km:tipitaka:sut:kn:apd:sut.kn.apd.41

មេត្តេយ្យវគ្គ ទី៤១

សង្ខេប

(?)

sut kn apd 41 បាលី cs-km: sut.kn.apd.41 អដ្ឋកថា: sut.kn.apd.41_att PTS: ?

មេត្តេយ្យវគ្គ ទី៤១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

(៤១. មេត្តេយ្យវគ្គោ)

តិស្សមេត្តេយ្យត្ថេរាបទាន ទី១

(១. តិស្សមេត្តេយ្យត្ថេរអបទានំ)

[១០១] ខ្ញុំជាតាបសឈ្មោះសោភិតៈ អាស្រ័យនៅចុងញកភ្នំ បរិភោគតែផ្លែឈើដែលជ្រុះឯង នៅក្នុងចន្លោះភ្នំ។ កាលនោះ ខ្ញុំកំពុងស្វែងរកប្រយោជន៍ដ៏ឧត្តម ដើម្បីនឹងឲ្យបានកើតក្នុងព្រហ្មលោក ខ្ញុំបាននាំយកឧសសម្រាប់ដុតភ្លើងមកដុតឲ្យឆេះ។ ព្រះបទុមុត្តរៈ ជាលោកវិទូ ទ្រង់គួរទទួលនូវគ្រឿងបូជា ព្រះអង្គមានបំណងនឹងស្រោចស្រង់ខ្ញុំ ស្តេចពុទ្ធដំណើរមកក្នុងសំណាក់ខ្ញុំ (ទើបត្រាស់សួរថា)

ម្នាលអ្នកមានបុណ្យធំ អ្នកធ្វើអ្វី អ្នកចូរឲ្យឧសសម្រាប់ដុតភ្លើងមកតថាគត តថាគតនឹងបម្រើភ្លើង សេចក្តីស្អាតនឹងមានដល់តថាគត ព្រោះការបម្រើភ្លើងនោះ។ ម្នាលអ្នកជាមនុស្ស អ្នកជាមនុស្សល្អ ម្នាលទេវតា អ្នកចូរស្គាល់ចុះ អ្នកចូរបង្កាត់ភ្លើងចុះ ហ៏ នេះឧសសម្រាប់បង្កាត់ភើ្លងរបស់អ្នក។ បន្ទាប់មក ព្រះជិនស្រី ទ្រង់កាន់យកឧស ហើយបង្កាត់ភ្លើងឲ្យឆេះឡើង ឯឧសក៏មិនឆេះក្នុងទីនោះ ព្រោះអាស្រ័យបាដិហារ្យរបស់ព្រះសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ ទើបទ្រង់តា្រស់ថា ភ្លើងរបស់អ្នកក៏មិនឆេះ គ្រឿងបូជារបស់អ្នកក៏មិនមានដែរ អំពើរបស់អ្នកនោះ ជារបស់ឥតប្រយោជន៍ អ្នកចូរបម្រើភ្លើងរបស់តថាគតវិញចុះ។

បពិត្រព្រះអង្គជាមហាវីរបុរស សភាវៈអ្វី ដែលព្រះអង្គហៅថាភ្លើងរបស់ព្រះអង្គ សូមព្រះអង្គសម្តែងប្រាប់នូវសភាវៈនុ៎ះដល់ខ្ញុំ យើងទាំងពីរនាក់ នឹងបម្រើភ្លើង។

ការរលត់ធម៌ដែលជាហេតុ ១ ការដុតបំផ្លាញកិលេស ១ ការលះបង់ឥស្សា និងមច្ឆរិយ ១ ទាំង ៣ នេះ ឈ្មោះថាភ្លើង ជាគ្រឿងបូជារបស់តថាគត។

បពិត្រព្រះអង្គជាមហាវីរបុរស ព្រះអង្គជាអ្វី បពិត្រព្រះអង្គនិរទុក្ខ ព្រះអង្គជាគោត្រអ្វី អាចារៈ និងសេចក្តីប្រតិបត្តិរបស់ព្រះអង្គ ខ្ញុំគាប់ចិត្តពេកណាស់។

តថាគតកើតក្នុងត្រកូលក្សត្រ ដល់នូវត្រើយអភិញ្ញា អស់អាសវៈទាំងពួងហើយ ឥឡូវនេះ មិនមានភពថ្មីទេ។

បពិត្រព្រះអង្គទ្រង់ធ្វើនូវពន្លឺ ទ្រង់កំចាត់បង់ងងឹត បើព្រះអង្គជាព្រះពុទ្ធមែន បពិត្រព្រះអង្គជាទេវតា ខ្ញុំនឹងនមស្ការព្រះអង្គ ព្រះអង្គធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខ។

ទើបខ្ញុំក្រាលស្បែកខ្លាជាកម្រាល ហើយអារាធនាថា បពិត្រព្រះអង្គជាសព្វញ្ញូ សូមព្រះអង្គគង់លើកម្រាលនោះចុះ ខ្ញុំនឹងបម្រើព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់គង់លើស្បែកខ្លានោះ ដែលខ្ញុំក្រាលល្អហើយ ខ្ញុំនិមន្តព្រះសម្ពុទ្ធរួចហើយ ក៏ដើរចូលទៅក្នុងព្រៃភ្នំ។ ខ្ញុំញុំាងភារៈគឺអម្រែកឲ្យពេញហើយ ទៅនាំយកផ្លែទន្លាប់ ថ្វាយផ្លែទន្លាប់ចំពោះព្រះសម្ពុទ្ធ លាយដោយទឹកឃ្មុំ។ គ្រានោះ កាលខ្ញុំសម្លឹងមើល ព្រះជិនសិរីក៏ទ្រង់សោយ ខ្ញុំកំពុងសម្លឹងមើលព្រះលោកនាយក ញុំាងចិត្តឲ្យជ្រះថ្លា ក្នុងព្រះលោកនាយកនោះ។

ព្រះបទុមុត្តរៈ ជាលោកវិទូ ទ្រង់គួរទទួលនូវគ្រឿងបូជា សេ្តចគង់នៅនាអាស្រមរបស់ខ្ញុំ ហើយត្រាស់គាថាទាំងនេះថា បុគ្គលណា ជ្រះថ្លា ឲ្យតថាគតឆាន់ផ្លែឈើដោយដៃរបស់ខ្លួន តថាគត នឹងសរសើរបុគ្គលនោះ អ្នកទាំងឡាយ ចូរស្តាប់ តថាគតនឹងសម្តែងដូចតទៅនេះ។ បុគ្គលនោះ នឹងបានសោយរាជ្យ ជាស្តេចទេវតា អស់ ២៥ ដង នឹងបានជាស្តេចចក្រពត្តិ មួយពាន់ដង។ បាយ ទឹក សំពត់ និងទីដេក ដ៏មានថ្លៃច្រើន ប្រកបហើយដោយបុញ្ញកម្ម ហាក់ដូចដឹងបំណងរបស់បុគ្គល អ្នកប្រកបដោយបុព្វកម្ម នឹងកើតឡើងក្នុងខណៈនោះ។ បុគ្គលនេះ នឹងរីករាយ ជាអ្នកមិនមានរោគសព្វៗ កាល។ បុគ្គលនេះ បើទៅកាន់កំណើតណា ទោះជាទេវតា ឬជាមនុស្ស នឹងជាអ្នកដល់នូវសេចក្តីសុខ ក្នុងទីទាំងពួង។ បុគ្គលនោះ នឹងជាអ្នកស្វាធ្យាយមន្ត ចេះចាំមន្ត ដល់នូវត្រើយនៃត្រៃវេទ នឹងបានចូលទៅគាល់ព្រះសម្ពុទ្ធហើយ នឹងបានជាព្រះអរហន្ត។

ខ្ញុំរលឹកឃើញនូវខ្លួនក្នុងកាលណា ដល់នូវភាពជាអ្នកដឹងក្តីក្នុងកាលណា កាលនោះ ខ្ញុំមិនមានសេចក្តីខ្វះខាតដោយភោគៈឡើយ នេះជាផលនៃការថ្វាយផ្លែទន្លាប់។ ខ្ញុំបានដល់នូវធម៌ដ៏ប្រសើរ គាស់រំលើងនូវរាគៈ ទោសៈ មោហៈ ហើយអស់អាសវៈទាំងពួងហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតទេ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំគាស់រំលើងចោលហើយ ជាអ្នកមិនមានអាសវៈ ដូចដំរីផ្តាច់ខ្សែទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះតិស្សមេត្តេយ្យត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ តិស្សមេត្តេយ្យត្ថេរាបទាន។

បុណ្ណកត្ថេរាបទាន ទី២

(២. បុណ្ណកត្ថេរអបទានំ)

[១០២] ព្រះពុទ្ធជាសយម្ភូ ទ្រង់ឈ្នះមារ គង់នៅក្នុងចន្លោះភ្នំ ដែលនៅអែបចុងញក ព្រះអង្គមានអាពាធក្នុងទីនោះ កាលព្រះពុទ្ធសេ្តចបរិនិព្វានហើយ សំឡេងគឹកកង កើតមានជុំវិញអាស្រមរបស់ខ្ញុំ ក្នុងខណៈនោះ ពន្លឺក៏កើតឡើងក្នុងវេលានោះដែរ។ ពួកសត្វសាហាវទាំងពួង គឺខ្លាឃ្មុំ ឆ្កែព្រៃ ខ្លារខិន និងកេសររាជសីហ៍ ក្នុងដងព្រៃទាំងអម្បាលមាណ ក៏បន្លឺសម្លេងឡើងក្នុងខណៈនោះដែរ។ ខ្ញុំបានឃើញសេចក្តីអស្ចារ្យនោះកើតហើយ ក៏ចូលទៅកាន់ញកភ្នំ បានឃើញព្រះសម្ពុទ្ធ ទ្រង់ឈ្នះមារ សេ្តចបរិនិព្វានហើយ ត្រង់ញកភ្នំនោះ។ (លុះខ្ញុំឃើញ) នូវព្រះសម្ពុទ្ធ ទ្រង់ឈ្នះមារ ដែលបរិនិព្វានហើយ ទ្រង់ដូចជាសាលរាជព្រឹក្ស ដែលមានផ្ការីក ឬដូចជាព្រះអាទិត្យដែលទើបនឹងរះឡើង ពុំនោះសោត ដូចជារងើកភ្លើងដែលឥតមានអណ្តាត។ ខ្ញុំបានធ្វើជើងថ្ករ បំពេញស្មៅ និងឧស ក្នុងទីនោះ លុះខ្ញុំធ្វើជើងថ្ករដ៏វិចិត្ររួចហើយ ក៏បូជាសរីរសព។ លុះខ្ញុំបូជាសរីរសពរួចហើយ ក៏ស្រោចស្រប់នូវទឹកអប់លើព្រះធាតុ ខណៈនោះ ទេវតាដែលឋិតនៅឰដ៏អាកាស កាន់យកនូវឈ្មោះ (ខ្ញុំ) ថា អ្នកបំពេញកិច្ចនោះចំពោះព្រះសយម្ភូ ទ្រង់ស្វែងរកនូវគុណដ៏ធំហើយ អ្នកនៅក្នុងសំណាក់នៃព្រះមុនី ក្នុងកាលណា អ្នកនឹងបានឈ្មោះថា បុណ្ណកៈ ក្នុងកាលនោះ។ លុះខ្ញុំច្យុតចាកកាយនោះហើយ ក៏បានទៅកើតក្នុងទេវលោក ក្លិនជាទិព្វបង្អុរចុះពីអាកាស ត្រង់កន្លែងដែលខ្ញុំនៅនោះ។ កាលនោះ ឈ្មោះរបស់ខ្ញុំថាបុណ្ណកៈ ក្នុងទីនោះ ខ្ញុំកើតជាទេវតា ឬជាមនុស្ស តែងបំពេញសេចក្តីបំណងបាន។ នេះសរីរៈជាទីបំផុតរបស់ខ្ញុំ ភពជាទីបំផុត កំពុងប្រព្រឹត្តទៅ សូម្បីក្នុងអត្តភាពនេះ គង់អ្នកផងប្រកាសនាម (របស់ខ្ញុំ) ថាបុណ្ណកៈ។ ខ្ញុំបានញុំាងព្រះសម្ពុទ្ធ ព្រះនាមគោតម ជាសក្យៈដ៏ប្រសើរ ឲ្យត្រេកអរ ខ្ញុំកំណត់ដឹងអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាសរីរសពនោះឯង។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំគាស់រំលើងចោលហើយ ជាអ្នកមិនមានអាសវៈ ដូចដំរីផ្តាច់ខ្សែទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ ទាំងសាសនានៃព្រះពុទ្ធ ខ្ញុំបានធ្វើរួចហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបុណ្ណកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បុណ្ណកត្ថេរាបទាន។

មេត្តគុត្ថេរាបទាន ទី៣

(៣. មេត្តគុត្ថេរអបទានំ)

[១០៣] មានភ្នំមួយឈ្មោះអសោកៈ នៅជិតព្រៃហិមពាន្ត ឯអាស្រមរបស់ខ្ញុំ វិស្សុកម្មទេវបុត្រនិម្មិតឲ្យហើយ ជិតភ្នំនោះ។ ព្រះសម្ពុទ្ធ ព្រះនាមសុមេធ ជាកំពូលអ្នកប្រាជ្ញ ទ្រង់មានសេចក្តីករុណា ទ្រង់ប្រដាប់ចីវរ ក្នុងបុព្វណ្ហសម័យ ហើយស្តេចពុទ្ធដំណើរតម្រង់ទៅរកខ្ញុំ ដើម្បីបិណ្ឌបាត។ ខ្ញុំ (បានឃើញ) នូវព្រះលោកនាយក ព្រះនាមសុមេធ ព្រះអង្គជាមហាវីរបុរស ស្តេចចូលមកដល់ ទើបទទួលយកបាត្រព្រះសុគត ហើយបំពេញសប្បិ និងប្រេង។ លុះខ្ញុំថ្វាយចំពោះព្រះលោកនាយក ទ្រង់ព្រះនាមសុមេធៈ ជាព្រះពុទ្ធដ៏ប្រសើរហើយ ក៏ផ្គងអញ្ជលី ញុំាងសេចក្តីរីករាយដ៏ខ្លាំងឲ្យកើតឡើង។ ខ្ញុំកើតជាទេវតា ឬកើតជាមនុស្ស តែងបាននូវសេចក្តីសុខដ៏ធំ ដោយការថ្វាយសប្បិនេះផង ដោយការតាំងចេតនានេះផង។ ខ្ញុំវៀរកំណើតវិនិបាត តែងអន្ទោលទៅក្នុងភពតូច និងភពធំ ក៏បានតាំងចិត្តប្រណិធាន ក្នុងភពនោះៗ ហើយឥឡូវនេះ ខ្ញុំបានដល់នូវអចលបទ គឺព្រះនិព្វាន។

ម្នាលព្រាហ្មណ៍1) អ្នកឈ្មោះថាមានលាភហើយ អត្តភាពជាមនុស្ស ឈ្មោះថាអ្នកបានល្អហើយ ព្រោះអ្នកបានឃើញតថាគត ឯបុគ្គលនឹងដល់នូវអរហត្តផល ក៏ព្រោះអាស្រ័យការឃើញតថាគត។ អ្នកត្រូវស្និទ្ធស្នាលចុះ កុំខ្លាចឡើយ អ្នកនឹងបានយសធំ នឹងរួចចាកជាតិ ព្រោះបានឲ្យសប្បិដល់តថាគត។

ខ្ញុំកើតជាទេវតា ឬកើតជាមនុស្ស រមែងបាននូវសុខដ៏ធំ ដោយការថ្វាយសប្បិនេះផង ដោយការតាំងចេតនានេះផង។

បុគ្គលនេះ នឹងរីករាយក្នុងទេវលោក ក្នុងកប្បទី ១៨ ដោយអធិការនេះផង ដោយការប្រព្រឹត្តិមេត្តាចិត្តនេះផង។ នឹងបានជាស្តេចទេវតា អស់ ៥៤ ដង នឹងបានសោយប្រទេសរាជ្យធំទូលាយ រាប់បានមួយអសង្ខេយ្យកប្ប។ នឹងបានជាស្តេចចក្រពត្តិ មានសមុទ្រទាំង ៤ ព័ទ្ធជុំវិញ ទ្រង់ឈ្នះសង្រ្គាម ជាឥស្សរៈលើមណ្ឌលជម្ពូទី្វប អស់ ៥១ ដង។

មហាសមុទ្រមិនរំភើប ផែនដីធ្ងន់គេទ្រទ្រង់បានដោយក្រយ៉ាងណា ភោគៈទាំងឡាយរបស់ខ្ញុំប្រមាណមិនបាន ក៏យ៉ាងនោះដែរ ខ្ញុំឲ្យប្រាក់អស់ ៦០ កោដិ ហើយទើបចេញទៅបួស ខ្ញុំកំពុងស្វែងរកកុសល ក៏បានចូលទៅរកពាវរីព្រាហ្មណ៍។ ខ្ញុំបានរៀនលក្ខណមន្ត ប្រកបដោយអង្គ ៦ ក្នុងសំណាក់ពាវរីព្រាហ្មណ៍នោះ បពិត្រព្រះមហាមុនី ព្រះអង្គកំចាត់បង់នូវងងឹតអន្ធការ ហើយកើតឡើងហើយ។ បពិត្រព្រះមហាមុនី ខ្ញុំមានបំណងចង់ចួបនឹងព្រះអង្គ ទើបមក ខ្ញុំបានស្តាប់ធម៌របស់ព្រះអង្គហើយ ក៏នឹងបានដល់នូវអចលបទ គឺព្រះនិព្វាន។

ក្នុងកប្បទី ៣០ ពាន់ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយសប្បិដល់ព្រះពុទ្ធ ខ្ញុំមិនដែលស្គាល់សប្បិដែលខ្ញុំត្រូវសូមគេទេ។ សប្បិដូចដឹងបំណងរបស់ខ្ញុំ ហើយកើតឡើងតាមសេចក្តីប្រាថ្នា សប្បិកើតឡើងហើយ ព្រោះដឹងចិត្តខ្ញុំ ខ្ញុំញុំាងជនទាំងពួងឲ្យឆ្អែតស្កប់ស្កល់។ ឱ! ព្រះពុទ្ធ ឱ! ព្រះធម៌ ឱ! សម្បទានៃព្រះសាស្តារបស់ខ្ញុំ ខ្ញុំគ្រាន់តែថ្វាយសប្បិបន្តិចបន្តួចសោះ ត្រឡប់ជាបានសប្បិរាប់មិនអស់។ ទឹកក្នុងមហាសមុទ្រ ដែលទល់នឹងភ្នំសុមេរុ ប្រៀបផ្ទឹមនឹងសប្បិរបស់ខ្ញុំ គង់មិនដល់មួយភាគនៃចំណិត។ ឱកាសនៃចក្រវាឡទាំងប៉ុន្មាន ឱកាសនោះ គង់មិនល្មមនឹងសំពត់ទាំងឡាយ ដែលកើតឡើងសម្រាប់ខ្ញុំ ដែលឲ្យគេធ្វើជាគំនរឡើយ។ សេ្តចភ្នំឈ្មោះហិមវន្ត ជាភ្នំដ៏ប្រសើរ គង់មិនដល់នូវការប្រៀបធៀបនឹងក្លិនដែលជាប់នឹងកាយរបស់ខ្ញុំដែរ។ ខ្ញុំបានសំពត់ គ្រឿងក្រអូប សប្បិ និងវត្ថុដទៃ ដែលប្រព្រឹត្តទៅក្នុងបច្ចុប្បន្ន ទាំងបានព្រះនិព្វាន ដែលជាអសង្ខតៈ នេះជាផលនៃការថា្វយសប្បិ។ ក្នុងថ្ងៃនេះ ខ្ញុំមានសតិប្បដ្ឋានជាទីដេក មានសមាធិជ្ឈានជាគោចរ ញុំាងពោជ្ឈង្គឲ្យកើត នេះជាផលនៃការថ្វាយសប្បិ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំគាស់រំលើងចោលហើយ ជាអ្នកមិនមានអាសវៈ ដូចដំរីកាត់ខ្សែទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះមេត្តគុត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មេត្តគុត្ថេរាបទាន។

ធោតកត្ថេរាបទាន ទី៤

(៤. ធោតកត្ថេរអបទានំ)

[១០៤] ទឹកស្ទឹងឈ្មោះភាគីរសី ហូរចេញមកអំពីព្រៃហិមពាន្ត ហើយហូរទៅតាមទ្វារក្រុងហង្សវតី ក្នុងខណៈនោះ។ អារាមឈ្មោះសោភិតៈ ដែលគេសាងល្អហើយ នៅក្បែរឆ្នេរស្ទឹងគង្គា ព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ជាលោកនាយក សេ្តចប្រថាប់នៅក្នុងអារាមនោះ។ ព្រះមានព្រះភាគ មានពួកមនុស្សចោមរោមហើយ ដូចជាព្រះឥន្រ្ទមានពួកទេវតាចោមរោម ស្តេចគង់នៅក្នុងអារាមនោះ ដូចកេសររាជសីហ៍ ដែលឥតមានសេចក្តីតក់ស្លុត។ ខ្ញុំកើតជាព្រាហ្មណ៍ មាននាមថាឆឡង្គៈ នៅក្នុងនគរហង្សវតី បពិត្រព្រះមហាមុនី ឈ្មោះខ្ញុំយ៉ាងនេះ។ កាលនោះ ពួកសិស្សចំនួន ១៨ រយនាក់ តែងចោមរោមខ្ញុំ ខ្ញុំព្រមព្រៀងដោយពួកសិស្សទាំងនោះ ក៏ចូលទៅកាន់ឆ្នេរស្ទឹងគង្គា។ ខ្ញុំកំពុងឆ្លងស្ទឹងភាគីរសី បានឃើញពួកសមណៈ ជាបុគ្គលមិនកុហក ជាអ្នកបន្សាត់បង់នូវបាប ត្រង់ឆ្នេរស្ទឹងគង្គានោះ ហើយខ្ញុំគិតយ៉ាងនេះ ក្នុងខណៈនោះថា ពួកសមណៈ ជាពុទ្ធបុត្រ មានយសធំទាំងនេះ ឆ្លងស្ទឹងទៅទាំងល្ងាចទាំងព្រឹក នាំឲ្យខ្លួនលំបាក ខ្លួនសមណៈទាំងនោះក៏នឿយហត់។ ព្រះពុទ្ធ អ្នកផងតែងពោលថា ជាកំពូលរបស់សត្វលោក ព្រមទាំងទេវលោក ឯអាត្មាអញមិនទាន់មានគ្រឿងសក្ការៈ គឺការជម្រះផ្លូវសម្រាប់ដើរទៅ ចំពោះទក្ខិណេយ្យបុគ្គលនៅឡើយ។ បើដូច្នោះ គួរតែអាត្មាអញញុំាងជនឲ្យធ្វើស្ពានត្រង់ស្ទឹងគង្គា ថ្វាយព្រះពុទ្ធដ៏ប្រសើរ លុះអាត្មាអញឲ្យគេធ្វើស្ពាននេះរួចហើយ ឈ្មោះថាអាត្មាអញបានឆ្លងនូវភពនេះ។ ខ្ញុំបានចំណាយទ្រព្យរាប់រយរាប់ពាន់ ឲ្យគេធ្វើស្ពាន ខ្ញុំជឿថា សក្ការៈដែលខ្ញុំធ្វើហើយ (នេះ) នឹងមានផលធំទូលាយ។ លុះខ្ញុំឲ្យគេធ្វើស្ពាននោះរួចហើយ ក៏ចូលទៅគាល់ព្រះលោកនាយក ធ្វើអញ្ជលីលើត្បូង ហើយក្រាបបង្គំទូលពាក្យនេះថា បពិត្រព្រះមហាមុនី ខ្ញុំព្រះអង្គចំណាយទ្រព្យរាប់រយរាប់ពាន់ ឲ្យគេធ្វើស្ពាននេះ ដើម្បីប្រយោជន៍ដល់ព្រះអង្គ សូមព្រះអង្គទទួលយកនូវស្ពានដ៏ធំនេះចុះ។ ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ព្រះអង្គជ្រាបច្បាស់លោក គួរទទួលគ្រឿងបូជា ស្តេចគង់នៅកណ្តាលភិក្ខុសង្ឃ ហើយត្រាស់គាថាទាំងនេះថា បុគ្គលណាជ្រះថ្លា បានឲ្យគេធ្វើស្ពានដោយដៃខ្លួនឯង ដើម្បីតថាគត ៗ នឹងសរសើរបុគ្គលនោះ អ្នកទាំងឡាយចូរស្តាប់ តថាគតនឹងសម្តែងដូចតទៅនេះ

បុគ្គលនេះ បើទុកជាធ្លាក់ទៅក្នុងជ្រោះ ឬធ្លាក់ពីភ្នំ ឬដើមឈើក្តី ច្យុតហើយក្តី រមែងបាននូវទីឈរ នេះជាផលនៃការឲ្យស្ពាន។ សត្រូវទាំងឡាយ មិនគ្របសង្កត់ (នូវបុគ្គលនេះបាន) ដូចជាខ្យល់ មិនអាចគ្របសង្កត់ដើមជ្រៃ ដែលមានឫសដុះមាំ នេះជាផលនៃការឲ្យស្ពាន។ ចោរទាំងឡាយ មិនអាចនឹងគ្របសង្កត់បុគ្គលនេះបានទេ ពួកក្សត្រក៏មិនមើលងាយបានដែរ (បុគ្គលនេះ) នឹងឆ្លងផុតសត្រូវទាំងពួង នេះជាផលនៃការឲ្យស្ពាន។ បុគ្គលប្រកបដោយបុញ្ញកម្មនេះ បើទុកជានៅក្នុងទីវាល ដែលហាលដោយកំដៅថ្ងៃដ៏ក្លាខ្លាំង ក៏នឹងមិនមានវេទនាឡើយ។ យានដំរី ដែលជាបុញ្ញកម្មនិម្មិតល្អហើយ ក្នុងទេវលោក ឬក្នុងមនុស្សលោក នឹងកើតឡើងក្នុងខណៈនោះ ព្រោះដឹងនូវសេចក្តីត្រិះរិះរបស់បុគ្គលនោះ។ សេះសិន្ធពមួយពាន់ មានសន្ទុះលឿនដូចខ្សល់ ជាពាហនៈដ៏រហ័ស នឹងចូលទៅបម្រើ (បុគ្គលនោះ) ទាំងល្ងាចទាំងព្រឹក នេះជាផលនៃការឲ្យស្ពាន។ បុគ្គលនេះ លុះមកកាន់អត្តភាពជាមនុស្ស នឹងបានសេចក្តីសុខ មួយទៀត យានដំរីនឹងកើតដល់បុគ្គលនេះ ដែលកើតជាមនុស្សក្នុងលោកនេះ។ កន្លងទៅមួយសែនកប្បទៀត នឹងមានព្រះបរមសាស្តា ព្រះនាមគោតម កើតក្នុងត្រកូលព្រះបាទឱក្កាករាជ ត្រាស់ឡើងក្នុងលោក។ បុគ្គលនេះ នឹងបានទទួលមត៌កក្នុងធម៌របស់ព្រះពុទ្ធអង្គនោះ ជាឱរសដែលធម៌និម្មិតហើយ នឹងកំណត់ដឹងអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។

ឱហ្ន៎ ! អំពើដែលខ្ញុំធ្វើល្អហើយ ចំពោះព្រះសម្មាសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ខ្ញុំធ្វើគ្រឿងសក្ការៈចំពោះព្រះពុទ្ធអង្គនោះហើយ ក៏បានដល់នូវការអស់ទៅនៃអាសវៈ។ ខ្ញុំមានចិត្តបញ្ជូនទៅកាន់សេចក្តីព្យាយាម ជាអ្នកស្ងប់រម្ងាប់ មិនមានឧបក្កិលេស មិនមានអាសវៈ ដូចដំរីកាត់ផ្តាច់នូវទន្លីង។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញចោលហើយ ភពទាំងពួង ខ្ញុំបានគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជាទាំង ៣ ខ្ញុំបានដល់ហើយដោយលំដាប់ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើរួចហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះធោតកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ធោតកត្ថេរាបទាន។

ឧបសីវត្ថេរាបទាន ទី៥

(៥. ឧបសីវត្ថេរអបទានំ)

[១០៥] មានភ្នំមួយឈ្មោះអនោមៈ នៅជិតព្រៃហេមពាន្ត អាស្រមរបស់ខ្ញុំធ្វើល្អហើយ បណ្ណសាលា ខ្ញុំក៏បានកសាងល្អហើយដែរ។ មានស្ទឹងមួយ មានកំពង់រាបល្អ គួរជាទីរីករាយនៃចិត្ត តែងហូរចុះទៅក្នុងទីនោះ មានឈូក និងឧប្បលជាច្រើន ដុះនៅតាមកំពង់ជាលំដាប់។ ឯត្រីស្លាត ត្រីក្បក ត្រីក្រាញ់ ត្រីសណ្តាយ ត្រីឆ្ពិន (មានក្នុងកំពង់នោះ) ទឹកស្ទឹងដ៏ដេរដាសដោយត្រី និងអណ្តើក រមែងហូរទៅក្នុងកាលនោះ។ ក្នុងទីនោះ មានតិមិរព្រឹក្ស មានផ្ការីក ដើមអសោកមានផ្កាតូចៗ ទាំងក្រូចឆ្មារ និងក្រូចភ្លា ទោរទៅកាន់អាស្រមរបស់ខ្ញុំ។ ក្នុងទីនោះ មានដើមខ្លែងគង់ និងព្រៃ ម្លិះរួតមានផ្ការីក ដើមរាំង ដើមស្រល់ និងដើមចម្បាជាច្រើន មានផ្ការីកក្នុងទីនោះដែរ។ ដើមអង្គ្រង ដើមរំដួល ដើមចម្បក់ ដើមធ្នង់ និងដើមចេកទុំ មានផ្ការីក ពួកឈើទាំងនោះ សុទ្ធតែមានផ្ការីកហើយ នៅជិតអាស្រមរបស់ខ្ញុំ។ ដើមរាជព្រឹក្ស ដើមច្រនៀង ដើមយុថ្កា និងដើមប្រិយង្គុ សឹងដ៏ដេរដាសដោយវល្លិបាស អស់កន្លះយោជន៍ជុំវិញ។ ដើមមាតករព្រឹក្ស ម្លិះរួត ច្រនៀង ឈើភ្លើង អង្កោល និងតាលកុដព្រឹក្ស ជាច្រើនក្នុងទីនោះ សុទ្ធតែជាឈើមានផ្ការីក។ ស្មៅក្រវាញជ្រូកជាច្រើន សុទ្ធតែជាស្មៅមានផ្ការីកក្បែរអាស្រមរបស់ខ្ញុំនោះ បណ្តាឈើមានផ្កាទាំងនុ៎ះ ពួកឈើច្រើន សុទ្ធតែល្អៗ។ ដើមសម៉ កន្ទួតព្រៃ ស្វាយ ព្រីង និងសម៉ពិភេទក៍ ផ្សាយក្លិននោះ ជុំវិញអាស្រមខ្ញុំ។ ដើមពទ្រា ដើមរាក់ខ្មៅ ដើមព្នៅ មាក់ប្រាង ទន្លាប់ ទ្រយឹង ស្រគំ ពង្រ។ ដើមខ្នុរសម្ល ខ្នុរណាំង ចេក ដើមច័ន្ទ ក៏មានក្នុងទីនោះ ដើមម្កាក់ និងដើមគុយ ក៏មានច្រើនក្នុងទីនោះដែរ។ ដើមគូលែន អាលកព្រឹក្ស និងសណ្តែកព្រៃ សុទ្ធតែជាឈើមានផ្លែ នៅជិតអាស្រមរបស់ខ្ញុំ តពីនោះទៅ មានផ្លែសាវម៉ាវជាច្រើន។ អវដព្រឹក្ស ពេញដោយផ្លែទុំ ដើមមិលក្ខុព្រឹក្ស ដើមឧទុម្ពរ ដីប្លី ម្រេច ជ្រៃ និងដើមក្រសាំង មានក្នុងទីនោះ។ ដើមឧទុម្ពរជាច្រើន ខ្លះផ្លែទុំ ខ្លះផ្លែខ្ចី ដើមឈើក្រៅពីនេះជាច្រើន សុទ្ធតែជាឈើមានផ្លែ ជិតអាស្រមរបស់ខ្ញុំ។ សូម្បីឈើមានផ្កាជាច្រើន គឺដើមកន្រ្ទំ ដើមក្ទម្ព និងដើមពុកឆ្មា មានផ្ការីក នៅជិតអាស្រមរបស់ខ្ញុំ។ អាលកព្រឹក្ស និងតាលកព្រឹក្ស មាននៅជិតអាស្រមរបស់ខ្ញុំ មានជាតស្រះធំមួយ នៅជិតអាស្រមរបស់ខ្ញុំ។ ស្រះនោះ មានទឹកថ្លា មានទឹកត្រជាក់ មានកំពង់ល្អ គួរជាទីរីករាយនៃចិត្ត មានទាំងឈូកក្រហម និងឧប្បលជាច្រើន លាយចម្រុះដោយឈូកសនៅក្នុងស្រះនោះ ទាំងដេរដាសដោយព្រលិត សាយភាយដោយក្លិនផ្សេងៗ ដើមឈូកកំពង់ចាប់ផ្ទៃ (ក្រពុំ) ពួកដើមកេសរឯទៀតៗ កំពង់រីក ផ្កាឈូក និងផ្កាកណិការជាច្រើន មានត្របកផ្កាសំយុងចុះក្រោម មានទឹកហូរចេញអំពីក្រអៅឈូកផ្អែមដូចទឹកឃ្មុំ មានទឹកហូរចេញអំពីមើមឈូក ឆ្ងាញ់ដូចទឹកដោះស្រស់ និងទឹកដោះថ្លា ផ្កាកុមុទ ស្វាយក្រអូប ផ្កានយិតាព្រឹក្សជាច្រើន ប្រកបដោយក្លិនផ្សេងៗ រមែងប្រាកដដោយក្លិននោះជុំវិញ។ ឆ្នេរជាតស្រះ មានដើមការកេតជាច្រើន មានផ្ការីក ដើមកុឡាបមានផ្កាល្អ ឈូកសមានក្លិនក្រអូប។ ក្រពើ ក្រពា ជាសត្វចាប់គេស៊ី ក៏កើតនៅក្នុងស្រះនោះពស់ថ្លាន់ជាសត្វរួបរឹត ក៏មានច្រើនក្នុងស្រះនោះដែរ។ មានត្រីស្លាត ត្រីក្បក ត្រីក្រាញ់ ត្រីសណ្តាយ និងត្រីឆ្ពិន ដ៏ដេរដាសដោយត្រី និងអណ្តើក ដោយកន្លែងដែលធ្លាប់អាស្រ័យនៅ។ ព្រាប ប្រវឹក ខ្វែក ក្អែកទឹក ត្រដេវវិច ចាក្រពាក ចង្កៀលខ្យង ព្រហីត។ មានពួកសត្វកង្ហែន លលក ខ្លែង ជាសត្វហើរដ៏ច្រើន ឆ្កែចចក កូនសេក ក្តាន់ ទ្រាយ ជាច្រើន។ ពួកម្រឹគ គឺកាសេនិយម្រឹគ និងតិលកម្រឹគ សីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ឆ្កែព្រៃ ខ្លាត្រី ចូលទៅអាស្រ័យនឹងស្រះនោះ។ ពួកស្វា ពួកកិន្នរ ក៏ប្រាកដជិតអាស្រមខ្ញុំ ខ្ញុំស្រង់ក្លិនទាំងនោះ ហើយបរិភោគផ្លែឈើទាំងឡាយ។ ខ្ញុំផឹកទឹកក្រអូប នៅក្នុងអាស្រមរបស់ខ្ញុំ មានម្រឹគ ទ្រាយ ជ្រូក ប្រើស និងពួកសត្វមានរូបតូចៗ។ ភើ្លងមានពន្លឺដ៏រុងរឿង នៅជិតអាស្រមរបស់ខ្ញុំ ពួកសត្វហង្ស ក្រៀល ក្ងោក និងតាវៅ ជាសត្វមានប្រយោជន៍ តែងអាស្រ័យនៅក្បែរអាស្រមរបស់ខ្ញុំដែរ។ ក្នុងទីនោះ មានឆ្មា ខ្លែងស្រាក កេងកង ជាច្រើន និងបិសាច អសុរ កុម្ភណ្ឌ និងអារក្ស ជាច្រើន។ ពួកគ្រុឌ នាគ និងពួកឥសីមានអានុភាពច្រើន មានចិត្តស្ងប់ តម្កល់មាំ នៅជិតអាស្រមរបស់ខ្ញុំ។ ពួកឥសីទាំងអស់ ទ្រទ្រង់នូវកន្ទីទឹក ស្លៀកសម្ពត់ស្បែកខ្លា ពេញដោយភារៈគឺផ្នួងសក់ នៅជិតអាស្រមរបស់ខ្ញុំ។ ពួកឥសីទាំងនោះ ក្រឡេកមើលប្រមាណមួយជួរនឹម ជាបុគ្គលមានប្រាជ្ញា មានកិរិយាប្រព្រឹត្តិស្ងប់ជាប្រក្រតី ជាអ្នកត្រេកអរតាមមានតាមបាន នៅជិតអាស្រមរបស់ខ្ញុំ។ ពួកឥសីទាំងនោះ រលាស់សម្ពត់សំបកឈើ ដំនូវស្បែកខ្លា ជាអ្នករឹងប៉ឹងដោយកម្លាំងរបស់ខ្លួន ទៅឰដ៏អាកាស ក្នុងកាលនោះ។ ពួកឥសីទាំងនោះ នាំមកនូវទឹកថ្មីៗ ឈើ និងឧស ចូលទៅប្រកបដោយខ្លួនឯង នេះជាផលនៃសប្បាដិហារិយៈ។ ពួកឥសីទាំងនោះ កាន់យកស្នូកលោហជាតិ នៅក្នុងកណ្តាលព្រៃ ដូចជាដំរីដ៏ប្រសើរ ឬដូចជាកេសររាជសីហ៍ មិនមានសេចក្តីតក់ស្លុតឡើយ។ ពួកឥសីខ្លះ ទៅកាន់គោយានទ្វីប ខ្លះទៅកាន់បុព្វវិទេហទ្វីប ខ្លះទៅកាន់ឧត្តរកុរុទ្វីប ដោយមិនអើពើនឹងសំពត់កម្ពលរបស់ខ្លួន។ ពួកឥសីទាំងនោះ នាំយកបិណ្ឌបាតអំពីទ្វីបនោះៗ មកឆាន់ជាមួយគ្នា កាលបើពួកឥសីទាំងអស់ មានតេជះដ៏ខ្ពង់ខ្ពស់ ប្រកបដោយតាទិគុណ ចៀសចេញទៅហើយ ព្រៃក៏លាន់ឮកងរំពងឡើង ដោយសំឡេងនៃស្បែកខ្លា ក្នុងកាលនោះ។ បពិត្រព្រះអង្គមានព្យាយាមធំ ពួកសិស្សរបស់ខ្ញុំទាំងនោះ ប្រាកដបែបនេះ សុទ្ធតែជាអ្នកមានតបៈដ៏ខ្ពង់ខ្ពស់ ខ្ញុំមានពួកសិស្សទាំងនោះចោមរោមហើយ នៅក្នុងអាស្រមរបស់ខ្ញុំ។ ពួកសិស្សទាំងនុ៎ះ ដែលមកប្រជុំគ្នា ជាអ្នកត្រេកអរដោយកុសលកម្មរបស់ខ្លួន មានខ្លួនទូន្មានហើយ ជាអ្នកមានសេចក្តីប្រាថ្នាចំពោះកុសលកម្មរបស់ខ្លួន មានសីល មានប្រាជ្ញាចាស់ ជាអ្នកឈ្លាសវៃក្នុងអប្បមញ្ញាទាំងឡាយ ធ្វើឲ្យខ្ញុំរីករាយ។ ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ព្រះអង្គជា្របច្បាស់ត្រៃលោក គួរទទួលនូវគ្រឿងបូជា ជាអ្នកដឹកនាំសត្វលោក មានព្យាយាម មានបា្រជ្ញាចាស់ ជាអ្នកប្រាជ្ញ ទ្រង់ជ្រាបច្បាស់នូវសម័យ ស្តេចយាងចូលមកជិតព្រះសម្ពុទ្ធ ទ្រង់កាន់បាត្រ ស្តេចចូលមកដើម្បីភិក្ខា។ (ខ្ញុំបានឃើញ) នូវព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ មានព្យាយាមធំ ទ្រង់ស្តេចចូលមកហើយ ក៏ក្រាលកម្រាលស្មៅ ហើយរោយរាយដោយផ្កាឈើ។ ខ្ញុំមានចិត្តតក់ស្លុត មិនអាចតាំងនៅបាន ក៏និមន្តព្រះសម្ពុទ្ធឲ្យគង់ ហើយឡើងភ្នំយ៉ាងឆាប់ កាន់យកនូវខ្លឹមក្រឹស្នា។ ខ្ញុំបានបេះយកផ្លែខ្នុរប៉ុនឆ្នាំង មានក្លិនក្រអូប ជាទីរីករាយនៃទេវតា ហើយលើកលី នាំចូលទៅថ្វាយព្រះលោកនាយក។ លុះខ្ញុំថ្វាយផ្លែខ្នុរ ចំពោះព្រះពុទ្ធរួចហើយ លាបនូវខ្លឹមក្រឹស្នា ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយបង្គំព្រះពុទ្ធដ៏ប្រសើរ។ ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ព្រះអង្គជា្របច្បាស់ត្រៃលោក គួរទទួលនូវគ្រឿងបូជា ទ្រង់គង់ក្នុងកណ្តាលពួកឥសី ហើយត្រាស់គាថាទាំងនេះថា

បុគ្គលណាបានឲ្យផ្លែខ្នុរ ខ្លឹមក្រឹស្នា និងអាសនៈ ដល់តថាគត ៗ នឹងសរសើរបុគ្គលនោះ អ្នកទាំងឡាយចូរស្តាប់ តថាគតនឹងសម្តែងដូចតទៅនេះ បុគ្គលនេះ កាលនៅក្នុងស្រុកក្តី ក្នុងព្រៃក្តី ក្នុងញកភ្នំក្តី ក្នុងគុហាក្តី ភោជននឹងកើតឡើង ព្រោះដឹងចិត្តរបស់បុគ្គលនេះ នរៈនេះ បើទៅកើតក្នុងទេវលោក ឬមនុស្សលោក នឹងឆ្អែតស្កប់ស្កល់ដោយភោជនផង ដោយសំពត់ផង នរៈនេះ បើអន្ទោលទៅកាន់កំណើតណា ទោះជាទេវតា ឬជាមនុស្ស នឹងជាអ្នកមានភោគៈ មិនរំភើបញាប់ញ័រ។ នឹងត្រេកអរក្នុងទេវលោក អស់ ៣ ម៉ឺនកប្ប នឹងបានជាសេ្តចចក្រពត្តិមួយពាន់ដង។ នឹងបានសោយរាជ្យជាស្តេចទេវតា ៧១ ដង នឹងបានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យកប្ប កន្លងទៅមួយសែនកប្ប នឹងមានព្រះសាស្តា ព្រះនាមគោតម កើតក្នុងត្រកូលព្រះបាទឱក្កាករាជ ត្រាស់ដឹងក្នុងលោក នរៈនេះ នឹងបានទទួលមត៌កក្នុងធម៌របស់ព្រះពុទ្ធនោះ ជាឱរសដែលធម៌និម្មិតហើយ មាននាមឧបសីវៈ នឹងបានជាសាវ័កនៃព្រះសាស្តា។ នរៈនេះនឹងមិនមានអាសវៈ ព្រោះកំណត់ដឹងអាសវៈទាំងពួង។

លាភដែលត្រូវបានដោយល្អ ខ្ញុំបានហើយ ព្រោះខ្ញុំបានជួបនឹងព្រះលោកនាយក។ វិជា្ជ ៣ ខ្ញុំបានដល់ហើយដោយលំដាប់ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើរួចហើយ។ ខ្ញុំ (កាលទៅ) ក្នុងស្រុកក្តី ក្នុងព្រៃក្តី ក្នុងញកភ្នំក្តី ក្នុងគុហាក្តី ភោជន រមែងកើតឡើងដល់ខ្ញុំ ព្រោះដឹងនូវសេចក្តីត្រិះរិះរបស់ខ្ញុំ។ កិលេលទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំបានគាស់រំលើងចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជា្ជ ៣ ខ្ញុំបានដល់ហើយដោយលំដាប់ ទាំងសាសនារបស់ព្រះសម្ពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឧបសីវត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឧបសីវត្ថេរាបទាន។

នន្ទកត្ថេរាបទាន ទី៦

(៦. នន្ទកត្ថេរអបទានំ)

[១០៦] ក្នុងភពមុន ខ្ញុំកើតជាព្រានម្រឹគ នៅក្នុងព្រៃធំ កំពុងស្វែងរកម្រឹគ ប្រើស ស្រាប់តែបានជួបព្រះសយម្ភូ។ គ្រានោះ ព្រះសយម្ភូសម្ពុទ្ធ ព្រះនាមអនុរុទ្ធ ទ្រង់ឈ្នះមារ ព្រះអង្គជាអ្នកប្រាជ្ញ ទ្រង់ប្រាថ្នានូវទីដ៏ស្ងប់ស្ងាត់ ស្តេចយាងចូលទៅក្នុងព្រៃ។ ខ្ញុំយកឈើ ៤ កំណាត់ មកបញ្ឈរទុកក្នុងទីជា ៤ ធ្វើបារាំដ៏វិចិត្រយ៉ាងល្អ ប្រក់ដោយផ្កាឈូកទាំងឡាយ។ ខ្ញុំប្រក់បារាំរួចហើយ ក៏ថ្វាយបង្គំព្រះសយម្ភូ គ្រវែងធ្នូចោលក្នុងទីនោះ ហើយចូលទៅកាន់ផ្នួស។ កាលខ្ញុំទើបតែនឹងបួស ខ្ញុំក៏មានព្យាធិកើតឡើង ខ្ញុំនឹកឃើញនូវបុព្វកម្ម ហើយធ្វើមរណកាលក្នុងទីនោះ។ ខ្ញុំប្រកបដោយបុព្វកម្ម បានទៅកើតក្នុងឋានតុសិត វិមានជាវិការៈនៃមាស កើតឡើងតាមសេចក្តីបា្រថ្នា ក្នុងទីនោះ។ ខ្ញុំអធិដ្ឋាននូវវាហនៈ ដែលទឹមដោយសេះមួយពាន់ ជាយានទិព្វ ខ្ញុំឡើងកាន់យាននោះ ហើយទៅតាមសេចក្តីប្រាថ្នា។ កាលបើខ្ញុំ ដែលបុញ្ញកម្មនាំអំពីទីនោះមក ខ្ញុំបានកើតជាទេវតា បារាំបិទបាំងខ្ញុំ អស់ទីមួយរយយោជន៍ជុំវិញ។ ខ្ញុំនោះ ដេកលើដំណេកដោយរួសរាន់ ដែលគេមិនបានប្រក់ហើយ គ្រាន់តែក្រាលដោយផ្កា ស្រាប់តែផ្កាឈូកធ្លាក់ចុះអំពីអាកាស មកបិទបាំងអស់កាលជានិច្ច។ កាលថ្ងៃបណ្តើរកូនកំពុងញាប់ញ័រ កាលកំដៅថ្ងៃកំពុងក្តៅ កំដៅឥតក្តៅដល់ខ្ញុំឡើយ នេះជាផលនៃការឲ្យបារាំ។ ខ្ញុំបានកន្លងផុតទុគ្គតិ អបាយទាំងឡាយ ខ្ញុំបានបិទហើយ កំដៅក្នុងបារាំក្តី ទៀបគល់នៃឈើក្តី ឥតមានដល់ខ្ញុំឡើយ។ ខ្ញុំអធិដ្ឋានទឹកសមុទ្រ ឲ្យទៅជាផែនដី ហើយឆ្លងនូវទឹកប្រៃ ព្រោះអំពើដែលខ្ញុំបានធ្វើល្អហើយនោះ នេះជាផលនៃពុទ្ធបូជា។ ខ្ញុំធ្វើផ្លូវឰដ៏អាកាស ហើយទៅឰដ៏អាកាសបាន ឱហ្ន៎! អំពើដែលខ្ញុំធ្វើល្អហើយ នេះជាផលនៃពុទ្ធបូជា។ ខ្ញុំដឹងខន្ធរបស់ខ្លួន និងសត្វដទៃ ដែលអាស្រ័យនៅក្នុងកាលមុន ទិព្វចក្ខុ ខ្ញុំបានជម្រះហើយ អាសវៈទាំងឡាយរបស់ខ្ញុំអស់រលីងហើយ នេះជាផលនៃពុទ្ធបូជា។ ជាតិខាងមុខ ខ្ញុំបានលះបង់ហើយ ខ្ញុំបានជាឱរសនៃព្រះពុទ្ធ ជាអ្នកទទួលមត៌កក្នុងព្រះសទ្ធម្ម នេះជាផលនៃពុទ្ធបូជា។ ខ្ញុំបានញុំាងព្រះសុគត ព្រះនាមគោតម ជាសក្យៈដ៏ប្រសើរ ឲ្យប្រោសប្រាណ ជាអ្នកទ្រទ្រង់ធម៌ ជាអ្នកទទួលមត៌កក្នុងធម៌ នេះជាផលនៃពុទ្ធបូជា។ ខ្ញុំបានបម្រើព្រះសម្ពុទ្ធ ព្រះនាមគោតម ជាសក្យៈដ៏ប្រសើរ ហើយបានក្រាបទូលសួរផ្លូវដែលគប្បីទៅកាន់ត្រើយ គឺព្រះនិព្វាន ចំពោះព្រះលោកនាយក។ ព្រះពុទ្ធដែលខ្ញុំអារាធនាហើយ ទ្រង់សម្តែងនូវបទ គឺព្រះនិព្វាន ជាគុណជាតដ៏ល្អិតជ្រាលជ្រៅ ខ្ញុំលុះបានស្តាប់ធម៌របស់ព្រះពុទ្ធនោះហើយ ក៏បានដល់នូវការអស់ទៅនៃអាសវៈ។ ឱហ្ន៎! អំពើល្អ ខ្ញុំបានធ្វើហើយ ខ្ញុំបានរួចស្រឡះចាកជាតិហើយ មានអាសវៈទាំងពួងអស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំបានគាស់រំលើងចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជា្ជ ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើរួចហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះនន្ទកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ នន្ទកត្ថេរាបទាន។

ហេមកត្ថេរាបទាន ទី៧

(៧. ហេមកត្ថេរអបទានំ)

[១០៧] កាលនោះ ខ្ញុំជាតាបសឈ្មោះអនោមៈ បានធ្វើអាស្រមបណ្ណសាលាដ៏វិចិត្រល្អ នៅអែបនឹងចុងញកភ្នំ។ ខ្ញុំនោះ បានសម្រេចនូវតបកម្ម ខ្ញុំដល់នូវការសម្រេចក្នុងកម្លាំងរបស់ខ្លួន ជាអ្នកក្លាហាន ក្នុងភាពនៃខ្លួនជាសមណៈ ជាអ្នកមានព្យាយាម ដុតបំផ្លាញកិលេស មានប្រាជ្ញាចាស់ ជាអ្នកប្រាជ្ញ ជាអ្នកក្លៀវក្លាក្នុងលទ្ធិរបស់ខ្លួន វាងវៃក្នុងវាទៈរបស់បុគ្គលដទៃ មួយទៀត ជាអ្នកតាំងនៅលើផែនដី និងអាកាសបាន វាងវៃក្នុងឧបាទវយធម៌។ ខ្ញុំប្រាសចាកសេចក្តីសោក មិនមានការប្រណាំងប្រជែង មានអាហារតិច មិនមានសេចក្តីប្រាថ្នា ជាអ្នកត្រេកអរដោយលាភ និងអលាភ មានឈាន ត្រេកអរក្នុងឈាន ជាអ្នកប្រាជ្ញ។ កាលនោះ ព្រះសម្ពុទ្ធ ព្រះនាមបិយទស្សី ជាអ្នកប្រាជ្ញដ៏ប្រសើរ ប្រកបដោយករុណា ព្រះអង្គប្រាថ្នាដើម្បីចម្លងនូវសត្វទាំងឡាយ ទ្រង់ផ្សាយព្រះទ័យករុណា។ ព្រះមហាមុនី ព្រះនាមបិយទស្សី ទ្រង់ឃើញនូវជនដែលគួរឲ្យត្រាស់ដឹង ព្រះអង្គជាអ្នកប្រាជ្ញ ជាអ្នកឲ្យឱវាទ សេ្តចទៅក្នុងចក្រវាឡមួយពាន់។ ព្រះអង្គមានប្រាថ្នាស្រោចស្រង់ខ្ញុំ ស្តេចយាងចូលទៅកាន់អាស្រមរបស់ខ្ញុំ ព្រះជិនស្រី ខ្ញុំមិនដែលឃើញ ទាំងមិនធ្លាប់បានឮ អំពីសំណាក់អ្នកណាមួយ ក្នុងកាលមុនឡើយ។ ខ្ញុំបានសុបិននិម្មិតកើតឡើង លក្ខណៈទាំងឡាយ បានប្រកាសល្អហើយ ខ្ញុំជាអ្នកឋិតនៅលើផែនដី និងអាកាស ឈ្លាសវៃក្នុងបទនៃនក្ខត្តឫក្ស។ ខ្ញុំនោះ បានស្តាប់ធម៌របស់ព្រះពុទ្ធហើយ ក៏ញុំាងចិត្តឲ្យជ្រះថ្លាក្នុងព្រះអង្គ ខ្ញុំទោះឈរ ឬអង្គុយ តែងនឹកឃើញព្រះអង្គជានិច្ច។ កាលខ្ញុំកំពុងនឹកយ៉ាងនេះ ព្រះមានព្រះភាគ ក៏ទ្រង់នឹកដល់ខ្ញុំដែរ ខ្ញុំកំពុងតែនឹកព្រះពុទ្ធ បីតិក៏កើតមានដល់ខ្ញុំ ក្នុងខណៈនោះ។ ព្រះមហាមុនី ទ្រង់ស្តេចចូលមករកខ្ញុំ អស់កាលម្តងទៀត កាលបើព្រះអង្គស្តេចមកដល់ហើយ ខ្ញុំឥតស្គាល់ថា នោះជាព្រះពុទ្ធ ជាអ្នកប្រាជ្ញដ៏ប្រសើរឡើយ។ ព្រះមហាមុនី ព្រះនាមបិយទស្សី ប្រកបដោយករុណា ទ្រង់អនុគ្រោះខ្ញុំ បានញុំាងខ្ញុំឲ្យស្គាល់ព្រះអង្គថា តថាគតជាព្រះពុទ្ធក្នុងលោក ព្រមទាំងទេវលោក។ ខ្ញុំបានស្គាល់ច្បាស់នូវព្រះសម្ពុទ្ធ ព្រះនាមបិយទស្សី ជាមហាមុនី ហើយក៏ញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ក្រាបទូលពាក្យនេះថា ពួកជនទាំងអស់ តែងអង្គុយលើតាំងក្តី លើបល្ល័ង្កក្តី លើតាំងវែងក្តី ព្រះអង្គមានសេចក្តីអាណិតអាសូរដល់សត្វទាំងពួង សូមគង់លើអាសនៈដ៏រុងរឿង។ ខ្ញុំបាននិម្មិតតាំងជាវិការៈនៃកែវទាំងពួង ជាអាសនៈដែលខ្ញុំនិម្មិតដោយឫទ្ធិ ថ្វាយព្រះមហាមុនី ព្រះនាមបិយទស្សី ក្នុងខណៈនោះ។ កាលព្រះអង្គគង់លើតាំងកែវដែលនិម្មិតដោយឫទ្ធិ ខ្ញុំបានថ្វាយផ្លែព្រីងប៉ុនក្អម ក្នុងខណៈនោះ។ ព្រះមហាមុនី ទ្រង់ញុំាងសេចក្តីរីករាយឲ្យកើតដល់ខ្ញុំ ហើយទ្រង់សោយ (ផ្លែព្រីងនោះ) គ្រានោះ ខ្ញុំញុំាងចិត្តឲ្យជ្រះថ្លា ហើយថ្វាយបង្គំព្រះសាស្តា។ ចំណែកព្រះមានព្រះភាគ ព្រះនាមបិយទស្សី ព្រះអង្គប្រសើរបំផុតក្នុងលោក ប្រសើរជាងនរៈ ទ្រង់គង់លើអាសនៈកែវ ហើយត្រាស់គាថាទាំងនេះថា

បុគ្គលណា បានថ្វាយតាំងជាវិការៈនៃកែវ និងផ្លែព្រីងទិព្វ ដល់តថាគត ក្នុងកាលនោះ តថាគតនឹងសរសើរបុគ្គលនោះ អ្នកទាំងឡាយ ចូរស្តាប់ តថាគតនឹងសម្តែងដូចតទៅនេះ បុគ្គលនេះ នឹងត្រេកអរក្នុងទេវលោក អស់ ៧៧ កប្ប នឹងបានជាស្តេចចក្រពត្តិ អស់ ៧៥ ដង។ នឹងបានជាព្រះឥន្រ្ទសោយទេវរាជ្យ អស់ ៣២ ដង នឹងបានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យកប្ប។ បុគ្គលនោះ នឹងបាននូវបល័្លង្កជាវិការៈនៃមាស ជាវិការៈនៃវត្ថុជាទីគាប់ចិត្ត ជាវិការៈនៃកែវទទឹម ជាវិការៈនៃកែវជាច្រើន ដែលបុញ្ញកម្មបានតាក់តែងល្អហើយ។ បល័្លង្កទាំងឡាយជាច្រើន ចោមរោមបុគ្គលអ្នកប្រកបដោយបុញ្ញកម្មនោះ សូម្បីកាលដើរទៅដើរមកសព្វៗ កាល។ ផ្ទះមានកំពូលប្រាសាទ និងទីសម្រាប់ដេក មានតម្លៃច្រើន នឹងកើតក្នុងខណៈនោះ ព្រោះដឹងចិត្តរបស់បុគ្គលនេះ។ ដំរី ៦០ ពាន់ ដែលគេស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ជាដំរីដ៏ប្រសើរ មានខ្សែដង្គន់មាស ប្រកបដោយគ្រឿងតាក់តែងក្បាលជាវិការៈនៃមាស។ ដំរីទាំងនោះ ដែលពួកហ្មមានដៃកាន់លំពែងស្នែងក្របី និងកង្វេរឡើងជិះហើយ នឹងបម្រើបុគ្គលនេះ នេះជាផលនៃការថ្វាយតាំងជាវិការៈនៃកែវ។ សេះ ៦០ ពាន់ ប្រដាប់ដោយគ្រឿងអលង្ការទាំងពួង ជាអាជានេយ្យ អំពីកំណើត ជាសេះសិន្ធព ជាពាហនៈដ៏លឿន។ សេះទាំងនោះ ដែលនាយសារថី មានដៃកាន់ធ្នូ និងខែលឡើងជិះហើយ នឹងបម្រើបុគ្គលនេះ នេះជាផលនៃការថ្វាយតាំង ជាវិការៈនៃកែវ។ រថទាំង ៦០ ពាន់ ដែលតាក់តែងដោយគ្រឿងប្រដាប់គ្រប់យ៉ាង បិទបាំងដោយស្បែកខ្លាដំបង ខ្លាធំ ដែលគេប្រដាប់ហើយ លើកទង់ជ័យ មានពួកនាយសារថី មានដៃកាន់ធ្នូ និងខែល ឡើងជិះហើយ នឹងចោមរោមបុគ្គលនេះជានិច្ច នេះជាផលនៃការថ្វាយតាំងជាវិការៈនៃកែវ។ ពួកមេគោមានទឹកដោះ ៦០ ពាន់ មេគោ និងពួកគោឧសភដ៏ប្រសើរ នឹងញុំាងកូនទាំងឡាយឲ្យកើត នេះជាផលនៃការថ្វាយតាំងជាវិការៈនៃកែវ។ ពួកស្ត្រី ១៦ ពាន់ ស្អិតស្អាងដោយគ្រឿងប្រដាប់គ្រប់យ៉ាង មានសំពត់ និងគ្រឿងអាភរណៈដ៏វិចិត្រ ពាក់កែវមុក្តា កែវមណី និងកុណ្ឌល ទាំងមានមុខទូលាយ មានមុខស្រស់ស្រាយ មានត្រគាកសាយ ទាំងមានចង្កេះរៀវ នឹងចោមរោមបុគ្គលនេះជានិច្ច នេះជាផលនៃការថ្វាយតាំងជាវិការៈនៃកែវ។ ក្នុងកប្ប ទី ១.៨០០ នឹងមានព្រះពុទ្ធ ព្រះនាមគោតម មានបញ្ញាចក្ខុ ទ្រង់កំចាត់បង់នូវងងឹតអន្ធការ ត្រាស់ដឹងក្នុងលោក។ បុគ្គលនេះ មានសេចក្តីខ្វល់ខ្វាយ នឹងបួសព្រោះអាស្រ័យការឃើញនូវព្រះពុទ្ធអង្គនោះ បានញុំាងព្រះសាស្តាឲ្យត្រេកអរ នឹងរីករាយក្នុងសាសនា។ បុគ្គលនេះ បានស្តាប់ធម៌របស់ព្រះពុទ្ធអង្គនោះហើយ នឹងដុតបំផ្លាញនូវកិលេសទាំងឡាយ កំណត់ដឹងនូវអាសវៈទាំងពួង ជាបុគ្គលមិនមានអាសវៈ នឹងបរិនិព្វាន។

សេចក្តីព្យាយាមរបស់ខ្ញុំ គួរនាំទៅនូវធុរៈ ជាទីនាំមកនូវធម៌ដ៏ក្សេមចាកយោគៈ ខ្ញុំប្រាថ្នានូវប្រយោជន៍ដ៏ឧត្តម ក្នុងសាសនា។ នេះជារាងកាយខាងក្រោយបំផុតរបស់ខ្ញុំ ភពជាទីបំផុតរបស់ខ្ញុំ កំពុងប្រព្រឹត្តទៅ ខ្ញុំមានអាសវៈទាំងពួងអស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំបានគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជា្ជ ៣ ខ្ញុំដល់តាមលំដាប់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំបានធ្វើរួចហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះហេមកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ហេមកត្ថេរាបទាន។

ចប់ ភាណវារៈ ទី១៨។

តោទេយ្យត្ថេរាបទាន ទី៨

(៨. តោទេយ្យត្ថេរអបទានំ)

[១០៨] គ្រានោះ ក្នុងកេតុមតីបុរីដ៏ឧត្តម ព្រះរាជាព្រះនាមវិជិតជ័យ ជាស្តេចក្លៀវកា្ល បរិបូណ៌ដោយព្យាយាម នៅគ្រប់គ្រងបុរី។ កាលព្រះរាជាអង្គនោះ ធ្វេសប្រហែសហើយ ពួកជនជាសត្រូវនៅក្នុងដែនឧត្តរៈ និងតុណ្ឌិកៈ បង្កគ្នាឡើង លុកលុយដែនក្នុងកាលនោះ។ កាលអ្នកបច្ចន្តគ្រាមបះបោរឡើងហើយ ព្រះរាជាទ្រង់ឲ្យប្រជុំគ្នាយ៉ាងប្រញាប់ គឺទ្រង់ញុំាងអាមាត្យ និងរាជទូតទាំងឡាយឲ្យសង្កត់សង្កិនសត្រូវក្នុងកាលនោះ។ ពលដំរី ពលសេះ ពលពាក់គ្រឿងក្រោះ ពលកាន់ធ្នូ និងពលរថទាំងអស់ សុទ្ធតែជាអ្នកក្លៀវក្លា មកប្រជុំគ្នាក្នុងកាលនោះ។ ពួកអ្នកគ្រួ ពួកអ្នកខ្មាន់ព្រះកេស ពួកអ្នកផ្ងូតទឹក ពួកអ្នកធ្វើផ្កាកម្រងទាំងអស់ សុទ្ធតែជាពួកពិជ័យសង្រ្គាមដ៏ក្លាហាន មកប្រជុំគ្នាក្នុងកាលនោះ។ ពួកបុរសមានដាវក្នុងដៃ មានធ្នូ និងខែលក្នុងដៃទាំងអស់ សុទ្ធតែជាពួកពិជ័យសង្រ្គាមដ៏កាច មកប្រជុំគ្នាក្នុងកាលនោះ។ ពួកដំរីដ៏ប្រសើរមានអាយុ ៦០ ឆ្នាំ មានខ្សែដង្គន់ និងគ្រឿងប្រដាប់ជាវិការៈនៃមាស សុទ្ធតែជាដំរីចុះប្រេង ៣ អន្លើ ទាំងអស់មកប្រជុំគ្នាក្នុងទីនោះ។ ក្រុមយុទ្ធនាធិការទាំងអស់ ដែលមានការងារធ្វើហើយ ជាអ្នកអត់ធ្មត់ចំពោះត្រជាក់ ក្តៅ និងការបន្ទោបង់នូវលាមក មកប្រជុំគ្នាក្នុងកាលនោះ។ សំឡេងស័ង្ខ សំឡេងស្គរ ជាសំឡេងលាន់ឮឡើង ពួកជនទាំងអស់នោះរីករាយដោយសំឡេងនុ៎ះ មកប្រជុំគ្នាក្នុងកាលនោះ។ ពួកជនទាំងអស់ ចាក់ផ្តួលដោយច្បូក កាំបិតចៀស្បែក ធ្នូ និងលំពែងស្នែងក្របី មកប្រជុំគ្នាក្នុងកាលនោះ។ កាលនោះ ខ្ញុំហ្នឹងឯង ជាស្តេចឈ្នះសង្គ្រាមដែលគេមិនធ្លាប់ឈ្នះ ពាក់គ្រឿងក្រោះ បានយកដែកស្រួចចាក់សត្វ ៦០ ពាន់ឲ្យតក់ស្លុត។ ពួកមនុស្សបានស្រែកកងរំពងថា ឱហ្ន៎ ស្តេចនេះ មិនប្រកបដោយធម៌ទេ កាលបើស្តេចនេះទៅឆេះក្នុងនរក កាលណា កាលនោះយើងទើបនឹងមានទីបំផុតនៃទុក្ខ។ កាលនោះ ខ្ញុំដេកលើដំណាក់ ស្រាប់តែឃើញសត្វនរក ខ្ញុំដេកឥតលក់ទាំងថ្ងៃទាំងយប់ ពួកនិរយបាលទាំងនោះ គម្រាមខ្ញុំដោយដែកស្រួច។ ខ្ញុំគិតថា ប្រយោជន៍អ្វីដោយរាជ្យ ពាហនៈ និងពល ដែលអញប្រមាទហើយ រាជ្យ និងពលទាំងនោះ មិនអាចទ្រទ្រង់អញបានឡើយ មានតែញុំាងអញឲ្យតក់ស្លុតសព្វៗ កាល។ ប្រយោជន៍អ្វីដោយកូនប្រពន្ធ និងរាជ្យទាំងអស់របស់អញ បើដូច្នោះ អាត្មាអញគួរតែបួស និងជម្រះផ្លូវសម្រាប់ទៅកាន់ (ព្រះនិព្វាន)។ ខ្ញុំឥតអាឡោះអាល័យ បានលះបង់ពួកដំរី ៦០ ពាន់ ដែលប្រដាប់ដោយគ្រឿងអលង្ការគ្រប់យ៉ាង ជាដំរីដ៏ប្រសើរ មានខ្សែដង្គន់មាស ប្រកបដោយគ្រឿងតាក់តែងក្បាល ជាវិការៈនៃមាស ដែលពួកហ្មដំរីមានដៃកាន់លំពែងស្នែងក្របី និងកង្វេរឡើងជិះហើយ ក្នុងទីសមរភូមិ ខ្ញុំក្តៅក្រហាយសព្វដោយកម្មរបស់ខ្លួន ហើយចេញទៅកាន់ផ្នួស។ ខ្ញុំលះចោលនូវសេះ ៦០ ពាន់ ដែលប្រដាប់ដោយគ្រឿងអលង្ការទាំងពួង នូវសេះអាជានេយ្យអំពីកំណើត និងសេះសិន្ធវៈ ជាពាហនៈដ៏លឿន ដែលពួកនាយសារថីមានធ្នូក្នុងដៃ និងពាក់គ្រឿងក្រោះឡើងជិះហើយ ទាំងអស់នោះ ហើយចេញទៅកាន់ផ្នួស។ ខ្ញុំបានលះបង់នូវរាជរថចំនួន ៦០ ពាន់ ដែលប្រដាប់ដោយគ្រឿងអលង្ការគ្រប់យ៉ាង ដែលប្រកបស្រោបបិទបាំងដោយស្បែកខ្លាងដំបង និងខ្លាធំ មានទង់ជ័យលើកឡើង ទាំងអស់នោះ ហើយចេញទៅកាន់ផ្នួស។ ខ្ញុំលះបង់នូវមេគោដែលមានទឹកដោះ ៦០ ពាន់ និងគ្រឿងសម្រាប់ទ្រភាជន៍ទាំងអស់ ហើយចូលទៅកាន់ផ្នួស។ ខ្ញុំលះបង់ពួកស្រី ៦០ ពាន់ ដែលស្អិតស្អាងដោយគ្រឿងអលង្ការគ្រប់យ៉ាង មានសំពត់ និងគ្រឿងអាភរណៈដ៏វិចិត្ត ពាក់កែវមណី និងកុណ្ឌល មានមុខទូលាយ មានមុខស្រស់ស្រាយ មានត្រគាកសាយ មានចង្កេះមូលរៀវ កំពុងកន្ទក់កន្ទេញទាំងនោះ ហើយចូលទៅកាន់ផ្នួស។ ខ្ញុំលះបង់ស្រុក ៦០ ពាន់ បរិបូណ៌ដោយវត្ថុគ្រប់យ៉ាង និងរាជ្យនោះ ហើយចូលទៅកាន់ផ្នួស។ ខ្ញុំចេញចាកនគរហើយ ចូលទៅកាន់ព្រៃហេមពាន្ត សាងអាស្រមមួយទៀបឆ្នេរស្ទឹងភាគីរសី។ ខ្ញុំធ្វើបណ្ណសាលារួចហើយ ធ្វើរោងភ្លើង ខ្ញុំមានព្យាយាមប្រារព្ធហើយ មានចិត្តបញ្ជូនទៅហើយក្នុងអាស្រម។ កាលខ្ញុំចម្រើនឈាននៅក្នុងមណ្ឌបក្តី ទៀបគល់ឈើក្តី ក្នុងផ្ទះស្ងាត់ក្តី ខ្ញុំមិនមានសេចក្តីតក់ស្លុតឡើយ ខ្ញុំមិនដែលចួបប្រទះភ័យដែលគួរឲ្យខ្លាចឡើយ។ ព្រះសម្ពុទ្ធ ព្រះនាមសុមេធ ជាអ្នកប្រាជ្ញដ៏ប្រសើរ ប្រកបដោយករុណា ទ្រង់រុងរឿងដោយពន្លឺគឺញាណ កើតឡើងក្នុងលោក ក្នុងខណៈនោះឯង។ យក្សមួយមានឫទ្ធិច្រើន នៅជិតអាស្រមរបស់ខ្ញុំ កាលព្រះពុទ្ធដ៏ប្រសើរកើតឡើងហើយ ក៏ប្រាប់ខ្ញុំក្នុងកាលនោះថា ព្រះពុទ្ធព្រះនាមសុមេធ មានបញ្ញាចក្ខុកើតហើយក្នុងលោក ទ្រង់ញុំាងប្រជុំជនទាំងអស់ឲ្យឆ្លងហើយ ទ្រង់មុខជាចម្លងអ្នកដែរ។ ខ្ញុំមានសេចក្តីស្ញប់ស្ញែងកើតឡើង ក្នុងខណៈនោះ ព្រោះឮពាក្យយក្សនោះ ខ្ញុំគិតថា ព្រះពុទ្ធ ព្រះពុទ្ធ ហើយរៀបចំនូវអាស្រម។ ខ្ញុំលះបង់ឧសសម្រាប់ដុតភ្លើង រៀបក្រាលកម្រាល រួចថ្វាយបង្គំអាស្រម ហើយចេញអំពីព្រៃធំ។ ខ្ញុំកាន់យកខ្លឹមចន្ទន៍អំពីព្រៃធំនោះ ហើយចេញពីស្រុកមួយចូលទៅកាន់ស្រុកមួយ ចេញពីបុរីមួយ ចូលទៅកាន់បុរីមួយ ស្វែងរកព្រះពុទ្ធ ជាទេវតាដ៏ប្រសើរជាងទេវតា ហើយចូលគាល់ព្រះលោកនាយក។

សម័យនោះឯង ព្រះមានព្រះភាគ ព្រះនាមសុមេធ ជាលោកនាយក ទ្រង់កំពុងប្រកាសនូវសច្ចៈ ៤ ញុំាងប្រជុំជនដ៏ច្រើននាក់ឲ្យត្រាស់ដឹង។ ខ្ញុំផ្គងអញ្ជលីប្រណម្យលើក្បាល ថ្វាយបង្គំព្រះសម្ពុទ្ធ ហើយពោលនូវគាថាទាំងនេះថា កាលបើផ្កាម្លិះកំពុងរីក ក្លិននោះ ក៏ផ្សាយទៅបានតែក្នុងទីជិត កាលបើផ្កាចម្បា ផ្កាខ្ទឹង ផ្កាម្លិះ ផ្ការំដួល ផ្កាការកេត និងផ្ការាំងកំពុងរីក ក្លិនក៏ផ្សាយទៅបានតែក្នុងទីបណ្តោយខ្យល់ បពិត្រព្រះអង្គជាមហាវីរបុរស ព្រះអង្គតែងផ្សាយដោយក្លិនគឺគុណធម៌ សព្វទិសទី។ ខ្ញុំព្រះអង្គចេញចាកព្រៃហិមពាន្តមកក្នុងទីនេះ ព្រោះបានធុំក្លិនព្រះអង្គ បពិត្រព្រះអង្គជាមហាវីរបុរស ទ្រង់ប្រសើរបំផុតក្នុងលោក មានយសច្រើន ខ្ញុំព្រះអង្គសូមបូជាចំពោះព្រះអង្គ។ ខ្ញុំបានលប់លាបព្រះសុមេធ ជាលោកនាយក ដោយខ្លឹមចន្ទន៍ដ៏ប្រសើរ រួចហើយញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា អង្គុយនៅស្ងៀមក្នុងខណៈនោះ។

ព្រះមានព្រះភាគ ព្រះនាមសុមេធ ប្រសើរបំផុតក្នុងលោក ប្រសើរជាងពួកនរៈ ទ្រង់គង់ក្នុងភិក្ខុសង្ឃ ហើយត្រាស់គាថាទាំងនេះថា បុគ្គលណា បានសរសើរគុណតថាគត ទាំងបានបូជាខ្លឹមចន្ទន៍ដល់តថាគត តថាគតនឹងសរសើរបុគ្គលនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតនឹងសម្តែងចុះ។ បុគ្គលនេះ នឹងមានពាក្យសំដីគេគួរជឿ ជាបុគ្គលប្រសើរ មានចិត្តត្រង់ មានព្យាយាមដុតកំដៅកិលេស មានពន្លឺអស់ ២៥ កប្ប។ បុគ្គលនេះ នឹងត្រេកអរក្នុងទេវលោក អស់ ២៦ រយកប្ប នឹងបានជាស្តេចចក្រពត្តិ អស់មួយពាន់ដង នឹងបានជាព្រះឥន្រ្ទ សោយរាជ្យជាស្តេចទេវតា អស់ ៣៣ ដង នឹងបានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យកប្ប។ មនុស្សនេះឯង លុះច្យុតចាកទីនោះមក នឹងបានទៅកើតជាមនុស្ស ប្រកបដោយបុញ្ញកម្ម នឹងមានផៅពង្សដ៏ប្រសើរ។ ព្រាហ្មណ៍ម្នាក់ ឈ្មោះពាវរី ជាអ្នកស្វាធ្យាយមន្ត ចេះចាំមន្ត ដល់នូវត្រើយវេទទាំង ៣ បរិបូណ៌ដោយលក្ខណៈ ៣ យ៉ាង។ បុគ្គលនេះ នឹងបានជាសិស្សពាវរីព្រាហ្មណ៍នោះ ជាអ្នកដល់ត្រើយនៃមន្ត បានចូលគាល់ព្រះសម្ពុទ្ធ ព្រះនាមគោតម ជាសក្យៈដ៏ប្រសើរ។

ខ្ញុំបានទូលសួរនូវប្រស្នាដ៏ល្អិត ហើយញុំាងចិត្តឲ្យរីករាយ កំណត់ដឹងអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ។ ភ្លើង ៣ យ៉ាង របស់ខ្ញុំ បានរលត់ហើយ ភពទាំងពួង ខ្ញុំបានដកចោលហើយ ខ្ញុំកំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ។ កិលេសទាំងពួង ខ្ញុំបានដុតបំផ្លាញចោលហើយ ភពទាំងពួង ខ្ញុំបានដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជា្ជ ៣ ខ្ញុំបានដល់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះតោទេយ្យត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ តោទេយ្យត្ថេរាបទាន។

ជតុកណ្ណិកត្ថេរាបទាន ទី៩

(៩. ជតុកណ្ណិត្ថេរអបទានំ)

[១០៩] កាលនោះ ខ្ញុំកើតជាសេដ្ឋីបុត្រ នៅក្នុងនគរហង្សវតី ជាអ្នកឆ្អែតស្កប់ស្កល់ដោយកាមគុណទាំងឡាយ ញុំាងគេឲ្យចោមរោម។ កាលនោះ ខ្ញុំឡើងកាន់ប្រាសាទទាំង ៣ ប្រើប្រាស់ភោគៈច្រើន ញុំាងគេឲ្យចោមរោមដោយការរាំច្រៀង ក្នុងប្រាសាទនោះ។ តូរ្យតន្រ្តីប្រកបដោយការប្រគំដ៏ពីរោះ ដែលគេនាំមកដើម្បីខ្ញុំ ពួកស្រីទាំងអស់ កាលត្រេកអរ រមែងដឹកនាំនូវចិត្តខ្ញុំ។ ពួកស្រីកំពុងពេញល្បែង ពួកស្រីតឿ ពួកស្រីពេញរូបរាង ពួកស្រីចំទង់ ពួកស្រីឡើងរ៉ាវ និងពួកស្រីត្លុក តែងចោមរោមខ្ញុំសព្វៗ កាល។ ពួកអ្នកប្រគំ ពួកអ្នកដំស្គ ពួកអ្នករបាំ ជាច្រើនគ្នា ពួករបាំប្រុសស្រី តែងចោមរោមខ្ញុំសព្វៗ កាល។ ពួកជាងកំណោរ ពួកអ្នកផ្ងូតទឹក ពួកអ្នកដាំស្ល ពួកអ្នកធ្វើផ្កាកម្រង ពួកសុបាសកជន ពួកអ្នកប្រដាល់ ពួកអ្នកចំបាប់ទាំងអស់នោះ តែងចោមរោមខ្ញុំសព្វៗ កាល។ កាលពួកជនទាំងនុ៎ះ កំពុងលេងក្នុងការបាញ់ធ្នូដែលសិក្សាស្ទាត់ហើយ ខ្ញុំឥតស្គាល់យប់ និងថ្ងៃឡើយ ដូចជាព្រះឥន្រ្ទឋិតនៅក្នុងតាវត្តិង្សបុរី។ ពួកអ្នកដើរផ្លូវ ពួកអ្នកកំព្រា ពួកយាចក ពួកអ្នកដើរជាច្រើនគ្នា អ្នកទាំងអស់នោះ តែងចូលទៅសុំទានក្នុងផ្ទះខ្ញុំជានិច្ច។ ពួកសមណៈ និងព្រាហ្មណ៍ជាបុញ្ញក្ខេត្តដ៏ប្រសើរ ញុំាងបុណ្យឲ្យចម្រើនដល់ខ្ញុំ តែងមកកាន់ផ្ទះខ្ញុំ។ ពួកនិគ្រន្ថទាំងអស់នោះ គឺពួកបដកៈ លដុកៈ បុប្ផសាដកៈ ទណ្ឌិកៈ ឯកសិខៈ តែងមកកាន់ផ្ទះខ្ញុំ។ ពួកអ្នកប្រព្រឹត្តចិញ្ចឹមជីវិតដោយប្រពៃ ពួកអ្នកប្លន់ដណ្តើមទ្រព្យគេ ពួកអ្នកប្រព្រឹត្តធម៌ដូចគោ ពួកអ្នកប្រព្រឹត្តធម៌ដូចទេវតា ពួកអ្នកទ្រទ្រង់ល្អងធូលីទាំងនុ៎ះ តែងមកកាន់ផ្ទះខ្ញុំ។ ពួកអ្នកប្រព្រឹត្តធម៌ ពួកអ្នកដល់នូវការសម្រេចហេតុផ្សេងៗ ពួកអ្នកប្រជុំគ្នារម្ងាប់ការក្រោធ ពួកអ្នកមានតបៈ និងពួកអ្នកប្រព្រឹត្តនៅក្នុងព្រៃជាច្រើន តែងមកកាន់ផ្ទះខ្ញុំ។ ពួកជនខ្វាក់ ពួកទមិឡ ពួកអ្នកដែនសាកុឡៈ ពួកអ្នកដែនមលយាលកៈ ពួកអ្នកដែនសវរៈ និងពួកអ្នកដែនយោនកៈ តែងមកកាន់ផ្ទះខ្ញុំ។ ពួកអ្នកដែនគន្ធកៈ ពួកអ្នកដែនមុណ្ឌកៈ ពួកអ្នកដែនកុដ្ឋលៈ ពួកអ្នកដែនសានុវិន្ទកៈ ពួកអ្នកដែនអារាព និងពួកអ្នកដែនចិន តែងមកកាន់ផ្ទះខ្ញុំ។ ពួកអ្នកអាស្រ័យនៅភ្នំអលសន្ទកៈ ពួកអ្នកអាស្រ័យនៅភ្នំបល្លវៈ ពួកអ្នកឡើងកំពូលភ្នំ និងពួកចេតបុត្ត អ្នកនៅក្រៅដែន តែងមកកាន់ផ្ទះខ្ញុំ។ ពួកជនអ្នកនៅក្នុងដែនមធុរៈ ពួកជនអ្នកនៅក្នុងដែនកោសល ពួកជនអ្នកនៅក្នុងដែនកាសី ពួកជនអ្នកនៅក្នុងដែនហត្ថិបុរី ពួកជនអ្នកនៅក្នុងដែនឥសិន្ទៈ និងពួកជនអ្នកនៅក្នុងដែនមក្កលៈ តែងមកកាន់ផ្ទះខ្ញុំ។ ពួកជនអ្នកនៅក្នុងដែនចេលាវកៈ ពួកជនអ្នកនៅក្នុងដែនអារម្ពៈ ពួកជនអ្នកនៅក្នុងដែនឱភាសៈ ពួកជនអ្នកនៅក្នុងដែនមេឃលៈ ពួកជនអ្នកនៅក្នុងដែនខុទ្ទកៈ និងពួកជនអ្នកនៅក្នុងដែនសុទ្ទកៈជាច្រើន តែងមកកាន់ផ្ទះខ្ញុំ។ ពួកជនអ្នកនៅក្នុងដែនរោហកៈ ពួកជនអ្នកនៅក្នុងដែនសិន្ទវៈ ពួកជនអ្នកនៅក្នុងដែនចិត្តកៈ ពួកជនអ្នកនៅក្នុងដែនឯកកណ្ណិកៈ ពួកជនអ្នកនៅក្នុងដែនសុរដ្ឋៈ និងពួកជនអ្នកនៅក្នុងដែនអបរន្តៈ តែងមកកាន់ផ្ទះខ្ញុំ។ ពួកកុមារនៅក្នុងដែនសុបារកៈ នៅក្នុងដែនមលយៈ នៅក្នុងសោណភូមិ នៅក្នុងដែនវិជ្ជហារ ពួកជនទាំងអស់នោះ តែងមកកាន់ផ្ទះខ្ញុំ។ ពួកជាងផ្កាកម្រង ពួកជាងតម្បាញ ពួកជាងធ្វើស្បែក ពួកជាងចាំងឈើ ពួកអ្នកធ្វើការងារ និងពួកស្មូនឆ្នាំង តែងមកកាន់ផ្ទះខ្ញុំ។ ពួកជាងកែវមណី ពួកជាងលោហៈ ពួកជាងមាស ពួកជាងត្បាញសំពត់ និងពួកជាងសំណ ទាំងអស់នោះ តែងមកកាន់ផ្ទះខ្ញុំ។ ពួកជាងកូនសរ ពួកជាងក្រឡឹង ពួកជាងតម្បាញ ពួកអ្នកធ្វើទឹកអប់ ពួកជាងជ្រលក់ និងពួកជាងជុល តែងមកកាន់ផ្ទះខ្ញុំ។ ពួកអ្នកស្លប្រេង ពួកអ្នកនាំឧស ពួកអ្នកដងទឹក ពួកអ្នកចិញ្រ្ចាំសាច់ ពួកអ្នកដាំស្ល និងពួកអ្នកឈ្លាសវៃក្នុងសំឡេង តែងមកកាន់ផ្ទះខ្ញុំ។ ពួកអ្នកចាំទ្វារ ពួកអ្នករក្សាអង្គ ពួកអ្នកក្រងផ្កា ពួកអ្នកចាក់ចោលផ្កា ពួកអ្នកជិះដំរី និងពួកគង្វាលដំរី តែងមកកាន់ផ្ទះខ្ញុំ។ ខ្ញុំបានឲ្យសាមគ្គី ដល់ស្តេចឈ្មោះអានន្ទៈ ខ្ញុំបំពេញសេចក្តីខ្វះខាតដោយរតនៈមានពណ៌ ៧។ ពួកជនជាច្រើនទាំងអស់ណា មានវណ្ណៈផ្សេងៗគ្នា ដែលខ្ញុំបានពណ៌នារួចហើយ ខ្ញុំដឹងចិត្តនៃជននោះ ហើយឲ្យឆ្អែតស្កប់ស្កល់ដោយរតនវត្ថុ។ កាលបើគេនិយាយពាក្យពីរោះ កាលបើគេទួងស្គរឡើង កាលបើគេផ្លុំស័ង្ខឡើង ខ្ញុំត្រេកអរតែក្នុងផ្ទះរបស់ខ្លួន។ សម័យនោះ ព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ព្រមទាំងព្រះខីណាស្រពមួយសែនអង្គ កើតមានឡើងហើយ។ ព្រះសម្ពុទ្ធមានចក្ខុ ព្រមដោយភិក្ខុទាំងឡាយ ទ្រង់ស្តេចទៅតាមថ្នល់ រុងរឿងដូចជាដើមទីបព្រឹក្ស ដែលញុំាងទិសទាំងពួងឲ្យភ្លឺ។ កាលបើព្រះលោកនាយកស្តេចយាងទៅ ស្គរទាំងពួង ក៏លាន់ឮឡើង រស្មីរបស់ព្រះពុទ្ធក៏ផ្សាយចេញទៅ ហាក់ដូចព្រះអាទិត្យទើបនឹងរះ។ ខណៈនោះ ពន្លឺដ៏ធំទូលាយ ចាំងចូលទៅក្នុងផ្ទះទាំងឡាយ ដោយរស្មីផ្សាយចូលទៅតាមចន្លោះសន្ទះទ្វារ។ ខ្ញុំបានឃើញរស្មីរបស់ព្រះពុទ្ធហើយ បានប្រាប់បរិស័ទខ្ញុំថា ព្រះពុទ្ធដ៏ប្រសើរ ស្តេចយាងមកតាមថ្នល់នេះដោយឥតសង្ស័យ។ ខ្ញុំបានចុះអំពីប្រាសាទដោយរហ័ស ទៅរង់ចាំពាក់កណ្តាលផ្លូវ ថ្វាយបង្គំព្រះសម្ពុទ្ធ ហើយក្រាបបង្គំទូលថា សូមព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ អនុគ្រោះដល់ខ្ញុំព្រះអង្គ។ ព្រះពុទ្ធជាអ្នកប្រាជ្ញអង្គនោះ ទ្រង់ទទួលនិមន្ត មួយអន្លើដោយពួកភិក្ខុមួយសែនអង្គ។ លុះខ្ញុំនិមន្តព្រះសម្ពុទ្ធរួចហើយ នាំព្រះអង្គទៅឯផ្ទះរបស់ខ្ញុំ ញុំាងព្រះមហាមុនីឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹក ក្នុងផ្ទះនោះ។ ខ្ញុំបានដឹងកាលដ៏គួរនៃព្រះពុទ្ធដ៏ប្រសើរ ជាតាទិបុគ្គល ទ្រង់ឆាន់រួចហើយ ក៏បម្រើព្រះពុទ្ធដ៏ប្រសើរដោយតូរ្យតន្រ្តី ព្រមទាំងចម្រៀង។ ព្រះសម្ពុទ្ធ ទ្រង់ព្រះនាមបទុមុត្តរៈ ព្រះអង្គជ្រាបច្បាស់នូវលោក គួរទទួលគ្រឿងបូជា ទ្រង់គង់នៅខាងក្នុងផ្ទះ ហើយត្រាស់គាថាទាំងនេះថា

បុគ្គលណា បានបម្រើតថាគតដោយតូរ្យតន្រ្តីផង បានថ្វាយបាយ និងទឹកផង ដល់តថាគត តថាគតនឹងសរសើរបុគ្គលនោះ អ្នកទាំងឡាយចូរស្តាប់ តថាគតនឹងសម្តែងដូចតទៅនេះ នរៈនេះ នឹងមានគ្រឿងបរិភោគច្រើន ព្រមទាំងមាសប្រាក់ ភោជន និងបានសោយឯករាជ្យក្នុងទ្វីប ៤។ នរៈនេះ នឹងសមាទានសីល ៥ ត្រេកអរក្នុងកុសលកម្មបថ ១០ ប្រព្រឹត្តសមាទានកុសលធម៌ ហើយនឹងញុំាងបរិស័ទឲ្យសិក្សា។ តូរ្យតន្រ្តីមួយសែន និងពួកនារីមានខ្លួនប្រដាប់ប្រពៃ តែងគាល់បម្រើនរៈនេះជានិច្ច នេះជាផលនៃការបម្រើ។ នរៈនេះ នឹងត្រេកអរក្នុងទេវលោក អស់ ៣០ ពាន់កប្ប បានជាព្រះឥន្រ្ទសោយរាជ្យជាស្តេចទេវតា អស់ ៦៤ ដង។ នឹងបានជាស្តេចចក្រពត្តិ អស់ ៧៤ ដង បានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យកប្ប។ កន្លងទៅមួយសែនកប្ប នឹងមានព្រះសាស្តា ព្រះនាមគោតម កើតក្នុងត្រកូលព្រះបាទឱក្កាករាជ្យ ត្រាស់ដឹងក្នុងលោក។ នរៈនេះ បើចូលទៅកាន់កំណើតណា ទោះជាទេវតា ឬជាមនុស្ស នឹងជាអ្នកមានភោគៈមិនខ្វះខាត ក្នុងបច្ឆិមជាតិ នឹងបាននូវភាពជាមនុស្ស។ ក្នុងកាលនោះ នរៈនេះ ជាអ្នកស្វាធ្យាយមន្ត ដល់នូវត្រើយនៃវេទទាំង ៣ កាលស្វែងរកប្រយោជន៍ដ៏ឧត្តម នឹងត្រាច់ទៅតាមផែនដី។ នរៈនោះ លុះកាលជាខាងក្រោយ ក៏ចេញបួស ត្រូវកុសលមូលដាស់តឿន នឹងតេ្រកអរក្នុងសាសនានៃព្រះមានព្រះភាគ ព្រះនាមគោតម។ នរៈនេះ នឹងញុំាងព្រះសម្ពុទ្ធ ព្រះនាមគោតម ជាសក្យៈដ៏ប្រសើរ ឲ្យប្រោសប្រាណ នឹងដុតកំដៅនូវកិលេសទាំងឡាយ ហើយបានជាព្រះអរហន្ត។

ថ្ងៃនេះ ខ្ញុំនៅក្នុងសាសនានៃព្រះពុទ្ធជាសក្យបុត្រ ខ្ញុំឥតភ័យ ដូចជាស្តេចខ្លាធំ ឬដូចជាកេសររាជសីហ៍ ជាស្តេចម្រឹគនៅក្នុងព្រៃ។ ខ្ញុំមិនដែលឃើញនូវកំណើតរបស់ខ្ញុំក្នុងទេវលោកកំសត់ ឬក្នុងកំណើតមនុស្សកំសត់ ឬក៏ក្នុងទុគ្គតិឡើយ នេះជាផលនៃការបម្រើ។ ខ្ញុំជាអ្នកប្រកបក្នុងវិវេក ជាអ្នកមានចិត្តស្ងប់ មិនមានឧបធិ មិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំបានដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជា្ជ ៣ ខ្ញុំបានដល់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះជតុកណ្ណិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ជតុកណ្ណិកត្ថេរាបទាន។

ឧទេនត្ថេរាបទាន ទី១០

(១០. ឧទេនត្ថេរអបទានំ)

[១១០] មានភ្នំមួយឈ្មោះបទុម នៅជិតព្រៃហិមពាន្ត ខ្ញុំបានធ្វើអាស្រមមួយយ៉ាងល្អ ទាំងសាងបណ្ណសាលាមួយដ៏ល្អដែរ។ នៅជិតអាស្រមនោះ មានស្ទឹងដែលមានកំពង់ល្អ ជាទីរីករាយនៃចិត្ត ស្ទឹងទាំងនោះ មានទឹកថ្លា មានទឹកត្រជាក់ តែងហូរទៅសព្វៗកាល។ កាលនោះ ពួកត្រីស្លាត ត្រីក្បក ត្រីក្រាញ់ ត្រីសណ្តាយ ត្រីថ្ពិន ត្រីទាំងនុ៎ះ នៅក្នុងស្ទឹង នាំឲ្យល្អស្ទឹង។ ស្ទឹងនោះ ដ៏ដេរដាសដោយដើមស្វាយ ដើមព្រីង ដើមថ្ងាន់ ដើមដង្កៀបក្តាម ដើមរាជព្រឹក្ស និងដើមច្រនៀង នាំឲ្យល្អអាស្រមរបស់ខ្ញុំ។ ដើមអង្កោល វល្លិបាស មានផ្ការីក ជាឈើធ្វើដូចជាមានកិច្ចកល មានក្លិនផ្សព្វផ្សាយទៅ នាំឲ្យល្អអាស្រមរបស់ខ្ញុំ។ ដើមរំដួល ម្លិះរួត ខ្ទឹង រាំងភ្នំ មានផ្ការីក មានក្លិនជាទិព្វ សាយភាយទៅ នាំឲ្យល្អអាស្រមរបស់ខ្ញុំ។ ដើមស្រូល ដើមស្រល់ ដើមក្ទម្ព មានផ្ការីក ដូចជាធ្លាក់មកក្នុងដៃ មានក្លិនជាទិព្វ សាយភាយទៅ នាំឲ្យល្អអាស្រមរបស់ខ្ញុំ។ ដើមសម៉ កន្ទួតព្រៃ ស្វាយ ព្រីង សម៉ពិភេទក៍ ពទ្រា រាក់ខ្មៅ ព្នៅ ជាឈើមានផ្លែច្រើន នៅជិតអាស្រមរបស់ខ្ញុំ។ ដើមក្លាំពាក់ និងដើមចេក បញ្ចេញផ្កា ជិតអាស្រមរបស់ខ្ញុំនោះ ក្លិនជាទិព្វ សាយភាយទៅ នាំឲ្យល្អអាស្រមរបស់ខ្ញុំ។ ដើមអសោក វរីព្រឹក្ស និងដើមស្តៅ ជាឈើមានផ្ការីក ក្លិនជាទិព្វ សាយភាយទៅ នាំឲ្យល្អអាស្រមរបស់ខ្ញុំ។ ដើមក្រូចឆ្មារ ក្រូចភ្លា និងតិមិរព្រឹក្ស មានផ្ការីក ក្នុងទីនោះ ក្លិនជាទិព្វ សាយភាយទៅ នាំឲ្យល្អអាស្រមរបស់ខ្ញុំ។ និគ្គុណ្ឌិព្រឹក្ស សរិនិគ្គុណ្ឌិព្រឹក្ស និងដើមចម្បា មានផ្ការីកក្នុងទីនោះ ក្លិនជាទិព្វ សាយភាយទៅ នាំឲ្យល្អអាស្រមរបស់ខ្ញុំ។ ស្រះបោក្ខរណីនៅជិត (អាស្រមនោះ) មានពួកសត្វចាក្រពាកយំគឹកកង ដេរដាសដោយផ្កាលំចង់ ផ្កាឈូក និងផ្កាឧប្បល។ (ស្រះបោក្ខរណីនោះ) មានទឹកថ្លា មានទឹកត្រជាក់ មានកំពង់ល្អ ជាទីរីករាយនៃចិត្ត មានទឹកថ្លា ដូចជាកែវផលិក នាំឲ្យល្អអាស្រមរបស់ខ្ញុំ។ ឈូកក្រហម ឈូកស និងឧប្បល បញ្ចេញផ្កាក្នុងស្រះនោះ ដេរដាសដោយផ្កាលំចង់ទាំងឡាយ នាំឲ្យល្អអាស្រមរបស់ខ្ញុំ។ ពួកត្រីស្លាត ត្រីក្បក ត្រីក្រាញ់ ត្រីសណ្តាយ ត្រីថ្ពិន ពួកត្រីទាំងនោះ ហែលទៅមកក្នុងស្រះនោះ នាំឲ្យល្អអាស្រមរបស់ខ្ញុំ។ ក្រពើ ក្រពា អណ្តើក ជាសត្វចាប់គេស៊ី និងពស់ថ្លាន់ ជាសត្វរួបរឹត នាំឲ្យល្អអាស្រមរបស់ខ្ញុំ។ ពួកព្រាប ប្រវឹក ចាក្រពាក ក្អែកទឹក ត្រដេវវិច និងសាលិកា នាំឲ្យល្អអាស្រមរបស់ខ្ញុំ។ នយិតាព្រឹក្ស ស្វាយក្រអូប ដើមការកេត មានផ្ការីក ក្នុងទីនោះ ក្លិនជាទិព្វ សាយភាយទៅ នាំឲ្យល្អអាស្រមរបស់ខ្ញុំ។ សីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ឆ្កែព្រៃ ខ្លារខិន ត្រាច់ទៅមករឿយៗ ក្នុងព្រៃធំ នាំឲ្យល្អអាស្រមរបស់ខ្ញុំ។ (ពួកតាបស) ពេញដោយភារៈគឺផ្នួងសក់ ស្លៀកពាក់សំពត់ស្បែកខ្លា ត្រាច់ទៅរឿយៗ ក្នុងព្រៃធំ នាំឲ្យល្អអាស្រមរបស់ខ្ញុំ។ តាបសពួកខ្លះ ទ្រទ្រង់ស្បែកខ្លា មានប្រាជ្ញាចាស់ ប្រព្រឹត្តស្ងប់រម្ងាប់ ជាអ្នកមានអាហារតិច តាបសទាំងអស់នោះ នាំឲ្យល្អអាស្រមរបស់ខ្ញុំ។ គ្រានោះ តាបសទាំងនោះ កាន់យកនូវដងរែក និងសង្រែក ចូលទៅក្នុងព្រៃ បរិភោគមើមឈើ និងផ្លែឈើ នៅជិតអាស្រមរបស់ខ្ញុំ។ តាបសទាំងនោះ មិនបាននាំមកនូវឧស និងទឹកសម្រាប់លាងជើងឡើយ (វត្ថុទាំងនោះ) គឺទេវតានាំមកដោយខ្លួនឯង ដោយអានុភាពនៃតាបសទាំងអស់។ ពួកឥសី ៨៤ ពាន់រូប មកប្រជុំគ្នាក្នុងទីនោះ ពួកឥសីទាំងអស់នុ៎ះ សុទ្ធតែជាអ្នកមានឈាន ស្វែងរកប្រយោជន៍ដ៏ឧត្តម។ ក្នុងកាលនោះ ឥសីទាំងអស់នោះ ជាអ្នកមានតបៈ ប្រព្រឹត្តធម៌ដ៏ប្រសើរ មានអប្បនាឈានដាស់តឿនហើយ ត្រាច់ទៅតាមអាកាស នៅជិតអាស្រមរបស់ខ្ញុំ។ ពួកឥសីទាំងនោះ ជាអ្នកមានចិត្តនឹងធឹង មានកិរិយាប្រព្រឹត្តស្ងប់ ប្រជុំគ្នាអស់ ៥ ថ្ងៃ ថ្វាយបង្គំលាគ្នា និងគ្នា មានមុខឆ្ពោះទៅកាន់ទិស ហើយចៀសចេញទៅ។ ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ឈ្នះសត្រូវ ព្រះអង្គកំចាត់បង់ងងឹត ទ្រង់កើតឡើងក្នុងខណៈនោះ។ មានយក្សមួយ មានឫទ្ធិច្រើន នៅជិតអាស្រមរបស់ខ្ញុំ យក្សនោះសរសើរព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ប្រាប់ខ្ញុំថា ព្រះពុទ្ធអង្គនុ៎ះ ជាមហាមុនី ព្រះនាមបទុមុត្តរៈ ទ្រង់កើតឡើងហើយ ម្នាលអ្នកនិទ៌ុក្ខ អ្នកចូរទៅគាល់ព្រះសម្ពុទ្ធយ៉ាងឆាប់ៗ ខ្ញុំបានឮពាក្យយក្យហើយ មានចិត្តជ្រះថ្លា រៀបចំអាស្រមស្រេចហើយ ក៏ចេញអំពីព្រៃធំក្នុងកាលនោះ។ កាលបើសំពត់ត្រូវភ្លើងឆេះអស់ហើយ ខ្ញុំចេញអំពីអាស្រមនៅអស់មួយរាត្រី ហើយចូលទៅរកព្រះលោកនាយក។ ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ជ្រាបច្បាស់នូវលោក គួរទទួលនូវគ្រឿងបូជា ទ្រង់កំពុងប្រកាសសច្ចៈ ៤ សម្តែងនូវអមតបទគឺព្រះនិព្វាន។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ កាន់យកផ្កាឈូករីកល្អ ចូលទៅថ្វាយព្រះមហេសី ហើយថ្វាយបង្គំព្រះពុទ្ធ។ ខ្ញុំបូជាព្រះសម្ពុទ្ធ ជាលោកនាយក ព្រះនាមបទុមុត្តរៈ រួចហើយធ្វើស្បែកខ្លាឆៀងស្មាម្ខាង ហើយពោលសរសើរព្រះលោកនាយកថា ព្រះសម្ពុទ្ធជាបុគ្គលមិនមានអាសវៈ គង់នៅក្នុងទីនេះ ដោយញាណណា ខ្ញុំសរសើរនូវញាណនោះ អ្នកទាំងឡាយចូរស្តាប់ខ្ញុំនឹងសម្តែង។ ព្រះអង្គកាត់នូវខ្សែសំសារវដ្តបានហើយ ទ្រង់ញុំាងសព្វសត្វទាំងឡាយ ឲ្យឆ្លងផុតបានទៀត ពួកសត្វទាំងនោះ ឆ្លងនូវខ្សែនៃតណ្ហាបាន ព្រោះតែបានស្តាប់ធម៌របស់ព្រះអង្គ។ មិនតែប៉ុណ្ណោះ ព្រះអង្គជាគ្រូ ជាទីប្រព្រឹត្តទៅក្នុងលោកខាងមុខរបស់សត្វទាំងឡាយ ជាទីពឹង ជាប្រទីបដ៏ឧត្តមជាងសត្វជើងពីរ ដូចជាទង់ ឬដូចជាទង់ជ័យ ពុំនោះសោត ដូចប្រាសាទ។ ពួកឈ្មួញជាច្រើនក្រុមទាំងប៉ុន្មានក្នុងលោក តែងពោលថា ព្រះអង្គជាបុគ្គលប្រសើរ ប្រកបដោយបញ្ញា ពួកជនទាំងនោះ សុទ្ធតែលុះក្នុងសំណាញ់ញាណរបស់ព្រះអង្គ។ ព្រះអង្គប្រកបដោយបញ្ញា ទ្រង់ញុំាងប្រជុំជនច្រើនឲ្យឆ្លងទុក្ខ ដោយញាណរបស់ព្រះអង្គ ជនទាំងឡាយ នឹងធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខបាន ព្រោះអាស្រ័យនូវការឃើញព្រះអង្គ។ បពិត្រព្រះអង្គមានបញ្ញាចក្ខុ ក្លិនណានីមួយ តែងផ្សាយទៅក្នុងលោក បពិត្រព្រះមហាមុនី ក្លិននោះ ពុំស្មើដោយក្លិនរបស់ព្រះអង្គជាបុញ្ញក្ខេត្តឡើយ។ បពិត្រព្រះមហាមុនី ព្រះអង្គមានចក្ខុ សូមញុំាងពួកសត្វឲ្យរួចចាកកំណើតតិរច្ឆាន និងនរក សូមសម្តែងនូវសន្តិបទ គឺព្រះនិពា្វន ឥតមានបច្ច័យតាក់តែងឲ្យទាន។

ព្រះលោកវិទូ ព្រះនាមបទុមុត្តរៈ ព្រះអង្គគួរទទួលនូវគ្រឿងបូជា ទ្រង់គង់នៅក្នុងភិក្ខុសង្ឃ ហើយត្រាស់គាថា ទាំងនេះថា បុគ្គលណា មានចិត្តជ្រះថ្លា បានបូជាញាណតថាគត ដោយដៃរបស់ខ្លួន តថាគតនឹងសរសើរបុគ្គលនោះ អ្នកទាំងឡាយចូរស្តាប់ តថាគតនឹងសម្តែងដូចតទៅនេះ បុគ្គលនេះ នឹងត្រេកអរក្នុងទេវលោក អស់ ៣០ ពាន់កប្ប នឹងបានជាស្តេចចក្រពត្តិ អស់មួយពាន់ដង។

ខ្ញុំជាអ្នកមានលាភ ដែលគេត្រូវបានដោយប្រពៃ បានហើយ ព្រោះបានញុំាងព្រះសម្ពុទ្ធ ព្រះអង្គមានវត្តដ៏ល្អឲ្យត្រេកអរ ខ្ញុំកំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញចោលហើយ ភពទាំងពួង ខ្ញុំបានដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្កាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជា្ជ ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឧទេនត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឧទេនត្ថេរាបទាន។

ឧទ្ទាន

តិស្សមេត្តេយ្យត្ថេរាបទាន ១ បុណ្ណកត្ថេរាបទាន ១ មេត្តគុត្ថេរាបទាន ១ ធោតកត្ថេរាបទាន ១ ឧបសីវត្ថេរាបទាន ១ នន្ទកត្ថេរាបទាន ១ ហេមកត្ថេរាបទាន ១ ជាគម្រប់ ៧ ក្នុងអបទាននោះ។ តោទេយ្យត្ថេរាបទាន ១ ជតុកណ្ណិកត្ថេរាបទាន ១ ឧទេនត្ថេរាបទាន ១ សុទ្ធតែមានយសច្រើន ក្នុងមេត្តេយ្យវគ្គនេះ មានគាថា ៣៨៣។

ចប់ មេត្តេយ្យវគ្គ ទី៤១។

ចប់ ភាគ៧៤។

 

លេខយោង

1)
តពីនេះទៅ យើងមិនយល់ មិនដឹងថា ជាពាក្យអ្នកណានិយាយ។
km/tipitaka/sut/kn/apd/sut.kn.apd.41.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann