km:tipitaka:sut:kn:apd:sut.kn.apd.34.09

ធម្មស្សវនិយត្ថេរាបទាន ទី៩

សង្ខេប

(?)

sut kn apd 34 09 បាលី cs-km: sut.kn.apd.34.09 អដ្ឋកថា: sut.kn.apd.34.09_att PTS: ?

ធម្មស្សវនិយត្ថេរាបទាន ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

(៩. ធម្មសវនិយត្ថេរអបទានំ)

[៣៩] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង កំពុងប្រកាសសច្ចៈ ៤ ចម្លងមហាជន។ សម័យនោះ ខ្ញុំជាជជិលមានតបៈដ៏ខ្ពង់ខ្ពស់ កំពុងរលាស់សំពត់សម្បកឈើ ហោះទៅឰដ៏អាកាស។ តែខ្ញុំមិនអាចនឹងទៅពីខាងលើនៃព្រះសម្ពុទ្ធដ៏ប្រសើរបាន ក្នុងកាលនោះ ខ្ញុំក៏ខានធ្វើដំណើរទៅ ដូចសត្វស្លាបដែលជាប់នៅនឹងភ្នំ។ ទើបខ្ញុំគិតថា ការខកដំណើរបែបនេះ អាត្មាអញមិនធ្លាប់កើតមានទេ អាត្មាអញទៅឰដ៏អាកាសម្តងនេះ ដូចបើកភ្នែកក្នុងទឹក ប្រហែលមានមនុស្សអស្ចារ្យ អង្គុយនៅឰដ៏ខាងក្រោមទេដឹង បើដូច្នោះ អាត្មាអញនឹងស្វែងរកមនុស្សនេះ បើឃើញ គង់នឹងបានប្រយោជន៍ខ្លះ មិនខានឡើយ។ កាលនោះ ខ្ញុំចុះអំពីអាកាសមក បានស្តាប់ព្រះសូរសៀងព្រះសាស្តា ដែលកំពុងសម្តែងអនិច្ចតាធម៌ ខ្ញុំក៏បានរៀននូវអនិច្ចតាធម៌នោះ។ លុះខ្ញុំរៀនអនិច្ចសញ្ញាហើយ ក៏ដើរទៅកាន់អាស្រមរបស់ខ្ញុំ ខ្ញុំនៅដរាបដល់អស់អាយុ ក៏ធ្វើមរណកាលក្នុងទីនោះ។ កាលជវនចិត្តទីបំផុតកំពុងប្រព្រឹត្តទៅ ខ្ញុំនឹកឃើញនូវការស្តាប់ធម៌នោះ ក៏បានទៅកើតឯឋានតាវត្តិង្ស ព្រោះកុសលកម្មដែលខ្ញុំធ្វើនោះ។ ខ្ញុំបានរីករាយក្នុងទេវលោក អស់ ៣០.០០០ កប្ប បានសោយទេវរាជ្យ ៥១ ដង។ ខ្ញុំបានកើតជាស្តេចចក្រពត្តិអស់ ៧១ ដង បានសោយប្រទេសរាជ្យដ៏ធំ រាប់បានមួយអសង្ខេយ្យកប្ប។ មានសមណៈមួយអង្គ មានឥន្រ្ទិយអប់រំហើយ អង្គុយក្នុងផ្ទះរបស់បិតាខ្ញុំ សម្តែងនូវគាថាទាក់ទងអនិច្ចវត្ថុ។1) ខ្ញុំកាលអន្ទោលទៅ ក្នុងភពតូចធំ តែងនឹកឃើញសញ្ញានោះ តែមិនទាន់បានត្រាស់ដឹងនូវធម៌ជាទីបំផុត គឺព្រះនិព្វានជាអច្ចុតបទនៅឡើយថា សង្ខារទាំងឡាយមិនទៀងមែនពិត មានការកើតឡើងហើយ វិនាសទៅវិញជាធម្មតា លុះកើតឡើងហើយ រមែងរលត់ទៅវិញ ការរម្ងាប់នូវសង្ខារទាំងនោះ ទើបនាំមកនូវសេចក្តីសុខ។ លុះខ្ញុំស្តាប់គាថាប្រដាប់ដោយអនិច្ចវត្ថុហើយ ក៏រលឹកឃើញនូវបុព្វកម្ម ខ្ញុំអង្គុយនៅលើអាសនៈតែមួយ ក៏បានដល់នូវព្រះអរហត្ត។ ដែលខ្ញុំដល់ព្រះអរហត្តនោះ ខ្ញុំអាយុ ៧ ឆ្នាំ ព្រះពុទ្ធមានចក្ខុ ទ្រង់ជា្របគុណរបស់ខ្ញុំ ទើបទ្រង់ឲ្យឧបសម្បទាដល់ខ្ញុំ។ ខ្ញុំបានញុំាងករណើយកិច្ចឲ្យសម្រេចហើយ តាំងពីនៅជាកុមារភាព គឺកិច្ចអ្វីក្នុងសាសនារបស់ព្រះសក្យបុត្រ ខ្ញុំធ្វើឲ្យចប់ស្រេចក្នុងថ្ងៃនេះហើយ។ ក្នុងកប្បទីមួយសែនអំពីកប្បនេះ កាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការស្តាប់ព្រះសទ្ធម្ម។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះធម្មស្សវនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ធម្មស្សវនិយត្ថេរាបទាន។

 

លេខយោង

1)
ផ្ទៃរឿងសេចក្តីយ៉ាងនេះវិញៈ កាលខ្ញុំនៅអន្ទោលទៅមក ក្នុងភពតូចភពធំ តែងនឹកឃើញនូវសញ្ញានោះ តែមិនទាន់ត្រាស់ដឹងនូវធម៌ជាទីបំផុត គឺព្រះនិព្វានជាអច្ចុតបទនៅឡើយ។ ស្រាប់តែមានសមណៈមួយអង្គ មានឥន្ទ្រិយអប់រំហើយ គង់នៅក្នុងផ្ទះបិតាខ្ញុំ ហើយសម្តែងគាថា ដែលទាក់ទងអនិច្ចវត្ថុថា សង្ខារទាំងឡាយមិនទៀងមែនពិត មានការកើតឡើងហើយ វិនាសទៅវិញជាធម្មតា លុះកើតឡើងហើយ រមែងរលត់ទៅវិញ ការរម្ងាប់នូវសង្ខារទាំងពួងនោះ ទើបនាំមកនូវសេចក្តីសុខ។
km/tipitaka/sut/kn/apd/sut.kn.apd.34.09.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann