាធំជាងជន មានកម្លាំងច្រើន ព្រះនាមមហាបុឡិនៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបុឡិនបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បុឡិនបូជកត្ថេរាបទាន។

ឧត្តិយត្ថេរាបទាន ទី៨

(៨. ឧត្តិយត្ថេរអបទានំ)

[៣០] គ្រានោះ ខ្ញុំកើតជាក្រពើនៅនាឆ្នេរស្ទឹង ឈ្មោះចន្ទភាគា ខ្ញុំកំពុងខ្វល់ខ្វាយរកចំណីដើម្បីខ្លួន ហើយបានទៅកាន់កំពង់ស្ទឹង។ សម័យនោះ ព្រះសយម្ភូព្រះនាមសិទ្ធត្ថៈ ជាបុគ្គលប្រសើរ ព្រះអង្គមានប្រាថ្នានឹងឆ្លងស្ទឹង ទ្រង់ស្តេចចូលទៅកាន់កំពង់នៃស្ទឹងនោះ។ កាលព្រះសម្ពុទ្ធស្តេចមកដល់ហើយ ខ្ញុំក៏ចូលមកដល់ត្រង់កំពង់នោះដែរ លុះចូលមកដល់ហើយ បានពោលវាចានេះនឹងព្រះសម្ពុទ្ធថា បពិត្រព្រះអង្គមានព្យាយាមធំ សូមព្រះអង្គឡើងកាន់ (ខ្នងរបស់ខ្ញុំ) ចុះ ខ្ញុំនឹងចំឡងព្រះអង្គ បពិត្រព្រះមហាមុនិ សូមព្រះអង្គអនុគ្រោះនូវវិស័យជារបស់នៃបិតា ដល់ខ្ញុំឲ្យទាន។ ព្រះមហាមុនិទ្រង់ព្រះសណ្តាប់នូវសម្រែករបស់ខ្ញុំហើយ ស្តេចឡើងកាន់ (ខ្នងរបស់ខ្ញុំ) ខ្ញុំមានចិត្តរីករាយស្រស់ស្រាយ ចំឡងព្រះលោកនាយក។ ព្រះលោកនាយក ព្រះនាមសិទ្ធត្ថៈ ញុំាងខ្ញុំឲ្យស្រស់ស្រាយឰដ៏ត្រើយខាងនាយនៃស្ទឹងនោះថា អ្នកនឹងដល់នូវព្រះនិញ្វនឈ្មោះអមតៈ។ ខ្ញុំច្យុតចាកកាយនោះ បានទៅកាន់ទេវលោក មានពួកស្រីអប្សរចោមរោម សោយសេចក្តីសុខដ៏ជាទិព្យ។ ខ្ញុំបានជាធំជាងទេវតា សោយទេវរាជ្យ អស់ ៧ ដង ខ្ញុំបានជាស្តេចចក្រពត្តិ ជាធំលើផែនដី អស់ ៧ ដង។ ខ្ញុំប្រកបរឿយៗ នូវវិវេក ជាអ្នកមានប្រាជ្ញាចាស់ សង្រួមល្អ ទ្រទ្រង់នូវរាងកាយជាទីបំផុត ក្នុងពុទ្ធសាសនារបស់ព្រះសម្មាសម្ពុទ្ធ។ ក្នុងកប្ប ទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានចម្លងព្រះនរាសភៈ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការចំឡង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឧត្តិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឧត្តិយត្ថេរាបទាន។

ឯកញ្ជលិកត្ថេរាបទាន ទី៩

(៩. ឯកញ្ជលិកត្ថេរអបទានំ)

[៣១] ខ្ញុំបានឃើញព្រះសម្ពុទ្ធ ព្រះនាមវិបស្សី មានព្រះវណ្ណៈដូចមាស ទ្រង់នាំនូវពួកដ៏ប្រសើរ ជានរៈដ៏ក្លៀវក្លា ជាអ្នកដឹកនាំនូវសត្វលោកយ៉ាងវិសេស កំពុងស្តេចទៅក្នុងចន្លោះផ្សារ។ ខ្ញុំលុះឃើញព្រះសម្ពុទ្ធ ព្រះអង្គទូន្មាននូវបុគ្គលដែលមិនទាន់ទូន្មាន ជាតាទិបុគ្គល មានវាទៈដ៏ប្រសើរ មានយោបល់ច្រើន ហើយមានចិត្តជ្រះថ្លា សោមនស្ស បានធ្វើអញ្ជលិកម្មម្តង (ចំពោះព្រះសម្ពុទ្ធនោះ)។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើអញ្ជលិ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃអញ្ជលិ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឯកញ្ជលិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឯកញ្ជលិកត្ថេរាបទាន។

ខោមទាយកត្ថេរាបទាន ទី១០

(១០. ខោមទាយកត្ថេរអបទានំ)

[៣២] គ្រានោះ ខ្ញុំកើតជាអ្នកជំនួញ នៅក្នុងក្រុងឈ្មោះពន្ធុមតី តែងចិញ្ចឹមភរិយាដោយរបរជំនួញនោះ តែងបណ្តុះសម្ប័ទគឺពូជ។ ខ្ញុំបានថ្វាយសំពត់សម្បកឈើ ១ ដើម្បីប្រយោជន៍ដល់កុសលចំពោះព្រះសាស្តាព្រះនាមវិបស្សី ព្រះអង្គស្វែងរកនូវគុណធំ ដែលកំពុងស្តេចទៅតាមថ្នល់។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយសំពត់សម្បកឈើ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយសំពត់សម្បកឈើ។ ក្នុងកប្បទី ២៧ អំពីកប្បនេះ ខ្ញុំបានជាក្សត្រ ១ អង្គ ឈ្មោះសិទ្ធវសន្ទនៈ ជាឥស្សរៈក្នុងទ្វីបទាំង ៤ ទ្រង់បរិបូណ៌ដោយកែវទាំង ៧។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះខោមទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ខោមទាយកត្ថេរាបទាន។

ឧទ្ទាន

រឿងព្រះសុភូតិ ១ ព្រះឧបវាណៈ ១ ព្រះតីណិសរណាគមនិយៈ ១ ព្រះបញ្ចសីលសមាទានិយៈ ១ ព្រះអន្នសំសាវកៈ ១ ព្រះធូបទាយកៈ ១ ព្រះបុឡិនបូជកៈ ១ ព្រះឧត្តិយៈ ១។ ព្រះឯកញ្ជលិកៈ ១ ព្រះខោមទាយកៈ ១ ត្រូវជា ១០ រឿង គាថាទាំងឡាយ (ដែលព្រះថេរៈទាំងនោះ) បានពោលហើយ ប្រមូលរួមទាំងអស់ ត្រូវជា ១៨៥ ក្នុងតតិយវគ្គ។

ចប់ សុភូតិវគ្គ ទី៣។

ចប់ ភាណវារៈ ទី៤។

 

លេខយោង

km/tipitaka/sut/kn/apd/sut.kn.apd.03.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann