User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:apd:sut.kn.apd.05

ឧបាលិវគ្គ ទី៥

សង្ខេប

(?)

sut kn apd 05 បាលី cs-km: sut.kn.apd.05 អដ្ឋកថា: sut.kn.apd.05_att PTS: ?

ឧបាលិវគ្គ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

(៥. ឧបាលិវគ្គោ)

ឧបាលិត្ថេរាបទាន ទី១

(១. ភាគិនេយ្យុបាលិត្ថេរអបទានំ)

[៤៣] ព្រះលោកនាយក ទ្រង់ព្រះនាមបទុមុត្តរៈ មានពួកព្រះខីណាស្រពមួយពាន់អង្គចោមរោម ទ្រង់ប្រកបរឿយៗ នូវវិវេក កំពុងពុទ្ធដំណើរទៅដើម្បីពួនសម្ងំ។ ខ្ញុំស្លៀកស្បែកខ្លាឃ្មុំ កាន់ឈើច្រត់ចំពាម ៣ ដើរទៅ បានឃើញព្រះលោកនាយក កុះករដោយភិក្ខុសង្ឃ ទើបខ្ញុំធ្វើស្បែកខ្លាឃ្មុំឆៀងស្មាម្ខាង រួចហើយធ្វើអញ្ជលីលើសិរ្សៈ ថ្វាយបង្គំព្រះសម្ពុទ្ធ សរសើរព្រះលោកនាយកថា សត្វទាំងឡាយដែលកើតអំពីពងក្តី ដែលកើតអំពីញើសក្តី ដែលជាឱបបាតិកៈក្តី ដែលកើតអំពីទឹកក្តី ពួកបក្សីទាំងអស់ មានក្អែកជាដើមក្តី នឹងត្រាច់ទៅតែក្នុងអាកាសសព្វៗ កាល យ៉ាងណាមិញ។ ពួកសត្វណាមួយ ដែលមានសញ្ញាក្តី ឥតសញ្ញាក្តី សត្វទាំងអស់នោះ សឹងប្រជុំចុះក្នុងខាងក្នុងនៃព្រះញាណរបស់ព្រះអង្គ ក៏យ៉ាងនោះដែរ។ មួយវិញទៀត ក្លិនឈើភ្នំទាំងឡាយណា លើភ្នំហិមពាន្តដ៏ឧត្តម ក្លិនទាំងអស់នោះ មិនបានមួយចំណិតនឹងក្លិនសីលរបស់ព្រះអង្គ។ លោកនេះ ព្រមទាំងទេវលោក តែងស្ទុះទៅក្នុងងងឹតគឺមោហៈ កាលបើញាណរបស់ព្រះអង្គទ្រោលឡើងហើយ ងងឹតក៏ខ្ចាត់ចេញទៅ។ កាលបើព្រះអាទិត្យអស្តង្គតហើយ ពួកសត្វក៏ដល់នូវសេចក្តីងងឹត យ៉ាងណា កាលព្រះពុទ្ធមិនទាន់បានត្រាស់ លោកក៏ដល់នូវសេចក្តីងងឹតយ៉ាងនោះដែរ។ ព្រះអាទិត្យកាលរះឡើង តែងបន្ទោបង់នូវងងឹតសព្វកាល យ៉ាងណា បពិត្រព្រះពុទ្ធដ៏ប្រសើរ ព្រះអង្គកម្ចាត់បង់នូវងងឹតសព្វកាល យ៉ាងនោះដែរ។ ព្រះអង្គមានព្រះទ័យបញ្ជូនទៅកាន់ព្យាយាម បានជាព្រះពុទ្ធក្នុងលោក ព្រមទាំងទេវលោក ទ្រង់ញុំាងប្រជុំជនដ៏ច្រើនឲ្យត្រេកអរដោយការប្រារព្ធនូវអំពើរបស់ព្រះអង្គ។ ព្រះបទុមុត្តរៈមហាមុនី ជាអ្នកប្រាជ្ញ បានទ្រង់ព្រះសណ្តាប់នូវពាក្យនោះហើយ ក៏ទ្រង់អនុមោទនា ហោះឡើងទៅឰដ៏អាកាស ដូចជាស្តេចហង្សហើរទៅឰដ៏អាកាស ដូច្នោះដែរ។ ព្រះសម្ពុទ្ធជាមហេសី ព្រះនាមបទុមុត្តរៈជាសាស្តា លុះទ្រង់ហោះឡើងហើយ ក៏ឋិតនៅឰដ៏អាកាស ទើបសម្តែងនូវគាថាទាំងនេះ ថា

បុគ្គលណា សរសើរញាណនេះ ប្រកបដោយឧបមាទាំងឡាយ តថាគតនឹងសម្តែងសរសើរនូវបុគ្គលនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ បុគ្គលនោះនឹងបានជាទេវរាជ អស់ ១៨ ដង នឹងសោយរាជ្យលើផែនដី គ្រប់គ្រងផែនដីអស់ ៣០០ ដង។ នឹងបានជាស្តេចចក្រពត្តិ ២៥ ដង (បានគ្រប់គ្រង) នូវប្រទេសរាជ្យដ៏ធំទូលាយ រាប់បានអសង្ខេយ្យជាតិ។ កន្លងទៅមួយសែនកប្ប ព្រះសាស្តា ព្រះនាមគោតម ទ្រង់កើតក្នុងត្រកូលក្សត្រិយ៍ឱក្កាកៈ នឹងទ្រង់កើតឡើងក្នុងលោក។ បុគ្គលនោះ ច្យុតចាកតុសិតទេវលោកមក ត្រូវកុសលមូលដាស់តឿន ទោះជាអ្នកថោកទាបដោយជាតិ ឈ្មោះថាឧបាលិក៏ដោយ។ តែលុះដល់កាលជាខាងក្រោយ ឧបាលិនោះនឿយណាយនឹងអំពើបាប ក៏ចេញបួស កំណត់ដឹងនូវអាសវៈទាំងអស់ ជាអ្នកមិនមានអាសវៈ នឹងបរិនិញ្វន។ ព្រះពុទ្ធព្រះនាមគោតម ជាសក្យបុត្ត ទ្រង់មានយសច្រើនត្រេកអរហើយ ទ្រង់តាំងឧបាលិនោះ ដែលចេះដឹងនូវវិន័យក្នុងទីជាឯតទគ្គៈ។

ខ្ញុំបួសដោយសទ្ធា មានសោឡសកិច្ចធ្វើស្រេចហើយ ជាអ្នកមិនមានអាសវៈ កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកអស់អាសវៈ។ ព្រះមានព្រះភាគ ទ្រង់អនុគ្រោះខ្ញុំ ខ្ញុំជាអ្នកក្លៀវក្លាក្នុងវិន័យ ប្រារព្ធនូវកម្មរបស់ខ្ញុំ ជាអ្នកមិនមានអាសវៈ។ ខ្ញុំសង្រួមក្នុងបាតិមោក្ខផង ក្នុងឥន្រ្ទិយទាំង ៥ ផង ទ្រទ្រង់នូវវិន័យទាំងអស់ ដែលជាទីកើតនៃរតនៈគ្រប់យ៉ាង។ ព្រះសាស្តាប្រសើរក្នុងលោក ទ្រង់ជ្រាបនូវគុណរបស់ខ្ញុំហើយ ទ្រង់គង់ក្នុងភិក្ខុសង្ឃ ហើយតាំងខ្ញុំក្នុងទីជាឯតទគ្គៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឧបាលិត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឧបាលិត្ថេរាបទាន។

សោណកោដិយវេស្សត្ថេរាបទាន ទី២

(២. សោណកោឡិវិសត្ថេរអបទានំ)

[៤៤] ខ្ញុំឲ្យគេធ្វើទីចង្រ្កម ធ្វើនូវការលាបដោយកំបោរថ្វាយព្រះមុនីព្រះនាមអនោមទស្សី ទ្រង់ជាច្បងក្នុងលោក ទ្រង់មិនញាប់ញ័រដោយលោកធម៌។ ខ្ញុំក្រាលទីចង្រ្កមដោយផ្កាមានពណ៌ផ្សេងៗ ធ្វើនូវពិតានឰដ៏អាកាស និមន្តព្រះពុទ្ធដ៏ប្រសើរ ឲ្យឆាន់ភត្ត។ គ្រានោះ ខ្ញុំផ្គងអញ្ជលី ថ្វាយបង្គំព្រះសម្ពុទ្ធ ទ្រង់មានវត្តដ៏ល្អ ហើយថ្វាយទីឃសាលា ចំពោះព្រះមានព្រះភាគ។ ព្រះសាស្តា ទ្រង់ប្រសើរផុតក្នុងលោក ទ្រង់ជ្រាបនូវបំណងរបស់ខ្ញុំ ព្រះមានព្រះភាគមានចក្ខុ ទ្រង់បានទទួល (សាលានោះ) ដោយអនុគ្រោះ។ ព្រះសម្ពុទ្ធ ជាទក្ខិណេយ្យបុគ្គលក្នុងលោក ព្រមទាំងទេវលោក លុះទទួលរួចហើយ ទ្រង់គង់ក្នុងភិក្ខុសង្ឃ ហើយសម្តែងនូវគាថាទាំងឡាយនេះថា

កុលបុត្តណា មានចិត្តរីករាយ បានថ្វាយទីឃសាលាចំពោះតថាគត តថាគតនឹងសម្តែងសរសើរនូវកុលបុត្តនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ កុលបុត្តដែលបរិបូណ៌ដោយបុញ្ញកម្មនេះ នឹងមានរថទឹមដោយសេះមួយពាន់ កើតឡើងប្រាកដក្នុងមរណកាល។ បុរសនេះ នឹងទៅកាន់ទេវលោក ដោយយាននោះ ពួកទេវតារីករាយក្នុងភពជាកុសល ដែលសម្រេចដល់បុរសនោះ។ ទេវបុត្តនោះ នឹងនៅគ្រប់គ្រងវិមានដ៏ប្រសើរ ដែលមានថ្លៃច្រើន លាបលនដោយដីកែវ ជាវិមានប្រកបដោយកំពូលដ៏ប្រសើរ។ ទេវបុត្តនោះ នឹងរីករាយក្នុងទេវលោក អស់ ៣០.០០០ កប្ប នឹងបានជាទេវរាជ អស់ ២៥ កប្បទៀត។ នឹងបានជាស្តេចចក្រពត្តិ អស់ ៧៧ ដង ស្តេចចក្រពត្តិទាំងអស់នោះ មាននាមតែមួយ គឺនាមថាយសោធរៈ។ លុះកុលបុត្តនោះ សោយសម្បត្តិទាំងពីររួចហើយ សន្សំនូវបុណ្យ នឹងបានជាស្តេចចក្រពត្តិក្នុងកប្បទី ២៨។ ស្តេចចក្រពត្តិនោះ នឹងនៅគ្រប់គ្រងប្រាសាទដ៏ប្រសើរ ដែលវិស្សុកម្មនិម្មិតថ្វាយក្នុងទីនោះ ជាបុរីមិនស្ងាត់ចាកសម្លេង ១០ ប្រការ។1) ក្នុងកប្បច្រើន ប្រមាណមិនបានអំពីកប្បនេះ កុលបុត្តនោះ នឹងបានជាស្តេចក្នុងដែន គ្រប់គ្រងផែនដី មានឫទ្ធិធំ មាននាមថាឱក្កាកៈ។ អភិជាតខត្តិយានី (របស់ស្តេចនោះ) ដ៏ប្រសើរលើសជាងស្រីស្នំ ១៦ ពាន់ ទាំងអស់ ព្រះនាងនឹងប្រសូតនូវព្រះរាជបុត្រ ៩ ព្រះអង្គ។ នាងខត្តិយានី លុះប្រសូតបុត្រ ៩ ព្រះអង្គហើយ ក៏នឹងធ្វើកាលកិរិយាទៅ នឹងមាននាងកញ្ញា (ដទៃទៀត) ជាស្រ្តីក្មេង ជាទីគាប់ព្រះទ័យ នឹងបានមកជាមហេសី។ នាងកញ្ញាធ្វើក្សត្រឱក្កាកៈឲ្យត្រេកអរហើយ នឹងបាននូវពរ លុះនាងកញ្ញានោះបានទទួលពរហើយ ក៏ញុំាងព្រះរាជាឲ្យបំបរបង់ព្រះរាជបុត្រដើមទាំងឡាយចោល។ ព្រះរាជបុត្តទាំងអស់នោះ លុះព្រះបិតាបំបរបង់ហើយ ក៏នាំគ្នាទៅកាន់ភ្នំហិមពាន្ត ព្រះរាជបុត្រទាំងអស់ ខ្លាចបែកធ្លាយជាតិ ក៏នៅរួមសង្វាសនឹងប្អូនស្រីទាំងឡាយរបស់ខ្លួន។ ឯនាងកញ្ញាម្នាក់ នឹងកើតព្យាធិ៍ពេញខ្លួន ក្សត្រទាំងឡាយនឹងជីក (រណ្តៅឲ្យនៅ ដោយបំណងថា) ជាតិរបស់យើងកុំធ្លាយឡើយ។ មានក្សត្រ (វង្សដទៃ) មួយអង្គ នាំនាងកញ្ញានោះយកទៅនៅរួមសង្វាសជាមួយ ក្នុងការកើត ត្រកូលក្សត្រឱក្កាកៈ នឹងបែកធ្លាយក្នុងកាលនោះ។ ព្រះរាជឱរសទាំងឡាយ របស់ក្សត្រទាំងពីរអង្គនោះ នឹងបានឈ្មោះថាកោលិយៈ (ក្សត្រទាំងពីរអង្គនោះ) នឹងសោយភោគៈជារបស់មនុស្ស ប្រមាណមិនបានក្នុងទីនោះ។ លុះកុលបុត្តនោះ ច្យុតចាកកាយនោះ នឹងទៅកើតក្នុងទេវលោក នឹងបាននូវប្រាសាទដ៏ប្រសើរ ដែលជាទីគាប់ចិត្តក្នុងទេវលោកនោះ។ លុះច្យុតចាកទេវលោក ត្រូវកុសលមូលដាស់តឿន ទើបមកកាន់អត្តភាពជាមនុស្ស មាននាមថាសោណៈ។ សោណមាណព ប្រារព្ធព្យាយាម មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន តាំងនៅក្នុងសាសនារបស់ព្រះសាស្តា កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិញ្វន។ ព្រះអនន្តទស្សីមានព្រះភាគព្រះនាមគោតម ជាសក្យៈប្រសើរ ទ្រង់ជ្រាបវិសេស មានព្យាយាមធំ នឹងតាំង (សោណៈនោះ) ក្នុងឋានៈដ៏ប្រសើរ។

កាលភ្លៀងធ្លាក់លិចស្មៅអស់ ៤ ធ្នាប់ នៅសល់មួយធ្នាប់ ត្រូវខ្យល់បក់ទៀត (នៅតែប្រឹងដុះ) វៀរលែងតែតាទិបុគ្គល អ្នកមានព្យាយាម មិនមានអ្វីប្រឹងលើសជាងស្មៅនោះទៀតទេ។

ខ្ញុំមានខ្លួនទូន្មានហើយ ក្នុងការទូន្មានដ៏ឧត្តម ចិត្តរបស់ខ្ញុំតម្កល់ស៊ប់ហើយ ភារៈទាំងអស់ ខ្ញុំដាក់ចុះហើយ ខ្ញុំជាអ្នកមិនមានអាសវៈ មានទុក្ខរលត់ហើយ។ ព្រះមហានាគជាអង្គីរស មានជាតិដ៏ប្រសើរ ដូចជាកេសររាជសីហ៍ គង់ក្នុងភិក្ខុសង្ឃ ហើយតាំងខ្ញុំក្នុងទីជាឯតទគ្គៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសោណកោដិយវេស្សត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សោណកោដិយវេស្សត្ថេរាបទាន។

ភទ្ទិយកាឡិគោធាយបុត្តត្ថេរាបទាន ទី៣

(៣. កាឡិគោធាបុត្តភទ្ទិយត្ថេរអបទានំ)

[៤៥] ប្រជុំជនទាំងពួង បានចូលគាល់ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់មានព្រះហឫទ័យប្រកបដោយមេត្តា ជាអ្នកប្រាជ្ញដ៏ប្រសើរ ទ្រង់ដឹកនាំសត្វដ៏វិសេស ក្នុងលោកទាំងមូល។ ពួកជនទាំងពួង តែងថ្វាយនូវសដូវផង នំឈ្មោះបវាកៈផង អាមិសៈ ទឹក និងភោជនផង ដល់ព្រះសាស្តា ជាបុញ្ញក្ខេត្តដ៏ប្រសើរ។ ឯខ្ញុំក៏គិតថា នឹងនិមន្តព្រះពុទ្ធដ៏ប្រសើរផង ព្រះសង្ឃដ៏ប្រសើរផង ហើយនឹងថ្វាយទានដល់ព្រះសម្ពុទ្ធ ជាទេវតាដ៏ក្រៃលែងជាងទេវតា ទ្រង់មិនញាប់ញ័រដោយលោកធម៌។ ពួកជនទាំងនុ៎ះ ដែលខ្ញុំបញ្ជូនទៅឲ្យនិមន្ត ក៏បាននិមន្តព្រះតថាគតផង ភិក្ខុសង្ឃទាំងអស់ ជាបុញ្ញក្ខេត្តដ៏ប្រសើរផង។ ខ្ញុំបានក្រាលបល្ល័ង្ក មានថ្លៃមួយសែន ជាវិភារៈនៃមាស កម្រាលឈ្មោះគោណកៈ ព្រមដោយកម្រាលញាត់គ កម្រាលធ្វើដោយរោមសត្វ ជាផ្កាចង្កោមផង កម្រាលដែលធ្វើដោយសម្បកឈើ កម្រាលដែលត្បាញដោយអំបោះផង។ ខ្ញុំក្រាលនូវអាសនៈ មានថ្លៃដ៏ច្រើនគួរដល់ព្រះពុទ្ធ ឯព្រះបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវលោក ទ្រង់ជាទេវតាប្រសើរជាងទេវតា ជានរាសភៈ ទ្រង់កុះករដោយភិក្ខុសង្ឃ ស្តេចចូលមកកាន់ទ្វារផ្ទះរបស់ខ្ញុំ ខ្ញុំក្រោកទទួលព្រះសម្ពុទ្ធ ជាលោកនាថដ៏ទ្រង់យស។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ញុំាងភិក្ខុសង្ឃមួយសែនអង្គ ទាំងព្រះពុទ្ធជាលោកនាយក ឲ្យចូលមកកាន់ផ្ទះរបស់ខ្លួន។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ (ញុំាងព្រះសម្ពុទ្ធ និងភិក្ខុសង្ឃ) ឲ្យឆ្អែតស្កប់ស្កល់ដោយចង្ហាន់ដ៏ថ្លៃថ្លា ព្រះបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវលោក ទ្រង់គួរទទួលគ្រឿងបូជា ទ្រង់គង់ក្នុងភិក្ខុសង្ឃ ហើយត្រាស់នូវគាថាទាំងនេះថា

កុលបុត្តណា ថ្វាយអាសនៈជាវិការៈនៃមាស ក្រាលដោយកម្រាលគោណកៈនេះ តថាគតនឹងសម្តែងសរសើរនូវកុលបុត្តនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ កុលបុត្តនោះ នឹងសោយទេវរជ្ជសម្បត្តិអស់ ៧៤ ដង នឹងសោយទិព្វសម្បត្តិ មានពួកស្រីអប្សរចោមរោម នឹងបានគ្រប់គ្រងផែនដី បានជាស្តេចក្នុងប្រទេសមួយពាន់ដង។ នឹងកើតជាស្តេចចក្រពត្តិ អស់ចំនួន ៥១ ដង នឹងបានជាអ្នកមានត្រកូលខ្ពស់ ក្នុងកំណើតដែលមានក្នុងភពទាំងពួង។ លុះកាលជាខាងក្រោយ កុលបុត្តនោះ ត្រូវកុសលមូលដាស់តឿន ក៏ចេញបួស មាននាមថាភទ្ទិយៈ នឹងបានជាសាវ័ករបស់ព្រះសាស្តា។

ខ្ញុំប្រកបរឿយៗ នូវវិវេក អាស្រ័យនៅក្នុងសេនាសនៈដ៏ស្ងាត់ ផលទាំងអស់ ខ្ញុំបានសម្រេចហើយ ក្នុងថ្ងៃនេះ ខ្ញុំមានកិលេសលះបង់ហើយ។ ព្រះសព្វញ្ញូជាលោកនាយក ទ្រង់ជ្រាបនូវហេតុសព្វគ្រប់របស់ខ្ញុំ ទើបទ្រង់គង់ក្នុងភិក្ខុសង្ឃ ហើយតាំងខ្ញុំក្នុងទីជាឯតទគ្គៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះភទ្ទិយកាឡិគោធាយបុត្តត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ភទិ្ទយកាឡិគោធាយបុត្តត្ថេរាបទាន។

សន្និដ្ឋាបកត្ថេរាបទាន ទី៤

(៤. សន្និដ្ឋាបកត្ថេរអបទានំ)

[៤៦] ខ្ញុំធ្វើខ្ទមក្នុងព្រៃ ត្រង់ចន្លោះភ្នំហើយនៅ ជាអ្នកសន្តោសដោយលាភ និងឥតលាភផង ដោយយស និងឥតយសផង។ ព្រះសម្ពុទ្ធបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវលោក គួរទទួលនូវគ្រឿងបូជា ទ្រង់ធ្វើពុទ្ធដំណើរមកក្នុងសំណាក់របស់ខ្ញុំជាមួយនឹងភិក្ខុសង្ឃប្រមាណមួយសែនអង្គ។ ព្រះសម្ពុទ្ធជាមហានាគ ព្រះនាមបទុមុត្តរៈ ស្តេចយាងមកដល់ហើយ ខ្ញុំក្រាលកម្រាលស្មៅថ្វាយព្រះសាស្តា។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយផ្លែល្ហុងប្រេងផង ទឹកផង ចំពោះព្រះសាស្តា ទ្រង់មានសន្តានត្រង់ ដោយចិត្តដែលជ្រះថ្លា។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែល្ហុងប្រេង។ ក្នុងកប្បទី ៤១ ខ្ញុំបានជាស្តេចមួយព្រះអង្គ ឈ្មោះអរិន្ទមៈ ជាស្តេចចក្រពត្តិ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសន្និដ្ឋាបកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សន្និដ្ឋាបកត្ថេរាបទាន។

បញ្ចហត្ថិយត្ថេរាបទាន ទី៥

(៥. បញ្ចហត្ថិយត្ថេរអបទានំ)

[៤៧] ព្រះសម្ពុទ្ធព្រះនាមសុមេធៈ ទ្រង់សង្រួមចក្ខុ ពោលពាក្យល្មមកំណត់ មានស្មារតី សង្រួមឥន្រ្ទិយ ទ្រង់និមន្តទៅក្នុងចន្លោះរានផ្សារ។ ពួកជនធ្វើផ្កាឧប្បល ៥ ក្តាប់ ឲ្យជាគ្រឿងប្រដាប់ក្បាលសម្រាប់ខ្ញុំ ខ្ញុំមានចិត្តជ្រះថ្លា បានយកគ្រឿងប្រដាប់ក្បាលនោះ បូជាព្រះពុទ្ធដោយដៃរបស់ខ្លួន។ ផ្កាទាំងនោះ ដែលខ្ញុំលើកឡើងហើយ ក៏ទៅជាគ្រឿងបិទបាំង ថ្វាយព្រះសាស្តានោះ (ចោមរោម) ព្រះមហានាគក្នុងសមាធិ ដូចជាសិស្ស (ចោមរោម) អាចារ្យដូច្នោះដែរ។ ក្នុងកប្បទី ៣០.០០០ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ២.០០០ អំពីភទ្ទកប្បនេះ ខ្ញុំបានជាក្សត្រិយ៍ ៥ ដង ព្រះនាមហត្ថិយៈដូចគ្នា ជាស្តេចចក្រពត្តិ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបញ្ចហត្ថិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បញ្ចហត្ថិយត្ថេរាបទាន។

បទុមច្ឆទនិយត្ថេរាបទាន ទី៦

(៦. បទុមច្ឆទនិយត្ថេរអបទានំ)

[៤៨] កាលព្រះលោកនាថ ជាអគ្គបុគ្គល ព្រះនាមវិបស្សី ទ្រង់បរិនិញ្វនហើយ ខ្ញុំយកផ្កាឈូកដែលរីកល្អ លើកតម្កល់លើជើងថ្ករ។ លុះខ្ញុំលើកជើងថ្ករឡើង ផ្កាក៏អណ្តែតត្រសែតទៅឯអាកាស ជាទីរីករាយនៃពួកសត្វស្លាប ធ្វើជាដម្បូលបិទបាំងកំដៅថ្ងៃនាអាកាស ខ្ញុំក៏បានទ្រនូវជើងថ្ករនោះ។ ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កាក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៤៧ អំពីភទ្ទកប្បនេះ ខ្ញុំកើតជាស្តេចចក្រពត្តិ មាននាមថាបទុមិស្សរៈ ទ្រង់ឈ្នះសង្គ្រាម មានទីបំផុតទល់នឹងសមុទ្រទាំង ៤ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបទុមច្ឆទនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បទុមច្ឆទនិយត្ថេរាបទាន។

សយនទាយកត្ថេរាបទាន ទី៧

(៧. សយនទាយកត្ថេរអបទានំ)

[៤៩] ខ្ញុំថ្វាយទីព្រះបន្ទំដ៏ប្រសើរ ដែលក្រាលដោយសំពត់ចំពោះព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ទ្រង់មានមេត្តាចិត្ត មិនញាប់ញ័រដោយលោកធម៌។ ព្រះមានព្រះភាគ ទ្រង់ទទួលកប្បិយសយនាសនៈហើយ ព្រះជិនស្រី ទ្រង់ក្រោកឡើងអំពីទីព្រះបន្ទំនោះ ហើយទ្រង់ហោះឡើងទៅឯអាកាស។ ក្នុងកប្បទី ៩៤ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយទីសយនៈ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃទីសយនៈ។ ក្នុងកប្បទី ៥១ អំពីភទ្ទកប្បនេះ ខ្ញុំកើតជាស្តេចចក្រពត្តិ ព្រះនាមវរុណទេវៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសយនទាកយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សយនទាយកត្ថេរាបទាន។

ចង្កមទាយកត្ថេរាបទាន ទី៨

(៨. ចង្កមនទាយកត្ថេរអបទានំ)

[៥០] ខ្ញុំបានឲ្យជាងធ្វើទីចង្រ្កម ក្រាលឥដ្ឋ (ថ្វាយ) ចំពោះព្រះមុនី ព្រះនាមអត្ថទស្សី ជាច្បងក្នុងលោក ទ្រង់មិនញាប់ញ័រដោយលោកធម៌។ ទីចង្រ្កមនោះមានកំពស់ ៥០ ហត្ថក្រពុំ បណ្តោយ ១០០ ហត្ថ ជាទីគួរសរសើរ គួររីករាយនៃចិត្ត ខ្ញុំបានកសាងហើយដោយប្រពៃ។ ព្រះមានព្រះភាគ ព្រះនាមអត្ថទស្សីដ៏ប្រសើរជាងពួកនរៈ ទ្រង់បានទទួលហើយ ទ្រង់ចាប់យកខ្សាច់ដោយព្រះហស្ត ហើយសម្តែងនូវគាថាទាំងនេះថា

ដោយការឲ្យដីខ្សាច់នេះផង ដោយការធ្វើទីចង្រ្កមល្អនេះផង បុគ្គលនេះ នឹងបានទទួលនូវផ្នូរខ្សាច់ដ៏បរិបូណ៌ដោយកែវ ៧ ប្រការ។ កុលបុត្តនោះ នឹងគ្រប់គ្រងទេវរាជ្យសោយទិព្វសម្បត្តិ ជាស្តេចនៃទេវតាក្នុងទេវលោក មានពួកស្រ្តីអប្សរចោមរោម អស់ ៣ កប្ប។ លុះត្រឡប់មកកាន់មនុស្សលោក នឹងបានជាស្តេចក្នុងដែន កុលបុត្តនោះនឹងបានជាស្តេចចក្រពត្តិលើផែនដីអស់ ៣ ដង។

ក្នុងកប្បទី ១.៨០០ ព្រោះហេតុដែលខ្ញុំធ្វើកុសលកម្មក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃទីចង្រ្កម។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះចង្កមទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ចង្កមទាយកត្ថេរាបទាន។

សុភទ្ទត្ថេរាបទាន ទី៩

(៩. សុភទ្ទត្ថេរអបទានំ)

[៥១] ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ជ្រាបច្បាស់នូវត្រៃលោក គួរទទួលគ្រឿងបូជា មានយសច្រើន ទ្រង់ស្រោចស្រង់នូវប្រជុំជន ហើយទ្រង់បរិនិញ្វន។ កាលព្រះសម្ពុទ្ធបរិនិញ្វន លោកធាតុមួយហ្មឺន ក៏ញាប់ញ័រ ពួកជនច្រើន និងពួកទេវតា ក៏ប្រជុំគ្នាក្នុងកាលនោះ។ ខ្ញុំបានញុំាងទីនោះឲ្យពេញដោយខ្លឹមច័ន្ទ ខ្លឹមក្រឹស្នា និងខ្លឹមក្លាំពាក់ ខ្ញុំមានចិត្តត្រេកអររីករាយ បានលើកឡើងនូវព្រះសម្ពុទ្ធ ទ្រង់ប្រសើរជាងពួកនរៈ។ ព្រះសាស្តា ជាបុគ្គលប្រសើរផុតក្នុងលោក ទ្រង់ជ្រាបនូវបំណងរបស់ខ្ញុំ ព្រះសម្ពុទ្ធ ទ្រង់ផ្ទំសម្តែងនូវគាថាទាំងនេះថា

ក្នុងកាលជាទីបំផុតនៃជន្មាយុរបស់តថាគត បុរសណា បានបិទបាំងតថាគត ដោយថូមានក្លិនក្រអូប តថាគតនឹងសម្តែងសរសើរនូវបុរសនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ បុរសនោះ លុះច្យុតចាកអត្តភាពនេះ នឹងទៅកាន់ពួកទេវតា ក្នុងឋានតុសិត សោយរាជសម្បត្តិក្នុងឋានតុសិតនោះ ហើយនឹងទៅកាន់ឋាននិម្មានរតីទៀត។ បុរសនោះ បានឲ្យថូដ៏ឧត្តមប្រសើរ ដោយឧបាយនុ៎ះឯង ជាអ្នកប្រារព្ធនូវកម្មរបស់ខ្លួន នឹងទទួលនូវសម្បត្តិ។ នរជននេះ នឹងកើតក្នុងពួកទេវតាក្នុងឋានតុសិតម្តងទៀត លុះច្យុតចាកពួកទេវតាក្នុងឋានតុសិតនោះ នឹងមកកាន់អត្តភាពជាមនុស្ស។ ព្រះសក្យបុត្ត ជាមហានាគ ជាអគ្គបុគ្គលក្នុងលោក ព្រមទាំងទេវលោក ទ្រង់មានបញ្ញាចក្ខុ បានញុំាងពួកសត្វច្រើន ឲ្យត្រាស់ដឹងហើយ នឹងបរិនិញ្វន។ ក្នុងកាលនោះ បុរសនោះ បានចូលទៅ មានចិត្តស្ងប់រម្ងាប់ មានកុសលមូលដាស់តឿន ហើយក៏ចូលទៅគាល់ព្រះសម្ពុទ្ធ នឹងសួរនូវប្រស្នាក្នុងកាលនោះ។ ព្រះសម្ពុទ្ធជាសព្វញ្ញូលោកនាយក ទ្រង់ធ្វើឲ្យរីករាយហើយ នឹងបើកនូវសច្ចធម៌ទាំងឡាយ ព្រោះទ្រង់ជ្រាបនូវបុព្វកម្ម។ បុរសនោះ ប្រារព្ធប្រស្នានេះហើយ ជាអ្នកត្រេកអរ មានចិត្តខ្ពស់ឯក នឹងថ្វាយបង្គំព្រះសាស្តា ហើយសូមផ្នួស។ ព្រះពុទ្ធនោះ ទ្រង់ជាបុគ្គលឈ្លាសក្នុងធម៌ដ៏ប្រសើរ ទ្រង់ឃើញបុរសនោះ មានចិត្តជ្រះថ្លា ត្រេកអរដោយកម្មរបស់ខ្លួនហើយ នឹងទ្រង់បំបួស។ បុរសនេះ ព្យាយាមក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិញ្វន។

ចប់ ភាណវារៈ ទី៥។

ខ្ញុំប្រកបព្រមហើយ ដោយបុព្វកម្មរបស់ខ្លួន មានចិត្តមូលតែមួយ មានចិត្តតាំងមាំ ជាធម្មនិម្មិត ជាបុត្តកើតអំពីទ្រូងរបស់ព្រះសម្មាសម្ពុទ្ធ។ ខ្ញុំចូលទៅអង្គុយជិតព្រះពុទ្ធ ជាធម្មរាជ ហើយសួរប្រស្នាដ៏ប្រសើរ ឯព្រះអង្គកាលនឹងសម្តែងនូវប្រស្នាដល់ខ្ញុំ ទ្រង់នាំមកនូវធម្មសោតៈ។ ខ្ញុំដឹងនូវធម៌របស់ព្រះធម្មរាជនោះហើយ ត្រេកអរនឹងសាសនា កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ។ ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ ព្រះនាយក ព្រះនាមបទុមុត្តរៈ ទ្រង់បរិនិញ្វន មិនមានឧបាទាន ដូចប្រទីបដែលរលត់ ព្រោះអស់ប្រេង។ ព្រះស្តូបជាវិការៈនៃកែវ ប្រកបដោយយោជន៍ ៧ ណា ខ្ញុំបានបូជាទង់ដ៏ល្អ ជាងទង់ទាំងអស់ ជាទីរីករាយនៃចិត្ត ចំពោះព្រះស្តូបនោះ។ កូនដែលកើតអំពីទ្រូងរបស់ខ្ញុំ ឈ្មោះតិស្សៈ ជាអគ្គសាវ័ករបស់ព្រះពុទ្ធ ព្រះនាមកស្សបៈ ជាទាយាទក្នុងសាសនានៃព្រះជិនស្រី។ ខ្ញុំមានចិត្តថោកទាប បានពោលពាក្យមិនពីរោះ ដល់ព្រះតិស្សៈនោះ ព្រោះតែផលកម្មប៉ុណ្ណោះ ទើបខ្ញុំមានសេចក្តីល្អ ក្នុងកាលជាខាងក្រោយបំផុត។ ព្រះមុនីទ្រង់មានព្យាយាមធំ ស្វែងរកប្រយោជន៍ មានសេចក្តីករុណា ទ្រង់ឈ្នះកិលេស បានបំបួសខ្ញុំ ក្នុងបច្ឆិមសយនៈ ក្នុងសាលវ័ន ជាទីសម្រាប់ចេញចូល។ ឥឡូវនេះ បព្វជ្ជា (របស់ខ្ញុំ) មានក្នុងថ្ងៃនេះ ឧបសម្បទា ក៏មានក្នុងថ្ងៃនេះ បរិនិញ្វនក៏មានក្នុងថ្ងៃនេះ ក្នុងទីចំពោះព្រះភ័ក្រ្តនៃព្រះសម្ពុទ្ធ ទ្រង់ឧត្តមជាងសត្វជើងពីរ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសុភទ្ទត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សុភទ្ទត្ថេរាបទាន។

ចុន្ទត្ថេរាបទាន ទី១០

(១០. ចុន្ទត្ថេរអបទានំ)

[៥២] ខ្ញុំធ្វើចេតិយ ស្រោបដោយផ្កាម្លិះទាំងឡាយ បូជាចំពោះព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ជាច្បងក្នុងលោក ទ្រង់មិនញាប់ញ័រដោយលោកធម៌។ លុះខ្ញុំរៀបចំស្រេចហើយ ទើបបង្អោនថ្វាយផ្កានោះចំពោះព្រះពុទ្ធ ហើយយកផ្កាដ៏សេស បង្អោនថ្វាយទៀត។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ នាំចេតិយផ្កាទៅថ្វាយចំពោះព្រះពុទ្ធ ជាអគ្គនាយកក្នុងលោក ព្រះអង្គប្រាកដស្មើដោយចេតិយមាស។ ព្រះសម្ពុទ្ធ មានសេចក្តីសង្ស័យកន្លងបង់ហើយ មានពួកព្រះខីណាស្រពដែលមានអន្លង់ឆ្លងផុត ចោមរោមហើយ ព្រះអង្គគង់នៅក្នុងភិក្ខុសង្ឃ ហើយសម្តែងនូវគាថាទាំងនេះថា

កុលបុត្តណា បានថ្វាយដល់តថាគតនូវចេតិយដែលធ្វើដោយផ្កា មានក្លិនដូចជាទិព្វផ្សាយទៅ តថាគតនឹងសម្តែងសរសើរនូវកុលបុត្តនោះ អ្នកទាំងឡាយចូរស្តាប់តថាគតសម្តែងចុះ។ បុរសនេះ លុះច្យុតចាកអត្តភាពនេះទៅ នឹងទៅកើតក្នុងទេវលោក មានពួកទេវតាចោមរោម ជាអ្នកបរិបូណ៌ដោយផ្កាម្លិះ។ ទីនៅរបស់កុលបុត្តនោះ ដ៏ខ្ពស់ជាវិការៈនៃមាស និងកែវមណី ប្រាសាទទាំងឡាយ ដែលបុញ្ញកម្មតាក់តែងហើយ នឹងកើតប្រាកដ។ កុលបុត្រនោះ នឹងសោយទេវរាជ្យ នឹងសោយទិព្វសម្បត្តិ មានពួកស្រ្តីអប្សរចោមរោមអស់ ៧៤ ដង។ នឹងបានសោយរាជសម្បត្តិលើផែនដី គ្រប់គ្រងផែនដីអស់ ៣០០ ដង នឹងបានជាស្តេចចក្រពត្តិ អស់ ៧៥ ដង។ កុលបុត្តនោះ នឹងកើតជាក្សត្រ ជាអធិបតីនៃមនុស្ស មាននាមថាទុជ្ជយៈ អាស្រ័យនូវបុញ្ញកម្មរបស់ខ្លួន ហើយរងនូវផលបុណ្យនោះ។ កុលបុត្តនោះនឹងមិនទៅយកកំណើតជាវិនិបាតឡើយ ទៅយកអត្តភាពតែជាមនុស្ស កុលបុត្តនោះ បានសន្សំប្រាក់ទុកច្រើនរាប់រយកោដិ។ កុលបុត្តនោះ នឹងកើតក្នុងកំណើតជាញ្រហ្មណ៍ ជាអ្នកចេះដឹង មានប្រាជ្ញា ជាឱរស ជាទីស្រឡាញ់នៃវង្គន្តញ្រហ្មណ៍ និងនាងសារីញ្រហ្មណី។ លុះកាលជាខាងក្រោយ កុលបុត្តនោះ មាននាមថាចូឡចុន្ទៈ នឹងបានបួសក្នុងសាសនារបស់ព្រះសម្ពុទ្ធ ជាអង្គីរស នឹងបានជាសាវ័ករបស់ព្រះសាស្តា។ ចូឡចុន្ទៈនោះ ជាសាមណេរ មានសន្តានស្ងប់ស្ងាត់ បានជាព្រះខីណាស្រព កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិញ្វន។

ខ្ញុំបានបម្រើព្រះសម្ពុទ្ធ មានព្យាយាមធំផង បម្រើពួកភិក្ខុអ្នកមានសីលជាទីស្រឡាញ់ដទៃច្រើនអង្គផង បម្រើព្រះថេរៈជាបងនៃខ្ញុំផង ដើម្បីសម្រេចប្រយោជន៍ដ៏ខ្ពង់ខ្ពស់។ ខ្ញុំបម្រើព្រះថេរៈជាបងរបស់ខ្ញុំរួចហើយ រើសព្រះធាតុដាក់ក្នុងបាត្រ នាំមកថ្វាយព្រះសម្ពុទ្ធ ជាច្បងក្នុងលោកដ៏ប្រសើរជាងនរៈ។ ព្រះពុទ្ធ (ព្រះអង្គប្រសើរ) ក្នុងលោក ព្រមទាំងទេវលោក ទ្រង់ទទួលដោយព្រះហស្តទាំងពីរ ហើយបង្ហាញនូវព្រះធាតុនោះ ទើបប្រកាសតាំងខ្ញុំជាអគ្គសាវ័ក។ ឯចិត្តរបស់ខ្ញុំរួចស្រឡះហើយ សទ្ធារបស់ខ្ញុំតម្កល់ខ្ជាប់ហើយ ខ្ញុំកំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះចុន្ទត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ចុន្ទត្ថេរាបទាន។

ឧទ្ទាន

ឧបាលិត្ថេរាបទាន ១ សោណកោដិវេស្សត្ថេរាបទាន ១ ភទ្ទិយកាឡិគោធាយបុត្តត្ថេរាបទាន ១ សន្និដ្ឋាបកត្ថេរាបទាន ១ បញ្ចហត្ថិយត្ថេរាបទាន ១ បទុមច្ឆទនិយត្ថេរាបទាន ១ សយនទាយកត្ថេរាបទាន ១ ចង្កមទាយកត្ថេរាបទាន ១ សុភទ្ទត្ថេរាបទាន ១ ចុន្ទត្ថេរាបទាន ១ ក្នុងវគ្គនោះ មានគាថា ១៤៤។

ចប់ ឧបាលិវគ្គ ទី៥។

 

លេខយោង

1)
សម្លេងដំរី សម្លេងសេះ សម្លេងរថ សម្លេងស្គរ សម្លេងសម្ភោ សម្លេងពិណ សម្លេងច្រៀង សម្លេងស័ង្ខ សម្លេងមហោស្រព សម្លេងដេញដំប្រគំ។ អដ្ឋកថា។
km/tipitaka/sut/kn/apd/sut.kn.apd.05.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann