km:tipitaka:sut:kn:apd:sut.kn.apd.55

ភទិ្ទយវគ្គ ទី៥៥

សង្ខេប

(?)

sut kn apd 55 បាលី cs-km: sut.kn.apd.55 អដ្ឋកថា: sut.kn.apd.55_att PTS: ?

ភទិ្ទយវគ្គ ទី៥៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

(៥៥. ភទ្ទិយវគ្គោ)

លកុណ្តកភទិ្ទយត្ថេរាបទាន ទី១

(១. លកុណ្ឌភទ្ទិយត្ថេរអបទានំ)

[១៣១] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់កើតឡើងក្នុងលោក ក្នុងកប្បទីមួយសែន អំពីកប្បនេះ។ កាលនោះ ខ្ញុំកើតជាសេដ្ឋីបុត្ត ក្នុងនគរហង្សវតី ជាអ្នកមានទ្រព្យច្រើន បានដើរទៅកាន់ទីសម្រាកស្មង ក៏ឆៀងចូលទៅកាន់អារាមរបស់សង្ឃ។ គ្រានោះ ព្រះអង្គជាប្រទីបនៃលោក ជានាយក កំពុងសម្តែងធម៌ ទ្រង់សរសើរសាវ័កដ៏ប្រសើរដែលមានសំឡេងពីរោះ ជាងពួកសាវ័ក ដែលមានសំឡេងពីរោះទាំងឡាយ។ ខ្ញុំឮព្រះពុទ្ធដីកានោះហើយ ក៏ត្រេកអរ បានធ្វើគ្រឿងសក្ការៈចំពោះព្រះមហេសី ហើយថ្វាយបង្គំបាទានៃព្រះសាស្តា រួចប្រាថ្នានូវតំណែងនោះ។

គ្រានោះ ព្រះពុទ្ធជានាយក ទ្រង់ព្យាករក្នុងកណ្តាលជំនុំសង្ឃថា អ្នកនឹងបាននូវតំណែងនុ៎ះ ដូចចិត្តប៉ុនប៉ង ក្នុងកាលអនាគត។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ មានមហាបុរស សម្ភពក្នុងត្រកូលស្តេចឱក្កាកៈ នឹងបានជាសាស្តា ព្រះនាមគោតម ត្រាស់ក្នុងលោក។ សេដ្ឋីបុត្តនេះ នឹងបានជាឱរស ដែលព្រះធម៌និម្មិត ជាអ្នកទទួលមត៌ក ក្នុងធម៌របស់ព្រះគោគម ជាសាវ័កនៃព្រះសាស្តា មាននាមថា ភទ្ទិយៈ។

ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតំកល់ទុកនូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយរបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស។ ព្រះជិនស្រី ព្រះនាមផុស្សៈ ជានាយក ដែលគេចូលទៅរកបានដោយកម្រ គេគ្របសង្កត់បានដោយក្រ ព្រះអង្គខ្ពង់ខ្ពស់ជាងលោកទាំងពួង ទ្រង់កើតឡើងក្នុងកប្បទី ៩២ អំពីកប្បនេះ។ ទ្រង់បរិបូណ៌ដោយចរណៈ ជាបុគ្គលប្រសើរ មានព្រះទ័យត្រង់ មានតេជះ ស្វែងរកប្រយោជន៍ដល់សព្វសត្វ ទ្រង់ញុំាងសត្វជាច្រើនឲ្យរួចចាកចំណង។ ខ្ញុំកើតជាសត្វតាវ៉ៅស នៅលើដើមស្វាយក្បែរគន្ធកុដិ ក្នុងនន្ទារាមរបស់ព្រះសាស្តានោះ។ គ្រានោះ ខ្ញុំបានឃើញព្រះជិនស្រី ជាទក្ខិណេយ្យបុគ្គលដ៏ខ្ពង់ខ្ពស់ ស្តេចកំពុងទៅបិណ្ឌបាត ហើយញុំាងចិត្តឲ្យជ្រះថ្លា ក៏ស្រែករំពងដោយសំឡេងដ៏ពីរោះ។ ខ្ញុំបានហើរទៅកាន់ឧទ្យានស្តេច ហើយពាំយកផ្លែស្វាយទុំ មានសម្បុរនៃសម្បកដូចមាស បង្អោនទៅជិតព្រះសម្ពុទ្ធ។ ព្រះជិនស្រី ទ្រង់ប្រកបដោយមហាករុណា ជានាយក ទ្រង់ជ្រាបច្បាស់នូវចិត្តរបស់ខ្ញុំហើយ ក៏យកបាត្រអំពីដៃភិក្ខុជាឧបដ្ឋាក (ហើយបង្អោនបាត្រទៅរកខ្ញុំជាសត្វតាវ៉ៅសនោះ) ខ្ញុំមានចិត្តរីករាយ បានដាក់ផ្លែស្វាយក្នុងបាត្រ ថ្វាយព្រះមហាមុនី រួចធ្វើអញ្ជលីដោយស្លាបទាំងពីរ ស្រែកដោយសំឡេងដ៏ពីរោះ កាលស្រែកដោយសំឡេងគួរត្រេកអរ គួរស្តាប់ ដ៏ទន់ពីរោះ ដើម្បីពុទ្ធបូជាហើយ ក៏ហើរទៅកាន់ទ្រនំ ហើយដេកលក់។ គ្រានោះ សត្វខ្វែង ជាសត្វចិត្តអាក្រក់ ហើរមកឆាបយកខ្ញុំ ដែលកំពុងមានចិត្តរីករាយ មានអធ្យាស្រ័យស្រឡាញ់ចំពោះព្រះពុទ្ធ។ ខ្ញុំច្យុតចាកអត្តភាពនោះ ក៏បានទទួលមហាសុខ ក្នុងឋានតុសិត (លុះច្យុតចាកឋានតុសិត) ក៏បានមកកាន់កំណើតមនុស្ស ព្រោះអានិសង្សនៃកុសលកម្មនោះឯង។ ក្នុងកប្បនេះ ព្រះពុទ្ធព្រះនាមកស្សបៈដោយគោត្រ មានផៅពង្សប្រសើរ មានយសធំ ព្រះអង្គប្រសើរជាងពួកអ្នកប្រាជ្ញ សេ្តចកើតឡើង។ ព្រះអង្គបំភ្លឺសាសនា គ្របសង្កត់តិរិ្ថយអាក្រក់ ទ្រង់ទូន្មានពួកវេនេយ្យសត្វ រួចហើយព្រះអង្គ ព្រមទាំងពួកសាវ័កបរិនិព្វានទៅ។ កាលព្រះអង្គ ជាបុគ្គលប្រសើរជាងសត្វលោក បរិនិព្វានហើយ ពួកជនច្រើនគ្នាកើតសេចក្តីជ្រះថ្លា នាំគ្នាធ្វើព្រះស្តូប ដើម្បីជាពុទ្ធបូជាចំពោះព្រះសាស្តា។ ពួកជនទាំងនោះ ប្រឹក្សាគ្នាយ៉ាងនេះថា យើងទាំងឡាយ នឹងឲ្យពួកជាងធ្វើព្រះស្តូបកំពស់ ៧ យោជន៍ ស្អិតស្អាងដោយកែវ ៧ ប្រការ ថ្វាយព្រះពុទ្ធជាមហេសី។ កាលនោះ ខ្ញុំជានាយកនៃសេនារបស់ព្រះបាទកិកិនៃដែនកាសី បានបង្គាប់ឲ្យគេធ្វើចេតិយ ដែលត្រូវមានទំហំធំ ឲ្យមកជាតូចវិញ។ គ្រានោះ ពួកជនទាំងនោះ ក៏នាំគ្នាធ្វើចេតិយតាមពាក្យខ្ញុំ កំពស់មួយយោជន៍ សឹងស្អិតស្អាងដោយកែវផ្សេងៗ ថ្វាយព្រះពុទ្ធ ជាអ្នកប្រាជ្ញប្រសើរជាងជន។ ដោយអំពើដែលខ្ញុំធ្វើដោយល្អនោះផង ដោយការតំកល់នូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវត្តិង្ស។ ក្នុងបច្ឆិមភព ឥឡូវនេះ ខ្ញុំកើតក្នុងត្រកូលសេដ្ឋីក្រុងសាវត្ថី ជាក្រុងដ៏ប្រសើរ ស្តុកស្តម្ភ ទូលាយ មានទ្រព្យច្រើន។ ខ្ញុំឃើញព្រះសុគត កំពុងចូលទៅក្នុងបុរី ក៏មានចិត្តស្ញប់ស្ញែង បានចូលទៅបួស មិនយូរប៉ុន្មាន ខ្ញុំក៏បានសម្រេចព្រះអរហត្ត។ ខ្ញុំបានធ្វើចេតិយឲ្យមានទំហំតូចណា ព្រោះអំពើនោះឯង បានជាខ្ញុំកើតមកមានសរីរៈតឿ គួរដល់ការមើលងាយ (នៃអ្នកផង)។ ខ្ញុំបានដល់នូវភាពជាបុគ្គលប្រសើរ (ខាងមានសំឡេងពីរោះ) ជាងពួកភិក្ខុដែលមានសំឡេងពីរោះ ព្រោះបានបូជាព្រះពុទ្ធ ជាឥសីទី ៧ ដោយសំឡេងដ៏ពីរោះ។ ខ្ញុំបានសម្រេចនូវសាមញ្ញផល ឥតមានអាសវៈ ព្រោះបានថ្វាយផ្លែស្វាយដល់ព្រះពុទ្ធ និងការនឹករលឹកគុណនៃព្រះពុទ្ធ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ បានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះលកុណ្តកភទ្ទិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ លកុណ្តកភទ្ទិយត្ថេរាបទាន។

កង្ខារេវតត្ថេរាបទាន ទី២

(២. កង្ខារេវតត្ថេរអបទានំ)

[១៣២] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់មានបញ្ញាចក្ខុក្នុងធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ។ ព្រះសម្ពុទ្ធទ្រង់មានចង្កាដូចចង្កាសីហៈ មានព្រះសូរសៀងដូចសំឡេងព្រហ្ម មានសូរសព្ទដូចហង្ស និងស្គរ មានពុទ្ធដំណើរដូចដំរីដែលក្លៀវក្លា មានរស្មីដូចព្រះចន្ទ្រ និងព្រះអាទិត្យជាដើម។ មានប្រាជ្ញាច្រើន មានព្យាយាមធំ មានឈានធំ មានគតិធំ ប្រកបដោយមហាករុណា ជាទីពឹងនៃសត្វលោក ទ្រង់កំចាត់បង់នូវងងឹតធំ គឺមោហៈ។ ព្រះអង្គជាកំពូលនៃត្រៃលោក ទ្រង់ជ្រាបច្បាស់នូវចិត្តសត្វ ជាអ្នកប្រាជ្ញ កាលទូន្មាននូវវេនេយ្យសត្វហើយ ទ្រង់សម្តែងធម៌ច្រើន។ ព្រះជិនស្រី ទ្រង់សរសើរនូវបុគ្គលអ្នកមានឈាន ត្រេកអរក្នុងឈាន មានព្យាយាម មានចិត្តស្ងប់រម្ងាប់ មិនល្អក់ ទ្រង់ញុំាងពួកជនឲ្យត្រេកអរក្នុងកណ្តាលបរិស័ទ។ កាលនោះ ខ្ញុំជាព្រាហ្មណ៍ ដល់នូវត្រើយនៃវេទ នៅក្នុងក្រុងហង្សវតី លុះស្តាប់ធម៌ហើយ មានចិត្តរីករាយ ទើបប្រាថ្នានូវតំណែងនោះ។

គ្រានោះ ព្រះជិនស្រី ជានាយក ទ្រង់ព្យាករក្នុងកណ្តាលនៃជំនុំសង្ឃថា ម្នាលព្រាហ្មណ៍ អ្នកចូរត្រេកអរចុះ អ្នកនឹងបាននូវតំណែងនុ៎ះ ដូចចិត្តប៉ុនប៉ងពុំខាន។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ មានមហាបុរស សម្ភពក្នុងត្រកូលស្តេចឱក្កាកៈ នឹងបានជាសាស្តាក្នុងលោក ព្រះនាមគោតម។ ព្រាហ្មណ៍នេះ នឹងបានជាឱរសដែលព្រះធម៌និម្មិត ជាអ្នកទទួលមត៌ក ក្នុងធម៌របស់ព្រះគោតមនោះ ជាសាវ័ករបស់ព្រះសាស្តា មាននាមថា រេវតៈ។

ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតំកល់ទុកចេតនានោះផង លុះខ្ញុំលះបង់រាងកាយរបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវត្តិង្ស។ ក្នុងបច្ឆិមភព ឥឡូវនេះ ខ្ញុំកើតក្នុងត្រកូលក្សត្រ ជាត្រកូលសម្បូណ៌ ស្តុកស្តម្ភទូលាយ មានទ្រព្យច្រើន នៅក្នុងក្រុងកោលិយៈ។ កាលណា ព្រះពុទ្ធទ្រង់សម្តែងធម៌ ក្នុងក្រុងកបិលវត្ថុ កាលនោះ ខ្ញុំជ្រះថ្លាចំពោះព្រះសុគត ហើយចូលទៅកាន់ផ្នួស។ ខ្ញុំមានសេចក្តីសង្ស័យច្រើន ក្នុងវត្ថុគួរ និងមិនគួរនោះៗ ព្រះពុទ្ធសម្តែងធម៌ដ៏ឧត្តម កំចាត់បង់នូវសេចក្តីសង្ស័យទាំងអស់នោះបាន។ ហេតុនោះ ខ្ញុំឈ្មោះថា ជាអ្នកមានសង្សារឆ្លងផុតហើយ ត្រេកអរចំពោះសេចក្តីសុខក្នុងឈាន។ គ្រានោះ ព្រះពុទ្ធទ្រង់ឃើញខ្ញុំហើយ ទ្រង់ប្រកាសពាក្យនេះថា

សេចក្តីសង្ស័យណាមួយក្នុងលោកនេះ ឬក្នុងលោកខាងមុខ ពួកបុគ្គលមានឈាន មានព្យាមយាម ជាអ្នកប្រព្រឹត្តព្រហ្មចរិយៈ តែងលះបង់នូវសេចក្តីសង្ស័យនោះបាន ដោយប្រាជ្ញានៃខ្លួន ឬដោយប្រាជ្ញានៃអ្នកដទៃ។ អំពើដែលខ្ញុំបានធ្វើក្នុងកប្បទីមួយសែន ក៏បង្ហាញផលដល់ខ្ញុំក្នុងជាតិនេះ ខ្ញុំបានដុតបំផ្លាញកិលេសទាំងឡាយហើយ ដូចសន្ទុះសរដែលរបូតផុតចេញ (ចាកធ្នូ)។ ព្រះមុនី ទ្រង់ដល់នូវទីបំផុតនៃលោក មានប្រាជ្ញាច្រើន ទ្រង់ឃើញខ្ញុំជាអ្នកត្រេកអរក្នុងឈានដូច្នោះ ក៏តាំងខ្ញុំជាអ្នកប្រសើរ ជាងពួកភិក្ខុអ្នកមានឈាន។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះកង្ខារេវតត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កង្ខារេវតត្ថេរាបទាន។

សីវលិត្ថេរាបទាន ទី៣

(៣. សីវលិត្ថេរអបទានំ)

[១៣៣] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ មានបញ្ញាចក្ខុក្នុងធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ។ សីលរបស់ព្រះអង្គ រាប់មិនបាន សមាធិឧបមាដូចកែវវជីរ ញាណដ៏ប្រសើរ ក៏រាប់មិនអស់ ទាំងវិមុត្តិ ក៏រកអ្វីប្រៀបផ្ទឹមគ្មាន។ ព្រះនាយក ទ្រង់សម្តែងធម៌ក្នុងទីប្រជុំ ដ៏កុះករដោយសមណៈ និងព្រាហ្មណ៍ ដល់ពួកមនុស្ស ទេវតា នាគ និងព្រហ្ម។ ព្រះពុទ្ធទ្រង់ក្លៀវក្លាក្នុងពួកបរិស័ទ ស្តេចតាំងសាវ័ករបស់ព្រះអង្គ ដែលជាអ្នកសម្បូណ៌លាភ មានបុណ្យ ទ្រទ្រង់នូវសេចក្តីរុងរឿង ក្នុងទីជាឯតទគ្គៈ។ កាលនោះ ខ្ញុំកើតជាក្សត្រ ក្នុងនគរឈ្មោះហំសសៈ បានឮព្រះពុទ្ធដីកានៃព្រះជិនស្រីផង ឮគុណនៃសាវ័កច្រើនផង។ ខ្ញុំបាននិមន្តព្រះសាស្តា ព្រមទាំងសាវ័កឲ្យឆាន់ចង្ហាន់ អស់ ៧ ថ្ងៃ លុះថ្វាយមហាទានរួចហើយ ទើបប្រាថ្នានូវតំណែងនោះ។ គ្រានោះ ព្រះពុទ្ធជាបុរសប្រសើរ ជាអ្នកប្រាជ្ញ ទ្រង់ឃើញខ្ញុំ ក្រាបទៀបព្រះបាទា ក៏ទ្រង់ត្រាស់ពាក្យនេះ ដោយព្រះសូរសៀងដ៏ពីរោះ។ លំដាប់នោះ ពួកមហាជន ទាំងពួកទេវតា គន្ធព្វ ពួកព្រហ្មមានឫទ្ធិច្រើន និងពួកសមណព្រាហ្មណ៍ មានប្រាថ្នាដើម្បីស្តាប់នូវព្រះពុទ្ធដីកានៃព្រះជិនស្រីហើយ ក៏នាំគ្នាធ្វើអញ្ជលីនមស្ការថា បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះអង្គជាបុរសខ្ពង់ខ្ពស់ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ។ បពិត្រព្រះមហាមុនី ខ្ញុំព្រះអង្គទាំងឡាយ ចង់ស្តាប់អានិសង្សនៃមហាទាន ដែលព្រះមហាក្សត្រទ្រង់បានថ្វាយ អស់ ៧ ថ្ងៃ សូមព្រះអង្គទ្រង់ព្យាករនូវផលនៃមហាទាននោះ។

លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អ្នកទាំងឡាយ ចូរចាំស្តាប់ភាសិតតថាគតដូចតទៅនេះចុះ ទក្ខិណាទាន ដែលព្រះមហាក្សត្របានតំកល់ទុកក្នុងព្រះពុទ្ធ ព្រមទាំងព្រះសង្ឃ ដែលជាអ្នកមានគុណសម្បត្តិប្រមាណមិនបាន ទក្ខិណាទាននោះ នឹងរកអ្នកណាពោលថា មានអានិសង្សប៉ុណ្ណេះ ឬប៉ុណ្ណោះបានឡើយ ដ្បិតទក្ខិណាទាននោះ មានផលប្រមាណមិនបានទេ មួយទៀត ព្រះមហាក្សត្រដែលមានភោគៈច្រើននេះ ប្រាថ្នានូវតំណែងដ៏ខ្ពង់ខ្ពស់ថា សុទស្សនភិក្ខុ ជាអ្នកបានលាភដ៏ទូលាយទាំងឡាយ យ៉ាងណា អាត្មាអញ សូមឲ្យបាននូវលាភយ៉ាងនោះ ព្រះមហាក្សត្រ នឹងបាននូវដំណែងនេះ ក្នុងកាលអនាគតជាប្រាកដ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ មានមហាបុរសសម្ភពក្នុងត្រកូលស្តេចឱក្កាកៈ នឹងបានជាសាស្តា ព្រះនាមគោតម នឹងត្រាស់ឡើងក្នុងលោក។ ព្រះមហាក្សត្រនេះ នឹងបានជាឱរសដែលព្រះធម៌និម្មិត ជាអ្នកទទួលមត៌កក្នុងធម៌នៃព្រះគោតមនោះ ជាសាវ័កនៃព្រះសាស្តា មាននាមថា សីវលី។ ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតំកល់ទុកនូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស។ ព្រះលោកនាយក ព្រះនាមវិបស្សី មានព្រះនេត្រដូចមាស ឃើញនូវធម៌ទាំងពួង ស្តេចកើតឡើងក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ។ កាលនោះ ខ្ញុំជាអ្នកចេះថែរក្សា រវាសរវៃ និងការឈឺឆ្អាលក្នុងការងារ របស់ត្រកូលមួយ នៅក្នុងនគរពន្ធុមតី។ គ្រានោះ ពួកជនមួយក្រុម បានឲ្យជាងកសាងបរិវេណ ដែលប្រាកដថាជាបរិវេណធំ ថ្វាយព្រះពុទ្ធ ព្រះនាមវិបស្សី ទ្រង់ស្វែងរកគុណដ៏ធំ។ លុះធ្វើបរិវេណរួចស្រេច ពួកជនទាំងនោះនាំគ្នាថ្វាយមហាទាន ប្រកបដោយបង្អែម ខ្ញុំពិនិត្យមើល (ក្នុងមហាទាននោះ) មិនឃើញមានទឹកដោះជូរថ្មី និងទឹកឃ្មុំសោះ។ គ្រានោះ ខ្ញុំកំពុងតែកាន់ទឹកដោះជូរថ្មី និងទឹកឃ្មុំដើរទៅផ្ទះនៃម្ចាស់ការងារ ស្រាប់តែពួកអ្នកស្វែងរកវត្ថុនោះ បានជួបនឹងខ្ញុំ។ គេបានឲ្យថ្លៃ ២០០ រហូតដល់ ១ ពាន់ ក៏នៅតែមិនបាន លំដាប់នោះ ខ្ញុំគិតថា វត្ថុនុ៎ះ មិនមែនជារបស់ថោកទាប។ ពួកជនទាំងនេះ គ្រប់គ្នាធ្វើសក្ការៈចំពោះព្រះតថាគតយ៉ាងណា អាត្មាអញនឹងធ្វើសក្ការៈចំពោះព្រះលោកនាយក ព្រមទាំងព្រះសង្ឃ យ៉ាងនោះដែរ។ គ្រានោះ ខ្ញុំបាននាំយកទឹកដោះជូរ និងទឹកឃ្មុំ ចាក់លាយគ្នា ហើយថ្វាយដល់ព្រះលោកនាថ ព្រមទាំងព្រះសង្ឃ ក្នុងកាលនោះ។ ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតំកល់ទុកនូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវត្តិង្ស។ តពីនោះមក ខ្ញុំកើតជាស្តេចមានយសធំ ក្នុងក្រុងពារាណសី ជាអ្នកប្រទូស្តចំពោះសត្រូវ បានបិទទ្វារនគរ។ គ្រានោះ ពួកអ្នកនគរដែលត្រូវខ្ញុំបិទទ្វាររក្សាទុកអស់មួយថ្ងៃ កើតសេចក្តីក្តៅក្រហាយ លំដាប់អំពីនោះមក ខ្ញុំទៅកើតក្នុងនរកដ៏លាមកខ្លាំងក្លា ព្រោះផលនៃអំពើនោះឯង។ ក្នុងបច្ឆិមភព ឥឡូវនេះ ខ្ញុំកើតក្នុងកោលិយបុរី មាតារបស់ខ្ញុំ ឈ្មោះសុប្បវាសា បិតាខ្ញុំ ឈ្មោះមហាលិលច្ឆវី។ ខ្ញុំនៅជាទុក្ខក្នុងផ្ទៃមាតា អស់ ៧ ឆ្នាំ ខ្ញុំវង្វេងទ្វារយោនី អស់ ៧ ថ្ងៃ ពេញពោរដោយមហាទុក្ខ ព្រោះហេតុតែបិទទ្វារនគរ ដោយអាងបុណ្យនៃខ្លួនជាក្សត្រ មាតារបស់ខ្ញុំកើតទុក្ខយ៉ាងនោះដែរ ព្រោះឲ្យឆន្ទៈដល់ខ្ញុំ។ ក្នុងថ្ងៃដែលប្រសូតចេញមក ខ្ញុំប្រសូតចេញមកដោយសុវត្ថិភាព ត្រូវព្រះពុទ្ធអនុគ្រោះ ក៏បានចូលទៅកាន់ផ្នួស។ ព្រះសារីបុត្រ ជាឧបជ្ឈាយ៍របស់ខ្ញុំ ព្រះមោគ្គល្លានមានឫទ្ធិច្រើន មានប្រាជ្ញាច្រើន បានកោរសក់ ហើយប្រៀនប្រដៅខ្ញុំ។ កាលដែលសក់ដាច់ចុះ ខ្ញុំក៏បានលុះអរហត្ត ពួកទេវតា នាគ និងពួកមនុស្ស តែងបង្អោនបច្ច័យទាំងឡាយ មកឲ្យខ្ញុំ។ ខ្ញុំមានចិត្តរីករាយ បានបូជាព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ និងព្រះនាយក ព្រះនាមវិបស្សី ដោយបច្ច័យទាំងឡាយដ៏វិសេស។ ព្រោះហេតុនោះ ទើបខ្ញុំបាននូវលាភដ៏ទូលាយ ខ្ពង់ខ្ពស់ ក្នុងទីសព្វអន្លើ គឺព្រៃ ស្រុក ទីទឹក ទីគោក ដោយផលដ៏វិសេសនៃកម្មទាំងនោះ។ កាលណា ព្រះសម្ពុទ្ធជានាយក ព្រះអង្គជាកំពូលនៃលោក នឹងដឹកនាំសត្វ ស្តេចទៅជួបនឹងព្រះថេរៈឈ្មោះរេវតៈ មួយអន្លើដោយភិក្ខុ ៣ ម៉ឺនរូប កាលនោះ ព្រះពុទ្ធ ទ្រង់មានយោបល់ធំ មានព្យាយាមធំ ជានាយកនៃលោក ព្រមទាំងព្រះសង្ឃ ត្រូវខ្ញុំបំរើដោយបច្ច័យទាំងឡាយ ដែលពួកទេវតាបង្អោនចូលមក ដើម្បីប្រយោជន៍ដល់ខ្ញុំ ហើយទ្រង់ជួបនឹងព្រះថេរៈ ឈ្មោះរេវតៈ លំដាប់នោះ ទ្រង់យាងទៅកាន់វត្តជេតពនវិញ ក៏តាំងខ្ញុំក្នុងទីជាឯតទគ្គៈ។ ព្រះសាស្តា ទ្រង់ទំនុកបម្រុងសត្វលោកទាំងពួង ស្តេចសរសើរខ្ញុំ ក្នុងកណ្តាលពួកបរិស័ទថា ម្នាលភិក្ខុទាំងឡាយ បណ្តាសិស្សទាំងឡាយរបស់តថាគត មានតែភិក្ខុសីវលីមួយទេ ជាអ្នកប្រសើរជាងពួងភិក្ខុអ្នកស្វាក់លាភ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសីវលិត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សីវលិត្ថេរាបទាន។

វង្គីសត្ថេរាបទាន ទី៤

(៤. វង្គីសត្ថេរអបទានំ)

[១៣៤] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ព្រះអង្គមានបញ្ញាចក្ខុក្នុងធម៌ទាំងពួង ជានាយក ទ្រង់កើតឡើងហើយ ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ។ រលកក្នុងសាគរ និងពួកផ្កាយឰដ៏អាកាស យ៉ាងណាមិញ សាសនារបស់ព្រះពុទ្ធអង្គនោះ ដ៏វិចិត្រហើយ ដោយពួកព្រះអរហន្ត ក៏យ៉ាងនោះដែរ។ ព្រះជិនស្រីដ៏ឧត្តមនោះ មានពួកមនុស្ស ព្រមទាំងទេវតា អសុរ នាគ ចោមរោមក្នុងកណ្តាលប្រជុំជន កុះករដោយសមណៈ និងព្រាហ្មណ៍។ ព្រះជិនស្រីនោះ ព្រះអង្គដល់នូវទីបំផុតនៃលោក ក្នុងលោក ទ្រង់ញុំាងឈូកគឺវេនេយ្យសត្វ ឲ្យពេញចិត្តដោយរស្មីទាំងឡាយ ឲ្យត្រាស់ដឹងដោយពាក្យ (របស់ព្រះអង្គ)។ ព្រះអង្គបរិបូណ៌ដោយវេសារជ្ជធម៌ទាំង ៤ ជាបុរសដ៏ឧត្តម មានភ័យ និងសេចក្តីកោតញញើតលះបង់ហើយ ទ្រង់ដល់នូវទីដ៏ក្សេម ជាអ្នកក្លៀវក្លា។ ព្រះអង្គជាបុគ្គលប្រសើរក្នុងលោក ទ្រង់ប្តេជ្ញានូវពុទ្ធភូមិ ដែលជាទីដ៏ប្រសើរថ្លៃថ្លាទាំងអស់ ព្រះអង្គគ្មានបុគ្គលណាមួយដាស់តឿនឡើយ។ កាលព្រះអង្គជាតាទិបុគ្គល បន្លឺនូវសីហនាទ ឥតមានញញើត មិនមានទេវតា និងនរជន ឬព្រហ្មពោលតបតបានឡើយ។ ព្រះអង្គកាលសម្តែងធម៌ដ៏ប្រសើរ ញុំាងមនុស្ស ព្រមទាំងទេវតាឲ្យឆ្លង (នូវវដ្តៈទាំង ៣) ញុំាងធម្មចក្រ ឲ្យប្រព្រឹត្តទៅ ទ្រង់ជាអ្នកក្លៀវក្លាក្នុងបរិស័ទ។ ព្រះអង្គប្រកាសនូវគុណដ៏ច្រើន នៃសាវ័កមួយរូប ដ៏ប្រសើរជាងពួកលោកមានបដិភាណ ដែលគេសន្មតថាជាសប្បុរស ហើយតាំងសាវ័កនោះ ក្នុងទីជាឯតទគ្គៈ។ កាលនោះ ខ្ញុំកើតជាព្រាហ្មណ៍ឈ្មោះវង្គីសៈ នៅក្នុងនគរហង្សវតី ចេះចប់នូវវេទសព្វគ្រប់ គេសន្មតថាជាសប្បុរស ជាអ្នកបង្ហូរនូវពាក្យប្រៀនប្រដៅ។ ខ្ញុំបានចូលទៅជិតព្រះអង្គមានព្យាយាមធំ ហើយស្តាប់ធម៌ទេសនា បាននូវបីតិដ៏ប្រសើរ ក៏ត្រេកអរក្នុងគុណនៃសាវ័ក។ កាលនោះ ខ្ញុំនិមន្តព្រះសុគត ព្រមទាំងព្រះសង្ឃ ដែលជាអ្នកញុំាងសត្វលោកឲ្យត្រេកអរ មកឆាន់អស់ ៧ ថ្ងៃ ហើយឲ្យគេបិទបាំងដោយសំពត់ទាំងឡាយ។ ខ្ញុំបានក្រាបក្បាលទៀបព្រះបាទា (នៃព្រះអង្គ) លុះព្រះអង្គបើកឱកាសឲ្យខ្ញុំហើយ ខ្ញុំបានធ្វើនូវអញ្ជលី ឋិតនៅក្នុងទីដ៏សមគួរ មានចិត្តត្រេកអរ សរសើរនូវព្រះជិនស្រីដ៏ឧត្តមថា បពិត្រព្រះអង្គ ទ្រង់បង្ហូរនូវពាក្យប្រៀនប្រដៅ ខ្ញុំសូមថ្វាយបង្គំព្រះអង្គ បពិត្រព្រះអង្គជាឥសីទី ៧ ខ្ញុំសូមថ្វាយបង្គំព្រះអង្គ បពិត្រព្រះអង្គជាបុគ្គលប្រសើរជាងសត្វលោកទាំងអស់ ខ្ញុំសូមក្រាបថ្វាយបង្គំព្រះអង្គ បពិត្រព្រះអង្គទ្រង់ធ្វើនូវអភ័យ ខ្ញុំសូមក្រាបថ្វាយបង្គំព្រះអង្គ។ បពិត្រព្រះអង្គ ទ្រង់ញំាញីនូវមារ ខ្ញុំសូមក្រាបថ្វាយបង្គំព្រះអង្គ បពិត្រព្រះអង្គទ្រង់បង្ហូរនូវទិដ្ឋិ ខ្ញុំសូមក្រាបថ្វាយបង្គំព្រះអង្គ បពិត្រព្រះអង្គទ្រង់ឲ្យនូវសន្តិសុខ ខ្ញុំសូមក្រាបថ្វាយបង្គំព្រះអង្គ បពិត្រព្រះអង្គទ្រង់ធ្វើនូវទីពឹង ខ្ញុំសូមក្រាបថ្វាយបង្គំព្រះអង្គ។ ព្រះអង្គដ៏ចម្រើន ជាទីពឹងនៃសត្វដែលពុំមានទីពឹង ទ្រង់ប្រទាននូវអភ័យដល់សត្វដែលមានភ័យ ទ្រង់ស្និទ្ធស្នាលរបស់សត្វទាំងឡាយ ដែលមានភូមិដ៏ស្ងប់ ជាទីពឹងរបស់ពួកជនអ្នកស្វែងរកនូវទីពឹង។ លុះខ្ញុំសរសើរព្រះសម្ពុទ្ធមានគុណធំ ដោយពាក្យទាំងឡាយ មានយ៉ាងនេះជាដើម រួចបានពោលថា ខ្ញុំសូមដល់នូវគតិរបស់ភិក្ខុ ដែលជាអ្នកក្លៀវក្លា ជាងភិក្ខុអ្នកមានវាទៈក្លៀវក្លា។

កាលនោះ ព្រះមានព្រះភាគ ព្រះអង្គមានបដិភាណគ្មានទីបំផុត បានត្រាស់ថា បុគ្គលណា បានញុំាងព្រះពុទ្ធ ព្រមទាំងសាវ័ក ឲ្យឆាន់អស់ ៧ ថ្ងៃ ជ្រះថ្លា (ប្រណម្យ) ដោយដៃរបស់ខ្លួន សរសើរនូវគុណនៃតថាគត បុគ្គលនុ៎ះ បា្រថ្នានូវតំណែងរបស់ភិក្ខុអ្នកក្លៀវក្លាក្នុងវាទៈ។ បុគ្គលនុ៎ះ នឹងសោយសម្បត្តិទេវតា និងសម្បត្តិមនុស្សដ៏ច្រើន ហើយបាននូវតំណែងជាទីពេញចិត្តនោះ ក្នុងអនាគតកាល។ ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ មានមហាបុរសទ្រង់កើតក្នុងឱក្កាកត្រកូល នឹងបានជាព្រះសាស្តា ទ្រង់ព្រះនាមគោតម ត្រាស់ឡើងក្នុងលោក។ បុរសនោះ ជាទាយាទក្នុងធម៌ទាំងឡាយរបស់ព្រះអង្គ ជាឱរស ជាធម្មនិម្មិត ជាសាវ័កនៃព្រះសាស្តាអង្គនោះ មានឈ្មោះថា វង្គីសៈ។

កាលនោះ ខ្ញុំឮនូវពាក្យព្យាករណ៍នោះហើយ ក៏ជាបុគ្គលមានចិត្តទន់ មានចិត្តមេត្តា បានបម្រើនូវព្រះតថាគតជិនស្រីដោយបច្ច័យទាំងឡាយ ដរាបដល់អស់ជីវិត។ ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតំកល់ទុកចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវត្តិង្ស។ ដល់មកក្នុងបច្ឆិមភព ឥឡូវនេះ ខ្ញុំបានមកកើតក្នុងត្រកូលបរិព្វាជក មានអាយុ ៧ ឆ្នាំ រាប់អំពីកំណើត ក៏ចេះចប់នូវត្រៃវេទទាំងអស់ ក្លៀវក្លាដោយវាទសាស្រ្ត មានសំឡេងដ៏ពីរោះ មានសំដីដ៏វិចិត្រ ជាអ្នកញំាញីនូវវាទៈនៃបុគ្គលដទៃ។ ឯនាមដ៏ប្រសើររបស់ខ្ញុំ ដែលលោកសន្មតហើយថា វង្គីសៈ ព្រោះកើតក្នុងវង្គជនបទ ឬថា វង្គីសៈ ព្រោះជាឥស្សរៈក្នុងពាក្យ។ កាលណា ខ្ញុំបានដឹងក្តី ឋិតនៅក្នុងបឋមវ័យ កាលនោះ ខ្ញុំបានជួបនឹងព្រះសារីបុត្ត ក្នុងក្រុងរាជគ្រិះ ដែលជាទីរីករាយ។

ចប់ ភាណវារៈ ទី២៥។

ខ្ញុំឃើញព្រះសារីបុត្តនោះ កំពុងត្រាច់ទៅបិណ្ឌបាត មានបាត្រក្នុងដៃ លោកសង្រួមល្អ មានភ្នែកមិនរឡេមរឡាម និយាយល្មមកំណត់ ក្រឡេកមើលត្រឹមមួយជួរនឹម លុះឃើញលោកហើយ មានសេចក្តីអស្ចារ្យ បានពោលពាក្យគួរសម ជាបទគាថាវិចិត្រ ដូចផ្កាកណិការដែលគេវិចិត្រហើយ។ លោកក៏ប្រាប់ខ្ញុំ នូវព្រះសម្ពុទ្ធទ្រង់ជាសាស្តា ជាលោកនាយក កាលនោះ លោកជាបណ្ឌិតមានបា្រជ្ញា បានប្រាប់ខ្ញុំតទៅទៀត។ ខ្ញុំត្រូវលោកជាតាទិបុគ្គល ធ្វើពាក្យប្រកបដោយវិរាគៈដ៏ឧត្តម ដែលគេឃើញបានដោយកម្រ ឲ្យត្រេកអរដោយបដិភាណដ៏វិចិត្រទាំងឡាយ។ ខ្ញុំក៏ឱនក្បាលទៀបព្រះបាទា ហើយពោលថា សូមលោកម្ចាស់បំបួសខ្ញុំ លំដាប់នោះ ព្រះសារីបុត្ត មានប្រាជ្ញាច្រើននោះ នាំខ្ញុំចូលទៅរកព្រះពុទ្ធដ៏ប្រសើរ។ ខ្ញុំឱនក្បាលទៀបព្រះបាទា អង្គុយក្នុងសំណាក់នៃព្រះសាស្តា ឯព្រះសាស្តា ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់មានព្រះពុទ្ធដីកានឹងខ្ញុំថា ម្នាលវង្គីសៈ សិប្បៈណាមួយរបស់អ្នក មានពិតឬ។ ក្បាលមនុស្សដែលស្លាប់ហើយ បើអ្នកអាច (ដឹងក្បាលមនុស្ស) ដែលស្លាប់ ទៅកាន់សុគតិ ឬទុគ្គតិ ដោយវិជ្ជាវិសេសរបស់អ្នក អ្នកចូរប្រាប់មកចុះ។ ខ្ញុំបានទទួលពាក្យប្តេជ្ញាថា ព្រះករុណាព្រះអង្គ ព្រះពុទ្ធទ្រង់បង្ហាញនូវក្បាល ៣ ខ្ញុំក៏ក្រាបទូលចំពោះក្បាល (មនុស្ស) ដែលទៅកើតក្នុងនរក និងទេវតា។ កាលនោះ ព្រះលោកនាយក បង្ហាញនូវក្បាលរបស់ព្រះខីណាស្រព លំដាប់នោះ ខ្ញុំទាល់គំនិត ក៏សូមបព្វជ្ជា។ លុះខ្ញុំបព្វជ្ជាហើយ ក៏សរសើរព្រះសុគត តាមតែក្នុងទីណាៗ ក៏ដោយ លំដាប់នោះ ភិក្ខុទាំងឡាយលើកទោស ថាជាអ្នករីករាយក្នុងកាព្យ។ លំដាប់នោះ ព្រះពុទ្ធជានាយក ទ្រង់ត្រាស់ដើម្បីល្បងមើលចំពោះខ្ញុំថា លុះតែបុគ្គលទាំងឡាយ ជាអ្នកត្រិះរិះ ទើបពោលគាថាទាំងឡាយ តាមដំណើរបាន មែនឬទេ។ បពិត្រព្រះអង្គមានព្យាយាម ខ្ញុំព្រះអង្គមិនមែនជាអ្នកយកចិត្តតិចតួចក្នុងកាព្យទេ តែខ្ញុំព្រះអង្គពោលនូវគាថាទាំងឡាយ តាមដំណើរបាន។ ម្នាលវង្គីសៈ បើដូច្នោះ ឥឡូវនេះ អ្នកចូរសរសើរតថាគតតាមហេតុ ជាគាថាមកមើល។ កាលនោះ ខ្ញុំសរសើរព្រះអង្គជាអ្នកប្រាជ្ញ ជាឥសីទី ៧ ដោយគាថាទាំងឡាយ។ ព្រះជិនស្រីអង្គនោះ មានព្រះហឫទ័យត្រេកអរមួយរំពេច ក៏តាំងខ្ញុំក្នុងទីជាឯតទគ្គៈ។ ខ្ញុំកន្លងបង់នូវបុគ្គលដទៃ ដោយចិត្តដ៏ឈ្លាសវៃបាន ខ្ញុំជាបុគ្គលមានសីលជាទីស្រឡាញ់ មានសេចក្តីសង្វេគ ដោយបដិភាណចិត្ត ក៏បានដល់នូវអរហត្ត។

ភិក្ខុដទៃណាមួយ ជាបុគ្គលប្រសើរជាងភិក្ខុ អ្នកមានបដិភាណ ដូចជាវង្គីសភិក្ខុនេះ មិនមានទេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចាំទុកយ៉ាងនេះចុះ។

កម្មដែលខ្ញុំធ្វើហើយ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ក៏ឲ្យផលដល់ខ្ញុំ ក្នុងលោកនេះ ខ្ញុំដកផុតចាកកិលេសហើយ ដូចជាសន្ទុះសរ របូតផុតចាកបំពង់ព្រួញ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះវង្គីសត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ វង្គីសត្ថេរាបទាន។

នន្ទកត្ថេរាបទាន ទី៥

(៥. នន្ទកត្ថេរអបទានំ)

[១៣៥] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់មានបញ្ញាចក្ខុក្នុងធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ។ ព្រះអង្គជាបុរសអាជានេយ្យ ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់ស្តេចទៅក្នុងមនុស្សលោក និងទេវលោក ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដើម្បីសេចក្តីចម្រើន ដល់សព្វសត្វទាំងឡាយ។ ព្រះជិនស្រី ព្រះអង្គដល់នូវយសដ៏ប្រសើរ មានសិរី ពេញប្រៀបដោយកិត្តិគុណ ដែលសត្វលោកទាំងពួងបូជាហើយ ល្បីខ្ចរខ្ចាយសព្វទិស។ ព្រះជិនស្រីនោះ មានវិចិកិច្ឆាឆ្លងផុតហើយ មានសេចក្តីសង្ស័យកន្លងហើយ មានសេចក្តីត្រិះរិះក្នុងព្រះចិន្តាពេញបរិបូណ៌ ទ្រង់ដល់នូវសម្ពោធិញ្ញាណដ៏ឧត្តម។ ព្រះអង្គជានរៈដ៏ឧត្តម ទ្រង់ញុំាងមគ្គដែលមិនទាន់កើតឲ្យកើតឡើង ទ្រង់ប្រាប់នូវពាក្យដែលគេមិនទាន់និយាយ ទ្រង់បង្កើតនូវធម្មជាតដែលមិនទាន់កើត។ ព្រះអង្គជាអ្នកស្គាល់នូវផ្លូវ ជ្រាបច្បាស់នូវផ្លូវ ជាអ្នកប្រាប់នូវផ្លូវ ជាអ្នកអង់អាចជាងនរៈ ជាសាស្តាចារ្យដ៏ឈ្លាសវៃក្នុងផ្លូវ ជានរៈដ៏ឧត្តម ជាងសារថីទាំងឡាយ។ ក្នុងកាលនោះ ព្រះលោកនាយក ទ្រង់ប្រកបដោយមហាករុណា ទ្រង់សម្តែងនូវធម៌ ហើយស្រង់ពួកសត្វដែលមុជចុះក្នុងភក់គឺមោហៈ។ ព្រះមហាមុនី ទ្រង់សរសើរសាវ័កដែលភិក្ខុសង្ឃសន្មតថាជាច្បង ក្នុងការទូន្មានពួកភិក្ខុនី បានតែងតាំងក្នុងឋានៈជាឯតទគ្គៈ។ ខ្ញុំបានស្តាប់ព្រះពុទ្ធដីកានោះហើយ ក៏មានចិត្តរីករាយ និមន្តព្រះតថាគត ព្រមទាំងព្រះសង្ឃ ឲ្យឆាន់ហើយ ប្រាថ្នានូវតំណែងដ៏ឧត្តមនោះ។

ក្នុងកាលនោះ ព្រះមហាឥសីជាទីពឹង ទ្រង់មានព្រះទ័យរីករាយ បានត្រាស់នឹងខ្ញុំថា អ្នកចូរបានសេចក្តីសុខ មានអាយុវែង អ្នកនឹងបាននូវតំណែងជាទីពេញចិត្តនុ៎ះ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្តា ទ្រង់ព្រះនាមគោតម ទ្រង់សម្ភពក្នុងឱក្កាកត្រកូល នឹងត្រាស់ឡើងក្នុងលោក។ បុរសនេះ នឹងបានជាទាយាទ ក្នុងធម៌របស់ព្រះសាស្តា ជាឱរសដែលធម៌និមិត្ត ឈ្មោះនន្ទកៈ ជាសាវ័ករបស់ព្រះសាស្តានោះ។ ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតំកល់ចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស។ ឥឡូវនេះ ដល់មកក្នុងបច្ឆិមភព ខ្ញុំកើតក្នុងត្រកូលសេដ្ឋីក្នុងក្រុងសាវត្ថី ជាបុរីប្រសើរ ស្តុកស្តម្ភ ទូលាយ មានទ្រព្យច្រើន។ ខ្ញុំបានឃើញព្រះសុគត ទៀបមាត់ទ្វារនៃបុរី ក៏មានចិត្តរន្ធត់ កាលព្រះសុគតទទួលវត្តជេតពន ខ្ញុំចូលទៅកាន់ផ្នួស។ លំដាប់នោះ ខ្ញុំត្រូវព្រះសម្ពុទ្ធ ទ្រង់ឃើញសព្វ ប្រៀនប្រដៅហើយ មានសង្សារឆ្លងហើយ ក៏បានដល់អរហត្ត ដោយកាលមិនយូរប៉ុន្មាន។ ខ្ញុំបានធ្វើនូវធម្មកថា និងបរិបុច្ឆា ចំពោះនាងភិក្ខុនីទាំងឡាយ ភិក្ខុនីទាំងអស់នោះ ចំនួន ៥០០ រូបឥតខ្វះ ដែលខ្ញុំទូន្មានហើយ ក៏បានទៅជាភិក្ខុនីមិនមានអាសវៈ។ កាលនោះ ព្រះមានព្រះភាគ មានព្រះទ័យត្រេកអរ ទ្រង់ធ្វើប្រយោជន៍ដ៏ធំ ទ្រង់តាំងខ្ញុំក្នុងតំណែងដ៏ប្រសើរ ជាងពួកសាវ័កអ្នកទូន្មានពួកភិក្ខុនី។ កុសលកម្មដែលខ្ញុំធ្វើហើយ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ក៏ឲ្យផលដល់ខ្ញុំក្នុងលោកនេះ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ដូចល្បឿននៃប្រួញដែលរបូតផុតទៅ។ កិលេសទាំងឡាយ ខ្ញុំដុតកំលោចហើយ ភពទាំងអស់ ខ្ញុំដកចោលចេញហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះនន្ទកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ នន្ទកត្ថេរាបទាន។

កាឡុទាយិត្ថេរាបទាន ទី៦

(៦. កាឡុទាយិត្ថេរអបទានំ)

[១៣៦] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់មានបញ្ញាចក្ខុក្នុងធម៌ទាំងពួង ព្រះអង្គជានាយក កើតឡើងក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ។ ព្រះសាស្តា ទ្រង់ប្រសើរជាងពួកអ្នកទូន្មាន ទ្រង់ជ្រាបនូវគុណ និងទោស ព្រះអង្គឈ្នះមារ ជាកតញ្ញូកតវេទីបុគ្គល ទ្រង់ញុំាងពួកសត្វឲ្យប្រកបក្នុងកំពង់ គឺធម្មវិន័យ។ ព្រះអង្គជាសព្វញ្ញូ មានសេចក្តីអាណិតសត្វ ជាទីអាស្រ័យ ទ្រង់សន្សំនូវគុណរកទីបំផុតគ្មាន ទ្រង់ថ្លឹងមើលដោយញាណនោះ ហើយសម្តែងនូវធម៌ដ៏ប្រសើរ។ ក្នុងកាលណាៗ ក៏ដោយ ព្រះសាស្តា មានព្យាយាមមាំមួន មានការបរិសុទ្ធស្អាតជាងប្រជុំជនជាអនន្ត ទ្រង់សម្តែងធម៌ដ៏ពីរោះ ប្រកបដោយសច្ចៈ ៤។ ពួកសត្វចំនួនមួយសែន បានត្រាស់ដឹងមគ្គផល ព្រោះបានស្តាប់នូវធម៌ដ៏ប្រសើរ មានលំអខាងដើម កណ្តាល និងខាងចុង។ ក្នុងកាលនោះ ផែនដីក៏លាន់ឮ មេឃក៏គ្រហឹម ពួកទេវតា ព្រហ្ម មនុស្ស អសុរ ក៏ញុំាងសាធុការឲ្យប្រព្រឹត្តទៅថា ឱ! ព្រះសាស្តា ទ្រង់ប្រកបដោយករុណា ឱ! ព្រះសទ្ធម្មទេសនា ឱ! ព្រះជិនស្រី ទ្រង់ស្រង់ទេវតា មនុស្សសត្វ ដែលមុជចុះក្នុងសមុទ្រ គឺភព ឡើងបាន។ (កាលបើសត្វទាំងឡាយ) ព្រមទាំងមនុស្ស ទេវតា ព្រហ្ម កើតសេចក្តីសង្វេគយ៉ាងនេះហើយ ព្រះជិនស្រី ទ្រង់សរសើរនូវសាវ័ក ដែលប្រសើរជាងបុគ្គលជ្រះថ្លា ក្នុងត្រកូលទាំងឡាយ។ កាលនោះ ខ្ញុំកើតក្នុងត្រកូលអាមាត្យ ក្នុងហង្សវតីនគរ ជាបុគ្គលប្រកបដោយសេចក្តីជ្រះថ្លា គួរឲ្យរមិលមើល មានទ្រព្យ និងស្រូវច្រើន។ ខ្ញុំចូលទៅក្នុងហង្សារាម ថ្វាយបង្គំព្រះតថាគតនោះ ស្តាប់នូវធម៌ដ៏ពីរោះ ហើយធ្វើនូវគ្រឿងសក្ការៈដល់ព្រះតថាគត ជាតាទិបុគ្គល។ ខ្ញុំក្រាបទៀបព្រះបាទា ពោលពាក្យនេះថា បពិត្រព្រះមុនី បុគ្គលណា ប្រសើរជាងបុគ្គលអ្នកជ្រះថ្លាក្នុងត្រកូល ក្នុងសាសនានៃព្រះអង្គ។ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំព្រះអង្គ សូមឲ្យបានជាបុគ្គលប្រាកដដូចបុគ្គលនោះ ក្នុងសាសនានៃព្រះពុទ្ធដ៏ប្រសើរ។

កាលនោះ ព្រះពុទ្ធ ទ្រង់ប្រកបដោយមហាករុណា ក៏ស្រោចខ្ញុំដោយអម្រឹតធម៌។ ព្រះពុទ្ធទ្រង់ត្រាស់នឹងខ្ញុំថា ម្នាលបុត្រ ចូរអ្នកក្រោកឡើង អ្នកនឹងបាននូវតំណែងសមដូចបំណងនុ៎ះ បុគ្គលធ្វើនូវការបូជាចំពោះព្រះជិនស្រី នឹងប្រាសចាកផល ដូចម្តេចកើត។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្តា ទ្រង់ព្រះនាមគោតម ព្រះអង្គសម្ភពក្នុងឱក្កាកត្រកូល នឹងត្រាស់ឡើងក្នុងលោក។ បុរសនេះ នឹងបានជាទាយាទក្នុងធម៌ទាំងឡាយរបស់ព្រះសាស្តានោះ ជាឱរសដែលធម៌និមិត្តហើយ ឈ្មោះឧទាយី ជាសាវ័ករបស់ព្រះសាស្តានោះ។ កាលនោះ ខ្ញុំបានស្តាប់នូវព្រះពុទ្ធដីកានោះហើយ ក៏មានចិត្តរីករាយ មានចិត្តប្រកបដោយមេត្តា បានបម្រើនូវព្រះជិនស្រី ព្រះអង្គជាអ្នកដឹកនាំសត្វដោយការបរិច្ចាគបច្ច័យទាំងឡាយ រហូតដល់អស់ជីវិត។ ដោយវិបាកនៃកុសលកម្មនោះផង ដោយការតំកល់នូវចេតនានោះផង លុះខ្ញុំលះបង់នូវរាងកាយជារបស់មនុស្ស ក៏បានទៅកើតក្នុងឋានតាវត្តិង្ស។ ឥឡូវនេះ ដល់មកបច្ឆិមភព ខ្ញុំបានកើតក្នុងត្រកូលអាមាត្យជាធំ ក្នុងកបិលវត្ថុបុរី ជាទីរីករាយ មានព្រះបាទសុទោ្ធទនៈជាម្ចាស់ផែនដី។ កាលនោះ ព្រះសិទ្ធត្ថកុមារ ជាអ្នកអង់អាចជាងនរជន បានកើតឡើងក្នុងព្រៃលុម្ពិនី ជាទីរីករាយ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់សព្វសត្វលោក។ ខ្ញុំកើតក្នុងថ្ងៃនោះដែរ មានវ័យចម្រើនឡើងជាមួយនឹងព្រះសិទ្ធត្ថកុមារនោះ ជាសម្លាញ់ជាទីស្រឡាញ់ ប្រកបដោយសេចក្តីអាណិត ជាអ្នកស្និទ្ធស្នាល ឈ្លាសវៃក្នុងនីតិសាស្ត្រ។ ព្រះសិទ្ធត្ថកុមារនោះ មានវ័យ ២៩ ឆ្នាំ ក៏ចេញទៅបួស ញុំាងកាលឲ្យកន្លងទៅ អស់ ៦ វស្សា បានត្រាស់ជាព្រះពុទ្ធ ដឹកនាំ (សត្វលោក)។ ព្រះអង្គឈ្នះមារ ព្រមទាំងសេនា ហើយញុំាងអាសវៈឲ្យអស់ ទ្រង់ឆ្លងអន្លង់គឺភព បានជាព្រះពុទ្ធក្នុងមនុស្សលោក និងទេវលោក។ ទ្រង់ស្តេចទៅកាន់ព្រៃ ឈ្មោះឥសិបតនៈ ទូន្មានបញ្ចវគ្គិយភិក្ខុ តពីនោះមក ព្រះមានព្រះភាគ ក៏ស្តេចទៅក្នុងទីនោះៗ ហើយទូន្មាន (សត្វ)។ ព្រះមានព្រះភាគនោះ កាលទូន្មានពួកសត្វដែលគួរទូន្មាន សង្រ្គោះនូវមនុស្ស និងទេវតា រួចស្តេចចូលទៅឯភ្នំក្នុងដែនមគធៈ កាលនោះ ព្រះជិនស្រី ទ្រង់គង់ (លើភ្នំនោះ)។ ពេលនោះ ខ្ញុំត្រូវព្រះបាទសុទ្ធោទនៈ ជាភូមិបាលបញ្ជូនទៅហើយ ខ្ញុំក៏ទៅ លុះខ្ញុំបានឃើញព្រះទសពលហើយ ក៏បួសបានជាអរហន្ត។ ខ្ញុំបានអារាធនាព្រះពុទ្ធ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ឲ្យចូលទៅកាន់ក្រុងកបិលពស្តុ លំដាប់នោះ ខ្ញុំទៅម្តងទៀត បានញុំាងមហាត្រកូលឲ្យជ្រះថ្លា។ ព្រះជិនស្រី ត្រេកអរក្នុងគុណនោះ ព្រះអង្គជាបុរសប្រសើរ ជានាយកដ៏វិសេស បានតាំងខ្ញុំថាជាអ្នកប្រសើរជាងសាវ័ក អ្នកញុំាងត្រកូលឲ្យជ្រះថ្លា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ។ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះកាឡុទាយិត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កាឡុទាយិត្ថេរាបទាន។

អភយត្ថេរាបទាន ទី៧

(៧. អភយត្ថេរអបទានំ)

[១៣៧] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ព្រះអង្គដល់នូវត្រើយនៃធម៌ទាំងពួង ជានាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ ព្រះតថាគត ទ្រង់ញុំាងពួកសត្វខ្លះ ឲ្យតាំងនៅក្នុងសរណគមន៍ ញុំាងពួកសត្វខ្លះ ឲ្យតាំងនៅក្នុងសីល និងកម្មបថ ១០ ដ៏ឧត្តម។ ព្រះអង្គជាអ្នកប្រាជ្ញ ទ្រង់ប្រទាននូវសាមញ្ញផលដ៏ឧត្តម ដល់ពួកសត្វខ្លះ ម្យ៉ាងទៀត ទ្រង់ញុំាងសត្វខ្លះឲ្យត្រាស់ដឹងនូវសមាបត្តិ ៨ និងវិជ្ជា ៣។ ព្រះនរុត្តម ទ្រង់ញុំាងសត្វពួកខ្លះឲ្យប្រកបក្នុងអភិញ្ញា ៦ ព្រះលោកនាថនោះ ទ្រង់ប្រទាននូវបដិសម្ភិទា ៤ ដល់ពួកសត្វខ្លះ។ ព្រះនរសារថី ទ្រង់ឃើញនូវពួកសត្វ ដែលគួរទូន្មាន ឲ្យត្រាស់ដឹងបាន សូម្បីនៅក្នុងទីចម្ងាយមួយអសំខេយ្យយោជន៍ ក៏ស្តេចទៅទូន្មានដោយមួយរំពេចបាន។ កាលនោះ ខ្ញុំកើតជាព្រាហ្មណ៍ក្នុងក្រុងហង្សវតី បានដល់នូវត្រើយនៃវេទទាំងពួង ចេះចប់នូវវេយ្យាករណ៍។ ជាអ្នកឈ្លាសក្នុងនិរុត្តិផង ក្លៀវក្លាក្នុងគម្ពីរឈ្មោះនិឃណ្ឌុផង រៀននូវបទផង ចេះនូវគម្ពីរឈ្មោះកេដ្តុភៈផង ឈ្លាសវៃដ៏វិចិត្រក្នុងឆន្ទសាស្រ្តផង។ ខ្ញុំកាលត្រាច់ទៅកាន់ទីសម្រាកស្មង ក៏ចូលទៅក្នុងហង្សារាម បានឃើញព្រះសម្ពុទ្ធប្រសើរថ្លៃថ្លា មានមហាជនចោមរោម។ ខ្ញុំជាអ្នកដឹងនូវបច្ចនិកធម៌ បានចូលទៅគាល់ព្រះមានព្រះភាគ ព្រះអង្គកំពុងសម្តែងធម៌ ដែលប្រាសចាកធូលី ខ្ញុំបានស្តាប់ព្រះពុទ្ធដីការបស់ព្រះអង្គ ដែលជាពាក្យមិនមានមន្ទិល។ ខ្ញុំមិនឃើញនូវការភ្លាំងភ្លាត់ ដែលល្មមបៀតបៀនបាន ឬនូវហេតុមិនជាទីប្រាថ្នា ឬក៏នូវអំពើមិនមានប្រយោជន៍ របស់ព្រះមុនីនោះសោះ លំដាប់នោះ ខ្ញុំក៏បួស (ក្នុងសំណាក់នៃព្រះអង្គ)។ អស់កាលមិនយូរប៉ុន្មាន ខ្ញុំជាបុគ្គលក្លៀវក្លា ក្នុងទីទាំងពួង គេសន្មតថាជាអ្នកមានគណៈ ក្នុងពុទ្ធវចនៈដ៏ល្អិតល្អន់។ កាលនោះ ខ្ញុំចងក្រងនូវគាថា ៤ មានព្យញ្ជនៈដ៏ល្អ ហើយសរសើរព្រះពុទ្ធ ជាកំពូលនៃត្រៃលោក ហើយសម្តែងធម៌រាល់ៗ ថ្ងៃ។ ព្រះមហាវីរៈ ព្រះអង្គនៅក្នុងសង្សារដែលប្រកបដោយភ័យ ទ្រង់មានព្រះទ័យនឿយណាយ តែទ្រង់មិនទាន់និព្វាន ព្រោះមានសេចក្តីអាណិត ហេតុនោះ ព្រះមុនី ឈ្មោះថាមានសេចក្តីករុណា។ សត្វណាដែលជាបុថុជ្ជន តែមិនលុះក្នុងអំណាចកិលេស ជាអ្នកមានការដឹងខ្លួន ប្រកបដោយសតិ ហេតុនោះ សត្វនុ៎ះ ព្រះអង្គមិនបាច់គិត។ ពួកកិលេសរបស់ខ្ញុំណា ដែលមានកម្លាំងខ្សោយ តាំងនៅខាងក្នុង ដែលភ្លើង គឺមគ្គញ្ញាណដុតកំដៅហើយ មិនទាន់អស់រលីងនៅឡើយ (កិលេសទាំងឡាយ) របស់ខ្ញុំនោះ មិនកើតឡើងទៀតទេ។ បុគ្គលណា ជាគ្រូនៃលោកទាំងពួង ម្យ៉ាងទៀត គ្រូនៃបុគ្គលណាក្នុងលោក ឬជាអាចារ្យក្នុងលោក លោកប្រព្រឹត្តទៅតាមបុគ្គលនោះដោយពិត។ ខ្ញុំសរសើរព្រះសម្ពុទ្ធ និងធម្មទេសនា (នៃព្រះអង្គ) ដោយពាក្យទាំងឡាយ មានយ៉ាងនេះជាដើម ហើយធ្វើ (សេចក្តីគោរព) ដរាបដល់អស់ជីវិត លុះខ្ញុំច្យុតអំពីអត្តភាពនោះ ក៏បានទៅកើតក្នុងឋានសួគ៌។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំសរសើរព្រះពុទ្ធ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការសរសើរ។ កាលនោះ ខ្ញុំសោយរាជ្យជាស្តេចធំ ក្នុងទេវលោកដ៏ជាទិព្យ ហើយខ្ញុំសោយរាជ្យជាស្តេចមហាចក្រពត្តិជាច្រើនជាតិ។ ខ្ញុំកើតតែក្នុងភពពីរ គឺទេវតា និងមនុស្ស ខ្ញុំមិនស្គាល់គតិដទៃទេ នេះជាផលនៃការសរសើរ។ ខ្ញុំកើតតែក្នុងត្រកូលពីរ គឺត្រកូលក្សត្រ និងត្រកូលព្រាហ្មណ៍ ខ្ញុំមិនស្គាល់ត្រកូលទាបឡើយ នេះជាផលនៃការសរសើរ។ ឥឡូវនេះ ដល់មកក្នុងបច្ឆិមភព ខ្ញុំមានឈ្មោះថា អភ័យ ជាបុត្ររបស់ព្រះបាទពិម្ពិសារ ក្នុងគិរិព្វជបុរីដ៏ឧត្តម។ ខ្ញុំលុះអំណាចនៃបាបមិត្ត ត្រូវពួកនិគ្រន្ថបញ្ចុះបញ្ចូលហើយ ដែលគ្រូឈ្មោះនាថបុត្តប្រើទៅ ខ្ញុំក៏ចូលទៅគាល់ព្រះពុទ្ធដ៏ប្រសើរ។ ខ្ញុំសួរនូវប្រស្នាដ៏ល្អិត ស្តាប់នូវព្យាករណ៍ដ៏ឧត្តម ហើយក៏បព្វជ្ជា អស់កាលមិនយូរប៉ុន្មាន ក៏បានព្រះអរហត្ត។ ខ្ញុំសរសើរព្រះជិនស្រីដ៏ប្រសើរ ត្រូវគេសរសើរសព្វកាល ជាបុគ្គលមានរាងកាយ និងមាត់មានក្លិនក្រអូបល្អ ឆ្អែតស្កប់ស្កល់ដោយសេចក្តីសុខ។ ខ្ញុំជាបុគ្គលមានប្រាជ្ញាមុត មានប្រាជ្ញាដ៏រីករាយ និងរហ័ស មានប្រាជ្ញាច្រើន មានបដិភាណដ៏វិចិត្រ ព្រោះអានិសង្សនៃកុសលកម្មនោះ។

ខ្ញុំមានចិត្តជ្រះថ្លា បានសរសើរព្រះសយម្ភូ ព្រះនាមបទុមុត្តរៈ ឥតមានបុគ្គលសើ្ម ខ្ញុំមិនទៅកាន់អបាយភូមិ អស់មួយសែនកប្ប ដោយផលនៃកម្មនោះ។

កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះអភយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អភយត្ថេរាបទាន។

លោមសតិយត្ថេរាបទាន ទី៨

(៨. លោមសកង្គិយត្ថេរអបទានំ)

[១៣៨] ក្នុងភទ្ទកប្បនេះ ព្រះពុទ្ធទ្រង់ព្រះនាមកស្សបៈ មានផៅពង្សដ៏ប្រសើរ មានយសធំ ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់កើតឡើង។ កាលនោះ ខ្ញុំ និងចន្ទនបុរស បានបួសក្នុងសាសនា បានបំពេញកុសលកម្មក្នុងសាសនា ក្នុងទីបំផុតនៃជីវិត។ យើងទាំងពីរនាក់ ច្យុតអំពីអត្តភាពនោះ ហើយបានទៅកើតក្នុងឋានតុសិត បរិបូណ៌ដោយការរាំ ច្រៀង និងប្រគំជាទិព្យ ក្នុងទីនោះ។ គ្របសង្កត់ទេវតាដ៏សេសទាំងឡាយ ដោយអង្គទាំង ១០ មានរូបជាដើម នៅទទួលសេចក្តីសុខ ដរាបដល់អស់ជីវិត។ លុះច្យុតអំពីនោះមក ចន្ទនបុរស ទៅកើតក្នុងឋានត្រៃត្រឹង្ស ចំណែកខ្ញុំ បានកើតក្នុងក្រុងកបិលពស្តុ ជាកូននៃសាក្យៈ។ ព្រះលោកនាយក កាលឧទាយិត្ថេរអារាធនាហើយ ទ្រង់អនុគ្រោះដល់ពួកសាក្យៈ បានចូលទៅកាន់ក្រុងកបិលពស្តុ។ កាលនោះ ពួកសាក្យៈមានសេចក្តីមើលងាយ មិនស្គាល់គុណរបស់ព្រះពុទ្ធ ជាអ្នករឹងត្អឹង ប្រកាន់ជាតិ មិនអើពើ មិនថ្វាយបង្គំព្រះសម្ពុទ្ធ ព្រះជិនស្រី ទ្រង់ជ្រាបនូវកាត្រិះរិះរបស់សាក្យៈទាំងនោះហើយ ក៏ចង្រ្កមឰដ៏អាកាស ឋិតនៅដូចជាមេឃ ភ្លឺច្រាលដូចជាអណ្តាតភ្លើង។ ព្រះអង្គបង្ហាញនូវរូបឥតមានអ្វីប្រៀប ហើយបាត់ទៅវិញ ធ្វើព្រះអង្គតែមួយអង្គ ឲ្យជាច្រើនអង្គ ធ្វើច្រើនអង្គ ឲ្យជាមួយព្រះអង្គវិញ។ ព្រះអង្គជាអ្នកប្រាជ្ញ ទ្រង់សម្តែងនូវងងឹតផង ពន្លឺផងដោយច្រើន ហើយធ្វើនូវបាដិហារ្យ ទូន្មានពួកញាតិ។ ខណៈនោះ ទ្វីបទាំង ៤ មានភ្លៀងធំបង្អុរចុះ កាលនោះ ព្រះពុទ្ធទ្រង់សម្តែងវេស្សន្តរជាតក។ ពួកក្សត្រទាំងអស់នោះ ក៏កំចាត់នូវសេចក្តីស្រវឹង ដែលកើតអំពីជាតិ យកព្រះពុទ្ធជាទីពឹង ឯព្រះបាទសុទ្ធោទនៈ ទ្រង់ពោលថា

បពិត្រព្រះអង្គមានបញ្ញាដូចជាផែនដី មានចក្ខុជុំវិញ ខ្ញុំថ្វាយបង្គំព្រះបាទារបស់ព្រះអង្គ ជាគម្រប់ ៣ ដង នឹងនេះហើយ គឺកាលព្រះអង្គកើត ផែនដីញាប់ញ័រ (ខ្ញុំថ្វាយបង្គំម្តង) កាលម្លប់ព្រីង មិនលះបង់ព្រះអង្គ (ខ្ញុំថ្វាយបង្គំម្តង ឥឡូវនេះ ខ្ញុំថ្វាយបង្គំម្តងទៀត)។

កាលនោះ ខ្ញុំឃើញនូវអានុភាពរបស់ព្រះពុទ្ធនោះ ក៏មានចិត្តរន្ធត់ បានចូលបួស ជាអ្នកបូជាមាតា នៅក្នុងសំណាក់របស់ព្រះអង្គនោះ។ កាលនោះ ចន្ទនទេវបុត្ត ចូលទៅរកខ្ញុំ សួរនូវន័យដ៏សង្ខេប និងពិស្តារនៃភទ្ទេករត្តសូត្រ។ ខ្ញុំត្រូវចន្ទនទេវបុត្តនោះដាស់តឿនហើយ ក៏ចូលទៅគាល់ព្រះនរនាយក ស្តាប់នូវភទ្ទេករត្តសូត្រ មានចិត្តតក់ស្លុត ក៏ពេញចិត្តនឹងនៅក្នុងព្រៃ។ កាលនោះ ខ្ញុំលាមាតា ជាបុគ្គលម្នាក់ឯងនៅក្នុងព្រៃ មាតាខ្ញុំឃាត់ថា អ្នកជាបុគ្គលធ្លាប់ចម្រើនដោយសេចក្តីសុខ កាលនោះ ខ្ញុំបាននិយាយនឹងមាតាបិតាទាំងនោះ។ ខ្ញុំបានពុះពារនូវស្បូវត្រែង ថ្នាកាំ ស្បូវរណ្តាស់ ស្មៅយាប្លង ស្មៅដំណេកទន្សាយទាំងអស់ដោយទ្រូង ហើយចម្រើននូវវិវេក។ កាលនោះ ខ្ញុំចូលទៅក្នុងព្រៃ រឭកនូវឱវាទ គឺភទ្ទេករត្តសូត្រ ដែលជាពាក្យប្រៀនប្រដៅព្រះជិនស្រី ហើយបានដល់អរហត្ត។ បុគ្គលមិនត្រូវអាឡោះអាល័យនូវបញ្ចក្ខន្ធដែលកន្លងទៅហើយទេ មិនត្រូវប្រាថ្នាបញ្ចក្ខន្ធដែលជាអនាគតទេ ព្រោះបញ្ចក្ខន្ធណា ជាអតីត បញ្ចក្ខន្ធនោះ កន្លងផុតទៅហើយ បញ្ចក្ខន្ធណា ជាអនាគត បញ្ចក្ខន្ធនោះ ក៏មិនទាន់មកដល់។ បុគ្គលណា ពិចារណាឃើញច្បាស់ នូវធម៌ជាបច្ចុប្បន្ន ក្នុងទីនោះៗ បុគ្គលនោះ លុះដឹងច្បាស់នូវព្រះនិព្វាន ដែលមិនញាប់ញ័រ មិនបានកម្រើកនោះ គប្បីចម្រើនឲ្យរឿយៗ។ ការព្យាយាមជាគ្រឿងដុតកិលេស បុគ្គលគួរតែធ្វើក្នុងថ្ងៃនេះឯង អ្នកណានឹងដឹងថា សេចក្តីស្លាប់នឹងមានក្នុងថ្ងៃស្អែកបាន ព្រោះថា យើងតទល់នឹងមច្ចុ ដែលមានសេនាច្រើននោះ មិនបានសោះឡើយ។ អ្នកប្រាជ្ញស្ងប់រម្ងាប់ តែងហៅបុគ្គលដែលមានវិហារធម៌យ៉ាងនេះ មានព្យាយាមដុតកំដៅកិលេស មិនខ្ជិលច្រអូសអស់ថ្ងៃ និងយប់នោះឯង ថាជាអ្នកមានរាត្រីមួយដ៏ចម្រើន។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះលោមសតិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ លោមសតិយត្ថេរាបទាន។

វនវច្ឆត្ថេរាបទាន ទី៩

(៩. វនវច្ឆត្ថេរអបទានំ)

[១៣៩] ក្នុងភទ្ទកប្បនេះ ព្រះសម្ពុទ្ធព្រះនាមកស្សបៈ មានផៅពង្សប្រសើរ មានយសធំ ទ្រង់ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់កើតឡើងហើយ។ កាលនោះ ខ្ញុំបួសក្នុងសាសនានៃព្រះពុទ្ធនោះ ប្រព្រឹត្តព្រហ្មចារ្យដរាបអស់ជីវិត ហើយច្យុតចាកអត្តភាពនោះ។ ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតំកល់ចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស។ ខ្ញុំច្យុតចាកឋានតាវត្តិង្សនោះ មកកើតជាព្រាបនៅក្នុងព្រៃ មានភិក្ខុមួយរូប បរិបូណ៌ដោយគុណ ត្រេកអរក្នុងឈាន នៅក្នុងទីនោះសព្វកាល។ (ភិក្ខុនោះ) មានមេត្តាចិត្ត មានសេចក្តីករុណា មានមុខរីករាយសព្វកាល ប្រកបដោយឧបេក្ខា មានព្យាយាមធំ ឈ្លាសក្នុងអប្បមញ្ញាទាំងឡាយ។ ខ្ញុំមានសេចក្តីត្រិះរិះប្រាសចាកនីវរណៈ មានអធ្យាស្រ័យជាប្រយោជន៍ដល់សព្វសត្វ មិនយូរប៉ុន្មាន ក៏ស្និទ្ធស្នាលចំពោះសាវ័កនៃព្រះសុគតនោះ។ កាលនោះ ខ្ញុំចូលទៅទៀបបាទានៃភិក្ខុនោះ ដែលគង់នៅក្នុងអាស្រម ជួនកាលលោកឲ្យអាមិសៈ ជួនកាលលោកសម្តែងធម៌ឲ្យខ្ញុំស្តាប់។ កាលនោះ ខ្ញុំចូលទៅរកសាវ័ក ជាបុត្រនៃព្រះជិនស្រី ដោយសេចក្តីស្រឡាញ់យ៉ាងខ្លាំង លុះខ្ញុំច្យុតចាកអត្តភាពនោះហើយ ក៏បានទៅកើតក្នុងឋានសួគ៌ ដូចជាការនៅគ្រប់គ្រងផ្ទះរបស់ខ្លួន។ ខ្ញុំច្យុតចាកឋានសួគ៌ មកកើតក្នុងមនុស្សលោក ដោយបុញ្ញកម្ម ហើយលះបង់ផ្ទះ ចេញទៅបួសច្រើនលើក។ គឺខ្ញុំបួសជាសមណៈ ជាតាបស ជាព្រាហ្មណ៍ ជាបរិព្វាជក ដោយប្រការដូច្នោះ ព្រោះខ្ញុំនៅក្នុងព្រៃ អស់រយនៃឆ្នាំដ៏ច្រើន។ ឥឡូវនេះ មកដល់ក្នុងបច្ឆិមភព ព្រាហ្មណ៍ណា ជាវច្ឆគោត្រនៅក្នុងក្រុងកបិលពស្តុ ជាទីរីករាយ ខ្ញុំចុះចាប់បដិសន្ធិ ក្នុងផ្ទៃភរិយារបស់ព្រាហ្មណ៍នោះ។ កាលខ្ញុំនឹងប្រសូតចាកផ្ទៃមកខាងក្រៅ មាតារបស់ខ្ញុំមានសេចក្តីប្រាថ្នា គឺមានបា្រថ្នាដើម្បីនៅក្នុងព្រៃជិតទីដែលខ្ញុំនឹងកើត។ លំដាប់នោះ មាតាបានបង្កើតខ្ញុំ ត្រង់ចន្លោះព្រៃគួរជាទីរីករាយ ជនទាំងឡាយបានទទួលខ្ញុំ កាលចេញមកអំពីគភ៌ ដោយសំពត់កាសាយៈ។ លំដាប់នោះ សិទ្ធត្ថកុមារ ទ្រង់កើតហើយ ជាទង់ជ័យនៃសាក្យត្រកូល ខ្ញុំជាមិត្តរបស់សិទ្ធត្ថកុមារនោះ ជាទីស្រឡាញ់សិ្នទ្ធស្នាល រាប់អានគ្នាជាទីបំផុត។ កាលព្រះសិទ្ធត្ថៈជាខ្លឹមរបស់សត្វ ទ្រង់ចេញបួស ខ្ញុំក៏លះបង់យសដ៏ធំ ហើយបួស ចូលទៅក្នុងព្រៃហិមពាន្តដែរ។ ខ្ញុំឃើញព្រះកស្សបៈដែលមានព្រៃជាលំនៅ គួរសរសើរ មានវាទៈកំចាត់កិលេស ឮនូវការកើតឡើងនៃព្រះជិនស្រី ក៏ចូលទៅរកព្រះអង្គ ជាសារថីនៃនរៈ។ ព្រះអង្គសម្តែងនូវធម៌ដល់ខ្ញុំ ប្រកាសនូវអត្ថទាំងពួង លំដាប់នោះ ខ្ញុំក៏បួសចូលទៅកាន់ព្រៃវិញទៀត។ ខ្ញុំជាបុគ្គលមិនប្រមាទ នៅក្នុងទីនោះ ក៏បានឃើញអភិញ្ញា ៦ ឱ! អញត្រូវមិត្តល្អអនុគ្រោះហើយ ក៏មានលាភបានដោយងាយ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះវនវច្ឆត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ វនវច្ឆត្ថេរាបទាន។

ចូឡសុគន្ធត្ថេរាបទាន ទី១០

(១០. ចូឡសុគន្ធត្ថេរអបទានំ)

[១៤០] ក្នុងភទ្ទកប្បនេះ ព្រះសម្ពុទ្ធព្រះនាមកស្សបៈ មានផៅពង្សដ៏ប្រសើរ មានយសធំ ទ្រង់ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់កើតឡើងហើយ។ ព្រះអង្គប្រកបដោយអនុព្យញ្ជនៈ មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ មានពន្លឺមួយព្យាយាមជុំវិញ ព្រោងព្រាតដោយបណ្តាញ គឺរស្មី។ ព្រះអង្គញុំាងលោកឲ្យត្រេកអរ ដូចជាព្រះចន្ទ្រ ទ្រង់ធ្វើនូវពន្លឺដូចជាព្រះអាទិត្យ ទ្រង់រំលត់ទុក្ខដូចជាភ្លៀង ទ្រង់ជាអណ្តូងនៃគុណដូចជាសាគរ។ ព្រះអង្គមានសីលដូចជាធរណី មានសមាធិដូចជាភ្នំហិមពាន្ត មានបញ្ញាដូចជាអាកាស មិនមានអ្វីទើសដូចខ្សល់។ កាលនោះ ខ្ញុំកើតក្នុងមហាត្រកូល មានទ្រព្យ និងស្រូវច្រើន សន្សំរតនៈផ្សេងៗ ក្នុងក្រុងពារាណសី។ ខ្ញុំចូលទៅរកព្រះលោកនាយក ដែលគង់នៅដោយបរិវារច្រើន បានស្តាប់អមតធម៌ ដ៏គួរដល់ចិត្ត។ ព្រះអង្គទ្រទ្រង់លក្ខណៈ ៣២ ប្រការ ដូចជាព្រះចន្រ្ទមាននក្ខត្តឫក្សដ៏ល្អ ទ្រង់បរិបូណ៌ដោយអនុព្យញ្ជនៈ ដូចជាដើមសាលរាជមានផ្ការីក។ ទ្រង់មានបណ្តាញគឺរស្មី បិទបាំងដូចជាមាសមិនប្រែពណ៌ ដែលជាងមាសដុតហើយ មានពន្លឺមួយព្យាមផ្សាយជុំវិញ ដូចជាព្រះអាទិត្យមានរស្មីដ៏ច្រើន។ ព្រះជិនស្រីប្រសើរ មានព្រះភក្រ្តដូចមាស ឬដូចជាភ្នំ ជាទីរីករាយ មានព្រះហឫទ័យពេញដោយករុណា (ប្រកប) ដោយគុណដូចជាសាគរ។ មានកេរ្តិឈ្មោះល្បីល្បាញក្នុងលោក ដូចជាភ្នំដ៏ឧត្តមឈ្មោះសិនេរុ ទ្រង់ជាអ្នកប្រាជ្ញ ផ្សាយចេញទៅដោយយស ជាមុនីដូចជាអាកាស។ ព្រះលោកនាយក មានព្រះហឫទ័យមិនជាប់ចំពាក់ក្នុងទីទាំងពួង ដូចជាខ្សល់ ជាមុនីទី ៧ ជាទីពឹងរបស់ពួកសត្វទាំងអស់ ដូចជាផែនដី។ ព្រះអង្គមិនប្រឡាក់ដោយលោក ដូចជាផ្កាឈូកមិនទទឹកដោយទឹក ទ្រង់រុងរឿងដូចជាគំនរភ្លើងឆេះគុម្ពកុវាទៈ។ ទ្រង់ញុំាងពិស គឺកិលេសឲ្យវិនាសក្នុងទីទាំងពួង ដូចជាឱសថ ទ្រង់ស្អិតស្អាងគ្រឿងក្រអូបគឺគុណ ដូចជាភ្នំគន្ធមាទនៈ។ ព្រះអង្គជាអ្នកប្រាជ្ញ ជាអណ្តូងនៃគុណទាំងឡាយ ដូចជាសាគរ ជាទីកើតនៃរតនៈទាំងឡាយ ព្រះអង្គជាអាជានេយ្យនៃនរជន ទ្រង់នាំចេញនូវមន្ទិលគឺកិលេស ដូចជាស្ទឹងសិន្ធុ។ ព្រះអង្គញំាញីនូវមារ និងសេនានៃមារ ដូចជាមហាយោធាធំ ឈ្នះ (នូវបច្ចាមិត្ត) ជាឥស្សរៈដោយរតនៈ គឺពោជ្ឈង្គ ដូចជាស្តេចចក្រពត្តិ។ ព្រះអង្គជាពេទ្យរក្សានូវព្យាធិគឺទោសៈ ដូចជាគ្រូពេទ្យដ៏ធំ ព្រះអង្គវះនូវពកគឺទិដ្ឋិ ដូចជាពេទ្យវះដ៏ប្រសើរ។ កាលនោះឯង ព្រះជិនស្រី ព្រះអង្គជាពន្លឺរបស់លោក ទេវតា និងមនុស្សធ្វើសក្ការៈហើយ ជាព្រះអាទិត្យរបស់នរៈ ទ្រង់សម្តែងធម៌ក្នុងពួកបរិស័ទ។ ព្រះអង្គទ្រង់ទូន្មានប្រៀនប្រដៅថា បុគ្គលមានភោគៈច្រើន ព្រោះឲ្យទាន ទៅកើតសុគតិព្រោះសីល បានព្រះនិព្វានព្រោះភាវនា។ ពួកបរិស័ទទាំងអស់ ស្តាប់នូវទេសនានោះ ដែលមានអានិសង្សធំ មានលម្អខាងដើម កណ្តាល និងខាងចុង ដូចជាអមតធម៌មានរសដ៏ធំ។ លុះខ្ញុំស្តាប់នូវធម៌ ដែលមានរសផ្អែមល្ហែមហើយ ក៏ជ្រះថ្លាក្នុងសាសនាព្រះជិនស្រី ដល់នូវព្រះសុគតជាទីពឹង នមស្ការដរាបដល់អស់ជីវិត។ កាលនោះ ខ្ញុំលាបនូវគន្ធកុដិរបស់ព្រះមុនី ដោយក្លិនក្រអូប មានជាតិ ៤ អស់ ៨ ថ្ងៃ ក្នុងមួយខែ ហើយតំកល់ទុកនូវគឿងក្រអូបនោះ ដើម្បីសរីរៈដែលមិនមានក្លិនក្រអូប។

កាលនោះ ព្រះជិនស្រីសម្ពុទ្ធទ្រង់ទំនាយនូវការបានខ្លួនមានក្លិនក្រអូបថា បុគ្គលណា បានលាបនូវគន្ធកុដិដោយក្លិនក្រអូប អស់វារៈម្តង ព្រោះតែវិបាកនៃកុសលកម្មនោះ បុគ្គលនោះ លុះកើតក្នុងទីណាក៏ដោយ នឹងមានរាងកាយមានក្លិនក្រអូបក្នុងទីទាំងពួង ជាអ្នកប្រកបដោយក្លិន គឺសីលគុណ មិនមានអាសវៈ នឹងបរិនិព្វាន។ ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតំកល់នូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស។ ឥឡូវនេះ ដល់មកបច្ឆិមភព ខ្ញុំបានមកកើតក្នុងត្រកូលព្រាហ្មណ៍ កាលខ្ញុំនៅក្នុងផ្ទៃនៃមាតា មាតា (របស់ខ្ញុំ) ជាស្រីមានកាយក្លិនក្រអូប។ កាលណា ខ្ញុំចេញចាកផ្ទៃនៃមាតា កាលនោះ ក្រុងសាវត្ថី ផ្សាយចេញដោយគ្រឿងក្រអូបទាំងពួង ហាក់ដូចជាគេអប់។ ភ្លៀងជាវិការៈនៃផ្កាក្រអូប មានក្លិនដូចជាក្លិនទិព្យ ជាទីរីករាយនៃចិត្តផង ធូបទាំងឡាយមានថ្លៃដ៏ច្រើនផង ក៏ផ្សាយចេញក្នុងខណៈនោះ។ ខ្ញុំកើតក្នុងផ្ទះណា ទេវតាទាំងឡាយ អប់នូវផ្ទះនោះ ដោយគ្រឿងក្រអូបទាំងពួងផង ដោយធូប និងផ្កាទាំងឡាយផង ដោយក្លិនទិព្យផង។ កាលណា ខ្ញុំនៅក្មេងកំពុងចម្រើន ឋិតនៅក្នុងបឋមវ័យ កាលនោះ ព្រះនរសារថី ទ្រង់ទូន្មាននូវជនដ៏សេស ព្រមទាំងបរិស័ទ។ ព្រះអង្គប្រកបដោយបរិស័ទទាំងឡាយទាំងពួងនោះ ស្តេចមកកាន់ក្រុងសាវត្ថី កាលនោះ ខ្ញុំបានឃើញនូវអានុភាពនៃព្រះពុទ្ធនោះ ហើយ ក៏បួស។ ខ្ញុំអប់រំធម៌ដ៏ប្រសើរទាំង ៤ គឺសីល សមាធិ បញ្ញា និងវិមុត្តិ ហើយបានដល់នូវការអស់ទៅនៃអាសវៈ។ ខ្ញុំបួសក្នុងកាលណាផង ខ្ញុំបានជាព្រះអរហន្តក្នុងកាលណាផង ខ្ញុំបរិនិព្វានក្នុងកាលណាផង ភ្លៀងមានក្លិនក្រអូបក៏បង្អុរចុះ ក្នុងកាលនោះៗ។

ក្លិនរបស់សរីរៈខ្ញុំ ជាក្លិនដ៏ប្រសើរ គ្របសង្កត់នូវក្លិននៃខ្លឹមចន្ទន៍ ផ្កាចម្បា និងផ្កាឧប្បល មានថ្លៃច្រើន ម្យ៉ាងទៀត ខ្ញុំទៅក្នុងទីណាក៏ដោយ តែងផ្សាយក្លិនក្រអូប គ្របសង្កត់នូវក្លិនដទៃ ដោយសព្វគ្រប់។

កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលចេញហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះចូឡសុគន្ធត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ចូឡសុគន្ធត្ថេរាបទាន។

ឧទ្ទាន

ភទ្ទិយត្ថេរាបទាន ១ រេវតត្ថេរាបទាន ១ សីវលិត្ថេរាបទាន អ្នកមានលាភច្រើន ១ វង្គីសត្ថេរាបទាន ១ នន្ទកត្ថេរាបទាន ១ កាឡុទាយិត្ថេរាបទាន ១ អភយត្ថេរាបទាន ១។ លោមសតិយត្ថេរាបទាន ១ វនវច្ឆត្ថេរាបទាន ១ ចូឡសុគន្ធត្ថេរាបទាន ជាគម្រប់ ១០ ក្នុងផ្ទៃនៃវគ្គនោះ មានគាថា ៣១៦។

ចប់ ភទ្ទិយវគ្គ ទី៥៥។

ម្យ៉ាងទៀត ឧទ្ទាននៃវគ្គ

កណិការវគ្គ ១ ផលទាយកវគ្គ ១ តិណទាយកវគ្គ ១ កច្ចាយនវគ្គ ១ ភទ្ទិយវគ្គ ១ រាប់ជាគាថា មានចំនួន ២០។ អបទានទាំងឡាយ លោកសម្តែងថា មានគាថា ៩០០ ផង ៨៤ ផង ៥៥៦ ផង។ គាថាទាំងឡាយនេះ ព្រមទាំងឧទ្ទាន មានចំនួន ៦. ២១៨ គាថា។

ចប់ ពុទ្ធាបទាន បច្ចេកពុទ្ធាបទាន និងថេរាបទាន។

ចប់ ភាគ៧៥។

 

លេខយោង

km/tipitaka/sut/kn/apd/sut.kn.apd.55.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann