km:tipitaka:sut:kn:apd:sut.kn.apd.33

ឧម្មាបុប្ផិយវគ្គ ទី៣៣

សង្ខេប

(?)

sut kn apd 33 បាលី cs-km: sut.kn.apd.33 អដ្ឋកថា: sut.kn.apd.33_att PTS: ?

ឧម្មាបុប្ផិយវគ្គ ទី៣៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

(៣៣. ឧមាបុប្ផិយវគ្គោ)

ឧម្មាបុប្ផិយត្ថេរាបទាន ទី១

(១. ឧមាបុប្ផិយត្ថេរអបទានំ)

[២១] ខ្ញុំបានឃើញព្រះសិទ្ធត្ថប្រសើរជាងពួកនរៈ ទ្រង់មានព្រះទ័យតម្កល់មាំខ្ជាប់ខ្ជួន ទ្រង់ឈ្នះមារ ទ្រង់ចូលសមាធិ។ ខ្ញុំកាន់យកផ្កាត្រកៀតបូជាព្រះពុទ្ធ ផ្កាទាំងអស់មានក្បាលតែមួយ មានទងឡើងលើ មានមុខចុះក្រោម វិចិត្រល្អដូចជាកម្រាលផ្កា ប្រតិស្ថានឰដ៏អាកាស ខ្ញុំបានកើតក្នុងឋានតុសិត ដោយចិត្តជ្រះថ្លានោះ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៥៥ អំពីកប្បនេះ ក្នុងកាលនោះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ព្រះនាមសមន្តច្ឆទនៈ ជាធំលើផែនដី ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឧម្មាបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឧម្មាបុប្ផិយត្ថេរាបទាន។

បុឡិនបូជកត្ថេរាបទាន ទី២

(២. បុលិនបូជកត្ថេរអបទានំ)

[២២] ខ្ញុំបានឃើញព្រះពុទ្ធ ប្រសើរជាងនរៈ ទ្រង់យាងយាសដូចលំពង់ថ្ងាន់ ឬដូចនិសភអាជានេយ្យ ទ្រង់រុងរឿងភ្លឺស្វាងដូចផ្កាយព្រឹក។ ខ្ញុំផ្គងអញ្ជលីថ្វាយបង្គំព្រះសាស្តាហើយសរសើរព្រះសាស្តា ខ្ញុំរីករាយដោយកុសលកម្មរបស់ខ្លួន។ ខ្ញុំបានកើបខ្សាច់ដ៏ស្អាត ដក់មួយថ្នក់ យកទៅរោយរាយត្រង់ផ្លូវដែលព្រះមហេសី ព្រះនាមវិបស្សី ស្តេចយាងទៅ។ លំដាប់នោះ ខ្ញុំមានចិត្តជ្រះថ្លា បានចាក់ខ្សាច់ពាក់កណ្តាលត្រង់បង្ហារសម្រាប់សម្រាកក្នុងវេលាថ្ងៃនៃព្រះពុទ្ធ ទ្រង់ជាធំជាងសត្វជើងពីរ ប្រកបដោយតាទិគុណ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានរោយរាយខ្សាច់ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការរោយរាយខ្សាច់។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបុឡិនបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បុឡិនបូជកត្ថេរាបទាន។

ហាសជនកត្ថេរាបទាន ទី៣

(៣. ហាសជនកត្ថេរអបទានំ)

[២៣] ខ្ញុំបានឃើញបំសុកូលិកចីវរ របស់ព្រះសាស្តាដែលព្យួរលើចុងឈើ ហើយផ្គងអញ្ជលីបន្លឺវាចាឡើងយ៉ាងខ្លាំង។ សេចក្តីរីករាយក៏កើតមានដល់ខ្ញុំ ព្រោះបានឃើញអំពីចម្ងាយ ទើបខ្ញុំផ្គងអញ្ជលី ញុំាងចិត្តឲ្យជ្រះថ្លាក្រៃលែង។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានសញ្ញា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធសញ្ញា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះហាសជនកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ហាសជនកត្ថេរាបទាន។

យញ្ញសាមិកត្ថេរាបទាន ទី៤

(៤. យញ្ញសាមិកត្ថេរអបទានំ)

[២៤] ខ្ញុំមានអាយុ ៧ ឆ្នាំ រាប់អំពីឆ្នាំកំណើត បានចេះចប់មន្ត បានទ្រទ្រង់វង្សត្រកូល ខ្ញុំបានលើកតម្កើងយញ្ញវិធី។ កាលនោះ ខ្ញុំនាំយកសត្វចិញ្ចឹម ៨ ម៉ឺន ៤ ពាន់មកចងក្រៀកនឹងសសរខ្លឹម បម្រុងទុកនឹងសម្លាប់បូជាយញ្ញ។ ព្រះសម្ពុទ្ធព្រះនាមសិទ្ធត្ថ ទ្រង់ញុំាងប្រយោជន៍ទាំងអស់ឲ្យសម្រេច ទ្រង់ទម្លាក់ចោលនូវរបស់មិនជាប្រយោជន៍ក្នុងត្រៃលោក ទ្រង់ដូចជាមុខគប់ភ្លើងត្រូវខ្យល់បក់ ឬដូចរងើកឧសគគីរ ពុំនោះសោត ដូចព្រះអាទិត្យដែលទើបនឹងរះឡើង ឬដូចព្រះចន្ទពេញវង់ ទ្រង់ចូលមកជិតខ្ញុំ ហើយត្រាស់ព្រះពុទ្ធដីកានេះថា នែកុមារ ការមិនបៀតបៀនសត្វទាំងអស់ រមែងពេញចិត្តតថាគត ការវៀរចាកការលួច ការប្រព្រឹត្តិកន្លង (បរទារកកម្ម) និងការផឹកទឹកស្រវឹង ១ សេចក្តីត្រេកអរចំពោះការប្រព្រឹត្តិសើ្ម ១ ភាពជាពហុស្សូត ១ កតញ្ញុតា ១ ធម៌ទាំងនេះ បណ្ឌិតសរសើរក្នុងបច្ចុប្បន្ន ទាំងបរលោក។ អ្នកចូរអប់រំធម៌ទាំងនេះ ហើយត្រេកអរនឹងប្រយោជន៍សព្វសត្វ ចូរញុំាងចិត្តឲ្យជ្រះថ្លាចំពោះព្រះពុទ្ធ ហើយអប់រំនូវមគ្គដ៏ប្រសើរ។ លុះព្រះសព្វញ្ញូជាច្បងក្នុងលោក ប្រសើរជាងពួកនរៈ ទ្រង់ត្រាស់នូវភាសិតប្រៀនប្រដៅខ្ញុំយ៉ាងនេះហើយ ទើបស្តេចពុទ្ធដំណើរទៅកាន់អាកាសទៅ។ ខ្ញុំបានជម្រះចិត្ត ក្នុងកាលមុន ហើយញុំាងចិត្តឲ្យជ្រះថ្លាក្នុងកាលជាខាងក្រោយ ក៏បានចូលទៅកើតក្នុងឋានតុសិត ដោយការធ្វើចិត្តឲ្យជ្រះថ្លានោះ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានញុំាងចិត្តឲ្យជ្រះថ្លា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធសញ្ញា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះយញ្ញសាមិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ យញ្ញសាមិកត្ថេរាបទាន។

និមិត្តសញ្ញកត្ថេរាបទាន ទី៥

(៥. និមិត្តសញ្ញកត្ថេរអបទានំ)

[២៥] ខ្ញុំនៅក្នុងអាស្រម ទៀបឆ្នេរស្ទឹងចន្ទភាគា បានក្រឡេកឃើញម្រឹគមានសម្បុរដូចមាស ដែលកំពុងត្រាច់ក្នុងព្រៃធំ។ ខ្ញុំញុំាងចិត្តឲ្យជ្រះថ្លាចំពោះម្រឹគ ហើយនឹកដល់ព្រះសម្ពុទ្ធជាច្បងក្នុងលោក ទាំងនឹកដល់ព្រះពុទ្ធដទៃៗ ទៀត ដោយចិត្តជ្រះថ្លានោះថា ព្រះពុទ្ធទាំងឡាយណា ដែលកន្លងទៅហើយក្តី ដែលកំពុងត្រាស់ដឹងក្នុងបច្ចុប្បន្ននេះក្តី ដែលនឹងមកត្រាស់ដឹងក្នុងអនាគតកាលក្តី ព្រះពុទ្ធទាំង ៣ ពួកនោះ រុងរឿងដូចជាស្តេចម្រឹគ យ៉ាងនេះឯង។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាននូវសញ្ញា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធសញ្ញា។ ក្នុងកប្បទី ២៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយព្រះអង្គ ព្រះនាមអរញ្ញសត្ត ជាម្ចាស់ផែនដី ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះនិមិត្តសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ និមត្តសញ្ញកត្ថេរាបទាន។

អន្នសំសាវកត្ថេរាបទាន ទី៦

(៦. អន្នសំសាវកត្ថេរអបទានំ)

[២៦] ខ្ញុំបានឃើញនូវព្រះសម្ពុទ្ធ មានវណ្ណៈដូចមាស ប្រាកដស្មើគ្រឿងបូជាមាស មានលក្ខណៈ ៣២ ប្រការ ដែលកំពុងទ្រង់ពុទ្ធដំណើរទៅត្រង់រានផ្សារ។ ខ្ញុំនាំព្រះសម្ពុទ្ធព្រះនាមសិទ្ធត្ថ ទ្រង់ញុំាងប្រយោជន៍ទាំងពួងឲ្យសម្រេច មិនញាប់ញ័រដោយកិលេស ទ្រង់ឈ្នះមារ ហើយខ្ញុំញុំាងព្រះមហាមុនីអង្គនោះ ឲ្យសោយចង្ហាន់។ កាលនោះ ព្រះមុនីទ្រង់ប្រកបដោយករុណា ទ្រង់ញុំាងខ្ញុំឲ្យភ្លឺស្វាងក្នុងលោក ខ្ញុំធ្វើចិត្តឲ្យជ្រះថ្លាចំពោះព្រះពុទ្ធ ហើយបានរីករាយក្នុងឋានសួគ៌អស់មួយកប្ប។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយចង្ហាន់។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអន្នសំសាវកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អន្នសំសាវកត្ថេរាបទាន។

និគ្គុណ្ឌិបុប្ផិយត្ថេរាបទាន ទី៧

(៧. និគ្គុណ្ឌិបុប្ផិយត្ថេរអបទានំ)

[២៧] កាលណាទេវតានឹងច្យុតចាកពួកទេវតា ដោយអស់អាយុ សម្លេង ៣ យ៉ាងរបស់ពួកទេវតាអ្នករីករាយតាម តែងលាន់ឮឡើងថា ម្នាលអ្នកដ៏ចម្រើន បើអ្នកចុះចាកទេវលោកនេះ ចូរទៅកាន់សុគតិ កើតជាមួយនឹងពួកមនុស្សចុះ លុះអ្នកបានកើតជាមនុស្សហើយ ចូរបាននូវសទ្ធាដ៏ប្រសើរចំពោះព្រះសទ្ធម្ម សទ្ធានោះដែលអ្នកតម្កល់មាំហើយ នឹងកើតជាឫសខ្ជាប់ខ្ជួន មិនកម្រើកក្នុងព្រះសទ្ធម្ម ដែលព្រះមានព្រះភាគទ្រង់សម្តែងល្អហើយ ដរាបដល់អស់ជីវិត។ អ្នកចូរធ្វើនូវកុសលដោយកាយ ចូរធ្វើកុសលដោយវាចាឲ្យច្រើន ចូរធ្វើកុសលដោយចិត្ត មិនមានព្យាបាទ មិនមានឧបធិ។ អ្នកចូរធ្វើបុណ្យឲ្យច្រើនជាងនោះ គឺធ្វើបុណ្យនោះឲ្យច្រើន ដោយការបរិច្ចាគទាន ហើយតាំងនៅក្នុងព្រហ្មចរិយៈ គឺព្រះសទ្ធម្មដ៏ប្រសើរដទៃទៀតចុះ។ ម្នាលទេវតា អ្នកចូរមក (កាន់ទេវលោក) នេះវិញឲ្យរឿយៗ ដោយសេចក្តីអនុគ្រោះនេះ ដូចពួកអ្នកប្រាជ្ញ តែងត្រេកអររកទេវតាដ៏ប្រសើរដែលច្យុត។ កាលនោះ ខ្ញុំមានសេចក្តីតក់ស្លុត ក្នុងទីប្រជុំពួកទេវតាថា អាត្មាអញច្យុតចាកទេវលោកនេះ នឹងទៅកាន់កំណើតណាអេះ។ ស្រាប់តែមានសមណៈ មានឥន្រ្ទិយអប់រំហើយ ជ្រាបសេចក្តីសង្វេគរបស់ខ្ញុំ សមណៈនោះ មានសេចក្តីប្រាថ្នានឹងស្រង់ខ្ញុំ បានមកកាន់សំណាក់ខ្ញុំ។ កាលនោះ សាវ័ករបស់ព្រះបទុមុត្តរៈ ព្រះនាមសុមនៈ បានប្រៀនប្រដៅនូវអត្ថ និងធម៌ ហើយញុំាងខ្ញុំឲ្យសង្វេគ។

ចប់ ភាណវារៈ ទី១២។

ខ្ញុំបានស្តាប់ពាក្យនៃព្រះថេរៈនោះហើយ ក៏ញុំាងចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធជាម្ចាស់ ខ្ញុំថ្វាយបង្គំព្រះថេរៈ ជាអ្នកប្រាជ្ញអង្គនោះ មិនយូរប៉ុន្មាន ខ្ញុំក៏ធ្វើមរណកាលក្នុងទីនោះ។ ខ្ញុំនោះ ត្រូវកុសលមូលដាស់តឿន ក៏បានទៅកើតក្នុងទីនោះដដែល កាលខ្ញុំនៅក្នុងផ្ទៃមាតា កុសលក៏ទ្រទ្រង់ខ្ញុំក្នុងផ្ទៃនៃមាតាទៀត។ លុះខ្ញុំច្យុតចាកកាយនោះ ក៏បានទៅកើតក្នុងឋានត្រៃត្រឹង្ស កាលនោះ ខ្ញុំមិនបានឃើញទោមនស្សក្នុងរវាងនោះសោះ។ ខ្ញុំច្យុតចាកឋានតាវត្តិង្សវិញ បានចុះមកកាន់ផ្ទៃមាតា លុះចេញចាកផ្ទៃហើយ ខ្ញុំបានស្គាល់សេចក្តីទុក្ខតែបន្តិចបន្តួច។ ខ្ញុំមានអាយុ ៧ ឆ្នាំ បានចូលទៅកាន់អារាមរបស់ព្រះមានព្រះភាគ ព្រះនាមគោតម ជាសក្យបុត្រ ព្រះអង្គប្រកបដោយតាទិគុណ។ ខ្ញុំបានឃើញពួកភិក្ខុក្នុងអារាមនោះ លោកអ្នកធ្វើតាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ក្នុងពុទ្ធដីកាជាប្រធាន គឺសាសនាដែលទូលំទូលាយ មានជនចុះចូលច្រើន។ ក្នុងពេលនោះ ព្រះរាជាក្នុងក្រុងសាវត្ថី ព្រះនាមកោសល ស្តេចធ្វើរាជដំណើរទៅកាន់ដើមពោធិព្រឹក្សដ៏ឧត្តម ដោយរាជរថដែលទឹមដំរីដ៏ប្រសើរ។ លុះខ្ញុំឃើញដំរីដ៏ប្រសើរនៃព្រះរាជាអង្គនោះ ក៏នឹកឃើញបុព្វកម្មរបស់ខ្លួន បានផ្គងអញ្ជលី ដើរទៅក្នុងសម័យនោះដែរ។ ខ្ញុំមានអាយុ ៧ ឆ្នាំ ក៏បានចូលទៅកាន់ផ្នួសក្នុងសាសនា ឯព្រះអានន្ទជាសាវ័ក អ្នកមានគតិល្អ មានបា្រជ្ញាខ្ជាប់ខ្ជួន មានស្មារតីជាពហុស្សូត មានសេចក្តីរុងរឿង តែងបម្រើព្រះសម្ពុទ្ធ លោកញុំាងព្រះទ័យព្រះរាជាឲ្យជ្រះថ្លា ហើយញុំាងព្រះរាជាឲ្យប្រគល់កាយថ្វាយខ្លួន (ជាឧបាសកក្នុងពុទ្ធសាសនា)។ ខ្ញុំបានស្តាប់ធម៌ព្រះអានន្ទត្ថេរនោះ ហើយក៏រលឹកឃើញបុព្វកម្ម ខ្ញុំបានសម្រេចព្រះអរហត្ត ទាំងកំពុងឈរក្នុងទីនោះឯង។ បន្ទាប់មក ខ្ញុំធ្វើចីវរឆៀងស្មាម្ខាង ធ្វើអញ្ជលីលើសិរ្សៈ ថ្វាយបង្គំព្រះសម្ពុទ្ធ ហើយបន្លឺវាចានេះថា បពិត្រព្រះនរាសភៈ ជាច្បងក្នុងលោក ជាធំជាងសត្វជើងពីរ ក្នុងភពមុន ខ្ញុំបានយកផ្កានិគ្គុណ្ឌិព្រឹក្ស ទៅតម្កល់ទុកហើយលើអាសនៈដ៏ប្រសើរ ថ្វាយព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ជាធំជាងសត្វជើងពីរ ព្រះអង្គប្រកបដោយតាទិគុណ ឥឡូវនេះ ខ្ញុំលះបង់នូវការឈ្នះ និងការចាញ់ បានដល់នូវអចលដ្ឋាន គឺព្រះនិព្វាន ដោយកុសលកម្មនោះ។ ក្នុងកប្បទី ២៥.០០០ ខ្ញុំបានកើតជាស្តេច ជាអធិបតីលើមនុស្ស ឋិតនៅអស់ ៨ អព្វុទៈ1) និងនិរព្វុទៈ។2) បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះនិគ្គុណ្ឌិបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ និគ្គុណ្ឌិបុប្ផិយត្ថេរាបទាន។

សុមនាវេឡិយត្ថេរាបទាន ទី៨

(៨. សុមនាវេឡិយត្ថេរអបទានំ)

[២៨] ជនទាំងពួកមកប្រជុំគ្នា ធ្វើមហាបូជាចំពោះព្រះមានព្រះភាគ ព្រះនាមវេស្សភូ ជាច្បងក្នុងលោក ប្រកបដោយតាទិគុណ។ កាលនោះ ខ្ញុំយកដុំបាយអ ធ្វើជាភួងផ្កាម្លិះដាក់បូជាពីមុខអាសនៈដ៏ប្រសើរ។ ជនទាំងអស់មកប្រជុំគ្នា ក្រឡេកមើលផ្កាដ៏ប្រសើរនោះ ហើយគិតគ្នាថា អ្នកណាបានបូជាផ្កានេះ ចំពោះព្រះពុទ្ធដ៏ប្រសើរ ប្រកបដោយតាទិគុណ។ ហេតុតែចិត្តជ្រះថ្លានោះ ខ្ញុំបានទៅកើតឯឋាននិម្មានរតី ទទួលរងកុសលរបស់ខ្លួន ដែលខ្លួនធ្វើទុកល្អហើយ ក្នុងកាលមុន។ ខ្ញុំទៅយកកំណើតណាៗ ទោះបីជាទេវតា ឬជាមនុស្ស រមែងជាទីស្រឡាញ់របស់ជនទាំងពួង នេះជាផលនៃការបូជាផ្កា។ ខ្ញុំពុំស្គាល់នូវការតិះដៀល ចំពោះពួកលោក ដែលមានសេចក្តីសង្រួម និងមានតបធម៌ ដែលខ្ញុំធ្វើហើយដោយកាយ វាចា ឬដោយចិត្តឡើយ។ ដោយសុចរិតនោះផង ដោយការតម្កល់ទុកនូវចិត្តនោះផង ខ្ញុំក៏ត្រូវអ្នកទាំងពួងបូជាហើយ នេះជាផលនៃការមិនតិះដៀល។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមសហស្សារៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសុមនាវេឡិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សុមនាវេឡិយត្ថេរាបទាន។

បុប្ផច្ឆត្តិយត្ថេរាបទាន ទី៩

(៩. បុប្ផច្ឆត្តិយត្ថេរអបទានំ)

[២៩] កាលព្រះមានព្រះភាគព្រះនាមសិទ្ធត្ថ ជាច្បងក្នុងលោក ប្រកបដោយតាទិគុណ ទ្រង់ប្រកាសនូវសច្ចៈ ញុំាងពួកសត្វឲ្យរំលត់ទុក្ខ ខ្ញុំបានយកផ្កាឈូកដែលដុះក្នុងទឹក ជាទីរីករាយនៃចិត្ត ធ្វើជាឆត្រផ្កា ហើយបូជាព្រះសម្ពុទ្ធ។ ឯព្រះសាស្តា ព្រះនាមសិទ្ធត្ថ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់គួរទទួលនូវគ្រឿងបូជា ទ្រង់ឋិតនៅក្នុងពួកភិក្ខុ ហើយសម្តែងនូវគាថាទាំងនេះថា បុគ្គលណា ញុំាងចិត្តឲ្យជ្រះថ្លា បានបាំងឆត្រផ្កាថ្វាយតថាគត បុគ្គលនោះ រមែងមិនទៅកាន់ទុគ្គតិ ដោយចិត្តជ្រះថ្លានោះឡើយ។ លុះព្រះសម្ពុទ្ធ ព្រះនាមសិទ្ធត្ថ ជាលោកនាយក ទ្រង់ត្រាស់គាថានេះហើយ ទ្រង់បញ្ជូនបរិស័ទទៅ រួចហើយស្តេចពុទ្ធដំណើរទៅកាន់អាកាស ដែលជាទីរីករាយនៃសត្វស្លាប។ កាលព្រះសម្ពុទ្ធ ជាទេវតារបស់មនុស្ស ទ្រង់ក្រោកឡើង ស្វេតច្ឆត្រក៏អណ្តែតឡើង ឆត្រដ៏ឧត្តមបានអណ្តែតទៅពីខាងមុខព្រះសម្ពុទ្ធដ៏ប្រសើរ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានបូជាឆត្រ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយឆត្រផ្កា។ ក្នុងកប្បទី ៧៤ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៨ ជាតិ មានព្រះនាមជលសិខៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបុប្ផច្ឆត្តិត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បុប្ផច្ឆតិ្តយត្ថេរាបទាន។

សបរិវារច្ឆត្តទាយកត្ថេរាបទាន ទី១០

(១០. សបរិវារឆត្តទាយកត្ថេរអបទានំ)

[៣០] ព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់គួរទទួលនូវគ្រឿងបូជា ទ្រង់បង្អុរនូវភ្លៀងគឺធម៌ ដូចជាទឹកភ្លៀងបង្អុរចុះអំពីអាកាស។ ខ្ញុំបានឃើញនូវព្រះសម្ពុទ្ធអង្គនោះ កំពុងសម្តែងអមតបទ ខ្ញុំញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយបានទៅកាន់ផ្ទះរបស់ខ្លួនវិញ។ ខ្ញុំកាន់ឆត្រដែលស្អិតស្អាងហើយ ដើរចូលទៅរកព្រះសម្ពុទ្ធដ៏ប្រសើរជាងពួកនរៈ ខ្ញុំជាអ្នកមានចិត្តរីករាយ បានលើកឡើង (នូវឆត្រ) ទៅឰដ៏អាកាស។ (ឆត្រនោះមានលំអ) ដូចជាយាន ដែលជាងផ្គុំស្រួលហើយ ឬដូចសាវ័កជាឆ្នើម ដែលមានឥន្រ្ទិយទូន្មានល្អហើយ អណ្តែតទៅរកព្រះសម្ពុទ្ធ ហើយប្រតិស្ថាននៅលើព្រះសិរ្សៈ។ ព្រះពុទ្ធអគ្គនាយកក្នុងលោក ទ្រង់មានសេចក្តីអនុគ្រោះ ប្រកបដោយសេចក្តីករុណា ទ្រង់គង់នៅក្នុងពួកភិក្ខុ ហើយសម្តែងនូវគាថាទាំងនេះថា បុគ្គលណា បានថ្វាយឆត្រនេះ ដែលតាក់តែងគួរជាទីរីករាយនៃចិត្ត បុគ្គលនោះ រមែងមិនទៅកាន់ទុគ្គតិ ដោយចិត្តជ្រះថ្លានោះឡើយ។ បុគ្គលនោះ នឹងបានជាទេវរាជ ក្នុងទេវលោក អស់វារៈ ៧ ដង នឹងបានជាសេ្តចចក្រពត្តិ ៣២ ដង។ នៅមួយសែនកប្បទៀត នឹងមានព្រះសាស្តា ព្រះនាមគោតមៈ កើតក្នុងត្រកូលក្សត្រឱក្កាកៈ នឹងមកត្រាស់ដឹងក្នុងលោក បុគ្គលនោះ នឹងបានជាធម្មទាយាទ ជាឱរស ជាធម្មនិម្មិតរបស់ព្រះគោតមនោះ នឹងកំណត់ដឹងនូវអាសវៈទាំងអស់ ជាអ្នកមិនមានអាសវៈ ហើយនឹងបរិនិព្វាន។ ខ្ញុំដឹងនូវព្រះវាចាដ៏អង់អាច ដែលព្រះសម្ពុទ្ធសម្តែងហើយ ក៏មានចិត្តជ្រះថ្លា មិនចិត្តរីករាយ ធ្វើសេចក្តីរីករាយឲ្យកើតឡើងយ៉ាងខ្លាំង។ ខ្ញុំលះបង់កំណើតមនុស្សហើយ ក៏បានទៅកាន់កំណើតជាទិព្វ វិមានរបស់ខ្ញុំ ឧត្តមខ្ពស់ត្រដែត ជាទីរីករាយនៃចិត្ត។ កាលខ្ញុំចេញពីវិមាន គេរមែងបាំងស្វេតច្ឆត្រឲ្យ ខ្ញុំបានសញ្ញាក្នុងកាលនោះ នេះជាផលនៃបុព្វកម្ម។ ក្នុងកប្បទី ៧០០ អំពីកប្បនេះ ខ្ញុំច្យុតចាកទេវលោក មកកើតជាមនុស្ស បានជាសេ្តចចក្រពត្តិ ៣៦ ជាតិ។ ខ្ញុំច្យុតចាកកាយនោះ មកកាន់បូរីឈ្មោះតាវត្តិង្ស ហើយអន្ទោលទៅមកតាមលំដាប់ ក៏បានមកកាន់កំណើតមនុស្សនេះទៀត។ ពួកទេវតាបាំងស្វេតច្ឆត្រឲ្យខ្ញុំ ខ្ញុំកាលដែលចុះកាន់ផ្ទៃនៃមាតា ខ្ញុំមានអាយុ ៧ ឆ្នាំអំពីកំណើត ក៏បានចូលទៅកាន់ផ្នួស។ ព្រាហ្មណ៍ឈ្មោះសុនន្ទ ជាអ្នកចេះចប់មន្ត ព្រាហ្មណ៍នោះ កាន់យកឆត្រជាវិការៈនៃកែវផ្លេក ប្រគេនដល់អគ្គសាវ័ក។ ព្រះសារីបុត្ត ជាអគ្គសាវ័ក ជាអ្នកមានព្យាយាមធំ មានថ្វីព្រះឱស្ឋដ៏ប្រសើរ បានអនុមោទនា ខ្ញុំបានស្តាប់នូវអនុមោទនារបស់ព្រះសារីបុត្តនោះហើយ ក៏បាននឹកឃើញបុព្វកម្ម។ ខ្ញុំបានផ្គងអញ្ជលី ញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយរលឹកបុព្វកម្ម ក៏បានដល់ព្រះអរហត្ត។ ខ្ញុំក្រោកអំពីអាសនៈនោះ ហើយធ្វើអញ្ជលីលើក្បាល ថ្វាយបង្គំព្រះសម្ពុទ្ធ ហើយពោលវាចានេះថា ក្នុងមួយសែនកប្ប អំពីកប្បនេះ ព្រះពុទ្ធដ៏ប្រសើរ ព្រះនាមបទុមុត្តរៈ ទ្រង់ជា្របច្បាស់នូវលោក ទ្រង់គួរទទួលគ្រឿងបូជា ត្រាស់ឡើងក្នុងលោក។ ខ្ញុំបានថ្វាយឆត្រដ៏វិចត្រ តាក់តែងល្អហើយ ដល់ព្រះបទុមុត្តរៈអង្គនោះ ឯព្រះសយម្ភូ ជាអគ្គបុគ្គល ទ្រង់ទទួលហើយដោយព្រះហស្តទាំងពីរ។ ឱ! ព្រះពុទ្ធ ឱ! ព្រះធម៌ ឱ! សម្បទានៃព្រះសាស្តារបស់យើង ខ្ញុំមិនដែលទៅកាន់ទុគ្គតិ ដោយការថ្វាយឆត្រមួយប៉ុណ្ណោះ។ ខ្ញុំដុតបំផ្លាញកិលេសទាំងឡាយហើយ ខ្ញុំគាស់រំលើងភពទាំងពួងហើយ ខ្ញុំកំណត់ដឹងនូវអាសវៈទាំងពួងហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈឡើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសបរិវារច្ឆត្តទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សបរិវារច្ឆត្តទាយកត្ថេរាបទាន។

ឧទ្ទាន

ឧម្មាបុប្ផិយត្ថេរាបទាន ១ បូឡិនបូជកត្ថេរាបទាន ១ ហាសជនកត្ថេរាបទាន ១ យញ្ញសាមិកត្ថេរាបទាន ១ និមិត្តសញ្ញកត្ថេរាបទាន ១ អន្នសំសាវកត្ថេរាបទាន ១ និគ្គុណ្ឌិបុប្ផិយត្ថេរាបទាន ១ សុមនាវេឡិយត្ថេរាបទាន ១ បុប្ផច្ឆត្តិយត្ថេរាបទាន ១ សបរិវារច្ឆត្តទាយកត្ថេរាបទាន ១ មានគាថា ៧០០ ។

ចប់ ឧម្មាបុប្ផិយវគ្គ ទី៣៣។

 

លេខយោង

1)
អព្វុទៈមួយៗ មាន៥៦ពិន្ទុ។
2)
និរព្វុទៈមួយៗ មាន៦៣ពិន្ទុ។
km/tipitaka/sut/kn/apd/sut.kn.apd.33.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann